សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
  1. កំណើតពិភពលោក (កណ)
    Genesis (Gn)
  2. សេរីភាព (សរ)
    Exodus (Ex)
  3. លេវីវិន័យ (លវ)
    Leviticus (Lv)
  4. ជំរឿនប្រជាជន (ជរ)
    Numbers (Nm)
  5. ទុតិយកថា (ទក)
    Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
  1. យ៉ូស៊ូអា (យអ)
    Joshua (Jos)
  2. វិរបុរស (វរ)
    Judges (Jdg)
  3. នាងរូថ (នរ)
    Ruth (Ru)
  4. ១សាម៉ូអែល (១សម)
    1 Samuel (1Sm)
  5. ២សាម៉ូអែល (២សម)
    2 Samuel (2Sm)
  6. ១ពង្សាវតារក្សត្រ (១ពង្ស)
    1 Kings (1Kg)
  7. ២ពង្សាវតារក្សត្រ (២ពង្ស)
    2 Kings (2Kg)
  8. ១របាក្សត្រ (១របា)
    1 Chronicles (1Ch)
  9. ២របាក្សត្រ (២របា)
    2 Chronicles (2Ch)
  10. អែសរ៉ា (អរ)
    Ezra (Ezr)
  11. នេហេមី (នហ)
    Nehemiah (Ne)
  12. យ៉ូឌីត (យឌ)
    Judith (Jth)
  13. តូប៊ីត (តប)
    Tobit (Tb)
  14. អែសធែរ (អធ)
    Esther (Est)
  15. ១ម៉ាកាបាយ (១មបា)
    1 Maccabees (1 Ma)
  16. ២ម៉ាកាបាយ (២មបា)
    2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
  1. ទំនុកតម្កើង (ទន)
    Psalms (Ps)
  2. យ៉ូប (យប)
    Job (Jb)
  3. សុភាសិត (សភ)
    Proverbs (Pr)
  4. បទចម្រៀង (បច)
    Song of Songs (Song)
  5. សាស្តា (សស)
    Ecclesiastes (Eccl)
  6. ព្រះប្រាជ្ញាញាណ (ប្រាញ)
    Wisdom (Wis)
  7. បេនស៊ីរ៉ាក់ (បសរ)
    Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
  1. អេសាយ (អស)
    Isaiah (Is)
  2. យេរេមី (យរ)
    Jeremiah (Je)
  3. អេសេគីអែល (អគ)
    Ezekiel (Ez)
  4. ហូសេ (ហស)
    Hosea (Ho)
  5. យ៉ូអែល (យអ)
    Joel (Joe)
  6. អម៉ូស (អម)
    Amos (Am)
  7. អូបាឌី (អឌ)
    Obadiah (Ob)
  8. យ៉ូណាស (យណ)
    Jonah (Jon)
  9. មីកា (មីក)
    Micah (Mi)
  10. ណាហ៊ូម (ណហ)
    Nahum (Na)
  11. ហាបាគូក (ហគ)
    Habakkuk (Hb)
  12. សេផានី (សផ)
    Zephaniah (Zep)
  13. ហាកាយ (ហក)
    Haggai (Hg)
  14. សាការី (សក)
    Zechariah (Zec)
  15. ម៉ាឡាគី (មគ)
    Malachi (Mal)
  16. សំណោក (សណ)
    Lamentations (Lam)
  17. ដានីអែល (ដន)
    Daniel (Dn)
  18. បារូក (បារ)
    Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
  1. ម៉ាថាយ (មថ)
    Matthew (Mt)
  2. ម៉ាកុស (មក)
    Mark (Mk)
  3. លូកា (លក)
    Luke (Lk)
  4. យ៉ូហាន (យហ)
    John (Jn)
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
  1. កិច្ចការគ្រីស្តទូត (កក)
    Acts of the Apostles (Ac)
៣. លិខិតសន្តប៉ូល | Paul Letter 13
  1. រ៉ូម (រម)
    Romans (Rm)
  2. ១កូរិនថូស (១ករ)
    1 Corinthians (1Co)
  3. ២កូរិនថូស (២ករ)
    2 Corinthians (2Co)
  4. កាឡាទី (កាឡ)
    Galatians (Ga)
  5. អេភេសូ (អភ)
    Ephesians (Ep)
  6. ភីលីព (ភីល)
    Philippians (Phil)
  7. កូឡូស (កូឡ)
    Colossians (Col)
  8. ១ថេស្សាឡូនិក (១ថស)
    1 Thessalonians (1Th)
  9. ២ថេស្សាឡូនិក (២ថស)
    Thessalonians (2Th)
  10. ១ធីម៉ូថេ (១ធម)
    1 Timothy (1T)
  11. ២ធីម៉ូថេ (២ធម)
    2 Timothy (2T)
  12. ទីតុស (ទត)
    Titus (Ti)
  13. ភីលេម៉ូន (ភល)
    Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
  1. ហេប្រឺ (ហប)
    Hebrews (He)
  2. យ៉ាកុប (យក)
    James (Ja)
  3. ១សិលា (១សល)
    1 Peter (1P)
  4. ២សិលា (២សល)
    2 Peter (2P)
  5. យូដាស (យដ)
    Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
  1. ១យ៉ូហាន (១យហ)
    1 John (1Jn)
  2. ២យ៉ូហាន (២យហ)
    2 John (2Jn)
  3. ៣យ៉ូហាន (៣យហ)
    3 John (3Jn)
  4. វិវរណៈ (វវ)
    Revelation (Rev)

កណ្ឌគម្ពីរ
ពង្សាវតារក្សត្រទី២

ពាក្យលំនាំ

ពង្សា‌វតារ‌ក្សត្រ​ទី២

ពាក្យ​លំនាំ

កណ្ឌ​គម្ពីរ​ពង្សា‌វតារ‌ក្សត្រ​ទី ២  រៀប‌រាប់​អំពី​ព្រឹត្តិ‌ការណ៍​ផ្សេងៗ ដែល​កើត​មាន​ក្នុង​រជ្ជ‌កាល​របស់​ស្តេច​ស្រុក​យូដា និង​ស្តេច​ស្រុក​អ៊ីស្រា‌អែល បន្ត​ពី​កណ្ឌ​គម្ពីរ​ពង្សា‌វតារ‌ក្សត្រ​ទី ១។
ផ្នែក​ទី​មួយ (ចំពូក ១‑១៧) មាន​បរិយាយ​អំពី​អាណា‌ចក្រ​អ៊ីស្រា‌អែល គ្រប់‌គ្រង​ដោយ​ស្តេច​នានា ដែល​មាន​ចិត្ត​មិន​ស្មោះ‌ត្រង់​ចំពោះ​ព្រះ‌ជាម្ចាស់ ជា​ហេតុ‌បណ្តាល​ឲ្យ​កើត​វឹក‌វរ រំជើប‌រំជួល​ក្នុង​ស្រុក រហូត​ដល់​អ៊ីស្រា‌អែល​ត្រូវ​បែក​ស្រុក។ ពី​ជំនាន់​មួយ ទៅ​ជំនាន់​មួយ ស្តេច​របស់​អាណា‌ចក្រ​អ៊ីស្រា‌អែល​នាំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ​ដទៃ និង​នាំ​ប្រជា‌រាស្ដ្រ​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​សព្វ​បែប​យ៉ាង។ ទាំង​ស្តេច ទាំង​ប្រជា‌រាស្ដ្រ​តាំង​ចិត្ត​រឹង‌រូស មិន​ព្រម​វិល​មក​រក​ព្រះ‌ជាម្ចាស់​វិញ​ទេ។ ហេតុ​នេះ ព្រះ‌ជាម្ចាស់​អនុញ្ញាត​ឲ្យ​ព្រះ‌ចៅ​សាល​ម៉ានេ‌ស៊ែរ ជា​ស្តេច​ស្រុក​អាស្ស៊ីរី​វាយ​យក​ក្រុង​សាម៉ារី រាជ‌ធានី​របស់​អាណា‌ចក្រ​អ៊ីស្រា‌អែល។ កង‌ទ័ព​អាស្ស៊ីរី​ដណ្ដើម​យក​បាន​ក្រុង​សាម៉ារី នៅ​ឆ្នាំ ៧២២ ឬ​៧២១ មុន​គ្រីស្ត‌សករាជ ហើយ​កៀរ​ប្រជាជន​ទៅ​ជា​ឈ្លើយ​សឹក។ ក្នុង​ផ្នែក​នេះ​ក៏​មាន​រៀប‌រាប់​អំពី​ប្រវត្តិ និង​កិច្ច‌ការ​ផ្សេងៗ​របស់​ព្យាការី​អេលីសេ ដែល​ជា​សាវ័ក​របស់​ព្យាការី​អេលី​ដែរ (ចំពូក ២‑១៣)។
ផ្នែក​ទី​ពីរ (ចំពូក ១៨‑២៥) បរិយាយ​អំពី​ប្រវត្តិ​របស់​អាណា‌ចក្រ​យូដា ដែល​នៅ​ស្ថិត‌ស្ថេរ​ប្រមាណ ១៣០ ឆ្នាំ​ទៀត។ ក្រោយ​មក នៅ​ឆ្នាំ ៥៨៧​មុន​គ្រីស្ត‌សករាជ ព្រះ‌ចៅ​នេប៊ូ‌កានេសារ ជា​ស្តេច​ស្រុក​បាប៊ីឡូន វាយ​យក​បាន​ក្រុង​យេរូ‌សាឡឹម។ កង‌ទ័ព​បាប៊ីឡូន​បាន​កម្ទេច​ព្រះ‌វិហារ ហើយ​កៀរ​ស្តេច ព្រម​ទាំង​មេ​ដឹក‌នាំ និង​ប្រជាជន​មួយ​ចំនួន​យក​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ីឡូន(ចំពូក ២៥)។
ព្រះ‌ជាម្ចាស់​ដាក់​ទោស​ព្រះ‌បាទ​អហា‌ស៊ីយ៉ា
 ក្រោយ​ពី​ព្រះ‌បាទ​អខាប់​សោយ​ទិវង្គត ជន​ជាតិ​ម៉ូអាប់​បាន​បះ‌បោរ​ប្រឆាំង​នឹង​ជន​ជាតិ​អ៊ីស្រា‌អែល។  ថ្ងៃ​មួយ ព្រះ‌បាទ​អហា‌ស៊ីយ៉ា​បាន​ធ្លាក់​ពី​រាន‌ហាល​បន្ទប់​ជាន់​លើ​បំផុត​នៃ​ព្រះ‌ដំណាក់​នៅ​ក្រុង​សាម៉ារី ហើយ​មាន​របួស​ជា​ទម្ងន់។ ស្តេច​បាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ទូល​សួរ​ព្រះ​បាល-‌សេប៊ូប ជា​ព្រះ​របស់​ក្រុង​អេក្រូន ដើម្បី​ចង់​ដឹង​ថា តើ​ស្ដេច​អាច​ជា​សះ‌ស្បើយ​ពី​របួស​នេះ​ឬ​ទេ?។  ពេល​នោះ ទេវទូត​របស់​ព្រះ‌អម្ចាស់ ថ្លែង​ទៅ​កាន់​លោក​អេលី ជា​អ្នក​ស្រុក​ទីសបេ​ថា៖ «ចូរ​ក្រោក​ឡើង ទៅ​ជួប​អ្នក​នាំ​សារ​របស់​ស្តេច​ក្រុង​សាម៉ារី ហើយ​សួរ​ថា “តើ​នៅ​ស្រុក​អ៊ីស្រា‌អែល​គ្មាន​ព្រះ​ទេ​ឬ បាន​ជា​អ្នក​នាំ​គ្នា​ទៅ​ទូល​សួរ​ព្រះ​បាល-‌សេប៊ូប ជា​ព្រះ​របស់​ក្រុង​អេក្រូន​ដូច្នេះ?”។  ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “អ្នក​នឹង​មិន​អាច​ក្រោក​ពី​គ្រែ​ដែល​អ្នក​ដេក​នោះ​ឡើយ អ្នក​ពិត​ជា​ស្លាប់!”»។ លោក​អេលី​ក៏​ចាក‌ចេញ​ទៅ។  ពួក​អ្នក​នាំ​សារ​វិល​មក​គាល់​ស្តេច​វិញ ហើយ​ស្តេច​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​វិល​មក​វិញ​ដូច្នេះ?»។  ពួក​គេ​ទូល​ថា៖ «មាន​បុរស​ម្នាក់​មក​ជួប​យើង​ខ្ញុំ ព្រម​ទាំង​ប្រាប់​យើង​ខ្ញុំ​ដូច​ត​ទៅ: “ចូរ​វិល​ទៅ​ទូល​ស្តេច ដែល​បាន​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​មក​នោះ​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: តើ​នៅ​ស្រុក​អ៊ីស្រា‌អែល​គ្មាន​ព្រះ​ទេ​ឬ បាន​ជា​អ្នក​ចាត់​គេ​ឲ្យ​ទៅ​ទូល​សួរ​ព្រះ​បាល-‌សេប៊ូប ជា​ព្រះ​របស់​ក្រុង​អេក្រូន​ដូច្នេះ?។ ហេតុ​នេះ អ្នក​នឹង​មិន​អាច​ក្រោក​ពី​គ្រែ​ដែល​អ្នក​ដេក​នោះ​ឡើយ អ្នក​ពិត​ជា​ស្លាប់!”»។  ស្តេច​សួរ​អ្នក​នាំ​សារ​ថា៖ «តើ​បុរស​ដែល​មក​ជួប​អ្នក​រាល់​គ្នា ហើយ​ពោល​ពាក្យ​ទាំង​នេះ មាន​រូប‌រាង​ដូច​ម្ដេច?»។  ពួក​គេ​ទូល​ស្តេច​ថា៖ «បុរស​នោះ​ស្លៀក​សម្លៀក‌បំពាក់​ធ្វើ​ពី​រោម​សត្វ ហើយ​ពាក់​ខ្សែ​ក្រវាត់​ធ្វើ​ពី​ស្បែក​នៅ​ចង្កេះ​ផង»។ ពេល​នោះ ស្តេច​ក៏​មាន​រាជ‌ឱង្ការ​ថា៖ «គឺ​ពិត​ជា​អេលី អ្នក​ស្រុក​ទីសបេ!»។
ព្រះ‌បាទ​អហា‌ស៊ីយ៉ា​រក​ចាប់​ព្យាការី​អេលី
 ស្តេច​ក៏​ចាត់​មេ‌កង​ម្នាក់​ឲ្យ​នាំ​ពល‌ទាហាន​ហា‌សិប​នាក់ ទៅ​រក​ចាប់​លោក​អេលី។ គេ​នាំ​គ្នា​ឡើង​ទៅ​រក​ចាប់​លោក​អេលី ដែល​កំពុង​អង្គុយ​នៅ​លើ​កំពូល​ភ្នំ។ មេ‌កង​នោះ​និយាយ​ទៅ​កាន់​លោក​ថា៖ «អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​អើយ ចូរ​ចុះ​មក! នេះ​ជា​បញ្ជា​របស់​ព្រះ‌រាជា»។ ១០ លោក​អេលី​មាន​ប្រសាសន៍​ទៅ​កាន់​មេ‌កង​នោះ​ថា៖ «ប្រសិន​បើ​ខ្ញុំ​ពិត​ជា​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​មែន សូម​ឲ្យ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ មក​ឆេះ​លោក និង​ពល‌ទាហាន​ទាំង​ហា‌សិប​នាក់​របស់​លោក​ចុះ!»។ ភ្លើង​ក៏​ធ្លាក់​ពី​លើ​មេឃ​មក ឆេះ​មេ‌កង និង​ពល‌ទាហាន​ទាំង​ហា‌សិប​នាក់​នោះ​មែន។ ១១ ស្តេច​ចាត់​មេ‌ទ័ព​ម្នាក់​ទៀត​ឲ្យ​នាំ​ពល‌ទាហាន​ហា‌សិប​នាក់​ទៅ​រក​ចាប់​លោក​អេលី។ មេ‌កង​នោះ​និយាយ​ទៅ​កាន់​លោក​ថា៖ «អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​អើយ ចូរ​ប្រញាប់​ចុះ​មក! នេះ​ជា​បញ្ជា​របស់​ព្រះ‌រាជា!»។ ១២ លោក​អេលី​មាន​ប្រសាសន៍​មក​ពួក​គេ​ថា៖ «ប្រសិន​បើ​ខ្ញុំ​ពិត​ជា​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​មែន សូម​ឲ្យ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក ឆេះ​លោក និង​ពល‌ទាហាន​ទាំង​ហា‌សិប​នាក់​របស់​លោក​ចុះ!»។ ភ្លើង​ក៏​ធ្លាក់​ពី​លើ​មេឃ មក​ឆេះ​មេ‌កង និង​ពល‌ទាហាន​ទាំង​ហា‌សិប​នាក់​នោះ​មែន។ ១៣ ស្តេច​ចាត់​មេ‌កង​ទី​បី​ឲ្យ​នាំ​ពល‌ទាហាន​ហា‌សិប​នាក់​ទៅ​សា​ជា​ថ្មី។ ពេល​មេ‌កង​ទី​បី​នេះ​ឡើង​ទៅ​ដល់​លើ​កំពូល​ភ្នំ គាត់​លុត​ជង្គង់​នៅ​មុខ​លោក​អេលី រួច​អង្វរ​ថា៖ «អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​អើយ! សូម​អាណិត​មេត្តា​ទុក​ជីវិត​ឲ្យ​ខ្ញុំ​ប្របាទ និង​ពល‌ទាហាន​ទាំង​ហា‌សិប​នាក់​នេះ​ផង។ ១៤ មាន​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក​ឆេះ​មេ‌កង​ទាំង​ពីរ និង​ពល‌ទាហាន​របស់​ពួក​គេ​ដែល​មក​មុនៗ​នោះ​អស់​ហើយ ឥឡូវ​នេះ សូម​អាណិត​មេត្តា​ទុក​ជីវិត​ឲ្យ​ខ្ញុំ​ប្របាទ​ផង!»។ ១៥ ទេវទូត*​របស់​ព្រះ‌អម្ចាស់​ប្រាប់​លោក​អេលី​ថា៖ «ចូរ​ទៅ​ជា​មួយ​គេ​ចុះ កុំ​ភ័យ‌ខ្លាច​ឡើយ!»។ លោក​អេលី​ក្រោក​ឡើង ហើយ​ទៅ​ជា​មួយ​គេ ចូល​គាល់​ស្តេច ១៦ ទូល​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “ដោយ​អ្នក​បាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​សួរ​ព្រះ​បាល-‌សេប៊ូប ជា​ព្រះ​របស់​ក្រុង​អេក្រូន ធ្វើ​ហាក់​ដូច​ជា​នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​គ្មាន​ព្រះ​ដែល​គេ​អាច​សួរ​បាន។ ហេតុ​នេះ អ្នក​នឹង​មិន​អាច​ក្រោក​ពី​គ្រែ ដែល​អ្នក​ដេក​នោះ​ឡើយ អ្នក​ពិត​ជា​ស្លាប់!”»។
១៧ ព្រះ‌បាទ​អហា‌ស៊ីយ៉ា​សោយ​ទិវង្គត​ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ដែល​លោក​អេលី​បាន​ថ្លែង។ ព្រះ‌បាទ​អហា‌ស៊ីយ៉ា​គ្មាន​បុត្រ​ទេ ដូច្នេះ ព្រះ‌បាទ​យ៉ូរ៉ាម ជា​អនុជ ឡើង​ស្នង​រាជ្យ​នៅ​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​យ៉ូរ៉ាម ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូសា‌ផាត ស្តេច​ស្រុក​យូដា។ ១៨ រីឯ​រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​អហា‌ស៊ីយ៉ា និង​អ្វីៗ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ស្រុក​អ៊ីស្រា‌អែល។
ព្រះ‌អម្ចាស់​លើក​ព្យាការី​អេលី​ទៅ​ស្ថាន​បរម‌សុខ
 នៅ​គ្រា​ដែល​ព្រះ‌អម្ចាស់​ឲ្យ​ខ្យល់​កួច​លោក​អេលី​ឡើង​ទៅ​ស្ថាន​បរម‌សុខ​នោះ លោក​អេលី និង​លោក​អេលីសេ​ចាក‌ចេញ​ពី​គីល‌កាល់​ទៅ​ជា​មួយ​គ្នា។  លោក​អេលី​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អេលីសេ​ថា៖ «ចាំ​ខ្ញុំ​នៅ​ទី​នេះ​ហើយ ដ្បិត​ព្រះ‌អម្ចាស់​ចាត់​ខ្ញុំ​ឲ្យ​ទៅ​បេត‌អែល»។ លោក​អេលីសេ​តប​ថា៖ «ខ្ញុំ​សូម​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់ ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ និង​ក្នុង​នាម​លោក​ផ្ទាល់​ដែល​នៅ​មាន​ជីវិត​ថា ខ្ញុំ​នឹង​មិន​ឃ្លាត​ចាក​ពី​លោក​ឡើយ»។ លោក​ទាំង​ពីរ​ក៏​ធ្វើ​ដំណើរ​ទៅ​បេត‌អែល។
 មាន​ព្យាការី​មួយ​ក្រុម​នៅ​បេត‌អែល​ចេញ​មក​ជួប​លោក​អេលីសេ ជម្រាប​ថា៖ «តើ​លោក​ជ្រាប​ឬ​ទេ​ថា ថ្ងៃ​នេះ ព្រះ‌អម្ចាស់​លើក​គ្រូ​របស់​លោក​ឡើង​ទៅ​លើ​មេឃ»។ លោក​ឆ្លើយ​ថា៖ «ខ្ញុំ​ក៏​ដឹង​ដែរ មិន​បាច់​ប្រាប់​ទេ!»។  លោក​អេលី​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «អេលីសេ​អើយ ចូរ​ចាំ​ខ្ញុំ​នៅ​ទី​នេះ​ហើយ ដ្បិត​ព្រះ‌អម្ចាស់​ចាត់​ខ្ញុំ​ឲ្យ​ទៅ​ក្រុង​យេរីខូ»។ លោក​អេលីសេ​តប​ថា៖ «ខ្ញុំ​សូម​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់ ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ និង​ក្នុង​នាម​លោក​ផ្ទាល់ ដែល​នៅ​មាន​ជីវិត​ថា ខ្ញុំ​នឹង​មិន​ឃ្លាត​ចាក​ពី​លោក​ឡើយ»។ លោក​ទាំង​ពីរ​ក៏​ទៅ​ដល់​ក្រុង​យេរីខូ។
 មាន​ព្យាការី​មួយ​ក្រុម​នៅ​ក្រុង​យេរីខូ​នាំ​គ្នា​មក​ជិត​លោក​អេលីសេ ជម្រាប​ថា៖ «តើ​លោក​ជ្រាប​ទេ​ថា ថ្ងៃ​នេះ ព្រះ‌អម្ចាស់​លើក​គ្រូ​របស់​លោក​ឡើង​ទៅ​លើ​មេឃ»។ លោក​ឆ្លើយ​ថា៖ «ខ្ញុំ​ក៏​ដឹង​ដែរ មិន​បាច់​ប្រាប់​ទេ!»។  លោក​អេលី​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ចូរ​ចាំ​ខ្ញុំ​នៅ​ទី​នេះ​ហើយ ដ្បិត​ព្រះ‌អម្ចាស់​ចាត់​ខ្ញុំ​ឲ្យ​ទៅ​ទន្លេ​យ័រដាន់»។ លោក​អេលីសេ​តប​ថា៖ «ខ្ញុំ​សូម​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់ ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ និង​ក្នុង​នាម​លោក​ផ្ទាល់​ដែល​នៅ​មាន​ជីវិត​ថា ខ្ញុំ​នឹង​មិន​ឃ្លាត​ចាក​ពី​លោក​ឡើយ»។ លោក​ទាំង​ពីរ​ក៏​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។
 មាន​ព្យាការី​ហា‌សិប​នាក់​ដើរ​តាម​ពី​ក្រោយ ហើយ​ឈរ​ពី​ចម្ងាយ។ លោក​ទាំង​ពីរ​ឈប់​នៅ​មាត់​ទន្លេ​យ័រដាន់។  ពេល​នោះ លោក​អេលី​យក​អាវ​ធំ​របស់​លោក​មក​មូរ ហើយ​វាយ​ទឹក​ទន្លេ ទឹក​ក៏​ញែក​ចេញ​ពី​គ្នា។ លោក​ទាំង​ពីរ​ដើរ​កាត់​បាត​ទន្លេ។  កាល​លោក​ទាំង​ពីរ​ឆ្លង​ផុត​ហើយ លោក​អេលី​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អេលីសេ​ថា៖ «បើ​អ្នក​ចង់​បាន​អ្វី​ពី​ខ្ញុំ ចូរ​សុំ​ឲ្យ​បាន​មុន​ពេល​ព្រះ‌អម្ចាស់​លើក​ខ្ញុំ​ឡើង​ទៅ​ឆ្ងាយ​ពី​អ្នក!»។ លោក​អេលីសេ​ឆ្លើយ​ថា៖ «សូម​មេត្តា​ឲ្យ​វិញ្ញាណ​ដែល​ស្ថិត​នៅ​លើ​លោក មក​សណ្ឋិត​លើ​ខ្ញុំ​មួយ​ជា​ទ្វេ!»។ ១០ លោក​អេលី​មាន​ប្រសាសន៍​ថា៖ «សំណូម​ពរ​របស់​អ្នក​ពិបាក​ណាស់!។ ប៉ុន្តែ ប្រសិន​បើ​អ្នក​មើល​ឃើញ​ខ្ញុំ ក្នុង​ពេល​ដែល​ព្រះ‌អម្ចាស់​លើក​ខ្ញុំ​ឡើង​ទៅ​ឆ្ងាយ​ពី​អ្នក នោះ​សំណូម​ពរ​របស់​អ្នក​ពិត​ជា​បាន​សម្រេច។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​មើល​មិន​ឃើញ​ខ្ញុំ​ទេ សំណូម​ពរ​របស់​អ្នក​ក៏​ពុំ​បាន​សម្រេច​ដែរ»។
១១ ក្នុង​ពេល​លោក​ទាំង​ពីរ​ដើរ​បណ្តើរ​និយាយ​គ្នា​បណ្តើរ ស្រាប់​តែ​មាន​រទេះ​ជា​ភ្លើង ទឹម​ដោយ​សេះ​ភ្លើង មក​ញែក​លោក​ទាំង​ពីរ​ឲ្យ​ឃ្លាត​ចេញ​ពី​គ្នា។ ពេល​នោះ ខ្យល់​ក៏​កួច​លោក​អេលី​ឡើង​ទៅ​ស្ថាន​បរម‌សុខ។ ១២ កាល​លោក​អេលីសេ​ឃើញ​ដូច្នេះ លោក​ស្រែក​ថា៖ «លោក​ឪពុក! លោក​ឪពុក​អើយ! លោក​ប្រៀប​ដូច​ជា​រទេះ​ចម្បាំង និង​ទ័ព‌សេះ​របស់​អ៊ីស្រា‌អែល!»។ បន្ទាប់​មក លោក​មើល​លោក​អេលី​លែង​ឃើញ​ទៀត។ លោក​យក​សម្លៀក‌បំពាក់​របស់​លោក​មក​ហែក​ជា​ពីរ ១៣ រួច​រើស​អាវ​ធំ​របស់​លោក​អេលី​ដែល​ជ្រុះ​មក​លើ​លោក​នោះ ហើយ​ត្រឡប់​ទៅ​មាត់​ទន្លេ​យ័រដាន់​វិញ។ ១៤ លោក​អេលីសេ​យក​អាវ​ធំ​របស់​លោក​អេលី​វាយ​ទឹក​ទន្លេ ទាំង​មាន​ប្រសាសន៍​ថា៖ «តើ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​លោក​អេលី​គង់​នៅ​ទី​ណា?»។ ពេល​លោក​វាយ​ទឹក​នោះ ទឹក​ក៏​ញែក​ចេញ​ពី​គ្នា ហើយ​លោក​ដើរ​ឆ្លង​កាត់​ទៅ។
១៥ ក្រុម​ព្យាការី​ដែល​ឈរ​មើល​ពី​ត្រើយ​ម្ខាង​ក្បែរ​ក្រុង​យេរីខូ ពោល​ឡើង​ថា៖ «វិញ្ញាណ​របស់​លោក​អេលី មក​សណ្ឋិត​លើ​លោក​អេលីសេ​ហើយ!»។ ពួក​គេ​ទៅ​ជួប​លោក​អេលីសេ រួច​នាំ​គ្នា​ក្រាប​ចុះ​នៅ​ចំពោះ​មុខ​លោក ១៦ ទាំង​ពោល​ថា៖ «ក្នុង​ចំណោម​យើង​ខ្ញុំ​ប្របាទ មាន​មនុស្ស​ពូកែ​អង់‌អាច​ហា‌សិប​នាក់ សូម​លោក​អនុញ្ញាត​ឲ្យ​គេ​ចេញ​ទៅ​រក​គ្រូ​របស់​លោក​ចុះ ក្រែង‌លោ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់​នាំ​យក​គាត់​ទៅ​ទម្លាក់​នៅ​លើ​ភ្នំ ឬ​ក្នុង​ជ្រោះ​ណា​មួយ»។ លោក​អេលីសេ​ឆ្លើយ​ថា៖ «កុំ​ចាត់​គេ​ឲ្យ​ទៅ​អី!»។ ១៧ ប៉ុន្តែ ដោយ​គេ​ទទូច​ខ្លាំង​ពេក លោក​ក៏​យល់​ព្រម ហើយ​មាន​ប្រសាសន៍​ថា៖ «ចូរ​ចាត់​ពួក​គេ​ឲ្យ​ទៅ​ចុះ!»។ គេ​ចាត់​មនុស្ស​ទាំង​ហា‌សិប​នាក់​នោះ​ឲ្យ​ទៅ​រក​លោក​អេលី អស់‌រយៈ​ពេល​បី​ថ្ងៃ តែ​រក​មិន​ឃើញ​សោះ។ ១៨ អ្នក​ទាំង​នោះ​ក៏​វិល​ត្រឡប់​មក​ជួប​លោក​អេលីសេ ដែល​ស្នាក់​នៅ​ក្រុង​យេរីខូ។ លោក​អេលីសេ​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ហើយ​ថា កុំ​ទៅ​រក​ធ្វើ​អ្វី!»។
ព្យាការី​អេលីសេ​ធ្វើ​ឲ្យ​ប្រភព​ទឹក​នៅ​ក្រុង​យេរីខូ​ល្អ​ឡើង​វិញ
១៩ អ្នក​ក្រុង​យេរីខូ​ជម្រាប​លោក​អេលីសេ​ថា៖ «លោក​ម្ចាស់​ឃើញ​ស្រាប់​ហើយ​ថា ក្រុង​នេះ​មាន​ទី​តាំង​ប្រសើរ​ណាស់ ប៉ុន្តែ ទឹក​ពុំ​ល្អ​ទេ ដូច្នេះ ដី​មិន​បង្កើត​ភោគ‌ផល​ឡើយ»។ ២០ លោក​មាន​ប្រសាសន៍​ថា៖ «ចូរ​ទៅ​យក​ចាន‌គោម​ថ្មី​មួយ​មក​ឲ្យ​ខ្ញុំ ហើយ​ដាក់​អំបិល​ផង!»។ គេ​ក៏​ទៅ​យក​មក​ជូន​លោក។
២១ លោក​ចេញ​ទៅ​ឯ​ប្រភព​ទឹក ហើយ​ចាក់​អំបិល​ក្នុង​ទឹក ទាំង​មាន​ប្រសាសន៍​ដូច​ត​ទៅ៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “យើង​នឹង​ធ្វើ​ឲ្យ​ទឹក​នេះ​ល្អ​ឡើង​វិញ គឺ​មិន​បង្ក​ឲ្យ​អ្វីៗ​ស្លាប់ ឬ​ក៏​ធ្វើ​ឲ្យ​ដី​ឥត​បង្កើត​ភោគ‌ផល​ទៀត​ដែរ”»។ ២២ ទឹក​ក៏​ល្អ​រហូត​ដល់​សព្វ​ថ្ងៃ ស្រប​តាម​ពាក្យ​ដែល​លោក​អេលីសេ​បាន​ថ្លែង។
ព្រះ‌អម្ចាស់​ដាក់​ទោស​ដល់​ក្មេងៗ ដែល​ប្រមាថ​ព្យាការី​អេលីសេ
២៣ លោក​អេលីសេ​ធ្វើ​ដំណើរ​ពី​ទី​នោះ​ឡើង​ទៅ​បេត‌អែល។ ពេល​កំពុង​តែ​ឡើង​ទៅ​នោះ មាន​ក្មេងៗ​មួយ​ក្រុម​ចេញ​ពី​ទី‌ក្រុង​មក ហើយ​ស្រែក​ប្រមាថ​លោក​ថា៖ «ឡើង​ទៅ តា​ទំពែក! ឡើង​ទៅ តា​ទំពែក!»។ ២៤ លោក​បែរ​មក​មើល​ក្មេង​ទាំង​នោះ ហើយ​ដាក់​បណ្ដាសា​វា ក្នុង​នាម​ព្រះ‌អម្ចាស់។ ស្រាប់​តែ​មាន​មេ​ខ្លា‌ឃ្មុំ​ពីរ​ចេញ​ពី​ព្រៃ​មក ហែក​ក្មេង​ទាំង​នោះ​អស់​សែ‌សិប​ពីរ​នាក់។ ២៥ លោក​ធ្វើ​ដំណើរ​ចេញ​ពី​ទី​នោះ​ឆ្ពោះ​ទៅ​កាន់​ភ្នំ​ការម៉ែល រួច​ត្រឡប់​ទៅ​ក្រុង​សាម៉ារី​វិញ។
ព្រះ‌បាទ​យ៉ូរ៉ាម​សោយ​រាជ្យ​នៅ​ស្រុក​អ៊ីស្រា‌អែល សង្គ្រាម​រវាង​អ៊ីស្រា‌អែល និង​ម៉ូអាប់
 នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​បី​នៃ​រជ្ជ​កាល​របស់​ព្រះ‌បាទ​យ៉ូសា‌ផាត ជា​ស្តេច​ស្រុក​យូដា ព្រះ‌បាទ​យ៉ូរ៉ាម​ជា​បុត្រ​របស់​ព្រះ‌បាទ​អខាប់ ឡើង​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល នៅ​ក្រុង​សាម៉ារី បាន​ដប់‌ពីរ​ឆ្នាំ។  ស្តេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់ តែ​មិន​ស្មើ​មាតា‌បិតា​ទេ។ ស្តេច​បាន​ផ្តួល​រំលំ​រូប​ព្រះ​បាល​ដែល​បិតា​បាន​កសាង។  ប៉ុន្តែ ស្តេច​មិន​បាន​លះ‌បង់​អំពើ​បាប​ចោល​ទេ គឺ​ស្ដេច​ប្រព្រឹត្ត​អំពើ​បាប​ដូច​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត ហើយ​នាំ​ប្រជាជន​អ៊ីស្រា‌អែល​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​ដែរ។
 ព្រះ‌បាទ​មេសា ជា​ស្តេច​របស់​ជន​ជាតិ​ម៉ូអាប់ មាន​ហ្វូង​សត្វ​ជា​ច្រើន។ រៀង‌រាល់​ឆ្នាំ ស្តេច​តែង‌តែ​នាំ​កូន​ចៀម​មួយ​សែន​ក្បាល និង​ចៀម​ឈ្មោល​មួយ​សែន​ក្បាល ព្រម​ទាំង​រោម​ចៀម មក​ថ្វាយ​ជា​សួយ‌សារ‌អាករ​ដល់​ស្តេច​ស្រុក​អ៊ីស្រា‌អែល។  ក្រោយ​ពេល​ព្រះ‌បាទ​អខាប់​សោយ​ទិវង្គត​ផុត​ទៅ ស្តេច​ស្រុក​ម៉ូអាប់​ក៏​បះ‌បោរ​ប្រឆាំង​នឹង​ស្តេច​ស្រុក​អ៊ីស្រា‌អែល។  ព្រះ‌បាទ​យ៉ូរ៉ាម​យាង​ចេញ​ពី​ក្រុង​សាម៉ារី ទៅ​ត្រួត​ពល‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល។  បន្ទាប់​មក ស្តេច​ចេញ​ដំណើរ​ទៅ ទាំង​ចាត់​គេ​ឲ្យ​ទៅ​ទូល​ព្រះ‌បាទ​យ៉ូសា‌ផាត ជា​ស្តេច​ស្រុក​យូដា​ថា៖ «ស្តេច​របស់​ជន​ជាតិ​ម៉ូអាប់​បះ‌បោរ​ប្រឆាំង​នឹង​ទូល‌បង្គំ តើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫ‌ទ័យ​យាង​ចេញ​ទៅ​ច្បាំង​នឹង​ជន​ជាតិ​ម៉ូអាប់​ជា​មួយ​ទូល‌បង្គំ​ឬ​ទេ?»។ ព្រះ‌បាទ​យ៉ូសា‌ផាត​មាន​រាជ‌ឱង្ការ​តប​ថា៖ «ទូល‌បង្គំ​យល់​ព្រម​ទៅ​ជា​មួយ​ព្រះ‌ករុណា​ដែរ! ពល‌ទ័ព​របស់​ទូល‌បង្គំ​ក៏​ដូច​ជា​ពល‌ទ័ព​របស់​ព្រះ‌ករុណា ហើយ​សេះ​របស់​ទូល‌បង្គំ​ក៏​ដូច​ជា​សេះ​របស់​ព្រះ‌ករុណា​ដែរ»។  ស្តេច​មាន​រាជ‌ឱង្ការ​ទៀត​ថា៖ «តើ​យើង​នឹង​ចេញ​ទៅ​ច្បាំង​តាម​ផ្លូវ​ណា?»។ ព្រះ‌បាទ​យ៉ូរ៉ាម​តប​ថា «តាម​ផ្លូវ​វាល​រហោ‌ស្ថាន​ស្រុក​អេដុម»។
ស្តេច​ស្រុក​អ៊ីស្រា‌អែល ស្តេច​ស្រុក​យូដា និង​ស្តេច​ស្រុក​អេដុម​នាំ​គ្នា​ចាក‌ចេញ​ទៅ។ លុះ​ធ្វើ​ដំណើរ​តាម​ផ្លូវ​វាង​បាន​ប្រាំ​ពីរ​ថ្ងៃ ពួក​គេ​ខ្វះ​ទឹក​សម្រាប់​កង‌ទ័ព និង​ហ្វូង​សត្វ​ដែល​មក​ជា​មួយ។ ១០ ស្តេច​ស្រុក​អ៊ីស្រា‌អែល​មាន​រាជ‌ឱង្ការ​ថា៖ «ពិត​ជា​ព្រះ‌អម្ចាស់​ហើយ ដែល​ហៅ​យើង​ទាំង​បី​នាក់​មក ដើម្បី​ប្រគល់​យើង​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​ម៉ូអាប់»។ ១១ ព្រះ‌បាទ​យ៉ូសា‌ផាត​មាន​រាជ‌ឱង្ការ​ថា៖ «តើ​នៅ​ទី​នេះ គ្មាន​ព្យាការី​ណា​ម្នាក់​ដែល​អាច​ឲ្យ​យើង​ទូល​សួរ​ព្រះ‌អម្ចាស់​ទេ​ឬ?»។ មេ‌ទ័ព​អ៊ីស្រា‌អែល​ម្នាក់​ទូល​ថា៖ «ក្រាប​ទូល នៅ​ទី​នេះ មាន​លោក​អេលីសេ ជា​កូន​របស់​លោក​សាផាត និង​ជា​សិស្ស​ជំនិត​របស់​លោក​អេលី»។ ១២ ព្រះ‌បាទ​យ៉ូសា‌ផាត​មាន​រាជ‌ឱង្ការ​ថា៖ «លោក​ពិត​ជា​អាច​នាំ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​មក​ប្រាប់​យើង​មិន​ខាន»។ ស្តេច​ស្រុក​អ៊ីស្រា‌អែល ព្រះ‌បាទ​យ៉ូសា‌ផាត ព្រម​ទាំង​ស្តេច​អេដុម ក៏​នាំ​គ្នា​យាង​ទៅ​ជួប​លោក​អេលីសេ។ ១៣ លោក​អេលីសេ​ទូល​ស្តេច​អ៊ីស្រា‌អែល​ថា៖ «តើ​ព្រះ‌ករុណា​យាង​មក​រក​ទូល‌បង្គំ​ធ្វើ​អ្វី? ម្ដេច​ក៏​មិន​យាង​ទៅ​រក​ពួក​ព្យាការី​របស់​មាតា‌បិតា​ព្រះ‌ករុណា​ទៅ!»។ ស្តេច​ស្រុក​អ៊ីស្រា‌អែល​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ថា៖ «ទេ ដ្បិត​ព្រះ‌អម្ចាស់​ហើយ​ដែល​បាន​ហៅ​យើង​ទាំង​បី​នាក់​មក ដើម្បី​ប្រគល់​យើង​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​ម៉ូអាប់»។ ១៤ លោក​អេលីសេ​ទូល​ថា៖ «ទូល‌បង្គំ​សូម​ស្បថ ក្នុង​នាម​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​ដែល​ទូល‌បង្គំ​គោរព​បម្រើ និង​ជា​ព្រះ​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​ថា បើ​ទូល‌បង្គំ​មិន​យល់​ដល់​ព្រះ‌បាទ​យ៉ូសា‌ផាត ជា​ស្តេច​ស្រុក​យូដា​ទេ ទូល‌បង្គំ​មិន​អើពើ ឬ​ក្រឡេក​មើល​ព្រះ‌ករុណា​ឡើយ។ ១៥ ឥឡូវ​នេះ សូម​នាំ​អ្នក​ភ្លេង​ម្នាក់​មក​ឲ្យ​ទូល‌បង្គំ!»។ កាល​អ្នក​ភ្លេង​កំពុង​តែ​ប្រគំ​តន្ដ្រី ឫទ្ធិ‌បារមី​របស់​ព្រះ‌អម្ចាស់​ក៏​មក​សណ្ឋិត​លើ​ព្យាការី​អេលីសេ។ ១៦ លោក​មាន​ប្រសាសន៍​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “ចូរ​ជីក​ប្រឡាយ​នៅ​តាម​ជ្រលង​ភ្នំ​នេះ​ឲ្យ​បាន​ច្រើន”។ ១៧ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា “ទោះ‌បី​អ្នក​រាល់​គ្នា​មិន​ឃើញ​មាន​ខ្យល់ មាន​ភ្លៀង​ក្តី ជ្រលង​ភ្នំ​នេះ​នឹង​មាន​ទឹក​ពោរ‌ពេញ ហើយ​អ្នក​រាល់​គ្នា​នឹង​មាន​ទឹក​បរិភោគ ព្រម​ទាំង​ទឹក​សម្រាប់​ហ្វូង​សត្វ និង​ជំនិះ​របស់​អ្នក​រាល់​គ្នា​ផង”។ ១៨ ប៉ុន្តែ នេះ​ជា​ការ​តូច‌តាច នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ។ ព្រះ‌អង្គ​នឹង​ប្រគល់​ជន​ជាតិ​ម៉ូអាប់​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌ករុណា។ ១៩ ព្រះ‌ករុណា​ត្រូវ​បំផ្លាញ​ទី‌ក្រុង​ដែល​មាន​កំពែង​ដ៏​រឹង‌មាំ និង​ទី‌ក្រុង​សំខាន់ៗ​ទាំង​អស់​ចោល។ ព្រះ‌ករុណា​ត្រូវ​កាប់​រំលំ​ដើម​ឈើ​ល្អៗ បិទ​ប្រភព​ទឹក​ទាំង​អស់ ហើយ​បំផ្លាញ​ដី​ស្រែ​ចម្ការ​ទាំង​អស់​ចោល ដោយ​យក​ថ្ម​ទៅ​ចាក់​លើ​ដី​ទាំង​នោះ»។ ២០ លុះ​ព្រឹក​ឡើង ពេល​ថ្វាយ​យញ្ញ‌បូជា មាន​ទឹក​ហូរ​មក​ពី​ស្រុក​អេដុម ពាស‌ពេញ​តំបន់​នោះ។ ២១ កាល​ជន​ជាតិ​ម៉ូអាប់​ដឹង​ថា ស្តេច​ទាំង​បី​អង្គ​លើក​ទ័ព​មក​ច្បាំង​នឹង​ពួក​គេ ពួក​គេ​ប្រមូល​ផ្តុំ​អស់​អ្នក​ដែល​មាន​វ័យ​អាច​បម្រើ​ទ័ព​បាន ទាំង​ក្មេង ទាំង​ចាស់ ហើយ​បញ្ជូន​ទ័ព​នោះ​ទៅ​ដាក់​តាម​ព្រំ‌ដែន។ ២២ ជន​ជាតិ​ម៉ូអាប់​ក្រោក​ពី​ព្រលឹម ហើយ​ឃើញ​ព្រះ‌អាទិត្យ​ចាំង​នៅ​លើ​ផ្ទៃ​ទឹក មាន​ពណ៌​ក្រហម​ដូច​ជា​ឈាម ២៣ ពួក​គេ​ស្រែក​ថា៖ «មើល៍ សុទ្ធ​តែ​ឈាម! ស្តេច​ទាំង​នោះ​ពិត​ជា​ប្រយុទ្ធ​កាប់​សម្លាប់​គ្នា​ទៅ​វិញ​ទៅ​មក​ស្លាប់​អស់​ហើយ! មក៍! ពួក​ម៉ូអាប់​យើង​នាំ​គ្នា​ទៅ​រឹប​អូស​យក​ជ័យ‌ភ័ណ្ឌ ឥឡូវ​នេះ!»។ ២៤ ជន​ជាតិ​ម៉ូអាប់​នាំ​គ្នា​ទៅ​ដល់​ជំរំ​របស់​អ៊ីស្រា‌អែល កង‌ទ័ព​អ៊ីស្រា‌អែល​ក៏​ចេញ​មក​វាយ​ប្រហារ​ជន​ជាតិ​ម៉ូអាប់​ដែល​បាក់​ទ័ព​រត់​នៅ​ចំពោះ​មុខ​ពួក​គេ។ កង‌ទ័ព​អ៊ីស្រា‌អែល​ដេញ​តាម​ប្រហារ​ជន​ជាតិ​ម៉ូអាប់ ចូល​រហូត​ដល់​ក្នុង​ស្រុក ហើយ​វាយ​ពួក​គេ​ឲ្យ​បរា‌ជ័យ​យ៉ាង​ធ្ងន់។ ២៥ កង‌ទ័ព​អ៊ីស្រា‌អែល​បំផ្លាញ​ទី‌ក្រុង​ទាំង​ប៉ុន្មាន​ចោល ព្រម​ទាំង​នាំ​គ្នា​យក​ដុំ​ថ្ម ទៅ​បោះ​ពេញ​ក្នុង​ស្រែ​ចម្ការ​ដ៏​ល្អៗ​ទាំង​អស់។ ពួក​គេ​បិទ​ប្រភព​ទឹក​ទាំង​អស់​ចោល និង​កាប់​រំលំ​ដើម​ឈើ​ដ៏​ល្អៗ​ទាំង​អស់​ចោល​ដែរ។ ទី​បំផុត មាន​តែ​ក្រុង​គៀរ-‌ហា‌រេសេត ប៉ុណ្ណោះ​ដែល​នៅ​មាន​កំពែង​ព័ទ្ធ​ជុំ‌វិញ។ ពល‌ទាហាន​កាន់​ដង្ហក់​នាំ​គ្នា​ឡោម‌ព័ទ្ធ និង​វាយ​យក​ក្រុង​នោះ។ ២៦ កាល​ស្តេច​ស្រុក​ម៉ូអាប់​ដឹង​ច្បាស់​ថា ខ្លួន​គ្មាន​កម្លាំង​ទប់‌ទល់​បាន ស្ដេច​ក៏​ប្រមូល​ទ័ព​ដែល​កាន់​ដាវ​បាន​ចំនួន​ប្រាំ​ពីរ‌រយ​នាក់ វាយ​បើក​ផ្លូវ​សម្រុក​ទៅ​លើ​ស្តេច​អេដុម ប៉ុន្តែ មិន​បាន​សម្រេច​ឡើយ។ ២៧ ដូច្នេះ ស្តេច​ស្រុក​ម៉ូអាប់​យក​រាជ‌បុត្រ​ច្បង​ដែល​ត្រូវ​ស្នង​រាជ្យ មក​ធ្វើ​យញ្ញ‌បូជា​នៅ​លើ​កំពែង​ក្រុង បណ្តាល​ឲ្យ​កង‌ទ័ព​អ៊ីស្រា‌អែល​រន្ធត់‌ចិត្ត​ជា​ខ្លាំង ហើយ​នាំ​គ្នា​ដក​ទ័ព​វិល​ទៅ​កាន់​ស្រុក​របស់​ខ្លួន​វិញ។
ព្យាការី​អេលីសេ​ជួយ​ស្ត្រី‌មេម៉ាយ​ម្នាក់
 មាន​ស្ត្រី‌មេម៉ាយ​ម្នាក់​ជា​ភរិយា​របស់​បុរស​មួយ​រូប ដែល​ជា​សមាជិក​របស់​ក្រុម​ព្យាការី បាន​មក​ជួប​លោក​អេលីសេ ហើយ​អង្វរ​លោក​ថា៖ «ប្ដី​របស់​នាង​ខ្ញុំ ជា​អ្នក​បម្រើ​របស់​លោក​ស្លាប់​ផុត​ហើយ។ លោក​ក៏​ជ្រាប​ដែរ​ថា អ្នក​បម្រើ​របស់​លោក គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​ណាស់។ ឥឡូវ​នេះ ម្ចាស់​បំណុល​បាន​មក​ទាម‌ទារ​យក​កូន​ប្រុស​ទាំង​ពីរ​នាក់​របស់​នាង​ខ្ញុំ ទៅ​ធ្វើ​ជា​បាវ​បម្រើ​របស់​គេ»។  លោក​អេលីសេ​មាន​ប្រសាសន៍​ថា៖ «តើ​នាង​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្ដេច​ចំពោះ​នាង? ចូរ​ប្រាប់​ខ្ញុំ​មក​មើល នៅ​ក្នុង​ផ្ទះ​នាង​មាន​អ្វី​ខ្លះ?»។ នាង​ឆ្លើយ​តប​ថា៖ «នៅ​ក្នុង​ផ្ទះ​នាង​ខ្ញុំ គ្មាន​អ្វី​ក្រៅ​ពី​ប្រេង​មួយ​កូន​ដប​ប៉ុណ្ណោះ»។  លោក​អេលីសេ​មាន​ប្រសាសន៍​ថា៖ «ចូរ​ទៅ​ខ្ចី​ដប​ទំនេរ ពី​អ្នក​ជិត​ខាង​ឲ្យ​បាន​ច្រើន គឺ​កុំ​ខ្ចី​តិច​ពេក។  ពេល​មក​ដល់​វិញ ត្រូវ​នាំ​គ្នា​ទាំង​ម្ដាយ ទាំង​កូន ចូល​ទៅ​ក្នុង​ផ្ទះ បិទ​ទ្វារ​ឲ្យ​ជិត ហើយ​យក​ប្រេង​ចាក់​ក្នុង​ដប​ទាំង​នោះ។ ដប​ណា​ពេញ​ត្រូវ​ទុក​ដោយ​ឡែក»។  នាង​ក៏​ចាក‌ចេញ​ពី​លោក​ទៅ ហើយ​នាំ​កូន​ចូល​ក្នុង​ផ្ទះ​បិទ​ទ្វារ​ជិត។ កូន​ទាំង​ពីរ​ហុច​ដប​មក​ឲ្យ​ម្ដាយ រួច​ម្ដាយ​យក​ប្រេង​មក​ចាក់​ក្នុង​ដប។  លុះ​ដប​ទាំង​អស់​ពេញ​ហើយ នាង​ប្រាប់​កូន​ថា៖ «ហុច​ដប​មួយ​ទៀត​មក!»។ កូន​ឆ្លើយ​ថា៖ «អស់​ដប​ហើយ​ម៉ែ!»។ ពេល​នោះ ប្រេង​ក៏​ឈប់​ហូរ។  នាង​នាំ​ដំណឹង​នេះ​ទៅ​ជម្រាប​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ លោក​មាន​ប្រសាសន៍​មក​កាន់​នាង​ថា៖ «ចូរ​យក​ប្រេង​នេះ​ទៅ​លក់​សង​បំណុល​គេ រីឯ​ប្រាក់​ដែល​នៅ​សល់ ចូរ​ទុក​ចិញ្ចឹម​ជីវិត​ម្ដាយ និង​កូន​ចុះ»។
