សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
  1. កំណើតពិភពលោក (កណ)
    Genesis (Gn)
  2. សេរីភាព (សរ)
    Exodus (Ex)
  3. លេវីវិន័យ (លវ)
    Leviticus (Lv)
  4. ជំរឿនប្រជាជន (ជរ)
    Numbers (Nm)
  5. ទុតិយកថា (ទក)
    Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
  1. យ៉ូស៊ូអា (យអ)
    Joshua (Jos)
  2. វិរបុរស (វរ)
    Judges (Jdg)
  3. នាងរូថ (នរ)
    Ruth (Ru)
  4. ១សាម៉ូអែល (១សម)
    1 Samuel (1Sm)
  5. ២សាម៉ូអែល (២សម)
    2 Samuel (2Sm)
  6. ១ពង្សាវតារក្សត្រ (១ពង្ស)
    1 Kings (1Kg)
  7. ២ពង្សាវតារក្សត្រ (២ពង្ស)
    2 Kings (2Kg)
  8. ១របាក្សត្រ (១របា)
    1 Chronicles (1Ch)
  9. ២របាក្សត្រ (២របា)
    2 Chronicles (2Ch)
  10. អែសរ៉ា (អរ)
    Ezra (Ezr)
  11. នេហេមី (នហ)
    Nehemiah (Ne)
  12. យ៉ូឌីត (យឌ)
    Judith (Jth)
  13. តូប៊ីត (តប)
    Tobit (Tb)
  14. អែសធែរ (អធ)
    Esther (Est)
  15. ១ម៉ាកាបាយ (១មបា)
    1 Maccabees (1 Ma)
  16. ២ម៉ាកាបាយ (២មបា)
    2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
  1. ទំនុកតម្កើង (ទន)
    Psalms (Ps)
  2. យ៉ូប (យប)
    Job (Jb)
  3. សុភាសិត (សភ)
    Proverbs (Pr)
  4. បទចម្រៀង (បច)
    Song of Songs (Song)
  5. សាស្តា (សស)
    Ecclesiastes (Eccl)
  6. ព្រះប្រាជ្ញាញាណ (ប្រាញ)
    Wisdom (Wis)
  7. បេនស៊ីរ៉ាក់ (បសរ)
    Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
  1. អេសាយ (អស)
    Isaiah (Is)
  2. យេរេមី (យរ)
    Jeremiah (Je)
  3. អេសេគីអែល (អគ)
    Ezekiel (Ez)
  4. ហូសេ (ហស)
    Hosea (Ho)
  5. យ៉ូអែល (យអ)
    Joel (Joe)
  6. អម៉ូស (អម)
    Amos (Am)
  7. អូបាឌី (អឌ)
    Obadiah (Ob)
  8. យ៉ូណាស (យណ)
    Jonah (Jon)
  9. មីកា (មីក)
    Micah (Mi)
  10. ណាហ៊ូម (ណហ)
    Nahum (Na)
  11. ហាបាគូក (ហគ)
    Habakkuk (Hb)
  12. សេផានី (សផ)
    Zephaniah (Zep)
  13. ហាកាយ (ហក)
    Haggai (Hg)
  14. សាការី (សក)
    Zechariah (Zec)
  15. ម៉ាឡាគី (មគ)
    Malachi (Mal)
  16. សំណោក (សណ)
    Lamentations (Lam)
  17. ដានីអែល (ដន)
    Daniel (Dn)
  18. បារូក (បារ)
    Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
  1. ម៉ាថាយ (មថ)
    Matthew (Mt)
  2. ម៉ាកុស (មក)
    Mark (Mk)
  3. លូកា (លក)
    Luke (Lk)
  4. យ៉ូហាន (យហ)
    John (Jn)
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
  1. កិច្ចការគ្រីស្តទូត (កក)
    Acts of the Apostles (Ac)
៣. លិខិតសន្តប៉ូល | Paul Letter 13
  1. រ៉ូម (រម)
    Romans (Rm)
  2. ១កូរិនថូស (១ករ)
    1 Corinthians (1Co)
  3. ២កូរិនថូស (២ករ)
    2 Corinthians (2Co)
  4. កាឡាទី (កាឡ)
    Galatians (Ga)
  5. អេភេសូ (អភ)
    Ephesians (Ep)
  6. ភីលីព (ភីល)
    Philippians (Phil)
  7. កូឡូស (កូឡ)
    Colossians (Col)
  8. ១ថេស្សាឡូនិក (១ថស)
    1 Thessalonians (1Th)
  9. ២ថេស្សាឡូនិក (២ថស)
    Thessalonians (2Th)
  10. ១ធីម៉ូថេ (១ធម)
    1 Timothy (1T)
  11. ២ធីម៉ូថេ (២ធម)
    2 Timothy (2T)
  12. ទីតុស (ទត)
    Titus (Ti)
  13. ភីលេម៉ូន (ភល)
    Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
  1. ហេប្រឺ (ហប)
    Hebrews (He)
  2. យ៉ាកុប (យក)
    James (Ja)
  3. ១សិលា (១សល)
    1 Peter (1P)
  4. ២សិលា (២សល)
    2 Peter (2P)
  5. យូដាស (យដ)
    Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
  1. ១យ៉ូហាន (១យហ)
    1 John (1Jn)
  2. ២យ៉ូហាន (២យហ)
    2 John (2Jn)
  3. ៣យ៉ូហាន (៣យហ)
    3 John (3Jn)
  4. វិវរណៈ (វវ)
    Revelation (Rev)

កណ្ឌគម្ពីរ
សាម៉ូអែលទី១

ពាក្យលំនាំ

សាមូអែលទី១

ពាក្យ​លំនាំ

គេ​បាន​ប្រើ​នាម​របស់​លោក​សាមូអែល​ធ្វើ​ជា​ចំណង​ជើង​របស់​កណ្ឌ​គម្ពីរ​នេះ និង​កណ្ឌ​គម្ពីរ​បន្ទាប់។ ព្យាការី‌សាមូអែល ជា​វីរ‌បុរស​ចុង​ក្រោយ​ដែល​ព្រះ‌អម្ចាស់​ប្រទាន​មក​ឲ្យ​ជន​ជាតិ​អ៊ីស្រា‌អែល នៅ​គ្រា​ដែល​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​ជួប​ប្រទះ​នឹង​ទុក្ខ​លំបាក។ លោក​ទទួល​បន្ទុក​បំពេញ​មុខ‌ងារ​ពីរ​យ៉ាង គឺ​ផ្នែក​ខាង​នយោ‌បាយ និង​ផ្នែក​សាសនា ក្នុង​អំឡុង​ពេល​ដែល​អ៊ីស្រា‌អែល​ផ្លាស់​ប្ដូរ​របប​នយោ‌បាយ​គ្រប់‌គ្រង​ស្រុក(ចំពូក ១-៧)។ ជន​ជាតិ​អ៊ីស្រា‌អែល​មិន​ស្កប់​ចិត្ត​នឹង​របប​គ្រប់‌គ្រង​ពី​មុន ដែល​មាន​តែ​ពួក​វីរ‌បុរស ជា​មេ​ដឹក​នាំ​ក្នុង​គ្រា​ជួប​អាសន្ន ដូច្នេះ ពួក​គេ​ទាម‌ទារ​ចង់​បាន​របប​រាជា​និយម។ ទោះ​បី​លោក​សាមូអែល​មិន​ពេញ​ចិត្ត​នឹង​សំណើ​របស់​ប្រជាជន​ក្តី ក៏​លោក​បាន​តែង‌តាំង​លោក​សាអ៊ូល ជា​ស្តេច​ទី​មួយ ឲ្យ​គ្រប់‌គ្រង​លើ​ជន​ជាតិ​អ៊ីស្រា‌អែល ស្រប​តាម​បញ្ជា​របស់​ព្រះ‌ជាម្ចាស់(ចំពូក ៨-១០)។ ក្រោយ​មក ដោយ​ព្រះ‌បាទ​សាអ៊ូល​បាត់​បង់​ភក្តី‌ភាព​ចំពោះ​ព្រះ‌ជាម្ចាស់ ព្រះ‌អង្គ​លែង​គាំ‌ទ្រ​ព្រះ‌បាទ​សាអ៊ូល (ចំពូក​១១-១៥) ហើយ​ព្រះ‌អង្គ​បាន​ជ្រើស‌រើស​យុវ‌ជន​ដាវីឌ​ឲ្យ​ធ្វើ​ជា​ស្តេច​គ្រប់‌គ្រង​លើ​ប្រជាជន​អ៊ីស្រា‌អែល ជំនួស​ព្រះ‌បាទ​សាអ៊ូល។ មុន​ដំបូង យុវ‌ជន​ដាវីឌ​នៅ​បម្រើ​ព្រះ‌បាទ​សាអ៊ូល បន្ទាប់​មក ធ្វើ​ជា​កូន​ប្រសា​របស់​ស្តេច រួច​រត់​ភៀស​ខ្លួន​ចេញ​ឆ្ងាយ​ពី​ស្តេច ព្រោះ​ស្តេច​រក​សម្លាប់។ ពី​ចំពូក ១៦​ដល់ ៣០ មាន​រៀប​រាប់​អំពី​ការ​ចុះ​ឱន​ថយ​របស់​ព្រះ‌បាទ​សាអ៊ូល ហើយ​ដាវីឌ​ចេះ​តែ​មាន​កម្លាំង​ខ្លាំង​ឡើងៗ។ ចុង​បញ្ចប់​នៃ​កណ្ឌ​គម្ពីរ​សាមូអែល​ទី​មួយ​នេះ មាន​រៀប​រាប់​អំពី​ការ​សុគត​របស់​ព្រះ‌បាទ​សាអ៊ូល និង​បុត្រ​របស់​ស្តេច ក្នុង​ចម្បាំង​រវាង​អ៊ីស្រា‌អែល និង​ភីលីស្ទីន (ចំពូក ៣១)។
កណ្ឌ​គម្ពីរ​នេះ​រំឭក​យើង​ថា មាន​តែ​ព្រះ‌ជាម្ចាស់​ប៉ុណ្ណោះ ដែល​ពិត​ជា​ព្រះ‌មហា​ក្សត្រ​គ្រង​រាជ្យ​លើ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ។ អ្នក​ដែល​អាច​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌ជាម្ចាស់​បាន គឺ​អ្នក​ដែល​ទទួល​ស្គាល់ ហើយ​យល់​ព្រម​ចុះ​ចូល​នឹង​អំណាច​របស់​ព្រះ‌ជាម្ចាស់។
នាង​ហាណ្ណា​នៅ​កន្លែង​សក្ការៈ​ស៊ីឡូ
 មាន​បុរស​ម្នាក់​ឈ្មោះ​អែល‌កាណា រស់​នៅ​ភូមិ​រ៉ាម៉ា ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម គាត់​ត្រូវ​ជា​កូន​របស់​លោក​យេរ៉ូហាម ជា​ចៅ​របស់​លោក​អេលីហ៊ូ ជា​ចៅ‌ទួត​របស់​លោក​តូហ៊ូ ហើយ​ត្រូវ​ជា​ចៅ‌លួត​របស់​លោក​ស៊ូភ ក្នុង​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម។  បុរស​នោះ​មាន​ប្រពន្ធ​ពីរ ម្នាក់​ឈ្មោះ​ហាណ្ណា និង​ម្នាក់​ទៀត​ឈ្មោះ​ពេនី‌ណា។ នាង​ពេនី‌ណា​មាន​កូន​ច្រើន រីឯ​នាង​ហាណ្ណា​វិញ នាង​គ្មាន​កូន​ទេ។
 រៀង​រាល់​ឆ្នាំ លោក​អែលកាណា​តែង‌តែ​ធ្វើ​ដំណើរ​ពី​ភូមិ​របស់​គាត់ ទៅ​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល*​នៅ​ស៊ីឡូ ព្រម​ទាំង​ថ្វាយ​យញ្ញ‌បូជា​ទៀត​ផង។ នៅ​គ្រា​នោះ កូន​ប្រុស​ទាំង​ពីរ​នាក់​របស់​លោក​ហេលី គឺ​លោក​ហូបនី និង​លោក​ភីនេអាស ធ្វើ​ជា​បូជា‌ចារ្យ​របស់​ព្រះ‌អម្ចាស់ នៅ​ស៊ីឡូ។  នៅ​ថ្ងៃ​ថ្វាយ​យញ្ញ‌បូជា លោក​អែលកាណា​មាន​ទម្លាប់​យក​សាច់​ទៅ​ឲ្យ​នាង​ពេនី‌ណា​ជា​ប្រពន្ធ និង​កូន​ប្រុស កូន​ស្រី​ទាំង​អស់​របស់​នាង មួយ​ចំណែក​ម្នាក់។  ប៉ុន្តែ ចំពោះ​នាង​ហាណ្ណា​វិញ គាត់​បាន​ឲ្យ​មួយ​ទ្វេ​ជា​ពីរ ព្រោះ​គាត់​ស្រឡាញ់​នាង​ច្រើន​ជាង ទោះ​បី​ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​នាង​ទៅ​ជា​ស្ត្រី​អារ​ក៏​ដោយ។  នាង​ពេនី‌ណា ជា​គូ‌វិវាទ តែង‌តែ​រុក‌គួន​បញ្ឈឺ​ចិត្ត​នាង​ហាណ្ណា ក្នុង​គោល​បំណង​ឲ្យ​នាង​ខឹង​នឹង​ព្រះ‌អម្ចាស់ ដែល​បាន​ធ្វើ​ឲ្យ​នាង​ទៅ​ជា​ស្ត្រី​អារ។  នាង​ពេនី‌ណា​ធ្វើ​បែប​នេះ​ជា​រៀង​រាល់​ឆ្នាំ គឺ​នៅ​ពេល​ដែល​នាង​ហាណ្ណា​ឡើង​ទៅ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​នៅ​ស៊ីឡូ នាង​ពេនី‌ណា​តែង‌តែ​រុក‌គួន​នាង​ជា‌និច្ច ធ្វើ​ឲ្យ​នាង​ហាណ្ណា​យំ មិន​ព្រម​បរិភោគ​អ្វី​សោះ។
 ពេល​នោះ លោក​អែលកាណា​ជា​ប្ដី សួរ​ទៅ​នាង​ថា៖ «ហាណ្ណា​អើយ ហេតុ​អ្វី​បាន​ជា​នាង​យំ? ហេតុ​អ្វី​បាន​ជា​នាង​មិន​បរិភោគ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​នាង​ព្រួយ​ចិត្ត? ឬ​មួយ​ខ្ញុំ​គ្មាន​តម្លៃ​ស្មើ​នឹង​កូន​ដប់​នាក់​ទេ​ឬ?»។
 ក្រោយ​ពេល​គេ​បរិភោគ និង​ផឹក​រួច​ហើយ នាង​ហាណ្ណា​ក្រោក​ឡើង ចូល​ទៅ​ព្រះ‌វិហារ នៅ​ស៊ីឡូ។ ពេល​នោះ លោក​បូជា‌ចារ្យ​ហេលី​អង្គុយ​នៅ​មាត់​ទ្វារ​ព្រះ‌វិហារ​នៃ​ព្រះ‌អម្ចាស់១០ នាង​តូច​ចិត្ត​ជា​ខ្លាំង ហើយ​អធិស្ឋាន​ទៅ​រក​ព្រះ‌អម្ចាស់ ទាំង​យំ​ហូរ​ទឹក​ភ្នែក​រហាម។ ១១ នាង​ទូល‌អង្វរ​ព្រះ‌អង្គ ដោយ​សច្ចា​ថា៖ «ឱ! ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយ! សូម​ទត​មក​ខ្ញុំ​ម្ចាស់ ដែល​កំពុង​តែ​មាន​ទុក្ខ​ព្រួយ សូម​នឹក​ដល់​ខ្ញុំ​ម្ចាស់ ហើយ​កុំ​បំភ្លេច​ខ្ញុំ​ម្ចាស់​ឡើយ។ ប្រសិន​បើ​ព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​ម្ចាស់​មាន​កូន​ប្រុស​មួយ ខ្ញុំ​ម្ចាស់​នឹង​យក​កូន​នោះ​មក​ថ្វាយ​ព្រះ‌អង្គ ដើម្បី​ឲ្យ​នៅ​បម្រើ​ព្រះ‌អង្គ​អស់​មួយ​ជីវិត ហើយ​សក់​របស់​វា​នឹង​មិន​ត្រូវ​កោរ ឬ​កាត់​ឡើយ»។
១២ នាង​ហាណ្ណា​អធិស្ឋាន​យ៉ាង​យូរ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។ ពេល​នោះ លោក​ហេលី​សង្កេត​មើល​មាត់​របស់​នាង។ ១៣ នាង​អធិស្ឋាន​ស្ងាត់ៗ ឃើញ​តែ​បបូរ​មាត់​កម្រើក​តិចៗ ឥត​មាន​ឮ​សូរ​សំឡេង​ទេ។ ដូច្នេះ លោក​ហេលី​នឹក​ស្មាន​ថា នាង​ស្រវឹង​ស្រា។ ១៤ លោក​ក៏​ពោល​ទៅ​នាង​ថា៖ «តើ​នាង​នៅ​ស្រវឹង​ដល់​អង្កាល់​ទៀត ល្មម​ស្វាង​ហើយ!»។ ១៥ នាង​ហាណ្ណា​ឆ្លើយ​តប​ថា៖ «ទេ លោក​ម្ចាស់! នាង​ខ្ញុំ​ជា​ស្ត្រី​មាន​ទុក្ខ នាង​ខ្ញុំ​ពុំ​បាន​ទទួល​ទាន​ស្រា ឬ​គ្រឿង​ស្រវឹង​ណា​ទេ។ នាង​ខ្ញុំ​នៅ​ទី​នេះ ដើម្បី​ទូល​ព្រះ‌អម្ចាស់​ពី​ទុក្ខ​ព្រួយ​របស់​នាង​ខ្ញុំ។ ១៦ សូម​កុំ​ចាត់​ទុក​នាង​ខ្ញុំ​ថា​ជា​ស្ត្រី​អាក្រក់​ឡើយ នាង​ខ្ញុំ​ទូល​ថ្វាយ​ព្រះ‌អង្គ​យ៉ាង​យូរ​ដូច្នេះ ព្រោះ​នាង​ខ្ញុំ​ឈឺ​ចាប់ និង​មាន​ទុក្ខ​កង្វល់​ហួស​ប្រមាណ»។ ១៧ លោក​ហេលី​មាន​ប្រសាសន៍​ទៅ​កាន់​នាង​ថា៖ «សុំ​អញ្ជើញ​ទៅ​ដោយ​សុខ‌សាន្ត! សូម​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល​ប្រោស​ប្រទាន​ឲ្យ​នាង​បាន​សម្រេច​តាម​ពាក្យ​របស់​នាង​ចុះ!»។ ១៨ នាង​ហាណ្ណា​ឆ្លើយ​ថា៖ «សូម​លោក​ម្ចាស់​សម្ដែង​សេចក្ដី​មេត្តា​ករុណា​ដល់​នាង​ខ្ញុំ​ផង!»។ បន្ទាប់​មក នាង​ក៏​ចេញ​ទៅ ហើយ​បរិភោគ​ម្ហូប​អាហារ ព្រម​ទាំង​មាន​ទឹក​មុខ​ស្រស់‌បស់​ឡើង​វិញ។
១៩ លោក​អែល‌កាណា និង​គ្រួសារ​គាត់ ក្រោក​ពី​ព្រលឹម ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ រួច​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​របស់​គេ​នៅ​ឯ​រ៉ាម៉ា​វិញ។
កំណើត និង​កុមារ‌ភាព​របស់​លោក​សាមូអែល
លោក​អែលកាណា​រួម​រស់​ជា​មួយ​នាង​ហាណ្ណា​ជា​ប្រពន្ធ ហើយ​ព្រះ‌អម្ចាស់​ក៏​នឹក​ឃើញ​នាង។ ២០ នៅ​ឆ្នាំ​នោះ នាង​ហាណ្ណា​មាន​ផ្ទៃ​ពោះ ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ ដែល​នាង​ដាក់​ឈ្មោះ​ថា «សាមូអែល» ដ្បិត​នាង​ពោល​ថា «ខ្ញុំ​បាន​ទូល​សូម​កូន​នេះ​ពី​ព្រះ‌អម្ចាស់»។
២១ ក្រោយ​មក លោក​អែលកាណា ជា​ប្ដី បាន​នាំ​គ្រួសារ​របស់​គាត់​ទាំង​អស់​គ្នា យក​យញ្ញ‌បូជា​ប្រចាំ​ឆ្នាំ​ទៅ​ថ្វាយ​ព្រះ‌អម្ចាស់ ព្រម​ទាំង​លា​បំណន់​ផង។ ២២ ប៉ុន្តែ នាង​ហាណ្ណា​ពុំ​បាន​ទៅ​ជា​មួយ​ទេ ដ្បិត​នាង​បាន​ប្រាប់​ប្ដី​ថា៖ «នៅ​ពេល​កូន​ខ្ញុំ​ផ្ដាច់​ដោះ នោះ​ខ្ញុំ​នឹង​នាំ​វា​ទៅ​ថ្វាយ​ព្រះ‌អម្ចាស់ ហើយ​ទុក​វា​នៅ​ទី​នោះ​រហូត»។ ២៣ លោក​អែលកាណា​ជា​ប្ដី តប​វិញ​ថា៖ «ចូរ​ធ្វើ​តាម​ដែល​នាង​យល់​ឃើញ​ថា​ល្អ​ចុះ។ ដូច្នេះ ចូរ​នៅ​ជា​មួយ​កូន​រហូត​ដល់​ពេល​ផ្ដាច់​ដោះ ហើយ​សូម​ព្រះ‌អម្ចាស់​សម្រេច​តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ»។ នាង​ហាណ្ណា​ក៏​នៅ​ចាំ​ផ្ទះ និង​បំបៅ​កូន រហូត​ដល់​ពេល​ផ្ដាច់​ដោះ។
២៤ លុះ​នាង​ផ្ដាច់​ដោះ​កូន​ហើយ នាង​ក៏​នាំ​កូន​ឡើង​ទៅ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ នៅ​ស៊ីឡូ ព្រម​ទាំង​យក​គោ​ឈ្មោល​មួយ​ក្បាល​អាយុ​បី​ឆ្នាំ ម្សៅ​មួយ​ថាំង និង​ស្រា​ទំពាំង‌បាយ‌ជូរ​មួយ​ថង់​ស្បែក​ទៅ​ជា​មួយ​ផង។ ពេល​នោះ កុមារ​សាមូអែល​នៅ​ក្មេង​ណាស់។ ២៥ គេ​សម្លាប់​គោ​នោះ ហើយ​នាំ​កុមារ​ទៅ​ជួប​លោក​ហេលី។ ២៦ នាង​ហាណ្ណា​ពោល​ថា៖ «លោក​ម្ចាស់! នាង​ខ្ញុំ​ជា​ស្ត្រី​ម្នាក់​ដែល​ឈរ​ទូល‌អង្វរ​ព្រះ‌អម្ចាស់ កាល​ពី​មុន នៅ​ទី​នេះ ជិត​លោក។ នេះ​ជា​ការ​ពិត ដូច​លោក​ម្ចាស់​មាន​ជីវិត​នៅ​សព្វ​ថ្ងៃ​ដែរ។ ២៧ នាង​ខ្ញុំ​បាន​ទូល‌អង្វរ​ព្រះ‌អម្ចាស់​សូម​ឲ្យ​មាន​កូន ហើយ​ព្រះ‌អង្គ​ក៏​ប្រោស​ប្រទាន​តាម​ពាក្យ​របស់​នាង​ខ្ញុំ។ ២៨ ឥឡូវ​នេះ នាង​ខ្ញុំ​សូម​យក​កូន​មក​ថ្វាយ​ព្រះ‌អម្ចាស់ ឲ្យ​នៅ​ជា​មួយ​ព្រះ‌អង្គ​អស់​មួយ​ជីវិត»។ បន្ទាប់​មក គេ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់
ទំនុក‌តម្កើង​របស់​នាង​ហាណ្ណា
 ពេល​នោះ នាង​ហាណ្ណា​អធិស្ឋាន​ដូច​ត​ទៅ៖
«ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​មាន​ចិត្ត
ត្រេក‌អរ​សប្បាយ​យ៉ាង​ខ្លាំង
ព្រះ‌អម្ចាស់​លើក​ខ្ញុំ​ឡើង​ឲ្យ​បាន​ខ្ពស់​មុខ
ខ្ញុំ​អាច​ហា​មាត់​និយាយ​តទល់​នឹង​ខ្មាំង​សត្រូវ​វិញ
ខ្ញុំ​មាន​អំណរ​យ៉ាង​ខ្លាំង
ព្រោះ​ព្រះ‌អង្គ​សង្គ្រោះ​ខ្ញុំ។
 គ្មាន​នរណា​ម្នាក់​វិសុទ្ធ* ដូច​ព្រះ‌អម្ចាស់​ទេ
គ្មាន​នរណា​ម្នាក់​ដូច​ព្រះ‌អង្គ​ឡើយ
ហើយ​ក៏​គ្មាន​ថ្ម‌ដា​ណា​រឹង‌មាំ
ដូច​ព្រះ​នៃ​យើង​ដែរ។
 កុំ​ចេះ​តែ​ពោល​ពាក្យ​អួត​បំប៉ោង​ឡើយ
ហើយ​ក៏​មិន​ត្រូវ​ឲ្យ​មាន​ពាក្យ​សម្ដី​ព្រហើន
ចេញ​ពី​មាត់​អ្នក​រាល់​គ្នា​ដែរ
ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ
ដែល​ជ្រាប​សព្វ​គ្រប់​ទាំង​អស់
ព្រះ‌អង្គ​វិនិច្ឆ័យ​គ្រប់​អំពើ​របស់​មនុស្ស។
 ព្រះ‌អង្គ​កាច់​បំបាក់​ធ្នូ​របស់​ទាហាន​ដ៏​ខ្លាំង​ពូកែ
តែ​ព្រះ‌អង្គ​ប្រទាន​កម្លាំង
ដល់​មនុស្ស​ទន់​ខ្សោយ។
 អស់​អ្នក​ដែល​ធ្លាប់​តែ​មាន​អាហារ​បរិបូណ៌
បែរ​ជា​នាំ​គ្នា​ស្វែង​រក​អាហារ​ចម្អែត​ក្រពះ
រីឯ​អ្នក​ដែល​ធ្លាប់​តែ​អត់​ឃ្លាន
បែរ​ជា​មាន​អាហារ​បរិបូណ៌​ទៅ​វិញ។
ព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​ស្ត្រី​អារ
សម្រាល​កូន​ដល់​ទៅ​ប្រាំ​ពីរ​ដង
តែ​ស្ត្រី​សាយ​កូន បែរ​ជា​គ្មាន​កូន​ទៅ​វិញ។
 ជីវិត​របស់​មនុស្ស​ត្រូវ​ស្លាប់ ឬ​រស់
ស្រេច​តែ​លើ​ព្រះ‌អម្ចាស់
គេ​ត្រូវ​ធ្លាក់​ទៅ​ស្ថាន​មនុស្ស​ស្លាប់
ឬ​ឡើង​មក​វិញ ក៏​ស្រេច​តែ​លើ​ព្រះ‌អង្គ​ដែរ
 មនុស្ស​យើង​មាន ឬ​ក្រ ស្រេច​តែ​លើ​ព្រះ‌អម្ចាស់
ព្រះ‌អង្គ​បន្ទាប​នរណា​ក៏​បាន
ឬ​លើក​នរណា​ឡើង​ក៏​បាន។
 ព្រះ‌អង្គ​លើក​មនុស្ស​កំសត់​ទុរគត​ចេញ​ពី​ធូលី​ដី
ហើយ​ដក​មនុស្ស​ក្រីក្រ​ចេញ​ពី​គំនរ​សំរាម
ដើម្បី​ឲ្យ​គេ​បាន​អង្គុយ​ទន្ទឹម​នឹង​អ្នក​ធំ
ព្រម​ទាំង​បាន​គ្រង​រាជ‌សម្បត្តិ​ដ៏​រុង‌រឿង
ដ្បិត​ព្រះ‌អម្ចាស់​បាន​តែង‌តាំង​គ្រឹះ​នៃ​ផែន‌ដី
ហើយ​ព្រះ‌អង្គ​ដាក់​ពិភព‌លោក
នៅ​លើ​គ្រឹះ​នេះ។
 ព្រះ‌អង្គ​ថែ‌រក្សា​ដំណើរ​ជីវិត
របស់​អស់​អ្នក​ដែល​ស្មោះ‌ត្រង់​នឹង​ព្រះ‌អង្គ
រីឯ​មនុស្ស​អាក្រក់​វិញ
គេ​នឹង​ត្រូវ​វិនាស​ក្នុង​ភាព​ងងឹត
ដ្បិត​មនុស្ស​មិន​អាច​មាន​ជ័យ‌ជម្នះ
ដោយ‌សារ​កម្លាំង​របស់​ខ្លួន​ឡើយ។
១០ អស់​អ្នក​ដែល​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់
មុខ​ជា​ត្រូវ​អន្តរាយ
ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​រន្ទះ​ពី​លើ​មេឃ
បាញ់​ចំ​ពួក​គេ។
ព្រះ‌អម្ចាស់​នឹង​វិនិច្ឆ័យ​ទោស​ផែន‌ដី​ទាំង​មូល
ព្រះ‌អង្គ​ប្រទាន​ឫទ្ធា‌នុភាព​ដល់​ស្តេច
ដែល​ព្រះ‌អង្គ​តែង‌តាំង
ព្រម​ទាំង​ប្រទាន​ព្រះ‌ចេស្ដា​ដល់​ព្រះ‌មហា​ក្សត្រ
ដែល​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​អភិសេក»។
១១ បន្ទាប់​មក លោក​អែលកាណា​ក៏​វិល​ទៅ​ផ្ទះ​របស់​គាត់​នៅ​ភូមិ​រ៉ាម៉ា​វិញ រីឯ​កុមារ​សាមូអែល​នៅ​បម្រើ​ព្រះ‌អម្ចាស់ ជា​មួយ​លោក​បូជា‌ចារ្យ​ហេលី។
កូន​ប្រុស​ទាំង​ពីរ​របស់​លោក​ហេលី
១២ កូន​ប្រុស​របស់​លោក​ហេលី​ជា​មនុស្ស​ពាល ពួក​គេ​មិន​ស្គាល់​ព្រះ‌អម្ចាស់​ទេ។ ១៣ ទោះ​បី​អ្នក​ទាំង​នោះ​មាន​មុខ‌ងារ​ជា​បូជា‌ចារ្យ​ក្តី គេ​ប្រព្រឹត្ត​ចំពោះ​ប្រជាជន ដូច​ត​ទៅ: កាល​ណា​មាន​គេ​យក​យញ្ញ‌បូជា​មក​ថ្វាយ​ព្រះ‌អម្ចាស់ អ្នក​បម្រើ​របស់​បូជា‌ចារ្យ​ក៏​ចូល​មក​ចំ​ពេល​ដែល​គេ​ចម្អិន​សាច់ ទាំង​កាន់​សម​មុខ​បី​មក​ជា​មួយ​ផង។ ១៤ អ្នក​បម្រើ​នោះ​យក​សម​ចាក់​សាច់​ដែល​គេ​ស្ងោរ នៅ​ក្នុង​ខ្ទះ ក្នុង​ឆ្នាំង ឬ​ក្នុង​ថ្លាង ហើយ​សាច់​ទាំង​ប៉ុន្មាន​ដែល​នៅ​ជាប់​នឹង​សម​នោះ បូជា‌ចារ្យ​ប្រមូល​យក​ទាំង​អស់។ ពួក​គេ​តែង‌តែ​ប្រព្រឹត្ត​បែប​នេះ​ចំពោះ​ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់ ដែល​មក​ថ្វាយ​យញ្ញ‌បូជា​នៅ​ស៊ីឡូ។ ១៥ ជួន​កាល​មុន​ពេល​គេ​ដុត​ខ្លាញ់ អ្នក​បម្រើ​របស់​បូជា‌ចារ្យ​មក​និយាយ​នឹង​អ្នក​ដែល​ថ្វាយ​យញ្ញ‌បូជា​ថា៖ «ចូរ​ប្រគល់​សាច់​ដែល​ត្រូវ​អាំង​នេះ​ជូន​លោក​បូជា‌ចារ្យ​ទៅ ដ្បិត​លោក​មិន​ទទួល​សាច់​ឆ្អិន​ពី​អ្នក​ទេ គឺ​លោក​ទទួល​តែ​សាច់​ឆៅ​ប៉ុណ្ណោះ»។ ១៦ ប្រសិន​បើ​អ្នក​នោះ​ឆ្លើយ​ថា «ត្រូវ​ដុត​ខ្លាញ់​ជា​មុន​សិន រួច​សឹម​អ្នក​យក​តាម​ចិត្ត​ចុះ!» នោះ​អ្នក​បម្រើ​ពោល​ឡើង​ថា «ទេ! ត្រូវ​ឲ្យ​ខ្ញុំ​ឥឡូវ​នេះ​មក បើ​មិន​ដូច្នោះ​ទេ ខ្ញុំ​នឹង​យក​ដោយ​ប្រើ​កម្លាំង​បាយ!»។ ១៧ អំពើ​បាប​ដែល​កូន​ប្រុស​របស់​លោក​ហេលី​ប្រព្រឹត្ត​នោះ ទាស់​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អម្ចាស់​ខ្លាំង​ណាស់ ដ្បិត​ពួក​គេ​ប្រមាថ​មើល‌ងាយ​តង្វាយ​របស់​ព្រះ‌អង្គ។
កុមារ​សាមូអែល​នៅ​ស៊ីឡូ
១៨ កុមារ​សាមូអែល​បំពេញ​ការ‌ងារ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ គាត់​ពាក់​អាវ​អេផូដ*​ធ្វើ​ពី​ក្រណាត់​ទេស‌ឯក។
១៩ រៀង​រាល់​ឆ្នាំ ម្ដាយ​តែង‌តែ​ដេរ​អាវ​តូច​មួយ​យក​មក​ឲ្យ នៅ​ពេល​នាង​ឡើង​មក​ជា​មួយ​ប្ដី ដើម្បី​ថ្វាយ​យញ្ញ‌បូជា​ប្រចាំ​ឆ្នាំ។ ២០ លោក​ហេលី​ជូន​ពរ​លោក​អែល‌កាណា និង​នាង​ហាណ្ណា​ថា៖ «សូម​ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​អ្នក​មាន​កូន​ផ្សេង​ទៀត ជា​មួយ​ស្ត្រី​នេះ ជំនួស​កូន​ដែល​នាង​បាន​ថ្វាយ​ទៅ​ព្រះ‌អម្ចាស់!»។ បន្ទាប់​មក ពួក​គេ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។ ២១ ព្រះ‌អម្ចាស់​ប្រោស‌ប្រណី​ដល់​នាង​ហាណ្ណា នាង​ក៏​មាន​ផ្ទៃ​ពោះ​ជា​បន្ត​បន្ទាប់ ហើយ​សម្រាល​បាន​កូន​ប្រុស​បី​នាក់ និង​ស្រី​ពីរ​នាក់។ រីឯ​កុមារ​សាមូអែល​មាន​វ័យ​ចម្រើន​ធំ​ឡើង​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់
លោក​ហេលី​ស្តី​បន្ទោស​កូនៗ​របស់​លោក
២២ លោក​ហេលី​មាន​វ័យ​កាន់​តែ​ចាស់​ជរា​ណាស់​ហើយ លោក​ឮ​គេ​និយាយ​ពី​អំពើ​ផ្សេងៗ​ដែល​កូន​ប្រុស​ទាំង​ពីរ​របស់​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល ជា​ពិសេស លោក​ឮ​ថា កូន​របស់​លោក​តែង‌តែ​ដេក​ជា​មួយ​ស្រីៗ ដែល​ធ្វើ​ការ​នៅ​មាត់​ទ្វារ​ព្រះ‌ពន្លា។ ២៣ លោក​ហេលី​ក៏​ពោល​ទៅ​កូនៗ​របស់​លោក​ថា៖ «ហេតុ​អ្វី​បាន​ជា​កូន​ធ្វើ​ដូច្នេះ? ពុក​បាន​ឮ​ប្រជាជន​និយាយ​ពី​អំពើ​អាក្រក់​របស់​កូន​គ្រប់ៗ​គ្នា។ ២៤ កូន​អើយ មិន​ត្រូវ​ធ្វើ​បែប​នេះ​ឡើយ អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ពុក​បាន​ឮ​ប្រជាជន​និយាយ​ពី​កូន​នោះ អាក្រក់​ហួស​ហេតុ​ណាស់! ២៥ ប្រសិន​បើ​មនុស្ស​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប​ទៅ​លើ​ម្នាក់​ទៀត ព្រះ‌ជាម្ចាស់​នឹង​រក​ខុស​ត្រូវ​ឲ្យ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​គេ​ប្រព្រឹត្ត​អំពើ​បាប​ទៅ​លើ​ព្រះ‌អម្ចាស់ តើ​នឹង​មាន​នរណា​រក​ខុស​ត្រូវ​ឲ្យ?»។ កូនៗ​លោក​ហេលី​ពុំ​ព្រម​ស្ដាប់​តាម​ពាក្យ​ទូន្មាន​របស់​ឪពុក​ឡើយ ដ្បិត​ព្រះ‌អម្ចាស់​បាន​សម្រេច​ប្រហារ​ជីវិត​ពួក​គេ​ចោល។
២៦ រីឯ​កុមារ​សាមូអែល​មាន​វ័យ​ចម្រើន​ធំ​ឡើង ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ និង​ជា​ទី​ពេញ​ចិត្ត​របស់​មនុស្ស‌ម្នា​ទាំង‌ឡាយ។
ព្យាការី​ម្នាក់​ប្រកាស​ពី​ការ​ដាក់​ទោស​គ្រួសារ​លោក​ហេលី
២៧ មាន​អ្នក​ជំនិត​មួយ​រូប​របស់​ព្រះ‌ជាម្ចាស់​បាន​មក​ជួប​លោក​ហេលី ពោល​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ:
“កាល​បុព្វ‌បុរស​របស់​អ្នក​ស្ថិត​នៅ​ស្រុក​អេស៊ីប ជា​ទាសករ​របស់​ស្តេច​ផារ៉ោន យើង​បាន​សម្ដែង​ឲ្យ​គេ​ស្គាល់​យើង។ ២៨ យើង​ជ្រើស‌រើស​អរ៉ុន ជា​បុព្វ‌បុរស​របស់​អ្នក ពី​ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​ទាំង​អស់​របស់​ប្រជាជន​អ៊ីស្រា‌អែល ឲ្យ​បំពេញ​មុខ‌ងារ​ជា​បូជា‌ចារ្យ ដើម្បី​ឡើង​ទៅ​អាសនៈ ដុត​គ្រឿង​ក្រអូប និង​ពាក់​អាវ​អេផូដ* បម្រើ​យើង។ យើង​បាន​ចែក​សាច់​ដែល​ជន​ជាតិ​អ៊ីស្រា‌អែល​យក​មក​ដុត​ជា​តង្វាយ​ដល់​យើង ឲ្យ​ពូជ‌ពង្ស​នៃ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា។
២៩ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ជាន់​ឈ្លី​យញ្ញ‌បូជា និង​តង្វាយ ដែល​យើង​បង្គាប់​ឲ្យ​ប្រជាជន​យក​មក​ថ្វាយ នៅ​ក្នុង​ដំណាក់​របស់​យើង? ហេតុ​អ្វី​បាន​ជា​អ្នក​លើក​តម្កើង​កូន​របស់​អ្នក​ជាង​យើង ដោយ​បណ្តោយ​ឲ្យ​កូន​យក​ចំណែក​តង្វាយ​ល្អៗ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល ជា​ប្រជាជន​របស់​យើង យក​ទៅ​បំប៉ន​ខ្លួន​ឯង​ដូច្នេះ?”
