សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
  1. កំណើតពិភពលោក (កណ)
    Genesis (Gn)
  2. សេរីភាព (សរ)
    Exodus (Ex)
  3. លេវីវិន័យ (លវ)
    Leviticus (Lv)
  4. ជំរឿនប្រជាជន (ជរ)
    Numbers (Nm)
  5. ទុតិយកថា (ទក)
    Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
  1. យ៉ូស៊ូអា (យអ)
    Joshua (Jos)
  2. វិរបុរស (វរ)
    Judges (Jdg)
  3. នាងរូថ (នរ)
    Ruth (Ru)
  4. ១សាម៉ូអែល (១សម)
    1 Samuel (1Sm)
  5. ២សាម៉ូអែល (២សម)
    2 Samuel (2Sm)
  6. ១ពង្សាវតារក្សត្រ (១ពង្ស)
    1 Kings (1Kg)
  7. ២ពង្សាវតារក្សត្រ (២ពង្ស)
    2 Kings (2Kg)
  8. ១របាក្សត្រ (១របា)
    1 Chronicles (1Ch)
  9. ២របាក្សត្រ (២របា)
    2 Chronicles (2Ch)
  10. អែសរ៉ា (អរ)
    Ezra (Ezr)
  11. នេហេមី (នហ)
    Nehemiah (Ne)
  12. យ៉ូឌីត (យឌ)
    Judith (Jth)
  13. តូប៊ីត (តប)
    Tobit (Tb)
  14. អែសធែរ (អធ)
    Esther (Est)
  15. ១ម៉ាកាបាយ (១មបា)
    1 Maccabees (1 Ma)
  16. ២ម៉ាកាបាយ (២មបា)
    2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
  1. ទំនុកតម្កើង (ទន)
    Psalms (Ps)
  2. យ៉ូប (យប)
    Job (Jb)
  3. សុភាសិត (សភ)
    Proverbs (Pr)
  4. បទចម្រៀង (បច)
    Song of Songs (Song)
  5. សាស្តា (សស)
    Ecclesiastes (Eccl)
  6. ព្រះប្រាជ្ញាញាណ (ប្រាញ)
    Wisdom (Wis)
  7. បេនស៊ីរ៉ាក់ (បសរ)
    Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
  1. អេសាយ (អស)
    Isaiah (Is)
  2. យេរេមី (យរ)
    Jeremiah (Je)
  3. អេសេគីអែល (អគ)
    Ezekiel (Ez)
  4. ហូសេ (ហស)
    Hosea (Ho)
  5. យ៉ូអែល (យអ)
    Joel (Joe)
  6. អម៉ូស (អម)
    Amos (Am)
  7. អូបាឌី (អឌ)
    Obadiah (Ob)
  8. យ៉ូណាស (យណ)
    Jonah (Jon)
  9. មីកា (មីក)
    Micah (Mi)
  10. ណាហ៊ូម (ណហ)
    Nahum (Na)
  11. ហាបាគូក (ហគ)
    Habakkuk (Hb)
  12. សេផានី (សផ)
    Zephaniah (Zep)
  13. ហាកាយ (ហក)
    Haggai (Hg)
  14. សាការី (សក)
    Zechariah (Zec)
  15. ម៉ាឡាគី (មគ)
    Malachi (Mal)
  16. សំណោក (សណ)
    Lamentations (Lam)
  17. ដានីអែល (ដន)
    Daniel (Dn)
  18. បារូក (បារ)
    Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
  1. ម៉ាថាយ (មថ)
    Matthew (Mt)
  2. ម៉ាកុស (មក)
    Mark (Mk)
  3. លូកា (លក)
    Luke (Lk)
  4. យ៉ូហាន (យហ)
    John (Jn)
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
  1. កិច្ចការគ្រីស្តទូត (កក)
    Acts of the Apostles (Ac)
៣. លិខិតសន្តប៉ូល | Paul Letter 13
  1. រ៉ូម (រម)
    Romans (Rm)
  2. ១កូរិនថូស (១ករ)
    1 Corinthians (1Co)
  3. ២កូរិនថូស (២ករ)
    2 Corinthians (2Co)
  4. កាឡាទី (កាឡ)
    Galatians (Ga)
  5. អេភេសូ (អភ)
    Ephesians (Ep)
  6. ភីលីព (ភីល)
    Philippians (Phil)
  7. កូឡូស (កូឡ)
    Colossians (Col)
  8. ១ថេស្សាឡូនិក (១ថស)
    1 Thessalonians (1Th)
  9. ២ថេស្សាឡូនិក (២ថស)
    Thessalonians (2Th)
  10. ១ធីម៉ូថេ (១ធម)
    1 Timothy (1T)
  11. ២ធីម៉ូថេ (២ធម)
    2 Timothy (2T)
  12. ទីតុស (ទត)
    Titus (Ti)
  13. ភីលេម៉ូន (ភល)
    Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
  1. ហេប្រឺ (ហប)
    Hebrews (He)
  2. យ៉ាកុប (យក)
    James (Ja)
  3. ១សិលា (១សល)
    1 Peter (1P)
  4. ២សិលា (២សល)
    2 Peter (2P)
  5. យូដាស (យដ)
    Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
  1. ១យ៉ូហាន (១យហ)
    1 John (1Jn)
  2. ២យ៉ូហាន (២យហ)
    2 John (2Jn)
  3. ៣យ៉ូហាន (៣យហ)
    3 John (3Jn)
  4. វិវរណៈ (វវ)
    Revelation (Rev)

កណ្ឌគម្ពីរ
របាក្សត្រទី២

ពាក្យលំនាំ

របាក្សត្រទី​២

ពាក្យ​លំនាំ

កណ្ឌ​គម្ពីរ​របាក្សត្រ​ទី​២ ជា​ភាគ​បន្ត​នៃ​របាក្សត្រ​ទី​១ ហើយ​មាន​ចែក​ចេញ​ជា​ពីរ​ផ្នែក។ ផ្នែក​ទី​មួយ​មាន​កត់‌ត្រា​អំពី​រាជ្យ​របស់​ព្រះ‌បាទ​សាឡូម៉ូន ជា​បុត្រ​របស់​ព្រះ‌បាទ​ដាវីឌ (ចំពូក ១-៩)។ ផ្នែក​ទី​ពីរ​រៀប​រាប់​អំពី​សន្តតិ‌វង្ស​របស់​ព្រះ‌បាទ​សាឡូម៉ូន គ្រង​រាជ្យ​ជា​បន្ត​បន្ទាប់​គ្នា​លើ​រាជា​ណា‌ចក្រ​យូដា រហូត​ដល់​គ្រា​ដែល​ព្រះ‌ចៅ​នេប៊ូ‌កានេសារ ជា​ស្តេច​របស់​ចក្រ‌ភព​បាប៊ីឡូន វាយ​យក​បាន​ក្រុង​យេរូ‌សាឡឹម ហើយ​កៀរ​ស្តេច និង​ប្រជាជន​ស្រុក​យូដា យក​ទៅ​ជា​ឈ្លើយ​សឹក នៅ​ស្រុក​បាប៊ីឡូន (ចំពូក ១០-៣៦)។
ពីរ​ខ​ចុង​ក្រោយ​នៃ​កណ្ឌ​គម្ពីរ​នេះ មាន​កត់‌ត្រា​អំពី​រាជ‌ក្រឹត្យ​របស់​ព្រះ‌ចៅ​អធិ‌រាជ​ស៊ីរូស ដែល​អនុញ្ញាត​ឲ្យ​ជន​ជាតិ​យូដា​ធ្វើ​មាតុ‌ភូមិ​និវត្តន៍ ដើម្បី​សង់​ព្រះ‌វិហារ​នៅ​ក្រុង​យេរូ‌សាឡឹម​ឡើង​វិញ។ នៅ​ដើម​កណ្ឌ​គម្ពីរ​អែសរ៉ា​ក៏​មាន​ចែង​អំពី​រាជ‌ក្រឹត្យ​នេះ​ដែរ។ ដូច្នេះ ផ្នែក​ខាង​ចុង​នៃ​កណ្ឌ​គម្ពីរ​របាក្សត្រ​ទី ២ មាន​ទំនាក់‌ទំនង​ទៅ​នឹង​កណ្ឌ​គម្ពីរ​អែសរ៉ា និង​នេហេមី។ កណ្ឌ​គម្ពីរ​ទាំង​ពីរ​នោះ គឺ​អែសរ៉ា និង​នេហេមី មាន​រៀប​រាប់​ប្រវត្តិ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល ក្រោយ​ពេល​បែក​ស្រុក។

រាជ្យ​របស់​ព្រះ‌បាទ​សាឡូម៉ូន

ព្រះ‌បាទ​សាឡូម៉ូន​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល ស្តេច​ទូល​សូម​ប្រាជ្ញា​ពី​ព្រះ‌ជាម្ចាស់
(១​ពង្សា‌វតារ‌ក្សត្រ ៣.៤-១៥)
 ព្រះ‌បាទ​សាឡូម៉ូន ជា​បុត្រ​របស់​ព្រះ‌បាទ​ដាវីឌ មាន​អំណាច​កាន់​តែ​រឹង‌មាំ​ឡើង។ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ស្តេច​គង់​នៅ​ជា​មួយ ហើយ​ប្រោស​ប្រទាន​ឲ្យ​ស្តេច​បាន​ខ្ពង់‌ខ្ពស់​ថ្កុំ‌ថ្កើង​បំផុត។
 ព្រះ‌បាទ​សាឡូម៉ូន​កោះ​ហៅ​ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល ពួក​មេ‌កង មេ​ក្រុម ចៅ‌ក្រម អ្នក​ដឹក​នាំ​ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់ និង​មេ​ក្រុម​គ្រួសារ។  ព្រះ‌បាទ​សាឡូម៉ូន និង​អង្គ​ប្រជុំ​ទាំង​មូល នាំ​គ្នា​ទៅ​កាន់​កន្លែង​សក្ការៈ​ទួល​ខ្ពស់​នៅ​កាបូន ដ្បិត​ព្រះ‌ពន្លា​ជួប​ព្រះ‌ជាម្ចាស់​ដែល​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ បាន​សង់​នៅ​វាល​រហោ‌ស្ថាន ស្ថិត​នៅ​ទី​នោះ។  រីឯ​ហិប​របស់​ព្រះ‌ជាម្ចាស់ ព្រះ‌បាទ​ដាវីឌ​ដង្ហែ​ពី​ក្រុង​គៀរីយ៉ាត-‌យេអារីម មក​តម្កល់​នៅ​កន្លែង​ដែល​ស្តេច​ត្រៀម​ទុក ក្នុង​ពន្លា​នៅ​ក្រុង​យេរូ‌សាឡឹម។  អាសនៈ​លង្ហិន​ដែល​លោក​បេតសា‌លេអែល ជា​កូន​របស់​លោក​អ៊ូរី និង​ជា​ចៅ​របស់​លោក​ហួរ បាន​ធ្វើ ក៏​ស្ថិត​នៅ​មុខ​ព្រះ‌ពន្លា​នៅ​កាបូន​ដែរ។ នៅ​ទី​នោះ ព្រះ‌បាទ​សាឡូម៉ូន និង​អង្គ​ប្រជុំ​ទាំង​មូល នាំ​គ្នា​ទូល​សួរ​ព្រះ‌អម្ចាស់។  ព្រះ‌បាទ​សាឡូម៉ូន​ឡើង​ទៅ​កាន់​អាសនៈ​លង្ហិន នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ត្រង់​ពន្លា​ជួប​ជា​មួយ​ព្រះ‌អង្គ ហើយ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​ចំនួន​មួយ​ពាន់។
 នៅ​យប់​នោះ ព្រះ‌អម្ចាស់​បាន​សម្ដែង​ឲ្យ​ព្រះ‌បាទ​សាឡូម៉ូន​ឃើញ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «បើ​អ្នក​ចង់​បាន​អ្វី ចូរ​សុំ​មក​ចុះ យើង​នឹង​ប្រគល់​ឲ្យ»។  ព្រះ‌បាទ​សាឡូម៉ូន​ទូល​ព្រះ‌ជាម្ចាស់​វិញ​ថា៖ «ព្រះ‌អង្គ​បាន​សម្ដែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ដ៏​ធំ‌ធេង​ចំពោះ​ព្រះ‌បាទ​ដាវីឌ​ជា​បិតា​របស់​ទូល‌បង្គំ ហើយ​ព្រះ‌អង្គ​ក៏​ឲ្យ​ទូល‌បង្គំ​ឡើង​គ្រង​រាជ្យ​ត​ពី​បិតា​ទៀត។  បពិត្រ​ព្រះ‌ជាម្ចាស់ ឥឡូវ​នេះ ព្រះ‌អង្គ​សម្រេច​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​សន្យា​ចំពោះ​ព្រះ‌បាទ​ដាវីឌ ជា​បិតា​របស់​ទូល‌បង្គំ​ហើយ ដ្បិត​ព្រះ‌អង្គ​បាន​តែង‌តាំង​ទូល‌បង្គំ​ឲ្យ​គ្រង​រាជ្យ​លើ​ប្រជាជន​ដ៏​ច្រើន​ឥត​គណនា ដូច​ធូលី។ ១០ សូម​ប្រោស​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ប្រាជ្ញា និង​ការ​យល់​ដឹង ដើម្បី​ឲ្យ​ទូល‌បង្គំ​ចេះ​ដឹក​នាំ​ប្រជា‌រាស្ដ្រ​នេះ។ បើ​មិន​ដូច្នោះ​ទេ តើ​នរណា​អាច​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ដ្រ​ដ៏​ច្រើន​របស់​ព្រះ‌អង្គ​បាន?»។ ១១ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះ‌បាទ​សាឡូម៉ូន​ថា៖ «អ្នក​មិន​បាន​ទូល​សូម​ឲ្យ​មាន​ទ្រព្យ‌សម្បត្តិ​ស្តុក‌ស្តម្ភ ភាព​ថ្កុំ‌ថ្កើង​រុង‌រឿង ឬ​ឲ្យ​បច្ចា‌មិត្ត​របស់​អ្នក​ត្រូវ​ស្លាប់ ហើយ​ក៏​មិន​បាន​ទូល​សូម​ឲ្យ​មាន​អាយុ​វែង​ដែរ តែ​អ្នក​ទូល​សូម​ឲ្យ​មាន​ប្រាជ្ញា និង​ការ​យល់​ដឹង ដើម្បី​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ដ្រ ដែល​យើង​បាន​តែង‌តាំង​អ្នក​ឲ្យ​គ្រង​រាជ្យ​លើ​ពួក​គេ។ ដោយ​អ្នក​មាន​បំណង​ដូច្នេះ ១២ យើង​ឲ្យ​អ្នក​មាន​ប្រាជ្ញា និង​ការ​យល់​ដឹង។ លើស​ពី​នេះ យើង​ក៏​ផ្តល់​ឲ្យ​អ្នក​មាន​ទ្រព្យ‌សម្បត្តិ​ស្តុក‌ស្តម្ភ ភាព​ថ្កុំ‌ថ្កើង​រុង‌រឿង គ្មាន​ស្តេច​ណា​ម្នាក់​អាច​ប្រៀប​ស្មើ​នឹង​អ្នក​បាន​ឡើយ ទោះ​បី​ពី​មុន​ក្តី ឬ​ទៅ​អនាគត​ក្តី»។
១៣ ព្រះ‌បាទ​សាឡូម៉ូន​យាង​ពី​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ នៅ​កាបូន គឺ​ត្រង់​ពន្លា​ជួប​ព្រះ‌អម្ចាស់ វិល​ត្រឡប់​មក​ក្រុង​យេរូ‌សាឡឹម​វិញ ហើយ​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល។
អំណាច និង​រាជ​ទ្រព្យ​របស់​ព្រះ‌បាទ​សាឡូម៉ូន
(១​ពង្សា‌វតារ‌ក្សត្រ ១០.២៦-២៩, ២​របាក្សត្រ ៩.២៥-២៨)
១៤ ព្រះ‌បាទ​សាឡូម៉ូន​ប្រមូល​រទេះ​ចម្បាំង និង​ពល‌ទ័ព‌សេះ​ទាំង​អស់​មក ឃើញ​មាន​រទេះ​ចម្បាំង​ចំនួន​មួយ​ពាន់​បួន‌រយ និង​ពល‌ទ័ព‌សេះ​ចំនួន​មួយ‌ម៉ឺន​ពីរ‌ពាន់​នាក់។ ស្តេច​ទុក​មួយ​ចំនួន​ឲ្យ​នៅ​ជា​មួយ​ស្តេច ក្នុង​ក្រុង​យេរូ‌សាឡឹម និង​មួយ​ចំនួន​ទៀត​ឲ្យ​ទៅ​នៅ​តាម​ក្រុង​នានា ដែល​ស្តេច​បម្រុង​សម្រាប់​ទ័ព​ទាំង​នោះ។ ១៥ ព្រះ‌រាជា​បាន​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡឹម មាន​ប្រាក់ មាស សម្បូណ៌​ដូច​ដុំ​ថ្ម និង​មាន​ឈើ​តាត្រៅ​សម្បូណ៌ ដូច​ដើម​រាំង​ដែល​ដុះ​នៅ​តាម​វាល​ទំនាប។ ១៦ ពួក​ឈ្មួញ​នាំ​គ្នា​ទៅ​ទិញ​សេះ​ពី​ស្រុក​អេស៊ីប និង​ស៊ីលីស៊ី មក​ថ្វាយ​ព្រះ‌បាទ​សាឡូម៉ូន។ ១៧ ពួក​គេ​នាំ​រទេះ​មក​ពី​ស្រុក​អេស៊ីប រទេះ​មួយ​មាន​តម្លៃ​ជា​ប្រាក់​សុទ្ធ​ប្រាំ‌មួយ‌រយ​ស្លឹង និង​សេះ​មួយ​តម្លៃ​មួយ‌រយ​ហា‌សិប​ស្លឹង។ ពួក​ឈ្មួញ​ក៏​បាន​នាំ​សេះ និង​រទេះ​ទៅ​លក់​ថ្វាយ​ស្តេច​ទាំង​ប៉ុន្មាន​នៃ​ជន​ជាតិ​ហេត និង​ស្តេច​នៃ​ជន​ជាតិ​ស៊ីរី​ដែរ។
ព្រះ‌បាទ​សាឡូម៉ូន​សង់​ព្រះ‌វិហារ
(១​ពង្សា‌វតារ‌ក្សត្រ ៥.១៥-៣២, ៧.១៣-១៤)
១៨ ព្រះ‌បាទ​សាឡូម៉ូន​បញ្ជា​ឲ្យ​គេ​សង់​ព្រះ‌ដំណាក់​មួយ ថ្វាយ​ព្រះ‌នាម​ព្រះ‌អម្ចាស់ និង​ដំណាក់​មួយ សម្រាប់​ស្តេច​ផ្ទាល់។
 ព្រះ‌បាទ​សាឡូម៉ូន​កេណ្ឌ​មនុស្ស​ប្រាំ​ពីរ‌ម៉ឺន​នាក់ សម្រាប់​លី​សែង និង​ប្រាំ‌បី‌ម៉ឺន​នាក់ សម្រាប់​ដាប់​ថ្ម​នៅ​លើ​ភ្នំ ព្រម​ទាំង​អ្នក​ទទួល​ខុស​ត្រូវ​ចំនួន​បី​ពាន់​ប្រាំ‌មួយ‌រយ​នាក់។  ព្រះ‌បាទ​សាឡូម៉ូន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ទូល​ព្រះ‌បាទ​ហ៊ីរ៉ាម ជា​ស្តេច​ក្រុង​ទីរ៉ុស​ថា៖ «ព្រះ‌ករុណា​បាន​ផ្តល់​ឈើ​តាត្រៅ​ថ្វាយ​ព្រះ‌បាទ​ដាវីឌ ជា​បិតា​របស់​ទូល‌បង្គំ ដើម្បី​សង់​ដំណាក់។  ទូល‌បង្គំ​ចង់​សង់​ព្រះ‌ដំណាក់​មួយ​ថ្វាយ​ព្រះ‌នាម​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ទូល‌បង្គំ ដើម្បី​ញែក​ថ្វាយ​ព្រះ‌អង្គ សម្រាប់​ដុត​គ្រឿង​ក្រអូប នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ សម្រាប់​តម្កល់​នំបុ័ង​ថ្វាយ​ព្រះ‌អង្គ​ជា​អចិន្ត្រៃយ៍ ព្រម​ទាំង​ថ្វាយ​តង្វាយ​ដុត*​ទាំង​មូល នៅ​ពេល​ព្រឹក នៅ​ពេល​ល្ងាច នៅ​ថ្ងៃ​សប្ប័ទ នៅ​ថ្ងៃ​ចូល​ខែ​ថ្មី និង​នៅ​ថ្ងៃ​បុណ្យ​សំខាន់​ផ្សេងៗ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង ជា​ទំនៀម‌ទម្លាប់​ដែល​អ៊ីស្រា‌អែល​ត្រូវ​កាន់​តាម រហូត​ត​រៀង​ទៅ។  ព្រះ‌ដំណាក់​ដែល​ទូល‌បង្គំ​ចង់​សង់​នោះ​មាន​ទំហំ​ធំ​ណាស់ ដ្បិត​ព្រះ​របស់​យើង​ជា​ព្រះ​ដ៏​ឧត្តុង្គ‌ឧត្ដម លើស​ព្រះ​នានា។  ប៉ុន្តែ តើ​នរណា​អាច​សង់​ព្រះ‌ដំណាក់​ថ្វាយ​ព្រះ‌អង្គ​បាន? សូម្បី​តែ​ផ្ទៃ​មេឃ​ដ៏​ធំ‌ធេង ក៏​ពុំ​មាន​កន្លែង​ល្មម​ថ្វាយ​ព្រះ‌អង្គ​គង់​ផង។ ទូល‌បង្គំ​ក៏​ពុំ​អាច​សង់​ព្រះ‌ដំណាក់​ថ្វាយ​ព្រះ‌អង្គ​បាន​ដែរ គឺ​ទូល‌បង្គំ​គ្រាន់​តែ​ចង់​សង់​កន្លែង​មួយ សម្រាប់​ថ្វាយ​គ្រឿង​សក្ការ‌បូជា​ចំពោះ​ព្រះ‌អង្គ​ប៉ុណ្ណោះ។  ដូច្នេះ សូម​ចាត់​ជាង​ម្នាក់​ដ៏​ជំនាញ ដែល​ចេះ​សិត​មាស ប្រាក់ លង្ហិន ដែក ចេះ​ជ្រលក់​ក្រណាត់​ពណ៌​ក្រហម ខៀវ ស និង​ចេះ​ឆ្លាក់​ក្បាច់​គ្រប់​ប្រភេទ​ផង។ សូម​ឲ្យ​គាត់​មក​ធ្វើ​ការ​រួម​ជា​មួយ​ជាង​ជំនាញ ដែល​ស្ថិត​នៅ​ជា​មួយ​ទូល‌បង្គំ នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូ‌សាឡឹម គឺ​អ្នក​ដែល​បិតា​របស់​ទូល‌បង្គំ​បាន​ជ្រើស‌រើស។  សូម​បញ្ជូន​ឈើ​តាត្រៅ ឈើ​កកោះ និង​ខ្លឹមចន្ទន៍ ពី​ភ្នំ​លីបង់ មក​ឲ្យ​ទូល‌បង្គំ​ផង ដ្បិត​ទូល‌បង្គំ​ដឹង​ថា ពួក​អ្នក​បម្រើ​របស់​ព្រះ‌ករុណា​ប្រសប់​កាប់​ឈើ​នៅ​ភ្នំ​លីបង់​ណាស់។ រីឯ​អ្នក​បម្រើ​របស់​ទូល‌បង្គំ​នឹង​ទៅ​ធ្វើ​ការ​រួម​ជា​មួយ​ពួក​គេ  ដើម្បី​កាប់​ឈើ​ឲ្យ​បាន​ច្រើន​សម្រាប់​ទូល‌បង្គំ ដ្បិត​ព្រះ‌ដំណាក់​ដែល​ទូល‌បង្គំ​ត្រូវ​សង់​នោះ​ធំ ហើយ​ស្កឹម‌ស្កៃ​ណាស់។  ទូល‌បង្គំ​នឹង​ផ្តល់​ស្បៀង​ជា​ស្រូវ​ប្រាំ‌មួយ​ពាន់​តោន ពោត​ប្រាំ‌មួយ​ពាន់​តោន ស្រា​ទំពាំង‌បាយ‌ជូរ​ប្រាំ‌បី​ពាន់​លីត្រ និង​ប្រេង​ឆា​ប្រាំ‌បី​ពាន់​លីត្រ សម្រាប់​ផ្គត់‌ផ្គង់​អ្នក​បម្រើ​របស់​ព្រះ‌ករុណា​ដែល​កាប់​ឈើ​នេះ»។
១០ ព្រះ‌បាទ​ហ៊ីរ៉ាម ជា​ស្តេច​ស្រុក​ទីរ៉ុស ផ្ញើ​សារ​មួយ​ឆ្លើយ​ទៅ​ព្រះ‌បាទ​សាឡូម៉ូន​វិញ​ថា៖ «ព្រះ‌អម្ចាស់​ពិត​ជា​ស្រឡាញ់​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ បាន​ជា​ព្រះ‌អង្គ​តែង‌តាំង​ព្រះ‌ករុណា​ឲ្យ​ឡើង​គ្រង​រាជ្យ​លើ​ពួក​គេ»។ ១១ ព្រះ‌បាទ​ហ៊ីរ៉ាម​មាន​រាជ‌ឱង្ការ​ថា៖ «សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែន‌ដី ហើយ​ប្រោស​ប្រទាន​ឲ្យ​ព្រះ‌បាទ​ដាវីឌ​មាន​បុត្រ​មួយ​អង្គ ប្រកប​ដោយ​តម្រិះ​ប្រាជ្ញា​ឈ្លាស‌វៃ អាច​សង់​ព្រះ‌ដំណាក់​ថ្វាយ​ព្រះ‌អម្ចាស់ និង​រាជ‌វាំង​សម្រាប់​ព្រះ‌ករុណា​ផ្ទាល់។ ១២ ឥឡូវ​នេះ ទូល‌បង្គំ​សូម​ចាត់​ជាង​ដ៏​ជំនាញ​ម្នាក់ ដែល​មាន​ប្រាជ្ញា​ឈ្លាស‌វៃ គឺ​លោក​ហ៊ូរ៉ាម-‌អប៊ី ១៣ ជា​កូន​របស់​ស្ត្រី​ម្នាក់​ក្នុង​កុល‌សម្ព័ន្ធ​ដាន់ ហើយ​ឪពុក​ជា​អ្នក​ក្រុង​ទីរ៉ុស។ គាត់​ស្ទាត់​ជំនាញ​ក្នុង​ការ​សិត​មាស ប្រាក់ លង្ហិន ដែក ឆ្លាក់​ថ្ម ឈើ ជ្រលក់​ក្រណាត់ ពណ៌​ក្រហម ខៀវ ស្វាយ និង​ក្រណាត់​ទេស‌ឯក​ម៉ដ្ត ព្រម​ទាំង​ចេះ​ឆ្លាក់​ក្បាច់​គ្រប់​ប្រភេទ និង​ចេះ​ផលិត​វត្ថុ​គ្រប់​ប្រភេទ តាម​គម្រោង​ដែល​គេ​ប្រគល់​ឲ្យ។ គាត់​នឹង​ធ្វើ​ការ​រួម​ជា​មួយ​ជាង​ដ៏​ជំនាញ​របស់​ព្រះ‌ករុណា និង​ជាង​ដ៏​ជំនាញ​របស់​ព្រះ‌បាទ​ដាវីឌ​ជា​ម្ចាស់ ដែល​ជា​បិតា​របស់​ព្រះ‌ករុណា។ ១៤ ឥឡូវ​នេះ សូម​ព្រះ‌ករុណា​ផ្តល់​ស្រូវ ពោត ប្រេង​ឆា និង​ស្រា​ទំពាំង‌បាយ‌ជូរ ដូច​ព្រះ‌ករុណា​មាន​រាជ‌ឱង្ការ​ចុះ! ១៥ ពួក​ទូល‌បង្គំ​នឹង​កាប់​ឈើ​នៅ​ភ្នំ​លីបង់ តាម​សេចក្ដី​ត្រូវ​ការ​របស់​ព្រះ‌ករុណា ហើយ​បណ្តែត​ជា​ក្បូន​តាម​សមុទ្រ រហូត​ដល់​ក្រុង​យ៉ុបប៉េ​ថ្វាយ​ព្រះ‌ករុណា រួច​ព្រះ‌ករុណា​ដឹក​យក​ឈើ​ទាំង​នោះ​ទៅ​ក្រុង​យេរូ‌សាឡឹម​ចុះ»។
១៦ ព្រះ‌បាទ​សាឡូម៉ូន​រាប់​ចំនួន​ជន​បរទេស​ទាំង​អស់ ដែល​រស់​នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល តាម​បញ្ជី​ជំរឿន​របស់​ព្រះ‌បាទ​ដាវីឌ ជា​បិតា ឃើញ​មាន ១៥៣៦០០ នាក់។ ១៧ ព្រះ‌បាទ​សាឡូម៉ូន​កេណ្ឌ​ពួក​គេ ៧០ ០០០ នាក់ សម្រាប់​លី​សែង ៨០ ០០០ នាក់​សម្រាប់​ដាប់​ថ្ម​នៅ​លើ​ភ្នំ និង​៣៦០០ នាក់ ឲ្យ​ត្រួត​ពិនិត្យ​ការ‌ងារ​របស់​កម្មករ។
ការ​សង់​ព្រះ‌វិហារ
(១​ពង្សា‌វតារ‌ក្សត្រ ៦.១-៣៨)
 ព្រះ‌បាទ​សាឡូម៉ូន​ចាប់​ផ្តើម​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ នៅ​ក្រុង​យេរូ‌សាឡឹម លើ​ភ្នំ​ម៉ូរីយ៉ា ត្រង់​កន្លែង​ដែល​ព្រះ‌អម្ចាស់​បាន​បង្ហាញ​ព្រះ‌បាទ​ដាវីឌ ជា​បិតា គឺ​កន្លែង​ដែល​ព្រះ‌បាទ​ដាវីឌ​បាន​បម្រុង​ទុក នៅ​ទី‌លាន​បោក​ស្រូវ​របស់​លោក​អ៊រណន ជា​ជន​ជាតិ​យេប៊ូស។  ព្រះ‌បាទ​សាឡូម៉ូន​ចាប់​ផ្តើម​សង់​ព្រះ‌ដំណាក់​នៅ​ខែ​ទី​ពីរ ក្នុង​ឆ្នាំ​ទី​បួន​នៃ​រជ្ជ‌កាល​របស់​ស្តេច។  ព្រះ‌បាទ​សាឡូម៉ូន​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់​នៅ​លើ​គ្រឹះ ដែល​មាន​បណ្តោយ​ហុក‌សិប​ហត្ថ និង​ទទឹង​ម្ភៃ​ហត្ថ តាម​រង្វាស់​ពី​បុរាណ។  បន្ទប់​ល្វែង​ខាង​មុខ​មាន​បណ្តោយ​ម្ភៃ​ហត្ថ ត្រូវ​នឹង​រង្វាស់​ទទឹង​របស់​ព្រះ‌ដំណាក់ មាន​កម្ពស់​មួយ‌រយ​ម្ភៃ​ហត្ថ ហើយ​ស្តេច​ឲ្យ​គេ​ស្រោប​មាស​សុទ្ធ នៅ​ផ្នែក​ខាង​ក្នុង​ផង។  នៅ​តាម​ជញ្ជាំង​បន្ទប់​ធំ ស្តេច​បាន​ឲ្យ​គេ​ពាស​ឈើ​តាត្រៅ និង​ស្រោប​មាស​ដ៏​មាន​គុណ‌ភាព​ខ្ពស់ ព្រម​ទាំង​ឆ្លាក់​ក្បាច់​ដើម​ចាក និង​ច្រវាក់។  ស្តេច​ឲ្យ​គេ​តុប‌តែង​លំអ​បន្ទប់​នេះ​ដោយ​ត្បូង​ពេជ្រ​ដ៏​មាន​តម្លៃ ហើយ​មាស​ដែល​ស្រោប​នោះ សុទ្ធ​តែ​ជា​មាស​មក​ពី​ស្រុក​ផាវ៉ាអ៊ីម។  ក្នុង​ព្រះ‌ដំណាក់​នោះ ស្តេច​ឲ្យ​គេ​ស្រោប​មាស ទាំង​ធ្នឹម ទាំង​ក្រប​ទ្វារ ទាំង​ជញ្ជាំង ទាំង​សន្លឹក​ទ្វារ ហើយ​ឲ្យ​គេ​ឆ្លាក់​រូប​ខេរូប៊ីម​នៅ​លើ​ជញ្ជាំង​ទៀត​ផង។
 ស្តេច​បាន​សង់​បន្ទប់​មួយ ហៅ​ថា «ទី‌សក្ការៈ​បំផុត» មាន​បណ្តោយ​ម្ភៃ​ហត្ថ ស្រប​នឹង​រង្វាស់​ទទឹង​របស់​ព្រះ‌ដំណាក់ ហើយ​ទទឹង​របស់​បន្ទប់​នោះ​ក៏​មាន​ម្ភៃ​ហត្ថ​ដែរ។ ផ្នែក​ខាង​ក្នុង ស្តេច​ឲ្យ​គេ​ស្រោប​មាស​ដែល​មាន​គុណ‌ភាព​ខ្ពស់​ទម្ងន់​៦០០​ហាប។  រីឯ​មាស​ដែល​ប្រើ​សម្រាប់​ធ្វើ​ដែក​គោល មាន​ទម្ងន់​ហា‌សិប​តម្លឹង ហើយ​បន្ទប់​ខាង​លើ​ក៏​ស្រោប​មាស​ដែរ។ ១០ នៅ​ក្នុង​អាគារ​នៃ​ទី‌សក្ការៈ​បំផុត ស្តេច​ឲ្យ​គេ​ឆ្លាក់​រូប​ខេរូប៊ីម*​មួយ​គូ ព្រម​ទាំង​ស្រោប​មាស​ផង។ ១១ ស្លាប​របស់​ខេរូប៊ីម​ទាំង​ពីរ​សរុប​គ្នា​មាន​ប្រវែង​ម្ភៃ​ហត្ថ គឺ​ស្លាប​ម្ខាង​របស់​ខេរូប៊ីម​ទី​មួយ មាន​ប្រវែង​ប្រាំ​ហត្ថ លាត​ទៅ​ទល់​នឹង​ជញ្ជាំង​ព្រះ‌ដំណាក់ ស្លាប​ម្ខាង​ទៀត​ប្រវែង​ប្រាំ​ហត្ថ លាត​ទៅ​ទល់​នឹង​ស្លាប​របស់​ខេរូប៊ីម​ទី​ពីរ ១២ រីឯ​ស្លាប​របស់​ខេរូប៊ីម​ទី​ពីរ មាន​ប្រវែង​ប្រាំ‌ហត្ថ លាត​ទៅ​ទល់​ជញ្ជាំង​ព្រះ‌ដំណាក់ ហើយ​ស្លាប​ម្ខាង​ទៀត​មាន​ប្រវែង​ប្រាំ‌ហត្ថ លាត​ទៅ​ទល់​នឹង​ស្លាប​ខេរូប៊ីម​ទី​មួយ។ ១៣ ដូច្នេះ ស្លាប​របស់​ខេរូប៊ីម​ទាំង​ពីរ ដែល​ត្រដាង​នោះ មាន​ប្រវែង​ម្ភៃ​ហត្ថ។ ខេរូប៊ីម​ទាំង​ពីរ​នេះ​ឈរ​ទន្ទឹម​គ្នា បែរ​មុខ​ទៅ​រក​ច្រក​ចូល។ ១៤ ស្តេច​បាន​ឲ្យ​គេ​ធ្វើ​វាំងនន​អំពី​ក្រណាត់​ទេស‌ឯក​ម៉ដ្ត មាន​ពណ៌​ស្វាយ ក្រហម ខៀវ ហើយ​មាន​ប៉ាក់​រូប​ខេរូប៊ីម​នៅ​លើ​ក្រណាត់​នោះ​ផង។
សសរ និង​អាសនៈ​លង្ហិន
១៥ ស្តេច​បាន​ឲ្យ​គេ​ធ្វើ​សសរ​ពីរ មាន​កម្ពស់​សាម‌សិប​ប្រាំ​ហត្ថ ដាក់​នៅ​មុខ​ព្រះ‌ដំណាក់ ហើយ​នៅ​ចុង​ខាង​លើ​សសរ​នីមួយៗ មាន​ក្បាល​សសរ​កម្ពស់​ប្រាំ‌ហត្ថ។ ១៦ ស្តេច​ឲ្យ​គេ​ធ្វើ​ក្បាច់​ច្រវាក់ ដូច​នៅ​ក្នុង​ទី‌សក្ការៈ ដាក់​ភ្ជាប់​ចុង​ខាង​លើ​សសរ​ដែរ។ បន្ទាប់​មក ស្តេច​ឲ្យ​គេ​ធ្វើ​ក្បាច់​ផ្លែ​ទទឹម​ចំនួន​មួយ‌រយ ភ្ជាប់​ទៅ​នឹង​ក្បាច់​ច្រវាក់​ផង។ ១៧ ស្តេច​ឲ្យ​គេ​បញ្ឈរ​សសរ​ទាំង​ពីរ​នៅ​មុខ​ព្រះ‌ដំណាក់ គឺ​សសរ​មួយ​នៅ​ខាង​ស្តាំ សសរ​មួយ​ទៀត​នៅ​ខាង​ឆ្វេង រួច​ដាក់​ឈ្មោះ​សសរ​ខាង​ស្តាំ​ថា យ៉ាគីន និង​សសរ​ខាង​ឆ្វេង បូអាស។
 ស្តេច​ឲ្យ​គេ​ធ្វើ​អាសនៈ​មួយ​ពី​លង្ហិន មាន​បណ្តោយ​ប្រាំ​ហត្ថ ទទឹង​ម្ភៃ​ហត្ថ និង​កម្ពស់​ដប់​ហត្ថ។
អាង​ធំ​ពី​លង្ហិន
(១​ពង្សា‌វតារ‌ក្សត្រ ៧.២៣-២៦)
 ស្តេច​ឲ្យ​គេ​ធ្វើ​អាង​មួយ​យ៉ាង​ធំ​ពី​លង្ហិន ដែល​មាន​រាង​មូល មាន​អង្កត់​ផ្ចិត​ដប់​ហត្ថ មាន​កម្ពស់​ប្រាំ​ហត្ថ និង​រង្វង់​ជុំ‌វិញ​សាម‌សិប​ហត្ថ។  នៅ​ក្រោម​គែម​មាត់​អាង មាន​សិត​រូប​គោ​ពីរ​ជួរ គឺ​ក្នុង​ប្រវែង​មួយ​ហត្ថ មាន​សិត​រូប​គោ​ដប់​ព័ទ្ធ​ជុំ‌វិញ​អាង។ រូប​គោ​ទាំង​ពីរ​ជួរ​នោះ​សិត​ជាប់​ជា​មួយ​អាង។  អាង​នោះ​ទ្រ​ដោយ​រូប​គោ​លង្ហិន​ចំនួន​ដប់‌ពីរ គោ​បី​បែរ​ទៅ​ខាង​ជើង គោ​បី​បែរ​ទៅ​ខាង​លិច គោ​បី​បែរ​ទៅ​ខាង​ត្បូង និង​គោ​បី​ទៀត​បែរ​ទៅ​ខាង​កើត។ រីឯ​ខ្លួន​វា​បែរ​ចូល​ក្នុង​ដើម្បី​ទ្រ​អាង។  អាង​នេះ​មាន​កម្រាស់​មួយ​ទះ មាត់​របស់​វា​រីក ដូច​មាត់​ពែង និង​មាន​រាង​ដូច​ផ្កា​ម្លិះ ហើយ​មាន​ចំណុះ​ប្រមាណ ៣ ០០០ អម្រែក។
 ស្តេច​ឲ្យ​គេ​ធ្វើ​អាង​ពី​លង្ហិន​ចំនួន​ដប់​ទៀត ហើយ​ដាក់​ប្រាំ​នៅ​ខាង​ស្តាំ និង​ប្រាំ​នៅ​ខាង​ឆ្វេង សម្រាប់​ធ្វើ​ពិធី​ជម្រះ និង​លាង​សត្វ​ទាំង​ប៉ុន្មាន​ដែល​ត្រូវ​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល រីឯ​ពួក​បូជា‌ចារ្យ​ត្រូវ​ធ្វើ​ពិធី​ជម្រះ​កាយ​ក្នុង​អាង​ធំ​ធ្វើ​ពី​លង្ហិន​វិញ។
បញ្ជី​របស់​របរ​ដែល​លោក​ហ៊ូរ៉ាម​បាន​ធ្វើ
(១​ពង្សា‌វតារ‌ក្សត្រ ៧.៤០-៥១)
 ស្តេច​ឲ្យ​គេ​ធ្វើ​ជើង​ចង្កៀង​អំពី​មាស​ចំនួន​ដប់ តាម​ក្បួន​តម្រា​ស្តី​អំពី​ជើង​ចង្កៀង​នេះ រួច​យក​ទៅ​ដាក់​នៅ​ក្នុង​ព្រះ‌វិហារ ជើង​ចង្កៀង​ប្រាំ​នៅ​ខាង​ស្តាំ និង​ប្រាំ​ទៀត​នៅ​ខាង​ឆ្វេង។  ស្តេច​ឲ្យ​គេ​ធ្វើ​តុ​ចំនួន​ដប់​សម្រាប់​ដាក់​ក្នុង​ព្រះ‌វិហារ គឺ​តុ​ប្រាំ​នៅ​ខាង​ស្តាំ និង​ប្រាំ​នៅ​ខាង​ឆ្វេង។ ស្តេច​ក៏​ឲ្យ​គេ​ធ្វើ​ផើង​ដាក់​ឈាម​ពី​មាស​ចំនួន​មួយ‌រយ​ដែរ។  ស្តេច​ឲ្យ​គេ​ធ្វើ​ទី‌លាន​មួយ សម្រាប់​ពួក​បូជា‌ចារ្យ និង​ទី‌ធ្លា​យ៉ាង​ធំ​មួយ​ទៀត ព្រម​ទាំង​មាន​ទ្វារ​ផង ហើយ​សន្លឹក​ទ្វារ​ទាំង​នោះ​មាន​ស្រោប​លង្ហិន។ ១០ រីឯ​អាង​ធំ ស្តេច​បាន​ឲ្យ​គេ​តម្កល់​នៅ​ខាង​ស្តាំ​ព្រះ‌ដំណាក់ ត្រង់​ទិស​អាគ្នេយ៍។
១១ កាល​លោក​ហ៊ូរ៉ាម​ធ្វើ​អាង ប្រដាប់​ចូក​ផេះ និង​ផើង​ដាក់​ឈាម​រួច​រាល់​ហើយ កិច្ច‌ការ​ទាំង​អស់​ដែល​លោក​ធ្វើ​ថ្វាយ​ព្រះ‌បាទ​សាឡូម៉ូន នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ក៏​បាន​ចប់​សព្វ​គ្រប់ ១២ គឺ​មាន​សសរ​ពីរ ក្បាល​សសរ​រាង​មូល​ទាំង​ពីរ ដែល​ស្ថិត​នៅ​ខាង​ចុង​សសរ ព្រម​ទាំង​ក្បាច់​ក្រឡា​សំណាញ់​ពីរ សម្រាប់​គ្រប​ពី​លើ​ក្បាល​សសរ​នៅ​ខាង​លើ​សសរ ១៣ ក្បាច់​ផ្លែ​ទទឹម​ចំនួន​បួន‌រយ​ចង​ភ្ជាប់​នឹង​ក្រឡា​សំណាញ់​ទាំង​ពីរ គឺ​ផ្លែ​ទទឹម​ពីរ​ជួរ សម្រាប់​ភ្ជាប់​នឹង​ក្រឡា​សំណាញ់​នីមួយៗ ដែល​គ្រប​ពី​លើ​ក្បាល​សសរ​នៅ​ខាង​លើ​សសរ។ ១៤ លោក​ហ៊ូរ៉ាម​ក៏​បាន​ធ្វើ​រទេះ និង​អាង​ដាក់​លើ​រទេះ​ទាំង​នោះ ១៥ អាង​ធំ និង​រូប​គោ​ចំនួន​ដប់‌ពីរ​សម្រាប់​ទ្រ​អាង ១៦ ធុង​សម្រាប់​ដាក់​ផេះ ប្រដាប់​ចូក​ផេះ និង​សម​សម្រាប់​ចាក់​សាច់។ គ្រឿង​ប្រដាប់​ទាំង​អស់​ដែល​លោក​ហ៊ូរ៉ាម-អប៊ី​ធ្វើ​ថ្វាយ​ព្រះ‌បាទ​សាឡូម៉ូន សម្រាប់​ដាក់​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ សុទ្ធ​តែ​ធ្វើ​អំពី​លង្ហិន ដែល​ខាត់​យ៉ាង​រលោង។ ១៧ ស្តេច​ឲ្យ​គេ​សិត​គ្រឿង​ប្រដាប់​ទាំង​នោះ​ក្នុង​ពុម្ព​ដី​ឥដ្ឋ នៅ​វាល​ទំនាប​ទន្លេ​យ័រដាន់ ត្រង់​ចន្លោះ​ស៊ូកូត និង​សេរេដា។ ១៨ ព្រះ‌បាទ​សាឡូម៉ូន​បាន​ឲ្យ​គេ​ធ្វើ​គ្រឿង​ប្រដាប់​យ៉ាង​ច្រើន​សន្ធឹក‌សន្ធាប់ ហេតុ​នេះ គេ​ពុំ​អាច​គិត​ពី​ទម្ងន់​លង្ហិន​បាន​ទេ។
១៩ ព្រះ‌បាទ​សាឡូម៉ូន​បាន​ឲ្យ​គេ​ធ្វើ​គ្រឿង​ប្រដាប់​ផ្សេង​ទៀត​អំពី​មាស សម្រាប់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ គឺ​មាន​អាសនៈ​មាស តុ​សម្រាប់​តម្កល់​នំបុ័ង​ថ្វាយ​ព្រះ‌អម្ចាស់ ២០ ជើង​ចង្កៀង និង​ចង្កៀង​ធ្វើ​អំពី​មាស​សុទ្ធ ដែល​ត្រូវ​ដុត​តាម​ក្បួន​តម្រា​នៅ​មុខ​ទី‌សក្ការៈ។ ២១ ផ្នែក​ដាក់​ប្រេង តួ​ចង្កៀង និង​ឃ្នាប​ប្រឆេះ ក៏​ធ្វើ​អំពី​មាស​ដ៏​សុទ្ធ​បំផុត​ដែរ។ ២២ កាំបិត ផើង​ដាក់​ឈាម ពែង និង​ភាជន៍​ធ្វើ​អំពី​មាស​សុទ្ធ​ទាំង​អស់។ រីឯ​សន្លឹក​ទ្វារ​ប៉ែក​ខាង​ក្នុង​របស់​ព្រះ‌ដំណាក់ សម្រាប់​ចូល​ទៅ​ក្នុង​ទី‌សក្ការៈ​បំផុត និង​សន្លឹក​ទ្វារ​ចូល​ព្រះ‌ដំណាក់​សុទ្ធ​តែ​ធ្វើ​ពី​មាស។
 ព្រះ‌បាទ​សាឡូម៉ូន​បាន​ធ្វើ​គ្រឿង​ប្រដាប់​សម្រាប់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ចប់​សព្វ​គ្រប់។ បន្ទាប់​មក ស្តេច​នាំ​យក​វត្ថុ​អំពី​មាស ប្រាក់ និង​គ្រឿង​ប្រដាប់​ផ្សេងៗ​ទៀត ដែល​ព្រះ‌បាទ​ដាវីឌ ជា​បិតា បាន​ញែក​ថ្វាយ​ព្រះ‌អម្ចាស់ មក​ទុក​ក្នុង​ឃ្លាំង​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់។
ហិប​សម្ពន្ធ‌មេត្រី​តម្កល់​ក្នុង​ព្រះ‌ដំណាក់
(១​ពង្សា‌វតារ‌ក្សត្រ ៨.១-១៣)
 គ្រា​នោះ ព្រះ‌បាទ​សាឡូម៉ូន​បាន​អញ្ជើញ​ពួក​ព្រឹទ្ធាចារ្យ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល ពួក​មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន និង​តំណាង​ក្រុម​គ្រួសារ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល ឲ្យ​មក​ក្រុង​យេរូ‌សាឡឹម ដើម្បី​ដង្ហែ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់​ពី​បុរី​ព្រះ‌បាទ​ដាវីឌ គឺ​ក្រុង​ស៊ីយ៉ូន មក​ព្រះ‌ដំណាក់។  ពេល​នោះ ប្រជាជន​អ៊ីស្រា‌អែល​ទាំង​អស់​នាំ​គ្នា​មក​គាល់​ព្រះ‌រាជា ដើម្បី​ចូល​រួម​ក្នុង​ពិធី​បុណ្យ​នៅ​ខែ​ទី​ប្រាំ​ពីរ។  កាល​ព្រឹទ្ធាចារ្យ​ទាំង​អស់​របស់​ជន​ជាតិ​អ៊ីស្រា‌អែល​អញ្ជើញ​មក​ដល់​ហើយ ពួក​លេវី​ក៏​នាំ​គ្នា​សែង​ហិប។  ពួក​គេ​ដង្ហែ​ហិប​នៃ​សម្ពន្ធ‌មេត្រី ព្រម​ទាំង​ពន្លា​ជួប​ព្រះ‌អម្ចាស់ និង​វត្ថុ​សក្ការៈ​ទាំង​ប៉ុន្មាន​ដែល​ស្ថិត​នៅ​ក្នុង​ពន្លា មក​ជា​មួយ​ដែរ ពួក​បូជា‌ចារ្យ​លេវី​ជា​អ្នក​សែង។  ព្រះ‌បាទ​សាឡូម៉ូន និង​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល ដែល​ស្តេច​បាន​អញ្ជើញ​ឲ្យ​មក​នោះ នាំ​គ្នា​ឈរ​នៅ​មុខ​ហិប​សម្ពន្ធ‌មេត្រី ហើយ​យក​ចៀម និង​គោ យ៉ាង​ច្រើន​ឥត​គណនា ថ្វាយ​ជា​យញ្ញ‌បូជា។  ពួក​បូជា‌ចារ្យ​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់ ទៅ​តម្កល់​ត្រង់​កន្លែង​ដែល​គេ​បម្រុង​ទុក ក្នុង​ទី‌សក្ការៈ​របស់​ព្រះ‌ដំណាក់ គឺ​ក្នុង​ទី‌សក្ការៈ​បំផុត នៅ​ក្រោម​ស្លាប​របស់​ខេរូប៊ីម។  ខេរូប៊ីម​ទាំង​ពីរ​ត្រដាង​ស្លាប​ពី​លើ​កន្លែង​តម្កល់​ហិប ដើម្បី​បាំង​ហិប និង​ឈើ​ស្នែង។  ឈើ​ស្នែង​ទាំង​នោះ​វែង គេ​អាច​មើល​ឃើញ​ចុង​របស់​វា​ពី​ទី‌សក្ការៈ ដែល​នៅ​ខាង​មុខ​កន្លែង​តម្កល់​ហិប ប៉ុន្តែ ពី​ខាង​ក្រៅ គេ​ពុំ​អាច​មើល​ឃើញ​ឡើយ។ ហិប​នៃ​សម្ពន្ធ‌មេត្រី​ស្ថិត​នៅ​ទី​នោះ រហូត​ដល់​សព្វ​ថ្ងៃ។ ១០ ក្នុង​ហិប​គ្មាន​អ្វី​ក្រៅ​ពី​ថ្ម​ពីរ​បន្ទះ ដែល​លោក​ម៉ូសេ​បាន​តម្កល់​ទុក​នោះ​ឡើយ គឺ​បន្ទះ​ថ្ម​ដែល​លោក​ទទួល​នៅ​ភ្នំ​ហូរែប កាល​ព្រះ‌អម្ចាស់​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ជន​ជាតិ​អ៊ីស្រា‌អែល ក្រោយ​ពេល​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។
១១ ពួក​បូជា‌ចារ្យ​ក៏​ចេញ​ពី​ទី‌សក្ការៈ​មក​វិញ។ ពួក​បូជា‌ចារ្យ​ទាំង​អស់​ដែល​មាន​វត្ត‌មាន​នៅ​ទី​នោះ បាន​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​វិសុទ្ធ ដោយ​ពុំ​គិត​ពី​ក្រុម​របស់​ខ្លួន​ឡើយ។ ១២ រីឯ​ពួក​លេវី​ជា​អ្នក​ចម្រៀង មាន​លោក​អសាភ លោក​ហេម៉ន លោក​យេឌូទូន ព្រម​ទាំង​កូន​ចៅ និង​បង‌ប្អូន​ក្នុង​អំបូរ​របស់​ពួក​គេ សុទ្ធ​តែ​ស្លៀក​ពាក់​ក្រណាត់​ទេស‌ឯក ហើយ​កាន់​ស្គរ ឃឹម និង​ពិណ ឈរ​នៅ​ខាង​កើត​អាសនៈ។ មាន​បូជា‌ចារ្យ​មួយ‌រយ​ម្ភៃ​នាក់​ឈរ​នៅ​ជា​មួយ​ក្រុម​ចម្រៀង ទាំង​ផ្លុំ​ត្រែ​ផង។ ១៣ ក្រុម​អ្នក​ផ្លុំ​ត្រែ និង​ក្រុម​ចម្រៀង នាំ​គ្នា​ប្រគំ​ជា​បទ​ភ្លេង និង​បន្លឺ​សំឡេង​ច្រៀង​ព្រម​គ្នា ដើម្បី​សរសើរ និង​លើក​តម្កើង​ព្រះ‌អម្ចាស់។ កាល​សំឡេង​ត្រែ ស្គរ និង​ឧបករណ៍​តន្ដ្រី​ឯ​ទៀតៗ​ប្រគំ​ឡើង ក្រុម​ចម្រៀង​នាំ​គ្នា​ច្រៀង​សរសើរ​ព្រះ‌អម្ចាស់ ដោយ​ពាក្យ​ថា «ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ល្អ​សប្បុរស ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះ‌អង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!» ស្រាប់​តែ​មាន​ពពក​ពេញ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់១៤ ដោយ‌សារ​ពពក ក្រុម​បូជា‌ចារ្យ​ពុំ​អាច​បំពេញ​មុខ‌ងារ​របស់​ខ្លួន​បាន​ឡើយ ដ្បិត​សិរី‌រុង​រឿង​របស់​ព្រះ‌អម្ចាស់​ស្ថិត​នៅ​ពេញ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ។
 ពេល​នោះ ព្រះ‌បាទ​សាឡូម៉ូន​មាន​រាជ‌ឱង្ការ​ដូច​ត​ទៅ៖
«ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា
ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​គង់​ក្នុង​ទី​ងងឹត!