ព្យាការី​អេលីសេ​នៅ​ភូមិ​ស៊ូណែម
 ថ្ងៃ​មួយ លោក​អេលីសេ​ដើរ​កាត់​តាម​ភូមិ​ស៊ូណែម។ ភូមិ​នោះ មាន​ស្ត្រី​ម្នាក់​ជា​អភិជន បាន​ឃាត់​លោក ឲ្យ​នៅ​ពិសា​បាយ​ក្នុង​ផ្ទះ​របស់​នាង។ ចាប់​តាំង​ពី​ពេល​នោះ​មក កាល​លោក​ធ្វើ​ដំណើរ​កាត់​ភូមិ​នេះ លោក​តែង‌តែ​អញ្ជើញ​ទៅ​ពិសា​បាយ​នៅ​ផ្ទះ​របស់​នាង។  នាង​បាន​និយាយ​ទៅ​កាន់​ប្ដី​ថា៖ «ខ្ញុំ​ដឹង​ច្បាស់​ថា​បុរស​ដែល​តែង‌តែ​អញ្ជើញ​មក​ផ្ទះ​យើង​ជា​រឿយៗ​នោះ ពិត​ជា​អ្នក​ជំនិត​ដ៏‌វិសុទ្ធ​របស់​ព្រះ‌ជាម្ចាស់។ ១០ ដូច្នេះ ចូរ​យើង​រៀប‌ចំ​បន្ទប់​តូច​មួយ​នៅ​ជាន់​ខាង​លើ ព្រម​ទាំង​ដាក់​គ្រែ តុ កៅអី និង​ចង្កៀង ទុក​ជូន​លោក​ផង។ កាល​ណា​លោក​អញ្ជើញ​មក​ផ្ទះ​យើង លោក​អាច​សម្រាក​ក្នុង​បន្ទប់​នោះ»។
១១ ថ្ងៃ​មួយ លោក​អេលីសេ​បាន​អញ្ជើញ​មក​ផ្ទះ​នោះ លោក​ឡើង​ទៅ​សម្រាន្ដ​នៅ​បន្ទប់​ខាង​លើ។ ១២ លោក​មាន​ប្រសាសន៍​ទៅ​កាន់​កេហា‌ស៊ី ជា​ក្មេង​បម្រើ​ថា៖ «ចូរ​ទៅ​ហៅ​ស្ត្រី​ភូមិ​ស៊ូណែម​មក!»។ កេហា‌ស៊ី​ចេញ​ទៅ​ហៅ​នាង ហើយ​នាង​ក៏​មក​ឈរ​នៅ​មុខ​លោក។ ១៣ លោក​អេលីសេ​មាន​ប្រសាសន៍​ទៅ​អ្នក​បម្រើ​ថា៖ «ចូរ​ប្រាប់​នាង​ថា បាន​ទទួល​យើង​យ៉ាង​រាក់‌ទាក់​បំផុត តើ​យើង​អាច​តប​ស្នង​អ្វី​ដល់​នាង​វិញ? តើ​ចង់​ឲ្យ​យើង​ទៅ​ទូល​ព្រះ‌រាជា ឬ​និយាយ​ជា​មួយ​មេ‌ទ័ព​ជំនួស​នាង?»។ នាង​ឆ្លើយ​ថា៖ «នាង​ខ្ញុំ​មិន​ត្រូវ​ការ​អ្វី​ទេ នាង​ខ្ញុំ​រស់​នៅ​ដោយ​សុខ‌សាន្ត ក្នុង​ចំណោម​ញាតិ​មិត្ត​របស់​នាង​ខ្ញុំ​ហើយ»។ ១៤ លោក​មាន​ប្រសាសន៍​ថា៖ «បើ​ដូច្នេះ តើ​ត្រូវ​តប​ស្នង​អ្វី​ដល់​នាង?»។ កេហា‌ស៊ី​ឆ្លើយ​ថា៖ «នាង​គ្មាន​កូន​ទេ ហើយ​ប្ដី​នាង​ក៏​ចាស់​ដែរ»។ ១៥ លោក​មាន​ប្រសាសន៍​ថា៖ «ចូរ​ហៅ​នាង​មក»។ កេហា‌ស៊ី​ក៏​ហៅ​នាង ហើយ​នាង​មក​ឈរ​នៅ​មាត់​ទ្វារ​បន្ទប់។ ១៦ លោក​អេលីសេ​មាន​ប្រសាសន៍​ថា៖ «ឆ្នាំ​ក្រោយ​ក្នុង​ខែ​នេះ នាង​នឹង​មាន​កូន​ប្រុស​ព​នៅ​ក្នុង​ដៃ»។ នាង​ឆ្លើយ​ថា៖ «ទេ លោក​ម្ចាស់​ជា​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ សូម​កុំ​ធ្វើ​ឲ្យ​នាង​ខ្ញុំ​ខក​ចិត្ត​ឡើយ»។
១៧ ស្ត្រី​នោះ​ក៏​មាន​ផ្ទៃ​ពោះ ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ នៅ​ឆ្នាំ​បន្ទាប់ ក្នុង​ខែ​ដដែល​នោះ ដូច​លោក​អេលីសេ​ប្រាប់​នាង។ ១៨ កូន​ប្រុស​នោះ​មាន​វ័យ​ចម្រើន​ធំ​ឡើង។ ថ្ងៃ​មួយ កូន​នោះ​ទៅ​លេង​ជា​មួយ​ឪពុក ដែល​កំពុង​ត្រួត​ពិនិត្យ​អ្នក​ច្រូត​ស្រូវ។ ១៩ ស្រាប់​តែ​ក្មេង​នោះ​ប្រាប់​ឪពុក​ថា៖ «ពុក​អើយ កូន​ឈឺ​ក្បាល កូន​ឈឺ​ក្បាល​ណាស់!»។ ឪពុក​ស្រែក​ប្រាប់​ទៅ​អ្នក​បម្រើ​ថា៖ «ចូរ​បី​យក​ទៅ​ឲ្យ​ម្ដាយ​វា​ឆាប់​ឡើង!»។ ២០ អ្នក​បម្រើ​បី​ក្មេង​នោះ​យក​ទៅ​ប្រគល់​ឲ្យ​ម្ដាយ។ កូន​នោះ​ដេក​លើ​ភ្លៅ​ម្ដាយ​រហូត​ដល់​ថ្ងៃ​ត្រង់ រួច​ក៏​ស្លាប់​ទៅ។ ២១ នាង​បី​កូន​ឡើង​ទៅ​ក្នុង​បន្ទប់​លោក​អេលីសេ នាង​ផ្តេក​កូន​នៅ​លើ​គ្រែ​របស់​លោក រួច​បិទ​ទ្វារ​បន្ទប់។ នាង​រត់​ទៅ​តាម​ប្ដី​នៅ​ឯ​ស្រែ ២២ ស្រែក​ប្រាប់​ថា៖ «សូម​បង​ចាត់​ក្មេង​បម្រើ​ម្នាក់ ព្រម​ទាំង​លា​មួយ​ឲ្យ​មក​ខ្ញុំ! ខ្ញុំ​ប្រញាប់​ទៅ​ផ្ទះ​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ រួច​ខ្ញុំ​វិល​មក​វិញ»។ ២៣ ប្ដី​របស់​នាង​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​នាង​ចង់​ទៅ​ផ្ទះ​លោក​នៅ​ថ្ងៃ​នេះ? ព្រោះ​ថ្ងៃ​នេះ​មិន‌មែន​ជា​ថ្ងៃ​បុណ្យ​ដើម​ខែ ឬ​ថ្ងៃ​សប្ប័ទ*​ទេ»។ នាង​ឆ្លើយ​ថា៖ «សូម​កុំ​បារម្ភ​អ្វី​ឡើយ!»។ ២៤ នាង​ឲ្យ​គេ​ចង​កែប​លា ហើយ​បញ្ជា​ទៅ​ក្មេង​បម្រើ​ថា៖ «ចូរ​ដឹក​លា​ទៅ បើ​ខ្ញុំ​មិន​ប្រាប់​ឲ្យ​ឈប់​ទេ កុំ​ឈប់​តាម​ផ្លូវ​ឲ្យ​សោះ!»។ ២៥ នាង​ក៏​ចេញ​ដំណើរ​ទៅ ជួប​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​នៅ​ភ្នំ​ការម៉ែល។ កាល​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ឃើញ​នាង​ពី​ចម្ងាយ លោក​មាន​ប្រសាសន៍​ទៅ​កាន់​កេហា‌ស៊ី ជា​ក្មេង​បម្រើ​ថា៖ «មើល៍​ស្ត្រី​នៅ​ភូមិ​ស៊ូណែម​ទេ​តើ! ២៦ ចូរ​រត់​ទៅ​ទទួល​នាង ហើយ​សួរ​ថា “នាង​សុខ​សប្បាយ​ឬ​ទេ? ប្ដី​របស់​នាង​សុខ​សប្បាយ​ឬ​ទេ? កូន​របស់​នាង​សុខ​សប្បាយ​ឬ​ទេ?”»។ នាង​ឆ្លើយ​ថា៖ «សុខ​សប្បាយ​ជា​ទេ!»។ ២៧ កាល​នាង​ទៅ​ដល់​ភ្នំ​ការម៉ែល ជួប​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ នាង​ក្រាប​សំពះ​ឱប​ជើង​លោក។ កេហា‌ស៊ី​ចង់​ចូល​ទៅ​ទាញ​នាង​ចេញ តែ​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​មាន​ប្រសាសន៍​ថា៖ «កុំ​រំខាន​នាង​អី! ព្រោះ​នាង​កំពុង​តែ​ព្រួយ​ចិត្ត​យ៉ាង​ខ្លាំង។ ព្រះ‌អម្ចាស់​បាន​លាក់​មិន​ឲ្យ​ខ្ញុំ​ដឹង​ហេតុ‌ការណ៍​នោះ​ឡើយ»។ ២៨ នាង​ពោល​ឡើង​ថា៖ «លោក​ម្ចាស់! នាង​ខ្ញុំ​ពុំ​បាន​សុំ​កូន​ពី​លោក​ទេ នាង​ខ្ញុំ​ជម្រាប​លោក​ម្ចាស់​ហើយ​ថា សូម​កុំ​ធ្វើ​ឲ្យ​នាង​ខ្ញុំ​ខក​ចិត្ត​ឡើយ»។
២៩ លោក​អេលីសេ​មាន​ប្រសាសន៍​ទៅ​កាន់​កេហា‌ស៊ី​ថា៖ «ចូរ​រៀប‌ចំ​ខ្លួន ហើយ​យក​ដំបង​របស់​ខ្ញុំ​ចេញ​ដំណើរ​ទៅ​ចុះ!។ ប្រសិន​បើ​ជួប​អ្នក​ណា​ម្នាក់​តាម​ផ្លូវ ចូរ​កុំ​ជម្រាប​សួរ​គេ ហើយ​បើ​នរណា​ជម្រាប​សួរ​អ្នក កុំ​តប​វិញ​ឡើយ។ ត្រូវ​យក​ដំបង​របស់​ខ្ញុំ​ដាក់​លើ​មុខ​កូន​ក្មេង​នោះ»។ ៣០ ប៉ុន្តែ ម្ដាយ​របស់​ក្មេង​នោះ​ពោល​ថា៖ «នាង​ខ្ញុំ​សូម​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់ ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ និង​ក្នុង​នាម​លោក​ផ្ទាល់​ដែល​នៅ​មាន​ជីវិត​ថា នាង​ខ្ញុំ​មិន​ចាក‌ចេញ​ពី​លោក​ទេ!»។ លោក​អេលីសេ​ក្រោក​ឡើង ដើរ​តាម​នាង​ទៅ។ ៣១ កេហា‌ស៊ី​ទៅ​ដល់​មុន​គេ គាត់​យក​ដំបង​ទៅ​ដាក់​លើ​មុខ​ក្មេង​នោះ ប៉ុន្តែ ពុំ​មាន​ឮ​សូរ​សំឡេង ឬ​មាន​ចលនា​អ្វី​ឡើយ។ កេហា‌ស៊ី​វិល​មក​ជួប​លោក​អេលីសេ​ជម្រាប​ថា៖ «ក្មេង​នោះ​ពុំ​ភ្ញាក់​ទេ»។
៣២ កាល​លោក​អេលីសេ​ចូល​ទៅ​ក្នុង​ផ្ទះ ក្មេង​នោះ​ដេក​ស្លាប់​លើ​គ្រែ​ផុត​ទៅ​ហើយ។ ៣៣ លោក​អេលីសេ​ចូល​ទៅ​ក្នុង​បន្ទប់ ហើយ​បិទ​ទ្វារ​ជិត។ លោក​នៅ​តែ​ពីរ​នាក់​ជា​មួយ​ក្មេង​នោះ ដើម្បី​ទូល‌អង្វរ​ព្រះ‌អម្ចាស់៣៤ បន្ទាប់​មក លោក​ក៏​ទ្រោប​លើ​ក្មេង​នោះ ដោយ​យក​មាត់​ដាក់​លើ​មាត់ ភ្នែក​ទល់​នឹង​ភ្នែក ហើយ​ដៃ​ដាក់​លើ​ដៃ​ដែរ។ លោក​ទ្រោប​លើ​ក្មេង​នោះ ធ្វើ​ឲ្យ​ខ្លួន​របស់​វា​មាន​កម្ដៅ​ឡើង​វិញ។ ៣៥ លោក​អេលីសេ​ចុះ​មក​វិញ ហើយ​ដើរ​ចុះ​ដើរ​ឡើង​នៅ​ក្នុង​ផ្ទះ រួច​ក៏​ឡើង​ទ្រោប​លើ​ខ្លួន​ក្មេង​នោះ​សា​ជា​ថ្មី។ ស្រាប់​តែ​ក្មេង​នោះ​កណ្តាស់​ប្រាំ​ពីរ​ដង រួច​បើក​ភ្នែក។ ៣៦ លោក​អេលីសេ​ហៅ​កេហា‌ស៊ី​មក ហើយ​មាន​ប្រសាសន៍​ថា៖ «ចូរ​ហៅ​ស្ត្រី​អ្នក​ភូមិ​ស៊ូណែម​មក!»។ គាត់​ក៏​ទៅ​ហៅ​នាង នាង​ចូល​មក​ជិត​លោក​អេលីសេ លោក​ប្រាប់​នាង​ថា៖ «ចូរ​យក​កូន​នាង​ទៅ​ចុះ!»។ ៣៧ នាង​ចូល​ទៅ​ជិត​លោក ហើយ​ក្រាប​ចុះ​ដល់​ដី​នៅ​ជើង​លោក រួច​យក​កូន​ចេញ​មក។
បបរ​មាន​ជាតិ​ពុល
៣៨ លោក​អេលីសេ​វិល​ត្រឡប់​ទៅ​គីល‌កាល់​វិញ ហើយ​ពេល​នោះ មាន​កើត​ទុរ្ភិក្ស​នៅ​ក្នុង​ស្រុក។ ក្រុម​ព្យាការី​អង្គុយ​នៅ​មុខ​លោក​អេលីសេ លោក​មាន​ប្រសាសន៍​ប្រាប់​អ្នក​បម្រើ​ថា៖ «ចូរ​ដាំ​បបរ​មួយ​ថ្លាង​ទទួល​ក្រុម​ព្យាការី»។ ៣៩ មាន​ម្នាក់​ក្នុង​ចំណោម​ពួក​គេ ចេញ​ទៅ​រក​បន្លែ​នៅ​ឯ​វាល។ គាត់​ប្រទះ​ឃើញ​វល្លិ​ព្រៃ​ម្យ៉ាង ក៏​បេះ​ផ្លែ​វា​បាន​ពេញ​មួយ​ថ្នក់។ លុះ​ត្រឡប់​វិញ គាត់​កាត់​ផ្លែ​នោះ​ជា​ដុំៗ បង់​ចូល​ក្នុង​ថ្លាង​បបរ ប៉ុន្តែ គ្មាន​នរណា​ម្នាក់​ស្គាល់​ផ្លែ​នោះ​ទេ។ ៤០ បន្ទាប់​មក គេ​ដួស​បបរ​ជូន​ក្រុម​ព្យាការី​គ្រប់​គ្នាៗ។ ពេល​ក្រុម​ព្យាការី​ភ្លក់​បបរ​នោះ ពួក​គេ​ស្រែក​ឡើង​ថា៖ «អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​អើយ! បបរ​នេះ​មាន​ជាតិ​ពុល​ហើយ!»។ ពួក​គេ​ពុំ​អាច​បរិភោគ​ទេ។ ៤១ លោក​អេលីសេ​ប្រាប់​គេ​ឲ្យ​យក​ម្សៅ​មក​ជូន​លោក លោក​បង់​ម្សៅ​នោះ​ទៅ​ក្នុង​ថ្លាង ហើយ​មាន​ប្រសាសន៍​ថា៖ «ចូរ​ដួស​បបរ​ឲ្យ​អ្នក​ទាំង​នេះ​បរិភោគ​ចុះ!»។ ពេល​នោះ គ្មាន​ជាតិ​ពុល​នៅ​ក្នុង​បបរ​ទៀត​ឡើយ។
ព្យាការី​អេលីសេ​ចែក​អាហារ​ដល់​មនុស្ស​មួយ‌រយ​នាក់
៤២ មាន​បុរស​ម្នាក់​មក​ពី​ស្រុក​បាល​សាលី‌សា ដោយ​យក​នំបុ័ង​ធ្វើ​ពី​ម្សៅ​ថ្មី​ចំនួន​ម្ភៃ​ដុំ ព្រម​ទាំង​ស្រូវ​ថ្មី​ដាក់​នៅ​ក្នុង​ថង់ មក​ជូន​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់។ លោក​មាន​ប្រសាសន៍​ថា៖ «ចូរ​យក​ទៅ​ចែក​ឲ្យ​អ្នក​ទាំង​នោះ​បរិភោគ​ចុះ»។ ៤៣ ប៉ុន្តែ អ្នក​បម្រើ​របស់​លោក​ឆ្លើយ​ថា៖ «តើ​ខ្ញុំ​អាច​យក​អាហារ​តែ​ប៉ុណ្ណេះ​ចែក​ជូន​មនុស្ស​ដល់​ទៅ​មួយ‌រយ​នាក់​គ្រាន់​ឬ?»។ លោក​មាន​ប្រសាសន៍​ថា៖ «ចូរ​យក​ចែក​ឲ្យ​ពួក​គេ​បរិភោគ​ចុះ ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “ពួក​គេ​នឹង​បរិភោគ​ឆ្អែត ហើយ​នៅ​សេស‌សល់​ទៀត​ផង”»។ ៤៤ អ្នក​បម្រើ​ក៏​យក​អាហារ​ចែក​ជូន​មនុស្ស​ទាំង​អស់​នៅ​ទី​នោះ។ ពួក​គេ​បរិភោគ​ឆ្អែត ហើយ​មាន​អាហារ​នៅ​សេស‌សល់ ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
លោក​មេ‌ទ័ព​ណាម៉ាន់​បាន​ជា​ពី​រោគ​ឃ្លង់
 មាន​បុរស​ម្នាក់​ឈ្មោះ​លោក​ណាម៉ាន់ ជា​មេ‌ទ័ព​របស់​ស្តេច​ស្រុក​ស៊ីរី។ ស្តេច​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​លោក​ណាស់ ដ្បិត​ព្រះ‌អម្ចាស់​ប្រទាន​ជ័យ‌ជម្នះ​ដល់​ស្រុក​ស៊ីរី ព្រោះ​តែ​លោក។ ប៉ុន្តែ មេ‌ទ័ព​ដ៏​ខ្លាំង​ពូកែ​នេះ​កើត​រោគ​ឃ្លង់។
 គ្រា​នោះ កង‌ទ័ព​ស៊ីរី​បាន​ចេញ​មក​ច្បាំង​នឹង​ស្រុក​អ៊ីស្រា‌អែល ហើយ​ចាប់​បាន​ក្មេង​ស្រី​ម្នាក់​នាំ​យក​ទៅ​ជា​ឈ្លើយ។ ក្មេង​ស្រី​នេះ​នៅ​បម្រើ​ភរិយា​របស់​លោក​ណាម៉ាន់។  នាង​ជម្រាប​ម្ចាស់​ស្រី​ថា៖ «ប្រសិន​បើ​លោក​ម្ចាស់​អាច​ទៅ​ជួប​ព្យាការី​នៅ​ក្រុង​សាម៉ារី លោក​មុខ​ជា​ជួយ​លោក​ម្ចាស់​ឲ្យ​បាន​ជា​សះ‌ស្បើយ​ពី​រោគ​ឃ្លង់​ពុំ‌ខាន!»។  លោក​ណាម៉ាន់​នាំ​យក​ពាក្យ​ក្មេង​ស្រី​ពី​ស្រុក​អ៊ីស្រា‌អែល​នោះ​ទៅ​ទូល​ស្តេច​ស្រុក​ស៊ីរី។  ស្តេច​មាន​រាជ‌ឱង្ការ​ថា៖ «សូម​លោក​អញ្ជើញ​ទៅ​ក្រុង​សាម៉ារី​ចុះ! យើង​នឹង​សរសេរ​សំបុត្រ​មួយ​ផ្ញើ​ទៅ​ថ្វាយ​ស្តេច​ស្រុក​អ៊ីស្រា‌អែល»។ លោក​ណាម៉ាន់​ចេញ​ដំណើរ​ទៅ ដោយ​នាំ​យក​ប្រាក់​ដប់​ហាប មាស​ប្រាំ​មួយ​ពាន់​ស្លឹង និង​សម្លៀក‌បំពាក់​ដប់​បន្លាស់​ទៅ​ជា​មួយ​ផង។  លោក​យក​សំបុត្រ​របស់​ស្តេច​ស្រុក​ស៊ីរី​ថ្វាយ​ស្តេច​អ៊ីស្រា‌អែល សំបុត្រ​នោះ​មាន​សេចក្ដី​ដូច​ត​ទៅ៖ «សូម​ព្រះ‌ករុណា​ជ្រាប​ថា អ្នក​ដែល​នាំ​សំបុត្រ​នេះ​មក​ថ្វាយ គឺ​លោក​ណាម៉ាន់ ជា​មន្ត្រី​របស់​ទូល‌បង្គំ សូម​ព្រះ‌ករុណា​មេត្តា​ជួយ​ព្យាបាល​លោក ឲ្យ​ជា​សះ‌ស្បើយ​ពី​រោគ​ឃ្លង់​ផង»។  កាល​ស្តេច​ស្រុក​អ៊ីស្រា‌អែល​អាន​សំបុត្រ​នេះ​ចប់ ព្រះ‌អង្គ​ហែក​ព្រះ‌ភូសា​ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «តើ​យើង​នេះ​ជា​ព្រះ​ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់ និង​រស់​កើត​ឬ បាន​ជា​ស្តេច​បញ្ជូន​មនុស្ស​ឃ្លង់​មក​ឲ្យ​យើង​ព្យាបាល​ដូច្នេះ? សូម​ជួយ​ពិចារណា​មើល​ចុះ! ស្តេច​ស្រុក​ស៊ីរី​ពិត​ជា​រក​លេស បង្ក​ជម្លោះ​ជា​មួយ​យើង​ហើយ!»។
 កាល​ព្យាការី​អេលីសេ​ជា​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ជ្រាប​ថា ស្តេច​ស្រុក​អ៊ីស្រា‌អែល​ហែក​ព្រះ‌ភូសា លោក​ក៏​ចាត់​គេ​ឲ្យ​ទៅ​ទូល​សួរ​ស្តេច​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​ហែក​ព្រះ‌ភូសា​ដូច្នេះ? សូម​ប្រាប់​ឲ្យ​លោក​ណាម៉ាន់​មក​ជួប​នឹង​ទូល‌បង្គំ​ចុះ នោះ​គាត់​នឹង​ដឹង​ថា នៅ​ស្រុក​អ៊ីស្រា‌អែល​មាន​ព្យាការី​ម្នាក់​មែន!»។  លោក​ណាម៉ាន់​ជិះ​រទេះ​សេះ​មក​ឈប់​នៅ​មុខ​ផ្ទះ​លោក​អេលីសេ។ ១០ ព្យាការី​អេលីសេ​ចាត់​គេ​ឲ្យ​ទៅ​ជម្រាប​លោក​ថា៖ «សូម​អញ្ជើញ​ទៅ​មុជ​ទឹក​ទន្លេ​យ័រដាន់​ឲ្យ​បាន​ចំនួន​ប្រាំ​ពីរ​ដង​ចុះ នោះ​ស្បែក​របស់​លោក​នឹង​ជា​សះ‌ស្បើយ ហើយ​លោក​នឹង​បាន​បរិសុទ្ធ​មិន​ខាន»។ ១១ លោក​ណាម៉ាន់​ក៏​ខឹង ហើយ​ដើរ​ចេញ​ទៅ ទាំង​រអ៊ូ​ថា៖ «ខ្ញុំ​នឹក​ស្មាន​ថា​ព្យាការី​មុខ​ជា​ចេញ​មក​ទទួល​ខ្ញុំ ហើយ​ឈរ​ទូល‌អង្វរ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក រួច​ដាក់​ដៃ​លើ​ដំបៅ​របស់​ខ្ញុំ​ឲ្យ​ជា​សះ‌ស្បើយ។ ១២ នៅ​ក្រុង​ដាម៉ាស​ក៏​មាន​ទន្លេ​ដែរ គឺ​ទន្លេ​អាម៉ា‌ណា និង​ទន្លេ​ប៉ាផារ បើ​គ្រាន់​តែ​មុជ​ទឹក ហើយ​ខ្ញុំ​បាន​ជា​សះ‌ស្បើយ​នោះ ខ្ញុំ​ទៅ​មុជ​ទឹក​ទន្លេ​នៅ​ស្រុក​ខ្ញុំ ប្រសើរ​ជាង​មុជ​ទឹក​ក្នុង​ទន្លេ​ទាំង​ប៉ុន្មាន នៅ​ស្រុក​អ៊ីស្រា‌អែល​នេះ!»។ លោក​ណាម៉ាន់​ចាក‌ចេញ​ទៅ ទាំង​ក្រេវ‌ក្រោធ។ ១៣ ប៉ុន្តែ អ្នក​បម្រើ​របស់​លោក​ចូល​ទៅ​ជិត​លោក ជម្រាប​ថា៖ «លោក​ឪពុក! ប្រសិន​បើ​ព្យាការី​បង្គាប់​ឲ្យ​ធ្វើ​កិច្ច‌ការ​អ្វី​ពិបាក នោះ​លោក​ប្រាកដ​ជា​ធ្វើ​តាម​មិន​ខាន ពេល​នេះ ព្យាការី​គ្រាន់​តែ​សុំ​ឲ្យ​លោក​មុជ​ទឹក ដើម្បី​ជា​ស្អាត​បរិសុទ្ធ ម្ដេច​ក៏​លោក​មិន​ធ្វើ​តាម?»។ ១៤ លោក​ណាម៉ាន់​ក៏​ចុះ​ទៅ​ក្នុង​ទន្លេ​យ័រដាន់ ហើយ​មុជ​ក្នុង​ទឹក​ចំនួន​ប្រាំ​ពីរ​ដង តាម​ពាក្យ​ដែល​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​បាន​ប្រាប់ ស្រាប់​តែ​សាច់​របស់​លោក​ឡើង​ស្អាត ដូច​សាច់​កូន​ក្មេង លោក​ក៏​ជា​ស្អាត​បរិសុទ្ធ។
១៥ លោក​ត្រឡប់​មក​ជួប​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ ជា​មួយ​ពួក​បម្រើ​របស់​លោក។ ពេល​ទៅ​ដល់ លោក​ឈរ​នៅ​មុខ​ព្យាការី ជម្រាប​ថា៖ «ខ្ញុំ​ប្របាទ​ដឹង​ច្បាស់​ថា នៅ​លើ​ផែន‌ដី​ទាំង​មូល ក្រៅ​ពី​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល គ្មាន​ព្រះ​ណា​ផ្សេង​ទៀត​ឡើយ!។ ឥឡូវ​នេះ សូម​លោក​មេត្តា​ទទួល​ជំនូន​ពី​ខ្ញុំ​ប្របាទ​ផង​ចុះ»។ ១៦ លោក​អេលីសេ​មាន​ប្រសាសន៍​តប​វិញ​ថា៖ «ខ្ញុំ​សូម​ស្បថ ក្នុង​នាម​ព្រះ‌អម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ ហើយ​ដែល​ខ្ញុំ​គោរព​បម្រើ​ថា ខ្ញុំ​មិន​ទទួល​ជំនូន​អ្វី​ពី​លោក​ទេ!»។ លោក​ណាម៉ាន់​ទទូច​អង្វរ​សូម​ឲ្យ​ព្យាការី​ទទួល តែ​លោក​មិន​ព្រម​ទទួល​ជា​ដាច់​ខាត។ ១៧ លោក​ណាម៉ាន់​ក៏​មាន​ប្រសាសន៍​ថា៖ «បើ​លោក​មិន​ព្រម​ទេ​នោះ សូម​មេត្តា​អនុញ្ញាត ឲ្យ​ខ្ញុំ​ប្របាទ​យក​ដី ផ្ទុក​លើ​ខ្នង​លា​ពីរ ដឹក​ទៅ​ផង ដ្បិត​ពី​ពេល​នេះ​ត​ទៅ ខ្ញុំ​ប្របាទ​មិន​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ឬ​យញ្ញ‌បូជា​ចំពោះ​ព្រះ​ដទៃ ក្រៅ​ពី​ព្រះ‌អម្ចាស់​ឡើយ។ ១៨ ប៉ុន្តែ សូម​ព្រះ‌អម្ចាស់​មេត្តា​អត់‌ទោស​ឲ្យ​ខ្ញុំ​ប្របាទ នៅ​ពេល​ណា​ព្រះ‌រាជា​របស់​ខ្ញុំ​ប្របាទ​យាង​ចូល​ទៅ​ថ្វាយ‌បង្គំ​ព្រះ​រីម៉ូន​ក្នុង​ព្រះ‌វិហារ ស្តេច​តែង‌តែ​ទប់​ព្រះ‌កាយ​លើ​ដៃ​របស់​ខ្ញុំ​ប្របាទ នោះ​ខ្ញុំ​ប្របាទ​ត្រូវ​តែ​ក្រាប​នៅ​ចំពោះ​មុខ​ព្រះ‌រីម៉ូន​ដែរ។ ដូច្នេះ កាល​ណា​ខ្ញុំ​ប្របាទ​ក្រាប​នៅ​ចំពោះ​មុខ​ព្រះ‌រីម៉ូន សូម​ព្រះ‌អម្ចាស់​មេត្តា​អត់‌ទោស​ឲ្យ​ខ្ញុំ​ប្របាទ​ផង»។ ១៩ ព្យាការី​អេលីសេ​មាន​ប្រសាសន៍​ថា៖ «សូម​លោក​អញ្ជើញ​ទៅ​ដោយ​សុខ‌សាន្ត​ចុះ»។
កំហុស​របស់​កេហា‌ស៊ី
កាល​លោក​ណាម៉ាន់​ចាក‌ចេញ​ពី​ព្យាការី​អេលីសេ​បាន​ឆ្ងាយ​បន្តិច ២០ កេហា‌ស៊ី ជា​អ្នក​បម្រើ​របស់​លោក​អេលីសេ អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ នឹក​គិត​ថា៖ «ម្ចាស់​របស់​ខ្ញុំ​ប្រកែក​មិន​ព្រម​ទទួល​ជំនូន​ពី​លោក​ណាម៉ាន់ ជា​ជន​ជាតិ​ស៊ីរី​សោះ។ ខ្ញុំ​សូម​ស្បថ ក្នុង​នាម​ព្រះ‌អម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​ថា ខ្ញុំ​នឹង​រត់​ដេញ​តាម​លោក​ណាម៉ាន់ ដើម្បី​សុំ​របស់​ខ្លះ​ពី​គាត់!»។ ២១ កេហា‌ស៊ី​ក៏​រត់​តាម​លោក​ណាម៉ាន់។ កាល​លោក​ណាម៉ាន់​ឃើញ​កេហា‌ស៊ី​រត់​មក​តាម​លោក លោក​ក៏​ប្រញាប់​ចុះ​ពី​លើ​រទេះ​មក​ទទួល ហើយ​សួរ​ថា៖ «តើ​មាន​ហេតុ‌ការណ៍​អ្វី?»។ ២២ កេហា‌ស៊ី​ឆ្លើយ​ថា៖ «គ្មាន​ហេតុ‌ការណ៍​អ្វី​ទេ! ប៉ុន្តែ ម្ចាស់​របស់​ខ្ញុំ​ប្របាទ​ចាត់​ខ្ញុំ​ប្របាទ​ឲ្យ​មក​ជម្រាប​លោក​ថា “មាន​សមាជិក​នៃ​ក្រុម​ព្យាការី​ពីរ​រូប​មក​ពី​តំបន់​ភ្នំ​អេប្រា‌អ៊ីម ទើប​នឹង​មក​ដល់​ផ្ទះ​ខ្ញុំ សូម​លោក​មេត្តា​ជួយ​ផ្តល់​ប្រាក់​មួយ​ហាប និង​សម្លៀក‌បំពាក់​ពីរ​បន្លាស់​សម្រាប់​គេ​ទាំង​ពីរ​ផង”»។ ២៣ លោក​ណាម៉ាន់​មាន​ប្រសាសន៍​ថា៖ «សូម​ទទួល​យក​ប្រាក់​ពីរ​ហាប​ចុះ»។ លោក​បង្ខំ​កេហា‌ស៊ី​ឲ្យ​ទទួល​ប្រាក់​ពីរ​ហាប ព្រម​ទាំង​សម្លៀក‌បំពាក់​ពីរ​បន្លាស់​ដាក់​ក្នុង​ថង់​ពីរ រួច​ចាត់​អ្នក​បម្រើ​ពីរ​នាក់​ឲ្យ​លី​ទៅ​ជា​មួយ​កេហា‌ស៊ី។ ២៤ លុះ​មក​ដល់​កន្លែង​ដែល​មាន​ទួល កេហា‌ស៊ី​ទទួល​ថង់​ទាំង​ពីរ​ពី​ដៃ​អ្នក​បម្រើ យក​ទៅ​ទុក​ក្នុង​ផ្ទះ​របស់​គាត់ ហើយ​ប្រាប់​អ្នក​ទាំង​ពីរ​ឲ្យ​វិល​ត្រឡប់​ទៅ​វិញ។ ២៥ បន្ទាប់​មក គាត់​ចូល​ទៅ​ជួប​លោក​អេលីសេ ជា​ម្ចាស់​របស់​គាត់ លោក​សួរ​គាត់​ថា៖ «កេហា‌ស៊ី តើ​ឯង​ទើប​នឹង​មក​ពី​ណា?»។ ២៦ គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​ប្របាទ​ពុំ​បាន​ទៅ​ណា​ទេ លោក​ម្ចាស់»។ លោក​អេលីសេ​មាន​ប្រសាសន៍​ថា៖ «ចិត្ត​គំនិត​របស់​ខ្ញុំ​ទៅ​តាម​ឯង​ជាប់ នៅ​ពេល​លោក​មេ‌ទ័ព​ចុះ​ពី​រទេះ​មក​ទទួល​ឯង។ ពេល​នេះ មិន‌មែន​ជា​ពេល​ដែល​ត្រូវ​ទទួល​យក​ប្រាក់ សម្លៀក‌បំពាក់ ឬ​ផ្លែ​អូលីវ ផ្លែ​ទំពាំង‌បាយ‌ជូរ ចៀម គោ ឬ​អ្នក​បម្រើ​ប្រុស​ស្រី​ឡើយ។ ២៧ ដូច្នេះ រោគ​ឃ្លង់​របស់​លោក​ណាម៉ាន់​នឹង​កើត​ដល់​ឯង ព្រម​ទាំង​កូន​ចៅ​ឯង​រហូត​ត​ទៅ!»។
កាល​កេហា‌ស៊ី​ចាក‌ចេញ​ពី​ព្យាការី​អេលីសេ​ទៅ គាត់​ក៏​កើត​រោគ​ឃ្លង់ ហើយ​ខ្លួន​ប្រាណ​របស់​គាត់​ឡើង​ស​ដូច​សម្លី។
ផ្លែ​ពូថៅ​អណ្ដែត
 ថ្ងៃ​មួយ ក្រុម​ព្យាការី​ជម្រាប​លោក​អេលីសេ​ថា៖ «កន្លែង​ដែល​យើង​ស្នាក់​នៅ​ជា​មួយ​លោក​នេះ​ចង្អៀត​ណាស់ សម្រាប់​យើង​ទាំង​អស់​គ្នា។  សូម​អនុញ្ញាត​ឲ្យ​យើង​នាំ​គ្នា​ទៅ​ទន្លេ​យ័រដាន់ កាប់​កូន​ឈើ​ម្នាក់​មួយ​ដើមៗ យក​មក​ធ្វើ​កន្លែង​ស្នាក់​នៅ»។ លោក​អេលីសេ​មាន​ប្រសាសន៍​ថា៖ «ទៅ​ចុះ!»។  មាន​ម្នាក់​ក្នុង​ចំណោម​ព្យាការី​ពោល​ថា៖ «សូម​លោក​អញ្ជើញ​ទៅ​ជា​មួយ​យើង​ខ្ញុំ​ផង!»។ លោក​ឆ្លើយ​ថា៖ «ខ្ញុំ​យល់​ព្រម​ទៅ​ជា​មួយ»។  លោក​ធ្វើ​ដំណើរ​ទៅ​ជា​មួយ​ពួក​គេ។ លុះ​ទៅ​ដល់​ទន្លេ​យ័រដាន់ ពួក​គេ​នាំ​គ្នា​កាប់​ដើម​ឈើ។  ពេល​នោះ មាន​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​បាន​កាប់​ដើម​ឈើ ហើយ​ផ្លែ​ពូថៅ​របស់​គាត់​របូត​ធ្លាក់​ទៅ​ក្នុង​ទឹក។ គាត់​ស្រែក​ឡើង​ថា៖ «វីវរ​ហើយ​លោក​ម្ចាស់! ពូថៅ​នេះ​ខ្ញុំ​ខ្ចី​គេ​ផង!»។  អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​មាន​ប្រសាសន៍​ថា៖ «តើ​ផ្លែ​ពូថៅ​នោះ​ធ្លាក់​នៅ​កន្លែង​ណា?»។ គាត់​ចង្អុល​បង្ហាញ​កន្លែង​ដែល​ផ្លែ​ពូថៅ​ធ្លាក់។ លោក​អេលីសេ​កាត់​ឈើ​មួយ​កង់​បោះ​ទៅ​ក្នុង​ទឹក ផ្លែ​ពូថៅ​ក៏​ផុស​ពី​ទឹក​អណ្ដែត​ឡើង។  លោក​បង្គាប់​ថា៖ «ចូរ​ស្រង់​មក!»។ បុរស​នោះ​លូក​ដៃ​ទៅ​ចាប់​ផ្លែ​ពូថៅ​ស្រង់​ឡើង។
ព្យាការី​អេលីសេ​ចាប់​ទាហាន​ស៊ីរី​មក​ជា​ឈ្លើយ
 ក្នុង​ពេល​ស្តេច​ស្រុក​ស៊ីរី​កំពុង​តែ​ធ្វើ​សង្គ្រាម​ជា​មួយ​ជន​ជាតិ​អ៊ីស្រា‌អែល ស្ដេច​កោះ​ហៅ​ពួក​មេ‌ទ័ព​មក​រួម​ប្រជុំ​ពិភាក្សា​គ្នា រួច​មាន​រាជ‌ឱង្ការ​ថា៖ «យើង​នឹង​បោះ​ទ័ព​នៅ​កន្លែង​មួយ​នោះ»។  អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ ចាត់​គេ​ឲ្យ​ទៅ​ទូល​ស្តេច​ស្រុក​អ៊ីស្រា‌អែល​ថា៖ «សូម​ព្រះ‌ករុណា​ប្រុង‌ប្រយ័ត្ន កុំ​យាង​កាត់​តាម​កន្លែង​មួយ​នោះ​ឲ្យ​សោះ ដ្បិត​កង‌ទ័ព​ស៊ីរី​ចុះ​មក​តាម​នោះ​ហើយ!»។ ១០ ស្តេច​ស្រុក​អ៊ីស្រា‌អែល​ចាត់​មនុស្ស​ឲ្យ​ទៅ​ស៊ើប‌ការណ៍ នៅ​កន្លែង ដែល​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ប្រាប់។ ហេតុ‌ការណ៍​កើត​មាន​ជា​ច្រើន​លើក​ច្រើន​សា ដូច​ពាក្យ​លោក​អេលីសេ​ទូល​ស្តេច​ឲ្យ​ប្រុង‌ប្រយ័ត្ន​ជា​មុន។
១១ ស្តេច​ស្រុក​ស៊ីរី​មាន​ព្រះ‌ហឫ‌ទ័យ​ខ្វល់‌ខ្វាយ​ជា​ខ្លាំង​ចំពោះ​ហេតុ‌ការណ៍​នេះ ស្ដេច​កោះ​ហៅ​ពួក​មេ‌ទ័ព​មក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «ហេតុ​អ្វី​បាន​ជា​អស់​លោក​មិន​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ថា ក្នុង​ចំណោម​ពួក​យើង មាន​ម្នាក់​ចូល​ដៃ​ជា​មួយ​ស្តេច​ស្រុក​អ៊ីស្រា‌អែល?»។ ១២ មាន​មេ‌ទ័ព​ម្នាក់​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់! គ្មាន​នរណា​ក្បត់​ទេ! ប៉ុន្តែ អ្វីៗ​ដែល​ព្រះ‌ករុណា​មាន​រាជ‌ឱង្ការ​ក្នុង​ក្រឡា‌បន្ទំ ព្យាការី​អេលីសេ​នៅ​ស្រុក​អ៊ីស្រា‌អែល យក​ទៅ​ទូល​ស្តេច​ស្រុក​អ៊ីស្រា‌អែល​ទាំង​អស់»។ ១៣ ស្តេច​ស្រុក​ស៊ីរី​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ទៅ​រក​មើល​កន្លែង​ដែល​គាត់​នៅ យើង​នឹង​ចាត់​មនុស្ស​ឲ្យ​ទៅ​ចាប់!»។ គេ​ទូល​ស្តេច​ថា៖ «លោក​នៅ​ក្រុង​ដូតន»។ ១៤ ស្តេច​ស្រុក​ស៊ីរី​ចាត់​ពល‌ទាហាន​យ៉ាង​ច្រើន មាន​ទាំង​ពល‌សេះ និង​រទេះ​ចម្បាំង​ផង។ កង‌ទ័ព​ស៊ីរី​ទៅ​ដល់​ក្នុង​ពេល​យប់​នោះ ហើយ​ឡោម‌ព័ទ្ធ​ទី‌ក្រុង។ ១៥ លុះ​ព្រឹក​ឡើង អ្នក​បម្រើ​របស់​អ្នក​ជំនិត​ព្រះ‌ជាម្ចាស់​បាន​ភ្ញាក់​ពី​ព្រលឹម ចេញ​មក​ក្រៅ ឃើញ​មាន​ពល‌ទាហាន មាន​ទ័ព‌សេះ និង​រទេះ​ចម្បាំង​ឡោម‌ព័ទ្ធ​ទី‌ក្រុង។ អ្នក​បម្រើ​នោះ​ជម្រាប​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ថា៖ «លោក​ម្ចាស់​អើយ! តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច?»។ ១៦ លោក​ឆ្លើយ​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ! ដ្បិត​អ្នក​ដែល​នៅ​ខាង​យើង មាន​គ្នា​ច្រើន​ជាង​ពួក​គេ​ទៅ​ទៀត»។ ១៧ លោក​អេលីសេ​អធិស្ឋាន​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! សូម​មេត្តា​បើក​ភ្នែក​គេ​ឲ្យ​មើល​ឃើញ​ផង!»។ ព្រះ‌អម្ចាស់​បើក​ភ្នែក​អ្នក​បម្រើ​នោះ ហើយ​គេ​ក៏​មើល​ឃើញ នៅ​លើ​ភ្នំ មាន​សុទ្ធ​តែ​ទ័ព‌សេះ និង​រទេះ​ចម្បាំង​ជា​ភ្លើង ជុំ‌វិញ​លោក​អេលីសេ។
១៨ ពល‌ទាហាន​ស៊ីរី​ចុះ​តម្រង់​មក​រក​លោក​អេលីសេ លោក​អធិស្ឋាន​ព្រះ‌អម្ចាស់​ថា៖ «សូម​ព្រះ‌អង្គ​មេត្តា​ធ្វើ​ឲ្យ​ពួក​គេ​ស្រវាំង​ភ្នែក​ទៅ!»។ ព្រះ‌អម្ចាស់​ក៏​ធ្វើ​ឲ្យ​ពល‌ទាហាន​ស៊ីរី​ស្រវាំង​ភ្នែក តាម​ពាក្យ​សុំ​របស់​លោក​អេលីសេ។ ១៩ លោក​អេលីសេ​ប្រាប់​ពួក​គេ​ថា៖ «អ្នក​រាល់​គ្នា​ច្រឡំ​ផ្លូវ​ហើយ មិន‌មែន​ក្រុង​នេះ​ទេ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ទៅ​នោះ។ សូម​មក​តាម​ខ្ញុំ ខ្ញុំ​នឹង​នាំ​អ្នក​រាល់​គ្នា​ទៅ​ជួប​មនុស្ស ដែល​អ្នក​រាល់​គ្នា​កំពុង​ស្វែង​រក»។ លោក​នាំ​ពួក​គេ​ចូល​ក្រុង​សាម៉ារី។ ២០ លុះ​ពួក​គេ​ចូល​ក្នុង​ក្រុង​សាម៉ារី​ហើយ លោក​អេលីសេ​អធិស្ឋាន​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! សូម​មេត្តា​ប្រោស​ឲ្យ​ភ្នែក​របស់​អ្នក​ទាំង​នេះ​បាន​ភ្លឺ​ផង!»។ ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ភ្នែក​របស់​ពួក​គេ​ភ្លឺ ហើយ​ពួក​គេ​ឃើញ​ថា ខ្លួន​កំពុង​ស្ថិត​នៅ​កណ្ដាល​ក្រុង​សាម៉ារី។ ២១ ពេល​ស្តេច​ស្រុក​អ៊ីស្រា‌អែល​ទត​ឃើញ​ទាហាន​ស៊ីរី ស្តេច​មាន​រាជ‌ឱង្ការ​សួរ​លោក​អេលីសេ​ថា៖ «លោក​ឪពុក! តើ​យើង​ត្រូវ​ប្រហារ​ជីវិត​ពួក​គេ​ឬ?»។ ២២ លោក​ទូល​ស្តេច​ថា៖ «សូម​កុំ​ប្រហារ​ជីវិត​ពួក​គេ​ធ្វើ​អ្វី តើ​ព្រះ‌ករុណា​គួរ​ប្រហារ​ជីវិត​ឈ្លើយ​សឹក​ដោយ​មុខ​ដាវ ឬ​ដោយ​ព្រួញ? សូម​ព្រះ‌ករុណា​ប្រទាន​នំបុ័ង និង​ទឹក​ឲ្យ​ពួក​គេ​បរិភោគ រួច​លែង​ពួក​គេ​ឲ្យ​វិល​ទៅ​ជួប​ម្ចាស់​របស់​ខ្លួន​វិញ​ចុះ»។ ២៣ ស្តេច​ស្រុក​អ៊ីស្រា‌អែល​រៀប‌ចំ​ពិធី​ជប់‌លៀង​មួយ​យ៉ាង​ធំ ទទួល​ទាហាន​ស៊ីរី​ទាំង​នោះ។ កាល​ពួក​គេ​បរិភោគ​រួច​ហើយ ស្តេច​ឲ្យ​ពួក​គេ​វិល​ទៅ​រក​ម្ចាស់​របស់​ខ្លួន​វិញ។ ចាប់​តាំង​ពី​ពេល​នោះ​មក ទាហាន​ស៊ីរី​លែង​ឈ្លាន‌ពាន​ចូល​មក​ក្នុង​ទឹក​ដី​អ៊ីស្រា‌អែល​ទៀត។
ទុរ្ភិក្ស​នៅ​ក្រុង​សាម៉ារី
២៤ លុះ​ក្រោយ​មក ព្រះ‌បាទ​បេន‌ហា‌ដាដ ជា​ស្តេច​ស្រុក​ស៊ីរី ប្រមូល​កង‌ទ័ព​ទាំង​អស់ ឡើង​ទៅ​ឡោម‌ព័ទ្ធ​ក្រុង​សាម៉ារី។ ២៥ ដូច្នេះ នៅ​ក្រុង​សាម៉ារី មាន​កើត​ទុរ្ភិក្ស​យ៉ាង​ខ្លាំង។ កង‌ទ័ព​ស៊ីរី​ឡោម‌ព័ទ្ធ​ទី‌ក្រុង​យ៉ាង​យូរ រហូត​ដល់​ក្បាល​សត្វ​លា​មួយ​ឡើង​ថ្លៃ​ជា​ប្រាក់​សុទ្ធ​ប៉ែត‌សិប​តម្លឹង ហើយ​សណ្តែក​មួយ​រង្វាល់​ថ្លៃ​ប្រាំ​តម្លឹង។
២៦ ថ្ងៃ​មួយ ស្តេច​ស្រុក​អ៊ីស្រា‌អែល​កំពុង​យាង​នៅ​លើ​កំពែង ស្រាប់​តែ​មាន​ស្ត្រី​ម្នាក់​ស្រែក​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់! សូម​ជួយ​ខ្ញុំ​ម្ចាស់​ផង!»។ ២៧ ស្តេច​មាន​រាជ‌ឱង្ការ​ថា៖ «ប្រសិន​បើ​ព្រះ‌អម្ចាស់​មិន​ជួយ​នាង​ទេ​នោះ ធ្វើ​ម្ដេច​ឲ្យ​យើង​ជួយ​នាង​បាន? ស្រូវ យើង​ក៏​គ្មាន ស្រា​ទំពាំង‌បាយ‌ជូរ ក៏​គ្មាន​ដែរ»។ ២៨ ស្តេច​មាន​រាជ‌ឱង្ការ​ទៀត​ថា៖ «តើ​នាង​មាន​រឿង​អ្វី?»។ នាង​ទូល​ថា៖ «កាល​ពី​ថ្ងៃ​មុន ស្ត្រី​ម្នាក់​នោះ​បបួល​ខ្ញុំ​ម្ចាស់​ថា “ចូរ​យក​កូន​របស់​នាង​មក យើង​ចែក​គ្នា​បរិភោគ​នៅ​ថ្ងៃ​នេះ ហើយ​ស្អែក​យើង​នឹង​បរិភោគ​កូន​របស់​ខ្ញុំ​វិញ”។ ២៩ យើង​ទាំង​ពីរ​ក៏​យក​កូន​របស់​ខ្ញុំ​ម្ចាស់​ទៅ​ស្ងោរ​បរិភោគ។ លុះ​ស្អែក​ឡើង ខ្ញុំ​ម្ចាស់​ប្រាប់​នាង​នោះ​ថា “ចូរ​យក​កូន​របស់​នាង​មក យើង​ចែក​គ្នា​បរិភោគ” ប៉ុន្តែ នាង​នោះ​បាន​យក​កូន​របស់​ខ្លួន​ទៅ​លាក់»។ ៣០ កាល​ស្តេច​ឮ​ពាក្យ​របស់​ស្ត្រី​នោះ ស្ដេច​ក៏​ហែក​ព្រះ‌ភូសា។ ពេល​នោះ ស្តេច​កំពុង​តែ​យាង​នៅ​លើ​កំពែង​ក្រុង ដូច្នេះ ប្រជាជន​ឃើញ​ព្រះ‌រាជា​ស្លៀក​បាវ។ ៣១ ស្តេច​មាន​រាជ‌ឱង្ការ​ថា៖ «យើង​សូម​ស្បថ​ថា ថ្ងៃ​នេះ ប្រសិន​បើ​យើង​មិន​កាត់​ក​អេលីសេ ជា​កូន​របស់​លោក​សាផាត​ទេ​នោះ សូម​ព្រះ‌ជាម្ចាស់​ដាក់​ទោស​យើង​យ៉ាង​ធ្ងន់​ចុះ!»។
៣២ ពេល​នោះ លោក​អេលីសេ​កំពុង​អង្គុយ​ជុំ​គ្នា​ជា​មួយ​អស់​លោក​ព្រឹទ្ធា‌ចារ្យ នៅ​ក្នុង​ផ្ទះ​របស់​លោក។ ស្តេច​ចាត់​មនុស្ស​ម្នាក់​ឲ្យ​ទៅ​សម្លាប់​លោក​អេលីសេ ប៉ុន្តែ មុន​ពេល​អ្នក​នោះ​ទៅ​ដល់ លោក​អេលីសេ​មាន​ប្រសាសន៍​ទៅ​កាន់​អស់​លោក​ព្រឹទ្ធា‌ចារ្យ​ថា៖ «សូម​អស់​លោក​មើល​ចុះ ឃាតក​នោះ​ចាត់​មនុស្ស​ឲ្យ​មក​កាត់​ក​ខ្ញុំ​ហើយ។ សូម​ប្រយ័ត្ន! កាល​ណា​រាជ​បម្រើ​មក​ដល់ ត្រូវ​បិទ​ទ្វារ​ឲ្យ​ជិត កុំ​ឲ្យ​គេ​ចូល។ ប៉ុន្តែ សូរ​សំរិប​ជើង​របស់​ម្ចាស់​គេ ក៏​មក​ដល់​តាម​ក្រោយ​ហើយ​ដែរ»។ ៣៣ លោក​អេលីសេ​កំពុង​មាន​ប្រសាសន៍​នៅ​ឡើយ រាជ​បម្រើ​ចូល​មក​ដល់​ពោល​ថា៖ «ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​យើង​រង​ទុក្ខ​វេទនា​ដូច្នេះ តើ​ឲ្យ​យើង​សង្ឃឹម​អ្វី​លើ​ព្រះ‌អង្គ​ទៀត?»។
 លោក​អេលីសេ​មាន​ប្រសាសន៍​ថា៖ «ចូរ​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ស្អែក​ពេល​ថ្មើរ​នេះ នៅ​មាត់​ទ្វារ​ក្រុង​សាម៉ារី អង្ករ​មួយ​តៅ​ថ្លៃ​តែ​មួយ​កាក់ ហើយ​ពោត​មួយ​ថាំង​ក៏​ថ្លៃ​តែ​មួយ​កាក់​ដែរ»។  អង្គ‌រក្ស​របស់​ស្តេច​ឆ្លើយ​ទៅ​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​វិញ​ថា៖ «ទោះ​បី​ព្រះ‌អម្ចាស់​បើក​ទ្វារ​មេឃ​ក្តី ក៏​ហេតុ‌ការណ៍​នោះ​មិន​អាច​កើត​មាន​ដែរ?»។ លោក​អេលីសេ​មាន​ប្រសាសន៍​ថា៖ «ចាំ​មើល​ចុះលោក​មុខ​ជា​ឃើញ​ផ្ទាល់​នឹង​ភ្នែក តែ​លោក​ពុំ​បាន​បរិភោគ​ទេ»។
 នៅ​មាត់​ទ្វារ​ក្រុង មាន​មនុស្ស​ឃ្លង់​បួន​នាក់​ជជែក​គ្នា​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​យើង​នាំ​គ្នា​អង្គុយ​រង់‌ចាំ​សេចក្ដី​ស្លាប់​នៅ​ទី​នេះ?  ប្រសិន​បើ​យើង​សម្រេច​គ្នា​ថា​ចូល​ទៅ​ក្នុង​ក្រុង យើង​មុខ​ជា​អត់​បាយ​ស្លាប់ ព្រោះ​នៅ​ក្នុង​ក្រុង គ្មាន​អ្វី​បរិភោគ​ឡើយ។ ប្រសិន​បើ​យើង​នៅ​ទី​នេះ យើង​ក៏​ស្លាប់​ដែរ។ ដូច្នេះ គួរ​យើង​នាំ​គ្នា​រត់​ទៅ​ចុះ​ចូល​នឹង​កង‌ទ័ព​ស៊ីរី​ទៅ ក្រែង‌លោ​គេ​ទុក​ជីវិត​ឲ្យ​យើង ហើយ​យើង​នឹង​បាន​រស់​រាន​មាន​ជីវិត! ប្រសិន​បើ​ពួក​គេ​សម្លាប់ យើង​ក៏​ស្លាប់​ដូច​តែ​គ្នា!»។  នៅ​ពេល​ថ្ងៃ​លិច ពួក​គេ​ក្រោក​ឡើង នាំ​គ្នា​ដើរ​ឆ្ពោះ​ទៅ​ទី​តាំង​ទ័ព​ស៊ីរី។ កាល​មនុស្ស​ឃ្លង់​ទាំង​បួន​នាក់​ទៅ​ជិត​ដល់​ទី​តាំង​ទ័ព ពួក​គេ​ពុំ​ប្រទះ​ឃើញ​មាន​នរណា​ម្នាក់​សោះ។  ពី​មុន​នោះ ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​កង‌ពល​ស៊ីរី​នៅ​ក្នុង​ទី​តាំង​ទ័ព ឮ​ស្នូរ​សន្ធឹក​រទេះ​ចម្បាំង និង​ទ័ព‌សេះ ព្រម​ទាំង​កង‌ទ័ព​មួយ​យ៉ាង​ធំ។ ពួក​គេ​និយាយ​គ្នា​ថា៖ «ពិត​ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល​ទៅ​ពឹង​ទ័ព​របស់​ស្តេច​ជន​ជាតិ​ហេត និង​ទ័ព​របស់​ស្តេច​ស្រុក​អេស៊ីប ឲ្យ​មក​ច្បាំង​នឹង​យើង​ហើយ!»។  នៅ​ពេល​ថ្ងៃ​លិច កង‌ទ័ព​ស៊ីរី​នាំ​គ្នា​ក្រោក​ឡើង រត់​ប្រាស‌អាយុ ដោយ​បោះ‌បង់​ចោល​តង់ត៍ ព្រម​ទាំង​សេះ និង​លា​ផង។ ពួក​គេ​ទុក​អ្វីៗ​ទាំង​អស់​ចោល​នៅ​ក្នុង​ជំរំ ហើយ​រត់​យក​តែ​រួច​ខ្លួន​ប៉ុណ្ណោះ។  ក្រោយ​ពី​ដើរ​មើល​ជុំ‌វិញ​កន្លែង​បោះ​ទ័ព​រួច​ហើយ មនុស្ស​ឃ្លង់​ទាំង​នោះ​ក៏​ចូល​ទៅ​ក្នុង​តង់ត៍​មួយ នាំ​គ្នា​ស៊ី​ផឹក រួច​ជញ្ជូន​យក​មាស​ប្រាក់ និង​សម្លៀក‌បំពាក់​ទៅ​លាក់​ទុក។ លុះ​ត្រឡប់​មក​វិញ ពួក​គេ​ចូល​ទៅ​ក្នុង​តង់ត៍​មួយ​ទៀត ប្រមូល​របស់​របរ ដែល​មាន​នៅ​ទី​នោះ​យក​ទៅ​លាក់​ទៀត។