៣០ ហេតុ​នេះ ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: យើង​ធ្លាប់​សន្យា​ពី​មុន​មក​ថា ពូជ‌ពង្ស​នៃ​បុព្វ‌បុរស​របស់​អ្នក គឺ​ពូជ‌ពង្ស​របស់​អ្នក នឹង​បម្រើ​យើង​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ ប៉ុន្តែ ឥឡូវ​នេះ យើង​សូម​ប្រកាស​យ៉ាង​ឱឡា‌រិក​ថា យើង​លុប​បំបាត់​ចោល​នូវ​ពាក្យ​សន្យា​នោះ​ហើយ! ដ្បិត​យើង​ផ្តល់​កិត្តិយស​ដល់​អស់​អ្នក​ដែល​លើក​កិត្តិយស​យើង តែ​បើ​អ្នក​ណា​មើល‌ងាយ​យើង យើង​ក៏​លែង​រាប់​រក​អ្នក​នោះ​វិញ​ដែរ! ៣១ ទៅ​អនាគត យើង​នឹង​ធ្វើ​ឲ្យ​អ្នក ព្រម​ទាំង​ពូជ‌ពង្ស​របស់​អ្នក បាក់​កម្លាំង ហើយ​ក្នុង​ពូជ‌ពង្ស​របស់​អ្នក គ្មាន​នរណា​ម្នាក់​មាន​អាយុ​វែង​ទៀត​ឡើយ។ ៣២ អ្នក​នឹង​ឃើញ​គូ‌វិវាទ​របស់​អ្នក ស្ថិត​នៅ​ក្នុង​ដំណាក់​របស់​យើង។ ប្រជាជន​អ៊ីស្រា‌អែល​នឹង​ទទួល​សេចក្ដី​សុខ​ចម្រើន ដោយ‌សារ​អ្នក​នោះ រីឯ​ក្នុង​ពូជ‌ពង្ស​របស់​អ្នក​វិញ គ្មាន​នរណា​ម្នាក់​មាន​អាយុ​វែង​ទៀត​ឡើយ។ ៣៣ ទោះ​ជា​យ៉ាង​ណា​ក្តី យើង​នឹង​ទុក​ឲ្យ​មាន​មនុស្ស​ម្នាក់​ក្នុង​ពូជ‌ពង្ស​របស់​អ្នក បំពេញ​មុខ‌ងារ​នៅ​ជិត​អាសនៈ​របស់​យើង ដើម្បី​ឲ្យ​អ្នក​ឈឺ​ចិត្ត និង​បាត់​បង់​សេចក្ដី​សង្ឃឹម។ រីឯ​កូន​ចៅ​ឯ​ទៀតៗ​របស់​អ្នក​ដែល​កើត​មក​តាម​ក្រោយ នឹង​ត្រូវ​ស្លាប់ ក្នុង​ពេល​កំពុង​តែ​ពេញ​វ័យ។ ៣៤ អ្នក​នឹង​ឃើញ​ការ​ដែល​កើត​មាន​ចំពោះ​កូន​ប្រុស​ទាំង​ពីរ​របស់​អ្នក គឺ​ហូបនី និង​ភីនេអាស ទុក​ជា​ទី​សម្គាល់។ ពួក​គេ​ទាំង​ពីរ​នាក់​នឹង​ត្រូវ​ស្លាប់​ក្នុង​ថ្ងៃ​តែ​មួយ។ ៣៥ បន្ទាប់​មក យើង​ជ្រើស‌រើស​យក​បូជា‌ចារ្យ​មួយ​រូប ដែល​មាន​ចិត្ត​ស្មោះ‌ត្រង់ ហើយ​ប្រព្រឹត្ត​តាម​ចិត្ត និង​តាម​គោល​គំនិត​របស់​យើង។ យើង​នឹង​ឲ្យ​គេ​មាន​ពូជ‌ពង្ស​មួយ​ដែល​មាន​ស្ថិរភាព គេ​នឹង​បម្រើ​ស្តេច​ដែល​យើង​ចាក់​ប្រេង​អភិសេក​ជា​រៀង​រហូត។ ៣៦ ពេល​នោះ ពូជ‌ពង្ស​របស់​អ្នក​ដែល​នៅ​សេស‌សល់ នឹង​មក​ក្រាប​សំពះ​អ្នក​នោះ ដើម្បី​សុំ​ប្រាក់ និង​សុំ​អាហារ ទាំង​អង្វរ​ថា “សូម​មេត្តា​អនុញ្ញាត​ឲ្យ​ខ្ញុំ​ប្របាទ នៅ​បំពេញ​ការ‌ងារ​ជា​បូជា‌ចារ្យ​ជា​មួយ​លោក ដើម្បី​ឲ្យ​ខ្ញុំ​ប្របាទ​មាន​អាហារ​ខ្លះ​សម្រាប់​បរិភោគ​ផង”»។
ព្រះ‌អម្ចាស់​ត្រាស់​ហៅ​កុមារ​សាមូអែល
 កុមារ​សាមូអែល​នៅ​បម្រើ​ព្រះ‌អម្ចាស់​ជា​មួយ​លោក​ហេលី។ នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​កម្រ​មាន​ព្រះ‌បន្ទូល​មក​កាន់​ប្រជាជន​អ៊ីស្រា‌អែល​ណាស់ ហើយ​ក៏​កម្រ​ឲ្យ​នរណា​ម្នាក់​និមិត្ត​ឃើញ​ការ​អស្ចារ្យ​មក​ពី​ព្រះ‌អង្គ​ដែរ។  ពេល​នោះ ភ្នែក​របស់​លោក​ហេលី​ចាប់​ផ្តើម​ងងឹត មើល​អ្វី​សឹង​តែ​លែង​ឃើញ​ទៀត។ មាន​យប់​មួយ លោក​ហេលី​សម្រាន្ដ​នៅ​ក្នុង​បន្ទប់​របស់​លោក  រីឯ​ចង្កៀង​ដែល​គេ​ដុត​ក្នុង​ទី‌សក្ការៈ មិន​ទាន់​រលត់​នៅ​ឡើយ ហើយ​កុមារ​សាមូអែល​ដេក​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់ ត្រង់​កន្លែង​តម្កល់​ហិប​នៃ​សម្ពន្ធ‌មេត្រី*​របស់​ព្រះ‌ជាម្ចាស់។  ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ហៅ​កុមារ​សាមូអែល កុមារ​សាមូអែល​ក៏​ឆ្លើយ «បាទ!»  ហើយ​រត់​ទៅ​រក​លោក​ហេលី ទាំង​ពោល​ថា៖ «បាទ! លោក​តា​ហៅ​ខ្ញុំ​មាន​ការ​អ្វី»។ លោក​ហេលី​ឆ្លើយ​ថា៖ «តា​មិន​បាន​ហៅ​ឯង​ទេ ទៅ​ដេក​វិញ​ទៅ!»។ កុមារ​សាមូអែល​ក៏​ត្រឡប់​ទៅ​ដេក​វិញ។  ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ហៅ​កុមារ​សាមូអែល​ម្ដង​ទៀត សាមូអែល​ក្រោក​ឡើង រត់​ទៅ​រក​លោក​ហេលី ទាំង​ពោល​ថា៖ «បាទ!លោក​តា​ហៅ​ខ្ញុំ​មាន​ការ​អ្វី»។ លោក​ឆ្លើយ​ថា៖ «តា​មិន​បាន​ហៅ​ឯង​ទេ ទៅ​ដេក​វិញ​ទៅ កូន​អើយ!»។  កុមារ​សាមូអែល​មិន​ទាន់​ស្គាល់​ព្រះ‌អម្ចាស់​ទេ ដ្បិត​មក​ទល់​ពេល​នោះ ព្រះ‌អង្គ​ពុំ​ធ្លាប់​មាន​ព្រះ‌បន្ទូល​មក​កាន់​គេ​នៅ​ឡើយ។  ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ហៅ​កុមារ​សាមូអែល​ម្ដង​ទៀត ជា​លើក​ទី​បី។ កុមារ​សាមូអែល​ក៏​ក្រោក​ឡើង រត់​ទៅ​រក​លោក​ហេលី ទាំង​ពោល​ថា៖ «បាទ លោក​តា​ហៅ​ខ្ញុំ​មាន​ការ​អ្វី»។ ពេល​នោះ លោក​ហេលី​យល់​ថា​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ហៅ​ក្មេង​នេះ។  លោក​ហេលី​ប្រាប់​សាមូអែល​ថា៖ «ទៅ​ដេក​វិញ​ចុះ ប្រសិន​បើ​មាន​ឮ​សំឡេង​ហៅ​ម្ដង​ទៀត ត្រូវ​ឆ្លើយ​ថា “បពិត្រ​ព្រះ‌អម្ចាស់ សូម​មាន​ព្រះ‌បន្ទូល​មក​ចុះ ទូល‌បង្គំ ជា​អ្នក​បម្រើ រង់‌ចាំ​ស្ដាប់​ហើយ”»។ កុមារ​សាមូអែល​ក៏​ត្រឡប់​ទៅ​ដេក​នៅ​កន្លែង​ដដែល​វិញ។ ១០ ព្រះ‌អម្ចាស់​យាង​មក​ឈរ​នៅ​ក្បែរ​នោះ ហើយ​មាន​ព្រះ‌បន្ទូល​ហៅ​ដូច​លើក​មុនៗ​ថា៖ «សាមូអែល! សាមូអែល!» កុមារ​សាមូអែល​ឆ្លើយ​ថា៖ «សូម​មាន​ព្រះ‌បន្ទូល​មក​ចុះ ទូល‌បង្គំ ជា​អ្នក​បម្រើ រង់‌ចាំ​ស្ដាប់​ព្រះ‌អង្គ​ហើយ»។ ១១ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​កុមារ​សាមូអែល​ថា៖ «មើល៍! យើង​នឹង​ធ្វើ​ឲ្យ​មាន​ហេតុ‌ការណ៍​មួយ​ដ៏​រន្ធត់ កើត​ឡើង​នៅ​ស្រុក​អ៊ីស្រា‌អែល។ នរណា​ក៏​ដោយ ឲ្យ​តែ​ឮ​គេ​និយាយ​អំពី​ហេតុ‌ការណ៍​នេះ ក៏​តក់‌ស្លុត​ដែរ។ ១២ នៅ​ថ្ងៃ​នោះ យើង​នឹង​ប្រព្រឹត្ត​ចំពោះ​ហេលី​ស្រប​តាម​សេចក្ដី​ទាំង​អស់ ដែល​យើង​បាន​ព្រមាន​គ្រួសារ​គាត់ តាំង​ពី​ដើម ដល់​ចប់។ ១៣ យើង​បាន​ប្រាប់​គាត់​រួច​ហើយ​ថា យើង​នឹង​ដាក់​ទោស​គ្រួសារ​របស់​គាត់​រហូត​ត​ទៅ ព្រោះ​តែ​កំហុស​ដែល​កូនៗ​របស់​គាត់​បាន​ប្រព្រឹត្ត ហើយ​គាត់​ដឹង​យ៉ាង​ច្បាស់​ថា កូនៗ​របស់​គាត់​ប្រមាថ​មើល‌ងាយ​យើង តែ​គាត់​មិន​ស្តី​បន្ទោស​កូន​ទេ។ ១៤ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ប្រាប់​ក្រុម​គ្រួសារ​ហេលី​យ៉ាង​ម៉ឺង‌ម៉ាត់​ថា យើង​មិន​លើក‌លែង​ទោស​របស់​ពួក​គេ​ទេ ទោះ​បី​ពួក​គេ​យក​យញ្ញ‌បូជា ឬ​តង្វាយ​អ្វី​មក​ថ្វាយ​យើង​ក៏​ដោយ»។
១៥ កុមារ​សាមូអែល​ដេក​រហូត​ដល់​ព្រឹក រួច​ក៏​បើក​ទ្វារ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ កុមារ​សាមូអែល​មិន​ហ៊ាន​ជម្រាប​លោក​ហេលី អំពី​និមិត្ត​ហេតុ​ដ៏​អស្ចារ្យ ដែល​ព្រះ‌ជាម្ចាស់​សម្ដែង​ឲ្យ​ខ្លួន​ឃើញ​ឡើយ។ ១៦ លោក​ហេលី​ហៅ​កុមារ​សាមូអែល​ថា៖ «កូន​សាមូអែល​អើយ!»។ សាមូអែល​ឆ្លើយ «បាទ!»។ ១៧ លោក​សួរ​ថា៖ «តើ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​កូន​ឯង​ដូច​ម្ដេច​ខ្លះ? កុំ​លាក់​នឹង​តា​អី ប្រសិន​បើ​កូន​លាក់​ពាក្យ‌ពេចន៍​ណា​មួយ​ដែល​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ប្រាប់​នោះ សូម​ព្រះ‌អង្គ​ដាក់​ទោស​កូន​យ៉ាង​ធ្ងន់​ចុះ!»។ ១៨ កុមារ​សាមូអែល​ក៏​រៀប​រាប់​ព្រះ‌បន្ទូល​ទាំង​អស់​ប្រាប់​លោក​ហេលី ដោយ​ឥត​លាក់‌លៀម​ពាក្យ​ណា​មួយ​ឡើយ។ លោក​មាន​ប្រសាសន៍​ថា៖ «ព្រះ‌អង្គ​ជា​ព្រះ‌អម្ចាស់ សូម​ព្រះ‌អង្គ​សម្រេច​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ​ចុះ!»។
១៩ សាមូអែល​មាន​វ័យ​ចម្រើន​ធំ​ឡើង ព្រះ‌អម្ចាស់គង់​ជា​មួយ​លោក ហើយ​គ្រប់​សេចក្ដី​ដែល​លោក​ថ្លែង​ក្នុង​ព្រះ‌នាម​របស់​ព្រះ‌អង្គ សុទ្ធ​តែ​បាន​សម្រេច​ទាំង​អស់។ ២០ ក្នុង​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល ចាប់​តាំង​ពី​ក្រុង​ដាន់​រហូត​ដល់​ក្រុង​បៀរសេបា ប្រជាជន​គ្រប់ៗ​គ្នា​ទទួល​ស្គាល់​ថា លោក​សាមូអែល​ពិត​ជា​ព្យាការី​របស់​ព្រះ‌អម្ចាស់​មែន។ ២១ ព្រះ‌អម្ចាស់​នៅ​តែ​បន្ត​យាង​មក​ស៊ីឡូ។ នៅ​ទី​នោះ ព្រះ‌អម្ចាស់​សម្ដែង​ឲ្យ​លោក​សាមូអែល​ស្គាល់ តាម‌រយៈ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។
 លោក​សាមូអែល​ក៏​នាំ​យក​ព្រះ‌បន្ទូល​នេះ ទៅ​ប្រកាស​ប្រាប់​ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល។
ជន​ជាតិ​ភីលីស្ទីន​ដណ្ដើម​យក​បាន​ហិប​នៃ​សម្ពន្ធ‌មេត្រី
ថ្ងៃ​មួយ ជន​ជាតិ​អ៊ីស្រា‌អែល​បាន​ចេញ​ទៅ​ច្បាំង​តទល់​នឹង​ជន​ជាតិ​ភីលីស្ទីន។ ពួក​គេ​បោះ​ទ័ព​នៅ​ជិត​អេបេន-‌អេស៊ែរ រីឯ​ពួក​ភីលីស្ទីន​បោះ​ទ័ព​នៅ​អាផេក។  ជន​ជាតិ​ភីលីស្ទីន​តំរៀប​ទ័ព​ប្រឈម​មុខ​នឹង​ជន​ជាតិ​អ៊ីស្រា‌អែល ហើយ​ការ​ប្រយុទ្ធ​ក៏​ផ្ទុះ​ឡើង។ ជន​ជាតិ​ភីលីស្ទីន​វាយ​ឈ្នះ​ជន​ជាតិ​អ៊ីស្រា‌អែល និង​សម្លាប់​ទាហាន​អ៊ីស្រា‌អែល​នៅ​លើ​សមរ‌ភូមិ អស់​ប្រហែល​បួន‌ពាន់​នាក់។  ទាហាន​ដែល​នៅ​សេស‌សល់ នាំ​គ្នា​វិល​ត្រឡប់​មក​ទី​តាំង​ទ័ព​វិញ។ ពួក​ព្រឹទ្ធាចារ្យ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល​ពោល​ថា៖ «ថ្ងៃ​នេះ ហេតុ​អ្វី​បាន​ជា​ព្រះ‌អម្ចាស់​បណ្តោយ​ឲ្យ​យើង​ចាញ់​ពួក​ភីលីស្ទីន​ដូច្នេះ? ចូរ​យើង​ទៅ​ស៊ីឡូ នាំ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់​យក​មក​ជា​មួយ​ពួក​យើង ដើម្បី​ឲ្យ​ហិប​នោះ​សង្គ្រោះ​ពួក​យើង​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ»។  គេ​ក៏​ចាត់​មនុស្ស​ឲ្យ​ទៅ​ស៊ីឡូ ហើយ​នាំ​យក​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​ដែល​គង់​នៅ​លើ​ពួក​ខេរូ‌ប៊ីម*។ កូន​ប្រុស​ទាំង​ពីរ​របស់​លោក​ហេលី គឺ​ហូបនី និង​ភីនេអាស មក​ជា​មួយ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌ជាម្ចាស់​ដែរ។
 ពេល​គេ​នាំ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់​មក​ដល់​ទី​តាំង​ទ័ព ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​ស្រែក​ជយ‌ឃោស​យ៉ាង​ខ្លាំង រហូត​ដល់​ធ្វើ​ឲ្យ​ខ្ទរ​ផែន‌ដី។  កាល​ពួក​ភីលីស្ទីន​ឮ​សម្រែក​ជយ‌ឃោស​យ៉ាង​ខ្លាំង​នេះ ក៏​ពោល​ថា៖ «តើ​មាន​រឿង​អ្វី​បាន​ជា​ពួក​ហេប្រឺ​ស្រែក​ហ៊ោ​កញ្ជ្រៀវ​នៅ​ក្នុង​ជំរំ​ខ្លាំង​ម៉្លេះ?»។ បន្ទាប់​មក ទើប​ពួក​នេះ​យល់​ថា​ហិប​របស់​ព្រះ‌អម្ចាស់​មក​ដល់​ជំរំ​ហើយ។  ពួក​ភីលីស្ទីន​ក៏​ភិត‌ភ័យ ហើយ​ពោល​ថា៖ «ព្រះ​របស់​ពួក​គេ​យាង​មក​ដល់​ជំរំ​របស់​គេ​ហើយ។ យើង​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន ដ្បិត​ពី​មុន មិន​ដែល​មាន​ហេតុ‌ការណ៍​ដូច្នេះ​ទេ។  យើង​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន! តើ​នរណា​នឹង​រំដោះ​យើង​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ព្រះ​ដ៏​ខ្លាំង​ពូកែ​នោះ? គឺ​ព្រះ​នោះ​ហើយ​ដែល​បាន​វាយ​ជន​ជាតិ​អេស៊ីប​ឲ្យ​រង​ទុក្ខ​វេទនា​គ្រប់​បែប​យ៉ាង នៅ​វាល​រហោ‌ស្ថាន។  ភីលីស្ទីន​អើយ! ចូរ​មាន​កម្លាំង និង​ចិត្ត​អង់‌អាច​ឡើង ដើម្បី​កុំ​ឲ្យ​ធ្លាក់​ខ្លួន​ទៅ​ជា​ខ្ញុំ​បម្រើ​របស់​ពួក​ហេប្រឺ ដូច​ពួក​គេ​បាន​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​យើង​ដែរ។ ចូរ​មាន​ចិត្ត​អង់‌អាច ហើយ​ប្រយុទ្ធ​នឹង​ពួក​គេ​ចុះ!»។ ១០ ពួក​ភីលីស្ទីន​ក៏​ចូល​ប្រយុទ្ធ ហើយ​វាយ​ជន​ជាតិ​អ៊ីស្រា‌អែល​ឲ្យ​បរា‌ជ័យ បាក់​ទ័ព​រត់​ទៅ​ជំរំ​របស់​គេ​រៀងៗ​ខ្លួន។ នៅ​ពេល​នោះ ពួក​អ៊ីស្រា‌អែល​បរា‌ជ័យ​យ៉ាង​ធ្ងន់ គឺ​កង‌ពល​ថ្មើរ​ជើង​របស់​គេ​ស្លាប់​អស់​បី‌ម៉ឺន​នាក់។ ១១ ហិប​របស់​ព្រះ‌ជាម្ចាស់​ត្រូវ​ខ្មាំង​ដណ្ដើម​យក​បាន ហើយ​កូន​ប្រុស​ទាំង​ពីរ​របស់​លោក​ហេលី គឺ ហូបនី និង​ភីនេអាស​ក៏​បាត់​បង់​ជីវិត​ដែរ។
មរណ‌ភាព​របស់​លោក​បូជា‌ចារ្យ​ហេលី ព្រម​ទាំង​កូន​ប្រសា​ស្រី​របស់​លោក
១២ នៅ​ថ្ងៃ​ដដែល​នោះ បុរស​ម្នាក់​ក្នុង​កុល‌សម្ព័ន្ធ​បេនយ៉ាមីន​បាន​រត់​ពី​សមរ‌ភូមិ​ទៅ​ដល់​ស៊ីឡូ ខោ‌អាវ​របស់​គាត់​រហែក​ដាច់​អស់ ហើយ​ក្បាល​គាត់​ប្រឡាក់​ទៅ​ដោយ​ធូលី​ដី​ផង។ ១៣ កាល​បុរស​នោះ​មក​ដល់ លោក​ហេលី​កំពុង​តែ​អង្គុយ​លើ​កៅអី រង់‌ចាំ​នៅ​មាត់​ផ្លូវ ចិត្ត​របស់​លោក​អន្ទះ‌សា ដោយ​នឹក​បារម្ភ​អំពី​ហិប​នៃ​ព្រះ‌ជាម្ចាស់។ បុរស​នោះ​ចូល​មក​ក្នុង​ទី‌ក្រុង រួច​ប្រកាស​ដំណឹង​ដល់​ប្រជាជន។ អ្នក​ក្រុង​ទាំង​មូល​នាំ​គ្នា​ស្រែក​យំ​យ៉ាង​ខ្លោច‌ផ្សា។ ១៤ កាល​ឮ​ប្រជាជន​ស្រែក​យំ​ដូច្នេះ លោក​ហេលី​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​មាន​សម្រែក​អឺង‌កង​យ៉ាង​នេះ?»។ បុរស​នោះ​ក៏​ប្រញាប់‌ប្រញាល់​ចូល​ទៅ​ជម្រាប​ដំណឹង​ដល់​លោក។ ១៥ នៅ​គ្រា​នោះ លោក​ហេលី​មាន​អាយុ​កៅ‌សិប​ប្រាំ‌បី​ឆ្នាំ​ហើយ ភ្នែក​របស់​លោក​ងងឹត​មើល​អ្វី​លែង​ឃើញ។ ១៦ បុរស​នោះ​ជម្រាប​លោក​ហេលី​ថា៖ «ខ្ញុំ​ប្របាទ​មក​ពី​សមរ‌ភូមិ ហើយ​ទើប​នឹង​រត់​មក​ដល់​ថ្ងៃ​នេះ»។ លោក​ហេលី​ក៏​សួរ​ថា៖ «យ៉ាង‌ម៉េច​ទៅ​ហើយ កូន​អើយ?»។ ១៧ បុរស​ដែល​នាំ​ដំណឹង​មក​នោះ ជម្រាប​លោក​ថា៖ «ពួក​អ៊ីស្រា‌អែល​យើង​បាន​បាក់​ទ័ព​រត់​នៅ​ចំពោះ​មុខ​ពួក​ភីលីស្ទីន គឺ​យើង​ទទួល​បរា‌ជ័យ​យ៉ាង​ធ្ងន់‌ធ្ងរ កូន​ប្រុស​ទាំង​ពីរ​របស់​លោក គឺ ហូបនី និង​ភីនេអាស​ក៏​ស្លាប់ រីឯ​ហិប​របស់​ព្រះ‌ជាម្ចាស់​ក៏​ត្រូវ​គេ​ដណ្ដើម​យក​ទៅ​ដែរ»។ ១៨ ពេល​គេ​រៀប​រាប់​អំពី​ហិប​របស់​ព្រះ‌ជាម្ចាស់​មិន​ទាន់​ចប់​ស្រួល‌បួល​ផង លោក​ហេលី​ធ្លាក់​ពី​កៅអី បោក​ត្រូវ​លើ​ជ្រុង​ទ្វារ បាក់​ក​ស្លាប់​មួយ​រំពេច ព្រោះ​លោក​មាន​វ័យ​ចាស់​ជរា ព្រម​ទាំង​ធាត់​ទៀត​ផង។ លោក​ហេលី​គ្រប់‌គ្រង​លើ​ជន​ជាតិ​អ៊ីស្រា‌អែល អស់‌រយៈ​ពេល​សែ‌សិប​ឆ្នាំ។
១៩ រីឯ​កូន​ប្រសា​ស្រី​របស់​លោក​ហេលី គឺ​ប្រពន្ធ​របស់​លោក​ភីនេអាស មាន​ផ្ទៃ​ពោះ​គ្រប់​ខែ​ហើយ។ កាល​នាង​ទទួល​ដំណឹង​ថា គេ​បាន​ដណ្ដើម​យក​ហិប​របស់​ព្រះ‌ជាម្ចាស់ ហើយ​ឪពុក​ក្មេក និង​ប្ដី​របស់​នាង​ក៏​ស្លាប់​ដែរ នោះ​នាង​ទន់​ជង្គង់ ចាប់​ផ្តើម​ឈឺ​ផ្ទៃ ហើយ​សម្រាល​កូន។ ២០ ពេល​នាង​ជិត​ផុត​ដង្ហើម ពួក​ស្រីៗ​ដែល​នៅ​ឈរ​ក្បែរ​នាង​ពោល​ឡើង​ថា៖ «កុំ​ភ័យ​ខ្លាច​អ្វី ព្រោះ​នាង​សម្រាល​បាន​កូន​ប្រុស​មួយ!»។ ប៉ុន្តែ នាង​ពុំ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់ ឬ​ឆ្លើយ​តប​ទៅ​ពួក​គេ​វិញ​ទេ។ ២១ នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា «អ៊ីកា‌បុដ» ដែល​មាន​ន័យ​ថា «សិរី‌រុង​រឿង​បាន​ចាក​ចេញ​ពី​ជន​ជាតិ​អ៊ីស្រា‌អែល​ហើយ!»។ នាង​ពោល​ដូច្នេះ មក​ពី​ខ្មាំង​ដណ្ដើម​យក​បាន​ហិប​របស់​ព្រះ‌ជាម្ចាស់ ហើយ​ឪពុក​ក្មេក និង​ប្ដី​របស់​នាង​ក៏​ស្លាប់​ដែរ។ ២២ នាង​ពោល​ថា៖ «សិរី‌រុង​រឿង​បាន​ចាក​ចេញ​ពី​ជន​ជាតិ​អ៊ីស្រា‌អែល​ហើយ» ដ្បិត​ខ្មាំង​ដណ្ដើម​យក​បាន​ហិប​របស់​ព្រះ‌ជាម្ចាស់!។
ហិប​នៃ​សម្ពន្ធ‌មេត្រី​នៅ​ស្រុក​ភីលីស្ទីន
 ពួក​ភីលីស្ទីន​ដណ្ដើម​យក​បាន​ហិប​របស់​ព្រះ‌ជាម្ចាស់ ហើយ​ដឹក​ពី​អេបេន-‌អេស៊ែរ​ទៅ​ក្រុង​អាស្ដូដ។  ពួក​ភីលីស្ទីន​យក​ហិប​របស់​ព្រះ‌ជាម្ចាស់​ចូល​ទៅ​ក្នុង​វិហារ​របស់​ព្រះ‌ដាកុន ហើយ​តម្កល់​នៅ​ជិត​រូប​សំណាក​របស់​ព្រះ‌ដាកុន។  លុះ​ស្អែក​ឡើង ពួក​អ្នក​ក្រុង​អាស្ដូដ​ក្រោក​ពី​ព្រលឹម ឃើញ​រូប​ព្រះ‌ដាកុន​នោះ​ធ្លាក់​ផ្កាប់​មុខ​នៅ​លើ​ដី ខាង​មុខ​ហិប​របស់​ព្រះ‌អម្ចាស់។ ពួក​គេ​លើក​រូប​ព្រះ‌ដាកុន​នោះ​ឡើង ដាក់​ត្រង់​កន្លែង​ដើម​វិញ។  លុះ​ស្អែក​ឡើង ពួក​គេ​ក្រោក​ពី​ព្រលឹម ឃើញ​រូប​ព្រះ‌ដាកុន​នោះ​ធ្លាក់​ផ្កាប់​មុខ​នៅ​លើ​ដី ខាង​មុខ​ហិប​របស់​ព្រះ‌អម្ចាស់​ទៀត។ ក្បាល និង​ដៃ​ទាំង​ពីរ​របស់​រូប​ព្រះ‌ដាកុន បាក់​ខ្ទាត​ទៅ​នៅ​មាត់​ទ្វារ​វិហារ គឺ​នៅ​សល់​តែ​ដង​ខ្លួន​ប៉ុណ្ណោះ។  ហេតុ​នេះ​ហើយ​បាន​ជា​រហូត​មក​ទល់​សព្វ​ថ្ងៃ ពួក​បូជា‌ចារ្យ​របស់​ព្រះ‌ដាកុន និង​អស់​អ្នក​ដែល​ចូល​ក្នុង​វិហារ​ព្រះ‌ដាកុន មិន​ហ៊ាន​ដើរ​ជាន់​មាត់​ទ្វារ​វិហារ​នេះ​ឡើយ។  ព្រះ‌អម្ចាស់​សម្ដែង​ឫទ្ធា‌នុភាព​ដាក់​ទោស​អ្នក​ក្រុង​អាស្ដូដ គឺ​ព្រះ‌អង្គ​បង្ក​ឲ្យ​មាន​វិនាស‌កម្ម​ក្នុង​ចំណោម​ពួក​គេ ព្រះ‌អង្គ​ធ្វើ​ឲ្យ​ប្រជាជន​នៅ​ក្រុង​អាស្ដូដ និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ​កើត​ឫស‌ដូង‌បាត។  កាល​ពួក​គេ​ឃើញ​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន ដែល​កើត​មាន​ចំពោះ​ខ្លួន​ដូច្នេះ ក៏​និយាយ​ថា៖ «មិន​ត្រូវ​ទុក​ហិប​របស់​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល​នៅ​ក្នុង​ស្រុក​យើង​ឡើយ ដ្បិត​ឫទ្ធា‌នុភាព​របស់​ព្រះ​នេះ​សង្កត់​មក​លើ​ពួក​យើង និង​ព្រះ‌ដាកុន​របស់​យើង​ខ្លាំង​ណាស់»។  ពួក​គេ​ចាត់​មនុស្ស​ឲ្យ​ទៅ​អញ្ជើញ​ស្តេច​ត្រាញ់​ទាំង​អស់​នៃ​ជន​ជាតិ​ភីលីស្ទីន​មក រួច​ពោល​ថា៖ «តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​ចំពោះ​ហិប​របស់​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល?»។ ស្តេច​ត្រាញ់​ទាំង​នោះ​ឆ្លើយ​ថា៖ «ត្រូវ​ផ្ទេរ​ហិប​របស់​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល​នេះ​ទៅ​ក្រុង​កាថ​វិញ!»។ ពួក​គេ​ក៏​ផ្ទេរ​ហិប​របស់​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល​ទៅ​ក្រុង​នោះ។  កាល​គេ​ផ្ទេរ​ហិប​ទៅ​ដល់​ក្រុង​កាថ​ហើយ ព្រះ‌អម្ចាស់​ក៏​បាន​ដាក់​ទោស​ក្រុង​នោះ​ដែរ ដោយ​ធ្វើ​ឲ្យ​កើត​វឹក‌វរ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ទី‌ក្រុង គឺ​ព្រះ‌អង្គ​ដាក់​ទណ្ឌ‌កម្ម​ពួក​គេ​ឲ្យ​កើត​ឫស‌ដូង‌បាត តាំង​ពី​អ្នក​តូច​រហូត​ដល់​អ្នក​ធំ។ ១០ ដូច្នេះ ពួក​គេ​បញ្ជូន​ហិប​របស់​ព្រះ‌ជាម្ចាស់​ទៅ​ក្រុង​អេក្រូន​វិញ។ ប៉ុន្តែ ពេល​គេ​នាំ​ហិប​របស់​ព្រះ‌ជាម្ចាស់​ចូល​ទៅ​ក្នុង​ក្រុង​អេក្រូន ប្រជាជន​នៅ​ក្រុង​នោះ​នាំ​គ្នា​ស្រែក​ឡើង​ថា៖ «គេ​បាន​ផ្ទេរ​ហិប​របស់​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល​មក​ក្នុង​ក្រុង​យើង ដើម្បី​សម្លាប់​យើង​ទាំង​អស់​គ្នា​ហើយ»។ ១១ ពួក​គេ​ក៏​ចាត់​មនុស្ស​ឲ្យ​ទៅ​អញ្ជើញ​ស្តេច​ត្រាញ់​ទាំង​អស់​នៃ​ជន​ជាតិ​ភីលីស្ទីន​មក រួច​ពោល​ថា៖ «ចូរ​បញ្ជូន​ហិប​របស់​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល​ត្រឡប់​ទៅ​កន្លែង​ដើម​វិញ​ទៅ ដើម្បី​កុំ​ឲ្យ​យើង​ទាំង​អស់​គ្នា​ត្រូវ​ស្លាប់ ដោយ‌សារ​ហិប​នោះ»។
នៅ​ក្នុង​ទី‌ក្រុង​ទាំង​មូល​មាន​កើត​ជ្រួល‌ច្របល់​យ៉ាង​ខ្លាំង ព្រោះ​ព្រះ‌ជាម្ចាស់​បាន​ដាក់​ទោស​ពួក​គេ​យ៉ាង​ធ្ងន់‌ធ្ងរ។ ១២ អស់​អ្នក​ដែល​នៅ​សល់​ពី​ស្លាប់​សុទ្ធ​តែ​កើត​ឫស‌ដូង‌បាត ហើយ​សម្រែក​របស់​ពួក​គេ​លាន់​ឮ​រំពង រហូត​ដល់​លើ​មេឃ។
ជន​ជាតិ​ភីលីស្ទីន​បញ្ជូន​ហិប​នៃ​សម្ពន្ធ‌មេត្រី ទៅ​ស្រុក​អ៊ីស្រា‌អែល
 ហិប​របស់​ព្រះ‌អម្ចាស់​ស្ថិត​នៅ​លើ​ទឹក​ដី​ភីលីស្ទីន អស់‌រយៈ​ពេល​ប្រាំ​ពីរ​ខែ។  ជន​ជាតិ​ភីលីស្ទីន​ហៅ​ពួក​បូជា‌ចារ្យ និង​គ្រូ​ទាយ​របស់​ពួក​គេ​មក​សួរ​ថា៖ «តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​ចំពោះ​ហិប​របស់​ព្រះ‌អម្ចាស់? សូម​ប្រាប់​យើង​មក តើ​យើង​ត្រូវ​បញ្ជូន​ហិប​នេះ​ទៅ​កន្លែង​ដើម​វិញ​ដោយ​វិធី​ណា?»។  ពួក​គេ​តប​មក​វិញ​ថា៖ «បើ​សិន​ជា​អ្នក​រាល់​គ្នា​ចង់​បញ្ជូន​ហិប​របស់​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល​ត្រឡប់​ទៅ​វិញ សូម​កុំ​បញ្ជូន​ទៅ​ដោយ​ឥត​ផ្ញើ​អ្វី​ទៅ​ជា​មួយ​ឡើយ គឺ​ត្រូវ​យក​តង្វាយ​ទៅ​ថ្វាយ​ព្រះ‌អង្គ សូម​ព្រះ‌អង្គ​លើក‌លែង​ទោស​ឲ្យ​អ្នក​រាល់​គ្នា ដើម្បី​អ្នក​រាល់​គ្នា​ជា​សះ‌ស្បើយ ហើយ​ដឹង​អំពី​មូល​ហេតុ​ដែល​ព្រះ‌អង្គ​ដាក់​ទោស​អ្នក​រាល់​គ្នា»។  ជន​ជាតិ​ភីលីស្ទីន​សួរ​ទៀត​ថា៖ «តើ​យើង​ត្រូវ​យក​តង្វាយ​អ្វី​ទៅ​ថ្វាយ ដើម្បី​សូម​ព្រះ‌អង្គ​លើក‌លែង​ទោស​ឲ្យ?»។ ពួក​បូជា‌ចារ្យ និង​ពួក​គ្រូ​ទាយ​ឆ្លើយ​ថា៖ «សូម​យក​រូប​ឫស‌ដូង‌បាត​ធ្វើ​ពី​មាស​ចំនួន​ប្រាំ និង​រូប​កណ្តុរ​មាស​ប្រាំ ស្រប​តាម​ចំនួន​ស្តេច​ត្រាញ់​ទាំង​ប្រាំ​នៃ​ជន​ជាតិ​ភីលីស្ទីន ដ្បិត​អ្នក​រាល់​គ្នា និង​ស្តេច​ត្រាញ់​ទាំង​ប្រាំ សុទ្ធ​តែ​បាន​រង​គ្រោះ​កាច​ដូចៗ​គ្នា។  ចូរ​ឆ្លាក់​រូប​ឫស‌ដូង‌បាត និង​រូប​កណ្តុរ ដែល​រាត‌ត្បាត​ស្រុក​របស់​អ្នក​រាល់​គ្នា រួច​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល​ទៅ នោះ​ប្រហែល​ជា​ព្រះ‌អង្គ​នឹង​បន្ធូរ​បន្ថយ​ទណ្ឌ‌កម្ម​លើ​អ្នក​រាល់​គ្នា លើ​ព្រះ​របស់​អ្នក​រាល់​គ្នា និង​លើ​ស្រុក​របស់​អ្នក​រាល់​គ្នា​ផង។  ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មាន​ចិត្ត​រឹង‌រូស​ដូច​ជន​ជាតិ​អេស៊ីប និង​ព្រះ‌ចៅ​ផារ៉ោន​ដូច្នេះ? ព្រះ‌ជាម្ចាស់​បាន​ដាក់​ទោស​ជន​ជាតិ​អេស៊ីប​យ៉ាង​ធ្ងន់ រហូត​ដល់​ពួក​គេ​យល់​ព្រម​ឲ្យ​ជន​ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​នោះ។  ចូរ​រៀប‌ចំ​រទេះ​ថ្មី​មួយ ព្រម​ទាំង​យក​មេ​គោ​ពីរ​ក្បាល ដែល​កំពុង​បំបៅ​កូន និង​ពុំ​ដែល​ទឹម​សោះ មក​ទឹម​រទេះ​នោះ រួច​បំបែក​កូន​វា ដោយ​ឃាំង​ទុក​ក្នុង​ក្រោល។  ចូរ​យក​ហិប​របស់​ព្រះ‌អម្ចាស់​ទៅ​ដាក់​លើ​រទេះ រួច​យក​វត្ថុ​ធ្វើ​អំពី​មាស​ដាក់​ក្នុង​ប្រអប់​មួយ ជិត​ហិប។ វត្ថុ​ទាំង​នោះ​ជា​តង្វាយ សម្រាប់​សូម​ព្រះ‌អង្គ​លើក‌លែង​ទោស។ បន្ទាប់​មក ទុក​ឲ្យ​មេ​គោ​នាំ​ហិប​នោះ​ចេញ​ទៅ ដោយ​គ្មាន​អ្នក​បរ។  ចូរ​តាម​មើល ប្រសិន​បើ​មេ​គោ​នាំ​ហិប​នោះ​ឆ្ពោះ​ទៅ​ស្រុក​អ៊ីស្រា‌អែល​ត្រង់​បេតសេ‌ម៉េស នោះ​ស​ឲ្យ​ឃើញ​ថា ពិត​ជា​ព្រះ‌អម្ចាស់ ដែល​បាន​ធ្វើ​ឲ្យ​ពួក​យើង​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង​នេះ។ ប៉ុន្តែ បើ​វា​មិន​ដើរ​ឆ្ពោះ​ទៅ​ទិស​នោះ​ទេ យើង​នឹង​ដឹង​ថា មិន​មែន​ព្រះ‌អង្គ​ទេ​ដែល​ដាក់​ទោស​ពួក​យើង គឺ​ហេតុ‌ការណ៍​កើត​ឡើង ដោយ​ចៃដន្យ»។