 ទូល‌បង្គំ​បាន​សង់​ព្រះ‌វិហារ​ដ៏​ថ្កុំ‌ថ្កើង​នេះ
ទុក​ជា​ព្រះ‌ដំណាក់​ថ្វាយ​ព្រះ‌អង្គ​គង់ អស់​កល្ប‌ជានិច្ច!»។
សេចក្ដី​ថ្លែង​ការណ៍​របស់​ព្រះ‌បាទ​សាឡូម៉ូន
(១​ពង្សា‌វតារ‌ក្សត្រ ៨.១៤-២១)
 ព្រះ‌រាជា​បែរ​មក ហើយ​ប្រទាន​ពរ​ដល់​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល ដែល​កំពុង​តែ​ឈរ​នៅ​ទី​នោះ។  ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ថា៖ «សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល ព្រះ‌អង្គ​សម្ដែង​ព្រះ‌បារមី ដើម្បី​សម្រេច​តាម​ព្រះ‌បន្ទូល ដែល​ព្រះ‌អង្គ​បាន​សន្យា​ចំពោះ​ព្រះ‌បាទ​ដាវីឌ​ជា​បិតា​របស់​ខ្ញុំ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ:  “តាំង​ពី​ថ្ងៃ​ដែល​យើង​បាន​នាំ​ប្រជា‌រាស្ដ្រ​របស់​យើង​ចាក​ចេញ​ពី​ស្រុក​អេស៊ីប យើង​មិន​បាន​ជ្រើស‌រើស​ក្រុង​ណា​មួយ ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​របស់​អ៊ីស្រា‌អែល ដើម្បី​សង់​ដំណាក់​មួយ ទុក​ជា​កន្លែង​សម្រាប់​សម្ដែង​នាម​របស់​យើង​ឡើយ យើង​ក៏​ពុំ​បាន​ជ្រើស‌រើស​នរណា​ម្នាក់​ផ្សេង ដើម្បី​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ដ្រ​របស់​យើង​ដែរ  គឺ​យើង​បាន​ជ្រើស‌រើស​ក្រុង​យេរូ‌សាឡឹម ដើម្បី​សម្ដែង​នាម​របស់​យើង ហើយ​ជ្រើស‌រើស​ដាវីឌ​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ដ្រ​របស់​យើង”។  ព្រះ‌បាទ​ដាវីឌ ជា​បិតា​របស់​ខ្ញុំ មាន​បំណង​សង់​ព្រះ‌វិហារ​មួយ សម្រាប់​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល។  ប៉ុន្តែ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះ‌បាទ​ដាវីឌ ជា​បិតា​របស់​ខ្ញុំ​ថា “អ្នក​មាន​បំណង​សង់​ព្រះ‌ដំណាក់​សម្រាប់​នាម​យើង​ដូច្នេះ ជា​ការ​ប្រសើរ​ណាស់  តែ​មិន​មែន​អ្នក​ទេ​ដែល​នឹង​សង់​ព្រះ‌ដំណាក់​នេះ គឺ​កូន​ដែល​កើត​ចេញ​ពី​សាច់​ឈាម​របស់​អ្នក​ផ្ទាល់ ជា​អ្នក​សង់​ព្រះ‌ដំណាក់​សម្រាប់​នាម​យើង”។ ១០ ព្រះ‌អម្ចាស់​បាន​សម្រេច​តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ គឺ​ខ្ញុំ​បាន​ឡើង​ស្នង​រាជ្យ​របស់​ព្រះ‌បាទ​ដាវីឌ ជា​បិតា​របស់​ខ្ញុំ ខ្ញុំ​គ្រង​រាជ្យ​លើ​ជន​ជាតិ​អ៊ីស្រា‌អែល ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ខ្ញុំ​ក៏​បាន​សង់​ព្រះ‌ដំណាក់​នេះ​សម្រាប់​ព្រះ‌នាម​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល​ដែរ។ ១១ ខ្ញុំ​បាន​តម្កល់​ហិប​ដាក់​បន្ទះ​ថ្ម​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់ នៅ​ក្នុង​ព្រះ‌ដំណាក់​នេះ គឺ​សម្ពន្ធ‌មេត្រី​ដែល​ព្រះ‌អង្គ​បាន​ចង​ជា​មួយ​ជន​ជាតិ​អ៊ីស្រា‌អែល»។
ពាក្យ​អធិស្ឋាន​របស់​ព្រះ‌បាទ​សាឡូម៉ូន
(១​ពង្សា‌វតារ‌ក្សត្រ ៨.២២-៥៣)
១២ ព្រះ‌រាជា​ឈរ​ពី​មុខ​អាសនៈ​របស់​ព្រះ‌អម្ចាស់ នៅ​ចំពោះ​មុខ​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល ស្តេច​លើក​ព្រះ‌ហស្ដ​ឡើង​លើ។ ១៣ ព្រះ‌បាទ​សាឡូម៉ូន​បាន​ធ្វើ​វេទិកា​មួយ​ពី​លង្ហិន តម្កល់​នៅ​ចំ​កណ្ដាល​ទី‌លាន​ព្រះ‌ដំណាក់ វេទិកា​នេះ​មាន​បណ្ដោយ​ប្រាំ​ហត្ថ ទទឹង​ប្រាំ‌ហត្ថ និង​កម្ពស់​បី​ហត្ថ។ ព្រះ‌រាជា​យាង​ឡើង​គង់​លើ​វេទិកា​នោះ រួច​លុត​ជង្គង់ នៅ​ចំពោះ​មុខ​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល ហើយ​លើក​ព្រះ‌ហស្ដ​ឡើង​ទៅ​លើ​មេឃ ទូល​ថា៖ ១៤ «បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល! នៅ​លើ​មេឃ និង​នៅ​លើ​ផែន‌ដី គ្មាន​ព្រះ​ណា​មួយ​ដូច​ព្រះ‌អង្គ​ឡើយ។ ព្រះ‌អង្គ​រក្សា​សម្ពន្ធ‌មេត្រី ហើយ​សម្ដែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ចំពោះ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ដែល​ដើរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ ដោយ​ស្មោះ​អស់​ពី​ចិត្ត។ ១៥ ព្រះ‌អង្គ​ប្រោស‌ប្រណី​ដល់​ព្រះ‌បាទ​ដាវីឌ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ និង​ជា​បិតា​របស់​ទូល‌បង្គំ ស្រប​តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ។ ថ្ងៃ​នេះ ព្រះ‌អង្គ​សម្រេច​តាម​ព្រះ‌បន្ទូល​សន្យា ដោយ‌សារ​ឫទ្ធិ‌បារមី​របស់​ព្រះ‌អង្គ។ ១៦ បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល! ឥឡូវ​នេះ សូម​ព្រះ‌អង្គ​ប្រោស‌ប្រណី​ដល់​អ្នក​បម្រើ​ព្រះ‌អង្គ គឺ​ព្រះ‌បាទ​ដាវីឌ ជា​បិតា​របស់​ទូល‌បង្គំ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​សន្យា​ថា “ប្រសិន​បើ​ពូជ‌ពង្ស​របស់​អ្នក​ប្រុង​ប្រយ័ត្ន​ចំពោះ​មាគ៌ា​របស់​ខ្លួន ដោយ​គោរព​តាម​វិន័យ*​របស់​យើង ដូច​អ្នក​បាន​ដើរ​តាម​យើង​ដែរ​នោះ ក្នុង​ចំណោម​ពួក​គេ តែង‌តែ​មាន​ម្នាក់ឡើង​គ្រង​រាជ្យ​លើ​អ៊ីស្រា‌អែល នៅ​ចំពោះ​មុខ​យើង​ជា‌និច្ច”។ ១៧ បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល ឥឡូវ​នេះ សូម​សម្រេច​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​សន្យា​ជា​មួយ​ព្រះ‌បាទ​ដាវីឌ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ផង។
១៨ តើ​ព្រះ‌ជាម្ចាស់​គង់​នៅ​លើ​ផែន‌ដី​ជា​មួយ​មនុស្ស​លោក​កើត​ឬ? សូម្បី​តែ​ផ្ទៃ​មេឃ និង​លំហ​ដ៏​ធំ‌ធេង ក៏​ពុំ​ល្មម​ថ្វាយ​ព្រះ‌អង្គ​គង់​ផង ចុះ​ទម្រាំ​បើ​ព្រះ‌ដំណាក់​ដែល​ទូល‌បង្គំ​សង់​ថ្វាយ​នេះ តើ​រឹង‌រឹត​តែ​ចង្អៀត​យ៉ាង​ណា​ទៅ! ១៩ បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ទូល‌បង្គំ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យ​អធិស្ឋាន និង​ពាក្យ​ទូល‌អង្វរ​របស់​ទូល‌បង្គំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ហើយ​សូម​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​សម្រែក និង​ពាក្យ​អធិស្ឋាន​របស់​ទូល‌បង្គំ នៅ​ថ្ងៃ​នេះ​ផង! ២០ សូម​ទត​មើល​មក​ព្រះ‌ដំណាក់​នេះ ទាំង​ថ្ងៃ ទាំង​យប់ គឺ​កន្លែង​ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា ជា​កន្លែង​សម្រាប់​ព្រះ‌នាម​របស់​ព្រះ‌អង្គ។ សូម​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​ទូល‌បង្គំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ អធិស្ឋាន​នៅ​ទី​នេះ​ផង! ២១ កាល​ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ និង​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ អធិស្ឋាន​ឆ្ពោះ​មក​ទី​នេះ សូម​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌អង្វរ​ទាំង​ប៉ុន្មាន​របស់​យើង​ខ្ញុំ​ផង។ បពិត្រ​ព្រះ‌អម្ចាស់​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ* សូម​មេត្តា​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​យើង​ខ្ញុំ និង​អត់‌ទោស​ឲ្យ​យើង​ខ្ញុំ​ផង!។
២២ កាល​ណា​មនុស្ស​ម្នាក់​ប្រព្រឹត្ត​ខុស​ចំពោះ​អ្នក​ដទៃ គេ​បង្ខំ​ឲ្យ​អ្នក​នោះ​ស្បថ ហើយ​អ្នក​នោះ​មក​ស្បថ​នៅ​មុខ​អាសនៈ ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ ២៣ សូម​ព្រះ‌អង្គ​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ*​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់ ហើយ​រក​យុត្តិធម៌​ឲ្យ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។ សូម​ធ្វើ​ទោស​អ្នក​ដែល​ប្រព្រឹត្ត​ខុស សម​នឹង​កំហុស​ដែល​គេ​បាន​ធ្វើ ហើយ​ផ្តល់​យុត្តិធម៌​ដល់​មនុស្ស​សុចរិត តាម​ព្រះ‌ហឫទ័យ​សុចរិត​របស់​ព្រះ‌អង្គ។
២៤ កាល​ណា​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ ហើយ​បរា‌ជ័យ​នៅ​ចំពោះ​មុខ​ខ្មាំង​សត្រូវ ប្រសិន​បើ​ពួក​គេ​វិល​មក​រក​ព្រះ‌អង្គ និង​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ ព្រម​ទាំង​អធិស្ឋាន និង​ទូល‌អង្វរ​ព្រះ‌អង្គ​ក្នុង​ព្រះ‌ដំណាក់​នេះ ២៥ សូម​ព្រះ‌អង្គ​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ ព្រះ‌អង្គ​ព្រះ‌សណ្ដាប់ ហើយ​លើក‌លែង​ទោស​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ ឲ្យ​បាន​រួច​ពី​បាប ព្រម​ទាំង​នាំ​ពួក​គេ​មក​រស់​នៅ​លើ​ទឹក​ដី ដែល​ព្រះ‌អង្គ​ប្រទាន​ដល់​ដូន‌តា​របស់​គេ​វិញ។
២៦ កាល​ណា​មេឃ​រាំង​ស្ងួត គ្មាន​ភ្លៀង ព្រោះ​តែ​ប្រជាជន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ធ្វើ​ទារុណ‌កម្ម​ពួក​គេ ប្រសិន​បើ​ពួក​គេ​ទូល‌អង្វរ​ឆ្ពោះ​មក​ទី​នេះ រួច​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ និង​លះ‌បង់​អំពើ​បាប ២៧ សូម​ព្រះ‌អង្គ​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់ ហើយ​លើក‌លែង​ទោស​ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ គឺ​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ ឲ្យ​បាន​រួច​ពី​បាប​ផង។ សូម​បង្រៀន​ពួក​គេ​ឲ្យ​ដើរ​តាម​មាគ៌ា​ដ៏​សុចរិត និង​ប្រទាន​ទឹក​ភ្លៀង​មក​លើ​ស្រុក​របស់​ព្រះ‌អង្គ គឺ​ស្រុក​ដែល​ព្រះ‌អង្គ​ប្រទាន​ឲ្យ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ ទុក​ជា​កេរ‌មត៌ក។
២៨ កាល​ណា​ស្រុក​កើត​ទុរ្ភិក្ស ជំងឺ​រាត‌ត្បាត ស្រូវ​ស្កក មាន​ក្រា កណ្ដូប និង​ចង្រិត ស៊ី​បង្ហិន​ស្រូវ ឬ​មាន​ខ្មាំង​សត្រូវ​មក​ឡោម‌ព័ទ្ធ​ប្រជា‌រាស្ដ្រ​នៅ​ក្នុង​ស្រុក និង​តាម​ក្រុង​ដ៏​រឹង‌មាំ​របស់​គេ ហើយ​កាល​ណា​មាន​គ្រោះ​កាច និង​ជំងឺ​ផ្សេងៗ ២៩ ប្រសិន​បើ​មាន​នរណា​ម្នាក់ ឬ​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​មូល ដែល​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ មាន​ទុក្ខ​ខ្លោច‌ផ្សា និង​ឈឺ​ចុក​ចាប់ រួច​អធិស្ឋាន និង​ទូល‌អង្វរ ទាំង​លើក​ដៃ​ប្រណម្យ​ឆ្ពោះ​មក​ព្រះ‌ដំណាក់ ៣០ សូម​ព្រះ‌អង្គ​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ ព្រះ‌អង្គ​ព្រះ‌សណ្ដាប់ និង​លើក‌លែង​ទោស​ឲ្យ​ពួក​គេ ហើយ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ តាម​អំពើ​ដែល​ម្នាក់ៗ​បាន​ធ្វើ ដ្បិត​មាន​តែ​ព្រះ‌អង្គ​ទេ ដែល​ស្គាល់​ចិត្ត​របស់​មនុស្ស​លោក​យ៉ាង​ច្បាស់។ ៣១ ធ្វើ​ដូច្នេះ ពួក​គេ​នឹង​គោរព​កោត​ខ្លាច​ព្រះ‌អង្គ ព្រម​ទាំង​ដើរ​ក្នុង​មាគ៌ា​របស់​ព្រះ‌អង្គ​រហូត​ត​ទៅ ហើយ​ពួក​គេ​នឹង​រស់​នៅ​លើ​ទឹក​ដី ដែល​ព្រះ‌អង្គ​ប្រទាន​ឲ្យ​ដូន‌តា​របស់​ពួក​គេ។
៣២ សូម្បី​តែ​ជន​បរទេស​ដែល​មិន​មែន​ជា​ជន​ជាតិ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ មក​ពី​ស្រុក​ឆ្ងាយ ព្រោះ​តែ​ព្រះ‌នាម​ដ៏​ឧត្តុង្គ‌ឧត្ដម ព្រម​ទាំង​ឫទ្ធិ‌បារមី និង​តេជា‌នុភាព​របស់​ព្រះ‌អង្គ ប្រសិន​បើ​គេ​មក​អង្វរ​ព្រះ‌អង្គ​ក្នុង​ព្រះ‌ដំណាក់​នេះ ៣៣ សូម​ព្រះ‌អង្គ​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ ព្រះ‌អង្គ​ព្រះ‌សណ្ដាប់ និង​ប្រោស​ប្រទាន តាម​សំណូម​ពរ​ទាំង​ប៉ុន្មាន ដែល​ជន​បរទេស​នោះ​ទូល​សូម​ពី​ព្រះ‌អង្គ ដើម្បី​ឲ្យ​ជាតិ​សាសន៍​ទាំង​អស់​នៅ​លើ​ផែន‌ដី​ស្គាល់​ព្រះ‌នាម​របស់​ព្រះ‌អង្គ ហើយ​គោរព​កោត​ខ្លាច​ព្រះ‌អង្គ ដូច​ជន​ជាតិ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​ដែរ។ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា ព្រះ‌ដំណាក់​ដែល​ទូល‌បង្គំ​សង់​នេះ ពិត​ជា​កន្លែង​ដែល​ព្រះ‌អង្គ​គង់​នៅ​មែន។
៣៤ កាល​ណា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​ចេញ​ទៅ​ច្បាំង​នឹង​ខ្មាំង​សត្រូវ​តាម​បញ្ជា​របស់​ព្រះ‌អង្គ រួច​ទូល‌អង្វរ​ព្រះ‌អង្គ ឆ្ពោះ​មក​ក្រុង​ដែល​ព្រះ‌អង្គ​បាន​ជ្រើស‌រើស និង​ឆ្ពោះ​មក​ព្រះ‌ដំណាក់ ដែល​ទូល‌បង្គំ​បាន​សង់​ថ្វាយ​ព្រះ‌នាម​របស់​ព្រះ‌អង្គ ៣៥ សូម​ព្រះ‌អង្គ​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ ស្ដាប់​ពាក្យ​អធិស្ឋាន និង​ពាក្យ​ទូល‌អង្វរ​របស់​ពួក​គេ ហើយ​រក​យុត្តិធម៌​ឲ្យ​ពួក​គេ​ផង។
៣៦ កាល​ណា​ជន​ជាតិ​អ៊ីស្រា‌អែល​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ ដ្បិត​គ្មាន​នរណា​ម្នាក់​មិន​ប្រព្រឹត្ត​អំពើ​បាប​ឡើយ ពេល​នោះ ព្រះ‌អង្គ​ព្រះ‌អង្គ​ព្រះ‌ពិរោធ​នឹង​ពួក​គេ ហើយ​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ។ ពេល​ខ្មាំង​កៀរ​ពួក​គេ​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​មួយ ទោះ​បី​ឆ្ងាយ ឬ​ជិត​ក្តី ៣៧ ប្រសិន​បើ​នៅ​ក្នុង​ស្រុក​ដែល​ពួក​គេ​ជាប់​ជា​ឈ្លើយ ពួក​គេ​ភ្ញាក់​រលឹក រួច​វិល​មក​រក​ព្រះ‌អង្គ​វិញ ហើយ​ទូល‌អង្វរ​ថា “យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​ខុស យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់!”។ ៣៨ នៅ​ក្នុង​ស្រុក​ដែល​ខ្មាំង​ចាប់​ពួក​គេ​យក​ទៅ​ជា​ឈ្លើយ​នោះ ប្រសិន​បើ​ពួក​គេ​វិល​មក​រក​ព្រះ‌អង្គ​យ៉ាង​អស់​ពី​ចិត្ត អស់​ពី​គំនិត រួច​ទូល‌អង្វរ​ព្រះ‌អង្គ ឆ្ពោះ​មក​ស្រុក​ដែល​ព្រះ‌អង្គ​ប្រទាន​ឲ្យ​ដូន‌តា​របស់​គេ ឆ្ពោះ​មក​ក្រុង​ដែល​ព្រះ‌អង្គ​បាន​ជ្រើស‌រើស និង​ឆ្ពោះ​មក​ព្រះ‌ដំណាក់​ដែល​ទូល‌បង្គំ​បាន​សង់​សម្រាប់​ព្រះ‌នាម​របស់​ព្រះ‌អង្គ ៣៩ សូម​ព្រះ‌អង្គ​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​ពាក្យ​អធិស្ឋាន និង​ពាក្យ​ទូល‌អង្វរ​របស់​ពួក​គេ ហើយ​រក​យុត្តិធម៌​ឲ្យ​ពួក​គេ​ផង។ សូម​លើក‌លែង​ទោស​ឲ្យ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ។ ៤០ បពិត្រ​ព្រះ​នៃ​ទូល‌បង្គំ ឥឡូវ​នេះ សូម​ព្រះ‌អង្គ​ទត​មើល​មក​ទូល‌បង្គំ! សូម​ព្រះ‌អង្គ​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យ​ដែល​យើង​ខ្ញុំ​អធិស្ឋាន នៅ​ទី​នេះ​ផង។
៤១ ព្រះ‌ជា‌អម្ចាស់​អើយ ឥឡូវ​នេះ សូម​ក្រោក​ឡើង
សូម​យាង​មក​ជា​មួយ​ហិប​នៃ​ឫទ្ធា‌នុភាព
របស់​ព្រះ‌អង្គ
ហើយ​គង់​នៅ​ក្នុង​ទី​សម្រាក​របស់​ព្រះ‌អង្គ
រហូត​ត​ទៅ។
ព្រះ‌ជា‌អម្ចាស់​អើយ
សូម​ឲ្យ​ការ​សង្គ្រោះ​ស្ថិត​នៅ​ជាប់​ជា​មួយ
ពួក​បូជា‌ចារ្យ​របស់​ព្រះ‌អង្គ ដូច​សម្លៀក‌បំពាក់
ហើយ​សូម​ឲ្យ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ
ជួប​ប្រទះ​តែ​នឹង​សុភមង្គល!
៤២ ឱ​ព្រះ‌ជា‌អម្ចាស់​អើយ!
សូម​កុំ​បោះ​បង់​ចោល​ស្តេច​ដែល​ព្រះ‌អង្គ​បាន
ចាក់​ប្រេង​អភិសេក​នេះ​ឡើយ
សូម​នឹក​ដល់​ភក្តី‌ភាព​របស់​ព្រះ‌បាទ​ដាវីឌ
ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ!»។
យញ្ញ‌បូជា​របស់​ព្រះ‌បាទ​សាឡូម៉ូន
(១​ពង្សា‌វតារ‌ក្សត្រ ៨.៦២-៦៦)
 កាល​ព្រះ‌បាទ​សាឡូម៉ូន​អធិស្ឋាន*​ចប់ ស្រាប់​តែ​មាន​ភ្លើង​ធ្លាក់​ពី​លើ​មេឃ ឆេះ​តង្វាយ​ដុត​ទាំង​មូល* និង​យញ្ញ‌បូជា​មេត្រី‌ភាព ហើយ​សិរី‌រុង​រឿង​របស់​ព្រះ‌អម្ចាស់ ស្ថិត​នៅ​ពេញ​ក្នុង​ព្រះ‌ដំណាក់។  ពួក​បូជា‌ចារ្យ*​ពុំ​អាច​ចូល​ទៅ​ក្នុង​ព្រះ‌ដំណាក់​បាន​ទេ ដ្បិត​សិរី‌រុង​រឿង​របស់​ព្រះ‌អម្ចាស់​ស្ថិត​នៅ​ពេញ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ។  ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់​ឃើញ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ និង​សិរី‌រុង​រឿង​របស់​ព្រះ‌អម្ចាស់ ស្ថិត​នៅ​លើ​ព្រះ‌ដំណាក់ ក៏​នាំ​គ្នា​ក្រាប​ចុះ ឱន​មុខ​ដល់​ដី​នៅ​លើ​កម្រាល​ឥដ្ឋ ហើយ​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ និង​សរសើរ​តម្កើង​ព្រះ‌អង្គ​ថា «ព្រះ‌អង្គ​ជា​ព្រះ​ដ៏​សប្បុរស ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះ‌អង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!»។
 ព្រះ‌រាជា និង​ប្រជាជន​ទាំង​មូល​បាន​ថ្វាយ​យញ្ញ‌បូជា នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។  ព្រះ‌បាទ​សាឡូម៉ូន និង​ប្រជាជន​ទាំង​មូល ធ្វើ​ពិធី​ឆ្លង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ ហើយ​ក្នុង​ឱកាស​នោះ ព្រះ‌រាជា​បាន​ថ្វាយ​យញ្ញ‌បូជា គឺ​មាន​គោ ២២ ០០០ ក្បាល និង​ចៀម ១២០ ០០០ ក្បាល។  បូជា‌ចារ្យ*​ឈរ​នៅ​តាម​កន្លែង​របស់​គេ​រៀងៗ​ខ្លួន រីឯ​ក្រុម​លេវី​កាន់​ឧបករណ៍​ភ្លេង​ផ្សេងៗ គឺ​ឧបករណ៍​ដែល​ព្រះ‌បាទ​ដាវីឌ​បាន​ធ្វើ ដើម្បី​លើក​តម្កើង​ព្រះ‌អម្ចាស់ នៅ​ពេល​ស្តេច​ចាត់​ក្រុម​លេវី ឲ្យ​ច្រៀង​សរសើរ​ព្រះ‌ជាម្ចាស់​ថា «ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះ‌អង្គ​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ»។ ក្រុម​បូជា‌ចារ្យ​ដែល​ស្ថិត​នៅ​ទល់​មុខ​នឹង​ក្រុម​លេវី នាំ​គ្នា​ផ្លុំ​ត្រែ ហើយ​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​មូល​ក៏​ក្រោក​ឈរ​ឡើង​ដែរ។  ព្រះ‌បាទ​សាឡូម៉ូន​ញែក​ទី‌លាន​នៅ​ខាង​មុខ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ជា​សក្ការៈ សម្រាប់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​ខ្លាញ់​របស់​សត្វ ដែល​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព ដ្បិត​អាសនៈ​លង្ហិន​ដែល​ស្តេច​បាន​ធ្វើ​នោះ ពុំ​អាច​ដាក់​តង្វាយ​ដុត​ទាំង​មូល តង្វាយ​ម្សៅ និង​ខ្លាញ់​របស់​សត្វ​បាន​ទេ។  ក្នុង​ឱកាស​នោះ ព្រះ‌បាទ​សាឡូម៉ូន​ប្រារព្ធ​ពិធី​បុណ្យ អស់‌រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ​បន្ត​ទៀត រួម​ជា​មួយ​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​មូល ដែល​ធ្វើ​ដំណើរ​តាំង​ពី​ច្រក​ចូល​ក្រុង​ហាម៉ាត់ រហូត​ដល់​ទឹក​ធ្លាក់​នៅ​ស្រុក​អេស៊ីប មក​មូល​គ្នា​ជា​អង្គ​ប្រជុំ​មួយ​យ៉ាង​ធំ។  នៅ​ថ្ងៃ​ទី​ប្រាំ‌បី អង្គ​ប្រជុំ​ជួប‌ជុំ​គ្នា ធ្វើ​ពិធី​ឆ្លង​អាសនៈ​ចំនួន​ប្រាំ​ពីរ​ថ្ងៃ ហើយ​ប្រារព្ធ​ពិធី​បុណ្យ​ប្រាំ​ពីរ​ថ្ងៃ​ទៀត។ ១០ នៅ​ថ្ងៃ​ទី​ម្ភៃ​បី​នៃ​ខែ​ទី​ប្រាំ​ពីរ ព្រះ‌រាជា​ក៏​ឲ្យ​ប្រជាជន​វិល​ទៅ​កាន់​លំ‌នៅ‌ដ្ឋាន​របស់​ពួក​គេ​រៀងៗ​ខ្លួន​វិញ។ ពួក​គេ​ចាក​ចេញ​ទៅ​ដោយ​ចិត្ត​សប្បាយ​រីក‌រាយ ព្រោះ​ព្រះ‌អម្ចាស់​បាន​សម្ដែង​ព្រះ‌ហឫទ័យ​សប្បុរស​ចំពោះ​ព្រះ‌បាទ​ដាវីឌ និង​ព្រះ‌បាទ​សាឡូម៉ូន ព្រម​ទាំង​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ។
ព្រះ‌អម្ចាស់​សម្ដែង​ឲ្យ​ព្រះ‌បាទ​សាឡូម៉ូន​ឃើញ​ជា​ថ្មី
(១​ពង្សា‌វតារ‌ក្សត្រ ៩.១-៩, ២​របាក្សត្រ ១.១៧-១២)
១១ កាល​ព្រះ‌បាទ​សាឡូម៉ូន​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ រាជ‌វាំង និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ស្តេច​មាន​បំណង​ធ្វើ នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​ក្នុង​រាជ‌វាំង ចប់​សព្វ​គ្រប់​ហើយ ១២ ព្រះ‌អម្ចាស់​យាង​មក​ជួប​ស្តេច នៅ​ពេល​យប់ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​ឮ​ពាក្យ​អធិស្ឋាន​របស់​អ្នក​ហើយ យើង​ក៏​បាន​ជ្រើស‌រើស​កន្លែង​នេះ ទុក​ជា​ដំណាក់​សម្រាប់​ធ្វើ​យញ្ញ‌បូជា។ ១៣ កាល​ណា​យើង​ធ្វើ​ឲ្យ​មេឃ​រាំង គ្មាន​ភ្លៀង កាល​ណា​យើង​បញ្ជា​ឲ្យ​កណ្ដូប​មក​ស៊ី​បំផ្លាញ​ស្រុក ឬ​ចាត់​ជំងឺ​រាត‌ត្បាត​មក​ប្រហារ​ប្រជា‌រាស្ដ្រ​របស់​យើង ១៤ ប្រសិន​បើ​ប្រជា‌រាស្ដ្រ​របស់​យើង គឺ​ប្រជា‌រាស្ដ្រ​ដែល​ជា​កម្ម‌សិទ្ធិ​របស់​យើង​ផ្ទាល់ នាំ​គ្នា​បន្ទាប​ខ្លួន អធិស្ឋាន* និង​ស្វែង​រក​យើង ហើយ​ប្រសិន​បើ​គេ​បោះ​បង់​ចោល​ផ្លូវ​អាក្រក់​របស់​ខ្លួន យើង​នឹង​ស្ដាប់​គេ​ពី​ស្ថាន​បរម‌សុខ* យើង​នឹង​លើក‌លែង​ទោស​គេ​ឲ្យ​រួច​ពី​បាប ព្រម​ទាំង​ប្រោស​ស្រុក​គេ​ឲ្យ​បាន​ជា​ផង។ ១៥ ពី​ពេល​នេះ​ទៅ យើង​បើក​ភ្នែក​មើល និង​ផ្ទៀង​ត្រចៀក​ស្ដាប់​ពាក្យ​ដែល​គេ​អធិស្ឋាន​នៅ​ទី​នេះ។ ១៦ យើង​ជ្រើស‌រើស និង​ញែក​ដំណាក់​នេះ​ទុក​សម្រាប់​នាម​យើង រហូត​ត​ទៅ។ យើង​នឹង​ថែ‌រក្សា ហើយ​ជំពាក់​ចិត្ត​នឹង​កន្លែង​នេះ​ជា‌និច្ច។ ១៧ រីឯ​អ្នក​វិញ ប្រសិន​បើ​អ្នក​ដើរ​តាម​យើង ដូច​ដាវីឌ ជា​បិតា​របស់​អ្នក ដោយ​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​យើង​បង្គាប់ ហើយ​កាន់​តាម​ក្រឹត្យ‌វិន័យ និង​បញ្ញត្តិ​របស់​យើង ១៨ យើង​នឹង​ធ្វើ​ឲ្យ​រាជ‌សម្បត្តិ​របស់​អ្នក​នៅ​ស្ថិត‌ស្ថេរ ដូច​យើង​បាន​សន្យា​ជា​មួយ​ដាវីឌ ជា​បិតា​របស់​អ្នក​ថា “ក្នុង​ចំណោម​ពូជ‌ពង្ស​របស់​អ្នក​តែង‌តែ​មាន​ម្នាក់ ឡើង​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​ជា‌និច្ច”។ ១៩ ប៉ុន្តែ ប្រសិន​បើ​អ្នក​រាល់​គ្នា​បែក​ចិត្ត​ចេញ​ពី​យើង ហើយ​មិន​កាន់​តាម​ក្រឹត្យ‌វិន័យ និង​បញ្ជា​ដែល​យើង​ប្រគល់​ឲ្យ​ទេ ឬ​ប្រសិន​បើ​អ្នក​រាល់​គ្នា​បែរ​ទៅ​គោរព និង​ថ្វាយ‌បង្គំ​ព្រះ​ដទៃ ២០ យើង​នឹង​ដក​អ្នក​រាល់​គ្នា​ចេញ​ពី​ទឹក​ដី​របស់​យើង គឺ​ទឹក​ដី​ដែល​យើង​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា ហើយ​យើង​ក៏​នឹង​បោះ​បង់​ចោល​ដំណាក់ ដែល​យើង​ញែក​ទុក​សម្រាប់​នាម​យើង​នេះ ឲ្យ​ឆ្ងាយ​ពី​មុខ​យើង​ដែរ។ ពេល​នោះ ប្រជាជន​អ៊ីស្រា‌អែល​នឹង​ត្រូវ​ជាតិ​សាសន៍​ទាំង​អស់​មាក់‌ងាយ និង​ចំអក​ឲ្យ។ ២១ មនុស្ស‌ម្នា​ដែល​ធ្លាប់​តែ​ឃើញ​ដំណាក់​ដ៏​ស្កឹម‌ស្កៃ ពេល​ពួក​គេ​ដើរ​កាត់​តាម​នោះ ពួក​គេ​នឹង​ស្រឡាំង‌កាំង ពោល​ថា: “ហេតុ​អ្វី​បាន​ជា​ព្រះ‌អម្ចាស់​ប្រព្រឹត្ត​ដូច្នេះ​ចំពោះ​ស្រុក​នេះ និង​ព្រះ‌ដំណាក់​នេះ?”។ ២២ គេ​នឹង​ឆ្លើយ​ប្រាប់​អ្នក​ទាំង​នោះ​ថា: “មក​ពី​ជន​ជាតិ​អ៊ីស្រា‌អែល​បោះ​បង់​ចោល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ដូន‌តា​របស់​ពួក​គេ គឺ​ព្រះ​ដែល​បាន​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប។ ពួក​គេ​ជំពាក់​ចិត្ត​នឹង​ព្រះ​ដទៃ ហើយ​គោរព​បម្រើ និង​ថ្វាយ‌បង្គំ​ព្រះ​ទាំង​នោះ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​ធ្វើ​ឲ្យ​ពួក​គេ​រង​ទុក្ខ​វេទនា​ដូច្នេះ”»។
ស្នាដៃ​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​សាឡូម៉ូន
(១​ពង្សា‌វតារ‌ក្សត្រ ៩.១០-២៨)
ព្រះ‌បាទ​សាឡូម៉ូន​ចំណាយ​ពេល​អស់​ម្ភៃ​ឆ្នាំ ដើម្បី​កសាង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​វាំង​របស់​ស្តេច។  ព្រះ‌រាជា​សង់​ក្រុង​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌បាទ​ហ៊ីរ៉ាម ជា​ស្តេច​ក្រុង​ទីរ៉ុស បាន​ថ្វាយ​នោះ​ឡើង​វិញ រួច​ឲ្យ​ប្រជាជន​អ៊ីស្រា‌អែល​ទៅ​រស់​នៅ។  ព្រះ‌បាទ​សាឡូម៉ូន​លើក​ទ័ព​ទៅ​វាយ​យក​ក្រុង​ហាម៉ាត់ នៅ​ស្រុក​សូបា ហើយ​កាន់​កាប់​ក្រុង​នោះ។  ស្តេច​ក៏​បាន​សង់​ក្រុង​តាត់មរ នៅ​តំបន់​វាល​រហោ‌ស្ថាន ព្រម​ទាំង​ក្រុង​នានា ធ្វើ​ជា​ឃ្លាំង​ដាក់​ស្បៀង នៅ​តំបន់​ហាម៉ាត់។  ស្តេច​បាន​សង់​ក្រុង​បេត‌ហូរ៉ូន​ខាង​លើ និង​បេត‌ហូរ៉ូន​ខាង​ក្រោម ជា​ក្រុង​ដែល​មាន​បន្ទាយ និង​កំពែង​ព័ទ្ធ​ជុំ‌វិញ ហើយ​មាន​ទ្វារ និង​រនុក​ផង។  ស្តេច​ក៏​បាន​សង់​ក្រុង​បាឡាត និង​ក្រុង​ទាំង​ប៉ុន្មាន ដែល​ស្តេច​ទុក​ធ្វើ​ជា​ឃ្លាំង​សម្រាប់​ដាក់​ស្បៀង ឃ្លាំង​សម្រាប់​ដាក់​រទេះ​ចម្បាំង និង​សម្រាប់​ពល‌សេះ។ ព្រះ‌បាទ​សាឡូម៉ូន​បាន​សង់​អ្វីៗ​ទាំង​អស់ ដែល​ស្តេច​សព្វ​ព្រះ‌ហឫទ័យ នៅ​ក្រុង​យេរូ‌សាឡឹម នៅ​ស្រុក​លីបង់ និង​ក្នុង​នគរ​ទាំង​ប៉ុន្មាន​ដែល​ស្តេច​គ្រប់‌គ្រង។  ជាតិ​សាសន៍​ទាំង​អស់​ដែល​នៅ​សេស‌សល់​ពី​ជន​ជាតិ​ហេត ជន​ជាតិ​អាម៉ូរី ជន​ជាតិ​ពេរេស៊ី ជន​ជាតិ​ហេវី និង​ជន​ជាតិ​យេប៊ូស មិន​បាន​រាប់​បញ្ចូល​ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល​ទេ។  កូន​ចៅ​របស់​ជាតិ​សាសន៍​ទាំង​នោះ​នៅ​សេស‌សល់​ក្នុង​ស្រុក ព្រោះ​ជន​ជាតិ​អ៊ីស្រា‌អែល​ពុំ​បាន​បំផ្លាញ​ពួក​គេ​ឲ្យ​ផុត​ពូជ​ឡើយ។ ព្រះ‌បាទ​សាឡូម៉ូន​បាន​កេណ្ឌ​ពួក​នោះ​ឲ្យ​ធ្វើ​ជា​កំណែន រហូត​ដល់​សព្វ​ថ្ងៃ។  ព្រះ‌បាទ​សាឡូម៉ូន​ពុំ​បាន​បង្ខំ​ឲ្យ​នរណា​ម្នាក់ ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល ធ្វើ​ការ​ដូច​ទាសករ​ទេ ដ្បិត​ពួក​គេ​ជា​ទាហាន មេ‌បញ្ជា‌ការ មេ‌កង‌ពល​រទេះ​ចម្បាំង និង​កង‌ពល‌សេះ។ ១០ ព្រះ‌បាទ​សាឡូម៉ូន​បាន​តែង‌តាំង​មេ​ដឹក​នាំ​ចំនួន ២៥០​នាក់ ឲ្យ​ត្រួត‌ត្រា​លើ​ពួក​កំណែន។
១១ ព្រះ‌បាទ​សាឡូម៉ូន​បាន​នាំ​បុត្រី​របស់​ព្រះ‌ចៅ​ផារ៉ោន ចាក​ចេញ​ពី​បុរី​ព្រះ‌បាទ​ដាវីឌ មក​គង់​នៅ​ក្នុង​ដំណាក់​ដែល​ស្តេច​បាន​សង់​ថ្វាយ​ព្រះ‌នាង ដ្បិត​ស្តេច​មាន​ព្រះ‌តម្រិះ​ថា៖ «មហេសី​របស់​យើង​ពុំ​អាច​គង់​នៅ​ក្នុង​ដំណាក់​របស់​ព្រះ‌បាទ​ដាវីឌ ជា​ស្តេច​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល​បាន​ទេ ព្រោះ​កន្លែង​ដែល​គេ​តម្កល់​ហិប​របស់​ព្រះ‌អម្ចាស់ ជា​កន្លែង​ដ៏‌វិសុទ្ធ»។
១២ គ្រា​នោះ ព្រះ‌បាទ​សាឡូម៉ូន​បាន​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល*​ចំពោះ​ព្រះ‌អម្ចាស់ នៅ​លើ​អាសនៈ​ដែល​ស្តេច​សង់​នៅ​មុខ​ទី‌សក្ការៈ ១៣ គឺ​តង្វាយ​ប្រចាំ​ថ្ងៃ តង្វាយ​សម្រាប់​ថ្ងៃ​សប្ប័ទ តង្វាយ​សម្រាប់​ថ្ងៃ​ចូល​ខែ​ថ្មី ព្រម​ទាំង​តង្វាយ​សម្រាប់​បុណ្យ​សំខាន់ៗ​បី​ដង ក្នុង​មួយ​ឆ្នាំ គឺ​ថ្ងៃ​បុណ្យ​នំបុ័ង​ឥត​មេ បុណ្យ​សប្តាហ៍ និង​បុណ្យ​បារាំ ស្រប​តាម​សេចក្ដី​ដែល​លោក​ម៉ូសេ​បាន​ចែង​ទុក។
១៤ ព្រះ‌បាទ​សាឡូម៉ូន​បាន​តែង‌តាំង​បូជា‌ចារ្យ​ជា​ក្រុមៗ តាម​មុខ‌ងារ​របស់​ពួក​គេ ដូច​ព្រះ‌បាទ​ដាវីឌ ជា​បិតា បាន​ចាត់​ចែង​ទុក​មក។ ស្តេច​តែង‌តាំង​ក្រុម​លេវី​ឲ្យ​បំពេញ​មុខ‌ងារ​របស់​ខ្លួន​ដែរ គឺ​ច្រៀង​សរសើរ​ព្រះ‌អម្ចាស់ និង​ជួយ​ក្រុម​បូជា‌ចារ្យ​ក្នុង​ការ‌ងារ​ប្រចាំ​ថ្ងៃ ដូច​មាន​ចែង​ទុក។ ស្តេច​ក៏​បាន​ចាត់​ឲ្យ​អ្នក​យាម​ទ្វារ ប្រចាំ​ការ​នៅ​មាត់​ទ្វារ​នីមួយៗ តាម​ក្រុម​របស់​ខ្លួន​ដែរ។ នេះ​ជា​ច្បាប់​ដែល​ព្រះ‌បាទ​ដាវីឌ ជា​ជំនិត​របស់​ព្រះ‌ជាម្ចាស់ បាន​បង្គាប់​ទុក។ ១៥ គេ​ពុំ​បាន​ប្រព្រឹត្ត​ខុស​នឹង​បញ្ជា​ដែល​ស្តេច​បាន​ចែង​ទុក ស្តី​ពី​ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី ឬ​បញ្ជា​ផ្សេង​ទៀត ស្តី​អំពី​ទ្រព្យ‌សម្បត្តិ​របស់​ព្រះ‌ដំណាក់​ឡើយ។
១៦ ព្រះ‌បាទ​សាឡូម៉ូន​បាន​សម្រេច​គម្រោង‌ការ​ទាំង​អស់​ជា​ស្ថាពរ គឺ​ចាប់​ពី​ថ្ងៃ​ចាក់​គ្រឹះ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ រហូត​ដល់​ថ្ងៃ​បង្ហើយ គឺ​ការ​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​បាន​ចប់​សព្វ​គ្រប់។
១៧ គ្រា​នោះ ព្រះ‌បាទ​សាឡូម៉ូន​បាន​យាង​ទៅ​ក្រុង​អេស៊ីយ៉ូន-‌កេប៊ែរ និង​ក្រុង​អេឡាត ដែល​នៅ​មាត់​សមុទ្រ ក្នុង​ស្រុក​អេដុម។ ១៨ ព្រះ‌បាទ​ហ៊ីរ៉ាម​បាន​បញ្ជូន​សំពៅ ដឹក​នាំ​ដោយ​ទាហាន​ជើង​ទឹក​ស្ទាត់​ជំនាញ​ខាង​សមុទ្រ មក​ថ្វាយ​ព្រះ‌បាទ​សាឡូម៉ូន។ ពួក​គេ​ធ្វើ​ដំណើរ​ជា​មួយ​ទាហាន​របស់​ព្រះ‌បាទ​សាឡូម៉ូន ទៅ​ដល់​ស្រុក​អូភារ ហើយ​នាំ​យក​មាស​ទម្ងន់​ដប់​ប្រាំ‌មួយ​តោន មក​ថ្វាយ​ព្រះ‌បាទ​សាឡូម៉ូន។
ព្រះ‌មហា​ក្សត្រិ‌យានី​ស្រុក​សាបា​យាង​មក​គាល់​ព្រះ‌បាទ​សាឡូម៉ូន
(១​ពង្សា‌វតារ‌ក្សត្រ ១០.១-១៣)
 ព្រះ‌មហា​ក្សត្រិ‌យានី​ស្រុក​បាសា បាន​ឮ​អំពី​កិត្តិនាម​ដ៏​ល្បី‌ល្បាញ​របស់​ព្រះ‌បាទ​សាឡូម៉ូន។ ដូច្នេះ ព្រះ‌នាង​ក៏​យាង​មក​ក្រុង​យេរូ‌សាឡឹម ដើម្បី​ល្បង​ប្រាជ្ញា​របស់​ព្រះ‌បាទ​សាឡូម៉ូន ដោយ​ចោទ​សួរ​ជា​ប្រស្នា​ផ្សេងៗ។ ព្រះ‌នាង​យាង​មក​ដល់ ដោយ​មាន​រាជ​បម្រើ​យ៉ាង​ច្រើន​ហែ‌ហម ព្រម​ទាំង​មាន​សត្វ​អូដ្ឋ​ជា​ច្រើន​ដឹក​គ្រឿង​ក្រអូប មាស និង​ត្បូង​ពេជ្រ យ៉ាង​សន្ធឹក‌សន្ធាប់​ផង។ ព្រះ‌នាង​ចូល​គាល់​ព្រះ‌បាទ​សាឡូម៉ូន ហើយ​ចោទ​សួរ​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌នាង​បាន​រិះ‌គិត​ទុក​ជា​មុន។  ព្រះ‌បាទ​សាឡូម៉ូន​ឆ្លើយ​នឹង​សំណួរ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌នាង គ្មាន​សំណួរ​ណា​មួយ​ដែល​ស្តេច​ឆ្លើយ​ពុំ​រួច​នោះ​ឡើយ។  ព្រះ‌មហា​ក្សត្រិ‌យានី​ស្រុក​សាបា​សង្កេត​ឃើញ​ប្រាជ្ញា​របស់​ព្រះ‌បាទ​សាឡូម៉ូន ឃើញ​វាំង​ដែល​ស្តេច​បាន​សង់  ឃើញ​ព្រះ‌ស្ងោយ​របស់​ស្តេច លំ‌នៅ‌ដ្ឋាន​របស់​នាម៉ឺន​មន្ត្រី របៀប​របប និង​ឯក​សណ្ឋាន​របស់​ពួក​រាជ​បម្រើ ពួក​មហាតលិក និង​ឯក​សណ្ឋាន​របស់​ពួក​គេ ព្រម​ទាំង​ឃើញ​តង្វាយ​ដុត​ទាំង​មូល ដែល​ស្តេច​ថ្វាយ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ព្រះ‌នាង​ក៏​កោត​ស្ញប់‌ស្ញែង​យ៉ាង​ខ្លាំង ហើយ​មាន​រាជ‌សវនីយ៍​ទៅ​កាន់​ព្រះ‌បាទ​សាឡូម៉ូន​ថា៖  «ពាក្យ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​ម្ចាស់​បាន​ឮ​គេ​និយាយ​នៅ​ក្នុង​ស្រុក​របស់​ខ្ញុំ​ម្ចាស់ ស្តី​អំពី​ព្រះ‌ករុណា និង​អំពី​ប្រាជ្ញា​របស់​ព្រះ‌ករុណា ពិត​ជា​ត្រឹម​ត្រូវ​មែន!  មុន​ពេល​ខ្ញុំ​ម្ចាស់​មក​ដល់ និង​មុន​ពេល​ខ្ញុំ​ម្ចាស់​ឃើញ​ផ្ទាល់​នឹង​ភ្នែក ខ្ញុំ​ម្ចាស់​មិន​បាន​ជឿ​ពាក្យ​ដែល​គេ​ថ្លែង​ទេ ឥឡូវ​នេះ ខ្ញុំ​ម្ចាស់​យល់​ឃើញ​ថា​អ្វីៗ​ដែល​គេ​រៀប​រាប់​ប្រាប់​ខ្ញុំ​ម្ចាស់ អំពី​ប្រាជ្ញា​ដ៏​ឧត្តុង្គ‌ឧត្ដម​របស់​ព្រះ‌ករុណា ត្រឹម​ត្រូវ​តែ​ពាក់​កណ្ដាល​ប៉ុណ្ណោះ។ ព្រះ‌ករុណា​មាន​ប្រាជ្ញា​ឈ្លាស‌វៃ លើស​ពី​សេចក្ដី​ដែល​ខ្ញុំ​ម្ចាស់​បាន​ឮ​ទៅ​ទៀត។  ពួក​រាជ​បម្រើ និង​ពួក​នាម៉ឺន​មន្ត្រី​ដែល​នៅ​ជុំ‌វិញ​ព្រះ‌ករុណា ពិត​ជា​មាន​សុភមង្គល​ហើយ ព្រោះ​ពួក​គេ​នៅ​ជា​មួយ​ព្រះ‌ករុណា ហើយ​ឮ​រាជ‌ឱង្ការ​ពោរ‌ពេញ​ដោយ​ប្រាជ្ញា​របស់​ព្រះ‌ករុណា។  សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ព្រះ‌ករុណា ដែល​បាន​ប្រោស‌ប្រណី​ព្រះ‌ករុណា ហើយ​ជ្រើស‌រើស​ព្រះ‌ករុណា​ឲ្យ​ឡើង​គ្រង​រាជ្យ​ក្នុង​នាម​របស់​ព្រះ‌អង្គ។ ព្រះ‌អម្ចាស់​ស្រឡាញ់​ជន​ជាតិ​អ៊ីស្រា‌អែល ហើយ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​ពួក​គេ​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​ជ្រើស‌រើស​ព្រះ‌ករុណា​ឲ្យ​ធ្វើ​ជា​ស្តេច គ្រប់‌គ្រង​លើ​ពួក​គេ​ដោយ​សុចរិត និង​យុត្តិធម៌»។  ព្រះ‌មហា​ក្សត្រិ‌យានី​ស្រុក​សាបា​យក​មាស​មាន​ទម្ងន់​បួន‌ពាន់​គីឡូ‌ក្រាម មក​ថ្វាយ​ព្រះ‌រាជា រួម​ជា​មួយ​គ្រឿង​ក្រអូប និង​ត្បូង​ពេជ្រ​យ៉ាង​ច្រើន​ផង។ តាំង​ពី​ដើម​រៀង​មក ពុំ​ដែល​មាន​នរណា​យក​គ្រឿង​ក្រអូប​បែប​នេះ​មក​ថ្វាយ​ព្រះ‌បាទ​សាឡូម៉ូន ដូច​ព្រះ‌មហា​ក្សត្រិ‌យានី​ស្រុក​បាសា​ឡើយ។
១០ ពួក​រាជ​បម្រើ​របស់​ព្រះ‌បាទ​ហ៊ីរ៉ាម និង​ពួក​រាជ​បម្រើ​របស់​ព្រះ‌បាទ​សាឡូម៉ូន ដែល​ដឹក​មាស​ពី​ស្រុក​អូភារ​មក​នោះ ក៏​បាន​ដឹក​ឈើ​ខ្លឹមចន្ទន៍ និង​ត្បូង​យ៉ាង​ច្រើន​មក​ជា​មួយ​ដែរ។ ១១ ព្រះ‌បាទ​សាឡូម៉ូន​យក​ឈើ​ខ្លឹមចន្ទន៍​នេះ មក​ធ្វើ​ក្តារ​ក្រាល​ច្រក​ចូល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​វាំង​ស្តេច ព្រម​ទាំង​ពិណ និង​ឃឹម សម្រាប់​ក្រុម​ចម្រៀង។ តាំង​ពី​ដើម​រៀង​មក គេ​ពុំ​ដែល​ឃើញ​មាន​ឈើ​ខ្លឹមចន្ទន៍​បែប​នេះ នៅ​ស្រុក​យូដា​ឡើយ។ ១២ រីឯ​ព្រះ‌បាទ​សាឡូម៉ូន​វិញ អ្វីៗ​ដែល​ព្រះ‌មហា​ក្សត្រិ‌យានី​ស្រុក​បាសា​ចង់​បាន និង​ទូល​សូម ស្តេច​ប្រគល់​ឲ្យ​ទាំង​អស់។ ព្រះ‌បាទ​សាឡូម៉ូន​ថ្វាយ​របស់​ទៅ​ព្រះ‌នាង លើស​ពី​អ្វីៗ​ដែល​ព្រះ‌នាង​បាន​យក​មក​ថ្វាយ​ស្តេច​ទៅ​ទៀត។ បន្ទាប់​មក ព្រះ‌មហា​ក្សត្រិ‌យានី និង​រាជ​បម្រើ​វិល​ត្រឡប់​ទៅ​ស្រុក​សាបា​វិញ។
រាជ​ទ្រព្យ​របស់​ព្រះ‌បាទ​សាឡូម៉ូន
(១​ពង្សា‌វតារ‌ក្សត្រ ១០.១៤-២៩)
១៣ ក្នុង​មួយ​ឆ្នាំៗ ព្រះ‌បាទ​សាឡូម៉ូន​ទទួល​មាស​ទម្ងន់​ម្ភៃ‌បី​តោន។ ១៤ លើស​ពី​នោះ មាន​មាស​ដែល​បាន​មក​ពី​ពន្ធដារ​នៃ​ទំនិញ​នាំ​ចូល មាស​ដែល​បាន​មក​ពី​អ្នក​ជំនួញ ព្រម​ទាំង​មាស​ប្រាក់​ដែល​ស្តេច​ទាំង​ប៉ុន្មាន​នៅ​ស្រុក​អារ៉ាប៊ី និង​ពួក​ទេសា‌ភិបាល នាំ​យក​មក​ថ្វាយ​ព្រះ‌បាទ​សាឡូម៉ូន។
១៥ ព្រះ‌បាទ​សាឡូម៉ូន​ឲ្យ​គេ​ធ្វើ​ខែល​ធំៗ​ពី​មាស​ចំនួន​ពីរ‌រយ ខែល​នីមួយៗ​មាន​ទម្ងន់​ប្រាំ‌មួយ​គីឡូ‌ក្រាម ១៦ ខែល​តូចៗ​ពី​មាស​ចំនួន​បី‌រយ ខែល​នីមួយៗ​មាន​ទម្ងន់​មួយ​គីឡូ‌ក្រាម​កន្លះ ហើយ​ព្រះ‌រាជា​យក​ខែល​ទាំង​នោះ ទៅ​ទុក​ក្នុង​ដំណាក់ “ព្រៃ​ស្រុក​លីបង់”។ ១៧ ព្រះ‌បាទ​សាឡូម៉ូន​ធ្វើ​បល្ល័ង្ក​មួយ​យ៉ាង​ធំ​ពី​ភ្លុក ស្រោប​មាស​សុទ្ធ។ ១៨ បល្ល័ង្ក​នេះ​ស្ថិត​នៅ​លើ​កំណល់​មួយ ដែល​មាន​ជណ្ដើរ​ប្រាំ‌មួយ​ថ្នាក់ និង​កំណល់​ជើង​មួយ​ធ្វើ​ពី​មាស ព្រម​ទាំង​មាន​ដៃ​សង​ខាង ហើយ​មាន​រូប​ចម្លាក់​សិង្ហ​ពីរ ឈរ​នៅ​ជាប់​នឹង​ដៃ​ទាំង​សង​ខាង​នោះ។ ១៩ មាន​រូប​ចម្លាក់​សិង្ហ​ដប់‌ពីរ​ទៀត ឈរ​អម​សង​ខាង​ជណ្ដើរ​ទាំង​ប្រាំ‌មួយ​ថ្នាក់​នោះ​ដែរ។ គេ​ពុំ​ដែល​ឃើញ​នគរ​ណា​មាន​បល្ល័ង្ក​បែប​នេះ​ឡើយ។ ២០ រីឯ​ពែង​ទាំង​ប៉ុន្មាន​របស់​ស្តេច​សុទ្ធ​តែ​ធ្វើ​ពី​មាស ហើយ​ចាន​ដែល​ប្រើ‌ប្រាស់​ក្នុង​ដំណាក់ “ព្រៃ​ស្រុក​លីបង់” ក៏​ធ្វើ​ពី​មាស​សុទ្ធ​ទាំង​អស់ គេ​ពុំ​ធ្វើ​គ្រឿង​ប្រដាប់​អ្វី​ពី​ប្រាក់​ទេ ដ្បិត​ក្នុង​រជ្ជ‌កាល​របស់​ព្រះ‌បាទ​សាឡូម៉ូន ប្រាក់​គ្មាន​តម្លៃ​ឡើយ។ ២១ ព្រះ‌បាទ​សាឡូម៉ូន​មាន​សំពៅ​សម្រាប់​ធ្វើ​ជំនួញ​ទៅ​ស្រុក​តារស៊ីស ដោយ​មាន​រាជ​បម្រើ​របស់​ព្រះ‌បាទ​ហ៊ីរ៉ាម ជា​អ្នក​បើក​បរ។ បី​ឆ្នាំ​ម្ដង សំពៅ​ទាំង​នោះ​វិល​ត្រឡប់​មក​ពី​ស្រុក​តារស៊ីស​វិញ ដោយ​នាំ​យក​មាស ប្រាក់ ភ្លុក ស្វា និង​ក្ងោក​មក​ផង។
២២ ព្រះ‌បាទ​សាឡូម៉ូន​មាន​ទ្រព្យ‌សម្បត្តិ និង​ប្រាជ្ញា លើស​ពី​ស្តេច​ទាំង​ប៉ុន្មាន​នៅ​លើ​ផែន‌ដី។ ២៣ ស្តេច​ទាំង‌ឡាយ​តែង‌តែ​ចង់​ចូល​គាល់​ព្រះ‌បាទ​សាឡូម៉ូន ដើម្បី​ស្ដាប់​រាជ‌ឱង្ការ​ប្រកប​ដោយ​ប្រាជ្ញា ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​មក​ស្តេច។ ២៤ រៀង​រាល់​ឆ្នាំ ស្តេច​ទាំង​នោះ​តែង‌តែ​នាំ​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌បាទ​សាឡូម៉ូន គឺ​មាន​វត្ថុ​ធ្វើ​ពី​មាស ធ្វើ​ពី​ប្រាក់ សម្លៀក‌បំពាក់ គ្រឿង​សាស្ត្រា‌វុធ គ្រឿង​ក្រអូប សេះ និង​លា។
២៥ ព្រះ‌បាទ​សាឡូម៉ូន​មាន​សេះ ៤ ០០០ ក្បាល សម្រាប់​ទឹម​រទេះ​ចម្បាំង ហើយ​សេះ ១២ ០០០ ក្បាល​ទៀត សម្រាប់​ពល‌ទ័ព‌សេះ ព្រះ‌អង្គ​ទុក​មួយ​ចំនួន​ឲ្យ​នៅ​ជា​មួយ​ក្នុង​ក្រុង​យេរូ‌សាឡឹម និង​មួយ​ចំនួន​ទៀត​ឲ្យ​ទៅ​នៅ​តាម​ក្រុង​នានា ដែល​ព្រះ‌អង្គ​បម្រុង​ទុក​សម្រាប់​ទ័ព​ទាំង​នោះ។ ២៦ ព្រះ‌បាទ​សាឡូម៉ូន​ត្រួត‌ត្រា​លើ​ស្តេច​ទាំង​អស់ ចាប់​ពី​ទន្លេ​អឺប្រាត រហូត​ដល់​ស្រុក​ភីលីស្ទីន និង​ព្រំ‌ប្រទល់​ស្រុក​អេស៊ីប។ ២៧ ព្រះ‌រាជា​បាន​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡឹម​មាន​ប្រាក់​សម្បូណ៌​ដូច​ដុំ​ថ្ម និង​មាន​ឈើ​តាត្រៅ​សម្បូណ៌​ដូច​ដើម​រាំង ដុះ​នៅ​តាម​វាល​ទំនាប។ ២៨ គេ​តែង‌តែ​នាំ​សេះ​ពី​ស្រុក​អេស៊ីប និង​ស្រុក​ដទៃ​ទៀត មក​ថ្វាយ​ព្រះ‌បាទ​សាឡូម៉ូន។
ព្រះ‌បាទ​សាឡូម៉ូន​សោយ​ទិវង្គត
(១​ពង្សា‌វតារ‌ក្សត្រ ១១.៤១-៤៣)
២៩ រាជ‌កិច្ច​ផ្សេង​ទៀត​របស់​ព្រះ‌បាទ​សាឡូម៉ូន គឺ​តាំង​ពី​ដើម​រហូត​ដល់​ចប់ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ «កិច្ច‌ការ​របស់​ព្យាការី​ណាថាន» ក្នុង​សៀវភៅ «ទំនាយ​របស់​ព្យាការី​អហ៊ីយ៉ា» ជា​អ្នក​ភូមិ​ស៊ីឡូ និង​ក្នុង​សៀវភៅ «និមិត្ត​ហេតុ​ដ៏​អស្ចារ្យ​របស់​លោក​យេដូ ជា​គ្រូ​ទាយ» ស្តី​អំពី​ព្រះ‌បាទ​យេរ៉ូបោម ជា​កូន​របស់​លោក​នេបាត និង​ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល។ ៣០ ព្រះ‌បាទ​សាឡូម៉ូន​សោយ​រាជ្យ​លើ​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​មូល នៅ​ក្រុង​យេរូ‌សាឡឹម អស់‌រយៈ​ពេល​សែ‌សិប​ឆ្នាំ។ ៣១ កាល​ព្រះ‌បាទ​សាឡូម៉ូន​សោយ​ទិវង្គត គេ​យក​សព​ទៅ​បញ្ចុះ​នៅ​បុរី​ព្រះ‌បាទ​ដាវីឌ ជា​បិតា។ ព្រះ‌បាទ​រ៉ូបោម ជា​បុត្រ​បាន​ឡើង​ស្នង​រាជ្យ។
១០

ប្រវត្តិ‌សាស្ត្រ​នៃ​រាជា‌ណាចក្រ​យូដា ចាប់​ពី​គ្រា​បែង​ចែក​ស្រុក រហូត​ដល់​គ្រា​ស្តេច​ស្រុក​បាប៊ីឡូន​កៀរ​ប្រជាជន​ទៅ​ជា​ឈ្លើយ

ប្រជាជន​ជួប‌ជុំ​គ្នា​នៅ​ស៊ីគែម
(១​ពង្សា‌វតារ‌ក្សត្រ ១២.១-១៥)
 សម្តេច​រ៉ូបោម​យាង​ទៅ​ស៊ីគែម ដ្បិត​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​មូល​បាន​ជួប‌ជុំ​គ្នា​នៅ​ទី​នោះ ដើម្បី​អភិសេក​សម្តេច​ជា​ព្រះ‌មហា​ក្សត្រ។  កាល​លោក​យេរ៉ូបោម ជា​កូន​របស់​លោក​នេបាត ឮ​ដំណឹង​នេះ លោក​ស្ថិត​នៅ​ស្រុក​អេស៊ីប ព្រោះ​លោក​បាន​គេច​ខ្លួន​ពី​ព្រះ‌បាទ​សាឡូម៉ូន។ លោក​ក៏​វិល​ត្រឡប់​ពី​ស្រុក​អេស៊ីប​មក​វិញ។  ពេល​នោះ គេ​បាន​ចាត់​មនុស្ស​ឲ្យ​ទៅ​ហៅ​លោក​យេរ៉ូបោម​មក​ដែរ។ លោក​យេរ៉ូបោម និង​ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​មក​ជួប‌ជុំ​គ្នា ពួក​គេ​ទូល​ព្រះ‌បាទ​រ៉ូបោម​ថា៖  «បិតា​របស់​ព្រះ‌ករុណា​បាន​ដាក់​នឹម​យ៉ាង​ធ្ងន់​លើ​យើង​ខ្ញុំ។ ឥឡូវ​នេះ សូម​ព្រះ‌ករុណា​មេត្តា​សម្រាល​នឹម​ដ៏​ធ្ងន់ ដែល​បិតា​របស់​ព្រះ‌ករុណា​បាន​ដាក់​លើ​យើង​ខ្ញុំ​ផង នោះ​យើង​ខ្ញុំ​នឹង​បម្រើ​ព្រះ‌ករុណា»។  ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ត្រឡប់​ទៅ​សិន​ចុះ ចាំ​បី​ថ្ងៃ​ទៀត សឹម​វិល​មក​ជួប​យើង​វិញ»។ ប្រជាជន​ក៏​នាំ​គ្នា​ចាក​ចេញ​ទៅ។
 ព្រះ‌បាទ​រ៉ូបោម​បាន​ពិភាក្សា​ជា​មួយ​ក្រុម​ព្រឹទ្ធាចារ្យ ដែល​ជា​ទី​ប្រឹក្សា​របស់​ព្រះ‌បាទ​សាឡូម៉ូន ជា​បិតា ក្នុង​គ្រា​ដែល​ស្តេច​នៅ​មាន​ព្រះ‌ជន្ម​នៅ​ឡើយ ដោយ​សួរ​ថា៖ «តាម​យោបល់​របស់​អស់​លោក តើ​យើង​ត្រូវ​ឆ្លើយ​យ៉ាង​ដូច​ម្ដេច​ចំពោះ​ប្រជាជន​នេះ?»។  អស់​លោក​ព្រឹទ្ធាចារ្យ​ទូល​វិញ​ថា៖ «ប្រសិន​បើ​ព្រះ‌ករុណា​មាន​ព្រះ‌ហឫទ័យ​សប្បុរស​ចំពោះ​ប្រជាជន​នេះ ប្រសិន​បើ​ព្រះ‌ករុណា​សន្ដោស​មេត្តា​ដល់​ពួក​គេ ហើយ​មាន​រាជ‌ឱង្ការ​ទៅ​ពួក​គេ​ដោយ​ទន់‌ភ្លន់ នោះ​ពួក​គេ​នឹង​បម្រើ​ព្រះ‌ករុណា​រហូត​ត​ទៅ»។  ប៉ុន្តែ ព្រះ‌បាទ​រ៉ូបោម​មិន​រវី‌រវល់​នឹង​យោបល់​របស់​អស់​លោក​ព្រឹទ្ធាចារ្យ​ទេ ព្រះ‌អង្គ​បែរ​ជា​សួរ​យោបល់​ពី​ពួក​មន្ត្រី​ជំនិត ដែល​ធ្លាប់​នៅ​ជា​មួយ​ស្តេច​តាំង​ពី​កុមារ​មក។  ស្តេច​មាន​រាជ‌ឱង្ការ​ទៅ​ពួក​គេ​ថា៖ «ប្រជាជន​សុំ​ឲ្យ​យើង​សម្រាល​នឹម ដែល​បិតា​របស់​យើង​បាន​ដាក់​លើ​ពួក​គេ។ តើ​អស់​លោក​មាន​យោបល់​ណា? តាម​យោបល់​អស់​លោក តើ​យើង​ត្រូវ​ឆ្លើយ​នឹង​ប្រជាជន​នេះ​យ៉ាង​ដូច​ម្ដេច?»។ ១០ មន្ត្រី​ជំនិត​ដែល​ធ្លាប់​នៅ​ជា​មួយ​ស្តេច​តាំង​ពី​កុមារ​មក ទូល​ស្តេច​ថា៖ «សូម​ព្រះ‌ករុណា​ប្រាប់​ប្រជាជន ដែល​មក​សុំ​ឲ្យ​ព្រះ‌ករុណា​សម្រាល​នឹម​បិតា​របស់​ព្រះ‌ករុណា​នោះ​វិញ​ថា “កូន​ដៃ​របស់​យើង​មាន​កម្លាំង​ជាង​ដៃ​របស់​បិតា​យើង​ទៅ​ទៀត។ ១១ បិតា​របស់​យើង​បាន​ដាក់​នឹម​យ៉ាង​ធ្ងន់​លើ​អ្នក​រាល់​គ្នា រីឯ​យើង​វិញ យើង​នឹង​ធ្វើ​ឲ្យ​នឹម​នេះ​រឹត​តែ​ធ្ងន់​ថែម​ទៀត។ បិតា​យើង​ប្រដៅ​អ្នក​រាល់​គ្នា​ដោយ​ប្រើ​រំពាត់ រីឯ​យើង យើង​នឹង​ប្រដៅ​អ្នក​រាល់​គ្នា​ដោយ​ប្រើ​ខ្យា‌ដំរី”»។
១២ លុះ​ដល់​ថ្ងៃ​ទី​បី លោក​យេរ៉ូបោម និង​ប្រជាជន​ទាំង​មូល​ចូល​មក​គាល់​ព្រះ‌បាទ​រ៉ូបោម តាម​ពេល​ដែល​ស្តេច​បាន​កំណត់​ថា៖ «ចាំ​បី​ថ្ងៃ​ទៀត សឹម​វិល​ត្រឡប់​មក​ជួប​យើង​វិញ»។ ១៣ ព្រះ‌បាទ​រ៉ូបោម​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ពួក​គេ​យ៉ាង​តឹង‌រ៉ឹង គឺ​ស្តេច​មិន​រវី‌រវល់​នឹង​យោបល់​របស់​ក្រុម​ព្រឹទ្ធាចារ្យ​ទេ។ ១៤ ស្តេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ប្រជាជន តាម​យោបល់​របស់​មន្ត្រី​ក្មេងៗ​ថា៖ «បិតា​យើង​បាន​ផ្ទុក​នឹម​យ៉ាង​ធ្ងន់​លើ​អ្នក​រាល់​គ្នា រីឯ​យើង​វិញ យើង​នឹង​ធ្វើ​ឲ្យ​នឹម​នេះ​រឹត​តែ​ធ្ងន់​ថែម​ទៀត។ បិតា​របស់​យើង​ប្រដៅ​អ្នក​រាល់​គ្នា ដោយ​ប្រើ​រំពាត់ រីឯ​យើង យើង​នឹង​ប្រដៅ​អ្នក​រាល់​គ្នា ដោយ​ប្រើ​ខ្យា‌ដំរី»។ ១៥ ស្តេច​មិន​ព្រម​ស្ដាប់​តាម​សំណូម​ពរ​របស់​ប្រជាជន​ទេ ដ្បិត​ព្រះ‌អម្ចាស់​បណ្តោយ​ឲ្យ​មាន​សភាព‌ការណ៍​ប្រែ‌ប្រួល​ដូច្នេះ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​ថ្លែង​មក​កាន់​លោក​យេរ៉ូបោម ជា​កូន​របស់​លោក​នេបាត តាម‌រយៈ​ព្យាការី​អហ៊ីយ៉ា​នៅ​ស៊ីឡូ។
អាណា‌ចក្រ​អ៊ីស្រា‌អែល​បែក​ជា​ពីរ ព្រះ‌បាទ​រ៉ូបោម​សោយ​រាជ្យ​លើ​ស្រុក​យូដា
(១​ពង្សា‌វតារ‌ក្សត្រ ១២.១៦-២៥)
១៦ ពេល​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​មូល​ឃើញ​ថា ស្តេច​ពុំ​ព្រម​ស្ដាប់​តាម​សំណូម​ពរ​របស់​ខ្លួន​ទេ ពួក​គេ​ក៏​ទូល​ស្តេច​ថា៖
«ពួក​យើង​គ្មាន​ជាប់​ជំពាក់​អ្វី
នឹង​ព្រះ‌បាទ​ដាវីឌ​ទៀត​ទេ
ពួក​យើង​ក៏​គ្មាន​ចំណែក​មត៌ក​អ្វី​រួម​ជា​មួយ
កូន​របស់​លោក​យេសាយ​ដែរ!