ចុង​បញ្ចប់​នៃ​ទុរ្ភិក្ស
មនុស្ស​ឃ្លង់​ទាំង​បួន​នាក់​និយាយ​គ្នា​ថា៖ «ពួក​យើង​ធ្វើ​ដូច្នេះ​មិន​សម​ទេ ដ្បិត​ថ្ងៃ​នេះ ពួក​យើង​ដឹង​ដំណឹង‌ល្អ ប្រសិន​បើ​យើង​នៅ​ស្ងៀម​រង់‌ចាំ​រហូត​ដល់​ភ្លឺ ព្រះ‌ជាម្ចាស់​ពិត​ជា​ដាក់​ទោស​យើង​មិន​ខាន។ ដូច្នេះ ចូរ​យើង​នាំ​ដំណឹង‌ល្អ​នេះ​ទៅ​ប្រាប់​អ្នក​នៅ​ក្នុង​វាំង»។ ១០ មនុស្ស​ឃ្លង់​ទាំង​បួន​នាក់​នាំ​គ្នា​ទៅ​ហៅ​អ្នក​យាម​ទ្វារ​ក្រុង ហើយ​ប្រាប់​ថា៖ «ពួក​យើង​បាន​ចូល​ទៅ​ក្នុង​ទី​តាំង​ទ័ព​របស់​ពួក​ស៊ីរី តែ​ពុំ​ប្រទះ​ឃើញ​នរណា​ម្នាក់ ឬ​ក៏​ឮ​សូរ​សំឡេង​មនុស្ស​ណា​សោះ​ឡើយ។ ពួក​យើង​ឃើញ​មាន​តែ​សេះ លា ដែល​គេ​ចង​ទុក និង​តង់ត៍​ដែល​គេ​បោះ‌បង់​ចោល​ប៉ុណ្ណោះ»។ ១១ អ្នក​យាម​ទ្វារ​ស្រែក​ប្រាប់​អ្នក​នៅ​ខាង​ក្នុង ឲ្យ​នាំ​ដំណឹង​នេះ​ទៅ​ប្រាប់​អ្នក​នៅ​ក្នុង​វាំង។ ១២ ស្តេច​តើន​ឡើង​ទាំង​យប់ រួច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ពួក​មន្ត្រី​ថា៖ «សូម​អស់​លោក​ជ្រាប​ថា នេះ​ជា​ឧបាយ‌កល​របស់​ពួក​ស៊ីរី​ប្រឆាំង​នឹង​យើង។ ពួក​គេ​ដឹង​ថា យើង​ទាំង​អស់​គ្នា​កំពុង​តែ​អត់​ឃ្លាន ដូច្នេះ ពួក​គេ​ចេញ​ពី​ទី​តាំង​ទ័ព​ទៅ​លាក់​ខ្លួន​នៅ​ឯ​វាល ដោយ​នឹក​គិត​ថា កាល​ណា​ពួក​យើង​ចេញ​ពី​ទី‌ក្រុង នោះ​ពួក​គេ​នឹង​ចាប់​ពួក​យើង​ទាំង​រស់ រួច​ចូល​មក​ក្នុង​ក្រុង»។ ១៣ មាន​មន្ត្រី​ម្នាក់​ទូល​ស្តេច​ថា៖ «សូម​ឲ្យ​គេ​យក​សេះ​ប្រាំ​ក្បាល ដែល​នៅ​សល់​ក្នុង​ទី‌ក្រុង​មក ហើយ​ចាត់​អ្នក​ខ្លះ​ឲ្យ​ទៅ​ជា​មួយ​សេះ​ទាំង​នោះ ដើម្បី​ពិនិត្យ​មើល​ហេតុ‌ការណ៍។ ទោះ‌បី​យ៉ាង​ណា​ក្តី ក៏​សេះ​ទាំង​នេះ​មុខ​ជា​ងាប់ ដូច​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ក្រុង​ដែរ»។ ១៤ គេ​យក​រទេះ​ចម្បាំង​ពីរ​គ្រឿង​ទឹម​ដោយ​សេះ មក​ថ្វាយ​ស្តេច ហើយ​ស្តេច​ក៏​ចាត់​មនុស្ស​ចេញ​ទៅ​តាម​កង‌ទ័ព​ស៊ីរី ដោយ​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ចេញ​ទៅ​ពិនិត្យ​មើល​ហេតុ‌ការណ៍​នោះ​ចុះ!»។ ១៥ ពួក​គេ​ចេញ​ទៅ​តាម​កង‌ទ័ព​ស៊ីរី​រហូត​ដល់​ទន្លេ​យ័រដាន់ ហើយ​នៅ​តាម​ផ្លូវ​ឃើញ​មាន​សុទ្ធ​តែ​ខោ‌អាវ និង​របស់​របរ​ដែល​កង‌ទ័ព​ស៊ីរី​ដោះ​បោះ​ចោល​រប៉ាត់‌រប៉ាយ ព្រោះ​ប្រញាប់​រត់​យក​រួច​ជីវិត។ អ្នក​ដែល​ស្តេច​ចាត់​ឲ្យ​ទៅ ក៏​វិល​មក​វិញ​រាយ‌ការណ៍​ថ្វាយ​ស្តេច។
១៦ ពេល​នោះ ប្រជាជន​នាំ​គ្នា​ចេញ​ពី​ទី‌ក្រុង ទៅ​ដណ្ដើម​យក​របស់​របរ​នៅ​ក្នុង​ទី​តាំង​ទ័ព​ស៊ីរី។ ដូច្នេះ អង្ករ​មួយ​តៅ​ថ្លៃ​តែ​មួយ​កាក់ ហើយ​ពោត​មួយ​ថាំង​ក៏​ថ្លៃ​តែ​មួយ​កាក់ ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់១៧ ស្តេច​បញ្ជា​អង្គ‌រក្ស​ឲ្យ​ចេញ​ទៅ​ត្រួត​ពិនិត្យ​មើល​ខុស​ត្រូវ នៅ​មាត់​ទ្វារ​ក្រុង ប៉ុន្តែ មហា‌ជន​បាន​ជាន់​គាត់​ស្លាប់​នៅ​ទី​នោះ ស្រប​តាម​ពាក្យ​ដែល​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ថ្លែង នៅ​ពេល​ស្តេច​ទៅ​ជួប​លោក។
១៨ ហេតុ‌ការណ៍​នេះ​កើត​មាន ដូច​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​បាន​ទូល​ស្តេច​ថា “ស្អែក ពេល​ថ្មើរ​នេះ នៅ​មាត់​ទ្វារ​ក្រុង​សាម៉ារី អង្ករ​មួយ​តៅ​ថ្លៃ​តែ​មួយ​កាក់ ហើយ​ពោត​មួយ​ថាំង​ក៏​ថ្លៃ​តែ​មួយ​កាក់​ដែរ”។ ១៩ ពេល​នោះ អង្គ‌រក្ស​របស់​ស្តេច​ឆ្លើយ​ទៅ​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​វិញ​ថា “ទោះ​បី​ព្រះ‌អម្ចាស់​បើក​ទ្វារ​មេឃ​ក្តី ក៏​ហេតុ‌ការណ៍​បែប​នេះ​មិន​កើត​មាន​ដែរ!”។ លោក​អេលីសេ​មាន​ប្រសាសន៍​ថា “ចាំ​មើល​ចុះ លោក​មុខ​ជា​ឃើញ​ផ្ទាល់​នឹង​ភ្នែក តែ​លោក​ពុំ​បាន​បរិភោគ​ទេ”។ ២០ ហេតុ‌ការណ៍​នេះ​ក៏​កើត​មាន​ចំពោះ​គាត់​មែន គឺ​មហា‌ជន​បាន​ជាន់​គាត់​ស្លាប់​នៅ​មាត់​ទ្វារ​ក្រុង។
ស្តេច​អ៊ីស្រា‌អែល​រក​យុត្តិ‌ធម៌​ជូន​ស្ត្រី​អ្នក​ភូមិ​ស៊ូណែម
 ថ្ងៃ​មួយ លោក​អេលីសេ​មាន​ប្រសាសន៍​ប្រាប់​ស្ត្រី ដែល​លោក​បាន​ធ្វើ​ឲ្យ​កូន​ប្រុស​រស់​ឡើង​វិញ​នោះ​ថា៖ «ចូរ​ក្រោក​ឡើង ចាក‌ចេញ​ពី​ទី​នេះ​ជា​មួយ​គ្រួសារ​របស់​នាង ហើយ​ទៅ​ស្នាក់​នៅ​ស្រុក​ណា ដែល​នាង​អាច​នៅ​បាន ដ្បិត​ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ស្រុក​នេះ​កើត​ទុរ្ភិក្ស ក្នុង‌រយៈ​ពេល​ប្រាំ​ពីរ​ឆ្នាំ»។  ស្ត្រី​នោះ​ក្រោក​ឡើង ធ្វើ​តាម​ពាក្យ​ដែល​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​បាន​ប្រាប់។ នាង​នាំ​គ្រួសារ​ទៅ​រស់​នៅ​ស្រុក​ភីលី‌ស្ទីន​អស់‌រយៈ​ពេល​ប្រាំ​ពីរ​ឆ្នាំ។  លុះ​គ្រប់​ប្រាំ​ពីរ​ឆ្នាំ នាង​ក៏​ត្រឡប់​មក​ពី​ស្រុក​ភីលី‌ស្ទីន ហើយ​ចូល​ទៅ​គាល់​ស្តេច ដើម្បី​ទាម‌ទារ​ផ្ទះ​សំបែង និង​ដី‌ធ្លី​របស់​នាង​វិញ។  ពេល​នោះ ស្តេច​កំពុង​សំណេះ‌សំណាល​ជា​មួយ​កេហា‌ស៊ី ជា​អ្នក​បម្រើ​របស់​អ្នក​ជំនិត​ព្រះ‌ជាម្ចាស់ ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​រៀប‌រាប់​ប្រាប់​យើង​ពី​ការ​អស្ចារ្យ​ផ្សេងៗ​ដែល​លោក​អេលីសេ​បាន​ធ្វើ!»។  នៅ​ពេល​កេហា‌ស៊ី​រៀប‌រាប់​ថ្វាយ​ស្តេច អំពី​លោក​អេលីសេ​ធ្វើ​ឲ្យ​ក្មេង​ម្នាក់​រស់​ឡើង​វិញ ស្ត្រី​ជា​ម្ដាយ​ក៏​ចូល​មក​គាល់​ស្តេច ដើម្បី​ទាម‌ទារ​ទូល​សូម​ផ្ទះ​សំបែង និង​ដី‌ធ្លី​របស់​នាង។ កេហា‌ស៊ី​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់ នេះ​ហើយ​ស្ត្រី​ដែល​ជា​ម្ដាយ ព្រម​ទាំង​កូន​របស់​នាង ដែល​លោក​អេលីសេ​បាន​ធ្វើ​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ!»។  ស្តេច​មាន​រាជ‌ឱង្ការ​សួរ​នាង ហើយ​នាង​ក៏​រៀប‌រាប់​ទូល​ស្តេច​តាម​ដំណើរ​រឿង។ ពេល​នោះ ស្តេច​បញ្ជា​ទៅ​មន្ត្រី​ម្នាក់​ថា៖ «ចូរ​ប្រគល់​ទ្រព្យ‌សម្បត្តិ​ទាំង​ប៉ុន្មាន​របស់​នាង​ឲ្យ​នាង​វិញ ព្រម​ទាំង​ប្រគល់​ភោគ‌ផល​ពី​ស្រែ​ចម្ការ​របស់​នាង តាំង​ពី​ពេល​ដែល​នាង​ចាក‌ចេញ​ពី​ស្រុក រហូត​មក​ដល់​ពេល​នេះ​ផង»។
ព្យាការី​អេលីសេ និង​លោក​ហាសា‌អែល
 លោក​អេលីសេ​ធ្វើ​ដំណើរ​ទៅ​ក្រុង​ដាម៉ាស។ ពេល​នោះ ព្រះ‌បាទ​បេន‌ហា‌ដាដ ជា​ស្តេច​ស្រុក​ស៊ីរី កំពុង​តែ​ប្រឈួន។ គេ​ទូល​ស្តេច​ថា៖ «អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ អញ្ជើញ​មក​ដល់​ហើយ»។  ស្តេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ហាសា‌អែល​ថា៖ «ចូរ​នាំ​យក​ជំនូន​ទៅ​ជូន​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ រួច​ទូល​សួរ​ព្រះ‌អម្ចាស់​តាម‌រយៈ​លោក​ថា តើ​យើង​នឹង​បាន​ជា​សះ‌ស្បើយ​ពី​ជំងឺ​នេះ​ឬ​ទេ?»។
លោក​ហាសា‌អែល​ក៏​ទៅ​ជួប​លោក​អេលីសេ ដោយ​នាំ​យក​ជំនូន​ដ៏​ល្អៗ​បំផុត ដែល​មាន​នៅ​ក្រុង​ដាម៉ាស ផ្ទុក​លើ​អូដ្ឋ​សែ‌សិប​ក្បាល ដឹក​ទៅ​ជូន។ ពេល​ទៅ​ដល់ លោក​ហាសា‌អែល​ចូល​ជួប​លោក​អេលីសេ ជម្រាប​ថា៖ «ព្រះ‌បាទ​បេន‌ហា‌ដាដ​ជា​ស្តេច​ស្រុក​ស៊ីរី ជា​កូន​របស់​លោក ចាត់​ខ្ញុំ​ប្របាទ​ឲ្យ​មក​ជម្រាប​សួរ​លោក​ថា តើ​ស្តេច​នឹង​ជា​សះ‌ស្បើយ​ពី​ជំងឺ​ឬ​ទេ?»។ ១០ លោក​អេលីសេ​ឆ្លើយ​ថា៖ «ចូរ​ទៅ​ទូល​ព្រះ‌ករុណា​វិញ​ថា ស្តេច​នឹង​បាន​ជា​សះ‌ស្បើយ​ពិត​មែន! ប៉ុន្តែ ព្រះ‌អម្ចាស់​សម្ដែង​ឲ្យ​ខ្ញុំ​ដឹង​ថា ព្រះ‌ករុណា​មុខ​ជា​សោយ​ទិវង្គត​ជាក់​ជា​មិន​ខាន»។ ១១ អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ សម្លឹង​មុខ​លោក​ហាសា‌អែល​មិន​ដាក់​ភ្នែក រួច​លោក​យំ។ ១២ លោក​ហាសា‌អែល​សួរ​ព្យាការី​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ម្ចាស់​យំ?»។ លោក​អេលីសេ​ឆ្លើយ​ថា៖ «ខ្ញុំ​យំ ព្រោះ​ខ្ញុំ​ដឹង​ពី​អំពើ​អាក្រក់ ដែល​លោក​នឹង​ប្រព្រឹត្ត​ទៅ​លើ​ជន​ជាតិ​អ៊ីស្រា‌អែល គឺ​លោក​នឹង​ដុត​បំផ្លាញ​ទី‌ក្រុង​របស់​គេ លោក​នឹង​សម្លាប់​ពួក​យុវ‌ជន​ដោយ​មុខ​ដាវ លោក​នឹង​បោក​សម្លាប់​កូន​ក្មេង ព្រម​ទាំង​វះ​ពោះ​ស្ត្រី​មាន​គភ៌​ផង»។ ១៣ លោក​ហាសា‌អែល​តប​ថា៖ «ខ្ញុំ​ប្របាទ​នេះ​ប្រៀប​ដូច​ជា​ឆ្កែ តើ​ខ្ញុំ​ប្របាទ​អាច​ធ្វើ​កិច្ច‌ការ​ដ៏​សម្បើម​បែប​នេះ​កើត​ឬ?»។ លោក​អេលីសេ​ឆ្លើយ​ថា៖ «ព្រះ‌អម្ចាស់​បាន​សម្ដែង​ឲ្យ​ខ្ញុំ​ដឹង​ថា លោក​នឹង​ឡើង​ធ្វើ​ជា​ស្តេច​លើ​ស្រុក​ស៊ីរី»។
១៤ លោក​ហាសា‌អែល​ចាក‌ចេញ​ពី​លោក​អេលីសេ វិល​ត្រឡប់​ទៅ​រក​ម្ចាស់​របស់​ខ្លួន​វិញ។ ស្តេច​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «តើ​លោក​អេលីសេ​មាន​ប្រសាសន៍​ដូច​ម្ដេច»។ លោក​ហាសា‌អែល​ឆ្លើយ​ថា៖ «លោក​ប្រាប់​ទូល‌បង្គំ​ថា ព្រះ‌ករុណា​នឹង​ជា​សះ‌ស្បើយ​ពិត​មែន»។ ១៥ ស្អែក​ឡើង លោក​ហាសា‌អែល​យក​ភួយ​ជ្រលក់​ទឹក រួច​យក​ទៅ​ខ្ទប់​ព្រះ‌ភ័ក្ត្រ​ស្តេច។ ស្តេច​សោយ​ទិវង្គត ហើយ​លោក​ហាសា‌អែល​ក៏​ឡើង​សោយ​រាជ្យ​ជំនួស​វិញ។
ព្រះ‌បាទ​យ៉ូរ៉ាម​សោយ​រាជ្យ​នៅ​ស្រុក​យូដា
(២​របា‌ក្សត្រ ២១.២-២០)
១៦ នៅ​ឆ្នាំ​ទី​ប្រាំ​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​យ៉ូរ៉ាម ជា​បុត្រ​របស់​ព្រះ‌បាទ​អខាប់ និង​ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល ព្រះ‌បាទ​យ៉ូរ៉ាម ជា​បុត្រ​ព្រះ‌បាទ​យ៉ូសា‌ផាត បាន​ឡើង​សោយ​រាជ្យ​នៅ​ស្រុក​យូដា ១៧ ក្នុង​ព្រះ‌ជន្មាយុ​សាម‌សិប​ពីរ​វស្សា ស្ដេច​សោយ​រាជ្យ​បាន​ប្រាំ​បី​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម។ ១៨ ព្រះ‌បាទ​យ៉ូរ៉ាម​ដើរ​តាម​មាគ៌ា​របស់​ស្តេច​ទាំង‌ឡាយ​នៅ​ស្រុក​អ៊ីស្រា‌អែល និង​ប្រព្រឹត្ត​ដូច​រាជ‌វង្ស​របស់​ព្រះ‌បាទ​អខាប់​ដែរ ព្រោះ​ព្រះ‌អង្គ​បាន​រៀប​អភិសេក​ជា​មួយ​បុត្រី​របស់​ព្រះ‌បាទ​អខាប់ ហើយ​ព្រះ‌អង្គ​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់១៩ ប៉ុន្តែ ព្រះ‌អម្ចាស់​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​លុប​បំបាត់​រាជា‌ណា‌ចក្រ​យូដា​ទេ ព្រោះ​ព្រះ‌អង្គ​បាន​សន្យា​នឹង​ព្រះ‌បាទ​ដាវីឌ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ថា ព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​ពូជ‌ពង្ស​របស់​ព្រះ‌បាទ​ដាវីឌ ឡើង​សោយ​រាជ្យ​រហូត​ត​ទៅ។
២០ ក្នុង​រជ្ជ‌កាល​ព្រះ‌បាទ​យ៉ូរ៉ាម ជន​ជាតិ​អេដុម​បាន​បះ‌បោរ​ប្រឆាំង​នឹង​ការ​ត្រួត‌ត្រា​របស់​ជន​ជាតិ​យូដា ហើយ​នាំ​គ្នា​តែង‌តាំង​ស្តេច​មួយ​អង្គ​ឲ្យ​ឡើង​គ្រង​រាជ្យ​លើ​ពួក​គេ។ ២១ ពេល​នោះ ព្រះ‌បាទ​យ៉ូរ៉ាម​យាង​ចេញ​ទៅ​ក្រុង​សាអៀរ ដោយ​នាំ​រទេះ​ចម្បាំង​ទាំង​អស់​ទៅ​ជា​មួយ​ផង។ កង‌ទ័ព​អេដុម​បាន​ឡោម‌ព័ទ្ធ​ស្តេច និង​ពួក​មេ​បញ្ជា​ការ​កង​រទេះ​ចម្បាំង។ ស្តេច​ក៏​តើន​ឡើង​នៅ​ពេល​យប់ ហើយ​វាយ​បើក​ផ្លូវ រីឯ​ពល‌ទាហាន​យូដា​បាក់​ទ័ព រត់​ទៅ​កាន់​ទី​លំ‌នៅ​រៀងៗ​ខ្លួន​វិញ។ ២២ តាំង​ពី​ពេល​នោះ​មក ជន​ជាតិ​អេដុម​បាន​រំដោះ​ខ្លួន​ពី​ការ​ត្រួត‌ត្រា​របស់​ជន​ជាតិ​យូដា រហូត​មក​ដល់​សព្វ​ថ្ងៃ។ នៅ​គ្រា​នោះ ក្រុង​លីបណា​ក៏​បះ‌បោរ​ដែរ។
២៣ រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​យ៉ូរ៉ាម និង​អ្វីៗ​ទាំង​អស់​ដែល​ព្រះ‌អង្គ​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ស្រុក​យូដា។ ២៤ លុះ​ព្រះ‌បាទ​យ៉ូរ៉ាម​សោយ​ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​រាជ‌វង្ស នៅ​បុរី​ព្រះ‌បាទ​ដាវីឌ ហើយ​ព្រះ‌បាទ​អហា‌ស៊ីយ៉ា ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។
ព្រះ‌បាទ​អហា‌ស៊ីយ៉ា​សោយ​រាជ្យ​នៅ​ស្រុក​យូដា
(២​របា‌ក្សត្រ ២២.១-៦)
២៥ នៅ​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​យ៉ូរ៉ាម ជា​បុត្រ​របស់​ព្រះ‌បាទ​អខាប់ និង​ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល ព្រះ‌បាទ​អហា‌ស៊ីយ៉ា ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូរ៉ាម ឡើង​សោយ​រាជ្យ​លើ​ស្រុក​យូដា ២៦ ក្នុង​ព្រះ‌ជន្មាយុ​ម្ភៃ​ពីរ​វស្សា ព្រះ‌អង្គ​សោយ​រាជ្យ​បាន​មួយ​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្តេច​មាន​នាម​ថា អថាលី ជា​ចៅ​របស់​ព្រះ‌បាទ​អូមរី ស្តេច​ស្រុក​អ៊ីស្រា‌អែល។ ២៧ ព្រះ‌បាទ​អហា‌ស៊ីយ៉ា​ដើរ​តាម​មាគ៌ា​របស់​រាជ‌វង្ស​ព្រះ‌បាទ​អខាប់ ហើយ​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់ ដូច​រាជ‌វង្ស​ព្រះ‌បាទ​អខាប់​ដែរ ព្រោះ​ព្រះ‌អង្គ​បាន​រៀប​អភិ‌សេក​ជា​មួយ​ញាតិ‌វង្ស​របស់​ព្រះ‌បាទ​អខាប់។ ២៨ ព្រះ‌បាទ​អហា‌ស៊ីយ៉ា​យាង​ចេញ​ទៅ​ច្បាំង​នឹង​ព្រះ‌បាទ​ហាសា‌អែល ជា​ស្តេច​ស្រុក​ស៊ីរី នៅ​ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ ដោយ​មាន​ព្រះ‌បាទ​យ៉ូរ៉ាម ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល​យាង​ទៅ​ជា​មួយ​ផង។ នៅ​ពេល​ប្រយុទ្ធ កង‌ទ័ព​ស៊ីរី​វាយ​ព្រះ‌បាទ​យ៉ូរ៉ាម​ឲ្យ​របួស។ ២៩ ព្រះ‌បាទ​យ៉ូរ៉ាម​ត្រឡប់​មក​ក្រុង​យីស‌រេ‌អែល​វិញ ដើម្បី​ព្យាបាល​របួស​ដែល​កង‌ទ័ព​ស៊ីរី​បាន​វាយ​នៅ​ភូមិ​រ៉ាម៉ា ក្នុង​ពេល​ស្តេច​ប្រយុទ្ធ​ជា​មួយ​ព្រះ‌បាទ​ហាសា‌អែល ជា​ស្តេច​ស្រុក​ស៊ីរី។ ពេល​នោះ ព្រះ‌បាទ​អហា‌ស៊ីយ៉ា ជា​បុត្រ​ព្រះ‌បាទ​យ៉ូរ៉ាម ស្តេច​ស្រុក​យូដា យាង​ចុះ​ទៅ​ក្រុង​យីស‌រេ‌អែល សួរ​សុខ​ទុក្ខ​ព្រះ‌បាទ​យ៉ូរ៉ាម ជា​បុត្រ​ព្រះ‌បាទ​អខាប់ ដែល​កំពុង​តែ​ប្រឈួន​យ៉ាង​ខ្លាំង។
លោក​យេហ៊ូ​ទទួល​ពិធី​ចាក់​ប្រេង​អភិ‌សេក​ជា​ស្តេច
 ព្យាការី​អេលីសេ​បាន​ហៅ​បុរស​ម្នាក់​ដែល​ជា​សមាជិក​ក្រុម​ព្យាការី​មក រួច​មាន​ប្រសាសន៍​ថា៖ «ចូរ​ក្រោក​ឡើង ចេញ​ដំណើរ​ទៅ​កាន់​ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ ហើយ​យក​ដប​ប្រេង​ទៅ​ជា​មួយ​ផង។  ពេល​ទៅ​ដល់ អ្នក​ត្រូវ​ជួប​លោក​យេហ៊ូ ជា​កូន​របស់​លោក​យ៉ូ‌សា‌ផាត និង​ជា​ចៅ​របស់​លោក​នឹមស៊ី។ អ្នក​ត្រូវ​ចូល​ទៅ​ហៅ​លោក​ឲ្យ​ក្រោក​ចេញ​ពី​ចំណោម​បង‌ប្អូន​របស់​លោក ហើយ​នាំ​ទៅ​បន្ទប់​ខាង​ក្នុង​បំផុត។  ចូរ​យក​ដប​ប្រេង​មក​ចាក់​បង្ហូរ​លើ​ក្បាល​របស់​លោក ទាំង​ពោល​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “យើង​ចាក់​ប្រេង​អភិ‌សេក​អ្នក​ជា​ស្តេច​លើ​ជន​ជាតិ​អ៊ីស្រា‌អែល”។ បន្ទាប់​មក អ្នក​ត្រូវ​បើក​ទ្វារ​រត់​ចេញ​ទៅ កុំ​បង្អែ‌បង្អង់​ឡើយ»។  យុវ‌បុរស​ជា​ព្យាការី​នោះ​ក៏​ចេញ​ដំណើរ​ទៅ​ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ។  កាល​ទៅ​ដល់ គាត់​ឃើញ​ពួក​មេ‌ទ័ព​កំពុង​អង្គុយ​ជុំ​គ្នា។ គាត់​ពោល​ឡើង​ថា៖ «លោក​មេ‌ទ័ព ខ្ញុំ​ប្របាទ​មាន​កិច្ច‌ការ​មួយ​ជម្រាប​លោក!»។ លោក​យេហ៊ូ​សួរ​ថា៖ «ក្នុង​ចំណោម​ពួក​យើង តើ​អ្នក​ចង់​ជួប​នរណា?»។ គាត់​ជម្រាប​ថា៖ «បាទ! គឺ​លោក​ហ្នឹង​ហើយ!»។  លោក​យេហ៊ូ​ក្រោក​ឡើង ហើយ​ចូល​ទៅ​ក្នុង​ផ្ទះ។ យុវ‌បុរស​នោះ​ក៏​យក​ប្រេង​ចាក់​បង្ហូរ​លើ​ក្បាល​លោក ទាំង​ពោល​ថា៖ «ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “យើង​ចាក់​ប្រេង​អភិ‌សេក​អ្នក​ជា​ស្តេច​លើ​ជន​ជាតិ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ដ្រ​របស់​យើង។  អ្នក​ត្រូវ​ប្រហារ​ពូជ‌ពង្ស​អខាប់​ជា​ម្ចាស់​របស់​អ្នក ហើយ​យើង​នឹង​សង​បំណុល​ឈាម​ឲ្យ​ពួក​ព្យាការី ជា​អ្នក​បម្រើ​របស់​យើង និង​សង​បំណុល​ឈាម​ពួក​អ្នក​បម្រើ​ឯ​ទៀតៗ​របស់​យើង ដែល​យេសា‌បិល​បាន​សម្លាប់។  ពូជ‌ពង្ស​អខាប់​ទាំង​មូល​នឹង​ត្រូវ​វិនាស ហើយ​យើង​នឹង​ប្រហារ​កូន​ប្រុសៗ​នៅ​ក្នុង​ក្រុម​គ្រួសារ​អខាប់ ទាំង​អ្នក​ជា ទាំង​អ្នក​ងារ​ឲ្យ​អស់​ពី​ស្រុក​អ៊ីស្រា‌អែល។  យើង​នឹង​ប្រព្រឹត្ត​ចំពោះ​ក្រុម​គ្រួសារ​អខាប់ ដូច​យើង​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុម​គ្រួសារ​យេរ៉ូ‌បោម ជា​កូន​របស់​នេបាត និង​ក្រុម​គ្រួសារ​បាសា ជា​កូន​របស់​អហ៊ីយ៉ា។ ១០ ឆ្កែ​នឹង​ហែក​សាច់​យេសា‌បិល​ស៊ី នៅ​ក្នុង​ចម្ការ​យីសរេ‌អែល ហើយ​គ្មាន​នរណា​កប់​សព​នាង​ទេ”»។ យុវ‌បុរស​ជា​ព្យាការី​ក៏​បើក​ទ្វារ ហើយ​រត់​ចេញ​ទៅ។
១១ ពេល​លោក​យេហ៊ូ​ចេញ​មក​ជួប​ពួក​មេ‌ទ័ព​របស់​ស្តេច​វិញ គេ​សួរ​លោក​ថា៖ «តើ​មាន​ការ​អ្វី? ហេតុ​ដូច​ម្ដេច​បាន​ជា​មនុស្ស​ចំកួត​នេះ​មក​រក​លោក?»។ លោក​យេហ៊ូ​ឆ្លើយ​ថា៖ «អស់​លោក​ធ្លាប់​ដឹង​ថា​ព្យាការី​ចំពូក​នេះ​តែង‌តែ​ថ្លែង​ពី​រឿង​អ្វី​ស្រាប់​ហើយ»។ ១២ ពួក​មេ‌ទ័ព​តប​ថា៖ «លោក​និយាយ​មិន​ពិត​ទេ! សូម​ប្រាប់​ពួក​យើង​ឲ្យ​ត្រង់​មក!»។ លោក​ឆ្លើយ​ថា៖ «ព្យាការី​នោះ​ប្រាប់​ខ្ញុំ​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “យើង​ចាក់​ប្រេង​អភិ‌សេក​អ្នក​ជា​ស្តេច​លើ​ជន​ជាតិ​អ៊ីស្រា‌អែល”»។ ១៣ ពួក​មេ‌ទ័ព​ប្រញាប់‌ប្រញាល់​ដោះ​អាវ​រៀងៗ​ខ្លួន ក្រាល​លើ​ក្បាល​ជណ្ដើរ ជូន​លោក​យេហ៊ូ​អង្គុយ រួច​នាំ​គ្នា​ផ្លុំ​ស្នែង​ឡើង ហើយ​ស្រែក​ថា៖ «ជយោ! ព្រះ‌បាទ​យេហ៊ូ!»។
ព្រះ‌បាទ​យេហ៊ូ​ធ្វើ​គុត​ព្រះ‌បាទ​យ៉ូរ៉ាម និង​ព្រះ‌បាទ​អហា‌ស៊ីយ៉ា
១៤ លោក​យេហ៊ូ ជា​កូន​របស់​លោក​យ៉ូ‌សា‌ផាត និង​ជា​ចៅ​របស់​លោក​នឹមស៊ី មាន​គំនិត​ក្បត់​នឹង​ព្រះ‌បាទ​យ៉ូរ៉ាម។ គ្រា​នោះ ព្រះ‌បាទ​យ៉ូរ៉ាម និង​កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល កំពុង​តែ​ការ‌ពារ​ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ ត‌ទល់​នឹង​ព្រះ‌បាទ​ហាសា‌អែល ជា​ស្តេច​ស្រុក​ស៊ីរី។ ១៥ ប៉ុន្តែ ព្រះ‌បាទ​យ៉ូរ៉ាម​បាន​ត្រឡប់​ទៅ​កាន់​ក្រុង​យីស‌រេ‌អែល​វិញ ដើម្បី​ព្យាបាល​របួស​ដែល​កង‌ទ័ព​ស៊ីរី​បាន​វាយ នៅ​ពេល​ប្រយុទ្ធ​ជា​មួយ​ព្រះ‌បាទ​ហាសា‌អែល ជា​ស្តេច​ស្រុក​ស៊ីរី។
លោក​យេហ៊ូ​មាន​ប្រសាសន៍​ថា៖ «ប្រសិន​បើ​អស់​លោក​គាំ‌ទ្រ​ខ្ញុំ​មែន! សូម​ប្រយ័ត្ន កុំ​ឲ្យ​នរណា​ម្នាក់​ចេញ​ពី​ទី‌ក្រុង នាំ​ដំណឹង​ទៅ​ប្រាប់​អ្នក​ក្រុង​យីស‌រេ‌អែល​ឡើយ!»។ ១៦ លោក​យេហ៊ូ​ឡើង​ជិះ​រទេះ ចេញ​ដំណើរ​ទៅ​កាន់​ក្រុង​យីស‌រេ‌អែល។ ពេល​នោះ ព្រះ‌បាទ​យ៉ូរ៉ាម​កំពុង​សម្រាក​ព្យាបាល​របួស ហើយ​ព្រះ‌បាទ​អហា‌ស៊ីយ៉ា ជា​ស្តេច​ស្រុក​យូដា ក៏​យាង​មក​សួរ​សុខ​ទុក្ខ​ព្រះ‌បាទ​យ៉ូរ៉ាម​ដែរ។ ១៧ រីឯ​អ្នក​យាម​ដែល​ស្ថិត​នៅ​លើ​ប៉ម​កំពែង​ក្រុង​យីស‌រេ‌អែល ឃើញ​ពល‌ទាហាន​កំពុង​ធ្វើ​ដំណើរ​សំដៅ​មក​ជា​មួយ​លោក​យេហ៊ូ គាត់​ស្រែក​ឡើង​ថា៖ «មាន​មនុស្ស​មួយ​ក្រុម​កំពុង​តែ​ចូល​មក!»។ ព្រះ‌បាទ​យ៉ូរ៉ាម​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ចាត់​ពល‌ទាហាន​ម្នាក់​ឲ្យ​ជិះ​សេះ​ទៅ​ជួប​ពួក​គេ សួរ​ថា៖ តើ​អ្នក​រាល់​គ្នា​មក​ដោយ​សន្តិ‌ភាព​ឬ?»។ ១៨ អ្នក​ដែល​ជិះ​សេះ​ទៅ​នោះ​បាន​ជួប​លោក​យេហ៊ូ ពោល​ថា៖ «ព្រះ‌ករុណា​ឲ្យ​សួរ​ថា តើ​លោក​មក​ដោយ​សន្តិ‌ភាព​ឬ?»។ លោក​យេហ៊ូ​ឆ្លើយ​ថា៖ «សន្តិ‌ភាព ឬ​មិន​សន្តិ‌ភាព គ្មាន​អ្វី​ពាក់‌ព័ន្ធ​ដល់​អ្នក​ទេ! ចូរ​បក​ក្រោយ ហើយ​មក​តាម​ខ្ញុំ»។ អ្នក​យាម​រាយ‌ការណ៍​ថា៖ «អ្នក​ដែល​ព្រះ‌ករុណា​ចាត់​ឲ្យ​ទៅ​ជួប​គេ​នោះ បាន​ទៅ​ដល់​ហើយ តែ​មិន​ត្រឡប់​មក​វិញ​ទេ»។ ១៩ ព្រះ‌បាទ​យ៉ូរ៉ាម​ចាត់​ពល‌ទាហាន​ម្នាក់​ទៀត​ឲ្យ​ជិះ​សេះ​ទៅ។ ពេល​ទៅ​ដល់ អ្នក​នោះ​ពោល​ថា៖ «ព្រះ‌ករុណា​ឲ្យ​សួរ​ថា តើ​លោក​មក​ដោយ​សន្តិ‌ភាព​ឬ?»។ លោក​យេហ៊ូ​ឆ្លើយ​ថា៖ «សន្តិ‌ភាព ឬ​មិន​សន្តិ‌ភាព គ្មាន​អ្វី​ពាក់‌ព័ន្ធ​ដល់​អ្នក​ទេ! ចូរ​បក​ក្រោយ ហើយ​មក​តាម​ខ្ញុំ»។ ២០ អ្នក​យាម​រាយ‌ការណ៍​ថា៖ «អ្នក​នោះ​បាន​ទៅ​ដល់​ហើយ តែ​មិន​ត្រឡប់​មក​វិញ​ទេ។ រីឯ​អ្នក​ដែល​បរ​រទេះ​នោះ​មើល​ទៅ​ដូច​លោក​យេហ៊ូ ជា​ចៅ​របស់​លោក​នឹមស៊ី ព្រោះ​លោក​បរ​រទេះ​លឿន ដូច​មនុស្ស​កំរោល​ចូល»។ ២១ ព្រះ‌បាទ​យ៉ូរ៉ាម​បញ្ជា​ឲ្យ​គេ​ទឹម​រាជ‌រថ ហើយ​ឡើង​គង់​លើ​រាជ‌រថ​នោះ។ រីឯ​ព្រះ‌បាទ​អហា‌ស៊ីយ៉ា​ក៏​ឡើង​គង់​លើ​រាជ‌រថ​របស់​ស្តេច​ដែរ។ ព្រះ‌រាជា​ទាំង​ពីរ​អង្គ​យាង​ចេញ​ទៅ​រក​លោក​យេហ៊ូ ហើយ​ជួប​គ្នា​នៅ​ត្រង់​ចម្ការ​របស់​លោក​ណាបុត ជា​អ្នក​ស្រុក​យីស‌រេ‌អែល។
២២ កាល​ព្រះ‌បាទ​យ៉ូរ៉ាម​ទត​ឃើញ​លោក​យេហ៊ូ ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «តើ​លោក​មក ដោយ​សន្តិ‌ភាព​ឬ?»។ លោក​យេហ៊ូ​ឆ្លើយ​ថា៖ «គ្មាន​សន្តិ‌ភាព​ទេ ដរាប​ព្រះ‌ករុណា​នៅ​តែ​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ និង​អំពើ​អាប‌ធ្មប់​យ៉ាង​ច្រើន ដូច​ម្ចាស់​ក្សត្រិយ៍​យេសា‌បិល​ជា​មាតា!»។ ២៣ ព្រះ‌បាទ​យ៉ូរ៉ាម​ទាញ​បង្ហៀរ​សេះ​ឲ្យ​បក​ក្រោយ រួច​បំបោល​ចេញ​ទៅ ទាំង​មាន​រាជ‌ឱង្ការ​ប្រាប់​ព្រះ‌បាទ​អហា‌ស៊ីយ៉ា​ថា៖ «ព្រះ‌ករុណា​អើយ! នេះ​ជា​ការ​ក្បត់​ទេ!»។ ២៤ លោក​យេហ៊ូ​យឹត​ធ្នូ​បាញ់​ចំ​ខ្នង​របស់​ព្រះ‌បាទ​យ៉ូរ៉ាម។ ព្រួញ​ចាក់​ទម្លុះ​បេះ‌ដូង​របស់​ស្តេច រួច​ធ្លុះ​ចេញ​មក​ក្រៅ ហើយ​ស្តេច​ដួល​ក្នុង​រាជ‌រថ។ ២៥ លោក​យេហ៊ូ​ប្រាប់​លោក​ប៊ីឌ‌ការ ជា​អ្នក​ជំនួយ​ការ​របស់​លោក​ថា៖ «ចូរ​លើក​សព​នេះ​បោះ​ទៅ​ក្នុង​ចម្ការ​របស់​លោក​ណាបុត ជា​អ្នក​ស្រុក​យីស‌រេ‌អែល​ទៅ! តើ​លោក​នឹក​ចាំ​ទេ កាល​លោក និង​ខ្ញុំ​ជិះ​ក្នុង​រទេះ​ជា​មួយ​គ្នា ដង្ហែ​ស្តេច​អខាប់ ជា​បិតា​របស់​ស្តេច​យ៉ូរ៉ាម ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ស្តេច​ថា ២៦ “ម្សិល‌មិញ យើង​បាន​ឃើញ​ឈាម​របស់​ណាបុត និង​ឈាម​កូន​ប្រុសៗ​របស់​គាត់។ ដូច្នេះ យើង​នឹង​ធ្វើ​ឲ្យ​ឈាម​របស់​អ្នក​ហូរ​នៅ​ក្នុង​ចម្ការ​នេះ​ដែរ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់!”។ ឥឡូវ​នេះ ចូរ​លើក​សព​របស់​ស្តេច​យ៉ូរ៉ាម​បោះ​ទៅ​ក្នុង​ចម្ការ ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់»។
ព្រះ‌បាទ​អហា‌ស៊ីយ៉ា ស្តេច​ស្រុក​យូដា​សោយ​ទិវង្គត
(២​របា‌ក្សត្រ ២២.៧-៩)
២៧ កាល​ព្រះ‌បាទ​អហា‌ស៊ីយ៉ា ជា​ស្តេច​ស្រុក​យូដា ឃើញ​ដូច្នេះ ស្តេច​រត់​ឆ្ពោះ​ទៅ​បេត‌កាន តែ​លោក​យេហ៊ូ​ដេញ​តាម ហើយ​បញ្ជា​ថា៖ «ចូរ​ប្រហារ​ស្តេច​នេះ​ទៅ!» គេ​ក៏​ប្រហារ​ស្តេច​នៅ​ក្នុង​រទេះ។ ពេល​នោះ ស្តេច​កំពុង​ឡើង​តាម​ផ្លូវ​ទៅ​ភូមិ​កួរ ជិត​ក្រុង​យីប‌ឡាម។ ស្តេច​ភៀស​ខ្លួន​ទៅ​ដល់​ក្រុង​មេគីដូ ហើយ​សុគត​នៅ​ទី​នោះ។ ២៨ ពួក​មន្ត្រី​របស់​ព្រះ‌បាទ​អហា‌ស៊ីយ៉ា​នាំ​សព​ដាក់​ក្នុង​រទេះ​មក​ក្រុង​យេរូ‌សាឡឹម រួច​បញ្ចុះ​ក្នុង​ផ្នូរ​របស់​រាជ‌វង្ស​នៅ​បុរី​ព្រះ‌បាទ​ដាវីឌ។ ២៩ ព្រះ‌បាទ​អហា‌ស៊ីយ៉ា​ឡើង​សោយ‌រាជ្យ​លើ​ស្រុក​យូដា នៅ​ឆ្នាំ​ទី​ដប់​មួយ​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​យ៉ូរ៉ាម ជា​បុត្រ​របស់​ព្រះ‌បាទ​អខាប់។
ព្រះ‌នាង​យេសា‌បិល​សោយ​ទិវង្គត
៣០ បន្ទាប់​មក លោក​យេហ៊ូ​ចូល​មក​ដល់​ក្រុង​យីស‌រេ‌អែល។ កាល​ព្រះ‌នាង​យេសា‌បិល​ដឹង​ដំណឹង​នេះ ព្រះ‌នាង​ផាត់​រង្វង់​ភ្នែក និង​តុប‌តែង​សក់ រួច​ទត​មើល​តាម​បង្អួច។ ៣១ ពេល​លោក​យេហ៊ូ​កំពុង​ចូល​តាម​ទ្វារ​ក្រុង ព្រះ‌នាង​យេសា‌បិល​ពោល​ថា៖ «នែ៎ ស៊ីមរី ជា​ឃាតក​ម្ចាស់​របស់​ខ្លួន​អើយ តើ​អ្នក​មក​ដោយ​សន្តិ‌ភាព​ឬ?»។ ៣២ លោក​យេហ៊ូ​ងើប​មុខ​ឡើង​មើល​ទៅ​បង្អួច រួច​ពោល​ថា៖ «តើ​អ្នក​ណា​ស្ម័គ្រ​ចិត្ត​ចុះ​ចូល​មក​ខាង​ខ្ញុំ?»។ ពេល​នោះ មាន​មហា‌តលិក​ពីរ​បី​នាក់​អើត​មើល​មក​លោក។ ៣៣ លោក​បញ្ជា​ថា៖ «ចូរ​បោះ​នាង​ចុះ​មក!»។ ពួក​គេ​ក៏​បោះ​នាង​ចុះ​មក ឈាម​របស់​នាង​ខ្ទាត​ប្រឡាក់​ជញ្ជាំង និង​សេះ ហើយ​លោក​យេហ៊ូ​បរ​រទេះ​កិន​សាក‌សព​នោះ។ ៣៤ បន្ទាប់​មក លោក​យេហ៊ូ​ចូល​ទៅ​ក្នុង​វាំង រួច​បរិភោគ លោក​មាន​ប្រសាសន៍​ថា៖ «សូម​អស់​លោក​យក​សាក‌សព​ស្ត្រី​ដែល​ត្រូវ​បណ្ដាសា​នេះ​ទៅ​កប់​ផង ព្រោះ​គាត់​ក៏​ជា​កូន​ស្តេច​ដែរ»។ ៣៥ ពួក​គេ​ចេញ​ទៅ​យក​សព​នោះ​មក​កប់ ប៉ុន្តែ ឃើញ​នៅ​សល់​តែ​លលាដ៍​ក្បាល ជើង និង​ដៃ​ប៉ុណ្ណោះ។ ៣៦ ពួក​គេ​នាំ​ដំណឹង​មក​ជម្រាប​លោក​យេហ៊ូ​វិញ លោក​ក៏​មាន​ប្រសាសន៍​ថា៖ «ហេតុ‌ការណ៍​នេះ​កើត​មាន​ស្រប​តាម​ព្រះ‌បន្ទូល ដែល​ព្រះ‌អម្ចាស់​បាន​ថ្លែង​តាម‌រយៈ​ព្យាការី​អេលី ជា​អ្នក​ស្រុក​ទីសបេ​ថា ឆ្កែ​នឹង​ហែក​ស៊ី​សាច់​យេសា‌បិល​ក្នុង​ចម្ការ​យីស‌រេ‌អែល។ ៣៧ សាក‌សព​របស់​នាង​យេសា‌បិល​នឹង​ក្លាយ​ជា​ជី ក្នុង​ចម្ការ​យីស‌រេ‌អែល។ ដូច្នេះ គ្មាន​នរណា​អាច​ពោល​ថា នេះ​ជា​ផ្នូរ​របស់​យេសា‌បិល​បាន​ទេ»។
១០
រាជ‌វង្ស​របស់​ព្រះ‌បាទ​អខាប់​ត្រូវ​រលត់
 ព្រះ‌បាទ​អខាប់​មាន​បុត្រា​ចិត‌សិប​អង្គ រស់​នៅ​ក្រុង​សាម៉ារី។ លោក​យេហ៊ូ​ផ្ញើ​សារ ទៅ​ជូន​អស់​លោក ដែល​ជា​មេ​ដឹក​នាំ​របស់​ទី‌ក្រុង ព្រឹទ្ធា‌ចារ្យ និង​គ្រូ​បាធ្យាយ​របស់​បុត្រ​ព្រះ‌បាទ​អខាប់ ដែល​នៅ​ក្រុង​សាម៉ារី។ ក្នុង​សារ​នោះ​មាន​សេចក្ដី​ដូច​ត​ទៅ៖  «អស់​លោក​មាន​បុត្រា​របស់​ស្តេច ព្រម​ទាំង​រទេះ​ចម្បាំង​ទ័ព‌សេះ ទី‌ក្រុង​ដ៏​រឹង‌មាំ និង​គ្រឿង​សាស្ត្រា‌វុធ​ស្រាប់​ហើយ។ ដូច្នេះ ពេល​ណា​អស់​លោក​បាន​ទទួល​សារ​នេះ  ចូរ​ជ្រើស​តាំង​បុត្រ​ណា​មួយ​ដែល​ប្រសើរ​ជាង​គេ ឲ្យ​ឡើង​គ្រង​រាជ្យ​ជំនួស​បិតា ហើយ​ត្រៀម​ខ្លួន​ប្រយុទ្ធ​ការ‌ពារ​រាជ‌វង្ស នៃ​ម្ចាស់​របស់​អស់​លោក​ទៅ»។  ពួក​គេ​ភ័យ‌ខ្លាច​ជា​ខ្លាំង ហើយ​និយាយ​គ្នា​ថា៖ «ស្តេច​ទាំង​ពីរ​អង្គ​នោះ​ពុំ​អាច​ត‌ទល់​នឹង​លោក​យេហ៊ូ​បាន​ផង ចុះ​ទម្រាំ​បើ​យើង​វិញ តើ​យើង​អាច​ត‌ទល់​នឹង​លោក​ដូច​ម្ដេច​បាន?»។  អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​វាំង ចៅហ្វាយ​ក្រុង ពួក​ព្រឹទ្ធា‌ចារ្យ និង​ពួក​គ្រូ​បាធ្យាយ ចាត់​គេ​ឲ្យ​ទៅ​ជម្រាប​លោក​យេហ៊ូ​ថា៖ «យើង​ខ្ញុំ​ប្របាទ​ជា​អ្នក​បម្រើ​របស់​លោក​ម្ចាស់ យើង​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​អ្វីៗ​ទាំង​អស់ តាម​តែ​លោក​ម្ចាស់​បង្គាប់។ យើង​ខ្ញុំ​មិន​ជ្រើស​តាំង​នរណា​ម្នាក់​ជា​ស្តេច​ទេ សូម​លោក​ម្ចាស់​ប្រព្រឹត្ត​តាម​តែ​លោក​ម្ចាស់​យល់​ឃើញ​ថា​ល្អ​ចុះ!»។
 លោក​យេហ៊ូ​ធ្វើ​សារ​មួយ​ទៀត​ផ្ញើ​ជូន​អស់​លោក​ទាំង​នោះ មាន​សេចក្ដី​ដូច​ត​ទៅ៖ «ប្រសិន​បើ​អស់​លោក​ចូល​មក​ខាង​ខ្ញុំ និង​ស្ដាប់​តាម​បញ្ជា​របស់​ខ្ញុំ ចូរ​កាត់​ក​បុត្រា​ទាំង​អស់​របស់​ម្ចាស់​អស់​លោក ហើយ​យក​ក្បាល​មក​ឲ្យ​ខ្ញុំ​នៅ​ក្រុង​យីស‌រេ‌អែល នា​ថ្ងៃ​ស្អែក ពេល​ថ្មើរ​នេះ!»។ ពេល​នោះ បុត្រា​ទាំង​ចិត‌សិប​អង្គ​រស់​នៅ​តាម​ផ្ទះ​របស់​នាម៉ឺន​ធំៗ ក្នុង​ក្រុង​សាម៉ារី ហើយ​លោក​ទាំង​នោះ​ចិញ្ចឹម​ពួក​គេ។  ពេល​ពួក​មេ​ដឹក​នាំ​នៃ​ក្រុង​សាម៉ារី​ទទួល​សារ​របស់​លោក​យេហ៊ូ គេ​នាំ​គ្នា​ចាប់​បុត្រា​របស់​ស្តេច​ទាំង​ចិត‌សិប​អង្គ​នោះ មក​កាត់​ក យក​ក្បាល​ដាក់​ក្នុង​កព្ឆោ នាំ​ទៅ​ជូន​លោក​យេហ៊ូ​នៅ​ក្រុង​យីស‌រេ‌អែល។  អ្នក​នាំ​សារ​ម្នាក់​រត់​ទៅ​ជម្រាប​លោក​យេហ៊ូ​ថា គេ​នាំ​ក្បាល​របស់​កូន​ស្តេច​មក​ហើយ។ លោក​យេហ៊ូ​បញ្ជា​ថា៖ «ចូរ​យក​ក្បាល​ទាំង​នោះ​ទៅ​ដាក់​ជា​ពីរ​គំនរ នៅ​ត្រង់​មាត់​ទ្វារ​ក្រុង រហូត​ដល់​ព្រឹក​ស្អែក»។  លុះ​ព្រឹក​ឡើង លោក​យេហ៊ូ​ចេញ​ទៅ​ឈរ​នៅ​មាត់​ទ្វារ​ក្រុង ហើយ​ប្រកាស​ប្រាប់​ប្រជាជន​ទាំង​មូល​ថា៖ «អ្នក​រាល់​គ្នា​គ្មាន​ទោស​អ្វី​ទេ! គឺ​ខ្ញុំ​ទេ​តើ​ដែល​បាន​បះ‌បោរ​ប្រឆាំង​នឹង​ស្តេច ព្រម​ទាំង​ធ្វើ​គុត​ស្តេច​ទៀត​ផង។ រីឯ​អ្នក​ទាំង​នេះ​វិញ តើ​នរណា​ជា​អ្នក​សម្លាប់? ១០ ដូច្នេះ សូម​អ្នក​រាល់​គ្នា​ជ្រាប​ថា ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អម្ចាស់​ថ្លែង​ប្រឆាំង​នឹង​រាជ‌វង្ស​របស់​ស្តេច​អខាប់ សុទ្ធ​តែ​បាន​សម្រេច​ឥត​ខ្វះ​ត្រង់​ណា​ឡើយ! ព្រះ‌អម្ចាស់​បាន​សម្រេច​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តាម‌រយៈ​លោក​អេលី ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ»។
១១ លោក​យេហ៊ូ​ប្រហារ​ជីវិត​ញាតិ‌វង្ស​របស់​ព្រះ‌បាទ​អខាប់ ដែល​នៅ​សេស‌សល់​ក្នុង​ក្រុង​យីស‌រេ‌អែល ព្រម​ទាំង​ពួក​នាម៉ឺន​ធំៗ អស់​អ្នក​ដែល​ជិត​ស្និទ្ធ​នឹង​ស្តេច ពួក​បូជា‌ចារ្យ​របស់​ស្តេច ដោយ​ពុំ​ទុក​នរណា​ម្នាក់​ឲ្យ​រួច​ជីវិត​ឡើយ។
លោក​យេហ៊ូ​ប្រហារ​ជីវិត​រាជ‌វង្ស​របស់​ស្តេច​យូដា
(២​របា‌ក្សត្រ ២២.៨)
១២ បន្ទាប់​មក លោក​យេហ៊ូ​ក្រោក​ឡើង ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​សាម៉ារី។ ពេល​ធ្វើ​ដំណើរ​ទៅ​ដល់​សាលា​សំណាក់​របស់​ពួក​គង្វាល ១៣ លោក​បាន​ជួប​នឹង​បង‌ប្អូន​របស់​ព្រះ‌បាទ​អហា‌ស៊ីយ៉ា ជា​ស្តេច​ស្រុក​យូដា។ លោក​សួរ​ពួក​គេ​ថា៖ «តើ​អស់​លោក​ជា​នរណា​ដែរ?»។ ពួក​គេ​ឆ្លើយ​ថា៖ «ពួក​យើង​ជា​បង‌ប្អូន​របស់​ព្រះ‌បាទ​អហា‌ស៊ីយ៉ា ពួក​យើង​នាំ​គ្នា​ចុះ​មក​ធ្វើ​គារវ‌កិច្ច​ចំពោះ​បុត្រ​របស់​ព្រះ‌មហា​ក្សត្រ និង​បុត្រ​របស់​ព្រះ‌មហា​ក្សត្រិ‌យានី»។ ១៤ លោក​យេហ៊ូ​បញ្ជា​ថា៖ «ចូរ​ចាប់​ពួក​គេ​ទាំង​រស់!»។ គេ​ក៏​ចាប់​អ្នក​ទាំង​នោះ ទាំង​រស់ នាំ​យក​ទៅ​សម្លាប់ ហើយ​បោះ​សាក‌សព​ទៅ​ក្នុង​អណ្ដូង​ទឹក​នៃ​សាលា​សំណាក់​នោះ។ អ្នក​ទាំង​នោះ​មាន​គ្នា​ចំនួន​សែ‌សិប​ពីរ​នាក់ លោក​យេហ៊ូ​ឥត​ទុក​នរណា​ម្នាក់​ឲ្យ​រត់​រួច​ឡើយ។
លោក​យេហ៊ូ​ជួប​នឹង​លោក​យ៉ូណា‌ដាប់