១០ ជន​ជាតិ​ភីលីស្ទីន​ក៏​ធ្វើ​តាម។ ពួក​គេ​យក​មេ​គោ​ពីរ​ក្បាល​ដែល​កំពុង​បំបៅ​កូន​មក​ទឹម​រទេះ ហើយ​បង្ឃាំង​កូន​វា​នៅ​ក្នុង​ក្រោល។ ១១ ពួក​គេ​យក​ហិប​របស់​ព្រះ‌អម្ចាស់ ព្រម​ទាំង​ប្រអប់​ដែល​មាន​រូប​កណ្តុរ​មាស និង​រូប​ឫស‌ដូង‌បាត​ធ្វើ​អំពី​មាស​ដាក់​លើ​រទេះ។ ១២ មេ​គោ​ទាំង​នោះ​ដើរ​តម្រង់​ទៅ​កាន់​បេតសេ‌ម៉េស វា​ដើរ​តាម​ផ្លូវ ទាំង​ស្រែក​រោទ៍ តែ​មិន​ងាក​ឆ្វេង ងាក​ស្តាំ​ឡើយ។ ស្តេច​ត្រាញ់​នៃ​ជន​ជាតិ​ភីលីស្ទីន​នាំ​គ្នា​ដើរ​តាម​ក្រោយ​រទេះ​នោះ រហូត​ដល់​ព្រំ‌ប្រទល់​បេតសេ‌ម៉េស។
១៣ ពេល​នោះ ប្រជាជន​នៅ​បេតសេ‌ម៉េស​កំពុង​តែ​ច្រូត​ស្រូវ នៅ​តាម​ជ្រលង​ភ្នំ។ កាល​ពួក​គេ​ងើប​មុខ​ឡើង ក្រឡេក​មើល​ទៅ ឃើញ​ហិប​នោះ​មក​ដល់ ពួក​គេ​ត្រេក​អរ​យ៉ាង​ខ្លាំង។ ១៤ រទេះ​មក​ដល់​ចម្ការ​របស់​លោក​យ៉ូស៊ូអា ជា​អ្នក​ភូមិ​បេតសេ‌ម៉េស ហើយ​ឈប់​នៅ​ទី​នោះ ជិត​ផ្ទាំង​សិលា​ធំ​មួយ។ ប្រជាជន​នៅ​បេតសេ‌ម៉េស​នាំ​គ្នា​ពុស​រទេះ​ធ្វើ​ជា​អុស ហើយ​យក​មេ​គោ​ទាំង​ពីរ​មក​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល​ដល់​ព្រះ‌អម្ចាស់១៥ ពួក​លេវី​បាន​យក​ហិប​របស់​ព្រះ‌អម្ចាស់ ព្រម​ទាំង​ប្រអប់​ដែល​ដាក់​វត្ថុ​ធ្វើ​អំពី​មាស​ជាប់​មក​ជា​មួយ ទៅ​ដាក់​លើ​ផ្ទាំង​សិលា។ នៅ​ថ្ងៃ​នោះ ប្រជាជន​នៅ​បេតសេ‌ម៉េស​នាំ​គ្នា​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ព្រម​ទាំង​យញ្ញ‌បូជា​ដល់​ព្រះ‌អម្ចាស់១៦ កាល​បាន​ឃើញ​ហេតុ‌ការណ៍​ទាំង​អស់​នោះ​ហើយ ស្តេច​ត្រាញ់​ទាំង​ប្រាំ​នៃ​ជន​ជាតិ​ភីលីស្ទីន​វិល​ត្រឡប់​មក​ក្រុង​អេក្រូន​វិញ នៅ​ថ្ងៃ​ដដែល។
១៧ ជន​ជាតិ​ភីលីស្ទីន​បាន​ផ្ញើ​រូប​ឫស‌ដូង‌បាត​ធ្វើ​អំពី​មាស​ចំនួន​ប្រាំ មក​ថ្វាយ​ព្រះ‌អម្ចាស់ ដើម្បី​សូម​ព្រះ‌អង្គ​លើក‌លែង​ទោស​ឲ្យ គឺ​មួយ​សម្រាប់​ក្រុង​អាស្ដូដ មួយ​សម្រាប់​ក្រុង​កាសា មួយ​សម្រាប់​ក្រុង​អាស្កា‌ឡូន មួយ​សម្រាប់​ក្រុង​កាថ និង​មួយ​ទៀត​សម្រាប់​ក្រុង​អេក្រូន។ ១៨ គេ​ក៏​ផ្ញើ​រូប​កណ្តុរ​មាស​តាម​ចំនួន​ក្រុង​ភីលីស្ទីន​ទាំង​ប៉ុន្មាន ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ស្តេច​ត្រាញ់​ទាំង​ប្រាំ​ដែរ ដោយ​រាប់​ចាប់​តាំង​ពី​ក្រុង​ដែល​មាន​កំពែង​រឹង‌មាំ រហូត​ដល់​ភូមិ​តូចៗ​ដែល​គ្មាន​កំពែង។ ផ្ទាំង​សិលា​ដ៏​ធំ​ក្នុង​ចម្ការ​របស់​លោក​យ៉ូស៊ូអា ជា​អ្នក​ភូមិ​បេតសេ‌ម៉េស ជា​កន្លែង​ដែល​គេ​តម្កល់​ហិប​របស់​ព្រះ‌អម្ចាស់ នៅ​ស្ថិត‌ស្ថេរ​រហូត​ដល់​សព្វ​ថ្ងៃ ជា​បន្ទាល់​ពី​ហេតុ‌ការណ៍​នោះ។
១៩ ព្រះ‌អម្ចាស់​បាន​ដាក់​ទោស​ប្រជាជន​នៅ​បេតសេ‌ម៉េស ពី‌ព្រោះ​ពួក​គេ​សម្លឹង​មើល​ហិប​របស់​ព្រះ‌អម្ចាស់។ ព្រះ‌អង្គ​បាន​ប្រហារ​មនុស្ស​ចិត‌សិប​នាក់​ក្នុង​ចំណោម​ពួក​គេ។ ប្រជាជន​នាំ​គ្នា​កាន់​ទុក្ខ ដោយ​ព្រះ‌អម្ចាស់​ដាក់​ទោស​គេ​យ៉ាង​ធ្ងន់‌ធ្ងរ។ ២០ ប្រជាជន​នៅ​បេតសេ‌ម៉េស​ពោល​ថា៖ «តើ​នរណា​អាច​ឈរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏‌វិសុទ្ធ​នេះ​បាន? តើ​យើង​អាច​ផ្ទេរ​ហិប​របស់​ព្រះ‌អង្គទៅ​កន្លែង​ណា ដើម្បី​ឲ្យ​ចេញ​ឆ្ងាយ​ពី​ពួក​យើង?»។ ២១ ពួក​គេ​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​អ្នក​ស្រុក​គៀរីយ៉ាត-‌យេអារីម ដើម្បី​ប្រាប់​ថា៖ «ពួក​ភីលីស្ទីន​នាំ​ហិប​របស់​ព្រះ‌អម្ចាស់​មក​វិញ​ហើយ សូម​អញ្ជើញ​មក​ទទួល​យក​ទៅ​ស្រុក​របស់​បង‌ប្អូន​ចុះ!»។
 អ្នក​ស្រុក​គៀរីយ៉ាត-‌យេអារីម​នាំ​គ្នា​មក ហើយ​យក​ហិប​របស់​ព្រះ‌អម្ចាស់​ទៅ​តម្កល់​ក្នុង​ផ្ទះ​របស់​លោក​អប៊ី‌ណាដាប់ ដែល​ស្ថិត​នៅ​លើ​ភ្នំ។ ពួក​គេ​តែង‌តាំង​លោក​អេឡា‌សារ ជា​កូន​របស់​លោក​អប៊ី‌ណាដាប់ ឲ្យ​ថែ‌រក្សា​ហិប​របស់​ព្រះ‌អម្ចាស់
ជ័យ‌ជម្នះ​លើ​កង‌ទ័ព​ភីលីស្ទីន
 ជា​យូរ‌លង់​ក្រោយ​មក គឺ​ប្រមាណ​ម្ភៃ​ឆ្នាំ​ក្រោយ​ពេល​ដែល​គេ​យក​ហិប​ទៅ​តម្កល់​នៅ​គៀរីយ៉ាត-‌យេអារីម ពូជ‌ពង្ស​អ៊ីស្រា‌អែល​ទាំង​មូល​នាំ​គ្នា​ស្រែក​អង្វរ​រក​ព្រះ‌អម្ចាស់។  ពេល​នោះ លោក​សាមូអែល​មាន​ប្រសាសន៍​ទៅ​កាន់​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ទាំង​មូល​ថា៖ «បើ​សិន​ជា​អ្នក​រាល់​គ្នា​វិល​មក​រក​ព្រះ‌អម្ចាស់​វិញ ដោយ​ស្មោះ ចូរ​បោះ​បង់​ចោល​ព្រះ​របស់​សាសន៍​ដទៃ និង​ព្រះ​អាស្តា‌រ៉ូត* ហើយ​ផ្ចង់​ចិត្ត​គំនិត​ទៅ​រក​ព្រះ‌អម្ចាស់ និង​គោរព​បម្រើ​តែ​ព្រះ‌អង្គ​មួយ​ប៉ុណ្ណោះ នោះ​ព្រះ‌អង្គ​នឹង​រំដោះ​អ្នក​រាល់​គ្នា​ពី​កណ្ដាប់​ដៃ​របស់​ពួក​ភីលីស្ទីន​ជា​មិន​ខាន»។  ជន​ជាតិ​អ៊ីស្រា‌អែល​បាន​នាំ​គ្នា​បោះ​បង់​ចោល​ព្រះ‌បាល* និង​ព្រះ​អាស្តា‌រ៉ូត ហើយ​គោរព​បម្រើ​តែ​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ។
លោក​សាមូអែល​មាន​ប្រសាសន៍​ថា៖ «ចូរ​ប្រមូល​ផ្តុំ​ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់ នៅ​មីសប៉ា រួច​ហើយ​ខ្ញុំ​នឹង​ទូល‌អង្វរ​ព្រះ‌អម្ចាស់​ឲ្យ​អ្នក​រាល់​គ្នា»។  ជន​ជាតិ​អ៊ីស្រា‌អែល​ក៏​ប្រជុំ​គ្នា​នៅ​មីសប៉ា ពួក​គេ​បាន​ដង​ទឹក​យក​ទៅ​ចាក់​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ហើយ​តម​អាហារ​នៅ​ថ្ងៃ​នោះ។ ពួក​គេ​សារ‌ភាព​ថា៖ «យើង​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​ព្រះ‌អម្ចាស់»។ លោក​សាមូអែល​គ្រប់‌គ្រង​ប្រជាជន​អ៊ីស្រា‌អែល នៅ​មីសប៉ា។
កាល​ជន​ជាតិ​ភីលីស្ទីន​បាន​ឮ​ដំណឹង​ថា ជន​ជាតិ​អ៊ីស្រា‌អែល​ប្រជុំ​គ្នា​នៅ​មីសប៉ា ពួក​ស្តេច​ត្រាញ់​របស់​ជន​ជាតិ​ភីលីស្ទីន​ក៏​លើក​ទ័ព​ទៅ​វាយ​ជន​ជាតិ​អ៊ីស្រា‌អែល។ ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​ជន​ជាតិ​អ៊ីស្រា‌អែល​ភ័យ​ខ្លាច​ជា​ខ្លាំង។  ពួក​គេ​ជម្រាប​លោក​សាមូអែល​ថា៖ «សូម​កុំ​បោះ​បង់​ចោល​យើង​ខ្ញុំ​ឡើយ! តែ​សូម​ទូល‌អង្វរ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង ដើម្បី​ឲ្យ​ព្រះ‌អង្គ​សង្គ្រោះ​យើង​ពី​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​ភីលីស្ទីន»។  លោក​សាមូអែល​បាន​យក​កូន​ចៀម​មួយ​ដែល​នៅ​បៅ មក​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល​ដល់​ព្រះ‌អម្ចាស់ រួច​ទូល‌អង្វរ​សូម​ព្រះ‌អម្ចាស់​ជួយ​ជន​ជាតិ​អ៊ីស្រា‌អែល ព្រះ‌អង្គ​ក៏​ឆ្លើយ​តប​មក​លោក​វិញ។ ១០ នៅ​ពេល​លោក​សាមូអែល​កំពុង​តែ​ថ្វាយ​តង្វាយ​ដុត កង‌ទ័ព​ភីលីស្ទីន​ចូល​មក​វាយ​លុក​ជន​ជាតិ​អ៊ីស្រា‌អែល។ ប៉ុន្តែ នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​មាន​ផ្គរ‌លាន់​ឮ​យ៉ាង​ខ្លាំង​ពី​លើ​ពួក​ភីលីស្ទីន បណ្តាល​ឲ្យ​ពួក​គេ​ជ្រួល‌ច្របល់ បាក់​ទ័ព​រត់​នៅ​មុខ​ជន​ជាតិ​អ៊ីស្រា‌អែល។ ១១ កង‌ទ័ព​អ៊ីស្រា‌អែល​ចេញ​ពី​មីសប៉ា ដេញ​តាម​ប្រហារ​ពួក​ភីលីស្ទីន រហូត​ដល់​បេតកា។ ១២ លោក​សាមូអែល​បាន​យក​ថ្ម​មក​ដាក់​នៅ​ចន្លោះ​មីសប៉ា និង​សេន ហើយ​ដាក់​ឈ្មោះ​ថ្ម​នោះ​ថា អេបេន-‌អេស៊ែរ ដោយ​ពោល​ថា ព្រះ‌អម្ចាស់​បាន​សង្គ្រោះ​យើង​រហូត​ដល់​ពេល​នេះ។
១៣ កង‌ទ័ព​ភីលីស្ទីន​បាក់‌ស្បាត​លែង​ហ៊ាន​លុក‌លុយ​ទឹក​ដី​អ៊ីស្រា‌អែល​ទៀត។ ព្រះ‌អម្ចាស់​បាន​សម្ដែង​ឫទ្ធា‌នុភាព ប្រឆាំង​នឹង​ជន​ជាតិ​ភីលីស្ទីន អស់​មួយ​ជីវិត​របស់​លោក​សាមូអែល។ ១៤ ក្រុង​ទាំង​ប៉ុន្មាន​ដែល​ពួក​ភីលីស្ទីន​វាយ​ដណ្ដើម​យក​ពី​អ៊ីស្រា‌អែល​នោះ គឺ​ចាប់​តាំង​ពី​ក្រុង​អេក្រុន​រហូត​ដល់​កាថ និង​តំបន់​ជិត​ខាង បាន​ត្រឡប់​មក​ជា​កម្ម‌សិទ្ធិ​របស់​អ៊ីស្រា‌អែល ជន​ជាតិ​អ៊ីស្រា‌អែល​រំដោះ​យក​ទឹក​ដី​ទាំង​នោះ​ពី​កណ្ដាប់​ដៃ​របស់​ពួក​ភីលីស្ទីន។ មួយ​វិញ​ទៀត ជន​ជាតិ​អ៊ីស្រា‌អែល និង​ជន​ជាតិ​អាម៉ូរី ក៏​រស់​នៅ​យ៉ាង​សុខ‌សាន្ត​ជា​មួយ​គ្នា​ដែរ។
១៥ លោក​សាមូអែល​បាន​គ្រប់‌គ្រង​លើ​ជន​ជាតិ​អ៊ីស្រា‌អែល​អស់​មួយ​ជីវិត។ ១៦ រៀង​រាល់​ឆ្នាំ លោក​តែង​ធ្វើ​ដំណើរ​ជុំ‌វិញ​ស្រុក​អ៊ីស្រា‌អែល ពី​បេតអែល​ទៅ​គីលកាល់ និង​មីសប៉ា ហើយ​លោក​កាត់​ក្តី​ឲ្យ​ជន​ជាតិ​អ៊ីស្រា‌អែល​នៅ​កន្លែង​ទាំង​នោះ។ ១៧ បន្ទាប់​មក លោក​វិល​ត្រឡប់​ទៅ​គេហ‌ដ្ឋាន​របស់​លោក​នៅ​រ៉ាម៉ា​វិញ គឺ​ទី​នោះ​ហើយ​ដែល​លោក​កាត់​ក្តី​ឲ្យ​ជន​ជាតិ​អ៊ីស្រា‌អែល និង​សង់​អាសនៈ​មួយ​ថ្វាយ​ព្រះ‌អម្ចាស់

ការ​តែង‌តាំង​ព្រះ‌មហា​ក្សត្រ

ប្រជាជន​អ៊ីស្រា‌អែល​ទាម‌ទារ​ចង់​បាន​ស្តេច​មួយ​អង្គ
 កាល​លោក​សាមូអែល​មាន​វ័យ​កាន់​តែ​ចាស់​ណាស់​ហើយ លោក​បាន​តែង‌តាំង​កូន​ប្រុសៗ​របស់​លោក​ឲ្យ​គ្រប់‌គ្រង​ប្រជាជន​អ៊ីស្រា‌អែល។  កូន​ប្រុស​ច្បង​របស់​លោក​ឈ្មោះ​យ៉ូអែល និង​កូន​ទី​ពីរ​ឈ្មោះ​អប៊ីយ៉ា។ អ្នក​ទាំង​ពីរ​គ្រប់‌គ្រង​នៅ​ក្រុង​បៀរសេបា។  ប៉ុន្តែ កូន​ប្រុស​របស់​លោក​សាមូអែល​ពុំ​បាន​ដើរ​តាម​គន្លង​របស់​ឪពុក​ទេ។ ពួក​គេ​គិត​តែ​ពី​ចង់​បាន​ប្រាក់​កាស ស៊ី​សំណូក និង​កាត់​ក្តី​ដោយ​អយុត្តិធម៌។  ហេតុ​នេះ ព្រឹទ្ធាចារ្យ​ទាំង​អស់​របស់​ជន​ជាតិ​អ៊ីស្រា‌អែល​បាន​ប្រជុំ​គ្នា ហើយ​ទៅ​ជួប​លោក​សាមូអែល​នៅ​រ៉ាម៉ា។  ព្រឹទ្ធាចារ្យ​ទាំង​នោះ​ជម្រាប​លោក​ថា៖ «ឥឡូវ​នេះ លោក​ចាស់​ហើយ រីឯ​កូន​របស់​លោក​ទៀត​សោត ក៏​ពុំ​ដើរ​តាម​គន្លង​របស់​លោក​ដែរ។ ដូច្នេះ សូម​តែង‌តាំង​ឲ្យ​មាន​ស្តេច​មួយ​អង្គ​សោយ​រាជ្យ​លើ​យើង​ខ្ញុំ ដូច​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​ផង»។  ពេល​ឮ​ពួក​ព្រឹទ្ធាចារ្យ​ពោល​ថា «សូម​តែង‌តាំង​ឲ្យ​មាន​ស្តេច​មួយ​អង្គ​សោយ​រាជ្យ​លើ​យើង​ខ្ញុំ» ដូច្នេះ លោក​សាមូអែល​មិន​សប្បាយ​ចិត្ត​ទេ លោក​ក៏​ទូល‌អង្វរ​ព្រះ‌អម្ចាស់។  ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តប​មក​ថា៖ «ចូរ​ស្ដាប់​តាម​ពាក្យ​សម្ដី​ទាំង​ប៉ុន្មាន​របស់​ប្រជាជន​ដែល​បាន​ទាម‌ទារ​នោះ​ចុះ។ មិន​មែន​អ្នក​ទេ​ដែល​ពួក​គេ​បោះ​បង់​ចោល គឺ​យើង​ទេ​តើ​ដែល​ពួក​គេ​បោះ​បង់​ចោល ពួក​គេ​មិន​ចង់​ឲ្យ​យើង​សោយ​រាជ្យ​លើ​ពួក​គេ​ទៀត​ឡើយ។  តាំង​ពី​ថ្ងៃ​យើង​បាន​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប​មក​រហូត​ដល់​ឥឡូវ​នេះ ពួក​គេ​បាន​បោះ​បង់​ចោល​យើង ដើម្បី​ទៅ​គោរព​បម្រើ​ព្រះ​ដទៃ​ទៀត។ ពួក​គេ​ប្រព្រឹត្ត​ចំពោះ​អ្នក ដូច​ពួក​គេ​ធ្លាប់​ប្រព្រឹត្ត​ចំពោះ​យើង​ដែរ។  ដូច្នេះ ចូរ​ស្ដាប់​តាម​ពាក្យ​សម្ដី​ពួក​គេ​ឥឡូវ​នេះ​ចុះ ប៉ុន្តែ ចូរ​ព្រមាន​ពួក​គេ​យ៉ាង​ម៉ឺង‌ម៉ាត់​ជា​មុន ព្រម​ទាំង​ពន្យល់​ពួក​គេ​ថា ស្តេច​ដែល​នឹង​សោយ​រាជ្យ​លើ​ពួក​គេ​នោះ មាន​សិទ្ធិ​យ៉ាង​ណាៗ​ខ្លះ»។
សិទ្ធិ​របស់​ស្តេច
១០ លោក​សាមូអែល​បាន​នាំ​យក​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អម្ចាស់ មក​ថ្លែង​ប្រាប់​ប្រជាជន ដែល​ទាម‌ទារ​សុំ​ឲ្យ​មាន​ស្តេច​នោះ​ថា៖ ១១ «ស្តេច​ដែល​នឹង​សោយ​រាជ្យ​លើ​អ្នក​រាល់​គ្នា​មាន​សិទ្ធិ​ដូច​ត​ទៅ គឺ​ស្តេច​នឹង​យក​កូន​ប្រុស​របស់​អ្នក​រាល់​គ្នា​ធ្វើ​ជា​ទាហាន ខ្លះ​នៅ​ខាង​កង​រទេះ​ចម្បាំង​របស់​ស្តេច ខ្លះ​នៅ​ខាង​ទ័ព‌សេះ​របស់​ស្តេច ខ្លះ​ទៀត​រត់​នៅ​មុខ​រាជ‌រថ។ ១២ ស្តេច​នឹង​តែង‌តាំង​មេ‌កង​ឲ្យ​ត្រួត​ទាហាន​មួយ​ពាន់​នាក់ ឬ​មេ​ក្រុម​ដែល​ត្រួត​ទាហាន​ហា‌សិប​នាក់។ ស្តេច​ប្រើ​អ្នក​ខ្លះ​ឲ្យ​ទៅ​ភ្ជួរ​រាស់ ច្រូត​កាត់​ថ្វាយ​ស្តេច ហើយ​ខ្លះ​ទៀត​ផលិត​គ្រឿង​អាវុធ និង​គ្រឿង​ប្រដាប់​រទេះ​ចម្បាំង​របស់​ស្តេច។ ១៣ ស្តេច​នឹង​ប្រើ​កូន​ស្រីៗ​របស់​អ្នក​រាល់​គ្នា​ឲ្យ​ធ្វើ​ជា​អ្នក​លាប​គ្រឿង​ក្រអូប អ្នក​ដាំ​បាយ និង​អ្នក​ធ្វើ​នំ។ ១៤ ស្តេច​នឹង​យក​ស្រែ ចម្ការ​ទំពាំង‌បាយ‌ជូរ និង​ចម្ការ​អូលីវ​ដ៏​ល្អៗ​របស់​អ្នក​រាល់​គ្នា ប្រគល់​ទៅ​ឲ្យ​មេ‌ទ័ព​របស់​ខ្លួន។ ១៥ ស្តេច​នឹង​យក​ពន្ធ​មួយ​ភាគ​ដប់​នៃ​ភោគ‌ផល​ពី​ស្រូវ ពី​ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​អ្នក​រាល់​គ្នា ប្រគល់​ទៅ​ឲ្យ​មហាតលិក រាជការ និង​រាជ​បម្រើ​របស់​ខ្លួន។ ១៦ ស្តេច​នឹង​យក​ខ្ញុំ​បម្រើ​ប្រុស​ស្រី និង​ពួក​យុវ‌ជន​របស់​អ្នក​រាល់​គ្នា គឺ​អ្នក​ដែល​មាន​កម្លាំង​កំហែង​ជាង​គេ ព្រម​ទាំង​យក​សត្វ​លា​របស់​អ្នក​រាល់​គ្នា ឲ្យ​ទៅ​ធ្វើ​ការ‌ងារ​របស់​ខ្លួន។ ១៧ ស្តេច​នឹង​យក​ចៀម​ចំនួន​មួយ​ភាគ​ដប់​ពី​ហ្វូង​ចៀម​របស់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ក្លាយ​ជា​ខ្ញុំ​បម្រើ​របស់​ស្តេច។ ១៨ ថ្ងៃ​មួយ អ្នក​រាល់​គ្នា​នឹង​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ ព្រោះ​តែ​ស្តេច​ដែល​អ្នក​រាល់​គ្នា​បាន​ជ្រើស‌រើស តែ​នៅ​ថ្ងៃ​នោះ ព្រះ‌អង្គ​មិន​ឆ្លើយ​តប​មក​អ្នក​រាល់​គ្នា​ឡើយ!»។
១៩ ប៉ុន្តែ ប្រជាជន​មិន​ព្រម​ស្ដាប់​តាម​ពាក្យ​របស់​លោក​សាមូអែល​ទេ។ ពួក​គេ​ប្រកែក​ថា៖ «ទេ! យើង​ចង់​បាន​ស្តេច​មួយ​អង្គ​សោយ​រាជ្យ​លើ​យើង ២០ ដើម្បី​ឲ្យ​យើង​បាន​ដូច​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​ទៀត​ដែរ។ ស្តេច​របស់​យើង​នឹង​គ្រប់‌គ្រង​លើ​យើង ព្រះ‌អង្គ​នឹង​យាង​នាំ​មុខ​យើង ហើយ​ចេញ​ទៅ​ច្បាំង​ជា​មួយ​យើង»។ ២១ កាល​លោក​សាមូអែល​ឮ​ពាក្យ​សម្ដី​ទាំង​ប៉ុន្មាន​របស់​ប្រជាជន លោក​ក៏​យក​ទៅ​ទូល​ព្រះ‌អម្ចាស់២២ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​សាមូអែល​ថា៖ «ចូរ​ស្ដាប់​តាម​ពាក្យ​របស់​គេ ហើយ​តែង‌តាំង​ស្តេច​មួយ​អង្គ​ឲ្យ​គ្រង​រាជ្យ​លើ​ពួក​គេ​ចុះ!»។ បន្ទាប់​មក លោក​សាមូអែល​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​អ៊ីស្រា‌អែល​ថា៖ «ចូរ​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ស្រុក​ភូមិ​រៀងៗ​ខ្លួន​វិញ​ចុះ!»។
លោក​សាអ៊ូល​ស្វែង​រក​សត្វ​លា​ដែល​បាត់
 ក្នុង​កុល‌សម្ព័ន្ធ​បេនយ៉ាមីន មាន​បុរស​ម្នាក់​ឈ្មោះ​គីស ជា​កូន​របស់​លោក​អប៊ីអែល ជា​ចៅ​របស់​លោក​សេរោ ជា​ចៅ‌ទួត​របស់​លោក​បេកូ‌រ៉ាត ក្នុង​អំបូរ​អភី‌យ៉ា។ លោក​គីស​ជា​អភិ‌ជន​មួយ​រូប  លោក​មាន​កូន​ប្រុស​ម្នាក់​ឈ្មោះ​សាអ៊ូល ជា​យុវ‌ជន​ដែល​មាន​រូប​សម្បត្តិ​ល្អ​ស្អាត។ ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រា‌អែល គ្មាន​នរណា​ម្នាក់​ល្អ​ស្អាត​ដូច​យុវ‌ជន​នេះ​ឡើយ ហើយ​គាត់​មាន​មាឌ​ខ្ពស់​ជាង​គេ​ទាំង​អស់។
 ថ្ងៃ​មួយ លា​ញី​មួយ​ចំនួន​របស់​លោក​គីស ជា​ឪពុក​របស់​លោក​សាអ៊ូល វង្វេង​បាត់។ លោក​គីស​ក៏​ប្រាប់​ទៅ​លោក​សាអ៊ូល ជា​កូន​ថា៖ «ចូរ​នាំ​អ្នក​បម្រើ​ម្នាក់​មក ហើយ​ទៅ​តាម​រក​លា​ញី​ទាំង​នោះ​ចុះ»។  លោក​សាអ៊ូល​ដើរ​កាត់​តំបន់​ភ្នំ​អេប្រាអ៊ីម និង​ស្រុក​សាលី‌សា តែ​រក​លា​ពុំ​ឃើញ​ទេ។ គាត់​ក៏​ទៅ​រក​នៅ​ស្រុក​សាលីម នៅ​តែ​រក​ពុំ​ឃើញ ហើយ​ទៅ​ស្រុក​បេនយ៉ាមីន ក៏​នៅ​តែ​រក​ពុំ​ឃើញ​ដដែល។  កាល​ទៅ​ដល់​តំបន់​ស៊ូភ លោក​សាអ៊ូល​ពោល​ទៅ​កាន់​អ្នក​បម្រើ ដែល​មក​ជា​មួយ​ថា៖ «ចូរ​យើង​ត្រឡប់​ទៅ​ផ្ទះ​វិញ ក្រែង​លោ​ឪពុក​របស់​ខ្ញុំ​លែង​គិត​ដល់​លា​ញី​ទាំង​នោះ ហើយ​បែរ​ជា​ព្រួយ​បារម្ភ​ពី​ពួក​យើង​វិញ»។  អ្នក​បម្រើ​ឆ្លើយ​តប​ថា៖ «នៅ​ភូមិ​ខាង​មុខ​នេះ មាន​អ្នក​ជំនិត​មួយ​រូប​របស់​ព្រះ‌ជាម្ចាស់ ជា​មនុស្ស​ដែល​គេ​គោរព​រាប់​អាន។ អ្វីៗ​ដែល​លោក​មាន​ប្រសាសន៍​សុទ្ធ​តែ​សម្រេច​ទាំង​អស់។ ដូច្នេះ យើង​ទៅ​រក​គាត់​មើល៍ ប្រហែល​ជា​លោក​នឹង​ប្រាប់​យើង​ពី​ផ្លូវ​ដែល​ត្រូវ​ទៅ»។  លោក​សាអ៊ូល​ឆ្លើយ​តប​ថា៖ «បើ​យើង​ទៅ​ជួប​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ តើ​បាន​អ្វី​យក​ទៅ​ជូន​លោក? ក្នុង​សម្ពាយ​យើង​គ្មាន​សល់​នំបុ័ង​ទេ ហើយ​យើង​ក៏​គ្មាន​ជំនូន​អ្វី​សម្រាប់​ជូន​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ដែរ តើ​យើង​មាន​អ្វី?»។  អ្នក​បម្រើ​ពោល​ជម្រាប​លោក​សាអ៊ូល​វិញ​ថា៖ «ខ្ញុំ​ប្របាទ​មាន​ប្រាក់​មួយ​កាក់​ជាប់​នឹង​ខ្លួន​ដែរ ខ្ញុំ​ប្របាទ​នឹង​ជូន​ប្រាក់​នេះ​ទៅ​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ ដើម្បី​ឲ្យ​លោក​បង្ហាញ​ផ្លូវ​យើង»។  ពី​ដើម នៅ​ស្រុក​អ៊ីស្រា‌អែល កាល​ណា​គេ​ទៅ​ទូល​សូម​អ្វី​ពី​ព្រះ‌ជាម្ចាស់ គេ​តែង​ពោល​ថា «មក៍! យើង​ទៅ​រក​គ្រូ​ទាយ!» ដ្បិត​អ្នក​ដែល​យើង​ហៅ​ថា​ព្យាការី​សព្វ​ថ្ងៃ​នេះ នៅ​ជំនាន់​ដើម គេ​តែង​ហៅ​ថា «គ្រូ​ទាយ»។ ១០ លោក​សាអ៊ូល​តប​ទៅ​អ្នក​បម្រើ​វិញ​ថា៖ «យោបល់​ល្អ! តោ៎ះ យើង​ទៅ!»។ អ្នក​ទាំង​ពីរ​ក៏​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ភូមិ ដែល​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​រស់​នៅ។
១១ ពេល​ឡើង​ភ្នំ​ទៅ​ជិត​ដល់​ភូមិ អ្នក​ទាំង​ពីរ​ជួប​នឹង​ក្រមុំៗ​ដែល​ចេញ​មក​ដង​ទឹក ក៏​សួរ​ថា៖ «តើ​លោក​គ្រូ​ទាយ​នៅ​ទី​នេះ​ឬ​ទេ?»។ ១២ នាង​ទាំង​នោះ​ឆ្លើយ​ថា៖ «ចា៎ស! លោក​នៅ​ខាង​មុខ​នុ៎ះ! សូម​ប្រញាប់‌ប្រញាល់​ទៅ ថ្ងៃ​នេះ លោក​អញ្ជើញ​មក​ភូមិ​យើង ព្រោះ​ប្រជាជន​ត្រូវ​ថ្វាយ​យញ្ញ‌បូជា​នៅ​កន្លែង​សក្ការៈ​លើ​ទួល​ខ្ពស់! ១៣ ពេល​ចូល​ទៅ​ដល់​ភូមិ អ្នក​ទាំង​ពីរ​នឹង​ជួប​លោក មុន​លោក​ឡើង​ទៅ​កន្លែង​សក្ការៈ ដើម្បី​ពិសា​អាហារ។ ពេល​ណា​លោក​អញ្ជើញ​ទៅ​ដល់ ទើប​ប្រជាជន​អាច​បរិភោគ​បាន ដ្បិត​លោក​ត្រូវ​ឲ្យ​ពរ​យញ្ញ‌បូជា​នោះ​សិន ទើប​ភ្ញៀវ​ទាំង​អស់​បរិភោគ។ ដូច្នេះ សូម​អញ្ជើញ​ភ្លាម​ទៅ អ្នក​ទាំង​ពីរ​មុខ​ជា​បាន​ជួប​លោក​មិន​ខាន»។
លោក​សាអ៊ូល​ទៅ​ជួប​លោក​សាមូអែល
១៤ អ្នក​ទាំង​ពីរ​បន្ត​ដំណើរ​ទៅ​មុខ ពេល​ចូល​ទៅ​ក្នុង​ភូមិ ពួក​គេ​ជួប​លោក​សាមូអែល ចំ​ពេល​លោក​ឡើង​ទៅ​កាន់​កន្លែង​សក្ការៈ។ ១៥ មួយ​ថ្ងៃ​មុន​លោក​សាអ៊ូល​មក​ដល់ ព្រះ‌អម្ចាស់​យាង​មក​ជួប​លោក​សាមូអែល ១៦ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ស្អែក ពេល​ថ្មើរ​ហ្នឹង យើង​នឹង​ចាត់​បុរស​ម្នាក់​ពី​ស្រុក​បេនយ៉ាមីន​ឲ្យ​មក​ជួប​អ្នក។ អ្នក​ត្រូវ​ចាក់​ប្រេង​តែង‌តាំង​អ្នក​នោះ ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​អ៊ីស្រា‌អែល ជា​ប្រជាជន​របស់​យើង។ អ្នក​នោះ​នឹង​រំដោះ​ប្រជាជន​យើង ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​ភីលីស្ទីន ដ្បិត​យើង​បាន​ឃើញ​ទុក្ខ​វេទនា​នៃ​ប្រជាជន​របស់​យើង ហើយ​យើង​ក៏​បាន​ឮ​សម្រែក​របស់​ពួក​គេ​ដែរ»។ ១៧ ពេល​លោក​សាមូអែល​ឃើញ​លោក​សាអ៊ូល ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «គឺ​បុរស​នេះ​ហើយ​ដែល​យើង​បាន​ប្រាប់​អ្នក គេ​នឹង​គ្រង​រាជ្យ​លើ​ប្រជាជន​របស់​យើង»។ ១៨ លោក​សាអ៊ូល​ចូល​ទៅ​ជិត​លោក​សាមូអែល​នៅ​មាត់​ច្រក ហើយ​សួរ​ថា៖ «សូម​លោក​មេត្តា​ប្រាប់​ខ្ញុំ​បាទ​ផង ផ្ទះ​លោក​គ្រូ​ទាយ​នៅ​ឯ​ណា?»។ ១៩ លោក​សាមូអែល​មាន​ប្រសាសន៍​តប​ទៅ​លោក​សាអ៊ូល​ថា៖ «គឺ​ខ្ញុំ​ហ្នឹង​ហើយ​គ្រូ​ទាយ។ សូម​អញ្ជើញ​នាំ​មុខ​ខ្ញុំ ឡើង​ទៅ​កន្លែង​សក្ការៈ សូម​លោក​បរិភោគ​អាហារ​ជា​មួយ​ខ្ញុំ​ថ្ងៃ​នេះ ចាំ​ព្រឹក​ស្អែក ខ្ញុំ​នឹង​ជម្រាប​លោក​នូវ​អ្វីៗ​ដែល​លោក​ចង់​ដឹង រួច​សឹម​លោក​អញ្ជើញ​ទៅ​ចុះ! ២០ សូម​កុំ​ព្រួយ​បារម្ភ​នឹង​លា​ញី ដែល​វង្វេង​បាត់​កាល​ពី​បី​ថ្ងៃ​មុន​នោះ​ឡើយ ដ្បិត​គេ​រក​វា​ឃើញ​វិញ​ហើយ។ ប៉ុន្តែ សូម​ជ្រាប​ថា បំណង​ប្រាថ្នា​ដ៏​ធំ​បំផុត​របស់​ប្រជាជន​អ៊ីស្រា‌អែល គឺ​លោក និង​គ្រួសារ​របស់​លោក​ទាំង​មូល​តែ​ម្ដង»។ ២១ លោក​សាអ៊ូល​តប​វិញ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​មាន​ប្រសាសន៍​មក​ខ្ញុំ​ដូច្នេះ? ខ្ញុំ​បាទ​គ្រាន់​តែ​ជា​មនុស្ស​ម្នាក់​ក្នុង​កុល‌សម្ព័ន្ធ​បេនយ៉ាមីន ដែល​ជា​កុល‌សម្ព័ន្ធ​មួយ​ដ៏​តូច​បំផុត​របស់​ជន​ជាតិ​អ៊ីស្រា‌អែល ហើយ​អំបូរ​របស់​ខ្ញុំ​បាទ​ក៏​តូច​ជាង​គេ ក្នុង​កុល‌សម្ព័ន្ធ​បេនយ៉ាមីន​ដែរ»។