ប្រជាជន​អ៊ីស្រា‌អែល​អើយ
ចូរ​វិល​ត្រឡប់​ទៅ​ទី​លំ‌នៅ​រៀងបៗ​ខ្លួន​វិញ​ចុះ។
រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ​អើយ
ឥឡូវ​នេះ សូម​បី​បាច់​ថែ‌រក្សា​ខ្លួន​ឯង​ទៅ!»។
ប្រជាជន​អ៊ីស្រា‌អែល​នាំ​គ្នា​វិល​ត្រឡប់​ទៅ​កាន់​ទី​លំ‌នៅ​របស់​ខ្លួន​វិញ។
១៧ ព្រះ‌បាទ​រ៉ូបោម​គ្រង​រាជ្យ​លើ​ជន​ជាតិ​អ៊ីស្រា‌អែល ដែល​រស់​នៅ​តាម​ក្រុង​ទាំង‌ឡាយ​ក្នុង​ស្រុក​យូដា។ ១៨ ព្រះ‌បាទ​រ៉ូបោម​ចាត់​លោក​អដូរ៉ាម ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​កំណែន ឲ្យ​ទៅ​ជួប​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ឯ​ទៀតៗ តែ​ពួក​គេ​បាន​គប់​ដុំ​ថ្ម​សម្លាប់​លោក។ ព្រះ‌បាទ​រ៉ូបោម​ឡើង​រាជ‌រថ​ស្ទើរ​តែ​មិន​រួច ហើយ​ព្រះ‌អង្គ​ភៀស​ខ្លួន​ចូល​ក្រុង​យេរូ‌សាឡឹម​វិញ។ ១៩ គឺ​យ៉ាង​នេះ​ហើយ​ដែល​ប្រជាជន​អ៊ីស្រា‌អែល​បះ‌បោរ​ប្រឆាំង​នឹង​រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ រហូត​ដល់​សព្វ​ថ្ងៃ។
១១
ពេល​ព្រះ‌បាទ​រ៉ូបោម​យាង​មក​ដល់​ក្រុង​យេរូ‌សាឡឹម ស្តេច​ប្រមូល​ទាហាន​ក្នុង​ពូជ‌ពង្ស​យូដា និង​បេនយ៉ាមីន បាន​ចំនួន ១៨០ ០០០ នាក់ ដែល​សុទ្ធ​តែ​ជា​អ្នក​ចម្បាំង​យ៉ាង​ស្ទាត់​ជំនាញ ដើម្បី​ចេញ​ទៅ​ច្បាំង​នឹង​ជន​ជាតិ​អ៊ីស្រា‌អែល ដណ្ដើម​យក​អាណា‌ចក្រ​ទាំង​មូល​មក​ថ្វាយ​ព្រះ‌បាទ​រ៉ូបោម​វិញ។  ប៉ុន្តែ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​សេម៉ាយ៉ា ជា​អ្នក​ជំនិត​របស់​ព្រះ‌អង្គ​ថា៖  «ចូរ​ប្រាប់​រ៉ូបោម ជា​បុត្រ​របស់​សាឡូម៉ូន ស្តេច​ស្រុក​យូដា ព្រម​ទាំង​ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់ ក្នុង​កុល‌សម្ព័ន្ធ​យូដា និង​កុល‌សម្ព័ន្ធ​បេនយ៉ាមីន​ថា  ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: កុំ​ចេញ​ទៅ​ច្បាំង​នឹង​បង‌ប្អូន​របស់​អ្នក​រាល់​គ្នា​ឡើយ! ចូរ​វិល​ទៅ​កាន់​ទី​លំ‌នៅ​រៀងៗ​ខ្លួន​ចុះ ដ្បិត​យើង​ទេ​ដែល​ធ្វើ​ឲ្យ​សភាព‌ការណ៍​នេះ​កើត​មាន»។ ពួក​គេ​ក៏​ស្ដាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ហើយ​នាំ​គ្នា​វិល​ត្រឡប់​ទៅ​វិញ ដោយ​មិន​វាយ​លុក​ព្រះ‌បាទ​យេរ៉ូបោម​ទេ។
ព្រះ‌បាទ​រ៉ូបោម​សង់​ក្រុង​នានា
 ព្រះ‌បាទ​រ៉ូបោម​គង់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម ហើយ​ស្តេច​បាន​សង់​ក្រុង​ដែល​មាន​កំពែង​រឹង‌មាំ​ជា​ច្រើន នៅ​ស្រុក​យូដា  គឺ​មាន​បេថ្លេហិម អេតាំ តេកូអា  បេត-‌សួរ សូកូ អាឌូឡាំ  កាថ ម៉ារេសា ស៊ីភ  អាដូរ៉ា‌អ៊ីម ឡាគីស អាសេកា ១០ សូរ៉ា អៃយ៉ាឡូន និង​ហេប្រូន។ ក្រុង​ទាំង​នោះ​សុទ្ធ​តែ​ជា​ក្រុង​របស់​ស្រុក​យូដា និង​បេនយ៉ាមីន។ ១១ ព្រះ‌បាទ​រ៉ូបោម​បាន​សង់​កំពែង​ឲ្យ​កាន់​តែ​រឹង‌មាំ​ថែម​ទៀត ព្រម​ទាំង​តែង‌តាំង​មេ‌បញ្ជា‌ការ​ឲ្យ​គ្រប់‌គ្រង ហើយ​ផ្ទុក​ស្បៀង​អាហារ ប្រេង និង​ស្រា ក្នុង​ក្រុង​ទាំង​នោះ​ផង។ ១២ នៅ​ក្នុង​ក្រុង​នីមួយៗ​មាន​ខែល​ធំ និង​លំពែង​យ៉ាង​ច្រើន ត្រៀម​ទុក។ ស្តេច​បាន​ធ្វើ​ឲ្យ​ក្រុង​ទាំង​នោះ​ទៅ​ជា​រឹង‌មាំ​បំផុត ដើម្បី​ពង្រឹង​ការ​ត្រួត‌ត្រា​លើ​ទឹក​ដី​យូដា និង​ទឹក​ដី​បេនយ៉ាមីន។
ពួក​បូជា‌ចារ្យ និង​ពួក​លេវី រួប‌រួម​ជា​មួយ​ព្រះ‌បាទ​រ៉ូបោម
១៣ ពួក​បូជា‌ចារ្យ និង​ពួក​លេវី​ដែល​រស់​នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល បាន​នាំ​គ្នា​មក​ពី​គ្រប់​ទី​កន្លែង សុំ​រួប‌រួម​ជា​មួយ​ព្រះ‌បាទ​រ៉ូបោម។ ១៤ ពួក​លេវី​បោះ​បង់​ចោល​ផ្ទះ​សំបែង និង​ដី‌ធ្លី​របស់​ខ្លួន ទៅ​រស់​នៅ​ក្នុង​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម ព្រោះ​ព្រះ‌បាទ​យេរ៉ូបោម ព្រម​ទាំង​បុត្រ មិន​ឲ្យ​ពួក​គេ​បំពេញ​មុខ‌ងារ​ជា​បូជា‌ចារ្យ​បម្រើ​ព្រះ‌អម្ចាស់​ទេ។ ១៥ ព្រះ‌បាទ​យេរ៉ូបោម​បាន​ជ្រើស​តាំង​មនុស្ស​ឲ្យ​ធ្វើ​ជា​បូជា‌ចារ្យ នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ដើម្បី​បម្រើ​ព្រះ​ក្លែង‌ក្លាយ មាន​រូប​ពពែ​ឈ្មោល និង​កូន​គោ ដែល​ស្តេច​បាន​សូន។ ១៦ រីឯ​អស់​អ្នក​នៅ​ក្នុង​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល ដែល​មាន​ចិត្ត​ស្វែង​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល ក៏​មក​ក្រុង​យេរូ‌សាឡឹម​តាម​ពួក​លេវី ដើម្បី​ថ្វាយ​យញ្ញ‌បូជា​ចំពោះ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ដូន‌តា​របស់​ពួក​គេ។ ១៧ ដូច្នេះ ពួក​គេ​ពង្រឹង​អាណា‌ចក្រ​យូដា និង​ជួយ​គាំ‌ទ្រ​ព្រះ‌បាទ​រ៉ូបោម ជា​បុត្រ​របស់​ព្រះ‌បាទ​សាឡូម៉ូន ក្នុង‌រយៈ​ពេល​បី​ឆ្នាំ ដ្បិត​ក្នុង​អំឡុង​ពេល​បី​ឆ្នាំ​នោះ គេ​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌បាទ​ដាវីឌ និង​ព្រះ‌បាទ​សាឡូម៉ូន។
រាជ‌វង្ស​របស់​ព្រះ‌បាទ​រ៉ូបោម
១៨ ព្រះ‌បាទ​រ៉ូបោម​បាន​រៀប​អភិសេក​ជា​មួយ​ព្រះ‌នាង​ម៉ាហា‌ឡាត ជា​បុត្រី​របស់​សម្តេច​យេរី‌ម៉ុត ដែល​ត្រូវ​ជា​បុត្រ​របស់​ព្រះ‌បាទ​ដាវីឌ និង​នាង​អប៊ី‌ហាអ៊ីល ជា​កូន​របស់​លោក​អេលីយ៉ាប និង​ជា​ចៅ​របស់​លោក​យេសាយ។ ១៩ ព្រះ‌នាង​ម៉ាហា‌ឡាត​ប្រសូត​បាន​បុត្រ​បី​អង្គ គឺ​សម្តេច​យេអ៊ូស សេម៉ា‌រីយ៉ា និង​សាហាំ។
២០ ក្រោយ​មក ព្រះ‌បាទ​រ៉ូបោម​បាន​អភិសេក​ជា​មួយ​ព្រះ‌នាង​ម៉ាកា ជា​បុត្រី​របស់​សម្តេច​អាប់សាឡុម។ ព្រះ‌នាង​ប្រសូត​បាន​បុត្រ​បួន​អង្គ គឺ​សម្តេច​អប៊ីយ៉ា អថាយ ស៊ីសា និង​សេឡូមីត។ ២១ ព្រះ‌បាទ​រ៉ូបោម​ស្រឡាញ់​នាង​ម៉ាកា ជា​បុត្រី​របស់​សម្តេច​អាប់សាឡុម ជាង​មហេសី និង​ស្រី​ស្នំ​ឯ​ទៀតៗ។ ស្តេច​មាន​មហេសី​ទាំង​អស់​ដប់​ប្រាំ‌បី​អង្គ និង​ស្រី​ស្នំ​ហុក‌សិប​នាក់ មាន​បុត្រា​ទាំង​អស់​ម្ភៃ‌ប្រាំ‌បី​អង្គ និង​បុត្រី​ហុក‌សិប​អង្គ។ ២២ ព្រះ‌បាទ​រ៉ូបោម​លើក​សម្តេច​អប៊ីយ៉ា ជា​បុត្រ​របស់​ព្រះ‌នាង​ម៉ាកា ឲ្យ​មាន​ឋានៈ​ខ្ពស់​ជាង​គេ​នៅ​ក្នុង​ព្រះ‌រាជ‌វង្ស គឺ​ធ្វើ​ជា​ប្រមុខ​លើ​បុត្រ​ឯ​ទៀតៗ ដ្បិត​ស្តេច​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​សម្តេច​អប៊ីយ៉ា​ឡើង​គ្រង​រាជ្យ។ ២៣ ស្តេច​ប្រព្រឹត្ត​ដោយ​ឈ្លាស‌វៃ ដោយ​ចាត់​បុត្រ​ឯ​ទៀតៗ​ឲ្យ​ទៅ​រស់​នៅ​តាម​ក្រុង​ដែល​មាន​កំពែង​រឹង‌មាំ​នានា ក្នុង​ស្រុក​យូដា និង​បេនយ៉ាមីន ព្រម​ទាំង​ឧបត្ថម្ភ​ស្បៀង​យ៉ាង​បរិបូណ៌ និង​រក​ភរិយា​ជា​ច្រើន​ឲ្យ​បុត្រ​ទាំង​នោះ​ផង។
១២
ព្រះ‌ចៅ​ស៊ីសាក់ ស្តេច​ស្រុក​អេស៊ីប​វាយ​លុក​ស្រុក​យូដា
(១​ពង្សា‌វតារ‌ក្សត្រ ១៤.២៥-២៨)
 កាល​ព្រះ‌បាទ​រ៉ូបោម​ពង្រឹង​រាជ‌សម្បត្តិ និង​អំណាច​រឹង‌មាំ​ហើយ ស្តេច​បោះ​បង់​ចោល​វិន័យ​របស់​ព្រះ‌អម្ចាស់ រីឯ​ប្រជាជន​ក៏​ប្រព្រឹត្ត​ដូច​ស្តេច​ដែរ។  នៅ​ឆ្នាំ​ទី​ប្រាំ​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​រ៉ូបោម ព្រះ‌ចៅ​ស៊ីសាក់ ជា​ស្តេច​ស្រុក​អេស៊ីប បាន​ឡើង​មក​វាយ​ក្រុង​យេរូ‌សាឡឹម។ ព្រឹត្តិការណ៍​នេះ​កើត​មាន ព្រោះ​ប្រជាជន​យូដា​មិន​ស្មោះ‌ត្រង់​នឹង​ព្រះ‌អម្ចាស់។  ព្រះ‌ចៅ​ស៊ីសាក់​ដឹក​នាំ​កង‌ទ័ព​ដែល​មាន​រទេះ​ចម្បាំង ១២០០ ទ័ព‌សេះ ៥០ ០០០ នាក់ ព្រម​ទាំង​មាន​ពល‌ទាហាន​ជាតិ​លីប៊ី ស៊ូគី និង​អេត្យូពី​យ៉ាង​ច្រើន មក​ជា​មួយ​ផង។  ស្តេច​វាយ​យក​បាន​ក្រុង​នានា​ដែល​មាន​កំពែង​រឹង‌មាំ​ក្នុង​ស្រុក​យូដា ហើយ​មក​ដល់​ក្រុង​យេរូ‌សាឡឹម។  ពេល​នោះ ព្យាការី​សេម៉ាយ៉ា​ចូល​ទៅ​គាល់​ព្រះ‌បាទ​រ៉ូបោម និង​ជួប​មេ​ដឹក​នាំ​របស់​ជន​ជាតិ​យូដា ដែល​ជួប‌ជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡឹម នៅ​ពេល​ព្រះ‌ចៅ​ស៊ីសាក់​ចូល​មក​ជិត​ដល់​ទី‌ក្រុង។ ព្យាការី​សេម៉ាយ៉ា​មាន​ប្រសាសន៍​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “អ្នក​រាល់​គ្នា​បាន​បោះ​បង់​ចោល​យើង! ដូច្នេះ យើង​ក៏​បោះ​បង់​ចោល​អ្នក​រាល់​គ្នា ឲ្យ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​ស្តេច​ស៊ីសាក់​ដែរ”»។  ព្រះ‌រាជា និង​ពួក​មេ​ដឹក​នាំ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល ដាក់​ខ្លួន ហើយ​ពោល​ថា៖ «ព្រះ‌អម្ចាស់​ពិត​ជា​សុចរិត​មែន!»។  កាល​ព្រះ‌អម្ចាស់​ទត​ឃើញ​ពួក​គេ​ដាក់​ខ្លួន​ដូច្នេះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​សេម៉ាយ៉ា​ថា៖ «ពួក​គេ​ដាក់​ខ្លួន​ហើយ យើង​មិន​បំផ្លាញ​ពួក​គេ​ទេ។ យើង​នឹង​ជួយ​រំដោះ​ពួក​គេ​ជា​បន្ទាន់ ដ្បិត​យើង​មិន​ជះ​កំហឹង​របស់​យើង​ទៅ​លើ​ក្រុង​យេរូ‌សាឡឹម ដោយ​ទុក​ឲ្យ​ស្តេច​ស៊ីសាក់​បំផ្លាញ​ក្រុង​នេះ​ឡើយ។  ប៉ុន្តែ ពួក​គេ​ត្រូវ​ធ្លាក់​ខ្លួន​ចំណុះ​ស្តេច​ស៊ីសាក់។ ពេល​នោះ ពួក​គេ​នឹង​ដឹង​ខ្លួន​ថា បម្រើ​យើង និង​បម្រើ​ស្តេច​ស្រុក​ផ្សេងៗ ខុស​គ្នា​ត្រង់​ណា»។
 ព្រះ‌ចៅ​ស៊ីសាក់ ជា​ស្តេច​ស្រុក​អេស៊ីប វាយ​លុក​ក្រុង​យេរូ‌សាឡឹម ហើយ​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​រាជ្យ​ទ្រព្យ​នៅ​ក្នុង​វាំង​អស់​គ្មាន​សល់។ ស្តេច​ក៏​រឹប​អូស​យក​ខែល​មាស​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌បាទ​សាឡូម៉ូន​បាន​ធ្វើ​ដែរ។ ១០ ព្រះ‌បាទ​រ៉ូបោម​បាន​ឲ្យ​គេ​ធ្វើ​ខែល​ពី​លង្ហិន​ជំនួស​វិញ ហើយ​ប្រគល់​ឲ្យ​មេ​ក្រុម​របស់​កង​ទាហាន ដែល​យាម​ខ្លោង​ទ្វារ​វាំង​មើល​ថែ‌រក្សា។ ១១ គ្រប់​ពេល​ដែល​ស្តេច​យាង​ចូល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ពួក​ទាហាន​នាំ​គ្នា​កាន់​ខែល​ទាំង​នោះ។ បន្ទាប់​មក ពួក​គេ​ប្រមូល​យក​ទៅ​ទុក​នៅ​ក្នុង​បន្ទប់​របស់​មេ​ក្រុម​វិញ។
១២ ដោយ​ព្រះ‌បាទ​រ៉ូបោម​ដាក់​ខ្លួន ព្រះ‌អម្ចាស់​លែង​ព្រះ‌ពិរោធ​នឹង​ស្តេច ហើយ​ក៏​មិន​បំផ្លាញ​ស្តេច​ឲ្យ​វិនាស​សូន្យ​ដែរ។ ម្យ៉ាង​ទៀត ក្នុង​ស្រុក​យូដា​ក៏​នៅ​មាន​សេចក្ដី​ល្អ​ខ្លះៗ​ដែរ។
ចុង​បញ្ចប់​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​រ៉ូបោម
(១​ពង្សា‌វតារ‌ក្សត្រ ១៤.២១-២៤, ២៩-៣១)
១៣ ព្រះ‌បាទ​រ៉ូបោម​បាន​ពង្រឹង​អំណាច ហើយ​សោយ​រាជ្យ​នៅ​ក្រុង​យេរូ‌សាឡឹម។ កាល​ស្តេច​ឡើង​សោយ​រាជ្យ ស្តេច​មាន​ជន្មាយុ​សែ‌សិប​មួយ​ព្រះ‌វស្សា ហើយ​សោយ​រាជ្យ​បាន​ដប់​ប្រាំ​ពីរ​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម ជា​ក្រុង​ដែល​ព្រះ‌អម្ចាស់​បាន​ជ្រើស‌រើស​ពី​ក្នុង​ចំណោម​ទឹក​ដី​នៃ​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​អស់ សម្រាប់​ព្រះ‌នាម​របស់​ព្រះ‌អង្គ។ មាតា​របស់​ស្តេច​មាន​នាម​ថា ណាម៉ា ជា​ជន​ជាតិ​អាំម៉ូន។ ១៤ ព្រះ‌បាទ​រ៉ូបោម​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ដ្បិត​ស្តេច​ពុំ​បាន​ផ្ចង់​ចិត្ត​គំនិត​ស្វែង​រក​ព្រះ‌អម្ចាស់​ឡើយ។
១៥ រាជ‌កិច្ច​របស់​ព្រះ‌បាទ​រ៉ូបោម តាំង​ពី​ដើម​ដល់​ចប់ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ព្យាការី​សេម៉ាយ៉ា និង​លោក​អ៊ីដូ ជា​គ្រូ​ទាយ។ ព្រះ‌បាទ​រ៉ូបោម និង​ព្រះ‌បាទ​យេរ៉ូបោម តែង‌តែ​ធ្វើ​សង្គ្រាម​នឹង​គ្នា​ទៅ​វិញ​ទៅ​មក​ជា‌និច្ច។ ១៦ កាល​ព្រះ‌បាទ​រ៉ូបោម​សោយ​ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​នៅ​បុរី​ព្រះ‌បាទ​ដាវីឌ។ ព្រះ‌បាទ​អប៊ីយ៉ា ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។
១៣
ព្រះ‌បាទ​អប៊ីយ៉ា​សោយ​រាជ្យ​នៅ​ស្រុក​យូដា
(១​ពង្សា‌វតារ‌ក្សត្រ ១៥.១-៨)
 នៅ​ឆ្នាំ​ទី​ដប់​ប្រាំ‌បី​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​យេរ៉ូបោម ព្រះ‌បាទ​អប៊ីយ៉ា​ឡើង​សោយ​រាជ្យ នៅ​ស្រុក​យូដា។  ស្តេច​សោយ​រាជ្យ​បាន​បី​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម មាតា​របស់​ស្តេច​មាន​នាម​ថា ម៉ាកា‌យ៉ាហ៊ូ ជា​កូន​របស់​លោក​អ៊ូរីអែល អ្នក​ក្រុង​គីបា។ ព្រះ‌បាទ​អប៊ីយ៉ា និង​ព្រះ‌បាទ​យេរ៉ូបោម តែង‌តែ​ធ្វើ​សង្គ្រាម​ជា​មួយ​គ្នា​ទៅ​វិញ​ទៅ​មក។  ព្រះ‌បាទ​អប៊ីយ៉ា​បាន​លើក​ទ័ព​ចំនួន ៤០០ ០០០ នាក់ ដែល​សុទ្ធ​តែ​ជា​ទាហាន​ដ៏​ពូកែ​អង់‌អាច​ចេញ​ទៅ​ប្រយុទ្ធ។ រីឯ​ព្រះ‌បាទ​យេរ៉ូបោម​ក៏​បាន​លើក​ទ័ព​ចំនួន ៨០០ ០០០ នាក់ ដែល​សុទ្ធ​តែ​ជា​ទាហាន​ដ៏​ពូកែ​អង់‌អាច ចេញ​មក​តទល់​នឹង​វិញ​ដែរ។
 ព្រះ‌បាទ​អប៊ីយ៉ា​បាន​ឡើង​ទៅ​ឈរ​នៅ​លើ​កំពូល​ភ្នំ​សេម៉ា‌រ៉ាអ៊ីម ដែល​ស្ថិត​នៅ​តាម​ជួរ​ភ្នំ​អេប្រាអ៊ីម ហើយ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ‌បាទ​យេរ៉ូបោម និង​កង‌ទ័ព​អ៊ីស្រា‌អែល​ថា៖ «ចូរ​ស្ដាប់​យើង!  អ្នក​រាល់​គ្នា​ត្រូវ​ដឹង​ថា ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​អ៊ីស្រា‌អែល ប្រទាន​ឲ្យ​ព្រះ‌បាទ​ដាវីឌ និង​រាជ‌វង្ស សោយ​រាជ្យ​លើ​អាណា‌ចក្រ​អ៊ីស្រា‌អែល​រហូត​ត​ទៅ គឺ​ជា​សម្ពន្ធ‌មេត្រី*​ដែល​មិន​អាច​ប្រែ‌ប្រួល​បាន​ឡើយ។  ប៉ុន្តែ យេរ៉ូបោម កូន​របស់​លោក​នេបាត ជា​អ្នក​បម្រើ​របស់​ព្រះ‌បាទ​សាឡូម៉ូន ដែល​ជា​បុត្រ​របស់​ព្រះ‌បាទ​ដាវីឌ បាន​ក្រោក​ឡើង​បះ‌បោរ​ប្រឆាំង​នឹង​ម្ចាស់​របស់​ខ្លួន។  មនុស្ស​ពាល និង​មនុស្ស​មិន​បាន​ការ បាន​ចូល​ដៃ​ជា​មួយ​ស្តេច​យេរ៉ូបោម ហើយ​ពួក​គេ​មាន​ប្រៀប​លើ​ព្រះ‌បាទ​រ៉ូបោម ជា​បុត្រ​របស់​ព្រះ‌បាទ​សាឡូម៉ូន។ ព្រះ‌បាទ​រ៉ូបោម​នៅ​ក្មេង​ខ្ចី ខ្វះ​បទ​ពិសោធ ពុំ​អាច​ទប់​ទល់​នឹង​ពួក​គេ​បាន​ទេ។  ឥឡូវ​នេះ អ្នក​រាល់​គ្នា​គិត​ប្រឆាំង​តទល់​នឹង​រាជ​អំណាច​របស់​ព្រះ‌អម្ចាស់ ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​នៃ​កូន​ចៅ​របស់​ព្រះ‌បាទ​ដាវីឌ​ទៀត។ អ្នក​រាល់​គ្នា​មាន​កង‌ទ័ព​យ៉ាង​ច្រើន​សន្ធឹក‌សន្ធាប់ ហើយ​ក៏​មាន​រូប​កូន​គោ​មាស ដែល​ស្តេច​យេរ៉ូបោម​បាន​សិត​ធ្វើ​ជា​ព្រះ​ឲ្យ​អ្នក​រាល់​គ្នា​គោរព​បម្រើ នៅ​ជា​មួយ​ដែរ។  អ្នក​រាល់​គ្នា​បាន​បណ្តេញ​ពួក​បូជា‌ចារ្យ*​របស់​ព្រះ‌អម្ចាស់ ជា​ពូជ‌ពង្ស​របស់​លោក​អរ៉ុន និង​ពួក​លេវី​ចេញ រួច​ជ្រើស‌រើស​បូជា‌ចារ្យ​តាម​របៀប​សាសន៍​ដទៃ គឺ​ឲ្យ​តែ​នរណា​យក​គោ​បា​មួយ និង​ចៀម​ឈ្មោល​ប្រាំ​ពីរ​មក នោះ​គេ​មុខ​តែ​បាន​ទទួល​ការ​តែង‌តាំង​ជា​បូជា‌ចារ្យ​នៃ​វត្ថុ​ដែល​មិន​មែន​ជា​ព្រះ។ ១០ រីឯ​ពួក​យើង​វិញ ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​យើង ហើយ​យើង​មិន​បោះ​បង់​ចោល​ព្រះ‌អង្គ​ឡើយ។ ពួក​បូជា‌ចារ្យ​ដែល​បំពេញ​មុខ‌ងារ​បម្រើ​ព្រះ‌អម្ចាស់ សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​អរ៉ុន ហើយ​ក៏​មាន​ពួក​លេវី​បំពេញ​មុខ‌ងារ​របស់​ខ្លួន​ដែរ។ ១១ ពួក​គេ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល* និង​គ្រឿង​ក្រអូប ចំពោះ​ព្រះ‌អម្ចាស់ រាល់​ព្រឹក រាល់​ល្ងាច។ ពួក​គេ​ក៏​តម្កល់​នំបុ័ង​នៅ​លើ​តុ​ដ៏​បរិសុទ្ធ ព្រម​ទាំង​អុជ​ចង្កៀង​ដែល​ស្ថិត​នៅ​លើ​ជើង​ចង្កៀង​មាស​ជា​រៀង​រាល់​ល្ងាច។ ពួក​យើង​ប្រណិ‌ប័តន៍​តាម​សេចក្ដី​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង បាន​បង្គាប់។ ចំណែក​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​បោះ​បង់​ចោល​ព្រះ‌អង្គ។ ១២ មើល​ចុះ ព្រះ‌ជាម្ចាស់ និង​ពួក​បូជា‌ចារ្យ​របស់​ព្រះ‌អង្គ​ស្ថិត​នៅ​ជា​មួយ​ពួក​យើង ហើយ​នាំ​មុខ​ពួក​យើង។ ពួក​បូជា‌ចារ្យ​ត្រៀម​ខ្លួន​នឹង​ផ្លុំ​ត្រែ ដើម្បី​ប្រកាស​វាយ​លុក​អ្នក​រាល់​គ្នា។ កូន​ចៅ​អ៊ីស្រា‌អែល​អើយ! ចូរ​កុំ​ធ្វើ​សឹក​ទល់​នឹង​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ដូន‌តា​របស់​អ្នក​រាល់​គ្នា​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​ពុំ​អាច​ឈ្នះ​ជា​ដាច់​ខាត!»។
១៣ ព្រះ‌បាទ​យេរ៉ូបោម​បាន​ចាត់​ទ័ព​ខ្លះ​ឲ្យ​វាង​ទៅ​បង្កប់​ខ្លួន​នៅ​ខាង​ក្រោយ​ទ័ព​យូដា ដូច្នេះ មាន​កង‌ទ័ព​អ៊ីស្រា‌អែល​ស្ថិត​នៅ​ពី​មុខ​កង‌ទ័ព​យូដា​ផង ហើយ​ក៏​មាន​ទ័ព​បង្កប់​នៅ​ខាង​ក្រោយ​កង‌ទ័ព​យូដា​ដែរ។ ១៤ កាល​កង‌ទ័ព​យូដា​ក្រឡេក​មើល​ទៅ ឃើញ​មាន​ទ័ព​នៅ​ពី​មុខ​ផង ពី​ក្រោយ​ផង ដូច្នេះ ពួក​គេ​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ ហើយ​ពួក​បូជា‌ចារ្យ​ក៏​ផ្លុំ​ត្រែ​ឡើង​ដែរ។ ១៥ កង‌ទ័ព​យូដា​បន្លឺ​ជយ‌ឃោស ហើយ​នៅ​ពេល​ដែល​កង‌ទ័ព​យូដា​ស្រែក​ឡើង ព្រះ‌អម្ចាស់​បាន​វាយ​ប្រហារ​ព្រះ‌បាទ​យេរ៉ូបោម និង​កង‌ទ័ព​អ៊ីស្រា‌អែល នៅ​មុខ​ព្រះ‌បាទ​អប៊ីយ៉ា និង​កង‌ទ័ព​យូដា។ ១៦ ទាហាន​អ៊ីស្រា‌អែល​បាក់​ទ័ព​រត់​នៅ​ចំពោះ​មុខ​កង‌ទ័ព​យូដា ព្រះ‌ជាម្ចាស់​បាន​ប្រគល់​ពួក​គេ​ក្នុង​កណ្ដាប់​ដៃ​របស់​កង‌ទ័ព​យូដា។ ១៧ ព្រះ‌បាទ​អប៊ីយ៉ា និង​កង‌ទ័ព​យូដា ធ្វើ​ឲ្យ​អ៊ីស្រា‌អែល​បរា‌ជ័យ​យ៉ាង​ធ្ងន់ គឺ​គេ​បាន​ប្រហារ​ទាហាន​ដ៏​ពូកែ​នៃ​កង‌ទ័ព​អ៊ីស្រា‌អែល អស់ ៥០០ ០០០ នាក់។ ១៨ នៅ​គ្រា​នោះ កូន​ចៅ​អ៊ីស្រា‌អែល​ត្រូវ​អាម៉ាស់​យ៉ាង​ខ្លាំង រីឯ​កូន​ចៅ​យូដា​វិញ ពួក​គេ​បាន​ទទួល​ជោគ‌ជ័យ ព្រោះ​ពួក​គេ​ពឹង​ផ្អែក​លើ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ដូន‌តា​របស់​ខ្លួន។
១៩ ព្រះ‌បាទ​អប៊ីយ៉ា​ដេញ​តាម​ព្រះ‌បាទ​យេរ៉ូបោម ហើយ​ដណ្ដើម​យក​បាន​ក្រុង​ខ្លះ​ពី​ព្រះ‌បាទ​យេរ៉ូបោម គឺ​ក្រុង​បេតអែល និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ក្រុង​យេសា‌ណា និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ក្រុង​អេប្រុន និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ។
២០ ក្នុង​រជ្ជ‌កាល​របស់​ព្រះ‌បាទ​អប៊ីយ៉ា ព្រះ‌បាទ​យេរ៉ូបោម​ចុះ​ទន់​ខ្សោយ ហើយ​បន្ទាប់​មក ព្រះ‌អម្ចាស់​បាន​ប្រហារ​ស្តេច​ឲ្យ​សោយ​ទិវង្គត​ទៅ។ ២១ ផ្ទុយ​ទៅ​វិញ ព្រះ‌បាទ​អប៊ីយ៉ា​ពង្រឹង​អំណាច​យ៉ាង​រឹង‌មាំ។ ស្តេច​មាន​មហេសី​ដប់‌បួន​អង្គ មាន​បុត្រា​ម្ភៃ​ពីរ​អង្គ និង​បុត្រី​ដប់​ប្រាំ‌មួយ​អង្គ។
២២ រាជ‌កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​អប៊ីយ៉ា គឺ​អ្វីៗ​ដែល​ស្តេច​បាន​ធ្វើ និង​រាជ‌ឱង្ការ​ដែល​ស្តេច​បាន​ថ្លែង សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​អត្ថា‌ធិប្បាយ​របស់​ព្យាការី​អ៊ីដូ។ ២៣ កាល​ព្រះ‌បាទ​អប៊ីយ៉ា​សោយ​ទិវង្គត គេ​យក​សព​ទៅ​បញ្ចុះ​នៅ​បុរី​ព្រះ‌បាទ​ដាវីឌ ហើយ​ព្រះ‌បាទ​អសា ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។ ក្នុង​រជ្ជ‌កាល​ព្រះ‌បាទ​អសា ស្រុក​ទេស​បាន​សុខ‌សាន្ត‌ត្រាណ អស់‌រយៈ​ពេល​ដប់​ឆ្នាំ។
១៤
ព្រះ‌បាទ​អសា​គ្រង​រាជ្យ​លើ​ស្រុក​យូដា
 ព្រះ‌បាទ​អសា​ប្រព្រឹត្ត​អំពើ​សុចរិត និង​ទៀង​ត្រង់ ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ស្តេច។  ស្តេច​បាន​លុប​បំបាត់​អាសនៈ​របស់​សាសន៍​ដទៃ និង​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ។ ស្តេច​បាន​វាយ​បំបាក់​រូប​ស្តូប និង​កាប់​រំលំ​បង្គោល​របស់​ព្រះ‌អាសេ‌រ៉ា។  ស្តេច​បាន​ប្រាប់​ជន​ជាតិ​យូដា​ឲ្យ​ស្វែង​រកព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​ខ្លួន ព្រម​ទាំង​ប្រតិបត្តិ​តាម​វិន័យ និង​បទ‌បញ្ជា​របស់​ព្រះ‌អង្គ​ផង។  ស្តេច​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ និង​អាសនៈ​សម្រាប់​ដុត​គ្រឿង​ក្រអូប​នៅ​តាម​ក្រុង​ទាំង‌ឡាយ ក្នុង​ស្រុក​យូដា។ ក្នុង​រជ្ជ‌កាល​របស់​ព្រះ‌បាទ​អសា ស្រុក​ទេស​បាន​សុខ‌សាន្ត‌ត្រាណ។  ស្តេច​បាន​សង់​ក្រុង​ដ៏​មាន​កំពែង​រឹង‌មាំ​ក្នុង​ស្រុក​យូដា ព្រោះ​ស្រុក​បាន​សាន្ត‌ត្រាណ។ ក្នុង‌រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នោះ ស្រុក​គ្មាន​សង្គ្រាម​ទេ ដ្បិត​ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​ស្តេច​មាន​សុខ​សន្តិ‌ភាព។  ស្តេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ប្រជាជន​យូដា​ថា៖ «ចូរ​នាំ​គ្នា​សង់​ក្រុង​ទាំង​នេះ ហើយ​ធ្វើ​កំពែង​ព័ទ្ធ​ជុំ‌វិញ ព្រម​ទាំង​ប៉ម ទ្វារ និង​រនុក ក្នុង​ពេល​ដែល​ស្រុក​នៅ​សុខ‌សាន្ត‌ត្រាណ។ យើង​រាល់​គ្នា​បាន​ស្វែង​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង ព្រោះ​តែ​យើង​ស្វែង​រក​ហើយ ទើប​ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​យើង​បាន​សុខ‌សាន្ត គ្រប់​ទិស‌ទី»។ ដូច្នេះ ពួក​គេ​សង់​ក្រុង​នានា​បាន​សម្រេច​ជា​ស្ថាពរ។
 ព្រះ‌បាទ​អសា​មាន​ទ័ព​ចំនួន ៣០០ ០០០ នាក់ ដែល​ជា​អ្នក​ស្រុក​យូដា ប្រដាប់​ដោយ​ខែល​ធំ និង​លំពែង ហើយ ២៨០ ០០០ នាក់​ទៀត ជា​អ្នក​ស្រុក​បេនយ៉ាមីន ប្រដាប់​ដោយ​ខែល​តូច និង​ជំនាញ​ខាង​បាញ់​ធ្នូ។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​ទាហាន​ដ៏​ពូកែ​អង់‌អាច។
 នៅ​គ្រា​នោះ ព្រះ‌បាទ​សេរ៉ា ជា​ស្តេច​ស្រុក​អេត្យូពី បាន​លើក​ទ័ព​ចំនួន​មួយ​លាន​នាក់ ព្រម​ទាំង​រទេះ​ចម្បាំង​បី‌រយ​គ្រឿង មក​ច្បាំង​នឹង​កង‌ទ័ព​យូដា ហើយ​មក​ដល់​ក្រុង​ម៉ារេសា។  ព្រះ‌បាទ​អសា​លើក​ទ័ព​ចេញ​មក​តទល់​នឹង​ពួក​គេ ហើយ​កង‌ទ័ព​ទាំង​ពីរ​រៀប​ក្បួន​ទ័ព​ប្រយុទ្ធ​គ្នា នៅ​ជ្រលង​ភ្នំ​សេផាថា ជិត​ក្រុង​ម៉ារេសា។ ១០ ព្រះ‌បាទ​អសា​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ស្តេច ដោយ​ទូល​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​អាច​ជួយ​អ្នក​ទន់​ខ្សោយ​ឲ្យ​ត‌តាំង​នឹង​អ្នក​ខ្លាំង​ពូកែ។ ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ សូម​យាង​មក​ជួយ​យើង​ខ្ញុំ​ផង! ដ្បិត​មាន​តែ​ព្រះ‌អង្គ​ទេ ដែល​យើង​ខ្ញុំ​ពឹង​ផ្អែក យើង​ខ្ញុំ​ចេញ​មក​ច្បាំង​នឹង​កង‌ទ័ព​ដ៏​ច្រើន​សន្ធឹក‌សន្ធាប់​នេះ ក្នុង​ព្រះ‌នាម​របស់​ព្រះ‌អង្គ។ ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ជា​ព្រះ​នៃ​យើង​ខ្ញុំ សូម​កុំ​ឲ្យ​មនុស្ស​ឈ្នះ​ព្រះ‌អង្គ​ឡើយ!»។
១១ព្រះ‌អម្ចាស់​បាន​វាយ​ជន​ជាតិ​អេត្យូពី​ឲ្យ​បាក់​ទ័ព រត់​នៅ​ចំពោះ​មុខ​ព្រះ‌បាទ​អសា និង​កង‌ទ័ព​យូដា។ ១២ ព្រះ‌បាទ​អសា និង​ពល‌ទាហាន​ដែល​នៅ​ជាមួយ បាន​ដេញ​តាម​ពួក​គេ​រហូត​ដល់​កេរ៉ា។ ទាហាន​អេត្យូពី​ដួល​ស្លាប់​យ៉ាង​ច្រើន​សន្ធឹក‌សន្ធាប់ គ្មាន​នរណា​ម្នាក់​បាន​រួច​ជីវិត​ឡើយ ដ្បិត​កង‌ទ័ព​នេះ​ត្រូវ​អន្តរាយ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ និង​នៅ​មុខ​ប្រជាជន​របស់​ព្រះ‌អង្គ។ កង‌ទ័ព​របស់​ព្រះ‌បាទ​អសា​រឹប​អូស​យក​បាន​ជ័យ‌ភ័ណ្ឌ​យ៉ាង​ច្រើន។ ១៣ កង‌ទ័ព​យូដា​ក៏​បាន​វាយ​យក​ក្រុង​ទាំង​ប៉ុន្មាន ដែល​នៅ​ជុំ‌វិញ​ក្រុង​កេរ៉ា​ដែរ ដ្បិត​ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​អ្នក​ក្រុង​ទាំង​នោះ​ភ័យ​ខ្លាច​ជា​ខ្លាំង។ កង‌ទ័ព​យូដា​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​ក្រុង​ទាំង​នោះ ព្រោះ​មាន​ជ័យ‌ភ័ណ្ឌ​យ៉ាង​ច្រើន។ ១៤ ពួក​គេ​បាន​វាយ​លុក​ជំរំ​របស់​គង្វាល​ហ្វូង​សត្វ ហើយ​រឹប​អូស​យក​ចៀម និង​អូដ្ឋ​យ៉ាង​ច្រើន។ បន្ទាប់​មក ពួក​គេ​នាំ​គ្នា​វិល​មក​ក្រុង​យេរូ‌សាឡឹម​វិញ។
១៥
ព្រះ‌បាទ​អសា​កែ​ទម្រង់​សាសនា
 គ្រា​នោះ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​យាង​មក​សណ្ឋិត​លើ​លោក​អសារីយ៉ា ជា​កូន​របស់​លោក​អូដេត។  លោក​ក៏​ចេញ​ទៅ​គាល់​ព្រះ‌បាទ​អសា ហើយ​ទូល​ថា៖
«បពិត្រ​ព្រះ‌រាជា​អសា
ព្រម​ទាំង​កូន​ចៅ​យូដា និង​កូន​ចៅ​បេនយ៉ាមីន
ទាំង​អស់​គ្នា​អើយ សូម​ស្ដាប់​ខ្ញុំ!
