សន្តឡូរង់ ជាឧបដ្ឋាក និងជាមរណសាក្សី
លោកឡូរ៉ង់ ជាឧបដ្ឋាកនៅក្រុងរ៉ូម។ នៅឆ្នាំ ២៥៨ ព្រះចៅរីយ៉ាំងបៀតបៀនធ្វើបាបគ្រីស្តបរិស័ទ។ ទ្រង់ឱ្យគេកាត់សម្តេចប៉ាបទី ២ (ថ្ងៃ ៧ សីហា)។ លោកឡូរ៉ង់ជាអ្នកកាន់ប្រាក់ និងទ្រព្យសម្បត្តិនៃព្រះសហគមន៍។ លោកមិនព្រមប្រគល់ប្រាក់ននេះឱ្យនគរបាល គឺលោកចែកទាំងអស់ដល់ជនក្រីក្រទៅវិញ។ នគរបាលចាប់លោកធ្វើទារុណកម្ម ដោយដុតលោកទាំងរស់នៅលើគ្រែដែក។
សូមថ្លែងលិខិតទី២ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ២ករ ៩,៦-១០
បងប្អូនជាទីស្រឡាញ់!
សូមចងចាំថា អ្នកណាព្រោះតិច អ្នកនោះក៏ច្រូតបានផលតិចដែរ រីឯអ្នកដែលព្រោះច្រើនបរិបូណ៍ ក៏ច្រូតបានផលច្រើនបរិបូរណ៍ដែរ។ ហេតុនេះ ម្នាក់ៗត្រូវតែចូលប្រាក់តាមតែខ្លួនសម្រេចចិត្តដោយមិននឹកស្តាយ ឬដោយទើសទ័លឡើយ ដ្បិតព្រះម្ចាស់សព្វព្រះហឫទ័យនឹងអ្នកដែលធ្វើអំណោយដោយចិត្តរីករាយ។ ព្រះអង្គអាចនឹងប្រទានពរដ៏ហូរហៀរគ្រប់យ៉ាងដល់បងប្អូន ដើម្បីឱ្យបងប្អូនមានអ្វីៗទាំង អស់ដែលបងប្អូនត្រូវការដ៏ចាំបាច់នោះជានិច្ច ហើយថែមទាំងនៅសល់បរិបូរណ៍សម្រាប់ចែកទានផង ដូចបានចែកទុកមកថា៖ “មនុស្សសុចរិតចែកឱ្យអ្នកក្រីក្រ សេចក្តីសុចរិតរបស់គេនៅស្ថិតស្ថេររហូតរៀងទៅ”។ ព្រះអង្គ “ប្រទានគ្រាប់ពូជដល់អ្នកសាបព្រោះ ទ្រង់នឹងប្រទានចំណីអាហារឱ្យគេផង”។ ព្រះអង្គក៏ផ្គត់ផ្គង់គ្រាប់ពូជឱ្យបងប្អូន និងឱ្យគ្រាប់ពូជនោះកើនចំនួនឡើងដែរ ហើយព្រះអង្គនឹងធ្វើឱ្យសេចក្តីសុចរិតរបស់បងប្អូនបង្កើតផលបានច្រើនឡើងថែមទៀត។
ទំនុកតម្កើងលេខ ១១២ (១១១),១-២.៥-៩ បទពាក្យ ៧
១ | អ្នកឱនកោតខ្លាចព្រះអម្ចាស់ | ប្រតិបត្តិច្បាស់តាមព្រះទ័យ | |
ស្មោះស្ម័គ្រគោរពតាមវិន័យ | បានសុខពេកក្រៃមានមង្គល | ។ | |
២ | ពូជរបស់គេមានអំណាច | ចិត្តក្លាអង់អាចគ្មានកង្វល់ | |
ដ្បិតព្រះជាម្ចាស់ប្រទានផល | ព្រះពរពិតដល់អ្នកសុចរិត | ។ | |
៥ | ជនណាដែលមានចិត្តទូលាយ | យកអ្វីទៅឱ្យអ្នកផងខ្ចី | |
ព្រមទាំងរករស៊ីមិនកេងគៃ | អ្នកនោះប្រពៃល្អបំផុត | ។ | |
៦ | កេរ្តិ៍ឈ្មោះរន្ទឺឮសុសសាយ | ទីជិតទីឆ្ងាយមិនរលត់ | |
ជនគ្រប់សម័យតែងចាំស្ទាត់ | នឹកទៅដល់គាត់ជាប់ជានិច្ច | ។ | |
៧ | អ្នកនោះមិនស្លុតមិនព្រឺខ្លាច | មានចិត្តអង់អាចមិនខ្លាចល្បិច | |
មិនខ្លាចគេដៀលត្មះពន្លិច | ហើយផ្ញើជីវិតលើព្រះម្ចាស់ | ។ | |
៨ | គាត់មានចិត្តនឹងហើយអង់អាច | មិនចេះភ័យខ្លាចអ្វីទាំងអស់ | |
ទាល់តែគាត់ឃើញខ្មាំងទាំងនោះ | បាក់ទ័ពរត់អស់ទើបស្កប់ចិត្ត | ។ | |
៩ | គាត់តែងចែកទានដល់អ្នកក្រ | ដោយចិត្តស្មោះសរស្ម័គ្រពិតៗ | |
ចិត្តគាត់ទូលាយត្រង់សុចរិត | កម្លាំងគាត់ស្ថិតមិនបាត់បង់ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
លោកឧបដ្ឋាកឡូរ៉ង់បានបំពេញមុខងាររបស់ខ្លួនយ៉ាងល្អប្រពៃ ឥឡូវនេះ អ្នកបម្រើចូលរួមសប្បាយជាមួយម្ចាស់របស់ខ្លួន! អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១២,២៤-២៦
មុនថ្ងៃបុណ្យចម្លង ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់សាវ័កថា៖ «ខ្ញុំសុំបា្រប់អ្នករាល់គ្នាដឹងច្បាស់ថា គ្រាប់ស្រូវធ្លាក់ដល់ដីហើយ បើមិនងាប់ទេ គ្រាប់នោះនៅតែមួយដដែល។ ផ្ទុយទៅវិញ បើគ្រាប់ស្រូវនោះងាប់ វានឹងបង្កើតបានផលច្រើន។ អ្នកណាស្រឡាញ់ជិវិតរបស់ខ្លួន អ្នកនោះនឹងបាត់បង់ជិវិតទៅ រីឯអ្នកដែលមិនជំពាក់ចិត្តនឹងជិវិតរបស់ខ្លួនក្នុងពិភពលោកនេះទេ អ្នកនោះនឹងរក្សាជិវិតខ្លួនឱ្យនៅស្ថិតស្ថេរអស់កល្បជានិច្ច។ បើអ្នកណាចង់បម្រើខ្ញុំ អ្នកនោះត្រូវមកតាមខ្ញុំ ខ្ញុំនៅទីណា អ្នកបម្រើរបស់ខ្ញុំក៏នឹងនៅទីនោះដែរ។ បើអ្នកណាបម្រើខ្ញុំ ព្រះបិតានឹងលើកកិត្តិយសអ្នកនោះ»។