២២ លោក​សាមូអែល​នាំ​លោក​សាអ៊ូល និង​អ្នក​បម្រើ​ចូល​ក្នុង​បន្ទប់ ហើយ​ជូន​កន្លែង​កិត្តិយស​បំផុត​ដល់​លោក នៅ​ចំពោះ​មុខ​ភ្ញៀវ​ទាំង​អស់ ដែល​មាន​ចំនួន​ប្រមាណ​សាម‌សិប​នាក់។ ២៣ លោក​សាមូអែល​មាន​ប្រសាសន៍​ទៅ​អ្នក​ដាំ​បាយ​ថា៖ «ចូរ​យក​សាច់​មួយ​ចំណែក ដែល​ខ្ញុំ​បាន​ប្រគល់​ឲ្យ​អ្នក​ទុក​ដោយ​ឡែក​នោះ​មក»។ ២៤ អ្នក​ដាំ​បាយ​ក៏​ទៅ​យក​សាច់​ភ្លៅ​ដ៏​ល្អ​បំផុត មក​ដាក់​នៅ​មុខ​លោក​សាអ៊ូល។ លោក​សាមូអែល​មាន​ប្រសាសន៍​ថា៖ «នេះ​ជា​ចំណែក​ដែល​យើង​បាន​បម្រុង​ទុក​ជូន​លោក សូម​អញ្ជើញ​ពិសា​សាច់​ដែល​គេ​ដាក់​នៅ​មុខ​លោក​ចុះ ដ្បិត​ខ្ញុំ​ឲ្យ​គេ​ទុក​សាច់​ជូន​លោក​បរិភោគ រួម​ជា​មួយ​ភ្ញៀវ​ដែល​ខ្ញុំ​បាន​អញ្ជើញ សម្រាប់​ឱកាស​នេះ»។ ថ្ងៃ​នោះ លោក​សាអ៊ូល​បរិភោគ​ជា​មួយ​លោក​សាមូអែល។ ២៥ បន្ទាប់​មក លោក​ទាំង​ពីរ​ចុះ​ពី​កន្លែង​សក្ការៈ​មក​កាន់​ភូមិ​វិញ ហើយ​លោក​សាមូអែល​សំណេះ‌សំណាល​ជា​មួយ​លោក​សាអ៊ូល​នៅ​ខាង​លើ​ផ្ទះ។ ២៦ លោក​សាអ៊ូល និង​អ្នក​បម្រើ​ក្រោក​ឡើង​តាំង​ពី​ព្រលឹម។ នៅ​ពេល​ថ្ងៃ​រះ លោក​សាមូអែល​មាន​ប្រសាសន៍​ទៅ​កាន់​លោក​សាអ៊ូល​ដែល​នៅ​ខាង​លើ​ផ្ទះ​ថា៖ «សូម​រៀប‌ចំ​ខ្លួន ខ្ញុំ​នឹង​ជូន​ដំណើរ​លោក!»។ កាល​លោក​សាអ៊ូល​រៀប‌ចំ​ខ្លួន​រួច​ហើយ លោក​ទាំង​ពីរ​ក៏​ចេញ​មក​ក្រៅ​ជា​មួយ​គ្នា។ ២៧ កាល​ធ្វើ​ដំណើរ​ទៅ​ដល់​ចុង​ភូមិ លោក​សាមូអែល​មាន​ប្រសាសន៍​ទៅ​កាន់​លោក​សាអ៊ូល​ថា៖ «សូម​ប្រាប់​អ្នក​បម្រើ​របស់​លោក​ឲ្យ​ដើរ​ទៅ​មុន​យើង​ចុះ»។ អ្នក​បម្រើ​ក៏​ដើរ​ទៅ​មុន រួច​លោក​សាមូអែល​មាន​ប្រសាសន៍​ទៀត​ថា៖ «ឥឡូវ​នេះ សូម​លោក​ឈប់​សិន ខ្ញុំ​នឹង​ជម្រាប​លោក​ឲ្យ​ដឹង​ពី​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់»។
១០
 លោក​សាមូអែល​យក​ដប​ប្រេង​មក ហើយ​ចាក់​ប្រេង​លើ​ក្បាល​លោក​សាអ៊ូល រួច​លោក​ឱប​លោក​សាអ៊ូល ទាំង​មាន​ប្រសាសន៍​ថា៖ «ព្រះ‌អម្ចាស់​បាន​ចាក់​ប្រេង*​អភិសេក​លោក ឲ្យ​ដឹក​នាំ​ប្រជាជន​ផ្ទាល់​របស់​ព្រះ‌អង្គ។  នៅ​ថ្ងៃ​នេះ ពេល​លោក​ចាក​ចេញ​ពី​ខ្ញុំ​ទៅ លោក​នឹង​ជួប​បុរស​ពីរ​នាក់​ក្បែរ​ផ្នូរ​របស់​លោក​ស្រី​រ៉ាខែល នៅ​ព្រំ‌ប្រទល់​ទឹក​ដី​បេនយ៉ាមីន គឺ​នៅ​ភូមិ​សែល‌សា។ អ្នក​ទាំង​ពីរ​នឹង​ជម្រាប​លោក​ថា “លា​ញី​ដែល​លោក​ដើរ​រក​នោះ គេ​បាន​រក​ឃើញ​វិញ​ហើយ។ ឥឡូវ​នេះ ឪពុក​របស់​លោក​ឈប់​គិត​ពី​រឿង​លា តែ​ព្រួយ​បារម្ភ​ពី​លោក​វិញ ដោយ​ពោល​ថា: កូន​ខ្ញុំ​មិន​ដឹង​ជា​យ៉ាង​ណា​ទេ តើ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្ដេច?”។  ពេល​លោក​បន្ត​ដំណើរ​ទៅ​មុខ​បន្តិច លោក​នឹង​ទៅ​ដល់​ដើម​ជ្រៃ​តាប៊រ។ នៅ​ទី​នោះ លោក​នឹង​ជួប​បុរស​បី​នាក់ ដែល​ឡើង​ទៅ​ទី‌សក្ការៈ​របស់​ព្រះ‌ជាម្ចាស់​នៅ​បេតអែល។ អ្នក​ទី​មួយ​ដឹក​កូន​ពពែ​បី​ក្បាល អ្នក​ទី​ពីរ​កាន់​នំបុ័ង​បី​ដុំ អ្នក​ទី​បី​កាន់​ថង់​ស្រា។  ពួក​គេ​នឹង​នាំ​គ្នា​មក​ជម្រាប​សួរ​លោក ហើយ​ជូន​នំបុ័ង​ពីរ​ដុំ​មក​លោក។ លោក​នឹង​ទទួល​យក​នំបុ័ង​នោះ​ពី​ដៃ​របស់​ពួក​គេ។  បន្ទាប់​មក លោក​ទៅ​ដល់​គីបា-‌អេឡូ‌អ៊ីម ដែល​មាន​ទី​តាំង​ទ័ព​របស់​ពួក​ភីលីស្ទីន។ ពេល​លោក​ចូល​ទៅ​ក្នុង​ភូមិ លោក​នឹង​ជួប​ពួក​ព្យាការី​មួយ​ក្រុម ដែល​ចុះ​ពី​កន្លែង​សក្ការៈ​មក ទាំង​មាន​អ្នក​ភ្លេង​លេង​ចាប៉ី ស្គរ ខ្លុយ និង​ពិណ ដើរ​ពី​មុខ​ផង ព្យាការី​ទាំង​នោះ​ស្លុង​ស្មារតី ស្រែក​ច្រៀង និង​រាំ​ថ្វាយ​ព្រះ‌ជាម្ចាស់។  ព្រះ‌វិញ្ញាណ​របស់ព្រះ‌អម្ចាស់​នឹង​មក​សណ្ឋិត​លើ​លោក លោក​ក៏​ស្លុង​ស្មារតី​ស្រែក​ច្រៀង និង​រាំ​ជា​មួយ​អ្នក​ទាំង​នោះ​ដែរ ហើយ​លោក​នឹង​ប្រែ​ក្លាយ​ទៅ​ជា​បុគ្គល​មួយ​រូប​ខុស​ពី​មុន។  កាល​ណា​លោក​ឃើញ​ទី​សម្គាល់​ទាំង​នោះ​កើត​មាន កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​លោក​យល់​ថា​ត្រូវ​ធ្វើ សូម​ធ្វើ​ចុះ ដ្បិត​ព្រះ‌ជាម្ចាស់​គង់​ជា​មួយ​លោក​ហើយ។  បន្ទាប់​មក លោក​ត្រូវ​ចុះ​ទៅ​គីលកាល់​មុន​ខ្ញុំ ចំណែក​ឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​ចុះ​ទៅ​ជួប​លោក​នៅ​ទី​នោះ​ដែរ ដើម្បី​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល* និង​ថ្វាយ​យញ្ញ‌បូជា​មេត្រី‌ភាព*។ លោក​ត្រូវ​រង់‌ចាំ​ខ្ញុំ​ប្រាំ​ពីរ​ថ្ងៃ លុះ​ត្រា​តែ​ខ្ញុំ​ទៅ​ដល់។ ពេល​នោះ ខ្ញុំ​នឹង​ជម្រាប​លោក អំពី​កិច្ច‌ការ ដែល​លោក​ត្រូវ​ធ្វើ»។
ពេល​លោក​សាអ៊ូល​ចាក​ចេញ​ពី​លោក​សាមូអែល​ទៅ ព្រះ‌ជាម្ចាស់​ផ្លាស់​ប្ដូរ​ចិត្ត​គំនិត​លោក ហើយ​ទី​សម្គាល់​ទាំង​ប៉ុន្មាន​ក៏​កើត​មាន​នៅ​ថ្ងៃ​នោះ​ដែរ។ ១០ កាល​លោក​សាអ៊ូល និង​អ្នក​បម្រើ​ទៅ​ដល់​ភូមិ​គីបា ព្យាការី​មួយ​ក្រុម​មក​ជួប​លោក។ ពេល​នោះ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​យាង​មក​សណ្ឋិត​លើ​លោក ហើយ​លោក​ស្លុង​ស្មារតី​ស្រែក​ច្រៀង និង​រាំ​ក្នុង​ចំណោម​ពួក​ព្យាការី។ ១១ អស់​អ្នក​ដែល​ធ្លាប់​ស្គាល់​លោក​សាអ៊ូល ឃើញ​លោក​ស្លុង​ស្មារតី ស្រែក​ច្រៀង និង​រាំ​ជា​មួយ​ពួក​ព្យាការី គេ​ក៏​សាក​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា «តើ​មាន​កើត​អ្វី​ចំពោះ​កូន​ប្រុស​លោក​គីស? សាអ៊ូល​ចូល​ក្រុម​ព្យាការី​ដែរ​តើ!»។ ១២ មាន​អ្នក​ស្រុក​ម្នាក់​ពោល​ឡើង​ថា៖ «តើ​គ្រូ​បាធ្យាយ​របស់​ពួក​នេះ​នៅ​ឯ​ណា?»។ ហេតុ​នេះ​បាន​ជា​មាន​ពាក្យ​ស្លោក​ថា «សាអ៊ូល​ចូល​ក្រុម​ព្យាការី​ដែរ​តើ!»។ ១៣ កាល​លោក​សាអ៊ូល​ដឹង​ស្មារតី​ឡើង​វិញ លោក​អញ្ជើញ​ទៅ​កន្លែង​សក្ការៈ​នៅ​ទួល​ខ្ពស់។
១៤ ឪពុក‌មា​របស់​លោក​សាអ៊ូល​សួរ​លោក និង​អ្នក​បម្រើ​ថា៖ «តើ​ពួក​ឯង​ទើប​នឹង​មក​ពី​ណា?»។ លោក​សាអ៊ូល​តប​ថា៖ «ពួក​ខ្ញុំ​ទៅ​រក​លា តែ​រក​មិន​ឃើញ​ទេ ដូច្នេះ ពួក​ខ្ញុំ​ទៅ​ជួប​លោក​សាមូអែល»។ ១៥ ឪពុក‌មា​របស់​លោក​សាអ៊ូល​ពោល​ទៀត​ថា៖ «រៀប​រាប់​ប្រាប់​មា​មើល៍ លោក​សាមូអែល​មាន​ប្រសាសន៍​ប្រាប់​ពួក​ឯង​អំពី​អ្វី​ខ្លះ»។ ១៦ លោក​សាអ៊ូល​តប​ទៅ​ឪពុក‌មា​វិញ​ថា៖ «លោក​បញ្ជាក់​ប្រាប់​ពួក​ខ្ញុំ​ថា លា​ទាំង​នោះ គេ​រក​ឃើញ​ហើយ»។ លោក​សាអ៊ូល​មិន​បាន​រៀប​រាប់​ប្រាប់​ឪពុក‌មា​អំពី​រាជ‌សម្បត្តិ ដែល​លោក​សាមូអែល​មាន​ប្រសាសន៍​នោះ​ឡើយ។
ប្រជាជន​អ៊ីស្រា‌អែល​តែង‌តាំង​លោក​សាអ៊ូល​ជា​ស្តេច
១៧ លោក​សាមូអែល​បាន​កោះ​ហៅ​ប្រជាជន​មក​ប្រជុំ​គ្នា​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ នៅ​មីសប៉ា។ ១៨ លោក​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​អ៊ីស្រា‌អែល​ថា៖ «ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា “អ៊ីស្រា‌អែល​អើយ យើង​បាន​នាំ​អ្នក​រាល់​គ្នា​ចាក​ចេញ​ពី​ស្រុក​អេស៊ីប យើង​បាន​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​អេស៊ីប និង​ពី​កណ្ដាប់​ដៃ​របស់​នគរ​ទាំង​ប៉ុន្មាន​ដែល​សង្កត់‌សង្កិន​អ្នក​រាល់​គ្នា”។ ១៩ ថ្ងៃ​នេះ អ្នក​រាល់​គ្នា​បែរ​ជា​បោះ​បង់​ចោល​ព្រះ​របស់​អ្នក​រាល់​គ្នា គឺ​ព្រះ​ដែល​តែង‌តែ​សង្គ្រោះ​អ្នក​រាល់​គ្នា​ពី​ទុក្ខ​វេទនា និង​ការ​លំបាក​គ្រប់​យ៉ាង។ អ្នក​រាល់​គ្នា​ទូល​ព្រះ‌អង្គ​ថា “សូម​តែង‌តាំង​ស្តេច​មួយ​អង្គ​ឲ្យ​សោយ​រាជ្យ​លើ​យើង​ខ្ញុំ”។ ដូច្នេះ ចូរ​នាំ​គ្នា​មក​បង្ហាញ​ខ្លួន​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ តាម​កុល‌សម្ព័ន្ធ តាម​អំបូរ ឥឡូវ​នេះ​ចុះ»។
២០ លោក​សាមូអែល​ប្រាប់​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​អស់​ឲ្យ​ចូល​មក ហើយ​ចាប់​ឆ្នោត​ប៉ះ​ចំ​កុល‌សម្ព័ន្ធ​បេនយ៉ាមីន។ ២១ បន្ទាប់​មក លោក​ឲ្យ​កុល‌សម្ព័ន្ធ​បេនយ៉ាមីន​ចូល​មក​តាម​អំបូរ ហើយ​ចាប់​ឆ្នោត​ប៉ះ​ចំ​អំបូរ​ម៉ាទ្រី រួច​ប៉ះ​ចំ​ឈ្មោះ​លោក​សាអ៊ូល ជា​កូន​របស់​លោក​គីស។ គេ​នាំ​គ្នា​រក​លោក តែ​រក​ពុំ​ឃើញ​ទេ។ ២២ គេ​ក៏​ចូល​ទៅ​ទូល​សួរ​ព្រះ‌អម្ចាស់​ទៀត​ថា៖ «តើ​បុរស​នោះ​មក​ទី​នេះ​ហើយ​ឬ​នៅ?»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «នុ៎ះ​ន៎! គេ​កំពុង​ពួន​នៅ​ក្បែរ​អីវ៉ាន់»។ ២៣ គេ​រត់​ទៅ​រក​លោក នាំ​លោក​ចេញ​ពី​ទី​នោះ​មក លោក​ក៏​ឈរ​នៅ​កណ្ដាល​ចំណោម​ប្រជាជន។ លោក​មាន​កម្ពស់​ខ្ពស់​ជាង​គេ គឺ​ប្រជាជន​ទាំង​អស់​បាន​ត្រឹម​តែ​ស្មា​របស់​លោក​ប៉ុណ្ណោះ។ ២៤ លោក​សាមូអែល​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​ទាំង​មូល​ថា៖ «អ្នក​រាល់​គ្នា​ឃើញ​បុរស​ដែល​ព្រះ‌អម្ចាស់​ជ្រើស‌រើស​នេះ​ឬ​ទេ! ក្នុង​ចំណោម​ប្រជាជន​ទាំង​មូល គ្មាន​នរណា​ម្នាក់​ដូច​លោក​ទេ»។ ប្រជាជន​ទាំង​អស់​ក៏​នាំ​គ្នា​ស្រែក​ជ័យ​ឃោស​ឡើង​ថា៖ «ជយោ! ព្រះ‌មហា​ក្សត្រ!»។
២៥ លោក​សាមូអែល​ប្រកាស​ប្រាប់​ឲ្យ​ប្រជាជន​ដឹង​អំពី​សិទ្ធិ​របស់​ស្តេច រួច​លោក​កត់‌ត្រា​ក្នុង​ក្រាំង ហើយ​តម្កល់​ទុក​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។ បន្ទាប់​មក លោក​សាមូអែល​ប្រាប់​ឲ្យ​ប្រជាជន​ទាំង​អស់​វិល​ត្រឡប់​ទៅ​កាន់​លំ‌នៅ‌ដ្ឋាន​រៀងៗ​ខ្លួន​វិញ។
២៦ ព្រះ‌បាទ​សាអ៊ូល​យាង​ត្រឡប់​ទៅ​ភូមិ‌ដ្ឋាន​នៅ​គីបា​វិញ ដោយ​មាន​មនុស្ស​ដ៏​អង់‌អាច​មួយ​ក្រុម ដែល​ព្រះ‌ជាម្ចាស់​បាន​បណ្តាល​ចិត្ត ហែរហម​ទៅ​ជា​មួយ​ផង។ ២៧ ប៉ុន្តែ មាន​មនុស្ស​ពាល​ខ្លះ​ពោល​ថា «តើ​ជន​នេះ​ឬ​ដែល​សង្គ្រោះ​យើង!»។ ពួក​គេ​ប្រមាថ​មើល‌ងាយ​ព្រះ‌បាទ​សាអ៊ូល ហើយ​មិន​បាន​នាំ​យក​តង្វាយ​អ្វី​មក​ថ្វាយ​ស្តេច​ទេ តែ​ស្តេច​មិន​រវី‌រវល់​នឹង​គេ​ឡើយ។
១១
ស្តេច​សាអ៊ូល​វាយ​ឈ្នះ​ជន​ជាតិ​អាំម៉ូន
 ព្រះ‌បាទ​ណាហាស ជា​ជន​ជាតិ​អាំម៉ូន បាន​លើក​ទ័ព​មក​ឡោម‌ព័ទ្ធ​ក្រុង​យ៉ាបេស ក្នុង​ស្រុក​កាឡាដ។ អ្នក​ក្រុង​យ៉ាបេស​ទាំង​អស់​ទូល​ព្រះ‌បាទ​ណាហាស​ថា៖ «សូម​ចុះ​សន្ធិ‌សញ្ញា​ជា​មួយ​យើង​ខ្ញុំ​មក យើង​ខ្ញុំ​សុខ​ចិត្ត​បម្រើ​ព្រះ‌រាជា​ហើយ»។  ព្រះ‌បាទ​ណាហាស ជា​ជន​ជាតិ​អាំម៉ូន មាន​រាជ‌ឱង្ការ​ថា៖ «យើង​ចុះ​សន្ធិ‌សញ្ញា​ជា​មួយ​អ្នក​រាល់​គ្នា​បាន ទាល់​តែ​អ្នក​រាល់​គ្នា​យល់​ព្រម​នឹង​ល័ក្ខ‌ខ័ណ្ឌ​នេះ គឺ​ឲ្យ​យើង​ខ្វេះ​ភ្នែក​ស្តាំ​របស់​អ្នក​ទាំង​អស់​គ្នា ដើម្បី​ធ្វើ​ឲ្យ​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​មូល​ត្រូវ​អាម៉ាស់»។
 អស់​លោក​ព្រឹទ្ធាចារ្យ​នៅ​ក្រុង​យ៉ាបេស​ទូល‌អង្វរ​ថា៖ «សូម​ព្រះ‌ករុណា​ពន្យារ​ពេល​ឲ្យ​យើង​ខ្ញុំ​ប្រាំ​ពីរ​ថ្ងៃ​សិន យើង​ខ្ញុំ​នឹង​ចាត់​អ្នក​នាំ​សារ​ទៅ​គ្រប់​ទី​កន្លែង ក្នុង​ស្រុក​អ៊ីស្រា‌អែល។ បើ​សិន​ជា​គ្មាន​នរណា​ម្នាក់​មក​ជួយ​យើង​ខ្ញុំ​ទេ​នោះ យើង​ខ្ញុំ​នឹង​ប្រគល់​ខ្លួន​ថ្វាយ​ព្រះ‌ករុណា»។  អ្នក​នាំ​សារ​ទាំង​នោះ​ទៅ​ដល់​ភូមិ​គីបា ជា​ភូមិ​ដែល​ព្រះ‌បាទ​សាអ៊ូល​គង់​នៅ ហើយ​រៀប​រាប់​សេចក្ដី​ទាំង​នោះ​ឲ្យ​ប្រជាជន​ស្ដាប់ ប្រជាជន​ទាំង​មូល​ក៏​នាំ​គ្នា​ស្រែក​ទ្រហោ​យំ។  គាប់​ជួន​ពេល​នោះ ព្រះ‌បាទ​សាអ៊ូល​វិល​ត្រឡប់​មក​ពី​ចម្ការ​វិញ ដើរ​ពី​ក្រោយ​គោ ស្តេច​សួរ​គេ​ថា៖ «តើ​មាន​រឿង​អ្វី​បាន​ជា​ប្រជាជន​យំ​ដូច្នេះ?»។ គេ​ក៏​រៀប​រាប់​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​អ្នក​ស្រុក​យ៉ាបេស​និយាយ​ប្រាប់។  កាល​ស្តេច​ឮ​ពាក្យ​ទាំង​នោះ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​មក​សណ្ឋិត​លើ​ស្តេច ហើយ​ស្តេច​ខ្ញាល់​យ៉ាង​ខ្លាំង។  ព្រះ‌បាទ​សាអ៊ូល​យក​គោ​មួយ​នឹម​មក​កាប់​ជា​ដុំៗ ផ្ញើ​ទៅ​គ្រប់​ទី​កន្លែង​ក្នុង​ទឹក​ដី​អ៊ីស្រា‌អែល តាម‌រយៈ​ពួក​អ្នក​នាំ​សារ ដោយ​ផ្តាំ​ថា៖ «បើ​នរណា​ម្នាក់​មិន​ចេញ​ច្បាំង​រួម​ជា​មួយ​សាអ៊ូល និង​លោក​សាមូអែល​ទេ គោ​របស់​អ្នក​នោះ​នឹង​ត្រូវ​កាប់​ជា​ដុំៗ​ដូច្នេះ​ដែរ»។ ព្រះ‌អម្ចាស់​បណ្តាល​ឲ្យ​ប្រជាជន​ភ័យ​ខ្លាច​ព្រះ‌អង្គ ពួក​គេ​ក៏​ចេញ​ទៅ​ច្បាំង ដោយ​ស្រុះ​គ្នា​ដូច​មនុស្ស​តែ​ម្នាក់។
 ព្រះ‌បាទ​សាអ៊ូល​ត្រួត​ពល​នៅ​ក្រុង​បេសេក ហើយ​ឃើញ​ទ័ព​អ៊ីស្រា‌អែល​ទាំង​អស់​មាន​ចំនួន​៣០០ ០០០​នាក់ និង​ទ័ព​យូដា​មាន​ចំនួន​៣០ ០០០​នាក់។  គេ​ប្រាប់​ទៅ​អ្នក​នាំ​សារ​ដែល​នាំ​ដំណឹង​មក​នោះ​ថា៖ «ចូរ​ទៅ​ប្រាប់​អ្នក​ក្រុង​យ៉ាបេស​នៅ​ស្រុក​កាឡាដ​ថា ស្អែក ពេល​ថ្ងៃ​រះ​ពេញ​កម្ដៅ យើង​នឹង​រំដោះ​អ្នក​រាល់​គ្នា»។ អ្នក​នាំ​សារ​យក​ដំណឹង​នេះ​ទៅ​ប្រាប់​អ្នក​ក្រុង​យ៉ាបេស ធ្វើ​ឲ្យ​ពួក​គេ​មាន​អំណរ​សប្បាយ​យ៉ាង​ខ្លាំង។ ១០ អ្នក​ក្រុង​យ៉ាបេស​ពោល​ទៅ​កាន់​ជន​ជាតិ​អាំម៉ូន​ថា៖ «ស្អែក យើង​ខ្ញុំ​នឹង​ចេញ​មក​ប្រគល់​ខ្លួន​ជូន​ពួក​លោក​ហើយ សូម​ប្រព្រឹត្ត​ចំពោះ​យើង​ខ្ញុំ តាម​ពួក​លោក​យល់​ឃើញ​ចុះ»។
១១ ស្អែក​ឡើង ព្រះ‌បាទ​សាអ៊ូល​រៀប‌ចំ​ទ័ព​ជា​បី​កង រួច​សម្រុក​ចូល​ទី​តាំង​ទ័ព​ពួក​អាំម៉ូន តាំង​ពី​ព្រលឹម​ស្រាងៗ ហើយ​វាយ​ប្រហារ​ខ្មាំង​រហូត​ដល់​ថ្ងៃ​ពេញ​កម្ដៅ។ រីឯ​ខ្មាំង​ដែល​នៅ​សេស‌សល់ រត់​ខ្ចាត់‌ខ្ចាយ​បែក​គ្នា​អស់។ ១២ ពេល​នោះ ប្រជាជន​អ៊ីស្រា‌អែល​ជម្រាប​លោក​សាមូអែល​ថា៖ «បើ​នរណា​ហ៊ាន​ពោល​ថា ព្រះ‌បាទ​សាអ៊ូល​មិន​ត្រូវ​សោយ​រាជ្យ​លើ​ពួក​យើង​ទេ​នោះ សូម​ប្រគល់​ពួក​គេ​មក យើង​ខ្ញុំ​នឹង​យក​ទៅ​សម្លាប់​ចោល»។ ១៣ ប៉ុន្តែ ព្រះ‌បាទ​សាអ៊ូល​មាន​រាជ‌ឱង្ការ​ថា៖ «ថ្ងៃ​នេះ​មិន​ត្រូវ​សម្លាប់​នរណា​ម្នាក់​ឡើយ ព្រោះ​ជា​ថ្ងៃ​ដែល​ព្រះ‌អម្ចាស់​សង្គ្រោះ​ជន​ជាតិ​អ៊ីស្រា‌អែល»។ ១៤ លោក​សាមូអែល​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​ថា៖ «មក៍ យើង​នាំ​គ្នា​ទៅ​គីលកាល់ ដើម្បី​ប្រកាស​តែង‌តាំង​ស្តេច​សា​ជា​ថ្មី»។ ១៥ ប្រជាជន​ទាំង​មូល​នាំ​គ្នា​ទៅ​គីលកាល់ នៅ​ទី​នោះ គេ​បាន​អភិសេក​ព្រះ‌បាទ​សាអ៊ូល ជា​ព្រះ‌មហា​ក្សត្រ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ រួច​ថ្វាយ​យញ្ញ‌បូជា​មេត្រី‌ភាព​ចំពោះ​ព្រះ‌អម្ចាស់។ ព្រះ‌បាទ​សាអ៊ូល និង​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​អស់ នាំ​គ្នា​ធ្វើ​បុណ្យ​យ៉ាង​អធិក‌អធម។
១២
សេចក្ដី​ថ្លែង​ការណ៍​របស់​លោក​សាមូអែល
 លោក​សាមូអែល​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​មូល​ថា៖ «ខ្ញុំ​បាន​យល់​ព្រម​តាម​សំណូម​ពរ​ទាំង​ប៉ុន្មាន​របស់​អ្នក​រាល់​គ្នា​ហើយ គឺ​ខ្ញុំ​បាន​តែង‌តាំង​ស្តេច​មួយ​អង្គ​ឲ្យ​សោយ​រាជ្យ​លើ​អ្នក​រាល់​គ្នា។  អំណើះ​ត​ទៅ ស្តេច​នោះ​នឹង​ដឹក​នាំ​អ្នក​រាល់​គ្នា រីឯ​ខ្ញុំ​វិញ ខ្ញុំ​ចាស់​ជរា​ហើយ កូន​ប្រុស​របស់​ខ្ញុំ​ក៏​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ដែរ។ ខ្ញុំ​បាន​ដឹក​នាំ​អ្នក​រាល់​គ្នា​តាំង​ពី​ក្មេង​រហូត​មក​ដល់​សព្វ​ថ្ងៃ។  ឥឡូវ​នេះ ខ្ញុំ​ឈរ​នៅ​មុខ​អ្នក​រាល់​គ្នា​ស្រាប់​ហើយ សូម​ចោទ​ប្រកាន់​ខ្ញុំ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ និង​នៅ​ចំពោះ​ស្តេច ដែល​ព្រះ‌អង្គ​ចាក់​ប្រេង​អភិសេក​ចុះ ថា តើ​ខ្ញុំ​ដែល​យក​គោ ឬ​លា​របស់​អ្នក​ណា​ខ្លះ? តើ​ខ្ញុំ​បាន​កេង‌ប្រវ័ញ្ច និង​សង្កត់‌សង្កិន​នរណា​ខ្លះ? តើ​ខ្ញុំ​បាន​ទទួល​សំណូក​ពី​នរណា ហើយ​បិទ​ភ្នែក​បណ្តោយ​ឲ្យ​គេ​ធ្វើ​តាម​ចិត្ត? ប្រសិន​បើ​ខ្ញុំ​បាន​ធ្វើ​ដូច្នោះ​មែន ខ្ញុំ​នឹង​សង​ទៅ​គេ​វិញ»។  ប្រជាជន​ស្រែក​ឡើង​ថា៖ «លោក​មិន​បាន​កេង‌ប្រវ័ញ្ច​សង្កត់‌សង្កិន​យើង​ខ្ញុំ ឬ​ក៏​ទទួល​សំណូក​ពី​នរណា​ម្នាក់​ឡើយ»។  លោក​សាមូអែល​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ទៀត​ថា៖ «ថ្ងៃ​នេះ ព្រះ‌អម្ចាស់​ធ្វើ​ជា​សាក្សី ហើយ​ស្តេច​ដែល​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​អភិសេក ក៏​ធ្វើ​ជា​សាក្សី​ដែរ​ថា អ្នក​រាល់​គ្នា​គ្មាន​អ្វី​ចោទ​ប្រកាន់​ខ្ញុំ​ទេ»។ ពួក​គេ​ស្រែក​ឡើង​ថា៖ «ពិត​មែន​ហើយ យើង​មាន​ព្រះ‌អង្គ​ជា​សាក្សី!»។
 លោក​សាមូអែល​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​ទៀត​ថា៖ «ព្រះ‌អម្ចាស់​បាន​ប្រើ​លោក​ម៉ូសេ និង​លោក​អរ៉ុន ដើម្បី​នាំ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប។  ឥឡូវ​នេះ ចូរ​បង្ហាញ​ខ្លួន​មក ខ្ញុំ​នឹង​កាត់​ក្តី​ឲ្យ​អ្នក​រាល់​គ្នា នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។ ខ្ញុំ​សូម​រំឭក​អ្នក​រាល់​គ្នា​នូវ​អំពើ​ដ៏​សុចរិត​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា និង​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា។  ក្រោយ​ពេល​ដែល​លោក​យ៉ាកុប​ទៅ​ដល់​ស្រុក​អេស៊ីប បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​បាន​ស្រែក​អង្វរ​រក​ព្រះ‌អម្ចាស់។ ព្រះ‌អង្គ​ក៏​ចាត់​លោក​ម៉ូសេ និង​លោក​អរ៉ុន​ឲ្យ​ទៅ​នាំ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប មក​រស់​នៅ​ក្នុង​ស្រុក​នេះ។  ប៉ុន្តែ ពួក​គេ​បាន​ភ្លេច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្លួន ព្រះ‌អង្គ​ក៏​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​លោក​ស៊ី‌សេរ៉ា ជា​មេ‌ទ័ព​នៅ​ក្រុង​ហា‌សោរ ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​ភីលីស្ទីន និង​ក្នុង​កណ្ដាប់​ដៃ​របស់​ស្តេច​ជន​ជាតិ​ម៉ូអាប់ ដែល​បាន​ធ្វើ​សង្គ្រាម​ជា​មួយ​ពួក​គេ។ ១០ ពេល​នោះ ពួក​គេ​ស្រែក​អង្វរ​រក​ព្រះ‌អម្ចាស់ ជា​ថ្មី​ទៀត​ថា “យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ដ្បិត​យើង​ខ្ញុំ​បោះ​បង់​ចោល​ព្រះ‌អម្ចាស់​ទៅ​គោរព​បម្រើ​ព្រះ‌បាល និង​ព្រះ‌អាស្តារ៉ូត។ ឥឡូវ​នេះ សូម​មេត្តា​រំដោះ​យើង​ខ្ញុំ​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ផង យើង​ខ្ញុំ​នឹង​គោរព​បម្រើ​ព្រះ‌អង្គ​វិញ”។ ១១ ព្រះ‌អម្ចាស់​ក៏​ចាត់​លោក​យេរូ‌បាល លោក​បេដន លោក​យ៉ែប‌ថា និង​ខ្ញុំ សាមូអែល ឲ្យ​មក។ ព្រះ‌អង្គ​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ ដែល​នៅ​ជុំ‌វិញ ហើយ​អ្នក​រាល់​គ្នា​ក៏​បាន​រស់​នៅ​ក្នុង​ស្រុក​នេះ​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត។ ១២ ពេល​អ្នក​រាល់​គ្នា​ឃើញ​ព្រះ‌បាទ​ណា‌ហាស ជា​ស្តេច​របស់​ជន​ជាតិ​អាំម៉ូន មក​ច្បាំង​នឹង​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​ទាម‌ទារ​ឲ្យ​ខ្ញុំ​តែង‌តាំង​ស្តេច​មួយ​អង្គ​សោយ​រាជ្យ​លើ​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​ហាក់​ដូច​ជា​បដិសេធ​មិន​ទទួល​ព្រះ‌អម្ចាស់ ជា​ព្រះ‌មហា​ក្សត្រ​របស់​អ្នក​រាល់​គ្នា​ទេ។ ១៣ ដូច្នេះ នេះ​នែ៎ ស្តេច​ដែល​អ្នក​រាល់​គ្នា​បាន​ជ្រើស‌រើស ស្តេច​ដែល​អ្នក​រាល់​គ្នា​សុំ! ព្រះ‌អម្ចាស់​ប្រទាន​ស្តេច​នោះ​មក​អ្នក​រាល់​គ្នា​ហើយ! ១៤ ប្រសិន​បើ​អ្នក​រាល់​គ្នា​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ប្រសិន​បើ​អ្នក​រាល់​គ្នា​គោរព​បម្រើ​ព្រះ‌អង្គ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្ដាប់​ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់ ដោយ​ឥត​ប្រឆាំង​នឹង​ព្រះ‌បញ្ជា​របស់​ព្រះ‌អង្គ ហើយ​ប្រសិន​បើ​អ្នក​រាល់​គ្នា និង​ស្តេច​ដែល​សោយ​រាជ្យ​លើ​អ្នក​រាល់​គ្នា នៅ​តែ​ដើរ​តាម​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្ដី​សុខ​សប្បាយ។ ១៥ ប៉ុន្តែ ប្រសិន​អ្នក​រាល់​គ្នា​មិន​ស្ដាប់​ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់ ហើយ​បែរ​ជា​ប្រឆាំង​នឹង​បញ្ជា​របស់​ព្រះ‌អង្គ នោះ​ព្រះ‌អម្ចាស់​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា ដូច​ព្រះ‌អង្គ​បាន​ដាក់​ទោស​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​ដែរ។ ១៦ ឥឡូវ​នេះ ចូរ​បង្ហាញ​ខ្លួន​មក ហើយ​មើល​ការ​អស្ចារ្យ​មួយ​យ៉ាង​ធំ ដែល​ព្រះ‌អម្ចាស់​នឹង​សម្ដែង​ឲ្យ​អ្នក​រាល់​គ្នា​ឃើញ​ផ្ទាល់​នឹង​ភ្នែក។ ១៧ ពេល​នេះ​ជា​រដូវ​ចម្រូត​មែន ឬ​ទេ? ខ្ញុំ​នឹង​ទូល‌អង្វរ​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ផ្គរ មាន​ភ្លៀង។ ដូច្នេះ អ្នក​នឹង​យល់​ឃើញ​នូវ​កំហុស​ដ៏​ធ្ងន់ ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ទាស់​នឹង​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ដោយ​សុំ​ឲ្យ​មាន​ស្តេច​មួយ​អង្គ​សោយ​រាជ្យ​លើ​អ្នក​រាល់​គ្នា»។