ព្រះ‌អម្ចាស់​គង់​ជា​មួយ​អ្នក​រាល់​គ្នា
កាល​ណា​អ្នក​រាល់​គ្នា​ស្ថិត​នៅ​ជា​មួយ​ព្រះ‌អង្គ។
ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្វែង​រក​ព្រះ‌អង្គ
នោះ​ព្រះ‌អង្គ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​រក​ឃើញ។
ប្រសិន​បើ​អ្នក​រាល់​គ្នា​បោះ​បង់​ចោល​ព្រះ‌អង្គ
នោះ​ព្រះ‌អង្គ​ក៏​បោះ​បង់​ចោល​អ្នក​រាល់​គ្នា​ដែរ។
 ក្នុង​អំឡុង​ពេល​ដ៏​យូរ‌លង់ ជន​ជាតិ​អ៊ីស្រា‌អែល​គ្មាន​ព្រះ​ពិត​ប្រាកដ គ្មាន​បូជា‌ចារ្យ​សម្រាប់​បង្ហាត់​បង្រៀន ហើយ​ក៏​គ្មាន​វិន័យ​ដែរ។  ប៉ុន្តែ ក្នុង​ពេល​មាន​អាសន្ន ពួក​គេ​វិល​មក​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល ពួក​គេ​ស្វែង​រក​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​ឲ្យ​ពួក​គេ​រក​ឃើញ។  នៅ​គ្រា​នោះ គ្មាន​សន្តិ‌សុខ​ទេ ប្រជាជន​ពុំ​អាច​ធ្វើ​ដំណើរ​ទៅ​វិញ​ទៅ​មក​បាន​ឡើយ ព្រោះ​ជា‌រយៈ​ពេល​មួយ​ដែល​អ្នក​ស្រុក​ទាំង​អស់​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង។  ប្រជា‌ជាតិ​មួយ​ច្បាំង​នឹង​ប្រជា‌ជាតិ​មួយ ក្រុង​មួយ​ច្បាំង​នឹង​ក្រុង​មួយ​ទៀត ដ្បិត​ព្រះ‌ជាម្ចាស់​ធ្វើ​ឲ្យ​ពួក​គេ​វឹក‌វរ ដោយ‌សារ​ទុក្ខ​វេទនា​សព្វ​បែប​យ៉ាង។  ចំពោះ​អ្នក​រាល់​គ្នា​វិញ ចូរ​មាន​ចិត្ត​ខ្ជាប់‌ខ្ជួន មិន​ត្រូវ​បាក់​ទឹក​ចិត្ត​ឡើយ ព្រោះ​អំពើ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត តែង‌តែ​ទទួល​រង្វាន់​ជា​ពុំ‌ខាន!»។
 កាល​ព្រះ‌បាទ​អសា​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​ឮ​ពាក្យ​ទាំង​ប៉ុន្មាន ដែល​ព្យាការី​អសារីយ៉ា ជា​កូន​របស់​លោក​អូដេត បាន​ថ្លែង ព្រះ‌អង្គ​ក៏​មាន​ចិត្ត​ក្លា‌ហាន ហើយ​លុប​បំបាត់​ព្រះ​ក្លែង‌ក្លាយ​នៅ​ក្នុង​ស្រុក​យូដា និង​បេនយ៉ាមីន​ទាំង​មូល ព្រម​ទាំង​នៅ​តាម​ក្រុង​នានា ដែល​ព្រះ‌អង្គ​វាយ​យក​បាន​នៅ​តំបន់​ភ្នំ​អេប្រាអ៊ីម។ ស្តេច​ជួស‌ជុល​អាសនៈ​របស់​ព្រះ‌អម្ចាស់ ដែល​ស្ថិត​នៅ​មុខ​បន្ទប់​ល្វែង​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ជា​ថ្មី​ឡើង​វិញ។  ព្រះ‌បាទ​អសា​ប្រមូល​ផ្តុំ​ប្រជាជន​យូដា និង​បេនយ៉ាមីន​ទាំង​មូល ព្រម​ទាំង​ប្រជាជន​ពី​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម ម៉ាណាសេ និង​ស៊ីម៉ូន ដែល​បាន​ភៀស​ខ្លួន​មក​នៅ​ស្រុក​យូដា ដ្បិត​ជន​ជាតិ​អ៊ីស្រា‌អែល​មួយ​ចំនួន​ធំ បាន​មក​រួប‌រួម​ជា​មួយ​ស្តេច ព្រោះ​ពួក​គេ​ឃើញ​ថា ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ស្តេច គង់​នៅ​ជា​មួយ​ស្តេច។ ១០ ពួក​គេ​មក​ជួប‌ជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡឹម នៅ​ខែ​ទី​បី ក្នុង​ឆ្នាំ​ទី​ដប់​ប្រាំ​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​អសា។ ១១ នៅ​ថ្ងៃ​នោះ ពួក​គេ​យក​សត្វ​ពី​ចំណោម​ហ្វូង​សត្វ​ដែល​ពួក​គេ​រឹប​អូស​បាន​ជា​ជ័យ‌ភ័ណ្ឌ មក​ថ្វាយ​ជា​យញ្ញ‌បូជា​ចំពោះ​ព្រះ‌អម្ចាស់ គឺ​មាន​គោ​ប្រាំ​ពីរ‌រយ​ក្បាល និង​ចៀម​ប្រាំ​ពីរ‌ពាន់​ក្បាល។ ១២ ពួក​គេ​បាន​ចូល​រួម​ក្នុង​សម្ពន្ធ‌មេត្រី ដោយ​តាំង​ចិត្ត​ស្វែង​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ដូន‌តា​របស់​ពួក​គេ យ៉ាង​ស្មោះ​អស់​ពី​ចិត្ត និង​អស់​ពី​ស្មារតី។ ១៣ ប្រសិន​បើ​អ្នក​ណា​ម្នាក់ ទោះ​បី​ក្មេង ឬ​ចាស់​ក្តី ប្រុស ឬ​ស្រី​ក្តី មិន​ស្វែង​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល​ទេ អ្នក​នោះ​នឹង​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។ ១៤ ពួក​គេ​នាំ​គ្នា​ស្បថ​ចំពោះ​ព្រះ‌អម្ចាស់ ដោយ​ស្រែក​ហ៊ោ​សប្បាយ​ជា​ខ្លាំង ព្រម​ទាំង​មាន​ផ្លុំ​ស្នែង និង​ត្រែ​ផង។ ១៥ អ្នក​ស្រុក​យូដា​ទាំង​មូល​មាន​អំណរ​សប្បាយ​នឹង​ពាក្យ​សម្បថ​នោះ ព្រោះ​ពួក​គេ​បាន​ស្បថ​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។ ពួក​គេ​ស្វែង​រក​ព្រះ‌អម្ចាស់ ដោយ​ចិត្ត​ស្មោះ‌សរ ហើយ​ព្រះ‌អង្គ​ក៏​ឲ្យ​ពួក​គេ​រក​ព្រះ‌អង្គ​ឃើញ ព្រម​ទាំង​ប្រោស​ប្រទាន​ឲ្យ​ពួក​គេ​បាន​សុខ‌សាន្ត​គ្រប់​ទិស‌ទី។
១៦ ព្រះ‌បាទ​អសា​ហូត​ងារ​ជា​មហា‌ក្សត្រិ‌យានី​ពី​ព្រះ‌រាជនី​ម៉ាកា ជា​មាតា ព្រោះ​មាតា​បាន​កសាង​រូប​គម្រក់​មួយ ជា​តំណាង​ព្រះ‌អាសេ‌រ៉ា។ ព្រះ‌បាទ​អសា​កម្ទេច​រូប​ដ៏​គម្រក់​នោះ ហើយ​យក​ទៅ​ដុត​ចោល​នៅ​ជ្រោះ​កេដ្រូន។ ១៧ ប៉ុន្តែ ទោះ​បី​ស្តេច​ស្រឡាញ់​ព្រះ‌អម្ចាស់​ដោយ​ស្មោះ​អស់​មួយ​ជីវិត​ក្តី ក៏​ស្តេច​ពុំ​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​ដែរ។ ១៨ ព្រះ‌រាជា​នាំ​តង្វាយ​ដែល​បិតា​របស់​ស្តេច និង​ស្តេច​ផ្ទាល់​បាន​ញែក​ជា​សក្ការៈ យក​ទៅ​ទុក​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ គឺ​គ្រឿង​មាស ប្រាក់ និង​វត្ថុ​ផ្សេងៗ​ទៀត។ ១៩ រហូត​ដល់​ឆ្នាំ​ទី​សាម‌សិប​ប្រាំ នៃ​រជ្ជ‌កាល​ព្រះ‌បាទ​អសា ស្រុក​គ្មាន​សង្គ្រាម​ទេ។
១៦
សង្គ្រាម​រវាង​ព្រះ‌បាទ​អសា និង​ព្រះ‌បាទ​បាសា ស្តេច​ស្រុក​អ៊ីស្រា‌អែល
(១​ពង្សា‌វតារ‌ក្សត្រ ១៥.១៦-២២)
 នៅ​ឆ្នាំ​ទី​សាម‌សិប​ប្រាំ‌មួយ​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​អសា ព្រះ‌បាទ​បាសា ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល លើក​ទ័ព​មក​វាយ​ស្រុក​យូដា ហើយ​សង់​កំពែង​ជុំ‌វិញ​ក្រុង​រ៉ាម៉ា ដើម្បី​កុំ​ឲ្យ​ប្រជាជន​របស់​ព្រះ‌បាទ​អសា ជា​ស្តេច​ស្រុក​យូដា អាច​ចេញ​ចូល​បាន។  ព្រះ‌បាទ​អសា​យក​មាស ប្រាក់ ពី​ក្នុង​ឃ្លាំង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​នៅ​ក្នុង​ឃ្លាំង​ព្រះ‌រាជ‌វាំង ហើយ​ចាត់​គេ​ឲ្យ​យក​ទៅ​ថ្វាយ​ព្រះ‌បាទ​បេន-‌ហាដាឌ ជា​ស្តេច​ស្រុក​ស៊ីរី ដែល​គង់​នៅ​ក្រុង​ដាម៉ាស ដោយ​ទូល​ថា៖  «ទូល‌បង្គំ​សូម​ចង​សម្ពន្ធ‌មិត្ត​ជា​មួយ​ព្រះ‌ករុណា ដូច​បិតា​របស់​ទូល‌បង្គំ​បាន​ចង​ជា​មួយ​បិតា​របស់​ព្រះ‌ករុណា​ដែរ។ ទូល‌បង្គំ​សូម​ផ្ញើ​មាស និង​ប្រាក់​នេះ មក​ថ្វាយ​ព្រះ‌ករុណា។ សូម​ព្រះ‌ករុណា​ផ្ដាច់​ចំណង​សម្ពន្ធ‌មិត្ត​ជា​មួយ​បាសា ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល​ទៅ ដើម្បី​កុំ​ឲ្យ​ស្តេច​នោះ​ឡើង​មក​វាយ​ទូល‌បង្គំ​ទៀត»។  ព្រះ‌បាទ​បេន-‌ហាដាឌ​យល់​ព្រម​តាម​សំណូម​ពរ​របស់​ព្រះ‌បាទ​អសា ហើយ​ចាត់​មេ‌ទ័ព​ឲ្យ​ទៅ​វាយ​ក្រុង​នានា​របស់​ស្រុក​អ៊ីស្រា‌អែល។ ពួក​គេ​វាយ​យក​ក្រុង​អ៊ីយ៉ូន ក្រុង​ដាន់ ក្រុង​អេបិល-‌ម៉ាអ៊ីម និង​ក្រុង​ទាំង​ប៉ុន្មាន ព្រម​ទាំង​កន្លែង​ផ្ទុក​ស្បៀង នៅ​ស្រុក​ណែបថា‌លី។  កាល​ព្រះ‌បាទ​បាសា​ជ្រាប​ពី​ដំណឹង​នេះ ទ្រង់​ក៏​ឈប់​សង់​កំពែង​ក្រុង​រ៉ាម៉ា គឺ​ព្រះ‌អង្គ​ផ្អាក​កិច្ច‌ការ​ទាំង​អស់។
 ពេល​នោះ ព្រះ‌បាទ​អសា​បាន​កេណ្ឌ​ជន​ជាតិ​យូដា​ទាំង​មូល​ឲ្យ​ជញ្ជូន​ថ្ម និង​ឈើ ដែល​ព្រះ‌បាទ​បាសា​ប្រើ‌ប្រាស់​សម្រាប់​សង់​កំពែង​ក្រុង​រ៉ាម៉ា។ ស្តេច​យក​ថ្ម និង​ឈើ​ទាំង​នោះ​ទៅ​សង់​កំពែង​ក្រុង​កេបា និង​ក្រុង​មីសប៉ា។
ព្រះ‌បាទ​អសា​ឃុំ‌ឃាំង​ព្យាការី​ហាណានី
 នៅ​គ្រា​នោះ លោក​ហាណានី ជា​គ្រូ​ទាយ ចូល​ទៅ​គាល់​ព្រះ‌បាទ អសា​ស្តេច​ស្រុក​យូដា ទូល​ថា៖ «ដោយ​ព្រះ‌ករុណា​ពឹង​ផ្អែក​លើ​ស្តេច​ស្រុក​ស៊ីរី គឺ​ពុំ​បាន​ពឹង​ផ្អែក​លើ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ព្រះ‌ករុណា​ទេ​នោះ កង‌ទ័ព​របស់​ស្តេច​ស្រុក​ស៊ីរី​បាន​គេច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ព្រះ‌ករុណា។  កាល​ជន​ជាតិ​អេត្យូពី និង​ជន​ជាតិ​លីប៊ី លើក​ទ័ព​មក​ជា​មួយ​គ្នា ទោះ​បី​ពួក​គេ​មាន​ពល‌ទ័ព រទេះ​ចម្បាំង និង​ទ័ព‌សេះ ច្រើន​ឥត​គណនា​ក្តី ក៏​ព្រះ‌អម្ចាស់​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌ករុណា​ដែរ ដ្បិត​ព្រះ‌ករុណា​បាន​ពឹង​ផ្អែក​លើ​ព្រះ‌អង្គ។  ព្រះ‌អម្ចាស់​រំពៃ​មើល​មក​ផែន‌ដី​ទាំង​មូល ដើម្បី​គាំ‌ទ្រ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អង្គ​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។ លើក​នេះ ព្រះ‌ករុណា​ប្រព្រឹត្ត​ដោយ​គ្មាន​វិចារណ‌ញ្ញាណ។ ដូច្នេះ ចាប់​ពី​ពេល​នេះ​ទៅ ព្រះ‌ករុណា​ជួប​ប្រទះ​តែ​នឹង​សង្គ្រាម​ជា‌និច្ច»។
១០ ព្រះ‌បាទ​អសា​ខ្ញាល់​នឹង​គ្រូ​ទាយ​ជា​ខ្លាំង ព្រះ‌អង្គ​ក៏​ឲ្យ​គេ​យក​លោក​ទៅ​ឃុំ‌ឃាំង ដ្បិត​ពាក្យ​របស់​លោក​បាន​ធ្វើ​ឲ្យ​ព្រះ‌អង្គ​ក្រេវ‌ក្រោធ។ ក្នុង​ពេល​ជា​មួយ​គ្នា​នោះ ព្រះ‌បាទ​អសា​សង្កត់‌សង្កិន​ប្រជាជន​មួយ​ចំនួន។
ព្រះ‌បាទ​អសា​សោយ​ទិវង្គត
(១​ពង្សា‌វតារ‌ក្សត្រ ១៥.២៣-២៤)
១១ រាជ‌កិច្ច​ផ្សេងៗ​របស់​ព្រះ‌បាទ​អសា ចាប់​ពី​ដើម​រហូត​ដល់​ចុង​បញ្ចប់ មាន​កត់‌ត្រា​ទុក​នៅ​ក្នុង​ក្រាំង​របស់​ស្តេច​ស្រុក​យូដា និង​ស្តេច​ស្រុក​អ៊ីស្រា‌អែល។ ១២ នៅ​ឆ្នាំ​ទី​សាម‌សិប​ប្រាំ​បួន​នៃ​រជ្ជ‌កាល​របស់​ស្តេច ស្ដេច​កើត​រោគា​យ៉ាង​ធ្ងន់​នៅ​ព្រះ‌បាទា ប៉ុន្តែ ទោះ​បី​ស្ដេច​ប្រឈួន​យ៉ាង​នេះ​ក្តី ក៏​ស្ដេច​ពុំ​បាន​ទូល‌អង្វរ​សូម​ព្រះ‌អម្ចាស់​ជួយ​ដែរ គឺ​ស្ដេច​បែរ​ជា​រក​គ្រូ​ពេទ្យ​ព្យាបាល​ទៅ​វិញ។ ១៣ ព្រះ‌បាទ​អសា​សោយ​ទិវង្គត ទៅ​ជួប‌ជុំ​នឹង​ពួក​អយ្យកោ នៅ​ឆ្នាំ​ទី​សែ‌សិប​មួយ​នៃ​រជ្ជ‌កាល​របស់​ស្តេច។ ១៤ គេ​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​មួយ ដែល​ព្រះ‌អង្គ​បាន​ឲ្យ​គេ​ជីក​នៅ​បុរី​ព្រះ‌បាទ​ដាវីឌ។ គេ​តម្កល់​សព​របស់​ស្តេច​លើ​គ្រែ​មួយ ដោយ​មាន​អប់​គ្រឿង​ក្រអូប​ដែល​រៀប‌ចំ​ឡើង តាម​ក្បួន​តម្រា​របស់​អ្នក​អប់​សព ហើយ​គេ​ក៏​បាន​ដុត​គ្រឿង​ក្រអូប​យ៉ាង​ច្រើន ដើម្បី​ទុក​ជា​គារវ‌កិច្ច​ចំពោះ​ស្តេច។
១៧
ព្រះ‌បាទ​យ៉ូសាផាត​សោយ​រាជ្យ​នៅ​ស្រុក​យូដា
 ព្រះ‌បាទ​យ៉ូសាផាត​បាន​ឡើង​ស្នង​រាជ្យ​ព្រះ‌បាទ​អសា ជា​បិតា ហើយ​ស្តេច​ពង្រឹង​កម្លាំង តទល់​នឹង​ស្រុក​អ៊ីស្រា‌អែល។  ស្តេច​បាន​ដាក់​ទ័ព​នៅ​តាម​ទី‌ក្រុង​ទាំង​ប៉ុន្មាន ដែល​មាន​កំពែង​រឹង‌មាំ​ក្នុង​ស្រុក​យូដា និង​ដាក់​ខ្សែ​ត្រៀម​នៅ​តាម​ក្រុង​នានា ក្នុង​ស្រុក​អេប្រាអ៊ីម ជា​ក្រុង​ដែល​ព្រះ‌បាទ​អសា ជា​បិតា ដណ្ដើម​យក​បាន។  ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​ព្រះ‌បាទ​យ៉ូសាផាត ដ្បិត​ស្តេច​ប្រព្រឹត្ត​តាម​មាគ៌ា​ដើម​ដំបូង​របស់​ព្រះ‌បាទ​ដាវីឌ ជា​ព្រះ‌អយ្យកោ គឺ​ព្រះ‌អង្គ​ពុំ​បាន​ស្វែង​រក​ព្រះ‌បាល​ទេ។  ស្តេច​បាន​ស្វែង​រក​ព្រះ​នៃ​អយ្យកោ​របស់​ស្តេច និង​ធ្វើ​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គ គឺ​ព្រះ‌អង្គ​មិន​ធ្វើ​ដូច​អ្នក​ស្រុក​អ៊ីស្រា‌អែល​ទេ។  ព្រះ‌អម្ចាស់​ពង្រឹង​រាជ‌សម្បត្តិ​របស់​ស្តេច​ឲ្យ​បាន​រឹង‌ប៉ឹង ហើយ​ប្រជាជន​យូដា​ទាំង​មូល​តែង‌តែ​នាំ​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌បាទ​យ៉ូសាផាត។ ស្តេច​មាន​ទ្រព្យ‌សម្បត្តិ និង​កិត្តិយស​យ៉ាង​ច្រើន​បំផុត។  ស្តេច​ខ្នះ‌ខ្នែង​ធ្វើ​តាម​មាគ៌ា​របស់​ព្រះ‌អម្ចាស់​យ៉ាង​អស់​ពី​ចិត្ត ហើយ​លុប​បំបាត់​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ និង​បង្គោល​របស់​ព្រះ‌អាសេ‌រ៉ា អស់​ពី​ទឹក​ដី​យូដា។
នៅ​ឆ្នាំ​ទី​ដប់​បី​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​យ៉ូសាផាត ស្តេច​បាន​ចាត់​មន្ត្រី​មួយ​ក្រុម គឺ​មាន​លោក​បេនហាអ៊ីល លោក​អូបាឌី លោក​សាការី លោក​នេតា‌នេអែល និង​លោក​មីកា ឲ្យ​ចុះ​ទៅ​អប់រំ​ប្រជាជន​នៅ​តាម​ក្រុង​នានា​ក្នុង​ស្រុក​យូដា។  ក្រុម​លេវី​ដែល​មាន​លោក​សេម៉ាយ៉ា លោក​នេតា‌នីយ៉ា លោក​សេបា‌ឌីយ៉ា លោក​អសាអែល លោក​សេមី‌រ៉ាម៉ុត លោក​យ៉ូណាថាន លោក​អដូ‌នីយ៉ា លោក​តូប៊ីយ៉ា លោក​តូប-‌អដូនីយ៉ា ព្រម​ទាំង​ក្រុម​បូជា‌ចារ្យ ដែល​មាន​លោក​អេលី‌សាម៉ា និង​លោក​យ៉ូរ៉ាម ក៏​រួម​ដំណើរ​ជា​មួយ​មន្ត្រី​ទាំង​នោះ​ដែរ។  ពួក​គេ​បង្រៀន​ប្រជាជន​នៅ​ស្រុក​យូដា ដោយ​យក​គម្ពីរ‌វិន័យ*​របស់​ព្រះ‌អម្ចាស់ ទៅ​ជា​មួយ​ផង។ ពួក​គេ​ធ្វើ​ដំណើរ​តាម​ក្រុង​ទាំង​អស់​នៃ​ស្រុក​យូដា ហើយ​ប្រៀន‌ប្រដៅ​អ្នក​ស្រុក។
អំណាច​របស់​ព្រះ‌បាទ​យ៉ូសាផាត
 ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​នគរ​ទាំង​ប៉ុន្មាន​នៅ​ជុំ‌វិញ​ស្រុក​យូដា ភ័យ​ខ្លាច​ជា​ខ្លាំង ពួក​គេ​មិន​ហ៊ាន​ធ្វើ​សង្គ្រាម​តទល់​នឹង​ព្រះ‌បាទ​យ៉ូសាផាត​ឡើយ។ ១១ ជន​ជាតិ​ភីលីស្ទីន​នាំ​យក​តង្វាយ និង​សួយសារ‌អាករ ជា​ប្រាក់​មក​ថ្វាយ​ព្រះ‌បាទ​យ៉ូសាផាត។ ជន​ជាតិ​អារ៉ាប់​ក៏​នាំ​យក​ចៀម​ឈ្មោល ៧៧០០ ក្បាល និង​ពពែ​ឈ្មោល ៧៧០០ ក្បាល មក​ថ្វាយ​ស្តេច​ដែរ។ ១២ ព្រះ‌បាទ​យ៉ូសាផាត​មាន​អំណាច​កាន់​តែ​ខ្លាំង​ឡើងៗ។ ស្តេច​សង់​បន្ទាយ​ជា​ច្រើន​នៅ​ស្រុក​យូដា ព្រម​ទាំង​សង់​ក្រុង​នានា ជា​កន្លែង​សម្រាប់​ផ្ទុក​ស្បៀង។ ១៣ ស្តេច​មាន​ក្រសួង​ការ‌ងារ​ជា​ច្រើន នៅ​តាម​ក្រុង​នានា​ក្នុង​ស្រុក​យូដា ព្រម​ទាំង​មាន​ទាហាន​ដ៏​ចំណានៗ និង​វីរ‌បុរស​ដ៏​អង់‌អាច​នៅ​ក្រុង​យេរូ‌សាឡឹម។ ១៤ ទាហាន​ទាំង​នោះ​មាន​ចែក​ជា​កង‌ពល តាម​ក្រុម​គ្រួសារ​របស់​ពួក​គេ។ ក្នុង​កុល‌សម្ព័ន្ធ​យូដា មាន​មេ​បញ្ជា‌ការ​កង‌ពល ដូច​ត​ទៅ: លោក​អាដណា ជា​មេ​បញ្ជា‌ការ​លើ​កង‌ពល ៣០០ ០០០ នាក់។ ១៥ សហ‌ការី​របស់​គាត់​មាន​លោក​យ៉ូហា‌ណន ជា​មេ‌បញ្ជា‌ការ​លើ​កង‌ពល ២៨០ ០០០ នាក់។ ១៦ សហ‌ការី​មួយ​រូប​ទៀត​គឺ​លោក​អម៉ា‌ស៊ីយ៉ា ជា​កូន​របស់​លោក​ស៊ីគរី ដែល​បាន​ស្ម័គ្រ​ចិត្ត​ញែក​ខ្លួន​ថ្វាយ​ព្រះ‌អម្ចាស់ និង​ជា​មេ​បញ្ជា‌ការ​លើ​កង‌ពល ២០០ ០០០ នាក់។ ១៧ ក្នុង​កុល‌សម្ព័ន្ធ​បេនយ៉ាមីន​មាន​លោក​អេលី‌យ៉ាដា ជា​នាយ​ទាហាន​ដ៏​អង់‌អាច និង​ជា​មេ​បញ្ជា‌ការ​លើ​កង‌ពល ២០០ ០០០ នាក់ ជា​ទាហាន​ដែល​ប្រដាប់​ខ្លួន​ដោយ​ធ្នូ និង​ខែល។ ១៨ សហ‌ការី​របស់​គាត់​មាន​លោក​យេហូ‌សេបាដ ជា​មេ​បញ្ជា‌ការ​លើ​កង‌ពល ១៨០ ០០០ នាក់ ដែល​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ប្រយុទ្ធ។ ១៩ អ្នក​ទាំង​នេះ​សុទ្ធ​តែ​នៅ​បម្រើ​ស្តេច រួម​ទាំង​អ្នក​ឯ​ទៀតៗ ដែល​ស្តេច​ដាក់​ឲ្យ​ប្រចាំ​ការ​នៅ​តាម​ក្រុង ដែល​មាន​កំពែង​រឹង‌មាំ​ទាំង​ប៉ុន្មាន​ក្នុង​ស្រុក​យូដា។
១៨
ព្រះ‌បាទ​យ៉ូសាផាត​ចង​ស្ពាន‌មេត្រី​នឹង​ព្រះ‌បាទ​អខាប់
(១​ពង្សា‌វតារ‌ក្សត្រ ២២.១-៤)
 ព្រះ‌បាទ​យ៉ូសាផាត​មាន​ទ្រព្យ‌សម្បត្តិ និង​កិត្តិយស​យ៉ាង​ច្រើន។ ស្តេច​បាន​ចង​ស្ពាន‌មេត្រី​នឹង​ព្រះ‌បាទ​អខាប់ តាម​ចំណង​អាពាហ៍‌ពិពាហ៍។  ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ព្រះ‌បាទ​យ៉ូសាផាត​យាង​ទៅ​សួរ​សុខ​ទុក្ខ​ព្រះ‌បាទ​អខាប់ នៅ​ក្រុង​សាម៉ារី។ ពេល​នោះ ព្រះ‌បាទ​អខាប់​រៀប‌ចំ​ចៀម និង​គោ​មួយ​ចំនួន​ធំ ដើម្បី​ទទួល​ព្រះ‌បាទ​យ៉ូសាផាត និង​អស់​អ្នក​ដែល​អម​ដំណើរ​ស្តេច។ ព្រះ‌បាទ​អខាប់​ក៏​បាន​បបួល​ព្រះ‌បាទ​យ៉ូសាផាត ឡើង​ទៅ​វាយ​យក​ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ។  ព្រះ‌បាទ​អខាប់ ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ‌បាទ​យ៉ូសាផាត​ថា៖ «តើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ​យាង​ទៅ​ក្រុង​រ៉ាម៉ូត នៅ​ស្រុក​កាឡាដ​ជា​មួយ​ទូល‌បង្គំ​ឬ​ទេ?»។ ព្រះ‌បាទ​យ៉ូសាផាត​តប​វិញ​ថា៖ «ទូល‌បង្គំ​ក៏​ដូច​ព្រះ‌ករុណា ប្រជា‌រាស្ដ្រ​របស់​ទូល‌បង្គំ​ក៏​ដូច​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌ករុណា យើង​នឹង​ទៅ​ច្បាំង​រួម​ជា​មួយ​ព្រះ‌ករុណា​ដែរ!»។
ពួក​អ្នក​ប្រកប​របរ​ជា​ព្យាការី​ប្រកាស​អំពី​ជ័យ‌ជម្នះ
(១​ពង្សា‌វតារ‌ក្សត្រ ២២.៥-១២)
 ព្រះ‌បាទ​យ៉ូសាផាត​ទូល​ទៀត​ថា៖ «ឥឡូវ​នេះ សូម​ព្រះ‌ករុណា​ទូល​សួរ​ព្រះ‌អម្ចាស់​សិន»។  ស្តេច​អ៊ីស្រា‌អែល​កោះ​ហៅ​ព្យាការី​ចំនួន​បួន‌រយ​នាក់​មក ហើយ​សួរ​ពួក​គេ​ថា៖ «តើ​ពួក​យើង​ត្រូវ​ចេញ​ទៅ​វាយ​យក​ក្រុង​រ៉ាម៉ូត​នៅ​ស្រុក​កាឡាដ ឬ​មិន​ត្រូវ​ទៅ?»។ ពួក​គេ​ទូល​ថា៖ «សូម​ព្រះ‌ករុណា​យាង​ទៅ​ចុះ ព្រះ‌ជាម្ចាស់​នឹង​ប្រគល់​ក្រុង​នោះ មក​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌ករុណា​មិន​ខាន»។  ព្រះ‌បាទ​យ៉ូសាផាត​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «តើ​នៅ​ទី​នេះ​គ្មាន​ព្យាការី​របស់​ព្រះ‌អម្ចាស់ ដែល​យើង​អាច​ទូល​សួរ​ព្រះ‌អង្គ​ទេ​ឬ?»។  ស្តេច​ស្រុក​អ៊ីស្រា‌អែល​ទូល​ព្រះ‌បាទ​យ៉ូសាផាត​ថា៖ «នៅ​មាន​មនុស្ស​ម្នាក់​ទៀត​ដែល​អាច​ទូល​សួរ​ព្រះ‌អម្ចាស់​បាន តែ​ទូល‌បង្គំ​ស្អប់​អ្នក​នោះ​ណាស់ ព្រោះ​គាត់​មិន​ដែល​ទាយ​ពី​ការ​ល្អ​ឲ្យ​ទូល‌បង្គំ​ទេ គឺ​គាត់​ទាយ​តែ​ពី​ការ​អាក្រក់​ប៉ុណ្ណោះ។ អ្នក​នោះ​ឈ្មោះ​មីកា ជា​កូន​របស់​លោក​យីមឡា»។ ព្រះ‌បាទ​យ៉ូសាផាត​មាន​រាជ‌ឱង្ការ​ថា៖ «សូម​ព្រះ‌ករុណា​កុំ​មាន​រាជ‌ឱង្ការ​បែប​នេះ​ឡើយ!»។  ស្តេច​ស្រុក​អ៊ីស្រា‌អែល​ក៏​ហៅ​មហាតលិក​មក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ទៅ​ហៅ​លោក​មីកា ជា​កូន​របស់​លោក​យីមឡា មក​ជា​ប្រញាប់!»។
ស្តេច​ស្រុក​អ៊ីស្រា‌អែល និង​ព្រះ‌បាទ​យ៉ូសាផាត ជា​ស្តេច​ស្រុក​យូដា ស្លៀក​ពាក់​យ៉ាង​រុង‌រឿង គង់​លើ​បល្ល័ង្ក​រៀងៗ​ខ្លួន គង់​ត្រង់​ព្រលាន​ដែល​នៅ​ទល់​មុខ​ទ្វារ​ក្រុង​សាម៉ារី ព្យាការី​ទាំង​អស់​នាំ​គ្នា​ទស្សន៍‌ទាយ​ថ្វាយ​ស្តេច។ ១០ លោក​សេដេខ្យាស​ជា​កូន​របស់​លោក​កេណាណា​ធ្វើ​ស្នែង​ដែក ហើយ​ពោល​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ដោយ​សារ​ស្នែង​ដែក​ទាំង​នេះ អ្នក​នឹង​វាយ​កង‌ទ័ព​ស៊ីរី​ឲ្យ​វិនាស​សូន្យ!»។ ១១ ព្យាការី​ទាំង​អស់​ក៏​ទស្សន៍‌ទាយ​បែប​នោះ​ដែរ ពួក​គេ​ទូល​ស្តេច​ថា៖ «សូម​ព្រះ‌ករុណា​យាង​ទៅ​វាយ​យក​ក្រុង​រ៉ាម៉ូត នៅ​ស្រុក​កាឡាដ​ចុះ ព្រះ‌ករុណា​មុខ​ជា​ទទួល​ជ័យ‌ជម្នះ​មិន​ខាន។ ព្រះ‌អម្ចាស់​ប្រគល់​ក្រុង​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌ករុណា​ហើយ!»។
ព្យាការី​មីកា​ប្រកាស​ប្រាប់​ពី​បរា‌ជ័យ
(១​ពង្សា‌វតារ‌ក្សត្រ ២២.១៣-២៨)
១២ មហាតលិក​ដែល​ស្តេច​ចាត់​ឲ្យ​ទៅ​តាម​ហៅ​លោក​មីកា បាន​ប្រាប់​លោក​ថា៖ «ព្យាការី​ទាំង​អស់​សុទ្ធ​តែ​ទស្សន៍‌ទាយ​ការ​ល្អ​ព្រម​គ្នា ថ្វាយ​ព្រះ‌រាជា ដូច្នេះ សូម​លោក​ទាយ​ការ​ល្អ​ថ្វាយ​ព្រះ‌រាជា​ដូច​គេ​ដែរ​ទៅ!»។ ១៣ លោក​មីកា​ឆ្លើយ​ថា៖ «ខ្ញុំ​សូម​ជម្រាប​លោក​ក្នុង​នាម​ព្រះ‌អម្ចាស់ ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​ថា ព្រះ​របស់​ខ្ញុំ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​យ៉ាង​ណា ខ្ញុំ​នឹង​ប្រកាស​យ៉ាង​នោះ!»។
១៤ ពេល​លោក​មក​ដល់ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​មក​កាន់​លោក​ថា៖ «មីកា​អើយ តើ​ពួក​យើង​ត្រូវ​ចេញ​ទៅ​វាយ​យក​ក្រុង​រ៉ាម៉ូត នៅ​ស្រុក​កាឡាដ ឬ​មិន​ត្រូវ​ទៅ?»។ លោក​មីកា​ទូល​ថា៖ «សូម​ព្រះ‌ករុណា​ទាំង​ពីរ​យាង​ទៅ​ចុះ! ព្រះ‌ករុណា​មុខ​ជា​ទទួល​ជ័យ‌ជម្នះ​មិន​ខាន! ព្រះ‌អម្ចាស់​ប្រគល់​ក្រុង​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌ករុណា​ហើយ​តើ!»។ ១៥ ប៉ុន្តែ ស្តេច​មាន​រាជ‌ឱង្ការ​មក​លោក​វិញ​ថា៖ «តើ​យើង​ត្រូវ​ប្រាប់​អ្នក​ប៉ុន្មាន​ដង​ទៀត​ថា ឲ្យ​អ្នក​និយាយ​តែ​ការ​ពិត​ប្រាប់​យើង ក្នុង​នាម​ព្រះ‌អម្ចាស់?»។ ១៦ លោក​មីកា​ទូល​ថា៖
«ទូល‌បង្គំ​បាន​ឃើញ​ពល‌ទាហាន​អ៊ីស្រា‌អែល
ទាំង​មូល​បាក់​ទ័ព រត់​ខ្ចាត់‌ខ្ចាយ​នៅ​លើ​ភ្នំ
ពួក​គេ​ប្រៀប​ដូច​ជា​ហ្វូង​ចៀម
ដែល​គ្មាន​នរណា​ឃ្វាល។
ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:
អ្នក​ទាំង​នោះ​គ្មាន​មេ​ដឹក​នាំ​ទេ
ចូរ​ឲ្យ​ពួក​គេ​ត្រឡប់​ទៅ​ផ្ទះ​រៀងៗ​ខ្លួន
ដោយ​សុខ‌សាន្ត​ចុះ!»។
១៧ ស្តេច​ស្រុក​អ៊ីស្រា‌អែល​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ‌បាទ​យ៉ូសាផាត​ថា៖ «ទូល‌បង្គំ​បាន​ទូល​ព្រះ‌ករុណា​ហើយ​ថា គាត់​មិន​ដែល​ទាយ​ពី​ការ​ល្អ​ឲ្យ​ទូល‌បង្គំ​ទេ គឺ​ទាយ​តែ​ពី​ការ​អាក្រក់​ប៉ុណ្ណោះ!»។ ១៨ លោក​មីកា​ទូល​ថា៖ «ពិត​មែន​ហើយ! ដូច្នេះ សូម​សណ្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ទូល‌បង្គំ​ឃើញ​ព្រះ‌អម្ចាស់​គង់​លើ​រាជ​បល្ល័ង្ក ហើយ​មាន​កង‌ពល​នៃ​ស្ថាន​បរម‌សុខ​ទាំង​មូល​ឈរ​គាល់​ព្រះ‌អង្គ ទាំង​ឆ្វេង ទាំង​ស្តាំ​ផង។ ១៩ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “តើ​អ្នក​ណា​ចង់​ល្បួង​អខាប់ ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល ឲ្យ​ទៅ​ច្បាំង​យក​ក្រុង​រ៉ាម៉ូត​នៃ​ស្រុក​កាឡាដ ដើម្បី​ឲ្យ​អខាប់​ដួល​ស្លាប់​នៅ​ទី​នោះ?”។ អ្នក​ខ្លះ​ពោល​យ៉ាង​នេះ អ្នក​ខ្លះ​ពោល​យ៉ាង​នោះ។ ២០ពេល​នោះ មាន​វិញ្ញាណ​មួយ​ចេញ​មក​ឈរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ហើយ​ទូល​ថា “ទូល‌បង្គំ​នឹង​ទៅ​ល្បួង!” ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​សួរ​ថា “តើ​អ្នក​ធ្វើ​ដូច​ម្ដេច?”។ ២១ វិញ្ញាណ​នោះ​ទូល​ថា “ទូល‌បង្គំ​នឹង​បណ្តាល​ចិត្ត​ព្យាការី​ទាំង​អស់​របស់​ស្តេច ឲ្យ​ពោល​តែ​ពាក្យ​ភូត​កុហក”។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “នេះ​ជា​មធ្យោ‌បាយ​ដ៏​ប្រសើរ​សម្រាប់​ល្បួង​គេ ដូច្នេះ ចូរ​ទៅ​ធ្វើ​ចុះ!”។ ២២ ឥឡូវ​នេះ ព្រះ‌អម្ចាស់​ដាក់​វិញ្ញាណ​ភូត​កុហក ក្នុង​មាត់​ព្យាការី​ទាំង​អស់​របស់​ព្រះ‌ករុណា ដ្បិត​ព្រះ‌អម្ចាស់​បាន​សម្រេច​ដាក់​ទោស​ព្រះ‌ករុណា​ឲ្យ​រង​ទុក្ខ​វេទនា​ហើយ»។
២៣ ពេល​នោះ លោក​សេដេខ្យាស ជា​កូន​របស់​លោក​កេណាណា​ចូល​មក​ជិត ហើយ​ទះ​កំផ្លៀង​លោក​មីកា ទាំង​ពោល​ថា៖ «តើ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់​ចេញ​ពី​ខ្លួន​ខ្ញុំ មក​និយាយ​ជា​មួយ​អ្នក​តាម​ផ្លូវ​ណា?»។ ២៤ លោក​មីកា​ឆ្លើយ​ថា៖ «ថ្ងៃ​ដែល​អ្នក​រត់​ទៅ​ពួន នៅ​បន្ទប់​ខាង​ក្នុង​ផ្ទះ​របស់​អ្នក នោះ​អ្នក​គង់​តែ​ដឹង​ទេ!»។ ២៥ ស្តេច​ស្រុក​អ៊ីស្រា‌អែល​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ចាប់​លោក​មីកា​នាំ​យក​ទៅ​ប្រគល់​ឲ្យ​លោក​អាម៉ូន ជា​ចៅហ្វាយ​ក្រុង និង​សម្តេច​យ៉ូអាស ជា​បុត្រ​របស់​យើង​ទៅ! ២៦ រួច​ប្រាប់​គេ​ថា “ព្រះ‌ករុណា​បញ្ជា​ឲ្យ​យក​មនុស្ស​នេះ​ទៅ​ដាក់​គុក ហើយ​ផ្តល់​នំបុ័ង និង​ទឹក​បន្តិច‌បន្តួច​ប៉ុណ្ណោះ រហូត​ដល់​ថ្ងៃ​ព្រះ‌ករុណា​វិល​មក​ពី​ច្បាំង​វិញ ដោយ​សុខ‌សាន្ត”»។ ២៧ លោក​មីកា​ទូល​ថា៖ «ប្រសិន​បើ​ព្រះ‌ករុណា​ពិត​ជា​យាង​ត្រឡប់​មក​វិញ ដោយ​សុខ‌សាន្ត​មែន​នោះ បាន​សេចក្ដី​ថា ព្រះ‌អម្ចាស់​ពុំ​មាន​ព្រះ‌បន្ទូល​តាម‌រយៈ​ទូល‌បង្គំ​ទេ»។ បន្ទាប់​មក លោក​ពោល​ទៀត​ថា៖ «ប្រជាជន​ទាំង​អស់​គ្នា ចូរ​ស្ដាប់​ចុះ!»។
ព្រះ‌បាទ​អខាប់​សោយ​ទិវង្គត​ក្នុង​សមរ‌ភូមិ
(១​ពង្សា‌វតារ‌ក្សត្រ ២២.២៩-៤០)
២៨ ស្តេច​ស្រុក​អ៊ីស្រា‌អែល និង​ព្រះ‌បាទ​យ៉ូសាផាត ជា​ស្តេច​ស្រុក​យូដា នាំ​គ្នា​យាង​ឆ្ពោះ​ទៅ​ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ។ ២៩ ស្តេច​ស្រុក​អ៊ីស្រា‌អែល​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ‌បាទ​យ៉ូសាផាត​ថា៖ «ទូល‌បង្គំ​នឹង​ក្លែង​ខ្លួន​ជា​ពល‌ទាហាន រីឯ​ព្រះ‌ករុណា​វិញ សូម​ព្រះ‌អង្គ​ព្រះ‌ភូសា​យ៉ាង​រុង‌រឿង​ចុះ!»។ ដូច្នេះ ស្តេច​ស្រុក​អ៊ីស្រា‌អែល​ក៏​បាន​ក្លែង​ខ្លួន​ជា​ពល‌ទាហាន រួច​ស្តេច​ទាំង​ពីរ​យាង​ចេញ​ទៅ​ច្បាំង។ ៣០ ស្តេច​ស្រុក​ស៊ីរី​ចេញ​បញ្ជា​ដល់​មេ​បញ្ជា‌ការ​កង​រទេះ​ចម្បាំង​ថា៖ «មិន​បាច់​ប្រយុទ្ធ​នឹង​ពល‌ទាហាន ឬ​នាយ​ទាហាន​ឡើយ ចូរ​ប្រយុទ្ធ​តែ​នឹង​ស្តេច​ស្រុក​អ៊ីស្រា‌អែល​ប៉ុណ្ណោះ»។ ៣១ កាល​មេ​បញ្ជា‌ការ​រទេះ​ចម្បាំង​ទាំង​នោះ​ឃើញ​ព្រះ‌បាទ​យ៉ូសាផាត ពួក​គេ​ពោល​ថា “នុ៎ះ ស្តេច​អ៊ីស្រា‌អែល” ពួក​គេ​ក៏​ឡោម‌ព័ទ្ធ ដើម្បី​វាយ​ប្រហារ​ស្តេច ប៉ុន្តែ ពេល​ព្រះ‌បាទ​យ៉ូសាផាត​ស្រែក​ឡើង។ ព្រះ‌អម្ចាស់​យាង​មក​ជួយ​ស្តេច ដោយ​ធ្វើ​ឲ្យ​មេ‌ទ័ព​ទាំង​នោះ​ចេញ​ឆ្ងាយ​ពី​ស្តេច។ ៣២ ពួក​មេ​បញ្ជា‌ការ​រទេះ​ចម្បាំង​ដឹង​ថា​មិន​មែន​ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល​ទេ ពួក​គេ​ក៏​ឈប់​ដេញ​តាម។ ៣៣ ប៉ុន្តែ មាន​ទាហាន​ស៊ីរី​ម្នាក់​យឹត​ធ្នូ​បាញ់​ព្រាវ​ទៅ ត្រូវ​ចំ​ស្តេច​ស្រុក​អ៊ីស្រា‌អែល​ត្រង់​ចន្លោះ​អាវ‌ក្រោះ។ ស្តេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​អ្នក​បរ​រាជ‌រថ​ថា៖ «ចូរ​បក​ក្រោយ នាំ​យើង​ចេញ​ពី​សមរ‌ភូមិ​ភ្លាម ព្រោះ​យើង​ត្រូវ​របួស​ហើយ»។ ៣៤ នៅ​ថ្ងៃ​នោះ ការ​ប្រយុទ្ធ​មាន​សភាព​ធ្ងន់‌ធ្ងរ​កាន់​តែ​ខ្លាំង​ឡើង គេ​ពុំ​អាច​នាំ​ស្តេច​អ៊ីស្រា‌អែល​ចេញ​ពី​សមរ‌ភូមិ​បាន​ឡើយ។ ដូច្នេះ ស្តេច​ស្ថិត​នៅ​ក្នុង​រាជ‌រថ​រហូត​ដល់​ល្ងាច ហើយ​ស្តេច​ក៏​សោយ​ទិវង្គត​នៅ​ពេល​ថ្ងៃ​លិច។
១៩
ព្រះ‌បាទ​យ៉ូសាផាត​តែង‌តាំង​ចៅ‌ក្រម​នៅ​ស្រុក​យូដា
ព្រះ‌បាទ​យ៉ូសាផាត ជា​ស្តេច​ស្រុក​យូដា វិល​មក​ដល់​រាជ​ដំណាក់ នៅ​ក្រុង​យេរូ‌សាឡឹម​វិញ ដោយ​សុខ‌សាន្ត។  លោក​យេហ៊ូ​ដែល​ត្រូវ​ជា​កូន​របស់​លោក​ហាណានី ជា​គ្រូ​ទាយ បាន​ចេញ​មក​ជួប​ព្រះ‌បាទ​យ៉ូសាផាត ទូល​ស្តេច​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះ‌ករុណា​ជួយ​មនុស្ស​អាក្រក់ ហើយ​ស្រឡាញ់​អស់​អ្នក​ដែល​ស្អប់​ព្រះ‌អម្ចាស់​ដូច្នេះ? ដោយ​ព្រះ‌ករុណា​ប្រព្រឹត្ត​បែប​នេះ ព្រះ‌អម្ចាស់​ព្រះ‌អង្គ​ព្រះ‌ពិរោធ​នឹង​ព្រះ‌ករុណា។  ប៉ុន្តែ ព្រះ‌ករុណា​បាន​ប្រព្រឹត្ត​អំពើ​ល្អ​មួយ​ចំនួន​ដែរ គឺ​ព្រះ‌ករុណា​បាន​លុប​បំបាត់​បង្គោល​របស់​ព្រះ‌អាសេ‌រ៉ា​អស់​ពី​ក្នុង​ស្រុក ហើយ​ព្រះ‌ករុណា​ស្វែង​រក​ព្រះ‌ជាម្ចាស់ ដោយ​ស្មោះ​អស់​ពី​ចិត្ត»។
 ព្រះ‌បាទ​យ៉ូសាផាត​គង់​នៅ​ក្រុង​យេរូ‌សាឡឹម។ បន្ទាប់​មក ស្តេច​យាង​ទៅ​សួរ​សុខ​ទុក្ខ​ប្រជា‌រាស្ដ្រ​តាំង​ពី​បៀរសេបា រហូត​ដល់​តំបន់​ភ្នំ​អេប្រាអ៊ីម ដើម្បី​ណែ‌នាំ​ពួក​គេ​ឲ្យ​វិល​មក​រកព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ដូន‌តា​របស់​ខ្លួន​វិញ។  ស្តេច​បាន​តែង‌តាំង​ឲ្យ​មាន​ចៅ‌ក្រម នៅ​គ្រប់​ក្រុង​ដែល​មាន​កំពែង​រឹង‌មាំ​ក្នុង​ស្រុក​យូដា។  ស្តេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ចៅ‌ក្រម​ទាំង​នោះ​ថា៖ «ចូរ​ប្រុង​ប្រយ័ត្ន​នឹង​កិច្ច‌ការ​ដែល​អស់​លោក​ធ្វើ ដ្បិត​អស់​លោក​កាត់​ក្តី មិន​មែន​តាម​បែប​មនុស្ស​លោក​ទេ គឺ​តាម​ព្រះ‌អម្ចាស់​វិញ ព្រះ‌អង្គ​នឹង​គង់​នៅ​ជា​មួយ​អស់​លោក​ក្នុង​ពេល​ដែល​អស់​លោក​កាត់​ក្តី។  ឥឡូវ​នេះ ចូរ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ហើយ​ប្រុង​ប្រយ័ត្ន​ចំពោះ​របៀប​ដែល​អស់​លោក​ប្រព្រឹត្ត ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង​មិន​ចេះ​គៃ‌បន្លំ ព្រះ‌អង្គ​មិន​រើស​មុខ​នរណា ឬ​ក៏​ទទួល​សំណូក​ឡើយ»។
 ពេល​វិល​មក​ដល់​ក្រុង​យេរូ‌សាឡឹម​វិញ ព្រះ‌បាទ​យ៉ូសាផាត​តែង‌តាំង​ក្រុម​លេវី ក្រុម​បូជា‌ចារ្យ និង​មេ​លើ​ក្រុម​គ្រួសារ​អ៊ីស្រា‌អែល​នៅ​ក្រុង​យេរូ‌សាឡឹម ឲ្យ​កាត់​ក្តី ក្នុង​នាម​ព្រះ‌អម្ចាស់ ព្រម​ទាំង​ដោះ​ស្រាយ​ជម្លោះ​ដែរ។  ស្តេច​បង្គាប់​ទៅ​លោក​ទាំង​នោះ​ថា៖ «សូម​អស់​លោក​ប្រព្រឹត្ត​ដោយ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ដោយ​ចិត្ត​ស្មោះ‌ត្រង់ និង​ឥត​លំអៀង។ ១០ ពេល​ណា​ជន​រួម​ជាតិ​របស់​អស់​លោក ដែល​រស់​នៅ​តាម​ក្រុង​នានា យក​រឿង‌រ៉ាវ​ទាក់‌ទង​ទៅ​នឹង​ឃាតកម្ម ឬ​ជម្លោះ​ស្តី​អំពី​វិន័យ បទ‌បញ្ជា ក្រឹត្យ‌វិន័យ និង​ច្បាប់​ណា​មួយ មក​សុំ​ឲ្យ​អស់​លោក​កាត់​ក្តី ក្នុង​គ្រប់​ករណី អស់​លោក​ត្រូវ​ក្រើន​រំឭក​ពួក​គេ​ឲ្យ​ដឹង​ខ្លួន ដើម្បី​កុំ​ឲ្យ​ពួក​គេ​ប្រព្រឹត្ត​ខុស​ចំពោះ​ព្រះ‌អម្ចាស់ ហើយ​កុំ​ឲ្យ​ព្រះ‌អង្គ​ព្រះ‌អង្គ​ព្រះ‌ពិរោធ​ចំពោះ​អស់​លោក និង​ជន​រួម​ជាតិ​របស់​អស់​លោក។ អស់​លោក​ត្រូវ​តែ​ប្រព្រឹត្ត​បែប​នេះ ដើម្បី​កុំ​ឲ្យ​មាន​កំហុស។ ១១ លោក​មហា‌បូជា‌ចារ្យ​អម៉ារីយ៉ា​នឹង​ដឹក​នាំ​អស់​លោក​ក្នុង​ការ​វិនិច្ឆ័យ​ទាំង​ប៉ុន្មាន ដែល​ទាក់‌ទង​នឹង​ព្រះ‌អម្ចាស់។ លោក​សេបាឌីយ៉ា ជា​កូន​របស់​លោក​អ៊ីស្មាអែល និង​ជា​ទេសា‌ភិបាល​របស់​ប្រជាជន​យូដា នឹង​ដឹក​នាំ​អស់​លោក​ក្នុង​ការ​វិនិច្ឆ័យ​ទាំង​ប៉ុន្មាន ដែល​ទាក់‌ទង​នឹង​ស្តេច។ រីឯ​ពួក​លេវី​បំពេញ​មុខ‌ងារ​ជា​អាជ្ញា‌ធរ។ ចូរ​តាំង​ចិត្ត​ក្លា‌ហាន ហើយ​បំពេញ​មុខ‌ងារ​នេះ​ចុះ សូម​ព្រះ‌អម្ចាស់​គង់​ជា​មួយ​អ្នក​ដែល​បំពេញ​មុខ‌ងារ​បាន​ល្អ»។
២០
កង‌ទ័ព​ម៉ូអាប់ និង​កង‌ទ័ព​អាំម៉ូន​វាយ​លុក​ស្រុក​យូដា ពាក្យ​អធិស្ឋាន​របស់​ព្រះ‌បាទ​យ៉ូសាផាត
 ក្រោយ​មក​ទៀត ជន​ជាតិ​ម៉ូអាប់ និង​ជន​ជាតិ​អាំម៉ូន រួម​ជា​មួយ​អ្នក​ស្រុក​ម៉ាអូន បាន​លើក​គ្នា​មក​វាយ​ព្រះ‌បាទ​យ៉ូសាផាត។  មាន​គេ​មក​ទូល​ព្រះ‌បាទ​យ៉ូសាផាត​ថា៖ «កង‌ទ័ព​មួយ​យ៉ាង​ធំ​លើក​គ្នា​ពី​ខាង​នាយ​សមុទ្រ គឺ​ពី​ស្រុក​អេដុម មក​វាយ​ព្រះ‌ករុណា។ ឥឡូវ​នេះ ពួក​គេ​មក​ដល់​ហាសាសន-‌តាម៉ារ គឺ​នៅ​អេន‌កេឌី»។
 ព្រះ‌បាទ​យ៉ូសាផាត​ភ័យ​ខ្លាច​ជា​ខ្លាំង ព្រះ‌អង្គ​ក៏​សម្រេច​ចិត្ត​ទូល​សួរ​ព្រះ‌អម្ចាស់ ហើយ​ប្រកាស​ឲ្យ​អ្នក​ស្រុក​យូដា​ទាំង​មូល​តម​អាហារ។  អ្នក​ស្រុក​យូដា​ជួប‌ជុំ​គ្នា​ស្វែង​រក​ព្រះ‌អម្ចាស់ ពួក​គេ​ធ្វើ​ដំណើរ​មក​ពី​គ្រប់​ទី‌ក្រុង​នៃ​ស្រុក​យូដា ដើម្បី​ស្វែង​រក​ព្រះ‌អម្ចាស់។  ព្រះ‌បាទ​យ៉ូសាផាត​ឈរ​នៅ​កណ្ដាល​ចំណោម​អង្គ​ប្រជុំ​របស់​ជន​ជាតិ​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ខាង​មុខ​ព្រលាន​ថ្មី។  ស្តេច​មាន​រាជ‌ឱង្ការ​ថា៖
«បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​យើង​ខ្ញុំ ព្រះ‌អង្គ​គង់​នៅ​ស្ថាន​បរម‌សុខ ព្រះ‌អង្គ​គ្រប់‌គ្រង​លើ​នគរ​ទាំង​អស់​នៃ​ប្រជា‌ជាតិ​នានា។ ព្រះ‌អង្គ​ប្រកប​ដោយ​ព្រះ‌ចេស្ដា និង​ឫទ្ធា‌នុភាព គ្មាន​នរណា​អាច​តទល់​នឹង​ព្រះ‌អង្គ​ឡើយ!  ឱ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ព្រះ‌អង្គ​បាន​បណ្តេញ​អ្នក​ស្រុក​នេះ​ចេញ​ពី​មុខ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ ព្រម​ទាំង​ប្រទាន​ស្រុក​នេះ​ឲ្យ​ពូជ‌ពង្ស​លោក​អប្រាហាំ ជា​មិត្ត​របស់​ព្រះ‌អង្គ រហូត​ត​ទៅ។  ពួក​គេ​រស់​នៅ​ក្នុង​ស្រុក​នេះ ពួក​គេ​បាន​សង់​ទី‌សក្ការៈ​មួយ​ថ្វាយ​ព្រះ‌នាម​របស់​ព្រះ‌អង្គ ដោយ​ពោល​ថា  “ប្រសិន​បើ​មាន​ទុក្ខ​វេទនា សង្គ្រាម ទុក្ខ​ទោស ជំងឺ​រាត‌ត្បាត ឬ​ទុរ្ភិក្ស កើត​មាន​ដល់​យើង​ខ្ញុំ នោះ​យើង​ខ្ញុំ​នឹង​មក​ឈរ​នៅ​មុខ​ព្រះ‌ដំណាក់​នេះ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ ដ្បិត​ព្រះ‌នាម​របស់​ព្រះ‌អង្គ​ស្ថិត​នៅ​ក្នុង​ព្រះ‌ដំណាក់​នេះ។ ក្នុង​ពេល​មាន​អាសន្ន យើង​ខ្ញុំ​នឹង​ទូល‌អង្វរ​សូម​ព្រះ‌អង្គ​ជួយ។ ពេល​នោះ សូម​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​យើង​ខ្ញុំ ហើយ​សង្គ្រោះ​យើង​ខ្ញុំ​ផង”។ ១០ ឥឡូវ​នេះ ជន​ជាតិ​អាំម៉ូន និង​ជន​ជាតិ​ម៉ូអាប់ ព្រម​ទាំង​អស់​អ្នក​ដែល​រស់​នៅ​ភ្នំ​សៀរ -គឺ​ស្រុក​ដែល​ព្រះ‌អង្គ​ហាម​អ៊ីស្រា‌អែល​មិន​ឲ្យ​ឆ្លង​កាត់ នៅ​ពេល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប - ១១ ប៉ុន្តែ ជន​ជាតិ​ទាំង​នោះ​បែរ​ជា​សង​គុណ​យើង​ខ្ញុំ ដោយ​លើក​គ្នា​មក​ដេញ​យើង​ខ្ញុំ​ចេញ​ពី​ទឹក​ដី ដែល​ព្រះ‌អង្គ​ប្រទាន​មក​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ជា​កម្ម‌សិទ្ធិ។ ១២ ឱ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ម្ដេច​ក៏​ព្រះ‌អង្គ​មិន​ដាក់​ទោស​ពួក​គេ? យើង​ខ្ញុំ​គ្មាន​កម្លាំង​តទល់​នឹង​កង‌ទ័ព​យ៉ាង​ធំ ដែល​កំពុង​តែ​លើក​គ្នា​មក​វាយ​យើង​ខ្ញុំ​នេះ​ទេ។ យើង​ខ្ញុំ​ពុំ​ដឹង​ជា​ត្រូវ​ធ្វើ​យ៉ាង​ណា ក្រៅ​ពី​សម្លឹង​ទៅ​រក​ព្រះ‌អង្គ​ប៉ុណ្ណោះ»។
១៣ អ្នក​ស្រុក​យូដា​ទាំង​មូល​ឈរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ដោយ​មាន​ប្រពន្ធ កូន និង​ទារក នៅ​ជា​មួយ​ដែរ។
ព្រះ‌អម្ចាស់​ប្រទាន​ជ័យ‌ជម្នះ​ដល់​ជន​ជាតិ​យូដា
១៤ ពេល​នោះ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់ យាង​មក​ក្នុង​ចំណោម​អង្គ​ប្រជុំ ដោយ​សណ្ឋិត​លើ​លោក​យ៉ាស៊ីអែល ក្នុង​ក្រុម​លេវី គាត់​ត្រូវ​ជា​កូន​របស់​លោក​សាការី ជា​ចៅ​របស់​លោក​បេ‌ណាយ៉ា ជា​ចៅ‌ទួត​របស់​លោក​យេអ៊ីអែល និង​ជា​ចៅ‌លួត​របស់​លោក​ម៉ាតា‌នីយ៉ា ដែល​ជា​ពូជ‌ពង្ស​របស់​លោក​អសាភ។ ១៥ លោក​យ៉ាស៊ីអែល​ប្រកាស​ថា៖ «បពិត្រ​ព្រះ‌ករុណា​យ៉ូសាផាត ព្រម​ទាំង​អ្នក​ស្រុក​យូដា​ទាំង​មូល និង​អ្នក​ក្រុង​យេរូ‌សាឡឹម សូម​ត្រង‌ត្រាប់​ស្ដាប់! ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះ‌ករុណា និង​បង‌ប្អូន​ដូច​ត​ទៅ: ចូរ​កុំ​ភ័យ​ខ្លាច និង​តក់‌ស្លុត នៅ​ចំពោះ​មុខ​កង‌ទ័ព​ដ៏​ច្រើន​សន្ធឹក‌សន្ធាប់​នេះ​ឡើយ ដ្បិត​ការ​ប្រយុទ្ធ​មិន​មែន​សម្រេច​លើ​អ្នក​រាល់​គ្នា​ទេ តែ​សម្រេច​នៅ​លើ​ព្រះ‌ជាម្ចាស់។ ១៦ ស្អែក ចូរ​នាំ​គ្នា​ចុះ​ទៅ​តទល់​នឹង​ពួក​គេ ព្រោះ​ពួក​គេ​នឹង​ឡើង​មក​តាម​ផ្លូវ​ហាស៊ីស។ អ្នក​រាល់​គ្នា​នឹង​ជួប​ពួក​គេ​នៅ​ខាង​ចុង​ជ្រោះ ដែល​បែរ​ទៅ​រក​វាល​រហោ‌ស្ថាន​យេរូអែល។ ១៧ អ្នក​រាល់​គ្នា​មិន​ត្រូវ​ការ​ប្រយុទ្ធ​ជា​មួយ​ពួក​គេ​ឡើយ គឺ​គ្រាន់​តែ​ឈរ​នៅ​ទី​នោះ ហើយ​អ្នក​រាល់​គ្នា​នឹង​ឃើញ​ព្រះ‌អម្ចាស់​ប្រទាន​ជ័យ‌ជម្នះ​ដល់​អ្នក​រាល់​គ្នា។ អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម​អើយ កុំ​ភ័យ​ខ្លាច និង​តក់‌ស្លុត​ឲ្យ​សោះ ស្អែក ចូរ​ចេញ​ទៅ​តទល់​នឹង​ពួក​គេ​ចុះ ព្រះ‌អម្ចាស់​នឹង​គង់​ជា​មួយ​អ្នក​រាល់​គ្នា!»។
១៨ ព្រះ‌បាទ​យ៉ូសាផាត​ក្រាប​ចុះ ឱន​មុខ​ដល់​ដី ហើយ​អ្នក​ស្រុក​យូដា​ទាំង​មូល និង​អ្នក​ក្រុង​យេរូ‌សាឡឹម ក៏​នាំ​គ្នា​ឱន​កាយ ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់​ដែរ។ ១៩ ក្រុម​លេវី​ដែល​មក​ពី​អំបូរ​គើហាត់ និង​ពូជ‌ពង្ស​លោក​កូរេ នាំ​គ្នា​ក្រោក​ឡើង​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល ដោយ​បន្លឺ​សំឡេង​យ៉ាង​រំពង។
