សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
  1. កំណើតពិភពលោក (កណ)
    Genesis (Gn)
  2. សេរីភាព (សរ)
    Exodus (Ex)
  3. លេវីវិន័យ (លវ)
    Leviticus (Lv)
  4. ជំរឿនប្រជាជន (ជរ)
    Numbers (Nm)
  5. ទុតិយកថា (ទក)
    Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
  1. យ៉ូស៊ូអា (យអ)
    Joshua (Jos)
  2. វិរបុរស (វរ)
    Judges (Jdg)
  3. នាងរូថ (នរ)
    Ruth (Ru)
  4. ១សាម៉ូអែល (១សម)
    1 Samuel (1Sm)
  5. ២សាម៉ូអែល (២សម)
    2 Samuel (2Sm)
  6. ១ពង្សាវតារក្សត្រ (១ពង្ស)
    1 Kings (1Kg)
  7. ២ពង្សាវតារក្សត្រ (២ពង្ស)
    2 Kings (2Kg)
  8. ១របាក្សត្រ (១របា)
    1 Chronicles (1Ch)
  9. ២របាក្សត្រ (២របា)
    2 Chronicles (2Ch)
  10. អែសរ៉ា (អរ)
    Ezra (Ezr)
  11. នេហេមី (នហ)
    Nehemiah (Ne)
  12. យ៉ូឌីត (យឌ)
    Judith (Jth)
  13. តូប៊ីត (តប)
    Tobit (Tb)
  14. អែសធែរ (អធ)
    Esther (Est)
  15. ១ម៉ាកាបាយ (១មបា)
    1 Maccabees (1 Ma)
  16. ២ម៉ាកាបាយ (២មបា)
    2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
  1. ទំនុកតម្កើង (ទន)
    Psalms (Ps)
  2. យ៉ូប (យប)
    Job (Jb)
  3. សុភាសិត (សភ)
    Proverbs (Pr)
  4. បទចម្រៀង (បច)
    Song of Songs (Song)
  5. សាស្តា (សស)
    Ecclesiastes (Eccl)
  6. ព្រះប្រាជ្ញាញាណ (ប្រាញ)
    Wisdom (Wis)
  7. បេនស៊ីរ៉ាក់ (បសរ)
    Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
  1. អេសាយ (អស)
    Isaiah (Is)
  2. យេរេមី (យរ)
    Jeremiah (Je)
  3. អេសេគីអែល (អគ)
    Ezekiel (Ez)
  4. ហូសេ (ហស)
    Hosea (Ho)
  5. យ៉ូអែល (យអ)
    Joel (Joe)
  6. អម៉ូស (អម)
    Amos (Am)
  7. អូបាឌី (អឌ)
    Obadiah (Ob)
  8. យ៉ូណាស (យណ)
    Jonah (Jon)
  9. មីកា (មីក)
    Micah (Mi)
  10. ណាហ៊ូម (ណហ)
    Nahum (Na)
  11. ហាបាគូក (ហគ)
    Habakkuk (Hb)
  12. សេផានី (សផ)
    Zephaniah (Zep)
  13. ហាកាយ (ហក)
    Haggai (Hg)
  14. សាការី (សក)
    Zechariah (Zec)
  15. ម៉ាឡាគី (មគ)
    Malachi (Mal)
  16. សំណោក (សណ)
    Lamentations (Lam)
  17. ដានីអែល (ដន)
    Daniel (Dn)
  18. បារូក (បារ)
    Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
  1. ម៉ាថាយ (មថ)
    Matthew (Mt)
  2. ម៉ាកុស (មក)
    Mark (Mk)
  3. លូកា (លក)
    Luke (Lk)
  4. យ៉ូហាន (យហ)
    John (Jn)
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
  1. កិច្ចការគ្រីស្តទូត (កក)
    Acts of the Apostles (Ac)
៣. លិខិតសន្តប៉ូល | Paul Letter 13
  1. រ៉ូម (រម)
    Romans (Rm)
  2. ១កូរិនថូស (១ករ)
    1 Corinthians (1Co)
  3. ២កូរិនថូស (២ករ)
    2 Corinthians (2Co)
  4. កាឡាទី (កាឡ)
    Galatians (Ga)
  5. អេភេសូ (អភ)
    Ephesians (Ep)
  6. ភីលីព (ភីល)
    Philippians (Phil)
  7. កូឡូស (កូឡ)
    Colossians (Col)
  8. ១ថេស្សាឡូនិក (១ថស)
    1 Thessalonians (1Th)
  9. ២ថេស្សាឡូនិក (២ថស)
    Thessalonians (2Th)
  10. ១ធីម៉ូថេ (១ធម)
    1 Timothy (1T)
  11. ២ធីម៉ូថេ (២ធម)
    2 Timothy (2T)
  12. ទីតុស (ទត)
    Titus (Ti)
  13. ភីលេម៉ូន (ភល)
    Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
  1. ហេប្រឺ (ហប)
    Hebrews (He)
  2. យ៉ាកុប (យក)
    James (Ja)
  3. ១សិលា (១សល)
    1 Peter (1P)
  4. ២សិលា (២សល)
    2 Peter (2P)
  5. យូដាស (យដ)
    Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
  1. ១យ៉ូហាន (១យហ)
    1 John (1Jn)
  2. ២យ៉ូហាន (២យហ)
    2 John (2Jn)
  3. ៣យ៉ូហាន (៣យហ)
    3 John (3Jn)
  4. វិវរណៈ (វវ)
    Revelation (Rev)

កណ្ឌគម្ពីរ
ពង្សាវតារក្សត្រទី១

ពាក្យលំនាំ

ពង្សា‌វតារ‌ក្សត្រទី១

ពាក្យ​លំនាំ

កណ្ឌ​គម្ពីរ​ពង្សា‌វតារ‌ក្សត្រ​ទី ១ មាន​កត់‌ត្រា​ប្រវត្តិ‌សាស្ត្រ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល​បន្ត​ពី​គម្ពីរ​សាមូអែល​ទី១ និង​ទី​២។ នៅ​ដើម​ដំបូង គម្ពីរ​នេះ​មាន​រៀប‌រាប់​អំពី​រាជ្យ​របស់​ព្រះ​បាទ​សាឡូម៉ូន និង​ស្តេច​មួយ​ចំនួន​ដែល​ស្នង​រាជ្យ​ព្រះ‌បាទ​សាឡូម៉ូន។
នៅ​ពេល​ព្រះ​បាទ​ដាវីឌ​មាន​វ័យ​ចាស់​ជរា ពុំ​អាច​គ្រប់‌គ្រង​លើ​ជន​ជាតិ​អ៊ីស្រា‌អែល​បាន​ទៀត បុត្រ​ពីរ​អង្គ​របស់​ស្តេច​ប្រជែង​គ្នា ចង់​ឡើង​ស្នង​រាជ្យ​បិតា (១.១‑២.១២)។ នៅ​ទី​បំផុត រាជ‌សម្បត្តិ​បាន​ទៅ​លើ​ព្រះ‌បាទ​សាឡូម៉ូន។ ព្រឹត្តិ‌ការណ៍​ដ៏​សំខាន់​ក្នុង​រជ្ជ‌កាល​របស់​ព្រះ‌បាទ​សាឡូម៉ូន គឺ​ការ​សង់​ព្រះ‌វិហារ និង​ព្រះ‌បរម‌រាជ‌វាំង នៅ​ក្រុង​យេរូ‌សាឡឹម។ ប៉ុន្តែ នៅ​ចុង​បញ្ចប់ ព្រះ‌បាទ​សាឡូម៉ូន​បាន​បែក​ចិត្ត​ចេញ​ពី​ព្រះ‌អម្ចាស់ ទៅ​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ (២.១៣‑១១.៤៣)។ ពេល​នោះ ព្រះ‌អម្ចាស់​បណ្តោយ​ឲ្យ​អ៊ីស្រា‌អែល​បែក​ស្រុក​ជា​ពីរ: កុល‌សម្ព័ន្ធ​នានា​នៅ​ប៉ែក​ខាង​ជើង​ពុំ​ព្រម​ចុះ​ចូល​នឹង​អំណាច​បុត្រ​របស់​ព្រះ‌បាទ​សាឡូម៉ូន​ទេ ដូច្នេះ ពួក​គេ​តែង‌តាំង​ស្តេច​មួយ​អង្គ​ឲ្យ​គ្រង​រាជ្យ​លើ​ពួក​គេ ហើយ​ដាក់​ឈ្មោះ​នគរ​របស់​ខ្លួន​ថា «រាជា‌ណា‌ចក្រ​អ៊ីស្រា‌អែល» ដែល​ក្រោយ​មក មាន​រាជ‌ធានី​នៅ​ក្រុង​សាម៉ារី។ រីឯ​កុល‌សម្ព័ន្ធ​ពីរ​ទៀត​ដែល​នៅ​ខាង​ត្បូង គឺ​យូដា និង​បេន‌យ៉ា‌មីន នៅ​ស្មោះ‌ត្រង់​នឹង​រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ ដាក់​ឈ្មោះ​នគរ​របស់​ខ្លួន​ថា «រាជា‌ណា‌ចក្រ​យូដា» ដែល​មាន​រាជ‌ធានី​នៅ​ក្រុង​យេរូ‌សាឡឹម(១២.១‑១៤.២០)។ នគរ​ទាំង​ពីរ​នេះ​ស្ថិត​នៅ​ជា​នគរ​ជិត​ខាង​គ្នា​អស់‌រយៈ​ពេល​ប្រមាណ​ពីរ​សតវត្ស ជួន‌កាល​ចង​សម្ពន្ធ‌មិត្ត​ជា​មួយ​គ្នា ជួន​កាល​ច្បាំង​គ្នា (១៤.២១‑២២.៥៣)។
កណ្ឌ​គម្ពីរ​នេះ​សង្កត់​ធ្ងន់​លើ​សារ‌សំខាន់​នៃ​ភក្តី‌ភាព​របស់​ព្រះ‌មហា​ក្សត្រ​ចំពោះ​ព្រះ‌ជាម្ចាស់។ ប្រសិន​បើ​ស្តេច​ស្មោះ‌ត្រង់​នឹង​ព្រះ‌ជាម្ចាស់ ស្រុក‌ទេស​ក៏​បាន​សុខ‌សាន្ត‌ត្រាណ ចម្រុង​ចម្រើន​ដែរ។ ផ្ទុយ​ទៅ​វិញ បើ​ស្តេច​បែក​ចិត្ត​ចេញ​ពី​ព្រះ‌ជាម្ចាស់​ទៅ​គោរព​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ នោះ​ស្រុក​ទេស​ត្រូវ​ជួប​នឹង​មហន្ត‌រាយ។ ក្នុង​អំឡុង​ពេល​នោះ ព្រះ‌ជាម្ចាស់​បាន​ចាត់​ព្យាការី​មួយ​ចំនួន​ឲ្យ​ទៅ​រំឭក​ស្តេច​អំពី​មាគ៌ា និង​វិន័យ​របស់​ព្រះ‌អង្គ។ ក្នុង​ចំណោម​ព្យាការី​ទាំង​នោះ លោក​អេលី​មាន​ឈ្មោះ​ល្បី​ជាង​គេ (១៧‑១៩,២១)។

ដំណាក់​កាល​ចុង​ក្រោយ​នៃ​រាជ្យ​របស់​ព្រះ​បាទ​ដាវីឌ

សម្តេច​អដូ‌នីយ៉ា​ចង់​ឡើង​គ្រង​រាជ្យ
 ព្រះ‌បាទ​ដាវីឌ​មាន​ព្រះ‌ជន្មាយុ​កាន់​តែ​ជរា​ណាស់​ហើយ ទោះ‌បី​គេ​គ្រង​ព្រះ‌ភូសា​ឲ្យ​ស្តេច​ច្រើន​ជាន់​យ៉ាង​ណា​ក្តី ក៏​ព្រះ‌អង្គ​ពុំ​អាច​កក់​ក្ដៅ​ដែរ។  ពេល​នោះ ពួក​នាម៉ឺន​មន្ត្រី​ទូល​ព្រះ‌រាជា​ថា៖ «បពិត្រ​ព្រះ‌ករុណា! យើង​ខ្ញុំ​នឹង​រក​ស្រី​ក្រមុំ​មួយ​រូប​មក​ថ្វាយ​ព្រះ‌ករុណា។ នាង​នៅ​បម្រើ និង​មើល​ថែ‌ទាំ​ព្រះ‌ករុណា ហើយ​នាង​ដេក​នៅ​ក្បែរ​ព្រះ‌ករុណា ដើម្បី​ឲ្យ​ព្រះ‌ករុណា​ជា​អម្ចាស់​បាន​កក់‌ក្ដៅ»។  ក្នុង​ទឹក​ដី​អ៊ីស្រា‌អែល​ទាំង​មូល គេ​ស្វែង​រក​បាន​ស្រី​ក្រមុំ​ដ៏​ស្រស់​ស្អាត​មួយ​រូប​ឈ្មោះ នាង​អប៊ី‌សាក នៅ​ភូមិ​ស៊ូណែម រួច​នាំ​មក​ថ្វាយ​ស្តេច។  ស្រី​ក្រមុំ​នេះ​មាន​រូប​ឆោម​ល្អ​ដាច់​គេ នាង​នៅ​ថែ‌ទាំ និង​គាល់​បម្រើ​ព្រះ‌រាជា តែ​ព្រះ‌រាជា​ពុំ​បាន​រួម​រស់​ជា​មួយ​នាង​ទេ។
 នៅ​គ្រា​នោះ សម្តេច​អដូ‌នីយ៉ា ជា​បុត្រ​របស់​ព្រះ‌បាទ​ដាវីឌ និង​នាង​ហាគីត បាន​លើក​ខ្លួន​ឡើង ទាំង​ពោល​ថា៖ «ខ្ញុំ​នឹង​ឡើង​សោយ​រាជ្យ!»។ សម្តេច​អដូ‌នីយ៉ា​រក​បាន​រទេះ​មួយ និង​សេះ​មួយ​ចំនួន ព្រម​ទាំង​ពល‌ទាហាន​ហា‌សិប​នាក់​សម្រាប់​រត់​ពី​មុខ។  តាំង​ពី​កើត​មក បិតា​មិន​ដែល​ស្តី​បន្ទោស ឬ​ក៏​សួរ​ថា “ហេតុ​អ្វី​បាន​ជា​បុត្រ​ប្រព្រឹត្ត​ដូច្នេះ?” ឡើយ។ សម្តេច​អដូ‌នីយ៉ា​មាន​រូប​សម្បត្តិ​ល្អ​ស្អាត ហើយ​ជា​បុត្រ​មួយ​អង្គ ដែល​ប្រសូត​បន្ទាប់​ពី​សម្តេច​អាប់‌សា‌ឡុម។  សម្តេច​អដូ‌នីយ៉ា​បាន​ពិភាក្សា​ជា​មួយ​លោក​យ៉ូអាប់ ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា និង​ជា​មួយ​លោក​បូជា‌ចារ្យ​អប៊ីយ៉ាថារ។ លោក​ទាំង​ពីរ​ក៏​រួម​គំនិត​ជា​មួយ​សម្តេច​អដូ‌នីយ៉ា។  ផ្ទុយ​ទៅ​វិញ លោក​បូជា‌ចារ្យ​សាដុក លោក​បេណាយ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា​ព្យាការី​ណាថាន ព្រម​ទាំង​លោក​ស៊ីម៉ៃ លោក​រេអ៊ី និង​នាយ​ទាហាន​ដ៏​អង់‌អាច​របស់​ព្រះ‌បាទ​ដាវីឌ មិន​បាន​ចូល​រួម​ជា​មួយ​សម្តេច​អដូ‌នីយ៉ា​ទេ។
ព្យាការី​ណាថាន និង​នាង​បាត‌សេបា គាំ‌ទ្រ​សម្តេច​សាឡូម៉ូន
ថ្ងៃ​មួយ សម្តេច​អដូ‌នីយ៉ា​បាន​រៀប‌ចំ​ពិធី​បុណ្យ​មួយ នៅ “ថ្ម​សូហេ‌លែត” ជិត​អេន‌រូកែល ដោយ​សម្លាប់​ចៀម និង​គោ ព្រម​ទាំង​កូន​គោ​បំប៉ន ធ្វើ​យញ្ញ‌បូជា​នៅ​ទី​នោះ។ សម្តេច​យាង​បុត្រា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌បាទ​ដាវីឌ និង​អញ្ជើញ​មេ‌ទ័ព​ទាំង​អស់​នៅ​ស្រុក​យូដា ដែល​ជា​អ្នក​បម្រើ​របស់​ព្រះ‌រាជា មក​ចូល​រួម​ក្នុង​ពិធី​បុណ្យ​នោះ។ ១០ ប៉ុន្តែ សម្តេច​មិន​អញ្ជើញ​ព្យាការី​ណាថាន លោក​បេ‌ណា‌យ៉ា ពួក​នាយ​ទាហាន​ដ៏​អង់‌អាច និង​យាង​សម្តេច​សាឡូម៉ូន ជា​អនុជ​មក​ចូល​រួម​ទេ។
១១ ពេល​នោះ លោក​ណាថាន​ពោល​ទៅ​កាន់​នាង​បាតសេបា ជា​មាតា​របស់​សម្តេច​សាឡូម៉ូន​ថា៖ «តើ​នាង​មិន​ជ្រាប​ទេ​ថា សម្តេច​អដូ‌នីយ៉ា ជា​បុត្រ​របស់​នាង​ហាគីត បាន​តាំង​ខ្លួន​ធ្វើ​ជា​ស្តេច ប៉ុន្តែ ព្រះ‌បាទ​ដាវីឌ ជា​អម្ចាស់​របស់​យើង មិន​បាន​ជ្រាប​ទេ។ ១២ ឥឡូវ​នេះ ខ្ញុំ​សូម​ជូន​យោបល់​ដល់​នាង ដើម្បី​សង្គ្រោះ​ជីវិត​នាង និង​ជីវិត​សម្តេច​សាឡូម៉ូន ជា​បុត្រ​របស់​នាង។ ១៣ សូម​អញ្ជើញ​ចូល​ទៅ​គាល់​ព្រះ‌បាទ​ដាវីឌ ហើយ​ទូល​ដូច​ត​ទៅ: “បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់ ព្រះ‌ករុណា​បាន​ស្បថ​នឹង​ខ្ញុំ​ម្ចាស់​ថា សាឡូម៉ូន ជា​បុត្រ​របស់​ខ្ញុំ​ម្ចាស់ នឹង​ឡើង​គ្រង​រាជ្យ​បន្ត​ពី​ព្រះ‌ករុណា គឺ​បុត្រ​នេះ​ហើយ​ដែល​នឹង​គង់​លើ​បល្ល័ង្ក​របស់​ព្រះ​ករុណា។ ហេតុ​អ្វី​បាន​ជា​អដូ‌នីយ៉ា​ឡើង​គ្រង​រាជ្យ​ទៅ​វិញ?”»។ ១៤ លោក​ណាថាន​ពោល​ទៀត​ថា៖ «ពេល​នាង​ទូល​ស្តេច​ចប់​ហើយ ខ្ញុំ​ក៏​នឹង​ចូល​ទៅ​គាល់​ស្តេច​តាម​ក្រោយ​ដែរ ខ្ញុំ​នឹង​បញ្ជាក់​ពាក្យ​សម្ដី​ទាំង​ប៉ុន្មាន​ដែល​នាង​បាន​ទូល​នោះ»។
១៥ នាង​បាតសេបា​ក៏​ចូល​ទៅ​គាល់​ស្តេច នៅ​ក្នុង​ក្រឡា‌បន្ទំ។ ពេល​នោះ ព្រះ‌រាជា​មាន​ព្រះ‌ជន្មាយុ​ជរា​ណាស់​ហើយ ហើយ​នាង​អប៊ី‌សាក ជា​អ្នក​ភូមិ​ស៊ូណែម កំពុង​តែ​នៅ​បម្រើ​ព្រះ‌រាជា។ ១៦ នាង​បាតសេបា​លុត​ជង្គង់​ថ្វាយ‌បង្គំ​ព្រះ‌រាជា ហើយ​ព្រះ‌រាជា​សួរ​នាង​ថា៖ «តើ​នាង​មាន​ការ​អ្វី?»។ ១៧ នាង​ទូល​ថា៖ «ព្រះ​ករុណា​ជា​អម្ចាស់ ព្រះ‌អង្គ​បាន​ស្បថ​នឹង​ខ្ញុំ​ម្ចាស់ ក្នុង​នាម​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ព្រះ‌ករុណា​ថា សាឡូម៉ូន​ជា​បុត្រ​របស់​ខ្ញុំ​ម្ចាស់ នឹង​ឡើង​គ្រង​រាជ្យ​បន្ត​ពី​ព្រះ‌ករុណា គឺ​បុត្រ​នេះ​ហើយ​ដែល​នឹង​គង់​លើ​បល្ល័ង្ក​របស់​ព្រះ‌ករុណា។ ១៨ ប៉ុន្តែ ឥឡូវ​នេះ ម្ដេច​ក៏​អដូ‌នីយ៉ា​ឡើង​គ្រង​រាជ្យ​ទៅ​វិញ តើ​ព្រះ‌ករុណា​ជា​អម្ចាស់​ពុំ​ជ្រាប​ទេ​ឬ? ១៩ អដូ‌នីយ៉ា​បាន​សម្លាប់​គោ​ឈ្មោល កូន​គោ​បំប៉ន និង​ចៀម​យ៉ាង​ច្រើន ធ្វើ​យញ្ញ‌បូជា។ អដូ‌នីយ៉ា​បាន​យាង​បុត្រា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ករុណា ព្រម​ទាំង​អញ្ជើញ​លោក​បូជា‌ចារ្យ​អប៊ីយ៉ាថារ និង​លោក​មេ‌ទ័ព​យ៉ូអាប់ តែ​ពុំ​បាន​យាង​សាឡូម៉ូន ជា​បុត្រ​របស់​ព្រះ‌ករុណា​ឲ្យ​ទៅ​ចូល​រួម​ទេ។ ២០ បពិត្រ​ព្រះ​ករុណា​ជា​អម្ចាស់! ឥឡូវ​នេះ ប្រជាជន​អ៊ីស្រា‌អែល​រង់‌ចាំ​តែ​ព្រះ‌ករុណា​ប្រកាស​ថា តើ​នរណា​នឹង​ឡើង​ស្នង​រាជ្យ​បន្ត​ពី​ព្រះ‌ករុណា។ ២១ បើ​មិន​ដូច្នោះ​ទេ កាល​ណា​ព្រះ‌ករុណា​លា​ចាក​លោក​នេះ​ទៅ នោះ​គេ​មុខ​ជា​ចាត់​ទុក​ខ្ញុំ​ម្ចាស់ និង​សាឡូម៉ូន​ជា​បុត្រ​របស់​ខ្ញុំ​ម្ចាស់ ថា​ជា​អ្នក​ទោស​មិន​ខាន»។
២២ កាល​នាង​បាតសេបា​កំពុង​តែ​ទូល​ស្តេច នោះ​ព្យាការី​ណាថាន​ចូល​មក​ដល់។ ២៣ គេ​ទៅ​ទូល​ស្តេច​ថា ព្យាការី​ណាថាន​អញ្ជើញ​មក​ដល់​ហើយ។ លោក​ណាថាន​ចូល​គាល់​ស្តេច ដោយ​ក្រាប​ថ្វាយ‌បង្គំ ឱន​មុខ​ដល់​ដី។ ២៤ បន្ទាប់​មក លោក​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់! តើ​ព្រះ‌ករុណា​ឬ ដែល​បាន​សម្រេច​ឲ្យ​សម្តេច​អដូ‌នីយ៉ា​ឡើង​គ្រង​រាជ្យ​បន្ត​ពី​ព្រះ‌ករុណា ហើយ​គង់​លើ​បល្ល័ង្ក​របស់​ព្រះ‌ករុណា? ២៥ ដ្បិត​ថ្ងៃ​នេះ សម្តេច​អដូ‌នីយ៉ា​យាង​ទៅ “ថ្ម​សូហេ‌លែត” ហើយ​សម្លាប់​គោ​ឈ្មោល កូន​គោ​បំប៉ន និង​ចៀម​យ៉ាង​ច្រើន ធ្វើ​យញ្ញ‌បូជា។ សម្តេច​បាន​យាង​បុត្រា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ករុណា ព្រម​ទាំង​អញ្ជើញ​ពួក​មេ‌ទ័ព និង​លោក​បូជា‌ចារ្យ​អប៊ីយ៉ាថារ ទៅ​ចូល​រួម​ផង។ ឥឡូវ​នេះ ពួក​គេ​កំពុង​តែ​ជប់‌លៀង​ជា​មួយ​សម្តេច​អដូ‌នីយ៉ា ទាំង​ស្រែក​ថា “ជយោ ព្រះ‌បាទ​អដូ‌នីយ៉ា!”។ ២៦ ប៉ុន្តែ សម្តេច​មិន​បាន​អញ្ជើញ​ទូល‌បង្គំ ជា​អ្នក​បម្រើ​ព្រះ‌ករុណា ឬ​លោក​បូជា‌ចារ្យ​សាដុក លោក​បេណាយ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ហើយ​ក៏​មិន​បាន​យាង​សម្តេច​សាឡូម៉ូន ជា​រាជ‌បុត្រ​របស់​ព្រះ‌ករុណា ទៅ​ចូល​រួម​ដែរ។ ២៧ តើ​ព្រះ‌ករុណា​ជា​អម្ចាស់​ឬ ដែល​បាន​សម្រេច​អភិសេក​រាជ‌បុត្រ​ឲ្យ​ឡើង​គ្រង​រាជ្យ​បន្ត​ពី​ព្រះ‌ករុណា ដោយ​មិន​ឲ្យ​ទូល‌បង្គំ​ទាំង​អស់​គ្នា​ដែល​ជា​អ្នក​បម្រើ​ដឹង?»។
ព្រះ‌បាទ​ដាវីឌ​តែង‌តាំង​សម្តេច​សាឡូម៉ូន​ឲ្យ​ឡើង​គ្រង​រាជ្យ
២៨ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «សូម​អញ្ជើញ​នាង​បាតសេបា​មក!»។ នាង​បាតសេបា​ចូល​មក​គាល់​ព្រះ‌រាជា។ ២៩ ពេល​នោះ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ថា៖ «យើង​សូម​ស្បថ ក្នុង​នាម​ព្រះ‌អម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ ហើយ​បាន​រំដោះ​យើង​ឲ្យ​រួច​ផុត​ពី​គ្រោះ​អាសន្ន​គ្រប់​យ៉ាង! ៣០ ថ្ងៃ​នេះ យើង​សម្រេច​តែង‌តាំង​សាឡូម៉ូន ជា​បុត្រ​របស់​នាង ឲ្យ​ឡើង​គ្រង​រាជ្យ​បន្ត​ពី​យើង គឺ​បុត្រ​នេះ​ហើយ​ដែល​នឹង​គង់​លើ​បល្ល័ង្ក​របស់​យើង ដូច​យើង​បាន​សន្យា​ជា​មួយ​នាង ក្នុង​នាម​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល»។ ៣១ នាង​បាតសេបា​ក្រាប​ថ្វាយ‌បង្គំ​ស្តេច ឱន​មុខ​ដល់​ដី ទាំង​ទូល​ថា៖ «សូម​ព្រះ‌បាទ​ដាវីឌ ជា​អម្ចាស់ ប្រកប​ដោយ​ព្រះ‌ជន្មាយុ​យឺន‌យូរ!»។
៣២ បន្ទាប់​មក ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «សូម​អញ្ជើញ​បូជា‌ចារ្យ*​សាដុក ព្យាការី*​ណាថាន និង​លោក​បេណាយ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា​ចូល​មក»។ អស់​លោក​ទាំង​នោះ​ក៏​ចូល​មក​គាល់​ព្រះ‌រាជា។ ៣៣ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ថា៖ «សូម​ប្រមូល​រាជ​បម្រើ​របស់​យើង​មក ហើយ​លើក​សាឡូម៉ូន ជា​បុត្រ​យើង ឲ្យ​ឡើង​ជិះ​លា​របស់​យើង រួច​ដង្ហែ​ទៅ​ប្រភព​ទឹក​គីហូន។ ៣៤ នៅ​ទី​នោះ លោក​បូជា‌ចារ្យ​សាដុក និង​ព្យាការី​ណាថាន ត្រូវ​ចាក់​ប្រេង​អភិសេក​សាឡូម៉ូន ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល ហើយ​ឲ្យ​គេ​ផ្លុំ​ត្រែ​ឡើង ទាំង​ស្រែក​ថា “ជយោ​ព្រះ‌បាទ​សាឡូម៉ូន!” ៣៥ ចូរ​ដង្ហែ​សាឡូម៉ូន​ចូល​មក​ក្នុង​ក្រុង​វិញ ឲ្យ​គង់​លើ​បល្ល័ង្ក​របស់​យើង។ សាឡូម៉ូន​នឹង​គ្រង​រាជ្យ​បន្ត​ពី​យើង គឺ​យើង​តែង‌តាំង​បុត្រ​នេះ​ឲ្យ​ធ្វើ​ជា​មគ្គទេសក៍​លើ​ស្រុក​អ៊ីស្រា‌អែល និង​ស្រុក​យូដា»។ ៣៦ លោក​បេណាយ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ទូល​ស្តេច​ថា៖ «អាម៉ែន! ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ព្រះ‌ករុណា​ជា​អម្ចាស់ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទុក​ដូច្នេះ​មែន។ ៣៧ សូម​ព្រះ‌អម្ចាស់​គង់​ជា​មួយ​ព្រះ‌បាទ​សាឡូម៉ូន ដូច​ព្រះ‌អង្គ​បាន​គង់​ជា​មួយ​ព្រះ‌ករុណា​ដែរ! សូម​ព្រះ‌អង្គ​ប្រទាន​ឲ្យ​រាជ្យ​របស់​ព្រះ‌បាទ​សាឡូម៉ូន​បាន​រុង‌រឿង លើស​រាជ្យ​របស់​ព្រះ‌ករុណា​ជា​អម្ចាស់​ទៅ​ទៀត!»។
៣៨ លោក​បូជា‌ចារ្យ​សាដុក ព្យាការី​ណាថាន និង​លោក​បេណាយ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ព្រម​ទាំង​ពួក​កេរេទី និង​ពួក​ពេលេទី នាំ​គ្នា​លើក​សម្តេច​សាឡូម៉ូន ឲ្យ​ឡើង​គង់​លើ​ខ្នង​លា​របស់​ព្រះ‌បាទ​ដាវីឌ ហើយ​ដង្ហែ​ទៅ​កាន់​ប្រភព​ទឹក​គីហូន។ ៣៩ លោក​បូជា‌ចារ្យ​សាដុក​យក​ស្នែង​ដាក់​ប្រេង​ពី​ក្នុង​ព្រះ‌ពន្លា​មក រួច​ចាក់​ប្រេង​អភិសេក​សម្តេច​សាឡូម៉ូន​ជា​ស្តេច។ ពេល​នោះ គេ​ក៏​ផ្លុំ​ត្រែ ហើយ​ប្រជាជន​ទាំង​មូល​ស្រែក​ឡើង​ថា៖ «ជយោ! ព្រះ‌បាទ​សាឡូម៉ូន!»។ ៤០ ប្រជាជន​ទាំង​មូល​ដង្ហែ​ស្តេច​ចូល​មក​ក្នុង​ក្រុង​វិញ ទាំង​ផ្លុំ​ខ្លុយ ហើយ​នាំ​គ្នា​អបអរ​សាទរ​សប្បាយ​រីក‌រាយ​ក្រៃ‌លែង។ សូរ‌ស័ព្ទ​របស់​ពួក​គេ​បាន​លាន់​ឮ​រំពង​កក្រើក​ផែន‌ដី។
ព្រះ‌បាទ​សាឡូម៉ូន​លើក‌លែង​ទោស​សម្តេច​អដូ‌នីយ៉ា
៤១ ពេល​សម្តេច​អដូ‌នីយ៉ា ព្រម​ទាំង​ភ្ញៀវ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ ជប់‌លៀង​រួច​ហើយ ក៏​បាន​ឮ​សូរ‌ស័ព្ទ។ លោក​យ៉ូអាប់​ឮ​ស្នូរ​សំឡេង​ត្រែ​ច្បាស់ ហើយ​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​មាន​សំឡេង​ត្រែ​លាន់​រំពង​នៅ​ក្នុង​ទី‌ក្រុង​ដូច្នេះ?»។ ៤២ លោក​យ៉ូអាប់​កំពុង​តែ​មាន​ប្រសាសន៍​នៅ​ឡើយ ស្រាប់​តែ​លោក​យ៉ូណាថាន ជា​កូន​របស់​លោក​អប៊ីយ៉ាថារ មក​ដល់។ សម្តេច​អដូ‌នីយ៉ា​ពោល​ថា៖ «សូម​អញ្ជើញ​ចូល​មក មនុស្ស​គួរ​គោរព​ដូច​លោក​នេះ​ពិត​ជា​នាំ​ដំណឹង‌ល្អ​មិន​ខាន»។ ៤៣ លោក​យ៉ូណាថាន​ទូល​សម្តេច​អដូ‌នីយ៉ា​វិញ​ថា៖ «មិន‌មែន​ដូច្នេះ​ទេ ក្រាប​ទូល! ព្រះ‌បាទ​ដាវីឌ​ជា​អម្ចាស់​នៃ​យើង បាន​តែង‌តាំង​សម្តេច​សាឡូម៉ូន​ជា​ព្រះ‌មហា​ក្សត្រ​ហើយ។ ៤៤ ព្រះ‌រាជា​ចាត់​លោក​បូជា‌ចារ្យ​សាដុក ព្យាការី​ណាថាន និង​លោក​បេណាយ៉ា​ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ព្រម​ទាំង​ពួក​កេរេទី និង​ពេលេទី ឲ្យ​លើក​សម្តេច​សាឡូម៉ូន​ឡើង​គង់​លើ​ខ្នង​លា​របស់​ស្តេច ហើយ​ដង្ហែ​ចេញ​ទៅ។ ៤៥ លោក​បូជា‌ចារ្យ​សាដុក និង​ព្យាការី​ណាថាន បាន​ចាក់​ប្រេង​អភិសេក​សម្តេច​សាឡូម៉ូន​ជា​ស្តេច នៅ​ត្រង់​ប្រភព​ទឹក​គីហូន។ ពួក​គេ​ឡើង​ពី​ទី​នោះ​មក​វិញ ដោយ​អំណរ​សប្បាយ ហើយ​ប្រជាជន​នៅ​ក្នុង​ទី‌ក្រុង​បន្លឺ​សំឡេង​លាន់​ឮ​រំពង ដូច​អស់​លោក​បាន​ឮ​ស្រាប់។ ៤៦ លើស​ពី​នេះ សម្តេច​សាឡូម៉ូន​ឡើង​គង់​លើ​រាជ​បល្ល័ង្ក ៤៧ ហើយ​ពួក​នាម៉ឺន​មន្ត្រី​នាំ​គ្នា​មក​ថ្វាយ​ពរ​ព្រះ‌បាទ​ដាវីឌ ជា​អម្ចាស់​នៃ​យើង ដោយ​ទូល​ថា “សូម​ព្រះ​របស់​ព្រះ‌ករុណា​ប្រទាន​ឲ្យ​ព្រះ‌បាទ​សាឡូម៉ូន​មាន​ព្រះ‌នាម​ល្បី‌ល្បាញ ជាង​ព្រះ‌នាម​របស់​ព្រះ‌ករុណា​ទៅ​ទៀត។ សូម​ឲ្យ​រាជ្យ​របស់​ព្រះ‌បាទ​សាឡូម៉ូន​បាន​រុង​រឿង​ជាង​រាជ្យ​របស់​ព្រះ‌ករុណា!”។ ពេល​នោះ ព្រះ‌រាជា​ក៏​ក្រាប​ថ្វាយ‌បង្គំ នៅ​ក្នុង​ក្រឡា‌បន្ទំ ៤៨ ហើយ​មាន​រាជ‌ឱង្ការ​ថា: “សូម​អរ‌ព្រះ‌គុណ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល ដែល​ប្រោស​ប្រទាន​ឲ្យ​មាន​អ្នក​ស្នង​រាជ្យ​បន្ត​ពី​ទូល‌បង្គំ ហើយ​ឲ្យ​ទូល‌បង្គំ​បាន​ឃើញ​ព្រឹត្តិ‌ការណ៍​នេះ​ផ្ទាល់​នឹង​ភ្នែក”»។
៤៩ ឮ​ដូច្នេះ ភ្ញៀវ​ទាំង​ប៉ុន្មាន​របស់​សម្តេច​អដូ‌នីយ៉ា​នាំ​គ្នា​ភ័យ​ញ័រ ហើយ​ប្រញាប់‌ប្រញាល់​បែក‌ខ្ញែក​គ្នា​អស់​ទៅ។ ៥០ សម្តេច​អដូ‌នីយ៉ា​ភ័យ‌ខ្លាច​ព្រះ‌បាទ​សាឡូម៉ូន​យ៉ាង​ខ្លាំង សម្តេច​ក៏​ប្រញាប់​រត់​ទៅ​តោង​ស្នែង​អាសនៈ។ ៥១ មាន​គេ​មក​ទូល​ព្រះ‌បាទ​សាឡូម៉ូន​ថា៖ «សម្តេច​អដូ‌នីយ៉ា​ភ័យ‌ខ្លាច​ព្រះ‌ករុណា​ណាស់ សម្តេច​បាន​រត់​ទៅ​តោង​ស្នែង​អាសនៈ ទាំង​ពោល​ថា: សូម​ព្រះ‌បាទ​សាឡូម៉ូន​ស្បថ​ឲ្យ​ខ្ញុំ​នៅ​ថ្ងៃ​នេះ ព្រះ‌អង្គ​នឹង​មិន​សម្លាប់​ខ្ញុំ​ដោយ​មុខ​ដាវ​ទេ!»។ ៥២ ព្រះ‌បាទ​សាឡូម៉ូន​មាន​រាជ‌ឱង្ការ​ថា៖ «ប្រសិន​បើ​គេ​ប្រព្រឹត្ត​ដូច​មនុស្ស​ដែល​គួរ​ឲ្យ​គោរព​មែន សូម្បី​តែ​សក់​មួយ​សរសៃ​ក៏​មិន​ជ្រុះ​ពី​ក្បាល​គេ​ដែរ។ ប៉ុន្តែ ប្រសិន​បើ​គេ​មាន​ចិត្ត​អាក្រក់ នោះ​គេ​នឹង​ត្រូវ​ស្លាប់!»។ ៥៣ ព្រះ‌បាទ​សាឡូម៉ូន​ចាត់​គេ​ឲ្យ​ទៅ​យាង​សម្តេច​អដូ‌នីយ៉ា​ចុះ​ពី​អាសនៈ។ សម្តេច​ក៏​យាង​ចូល​ទៅ​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌បាទ​សាឡូម៉ូន ហើយ​ព្រះ‌បាទ​សាឡូម៉ូន​មាន​រាជ‌ឱង្ការ​ថា៖ «សូម​ម្ចាស់​បង​យាង​ត្រឡប់​ទៅ​ដំណាក់​វិញ​ចុះ»។
បណ្តាំ​ចុង​ក្រោយ​របស់​ព្រះ‌បាទ​ដាវីឌ
 ពេល​ព្រះ‌បាទ​ដាវីឌ​ជិត​សោយ​ទិវង្គត ព្រះ‌អង្គ​ផ្តែ‌ផ្តាំ​ព្រះ‌បាទ​សាឡូម៉ូន ជា​បុត្រ​ថា៖  «បិតា​ជិត​លា​ចាក​លោក​នេះ​ហើយ ចូរ​បុត្រ​មាន​ចិត្ត​ក្លាហាន​ឲ្យ​សម​ជា​មនុស្ស​ពេញ​លក្ខណៈ!។  ចូរ​មាន​ចិត្ត​ស្មោះ‌ត្រង់​នឹង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​បុត្រ។ ចូរ​ប្រព្រឹត្ត​តាម​ព្រះ‌ឫទ័យ​របស់​ព្រះ‌អង្គ​ជា‌និច្ច ហើយ​កាន់​តាម​វិន័យ តាម​បញ្ជា តាម​ច្បាប់ និង​តាម​ដំបូន្មាន ដូច​មាន​ចែង​ទុក​ក្នុង​វិន័យ*​របស់​លោក​ម៉ូសេ ដើម្បី​ឲ្យ​បុត្រ​មាន​ជោគ‌ជ័យ​ក្នុង​គ្រប់​កិច្ច‌ការ​ដែល​បុត្រ​ធ្វើ និង​គ្រប់​ទី​កន្លែង​ដែល​បុត្រ​ទៅ។  ពេល​បុត្រ​ប្រព្រឹត្ត​ដូច្នេះ ព្រះ‌អម្ចាស់​នឹង​សម្រេច​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​សន្យា​ជា​មួយ​បិតា​ថា “បើ​ពូជ‌ពង្ស​របស់​អ្នក​ប្រុង‌ប្រយ័ត្ន​ចំពោះ​មាគ៌ា​ដែល​ខ្លួន​ដើរ ហើយ​មាន​ចិត្ត​ភក្តី​ចំពោះ​យើង ព្រម​ទាំង​ប្រតិ‌បត្តិ​តាម​យើង​ដោយ​ស្មោះ និង​គ្មាន​ចិត្ត​វៀច‌វេរ នោះ​ក្នុង​ចំណោម​ពួក​គេ តែង‌តែ​មាន​ម្នាក់​ឡើង​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​ជា‌និច្ច”។
 បុត្រ​ដឹង​ស្រាប់​ហើយ​នូវ​អំពើ​ដែល​លោក​យ៉ូអាប់ ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា បាន​ប្រព្រឹត្ត​ចំពោះ​បិតា ដោយ​ធ្វើ​ឃាត​មេ‌ទ័ព​ពីរ​រូប​របស់​ជន​ជាតិ​អ៊ីស្រា‌អែល គឺ​លោក​អាប់នែរ ជា​កូន​របស់​លោក​នែរ និង​លោក​អម៉ាសា ជា​កូន​របស់​លោក​យេទែរ។ ក្នុង​ពេល​ដែល​ស្រុក​កំពុង​តែ​សុខ‌សាន្ត‌ត្រាណ លោក​យ៉ូអាប់​បាន​បង្ហូរ​ឈាម​ដូច​ពេល​មាន​សង្គ្រាម។ ដូច្នេះ លោក​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ឈាម​ដែល​ប្រឡាក់​ជាប់​ខ្សែ​ក្រវាត់ និង​ស្បែក​ជើង​របស់​លោក។  ចូរ​ប្រព្រឹត្ត​ចំពោះ​លោក​យ៉ូអាប់​ដោយ​ប្រាជ្ញា​ដ៏​ឈ្លាស‌វៃ​របស់​បុត្រ មិន​ត្រូវ​ទុក​ឲ្យ​លោក​ស្លាប់​ដោយ​សុខ‌សាន្ត ព្រោះ​តែ​ចាស់​ជរា​ឡើយ។
 ចូរ​ប្រព្រឹត្ត​ចំពោះ​កូន​ចៅ​របស់​លោក​បាស៊ីឡៃ ជា​អ្នក​ស្រុក​កាឡាដ ដោយ​សប្បុរស ត្រូវ​ឲ្យ​ពួក​គេ​បរិភោគ​រួម​តុ​ជា​មួយ​បុត្រ ដ្បិត​នៅ​គ្រា​ដែល​បិតា​រត់​ភៀស​ខ្លួន​ពី​អាប់‌សា‌ឡុម ជា​បង​របស់​បុត្រ នោះ​ពួក​គេ​បាន​មក​ជួយ​គាំ‌ទ្រ​បិតា។
 ចូរ​កុំ​ភ្លេច​លោក​ស៊ីម៉ៃ ជា​កូន​របស់​លោក​កេរ៉ា ជា​អ្នក​ភូមិ​បាហ៊ូរីម ក្នុង​ទឹក​ដី​បេន‌យ៉ា‌មីន គេ​បាន​ជេរ​ប្រមាថ និង​ដាក់​បណ្ដាសា​បិតា នៅ​ពេល​បិតា​ភៀស​ខ្លួន​ទៅ​ដល់​ម៉ាហា‌ណា‌អ៊ីម។ ប៉ុន្តែ ពេល​បិតា​ត្រឡប់​មក​វិញ គេ​បាន​មក​ទទួល​បិតា​នៅ​មាត់​ទន្លេ​យ័រដាន់។ ពេល​នោះ បិតា​បាន​ស្បថ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់​ថា មិន​សម្លាប់​គេ​ដោយ​មុខ​ដាវ​ឡើយ។  ឥឡូវ​នេះ កុំ​លើក‌លែង​ទោស​ឲ្យ​គេ​ឡើយ។ បុត្រ​ជា​មនុស្ស​មាន​ប្រាជ្ញា​ឈ្លាស‌វៃ ដូច្នេះ បុត្រ​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ដូច​ម្ដេច​ចំពោះ​គេ ទោះ‌បី​គេ​មាន​វ័យ​ចាស់​ជរា​ក៏​ដោយ ក៏​ត្រូវ​ប្រហារ​ជីវិត​គេ​ដែរ»។
ព្រះ‌បាទ​ដាវីឌ​សោយ​ទិវង្គត
(១របា‌ក្សត្រ ២៩.២៦-២៨)
១០ ព្រះ‌បាទ​ដាវីឌ​សោយ​ទិវង្គត ហើយ​គេ​បញ្ចុះ​សព​ស្តេច​នៅ​បុរី​ព្រះ‌បាទ​ដាវីឌ។ ១១ ព្រះ‌បាទ​ដាវីឌ​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​អស់‌រយៈ​ពេល​សែ‌សិប​ឆ្នាំ គឺ​ប្រាំ​ពីរ​ឆ្នាំ​នៅ​ក្រុង​ហេប្រូន និង​សាម‌សិប​បី​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។
១២ ព្រះ‌បាទ​សាឡូម៉ូន ជា​បុត្រ ឡើង​ស្នង​រាជ្យ​ព្រះ‌បាទ​ដាវីឌ ហើយ​រាជ្យ​របស់​ព្រះ‌បាទ​សាឡូម៉ូន​រឹង‌មាំ​ណាស់។
រាជ្យ​របស់​ព្រះ‌បាទ​សាឡូម៉ូន
ព្រះ‌បាទ​សាឡូម៉ូន​ឲ្យ​គេ​ប្រហារ​ជីវិត​សម្តេច​អដូ‌នីយ៉ា