១៨ លោក​សាមូអែល​ទូល‌អង្វរ​ព្រះ‌អម្ចាស់ ហើយ​នៅ​ថ្ងៃ​ដដែល​នោះ ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ផ្គរ មាន​ភ្លៀង។ ប្រជាជន​ទាំង​មូល​ស្ញែង​ខ្លាច​ព្រះ‌អម្ចាស់ និង​លោក​សាមូអែល​យ៉ាង​ខ្លាំង។ ១៩ ប្រជាជន​ទាំង​នោះ​ជម្រាប​លោក​សាមូអែល​ថា៖ «សូម​លោក​ជួយ​អង្វរ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក ក្នុង​នាម​យើង​ខ្ញុំ​ផង ដើម្បី​កុំ​ឲ្យ​យើង​ខ្ញុំ​ត្រូវ​ស្លាប់ ដ្បិត​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​មួយ ថែម​ពី​លើ​អំពើ​បាប​ទាំង​ប៉ុន្មាន​របស់​យើង​ខ្ញុំ ដោយ​ទាម‌ទារ​សុំ​ឲ្យ​មាន​ស្តេច»។ ២០ លោក​សាមូអែល​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​ថា៖ «កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ! អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​បាប​ទាំង​នោះ​មែន ប៉ុន្តែ កុំ​ងាក​ចេញ​ពី​ព្រះ‌អម្ចាស់ គឺ​ត្រូវ​គោរព​បម្រើ​ព្រះ‌អម្ចាស់​ឲ្យ​អស់​ពី​ចិត្ត។ ២១ កុំ​ងាក​ចេញ​ពី​ព្រះ‌អង្គ​ទៅ​គោរព​ព្រះ​ក្លែង‌ក្លាយ​ឡើយ ព្រះ​ទាំង​នោះ​ពុំ​អាច​ផ្តល់​ផល​ប្រយោជន៍ ឬ​ជួយ​រំដោះ​អ្នក​រាល់​គ្នា​ទេ ព្រោះ​សុទ្ធ​តែ​ជា​ព្រះ​ឥត​បាន​ការ។ ២២ ដោយ​យល់​ដល់​ព្រះ‌នាម​ដ៏​ខ្ពង់‌ខ្ពស់​របស់​ព្រះ‌អង្គ ព្រះ‌អម្ចាស់​មិន​បោះ​បង់​ចោល​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​ទេ ដ្បិត​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ។ ២៣ ម្យ៉ាង​ទៀត ចំពោះ​រូប​ខ្ញុំ​វិញ ដាច់​ខាត​ខ្ញុំ​មិន​ប្រព្រឹត្ត​អំពើ​បាប​ចំពោះ​ព្រះ‌អម្ចាស់ ដោយ​ឈប់​ទូល‌អង្វរ​ឲ្យ​អ្នក​រាល់​គ្នា​ឡើយ! ខ្ញុំ​នឹង​ណែ‌នាំ​អ្នក​រាល់​គ្នា​ឲ្យ​ដើរ​តាម​ផ្លូវ​ល្អ និង​ទៀង​ត្រង់។ ២៤ ចូរ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ហើយ​បម្រើ​ព្រះ‌អង្គ​យ៉ាង​ស្មោះ​អស់​ពី​ដួង‌ចិត្ត។ ចូរ​ពិចារណា​មើល​កិច្ច‌ការ​ដ៏​ធំ‌ធេង ដែល​ព្រះ‌អង្គ​បាន​ធ្វើ​ចំពោះ​អ្នក​រាល់​គ្នា! ២៥ ប៉ុន្តែ ប្រសិន​បើ​អ្នក​រាល់​គ្នា​នៅ​តែ​ប្រព្រឹត្ត​អំពើ​អាក្រក់ នោះ​អ្នក​រាល់​គ្នា​មុខ​ជា​ត្រូវ​វិនាស​រួម​ជា​មួយ​ស្តេច​របស់​អ្នក​រាល់​គ្នា​មិន​ខាន»។
១៣

រាជ្យ​របស់​ព្រះ‌បាទ​សាអ៊ូល

ព្រះ‌បាទ​សាអ៊ូល​ធ្វើ​សង្គ្រាម​នឹង​ពួក​ភីលីស្ទីន
 ព្រះ‌បាទ​សាអ៊ូល​បាន​ឡើង​គ្រង​រាជ្យ​នៅ​ពេល​ស្តេច​មាន​ព្រះ‌ជន្មាយុ...វស្សា។ លុះ​គ្រង​រាជ្យ​លើ​ជន​ជាតិ​អ៊ីស្រា‌អែល​បាន​ពីរ​ឆ្នាំ​ហើយ  ព្រះ‌បាទ​សាអ៊ូល​ជ្រើស‌រើស​ទាហាន​ចំនួន​បី​ពាន់​នាក់ ពី​ក្នុង​ចំណោម​ប្រជាជន​អ៊ីស្រា‌អែល គឺ​ពីរ‌ពាន់​នាក់​ទុក​ឲ្យ​នៅ​ជា​មួយ​ស្តេច ត្រង់​ភូមិ​មីកម៉ាស់ និង​តំបន់​ភ្នំ​បេតអែល ហើយ​មួយ​ពាន់​នាក់​ទៀត​ឲ្យ​នៅ​ជា​មួយ​សម្តេច​យ៉ូណាថាន នៅ​ភូមិ​គីបា ក្នុង​ស្រុក​បេនយ៉ាមីន។ រីឯ​ប្រជាជន​ដែល​នៅ​សេស‌សល់ ព្រះ‌អង្គ​បញ្ជូន​ឲ្យ​វិល​ទៅ​ផ្ទះ​រៀងៗ​ខ្លួន​វិញ។  ថ្ងៃ​មួយ សម្តេច​យ៉ូណាថាន​បាន​វាយ​ទី​តាំង​របស់​ជន​ជាតិ​ភីលីស្ទីន នៅ​ភូមិ​គីបា ហើយ​ជន​ជាតិ​ភីលីស្ទីន​ទទួល​ដំណឹង​នេះ។ ពេល​នោះ ព្រះ‌បាទ​សាអ៊ូល​ចាត់​គេ​ឲ្យ​ផ្លុំ​ស្នែង​នៅ​ក្នុង​ស្រុក​ទាំង​មូល ដោយ​ប្រកាស​ថា៖ «ជន​ជាតិ​ហេប្រឺ​អើយ ចូរ​នាំ​គ្នា​ស្ដាប់!»។  ប្រជាជន​អ៊ីស្រា‌អែល​ទាំង​មូល​ទទួល​ដំណឹង​ថា ព្រះ‌បាទ​សាអ៊ូល​បាន​វាយ​ទី​តាំង​ទ័ព​របស់​ជន​ជាតិ​ភីលីស្ទីន ធ្វើ​ឲ្យ​ជន​ជាតិ​ភីលីស្ទីន​ខឹង​នឹង​ជន​ជាតិ​អ៊ីស្រា‌អែល​យ៉ាង​ខ្លាំង។ ប្រជាជន​ក៏​មក​ប្រមូល​ផ្តុំ​គ្នា​ជុំ‌វិញ​ព្រះ‌បាទ​សាអ៊ូល នៅ​គីលកាល់។  ជន​ជាតិ​ភីលីស្ទីន​ប្រមូល​ទ័ព​ចេញ​មក​ច្បាំង​តទល់​នឹង​ជន​ជាតិ​អ៊ីស្រា‌អែល។ ពួក​គេ​មាន​រទេះ​ចម្បាំង​ចំនួន​បី‌ម៉ឺន​គ្រឿង មាន​ទ័ព‌សេះ​ប្រាំ‌មួយ​ពាន់ និង​មាន​ពល‌ទាហាន​ច្រើន​កុះ‌ករ ដូច​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ។ ពួក​គេ​បាន​លើក​ទ័ព​មក​បោះ​ជំរំ​នៅ​មីកម៉ាស់ ខាង​កើត​បេត‌អាវេន។  កាល​ប្រជាជន​អ៊ីស្រា‌អែល​ឃើញ​ថា​ខ្លួន​ស្ថិត​ក្នុង​ភាព​អាសន្ន ព្រោះ​ទ័ព​អ៊ីស្រា‌អែល​ត្រូវ​ខ្មាំង​ឡោម‌ព័ទ្ធ​ជិត​ដូច្នេះ ពួក​គេ​ក៏​នាំ​គ្នា​រត់​ទៅ​ពួន​នៅ​តាម​រអាង​ភ្នំ តាម​គុហា តាម​ក្រហែង​ថ្ម តាម​រូង​ភ្នំ និង​នៅ​តាម​ជ្រោះ។  មាន​ជន​ជាតិ​ហេប្រឺ​ខ្លះ​ឆ្លង​ទន្លេ​យ័រដាន់​រត់​ទៅ​ស្រុក​កាដ និង​ស្រុក​កាឡាដ។ រីឯ​ព្រះ‌បាទ​សាអ៊ូល​វិញ ព្រះ‌អង្គ​គង់​នៅ​គីលកាល់​នៅ​ឡើយ ហើយ​កង‌ទ័ព​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ​ស្តេច ញ័រ​រន្ធត់​យ៉ាង​ខ្លាំង។  ព្រះ‌បាទ​សាអ៊ូល​រង់‌ចាំ​ជួប​លោក​សាមូអែល អស់‌រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ តែ​មិន​ឃើញ​លោក​អញ្ជើញ​មក​គីលកាល់ ដូច​បាន​កំណត់​ទេ។ ពួក​ទាហាន​ក៏​នាំ​គ្នា​រត់​គេច​ខ្លួន ចេញ​ឆ្ងាយ​ពី​ស្តេច។
ព្រះ‌បាទ​សាអ៊ូល​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​យក​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញ‌បូជា​មេត្រី‌ភាព មក​ឲ្យ​ខ្ញុំ»។ ស្តេច​ក៏​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​នោះ​ទៅ។ ១០ នៅ​ពេល​ស្តេច​ថ្វាយ​តង្វាយ​ដុត​រួច​ស្រេច​ហើយ លោក​សាមូអែល​អញ្ជើញ​មក​ដល់។ ព្រះ‌បាទ​សាអ៊ូល​ក៏​យាង​ទៅ​ទទួល និង​ជម្រាប​សួរ​លោក។ ១១ លោក​សាមូអែល​មាន​ប្រសាសន៍​ថា៖ «តើ​ព្រះ‌ករុណា​ធ្វើ​អ្វី​ហ្នឹង?»។ ព្រះ‌បាទ​សាអ៊ូល​ឆ្លើយ​ថា៖ «កាល​ខ្ញុំ​ឃើញ​ពល‌ទាហាន​រត់​គេច​ខ្លួន​ចេញ​ឆ្ងាយ​ពី​ខ្ញុំ រីឯ​លោក​សោត​ក៏​ពុំ​ឃើញ​អញ្ជើញ​មក​ដូច​កំណត់។ ខ្ញុំ​ឃើញ​ពួក​ភីលីស្ទីន​ប្រមូល​ផ្តុំ​គ្នា​នៅ​មីកម៉ាស់ ១២ នោះ​ខ្ញុំ​គិត​ថា “ពួក​ភីលីស្ទីន​នឹង​ចុះ​មក​វាយ​ខ្ញុំ​នៅ​គីលកាល់​ជា​មិន​ខាន តែ​ខ្ញុំ​មិន​បាន​ទូល‌អង្វរ​ព្រះ‌អម្ចាស់”។ ដូច្នេះ ខ្ញុំ​ក៏​បង្ខំ​ចិត្ត​ថ្វាយ​តង្វាយ​ដុត​នេះ​ទៅ»។ ១៣ លោក​សាមូអែល​ទូល​ព្រះ‌បាទ​សាអ៊ូល​ថា៖ «ព្រះ‌ករុណា​បាន​ប្រព្រឹត្ត ដោយ​ឥត​ពិចារណា! គឺ​ព្រះ‌ករុណា​មិន​ធ្វើ​តាម​បញ្ជា​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ព្រះ‌ករុណា បាន​បង្គាប់​មក​ទេ។ បើ​ព្រះ‌ករុណា​ធ្វើ​តាម​នោះ ម៉្លេះ​សម​ព្រះ‌អម្ចាស់​ពង្រឹង​រាជ្យ​របស់​ព្រះ‌ករុណា ឲ្យ​នៅ​ស្ថិត‌ស្ថេរ​លើ​ជន​ជាតិ​អ៊ីស្រា‌អែល​មិន​ខាន។ ១៤ ឥឡូវ​នេះ រាជ្យ​របស់​ព្រះ‌ករុណា​មិន​អាច​គង់‌វង្ស​ឡើយ ព្រះ‌អម្ចាស់​ស្វែង​រក​មនុស្ស​ម្នាក់​ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ រួច​តែង‌តាំង​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ ព្រោះ​ព្រះ‌ករុណា​មិន​បាន​ធ្វើ​តាម​បញ្ជា ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​ទេ»។ ១៥ លោក​សាមូអែល​ចាក​ចេញ​ពី​គីលកាល់​ឆ្ពោះ​ទៅ​ភូមិ​គីបា ក្នុង​ស្រុក​បេនយ៉ាមីន។ ព្រះ‌បាទ​សាអ៊ូល​រាប់​ចំនួន​ទាហាន​ដែល​នៅ​ជា​មួយ ឃើញ​ថា​មាន​ប្រហែល​ប្រាំ‌មួយ‌រយ​នាក់។ ១៦ ព្រះ‌បាទ​សាអ៊ូល និង​សម្តេច​យ៉ូណាថាន ជា​បុត្រា ព្រម​ទាំង​ទាហាន​ដែល​នៅ​ជា​មួយ បោះ​ទ័ព​នៅ​ភូមិ​គីបា ក្នុង​ស្រុក​បេនយ៉ាមីន រីឯ​ពួក​ភីលីស្ទីន​បោះ​ទ័ព​នៅ​មីកម៉ាស់។ ១៧ ពេល​នោះ មាន​កង‌ទ័ព​ស្រួច​បី​ក្រុម​ចេញ​ពី​ជំរំ​ភីលីស្ទីន ក្រុម​ទី​មួយ​សំដៅ​ទៅ​ក្រុង​អូប្រា នៅ​ស្រុក​ស៊ូអាល ១៨ ក្រុម​ទី​ពីរ​ទៅ​តាម​ផ្លូវ​ក្រុង​បេតហូរ៉ូន និង​ក្រុម​ទី​បី​ទៅ​តាម​ផ្លូវ​ព្រំ‌ប្រទល់ ដែល​ចុះ​ទៅ​ច្រក​ភ្នំ​សេបូអ៊ីម ប៉ែក​ខាង​វាល​រហោ‌ស្ថាន។ ១៩ នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល​គ្មាន​ជាង​ដែក​ទេ ដ្បិត​ជន​ជាតិ​ភីលីស្ទីន​បាន​បញ្ជា​ថា៖ «មិន​ត្រូវ​ឲ្យ​ពួក​ហេប្រឺ​ធ្វើ​ដាវ ឬ​លំពែង​ឡើយ»។ ២០ ដូច្នេះ ជន​ជាតិ​អ៊ីស្រា‌អែល​គ្រប់ៗ​រូប​តែង‌តែ​ទៅ​រក​ជាង​ភីលីស្ទីន ដើម្បី​ច្រុង​ផាល​នង្គ័ល ចប ពូថៅ ឬ​ដឹង។ ២១ តម្លៃ​ច្រុង​ផាល​នង្គ័ល និង​ចប គឺ​ពីរ​ស្លឹង ហើយ​តម្លៃ​សំលៀង​ពូថៅ និង​តម្រង់​រនាស់ គឺ​មួយ​ស្លឹង។ ២២ ហេតុ​នេះ នៅ​ថ្ងៃ​ប្រយុទ្ធ ក្នុង​កង‌ទ័ព​អ៊ីស្រា‌អែល គ្មាន​នរណា​មាន​ដាវ ឬ​លំពែង​ទេ លើក‌លែង​តែ​ព្រះ‌បាទ​សាអ៊ូល និង​សម្តេច​យ៉ូណាថាន ជា​បុត្រ​ប៉ុណ្ណោះ​ដែល​មាន​អាវុធ។
២៣ ជន​ជាតិ​ភីលីស្ទីន​បញ្ជូន​ទាហាន​មួយ​ក្រុម​ឲ្យ​ទៅ​ត្រៀម​នៅ​ច្រក​មីកម៉ាស់។
១៤
សម្តេច​យ៉ូណាថាន​មាន​ជ័យ‌ជម្នះ​លើ​ពួក​ភីលីស្ទីន
 ថ្ងៃ​មួយ សម្តេច​យ៉ូណាថាន ជា​បុត្រា​របស់​ព្រះ‌បាទ​សាអ៊ូល បាន​ប្រាប់​ទៅ​សេនា​ក្មេង​ម្នាក់ ដែល​កាន់​គ្រឿង​សាស្ត្រា‌វុធ​របស់​សម្តេច​ថា៖ «ចូរ​យើង​ឆ្លង​ចូល​ទៅ​ខ្សែ​ត្រៀម​របស់​ពួក​ភីលីស្ទីន​ដែល​នៅ​ទល់​មុខ​នោះ»។ សម្តេច​មិន​បាន​ទូល​បិតា​ឲ្យ​ជ្រាប​ទេ។
 ព្រះ‌បាទ​សាអ៊ូល​ប្រថាប់​នៅ​ជាយ​ភូមិ​គីបា ក្រោម​ដើម​ទទឹម​មួយ​ដើម គឺ​នៅ​មីក្រូន ហើយ​មាន​ទាហាន​ប្រមាណ​ប្រាំ‌មួយ‌រយ​នាក់​នៅ​ជា​មួយ។  រីឯ​អ្នក​ដែល​ពាក់​អាវ​អេផូដ* ដើម្បី​ទូល​សួរ​ព្រះ‌ជាម្ចាស់​នៅ​ពេល​នោះ គឺ​លោក​អហ៊ីយ៉ា ជា​កូន​របស់​លោក​អហ៊ី‌ទូប ត្រូវ​ជា​បង‌ប្អូន​របស់​អ៊ីកា‌បុដ ជា​កូន​របស់​លោក​ភីនេអាស និង​ត្រូវ​ជា​ចៅ​របស់​លោក​ហេលី ដែល​ជា​បូជា‌ចារ្យ​របស់​ព្រះ‌អម្ចាស់​នៅ​ស៊ីឡូ។ គ្មាន​នរណា​ម្នាក់​ក្នុង​ជួរ​កង‌ទ័ព​ដឹង​ថា សម្តេច​យ៉ូណាថាន​ចេញ​ទៅ​ទេ។
 ច្រក​ភ្នំ​ដែល​សម្តេច​យ៉ូណាថាន​បម្រុង​នឹង​ឆ្លង​ទៅ​រក​ខ្សែ​ត្រៀម​របស់​ពួក​ភីលីស្ទីន​នោះ មាន​ថ្ម​ស្រួចៗ​នៅ​អម​សង​ខាង​ផ្លូវ មួយ​ឈ្មោះ​បូសិត មួយ​ទៀត​ឈ្មោះ​សេនេ។  ថ្ម​ស្រួច​មួយ​ស្ថិត​នៅ​ខាង​ជើង ទល់​មុខ​នឹង​មីកម៉ាស់ និង​មួយ​ទៀត​ស្ថិត​នៅ​ខាង​ត្បូង ទល់​មុខ​នឹង​គីបា។
 សម្តេច​យ៉ូណាថាន​ប្រាប់​ទៅ​សេនា​ក្មេង ដែល​កាន់​គ្រឿង​សាស្ត្រា‌វុធ​ថា៖ «តោ៎ះ! យើង​ចូល​ទៅ​ខ្សែ​ត្រៀម​របស់​ពួក​ទមិឡ ប្រហែល​ព្រះ‌អម្ចាស់​ជួយ​យើង ដ្បិត​គ្មាន​អ្វី​រា‌រាំង​ព្រះ‌អម្ចាស់​មិន​ឲ្យ​ប្រទាន​ជ័យ‌ជម្នះ​ដល់​យើង​ឡើយ ទោះ​បី​យើង​មាន​គ្នា​តិច ឬ​ច្រើន​ក្តី!»។  សេនា​នោះ​ក៏​ឆ្លើយ​តប​វិញ​ថា៖ «សូម​ធ្វើ​តាម​គំនិត​របស់​សម្តេច​ចុះ! កុំ​បង្អង់​ឡើយ ទូល‌បង្គំ​ដើរ​តាម​ក្រោយ​សម្តេច​ជា‌និច្ច»។  សម្តេច​យ៉ូណាថាន​តប​ថា៖ «បើ​ដូច្នេះ ចូរ​យើង​ឆ្លង​ទៅ​រក​អ្នក​ទាំង​នោះ រួច​បង្ហាញ​ខ្លួន​ឲ្យ​គេ​ឃើញ។  បើ​សិន​ជា​ពួក​គេ​ប្រាប់​មក​យើង​ថា “ចូរ​ឈប់​នៅ​ទី​នោះ​ហើយ ពួក​យើង​នឹង​ចុះ​ទៅ​រក​អ្នក!” នោះ​យើង​ត្រូវ​ឈរ​នៅ​នឹង​កន្លែង គឺ​មិន​ត្រូវ​ឡើង​ទៅ​រក​ពួក​គេ​ទេ។ ១០ ប៉ុន្តែ បើ​សិន​ជា​ពួក​គេ​ប្រាប់​ថា “ចូរ​ឡើង​មក​រក​យើង!” នោះ​យើង​នឹង​ឡើង​ទៅ​ភ្លាម ដ្បិត​នេះ​ជា​សញ្ញា​សម្គាល់​ឲ្យ​យើង​ដឹង​ថា ព្រះ‌អម្ចាស់​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​យើង​ហើយ»។
១១ អ្នក​ទាំង​ពីរ​បង្ហាញ​ខ្លួន​ឲ្យ​ពួក​ខ្សែ​ត្រៀម​របស់​ភីលីស្ទីន​ឃើញ។ ពួក​ភីលីស្ទីន​ពោល​ថា៖ «មើល​ហ្ន៎! ពួក​ហេប្រឺ​ចេញ​ពី​រូង​ដែល​គេ​ពួន​ហើយ!»។ ១២ ពួក​ទាហាន​នៅ​ខ្សែ​ត្រៀម​ស្រែក​ប្រាប់​សម្តេច​យ៉ូណាថាន និង​សេនា​ដែល​កាន់​គ្រឿង​សាស្ត្រា‌វុធ​ថា៖ «ចូរ​ឡើង​មក! យើង​នឹង​ប្រដៅ​អ្នក​ទាំង​ពីរ»។ សម្តេច​យ៉ូណាថាន​ប្រាប់​សេនា​របស់​សម្តេច​ថា៖ «ឡើង​តាម​ខ្ញុំ ព្រះ‌អម្ចាស់​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល​ហើយ»។ ១៣ សម្តេច​យ៉ូណាថាន​វារ​ឡើង ហើយ​សេនា​ដែល​កាន់​គ្រឿង​សាស្ត្រា‌វុធ​របស់​សម្តេច​ក៏​វារ​ឡើង​តាម​ក្រោយ​ដែរ។ សម្តេច​យ៉ូណាថាន​វាយ​ផ្តួល​ពួក​ភីលីស្ទីន ហើយ​សេនា​ដែល​កាន់​អាវុធ​ក៏​សម្លាប់​ពួក​គេ​តាម​ក្រោយ។ ១៤ នៅ​គ្រា​ដំបូង សម្តេច​យ៉ូណាថាន និង​សេនា បាន​ប្រហារ​ពួក​ភីលីស្ទីន​អស់​ប្រមាណ​ម្ភៃ​នាក់ នៅ​លើ​ផ្ទៃ​ដី​ប្រហែល​មួយ​ស្រែ។ ១៥ ពេល​នោះ ក៏​កើត​ការ​ភ័យ​ញាប់‌ញ័រ​នៅ​ក្នុង​ជំរំ​របស់​ពួក​ភីលីស្ទីន និង​ក្នុង​ចំណោម​ប្រជាជន​ដែល​នៅ​ជិត​ខាង​នោះ​ផង​ដែរ។ រីឯ​ទាហាន​នៅ​តាម​ខ្សែ​ត្រៀម និង​កង‌ទ័ព​ក៏​ភ័យ​ញាប់‌ញ័រ​ដែរ ដ្បិត​មាន​រញ្ជួយ​ផែន‌ដី បណ្តាល​ឲ្យ​មាន​ការ​ភ័យ​ញាប់‌ញ័រ​ជា​ខ្លាំង។
១៦ ពួក​អ្នក​យាម‌ល្បាត​របស់​ស្តេច​សាអ៊ូល នៅ​ក្រុង​គីបា ក្នុង​ស្រុក​បេនយ៉ាមីន ក៏​បាន​ឃើញ​កង‌ទ័ព​ភីលីស្ទីន​រត់​បែក‌ខ្ញែក​គ្នា​ទៅ​គ្រប់​ទិស‌ទី​ដែរ។ ១៧ ព្រះ‌បាទ​សាអ៊ូល​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ទាហាន ដែល​នៅ​ជា​មួយ​ស្តេច​ថា៖ «ចូរ​រាប់​ចំនួន​គ្នា​យើង​មើល តើ​បាត់​នរណា​ខ្លះ»។ គេ​ក៏​រាប់​មើល ហើយ​ឃើញ​បាត់​សម្តេច​យ៉ូណាថាន និង​សេនា​ដែល​កាន់​គ្រឿង​សាស្ត្រា‌វុធ​របស់​សម្តេច។ ១៨ ព្រះ‌បាទ​សាអ៊ូល​បញ្ជា​ទៅ​លោក​អហ៊ីយ៉ា​ថា៖ «ចូរ​ទៅ​យក​ហិប​របស់​ព្រះ‌ជាម្ចាស់​មក!»។ នៅ​គ្រា​នោះ ហិប​របស់​ព្រះ‌ជាម្ចាស់​ស្ថិត​នៅ​ជា​មួយ​ជន​ជាតិ​អ៊ីស្រា‌អែល។ ១៩ ពេល​ព្រះ‌បាទ​សាអ៊ូល​កំពុង​តែ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​បូជា‌ចារ្យ ការ​ច្របូក‌ច្របល់​កើត​មាន​កាន់​តែ​ខ្លាំង​ឡើងៗ នៅ​ក្នុង​ជំរំ​ពួក​ភីលីស្ទីន។ ព្រះ‌បាទ​សាអ៊ូល​ក៏​ប្រាប់​លោក​បូជា‌ចារ្យ​ថា៖ «មិន​បាច់​ទូល​សួរ​ព្រះ‌ជាម្ចាស់​ទៀត​ទេ»។ ២០ ព្រះ‌បាទ​សាអ៊ូល និង​ទាហាន​ទាំង​អស់​ដែល​នៅ​ជា​មួយ​ស្តេច បាន​ប្រមូល​គ្នា រួច​ចេញ​ទៅ​ដល់​ទី‌លាន​ប្រយុទ្ធ។ ម្នាក់ៗ​កាន់​ដាវ​ចូល​ប្រឡូក​ច្បាំង ហើយ​សភាព​ច្របូក‌ច្របល់​ក៏​កើត​មាន​យ៉ាង​ខ្លាំង​ឥត​ឧបមា។ ២១ មាន​ពួក​ហេប្រឺ​មួយ​ចំនួន ដែល​ពី​មុន​នៅ​បម្រើ​ពួក​ភីលីស្ទីន ហើយ​បាន​ចេញ​មក​ច្បាំង​រួម​ជា​មួយ​ពួក​គេ​ដែរ​នោះ ក៏​រត់​ចូល​មក​ខាង​ទ័ព​អ៊ីស្រា‌អែល ដែល​នៅ​ជា​មួយ​ព្រះ‌បាទ​សាអ៊ូល និង​សម្តេច​យ៉ូណាថាន។ ២២ ទាហាន​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​ដែល​លាក់​ខ្លួន​នៅ​តាម​តំបន់​ភ្នំ​អេប្រាអ៊ីម​ដឹង​ថា ពួក​ភីលីស្ទីន​បាក់​ទ័ព នោះ​ក៏​ចេញ​មក​ដេញ​តាម​ប្រហារ​ពួក​គេ​ដែរ។ ២៣ នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​បាន​សង្គ្រោះ​ជន​ជាតិ​អ៊ីស្រា‌អែល ហើយ​ការ​ប្រយុទ្ធ​ក៏​បន្ត​ទៅ​ទៀត រហូត​ដល់​បេត‌អាវេន។
ទាហាន​អ៊ីស្រា‌អែល​ជួយ​សម្តេច​យ៉ូណាថាន​ឲ្យ​រួច​ជីវិត
២៤ នៅ​ថ្ងៃ​នោះ ទាហាន​អ៊ីស្រា‌អែល​ត្រូវ​វេទនា ព្រោះ​ព្រះ‌បាទ​សាអ៊ូល​បាន​ឲ្យ​ពួក​គេ​ស្បថ​ថា៖ «ប្រសិន​បើ​អ្នក​ណា​ម្នាក់​បរិភោគ​អាហារ​មុន​ពេល​ល្ងាច គឺ​មុន​ពេល​ដែល​យើង​មិន​ទាន់​បាន​សង‌សឹក​ខ្មាំង​សត្រូវ អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​មិន​ខាន»។ ហេតុ​នេះ ក្នុង​ជួរ​កង‌ទ័ព គ្មាន​នរណា​ម្នាក់​ហ៊ាន​បរិភោគ​អាហារ​ឡើយ។ ២៥ ពួក​គេ​ទាំង​អស់​គ្នា​បាន​ទៅ​ដល់​ក្នុង​ព្រៃ ត្រង់​កន្លែង​មួយ​ដែល​មាន​សំបុក​ឃ្មុំ​នៅ​ផ្ទាល់​នឹង​ដី។ ២៦ ពេល​ពួក​ទាហាន​ចូល​ដល់​ក្នុង​ព្រៃ ឃើញ​ទឹក​ឃ្មុំ​ហូរ​ដូច្នេះ គ្មាន​អ្នក​ណា​ម្នាក់​ហ៊ាន​យក​ដៃ​ទៅ​កៀរ​ទឹក​ឃ្មុំ​នោះ​ដាក់​ក្នុង​មាត់​ឡើយ ព្រោះ​ពួក​គេ​គោរព​ពាក្យ​សម្បថ។ ២៧ សម្តេច​យ៉ូណាថាន​ពុំ​ដឹង​ថា បិតា​បាន​ឲ្យ​ពួក​ទាហាន​ស្បថ​ទេ។ សម្តេច​ក៏​យក​ដំបង​ដែល​ព្រះ‌អង្គ​កាន់​នោះ​ចាក់​ទៅ​លើ​សំបុក​ឃ្មុំ ឆ្កឹះ​ដាក់​ក្នុង​មាត់ ហើយ​សម្តេច​មាន​ទឹក​មុខ​ស្រស់‌បស់។ ២៨ ពេល​នោះ ទាហាន​ម្នាក់​ទូល​សម្តេច​យ៉ូណាថាន​ថា៖ «បិតា​របស់​សម្តេច​បាន​ឲ្យ​ពួក​ទាហាន​ស្បថ​ថា “នៅ​ថ្ងៃ​នេះ អ្នក​ណា​ហ៊ាន​បរិភោគ​អាហារ អ្នក​នោះ​នឹង​ត្រូវ​បណ្ដាសា​ជា​មិន​ខាន!” ហេតុ​នេះ​បាន​ជា​ទាហាន​ហេវ‌ហត់​ទាំង​អស់​គ្នា»។ ២៩ សម្តេច​យ៉ូណាថាន​ពោល​ថា៖ «បិតា​របស់​ខ្ញុំ​បាន​នាំ​ឲ្យ​ពួក​យើង​កើត​កង្វល់​ហើយ។ មើល! ខ្ញុំ​មាន​ទឹក​មុខ​ស្រស់‌បស់ ព្រោះ​តែ​បាន​ភ្លក់​ទឹក​ឃ្មុំ​នេះ​បន្តិច។ ៣០ ថ្ងៃ​នេះ ប្រសិន​បើ​ទាហាន​ទាំង​អស់​បរិភោគ​អាហារ​ដែល​រឹប​អូស​យក​បាន​ពី​ខ្មាំង​នោះ ពួក​ភីលីស្ទីន​ប្រហែល​ជា ទទួល​បរា‌ជ័យ​ធ្ងន់‌ធ្ងរ​ជាង​នេះ​ទៅ​ទៀត!»។
៣១ នៅ​ថ្ងៃ​នោះ ពួក​គេ​វាយ​ប្រហារ​ពួក​ភីលីស្ទីន​ចាប់​តាំង​ពី​មីកម៉ាស់ រហូត​ដល់​អាយ៉ា‌ឡូន។ ពួក​ទាហាន​មាន​ការ​ហេវ‌ហត់​យ៉ាង​ខ្លាំង ៣២ ក៏​ស្ទុះ​តម្រង់​ទៅ​រក​ជ័យ‌ភ័ណ្ឌ។ ពួក​គេ​ចាប់​ចៀម គោ និង​កូន​គោ មក​ចាក់​ក​សម្លាប់​នៅ​ផ្ទាល់​នឹង​ដី ហើយ​នាំ​គ្នា​បរិភោគ​សាច់​ដែល​មាន​សុទ្ធ​តែ​ឈាម។ ៣៣ មាន​គេ​ទូល​ព្រះ‌បាទ​សាអ៊ូល​ថា៖ «ពួក​ទាហាន​បាន​ប្រព្រឹត្ត​ខុស​នឹង​ព្រះ‌អម្ចាស់ ដោយ​បរិភោគ​សាច់​ដែល​មាន​សុទ្ធ​តែ​ឈាម!»។ ព្រះ‌បាទ​សាអ៊ូល​មាន​រាជ‌ឱង្ការ​ថា៖ «អ្នក​រាល់​គ្នា​ក្បត់​ព្រះ‌អម្ចាស់​ហើយ! ចូរ​ប្រមៀល​ថ្ម​មួយ​ផ្ទាំង​ធំ​មក​ឲ្យ​ខ្ញុំ​ភ្លាម»។ ៣៤ បន្ទាប់​មក ស្តេច​មាន​រាជ‌ឱង្ការ​ទៀត​ថា៖ «ចូរ​នាំ​គ្នា​ទៅ​ក្នុង​ចំណោម​ទាហាន ប្រាប់​ពួក​គេ​ទាំង​អស់​គ្នា​ឲ្យ​នាំ​គោ និង​ចៀម​របស់​ខ្លួន​មក ហើយ​ចាក់​ក​សម្លាប់​នៅ​លើ​ថ្ម​នេះ រួច​នាំ​គ្នា​បរិភោគ​ទៅ។ ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា​មិន​ប្រព្រឹត្ត​អំពើ​បាប​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់ ដោយ​បរិភោគ​សាច់​ដែល​មាន​សុទ្ធ​តែ​ឈាម​នេះ​ឡើយ»។ នៅ​យប់​នោះ ពួក​ទាហាន​ទាំង​អស់​បាន​នាំ​យក​គោ​របស់​ខ្លួន​មក ហើយ​ចាក់​ក​សម្លាប់​នៅ​ទី​កន្លែង​នោះ។ ៣៥ ព្រះ‌បាទ​សាអ៊ូល​បាន​សង់​អាសនៈ​មួយ​ថ្វាយ​ព្រះ‌អម្ចាស់ គឺ​ជា​អាសនៈ​ដំបូង​បង្អស់​ដែល​ស្តេច​សង់​ថ្វាយ​ព្រះ‌អម្ចាស់
៣៦ ព្រះ‌បាទ​សាអ៊ូល​មាន​រាជ‌ឱង្ការ​ថា៖ «យប់​នេះ ចូរ​យើង​នាំ​គ្នា​ដេញ​តាម​ពួក​ភីលីស្ទីន ហើយ​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​ពី​ពួក​គេ រហូត​ដល់​ថ្ងៃ​រះ ឥត​ទុក​ឲ្យ​នរណា​ម្នាក់​រួច​ជីវិត​ឡើយ»។ ពួក​ទាហាន​ទូល​ស្តេច​វិញ​ថា៖ «សូម​សម្រេច​តាម​ព្រះ‌តម្រិះ​របស់​ព្រះ‌ករុណា​ចុះ»។ ប៉ុន្តែ លោក​បូជា‌ចារ្យ​មាន​ប្រសាសន៍​ថា៖ «យើង​គួរ​តែ​ទូល​សួរ​ព្រះ‌ជាម្ចាស់​សិន»។ ៣៧ ព្រះ‌បាទ​សាអ៊ូល​ទូល​សួរ​ព្រះ‌ជាម្ចាស់​ថា៖ «តើ​ទូល‌បង្គំ​អាច​ដេញ​តាម​ពួក​ភីលីស្ទីន​ឬ​ទេ? តើ​ព្រះ‌អង្គ​ប្រគល់​ពួក​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល​ឬ​ទេ?»។ ប៉ុន្តែ នៅ​ថ្ងៃ​នោះ ព្រះ‌ជាម្ចាស់​ពុំ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​តប​ឡើយ។ ៣៨ ព្រះ‌បាទ​សាអ៊ូល​មាន​រាជ‌ឱង្ការ​ថា៖ «សុំ​អស់​លោក ដែល​ជា​មេ​ដឹក​នាំ​របស់​ប្រជាជន អញ្ជើញ​ចូល​មក! សុំ​អស់​លោក​ពិនិត្យ​ឲ្យ​ម៉ត់‌ចត់​មើល តើ​ថ្ងៃ​នេះ ពួក​យើង​បាន​ប្រព្រឹត្ត​អំពើ​បាប​អ្វី?។ ៣៩ ខ្ញុំ​សុំ​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់ ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ ហើយ​ជា​ព្រះ‌សង្គ្រោះ​ជន​ជាតិ​អ៊ីស្រា‌អែល​ថា បើ​អ្នក​ណា​ម្នាក់​ប្រព្រឹត្ត​ខុស អ្នក​នោះ​នឹង​មាន​ទោស​ដល់​ជីវិត ទោះ​បី​យ៉ូណាថាន​ជា​បុត្រ​របស់​ខ្ញុំ​ក៏​ដោយ»។ នៅ​ក្នុង​ជួរ​ទ័ព​ទាំង​មូល គ្មាន​នរណា​ម្នាក់​ឆ្លើយ​តប​ទេ។ ៤០ ព្រះ‌បាទ​សាអ៊ូល​មាន​រាជ‌ឱង្ការ​ទៅ​កាន់​កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ឈរ​នៅ​ម្ខាង​ទៅ ចំណែក​យ៉ូណាថាន ជា​បុត្រ​ខ្ញុំ និង​ខ្ញុំ ឈរ​នៅ​ម្ខាង»។ ពួក​ទាហាន​ទូល​ថា៖ «សូម​សម្រេច​តាម​ព្រះ‌តម្រិះ​របស់​ព្រះ‌ករុណា​ចុះ»។ ៤១ ព្រះ‌បាទ​សាអ៊ូល​ទូល​ព្រះ‌អម្ចាស់​ថា៖ «ឱ​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល​អើយ! សូម​សម្ដែង​ឲ្យ​យើង​ខ្ញុំ​ស្គាល់​ការ​ពិត​ផង!»។ ពេល​នោះ គេ​ផ្សង​ចំ​លើ​សម្តេច​យ៉ូណាថាន និង​ព្រះ‌បាទ​សាអ៊ូល។ ដូច្នេះ ពួក​ទាហាន​ក៏​រួច​ខ្លួន។ ៤២ ព្រះ‌បាទ​សាអ៊ូល​មាន​រាជ‌ឱង្ការ​ទៀត​ថា៖ «ចូរ​ផ្សង​រវាង​ខ្ញុំ និង​បុត្រ​ខ្ញុំ​មើល៍» នោះ​ក៏​ចំ​លើ​សម្តេច​យ៉ូណាថាន។ ៤៣ ព្រះ‌បាទ​សាអ៊ូល​មាន​រាជ‌ឱង្ការ​ទៅ​កាន់​សម្តេច​យ៉ូណាថាន​ថា៖ «ចូរ​ប្រាប់​បិតា​មើល៍ តើ​បុត្រ​បាន​ធ្វើ​អ្វី?»។ សម្តេច​យ៉ូណាថាន​ក៏​រៀប​រាប់​ទូល​បិតា តាម​ដំណើរ​រឿង ជា​ហូរ‌ហែ​ថា៖ «ទូល‌បង្គំ​បាន​ភ្លក់​ទឹក​ឃ្មុំ​បន្តិច នៅ​ចុង​ដំបង​ដែល​ទូល‌បង្គំ​កាន់។ ឥឡូវ​នេះ ទូល‌បង្គំ​សុខ​ចិត្ត​ស្លាប់​ហើយ!»។ ៤៤ ព្រះ‌បាទ​សាអ៊ូល​មាន​រាជ‌ឱង្ការ​ថា៖ «យ៉ូណាថាន​អើយ បុត្រ​ត្រូវ​តែ​ស្លាប់? បើ​មិន​ដូច្នោះ​ទេ សូម​ព្រះ‌ជាម្ចាស់​ដាក់​ទោស​បិតា​យ៉ាង​ធ្ងន់​ទៅ!»។ ៤៥ ពួក​ទាហាន​ទូល​ព្រះ‌បាទ​សាអ៊ូល​ថា៖ «សម្តេច​យ៉ូណាថាន​មិន​ត្រូវ​សុគត​ឡើយ! ដ្បិត​សម្តេច​ទេ​តើ​ដែល​ដណ្ដើម​បាន​ជ័យ‌ជម្នះ​ដ៏​ធំ‌ធេង​នេះ​ឲ្យ​ប្រជា‌ជាតិ​អ៊ីស្រា‌អែល។ យើង​ខ្ញុំ​សូម​ស្បថ ក្នុង​នាម​ព្រះ‌អម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​ថា យើង​ខ្ញុំ​មិន​ព្រម​ឲ្យ​សក់​មួយ​សរសៃ​ជ្រុះ​ពី​សិរសា​របស់​សម្តេច​ឡើយ ដ្បិត​ព្រះ‌ជាម្ចាស់​បាន​ជួយ​សម្តេច​ឲ្យ​ប្រព្រឹត្ត​ដូច្នេះ នៅ​ថ្ងៃ​នេះ»។ ពួក​ទាហាន​ក៏​បាន​សង្គ្រោះ​សម្តេច​យ៉ូណាថាន​ឲ្យ​រួច​ពី​ស្លាប់។
៤៦ បន្ទាប់​មក ព្រះ‌បាទ​សាអ៊ូល​ឈប់​ដេញ​តាម​ពួក​ភីលីស្ទីន ហើយ​ពួក​នោះ​ក៏​វិល​ត្រឡប់​ទៅ​ស្រុក​របស់​គេ​វិញ។
ជ័យ‌ជម្នះ​របស់​ព្រះ‌បាទ​សាអ៊ូល និង​រាជ‌វង្ស
៤៧ ក្រោយ​ពេល​ព្រះ‌បាទ​សាអ៊ូល​ឡើង​គ្រង​រាជ្យ​លើ​អាណា‌ចក្រ​អ៊ីស្រា‌អែល​ហើយ ស្តេច​បាន​ធ្វើ​សង្គ្រាម​ជា​មួយ​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំ‌វិញ គឺ​ច្បាំង​នឹង​ជន​ជាតិ​ម៉ូអាប់ ជន​ជាតិ​អាំម៉ូន ជន​ជាតិ​អេដុម ពួក​ស្តេច​នៅ​សូបា និង​ជន​ជាតិ​ភីលីស្ទីន។ នៅ​គ្រប់​សមរ‌ភូមិ ស្តេច​តែង‌តែ​ទទួល​ជ័យ‌ជម្នះ​លើ​ពួក​គេ​ជា‌និច្ច។ ៤៨ ព្រះ‌បាទ​សាអ៊ូល​ធ្វើ​សង្គ្រាម​ដោយ​ទឹក​ចិត្ត​អង់‌អាច ព្រះ‌អង្គ​បាន​វាយ​ប្រហារ​ជន​ជាតិ​អាម៉ា‌ឡេក ហើយ​រំដោះ​អ៊ីស្រា‌អែល ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​សត្រូវ ដែល​បាន​ឈ្លាន‌ពាន​ស្រុក​គេ។