២០ ប្រជាជន​ក្រោក​ឡើង​តាំង​ពី​ព្រលឹម ចេញ​ដំណើរ​ឆ្ពោះ​ទៅ​វាល​រហោ‌ស្ថាន​តេកូអា។ មុន​ពេល​ចេញ​ដំណើរ ព្រះ‌បាទ​យ៉ូសាផាត​ក្រោក​ឈរ​ឡើង ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​ស្ដាប់​យើង! ចូរ​ទុក​ចិត្ត​ទាំង​ស្រុង​លើ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​មាន​កម្លាំង! ចូរ​ទុក​ចិត្ត​លើ​ព្យាការី​របស់​ព្រះ‌អង្គ នោះ​អ្នក​រាល់​គ្នា​នឹង​មាន​ជោគ‌ជ័យ!»។ ២១ បន្ទាប់​មក ព្រះ‌រាជា​ពិភាក្សា​ជា​មួយ​ប្រជាជន រួច​តែង‌តាំង​ក្រុម​ចម្រៀង ដែល​មាន​ស្លៀក​ពាក់​គ្រឿង​សក្ការៈ ហើយ​ដើរ​នៅ​មុខ​កង‌ទ័ព ដោយ​ច្រៀង​តម្កើង​ព្រះ‌អម្ចាស់​ថា «ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់ ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះ‌អង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!»។ ២២ ក្នុង​ពេល​ដែល​ពួក​គេ​បន្លឺ​សំឡេង​ចម្រៀង​សរសើរ​តម្កើង ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​កើត​វឹក‌វរ​នៅ​ក្នុង​ជួរ​ទ័ព​របស់​ជន​ជាតិ​អាំម៉ូន ជន​ជាតិ​ម៉ូអាប់ និង​អ្នក​ស្រុក​ភ្នំ​សៀរ ធ្វើ​ឲ្យ​ពួក​គេ​វាយ​គ្នា​ឯង។ ២៣ មុន​ដំបូង កង‌ទ័ព​អាំម៉ូន​ព្រួត​គ្នា​ជា​មួយ​កង‌ទ័ព​ម៉ូអាប់ វាយ​កម្ទេច និង​បំផ្លាញ​អ្នក​ស្រុក​ភ្នំ​សៀរ​ឲ្យ​វិនាស​សូន្យ រួច​ហើយ​ពួក​គេ​កាប់​សម្លាប់​គ្នា​ឯង។ ២៤ ពេល​ជន​ជាតិ​យូដា​ទៅ​ដល់​កន្លែង ដែល​សម្រាប់​ពិនិត្យ​មើល​វាល​រហោ‌ស្ថាន ពួក​គេ​ក្រឡេក​មើល​ទៅ​ទី​តាំង​ទ័ព​របស់​ខ្មាំង​សត្រូវ ឃើញ​មាន​សុទ្ធ​តែ​សាក‌សព​នៅ​ពាស‌ពេញ​ដី ឥត​មាន​នរណា​ម្នាក់​រួច​ជីវិត​ឡើយ។ ២៥ ព្រះ‌បាទ​យ៉ូសាផាត និង​ប្រជាជន​របស់​ស្តេច នាំ​គ្នា​រឹប​អូស​យក​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​មាន​នៅ​ទី​នោះ។ គេ​ឃើញ​មាន​ហ្វូង​សត្វ សម្លៀក‌បំពាក់ ព្រម​ទាំង​វត្ថុ​ដ៏​មាន​តម្លៃ​ជា​ច្រើន ដែល​នៅ​ជាប់​នឹង​សាក‌សព។ ដោយ​ជ័យ‌ភ័ណ្ឌ​ទាំង​នោះ​មាន​ច្រើន​ពេក ទោះ​បី​គេ​ចំណាយ​ពេល​អស់​បី​ថ្ងៃ ក៏​នៅ​តែ​ប្រមូល​មិន​អស់​ដែរ។ ២៦ នៅ​ថ្ងៃ​ទី​បួន ពួក​គេ​ជួប‌ជុំ​គ្នា​នៅ​ជ្រលង​ភ្នំ​បេរ៉ាកា ហើយ​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា ជ្រលង​ភ្នំ​បេរ៉ាកា រហូត​ដល់​សព្វ​ថ្ងៃ។ ២៧ អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម​ទាំង​មូល វិល​មក​ក្រុង​យេរូ‌សាឡឹម​វិញ​យ៉ាង​សប្បាយ ដោយ​មាន​ព្រះ‌បាទ​យ៉ូសាផាត​យាង​នាំ​មុខ​ពួក​គេ។ ព្រះ‌អម្ចាស់​ប្រទាន​អំណរ​ដ៏​លើស‌លប់​ដល់​ពួក​គេ ដោយ​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​បរា‌ជ័យ។ ២៨ ពួក​គេ​ចូល​ទៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម តាម​ចង្វាក់​ឃឹម ពិណ និង​ត្រែ រហូត​ដល់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់២៩ ពេល​នគរ​ឯ​ទៀតៗ​ទាំង​អស់​ឮ​ដំណឹង​ថា ព្រះ‌អម្ចាស់​បាន​វាយ​ប្រហារ​ខ្មាំង​សត្រូវ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល ពួក​គេ​ភ័យ​ខ្លាច​ជា​ខ្លាំង។ ៣០ រាជ្យ​របស់​ព្រះ‌បាទ​យ៉ូសាផាត​បាន​សុខ​ក្សេម‌ក្សាន្ត ដ្បិត​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​ស្តេច​មាន​សន្តិ‌ភាព នៅ​គ្រប់​ទិស‌ទី។
ចុង​រជ្ជ‌កាល​របស់​ព្រះ‌បាទ​យ៉ូសាផាត
(១​ពង្សា‌វតារ‌ក្សត្រ ២២.៤១-៥១)
៣១ ព្រះ‌បាទ​យ៉ូសាផាត​ឡើង​គ្រង​រាជ្យ​លើ​ស្រុក​យូដា ក្នុង​ពេល​ដែល​ព្រះ‌អង្គ​មាន​ជន្មាយុ​សាម‌សិប​ប្រាំ​ព្រះ‌វស្សា ហើយ​សោយ​រាជ្យ​បាន​ម្ភៃ‌ប្រាំ​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្តេច​មាន​នាម​ថា អស៊ូបា ជា​កូន​របស់​លោក​ស៊ីលហ៊ី។ ៣២ ព្រះ‌បាទ​យ៉ូសាផាត​ដើរ​តាម​មាគ៌ា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌បាទ​អសា ជា​បិតា ដោយ​ឥត​ងាក‌រេ​ឡើយ។ ស្តេច​ប្រព្រឹត្ត​អំពើ​ទៀង​ត្រង់ ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់៣៣ ប៉ុន្តែ ស្តេច​ពុំ​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ​ទេ គឺ​ប្រជាជន​ពុំ​ជំពាក់​ចិត្ត​ទាំង​ស្រុង​លើ​ព្រះ​នៃ​បុព្វ‌បុរស​ខ្លួន​ឡើយ។ ៣៤ រាជ‌កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​យ៉ូសាផាត តាំង​ពី​ដើម​ដល់​ចប់ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​កិច្ច‌ការ​របស់​លោក​យេហ៊ូ ជា​កូន​របស់​លោក​ហាណានី ដែល​គេ​បញ្ចូល​ទៅ​ក្នុង​ក្រាំង​របស់​ស្តេច​ស្រុក​អ៊ីស្រា‌អែល។ ៣៥ មួយ​វិញ​ទៀត ព្រះ‌បាទ​យ៉ូសាផាត ជា​ស្តេច​ស្រុក​យូដា បាន​រួម​សហ‌ការ​ជា​មួយ​ព្រះ‌បាទ​អហា‌ស៊ីយ៉ា ស្តេច​ស្រុក​អ៊ីស្រា‌អែល ជា​ស្តេច​ប្រព្រឹត្ត​អំពើ​អាក្រក់។ ៣៦ ស្តេច​ទាំង​ពីរ​អង្គ​ឲ្យ​គេ​សង់​សំពៅ សម្រាប់​ដើរ​ផ្លូវ​ឆ្ងាយ គេ​សង់​សំពៅ​ទាំង​នោះ​នៅ​ក្រុង​អេស៊ីយ៉ូន-‌កេប៊ែរ។ ៣៧ ពេល​នោះ ព្យាការី​អេលី‌យេស៊ែរ ជា​កូន​របស់​លោក​ដូដាវ៉ា អ្នក​ស្រុក​ម៉ារេសា ថ្លែង​ព្រះ‌បន្ទូល​ទាស់​នឹង​ព្រះ‌បាទ​យ៉ូសាផាត ដូច​ត​ទៅ៖ «ដោយ​ព្រះ‌ករុណា​រួម​សហ‌ការ​ជា​មួយ​ព្រះ‌បាទ​អហា‌ស៊ីយ៉ា នោះ​ព្រះ‌អម្ចាស់​នឹង​រំលាយ​អ្វីៗ​ដែល​ព្រះ‌ករុណា​បាន​ធ្វើ​ជា​មិន​ខាន!»។ សំពៅ​ទាំង​នោះ​ក៏​ត្រូវ​បាក់​បែក មិន​អាច​ចេញ​ដំណើរ​ទៅ​ឡើយ។
២១
កាល​ព្រះ‌បាទ​យ៉ូសាផាត​សោយ​ទិវង្គត គេ​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​រាជ‌វង្ស នៅ​បុរី​ព្រះ‌បាទ​ដាវីឌ។ ព្រះ‌បាទ​យ៉ូរ៉ាម ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។
ព្រះ‌បាទ​យ៉ូរ៉ាម​សោយ​រាជ្យ​នៅ​ស្រុក​យូដា
(២​ពង្សា‌វតារ‌ក្សត្រ ៨.១៧-២៤)
 ព្រះ‌បាទ​យ៉ូរ៉ាម​មាន​អនុជ​ដូច​ត​ទៅ គឺ​សម្តេច​អសារីយ៉ា យេហ៊ីអែល សាការី អសារីយ៉ា មីកាអែល និង​សេផាទីយ៉ា ហើយ​ទាំង​អស់​គ្នា​សុទ្ធ​តែ​ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូសាផាត ស្តេច​អ៊ីស្រា‌អែល។  ព្រះ‌បាទ​យ៉ូសាផាត ជា​បិតា បាន​ចែក​អំណោយ​ជា​មាស​ជា​ប្រាក់​យ៉ាង​ច្រើន​ឲ្យ​បុត្រ​ឯ​ទៀតៗ ព្រម​ទាំង​ប្រគល់​ក្រុង​នានា​ដែល​មាន​កំពែង​រឹង‌មាំ ក្នុង​ស្រុក​យូដា ឲ្យ​បុត្រ​ទាំង​នោះ​កាន់​កាប់​ទៀត​ផង តែ​ស្តេច​ប្រគល់​រាជ‌សម្បត្តិ​ឲ្យ​ព្រះ‌បាទ​យ៉ូរ៉ាម ព្រោះ​ជា​បុត្រ​ច្បង។
 កាល​ព្រះ‌បាទ​យ៉ូរ៉ាម​ឡើង​ស្នង​រាជ្យ​បិតា និង​ពង្រឹង​អំណាច​បាន​ហើយ ស្តេច​ធ្វើ​គុត​អនុជ​ទាំង​អស់​ដោយ​មុខ​ដាវ ព្រម​ទាំង​សម្លាប់​មេ​ដឹក​នាំ​មួយ​ចំនួន​របស់​ជន​ជាតិ​អ៊ីស្រា‌អែល​ទៀត​ផង។
 នៅ​ពេល​ឡើង​សោយ​រាជ្យ ព្រះ‌បាទ​យ៉ូរ៉ាម​មាន​ជន្មាយុ​សាម‌សិប​ពីរ​ព្រះ‌វស្សា។ ស្តេច​សោយ​រាជ្យ​បាន​ប្រាំ‌បី​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។  ស្តេច​ដើរ​តាម​មាគ៌ា​របស់​ស្តេច​ទាំង‌ឡាយ​នៅ​ស្រុក​អ៊ីស្រា‌អែល និង​ប្រព្រឹត្ត​ដូច​រាជ‌វង្ស​របស់​ព្រះ‌បាទ​អខាប់​ដែរ ព្រោះ​ស្តេច​បាន​រៀប​អភិសេក​ជា​មួយ​បុត្រី​របស់​ព្រះ‌បាទ​អខាប់ ហើយ​ស្តេច​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ប៉ុន្តែ ព្រះ‌អម្ចាស់​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​លុប​បំបាត់​រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ​ទេ ព្រោះ​យល់​ដល់​សម្ពន្ធ‌មេត្រី ដែល​ព្រះ‌អង្គ​ចង​ជា​មួយ​ព្រះ‌បាទ​ដាវីឌ ហើយ​ព្រះ‌អង្គ​ក៏​បាន​សន្យា​ថា​នឹង​ប្រោស​ប្រទាន​ឲ្យ​ពូជ‌ពង្ស​របស់​ព្រះ‌បាទ​ដាវីឌ ឡើង​សោយ​រាជ្យ​រហូត​ត​ទៅ។
 ក្នុង​រជ្ជ‌កាល​ព្រះ‌បាទ​យ៉ូរ៉ាម ជន​ជាតិ​អេដុម​បាន​បះ‌បោរ​ប្រឆាំង​នឹង​ការ​ត្រួត‌ត្រា​របស់​ជន​ជាតិ​យូដា ហើយ​នាំ​គ្នា​តែង‌តាំង​ស្តេច​មួយ​អង្គ ឲ្យ​ឡើង​គ្រង​រាជ្យ​លើ​ពួក​គេ។  ពេល​នោះ ព្រះ‌បាទ​យ៉ូរ៉ាម​យាង​ចេញ​ទៅ ដោយ​មាន​ពួក​មេ‌ទ័ព និង​រទេះ​ចម្បាំង​ទាំង​អស់​ទៅ​ជា​មួយ​ផង។ កង‌ទ័ព​អេដុម​បាន​ឡោម‌ព័ទ្ធ​ស្តេច និង​ពួក​មេ​បញ្ជា‌ការ​កង​រទេះ​ចម្បាំង។ ស្តេច​ក៏​តើន​ឡើង​នៅ​ពេល​យប់ ហើយ​វាយ​បើក​ផ្លូវ។ ១០ តាំង​ពី​ពេល​នោះ​មក ជន​ជាតិ​អេដុម​បាន​រំដោះ​ខ្លួន​ពី​ការ​ត្រួត‌ត្រា​របស់​ជន​ជាតិ​យូដា រហូត​មក​ដល់​សព្វ​ថ្ងៃ។ នៅ​គ្រា​នោះ ក្រុង​លីបណា​ក៏​បះ‌បោរ​ប្រឆាំង​នឹង​ការ​គ្រប់‌គ្រង​របស់​ព្រះ‌បាទ​យ៉ូរ៉ាម​ដែរ ព្រោះ​ស្តេច​បាន​បោះ​បង់​ចោល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​ខ្លួន។ ១១ ព្រះ‌បាទ​យ៉ូរ៉ាម​បាន​សង់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ លើ​ភ្នំ​ទាំង‌ឡាយ​ក្នុង​ស្រុក​យូដា។ ស្តេច​ជំរុញ​អ្នក​ក្រុង​យេរូ‌សាឡឹម និង​អ្នក​ស្រុក ឲ្យ​គោរព​ព្រះ​ដទៃ។ ១២ ស្តេច​បាន​ទទួល​លិខិត​មួយ​ច្បាប់​ពី​ព្យាការី​អេលី ដែល​មាន​សេចក្ដី​ដូច​ត​ទៅ “ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ព្រះ‌បាទ​ដាវីឌ ជា​អយ្យកោ​របស់​ព្រះ‌ករុណា​មាន​ព្រះ‌បន្ទូល​ថា ព្រះ‌ករុណា​ពុំ​បាន​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌បាទ​យ៉ូសាផាត ជា​បិតា​របស់​ព្រះ‌ករុណា​ទេ ហើយ​ព្រះ‌ករុណា​ក៏​មិន​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌បាទ​អសា ជា​ស្តេច​ស្រុក​យូដា​ដែរ។ ១៣ ផ្ទុយ​ទៅ​វិញ ព្រះ‌ករុណា​ដើរ​តាម​ផ្លូវ​របស់​ស្តេច​ទាំង‌ឡាយ​នៃ​ស្រុក​អ៊ីស្រា‌អែល ព្រះ‌ករុណា​ទាក់‌ទាញ​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម ឲ្យ​គោរព​ព្រះ​ដទៃ ដូច​រាជ‌វង្ស​របស់​ស្តេច​អខាប់​បាន​ប្រព្រឹត្ត ហើយ​ព្រះ‌ករុណា​បាន​សម្លាប់​ប្អូន​បង្កើត​របស់​ព្រះ‌ករុណា ដែល​សុទ្ធ​តែ​ជា​មនុស្ស​ប្រសើរ​ជាង​ព្រះ‌ករុណា​ដែរ។ ១៤ ហេតុ​នេះ ព្រះ‌អម្ចាស់​នឹង​ប្រហារ​ប្រជា‌រាស្ដ្រ ព្រម​ទាំង​បុត្រា មហេសី និង​ទ្រព្យ‌សម្បត្តិ​របស់​ព្រះ‌ករុណា ដោយ​គ្រោះ​កាច​ដ៏​សាហាវ។ ១៥ រីឯ​ព្រះ‌ករុណា​វិញ ព្រះ‌ជាម្ចាស់​នឹង​ធ្វើ​ឲ្យ​ព្រះ‌ករុណា​មាន​ជំងឺ​ជា​ទម្ងន់ គឺ​ព្រះ‌ករុណា​នឹង​មាន​រោគ​ពោះ‌វៀន ដែល​បណ្តាល​ឲ្យ​ព្រះ‌ករុណា​ឈឺ​ចាប់​កាន់​តែ​ខ្លាំង​ឡើងៗ ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​ពោះ‌វៀន​ធ្លាយ​ចេញ​មក”។
១៦ ព្រះ‌អម្ចាស់​បាន​ជំរុញ​ជន​ជាតិ​ភីលីស្ទីន និង​ជន​ជាតិ​អារ៉ាប់ ដែល​រស់​នៅ​ក្បែរ​ជន​ជាតិ​អេត្យូពី ឲ្យ​មាន​គំនិត​ប្រឆាំង​នឹង​ព្រះ‌បាទ​យ៉ូរ៉ាម។ ១៧ អ្នក​ទាំង​នោះ​លើក​គ្នា​ចូល​មក​រាត‌ត្បាត​ស្រុក​យូដា និង​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​មាន​នៅ​ក្នុង​វាំង​ស្តេច ព្រម​ទាំង​ចាប់​បុត្រ និង​មហេសី​របស់​ស្តេច នាំ​យក​ទៅ​ជា​មួយ​ផង គឺ​នៅ​សល់​តែ​សម្តេច​យ៉ូអាខាស​មួយ​អង្គ​គត់ ដែល​ក្មេង​ជាង​គេ។
១៨ បន្ទាប់​មក ព្រះ‌អម្ចាស់​ប្រហារ​ស្តេច​ដោយ​ជំងឺ​ពោះ‌វៀន ដែល​ពុំ​អាច​ព្យាបាល​ឲ្យ​ជា​ឡើយ។ ១៩ ជំងឺ​នោះ​កាន់​តែ​ធ្ងន់​ឡើងៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ប្រមាណ​ជា​ពីរ​ឆ្នាំ​ក្រោយ​មក ពោះ‌វៀន​របស់​ស្តេច​យ៉ូរ៉ាម​ក៏​ធ្លាយ​ចេញ​ពី​រូប​កាយ ហើយ​ស្តេច​សោយ​ទិវង្គត ដោយ​ឈឺ​ចាប់​បំផុត។ ប្រជាជន​ពុំ​បាន​ធ្វើ​ពិធី​ថ្វាយ​ព្រះ‌ភ្លើង​ចំពោះ​ស្តេច ដូច​គេ​បាន​ធ្វើ​ចំពោះ​អយ្យកោ​របស់​ស្តេច​ឡើយ។
២០ ព្រះ‌បាទ​យ៉ូរ៉ាម​ឡើង​សោយ​រាជ្យ នៅ​ពេល​មាន​ជន្មាយុ​សាម‌សិប​ពីរ​ព្រះ‌វស្សា។ ស្តេច​សោយ​រាជ្យ​បាន​ប្រាំ‌បី​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។ ពេល​ស្តេច​សោយ​ទិវង្គត គ្មាន​នរណា​សោក​ស្តាយ​ទេ។ គេ​បញ្ចុះ​សព​នៅ​បុរី​ព្រះ‌បាទ​ដាវីឌ តែ​មិន​តម្កល់​នៅ​ក្នុង​ផ្នូរ​ដែល​គេ​បម្រុង​ទុក​សម្រាប់​ព្រះ‌មហា​ក្សត្រ​ឡើយ។
២២
ព្រះ‌បាទ​អហា‌ស៊ីយ៉ា​សោយ​រាជ្យ​នៅ​ស្រុក​យូដា
(២​ពង្សា‌វតារ‌ក្សត្រ ៨.២៥-២៩, ៩.២១-២៩)
 ប្រជាជន​នៅ​ក្រុង​យេរូ‌សាឡឹម​នាំ​គ្នា​លើក​សម្តេច​អហា‌ស៊ីយ៉ា ជា​បុត្រ​ពៅ​របស់​ព្រះ‌បាទ​យ៉ូរ៉ាម ឲ្យ​ឡើង​ស្នង​រាជ្យ​បិតា ដ្បិត​បុត្រ​បងៗ​ត្រូវ​ជន​ជាតិ​អារ៉ាប់​សម្លាប់​អស់ នៅ​ពេល​ពួក​គេ​មក​លុក‌លុយ​ស្រុក។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌បាទ​អហា‌ស៊ីយ៉ា ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូរ៉ាម ឡើង​សោយ​រាជ្យ​លើ​ស្រុក​យូដា។  ព្រះ‌បាទ​អហា‌ស៊ីយ៉ា​ឡើង​សោយ​រាជ្យ​ក្នុង​ជន្មាយុ​ម្ភៃ​ព្រះ‌វស្សា ព្រះ‌អង្គ​សោយ​រាជ្យ​បាន​មួយ​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្តេច​មាន​នាម​ថា អថាលី ជា​ចៅ​របស់​ព្រះ‌បាទ​អូមរី។  ព្រះ‌បាទ​អហា‌ស៊ីយ៉ា​ក៏​បាន​ដើរ​តាម​ផ្លូវ​របស់​រាជ‌វង្ស​ព្រះ‌បាទ​អខាប់​ដែរ ដ្បិត​មាតា​ជួយ​គំនិត​ស្តេច​ឲ្យ​ប្រព្រឹត្ត​អំពើ​អាក្រក់។  ស្តេច​ប្រព្រឹត្ត​អំពើ​អាក្រក់​គ្រប់​យ៉ាង មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ដូច​រាជ‌វង្ស​របស់​ព្រះ‌បាទ​អខាប់​ដែរ ដ្បិត​ក្រោយ​ពេល​បិតា​សោយ​ទិវង្គត រាជ‌វង្ស​របស់​ព្រះ‌បាទ​អខាប់​ជួយ​គំនិត​ព្រះ‌បាទ​អហា‌ស៊ីយ៉ា ដែល​ជំរុញ​ឲ្យ​ស្តេច​ត្រូវ​វិនាស។  ស្តេច​ធ្វើ​តាម​យោបល់​របស់​ពួក​គេ ហើយ​ចូល​ដៃ​ជា​មួយ​ព្រះ‌បាទ​យ៉ូរ៉ាម ជា​បុត្រ​របស់​ព្រះ‌បាទ​អខាប់ ស្តេច​ស្រុក​អ៊ីស្រា‌អែល ចេញ​ទៅ​ច្បាំង​នឹង​ព្រះ‌បាទ​ហាសាអែល ជា​ស្តេច​ស្រុក​ស៊ីរី នៅ​ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ។ ពេល​នោះ កង‌ទ័ព​ស៊ីរី​វាយ​ព្រះ‌បាទ​យ៉ូរ៉ាម​របួស។  ព្រះ‌បាទ​យ៉ូរ៉ាម​ត្រឡប់​មក​ក្រុង​យីសរេអែល​វិញ ដើម្បី​ព្យាបាល​របួស​ដែល​កង‌ទ័ព​ស៊ីរី​បាន​វាយ នៅ​ក្រុង​រ៉ាម៉ា ក្នុង​ពេល​ស្តេច​ប្រយុទ្ធ​ជា​មួយ​ព្រះ‌បាទ​ហាសាអែល ស្តេច​ស្រុក​ស៊ីរី។ ពេល​នោះ ព្រះ‌បាទ​អហា‌ស៊ីយ៉ា ជា​បុត្រ​ព្រះ‌បាទ​យ៉ូរ៉ាម ស្តេច​ស្រុក​យូដា យាង​ចុះ​ទៅ​ក្រុង​យីសរេអែល សួរ​សុខ​ទុក្ខ​ព្រះ‌បាទ​យ៉ូរ៉ាម ជា​បុត្រ​ព្រះ‌បាទ​អខាប់​ដែល​កំពុង​តែ​ប្រឈួន​យ៉ាង​ខ្លាំង។
 ព្រះ‌បាទ​អហា‌ស៊ីយ៉ា​យាង​ទៅ​សួរ​សុខ​ទុក្ខ​ព្រះ‌បាទ​យ៉ូរ៉ាម​ដូច្នេះ មក​ពី​ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ធ្វើ​ឲ្យ​ព្រះ‌បាទ​អហា‌ស៊ីយ៉ា​វិនាស។ ពេល​ទៅ​ដល់ ព្រះ‌បាទ​អហា‌ស៊ីយ៉ា​យាង​ទៅ​ជា​មួយ​ព្រះ‌បាទ​យ៉ូរ៉ាម ដើម្បី​ជួប​នឹង​លោក​យេហ៊ូ ជា​កូន​របស់​លោក​នីមស៊ី។ មុន​នោះ ព្រះ‌អម្ចាស់​បាន​ចាក់​ប្រេង​អភិសេក​លោក​យេហ៊ូ​ជា​ស្តេច ដើម្បី​ឲ្យ​លោក​រំលាយ​រាជ‌វង្ស​ព្រះ‌បាទ​អខាប់។  លោក​យេហ៊ូ​ធ្វើ​ទោស​រាជ‌វង្ស​ព្រះ‌បាទ​អខាប់ ថ្វាយ​ព្រះ‌ជាម្ចាស់ ហើយ​ពេល​លោក​ជួប​ពួក​មន្ត្រី​របស់​ជន​ជាតិ​យូដា ព្រម​ទាំង​ក្មួយៗ​របស់​ព្រះ‌បាទ​អហា‌ស៊ីយ៉ា ដែល​ជា​រាជ​បម្រើ​របស់​ស្តេច នោះ​លោក​ក៏​ប្រហារ​ជីវិត​ពួក​គេ​ទាំង​អស់​គ្នា។  លោក​យេហ៊ូ​ឲ្យ​គេ​តាម​រក​ព្រះ‌បាទ​អហា‌ស៊ីយ៉ា ហើយ​គេ​ចាប់​ស្តេច​បាន​នៅ​ក្រុង​សាម៉ារី ព្រោះ​ស្តេច​ពួន​នៅ​ទី​នោះ។ គេ​នាំ​ស្តេច​ទៅ​ជួប​លោក​យេហ៊ូ ហើយ​លោក​ក៏​ធ្វើ​គុត​ស្តេច​ទៅ។ បន្ទាប់​មក គេ​ធ្វើ​ពិធី​បញ្ចុះ​សព​ស្តេច ដ្បិត​គេ​គិត​ថា ស្តេច​ត្រូវ​ជា​រាជ‌វង្ស​របស់​ព្រះ‌បាទ​យ៉ូសាផាត ដែល​ស្វែង​រក​ព្រះ‌អម្ចាស់​យ៉ាង​អស់​ពី​ចិត្ត។ នៅ​ក្នុង​រាជ‌វង្ស​របស់​ព្រះ‌បាទ​អហា‌ស៊ីយ៉ា គ្មាន​នរណា​ម្នាក់​មាន​សមត្ថ‌ភាព​អាច​នឹង​ឡើង​គ្រង​រាជ្យ​ឡើយ។
ព្រះ‌នាង​អថាលី​ដណ្ដើម​អំណាច​នៅ​ក្រុង​យេរូ‌សាឡឹម
(២​ពង្សា‌វតារ‌ក្សត្រ ១១.១-៣)
១០ កាល​ព្រះ‌នាង​អថាលី ជា​មាតា​របស់​ព្រះ‌បាទ​អហា‌ស៊ីយ៉ា ជ្រាប​ថា ព្រះ‌រាជ​បុត្រ​សោយ​ទិវង្គត​ហើយ ព្រះ‌នាង​សម្រេច​ចិត្ត​ប្រល័យ​ពូជ‌ពង្ស​ទាំង​អស់​របស់​ស្តេច​ស្រុក​យូដា។ ១១ ពេល​នោះ ម្ចាស់​ក្សត្រិយ៍​យេហូ‌សេបា​បាន​យក​ព្រះ‌អង្គ​ម្ចាស់​យ៉ូអាស ជា​បុត្រា​របស់​ព្រះ‌បាទ​អហា‌ស៊ីយ៉ា ពី​ក្នុង​ចំណោម​បុត្រា​របស់​ស្តេច ដែល​ត្រូវ​គេ​សម្លាប់​នោះ ទៅ​លាក់​ទុក។ ព្រះ‌នាង​បាន​នាំ​បុត្រ​នោះ ព្រម​ទាំង​មេ‌ដោះ​ទៅ​លាក់​នៅ​បន្ទប់​ដេក​មួយ ក្នុង​ព្រះ‌វិហារ​នៅ​ជា​មួយ​ផង។ ម្ចាស់​ក្សត្រិយ៍​យេហូ‌សេបា ជា​បុត្រី​របស់​ព្រះ‌បាទ​យ៉ូរ៉ាម និង​ជា​អនុជ​របស់​ព្រះ‌បាទ​អហា‌ស៊ីយ៉ា ហើយ​ត្រូវ​ជា​ភរិយា​របស់​លោក​បូជា‌ចារ្យ​យេហូ‌យ៉ាដា បាន​លាក់​រាជ​កុមារ​នោះ មិន​ឲ្យ​ព្រះ‌នាង​អថាលី​ឃើញ ដូច្នេះ រាជ​កុមារ​ក៏​បាន​រួច​ពី​ស្លាប់។ ១២ ក្នុង​ពេល​ដែល​ព្រះ‌នាង​អថាលី​គ្រង​រាជ្យ​លើ​ស្រុក រាជ​កុមារ​លាក់​ខ្លួន​ជា​មួយ​គេ ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ អស់‌រយៈ​ពេល​ប្រាំ‌មួយ​ឆ្នាំ។
២៣
ព្រះ‌បាទ​យ៉ូអាស​ឡើង​គ្រង​រាជ្យ
(២​ពង្សា‌វតារ‌ក្សត្រ ១១.៤-២០)
 លុះ​ដល់​ឆ្នាំ​ទី​ប្រាំ​ពីរ លោក​បូជា‌ចារ្យ​យេហូ‌យ៉ាដា​បាន​តាំង​ចិត្ត​ក្លា‌ហាន ហើយ​ចុះ​សន្ធិ‌សញ្ញា​ជា​មួយ​ពួក​មេ​បញ្ជា‌ការ គឺ​មាន​អសារីយ៉ា ជា​កូន​របស់​លោក​យេរ៉ូហាំ លោក​អ៊ីស្មាអែល ជា​កូន​របស់​លោក​យ៉ូហាណន លោក​អសារីយ៉ា ជា​កូន​របស់​លោក​អូបេដ លោក​ម៉ាសេយ៉ា ជា​កូន​របស់​លោក​អដាយ៉ា និង​លោក​អេលី‌សាផាត ជា​កូន​របស់​លោក​ស៊ីគរី។  មេ​បញ្ជា‌ការ​ទាំង​នោះ​ធ្វើ​ដំណើរ​ពាស‌ពេញ​ស្រុក​យូដា ហើយ​ប្រមូល​ពួក​លេវី​នៅ​តាម​ក្រុង​ទាំង​ប៉ុន្មាន​ក្នុង​ស្រុក​យូដា ព្រម​ទាំង​ប្រមូល​មេ​ក្រុម​គ្រួសារ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល​ឲ្យ​មក​ជួប‌ជុំ​គ្នា នៅ​ក្រុង​យេរូ‌សាឡឹម។  អង្គ​ប្រជុំ​ទាំង​មូល​បាន​ចុះ​សន្ធិ‌សញ្ញា​ជា​មួយ​ព្រះ‌រាជា នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់។ លោក​យេហូ‌យ៉ាដា​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «នេះ​នែ៎ បុត្រ​របស់​ព្រះ‌មហា​ក្សត្រ! ព្រះ‌អង្គ​នឹង​គ្រង​រាជ្យ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បាន​ថ្លែង​ទុក ស្តី​អំពី​រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ។  អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ដូច​ត​ទៅ: ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដែល​ត្រូវ​វេន​យាម​នៅ​ថ្ងៃ​សប្ប័ទ* គឺ​ទាំង​ក្រុម​បូជា‌ចារ្យ ទាំង​ក្រុម​លេវី មួយ​ភាគ​បី​ត្រូវ​យាម​នៅ​ខ្លោង​ទ្វារ  មួយ​ភាគ​បី​យាម​ក្នុង​ដំណាក់​ស្តេច ហើយ​មួយ​ភាគ​បី​ទៀត យាម​នៅ​ត្រង់​មាត់​ទ្វារ​យេសូដ។ រីឯ​ប្រជាជន​ទាំង​មូល​ស្ថិត​នៅ​ក្នុង​ទី‌ធ្លា​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។  មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ចូល​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ឡើយ គឺ​មាន​ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី​ដែល​ចំ​វេន​បំពេញ​មុខ‌ងារ​ប៉ុណ្ណោះ​ដែល​អាច​ចូល​បាន ព្រោះ​ពួក​គេ​ជា​មនុស្ស​វិសុទ្ធ*។ ប្រជាជន​ទាំង​មូល​ត្រូវ​គោរព​តាម​បម្រាម​របស់​ព្រះ‌អម្ចាស់។  ក្រុម​លេវី​ត្រូវ​ប្រដាប់​អាវុធ​នៅ​ការ‌ពារ​ជុំ‌វិញ​ព្រះ‌មហា​ក្សត្រ។ នរណា​ម្នាក់​ហ៊ាន​ចូល​មក​ជិត​ព្រះ‌ដំណាក់ ត្រូវ​សម្លាប់​គេ​ចោល។ ចូរ​នៅ​ជាប់​ជា​មួយ​ព្រះ‌មហា​ក្សត្រ​ជា‌និច្ច ទោះ​បី​ស្តេច​យាង​ចេញ ឬ​ចូល​ក៏​ដោយ»។
 ក្រុម​លេវី និង​ប្រជាជន​យូដា​ទាំង​មូល នាំ​គ្នា​ធ្វើ​តាម​បញ្ជា​ទាំង​ប៉ុន្មាន​របស់​លោក​បូជា‌ចារ្យ​យេហូ‌យ៉ាដា ម្នាក់ៗ​នាំ​កូន​ទាហាន​របស់​ខ្លួន ទាំង​អ្នក​ត្រូវ​វេន​យាម​នៅ​ថ្ងៃ​សប្ប័ទ ទាំង​អ្នក​មិន​ត្រូវ​វេន​យាម ដ្បិត​លោក​បូជា‌ចារ្យ​យេហូ‌យ៉ាដា​មិន​ឲ្យ​ក្រុម​ណា​មួយ​នៅ​ទំនេរ​ឡើយ។  លោក​បូជា‌ចារ្យ​យេហូ‌យ៉ាដា​ចែក​លំពែង ព្រម​ទាំង​ខែល​របស់​ព្រះ‌បាទ​ដាវីឌ ដែល​តម្កល់​ទុក​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ ជូន​មេ​បញ្ជា‌ការ​ទាំង​នោះ។ ១០ លោក​ដាក់​ពល‌ទាហាន​ទាំង​អស់ ដែល​ប្រដាប់​អាវុធ​គ្រប់ៗ​ដៃ ឲ្យ​ឈរ​យាម​ចាប់​ពី​ប៉ែក​ខាង​ស្តាំ រហូត​ដល់​ប៉ែក​ខាង​ឆ្វេង​ព្រះ‌ដំណាក់ ព្រម​ទាំង​នៅ​ជិត​អាសនៈ និង​នៅ​ក្បែរ​ព្រះ‌ដំណាក់ ដើម្បី​ការ‌ពារ​ព្រះ‌មហា​ក្សត្រ។ ១១ គេ​យាង​បុត្រ​របស់​ស្តេច​ចេញ​មក ហើយ​យក​មកុដ​រាជ្យ​មក​បំពាក់ ព្រម​ទាំង​ថ្វាយ​ឯក‌សារ​នៃ​សម្ពន្ធ‌មេត្រី​ផង លោក​យេហូ‌យ៉ាដា និង​កូនៗ​របស់​លោក ចាក់​ប្រេង​អភិសេក​រាជ​កុមារ តែង‌តាំង​ជា​ស្តេច ទាំង​ស្រែក​ថា៖ «ជយោ ព្រះ‌មហា​ក្សត្រ!»។
១២ កាល​ព្រះ‌នាង​អថាលី​ឮ​សម្រែក​ប្រជាជន​ដែល​រត់​ទៅ​មក ស្រែក​អប‌អរ‌សាទរ​ព្រះ‌មហា​ក្សត្រ ព្រះ‌នាង​យាង​ទៅ​មើល​ពួក​គេ នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់១៣ ព្រះ‌នាង​ទត​ឃើញ​ព្រះ‌មហា​ក្សត្រ​ថ្មី​ឈរ​នៅ​លើ​វេទិកា ត្រង់​មាត់​ទ្វារ ដោយ​មាន​មេ‌ទ័ព និង​អ្នក​ផ្លុំ​ត្រែ​ឈរ​អម​ផង។ ប្រជាជន​ទាំង​មូល​នៅ​ក្នុង​ស្រុក​នាំ​គ្នា​អប‌អរ‌សាទរ គេ​ផ្លុំ​ត្រែ ហើយ​អ្នក​ចម្រៀង​នាំ​ប្រជាជន​ច្រៀង​សរសើរ​តម្កើង ទាំង​ប្រគំ​តូរ្យ‌តន្ដ្រី​ផង។ ព្រះ‌នាង​អថាលី​ហែក​ព្រះ‌ភូសា ស្រែក​ថា៖ «នេះ​ជា​អំពើ​ក្បត់! នេះ​ជា​អំពើ​ក្បត់!»។ ១៤ លោក​បូជា‌ចារ្យ​យេហូ‌យ៉ាដា​បញ្ជា​ទៅ​ពួក​មេ​បញ្ជា‌ការ​ដែល​គ្រប់‌គ្រង​លើ​ពល‌ទ័ព​ថា៖ «ចូរ​នាំ​ព្រះ‌នាង​ចេញ​ទៅ​ក្រៅ! បើ​នរណា​គាំ‌ទ្រ​ព្រះ‌នាង ចូរ​សម្លាប់​ដោយ​មុខ​ដាវ​ទៅ!»។ លោក​បូជា‌ចារ្យ​មាន​ប្រសាសន៍​ទៀត​ថា៖ «មិន​ត្រូវ​ប្រហារ​ជីវិត​ព្រះ‌នាង​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ទេ!»។ ១៥ គេ​ចាប់​ព្រះ‌នាង​នាំ​ទៅ​វាំង​វិញ។ កាល​មក​ដល់​មាត់​ខ្លោង​ទ្វារ​សេះ គេ​ក៏​ប្រហារ​ជីវិត​ព្រះ‌នាង​នៅ​ទី​នោះ។
១៦ លោក​យេហូ‌យ៉ាដា​ចង​សម្ពន្ធ‌មេត្រី​រវាង​ខ្លួន​ផ្ទាល់ ប្រជាជន​ទាំង​មូល និង​ព្រះ‌មហា​ក្សត្រ ដើម្បី​ធ្វើ​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អម្ចាស់១៧ ប្រជាជន​ទាំង​មូល​នាំ​គ្នា​ចូល​ទៅ​បំផ្លាញ​វិហារ​របស់​ព្រះ‌បាល ហើយ​វាយ​កម្ទេច​អាសនៈ និង​រូប​សំណាក ព្រម​ទាំង​សម្លាប់​លោក​ម៉ាត់ថាន ជា​បូជា‌ចារ្យ​របស់​ព្រះ‌បាល នៅ​មុខ​អាសនៈ​ទៀត​ផង។ ១៨ លោក​យេហូ‌យ៉ាដា​ចាត់​ចែង​ឲ្យ​ក្រុម​បូជា‌ចារ្យ​លេវី ទទួល​ខុស​ត្រូវ​លើ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ គឺ​អ្នក​ដែល​ព្រះ‌បាទ​ដាវីឌ​បាន​ចែក​ជា​ក្រុម​ឲ្យ​បំពេញ​មុខ‌ងារ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ដើម្បី​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​ដល់​ព្រះ‌អម្ចាស់ ដូច​មាន​ចែង​ទុក​ក្នុង​វិន័យ​របស់​លោក​ម៉ូសេ។ ព្រះ‌បាទ​ដាវីឌ​ក៏​បាន​បង្គាប់​ឲ្យ​គេ​ច្រៀង​ចម្រៀង​យ៉ាង​សប្បាយ ក្នុង​ឱកាស​នោះ​ដែរ។ ១៩ លោក​យេហូ‌យ៉ាដា​បាន​ដាក់​អ្នក​យាម​ទ្វារ នៅ​តាម​ខ្លោង​ទ្វារ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ដើម្បី​កុំ​ឲ្យ​អ្នក​ដែល​មិន​បរិសុទ្ធ​ដោយ​ប្រការ​ណា​មួយ​ក្តី អាច​ចូល​ឡើយ។
២០ បន្ទាប់​មក លោក​នាំ​ពួក​មេ​បញ្ជា‌ការ ពួក​អភិ‌ជន ពួក​អ្នក​មុខ​អ្នក​ការ​ក្នុង​ចំណោម​ប្រជាជន និង​ប្រជាជន​ទាំង​មូល​នៅ​ក្នុង​ស្រុក មក​ដង្ហែ​ព្រះ‌មហា​ក្សត្រ​ពី​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ចូល​វាំង តាម​ខ្លោង​ទ្វារ​ប៉ែក​ខាង​លើ រួច​យាង​ព្រះ‌រាជា​ឡើង​គង់​លើ​បល្ល័ង្ក​រាជ្យ។
២១ ប្រជាជន​ទាំង​មូល​នៅ​ក្នុង​ស្រុក​នាំ​គ្នា​អប‌អរ‌សាទរ ហើយ​ទី‌ក្រុង​ក៏​បាន​សុខ‌សាន្ត។ គេ​បាន​ប្រហារ​ជីវិត​ព្រះ‌នាង​អថាលី ដោយ​មុខ​ដាវ។
២៤
ព្រះ‌បាទ​យ៉ូអាស​ជួស‌ជុល​ព្រះ‌វិហារ
(២​ពង្សា‌វតារ‌ក្សត្រ ១២.១-១៧)
 ព្រះ‌បាទ​យ៉ូអាស​ឡើង​សោយ​រាជ្យ ក្នុង​ជន្មាយុ​ប្រាំ​ពីរ​ព្រះ‌វស្សា ព្រះ‌អង្គ​សោយ​រាជ្យ​បាន​សែ‌សិប​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្តេច​មាន​នាម​ថា ស៊ីបយ៉ា ជា​អ្នក​ស្រុក​បៀរសេបា។  ព្រះ‌បាទ​យ៉ូអាស​ប្រព្រឹត្ត​អំពើ​សុចរិត ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ អស់​មួយ​ជីវិត​របស់​លោក​បូជា‌ចារ្យ​យេហូ‌យ៉ាដា។  លោក​យេហូ‌យ៉ាដា​រក​បាន​មហេសី​ពីរ​អង្គ​មក​ថ្វាយ​ព្រះ‌បាទ​យ៉ូអាស ហើយ​ស្តេច​បង្កើត​បាន​បុត្រា​បុត្រី​ជា​ច្រើន។
 ក្រោយ​មក ព្រះ‌បាទ​យ៉ូអាស​មាន​បំណង​ជួស‌ជុល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។  ស្តេច​កោះ​ហៅ​ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី ឲ្យ​មក​ជួប‌ជុំ​គ្នា ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «សូម​អស់​លោក​អញ្ជើញ​ទៅ​តាម​ក្រុង​នានា​ក្នុង​ស្រុក​យូដា ហើយ​រៀង​រាល់​ឆ្នាំ ត្រូវ​ប្រមូល​ប្រាក់​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល ដើម្បី​ជួស‌ជុល​ព្រះ‌ដំណាក់​នៃ​ព្រះ​របស់​អស់​លោក។ សូម​សម្រេច​ការ​នេះ​ឲ្យ​បាន​ឆាប់ៗ​ផង»។ ប៉ុន្តែ ក្រុម​លេវី​ពុំ​បាន​ធ្វើ​ការ​នេះ​ឲ្យ​បាន​រួស‌រាន់​ទេ។  ព្រះ‌រាជា​ក៏​ត្រាស់​ហៅ​លោក​មហា​បូជា‌ចារ្យ​យេហូ‌យ៉ាដា​មក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​មិន​ទាម‌ទារ​ឲ្យ​ក្រុម​លេវី​ប្រមូល​ប្រាក់ ដែល​ប្រជាជន​នៅ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម ត្រូវ​យក​មក​បង់ ដូច​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់ព្រះ‌អម្ចាស់ បាន​បង្គាប់​ឲ្យ​សហគមន៍​អ៊ីស្រា‌អែល​យក​មក​ថ្វាយ​សម្រាប់​ពន្លា​នៃ​សន្ធិ‌សញ្ញា?  ម្ចាស់​ក្សត្រិយ៍​អថាលី​ដ៏​អប្រិយ និង​បរិវារ​របស់​គាត់ បាន​បំផ្លាញ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ ហើយ​យក​វត្ថុ​សក្ការៈ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ទៅ​ប្រើ‌ប្រាស់​សម្រាប់​ព្រះ‌បាល»។
 ពេល​នោះ ព្រះ‌រាជា​ឲ្យ​គេ​ធ្វើ​ហិប​មួយ យក​ទៅ​ដាក់​នៅ​ខាង​មុខ​មាត់​ទ្វារ​ចូល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។  គេ​ចេញ​ប្រកាស​នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូ‌សាឡឹម ឲ្យ​ប្រជាជន​យក​ពន្ធដារ​មក​ថ្វាយ​ព្រះ‌អម្ចាស់ ដូច​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់ បាន​បង្គាប់​ដល់​ជន​ជាតិ​អ៊ីស្រា‌អែល​នៅ​វាល​រហោ‌ស្ថាន។ ១០ មេ​ដឹក​នាំ​ទាំង​អស់ និង​ប្រជាជន​ទាំង​មូល នាំ​គ្នា​យក​ប្រាក់​មក​ថ្វាយ ដោយ​ចិត្ត​សប្បាយ។ គេ​ដាក់​ប្រាក់​នៅ​ក្នុង​ហិប​រហូត​ដល់​ពេញ។ ១១ លុះ​ដល់​ពេល​ដែល​ត្រូវ​នាំ​ហិប ទៅ​ឲ្យ​ក្រុម​លេវី​ត្រួត​ពិនិត្យ​មើល​ក្នុង​នាម​ព្រះ‌រាជា គឺ​នៅ​ពេល​ដែល​គេ​ឃើញ​មាន​ប្រាក់​ច្រើន​នៅ​ក្នុង​ហិប​ហើយ លោក​ស្មៀន​ហ្លួង និង​លោក​អធិ‌ការ​អម​មហា‌បូជា‌ចារ្យ ក៏​មក​យក​ប្រាក់​ចេញ​ពី​ហិប នាំ​យក​ទៅ ដោយ​ទុក​ហិប​នៅ​កន្លែង​ដើម​វិញ។ គេ​ធ្វើ​បែប​នេះ ជា​រៀង​រាល់​ថ្ងៃ ហើយ​ទទួល​បាន​ប្រាក់​យ៉ាង​ច្រើន។ ១២ ព្រះ‌រាជា និង​លោក​យេហូ‌យ៉ាដា​ប្រគល់​ប្រាក់​នោះ​ទៅ​ឲ្យ​ពួក​មេ​ជាង ដែល​ទទួល​បន្ទុក​លើ​ការ‌ងារ​ជួស‌ជុល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ ពួក​មេ​ជាង​បាន​ជួល​កម្មករ​មក​ជួស‌ជុល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ឡើង​វិញ គឺ​មាន​ជាង​ដាប់​ថ្ម និង​ជាង​ឈើ ព្រម​ទាំង​ជួល​ជាង​ដែក និង​ជាង​លង្ហិន​សម្រាប់​ជួស‌ជុល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ដែរ។ ១៣ មេ​ជាង​ទាំង​នោះ​នាំ​គ្នា​បំពេញ​កិច្ច‌ការ ដោយ​ដឹក​នាំ​ការ​ជួស​ជុល​ទាំង​អស់ ធ្វើ​ឲ្យ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់​បាន​ល្អ និង​មាំ ដូច​ដើម​ឡើង​វិញ។ ១៤ ក្រោយ​ជួស‌ជុល​ព្រះ‌ដំណាក់​ចប់​សព្វ​គ្រប់​ហើយ ពួក​គេ​យក​ប្រាក់​ដែល​នៅ​សល់​មក​ថ្វាយ​ព្រះ‌រាជា និង​ប្រគល់​ជូន​លោក​យេហូ‌យ៉ាដា។ គេ​ក៏​យក​ប្រាក់​នោះ​ទៅ​ធ្វើ​ប្រដាប់​ប្រដា​សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ គឺ​មាន​គ្រឿង​បរិក្ខារ​សម្រាប់​ពិធី​ផ្សេងៗ គ្រឿង​បរិក្ខារ​សម្រាប់​តង្វាយ​ដុត​ទាំង​មូល ពែង ព្រម​ទាំង​របស់​ឯ​ទៀតៗ​ធ្វើ​ពី​មាស និង​ប្រាក់។ ក្នុង​មួយ​ជីវិត​របស់​លោក​យេហូ‌យ៉ាដា គេ​តែង‌តែ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​ជា​អចិន្ត្រៃយ៍ នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់
ព្រះ‌បាទ​យ៉ូអាស​បោះ​បង់​ចោល​ព្រះ‌អម្ចាស់
១៥ លោក​យេហូ‌យ៉ាដា​មាន​វ័យ​កាន់​តែ​ចាស់​ជរា និង​មាន​អាយុ​វែង រួច​លោក​ទទួល​មរណ‌ភាព​ក្នុង​ជន្មាយុ​មួយ‌រយ​សាម‌សិប​ឆ្នាំ។ ១៦ គេ​បញ្ចុះ​សព​លោក​នៅ​បុរី​ព្រះ‌បាទ​ដាវីឌ​ជា​មួយ​ស្តេច ដ្បិត​លោក​បាន​ប្រព្រឹត្ត​ល្អ​ចំពោះ​ប្រជាជន​អ៊ីស្រា‌អែល ចំពោះ​ព្រះ‌ជាម្ចាស់ និង​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ។
១៧ ក្រោយ​ពេល​លោក​យេហូ‌យ៉ាដា​ទទួល​មរណ‌ភាព​ផុត​ទៅ ពួក​មេ​ដឹក​នាំ​របស់​ជន​ជាតិ​យូដា​នាំ​គ្នា​មក​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌រាជា ហើយ​ព្រះ‌រាជា​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​ពួក​គេ។ ១៨ ពួក​គេ​បោះ​បង់​ចោល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​ខ្លួន ហើយ​គោរព​បម្រើ​ព្រះ‌អាសេ‌រ៉ា និង​ព្រះ​ក្លែង‌ក្លាយ​ឯ​ទៀតៗ។ កំហុស​នេះ​បណ្តាល​ឲ្យ​ព្រះ‌អម្ចាស់​ព្រះ‌អង្គ​ព្រះ‌ពិរោធ​ទាស់​នឹង​អ្នក​ស្រុក​យូដា ព្រម​ទាំង​អ្នក​ក្រុង​យេរូ‌សាឡឹម។ ១៩ ព្រះ‌អម្ចាស់​បាន​ចាត់​ពួក​ព្យាការី​ទៅ​ក្នុង​ចំណោម​ពួក​គេ ដើម្បី​ណែ‌នាំ​ពួក​គេ​ឲ្យ​វិល​មក​រក​ព្រះ‌អង្គ​វិញ។ ព្យាការី​ប្រៀន‌ប្រដៅ​ពួក​គេ តែ​ពួក​គេ​មិន​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ឡើយ។ ២០ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​យាង​មក​សណ្ឋិត​លើ​លោក​សាការី ដែល​ត្រូវ​ជា​កូន​របស់​លោក​បូជា‌ចារ្យ​យេហូ‌យ៉ាដា។ លោក​ប្រឈម​មុខ​ទល់​នឹង​ប្រជាជន ហើយ​ប្រកាស​ថា៖ «ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​បំពាន​លើ​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់? ដោយ​អ្នក​រាល់​គ្នា​បោះ​បង់​ចោល​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​ក៏​នឹង​បោះ​បង់​ចោល​អ្នក​រាល់​គ្នា។ ដូច្នេះ អ្នក​រាល់​គ្នា​ធ្វើ​អ្វី ក៏​មិន​បាន​សម្រេច​ដែរ»។ ២១ ប្រជាជន​ឃុប​ឃិត​គ្នា​ប្រឆាំង​នឹង​លោក​សាការី ហើយ​គេ​យក​ដុំ​ថ្ម​គប់​សម្លាប់​លោក នៅ​ក្នុង​ទី‌ធ្លា​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ តាម​បញ្ជា​របស់​ស្តេច។ ២២ ព្រះ‌បាទ​យ៉ូអាស​ពុំ​នឹក​ឃើញ​សេចក្ដី​សប្បុរស​ដែល​លោក​យេហូ‌យ៉ាដា ជា​ឪពុក​របស់​លោក​សាការី បាន​សម្ដែង​ចំពោះ​ស្តេច​ទេ គឺ​ស្តេច​ប្រហារ​ជីវិត​កូន​របស់​លោក។ នៅ​ពេល​ស្លាប់ លោក​សាការី​ពោល​ថា៖ «សូម​ព្រះ‌អម្ចាស់​ទត​មើល ហើយ​រក​យុត្តិធម៌​ចុះ!»។
ចុង​បញ្ចប់​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​យ៉ូអាស
(២​ពង្សា‌វតារ‌ក្សត្រ ១២.១៨-២២)
២៣ មួយ​ឆ្នាំ​កន្លង​មក​ទៀត កង‌ទ័ព​ស៊ីរី​បាន​ឡើង​មក​វាយ​ព្រះ‌បាទ​យ៉ូអាស។ ពួក​គេ​មក​ដល់​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម។ ពួក​គេ​កាប់​សម្លាប់​មេ​ដឹក​នាំ​ទាំង​ប៉ុន្មាន​របស់​ប្រជាជន ហើយ​បញ្ជូន​ជ័យ‌ភ័ណ្ឌ​ទាំង​អស់​ទៅ​ថ្វាយ​ស្តេច​នៅ​ក្រុង​ដាម៉ាស។ ២៤ កង‌ទ័ព​ស៊ីរី​មាន​ចំនួន​តែ​បន្តិច​ប៉ុណ្ណោះ តែ​ព្រះ‌អម្ចាស់​បាន​ប្រគល់​កង‌ទ័ព​យូដា​ដែល​មាន​គ្នា​ច្រើន ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​គេ ព្រោះ​ជន​ជាតិ​យូដា​បោះ​បង់​ចោល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​ខ្លួន។ ដូច្នេះ ព្រះ‌ជាម្ចាស់​បាន​ប្រើ​ជន​ជាតិ​ស៊ីរី សម្រាប់​ដាក់​ទោស​ព្រះ‌បាទ​យ៉ូអាស។ ២៥ បន្ទាប់​មក កង‌ទ័ព​ស៊ីរី​ចាក​ចេញ​ទៅ ទុក​ឲ្យ​ព្រះ‌បាទ​យ៉ូអាស​ប្រឈួន​ជា​ទម្ងន់។ ពួក​រាជ​បម្រើ​ឃុប​ឃិត​គ្នា​ប្រឆាំង​នឹង​ស្តេច ដើម្បី​សង‌សឹក​ចំពោះ​ឃាតកម្ម​ទៅ​លើ​កូន​របស់​លោក​បូជា‌ចារ្យ​យេហូ‌យ៉ាដា។ គេ​ធ្វើ​គុត​ស្តេច​នៅ​ក្នុង​ក្រឡា‌បន្ទំ រួច​យក​សព​ទៅ​បញ្ចុះ​នៅ​បុរី​ព្រះ‌បាទ​ដាវីឌ តែ​គេ​មិន​បញ្ចុះ​នៅ​ក្នុង​ផ្នូរ ជា​មួយ​ស្តេច​ឯ​ទៀតៗ​ទេ។ ២៦ អ្នក​ដែល​បាន​ឃុប​ឃិត​គ្នា​ធ្វើ​គុត​ស្តេច គឺ​លោក​សេបាដ ជា​កូន​របស់​ស្ត្រី​សាសន៍​អាំម៉ូន ឈ្មោះ​ស៊ីម៉ាត និង​លោក​យេហូ‌សាបាដ ជា​កូន​របស់​ស្ត្រី​សាសន៍​ម៉ូអាប់ ឈ្មោះ​ស៊ីម‌រីត។
២៧ រីឯ​ចំនួន​បុត្រ​របស់​ស្តេច និង​សេចក្ដី​ជា​ច្រើន​ដែល​ព្យាការី​ថ្លែង​ប្រឆាំង​នឹង​ស្តេច ព្រម​ទាំង​កំណត់​ហេតុ​ស្តី​អំពី​ការ​ជួស‌ជុល​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​អធិ‌ប្បាយ​របស់​ព្រះ‌មហា​ក្សត្រ។ ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។
២៥
ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​សោយ​រាជ្យ​លើ​ស្រុក​យូដា
(២​ពង្សា‌វតារ‌ក្សត្រ ១៤.១-៧)
 ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​ឡើង​សោយ​រាជ្យ នៅ​ក្នុង​ជន្មាយុ​ម្ភៃ‌ប្រាំ​ព្រះ‌វស្សា ហើយ​សោយ​រាជ្យ​បាន​ម្ភៃ‌ប្រាំ​បួន​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្តេច​មាន​នាម​ថា យ៉ូអាដាន ជា​អ្នក​ក្រុង​យេរូ‌សាឡឹម។  ស្តេច​បាន​ប្រព្រឹត្ត​អំពើ​សុចរិត​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ តែ​មិន​មែន​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ទេ។  ក្រោយ​ពី​ឡើង​គ្រង​រាជ្យ និង​ពង្រឹង​អំណាច​ហើយ ស្តេច​ប្រហារ​ជីវិត​ពួក​មេ‌ទ័ព​ដែល​បាន​ធ្វើ​គុត​បិតា​របស់​ស្តេច។  ប៉ុន្តែ ស្តេច​ពុំ​បាន​ឲ្យ​គេ​ប្រហារ​ជីវិត​កូន​ចៅ​របស់​ពួក​ឃាតក​ទេ ដ្បិត​ស្តេច​គោរព​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ‌វិន័យ​របស់​លោក​ម៉ូសេ គឺ​ព្រះ‌អម្ចាស់​បាន​បង្គាប់​ថា៖ «ឪពុក​មិន​ត្រូវ​ស្លាប់ ព្រោះ​តែ​ទោស​របស់​កូន ហើយ​កូន​ក៏​មិន​ត្រូវ​ស្លាប់ ព្រោះ​តែ​ទោស​របស់​ឪពុក​ដែរ គឺ​ត្រូវ​ប្រហារ​ជីវិត​មនុស្ស​ម្នាក់ៗ តាម​អំពើ​បាប​ដែល​ខ្លួន​ប្រព្រឹត្ត»។
 ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​ប្រមូល​ទាហាន​នៅ​ស្រុក​យូដា គឺ​ប្រជាជន​ក្នុង​កុល‌សម្ព័ន្ធ​យូដា និង​កុល‌សម្ព័ន្ធ​បេនយ៉ាមីន ហើយ​ចែក​ពួក​គេ​ជា​កង តាម​អំបូរ​របស់​ខ្លួន ក្រោម​ការ​ដឹក​នាំ​របស់​មេ​បញ្ជា‌ការ​កង‌ពល​ធំ និង​មេ​បញ្ជា‌ការ​កង‌ពល​តូច។ បន្ទាប់​មក ស្តេច​ជំរឿន​ប្រុសៗ​ដែល​មាន​អាយុ​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ឃើញ​មាន​ទាំង​អស់ ៣០០ ០០០ នាក់ ជា​ទាហាន​ដ៏​ចំណាន ដែល​ប្រើ​លំពែង ប្រើ​ខែល​ចេញ​ទៅ​ធ្វើ​សឹក​បាន។  ស្តេច​ក៏​បាន​យក​ប្រាក់​សុទ្ធ​មួយ‌រយ​ណែន​ទៅ​ជួល​ទាហាន​ដ៏​ពូកែ​អង់‌អាច​ចំនួន ១០០ ០០០ នាក់ ពី​ស្រុក​អ៊ីស្រា‌អែល។