១៥ កាល​លោក​យេហ៊ូ​ចេញ​ដំណើរ​ពី​ទី​នោះ​ទៅ លោក​បាន​ជួប​នឹង​លោក​យ៉ូណា‌ដាប់ ជា​កូន​របស់​លោក​រេកាប ដែល​ដើរ​តម្រង់​មក​រក​លោក។ លោក​យេហ៊ូ​ជម្រាប​សួរ​គាត់ ហើយ​សួរ​ថា៖ «តើ​លោក​មាន​ចិត្ត​ស្មោះ​ចំពោះ​ខ្ញុំ ដូច​ខ្ញុំ​មាន​ចិត្ត​ស្មោះ​ចំពោះ​លោក​ដែរ​ឬ​ទេ?»។ លោក​យ៉ូណា‌ដាប់​ឆ្លើយ​ថា៖ «ខ្ញុំ​មាន​ចិត្ត​ស្មោះ​មែន»។ លោក​យេហ៊ូ​មាន​ប្រសាសន៍​ទៀត​ថា៖ «បើ​ដូច្នោះ​មែន សូម​ហុច​ដៃ​មក៍!»។ លោក​យ៉ូណា‌ដាប់​ក៏​ហុច​ដៃ ហើយ​លោក​យេហ៊ូ​ចាប់​ដៃ​គាត់ ទាញ​ឡើង​ជិះ​រទេះ​ជា​មួយ​លោក។ ១៦ លោក​យេហ៊ូ​មាន​ប្រសាសន៍​ថា៖ «សូម​មក​ជា​មួយ​ខ្ញុំ នោះ​លោក​នឹង​ឃើញ​ចិត្ត​ស្រឡាញ់​មោះ‌មុត​របស់​ខ្ញុំ​ចំពោះ​ព្រះ‌អម្ចាស់!»។ លោក​យេហ៊ូ​ក៏​នាំ​លោក​យ៉ូណា‌ដាប់​ឡើង​ជិះ​រទេះ​ទៅ​ជា​មួយ​លោក។
១៧ លុះ​ទៅ​ដល់​ក្រុង​សាម៉ារី លោក​យេហ៊ូ​បាន​សម្លាប់​ញាតិ‌វង្ស​របស់​ព្រះ‌បាទ​អខាប់ ដែល​នៅ​សេស‌សល់​ក្នុង​ក្រុង​នោះ។ លោក​សម្លាប់​ពួក​គេ​ឲ្យ​ផុត​ពូជ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បាន​ថ្លែង តាម‌រយៈ​លោក​អេលី។
លោក​យេហ៊ូ​លុប​បំបាត់​ការ​ថ្វាយ‌បង្គំ​ព្រះ​បាល
១៨ លោក​យេហ៊ូ​ប្រមូល​ប្រជាជន​ទាំង​មូល​នៅ​ក្រុង​សាម៉ារី ហើយ​ប្រកាស​ថា៖ «ព្រះ‌បាទ​អខាប់​ធ្លាប់​គោរព​ព្រះ​បាល​តែ​បន្តិច‌បន្តួច​ទេ រីឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​គោរព​ព្រះ​បាល​យ៉ាង​ម៉ត់‌ចត់​បំផុត។ ១៩ ឥឡូវ​នេះ ចូរ​ប្រមូល​ពួក​ព្យាការី ពួក​អ្នក​គោរព​បម្រើ និង​ពួក​បូជា‌ចារ្យ​ទាំង​អស់​របស់​ព្រះ​បាល ឲ្យ​មក​ជួប‌ជុំ​ជា​មួយ​យើង។ សូម​កុំ​ឲ្យ​នរណា​ម្នាក់​អវត្ត‌មាន​ឡើយ ដ្បិត​ខ្ញុំ​ចង់​ថ្វាយ​យញ្ញ‌បូជា​មួយ​យ៉ាង​ធំ​ចំពោះ​ព្រះ​បាល។ បើ​នរណា​ម្នាក់​អាក់‌ខាន​នឹង​ត្រូវ​ប្រហារ​ជីវិត»។ លោក​យេហ៊ូ​ប្រើ​ឧបាយ‌កល​ដូច្នេះ ដើម្បី​លុប​បំបាត់​ពួក​អ្នក​គោរព​បម្រើ​ព្រះ​បាល​ឲ្យ​អស់។ ២០ លោក​យេហ៊ូ​បញ្ជា​ឲ្យ​គេ​រៀប‌ចំ​អង្គ​ប្រជុំ​ដ៏​សក្ការៈ​មួយ ថ្វាយ​ព្រះ​បាល។ គេ​ក៏​ប្រកាស​ដំណឹង​នេះ ២១ ដោយ​ចាត់​អ្នក​នាំ​សារ​ទៅ​គ្រប់​ទិស‌ទី ក្នុង​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល។ អស់​អ្នក​គោរព​បម្រើ​ព្រះ​បាល​មក​ចូល​រួម​ទាំង​អស់​គ្នា ឥត​មាន​នរណា​ម្នាក់​អវត្ត‌មាន​ឡើយ។ ពួក​គេ​ចូល​ទៅ​ក្នុង​វិហារ​របស់​ព្រះ​បាល​ពេញ​ណែន​តាន់‌តាប់​ទាំង​អស់។ ២២ លោក​យេហ៊ូ​បញ្ជា​ដល់​អ្នក​គ្រប់‌គ្រង​ផ្នែក​សម្លៀក‌បំពាក់​សម្រាប់​ថ្វាយ‌បង្គំ​ព្រះ​បាល​ថា៖ «ចូរ​ចែក​សម្លៀក‌បំពាក់​ជូន​អស់​អ្នក​ដែល​បំពេញ​មុខ‌ងារ​បម្រើ​ព្រះ​បាល​ចុះ!»។ គេ​យក​សម្លៀក‌បំពាក់​មក​ចែក​ឲ្យ​អ្នក​ទាំង​នោះ​គ្រប់ៗ​គ្នា។ ២៣ លោក​យេហ៊ូ​អញ្ជើញ​មក​ដល់​វិហារ​របស់​ព្រះ​បាល​ជា​មួយ​នឹង​លោក​យ៉ូណា‌ដាប់ ជា​កូន​របស់​លោក​រេកាប ហើយ​លោក​មាន​ប្រសាសន៍​ទៅ​កាន់​អស់​អ្នក​ដែល​គោរព​បម្រើ​ព្រះ​បាល​ថា៖ «ចូរ​ពិនិត្យ​មើល កុំ​ឲ្យ​មាន​អ្នក​បម្រើ​ព្រះ‌អម្ចាស់​ស្ថិត​នៅ​ទី​នេះ​ឡើយ គឺ​ឲ្យ​មាន​តែ​អស់​អ្នក​ដែល​គោរព​បម្រើ​ព្រះ​បាល​ប៉ុណ្ណោះ»។ ២៤ ពេល​នោះ លោក​យេហ៊ូ និង​លោក​យ៉ូណា‌ដាប់​ក៏​ចូល​ទៅ​ក្នុង​វិហារ ដើម្បី​ថ្វាយ​យញ្ញ‌បូជា និង​តង្វាយ​ដុត​ទាំង​មូល​ដែរ។
លោក​យេហ៊ូ​បាន​ដាក់​ទាហាន​ប៉ែត‌សិប​នាក់​ឲ្យ​ចាំ​នៅ​ខាង​ក្រៅ ដោយ​បញ្ជា​ថា៖ «ខ្ញុំ​ប្រគល់​អ្នក​ទាំង​នេះ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​រាល់​គ្នា​ហើយ អ្នក​ណា​បណ្តោយ​ឲ្យ​មនុស្ស​ម្នាក់​រត់​រួច អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​ជំនួស»។
២៥ ពេល​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​រួច​ស្រេច​ហើយ លោក​យេហ៊ូ​បញ្ជា​ទៅ​ពល‌ទាហាន និង​នាយ​ទាហាន​ទ័ព‌សេះ​ថា៖ «ចូរ​ចូល​ទៅ​ប្រហារ​ពួក​គេ​ទាំង​អស់​គ្នា កុំ​ឲ្យ​នរណា​ម្នាក់​រត់​រួច​ឡើយ!»។ ទាហាន​ទាំង​នោះ​ក៏​ប្រហារ​ពួក​គេ​ដោយ​មុខ​ដាវ ហើយ​បោះ​សាក‌សព​ចេញ​មក​ក្រៅ រួច​ចូល​ទៅ​ខាង​ក្នុង​ទី​សក្ការៈ​នៃ​វិហារ​របស់​ព្រះ​បាល។ ២៦ ពួក​គេ​យក​ស្តូប​នៅ​ក្នុង​វិហារ​របស់​ព្រះ​បាល​ចេញ​មក​ដុត​នៅ​ខាង​ក្រៅ។ ២៧ ក្រោយ​ពី​បាន​ដុត​បំផ្លាញ​ស្តូប​របស់​ព្រះ​បាល​ចោល​ហើយ ពួក​គេ​រំលំ​វិហារ​របស់​ព្រះ​បាល រួច​យក​ទី​នោះ​ធ្វើ​ជា​កន្លែង​បន្ទោរ‌បង់​រហូត​ដល់​សព្វ​ថ្ងៃ។
ព្រះ‌បាទ​យេហ៊ូ​សោយ‌រាជ្យ​នៅ​ស្រុក​អ៊ីស្រា‌អែល
២៨ ព្រះ‌បាទ​យេហ៊ូ​លុប​បំបាត់​ការ​គោរព​ព្រះ​បាល​ចេញ​ពី​ស្រុក​អ៊ីស្រា‌អែល ២៩ ប៉ុន្តែ ស្ដេច​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​បាប ដែល​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត បាន​នាំ​ប្រជាជន​អ៊ីស្រា‌អែល​ឲ្យ​ប្រព្រឹត្ត ដោយ​គោរព​រូប​គោ​មាស​នៅ​បេត‌អែល និង​ក្រុង​ដាន់​ឡើយ។
៣០ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះ‌បាទ​យេហ៊ូ​ថា៖ «ដោយ​អ្នក​បាន​បំពេញ​តាម​បញ្ជា​របស់​យើង​យ៉ាង​ល្អ​ត្រឹម‌ត្រូវ ហើយ​អ្នក​បាន​ប្រព្រឹត្ត​ចំពោះ​កូន​ចៅ​របស់​អខាប់ ស្រប​តាម​បំណង​របស់​យើង​ទាំង​ស្រុង​ដូច្នេះ កូន​ចៅ​របស់​អ្នក​នឹង​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល រហូត​ដល់​បួន​តំណ»។ ៣១ ប៉ុន្តែ ព្រះ‌បាទ​យេហ៊ូ​ពុំ​ព្យាយាម​កាន់​តាម​វិន័យ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ៊ីស្រា‌អែល​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ទេ គឺ​ស្ដេច​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​បាប ដែល​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត បាន​នាំ​ប្រជាជន​អ៊ីស្រា‌អែល​ឲ្យ​ប្រព្រឹត្ត​នោះ​ឡើយ។
៣២ តាំង​ពី​ពេល​នោះ​មក ព្រះ‌អម្ចាស់​ចាប់​ផ្តើម​កាត់​បន្ថយ​ទឹក​ដី​អ៊ីស្រា‌អែល។ ព្រះ‌បាទ​ហាសា‌អែល​ជា​ស្តេច​ស្រុក​ស៊ីរី វាយ​តាម​ព្រំ‌ប្រទល់​ទាំង​ប៉ុន្មាន​ដែល​ជាប់​នឹង​ស្រុក​អ៊ីស្រា‌អែល ៣៣ គឺ​ចាប់​តាំង​ពី​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់ ស្រុក​កាឡាដ​ទាំង​មូល ស្រុក​កាដ រូបេន និង​ម៉ាណាសេ ហើយ​ចាប់​តាំង​ពី​អារូ‌អ៊ែរ​ដែល​ស្ថិត​នៅ​មាត់​ស្ទឹង​អារណូន ព្រម​ទាំង​ស្រុក​កាឡាដ និង​បាសាន​ផង។
៣៤ រីឯ​រាជ​កិច្ច​ផ្សេង​ទៀត​របស់​ព្រះ‌បាទ​យេហ៊ូ និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ស្តេច​បាន​ធ្វើ ព្រម​ទាំង​វីរ‌ភាព​ដ៏​អង់‌អាច​គ្រប់​យ៉ាង​របស់​ស្តេច សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ស្រុក​អ៊ីស្រា‌អែល។ ៣៥ ព្រះ‌បាទ​យេហ៊ូ​សោយ‌ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​នៅ​ក្រុង​សាម៉ារី ហើយ​ព្រះ‌បាទ​យ៉ូអា‌ខាស ជា​បុត្រ ឡើង​ស្នង​រាជ្យ។ ៣៦ ព្រះ‌បាទ​យេហ៊ូ​សោយ‌រាជ្យ​បាន​ម្ភៃ​ប្រាំ​បី​ឆ្នាំ នៅ​ក្រុង​សាម៉ារី។
១១
ព្រះ‌នាង​អថាលី​ដណ្ដើម​អំណាច​នៅ​ក្រុង​យេរូ‌សាឡឹម
(២​របា‌ក្សត្រ ២២.១០-១២)
 កាល​ព្រះ‌នាង​អថាលី ជា​មាតា​របស់​ព្រះ‌បាទ​អហា‌ស៊ីយ៉ា ជ្រាប​ថា ព្រះ​រាជ‌បុត្រ​សោយ‌ទិវង្គត​ហើយ ព្រះ‌នាង​ចេញ​បញ្ជា​ឲ្យ​គេ​សម្លាប់​រាជ‌វង្សា‌នុវង្ស​ទាំង​អស់។  ពេល​នោះ ព្រះ‌នាង​យេហូ‌សេបា ជា​បុត្រី​របស់​ព្រះ‌បាទ​យ៉ូរ៉ាម និង​ជា​អនុជ​របស់​ព្រះ‌បាទ​អហា‌ស៊ីយ៉ា បាន​យក​ព្រះ‌អង្គ​ម្ចាស់​យ៉ូអាស ជា​បុត្រា​របស់​ព្រះ‌បាទ​អហា‌ស៊ីយ៉ា ពី​ក្នុង​ចំណោម​បុត្រា​របស់​ស្តេច​ដែល​ត្រូវ​គេ​សម្លាប់​នោះ​ទៅ​លាក់​ទុក។ ព្រះ‌នាង​នាំ​បុត្រ​នោះ​ទៅ​លាក់​នៅ​បន្ទប់​ដេក​មួយ​ក្នុង​ព្រះ‌វិហារ ព្រម​ទាំង​ឲ្យ​មេ‌ដោះ​នៅ​ជា​មួយ​ផង។ គេ​បាន​លាក់​រាជ‌កុមារ​មិន​ឲ្យ​ព្រះ‌នាង​អថាលី​ឃើញ ដូច្នេះ រាជ‌កុមារ​ក៏​រួច​ពី​ស្លាប់។  ក្នុង​ពេល​ព្រះ‌នាង​អថាលី​គ្រង​រាជ្យ រាជ‌កុមារ​បាន​លាក់​ខ្លួន​ជា​មួយ​មេ‌ដោះ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ អស់‌រយៈ​ពេល​ប្រាំ​មួយ​ឆ្នាំ។
ព្រះ‌បាទ​យ៉ូអាស​ឡើង​គ្រង​រាជ្យ
(២​របា‌ក្សត្រ ២៣.១-២១)
 លុះ​ដល់​ឆ្នាំ​ទី​ប្រាំ​ពីរ លោក​បូជា‌ចារ្យ​យេ‌ហូ‌យ៉ា‌ដា​ចាត់​គេ​ទៅ​អញ្ជើញ​ពួក​នាយ​ទាហាន​ហ្លួង ដែល​ជា​ជន​ជាតិ​ការី និង​ពល‌ទាហាន​មក​ជួប​នឹង​លោក​នៅ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ លោក​បាន​ចុះ​កិច្ច‌សន្យា​ជា​មួយ​ពួក​គេ ព្រម​ទាំង​សុំ​ឲ្យ​ពួក​គេ​ស្បថ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ រួច​លោក​នាំ​បុត្រា​របស់​ស្តេច​មក​បង្ហាញ​ឲ្យ​ពួក​គេ​ឃើញ។  បន្ទាប់​មក លោក​បញ្ជា​ពួក​គេ​ថា៖ «អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ដូច​ត​ទៅ: ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដែល​ត្រូវ​វេន​យាម​នៅ​ថ្ងៃ​សប្ប័ទ* មួយ​ភាគ​បី​ត្រូវ​យាម​ដំណាក់​ស្តេច  មួយ​ភាគ​បី​ត្រូវ​យាម​នៅ​ត្រង់​មាត់​ទ្វារ​ស៊ូរ និង​មួយ​ភាគ​បី​ទៀត​ត្រូវ​យាម​នៅ​ទ្វារ​ខាង​ក្រោយ​កន្លែង​ប្រចាំ​ការ។ ក្រុម​ទាំង​បី​នេះ​ត្រូវ​ប្ដូរ​វេន​គ្នា​យាម​ព្រះ‌ដំណាក់។  រីឯ​អ្នក​រាល់​គ្នា​ពីរ​ក្រុម​ទៀត ដែល​មិន​ត្រូវ​វេន​យាម​នៅ​ថ្ងៃ​សប្ប័ទ ត្រូវ​យាម​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ដើម្បី​ការ‌ពារ​ព្រះ‌មហា​ក្សត្រ។  អ្នក​រាល់​គ្នា​ត្រូវ​ប្រដាប់​អាវុធ​គ្រប់​ដៃ នៅ​ការ‌ពារ​ជុំ‌វិញ​មហា​ក្សត្រ។ បើ​នរណា​ម្នាក់​ហ៊ាន​ចូល​មក​ជិត​ជួរ​ទ័ព​របស់​អ្នក​រាល់​គ្នា ត្រូវ​សម្លាប់​ចោល។ ចូរ​នៅ​ជាប់​ជា​មួយ​ព្រះ‌មហា​ក្សត្រ​ជា‌និច្ច ទោះ‌បី​ព្រះ‌អង្គ​យាង​ចេញ ឬ​ចូល​ក៏​ដោយ»។
ពួក​មេ‌ទ័ព​នាំ​គ្នា​ធ្វើ​តាម​បញ្ជា​ទាំង​ប៉ុន្មាន​របស់​លោក​បូជា‌ចារ្យ​យេហូ‌យ៉ាដា ម្នាក់ៗ​នាំ​កូន​ទាហាន​របស់​ខ្លួន ទាំង​អ្នក​ត្រូវ​វេន​យាម​នៅ​ថ្ងៃ​សប្ប័ទ ទាំង​អ្នក​មិន​ត្រូវ​វេន​យាម ហើយ​ទៅ​ជួប​លោក​បូជា‌ចារ្យ​យេហូ‌យ៉ាដា។ ១០ លោក​បូជា‌ចារ្យ​ចែក​លំពែង ព្រម​ទាំង​ខែល​របស់​ព្រះ‌បាទ​ដាវីឌ ដែល​តម្កល់​ទុក​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ជូន​ពួក​មេ‌ទ័ព​ទាំង​នោះ។ ១១ ពល‌ទាហាន​ប្រដាប់​អាវុធ​គ្រប់ៗ​ដៃ ឈរ​យាម​នៅ​មុខ​ព្រះ‌ដំណាក់ និង​នៅ​ជិត​អាសនៈ​ចាប់​ពី​ប៉ែក​ខាង​ស្តាំ​រហូត​ដល់​ប៉ែក​ខាង​ឆ្វេង​ព្រះ‌ដំណាក់ ដើម្បី​ការ‌ពារ​ព្រះ‌មហា​ក្សត្រ។ ១២ ពេល​នោះ លោក​បូជា‌ចារ្យ​យាង​ព្រះ​រាជ‌បុត្រ​របស់​ស្តេច​ចេញ​មក ហើយ​យក​មកុដ‌រាជ្យ​មក​បំពាក់ ព្រម​ទាំង​ថ្វាយ​ឯក‌សារ​នៃ​សម្ពន្ធ‌មេត្រី​ផង រួច​គេ​ចាក់​ប្រេង​អភិ‌សេក​រាជ‌កុមារ​តែង‌តាំង​ជា​ស្តេច។ គេ​នាំ​គ្នា​ទះ​ដៃ​ស្រែក​ជយ‌ឃោស​ថា៖ «ជយោ! ព្រះ‌មហា​ក្សត្រ!»។
១៣ កាល​ព្រះ‌នាង​អថាលី​ឮ​សម្រែក​ពល‌ទាហាន និង​ប្រជាជន ព្រះ‌នាង​ក៏​យាង​ទៅ​មើល​ពួក​គេ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់១៤ ព្រះ‌នាង​ទត​ឃើញ​ព្រះ‌មហា​ក្សត្រ​ថ្មី ឈរ​នៅ​លើ​វេទិកា តាម​ទំនៀម‌ទម្លាប់ ដោយ​មាន​មេ‌ទ័ព និង​អ្នក​ផ្លុំ​ត្រែ​ឈរ​អម​ផង។ ប្រជាជន​ទាំង​មូល​នៅ​ក្នុង​ស្រុក​នាំ​គ្នា​អប‌អរ​សាទរ ហើយ​គេ​ក៏​ផ្លុំ​ត្រែ​ឡើង។ ព្រះ‌នាង​អថាលី​ហែក​ព្រះ‌ភូសា ស្រែក​ថា៖ «នេះ​ជា​អំពើ​ក្បត់! នេះ​ជា​អំពើ​ក្បត់!»។ ១៥ លោក​បូជា‌ចារ្យ​យេហូ‌យ៉ាដា​បញ្ជា​ពួក​មេ‌ទ័ព​ដែល​គ្រប់‌គ្រង​លើ​ពល‌ទ័ព​ថា៖ «ចូរ​នាំ​ព្រះ‌នាង​ចេញ​ទៅ​ក្រៅ! បើ​នរណា​គាំ‌ទ្រ​ព្រះ‌នាង ចូរ​សម្លាប់​ដោយ​មុខ​ដាវ​ទៅ!»។ លោក​បូជា‌ចារ្យ​មាន​ប្រសាសន៍​ទៀត​ថា៖ «មិន​ត្រូវ​ប្រហារ​ជីវិត​ព្រះ‌នាង​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ឡើយ!»។ ១៦ គេ​ចាប់​ព្រះ‌នាង​នាំ​ទៅ​វាំង​វិញ។ កាល​មក​ដល់​ខ្លោង​ទ្វារ​សេះ គេ​ប្រហារ​ជីវិត​ព្រះ‌នាង​នៅ​ទី​នោះ។
១៧ លោក​យេហូ‌យ៉ាដា​ចង​សម្ពន្ធ‌មេត្រី​រវាង​ព្រះ‌អម្ចាស់ ព្រះ‌មហា​ក្សត្រ និង​ប្រជា‌រាស្ដ្រ ដើម្បី​ឲ្យ​ពួក​គេ​ធ្វើ​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អម្ចាស់។ លោក​ក៏​បាន​ចង​សម្ពន្ធ‌មេត្រី​រវាង​ព្រះ‌មហា​ក្សត្រ និង​ប្រជា‌រាស្ដ្រ​ដែរ។ ១៨ ប្រជាជន​ទាំង​មូល​នៅ​ក្នុង​ស្រុក​នាំ​គ្នា​ចូល​ទៅ​បំផ្លាញ​វិហារ​របស់​ព្រះ​បាល ហើយ​វាយ​កម្ទេច​អាសនៈ និង​រូប​សំណាក ព្រម​ទាំង​សម្លាប់​លោក​ម៉ាត់‌ថាន ជា​បូជា‌ចារ្យ​របស់​ព្រះ​បាល នៅ​មុខ​អាសនៈ​ទៀត​ផង។ លោក​យេហូ‌យ៉ាដា​បាន​ចាត់​ចែង​ឲ្យ​មាន​អ្នក​មើល​ខុស​ត្រូវ​លើ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់
១៩ បន្ទាប់​មក លោក​នាំ​ពួក​មេ‌ទ័ព ពួក​នាយ​ទាហាន​ហ្លួង​ដែល​ជា​ជន​ជាតិ​ការី និង​ពល‌ទាហាន ព្រម​ទាំង​ប្រជាជន​ទាំង​មូល​នៅ​ក្នុង​ស្រុក ដង្ហែ​ព្រះ‌មហា​ក្សត្រ​ពី​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ចូល​វាំង តាម​ខ្លោង​ទ្វារ​នៃ​ពួក​អ្នក​យាម រួច​ហើយ​ព្រះ‌បាទ​យ៉ូអាស​ឡើង​គង់​លើ​បល្ល័ង្ក​រាជ្យ។ ២០ ប្រជាជន​ទាំង​មូល​នៅ​ក្នុង​ស្រុក​នាំ​គ្នា​អបអរ​សាទរ ហើយ​ទី‌ក្រុង​ក៏​បាន​សុខ‌សាន្ត។ គេ​បាន​ប្រហារ​ជីវិត​ព្រះ‌នាង​អថាលី​នៅ​ក្នុង​វាំង។
១២
ព្រះ‌បាទ​យ៉ូអាស​សោយ‌រាជ្យ​នៅ​ស្រុក​យូដា
(២​របា‌ក្សត្រ ២៤.១-៣)
 (១១.២១) ព្រះ‌បាទ​យ៉ូអាស​ឡើង​សោយ​រាជ្យ​ក្នុង​ជន្មាយុ​ប្រាំ​ពីរ​វស្សា  (១) គឺ​នៅ​ឆ្នាំ​ទី​ប្រាំ​ពីរ​ក្នុង​រជ្ជ‌កាល​ព្រះ‌បាទ​យេហ៊ូ ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល ព្រះ‌អង្គ​សោយ‌រាជ្យ​បាន​សែ‌សិប‌ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម។ រីឯ​មាតា​របស់​ស្តេច​មាន​នាម​ថា ស៊ីបយ៉ា​ជា​អ្នក​ស្រុក​បៀរ‌សេបា។  (២) ព្រះ‌បាទ​យ៉ូអាស​ប្រព្រឹត្ត​អំពើ​សុចរិត ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់ អស់​មួយ​ជីវិត ដូច​លោក​បូជា‌ចារ្យ​យេហូ‌យ៉ាដា​បាន​បង្ហាត់​បង្រៀន។  (៣) ប៉ុន្តែ ស្តេច​មិន​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​ទេ។ ប្រជាជន​នៅ​តែ​ថ្វាយ​យញ្ញ‌បូជា និង​ដុត​គ្រឿង​ក្រអូប តាម​ទួល​ខ្ពស់ៗ​ដដែល។
ព្រះ‌បាទ​យ៉ូអាស​ជួស‌ជុល​ព្រះ‌វិហារ
(២​របា‌ក្សត្រ ២៤.៤-១៤)
 (៤) ព្រះ‌បាទ​យ៉ូអាស​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ពួក​បូជា‌ចារ្យ​ថា៖ «ចំពោះ​ប្រាក់​ទាំង​ប៉ុន្មាន ដែល​គេ​យក​មក​ថ្វាយ​ជា​តង្វាយ ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ គឺ​ប្រាក់​ដែល​ប្រជាជន​យក​មក​បង់​ពន្ធ​សម្រាប់​ព្រះ‌ដំណាក់ ប្រាក់​បាន​មក​ពី​តង្វាយ​លោះ​មនុស្ស ស្រប​តាម​ការ​វាយ​តម្លៃ និង​តង្វាយ​ស្ម័គ្រ​ចិត្ត ដែល​គេ​យក​មក​ថ្វាយ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់  (៥) នោះ​ឲ្យ​ក្រុម​បូជា‌ចារ្យ​ទទួល​យក គឺ​ម្នាក់ៗ​ត្រូវ​ទទួល​យក​ចំណែក​របស់​ខ្លួន​ពី​អ្នក​ដែល​ខ្លួន​ស្គាល់ ដើម្បី​ជួស‌ជុល​កន្លែង​បាក់‌បែក​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ព្រះ‌ដំណាក់ ដែល​គេ​យល់​ថា​ចាំ‌បាច់​គួរ​តែ​ជួស‌ជុល»។  (៦) ប៉ុន្តែ រហូត​មក​ដល់​ឆ្នាំ​ទី​ម្ភៃ​បី​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​យ៉ូអាស ក្រុម​បូជា‌ចារ្យ​ពុំ​ទាន់​បាន​ជួស‌ជុល​កន្លែង​បាក់‌បែក​ក្នុង​ព្រះ‌ដំណាក់​នៅ​ឡើយ​ទេ។  (៧) ព្រះ‌បាទ​យ៉ូអាស​កោះ​ហៅ​លោក​បូជា‌ចារ្យ​យេហូ‌យ៉ាដា ព្រម​ទាំង​បូជា‌ចារ្យ​ឯ​ទៀតៗ​មក រួច​មាន​រាជ‌ឱង្ការ​ថា៖ «ហេតុ​អ្វី​បាន​ជា​អស់​លោក​មិន​ជួស‌ជុល​កន្លែង​បាក់‌បែក​ក្នុង​ព្រះ‌ដំណាក់? ចាប់​ពី​ពេល​នេះ​ត​ទៅ អស់​លោក​មិន​ត្រូវ​ទទួល​ប្រាក់​ពី​អ្នក​ស្គាល់​ទៀត​ឡើយ តែ​ត្រូវ​បង្វិល​ប្រាក់​នេះ​សម្រាប់​ការ​ជួស‌ជុល​ព្រះ‌ដំណាក់​វិញ»។  (៨) ដូច្នេះ ពួក​បូជា‌ចារ្យ​ក៏​ឈប់​ទទួល​ប្រាក់​ពី​ប្រជាជន និង​លែង​ទទួល​បន្ទុក​លើ​ការ​ជួស‌ជុល​ព្រះ‌ដំណាក់​ទៀត។ ១០ (៩) លោក​បូជា‌ចារ្យ​យេហូ‌យ៉ាដា​យក​ហិប​មួយ​ចោះ​រន្ធ​លើ​គម្រប រួច​ដាក់​នៅ​ខាង​ស្តាំ​អាសនៈ ត្រង់​មាត់​ទ្វារ​ចូល​ព្រះ‌ដំណាក់។ ពួក​បូជា‌ចារ្យ​ជា​អ្នក​យាម​នៅ​មាត់​ទ្វារ ដាក់​ប្រាក់​ទាំង​អស់​ដែល​គេ​យក​មក​ថ្វាយ​ព្រះ‌ដំណាក់ ក្នុង​ហិប​នោះ។ ១១ (១០) កាល​ណា​គេ​ឃើញ​មាន​ប្រាក់​ច្រើន​នៅ​ក្នុង​ហិប​ហើយ លោក​ស្មៀន​ហ្លួង និង​មហា‌បូជា‌ចារ្យ​ក៏​មក​ទទួល​ប្រាក់ នៅ​ក្នុង​ព្រះ‌ដំណាក់​យក​ទៅ​រាប់ រួច​ទុក​ក្នុង​ថង់​មួយ។ ១២ (១១) បន្ទាប់​មក លោក​ប្រគល់​ប្រាក់​នោះ​ឲ្យ​ពួក​មេ​ជាង​ដែល​ទទួល​បន្ទុក​លើ​ការ‌ងារ​ជួស‌ជុល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ គេ​ប្រើ​ប្រាក់​នោះ​សម្រាប់​ជួល​ជាង​ឈើ និង​ជាង​សំណង់​ដែល​ត្រូវ​ជួស‌ជុល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ១៣ (១២) ព្រម​ទាំង​ជួល​ជាង​កំបោរ ជាង​ដាប់​ថ្ម ហើយ​ទិញ​ឈើ និង​ថ្ម‌ដាប់​សម្រាប់​ជួស‌ជុល​កន្លែង​បាក់‌បែក​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ ប្រាក់​នេះ​ក៏​ប្រើ​សម្រាប់​ការ​ចំណាយ​គ្រប់​ប្រភេទ ក្នុង​ការ​ជួស‌ជុល​ព្រះ‌ដំណាក់​ឡើង​វិញ។ ១៤ (១៣) ប៉ុន្តែ គេ​ពុំ​បាន​ប្រើ​ប្រាក់​ដែល​ប្រជាជន​យក​មក​ថ្វាយ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ទៅ​ធ្វើ​ពាន​ប្រាក់ កាំបិត ថូ ត្រែ ឬ​ប្រដាប់‌ប្រដា​អ្វី​ផ្សេង​ទៀត​អំពី​មាស ប្រាក់ សម្រាប់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ឡើយ។ ១៥ (១៤) គេ​ប្រគល់​ប្រាក់​នេះ ឲ្យ​អស់​អ្នក​ដែល​ទទួល​បន្ទុក​លើ​ការ‌ងារ សម្រាប់​ប្រើ‌ប្រាស់​ជួស‌ជុល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់១៦ (១៥) គេ​ពុំ​បាន​ត្រួត​ពិនិត្យ​អស់​អ្នក​ដែល​យក​ប្រាក់​នោះ ទៅ​បើក​ឲ្យ​ពួក​ជាង​ទេ ដ្បិត​ពួក​គេ​ធ្វើ​ការ​នេះ​ដោយ​ចិត្ត​ស្មោះ‌ស្ម័គ្រ​បំផុត។
១៧ (១៦) រីឯ​ប្រាក់​តង្វាយ​ដែល​ប្រជាជន​យក​មក​ថ្វាយ​ជា​យញ្ញ‌បូជា​សុំ​លើក‌លែង​ទោស និង​យញ្ញ‌បូជា​រំដោះ​បាប គេ​ពុំ​បាន​ទុក​សម្រាប់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ទេ គឺ​ប្រាក់​នោះ​ត្រូវ​បាន​ជា​ចំណែក​របស់​ពួក​បូជា‌ចារ្យ​វិញ។
ចុង​បញ្ចប់​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​យ៉ូអាស
(២​របា‌ក្សត្រ ២៤.២៣-២៧)
១៨ (១៧) នៅ​គ្រា​នោះ ព្រះ‌បាទ​ហាសា‌អែល ជា​ស្តេច​ស្រុក​ស៊ីរី ឡើង​មក​វាយ និង​ដណ្ដើម​យក​បាន​ក្រុង​កាថ។ បន្ទាប់​មក ព្រះ‌បាទ​ហាសា‌អែល​លើក​ទ័ព​តម្រង់​ឆ្ពោះ​ទៅ​ក្រុង​យេរូ‌សាឡឹម​ទៀត។ ១៩ (១៨) ព្រះ‌បាទ​យ៉ូអាស ស្តេច​ស្រុក​យូដា ប្រមូល​វត្ថុ​មាន​តម្លៃ​ទាំង​ប៉ុន្មាន នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​នៅ​ក្នុង​វាំង ជា​វត្ថុ​ដែល​ស្តេច​ស្រុក​យូដា ជា​អយ្យ‌កោ គឺ​ព្រះ‌បាទ​យ៉ូសា‌ផាត ព្រះ‌បាទ​យ៉ូរ៉ាម និង​ព្រះ‌បាទ​អហា‌ស៊ីយ៉ា បាន​ថ្វាយ​ជា​តង្វាយ ព្រម​ទាំង​វត្ថុ​ដែល​ស្តេច​ផ្ទាល់​បាន​ថ្វាយ​ជា​តង្វាយ ហើយ​ចាត់​គេ​ឲ្យ​នាំ​យក​ទៅ​ថ្វាយ​ព្រះ‌បាទ​ហាសា‌អែល ជា​ស្តេច​ស្រុក​ស៊ីរី។ ហេតុ​នេះ ស្តេច​ក្រុង​ស៊ីរី​ក៏​ដក​ទ័ព​ថយ ឈប់​វាយ​ក្រុង​យេរូ‌សាឡឹម។
២០ (១៩) រីឯ​រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​យ៉ូអាស និង​អ្វីៗ​ទាំង​អស់​ដែល​ស្តេច​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ស្រុក​យូដា។ ២១ (២០) មេ‌ទ័ព​របស់​ស្តេច​បាន​ក្រោក​ឡើង​រួម​គំនិត​គ្នា​ក្បត់​នឹង​ព្រះ‌បាទ​យ៉ូអាស។ ពួក​គេ​ធ្វើ​គុត​ស្តេច នៅ​បេត‌មីឡូ តាម​ផ្លូវ​ចុះ​ទៅ​ស៊ីឡា។ ២២ (២១) មេ‌ទ័ព​ដែល​បាន​ធ្វើ​គុត​ស្តេច គឺ​លោក​យ៉ូសា​បាដ ជា​កូន​របស់​លោក​ស៊ីម៉ាត និង​លោក​យេហូ‌សេបាដ ជា​កូន​របស់​លោក​សូមែរ។ គេ​បាន​បញ្ចុះ​សព​ស្តេច​ក្នុង​ផ្នូរ​របស់​រាជ‌វង្ស នៅ​បុរី​ព្រះ‌បាទ​ដាវីឌ ហើយ​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។
១៣
ព្រះ‌បាទ​យ៉ូអា‌ខាស​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល
 នៅ​ឆ្នាំ​ទី​ម្ភៃ​បី​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​យ៉ូអាស ជា​បុត្រ​របស់​ព្រះ‌បាទ​អហា‌ស៊ីយ៉ា ស្តេច​ស្រុក​យូដា ព្រះ‌បាទ​យ៉ូអា‌ខាស ជា​បុត្រ​របស់​ព្រះ‌បាទ​យេហ៊ូ បាន​ឡើង​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល នៅ​ក្រុង​សាម៉ារី ព្រះ‌អង្គ​សោយ‌រាជ្យ​បាន​ដប់​ប្រាំ​ពីរ​ឆ្នាំ។  ស្តេច​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់ គឺ​ព្រះ‌អង្គ​ប្រព្រឹត្ត​អំពើ​បាប​ដូច​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត ដែល​នាំ​ប្រជាជន​អ៊ីស្រា‌អែល​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​ដែរ ស្តេច​មិន​ងាក​ចេញ​ពី​ផ្លូវ​នោះ​ទេ។  ព្រះ‌អម្ចាស់​ព្រះ‌អង្គ​ព្រះ‌ពិរោធ​ទាស់​នឹង​ជន​ជាតិ​អ៊ីស្រា‌អែល ហើយ​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌បាទ​ហាសា‌អែល ជា​ស្តេច​ស្រុក​ស៊ីរី និង​ព្រះ‌បាទ​បេន‌ហា‌ដាដ ជា​បុត្រ​របស់​ព្រះ‌បាទ​ហា‌សែល ក្នុង​អំឡុង​ពេល​ដ៏​យូរ។  ប៉ុន្តែ ព្រះ‌បាទ​យ៉ូអា‌ខាស​ទូល‌អង្វរ​ព្រះ‌អម្ចាស់ ព្រះ‌អម្ចាស់​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌អង្វរ​នេះ ដ្បិត​ព្រះ‌អង្គ​ទត​ឃើញ​ស្តេច​ស្រុក​ស៊ីរី​ជិះ‌ជាន់​សង្កត់‌សង្កិន​ប្រជាជន​អ៊ីស្រា‌អែល  ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​មាន​អ្នក​ដឹក​នាំ​មួយ​រូប​មក​សង្គ្រោះ​ជន​ជាតិ​អ៊ីស្រា‌អែល ពី​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​ស៊ីរី និង​ឲ្យ​ពួក​គេ​រស់​នៅ​ដោយ​សុខ‌សាន្ត​ក្នុង​ស្រុក​របស់​ខ្លួន​ដូច​កាល​ពី​មុន។  ប៉ុន្តែ ពួក​គេ​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​បាប ដែល​រាជ‌វង្ស​របស់​ព្រះ‌បាទ​យេរ៉ូ‌បោម​នាំ​ប្រជាជន​អ៊ីស្រា‌អែល​ឲ្យ​ប្រព្រឹត្ត​នោះ​ឡើយ។ ពួក​គេ​នៅ​តែ​ប្រព្រឹត្ត​អំពើ​បាប​នោះ​ត​ទៅ​ទៀត គឺ​សូម្បី​តែ​បង្គោល​របស់​ព្រះ​អាសេរ៉ា​ក៏​មាន​នៅ​ក្នុង​ក្រុង​សាម៉ារី​ដែរ។  កង‌ទ័ព​របស់​ព្រះ‌បាទ​យ៉ូអា‌ខាស​មាន​នៅ​សល់​ត្រឹម​តែ​ទ័ព‌សេះ​ហា‌សិប​នាក់ រទេះ​ចម្បាំង​ដប់ និង​កង‌ពល​ថ្មើរ​ជើង​មួយ‌ម៉ឺន​នាក់​ប៉ុណ្ណោះ ដ្បិត​ស្តេច​ស្រុក​ស៊ីរី​បាន​បំផ្លាញ​ស្ទើរ​តែ​ទាំង​អស់ ទុក​ទ័ព​ឲ្យ​នៅ​សេស‌សល់​បន្តិច‌បន្តួច ប្រៀប​ដូច​ជា​ធូលី​ដែល​គេ​ដើរ​ជាន់។  រាជ​កិច្ច​ផ្សេង​ទៀត​របស់​ព្រះ‌បាទ​យ៉ូអា‌ខាស និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ស្តេច​បាន​ធ្វើ ព្រម​ទាំង​វីរ‌ភាព​ដ៏​អង់‌អាច​របស់​ស្តេច សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្តេច​ស្រុក​អ៊ីស្រា‌អែល។  កាល​ស្តេច​សោយ‌ទិវង្គត គេ​យក​សព​ទៅ​បញ្ចុះ​នៅ​ក្រុង​សាម៉ារី ហើយ​ព្រះ‌បាទ​យ៉ូអាស ជា​បុត្រ ឡើង​ស្នង​រាជ្យ។
ព្រះ‌បាទ​យ៉ូអាស​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល
១០ នៅ​ឆ្នាំ​ទី​សាម‌សិប​ប្រាំ​ពីរ​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​យ៉ូអាស ជា​ស្តេច​ស្រុក​យូដា ព្រះ‌បាទ​យ៉ូអាស ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូអា‌ខាស បាន​ឡើង​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល នៅ​ក្រុង​សាម៉ារី ព្រះ‌អង្គ​សោយ‌រាជ្យ​បាន​ដប់​ប្រាំ​មួយ​ឆ្នាំ។ ១១ ស្តេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់ ដោយ​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​បាប​ដែល​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត នាំ​ប្រជាជន​អ៊ីស្រា‌អែល​ឲ្យ​ប្រព្រឹត្ត​នោះ​ទេ គឺ​ស្តេច​ប្រព្រឹត្ត​តាម​ផ្លូវ​អាក្រក់​ដូច​គេ​ដែរ។ ១២ រីឯ​រាជ​កិច្ច​ផ្សេង​ទៀត​របស់​ព្រះ‌បាទ​យ៉ូអាស និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អង្គ​បាន​ធ្វើ ព្រម​ទាំង​វីរ‌ភាព​ដ៏​អង់‌អាច​របស់​ស្តេច និង​សង្គ្រាម​ជា​មួយ​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​ស្តេច​ស្រុក​យូដា សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ស្រុក​អ៊ីស្រា‌អែល។ ១៣ កាល​ព្រះ‌បាទ​យ៉ូអាស​សោយ​ទិវង្គត គេ​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​នៃ​រាជ‌វង្ស​របស់​ស្តេច​ស្រុក​អ៊ីស្រា‌អែល​នៅ​ក្រុង​សាម៉ារី ហើយ​ព្រះ‌បាទ​យេរ៉ូ‌បោម​ឡើង​ស្នង​រាជ្យ។
ព្យាការី​អេលីសេ​ទទួល​មរណ‌ភាព
១៤ នៅ​គ្រា​នោះ លោក​អេលីសេ​មាន​ជំងឺ​ជា​ទម្ងន់ ហៀប​នឹង​ស្លាប់។ ព្រះ‌បាទ​យ៉ូអាស ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល យាង​មក​សួរ​សុខ​ទុក្ខ​លោក ស្តេច​យំ​សម្រក់​ទឹក​ភ្នែក​លើ​មុខ​លោក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «លោក​ឪពុក! លោក​ឪពុក​អើយ លោក​ប្រៀប​ដូច​ជា​រទេះ​ចម្បាំង និង​ទ័ព‌សេះ​របស់​អ៊ីស្រា‌អែល!»។ ១៥ លោក​អេលីសេ​ទូល​ព្រះ‌រាជា​ថា៖ «សូម​ព្រះ‌ករុណា​យក​ធ្នូ និង​ព្រួញ​មក!»។ ស្តេច​ក៏​យក​ធ្នូ និង​ព្រួញ​មក​កាន់។ ១៦ ព្យាការី​ទូល​ព្រះ‌រាជា​ថា៖ «សូម​ព្រះ‌ករុណា​លើក​ធ្នូ​ឡើង​យឹត​ទៅ!»។ ព្រះ‌រាជា​ក៏​លើក​ធ្នូ​ឡើង ហើយ​យឹត។ លោក​អេលីសេ​ដាក់​ដៃ​លើ​ព្រះ‌ហស្ដ​ស្តេច ១៧ រួច​ទូល​ថា៖ «សូម​ព្រះ‌ករុណា​បើក​បង្អួច​ដែល​បែរ​ទៅ​ទិស​ខាង​កើត!»។ ព្រះ‌បាទ​យ៉ូអាស​ក៏​បើក​បង្អួច​នោះ។ លោក​អេលីសេ​ទូល​ថា៖ «សូម​បាញ់​ទៅ!» ស្តេច​ក៏​បាញ់។ លោក​អេលីសេ​ទូល​ថា៖ «នេះ​ជា​ព្រួញ​ជ័យ‌ជម្នះ​មក​ពី​ព្រះ‌អម្ចាស់ គឺ​ព្រួញ​ជ័យ‌ជម្នះ​លើ​ជន​ជាតិ​ស៊ីរី។ ព្រះ‌ករុណា​នឹង​ប្រហារ​កង‌ទ័ព​ស៊ីរី​នៅ​ក្រុង​អាផេក រហូត​ដល់​ពួក​គេ​វិនាស​សូន្យ»។ ១៨ លោក​អេលីសេ​ទូល​ព្រះ‌រាជា​ទៀត​ថា៖ «សូម​យក​ព្រួញ​ទាំង​នោះ​មក!»។ ស្តេច​ក៏​យក​ព្រួញ​ទាំង​នោះ​មក​កាន់។ ព្យាការី​ទូល​ថា៖ «សូម​វាយ​លើ​ដី!» ស្តេច​វាយ​លើ​ដី​បី​ដង ហើយ​ឈប់។ ១៩ អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ក្រេវ‌ក្រោធ​នឹង​ព្រះ‌រាជា ហើយ​ទូល​ថា៖ «គួរ​តែ​វាយ​ឲ្យ​បាន​ប្រាំ ឬ​ប្រាំ​មួយ​ដង នោះ​ព្រះ‌ករុណា​ពិត​ជា​ច្បាំង​ឈ្នះ​ជន​ជាតិ​ស៊ីរី រហូត​ដល់​បំផ្លាញ​ពួក​គេ​ឲ្យ​វិនាស​សូន្យ។ ប៉ុន្តែ ឥឡូវ​នេះ ព្រះ‌ករុណា​វាយ​ពួក​គេ​ឈ្នះ​បាន​ត្រឹម​តែ​បី​ដង​ប៉ុណ្ណោះ»។
២០ បន្ទាប់​មក លោក​អេលីសេ​ទទួល​មរណ‌ភាព ហើយ​គេ​ក៏​យក​សព​លោក​ទៅ​បញ្ចុះ។
ជា​រៀង‌រាល់​ឆ្នាំ ទាហាន​ជន​ជាតិ​ម៉ូអាប់​តែង‌តែ​ចូល​មក​ទន្ទ្រាន​ក្នុង​ស្រុក។ ២១ ថ្ងៃ​មួយ អ្នក​ស្រុក​បាន​យក​សព​មនុស្ស​ម្នាក់​ទៅ​បញ្ចុះ ស្រាប់​តែ​ជួប​ប្រទះ​នឹង​ទាហាន​ជន​ជាតិ​ម៉ូអាប់ ពួក​គេ​ក៏​បោះ​សព​នោះ​ក្នុង​ផ្នូរ​របស់​ព្យាការី។ ពេល​សព​នោះ​ធ្លាក់​ទៅ​ប៉ះ​លើ​ធាតុ​របស់​លោក​អេលីសេ គេ​ក៏​រស់​ឡើង​វិញ ហើយ​ក្រោក​ឈរ។
២២ ក្នុង​រជ្ជ‌កាល​ព្រះ‌បាទ​យ៉ូអា‌ខាស ព្រះ‌បាទ​ហាសា‌អែល ជា​ស្តេច​ស្រុក​ស៊ីរី តែង‌តែ​ជិះ‌ជាន់​សង្កត់‌សង្កិន​ជន​ជាតិ​អ៊ីស្រា‌អែល​ជា‌និច្ច។ ២៣ ប៉ុន្តែ ព្រះ‌អម្ចាស់​ប្រណី​សន្ដោស​ដល់​កូន​ចៅ​អ៊ីស្រា‌អែល ព្រះ‌អង្គ​អាណិត‌អាសូរ និង​សម្ដែង​ព្រះ‌ហឫ‌ទ័យ​មេត្តា​ករុណា​ចំពោះ​ពួក​គេ ដោយ​យល់​ដល់​សម្ពន្ធ‌មេត្រី ដែល​ព្រះ‌អង្គ​បាន​ចង​ជា​មួយ​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប។ ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​បំផ្លាញ​ពួក​គេ​ទេ ហើយ​រហូត​ដល់​ពេល​នេះ ព្រះ‌អង្គ​ក៏​មិន​បោះ‌បង់​ចោល​ពួក​គេ​ឲ្យ​ទៅ​ឆ្ងាយ​ពី​ព្រះ‌អង្គ​ដែរ។
២៤ ព្រះ‌បាទ​ហាសា‌អែល ជា​ស្តេច​ស្រុក​ស៊ីរី សោយ​ទិវង្គត ហើយ​ព្រះ‌បាទ​បេន‌ហា‌ដាដ​ជា​បុត្រ​ឡើង​ស្នង​រាជ្យ។ ២៥ ព្រះ‌បាទ​យ៉ូអាស​ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូអា‌ខាស បាន​ដណ្ដើម​ក្រុង​ទាំង​ប៉ុន្មាន​របស់​អ៊ីស្រា‌អែល​ពី​ព្រះ‌បាទ​បេន‌ហា‌ដាដ ជា​បុត្រ​របស់​ព្រះ‌បាទ​ហាសា‌អែល យក​មក​វិញ គឺ​ក្រុង​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌បាទ​ហាសា‌អែល​បាន​វាយ​ដណ្ដើម​យក​ពី​ព្រះ‌បាទ​យ៉ូអា‌ខាស ជា​បិតា ក្នុង​ពេល​ធ្វើ​សង្គ្រាម។ ព្រះ‌បាទ​យ៉ូអាស​វាយ​ព្រះ‌បាទ​បេន‌ហា‌ដាដ​បី​លើក រួច​ដណ្ដើម​យក​ទី‌ក្រុង​ទាំង​ប៉ុន្មាន​របស់​អ៊ីស្រា‌អែល​មក​វិញ។
១៤
ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​សោយ​រាជ្យ​លើ​ស្រុក​យូដា
(២​របា‌ក្សត្រ ២៥.១-៤, ១១-១២, ១៧-២៨, ២៦.១-២)
 នៅ​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​យ៉ូអាស ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូអា‌ខាស ស្តេច​ស្រុក​អ៊ីស្រា‌អែល ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូអាស ឡើង​សោយ​រាជ្យ​លើ​ស្រុក​យូដា។  ពេល​ឡើង​សោយ​រាជ្យ ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​ម្ភៃ​ប្រាំ​វស្សា ហើយ​សោយ​រាជ្យ​បាន​ម្ភៃ​ប្រាំ​បួន​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​មាន​នាម​ថា យ៉ូអា‌ដាន ជា​អ្នក​ក្រុង​យេរូ‌សាឡឹម។  ស្តេច​ប្រព្រឹត្ត​អំពើ​សុចរិត ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់ តែ​ពុំ​បាន​ដូច​ព្រះ‌បាទ​ដាវីឌ ជា​អយ្យ‌កោ​ឡើយ ស្តេច​បាន​ប្រព្រឹត្ត​អំពើ​គ្រប់​យ៉ាង ដូច​ព្រះ‌បាទ​យ៉ូអាស​ជា​បិតា​ដែរ។  ប៉ុន្តែ ស្តេច​មិន​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​ទេ។ ប្រជាជន​នៅ​តែ​ថ្វាយ​យញ្ញ‌បូជា និង​ដុត​គ្រឿង​ក្រអូប​តាម​ទួល​ខ្ពស់ៗ​ដដែល។