៤៩ បុត្រា​របស់​ព្រះ‌បាទ​សាអ៊ូល​មាន​យ៉ូណាថាន យីសវី និង​ម៉ាល់គី‌ស៊ូអា។ រីឯ​បុត្រី​ទាំង​ពីរ​របស់​ព្រះ‌បាទ​សាអ៊ូល គឺ​ម៉េរ៉ាប ជា​បុត្រី​ច្បង និង​មិកាល់ ជា​បុត្រី​ពៅ។ ៥០ ព្រះ‌ជាយា​របស់​ព្រះ‌បាទ​សាអ៊ូល​ព្រះ‌នាម​អហ៊ី‌ណូអាំ ត្រូវ​ជា​កូន​ស្រី​របស់​លោក​អហ៊ី‌ម៉ាអាត់។ មេ‌ទ័ព​របស់​ស្តេច​ឈ្មោះ​លោក​អាប់នែរ ជា​កូន​របស់​លោក​នែរ ដែល​ត្រូវ​ជា​ឪពុក‌មា​របស់​ព្រះ‌បាទ​សាអ៊ូល។ ៥១ លោក​គីស​ជា​ឪពុក​របស់​ព្រះ‌បាទ​សាអ៊ូល លោក​នែរ​ជា​ឪពុក​របស់​លោក​អាប់នែរ លោក​ទាំង​ពីរ​ត្រូវ​ជា​កូន​របស់​លោក​អប៊ីអែល។ ៥២ ក្នុង​មួយ​ជីវិត ព្រះ‌បាទ​សាអ៊ូល​ធ្វើ​សង្គ្រាម​យ៉ាង​សាហាវ​ទល់​នឹង​ពួក​ភីលីស្ទីន។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌បាទ​សាអ៊ូល​តែង‌តែ​សង្កេត​រក​មើល​ជន​ណា​ដែល​មាន​កម្លាំង​ខ្លាំង‌ក្លា និង​ទឹក​ចិត្ត​អង់‌អាច ដើម្បី​យក​មក​ធ្វើ​ជា​ពល‌ទ័ព​របស់​ស្តេច។
១៥
ព្រះ‌បាទ​សាអ៊ូល​ធ្វើ​សង្គ្រាម​ជា​មួយ​ជន​ជាតិ​អាម៉ា‌ឡេក
 លោក​សាមូអែល​ទូល​ព្រះ‌បាទ​សាអ៊ូល​ថា៖ «ព្រះ‌អម្ចាស់​បាន​ចាត់​ទូល‌បង្គំ​ឲ្យ​មក​ចាក់​ប្រេង​អភិសេក​ព្រះ‌ករុណា ជា​ស្តេច​លើ​ជន​ជាតិ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌ជាម្ចាស់។ ឥឡូវ​នេះ សូម​ព្រះ‌ករុណា​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល។  ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា “យើង​ចង់​ដាក់​ទោស​ជន​ជាតិ​អាម៉ា‌ឡេក ដែល​បាន​ធ្វើ​បាប​ជន​ជាតិ​អ៊ីស្រា‌អែល គឺ​រា‌រាំង​ផ្លូវ​ជន​ជាតិ​អ៊ីស្រា‌អែល កាល​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។  ឥឡូវ​នេះ ចូរ​ទៅ​វាយ​ជន​ជាតិ​អាម៉ា‌ឡេក​ចុះ។ ត្រូវ​បំផ្លាញ​អ្វីៗ​ទាំង​ប៉ុន្មាន​របស់​ពួក​គេ​ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់ ឥត​ត្រា​ប្រណី​ឡើយ គឺ​ត្រូវ​សម្លាប់​ចោល​ទាំង​អស់ ទាំង​ប្រុស ទាំង​ស្រី ទាំង​កូន​ក្មេង ទាំង​ទារក ទាំង​គោ ទាំង​ចៀម ទាំង​អូដ្ឋ និង​លា​ផង”»។
 ព្រះ‌បាទ​សាអ៊ូល​ក៏​កេណ្ឌ​ទ័ព ហើយ​យាង​ចេញ​មក​ត្រួត​ពល​នៅ​តេឡឹម មាន​ទ័ព​ថ្មើរ​ជើង​ចំនួន ២០០ ០០០​នាក់ ព្រម​ទាំង​មាន​ទាហាន ១០ ០០០​នាក់ ពី​កុល‌សម្ព័ន្ធ​យូដា​ថែម​ទៀត​ផង។  កាល​ព្រះ‌បាទ​សាអ៊ូល​យាង​ទៅ​ដល់​ក្រុង​របស់​ជន​ជាតិ​អាម៉ា‌ឡេក ព្រះ‌អង្គ​បង្កប់​ទ័ព​នៅ​តាម​ជ្រលង​ភ្នំ។  បន្ទាប់​មក ព្រះ‌បាទ​សាអ៊ូល​មាន​រាជ‌ឱង្ការ​ទៅ​ជន​ជាតិ​គេនី​ថា៖ «ចូរ​ដក​ខ្លួន​ថយ​ចេញ​ពី​ពួក​អាម៉ា‌ឡេក ហើយ​រត់​ចេញ​ពី​ចំណោម​ពួក​គេ​ទៅ ក្រែង​លោ​យើង​សម្លាប់​អ្នក​រាល់​គ្នា​ជា​មួយ​ពួក​គេ​ដែរ ព្រោះ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ចំពោះ​ជន​ជាតិ​អ៊ីស្រា‌អែល ដោយ​ចិត្ត​សប្បុរស កាល​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប»។ ដូច្នេះ ជន​ជាតិ​គេនី​ចាក​ចេញ​ពី​ចំណោម​ជន​ជាតិ​អាម៉ា‌ឡេក។  ព្រះ‌បាទ​សាអ៊ូល​វាយ​ពួក​អាម៉ា‌ឡេក ចាប់​ពី​ហាវី‌ឡា រហូត​ដល់​ស៊ួរ ដែល​នៅ​ខាង​កើត​ស្រុក​អេស៊ីប។  ស្តេច​ចាប់​បាន​ព្រះ‌បាទ​អកាក់ ជា​ស្តេច​របស់​ពួក​អាម៉ា‌ឡេក ទាំង​រស់ ហើយ​ប្រហារ​ជីវិត​ប្រជាជន​ទាំង​អស់​ដោយ​មុខ​ដាវ ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់  តែ​ព្រះ‌បាទ​សាអ៊ូល និង​កង‌ទ័ព​បាន​ទុក​ជីវិត​ឲ្យ​ស្តេច​អកាក់ ព្រម​ទាំង​សត្វ​ដ៏​ល្អៗ​ជាង​គេ មាន​គោ ចៀម សត្វ​ធាត់ៗ កូន​ចៀម និង​អ្វីៗ​ដែល​ល្អ​បំផុត ពួក​គេ​មិន​ព្រម​បំផ្លាញ​ថ្វាយ​ផ្ដាច់*​ដល់​ព្រះ‌ជាម្ចាស់​ទេ។ ពួក​គេ​បំផ្លាញ​តែ​អ្វីៗ​ដែល​គ្មាន​តម្លៃ និង​គ្មាន​ប្រយោជន៍​ប៉ុណ្ណោះ។
ព្រះ‌អម្ចាស់​បោះ​បង់​ចោល​ស្តេច​សាអ៊ូល
១០ ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​សាមូអែល​ថា ១១ «យើង​សោក​ស្តាយ​ណាស់​ដោយ​បាន​តែង‌តាំង​សាអ៊ូល ជា​ស្តេច ព្រោះ​គេ​ងាក​ចេញ​ពី​យើង ហើយ​ពុំ​បាន​ប្រតិបត្តិ​តាម​បញ្ជា​របស់​យើង​ទេ»។ លោក​សាមូអែល​រន្ធត់​ចិត្ត​ជា​ខ្លាំង លោក​ទូល‌អង្វរ​ព្រះ‌អម្ចាស់​ពេញ​មួយ​យប់។ ១២ លោក​សាមូអែល​ក្រោក​ពី​ព្រលឹម ធ្វើ​ដំណើរ​ទៅ​គាល់​ព្រះ‌បាទ​សាអ៊ូល តែ​គេ​ជម្រាប​លោក​ថា ព្រះ‌បាទ​សាអ៊ូល​យាង​ទៅ​កាម៉ិល ដើម្បី​សង់​ស្តូប​មួយ​សម្រាប់​ស្តេច​ផ្ទាល់ រួច​ហើយ​ស្តេច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ឆ្ពោះ​ទៅ​គីលកាល់។ ១៣ កាល​លោក​សាមូអែល​ជួប​ព្រះ‌បាទ​សាអ៊ូល​ហើយ ព្រះ‌បាទ​សាអ៊ូល​មាន​រាជ‌ឱង្ការ​ថា៖ «សូម​ព្រះ‌អម្ចាស់​ប្រទាន​ពរ​ដល់​លោក! ខ្ញុំ​បាន​ប្រតិបត្តិ​តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់​ហើយ»។ ១៤ លោក​សាមូអែល​ទូល​សួរ​ថា៖ «ចុះ​ហេតុ​អ្វី​បាន​ជា​ទូល‌បង្គំ​ឮ​សម្រែក​ចៀម និង​គោ​ដូច្នេះ?»។ ១៥ ព្រះ‌បាទ​សាអ៊ូល​មាន​រាជ‌ឱង្ការ​ថា៖ «ពួក​ពល‌ទាហាន​នាំ​យក​សត្វ​ទាំង​នោះ​ពី​ស្រុក​អាម៉ា‌ឡេក។ ពួក​គេ​ទុក​គោ និង​ចៀម​ដ៏​ល្អៗ​នេះ សម្រាប់​ធ្វើ​យញ្ញ‌បូជា​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក ចំពោះ​អ្វីៗ​ផ្សេង​ទៀត ពួក​យើង​បាន​បំផ្លាញ ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់​អស់​ហើយ»។ ១៦ លោក​សាមូអែល​ទូល​តប​វិញ​ថា៖ «ល្មម​ហើយ! ឥឡូវ​នេះ ទូល‌បង្គំ​សូម​ទូល​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ទូល‌បង្គំ​កាល​ពី​យប់‌មិញ»។ ព្រះ‌បាទ​សាអ៊ូល​មាន​រាជ‌ឱង្ការ​ថា៖ «សូម​លោក​មាន​ប្រសាសន៍​មក​ចុះ!»។ ១៧ លោក​សាមូអែល​ទូល​ថា៖ «ទោះ​បី​ព្រះ‌ករុណា​យល់​ថា​ខ្លួន​ជា​មនុស្ស​ទន់‌ទាប​ក្តី ក៏​ព្រះ‌ករុណា​នៅ​តែ​ជា​អ្នក​ដឹក​នាំ​លើ​កុល‌សម្ព័ន្ធ​នានា​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល​ដែរ ដ្បិត​ព្រះ‌អម្ចាស់​បាន​ចាក់​ប្រេង​អភិសេក​ព្រះ‌ករុណា ជា​ស្តេច​លើ​ជន​ជាតិ​អ៊ីស្រា‌អែល​រួច​ហើយ។ ១៨ ព្រះ‌អម្ចាស់​ចាត់​ព្រះ‌ករុណា​ឲ្យ​ទៅ​ច្បាំង ដោយ​មាន​ព្រះ‌បន្ទូល​ថា “ចូរ​ទៅ​បំផ្លាញ​ជន​ជាតិ​អាម៉ា‌ឡេក ដែល​ជា​មនុស្ស​បាប ចូរ​ប្រហារ​ពួក​គេ​ឲ្យ​វិនាស​សាប‌សូន្យ​ទៅ”។ ១៩ ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​មិន​គោរព​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់? ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​យក​ជ័យ‌ភ័ណ្ឌ​ពី​ខ្មាំង ហើយ​ប្រព្រឹត្ត​អំពើ​អាក្រក់​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ​ទៀត​ដូច្នេះ?»។ ២០ ព្រះ‌បាទ​សាអ៊ូល​មាន​រាជ‌ឱង្ការ​តប​ទៅ​លោក​សាមូអែល​ថា៖ «ខ្ញុំ​បាន​គោរព​តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់​ហើយ ខ្ញុំ​បាន​ចេញ​ទៅ​ច្បាំង​នៅ​ស្រុក​ដែល​ព្រះ‌អម្ចាស់​ចាត់​ឲ្យ​ទៅ។ ខ្ញុំ​ចាប់​បាន​អកាក់ ជា​ស្តេច​របស់​ជន​ជាតិ​អាម៉ា‌ឡេក មក​ជា​ឈ្លើយ ហើយ​ខ្ញុំ​ក៏​ប្រហារ​ជីវិត​ជន​ជាតិ​អាម៉ា‌ឡេក​ទាំង​អស់​ថ្វាយ​ព្រះ‌អង្គ​ដែរ។ ២១ ពួក​ពល‌ទាហាន​រើស​យក​ជ័យ‌ភ័ណ្ឌ មាន​គោ និង​ចៀម​ដ៏​ល្អ​ជាង​គេ​ពី​អ្វីៗ​ទាំង​អស់ ដែល​ត្រូវ​បំផ្លាញ​ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់ ដើម្បី​ធ្វើ​ជា​យញ្ញ‌បូជា​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក​នៅ​គីលកាល់»។ ២២ លោក​សាមូអែល​មាន​ប្រសាសន៍​ថា៖ «តើ​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​នឹង​តង្វាយ​ដុត​ទាំង​មូល ព្រម​ទាំង​យញ្ញ‌បូជា ខ្លាំង​ជាង​ការ​ស្ដាប់​បង្គាប់​ព្រះ‌អង្គ​ឬ? ទេ! ការ​ស្ដាប់​បង្គាប់​ប្រសើរ​ជាង​ថ្វាយ​យញ្ញ‌បូជា​ទៅ​ទៀត ការ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ក៏​ប្រសើរ​ជាង​ការ​ថ្វាយ​ខ្លាញ់​ចៀម​ឈ្មោល​ដែរ។ ២៣ រីឯ​ការ​បះ‌បោរ​អាក្រក់​ដូច​ការ​រក​គ្រូ​ទាយ ហើយ​ចិត្ត​រឹង‌រូស​ក៏​អាក្រក់​ដូច​ការ​គោរព​ព្រះ​ក្លែង‌ក្លាយ​ដែរ។ ព្រះ‌ករុណា​បោះ​បង់​ចោល​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ដូច្នេះ ព្រះ‌អង្គ​ក៏​បោះ​បង់​ចោល​ព្រះ‌ករុណា​លែង​ឲ្យ​ធ្វើ​ជា​ស្តេច​ទៀត​ហើយ»។
២៤ ព្រះ‌បាទ​សាអ៊ូល​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​សាមូអែល​ថា៖ «ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ដោយ​ល្មើស​នឹង​បញ្ជា​របស់​ព្រះ‌អម្ចាស់ ហើយ​ខ្ញុំ​ក៏​បាន​ធ្វើ​ខុស​នឹង​ពាក្យ​របស់​លោក​ដែរ ដ្បិត​ខ្ញុំ​ខ្លាច​ពល‌ទាហាន ហើយ​ធ្វើ​តាម​ពួក​គេ។ ២៥ ឥឡូវ​នេះ ខ្ញុំ​អង្វរ​លោក សូម​មេត្តា​អត់‌ទោស​ឲ្យ​ខ្ញុំ​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប​នេះ​ផង។ សូម​លោក​ត្រឡប់​មក​ជា​មួយ​ខ្ញុំ​វិញ ដើម្បី​ឲ្យ​ខ្ញុំ​ទៅ​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់»។ ២៦ លោក​សាមូអែល​ទូល​តប​ព្រះ‌បាទ​សាអ៊ូល​ថា៖ «ទូល‌បង្គំ​មិន​វិល​ទៅ​ជា​មួយ​ព្រះ‌ករុណា​វិញ​ទេ ដ្បិត​ព្រះ‌ករុណា​បាន​បោះ​បង់​ចោល​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ព្រះ‌អម្ចាស់​ក៏​បោះ​បង់​ចោល​ព្រះ‌ករុណា លែង​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​ជន​ជាតិ​អ៊ីស្រា‌អែល​ទៀត​ដែរ»។
២៧ កាល​លោក​សាមូអែល​បែរ​ខ្នង​ចេញ​ទៅ ព្រះ‌បាទ​សាអ៊ូល​ចាប់​ទាញ​ជាយ​អាវ​ធំ​របស់​លោក ធ្វើ​ឲ្យ​រហែក។ ២៨ លោក​សាមូអែល​ទូល​ស្តេច​ថា៖ «ថ្ងៃ​នេះ ព្រះ‌អម្ចាស់​ដក​ហូត​រាជ​ចេញ​ពី​ព្រះ‌ករុណា លែង​ឲ្យ​គ្រង​រាជ​លើ​ជន​ជាតិ​អ៊ីស្រា‌អែល​ទៀត​ហើយ ព្រះ‌អង្គ​ប្រគល់​រាជ‌សម្បត្តិ​នេះ​ឲ្យ​បុរស​ម្នាក់​ទៀត ដែល​ល្អ​ជាង​ព្រះ‌ករុណា។ ២៩ ព្រះ‌អម្ចាស់ ដែល​ជា​សិរី‌រុង​រឿង​របស់​ជន​ជាតិ​អ៊ីស្រា‌អែល មិន​ចេះ​កុហក មិន​ក្រឡាស់​ពាក្យ​សម្ដី ហើយ​មិន​ចេះ​ស្តាយ​ក្រោយ​ដូច​មនុស្ស​លោក​ទេ»។ ៣០ ព្រះ‌បាទ​សាអ៊ូល​មាន​រាជ‌ឱង្ការ​ថែម​ទៀត​ថា៖ «ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ឥឡូវ​នេះ ខ្ញុំ​សូម​អង្វរ​លោក​មេត្តា​ទុក​កិត្តិយស​ឲ្យ​ខ្ញុំ នៅ​ចំពោះ​មុខ​អស់​លោក​ព្រឹទ្ធាចារ្យ​នៃ​ប្រជាជន​របស់​ខ្ញុំ និង​នៅ​ចំពោះ​មុខ​អ៊ីស្រា‌អែល​ផង សូម​លោក​វិល​មក​ជា​មួយ​ខ្ញុំ ខ្ញុំ​នឹង​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក»។ ៣១ លោក​សាមូអែល​ក៏​សុខ​ចិត្ត​វិល​មក​វិញ លោក​ដើរ​តាម​ពី​ក្រោយ​ព្រះ‌បាទ​សាអ៊ូល ហើយ​ព្រះ‌បាទ​សាអ៊ូល​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់៣២ លោក​សាមូអែល​មាន​ប្រសាសន៍​ថា៖ «ចូរ​នាំ​អកាក់ ជា​ស្តេច​របស់​ជន​ជាតិ​អាម៉ា‌ឡេក​មក»។ ស្តេច​អកាក់​ចូល​មក​ជិត​លោក​សាមូអែល ដោយ​ទឹក​មុខ​ស្រស់‌បស់ ព្រោះ​នឹក​ស្មាន​ថា «បាន​រួច​ពី​ស្លាប់»។ ៣៣ លោក​សាមូអែល​មាន​ប្រសាសន៍​ថា៖ «ដាវ​របស់​ឯង​បាន​ធ្វើ​ឲ្យ​ម្ដាយ​ព្រាត់​ប្រាស់​ពី​កូន​របស់​ខ្លួន​យ៉ាង​ណា ម្ដាយ​របស់​ឯង​ក៏​ត្រូវ​ព្រាត់​ប្រាស់​ពី​កូន​របស់​ខ្លួន​យ៉ាង​នោះ​ដែរ»។ បន្ទាប់​មក លោក​សាមូអែល​ប្រហារ​ជីវិត​ស្តេច​អកាក់​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ នៅ​គីលកាល់។
៣៤ លោក​សាមូអែល​វិល​ទៅ​រ៉ាម៉ា​វិញ ហើយ​ព្រះ‌បាទ​សាអ៊ូល​ក៏​វិល​ទៅ​ដំណាក់​នៅ​គីបា​ដែរ។ ៣៥ លោក​សាមូអែល​លែង​ទៅ​ជួប​ព្រះ‌បាទ​សាអ៊ូល​ទៀត​រហូត​ដល់​ថ្ងៃ​ស្លាប់។ លោក​សាមូអែល​យំ​សោក​ស្តាយ​ព្រះ‌បាទ​សាអ៊ូល ដ្បិត​ព្រះ‌អម្ចាស់​ខក​ព្រះ‌ហឫទ័យ ដោយ​បាន​តែង‌តាំង​ព្រះ‌បាទ​សាអ៊ូល ឲ្យ​គ្រង​រាជ្យ​លើ​ជន​ជាតិ​អ៊ីស្រា‌អែល។
១៦
ព្រះ‌ជាម្ចាស់​ជ្រើស‌រើស​យុវ‌ជន​ដាវីឌ​ជា​ស្តេច​ថ្មី
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​សាមូអែល​ថា៖ «តើ​អ្នក​នៅ​តែ​យំ​សោក​ស្តាយ​សាអ៊ូល​ដល់​ណា​ទៀត? យើង​បោះ​បង់​គេ​ចោល លែង​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​ជន​ជាតិ​អ៊ីស្រា‌អែល​ទៀត​ហើយ។ ចូរ​យក​ស្នែង​មក​ចាក់​ប្រេង​ឲ្យ​ពេញ រួច​ធ្វើ​ដំណើរ​ទៅ។ យើង​ចាត់​អ្នក​ឲ្យ​ទៅ​ផ្ទះ​លោក​យេសាយ នៅ​ភូមិ​បេថ្លេហិម ដ្បិត​ក្នុង​ចំណោម​កូន​ប្រុស​របស់​គាត់ យើង​ជ្រើស‌រើស​យក​ម្នាក់​ឲ្យ​ធ្វើ​ជា​ស្តេច ដែល​ត្រូវ​ចិត្ត​យើង»។  លោក​សាមូអែល​ទូល​ថា៖ «តើ​ឲ្យ​ទូល‌បង្គំ​ទៅ​ម្ដេច​កើត? បើ​ព្រះ‌បាទ​សាអ៊ូល​ជ្រាប ស្តេច​មុខ​ជា​សម្លាប់​ទូល‌បង្គំ​មិន​ខាន»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ដឹក​គោ​ញី​ស្ទាវ​មួយ​ទៅ ហើយ​ប្រាប់​គេ​ថា ខ្ញុំ​មក​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌អម្ចាស់។  ចូរ​អញ្ជើញ​លោក​យេសាយ​ឲ្យ​ចូល​រួម​ក្នុង​ពិធី​ថ្វាយ​យញ្ញ‌បូជា​នោះ​ផង។ ពេល​នោះ យើង​នឹង​ប្រាប់​អ្នក​ឲ្យ​ដឹង​នូវ​កិច្ច‌ការ​ដែល​អ្នក​ត្រូវ​ធ្វើ គឺ​ត្រូវ​យក​ប្រេង​ចាក់​អភិសេក​អ្នក​ដែល​យើង​នឹង​ចង្អុល​ប្រាប់»។
 លោក​សាមូអែល​ធ្វើ​តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់ ហើយ​ធ្វើ​ដំណើរ​ទៅ​ភូមិ​បេថ្លេហិម។ អស់​លោក​ព្រឹទ្ធាចារ្យ​ក្នុង​ភូមិ​នោះ​ចេញ​មក​ទទួល​លោក ទាំង​ភ័យ​ញាប់‌ញ័រ ហើយ​សួរ​លោក​ថា៖ «តើ​លោក​អញ្ជើញ​មក​នេះ ក្នុង​គោល​បំណង​ល្អ​ឬ?»។  លោក​សាមូអែល​ឆ្លើយ​តប​ថា៖ «បាទ! ខ្ញុំ​មក​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌អម្ចាស់ ដូច្នេះ សូម​អស់​លោក​អញ្ជើញ​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​វិសុទ្ធ* ហើយ​មក​ថ្វាយ​យញ្ញ‌បូជា​ជា​មួយ​ខ្ញុំ»។ លោក​សាមូអែល​ក៏​ធ្វើ​ពិធី​ជម្រះ​កាយ​ជូន​លោក​យេសាយ ព្រម​ទាំង​កូន​ប្រុសៗ​ឲ្យ​វិសុទ្ធ និង​អញ្ជើញ​ពួក​គេ​ឲ្យ​ចូល​រួម​ក្នុង​ពិធី​ថ្វាយ​យញ្ញ‌បូជា​ដែរ។  កាល​លោក​យេសាយ និង​កូន​ប្រុសៗ​មក​ដល់ លោក​សាមូអែល​ក្រឡេក​ឃើញ​អេលីយ៉ាប ក៏​នឹក​ក្នុង​ចិត្ត​ថា៖ «ប្រាកដ​ជា​ម្នាក់​នេះ​ហើយ ដែល​ព្រះ‌អម្ចាស់​បាន​ជ្រើស‌រើស»។  ប៉ុន្តែ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «កុំ​មើល​តែ​សំបក​ក្រៅ ឬ​កម្ពស់​របស់​គេ​ឡើយ យើង​មិន​បាន​ជ្រើស‌រើស​អ្នក​នេះ​ទេ។ ព្រះ‌អម្ចាស់​មិន​វិនិច្ឆ័យ​ដូច​មនុស្ស​លោក ដែល​មើល​តែ​សំបក​ក្រៅ​ប៉ុណ្ណោះ​ទេ ព្រះ‌អម្ចាស់​ទត​មើល​ចិត្ត​គំនិត​វិញ»។  លោក​យេសាយ​ហៅ​អប៊ី‌ណាដាប់​ឲ្យ​ដើរ​នៅ​មុខ​លោក​សាមូអែល លោក​សាមូអែល​មាន​ប្រសាសន៍​ថា៖ «ព្រះ‌អម្ចាស់​ក៏​មិន​បាន​ជ្រើស‌រើស​អ្នក​នេះ​ដែរ»។  លោក​យេសាយ​ឲ្យ​សាម៉ា​ដើរ​នៅ​មុខ​លោក​សាមូអែល។ លោក​សាមូអែល​មាន​ប្រសាសន៍​ថា៖ «ព្រះ‌អម្ចាស់​ក៏​មិន​ជ្រើស‌រើស​អ្នក​នេះ​ដែរ»។ ១០ លោក​យេសាយ​ឲ្យ​កូន​ប្រុស​ទាំង​ប្រាំ​ពីរ​នាក់​ដើរ​នៅ​មុខ​លោក​សាមូអែល តែ​លោក​មាន​ប្រសាសន៍​ទៅ​កាន់​លោក​យេសាយ​ថា៖ «ក្នុង​ចំណោម​អ្នក​ទាំង​នេះ ព្រះ‌អម្ចាស់​ពុំ​បាន​ជ្រើស‌រើស​នរណា​ម្នាក់​ឡើយ ១១ តើ​លោក​គ្មាន​កូន​ណា​ផ្សេង​ទេ​ឬ?»។ លោក​យេសាយ​ឆ្លើយ​ថា៖ «បាទ! នៅ​សល់​កូន​ពៅ​ម្នាក់​ទៀត ដែល​កំពុង​តែ​ឃ្វាល​ចៀម»។ លោក​សាមូអែល​មាន​ប្រសាសន៍​ទៅ​កាន់​លោក​យេសាយ​ថា៖ «ចូរ​ឲ្យ​គេ​ទៅ​ហៅ​វា​មក បើ​វា​មិន​ទាន់​មក​ដល់​ទេ យើង​នឹង​មិន​បរិភោគ​ឡើយ»។ ១២ លោក​យេសាយ​ចាត់​គេ​ឲ្យ​ទៅ​ហៅ​កូន​នោះ​មក។ កូន​នោះ​មាន​ថ្ពាល់​ក្រហម មាន​ភ្នែក​ភ្លឺ​ថ្លា និង​មាន​ទឹក​មុខ​ស្រស់​ល្អ​គួរ​ជា​ទី​ពេញ​ចិត្ត។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «គឺ​ម្នាក់​នេះ​ហើយ! ចូរ​ចាក់​ប្រេង​អភិសេក​គេ​ចុះ!»។ ១៣ លោក​សាមូអែល​យក​ស្នែង​ប្រេង​មក ហើយ​ចាក់​ប្រេង​អភិសេក​យុវ‌ជន​ដាវីឌ នៅ​ចំពោះ​មុខ​បងៗ។ ព្រះ‌វិញ្ញាណ​របស់ព្រះ‌អម្ចាស់​យាង​មក​សណ្ឋិត​លើ​យុវ‌ជន​ដាវីឌ ចាប់​តាំង​ពី​ពេល​នោះ​មក។ បន្ទាប់​មក លោក​សាមូអែល​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ភូមិ​រ៉ាម៉ា​វិញ។
យុវ‌ជន​ដាវីឌ​ចូល​បម្រើ​ព្រះ‌បាទ​សាអ៊ូល
១៤ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់​បាន​ចាក​ចេញ​ពី​ព្រះ‌បាទ​សាអ៊ូល ហើយ​មាន​ខ្មោច​មួយ​មក​ពីព្រះ‌អម្ចាស់ ធ្វើ​ឲ្យ​ស្តេច​វិល‌វល់​ស្មារតី។ ១៥ ពួក​មន្ត្រី​របស់​ព្រះ‌បាទ​សាអ៊ូល​ទូល​ស្តេច​ថា៖ «មាន​ខ្មោច​មក​ពី​ព្រះ‌ជាម្ចាស់ បណ្តាល​ឲ្យ​ព្រះ‌ករុណា​វិល‌វល់​ស្មារតី​ដូច្នេះ។ ១៦ សូម​ព្រះ‌ករុណា​មាន​រាជ‌ឱង្ការ​មក​ចុះ យើង​ខ្ញុំ​រង់‌ចាំ​ធ្វើ​តាម​បញ្ជា​ជា‌និច្ច យើង​ខ្ញុំ​នឹង​រក​មនុស្ស​ម្នាក់ ដែល​ចេះ​ដេញ​ពិណ មក​ថ្វាយ​ព្រះ‌ករុណា។ កាល​ណា​ខ្មោច​ពី​ព្រះ‌ជាម្ចាស់​មក​សង្កត់​លើ​ព្រះ‌ករុណា អ្នក​នោះ​នឹង​ដេញ​ពិណ ដើម្បី​ឲ្យ​ព្រះ‌ករុណា​បាន​ធូរ​ស្រាល»។ ១៧ ព្រះ‌បាទ​សាអ៊ូល​មាន​រាជ‌ឱង្ការ​ទៅ​ពួក​មន្ត្រី​ថា៖ «ចូរ​ទៅ​រក​អ្នក​លេង​ភ្លេង​ដ៏​ចំណាន​ម្នាក់ ហើយ​នាំ​មក​ជួប​ខ្ញុំ»។ ១៨ រាជ​បម្រើ​ម្នាក់​ទូល​ថា៖ «ទូល‌បង្គំ​ស្គាល់​យុវ‌ជន​ម្នាក់ ជា​កូន​របស់​លោក​យេសាយ អ្នក​ភូមិ​បេថ្លេហិម។ គេ​ចេះ​លេង​ភ្លេង ជា​អ្នក​ក្លាហាន​អង់‌អាច ជា​អ្នក​ចម្បាំង​ដ៏​ខ្លាំង‌ក្លា ឈ្លាស‌វៃ​ក្នុង​ការ​និយាយ​ស្តី មាន​រូប​សម្បត្តិ​ល្អ​ស្អាត ហើយ​ព្រះ‌អម្ចាស់​ក៏​គង់​នៅ​ជា​មួយ​ដែរ»។ ១៩ ព្រះ‌បាទ​សាអ៊ូល​ចាត់​អ្នក​នាំ​សារ​ទៅ​ប្រាប់​លោក​យេសាយ នៅ​ភូមិ​បេថ្លេហិម​ថា៖ «សូម​ឲ្យ​ដាវីឌ ជា​កូន​ប្រុស​របស់​លោក ដែល​ជា​អ្នក​ឃ្វាល​ចៀម​នោះ មក​ជួប​យើង»។ ២០ លោក​យេសាយ​យក​លា​មួយ​មក លោក​រៀប‌ចំ​នំបុ័ង ស្រា​មួយ​ថង់​ស្បែក និង​កូន​ពពែ​ស្ទាវ​មួយ រួច​បញ្ជូន​ដាវីឌ​ជា​កូន​ឲ្យ​យក​ទៅ​ថ្វាយ​ព្រះ‌បាទ​សាអ៊ូល។ ២១ យុវ‌ជន​ដាវីឌ​ទៅ​ដល់ ចូល​គាល់​ព្រះ‌បាទ​សាអ៊ូល ហើយ​នៅ​បម្រើ​ស្តេច។ ព្រះ‌បាទ​សាអ៊ូល​ស្រឡាញ់​ដាវីឌ​ណាស់ ព្រះ‌អង្គ​ឲ្យ​ដាវីឌ​ធ្វើ​ជា​អ្នក​កាន់​គ្រឿង​សាស្ត្រា‌វុធ​របស់​ស្តេច។ ២២ ព្រះ‌បាទ​សាអ៊ូល​ចាត់​គេ​ឲ្យ​ទៅ​ប្រាប់​លោក​យេសាយ​ថា៖ «សូម​ឲ្យ​ដាវីឌ​នៅ​បម្រើ​ខ្ញុំ​ទៅ ព្រោះ​ខ្ញុំ​ពេញ​ចិត្ត​នឹង​យុវ‌ជន​នេះ​ណាស់»។
២៣ កាល​ណា​ខ្មោច​ពី​ព្រះ‌ជាម្ចាស់​មក​សង្កត់​លើ​ព្រះ‌បាទ​សាអ៊ូល ដាវីឌ​ទាញ​ពិណ​យក​មក​ដេញ។ ពេល​នោះ ព្រះ‌បាទ​សាអ៊ូល​បាន​ធូរ​ស្រាល និង​ស្រួល​ខ្លួន​ឡើង​វិញ ហើយ​ខ្មោច​ក៏​ដក​ថយ​ចេញ​ពី​ស្តេច​ដែរ។
១៧
កូលី‌យ៉ាត​ប្រមាថ​កង‌ទ័ព​អ៊ីស្រា‌អែល
 ពួក​ភីលីស្ទីន​ប្រមូល​ផ្តុំ​កង‌ទ័ព ដើម្បី​ធ្វើ​សង្គ្រាម។ ពួក​គេ​ប្រមូល​ផ្តុំ​គ្នា​នៅ​សូកូ ក្នុង​ស្រុក​យូដា ហើយ​ទៅ​បោះ​ទ័ព​នៅ​អេផេស-‌ដាំមីម ដែល​នៅ​ចន្លោះ​សូកូ និង​អាសេ‌កា។  រីឯ​ព្រះ‌បាទ​សាអ៊ូល និង​ទាហាន​អ៊ីស្រា‌អែល ក៏​បាន​ប្រមូល​ផ្តុំ​គ្នា​ដែរ ហើយ​បោះ​ទ័ព​នៅ​តាម​ជ្រលង​ភ្នំ​អេឡា រួច​រៀប​ទ័ព ដើម្បី​ប្រយុទ្ធ​នឹង​ពួក​ភីលីស្ទីន។  ពួក​ភីលីស្ទីន​ស្ថិត​នៅ​លើ​ភ្នំ​ម្ខាង ពួក​អ៊ីស្រា‌អែល​ស្ថិត​នៅ​លើ​ភ្នំ​ម្ខាង​ទៀត មាន​ជ្រលង​ភ្នំ​នៅ​ចន្លោះ​កង‌ទ័ព​ទាំង​ពីរ។
 មាន​ទាហាន​ជើង​ឯក​ម្នាក់​ចេញ​ពី​ជំរំ​ភីលីស្ទីន អ្នក​នោះ​ឈ្មោះ​កូលី‌យ៉ាត មក​ពី​ក្រុង​កាថ គាត់​មាន​កម្ពស់​ប្រមាណ​បី​ម៉ែត្រ។  គាត់​ពាក់​មួក​ធ្វើ​ពី​លង្ហិន និង​អាវ‌ក្រោះ​មាន​ទម្ងន់​ប្រមាណ​ហា‌សិប​ប្រាំ​ពីរ​គីឡូ‌ក្រាម ធ្វើ​ពី​លង្ហិន​ដែរ។  គាត់​មាន​ប្រដាប់​ស្រោប​ជើង​ធ្វើ​ពី​លង្ហិន ព្រម​ទាំង​មាន​ស្ន​ធ្វើ​ពី​លង្ហិន​ពាក់​ឆៀង​ដែរ។  ដង​លំពែង​របស់​គាត់​មាន​រាង​ធំ​ដូច​ផ្សំ​កី‌តម្បាញ ផ្លែ​លំពែង​នោះ​ធ្វើ​ពី​ដែក មាន​ទម្ងន់​ប្រមាណ​ប្រាំ​ពីរ​គីឡូ‌ក្រាម។ មាន​ទាហាន​ម្នាក់​ទៀត​កាន់​ខែល​ដើរ​ពី​មុខ​គាត់។  គាត់​ឈរ ហើយ​ស្រែក​ទៅ​កាន់​ពល‌ទ័ព​អ៊ីស្រា‌អែល​ថា៖ «ហេតុ​អ្វី​បាន​ជា​ពួក​ឯង​ចាំ‌បាច់​រៀប​ទ័ព​ច្បាំង​ដូច្នេះ? អញ​ជា​ជន​ជាតិ​ភីលីស្ទីន រីឯ​ពួក​ឯង​ជា​កញ្ជះ​របស់​ស្តេច​សាអ៊ូល។ ចូរ​រើស​ម្នាក់​ក្នុង​ចំណោម​ពួក​ឯង​ឲ្យ​ចេញ​មក​ប្រយុទ្ធ​នឹង​អញ។  ប្រសិន​បើ​វា​ច្បាំង​ឈ្នះ​អញ ហើយ​សម្លាប់​អញ នោះ​ពួក​អញ​នឹង​ធ្វើ​ជា​ខ្ញុំ​កញ្ជះ​របស់​ពួក​ឯង តែ​ប្រសិន​បើ​អញ​ឈ្នះ ហើយ​សម្លាប់​វា​បាន ពួក​ឯង​នឹង​ក្លាយ​ទៅ​ជា​ខ្ញុំ​កញ្ជះ ហើយ​នៅ​បម្រើ​ពួក​អញ​វិញ»។ ១០ ទាហាន​ភីលីស្ទីន​នោះ​និយាយ​ទៀត​ថា៖ «ថ្ងៃ​នេះ អញ​នឹង​បំបាក់​មុខ​ពល‌ទ័ព​អ៊ីស្រា‌អែល! ចូរ​ឲ្យ​ម្នាក់​ចេញ​មក​ប្រយុទ្ធ​គ្នា​ជា​មួយ​អញ​មើល៍!»។ ១១ កាល​ព្រះ‌បាទ​សាអ៊ូល និង​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​មូល ឮ​ពាក្យ​សម្ដី​របស់​ទាហាន​ភីលីស្ទីន​នោះ ក៏​ញាប់‌ញ័រ ហើយ​ភ័យ​ខ្លាច​ជា​ខ្លាំង។
យុវ‌ជន​ដាវីឌ​ប្រយុទ្ធ​នឹង​កូលី‌យ៉ាត
១២ យុវ‌ជន​ដាវីឌ​ជា​កូន​របស់​លោក​យេសាយ ពី​អំបូរ​អេប្រា‌តា ដែល​រស់​នៅ​ភូមិ​បេថ្លេហិម​ក្នុង​ស្រុក​យូដា។ លោក​យេសាយ​មាន​កូន​ប្រុស​ប្រាំ‌បី​នាក់។ នៅ​ជំនាន់​ព្រះ‌បាទ​សាអ៊ូល លោក​មាន​វ័យ​ចាស់​ជរា​ណាស់​ទៅ​ហើយ។ ១៣ កូន​ប្រុស​ច្បង​ទាំង​បី​របស់​លោក គឺ អេលីយ៉ាប អប៊ី‌ណាដាប់ និង​សាម៉ា បាន​ចេញ​ទៅ​ច្បាំង រួម​ជា​មួយ​ព្រះ‌បាទ​សាអ៊ូល ១៤ រីឯ​ដាវីឌ​ជា​កូន​ពៅ។ ពេល​បងៗ​ទាំង​បី​ចេញ​ទៅ​ជា​មួយ​ព្រះ‌បាទ​សាអ៊ូល​អស់​ទៅ ១៥ ដាវីឌ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ដើម្បី​ឃ្វាល​ចៀម​ឲ្យ​ឪពុក​នៅ​ភូមិ​បេថ្លេហិម។