១៣ ថ្ងៃ​មួយ សម្តេច​អដូ‌នីយ៉ា ជា​បុត្រ​របស់​ព្រះ‌បាទ​ដាវីឌ និង​នាង​ហាគីត យាង​ទៅ​ជួប​នាង​បាតសេបា ជា​មាតា​របស់​ព្រះ‌បាទ​សាឡូម៉ូន។ នាង​បាតសេបា​សួរ​សម្តេច​អដូ‌នីយ៉ា​ថា៖ «តើ​សម្តេច​យាង​មក​ទី​នេះ ក្នុង​បំណង​ល្អ​ឬ?»។ សម្តេច​តប​ថា៖ «ទូល‌បង្គំ​មក ដោយ​បំណង​ល្អ​ទេ!»។ ១៤ សម្តេច​អដូ‌នីយ៉ា​ពោល​ថា៖ «ទូល‌បង្គំ​មាន​ការ​មួយ​ចង់​ទូល​ថ្វាយ»។ នាង​តប​ថា៖ «សូម​មាន​រាជ‌ឱង្ការ​មក​ចុះ»។ ១៥ សម្តេច​អដូ‌នីយ៉ា​ឆ្លើយ​ដូច​ត​ទៅ៖ «សម្តេច​មាតា​ជ្រាប​ហើយ​ថា រាជ‌សម្បត្តិ​ត្រូវ​បាន​មក​ទូល‌បង្គំ ហើយ​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​មូល​សង្ឃឹម​ថា ទូល‌បង្គំ​នឹង​ឡើង​គ្រង​រាជ្យ។ ប៉ុន្តែ រាជ‌សម្បត្តិ​បែរ​ជា​បាន​ទៅ​ព្រះ‌បាទ​សាឡូម៉ូន ជា​អនុជ​របស់​ទូល‌បង្គំ​ទៅ​វិញ ដ្បិត​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫ‌ទ័យ​ដូច្នេះ។ ១៦ ឥឡូវ​នេះ ទូល‌បង្គំ​មាន​ការ​មួយ​ចង់​ទូល​ថ្វាយ សូម​កុំ​បដិសេធ​ឡើយ»។ នាង​ពោល​ថា៖ «សូម​មាន​រាជ‌ឱង្ការ​មក​ចុះ»។ ១៧ សម្តេច​អដូ‌នីយ៉ា​ទូល​ថា៖ «សូម​សម្តេច​មាតា​ទូល​ព្រះ‌បាទ​សាឡូម៉ូន សុំ​នាង​អប៊ី‌សាក ជា​អ្នក​ភូមិ​ស៊ូណែម ឲ្យ​មក​ធ្វើ​ជា​មហេសី​ផង ដ្បិត​ព្រះ‌រាជា​មិន​បដិសេធ​នឹង​សំណូម‌ពរ​របស់​សម្តេច​មាតា​ទេ»។ ១៨ នាង​បាតសេបា​ឆ្លើយ​ថា៖ «មាតា​នឹង​ទៅ​ទូល​ព្រះ‌រាជា​ឲ្យ»។
១៩ នាង​បាតសេបា​ក៏​ចូល​ទៅ​គាល់​ព្រះ‌បាទ​សាឡូម៉ូន ដើម្បី​ទូល​ថ្វាយ​ពី​សំណូម‌ពរ​របស់​សម្តេច​អដូ‌នីយ៉ា។ ព្រះ‌រាជា​យាង​ចុះ​ពី​បល្ល័ង្ក មក​រក​នាង ហើយ​ថ្វាយ‌បង្គំ។ បន្ទាប់​មក ព្រះ‌រាជា​គង់​លើ​បល្ល័ង្ក​វិញ ហើយ​បញ្ជា​ឲ្យ​គេ​ដាក់​បល្ល័ង្ក​មួយ​ថ្វាយ​មាតា នៅ​ខាង​ស្តាំ។ ២០ នាង​បាតសេបា​ទូល​ព្រះ‌រាជា​ថា៖ «មាតា​មាន​សំណូម‌ពរ​ដ៏​តូច​មួយ​ចំពោះ​បុត្រ សូម​បុត្រ​កុំ​បដិសេធ​ឡើយ!»។ ស្តេច​មាន​រាជ‌ឱង្ការ​ថា៖ «សូម​មាតា​មាន​សវនីយ៍​មក​ចុះ បុត្រ​មិន​បដិសេធ​ទេ»។ ២១ នាង​ពោល​ថា៖ «សូម​បុត្រ​ប្រគល់​នាង​អប៊ី‌សាក ជា​អ្នក​ភូមិ​ស៊ូណែម ឲ្យ​សម្តេច​អដូ‌នីយ៉ា បង​របស់​បុត្រ ធ្វើ​ជា​មហេសី»។ ២២ ព្រះ‌បាទ​សាឡូម៉ូន​មាន​រាជ‌ឱង្ការ​ថា៖ «ហេតុ​អ្វី​បាន​ជា​មាតា​មក​សុំ​នាង​អប៊ី‌សាក ជា​អ្នក​ភូមិ​ស៊ូណែម ឲ្យ​សម្តេច​អដូ‌នីយ៉ា​បែប​នេះ? ម្ដេច​មិន​សុំ​រាជ‌សម្បត្តិ​ឲ្យ​សម្តេច​តែ​ម្ដង​ទៅ ដ្បិត​សម្តេច​ជា​បង​របស់​ទូល‌បង្គំ​ស្រាប់! សូម​មាតា​ប្រគល់​រាជ្យ​នេះ​ឲ្យ​សម្តេច​អដូ‌នីយ៉ា និង​លោក​បូជា‌ចារ្យ​អប៊ីយ៉ាថារ ព្រម​ទាំង​លោក​មេ‌ទ័ព​យ៉ូអាប់ ជា​កូន​អ្នក​ស្រី​សេរូយ៉ា​ទៅ!»។ ២៣ ព្រះ‌បាទ​សាឡូម៉ូន​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់​ថា៖ «ប្រសិន​បើ​ទូល‌បង្គំ​មិន​ប្រហារ​ជីវិត​សម្តេច​អដូ‌នីយ៉ា ដែល​ហ៊ាន​ធ្វើ​សំណូម‌ពរ​បែប​នេះ​ទេ សូម​ព្រះ‌ជាម្ចាស់​ដាក់​ទោស​ទូល‌បង្គំ យ៉ាង​ធ្ងន់​ចុះ! ២៤ ទូល‌បង្គំ​សូម​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ ហើយ​ដែល​បាន​ឲ្យ​ទូល‌បង្គំ​ឡើង​គ្រង​រាជ្យ លើ​បល្ល័ង្ក​របស់​ព្រះ‌បាទ​ដាវីឌ​ជា​បិតា ព្រម​ទាំង​សន្យា​ប្រទាន​សន្តតិ‌វង្ស​មួយ​មក​ទូល‌បង្គំ​ថា នៅ​ថ្ងៃ​នេះ សម្តេច​អដូ‌នីយ៉ា​ត្រូវ​តែ​ទទួល​ទោស​ដល់​ជីវិត!»។ ២៥ ព្រះ‌បាទ​សាឡូម៉ូន​ចាត់​លោក​បេ‌ណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ឲ្យ​ទៅ​ប្រហារ​ជីវិត​សម្តេច​អដូ‌នីយ៉ា។ សម្តេច​អដូ‌នីយ៉ា​ក៏​សោយ​ទិវង្គត​ទៅ។
ព្រះ‌បាទ​សាឡូម៉ូន​ហូត​ងារ​បូជា‌ចារ្យ​ពី​លោក​អប៊ីយ៉ាថារ
២៦ បន្ទាប់​មក ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​បូជា‌ចារ្យ​អប៊ីយ៉ាថារ​ថា៖ «ចូរ​វិល​ត្រឡប់​ទៅ​កាន់​ភូមិ​ស្រុក​របស់​លោក នៅ​អាណា‌តូត​វិញ​ចុះ។ លោក​គួរ​តែ​ស្លាប់ ប៉ុន្តែ យើង​មិន​ចង់​សម្លាប់​លោក​ក្នុង​ថ្ងៃ​នេះ​ទេ ព្រោះ​លោក​ធ្លាប់​សែង​ហិប​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌ជា‌អម្ចាស់ ដើរ​ពី​មុខ​ព្រះ‌បាទ​ដាវីឌ ជា​បិតា​របស់​យើង ហើយ​លោក​ក៏​ធ្លាប់​រួម​សុខ​ទុក្ខ​ជា​មួយ​បិតា​របស់​យើង ក្នុង​ពេល​លំបាក​វេទនា​ដែរ»។ ២៧ ព្រះ‌បាទ​សាឡូម៉ូន​បណ្តេញ​លោក​អប៊ីយ៉ាថារ​ចេញ​ពី​តំណែង​ជា​បូជា‌ចារ្យ​របស់​ព្រះ‌អម្ចាស់ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បាន​ថ្លែង​ទុក ស្តី​អំពី​ក្រុម​គ្រួសារ​របស់​លោក​ហេលី នៅ​ស៊ីឡូ។
ព្រះ‌បាទ​សាឡូម៉ូន​ឲ្យ​គេ​ប្រហារ​ជីវិត​លោក​យ៉ូអាប់
២៨ ពេល​លោក​យ៉ូអាប់​ជ្រាប​ដំណឹង​នេះ លោក​រត់​គេច​ខ្លួន​ទៅ​ពន្លា​របស់​ព្រះ‌អម្ចាស់ ហើយ​តោង​ស្នែង​អាសនៈ។ ទោះ‌បី​លោក​មិន​បាន​ចូល​រួម​ក្បត់​ជា​មួយ​សម្តេច​អាប់‌សា‌ឡុម​ពី​មុន​មែន តែ​ពេល​នេះ លោក​បាន​ចូល​ដៃ​ជា​មួយ​សម្តេច​អដូ‌នីយ៉ា។ ២៩ មាន​គេ​នាំ​ដំណឹង​ទៅ​ទូល​ព្រះ‌បាទ​សាឡូម៉ូន​ថា លោក​យ៉ូអាប់​រត់​គេច​ខ្លួន​ទៅ​ពន្លា​របស់​ព្រះ‌អម្ចាស់ ហើយ​ជ្រក​នៅ​ក្បែរ​អាសនៈ។ ពេល​នោះ ព្រះ‌បាទ​សាឡូម៉ូន​ចាត់​លោក​បេណាយ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ដោយ​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ទៅ​ប្រហារ​លោក​យ៉ូអាប់​ទៅ!»។ ៣០ លោក​បេណាយ៉ា​ទៅ​ដល់​ពន្លា​របស់​ព្រះ‌អម្ចាស់ ហើយ​ពោល​ទៅ​កាន់​លោក​យ៉ូអាប់​ថា៖ «ព្រះ‌រាជា​បញ្ជា​ឲ្យ​លោក​ចេញ​ពី​ទី​នេះ»។ លោក​យ៉ូអាប់​ឆ្លើយ​ថា៖ «ទេ! ខ្ញុំ​ចង់​ស្លាប់​នៅ​ទី​នេះ»។ លោក​បេណាយ៉ា​ត្រឡប់​ទៅ​ដំណាក់​ស្តេច​វិញ ហើយ​ទូល​ស្តេច​តាម​ពាក្យ​ដែល​លោក​យ៉ូអាប់​ប្រាប់។ ៣១ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ធ្វើ​តាម​ពាក្យ​គាត់ គឺ​សម្លាប់​គាត់​នៅ​នឹង​កន្លែង ហើយ​បញ្ចុះ​សព​នៅ​ទី​នោះ​ទៅ។ ដូច្នេះ លោក​ធ្វើ​ឲ្យ​យើង និង​រាជ‌វង្ស​របស់​យើង រួច​ផុត​ពី​ទោស‌ពៃរ៍​ចំពោះ​ឃាត‌កម្ម ដែល​លោក​យ៉ូអាប់​ប្រព្រឹត្ត​ទៅ​លើ​ជន​ស្លូត​ត្រង់។ ៣២ ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​បំណុល​ឈាម​នេះ​ធ្លាក់​ទៅ​លើ​លោក​យ៉ូអាប់ ព្រោះ​គាត់​បាន​ប្រហារ​ជីវិត​មនុស្ស​សុចរិត​ពីរ​នាក់​ដែល​ល្អ​ជាង​គាត់ ដោយ​មិន​ឲ្យ​ព្រះ‌បាទ​ដាវីឌ​ជា​បិតា​របស់​យើង​ជ្រាប គឺ​គាត់​បាន​សម្លាប់​លោក​អាប់នែរ ជា​កូន​របស់​លោក​នែរ ជា​មេ‌ទ័ព​អ៊ីស្រា‌អែល និង​លោក​អម៉ាសា ជា​កូន​របស់​លោក​យេទែរ ជា​មេ‌ទ័ព​យូដា​ដោយ​មុខ​ដាវ។ ៣៣ បំណុល​ឈាម​នេះ​នឹង​ធ្លាក់​ទៅ​លើ​លោក​យ៉ូអាប់ និង​ពូជ‌ពង្ស​របស់​គាត់ រហូត​ត​ទៅ។ ប៉ុន្តែ ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​រាជ‌វង្ស សន្តតិ‌វង្ស និង​រាជ‌សម្បត្តិ​របស់​ព្រះ‌បាទ​ដាវីឌ បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត​រហូត​ត​ទៅ»។ ៣៤ លោក​បេណាយ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ក៏​ទៅ​សម្លាប់​លោក​យ៉ូអាប់ ហើយ​បញ្ចុះ​សព​ក្នុង​ដី​ភូមិ​ដែល​ជា​កម្ម‌សិទ្ធិ​របស់​លោក​យ៉ូអាប់​នៅ​វាល​រហោ‌ស្ថាន។ ៣៥ ព្រះ‌រាជា​តែង‌តាំង​លោក​បេណាយ៉ា ជា​មេ‌ទ័ព​ជំនួស​លោក​យ៉ូអាប់ ហើយ​តែង‌តាំង​លោក​សាដុក​ជា​បូជា‌ចារ្យ ជំនួស​លោក​អប៊ីយ៉ាថារ។
ព្រះ‌បាទ​សាឡូម៉ូន​ឲ្យ​គេ​ប្រហារ​ជីវិត​លោក​ស៊ីម៉ៃ
៣៦ ព្រះ‌បាទ​សាឡូម៉ូន​ចាត់​គេ​ឲ្យ​ទៅ​ហៅ​លោក​ស៊ីម៉ៃ​មក ហើយ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ថា៖ «លោក​ត្រូវ​សង់​ផ្ទះ​មួយ នៅ​ក្រុង​យេរូ‌សាឡឹម ហើយ​រស់​នៅ​ក្នុង​ផ្ទះ​នោះ តែ​មិន​ត្រូវ​ចេញ​ពី​ក្រុង​ឡើយ។ ៣៧ តោង​ដឹង​ថា​ថ្ងៃ​ណា​មួយ ប្រសិន​បើ​លោក​ហ៊ាន​ឈាន​ជើង​ចេញ​ពី​ក្រុង​នេះ​ឆ្លង​កាត់​ជ្រោះ​កេដ្រូន នោះ​លោក​មុខ​ជា​ស្លាប់ ហើយ​លោក​ទទួល​ខុស​ត្រូវ​ខ្លួន​ឯង​ចំពោះ​ការ​ស្លាប់​នេះ»។ ៣៨ លោក​ស៊ីម៉ៃ​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា! ទូល‌បង្គំ​នឹង​ធ្វើ​តាម​រាជ‌ឱង្ការ​របស់​ព្រះ‌ករុណា»។ លោក​ស៊ីម៉ៃ​ស្នាក់​នៅ​ក្រុង​យេរូ‌សាឡឹម​យ៉ាង​យូរ។
៣៩ បី​ឆ្នាំ​ក្រោយ​មក មាន​បាវ​បម្រើ​ពីរ​នាក់​របស់​លោក​ស៊ីម៉ៃ រត់​ភៀស​ខ្លួន​ទៅ​ជ្រក​កោន​នឹង​ស្តេច​អគីស ជា​បុត្រ​របស់​ស្តេច​ម៉ាកា នៅ​ក្រុង​កាថ។ មាន​គេ​ប្រាប់​លោក​ស៊ីម៉ៃ​ថា បាវ​បម្រើ​របស់​គាត់​រត់​ទៅ​នៅ​ក្រុង​កាថ។ ៤០ លោក​ស៊ីម៉ៃ​ក៏​ប្រញាប់​ឡើង​ជិះ​លា ចេញ​ដំណើរ​ទៅ​ក្រុង​កាថ។ លោក​ទាម‌ទារ​យក​បាវ​បម្រើ​ពី​ស្តេច​អគីស នាំ​ត្រឡប់​មក​វិញ។
៤១ មាន​គេ​ទូល​ព្រះ‌បាទ​សាឡូម៉ូន​ថា លោក​ស៊ីម៉ៃ​បាន​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម​ទៅ​ក្រុង​កាថ រួច​ត្រឡប់​មក​វិញ។ ៤២ ព្រះ‌រាជា​ក៏​ចាត់​គេ​ឲ្យ​ទៅ​ហៅ​លោក​ស៊ីម៉ៃ​មក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «យើង​បាន​ឲ្យ​លោក​ស្បថ ក្នុង​នាម​ព្រះ‌អម្ចាស់ ហើយ​យើង​បាន​បញ្ជាក់​ប្រាប់​លោក​ថា ប្រសិន​បើ​ថ្ងៃ​ណា​មួយ​លោក​ចាក‌ចេញ​ពី​ទី‌ក្រុង ទៅ​ណា​មក​ណា លោក​មុខ​ជា​ស្លាប់​ពុំ‌ខាន។ លោក​បាន​ឆ្លើយ​មក​យើង​ថា លោក​យល់​ព្រម​ធ្វើ​តាម។ ៤៣ ហេតុ​អ្វី​បាន​ជា​លោក​មិន​គោរព​តាម​ពាក្យ​ដែល​លោក​បាន​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់? ហេតុ​អ្វី​បាន​ជា​លោក​មិន​ធ្វើ​តាម​បទ‌បញ្ជា​ដែល​យើង​បាន​បង្គាប់​លោក?»។ ៤៤ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៀត​ថា៖ «តើ​លោក​នឹក​ឃើញ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ព្រះ‌បាទ​ដាវីឌ ជា​បិតា​របស់​យើង​ឬ​ទេ? ព្រះ‌អម្ចាស់​នឹង​ដាក់​ទោស​លោក តាម​អំពើ​អាក្រក់​ដែល​លោក​បាន​ប្រព្រឹត្ត។ ៤៥ ប៉ុន្តែ យើង​សាឡូម៉ូន​នឹង​ទទួល​ព្រះ‌ពរ ហើយ​រាជ‌សម្បត្តិ​របស់​ព្រះ‌បាទ​ដាវីឌ​នឹង​រឹង‌មាំ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់​រហូត​ត​រៀង​ទៅ»។ ៤៦ ស្តេច​ចេញ​បញ្ជា​ឲ្យ​លោក​បេណាយ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ចេញ​ទៅ​ប្រហារ​ជីវិត​លោក​ស៊ីម៉ៃ។ រាជ‌សម្បត្តិ​របស់​ព្រះ‌បាទ​សាឡូម៉ូន​ក៏​នៅ​ស្ថិត‌ស្ថេរ​យ៉ាង​រឹង‌មាំ។
ព្រះ‌បាទ​សាឡូម៉ូន​រៀប​អភិសេក​ជា​មួយ​បុត្រី​របស់​ព្រះ​បាទ​ផារ៉ោន
 ព្រះ‌បាទ​សាឡូម៉ូន​បាន​ចង​សម្ពន្ធ‌មិត្ត​ជា​មួយ​ព្រះ‌ចៅ​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីប ដោយ​រៀប​អភិសេក​ជា​មួយ​បុត្រី​របស់​ព្រះ​បាទ​ផារ៉ោន។ ព្រះ‌រាជា​នាំ​មហេសី​មក​គង់​ក្នុង​បុរី​ព្រះ‌បាទ​ដាវីឌ រហូត​ទាល់​តែ​វាំង​របស់​ស្តេច ព្រម​ទាំង​ព្រះ​ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​កំពែង​ក្រុង​យេរូ‌សាឡឹម​ត្រូវ​បាន​សង់​ចប់​សព្វ​គ្រប់។
 នៅ​គ្រា​នោះ ប្រជាជន​តែង‌តែ​ថ្វាយ​យញ្ញ‌បូជា​នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ព្រោះ​គេ​ពុំ​ទាន់​បាន​សង់​ព្រះ​ដំណាក់​ថ្វាយ​ព្រះ‌អម្ចាស់​នៅ​ឡើយ។  ព្រះ‌បាទ​សាឡូម៉ូន​ស្រឡាញ់​ព្រះ‌អម្ចាស់ និង​ប្រព្រឹត្ត​តាម​ដំបូន្មាន​ដែល​ព្រះ‌បាទ​ដាវីឌ ជា​បិតា​បាន​ផ្តែ‌ផ្តាំ ប៉ុន្តែ ព្រះ‌រាជា​ក៏​ធ្វើ​ពិធី​ថ្វាយ​យញ្ញ‌បូជា និង​គ្រឿង​ក្រអូប នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​ដែរ។
ព្រះ‌បាទ​សាឡូម៉ូន​ទូល​សូម​ប្រាជ្ញា​ពី​ព្រះ‌ជាម្ចាស់
(២​របា‌ក្សត្រ ១.២-១៣)
 ថ្ងៃ​មួយ ព្រះ‌រាជា​យាង​ទៅ​កាបូន ដើម្បី​ថ្វាយ​យញ្ញ‌បូជា ដ្បិត​ទី​នោះ​ជា​កន្លែង​សក្ការៈ​សំខាន់​ជាង​គេ។ ព្រះ‌បាទ​សាឡូម៉ូន​បាន​ថ្វាយ​សត្វ​មួយ​ពាន់ ជា​តង្វាយ​ដុត​ទាំង​មូល នៅ​លើ​អាសនៈ​នោះ។  ក្នុង​ពេល​ព្រះ‌បាទ​សាឡូម៉ូន​គង់​នៅ​កាបូន ព្រះ‌អម្ចាស់​បាន​សម្ដែង​ឲ្យ​ស្តេច​ឃើញ ក្នុង​សុបិន​និមិត្ត​នៅ​ពេល​យប់។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «បើ​អ្នក​ចង់​បាន​អ្វី ចូរ​សុំ​មក​ចុះ យើង​នឹង​ប្រគល់​ឲ្យ!»។  ព្រះ‌បាទ​សាឡូម៉ូន​ទូល​ថា៖ «ព្រះ‌អង្គ​បាន​សម្ដែង​ព្រះ‌ហឫ‌ទ័យ​សប្បុរស​ដ៏​ធំ‌ធេង​ចំពោះ​បិតា​ទូល‌បង្គំ គឺ​ព្រះ‌បាទ​ដាវីឌ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ព្រោះ​បិតា​ទូល‌បង្គំ​រស់​នៅ​ដោយ​ភក្តី‌ភាព សុចរិត និង​មាន​ចិត្ត​ស្មោះ‌ត្រង់​ចំពោះ​ព្រះ‌អង្គ។ ព្រះ‌អង្គ​នៅ​តែ​សម្ដែង​ព្រះ‌ហឫ‌ទ័យ​សប្បុរស​ដ៏​ធំ‌ធេង​ចំពោះ​បិតា​ទូល‌បង្គំ ដោយ​ប្រោស​ប្រទាន​ឲ្យ​ស្តេច​មាន​បុត្រ​មួយ​អង្គ ឡើង​ស្នង​រាជ្យ​នៅ​ថ្ងៃ​នេះ។  បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ទូល‌បង្គំ ព្រះ‌អង្គ​បាន​តែង‌តាំង​ទូល‌បង្គំ​ឲ្យ​ឡើង​ស្នង​រាជ្យ​របស់​ព្រះ‌បាទ​ដាវីឌ ជា​បិតា​ទូល‌បង្គំ។ ប៉ុន្តែ ទូល‌បង្គំ​នៅ​ក្មេង​ខ្ចី​ពេក មិន​ទាន់​ចេះ​គ្រប់‌គ្រង​ស្រុក​នៅ​ឡើយ។  ទូល‌បង្គំ​ត្រូវ​ដឹក​នាំ​ប្រជាជន​ដែល​ព្រះ‌អង្គ​បាន​ជ្រើស‌រើស គឺ​ប្រជាជន​ដ៏​ច្រើន​ឥត​គណនា។  ហេតុ​នេះ សូម​ព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ប្រាជ្ញា​ឈ្លាស​វៃ ដើម្បី​គ្រប់‌គ្រង​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ ហើយ​ឲ្យ​ទូល‌បង្គំ​ចេះ​វិនិច្ឆ័យ ស្គាល់​ការ​ល្អ ការ​អាក្រក់ បើ​មិន​ដូច្នោះ​ទេ តើ​នរណា​អាច​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ដ្រ​ដ៏​ច្រើន​ឥត​គណនា​របស់​ព្រះ‌អង្គ​បាន?»។
១០ ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ការ​ទូល​សូម​របស់​ព្រះ‌បាទ​សាឡូម៉ូន​ណាស់ ១១ ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​មិន​បាន​ទូល​សូម​ឲ្យ​មាន​អាយុ​វែង មាន​ទ្រព្យ‌សម្បត្តិ​ស្តុក‌ស្តម្ភ ឬ​ឲ្យ​ខ្មាំង​សត្រូវ​របស់​អ្នក​ត្រូវ​វិនាស​ឡើយ តែ​អ្នក​ទូល​សូម​ឲ្យ​មាន​ប្រាជ្ញា​ឈ្លាស‌វៃ និង​ការ​យល់​ដឹង ដើម្បី​គ្រប់‌គ្រង​ប្រជា‌រាស្ដ្រ ដោយ​យុត្តិ‌ធម៌។ ១២ ដូច្នេះ យើង​នឹង​ធ្វើ​តាម​ការ​ទូល​សូម​របស់​អ្នក គឺ​យើង​ឲ្យ​អ្នក​មាន​ប្រាជ្ញា និង​ការ​យល់​ដឹង ដែល​គ្មាន​នរណា​ម្នាក់​អាច​ប្រៀប​ស្មើ​នឹង​អ្នក​ឡើយ ទោះ‌បី​ពី​មុន​ក្តី ឬ​ទៅ​អនាគត​ក្តី។ ១៣ លើស​ពី​នេះ យើង​ក៏​ផ្តល់​ឲ្យ​អ្នក​មាន​អ្វីៗ​ដែល​អ្នក​មិន​បាន​ទូល​សូម​យើង​ដែរ គឺ​ទ្រព្យ‌សម្បត្តិ ភាព​ថ្កុំ‌ថ្កើង​រុង‌រឿង។ ក្នុង​មួយ​ជីវិត​របស់​អ្នក គ្មាន​ស្តេច​ណា​មួយ​អាច​ប្រៀប​ស្មើ​នឹង​អ្នក​ឡើយ។ ១៤ មួយ​វិញ​ទៀត ប្រសិន​បើ​អ្នក​ដើរ​តាម​មាគ៌ា​របស់​យើង ហើយ​ប្រតិ‌បត្តិ​តាម​វិន័យ និង​បញ្ជា​របស់​យើង ដូច​ដាវីឌ ជា​បិតា​របស់​អ្នក នោះ​យើង​នឹង​ឲ្យ​អ្នក​មាន​អាយុ​វែង»។
១៥ ព្រះ‌បាទ​សាឡូម៉ូន​តើន​ឡើង ហើយ​ជ្រាប​ថា​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ស្តេច តាម‌រយៈ​សុបិន​និមិត្ត​នេះ។ ព្រះ‌រាជា​យាង​ត្រឡប់​មក​ក្រុង​យេរូ‌សាឡឹម​វិញ ហើយ​ទៅ​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ នៅ​មុខ​ហិប​នៃ​សម្ពន្ធ‌មេត្រី*។ ព្រះ‌រាជា​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញ‌បូជា​មេត្រី‌ភាព រួច​ជប់‌លៀង​នាម៉ឺន​មន្ត្រី​ទាំង​អស់។
ស្ត្រី​ពីរ​នាក់​ដណ្ដើម​កូន​គ្នា
១៦ មាន​ស្ត្រី​ពេស្យា​ពីរ​នាក់​ចូល​មក​គាល់​ព្រះ‌បាទ​សាឡូម៉ូន។ ១៧ ស្ត្រី​ម្នាក់​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់! ខ្ញុំ​ម្ចាស់ និង​ស្ត្រី​ម្នាក់​នេះ រស់​នៅ​ក្នុង​ផ្ទះ​ជា​មួយ​គ្នា។ នៅ​ពេល​ស្ត្រី​នេះ​ស្នាក់​នៅ​ជា​មួយ ខ្ញុំ​ម្ចាស់​សម្រាល​បាន​កូន​មួយ។ ១៨ បី​ថ្ងៃ​ក្រោយ​ខ្ញុំ​ម្ចាស់​សម្រាល​កូន នាង​នេះ​ក៏​សម្រាល​បាន​កូន​មួយ​ដែរ។ នៅ​ក្នុង​ផ្ទះ គ្មាន​អ្នក​ផ្សេង​ទេ គឺ​មាន​តែ​ខ្ញុំ​ម្ចាស់​ពីរ​នាក់​ប៉ុណ្ណោះ។ ១៩ យប់​មួយ កូន​របស់​ស្ត្រី​នោះ​ស្លាប់ ដោយ​នាង​ដេក​សង្កត់​លើ។ ២០ លុះ​ដល់​ពាក់​កណ្ដាល​អធ្រាត្រ ពេល​ខ្ញុំ​ម្ចាស់​កំពុង​ដេក​លក់ នាង​ក៏​ក្រោក​ឡើង​ចូល​មក​បី​កូន​ខ្ញុំ​ម្ចាស់ ដែល​ដេក​នៅ​ជិត​ខ្ញុំ​ម្ចាស់ យក​ទៅ​ដាក់​ដេក​ក្បែរ​នាង រួច​នាង​យក​កូន​របស់​នាង​ដែល​ស្លាប់​នោះ មក​ដាក់​ជិត​ខ្ញុំ​ម្ចាស់​វិញ។ ២១ ព្រឹក​ឡើង កាល​ខ្ញុំ​ម្ចាស់​ភ្ញាក់​ពី​ដំណេក ដើម្បី​បំបៅ​កូន ខ្ញុំ​ម្ចាស់​ឃើញ​ថា កូន​ស្លាប់​បាត់​ទៅ​ហើយ។ លុះ​ខ្ញុំ​ម្ចាស់​ពិនិត្យ​មើល​យ៉ាង​ច្បាស់‌លាស់ ក៏​ឃើញ​ថា មិន‌មែន​ជា​កូន​របស់​ខ្ញុំ​ម្ចាស់​ទេ»។ ២២ ពេល​នោះ ស្ត្រី​ម្នាក់​ទៀត​ស្រែក​ឡើង​ថា៖ «មិន​ពិត​ទេ! កូន​របស់​ខ្ញុំ​នៅ​រស់ គឺ​កូន​របស់​នាង​ទេ​ដែល​ស្លាប់»។ ប៉ុន្តែ ស្ត្រី​ទី​មួយ​ឆ្លើយ​ថា «មិន‌មែន​ទេ! កូន​នាង​ស្លាប់​ហើយ គឺ​កូន​ខ្ញុំ​ទេ ដែល​នៅ​រស់»។ ដូច្នេះ ស្ត្រី​ទាំង​ពីរ​នាក់​ក៏​ប្រកែក​គ្នា នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ស្តេច។
២៣ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ថា៖ «ក្នុង​ចំណោម​នាង​ទាំង​ពីរ មាន​ម្នាក់​ពោល​ថា “កូន​ដែល​នៅ​រស់​ជា​កូន​របស់​ខ្ញុំ ហើយ​កូន​ដែល​ស្លាប់​ជា​កូន​របស់​នាង”។ រីឯ​ម្នាក់​ទៀត​ពោល​ថា “មិន‌មែន​ទេ! កូន​របស់​នាង​ស្លាប់​ហើយ គឺ​កូន​របស់​ខ្ញុំ​ទេ​ដែល​នៅ​រស់!”»។ ២៤ ព្រះ‌រាជា​បង្គាប់​ថា៖ «ចូរ​យក​ដាវ​មក​ឲ្យ​យើង»។ ពេល​គេ​យក​ដាវ​មក​ដល់ ២៥ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​កាប់​កូន​នេះ​ជា​ពីរ​ចំណែក ហើយ​ចែក​មួយ​ចំហៀង​ម្នាក់ៗ​ឲ្យ​ស្ត្រី​ទាំង​ពីរ​ចុះ»។ ២៦ ស្ត្រី​ជា​ម្ដាយ​របស់​កូន​ដែល​នៅ​រស់ មាន​ចិត្ត​អាណិត​មេត្តា​កូន​របស់​ខ្លួន​យ៉ាង​ខ្លាំង ក៏​ទូល​ព្រះ‌រាជា​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់ ខ្ញុំ​ម្ចាស់​សូម​អង្វរ​ព្រះ‌ករុណា​មេត្តា​ប្រទាន​កូន​ដែល​នៅ​រស់​ឲ្យ​ស្ត្រី​នេះ​ចុះ! សូម​កុំ​សម្លាប់​វា​ឡើយ»។ ចំណែក​ឯ​ស្ត្រី​ម្នាក់​ទៀត​ពោល​ថា៖ «សូម​កាប់​កូន​នេះ​ជា​ពីរ​ទៅ! ធ្វើ​ដូច្នេះ កូន​នេះ​នឹង​មិន​បាន​មក​ខ្ញុំ ឬ​បាន​ទៅ​នាង​ឡើយ»។ ២៧ ពេល​នោះ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ថា៖ «កុំ​សម្លាប់​កូន​នេះ! ចូរ​ប្រគល់​វា​ឲ្យ​ស្ត្រី​ទី​មួយ​ចុះ ដ្បិត​នាង​ពិត​ជា​ម្ដាយ​របស់​កូន​ដែល​នៅ​រស់​មែន!»។
២៨ ប្រជាជន​អ៊ីស្រា‌អែល​ទាំង​មូល​បាន​ដឹង​អំពី​ការ​វិនិច្ឆ័យ​របស់​ព្រះ‌បាទ​សាឡូម៉ូន ហើយ​ពួក​គេ​នាំ​គ្នា​គោរព​កោត​ខ្លាច​ព្រះ‌រាជា ព្រោះ​ពួក​គេ​យល់​ឃើញ​ថា ព្រះ‌ជាម្ចាស់​ប្រទាន​ប្រាជ្ញា‌ញាណ​មក​ស្តេច ដើម្បី​កាត់​ក្តី​នេះ។
នាម៉ឺន​មន្ត្រី​របស់​ព្រះ‌បាទ​សាឡូម៉ូន
 ព្រះ‌បាទ​សាឡូម៉ូន​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល។  មន្ត្រី​ជាន់​ខ្ពស់​របស់​ស្តេច​មាន​រាយ​នាម​ដូច​ត​ទៅ: លោក​អសា‌រីយ៉ា ជា​កូន​របស់​លោក​បូជា‌ចារ្យ​សាដុក  លោក​អេលីយ៉ា‌ហូរែប និង​លោក​អហ៊ីយ៉ា ជា​កូន​របស់​លោក​ស៊ីសា ជា​លេខា‌ធិការ។ លោក​យ៉ូសា‌ផាត ជា​កូន​របស់​លោក​អហ៊ី‌លូដ ជា​អ្នក​នាំ​ពាក្យ​របស់​ស្តេច។  លោក​បេណាយ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ជា​មេ​បញ្ជា‌ការ​របស់​កង‌ទ័ព លោក​សាដុក និង​លោក​អប៊ីយ៉ាថារជា​បូជា‌ចារ្យ។  លោក​អសា‌រីយ៉ា ជា​កូន​របស់​លោក​យ៉ូណាថាន ជា​ប្រមុខ​លើ​ពួក​រាជ​ប្រតិភូ។ លោក​សាប៊ូដ ជា​កូន​របស់​លោក​ណាថាន ជា​បូជា‌ចារ្យ និង​ជា​មន្ត្រី​ជំនិត​របស់​ស្តេច។  លោក​អហ៊ីសា​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ព្រះ​រាជ‌វាំង។ លោក​អដូ‌នី‌រ៉ាម ជា​កូន​របស់​លោក​អាប់ដា ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​កំណែន។
 ព្រះ‌បាទ​សាឡូម៉ូន​តែង‌តាំង​រាជ‌ប្រតិភូ​ដប់‌ពីរ​រូប ឲ្យ​គ្រប់‌គ្រង​លើ​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល អស់​លោក​ទាំង​នោះ​មាន​ភារ‌កិច្ច​ផ្គត់‌ផ្គង់​ស្បៀង​អាហារ​ថ្វាយ​ស្តេច និង​អស់​អ្នក​នៅ​ក្នុង​វាំង គឺ​ម្នាក់ៗ​ត្រូវ​ផ្គត់‌ផ្គង់​ស្បៀង​អាហារ​មួយ​ខែ ក្នុង​មួយ​ឆ្នាំ។  រាជ‌ប្រតិភូ​ទាំង​នោះ​មាន​រាយ​នាម​ដូច​ត​ទៅ: កូន​របស់​លោក​ហួរ​គ្រប់‌គ្រង​លើ​តំបន់​ភ្នំ​អេប្រា‌អ៊ីម។ កូន​របស់​លោក​ដេគែរ​គ្រប់‌គ្រង​លើ​តំបន់​ម៉ាកាស ស្អាល‌ប៊ីម បេតសេ‌ម៉េស អេឡូន និង​បេត‌ហាណាន។ ១០ កូន​របស់​លោក​ហេសេឌ​គ្រប់‌គ្រង​លើ​តំបន់​អារូបូត ព្រម​ទាំង​ស្រុក​សូកូ និង​ស្រុក​ហេភែរ​ទាំង​មូល។ ១១ កូន​របស់​លោក​អប៊ី‌ណា‌ដាប់ គ្រប់‌គ្រង​លើ​ស្រុក​ឌ័រ​ទាំង​មូល លោក​បាន​រៀប​អាពាហ៍‌ពិពាហ៍​ជា​មួយ​ព្រះ‌នាង​តាផាត ជា​បុត្រី​ព្រះ‌បាទ​សាឡូម៉ូន។ ១២ លោក​បាណា ជា​កូន​របស់​លោក​អហ៊ី‌លូដ គ្រប់‌គ្រង​លើ​តំបន់​តាណាក់ និង​មេគីដូ ព្រម​ទាំង​តំបន់​បេត‌សេ‌អាន​ទាំង​មូល។ តំបន់​បេត‌សេ‌អាន​មាន​ព្រំ‌ប្រទល់​រហូត​ដល់​សាតន ដែល​ស្ថិត​នៅ​ខាង​ក្រោម​យីស‌រេ‌អែល។ តំបន់​នេះ​លាត​សន្ធឹង​ពី​បេតសេអាន​រហូត​ដល់​អបិល-‌មេហូឡា និង​រហូត​ទៅ​ដល់​ខាង​នាយ​យុកមេ‌អាម។ ១៣ កូន​របស់​លោក​កេប៊ែរ​គ្រប់‌គ្រង​នៅ​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ។ លោក​គ្រប់‌គ្រង​ភូមិ​ទាំង​ប៉ុន្មាន​របស់​លោក​យ៉ាអៀរ ជា​កូន​របស់​លោក​ម៉ាណាសេ នៅ​ស្រុក​កាឡាដ និង​តំបន់​អារកូប ក្នុង​ស្រុក​បាសាន ដែល​មាន​ក្រុង​ធំៗ​ចំនួន​ហុក‌សិប ជា​ទី‌ក្រុង​មាន​កំពែង​ដ៏​រឹង‌មាំ និង​មាន​រនុក​ធ្វើ​ពី​លង្ហិន។ ១៤ លោក​អហ៊ី‌ណា‌ដាប់ ជា​កូន​របស់​លោក​អ៊ីដូ គ្រប់‌គ្រង​លើ​តំបន់​ម៉ាហា‌ណា‌អ៊ីម។ ១៥ លោក​អហ៊ី‌ម៉ាស់​គ្រប់‌គ្រង​លើ​ទឹក​ដី​ណែប‌ថា‌លី។ លោក​បាន​រៀប​អាពាហ៍‌ពិពាហ៍​ជា​មួយ​ព្រះ​នាង​បាសមាត ជា​បុត្រី​របស់​ព្រះ‌បាទ​សាឡូម៉ូន។ ១៦ លោក​បាណា ជា​កូន​របស់​លោក​ហ៊ូសាយ គ្រប់‌គ្រង​លើ​ទឹក​ដី​អស៊ែរ និង​បាឡូត។ ១៧ លោក​យ៉ូសា‌ផាត ជា​កូន​របស់​លោក​បារូអា គ្រប់‌គ្រង​លើ​ទឹក​ដី​អ៊ីសាកា។ ១៨ លោក​ស៊ីម៉ៃ ជា​កូន​របស់​លោក​អេឡា គ្រប់‌គ្រង​លើ​ទឹក​ដី​បេន‌យ៉ា‌មីន។ ១៩ លោក​កេប៊ែរ ជា​កូន​របស់​លោក​អ៊ូរី គ្រប់‌គ្រង​លើ​ស្រុក​កាឡាដ ព្រម​ទាំង​ទឹក​ដី​របស់​ព្រះ‌បាទ​ស៊ីហុន ស្តេច​នៃ​ជន​ជាតិ​អាម៉ូរី និង​ស្រុក​របស់​ព្រះ​បាទ​អុក ស្តេច​ស្រុក​បាសាន។ ក្នុង​តំបន់​នេះ​ទាំង​មូល​មាន​រាជ​ប្រតិភូ​តែ​មួយ​រូប​ប៉ុណ្ណោះ។
២០ ប្រជាជន​នៅ​ស្រុក​យូដា និង​ស្រុក​អ៊ីស្រា‌អែល មាន​ចំនួន​ច្រើន​ឥត​គណនា ដូច​គ្រាប់​ខ្សាច់​នៅ​តាម​ឆ្នេរ​សមុទ្រ។ ពួក​គេ​មាន​ស្បៀង​អាហារ​បរិបូណ៌ ហើយ​រស់​នៅ​យ៉ាង​សប្បាយ​រីក‌រាយ។
 (១៤.២១)  ព្រះ‌បាទ​សាឡូម៉ូន​គ្រប់‌គ្រង​លើ​នគរ​ទាំង​ប៉ុន្មាន ចាប់​ពី​ទន្លេ​អឺប្រាត​រហូត​ដល់​ស្រុក​ភីលី‌ស្ទីន និង​ព្រំ‌ប្រទល់​ស្រុក​អេស៊ីប នគរ​ទាំង​នោះ​នាំ​សួយ‌សារ‌អាករ​មក​ថ្វាយ​ព្រះ‌បាទ​សាឡូម៉ូន ហើយ​នៅ​ជា​ចំណុះ​ស្តេច រហូត​ដល់​ព្រះ‌អង្គ​អស់​ព្រះ‌ជន្ម។
 (២២) ស្បៀង​អាហារ​ប្រចាំ​ថ្ងៃ​សម្រាប់​ផ្គត់‌ផ្គង់​ក្នុង​វាំង​របស់​ព្រះ‌បាទ​សាឡូម៉ូន មាន​ដូច​ត​ទៅ: ម្សៅ‌ម៉ដ្ត​ប្រាំ​បួន​តោន ម្សៅ​ធម្មតា​ដប់​ប្រាំ​បី​តោន  (២៣) គោ​បំប៉ន​ដប់​ក្បាល គោ​ធម្មតា​ម្ភៃ​ក្បាល ចៀម​មួយ‌រយ​ក្បាល ព្រម​ទាំង​សត្វ​ផ្សេងៗ​ជា​ច្រើន​ទៀត ដូច​ជា​ប្រើស ឈ្លូស ក្តាន់ និង​មាន់​ទា​បំប៉ន។  (២៤) ព្រះ‌បាទ​សាឡូម៉ូន​ត្រួត‌ត្រា​លើ​ទឹក​ដី​ទាំង​ប៉ុន្មាន ដែល​ស្ថិត​នៅ​ត្រើយ​ខាង​នាយ​ទន្លេ​អឺប្រាត ចាប់​ពី​ក្រុង​ទីបសា​រហូត​ដល់​ក្រុង​កាសា។ ស្តេច​ទាំង​ប៉ុន្មាន​នៅ​ត្រើយ​ខាង​នាយ​ទន្លេ​អឺប្រាត ស្ថិត​នៅ​ក្រោម​អំណាច​ព្រះ‌បាទ​សាឡូម៉ូន​ទាំង​អស់។ ពេល​នោះ មាន​សុខ​សន្តិ‌ភាព​គ្រប់​ទិស‌ទី។  (២៥) ក្នុង​រជ្ជ‌កាល​របស់​ព្រះ‌បាទ​សាឡូម៉ូន ប្រជាជន​នៅ​ស្រុក​យូដា និង​ស្រុក​អ៊ីស្រា‌អែល ចាប់​ពី​ក្រុង​ដាន់​រហូត​ដល់​ក្រុង​បៀរ‌សេបា រស់​នៅ​ដោយ​សុខ‌សាន្ត ក្រោម​ដើម​ទំពាំង‌បាយ‌ជូរ និង​ដើម​ឧទុម្ពរ​របស់​ខ្លួន។  (២៦) ព្រះ‌បាទ​សាឡូម៉ូន​មាន​សេះ​បួន‌ម៉ឺន​ក្បាល សម្រាប់​ទឹម​រទេះ​ចម្បាំង និង​សេះ​មួយ‌ម៉ឺន​ពីរ‌ពាន់​ក្បាល​ទៀត សម្រាប់​ពល‌ទ័ព‌សេះ។  (២៧) រៀង‌រាល់​ខែ មាន​រាជ​ប្រតិភូ​មួយ​រូប ទទួល​ភារ‌កិច្ច​ផ្គត់‌ផ្គង់​ស្បៀង​អាហារ សម្រាប់​ព្រះ‌បាទ​សាឡូម៉ូន និង​អស់​អ្នក​ដែល​បរិភោគ​រួម​តុ​ជា​មួយ​ព្រះ‌រាជា។ រាជ‌ប្រតិភូ​ទាំង​នោះ​ពុំ​បាន​ឲ្យ​ស្តេច​ខ្វះ​ខាត​អ្វី​ឡើយ។  (២៨) រាជ‌ប្រតិភូ​ទាំង​នោះ​ផ្តល់​ស្រូវ និង​ចំបើង​សម្រាប់​សេះ ព្រម​ទាំង​សត្វ​ផ្សេងៗ​ទៀត​ដែល​ជា​ជំនិះ នៅ​តាម​កន្លែង​ដែល​គេ​ត្រូវ​ការ ដូច​ស្តេច​បាន​កំណត់​ទុក។
ប្រាជ្ញា‌ញាណ​របស់​ព្រះ‌បាទ​សាឡូម៉ូន
 (២៩) ព្រះ‌ជាម្ចាស់​ប្រទាន​ប្រាជ្ញា និង​សុភ‌និច្ឆ័យ​យ៉ាង​លើស‌លប់​ដល់​ព្រះ‌បាទ​សាឡូម៉ូន ធ្វើ​ឲ្យ​ស្តេច​មាន​ការ​យល់​ដឹង​ទូលំ‌ទូលាយ ដូច​ខ្សាច់​នៅ​តាម​ឆ្នេរ​សមុទ្រ។ ១០ (៣០) ព្រះ‌រាជា​មាន​ប្រាជ្ញា​ឈ្លាស‌វៃ​លើស​អ្នក​ប្រាជ្ញ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​ខាង​កើត និង​នៅ​ស្រុក​អេស៊ីប។ ១១ (៣១) ព្រះ‌រាជា​មាន​ប្រាជ្ញា​លើស​មនុស្ស​ផង​ទាំង​ពួង គឺ​លើស​លោក​អេតន ពី​អំបូរ​អេសរ៉ា លោក​ហេ‌ម៉ន ព្រម​ទាំង​លោក​កាល់‌កូល និង​លោក​ដារដា ជា​កូន​របស់​លោក​ម៉ាហូល។ កិត្តិ‌នាម​របស់​ព្រះ‌រាជា​ល្បី​សុស‌សាយ រហូត​ដល់​ប្រជា‌ជាតិ​នានា​ដែល​នៅ​ជុំ‌វិញ។ ១២ (៣២) ព្រះ‌បាទ​សាឡូម៉ូន​ថ្លែង​សុភាសិត​បី​ពាន់​ឃ្លា និង​តែង​ចម្រៀង​មួយ​ពាន់​ប្រាំ​បទ។ ១៣ (៣៣) ព្រះ‌រាជា​រៀប‌រាប់​អំពី​រុក្ខ‌ជាតិ​គ្រប់​ប្រភេទ តាំង​ពី​ដើម​តាត្រៅ​នៅ​ស្រុក​លីបង់ រហូត​ដល់​ដើម​ហ៊ីសុប​ដែល​ដុះ​នៅ​តាម​កំពែង។ ព្រះ‌រាជា​រៀប‌រាប់​អំពី​សត្វ​ចតុប្បាទ សត្វ​ស្លាប សត្វ​លូន​វារ និង​ត្រី​ផង​ដែរ។ ១៤ (៣៤) ស្តេច​ទាំង‌ឡាយ​នៅ​លើ​ផែន‌ដី​បាន​ឮ​គេ​និយាយ​អំពី​ប្រាជ្ញា​ញាណ​របស់​ព្រះ‌បាទ​សាឡូម៉ូន ក៏​ចាត់​មនុស្ស‌ម្នា​ពី​គ្រប់​ជាតិ​សាសន៍ ឲ្យ​មក​ស្ដាប់​រាជ‌ឱង្ការ​របស់​ព្រះ‌បាទ​សាឡូម៉ូន ដែល​ប្រកប​ដោយ​ប្រាជ្ញា​ឈ្លាស​វៃ។
ព្រះ‌បាទ​សាឡូម៉ូន​រៀប‌ចំ​សង់​ព្រះ‌វិហារ
(២​របា‌ក្សត្រ ២.២-១៥)