 មាន​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​មួយ​រូប មក​ទូល​ស្តេច​ថា៖ «បពិត្រ​ព្រះ‌រាជា សូម​កុំ​ឲ្យ​ទាហាន​អ៊ីស្រា‌អែល​ចេញ​ទៅ​ជា​មួយ​ព្រះ‌ករុណា​ឡើយ ដ្បិត​ព្រះ‌អម្ចាស់​មិន​គង់​ជា​មួយ​អ៊ីស្រា‌អែល គឺ​ព្រះ‌អង្គ​មិន​គង់​ជា​មួយ​កូន​ចៅ​អេប្រាអ៊ីម​ទាំង​នេះ​ទេ។  ប្រសិន​បើ​ព្រះ‌ករុណា​ឲ្យ​ពួក​គេ​ទៅ​ជា​មួយ ទោះ​បី​ព្រះ‌ករុណា​ខំ​ប្រឹង​ប្រយុទ្ធ​យ៉ាង​ណា​ក្តី ក៏​ព្រះ‌ជាម្ចាស់​ធ្វើ​ឲ្យ​ព្រះ‌ករុណា​បរា‌ជ័យ នៅ​ចំពោះ​មុខ​ខ្មាំង​សត្រូវ​ដែរ ដ្បិត​មាន​តែ​ព្រះ‌ជាម្ចាស់​ប៉ុណ្ណោះ ដែល​ប្រទាន​ជ័យ‌ជម្នះ ឬ​ធ្វើ​ឲ្យ​បរា‌ជ័យ»។  ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​មាន​រាជ‌ឱង្ការ​ទៅ​កាន់​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ថា៖ «តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច ចំពោះ​ប្រាក់​ដែល​យើង​បាន​ឲ្យ​ទៅ​ទាហាន​អ៊ីស្រា‌អែល​ទាំង​នោះ!»។ អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ទូល​ស្តេច​ថា៖ «ព្រះ‌អម្ចាស់​អាច​ប្រទាន​ប្រាក់​មក​ព្រះ‌ករុណា​វិញ​ច្រើន​ជាង​នេះ​ទៅ​ទៀត»។ ១០ ពេល​នោះ ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​បំបែក​ទាហាន​អេប្រាអ៊ីម​ចេញ​ពី​ជួរ​ទ័ព ឲ្យ​គេ​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​ខ្លួន​វិញ។ ទាហាន​ទាំង​នោះ​ខឹង​ជន​ជាតិ​យូដា​យ៉ាង​ខ្លាំង គេ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ទាំង​ក្ដៅ​ក្រហាយ។
១១ ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​តាំង​ចិត្ត​ក្លាហាន នាំ​មុខ​កង‌ទ័ព ឆ្ពោះ​ទៅ​ជ្រលង​ភ្នំ​អំបិល ហើយ​ប្រហារ​ទាហាន​អេដុម អស់​មួយ‌ម៉ឺន​នាក់។ ១២ ទាហាន​យូដា​ចាប់​បាន​ខ្មាំង​មួយ‌ម៉ឺន​នាក់​ទៀត ហើយ​នាំ​ឡើង​ទៅ​លើ​ចំណោត​ថ្មមួយ រួច​ច្រាន​ទម្លាក់​ចុះ​មក ធ្វើ​ឲ្យ​ពួក​គេ​ស្លាប់​ទាំង​អស់​គ្នា។
១៣ រីឯ​ទាហាន​អ៊ីស្រា‌អែល​ដែល​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​បណ្តេញ​ឲ្យ​វិល​ទៅ​ផ្ទះ​វិញ ដើម្បី​កុំ​ឲ្យ​ទៅ​ច្បាំង​ជា​មួយ​នោះ បាន​នាំ​គ្នា​រាត‌ត្បាត​ក្រុង​នានា​ក្នុង​ស្រុក​យូដា ដែល​នៅ​ចន្លោះ​ក្រុង​សាម៉ារី និង​ក្រុង​បេត‌ហូរ៉ូន ហើយ​សម្លាប់​ប្រជាជន​អស់​បី​ពាន់​នាក់ ព្រម​ទាំង​រឹប​អូស​យក​ជ័យ‌ភ័ណ្ឌ​ជា​ច្រើន​ទៀត​ផង។
ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​ច្បាំង​ចាញ់​ស្តេច​ស្រុក​អ៊ីស្រា‌អែល
(២​ពង្សា‌វតារ‌ក្សត្រ ១៤.៨-១៤)
១៤ ក្រោយ​ពេល​វាយ​ឈ្នះ​ជន​ជាតិ​អេដុម​ហើយ ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​វិល​ត្រឡប់​មក​វិញ ទាំង​នាំ​យក​ព្រះ​របស់​ជន​ជាតិ​អេដុម​មក​ជា​មួយ។ ស្តេច​យក​ព្រះ​ទាំង​នោះ​ធ្វើ​ជា​ព្រះ​របស់​ខ្លួន ដោយ​ក្រាប​ថ្វាយ‌បង្គំ និង​ដុត​គ្រឿង​ក្រអូប​ថ្វាយ​ព្រះ​ទាំង​នោះ​ទៀត​ផង។ ១៥ ពេល​នោះ ព្រះ‌អម្ចាស់​ព្រះ‌អង្គ​ព្រះ‌ពិរោធ​នឹង​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​យ៉ាង​ខ្លាំង ព្រះ‌អង្គ​ចាត់​ព្យាការី​ឲ្យ​ទៅ​គាល់​ស្តេច ទូល​ថា៖ «ព្រះ​ទាំង​នេះ​មិន​បាន​រំដោះ​ប្រជាជន​របស់​ខ្លួន​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ព្រះ‌ករុណា​ទេ ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះ‌ករុណា​បែរ​ទៅ​គោរព​ព្រះ​របស់​សាសន៍​នោះ​ដូច្នេះ!»។ ១៦ លោក​មាន​ប្រសាសន៍​មិន​ទាន់​ផុត​ផង ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​មាន​រាជ‌ឱង្ការ​ទៅ​លោក​ថា៖ «តើ​យើង​បាន​តែង‌តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ទី​ប្រឹក្សា​របស់​ស្តេច​ពី​អង្កាល់? ប្រសិន​បើ​អ្នក​មិន​ចង់​ឲ្យ​គេ​វាយ​អ្នក​ទេ​នោះ ចូរ​នៅ​ស្ងៀម​ទៅ!»។ ប៉ុន្តែ មុន​នឹង​បញ្ចប់ ព្យាការី​ថ្លែង​ថា៖ «ទូល‌បង្គំ​ដឹង​ហើយ​ថា ព្រះ‌ជាម្ចាស់​បាន​សម្រេច​នឹង​បំផ្លាញ​ព្រះ‌ករុណា ដ្បិត​ព្រះ‌ករុណា​ប្រព្រឹត្ត​បែប​នេះ ហើយ​ព្រះ‌ករុណា​ក៏​បដិសេធ​មិន​ព្រម​ស្ដាប់​យោបល់​របស់​ទូល‌បង្គំ​ដែរ»។
១៧ ក្រោយ​ពី​បាន​សួរ​យោបល់​ទី​ប្រឹក្សា​ឯ​ទៀតៗ​រួច​ហើយ ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​ស្តេច​ស្រុក​យូដា ចាត់​គេ​ឲ្យ​ទៅ​ទូល​ព្រះ‌បាទ​យ៉ូអាស ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូអាខាស និង​ជា​ចៅ​របស់​ព្រះ‌បាទ​យេហ៊ូ​ថា៖ «ចូរ​ចេញ​មក យើង​ប្រយុទ្ធ​តទល់​គ្នា!»។ ១៨ ព្រះ‌បាទ​យ៉ូអាស ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល ចាត់​មនុស្ស​ឲ្យ​មក​ទូល​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​ស្តេច​ស្រុក​យូដា​វិញ​ថា៖ «គ្រា​មួយ​នោះ គុម្ព​បន្លា​ដែល​ដុះ​នៅ​ភ្នំ​លីបង់​ចាត់​គេ​ឲ្យ​ទៅ​ប្រាប់​ដើម​តាត្រៅ​នៅ​ភ្នំ​លីបង់​ថា “ចូរ​លើក​កូន​ស្រី​របស់​អ្នក​ឲ្យ​មក​ធ្វើ​ជា​ប្រពន្ធ​របស់​កូន​ប្រុស​យើង”។ ប៉ុន្តែ មាន​សត្វ​ព្រៃ​ដើរ​កាត់​តាម​នោះ ហើយ​ជាន់​គុម្ព​បន្លា​ខ្ទេច‌ខ្ទី​អស់។ ១៩ ព្រះ‌ករុណា​អួត​ខ្លួន​ថា​វាយ​ឈ្នះ​ជន​ជាតិ​អេដុម ដូច្នេះ ព្រះ‌រាជា​កំពុង​តែ​មាន​មោទន‌ភាព ហើយ​លើក​តម្កើង​ខ្លួន​ឯង។ ឥឡូវ​នេះ សូម​គង់​ក្នុង​ព្រះ‌ដំណាក់​ទៅ! ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​ចង់​ធ្វើ​សង្គ្រាម ដែល​បង្ក​ឲ្យ​វេទនា​ដូច្នេះ? ព្រះ‌ករុណា និង​ប្រជាជន​យូដា មុខ​ជា​បរា‌ជ័យ​មិន​ខាន!»។ ២០ ប៉ុន្តែ ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​ពុំ​ព្រម​ស្ដាប់ តាម​សេចក្ដី​ព្រមាន​នេះ​ទេ ដ្បិត​ព្រះ‌ជាម្ចាស់​បណ្តាល​ឲ្យ​កើត​មាន​ដូច្នេះ ដើម្បី​ឲ្យ​ស្តេច និង​កង‌ទ័ព ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​បច្ចា‌មិត្ត ព្រោះ​ស្តេច​បាន​បែក​ចិត្ត​ទៅ​រក​ព្រះ​នានា​របស់​ជន​ជាតិ​អេដុម។ ២១ ពេល​នោះ ព្រះ‌បាទ​យ៉ូអាស ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល ឡើង​មក​ប្រយុទ្ធ​តទល់​នឹង​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​ស្តេច​ស្រុក​យូដា នៅ​ក្រុង​បេត‌សេមេស ក្នុង​ស្រុក​យូដា។ ២២ កង‌ទ័ព​យូដា​វាយ​ចាញ់​កង‌ទ័ព​អ៊ីស្រា‌អែល ហើយ​ពល‌ទាហាន​យូដា​បាក់​ទ័ព​រត់​មក​កាន់​ទី​លំ‌នៅ​រៀងៗ​ខ្លួន​វិញ។ ២៣ ព្រះ‌បាទ​យ៉ូអាស ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល ចាប់​បាន​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូអាស និង​ជា​ចៅ​របស់​ព្រះ‌បាទ​យ៉ូអាខាស នៅ​បេត‌សេមេស ធ្វើ​ជា​ឈ្លើយ។ បន្ទាប់​មក ព្រះ‌បាទ​យ៉ូអាស​នាំ​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​ទៅ​ក្រុង​យេរូ‌សាឡឹម ហើយ​វាយ​បំបែក​កំពែង​ក្រុង ចាប់​តាំង​ពី​ទ្វារ​អេប្រាអ៊ីម​រហូត​ដល់​ទ្វារ​នៅ​ជ្រុង​កំពែង ដែល​មាន​ប្រវែង​បួន‌រយ​ហត្ថ។ ២៤ ស្តេច​ប្រមូល​យក​មាស​ប្រាក់ និង​វត្ថុ​មាន​តម្លៃ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ ដែល​មាន​លោក​អូបេដ‌-អេដុម ជា​អ្នក​មើល​ខុស​ត្រូវ ព្រម​ទាំង​វត្ថុ​នៅ​ក្នុង​ឃ្លាំង​រាជ​ទ្រព្យ ហើយ​នាំ​ចំណាប់​ខ្មាំង​វិល​ត្រឡប់​ទៅ​ក្រុង​សាម៉ារី​វិញ។
ចុង​បញ្ចប់​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា
(២​ពង្សា‌វតារ‌ក្សត្រ ១៤.១៥-២០)
២៥ ក្រោយ​ពី​ព្រះ‌បាទ​យ៉ូអាស ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូអាខាស ស្តេច​អ៊ីស្រា‌អែល សោយ​ទិវង្គត ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូអាស ស្តេច​ស្រុក​យូដា មាន​ព្រះ‌ជន្ម​គង់​នៅ​បាន​ដប់​ប្រាំ​វស្សា​ទៀត។ ២៦ រាជ‌កិច្ច​ផ្សេងៗ​របស់​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​របស់​ស្តេច​ស្រុក​យូដា និង​ស្តេច​ស្រុក​អ៊ីស្រា‌អែល។ ២៧ ក្រោយ​ពេល​ដែល​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​បែក​ចិត្ត​ចេញ​ពី​ព្រះ‌អម្ចាស់ នៅ​ក្រុង​យេរូ‌សាឡឹម មាន​មនុស្ស​ឃុប‌ឃិត​គ្នា​ក្បត់​នឹង​ស្តេច ដូច្នេះ ស្តេច​ក៏​ភៀស​ខ្លួន​ទៅ​ក្រុង​ឡាគីស តែ​គេ​បាន​ដេញ​តាម​ព្រះ‌រាជា​រហូត​ដល់​ក្រុង​ឡាគីស​ទៀត ហើយ​ធ្វើ​គុត​ស្តេច​នៅ​ទី​នោះ។ ២៨ គេ​ដឹក​សព​របស់​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​ដាក់​លើ​ខ្នង​សេះ នាំ​មក​បញ្ចុះ​ក្នុង​ផ្នូរ​របស់​រាជ‌វង្ស នៅ​បុរី​ស្រុក​យូដា។
២៦
ព្រះ‌បាទ​អសា‌រីយ៉ា​ឡើង​គ្រង​រាជ្យ​ជា​ស្តេច​ស្រុក​យូដា
(២​ពង្សា‌វតារ‌ក្សត្រ ១៤.២១-២២,១៥.១-៣)
 ប្រជាជន​ស្រុក​យូដា​ទាំង​មូល​នាំ​គ្នា​លើក​ព្រះ‌បាទ​អសា‌រីយ៉ា ដែល​មាន​ព្រះ‌ជន្ម​ដប់​ប្រាំ‌មួយ​វស្សា ឲ្យ​ឡើង​គ្រង​រាជ្យ​បន្ត​ពី​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​បិតា។  ក្រោយ​ពេល​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​សោយ​ទិវង្គត ព្រះ‌បាទ​អសា‌រីយ៉ា​បាន​សង់​ក្រុង​អេឡាត ឡើង​វិញ រួច​ដាក់​ឲ្យ​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ស្រុក​យូដា​ដូច​ពី​មុន។  ព្រះ‌បាទ​អសា‌រីយ៉ា​ឡើង​សោយ​រាជ្យ​លើ​ស្រុក​យូដា ក្នុង​ជន្មាយុ​ដប់​ប្រាំ‌មួយ​ព្រះ‌វស្សា ព្រះ‌អង្គ​សោយ​រាជ្យ​បាន​ហា‌សិប​ពីរ​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្តេច​មាន​នាម​ថា យេកូលីយ៉ា ជា​អ្នក​ក្រុង​យេរូ‌សាឡឹម។  ស្តេច​បាន​ប្រព្រឹត្ត​អំពើ​សុចរិត​គ្រប់​យ៉ាង ដែល​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ដូច​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​បិតា​ដែរ។
ព្រះ‌បាទ​អសា‌រីយ៉ា​បែក​ចិត្ត​ចេញ​ពី​ព្រះ‌អម្ចាស់
 ព្រះ‌បាទ​អសា‌រីយ៉ា​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​ស្វែង​រក​ព្រះ‌ជាម្ចាស់ ក្នុង​ពេល​ដែល​លោក​សាការី​នៅ​រស់​នៅ​ឡើយ ព្រោះ​លោក​ណែ‌នាំ​ស្តេច​ឲ្យ​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់។ ដរាប​ណា​ស្តេច​ស្វែង​រក​ព្រះ‌ជាម្ចាស់ ព្រះ‌អង្គ​ប្រទាន​ឲ្យ​ស្តេច​បាន​ចម្រុង‌ចម្រើន​ជា‌និច្ច។  ស្តេច​លើក​ទ័ព​ទៅ​វាយ​ជន​ជាតិ​ភីលីស្ទីន ហើយ​ទម្លុះ​កំពែង​ក្រុង​កាថ ក្រុង​យ៉ាប់ណេ និង​ក្រុង​អាស្ដូដ។ ស្តេច​បាន​សង់​ក្រុង​នៅ​តំបន់​ក្រុង​អាស្ដូដ និង​ក្នុង​ទឹក​ដី​ភីលីស្ទីន។  ព្រះ‌ជាម្ចាស់​ជួយ​ស្តេច​នៅ​ពេល​ធ្វើ​សង្គ្រាម​ទល់​នឹង​ជន​ជាតិ​ភីលីស្ទីន ជន​ជាតិ​អារ៉ាប់​ដែល​រស់​នៅ​ក្រុង​កួរ-‌បាល និង​ជន​ជាតិ​ម៉ាអូន។  ជន​ជាតិ​អាំម៉ូន​នាំ​យក​សួយសារ‌អាករ​មក​ថ្វាយ​ព្រះ‌បាទ​អសា‌រីយ៉ា។ ព្រះ‌កិត្តិនាម​របស់​ស្តេច​ល្បី‌រន្ទឺ រហូត​ដល់​ទល់​ដែន​ស្រុក​អេស៊ីប ដ្បិត​ព្រះ‌អង្គ​មាន​ឫទ្ធិ​អំណាច​យ៉ាង​ខ្លាំង។  ព្រះ‌បាទ​អសា‌រីយ៉ា​បាន​សង់​ប៉ម​ដ៏​រឹង‌មាំ​នៅ​ក្រុង​យេរូ‌សាឡឹម ខាង​លើ​ខ្លោង​ទ្វារ​នៅ​ជ្រុង​កំពែង ទ្វារ​ជ្រលង​ភ្នំ និង​នៅ​លើ​មុម​កំពែង។ ១០ ស្តេច​បាន​សង់​ប៉ម​ចាំ​យាម​នៅ​តាម​វាល​រហោ‌ស្ថាន និង​ជីក​ស្រះ​ជា​ច្រើន ដ្បិត​ស្តេច​មាន​ហ្វូង​សត្វ​ដ៏​សន្ធឹក‌សន្ធាប់​នៅ​តំបន់​ខ្ពង់​រាប និង​តំបន់​វាល​ទំនាប ហើយ​ស្តេច​ក៏​មាន​កសិករ​ដែល​ធ្វើ​ស្រែ និង​ដាំ​ទំពាំង‌បាយ‌ជូរ​ថ្វាយ នៅ​តាម​តំបន់​ភ្នំ និង​នៅ​ភ្នំ​កាម៉ែល​ដែរ ព្រោះ​ស្តេច​សព្វ​ព្រះ‌ហឫទ័យ​ខាង​វិស័យ​កសិកម្ម។ ១១ ព្រះ‌បាទ​អសា‌រីយ៉ា​មាន​កង‌ទ័ព ដែល​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ធ្វើ​សឹក​សង្គ្រាម។ កង‌ទ័ព​នេះ​ចែក​ជា​កង‌ពល​ផ្សេងៗ ដូច​លោក​យេអ៊ីអែល ជា​ស្មៀន​ហ្លួង និង​លោក​ម៉ាសេយ៉ា ជា​មន្ត្រី​រដ្ឋ‌បាល បាន​ជំរឿន ហើយ​ដឹក​នាំ​ដោយ​លោក​ហាណា‌នីយ៉ា ជា​មេ‌ទ័ព​របស់​ស្តេច។ ១២ ទាហាន​ដ៏​អង់‌អាច​ទាំង​នោះ​ស្ថិត​នៅ​ក្រោម​បញ្ជា​មេ​ក្រុម​គ្រួសារ ២៦០០ រូប ១៣ និង​មាន​ចំនួន​ទាំង​អស់ ៣០៧៥០០ នាក់ ដែល​សុទ្ធ​តែ​ជា​ទាហាន​ដ៏​ខ្លាំង​ពូកែ មាន​ចិត្ត​អង់‌អាច ហើយ​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ប្រយុទ្ធ​ទល់​នឹង​ខ្មាំង​សត្រូវ​របស់​ព្រះ‌រាជា។ ១៤ ព្រះ‌បាទ​អសា‌រីយ៉ា​បាន​ប្រគល់​ខែល លំពែង មួក​ដែក អាវ‌ក្រោះ ធ្នូ ព្រម​ទាំង​ដង្ហក់​សម្រាប់​បាញ់​គ្រួស ឲ្យ​ទាហាន​គ្រប់ៗ​រូប។ ១៥ នៅ​ក្រុង​យេរូ‌សាឡឹម ស្តេច​ឲ្យ​ជាង​ដ៏​ជំនាញ​ផលិត​គ្រឿង​សាស្ត្រា‌វុធ ដាក់​នៅ​តាម​ប៉ម និង​តាម​មុម​កំពែង​ក្រុង ដើម្បី​បាញ់​ព្រួញ និង​ចោល​ដុំ​ថ្ម។ កិត្តិនាម​របស់​ស្តេច​បាន​ល្បី​ខ្ចរ‌ខ្ចាយ​រហូត​ដល់​ស្រុក​ឆ្ងាយៗ ដ្បិត​ព្រះ‌ជាម្ចាស់​បាន​ជួយ​ស្តេច​យ៉ាង​ច្រើន​បំផុត ធ្វើ​ឲ្យ​ស្តេច​ពង្រឹង​អំណាច​កាន់​តែ​ខ្លាំង​ឡើងៗ។
ព្រះ‌បាទ​អសា‌រីយ៉ា​កើត​រោគ​ឃ្លង់
១៦ ប៉ុន្តែ ពេល​បាន​អំណាច​រឹង‌ប៉ឹង​ហើយ ស្តេច​ក៏​មាន​អំនួត រហូត​ដល់​បណ្តាល​ឲ្យ​ស្តេច​ត្រូវ​វិនាស។ ស្តេច​ក្បត់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្លួន គឺ​ស្តេច​បាន​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់ ហើយ​ដុត​គ្រឿង​ក្រអូប​នៅ​លើ​អាសនៈ​ថ្វាយ​គ្រឿង​ក្រអូប។ ១៧ លោក​បូជា‌ចារ្យ​អសា‌រីយ៉ា​ចូល​មក​តាម​ក្រោយ​ស្តេច ដោយ​មាន​បូជា‌ចារ្យ​របស់​ព្រះ‌អម្ចាស់​ចំនួន​ប៉ែត‌សិប​នាក់ ដែល​សុទ្ធ​តែ​ជា​មនុស្ស​មាន​ចិត្ត​អង់‌អាច​មក​ជា​មួយ​ផង។ ១៨ លោក​ទាំង​នោះ​ឈរ​នៅ​មុខ​ស្តេច ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា​អសា‌រីយ៉ា ព្រះ‌រាជា​គ្មាន​សិទ្ធិ​ដុត​គ្រឿង​ក្រអូប​ថ្វាយ​ព្រះ‌អម្ចាស់​ឡើយ គឺ​មាន​តែ​ក្រុម​បូជា‌ចារ្យ​ជា​ពូជ‌ពង្ស​របស់​លោក​អរ៉ុន​ប៉ុណ្ណោះ ដែល​បាន​ទទួល​ពិធី​តែង‌តាំង​សម្រាប់​ដុត​គ្រឿង​ក្រអូប។ សូម​ព្រះ‌ករុណា​យាង​ចេញ​ពី​ទី‌សក្ការៈ​នេះ​ទៅ ដ្បិត​ព្រះ‌ករុណា​ក្បត់​ព្រះ‌ជាម្ចាស់ ហើយ​ព្រះ‌ករុណា​នឹង​មិន​ទទួល​កិត្តិយស​អ្វី​ពី​ព្រះ‌ជា‌អម្ចាស់​ឡើយ»។ ១៩ ព្រះ‌បាទ​អសា‌រីយ៉ា​កាន់​ពាន​សម្រាប់​ដុត​គ្រឿង​ក្រអូប ហើយ​ពេល​ស្តេច​ខ្ញាល់​ឡើង​ទាស់​នឹង​បូជា‌ចារ្យ ស្រាប់​តែ​មាន​រោគ​ឃ្លង់​កើត​ពាស‌ពេញ​ថ្ងាស នៅ​ចំពោះ​មុខ​ក្រុម​បូជា‌ចារ្យ ក្បែរ​អាសនៈ​ដុត​គ្រឿង​ក្រអូប ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់២០ លោក​មហា‌បូជា‌ចារ្យ​អសា‌រីយ៉ា និង​បូជា‌ចារ្យ​ទាំង​អស់ បែរ​ទៅ​ឃើញ​ស្តេច​កើត​ឃ្លង់​នៅ​លើ​ថ្ងាស​ដូច្នេះ ពួក​លោក​ក៏​នាំ​ស្តេច​ចេញ​មក​ក្រៅ​ជា​បន្ទាន់។ រីឯ​ស្តេច​ផ្ទាល់​ក៏​ប្រញាប់​ចេញ​មក​ដែរ ព្រោះ​ស្តេច​ជ្រាប​ថា ព្រះ‌អម្ចាស់​បាន​វាយ​ប្រហារ​ស្តេច។ ២១ ព្រះ‌បាទ​អសា‌រីយ៉ា​កើត​ឃ្លង់ រហូត​ដល់​ថ្ងៃ​ដែល​ព្រះ‌អង្គ​អស់​ព្រះ‌ជន្ម។ ដោយ​ស្តេច​កើត​ឃ្លង់​ដូច្នេះ ព្រះ‌អង្គ​ត្រូវ​គង់​នៅ​ក្នុង​ដំណាក់​មួយ​ដាច់​ឡែក​ពី​គេ ហើយ​មិន​អាច​ចូល​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​បាន​ឡើយ។ សម្តេច​យ៉ូថាម ជា​បុត្រ មាន​ភារ‌កិច្ច​មើល​ខុស​ត្រូវ​កិច្ច‌ការ​ក្នុង​វាំង និង​ទទួល​បន្ទុក​គ្រប់‌គ្រង​ប្រជាជន​នៅ​ក្នុង​ស្រុក។ ២២ ព្យាការី​អេសាយ ជា​កូន​របស់​លោក​អម៉ុស បាន​កត់‌ត្រា​ទុក​នូវ​រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​អសា‌រីយ៉ា តាំង​ពី​ដើម​ដល់​ចប់។ ២៣ ព្រះ‌បាទ​អសា‌រីយ៉ា​សោយ​ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​នៅ​ក្នុង​ទី‌ធ្លា​នៃ​ផ្នូរ​របស់​រាជ‌វង្ស ដ្បិត​ស្តេច​កើត​ឃ្លង់។ ព្រះ‌បាទ​យ៉ូថាម​ជា​បុត្រ ឡើង​ស្នង​រាជ្យ។
២៧
ព្រះ‌បាទ​យ៉ូថាម​សោយ​រាជ្យ​លើ​ស្រុក​យូដា
(២​ពង្សា‌វតារ‌ក្សត្រ ១៥.៣២-៣៨)
 ព្រះ‌បាទ​យ៉ូថាម​ឡើង​សោយ​រាជ្យ ក្នុង​ជន្មាយុ​ម្ភៃ‌ប្រាំ​ព្រះ‌វស្សា ព្រះ‌អង្គ​សោយ​រាជ្យ​បាន​ដប់​ប្រាំ‌មួយ​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្តេច​មាន​នាម​ថា យេរូសា ជា​កូន​របស់​លោក​សាដុក។  ស្តេច​បាន​ប្រព្រឹត្ត​អំពើ​សុចរិត​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ដូច​ព្រះ‌បាទ​អសា‌រីយ៉ា ជា​បិតា​ដែរ។ ប៉ុន្តែ ស្តេច​មិន​បាន​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់​ទេ។ ពេល​នោះ ប្រជាជន​ប្រព្រឹត្ត​អំពើ​អាក្រក់​កាន់​តែ​ច្រើន​ឡើងៗ។
 ព្រះ‌បាទ​យ៉ូថាម​បាន​សង់​ទ្វារ​ដែល​នៅ​ខាង​លើ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​ពង្រឹង​កន្លែង​ផ្សេងៗ​នៃ​កំពែង​ក្រុង ត្រង់​អូផែល ឲ្យ​រឹត​តែ​មាំ​ថែម​ទៀត។  ស្តេច​បាន​សង់​ក្រុង​នៅ​តាម​តំបន់​ភ្នំ​នៃ​ស្រុក​យូដា ព្រម​ទាំង​សង់​បន្ទាយ និង​ប៉ម​ចាំ​យាម​នៅ​តាម​ព្រៃ​ផង។  ស្តេច​បាន​ធ្វើ​សង្គ្រាម​ទល់​នឹង​ស្តេច​ស្រុក​អាំម៉ូន ហើយ​យក​ជ័យ‌ជម្នះ​លើ​ពួក​គេ។ នៅ​ឆ្នាំ​នោះ ជន​ជាតិ​អាំម៉ូន​យក​ប្រាក់​ចំនួន​បី​តោន ស្រូវ​បី​ពាន់​តោន និង​ពោត​បី​ពាន់​តោន មក​ថ្វាយ​ជា​សួយសារ‌អាករ​ដល់​ព្រះ‌បាទ​យ៉ូថាម។ នៅ​ឆ្នាំ​បន្ទាប់ និង​ឆ្នាំ​ទី​បី ពួក​គេ​ក៏​ថ្វាយ​បែប​នោះ​ដែរ។  ព្រះ‌បាទ​យ៉ូថាម​មាន​អំណាច​កាន់​តែ​ខ្លាំង​ឡើងៗ ព្រោះ​ព្រះ‌អង្គ​ប្រព្រឹត្ត​តាម​មាគ៌ា​របស់​ព្រះ‌អម្ចាស់​យ៉ាង​ជាប់‌លាប់។
 រាជ‌កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​យ៉ូថាម ព្រម​ទាំង​សង្គ្រាម និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អង្គ​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​របស់​ស្តេច​ស្រុក​អ៊ីស្រា‌អែល និង​ស្តេច​ស្រុក​យូដា។  នៅ​ពេល​ឡើង​សោយ​រាជ្យ ស្តេច​មាន​ជន្មាយុ​ម្ភៃ‌ប្រាំ​ព្រះ‌វស្សា ហើយ​សោយ​រាជ្យ​បាន​ដប់​ប្រាំ‌មួយ​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។  ព្រះ‌បាទ​យ៉ូថាម​សោយ​ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​នៃ​រាជ‌វង្ស​នៅ​បុរី​ព្រះ‌បាទ​ដាវីឌ ហើយ​ព្រះ‌បាទ​អខាស ជា​បុត្រ ឡើង​ស្នង​រាជ្យ។
២៨
ព្រះ‌បាទ​អខាស​សោយ​រាជ្យ​លើ​ស្រុក​យូដា
(២​ពង្សា‌វតារ‌ក្សត្រ ១៦.១-៦)
 ព្រះ‌បាទ​អខាស​ឡើង​សោយ​រាជ្យ ក្នុង​ជន្មាយុ​ម្ភៃ​ព្រះ‌វស្សា ព្រះ‌អង្គ​សោយ​រាជ្យ​បាន​ដប់​ប្រាំ‌មួយ​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម។ ស្តេច​ពុំ​បាន​ប្រព្រឹត្ត​អំពើ​សុចរិត ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ដូច​ព្រះ‌បាទ​ដាវីឌ ជា​ព្រះ‌អយ្យកោ​ឡើយ។  ស្តេច​ដើរ​តាម​ផ្លូវ​របស់​ស្តេច​នានា នៅ​ស្រុក​អ៊ីស្រា‌អែល គឺ​ព្រះ‌អង្គ​ហ៊ាន​រហូត​ដល់​ធ្វើ​រូប​ចម្លាក់​ពី​លង្ហិន សម្រាប់​ព្រះ‌បាល​ទៀត​ផង។  ស្តេច​ដុត​គ្រឿង​ក្រអូប​នៅ​ជ្រលង​ភ្នំ​ហ៊ីណូម និង​យក​បុត្រ​ទៅ​បូជា‌យញ្ញ តាម​ទំនៀម‌ទម្លាប់​គួរ​ស្អប់​ខ្ពើម​របស់​ប្រជា‌ជាតិ​ទាំង‌ឡាយ ដែល​ព្រះ‌អម្ចាស់​បាន​បណ្តេញ​ចេញ​ពី​មុខ​កូន​ចៅ​អ៊ីស្រា‌អែល។  ស្តេច​បាន​ធ្វើ​យញ្ញ‌បូជា និង​ដុត​គ្រឿង​ក្រអូប នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ នៅ​តាម​ភ្នំ និង​នៅ​ក្រោម​ដើម​ឈើ​ដែល​មាន​ស្លឹក​ខៀវ​ខ្ចី​ផង។
 ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ស្តេច បាន​ប្រគល់​ស្តេច​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្តេច​ស្រុក​ស៊ីរី។ កង‌ទ័ព​ស៊ីរី​វាយ​ឈ្នះ​ព្រះ‌បាទ​អខាស រួច​ចាប់​ប្រជាជន​ជា​ច្រើន​យក​ទៅ​ជា​ឈ្លើយ​នៅ​ក្រុង​ដាម៉ាស។ ព្រះ‌បាទ​អខាស​ក៏​ត្រូវ​បរា‌ជ័យ​យ៉ាង​ធ្ងន់ ហើយ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​ស្តេច​ស្រុក​អ៊ីស្រា‌អែល​ដែរ  គឺ​ក្នុង​ថ្ងៃ​តែ​មួយ ព្រះ‌បាទ​ពេកា ជា​កូន​របស់​លោក​រេម៉ា‌លីយ៉ា ប្រហារ​ជន​ជាតិ​យូដា​អស់ ១២០ ០០០ នាក់ ដែល​សុទ្ធ‌សឹង​ជា​ទាហាន​ដ៏​អង់‌អាច ដ្បិត​អ្នក​ទាំង​នោះ​បោះ​បង់​ចោល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​ខ្លួន។  លោក​ស៊ីគរី ជា​អ្នក​ចម្បាំង​ដ៏​ពូកែ ក្នុង​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម បាន​ប្រហារ​ជីវិត​សម្តេច​ម៉ាសេយ៉ា ជា​បុត្រ​របស់​ព្រះ‌បាទ​អខាស ព្រម​ទាំង​លោក​អាសរីកាំ ជា​អ្នក​គ្រប់‌គ្រង​ព្រះ‌រាជ‌វាំង និង​លោក​អែល‌កាណា ជា​មន្ត្រី​ជំនិត​របស់​ស្តេច។  ជន​ជាតិ​អ៊ីស្រា‌អែល​ចាប់​ជន​ជាតិ​យូដា ជា​បង‌ប្អូន​របស់​ខ្លួន ទៅ​ជា​ឈ្លើយ​ចំនួន ២០០ ០០០ នាក់ គឺ​មាន​ស្ត្រី និង​ក្មេង​ប្រុស​ស្រី ព្រម​ទាំង​នាំ​យក​ជ័យ‌ភ័ណ្ឌ​ជា​ច្រើន ទៅ​ក្រុង​សាម៉ារី។
 មាន​ព្យាការី​មួយ​រូប​របស់​ព្រះ‌អម្ចាស់ ឈ្មោះ​អូបេដ បាន​ចេញ​ទៅ​ជួប​កង‌ទ័ព​អ៊ីស្រា‌អែល ដែល​វិល​មក​ក្រុង​សាម៉ារី​វិញ។ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា ព្រះ‌អង្គ​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង​ទាស់​នឹង​ជន​ជាតិ​យូដា ព្រះ‌អង្គ​បាន​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​រាល់​គ្នា។ ប៉ុន្តែ អ្នក​រាល់​គ្នា​សម្លាប់​រង្គាល​ពួក​គេ​យ៉ាង​សាហាវ ធ្វើ​ឲ្យ​សម្រែក​លាន់​ឮ​ដល់​ផ្ទៃ​មេឃ។ ១០ ឥឡូវ​នេះ អ្នក​រាល់​គ្នា​មាន​បំណង​យក​ប្រជាជន​ប្រុស​ស្រី​នៃ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម ធ្វើ​ជា​ទាសករ​ទៀត! ចំណែក​ឯ​អ្នក​រាល់​គ្នា​វិញ តើ​អ្នក​រាល់​គ្នា​ពុំ​បាន​ធ្វើ​ខុស​ចំពោះ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ទេ​ឬ? ១១ ដូច្នេះ សូម​ស្ដាប់​ខ្ញុំ សូម​ដោះ​លែង​បង‌ប្អូន​របស់​អ្នក​រាល់​គ្នា ដែល​អ្នក​រាល់​គ្នា​បាន​ចាប់​មក​ជា​ឈ្លើយ​នៅ​ពេល​នេះ​ចុះ ដ្បិត​ព្រះ‌អម្ចាស់​កំពុង​តែ​ព្រះ‌ពិរោធ​ទាស់​នឹង​អ្នក​រាល់​គ្នា​ហើយ»។
១២ ពេល​នោះ មាន​មេ​បញ្ជា‌ការ​កង‌ទ័ព​អេប្រាអ៊ីម​មួយ​ចំនួន គឺ​លោក​អសា‌រីយ៉ា​ជា​កូន​របស់​លោក​យ៉ូហាណន លោក​បេរេគីយ៉ា​ជា​កូន​របស់​លោក​មេស៊ី‌លេម៉ុត លោក​អេសេខ្យាស​ជា​កូន​របស់​លោក​សាលូម និង​លោក​អម៉ាសា​ជា​កូន​របស់​លោក​ហាដឡៃ បាន​នាំ​គ្នា​ជំទាស់​នឹង​កង‌ទ័ព​ដែល​វិល​មក​ពី​ច្បាំង​វិញ។ ១៣ លោក​ទាំង​នោះ​ពោល​ទៅ​ពួក​គេ​ថា៖ «សូម​កុំ​នាំ​ឈ្លើយ​សឹក​មក​ទី​នេះ​ឡើយ! អ្នក​រាល់​គ្នា​មុខ​ជា​ធ្វើ​ឲ្យ​ពួក​យើង​មាន​ទោស​យ៉ាង​ធ្ងន់​ចំពោះ​ព្រះ‌អម្ចាស់ ថែម​ពី​លើ​អំពើ​បាប និង​កំហុស​ដ៏​ធ្ងន់‌ធ្ងរ ដែល​ពួក​យើង​កំពុង​តែ​មាន​នេះ​ស្រាប់! ព្រះ‌អម្ចាស់​កំពុង​តែ​ព្រះ‌ពិរោធ​ទាស់​នឹង​ជន​ជាតិ​អ៊ីស្រា‌អែល​ហើយ!»។ ១៤ ពួក​ទាហាន​ក៏​ដោះ​លែង​ឈ្លើយ​សឹក នៅ​ចំពោះ​មុខ​មេ​ដឹក​នាំ និង​អង្គ​ប្រជុំ​ទាំង​មូល ហើយ​ពួក​គេ​ក៏​បោះ​បង់​ចោល​ជ័យ‌ភ័ណ្ឌ​ដែរ។ ១៥ គេ​បាន​ចាត់​តាំង​ទាហាន​មួយ​ចំនួន តាម​ឈ្មោះ​របស់​ខ្លួន ឲ្យ​ជួយ​ពួក​ឈ្លើយ​សឹក គឺ​យក​សម្លៀក‌បំពាក់ និង​ស្បែក​ជើង​ពី​ក្នុង​របស់​ជ័យ‌ភ័ណ្ឌ មក​ពាក់​ឲ្យ​អ្នក​ដែល​នៅ​ខ្លួន​ទទេ យក​អាហារ និង​ទឹក​មក​ឲ្យ​ពួក​គេ​បរិភោគ ព្រម​ទាំង​ព្យាបាល​អ្នក​របួស ហើយ​លើក​អ្នក​ដែល​ដើរ​ពុំ​បាន​ដាក់​លើ​ខ្នង​លា រួច​នាំ​ពួក​គេ​ទៅ​ជួប‌ជុំ​បង‌ប្អូន​របស់​ខ្លួន នៅ​ក្រុង​យេរីខូ ជា​ក្រុង​ដើម​លម៉ើ។ បន្ទាប់​មក ទាហាន​ទាំង​នោះ​វិល​ត្រឡប់​ទៅ​ក្រុង​សាម៉ារី​វិញ។
ព្រះ‌បាទ​អខាស​សុំ​ជំនួយ​ពី​ស្តេច​ស្រុក​អាស្ស៊ីរី
(២​ពង្សា‌វតារ‌ក្សត្រ ១៦.១៧-២០)
១៦ នៅ​គ្រា​នោះ ព្រះ‌បាទ​អខាស​ចាត់​អ្នក​នាំ​សារ​ទៅ​ពឹង​ស្តេច​ស្រុក​អាស្ស៊ីរី​ឲ្យ​មក​ជួយ ១៧ ដ្បិត​កង‌ទ័ព​អេដុម​បាន​វាយ​ស្រុក​យូដា​សា​ជា​ថ្មី ហើយ​ចាប់​ប្រជាជន​ទៅ​ជា​ឈ្លើយ។ ១៨ មួយ​វិញ​ទៀត កង‌ទ័ព​ភីលីស្ទីន​ក៏​វាយ​លុក​តំបន់​វាល​រាប និង​តំបន់​ខាង​ត្បូង​នៃ​ស្រុក​យូដា ហើយ​ដណ្ដើម​យក​បាន​ក្រុង​បេត‌សេមេស អៃយ៉ាឡូន កេដេរ៉ូត សូកូ និង​ស្រុក​ភូមិ​ដែល​នៅ​ជុំ‌វិញ ព្រម​ទាំង​ក្រុង​ទីមណា និង​ស្រុក​ភូមិ​ដែល​នៅ​ជុំ‌វិញ ក្រុង​គីមសូ និង​ស្រុក​ភូមិ​ដែល​នៅ​ជុំ‌វិញ រួច​ពួក​គេ​តាំង​ទី​លំ‌នៅ​តាម​ក្រុង​ទាំង​នោះ។ ១៩ ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ស្រុក​យូដា​បាត់​បង់​កិត្តិយស មក​ពី​ព្រះ‌បាទ​អខាស​ជំរុញ​ប្រជាជន​ឲ្យ​ឈប់​រវី‌រវល់​នឹង​ព្រះ‌អម្ចាស់ ហើយ​ស្តេច​ក៏​បែក​ចិត្ត​ចេញ​ពី​ព្រះ‌អង្គ​ដែរ។ ២០ ព្រះ‌ចៅ​ទីកឡាត-‌ពីលេស៊ែរ ជា​ស្តេច​ស្រុក​អាស្ស៊ីរី បាន​លើក​ទ័ព​មក​វាយ​ព្រះ‌បាទ​អខាស និង​ចាត់​ទុក​ស្តេច​ជា​សត្រូវ គឺ​ពុំ​បាន​ជួយ​គាំ‌ទ្រ​ស្តេច​ឡើយ។ ២១ ព្រះ‌បាទ​អខាស​យក​ទ្រព្យ​ពី​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ព្រម​ទាំង​ទ្រព្យ​នៅ​ក្នុង​វាំង និង​ក្នុង​ផ្ទះ​មេ​ដឹក​នាំ ទៅ​ថ្វាយ​ស្តេច​ស្រុក​អាស្ស៊ីរី។ ប៉ុន្តែ ស្តេច​ស្រុក​អាស្ស៊ីរី​នៅ​តែ​ពុំ​ព្រម​ជួយ​ដដែល។ ២២ ទោះ​បី​ព្រះ‌បាទ​អខាស​ស្ថិត​ក្នុង​ភាព​អាសន្ន​យ៉ាង​នេះ​ក្តី ក៏​ស្តេច​នៅ​តែ​បែក​ចិត្ត​ចេញ​ពី​ព្រះ‌អម្ចាស់​ដដែល។ ២៣ ស្តេច​ធ្វើ​យញ្ញ‌បូជា​ដល់​ព្រះ​ទាំង‌ឡាយ​នៃ​ក្រុង​ដាម៉ាស ដែល​បាន​ប្រហារ​ឈ្នះ​ស្តេច ដ្បិត​ស្តេច​គិត​ថា «ព្រះ​របស់​ស្តេច​ស្រុក​ស៊ីរី​តែង‌តែ​ជួយ​ស្តេច​ស្រុក​អាស្ស៊ីរី ដូច្នេះ ខ្ញុំ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​ទាំង​នោះ ដើម្បី​ឲ្យ​ព្រះ‌អង្គ​យាង​មក​ជួយ​ខ្ញុំ​ដែរ!»។ ប៉ុន្តែ ព្រះ​ទាំង​នោះ​បណ្តាល​ឲ្យ​ស្តេច និង​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​មូល​វិនាស។
២៤ ព្រះ‌បាទ​អខាស​ប្រមូល​វត្ថុ​ផ្សេងៗ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ មក​កម្ទេច​ចោល។ ស្តេច​បាន​បិទ​ទ្វារ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ រួច​សង់​អាសនៈ នៅ​គ្រប់​ច្រក‌ល្ហក ក្នុង​ក្រុង​យេរូ‌សាឡឹម។ ២៥ ស្តេច​ក៏​បាន​ចាត់​ចែង​ឲ្យ​មាន​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ នៅ​ក្រុង​នីមួយៗ ក្នុង​ស្រុក​យូដា ដើម្បី​ដុត​គ្រឿង​ក្រអូប​ឧទ្ទិស​ដល់​ព្រះ​ក្លែង‌ក្លាយ ដែល​ជា​ហេតុ​បណ្តាល​ឲ្យ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​ស្តេច ព្រះ‌អង្គ​ព្រះ‌ពិរោធ។
២៦ រាជ‌កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​អខាស និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អង្គ​បាន​ធ្វើ តាំង​ពី​ដើម​ដល់​ចប់ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​របស់​ស្តេច​ស្រុក​យូដា និង​ស្តេច​ស្រុក​អ៊ីស្រា‌អែល។ ២៧ ព្រះ‌បាទ​អខាស​សោយ​ទិវង្គត គេ​យក​សព​ទៅ​បញ្ចុះ​នៅ​ក្រុង​យេរូ‌សាឡឹម គឺ​គេ​ពុំ​បាន​បញ្ចុះ​ក្នុង​ផ្នូរ ដែល​បម្រុង​ទុក​សម្រាប់​ស្តេច​ស្រុក​អ៊ីស្រា‌អែល​ឡើយ។ បន្ទាប់​មក ព្រះ‌បាទ​អេសេខ្យាស ជា​បុត្រ ឡើង​ស្នង​រាជ្យ។
២៩
ព្រះ‌បាទ​អេសេខ្យាស​សោយ​រាជ្យ​នៅ​ស្រុក​យូដា
(២​ពង្សា‌វតារ‌ក្សត្រ ១៨.១-៤)
 ព្រះ‌បាទ​អេសេខ្យាស​បាន​ឡើង​សោយ​រាជ្យ ក្នុង​ព្រះ‌ជន្មាយុ​ម្ភៃ‌ប្រាំ​វស្សា ហើយ​សោយ​រាជ្យ​បាន​ម្ភៃ‌ប្រាំ​បួន​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្តេច​មាន​នាម​ថា អប៊ីយ៉ា ជា​កូន​របស់​លោក​សាការី។  ស្តេច​បាន​ប្រព្រឹត្ត​អំពើ​សុចរិត ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ដូច​ព្រះ‌បាទ​ដាវីឌ​ជា​ព្រះ‌អយ្យកោ ឥត​ខុស​ត្រង់​ណា​ឡើយ។
 នៅ​ខែ​ទី​មួយ ក្នុង​ឆ្នាំ​ទី​មួយ​នៃ​រជ្ជ‌កាល​របស់​ស្តេច ព្រះ‌បាទ​អេសេខ្យាស​បើក​ទ្វារ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ព្រម​ទាំង​ជួស‌ជុល​ឡើង​វិញ។  ស្តេច​បាន​ត្រាស់​ហៅ​ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី ឲ្យ​មក​ជួប‌ជុំ​គ្នា​នៅ​ព្រលាន​ខាង​កើត  រួច​មាន​រាជ‌ឱង្ការ​ទៅ​ពួក​គេ​ថា៖ «កូន​ចៅ​លេវី​អើយ សូម​ស្ដាប់​ខ្ញុំ! ឥឡូវ​នេះ សូម​អ្នក​រាល់​គ្នា​ញែក​ខ្លួន​ឲ្យ​វិសុទ្ធ ហើយ​ញែក​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ដូន‌តា​របស់​អ្នក​រាល់​គ្នា ឲ្យ​វិសុទ្ធ​ដែរ។ ចូរ​យក​អ្វីៗ​ដែល​មិន​បរិសុទ្ធ​ចេញ​ទៅ​ខាង​ក្រៅ​ទី‌សក្ការៈ។  ដូន‌តា​របស់​ពួក​យើង​បាន​បែក​ចិត្ត​ចេញ​ពី​ព្រះ‌អម្ចាស់ ព្រម​ទាំង​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង។ ពួក​លោក​បាន​បោះ​បង់​ចោល​ព្រះ‌អង្គ ពួក​លោក​ងាក​មុខ​ចេញ​ពី​ទី‌សក្ការៈ​របស់​ព្រះ‌អម្ចាស់ ព្រម​ទាំង​បែរ​ខ្នង​ដាក់​ទៀត​ផង។  ពួក​លោក​បាន​បិទ​ទ្វារ​ព្រះ‌វិហារ និង​ពន្លត់​ចង្កៀង ហើយ​លែង​ថ្វាយ​គ្រឿង​ក្រអូប ឬ​តង្វាយ​ដុត*​ទាំង​មូល ចំពោះ​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល នៅ​ក្នុង​ទី‌សក្ការៈ​នេះ។  ហេតុ​នេះ ព្រះ‌អម្ចាស់​ព្រះ‌អង្គ​ព្រះ‌ពិរោធ​ទាស់​នឹង​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម ព្រះ‌អង្គ​ធ្វើ​ឲ្យ​ស្រុក​នេះ និង​ក្រុង​នេះ​ក្លាយ​ជា​ទី​ស្ម‌សាន ដែល​ធ្វើ​ឲ្យ​មនុស្ស‌ម្នា​ព្រឺ‌ខ្លាច ហើយ​ប្រមាថ​មាក់‌ងាយ ដូច​អ្នក​រាល់​គ្នា​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ស្រាប់។  ដោយ​សារ​តែ​កំហុស​នោះ ដូន‌តា​របស់​ពួក​យើង​បាន​ដួល​ស្លាប់​ដោយ​មុខ​ដាវ កូន​ប្រុស កូន​ស្រី និង​ភរិយា​របស់​ពួក​យើង ត្រូវ​ខ្មាំង​កៀរ​ទៅ​ជា​ឈ្លើយ។ ១០ ឥឡូវ​នេះ ខ្ញុំ​មាន​បំណង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល ដើម្បី​សូម​ព្រះ‌អង្គ​ពង្វាង​ព្រះ‌ពិរោធ​ចេញ​ពី​ពួក​យើង។ ១១ ឥឡូវ​នេះ សូម​កូន​ចៅ​លែង​ខ្ជី‌ខ្ជា​ទៀត​ទៅ ដ្បិត​ព្រះ‌អម្ចាស់​បាន​ជ្រើស‌រើស​អ្នក​រាល់​គ្នា ឲ្យ​ឈរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ ដើម្បី​បំពេញ​មុខ‌ងារ​បម្រើ​ព្រះ‌អង្គ ក្នុង​ការ​ថ្វាយ​គ្រឿង​ក្រអូប»។
១២ ពេល​នោះ កូន​ចៅ​លេវី​នាំ​គ្នា​ក្រោក​ឡើង គឺ​ក្នុង​អំបូរ​គើហាត់ មាន​លោក​ម៉ាហាត់ ជា​កូន​របស់​អម៉ាសាយ លោក​យ៉ូអែល ជា​កូន​របស់​លោក​អសារីយ៉ា។ ក្នុង​អំបូរ​មេរ៉ារី មាន​លោក​គីស ជា​កូន​របស់​លោក​អាប់ឌី លោក​អសារីយ៉ា ជា​កូន​របស់​លោក​យេហាលេ‌លេអែល។ ក្នុង​អំបូរ​គែរសូន​មាន​លោក​យ៉ូអា។ ក្នុង​អំបូរ​ស៊ីមណា​មាន​លោក​អេដេន ជា​កូន​របស់​លោក​យ៉ូអា។ ១៣ ក្នុង​អំបូរ​អេលី‌សាផន​មាន​លោក​ស៊ីមរី និង​លោក​យេអ៊ីអែល។ ក្នុង​អំបូរ​អសាភ​មាន​លោក​សាការី និង​លោក​ម៉ាតា‌នីយ៉ា។ ១៤ ក្នុង​អំបូរ​ហេម៉ន​មាន​លោក​យេហ៊ីអែល និង​លោក​ស៊ីម៉ៃ។ ក្នុង​អំបូរ​យេឌូទូន​មាន​លោក​សេម៉ាយ៉ា និង​លោក​អ៊ូស៊ីអែល។
១៥ អ្នក​ទាំង​នោះ​បាន​ប្រមូល​ផ្តុំ​បង‌ប្អូន​របស់​ពួក​គេ មក​ញែក​ខ្លួន​ឲ្យ​វិសុទ្ធ ហើយ​ធ្វើ​ពិធី​ជម្រះ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ឲ្យ​បាន​បរិសុទ្ធ តាម​បញ្ជា​របស់​ស្តេច និង​ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់១៦ ក្រុម​បូជា‌ចារ្យ​នាំ​គ្នា​ចូល​ទៅ​ខាង​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ដើម្បី​ធ្វើ​ពិធី​ជម្រះ​ព្រះ‌ដំណាក់​ឲ្យ​បរិសុទ្ធ។ ពួក​គេ​យក​អ្វីៗ​មិន​បរិសុទ្ធ​ដែល​គេ​រក​ឃើញ នៅ​ខាង​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ចេញ​មក​ទី‌ធ្លា​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ហើយ​ក្រុម​លេវី​យក​ចេញ​ទៅ​ក្រៅ បោះ​ចោល​នៅ​ជ្រោះ​កេដ្រូន។ ១៧ ពួក​គេ​ធ្វើ​ពិធី​ញែក​ព្រះ‌ដំណាក់​ឲ្យ​វិសុទ្ធ* នៅ​ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទី​មួយ។ នៅ​ថ្ងៃ​ទី​ប្រាំ‌បី ពួក​គេ​ចូល​ទៅ​ក្នុង​បន្ទប់​ល្វែង​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ហើយ​ចំណាយ​ពេល​ប្រាំ‌បី​ថ្ងៃ​ទៀត ដើម្បី​ធ្វើ​ពិធី​ញែក​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ឲ្យ​វិសុទ្ធ។ ពួក​គេ​ធ្វើ​ពិធី​នេះ​ចប់​សព្វ​គ្រប់ នៅ​ថ្ងៃ​ទី​ដប់​ប្រាំ‌មួយ។
១៨ បន្ទាប់​មក ក្រុម​លេវី​នាំ​គ្នា​ទៅ​គាល់​ព្រះ‌បាទ​អេសេខ្យាស ទូល​ថា៖ «យើង​ខ្ញុំ​ព្រះ‌ករុណា​ធ្វើ​ពិធី​ជម្រះ​ព្រះ‌ដំណាក់​ទាំង​មូល​របស់​ព្រះ‌អម្ចាស់ ព្រម​ទាំង​អាសនៈ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​គ្រឿង​បរិក្ខារ​ទាំង​អស់​ដែល​ត្រូវ​ប្រើ‌ប្រាស់​ជា​មួយ តុ​តម្កល់​នំបុ័ង និង​គ្រឿង​បរិក្ខារ​ទាំង​អស់​ដែល​ត្រូវ​ប្រើ‌ប្រាស់​ជា​មួយ ចប់​សព្វ​គ្រប់​ហើយ។ ១៩ រីឯ​វត្ថុ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌បាទ​អខាស​ធ្វើ​ឲ្យ​សៅ‌ហ្មង នៅ​ពេល​ព្រះ‌អង្គ​បោះ​បង់​ចោល​ព្រះ‌អម្ចាស់ ក្នុង​គ្រា​ព្រះ‌អង្គ​គ្រង​រាជ្យ​នោះ យើង​ខ្ញុំ​ក៏​បាន​ជួស‌ជុល និង​ញែក​ជា​វិសុទ្ធ​ហើយ​ដែរ។ យើង​ខ្ញុំ​ដាក់​វត្ថុ​ទាំង​នោះ​នៅ​មុខ​អាសនៈ​របស់​ព្រះ‌អម្ចាស់»។
ព្រះ‌បាទ​អេសេខ្យាស​រៀប‌ចំ​ឲ្យ​មាន​ពិធី​គោរព​បម្រើ​ព្រះ‌អម្ចាស់ និង​ការ​ថ្វាយ​យញ្ញ‌បូជា​ឡើង​វិញ
២០ ព្រះ‌បាទ​អេសេខ្យាស​តើន​ពី​ព្រលឹម ហើយ​ប្រមូល​មេ​ដឹក​នាំ​នៅ​ក្នុង​ទី‌ក្រុង​ឲ្យ​មក​ជួប‌ជុំ​គ្នា រួច​ឡើង​ទៅ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់២១ គេ​នាំ​គោ​បា​ប្រាំ​ពីរ ចៀម​ឈ្មោល​ប្រាំ​ពីរ កូន​ចៀម​ប្រាំ​ពីរ និង​ពពែ​ឈ្មោល​ប្រាំ​ពីរ ទៅ​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប​សម្រាប់​ព្រះ‌រាជ‌វង្ស ទី‌សក្ការៈ និង​ប្រជាជន​ស្រុក​យូដា។ ព្រះ‌រាជា​បង្គាប់​ក្រុម​បូជា‌ចារ្យ* ជា​ពូជ‌ពង្ស​របស់​លោក​អរ៉ុន ឲ្យ​យក​សត្វ​ទាំង​នោះ​ធ្វើ​យញ្ញ‌បូជា នៅ​លើ​អាសនៈ​របស់​ព្រះ‌អម្ចាស់២២ បូជា‌ចារ្យ​នាំ​គ្នា​សម្លាប់​គោ រួច​ទទួល​យក​ឈាម​ទៅ​ប្រោះ​លើ​អាសនៈ។ បន្ទាប់​មក គេ​សម្លាប់​ចៀម​ឈ្មោល យក​ឈាម​ប្រោះ​លើ​អាសនៈ ហើយ​សម្លាប់​កូន​ចៀម យក​ឈាម​ប្រោះ​លើ​អាសនៈ។ ២៣ បន្ទាប់​មក​ទៀត គេ​នាំ​ពពែ​ឈ្មោល​ដែល​ត្រូវ​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប មក​ដាក់​នៅ​មុខ​ស្តេច និង​នៅ​មុខ​អង្គ​ប្រជុំ។ ស្តេច ព្រម​ទាំង​អ្នក​ឯ​ទៀតៗ ក៏​ដាក់​ដៃ​លើ​ពពែ​ឈ្មោល​ទាំង​នោះ។ ២៤ ក្រុម​បូជា‌ចារ្យ​ក៏​សម្លាប់​ពពែ​ឈ្មោល ហើយ​ថ្វាយ​ឈាម​នៅ​លើ​អាសនៈ ទូល​សូម​ព្រះ‌ជាម្ចាស់​រំដោះ​បាប​ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល ដ្បិត​ព្រះ‌រាជា​បាន​ប្រកាស​ថា តង្វាយ​ដុត​ទាំង​មូល* និង​យញ្ញ‌បូជា​រំដោះ​បាប​នេះ ត្រូវ​ថ្វាយ​សម្រាប់​ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល។