១៦ កូលី‌យ៉ាត​ជា​ជន​ជាតិ​ភីលីស្ទីន​នោះ បាន​ចេញ​មក​សម្លុត​ពល‌ទ័ព​អ៊ីស្រា‌អែល ទាំង​ព្រឹក ទាំង​ល្ងាច អស់‌រយៈ​ពេល​សែ‌សិប​ថ្ងៃ។
១៧ ថ្ងៃ​មួយ លោក​យេសាយ​មាន​ប្រសាសន៍​ទៅ​កាន់​យុវ‌ជន​ដាវីឌ ជា​កូន​ថា៖ «ចូរ​យក​លាជ​មួយ​ថង់ និង​នំបុ័ង​ដប់​ដុំ​នេះ ទៅ​ឲ្យ​បងៗ នៅ​កន្លែង​បោះ​ទ័ព​យ៉ាង​លឿន។ ១៨ ចូរ​យក​ប្រូម៉ាស់​ដប់​ដុំ​នេះ​ទៅ​ជូន​លោក​មេ‌ទ័ព​របស់​គេ​ដែរ។ កូន​ត្រូវ​សួរ​សុខ​ទុក្ខ​បងៗ ហើយ​យក​អ្វី​មួយ​ជា​សម្គាល់​មក​ផង ដើម្បី​បញ្ជាក់​ថា​ពួក​គេ​បាន​សេចក្ដី​សុខ​ហើយ។ ១៩ ពួក​គេ​ស្ថិត​នៅ​ជា​មួយ​ព្រះ‌បាទ​សាអ៊ូល និង​ពល‌ទាហាន​អ៊ីស្រា‌អែល​ទាំង​មូល នៅ​តាម​ជ្រលង​ភ្នំ​អេឡា ហើយ​កំពុង​តែ​ច្បាំង​ជា​មួយ​ពួក​ភីលីស្ទីន»។ ២០ យុវ‌ជន​ដាវីឌ​ក្រោក​ពី​ព្រលឹម ទុក​ហ្វូង​ចៀម​ឲ្យ​គង្វាល​ម្នាក់​មើល​ថែ​ទាំ រួច​យក​ស្បៀង​អាហារ​ទាំង​នោះ​ចេញ​ដំណើរ​ទៅ តាម​បង្គាប់​របស់​លោក​យេសាយ។ ពេល​ដាវីឌ​ទៅ​ដល់​កន្លែង​បោះ​ទ័ព ពល‌ទាហាន​កំពុង​រៀប​ទ័ព ដើម្បី​ប្រយុទ្ធ ព្រម​ទាំង​ស្រែក​ហ៊ោ​កញ្ជ្រៀវ​យ៉ាង​ខ្លាំង។ ២១ ទាហាន​អ៊ីស្រា‌អែល និង​ទាហាន​ភីលីស្ទីន រៀប​ទ័ព​នៅ​ប្រឈម​មុខ​គ្នា ដើម្បី​ប្រយុទ្ធ។ ២២ ដាវីឌ​ប្រគល់​អីវ៉ាន់​របស់​ខ្លួន​ឲ្យ​អ្នក​ថែ‌រក្សា​សម្ភារៈ រួច​រត់​តម្រង់​ទៅ​ជួរ​ទ័ព​ខាង​មុខ។ ពេល​ទៅ​ដល់​ភ្លាម គាត់​ជម្រាប​សួរ​សុខ​ទុក្ខ​បងៗ។ ២៣ ពេល​ដាវីឌ​កំពុង​តែ​សំណេះ‌សំណាល​ជា​មួយ​បងៗ ទាហាន​ភីលីស្ទីន ឈ្មោះ​កូលី‌យ៉ាត ជា​អ្នក​ក្រុង​កាថ ចេញ​មក​ខាង​មុខ​ជួរ​ទ័ព​របស់​ខ្លួន ហើយ​ស្រែក​សួរ​ពួក​អ៊ីស្រា‌អែល​នូវ​ពាក្យ​ដដែល ដាវីឌ​ក៏​បាន​ឮ​ពាក្យ​ទាំង​នោះ​ដែរ។ ២៤ កាល​ឃើញ​កូលី‌យ៉ាត​ចេញ​មក ទាហាន​អ៊ីស្រា‌អែល​នាំ​គ្នា​រត់​ប្រសេច‌ប្រសាច ដ្បិត​គេ​ភ័យ​ខ្លាច​ជា​ខ្លាំង។ ២៥ ទាហាន​អ៊ីស្រា‌អែល​និយាយ​គ្នា​ថា៖ «អ្នក​ឃើញ​ជន​នោះ​ទេ? វា​ចេញ​មក​សម្លុត​ពល‌ទ័ព​អ៊ីស្រា‌អែល​យើង! អ្នក​ណា​សម្លាប់​វា​បាន ស្តេច​នឹង​ប្រទាន​ទ្រព្យ‌សម្បត្តិ​យ៉ាង​ច្រើន ព្រម​ទាំង​លើក​បុត្រី​ឲ្យ ហើយ​គ្រួសារ​របស់​អ្នក​នោះ​ក៏​បាន​រួច​ពន្ធ​នៅ​ស្រុក​អ៊ីស្រា‌អែល​ដែរ»។
២៦ យុវ‌ជន​ដាវីឌ​សួរ​ទាហាន​ដែល​នៅ​ជិត​ខ្លួន​ថា៖ «តើ​អ្នក​ដែល​សម្លាប់​ជន​ភីលីស្ទីន​នោះ ហើយ​លុប‌លាង​ការ​អាម៉ាស់​របស់​អ៊ីស្រា‌អែល នឹង​ទទួល​អ្វី​ជា​រង្វាន់? ជន​ភីលីស្ទីន​ជា​សាសន៍​មិន​កាត់​ស្បែក​នេះ​ជា​នរណា បាន​ជា​ហ៊ាន​បំបាក់​មុខ​ពល‌ទ័ព​របស់​ព្រះ‌ជាម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​ដូច្នេះ?»។ ២៧ ពួក​ទាហាន​ឆ្លើយ​តាម​ពាក្យ​ដែល​ស្តេច​បាន​សន្យា​ថា នឹង​ប្រទាន​ចំពោះ​អ្នក​ដែល​វាយ​ឈ្នះ​ជន​ភីលីស្ទីន​នោះ។ ២៨ លោក​អេលីយ៉ាប ជា​បង​បង្អស់ ឮ​ដាវីឌ​និយាយ​ជា​មួយ​នឹង​ពល‌ទាហាន​ដូច្នេះ គាត់​ខឹង​ដាវីឌ​យ៉ាង​ខ្លាំង ហើយ​ពោល​ថា៖ «ហេតុ​អ្វី​បាន​ជា​ឯង​មក​ទី​នេះ? ឯង​ទុក​ហ្វូង​ចៀម​នៅ​វាល​រហោ‌ស្ថាន​នោះ​ឲ្យ​នរណា​មើល? អញ​ស្គាល់​ចរិត​រប៉ិល‌រប៉ូច​របស់​ឯង​ច្បាស់​ណាស់ គឺ​ឯង​មក​នេះ ដើម្បី​មើល​គេ​ច្បាំង​គ្នា​ប៉ុណ្ណោះ»។ ២៩ យុវ‌ជន​ដាវីឌ​ឆ្លើយ​តប​ថា៖ «តើ​ខ្ញុំ​មាន​ធ្វើ​អ្វី​ខុស? ខ្ញុំ​គ្រាន់​តែ​សួរ​ប៉ុណ្ណឹង មិន​បាន​ឬ!»។
៣០ ដាវីឌ​បែរ​ចេញ​ពី​បង សួរ​ទាហាន​ម្នាក់​ទៀត​នូវ​សំណួរ​ដដែល​នោះ ពួក​ទាហាន​ក៏​ឆ្លើយ​តប​មក​វិញ​ដូច​ពី​មុន​ដែរ។ ៣១ កាល​ពល‌ទ័ព​ទាំង​មូល​ឮ​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​ដាវីឌ​និយាយ គេ​ក៏​នាំ​គ្នា​ទៅ​ទូល​ព្រះ‌បាទ​សាអ៊ូល ហើយ​ស្តេច​ឲ្យ​គេ​ទៅ​ហៅ​ដាវីឌ​មក។ ៣២ ដាវីឌ​ទូល​ព្រះ‌បាទ​សាអ៊ូល​ថា៖ «មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​បាក់​ទឹក​ចិត្ត ដោយ‌សារ​តែ​ជន​ភីលីស្ទីន​នោះ​ឡើយ! ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌ករុណា នឹង​ចេញ​ទៅ​ប្រយុទ្ធ​ជា​មួយ​វា»។ ៣៣ ស្តេច​សាអ៊ូល​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ដាវីឌ​ថា៖ «អ្នក​មិន​អាច​វាយ​ឈ្នះ​ជន​ភីលីស្ទីន​នេះ​ទេ អ្នក​នៅ​ក្មេង​ណាស់ ហើយ​វា​ជា​អ្នក​ចម្បាំង​តាំង​ពី​ក្មេង​ម៉្លេះ»។ ៣៤ ដាវីឌ​ទូល​ស្តេច​សាអ៊ូល​ថា៖ «ទូល‌បង្គំ​ធ្លាប់​ឃ្វាល​ចៀម​របស់​ឪពុក​ទូល‌បង្គំ ពេល​ណា​មាន​តោ ឬ​ខ្លា‌ឃ្មុំ​មក​ចាប់​កូន​ចៀម​នៅ​ក្នុង​ហ្វូង​នោះ ៣៥ ទូល‌បង្គំ​ចេញ​ទៅ​តាម​វា​ភ្លាម ទូល‌បង្គំ​បាន​វាយ​ដណ្ដើម​យក​កូន​ចៀម​ពី​មាត់​របស់​វា​មក​វិញ។ បើ​វា​លោត​សង្គ្រប់​លើ​ទូល‌បង្គំ ទូល‌បង្គំ​ក៏​ច្បាម​ពុក​ចង្កា​វា បោក​សម្លាប់​តែ​ម្ដង។ ៣៦ ជន​ភីលីស្ទីន ជា​សាសន៍​មិន​កាត់​ស្បែក​នេះ នឹង​ត្រូវ​ស្លាប់ ដូច​តោ ឬ​ខ្លា‌ឃ្មុំ ដែល​ទូល‌បង្គំ​បាន​សម្លាប់​នោះ​ជា​មិន​ខាន ដ្បិត​វា​បំបាក់​មុខ​កង‌ទ័ព​របស់​ព្រះ‌ជាម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ»។ ៣៧ ដាវីឌ​ពោល​បន្ត​ទៀត​ថា៖ «ព្រះ‌អម្ចាស់​តែង‌តែ​ជួយ​ទូល‌បង្គំ​ឲ្យ​រួច​ពី​ក្រញាំ​តោ និង​ខ្លា‌ឃ្មុំ ព្រះ‌អង្គ​មុខ​ជា​ជួយ​ទូល‌បង្គំ​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ជន​ភីលីស្ទីន​នេះ​មិន​ខាន»។ ឮ​ដូច្នេះ ព្រះ‌បាទ​សាអ៊ូល​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ដាវីឌ​ថា៖ «ទៅ​ចុះ! សូម​ព្រះ‌អម្ចាស់​គង់​ជា​មួយ​អ្នក»។
៣៨ ព្រះ‌បាទ​សាអ៊ូល​យក​អាវ​សឹក​របស់​ខ្លួន​ផ្ទាល់​មក​បំពាក់​ឲ្យ​ដាវីឌ គឺ​ព្រះ‌អង្គ​យក​មួក​លង្ហិន​មក​បំពាក់​លើ​ក្បាល​របស់​ដាវីឌ ព្រម​ទាំង​បំពាក់​អាវ‌ក្រោះ​ឲ្យ​ដែរ។ ៣៩ ដាវីឌ​យក​ដាវ​របស់​ព្រះ‌បាទ​សាអ៊ូល​មក​ស្ពាយ​លើ​អាវ​សឹក ហើយ​សាក​ល្បង​ដើរ​ល​មើល ព្រោះ​ពុំ​ដែល​បាន​ពាក់​គ្រឿង​សឹក​ដូច្នេះ​នៅ​ឡើយ។ ប៉ុន្តែ ដាវីឌ​ទូល​ព្រះ‌បាទ​សាអ៊ូល​ថា៖ «ជា​មួយ​គ្រឿង​សឹក​ទាំង​នេះ ទូល‌បង្គំ​ដើរ​មិន​រួច​ទេ ព្រោះ​ទូល‌បង្គំ​ពុំ​ធ្លាប់​ពាក់​សោះ»។ ដាវីឌ​ក៏​ដោះ​គ្រឿង​ទាំង​នោះ​ចោល ៤០ ហើយ​យក​ដំបង​មក​កាន់ រើស​ក្រួស​រលោងៗ​ប្រាំ​គ្រាប់​ពី​ក្នុង​ជ្រោះ​មក​ដាក់​ក្នុង​កូន​ថង់​មួយ រួច​ដាក់​ថង់​យាម ព្រម​ទាំង​កាន់​ខ្សែ​ដង្ហក់ ដើរ​ឆ្ពោះ​ទៅ​តទល់​នឹង​ជន​ភីលីស្ទីន។ ៤១ រីឯ​ជន​ភីលីស្ទីន​នោះ​វិញ ក៏​ដើរ​ចូល​មក​រក​ដាវីឌ​ដែរ ដោយ​មាន​ម្នាក់​កាន់​ខែល​ដើរ​ពី​មុខ។ ៤២ ពេល​ជន​ភីលីស្ទីន​ក្រឡេក​មើល​មក​ដាវីឌ វា​មើល‌ងាយ ព្រោះ​ឃើញ​ដាវីឌ​នៅ​ក្មេង មាន​ថ្ពាល់​ក្រហម និង​មាន​ទឹក​មុខ​ស្រស់​ល្អ។ ៤៣ ជន​ភីលីស្ទីន​នោះ​ជេរ​ដាវីឌ​ថា៖ «តើ​អញ​ជា​ឆ្កែ​ឬ បាន​ជា​ឯង​កាន់​ដំបង​មក​វាយ​អញ​ដូច្នេះ?»។ វា​ក៏​យក​នាម​ព្រះ​របស់​វា​មក​ដាក់​បណ្ដាសា​ដាវីឌ។ ៤៤ វា​ពោល​មក​កាន់​ដាវីឌ​ថា៖ «មក​ជិត​អញ​មក៍! អញ​នឹង​យក​សាច់​ឯង​ឲ្យ​ត្មាត និង​សត្វ​សាហាវ​ស៊ី!»។ ៤៥ ដាវីឌ​ឆ្លើយ​ទៅ​វិញ​ថា៖ «ឯង​កាន់​ដាវ កាន់​លំពែង និង​ស្ន មក​វាយ​អញ រីឯ​អញ​វិញ អញ​មក​វាយ​ឯង ក្នុង​នាមព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​នៃ​ពល‌ទ័ព​អ៊ីស្រា‌អែល ដែល​ឯង​បាន​បំបាក់​មុខ។ ៤៦ ថ្ងៃ​នេះ ព្រះ‌អម្ចាស់​ប្រគល់​ឯង​មក​ក្នុង​កណ្ដាប់​ដៃ​អញ អញ​នឹង​ប្រហារ​ឯង ព្រម​ទាំង​កាត់​ក​ឯង​ទៀត​ផង។ ថ្ងៃ​នេះ អញ​ក៏​យក​ខ្មោច​ទាហាន​ភីលីស្ទីន​ទៅ​ឲ្យ​ត្មាត និង​សត្វ​សាហាវ​ស៊ី​ដែរ។ ដូច្នេះ ប្រជាជន​ទាំង​អស់​នៅ​លើ​ផែន‌ដី​នឹង​ដឹង​ថា អ៊ីស្រា‌អែល​មាន​ព្រះ‌ជាម្ចាស់​ជួយ​ការ‌ពារ។ ៤៧ សហគមន៍​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​នឹង​ដឹង​ថា ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​យើង​មាន​ជ័យ‌ជម្នះ ពុំ​មែន​ដោយ​ដាវ ឬ​លំពែង​ទេ ដ្បិត​ព្រះ‌អម្ចាស់​ច្បាំង​ជំនួស​យើង ព្រះ‌អង្គ​នឹង​ប្រគល់​ពួក​ឯង​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​យើង»។
៤៨ ពេល​នោះ ជន​ភីលីស្ទីន​ដើរ​តម្រង់​ចូល​មក​រក​ដាវីឌ ដាវីឌ​ក៏​រត់​យ៉ាង​លឿន​ទៅ​តទល់​នឹង​វា។ ៤៩ ដាវីឌ​លូក​ដៃ​ក្នុង​កូន​ថង់​យ៉ាង​រហ័ស យក​ក្រួស​មួយ​គ្រាប់​មក ដាក់​នឹង​ខ្សែ​ដង្ហក់ បាញ់​ចំ​ថ្ងាស​ជន​ភីលីស្ទីន​នោះ។ គ្រាប់​ក្រួស​ធ្លុះ​ចូល​ក្នុង​ថ្ងាស​របស់​ជន​ភីលីស្ទីន វា​ក៏​ដួល​ផ្កាប់​មុខ។ ៥០ ដាវីឌ​វាយ​ឈ្នះ​ជន​ភីលីស្ទីន ដោយ‌សារ​ខ្សែ​ដង្ហក់ និង​ក្រួស​មួយ​គ្រាប់។ ដាវីឌ​ប្រហារ​ជន​ភីលីស្ទីន​នោះ ដោយ​ឥត​ប្រើ​ដាវ​ឡើយ។ ៥១ ដាវីឌ​រត់​ចូល​ទៅ​ជិត​ជន​ភីលីស្ទីន ហើយ​ហូត​ដាវ​របស់​វា​ពី​ស្រោម​សម្លាប់​វា ហើយ​កាត់​ក​ផង។ ពេល​កង‌ទ័ព​ភីលីស្ទីន​ឃើញ​វីរ‌ជន​របស់​ខ្លួន​ស្លាប់​ដូច្នេះ ពួក​គេ​នាំ​គ្នា​រត់​អស់​ទៅ។ ៥២ កង‌ទ័ព​អ៊ីស្រា‌អែល និង​កង‌ទ័ព​យូដា ក៏​ស្ទុះ​ឡើង នាំ​គ្នា​ស្រែក​ហ៊ោ ហើយ​ដេញ​តាម​ពួក​ភីលីស្ទីន​រហូត​ដល់​ច្រក​ចូល​ជ្រលង​ភ្នំ និង​រហូត​ដល់​មាត់​ទ្វារ​ក្រុង​អេក្រូន។ សាក‌សព​របស់​ពួក​ភីលីស្ទីន​ដេក​ដួល ហូរ‌ហែ​តាម​ផ្លូវ​ទៅ​សារ៉ា‌អ៊ីម រហូត​ដល់​ក្រុង​កាថ និង​ក្រុង​អេក្រូន។ ៥៣ ក្រោយ​ពី​បាន​ដេញ​តាម​ពួក​ភីលីស្ទីន​រួច​ហើយ កង‌ទ័ព​អ៊ីស្រា‌អែល​វិល​មក​ប្រមូល​យក​ជ័យ‌ភ័ណ្ឌ​ក្នុង​កន្លែង​បោះ​ទ័ព​របស់​ពួក​ភីលីស្ទីន។ ៥៤ ដាវីឌ​យក​ក្បាល​ជន​ភីលីស្ទីន​នោះ​មក​ក្រុង​យេរូ‌សាឡឹម ហើយ​យក​គ្រឿង​សាស្ត្រា‌វុធ​របស់​វា​មក​ទុក​ក្នុង​តង់ត៍​របស់​ខ្លួន។
លោក​ដាវីឌ​ចូល​គាល់​ស្តេច​សាអ៊ូល
៥៥ កាល​ព្រះ‌បាទ​សាអ៊ូល​ឃើញ​ដាវីឌ​ចេញ​ទៅ​ច្បាំង​តទល់​នឹង​ជន​ភីលីស្ទីន ព្រះ‌អង្គ​ក៏​សួរ​លោក​អាប់នែរ ជា​មេ‌ទ័ព​ថា៖ «អាប់នែរ! តើ​ក្មេង​នោះ​ជា​កូន​អ្នក​ណា?»។ លោក​អាប់នែរ​ទូល​តប​វិញ​ថា៖ «ព្រះ‌ករុណា​ថ្លៃ​វិសេស ទូល‌បង្គំ​មិន​ដឹង​ទាល់​តែ​សោះ»។ ៥៦ ស្តេច​បញ្ជា​ថា៖ «សូម​លោក​សាក​សួរ​មើល យុវ‌ជន​នោះ​ជា​កូន​របស់​អ្នក​ណា?»។
៥៧ ក្រោយ​ពី​បាន​សម្លាប់​ជន​ភីលីស្ទីន​នោះ​ហើយ ដាវីឌ​វិល​មក​វិញ។ លោក​អាប់នែរ​នាំ​គាត់​ចូល​ទៅ​គាល់​ព្រះ‌បាទ​សាអ៊ូល ពេល​នោះ ដាវីឌ​កាន់​ក្បាល​ជន​ភីលីស្ទីន​ទៅ​ជា​មួយ​ផង។ ៥៨ ស្តេច​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «អ្នក​កំលោះ​អើយ! តើ​អ្នក​ជា​កូន​នរណា?»។ ដាវីឌ​ទូល​ថា៖ «ទូល‌បង្គំ​ជា​កូន​របស់​លោក​យេសាយ ជា​អ្នក​បម្រើ​របស់​ព្រះ‌ករុណា នៅ​ភូមិ​បេថ្លេហិម»។
១៨
សម្តេច​យ៉ូណាថាន​ចង​សម្ពន្ធ‌មិត្ត​ជា​មួយ​ដាវីឌ
 ពេល​ដាវីឌ​និយាយ​ជា​មួយ​ព្រះ‌បាទ​សាអ៊ូល​ចប់​ហើយ សម្តេច​យ៉ូណាថាន​ក៏​ជំពាក់​ចិត្ត​នឹង​ដាវីឌ ហើយ​ស្រឡាញ់​ដាវីឌ​ដូច​ស្រឡាញ់​ខ្លួន​ឯង​ដែរ។  នៅ​ថ្ងៃ​នោះ ព្រះ‌បាទ​សាអ៊ូល​ឃាត់​ដាវីឌ​ឲ្យ​នៅ​ជា​មួយ គឺ​ព្រះ‌អង្គ​មិន​ឲ្យ​លោក​វិល​ត្រឡប់​ទៅ​ផ្ទះ​ឪពុក​វិញ​ទេ។  សម្តេច​យ៉ូណាថាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ដាវីឌ ព្រោះ​ព្រះ‌អង្គ​ស្រឡាញ់​ដាវីឌ ដូច​ខ្លួន​ឯង។  សម្តេច​យ៉ូណាថាន​បាន​ដោះ​អាវ​ធំ​របស់​សម្តេច​មក​បំពាក់​ឲ្យ​ដាវីឌ ហើយ​ក៏​ប្រគល់​អាវ​សឹក ដាវ ធ្នូ និង​ខ្សែ​ក្រវាត់​របស់​សម្តេច ឲ្យ​ដាវីឌ​ដែរ។  គ្រប់​សមរ‌ភូមិ​ដែល​ព្រះ‌បាទ​សាអ៊ូល​ចាត់​ឲ្យ​ទៅ ដាវីឌ​តែង‌តែ​ទទួល​ជោគ‌ជ័យ​ជា‌និច្ច។ ព្រះ‌បាទ​សាអ៊ូល​តែង‌តាំង​ដាវីឌ​ឲ្យ​ធ្វើ​ជា​មេ‌ទ័ព ហើយ​ប្រជាជន​ទាំង​មូល និង​រាជ​បម្រើ​របស់​ព្រះ‌បាទ​សាអ៊ូល ពេញ​ចិត្ត​នឹង​លោក​គ្រប់ៗ​គ្នា។
ព្រះ‌បាទ​សាអ៊ូល​ច្រណែន​នឹង​លោក​ដាវីឌ
 កាល​កង‌ទ័ព​ត្រឡប់​មក​ពី​ច្បាំង​វិញ ក្រោយ​លោក​ដាវីឌ​បាន​ប្រហារ​ជន​ភីលីស្ទីន​ហើយ ស្ត្រីៗ​នៅ​គ្រប់​ក្រុង​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ចេញ​ទៅ​ទទួល​ព្រះ‌បាទ​សាអ៊ូល ទាំង​ស្រែក​ច្រៀង និង​រាំ​តាម​ចង្វាក់​ស្គរ និង​តូរ្យ‌តន្ដ្រី ហើយ​ស្រែក​ហ៊ោ​ដោយ​អំណរ​សប្បាយ​យ៉ាង​ខ្លាំង។  ស្ត្រី​ទាំង​នោះ​ច្រៀង​ឆ្លើយ​ឆ្លង​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​រីក‌រាយ​ថា៖
«ព្រះ‌បាទ​សាអ៊ូល​ប្រហារ​បាន​រាប់​ពាន់​នាក់
រីឯ​លោក​ដាវីឌ​ប្រហារ​បាន​រាប់‌ម៉ឺន​នាក់»។
 ពាក្យ​ទាំង​នេះ​ធ្វើ​ឲ្យ​ព្រះ‌បាទ​សាអ៊ូល​ខ្ញាល់​ជា​ខ្លាំង ព្រះ‌អង្គ​នឹក​ថា៖ «គេ​សរសើរ​ដាវីឌ​ថា ប្រហារ​បាន​រាប់‌ម៉ឺន​នាក់ រីឯ​អញ​វិញ​ត្រឹម​តែ​រាប់​ពាន់​នាក់។ ដូច្នេះ ដាវីឌ​នៅ​ខ្វះ​តែ​រាជ‌សម្បត្តិ​ប៉ុណ្ណោះ»។  ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក ព្រះ‌បាទ​សាអ៊ូល​ស្អប់​លោក​ដាវីឌ​យ៉ាង​ខ្លាំង។
១០ លុះ​ស្អែក​ឡើង មាន​ខ្មោច​ពី​ព្រះ‌ជាម្ចាស់​មក​ចូល​ក្នុង​ព្រះ‌បាទ​សាអ៊ូល បណ្តាល​ឲ្យ​ស្តេច​ទៅ​ជា​វិកល‌ចរិត​នៅ​ក្នុង​ដំណាក់។ លោក​ដាវីឌ​លេង​ភ្លេង​ថ្វាយ​ស្តេច​ដូច​សព្វ​ដង ពេល​នោះ ព្រះ‌បាទ​សាអ៊ូល​កាន់​លំពែង ១១ ព្រះ‌អង្គ​ចោល​លំពែង​ទៅ​ដោយ​នឹក​ថា៖ «អញ​នឹង​គប់​ទម្លុះ​ដាវីឌ​ភ្ជាប់​ទៅ​នឹង​ជញ្ជាំង»។ ប៉ុន្តែ លោក​ដាវីឌ​គេច​ផុត​ដល់​ទៅ​ពីរ​លើក។ ១២ ព្រះ‌បាទ​សាអ៊ូល​ខ្លាច​លោក​ដាវីឌ ព្រោះ​ព្រះ‌អម្ចាស់​បាន​បោះ​បង់​ចោល​ស្តេច ហើយ​ទៅ​គង់​នៅ​ជា​មួយ​លោក​ដាវីឌ។ ១៣ ហេតុ​នេះ​ហើយ ទើប​ព្រះ‌រាជា​ឲ្យ​លោក​ដាវីឌ​ចេញ​ឆ្ងាយ​ពី​ស្តេច ដោយ​តែង‌តាំង​លោក​ជា​មេ‌ទ័ព​ត្រួត​លើ​ទាហាន​មួយ​ពាន់​នាក់។ លោក​ដាវីឌ​ក៏​ដឹក​នាំ​កង‌ទ័ព​ទៅ​ច្បាំង ១៤ ហើយ​លោក​តែង‌តែ​បាន​ទទួល​ជ័យ‌ជម្នះ​គ្រប់​ពេល​ទាំង​អស់ ដ្បិត​ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ។ ១៥ ពេល​ឃើញ​លោក​ដាវីឌ​មាន​ជ័យ‌ជម្នះ​ជា​ច្រើន​ដូច្នេះ ព្រះ‌បាទ​សាអ៊ូល​ខ្លាច​លោក​ក្រៃ‌លែង។ ១៦ ផ្ទុយ​ទៅ​វិញ ប្រជាជន​អ៊ីស្រា‌អែល និង​ប្រជាជន​យូដា​ទាំង​មូល​ស្រឡាញ់​លោក​ដាវីឌ ព្រោះ​លោក​ដឹក​នាំ​ពួក​គេ​ចេញ​ទៅ​ច្បាំង។
ដាវីឌ​រៀប​អាពាហ៍‌ពិពាហ៍​ជា​មួយ​បុត្រី​ស្តេច​សាអ៊ូល
១៧ ព្រះ‌បាទ​សាអ៊ូល​នឹក​ថា៖ «អញ​មិន​ចង់​សម្លាប់​ដាវីឌ​ដោយ​ផ្ទាល់​ឡើយ គឺ​ទុក​ឲ្យ​ពួក​ភីលីស្ទីន​សម្លាប់​វិញ»។ ដូច្នេះ ស្តេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ដាវីឌ​ថា៖ «យើង​នឹង​លើក​នាង​ម៉េរ៉ាប​ជា​កូន​ច្បង​របស់​យើង​ឲ្យ​អ្នក។ ចូរ​មាន​ចិត្ត​ក្លាហាន​បម្រើ​យើង ហើយ​ចេញ​ទៅ​ច្បាំង​ថ្វាយ​ព្រះ‌អម្ចាស់»។ ១៨ លោក​ដាវីឌ​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា! តើ​ទូល‌បង្គំ​ជា​នរណា ហើយ​គ្រួសារ និង​អំបូរ​របស់​ឪពុក​ទូល‌បង្គំ​មាន​ឋានៈ​អ្វី នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល បាន​ជា​ទូល‌បង្គំ​អាច​ធ្វើ​ជា​កូន​ប្រសា​ស្តេច​ដូច្នេះ?»។ ១៩ ប៉ុន្តែ នៅ​ពេល​កំណត់​ដែល​លោក​ដាវីឌ​ត្រូវ​រៀប​អាពាហ៍‌ពិពាហ៍​ជា​មួយ​ព្រះ‌នាង​ម៉េរ៉ាប នោះ​ព្រះ‌បាទ​សាអ៊ូល​បែរ​ជា​លើក​នាង​ទៅ​ឲ្យ​លោក​អឌ្រីអែល ជា​អ្នក​ក្រុង​មេហូឡា​ទៅ​វិញ។ ២០ ពេល​នោះ ព្រះ‌នាង​មិកាល់​ជា​បុត្រី​របស់​ស្តេច​សាអ៊ូល ក៏​ចាប់​ចិត្ត​ស្រឡាញ់​លោក​ដាវីឌ​ដែរ។ មាន​គេ​យក​រឿង​នេះ​ទៅ​ទូល​ព្រះ‌បាទ​សាអ៊ូល ស្តេច​គាប់​ព្រះ‌ហឫទ័យ​ណាស់។ ២១ ព្រះ‌បាទ​សាអ៊ូល​នឹក​ថា៖ «អញ​នឹង​លើក​នាង​ឲ្យ​ដាវីឌ​ធ្វើ​ជា​ភរិយា ដើម្បី​ប្រើ​នាង​ជា​អន្ទាក់​ឲ្យ​ដាវីឌ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​ភីលីស្ទីន»។ ដូច្នេះ ព្រះ‌បាទ​សាអ៊ូល​ស្នើ​ជា​លើក​ទី​ពីរ​ឲ្យ​លោក​ដាវីឌ​ធ្វើ​ជា​កូន​ប្រសា។
២២ ព្រះ‌បាទ​សាអ៊ូល​បញ្ជា​រាជ​បម្រើ​ថា៖ «ចូរ​ទៅ​ប្រាប់​លោក​ដាវីឌ​ជា​សម្ងាត់​ថា “ព្រះ‌រាជា​គាប់​ព្រះ‌ហឫទ័យ​នឹង​លោក​ណាស់ ហើយ​រាជ​បម្រើ​ទាំង​អស់​ក៏​ស្រឡាញ់​លោក​ដែរ។ ដូច្នេះ សូម​យល់​ព្រម​ធ្វើ​ជា​កូន​ប្រសា​ស្តេច​ទៅ”»។ ២៣ ពួក​រាជ​បម្រើ​នាំ​ពាក្យ​ទាំង​នោះ​ទៅ​ប្រាប់​លោក​ដាវីឌ​ជា​សម្ងាត់។ លោក​ដាវីឌ​ឆ្លើយ​ថា៖ «តើ​អស់​លោក​ស្មាន​ថា​ធ្វើ​ជា​កូន​ប្រសា​ស្តេច​ដូច្នេះ ជា​រឿង​តូច‌តាច​ឬ? ជា​ពិសេស មនុស្ស​ក្រីក្រ​ដូច​ខ្ញុំ ហើយ​គ្មាន​ឋានៈ​សម‌រម្យ​ផង!»។ ២៤ ពួក​រាជ​បម្រើ​នាំ​ពាក្យ​សម្ដី​របស់​លោក​ដាវីឌ ទៅ​ទូល​ស្តេច​វិញ។ ២៥ ព្រះ‌បាទ​សាអ៊ូល​មាន​រាជ‌ឱង្ការ​ថា៖ «សូម​អស់​លោក​ទៅ​និយាយ​ប្រាប់​ដាវីឌ​ថា “ស្តេច​មិន​ចង់​បាន​បណ្តា‌ការ​អ្វី ក្រៅ​ពី​ស្បែក​អង្គ‌ជាត​របស់​ពួក​ភីលីស្ទីន​ចំនួន​មួយ‌រយ ដើម្បី​សង‌សឹក​ខ្មាំង​សត្រូវ​ប៉ុណ្ណោះ”»។ ព្រះ‌បាទ​សាអ៊ូល​មាន​គោល​បំណង​ធ្វើ​ឲ្យ​លោក​ដាវីឌ ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​ភីលីស្ទីន។ ២៦ ពួក​រាជ​បម្រើ​នាំ​ពាក្យ​ទាំង​នោះ​ទៅ​ប្រាប់​លោក​ដាវីឌ ហើយ​លោក​ដាវីឌ​ក៏​យល់​ឃើញ​ថា សំណើ​នេះ​ជា​ការ​សម‌រម្យ ដើម្បី​ធ្វើ​ជា​កូន​ប្រសា​របស់​ស្តេច។ មុន​ពេល​កំណត់​ត្រូវ​រៀប​អភិសេក ២៧ លោក​ដាវីឌ និង​ទាហាន​របស់​លោក​នាំ​គ្នា​ចេញ​ទៅ​ច្បាំង លោក​សម្លាប់​ជន​ជាតិ​ភីលីស្ទីន​ពីរ‌រយ​នាក់។ លោក​ដាវីឌ​បាន​កាត់​យក​ស្បែក​អង្គ‌ជាត​របស់​ពួក​គេ ហើយ​នាំ​យក​មក​រាប់​ថ្វាយ​ព្រះ‌រាជា ដើម្បី​ធ្វើ​ជា​កូន​ប្រសា​ស្តេច។ ពេល​នោះ ព្រះ‌បាទ​សាអ៊ូល​ក៏​លើក​ព្រះ‌នាង​មិកាល់ ជា​បុត្រី ឲ្យ​ធ្វើ​ជា​ភរិយា។
២៨ ព្រះ‌បាទ​សាអ៊ូល​យល់​ឃើញ​ថា ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​លោក​ដាវីឌ ហើយ​ឃើញ​ថា​ព្រះ‌នាង​មិកាល់​ជា​បុត្រី​ស្រឡាញ់​លោក​ដែរ ២៩ ដូច្នេះ ស្តេច​ខ្លាច​លោក​ដាវីឌ​រឹត​តែ​ខ្លាំង​ឡើង ហើយ​ចាត់​ទុក​លោក​ជា​គូ​សត្រូវ ចាប់​ពី​ពេល​នោះ​ត​ទៅ។ ៣០ ពួក​មេ‌ទ័ព​របស់​ជន​ជាតិ​ភីលីស្ទីន​តែង‌តែ​នាំ​គ្នា​ចេញ​មក​ទន្ទ្រាន ប៉ុន្តែ គ្រប់​ពេល​ប្រយុទ្ធ លោក​ដាវីឌ​ទទួល​ជ័យ‌ជម្នះ​ច្រើន​ជាង​រាជ​បម្រើ​ឯ​ទៀតៗ​របស់​ព្រះ‌បាទ​សាអ៊ូល ជា​ហេតុ​នាំ​ឲ្យ​លោក​មាន​កេរ្តិ៍‌ឈ្មោះ​ល្បី‌ល្បាញ​យ៉ាង​ខ្លាំង។
១៩
ព្រះ‌បាទ​សាអ៊ូល​រក​សម្លាប់​លោក​ដាវីឌ
 ព្រះ‌បាទ​សាអ៊ូល​បាន​ប្រាប់​សម្តេច​យ៉ូណាថាន​ជា​បុត្រ ព្រម​ទាំង​នាម៉ឺន​មន្ត្រី ពី​បំណង​ដែល​ស្តេច​ចង់​សម្លាប់​លោក​ដាវីឌ។ ប៉ុន្តែ សម្តេច​យ៉ូណាថាន ជា​បុត្រ​របស់​ព្រះ‌បាទ​សាអ៊ូល ស្រឡាញ់​លោក​ដាវីឌ​ណាស់។  សម្តេច​យ៉ូណាថាន​នាំ​ដំណឹង​ទៅ​ប្រាប់​លោក​ដាវីឌ​ថា៖ «ព្រះ‌បាទ​សាអ៊ូល ជា​បិតា​របស់​ខ្ញុំ មាន​បំណង​ចង់​សម្លាប់​លោក​ប្អូន។ ដូច្នេះ ព្រឹក​ស្អែក​នេះ ចូរ​ប្រុង​ប្រយ័ត្ន ហើយ​រក​កន្លែង​លាក់​ខ្លួន​ទៅ។  ខ្ញុំ​នឹង​ចេញ​មក ហើយ​ឈរ​ជា​មួយ​បិតា​របស់​ខ្ញុំ ជិត​ចម្ការ​ដែល​លោក​ប្អូន​លាក់​ខ្លួន។ ខ្ញុំ​នឹង​ទូល​បិតា​អំពី​រឿង​លោក​ប្អូន ពេល​ណា​ខ្ញុំ​ដឹង​ពី​គោល​បំណង​របស់​បិតា​ហើយ ខ្ញុំ​នឹង​ប្រាប់​ឲ្យ​លោក​ប្អូន​ដឹង​ដែរ»។  សម្តេច​យ៉ូណាថាន​ទូល​ព្រះ‌បាទ​សាអ៊ូល ជា​បិតា អំពី​គុណ​សម្បត្តិ​របស់​លោក​ដាវីឌ​ថា៖ «សូម​បិតា​កុំ​ធ្វើ​បាប​លោក​ដាវីឌ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ឡើយ ដ្បិត​គ្នា​ពុំ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ចំពោះ​បិតា​ទេ ផ្ទុយ​ទៅ​វិញ ស្នាដៃ​អស្ចារ្យ​ដែល​ដាវីឌ​ធ្វើ សុទ្ធ​តែ​មាន​ផល​ប្រយោជន៍​យ៉ាង​ខ្លាំង​ដល់​បិតា។  ដាវីឌ​បាន​ប្រថុយ​ជីវិត​ទៅ​សម្លាប់​ជន​ភីលីស្ទីន គឺ​នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​បាន​ប្រោស​ប្រទាន​ជ័យ‌ជម្នះ​ដ៏​ធំ‌ធេង​បំផុត​ដល់​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​មូល ដូច​បិតា​បាន​ទត​ឃើញ និង​សប្បាយ​ព្រះ‌ហឫទ័យ​ស្រាប់​ហើយ។ ហេតុ​អ្វី​បាន​ជា​បិតា​ចង់​ប្រព្រឹត្ត​អំពើ​បាប ដោយ​បង្ហូរ​ឈាម​មនុស្ស​ម្នាក់​ដែល​គ្មាន​ទោស‌ពៃរ៍ គឺ​ចង់​សម្លាប់​ដាវីឌ ដោយ​គ្មាន​មូល​ហេតុ​ដូច្នេះ?»។  ព្រះ‌បាទ​សាអ៊ូល​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​ពាក្យ​របស់​សម្តេច​យ៉ូណាថាន ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «បិតា​សូម​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់ ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​ថា ដាវីឌ​មិន​ត្រូវ​ស្លាប់​ឡើយ!»។  បន្ទាប់​មក សម្តេច​យ៉ូណាថាន​ទៅ​ហៅ​លោក​ដាវីឌ​មក ហើយ​រៀប​រាប់​សេចក្ដី​ទាំង​នោះ​ប្រាប់​លោក រួច​នាំ​លោក​ចូល​មក​គាល់​ព្រះ‌បាទ​សាអ៊ូល។ លោក​ដាវីឌ​ក៏​នៅ​បម្រើ​ព្រះ‌បាទ​សាអ៊ូល ដូច​ពី​មុន។
ព្រះ‌នាង​មិកាល់​ជួយ​សង្គ្រោះ​លោក​ដាវីឌ
 សង្គ្រាម​ចេះ​តែ​កើត​មាន​ត​ទៅ​មុខ​ទៀត។ លោក​ដាវីឌ​ចេញ​ទៅ​ច្បាំង​ជា​មួយ​ពួក​ភីលីស្ទីន ធ្វើ​ឲ្យ​ពួក​គេ​បរា‌ជ័យ​យ៉ាង​ធ្ងន់ ហើយ​បាក់​ទ័ព​រត់​ចំពោះ​មុខ​លោក។  ថ្ងៃ​មួយ ព្រះ‌បាទ​សាអ៊ូល​កំពុង​គង់​នៅ​ក្នុង​ដំណាក់ ទាំង​កាន់​លំពែង​ផង។ ពេល​នោះ មាន​ខ្មោច​ពី​ព្រះ‌អម្ចាស់​មក​ចូល​ស្តេច ក្នុង​ពេល​លោក​ដាវីឌ​កំពុង​តែ​លេង​ពិណ។ ១០ រំពេច​នោះ ព្រះ‌បាទ​សាអ៊ូល​ចង់​ប្រហារ​លោក​ដាវីឌ ដោយ​គប់​លំពែង​ភ្ជាប់​លោក​ទៅ​នឹង​ជញ្ជាំង តែ​លោក​ដាវីឌ​គេច​ផុត ហើយ​លំពែង​នោះ​ដោត​ជាប់​នឹង​ជញ្ជាំង។ លោក​ដាវីឌ​រត់​គេច​ខ្លួន​នៅ​យប់​នោះ។