១៥ (១) ព្រះ‌បាទ​ហ៊ីរ៉ាម ជា​ស្តេច​ក្រុង​ទីរ៉ុស និង​ជា​មិត្ត‌ភក្ដិ​ដ៏​ជិត​ស្និទ្ធ​របស់​ព្រះ‌បាទ​ដាវីឌ ជ្រាប​ថា គេ​បាន​អភិ‌សេក​ព្រះ‌បាទ​សាឡូម៉ូន​ឲ្យ​ស្នង​រាជ្យ​ពី​ព្រះ‌បាទ​ដាវីឌ​ជា​បិតា ស្តេច​ក៏​ចាត់​រាជ​បម្រើ​ទៅ​គាល់​ព្រះ‌បាទ​សាឡូម៉ូន។ ១៦ (២) ព្រះ‌បាទ​សាឡូម៉ូន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ទូល​ព្រះ‌បាទ​ហ៊ីរ៉ាម​ដូច​ត​ទៅ៖ ១៧ (៣) «ព្រះ‌ករុណា​ជ្រាប​ហើយ​ថា ព្រោះ​តែ​សង្គ្រាម​កើត​មាន​ឥត​ស្រាក‌ស្រាន្ត​ពី​គ្រប់​ទិស‌ទី ព្រះ‌បាទ​ដាវីឌ ជា​បិតា​របស់​ទូល‌បង្គំ ពុំ​អាច​សង់​ព្រះ‌ដំណាក់​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក​បាន​ទេ រហូត​ទាល់​តែ​ព្រះ‌អម្ចាស់​បង្ក្រាប​ខ្មាំង​សត្រូវ​ឲ្យ​នៅ​ក្រោម​បាទា​របស់​លោក។ ១៨ (៤) ឥឡូវ​នេះ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ទូល‌បង្គំ ប្រោស​ប្រទាន​សេចក្ដី​សុខ‌សាន្ត នៅ​គ្រប់​ទិស‌ទី គឺ​គ្មាន​មារ​សត្រូវ គ្មាន​គ្រោះ​កាច​ទៀត​ទេ។ ១៩ (៥) ដូច្នេះ ទូល‌បង្គំ​មាន​បំណង​សង់​ព្រះ‌ដំណាក់​មួយ​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ទូល‌បង្គំ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ថ្លែង​មក​កាន់​ព្រះ‌បាទ​ដាវីឌ ជា​បិតា​របស់​ទូល‌បង្គំ​ថា “បុត្រ​របស់​អ្នក ដែល​យើង​នឹង​តែង‌តាំង​ឲ្យ​ឡើង​ស្នង​រាជ្យ​បន្ត​ពី​អ្នក នឹង​សង់​ដំណាក់​សម្រាប់​យើង”។ ២០ (៦) សូម​ព្រះ‌ករុណា​បញ្ជា​គេ​កាប់​ដើម​តាត្រៅ​នៅ​ភ្នំ​លីបង់ ឲ្យ​ទូល‌បង្គំ​ផង។ អ្នក​បម្រើ​របស់​ទូល‌បង្គំ​នឹង​ធ្វើ​ការ​រួម​ជា​មួយ​អ្នក​បម្រើ​របស់​ព្រះ‌ករុណា ដ្បិត​ព្រះ‌ករុណា​ជ្រាប​ហើយ​ថា ក្នុង​ចំណោម​ពួក​ទូល‌បង្គំ គ្មាន​នរណា​ម្នាក់​ប្រសប់​កាប់​ឈើ ដូច​អ្នក​ស្រុក​ស៊ីដូន​ទេ។ ទូល‌បង្គំ​នឹង​បង់​ប្រាក់​ឈ្នួល​ឲ្យ​អ្នក​បម្រើ​របស់​ព្រះ‌ករុណា តាម​ព្រះ‌ករុណា​បង្គាប់»។
២១ (៧) កាល​ព្រះ‌បាទ​ហ៊ីរ៉ាម​ទទួល​សារ​ពី​ព្រះ‌បាទ​សាឡូម៉ូន ស្ដេច​មាន​អំណរ​ជា​ខ្លាំង រួច​មាន​រាជ‌ឱង្ការ​ថា៖ «ថ្ងៃ​នេះ សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ ដែល​បាន​ប្រោស​ប្រទាន​បុត្រ​មួយ​អង្គ​ប្រកប​ដោយ​ប្រាជ្ញា​ឈ្លាស‌វៃ​ដល់​ព្រះ‌បាទ​ដាវីឌ ដើម្បី​គ្រប់‌គ្រង​លើ​ប្រជាជន​ដ៏​ច្រើន​នេះ»។ ២២ (៨) បន្ទាប់​មក ព្រះ‌បាទ​ហ៊ីរ៉ាម​ចាត់​គេ​ឲ្យ​ទៅ​ទូល​ព្រះ‌បាទ​សាឡូម៉ូន​ថា៖ «ទូល‌បង្គំ​បាន​ទទួល​សារ​របស់​ព្រះ‌ករុណា​ហើយ ទូល‌បង្គំ​នឹង​ផ្តល់​ឈើ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌ករុណា​ត្រូវ​ការ គឺ​ឈើ​តាត្រៅ និង​ឈើ​កកោះ។ ២៣ (៩) ពួក​អ្នក​បម្រើ​របស់​ទូល‌បង្គំ​នឹង​ដឹក​ឈើ​ហ៊ុប​ទាំង​នោះ​ពី​ភ្នំ​លីបង់​ទៅ​ដល់​មាត់​សមុទ្រ ហើយ​ចង​ជា​ក្បូន បណ្តែត​តាម​សមុទ្រ រហូត​ដល់​កន្លែង​ដែល​ព្រះ‌ករុណា​កំណត់​ទុក។ នៅ​ទី​នោះ ពួក​អ្នក​បម្រើ​របស់​ទូល‌បង្គំ​នឹង​ស្រាយ​ក្បូន ហើយ​អ្នក​បម្រើ​របស់​ព្រះ‌ករុណា​មក​ទទួល​យក​ឈើ​ហ៊ុប​ទាំង​នោះ។ រីឯ​ថ្លៃ​ឈ្នួល​វិញ សូម​ព្រះ‌ករុណា​ផ្គត់‌ផ្គង់​ស្បៀង​អាហារ ដែល​ទូល‌បង្គំ​ត្រូវ​ការ​សម្រាប់​ចិញ្ចឹម​អ្នក​បម្រើ​ក្នុង​វាំង​របស់​ទូល‌បង្គំ​ផង»។ ២៤ (១០) ព្រះ‌បាទ​ហ៊ីរ៉ាម​ថ្វាយ​ឈើ​តាត្រៅ និង​ឈើ​កកោះ​ទាំង​ប៉ុន្មាន តាម​សេចក្ដី​ត្រូវ​ការ​របស់​ព្រះ‌បាទ​សាឡូម៉ូន។ ២៥ (១១) ព្រះ‌បាទ​សាឡូម៉ូន​បាន​ផ្តល់​ស្បៀង​អាហារ​រៀង‌រាល់​ឆ្នាំ មាន​ស្រូវ​ចំនួន​ប្រាំ​មួយ​ពាន់​តោន និង​ប្រេង​ឆា​គុណ‌ភាព​ល្អ​ចំនួន​ប្រាំ​បួន‌ពាន់​លីត្រ សម្រាប់​ផ្គត់‌ផ្គង់​សេចក្ដី​ត្រូវ​ការ​ក្នុង​វាំង​របស់​ព្រះ‌បាទ​ហ៊ីរ៉ាម។
២៦ (១២) ព្រះ‌អម្ចាស់​ប្រទាន​ប្រាជ្ញា​ដល់​ព្រះ‌បាទ​សាឡូម៉ូន តាម​ព្រះ‌បន្ទូល​សន្យា។ ព្រះ‌បាទ​សាឡូម៉ូន និង​ព្រះ‌បាទ​ហ៊ីរ៉ាម ចង​សម្ពន្ធ‌មិត្ត​ជា​មួយ​គ្នា ហើយ​មាន​ទំនាក់‌ទំនង​ទៅ​វិញ​ទៅ​មក ដោយ​សុខ‌សាន្ត។
ព្រះ‌បាទ​សាឡូម៉ូន​រៀប‌ចំ​កំណែន
(២​របា‌ក្សត្រ ១.១៨, ២.១,១៦-១៧)
២៧ (១៣) ព្រះ‌បាទ​សាឡូម៉ូន​កេណ្ឌ​មនុស្ស​ចំនួន​បី‌ម៉ឺន​នាក់ ក្នុង​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល មក​ធ្វើ​ពល‌កម្ម ២៨ (១៤) ស្តេច​ចាត់​ពួក​គេ​ឲ្យ​ទៅ​ធ្វើ​ការ​នៅ​ភ្នំ​លីបង់ តាម​វេន ចំនួន​មួយ‌ម៉ឺន​នាក់ ក្នុង​មួយ​ខែ ក្រោម​ការ​ត្រួត‌ត្រា​របស់​លោក​អដូ‌នី‌រ៉ាម។ ពួក​គេ​ធ្វើ​ការ​នៅ​ភ្នំ​លីបង់​មួយ​ខែ ហើយ​វិល​មក​នៅ​ផ្ទះ​វិញ​ពីរ​ខែ។ ២៩ (១៥) ព្រះ‌បាទ​សាឡូម៉ូន​ប្រើ​មនុស្ស​ចំនួន​ប្រាំ​ពីរ‌ម៉ឺន​នាក់​សម្រាប់​លី‌សែង និង​ប្រាំ‌បី‌ម៉ឺន​នាក់​សម្រាប់​ដាប់​ថ្ម​នៅ​លើ​ភ្នំ។ ៣០ (១៦) ក្រៅ​ពី​ពួក​ពល‌ករ ព្រះ‌បាទ​សាឡូម៉ូន​តែង‌តាំង​អ្នក​ទទួល​ខុស​ត្រូវ​ចំនួន​បី​ពាន់​បី‌រយ​នាក់​ទៀត សម្រាប់​ត្រួត‌ត្រា​លើ​ការ‌ងារ​របស់​ពល‌ករ​ផង។ ៣១ (១៧) ព្រះ‌រាជា​បង្គាប់​ឲ្យ​គេ​គាស់​ថ្ម​ធំៗ យក​មក​ដាប់​យ៉ាង​ល្អ​ប្រណីត សម្រាប់​ធ្វើ​គ្រឹះ​ព្រះ‌ដំណាក់។ ៣២ (១៨) ពួក​ពល‌ករ​របស់​ព្រះ‌បាទ​សាឡូម៉ូន និង​ព្រះ‌បាទ​ហ៊ីរ៉ាម ព្រម​ទាំង​ជាង​ពី​ស្រុក​កេបាល​នាំ​គ្នា​ដាប់​ថ្ម ហើយ​រៀប‌ចំ​ត្រៀម​ឈើ និង​ថ្ម សម្រាប់​សង់​ព្រះ‌ដំណាក់។
ការ​សង់​ព្រះ‌វិហារ
(២​របា‌ក្សត្រ ៣.១-១៤)
 ព្រះ‌បាទ​សាឡូម៉ូន​បាន​សង់​ព្រះ‌ដំណាក់​ថ្វាយ​ព្រះ‌អម្ចាស់ នៅ​ឆ្នាំ​ទី​បួន‌រយ‌ប៉ែត‌សិប ក្រោយ​ពេល​កូន​ចៅ​អ៊ីស្រា‌អែល​ចាក‌ចេញ​ពី​ស្រុក​អេស៊ីប គឺ​នៅ​ឆ្នាំ​ទី​បួន​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​សាឡូម៉ូន ក្នុង​ខែ​ពិសាខ ដែល​ត្រូវ​ជា​ខែ​ទី​ពីរ។  ព្រះ‌ដំណាក់​ដែល​ព្រះ‌បាទ​សាឡូម៉ូន​សង់​ថ្វាយ​ព្រះ‌អម្ចាស់ មាន​បណ្តោយ​ប្រវែង​ហុក‌សិប​ហត្ថ ទទឹង​ម្ភៃ​ហត្ថ និង​កម្ពស់​សាម‌សិប​ហត្ថ។  បន្ទប់​ល្វែង​នៅ​ខាង​មុខ​ទី​សក្ការៈ​នៃ​ព្រះ‌ដំណាក់​មាន​បណ្តោយ​ប្រវែង​ម្ភៃ​ហត្ថ ស្រប​តាម​ប្រវែង​ទទឹង​ព្រះ‌ដំណាក់ រីឯ​ទទឹង​របស់​បន្ទប់​មាន​ប្រវែង​ដប់​ហត្ថ។  នៅ​តាម​ជញ្ជាំង​ព្រះ‌ដំណាក់ ព្រះ‌រាជា​បាន​ឲ្យ​គេ​ធ្វើ​បង្អួច​ដែល​មាន​ដាក់​ចម្រឹង​ផង។  ព្រះ‌រាជា​ឲ្យ​គេ​សង់​បន្ទប់​អម ភ្ជាប់​ទៅ​នឹង​ជញ្ជាំង​ព្រះ‌ដំណាក់ ពោល​គឺ​ព្រះ‌វិហារ និង​ទី​សក្ការៈ។ បន្ទប់​អម​ទាំង​នោះ​ស្ថិត​នៅ​ជុំ‌វិញ​ព្រះ‌ដំណាក់។  ជាន់​ខាង​ក្រោម​មាន​ទទឹង​ប្រាំ​ហត្ថ ជាន់​កណ្ដាល​មាន​ទទឹង​ប្រាំ​មួយ​ហត្ថ និង​ជាន់​ខាង​លើ​មាន​ទទឹង​ប្រាំ​ពីរ​ហត្ថ។ ជញ្ជាំង​ខាង​ក្រៅ​ព្រះ‌ដំណាក់ ពី​ក្រោម​ទៅ​លើ មាន​កម្រាស់​មិន​ស្មើ​គ្នា​ទេ ធ្វើ​ដូច្នេះ ចៀស‌វាង​ចោះ​ជញ្ជាំង​ព្រះ‌ដំណាក់ សម្រាប់​ដាក់​ឈើ​ធ្នឹម។  គេ​សង់​ព្រះ‌ដំណាក់ ដោយ​ប្រើ​ថ្ម​ដែល​គេ​ដាប់​ទុក​ជា​មុន ហេតុ​នេះ ក្នុង​ពេល​សង់ គេ​ពុំ​ឮ​ស្នូរ​ញញួរ​ដែក​ដាប់ ឬ​គ្រឿង​ប្រដាប់​ធ្វើ​ពី​ដែក​ណា​មួយ​នៅ​ក្នុង​ព្រះ‌ដំណាក់​ទេ។  ទ្វារ​ចូល​បន្ទប់​ជាន់​ខាង​ក្រោម ស្ថិត​នៅ​ប៉ែក​ខាង​ស្តាំ​នៃ​ព្រះ‌ដំណាក់ ហើយ​មាន​ជណ្ដើរ​មួយ​សម្រាប់​ឡើង​ទៅ​ជាន់​កណ្ដាល និង​ពី​ជាន់​កណ្ដាល​ទៅ​ជាន់​ខាង​លើ។  ក្រោយ​ពី​សង់​ព្រះ‌ដំណាក់​រួច​ហើយ ស្តេច​សង់​ពិដាន និង​ធ្នឹម​អំពី​ឈើ​តាត្រៅ។ ១០ ស្តេច​ក៏​បាន​សង់​បន្ទប់​អម​នៅ​ជុំ‌វិញ​ព្រះ‌ដំណាក់​ដែរ បន្ទប់​ទាំង​នោះ​មាន​កម្ពស់​ប្រាំ​ហត្ថ ក្នុង​ជាន់​នីមួយៗ ហើយ​ភ្ជាប់​នឹង​ជញ្ជាំង​ព្រះ‌ដំណាក់​ដោយ​ឈើ​តាត្រៅ។
១១ ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះ‌បាទ​សាឡូម៉ូន​ថា៖ ១២ «អ្នក​កំពុង​តែ​សង់​ដំណាក់​នេះ​សម្រាប់​យើង។ ប្រសិន​បើ​អ្នក​ប្រតិ‌បត្តិ​តាម​វិន័យ​របស់​យើង ប្រសិន​បើ​អ្នក​គោរព​តាម​បទ‌បញ្ជា​របស់​យើង ហើយ​ប្រសិន​បើ​អ្នក​កាន់ និង​ធ្វើ​តាម​វិន័យ​របស់​យើង នោះ​យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក តាម​ពាក្យ​ដែល​យើង​បាន​សន្យា​ជា​មួយ​ដាវីឌ ជា​បិតា​របស់​អ្នក។ ១៣ យើង​នឹង​ស្ថិត​នៅ​ជា​មួយ​ជន​ជាតិ​អ៊ីស្រា‌អែល យើង​នឹង​មិន​បោះ‌បង់​ចោល​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ដ្រ​របស់​យើង​ឡើយ»។
ការ​តុប‌តែង​លំអ​ក្នុង​ព្រះ‌វិហារ
១៤ ក្រោយ​បាន​សង់​ព្រះ‌ដំណាក់​រួច​ហើយ ព្រះ‌បាទ​សាឡូម៉ូន ១៥ ឲ្យ​គេ​ពាស​ជញ្ជាំង​ខាង​ក្នុង​ពី​ឈើ​តាត្រៅ តាំង​ពី​ក្រោម​រហូត​ដល់​ពិដាន ព្រម​ទាំង​ក្រាល​ក្តារ​ពី​ឈើ​កកោះ​ដែរ។ ១៦ ស្តេច​ឲ្យ​គេ​យក​ឈើ​តាត្រៅ​ពាស​ជញ្ជាំង ប៉ែក​ខាង​ក្រោយ​ព្រះ‌ដំណាក់​ពី​ក្រោម​រហូត​ដល់​លើ មាន​ប្រវែង​ម្ភៃ​ហត្ថ។ ផ្នែក​ខាង​ក្នុង​នេះ ព្រះ‌អង្គ​ឲ្យ​គេ​រៀប‌ចំ​ធ្វើ​ជា​ទី​សក្ការៈ និង​ទី​សក្ការៈ​បំផុត។ ១៧ បន្ទប់​ធំ​ដែល​នៅ​ខាង​មុខ​ទី​សក្ការៈ​មាន​បណ្តោយ​សែ‌សិប​ហត្ថ។ ១៨ ឈើ​តាត្រៅ​ដែល​គេ​ពាស​ផ្នែក​ខាង​ក្នុង​ព្រះ‌ដំណាក់ មាន​ឆ្លាក់​ជា​ក្បាច់​រចនា​រូប​ផ្កា​ក្រពុំ និង​រូប​ផ្កា​រីក។ គេ​ពាស​ជញ្ជាំង​ទាំង​អស់​ពី​ឈើ​តាត្រៅ ដោយ​ឥត​ឃើញ​ថ្ម​ឡើយ។
១៩ ស្តេច​រៀប‌ចំ​ទី​សក្ការៈ​នៅ​ផ្នែក​ខាង​ក្រោយ​ព្រះ‌ដំណាក់ សម្រាប់​តម្កល់​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់២០ ជ្រុង​នីមួយៗ​របស់​ទី​សក្ការៈ​មាន​ប្រវែង​ម្ភៃ​ហត្ថ កម្ពស់​ម្ភៃ​ហត្ថ ហើយ​ស្រោប​មាស​សុទ្ធ​ទាំង​អស់។ រីឯ​អាសនៈ​មាន​ពាស​ទៅ​ដោយ​ឈើ​តាត្រៅ។ ២១ ព្រះ‌បាទ​សាឡូម៉ូន​បាន​យក​មាស​សុទ្ធ​មក​ស្រោប​ប៉ែក​ខាង​ក្នុង​ព្រះ‌ដំណាក់ ហើយ​យក​ច្រវាក់​ធ្វើ​ពី​មាស​មក​ចង​ខណ្ឌ​នៅ​មុខ​ទី​សក្ការៈ ដែល​ស្តេច​បាន​ស្រោប​មាស​ដែរ។ ២២ ដូច្នេះ ព្រះ‌ដំណាក់​ទាំង​មូល​សុទ្ធ​តែ​ស្រោប​មាស អាសនៈ នៅ​ខាង​មុខ​ទី​សក្ការៈ​ក៏​ស្រោប​មាស​ដែរ។
២៣ នៅ​ក្នុង​ទី​សក្ការៈ ស្តេច​ឲ្យ​គេ​ឆ្លាក់​រូប​ខេរូ‌ប៊ីម*​មួយ​គូ​ធ្វើ​អំពី​ឈើ​អូលីវ ខេរូ‌ប៊ីម​នីមួយៗ​មាន​កម្ពស់​ដប់​ហត្ថ។ ២៤ ស្លាប​នីមួយៗ​របស់​ខេរូ‌ប៊ីម​ទី​មួយ​មាន​ប្រវែង​ប្រាំ​ហត្ថ គឺ​ពី​ចុង​ស្លាប​ម្ខាង​ទៅ​ចុង​ស្លាប​ម្ខាង​ទៀត​មាន​ប្រវែង​ដប់​ហត្ថ។ ២៥ ស្លាប​ទាំង​ពីរ​របស់​ខេរូ‌ប៊ីម​ទី​ពីរ​ក៏​មាន​ប្រវែង​ដប់​ហត្ថ​ដែរ។ ខេរូ‌ប៊ីម​ទាំង​ពីរ​មាន​ទំហំ និង​ទ្រង់‌ទ្រាយ​ដូច​គ្នា។ ២៦ ខេរូ‌ប៊ីម​ទី​មួយ​មាន​កម្ពស់​ដប់​ហត្ថ ហើយ​រូប​ទី​ពីរ​ក៏​មាន​កម្ពស់​ប៉ុន​គ្នា​ដែរ។ ២៧ ស្តេច​ដាក់​ខេរូ‌ប៊ីម​ទាំង​ពីរ​នៅ​កណ្ដាល​ទី​សក្ការៈ ខេរូ‌ប៊ីម​ទាំង​ពីរ​ត្រដាង​ស្លាប គឺ​ចុង​ស្លាប​ខេរូ‌ប៊ីម​ទី​មួយ​លាត​ទៅ​ទល់​នឹង​ជញ្ជាំង​ម្ខាង រីឯ​ចុង​ស្លាប​ខេរូ‌ប៊ីម​ទី​ពីរ​លាត​ទៅ​ទល់​នឹង​ជញ្ជាំង​ម្ខាង​ទៀត។ ចុង​ស្លាប​ម្ខាង​ទៀត​របស់​ខេរូ‌ប៊ីម​នីមួយៗ លាត‌ទល់​គ្នា​នៅ​ចំ​កណ្ដាល​ទី​សក្ការៈ។ ២៨ ស្តេច​ឲ្យ​គេ​ស្រោប​រូប​ខេរូ‌ប៊ីម​ទាំង​ពីរ​នេះ ដោយ​មាស។
២៩ នៅ​តាម​ជញ្ជាំង​ព្រះ‌ដំណាក់​ទាំង​ខាង​ក្នុង និង​ខាង​ក្រៅ ស្តេច​ឲ្យ​គេ​ឆ្លាក់​ក្បាច់​ខេរូ‌ប៊ីម ក្បាច់​ដើម​ចាក និង​ក្បាច់​ផ្កា‌រីក​ផង។ ៣០ រីឯ​ក្តារ​ក្រាល​ព្រះ‌ដំណាក់​ទាំង​ខាង​ក្នុង ទាំង​ខាង​ក្រៅ​សុទ្ធ​តែ​ស្រោប​មាស។
៣១ នៅ​ច្រក​ចូល​ទី​សក្ការៈ ស្តេច​ឲ្យ​គេ​ធ្វើ​ទ្វារ​ពី​ឈើ​អូលីវ។ ក្រប​ទ្វារ​នេះ​មាន​កម្ពស់​មួយ​ភាគ​ប្រាំ​នៃ​ជញ្ជាំង។ ៣២ សន្លឹក​ទ្វារ​ទាំង​ពីរ​ធ្វើ​ពី​ឈើ​អូលីវ។ នៅ​លើ​សន្លឹក​ទ្វារ​ទាំង​ពីរ​នោះ ស្តេច​ឲ្យ​គេ​ឆ្លាក់​ក្បាច់​ខេរូ‌ប៊ីម ក្បាច់​ដើម​ចាក និង​ក្បាច់​ផ្កា​រីក ព្រម​ទាំង​ស្រោប​មាស គឺ​ទាំង​ក្បាច់​ខេរូ‌ប៊ីម ទាំង​ក្បាច់​ដើម​ចាក​សុទ្ធ​តែ​ស្រោប​មាស។ ៣៣ រីឯ​ច្រក​ចូល​ព្រះ‌វិហារ ស្តេច​ឲ្យ​គេ​ធ្វើ​ក្រប​ទ្វារ​ពី​ឈើ​អូលីវ​ដែរ។ ក្រប​ទ្វារ​នោះ​មាន​កម្ពស់​មួយ​ភាគ​បួន​នៃ​ជញ្ជាំង។ ៣៤ សន្លឹក​ទ្វារ​ទាំង​ពីរ​ធ្វើ​ពី​ឈើ​កកោះ សន្លឹក​នីមួយៗ​មាន​ពីរ​ផ្ទាំង ដែល​អាច​បត់​ចូល​គ្នា​បាន។ ៣៥ នៅ​លើ​សន្លឹក​ទ្វារ​ទាំង​ពីរ ស្តេច​ឲ្យ​គេ​ឆ្លាក់​ក្បាច់​ខេរូ‌ប៊ីម ក្បាច់​ដើម​ចាក និង​ក្បាច់​ផ្កា​រីក ព្រម​ទាំង​ស្រោប​មាស​តម្រូវ​តាម​ក្បាច់​នោះ​ផង។ ៣៦ បន្ទាប់​មក ស្តេច​ឲ្យ​គេ​ធ្វើ​ទី‌លាន​ខាង​ក្នុង​ពី​ថ្ម‌ដាប់​បី​ជាន់ និង​ឈើ​តាត្រៅ​មួយ​ជាន់។
៣៧ ក្នុង​ឆ្នាំ​ទី​បួន​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​សាឡូម៉ូន នៅ​ខែ​ពិសាខ គេ​បាន​ចាក់​គ្រឹះ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់៣៨ ក្នុង​ឆ្នាំ​ទី​ដប់​មួយ​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​សាឡូម៉ូន នៅ​ខែ​កត្តិក គឺ​ជា​ខែ​ទី​ប្រាំ​បី គេ​បាន​សង់​ព្រះ‌ដំណាក់​រួច​ជា​ស្រេច តាម​គម្រោង​សំណង់។ ដូច្នេះ ព្រះ‌បាទ​សាឡូម៉ូន​សង់​ព្រះ‌ដំណាក់​អស់‌រយៈ​ពេល​ប្រាំ​ពីរ​ឆ្នាំ។
ការ​សង់​ព្រះ‌រាជ‌វាំង
 រីឯ​វាំង​របស់​ស្តេច​វិញ ព្រះ‌បាទ​សាឡូម៉ូន​ចំណាយ​ពេល​អស់​ដប់​បី​ឆ្នាំ ទើប​សង់​ដំណាក់​ទាំង​អស់​រួច​ជា​ស្រេច។  ដំបូង​បង្អស់ ព្រះ‌រាជា​សង់ «ដំណាក់​ព្រៃ​ស្រុក​លីបង់» មាន​បណ្តោយ​ប្រវែង​មួយ‌រយ​ហត្ថ ទទឹង​ហា‌សិប​ហត្ថ និង​កម្ពស់​សាម‌សិប​ហត្ថ មាន​សសរ​បួន​ជួរ​ធ្វើ​ពី​ឈើ​តាត្រៅ ហើយ​នៅ​លើ​សសរ​មាន​ធ្នឹម​ធ្វើ​ពី​ឈើ​តាត្រៅ​ដែរ។  រីឯ​ពិដាន​វិញ​ក៏​ធ្វើ​ពី​ឈើ​តាត្រៅ​ដែរ ទ្រ​ដោយ​ធ្នឹម​ធ្វើ​ពី​ឈើ​តាត្រៅ​សែ‌សិប​ប្រាំ​ដើម តំរៀប​ជា​បី​ជួរ គឺ​ក្នុង​មួយ​ជួរ​មាន​ដប់​ប្រាំ​ដើម ដែល​ទ្រ​ដោយ​សសរ​ទាំង​នោះ។  នៅ​តាម​ជញ្ជាំង​សង​ខាង​ដំណាក់ មាន​បង្អួច​ម្ខាង​បីៗ នៅ​ទល់​មុខ​គ្នា។  មេ និង​ក្រប​របស់​វា មាន​រាង​បួន​ជ្រុង ម្ខាង​បីៗ​នៅ​មុខ​ទល់​គ្នា។  ស្តេច​សង់​បន្ទប់​ល្វែង​មួយ​មាន​បណ្តោយ​ហា‌សិប​ហត្ថ ទទឹង​សាម‌សិប​ហត្ថ ដែល​មាន​តែ​សសរ។ នៅ​ពី​មុខ​បន្ទប់​ល្វែង​នោះ មាន​សសរ និង​ថែវ។  ព្រះ‌រាជា​សង់​បន្ទប់​ល្វែង​មួយ ជា​កន្លែង​គ្រង​រាជ្យ និង​កាត់​ក្តី មាន​ឈ្មោះ​ថា «ទី‌នាំង​វិនិច្ឆ័យ» ដែល​ពាស​ឈើ​តាត្រៅ​ពី​ក្រោម​រហូត​ដល់​លើ។  រីឯ​ដំណាក់​សម្រាប់​ស្តេច​គង់​ក៏​សង់​ដូច​ដំណាក់​មុន​ដែរ តែ​នៅ​ក្នុង​ទី‌ធ្លា​មួយ​ទៀត នៅ​ខាង​ក្រោយ​ដំណាក់​គ្រង​រាជ្យ។ ព្រះ‌បាទ​សាឡូម៉ូន​សង់​ដំណាក់​មួយ​សម្រាប់​ព្រះ‌មហេសី ដែល​ត្រូវ​ជា​បុត្រី​របស់​ព្រះ‌ចៅ​ផារ៉ោន ដំណាក់​នោះ​ក៏​សង់​ដូច​ដំណាក់​មុន​ដែរ។
 ដំណាក់​ទាំង​អស់​សុទ្ធ​តែ​ធ្វើ​អំពី​ថ្ម​សម្រាំង​ដ៏​ល្អៗ ដែល​បាន​ដាប់​តម្រូវ​តាម​ទំហំ និង​អារ​តម្រឹម​តាម​មុខ​ជ្រុង​ទាំង​ខាង​ក្នុង ទាំង​ខាង​ក្រៅ។ គេ​សង់​ដំណាក់​ទាំង​នោះ​ពី​ថ្ម​ទាំង​អស់ តាំង​ពី​គ្រឹះ​រហូត​ដល់​ដំបូល ហើយ​ផ្នែក​ខាង​ក្រៅ​រហូត​ដល់​ទី‌ធ្លា​ធំ​ផង។ ១០ គេ​រើស​សុទ្ធ​តែ​ថ្ម​ដ៏​ល្អ​ប្រណីត និង​ផ្ទាំង​ធំៗ យក​មក​ធ្វើ​ជា​គ្រឹះ ថ្ម​ខ្លះ​មាន​ប្រវែង​ដល់​ទៅ​ប្រាំ​បី ឬ​ដប់​ហត្ថ។ ១១ គេ​យក​ថ្ម​សម្រាំង​ដ៏​ល្អៗ ដែល​បាន​ដាប់​តម្រូវ​តាម​ទំហំ និង​ឈើ​តាត្រៅ​មក​សង់​ពី​លើ​គ្រឹះ​នោះ។ ១២ នៅ​ជុំ‌វិញ​ទី‌ធ្លា​ធំ គេ​សង់​ជញ្ជាំង​ពី​ថ្ម​សម្រាំង​ដ៏​ល្អៗ​ត្រួត​គ្នា​បី​ជាន់ ហើយ​មួយ​ជាន់​ទៀត​សង់​ពី​ឈើ​តាត្រៅ ដូច​ទី‌លាន​ខាង​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​បន្ទប់​ល្វែង​របស់​ព្រះ‌ដំណាក់​ដែរ។
កិច្ច‌ការ​របស់​លោក​ហ៊ីរ៉ាម
(២​របា‌ក្សត្រ ២.១២-១៣, ៣.១៥-១៧, ៤.២-៥)
១៣ ព្រះ‌បាទ​សាឡូម៉ូន​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​លោក​ហ៊ីរ៉ាម​នៅ​ក្រុង​ទីរ៉ុស។ ១៤ គាត់​ជា​កូន​របស់​ស្ត្រី‌មេម៉ាយ​ម្នាក់ ក្នុង​កុល‌សម្ព័ន្ធ​ណែប‌ថា‌លី ហើយ​ឪពុក​ជា​អ្នក​ក្រុង​ទីរ៉ុស។ លោក​ហ៊ីរ៉ាម​ជា​ជាង​លង្ហិន​មួយ​រូប​ដ៏​ចំណាន ដែល​មាន​ប្រាជ្ញា​ឈ្លាស‌វៃ ហើយ​មាន​ថ្វី​ដៃ​ខាង​ផលិត​វត្ថុ​គ្រប់​យ៉ាង​ពី​លង្ហិន។ គាត់​ចូល​ទៅ​គាល់​ព្រះ‌បាទ​សាឡូម៉ូន ហើយ​ទទួល​ធ្វើ​កិច្ច‌ការ​ទាំង​អស់​ថ្វាយ​ស្តេច។
១៥ លោក​ហ៊ីរ៉ាម​ធ្វើ​សសរ​លង្ហិន​ពីរ កម្ពស់​ដប់​ប្រាំ​បី​ហត្ថ ហើយ​គេ​យក​ខ្សែ​មក​វាស់​ជុំ‌វិញ​សសរ​នោះ ឃើញ​មាន​ប្រវែង​ដប់‌ពីរ​ហត្ថ។ ១៦ គាត់​ធ្វើ​ក្បាល​សសរ​លង្ហិន​ពីរ ជា​ក្បាច់​ដាក់​នៅ​លើ​សសរ​ទាំង​ពីរ ក្បាល​សសរ​នីមួយៗ​មាន​កម្ពស់​ប្រាំ​ហត្ថ។ ១៧ គាត់​សិត​លង្ហិន​ធ្វើ​ជា​ក្បាច់​ក្រឡា‌អួន និង​ច្រវាក់ តុប‌តែង​លំអ​ក្បាល​សសរ។ ក្បាល​សសរ​នីមួយៗ​មាន​កម្រង​ច្រវាក់​ប្រាំ​ពីរ​ខ្សែ។ ១៨ គាត់​សិត​ក្បាច់​ផ្លែ​ទទឹម​ពីរ​ជួរ លំអ​ជុំ‌វិញ​ក្បាច់​ក្រឡា‌អួន​ដែល​ស្ថិត​នៅ​លើ​ក្បាល​សសរ​នីមួយៗ។ ១៩ នៅ​លើ​សសរ​នីមួយៗ​នៃ​បន្ទប់​ល្វែង គាត់​ធ្វើ​ក្បាល​សសរ​មួយ​ជាន់​ទៀត​បន្តុប​ពី​លើ មាន​កម្ពស់​បួន​ហត្ថ ហើយ​មាន​ឆ្លាក់​ជា​ក្បាច់​ផ្កា​ម្លិះ។ ២០ នៅ​ផ្នែក​ខាង​លើ​ក្បាល​សសរ​ទី​មួយ មាន​ក្បាច់​ផ្លែ​ទទឹម​ចំនួន​ពីរ‌រយ​ត្រង់​គែម​ក្បាច់​ក្រឡា‌អួន ហើយ​នៅ​លើ​ក្បាល​សសរ​ទី​ពីរ មាន​ក្បាច់​ផ្លែ​ទទឹម​ពីរ‌រយ​ទៀត​តំរៀប​គ្នា​ជា​ជួរ​ដែរ។ ២១ គាត់​លើក​សសរ​ទាំង​ពីរ​នោះ​បញ្ឈរ នៅ​ខាង​មុខ​បន្ទប់​ល្វែង​របស់​ព្រះ‌វិហារ។ សសរ​នៅ​ខាង​ស្តាំ​មាន​ឈ្មោះ​ថា យ៉ាគីន រីឯ​សសរ​នៅ​ខាង​ឆ្វេង​មាន​ឈ្មោះ​ថា បូអាស។ ២២ ក្បាល​សសរ​ទាំង​ពីរ​នេះ​មាន​រាង​ដូច​ផ្កា​ម្លិះ។ លោក​ហ៊ីរ៉ាម​បាន​ធ្វើ​សសរ​ទាំង​ពីរ​ចប់​រួច​រាល់។
២៣ លោក​ហ៊ីរ៉ាម​ធ្វើ​អាង​មួយ​យ៉ាង​ធំ​ពី​លង្ហិន ដែល​មាន​រាង​មូល មាន​អង្កត់​ផ្ចិត​ដប់​ហត្ថ មាន​កម្ពស់​ប្រាំ​ហត្ថ និង​ជុំ‌វិញ​រង្វង់​សាម‌សិប​ហត្ថ។ ២៤ នៅ​ក្រោម​គែម​មាត់​អាង មាន​ឆ្លាក់​ក្បាច់​ផ្កា​ក្រពុំ​ពីរ​ជួរ ហើយ​ក្នុង​ប្រវែង​មួយ​ហត្ថ​មាន​ក្បាច់​ផ្កា​ក្រពុំ​ដប់ ព័ទ្ធ​ជុំ‌វិញ​អាង។ ក្បាច់​ទាំង​នោះ​សិត​ជាប់​ជា​មួយ​អាង​ដែរ។ ២៥ អាង​នេះ​ទ្រ​ដោយ​គោ​លង្ហិន​ចំនួន​ដប់‌ពីរ គោ​បី​បែរ​ទៅ​ខាង​ជើង គោ​បី​បែរ​ទៅ​ខាង​លិច គោ​បី​បែរ​ទៅ​ខាង​ត្បូង និង​គោ​បី​ទៀត​បែរ​ទៅ​ខាង​កើត។ ខ្លួន​របស់​វា​បែរ​ចូល​ក្នុង ដើម្បី​ទ្រ​អាង។ ២៦ អាង​នេះ​មាន​កម្រាស់​មួយ​ទះ មាត់​របស់​វា​រីក​ចេញ​ដូច​មាត់​ពែង និង​មាន​រាង​ដូច​ផ្កា​ម្លិះ ហើយ​មាន​ចំណុះ​ប្រមាណ​ពីរ‌ពាន់​អម្រែក។
២៧ លោក​ហ៊ីរ៉ាម​បាន​ធ្វើ​រទេះ​លង្ហិន​ចំនួន​ដប់។ រទេះ​នីមួយៗ​មាន​បណ្តោយ​បួន​ហត្ថ ទទឹង​បួន​ហត្ថ និង​កម្ពស់​បី​ហត្ថ។ ២៨ គាត់​ធ្វើ​រទេះ​ដូច​ត​ទៅ: គាត់​សិត​បន្ទះ​លង្ហិន​ជា​ច្រើន រួច​តំរៀប​គ្នា​នៅ​លើ​គ្រោង។ ២៩ នៅ​លើ​បន្ទះ​លង្ហិន​ទាំង​នោះ​មាន​ឆ្លាក់​រូប​សឹង្ហ គោ ខេរូ‌ប៊ីម។ នៅ​ផ្នែក​ខាង​លើ និង​ផ្នែក​ខាង​ក្រោម​នៃ​គ្រោង ក៏​មាន​ឆ្លាក់​រូប​សឹង្ហ គោ និង​មាន​ឆ្លាក់​ក្បាច់​រំយោល​លំអ​ដែរ។ ៣០ រទេះ​នីមួយៗ​មាន​កង់​បួន​ធ្វើ​ពី​លង្ហិន ហើយ​ភ្ជាប់​ទៅ​នឹង​តួ​ដោយ​ភ្លៅ​ធ្វើ​ពី​លង្ហិន។ នៅ​ត្រង់​មុម​ទាំង​បួន មាន​ជើង​សម្រាប់​ទ្រ​មុម ធ្វើ​ពី​លង្ហិន ភ្ជាប់​ទៅ​នឹង​តួ​រទេះ នៅ​ខាង​ក្រោម​ក្បាច់​រំយោល។ ៣១ ផ្នែក​ខាង​លើ​តួ​រទេះ​មាន​កំណល់​មួយ​រាង​មូល សម្រាប់​ទ្រ​អាង។ កំណល់​នេះ​ខ្ពស់​ផុត​ពី​តួ​រទេះ​មួយ​ហត្ថ មាន​អង្កត់​ផ្ចិត​មួយ​ហត្ថ​កន្លះ។ នៅ​លើ​កំណល់​នេះ​ក៏​មាន​ឆ្លាក់​ជា​ក្បាច់​ដែរ។ រីឯ​តួ​រទេះ​វិញ​មាន​រាង​បួន​ជ្រុង គឺ​មិន‌មែន​មូល​ទេ។ ៣២ រីឯ​កង់​ទាំង​បួន​វិញ​ស្ថិត​នៅ​ក្រោម​តួ​រទេះ ហើយ​ភ្ជាប់​ទៅ​នឹង​តួ​ដោយ‌សារ​ភ្លៅ។ កង់​នីមួយៗ​មាន​អង្កត់​ផ្ចិត​មួយ​ហត្ថ​កន្លះ។ ៣៣ កង់​ទាំង​នោះ​មាន​រាង​ដូច​កង់​រទេះ​ដែរ គឺ​មាន​ភ្លៅ ខ្នង កាំ និង​ដុំ ធ្វើ​អំពី​លង្ហិន​ទាំង​អស់។ ៣៤ ជើង​សម្រាប់​ទ្រ​មុម​ទាំង​បួន​របស់​រទេះ​សិត‌ភ្ជាប់​ទៅ​នឹង​តួ។ ៣៥ ផ្នែក​ខាង​លើ​រទេះ​មាន​រង្វង់​មូល​មួយ ដែល​មាន​កន្លះ​ហត្ថ។ នៅ​ផ្នែក​ខាង​លើ​នេះ​ក៏​មាន​ជើង​កំណល់ សិត‌ភ្ជាប់​ទៅ​នឹង​តួ​រទេះ​ដែរ។ ៣៦ គាត់​ឆ្លាក់​ក្បាច់​ខេរូ‌ប៊ីម សឹង្ហ និង​ដើម​ចាក​នៅ​លើ​ផ្ទៃ​រាប​ស្មើ លើ​ជើង​កំណល់ ព្រម​ទាំង​ឆ្លាក់​ក្បាច់​រំយោល​ព័ទ្ធ​ជុំ‌វិញ​ផង។ ៣៧ គាត់​ធ្វើ​រទេះ​ទាំង​ដប់​នេះ​មាន​ទំហំ និង​ទ្រង់‌ទ្រាយ​ដូច​គ្នា រទេះ​នីមួយៗ​សិត​ធ្វើ​អំពី​លោហ‌ធាតុ​តែ​មួយ​ដុំ។
៣៨ លោក​ហ៊ីរ៉ាម​សិត​ធ្វើ​អាង​លង្ហិន​ចំនួន​ដប់ សម្រាប់​ដាក់​លើ​រទេះ​ទាំង​ដប់​នេះ។ អាង​នីមួយៗ​មាន​កម្ពស់​បួន​ហត្ថ និង​មាន​ចំណុះ​សែ‌សិប​អម្រែក។ ៣៩ គាត់​ដាក់​រទេះ​ប្រាំ​នៅ​ខាង​ស្តាំ​ព្រះ‌ដំណាក់ និង​ប្រាំ​ទៀត​នៅ​ខាង​ឆ្វេង។ រីឯ​អាង​ធំ​វិញ គាត់​ដាក់​នៅ​ខាង​ស្តាំ​ព្រះ‌ដំណាក់ ត្រង់​ទិស​អគ្នេយ៍។
បញ្ជី​របស់​របរ​ដែល​លោក​ហ៊ីរ៉ាម​បាន​ធ្វើ
(២​របា‌ក្សត្រ ៤.៧-៥.១)
៤០ កាល​លោក​ហ៊ីរ៉ាម​ធ្វើ​អាង ប្រដាប់​ចូក​ផេះ និង​ផើង​ដាក់​ឈាម​រួច​រាល់​ហើយ លោក​ក៏​បញ្ចប់​កិច្ច‌ការ​ទាំង​អស់​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ថ្វាយ​ព្រះ‌បាទ​សាឡូម៉ូន ៤១ គឺ​មាន: សសរ​ពីរ ក្បាល​សសរ​រាង​មូល​ពីរ សម្រាប់​ដាក់​លើ​សសរ និង​ក្បាច់​ក្រឡា‌អួន​ស្ថិត​លើ​ក្បាល​សសរ​រាង​មូល​ទាំង​ពីរ​ផង។ ៤២ ផ្លែ​ទទឹម​ចំនួន​បួន‌រយ​ចង​ភ្ជាប់​នឹង​ក្រឡា‌អួន​ទាំង​ពីរ គឺ​ផ្លែ​ទទឹម​ពីរ​ជួរ​សម្រាប់​ក្រឡា‌អួន​នីមួយៗ ដែល​ស្ថិត​នៅ​លើ​ក្បាល​សសរ។ ៤៣ រទេះ​ចំនួន​ដប់ និង​អាង​ដប់​ដាក់​នៅ​លើ​រទេះ​ទាំង​នោះ។ ៤៤ អាង​ធំ​មួយ និង​គោ​ចំនួន​ដប់‌ពីរ​សម្រាប់​ទ្រ​អាង។ ៤៥ ធុង​សម្រាប់​ដាក់​ផេះ ប្រដាប់​ចូក​ផេះ និង​ផើង​សម្រាប់​ដាក់​ឈាម។ គ្រឿង​ប្រដាប់​ទាំង​អស់​ដែល​លោក​ហ៊ីរ៉ាម​ធ្វើ​ថ្វាយ​ព្រះ‌បាទ​សាឡូម៉ូន សម្រាប់​ដាក់​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ សុទ្ធ​តែ​ធ្វើ​ពី​លង្ហិន ខាត់​យ៉ាង​រលោង។ ៤៦ ព្រះ‌រាជា​ឲ្យ​គេ​សិត​គ្រឿង​ប្រដាប់​ទាំង​នោះ​ក្នុង​ពុម្ព​ដី​ឥដ្ឋ នៅ​វាល​ទំនាប​ទន្លេ​យ័រដាន់ ត្រង់​ចន្លោះ​ស៊ូកូត និង​សាតាន។ ៤៧ ព្រះ‌បាទ​សាឡូម៉ូន​ឲ្យ​គេ​ធ្វើ​គ្រឿង​ប្រដាប់​ទាំង​នោះ ដោយ​ពុំ​គិត​ពី​ទម្ងន់​លង្ហិន​ទេ ព្រោះ​មាន​ចំនួន​ច្រើន​ពេក។
៤៨ ព្រះ‌បាទ​សាឡូម៉ូន​បាន​ឲ្យ​គេ​ធ្វើ​គ្រឿង​ប្រដាប់​ឯ​ទៀតៗ​អំពី​មាស សម្រាប់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ គឺ​មាន​អាសនៈ​មាស តុ​មាស​សម្រាប់​ដាក់​នំបុ័ង​ថ្វាយ​ព្រះ‌អម្ចាស់ ៤៩ ជើង​ចង្កៀង​ធ្វើ​អំពី​មាស​សុទ្ធ​ដាក់​នៅ​មុខ​ទី​សក្ការៈ ជើង​ចង្កៀង​ប្រាំ​នៅ​ខាង​ស្តាំ ប្រាំ​នៅ​ខាង​ឆ្វេង។ ផ្នែក​ដាក់​ប្រេង តួ​ចង្កៀង និង​ឃ្នាប​ប្រឆេះ ក៏​ធ្វើ​អំពី​មាស​ដែរ។ ៥០ ចាន‌ក្លាំ កាំបិត ផើង​ដាក់​ឈាម ពែង និង​ភាជន៍ ក៏​ធ្វើ​ពី​មាស​សុទ្ធ​ទាំង​អស់ រីឯ​ត្រចៀក​ទ្វារ​នៅ​បន្ទប់​ខាង​ក្នុង ហៅ​ថា​ទី​សក្ការៈ​បំផុត និង​ត្រចៀក​ទ្វារ​នៅ​ច្រក​ចូល​ព្រះ‌ដំណាក់ ក៏​សុទ្ធ​តែ​ធ្វើ​ពី​មាស​ដែរ។ ៥១ ព្រះ‌បាទ​សាឡូម៉ូន​បាន​ធ្វើ​គ្រឿង​ប្រដាប់​សម្រាប់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ចប់​សព្វ​គ្រប់។ បន្ទាប់​មក ស្តេច​នាំ​យក​វត្ថុ​ជា​មាស ប្រាក់ និង​គ្រឿង​ប្រដាប់​ឯ​ទៀតៗ ដែល​ព្រះ‌បាទ​ដាវីឌ​ជា​បិតា​បាន​ថ្វាយ​ដល់​ព្រះ‌អម្ចាស់ មក​ទុក​នៅ​ក្នុង​ឃ្លាំង​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់
ហិប​នៃ​សម្ពន្ធ‌មេត្រី​តម្កល់​ក្នុង​ព្រះ‌ដំណាក់
(២​របា‌ក្សត្រ ៥.២-៦.២)
 គ្រា​នោះ ព្រះ‌បាទ​សាឡូម៉ូន​អញ្ជើញ​ពួក​ព្រឹទ្ធា‌ចារ្យ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល ពួក​មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន និង​តំណាង​ក្រុម​គ្រួសារ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល ឲ្យ​មក​គាល់​ស្តេច​នៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​ដង្ហែ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់​ពី​បុរី​ព្រះ‌បាទ​ដាវីឌ គឺ​ក្រុង​ស៊ីយ៉ូន មក​ព្រះ‌ដំណាក់។  ប្រជាជន​អ៊ីស្រា‌អែល​ទាំង​អស់​នាំ​គ្នា​មក​គាល់​ព្រះ‌រាជា ដើម្បី​ចូល​រួម​ពិធី​បុណ្យ​ខែ​អស្សុជ គឺ​ជា​ខែ​ទី​ប្រាំ​ពីរ។  ពេល​អស់​លោក​ព្រឹទ្ធា‌ចារ្យ​មក​ដល់ ក្រុម​បូជា‌ចារ្យ​ក៏​លើក​ហិប​នៃ​សម្ពន្ធ‌មេត្រី​សែង។  ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី នាំ​គ្នា​ដង្ហែ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់ ព្រម​ទាំង​នាំ​យក​ពន្លា​ជួប​ព្រះ‌អម្ចាស់ និង​វត្ថុ‌សក្ការៈ​ទាំង​ប៉ុន្មាន ដែល​ស្ថិត​នៅ​ក្នុង​ពន្លា​មក​ជា​មួយ​ដែរ។  ព្រះ‌បាទ​សាឡូម៉ូន និង​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល ដែល​ស្តេច​បាន​អញ្ជើញ​មក​នោះ នាំ​គ្នា​ឈរ​នៅ​មុខ​ហិប​នៃ​សម្ពន្ធ‌មេត្រី។ គេ​យក​ចៀម និង​គោ​យ៉ាង​ច្រើន​ឥត​គណនា មក​ថ្វាយ​ជា​យញ្ញ‌បូជា។  បូជា‌ចារ្យ​នាំ​គ្នា​សែង​ហិប​ទៅ​តម្កល់​ត្រង់​កន្លែង ដែល​គេ​បម្រុង​ទុក​ក្នុង​ទី​សក្ការៈ​របស់​ព្រះ‌ដំណាក់ គឺ​ក្នុង​ទី​សក្ការៈ​បំផុត នៅ​ក្រោម​ស្លាប​របស់​ខេរូ‌ប៊ីម។  ខេរូ‌ប៊ីម​ទាំង​ពីរ​ត្រដាង​ស្លាប​ពី​លើ​កន្លែង​តម្កល់​ហិប ដើម្បី​បាំង​ហិប និង​ឈើ​ស្នែង។  ដោយ​ឈើ​ស្នែង​វែង គេ​អាច​មើល​ឃើញ​ចុង​របស់​ឈើ​ទាំង​នោះ​ពី​ទី​សក្ការៈ ដែល​នៅ​ខាង​មុខ​កន្លែង​តម្កល់​ហិប ប៉ុន្តែ ពី​ខាង​ក្រៅ គេ​ពុំ​អាច​មើល​ឃើញ​ឡើយ។ អ្វីៗ​ទាំង​អស់​ស្ថិត​នៅ​ទី​នោះ​រហូត​ដល់​សព្វ​ថ្ងៃ។  នៅ​ក្នុង​ហិប គ្មាន​អ្វី​ក្រៅ​ពី​ថ្ម​ពីរ​បន្ទះ ដែល​លោក​ម៉ូសេ​បាន​តម្កល់​ទុក​នោះ​ឡើយ គឺ​បន្ទះ​ថ្ម​ដែល​លោក​ទទួល​នៅ​ភ្នំ​ហូរែប កាល​ព្រះ‌អម្ចាស់​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ជន​ជាតិ​អ៊ីស្រា‌អែល ក្រោយ​ពេល​ពួក​គេ​ចាក‌ចេញ​ពី​ស្រុក​អេស៊ីប។
១០ កាល​អស់​លោក​បូជា‌ចារ្យ*​ចេញ​ពី​ទី​សក្ការៈ​មក​វិញ នោះ​ស្រាប់​តែ​មាន​ពពក*​ពេញ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់១១ ដោយ‌សារ​តែ​ពពក ក្រុម​បូជា‌ចារ្យ​ពុំ​អាច​បំពេញ​មុខ‌ងារ​របស់​ខ្លួន​បាន​ឡើយ ដ្បិត​សិរី‌រុង​រឿង​របស់​ព្រះ‌អម្ចាស់​ស្ថិត​នៅ​ពេញ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ។
១២ ពេល​នោះ ព្រះ‌បាទ​សាឡូម៉ូន​មាន​រាជ‌ឱង្ការ​ដូច​ត​ទៅ៖
«ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា
ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​គង់​ក្នុង​ពពក​ដ៏​ក្រាស់!