២៥ ព្រះ‌រាជា​ចាត់​ក្រុម​លេវី​ឲ្យ​ឈរ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ដោយ​កាន់​ស្គរ ឃឹម និង​ពិណ ស្រប​តាម​បញ្ជា​របស់​ព្រះ‌បាទ​ដាវីឌ និង​លោក​កាដ ជា​គ្រូ​ទាយ​របស់​ស្តេច ព្រម​ទាំង​ព្យាការី​ណាថាន ដ្បិត​ព្រះ‌អម្ចាស់​បង្គាប់​ដូច្នេះ តាម‌រយៈ​ព្យាការី​របស់​ព្រះ‌អង្គ។ ២៦ ក្រុម​លេវី​ឈរ​នៅ​កន្លែង​របស់​ខ្លួន ទាំង​កាន់​ឧបករណ៍​តន្ដ្រី​របស់​ព្រះ‌បាទ​ដាវីឌ ហើយ​ក្រុម​បូជា‌ចារ្យ​កាន់​ត្រែ។ ២៧ ព្រះ‌បាទ​អេសេខ្យាស​បង្គាប់​ឲ្យ​គេ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​នៅ​លើ​អាសនៈ។ នៅ​ពេល​គេ​ចាប់​ផ្តើម​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល គេ​ក៏​ចាប់​ផ្តើម​ច្រៀង​ថ្វាយ​ព្រះ‌អម្ចាស់ ដោយ​មាន​ត្រែ និង​ឧបករណ៍​តន្ដ្រី​របស់​ព្រះ‌បាទ​ដាវីឌ ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល ប្រគំ​កំដរ​ផង។ ២៨ អង្គ​ប្រជុំ​ទាំង​មូល​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ រីឯ​អ្នក​ចម្រៀង​នាំ​គ្នា​ច្រៀង ជា​មួយ​សំឡេង​ត្រែ រហូត​ទាល់​តែ​គេ​ថ្វាយ​តង្វាយ​ដុត​ចប់​សព្វ​គ្រប់។ ២៩ ពេល​ថ្វាយ​តង្វាយ​ដុត​រួច​រាល់​ហើយ ព្រះ‌រាជា និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​ស្តេច នាំ​គ្នា​ក្រាប​ចុះ ថ្វាយ‌បង្គំ។ ៣០ បន្ទាប់​មក ព្រះ‌បាទ​អេសេខ្យាស និង​ពួក​មន្ត្រី បង្គាប់​ឲ្យ​ក្រុម​លេវី​ច្រៀង​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ តាម​ទំនុក​ដែល​ព្រះ‌បាទ​ដាវីឌ និង​លោក​អសាភ ជា​គ្រូ​ទាយ បាន​តែង។ ពួក​គេ​សរសើរ​តម្កើង​ព្រះ‌អង្គ ដោយ​អំណរ​សប្បាយ​ដ៏​លើស‌លប់ រួច​នាំ​គ្នា​ឱន​កាយ​ក្រាប​ថ្វាយ‌បង្គំ។
៣១ ពេល​នោះ ព្រះ‌បាទ​អេសេខ្យាស​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ប្រជាជន​ថា៖ «អ្នក​រាល់​គ្នា​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌អម្ចាស់។ ឥឡូវ​នេះ ចូរ​នាំ​សត្វ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​ជា​យញ្ញ‌បូជា​អរ​ព្រះ‌គុណ ចូល​ទៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ចុះ»។ អង្គ​ប្រជុំ​ក៏​នាំ​សត្វ​ដែល​ត្រូវ​ថ្វាយ​ជា​យញ្ញ‌បូជា​ចូល​មក​ថ្វាយ ដើម្បី​អរ​ព្រះ‌គុណ។ អស់​អ្នក​ដែល​មាន​ចិត្ត​ទូលាយ​ក៏​បាន​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​ដែរ។ ៣២ ចំនួន​សត្វ​ដែល​អង្គ​ប្រជុំ​យក​មក​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល មាន​គោ​ចិត‌សិប​ក្បាល ចៀម​ឈ្មោល​មួយ‌រយ​ក្បាល កូន​ចៀម​ពីរ‌រយ​ក្បាល។ គេ​ថ្វាយ​សត្វ​ទាំង​នោះ​ជា​តង្វាយ​ដុត​ទាំង​មូល​ដល់​ព្រះ‌អម្ចាស់៣៣ គេ​ក៏​បាន​យក​គោ​ប្រាំ‌មួយ‌រយ​ក្បាល និង​ចៀម​បី​ពាន់​ក្បាល​ទៀត មក​ថ្វាយ​ជា​យញ្ញ‌បូជា​ផ្សេងៗ​ដែរ។ ៣៤ ដោយ​បូជា‌ចារ្យ​មាន​គ្នា​តិច​ពេក​មិន​អាច​បក​ស្បែក​សត្វ​ទាំង​អស់ ដែល​ត្រូវ​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល​បាន ក្រុម​លេវី​ដែល​ជា​បង‌ប្អូន​របស់​គេ​នាំ​គ្នា​ជួយ រហូត​ទាល់​តែ​បង្ហើយ​កិច្ច‌ការ ដោយ​ទុក​ឲ្យ​ក្រុម​បូជា‌ចារ្យ​ធ្វើ​ពិធី​ញែក​ខ្លួន​ឲ្យ​វិសុទ្ធ ដ្បិត​ក្រុម​លេវី​មាន​ចិត្ត​ខ្នះ‌ខ្នែង ក្នុង​ការ​ញែក​ខ្លួន​ឲ្យ​វិសុទ្ធ​ជាង​ក្រុម​បូជា‌ចារ្យ។ ៣៥ មួយ​វិញ​ទៀត ក្រៅ​ពី​ចំនួន​តង្វាយ​ដុត​ទាំង​មូល​ដ៏​ច្រើន រួម​ទាំង​ស្រា​ដែល​ច្រួច​ជា​មួយ​នោះ គេ​ក៏​ត្រូវ​ថ្វាយ​ខ្លាញ់​របស់​សត្វ ដែល​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព​នៅ​លើ​អាសនៈ​ដែរ។
ដូច្នេះ គេ​បាន​ចាត់​ចែង​ឲ្យ​មាន​ពិធី​គោរព​បម្រើ​ព្រះ‌អម្ចាស់ នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ​ឡើង​វិញ។ ៣៦ ព្រះ‌បាទ​អេសេខ្យាស និង​ប្រជាជន​ទាំង​មូល សប្បាយ​រីក‌រាយ​ក្រៃ‌លែង ព្រោះ​ព្រះ‌ជាម្ចាស់​ជួយ​គេ​ឲ្យ​សម្រេច​ការ​នេះ​បាន ដោយ​ឥត​បង្អែ‌បង្អង់​ឡើយ។
៣០
ព្រះ‌បាទ​អេសេខ្យាស​កោះ​ហៅ​ប្រជាជន​មក​ធ្វើ​ពិធី​បុណ្យ​ចម្លង​នៅ​ក្រុង​យេរូ‌សាឡឹម
 ព្រះ‌បាទ​អេសេខ្យាស​ចាត់​អ្នក​នាំ​សារ​ទៅ​គ្រប់​ទី​កន្លែង ក្នុង​ស្រុក​អ៊ីស្រា‌អែល និង​ស្រុក​យូដា ព្រះ‌អង្គ​ក៏​សរសេរ​រាជ‌សារ​ផ្ញើ​ទៅ​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម និង​ម៉ាណាសេ អញ្ជើញ​ពួក​គេ​មក​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ នៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​ចូល​រួម​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង*​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល។  ព្រះ‌រាជា និង​ក្រុម​មន្ត្រី ព្រម​ទាំង​អង្គ​ប្រជុំ​ទាំង​មូល ជួប‌ជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង​នៅ​ខែ​ទី​ពីរ។  គេ​ពុំ​អាច​ប្រារព្ធ​ពិធី​នេះ​ចំ​ពេល​កំណត់​ឡើយ ព្រោះ​ក្រុម​បូជា‌ចារ្យ​ពុំ​ទាន់​បាន​ញែក​ខ្លួន​ឲ្យ​វិសុទ្ធ​គ្រប់​ចំនួន​នៅ​ឡើយ ហើយ​ប្រជាជន​ក៏​ពុំ​ទាន់​មក​ជួប‌ជុំ​គ្នា នៅ​ក្រុង​យេរូ‌សាឡឹម​នៅ​ឡើយ​ដែរ។  ព្រះ‌រាជា និង​អង្គ​ប្រជុំ​ទាំង​មូល បាន​ចុះ​សំរុង​គ្នា​បែប​នេះ  ហើយ​សម្រេច​ចេញ​សេចក្ដី​ប្រកាស​មួយ ក្នុង​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល ចាប់​ពី​បៀរសេបា​រហូត​ដល់​ក្រុង​ដាន់ ដើម្បី​អញ្ជើញ​ប្រជាជន​មក​ក្រុង​យេរូ‌សាឡឹម ប្រារព្ធ​ពិធី​បុណ្យ​ចម្លង​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល។  ពួក​អ្នក​នាំ​សារ​ធ្វើ​ដំណើរ​ពាស‌ពេញ​ស្រុក​អ៊ីស្រា‌អែល និង​ស្រុក​យូដា​ទាំង​មូល នាំ​សេចក្ដី​ប្រកាស​ដែល​ឡាយ​ព្រះ‌ហស្ដ​ដោយ​ព្រះ‌រាជា និង​ចុះ​ហត្ថ‌លេខា​ដោយ​ពួក​មន្ត្រី។ ពួក​គេ​ប្រកាស​តាម​បញ្ជា​របស់​ស្តេច​ដូច​ត​ទៅ៖ «កូន​ចៅ​អ៊ីស្រា‌អែល​ដែល​នៅ​សេស‌សល់ ហើយ​គេច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ស្តេច​ស្រុក​អាស្ស៊ីរី​អើយ ចូរ​នាំ​គ្នា​វិល​មក​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​អ៊ីស្រា‌អែល ដើម្បី​ឲ្យ​ព្រះ‌អង្គ​វិល​មក​រក​អ្នក​រាល់​គ្នា​វិញ​ដែរ។  មិន​ត្រូវ​ធ្វើ​ដូច​ដូន‌តា ឬ​បង‌ប្អូន​របស់​អ្នក​រាល់​គ្នា ដែល​បាន​បោះ​បង់​ចោល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​ខ្លួន​នោះ​ឡើយ។ ព្រះ‌អង្គ​ធ្វើ​ឲ្យ​ពួក​គេ​វិនាស​អន្តរាយ ដូច​អ្នក​រាល់​គ្នា​ឃើញ​ស្រាប់​ហើយ។  ឥឡូវ​នេះ កុំ​តាំង​ចិត្ត​រឹង‌រូស​ដូច​ដូន‌តា​របស់​អ្នក​រាល់​គ្នា​ឡើយ តែ​ត្រូវ​ចុះ​ចូល​នឹង​ព្រះ‌អម្ចាស់ ហើយ​នាំ​គ្នា​មក​ទី‌សក្ការៈ ដែល​ព្រះ‌អង្គ​បាន​ញែក​ជា​វិសុទ្ធ*​រហូត​ត​ទៅ។ ចូរ​គោរព​បម្រើ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ព្រះ‌អង្គ​លែង​ព្រះ‌ពិរោធ​នឹង​អ្នក​រាល់​គ្នា​ទៀត។  ប្រសិន​បើ​អ្នក​រាល់​គ្នា​វិល​មក​រក​ព្រះ‌អម្ចាស់​វិញ បង‌ប្អូន និង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា មុខ​ជា​ទទួល​ការ​អាណិត​មេត្តា​ពី​សំណាក់​អស់​អ្នក​ដែល​ចាប់​ពួក​គេ​ទៅ​ជា​ឈ្លើយ ហើយ​ពួក​គេ​នឹង​វិល​ត្រឡប់​មក​ស្រុក​វិញ ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា តែង‌តែ​ប្រណី​សន្ដោស ព្រះ‌អង្គ​ប្រកប​ដោយ​ព្រះ‌ហឫទ័យ​អាណិត‌អាសូរ។ ប្រសិន​បើ​អ្នក​រាល់​គ្នា​វិល​មក​រក​ព្រះ‌អង្គ​វិញ​នោះ ព្រះ‌អង្គ​នឹង​មិន​បែរ​ព្រះ‌ភ័ក្ត្រ​ចេញ​ពី​អ្នក​រាល់​គ្នា​ឡើយ»។
១០ ពួក​អ្នក​នាំ​សារ​ធ្វើ​ដំណើរ​ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ ក្នុង​ទឹក​ដី​អេប្រាអ៊ីម និង​ម៉ាណាសេ រហូត​ដល់​ទឹក​ដី​សាប៊ូឡូន តែ​ប្រជាជន​សើច​ចំអក និង​ប្រមាថ​មើល‌ងាយ​ពួក​គេ។ ១១ ប៉ុន្តែ មាន​មនុស្ស​មួយ​ចំនួន ក្នុង​កុល‌សម្ព័ន្ធ​អស៊ែរ ម៉ាណាសេ និង​សាប៊ូឡូន​ទទួល​ស្គាល់​កំហុស ហើយ​នាំ​គ្នា​មក​ក្រុង​យេរូ‌សាឡឹម។ ១២ នៅ​ស្រុក​យូដា ព្រះ‌ជាម្ចាស់​ជំរុញ​ប្រជាជន​ឲ្យ​មាន​ចិត្ត​គំនិត​តែ​មួយ ធ្វើ​តាម​បញ្ជា​របស់​ស្តេច និង​ពួក​មន្ត្រី​ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
ព្រះ‌បាទ​អេសេខ្យាស​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង​ជា​មួយ​ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល
១៣ ប្រជាជន​ជា​ច្រើន​បាន​មក​ជួប‌ជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​នំបុ័ង​ឥត​មេ* នៅ​ខែ​ទី​ពីរ។ ពេល​នោះ អង្គ​ប្រជុំ​មាន​ចំនួន​ច្រើន​កុះ‌ករ។ ១៤ ពួក​គេ​ផ្តើម​ពិធី​បុណ្យ ដោយ​នាំ​គ្នា​រំលំ​អាសនៈ​ទាំង‌ឡាយ​នៅ​ក្រុង​យេរូ‌សាឡឹម ព្រម​ទាំង​រំលំ​អាសនៈ​ដុត​គ្រឿង​ក្រអូប​ទាំង​ប៉ុន្មាន រួច​យក​ទៅ​បោះ​ចោល​នៅ​ជ្រោះ​កេដ្រូន។ ១៥ បន្ទាប់​មក ពួក​គេ​សម្លាប់​សត្វ ដែល​ត្រូវ​ថ្វាយ​ជា​យញ្ញ‌បូជា សម្រាប់​ពិធី​បុណ្យ​ចម្លង* នៅ​ថ្ងៃ​ទី​ដប់‌បួន ក្នុង​ខែ​ទី​ពីរ។ ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី នឹក​ខ្មាស​ខ្លួន ក៏​នាំ​គ្នា​ធ្វើ​ពិធី​ញែក​ខ្លួន​ឲ្យ​វិសុទ្ធ រួច​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់១៦ ពួក​គេ​បំពេញ​មុខ‌ងារ​តាម​កន្លែង​រៀងៗ​ខ្លួន ដូច​មាន​ចែង​ទុក​ក្នុង​វិន័យ​របស់​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌ជាម្ចាស់។ ក្រុម​បូជា‌ចារ្យ​ទទួល​ឈាម​សត្វ​ពី​ក្រុម​លេវី យក​ទៅ​ប្រោះ​លើ​អាសនៈ។ ១៧ នៅ​ក្នុង​អង្គ​ប្រជុំ ដោយ​មាន​មនុស្ស​ជា​ច្រើន​ពុំ​ទាន់​ធ្វើ​ពិធី​ញែក​ខ្លួន​ឲ្យ​វិសុទ្ធ​នៅ​ឡើយ ក្រុម​លេវី​ក៏​សម្លាប់​សត្វ​សម្រាប់​ពិធី​បុណ្យ​ចម្លង ជំនួស​អស់​អ្នក​ដែល​មិន​បរិសុទ្ធ ដើម្បី​ញែក​ពួក​គេ​ថ្វាយ​ព្រះ‌អម្ចាស់ ១៨ ដ្បិត​ប្រជាជន​មួយ​ចំនួន​ធំ ជា​ពិសេស​អ្នក​ដែល​មក​ពី​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម ម៉ាណាសេ អ៊ីសាកា និង​សាប៊ូឡូន ពុំ​បាន​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ​ទេ។ ពួក​គេ​បរិភោគ​ក្នុង​ពិធី​ជប់‌លៀង​បុណ្យ​ចម្លង ពុំ​ស្រប​តាម​វិន័យ​ដែល​មាន​ចែង​ទុក​ឡើយ។ ដូច្នេះ ព្រះ‌បាទ​អេសេខ្យាស​ទូល‌អង្វរ​ឲ្យ​ពួក​គេ​ថា៖ ១៩ «ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​យើង​ខ្ញុំ​អើយ ព្រះ‌អង្គ​ប្រកប​ដោយ​ព្រះ‌ហឫទ័យ​សប្បុរស សូម​លើក‌លែង​ទោស​ឲ្យ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អង្គ ដោយ​ស្មោះ​អស់​ពី​ចិត្ត​នេះ​ផង ទោះ​បី​ពួក​គេ​ពុំ​បាន​ញែក​ខ្លួន​ជា​បរិសុទ្ធ​ថ្វាយ​ព្រះ‌អង្គ​នៅ​ឡើយ​ក៏​ដោយ»។ ២០ ព្រះ‌អម្ចាស់​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​ព្រះ‌បាទ​អេសេខ្យាស ព្រះ‌អង្គ​មិន​ធ្វើ​ទោស​ប្រជាជន​ឡើយ។
២១ ជន​ជាតិ​អ៊ីស្រា‌អែល​ដែល​មាន​វត្ត‌មាន​នៅ​ក្រុង​យេរូ‌សាឡឹម នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​នំបុ័ង​ឥត​មេ​យ៉ាង​សប្បាយ​លើស‌លប់ អស់‌រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ។ រៀង​រាល់​ថ្ងៃ ក្រុម​លេវី និង​ក្រុម​បូជា‌ចារ្យ សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ដោយ​ប្រគំ​តូរ្យ‌តន្ដ្រី​យ៉ាង​រំពង​ថ្វាយ​ព្រះ‌អង្គ។ ២២ ព្រះ‌បាទ​អេសេខ្យាស​មាន​រាជ‌ឱង្ការ​លើក​ទឹក​ចិត្ត​ពួក​លេវី​ទាំង​អស់ ដែល​សុទ្ធ‌សឹង​តែ​ជា​អ្នក​ជំពាក់​ចិត្ត​ទាំង​ស្រុង​លើ​ព្រះ‌អម្ចាស់។ ក្នុង​អំឡុង​ពេល​ប្រាំ​ពីរ​ថ្ងៃ ប្រជាជន​បរិភោគ​សាច់​របស់​សត្វ ដែល​គេ​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព* ហើយ​លើក​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ដូន‌តា​របស់​ខ្លួន។
២៣ អង្គ​ប្រជុំ​ទាំង​មូល​បាន​ព្រម​ព្រៀង​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ប្រាំ​ពីរ​ថ្ងៃ​បន្ត​ទៀត។ ក្នុង‌រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ​នេះ ពួក​គេ​នាំ​គ្នា​ធ្វើ​បុណ្យ​យ៉ាង​សប្បាយ ២៤ ដ្បិត​ព្រះ‌បាទ​អេសេខ្យាស ជា​ស្តេច​ស្រុក​យូដា ផ្គត់‌ផ្គង់​គោ​បា​មួយ​ពាន់​ក្បាល និង​ចៀម​ប្រាំ​ពីរ‌ពាន់​ក្បាល​ដល់​ប្រជាជន ហើយ​ពួក​មន្ត្រី​ក៏​ផ្គត់‌ផ្គង់​គោ​បា​មួយ​ពាន់​ក្បាល និង​ចៀម​មួយ‌ម៉ឺន​ក្បាល​ដល់​ប្រជាជន​ដែរ។ បូជា‌ចារ្យ​មួយ​ចំនួន​ធំ​បាន​ធ្វើ​ពិធី​ញែក​ខ្លួន​ឲ្យ​វិសុទ្ធ។ ២៥ អង្គ​ប្រជុំ​យូដា​ទាំង​មូល រួម​ជា​មួយ​ក្រុម​បូជា‌ចារ្យ ក្រុម​លេវី ប្រជាជន​ទាំង​អស់​មក​ពី​ស្រុក​អ៊ីស្រា‌អែល និង​ជន​បរទេស​ដែល​មក​ពី​ស្រុក​អ៊ីស្រា‌អែល​ក្តី ឬ​រស់​នៅ​ក្នុង​ស្រុក​យូដា​ក្តី នាំ​គ្នា​សប្បាយ​រីក‌រាយ​ក្រៃ‌លែង។ ២៦ នៅ​ក្រុង​យេរូ‌សាឡឹម​គេ​មាន​អំណរ​សប្បាយ​ជា​ខ្លាំង គឺ​តាំង​ពី​ជំនាន់​ព្រះ‌បាទ​សាឡូម៉ូន ជា​បុត្រ​របស់​ព្រះ‌បាទ​ដាវីឌ ស្តេច​ស្រុក​អ៊ីស្រា‌អែល​ត​រៀង​មក មិន​ដែល​មាន​ពិធី​បុណ្យ​បែប​នេះ​នៅ​ក្រុង​យេរូ‌សាឡឹម​ទេ។ ២៧ ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី នាំ​គ្នា​ក្រោក​ឡើង ជូន​ពរ​ប្រជាជន។ ពាក្យ​ទូល‌អង្វរ​របស់​ពួក​គេ​លាន់​ឮ​ឡើង រហូត​ដល់​ព្រះ‌ដំណាក់​ដ៏‌វិសុទ្ធ​របស់​ព្រះ‌ជាម្ចាស់​នៅ​ស្ថាន​បរម‌សុខ* ហើយ​ព្រះ‌អង្គ​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​ពាក្យ​របស់​ពួក​គេ។
៣១
ព្រះ‌បាទ​អេសេខ្យាស​រៀប‌ចំ​មុខ‌ងារ​បូជា‌ចារ្យ​ឡើង​វិញ
 លុះ​ធ្វើ​ពិធី​បុណ្យ​ចប់​សព្វ​គ្រប់​ហើយ ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់ ដែល​បាន​មក​ចូល​រួម នាំ​គ្នា​ចេញ​ទៅ​តាម​ក្រុង​នានា​ក្នុង​ស្រុក​យូដា ហើយ​កម្ទេច​ស្តូប រំលំ​បង្គោល​របស់​ព្រះ‌អាសេ‌រ៉ា បំផ្លាញ​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ និង​អាសនៈ​ទាំង‌ឡាយ​ដែល​មាន​នៅ​ក្នុង​ទឹក​ដី​យូដា និង​បេនយ៉ាមីន​ទាំង​មូល ព្រម​ទាំង​ទឹក​ដី​អេប្រាអ៊ីម និង​ម៉ាណាសេ។ បន្ទាប់​មក ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់​វិល​ត្រឡប់​ទៅ​កាន់​ទី​លំ‌នៅ​របស់​ខ្លួន តាម​ក្រុង​នានា​វិញ។
 ព្រះ‌បាទ​អេសេខ្យាស​បាន​តែង‌តាំង​ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី​តាម​ជាន់​ថ្នាក់ ឲ្យ​បំពេញ​មុខ‌ងារ​របស់​គេ​រៀងៗ​ខ្លួន​វិញ គឺ​ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី​ដែល​បំពេញ​មុខ‌ងារ​ថ្វាយ​តង្វាយ​ដុត*​ទាំង​មូល និង​យញ្ញ‌បូជា​មេត្រី‌ភាព ព្រម​ទាំង​អ្នក​ដែល​បម្រើ​ការ‌ងារ​ក្នុង​ព្រះ‌វិហារ អ្នក​ចម្រៀង​សម្រាប់​លើក​តម្កើង​ព្រះ‌អម្ចាស់ និង​អ្នក​យាម​ទ្វារ​ពន្លា​របស់​ព្រះ‌អម្ចាស់។  ព្រះ‌រាជា​បាន​យក​រាជ‌ទ្រព្យ​មួយ​ចំណែក សម្រាប់​បង់​ចំណាយ​ទៅ​លើ​តង្វាយ​ដុត​ទាំង​មូល ដែល​ត្រូវ​ថ្វាយ​នៅ​ពេល​ព្រឹក នៅ​ពេល​ល្ងាច នៅ​ថ្ងៃ​សប្ប័ទ* នៅ​បុណ្យ​ដើម​ខែ និង​បុណ្យ​ដ៏​សំខាន់ៗ​ផ្សេង​ទៀត ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ‌វិន័យ​របស់​ព្រះ‌អម្ចាស់
 ព្រះ‌រាជា​បង្គាប់​ប្រជាជន និង​អ្នក​ក្រុង​យេរូ‌សាឡឹម ឲ្យ​ប្រគល់​ចំណែក​របស់​ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី​ទៅ​ពួក​គេ ធ្វើ​ដូច្នេះ ពួក​គេ​មិន​ខ្វល់‌ខ្វាយ​នឹង​អ្វី​ផ្សេង​ទៀត ក្រៅ​ពី​គិត​ដល់​វិន័យ​របស់​ព្រះ‌អម្ចាស់។  ពេល​ប្រជាជន​អ៊ីស្រា‌អែល​ទទួល​បញ្ជា​របស់​ស្តេច​ហើយ ពួក​គេ​នាំ​យក​ផល​ដំបូង​នៃ​ស្រូវ ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី ប្រេង ទឹក​ឃ្មុំ និង​ផល​ដំណាំ​ផ្សេងៗ​ទៀត​យ៉ាង​ច្រើន​បរិបូណ៌ ហើយ​ពួក​គេ​ក៏​នាំ​យក​មួយ​ភាគ​ដប់​នៃ​អ្វីៗ​ដែល​ខ្លួន​មាន មក​ថ្វាយ​យ៉ាង​បរិបូណ៌​ដែរ។  កូន​ចៅ​អ៊ីស្រា‌អែល និង​កូន​ចៅ​យូដា​ដែល​រស់​នៅ​តាម​ក្រុង​នានា ក្នុង​ស្រុក​យូដា បាន​នាំ​គោ និង​ចៀម មក​ថ្វាយ​ជា​តង្វាយ​មួយ​ភាគ​ដប់ ហើយ​គេ​ក៏​យក​អ្វីៗ​ទាំង​អស់ ដែល​ញែក​ជា​សក្ការៈ​ថ្វាយ​ដល់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្លួន មក​ថ្វាយ​ជា​តង្វាយ​មួយ​ភាគ​ដប់​ដែរ។ គេ​ដាក់​តង្វាយ​ទាំង​នោះ​ជា​ច្រើន​គំនរ។  គេ​បាន​ចាប់​ផ្តើម​ប្រមូល​តង្វាយ​មក​ដាក់​ជា​គំនរ ចាប់​ពី​ខែ​ទី​បី រហូត​ដល់​ខែ​ទី​ប្រាំ​ពីរ។  ព្រះ‌បាទ​អេសេខ្យាស និង​ពួក​មន្ត្រី មក​មើល​គំនរ​តង្វាយ​ទាំង​នោះ ហើយ​នាំ​គ្នា​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់ និង​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ។
ព្រះ‌បាទ​អេសេខ្យាស​សាក​សួរ​ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី ស្តី​អំពី​គំនរ​តង្វាយ​ទាំង​នោះ។ ១០ លោក​មហា‌បូជា‌ចារ្យ​អសារីយ៉ា​ពី​អំបូរ​សាដុក ទូល​ស្តេច​ថា៖ «ចាប់​ពី​ពេល​ប្រជាជន​នាំ​តង្វាយ ដែល​គេ​បាន​ញែក​ទុក មក​ដាក់​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ នោះ​យើង​មាន​អាហារ​បរិភោគ​យ៉ាង​បរិបូណ៌ ថែម​ទាំង​នៅ​សេស‌សល់​ជា​ច្រើន​ឥត​គណនា​ផង ដ្បិត​ព្រះ‌អម្ចាស់​ប្រទាន​ពរ​ដល់​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ។ អ្វីៗ​ដែល​គរ​នៅ​ទី​នេះ សុទ្ធ​តែ​ជា​របស់​ដែល​យើង​មាន​លើស​ពី​សេចក្ដី​ត្រូវ​ការ»។
១១ ព្រះ‌បាទ​អេសេខ្យាស​បង្គាប់​ឲ្យ​គេ​រៀប‌ចំ​បន្ទប់ នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ ពេល​រៀប‌ចំ​រួច​ស្រេច​ហើយ ១២ គេ​ក៏​នាំ​យក​តង្វាយ​ដែល​គេ​បាន​ញែក​ទុក​ដោយ​ឡែក និង​តង្វាយ​មួយ​ភាគ​ដប់ ព្រម​ទាំង​តង្វាយ​ដ៏​សក្ការៈ​ផ្សេង​ទៀត យក​មក​ទុក​ក្នុង​បន្ទប់​នោះ​ជា​ប្រក្រតី។ លោក​កូណា‌នីយ៉ា​ជា​ក្រុម​លេវី មាន​ភារ‌កិច្ច​មើល​ខុស​ត្រូវ​លើ​តង្វាយ​ទាំង​នោះ ដោយ​មាន​លោក​ស៊ីម៉ៃ ជា​ប្អូន​របស់​គាត់ ជា​អ្នក​ជំនួយ​ការ។ ១៣ ព្រះ‌បាទ​អេសេខ្យាស និង​លោក​មហា‌បូជា‌ចារ្យ​អសារីយ៉ា ដែល​ទទួល​ខុស​ត្រូវ​លើ​ការ‌ងារ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ បាន​តែង‌តាំង​លោក​យេហ៊ី‌អែល លោក​អសា‌ស៊ីយ៉ា លោក​ណាហាត លោក​អសាអែល លោក​យេរីម៉ុត លោក​យ៉ូសេបាដ លោក​អេលីអែល លោក​យីសម៉ា‌គីយ៉ា លោក​ម៉ាហាត និង​លោក​បេណាយ៉ា ឲ្យ​ធ្វើ​ការ​នៅ​ក្រោម​បញ្ជា​របស់​លោក​កូណា‌នីយ៉ា និង​លោក​ស៊ីម៉ៃ ជា​ប្អូន។ ១៤ លោក​កូរេ ជា​កូន​របស់​លោក​យីមណា​ពី​ក្រុម​លេវី ដែល​ជា​ឆ្មាំ​ខ្លោង​ទ្វារ​ខាង​កើត ទទួល​បន្ទុក​លើ​តង្វាយ​ស្ម័គ្រ‌ចិត្ត ដែល​ប្រជាជន​យក​មក​ថ្វាយ​ព្រះ‌ជាម្ចាស់ ហើយ​លោក​ក៏​ទទួល​ភារ‌កិច្ច​ចែក​ស្បៀង​អាហារ ដែល​ប្រជាជន​ញែក​ថ្វាយ​ព្រះ‌អម្ចាស់ និង​តង្វាយ​សក្ការៈ​ឯ​ទៀតៗ​ដែរ។ ១៥ លោក​មាន​សហ‌ការី​នៅ​តាម​ក្រុង​នានា​របស់​បូជា‌ចារ្យ ដើម្បី​ជួយ​ចែក​ស្បៀង​អាហារ​យ៉ាង​ស្មោះ‌ត្រង់​ដល់​បូជា‌ចារ្យ ទាំង​តូច ទាំង​ធំ​តាម​ជាន់​ថ្នាក់។ សហ‌ការី​ទាំង​នោះ​មាន​លោក​អេដេន លោក​មីនយ៉ាមីន លោក​យ៉ូស៊ូអា លោក​សេម៉ាយ៉ា លោក​អម៉ារីយ៉ា និង​លោក​សេកា‌នីយ៉ា។ ១៦ ពួក​គេ​មិន​ចែក​ស្បៀង​អាហារ​ឲ្យ​អស់​អ្នក​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី ចាប់​ពី​បី​ឆ្នាំ​ឡើង​ទៅ​ប៉ុណ្ណោះ​ទេ គឺ​ចែក​ឲ្យ​អស់​អ្នក​ដែល​ទទួល​ចូល​បម្រើ​ការ‌ងារ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ តាម​វេន តាម​ក្រុម​របស់​ខ្លួន ជា​រៀង​រាល់​ថ្ងៃ​ដែរ។ ១៧ គេ​ជំរឿន​បូជា‌ចារ្យ តាម​ក្រុម​គ្រួសារ​របស់​ខ្លួន រីឯ​ក្រុម​លេវី គេ​ជំរឿន​អ្នក​ដែល​មាន​អាយុ​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ តាម​ក្រុម តាម​ជាន់​ថ្នាក់​របស់​ខ្លួន។ ១៨ អ្នក​ទាំង​នោះ​ត្រូវ​ជំរឿន ដោយ​គិត​ទាំង​ប្រពន្ធ ទាំង​កូន ប្រុស​កូន​ស្រី​របស់​គេ ហើយ​សូម្បី​តែ​ទារក​តូចៗ​ក៏​រាប់​បញ្ចូល​ដែរ ដ្បិត​ពួក​គេ​ត្រូវ​ញែក​ខ្លួន​ទាំង​ស្រុង ដើម្បី​បំពេញ​មុខ‌ងារ​ក្នុង​ទី‌សក្ការៈ។ ១៩ ចំណែក​ឯ​បូជា‌ចារ្យ ជា​ពូជ‌ពង្ស​របស់​លោក​អរ៉ុន ដែល​រស់​នៅ​តាម​ភូមិ​ស្រុក ជុំ‌វិញ​ក្រុង​នានា គេ​បាន​តែង‌តាំង​អ្នក​ទទួល​ខុស​ត្រូវ តាម​ឈ្មោះ​របស់​ខ្លួន ឲ្យ​ចែក​ស្បៀង​អាហារ​ដល់​ក្រុម​បូជា‌ចារ្យ ព្រម​ទាំង​ក្រុម​លេវី​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ដែរ។
២០ ព្រះ‌បាទ​អេសេខ្យាស​បាន​ចាត់​ចែង​របៀប​នេះ ក្នុង​ស្រុក​យូដា​ទាំង​មូល។ ស្តេច​បាន​ប្រព្រឹត្ត​យ៉ាង​សុចរិត ល្អ​ត្រឹម​ត្រូវ និង​ដោយ​ចិត្ត​ស្មោះ‌ស្ម័គ្រ ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ស្តេច។ ២១ គ្រប់​កិច្ច‌ការ​ដែល​ស្តេច​ធ្វើ គឺ​ការ​ចាត់​ចែង​ឲ្យ​មាន​ពិធី​គោរព​បម្រើ​ព្រះ‌ជាម្ចាស់​ក្នុង​ព្រះ‌ដំណាក់​ក្តី ការ​គោរព​វិន័យ និង​បទ‌បញ្ជា​របស់​ព្រះ‌ជាម្ចាស់​ក្តី ស្តេច​ធ្វើ​ដោយ​ចិត្ត​ស្វែង​រក​ព្រះ‌អង្គ ហើយ​ស្តេច​ក៏​ធ្វើ​យ៉ាង​អស់​ពី​ចិត្ត រហូត​ដល់​សម្រេច​បាន​ជោគ‌ជ័យ។
៣២
ព្រះ‌ចៅ​សេណា‌ខេរីប​ឈ្លាន‌ពាន​អាណា‌ចក្រ​យូដា
(២​ពង្សា‌វតារ‌ក្សត្រ ១៨.១៣, អេសាយ ៣៦.១)
 ក្រោយ​ពេល​ដែល​ព្រះ‌បាទ​អេសេខ្យាស​សម្ដែង​ភក្តី‌ភាព​ចំពោះ​ព្រះ‌ជាម្ចាស់​នោះ​មក ព្រះ‌ចៅ​សេណា‌ខេរីប ជា​ស្តេច​ស្រុក​អាស្ស៊ីរី បាន​លើក​ទ័ព​មក​លុក‌លុយ​ស្រុក​យូដា ហើយ​ឡោម‌ព័ទ្ធ​ក្រុង​នានា​ដែល​មាន​កំពែង​រឹង‌មាំ ព្រម​ទាំង​បញ្ជា​ឲ្យ​កង‌ទ័ព​វាយ​សម្រុក​ក្រុង​ទាំង​នោះ​ទៀត​ផង។  កាល​ព្រះ‌បាទ​អេសេខ្យាស​ឃើញ​ព្រះ‌ចៅ​សេណា‌ខេរីប លើក​ទ័ព​មក​បម្រុង​នឹង​វាយ​លុក​ក្រុង​យេរូ‌សាឡឹម  ស្តេច​ក៏​ប្រជុំ​ពិភាក្សា​ជា​មួយ​ពួក​មេ‌ទ័ព និង​នាយ​ទាហាន​ដ៏​អង់‌អាច​របស់​ស្តេច ដើម្បី​សម្រេច​បិទ​ប្រភព​ទឹក​ដែល​នៅ​ខាង​ក្រៅ​ទី‌ក្រុង។ ពួក​គេ​គាំ‌ទ្រ​ស្តេច  ហើយ​ប្រមូល​ប្រជាជន​ជា​ច្រើន​មក​ជួប‌ជុំ​គ្នា រួច​បិទ​ប្រភព​ទឹក​ទាំង​អស់ ព្រម​ទាំង​ទប់​ប្រឡាយ​ដែល​បង្ហូរ​ទឹក​នៅ​តំបន់​នោះ​ផង។ ពួក​គេ​គិត​គ្នា​ថា៖ «ពេល​ពួក​អាស្ស៊ីរី​មក​ដល់ គេ​មុខ​ជា​ខ្វះ​ទឹក​ពុំ‌ខាន»។
 ព្រះ‌បាទ​អេសេខ្យាស​ពង្រឹង​ទី‌ក្រុង ដោយ​ជួស‌ជុល​កំពែង​ត្រង់​កន្លែង​ដែល​បាក់​បែក ស្តេច​លើក​ប៉ម​កំពែង​ឲ្យ​កាន់​តែ​ខ្ពស់ ព្រម​ទាំង​សង់​កំពែង​មួយ​ជាន់​ទៀត​ពី​ខាង​ក្រៅ ហើយ​ជួស‌ជុល​ប៉ម​មីឡូ​នៅ​បុរី​ព្រះ‌បាទ​ដាវីឌ។ ស្តេច​ក៏​រក​បាន​អាវុធ និង​ខែល​មួយ​ចំនួន​ធំ​ដែរ។  ស្តេច​ចាត់​តាំង​មេ‌ទ័ព ឲ្យ​ធ្វើ​ជា​មេ​បញ្ជា‌ការ​លើ​ប្រជាជន ហើយ​ស្តេច​ត្រាស់​ហៅ​ពួក​គេ​ឲ្យ​ប្រជុំ​គ្នា នៅ​ព្រលាន​ជិត​ទ្វារ​ក្រុង រួច​មាន​រាជ‌ឱង្ការ​លើក​ទឹក​ចិត្ត​ពួក​គេ​ថា៖  «ចូរ​មាន​កម្លាំង និង​ទឹក​ចិត្ត​ក្លា‌ហាន​ឡើង! កុំ​ភ័យ​ខ្លាច ឬ​តក់‌ស្លុត​នៅ​ចំពោះ​មុខ​ស្តេច​ស្រុក​អាស្ស៊ីរី និង​កង‌ទ័ព​ដ៏​ច្រើន​កុះ‌ករ​របស់​គេ​ឡើយ ដ្បិត​នៅ​ខាង​យើង មាន​កម្លាំង​ជាង​ពួក​គេ។  ខាង​ស្តេច​ស្រុក​អាស្ស៊ីរី​មាន​តែ​កម្លាំង​មនុស្ស​លោក​ប៉ុណ្ណោះ រីឯ​ខាង​យើង​វិញ យើង​មាន​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង ព្រះ‌អង្គ​នឹង​ជួយ​គាំ‌ទ្រ​យើង​នៅ​ពេល​ប្រយុទ្ធ»។ ប្រជាជន​ក៏​នាំ​គ្នា​ទុក​ចិត្ត​លើ​រាជ‌ឱង្ការ​របស់​ព្រះ‌បាទ​អេសេខ្យាស ជា​ស្តេច​ស្រុក​យូដា។
ការ​គំរាម​កំហែង​របស់​ស្តេច​ស្រុក​អាស្ស៊ីរី​មក​លើ​ក្រុង​យេរូ‌សាឡឹម
(២​ពង្សា‌វតារ‌ក្សត្រ ១៨.១៧-៣៧, អេសាយ ៣៦.២-២២)
បន្ទាប់​មក ព្រះ‌ចៅ​សេណា‌ខេរីប ស្តេច​ស្រុក​អាស្ស៊ីរី ចាត់​រាជ​បម្រើ​ឲ្យ​មក​ក្រុង​យេរូ‌សាឡឹម ក្នុង​ពេល​ដែល​ស្តេច​គង់​នៅ​ក្បែរ​ក្រុង​ឡាគីស​ជា​មួយ​កង‌ទ័ព​ទាំង​អស់។ ស្តេច​បាន​ចាត់​ពួក​គេ​ឲ្យ​មក​ជួប​ព្រះ‌បាទ​អេសេខ្យាស ជា​ស្តេច​ស្រុក​យូដា និង​ប្រជាជន​យូដា​ទាំង​អស់ ដែល​ស្ថិត​នៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​ប្រកាស​ដូច​ត​ទៅ៖ ១០ «ព្រះ‌ចៅ​សេណា‌ខេរីប ជា​ស្តេច​ស្រុក​អាស្ស៊ីរី មាន​រាជ‌ឱង្ការ​ថា “តើ​អ្នក​រាល់​គ្នា​មាន​អ្វី​ជា​បង្អែក​បាន​ជា​ទ្រាំ​លំបាក នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម​បែប​នេះ?”។ ១១ ស្តេច​អេសេខ្យាស​បញ្ឆោត​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ស្លាប់ ដោយ​អត់​បាយ អត់​ទឹក គឺ​ស្តេច​ប្រាប់​ថា “ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង នឹង​រំដោះ​យើង​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ស្តេច​ស្រុក​អាស្ស៊ីរី​មិន​ខាន”។ ១២ ស្តេច​អេសេខ្យាស​ហ្នឹង​ហើយ ដែល​បាន​បំផ្លាញ​ទី‌សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ ព្រម​ទាំង​កម្ទេច​អាសនៈ​របស់​ព្រះ‌អម្ចាស់ រួច​បង្គាប់​ឲ្យ​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម គោរព​ថ្វាយ‌បង្គំ​អាសនៈ​តែ​មួយ ហើយ​ដុត​គ្រឿង​ក្រអូប​តែ​លើ​អាសនៈ​មួយ​នោះ! ១៣ អ្នក​រាល់​គ្នា​ដឹង​ទេ​ឬ ថា​តើ​យើង និង​ដូន‌តា​របស់​យើង​ប្រព្រឹត្ត​បែប​ណា ចំពោះ​ជាតិ​សាសន៍​ដទៃ​ទៀត​លើ​ផែន‌ដី​នេះ? តើ​ព្រះ​របស់​ប្រជា‌ជាតិ​ទាំង‌ឡាយ​បាន​រំដោះ​ស្រុក​របស់​ខ្លួន ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​ឬ​ទេ? ១៤ ក្នុង​ចំណោម​ព្រះ​របស់​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន ដែល​ដូន‌តា​របស់​យើង​បំផ្លាញ​ថ្វាយ​ផ្ដាច់​ដល់​ព្រះ​របស់​យើង​នោះ គ្មាន​ព្រះ​ណា​មួយ​អាច​រំដោះ​ប្រជាជន​របស់​ខ្លួន ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​បាន​ឡើយ។ រីឯ​ព្រះ​របស់​អ្នក​រាល់​គ្នា​ក៏​ពុំ​អាច​រំដោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​បាន​ដែរ! ១៥ ដូច្នេះ មិន​ត្រូវ​ឲ្យ​ស្តេច​អេសេខ្យាស​បញ្ឆោត​អ្នក​រាល់​គ្នា នៅ​ពេល​នេះ កុំ​ជឿ​សម្ដី​របស់​ស្តេច​បែប​នេះ​ឡើយ! ដ្បិត​គ្មាន​ព្រះ​របស់​ប្រជា‌ជាតិ​ណា​មួយ ឬ​នគរ​ណា​មួយ អាច​រំដោះ​ប្រជាជន​របស់​ខ្លួន ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង ឬ​ដូន‌តា​របស់​យើង​បាន​ឡើយ។ ដូច្នេះ ព្រះ​ទាំង‌ឡាយ​របស់​អ្នក​រាល់​គ្នា​ក៏​ពុំ​អាច​រំដោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​បាន​ដែរ!»។
១៦ រាជ​បម្រើ​របស់​ព្រះ‌ចៅ​សេណា‌ខេរីប​ចេះ​តែ​នាំ​គ្នា​ពោល​ពាក្យ​ប្រមាថ​ព្រះ‌ជា‌អម្ចាស់ និង​ប្រមាថ​ព្រះ‌បាទ​អេសេខ្យាស ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ បន្ត​ទៅ​ទៀត។
ព្រះ‌ចៅ​សេណា‌ខេរីប​ប្រមាថ​ព្រះ‌អម្ចាស់
(២​ពង្សា‌វតារ‌ក្សត្រ ១៩.១៤-១៩, អេសាយ ៣៧.១៤-២០)
១៧ ស្តេច​ស្រុក​អាស្ស៊ីរី​សរសេរ​លិខិត​មួយ ដើម្បី​ប្រមាថ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល គឺ​ក្នុង​លិខិត​នោះ ស្តេច​ថ្លែង​ថា៖ «ព្រះ​ទាំង​ប៉ុន្មាន​របស់​ប្រជា‌ជាតិ​នានា​នៅ​ផែន‌ដី​នេះ មិន​អាច​រំដោះ​ប្រជាជន​របស់​ខ្លួន​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​យើង​ឡើយ។ ដូច្នេះ ព្រះ​របស់​ស្តេច​អេសេខ្យាស​ក៏​ពុំ​អាច​រំដោះ​ប្រជាជន​របស់​ខ្លួន ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​ដែរ!»។
១៨ រាជ​បម្រើ​របស់​ស្តេច​ស្រុក​អាស្ស៊ីរី​នាំ​គ្នា​ស្រែក​ប្រកាស​យ៉ាង​ខ្លាំងៗ​ជា​ភាសា​យូដា ក្នុង​គោល​បំណង​ធ្វើ​ឲ្យ​ប្រជាជន ដែល​ស្ថិត​នៅ​តាម​កំពែង​ក្រុង​យេរូ‌សាឡឹម​ព្រឺ‌ខ្លាច និង​ភ័យ​តក់‌ស្លុត ដើម្បី​ឲ្យ​ពួក​គេ​ងាយ​ចូល​វាយ​យក​ទី‌ក្រុង។ ១៩ ពួក​គេ​និយាយ​ពី​ព្រះ​នៃ​ក្រុង​យេរូ‌សាឡឹម ហាក់​ដូច​ជា​និយាយ​ពី​ព្រះ​របស់​ជាតិ​សាសន៍​នានា​នៅ​ផែន‌ដី ដែល​សុទ្ធ‌សឹង​ជា​ស្នាដៃ​របស់​មនុស្ស។
ជន​ជាតិ​អាស្ស៊ីរី​បាក់​ទ័ព ព្រះ‌ចៅ​សេណា‌ខេរីប​សោយ​ទិវង្គត
(២​ពង្ស.១៩.១៥, ៣៥-៣៧, អេសាយ ៣៧.១៥, ៣៦-៣៨)
២០ ព្រះ‌បាទ​អេសេខ្យាស និង​ព្យាការី​អេសាយ ជា​កូន​របស់​លោក​អម៉ុស បាន​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់ ដើម្បី​សូម​ព្រះ‌អង្គ​ជួយ។ ២១ ពេល​នោះ ព្រះ‌អម្ចាស់​ចាត់​ទេវទូត​មួយ​រូប ឲ្យ​មក​ប្រល័យ​ជីវិត​ទាហាន​ដ៏​ខ្លាំង​ពូកែ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ពួក​មេ​បញ្ជា‌ការ និង​ពួក​មេ‌ទ័ព នៅ​ក្នុង​ទី​តាំង​ទ័ព​របស់​ស្តេច​ស្រុក​អាស្ស៊ីរី។ ស្តេច​វិល​ត្រឡប់​ទៅ​ស្រុក​វិញ ទាំង​អាម៉ាស់​មុខ។ ស្តេច​ចូល​ទៅ​ក្នុង​វិហារ​នៃ​ព្រះ​របស់​ស្តេច ហើយ​ពេល​នោះ បុត្រ​បង្កើត​របស់​ស្តេច​នាំ​គ្នា​ធ្វើ​គុត​ស្តេច​ដោយ​មុខ​ដាវ។
២២ ព្រះ‌អម្ចាស់​បាន​រំដោះ​ព្រះ‌បាទ​អេសេខ្យាស និង​ប្រជាជន​នៅ​ក្រុង​យេរូ‌សាឡឹម ពី​កណ្ដាប់​ដៃ​របស់​ព្រះ‌ចៅ​សេណា‌ខេរីប ជា​ស្តេច​ស្រុក​អាស្ស៊ីរី និង​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន ហើយ​ការ‌ពារ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​គ្រប់​ទិស‌ទី។ ២៣ មនុស្ស‌ម្នា​ជា​ច្រើន​នាំ​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌អម្ចាស់​នៅ​ក្រុង​យេរូ‌សាឡឹម ព្រម​ទាំង​យក​របស់​ផ្សេង​ទៀត​មក​ថ្វាយ​ព្រះ‌បាទ​អេសេខ្យាស ជា​ស្តេច​ស្រុក​យូដា​ដែរ ដ្បិត​ចាប់​ពី​ពេល​នោះ​មក ប្រជា‌ជាតិ​ទាំង​អស់​គោរព​រាប់​អាន​ស្តេច​គ្រប់ៗ​គ្នា។
ចុង​រជ្ជ‌កាល​ព្រះ‌បាទ​អេសេខ្យាស
(២​ពង្សា‌វតារ‌ក្សត្រ ២០.១-២១, អេសាយ ៣៨.១-៨, ៣៩)
២៤ នៅ​គ្រា​នោះ ព្រះ‌បាទ​អេសេខ្យាស​ប្រឈួន​ជា​ទម្ងន់ ហៀប​នឹង​សុគត។ ស្តេច​បាន​ទូល‌អង្វរ​ព្រះ‌អម្ចាស់ ហើយ​ព្រះ‌អម្ចាស់​តប​មក​វិញ ដោយ​ប្រទាន​ទី​សម្គាល់​ដ៏​អស្ចារ្យ​មួយ។ ២៥ ប៉ុន្តែ ព្រះ‌បាទ​អេសេខ្យាស​ពុំ​បាន​ដឹង​គុណ​ព្រះ‌ជាម្ចាស់ ដែល​សម្ដែង​ព្រះ‌ហឫទ័យ​សប្បុរស​ចំពោះ​ស្តេច​ទេ គឺ​ស្តេច​មាន​ចិត្ត​អួត​បំប៉ោង ធ្វើ​ឲ្យ​ព្រះ‌អម្ចាស់​ព្រះ‌អង្គ​ព្រះ‌ពិរោធ​ទាស់​នឹង​ស្តេច ព្រម​ទាំង​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម។ ២៦ ពេល​នោះ ព្រះ‌បាទ​អេសេខ្យាស​ដឹង​ខ្លួន​ខុស ស្តេច​ក៏​សារ‌ភាព​កំហុស​ជា​មួយ​ប្រជាជន នៅ​ក្រុង​យេរូ‌សាឡឹម។ ដូច្នេះ ព្រះ‌អម្ចាស់​ពុំ​បាន​ដាក់​ទោស​គេ ក្នុង​ពេល​ដែល​ព្រះ‌បាទ​អេសេខ្យាស​នៅ​មាន​ព្រះ‌ជន្ម​ឡើយ។
២៧ ព្រះ‌បាទ​អេសេខ្យាស​ទទួល​ទ្រព្យ‌សម្បត្តិ និង​កិត្តិយស​យ៉ាង​ច្រើន។ ស្តេច​បាន​សង់​ឃ្លាំង​សម្រាប់​ទុក​ប្រាក់ មាស ត្បូង​ពេជ្រ គ្រឿង​ក្រអូប ខែល និង​វត្ថុ​ទាំង​ប៉ុន្មាន​ដ៏​មាន​តម្លៃ។ ២៨ ស្តេច​ក៏​សង់​ឃ្លាំង​សម្រាប់​ផ្ទុក​ស្រូវ ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី និង​ប្រេង ព្រម​ទាំង​ក្រោល​សម្រាប់​សត្វ​ពាហនៈ​គ្រប់​មុខ និង​វាល​ស្មៅ​សម្រាប់​ហ្វូង​ចៀម។ ២៩ ស្តេច​បាន​សង់​ក្រុង​ផ្សេងៗ ហើយ​ស្តេច​មាន​ហ្វូង​សត្វ​ជា​ច្រើន គឺ​ហ្វូង​គោ និង​ហ្វូង​ចៀម ដ្បិត​ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​ស្តេច​មាន​ទ្រព្យ‌សម្បត្តិ​យ៉ាង​ស្តុក‌ស្តម្ភ​បំផុត។ ៣០ ព្រះ‌បាទ​អេសេខ្យាស​ក៏​បាន​ទប់​ប្រភព​ទឹក​គីហូន​ប៉ែក​ខាង​លើ ហើយ​បំបែរ​ផ្លូវ​ទឹក​ចុះ​ទៅ​ខាង​លិច ក្នុង​បុរី​ព្រះ‌បាទ​ដាវីឌ។ អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌បាទ​អេសេខ្យាស​ធ្វើ សុទ្ធ​តែ​បាន​សម្រេច​ទាំង​អស់។ ៣១ ប៉ុន្តែ នៅ​គ្រា​ដែល​ស្តេច​ស្រុក​បាប៊ីឡូន​ចាត់​ទូត​ឲ្យ​មក ដើម្បី​សួរ​ដំណឹង​អំពី​ឫទ្ធិ‌បាដិ‌ហារិយ៍ ដែល​កើត​មាន​នៅ​ក្នុង​ស្រុក ព្រះ‌ជាម្ចាស់​បាន​បោះ​បង់​ចោល​ព្រះ‌បាទ​អេសេខ្យាស ដើម្បី​ល្បង‌ល​មើល​ថា តើ​ស្តេច​មាន​ព្រះ‌ហឫទ័យ​យ៉ាង​ណា។
៣២ រាជ‌កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​អេសេខ្យាស និង​ភក្តី‌ភាព​របស់​ស្តេច​ចំពោះ​ព្រះ‌ជាម្ចាស់ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​និមិត្ត‌ហេតុ​របស់​ព្យាការី​អេសាយ ជា​កូន​របស់​លោក​អម៉ុស ព្រម​ទាំង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ស្រុក​យូដា និង​ស្តេច​ស្រុក​អ៊ីស្រា‌អែល។ ៣៣ ពេល​ព្រះ‌បាទ​អេសេខ្យាស​សោយ​ទិវង្គត គេ​បាន​បញ្ចុះ​សព​ស្តេច​ត្រង់​កន្លែង​ដែល​ខ្ពស់​ជាង​គេ ក្នុង​ទី​បញ្ចុះ​សព​របស់​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ។ អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម ទាំង​មូល​នាំ​គ្នា​ធ្វើ​ពិធី​បុណ្យ​គោរព​ស្តេច នៅ​ពេល​ដែល​ស្តេច​សោយ​ទិវង្គត។ ព្រះ‌បាទ​ម៉ាណាសេ ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។
៣៣
ព្រះ‌បាទ​ម៉ាណាសេ​សោយ​រាជ្យ​លើ​ស្រុក​យូដា
(២​ពង្ស.២១, ១-១៨)
 កាល​ព្រះ‌បាទ​ម៉ាណាសេ​ឡើង​សោយ​រាជ្យ ស្តេច​មាន​ជន្មាយុ​ដប់‌ពីរ​ព្រះ‌វស្សា ព្រះ‌អង្គ​សោយ​រាជ្យ​បាន​ហា‌សិប​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។  ស្តេច​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ដោយ​ប្រព្រឹត្ត​តាម​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ប្រជា‌ជាតិ​នានា ដែល​ព្រះ‌អម្ចាស់​បាន​បណ្តេញ​ចេញ​ពី​មុខ​កូន​ចៅ​អ៊ីស្រា‌អែល។  ស្តេច​បាន​សង់​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ​ឡើង​វិញ គឺ​កន្លែង​ដែល​ព្រះ‌បាទ​អេសេខ្យាស ជា​បិតា បាន​កម្ទេច​ចោល។ ស្តេច​បាន​សង់​អាសនៈ​របស់​ព្រះ‌បាល និង​ដំឡើង​បង្គោល​ព្រះ‌អាសេ‌រ៉ា ហើយ​ក្រាប​ថ្វាយ‌បង្គំ និង​គោរព​បម្រើ​ផ្កាយ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ។  ស្តេច​បាន​សង់​អាសនៈ​របស់​ព្រះ​ដទៃ ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ គឺ​នៅ​កន្លែង​ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា “យើង​នឹង​យក​ក្រុង​យេរូ‌សាឡឹម​នេះ ទុក​ជា​កន្លែង​សម្រាប់​នាម​យើង រហូត​ត​ទៅ”។  ព្រះ‌បាទ​ម៉ាណាសេ​សង់​អាសនៈ​សម្រាប់​ផ្កាយ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ ក្នុង​ទី‌លាន​ទាំង​ពីរ​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។  ស្តេច​បាន​យក​បុត្រា​ទៅ​ធ្វើ​បូជា‌យញ្ញ​នៅ​ក្នុង​ជ្រលង​ភ្នំ​ហ៊ីណូម ស្តេច​រក​គ្រូ​មើល​ជោគ‌រាសី ប្រព្រឹត្ត​មន្ត‌អាគម និង​អំពើ​អាប‌ធ្មប់ ព្រម​ទាំង​តែង‌តាំង​ឲ្យ​មាន​គ្រូ​អន្ទង​ខ្មោច និង​គ្រូ​ទស្សន៍‌ទាយ​ផង។ ស្តេច​ប្រព្រឹត្ត​អំពើ​អាក្រក់​កាន់​តែ​ខ្លាំង​ឡើងៗ ដែល​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ធ្វើ​ឲ្យ​ព្រះ‌អង្គ​ព្រះ‌អង្គ​ព្រះ‌ពិរោធ។  ព្រះ‌បាទ​ម៉ាណាសេ​យក​រូប​បដិមា ដែល​ស្តេច​បាន​ឲ្យ​គេ​ឆ្លាក់ ទៅ​តម្កល់​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ ថ្វី‌ដ្បិត​តែ​ព្រះ‌ជាម្ចាស់​ធ្លាប់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះ‌បាទ​ដាវីឌ និង​ព្រះ‌បាទ​សាឡូម៉ូន ជា​បុត្រ​ថា “យើង​បាន​ជ្រើស‌រើស​ព្រះ‌ដំណាក់ និង​ក្រុង​យេរូ‌សាឡឹម ពី​ចំណោម​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល ទុក​ជា​កន្លែង​សម្រាប់​នាម​យើង រហូត​ត​ទៅ។  ប្រសិន​បើ​ប្រជាជន​អ៊ីស្រា‌អែល​កាន់​តាម​វិន័យ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ធ្វើ​តាម​ក្រឹត្យ‌វិន័យ និង​បទ‌បញ្ជា​ដែល​យើង​បាន​បង្គាប់​មក​តាម‌រយៈ​ម៉ូសេ នោះ​យើង​មិន​ធ្វើ​ឲ្យ​ពួក​គេ​ចាក​ចេញ​ឆ្ងាយ​ពី​ទឹក​ដី ដែល​យើង​បាន​ចែក​ឲ្យ​ដូន‌តា​របស់​គេ​ឡើយ”។  ប៉ុន្តែ ព្រះ‌បាទ​ម៉ាណាសេ​បាន​នាំ​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម ឲ្យ​វង្វេង រហូត​ដល់​ប្រព្រឹត្ត​អំពើ​អាក្រក់ ជាង​ប្រជា‌ជាតិ​នានា ដែល​ព្រះ‌អម្ចាស់​បាន​បំផ្លាញ នៅ​ចំពោះ​មុខ​កូន​ចៅ​អ៊ីស្រា‌អែល​ទៅ​ទៀត។ ១០ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះ‌បាទ​ម៉ាណាសេ និង​ប្រជាជន តែ​ពួក​គេ​មិន​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ឡើយ។