 ក្រោយ​ពី​ឡើង​គ្រង​រាជ្យ និង​ពង្រឹង​អំណាច​ហើយ ស្ដេច​ប្រហារ​ជីវិត​ពួក​មេ‌ទ័ព​ដែល​បាន​ធ្វើ​គុត​ព្រះ‌បាទ​យ៉ូអាស ជា​បិតា។  ប៉ុន្តែ ស្ដេច​ពុំ​បាន​ប្រហារ​ជីវិត​កូន​ចៅ​របស់​ពួក​ឃាតក​ទេ ដោយ​គោរព​តាម​ព្រះ‌បន្ទូល​ដែល​មាន​ចែង​ទុក ក្នុង​គម្ពីរ‌វិន័យ​របស់​លោក​ម៉ូសេ គឺ​ព្រះ‌អម្ចាស់​បាន​បង្គាប់​ថា «មិន​ត្រូវ​ប្រហារ​ជីវិត​ឪពុក ព្រោះ​តែ​ទោស​របស់​កូន ហើយ​ក៏​មិន​ត្រូវ​ប្រហារ​ជីវិត​កូន ព្រោះ​តែ​ទោស​របស់​ឪពុក​ដែរ គឺ​ត្រូវ​ប្រហារ​ជីវិត​មនុស្ស​ម្នាក់ៗ តាម​អំពើ​បាប​ដែល​ខ្លួន​ប្រព្រឹត្ត»។
 ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​បាន​ប្រហារ​កង‌ទ័ព​អេដុម​មួយ‌ម៉ឺន​នាក់​នៅ​ជ្រលង​ភ្នំ​អំបិល ហើយ​នៅ​ពេល​ច្បាំង​គ្នា​នោះ ស្តេច​ដណ្ដើម​យក​បាន​ក្រុង​សេឡា ដែល​ស្តេច​ដាក់​ឈ្មោះ​ថា​ក្រុង​យុគ‌តេ‌អែល គឺ​ឈ្មោះ​ដែល​មាន​រហូត​ដល់​សព្វ​ថ្ងៃ។  គ្រា​នោះ ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ទូល​ព្រះ‌បាទ​យ៉ូអាស ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូអា‌ខាស និង​ជា​ចៅ​របស់​ព្រះ‌បាទ​យេហ៊ូ​ថា៖ «ចូរ​ចេញ​មក យើង​ប្រយុទ្ធ​ត‌ទល់​គ្នា»។  ព្រះ‌បាទ​យ៉ូអាស ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល ចាត់​មនុស្ស​ឲ្យ​មក​ទូល​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​ស្តេច​ស្រុក​យូដា​វិញ​ថា៖ «គ្រា​មួយ​នោះ គុម្ព​បន្លា​ដែល​ដុះ​នៅ​ភ្នំ​លីបង់ ចាត់​គេ​ឲ្យ​ទៅ​ប្រាប់​ដើម​តាត្រៅ​នៅ​ភ្នំ​លីបង់​ថា “ចូរ​លើក​កូន​ស្រី​របស់​អ្នក ឲ្យ​មក​ធ្វើ​ជា​ប្រពន្ធ​របស់​កូន​ប្រុស​យើង”។ ប៉ុន្តែ មាន​សត្វ​ព្រៃ​ដើរ​កាត់​តាម​នោះ ហើយ​ជាន់​គុម្ព​បន្លា​ខ្ទេច‌ខ្ទី​អស់។ ១០ ព្រះ‌ករុណា​វាយ​ឈ្នះ​ជន​ជាតិ​អេដុម​មែន ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ករុណា​មាន​មោទន‌ភាព។ ចូរ​អបអរ​សាទរ​នឹង​ជ័យ‌ជម្នះ រួច​គង់​ក្នុង​ដំណាក់​ទៅ! ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​ចង់​ធ្វើ​សង្គ្រាម ដែល​បង្ក​ឲ្យ​វេទនា​ដូច្នេះ? ព្រះ‌ករុណា និង​ប្រជាជន​យូដា​មុខ​ជា​បរា‌ជ័យ​មិន​ខាន»។ ១១ ប៉ុន្តែ ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​ពុំ​ព្រម​ស្ដាប់​តាម​សេចក្ដី​ព្រមាន​នេះ​ទេ។ ពេល​នោះ ព្រះ‌បាទ​យ៉ូអាស ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល ក៏​ឡើង​មក​ប្រយុទ្ធ​ត‌ទល់​នឹង​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​ស្តេច​ស្រុក​យូដា នៅ​ក្រុង​បេត‌សេ‌មេស ជា​ក្រុង​របស់​យូដា។ ១២ កង‌ទ័ព​អ៊ីស្រា‌អែល​វាយ​ឈ្នះ​កង‌ទ័ព​យូដា ហើយ​ពល‌ទាហាន​យូដា​បាក់​ទ័ព រត់​មក​កាន់​ទី​លំ‌នៅ​រៀងៗ​ខ្លួន​វិញ។ ១៣ ព្រះ‌បាទ​យ៉ូអាស ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល ចាប់​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូអាស និង​ជា​ចៅ​របស់​ព្រះ‌បាទ​អហា‌ស៊ីយ៉ា ធ្វើ​ជា​ឈ្លើយ នៅ​បេត‌សេ‌មេស។ បន្ទាប់​មក ព្រះ‌បាទ​យ៉ូអាស​យាង​ទៅ​ក្រុង​យេរូ‌សាឡឹម ហើយ​វាយ​បំបែក​កំពែង​ក្រុង ចាប់​តាំង​ពី​ទ្វារ​អេប្រា‌អ៊ីម​រហូត​ដល់​ទ្វារ​នៅ​ជ្រុង​កំពែង ដែល​មាន​ប្រវែង​បួន‌រយ​ហត្ថ។ ១៤ ស្តេច​ប្រមូល​យក​មាស​ប្រាក់ និង​វត្ថុ​មាន​តម្លៃ​ទាំង​ប៉ុន្មាន នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​ក្នុង​ឃ្លាំង​ព្រះ‌រាជ‌ទ្រព្យ ព្រម​ទាំង​នាំ​ចំណាប់​ខ្មាំង​វិល​ត្រឡប់​ទៅ​ក្រុង​សាម៉ារី​វិញ។
១៥ រាជ​កិច្ច​ផ្សេង​ទៀត​របស់​ព្រះ‌បាទ​យ៉ូអាស និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ស្តេច​បាន​ធ្វើ ព្រម​ទាំង​វីរ‌ភាព​ដ៏​អង់‌អាច​របស់​ស្តេច និង​សង្គ្រាម​ជា​មួយ​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ស្តេច​ស្រុក​យូដា សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ស្រុក​អ៊ីស្រា‌អែល។ ១៦ កាល​ព្រះ‌បាទ​យ៉ូអាស​សោយ​ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ នៃ​រាជ‌វង្ស​របស់​ស្តេច​ស្រុក​អ៊ីស្រា‌អែល នៅ​ក្រុង​សាម៉ារី ហើយ​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​បុត្រ ក៏​ឡើង​ស្នង​រាជ្យ។
១៧ ក្រោយ​ពី​ព្រះ‌បាទ​យ៉ូអាស ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូអា‌ខាស ស្តេច​ស្រុក​អ៊ីស្រា‌អែល សោយ​ទិវង្គត ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូអាស ស្តេច​ស្រុក​យូដា មាន​ព្រះ‌ជន្ម​គង់​នៅ​បាន​ដប់​ប្រាំ​វស្សា​ទៀត។ ១៨ រាជ​កិច្ច​ផ្សេងៗ​របស់​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្តេច​ស្រុក​យូដា។ ១៩ នៅ​ក្រុង​យេរូ‌សាឡឹម មាន​មនុស្ស​ឃុប‌ឃិត​គ្នា​ក្បត់​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ដូច្នេះ ស្តេច​ក៏​ភៀស​ខ្លួន​ទៅ​ឯ​ក្រុង​ឡាគីស តែ​ពួក​គេ​ចាត់​មនុស្ស​ឲ្យ​ដេញ​តាម​ព្រះ‌រាជា រហូត​ដល់​ក្រុង​ឡាគីស​ទៀត ហើយ​ធ្វើ​គុត​ស្តេច​នៅ​ទី​នោះ។ ២០ គេ​យក​សព​របស់​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​ដាក់​លើ​ខ្នង​សេះ នាំ​មក​បញ្ចុះ​នៅ​ក្រុង​យេរូ‌សាឡឹម ក្នុង​ផ្នូរ​នៃ​រាជ‌វង្ស នៅ​បុរី​ព្រះ‌បាទ​ដាវីឌ។ ២១ ប្រជាជន​នៅ​ស្រុក​យូដា​ទាំង​មូល​នាំ​គ្នា​លើក​ព្រះ‌បាទ​អសា‌រីយ៉ា ដែល​មាន​ព្រះ‌ជន្ម​ដប់​ប្រាំ​មួយ​វស្សា ឲ្យ​ឡើង​គ្រង​រាជ្យ ត​ពី​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​បិតា។ ២២ ក្រោយ​ពេល​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​សោយ​ទិវង្គត ព្រះ‌បាទ​អសា‌រីយ៉ា​សង់​ក្រុង​អេឡាត​ឡើង​វិញ ហើយ​ដាក់​ឲ្យ​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ស្រុក​យូដា។
ព្រះ‌បាទ​យេរ៉ូ‌បោម​ទី​២​សោយ​រាជ្យ​នៅ​ស្រុក​អ៊ីស្រា‌អែល
២៣ នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូអាស ស្តេច​ស្រុក​យូដា ព្រះ‌បាទ​យេរ៉ូ‌បោម ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូអាស ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល ឡើង​សោយ​រាជ្យ​នៅ​ក្រុង​សាម៉ារី ព្រះ‌អង្គ​សោយ​រាជ្យ​បាន​សែ‌សិប​មួយ​ឆ្នាំ។ ២៤ ស្តេច​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់ ដោយ​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​បាប ដែល​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត នាំ​ប្រជាជន​អ៊ីស្រា‌អែល​ឲ្យ​ប្រព្រឹត្ត​នោះ​ឡើយ។ ២៥ ព្រះ‌បាទ​យេរ៉ូ‌បោម​បាន​កំណត់​ព្រំ‌ប្រទល់​ទឹក​ដី​របស់​អ៊ីស្រា‌អែល​ឡើង​វិញ ចាប់​តាំង​ពី​ច្រក​ចូល​ហាម៉ាត់ រហូត​ដល់​សមុទ្រ​អារ៉ាបា ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល ថ្លែង​តាម‌រយៈ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ គឺ​ព្យាការី​យ៉ូណាស ជា​កូន​របស់​លោក​អមីតៃ ជា​អ្នក​ស្រុក​កាថ-‌ហេភែរ។ ២៦ ព្រះ‌អម្ចាស់​ទត​ឃើញ​អ៊ីស្រា‌អែល​រង​នូវ​ភាព​អាម៉ាស់​យ៉ាង​ធ្ងន់‌ធ្ងរ គឺ​ទាំង​អ្នក​ជា ទាំង​អ្នក​ងារ ហើយ​គ្មាន​នរណា​ម្នាក់​សង្គ្រោះ​ពួក​គេ​ឡើយ។ ២៧ ព្រះ‌អម្ចាស់​ពុំ​សព្វ​ព្រះ‌ហឫ‌ទ័យ​លុប​ឈ្មោះ​អ៊ីស្រា‌អែល​ឲ្យ​បាត់​ពី​ផែន‌ដី​ទេ។ ដូច្នេះ ព្រះ‌អង្គ​សង្គ្រោះ​ប្រជាជន​នេះ តាម‌រយៈ​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូអាស។
២៨ រាជ​កិច្ច​ផ្សេង​ទៀត​របស់​ព្រះ‌បាទ​យេរ៉ូ‌បោម និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ស្តេច​បាន​ធ្វើ ព្រម​ទាំង​វីរ‌ភាព​ដ៏​អង់‌អាច​ក្នុង​ការ​ធ្វើ​សឹក​សង្គ្រាម ការ​វាយ​ដណ្ដើម​យក​ក្រុង​ដាម៉ាស និង​ក្រុង​ហាម៉ាត់​ពី​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​យូដា មក​ដាក់​ក្រោម​ការ​គ្រប់‌គ្រង​របស់​ស្រុក​អ៊ីស្រា‌អែល សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្តេច​ស្រុក​អ៊ីស្រា‌អែល។ ២៩ ព្រះ‌បាទ​យេរ៉ូ‌បោម​សោយ​ទិវង្គត ហើយ​គេ​បញ្ចុះ​សព​នៅ​ក្នុង​ផ្នូរ​របស់​ស្តេច​ស្រុក​អ៊ីស្រា‌អែល។ ព្រះ‌បាទ​សាការី ជា​បុត្រ ឡើង​ស្នង​រាជ្យ។
១៥
ព្រះ‌បាទ​អសា‌រីយ៉ា​សោយ​រាជ្យ​លើ​ស្រុក​យូដា
(២​របា‌ក្សត្រ ២៦.៣-៤, ២១-២៣)
 នៅ​ឆ្នាំ​ទី​ម្ភៃ​ប្រាំ​ពីរ​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល ព្រះ‌បាទ​អសា‌រីយ៉ា ជា​បុត្រ​របស់​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា បាន​ឡើង​សោយ‌រាជ្យ​លើ​ស្រុក​យូដា  ក្នុង​ព្រះ‌ជន្មាយុ​ដប់​ប្រាំ​មួយ​វស្សា ស្ដេច​សោយ​រាជ្យ​បាន​ហា‌សិប​ពីរ​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្តេច​មាន​នាម​ថា យេកូ‌លីយ៉ា ជា​អ្នក​ក្រុង​យេរូ‌សាឡឹម។  ស្តេច​បាន​ប្រព្រឹត្ត​អំពើ​សុចរិត​គ្រប់​យ៉ាង ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់ ដូច​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​បិតា​ដែរ។  ប៉ុន្តែ ស្តេច​មិន​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​ទេ ប្រជាជន​នៅ​តែ​ថ្វាយ​យញ្ញ‌បូជា និង​ដុត​គ្រឿង​ក្រអូប​តាម​ទួល​ខ្ពស់ៗ​ដដែល។  ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​ព្រះ‌បាទ​អសា‌រីយ៉ា​កើត​ឃ្លង់ រហូត​ដល់​ថ្ងៃ​ដែល​ស្តេច​អស់​ព្រះ‌ជន្ម។ ស្តេច​ត្រូវ​គង់​ក្នុង​ដំណាក់​មួយ​ដាច់​ឡែក​ពី​គេ។ សម្តេច​យ៉ូថាម ជា​បុត្រ មាន​ភារ‌កិច្ច​មើល​ខុស​ត្រូវ​កិច្ច‌ការ​ក្នុង​វាំង និង​ទទួល​បន្ទុក​គ្រប់‌គ្រង​ប្រជាជន​នៅ​ក្នុង​ស្រុក។
 រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​អសា‌រីយ៉ា និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ស្ដេច​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្តេច​ស្រុក​យូដា។  ព្រះ‌បាទ​អសា‌រីយ៉ា​សោយ​ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​នៃ​រាជ‌វង្ស នៅ​បុរី​ព្រះ‌បាទ​ដាវីឌ ហើយ​ព្រះ‌បាទ​យ៉ូថាម ជា​បុត្រ ឡើង​ស្នង​រាជ្យ។
ព្រះ‌បាទ​សាការី​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល
 នៅ​ឆ្នាំ​ទី​សាម‌សិប​ប្រាំ‌បី​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​អសា‌រីយ៉ា ជា​ស្តេច​ស្រុក​យូដា ព្រះ‌បាទ​សាការី ជា​បុត្រ​របស់​ព្រះ‌បាទ​យេរ៉ូ‌បោម ឡើង​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល ស្ដេច​សោយ‌រាជ្យ​បាន​ប្រាំ​មួយ​ខែ​នៅ​ក្រុង​សាម៉ារី។  ស្តេច​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់ ដូច​ពួក​អយ្យ‌កោ​ដែរ គឺ​ស្តេច​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​បាប​ដែល​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត នាំ​ប្រជាជន​អ៊ីស្រា‌អែល​ឲ្យ​ប្រព្រឹត្ត​នោះ​ឡើយ។ ១០ គ្រា​នោះ លោក​សាលូម ជា​កូន​របស់​លោក​យ៉ាបេស បាន​ក្បត់​ស្តេច ហើយ​ធ្វើ​គុត​ស្តេច​នៅ​ចំពោះ​មុខ​ប្រជាជន រួច​ឡើង​សោយ​រាជ្យ​ជំនួស។
១១ រាជ​កិច្ច​ផ្សេងៗ​របស់​ព្រះ‌បាទ​សាការី សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្តេច​ស្រុក​អ៊ីស្រា‌អែល។ ១២ ហេតុ‌ការណ៍​នេះ​កើត​មាន ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ថ្លែង​មក​កាន់​ព្រះ‌បាទ​យេហ៊ូ​ថា៖ «កូន​ចៅ​របស់​អ្នក​នឹង​គ្រង​រាជ្យ​លើ​ជន​ជាតិ​អ៊ីស្រា‌អែល​បាន​បួន​តំណ»។
ព្រះ‌បាទ​សាលូម​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល
១៣ ព្រះ‌បាទ​សាលូម ជា​កូន​របស់​លោក​យ៉ាបេស ឡើង​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល នៅ​ឆ្នាំ​ទី​សាម‌សិប​ប្រាំ‌បួន នៃ​រជ្ជ‌កាល​ព្រះ‌បាទ​អសា‌រីយ៉ា ជា​ស្តេច​ស្រុក​យូដា ព្រះ‌អង្គ​សោយ​រាជ្យ​បាន​មួយ​ខែ នៅ​ក្រុង​សាម៉ារី។ ១៤ លោក​មេណា‌ហិម ជា​កូន​របស់​លោក​កាឌី បាន​ឡើង​ពី​ក្រុង​ទៀរសា​មក​ក្រុង​សាម៉ារី ធ្វើ​គុត​ព្រះ‌បាទ​សាលូម ជា​បុត្រ​របស់​លោក​យ៉ាបេស ហើយ​ក៏​ឡើង​សោយ​រាជ្យ​ជំនួស។ ១៥ រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​សាលូម និង​គម្រោង‌ការ​ក្បត់ ដែល​ស្តេច​រៀប‌ចំ​ប្រឆាំង​នឹង​ព្រះ‌បាទ​សាការី សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្តេច​ស្រុក​អ៊ីស្រា‌អែល។
១៦ គ្រា​នោះ ព្រះ‌បាទ​មេណា‌ហិម​បាន​វាយ​យក​ក្រុង​ធីបសា និង​សម្លាប់​រង្គាល​អ្នក​ក្រុង​នោះ ព្រម​ទាំង​អ្នក​ស្រុក​ដែល​រស់​នៅ​តំបន់​ជុំ‌វិញ ចាប់​តាំង​ពី​ក្រុង​ទៀរសា​រហូត​មក។ ស្តេច​វាយ​ប្រហារ​ក្រុង​នេះ ព្រោះ​គេ​មិន​បើក​ទ្វារ​ក្រុង​ទទួល​ស្តេច។ ស្តេច​បាន​វះ​ពោះ​ស្ត្រី​ទាំង​អស់​ដែល​មាន​គភ៌ នៅ​ក្នុង​ក្រុង​នោះ​ចោល​ផង។
ព្រះ‌បាទ​មេណា‌ហិម​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល
១៧ នៅ​អំឡុង​ឆ្នាំ​ទី​សាម‌សិប​ប្រាំ​បួន​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​អសា‌រីយ៉ា ជា​ស្តេច​ស្រុក​យូដា ព្រះ‌បាទ​មេណា‌ហិម ជា​កូន​របស់​លោក​កាឌី ឡើង​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល ព្រះ‌អង្គ​សោយ​រាជ្យ​បាន​ដប់​ឆ្នាំ នៅ​ក្រុង​សាម៉ារី។ ១៨ ស្តេច​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់។ ក្នុង​អំឡុង​ពេល​សោយ​រាជ្យ​នោះ ស្តេច​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​បាប ដែល​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត នាំ​ប្រជាជន​អ៊ីស្រា‌អែល​ឲ្យ​ប្រព្រឹត្ត​នោះ​ឡើយ។ ១៩ គ្រា​នោះ ព្រះ‌ចៅ​ពូល ជា​ស្តេច​ស្រុក​អាស្ស៊ីរី បាន​វាយ​លុក​ចូល​ស្រុក​អ៊ីស្រា‌អែល តែ​ព្រះ‌បាទ​មេណា‌ហិម យក​ប្រាក់​មួយ​ពាន់​ហាប​ថ្វាយ​ព្រះ‌ចៅ​ពូល សូម​ឲ្យ​ស្តេច​នោះ​ជួយ​ពង្រឹង​អំណាច​របស់​ខ្លួន។ ២០ ព្រះ‌បាទ​មេណា‌ហិម​ទារ​ពន្ធ​ពី​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ដែល​ជា​អ្នក​មាន​ទ្រព្យ‌សម្បត្តិ គឺ​ម្នាក់ៗ​ត្រូវ​បង់​ពន្ធ​ហា‌សិប​ណែន ដើម្បី​ឲ្យ​បាន​ប្រាក់​យក​ទៅ​ថ្វាយ​ស្តេច​ស្រុក​អាស្ស៊ីរី។ ដូច្នេះ ស្តេច​អាស្ស៊ីរី​ក៏​ចាក‌ចេញ​ពី​ស្រុក​អ៊ីស្រា‌អែល វិល​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន​វិញ។
២១ រីឯ​រាជ​កិច្ច​ផ្សេងៗ​របស់​ព្រះ‌បាទ​មេណា‌ហិម និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អង្គ​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្តេច​ស្រុក​អ៊ីស្រា‌អែល។ ២២ កាល​ព្រះ‌បាទ​មេណា‌ហិម​សោយ​ទិវង្គត ព្រះ‌បាទ​ពេកាយ៉ា ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។
ព្រះ‌បាទ​ពេកាយ៉ា​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល
២៣ នៅ​ឆ្នាំ​ទី​ហា‌សិប​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​អសា‌រីយ៉ា ស្តេច​ស្រុក​យូដា ព្រះ‌បាទ​ពេកាយ៉ា ជា​បុត្រ​របស់​ព្រះ‌បាទ​មេណា‌ហិម បាន​ឡើង​សោយ​រាជ្យ នៅ​ស្រុក​អ៊ីស្រា‌អែល។ ស្តេច​សោយ​រាជ្យ​បាន​ពីរ​ឆ្នាំ នៅ​ក្រុង​សាម៉ារី។ ២៤ ស្តេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់ គឺ​ស្ដេច​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​បាប ដែល​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត នាំ​ប្រជាជន​អ៊ីស្រា‌អែល​ឲ្យ​ប្រព្រឹត្ត​នោះ​ឡើយ។ ២៥ លោក​ពេកា​ជា​កូន​របស់​លោក​រេម៉ា‌លីយ៉ា ហើយ​ជា​អង្គ​រក្ស​របស់​ស្តេច បាន​ឃុប‌ឃិត​ជា​មួយ​លោក​អេកុប និង​លោក​អើរីយេ​ធ្វើ​គុត​ស្តេច ក្នុង​ដំណាក់​មួយ​នៃ​រាជ‌វាំង នៅ​ក្រុង​សាម៉ារី។ ពេល​នោះ លោក​មាន​ពល‌ទាហាន​ហា‌សិប​នាក់ ជា​អ្នក​ស្រុក​កាឡាដ​ចូល​រួម​ជា​មួយ​ដែរ។ លោក​បាន​ធ្វើ​គុត​ព្រះ‌បាទ​ពេកាយ៉ា ហើយ​ឡើង​សោយ​រាជ្យ​ជំនួស។
២៦ រីឯ​រាជ​កិច្ច​ផ្សេងៗ​របស់​ព្រះ‌បាទ​ពេកាយ៉ា និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អង្គ​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្តេច​ស្រុក​អ៊ីស្រា‌អែល។
ព្រះ‌បាទ​ពេកា​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល
២៧ នៅ​ឆ្នាំ​ទី​ហា‌សិប​ពីរ​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​អសា‌រីយ៉ា ជា​ស្តេច​យូដា ព្រះ‌បាទ​ពេកា ជា​កូន​របស់​លោក​រេម៉ា‌លីយ៉ា​បាន​ឡើង​សោយ​រាជ្យ នៅ​ស្រុក​អ៊ីស្រា‌អែល ព្រះ‌អង្គ​សោយ​រាជ្យ​បាន​ម្ភៃ​ឆ្នាំ នៅ​ក្រុង​សាម៉ារី។ ២៨ ស្តេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់ គឺ​ស្ដេច​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​បាប ដែល​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត នាំ​ប្រជាជន​អ៊ីស្រា‌អែល​ឲ្យ​ប្រព្រឹត្ត​នោះ​ឡើយ។ ២៩ ក្នុង​រជ្ជ‌កាល​ព្រះ‌បាទ​ពេកា ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល ព្រះ‌ចៅ​ទីក‌ឡាត-‌ពីលេ‌ស៊ែរ ជា​ស្តេច​ស្រុក​អាស្ស៊ីរី បាន​វាយ​ដណ្ដើម​យក​ទី‌ក្រុង​អ៊ីយ៉ូន ក្រុង​អបិល-‌បេត-‌ម៉ាកា ក្រុង​យ៉ាណូអា ក្រុង​កាដេស ក្រុង​ហាស៊រ ស្រុក​កាឡាដ ស្រុក​កាលីឡេ និង​ស្រុក​ណែប‌ថា‌លី​ទាំង​មូល ព្រម​ទាំង​កៀរ​អ្នក​ស្រុក​នោះ​យក​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​អាស្ស៊ីរី។ ៣០ លោក​ហូសេ ជា​កូន​របស់​លោក​អេឡា បាន​ឃុប‌ឃិត​ក្បត់​នឹង​ព្រះ‌បាទ​ពេកា ជា​កូន​របស់​លោក​រេម៉ា‌លីយ៉ា លោក​ធ្វើ​គុត​ស្តេច ហើយ​ឡើង​សោយ‌រាជ្យ​ជំនួស នៅ​ឆ្នាំ​ទី​ម្ភៃ​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​យ៉ូថាម ជា​បុត្រ​របស់​ព្រះ‌បាទ​អសា‌រីយ៉ា ស្តេច​ស្រុក​យូដា។ ៣១ រីឯ​រាជ​កិច្ច​ផ្សេងៗ​របស់​ព្រះ‌បាទ​ពេកា និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អង្គ​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្តេច​ស្រុក​អ៊ីស្រា‌អែល។
ព្រះ‌បាទ​យ៉ូថាម​សោយ​រាជ្យ​លើ​ស្រុក​យូដា
(២​របា‌ក្សត្រ ២៧.១-៣, ៧-៩)
៣២ នៅ​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​ពេកា ជា​កូន​របស់​លោក​រេម៉ា‌លីយ៉ា ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល ព្រះ‌បាទ​យ៉ូថាម ជា​បុត្រ​របស់​ព្រះ‌បាទ​អសា‌រីយ៉ា ឡើង​សោយ​រាជ្យ​លើ​ស្រុក​យូដា។ ៣៣ កាល​ព្រះ‌បាទ​យ៉ូថាម​ឡើង​សោយ​រាជ្យ ព្រះ‌អង្គ​មាន​ព្រះ‌ជន្មាយុ​ម្ភៃ​ប្រាំ​វស្សា ហើយ​សោយ​រាជ្យ​បាន​ដប់​ប្រាំ​មួយ​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្តេច​មាន​នាម​ថា យេរូសា ជា​កូន​របស់​លោក​សាដុក។ ៣៤ ស្តេច​ប្រព្រឹត្ត​អំពើ​សុចរិត​គ្រប់​យ៉ាង ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់ ដូច​ព្រះ‌បាទ​អូស្យ៉ាស​ជា​បិតា​ដែរ។ ៣៥ ប៉ុន្តែ ស្តេច​មិន​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​ទេ។ ប្រជាជន​នៅ​តែ​ថ្វាយ‌យញ្ញ‌បូជា និង​ដុត​គ្រឿង​ក្រអូប តាម​ទួល​ខ្ពស់ៗ​ដដែល។ ព្រះ‌បាទ​យ៉ូថាម​បាន​សង់​ទ្វារ​ខាង​លើ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់៣៦ រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​យ៉ូថាម និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អង្គ​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ស្រុក​យូដា។
៣៧ នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​បាន​ចាប់​ផ្តើម​ចាត់​ព្រះ‌បាទ​រេស៊ីន ជា​ស្តេច​ស្រុក​ស៊ីរី និង​ព្រះ‌បាទ​ពេកា​ជា​កូន​របស់​លោក​រេម៉ា‌លីយ៉ា ឲ្យ​មក​លុក‌លុយ​ស្រុក​យូដា។ ៣៨ ព្រះ‌បាទ​យ៉ូថាម​សោយ​ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​នៃ​រាជ‌វង្ស នៅ​បុរី​ព្រះ‌បាទ​ដាវីឌ ហើយ​ព្រះ‌បាទ​អខាស ជា​បុត្រ ឡើង​ស្នង​រាជ្យ។
១៦
ព្រះ‌បាទ​អខាស​សោយ​រាជ្យ​លើ​ស្រុក​យូដា
(២​របា‌ក្សត្រ ២៨.១-២៧)
 នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​ពីរ​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​ពេកា ជា​កូន​របស់​លោក​រេម៉ា‌លីយ៉ា ស្តេច​ស្រុក​អ៊ីស្រា‌អែល ព្រះ‌បាទ​អខាស ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូថាម ឡើង​សោយ​រាជ្យ​លើ​ស្រុក​យូដា។  កាល​ព្រះ‌បាទ​អខាស​ឡើង​សោយ‌រាជ្យ ព្រះ‌អង្គ​មាន​ព្រះ‌ជន្មាយុ​ម្ភៃ​វស្សា ហើយ​សោយ​រាជ្យ​បាន​ដប់​ប្រាំ​មួយ​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម។ ស្តេច​ពុំ​បាន​ប្រព្រឹត្ត​អំពើ​សុចរិត ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ស្តេច ដូច​ព្រះ‌បាទ​ដាវីឌ​ជា​អយ្យ‌កោ​ឡើយ  ប៉ុន្តែ ស្តេច​ដើរ​តាម​ផ្លូវ​របស់​ស្តេច​នានា​នៅ​ស្រុក​អ៊ីស្រា‌អែល គឺ​ស្តេច​ហ៊ាន​រហូត​ដល់​យក​បុត្រ​ទៅ​បូជា​យញ្ញ តាម​ទំនៀម‌ទម្លាប់​គួរ​ស្អប់​ខ្ពើម​របស់​ប្រជា‌ជាតិ​ទាំង‌ឡាយ ដែល​ព្រះ‌អម្ចាស់​បាន​បណ្តេញ​ចេញ​ពី​មុខ​កូន​ចៅ​អ៊ីស្រា‌អែល។  ស្តេច​បាន​ធ្វើ​យញ្ញ‌បូជា និង​ដុត​គ្រឿង​ក្រអូប​នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ នៅ​តាម​ភ្នំ និង​នៅ​ក្រោម​ដើម​ឈើ​ដែល​មាន​ស្លឹក​ខៀវ​ខ្ចី​ផង។
 ពេល​នោះ ព្រះ‌បាទ​រេស៊ីន ជា​ស្តេច​ស្រុក​ស៊ីរី និង​ព្រះ‌បាទ​ពេកា ជា​កូន​របស់​លោក​រេម៉ា‌លីយ៉ា ស្តេច​ស្រុក​អ៊ីស្រា‌អែល នាំ​គ្នា​ឡើង​មក​វាយ​លុក​ក្រុង​យេរូ‌សាឡឹម។ ពួក​គេ​ឡោម‌ព័ទ្ធ​ព្រះ‌បាទ​អខាស តែ​មិន​អាច​យក​ជ័យ‌ជម្នះ​ទេ។  នៅ​គ្រា​ដដែល​នោះ ព្រះ‌បាទ​រេស៊ីន ជា​ស្តេច​ស្រុក​ស៊ីរី ដណ្ដើម​យក​ក្រុង​អេឡាត​បាន​វិញ រួច​បណ្តេញ​ជន​ជាតិ​យូដា​ចេញ​ពី​ក្រុង​នោះ។ ជន​ជាតិ​អេដុម​ក៏​វិល​មក​តាំង​ទី​លំ‌នៅ​ក្នុង​ក្រុង​អេឡាត រហូត​ដល់​សព្វ​ថ្ងៃ។  ព្រះ‌បាទ​អខាស​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ទូល​ព្រះ‌ចៅ​ទីក‌ឡាត-‌ពីលេ‌ស៊ែរ ជា​ស្តេច​ស្រុក​អាស្ស៊ីរី​ថា៖ «ទូល‌បង្គំ​ជា​អ្នក​បម្រើ និង​ជា​កូន​ចៅ​របស់​ព្រះ‌ករុណា សូម​ព្រះ‌ករុណា​យាង​មក​រំដោះ​ទូល‌បង្គំ ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ស្តេច​ស្រុក​ស៊ីរី និង​ស្តេច​ស្រុក​អ៊ីស្រា‌អែល ដែល​លើក​គ្នា​មក​វាយ​ទូល‌បង្គំ​ផង»។  ព្រះ‌បាទ​អខាស​យក​មាស ប្រាក់​ដែល​មាន​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​នៅ​ក្នុង​ឃ្លាំង​រាជ‌ទ្រព្យ ផ្ញើ​ទៅ​ថ្វាយ​ស្តេច​ស្រុក​អាស្ស៊ីរី។  ស្តេច​ស្រុក​អាស្ស៊ីរី​យល់​ព្រម​តាម​សំណើ​របស់​ព្រះ‌បាទ​អខាស។ ស្តេច​យាង​ទៅ​វាយ​ក្រុង​ដាម៉ាស ដណ្ដើម​យក​បាន​ក្រុង​នោះ រួច​កៀរ​អ្នក​ក្រុង​នោះ​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​គៀរ ព្រម​ទាំង​ធ្វើ​គុត​ព្រះ‌បាទ​រេស៊ីន​ទៀត​ផង។
១០ ព្រះ‌បាទ​អខាស​យាង​ទៅ​គាល់​ព្រះ‌ចៅ​ទីក‌ឡាត-‌ពីលេ‌ស៊ែរ ជា​ស្តេច​ស្រុក​អាស្ស៊ីរី នៅ​ក្រុង​ដាម៉ាស។ ស្តេច​ទត​ឃើញ​អាសនៈ​មួយ​ដែល​ស្ថិត​នៅ​ក្រុង​ដាម៉ាស ស្តេច​ក៏​ផ្ញើ​គំរូ និង​គម្រោង​សង់​អាសនៈ​នោះ ជូន​លោក​បូជា‌ចារ្យ​អ៊ូរី។ ១១ លោក​បូជា‌ចារ្យ​អ៊ូរី​សង់​អាសនៈ​មួយ តាម​គំរូ ដែល​ព្រះ‌បាទ​អខាស​ផ្ញើ​ពី​ក្រុង​ដាម៉ាស។ លោក​បូជា‌ចារ្យ​អ៊ូរី​បាន​សង់​អាសនៈ​នេះ​រួច​ជា​ស្រេច មុន​ពេល​ព្រះ‌បាទ​អខាស​យាង​មក​ពី​ក្រុង​ដាម៉ាស​វិញ។ ១២ កាល​ស្តេច​យាង​ត្រឡប់​មក​វិញ ទត​ឃើញ​អាសនៈ​នោះ ព្រះ‌អង្គ​ក៏​យាង​ឡើង​ទៅ​អាសនៈ ១៣ រួច​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល រួម​ជា​មួយ​តង្វាយ​ម្សៅ និង​ធ្វើ​ពិធី​ច្រួច‌ស្រា ព្រម​ទាំង​ប្រោះ​ឈាម​របស់​សត្វ ដែល​ស្តេច​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព​ផង។ ១៤ រីឯ​អាសនៈ​ធ្វើ​ពី​លង្ហិន ដែល​ស្ថិត​នៅ​ខាង​មុខ​ទី​សក្ការៈ​របស់​ព្រះ‌អម្ចាស់ ស្តេច​ឲ្យ​គេ​លើក​ចេញ​ពី​កន្លែង​ដើម ដែល​ស្ថិត​នៅ​ចន្លោះ​អាសនៈ​ថ្មី និង​ទី​សក្ការៈ​របស់​ព្រះ‌អម្ចាស់ យក​ទៅ​ដាក់​នៅ​ខាង​ជើង​អាសនៈ​ថ្មី​វិញ។ ១៥ ព្រះ‌បាទ​អខាស​ចេញ​បញ្ជា​ដល់​លោក​បូជា‌ចារ្យ​អ៊ូរី​ដូច​ត​ទៅ៖ «លោក​ត្រូវ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​នៅ​ពេល​ព្រឹក និង​តង្វាយ​ម្សៅ​នៅ​ពេល​ល្ងាច លើ​អាសនៈ​ធំ​នេះ គឺ​តង្វាយ​ដុត​ទាំង​មូល និង​តង្វាយ​ម្សៅ​របស់​ស្តេច ព្រម​ទាំង​តង្វាយ​ដុត​ទាំង​មូល​របស់​ប្រជា‌រាស្ដ្រ រួម​ជា​មួយ​តង្វាយ​ម្សៅ និង​ពិធី​ច្រួច‌ស្រា។ ត្រូវ​ប្រោះ​ឈាម​ទាំង​អស់​របស់​សត្វ ដែល​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញ‌បូជា​នៅ​លើ​អាសនៈ​នេះ​ដែរ។ រីឯ​អាសនៈ​ពី​លង្ហិន​វិញ ទុក​ឲ្យ​យើង​ចាត់​ចែង​ចុះ»។ ១៦ លោក​បូជា‌ចារ្យ​អ៊ូរី​ធ្វើ​តាម​បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌បាទ​អខាស។
១៧ ព្រះ‌បាទ​អខាស​បាន​កម្ទេច​បន្ទះ​លង្ហិន​របស់​រទេះ និង​យក​អាង​ដែល​នៅ​លើ​រទេះ​នោះ​ចេញ ហើយ​លើក​អាង​ធំ​ដែល​ទ្រ​ដោយ​រូប​គោ​លង្ហិន ចុះ​មក​ដាក់​លើ​ឥដ្ឋ​វិញ។ ១៨ ព្រះ‌បាទ​អខាស​បាន​រើ​ថែវ​សប្ប័ទ ដែល​ស្ថិត​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ចេញ ដើម្បី​ផ្គាប់​ព្រះ‌ហឫ‌ទ័យ​ស្តេច​ស្រុក​អាស្ស៊ីរី គឺ​ថែវ​ដែល​គេ​សង់​នៅ​ខាង​ក្នុង​ព្រះ‌ដំណាក់ និង​ថែវ​ច្រក​ចូល​របស់​ស្តេច​ដែល​នៅ​ខាង​ក្រៅ។ ១៩ រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​អខាស និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អង្គ​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ស្រុក​យូដា។ ២០ ព្រះ‌បាទ​អខាស​សោយ​ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​នៃ​រាជ‌វង្ស​នៅ​បុរី​ព្រះ‌បាទ​ដាវីឌ ហើយ​ព្រះ‌បាទ​អេសេ‌ខ្យាស ជា​បុត្រ ឡើង​ស្នង​រាជ្យ។
១៧
ព្រះ‌បាទ​ហូសេ​ជា​ស្តេច​ចុង​ក្រោយ​បង្អស់​នៅ​ស្រុក​អ៊ីស្រា‌អែល
 នៅ​ឆ្នាំ​ទី​ដប់‌ពីរ​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​អខាស​ជា​ស្តេច​ស្រុក​យូដា ព្រះ‌បាទ​ហូសេ ជា​កូន​របស់​លោក​អេឡា ឡើង​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល នៅ​ក្រុង​សាម៉ារី ព្រះ‌អង្គ​សោយ​រាជ្យ​បាន​ប្រាំ​បួន​ឆ្នាំ។  ស្តេច​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់ តែ​ពុំ​អាច​ប្រៀប​ស្មើ​នឹង​ស្តេច​អ៊ីស្រា‌អែល​មុនៗ​ទេ។  គ្រា​នោះ ព្រះ‌ចៅ​សាល‌ម៉ា‌នេស៊ែរ ជា​ស្តេច​ស្រុក​អាស្ស៊ីរី បាន​លើក​ទ័ព​មក​ច្បាំង​នឹង​ព្រះ‌បាទ​ហូសេ។ ព្រះ‌បាទ​ហូសេ​ក៏​សុំ​ចុះ​ចូល ព្រម​ទាំង​នាំ​សួយ‌សារ‌អាករ​ទៅ​ថ្វាយ​ស្តេច​ស្រុក​អាស្ស៊ីរី​ផង។  ប៉ុន្តែ ស្តេច​ស្រុក​អាស្ស៊ីរី​ជ្រាប​ថា ព្រះ‌បាទ​ហូសេ​មាន​គំនិត​ក្បត់ ដ្បិត​ព្រះ‌បាទ​ហូសេ​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​គាល់​ព្រះ‌ចៅ​សូ ជា​ស្តេច​ស្រុក​អេស៊ីប ព្រម​ទាំង​លែង​នាំ​សួយ‌សារ‌អាករ ទៅ​ថ្វាយ​ស្តេច​ជា​រៀង‌រាល់​ឆ្នាំ​ដូច​មុន​ទៀត​ហើយ។ ដូច្នេះ ស្តេច​ស្រុក​អាស្ស៊ីរី​ឲ្យ​គេ​ឃុំ‌ឃាំង​ព្រះ‌បាទ​ហូសេ​ក្នុង​គុក​មួយ ដោយ​ដាក់​ច្រវាក់​ផង។  បន្ទាប់​មក ស្តេច​ស្រុក​អាស្ស៊ីរី​ឡើង​មក​វាយ​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល ហើយ​ឡោម‌ព័ទ្ធ​ក្រុង​សាម៉ារី​អស់‌រយៈ​ពេល​បី​ឆ្នាំ។  នៅ​ឆ្នាំ​ទី​ប្រាំ​បួន​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​ហូសេ ស្តេច​ស្រុក​អាស្ស៊ីរី​វាយ​យក​បាន​ក្រុង​សាម៉ារី ហើយ​កៀរ​ជន​ជាតិ​អ៊ីស្រា‌អែល​ទៅ​ស្រុក​អាស្ស៊ីរី ឲ្យ​ពួក​គេ​រស់​នៅ​ក្រុង​ហាឡា និង​នៅ​តាម​ដង​ទន្លេ​ហាប៊រ ជា​ទន្លេ​នៃ​ស្រុក​កូសាន ព្រម​ទាំង​នៅ​តាម​ក្រុង​នានា​របស់​ជន​ជាតិ​ម៉ែដ​ផង។
មូល​ហេតុ​នៃ​ការ​វិនាស​របស់​អាណា‌ចក្រ​អ៊ីស្រា‌អែល