១៣ ទូល‌បង្គំ​បាន​សង់​ព្រះ‌វិហារ​ដ៏​ថ្កុំ‌ថ្កើង​នេះ
ធ្វើ​ជា​ព្រះ‌ដំណាក់​ថ្វាយ​ព្រះ‌អង្គ​គង់
អស់​កល្ប‌ជានិច្ច»។
សេចក្ដី​ថ្លែង​ការ​របស់​ព្រះ‌បាទ​សាឡូម៉ូន
(២​របា‌ក្សត្រ ៦.៣-១១)
១៤ ព្រះ‌រាជា​បែរ​មក ហើយ​ប្រទាន​ពរ​ដល់​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល ដែល​កំពុង​តែ​ឈរ​នៅ​ទី​នោះ។ ១៥ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ថា៖ «សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល ព្រះ‌អង្គ​សម្ដែង​ព្រះ‌បារមី ដើម្បី​សម្រេច​តាម​ព្រះ‌បន្ទូល ដែល​ព្រះ‌អង្គ​បាន​សន្យា​ចំពោះ​ព្រះ‌បាទ​ដាវីឌ ជា​បិតា​របស់​ខ្ញុំ ១៦ គឺ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា: “តាំង​ពី​ថ្ងៃ​ដែល​យើង​នាំ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ដ្រ​របស់​យើង ចាក‌ចេញ​ពី​ស្រុក​អេស៊ីប យើង​មិន​បាន​ជ្រើស‌រើស​ក្រុង​ណា​មួយ ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​របស់​អ៊ីស្រា‌អែល ដើម្បី​សង់​ដំណាក់​មួយ ជា​កន្លែង​សម្រាប់​សម្ដែង​នាម​របស់​យើង​ឡើយ។ ប៉ុន្តែ យើង​បាន​ជ្រើស‌រើស​ដាវីឌ​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ដ្រ​របស់​យើង”។ ១៧ ព្រះ‌បាទ​ដាវីឌ ជា​បិតា​របស់​ខ្ញុំ មាន​បំណង​សង់​ព្រះ‌ដំណាក់​មួយ​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល។ ១៨ ប៉ុន្តែ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​បិតា​របស់​ខ្ញុំ​ថា “អ្នក​មាន​បំណង​សង់​ព្រះ‌ដំណាក់​សម្រាប់​យើង​ដូច្នេះ ជា​ការ​ប្រសើរ​ណាស់ ១៩ តែ​មិន‌មែន​អ្នក​ទេ ដែល​នឹង​សង់​ព្រះ‌ដំណាក់​នោះ គឺ​កូន​ដែល​កើត​ចេញ​ពី​សាច់​ឈាម​របស់​អ្នក​ផ្ទាល់ ជា​អ្នក​សង់​ព្រះ‌ដំណាក់​សម្រាប់​យើង”។ ២០ ព្រះ‌អម្ចាស់​បាន​សម្រេច​តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ គឺ​ខ្ញុំ​ឡើង​ស្នង​រាជ្យ​របស់​ព្រះ‌បាទ​ដាវីឌ ជា​បិតា​របស់​ខ្ញុំ ខ្ញុំ​គ្រង​រាជ្យ​លើ​ជន​ជាតិ​អ៊ីស្រា‌អែល ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ខ្ញុំ​ក៏​បាន​សង់​ព្រះ‌ដំណាក់​នេះ​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល​ដែរ។ ២១ ខ្ញុំ​បាន​រៀប‌ចំ​កន្លែង​មួយ សម្រាប់​តម្កល់​ហិប​ដាក់​បន្ទះ​ថ្ម​នៃ​សម្ពន្ធ‌មេត្រី គឺ​សម្ពន្ធ‌មេត្រី​ដែល​ព្រះ‌អម្ចាស់​បាន​ចង​ជា​មួយ​បុព្វ‌បុរស​របស់​យើង នៅ​ពេល​ព្រះ‌អង្គ​នាំ​ពួក​លោក​ចេញ​ពី​ស្រុក​អេស៊ីប»។
ពាក្យ​អធិស្ឋាន​របស់​ព្រះ‌បាទ​សាឡូម៉ូន
(២​របា‌ក្សត្រ ៦.១២-៤០)
២២ ព្រះ‌បាទ​សាឡូម៉ូន​ឈរ​ពី​មុខ​អាសនៈ​របស់​ព្រះ‌អម្ចាស់ នៅ​ចំពោះ​មុខ​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល ព្រះ‌រាជា​លើក​ព្រះ‌ហស្ដ​ទៅ​លើ​មេឃ ហើយ​ទូល​ថា៖ ២៣ «បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល! នៅ​លើ​មេឃ និង​នៅ​លើ​ផែន‌ដី គ្មាន​ព្រះ​ណា​មួយ​ដូច​ព្រះ‌អង្គ​ឡើយ។ ព្រះ‌អង្គ​រក្សា​សម្ពន្ធ‌មេត្រី ហើយ​សម្ដែង​ព្រះ‌ហឫ‌ទ័យ​មេត្តា​ករុណា​ចំពោះ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ដែល​ដើរ​តាម​ព្រះ‌អង្គ ដោយ​ស្មោះ​អស់​ពី​ចិត្ត។ ២៤ ព្រះ‌អង្គ​ប្រោស‌ប្រណី​ដល់​ព្រះ‌បាទ​ដាវីឌ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ និង​ជា​បិតា​របស់​ទូល‌បង្គំ ស្រប​តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ។ ថ្ងៃ​នេះ ព្រះ‌អង្គ​សម្រេច​តាម​ព្រះ‌បន្ទូល​សន្យា ដោយ‌សារ​ឫទ្ធិ‌បារមី​របស់​ព្រះ‌អង្គ។ ២៥ បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល! ឥឡូវ​នេះ សូម​ព្រះ‌អង្គ​ប្រោស‌ប្រណី​ដល់​អ្នក​បម្រើ​ព្រះ‌អង្គ គឺ​ព្រះ‌បាទ​ដាវីឌ ជា​បិតា​របស់​ទូល‌បង្គំ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​សន្យា​ថា ប្រសិន​បើ​ពូជ‌ពង្ស​របស់​អ្នក​ប្រុង‌ប្រយ័ត្ន​ចំពោះ​មាគ៌ា​របស់​ខ្លួន ហើយ​ប្រសិន​គេ​ដើរ​តាម​យើង ដូច​អ្នក​បាន​ដើរ​នៅ​ចំពោះ​មុខ​យើង​ដែរ​នោះ ក្នុង​ចំណោម​ពួក​គេ តែង‌តែ​មាន​ម្នាក់​ឡើង​គ្រង​រាជ្យ​លើ​អ៊ីស្រា‌អែល​នៅ​ចំពោះ​មុខ​យើង​ជា‌និច្ច។ ២៦ បពិត្រ​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល ឥឡូវ​នេះ សូម​សម្រេច​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​សន្យា​ជា​មួយ​អ្នក​បម្រើ​ព្រះ‌អង្គ គឺ​ព្រះ‌បាទ​ដាវីឌ ជា​បិតា​របស់​ទូល‌បង្គំ!។
២៧ តើ​ព្រះ‌ជាម្ចាស់​ពិត​ជា​អាច​គង់​នៅ​លើ​ផែន‌ដី​បាន​ឬ? សូម្បី​តែ​ផ្ទៃ​មេឃ និង​លំហ​ដ៏​ធំ‌ធេង​ក៏​ពុំ​ល្មម​ថ្វាយ​ព្រះ‌អង្គ​គង់​ផង ចុះ​ទម្រាំ​បើ​ព្រះ‌ដំណាក់​ដែល​ទូល‌បង្គំ​សង់​ថ្វាយ​នេះ តើ​រឹង‌រឹត​តែ​ចង្អៀត​យ៉ាង​ណា​ទៅ។ ២៨ បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ទូល‌បង្គំ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យ​អធិស្ឋាន និង​ពាក្យ​ទូល‌អង្វរ​របស់​ទូល‌បង្គំ ដែល​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ហើយ​សូម​ព្រះ‌អង្គ​ព្រះ​សណ្ដាប់​សម្រែក និង​ពាក្យ​អធិស្ឋាន​របស់​ទូល‌បង្គំ​នៅ​ថ្ងៃ​នេះ​ផង!។ ២៩ សូម​ទត​មើល​មក​ព្រះ‌ដំណាក់​នេះ ទាំង​យប់ ទាំង​ថ្ងៃ គឺ​កន្លែង​ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា “ទី​នេះ​ជា​កន្លែង​សម្រាប់​នាម​យើង”។ ពេល​ទូល‌បង្គំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ អធិស្ឋាន​នៅ​ទី​នេះ សូម​ព្រះ‌អង្គ​ព្រះ​សណ្ដាប់​ផង។ ៣០ កាល​ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ និង​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ អធិស្ឋាន​ឆ្ពោះ​មក​ទី​នេះ សូម​ព្រះ‌អង្គ​មេត្តា​ព្រះ‌សណ្ដាប់​ផង។ បពិត្រ​ព្រះ‌អម្ចាស់​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ សូម​មេត្តា​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​យើង​ខ្ញុំ និង​អត់‌ទោស​ឲ្យ​យើង​ខ្ញុំ​ផង!។
៣១ ប្រសិន​បើ​មនុស្ស​ម្នាក់​ប្រព្រឹត្ត​ខុស​ចំពោះ​អ្នក​ដទៃ គេ​បង្ខំ​ឲ្យ​អ្នក​នោះ​ស្បថ ហើយ​អ្នក​នោះ​មក​ស្បថ​នៅ​មុខ​អាសនៈ ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ ៣២ សូម​ព្រះ‌អង្គ​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ ព្រះ‌អង្គ​ព្រះ‌សណ្ដាប់ ហើយ​វិនិច្ឆ័យ​ទោស​ឲ្យ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។ សូម​ដាក់​ទោស​អ្នក​ដែល​ធ្វើ​ខុស សម​នឹង​កំហុស​ដែល​គេ​បាន​ធ្វើ ហើយ​ផ្តល់​យុត្តិ‌ធម៌​ដល់​មនុស្ស​សុចរិត តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត។
៣៣ កាល​ណា​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ ហើយ​បរា‌ជ័យ​នៅ​ចំពោះ​មុខ​ខ្មាំង​សត្រូវ ប្រសិន​បើ​ពួក​គេ​វិល​មក​រក​ព្រះ‌អង្គ និង​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ ព្រម​ទាំង​អធិស្ឋាន និង​ទូល‌អង្វរ​ព្រះ‌អង្គ​ក្នុង​ព្រះ‌ដំណាក់​នេះ ៣៤ សូម​ព្រះ‌អង្គ​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ* ព្រះ‌អង្គ​ព្រះ‌សណ្ដាប់ ហើយ​លើក‌លែង​ទោស​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ ឲ្យ​បាន​រួច​ពី​បាប ព្រម​ទាំង​នាំ​ពួក​គេ​មក​រស់​នៅ​លើ​ទឹក​ដី ដែល​ព្រះ‌អង្គ​ប្រទាន​ដល់​ដូន‌តា​របស់​គេ​វិញ។
៣៥ កាល​ណា​មេឃ​រាំង​ស្ងួត គ្មាន​ភ្លៀង ព្រោះ​តែ​ប្រជាជន​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ដាក់​ទារុណ‌កម្ម​ពួក​គេ ប្រសិន​បើ​ពួក​គេ​អធិស្ឋាន​ឆ្ពោះ​មក​ទី​នេះ រួច​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ និង​លះ‌បង់​អំពើ​បាប ៣៦ សូម​ព្រះ‌អង្គ​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់ ហើយ​លើក‌លែង​ទោស​ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ឲ្យ​បាន​រួច​ពី​បាប​ផង គឺ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ។ សូម​បង្រៀន​ពួក​គេ​ឲ្យ​ដើរ​តាម​មាគ៌ា​ដ៏​សុចរិត និង​ប្រទាន​ទឹក​ភ្លៀង​មក​លើ​ទឹក​ដី​របស់​ព្រះ‌អង្គ គឺ​ទឹក​ដី​ដែល​ព្រះ‌អង្គ​ប្រទាន​ឲ្យ​ប្រជា‌រាស្ដ្រ​ព្រះ‌អង្គ​ទុក​ជា​កេរ‌មត៌ក។
៣៧ កាល​ណា​ស្រុក​កើត​ទុរ្ភិក្ស ជំងឺ​រាត‌ត្បាត ស្រូវ​ស្កក មាន​ក្រា កណ្ដូប និង​ចង្រិត​ស៊ី​បង្ហិន​ស្រូវ ឬ​មាន​ខ្មាំង​សត្រូវ​មក​ឡោម‌ព័ទ្ធ​ប្រជា‌រាស្ដ្រ នៅ​ក្នុង​ស្រុក និង​តាម​ទ្វារ​ក្រុង​របស់​គេ ហើយ​កាល​ណា​មាន​គ្រោះ​កាច និង​មាន​ជំងឺ​ផ្សេងៗ ៣៨ ប្រសិន​បើ​មាន​នរណា​ម្នាក់ ឬ​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​មូល ដែល​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​មាន​ទុក្ខ​ខ្លោច‌ផ្សា​ក្នុង​ចិត្ត រួច​អធិស្ឋាន និង​ទូល‌អង្វរ ទាំង​លើក​ដៃ​ប្រណម្យ​ឆ្ពោះ​មក​ព្រះ‌ដំណាក់ ៣៩ សូម​ព្រះ‌អង្គ​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់ និង​លើក‌លែង​ទោស​ឲ្យ​ពួក​គេ ហើយ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ តាម​អំពើ​ដែល​ម្នាក់ៗ​បាន​ធ្វើ ដ្បិត​មាន​តែ​ព្រះ‌អង្គ​ទេ ដែល​ស្គាល់​ចិត្ត​របស់​មនុស្ស​លោក​ទាំង​អស់។ ៤០ ធ្វើ​ដូច្នេះ ពួក​គេ​នឹង​គោរព​កោត​ខ្លាច​ព្រះ‌អង្គ​រហូត​ត​ទៅ ហើយ​ពួក​គេ​នឹង​រស់​នៅ​លើ​ទឹក​ដី ដែល​ព្រះ‌អង្គ​ប្រទាន​ឲ្យ​ដូន‌តា​របស់​យើង​ខ្ញុំ។
៤១ ម្យ៉ាង​ទៀត ប្រសិន​បើ​ជន​បរទេស ដែល​មិន‌មែន​ជា​ជន​ជាតិ​អ៊ីស្រា‌អែល ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ មក​ពី​ស្រុក​ឆ្ងាយ ដោយ‌សារ​ព្រះ‌នាម​របស់​ព្រះ‌អង្គ ៤២ (ដ្បិត​ព្រះ‌នាម​ដ៏​ឧត្តុង្គ‌ឧត្ដម ឫទ្ធិ‌បារមី និង​តេជា‌នុភាព​របស់​ព្រះ‌អង្គ នឹង​ល្បី​ខ្ចរ‌ខ្ចាយ​ទៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា) ប្រសិន​បើ​ជន​បរទេស​នោះ​មក​អង្វរ​ព្រះ‌អង្គ ក្នុង​ព្រះ‌ដំណាក់​នេះ ៤៣ សូម​ព្រះ‌អង្គ​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់ និង​ប្រោស​ប្រទាន​តាម​សំណូម‌ពរ​ទាំង​ប៉ុន្មាន ដែល​ជន‌បរទេស​នោះ​ទូល​សូម​ពី​ព្រះ‌អង្គ ដើម្បី​ឲ្យ​ជាតិ​សាសន៍​ទាំង​អស់​នៅ​ផែន‌ដី​ស្គាល់​ព្រះ‌នាម​របស់​ព្រះ‌អង្គ ហើយ​គោរព​កោត​ខ្លាច​ព្រះ‌អង្គ ដូច​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​ដែរ។ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា ព្រះ‌ដំណាក់​ដែល​ទូល‌បង្គំ​សង់​នេះ ពិត​ជា​កន្លែង​ដែល​ព្រះ‌អង្គ​គង់​នៅ​មែន។
៤៤ កាល​ណា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​ចេញ​ទៅ​ច្បាំង​នឹង​ខ្មាំង​សត្រូវ​តាម​បញ្ជា​របស់​ព្រះ‌អង្គ រួច​ទូល‌អង្វរ​ព្រះ‌អម្ចាស់​ឆ្ពោះ​មក​ក្រុង​ដែល​ព្រះ‌អង្គ​បាន​ជ្រើស‌រើស និង​ឆ្ពោះ​មក​ព្រះ‌ដំណាក់​ដែល​ទូល‌បង្គំ​បាន​សង់​ថ្វាយ​ព្រះ‌អង្គ ៤៥ សូម​ព្រះ‌អង្គ​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​ពាក្យ​អធិស្ឋាន និង​ពាក្យ​ទូល‌អង្វរ​របស់​ពួក​គេ ហើយ​រក​យុត្តិ‌ធម៌​ឲ្យ​ពួក​គេ​ផង។
៤៦ កាល​ណា​ជន​ជាតិ​អ៊ីស្រា‌អែល​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ (ដ្បិត​គ្មាន​នរណា​ម្នាក់​មិន​ប្រព្រឹត្ត​អំពើ​បាប​ឡើយ) ពេល​នោះ ព្រះ‌អង្គ​ព្រះ‌អង្គ​ព្រះ‌ពិរោធ​នឹង​ពួក​គេ ហើយ​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​ខ្មាំង​សត្រូវ។ ពេល​ខ្មាំង​កៀរ​ពួក​គេ​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​របស់​ខ្លួន ទោះ​ឆ្ងាយ ឬ​ជិត​ក្តី ៤៧ ប្រសិន​បើ​នៅ​ក្នុង​ស្រុក​ដែល​ពួក​គេ​ជាប់​ជា​ឈ្លើយ ពួក​គេ​ភ្ញាក់​រលឹក រួច​វិល​មក​រក​ព្រះ‌អង្គ​វិញ ហើយ​ទូល‌អង្វរ​ថា “យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​ខុស យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់!”។ ៤៨ នៅ​ក្នុង​ស្រុក​ដែល​ខ្មាំង​ចាប់​ពួក​គេ​យក​ទៅ​ជា​ឈ្លើយ​នោះ ប្រសិន​បើ​ពួក​គេ​វិល​មក​រក​ព្រះ‌អង្គ​យ៉ាង​អស់​ពី​ចិត្ត អស់​ពី​គំនិត រួច​ទូល‌អង្វរ​ព្រះ‌អង្គ​ឆ្ពោះ​មក​ស្រុក​ដែល​ព្រះ‌អង្គ​ប្រទាន​ឲ្យ​ដូន‌តា​របស់​គេ ឆ្ពោះ​មក​ក្រុង​ដែល​ព្រះ‌អង្គ​បាន​ជ្រើស‌រើស និង​ឆ្ពោះ​មក​ព្រះ‌ដំណាក់​ដែល​ទូល‌បង្គំ​បាន​សង់​ថ្វាយ​ព្រះ‌អង្គ ៤៩ សូម​ព្រះ‌អង្គ​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ​ស្ដាប់​ពាក្យ​អធិស្ឋាន និង​ពាក្យ​ទូល‌អង្វរ​របស់​ពួក​គេ ហើយ​រំដោះ​ពួក​គេ​ផង។ ៥០ សូម​លើក‌លែង​ទោស​ឲ្យ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ ព្រោះ​ពួក​គេ​ប្រព្រឹត្ត​អំពើ​បាប និង​អំពើ​ទុច្ចរិត​ទាស់​នឹង​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ។ សូម​បណ្តាល​ឲ្យ​ខ្មាំង​សត្រូវ​ដែល​ចាប់​ពួក​គេ​ទៅ​ជា​ឈ្លើយ​នោះ មាន​ចិត្ត​អាណិត‌អាសូរ​ដល់​ពួក​គេ​ផង។ ៥១ ពួក​គេ​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​ផ្ទាល់ គឺ​ប្រជា‌រាស្ដ្រ​ដែល​ព្រះ‌អង្គ​នាំ​ចេញ​ពី​ទាស‌ភាព​នៅ​ស្រុក​អេស៊ីប។
៥២សូម​ព្រះ‌អង្គ​ទត​មើល​មក​ទូល‌បង្គំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ព្រម​ទាំង​ជន​ជាតិ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ សូម​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​យើង​ខ្ញុំ​គ្រប់​ពេល ដែល​យើង​ខ្ញុំ​អង្វរ​រក​ព្រះ‌អង្គ។ ៥៣ ព្រះ‌អង្គ​បាន​ញែក​យើង​ខ្ញុំ​ពី​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​អស់ នៅ​លើ​ផែន‌ដី ដើម្បី​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​ផ្ទាល់ ដូច​ព្រះ‌អង្គ​បាន​ថ្លែង​តាម‌រយៈ​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ នៅ​ពេល​ព្រះ‌អង្គ​នាំ​ដូន‌តា​របស់​យើង​ខ្ញុំ​ចាក‌ចេញ​ពី​ស្រុក​អេស៊ីប»។
៥៤ ពេល​ព្រះ‌បាទ​សាឡូម៉ូន​ទូល​ព្រះ‌អម្ចាស់​នូវ​ពាក្យ​អធិស្ឋាន និង​អង្វរ​ទាំង​នេះ ចប់​សព្វ​គ្រប់​ហើយ ស្ដេច​ក៏​ក្រោក​ឈរ​ឡើង នៅ​មុខ​អាសនៈ​របស់​ព្រះ‌អម្ចាស់ ជា​កន្លែង​ដែល​ស្តេច​បាន​លុត​ជង្គង់​នោះ។ ស្តេច​លើក​ព្រះ‌ហស្ដ​ឡើង​លើ ៥៥ ហើយ​ប្រទាន​ពរ​អង្គ​ប្រជុំ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល ដោយ​បន្លឺ​ព្រះ‌សូរ‌សៀង​ខ្លាំងៗ​ថា៖ ៥៦ «សូម​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់ ដែល​ប្រោស​ប្រទាន​ឲ្យ​ជន​ជាតិ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ បាន​សុខ‌សាន្ត ស្រប​តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​សម្រេច​តាម​ព្រះ‌បន្ទូល​ដ៏​ថ្លៃ‌ថ្លា ដែល​ព្រះ‌អង្គ​បាន​ថ្លែង​តាម‌រយៈ​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ឥត​ខ្វះ​ត្រង់​ណា​ឡើយ។ ៥៧ សូម​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង គង់​នៅ​ជា​មួយ​ពួក​យើង ដូច​ព្រះ‌អង្គ​គង់​នៅ​ជា​មួយ​បុព្វ‌បុរស​របស់​ពួក​យើង​ដែរ! សូម​ព្រះ‌អង្គ​កុំ​បោះ‌បង់ និង​បំភ្លេច​ពួក​យើង​ចោល​ឡើយ។ ៥៨ សូម​ព្រះ‌អង្គ​បង្វែរ​ចិត្ត​ពួក​យើង​ទៅ​រក​ព្រះ‌អង្គ ដើម្បី​ឲ្យ​ពួក​យើង​ដើរ​តាម​មាគ៌ា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ ព្រម​ទាំង​គោរព​ប្រតិ‌បត្តិ តាម​ច្បាប់ ក្រឹត្យ‌វិន័យ និង​បទ‌បញ្ជា​ដែល​ព្រះ‌អង្គ​ប្រទាន​ឲ្យ​បុព្វ‌បុរស​របស់​ពួក​យើង។ ៥៩ សូម​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង នឹក​ចាំ​ទាំង​ថ្ងៃ​ទាំង​យប់​នូវ​ពាក្យ​ដែល​ខ្ញុំ​ទូល‌អង្វរ​ព្រះ‌អង្គ ហើយ​សូម​ព្រះ‌អង្គ​មេត្តា​ជួយ​ដល់​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ និង​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​ជា​រៀង‌រាល់​ថ្ងៃ។ ៦០ ដូច្នេះ ជាតិ​សាសន៍​ទាំង​អស់​នៅ​លើ​ផែន‌ដី​នឹង​ទទួល​ស្គាល់​ថា មាន​តែ​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ​ដែល​ពិត​ជា​ព្រះ‌ជាម្ចាស់ គឺ​គ្មាន​ព្រះ​ឯ​ណា​ទៀត​ឡើយ។ ៦១ ចូរ​មាន​ចិត្ត​ស្មោះ‌ត្រង់​ចំពោះ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង ហើយ​ប្រតិ‌បត្តិ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ និង​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គ ដូច​អ្នក​រាល់​គ្នា​ធ្វើ​នៅ​ពេល​នេះ​ដែរ»។
ព្រះ‌បាទ​សាឡូម៉ូន​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌អម្ចាស់
(២​របា‌ក្សត្រ ៧.៤-១០)
៦២ ព្រះ‌បាទ​សាឡូម៉ូន និង​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​អស់​ដែល​នៅ​ទី​នោះ បាន​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌អម្ចាស់៦៣ ព្រះ‌រាជា និង​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​អស់ បាន​ធ្វើ​ពិធី​ឆ្លង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ហើយ​ក្នុង​ឱកាស​នោះ ព្រះ‌បាទ​សាឡូម៉ូន​ថ្វាយ​យញ្ញ‌បូជា​មេត្រី​ដល់​ព្រះ‌អម្ចាស់ គឺ​ថ្វាយ​គោ​ចំនួន​ពីរ‌ម៉ឺន​ពីរ‌ពាន់​ក្បាល ចៀម​មួយ​សែន​ពីរ‌ម៉ឺន​ក្បាល។ ៦៤ ថ្ងៃ​នោះ ព្រះ‌រាជា​ញែក​ទី‌លាន​នៅ​ខាង​មុខ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ជា​សក្ការៈ សម្រាប់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល តង្វាយ​ម្សៅ និង​ខ្លាញ់​របស់​សត្វ​ដែល​ជា​យញ្ញ‌បូជា​មេត្រី‌ភាព ដ្បិត​អាសនៈ​លង្ហិន​នៅ​មុខ​ទ្វារ​ចូល​ទី​សក្ការៈ​នោះ​តូច​ពេក ពុំ​អាច​ដាក់​តង្វាយ​ទាំង​អស់​បាន។ ៦៥ ក្នុង​ឱកាស​នោះ ព្រះ‌បាទ​សាឡូម៉ូន​ប្រារព្ធ​ពិធី​បុណ្យ​រួម​ជា​មួយ​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​មូល ពួក​គេ​ធ្វើ​ដំណើរ​តាំង​ពី​ច្រក​ចូល​ក្រុង​ហាម៉ាត់ រហូត​ដល់​ទឹក​ធ្លាក់​នៅ​ស្រុក​អេស៊ីប មក​មូល​គ្នា​ជា​អង្គ​ប្រជុំ​យ៉ាង​ធំ នៅ​ចំពោះ​ព្រះ‌ភក្ដ្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​អស់‌រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ រួច​ហើយ​ប្រាំ​ពីរ​ថ្ងៃ​ទៀត គឺ​សរុប​ទាំង​អស់​ដប់‌បួន​ថ្ងៃ។ ៦៦ នៅ​ថ្ងៃ​ទី​ប្រាំ​បី ព្រះ‌រាជា​ឲ្យ​ប្រជាជន​អ៊ីស្រា‌អែល​វិល​ត្រឡប់​ទៅ​វិញ។ លុះ​ថ្វាយ​ពរ​ព្រះ‌រាជា​រួច​ហើយ ប្រជាជន​វិល​ត្រឡប់​ទៅ​លំ‌នៅ‌ដ្ឋាន​របស់​ពួក​គេ​រៀងៗ​ខ្លួន ដោយ​ចិត្ត​សប្បាយ​រីក‌រាយ ព្រោះ​ព្រះ‌អម្ចាស់​បាន​សម្ដែង​ព្រះ‌ហឫ‌ទ័យ​សប្បុរស​ចំពោះ​ព្រះ‌បាទ​ដាវីឌ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ និង​ចំពោះ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ។
ព្រះ‌អម្ចាស់​យាង​មក​ជួប​ព្រះ‌បាទ​សាឡូម៉ូន​សា​ជា​ថ្មី
(២​របា‌ក្សត្រ ៧.១១-២២)
 កាល​ព្រះ‌បាទ​សាឡូម៉ូន​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ វាំង និង​អ្វីៗ​ទាំង​ប៉ុន្មាន ដែល​ស្តេច​ចង់​ធ្វើ​នោះ​សព្វ​គ្រប់​ហើយ  ព្រះ‌អម្ចាស់​យាង​មក​ជួប​ព្រះ‌បាទ​សាឡូម៉ូន​ជា​លើក​ទី​ពីរ ដូច​ព្រះ‌អង្គ​បាន​យាង​មក​ជួប​ស្តេច នៅ​កាបូន​ដែរ។  ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​ឮ​ពាក្យ​អធិស្ឋាន និង​ពាក្យ​ទូល‌អង្វរ​របស់​អ្នក​ហើយ។ យើង​នឹង​ញែក​ព្រះ‌ដំណាក់​ដែល​អ្នក​បាន​សង់​នេះ ជា​កន្លែង​ដ៏​សក្ការៈ សម្រាប់​នាម​យើង​រហូត​ត​ទៅ។ យើង​នឹង​តាម​ថែ‌រក្សា ហើយ​ជំពាក់​ចិត្ត​នឹង​ទី​នេះ​ជា‌និច្ច។  រីឯ​អ្នក​វិញ ប្រសិន​បើ​អ្នក​ដើរ​នៅ​ចំពោះ​មុខ​យើង ដោយ​ចិត្ត​ស្មោះ‌ស្ម័គ្រ និង​ចិត្ត​ទៀង​ត្រង់ ដូច​ដាវីឌ ជា​បិតា​របស់​អ្នក គឺ​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​យើង​បង្គាប់ ហើយ​ប្រសិន​បើ​អ្នក​កាន់​តាម​ក្រឹត្យ‌វិន័យ និង​បញ្ញត្តិ​របស់​យើង  យើង​នឹង​ពង្រឹង​រាជ‌សម្បត្តិ​របស់​អ្នក​នៅ​ស្រុក​អ៊ីស្រា‌អែល​រហូត​ត​ទៅ ដូច​យើង​បាន​សន្យា​ជា​មួយ​ដាវីឌ ជា​បិតា​របស់​អ្នក​ថា “ក្នុង​ចំណោម​ពូជ‌ពង្ស​របស់​អ្នក​តែង‌តែ​មាន​ម្នាក់​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​ជា‌និច្ច”។  ប៉ុន្តែ ប្រសិន​បើ​អ្នក​រាល់​គ្នា និង​ពូជ‌ពង្ស​របស់​អ្នក​រាល់​គ្នា បែក​ចិត្ត​ចេញ​ពី​យើង ហើយ​មិន​កាន់​តាម​បទ‌បញ្ជា និង​វិន័យ​ដែល​យើង​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​ទេ ឬ​ប្រសិន​បើ​អ្នក​ទៅ​គោរព និង​ថ្វាយ‌បង្គំ​ព្រះ​ដទៃ  យើង​នឹង​ដក​ជន​ជាតិ​អ៊ីស្រា‌អែល​ចេញ​ពី​ទឹក​ដី​ដែល​យើង​បាន​ប្រគល់​ឲ្យ​ពួក​គេ ហើយ​យើង​ក៏​បោះ‌បង់​ចោល​ព្រះ‌ដំណាក់ ដែល​យើង​បាន​ញែក​ទុក​ជា​កន្លែង​ដ៏​សក្ការៈ សម្រាប់​នាម​យើង​នោះ ឲ្យ​ឆ្ងាយ​ពី​មុខ​យើង។ អ៊ីស្រា‌អែល​នឹង​ត្រូវ​ជាតិ​សាសន៍​ទាំង​អស់​មាក់‌ងាយ ចំអក​ឲ្យ។  ពេល​មនុស្ស‌ម្នា​ដើរ​កាត់​តាម​នោះ ហើយ​ធ្លាប់​តែ​ឃើញ​ព្រះ‌ដំណាក់​ដ៏​ស្កឹម‌ស្កៃ ពួក​គេ​នឹង​ស្រឡាំង‌កាំង ហើយ​នឹក​ហួស​ចិត្ត ទាំង​ពោល​ថា “ហេតុ​អ្វី​បាន​ជា​ព្រះ‌អម្ចាស់​ប្រព្រឹត្ត​ដូច្នេះ ចំពោះ​ស្រុក​នេះ និង​ព្រះ‌ដំណាក់​នេះ?”។  គេ​នឹង​ឆ្លើយ​ប្រាប់​អ្នក​ទាំង​នោះ​ថា “ជន​ជាតិ​អ៊ីស្រា‌អែល​បាន​បោះ‌បង់​ចោល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ពួក​គេ គឺ​ព្រះ​ដែល​បាន​នាំ​ដូន‌តា​របស់​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប។ ពួក​គេ​ជំពាក់​ចិត្ត​នឹង​ព្រះ​ដទៃ ហើយ​គោរព​បម្រើ និង​ថ្វាយ‌បង្គំ​ព្រះ​ទាំង​នោះ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ពួក​គេ​រង​ទុក្ខ​វេទនា”»។
ស្នា​ដៃ​ផ្សេង​ទៀត​របស់​ព្រះ‌បាទ​សាឡូម៉ូន
(២​របា‌ក្សត្រ ៨.១-១៨)
១០ ព្រះ‌បាទ​សាឡូម៉ូន​ចំណាយ​ពេល​អស់​ម្ភៃ​ឆ្នាំ ដើម្បី​កសាង​សំណង់​ពីរ គឺ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​វាំង​របស់​ស្តេច។ ១១ ពេល​នោះ ព្រះ‌បាទ​ហ៊ីរ៉ាម ជា​ស្តេច​ក្រុង​ទីរ៉ុស បាន​ផ្តល់​ឈើ​តាត្រៅ ឈើ​កកោះ និង​មាស ថ្វាយ​ព្រះ‌បាទ​សាឡូម៉ូន តាម​តែ​ស្ដេច​ត្រូវ​ការ សម្រាប់​សំណង់​ទាំង​នោះ។ ព្រះ‌បាទ​សាឡូម៉ូន​ក៏​ប្រគល់​ក្រុង​ចំនួន​ម្ភៃ​ក្នុង​ស្រុក​កាលីឡេ ថ្វាយ​ព្រះ‌បាទ​ហ៊ីរ៉ាម​វិញ​ដែរ។ ១២ ព្រះ‌បាទ​ហ៊ីរ៉ាម​យាង​ចេញ​ពី​ទី‌ក្រុង​ទីរ៉ុស​ទៅ​ពិនិត្យ​ក្រុង​ទាំង​ប៉ុន្មាន ដែល​ព្រះ‌បាទ​សាឡូម៉ូន​ថ្វាយ តែ​ស្ដេច​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​ទេ។ ១៣ ព្រះ‌បាទ​ហ៊ីរ៉ាម​មាន​រាជ‌ឱង្ការ​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា ប្រទាន​ក្រុង​បែប​នេះ​ឲ្យ​ទូល‌បង្គំ!»។ ព្រះ‌បាទ​ហ៊ីរ៉ាម​ហៅ​ក្រុង​ទាំង​នោះ​ថា «កាប៊ួល» ជា​ឈ្មោះ​ដែល​មាន​រហូត​ដល់​សព្វ​ថ្ងៃ។ ១៤ ព្រះ‌បាទ​ហ៊ីរ៉ាម​បាន​យក​មាស​ទម្ងន់​បួន‌ពាន់​គីឡូ‌ក្រាម​មក​ថ្វាយ​ព្រះ‌បាទ​សាឡូម៉ូន។
១៥ ព្រះ‌បាទ​សាឡូម៉ូន​កេណ្ឌ​ប្រជាជន ដើម្បី​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ វាំង ព្រលាន​មីឡូ កំពែង​ក្រុង​យេរូ‌សាឡឹម ក្រុង​ហាស៊រ ក្រុង​មេគីដូ និង​ក្រុង​កេស៊ែរ។ ១៦ ព្រះ‌ចៅ​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីប បាន​វាយ​ដណ្ដើម​យក​ក្រុង​កេស៊ែរ ហើយ​ដុត​បំផ្លាញ​ទី‌ក្រុង ព្រម​ទាំង​សម្លាប់​ជន​ជាតិ​កាណាន​ដែល​រស់​នៅ​ក្រុង​នោះ។ បន្ទាប់​មក ស្តេច​ប្រទាន​ក្រុង​នេះ​ឲ្យ​រាជ‌បុត្រី ដែល​ត្រូវ​ជា​មហេសី​របស់​ព្រះ‌បាទ​សាឡូម៉ូន ទុក​ជា​ចំណង​ដៃ។ ១៧ ព្រះ‌បាទ​សាឡូម៉ូន​សង់​ក្រុង​កេស៊ែរ​ឡើង​វិញ ព្រម​ទាំង​សង់​ក្រុង​បេត‌ហូ‌រ៉ូន ផ្នែក​ខាង​ក្រោម ១៨ ក្រុង​បាឡាត ក្រុង​តាត់មរ ដែល​នៅ​តំបន់​វាល​រហោ‌ស្ថាន​ក្នុង​ស្រុក​នោះ។ ១៩ ស្តេច​ក៏​សង់​ក្រុង​ទាំង​ប៉ុន្មាន​ទុក​ធ្វើ​ជា​ឃ្លាំង សម្រាប់​ដាក់​រទេះ​ចម្បាំង និង​សម្រាប់​ពល‌សេះ។ ព្រះ‌បាទ​សាឡូម៉ូន​បាន​សង់​អ្វីៗ​ទាំង​អស់​ដែល​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម នៅ​ស្រុក​លីបង់ និង​នៅ​ក្នុង​នគរ​ទាំង​ប៉ុន្មាន ដែល​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ស្តេច។ ២០ ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​ដែល​នៅ​សេស‌សល់​ពី​ជន​ជាតិ​អាម៉ូរី ជន​ជាតិ​ហេត ជន​ជាតិ​ពេរេ‌ស៊ី ជន​ជាតិ​ហេវី និង​ជន​ជាតិ​យេប៊ូស មិន​បាន​រាប់​បញ្ចូល​ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល​ទេ។ ២១ កូន​ចៅ​របស់​ជាតិ​សាសន៍​ទាំង​នោះ​នៅ​សេស‌សល់​ក្នុង​ស្រុក ព្រោះ​ជន​ជាតិ​អ៊ីស្រា‌អែល​ពុំ​បាន​បំផ្លាញ*​ពួក​គេ​ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់​ឡើយ។ ព្រះ‌បាទ​សាឡូម៉ូន​បាន​កេណ្ឌ​ពួក​នោះ​ធ្វើ​ជា​កំណែន​រហូត​ដល់​សព្វ​ថ្ងៃ។ ២២ រីឯ​កូន​ចៅ​អ៊ីស្រា‌អែល​វិញ ព្រះ‌បាទ​សាឡូម៉ូន​ពុំ​បាន​បង្ខំ​ពួក​គេ​ឲ្យ​ធ្វើ​ការ​ដូច​ទាសករ​ទេ ដ្បិត​ពួក​គេ​ជា​ទាហាន ជា​អ្នក​រាជការ ជា​មេ​ដឹក​នាំ ជា​មេ​បញ្ជា​ការ មេ‌កង‌ពល​រទេះ​ចម្បាំង និង​ជា​មេ‌កង‌ពល‌សេះ។ ២៣ អ្នក​មើល​ខុស​ត្រូវ​លើ​កំណែន​របស់​ព្រះ‌បាទ​សាឡូម៉ូន​មាន​ចំនួន​ប្រាំ‌រយ​ហា‌សិប​នាក់ ពួក​គេ​ត្រួត‌ត្រា​លើ​ពួក​កំណែន​ដែល​ធ្វើ​ការ‌ងារ​ទាំង​នោះ។
២៤ បុត្រី​របស់​ព្រះ‌ចៅ​ផារ៉ោន​ចាក‌ចេញ​ពី​បុរី​ព្រះ‌បាទ​ដាវីឌ មក​គង់​នៅ​ក្នុង​ដំណាក់​ដែល​ព្រះ‌បាទ​សាឡូម៉ូន​បាន​សង់​ថ្វាយ។ នៅ​គ្រា​នោះ ស្តេច​ក៏​បាន​សង់​ព្រលាន​មីឡូ​ដែរ។
២៥ បី​ដង​ក្នុង​មួយ​ឆ្នាំ ព្រះ‌បាទ​សាឡូម៉ូន​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល* និង​យញ្ញ‌បូជា​មេត្រី‌ភាព*​នៅ​លើ​អាសនៈ​ដែល​ព្រះ‌អង្គ​បាន​សង់​ថ្វាយ​ព្រះ‌អម្ចាស់ ហើយ​ព្រះ‌អង្គ​ក៏​បាន​ដុត​គ្រឿង​ក្រអូប​លើ​អាសនៈ នៅ​មុខ​ទី​សក្ការៈ​ដែរ។
ដូច្នេះ ព្រះ‌បាទ​សាឡូម៉ូន​បាន​សង់​ព្រះ‌ដំណាក់​ចប់​សព្វ​គ្រប់។
២៦ ព្រះ‌បាទ​សាឡូម៉ូន​បាន​ឲ្យ​គេ​ធ្វើ​សំពៅ​នៅ​អេស៊ីយ៉ូន-‌កេប៊ែរ ជិត​ក្រុង​អេឡាត ដែល​នៅ​តាម​មាត់​សមុទ្រ​កក់​ក្នុង​ស្រុក​អេដុម។ ២៧ ព្រះ‌បាទ​ហ៊ីរ៉ាម​បាន​បញ្ជូន​ទាហាន​ជើង​ទឹក ដែល​ស្ទាត់​ជំនាញ​ខាង​សមុទ្រ ឲ្យ​ជួយ​បង្ហាត់​ទាហាន​របស់​ព្រះ‌បាទ​សាឡូម៉ូន។ ២៨ ពល‌ទាហាន​ជើង​ទឹក​ទាំង​នោះ​បាន​ទៅ​ដល់​ស្រុក​អូភារ ហើយ​នាំ​យក​មាស​ទម្ងន់​ដប់‌បួន​តោន​ពី​ស្រុក​នោះ​មក ថ្វាយ​ព្រះ‌បាទ​សាឡូម៉ូន។
១០
ព្រះ‌មហា​ក្សត្រិ‌យានី​ស្រុក​សេបា​យាង​មក​គាល់​ព្រះ‌បាទ​សាឡូម៉ូន
(២​របា‌ក្សត្រ ៩.១-១២)
 ព្រះ‌មហា​ក្សត្រិ‌យានី​ស្រុក​សេបា​បាន​ឮ​អំពី​កិត្តិ‌នាម​ដ៏​ល្បី‌ល្បាញ ដែល​ព្រះ‌បាទ​សាឡូម៉ូន​ទទួល​ពី​ព្រះ‌អម្ចាស់។ ដូច្នេះ ព្រះ​នាង​ក៏​យាង​មក​គាល់​ព្រះ‌បាទ​សាឡូម៉ូន ដើម្បី​ល្បង​ប្រាជ្ញា ដោយ​ចោទ​សួរ​ប្រស្នា​ផ្សេងៗ។  ព្រះ‌នាង​យាង​មក​ដល់​ក្រុង​យេរូ‌សាឡឹម ដោយ​មាន​រាជ​បម្រើ​យ៉ាង​ច្រើន​ហែ‌ហម ព្រម​ទាំង​មាន​សត្វ​អូដ្ធ​ជា​ច្រើន​ដឹក​គ្រឿង​ក្រអូប មាស និង​ត្បូង​យ៉ាង​សន្ធឹក‌សន្ធាប់​ផង។ ព្រះ‌នាង​ចូល​ទៅ​គាល់​ព្រះ‌បាទ​សាឡូម៉ូន ហើយ​ចោទ​សួរ​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌នាង​បាន​រិះ‌គិត​ទុក​ជា​មុន។  ព្រះ‌បាទ​សាឡូម៉ូន​ឆ្លើយ​នឹង​សំណួរ​របស់​ព្រះ‌នាង​ត្រូវ​ទាំង​អស់ ឥត​មាន​សំណួរ​ណា​មួយ​ដែល​ព្រះ‌រាជា​ឆ្លើយ​ពុំ​រួច​នោះ​ឡើយ។  ព្រះ‌មហា​ក្សត្រិ‌យានី​ស្រុក​សេបា​សង្កេត​ឃើញ​ប្រាជ្ញា​ដ៏​ឈ្លាស‌វៃ​របស់​ព្រះ‌បាទ​សាឡូម៉ូន និង​ឃើញ​វាំង​ដែល​ស្តេច​បាន​សង់  ព្រម​ទាំង​ឃើញ​ព្រះ‌ស្ងោយ​នៅ​លើ​តុ​ស្តេច លំ‌នៅ‌ដ្ឋាន​របស់​នាម៉ឺន​មន្ត្រី របៀប​របប និង​ឯក‌សណ្ឋាន​របស់​ពួក​រាជ​បម្រើ ពួក​មហា‌តលិក និង​ឃើញ​តង្វាយ​ដុត​ទាំង​មូល ដែល​ស្តេច​ថ្វាយ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ព្រះ‌នាង​ក៏​កោត​ស្ញប់‌ស្ញែង​យ៉ាង​ខ្លាំង។  ព្រះ‌នាង​មាន​សវនីយ៍​ទៅ​កាន់​ព្រះ‌បាទ​សាឡូម៉ូន​ថា៖ «ពាក្យ​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ម្ចាស់​បាន​ឮ​គេ​និយាយ​នៅ​ក្នុង​ស្រុក​របស់​ខ្ញុំ​ម្ចាស់ ស្តី​អំពី​ព្រះ‌ករុណា និង​អំពី​ប្រាជ្ញា​របស់​ព្រះ‌ករុណា​នោះ ពិត​ជា​ត្រឹម‌ត្រូវ​មែន!  មុន​ពេល​ខ្ញុំ​ម្ចាស់​មក​ដល់ និង​មុន​ពេល​ខ្ញុំ​ម្ចាស់​ឃើញ​ផ្ទាល់​នឹង​ភ្នែក ខ្ញុំ​ម្ចាស់​មិន​បាន​ជឿ​ពាក្យ​គេ​ទេ។ ឥឡូវ​នេះ ខ្ញុំ​ម្ចាស់​យល់​ឃើញ​ថា អ្វីៗ​ដែល​គេ​រៀប‌រាប់​នោះ​បាន​ត្រឹម​តែ​ពាក់​កណ្ដាល​ប៉ុណ្ណោះ។ ព្រះ‌ករុណា​មាន​ប្រាជ្ញា ហើយ​ចម្រុង‌ចម្រើន​លើស​ពី​សេចក្ដី ដែល​ខ្ញុំ​ម្ចាស់​បាន​ឮ​ទៅ​ទៀត។  ពួក​រាជ​បម្រើ និង​ពួក​នាម៉ឺន​មន្ត្រី​ដែល​នៅ​ជុំ‌វិញ​ព្រះ‌ករុណា​ពិត​ជា​មាន​សុភមង្គល​ហើយ ព្រោះ​ពួក​គេ​បាន​ស្ដាប់​រាជ‌ឱង្ការ​ពោរ‌ពេញ​ដោយ​ប្រាជ្ញា​របស់​ព្រះ‌ករុណា។  សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ព្រះ‌ករុណា ដែល​បាន​ប្រោស‌ប្រណី​ព្រះ‌ករុណា ហើយ​ជ្រើស‌រើស​ព្រះ‌ករុណា ឲ្យ​ឡើង​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល។ ព្រះ‌អម្ចាស់​ស្រឡាញ់​ជន​ជាតិ​អ៊ីស្រា‌អែល​ជា‌និច្ច ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​ជ្រើស‌រើស​ព្រះ‌ករុណា​ឲ្យ​ធ្វើ​ជា​ស្តេច ដើម្បី​គ្រប់‌គ្រង​ដោយ​សុចរិត និង​យុត្តិ‌ធម៌»។ ១០ ព្រះ‌មហា​ក្សត្រិ‌យានី​ស្រុក​សេបា​យក​មាស​ទម្ងន់​បួន‌ពាន់​គីឡូ‌ក្រាម មក​ថ្វាយ​ព្រះ‌រាជា រួម​ជា​មួយ​គ្រឿង​ក្រអូប និង​ត្បូង​យ៉ាង​ច្រើន​ផង។ តាំង​ពី​ពេល​នោះ​មក ពុំ​មាន​អ្នក​ណា​យក​គ្រឿង​ក្រអូប​យ៉ាង​ច្រើន​មក​ថ្វាយ​ព្រះ‌បាទ​សាឡូម៉ូន ដូច​ព្រះ‌មហា​ក្សត្រិ‌យានី​ស្រុក​សេបា​ឡើយ។
១១ កាល​សំពៅ​របស់​ព្រះ‌បាទ​ហ៊ីរ៉ាម​ដឹក​មាស​ពី​ស្រុក​អូភារ​មក​នោះ គេ​ក៏​ដឹក​ឈើ​ខ្លឹម‌ចន្ទន៍ និង​ត្បូង​យ៉ាង​ច្រើន​មក​ជា​មួយ​ដែរ។ ១២ ព្រះ‌បាទ​សាឡូម៉ូន​បាន​យក​ឈើ​ខ្លឹម‌ចន្ទន៍​នេះ មក​ធ្វើ​បង្កាន់​ដៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​ដំណាក់​របស់​ស្តេច ព្រម​ទាំង​ធ្វើ​ឧបករណ៍​ភ្លេង គឺ​មាន​ពិណ និង​ឃឹម សម្រាប់​ក្រុម​អ្នក​ចម្រៀង។ រហូត​ដល់​សព្វ​ថ្ងៃ គេ​ពុំ​ដែល​ឃើញ​មាន​នរណា​ម្នាក់​នាំ​ឈើ​ខ្លឹម‌ចន្ទន៍​យ៉ាង​ច្រើន​បែប​នេះ ចូល​មក​ស្រុក​អ៊ីស្រា‌អែល​ឡើយ។
១៣ រីឯ​ព្រះ‌បាទ​សាឡូម៉ូន​វិញ អ្វីៗ​ដែល​ព្រះ‌មហា​ក្សត្រិ‌យានី​ស្រុក​សេបា​ចង់​បាន និង​ទូល​សូម ស្តេច​ប្រគល់​ឲ្យ​ទាំង​អស់។ លើស​ពី​នេះ ព្រះ‌រាជា​ក៏​បាន​ថ្វាយ​រាជ‌ទ្រព្យ​ទៅ​ព្រះ‌នាង សម​នឹង​ឋានៈ​ព្រះ‌អង្គ​ជា​ស្តេច​ដ៏​ឧត្តុង្គ​ឧត្ដម។
បន្ទាប់​មក ព្រះ‌មហា​ក្សត្រិ‌យានី និង​រាជ​បម្រើ វិល​ត្រឡប់​ទៅ​កាន់​ស្រុក​សេបា​វិញ។
រាជ‌ទ្រព្យ​របស់​ព្រះ‌បាទ​សាឡូម៉ូន
(២​របា‌ក្សត្រ ១.១៤-១៧, ៩.១៣-២៨)
១៤ ក្នុង​មួយ​ឆ្នាំៗ ព្រះ‌បាទ​សាឡូម៉ូន​ទទួល​បាន​មាស​ទម្ងន់​ម្ភៃ​បី​តោន។ ១៥ លើស​ពី​នោះ មាន​ចំណូល​ដែល​បាន​មក​ពី​ពន្ធដារ​នៃ​ទំនិញ​នាំ​ចូល ការ​ធ្វើ​ជំនួញ ព្រម​ទាំង​សួយ‌សារ‌អាករ​របស់​ស្តេច​ទាំង‌ឡាយ​នៃ​ស្រុក​អារ៉ាប់ និង​ពួក​ចៅហ្វាយ​ខេត្ត​ថែម​ទៀត​ផង។