១១ ពេល​នោះ ព្រះ‌អម្ចាស់​នាំ​កង‌ទ័ព​របស់​ស្តេច​ស្រុក​អាស្ស៊ីរី ឲ្យ​មក​វាយ​ប្រហារ​ជន​ជាតិ​យូដា ហើយ​ចាប់​បាន​ព្រះ‌បាទ​ម៉ាណាសេ​ដាក់​កន្លុះ និង​ដាក់​ខ្នោះ​លង្ហិន​យ៉ាង​ជាប់​នាំ​ទៅ​ក្រុង​បាប៊ីឡូន។ ១២ នៅ​ពេល​មាន​ទុក្ខ​ទោស​ដូច្នេះ ស្តេច​បាន​អង្វរ​ករ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ស្តេច ហើយ​សារ‌ភាព​កំហុស​យ៉ាង​អស់​ពី​ចិត្ត នៅ​ចំពោះ​ព្រះ​នៃ​អយ្យកោ​របស់​ស្តេច។ ១៣ ស្តេច​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់ ហើយ​ព្រះ‌អង្គ​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់ និង​ឆ្លើយ​តប​ចំពោះ​ពាក្យ​ដែល​ស្តេច​ទូល‌អង្វរ ដោយ​ប្រោស​ប្រទាន​ឲ្យ​ស្តេច​វិល​ត្រឡប់​មក​គ្រង​រាជ្យ នៅ​ក្រុង​យេរូ‌សាឡឹម​វិញ។ ចាប់​ពី​ពេល​នោះ​មក ព្រះ‌បាទ​ម៉ាណាសេ​ទទួល​ស្គាល់​ថា ព្រះ‌អម្ចាស់​ពិត​ជា​ព្រះ‌ជាម្ចាស់​មែន។
១៤ បន្ទាប់​មក ស្តេច​បាន​សង់​កំពែង​ពី​ក្រៅ​បុរី​ព្រះ‌បាទ​ដាវីឌ គឺ​នៅ​ខាង​លិច​ប្រភព​ទឹក​គីហូន ក្នុង​ជ្រលង​ភ្នំ រហូត​ដល់​ច្រក​ចូល​ទ្វារ​មច្ឆា។ កំពែង​នេះ​ព័ទ្ធ​ខាង​ក្រៅ​អូផែល ហើយ​ស្តេច​បាន​សង់​យ៉ាង​ខ្ពស់។ ស្តេច​ក៏​បាន​តែង‌តាំង​មេ​បញ្ជា‌ការ​កង‌ទ័ព​នៅ​តាម​ក្រុង​នានា ដែល​មាន​កំពែង​រឹង‌មាំ​ក្នុង​ស្រុក​យូដា។
១៥ ស្តេច​បាន​យក​ព្រះ​ដទៃ ព្រម​ទាំង​រូប​ចម្លាក់​ចេញ​ពី​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ហើយ​ស្តេច​ក៏​យក​អាសនៈ​ទាំង​ប៉ុន្មាន​ដែល​ស្តេច​បាន​សង់​នៅ​លើ​ភ្នំ​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ទៅ​បោះ​ចោល​ខាង​ក្រៅ​ទី‌ក្រុង​ដែរ។ ១៦ ស្តេច​បាន​សង់​អាសនៈ​របស់​ព្រះ‌អម្ចាស់​ឡើង​វិញ រួច​ថ្វាយ​យញ្ញ‌បូជា​មេត្រី‌ភាព* និង​យញ្ញ‌បូជា​អរ​ព្រះ‌គុណ។ ស្តេច​បង្គាប់​ឲ្យ​អ្នក​ស្រុក​យូដា​គោរព​បម្រើ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល។ ១៧ ប្រជាជន​នៅ​តែ​ធ្វើ​យញ្ញ‌បូជា​នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​ដដែល តែ​គេ​ឧទ្ទិស​យញ្ញ‌បូជា​នោះ​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្លួន។
១៨ រាជ‌កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​ម៉ាណាសេ ព្រម​ទាំង​ពាក្យ​ដែល​ស្តេច​អធិស្ឋាន​ដល់​ព្រះ​របស់​ស្តេច និង​ពាក្យ​ដែល​គ្រូ​ទាយ​ថ្លែង​ប្រាប់​ស្តេច ក្នុង​នាម​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​កិច្ច‌ការ​របស់​ស្តេច​ស្រុក​អ៊ីស្រា‌អែល។ ១៩ រីឯ​ពាក្យ​ដែល​ស្តេច​អធិស្ឋាន និង​របៀប​ដែល​ព្រះ‌ជាម្ចាស់​ឆ្លើយ​តប​មក​វិញ ព្រម​ទាំង​អំពើ​បាប និង​ចិត្ត​មិន​ស្មោះ‌ត្រង់​របស់​ស្តេច កន្លែង​ផ្សេងៗ​ដែល​ស្តេច​សង់​ទី‌សក្ការៈ​តាម​ទួល​ខ្ពស់ៗ ហើយ​សង់​បង្គោល​របស់​ព្រះ‌អាសេ‌រ៉ា និង​រូប​បដិមា មុន​ពេល​ដែល​ស្តេច​សារ‌ភាព​អំពើ​បាប​នោះ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​របស់​លោក​ហូសាយ។ ២០ កាល​ព្រះ‌បាទ​ម៉ាណាសេ​សោយ​ទិវង្គត គេ​បាន​បញ្ចុះ​សព​របស់​ស្តេច​នៅ​ក្នុង​រាជ‌វាំង ហើយ​ព្រះ‌បាទ​អាំម៉ូន ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។
ព្រះ‌បាទ​អាំម៉ូន​សោយ​រាជ្យ​លើ​ស្រុក​យូដា
(២​ពង្ស.២១.២១-២៦)
២១ កាល​ព្រះ‌បាទ​អាំម៉ូន​ឡើង​សោយ​រាជ្យ ស្តេច​មាន​ជន្មាយុ​ម្ភៃ​ពីរ​ព្រះ‌វស្សា ហើយ​សោយ​រាជ្យ​បាន​ពីរ​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។ ២២ ស្តេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ដូច​ព្រះ‌បាទ​ម៉ាណាសេ ជា​បិតា។ ស្តេច​ថ្វាយ​យញ្ញ‌បូជា​ដល់​រូប​បដិមា​ទាំង​ប៉ុន្មាន ដែល​ព្រះ‌បាទ​ម៉ាណាសេ ជា​បិតា បាន​សូន​ធ្វើ ព្រម​ទាំង​គោរព​បម្រើ​រូប​ទាំង​នោះ​ទៀត​ផង។ ២៣ ស្តេច​ពុំ​បាន​សារ‌ភាព​កំហុស​ដូច​ព្រះ‌បាទ​ម៉ាណាសេ ជា​បិតា បាន​សារ‌ភាព​នោះ​ឡើយ គឺ​ព្រះ‌បាទ​អាំម៉ូន​ប្រព្រឹត្ត​អំពើ​បាប​ជាង​បិតា​ទៅ​ទៀត។ ២៤ ពួក​មន្ត្រី​របស់​ព្រះ‌បាទ​អាំម៉ូន​បាន​ឃុប​ឃិត​គ្នា​ក្បត់​នឹង​ស្តេច ហើយ​ធ្វើ​គុត​ស្តេច​ក្នុង​រាជ‌វាំង។ ២៥ ប៉ុន្តែ ប្រជាជន​យូដា​នាំ​គ្នា​ប្រហារ​ពួក​ក្បត់ ដែល​បាន​ឃុប‌ឃិត​គ្នា​ធ្វើ​គុត​ព្រះ‌បាទ​អាំម៉ូន ហើយ​តែង‌តាំង​ព្រះ‌បាទ​យ៉ូស្យាស ជា​បុត្រ ឲ្យ​ឡើង​ស្នង​រាជ្យ។
៣៤
ព្រះ‌បាទ​យ៉ូស្យាស​សោយ​រាជ្យ​លើ​ស្រុក​យូដា
(២​ពង្ស.២២.១-២, ២៣.៤-២០)
 កាល​ព្រះ‌បាទ​យ៉ូស្យាស​ឡើង​សោយ​រាជ្យ ស្តេច​មាន​ជន្មាយុ​ប្រាំ‌បី​ព្រះ‌វស្សា ហើយ​សោយ​រាជ្យ​បាន​សាម‌សិប​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។  ស្តេច​ប្រព្រឹត្ត​អំពើ​សុចរិត ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ហើយ​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌បាទ​ដាវីឌ ជា​អយ្យកោ ឥត​ខ្ចោះ ដោយ​មិន​ងាក​ទៅ​ស្តាំ ឬ​ទៅ​ឆ្វេង​ឡើយ។
 នៅ​ឆ្នាំ​ទី​ប្រាំ‌បី​នៃ​រជ្ជ‌កាល​របស់​ស្តេច ក្នុង​គ្រា​ដែល​ស្តេច​នៅ​ក្មេង​នៅ​ឡើយ ព្រះ‌បាទ​យ៉ូស្យាស​ចាប់​ផ្តើម​ស្វែង​រក​ព្រះ​របស់​ព្រះ‌បាទ​ដាវីឌ ជា​អយ្យកោ។ នៅ​ឆ្នាំ​ទី​ដប់‌ពីរ ស្តេច​លុប​បំបាត់​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ ព្រម​ទាំង​បង្គោល​របស់​ព្រះ‌អាសេ‌រ៉ា រូប​បដិមា និង​រូប​ចម្លាក់​ឯ​ទៀតៗ​ដែល​គេ​សិត​ធ្វើ ឲ្យ​អស់​ពី​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម។  គេ​បាន​រំលំ​អាសនៈ​របស់​ព្រះ‌បាល​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ស្តេច ហើយ​កម្ទេច​ស្កាក​សម្រាប់​ដុត​គ្រឿង​ក្រអូប ដែល​ស្ថិត​នៅ​លើ​នោះ​ផង។ ស្តេច​បាន​បំបាក់​បង្គោល​របស់​ព្រះ‌អាសេ‌រ៉ា ព្រម​ទាំង​កម្ទេច​រូប​បដិមា និង​រូប​ចម្លាក់​ឯ​ទៀតៗ​ដែល​គេ​សិត​ធ្វើ ឲ្យ​ក្លាយ​ទៅ​ជា​ធូលី រួច​យក​ទៅ​ចាក់​លើ​ផ្នូរ​របស់​អស់​អ្នក​ដែល​បាន​ធ្វើ​យញ្ញ‌បូជា​នៅ​មុខ​រូប​ទាំង​នោះ។  ស្តេច​ដុត​ធាតុ​របស់​ពួក​បូជា‌ចារ្យ​នៃ​ព្រះ​ដទៃ នៅ​លើ​អាសនៈ​របស់​គេ។ ស្តេច​ធ្វើ​ដូច្នេះ ដើម្បី​ជម្រះ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម​ឲ្យ​បរិសុទ្ធ*។  ស្តេច​ក៏​បាន​រំលំ​អាសនៈ នៅ​តាម​ក្រុង​នានា​នៃ​ទឹក​ដី​ម៉ាណាសេ អេប្រាអ៊ីម និង​ស៊ីម៉ូន រហូត​ដល់​ទឹក​ដី​ណែបថា‌លី ព្រម​ទាំង​កន្លែង​បាក់​បែក​នៅ​តំបន់​ជុំ‌វិញ​នោះ​ផង។  ស្តេច​កម្ទេច​បង្គោល​របស់​ព្រះ‌អាសេ‌រ៉ា និង​រូប​បដិមា ឲ្យ​ទៅ​ជា​ធូលី​ដី ហើយ​កម្ទេច​ស្កាក​សម្រាប់​ដុត​គ្រឿង​ក្រអូប នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល រួច​ស្តេច​យាង​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ។
លោក​មហា​បូជា‌ចារ្យ​រក​ឃើញ​គម្ពីរ‌វិន័យ
(២​ពង្ស.២២.៣-១០)
 នៅ​ឆ្នាំ​ទី​ដប់​ប្រាំ‌បី​នៃ​រជ្ជ‌កាល​របស់​ស្តេច គឺ​នៅ​គ្រា​ដែល​ស្តេច​កំពុង​តែ​ជម្រះ​ស្រុក និង​ព្រះ‌វិហារ ឲ្យ​បរិសុទ្ធ ព្រះ‌បាទ​យ៉ូស្យាស​ចាត់​លោក​សាផាន ជា​កូន​របស់​លោក​អសា‌លីយ៉ា លោក​ម៉ាសេយ៉ា ជា​អភិ‌បាល​ក្រុង ព្រម​ទាំង​លោក​យ៉ូអា ជា​កូន​របស់​លោក​យ៉ូអាហាស និង​ជា​ស្មៀន​ហ្លួង ឲ្យ​ទៅ​ជួស‌ជុល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ស្តេច។  លោក​ទាំង​នោះ​ក៏​ទៅ​ជួប​លោក​មហា​បូជា‌ចារ្យ*​ហ៊ីល‌គីយ៉ា។ គេ​យក​ប្រាក់​ដែល​ប្រជាជន​ថ្វាយ​សម្រាប់​ព្រះ‌ដំណាក់​មក គឺ​ប្រាក់​ដែល​ក្រុម​លេវី ជា​ឆ្មាំ​ទ្វារ បាន​ទទួល​ពី​ប្រជាជន​នៃ​កុល‌សម្ព័ន្ធ​ម៉ាណាសេ អេប្រាអ៊ីម និង​កុល‌សម្ព័ន្ធ​ឯ​ទៀតៗ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល ព្រម​ទាំង​ប្រជាជន​ពី​កុល‌សម្ព័ន្ធ​យូដា បេនយ៉ាមីន និង​អ្នក​ក្រុង​យេរូ‌សាឡឹម។ ១០ គេ​ប្រគល់​ប្រាក់​នោះ​ទៅ​ពួក​មេ​ជាង ដែល​ទទួល​ខុស​ត្រូវ​ជួស‌ជុល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ដើម្បី​បង់​ថ្លៃ​ឈ្នួល​ពួក​កម្មករ​ដែល​ជួស‌ជុល​ព្រះ‌ដំណាក់​ឲ្យ​បាន​រឹង‌មាំ​ឡើង​វិញ ១១ គឺ​មាន​ពួក​ជាង​ឈើ ជាង​សំណង់ និង​សម្រាប់​ទិញ​ថ្ម‌ដាប់ និង​ឈើ សម្រាប់​ប្រើ​ជា​ធ្នឹម ផ្លាន ហើយ​សម្រាប់​ជួស‌ជុល​អាគារ​ផ្សេងៗ ដែល​ស្តេច​ស្រុក​យូដា​ជំនាន់​មុនៗ​បាន​បំផ្លាញ។ ១២ មេ​ជាង​ទាំង​នោះ​ធ្វើ​ការ​ដោយ​ចិត្ត​ស្មោះ​បំផុត។ ពួក​គេ​ធ្វើ​ការ​ក្រោម​បញ្ជា​របស់​លោក​យ៉ាហាត់ និង​លោក​អូបាឌី ជា​ក្រុម​លេវី មក​ពី​អំបូរ​មេរ៉ារី។ លោក​សាការី និង​លោក​មេស៊ូឡាម ជា​ក្រុម​លេវី​មក​ពី​អំបូរ​គើហាត់ ជា​អ្នក​ត្រួត​ពិនិត្យ​លើ​ការ​សាង​សង់។ ពួក​លេវី​ទាំង​នេះ​សុទ្ធ​តែ​ជា​តន្ដ្រី‌ករ​យ៉ាង​ជំនាញ។ ១៣ ពួក​គេ​ក៏​មាន​ភារ‌កិច្ច​មើល​ខុស​ត្រូវ​អ្នក​លី​សែង ព្រម​ទាំង​កម្មករ​ដែល​ធ្វើ​ការ‌ងារ​ឯ​ទៀតៗ​ដែរ។ ពួក​លេវី​មួយ​ចំនួន​ទៀត​បំពេញ​មុខ‌ងារ​ជា​ស្មៀន​រាជការ និង​ជា​ឆ្មាំ​ព្រះ‌ដំណាក់។
១៤ ពេល​គេ​យក​ប្រាក់ ដែល​ប្រជាជន​ថ្វាយ​ជា​តង្វាយ សម្រាប់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ចេញ​មក នោះ​លោក​មហា‌បូជា‌ចារ្យ​ហ៊ីល‌គីយ៉ា​រក​ឃើញ​គម្ពីរ‌វិន័យ ដែល​ព្រះ‌អម្ចាស់​ប្រទាន​មក តាម‌រយៈ​លោក​ម៉ូសេ។ ១៥ លោក​ហ៊ីល‌គីយ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​លោក​សាផាន ជា​ស្មៀន​ហ្លួង​ថា៖ «ខ្ញុំ​បាន​រក​ឃើញ​គម្ពីរ‌វិន័យ នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់!»។ លោក​ហ៊ីល‌គីយ៉ា​ជូន​គម្ពីរ​នោះ​ទៅ​លោក​សាផាន។ ១៦ លោក​សាផាន​ក៏​យក​គម្ពីរ​ទៅ​ថ្វាយ​ស្តេច ហើយ​ទូល​រៀប​រាប់​ដូច​ត​ទៅ៖ «យើង​ខ្ញុំ​ធ្វើ​តាម​រាជ‌បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ករុណា។ ១៧ គេ​បាន​ប្រគល់​ប្រាក់​តង្វាយ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ទៅ​ឲ្យ​ពួក​មេ​ជាង ព្រម​ទាំង​ពួក​កម្មករ​រួច​ស្រេច​ហើយ»។ ១៨ លោក​សាផាន ជា​ស្មៀន​ហ្លួង ទូល​ស្តេច​ទៀត​ថា៖ «លោក​បូជា‌ចារ្យ​ហ៊ីល‌គីយ៉ា​បាន​ប្រគល់​គម្ពីរ​មួយ​ច្បាប់​ឲ្យ​ទូល‌បង្គំ» រួច​លោក​ក៏​អាន​ថ្វាយ​ព្រះ‌រាជា​ស្ដាប់។
ព្រះ‌បាទ​យ៉ូស្យាស​សុំ​ឲ្យ​ព្យាកា‌រិនី​ហ៊ូលដា​ទូល​សួរ​ព្រះ‌អម្ចាស់
(២​ពង្ស.២២.១១-២០)
១៩ កាល​ព្រះ‌រាជា​ឮ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ក្នុង​គម្ពីរ‌វិន័យ ស្តេច​ក៏​ហែក​ព្រះ‌ភូសា។
២០ បន្ទាប់​មក ស្តេច​បញ្ជា​ទៅ​លោក​ហ៊ីលគី‌យ៉ា លោក​អហ៊ី‌កាម ជា​កូន​របស់​លោក​សាផាន លោក​អាប់ដូន ជា​កូន​របស់​លោក​មីកា លោក​សាផាន ជា​ស្មៀន​ហ្លួង និង​លោក​អសាយ៉ា​ជា​រាជ​បម្រើ​ថា៖ ២១ «សូម​អស់​លោក​អញ្ជើញ​ទៅ​ទូល​សួរ​ព្រះ‌អម្ចាស់​ឲ្យ​យើង និង​ប្រជាជន​ដែល​នៅ​សេស‌សល់ ក្នុង​ស្រុក​អ៊ីស្រា‌អែល និង​យូដា ពី​សេចក្ដី​ទាំង​ប៉ុន្មាន​ក្នុង​គម្ពីរ​ដែល​ទើប​រក​ឃើញ​នេះ​ផង។ ព្រះ‌អម្ចាស់​មុខ​ជា​ព្រះ‌ពិរោធ​នឹង​យើង​ខ្លាំង​ណាស់ ដ្បិត​ពួក​ដូន‌តា​របស់​យើង​មិន​បាន​កាន់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ដើម្បី​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នេះ​ទេ»។
២២ លោក​បូជា‌ចារ្យ​ហ៊ីល‌គីយ៉ា និង​អស់​លោក​ដែល​ព្រះ‌រាជា​ចាត់​ឲ្យ​ទៅ បាន​នាំ​គ្នា​ទៅ​ជួប​ព្យាកា‌រិនី​ហ៊ូលដា ជា​ភរិយា​របស់​លោក​សាលូម ជា​កូន​របស់​លោក​តូគើហាត់ ជា​ចៅ​របស់​លោក​ហាសរ៉ា និង​ជា​អ្នក​ថែ‌រក្សា​សម្លៀក‌បំពាក់​បូជា‌ចារ្យ។ នាង​រស់​នៅ​ក្នុង​សង្កាត់​ថ្មី​ក្នុង​ក្រុង​យេរូ‌សាឡឹម។ លោក​ទាំង​នោះ​ជម្រាប​ព្យាកា‌រិនី​តាម​ដំណើរ​រឿង។ ២៣ ព្យាកា‌រិនី​មាន​ប្រសាសន៍​ថា៖ «ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ចូរ​ប្រាប់​មនុស្ស​ដែល​គេ​ចាត់​ឲ្យ​មក​រក​យើង​ថា ២៤ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: យើង​នឹង​ធ្វើ​ឲ្យ​ទុក្ខ​វេទនា​កើត​មាន​ដល់​ក្រុង​នេះ ព្រម​ទាំង​ប្រជាជន ស្រប​តាម​បណ្ដាសា​ទាំង​ប៉ុន្មាន ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ ដែល​គេ​បាន​អាន​នៅ​ចំពោះ​មុខ​ស្តេច​ស្រុក​យូដា។ ២៥ ដោយ​ពួក​គេ​បាន​បោះ​បង់​ចោល​យើង ហើយ​ដុត​គ្រឿង​ក្រអូប​ថ្វាយ​ព្រះ‌ដទៃ និង​បញ្ឆេះ​កំហឹង​របស់​យើង ព្រោះ​តែ​អំពើ​ទាំង​ប៉ុន្មាន​របស់​ពួក​គេ​ប្រព្រឹត្ត នោះ​យើង​នឹង​ដាក់​ទោស​ក្រុង​នេះ គឺ​យើង​មិន​អាច​អត់‌ឱន​បាន​ឡើយ! ២៦ ប៉ុន្តែ ចូរ​ទៅ​ប្រាប់​ស្តេច​ស្រុក​យូដា ដែល​ចាត់​អស់​លោក​ឲ្យ​មក​ទូល​សួរ​ព្រះ‌អម្ចាស់​ថា ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: អ្នក​បាន​ស្ដាប់​ឮ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នេះ​ហើយ។ ២៧ ពេល​អ្នក​ឮ​សេចក្ដី​ដែល​យើង​ថ្លែង​ទាស់​នឹង​ក្រុង​យេរូ‌សាឡឹម ព្រម​ទាំង​ទាស់​នឹង​ប្រជាជន​នៅ​ក្រុង​នេះ អ្នក​ក៏​បាន​បើក​ចិត្ត​ទទួល ហើយ​ដាក់​ខ្លួន​នៅ​ចំពោះ​មុខ​យើង ទាំង​ហែក​សម្លៀក‌បំពាក់ យំ​សោក ដូច្នេះ យើង​ក៏​ស្ដាប់​អ្នក​ដែរ -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់២៨ យើង​នឹង​ឲ្យ​អ្នក​ទៅ​ជួប‌ជុំ​ដូន‌តា​របស់​អ្នក អ្នក​នឹង​ចែក​ស្ថាន​ទៅ​ដោយ​សុខ‌សាន្ត គេ​នឹង​បញ្ចុះ​សព​អ្នក។ អ្នក​នឹង​ពុំ​ឃើញ​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន​ដែល​យើង​នឹង​ធ្វើ​ឲ្យ​កើត​មាន​ដល់​ទី‌ក្រុង និង​ប្រជាជន​នេះ​ឡើយ»។ ពួក​រាជ​បម្រើ​ក៏​នាំ​យក​ចម្លើយ​នេះ​ទៅ​ទូល​ស្តេច​វិញ។
ព្រះ‌បាទ​យ៉ូស្យាស​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ព្រះ‌ជាម្ចាស់
(២​ពង្ស.២៣.១-២០)
២៩ ព្រះ‌រាជា​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​អស់​លោក​ព្រឹទ្ធាចារ្យ នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូ‌សាឡឹម​មក​គាល់។ ៣០ បន្ទាប់​មក ស្តេច​យាង​ទៅ​កាន់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ជា​មួយ​ប្រជាជន​ទាំង​អស់ នៅ​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម​ទាំង​មូល គឺ​មាន​អស់​លោក​បូជា‌ចារ្យ ក្រុម​លេវី និង​ប្រជាជន​ទាំង​អស់ គ្រប់​ជាន់​ថ្នាក់។ ព្រះ‌រាជា​អាន​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន ក្នុង​គម្ពីរ​សម្ពន្ធ‌មេត្រី ដែល​គេ​រក​ឃើញ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ឲ្យ​ប្រជាជន​ស្ដាប់។ ៣១ ព្រះ‌រាជា​ឈរ​នៅ​កន្លែង​របស់​ស្តេច នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ហើយ​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ព្រះ‌អម្ចាស់ ដោយ​សន្យា​ថា សុខ​ចិត្ត​ដើរ​តាម​ព្រះ‌អម្ចាស់ និង​កាន់​តាម​បទ‌បញ្ជា ដំបូន្មាន និង​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ ដោយ​ស្មោះ​អស់​ពី​ចិត្ត និង​អស់​ពី​ស្មារតី ដើម្បី​ប្រព្រឹត្ត​តាម​សេចក្ដី​ក្នុង​សម្ពន្ធ‌មេត្រី ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នេះ។ ៣២ ស្តេច​ក៏​បាន​សុំ​ឲ្យ​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្រុង​យេរូ‌សាឡឹម និង​អ្នក​ស្រុក​បេនយ៉ាមីន ចូល​រួម​ក្នុង​ការ​ចង​សម្ពន្ធ‌មេត្រី​នេះ​ដែរ។ អ្នក​ក្រុង​យេរូ‌សាឡឹម​នាំ​គ្នា​ធ្វើ​តាម​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌ជាម្ចាស់ ដែល​ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​ខ្លួន។ ៣៣ ព្រះ‌បាទ​យ៉ូស្យាស​បាន​កម្ចាត់​រូប​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​សាសន៍​ដទៃ ចេញ​ពី​ទឹក​ដី​អ៊ីស្រា‌អែល​ទាំង​មូល។ ស្តេច​បង្គាប់​ប្រជាជន​ទាំង​អស់ ដែល​រស់​នៅ​ស្រុក​អ៊ីស្រា‌អែល ឲ្យ​គោរព​បម្រើ​តែ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្លួន​ប៉ុណ្ណោះ។ ក្នុង​អំឡុង​ពេល​ដែល​ស្តេច​នៅ​គង់​ព្រះ‌ជន្ម ពួក​គេ​ពុំ​បាន​បែក​ចិត្ត​ចេញ​ពី​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​ខ្លួន​ឡើយ។
៣៥
ព្រះ‌បាទ​យ៉ូស្យាស​រៀប‌ចំ​ពិធី​បុណ្យ​ចម្លង*
(២​ពង្ស.២៣.២-២៣)
 ព្រះ‌បាទ​យ៉ូស្យាស​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង* ថ្វាយ​ព្រះ‌អម្ចាស់ នៅ​ក្រុង​យេរូ‌សាឡឹម។ គេ​បាន​សម្លាប់​កូន​ចៀម​ធ្វើ​ពិធី​បុណ្យ​ចម្លង នៅ​ថ្ងៃ​ទី​ដប់‌បួន ក្នុង​ខែ​ទី​មួយ។  ស្តេច​បាន​តែង‌តាំង​ក្រុម​បូជា‌ចារ្យ ឲ្យ​បំពេញ​មុខ‌ងារ​របស់​ខ្លួន ហើយ​ដាស់‌តឿន​ពួក​គេ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​បម្រើ​ការ‌ងារ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។  ស្តេច​បង្គាប់​ក្រុម​លេវី ដែល​គេ​ញែក​ទុក​ដោយ​ឡែក​ថ្វាយ​ព្រះ‌អម្ចាស់ ហើយ​មាន​ភារ‌កិច្ច​ប្រៀន‌ប្រដៅ​ប្រជាជន​នៅ​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល​ថា៖ «ចូរ​ដាក់​ហិប​ដ៏‌វិសុទ្ធ​នៅ​ក្នុង​ព្រះ‌ដំណាក់​ដែល​ព្រះ‌បាទ​សាឡូម៉ូន ជា​បុត្រ​របស់​ព្រះ‌បាទ​ដាវីឌ ស្តេច​ស្រុក​អ៊ីស្រា‌អែល បាន​សង់។ អ្នក​រាល់​គ្នា​មិន​ត្រូវ​ការ​សែង​ហិប​នេះ​ទៀត​ទេ ឥឡូវ​នេះ ចូរ​បម្រើ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ហើយ​បម្រើ​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​ទៅ។  ចូរ​រៀប‌ចំ​ខ្លួន តាម​ក្រុម​គ្រួសារ និង​តាម​ជាន់​ថ្នាក់​របស់​អ្នក​រាល់​គ្នា ដូច​ព្រះ‌បាទ​ដាវីឌ ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល និង​ព្រះ‌បាទ​សាឡូម៉ូន ជា​បុត្រ បាន​ចង​ក្រង​ជា​ក្បួន​តម្រា​ទុក​មក​ស្រាប់។  ចូរ​នាំ​គ្នា​ឈរ​នៅ​ក្នុង​ទី‌សក្ការៈ​តាម​លំដាប់‌លំដោយ គឺ​ក្រុម​គ្រួសារ​លេវី​នីមួយៗ​ធ្វើ​ជា​តំណាង​ឲ្យ​ក្រុម​គ្រួសារ​ផ្សេងៗ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល។  ចូរ​សម្លាប់​សត្វ​ដែល​ត្រូវ​ថ្វាយ​សម្រាប់​ពិធី​បុណ្យ​ចម្លង ហើយ​ញែក​ខ្លួន​ឲ្យ​វិសុទ្ធ ដើម្បី​រៀប‌ចំ​ពិធី​បុណ្យ​ចម្លង​ជូន​បង‌ប្អូន​របស់​អ្នក​រាល់​គ្នា ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ថ្លែង​តាម‌រយៈ​លោក​ម៉ូសេ»។
 ព្រះ‌បាទ​យ៉ូស្យាស​យក​កូន​ចៀម និង​កូន​ពពែ ៣០ ០០០ ក្បាល និង​គោ ៣ ០០០ ក្បាល ពី​ហ្វូង​សត្វ​របស់​ស្តេច​ផ្ទាល់ ដើម្បី​ថ្វាយ​ជា​យញ្ញ‌បូជា​ក្នុង​ពិធី​បុណ្យ​ចម្លង​សម្រាប់​ប្រជាជន​ដែល​នៅ​ទី​នោះ។  ពួក​មន្ត្រី​របស់​ស្តេច​ក៏​ស្ម័គ្រ​ចិត្ត យក​សត្វ​របស់​ខ្លួន​ប្រគល់​ជូន​ប្រជាជន ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី​ដែរ។ លោក​ហ៊ីល‌គីយ៉ា លោក​សាការី និង​លោក​យេហ៊ី‌អែល ជា​អ្នក​ទទួល​ខុស​ត្រូវ​កិច្ច‌ការ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ យក​ចៀម ២៦០០ ក្បាល ព្រម​ទាំង​គោ ៣០០ ក្បាល ប្រគល់​ជូន​ក្រុម​បូជា‌ចារ្យ សម្រាប់​ពិធី​បុណ្យ​ចម្លង។  លោក​កូណា‌នីយ៉ា លោក​សេម៉ាយ៉ា និង​លោក​នេតា‌នេអែល ជា​ប្អូន​របស់​លោក ព្រម​ទាំង​លោក​ហាសា‌ប៊ីយ៉ា លោក​យេអ៊ីអែល និង​លោក​យ៉ូសេបាដ ជា​អ្នក​ដឹក​នាំ​ក្រុម​លេវី យក​ចៀម ៥ ០០០ ក្បាល ព្រម​ទាំង​គោ ៥០០ ក្បាល ប្រគល់​ជូន​ក្រុម​លេវី សម្រាប់​ពិធី​បុណ្យ​ចម្លង។
១០ ពិធី​បុណ្យ​ចាប់​ផ្តើម​ដូច​ត​ទៅ: ក្រុម​បូជា‌ចារ្យ​ឈរ​តាម​កន្លែង​របស់​គេ​រៀងៗ​ខ្លួន ហើយ​ក្រុម​លេវី​ក៏​ឈរ​តាម​ជាន់​ថ្នាក់​របស់​ខ្លួន ស្រប​តាម​បញ្ជា​របស់​ស្តេច។ ១១ គេ​សម្លាប់​សត្វ​ដែល​ត្រូវ​ថ្វាយ​ក្នុង​ឱកាស​បុណ្យ​ចម្លង។ ក្រុម​លេវី​ប្រគល់​ឈាម​សត្វ​ទៅ​ក្រុម​បូជា‌ចារ្យ ហើយ​បូជា‌ចារ្យ​ក៏​ធ្វើ​ពិធី​ប្រោះ​ឈាម​នោះ​នៅ​លើ​អាសនៈ។ បន្ទាប់​មក ក្រុម​លេវី​នាំ​គ្នា​បក​ស្បែក​សត្វ។ ១២ គេ​ដាក់​សាច់​ដែល​ត្រូវ​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល​ដោយ​ឡែក សម្រាប់​ប្រគល់​ទៅ​ក្រុម​គ្រួសារ​ផ្សេងៗ​របស់​ប្រជាជន ដើម្បី​ឲ្យ​ពួក​គេ​ថ្វាយ​ព្រះ‌អម្ចាស់ ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ​របស់​លោក​ម៉ូសេ។ ចំពោះ​សាច់​គោ ក៏​គេ​ធ្វើ​ដូច្នោះ​ដែរ។ ១៣ គេ​អាំង​សាច់​កូន​ចៀម​ដែល​ថ្វាយ​សម្រាប់​ពិធី​បុណ្យ​ចម្លង​នៅ​លើ​ភ្លើង ស្រប​តាម​ក្បួន​តម្រា រីឯ​ចំណែក​សាច់​ដ៏​សក្ការៈ​វិញ គេ​ចម្អិន​ក្នុង​ឆ្នាំង ថ្លាង និង​ខ្ទះ រួច​ប្រញាប់‌ប្រញាល់​ចែក​ជូន​ប្រជាជន​ទាំង​អស់។ ១៤ បន្ទាប់​មក ក្រុម​លេវី​ចម្អិន​សាច់​ដែល​ជា​ចំណែក​របស់​ពួក​គេ និង​ចំណែក​របស់​ក្រុម​បូជា‌ចារ្យ ដ្បិត​ក្រុម​បូជា‌ចារ្យ​ជាប់​រវល់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​ខ្លាញ់​រហូត​ដល់​យប់។ ហេតុ​នេះ​ហើយ​បាន​ជា​ក្រុម​លេវី​រៀប‌ចំ​អាហារ​សម្រាប់​ខ្លួន​ឯង​ផង និង​សម្រាប់​ក្រុម​បូជា‌ចារ្យ ដែល​ជា​ពូជ‌ពង្ស​របស់​លោក​អរ៉ុន​ផង។
១៥ ក្រុម​ចម្រៀង ជា​ពូជ‌ពង្ស​របស់​លោក​អសាភ បំពេញ​មុខ‌ងារ​តាម​កន្លែង​របស់​គេ​រៀងៗ​ខ្លួន ដូច​ព្រះ‌បាទ​ដាវីឌ លោក​អសាភ លោក​ហេម៉ន និង​លោក​យេឌូទូន ជា​គ្រូ​ទាយ​របស់​ស្តេច បាន​បង្គាប់​ទុក។ រីឯ​ឆ្មាំ​ទ្វារ​ក៏​ឈរ​នៅ​តាម​កន្លែង​របស់​ខ្លួន​ដែរ គ្មាន​នរណា​ចាក​ចេញ​ពី​កន្លែង​របស់​ខ្លួន​ឡើយ ព្រោះ​ក្រុម​លេវី​រៀប‌ចំ​អាហារ​ជូន​ពួក​គេ។ ១៦ នៅ​ថ្ងៃ​នោះ គេ​បាន​ចាត់​ចែង​ពិធី​បុណ្យ​ថ្វាយ​ព្រះ‌អម្ចាស់​តាម​របៀប​នេះ​ឯង គឺ​គេ​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​ចម្លង ដោយ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ចំពោះ​ព្រះ‌អម្ចាស់ នៅ​លើ​អាសនៈ ស្រប​តាម​បញ្ជា​របស់​ព្រះ‌បាទ​យ៉ូស្យាស។ ១៧ ប្រជាជន​អ៊ីស្រា‌អែល​ដែល​នៅ​ទី​នោះ នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង និង​ពិធី​បុណ្យ​នំបុ័ង​ឥត​មេ អស់‌រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ។ ១៨ តាំង​ពី​ជំនាន់​ព្យាការី​សាមូអែល គេ​មិន​ដែល​ប្រារព្ធ​បុណ្យ​ចម្លង​របៀប​នេះ​នៅ​ស្រុក​អ៊ីស្រា‌អែល​ទេ ហើយ​ក៏​ពុំ​មាន​ស្តេច​ស្រុក​អ៊ីស្រា‌អែល​អង្គ​ណា ប្រារព្ធ​បុណ្យ​ចម្លង​ដូច​ព្រះ‌បាទ​យ៉ូស្យាស ក្រុម​បូជា‌ចារ្យ ក្រុម​លេវី រួម​ជា​មួយ​នឹង​អ្នក​ស្រុក​យូដា និង​ស្រុក​អ៊ីស្រា‌អែល ព្រម​ទាំង​អ្នក​ក្រុង​យេរូ‌សាឡឹម នៅ​ពេល​នោះ​ដែរ។ ១៩ គេ​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង​នេះ​នៅ​ឆ្នាំ​ទី​ដប់​ប្រាំ‌បី​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​យ៉ូស្យាស។
ដំណាក់​ចុង​ក្រោយ​នៃ​រាជ្យ​ព្រះ‌បាទ​យ៉ូស្យាស
(២​ពង្ស.២៣.២៨-៣០)
២០ ក្រោយ​ព្រឹត្តិការណ៍​ទាំង​នោះ​មក គឺ​ក្រោយ​ពេល​ព្រះ‌បាទ​យ៉ូស្យាស​ជួស‌ជុល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ព្រះ‌ចៅ​នេកូ ជា​ស្តេច​ស្រុក​អេស៊ីប បាន​លើក​ទ័ព​ទៅ​វាយ​ក្រុង​កាកេមីស នៅ​តាម​ដង​ទន្លេ​អឺប្រាត ព្រះ‌បាទ​យ៉ូស្យាស​បាន​លើក​ទ័ព​មក​វាយ​ស្ទាក់​ផ្លូវ។ ២១ ប៉ុន្តែ ព្រះ‌ចៅ​នេកូ​ចាត់​អ្នក​នាំ​សារ​ឲ្យ​មក​ទូល​ព្រះ‌បាទ​យ៉ូស្យាស​ថា៖ «បពិត្រ​ព្រះ‌មហា​ក្សត្រ​ស្រុក​យូដា តើ​ទូល‌បង្គំ និង​ព្រះ‌ករុណា​មាន​រឿង​អ្វី​នឹង​គ្នា? ទូល‌បង្គំ​លើក​ទ័ព​មក​ថ្ងៃ​នេះ មិន​មែន​ដើម្បី​ច្បាំង​នឹង​ព្រះ‌ករុណា​ទេ គឺ​ទូល‌បង្គំ​ទៅ​ច្បាំង​ជា​មួយ​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ​ទេ​តើ។ ព្រះ‌ជាម្ចាស់​បង្គាប់​ទូល‌បង្គំ​ឲ្យ​ទៅ​យ៉ាង​រូត‌រះ។ ដូច្នេះ សូម​កុំ​ជំទាស់​នឹង​ព្រះ‌ជាម្ចាស់​ដែល​គង់​នៅ​ជា​មួយ​ទូល‌បង្គំ​ឡើយ ក្រែង​លោ​ព្រះ‌អង្គ​ធ្វើ​ឲ្យ​ព្រះ‌ករុណា​វិនាស»។ ២២ ប៉ុន្តែ ព្រះ‌បាទ​យ៉ូស្យាស​នៅ​តែ​ចង់​តទល់​នឹង​ព្រះ‌ចៅ​នេកូ គឺ​ស្តេច​មិន​ព្រម​ស្ដាប់​ពាក្យ​របស់​ព្រះ‌ចៅ​នេកូ ដែល​ជា​ពាក្យ​មក​ពី​ព្រះ‌ជាម្ចាស់​ឡើយ។ ស្តេច​ក៏​ក្លែង​ខ្លួន ចូល​ច្បាំង​នឹង​ស្តេច​ស្រុក​អេស៊ីប នៅ​ជ្រលង​ភ្នំ​មេគី‌ដូ។ ២៣ ទាហាន​បាញ់​ព្រួញ​របស់​ទ័ព​អេស៊ីប​បាន​បាញ់​ចំ​ព្រះ‌បាទ​យ៉ូស្យាស។ ស្តេច​បញ្ជា​ទៅ​រាជ​បម្រើ​ថា៖ «ចូរ​នាំ​យើង​ចេញ​ទៅ ដ្បិត​យើង​ត្រូវ​របួស​ខ្លាំង​ណាស់»។ ២៤ រាជ​បម្រើ​លើក​ស្តេច​ចេញ​ពី​រាជ‌រថ​ដែល​ស្តេច​ជិះ ដាក់​ក្នុង​រាជ‌រថ​មួយ​ទៀត ដឹក​ទៅ​ក្រុង​យេរូ‌សាឡឹម។ ស្តេច​ក៏​សោយ​ទិវង្គត ហើយ​គេ​បញ្ចុះ​សព​ស្តេច​ក្នុង​ផ្នូរ​របស់​ព្រះ‌រាជ‌វង្ស។ អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម​ទាំង​មូល នាំ​គ្នា​កាន់​ទុក្ខ​ព្រះ‌បាទ​យ៉ូស្យាស។ ២៥ លោក​យេរេមី​បាន​តែង​បទ​ទំនួញ​មួយ រំឭក​ដល់​ព្រះ‌បាទ​យ៉ូស្យាស។ អ្នក​ចម្រៀង​ប្រុស​ស្រី​នាំ​គ្នា​ស្មូត្រ​ទំនួញ​រំឭក​ដល់​ព្រះ‌បាទ​យ៉ូស្យាស រហូត​ដល់​សព្វ​ថ្ងៃ ហើយ​ក៏​ក្លាយ​ជា​ទំនៀម‌ទម្លាប់​មួយ​នៅ​ស្រុក​អ៊ីស្រា‌អែល។ ទំនុក​នេះ​មាន​ចង​ក្រង​នៅ​ក្នុង​សៀវភៅ​ទំនួញ។
២៦ រាជ‌កិច្ច​ផ្សេង​ទៀត​របស់​ព្រះ‌បាទ​យ៉ូស្យាស និង​ភក្តី‌ភាព​ដែល​ស្តេច​សម្ដែង​ចំពោះ​ព្រះ‌បន្ទូល​ដែល​មាន​ចែង​ទុក ក្នុង​គម្ពីរ‌វិន័យ​របស់​ព្រះ‌អម្ចាស់ ២៧ គឺ​កិច្ច‌ការ​ផ្សេងៗ​ដែល​ស្តេច​បាន​ធ្វើ​តាំង​ពី​ដើម​ដល់​ចប់ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​របស់​ស្តេច​ស្រុក​អ៊ីស្រា‌អែល និង​ស្តេច​ស្រុក​យូដា។
៣៧
ព្រះ‌បាទ​យ៉ូអាខាស់​សោយ​រាជ្យ​នៅ​ស្រុក​យូដា
(២​ពង្ស.២៣.៣០-៣៥)
 ប្រជាជន​យូដា​នាំ​គ្នា​តែង‌តាំង​ព្រះ‌បាទ​យ៉ូអាខាស់ ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូស្យាស​ឲ្យ​ឡើង​ស្នង​រាជ្យ​បិតា នៅ​ក្រុង​យេរូ‌សាឡឹម។  កាល​ព្រះ‌បាទ​យ៉ូអាខាស់​ឡើង​សោយ​រាជ្យ ស្តេច​មាន​ជន្មាយុ​ម្ភៃ​បី​ព្រះ‌វស្សា ហើយ​សោយ​រាជ្យ​បាន​បី​ខែ​នៅ​ក្រុង​យេរូ‌សាឡឹម។  ស្តេច​ស្រុក​អេស៊ីប​បាន​ទម្លាក់​រាជ្យ​របស់​ព្រះ‌បាទ​យ៉ូអាខាស់ ហើយ​តម្រូវ​ឲ្យ​ស្រុក​យូដា​បង់​សួយសារ‌អាករ​ជា​ប្រាក់​ហា‌សិប​ហាប និង​មាស​កន្លះ​ហាប​ទៀត​ផង។  ព្រះ‌ចៅ​ផារ៉ោន‌នេកូ​បាន​តែង‌តាំង​ព្រះ‌បាទ​អេលី‌យ៉ាគីម ជា​អនុជ​របស់​ព្រះ‌បាទ​យ៉ូអាខាស់ ឲ្យ​សោយ​រាជ្យ​លើ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម ហើយ​ដូរ​នាម​ថា យ៉ូយ៉ាគីម​វិញ។ រីឯ​ព្រះ‌បាទ​យ៉ូអាខាស់ ព្រះ‌ចៅ​នេកូ​នាំ​យក​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​អេស៊ីប។
ព្រះ‌បាទ​យ៉ូយ៉ាគីម​សោយ​រាជ្យ​នៅ​ស្រុក​យូដា
(២​ពង្ស.២៣.៣៦-២៤.៧)
 កាល​ព្រះ‌បាទ​យ៉ូយ៉ាគីម​ឡើង​សោយ​រាជ្យ ព្រះ‌អង្គ​មាន​ជន្មាយុ​ម្ភៃ‌ប្រាំ​ព្រះ‌វស្សា ហើយ​ព្រះ‌អង្គ​សោយ​រាជ្យ​បាន​ដប់​មួយ​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។ ស្តេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ស្តេច​ទេ។  ព្រះ‌ចៅ​នេប៊ូ‌កានេ‌សារ ជា​ស្តេច​ស្រុក​បាប៊ីឡូន បាន​លើក​ទ័ព​ចេញ​មក​ច្បាំង​នឹង​ព្រះ‌បាទ​យ៉ូយ៉ាគីម ហើយ​ចាប់​ស្តេច​ចង​នឹង​ច្រវាក់​ធ្វើ​ពី​លង្ហិន នាំ​យក​ទៅ​ស្រុក​បាប៊ីឡូន។  ព្រះ‌ចៅ​នេប៊ូ‌កានេ‌សារ​ក៏​បាន​នាំ​យក​វត្ថុ​ផ្សេងៗ​ពី​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ទៅ​ទុក​ក្នុង​វាំង​របស់​ស្តេច​នៅ​ក្រុង​បាប៊ីឡូន​ដែរ។
 រាជ‌កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​យ៉ូយ៉ា‌គីម គឺ​អំពើ​ដ៏​គួរ​ស្អប់​ខ្ពើម ដែល​ស្តេច​ផ្ទាល់​បាន​ប្រព្រឹត្ត សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​របស់​ស្តេច​ស្រុក​អ៊ីស្រា‌អែល និង​ស្តេច​ស្រុក​យូដា។ ព្រះ‌បាទ​យ៉ូយ៉ា‌គីន ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។
ព្រះ‌បាទ​យ៉ូយ៉ា‌គីន​សោយ​រាជ្យ​លើ​ស្រុក​យូដា
(២​ពង្ស.២៤.៨-១៧)
 កាល​ព្រះ‌បាទ​យ៉ូយ៉ា‌គីន​ឡើង​សោយ​រាជ្យ ស្តេច​មាន​ជន្មាយុ​ប្រាំ‌បី​ព្រះ‌វស្សា ហើយ​សោយ​រាជ្យ​បាន​បី​ខែ​នៅ​ក្រុង​យេរូ‌សាឡឹម។ ស្តេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់​ទេ។ ១០ នៅ​ពេល​ចូល​ឆ្នាំ ព្រះ‌ចៅ​នេប៊ូ‌កានេសារ​ចាប់​ស្តេច ព្រម​ទាំង​យក​ទ្រព្យ‌សម្បត្តិ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ នាំ​ទៅ​ស្រុក​បាប៊ីឡូន។ ព្រះ‌ចៅ​នេប៊ូ‌កានេសារ​បាន​តែង‌តាំង​ព្រះ‌បាទ​សេដេខ្យាស ជា​អនុជ​របស់​ព្រះ‌បាទ​យ៉ូយ៉ា‌គីម ឲ្យ​សោយ​រាជ្យ​លើ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម។
ព្រះ‌បាទ​សេដេខ្យាស​សោយ​រាជ្យ​លើ​ស្រុក​យូដា ចុង​បញ្ចប់​នៃ​អាណា‌ចក្រ​យូដា
(២​ពង្ស.២៤.១៨-២៥.២១, យរ ៣៩.១-១០, ៥២.១-២៧)
១១ កាល​ព្រះ‌បាទ​សេដេខ្យាស​ឡើង​សោយ​រាជ្យ ស្តេច​មាន​ជន្មាយុ​ម្ភៃ‌មួយ​ព្រះ‌វស្សា ស្តេច​សោយ​រាជ្យ​បាន​ដប់​មួយ​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។ ១២ ព្រះ‌បាទ​សេដេខ្យាស​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ស្តេច​ទេ ហើយ​ពេល​ព្យាការី​យេរេមី​ថ្លែង​ព្រះ‌បន្ទូល​ក្នុង​នាម​ព្រះ‌អម្ចាស់ ក៏​ស្តេច​ពុំ​ព្រម​សារ‌ភាព​កំហុស​ដែរ។ ១៣ ព្រះ‌ចៅ​នេប៊ូ‌កានេសារ​បាន​ឲ្យ​ស្តេច​ស្បថ​ក្នុង​នាម​ព្រះ‌ជាម្ចាស់ ប៉ុន្តែ ទោះ​បី​យ៉ាង​នេះ​ក្តី ក៏​ស្តេច​នៅ​តែ​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌ចៅ​នេប៊ូ‌កានេសារ​ដែរ។ ស្តេច​តាំង​ចិត្ត​មានះ មិន​ព្រម​វិល​ត្រឡប់​មក​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល​ទេ។ ១៤ មេ​ដឹក​នាំ​ទាំង​អស់​របស់​ក្រុម​បូជា‌ចារ្យ ព្រម​ទាំង​ប្រជាជន នាំ​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់​ក្បត់​ព្រះ‌ជាម្ចាស់​កាន់​តែ​ច្រើន​ឡើងៗ ពួក​គេ​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ប្រជា‌ជាតិ​នានា ហើយ​បន្ថោក​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ដែល​ព្រះ‌អង្គ​បាន​ញែក​ជា​សក្ការៈ​នៅ​ក្រុង​យេរូ‌សាឡឹម។
១៥ ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​ពួក​គេ បាន​ចាត់​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ឲ្យ​ទៅ​ដាស់‌តឿន​ពួក​គេ​ជា​ច្រើន​ដង ព្រោះ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា​ប្រជា‌រាស្ដ្រ និង​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ​ផ្ទាល់។ ១៦ ប៉ុន្តែ ពួក​គេ​បែរ​ជា​ប្រមាថ​អ្នក​ដែល​ព្រះ‌អង្គ​ចាត់​ឲ្យ​ទៅ ពួក​គេ​មើល‌ងាយ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ព្រម​ទាំង​ប្រមាថ​ពួក​ព្យាការី រហូត​ធ្វើ​ឲ្យ​ព្រះ‌អង្គ​ព្រះ‌អង្គ​ព្រះ‌ពិរោធ​ទាស់​នឹង​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​យ៉ាង​ខ្លាំង មិន​អាច​ប្រែ‌ប្រួល​បាន។
១៧ ពេល​នោះ ព្រះ‌អម្ចាស់​ក៏​បាន​ចាត់​ស្តេច​នៃ​ជន​ជាតិ​ខាល់ដេ ឲ្យ​លើក​ទ័ព​មក​វាយ​ពួក​គេ។ ស្តេច​នោះ​សម្លាប់​យុវ‌ជន​របស់​ពួក​គេ​នៅ​ក្នុង​ព្រះ‌វិហារ ហើយ​សម្លាប់​រង្គាល​ប្រជាជន​ទាំង​អស់ ឥត​សំចៃ​នរណា​ម្នាក់​ឡើយ គឺ​សម្លាប់​យុវ‌ជន​ទាំង​ប្រុស ទាំង​ស្រី និង​មនុស្ស​ចាស់​ជរា សក់​ស្កូវ។ ព្រះ‌អង្គ​ប្រគល់​ពួក​គេ​ទាំង​អស់​គ្នា ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្តេច​នោះ។ ១៨ ព្រះ‌ចៅ​នេប៊ូ‌កានេសារ​ប្រមូល​វត្ថុ​ទាំង​ប៉ុន្មាន ដែល​មាន​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ គឺ​របស់​ទាំង​តូច ទាំង​ធំ ព្រម​ទាំង​ទ្រព្យ‌សម្បត្តិ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ដំណាក់​ស្តេច និង​ផ្ទះ​របស់​ពួក​មន្ត្រី នាំ​យក​ទៅ​ស្រុក​បាប៊ីឡូន។ ១៩ កង‌ទ័ព​បាប៊ីឡូន​បាន​ដុត​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ ផ្តួល​រំលំ​កំពែង​ក្រុង​យេរូ‌សាឡឹម ព្រម​ទាំង​ដុត​វិមាន​ផ្សេងៗ និង​កម្ទេច​វត្ថុ​ដ៏​មាន​តម្លៃ​ទាំង​អស់​ចោល។ ២០ ព្រះ‌ចៅ​នេប៊ូ‌កានេ‌សារ​កៀរ​ប្រជាជន ដែល​នៅ​សេស‌សល់​ពី​សង្គ្រាម យក​ទៅ​ជា​ឈ្លើយ​សឹក​នៅ​ស្រុក​បាប៊ីឡូន។ អ្នក​ទាំង​នោះ​ធ្វើ​ជា​ទាសករ​របស់​ព្រះ‌ចៅ​នេប៊ូ‌កានេសារ និង​បុត្រ​របស់​ស្តេច រហូត​ដល់​អាណា‌ចក្រ​ពែរ្ស​គ្រប់‌គ្រង​ស្រុក។ ២១ ហេតុ‌ការណ៍​នេះ​កើត​មាន​ស្រប​តាម​ព្រះ‌បន្ទូល ដែល​ព្រះ‌អម្ចាស់​បាន​ថ្លែង​តាម‌រយៈ​ព្យាការី​យេរេមី​ថា «ស្រុក​ទេស​នឹង​ក្លាយ​ទៅ​ជា​ទី​ស្ម‌សាន អស់‌រយៈ​ពេល​ចិត‌សិប​ឆ្នាំ ដូច្នេះ ក្នុង​អំឡុង​ពេល​នោះ ទឹក​ដី​នឹង​បាន​សម្រាក ជំនួស​ឆ្នាំ​សប្ប័ទ*​ដែល​ប្រជាជន​ពុំ​បាន​គោរព»។
ព្រះ‌ចៅ​ស៊ីរូស​អនុញ្ញាត​ឲ្យ​សង់​ព្រះ‌វិហារ​ឡើង​វិញ
(អែសរ៉ា ១.១-៣)
២២ ក្នុង​ឆ្នាំ​ទី​មួយ​នៃ​រជ្ជ‌កាល​ព្រះ‌ចៅ​ស៊ីរូស ជា​ស្តេច​ស្រុក​ពែរ្ស ព្រះ‌អម្ចាស់​បាន​ជំរុញ​ព្រះ‌ហឫទ័យ​ព្រះ‌ចៅ​ស៊ីរូស ឲ្យ​ចេញ​ប្រកាស និង​រាជ‌ក្រឹត្យ​ក្នុង​អាណា‌ចក្រ​របស់​ស្តេច​ទាំង​មូល ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​ថ្លែង តាម‌រយៈ​លោក​យេរេមី មាន​សេចក្ដី​ដូច​ត​ទៅ៖
២៣ «ព្រះ‌ចៅ​ស៊ីរូស ជា​ស្តេច​ស្រុក​ពែរ្ស មាន​រាជ‌ឱង្ការ​ដូច​ត​ទៅ: ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ស្ថាន​បរម‌សុខ បាន​ប្រគល់​នគរ​ទាំង​អស់​នៅ​លើ​ផែន‌ដី​មក​ឲ្យ​យើង​គ្រប់‌គ្រង។ ព្រះ‌អង្គ​បញ្ជា​ឲ្យ​យើង​សង់​ព្រះ‌ដំណាក់​មួយ​នៅ​ក្រុង​យេរូ‌សាឡឹម ក្នុង​ស្រុក​យូដា ថ្វាយ​ព្រះ‌អង្គ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​ណា​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ អ្នក​នោះ​វិល​ទៅ​កាន់​ក្រុង​យេរូ‌សាឡឹម​វិញ ហើយ​សូម​ឲ្យ​ព្រះ​របស់​គេ​គង់​នៅ​ជា​មួយ​គេ»។
655 Views

Theme: Overlay by Kaira