 ហេតុ‌ការណ៍​នេះ​កើត​ឡើង ព្រោះ​តែ​ជន​ជាតិ​អ៊ីស្រា‌អែល​បាន​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​គេ ព្រះ‌អង្គ​បាន​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប និង​រំដោះ​ពួក​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ព្រះ‌ចៅ​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីប តែ​ពួក​គេ​បែរ​ជា​គោរព​ថ្វាយ‌បង្គំ​ព្រះ​ដទៃ​ទៅ​វិញ។  ពួក​គេ​ធ្វើ​តាម​ទំនៀម‌ទម្លាប់​របស់​ប្រជា‌ជាតិ​នានា​ដែល​ព្រះ‌អម្ចាស់​បាន​បណ្តេញ​ចេញ​ពី​មុខ​ជន​ជាតិ​អ៊ីស្រា‌អែល ព្រម​ទាំង​ធ្វើ​តាម​ទម្លាប់​ផ្សេងៗ ដែល​ស្តេច​ស្រុក​អ៊ីស្រា‌អែល​បាន​បង្កើត​ឡើង​នោះ​ផង។  ជន​ជាតិ​អ៊ីស្រា‌អែល​បាន​ប្រព្រឹត្ត​អំពើ​មិន​គួរ​គប្បី​ដោយ​លួច​លាក់ ប្រឆាំង​នឹង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្លួន។ ពួក​គេ​បាន​សង់​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ នៅ​គ្រប់​ទី‌ក្រុង​របស់​គេ គឺ​ចាប់​តាំង​ពី​ក្រុង​ដែល​មាន​ប៉ម​ចាំ​យាម រហូត​ដល់​ក្រុង​ដែល​មាន​កំពែង​ដ៏​រឹង‌មាំ។ ១០ ពួក​គេ​នាំ​គ្នា​ដំឡើង​ស្តូប និង​បង្គោល​ថ្វាយ​ព្រះ​អាសេរ៉ា នៅ​លើ​កំពូល​ភ្នំ​ទាំង‌ឡាយ និង​នៅ​ក្រោម​ដើម​ឈើ​ដែល​មាន​ស្លឹក​ខៀវ​ខ្ចី។ ១១ នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​ទាំង​អស់ ជន​ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ធ្វើ​យញ្ញ‌បូជា និង​ដុត​គ្រឿង​ក្រអូប ដូច​ប្រជា‌ជាតិ​នានា ដែល​ព្រះ‌អម្ចាស់​បាន​បណ្តេញ​ចេញ​ពី​មុខ​ពួក​គេ។ ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ធ្វើ​ឲ្យ​ព្រះ‌អម្ចាស់​ព្រះ‌អង្គ​ព្រះ‌ពិរោធ។ ១២ ពួក​គេ​នាំ​គ្នា​គោរព​បម្រើ​ព្រះ​ក្លែង‌ក្លាយ ជា​អំពើ​ដែល​ព្រះ‌អម្ចាស់​ហាម​មិន​ឲ្យ​ធ្វើ។ ១៣ ព្រះ‌អម្ចាស់​ព្រមាន​ជន​ជាតិ​អ៊ីស្រា‌អែល និង​ជន​ជាតិ​យូដា តាម‌រយៈ​ព្យាការី និង​គ្រូ​ទាយ​ឆុត​ទាំង​អស់​ថា «ចូរ​បោះ‌បង់​ចោល​ផ្លូវ​អាក្រក់ ហើយ​កាន់​តាម​បទ‌បញ្ជា និង​វិន័យ​របស់​យើង ព្រម​ទាំង​ប្រព្រឹត្ត​តាម​ទាំង​ស្រុង​នូវ​វិន័យ ដែល​យើង​បាន​ប្រគល់​ឲ្យ​ដូន‌តា​របស់​អ្នក​រាល់​គ្នា និង​អ្នក​រាល់​គ្នា​ផ្ទាល់ តាម‌រយៈ​ពួក​ព្យាការី ជា​អ្នក​បម្រើ​របស់​យើង»។ ១៤ ប៉ុន្តែ ពួក​គេ​ពុំ​ស្ដាប់​តាម​ទេ ពួក​គេ​មាន​ចិត្ត​រឹង​ចចេស​ដូច​ដូន‌តា​របស់​ពួក​គេ ដែល​មិន​ព្រម​ជឿ​លើ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្លួន។ ១៥ ពួក​គេ​បាន​បោះ‌បង់​ចោល​វិន័យ​របស់​ព្រះ‌អង្គ ពួក​គេ​ផ្ដាច់​សម្ពន្ធ‌មេត្រី ដែល​ព្រះ‌អង្គ​បាន​ចង​ជា​មួយ​ដូន‌តា​របស់​ពួក​គេ ពួក​គេ​មិន​អើពើ​នឹង​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​ព្រមាន​ពួក​គេ ហើយ​នាំ​គ្នា​បែរ​ទៅ​គោរព​ព្រះ​ឥត​បាន​ការ ដែល​បណ្តាល​ឲ្យ​ខ្លួន​ទៅ​ជា​ឥត​បាន​ការ​ដែរ។ ពួក​គេ​ជាប់​ពាក់‌ព័ន្ធ​នឹង​ប្រជា‌ជាតិ​នានា​ដែល​នៅ​ជុំ‌វិញ ជា​ប្រជា‌ជាតិ​ដែល​ព្រះ‌អម្ចាស់​បាន​ហាម​ឃាត់​មិន​ឲ្យ​ពួក​គេ​យក​តម្រាប់​តាម។ ១៦ ពួក​គេ​បោះ‌បង់​ចោល​បទ‌បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្លួន ហើយ​នាំ​គ្នា​សិត​ធ្វើ​រូប​កូន​គោ​ពីរ ដំឡើង​បង្គោល​ថ្វាយ​ព្រះ​អាសេរ៉ា ព្រម​ទាំង​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ផ្កាយ​ទាំង​ប៉ុន្មាន នៅ​លើ​មេឃ និង​គោរព​បម្រើ​ព្រះ​បាល។ ១៧ ពួក​គេ​យក​កូន​ប្រុស​កូន​ស្រី​ទៅ​ធ្វើ​បូជា‌យញ្ញ ពួក​គេ​តែង‌តែ​បញ្ជាន់​រូប និង​ប្រើ​មន្ត‌អាគម។ ពួក​គេ​បណ្តោយ​ខ្លួន​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់ មិន​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់ ជា​ហេតុ​បណ្តាល​ឲ្យ​ព្រះ‌អង្គ​ព្រះ‌អង្គ​ព្រះ‌ពិរោធ។ ១៨ ពេល​នោះ ព្រះ‌អម្ចាស់​ព្រះ‌អង្គ​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង ទាស់​នឹង​ជន​ជាតិ​អ៊ីស្រា‌អែល ព្រះ‌អង្គ​ដេញ​ពួក​គេ​ចេញ​ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ នៅ​សល់​តែ​កុល‌សម្ព័ន្ធ​យូដា​មួយ​ប៉ុណ្ណោះ។ ១៩ រីឯ​ប្រជាជន​យូដា​វិញ​ក៏​ដូច្នោះ​ដែរ ពួក​គេ​ពុំ​បាន​កាន់​តាម​វិន័យ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្លួន​ទេ តែ​ពួក​គេ​បែរ​ជា​នាំ​គ្នា​ធ្វើ​តាម​ទម្លាប់​ដែល​ជន​ជាតិ​អ៊ីស្រា‌អែល​បាន​បង្កើត​ទៅ​វិញ។ ២០ ដូច្នេះ ព្រះ‌អម្ចាស់​បោះ‌បង់​ចោល​ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល ព្រះ‌អង្គ​ធ្វើ​ឲ្យ​ពួក​គេ​អាម៉ាស់ ដោយ​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ ហើយ​ដេញ​ពួក​គេ​ចេញ​ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ។
២១ កាល​ព្រះ‌អម្ចាស់​ផ្ដាច់​ជន​ជាតិ​អ៊ីស្រា‌អែល​ចេញ​ពី​រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ ជន​ជាតិ​អ៊ីស្រា‌អែល​បាន​តែង‌តាំង​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត ឡើង​ជា​ស្តេច។ ព្រះ‌បាទ​យេរ៉ូ‌បោម​បាន​អូស​ទាញ​ជន​ជាតិ​អ៊ីស្រា‌អែល​ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​ព្រះ‌អម្ចាស់ ព្រម​ទាំង​នាំ​ពួក​គេ​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ធ្ងន់​ទៀត​ផង។ ២២ កូន​ចៅ​អ៊ីស្រា‌អែល​ប្រព្រឹត្ត​អំពើ​បាប​ទាំង​ប៉ុន្មាន ដែល​ព្រះ‌បាទ​យេរ៉ូ‌បោម​បាន​ប្រព្រឹត្ត គឺ​ពួក​គេ​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​ទាំង​នោះ​ឡើយ។ ២៣ ហេតុ​នេះ ព្រះ‌អម្ចាស់​បណ្តេញ​ជន​ជាតិ​អ៊ីស្រា‌អែល​ចេញ​ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​ថ្លែង​តាម‌រយៈ​ព្យាការី​ទាំង​អស់ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។ ជន​ជាតិ​អ៊ីស្រា‌អែល​ត្រូវ​គេ​កៀរ​ចេញ​ឆ្ងាយ​ពី​ទឹក​ដី​របស់​ខ្លួន នាំ​ទៅ​ស្រុក​អាស្ស៊ីរី​រហូត​ដល់​សព្វ​ថ្ងៃ។
ដើម​កំណើត​របស់​ជន​ជាតិ​សាម៉ារី
២៤ ស្តេច​ស្រុក​អាស្ស៊ីរី​ជន្លៀស​ប្រជាជន​ពី​ក្រុង​បាប៊ីឡូន ក្រុង​គូតា ក្រុង​អវ៉ា ក្រុង​ហាម៉ាត់ និង​ក្រុង​សេផា‌វ៉ា‌អ៊ីម ឲ្យ​មក​រស់​នៅ​តាម​ក្រុង​នានា​ក្នុង​ស្រុក​សាម៉ារី ជំនួស​ជន​ជាតិ​អ៊ីស្រា‌អែល។ អ្នក​ទាំង​នោះ​ចាប់​យក​ស្រុក​សាម៉ារី​មក​ធ្វើ​ជា​កម្ម‌សិទ្ធិ ហើយ​តាំង​ទី​លំ‌នៅ​តាម​ក្រុង​នានា។ ២៥ នៅ​គ្រា​ដំបូង​ដែល​ពួក​គេ​មក​តាំង​ទី​លំ‌នៅ​ក្នុង​ស្រុក​សាម៉ារី ពួក​គេ​មិន​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​ទេ ព្រះ‌អម្ចាស់​ក៏​ប្រើ​សឹង្ហ​ឲ្យ​មក​ប្រហារ​ពួក​គេ។
២៦ មាន​គេ​ទូល​ស្តេច​ស្រុក​អាស្ស៊ីរី​ថា៖ «ប្រជា‌ជាតិ​ទាំង‌ឡាយ​ដែល​ព្រះ‌ករុណា​ជន្លៀស​ឲ្យ​ទៅ​តាំង​ទី​លំ‌នៅ​តាម​ក្រុង​នានា ក្នុង​ស្រុក​សាម៉ារី ពុំ​ស្គាល់​របៀប​គោរព​ថ្វាយ‌បង្គំ​ព្រះ​របស់​ស្រុក​នោះ​ទេ។ ព្រះ​នៅ​ស្រុក​នោះ​ប្រើ​សឹង្ហ​ឲ្យ​មក​ប្រហារ​ពួក​គេ ដ្បិត​ពួក​គេ​ពុំ​ស្គាល់​របៀប​គោរព​ថ្វាយ‌បង្គំ​ព្រះ​របស់​ស្រុក​នោះ»។ ២៧ ស្តេច​ស្រុក​អាស្ស៊ីរី​បង្គាប់​ថា៖ «ចូរ​នាំ​បូជា‌ចារ្យ​សាម៉ារី​ម្នាក់ ដែល​អ្នក​រាល់​គ្នា​កៀរ​យក​ទៅ ឲ្យ​វិល​មក​ស្រុក​វិញ ដើម្បី​បង្ហាត់​បង្រៀន​របៀប​គោរព​ថ្វាយ‌បង្គំ​ព្រះ​របស់​ស្រុក​នោះ»។ ២៨ ដូច្នេះ គេ​ទៅ​នាំ​បូជា‌ចារ្យ​ម្នាក់​ដែល​គេ​បាន​កៀរ​ពី​ស្រុក​សាម៉ារី ឲ្យ​វិល​មក​រស់​នៅ​បេត‌អែល​វិញ។ បូជា‌ចារ្យ​នោះ​បង្ហាត់​បង្រៀន​ពួក​គេ​អំពី​របៀប ដែល​ត្រូវ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់២៩ ប៉ុន្តែ ប្រជា‌ជាតិ​នីមួយៗ​បាន​ធ្វើ​រូប​សំណាក​ព្រះ​របស់​ខ្លួន យក​ទៅ​តម្កល់​ក្នុង​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ដែល​អ្នក​ស្រុក​សាម៉ារី​ពី​មុន​បាន​សង់។ ប្រជា‌ជាតិ​នីមួយៗ​ធ្វើ​ដូច្នេះ នៅ​តាម​ក្រុង​នានា​ដែល​ពួក​គេ​រស់​នៅ។ ៣០ អ្នក​ក្រុង​បាប៊ីឡូន​ធ្វើ​រូប​ព្រះ​ស៊ូកូត‌បេ‌ណូត អ្នក​ក្រុង​គូតា​ធ្វើ​រូប​ព្រះ​នែរ‌កាល់ អ្នក​ក្រុង​ហាម៉ាត់​ធ្វើ​រូប​ព្រះ​អស៊ីម៉ា។ ៣១ អ្នក​ក្រុង​អវ៉ា​ធ្វើ​រូប​ព្រះ​នីប-‌ហាស និង​ព្រះ​តារ‌តាក់ អ្នក​ក្រុង​សេផា‌វ៉ា‌អ៊ីម​យក​កូន​ប្រុស​របស់​ខ្លួន ទៅ​ធ្វើ​បូជា‌យញ្ញ ថ្វាយ​ព្រះ​អាដ្រា‌មេ‌ឡេក និង​ព្រះ​អាណា‌ម៉ាឡេក ជា​ព្រះ​នៃ​ក្រុង​សេផា‌វ៉ា‌អ៊ីម។ ៣២ ប្រជា‌ជាតិ​ទាំង​នោះ​ក៏​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​ដែរ ព្រម​ទាំង​តែង‌តាំង​អ្នក​ខ្លះ ក្នុង​ចំណោម​ពួក​គេ ឲ្យ​ធ្វើ​ជា​បូជា‌ចារ្យ​នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ដើម្បី​ថ្វាយ​យញ្ញ‌បូជា​ក្នុង​នាម​របស់​ពួក​គេ នៅ​តាម​កន្លែង​ទាំង​នោះ។ ៣៣ ពួក​គេ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​ផង និង​គោរព​ព្រះ​របស់​ពួក​គេ តាម​ទំនៀម‌ទម្លាប់​ជាតិ​ដើម​របស់​ពួក​គេ​ផង។
៣៤ រហូត​ដល់​សព្វ​ថ្ងៃ ពួក​គេ​នៅ​តែ​ប្រព្រឹត្ត​តាម​ទម្លាប់​ដើម​ដដែល ពួក​គេ​មិន​ប្រាកដ​ជា​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ មិន​ប្រាកដ​ជា​ប្រតិ‌បត្តិ​តាម​ក្រឹត្យ‌វិន័យ និង​ទំនៀម‌ទម្លាប់​របស់​ខ្លួន ហើយ​ក៏​មិន​ប្រាកដ​ជា​កាន់​តាម​វិន័យ និង​បទ‌បញ្ជា​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​កូន​ចៅ​លោក​យ៉ាកុប ដែល​ព្រះ‌អង្គ​ប្រទាន​ឈ្មោះ​ថា​អ៊ីស្រា‌អែល​។ ៣៥ ព្រះ‌អម្ចាស់​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​កូន​ចៅ​លោក​យ៉ាកុប ព្រម​ទាំង​បញ្ជា​ដល់​ពួក​គេ​ថា៖ «មិន​ត្រូវ​គោរព​កោត​ខ្លាច​ព្រះ​ដទៃ ហើយ​ក៏​មិន​ត្រូវ​ក្រាប​ថ្វាយ‌បង្គំ​ព្រះ​ទាំង​នោះ​ដែរ។ មិន​ត្រូវ​គោរព​បម្រើ និង​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​ទាំង​នោះ​ឡើយ។ ៣៦ ផ្ទុយ​ទៅ​វិញ ត្រូវ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​ឫទ្ធិ‌បារមី និង​តេជា‌នុភាព​ដ៏​ខ្លាំង​ពូកែ។ អ្នក​រាល់​គ្នា​ត្រូវ​គោរព​ថ្វាយ‌បង្គំ និង​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌អម្ចាស់​តែ​មួយ​ប៉ុណ្ណោះ។ ៣៧ រីឯ​បញ្ញត្តិ ច្បាប់ វិន័យ និង​បទ‌បញ្ជា​ដែល​ព្រះ‌អង្គ​បាន​ចែង​ទុក​សម្រាប់​អ្នក​រាល់​គ្នា​នោះ ត្រូវ​ប្រតិ‌បត្តិ​តាម​ជា​រៀង‌រាល់​ថ្ងៃ ហើយ​មិន​ត្រូវ​គោរព​កោត​ខ្លាច​ព្រះ​ដទៃ​ឡើយ។ ៣៨ កុំ​បំភ្លេច​សម្ពន្ធ‌មេត្រី​ដែល​យើង​បាន​ចង​ជា​មួយ​អ្នក​រាល់​គ្នា​ឲ្យ​សោះ ហើយ​មិន​ត្រូវ​គោរព​កោត​ខ្លាច​ព្រះ​ដទៃ​ឡើយ។ ៣៩ ផ្ទុយ​ទៅ​វិញ អ្នក​រាល់​គ្នា​ត្រូវ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា នោះ​ព្រះ‌អង្គ​នឹង​រំដោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន»។ ៤០ ប៉ុន្តែ ពួក​គេ​ពុំ​ស្ដាប់​តាម​ទេ គឺ​ពួក​គេ​នៅ​តែ​ប្រព្រឹត្ត​តាម​ទំនៀម‌ទម្លាប់​ដើម​របស់​ខ្លួន​ដដែល។ ៤១ ប្រជា‌ជាតិ​ទាំង​នោះ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​ផង គោរព​បម្រើ​រូប​ព្រះ​របស់​គេ​ផង។ កូន​ចៅ​របស់​ពួក​គេ​នៅ​តែ​ធ្វើ​របៀប​នេះ​រហូត​មក​ដល់​សព្វ​ថ្ងៃ ដូច​ដូន‌តា​របស់​ខ្លួន​ដែរ។
១៨

ស្តេច​ជំនាន់​ចុង​ក្រោយ​នៃ​រាជា​ណា‌ចក្រ​យូដា ចាប់​ពី​ព្រះ‌បាទ​អេសេ‌ខ្យាស រហូត​ដល់​ចុង​បញ្ចប់​នៃ​រាជា​ណា‌ចក្រ​យូដា

ព្រះ‌បាទ​អេសេ‌ខ្យាស​សោយ​រាជ្យ​លើ​ស្រុក​យូដា
(២​របា‌ក្សត្រ ២៩.១-២, ៣១.១)
 នៅ​ឆ្នាំ​ទី​បី​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​ហូសេ ជា​កូន​របស់​លោក​អេឡា និង​ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល ព្រះ‌បាទ​អេសេ‌ខ្យាស ជា​បុត្រ​របស់​ព្រះ‌បាទ​អខាស បាន​ឡើង​សោយ​រាជ្យ​លើ​ស្រុក​យូដា។  កាល​ស្តេច​ឡើង​សោយ​រាជ្យ ព្រះ‌អង្គ​មាន​ព្រះ‌ជន្មាយុ​ម្ភៃ​ប្រាំ​វស្សា ហើយ​សោយ​រាជ្យ​បាន​ម្ភៃ​ប្រាំ​បួន​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្តេច​មាន​នាម​ថា​អប៊ី ជា​កូន​របស់​លោក​សាការី។  ស្តេច​បាន​ប្រព្រឹត្ត​អំពើ​សុចរិត ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់ ដូច​ព្រះ‌បាទ​ដាវីឌ ជា​អយ្យ‌កោ ឥត​ចន្លោះ​ត្រង់​ណា​ឡើយ។  ស្តេច​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ វាយ​បំបាក់​ស្តូប​ព្រះ​ក្លែង‌ក្លាយ កាប់​រំលំ​បង្គោល​របស់​ព្រះ​អាសេរ៉ា ព្រម​ទាំង​កម្ទេច​រូប​ពស់​លង្ហិន ដែល​លោក​ម៉ូសេ​បាន​ធ្វើ​ផង ដ្បិត​រហូត​មក​ដល់​គ្រា​នោះ កូន​ចៅ​អ៊ីស្រា‌អែល​នាំ​គ្នា​ដុត​គ្រឿង​ក្រអូប​ថ្វាយ​រូប​ពស់ ហើយ​ហៅ​រូប​នោះ​ថា​«នេហូ‌សេ‌ថាន»។  ព្រះ‌បាទ​អេសេ‌ខ្យាស​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល។ ក្នុង​ចំណោម​ស្តេច​ស្រុក​យូដា​ទាំង​ប៉ុន្មាន គឺ​ស្តេច​ដែល​សោយ​រាជ្យ​មុន ឬ​ស្តេច​ដែល​សោយ​រាជ្យ​ក្រោយ​មក​ទៀត គ្មាន​ស្តេច​អង្គ​ណា​ប្រៀប​ស្មើ​នឹង​ព្រះ‌បាទ​អេសេ‌ខ្យាស​បាន​ទេ។  ព្រះ‌រាជា​ជំពាក់​ចិត្ត​លើ​ព្រះ‌អម្ចាស់ ដោយ​ឥត​ងាក‌រេ​ឡើយ។ ស្តេច​កាន់​តាម​បទ‌បញ្ជា​ទាំង‌ឡាយ ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក តាម‌រយៈ​លោក​ម៉ូសេ។  ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​ស្តេច ដូច្នេះ ស្តេច​ទទួល​ជោគ‌ជ័យ​ក្នុង​គ្រប់​កិច្ច‌ការ​ដែល​ស្តេច​ធ្វើ។ ព្រះ‌បាទ​អេសេ‌ខ្យាស​បាន​បះ‌បោរ​ប្រឆាំង​នឹង​ស្តេច​ស្រុក​អាស្ស៊ីរី ហើយ​រំដោះ​ខ្លួន​រួច​ផុត​ពី​នឹម​របស់​ស្តេច​នោះ។  ស្តេច​បាន​វាយ​យក​ស្រុក​ភីលី‌ស្ទីន រហូត​ដល់​ក្រុង​កាសា និង​ទឹក​ដី​ដែល​នៅ​ជុំ‌វិញ គឺ​ចាប់​តាំង​ពី​ក្រុង​ដែល​មាន​តែ​ប៉ម​ចាំ​យាម រហូត​ដល់​ក្រុង​ដែល​មាន​កំពែង​រឹង‌មាំ។
ការ​វាយ​ដណ្ដើម​យក​ក្រុង​សាម៉ារី
 នៅ​ឆ្នាំ​ទី​បួន​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​អេសេ‌ខ្យាស ត្រូវ​នឹង​ឆ្នាំ​ទី​ប្រាំ​ពីរ​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​ហូសេ ជា​បុត្រ​របស់​លោក​អេឡា ស្តេច​ស្រុក​អ៊ីស្រា‌អែល ព្រះ‌ចៅ​សាល‌ម៉ា‌នេស៊ែរ ជា​ស្តេច​ស្រុក​អាស្ស៊ីរី បាន​ឡើង​មក​ច្បាំង និង​ឡោម‌ព័ទ្ធ​ក្រុង​សាម៉ារី។ ១០ កង‌ទ័ព​អាស្ស៊ីរី​ឡោម‌ព័ទ្ធ​ក្រុង​នេះ អស់‌រយៈ​ពេល​បី​ឆ្នាំ។ នៅ​ឆ្នាំ​ទី​ប្រាំ​មួយ​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​អេសេ‌ខ្យាស ត្រូវ​នឹង​ឆ្នាំ​ទី​ប្រាំ​បួន​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​ហូសេ​ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល កង‌ទ័ព​អាស្ស៊ីរី​វាយ​យក​បាន​ក្រុង​សាម៉ារី។ ១១ ស្តេច​ស្រុក​អាស្ស៊ីរី​បាន​កៀរ​ប្រជាជន​អ៊ីស្រា‌អែល នាំ​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​អាស្ស៊ីរី ឲ្យ​ពួក​គេ​រស់​នៅ​ក្រុង​ហាឡា និង​នៅ​តាម​ដង​ទន្លេ​ហាប៊រ ជា​ទន្លេ​នៃ​ស្រុក​កូសាន ព្រម​ទាំង​នៅ​តាម​ក្រុង​នានា​របស់​ជន​ជាតិ​ម៉ែដ​ផង។ ១២ ហេតុ‌ការណ៍​នេះ​កើត​មាន ព្រោះ​តែ​ជន​ជាតិ​អ៊ីស្រា‌អែល​មិន​បាន​ស្ដាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្លួន ពួក​គេ​ក្បត់​នឹង​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អង្គ ដ្បិត​ពួក​គេ​ពុំ​ព្រម​ស្ដាប់ ឬ​ប្រតិ‌បត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អង្គ​បាន​បង្គាប់​មក​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។
ព្រះ‌ចៅ​សេណា‌ខេ‌រីប​ឈ្លាន‌ពាន​អាណា‌ចក្រ​យូដា
(អេសាយ ៣៦.១, ២​របា‌ក្សត្រ ៣២.១)
១៣ នៅ​ឆ្នាំ​ទី​ដប់‌បួន​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​អេសេ‌ខ្យាស ព្រះ‌ចៅ​សេណា‌ខេ‌រីប ជា​ស្តេច​ស្រុក​អាស្ស៊ីរី​បាន​លើក​ទ័ព​មក​វាយ​ដណ្ដើម​យក​ក្រុង​ទាំង​ប៉ុន្មាន​ដែល​មាន​កំពែង​រឹង‌មាំ​របស់​ស្រុក​យូដា។ ១៤ ព្រះ‌បាទ​អេសេ‌ខ្យាស ជា​ស្តេច​ស្រុក​យូដា ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ទូល​ស្តេច​ស្រុក​អាស្ស៊ីរី​នៅ​ក្រុង​ឡាគីស​ថា៖ «ទូល‌បង្គំ​ប្រព្រឹត្ត​ខុស​ហើយ សូម​កុំ​វាយ​ទូល‌បង្គំ​ទៀត​ឡើយ។ ទូល‌បង្គំ​សុខ​ចិត្ត​ធ្វើ​តាម​បង្គាប់​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ករុណា»។ ស្តេច​ស្រុក​អាស្ស៊ីរី​ក៏​បង្គាប់​ឲ្យ​ព្រះ‌បាទ​អេសេ‌ខ្យាស ជា​ស្តេច​ស្រុក​យូដា បង់​ពន្ធ​ជា​ប្រាក់​សុទ្ធ​ប្រាំ​បួន​តោន និង​មាស​សុទ្ធ​ប្រាំ​បួន‌រយ​គីឡូ‌ក្រាម។ ១៥ ព្រះ‌បាទ​អេសេ‌ខ្យាស​ប្រមូល​ប្រាក់​ទាំង​អស់ ដែល​មាន​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​ក្នុង​ឃ្លាំង​រាជ‌ទ្រព្យ ទៅ​ថ្វាយ​ស្តេច​ស្រុក​អាស្ស៊ីរី។ ១៦ នៅ​គ្រា​នោះ ព្រះ‌បាទ​អេសេ‌ខ្យាស​គាស់​មាស​ដែល​ស្តេច​បាន​ស្រោប​នៅ​ខ្លោង​ទ្វារ និង​ក្រប​ទ្វារ​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ យក​ទៅ​ថ្វាយ​ស្តេច​ស្រុក​អាស្ស៊ីរី។
ការ​គំរាម‌កំហែង​របស់​ស្តេច​ស្រុក​អាស្ស៊ីរី​មក​លើ​ក្រុង​យេរូ‌សាឡឹម
(អេសាយ ៣៦.២-២២, ២​របា‌ក្សត្រ ៣២.៩-១៦)
១៧ ស្តេច​ស្រុក​អាស្ស៊ីរី​បាន​ចាត់​មេ‌ទ័ព មេ​បញ្ជា‌ការ និង​រាជ‌បម្រើ​ផ្ទាល់​របស់​ស្តេច ពី​កន្លែង​បោះ​ទ័ព​នៅ​ឡាគីស ឲ្យ​មក​ជួប​ព្រះ‌បាទ​អេសេ‌ខ្យាស​នៅ​ក្រុង​យេរូ‌សាឡឹម ទាំង​នាំ​កង‌ពល​យ៉ាង​ច្រើន​មក​ជា​មួយ​ផង។ ពួក​គេ​ឡើង​មក​ដល់​ក្រុង​យេរូ‌សាឡឹម។ ពេល​មក​ដល់ ពួក​គេ​ឈរ​នៅ​ក្បែរ​ព្រែក​ជីក​ដែល​នៅ​ជាប់​នឹង​ស្រះ​ខាង​លើ តាម​ផ្លូវ​ទៅ​ចម្ការ​របស់​អ្នក​ជ្រលក់​ល័ក្ខ ១៨ ហើយ​ស្រែក​ហៅ​ស្តេច​ស្រុក​យូដា។ ពេល​នោះ លោក​អេលី‌យ៉ា‌គីម ជា​កូន​របស់​លោក​ហ៊ីល‌គីយ៉ា ដែល​ជា​អ្នក​មើល​ខុស​ត្រូវ​លើ​ព្រះ‌បរម​រាជ​វាំង បាន​ចេញ​ទៅ​ជួប​ពួក​គេ ដោយ​មាន​លោក​សិបណា ជា​ស្មៀន​ហ្លួង និង​លោក​យ៉ូអា កូន​របស់​លោក​អសាភ ជា​អ្នក​នាំ​ពាក្យ​របស់​ស្តេច ទៅ​ជា​មួយ​ផង។ ១៩ មេ‌ទ័ព​របស់​ព្រះ‌ចៅ​សេណា‌ខេ‌រីប​ពោល​ថា៖ «សូម​អស់​លោក​ទូល​ព្រះ‌បាទ​អេសេ‌ខ្យាស​ដូច​ត​ទៅ: ព្រះ‌មហា​ក្សត្រា‌ធិរាជ គឺ​ព្រះ‌មហា​ក្សត្រ​របស់​ស្រុក​អាស្ស៊ីរី មាន​រាជ‌ឱង្ការ​ថា “តើ​ព្រះ‌ករុណា​ពឹង​ផ្អែក​លើ​អ្វី​បាន​ជា​មាន​ព្រះ‌ហឫ‌ទ័យ​អង់‌អាច​បែប​នេះ? ២០ តើ​ព្រះ‌ករុណា​ស្មាន​ថា ពាក្យ​សម្ដី​អាច​ជំនួស​ក្រុម‌ប្រឹក្សា​យោធា និង​កម្លាំង​ទ័ព​ក្នុង​ការ​ធ្វើ​សឹក​សង្គ្រាម​បាន​ឬ? តើ​ព្រះ‌ករុណា​ពឹង​ផ្អែក​លើ​នរណា​បាន​ជា​ហ៊ាន​បះ‌បោរ​នឹង​យើង​ដូច្នេះ? ២១ ព្រះ‌ករុណា​ទុក​ចិត្ត​លើ​ស្រុក​អេស៊ីប ដែល​ប្រៀប​ដូច​ជា​ដើម​ត្រែង​បាក់​ឬ?។ អស់​អ្នក​ដែល​ទុក​ចិត្ត​លើ​ព្រះ‌ចៅ​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីប ប្រៀប​បាន​នឹង​មនុស្ស​ដែល​ច្រត់​ដៃ​លើ​ដើម​ត្រែង​បាក់ គឺ​នាំ​ឲ្យ​តែ​ធ្លុះ​បាត​ដៃ​ប៉ុណ្ណោះ។ ២២ ព្រះ‌ករុណា​ប្រហែល​ជា​មាន​រាជ‌ឱង្ការ​ថា “យើង​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​យើង!”។ ប៉ុន្តែ តើ​ព្រះ‌ករុណា​ពុំ​បាន​ឲ្យ​គេ​កម្ទេច​កន្លែង​សក្ការៈ និង​អាសនៈ​របស់​ព្រះ​នេះ ហើយ​ថែម​ទាំង​បញ្ជា​ឲ្យ​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម ក្រាប​ថ្វាយ‌បង្គំ​តែ​នៅ​មុខ​អាសនៈ​នៅ​ក្រុង​យេរូ‌សាឡឹម​នេះ​ទេ​ឬ?”។ ២៣ ឥឡូវ​នេះ សុំ​ព្រះ‌ករុណា​សាក​ល្បង​ភ្នាល់​ជា​មួយ​ព្រះ‌ចៅ​ក្រុង​អាស្ស៊ីរី ជា​អម្ចាស់​របស់​ទូល‌បង្គំ​ទៅ នោះ​ទូល‌បង្គំ​នឹង​ថ្វាយ​សេះ​ពីរ‌ពាន់​ក្បាល ប្រសិន​បើ​ព្រះ‌ករុណា​រក​អ្នក​ជិះ​បាន!។ ២៤ ទោះ‌បី​ព្រះ‌ករុណា​ពឹង​លើ​រទេះ​ចម្បាំង និង​កង‌ទ័ព‌សេះ​របស់​ស្រុក​អេស៊ីប​ក្តី សូម្បី​តែ​មេ‌ទ័ព​អាស្ស៊ីរី​ម្នាក់​ដែល​ខ្សោយ​ជាង​គេ ក៏​ព្រះ‌ករុណា​វាយ​មិន​ឈ្នះ​ផង។ ២៥ មួយ​វិញ​ទៀត យើង​លើក​ទ័ព​មក​វាយ​កម្ទេច​កន្លែង​នេះ ស្រប​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អម្ចាស់ ដ្បិត​ព្រះ‌អម្ចាស់​បង្គាប់​ឲ្យ​យើង​មក​វាយ​កម្ទេច​ក្រុង​នេះ»។
២៦ ពេល​នោះ លោក​អេលី‌យ៉ា‌គីម ជា​កូន​របស់​លោក​ហ៊ីល‌គីយ៉ា លោក​សិបណា និង​លោក​យ៉ូអា ពោល​ទៅ​កាន់​មេ‌ទ័ព​អាស្ស៊ីរី​ថា៖ «សូម​លោក​មេត្តា​មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​ជា​ភាសា​អារ៉ាម​ចុះ ដ្បិត​យើង​ខ្ញុំ​ស្ដាប់​ភាសា​លោក​បាន តែ​សូម​កុំ​មាន​ប្រសាសន៍​ជា​ភាសា​យូដា ក្រែង​ប្រជាជន​នៅ​តាម​កំពែង​ក្រុង​ឮ»។ ២៧ មេ‌ទ័ព​អាស្ស៊ីរី​តប​មក​វិញ​ថា៖ «ព្រះ‌មហា​ក្សត្រ​របស់​យើង​ប្រើ​យើង​ឲ្យ​មក​នេះ មិន‌មែន​គ្រាន់​តែ​នាំ​ពាក្យ​មក​ទូល​ស្តេច​របស់​អស់​លោក ឬ​ក៏​ប្រាប់​អស់​លោក​ផ្ទាល់​ប៉ុណ្ណោះ​ទេ គឺ​ព្រះ‌រាជា​ឲ្យ​យើង​មក​ប្រាប់​ជន​ទាំង​អស់ ដែល​ស្ថិត​នៅ​តាម​កំពែង​នេះ។ អ្នក​ទាំង​នោះ​មុខ​តែ​ស៊ី​លាមក​ខ្លួន​ឯង ហើយ​ផឹក​ទឹក​នោម​ខ្លួន​ឯង ដូច​អស់​លោក​ដែរ»។
២៨ បន្ទាប់​មក មេ‌ទ័ព​អាស្ស៊ីរី​នោះ​ក្រោក​ឈរ និង​ស្រែក​ក្តែងៗ​យ៉ាង​អស់​ទំហឹង ជា​ភាសា​យូដា​ថា៖ «ចូរ​នាំ​គ្នា​ស្ដាប់​រាជ‌ឱង្ការ​របស់​ព្រះ‌មហា​ក្សត្រា‌ធិរាជ គឺ​ព្រះ‌ចៅ​ក្រុង​អាស្ស៊ីរី​ដូច​ត​ទៅ: ២៩ ព្រះ‌ករុណា​មាន​រាជ‌ឱង្ការ​ថា កុំ​ទុក​ឲ្យ​ស្តេច​អេសេ‌ខ្យាស​បោក‌ប្រាស់​អ្នក​រាល់​គ្នា​ឡើយ ដ្បិត​ស្តេច​នេះ​ពុំ​អាច​រំដោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​ជា​ដាច់​ខាត។ ៣០ កុំ​ទុក​ឲ្យ​ស្តេច​អេសេ‌ខ្យាស​នាំ​អ្នក​រាល់​គ្នា ទៅ​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់ ដោយ​ពោល​ថា “ព្រះ‌អម្ចាស់​ពិត​ជា​នឹង​រំដោះ​យើង ព្រះ‌អង្គ​មិន​បណ្តោយ​ឲ្យ​ក្រុង​នេះ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្តេច​ស្រុក​អាស្ស៊ីរី​ឡើយ”។ ៣១ កុំ​ស្ដាប់​ស្តេច​អេសេ‌ខ្យាស​ឲ្យ​សោះ ដ្បិត​ព្រះ‌ចៅ​ក្រុង​អាស្ស៊ីរី​មាន​រាជ‌ឱង្ការ​ថា “ចូរ​នាំ​គ្នា​ចុះ​សន្ធិ‌សញ្ញា​សុំ​សន្តិ‌ភាព​ពី​យើង ចូរ​នាំ​គ្នា​មក​ចុះ​ចូល​នឹង​យើង​ទៅ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​បរិភោគ​ផ្លែ​ទំពាំង‌បាយ‌ជូរ និង​ផ្លែ​ឧទុម្ពរ*​របស់​ខ្លួន ព្រម​ទាំង​បាន​ផឹក​ទឹក​ពី​អណ្ដូង​របស់​ខ្លួន​ដែរ”។ ៣២ បន្ទាប់​មក យើង​នឹង​មក​នាំ​អ្នក​រាល់​គ្នា​យក​ទៅ​ស្រុក​មួយ​ទៀត ដែល​សម្បូណ៌‌សប្បាយ ដូច​ស្រុក​របស់​អ្នក​រាល់​គ្នា គឺ​ស្រុក​ដែល​មាន​ពោរ‌ពេញ​ដោយ​ស្រូវ និង​ស្រា​ទំពាំង‌បាយ‌ជូរ ជា​ស្រុក​ដែល​សម្បូណ៌​អាហារ និង​ចម្ការ​ទំពាំង‌បាយ‌ជូរ ជា​ស្រុក​សម្បូណ៌​ផ្លែ​អូលីវ​យក​ប្រេង និង​ទឹក​ឃ្មុំ។ ដូច្នេះ អ្នក​រាល់​គ្នា​នឹង​បាន​រស់​រាន​ឥត​ស្លាប់​ឡើយ។ កុំ​ស្ដាប់​ស្តេច​អេសេ‌ខ្យាស​ឲ្យ​សោះ ដ្បិត​ស្តេច​នេះ​បញ្ឆោត​អ្នក​រាល់​គ្នា ដោយ​ពោល​ថា “ព្រះ‌អម្ចាស់​នឹង​រំដោះ​យើង”។ ៣៣ ក្នុង​ចំណោម​ព្រះ​របស់​ប្រជា‌ជាតិ​ទាំង‌ឡាយ គ្មាន​ព្រះ​ណា​រំដោះ​ស្រុក​គេ​ឲ្យ​រួច​ពី​ព្រះ‌ហស្ដ​របស់​ព្រះ‌ចៅ​ក្រុង​អាស្ស៊ីរី​ទាល់​តែ​សោះ! តើ​ព្រះ​របស់​ក្រុង​ហាម៉ាត និង​ក្រុង​អារប៉ាដ ទៅ​ណា​បាត់​អស់​ហើយ? ៣៤ តើ​ព្រះ​របស់​ក្រុង​សេផា‌វ៉ា‌អ៊ីម ក្រុង​ហេណា និង​ក្រុង​អ៊ីវ៉ា ទៅ​ណា​បាត់​អស់​ហើយ? ម្ដេច​ក៏​មិន​ឃើញ​ព្រះ​ទាំង​នោះ​រំដោះ​ក្រុង​សាម៉ារី ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង?។ ៣៥ ក្នុង​ចំណោម​ព្រះ​ទាំង​ប៉ុន្មាន​របស់​ស្រុក​ទាំង​នោះ គ្មាន​ព្រះ​មួយ​ណា​បាន​រំដោះ​ស្រុក​របស់​ខ្លួន ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​យើង​ឡើយ។ ដូច្នេះ ព្រះ‌អម្ចាស់​ក៏​ពុំ​អាច​រំដោះ​ក្រុង​យេរូ‌សាឡឹម ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​បាន​ដែរ!»។
៣៦ ប្រជាជន​នៅ​ស្ងៀម‌ស្ងាត់​ទាំង​អស់​គ្នា គ្មាន​នរណា​ឆ្លើយ​ទៅ​មេ‌ទ័ព​អាស្ស៊ីរី​ឡើយ ដ្បិត​ព្រះ‌បាទ​អេសេ‌ខ្យាស​បាន​បង្គាប់​ពួក​គេ​មិន​ឲ្យ​ឆ្លើយ​តប​នឹង​មេ‌ទ័ព​នោះ​ជា​ដាច់​ខាត។ ៣៧ លោក​អេលី‌យ៉ា‌គីម​ជា​កូន​របស់​លោក​ហ៊ីល‌គីយ៉ា ហើយ​ជា​អ្នក​មើល​ខុស​ត្រូវ​លើ​ព្រះ‌បរម​រាជ​វាំង លោក​សិបណា​ជា​ស្មៀន​ហ្លួង និង​លោក​យ៉ូអា កូន​របស់​លោក​អសាភ ជា​អ្នក​នាំ​ពាក្យ​របស់​ស្តេច នាំ​គ្នា​វិល​ទៅ​គាល់​ព្រះ‌បាទ​អេសេ‌ខ្យាស​វិញ ទាំង​ហែក​សម្លៀក‌បំពាក់ ហើយ​ទូល​ថ្វាយ​ព្រះ‌រាជា​នូវ​ពាក្យ​របស់​មេ‌ទ័ព​ស្រុក​អាស្ស៊ីរី។
១៩
ព្រះ‌បាទ​អេសេ‌ខ្យាស​សួរ​យោបល់​លោក​អេសាយ
(អេសាយ ៣៧.១-៧)
 កាល​ព្រះ‌បាទ​អេសេ‌ខ្យាស​ទទួល​ដំណឹង​នេះ ព្រះ‌អង្គ​ហែក​ព្រះ‌ភូសា​ចោល យក​បាវ​មក​ស្លៀក រួច​យាង​ទៅ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។  ព្រះ‌រាជា​ចាត់​លោក​អេលី‌យ៉ា‌គីម ដែល​ជា​អ្នក​មើល​ខុស​ត្រូវ​លើ​ព្រះ‌បរម‌រាជ​វាំង និង​លោក​សិបណា ជា​ស្មៀន​ហ្លួង ព្រម​ទាំង​លោក​បូជា‌ចារ្យ​ចាស់ៗ ដែល​ស្លៀក​បាវ​ទាំង​អស់​គ្នា ឲ្យ​ទៅ​ជួប​ព្យាការី​អេសាយ ជា​កូន​របស់​លោក​អម៉ុស។  ពួក​គេ​ជម្រាប​លោក​ដូច​ត​ទៅ៖ «ព្រះ‌បាទ​អេសេ‌ខ្យាស​មាន​រាជ‌ឱង្ការ​ថា: ថ្ងៃ​នេះ​ជា​ថ្ងៃ​មាន​ទុក្ខ ជា​ថ្ងៃ​ដែល​យើង​ទទួល​ទណ្ឌ‌កម្ម និង​អាម៉ាស់​មុខ គឺ​ប្រៀប​ដូច​ជា​ថ្ងៃ​ដែល​ទារក​ត្រូវ​កើត តែ​ម្ដាយ​គ្មាន​កម្លាំង​បង្កើត​វា​មក​ទេ។  ស្តេច​ស្រុក​អាស្ស៊ីរី​បាន​ចាត់​មេ‌ទ័ព​ឲ្យ​មក​ជេរ​ប្រមាថ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ។ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក​ប្រហែល​ជា​ឮ​ពាក្យ​ទាំង​ប៉ុន្មាន​របស់​មេ‌ទ័ព​នោះ​ដែរ ហើយ​ព្រះ‌អង្គ​មុខ​ជា​ដាក់​ទោស​គេ ព្រោះ​តែ​ពាក្យ​ដែល​ព្រះ‌អង្គ​បាន​ឮ។ ហេតុ​នេះ សូម​ទូល‌អង្វរ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក សូម​ព្រះ‌អង្គ​មេត្តា​ប្រណី​ដល់​ប្រជាជន​ដែល​នៅ​សេស‌សល់​នេះ​ផង»។
 មន្ត្រី​របស់​ព្រះ‌បាទ​អេសេ‌ខ្យាស​ក៏​នាំ​គ្នា​ទៅ​ជួប​លោក​អេសាយ  ហើយ​លោក​អេសាយ​ប្រាប់​ពួក​គេ​ថា៖ «អស់​លោក​ត្រូវ​ទូល​ព្រះ‌ករុណា​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “កុំ​ភ័យ‌ខ្លាច​ព្រោះ​តែ​ពាក្យ​ដែល​អ្នក​បាន​ឮ គឺ​ពាក្យ​ដែល​ពួក​អាស្ស៊ីរី​បាន​ប្រមាថ​មាក់​ងាយ​យើង​នោះ​ឡើយ។  បន្តិច​ទៀត ស្តេច​ស្រុក​អាស្ស៊ីរី​នឹង​ទទួល​ដំណឹង​មួយ យើង​នឹង​ធ្វើ​ឲ្យ​ស្តេច​នេះ​វិល​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន​វិញ ហើយ​ត្រូវ​គេ​ធ្វើ​គុត​ដោយ​មុខ​ដាវ នៅ​ស្រុក​នោះ”»។
ការ​គំរាម‌កំហែង​សា​ជា​ថ្មី​ពី​សំណាក់​ស្តេច​សេណា‌ខេ‌រីប
(អេសាយ ៣៧.៨-១៣; ២​របា.៣២.១៧)
 មេ‌ទ័ព​បាន​វិល​ទៅ​ជួប​ស្តេច​ស្រុក​អាស្ស៊ីរី​វិញ ក្នុង​ពេល​ដែល​ព្រះ‌អង្គ​កំពុង​តែ​លើក​ទ័ព​ចេញ​ពី​ក្រុង​ឡាគីស​ទៅ​វាយ​យក​ក្រុង​លីបណា។  ពេល​នោះ ស្តេច​ស្រុក​អាស្ស៊ីរី​ទទួល​ដំណឹង​ថា កង‌ទ័ព​អេស៊ីប​ដឹក​នាំ​ដោយ​ព្រះ‌ចៅ​ទីរ៉ាកា ជា​ជន​ជាតិ​អេត្យូពី កំពុង​តែ​ចេញ​មក​ធ្វើ​សឹក​នឹង​ទ័ព​អាស្ស៊ីរី ១០ ព្រះ‌អង្គ​ក៏​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ទូល​ព្រះ‌បាទ​អេសេ‌ខ្យាស ជា​ស្តេច​ស្រុក​យូដា​ថា៖ «សូម​កុំ​បណ្តោយ​ឲ្យ​ព្រះ​របស់​ព្រះ‌ករុណា គឺ​ព្រះ​ដែល​ព្រះ‌ករុណា​ទុក​ចិត្ត បញ្ឆោត​ព្រះ‌ករុណា ដោយ​អះ‌អាង​ថា “ក្រុង​យេរូ‌សាឡឹម​នឹង​មិន​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្តេច​ស្រុក​អាស្ស៊ីរី​ទេ”។ ១១ ព្រះ‌ករុណា​ជ្រាប​ស្រាប់​ហើយ​ថា ស្តេច​ស្រុក​អាស្ស៊ីរី​នៅ​ជំនាន់​មុនៗ បាន​បំផ្លាញ​នគរ​ទាំង​ប៉ុន្មាន​ថ្វាយ​ផ្ដាច់*​ដល់​ព្រះ​របស់​យើង។ ចុះ​ព្រះ‌ករុណា​វិញ តើ​ព្រះ‌ករុណា​ស្មាន​ថា​នឹង​រួច​ខ្លួន​កើត​ឬ?។ ១២ ពេល​ពួក​អយ្យ‌កោ​របស់​យើង​កម្ទេច​នគរ​កូសាន ហារ៉ាន រ៉េតសេប និង​ក្រុង​របស់​ពួក​អេដែន នៅ​ស្រុក​តេឡាសារ គ្មាន​ព្រះ​ណា​មួយ​របស់​ប្រជា‌ជាតិ​ទាំង​នោះ​រំដោះ​ពួក​គេ​បាន​ឡើយ។ ១៣ រីឯ​ស្តេច​ទាំង‌ឡាយ​របស់​ក្រុង​ហាម៉ាត ក្រុង​អារប៉ាដ ក្រុង​សេផា‌វ៉ា‌អ៊ីម ក្រុង​ហេណា និង​ក្រុង​អ៊ីវ៉ា ក៏​ត្រូវ​វិនាស​អស់​គ្មាន​សល់​ដែរ!»។
ពាក្យ​ទូល‌អង្វរ​របស់​ព្រះ‌បាទ​អេសេ‌ខ្យាស
(អេសាយ ៣៧.១៤-២០)
១៤ ព្រះ‌បាទ​អេសេ‌ខ្យាស​ទទួល​លិខិត​ពី​អ្នក​នាំ​សារ​មក​អាន រួច​ព្រះ‌អង្គ​យាង​ឡើង​ទៅ​ព្រះ‌វិហារ យក​លិខិត​នោះ​ទៅ​បង្ហាញ​ព្រះ‌អម្ចាស់១៥ ព្រះ‌បាទ​អេសេ‌ខ្យាស​ទូល‌អង្វរ​ព្រះ‌អម្ចាស់​ថា៖
«ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល ដែល​គង់​នៅ​លើ​ពួក​ខេរូ‌ប៊ីម*​អើយ! មាន​តែ​ព្រះ‌អង្គ​មួយ​គត់ ដែល​ជា​ព្រះ​របស់​នគរ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែន‌ដី ព្រះ‌អង្គ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែន‌ដី។ ១៦ ព្រះ‌អម្ចាស់​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ទូល‌បង្គំ! ព្រះ‌អម្ចាស់​អើយ សូម​បើក​ព្រះ​នេត្រ​ទត​មើល​ផង! សូម​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ស្តេច​សេណា‌ខេ‌រីប​ផ្ញើ​មក​ជេរ​ប្រមាថ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ! ១៧ ព្រះ‌អម្ចាស់​អើយ ស្តេច​ស្រុក​អាស្ស៊ីរី​ពិត​ជា​បាន​កម្ទេច​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន និង​បំផ្លាញ​ទឹក​ដី​របស់​គេ ១៨ ព្រម​ទាំង​យក​ព្រះ​របស់​គេ​ទៅ​ដុត​ឲ្យ​វិនាស​សូន្យ​ថែម​ទៀត​ផង។ ប៉ុន្តែ ព្រះ​ទាំង​នោះ​មិន‌មែន​ជា​ព្រះ​ទេ គឺ​គ្រាន់​តែ​ជា​រូប​ឈើ ឬ​ថ្ម ដែល​ជា​ស្នា​ដៃ​របស់​មនុស្ស​ប៉ុណ្ណោះ។ ១៩ ឥឡូវ​នេះ ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ សូម​សង្គ្រោះ​យើង​ខ្ញុំ​ឲ្យ​រួច​ផុត ពី​កណ្ដាប់​ដៃ​របស់​ស្តេច​សេណា‌ខេ‌រីប​ផង ដើម្បី​ឲ្យ​នគរ​ទាំង​ប៉ុន្មាន​នៅ​ផែន‌ដី​ទទួល​ស្គាល់​ថា មាន​តែ​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ​ដែល​ពិត​ជា​ព្រះ‌ជាម្ចាស់!»។
លោក​អេសាយ​នាំ​ព្រះ‌បន្ទូល​មក​ថ្លែង​ប្រាប់​ព្រះ‌រាជា
(អេសាយ ៣៧.២១-៣៥)
២០ ពេល​នោះ លោក​អេសាយ ជា​កូន​របស់​លោក​អម៉ុស បាន​ចាត់​គេ​ឲ្យ​ទៅ​ទូល​ព្រះ‌បាទ​អេសេ‌ខ្យាស​ថា៖ «ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “យើង​បាន​ឮ​ពាក្យ​ដែល​អ្នក​ទូល‌អង្វរ​យើង​ស្តី​អំពី​សេណា‌ខេ‌រីប ជា​ស្តេច​របស់​ស្រុក​អាស្ស៊ីរី​ហើយ”។
២១ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ស្តេច​នោះ​ថា:
សេណា‌ខេ‌រីប​អើយ
ក្រុង​ស៊ីយ៉ូន ដែល​ប្រៀប​ដូច​ជា​ស្ត្រី​ព្រហ្ម‌ចារី
ប្រមាថ​មើល‌ងាយ​អ្នក
អ្នក​ក្រុង​យេរូ‌សាឡឹម​គ្រវី​ក្បាល ចំអក​ឲ្យ​អ្នក។
២២ តើ​អ្នក​បាន​ជេរ និង​ត្មះ‌តិះ‌ដៀល​នរណា?