១៦ ព្រះ‌បាទ​សាឡូម៉ូន​ឲ្យ​គេ​ធ្វើ​ខែល​ធំៗ​ពី​មាស​ចំនួន​ពីរ‌រយ ខែល​នីមួយៗ​មាន​ទម្ងន់​ប្រាំ​មួយ​គីឡូ‌ក្រាម ១៧ និង​ខែល​តូចៗ​ពី​មាស​ចំនួន​បី‌រយ ខែល​នីមួយៗ​មាន​ទម្ងន់​មួយ​គីឡូ‌ក្រាម​កន្លះ។ ស្តេច​យក​ខែល​ទាំង​នោះ​ទៅ​ទុក​ក្នុង «ដំណាក់​ព្រៃ​ស្រុក​លីបង់»។ ១៨ ព្រះ‌បាទ​សាឡូម៉ូន​ធ្វើ​បល្ល័ង្ក​មួយ​ដ៏​ធំ​ពី​ភ្លុក ព្រម​ទាំង​ស្រោប​មាស​សុទ្ធ​ផង។ ១៩ បល្ល័ង្ក​នេះ​ស្ថិត​នៅ​លើ​កំណល់​មួយ​ដែល​មាន​ជណ្ដើរ​ប្រាំ​មួយ​ថ្នាក់ បង្អែក​របស់​បល្ល័ង្ក​មាន​រាង​មូល ព្រម​ទាំង​មាន​ដៃ​សង​ខាង ហើយ​មាន​រូប​ចម្លាក់​សឹង្ហ​ពីរ​ឈរ​នៅ​ជាប់​នឹង​ដៃ​ទាំង​សង​ខាង​នោះ។ ២០ មាន​រូប​ចម្លាក់​សឹង្ហ​ដប់‌ពីរ ឈរ​អម​សង​ខាង​ជណ្ដើរ​ទាំង​ប្រាំ​មួយ​ថ្នាក់​នោះ។ គេ​ពុំ​ដែល​ឃើញ​នគរ​ណា​មាន​បល្ល័ង្ក​បែប​នេះ​ឡើយ។
២១ រីឯ​ពែង​ទាំង​ប៉ុន្មាន​របស់​ស្តេច​សុទ្ធ​តែ​ធ្វើ​ពី​មាស ហើយ​ចាន​ប្រើ‌ប្រាស់​ក្នុង​ដំណាក់​ព្រៃ​ស្រុក​លីបង់​ក៏​ធ្វើ​ពី​មាស​សុទ្ធ​ទាំង​អស់។ គេ​ពុំ​បាន​ធ្វើ​គ្រឿង​ប្រដាប់​អ្វី​ពី​ប្រាក់​ទេ ដ្បិត​ក្នុង​រជ្ជ‌កាល​ព្រះ‌បាទ​សាឡូម៉ូន ប្រាក់​គ្មាន​តម្លៃ​ឡើយ។ ២២ ព្រះ‌បាទ​សាឡូម៉ូន​មាន​សំពៅ​ដើរ​សមុទ្រ​សម្រាប់​ធ្វើ​ជំនួញ​ទៅ​ស្រុក​ឆ្ងាយ ជា​មួយ​សំពៅ​របស់​ព្រះ‌បាទ​ហ៊ីរ៉ាម។ បី​ឆ្នាំ​ម្ដង សំពៅ​ទាំង​នោះ​វិល​ត្រឡប់​មក​វិញ ដោយ​នាំ​យក​មាស ប្រាក់ ភ្លុក ស្វា និង​ក្ងោក​មក​ផង។
២៣ ព្រះ‌បាទ​សាឡូម៉ូន​មាន​ទ្រព្យ‌សម្បត្តិ និង​ប្រាជ្ញា​លើស ស្តេច​ទាំង​ប៉ុន្មាន​នៅ​លើ​ផែន‌ដី។ ២៤ មនុស្ស​ទាំង​អស់​តែង‌តែ​ចង់​ចូល​គាល់​ព្រះ‌បាទ​សាឡូម៉ូន ដើម្បី​ស្ដាប់​រាជ‌ឱង្ការ​ប្រកប​ដោយ​ប្រាជ្ញា​ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​មក​ស្តេច។ ២៥ រៀង‌រាល់​ឆ្នាំ គេ​តែង‌តែ​នាំ​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌បាទ​សាឡូម៉ូន គឺ​មាន​វត្ថុ​ធ្វើ​ពី​មាស ធ្វើ​ពី​ប្រាក់ សម្លៀក‌បំពាក់ គ្រឿង​សាស្ត្រា‌វុធ គ្រឿង​ក្រអូប សេះ និង​លា។
២៦ ព្រះ‌បាទ​សាឡូម៉ូន​ប្រមូល​រទេះ​ចម្បាំង និង​ពល‌ទ័ព‌សេះ​ទាំង​អស់​មក ឃើញ​មាន​រទេះ​ចម្បាំង​ចំនួន​មួយ​ពាន់​បួន‌រយ និង​ពល‌ទ័ព‌សេះ​ចំនួន​មួយ‌ម៉ឺន​ពីរ‌ពាន់​នាក់។ ស្តេច​ទុក​មួយ​ចំនួន​ឲ្យ​នៅ​ជា​មួយ​ស្តេច​ក្នុង​ក្រុង​យេរូ‌សាឡឹម និង​មួយ​ចំនួន​ទៀត​ឲ្យ​ទៅ​នៅ​តាម​ក្រុង​នានា ដែល​ស្តេច​បម្រុង​សម្រាប់​ទ័ព​ទាំង​នោះ។ ២៧ ព្រះ‌រាជា​បាន​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡឹម​មាន​ប្រាក់​សម្បូណ៌​ដូច​ដុំ​ថ្ម និង​មាន​ឈើ​តាត្រៅ​សម្បូណ៌​ដូច​ដើម​រាំង ដែល​ដុះ​នៅ​តាម​វាល​ទំនាប។ ២៨ ពួក​ឈ្មួញ​នាំ​គ្នា​ទៅ​ទិញ​សេះ​ពី​ស្រុក​អេស៊ីប និង​ស៊ីលី‌ស៊ី មក​ថ្វាយ​ព្រះ‌បាទ​សាឡូម៉ូន។ ២៩ រទេះ​មួយ​មក​ពី​ស្រុក​អេស៊ីប​មាន​តម្លៃ​ជា​ប្រាក់​សុទ្ធ​ប្រាំ​មួយ‌រយ​ស្លឹង និង​សេះ​មួយ​តម្លៃ​មួយ‌រយ​ហា‌សិប​ស្លឹង។ ពួក​ឈ្មួញ​ក៏​បាន​នាំ​សេះ និង​រទេះ ទៅ​លក់​ថ្វាយ​ស្តេច​ទាំង​ប៉ុន្មាន​នៃ​ជន​ជាតិ​ហេត និង​ស្តេច​នៃ​ជន​ជាតិ​ស៊ីរី​ដែរ។
១១
ព្រះ‌បាទ​សាឡូម៉ូន​គោរព​ព្រះ​ក្លែង‌ក្លាយ
(២​របា‌ក្សត្រ ១១.១៨ - ១២.១)
 ព្រះ‌បាទ​សាឡូម៉ូន​ស្រឡាញ់​ស្ត្រី​សាសន៍​ដទៃ​ជា​ច្រើន​រូប។ ក្រៅ​ពី​បុត្រី​របស់​ព្រះ‌ចៅ​ផារ៉ោន ស្តេច​មាន​មហេសី​សាសន៍​ម៉ូអាប់ សាសន៍​អាំម៉ូន សាសន៍​អេដុម សាសន៍​ស៊ីដូន និង​សាសន៍​ហេត។  មហេសី​ទាំង​នោះ​មាន​ដើម​កំណើត​ពី​ប្រជា‌ជាតិ ដែល​ព្រះ‌អម្ចាស់​បាន​ហាម​ដល់​កូន​ចៅ​អ៊ីស្រា‌អែល​ថា «អ្នក​រាល់​គ្នា​មិន​ត្រូវ​រៀប‌ការ​ជា​មួយ​ស្ត្រី​សាសន៍​ទាំង​នោះ​ឡើយ ដ្បិត​គេ​នឹង​បង្វែរ​ចិត្ត​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​គោរព​ព្រះ​របស់​គេ​ជា​មិន​ខាន»។ ព្រះ‌បាទ​សាឡូម៉ូន​ចង​ស្ពាន‌មេត្រី​ជា​មួយ​ជាតិ​សាសន៍​ទាំង​នោះ ដោយ‌សារ​តែ​សេចក្ដី​ស្នេហា។  ព្រះ‌បាទ​សាឡូម៉ូន​មាន​មហេសី​ដែល​ជា​បុត្រី​របស់​ស្តេច​សាសន៍​ដទៃ ចំនួន​ប្រាំ​ពីរ‌រយ​អង្គ និង​ស្រី​ស្នំ​ចំនួន​បី‌រយ​នាក់។ ពួក​មហេសី និង​ស្រី​ស្នំ​របស់​ស្តេច បាន​អូស​ទាញ​ព្រះ‌ហឫ‌ទ័យ​ស្តេច​ចេញ​ពី​ព្រះ‌ជាម្ចាស់។  ពេល​ព្រះ‌បាទ​សាឡូម៉ូន​មាន​ព្រះ‌ជន្ម​កាន់​តែ​ចាស់​ជរា​ណាស់​ហើយ មហេសី និង​ស្រី​ស្នំ​បាន​អូស​ទាញ​ព្រះ‌ហឫ‌ទ័យ​ស្តេច​ឲ្យ​ទៅ​គោរព​ព្រះ​ដទៃ។ ព្រះ‌បាទ​សាឡូម៉ូន​លែង​ស្រឡាញ់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្លួន ដូច​ព្រះ‌បាទ​ដាវីឌ​ជា​បិតា​ទៀត​ហើយ។  ព្រះ‌បាទ​សាឡូម៉ូន​ថ្វាយ‌បង្គំ​ព្រះ​អាស្តា‌រ៉ូត ជា​ព្រះ​របស់​ជន​ជាតិ​ស៊ីដូន និង​ព្រះ​មីលកូម ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​ជន​ជាតិ​អាំម៉ូន។  ព្រះ‌បាទ​សាឡូម៉ូន​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ដែល​មិន​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់ ហើយ​មិន​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌អម្ចាស់​ទាំង​ស្រុង ដូច​ព្រះ‌បាទ​ដាវីឌ ជា​បិតា​ឡើយ។  នៅ​គ្រា​នោះ ព្រះ‌បាទ​សាឡូម៉ូន​បាន​សង់​កន្លែង​សក្ការៈ​មួយ​នៅ​លើ​ភ្នំ ដែល​នៅ​ទល់​មុខ​ក្រុង​យេរូ‌សាឡឹម ថ្វាយ​ព្រះ​កេម៉ូស ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​ជន​ជាតិ​ម៉ូអាប់ និង​ព្រះ​ម៉ូឡុក ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​ជន​ជាតិ​អាំម៉ូន។  ព្រះ‌រាជា​បាន​សង់​ទី​សក្ការៈ​ជា​ច្រើន​ទៀត សម្រាប់​មហេសី​ទាំង​អស់​ដែល​ជា​សាសន៍​ដទៃ ដើម្បី​ឲ្យ​ពួក​នាង​ថ្វាយ​គ្រឿង​ក្រអូប និង​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​របស់​ខ្លួន។
 ព្រះ‌អម្ចាស់​ព្រះ‌អង្គ​ព្រះ‌ពិរោធ​នឹង​ព្រះ‌បាទ​សាឡូម៉ូន ដ្បិត​ស្តេច​បែក​ចិត្ត​ចេញ​ពី​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល ដែល​បាន​យាង​មក​ជួប​ស្តេច​ដល់​ទៅ​ពីរ​ដង ១០ ហើយ​ហាម​ផ្ដាច់​មិន​ឲ្យ​ស្តេច​គោរព​ព្រះ​ដទៃ។ ប៉ុន្តែ ព្រះ‌បាទ​សាឡូម៉ូន​មិន​ប្រតិ‌បត្តិ​តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់​ឡើយ។ ១១ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះ‌បាទ​សាឡូម៉ូន​ថា៖ «ដោយ​អ្នក​ប្រព្រឹត្ត​ដូច្នេះ គឺ​អ្នក​មិន​បាន​គោរព​សម្ពន្ធ‌មេត្រី​របស់​យើង ហើយ​ក៏​មិន​បាន​កាន់​តាម​ក្រឹត្យ‌វិន័យ​ដែល​យើង​បង្គាប់​ដល់​អ្នក​ដែរ យើង​នឹង​ដក​យក​រាជ‌សម្បត្តិ​ពី​អ្នក ប្រគល់​ទៅ​ឲ្យ​អ្នក​បម្រើ​របស់​អ្នក​វិញ។ ១២ ប៉ុន្តែ ដោយ​យល់​ដល់​ដាវីឌ ជា​បិតា​របស់​អ្នក យើង​នឹង​មិន​ដក​រាជ‌សម្បត្តិ​ចេញ​ពី​អ្នក ក្នុង​ពេល​ដែល​អ្នក​នៅ​មាន​ជីវិត​ទេ។ យើង​នឹង​ដក​រាជ‌សម្បត្តិ​ពី​កូន​របស់​អ្នក។ ១៣ យើង​នឹង​មិន​ដក​ហូត​យក​រាជា‌ណា‌ចក្រ​ទាំង​មូល​ទេ គឺ​យើង​នឹង​ទុក​កុល‌សម្ព័ន្ធ​មួយ​ឲ្យ​កូន​របស់​អ្នក​គ្រប់‌គ្រង ដោយ​យល់​ដល់​ដាវីឌ ជា​បិតា​របស់​អ្នក និង​យល់​ដល់​យេរូ‌សាឡឹម ជា​ក្រុង​ដែល​យើង​បាន​ជ្រើស‌រើស»។
គូ‌វិវាទ​របស់​ព្រះ‌បាទ​សាឡូម៉ូន
១៤ ព្រះ‌អម្ចាស់​បាន​បណ្តាល​ឲ្យ​លោក​ហាដាឌ ជា​រាជ‌វង្ស​របស់​ស្តេច​ស្រុក​អេដុម ក្លាយ​ទៅ​ជា​គូ‌វិវាទ​របស់​ព្រះ‌បាទ​សាឡូម៉ូន។ ១៥ នៅ​គ្រា​ដែល​ព្រះ‌បាទ​ដាវីឌ​វាយ​លុក​ស្រុក​អេដុម លោក​យ៉ូអាប់ ជា​មេ‌ទ័ព បាន​ទៅ​ប្រមូល​សាក‌សព​ទាហាន​អ៊ីស្រា‌អែល​ដែល​ស្លាប់​ក្នុង​ចម្បាំង យក​ទៅ​បញ្ចុះ ហើយ​លោក​សម្លាប់​ប្រុសៗ​ទាំង​អស់​នៅ​ស្រុក​អេដុម។ ១៦ លោក​យ៉ូអាប់ និង​កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល បាន​បោះ​ទ័ព​នៅ​ស្រុក​អេដុម អស់‌រយៈ​ពេល​ប្រាំ​មួយ​ខែ រហូត​ទាល់​តែ​ពួក​លោក​សម្លាប់​ប្រុសៗ​ទាំង​អស់​នៅ​ស្រុក​អេដុម។ ១៧ គ្រា​នោះ លោក​ហាដាឌ​នៅ​ជា​កុមារ​នៅ​ឡើយ លោក​បាន​រត់​គេច​ខ្លួន​ទៅ​ស្រុក​អេស៊ីប​ជា​មួយ​ជន​ជាតិ​អេដុម​ខ្លះ ដែល​ជា​អ្នក​បម្រើ​របស់​ឪពុក​លោក។ ១៨ ពួក​គេ​ចាក‌ចេញ​ពី​ស្រុក​ម៉ាឌីយ៉ាន​ទៅ​ដល់​ស្រុក​ប៉ារ៉ាន។ ពួក​គេ​នាំ​អ្នក​ស្រុក​ប៉ារ៉ាន​ខ្លះ​ទៅ​ជា​មួយ ហើយ​សុំ​ជ្រក​កោន​នឹង​ព្រះ‌ចៅ​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីប។ ព្រះ‌ចៅ​ផារ៉ោន​ប្រទាន​ផ្ទះ​សំបែង និង​ផ្គត់‌ផ្គង់​ស្បៀង​អាហារ​ដល់​លោក ព្រម​ទាំង​ប្រទាន​ដី‌ធ្លី​ឲ្យ​លោក​ទៀត​ផង។ ១៩ លោក​ហាដាឌ​បាន​ទទួល​ការ​ប្រោស‌ប្រណី​ពី​ព្រះ‌ចៅ​ផារ៉ោន។ ស្តេច​បាន​លើក​ប្អូន​ថ្លៃ គឺ​ប្អូន​ស្រី​របស់​ព្រះ‌មហា​ក្សត្រិ‌យានី​ថាពេនែស ឲ្យ​ធ្វើ​ជា​ភរិយា​របស់​លោក​ផង។ ២០ ប្អូន​ស្រី​របស់​ព្រះ‌មហា​ក្សត្រិ‌យានី​ថាពេនែស​បង្កើត​កូន​ប្រុស​មួយ​រូប​ឈ្មោះ​កេនូ‌បាត ជូន​លោក​ហាដាឌ។ ព្រះ‌មហា​ក្សត្រិ‌យានី​ថាពេនែស​យក​កូន​នោះ​ទៅ​ចិញ្ចឹម​នៅ​ក្នុង​វាំង​របស់​ព្រះ‌ចៅ​ផារ៉ោន។ ដូច្នេះ កេនូ‌បាត​បាន​រស់​នៅ​ក្នុង​វាំង​ជា​មួយ​បុត្រ​របស់​ព្រះ‌ចៅ​ផារ៉ោន។ ២១ នៅ​ស្រុក​អេស៊ីប លោក​ហាដាឌ​ទទួល​ដំណឹង​ថា ព្រះ‌បាទ​ដាវីឌ​សោយ‌ទិវង្គត ហើយ​លោក​មេ‌ទ័ព​យ៉ូអាប់​ក៏​ទទួល​មរណ‌ភាព​ដែរ។ លោក​ហាដាឌ​ទូល​ព្រះ‌ចៅ​ផារ៉ោន​ថា៖ «សូម​ព្រះ‌ករុណា​រាជា‌នុញ្ញាត​ឲ្យ​ទូល‌បង្គំ​ត្រឡប់​ទៅ​ស្រុក​របស់​ទូល‌បង្គំ​វិញ​ផង»។ ២២ ព្រះ‌ចៅ​ផារ៉ោន​មាន​រាជ‌ឱង្ការ​ថា៖ «នៅ​ជា​មួយ​យើង​នេះ តើ​អ្នក​ខ្វះ​អ្វី​ទៀត បាន​ជា​ចង់​ត្រឡប់​ទៅ​ស្រុក​វិញ?»។ លោក​ទូល​ថា៖ «ទូល‌បង្គំ​គ្មាន​ខ្វះ​អ្វី​ទេ ប៉ុន្តែ សូម​ព្រះ‌ករុណា​មេត្តា​រាជា‌នុញ្ញាត​ឲ្យ​ទូល‌បង្គំ​ចាក‌ចេញ​ទៅ​ផង!»។
២៣ ព្រះ‌ជាម្ចាស់​បាន​បណ្តាល​ឲ្យ​លោក​រេសូន ជា​កូន​របស់​លោក​អេលី‌យ៉ាដា ក្លាយ​ទៅ​ជា​គូ‌វិវាទ​ម្នាក់​ទៀត​របស់​ព្រះ‌បាទ​សាឡូម៉ូន។ គាត់​រត់​គេច​ពី​ម្ចាស់​របស់​ខ្លួន គឺ​ព្រះ‌បាទ​ហាដា-‌ដេស៊ែរ ជា​ស្តេច​ស្រុក​សូបា។ ២៤ គាត់​បាន​ប្រមែ‌ប្រមូល​មនុស្ស​ឲ្យ​មក​តាម​គាត់ ហើយ​តាំង​ខ្លួន​ធ្វើ​ជា​មេ​គេ។ នៅ​គ្រា​ដែល​ព្រះ‌បាទ​ដាវីឌ​សម្លាប់​អ្នក​ស្រុក​សូបា ពួក​គាត់​ចូល​ទៅ​នៅ​ក្រុង​ដាម៉ាស រួច​គ្រប់‌គ្រង​ក្រុង​នោះ។ ២៥ លោក​រេសូន​ក្លាយ​ទៅ​ជា​គូ‌វិវាទ​របស់​អ៊ីស្រា‌អែល អស់​មួយ​រជ្ជ‌កាល​របស់​ព្រះ‌បាទ​សាឡូម៉ូន ដូច​លោក​ហាដាឌ ដែល​បាន​ធ្វើ​ទុក្ខ​បុក‌ម្នេញ​អ៊ីស្រា‌អែល​ដែរ។ ព្រះ‌បាទ​រេសូន​បាន​ឡើង​សោយ‌រាជ្យ​លើ​ស្រុក​ស៊ីរី ហើយ​តែង‌តែ​ស្អប់​ជន​ជាតិ​អ៊ីស្រា‌អែល។
ការ​បះ‌បោរ​របស់​លោក​យេរ៉ូ‌បោម
(២​របា‌ក្សត្រ ៩.២៩ - ៣១)
២៦ លោក​យេរ៉ូ‌បោម​ជា​កូន​របស់​លោក​នេបាត ក្នុង​កុល‌សម្ព័ន្ធ​អេប្រា‌អ៊ីម នៅ​ស្រុក​សេរេ‌ដា ម្ដាយ​របស់​លោក​ឈ្មោះ​សេរូ‌យ៉ា ជា​ស្ត្រី‌មេម៉ាយ។ លោក​យេរ៉ូ‌បោម​ជា​រាជ​បម្រើ​របស់​ព្រះ‌បាទ​សាឡូម៉ូន តែ​លោក​បាន​បះ‌បោរ​ប្រឆាំង​នឹង​ស្តេច។ ២៧ មូល‌ហេតុ​ដែល​បណ្តាល​ឲ្យ​លោក​យេរ៉ូ‌បោម​បះ‌បោរ​ប្រឆាំង​នឹង​ស្តេច​មាន​ដូច​ត​ទៅ: នៅ​ពេល​ព្រះ‌បាទ​សាឡូម៉ូន​សង់​ព្រលាន​នៅ​មីឡូ និង​ជួស‌ជុល​កំពែង​បាក់‌បែក​នៅ​បុរី​ព្រះ‌បាទ​ដាវីឌ ជា​បិតា ២៨ ព្រះ‌អង្គ​សង្កេត​ឃើញ​លោក​យេរ៉ូ‌បោម​ជា​មនុស្ស​ក្លាហាន​អង់‌អាច។ ដូច្នេះ ស្តេច​ក៏​ចាត់​លោក​ឲ្យ​មើល​ខុស​ត្រូវ​លើ​កំណែន​របស់​កូន​ចៅ​លោក​យ៉ូសែប។ ២៩ ថ្ងៃ​មួយ លោក​យេរ៉ូ‌បោម​បាន​ចាក‌ចេញ​ពី​ក្រុង​យេរូ‌សាឡឹម។ នៅ​តាម​ផ្លូវ ព្យាការី​អហ៊ីយ៉ា ជា​អ្នក​ភូមិ​ស៊ីឡូ បាន​មក​ជួប​លោក ទាំង​ពាក់​អាវ​ធំ​មួយ​ថ្មី​ផង។ លោក​ទាំង​ពីរ​ស្ថិត​នៅ​ទី​វាល ដាច់​ឆ្ងាយ​ពី​គេ។ ៣០ លោក​អហ៊ីយ៉ា​ដោះ​អាវ​ធំ​ថ្មី​នោះ​មក​ហែក​ជា​ដប់‌ពីរ​ចម្រៀក។ ៣១ បន្ទាប់​មក លោក​មាន​ប្រសាសន៍​ទៅ​កាន់​លោក​យេរ៉ូ‌បោម​ថា៖ «សូម​យក​ដប់​ចម្រៀក​នេះ​ទៅ ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល​មាន​ព្រះ‌បន្ទូល​ថា “យើង​នឹង​ដក​ហូត​អាណា‌ចក្រ​ពី​សាឡូម៉ូន​ប្រគល់​ឲ្យ​អ្នក យើង​នឹង​ឲ្យ​អ្នក​គ្រប់‌គ្រង​លើ​កុល‌សម្ព័ន្ធ​ដប់។ ៣២ យើង​ទុក​កុល‌សម្ព័ន្ធ​តែ​មួយ​ឲ្យ​សាឡូម៉ូន ដោយ​យល់​ដល់​ដាវីឌ ជា​អ្នក​បម្រើ​របស់​យើង និង​ដល់​ក្រុង​យេរូ‌សាឡឹម ដែល​យើង​បាន​ជ្រើស‌រើស​ពី​ក្នុង​ចំណោម​ទឹក​ដី​នៃ​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​របស់​ជន​ជាតិ​អ៊ីស្រា‌អែល។ ៣៣ យើង​ធ្វើ​ដូច្នេះ ព្រោះ​ជន​ជាតិ​អ៊ីស្រា‌អែល​បោះ‌បង់​ចោល​យើង ទៅ​ថ្វាយ‌បង្គំ​អាស្តា‌រ៉ូត​ជា​ព្រះ​នៃ​ជន​ជាតិ​ស៊ីដូន កេម៉ូស​ជា​ព្រះ​នៃ​ជន​ជាតិ​ម៉ូអាប់ និង​មីលកូម​ជា​ព្រះ​របស់​ជន​ជាតិ​អាំម៉ូន។ ពួក​គេ​ពុំ​បាន​ដើរ​តាម​មាគ៌ា​របស់​យើង ហើយ​ក៏​មិន​ប្រព្រឹត្ត​អំពើ​សុចរិត​នៅ​ចំពោះ​មុខ​យើង មិន​កាន់​តាម​វិន័យ និង​បញ្ញាត្តិ​របស់​យើង ដូច​ដាវីឌ​ជា​បិតា​របស់​សាឡូម៉ូន​ឡើយ។ ៣៤ យើង​មិន​ដក​យក​អាណា‌ចក្រ​ទាំង​មូល​ចេញ​ពី​សាឡូម៉ូន​ទេ យើង​ឲ្យ​គេ​កាន់​អំណាច​អស់​មួយ​ជីវិត ដោយ​យល់​ដល់​ដាវីឌ ជា​អ្នក​បម្រើ ដែល​យើង​បាន​ជ្រើស‌រើស ព្រោះ​ដាវីឌ​បាន​កាន់​តាម​បទ‌បញ្ជា និង​វិន័យ​របស់​យើង។ ៣៥ យើង​នឹង​ដក​អាណា‌ចក្រ​ពី​កូន​របស់​សាឡូម៉ូន ហើយ​ប្រគល់​ឲ្យ​អ្នក​គ្រប់‌គ្រង​លើ​កុល‌សម្ព័ន្ធ​ដប់។ ៣៦ រីឯ​កូន​របស់​សាឡូម៉ូន​វិញ យើង​ទុក​កុល‌សម្ព័ន្ធ​មួយ​ឲ្យ​គេ​គ្រប់‌គ្រង ដើម្បី​ឲ្យ​ដាវីឌ ជា​អ្នក​បម្រើ​របស់​យើង មាន​ពូជ‌ពង្ស​សោយ​រាជ្យ​ជា​ដរាប នៅ​ចំពោះ​មុខ​យើង​ក្នុង​ក្រុង​យេរូ‌សាឡឹម ដែល​យើង​បាន​ជ្រើស‌រើស​សម្រាប់​នាម​យើង។ ៣៧ រីឯ​អ្នក​វិញ យើង​នឹង​តែង‌តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​ស្រុក​អ៊ីស្រា‌អែល អ្នក​នឹង​គ្រប់‌គ្រង​លើ​ទឹក​ដី​នេះ​តាម​បំណង​ប្រាថ្នា​របស់​អ្នក។ ៣៨ ប្រសិន​បើ​អ្នក​ស្ដាប់​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​យើង​បង្គាប់​អ្នក ប្រសិន​បើ​អ្នក​ដើរ​តាម​មាគ៌ា​របស់​យើង ហើយ​ប្រព្រឹត្ត​អំពើ​សុចរិត​នៅ​ចំពោះ​មុខ​យើង ដោយ​កាន់​តាម​ក្រឹត្យ‌វិន័យ និង​បទ‌បញ្ជា​របស់​យើង ដូច​ដាវីឌ​ជា​អ្នក​បម្រើ​របស់​យើង​ប្រព្រឹត្ត​នោះ យើង​នឹង​នៅ​ជា​មួយ​អ្នក។ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​ពូជ‌ពង្ស​គ្រង​រាជ្យ​ជា​ដរាប ដូច​យើង​បាន​ធ្វើ​ចំពោះ​ដាវីឌ​ដែរ ហើយ​យើង​នឹង​ប្រគល់​ជន​ជាតិ​អ៊ីស្រា‌អែល​ដល់​អ្នក។ ៣៩ យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​ដាវីឌ​ត្រូវ​អាម៉ាស់ តែ​មិន‌មែន​រហូត​ទេ”»។
៤០ ព្រះ‌បាទ​សាឡូម៉ូន​រក​សម្លាប់​លោក​យេរ៉ូ‌បោម លោក​ក៏​រត់​ភៀស​ខ្លួន​ទៅ​ជ្រក​កោន​ជា​មួយ​ព្រះ‌ចៅ​ស៊ីសាក់ ជា​ស្តេច​ស្រុក​អេស៊ីប រហូត​ដល់​ព្រះ‌បាទ​សាឡូម៉ូន​សោយ​ទិវង្គត។
៤១ រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​សាឡូម៉ូន​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ ដែល​មាន​ចំណង​ជើង​ថា «រាជ​កិច្ច​របស់​ព្រះ‌បាទ​សាឡូម៉ូន»។ សៀវភៅ​នោះ​រៀប‌រាប់​អំពី​កិច្ច‌ការ​ទាំង​ប៉ុន្មាន ដែល​ស្តេច​បាន​ធ្វើ និង​អំពី​ប្រាជ្ញា​របស់​ស្តេច។ ៤២ ព្រះ‌បាទ​សាឡូម៉ូន​សោយ​រាជ្យ​លើ​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​មូល នៅ​ក្រុង​យេរូ‌សាឡឹម អស់‌រយៈ​ពេល​សែ‌សិប​ឆ្នាំ។ ៤៣ កាល​ព្រះ‌បាទ​សាឡូម៉ូន​សោយ​ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​នៅ​បុរី​ព្រះ‌បាទ​ដាវីឌ​ជា​បិតា។ ព្រះ‌បាទ​រ៉ូបោម​ជា​បុត្រ​ឡើង​ស្នង​រាជ្យ។
១២

ពង្សា‌វតារ‌ក្សត្រ​នៃ​រាជា‌ណា‌ចក្រ​យូដា និង​រាជា‌ណា‌ចក្រ​អ៊ីស្រា‌អែល ចាប់​ពី​គ្រា​បែង‌ចែក​ស្រុក រហូត​ដល់​ចុង​បញ្ចប់​នៃ​រាជា‌ណា‌ចក្រ​អ៊ីស្រា‌អែល

ប្រជាជន​ជួប‌ជុំ​គ្នា​នៅ​ស៊ីគែម
(២​របា‌ក្សត្រ ១០.១-១៥)
 សម្តេច​រ៉ូបោម​បាន​យាង​ទៅ​ស៊ីគែម ដ្បិត​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​មូល​មក​ជួប‌ជុំ​គ្នា​នៅ​ទី​នោះ ដើម្បី​អភិសេក​សម្តេច​ជា​ព្រះ‌មហា​ក្សត្រ។  កាល​លោក​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត ឮ​ដំណឹង​នេះ លោក​ស្ថិត​នៅ​ក្នុង​ស្រុក​អេស៊ីប​នៅ​ឡើយ។ លោក​យេរ៉ូ‌បោម​បាន​រត់​ភៀស​ខ្លួន​ពី​ព្រះ‌បាទ​សាឡូម៉ូន ទៅ​ស្នាក់​នៅ​ស្រុក​អេស៊ីប។  ពេល​នោះ គេ​បាន​ចាត់​មនុស្ស​ឲ្យ​ទៅ​ហៅ​លោក​យេរ៉ូ‌បោម​មក​ដែរ។ លោក​យេរ៉ូ‌បោម និង​ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​មក​ជួប‌ជុំ​គ្នា ហើយ​ទូល​ព្រះ‌បាទ​រ៉ូបោម​ថា៖  «បិតា​របស់​ព្រះ‌ករុណា​បាន​ដាក់​នឹម​យ៉ាង​ធ្ងន់​លើ​យើង​ខ្ញុំ។ ឥឡូវ​នេះ សូម​ព្រះ‌ករុណា‌មេត្តា​សម្រាល​នឹម​ដ៏​ធ្ងន់ ដែល​បិតា​របស់​ព្រះ‌ករុណា​បាន​ដាក់​លើ​យើង​ខ្ញុំ​ផង នោះ​យើង​ខ្ញុំ​នឹង​បម្រើ​ព្រះ‌ករុណា»។  ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ទៅ​សិន​ចុះ ចាំ​បី​ថ្ងៃ​ទៀត សឹម​វិល​មក​ជួប​យើង​វិញ»។ ប្រជាជន​ក៏​នាំ​គ្នា​ចាក‌ចេញ​ទៅ។
 ព្រះ‌បាទ​រ៉ូបោម​បាន​ពិភាក្សា​ជា​មួយ​ក្រុម​ព្រឹទ្ធា‌ចារ្យ ដែល​ជា​ទី​ប្រឹក្សា​របស់​ព្រះ‌បាទ​សាឡូម៉ូន ជា​បិតា ក្នុង​គ្រា​ព្រះ‌អង្គ​នៅ​មាន​ព្រះ‌ជន្ម​នៅ​ឡើយ ដោយ​សួរ​ថា៖ «តាម​យោបល់​អស់​លោក តើ​យើង​ត្រូវ​ឆ្លើយ​ដូច​ម្ដេច​ចំពោះ​ប្រជាជន​នេះ?»។  អស់​លោក​ព្រឹទ្ធា‌ចារ្យ​ទូល​វិញ​ថា៖ «ថ្ងៃ​នេះ ប្រសិន​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫ‌ទ័យ​បម្រើ​ប្រជាជន បើ​ព្រះ‌ករុណា​យក​ចិត្ត​ទុក​ដាក់​នឹង​គេ ហើយ​ឆ្លើយ​ទៅ​គេ ដោយ​ព្រះ‌ហឫ‌ទ័យ​សប្បុរស នោះ​ពួក​គេ​នឹង​បម្រើ​ព្រះ‌ករុណា​រហូត​ត​ទៅ»។  ប៉ុន្តែ ព្រះ‌បាទ​រ៉ូបោម​មិន​រវី‌រវល់​នឹង​យោបល់​របស់​ក្រុម​ព្រឹទ្ធា‌ចារ្យ​ទេ តែ​ស្តេច​បាន​សួរ​យោបល់​ពី​មន្ត្រី​ជំនិត ដែល​ធ្លាប់​នៅ​ជា​មួយ​ស្តេច​តាំង​ពី​កុមារ​មក។  ស្តេច​មាន​រាជ‌ឱង្ការ​ទៅ​ពួក​គេ​ថា៖ «ប្រជាជន​បាន​សុំ​ឲ្យ​យើង​សម្រាល​នឹម ដែល​បិតា​របស់​យើង​បាន​ដាក់​លើ​ពួក​គេ។ តើ​អស់​លោក​មាន​យោបល់​ដូច​ម្ដេច? តាម​យោបល់​អស់​លោក តើ​យើង​ត្រូវ​ឆ្លើយ​ដូច​ម្ដេច​ចំពោះ​ប្រជាជន​នេះ?»។ ១០ មន្ត្រី​ក្មេងៗ​ដែល​ធ្លាប់​នៅ​ជា​មួយ​ស្តេច​តាំង​ពី​កុមារ​មក នាំ​គ្នា​ទូល​ស្តេច​ថា៖ «សូម​ព្រះ‌ករុណា​ប្រាប់​ប្រជាជន ដែល​មក​សុំ​ឲ្យ​ព្រះ‌ករុណា​សម្រាល​នឹម​បិតា​របស់​ព្រះ‌ករុណា​នោះ​វិញ​ថា “កូន​ដៃ​របស់​យើង​មាន​កម្លាំង​ជាង​ដៃ​បិតា​របស់​យើង​ទៅ​ទៀត។ ១១ បិតា​របស់​យើង​បាន​ដាក់​នឹម​យ៉ាង​ធ្ងន់​លើ​អ្នក​រាល់​គ្នា រីឯ​យើង​វិញ យើង​នឹង​ធ្វើ​ឲ្យ​នឹម​នេះ​រឹត​តែ​ធ្ងន់​ថែម​ទៀត។ បិតា​របស់​យើង​បាន​ប្រដៅ​អ្នក​រាល់​គ្នា​ដោយ​ប្រើ​រំពាត់ រីឯ​យើង​វិញ យើង​នឹង​ប្រដៅ​អ្នក​រាល់​គ្នា ដោយ​ប្រើ​ខ្យា‌ដំរី”»។
១២ លុះ​ដល់​ថ្ងៃ​ទី​បី លោក​យេរ៉ូ‌បោម និង​ប្រជាជន​ទាំង​មូល​ចូល​មក​គាល់​ព្រះ‌បាទ​រ៉ូបោម តាម​ពេល​កំណត់​ដែល​ស្តេច​បាន​ប្រាប់​ថា “ចាំ​បី​ថ្ងៃ​ទៀត សឹម​វិល​មក​ជួប​យើង​វិញ”។ ១៣ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ប្រជាជន​យ៉ាង​តឹង‌រ៉ឹង គឺ​ស្តេច​មិន​រវី‌រវល់​នឹង​យោបល់​របស់​ក្រុម​ព្រឹទ្ធា‌ចារ្យ​ទេ។ ១៤ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ប្រជាជន តាម​យោបល់​របស់​មន្ត្រី​ក្មេងៗ​ថា៖ «បិតា​របស់​យើង​បាន​ផ្ទុក​នឹម​យ៉ាង​ធ្ងន់​លើ​អ្នក​រាល់​គ្នា រីឯ​យើង​វិញ យើង​នឹង​ធ្វើ​ឲ្យ​នឹម​នេះ​រឹត​តែ​ធ្ងន់​ថែម​ទៀត។ បិតា​របស់​យើង​បាន​ប្រដៅ​អ្នក​រាល់​គ្នា ដោយ​ប្រើ​រំពាត់ រីឯ​យើង​វិញ យើង​នឹង​ប្រដៅ​អ្នក​រាល់​គ្នា ដោយ​ប្រើ​ខ្យា‌ដំរី»។
១៥ ស្តេច​មិន​ព្រម​ស្ដាប់​តាម​សំណូម‌ពរ​របស់​ប្រជាជន​ទេ ដ្បិត​ព្រះ‌អម្ចាស់​បណ្តាល​ឲ្យ​មាន​សភាព​ការណ៍​ប្រែ‌ប្រួល​ដូច្នេះ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​ថ្លែង​មក​កាន់​លោក​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត តាម‌រយៈ​ព្យាការី​អហ៊ីយ៉ា នៅ​ស៊ីឡូ។
អាណា‌ចក្រ​អ៊ីស្រា‌អែល​បែក​ជា​ពីរ
(២​របា‌ក្សត្រ ១០.១៦-១១.៤)
 ពេល​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​មូល​ឃើញ​ថា ស្តេច​ពុំ​ព្រម​ស្ដាប់​តាម​សំណូម‌ពរ​របស់​ខ្លួន​ទេ ពួក​គេ​ក៏​ទូល​ស្តេច​ថា៖
«ពួក​យើង​គ្មាន​ជាប់​ជំពាក់​អ្វី​នឹង
ព្រះ‌បាទ​ដាវីឌ​ទេ!
ពួក​យើង​ក៏​គ្មាន​ចំណែក​មត៌ក​អ្វី​រួម​ជា​មួយ
កូន​របស់​លោក​យេសាយ​ដែរ!
ប្រជាជន​អ៊ីស្រា‌អែល​អើយ
ចូរ​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​អ្នក​វិញ​ចុះ។
រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ​អើយ
ឥឡូវ​នេះ សូម​បី​បាច់​ថែ‌រក្សា​ខ្លួន​ឯង​ទៅ!»។
ប្រជាជន​អ៊ីស្រា‌អែល​នាំ​គ្នា​វិល​ត្រឡប់​ទៅ​កាន់​លំ‌នៅ​របស់​ខ្លួន​វិញ។
១៧ ព្រះ‌បាទ​រ៉ូបោម​គ្រង​រាជ្យ​លើ​ជន​ជាតិ​អ៊ីស្រា‌អែល​ដែល​រស់​នៅ​តាម​ក្រុង​ទាំង‌ឡាយ ក្នុង​ស្រុក​យូដា។ ១៨ ព្រះ‌បាទ​រ៉ូបោម​ចាត់​លោក​អដូរ៉ាម ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​កំណែន ឲ្យ​ទៅ​ជួប​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ឯ​ទៀតៗ តែ​ពួក​គេ​យក​ដុំ​ថ្ម​គប់​សម្លាប់​លោក។ ព្រះ‌បាទ​រ៉ូបោម​ក៏​ប្រញាប់‌ប្រញាល់​ឡើង​រាជ‌រថ ភៀស​ខ្លួន​ចូល​ក្រុង​យេរូ‌សាឡឹម​វិញ។ ១៩ គឺ​យ៉ាង​នេះ​ហើយ​ដែល​ប្រជាជន​អ៊ីស្រា‌អែល​បះ‌បោរ​ប្រឆាំង​នឹង​រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ រហូត​ដល់​សព្វ​ថ្ងៃ។
២០ កាល​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​មូល​ដឹង​ថា លោក​យេរ៉ូ‌បោម​វិល​ត្រឡប់​មក​វិញ គេ​ក៏​ជួប‌ជុំ​គ្នា ហើយ​ចាត់​មនុស្ស​ឲ្យ​ទៅ​អញ្ជើញ​លោក​មក។ គេ​អភិ‌សេក​លោក​ជា​ស្តេច​លើ​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​មូល។ មាន​តែ​កុល‌សម្ព័ន្ធ​យូដា​មួយ​ប៉ុណ្ណោះ ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ។
២១ ពេល​ព្រះ‌បាទ​រ៉ូបោម​យាង​មក​ដល់​ក្រុង​យេរូ‌សាឡឹម ស្ដេច​ក៏​ប្រមូល​ទាហាន​ក្នុង​ពូជ‌ពង្ស​យូដា និង​កុល‌សម្ព័ន្ធ​បេន‌យ៉ា‌មីន​ទាំង​មូល បាន​ចំនួន​មួយ​សែន​ប្រាំ​បី‌ម៉ឺន​នាក់ ដែល​សុទ្ធ​តែ​ជា​អ្នក​ចម្បាំង​យ៉ាង​ស្ទាត់​ជំនាញ។ ពួក​គេ​លើក​ទ័ព​ចេញ​ទៅ​ច្បាំង​នឹង​កូន​ចៅ​អ៊ីស្រា‌អែល​ឯ​ទៀតៗ ដើម្បី​ដណ្ដើម​យក​អាណា‌ចក្រ​ទាំង​មូល​មក​ថ្វាយ​ព្រះ‌បាទ​រ៉ូបោម ជា​បុត្រ​របស់​ព្រះ‌បាទ​សាឡូម៉ូន​វិញ។ ២២ ប៉ុន្តែ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​សេម៉ា‌យ៉ា ជា​អ្នក​ជំនិត​របស់​ព្រះ‌អង្គ​ថា៖ ២៣ «ចូរ​ប្រាប់​រ៉ូបោម បុត្រ​សាឡូម៉ូន ជា​ស្តេច​នៅ​ស្រុក​យូដា ព្រម​ទាំង​កុល‌សម្ព័ន្ធ​យូដា កុល‌សម្ព័ន្ធ​បេន‌យ៉ា‌មីន និង​ប្រជាជន​ឯ​ទៀតៗ​ថា ២៤ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: កុំ​ចេញ​ទៅ​ច្បាំង​នឹង​ជន​ជាតិ​អ៊ីស្រា‌អែល ជា​បង‌ប្អូន​របស់​ខ្លួន​ឡើយ។ ចូរ​វិល​ទៅ​កាន់​ទី​លំ‌នៅ​រៀងៗ​ខ្លួន​ចុះ ដ្បិត​យើង​ទេ​ដែល​ធ្វើ​ឲ្យ​សភាព​ការណ៍​នេះ​កើត​មាន»។ ពួក​គេ​ក៏​ស្ដាប់​តាម​បង្គាប់​ព្រះ‌អម្ចាស់ ហើយ​នាំ​គ្នា​វិល​ត្រឡប់​ទៅ​វិញ តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។
២៥ ព្រះ‌បាទ​យេរ៉ូ‌បោម​បាន​សង់​ក្រុង​ស៊ីគែម នៅ​លើ​ភ្នំ​អេប្រា‌អ៊ីម ដើម្បី​គង់​នៅ​ទី​នោះ។ បន្ទាប់​មក ស្តេច​បាន​ចេញ​ពី​ស៊ីគែម​ទៅ​សង់​ក្រុង​ពេនូអែល។
អំពើ​បាប​របស់​ព្រះ‌បាទ​យេរ៉ូ‌បោម
២៦ ព្រះ‌បាទ​យេរ៉ូ‌បោម​រិះ‌គិត​ថា៖ «យោល​តាម​សភាព​ការណ៍​ពេល​នេះ អាណា‌ចក្រ​ខ្ញុំ​អាច​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​មិន​ខាន។ ២៧ ប្រសិន​បើ​ប្រជាជន​របស់​ខ្ញុំ​នៅ​តែ​ទៅ​ថ្វាយ‌យញ្ញ‌បូជា​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​នៅ​ក្រុង​យេរូ‌សាឡឹម​ដូច្នេះ ចិត្ត​គំនិត​របស់​ពួក​គេ​នឹង​វិល​ទៅ​រក​រ៉ូបោម ជា​ស្តេច​ស្រុក​យូដា និង​ជា​ម្ចាស់​ដើម​របស់​ពួក​គេ​វិញ។ ពេល​នោះ ពួក​គេ​មុខ​ជា​សម្លាប់​ខ្ញុំ រួច​វិល​ទៅ​រក​រ៉ូបោម ជា​ស្តេច​ស្រុក​យូដា​មិន​ខាន»។ ២៨ ស្តេច​បាន​រិះ‌គិត​អំពី​មធ្យោ‌បាយ​មួយ គឺ​ឲ្យ​គេ​សិត​ធ្វើ​រូប​គោ​មាស​ពីរ ហើយ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ប្រជាជន​ថា៖ «អ្នក​រាល់​គ្នា​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូ‌សាឡឹម​ជា​ច្រើន​ដង​ហើយ អ៊ីស្រា‌អែល​អើយ! នេះ​នែ៎ ព្រះ​ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប»។ ២៩ ស្តេច​តម្កល់​រូប​គោ​មួយ​នៅ​បេត‌អែល និង​មួយ​ទៀត​នៅ​ក្រុង​ដាន់។ ៣០ ស្តេច​បាន​នាំ​ប្រជាជន​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ព្រោះ​តែ​រូប​គោ​នោះ។ ប្រជាជន​នាំ​គ្នា​ដង្ហែ​រូប​គោ រហូត​ដល់​ក្រុង​ដាន់។ ៣១ ព្រះ‌បាទ​យេរ៉ូ‌បោម​សង់​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ រួច​ជ្រើស‌រើស​មនុស្ស​ពី​ចំណោម​ប្រជាជន ដែល​មិន‌មែន​ជា​ពួក​លេវី ឲ្យ​ធ្វើ​ជា​បូជា‌ចារ្យ*។
៣២ ព្រះ‌បាទ​យេរ៉ូ‌បោម​បាន​កំណត់​យក​ថ្ងៃ​ទី​ដប់​ប្រាំ​នៃ​ខែ​ទី​ប្រាំ​បី សម្រាប់​ប្រារព្ធ​ពិធី​បុណ្យ ដូច​នៅ​ស្រុក​យូដា​ដែរ។ ពេល​នោះ ស្តេច​យាង​ទៅ​ថ្វាយ​យញ្ញ‌បូជា​នៅ​លើ​អាសនៈ។ ស្តេច​បាន​ប្រព្រឹត្ត​របៀប​នេះ​នៅ​បេត‌អែល​ដែរ គឺ​ថ្វាយ​យញ្ញ‌បូជា​ចំពោះ​រូប​គោ​ដែល​ស្តេច​បាន​ធ្វើ ព្រម​ទាំង​យក​បូជា‌ចារ្យ​ដែល​ស្តេច​តែង‌តាំង សម្រាប់​បម្រើ​ការ‌ងារ​នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ឲ្យ​មក​បម្រើ​ការ​នៅ​បេត‌អែល​ផង។ ៣៣ នៅ​ថ្ងៃ​ទី​ដប់​ប្រាំ​នៃ​ខែ​ប្រាំ​បី ជា​ថ្ងៃ​ដែល​ស្តេច​កំណត់​ខ្លួន​ឯង ព្រះ‌អង្គ​យាង​ទៅ​អាសនៈ​ដែល​ព្រះ‌អង្គ​បាន​សង់​នៅ​បេត‌អែល ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ ជា​មួយ​ប្រជាជន​អ៊ីស្រា‌អែល។ ក្នុង​ឱកាស​នោះ ស្តេច​ឡើង​ទៅ​ដុត​គ្រឿង​ក្រអូប​នៅ​លើ​អាសនៈ។
១៣
ទី​សក្ការៈ​នៅ​បេត‌អែល​ត្រូវ​វិនាស
 មាន​អ្នក​ជំនិត​មួយ​រូប​របស់​ព្រះ‌ជាម្ចាស់ បាន​ធ្វើ​ដំណើរ​ពី​ស្រុក​យូដា តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់ លោក​មក​ដល់​បេត‌អែល នៅ​ពេល​ព្រះ‌បាទ​យេរ៉ូ‌បោម​កំពុង​តែ​ឈរ​ដុត​គ្រឿង​ក្រអូប​នៅ​លើ​អាសនៈ។  លោក​ស្រែក​ប្រឆាំង​នឹង​អាសនៈ ដោយ​ប្រកាស​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ដូច​ត​ទៅ៖ «អាសនៈ​អើយ! អាសនៈ! ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: នៅ​ក្នុង​ពូជ‌ពង្ស​របស់​ដាវីឌ​នឹង​មាន​កូន​ប្រុស​មួយ​រូប​កើត​មក កូន​នោះ​មាន​ឈ្មោះ​ថា យ៉ូស្យាស។ យ៉ូស្យាស​នឹង​យក​ពួក​បូជា‌ចារ្យ​នៃ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​មក​បូជា នៅ​លើ​អាសនៈ គឺ​ពួក​បូជា‌ចារ្យ​ដែល​ធ្លាប់​ដុត​គ្រឿង​ក្រអូប​នៅ​លើ​អាសនៈ​នេះ។ គេ​ក៏​យក​ឆ្អឹង​របស់​មនុស្ស​មក​ដុត​នៅ​លើ​អាសនៈ​នេះ​ដែរ»។  នៅ​ថ្ងៃ​ដដែល​នោះ អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ក៏​ប្រកាស​ទៀត​ថា៖ «ព្រះ‌អម្ចាស់​ប្រទាន​ទី​សម្គាល់​មួយ ដើម្បី​បញ្ជាក់​ថា ព្រះ‌អង្គ​ពិត​ជា​មាន​ព្រះ‌បន្ទូល​មែន គឺ​អាសនៈ​នឹង​ត្រូវ​បាក់‌បែក ហើយ​ផេះ​នៅ​លើ​អាសនៈ​ក៏​នឹង​ធ្លាក់​ខ្ចាត់‌ខ្ចាយ​ដែរ»។
 ពេល​ព្រះ‌បាទ​យេរ៉ូ‌បោម​ឮ​ពាក្យ​ដែល​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ ស្រែក​ប្រឆាំង​នឹង​អាសនៈ នៅ​បេត‌អែល ស្ដេច​ក៏​លាត​ព្រះ‌ហស្ដ​ពី​លើ​អាសនៈ រួច​បញ្ជា​ថា៖ «ចូរ​ចាប់​ជន​នេះ​ទៅ!»។ ពេល​នោះ ព្រះ‌ហស្ដ​ដែល​ស្តេច​លើក​ចង្អុល​ទៅ​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ក៏​ស្ពឹក កម្រើក​លែង​រួច។  អាសនៈ​បាក់‌បែក ហើយ​ផេះ​នៅ​លើ​អាសនៈ​ក៏​ធ្លាក់ ដូច​ទី​សម្គាល់​ដែល​អ្នក​ជំនិត​ព្រះ‌ជាម្ចាស់​ប្រកាស ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។  ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៅ​កាន់​អ្នក​ជំនិត​ព្រះ‌ជាម្ចាស់​ថា៖ «សូម​លោក​ជួយ​ទូល‌អង្វរ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក សូម​អធិស្ឋាន​ឲ្យ​ខ្ញុំ​ផង ដើម្បី​ឲ្យ​ដៃ​របស់​ខ្ញុំ​អាច​កម្រើក​វិញ​បាន»។ អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ទូល‌អង្វរ​ព្រះ‌អង្គ ហើយ​ព្រះ‌ហស្ដ​របស់​ស្តេច​ក៏​អាច​បត់​មក​វិញ​បាន​ដូច​ដើម។  ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៅ​កាន់​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ថា៖ «សូម​អញ្ជើញ​ចូល​ដំណាក់​ខ្ញុំ​ស្រស់‌ស្រូប​សិន រួច​ហើយ​ខ្ញុំ​នឹង​ជូន​រង្វាន់​លោក»។  អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ទូល​ព្រះ‌រាជា​វិញ​ថា៖ «ទោះ​បី​ព្រះ‌ករុណា​ប្រទាន​រាជ‌ទ្រព្យ​ចំនួន​ពាក់​កណ្ដាល​ឲ្យ​ទូល‌បង្គំ ក៏​ទូល‌បង្គំ​មិន​ចូល​ក្នុង​ដំណាក់​របស់​ព្រះ‌ករុណា​ដែរ ទូល‌បង្គំ​ក៏​មិន​ទទួល​ទាន​អាហារ និង​ទឹក​នៅ​ទី​នេះ​ឡើយ  ដ្បិត​ព្រះ‌អម្ចាស់​បាន​ហាម​ទូល‌បង្គំ​មិន​ឲ្យ​ទទួល​ទាន​អាហារ ឬ​ទឹក​ទេ ហើយ​ព្រះ‌អង្គ​ក៏​មិន​ឲ្យ​ទូល‌បង្គំ​ត្រឡប់​ទៅ​វិញ តាម​ផ្លូវ​ដដែល​ដែរ»។ ១០ បន្ទាប់​មក អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ត្រឡប់​ទៅ​វិញ តាម​ផ្លូវ​មួយ​ផ្សេង​ទៀត គឺ​លោក​មិន​ត្រឡប់​ទៅ​វិញ តាម​ផ្លូវ​ដែល​លោក​មក​បេត‌អែល​នោះ​ឡើយ។
អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ត្រូវ​សត្វ​សឹង្ហ​សម្លាប់
១១ គ្រា​នោះ មាន​ព្យាការី​ចាស់​មួយ​រូប​រស់​នៅ​បេត‌អែល។ កូន​ប្រុស​របស់​គាត់​បាន​រៀប‌រាប់​អំពី​ព្រឹត្តិ‌ការណ៍​ទាំង​ប៉ុន្មាន​ដែល​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​បាន​ធ្វើ​នៅ​បេត‌អែល និង​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​លោក​បាន​ទូល​ព្រះ‌រាជា នៅ​ថ្ងៃ​នោះ។ ១២ ឪពុក​សួរ​កូន​ថា៖ «តើ​លោក​ចាក‌ចេញ​ទៅ​តាម​ផ្លូវ​ណា?»។ កូនៗ​ក៏​ប្រាប់​ឪពុក​ពី​ផ្លូវ​ដែល​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ពី​ស្រុក​យូដា​វិល​ត្រឡប់​ទៅ​វិញ។ ១៣ ពេល​នោះ ឪពុក​បង្គាប់​ឲ្យ​កូនៗ​ចង​កែប​លា។ កូនៗ​ក៏​ចង​កែប​លា ហើយ​ឪពុក​ក៏​ឡើង​ជិះ។ ១៤ គាត់​ចេញ​ទៅ​តាម​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ ហើយ​តាម​ទាន់​នៅ​ពេល​លោក​កំពុង​អង្គុយ​ក្រោម​ដើម​ជ្រៃ។ គាត់​សួរ​លោក​ថា៖ «តើ​លោក​ជា​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ដែល​មក​ពី​ស្រុក​យូដា​ឬ?»។ លោក​ឆ្លើយ​ថា៖ «គឺ​ខ្ញុំ​នេះ​ហើយ»។ ១៥ គាត់​ពោល​ថា៖ «សូម​អញ្ជើញ​ទៅ​ពិសា​អាហារ​នៅ​ផ្ទះ​ខ្ញុំ​សិន»។ ១៦ លោក​ឆ្លើយ​ថា៖ «ខ្ញុំ​មិន​អាច​ត្រឡប់​ទៅ​ជា​មួយ​លោក ខ្ញុំ​មិន​អាច​ចូល​ទៅ​ផ្ទះ​លោក ហើយ​ក៏​មិន​អាច​ទទួល​ទាន​អាហារ ឬ​ទឹក​ជា​មួយ​លោក​នៅ​ទី​នោះ​បាន​ដែរ ១៧ ដ្បិត​ព្រះ‌អម្ចាស់​បាន​ហាម​ខ្ញុំ​ថា: “អ្នក​មិន​ត្រូវ​បរិភោគ​អាហារ ឬ​ទឹក​នៅ​ទី​នោះ​ទេ! ហើយ​ក៏​មិន​ត្រូវ​វិល​ត្រឡប់​មក​វិញ តាម​ផ្លូវ​ដែល​អ្នក​ទៅ​ឡើយ”»។ ១៨ ព្យាការី​ចាស់​ពោល​ទៅ​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ថា៖ «ខ្ញុំ​ក៏​ជា​ព្យាការី​ដែរ មាន​ទេវទូត​បាន​មក​ប្រាប់​ខ្ញុំ ក្នុង​នាម​របស់​ព្រះ‌អម្ចាស់​ដូច​ត​ទៅ: “ចូរ​ទៅ​នាំ​គាត់​មក​ផ្ទះ​អ្នក ដើម្បី​ឲ្យ​គាត់​បរិភោគ​អាហារ និង​ទឹក​ផង”»។ តាម​ពិត គាត់​និយាយ​កុហក​ទេ។ ១៩ អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ក៏​ត្រឡប់​ទៅ​ជា​មួយ​គាត់ ហើយ​បរិភោគ​អាហារ និង​ទឹក នៅ​ផ្ទះ​របស់​គាត់​ផង។
២០ នៅ​ពេល​លោក​ទាំង​ពីរ​អង្គុយ​រួម​តុ​ជា​មួយ​គ្នា ព្រះ‌អម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​ព្យាការី​ដែល​បាន​នាំ​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​មក​វិញ។ ២១ គាត់​ពោល​ទៅ​កាន់​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ដែល​មក​ពី​ស្រុក​យូដា​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ដោយ​អ្នក​មិន​ធ្វើ​តាម​បង្គាប់​របស់​ព្រះ‌អម្ចាស់ ហើយ​មិន​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​ទេ ២២ គឺ​អ្នក​វិល​មក​វិញ បរិភោគ​អាហារ និង​ទឹក នៅ​កន្លែង​ដែល​ព្រះ‌អង្គ​ហាម‌ប្រាម ដូច្នេះ សព​របស់​អ្នក​នឹង​មិន​ត្រូវ​គេ​យក​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​ដូន‌តា​អ្នក​ឡើយ»។
២៣ ក្រោយ​ពី​បាន​បរិភោគ​អាហារ និង​ទឹក​រួច ព្យាការី​ចាស់​ចង​កែប​លា​ជូន​ព្យាការី​ដែល​គាត់​បាន​នាំ​ត្រឡប់​មក​វិញ។ ២៤ លោក​ក៏​ចាក‌ចេញ​ទៅ ហើយ​នៅ​តាម​ផ្លូវ លោក​បាន​ជួប​នឹង​សឹង្ហ​មួយ វា​សម្លាប់​លោក ទុក​សាក‌សព​ចោល​នៅ​លើ​ផ្លូវ។ សត្វ​លា និង​សត្វ​សឹង្ហ ឈរ​នៅ​ជិត​សាក‌សព។ ២៥ មនុស្ស‌ម្នា​ដែល​ធ្វើ​ដំណើរ​កាត់​តាម​នោះ ឃើញ​សាក‌សព​របស់​លោក​នៅ​លើ​ផ្លូវ ហើយ​ឃើញ​សឹង្ហ​ឈរ​នៅ​ក្បែរ​សព​នោះ។ ពួក​គេ​ក៏​យក​រឿង​នេះ​ទៅ​និយាយ​នៅ​ក្នុង​ក្រុង ដែល​ព្យាការី​ចាស់​នោះ​រស់​នៅ។ ២៦ កាល​ព្យាការី​ដែល​បាន​អញ្ជើញ​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​មក​ផ្ទះ​គាត់ ឮ​ដំណឹង​នេះ ក៏​ពោល​ថា៖ «គាត់​ជា​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ដែល​មិន​ធ្វើ​តាម​បង្គាប់​ព្រះ‌អង្គ។ ព្រះ‌អម្ចាស់​បាន​ប្រគល់​គាត់​ទៅ​ក្នុង​ក្រញាំ​សឹង្ហ វា​ហែក​សម្លាប់​គាត់ ស្រប​តាម​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​គាត់»។ ២៧ បន្ទាប់​មក ព្យាការី​ចាស់​នោះ​ពោល​ទៅ​កាន់​កូនៗ​របស់​គាត់​ថា៖ «ចូរ​ចង​កែប​លា​ឲ្យ​ពុក!»។ កូនៗ​ក៏​ចង​កែប​លា​ជូន​គាត់។ ២៨ ពេល​នោះ គាត់​ចេញ​ដំណើរ​ទៅ ឃើញ​សាក‌សព​នៅ​កណ្ដាល​ផ្លូវ។ សត្វ​លា និង​សត្វ​សឹង្ហ​ឈរ​នៅ​ក្បែរ​សព​នោះ ប៉ុន្តែ សឹង្ហ​ពុំ​បាន​ហែក​សាក‌សព​ស៊ី​ទេ ហើយ​ក៏​ពុំ​បាន​ខាំ​សត្វ​លា​ដែរ។ ២៩ គាត់​លើក​សាក‌សព​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ដាក់​លើ​ខ្នង​លា នាំ​ទៅ​បេត‌អែល ដើម្បី​ធ្វើ​ពិធី​កាន់​ទុក្ខ និង​បញ្ចុះ‌សព។ ៣០ គាត់​យក​សាក‌សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​ខ្លួន​ផ្ទាល់ រួច​យំ​ស្រណោះ​ថា “ប្អូន​អើយ ម្ដេច​ក៏​វេទនា​ម៉្លេះ!”។ ៣១ ក្រោយ​ពី​បាន​បញ្ចុះ​សព​រួច​ហើយ គាត់​ផ្តាំ​កូនៗ​ថា៖ «កាល​ណា​ពុក​ស្លាប់ ចូរ​កូន​បញ្ចុះ​សព​នៅ​ក្នុង​ផ្នូរ ដែល​យើង​បញ្ចុះ​សព​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់។ ត្រូវ​តម្កល់​ធាតុ​ពុក​នៅ​ទន្ទឹម​នឹង​ធាតុ​របស់​លោក​ផង ៣២ ដ្បិត​ព្រះ‌បន្ទូល​ដែល​លោក​ប្រកាស ក្នុង​នាម​ព្រះ‌អម្ចាស់ ប្រឆាំង​នឹង​អាសនៈ​នៅ​បេត‌អែល ព្រម​ទាំង​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ ក្នុង​ក្រុង​នានា​នៃ​ស្រុក​សាម៉ារី មុខ​ជា​សម្រេច​ពុំ‌ខាន»។
៣៣ ទោះ‌បី​មាន​ហេតុ‌ការណ៍​កើត​ឡើង​យ៉ាង​នេះ​ក្តី ក៏​ព្រះ‌បាទ​យេរ៉ូ‌បោម​នៅ​តែ​ពុំ​ព្រម​ងាក​ចេញ​ពី​ផ្លូវ​អាក្រក់។ ស្តេច​នៅ​តែ​បន្ត​តែង‌តាំង​មនុស្ស​ក្នុង​ចំណោម​ប្រជាជន​ជា​បូជា‌ចារ្យ សម្រាប់​បម្រើ​ការ​នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ។ បើ​មាន​នរណា​ចង់​បម្រើ​កិច្ច‌ការ​នេះ ស្តេច​ក៏​តែង‌តាំង​គេ​ឲ្យ​បម្រើ​ការ​ក្នុង​កន្លែង​សក្ការៈ តាម​ទួល​ខ្ពស់ៗ។ ៣៤ អំពើ​ទាំង​នេះ​នាំ​ឲ្យ​រាជ‌វង្ស​របស់​ព្រះ‌បាទ​យេរ៉ូ‌បោម​ប្រព្រឹត្ត​អំពើ​បាប ហេតុ​នេះ​ហើយ​បាន​ជា​រាជ‌វង្ស​នេះ​ត្រូវ​រលាយ​សូន្យ​បាត់​ពី​ផែន‌ដី។
១៤
ព្យាការី​អហ៊ីយ៉ា​ថ្លែង​ប្រាប់​ពី​ការ​សោយ​ទិវង្គត​នៃ​បុត្រា​របស់​ព្រះ‌បាទ​យេរ៉ូ‌បោម
 គ្រា​នោះ សម្តេច​អប៊ីយា​ជា​បុត្រ​របស់​ព្រះ‌បាទ​យេរ៉ូ‌បោម​ប្រឈួន។  ព្រះ‌បាទ​យេរ៉ូ‌បោម​មាន​រាជ‌ឱង្ការ​ទៅ​កាន់​មហេសី​ថា៖ «ចូរ​ក្រោក​ឡើង​ក្លែង​ខ្លួន ដើម្បី​កុំ​ឲ្យ​គេ​ស្គាល់​ថា នាង​ជា​មហេសី​យើង រួច​ធ្វើ​ដំណើរ​ទៅ​កាន់​ស៊ីឡូ។ នៅ​ទី​នោះ មាន​ព្យាការី​ម្នាក់ ឈ្មោះ​អហ៊ីយ៉ា គឺ​លោក​ហើយ​ដែល​ប្រាប់​យើង​ថា យើង​នឹង​សោយ​រាជ្យ​លើ​ប្រជាជន​នេះ។  ចូរ​យក​នំបុ័ង​ដប់​ដុំ និង​នំ​ខ្លះ ព្រម​ទាំង​ទឹក​ឃ្មុំ​មួយ​ដប​ទៅ​ជា​មួយ​ផង។ ត្រូវ​ទៅ​ជួប​លោក លោក​មុខ​ជា​ប្រាប់​ឲ្យ​នាង​ដឹង​ថា កូន​យើង​នឹង​ទៅ​ជា​យ៉ាង​ណា»។  មហេសី​របស់​ព្រះ‌បាទ​យេរ៉ូ‌បោម​ក៏​ធ្វើ​តាម។ ព្រះ‌នាង​ក្រោក​ឡើង ចេញ​ដំណើរ​ទៅ​ស៊ីឡូ ហើយ​ទៅ​ដល់​ផ្ទះ​របស់​លោក​អហ៊ីយ៉ា។ លោក​អហ៊ីយ៉ា​មើល​អ្វី​លែង​ឃើញ​ទៀត​ហើយ ព្រោះ​ភ្នែក​លោក​ងងឹត ដោយ​លោក​ចាស់​ជរា។  មុន​ពេល​ព្រះ‌នាង​មក​ដល់ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អហ៊ីយ៉ា​ថា៖ «មហេសី​របស់​យេរ៉ូ‌បោម​នឹង​មក​សួរ​អ្នក​អំពី​កូន ដែល​កំពុង​ឈឺ។ កាល​នាង​ចូល​មក​ជួប​អ្នក នាង​នឹង​ក្លែង​ខ្លួន​ធ្វើ​ជា​ស្ត្រី​ម្នាក់​ផ្សេង​ទៀត។ ត្រូវ​និយាយ​ជា​មួយ​នាង​តាម​ពាក្យ​ដែល​យើង​នឹង​ប្រាប់​អ្នក»។  កាល​លោក​អហ៊ីយ៉ា​ឮ​ស្នូរ​សំរិប​ជើង​របស់​ព្រះ‌នាង​មក​ដល់​មាត់​ទ្វារ លោក​ពោល​ថា៖ «សូម​យាង​ចូល​មក! មហេសី​របស់​ព្រះ‌បាទ​យេរ៉ូ‌បោម ហេតុ​អ្វី​បាន​ជា​ព្រះ‌នាង​ក្លែង​ខ្លួន​ជា​ស្ត្រី​ផ្សេង​ដូច្នេះ? ព្រះ‌ជាម្ចាស់​ចាត់​ទូល‌បង្គំ​ឲ្យ​នាំ​ដំណឹង​ដ៏​អាក្រក់ មក​ទូល​ព្រះ‌នាង។  សូម​យាង​ទៅ​ទូល​ព្រះ‌បាទ​យេរ៉ូ‌បោម​ដូច​ត​ទៅ: ព្រះ‌អម្ចាស់ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា “យើង​បាន​លើក​តម្កើង​អ្នក​នៅ​ចំពោះ​មុខ​ប្រជាជន និង​តែង‌តាំង​អ្នក​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ដ្រ​របស់​យើង។  យើង​បាន​ដក​ហូត​រាជ‌សម្បត្តិ​ពី​ពូជ‌ពង្ស​ដាវីឌ ហើយ​ប្រគល់​ឲ្យ​អ្នក។ ក៏​ប៉ុន្តែ អ្នក​មិន​បាន​កាន់​តាម​បទ‌បញ្ជា​របស់​យើង និង​គោរព​បម្រើ​យើង ដោយ​ចិត្ត​ស្មោះ​ឡើយ ហើយ​អ្នក​ក៏​មិន​បាន​ប្រព្រឹត្ត​អំពើ​សុចរិត ដែល​គាប់‌ចិត្ត​យើង ដូច​ដាវីឌ​ជា​អ្នក​បម្រើ​របស់​យើង​ដែរ។  អ្នក​បាន​ប្រព្រឹត្ត​អាក្រក់​ជាង​អស់​អ្នក​មុនៗ​ទៅ​ទៀត គឺ​អ្នក​បាន​ធ្វើ​រូប​ព្រះ​ផ្សេងៗ ព្រម​ទាំង​សិត​ធ្វើ​រូប​បដិមា ដើម្បី​បញ្ឆេះ​កំហឹង​របស់​យើង ហើយ​អ្នក​បាន​បែរ​ខ្នង​ដាក់​យើង​ថែម​ទៀត។ ១០ ហេតុ​នេះ យើង​នឹង​ធ្វើ​ឲ្យ​ទុក្ខ​វេទនា​កើត​មាន​ចំពោះ​ពូជ‌ពង្ស​របស់​យេរ៉ូ‌បោម។ យើង​នឹង​ប្រហារ​កូន​ប្រុសៗ ក្នុង​ក្រុម​គ្រួសារ​របស់​យេរ៉ូ‌បោម ទាំង​អ្នក​ងារ ទាំង​អ្នក​ជា ឲ្យ​អស់​ពី​ស្រុក​អ៊ីស្រា‌អែល។ យើង​នឹង​បោស​ពូជ‌ពង្ស​របស់​យេរ៉ូ‌បោម ដូច​គេ​បោស​សំរាម ទាល់​តែ​អស់​ដែរ។ ១១ ក្នុង​ក្រុម​គ្រួសារ​យេរ៉ូ‌បោម អ្នក​ដែល​ស្លាប់​នៅ​ក្នុង​ទី‌ក្រុង នឹង​ត្រូវ​ឆ្កែ​ហែក​ស៊ី ហើយ​អ្នក​ដែល​ស្លាប់​នៅ​តាម​វាល​នឹង​ត្រូវ​ត្មាត​ចឹក​ស៊ី”។ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់១២ រីឯ​ព្រះ‌នាង​វិញ សូម​ក្រោក​ឡើង វិល​ត្រឡប់​ទៅ​ដំណាក់​ចុះ! ពេល​ព្រះ‌នាង​យាង​ចូល​ដល់​ទី‌ក្រុង បុត្រ​នោះ​នឹង​សោយ​ទិវង្គត។ ១៣ ប្រជាជន​អ៊ីស្រា‌អែល​ទាំង​មូល​នាំ​គ្នា​កាន់​ទុក្ខ ហើយ​បញ្ចុះ​សព​បុត្រ​នោះ។ ក្នុង​រាជ‌វង្ស​របស់​ព្រះ‌បាទ​យេរ៉ូ‌បោម​មាន​តែ​បុត្រ​នេះ​មួយ​អង្គ​ប៉ុណ្ណោះ ដែល​គេ​បញ្ចុះ​សព​ក្នុង​ផ្នូរ ដ្បិត​ក្នុង​រាជ‌វង្ស​ព្រះ‌បាទ​យេរ៉ូ‌បោម មាន​តែ​បុត្រ​អង្គ​នេះ​ទេ ដែល​បាន​ប្រព្រឹត្ត​អំពើ​ល្អ​ខ្លះៗ ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ប្រជាជន​អ៊ីស្រា‌អែល។ ១៤ នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​នឹង​ជ្រើស​តាំង​ស្តេច​មួយ​អង្គ​ទៀត ឲ្យ​សោយ​រាជ្យ​លើ​ប្រជាជន​អ៊ីស្រា‌អែល ស្តេច​ថ្មី​នោះ​នឹង​ប្រហារ​ពូជ‌ពង្ស​របស់​ព្រះ‌បាទ​យេរ៉ូ‌បោម​ឲ្យ​វិនាស​សូន្យ។ ហេតុ‌ការណ៍​នេះ​កំពុង​តែ​កើត​មាន! ១៥ ព្រះ‌អម្ចាស់​នឹង​វាយ​ជន​ជាតិ​អ៊ីស្រា‌អែល ពេល​នោះ ពួក​គេ​ប្រៀប​ដូច​ជា​ដើម​ត្រែង​ដែល​ញ័រ​នៅ​ក្នុង​ទឹក។ ព្រះ‌អម្ចាស់​នឹង​ដក​ជន​ជាតិ​អ៊ីស្រា‌អែល​ចេញ​ពី​ទឹក​ដី​ដ៏​ល្អ ដែល​ព្រះ‌អង្គ​ប្រទាន​ដល់​បុព្វ‌បុរស​របស់​ពួក​គេ ព្រះ‌អង្គ​នឹង​កម្ចាត់‌កម្ចាយ​ពួក​គេ​ឲ្យ​ទៅ​នៅ​ខាង​នាយ​ទន្លេ​អឺប្រាត ព្រោះ​ពួក​គេ​ធ្វើ​បង្គោល​ព្រះ​អាសេរ៉ា ដែល​បណ្តាល​ឲ្យ​ព្រះ‌អម្ចាស់​ព្រះ‌អង្គ​ព្រះ‌ពិរោធ។ ១៦ ព្រះ‌អង្គ​បោះ‌បង់​ចោល​អ៊ីស្រា‌អែល ព្រោះ​តែ​ព្រះ‌បាទ​យេរ៉ូ‌បោម​ប្រព្រឹត្ត​អំពើ​បាប និង​នាំ​ប្រជាជន​អ៊ីស្រា‌អែល​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​ដែរ»។
១៧ មហេសី​របស់​ព្រះ‌បាទ​យេរ៉ូ‌បោម​ក្រោក​ឡើង ហើយ​យាង​ចេញ​ទៅ។ ពេល​ព្រះ‌នាង​យាង​ដល់​ក្រុង​ទៀរសា ហើយ​ឈាន​ជើង​ជាន់​មាត់​ទ្វារ​ព្រះ‌ដំណាក់ បុត្រ​នោះ​ក៏​សោយ​ទិវង្គត។ ១៨ គេ​បាន​បញ្ចុះ​សព​បុត្រ​នោះ ហើយ​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​មូល​នាំ​គ្នា​កាន់​ទុក្ខ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បាន​ថ្លែង​តាម‌រយៈ​ព្យាការី​អហ៊ីយ៉ា ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។
១៩ រីឯ​រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​យេរ៉ូ‌បោម ដូច​ជា​ការ​ធ្វើ​សង្គ្រាម ការ​គ្រង​រាជ្យ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ស្រុក​អ៊ីស្រា‌អែល។ ២០ ព្រះ‌បាទ​យេរ៉ូ‌បោម​គ្រង​រាជ្យ​នៅ​ស្រុក​អ៊ីស្រា‌អែល អស់‌រយៈ​ពេល​ម្ភៃ​ពីរ​ឆ្នាំ។ កាល​ស្តេច​សោយ​ទិវង្គត​ផុត​ទៅ ព្រះ‌បាទ​ណា‌ដាប់ ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។
ព្រះ‌បាទ​រ៉ូបោម​សោយ​រាជ្យ​នៅ​ស្រុក​យូដា
(២​របា‌ក្សត្រ ១២.១-១៦)
២១ ព្រះ‌បាទ​រ៉ូបោម ជា​បុត្រ​របស់​ព្រះ‌បាទ​សាឡូម៉ូន​ឡើង​សោយ​រាជ្យ​លើ​ស្រុក​យូដា ក្នុង​ជន្មាយុ​សែ‌សិប​មួយ​វស្សា។ ស្តេច​សោយ​រាជ្យ​បាន​ដប់​ប្រាំ​ពីរ​វស្សា នៅ​ក្រុង​យេរូ‌សាឡឹម ជា​ក្រុង​ដែល​ព្រះ‌អម្ចាស់​បាន​ជ្រើស‌រើស​ពី​ក្នុង​ចំណោម​ទឹក​ដី​នៃ​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​អស់ សម្រាប់​ព្រះ‌នាម​របស់​ព្រះ‌អង្គ។ មាតា​របស់​ស្តេច​មាន​នាម​ថា​ណាម៉ា ជា​ជន​ជាតិ​អាំម៉ូន។ ២២ ប្រជាជន​យូដា​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ទាស់​នឹង​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់។ ពួក​គេ​បាន​ធ្វើ​ឲ្យ​ព្រះ‌អង្គ​ព្រះ‌អង្គ​ព្រះ‌ពិរោធ ដោយ‌សារ​តែ​អំពើ​បាប​ដែល​ពួក​គេ​ប្រព្រឹត្ត លើស​ពី​ដូន‌តា​របស់​ពួក​គេ​ទៅ​ទៀត។ ២២ ពួក​គេ​នាំ​គ្នា​សង់​កន្លែង​សក្ការៈ នៅ​តាម​ទួល​ខ្ពស់ៗ ព្រម​ទាំង​សង់​ស្តូប និង​បង្គោល​ព្រះ​អាសេរ៉ា នៅ​តាម​កំពូល​ភ្នំ និង​នៅ​ក្រោម​ដើម​ឈើ​ដែល​មាន​ស្លឹក​ខៀវ​ខ្ចី។ ២៤ នៅ​ក្នុង​ស្រុក មាន​ប្រុសៗ​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ*​សក្ការៈ គឺ​ពួក​គេ​ធ្វើ​តាម​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ប្រជា‌ជាតិ​នានា ដែល​ព្រះ‌អម្ចាស់​បាន​បណ្តេញ​ចេញ​ពី​មុខ​កូន​ចៅ​អ៊ីស្រា‌អែល។
២៥ នៅ​ឆ្នាំ​ទី​ប្រាំ​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​រ៉ូបោម ព្រះ‌ចៅ​ស៊ី‌សាក់ ជា​ស្តេច​ស្រុក​អេស៊ីប បាន​ឡើង​មក​វាយ​ក្រុង​យេរូ‌សាឡឹម។ ២៦ ស្តេច​ស្រុក​អេស៊ីប​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​រាជ‌ទ្រព្យ​នៅ​ក្នុង​វាំង។ ស្តេច​បាន​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​ទាំង​មូល និង​ខែល​មាស​ទាំង​អស់​ដែល​ព្រះ‌បាទ​សាឡូម៉ូន​បាន​ធ្វើ។ ២៧ ព្រះ‌បាទ​រ៉ូបោម​បាន​ឲ្យ​គេ​ធ្វើ​ខែល​ពី​លង្ហិន​ជំនួស​វិញ ហើយ​ប្រគល់​ឲ្យ​មេ​ក្រុម​របស់​កង​ទាហាន​ដែល​យាម​ខ្លោង​ទ្វារ​វាំង​មើល​ថែ‌រក្សា។ ២៨ គ្រប់​ពេល​ដែល​ស្តេច​យាង​ចូល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ពួក​ទាហាន​នាំ​គ្នា​កាន់​ខែល​ទាំង​នោះ រួច​ពួក​គេ​ប្រមូល​យក​ទៅ​ទុក ក្នុង​បន្ទប់​របស់​មេ​ក្រុម​វិញ។
២៩ រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​រ៉ូបោម និង​អ្វីៗ​ទាំង​អស់​ដែល​ស្ដេច​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ស្រុក​យូដា។
២០ ព្រះ‌បាទ​រ៉ូបោម និង​ព្រះ‌បាទ​យេរ៉ូ‌បោម តែង‌តែ​ធ្វើ​សង្គ្រាម​ជា​មួយ​គ្នា​ទៅ​វិញ​ទៅ​មក​ជា‌និច្ច។
២១ កាល​ព្រះ‌បាទ​រ៉ូបោម​សោយ​ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​រាជ‌វង្ស នៅ​បុរី​ព្រះ‌បាទ​ដាវីឌ។ មាតា​របស់​ស្តេច​មាន​នាម​ថា ណា‌ម៉ា ជា​ជន​ជាតិ​អាំម៉ូន។ ព្រះ‌បាទ​អប៊ីយ៉ាម ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។
១៥
ព្រះ‌បាទ​អប៊ីយ៉ាម​សោយ​រាជ្យ​នៅ​ស្រុក​យូដា
(២​របា‌ក្សត្រ ១៣.១-៣,២២-២៣)
 នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​បី​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត ព្រះ‌បាទ​អប៊ីយ៉ាម​ឡើង​សោយ‌រាជ្យ​នៅ​ស្រុក​យូដា។  ស្តេច​សោយ‌រាជ្យ​បាន​បី​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្តេច មាន​នាម​ថា​ម៉ាកា ជា​បុត្រី​របស់​សម្តេច​អប៊ី‌សា‌ឡុម​។  ព្រះ‌បាទ​អប៊ីយ៉ាម​ប្រព្រឹត្ត​អំពើ​បាប​គ្រប់​យ៉ាង ដូច​បិតា​ធ្លាប់​ប្រព្រឹត្ត​ដែរ។ ស្តេច​ពុំ​មាន​ព្រះ‌ហឫ‌ទ័យ​ស្រឡាញ់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្លួន ដូច​ព្រះ‌បាទ​ដាវីឌ​ជា​អយ្យ‌កោ​ឡើយ។  ដោយ​យល់​ដល់​ព្រះ‌បាទ​ដាវីឌ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ស្តេច បាន​ប្រោស​ប្រទាន​ឲ្យ​ស្តេច​មាន​បុត្រា​មួយ​អង្គ ដើម្បី​កុំ​ឲ្យ​រាជ‌វង្ស​នេះ​ផុត​រលត់ ហើយ​ឲ្យ​ក្រុង​យេរូ‌សាឡឹម​នៅ​ស្ថិត‌ស្ថេរ​ជា​ដរាប  ដ្បិត​ព្រះ‌បាទ​ដាវីឌ​បាន​ប្រព្រឹត្ត​អំពើ​ទៀង​ត្រង់ ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់ ហើយ​ពុំ​ងាក​ចេញ​ពី​សេចក្ដី​ដែល​ព្រះ‌អង្គ​បាន​បង្គាប់​ឲ្យ​ធ្វើ​ឡើយ លើក‌លែង​តែ​កំហុស ដែល​ស្តេច​បាន​ប្រព្រឹត្ត​ចំពោះ​លោក​អ៊ូរី ជា​ជន​ជាតិ​ហេត​មួយ​ប៉ុណ្ណោះ។
 ព្រះ‌បាទ​រ៉ូបោម និង​ព្រះ‌បាទ​យេរ៉ូ‌បោម តែង‌តែ​ធ្វើ​សង្គ្រាម​ជា​មួយ​គ្នា​ទៅ​វិញ​ទៅ​មក អស់​មួយ​រជ្ជ‌កាល​ព្រះ‌បាទ​រ៉ូបោម។
 រីឯ​រាជ​កិច្ច​ផ្សេងៗ​ទៀត​ដែល​ព្រះ‌បាទ​អប៊ីយ៉ាម​ប្រព្រឹត្ត សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ស្រុក​យូដា។ ព្រះ‌បាទ​អប៊ីយ៉ាម​ក៏​ធ្វើ​សង្គ្រាម​ជា​មួយ​ព្រះ‌បាទ​យេរ៉ូ‌បោម​ដែរ។  កាល​ព្រះ‌បាទ​អប៊ីយ៉ាម​សោយ​ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​រាជ‌វង្ស នៅ​បុរី​ព្រះ‌បាទ​ដាវីឌ។ ព្រះ‌បាទ​អសា ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។
ព្រះ‌បាទ​អសា​សោយ‌រាជ្យ​នៅ​ស្រុក​យូដា
(២​របា‌ក្សត្រ ១៤.១-២, ១៥.១៦-១៩, ១៦.១-៦, ១១-១៤)
នៅ​ឆ្នាំ​ទី​ម្ភៃ​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​ស្តេច​អ៊ីស្រា‌អែល ព្រះ‌បាទ​អសា​បាន​ឡើង​សោយ​រាជ្យ​នៅ​ស្រុក​យូដា។ ១០ ស្តេច​សោយ​រាជ្យ​បាន​សែ‌សិប​មួយ​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម មាតា របស់​ស្តេច​មាន​នាម​ថា​ម៉ាកា ជា​បុត្រី​របស់​សម្តេច​អប៊ី‌សា‌ឡុម។
១១ ព្រះ‌បាទ​អសា​ប្រព្រឹត្ត​អំពើ​ទៀង​ត្រង់ ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់ ដូច​ព្រះ‌បាទ​ដាវីឌ ជា​អយ្យ‌កោ​ដែរ។ ១២ ស្តេច​បាន​កម្ចាត់​ពួក​ប្រុសៗ ដែល​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ​សក្ការៈ ចេញ​ពី​ស្រុក ហើយ​លុប​បំបាត់​ព្រះ​ក្លែង‌ក្លាយ​ទាំង​ប៉ុន្មាន​ដែល​ពួក​អយ្យ‌កោ​បាន​កសាង​ផង។ ១៣ ស្តេច​បាន​ហូត​ងារ​មហា​ក្សត្រិ‌យានី​ពី​ព្រះ‌នាង​ម៉ាកា ជា​មាតា ព្រោះ​មាតា​បាន​កសាង​រូប​ដ៏​គម្រក់​មួយ​ជា​តំណាង​ព្រះ​អាសេរ៉ា។ ព្រះ‌បាទ​អសា​កម្ទេច​រូប​ដ៏​គម្រក់​នោះ រួច​យក​ទៅ​ដុត​ចោល​នៅ​ជ្រោះ​កេដ្រូន។ ១៤ ក៏​ប៉ុន្តែ ទោះ‌បី​ស្តេច​ស្រឡាញ់​ព្រះ‌អម្ចាស់​ដោយ​ស្មោះ​ក្តី ក៏​ព្រះ‌អង្គ​ពុំ​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​ដែរ។ ១៥ ស្តេច​បាន​នាំ​តង្វាយ ដែល​បិតា និង​ស្តេច​ផ្ទាល់ បាន​ញែក​ជា​របស់​សក្ការៈ គឺ​មាន​គ្រឿង​មាស ប្រាក់ និង​វត្ថុ​ផ្សេងៗ​ទៀត ទៅ​ទុក​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់
១៦ ព្រះ‌បាទ​អសា និង​ព្រះ‌បាទ​បាសា​ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល តែង‌តែ​ធ្វើ​សង្គ្រាម​នឹង​គ្នា​ទៅ​វិញ​ទៅ​មក អស់​មួយ​រជ្ជ‌កាល​ស្តេច​ទាំង​ពីរ។ ១៧ ព្រះ‌បាទ​បាសា ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល លើក​ទ័ព​មក​វាយ​ស្រុក​យូដា ហើយ​សង់​កំពែង​ជុំ‌វិញ​ក្រុង​រ៉ាម៉ា ដើម្បី​កុំ​ឲ្យ​ប្រជាជន​របស់​ព្រះ‌បាទ​អសា ជា​ស្តេច​ស្រុក​យូដា អាច​ចេញ​ចូល​បាន។ ១៨ ព្រះ‌បាទ​អសា​បាន​ប្រមូល​មាស​ប្រាក់​ទាំង​ប៉ុន្មាន ដែល​មាន​នៅ​ក្នុង​ឃ្លាំង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​ក្នុង​ឃ្លាំង​ព្រះ​រាជ‌វាំង ប្រគល់​ទៅ​ឲ្យ​ពួក​រាជ​បម្រើ ហើយ​ចាត់​ពួក​គេ​ឲ្យ​ទៅ​គាល់​ព្រះ‌បាទ​បេន-‌ហា‌ដាដ ជា​បុត្រ​របស់​ព្រះ‌បាទ​តាប‌រីម៉ូន ដែល​ត្រូវ​ជា​បុត្រ​របស់​ព្រះ‌បាទ​ហេស៊ី‌យ៉ូន ស្តេច​ស្រុក​ស៊ីរី ដែល​គង់​នៅ​ក្រុង​ដាម៉ាស ទូល​ថា៖ ១៩ «ទូល‌បង្គំ​សូម​ចង​សម្ពន្ធ‌មិត្ត​ជា​មួយ​ព្រះ‌ករុណា ដូច​បិតា​របស់​ទូល‌បង្គំ​បាន​ចង​ជា​មួយ​បិតា​របស់​ព្រះ‌ករុណា​ដែរ។ ទូល‌បង្គំ​សូម​ផ្ញើ​មាស និង​ប្រាក់​នេះ​មក​ថ្វាយ​ព្រះ‌ករុណា។ សូម​ព្រះ‌ករុណា​ផ្ដាច់​ចំណង​សម្ពន្ធ‌មិត្ត​ជា​មួយ​បាសា ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល​ទៅ ដើម្បី​កុំ​ឲ្យ​ស្តេច​នោះ​លើក​ទ័ព​មក​វាយ​ទូល‌បង្គំ»។ ២០ ព្រះ‌បាទ​បេន‌ហា‌ដាដ​យល់​ព្រម​តាម​សំណូម‌ពរ​របស់​ព្រះ‌បាទ​អសា ហើយ​ចាត់​មេ‌ទ័ព​ឲ្យ​ទៅ​វាយ​ក្រុង​នានា​របស់​ស្រុក​អ៊ីស្រា‌អែល។ ពួក​គេ​វាយ​យក​ក្រុង​អ៊ីយ៉ូន ក្រុង​ដាន់ ក្រុង​អេបិល-‌បេត-‌ម៉ាកា ព្រម​ទាំង​តំបន់​គីនេ‌រ៉ូត​ទាំង​មូល និង​ស្រុក​ណែប‌ថា‌លី​ទាំង​មូល។ ២១ កាល​ព្រះ‌បាទ​បាសា ជ្រាប​ពី​ដំណឹង​នេះ ព្រះ‌អង្គ​ក៏​ឈប់​សង់​កំពែង​ក្រុង​រ៉ាម៉ា ហើយ​យាង​មក​គង់​នៅ​ក្រុង​ទៀរសា​វិញ។ ២២ ពេល​នោះ ព្រះ‌បាទ​អសា​ប្រមូល​ជន​ជាតិ​យូដា​ទាំង​មូល ឥត​ខ្វះ​អ្នក​ណា​ម្នាក់​ឡើយ ដើម្បី​ជញ្ជូន​ថ្ម និង​ឈើ ដែល​ព្រះ‌បាទ​បាសា​ប្រើ​សម្រាប់​សង់​កំពែង​ក្រុង​រ៉ាម៉ា។ ព្រះ‌បាទ​អសា​យក​ថ្ម និង​ឈើ​ទាំង​នោះ​ទៅ​សង់​កំពែង​ក្រុង​កេបា ក្នុង​ទឹក​ដី​បេន‌យ៉ា‌មីន និង​ក្រុង​មីសប៉ា។
២៣ រាជ​កិច្ច​ទាំង​ប៉ុន្មាន​របស់​ព្រះ‌បាទ​អសា គឺ​វីរ‌ភាព​ដ៏​អង់‌អាច និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ស្តេច​បាន​ប្រព្រឹត្ត ព្រម​ទាំង​ការ​សង់​ទី‌ក្រុង​នានា សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ស្រុក​យូដា។ នៅ​គ្រា​ដែល​ស្តេច​មាន​ព្រះ‌ជន្ម​ចាស់​ជរា នោះ​ព្រះ‌អង្គ​កើត​រោគា​នៅ​ព្រះ‌បាទា។ ២៤ កាល​ព្រះ‌បាទ​អសា​សោយ​ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​រាជ‌វង្ស នៅ​បុរី​ព្រះ‌បាទ​ដាវីឌ ជា​អយ្យ‌កោ។ ព្រះ‌បាទ​យេហូ‌សា‌ផាត ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។
ព្រះ‌បាទ​ណា‌ដាប់​សោយ​រាជ្យ​នៅ​ស្រុក​អ៊ីស្រា‌អែល
២៥ នៅ​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​អសា ជា​ស្តេច​ស្រុក​យូដា ព្រះ‌បាទ​ណាដាប់ ជា​បុត្រ​ព្រះ‌បាទ​យេរ៉ូ‌បោម បាន​ឡើង​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល ព្រះ‌អង្គ​សោយ​រាជ្យ​បាន​ពីរ​ឆ្នាំ។ ២៦ ស្តេច​បាន​ធ្វើ​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់ និង​ដើរ​តាម​ផ្លូវ​របស់​បិតា គឺ​ព្រះ‌អង្គ​ប្រព្រឹត្ត​អំពើ​បាប ហើយ​នាំ​ប្រជាជន​អ៊ីស្រា‌អែល​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​ដែរ។
២៧ លោក​បាសា​ជា​កូន​របស់​លោក​អហ៊ីយ៉ា ក្នុង​កុល‌សម្ព័ន្ធ​អ៊ីសាកា បាន​ក្បត់​ព្រះ‌បាទ​ណាដាប់ ហើយ​ធ្វើ​គុត​ស្តេច​នៅ​គីបតូន ជា​ក្រុង​របស់​ពួក​ភីលី‌ស្ទីន ក្នុង​គ្រា​ដែល​ស្តេច និង​កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល​កំពុង​ឡោម‌ព័ទ្ធ​ក្រុង​នោះ។ ២៨ លោក​បាសា​ធ្វើ​គុត​ស្តេច នៅ​ឆ្នាំ​ទី​បី​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​អសា ជា​ស្តេច​ស្រុក​យូដា ហើយ​ឡើង​សោយ​រាជ្យ​ជំនួស។ ២៩ ពេល​ឡើង​គ្រង​រាជ្យ​ហើយ ព្រះ‌បាទ​បាសា​ប្រហារ​ជីវិត​រាជ‌វង្ស​របស់​ព្រះ‌បាទ​យេរ៉ូ‌បោម​ទាំង​អស់ គ្មាន​ទុក​ឲ្យ​សល់​អ្នក​ណា​ម្នាក់​ឡើយ គឺ​បំផ្លាញ​ឲ្យ​ផុត​ពូជ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ថ្លែង​តាម‌រយៈ​ព្យាការី​អហ៊ីយ៉ា នៅ​ស៊ីឡូ។ ៣០ ហេតុ‌ការណ៍​នេះ​កើត​មាន ព្រោះ​តែ​អំពើ​បាប​ដែល​ព្រះ‌បាទ​យេរ៉ូ‌បោម​ប្រព្រឹត្ត ហើយ​នាំ​ប្រជាជន​អ៊ីស្រា‌អែល​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​ដែរ ជា​ហេតុ​បណ្តាល​ឲ្យ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល​ព្រះ‌អង្គ​ព្រះ‌ពិរោធ។
៣១ រាជ​កិច្ច​ផ្សេងៗ​របស់​ព្រះ‌បាទ​ណាដាប់ និង​អ្វីៗ​ទាំង​អស់​ដែល​ព្រះ‌អង្គ​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ស្រុក​អ៊ីស្រា‌អែល។
៣២ ព្រះ‌បាទ​អសា និង​ព្រះ‌បាទ​បាសា ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល តែង‌តែ​ធ្វើ​សង្គ្រាម​ជា​មួយ​គ្នា​ទៅ​វិញ​ទៅ​មក អស់​មួយ​រជ្ជ‌កាល​ស្តេច​ទាំង​ពីរ។
ព្រះ‌បាទ​បាសា​សោយ​រាជ្យ​នៅ​ស្រុក​អ៊ីស្រា‌អែល
៣៣ នៅ​ឆ្នាំ​ទី​បី​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​អសា ជា​ស្តេច​ស្រុក​យូដា ព្រះ‌បាទ​បាសា ជា​កូន​របស់​លោក​អហ៊ីយ៉ា បាន​ឡើង​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល នៅ​ក្រុង​ទៀរសា អស់‌រយៈ​ពេល​ម្ភៃ​បួន​ឆ្នាំ។ ៣៤ ស្តេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់ និង​ដើរ​តាម​ផ្លូវ​របស់​ព្រះ‌បាទ​យេរ៉ូ‌បោម គឺ​ព្រះ‌អង្គ​ប្រព្រឹត្ត​អំពើ​បាប ហើយ​នាំ​ប្រជាជន​អ៊ីស្រា‌អែល​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​ដែរ។
១៦
ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ព្រះ‌បាទ​បាសា តាម‌រយៈ​ព្យាការី​យេហ៊ូ ជា​កូន​របស់​លោក​ហាណានី​ថា៖  «យើង​បាន​លើក​អ្នក​ពី​ធូលី​ដី ហើយ​តែង‌តាំង​អ្នក​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ដ្រ​របស់​យើង។ ប៉ុន្តែ អ្នក​ដើរ​តាម​ផ្លូវ​របស់​យេរ៉ូ‌បោម ហើយ​នាំ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ដ្រ​របស់​យើង ឲ្យ​ប្រព្រឹត្ត​អំពើ​បាប បណ្តាល​ឲ្យ​យើង​ខឹង។  ហេតុ​នេះ យើង​នឹង​លុប​បំបាត់​អ្នក ព្រម​ទាំង​ពូជ‌ពង្ស​ចោល។ យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក បាន​ដូច​ពូជ‌ពង្ស​របស់​យេរ៉ូ‌បោម ជា​កូន​របស់​នេបាត​ដែរ។  កូន​ចៅ​របស់​បាសា​ដែល​ស្លាប់​នៅ​ក្នុង​ទី‌ក្រុង នឹង​ត្រូវ​ឆ្កែ​ហែក​ស៊ី ហើយ​កូន​ចៅ​ដែល​ស្លាប់​នៅ​ទី​វាល នឹង​ត្រូវ​ត្មាត​ចឹក​ស៊ី»។
 រាជ​កិច្ច​ផ្សេងៗ​របស់​ព្រះ‌បាទ​បាសា គឺ​អ្វីៗ​ដែល​ព្រះ‌អង្គ​បាន​ប្រព្រឹត្ត និង​វីរ‌ភាព​ដ៏​អង់‌អាច​របស់​ស្តេច សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ស្រុក​អ៊ីស្រា‌អែល។  កាល​ព្រះ‌បាទ​បាសា​សោយ​ទិវង្គត គេ​យក​សព​ទៅ​បញ្ចុះ​នៅ​ក្រុង​ទៀរសា។ ព្រះ‌បាទ​អេឡា ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។  ព្រះ‌អម្ចាស់​ធ្លាប់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះ‌បាទ​បាសា ព្រម​ទាំង​រាជ‌វង្ស តាម‌រយៈ​ព្យាការី​យេហ៊ូ ជា​កូន​របស់​លោក​ហាណានី​ដែរ ព្រោះ​ស្តេច​ប្រព្រឹត្ត​អំពើ​អាក្រក់​គ្រប់​យ៉ាង​មិន​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់ ដែល​បណ្តាល​ឲ្យ​ព្រះ‌អង្គ​ព្រះ‌អង្គ​ព្រះ‌ពិរោធ។ ព្រះ‌បាទ​បាសា​បាន​ប្រព្រឹត្ត​អំពើ​បាប ដូច​រាជ‌វង្ស​របស់​ព្រះ‌បាទ​យេរ៉ូ‌បោម​ដែរ។ មួយ​វិញ​ទៀត ស្តេច​បាន​សម្លាប់​រង្គាល​រាជ‌វង្ស​របស់​ព្រះ‌បាទ​យេរ៉ូ‌បោម។
ព្រះ‌បាទ​អេឡា​សោយ​រាជ្យ​នៅ​ស្រុក​អ៊ីស្រា‌អែល
 នៅ​ឆ្នាំ​ទី​ម្ភៃ​ប្រាំ​មួយ​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​អសា ជា​ស្តេច​ស្រុក​យូដា ព្រះ‌បាទ​អេឡា ជា​បុត្រ​របស់​ព្រះ‌បាទ​បាសា បាន​ឡើង​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល នៅ​ក្រុង​ទៀរសា អស់‌រយៈ​ពេល​ពីរ​ឆ្នាំ។  មាន​រាជ​បម្រើ​មួយ​រូប​របស់​ស្តេច​ឈ្មោះ​លោក​ស៊ីមរី ជា​មេ​បញ្ជា​ការ​កង​រទេះ​ចម្បាំង​ចំនួន​ពាក់​កណ្ដាល បាន​ក្បត់​ព្រះ‌បាទ​អេឡា។ នៅ​គ្រា​នោះ ព្រះ‌រាជា​ស្នាក់​នៅ​ក្រុង​ទៀរសា កំពុង​សោយ​សុរា​ស្រវឹង នៅ​ក្នុង​ផ្ទះ​របស់​លោក​អាក់សា ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​វាំង។ ១០ លោក​ស៊ីមរី​ចូល​មក ហើយ​ធ្វើ​គុត​ស្តេច នៅ​ក្នុង​ឆ្នាំ​ទី​ម្ភៃ​ប្រាំ​ពីរ​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​អសា ជា​ស្តេច​ស្រុក​យូដា រួច​ឡើង​សោយ​រាជ្យ​ជំនួស​ព្រះ‌បាទ​អេឡា។ ១១ កាល​បាន​ឡើង​សោយ​រាជ្យ​ហើយ ព្រះ‌បាទ​ស៊ីមរី​ប្រហារ​ជីវិត​រាជ‌វង្ស​របស់​ព្រះ‌បាទ​បាសា​ទាំង​មូល ឥត​ទុក​ប្រុសៗ​ណា​ម្នាក់​ឲ្យ​នៅ​រស់​ឡើយ ទោះ‌បី​ក្នុង​ចំណោម​ញាតិ​វង្ស ឬ​ក្នុង​ចំណោម​អ្នក​ជំនិត​ក្តី។ ១២ ព្រះ‌បាទ​ស៊ីមរី​សម្លាប់​រង្គាល​រាជ‌វង្ស​របស់​ព្រះ‌បាទ​បាសា​ទាំង​មូល ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បាន​ថ្លែង​តាម‌រយៈ​ព្យាការី​យេហ៊ូ ទាស់​នឹង​ព្រះ‌បាទ​បាសា។ ១៣ ហេតុ‌ការណ៍​នេះ​កើត​មាន ព្រោះ​តែ​អំពើ​បាប​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌បាទ​បាសា និង​ព្រះ‌បាទ​អេឡា ជា​បុត្រ បាន​ប្រព្រឹត្ត ព្រម​ទាំង​នាំ​ប្រជាជន​អ៊ីស្រា‌អែល​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​ដែរ បណ្តាល​ឲ្យ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល ព្រះ‌អង្គ​ព្រះ‌ពិរោធ ដោយ‌សារ​ពួក​គេ​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ។
១៤ រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​អេឡា និង​អ្វីៗ​ទាំង​អស់​ដែល​ព្រះ‌អង្គ​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ស្រុក​អ៊ីស្រា‌អែល។
ព្រះ‌បាទ​ស៊ីមរី​សោយ​រាជ្យ​នៅ​ស្រុក​អ៊ីស្រា‌អែល
១៥ នៅ​ឆ្នាំ​ទី​ម្ភៃ​ប្រាំ​ពីរ​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​អសា ជា​ស្តេច​ស្រុក​យូដា ព្រះ‌បាទ​ស៊ីមរី​ឡើង​សោយ​រាជ្យ​នៅ​ក្រុង​ទៀរសា បាន​ប្រាំ​ពីរ​ថ្ងៃ។ ពេល​នោះ ពល‌ទាហាន​អ៊ីស្រា‌អែល​កំពុង​បោះ​ទ័ព នៅ​ជិត​ក្រុង​គីបតូន ដើម្បី​វាយ​យក​ក្រុង​នោះ​ពី​ពួក​ភីលី‌ស្ទីន។ ១៦ កាល​ពល‌ទាហាន​បាន​ដឹង​ថា ព្រះ‌បាទ​ស៊ីមរី​ក្បត់​ព្រះ‌បាទ​អេឡា ព្រម​ទាំង​ធ្វើ​គុត​ស្តេច​ទៀត​ផង​នោះ ពួក​គេ​ក៏​តែង‌តាំង​លោក​មេ‌ទ័ព​អូមរី ជា​ស្តេច​លើ​អ៊ីស្រា‌អែល។ ១៧ ព្រះ‌បាទ​អូមរី និង​កង‌ទ័ព​អ៊ីស្រា‌អែល​ដែល​នៅ​ជា​មួយ ក៏​ចេញ​ពី​ក្រុង​គីបតូន​មក ឡោម‌ព័ទ្ធ​ក្រុង​ទៀរសា។ ១៨ កាល​ព្រះ‌បាទ​ស៊ីមរី​ឃើញ​ថា គេ​ដណ្ដើម​យក​ទី‌ក្រុង​បាន​ហើយ ស្តេច​ក៏​យាង​ចូល​ក្នុង​ប៉ម​មួយ​នៅ​ក្នុង​វាំង រួច​យក​ភ្លើង​ដុត​ប៉ម ហើយ​សុគត​ក្នុង​ប៉ម​នោះ​ទៅ។ ១៩ ស្តេច​សុគត​ដូច្នេះ ព្រោះ​តែ​អំពើ​បាប និង​អំពើ​អាក្រក់​ដែល​ព្រះ‌អង្គ​បាន​ប្រព្រឹត្ត មិន​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់ គឺ​ព្រះ‌អង្គ​ដើរ​តាម​ផ្លូវ​របស់​ព្រះ‌បាទ​យេរ៉ូ‌បោម ដោយ​ប្រព្រឹត្ត​អំពើ​បាប ហើយ​នាំ​ប្រជាជន​អ៊ីស្រា‌អែល​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​ដែរ។
២០ រាជ​កិច្ច​ផ្សេងៗ និង​អំពើ​ក្បត់​របស់​ព្រះ‌បាទ​ស៊ីមរី សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ស្រុក​អ៊ីស្រា‌អែល។
២១ គ្រា​នោះ ប្រជាជន​អ៊ីស្រា‌អែល​បាន​បាក់‌បែក​គ្នា​ជា​ពីរ​ក្រុម ក្រុម​មួយ​ចង់​លើក​លោក​ទីបនី ជា​កូន​របស់​លោក​គីណាត ឡើង​ជា​ស្តេច ក្រុម​មួយ​ទៀត​ចង់​លើក​លោក​មេ‌ទ័ព​អូមរី​វិញ។ ២២ ក្រុម​ដែល​គាំ‌ទ្រ​លោក​មេ‌ទ័ព​អូមរី​មាន​ប្រៀប​ជាង​ក្រុម​ដែល​គាំ‌ទ្រ​លោក​ទីបនី ជា​កូន​របស់​លោក​គីណាត លោក​ទីបនី​ក៏​ស្លាប់ ហើយ​លោក​មេ‌ទ័ព​អូមរី​ឡើង​សោយ​រាជ្យ។
ព្រះ‌បាទ​អូមរី​សោយ​រាជ្យ​នៅ​ស្រុក​អ៊ីស្រា‌អែល
២៣ នៅ​ឆ្នាំ​ទី​សាម‌សិប​មួយ​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​អសា ស្តេច​ស្រុក​យូដា ព្រះ‌បាទ​អូមរី​ឡើង​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​អស់‌រយៈ​ពេល​ដប់‌ពីរ​ឆ្នាំ គឺ​ព្រះ‌អង្គ​សោយ​រាជ្យ​បាន​ប្រាំ​មួយ​ឆ្នាំ​នៅ​ក្រុង​ទៀរសា ២៤ រួច​ស្តេច​ទិញ​ភ្នំ​សាម៉ារី​ពី​លោក​ស៊ីមែរ តម្លៃ​ប្រាក់​មួយ​ពាន់​ប្រាំ​បី‌រយ​តម្លឹង។ ស្តេច​សង់​ក្រុង​មួយ​នៅ​លើ​ភ្នំ​នោះ ហើយ​ដាក់​ឈ្មោះ​ថា ក្រុង​សាម៉ារី តាម​ឈ្មោះ​របស់​លោក​ស៊ីមែរ ជា​ម្ចាស់​ភ្នំ​នេះ។
២៥ ព្រះ‌បាទ​អូមរី​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់ គឺ​អាក្រក់​លើស​ពី​ស្តេច​មុនៗ​ទៅ​ទៀត។ ២៦ ស្តេច​ដើរ​តាម​ផ្លូវ​របស់​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត ឥត​ចន្លោះ​ត្រង់​ណា​ឡើយ គឺ​ស្តេច​នាំ​ប្រជាជន​អ៊ីស្រា‌អែល​ប្រព្រឹត្ត​អំពើ​បាប បណ្តាល​ឲ្យ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ៊ីស្រា‌អែល ព្រះ‌អង្គ​ព្រះ‌ពិរោធ ដោយ​ពួក​គេ​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ​ដ៏​ឥត​បាន​ការ។
២៧ រាជ​កិច្ច​ផ្សេងៗ​របស់​ព្រះ‌បាទ​អូមរី គឺ​អ្វីៗ​ដែល​ស្តេច​បាន​ប្រព្រឹត្ត និង​វីរ‌ភាព​ដ៏​អង់‌អាច​របស់​ស្តេច សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ស្រុក​អ៊ីស្រា‌អែល។ ២៨ កាល​ព្រះ‌បាទ​អូមរី​សោយ​ទិវង្គត​ទៅ គេ​យក​សព​ទៅ​បញ្ចុះ​នៅ​ក្រុង​សាម៉ារី។ ព្រះ‌បាទ​អខាប់ ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។
ព្រះ‌បាទ​អខាប់​សោយ​រាជ្យ​នៅ​ស្រុក​អ៊ីស្រា‌អែល
២៩ នៅ​ឆ្នាំ​ទី​សាម‌សិប​ប្រាំ​បី​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​អសា ជា​ស្តេច​ស្រុក​យូដា ព្រះ‌បាទ​អខាប់ ជា​បុត្រ​របស់​ព្រះ‌បាទ​អូមរី ឡើង​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល នៅ​ក្រុង​សាម៉ារី អស់‌រយៈ​ពេល​ម្ភៃ​ពីរ​ឆ្នាំ។ ៣០ ព្រះ‌បាទ​អខាប់ ជា​បុត្រ​របស់​ព្រះ‌បាទ​អូមរី បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់ លើស​ស្តេច​មុនៗ​ទៅ​ទៀត។ ៣១ ស្តេច​មិន​គ្រាន់​តែ​ប្រព្រឹត្ត​អំពើ​បាប ដូច​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត​ប៉ុណ្ណោះ​ទេ គឺ​ព្រះ‌អង្គ​បាន​រៀប​អភិ‌សេក​ជា​មួយ​ព្រះ‌នាង​យេសា‌បិល ជា​បុត្រី​របស់​ព្រះ‌បាទ​អេត‌បាល ជា​ស្តេច​ស្រុក​ស៊ីដូន ហើយ​បែរ​ទៅ​គោរព​បម្រើ និង​ក្រាប​ថ្វាយ‌បង្គំ​ព្រះ​បាល​ថែម​ទៀត​ផង។ ៣២ ស្តេច​សង់​អាសនៈ​មួយ​ថ្វាយ​ព្រះ​បាល ក្នុង​វិហារ​របស់​ព្រះ​បាល​ដែល​ស្តេច​បាន​សង់​នៅ​ក្រុង​សាម៉ារី។ ៣៣ ព្រះ‌បាទ​អខាប់​ក៏​បាន​សង់​បង្គោល​ព្រះ​អាសេរ៉ា ហើយ​ប្រព្រឹត្ត​អំពើ​អាក្រក់​លើស​ពី​ស្តេច​អ៊ីស្រា‌អែល​មុនៗ បណ្តាល​ឲ្យ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល ព្រះ‌អង្គ​ព្រះ‌ពិរោធ។