តើ​អ្នក​ស្រែក​ក្តែងៗ​ប្រឆាំង​នឹង​នរណា?
គឺ​អ្នក​ហ៊ាន​ព្រហើន​ដាក់​ព្រះ​ដ៏‌វិសុទ្ធ*
របស់​ជន​ជាតិ​អ៊ីស្រា‌អែល!
២៣ អ្នក​បាន​ចាត់​ពួក​នាំ​សារ​របស់​អ្នក
ឲ្យ​មក​ជេរ​ព្រះ‌អម្ចាស់ ហើយ​អ្នក​ពោល​ថា:
ដោយ​អញ​មាន​រទេះ​ចម្បាំង​ដ៏​ច្រើន
អញ​ឡើង​ទៅ​លើ​កំពូល​ភ្នំ
អញ​ចូល​ទៅ​ដល់​ព្រៃ​ជ្រៅ​នៅ​ស្រុក​លីបង់
ដើម្បី​កាប់​ដើម​តាត្រៅ និង​ដើម​ស្រឡៅ​ដ៏​ល្អៗ
អញ​នឹង​ឡើង​ទៅ​ដល់​ចុង​កំពូល
ហើយ​ចូល​ទៅ​ដល់​ព្រៃ​ស្រោង។
២៤ អញ​បាន​ជីក​អណ្ដូង
ហើយ​ផឹក​ទឹក​របស់​សាសន៍​ដទៃ
ពេល​អញ​ឈាន​ជើង​ជាន់​តំបន់​ទន្លេ​នីល
នោះ​ទឹក​ទន្លេ​រីង​អស់​ជា​មិន​ខាន។
២៥ សេណា‌ខេ‌រីប​អើយ អ្នក​មិន​ដឹង​ទេ​ឬ​ថា
យើង​បាន​គ្រោង​ទុក និង​រៀប‌ចំ​ព្រឹត្តិ‌ការណ៍
ទាំង​នេះ តាំង​ពី​បុរាណ​កាល​មក​ម៉្លេះ!
ឥឡូវ​នេះ យើង​ធ្វើ​ឲ្យ​សម្រេច
ដើម្បី​កម្ទេច​ក្រុង​ដែល​មាន​កំពែង​ដ៏​រឹង‌មាំ
ឲ្យ​ក្លាយ​ទៅ​ជា​គំនរ​ឥដ្ឋ។
២៦ អ្នក​ក្រុង​ទាំង​នោះ​គ្មាន​កម្លាំង​ត‌ទល់​ទេ
ពួក​គេ​ភ័យ‌ខ្លាច ហើយ​អាម៉ាស់​មុខ
ពួក​គេ​ប្រៀប​បី​ដូច​ជា​ស្មៅ​នៅ​តាម​ទី​វាល
ឬ​ដូច​រុក្ខ‌ជាតិ​នៅ​តាម​ចម្ការ
និង​ដូច​ស្មៅ​ដុះ​នៅ​លើ​ដំបូល​ផ្ទះ
ឬ​ដូច​ស្រូវ​កំពុង​តែ​ក្រៀម​ស្វិត​ទៅ
មុន​ពេល​មាន​ពន្លក​លូត​ចេញ​មក។
២៧ ចំណែក​ឯ​យើង​វិញ អ្នក​ធ្វើ​អ្វី​ក៏​ដោយ
យើង​ដឹង​ទាំង​អស់!
ពេល​ណា​អ្នក​អង្គុយ ពេល​ណា​អ្នក​ចេញ ឬ​ចូល
ពេល​អ្នក​ច្រឡោត​ខឹង​នឹង​យើង ក៏​យើង​ដឹង​ដែរ
២៨ ដ្បិត​អ្នក​ច្រឡោត​ខឹង​នឹង​យើង
យើង​បាន​ឮ​ពាក្យ​សម្ដី​ព្រហើនៗ​របស់​អ្នក
ហេតុ​នេះ​ហើយ​បាន​ជា​យើង​យក​កន្លុះ
មក​ដាក់​ច្រមុះ​អ្នក
និង​យក​បង្ហៀរ​មក​ដាក់​មាត់​អ្នក
ហើយ​ដឹក​អ្នក​វិល​ត្រឡប់​ទៅ​ស្រុក​របស់​អ្នក​វិញ
តាម​ផ្លូវ​ដែល​អ្នក​បាន​ធ្វើ​ដំណើរ​មក។
២៩ ចំពោះ​អ្នក​វិញ អេសេ‌ខ្យាស​អើយ យើង​នឹង​បង្ហាញ​ទី​សម្គាល់​មួយ​ឲ្យ​អ្នក​ឃើញ គឺ​ឆ្នាំ​នេះ អ្នក​រាល់​គ្នា​បរិភោគ​ស្រូវ​ធ្លាក់​មក​ពី​លើ ឆ្នាំ​ក្រោយ អ្នក​រាល់​គ្នា​នឹង​បរិភោគ​ស្រូវ​ដែល​ដុះ​ចេញ​ពី​ដី​មក​ដោយ​ឯក​ឯង តែ​ឆ្នាំ​ក្រោយ​មួយ​ទៀត អ្នក​រាល់​គ្នា​ត្រូវ​សាប‌ព្រោះ​ច្រូត​កាត់ អ្នក​រាល់​គ្នា​ត្រូវ​ដាំ​ទំពាំង‌បាយ‌ជូរ រួច​បរិភោគ‌ផល​នោះ​ទៅ។ ៣០ អ្នក​ស្រុក​យូដា​ដែល​បាន​រួច​ជីវិត និង​នៅ​សេស‌សល់​ប្រៀប​ដូច​ជា​ដើម​ឈើ ដែល​ចាក់​ឫស​ទៅ​ក្នុង​ដី ហើយ​មាន​មែក​ពេញ​ទៅ​ដោយ​ផ្លែ។ ៣១ ដោយ​ព្រះ‌ហឫ‌ទ័យ​ស្រឡាញ់​ដ៏​លើស‌លប់​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ព្រះ‌អង្គ​នឹង​ទុក​ឲ្យ​ប្រជាជន​មួយ​ចំនួន​សេស‌សល់​នៅ​ក្រុង​យេរូ‌សាឡឹម ហើយ​ឲ្យ​ប្រជាជន​មួយ​ចំនួន​រួច​ជីវិត​នៅ​ភ្នំ​ស៊ីយ៉ូន។
៣២ ចំពោះ​ស្តេច​អាស្ស៊ីរី​វិញ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “ស្តេច​នោះ​នឹង​មិន​ចូល​មក​ក្នុង​ក្រុង​យេរូ‌សាឡឹម​ទេ ហើយ​ក៏​មិន​បាញ់​ព្រួញ​ចូល​មក ឬ​ប្រើ​ខែល និង​លើក​ដី ដើម្បី​វាយ​លុក​ក្រុង​នេះ​ដែរ”។ ៣៣ ស្តេច​នោះ​នឹង​វិល​ត្រឡប់​ទៅ​វិញ តាម​ផ្លូវ​ដែល​គេ​ធ្វើ​ដំណើរ​មក គឺ​គេ​នឹង​មិន​ចូល​ក្នុង​ក្រុង​នេះ​ឡើយ -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ៣៤ យើង​នឹង​ការ‌ពារ ហើយ​សង្គ្រោះ​ក្រុង​នេះ ដោយ​យល់​ដល់​នាម​របស់​យើង និង​យល់​ដល់​ដាវីឌ ជា​អ្នក​បម្រើ​របស់​យើង​ដែរ»។
ជន​ជាតិ​អាស្ស៊ីរី​ដក​ទ័ព​ថយ ស្តេច​សេណា‌ខេ‌រីប​សោយ​ទិវង្គត
(អេសាយ ៣៧.៣៦-៣៨, ២​របា.៣២.២១-២២)
៣៥ នៅ​យប់​នោះ ទេវទូត*​របស់​ព្រះ‌អម្ចាស់​បាន​ចេញ​មក​វាយ​ទី​តាំង​ទ័ព​របស់​ពួក​អាស្ស៊ីរី ហើយ​ប្រហារ​ជីវិត​ពួក​គេ​អស់​មួយ​សែន​ប្រាំ​បី‌ម៉ឺន​ប្រាំ‌ពាន់​នាក់។ លុះ​ព្រឹក​ឡើង ពេល​ភ្ញាក់​ពី​ដំណេក គេ​ឃើញ​មាន​សាក‌សព​នៅ​ពាស‌ពេញ​ទី​តាំង​ទ័ព។ ៣៦ ព្រះ‌ចៅ​សេណា‌ខេ‌រីប ជា​ស្តេច​ស្រុក​អាស្ស៊ីរី ក៏​ដក​ទ័ព​ចេញ​ពី​ទី​នោះ វិល​ត្រឡប់​ទៅ​គង់​នៅ​ក្រុង​នីនីវេ​វិញ។ ៣៧ ថ្ងៃ​មួយ ពេល​ស្តេច​កំពុង​តែ​ថ្វាយ‌បង្គំ​ព្រះ​នីស‌រ៉ុក នៅ​ក្នុង​វិហារ នោះ​បុត្រ​បង្កើត​ពីរ​អង្គ​របស់​ស្តេច គឺ​អដ្រា‌មេ‌ឡេក និង​សារ៉េតសេ បាន​ធ្វើ​គុត​ស្តេច​ដោយ​មុខ​ដាវ រួច​នាំ​គ្នា​គេច​ខ្លួន​ទៅ​តំបន់​អារ៉ារ៉ាត។ ព្រះ‌រាជ​បុត្រ​មួយ​អង្គ​ទៀត​ព្រះ‌នាម​អេសារ‌ហាដូន ឡើង​ស្នង​រាជ្យ។
២០
ព្រះ‌បាទ​អេសេ‌ខ្យាស​ប្រឈួន ហើយ​ព្រះ‌ជាម្ចាស់​ប្រោស​ស្តេច​ឲ្យ​ជា
(អេសាយ ៣៨.១-៨, ២​របា.៣២.២៤)
 នៅ​គ្រា​នោះ ព្រះ‌បាទ​អេសេ‌ខ្យាស​ប្រឈួន​ជា​ទម្ងន់ ហៀប​នឹង​សុគត។ ព្យាការី​អេសាយ ជា​កូន​របស់​លោក​អម៉ុស មក​គាល់​ស្តេច ទូល​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា សូម​ព្រះ‌ករុណា​ផ្តែ‌ផ្តាំ​រាជ‌វង្សា‌នុវង្ស​ឲ្យ​ហើយ​ទៅ ដ្បិត​ព្រះ‌ករុណា​មិន​រស់​រាន​ត​ទៅ​ទៀត​ទេ ព្រះ‌ករុណា​ជិត​សោយ​ទិវង្គត​ហើយ»។  ព្រះ‌បាទ​អេសេ‌ខ្យាស​បែរ​ព្រះ‌ភ័ក្ត្រ​ទៅ​រក​ជញ្ជាំង ទូល‌អង្វរ​ព្រះ‌អម្ចាស់​ដូច​ត​ទៅ៖  «ឱ! ព្រះ‌អម្ចាស់​អើយ សូម​កុំ​ភ្លេច​ឡើយ​ថា ទូល‌បង្គំ​បាន​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌អង្គ ដោយ​ចិត្ត​ស្មោះ‌ស្ម័គ្រ និង​ចិត្ត​ទៀង​ត្រង់ ទូល‌បង្គំ​ប្រព្រឹត្ត​តែ​អំពើ​ដែល​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫ‌ទ័យ​ប៉ុណ្ណោះ!»។ ព្រះ‌បាទ​អេសេ‌ខ្យាស​បង្ហូរ​ជល‌នេត្រ​យ៉ាង​ខ្លាំង។
 ពេល​នោះ ព្យាការី​អេសាយ​មិន​ទាន់​ចេញ​ផុត​ពី​ធ្លា​ធំ​នៃ​រាជ​វាំង​ផង ស្រាប់​តែ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ដូច​ត​ទៅ៖  «ចូរ​វិល​ទៅ​ប្រាប់​ស្តេច​អេសេ‌ខ្យាស ជា​អ្នក​ដឹក​នាំ​ប្រជា‌រាស្ដ្រ​របស់​យើង​ថា: ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ស្តេច​ដាវីឌ ដែល​ជា​អយ្យ‌កោ​របស់​ព្រះ‌ករុណា ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “យើង​ឮ​ពាក្យ​អង្វរ​របស់​អ្នក ហើយ​យើង​ក៏​បាន​ឃើញ​ទឹក​ភ្នែក​របស់​អ្នក​ដែរ។ យើង​នឹង​ប្រោស​អ្នក​ឲ្យ​បាន​ជា ហើយ​នៅ​ថ្ងៃ​ទី​បី អ្នក​នឹង​ឡើង​ទៅ​កាន់​ដំណាក់​ព្រះ‌អម្ចាស់។  យើង​នឹង​បន្ថែម​អាយុ​ឲ្យ​អ្នក​ដប់​ប្រាំ​ឆ្នាំ​ទៀត។ យើង​នឹង​រំដោះ​អ្នក ព្រម​ទាំង​រំដោះ​ក្រុង​យេរូ‌សាឡឹម​នេះ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ស្តេច​ស្រុក​អាស្ស៊ីរី។ យើង​ក៏​នឹង​ការ‌ពារ​ក្រុង​នេះ​ដោយ​យល់​ដល់​នាម​របស់​យើង និង​យល់​ដល់​ដាវីឌ ជា​អ្នក​បម្រើ​យើង”»។
 ព្យាការី​អេសាយ​បង្គាប់​ទៅ​រាជ​បម្រើ​ថា៖ «ចូរ​យក​ម្សៅ​ឧទុម្ពរ​មួយ​កញ្ចប់​លាប​លើ​ដំបៅ នោះ​ព្រះ‌បាទ​អេសេ‌ខ្យាស​នឹង​បាន​រស់​រាន​មិន​ខាន»។
 ពេល​នោះ ព្រះ‌បាទ​អេសេ‌ខ្យាស​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​អេសាយ​ថា៖ «តើ​មាន​ទី​សម្គាល់​អ្វី ដែល​នាំ​ឲ្យ​យើង​ដឹង​ថា យើង​នឹង​បាន​ជា​សះ‌ស្បើយ ហើយ​ឡើង​ទៅ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​នៅ​ថ្ងៃ​ទី​បី?»។  ព្យាការី​អេសាយ​ទូល​ស្តេច​ថា៖ «នេះ​ជា​ទី​សម្គាល់​ដែល​ព្រះ‌អម្ចាស់ប្រទាន​មក​ព្រះ‌ករុណា ដើម្បី​ឲ្យ​ព្រះ‌ករុណា​ជ្រាប​ថា ព្រះ‌អម្ចាស់​នឹង​សម្រេច​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។ តើ​ស្រមោល​ថ្ងៃ​ដែល​ជះ​ទៅ​លើ​រង្វាស់​ម៉ោង នឹង​ដើរ​ទៅ​មុខ​ដប់​កាំ ឬ​ថយ​ក្រោយ​ដប់​កាំ?»។ ១០ ព្រះ‌បាទ​អេសេ‌ខ្យាស​មាន​រាជ‌ឱង្ការ​ថា៖ «ស្រមោល​ដើរ​ទៅ​មុខ​ដប់​កាំ ជា​ការ​ងាយ​ស្រួល​ទេ។ ដូច្នេះ សូម​ឲ្យ​ស្រមោល​ដើរ​ថយ​ក្រោយ​ដប់​កាំ​វិញ»។ ១១ ពេល​នោះ ព្យាការី​អេសាយ​ទូល‌អង្វរ​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​ក៏​ធ្វើ​ឲ្យ​ស្រមោល​ដែល​ជះ​ទៅ​លើ​រង្វាស់​ម៉ោង​របស់​ព្រះ‌បាទ​អខាស ដើរ​ថយ​ក្រោយ​ដប់​កាំ។
ព្រះ‌បាទ​អេសេ‌ខ្យាស​ទទួល​ទូត​របស់​ស្រុក​បាប៊ីឡូន
(អេសាយ ៣៩)
១២ នៅ​គ្រា​ដដែល​នោះ ស្តេច​ស្រុក​បាប៊ីឡូន គឺ​ព្រះ‌ចៅ​បេរ៉ូដាក-‌បាឡា‌ដន ជា​បុត្រ​របស់​ព្រះ‌ចៅ​បាឡា‌ដន បាន​ផ្ញើ​រាជ‌សារ និង​តង្វាយ​មក​ថ្វាយ​ព្រះ‌បាទ​អេសេ‌ខ្យាស ដ្បិត​ស្តេច​ជ្រាប​ដំណឹង​ថា ព្រះ‌បាទ​អេសេ‌ខ្យាស​ព្រះ‌អង្គ​ប្រឈួន។ ១៣ ព្រះ‌បាទ​អេសេ‌ខ្យាស​ទទួល​រាជ‌ទូត​ស្រុក​បាប៊ីឡូន​ឲ្យ​ចូល​សវនា‌ការ ហើយ​នាំ​ពួក​គេ​ទៅ​ទស្សនា​កន្លែង​ដែល​ស្តេច​តម្កល់​វត្ថុ​ដ៏​មាន​តម្លៃ ធ្វើ​ពី​មាស និង​ប្រាក់ ព្រម​ទាំង​គ្រឿង​ក្រអូប ប្រេង​ដ៏​មាន​តម្លៃ គ្រឿង​សព្វា‌វុធ​ផ្សេងៗ និង​អ្វីៗ​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​ឃ្លាំង​រាជ‌ទ្រព្យ។ ព្រះ‌បាទ​អេសេ‌ខ្យាស​បង្ហាញ​អ្វីៗ​ទាំង​អស់ ដែល​មាន​នៅ​ក្នុង​រាជ​វាំង និង​ក្នុង​នគរ ឲ្យ​រាជ‌ទូត​របស់​ស្តេច​បាប៊ីឡូន​ឃើញ ឥត​មាន​ចន្លោះ​អ្វី​សោះ​ឡើយ។
១៤ បន្ទាប់​មក ព្យាការី​អេសាយ​ចូល​មក​គាល់​ព្រះ‌បាទ​អេសេ‌ខ្យាស ទូល​សួរ​ថា៖ «អ្នក​ទាំង​នោះ​មក​ពី​ណា? តើ​គេ​ទូល​ព្រះ‌ករុណា​ដូច​ម្ដេច​ខ្លះ?»។ ព្រះ‌បាទ​អេសេ‌ខ្យាស​មាន​រាជ‌ឱង្ការ​ថា៖ «ពួក​គេ​មក​ពី​ស្រុក​ឆ្ងាយ ដើម្បី​មក​គាល់​យើង គឺ​មក​ពី​ស្រុក​បាប៊ីឡូន»។ ១៥ លោក​អេសាយ​សួរ​ព្រះ‌បាទ​អេសេ‌ខ្យាស​ទៀត​ថា៖ «តើ​ពួក​គេ​បាន​ឃើញ​អ្វី​ខ្លះ​នៅ​ក្នុង​ព្រះ‌បរម​រាជ​វាំង?»។ ព្រះ‌បាទ​អេសេ‌ខ្យាស​តប​វិញ​ថា៖ «ពួក​គេ​បាន​ឃើញ​អ្វីៗ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​វាំង​របស់​យើង ដ្បិត​យើង​បាន​បង្ហាញ​ភោគ‌ទ្រព្យ​ទាំង​អស់ ឲ្យ​ពួក​គេ​ឃើញ ឥត​មាន​លាក់‌លៀម​អ្វី​ឡើយ»។
១៦ ពេល​នោះ លោក​អេសាយ​ទូល​ព្រះ‌បាទ​អេសេ‌ខ្យាស​ថា៖ «សូម​ព្រះ‌ករុណា​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ដូច​ត​ទៅ: ១៧ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា នៅ​គ្រា​ខាង​មុខ រាជ​ទ្រព្យ​ទាំង​អស់ ដែល​ស្ថិត​នៅ​ក្នុង​វាំង​របស់​ព្រះ‌ករុណា និង​ភោគ​សម្បត្តិ​ដែល​ព្រះ‌អយ្យ‌កោ​របស់​ព្រះ‌ករុណា​បាន​សន្សំ​ទុក នឹង​ត្រូវ​គេ​ដឹក​ជញ្ជូន​យក​ទៅ​ស្រុក​បាប៊ីឡូន ឥត​មាន​សេស‌សល់​អ្វី​ឡើយ។ ១៨ គេ​ក៏​នាំ​រាជ‌វង្សា‌នុវង្ស​របស់​ព្រះ‌ករុណា​យក​ទៅ​ធ្វើ​ជា​មហា‌តលិក នៅ​ក្នុង​វាំង​របស់​ស្តេច​ស្រុក​បាប៊ីឡូន​ដែរ»។ ១៩ ព្រះ‌បាទ​អេសេ‌ខ្យាស​មាន​រាជ‌ឱង្ការ​តប​ទៅ​លោក​អេសាយ​វិញ​ថា៖ «ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ដែល​លោក​ថ្លែង​នេះ ល្អ​ហើយ»។ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៀត​ថា៖ «ក្នុង​ពេល​យើង​នៅ​មាន​ជីវិត នោះ​នៅ​តែ​មាន​សន្តិ‌ភាព និង​សុខ‌សាន្ត‌ត្រាណ មែន​ទេ?»។
២០ រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​អេសេ‌ខ្យាស និង​វីរ‌ភាព​ដ៏​អង់‌អាច​ទាំង​ប៉ុន្មាន ហើយ​ការ​ជីក​ស្រះ និង​ប្រឡាយ ដើម្បី​បង្ហូរ​ទឹក​ចូល​ក្នុង​ក្រុង​យេរូ‌សាឡឹម សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្តេច​ស្រុក​យូដា។ ២១ កាល​ព្រះ‌បាទ​អេសេ‌ខ្យាស​សោយ​ទិវង្គត ព្រះ‌បាទ​ម៉ាណាសេ ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។
២១
ព្រះ‌បាទ​ម៉ាណាសេ​សោយ​រាជ្យ​លើ​ស្រុក​យូដា
(២​របា.៣៣.១-១០, ១៨-២០)
 កាល​ព្រះ‌បាទ​ម៉ាណាសេ​ឡើង​សោយ​រាជ្យ ព្រះ‌អង្គ​មាន​ព្រះ‌ជន្មាយុ​ដប់‌ពីរ​វស្សា ព្រះ‌អង្គ​សោយ‌រាជ្យ​បាន​ហា‌សិប​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្តេច​មាន​នាម​ថា​ព្រះ‌នាង​ហែប‌ស៊ីបា។  ស្តេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់ ដោយ​ប្រព្រឹត្ត​តាម​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ប្រជា‌ជាតិ​នានា ដែល​ព្រះ‌អម្ចាស់​បាន​បណ្តេញ​ចេញ​ពី​មុខ​កូន​ចៅ​អ៊ីស្រា‌អែល។  ស្តេច​បាន​សង់​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ​ឡើង​វិញ គឺ​កន្លែង​ដែល​ព្រះ‌បាទ​អេសេ‌ខ្យាស ជា​បិតា បាន​លុប​បំបាត់។ ស្តេច​បាន​សង់​អាសនៈ​របស់​ព្រះ​បាល និង​ដំឡើង​បង្គោល​ថ្វាយ​ព្រះ‌អាសេរ៉ា ដូច​ព្រះ‌បាទ​អខាប់ ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល​បាន​ប្រព្រឹត្ត​ដែរ។ ស្តេច​ក្រាប​ថ្វាយ‌បង្គំ និង​គោរព​បម្រើ​ផ្កាយ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ។  ស្តេច​បាន​សង់​អាសនៈ​របស់​ព្រះ​ដទៃ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ គឺ​នៅ​កន្លែង​ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា “យើង​នឹង​យក​ក្រុង​យេរូ‌សាឡឹម​នេះ ទុក​ជា​កន្លែង​សម្រាប់​នាម​យើង”។  ព្រះ‌បាទ​ម៉ាណាសេ​សង់​អាសនៈ សម្រាប់​ផ្កាយ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ ក្នុង​ទី‌លាន​ទាំង​ពីរ​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។  ស្តេច​បាន​យក​បុត្រា​ទៅ​ធ្វើ​បូជា​យញ្ញ ស្តេច​បាន​រក​គ្រូ​មើល​ជោគ‌រាសី ប្រព្រឹត្ត​មន្ត‌អាគម ព្រម​ទាំង​តែង‌តាំង​ឲ្យ​មាន​គ្រូ​អន្ទង​ខ្មោច និង​គ្រូ​ទស្សន៍‌ទាយ​ផង។ ស្តេច​ប្រព្រឹត្ត​អំពើ​អាក្រក់​កាន់​តែ​ខ្លាំង​ឡើងៗ ដែល​មិន​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់ ធ្វើ​ឲ្យ​ព្រះ‌អង្គ​ព្រះ‌អង្គ​ព្រះ‌ពិរោធ។  ព្រះ‌បាទ​ម៉ាណាសេ​បាន​ធ្វើ​រូប​បដិមា​របស់​ព្រះ‌អាសេរ៉ា យក​ទៅ​តម្កល់​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ថ្វី‌ដ្បិត​តែ​ព្រះ‌អម្ចាស់​ធ្លាប់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះ‌បាទ​ដាវីឌ និង​ព្រះ‌បាទ​សាឡូម៉ូន ជា​បុត្រ​ថា «យើង​ជ្រើស‌រើស​ព្រះ‌ដំណាក់ និង​ក្រុង​យេរូ‌សាឡឹម ពី​ចំណោម​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល ទុក​ជា​កន្លែង​សម្រាប់​នាម​យើង​រហូត​ត​ទៅ។  ប្រសិន​បើ​ប្រជាជន​អ៊ីស្រា‌អែល​កាន់​តាម​វិន័យ​ទាំង​ប៉ុន្មាន​ដែល​យើង​បាន​បង្គាប់​មក តាម‌រយៈ​ម៉ូសេ​ជា​អ្នក​បម្រើ​របស់​យើង នោះ​យើង​មិន​ឲ្យ​ពួក​គេ​ខ្ចាត់‌ព្រាត់​ចេញ​ឆ្ងាយ​ពី​ទឹក​ដី ដែល​យើង​ប្រគល់​ឲ្យ​ដូន‌តា​របស់​គេ​ឡើយ»។  ប៉ុន្តែ ពួក​គេ​មិន​ព្រម​ស្ដាប់​ទេ ព្រះ‌បាទ​ម៉ាណាសេ​នាំ​ពួក​គេ​ឲ្យ​វង្វេង​រហូត​ដល់​ប្រព្រឹត្ត​អំពើ​អាក្រក់ ជាង​ប្រជា‌ជាតិ​នានា ដែល​ព្រះ‌អម្ចាស់​បាន​បំផ្លាញ នៅ​ចំពោះ​មុខ​កូន​ចៅ​អ៊ីស្រា‌អែល​ទៅ​ទៀត។ ១០ ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តាម‌រយៈ​ពួក​ព្យាការី ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ថា៖ ១១ «ម៉ាណាសេ ជា​ស្តេច​ស្រុក​យូដា បាន​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​ទាំង​នេះ គឺ​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន ច្រើន​ជាង​ជន​ជាតិ​អាម៉ូរី កាល​ពី​មុន ហើយ​គេ​ក៏​បាន​នាំ​ជន​ជាតិ​យូដា​ប្រព្រឹត្ត​អំពើ​បាប ដោយ​គោរព​រូប​ព្រះ​ក្លែង‌ក្លាយ​ដែរ។ ១២ ហេតុ​នេះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: យើង​នឹង​ធ្វើ​ឲ្យ​ទុក្ខ​វេទនា​កើត​មាន​ដល់​ក្រុង​យេរូ‌សាឡឹម និង​ស្រុក​យូដា ហើយ​នរណា​ក៏​ដោយ ឲ្យ​តែ​ឮ​គេ​និយាយ​អំពី​ហេតុ‌ការណ៍​នេះ ក៏​តក់‌ស្លុត​ដែរ។ ១៣ យើង​នឹង​បំផ្លាញ​ក្រុង​យេរូ‌សាឡឹម ដូច​យើង​បាន​បំផ្លាញ​ក្រុង​សាម៉ារី និង​រាជ‌វង្ស​អខាប់​ដែរ។ យើង​នឹង​បោស​សំអាត​ក្រុង​យេរូ‌សាឡឹម ឥត​ទុក​ឲ្យ​នៅ​សល់​អ្វី​ឡើយ។ ១៤ យើង​នឹង​បោះ‌បង់​ចោល​ប្រជា‌រាស្ដ្រ​របស់​យើង​ដែល​នៅ​សេស‌សល់ គឺ​យើង​នឹង​ប្រគល់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​របស់​គេ។ ខ្មាំង​សត្រូវ​នឹង​ប្លន់​រឹប​អូស​យក​អ្វីៗ​ទាំង​អស់​ចេញ​ពី​ពួក​គេ ១៥ ដ្បិត​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​យើង​មិន​ពេញ​ចិត្ត គឺ​ពួក​គេ​ធ្វើ​ឲ្យ​យើង​ក្រេវ‌ក្រោធ តាំង​ពី​ថ្ងៃ​ដែល​ដូន‌តា​របស់​ពួក​គេ​ចាក‌ចេញ​ពី​ស្រុក​អេស៊ីប រហូត​មក​ដល់​សព្វ​ថ្ងៃ»។
១៦ ក្រៅ​ពី​អំពើ​បាប​ដែល​ព្រះ‌បាទ​ម៉ាណាសេ​នាំ​ប្រជាជន​យូដា​ឲ្យ​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់ ស្តេច​ក៏​បាន​បង្ហូរ​ឈាម​ជន​ស្លូត​ត្រង់​ជា​ច្រើន រហូត​ដល់​ក្រុង​យេរូ‌សាឡឹម​មាន​ពាស‌ពេញ​ទៅ​ដោយ​ឈាម។
១៧ រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​ម៉ាណាសេ និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អង្គ​បាន​ធ្វើ គឺ​អំពើ​បាប​សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្តេច​ស្រុក​យូដា។ ១៨ កាល​ព្រះ‌បាទ​ម៉ាណាសេ​សោយ​ទិវង្គត គេ​បាន​យក​សព​របស់​ស្តេច​ទៅ​បញ្ចុះ​ក្នុង​សួន​ឧទ្យាន​នៃ​រាជ​វាំង គឺ​សួន​របស់​លោក​អ៊ូសា ហើយ​ព្រះ‌បាទ​អាំម៉ូន ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។
ព្រះ‌បាទ​អាំម៉ូន​សោយ​រាជ្យ​លើ​ស្រុក​យូដា
(២​របា.៣៣.២១-២៥)
១៩ កាល​ព្រះ‌បាទ​អាំម៉ូន​ឡើង​សោយ​រាជ្យ ព្រះ‌អង្គ​មាន​ព្រះ‌ជន្មាយុ​ម្ភៃ​ពីរ​វស្សា ហើយ​សោយ​រាជ្យ​បាន​ពីរ​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្តេច​មាន​នាម​ថា ម៉េស៊ូ‌លេ‌ម៉េត ជា​កូន​របស់​លោក​ហារូស ជា​អ្នក​ស្រុក​យ៉ុតបា។ ២០ ស្តេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់ ដូច​ព្រះ‌បាទ​ម៉ាណាសេ ជា​បិតា។ ២១ ស្តេច​ប្រព្រឹត្ត​អំពើ​គ្រប់​យ៉ាង គឺ​គោរព​បម្រើ និង​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ​ដូច​បិតា​ដែរ។ ២២ ស្តេច​បាន​បោះ‌បង់​ចោល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ពួក​អយ្យ‌កោ គឺ​មិន​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌អម្ចាស់​ឡើយ។ ២៣ ពួក​មន្ត្រី​របស់​ព្រះ‌បាទ​អាំម៉ូន​បាន​ឃុប‌ឃិត​គ្នា​ក្បត់​នឹង​ស្តេច ហើយ​ធ្វើ​គុត​ស្តេច​ក្នុង​រាជ​វាំង។ ២៤ ប៉ុន្តែ ប្រជាជន​យូដា​នាំ​គ្នា​ប្រហារ​ពួក​ក្បត់ ដែល​បាន​ឃុប‌ឃិត​គ្នា​ធ្វើ​គុត​ព្រះ‌បាទ​អាំម៉ូន ហើយ​តែង‌តាំង​ព្រះ‌បាទ​យ៉ូស្យាស ជា​បុត្រ ឲ្យ​ឡើង​ស្នង​រាជ្យ។
២៥ រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​អាំម៉ូន និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អង្គ​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្តេច​ស្រុក​យូដា។ ២៦ គេ​បាន​យក​សព​របស់​ស្តេច​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​នៅ​សួន​របស់​លោក​អ៊ូសា ហើយ​ព្រះ‌បាទ​យ៉ូស្យាស ជា​បុត្រ ឡើង​ស្នង​រាជ្យ។
២២
ព្រះ‌បាទ​យ៉ូស្យាស​សោយ​រាជ្យ​លើ​ស្រុក​យូដា
(២​របា.៣៤.១-២)
 កាល​ព្រះ‌បាទ​យ៉ូស្យាស​ឡើង​សោយ​រាជ្យ ព្រះ‌អង្គ​មាន​ព្រះ‌ជន្មាយុ​ប្រាំ​បី​វស្សា ហើយ​សោយ​រាជ្យ​បាន​សាម‌សិប​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្តេច​មាន​នាម​ថា យេឌីដា ជា​កូន​របស់​លោក​អដាយ៉ា ជា​អ្នក​ស្រុក​បូស‌កាថ។  ស្តេច​បាន​ប្រព្រឹត្ត​អំពើ​សុចរិត ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់ ហើយ​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌បាទ​ដាវីឌ ជា​អយ្យ‌កោ​ឥត​ខ្ចោះ ដោយ​មិន​ងាក​ទៅ​ស្តាំ ឬ​ទៅ​ឆ្វេង​ឡើយ។
លោក​មហា‌បូជា‌ចារ្យ​រក​ឃើញ​គម្ពីរ‌វិន័យ
(២​របា.៣៤.៨-១៨)
 នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​បី​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​យ៉ូស្យាស ព្រះ‌អង្គ​ចាត់​លោក​សាផាន ជា​ស្មៀន​ហ្លួង ដែល​ត្រូវ​ជា​កូន​របស់​លោក​អសា‌លីយ៉ា និង​ជា​ចៅ​របស់​លោក​មេស៊ូ‌ឡាម ឲ្យ​ទៅ​កាន់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ដោយ​មាន​រាជ‌ឱង្ការ​ថា៖  «ចូរ​ទៅ​ជួប​លោក​មហា‌បូជា‌ចារ្យ​ហ៊ីល‌គីយ៉ា សុំ​ឲ្យ​លោក​បូក​សរុប​ប្រាក់ ដែល​គេ​យក​មក​ថ្វាយ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ គឺ​ប្រាក់​ក្រុម​យាម​ទ្វារ​បាន​ទទួល​ពី​ប្រជាជន។  ចូរ​ឲ្យ​គេ​ប្រគល់​ប្រាក់​នោះ ទៅ​ពួក​មេ​ជាង ដែល​ទទួល​ខុស​ត្រូវ​ជួស‌ជុល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ដើម្បី​បង់​ថ្លៃ​ឈ្នួល​របស់​ពួក​កម្មករ​ជួស‌ជុល​ព្រះ‌ដំណាក់  គឺ​ពួក​ជាង​ឈើ ជាង​សំណង់ ជាង​កំបោរ និង​សម្រាប់​ទិញ​ឈើ ថ្ម‌ដាប់ ដើម្បី​ជួស‌ជុល​ព្រះ‌ដំណាក់។  ប៉ុន្តែ ចូរ​កុំ​សួរ​នាំ​ពី​ប្រាក់​ដែល​ប្រគល់​ទៅ​ឲ្យ​ពួក​មេ​ជាង​ឡើយ ដ្បិត​ពួក​គេ​ធ្វើ​ការ​នេះ​ដោយ​ចិត្ត​ស្មោះ​បំផុត»។
 ពេល​នោះ លោក​មហា‌បូជា‌ចារ្យ​ហ៊ីល‌គីយ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​លោក​សាផាន ជា​ស្មៀន​ហ្លួង​ថា៖ «ខ្ញុំ​បាន​រក​ឃើញ​គម្ពីរ‌វិន័យ នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់!»។ លោក​ហ៊ីល‌គីយ៉ា​ជូន​គម្ពីរ​នេះ​ទៅ​លោក​សាផាន ហើយ​លោក​សាផាន​ក៏​អាន។  បន្ទាប់​មក លោក​សាផាន ជា​ស្មៀន​ហ្លួង ក៏​វិល​មក​គាល់​ស្តេច​វិញ ទូល​រៀប‌រាប់​ដូច​ត​ទៅ៖ «យើង​ខ្ញុំ​បាន​ប្រគល់​ប្រាក់​តង្វាយ​ដែល​ប្រមូល​នៅ​ក្នុង​ព្រះ‌ដំណាក់ ទៅ​ឲ្យ​ពួក​មេ​ជាង​ជា​អ្នក​ទទួល​ខុស​ត្រូវ​ជួស‌ជុល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ហើយ»។ ១០ លោក​សាផាន ជា​ស្មៀន​ហ្លួង ទូល​ស្តេច​ទៀត​ថា៖ «លោក​បូជា‌ចារ្យ​ហ៊ីល‌គីយ៉ា​បាន​ប្រគល់​គម្ពីរ​មួយ​ក្បាល​ឲ្យ​ទូល‌បង្គំ» រួច​លោក​ក៏​អាន​ថ្វាយ​ព្រះ‌រាជា​ស្ដាប់។
ព្រះ‌បាទ​យ៉ូស្យាស​សុំ​ឲ្យ​ព្យាកា‌រិនី​ហ៊ូលដា​ទូល​សួរ​ព្រះ‌អម្ចាស់
(២​របា.៣៤.១៩-២៨)
១១ កាល​ព្រះ‌រាជា​ឮ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ក្នុង​គម្ពីរ‌វិន័យ ស្តេច​ក៏​ហែក​ព្រះ‌ភូសា។
១២ បន្ទាប់​មក ព្រះ‌អង្គ​បញ្ជា​ទៅ​លោក​បូជា‌ចារ្យ​ហ៊ីល‌គីយ៉ា លោក​អហ៊ីកាម ជា​កូន​របស់​លោក​សាផាន លោក​អាក់ប៊រ ជា​កូន​របស់​លោក​មីកា លោក​សាផាន ជា​ស្មៀន​ហ្លួង និង​លោក​អសាយ៉ា ជា​រាជ​បម្រើ​ថា៖ ១៣ «សូម​អស់​លោក​អញ្ជើញ​ទៅ​ទូល​សួរ​ព្រះ‌អម្ចាស់​ឲ្យ​យើង និង​ប្រជាជន​ស្រុក​យូដា​ទាំង​មូល ពី​សេចក្ដី​ទាំង​ប៉ុន្មាន​ក្នុង​គម្ពីរ​ដែល​ទើប​រក​ឃើញ​នេះ​ផង។ ព្រះ‌អម្ចាស់​មុខ​ជា​ព្រះ‌ពិរោធ​នឹង​យើង​យ៉ាង​ខ្លាំង ដ្បិត​ពួក​ដូន‌តា​របស់​យើង មិន​បាន​ស្ដាប់​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នេះ​ទេ ហើយ​ក៏​មិន​ប្រតិ‌បត្តិ​តាម​ដែរ»។
១៤ លោក​បូជា‌ចារ្យ​ហ៊ីល‌គីយ៉ា លោក​អហ៊ីកាម លោក​អាក់ប៊រ លោក​សាផាន និង​លោក​អសាយ៉ា នាំ​គ្នា​ទៅ​ជួប​ព្យាកា‌រិនី​ហ៊ូល‌ដា ជា​ភរិយា​របស់​លោក​សាលូម ជា​កូន​របស់​លោក​ទីកវ៉ាឮ ជា​ចៅ​របស់​លោក​ហារ៉ាស់ និង​ជា​អ្នក​ថែ‌រក្សា​សម្លៀក‌បំពាក់​បូជា‌ចារ្យ។ នាង​រស់​នៅ​ក្នុង​សង្កាត់​ថ្មី​នៃ​ក្រុង​យេរូ‌សាឡឹម។ កាល​រាជ​បម្រើ​ទាំង​នោះ​រៀប‌រាប់​ប្រាប់​នាង​ចប់​សព្វ​គ្រប់​ហើយ ១៥ នាង​មាន​ប្រសាសន៍​ថា៖ «ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ចូរ​ប្រាប់​មនុស្ស​ដែល​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​មក​រក​យើង​ថា ១៦ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “យើង​នឹង​ធ្វើ​ឲ្យ​ទុក្ខ​វេទនា​កើត​មាន​ដល់​ក្រុង​នេះ ព្រម​ទាំង​ប្រជាជន ស្រប​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ដែល​ស្តេច​ស្រុក​យូដា​បាន​អាន។ ១៧ ដោយ​ពួក​គេ​បាន​បោះ‌បង់​ចោល​យើង ហើយ​ដុត​គ្រឿង​ក្រអូប​ថ្វាយ​ព្រះ​ដទៃ និង​បញ្ឆេះ​កំហឹង​របស់​យើង ព្រោះ​តែ​អំពើ​ទាំង​ប៉ុន្មាន​របស់​ពួក​គេ​ប្រព្រឹត្ត នោះ​យើង​នឹង​ដាក់​ទោស​ក្រុង​នេះ គឺ​យើង​មិន​អាច​អត់‌ឱន​បាន​ឡើយ!”។ ១៨ ប៉ុន្តែ ចូរ​ទៅ​ប្រាប់​ស្តេច​ស្រុក​យូដា ដែល​ចាត់​អស់​លោក​ឲ្យ​មក​ទូល​សួរ​ព្រះ‌អម្ចាស់​ថា ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: អ្នក​បាន​ស្ដាប់​ឮ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នេះ​ហើយ។ ១៩ ពេល​អ្នក​ឮ​សេចក្ដី​ដែល​យើង​ថ្លែង​ទាស់​នឹង​ក្រុង​យេរូ‌សាឡឹម ព្រម​ទាំង​ទាស់​នឹង​ប្រជាជន​នៅ​ក្រុង​នេះ​ថា “ពួក​គេ​នឹង​ត្រូវ​វិនាស​អន្តរាយ ហើយ​សាសន៍​ដទៃ​នឹង​យក​ឈ្មោះ​ពួក​គេ​ទៅ​ដាក់​បណ្ដាសា​គ្នា” នោះ​អ្នក​ក៏​បាន​បើក​ចិត្ត​ទទួល ហើយ​ដាក់​ខ្លួន​នៅ​ចំពោះ​មុខ​យើង ទាំង​ហែក​សម្លៀក‌បំពាក់ យំ​សោក ដូច្នេះ យើង​ក៏​ស្ដាប់​អ្នក​ដែរ -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់២០ ហេតុ​នេះ​ហើយ​បាន​ជា​យើង​នឹង​ឲ្យ​អ្នក​ទៅ​ជួប‌ជុំ​ដូន‌តា​របស់​អ្នក អ្នក​នឹង​ចែក​ស្ថាន​ទៅ​ដោយ​សុខ‌សាន្ត គេ​នឹង​បញ្ចុះ​សព​អ្នក។ អ្នក​ពុំ​ឃើញ​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន ដែល​យើង​នឹង​ធ្វើ​ឲ្យ​កើត​មាន​ដល់​ក្រុង​នេះ​ឡើយ»។ រាជ​បម្រើ​ក៏​នាំ​យក​ចម្លើយ​នេះ​ទៅ​ទូល​ស្តេច​វិញ។
២៣
ការ​កែ​ទម្រង់​នៅ​រជ្ជ‌កាល​ព្រះ‌បាទ​យ៉ូស្យាស
(២​របា.៣៤.២៩-៣៣, ៣-៧)
 ព្រះ‌រាជា​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​អស់​លោក​ព្រឹទ្ធា‌ចារ្យ នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូ‌សាឡឹម​មក​គាល់។  បន្ទាប់​មក ស្តេច​យាង​ទៅ​កាន់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ជា​មួយ​ប្រជាជន​ទាំង​អស់​នៅ​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម​ទាំង​មូល គឺ​មាន​អស់​លោក​បូជា‌ចារ្យ ព្យាការី និង​ប្រជាជន​ទាំង​អស់ គ្រប់​ជាន់​ថ្នាក់។ ព្រះ‌រាជា​អាន​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន​ក្នុង​គម្ពីរ​សម្ពន្ធ‌មេត្រី ដែល​គេ​រក​ឃើញ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ឲ្យ​ប្រជាជន​ស្ដាប់។  ព្រះ‌រាជា​ឈរ​នៅ​លើ​វេទិកា នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ហើយ​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ព្រះ‌អម្ចាស់ ដោយ​សន្យា​ថា សុខ​ចិត្ត​ដើរ​តាម​ព្រះ‌អម្ចាស់ និង​កាន់​តាម​បទ‌បញ្ជា ដំបូន្មាន និង​វិន័យ​របស់​ព្រះ‌អង្គ ដោយ​ស្មោះ​អស់​ពី​ចិត្ត និង​អស់​ពី​ស្មារតី ដើម្បី​គោរព​តាម​សេចក្ដី​ក្នុង​សម្ពន្ធ‌មេត្រី ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នេះ។ ប្រជាជន​ទាំង​មូល​ក៏​ចូល​រួម​ក្នុង​សម្ពន្ធ‌មេត្រី​នេះ​ដែរ។