៣៤ នៅ​ជំនាន់​នោះ លោក​ហ៊ីអែល​ជា​អ្នក​ស្រុក​បេត‌អែល សង់​កំពែង​ក្រុង​យេរីខូ​ឡើង​វិញ។ កាល​គាត់​ចាក់​គ្រឹះ នោះ​អប៊ី‌រ៉ាម​ជា​កូន​ប្រុស​ច្បង​ក៏​ស្លាប់ ហើយ​កាល​គាត់​ដាក់​ទ្វារ​ក្រុង​ឡើង នោះ​សេគូប​ជា​កូន​ប្រុស​ពៅ​ក៏​ស្លាប់​ដែរ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បាន​ថ្លែង តាម‌រយៈ​លោក​យ៉ូស៊ូអា​ជា​កូន​របស់​លោក​នូន។
១៧
ព្យាការី​អេលី​ប្រកាស​ការ​រាំង​ស្ងួត
 លោក​អេលី​ជា​អ្នក​ភូមិ​ទីសបេ ក្នុង​ស្រុក​កាឡាដ ទូល​ព្រះ‌បាទ​អខាប់​ថា៖ «ទូល‌បង្គំ​សូម​ទូល​ព្រះ‌ករុណា ក្នុង​នាម​ព្រះ‌អម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល ដែល​ទូល‌បង្គំ​គោរព​បម្រើ​ថា: ប៉ុន្មាន​ឆ្នាំ​ត​ទៅ​មុខ​ទៀត នឹង​គ្មាន​សន្សើម គ្មាន​ភ្លៀង​ទេ លើក‌លែង​តែ​ទូល‌បង្គំ​ទូល​សូម»។
លោក​អេលី​នៅ​មាត់​ជ្រោះ​កេរីត
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អេលី​ថា៖  «ចូរ​ចាក‌ចេញ​ពី​ទី​នេះ ធ្វើ​ដំណើរ​ទៅ​ទិស​ខាង​កើត ហើយ​ពួន​សំងំ​នៅ​ក្បែរ​ជ្រោះ​កេរីត ដែល​ស្ថិត​នៅ​ខាង​កើត​ទន្លេ​យ័រដាន់។  អ្នក​អាច​ផឹក​ទឹក​ជ្រោះ ហើយ​យើង​នឹង​ប្រើ​ក្អែក​ពាំ​អាហារ​យក​ទៅ​ឲ្យ​អ្នក​នៅ​ទី​នោះ»។  លោក​ក៏​ចាក‌ចេញ​ទៅ ហើយ​ធ្វើ​តាម​ព្រះ‌បន្ទូល​ព្រះ‌អម្ចាស់ គឺ​លោក​ទៅ​ស្នាក់​អាស្រ័យ​ក្បែរ​ស្ទឹង​កេរីត ដែល​ស្ថិត​នៅ​ខាង​កើត​ទន្លេ​យ័រដាន់។  ក្អែក​តែង​ពាំ​នំបុ័ង និង​សាច់​យក​មក​ឲ្យ​លោក​ទាំង​ព្រឹក​ទាំង​ល្ងាច ហើយ​លោក​បរិភោគ​ទឹក​ជ្រោះ​នោះ។
លោក​អេលី​ស្នាក់​នៅ​ផ្ទះ​ស្ត្រី‌មេម៉ាយ​ម្នាក់​នៅ​ក្រុង​សារិបតា
 បន្តិច​ក្រោយ​មក ទឹក​ជ្រោះ​ក៏​រីង ព្រោះ​គ្មាន​ភ្លៀង​ធ្លាក់​នៅ​ស្រុក​នោះ​ទេ។  ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អេលី​ថា៖  «ចូរ​ក្រោក​ឡើង ធ្វើ​ដំណើរ​ទៅ​សារិបតា ជា​ក្រុង​របស់​ជន​ជាតិ​ស៊ីដូន ហើយ​ស្នាក់​អាស្រ័យ​នៅ​ទី​នោះ​ចុះ យើង​នឹង​បង្គាប់​ឲ្យ​ស្ត្រី‌មេម៉ាយ​ម្នាក់​ផ្គត់‌ផ្គង់​អ្នក»។ ១០ លោក​ក្រោក​ឡើង ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​សារិបតា។ លុះ​ដល់​មាត់​ទ្វារ​ក្រុង លោក​ឃើញ​ស្ត្រី​មេ‌ម៉ាយ​ម្នាក់​កំពុង​តែ​រើស​អុស។ លោក​ហៅ​ស្ត្រី​នោះ​មក ហើយ​និយាយ​ទៅ​កាន់​នាង​ថា៖ «សូម​ទៅ​យក​ទឹក​ឲ្យ​ខ្ញុំ​ទទួល​ទាន​បន្តិច!»។ ១១ នាង​ក៏​ទៅ​យក​ទឹក ប៉ុន្តែ លោក​ស្រែក​ប្រាប់​នាង​ទៀត​ថា៖ «សូម​យក​នំបុ័ង​ឲ្យ​ខ្ញុំ​មួយ​ដុំ​ផង!»។ ១២ នាង​តប​ថា៖ «នាង​ខ្ញុំ​សូម​ជម្រាប​លោក ក្នុង​នាម​ព្រះ‌អម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ ជា​ព្រះ​របស់​លោក​ថា នាង​ខ្ញុំ​គ្មាន​នំបុ័ង​ទេ នាង​ខ្ញុំ​នៅ​សល់​តែ​ម្សៅ​មួយ​ក្តាប់​ក្នុង​ខាប់ និង​ប្រេង​បន្តិច​នៅ​ក្នុង​ដប​ប៉ុណ្ណោះ។ នាង​ខ្ញុំ​កំពុង​តែ​រើស​អុស​ពីរ​អង្កត់​នេះ​យក​ទៅ​ដុត​នំបុ័ង សម្រាប់​នាង​ខ្ញុំ និង​កូន ទទួល​ទាន។ ពេល​ទទួល​ទាន​រួច​ហើយ យើង​ខ្ញុំ​ទាំង​ពីរ​នាក់​ម្ដាយ​កូន​នឹង​ស្លាប់​ទាំង​អស់​គ្នា»។ ១៣ លោក​អេលី​មាន​ប្រសាសន៍​ទៅ​កាន់​នាង​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ! សូម​ចូល​ទៅ​ធ្វើ​តាម​ពាក្យ​នាង​ចុះ! តែ​សូម​ដុត​នំបុ័ង​មួយ​ដុំ​តូច​យក​មក​ឲ្យ​ខ្ញុំ​ជា​មុន​សិន រួច​សឹម​ដុត​សម្រាប់​នាង និង​កូន​របស់​នាង ១៤ ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល​មាន​ព្រះ‌បន្ទូល​ថា ម្សៅ​ក្នុង​ខាប់​នឹង​មិន​ចេះ​អស់​ទេ ហើយ​ប្រេង​នៅ​ក្នុង​ដប​ក៏​មិន​ចេះ​អស់​ដែរ រហូត​ដល់​ថ្ងៃ​ព្រះ‌អម្ចាស់​បង្អុរ​ភ្លៀង​មក​លើ​ផែន‌ដី»។
១៥ នាង​ក៏​ចេញ​ទៅ​ធ្វើ​តាម​ពាក្យ​ដែល​លោក​អេលី​បាន​ប្រាប់។ ពួក​គេ​មាន​អាហារ​បរិភោគ​ជា​យូរ​ថ្ងៃ​ទាំង​នាង ទាំង​កូន​នាង និង​លោក​អេលី ១៦ គឺ​ម្សៅ​មិន​ចេះ​រលស់​ពី​ខាប់ ប្រេង​ក៏​មិន​ចេះ​រលស់​ពី​ដប ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បាន​ថ្លែង តាម‌រយៈ​លោក​អេលី។
ព្យាការី​អេលី​ប្រោស​កូន​របស់​ស្ត្រី‌មេម៉ាយ​ឲ្យ​រស់​ឡើង​វិញ
១៧ ក្រោយ​ហេតុ‌ការណ៍​នោះ​មក កូន​ប្រុស​របស់​ស្ត្រី​មេ‌ម៉ាយ ជា​ម្ចាស់​ផ្ទះ ធ្លាក់​ខ្លួន​ឈឺ ហើយ​ជំងឺ​កាន់​តែ​ធ្ងន់​ទៅៗ​រហូត​ដល់​ផុត​ដង្ហើម។ ១៨ ស្ត្រី​ជា​ម្ដាយ​ពោល​ទៅ​កាន់​លោក​អេលី​ថា៖ «អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​អើយ! តើ​នាង​ខ្ញុំ និង​លោក​មាន​រឿង​អ្វី​ជា​មួយ​គ្នា បាន​ជា​លោក​អញ្ជើញ​មក​ស្នាក់​នៅ​ផ្ទះ​នាង​ខ្ញុំ ដើម្បី​រំឭក​ពី​កំហុស​របស់​នាង​ខ្ញុំ ហើយ​ធ្វើ​ឲ្យ​កូន​នាង​ខ្ញុំ​ស្លាប់​ដូច្នេះ!»។ ១៩ លោក​ឆ្លើយ​ទៅ​នាង​វិញ​ថា៖ «សូម​ប្រគល់​កូន​នាង​មក​ឲ្យ​ខ្ញុំ»។ លោក​ទទួល​យក​កូន​នោះ​ពី​ដៃ​របស់​នាង ហើយ​បី​ឡើង​ទៅ​បន្ទប់​ខាង​លើ ជា​បន្ទប់​ដែល​លោក​ស្នាក់​នៅ រួច​ផ្តេក​វា​លើ​គ្រែ​របស់​លោក។ ២០ បន្ទាប់​មក លោក​ទូល‌អង្វរ​ព្រះ‌អម្ចាស់​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ទូល‌បង្គំ! ស្ត្រី‌មេម៉ាយ​នេះ​បាន​ទទួល​ទូល‌បង្គំ​ឲ្យ​ស្នាក់​នៅ​ផ្ទះ​របស់​នាង តើ​ព្រះ‌អង្គ​ពិត​ជា​ចង់​ឲ្យ​នាង​កើត​ទុក្ខ​ព្រួយ​ឬ បាន​ជា​បណ្តោយ​ឲ្យ​កូន​របស់​នាង​ស្លាប់​ដូច្នេះ?»។ ២១ លោក​ទ្រោប​លើ​ក្មេង​នោះ​បី​ដង ទាំង​អង្វរ​ព្រះ‌អម្ចាស់​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ទូល‌បង្គំ! សូម​ប្រោស​ប្រទាន​ឲ្យ​ក្មេង​នេះ​មាន​ដង្ហើម​ឡើង​វិញ​ផង!»។ ២២ ព្រះ‌អម្ចាស់​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​ពាក្យ​អង្វរ​របស់​លោក​អេលី។ ក្មេង​នោះ​ក៏​មាន​ដង្ហើម​ឡើង​វិញ ហើយ​ដឹង​ខ្លួន។ ២៣ លោក​អេលី​បី​ក្មេង​នោះ​ចុះ​ពី​បន្ទប់​ខាង​លើ មក​ប្រគល់​ឲ្យ​ម្ដាយ​វិញ ទាំង​ពោល​ថា៖ «មើល៍! កូន​របស់​នាង​មាន​ជីវិត​ហើយ»។ ២៤ ស្ត្រី​នោះ​ពោល​ទៅ​កាន់​លោក​អេលី​ថា៖ «ឥឡូវ​នេះ នាង​ខ្ញុំ​ដឹង​ថា លោក​ជា​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​មែន ហើយ​សេចក្ដី​ដែល​លោក​ថ្លែង ពិត​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់»។
១៨
ព្យាការី​អេលី​ជួប​ព្រះ‌បាទ​អខាប់
 ច្រើន​ថ្ងៃ​កន្លង​ផុត​ទៅ គឺ​នៅ​ឆ្នាំ​ទី​បី​នៃ​ការ​រាំង​ស្ងួត ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្យាការី​អេលី​ថា៖ «ចូរ​ទៅ​ជួប​ស្តេច​អខាប់​ចុះ! យើង​នឹង​បង្អុរ​ភ្លៀង​មក​លើ​ផែន‌ដី»។  លោក​អេលី​ក៏​ចូល​ទៅ​គាល់​ព្រះ‌បាទ​អខាប់។
ពេល​នោះ មាន​កើត​ទុរ្ភិក្ស​យ៉ាង​ខ្លាំង​នៅ​ក្រុង​សាម៉ារី។  ព្រះ‌បាទ​អខាប់​បាន​ឲ្យ​គេ​ទៅ​អញ្ជើញ​លោក​អូបាឌី ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​វាំង​មក -លោក​អូបាឌី​ជា​មនុស្ស​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​ណាស់។  នៅ​គ្រា​ដែល​ម្ចាស់​ក្សត្រិយ៍​យេសា‌បិល​សម្លាប់​ពួក​ព្យាការី*​របស់​ព្រះ‌អម្ចាស់ លោក​អូបាឌី​នាំ​ព្យាការី​មួយ‌រយ​នាក់​ទៅ​ពួន​នៅ​ក្នុង​រអាង​ភ្នំ គាត់​ចែក​ពួក​គេ​ជា​ពីរ​ក្រុម ក្នុង​មួយ​ក្រុម​មាន​ហា‌សិប​នាក់ ហើយ​គាត់​បាន​ផ្គត់‌ផ្គង់​ស្បៀង​អាហារ និង​ទឹក​ផង។  ព្រះ‌បាទ​អខាប់​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​អូបាឌី​ថា៖ «សូម​លោក​ធ្វើ​ដំណើរ​ទៅ​មើល​តាម​ប្រភព​ទឹក និង​តាម​ស្ទឹង​ទាំង​អស់​នៅ​ក្នុង​ស្រុក ក្រែង‌លោ​យើង​រក​បាន​ស្មៅ​សម្រាប់​សេះ និង​លា ដើម្បី​ឲ្យ​វា​នៅ​រស់ ហើយ​ចៀស​វាង​សម្លាប់​សត្វ​ទាំង​នេះ»។  ដូច្នេះ ពួក​គេ​ក៏​ចែក​តំបន់​គ្នា ព្រះ‌បាទ​អខាប់​ធ្វើ​ដំណើរ​តាម​ផ្លូវ​មួយ រីឯ​លោក​អូបាឌី​ធ្វើ​ដំណើរ​តាម​ផ្លូវ​មួយ​ទៀត។
ក្នុង​ពេល​លោក​អូបាឌី​ធ្វើ​ដំណើរ លោក​អេលី​បាន​ជួប​នឹង​គាត់។ លោក​អូបាឌី​មើល​លោក​អេលី​ស្គាល់ គាត់​ក៏​ក្រាប​ចុះ ឱន​មុខ​ដល់​ដី ហើយ​ពោល​ថា៖ «លោក​ម្ចាស់​ពិត​ជា​លោក​អេលី​ឬ?»  លោក​អេលី​ឆ្លើយ​ថា៖ «គឺ​ខ្ញុំ​នេះ​ហើយ! សូម​ទៅ​ទូល​ព្រះ‌រាជា​ថា អេលី​មក​ដល់​ហើយ!»។  លោក​អូបាឌី​ពោល​ថា៖ «តើ​ខ្ញុំ​ប្របាទ​ប្រព្រឹត្ត​អ្វី​ខុស បាន​ជា​លោក​ប្រគល់​ខ្ញុំ​ប្របាទ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌បាទ​អខាប់ ដើម្បី​ឲ្យ​ស្តេច​សម្លាប់​ខ្ញុំ​ប្របាទ​ដូច្នេះ? ១០ ខ្ញុំ​ប្របាទ​សូម​ជម្រាប​លោក ក្នុង​នាម​ព្រះ‌អម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ ជា​ព្រះ​របស់​លោក​ថា: ព្រះ‌រាជា​ចាត់​គេ​ឲ្យ​ទៅ​តាម​រក​លោក នៅ​គ្រប់​ប្រជា‌ជាតិ និង​គ្រប់​នគរ។ កាល​មាន​គេ​ឆ្លើយ​ថា លោក​មិន​នៅ​ទី​នោះ​ទេ ស្តេច​តែង‌តែ​ឲ្យ​នគរ ឬ​ប្រជា‌ជាតិ​នោះ​ស្បថ​ថា គេ​មិន​បាន​ឃើញ​លោក​មែន។ ១១ ឥឡូវ​នេះ លោក​ប្រើ​ខ្ញុំ​ប្របាទ​ឲ្យ​ទៅ​ទូល​ព្រះ‌រាជា​ថា លោក​អញ្ជើញ​មក​ហើយ! ១២ ប៉ុន្តែ ក្នុង​ពេល​ខ្ញុំ​ប្របាទ​ចេញ​ទៅ​នោះ ប្រសិន​បើ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់​មក​លើក​លោក​យក​ទៅ​កន្លែង​មួយ ដែល​ខ្ញុំ​ប្របាទ​មិន​ដឹង ហើយ​បើ​ព្រះ‌បាទ​អខាប់​រក​លោក​ពុំ​ឃើញ ដូច​ខ្ញុំ​ប្របាទ​រាយ‌ការណ៍​ថ្វាយ​ទេ នោះ​ស្តេច​មុខ​ជា​សម្លាប់​ខ្ញុំ​ប្របាទ​ពុំ‌ខាន ថ្វី‌ដ្បិត​តែ​ខ្ញុំ​ប្របាទ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ តាំង​ពី​ក្មេង​មក​ក៏​ដោយ។ ១៣ គ្មាន​នរណា​ជម្រាប​លោក​ម្ចាស់​ពី​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​ប្របាទ​បាន​ធ្វើ​ទេ​ឬ? ពេល​ម្ចាស់​ក្សត្រិយ៍​យេសា‌បិល​សម្លាប់​ពួក​ព្យាការី​របស់​ព្រះ‌អម្ចាស់ ខ្ញុំ​ប្របាទ​បាន​នាំ​ព្យាការី​មួយ‌រយ​នាក់​ទៅ​ពួន​ក្នុង​រអាង​ភ្នំ។ ពួក​គេ​មាន​ពីរ​ក្រុម ក្នុង​មួយ​ក្រុម​មាន​ហា‌សិប​នាក់ ហើយ​ខ្ញុំ​ប្របាទ​បាន​ផ្គត់‌ផ្គង់​ស្បៀង​អាហារ និង​ទឹក​ដល់​ពួក​គេ​ផង។ ១៤ ឥឡូវ​នេះ បើ​លោក​ប្រើ​ខ្ញុំ​ប្របាទ​ឲ្យ​ទៅ​ទូល​ព្រះ‌រាជា​ថា លោក​អញ្ជើញ​មក​ហើយ នោះ​ស្តេច​មុខ​ជា​សម្លាប់​ខ្ញុំ​ប្របាទ​ពុំ‌ខាន!»។ ១៥ លោក​អេលី​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​សូម​ជម្រាប​លោក ក្នុង​នាម​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ និង​ជា​ព្រះ​ដែល​ខ្ញុំ​គោរព​បម្រើ​ថា ថ្ងៃ​នេះ ខ្ញុំ​នឹង​ជួប​ព្រះ‌បាទ​អខាប់»។
១៦ លោក​អូបាឌី​ចូល​ទៅ​គាល់​ព្រះ‌បាទ​អខាប់ ហើយ​រាយ‌ការណ៍​ថ្វាយ​ស្តេច។ ព្រះ‌បាទ​អខាប់​ក៏​យាង​ទៅ​ជួប​លោក​អេលី។ ១៧ កាល​ស្តេច​ឃើញ​លោក​អេលី​ហើយ ព្រះ‌អង្គ​ក៏​មាន​រាជ‌ឱង្ការ​ថា៖ «គឺ​លោក​ហ្នឹង​ហើយ​ដែល​នាំ​ឲ្យ​អ៊ីស្រា‌អែល​រង​គ្រោះ!»។ ១៨ លោក​អេលី​តប​ថា៖ «ទូល‌បង្គំ​មិន​បាន​នាំ​ឲ្យ​អ៊ីស្រា‌អែល​រង​គ្រោះ​ឡើយ គឺ​ព្រះ‌ករុណា និង​រាជ‌វង្ស​វិញ​ទេ​តើ ដែល​បង្ក​ឲ្យ​មាន​គ្រោះ​កាច​នេះ ព្រោះ​ព្រះ‌ករុណា​បោះ‌បង់​ចោល​វិន័យ​របស់​ព្រះ‌អម្ចាស់​ទៅ​គោរព​បម្រើ​ព្រះ​បាល។ ១៩ ឥឡូវ​នេះ សូម​ប្រមូល​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​មូល ឲ្យ​មក​ជួប​ទូល‌បង្គំ​នៅ​លើ​ភ្នំ​ការម៉ែល ហើយ​ឲ្យ​ព្យាការី​របស់​ព្រះ​បាល​ទាំង​បួន‌រយ​ហា‌សិប​នាក់ និង​ព្យាការី​របស់​ព្រះ‌អាសេរ៉ា​ទាំង​បួន‌រយ​នាក់ ដែល​បរិភោគ​រួម​តុ​នឹង​ម្ចាស់​ក្សត្រិយ៍​យេសា‌បិល មក​ជា​មួយ​ដែរ»។
ព្យាការី​អេលី និង​ពួក​ព្យាការី​របស់​ព្រះ​បាល ប្រជែង​គ្នា​នៅ​លើ​ភ្នំ​ការម៉ែល
២០ ព្រះ‌បាទ​អខាប់​បាន​ចាត់​គេ​ឲ្យ​កោះ​ហៅ​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​មូល ព្រម​ទាំង​ប្រមូល​ពួក​ព្យាការី​របស់​ព្រះ​បាល ឲ្យ​មក​ជួប‌ជុំ​គ្នា​នៅ​លើ​ភ្នំ​ការម៉ែល។ ២១ លោក​អេលី​ចូល​ទៅ​ជិត​ប្រជាជន​ទាំង​មូល រួច​មាន​ប្រសាសន៍​ថា៖ «តើ​អ្នក​រាល់​គ្នា​នៅ​ស្ទាក់​ស្ទើរ​ដល់​កាល​ណា​ទៀត? ប្រសិន​បើ​ព្រះ‌អម្ចាស់​ជា​ព្រះ​ពិត​ប្រាកដ​មែន ចូរ​គោរព​បម្រើ​ព្រះ‌អង្គ​ចុះ ហើយ​ប្រសិន​បើ​ព្រះ​បាល​ជា​ព្រះ​វិញ ចូរ​គោរព​ព្រះ​បាល​ទៅ!»។ ពេល​នោះ ប្រជាជន​ពុំ​បាន​ឆ្លើយ​តប​អ្វី​ឡើយ។ ២២ លោក​អេលី​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​ទៀត​ថា៖ «ក្នុង​ចំណោម​ព្យាការី​របស់​ព្រះ‌អម្ចាស់ នៅ​សល់​តែ​ខ្ញុំ​ម្នាក់​គត់ រីឯ​ព្យាការី​របស់​ព្រះ​បាល​វិញ មាន​ដល់​ទៅ​បួន‌រយ​ហា‌សិប​នាក់។ ២៣ ចូរ​យក​គោ​បា​ពីរ​ក្បាល​មក ហើយ​សូម​អស់​លោក​ព្យាការី​ជ្រើស‌រើស​យក​គោ​មួយ​ក្បាល រួច​កាប់​ជា​ដុំៗ ដាក់​លើ​គំនរ​អុស តែ​មិន​បង្កាត់​ភ្លើង​ទេ។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​រៀប‌ចំ​គោ​មួយ​ក្បាល​ទៀត ដាក់​លើ​គំនរ​អុស តែ​មិន​បង្កាត់​ភ្លើង​ទេ។ ២៤ បន្ទាប់​មក ចូរ​អង្វរ​រក​ព្រះ‌នាម​នៃ​ព្រះ​របស់​អ្នក​រាល់​គ្នា រីឯ​ខ្ញុំ​វិញ ខ្ញុំ​អង្វរ​រក​ព្រះ‌នាម​ព្រះ‌អម្ចាស់​ដែរ។ ព្រះ​ណា​ឆ្លើយ​តប ដោយ​ធ្វើ​ឲ្យ​មាន​ភ្លើង​ឆេះ គឺ​ព្រះ​នោះ​ហើយ​ដែល​ជា​ព្រះ​ដ៏​ពិត​ប្រាកដ»។ ប្រជាជន​ទាំង​មូល​ឆ្លើយ​ថា៖ «យល់​ព្រម»។
២៥ លោក​អេលី​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​ព្យាការី​របស់​ព្រះ​បាល​ថា៖ «ចូរ​ជ្រើស‌រើស​យក​គោ​បា​មួយ​ក្បាល​សម្រាប់​អស់​លោក ហើយ​ចាប់​ផ្តើម​មុន​ចុះ ដ្បិត​អស់​លោក​មាន​គ្នា​ច្រើន។ ចូរ​អង្វរ​រក​ព្រះ‌នាម​នៃ​ព្រះ​របស់​អស់​លោក ប៉ុន្តែ កុំ​បង្កាត់​ភ្លើង​ឡើយ»។ ២៦ ពួក​គេ​យក​គោ​បា​មួយ​ក្បាល​មក​រៀប‌ចំ រួច​ចាប់​ផ្តើម​អង្វរ​រក​ព្រះ‌នាម​របស់​ព្រះ​បាល តាំង​ពី​ព្រលឹម​រហូត​ដល់​ថ្ងៃ​ត្រង់ ដោយ​ពោល​ថា៖ «ឱ​ព្រះ​បាល​អើយ សូម​មេត្តា​ឆ្លើយ​តប​មក​យើង​ខ្ញុំ​ផង!»។ ប៉ុន្តែ គ្មាន​ឮ​សូរ​សំឡេង ឬ​ចម្លើយ​អ្វី​សោះ។ ពួក​គេ​រាំ​ជុំ‌វិញ​អាសនៈ​ដែល​ពួក​គេ​បាន​សង់។ ២៧ លុះ​ដល់​ថ្ងៃ​ត្រង់ លោក​អេលី​ក៏​ចំអក​ទៅ​ពួក​គេ​ថា៖ «ចូរ​ខំ​ប្រឹង​ស្រែក​ឲ្យ​ខ្លាំង​ឡើង ដ្បិត​ព្រះ​បាល​ជា​ព្រះ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​កំពុង​ជាប់​រវល់ ឬ​មាន​កិច្ច‌ការ​អ្វី​ហើយ ឬ​កំពុង​តែ​ធ្វើ​ដំណើរ ឬ​ប្រហែល​ជា​ផ្ទំ​លក់។ ដូច្នេះ ត្រូវ​ដាស់​ព្រះ‌អង្គ​ឲ្យ​តើន​ឡើង!»។ ២៨ ពួក​គេ​ស្រែក​អង្វរ​កាន់​តែ​ខ្លាំង​ឡើងៗ ហើយ​យក​ចុង​ដាវ និង​ចុង​លំពែង​ឆូត​លើ​សាច់​តាម​ទម្លាប់​របស់​គេ ទាល់​តែ​ឈាម​ហូរ​ពេញ​ខ្លួន។ ២៩ លុះ​ដល់​ថ្ងៃ​ជ្រេ​បន្តិច ពួក​គេ​នាំ​គ្នា​ទាយ​រហូត​ដល់​ពេល​ថ្វាយ​សក្ការៈ‌បូជា​វេលា​ល្ងាច។ ប៉ុន្តែ គ្មាន​ឮ​សំឡេង គ្មាន​ចម្លើយ ឬ​ទី​សម្គាល់​អ្វី​ឡើយ។
៣០ លោក​អេលី​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​ទាំង​មូល​ថា៖ «ចូរ​នាំ​គ្នា​ចូល​មក​ជិត​ខ្ញុំ!»។ ប្រជាជន​ទាំង​មូល​ក៏​ចូល​ទៅ​ជិត​លោក។ លោក​អេលី​សង់​អាសនៈ​របស់​ព្រះ‌អម្ចាស់ ដែល​គេ​រំលំ​ចោល​ឡើង​វិញ។ ៣១ លោក​យក​ថ្ម​ដប់‌ពីរ​ដុំ តាម​ចំនួន​កុល‌សម្ព័ន្ធ​កូន​ចៅ​របស់​លោក​យ៉ាកុប។ គឺ​លោក​យ៉ាកុប​នេះ​ហើយ​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា «អ្នក​នឹង​មាន​ឈ្មោះ​ថា​អ៊ីស្រា‌អែល»។ ៣២ លោក​អេលី​យក​ថ្ម​ទាំង​ដប់‌ពីរ​ដុំ សង់​អាសនៈ​មួយ​ថ្វាយ​ព្រះ‌នាម​ព្រះ‌អម្ចាស់ រួច​លោក​ក៏​ជីក​ចង្អូរ​ជុំ‌វិញ​អាសនៈ​នោះ ដែល​មាន​ចំណុះ​អាច​ដាក់​ទឹក​បាន​ពីរ​ប៉ោត។ ៣៣ លោក​រៀប​អុស​ដាក់​លើ​អាសនៈ រួច​កាប់​គោ​ជា​ដុំៗ ដាក់​ពី​លើ​អុស​នោះ។ ៣៤ លោក​មាន​ប្រសាសន៍​ថា៖ «ចូរ​ដង​ទឹក​បួន​ក្អម ចាក់​លើ​តង្វាយ​ដុត​ទាំង​មូល និង​លើ​អុស​នេះ»។ គេ​ក៏​ធ្វើ​តាម​បង្គាប់​របស់​លោក។ បន្ទាប់​មក លោក​មាន​ប្រសាសន៍​ថា៖ «ចូរ​ដង​ទឹក​មក​ចាក់​ម្ដង​ទៀត»។ គេ​ក៏​ធ្វើ​តាម​បង្គាប់​របស់​លោក។ រួច​ហើយ​លោក​មាន​ប្រសាសន៍​ជា​លើក​ទី​បី​ថា៖ «ចូរ​ដង​ទឹក​មក​ចាក់​ម្ដង​ទៀត»។ គេ​ធ្វើ​តាម​បង្គាប់​របស់​លោក​ជា​លើក​ទី​បី។ ៣៥ ទឹក​ហូរ​ជុំ‌វិញ​អាសនៈ ហើយ​ចង្អូរ​ក៏​មាន​ទឹក​ពេញ​ដែរ។
៣៦ លុះ​ដល់​ពេល​ថ្វាយ​សក្ការៈ‌បូជា​វេលា​ល្ងាច លោក​អេលី​ចូល​មក​ជិត​អាសនៈ ហើយ​ទូល​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​អ៊ីស្រា‌អែល នៅ​ថ្ងៃ​នេះ សូម​បង្ហាញ​ឲ្យ​ប្រជាជន​ដឹង​ថា ព្រះ‌អង្គ​ពិត​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល ហើយ​ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។ សូម​ឲ្យ​ពួក​គេ​ឃើញ​ថា ទូល‌បង្គំ​ធ្វើ​ការ​ទាំង​នេះ​តាម​បញ្ជា​របស់​ព្រះ‌អង្គ។ ៣៧ ព្រះ‌អម្ចាស់​អើយ សូម​មេត្តា​ឆ្លើយ​តប​មក​ទូល‌បង្គំ​ផង ដើម្បី​ឲ្យ​ប្រជាជន​នេះ​ទទួល​ស្គាល់​ថា ព្រះ‌អង្គ​ពិត​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​ពិត​ប្រាកដ មាន​តែ​ព្រះ‌អង្គ​ទេ ដែល​អាច​នាំ​ចិត្ត​ពួក​គេ​ឲ្យ​វិល​មក​រក​ព្រះ‌អង្គ​វិញ​បាន»។
៣៨ ខណៈ​នោះ ស្រាប់​តែ​ភ្លើង​របស់​ព្រះ‌អម្ចាស់​ធ្លាក់​ចុះ​មក ឆេះ​តង្វាយ​ដុត​ទាំង​មូល ព្រម​ទាំង​អុស ថ្ម ដី និង​ធ្វើ​ឲ្យ​ទឹក​នៅ​ក្នុង​ចង្អូរ​រីង​ស្ងួត​ផង។ ៣៩ កាល​ប្រជាជន​ទាំង​មូល​ឃើញ​ដូច្នេះ ក៏​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ ឱន​មុខ​ដល់​ដី ហើយ​ពោល​ថា៖ «គឺ​ព្រះ‌អម្ចាស់​ហើយ​ជា​ព្រះ​ដ៏​ពិត​ប្រាកដ!»។ ៤០ លោក​អេលី​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «ចូរ​នាំ​គ្នា​ចាប់​ព្យាការី​របស់​ព្រះ​បាល កុំ​ឲ្យ​នរណា​ម្នាក់​រត់​រួច​ឡើយ!»។ ប្រជាជន​ក៏​ចាប់​ព្យាការី​របស់​ព្រះ​បាល ហើយ​លោក​អេលី​បញ្ជា​ឲ្យ​នាំ​ពួក​គេ​ទៅ​កាន់​ជ្រោះ​គីសូន រួច​លោក​ក៏​អារ‌ក​ព្យាការី​ទាំង​អស់​នៅ​ទី​នោះ​ទៅ។
ភ្លៀង​បង្អុរ​ចុះ​មក​សា​ជា​ថ្មី
៤១ លោក​អេលី​ទូល​ព្រះ‌បាទ​អខាប់​ថា៖ «សូម​ព្រះ‌ករុណា​យាង​សោយ​ព្រះ‌ស្ងោយ ដ្បិត​ទូល‌បង្គំ ឮ​សូរ​សន្ធឹក​ភ្លៀង​ជិត​មក​ដល់​ហើយ»។ ៤២ ព្រះ‌បាទ​អខាប់​ក៏​យាង​ទៅ​សោយ​ព្រះ‌ស្ងោយ។ រីឯ​លោក​អេលី​វិញ លោក​ឡើង​ទៅ​លើ​កំពូល​ភ្នំ​ការម៉ែល ហើយ​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់​ដោយ​ឱន​ក្បាល​នៅ​ចន្លោះ​ជង្គង់​ទាំង​ពីរ។ ៤៣ លោក​ប្រាប់​អ្នក​បម្រើ​របស់​លោក​ថា៖ «ចូរ​ឡើង​ទៅ ហើយ​សម្លឹង​ឆ្ពោះ​ទៅ​សមុទ្រ!»។ អ្នក​បម្រើ​នោះ​ក៏​ឡើង​ទៅ​ហើយ​សម្លឹង​មើល រួច​ឆ្លើយ​ថា៖ «ខ្ញុំ​ប្របាទ​មិន​ឃើញ​អ្វី​ទេ!»។ លោក​អេលី​ប្រាប់​អ្នក​បម្រើ​ឲ្យ​ឡើង​ទៅ​មើល​ដូច្នេះ ចំនួន​ប្រាំ​ពីរ​ដង។ ៤៤ នៅ​លើក​ទី​ប្រាំ​ពីរ អ្នក​បម្រើ​ជម្រាប​លោក​អេលី​ថា៖ «ខ្ញុំ​ប្របាទ​ឃើញ​មាន​ពពក​មួយ​ដុំ​តូច​ប៉ុន​បាត​ដៃ ឡើង​ពី​សមុទ្រ​មក»។ លោក​អេលី​មាន​ប្រសាសន៍​ថា៖ «ចូរ​ទៅ​ទូល​ព្រះ‌បាទ​អខាប់​ឲ្យ​ទឹម​រាជ‌រថ ហើយ​យាង​ចុះ​ពី​ភ្នំ​ទៅ ដើម្បី​កុំ​ឲ្យ​ភ្លៀង​ធ្លាក់​ទាន់»។ ៤៥ ពេល​នោះ មាន​ពពក​កាន់​តែ​ខ្លាំង​ក្រាស់ៗ ហើយ​ខ្យល់​ក៏​បក់​មក រួច​ភ្លៀង​បង្អុរ​មក​យ៉ាង​ខ្លាំង​ដែរ។ ព្រះ‌បាទ​អខាប់​យាង​ឡើង​រាជ‌រថ ចូល​ទៅ​ក្រុង​យីស‌រេ‌អែល។ ៤៦ លោក​អេលី​យក​ក្រណាត់​ក្រវាត់​ចង្កេះ ស្រាប់​តែ​លោក​ពោរ‌ពេញ​ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះ‌អម្ចាស់ ហើយ​លោក​ក៏​រត់​ពី​មុខ​រាជ‌រថ​ព្រះ‌បាទ​អខាប់ រហូត​ដល់​ច្រក​ចូល​ក្រុង​យីស‌រេ‌អែល។
១៩
ព្យាការី​អេលី​នៅ​លើ​ភ្នំ​ហូរ៉ែប
 ព្រះ‌បាទ​អខាប់​រៀប‌រាប់​អំពី​កិច្ច‌ការ​ទាំង​ប៉ុន្មាន ដែល​លោក​អេលី​បាន​ប្រព្រឹត្ត និង​អំពី​ការ​ដែល​លោក​បាន​សម្លាប់​ព្យាការី​ទាំង​អស់​របស់​ព្រះ​បាល​ដោយ​មុខ​ដាវ ប្រាប់​ម្ចាស់​ក្សត្រិយ៍​យេសា‌បិល។  ម្ចាស់​ក្សត្រិយ៍​យេសា‌បិល​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ប្រាប់​លោក​អេលី​ថា៖ «ថ្ងៃ​ស្អែក នៅ​ពេល​ថ្មើរ​នេះ ប្រសិន​បើ​ខ្ញុំ​មិន​ប្រហារ​ជីវិត​លោក ដូច​លោក​បាន​ប្រហារ​ជីវិត​ព្យាការី​ទាំង​នោះ​ទេ សូម​ព្រះ​ទាំង‌ឡាយ​ដាក់​ទោស​ខ្ញុំ​យ៉ាង​ធ្ងន់​ចុះ!»។  លោក​អេលី​ភ័យ‌ខ្លាច ហើយ​ក្រោក​ឡើង រត់​ចេញ​ទៅ ដើម្បី​ឲ្យ​រួច​ជីវិត។ លោក​ទៅ​ដល់​បៀរ-‌សេបា ក្នុង​ស្រុក​យូដា លោក​ទុក​អ្នក​បម្រើ​ឲ្យ​នៅ​ទី​នោះ។  រីឯ​លោក​វិញ លោក​ធ្វើ​ដំណើរ​កាត់​វាល​រហោ‌ស្ថាន​ពេញ​មួយ​ថ្ងៃ ហើយ​ទៅ​អង្គុយ​ក្រោម​ដើម​ដង្កោ​មួយ រួច​ទូល‌អង្វរ​សុំ​ស្លាប់ ទាំង​ពោល​ថា៖ «ព្រះ‌អម្ចាស់​អើយ! ទូល‌បង្គំ​ទ្រាំ​លែង​បាន​ទៀត​ហើយ! ឥឡូវ​នេះ សូម​ព្រះ‌អង្គ​ដក​ជីវិត​ទូល‌បង្គំ​ចុះ! ដ្បិត​ទូល‌បង្គំ​មិន​ប្រសើរ​ជាង​ដូន‌តា​របស់​ទូល‌បង្គំ​ទេ»។  បន្ទាប់​មក លោក​ទម្រេត​ខ្លួន សម្រាន្ដ​លង់‌លក់​ក្រោម​ដើម​ដង្កោ​នោះ​ទៅ។ ពេល​នោះ មាន​ទេវទូត*​មួយ​រូប​មក​ដាស់​លោក ទាំង​ពោល​ថា៖ «ចូរ​ក្រោក​ឡើង បរិភោគ​ទៅ!»។  លោក​អេលី​ក្រឡេក​ទៅ ឃើញ​មាន​នំបុ័ង​ដែល​គេ​ទើប​នឹង​ដុត​លើ​ថ្ម​ក្ដៅៗ និង​ទឹក​មួយ​ក្អម នៅ​លើ​ក្បាល​ដំណេក លោក​ក៏​ពិសា​នំបុ័ង និង​ទឹក រួច​សម្រាន្ដ​លក់​ជា​ថ្មី។  ពេល​នោះ ទេវទូត​របស់​ព្រះ‌អម្ចាស់​មក​ដាស់​លោក​ម្ដង​ទៀត ទាំង​ពោល​ថា៖ «ចូរ​ក្រោក​ឡើង បរិភោគ​ទៅ ដ្បិត​លោក​ត្រូវ​ធ្វើ​ដំណើរ​យ៉ាង​ឆ្ងាយ»។  លោក​ក៏​ក្រោក​ឡើង ពិសា​នំបុ័ង និង​ទឹក។ អាហារ​នេះ​ធ្វើ​ឲ្យ​លោក​មាន​កម្លាំង ដើរ​បាន​សែ‌សិប​ថ្ងៃ​សែ‌សិប​យប់ រហូត​ដល់​ភ្នំ​ហូរ៉ែប ជា​ភ្នំ​របស់​ព្រះ‌ជាម្ចាស់។
ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​ព្យាការី​អេលី​មាន​សេចក្ដី​ក្លាហាន​ឡើង​វិញ
 កាល​ទៅ​ដល់​ភ្នំ​ហូរ៉ែប​ហើយ លោក​អេលី​ចូល​ទៅ​ស្នាក់​ក្នុង​គុហា​នៅ​ពេល​យប់។ ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ដូច​ត​ទៅ៖ «អេលី​អើយ អ្នក​មក​ទី​នេះ​ធ្វើ​អ្វី?»។ ១០ លោក​ទូល​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ពិភព​ទាំង​មូល! ទូល‌បង្គំ​ស្រឡាញ់​ព្រះ‌អង្គ​ខ្លាំង​ណាស់។ រីឯ​ជន​ជាតិ​អ៊ីស្រា‌អែល​បាន​ផ្ដាច់​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អង្គ ពួក​គេ​រំលំ​អាសនៈ​របស់​ព្រះ‌អង្គ និង​សម្លាប់​ព្យាការី​ទាំង​អស់​របស់​ព្រះ‌អង្គ ដោយ​មុខ​ដាវ គឺ​នៅ​សល់​តែ​ទូល‌បង្គំ​ម្នាក់​ប៉ុណ្ណោះ ហើយ​ពួក​គេ​ក៏​តាម​ប្រហារ​ជីវិត​ទូល‌បង្គំ​ទៀត»។ ១១ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ចេញ​ទៅ​ក្រៅ ហើយ​ឈរ​លើ​ភ្នំ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់»។ ព្រះ‌អង្គ​យាង​កាត់​តាម​នោះ មាន​ខ្យល់​បក់‌បោក​យ៉ាង​ខ្លាំង ធ្វើ​ឲ្យ​កក្រើក​ភ្នំ បំបែក​ថ្ម នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ប៉ុន្តែ ព្រះ‌អម្ចាស់​មិន​គង់​នៅ​ក្នុង​ខ្យល់​នោះ​ទេ។ បន្ទាប់​ពី​ខ្យល់ មាន​រញ្ជួយ​ដី ប៉ុន្តែ ព្រះ‌អម្ចាស់​មិន​គង់​នៅ​ក្នុង​ដី​ដែល​រញ្ជួយ​នោះ​ទេ។ ១២ ក្រោយ​ពី​រញ្ជួយ​ដី មាន​ភ្លើង ប៉ុន្តែ ព្រះ‌អម្ចាស់​មិន​គង់​នៅ​ក្នុង​ភ្លើង​នោះ​ទេ។ បន្ទាប់​ពី​ភ្លើង មាន​ឮ​សូរ​សំឡេង​ស្រាលៗ​យ៉ាង​ស្រទន់។ ១៣ កាល​ព្យាការី​អេលី​ឮ​សំឡេង​នោះ លោក​យក​អាវ​ធំ​មក​គ្រប​មុខ ហើយ​ចេញ​ទៅ​ឈរ​នៅ​មាត់​គុហា។ លោក​ឮ​ព្រះ‌សូរ‌សៀង​ថា៖ «អេលី​អើយ អ្នក​មក​ទី​នេះ​ធ្វើ​អ្វី?»។ ១៤ លោក​ទូល​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ពិភព​ទាំង​មូល! ទូល‌បង្គំ​ស្រឡាញ់​ព្រះ‌អង្គ​ខ្លាំង​ណាស់។ រីឯ​ជន​ជាតិ​អ៊ីស្រា‌អែល​ផ្ដាច់​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អង្គ ពួក​គេ​រំលំ​អាសនៈ​របស់​ព្រះ‌អង្គ និង​សម្លាប់​ព្យាការី​ទាំង​អស់​របស់​ព្រះ‌អង្គ ដោយ​មុខ​ដាវ គឺ​នៅ​សល់​តែ​ទូល‌បង្គំ​ម្នាក់​ប៉ុណ្ណោះ ហើយ​ពួក​គេ​ក៏​តាម​ប្រហារ​ជីវិត​ទូល‌បង្គំ​ទៀត»។ ១៥ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «ចូរ​ធ្វើ​ដំណើរ​កាត់​វាល​រហោ‌ស្ថាន ឆ្ពោះ​ទៅ​កាន់​ក្រុង​ដាម៉ាស​ចុះ! កាល​ទៅ​ដល់​ហើយ ត្រូវ​ចាក់​ប្រេង​អភិសេក​ហាសា‌អែល​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​ស្រុក​ស៊ីរី។ ១៦ បន្ទាប់​មក ត្រូវ​ចាក់​ប្រេង​អភិសេក​យេហ៊ូ ជា​កូន​របស់​នឹមស៊ី ឲ្យ​ធ្វើ​ជា​ស្តេច​លើ​ស្រុក​អ៊ីស្រា‌អែល រួច​ចាក់​ប្រេង​តែង‌តាំង​អេលីសេ ជា​កូន​របស់​សាផាត នៅ​អបែល-‌មេហូឡា ឲ្យ​ធ្វើ​ជា​ព្យាការី​ជំនួស​អ្នក។ ១៧ ពេល​នោះ នរណា​គេច​ផុត​ពី​មុខ​ដាវ​របស់​ហាសា‌អែល នឹង​ត្រូវ​យេហ៊ូ​សម្លាប់ ហើយ​នរណា​គេច​ផុត​ពី​មុខ​ដាវ​របស់​យេហ៊ូ នឹង​ត្រូវ​អេលីសេ​សម្លាប់។ ១៨ ប៉ុន្តែ យើង​នឹង​ទុក​ជីវិត​មនុស្ស​ប្រាំ​ពីរ‌ពាន់​នាក់ នៅ​ស្រុក​អ៊ីស្រា‌អែល គឺ​អស់​អ្នក​ដែល​ពុំ​បាន​លុត​ជង្គង់​ថ្វាយ‌បង្គំ​ព្រះ​បាល ហើយ​មិន​បាន​ថើប​ព្រះ​នេះ​ទេ»។
លោក​អេលី​តែង‌តាំង​លោក​អេលីសេ​ជា​ព្យាការី
១៩ លោក​អេលី​ចាក‌ចេញ​ពី​ទី​នោះ ទៅ​ជួប​នឹង​លោក​អេលីសេ ជា​កូន​របស់​លោក​សាផាត កំពុង​តែ​ភ្ជួរ​ស្រែ។ មាន​អ្នក​ភ្ជួរ​ទាំង​អស់​ដប់‌ពីរ​នាក់ លោក​អេលីសេ​ភ្ជួរ​ក្រោយ​គេ​បង្អស់។ លោក​អេលី​ចូល​ទៅ​ជិត​គាត់ រួច​ដោះ​អាវ​ធំ​របស់​លោក​បោះ​ទៅ​លើ​គាត់។ ២០ លោក​អេលីសេ​ទុក​គោ​ចោល ហើយ​រត់​ទៅ​តាម​លោក​អេលី​ជម្រាប​ថា៖ «សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ប្របាទ​ទៅ​លា​ឪពុក​ម្ដាយ​របស់​ខ្ញុំ​ប្របាទ​សិន រួច​ខ្ញុំ​ប្របាទ​នឹង​ទៅ​តាម​លោក»។ លោក​អេលី​ឆ្លើយ​ថា៖ «ទៅ​វិញ​ចុះ ខ្ញុំ​មិន​ឃាត់​អ្នក​ទេ!»។ ២១ លោក​អេលីសេ​ចាក‌ចេញ​ពី​លោក​អេលី ត្រឡប់​មក​កន្លែង​ភ្ជួរ​វិញ។ គាត់​យក​គោ​ទាំង​ពីរ​ក្បាល​ទៅ​សម្លាប់​ធ្វើ​ជា​យញ្ញ‌បូជា យក​នង្គ័ល​ធ្វើ​ជា​អុស​ដុត​ចម្អិន​សាច់ ចែក​អស់​អ្នក​ដែល​នៅ​ទី​នោះ​បរិភោគ។ បន្ទាប់​មក គាត់​ក្រោក​ឡើង ដើរ​តាម​លោក​អេលី ហើយ​នៅ​បម្រើ​លោក។
២០
ស្តេច​ស្រុក​ស៊ីរី​ឡោម‌ព័ទ្ធ​ក្រុង​សាម៉ារី
 ព្រះ‌បាទ​បេន‌ហា‌ដាដ ជា​ស្តេច​ស្រុក​ស៊ីរី បាន​ប្រមូល​កង‌ទ័ព​ទាំង​មូល ហើយ​មាន​ស្តេច​សម្ពន្ធ‌មិត្ត​សាម‌សិប​ពីរ​អង្គ ព្រម​ទាំង​កង‌ពល‌សេះ និង​រទេះ​ចម្បាំង រួម​ជា​មួយ​ផង លើក​គ្នា​មក​ឡោម‌ព័ទ្ធ និង​វាយ​លុក​ក្រុង​សាម៉ារី។  ស្តេច​ស្រុក​ស៊ីរី​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ទូល​ព្រះ‌បាទ​អខាប់ ជា​ស្តេច​អ៊ីស្រា‌អែល ដូច​ត​ទៅ៖  ព្រះ‌បាទ​បេន‌ហា‌ដាដ​មាន​រាជ‌ឱង្ការ​ថា៖ «មាស ប្រាក់ ពួក​ស្រី​ស្នំ និង​បុត្រា​ដ៏​មាន​រូប​ល្អ​របស់​ព្រះ‌ករុណា សុទ្ធ​តែ​ជា​របស់​យើង»។  ស្តេច​អ៊ីស្រា‌អែល​មាន​រាជ‌ឱង្ការ​តប​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់ ទូល‌បង្គំ និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ទូល‌បង្គំ​មាន សុទ្ធ​ជា​កម្ម‌សិទ្ធិ​របស់​ព្រះ‌ករុណា ដូច​ព្រះ‌ករុណា​មាន​រាជ‌ឱង្ការ​មែន»។  អ្នក​នាំ​សារ​មក​គាល់​ព្រះ‌បាទ​អខាប់​ជា​ថ្មី ទូល​ថា៖ «ព្រះ‌បាទ​បេន‌ហា‌ដាដ​មាន​រាជ‌ឱង្ការ​ដូច​ត​ទៅ: យើង​បាន​ចាត់​គេ​ឲ្យ​មក​ទូល​ព្រះ‌ករុណា​ថា ត្រូវ​ប្រគល់​មាស ប្រាក់ ពួក​ស្រី​ស្នំ និង​បុត្រា​របស់​ព្រះ‌ករុណា​មក​ឲ្យ​យើង។  ដូច្នេះ ថ្ងៃ​ស្អែក ពេល​ថ្មើរ​នេះ យើង​នឹង​ចាត់​អ្នក​បម្រើ​ឲ្យ​មក​ជួប​ព្រះ‌ករុណា ពួក​គេ​នឹង​ប្រមូល​អ្វីៗ​ទាំង​អស់​នៅ​ក្នុង​ដំណាក់​ព្រះ‌ករុណា និង​ក្នុង​ផ្ទះ​សំបែង​របស់​រាជ​បម្រើ គឺ​ពួក​គេ​ប្រមូល​យក​របស់​របរ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌ករុណា​ស្រឡាញ់​ពេញ​ចិត្ត»។
 ស្តេច​ស្រុក​អ៊ីស្រា‌អែល​កោះ​ហៅ​ព្រឹទ្ធា‌ចារ្យ*​ទាំង​អស់​ក្នុង​ស្រុក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «សូម​អស់​លោក​ពិចារណា​មើល ស្តេច​នោះ​ចង់​បង្ក​រឿង​ហេតុ​ជា​មួយ​យើង​ហើយ! ដ្បិត​ស្តេច​បាន​ចាត់​គេ​ឲ្យ​មក​ទាម‌ទារ​ពួក​ស្រី​ស្នំ និង​បុត្រា ព្រម​ទាំង​មាស​ប្រាក់​របស់​យើង ហើយ​យើង​ពុំ​បាន​បដិសេធ​ទេ!»។  ពួក​ព្រឹទ្ធា‌ចារ្យ និង​ប្រជាជន​ទាំង​មូល​ទូល​ព្រះ‌បាទ​អខាប់​ថា៖ «សូម​ព្រះ‌ករុណា​កុំ​សណ្ដាប់ និង​យល់​ព្រម តាម​ពាក្យ​ស្តេច​នោះ​ឡើយ!»។  ពេល​នោះ ស្តេច​ក៏​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ពួក​អ្នក​នាំ​សារ​របស់​ព្រះ‌បាទ​បេន‌ហាដាដ​ថា៖ «ចូរ​ទៅ​ទូល​ព្រះ‌ករុណា​ជា​អម្ចាស់​ដូច​ត​ទៅ: សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌ករុណា​ចាត់​គេ ឲ្យ​មក​ទាម‌ទារ​ពី​ទូល‌បង្គំ​លើក​ដំបូង​នោះ ទូល‌បង្គំ​សុខ​ចិត្ត​ធ្វើ​តាម តែ​ទូល‌បង្គំ​ពុំ​អាច​ធ្វើ​តាម​សេចក្ដី​ដែល​ព្រះ‌ករុណា​ទាម‌ទារ​ជា​លើក​ទី​ពីរ​នេះ​បាន​ទេ»។ អ្នក​នាំ​សារ​យក​ពាក្យ​នេះ​ទៅ​ទូល​ព្រះ‌បាទ​បេន‌ហា‌ដាដ​វិញ។
១០ ព្រះ‌បាទ​បេន‌ហាដាដ​ចាត់​គេ​ឲ្យ​មក​ទូល​ព្រះ‌បាទ​អខាប់​ទៀត​ថា៖ «យើង​នឹង​ឲ្យ​ពល‌ទាហាន​របស់​យើង​កម្ទេច​ក្រុង​សាម៉ារី សូម្បី​តែ​ធូលី​ដី​មួយ​ក្បង់​ក៏​មិន​សល់​ដែរ! បើ​យើង​មិន​ធ្វើ​ដូច្នេះ​ទេ សូម​ព្រះ​ទាំង‌ឡាយ​ដាក់​ទោស​យើង​ចុះ!»។ ១១ ស្តេច​អ៊ីស្រា‌អែល​ប្រាប់​គេ​ឲ្យ​ទូល​ព្រះ‌បាទ​បេន‌ហា‌ដាដ​ដូច​ត​ទៅ: «“អ្នក​ដែល​ចេញ​ទៅ​ច្បាំង មិន​ត្រូវ​អួត‌អាង​ដូច​អ្នក​ច្បាំង​ឈ្នះ​នោះ​ឡើយ!”»។ ១២ ព្រះ‌បាទ​បេន‌ហា‌ដាដ​ឮ​ពាក្យ​នេះ នៅ​ពេល​កំពុង​សោយ​សុរា​ជា​មួយ​ស្តេច​សម្ពន្ធ‌មិត្ត នៅ​ក្នុង​ពន្លា។ ស្តេច​បញ្ជា​ពល‌ទាហាន​ថា៖ «ចូរ​រៀប‌ចំ​ខ្លួន​ប្រយុទ្ធ!»។ ពួក​គេ​ក៏​រៀប‌ចំ​ទ័ព​បម្រុង​នឹង​វាយ​លុក​ទី‌ក្រុង។
ព្រះ‌បាទ​អខាប់​ទទួល​ជ័យ‌ជម្នះ
១៣ ពេល​នោះ មាន​ព្យាការី​ម្នាក់​ចូល​មក​គាល់​ព្រះ‌បាទ​អខាប់ ជា​ស្តេច​អ៊ីស្រា‌អែល ដោយ​ទូល​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: តើ​អ្នក​ឃើញ​កង‌ទ័ព​ដ៏​សន្ធឹក‌សន្ធាប់​នេះ​ទេ? យើង​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក ហើយ​អ្នក​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន»។ ១៤ ព្រះ‌បាទ​អខាប់​សួរ​ថា៖ «តើ​ព្រះ‌អង្គ​ប្រគល់​ពួក​គេ​មក​ឲ្យ​ខ្ញុំ តាម‌រយៈ​នរណា?»។ ព្យាការី​ទូល​ស្តេច​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា តាម‌រយៈ​ពួក​សេនា‌ជន ដែល​ចៅហ្វាយ​ខេត្ត​ទាំង​ប៉ុន្មាន​ជ្រើស‌រើស»។ ព្រះ‌បាទ​អខាប់​មាន​រាជ‌ឱង្ការ​ទៀត​ថា៖ «តើ​នរណា​នាំ​ទ័ព​ចេញ​ទៅ​ច្បាំង?»។ ព្យាការី​ឆ្លើយ​ថា៖ «ព្រះ‌ករុណា!»។ ១៥ ព្រះ‌បាទ​អខាប់​យាង​ត្រួត​ពល​សេនា‌ជន​របស់​ពួក​ចៅហ្វាយ​ខេត្ត ឃើញ​មាន​ចំនួន​ពីរ‌រយ​សាម‌សិប​ពីរ​នាក់។ បន្ទាប់​មក ស្តេច​ត្រួត​ពល‌ទ័ព​អ៊ីស្រា‌អែល ឃើញ​មាន​ចំនួន​ទាំង​អស់​ប្រាំ​ពីរ‌ពាន់​នាក់។
១៦ អ៊ីស្រា‌អែល​លើក​ទ័ព​ចេញ​ទៅ នៅ​ពេល​ថ្ងៃ​ត្រង់។ ពេល​នោះ ព្រះ‌បាទ​បេន‌ហា‌ដាដ​កំពុង​សោយ​សុរា​ស្រវឹង ជា​មួយ​ស្តេច​សម្ពន្ធ‌មិត្ត​ទាំង​សាម‌សិប‌ពីរ​អង្គ​ទៀត នៅ​ក្នុង​ពន្លា។ ១៧ ពួក​សេនា‌ជន​របស់​ចៅហ្វាយ​ខេត្ត​ចេញ​មុន​គេ។ ព្រះ‌បាទ​បេន‌ហា‌ដាដ​ចាត់​គេ​ឲ្យ​ទៅ​មើល​សភាព‌ការណ៍ គេ​ក៏​រាយ‌ការណ៍​ថ្វាយ​ស្តេច​ថា៖ «មាន​មនុស្ស​ចេញ​ពី​ទី‌ក្រុង​សាម៉ារី»។ ១៨ ស្តេច​មាន​រាជ‌ឱង្ការ​ថា៖ «ទោះ‌បី​ពួក​គេ​ចេញ​មក​សុំ​ចុះ​ចូល​ក្តី ឬ​ចេញ​មក​ច្បាំង​ក្តី ត្រូវ​ចាប់​ពួក​គេ​ទាំង​រស់»។ ១៩ សេនា‌ជន​របស់​ចៅហ្វាយ​ខេត្ត​នាំ​គ្នា​ចេញ​ពី​ទី‌ក្រុង ហើយ​មាន​កង‌ទ័ព​ចេញ​មក​តាម​ក្រោយ។ ២០ ពួក​គេ​វាយ​សត្រូវ​រៀងៗ​ខ្លួន ធ្វើ​ឲ្យ​ពួក​ស៊ីរី​បាក់​ទ័ព ហើយ​អ៊ីស្រា‌អែល​នាំ​គ្នា​ដេញ​តាម។ រីឯ​ព្រះ‌បាទ​បេន‌ហា‌ដាដ ជា​ស្តេច​ស្រុក​ស៊ីរី ជិះ​សេះ​រត់​ទៅ​ជា​មួយ​ពល‌ទ័ព‌សេះ​ខ្លះ​ទៀត។ ២១ ស្តេច​ស្រុក​អ៊ីស្រា‌អែល​ចេញ​មក​វាយ​ពល‌ទ័ព‌សេះ និង​រទេះ​ចម្បាំង ធ្វើ​ឲ្យ​កង‌ទ័ព​ស៊ីរី​បរា‌ជ័យ​យ៉ាង​ធ្ងន់។ ២២ ពេល​នោះ ព្យាការី​ចូល​ទៅ​គាល់​ស្តេច​អ៊ីស្រា‌អែល ហើយ​ទូល​ថា៖ «សូម​ព្រះ‌ករុណា​ក្លាហាន​ឡើង ហើយ​សូម​ព្រះ‌អង្គ​ព្រះ‌តម្រិះ​មើល​ថា តើ​ព្រះ‌ករុណា​ត្រូវ​ធ្វើ​យ៉ាង​ណា ដ្បិត​ឆ្នាំ​ក្រោយ ស្តេច​ស្រុក​ស៊ីរី​មុខ​ជា​លើក​ទ័ព​មក​ច្បាំង​នឹង​ព្រះ‌ករុណា​ទៀត​មិន​ខាន»។
ព្រះ‌បាទ​អខាប់​ទទួល​ជ័យ‌ជម្នះ​ជា​ថ្មី
២៣ ពួក​មន្ត្រី​របស់​ស្តេច​ស្រុក​ស៊ីរី​ទូល​ស្តេច​ថា៖ «ព្រះ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល​ជា​ព្រះ​នៃ​តំបន់​ភ្នំ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​ខ្លាំង​ពូកែ​ជាង​ពួក​យើង។ ប៉ុន្តែ ប្រសិន​បើ​យើង​វាយ​លុក​ពួក​គេ​នៅ​តំបន់​វាល​ទំនាប​វិញ នោះ​យើង​មុខ​ជា​មាន​ប្រៀប​លើ​ពួក​គេ​មិន​ខាន។ ២៤ សូម​ព្រះ‌ករុណា​ធ្វើ​ដូច​ត​ទៅ គឺ​ដក​ស្តេច​សម្ពន្ធ‌មិត្ត​ទាំង​អស់​ចេញ​ពី​មុខ​តំណែង ហើយ​តែង‌តាំង​ចៅហ្វាយ​ខេត្ត​ជំនួស​វិញ។ ២៥ រីឯ​ព្រះ‌ករុណា​វិញ សូម​ប្រមូល​ទ័ព​ឲ្យ​បាន​ច្រើន ស្មើ​នឹង​ចំនួន​ទ័ព​ដែល​ព្រះ‌ករុណា​បាន​បាត់‌បង់ គឺ​មាន​ពល‌ទ័ព‌សេះ និង​រទេះ​ចម្បាំង​ស្មើ​នឹង​ទ័ព​លើក​មុន​ដែរ។ បន្ទាប់​មក យើង​ចេញ​ទៅ​វាយ​លុក​ពួក​គេ​នៅ​តំបន់​វាល​ទំនាប នោះ​យើង​មុខ​ជា​មាន​ប្រៀប​លើ​ពួក​គេ​មិន​ខាន»។ ស្តេច​ក៏​យល់​ព្រម​ធ្វើ​តាម​យោបល់​របស់​មន្ត្រី​ទាំង​នោះ។
២៦ មួយ​ឆ្នាំ​ក្រោយ​មក ព្រះ‌បាទ​បេន‌ហា‌ដាដ​យាង​ត្រួត​ពល‌ទាហាន​ស៊ីរី ហើយ​លើក​ទ័ព​ឆ្ពោះ​ទៅ​ក្រុង​អាផេក ដើម្បី​ច្បាំង​នឹង​អ៊ីស្រា‌អែល។ ២៧ ព្រះ‌បាទ​អខាប់​យាង​ត្រួត​ពល‌ទ័ព​អ៊ីស្រា‌អែល ហើយ​ចែក​ស្បៀង​អាហារ​ឲ្យ រួច​លើក​ទ័ព​ចេញ​ទៅ​ច្បាំង​នឹង​កង‌ទ័ព​ស៊ីរី។ កង‌ទ័ព​អ៊ីស្រា‌អែល​បោះ​ជំរំ​ទល់​មុខ​នឹង​កង‌ទ័ព​ស៊ីរី។ កង‌ទ័ព​អ៊ីស្រា‌អែល​ប្រៀប​បាន​នឹង​ពពែ​ពីរ​ហ្វូង​តូចៗ រីឯ​កង‌ទ័ព​ស៊ីរី​វិញ ស្ថិត​នៅ​ពាស‌ពេញ​តំបន់​នោះ។ ២៨ អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ចូល​គាល់​ស្តេច​អ៊ីស្រា‌អែល ហើយ​ទូល​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ដោយ​ជន​ជាតិ​ស៊ីរី​ពោល​ថា ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​តំបន់​ភ្នំ គឺ​មិន‌មែន​ជា​ព្រះ​នៃ​វាល​ទំនាប​ទេ​នោះ យើង​នឹង​ប្រគល់​កង‌ទ័ព​ដ៏​សន្ធឹក‌សន្ធាប់​នេះ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក ហើយ​អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន»។ ២៩ កង‌ទ័ព​ទាំង​ពីរ​បោះ​ជំរំ​ទល់​មុខ​គ្នា អស់‌រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ។ នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ ការ​ប្រយុទ្ធ​ក៏​កើត​ឡើង ហើយ​កង‌ទ័ព​អ៊ីស្រា‌អែល​វាយ​កង‌ពល​ថ្មើរ​ជើង​របស់​ជន​ជាតិ​ស៊ីរី ស្លាប់​អស់​មួយ​សែន​នាក់ ក្នុង​ពេល​តែ​មួយ​ថ្ងៃ។ ៣០ រីឯ​ទាហាន​ដែល​នៅ​សេស‌សល់​នាំ​គ្នា​រត់​ចូល​ក្នុង​ក្រុង​អាផេក តែ​ត្រូវ​កំពែង​ក្រុង​រំលំ​សង្កត់​ស្លាប់​អស់​ពីរ‌ម៉ឺន​ប្រាំ​ពីរ‌ពាន់​នាក់។
ព្រះ‌បាទ​អខាប់​ទុក​ជីវិត​ឲ្យ​ស្តេច​ស្រុក​ស៊ីរី
ព្រះ‌បាទ​បេន‌ហា‌ដាដ​រត់​ទៅ​ដល់​ទី‌ក្រុង ហើយ​ចូល​ទៅ​ពួន​ក្នុង​បន្ទប់​មួយ។ ៣១ ពួក​មន្ត្រី​ទូល​ថា៖ «ទូល‌បង្គំ​ឮ​គេ​និយាយ​ថា ស្តេច​អ៊ីស្រា‌អែល​សុទ្ធ​តែ​ជា​ស្តេច​ដែល​មាន​ចិត្ត​មេត្តា​ករុណា ដូច្នេះ ទូល‌បង្គំ​ទាំង​អស់​គ្នា​នឹង​យក​បាវ​មក​ស្លៀក ហើយ​យក​ខ្សែ‌ពួរ​មក​ពាក់​ក រួច​នាំ​គ្នា​ចេញ​ទៅ​បង្ហាញ​ខ្លួន​ចំពោះ​ស្តេច​អ៊ីស្រា‌អែល នោះ​ប្រហែល​ជា​ស្តេច​នឹង​ទុក​ជីវិត​ព្រះ‌ករុណា»។ ៣២ ពួក​គេ​នាំ​គ្នា​យក​បាវ​មក​ស្លៀក យក​ខ្សែ​មក​ពាក់​នៅ​ក រួច​ចេញ​ទៅ​គាល់​ស្តេច​ស្រុក​អ៊ីស្រា‌អែល ហើយ​ទូល​ថា៖ «ព្រះ‌បាទ​បេន‌ហា‌ដាដ ជា​អ្នក​បម្រើ​របស់​ព្រះ‌ករុណា ទូល​ថា “សូម​ព្រះ‌ករុណា​មេត្តា​ទុក​ជីវិត​ឲ្យ​ទូល‌បង្គំ​ផង”»។ ព្រះ‌បាទ​អខាប់​មាន​រាជ‌ឱង្ការ​ថា៖ «តើ​ព្រះ‌រាជា​នៅ​មាន​ព្រះ‌ជន្ម​ទេ​ឬ? ព្រះ‌អង្គ​ក៏​ជា​បង‌ប្អូន​នឹង​យើង​ដែរ!»។ ៣៣ កាល​ពួក​មន្ត្រី​ឃើញ​ថា​ឱកាស​ល្អ​ហុច​ឲ្យ​ដូច្នេះ ពួក​គេ​ក៏​ប្រញាប់​ទូល​ស្តេច​វិញ​ថា៖ «ព្រះ‌បាទ​បេន‌ហា‌ដាដ​ពិត​ជា​បង‌ប្អូន​របស់​ព្រះ‌ករុណា​មែន!»។ ព្រះ‌បាទ​អខាប់​មាន​រាជ‌ឱង្ការ​ថា៖ «ចូល​ទៅ​យាង​ព្រះ‌រាជា​មក»។ ព្រះ‌បាទ​បេន‌ហា‌ដាដ​ក៏​ចេញ​មក​គាល់​ព្រះ‌បាទ​អខាប់ ហើយ​ព្រះ‌បាទ​អខាប់​ឲ្យ​ព្រះ‌បាទ​បេន‌ហា‌ដាដ​ឡើង​ជិះ​រាជ‌រថ​ជា​មួយ។ ៣៤ ព្រះ‌បាទ​បេន‌ហា‌ដាដ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ‌បាទ​អខាប់​ថា៖ «ទូល‌បង្គំ​សូម​ប្រគល់​ក្រុង​ទាំង​ប៉ុន្មាន ដែល​បិតា​របស់​ទូល‌បង្គំ​បាន​ដណ្ដើម​យក​ពី​បិតា​របស់​ព្រះ‌ករុណា ថ្វាយ​ព្រះ‌ករុណា​វិញ។ ព្រះ‌ករុណា​អាច​នាំ​យក​ផលិត​ផល​ក្នុង​ស្រុក​របស់​ព្រះ‌ករុណា​ទៅ​លក់​ក្នុង​ក្រុង​ដាម៉ាស ដូច​បិតា​របស់​ទូល‌បង្គំ​ធ្លាប់​នាំ​យក​ផលិត​ផល​ទៅ​លក់​នៅ​ក្រុង​សាម៉ារី​ដែរ»។ ព្រះ‌បាទ​អខាប់​មាន​រាជ‌ឱង្ការ​ថា៖ «រីឯ​ទូល‌បង្គំ​វិញ ទូល‌បង្គំ​នឹង​ចុះ​សន្ធិ‌សញ្ញា​ជា​មួយ​ព្រះ‌ករុណា រួច​ទូល‌បង្គំ​នឹង​បើក​ឲ្យ​ព្រះ‌ករុណា​យាង​ត្រឡប់​ទៅ​ស្រុក​វិញ»។ ព្រះ‌បាទ​អខាប់​ក៏​ចុះ​សន្ធិ‌សញ្ញា​ជា​មួយ​ព្រះ‌បាទ​បេន‌ហា‌ដាដ រួច​ហើយ​បើក​ឲ្យ​ព្រះ‌បាទ​បេន‌ហា‌ដាដ​យាង​ត្រឡប់​ទៅ​ស្រុក​វិញ។
ព្រះ‌ជាម្ចាស់​ដាក់​ទោស​ព្រះ‌បាទ​អខាប់
៣៥ មាន​បុរស​ម្នាក់​ដែល​ជា​សមាជិក​របស់​ក្រុម​ព្យាការី ពោល​ទៅ​មិត្ត​របស់​ខ្លួន ក្នុង​នាម​ព្រះ‌អម្ចាស់​ថា៖ «ចូរ​វាយ​ខ្ញុំ​មក!»។ ប៉ុន្តែ អ្នក​នោះ​មិន​ព្រម​វាយ​ទេ។ ៣៦ ព្យាការី​នោះ​ក៏​ពោល​ទៅ​កាន់​មិត្ត​របស់​ខ្លួន​ថា៖ «ដោយ​អ្នក​មិន​ធ្វើ​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ដូច្នេះ កាល​ណា​អ្នក​ចាក‌ចេញ​ពី​ខ្ញុំ​ទៅ សត្វ​សឹង្ហ​នឹង​សម្លាប់​អ្នក​ជា​មិន​ខាន»។ ពេល​អ្នក​នោះ​ចេញ​ទៅ ជួប​សត្វ​សឹង្ហ ហើយ​សឹង្ហ​ក៏​សម្លាប់​គាត់។ ៣៧ បន្ទាប់​មក ព្យាការី​ជួប​បុរស​ម្នាក់​ទៀត ហើយ​ពោល​ថា៖ «ចូរ​វាយ​ខ្ញុំ​មក!»។ បុរស​នោះ​ក៏​វាយ​គាត់​រហូត​ដល់​ធ្វើ​ឲ្យ​គាត់​មាន​របួស។ ៣៨ ព្យាការី​នោះ​ក៏​ក្លែង​ខ្លួន ហើយ​ឃ្លុំ​មុខ​ជិត ដើម្បី​កុំ​ឲ្យ​នរណា​ស្គាល់ រួច​ចេញ​ទៅ​រង់‌ចាំ​ព្រះ‌បាទ​អខាប់​នៅ​តាម​ផ្លូវ។ ៣៩ កាល​ស្តេច​យាង​កាត់​តាម​ផ្លូវ​នោះ គាត់​ក៏​ស្រែក​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា! ទូល‌បង្គំ​បាន​ចេញ​ទៅ​ច្បាំង ពេល​នោះ មាន​ម្នាក់​ចេញ​ពី​សមរ‌ភូមិ ហើយ​នាំ​ឈ្លើយ​សឹក​ម្នាក់​មក​ឲ្យ​ទូល‌បង្គំ ដោយ​បញ្ជា​ថា “ចូរ​មើល​ឈ្លើយ​សឹក​នេះ​ផង! ប្រសិន​បើ​គេ​រត់​រួច អ្នក​ត្រូវ​យក​ជីវិត​សង​ជំនួស ឬ​ត្រូវ​យក​ប្រាក់​ប្រាំ​បួន‌រយ​តម្លឹង​មក​សង​ខ្ញុំ”។ ៤០ ប៉ុន្តែ កាល​ទូល‌បង្គំ​ជាប់​រវល់​ធ្វើ​នេះ​ធ្វើ​នោះ ឈ្លើយ​សឹក​ក៏​រត់​បាត់​ទៅ»។ ស្តេច​ស្រុក​អ៊ីស្រា‌អែល​មាន​រាជ‌ឱង្ការ​មក​គាត់​ថា៖ «អ្នក​កាត់​ទោស​ខ្លួន​ឯង​ស្រាប់​ហើយ!»។ ៤១ ព្យាការី​បក​ក្រណាត់​ឃ្លុំ​មុខ​ចេញ​ភ្លាម ហើយ​ស្តេច​ស្រុក​អ៊ីស្រា‌អែល​ក៏​ស្គាល់​ថា​ជា​ព្យាការី។ ៤២ គាត់​ទូល​ស្តេច​ថា៖ «ព្រះ‌អម្ចាស់ មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ដោយ​អ្នក​លែង​មនុស្ស​ដែល​យើង​បាន​កាត់​ទោស​ប្រហារ​ជីវិត អ្នក​ត្រូវ​ស្លាប់​ជំនួស​គេ ហើយ​ប្រជា‌រាស្ដ្រ​របស់​អ្នក​ក៏​ត្រូវ​ស្លាប់​ជំនួស​ប្រជា‌រាស្ដ្រ​របស់​គេ​ដែរ»។ ៤៣ ស្តេច​ស្រុក​អ៊ីស្រា‌អែល​យាង​ត្រឡប់​ទៅ​វាំង នៅ​ក្រុង​សាម៉ារី ទាំង​មួម៉ៅ និង​ក្រេវ‌ក្រោធ។
២១
ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​លោក​ណាបុត
 ក្រោយ​ព្រឹត្តិ‌ការណ៍​ទាំង​នោះ​មក មាន​ហេតុ‌ការណ៍​មួយ​ទៀត​កើត​ឡើង។ នៅ​ក្រុង​យីស‌រេ‌អែល មាន​បុរស​ម្នាក់​ឈ្មោះ​ណាបុត គាត់​មាន​ចម្ការ​ទំពាំង​បាយ‌ជូរ​មួយ នៅ​ជិត​រាជ‌វាំង​ព្រះ‌បាទ​អខាប់ ជា​ស្តេច​នៅ​ក្រុង​សាម៉ារី។  ថ្ងៃ​មួយ ព្រះ‌បាទ​អខាប់​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ណាបុត​ថា៖ «ចូរ​ប្រគល់​ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​អ្នក​មក​ឲ្យ​យើង ដើម្បី​យើង​យក​ទៅ​ធ្វើ​សួន​បន្លែ ព្រោះ​ចម្ការ​នេះ​ស្ថិត​នៅ​ជិត​វាំង​ស្រាប់។ យើង​នឹង​ប្រគល់​ចម្ការ​ទំពាំង‌បាយ‌ជូរ​មួយ​ល្អ​ជាង​ចម្ការ​នេះ​ទៅ​អ្នក ឬ​ប្រសិន​បើ​អ្នក​ចង់​បាន​ប្រាក់​វិញ យើង​នឹង​បង់​ឲ្យ​តាម​តម្លៃ​ចម្ការ»។  លោក​ណាបុត​ទូល​ព្រះ‌បាទ​អខាប់​ថា៖ «សូម​ព្រះ‌អម្ចាស់​ធ្វើ​ជា​សាក្សី​ចុះ ថា​ទូល‌បង្គំ​គ្មាន​សិទ្ធិ​ប្រគល់​ដី​ដែល​ជា​កេរ‌មត៌ក​ពី​ដូន‌តា​នេះ ថ្វាយ​ព្រះ‌ករុណា​បាន​ទេ»។  ព្រះ‌បាទ​អខាប់​យាង​ចូល​ទៅ​ក្នុង​វាំង​វិញ ទាំង​មួម៉ៅ និង​ក្រេវ‌ក្រោធ ព្រោះ​តែ​ពាក្យ​សម្ដី​ដែល​លោក​ណាបុត ជា​អ្នក​ស្រុក​យីស‌រេ‌អែល ទូល​ថា “ទូល‌បង្គំ​គ្មាន​សិទ្ធិ​ប្រគល់​ដី​ដែល​ជា​កេរ‌មត៌ក​ពី​ដូន‌តា​នេះ ថ្វាយ​ព្រះ‌ករុណា​បាន​ទេ”។ ស្តេច​ផ្ទំ​លើ​ព្រះ​ទែន បែរ​ព្រះ‌ភ័ក្ត្រ​ទៅ​ជញ្ជាំង ហើយ​មិន​ព្រម​សោយ​ព្រះ‌ស្ងោយ​ឡើយ។  ម្ចាស់​ក្សត្រិយ៍​យេសា‌បិល ជា​មហេសី យាង​មក​គាល់​ស្តេច ហើយ​ទូល​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​មាន​ព្រះ‌ហឫ‌ទ័យ​មួម៉ៅ មិន​ព្រម​សោយ​ព្រះ‌ស្ងោយ​ដូច្នេះ?»។  ស្តេច​មាន​រាជ‌ឱង្ការ​ដូច​ត​ទៅ៖ «យើង​និយាយ​ជា​មួយ​ណាបុត​ជា​អ្នក​ស្រុក​យីស‌រេ‌អែល​ថា “ចូរ​លក់​ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​អ្នក​មក​ឲ្យ​យើង ឬ​ប្រសិន​បើ​អ្នក​មិន​ចង់​បាន​ប្រាក់​ទេ យើង​នឹង​ប្រគល់​ចម្ការ​ទំពាំង‌បាយ​ជូរ​មួយ​ទៀត​ជា​ថ្នូរ”។ ប៉ុន្តែ គាត់​ឆ្លើយ​ថា “ទូល‌បង្គំ​មិន​ប្រគល់​ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​ទូល‌បង្គំ ថ្វាយ​ព្រះ‌ករុណា​ទេ!”»។  ម្ចាស់​ក្សត្រិយ៍​យេសា‌បិល ជា​មហេសី ទូល​ថា៖ «តើ​ព្រះ‌ករុណា​មិន‌មែន​ជា​ស្តេច​លើ​ស្រុក​អ៊ីស្រា‌អែល​ទេ​ឬ! សូម​តើន​ឡើង សោយ​ព្រះ‌ស្ងោយ ហើយ​រីក‌រាយ​ក្នុង​ព្រះ‌ហឫ‌ទ័យ​ចុះ ចាំ​ខ្ញុំ​ម្ចាស់​ទៅ​យក​ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​លោក​ណាបុត ជា​អ្នក​ស្រុក​យីស‌រេ‌អែល​មក​ថ្វាយ»។
 ម្ចាស់​ក្សត្រិយ៍​យេសា‌បិល​សរសេរ​រាជ‌សារ​ក្នុង​នាម​ព្រះ‌បាទ​អខាប់ ព្រម​ទាំង​យក​ត្រា​រាជ្យ​មក​ប្រថាប់​ផង ហើយ​ចាត់​គេ​ឲ្យ​យក​ទៅ​ជូន​ពួក​ព្រឹទ្ធា‌ចារ្យ និង​ថ្នាក់​ដឹក​នាំ ដែល​នៅ​ក្រុង​ជា​មួយ​លោក​ណាបុត។  ក្នុង​រាជ‌សារ​ទាំង​នោះ ម្ចាស់​ក្សត្រិយ៍​យេសា‌បិល​បាន​សរសេរ​ថា៖ «ចូរ​ប្រកាស​ឲ្យ​ប្រជាជន​ធ្វើ​ពិធី​តម​អាហារ ហើយ​ឲ្យ​លោក​ណាបុត​អង្គុយ​នៅ​កន្លែង​គណៈ​អធិបតី។ ១០ ត្រូវ​ឲ្យ​មនុស្ស​ខិល‌ខូច​ពីរ​នាក់​មក​អង្គុយ​នៅ​ទល់​មុខ​គាត់ ដើម្បី​ធ្វើ​ជា​សាក្សី​ចោទ​ប្រកាន់​គាត់​ថា“លោក​បាន​ប្រមាថ​ព្រះ‌ជាម្ចាស់ និង​ប្រមាថ​ព្រះ‌មហា​ក្សត្រ!”។ បន្ទាប់​មក​ចូរ​នាំ​គាត់​ទៅ​ក្រៅ រួច​យក​ដុំ​ថ្ម​គប់​សម្លាប់​ចោល​ទៅ»។
១១ ពួក​ព្រឹទ្ធា‌ចារ្យ និង​ថ្នាក់​ដឹក​នាំ ដែល​រស់​នៅ​ក្នុង​ក្រុង​ជា​មួយ​លោក​ណាបុត ធ្វើ​តាម​សេចក្ដី​ដែល​ម្ចាស់​ក្សត្រិយ៍​យេសា‌បិល​បាន​បញ្ជា​ក្នុង​រាជ‌សារ។ ១២ ពួក​គេ​ប្រកាស​ពិធី​តម​អាហារ ហើយ​ឲ្យ​លោក​ណាបុត​អង្គុយ​នៅ​កន្លែង​គណៈ‌អធិ‌បតី។ ១៣ មនុស្ស​ខិល‌ខូច​ពីរ​នាក់​មក​អង្គុយ​នៅ​ទល់​មុខ​លោក​ណាបុត រួច​ចោទ​ប្រកាន់​លោក​នៅ​ចំពោះ​មុខ​ប្រជាជន​ថា៖ «លោក​ណាបុត​បាន​ប្រមាថ​ព្រះ‌ជាម្ចាស់ និង​ប្រមាថ​ព្រះ‌មហា​ក្សត្រ!»។ ដូច្នេះ គេ​នាំ​លោក​ណាបុត​ចេញ​ទៅ​ក្រៅ ហើយ​យក​ដុំ​ថ្ម​គប់​សម្លាប់​លោក។ ១៤ គេ​ចាត់​មនុស្ស​ឲ្យ​ទៅ​ទូល​ម្ចាស់​ក្សត្រិយ៍​យេសា‌បិល​ថា៖ «យើង​ខ្ញុំ​បាន​យក​ដុំ​ថ្ម​គប់​សម្លាប់​លោក​ណាបុត​ហើយ»។ ១៥ កាល​ម្ចាស់​ក្សត្រិយ៍​យេសា‌បិល​ជ្រាប​ថា គេ​បាន​យក​ដុំ​ថ្ម​គប់​សម្លាប់​លោក​ណា‌បុត​ហើយ​នោះ ម្ចាស់​ក្សត្រិយ៍​ក៏​ទូល​ព្រះ‌បាទ​អខាប់​ថា៖ «សូម​តើន​ឡើង​យាង​ទៅ​ចាប់​យក​ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​ណាបុត ជា​អ្នក​ស្រុក​យីស‌រេ‌អែល ដែល​មិន​ព្រម​លក់​ថ្វាយ​ព្រះ‌ករុណា​ចុះ ដ្បិត​ណាបុត​ស្លាប់​បាត់‌បង់​ជីវិត​ហើយ»។ ១៦ កាល​ព្រះ‌បាទ​អខាប់​ជ្រាប​ថា លោក​ណាបុត​ស្លាប់​ហើយ ស្ដេច​ក៏​តើន​ឡើង​យាង​ចុះ​ទៅ​ចាប់​យក​ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​លោក​ណាបុត ជា​អ្នក​ស្រុក​យីស‌រេ‌អែល។
ព្រះ‌អម្ចាស់​ដាក់​ទោស​ព្រះ‌បាទ​អខាប់ និង​ម្ចាស់​ក្សត្រិយ៍​យេសា‌បិល
១៧ ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អេលី ជា​អ្នក​ភូមិ​ទីសបេ​ថា៖ ១៨ «ចូរ​ក្រោក​ឡើង ទៅ​ជួប​អខាប់ ជា​ស្តេច​អ៊ីស្រា‌អែល នៅ​ក្រុង​សាម៉ារី។ ឥឡូវ​នេះ អខាប់​ស្ថិត​នៅ​ក្នុង​ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​ណាបុត ដែល​ខ្លួន​ទើប​ចាប់​យក​បាន។ ១៩ ត្រូវ​ប្រាប់​អខាប់​ដូច​ត​ទៅ: “ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា ហេតុ​អ្វី​បាន​ជា​អ្នក​ធ្វើ​ឃាត​គេ ហើយ​ចាប់​យក​ដី​របស់​គេ​ដូច្នេះ?” អ្នក​ត្រូវ​ពោល​ទៀត​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “ឆ្កែ​បាន​លិទ្ធ​ឈាម​របស់​ណាបុត​នៅ​កន្លែង​ណា ឆ្កែ​ក៏​នឹង​លិទ្ធ​ឈាម​របស់​អ្នក​ផ្ទាល់​នៅ​កន្លែង​នោះ​ដែរ”»។
២០ ព្រះ‌បាទ​អខាប់​មាន​រាជ‌ឱង្ការ​មក​លោក​ថា៖ «នែ៎​សត្រូវ​អើយ! តើ​លោក​មក​ជួប​យើង​ទៀត​ហើយ​ឬ?»។ លោក​អេលី​ទូល​ថា៖ «ទូល‌បង្គំ​មក​គាល់​ព្រះ‌ករុណា ព្រោះ​ព្រះ‌ករុណា​លក់​ខ្លួន​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់២១ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: “យើង​នឹង​ធ្វើ​ឲ្យ​គ្រោះ​កាច​កើត​មាន​ចំពោះ​អ្នក យើង​នឹង​លុប​បំបាត់​ពូជ‌ពង្ស​របស់​អ្នក យើង​នឹង​ប្រហារ​ប្រុសៗ​ក្នុង​ក្រុម​គ្រួសារ​អខាប់ ទាំង​អ្នក​ងារ ទាំង​អ្នក​ជា ឲ្យ​អស់​ពី​ស្រុក​អ៊ីស្រា‌អែល។ ២២ យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក បាន​ដូច​ពូជ‌ពង្ស​របស់​យេរ៉ូ‌បោម ជា​កូន​របស់​នេបាត និង​ដូច​ពូជ‌ពង្ស​របស់​បាសា ជា​កូន​របស់​អហ៊ីយ៉ា​ដែរ ព្រោះ​អ្នក​ធ្វើ​ឲ្យ​យើង​ខឹង ព្រម​ទាំង​នាំ​ប្រជាជន​អ៊ីស្រា‌អែល​ប្រព្រឹត្ត​អំពើ​បាប​ទៀត​ផង”។
២៣ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​អំពី​ម្ចាស់​ក្សត្រិយ៍​យេសា‌បិល​ថា “ឆ្កែ​នឹង​ហែក​ស៊ី​យេសា‌បិល នៅ​ជើង​កំពែង​ក្រុង​យីស‌រេ‌អែល។ ២៤ កូន​ចៅ​របស់​អខាប់​ដែល​ស្លាប់​នៅ​ក្នុង​ទី‌ក្រុង​នឹង​ត្រូវ​ឆ្កែ​ហែក‌ស៊ី ហើយ​កូន​ចៅ​ដែល​ស្លាប់​នៅ​ទី​វាល​នឹង​ត្រូវ​ត្មាត​ចឹក​ស៊ី​ដែរ”»។
២៥ មិន​ដែល​មាន​នរណា​ដូច​ព្រះ‌បាទ​អខាប់​ទេ គឺ​ស្តេច​លក់​ខ្លួន​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់ ក្រោម​ការ​ញុះ‌ញង់​របស់​ម្ចាស់​ក្សត្រិយ៍​យេសា‌បិល ជា​មហេសី។ ២៦ ស្តេច​បាន​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម ដោយ​គោរព​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ ដូច​ជន​ជាតិ​អាម៉ូរី ដែល​ព្រះ‌អម្ចាស់​បាន​បណ្តេញ​ចេញ​ពី​មុខ​ប្រជាជន​អ៊ីស្រា‌អែល។
២៧ កាល​ព្រះ‌បាទ​អខាប់​ឮ​ព្រះ‌បន្ទូល​ទាំង​នោះ​ហើយ ព្រះ‌អង្គ​ហែក​ព្រះ‌ពស្ដ្រ​ចោល រួច​ស្លៀក​បាវ និង​តម​អាហារ។ ពេល​ផ្ទំ​ក៏​ស្តេច​ស្លៀក​បាវ​ដែរ ហើយ​យាង​យឺតៗ។ ២៨ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អេលី ជា​អ្នក​ភូមិ​ទីសបេ​ថា៖ ២៩ «អ្នក​ឃើញ​ទេ អខាប់​បន្ទាប​ខ្លួន​នៅ​ចំពោះ​មុខ​យើង​ហើយ។ ដោយ​អខាប់​បន្ទាប​ខ្លួន​ដូច្នេះ យើង​នឹង​មិន​ធ្វើ​ឲ្យ​គ្រោះ​កាច​កើត​មាន​ដល់​គេ ក្នុង​ពេល​ដែល​គេ​នៅ​មាន​ជីវិត​ទេ តែ​យើង​នឹង​ធ្វើ​ឲ្យ​គ្រោះ​កាច​កើត​មាន​ចំពោះ​ពូជ‌ពង្ស​របស់​គេ នៅ​ជំនាន់​ក្រោយ»។
២២
ព្រះ‌បាទ​អខាប់ និង​ព្រះ‌បាទ​យ៉ូសា‌ផាត លើក​ទ័ព​ចេញ​ទៅ​ច្បាំង​ជា​មួយ​ស្រុក​ស៊ីរី
(២​របា‌ក្សត្រ ១៨.១-១១)
 ក្នុង​អំឡុង​ពេល​បី​ឆ្នាំ គ្មាន​សង្គ្រាម​កើត​ឡើង​រវាង​ស្រុក​ស៊ីរី និង​ស្រុក​អ៊ីស្រា‌អែល​ទេ។  នៅ​ឆ្នាំ​ទី​បី ព្រះ‌បាទ​យ៉ូសា‌ផាត ជា​ស្តេច​ស្រុក​យូដា បាន​យាង​ទៅ​សួរ​សុខ​ទុក្ខ​ស្តេច​ស្រុក​អ៊ីស្រា‌អែល។  ពេល​នោះ ស្តេច​ស្រុក​អ៊ីស្រា‌អែល​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ពួក​មន្ត្រី​ថា៖ «អស់​លោក​ជ្រាប​ច្បាស់​ហើយ​ថា ក្រុង​រ៉ាម៉ូត នៅ​ស្រុក​កាឡាដ ជា​ក្រុង​របស់​យើង។ ហេតុ​អ្វី​បាន​ជា​យើង​នៅ​រារែក មិន​ព្រម​ដណ្ដើម​យក​ក្រុង​នោះ​ពី​កណ្ដាប់​ដៃ​របស់​ស្តេច​ស្រុក​ស៊ីរី​មក​វិញ?»។  ស្តេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ‌បាទ​យ៉ូសា‌ផាត​ថា៖ «តើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫ‌ទ័យ​ចេញ​ទៅ​ច្បាំង​យក​ក្រុង​រ៉ាម៉ូត នៅ​ស្រុក​កាឡាដ​ជា​មួយ​ទូល‌បង្គំ​ឬ​ទេ?»។ ព្រះ‌បាទ​យ៉ូសា‌ផាត​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ស្តេច​ស្រុក​អ៊ីស្រា‌អែល​វិញ​ថា៖ «ទូល‌បង្គំ​ក៏​ដូច​ព្រះ‌ករុណា​ដែរ ប្រជា‌រាស្ដ្រ​របស់​ទូល‌បង្គំ​ក៏​ដូច​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌ករុណា ហើយ​ទ័ព‌សេះ​របស់​ទូល‌បង្គំ​ក៏​ដូច​ជា​ទ័ព‌សេះ​របស់​ព្រះ‌ករុណា​ដែរ!»។
 ព្រះ‌បាទ​យ៉ូសា‌ផាត​ទូល​ទៀត​ថា៖ «សូម​ព្រះ‌ករុណា​ទូល​សួរ​ព្រះ‌អម្ចាស់​សិន»។  ស្តេច​អ៊ីស្រា‌អែល​កោះ​ហៅ​ព្យាការី​ប្រមាណ​បួន‌រយ​នាក់​មក ហើយ​សួរ​ពួក​គេ​ថា៖ «តើ​យើង​ត្រូវ​ចេញ​ទៅ​វាយ​យក​ក្រុង​រ៉ាម៉ូត​នៅ​ស្រុក​កាឡាដ ឬ​មិន​ត្រូវ​ទៅ?»។ ពួក​គេ​ទូល​ថា៖ «សូម​ព្រះ‌ករុណា​យាង​ទៅ​ចុះ។ ព្រះ‌អម្ចាស់​នឹង​ប្រគល់​ក្រុង​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌ករុណា»។  ព្រះ‌បាទ​យ៉ូសា‌ផាត​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «តើ​នៅ​ទី​នេះ គ្មាន​ព្យាការី​របស់​ព្រះ‌អម្ចាស់ ដែល​យើង​អាច​ទូល​សួរ​ព្រះ‌អង្គ​ទេ​ឬ?»។  ស្តេច​ស្រុក​អ៊ីស្រា‌អែល​ទូល​ព្រះ‌បាទ​យ៉ូសា‌ផាត​ថា៖ «នៅ​មាន​ម្នាក់​ទៀត ដែល​អាច​ទូល​សួរ​ព្រះ‌អម្ចាស់​បាន តែ​ទូល‌បង្គំ​ស្អប់​អ្នក​នោះ​ណាស់ ព្រោះ​គាត់​មិន​ដែល​ទាយ​ពី​សេចក្ដី​ល្អ​ឲ្យ​ទូល‌បង្គំ​ទេ គឺ​ទាយ​តែ​ពី​សេចក្ដី​អាក្រក់​ប៉ុណ្ណោះ។ អ្នក​នោះ​ឈ្មោះ​មីកា ជា​កូន​របស់​លោក​យីមឡា»។ ព្រះ‌បាទ​យ៉ូសា‌ផាត​ទូល​ថា៖ «សូម​ព្រះ‌ករុណា​កុំ​មាន​រាជ‌ឱង្ការ​បែប​នេះ!»។  ស្តេច​ស្រុក​អ៊ីស្រា‌អែល​ហៅ​មហា‌តលិក​មក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ទៅ​ហៅ​លោក​មីកា ជា​កូន​របស់​លោក​យីមឡា​មក​ជា​ប្រញាប់!»។
១០ ស្តេច​ស្រុក​អ៊ីស្រា‌អែល និង​ព្រះ‌បាទ​យ៉ូសា‌ផាត ជា​ស្តេច​ស្រុក​យូដា ស្លៀក​ពាក់​យ៉ាង​រុង‌រឿង គង់​លើ​បល្ល័ង្ក​រៀងៗ​ខ្លួន ត្រង់​ព្រលាន​ដែល​នៅ​មុខ​ទ្វារ​ក្រុង​សាម៉ារី។ ពួក​ព្យាការី​កំពុង​នាំ​គ្នា​ទាយ​ថ្វាយ​ព្រះ‌រាជា​ទាំង​ពីរ​អង្គ។ ១១ លោក​សេដេ‌ខ្យាស ជា​កូន​របស់​លោក​កេណាណា បាន​ធ្វើ​ស្នែង​ដែក ហើយ​ពោល​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ដោយ​ស្នែង​ដែក​ទាំង​នេះ អ្នក​នឹង​វាយ​កង‌ទ័ព​ស៊ីរី​ឲ្យ​វិនាស​សូន្យ!»។ ១២ ព្យាការី​ទាំង​អស់​ក៏​ទាយ​បែប​នោះ​ដែរ ពួក​គេ​ទូល​ស្តេច​ថា៖ «សូម​ព្រះ‌ករុណា​យាង​ទៅ​វាយ​យក​ក្រុង​រ៉ាម៉ូត នៅ​ស្រុក​កាឡាដ​ចុះ ព្រះ‌ករុណា​មុខ​ជា​ទទួល​ជ័យ‌ជម្នះ​មិន​ខាន។ ព្រះ‌អម្ចាស់​ប្រគល់​ក្រុង​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌ករុណា​ហើយ»។
ព្យាការី​មីកា​ប្រកាស​ប្រាប់​ពី​បរា‌ជ័យ
(២​របា‌ក្សត្រ ១៨.១២-២៧)
១៣ មហា‌តលិក​ដែល​ស្តេច​ចាត់​ឲ្យ​ទៅ​តាម​ហៅ​លោក​មីកា បាន​ប្រាប់​លោក​ថា៖ «ព្យាការី​ទាំង​អស់​សុទ្ធ​តែ​ព្រម​គ្នា ទាយ​សេចក្ដី​ល្អ​ថ្វាយ​ព្រះ‌រាជា ដូច្នេះ​សូម​លោក​ទាយ​សេចក្ដី​ល្អ​ថ្វាយ​ព្រះ‌រាជា​ដូច​គេ​ដែរ​ទៅ!»។ ១៤ លោក​មីកា​ឆ្លើយ​ថា៖ «ខ្ញុំ​សូម​ជម្រាប​លោក ក្នុង​នាម​ព្រះ‌អម្ចាស់ ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​យ៉ាង​ណា ខ្ញុំ​នឹង​ប្រកាស​យ៉ាង​នោះ!»។
១៥ លោក​ចូល​ទៅ​គាល់​ព្រះ‌រាជា ហើយ​ស្តេច​មាន​រាជ‌ឱង្ការ​មក​កាន់​លោក​ថា៖ «មីកា​អើយ តើ​យើង​ទាំង​ពីរ​ត្រូវ​ចេញ​ទៅ​វាយ​យក​ក្រុង​រ៉ាម៉ូត​នៅ​ស្រុក​កាឡាដ ឬ​មិន​ត្រូវ​ទៅ?»។ លោក​មីកា​ទូល​ថា៖ «សូម​ព្រះ‌ករុណា​យាង​ទៅ​ចុះ! ព្រះ‌ករុណា​មុខ​ជា​ទទួល​ជ័យ‌ជម្នះ​មិន​ខាន! ព្រះ‌អម្ចាស់​ប្រគល់​ក្រុង​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌ករុណា​ហើយ​តើ!»។ ១៦ ប៉ុន្តែ ស្តេច​មាន​រាជ‌ឱង្ការ​មក​លោក​វិញ​ថា៖ «តើ​យើង​ត្រូវ​ប្រាប់​អ្នក​ប៉ុន្មាន​ដង​ទៀត​ថា ឲ្យ​អ្នក​និយាយ​តែ​ការ​ពិត​ប្រាប់​យើង ក្នុង​នាម​ព្រះ‌អម្ចាស់?»។ ១៧ លោក​មីកា​ទូល​ថា៖
«ទូល‌បង្គំ​បាន​ឃើញ​ពល‌ទាហាន​អ៊ីស្រា‌អែល
ទាំង​មូល​បាក់​ទ័ព រត់​ខ្ចាត់‌ខ្ចាយ​នៅ​លើ​ភ្នំ
ពួក​គេ​ប្រៀប​ដូច​ជា​ហ្វូង​ចៀម
ដែល​គ្មាន​នរណា​ឃ្វាល។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:
អ្នក​ទាំង​នោះ​គ្មាន​មេ​ដឹក​នាំ​ទេ
ចូរ​ឲ្យ​ពួក​គេ​ត្រឡប់​ទៅ​ផ្ទះ​រៀងៗ​ខ្លួន
ដោយ​សុខ‌សាន្ត​ចុះ!»។
១៨ ស្តេច​ស្រុក​អ៊ីស្រា‌អែល​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ‌បាទ​យ៉ូសា‌ផាត​ថា៖ «ទូល‌បង្គំ​បាន​ទូល​ព្រះ‌ករុណា​ហើយ​ថា គាត់​មិន​ដែល​ទាយ​ពី​សេចក្ដី​ល្អ​ឲ្យ​ទូល‌បង្គំ​ទេ គឺ​ទាយ​តែ​ពី​សេចក្ដី​អាក្រក់​ប៉ុណ្ណោះ!»។ ១៩ លោក​មីកា​ទូល​ថា៖ «ពិត​មែន​ហើយ! ដូច្នេះ សូម​សណ្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ទូល‌បង្គំ​បាន​ឃើញ​ព្រះ‌អម្ចាស់​គង់​លើ​រាជ‌បល្ល័ង្ក ហើយ​មាន​កង‌ពល​នៃ​ស្ថាន​បរម‌សុខ​ទាំង​មូល​ឈរ​គាល់​ព្រះ‌អង្គ ទាំង​ឆ្វេង ទាំង​ស្តាំ​ផង។ ២០ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: “តើ​អ្នក​ណា​ចង់​ល្បួង​អខាប់​ឲ្យ​ទៅ​ច្បាំង​យក​ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ ដើម្បី​ឲ្យ​អខាប់​ដួល​ស្លាប់​នៅ​ទី​នោះ?”។ អ្នក​ខ្លះ​ពោល​យ៉ាង​នេះ អ្នក​ខ្លះ​ពោល​យ៉ាង​នោះ។ ២១ ពេល​នោះ មាន​វិញ្ញាណ​មួយ​ចេញ​មក​ឈរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់​ទូល​ថា“ទូល‌បង្គំ​ចង់​ទៅ​ល្បួង!”។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​សួរ​ថា “តើ​អ្នក​ធ្វើ​ដូច​ម្ដេច?” ២២ វិញ្ញាណ​នោះ​ទូល​ថា “ទូល‌បង្គំ​នឹង​បណ្តាល​ចិត្ត​ព្យាការី​ទាំង​អស់​របស់​ស្តេច​ឲ្យ​ពោល​តែ​ពាក្យ​ភូត​កុហក”។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “នេះ​ជា​មធ្យោ‌បាយ​ដ៏​ប្រសើរ​សម្រាប់​ល្បួង​គេ ដូច្នេះ ចូរ​ទៅ​ធ្វើ​ចុះ!”។ ២៣ ព្រះ‌អម្ចាស់​ដាក់​វិញ្ញាណ​ភូត​កុហក នៅ​ក្នុង​មាត់​ព្យាការី​ទាំង​អស់​របស់​ព្រះ‌ករុណា ដ្បិត​ព្រះ‌អម្ចាស់​បាន​សម្រេច​ព្រះ‌ហឫ‌ទ័យ​ឲ្យ​ព្រះ‌ករុណា​រង​ទុក្ខ​វេទនា​ហើយ!»។
២៤ ពេល​នោះ លោក​សេដេ‌ខ្យាស ជា​កូន​របស់​លោក​កេណាណា ចូល​មក​ជិត ហើយ​ទះ​កំផ្លៀង​លោក​មីកា ទាំង​ពោល​ថា៖ «តើ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់​ចេញ​ពី​ខ្លួន​ខ្ញុំ មក​និយាយ​ជា​មួយ​អ្នក​តាម​ណា?»។ ២៥ លោក​មីកា​ឆ្លើយ​ថា៖ «ថ្ងៃ​ដែល​អ្នក​រត់​ទៅ​ពួន​នៅ​បន្ទប់​ខាង​ក្នុង​ផ្ទះ​របស់​អ្នក នោះ​អ្នក​គង់​តែ​ដឹង​ទេ!»។ ២៦ ស្តេច​ស្រុក​អ៊ីស្រា‌អែល​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ចាប់​លោក​មីកា​នាំ​យក​ទៅ​ប្រគល់​ឲ្យ​លោក​អាំម៉ូន ជា​ចៅហ្វាយ​ក្រុង និង​សម្តេច​យ៉ូអាស ជា​បុត្រ​របស់​យើង​ទៅ! ២៧ រួច​ប្រាប់​គេ​ថា “ព្រះ‌ករុណា​បញ្ជា​ឲ្យ​យក​មនុស្ស​នេះ​ទៅ​ដាក់​គុក ហើយ​ផ្តល់​នំបុ័ង និង​ទឹក​តែ​បន្តិច‌បន្តួច​ប៉ុណ្ណោះ រហូត​ដល់​ថ្ងៃ​ព្រះ‌ករុណា​វិល​ត្រឡប់​មក​ពី​ច្បាំង​វិញ ដោយ​សុខ‌សាន្ត”»។ ២៨ លោក​មីកា​ទូល​ថា៖ «ប្រសិន​បើ​ព្រះ‌ករុណា​ពិត​ជា​យាង​ត្រឡប់​មក​វិញ​ដោយ​សុខ‌សាន្ត​មែន​នោះ បាន​សេចក្ដី​ថា​ព្រះ‌អម្ចាស់​ពុំ​មាន​ព្រះ‌បន្ទូល​តាម‌រយៈ​ទូល‌បង្គំ​ទេ»។ បន្ទាប់​មក លោក​ពោល​ទៀត​ថា៖ «ប្រជាជន​ទាំង​អស់​គ្នា ចូរ​ស្ដាប់​ចុះ!»។
ព្រះ‌បាទ​អខាប់​សោយ​ទិវង្គត​ក្នុង​សមរ‌ភូមិ
(២​របា‌ក្សត្រ ១៨.២៨-៣៤)
២៩ ស្តេច​ស្រុក​អ៊ីស្រា‌អែល និង​ព្រះ‌បាទ​យ៉ូសា‌ផាត ជា​ស្តេច​ស្រុក​យូដា នាំ​គ្នា​យាង​ទៅ​វាយ​ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ។ ៣០ ស្តេច​ស្រុក​អ៊ីស្រា‌អែល​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ‌បាទ​យ៉ូសា‌ផាត​ថា៖ «ទូល‌បង្គំ​នឹង​ក្លែង​ខ្លួន​ជា​ពល‌ទាហាន រីឯ​ព្រះ‌ករុណា​វិញ សូម​ព្រះ‌អង្គ​ព្រះ‌ភូសា​យ៉ាង​រុង​រឿង​ចុះ!»។ ដូច្នេះ ស្តេច​ស្រុក​អ៊ីស្រា‌អែល​ក្លែង​ខ្លួន​ជា​ពល‌ទាហាន ចេញ​ទៅ​ច្បាំង។ ៣១ ស្តេច​ស្រុក​ស៊ីរី​បញ្ជា​ដល់​មេ​បញ្ជា‌ការ​កង​រទេះ​ចម្បាំង​ទាំង​សាម‌សិប‌ពីរ​រូប​ថា៖ «មិន​បាច់​ប្រយុទ្ធ​នឹង​ពល‌ទាហាន ឬ​នាយ​ទាហាន​ទេ ចូរ​ប្រយុទ្ធ​តែ​នឹង​ស្តេច​ស្រុក​អ៊ីស្រា‌អែល​ប៉ុណ្ណោះ»។ ៣២ កាល​មេ​បញ្ជា‌ការ​រទេះ​ចម្បាំង​ទាំង​នោះ​ឃើញ​ព្រះ‌បាទ​យ៉ូសា‌ផាត ក៏​ពោល​ថា “ប្រាកដ​ជា​ស្តេច​អ៊ីស្រា‌អែល​ហើយ” ពួក​គេ​សម្រុក​ទៅ​វាយ​ប្រហារ​ស្តេច។ ប៉ុន្តែ ពេល​ព្រះ‌បាទ​យ៉ូសា‌ផាត​ស្រែក​ឡើង ៣៣ ពួក​មេ​បញ្ជា‌ការ​រទេះ​ចម្បាំង​ដឹង​ថា មិន‌មែន​ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល​ទេ ពួក​គេ​ឈប់​ដេញ​តាម។ ៣៤ ប៉ុន្តែ មាន​ទាហាន​ស៊ីរី​ម្នាក់​យឹត​ធ្នូ​បាញ់​ព្រាវ​ទៅ ក៏​ត្រូវ​ចំ​ស្តេច​ស្រុក​អ៊ីស្រា‌អែល ត្រង់​ចន្លោះ​អាវ‌ក្រោះ។ ស្តេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​អ្នក​បរ​រាជ‌រថ​ថា៖ «ចូរ​បក​ក្រោយ នាំ​យើង​ចេញ​ពី​សមរ‌ភូមិ​ភ្លាម ព្រោះ​យើង​ត្រូវ​របួស​ហើយ»។ ៣៥ នៅ​ថ្ងៃ​នោះ ការ​ប្រយុទ្ធ​មាន​សភាព​ធ្ងន់‌ធ្ងរ​កាន់​តែ​ខ្លាំង​ឡើង គេ​ពុំ​អាច​នាំ​ស្តេច​ចេញ​ពី​សមរ‌ភូមិ​បាន​ឡើយ។ ដូច្នេះ ស្តេច​ស្ថិត​នៅ​ក្នុង​រាជ‌រថ​រហូត ហើយ​ឈាម​ដែល​ហូរ​ចេញ​ពី​មុខ​របួស បាន​ធ្លាក់​ទៅ​ដល់​បាត​រាជ‌រថ លុះ​ដល់​ល្ងាច ស្តេច​ក៏​សោយ​ទិវង្គត​ទៅ។ ៣៦ នៅ​ពេល​ថ្ងៃ​លិច គេ​ឮ​សម្រែក​ពេញ​ក្នុង​សមរ‌ភូមិ​ថា៖ «ចូរ​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ទី‌ក្រុង និង​ទី​លំ‌នៅ​រៀងៗ​ខ្លួន​វិញ!»។ ៣៧ គេ​បាន​នាំ​សព​ព្រះ‌រាជា​មក​កាន់​ក្រុង​សាម៉ារី ហើយ​បញ្ចុះ​នៅ​ទី​នោះ។ ៣៨ កាល​គេ​យក​រាជ‌រថ​ទៅ​លាង​នៅ​ស្រះ​នៃ​ក្រុង​សាម៉ារី ឆ្កែ​ក៏​មក​លិទ្ធ​ឈាម​ព្រះ‌បាទ​អខាប់ ហើយ​ពួក​ស្រី​ពេស្យា​ក៏​នាំ​គ្នា​មុជ​ទឹក​នៅ​ទី​នោះ​ដែរ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បាន​ថ្លែង​ទុក។
៣៩ រាជ‌កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​អខាប់ និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អង្គ​បាន​ធ្វើ គឺ​ការ​សង់​ដំណាក់​អំពី​ភ្លុក និង​ក្រុង​នានា សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ស្រុក​អ៊ីស្រា‌អែល។ ៤០ កាល​ព្រះ‌បាទ​អខាប់​សោយ​ទិវង្គត​ទៅ ព្រះ‌បាទ​អហា‌ស៊ីយ៉ា ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។
ព្រះ‌បាទ​យ៉ូសា‌ផាត​សោយ​រាជ្យ​នៅ​ស្រុក​យូដា
(២​របា‌ក្សត្រ ២០.៣១-២១.១)
៤១ នៅ​ឆ្នាំ​ទី​បួន​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​អខាប់ ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល ព្រះ‌បាទ​យ៉ូសា‌ផាត ជា​បុត្រ​របស់​ព្រះ‌បាទ​អសា បាន​ឡើង​សោយ‌រាជ្យ​នៅ​ស្រុក​យូដា។ ៤២ កាល​ព្រះ‌បាទ​យ៉ូសា‌ផាត​ឡើង​គ្រង​រាជ្យ​នោះ ស្ដេច​មាន​ជន្មាយុ‌សាម‌សិប‌ប្រាំ​វស្សា ហើយ​សោយ​រាជ្យ​បាន​ម្ភៃ​ប្រាំ​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្តេច​មាន​នាម​ថា អស៊ូបា ជា​កូន​របស់​លោក​ស៊ីលហ៊ី។ ៤៣ ព្រះ‌បាទ​យ៉ូសា‌ផាត​ដើរ​តាម​មាគ៌ា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌បាទ​អសា ជា​បិតា ដោយ​មិន​ងាក‌រេ​ឡើយ ស្តេច​ប្រព្រឹត្ត​អំពើ​ទៀង​ត្រង់ ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់៤៤ ប៉ុន្តែ ស្ដេច​ពុំ​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ​ទេ គឺ​ប្រជាជន​នៅ​តែ​នាំ​គ្នា​ថ្វាយ​យញ្ញ‌បូជា និង​ដុត​គ្រឿង​ក្រអូប​នៅ​តាម​កន្លែង​នោះ​ដដែល។ ៤៥ ព្រះ‌បាទ​យ៉ូសា‌ផាត​បាន​ចុះ​សន្ធិ‌សញ្ញា​សន្តិ‌ភាព​ជា​មួយ​ស្តេច​ស្រុក​អ៊ីស្រា‌អែល។
៤៦ រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​យ៉ូសា‌ផាត គឺ​វីរ‌ភាព​ដ៏​អង់‌អាច​ក្នុង​កិច្ច‌ការ​ដែល​ស្តេច​បាន​ធ្វើ និង​ក្នុង​សង្គ្រាម សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ស្រុក​យូដា។ ៤៧ ស្តេច​បាន​កម្ចាត់​ប្រុសៗ​ទាំង​ប៉ុន្មាន​ដែល​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ្យ​សក្ការៈ គឺ​ពួក​ដែល​នៅ​សេស‌សល់​ពី​ជំនាន់​ព្រះ‌បាទ​អសា ជា​បិតា។ ៤៨ គ្រា​នោះ នៅ​ស្រុក​អេដុម គ្មាន​ស្តេច​សោយ​រាជ្យ​ទេ គឺ​មាន​តែ​រាជ​ប្រតិភូ​ម្នាក់ ដែល​ស្តេច​យូដា​តែង‌តាំង។ ៤៩ ព្រះ‌បាទ​យ៉ូសា‌ផាត​បាន​ឲ្យ​គេ​សង់​សំពៅ​ធំៗ ដើម្បី​ទៅ​ស្វែង​រក​មាស​នៅ​ស្រុក​អូភារ ប៉ុន្តែ គម្រោង‌ការ​នេះ​ពុំ​បាន​សម្រេច​ទេ ព្រោះ​សំពៅ​ទាំង​នោះ​លិច​នៅ​ក្រុង​អេស៊ីយ៉ូន-‌កេប៊ែរ។ ៥០ ពេល​នោះ ព្រះ‌បាទ​អហា‌ស៊ីយ៉ា ជា​បុត្រ​របស់​ព្រះ‌បាទ​អខាប់ មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ‌បាទ​យ៉ូសា‌ផាត​ថា៖ «សូម​ឲ្យ​រាជ‌បម្រើ​របស់​ទូល‌បង្គំ ចុះ​សំពៅ​ទៅ​ជា​មួយ​រាជ‌បម្រើ​របស់​ព្រះ‌ករុណា​ផង!»។ ប៉ុន្តែ ព្រះ‌បាទ​យ៉ូសា‌ផាត​ពុំ​យល់​ព្រម​ឡើយ។ ៥១ កាល​ព្រះ‌បាទ​យ៉ូសា‌ផាត​សោយ​ទិវង្គត គេ​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​រាជ‌វង្ស នៅ​បុរី​ព្រះ‌បាទ​ដាវីឌ។ ព្រះ‌បាទ​យ៉ូរ៉ាម ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។
ព្រះ‌បាទ​អហា‌ស៊ីយ៉ា​សោយ​រាជ្យ​នៅ​ស្រុក​អ៊ីស្រា‌អែល
៥២ នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​ពីរ​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​យ៉ូសា‌ផាត ជា​ស្តេច​ស្រុក​យូដា ព្រះ‌បាទ​អហា‌ស៊ីយ៉ា ជា​បុត្រ​របស់​ព្រះ‌បាទ​អខាប់ ឡើង​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល នៅ​ក្រុង​សាម៉ារី ស្ដេច​សោយ​រាជ្យ​បាន​ពីរ​ឆ្នាំ នៅ​ស្រុក​អ៊ីស្រា‌អែល។ ៥៣ ស្តេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់។ ស្តេច​ដើរ​តាម​ផ្លូវ​របស់​បិតា និង​មាតា ព្រម​ទាំង​ផ្លូវ​របស់​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត ដែល​នាំ​ប្រជាជន​អ៊ីស្រា‌អែល​ប្រព្រឹត្ត​អំពើ​បាប។ ៥៤ ព្រះ‌បាទ​អហា‌ស៊ីយ៉ា​បាន​គោរព​ថ្វាយ‌បង្គំ​ព្រះ​បាល ដូច​បិតា​ដែរ ជា​ហេតុ​បណ្តាល​ឲ្យ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល ព្រះ‌អង្គ​ព្រះ‌ពិរោធ។
530 Views

Theme: Overlay by Kaira