 ស្តេច​ចេញ​បញ្ជា​ដល់​លោក​មហា‌បូជា‌ចារ្យ​ហ៊ីល‌គីយ៉ា និង​ពួក​បូជា‌ចារ្យ​ថ្នាក់​បន្ទាប់ ព្រម​ទាំង​ក្រុម​យាម​ទ្វារ ឲ្យ​យក​វត្ថុ​ទាំង​ប៉ុន្មាន​ដែល​គេ​ថ្វាយ​ព្រះ​បាល ព្រះ​អាសេរ៉ា និង​ផ្កាយ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ ចេញ​ពី​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់។ គេ​យក​វត្ថុ​ទាំង​នោះ​ទៅ​ដុត​ចោល​នៅ​ក្រៅ​ក្រុង​យេរូ‌សាឡឹម ក្នុង​ជ្រោះ​កេដ្រូន រួច​យក​ផេះ​ទៅ​ចោល​នៅ​បេត‌អែល។  ស្តេច​លុប​បំបាត់​ពួក​បូជា‌ចារ្យ​ដែល​ស្តេច​ស្រុក​យូដា​បាន​លើក​បន្តុប សម្រាប់​ដុត​គ្រឿង​ក្រអូប នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​នៃ​ក្រុង​ទាំង‌ឡាយ​ក្នុង​ស្រុក​យូដា និង​នៅ​ជុំ‌វិញ​ក្រុង​យេរូ‌សាឡឹម។ ស្តេច​លុប​បំបាត់​អស់​អ្នក​ដែល​ដុត​គ្រឿង​ក្រអូប​ថ្វាយ​ព្រះ​បាល ព្រះ‌អាទិត្យ ព្រះ‌ច័ន្ទ តារា‌និករ និង​ហ្វូង‌តារា​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ។  ស្តេច​យក​បង្គោល​របស់​ព្រះ​អាសេរ៉ា​ចេញ​ពី​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ទៅ​ចោល​ក្រៅ​ក្រុង​យេរូ‌សាឡឹម រួច​ដុត​នៅ​ជ្រោះ​កេដ្រូន។ គេ​ដុត​កម្ទេច​បង្គោល​នោះ​ឲ្យ​ទៅ​ជា​ផេះ ហើយ​យក​ផេះ​ទៅ​បាច​លើ​ផ្នូរ​របស់​ប្រជាជន។  ព្រះ‌បាទ​យ៉ូស្យាស​កម្ទេច​កន្លែង​សម្រាប់​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ ដែល​ស្ថិត​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​ជា​កន្លែង​ដែល​ពួក​ស្ត្រី​ត្បាញ​ក្រណាត់ ធ្វើ​សម្លៀក‌បំពាក់​ថ្វាយ​ព្រះ‌អាសេរ៉ា​ដែរ។  ស្តេច​កោះ​ហៅ​បូជា‌ចារ្យ​ទាំង​អស់​ពី​ក្រុង​ទាំង‌ឡាយ ក្នុង​ស្រុក​យូដា។ ស្តេច​បាន​បំផ្លាញ​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ ចាប់​ពី​ក្រុង​កេបា​រហូត​ដល់​បៀរ‌សេបា ជា​កន្លែង​ដែល​បូជា‌ចារ្យ​ទាំង​នោះ​ធ្លាប់​ដុត​គ្រឿង​ក្រអូប។ ស្តេច​ក៏​រំលំ​កន្លែង​សក្ការៈ​នៅ​តាម​ទ្វារ​ក្រុង​យេរូ‌សាឡឹម ដូច​ជា​កន្លែង​សក្ការៈ​ដែល​ស្ថិត​នៅ​ខាង​ឆ្វេង​ទ្វារ​លោក​យ៉ូស៊ូអា ជា​អភិ‌បាល​ក្រុង។  ពួក​បូជា‌ចារ្យ​នៃ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ គ្មាន​សិទ្ធិ​ឡើង​ទៅ​ថ្វាយ​យញ្ញ‌បូជា​នៅ​លើ​អាសនៈ​របស់​ព្រះ‌អម្ចាស់ នៅ​ក្រុង​យេរូ‌សាឡឹម​ទេ តែ​ពួក​គេ​អាច​បរិភោគ​នំបុ័ង​ឥត​មេ​ជា​មួយ​បូជា‌ចារ្យ​ដទៃ​ទៀត​បាន។
១០ ព្រះ‌បាទ​យ៉ូស្យាស​បាន​បំផ្លាញ​កន្លែង​ធ្វើ​បូជា​យញ្ញ​នៅ​តូផែត ក្នុង​ជ្រលង​ភ្នំ​បេន‌ហ៊ី‌ណូម ដើម្បី​កុំ​ឲ្យ​នរណា​ម្នាក់​យក​កូន​ប្រុស កូន​ស្រី​របស់​ខ្លួន ទៅ​ធ្វើ​បូជា​យញ្ញ​ថ្វាយ​ព្រះ​ម៉ូឡុក​ទៀត​ឡើយ។ ១១ ព្រះ‌បាទ​យ៉ូស្យាស​យក​រូប​សេះ​ទាំង​ប៉ុន្មាន ដែល​ស្តេច​ស្រុក​យូដា​ធ្វើ​ថ្វាយ​ព្រះ‌អាទិត្យ ចេញ​ពី​មាត់​ទ្វារ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ រូប​ទាំង​នោះ​ស្ថិត​ក្បែរ​បន្ទប់​របស់​លោក​មហា‌តលិក​នេតាន‌មេឡេក គឺ​នៅ​ក្នុង​បន្ទប់​អម។ ស្តេច​ក៏​បាន​ដុត​រទេះ​របស់​ព្រះ‌អាទិត្យ​ចោល​ដែរ។ ១២ ស្តេច​រំលំ​អាសនៈ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌បាទ​អខាស់ និង​ស្តេច​នានា​នៃ​ស្រុក​យូដា​បាន​សង់ នៅ​តាម​ថែវ​នៃ​បន្ទប់​ខាង​លើ។ ស្តេច​ក៏​រំលំ​អាសនៈ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌បាទ​ម៉ាណាសេ​បាន​សង់ ក្នុង​ទី‌លាន​ទាំង​ពីរ​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ បន្ទាប់​ពី​បំផ្លាញ​អាសនៈ​ទាំង​នោះ​ហើយ ស្តេច​យក​កម្ទេច​ទៅ​បោះ​ចោល​នៅ​ជ្រលង​ភ្នំ​កេដ្រូន។ ១៣ ស្តេច​បំផ្លាញ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​ទាំង​ប៉ុន្មាន ដែល​នៅ​ទល់​មុខ​នឹង​ក្រុង​យេរូ‌សាឡឹម ប៉ែក​ខាង​ត្បូង​ភ្នំ​ដើម​អូលីវ។ ព្រះ‌បាទ​សាឡូម៉ូន ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល បាន​សង់​កន្លែង​សក្ការៈ​ទាំង​នោះ​ថ្វាយ​ព្រះ‌អាស្តា‌រ៉ូត ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​នៃ​ជន​ជាតិ​ស៊ីដូន ព្រះ‌កេម៉ូស ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​នៃ​ជន​ជាតិ​ម៉ូអាប់ ព្រះ​មីល‌កូម ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​នៃ​ជន​ជាតិ​អាំម៉ូន។ ១៤ ស្តេច​វាយ​បំបាក់​ស្តូប និង​កាប់​រំលំ​បង្គោល​របស់​ព្រះ​អាសេរ៉ា ហើយ​យក​ធាតុ​មនុស្ស​មក​រាយ​ពាស‌ពេញ​ទី​នោះ​វិញ។
១៥ ព្រះ‌បាទ​យ៉ូស្យាស​រំលំ​អាសនៈ​នៅ​បេត‌អែល ជា​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ដែល​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត​បាន​សង់ ដើម្បី​នាំ​ប្រជាជន​អ៊ីស្រា‌អែល ឲ្យ​ប្រព្រឹត្ត​អំពើ​បាប។ ស្តេច​បាន​រំលំ​អាសនៈ និង​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​នេះ គឺ​ស្តេច​ដុត​ឲ្យ​ទៅ​ជា​ផេះ ហើយ​ក៏​ដុត​បង្គោល​របស់​ព្រះ​អាសេរ៉ា​ដែរ។ ១៦ ព្រះ‌បាទ​យ៉ូស្យាស​ងាក​ទៅ​ឃើញ​កន្លែង​បញ្ចុះ​សព​នៅ​លើ​ភ្នំ ក៏​បញ្ជា​ឲ្យ​គេ​យក​ឆ្អឹង​ខ្មោច​ក្នុង​ផ្នូរ​ទាំង​នោះ ទៅ​ដុត​នៅ​លើ​អាសនៈ។ ស្តេច​ធ្វើ​ឲ្យ​អាសនៈ​នោះ​ទៅ​ជា​សៅ‌ហ្មង ស្រប​តាម​ព្រះ‌បន្ទូល​ដែល​អ្នក​ជំនិត​របស់​ព្រះ‌អម្ចាស់​ថ្លែង​ទុក។ ១៧ ស្តេច​មាន​រាជ‌ឱង្ការ​ថា៖ «មើល! ផ្នូរ​នោះ​ជា​អ្វី?»។ ពួក​អ្នក​ក្រុង​ទូល​ថា៖ «គឺ​ផ្នូរ​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ដែល​មក​ពី​ស្រុក​យូដា ដើម្បី​ថ្លែង​ពី​ការ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌ករុណា​ទើប​នឹង​ប្រព្រឹត្ត​ចំពោះ​អាសនៈ​នៅ​បេត‌អែល​នេះ»។ ១៨ ស្តេច​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ទុក​ផ្នូរ​នេះ កុំ​ប៉ះ‌ពាល់​ធាតុ​របស់​លោក​ឡើយ»។ ដូច្នេះ គេ​មិន​គាស់​យក​ធាតុ​របស់​លោក ព្រម​ទាំង​ធាតុ​របស់​ព្យាការី​ដែល​មក​ពី​ស្រុក​សាម៉ារី​ទេ។
១៩ កាល​ពី​ដើម ស្តេច​នានា​នៃ​ស្រុក​អ៊ីស្រា‌អែល​បាន​សង់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ក្នុង​ក្រុង​ទាំង‌ឡាយ​នៅ​ស្រុក​សាម៉ារី បណ្តាល​ឲ្យ​ព្រះ‌អម្ចាស់​ព្រះ‌អង្គ​ព្រះ‌ពិរោធ។ ព្រះ‌បាទ​យ៉ូស្យាស​លុប​បំបាត់​កន្លែង​សក្ការៈ​ទាំង​នោះ​ដូច​ព្រះ‌អង្គ​បាន​ធ្វើ​នៅ​បេត‌អែល​ដែរ។ ២០ ស្តេច​បាន​ប្រហារ​បូជា‌ចារ្យ​ទាំង​អស់​នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ព្រម​ទាំង​ដុត​ឆ្អឹង​ខ្មោច​នៅ​លើ​នោះ​ផង​ដែរ។ បន្ទាប់​មក ព្រះ‌អង្គ​យាង​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ។
ជន​ជាតិ​យូដា​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង
(២​របា.៣៥.១, ១៨-១៩)
២១ ព្រះ‌រាជា​បង្គាប់​ដល់​ប្រជាជន​ទាំង​មូល​ថា៖ «ចូរ​នាំ​គ្នា​ប្រារព្ធ​បុណ្យ​ចម្លង​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ស្រប​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ទុក ក្នុង​គម្ពីរ​សម្ពន្ធ‌មេត្រី»។ ២២ តាំង​ពី​ជំនាន់​ពួក​វិរ‌បុរស និង​ក្នុង​ជំនាន់​ស្តេច​នានា​នៃ​ស្រុក​អ៊ីស្រា‌អែល និង​ស្រុក​យូដា គេ​មិន​ដែល​ប្រារព្ធ​បុណ្យ​ចម្លង​របៀប​នេះ​ទេ។ ២៣ នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​បី​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​យ៉ូស្យាស គេ​នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង​បែប​នេះ​ថ្វាយ​ព្រះ‌អម្ចាស់ នៅ​ក្រុង​យេរូ‌សាឡឹម។
ដំណាក់​ចុង​ក្រោយ​នៃ​រាជ្យ​ព្រះ‌បាទ​យ៉ូស្យាស
(២​របា.៣៥.២០-២៧, ៣៦.១)
២៤ ព្រះ‌បាទ​យ៉ូស្យាស​លុប​បំបាត់​គ្រូ​បញ្ជាន់​រូប គ្រូ​ទាយ​ជោគ‌រាសី រូប​តេរ៉ា‌ភីម*​សម្រាប់​បូល រូប​ព្រះ​ក្លែង‌ក្លាយ និង​វត្ថុ​ទាំង​ប៉ុន្មាន​គួរ​ស្អប់​ខ្ពើម​ដែល​មាន​នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​ឲ្យ​បាន​ស្រប​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ចែង​ទុក​ក្នុង​គម្ពីរ ដែល​លោក​បូជា‌ចារ្យ​ហ៊ីល‌គីយ៉ា​បាន​រក​ឃើញ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់
២៥ កាល​ពី​មុន ពុំ​ដែល​មាន​ស្តេច​អង្គ​ណា​មួយ​វិល​មក​រក​ព្រះ‌អម្ចាស់ ដោយ​ស្មោះ​អស់​ពី​ចិត្ត អស់​ពី​ស្មារតី និង​អស់​ពី​កម្លាំង ស្រប​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ‌វិន័យ​របស់​លោក​ម៉ូសេ ដូច​ព្រះ‌បាទ​យ៉ូស្យាស​ឡើយ ហើយ​ក្រោយ​មក ក៏​គ្មាន​ដែរ។
២៦ ប៉ុន្តែ ព្រះ‌អម្ចាស់​ព្រះ‌អង្គ​ព្រះ‌ពិរោធ​ប្រឆាំង​នឹង​អ្នក​ស្រុក​យូដា​យ៉ាង​ខ្លាំង​ដូច​មុន​ដដែល ព្រោះ​តែ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​ព្រះ‌បាទ​ម៉ាណាសេ​បាន​ប្រព្រឹត្ត​ទាស់​នឹង​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ។ ២៧ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​បណ្តេញ​ជន​ជាតិ​យូដា​ចេញ​ឲ្យ​ឆ្ងាយ​ពី​មុខ​យើង ដូច​យើង​បាន​បណ្តេញ​ជន​ជាតិ​អ៊ីស្រា‌អែល​ដែរ។ យើង​នឹង​បោះ‌បង់​ចោល​យេរូ‌សាឡឹម ជា​ក្រុង​ដែល​យើង​បាន​ជ្រើស‌រើស ព្រម​ទាំង​បោះ‌បង់​ចោល​ដំណាក់ ជា​កន្លែង​ដែល​យើង​សម្ដែង​នាម​របស់​យើង»។
២៨ រាជ​កិច្ច​ផ្សេងៗ​របស់​ព្រះ‌បាទ​យ៉ូស្យាស និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អង្គ​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្តេច​ស្រុក​យូដា។ ២៩ ក្នុង​រជ្ជ‌កាល​ព្រះ‌បាទ​យ៉ូស្យាស ព្រះ‌ចៅ​ផារ៉ោន‌នេកូ ជា​ស្តេច​ស្រុក​អេស៊ីប បាន​លើក​ទ័ព​ទៅ​កាន់​ទន្លេ​អឺប្រាត ដើម្បី​ជួយ​ស្តេច​ស្រុក​អាស្ស៊ីរី។ ព្រះ‌បាទ​យ៉ូស្យាស​បាន​លើក​ទ័ព​មក​វាយ​ស្ទាក់​ផ្លូវ តែ​កាល​ព្រះ‌ចៅ​ផារ៉ោន​ទត​ឃើញ ក៏​ធ្វើ​គុត​ព្រះ‌បាទ​យ៉ូស្យាស​នៅ​មេគីដូ។
៣០ ពួក​នាយ​ទាហាន​លើក​សព​របស់​ស្តេច​ដាក់​លើ​រទេះ នាំ​ពី​មេគីដូ​មក​ក្រុង​យេរូ‌សាឡឹម​វិញ ហើយ​បញ្ចុះ​នៅ​ក្នុង​ផ្នូរ​របស់​ស្តេច។ ប្រជាជន​នៅ​ស្រុក​យូដា​នាំ​គ្នា​ជ្រើស‌រើស​ព្រះ‌បាទ​យ៉ូអា‌ខាស ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូស្យាស មក​ចាក់​ប្រេង​អភិ‌សេក​ឲ្យ​ស្នង​រាជ្យ​បិតា។
ព្រះ‌បាទ​យ៉ូអា‌ខាស់​សោយ​រាជ្យ​នៅ​ស្រុក​យូដា
(២​របា.៣៦.២-៤)
៣១ កាល​ព្រះ‌បាទ​យ៉ូអា‌ខាស​ឡើង​សោយ​រាជ្យ ព្រះ‌អង្គ​មាន​ជន្មាយុ​ម្ភៃ​បី​ព្រះ‌វស្សា ហើយ​សោយ‌រាជ្យ​បាន​បី​ខែ​នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្តេច​មាន​នាម​ថា​ហាមូ‌តាល ជា​កូន​របស់​លោក​យេរេមី ជា​អ្នក​ស្រុក​លិប‌ណា។ ៣២ ស្តេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់ ដូច​ពួក​អយ្យ‌កោ ឥត​ចន្លោះ​ត្រង់​ណា​ឡើយ។ ៣៣ ព្រះ‌ចៅ​ផារ៉ោន‌នេកូ​ចាប់​ព្រះ‌បាទ​យ៉ូអា‌ខាស​ដាក់​ច្រវាក់​នៅ​ក្រុង​រីបឡា ក្នុង​ស្រុក​ហាម៉ាត់ ដើម្បី​កុំ​ឲ្យ​ស្តេច​សោយ​រាជ្យ​នៅ​ក្រុង​យេរូ‌សាឡឹម​ត​ទៅ​ទៀត។ ព្រះ‌ចៅ​ផារ៉ោន‌នេកូ​តម្រូវ​ឲ្យ​ស្រុក​យូដា​បង់​សួយ‌សារ‌អាករ​ជា​ប្រាក់​ហា‌សិប‌ហាប និង​មាស​កន្លះ​ហាប។ ៣៤ ព្រះ‌ចៅ​ផារ៉ោន‌នេកូ​តែង‌តាំង​ព្រះ‌បាទ​អេលី‌យ៉ា‌គីម ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូស្យាស ឲ្យ​ស្នង​រាជ្យ​បិតា ហើយ​ដូរ​នាម​ថា យ៉ូយ៉ា‌គីម​វិញ។ រីឯ​ព្រះ‌បាទ​យ៉ូអា‌ខាស ព្រះ‌ចៅ​ផារ៉ោន​នាំ​យក​ទៅ​ជា​ឈ្លើយ នៅ​ស្រុក​អេស៊ីប ហើយ​ព្រះ‌អង្គ​ក៏​សោយ​ទិវង្គត​នៅ​ទី​នោះ។ ៣៥ ព្រះ‌បាទ​យ៉ូយ៉ា‌គីម​បាន​ហូត​ពន្ធ​ពី​ប្រជាជន​នៅ​ក្នុង​ស្រុក គឺ​ស្តេច​បង្ខំ​ពួក​គេ​ឲ្យ​បង់​ជា​មាស ជា​ប្រាក់ ដូច​ព្រះ‌ចៅ​ផារ៉ោន​បាន​កំណត់​ទុក។ លុះ​បាន​គ្រប់​ចំនួន​ហើយ ស្តេច​ក៏​យក​ទៅ​ថ្វាយ​ព្រះ‌ចៅ​ផារ៉ោន‌នេកូ។
ព្រះ‌បាទ​យ៉ូយ៉ា‌គីម​សោយ​រាជ្យ​នៅ​ស្រុក​យូដា
(២​របា.៣៦.៥-៨)
៣៦ កាល​ព្រះ‌បាទ​យ៉ូយ៉ា‌គីម​ឡើង​សោយ​រាជ្យ ព្រះ‌អង្គ​មាន​ជន្មាយុ​ម្ភៃ‌ប្រាំ​ព្រះ‌វស្សា ហើយ​ព្រះ‌អង្គ​សោយ​រាជ្យ​បាន​ដប់​មួយ​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្តេច​មាន​នាម​ថា សេប៊ូដា ជា​កូន​របស់​លោក​ពេដាយ៉ា ជា​អ្នក​ស្រុក​រូម៉ា។ ៣៧ ព្រះ‌បាទ​យ៉ូយ៉ា‌គីម​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់ ដូច​ពួក​អយ្យ‌កោ ឥត​ចន្លោះ​ត្រង់​ណា​ឡើយ។
២៤
 ក្នុង​រជ្ជ‌កាល​ព្រះ‌បាទ​យ៉ូយ៉ា‌គីម ព្រះ‌ចៅ​នេប៊ូ‌កានេសារ ជា​ស្តេច​ស្រុក​បាប៊ីឡូន បាន​លើក​ទ័ព​ចេញ​មក​ច្បាំង។ ព្រះ‌បាទ​យ៉ូយ៉ា‌គីម​សុំ​ចុះ​ចូល ហើយ​ធ្វើ​ជា​រណប​ស្តេច​ស្រុក​បាប៊ីឡូន​អស់‌រយៈ​ពេល​បី​ឆ្នាំ។ បន្ទាប់​មក ព្រះ‌បាទ​យ៉ូយ៉ា‌គីម​ក៏​បះ‌បោរ​ប្រឆាំង​នឹង​ស្តេច​ស្រុក​បាប៊ីឡូន។  គ្រា​នោះ ព្រះ‌អម្ចាស់​ចាត់​ពួក​ចោរ​ព្រៃ ជា​ជន​ជាតិ​ខាល់ដេ ជន​ជាតិ​ស៊ីរី ជន​ជាតិ​ម៉ូអាប់ និង​ជន​ជាតិ​អាំម៉ូន ឲ្យ​ប្រឆាំង​នឹង​ព្រះ‌បាទ​យ៉ូយ៉ា‌គីម។ ព្រះ‌អង្គ​ចាត់​ពួក​គេ​ឲ្យ​មក​បំផ្លាញ​ស្រុក​យូដា ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​ថ្លែង​តាម‌រយៈ​ពួក​ព្យាការី ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។  ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ទុក្ខ​វេទនា​ទាំង​នេះ​កើត​មាន​ដល់​ស្រុក​យូដា ដើម្បី​បណ្តេញ​ពួក​គេ​ចេញ​ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ ព្រោះ​តែ​អំពើ​បាប​ទាំង​ប៉ុន្មាន ដែល​ព្រះ‌បាទ​ម៉ាណាសេ​បាន​ប្រព្រឹត្ត
 ហើយ​ស្តេច​ក៏​បាន​បង្ហូរ​ឈាម​ជន​ស្លូត​ត្រង់​ពាស‌ពេញ​ក្រុង​យេរូ‌សាឡឹម​ដែរ។ ដូច្នេះ ព្រះ‌អម្ចាស់​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​អត់‌ទោស​ឲ្យ​ឡើយ។
 រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​យ៉ូយ៉ា‌គីម និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អង្គ​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្តេច​ស្រុក​យូដា។  កាល​ព្រះ‌បាទ​យ៉ូយ៉ា‌គីម​សោយ​ទិវង្គត ព្រះ‌បាទ​យ៉ូយ៉ា‌គីន ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។  ស្តេច​ស្រុក​អេស៊ីប​មិន​ហ៊ាន​ចាក‌ចេញ​ពី​ស្រុក​របស់​ខ្លួន​ទេ ដ្បិត​ស្តេច​ស្រុក​បាប៊ីឡូន ដណ្ដើម​យក​បាន​ទឹក​ដី​ស្រុក​អេស៊ីប ចាប់​តាំង​ពី​ជ្រោះ​អេស៊ីប រហូត​ដល់​ទន្លេ​អឺប្រាត។
ព្រះ‌បាទ​យ៉ូយ៉ា‌គីន​សោយ​រាជ្យ​លើ​ស្រុក​យូដា
(២​របា.៣៦.៩-១០)
 កាល​ព្រះ‌បាទ​យ៉ូយ៉ា‌គីន​ឡើង​សោយ​រាជ្យ ព្រះ‌អង្គ​មាន​ជន្មាយុ​ដប់‌ប្រាំ‌បី​ព្រះ​វស្សា ហើយ​សោយ​រាជ្យ​បាន​បី​ខែ​នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្តេច​មាន​នាម​ថា នេហ៊ូសតា ជា​កូន​របស់​លោក​អែល‌ណា‌តាន អ្នក​ក្រុង​យេរូ‌សាឡឹម។  ស្តេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់ ដូច​បិតា ឥត​ចន្លោះ​ត្រង់​ណា​ឡើយ។
១០ នៅ​គ្រា​នោះ កង‌ទ័ព​របស់​ព្រះ‌ចៅ​នេប៊ូ‌កានេសារ ជា​ស្តេច​ស្រុក​បាប៊ីឡូន ឡើង​មក​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡឹម ហើយ​ឡោម‌ព័ទ្ធ​ក្រុង​នោះ។ ១១ ក្នុង​ពេល​ដែល​កង‌ទ័ព​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡឹម​នោះ ព្រះ‌ចៅ​នេប៊ូ‌កានេសារ បាន​យាង​មក​បញ្ជា​កង‌ទ័ព​ដោយ​ផ្ទាល់។ ១២ ពេល​នោះ ព្រះ‌បាទ​យ៉ូយ៉ា‌គីន ព្រម​ទាំង​មាតា ពួក​មន្ត្រី ពួក​នាយ​ទាហាន និង​ពួក​មហា‌តលិក ចេញ​មក​សុំ​ចុះ​ចាញ់​ស្តេច​ស្រុក​បាប៊ីឡូន។ ស្តេច​ស្រុក​បាប៊ីឡូន​ចាប់​អ្នក​ទាំង​នោះ​ធ្វើ​ជា​ឈ្លើយ នៅ​ឆ្នាំ​ទី​ប្រាំ​បី​នៃ​រជ្ជ‌កាល​របស់​ស្តេច​ផ្ទាល់។ ១៣ ស្តេច​ស្រុក​បាប៊ីឡូន​រឹប‌អូស​យក​ទ្រព្យ‌សម្បត្តិ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​រាជ‌ទ្រព្យ​នៅ​ក្នុង​វាំង ព្រះ‌អង្គ​វាយ​កម្ទេច​គ្រឿង​បរិក្ខារ​ធ្វើ​អំពី​មាស ដែល​ព្រះ‌បាទ​សាឡូម៉ូន​ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល​បាន​ធ្វើ សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់។ ហេតុ‌ការណ៍​នេះ​កើត​មាន​ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បាន​ថ្លែង​ទុក។ ១៤ ព្រះ‌ចៅ​នេប៊ូ‌កានេសារ កៀរ​អ្នក​ក្រុង​យេរូ‌សាឡឹម គឺ​មន្ត្រី​ទាំង​អស់ អ្នក​មុខ​អ្នក​ការ​ទាំង​អស់ ព្រម​ទាំង​ពួក​សិប្បករ និង​ជាង​ដែក​ទាំង​អស់ ដែល​មាន​ចំនួន​មួយ‌ម៉ឺន​នាក់ យក​ទៅ​ជា​ឈ្លើយ គឺ​ទុក​ឲ្យ​នៅ​សល់​តែ​ប្រជាជន​តូច‌តាច​ប៉ុណ្ណោះ។ ១៥ ព្រះ‌ចៅ​នេប៊ូ‌កានេសារ ក៏​បាន​កៀរ​ព្រះ‌បាទ​យ៉ូយ៉ា‌គីន ព្រម​ទាំង​មាតា មហេសី ស្រី​ស្នំ ពួក​មេ​ដឹក​នាំ និង​ពួក​មេ‌ទ័ព ពី​ក្រុង​យេរូ‌សាឡឹម​ទៅ​ស្រុក​បាប៊ីឡូន។ ១៦ ស្តេច​បាន​កៀរ​ពួក​អភិជន​ចំនួន​ប្រាំ​ពីរ‌ពាន់​នាក់ ព្រម​ទាំង​ពួក​សិប្ប‌ករ និង​ជាង​ដែក​ចំនួន​មួយ​ពាន់​នាក់ ជា​មនុស្ស​ពេញ​កម្លាំង​ដែល​អាច​ច្បាំង​បាន នាំ​ទៅ​ជា​ឈ្លើយ នៅ​ស្រុក​បាប៊ីឡូន​ផង​ដែរ។
១៧ ស្តេច​ស្រុក​បាប៊ីឡូន​តែង‌តាំង​សម្តេច​ម៉ាតា‌នីយ៉ា ជា​ព្រះ‌បិតុលា​របស់​ព្រះ‌បាទ​យ៉ូយ៉ា‌គីន ឲ្យ​ឡើង​គ្រង​រាជ្យ​ជំនួស ហើយ​ដូរ​នាម​ថា ព្រះ‌បាទ​សេដេ‌ខ្យាស។
ព្រះ‌បាទ​សេដេ‌ខ្យាស​សោយ​រាជ្យ​លើ​ស្រុក​យូដា
(យេរេមី ៥២.១-៣, ២​របា.៣៦.១១-១២)
១៨ ពេល​ព្រះ‌បាទ​សេដេ‌ខ្យាស​ឡើង​សោយ​រាជ្យ ព្រះ‌អង្គ​មាន​ជន្មាយុ​ម្ភៃ​មួយ​ព្រះ‌វស្សា។ ស្តេច​សោយ​រាជ្យ​បាន​ដប់​មួយ​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម មាតា​របស់​ស្តេច​មាន​នាម​ថា​ហាមូ‌តាល់ ជា​កូន​របស់​លោក​យេរេមី ជា​អ្នក​ស្រុក​លិប‌ណា។ ១៩ ព្រះ‌បាទ​សេដេ‌ខ្យាស​ប្រព្រឹត្ត​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង មិន​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់ ដូច​ព្រះ‌បាទ​យ៉ូយ៉ា‌គីម​ដែរ។
២០ ហេតុ‌ការណ៍​ទាំង​នេះ​កើត​មាន មក​ពី​ព្រះ‌អម្ចាស់​ព្រះ‌អង្គ​ព្រះ‌ពិរោធ​ចំពោះ​ក្រុង​យេរូ‌សាឡឹម និង​ស្រុក​យូដា។ ព្រះ‌អង្គ​បោះ‌បង់​ចោល​ពួក​គេ ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ។
២៥
ព្រះ‌ចៅ​នេប៊ូ‌កានេសារ ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡឹម
(យេរេមី ៣៩.១-៧, ៥២.៣-១១)
នៅ​គ្រា​នោះ ព្រះ‌បាទ​សេដេ‌ខ្យាស​បាន​បះ‌បោរ​ប្រឆាំង​នឹង​ស្តេច​ស្រុក​បាប៊ីឡូន។
 ក្នុង​ឆ្នាំ​ទី​ប្រាំ​បួន​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​សេដេ‌ខ្យាស នៅ​ថ្ងៃ​ទី​ដប់​នៃ​ខែ​ទី​ដប់ ព្រះ‌ចៅ​នេប៊ូ‌កានេសារ ជា​ស្តេច​ស្រុក​បាប៊ីឡូន បាន​លើក​ទ័ព​ទាំង​មូល​មក​វាយ​ក្រុង​យេរូ‌សាឡឹម។ ពួក​គេ​បោះ‌ទ័ព និង​លើក​ទួល​ព័ទ្ធ​ជុំ‌វិញ​ក្រុង​យេរូ‌សាឡឹម។  ពួក​គេ​ឡោម‌ព័ទ្ធ​ក្រុង​នេះ​រហូត​ដល់​ឆ្នាំ​ទី​ដប់​មួយ​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​សេដេ‌ខ្យាស។
 នៅ​ថ្ងៃ​ទី​ប្រាំ​បួន​នៃ​ខែ​បួន ពេល​ដែល​ទុរ្ភិក្ស​កើត​មាន​យ៉ាង​ខ្លាំង​នៅ​ក្នុង​ទី‌ក្រុង ហើយ​ប្រជាជន​នៅ​ក្នុង​ស្រុក​លែង​មាន​អាហារ​បរិភោគ​ទៀត​នោះ  ពួក​ខ្មាំង​បាន​ទម្លុះ​កំពែង​ក្រុង​មួយ​កន្លែង។ ទោះ‌បី​កង‌ទ័ព​ខាល់ដេ​ឡោម‌ព័ទ្ធ​ទី‌ក្រុង​ក្តី ពួក​ទាហាន​រត់​ចេញ​ពី​ទី‌ក្រុង​នៅ​ពេល​យប់ តាម​ទ្វារ​ដែល​ស្ថិត​នៅ​ចន្លោះ​កំពែង​ទាំង​ពីរ ក្បែរ​ឧទ្យាន​ហ្លួង ហើយ​រត់​តាម​ផ្លូវ​ឆ្ពោះ​ទៅ​វាល​អារ៉ាបា។  កង‌ទ័ព​ខាល់ដេ​នាំ​គ្នា​ដេញ​តាម​ទាន់​ព្រះ‌បាទ​សេដេ‌ខ្យាស នៅ​វាល​ទំនាប​ជិត​ក្រុង​យេរីខូ។ ពេល​នោះ កង‌ទ័ព​ទាំង​មូល​របស់​ស្តេច​រត់​បែក‌ខ្ញែក​គ្នា​អស់។  ពួក​គេ​ក៏​ចាប់​ស្តេច​បញ្ជូន​ទៅ​ព្រះ‌ចៅ​នេប៊ូ‌កានេសារ នៅ​ក្រុង​រីបឡា ហើយ​គេ​ប្រកាស​កាត់​ទោស​ព្រះ‌បាទ​សេដេ‌ខ្យាស។  គេ​បាន​អារ​ក​បុត្រ​ទាំង​អស់​របស់​ព្រះ‌បាទ​សេដេ‌ខ្យាស នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌បាទ​សេដេ‌ខ្យាស។ បន្ទាប់​មក ព្រះ‌ចៅ​នេប៊ូ‌កានេសារ ឲ្យ​គេ​ចាក់​ភ្នែក​របស់​ព្រះ‌បាទ​សេដេ‌ខ្យាស រួច​ដាក់​ច្រវាក់​លង្ហិន​ពីរ​ជាន់ នាំ​យក​ទៅ​ស្រុក​បាប៊ីឡូន។
ព្រះ‌ចៅ​នេប៊ូ‌កានេសារ វាយ​យក​បាន​ក្រុង​យេរូ‌សាឡឹម
(យេរេមី ៣៩.៨-១០,៥២.១២-៣០, ២​របា.៣៦.១៧-១២)
 នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ ខែ​ប្រាំ ក្នុង​ឆ្នាំ​ទី​ដប់​ប្រាំ​បួន​នៃ​រជ្ជ‌កាល​ព្រះ‌ចៅ​នេប៊ូ‌កានេសារ ស្តេច​ស្រុក​បាប៊ីឡូន លោក​នេប៊ូ‌សារ៉ា‌ដន ជា​រាជ‌ប្រតិភូ ដែល​បម្រើ​ស្តេច​ស្រុក​បាប៊ីឡូន បាន​មក​ដល់​ក្រុង​យេរូ‌សាឡឹម។  លោក​ដុត​កម្ទេច​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ដំណាក់​របស់​ស្តេច ព្រម​ទាំង​ផ្ទះ​នៅ​ក្រុង​យេរូ‌សាឡឹម ជា​ពិសេស​ផ្ទះ​របស់​ពួក​អភិជន។ ១០ កង‌ទ័ព​ខាល់ដេ​ទាំង​មូល ដែល​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​រាជ‌ប្រតិភូ ក៏​បាន​រំលំ​កំពែង​ជុំ‌វិញ​ក្រុង​យេរូ‌សាឡឹម​ចោល​ដែរ។
១១ លោក​នេប៊ូ‌សារ៉ា‌ដន ជា​រាជ‌ប្រតិភូ កៀរ​ប្រជាជន​នៅ​សេស‌សល់​ក្នុង​ទី‌ក្រុង អស់​អ្នក​ដែល​បាន​រត់​ទៅ​ចុះ​ចូល​នឹង​ស្តេច​ស្រុក​បាប៊ីឡូន ព្រម​ទាំង​បណ្តា‌ជន​ដែល​នៅ​សេស‌សល់ យក​ទៅ​ជា​ឈ្លើយ​សឹក។ ១២ ប៉ុន្តែ លោក​រាជ‌ប្រតិភូ​ទុក​ឲ្យ​ប្រជាជន​តូច‌តាច​ខ្លះ​រស់​នៅ​ក្នុង​ស្រុក ដើម្បី​ដាំ​ទំពាំង‌បាយ‌ជូរ និង​ភ្ជួរ​ស្រែ។
១៣ ជន​ជាតិ​ខាល់ដេ​កម្ទេច​សសរ​លង្ហិន នៅ​ទ្វារ​ចូល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ដែក​កំណល់ និង​អាង​ធំ​ធ្វើ​ពី​លង្ហិន ដែល​ស្ថិត​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ហើយ​យក​លង្ហិន​ទាំង​ប៉ុន្មាន​ទៅ​ក្រុង​បាប៊ីឡូន។ ១៤ ពួក​គេ​យក​ឆ្នាំង វែក កាំបិត ពែង និង​របស់​ឯ​ទៀតៗ​ធ្វើ​ពី​លង្ហិន សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ព្រះ‌វិហារ​ទៅ​ជា​មួយ។ ១៥ លោក​រាជ‌ប្រតិភូ​ក៏​យក​ចង្ក្រាន ភាជន៍ និង​វត្ថុ​ទាំង​ប៉ុន្មាន​ដែល​ធ្វើ​ពី​មាស ពី​ប្រាក់ ទៅ​ជា​មួយ​ដែរ។ ១៦ រីឯ​សសរ​ទាំង​ពីរ អាង​ធំ និង​កំណល់ ដែល​ព្រះ‌បាទ​សាឡូម៉ូន​បាន​ធ្វើ សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ គឺ​វត្ថុ​ទាំង​ប៉ុន្មាន​ដែល​ធ្វើ​ពី​លង្ហិន​នោះ គ្មាន​នរណា​ដឹង​ថា​មាន​ទម្ងន់​ប៉ុន្មាន​ទេ។ ១៧ សសរ​ទី​មួយ​មាន​កម្ពស់​ដប់​ប្រាំ​បី​ហត្ថ ហើយ​នៅ​ពី​លើ​សសរ​មាន​ក្បាច់​ក្បាល​សសរ​មួយ​ធ្វើ​ពី​លង្ហិន ដែល​មាន​កម្ពស់​បី​ហត្ថ។ នៅ​ជុំ‌វិញ​ក្បាច់​ក្បាល​សសរ​មាន​ក្បាច់​ក្រឡា‌អួន និង​ផ្លែ​ទទឹម​ជា​ច្រើន ដែល​ធ្វើ​ពី​លង្ហិន​ទាំង​អស់។ រីឯ​សសរ​ទី​ពីរ និង​ក្បាច់​ក្រឡា‌អួន ក៏​ដូច​គ្នា​ដែរ។
១៨ លោក​រាជ‌ប្រតិភូ​បាន​ចាប់​លោក​មហា‌បូជា‌ចារ្យ​សេរ៉ាយ៉ា និង​លោក​សេ‌ផា‌នី ជា​បូជា‌ចារ្យ​រង ព្រម​ទាំង​អ្នក​យាម​ទ្វារ​ព្រះ‌វិហារ​បី​រូប យក​ទៅ​ជា​មួយ។ ១៩ លោក​ក៏​ចាប់​មហា‌តលិក​មួយ​រូប ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ពល‌ទាហាន ព្រម​ទាំង​ពួក​នៅ​ក្នុង​វាំង​ប្រាំ​រូប ស្មៀន​របស់​មេ‌ទ័ព​ដែល​មាន​ភារ‌កិច្ច​កេណ្ឌ​ទាហាន និង​ប្រជាជន​ហុក‌សិប​នាក់​ទៀត ដែល​ស្ថិត​នៅ​ក្នុង​ទី‌ក្រុង​នា​ពេល​នោះ។ ២០ លោក​នេប៊ូ‌សារ៉ា‌ដន ជា​រាជ‌ប្រតិភូ ចាប់​អ្នក​ទាំង​នោះ​នាំ​ទៅ​ថ្វាយ​ស្តេច​ស្រុក​បាប៊ីឡូន នៅ​ក្រុង​រីបឡា។ ២១ ស្តេច​ស្រុក​បាប៊ីឡូន​ប្រហារ​ជីវិត​អ្នក​ទាំង​នោះ នៅ​ក្រុង​រីបឡា ក្នុង​ស្រុក​ហាម៉ាត់។ ជន​ជាតិ​យូដា​ត្រូវ​គេ​កៀរ​ចេញ​ឆ្ងាយ​ពី​ទឹក​ដី​របស់​ខ្លួន​បែប​នេះ​ឯង។
២២ ព្រះ‌ចៅ​នេប៊ូ‌កានេសារ ស្តេច​ស្រុក​បាប៊ីឡូន ទុក​ឲ្យ​ប្រជាជន​មួយ​ចំនួន​រស់​នៅ​ក្នុង​ស្រុក​យូដា ហើយ​តែង‌តាំង​លោក​កេដេ‌លីយ៉ា ជា​កូន​របស់​លោក​អហ៊ីកាម និង​ជា​ចៅ​របស់​លោក​សាផន ឲ្យ​គ្រប់‌គ្រង​លើ​ពួក​គេ។ ២៣ កាល​ពួក​មេ​ទាហាន និង​ពល‌ទាហាន​ទាំង​អស់ ដែល​មិន​បាន​ចុះ​ចូល​កង‌ទ័ព​បាប៊ីឡូន ឮ​ដំណឹង​ថា ស្តេច​ស្រុក​បាប៊ីឡូន​តែង‌តាំង​លោក​កេដេ‌លីយ៉ា​ឲ្យ​គ្រប់‌គ្រង​លើ​ស្រុក ពួក​គេ​ក៏​នាំ​គ្នា​មក​ជួប​នឹង​លោក​កេដេ‌លីយ៉ា នៅ​មីសប៉ា។ អ្នក​ទាំង​នោះ គឺ​លោក​អ៊ីស្មា‌អែល ជា​កូន​របស់​លោក​នេតា‌នីយ៉ា លោក​យ៉ូហាណាន ជា​កូន​របស់​លោក​ការ៉ា លោក​សេរ៉ាយ៉ា ជា​កូន​របស់​លោក​តាន់‌ហ៊ូ‌ម៉េត ជា​អ្នក​ស្រុក​នេតូផា និង​លោក​យា‌សា‌នា ជា​កូន​របស់​ពួក​ម៉ាកាទី ព្រម​ទាំង​ពល‌ទាហាន​របស់​ពួក​គេ។ ២៤ លោក​កេដេ‌លីយ៉ា​បាន​ប្រកាស​យ៉ាង​ឱឡា‌រិក​ចំពោះ​មេ​ទាហាន និង​ពល‌ទាហាន​ទាំង​នោះ​ថា៖ «កុំ​ខ្លាច​មន្ត្រី​ខាល់ដេ​ធ្វើ​អ្វី ចូរ​រស់​នៅ​ក្នុង​ស្រុក ហើយ​បម្រើ​ព្រះ‌ចៅ​ក្រុង​បាប៊ីឡូន​ទៅ នោះ​អស់​លោក​នឹង​បាន​សុខ​ជា​មិន​ខាន»។ ២៥ នៅ​ខែ​ទី​ប្រាំ​ពីរ លោក​អ៊ីស្មា‌អែល ជា​កូន​របស់​លោក​នេតា‌នីយ៉ា ជា​ចៅ​របស់​លោក​អេលី‌សាម៉ា ដែល​ជាប់​ពូជ​ស្តេច បាន​មក​ជា​មួយ​ទាហាន​ដប់​នាក់ ហើយ​សម្លាប់​លោក​កេដេ‌លីយ៉ា ព្រម​ទាំង​ជន​ជាតិ​យូដា និង​ជន​ជាតិ​ខាល់ដេ ដែល​នៅ​ជា​មួយ​លោក​កេដេ‌លីយ៉ា នៅ​មីសប៉ា។ ២៦ ពេល​នោះ ប្រជាជន​ទាំង​មូល ចាប់​ពី​អ្នក​តូច​រហូត​ដល់​អ្នក​ធំ ព្រម​ទាំង​ពួក​មេ​ទាហាន នាំ​គ្នា​ក្រោក​ឡើង ភៀស​ខ្លួន​ទៅ​ស្រុក​អេស៊ីប ព្រោះ​ខ្លាច​ជន​ជាតិ​ខាល់ដេ។
២៧ នៅ​ថ្ងៃ​ទី​ម្ភៃ​ប្រាំ​ពីរ ខែ​ដប់‌ពីរ ក្នុង​ឆ្នាំ​ទី​សាម‌សិប​ប្រាំ​ពីរ ដែល​ព្រះ‌បាទ​យ៉ូយ៉ា‌គីន ជា​ស្តេច​ស្រុក​យូដា ត្រូវ​គេ​ចាប់​យក​ទៅ​ជា​ឈ្លើយ​សឹក ត្រូវ​នឹង​ឆ្នាំ​ទី​មួយ​នៃ​រជ្ជ‌កាល​ព្រះ‌ចៅ​អេវីល-‌ម៉ារ៉ា‌ដុក ជា​ស្តេច​ស្រុក​បាប៊ីឡូន ព្រះ‌ចៅ​អេវីល-‌ម៉ារ៉ា‌ដុក​ដោះ​លែង​ព្រះ‌បាទ​យ៉ូយ៉ា‌គីន ឲ្យ​មាន​សេរី‌ភាព។ ២៨ ស្តេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ‌បាទ​យ៉ូយ៉ា‌គីន​ដោយ​ស្និទ្ធ‌ស្នាល ព្រម​ទាំង​ប្រទាន​កន្លែង​កិត្តិ‌យស​ជាង​ស្តេច​ឯ​ទៀតៗ ដែល​ជាប់​ជា​ឈ្លើយ​នៅ​ក្រុង​បាប៊ីឡូន។ ២៩ ស្តេច​អនុញ្ញាត​ឲ្យ​ព្រះ‌បាទ​យ៉ូយ៉ា‌គីន​លែង​ស្លៀក​សម្លៀក‌បំពាក់​ឈ្លើយ​សឹក ហើយ​ព្រះ‌បាទ​យ៉ូយ៉ា‌គីន​សោយ​ព្រះ​ស្ងោយ​រួម​តុ​ជា​មួយ​ស្តេច​គ្រប់​ពេល រហូត​ដល់​អស់​ព្រះ‌ជន្ម។ ៣០ ស្តេច​ស្រុក​បាប៊ីឡូន​តែង‌តែ​ទំនុក​បម្រុង​ព្រះ‌បាទ​យ៉ូយ៉ា‌គីន ជា​រៀង‌រាល់​ថ្ងៃ អស់​មួយ​ជីវិត។
488 Views

Theme: Overlay by Kaira