១១ ព្រះ‌បាទ​សាអ៊ូល​ចាត់​ទាហាន​ឲ្យ​ទៅ​ផ្ទះ​លោក​ដាវីឌ ឃ្លាំ​ចាំ​សម្លាប់​លោក​នៅ​ពេល​ព្រឹក។ ប៉ុន្តែ ព្រះ‌នាង​មិកាល់​ជា​ភរិយា ជម្រាប​លោក​ថា៖ «បើ​សិន​ជា​បង​មិន​រត់​នៅ​យប់​នេះ​ទេ ស្អែក បង​មុខ​ជា​ស្លាប់​មិន​ខាន»។ ១២ ព្រះ‌នាង​សម្រូត​លោក​ចុះ​តាម​បង្អួច ហើយ​លោក​រត់​គេច​ខ្លួន ដើម្បី​ឲ្យ​រួច​ជីវិត។ ១៣ បន្ទាប់​មក ព្រះ‌នាង​មិកាល់​យក​រូប​បដិមា​មួយ​មក​ដាក់​លើ​គ្រែ ព្រម​ទាំង​យក​ស្បែក​ពពែ​មក​ដាក់​លើ​ខ្នើយ និង​យក​ភួយ​មក​ដណ្តប់​ឲ្យ​ផង។ ១៤ នៅ​ពេល​ព្រះ‌បាទ​សាអ៊ូល​ចាត់​ទាហាន​ឲ្យ​ទៅ​ចាប់​លោក​ដាវីឌ​នោះ ព្រះ‌នាង​មិកាល់​ប្រាប់​ថា៖ «លោក​ឈឺ»។ ១៥ ព្រះ‌បាទ​សាអ៊ូល​ចាត់​ទាហាន​ឲ្យ​វិល​ទៅ​រក​លោក​ដាវីឌ​វិញ ដោយ​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​សែង​ទាំង​គ្រែ នាំ​គេ​យក​មក ដើម្បី​ឲ្យ​យើង​សម្លាប់​ចោល!»។ ១៦ ពួក​ទាហាន​វិល​ទៅ​វិញ ហើយ​ឃើញ​តែ​រូប​បដិមា​នៅ​លើ​គ្រែ និង​ស្បែក​ពពែ​នៅ​លើ​ខ្នើយ។ ១៧ ព្រះ‌បាទ​សាអ៊ូល​សួរ​ព្រះ‌នាង​មិកាល់​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​ឯង​បញ្ឆោត​បិតា​បែប​នេះ? ហេតុ​ដូច​ម្ដេច​បាន​ជា​ឯង​ទុក​ឲ្យ​សត្រូវ​របស់​បិតា​រត់​រួច?»។ ព្រះ‌នាង​មិកាល់​ទូល​ថា៖ «គឺ​គាត់​ទេ​តើ​ដែល​ប្រាប់​ខ្ញុំ​ម្ចាស់​ថា “ទុក​ឲ្យ​អញ​ទៅ​ចុះ! បើ​មិន​ដូច្នោះ​ទេ អញ​នឹង​សម្លាប់​ឯង​ចោល”»។
១៨ ពេល​នោះ លោក​ដាវីឌ​រត់​គេច​ខ្លួន ទៅ​ជ្រក​ជា​មួយ​លោក​សាមូអែល​នៅ​ភូមិ​រ៉ាម៉ា ហើយ​រៀប​រាប់​អំពី​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន ដែល​ព្រះ‌បាទ​សាអ៊ូល​បាន​ប្រព្រឹត្ត​ចំពោះ​រូប​លោក។ បន្ទាប់​មក លោក​ទាំង​ពីរ​នាំ​គ្នា​ទៅ​នៅ​កន្លែង​មួយ ឈ្មោះ​ណាយ៉ូត។
១៩ មាន​គេ​ទូល​ព្រះ‌បាទ​សាអ៊ូល​ថា លោក​ដាវីឌ​ទៅ​នៅ​ណាយ៉ូត ជិត​ភូមិ​រ៉ាម៉ា។ ២០ ព្រះ‌បាទ​សាអ៊ូល​ចាត់​ទាហាន​ឲ្យ​ទៅ​ចាប់​លោក​ដាវីឌ។ កាល​ពួក​គេ​ទៅ​ដល់ ឃើញ​ក្រុម​ព្យាការី​ដែល​មាន​លោក​សាមូអែល​ជា​អ្នក​នាំ​មុខ កំពុង​ស្លុង​ស្មារតី ស្រែក​ច្រៀង និង​រាំ។ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​សណ្ឋិត​លើ​ទាហាន​ទាំង​នោះ ធ្វើ​ឲ្យ​ពួក​គេ​ស្លុង​ស្មារតី ស្រែក​ច្រៀង និង​រាំ​ដែរ។ ២១ មាន​គេ​នាំ​ដំណឹង​នេះ​ទៅ​ទូល​ព្រះ‌បាទ​សាអ៊ូល ស្តេច​ក៏​ចាត់​ទាហាន​មួយ​ក្រុម​ទៀត​ឲ្យ​ទៅ ប៉ុន្តែ ពួក​គេ​ស្លុង​ស្មារតី ស្រែក​ច្រៀង និង​រាំ​ដែរ។ ព្រះ‌បាទ​សាអ៊ូល​ចាត់​ក្រុម​ទី​បី​ឲ្យ​ទៅ តែ​ពួក​នេះ​ស្លុង​ស្មារតី ស្រែក​ច្រៀង និង​រាំ ដូច​ពួក​មុនៗ។ ២២ ដូច្នេះ ព្រះ‌បាទ​សាអ៊ូល​ក៏​យាង​ទៅ​ភូមិ​រ៉ាម៉ា​ដោយ​ផ្ទាល់។ កាល​ទៅ​ដល់​ស្រះ​ធំ នៅ​ភូមិ​សេគូស្តេច​សួរ​គេ​ថា៖ «តើ​លោក​សាមូអែល និង​ដាវីឌ​នៅ​ឯ​ណា?»។ គេ​ទូល​ថា៖ «លោក​នៅ​ឯ​ណាយ៉ូត ជិត​ភូមិ​រ៉ាម៉ា»។ ២៣ ស្តេច​ក៏​យាង​ទៅ​ទី​នោះ។ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​មក​សណ្ឋិត​លើ​ស្តេច ហើយ​ស្តេច​យាង​រហូត​ដល់​ណាយ៉ូត នៅ​ភូមិ​រ៉ាម៉ា ទាំង​ស្លុង​ស្មារតី ស្រែក​ច្រៀង និង​រាំ។ ២៤ ស្តេច​ដោះ​ព្រះ‌ភូសា​ចេញ​ដូច​គេ​ឯង​ដែរ ហើយ​ស្លុង​ស្មារតី ស្រែក​ច្រៀង និង​រាំ នៅ​ចំពោះ​មុខ​លោក​សាមូអែល។ ស្តេច​ដួល​ដេក ទាំង​អាក្រាត នៅ​លើ​ដី​ពេញ​មួយ​ថ្ងៃ​មួយ​យប់។ ហេតុ​នេះ​ហើយ​បាន​ជា​មាន​ពាក្យ​ស្លោក​ថា៖ «តើ​ព្រះ‌បាទ​សាអ៊ូល​ចូល​ក្រុម​ព្យាការី​ដែរ​ឬ?»។
២០
សម្តេច​យ៉ូណាថាន​ការ‌ពារ​លោក​ដាវីឌ
លោក​ដាវីឌ​រត់​ចេញ​ពី​ណាយ៉ូត ជិត​ភូមិ​រ៉ាម៉ា ទៅ​ជួប​សម្តេច​យ៉ូណាថាន ហើយ​សួរ​ថា៖ «តើ​ខ្ញុំ​បាន​ធ្វើ​អ្វី? តើ​ខ្ញុំ​មាន​កំហុស​អ្វី? តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ខុស​ចំពោះ​បិតា​របស់​បង បាន​ជា​ស្តេច​រក​សម្លាប់​ខ្ញុំ​ដូច្នេះ?»។  សម្តេច​យ៉ូណាថាន​ឆ្លើយ​តប​ថា៖ «សូម​កុំ​ឲ្យ​កើត​មាន​ដូច្នោះ​អី! ប្អូន​មិន​ត្រូវ​ស្លាប់​ទេ! បិតា​របស់​ខ្ញុំ​មិន​ដែល​ធ្វើ​អ្វី ដោយ​ឥត​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ជា​មុន​ឡើយ ទោះ​បី​ការ​នោះ​ធំ ឬ​តូច​ក្តី។ បើ​បិតា​ចង់​សម្លាប់​ប្អូន ព្រះ‌អង្គ​មុខ​ជា​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​មិន​ខាន ព្រះ‌អង្គ​មិន​លាក់​ទេ»។  លោក​ដាវីឌ​មាន​ប្រសាសន៍​ទៀត​ថា៖ «បិតា​របស់​បង​ដឹង​ច្បាស់​ថា ខ្ញុំ​ជា​មិត្ត​សម្លាញ់​របស់​បង បាន​ជា​ស្តេច​គិត​ថា “មិន​ត្រូវ​ឲ្យ​យ៉ូណាថាន​ដឹង​ទេ ក្រែង​លោ​គេ​ពិបាក​ចិត្ត”។ ប៉ុន្តែ ខ្ញុំ​សូម​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ និង​ក្នុង​នាម​បង​ផ្ទាល់​ដែល​នៅ​មាន​ជីវិត​ថា សេចក្ដី​ស្លាប់​នៅ​ឃ្លាត​ពី​ខ្ញុំ​តែ​មួយ​ចង្អាមប៉ុណ្ណោះ»។
 សម្តេច​យ៉ូណាថាន​ពោល​ទៅ​កាន់​លោក​ដាវីឌ​ថា៖ «បើ​ប្អូន​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី ខ្ញុំ​ធ្វើ​តាម​ទាំង​អស់»។  លោក​ដាវីឌ​តប​ទៅ​សម្តេច​យ៉ូណាថាន​វិញ​ថា៖ «ស្អែក​នេះ​ជា​ថ្ងៃ​បុណ្យ​ដើម​ខែ ធម្មតា ខ្ញុំ​ត្រូវ​ទៅ​បរិភោគ​រួម​តុ​ជា​មួយ​ស្ដេច។ សូម​ឲ្យ​ខ្ញុំ​ចេញ​ទៅ​ពួន​នៅ​ឯ​ស្រែ រហូត​ដល់​ល្ងាច​ខាន​ស្អែក។  បិតា​របស់​បង​មុខ​ជា​សួរ​រក​ខ្ញុំ ព្រោះ​ខ្ញុំ​មិន​នៅ សូម​ទូល​ស្តេច​ថា “ដាវីឌ​ទទូច​សូម​អនុញ្ញាត​ពី​ទូល‌បង្គំ ធ្វើ​ដំណើរ​ទៅ​បេថ្លេហិម ជា​ភូមិ​កំណើត​របស់​គេ​យ៉ាង​ប្រញាប់ ដើម្បី​ចូល​រួម​ថ្វាយ​យញ្ញ‌បូជា​ប្រចាំ​ឆ្នាំ ជា​មួយ​នឹង​អំបូរ​ទាំង​មូល”។  ប្រសិន​បើ​ស្តេច​មាន​រាជ‌ឱង្ការ​ថា “មិន​អី​ទេ!” នោះ​ខ្ញុំ​នឹង​បាន​សុខ‌សាន្ត! ផ្ទុយ​ទៅ​វិញ បើ​ស្តេច​ខ្ញាល់ នោះ​បង​នឹង​ដឹង​ច្បាស់​ថា ស្តេច​បាន​សម្រេច​ចិត្ត​ធ្វើ​បាប​ខ្ញុំ​ហើយ។  ដូច្នេះ សូម​បង​សម្ដែង​ចិត្ត​ស្មោះ‌ស្ម័គ្រ​ចំពោះ​ខ្ញុំ​ផង ដ្បិត​យើង​ទាំង​ពីរ​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​គ្នា​ក្នុង​នាម​ព្រះ‌អម្ចាស់។ ម្យ៉ាង​ទៀត បើ​បង​ឃើញ​ខ្ញុំ​មាន​កំហុស​អ្វី សូម​សម្លាប់​ខ្ញុំ​ដោយ​ផ្ទាល់​ដៃ​ចុះ កុំ​ចាប់​ខ្ញុំ​ទៅ​ថ្វាយ​បិតា​របស់​បង​អី»។  សម្តេច​យ៉ូណាថាន​ពោល​ឡើង​ថា៖ «កុំ​មាន​គំនិត​ដូច្នេះ​ឡើយ! ប្រសិន​បើ​ខ្ញុំ​ដឹង​ច្បាស់​ថា បិតា​របស់​ខ្ញុំ​សម្រេច​ព្រះ‌ហឫទ័យ​ធ្វើ​បាប​ប្អូន នោះ​ខ្ញុំ​មុខ​ជា​ប្រាប់​ប្អូន​មិន​ខាន»។ ១០ លោក​ដាវីឌ​សួរ​ថា៖ «ប្រសិន​បើ​បិតា​របស់​បង​ឆ្លើយ​មក​បង​វិញ​ទាំង​ខ្ញាល់​នោះ តើ​បាន​នរណា​នាំ​ដំណឹង​មក​ប្រាប់​ខ្ញុំ?»។ ១១ សម្តេច​យ៉ូណាថាន​ពោល​មក​កាន់​លោក​ដាវីឌ​ថា៖ «មក៍ យើង​ចេញ​ទៅ​វាល​ស្រែ!»។ អ្នក​ទាំង​ពីរ​ក៏​ចេញ​ទៅ​វាល​ស្រែ​ជា​មួយ​គ្នា។
១២ សម្តេច​យ៉ូណាថាន​ពោល​មក​កាន់​លោក​ដាវីឌ​ថា៖ «ខ្ញុំ​សូម​សន្យា​ក្នុង​នាម​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល​ថា ថ្ងៃ​ស្អែក ឬ​ខាន​ស្អែក ពេល​ថ្មើរ​នេះ ខ្ញុំ​នឹង​ស្ទង់​មើល​ព្រះ‌ហឫទ័យ​បិតា​របស់​ខ្ញុំ។ ប្រសិន​បើ​ព្រះ‌អង្គ​មាន​បំណង​ល្អ​ចំពោះ​ប្អូន ហើយ​បើ​ខ្ញុំ​មិន​ចាត់​គេ​ឲ្យ​នាំ​ដំណឹង​មក​ប្រាប់​ប្អូន​ទេ​នោះ ១៣ សូម​ព្រះ‌អម្ចាស់​ដាក់​ទោស​ខ្ញុំ​ចុះ។ ប្រសិន​បើ​បិតា​ខ្ញុំ​មាន​បំណង​ធ្វើ​បាប​ប្អូន ខ្ញុំ​ក៏​ជូន​ដំណឹង​ឲ្យ​ប្អូន​ដឹង​ដែរ។ ខ្ញុំ​នឹង​ឲ្យ​ប្អូន​ចាក​ចេញ​ទៅ​ដោយ​សុខ‌សាន្ត។ សូម​ព្រះ‌អម្ចាស់​គង់​ជា​មួយ​ប្អូន ដូច​ព្រះ‌អង្គ​គង់​ជា​មួយ​បិតា​ខ្ញុំ​កាល​ពី​មុន​ដែរ។ ១៤ ពេល​ក្រោយ ប្រសិន​បើ​ខ្ញុំ​នៅ​មាន​ជីវិត សូម​ប្អូន​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ ដោយ​ចិត្ត​ស្មោះ‌ស្ម័គ្រ​មក​ពី​ព្រះ‌អម្ចាស់ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​បាត់​បង់​ជីវិត​ឡើយ។ ១៥ ទោះ​បី​ព្រះ‌អម្ចាស់​ផ្ដាច់​ជីវិត​ខ្មាំង​សត្រូវ​របស់​ប្អូន​ម្ដង​មួយៗ​អស់​ពី​ផែន‌ដី​ក៏​ដោយ សូម​ប្អូន​នៅ​តែ​សម្ដែង​ចិត្ត​ស្មោះ‌ស្ម័គ្រ​នេះ​ចំពោះ​កូន​ចៅ​របស់​ខ្ញុំ រហូត​ត​ទៅ»។ ១៦ ដូច្នេះ សម្តេច​យ៉ូណាថាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​លោក​ដាវីឌ និង​កូន​ចៅ​របស់​លោក ដោយ​ពោល​ថា៖ «បើ​លោក​ដាវីឌ​មិន​គោរព​សម្ពន្ធ‌មេត្រី​នេះ​ទេ សូម​ព្រះ‌អម្ចាស់​ដាក់​ទោស​លោក តាម‌រយៈ​ខ្មាំង​សត្រូវ!»។ ១៧ សម្តេច​យ៉ូណាថាន​បាន​សុំ​ឲ្យ​លោក​ដាវីឌ​ស្បថ​សា​ជា​ថ្មី ក្នុង​នាម​នៃ​សេចក្ដី​ស្រឡាញ់​ដែល​សម្តេច​មាន​ចំពោះ​រូប​លោក ដ្បិត​សម្តេច​យ៉ូណាថាន​ស្រឡាញ់​លោក​ដាវីឌ ដូច​ស្រឡាញ់​ខ្លួន​ឯង។
១៨ សម្តេច​យ៉ូណាថាន​បញ្ជាក់​បន្ថែម​ថា៖ «ស្អែក នៅ​ពេល​បុណ្យ​ដើម​ខែ គេ​នឹង​សង្កេត​ឃើញ​ថា​បាត់​រូប​ប្អូន ព្រោះ​កៅអី​របស់​ប្អូន​នៅ​ទំនេរ។ ១៩ ខាន​ស្អែក ប្អូន​ត្រូវ​ចុះ​ទៅ​កន្លែង​ដែល​ប្អូន​បាន​លាក់​ខ្លួន​កាល​ពី​ថ្ងៃ​មុន​នោះ គឺ​ប្អូន​ត្រូវ​ទៅ​ពួន​នៅ​ក្បែរ​ផ្ទាំង​ថ្ម​អេសែល។ ២០ ខ្ញុំ​នឹង​បាញ់​ព្រួញ​បី​ដើម​ទៅ​រក​ថ្ម​នោះ គឺ​ខ្ញុំ​បាញ់​តម្រង់​ឆ្ពោះ​ទៅ​រក​ទិស‌ដៅ​មួយ។ ២១ បន្ទាប់​មក ខ្ញុំ​ប្រើ​ក្មេង​បម្រើ​ខ្ញុំ​ឲ្យ​ទៅ​រើស។ បើ​ខ្ញុំ​ស្រែក​ថា “មើល​ហ្ន៎! ព្រួញ​នៅ​មិន​ឆ្ងាយ​ទេ ចូរ​ទៅ​រើស​មក” នោះ​បាន​សេចក្ដី​ថា ប្អូន​អាច​វិល​មក​វិញ​ដោយ​សុខ‌សាន្ត! ខ្ញុំ​សុំ​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​ថា គ្មាន​បញ្ហា​អ្វី​ទេ! ២២ ប៉ុន្តែ បើ​ខ្ញុំ​ប្រាប់​ទៅ​ក្មេង​បម្រើ​នោះ​ថា “ព្រួញ​នៅ​ឆ្ងាយ​ឯ​នាយ” នោះ​ចូរ​ប្អូន​ទៅ​ចុះ ដ្បិត​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​ប្អូន​ចាក​ចេញ​ទៅ​ហើយ។ ២៣ ព្រះ‌អម្ចាស់​ធ្វើ​ជា​សាក្សី​ដឹង​ឮ​រហូត​ត​ទៅ ចំពោះ​ពាក្យ​ដែល​យើង​បាន​សន្យា​ជា​មួយ​គ្នា»។ ២៤ លោក​ដាវីឌ​ក៏​ចេញ​ទៅ​ពួន​នៅ​ឯ​វាល​ស្រែ។
លុះ​ដល់​ពេល​បុណ្យ​ដើម​ខែ ព្រះ‌បាទ​សាអ៊ូល​គង់​សោយ​ព្រះ‌ស្ងោយ​ក្នុង​ពិធី​ជប់‌លៀង។ ២៥ ស្តេច​គង់​នៅ​ជិត​ជញ្ជាំង​ដូច​សព្វ​មួយ​ដង សម្តេច​យ៉ូណាថាន​គង់​នៅ​ទល់​មុខ លោក​អាប់នែរ​អង្គុយ​នៅ​ក្បែរ​ស្តេច តែ​កន្លែង​របស់​លោក​ដាវីឌ​នៅ​ទំនេរ។ ២៦ នៅ​ថ្ងៃ​នោះ ព្រះ‌បាទ​សាអ៊ូល​មិន​សួរ​នាំ​អ្វី​ឡើយ ដោយ​ស្តេច​នឹក​ស្មាន​ថា មាន​ហេតុ​អ្វី​មួយ​កើត​ឡើង​ចំពោះ​លោក​ដាវីឌ ធ្វើ​ឲ្យ​លោក​ក្លាយ​ទៅ​មិន​បរិសុទ្ធ គឺ​លោក​ពិត​ជា​មិន​បរិសុទ្ធ​មែន។ ២៧ នៅ​ថ្ងៃ​បន្ទាប់ ជា​ថ្ងៃ​ទី​ពីរ​នៃ​ពិធី​បុណ្យ​ដើម​ខែ កន្លែង​របស់​លោក​ដាវីឌ​នៅ​ទំនេរ​ដដែល។ ព្រះ‌បាទ​សាអ៊ូល​សួរ​សម្តេច​យ៉ូណាថាន ជា​បុត្រ​ថា៖ «ហេតុ​អ្វី​បាន​ជា​កូន​លោក​យេសាយ​មិន​មក​ជប់‌លៀង ទាំង​ម្សិល‌មិញ ទាំង​ថ្ងៃ​នេះ​ដូច្នេះ?»។ ២៨ សម្តេច​យ៉ូណាថាន​ទូល​ថា៖ «ដាវីឌ​បាន​ទទូច​អង្វរ​សូម​អនុញ្ញាត​ពី​ទូល‌បង្គំ​ទៅ​ឯ​បេថ្លេហិម ២៩ ដោយ​ប្រាប់​ថា “សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ចេញ​ទៅ ដ្បិត​អំបូរ​របស់​យើង​ខ្ញុំ​ត្រូវ​ថ្វាយ​យញ្ញ‌បូជា នៅ​ទី​នោះ ហើយ​បង​ប្រុស​ខ្ញុំ​បាន​ផ្តាំ​ឲ្យ​ខ្ញុំ​ទៅ​ចូល​រួម។ បើ​សម្តេច​យល់​អធ្យាស្រ័យ​ដល់​ខ្ញុំ សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​ជួប‌ជុំ​បង‌ប្អូន​ផង”។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​មិន​មក​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង​របស់​បិតា»។ ៣០ ព្រះ‌បាទ​សាអ៊ូល​ខ្ញាល់​នឹង​សម្តេច​យ៉ូណាថាន​យ៉ាង​ខ្លាំង ស្តេច​ស្រែក​ជេរ​ថា៖ «អា​កូន​ឥត​ពូជ ឥត​អំបូរ! អញ​ដឹង​ថា ឯង​កាន់​ជើង​កូន​របស់​លោក​យេសាយ។ ឯង​មុខ​ជា​ត្រូវ​អាម៉ាស់ ទាំង​កូន​ទាំង​ម្ដាយ​មិន​ខាន! ៣១ តោង​ដឹង​ថា ដរាប​ណា​កូន​លោក​យេសាយ​នៅ​មាន​ជីវិត​លើ​ផែន‌ដី នោះ​ឯង​ច្បាស់​ជា​មិន​អាច​ឡើង​សោយ​រាជ្យ​ឡើយ។ ដូច្នេះ ចូរ​ចាត់​គេ​ឲ្យ​ទៅ​ចាប់​វា​នាំ​មក​ឲ្យ​អញ​នៅ​ទី​នេះ ដ្បិត​វា​ត្រូវ​តែ​ស្លាប់»។ ៣២ សម្តេច​យ៉ូណាថាន​ទូល​ព្រះ‌បាទ​សាអ៊ូល ជា​បិតា​ថា៖ «ហេតុ​អ្វី​បាន​ជា​គេ​ត្រូវ​ស្លាប់ តើ​គេ​បាន​ធ្វើ​អ្វី?»។ ៣៣ ព្រះ‌បាទ​សាអ៊ូល​ក៏​គប់​លំពែង​តម្រង់​ទៅ​សម្តេច​យ៉ូណាថាន ដើម្បី​ប្រហារ​ជីវិត។ ពេល​នោះ សម្តេច​យ៉ូណាថាន​ជ្រាប​ថា បិតា​ពិត​ជា​បាន​សម្រេច​ព្រះ‌ហឫទ័យ​សម្លាប់​លោក​ដាវីឌ។ ៣៤ សម្តេច​ក្រោក​ចេញ​ពី​តុ ដោយ​ខ្ញាល់​យ៉ាង​ខ្លាំង ហើយ​មិន​ខ្ចី​សោយ​អាហារ​នៅ​ថ្ងៃ​ទី​ពីរ​នៃ​ពិធី​បុណ្យ​ដើម​ខែ​នោះ​ឡើយ ព្រោះ​សម្តេច​ព្រួយ​បារម្ភ​អំពី​លោក​ដាវីឌ ដែល​បិតា​បាន​ជេរ​ប្រមាថ។ ៣៥ ព្រឹក​ឡើង សម្តេច​យ៉ូណាថាន​ចេញ​ទៅ​វាល​ស្រែ ឆ្ពោះ​ទៅ​កន្លែង​ដែល​លោក​បាន​ណាត់​ជា​មួយ​លោក​ដាវីឌ។ សម្តេច​នាំ​ក្មេង​ម្នាក់​ទៅ​ជា​មួយ​ផង។ ៣៦ សម្តេច​ប្រាប់​វា​ថា៖ «ចូរ​រត់​ទៅ​រើស​ព្រួញ​ដែល​អញ​នឹង​បាញ់​ឥឡូវ​នេះ»។ ក្មេង​នោះ​ក៏​រត់​ទៅ​មុខ ហើយ​សម្តេច​យ៉ូណាថាន​បាញ់​ព្រួញ​រំលង​ឲ្យ​ឆ្ងាយ​ពី​វា។ ៣៧ ពេល​ក្មេង​នោះ​រត់​ទៅ​ដល់​កន្លែង​ដែល​ព្រួញ​ធ្លាក់ សម្តេច​យ៉ូណាថាន​ស្រែក​ឡើង​ថា៖ «ព្រួញ​ធ្លាក់​នៅ​ឆ្ងាយ​ពី​ឯង​មែន​ទេ! ៣៨ ចូរ​ប្រញាប់​រត់​ទៅ កុំ​ឈប់​ឡើយ!»។ ក្មេង​នោះ​ក៏​រើស​ព្រួញ ហើយ​ត្រឡប់​មក​រក​ចៅហ្វាយ​វិញ។ ៣៩ វា​ពុំ​ដឹង​អ្វី​ទាំង​អស់ គឺ​មាន​តែ​សម្តេច​យ៉ូណាថាន និង​លោក​ដាវីឌ​ប៉ុណ្ណោះ​ដែល​ដឹង​រឿង​នេះ។ ៤០ សម្តេច​យ៉ូណាថាន​ប្រគល់​ធ្នូ និង​ព្រួញ​ឲ្យ​ក្មេង​បម្រើ ហើយ​ប្រាប់​វា​ឲ្យ​យក​ទៅ​ទី‌ក្រុង​វិញ។ ៤១ ពេល​ក្មេង​នោះ​ចេញ​ផុត​ទៅ លោក​ដាវីឌ​ក៏​ចេញ​ពី​កន្លែង​លាក់​ខ្លួន​នៅ​ខាង​ត្បូង​ផ្ទាំង​ថ្ម ហើយ​ក្រាប​ចុះ ឱន​មុខ​ដល់​ដី ថ្វាយ‌បង្គំ​សម្តេច​យ៉ូណាថាន​បី​ដង។ លោក​ទាំង​ពីរ​ឱប​គ្នា ហើយ​មិត្ត​សម្លាញ់​ទាំង​ពីរ​នាក់​នាំ​គ្នា​យំ​យ៉ាង​ខ្លាំង ជា​ពិសេស​លោក​ដាវីឌ។ ៤២ បន្ទាប់​មក សម្តេច​យ៉ូណាថាន​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ដាវីឌ​ថា៖ «សូម​ទៅ​ឲ្យ​បាន​សុខ‌សាន្ត​ចុះ! ដ្បិត​យើង​បាន​ស្បថ​ជា​មួយ​គ្នា​ក្នុង​នាម​ព្រះ‌អម្ចាស់​ថា “សូម​ព្រះ‌អម្ចាស់​ធ្វើ​ជា​សាក្សី​ដឹង​ឮ​អំពី​មិត្ត‌ភាព​រវាង​ខ្ញុំ និង​ប្អូន ព្រម​ទាំង​កូន​ចៅ​ខ្ញុំ និង​កូន​ចៅ​ប្អូន​រហូត​ត​ទៅ”»។
២១
លោក​ដាវីឌ​ប្រញាប់‌ប្រញាល់​ចាក​ចេញ​ទៅ ហើយ​សម្តេច​យ៉ូណាថាន​ក៏​វិល​ត្រឡប់​ទៅ​ទី‌ក្រុង​វិញ​ដែរ។
លោក​ដាវីឌ​រត់​ទៅ​ដល់​ភូមិ​ណូប
 លោក​ដាវីឌ​ទៅ​រក​លោក​បូជា‌ចារ្យ*​អហ៊ី‌មេឡេក នៅ​ភូមិ​ណូប។ លោក​អហ៊ី‌មេឡេក​ចេញ​មក​ទទួល​ទាំង​ញ័រ​រន្ធត់ ហើយ​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​អញ្ជើញ​មក​តែ​ម្នាក់​ឯង គ្មាន​នរណា​មក​ជា​មួយ​ដូច្នេះ?»។  លោក​ដាវីឌ​ឆ្លើយ​ទៅ​លោក​បូជា‌ចារ្យ​អហ៊ី‌មេឡេក​ថា៖ «ព្រះ‌ករុណា​បាន​បង្គាប់​មក​ខ្ញុំ​ថា “កុំ​ឲ្យ​អ្នក​ណា​ម្នាក់​ដឹង​អំពី​កិច្ច‌ការ​ដែល​យើង​បញ្ជា​ដល់​អ្នក ព្រម​ទាំង​ចាត់​អ្នក​ឲ្យ​ទៅ​បំពេញ​នេះ​ឡើយ”។ ខ្ញុំ​ក៏​បាន​ណាត់​ជួប​ទាហាន​របស់​ខ្ញុំ​នៅ​កន្លែង​មួយ។  ឥឡូវ​នេះ តើ​លោក​មាន​អ្វី​ខ្លះ? សូម​លោក​ផ្តល់​នំបុ័ង​ប្រាំ ឬ​អ្វី​ផ្សេង​ទៀត​ដែល​លោក​មាន​មក​ឲ្យ​ខ្ញុំ​ផង»។  លោក​បូជា‌ចារ្យ​តប​ទៅ​លោក​ដាវីឌ​វិញ​ថា៖ «ខ្ញុំ​គ្មាន​នំបុ័ង​ធម្មតា​ទេ មាន​តែ​នំបុ័ង​សក្ការៈ ប្រសិន​បើ​ទាហាន​របស់​លោក​មិន​បាន​រួម​រស់​ជា​មួយ​ស្រីៗ ទើប​គេ​បរិភោគ​បាន»។ លោក​ដាវីឌ​មាន​ប្រសាសន៍​ទៅ​លោក​បូជា‌ចារ្យ​វិញ​ថា៖ «ពិត​មែន​ហើយ តាំង​ពី​ដើម​រៀង​មក កាល​ណា​ចេញ​ទៅ​ច្បាំង យើង​តែង‌តែ​ទទួល​ការ​ហាម​ឃាត់​មិន​ឲ្យ​រួម​រស់​ជា​មួយ​ស្ត្រី​ឡើយ។ អ្វីៗ​របស់​ពួក​ទាហាន​សុទ្ធ​តែ​បាន​ញែក​ជា​សក្ការៈ​អស់​ហើយ។ ប៉ុន្តែ ថ្ងៃ​នេះ ទោះ​បី​យើង​ធ្វើ​ដំណើរ​ធម្មតា​ក៏​ដោយ ក៏​យើង​បាន​បរិសុទ្ធ ដោយ‌សារ​កិច្ច‌ការ​ដែល​កំពុង​តែ​បំពេញ​នេះ​ដែរ»។  ពេល​នោះ លោក​បូជា‌ចារ្យ​ប្រគល់​នំបុ័ង ដែល​គេ​តាំង​ថ្វាយ​ព្រះ‌អម្ចាស់ ជូន​លោក​ដាវីឌ ដ្បិត​គ្មាន​នំបុ័ង​ណា​ផ្សេង​ក្រៅ​ពី​នំបុ័ង​នេះ​ឡើយ។ គេ​បាន​ដក​នំបុ័ង​នេះ​ចេញ​ពី​ទី‌សក្ការៈ​របស់​ព្រះ‌អម្ចាស់ នៅ​ថ្ងៃ​ដែល​ដាក់​នំបុ័ង​ថ្មី​ជំនួស។  ថ្ងៃ​នោះ រាជ​បម្រើ​ម្នាក់​របស់​ព្រះ‌បាទ​សាអ៊ូល​ស្ថិត​នៅ​ក្នុង​ទី‌សក្ការៈ​របស់​ព្រះ‌អម្ចាស់ ដើម្បី​បំពេញ​កិច្ច‌ការ​ខាង​សាសនា គឺ​គាត់​ឈ្មោះ​ដូអេក ជា​ជន​ជាតិ​អេដុម ដែល​ទទួល​ខុស​ត្រូវ​លើ​ពួក​គង្វាល​របស់​ស្តេច។  លោក​ដាវីឌ​មាន​ប្រសាសន៍​ទៅ​លោក​បូជា‌ចារ្យ​អហ៊ី‌មេឡេក​ថា៖ «នៅ​ទី​នេះ តើ​លោក​មាន​លំពែង ឬ​ដាវ​ទេ? កិច្ច‌ការ​ដែល​ព្រះ‌រាជា​ចាត់​ឲ្យ​ខ្ញុំ​ទៅ​បំពេញ​នេះ​បន្ទាន់​ពេក ខ្ញុំ​មិន​បាន​យក​ដាវ ឬ​អាវុធ​ផ្សេង​ទៀត​មក​ជា​មួយ​ឡើយ»។ ១០ លោក​បូជា‌ចារ្យ​មាន​ប្រសាសន៍​ថា៖ «មាន​តែ​ដាវ​របស់​កូលី‌យ៉ាត ជា​ជន​ជាតិ​ភីលីស្ទីន ដែល​លោក​បាន​សម្លាប់​នៅ​ជ្រលង​ភ្នំ​អេឡា។ ដាវ​នោះ​រុំ​ដោយ​សំពត់ នៅ​ខាង​ក្រោយ​អាវ​អេផូដ*។ ប្រសិន​បើ​លោក​ចង់​បាន សូម​អញ្ជើញ​យក​ទៅ​ចុះ ព្រោះ​នៅ​ទី​នេះ គ្មាន​អាវុធ​ណា​ផ្សេង​ទៀត​ទេ»។ លោក​ដាវីឌ​មាន​ប្រសាសន៍​ថា៖ «សូម​ប្រគល់​ដាវ​នោះ​មក​ខ្ញុំ​ចុះ ដ្បិត​គ្មាន​ដាវ​ណា​ដូច​ដាវ​នេះ​ទេ»។
លោក​ដាវីឌ​នៅ​ជា​មួយ​ពួក​ភីលីស្ទីន​ក្នុង​ក្រុង​កាថ
១១ នៅ​ថ្ងៃ​ដដែល​នោះ លោក​ដាវីឌ​រត់​គេច​ខ្លួន​ចេញ​ពី​ព្រះ‌បាទ​សាអ៊ូល ហើយ​ទៅ​ជួប​ព្រះ‌បាទ​អគីស នៅ​ក្រុង​កាថ។ ១២ ពួក​រាជ​បម្រើ​របស់​ព្រះ‌បាទ​អគីស​ទូល​ស្តេច​ថា៖ «អ្នក​នេះ​គឺ​ដាវីឌ ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល​ទេ​តើ! អ្នក​នេះ​ហើយ​ដែល​ពួក​ស្ត្រីៗ​នាំ​គ្នា​រាំ និង​ច្រៀង​សរសើរ​ថា:
ព្រះ‌បាទ​សាអ៊ូល​ប្រហារ​សត្រូវ​បាន​រាប់​ពាន់​នាក់
រីឯ​លោក​ដាវីឌ​ប្រហារ​បាន​រាប់‌ម៉ឺន​នាក់»។ ១៣ ពាក្យ​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​លោក​ដាវីឌ​រន្ធត់​ចិត្ត ហើយ​ខ្លាច​ព្រះ‌បាទ​អគីស ជា​ស្តេច​ក្រុង​កាថ​យ៉ាង​ខ្លាំង។ ១៤ លោក​ធ្វើ​ជា​វិកល‌ចរិត​នៅ​ចំពោះ​មុខ​ជន​ជាតិ​ភីលីស្ទីន។ ពេល​ពួក​គេ​ចាប់​លោក លោក​សម្ដែង​អាការៈ​លេលា ដោយ​លើក​ដៃ​គូស‌វាស​ជា​សញ្ញា​នៅ​តាម​សន្លឹក​ទ្វារ ព្រម​ទាំង​បង្ហៀរ​ទឹក​មាត់​លើ​ពុក​ចង្កា​ទៀត​ផង។ ១៥ ព្រះ‌បាទ​អគីស​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ពួក​រាជ​បម្រើ​ថា៖ «អស់​លោក​បាន​ឃើញ​ច្បាស់​ថា មនុស្ស​នេះ​ឡប់‌សតិ​ហើយ ហេតុ​អ្វី​បាន​ជា​អស់​លោក​នាំ​គេ​មក​ជួប​យើង​ដូច្នេះ? ១៦ តើ​យើង​ខ្វះ​មនុស្ស​ឆ្កួត​ឬ បាន​ជា​អស់​លោក​នាំ​ជន​នេះ​មក​ឲ្យ​សម្ដែង​ភាព​វិកល​នៅ​ចំពោះ​មុខ​យើង​ដូច្នេះ? ជន​នេះ​មិន​គួរ​ចូល​មក​ក្នុង​ដំណាក់​យើង​ទេ!»។
២២
លោក​ដាវីឌ​រៀប‌ចំ​កង‌ទ័ព​របស់​លោក
 លោក​ដាវីឌ​ចាក​ចេញ​ពី​ក្រុង​កាថ ហើយ​ភៀស​ខ្លួន​ទៅ​នៅ​រអាង​ភ្នំ​អាឌូ‌ឡាំ។ កាល​បង‌ប្អូន និង​ក្រុម​គ្រួសារ​របស់​លោក​ទាំង​ប៉ុន្មាន​បាន​ដឹង ពួក​គេ​ក៏​នាំ​គ្នា​ទៅ​នៅ​ទី​នោះ​ជា​មួយ​លោក។  ម្យ៉ាង​ទៀត អស់​អ្នក​ដែល​មាន​បញ្ហា​ផ្សេងៗ អ្នក​ជំពាក់​បំណុល​គេ ព្រម​ទាំង​អ្នក​ដែល​មិន​ពេញ​ចិត្ត​នឹង​ស្តេច បាន​ប្រមូល​គ្នា​មក​នៅ​ជា​មួយ​លោក មាន​ទាំង​អស់​ប្រមាណ​បួន‌រយ​នាក់ ហើយ​លោក​ក៏​ឡើង​ធ្វើ​ជា​មេ។  បន្ទាប់​មក លោក​ដាវីឌ​ចាក​ចេញ​ពី​ទី​នោះ​ឆ្ពោះ​ទៅ​មីសប៉ា នៅ​ស្រុក​ម៉ូអាប់។ លោក​ទូល​ស្តេច​ស្រុក​ម៉ូអាប់​ថា៖ «សូម​មេត្តា​អនុញ្ញាត​ឲ្យ​ឪពុក​ម្ដាយ​របស់​ទូល‌បង្គំ​មក​ស្នាក់​អាស្រ័យ​នៅ​ក្នុង​ស្រុក​របស់​ព្រះ‌ករុណា រហូត​ដល់​ពេល​ទូល‌បង្គំ​ដឹង​ថា ព្រះ‌ជាម្ចាស់​នឹង​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​ទូល‌បង្គំ»។  លោក​ដាវីឌ​បាន​នាំ​ឪពុក‌ម្ដាយ​ចូល​គាល់​ស្តេច​ម៉ូអាប់ ហើយ​គាត់​ទាំង​ពីរ​ក៏​ស្នាក់​នៅ​ជា​មួយ​ស្តេច ក្នុង​អំឡុង​ពេល​លោក​ដាវីឌ​លាក់​ខ្លួន។  ថ្ងៃ​មួយ ព្យាការី​កាដ​មក​ជម្រាប​លោក​ដាវីឌ​ថា៖ «សូម​កុំ​លាក់​ខ្លួន​នៅ​ទី​នេះ​ឡើយ សូម​វិល​ត្រឡប់​ទៅ​ស្រុក​យូដា​វិញ​ទៅ»។ ដូច្នេះ លោក​ដាវីឌ​ក៏​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ព្រៃ​ហេរ៉េត។
ស្តេច​សាអ៊ូល​សម្លាប់​រង្គាល​ពួក​បូជា‌ចារ្យ​នៅ​ភូមិ​ណូប
 ព្រះ‌បាទ​សាអ៊ូល​ជ្រាប​ថា មាន​គេ​ឃើញ​លោក​ដាវីឌ និង​បក្ស​ពួក។ ពេល​នោះ ស្តេច​កំពុង​គង់​នៅ​ភូមិ​គីបា ក្រោម​ម្លប់​ម៉ៃ‌សាក់​នៅ​លើ​ភ្នំ ស្តេច​កាន់​លំពែង​មួយ ហើយ​រាជ​បម្រើ​ទាំង​ប៉ុន្មាន​ឈរ​នៅ​ជុំ‌វិញ។  ស្តេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​រាជ​បម្រើ​ដែល​ឈរ​នៅ​ក្បែរ​នោះ​ថា៖ «កូន​ចៅ​បេនយ៉ាមីន​អើយ! ចូរ​ស្ដាប់​យើង! តើ​កូន​លោក​យេសាយ​មាន​ផ្តល់​ដី​ស្រែ និង​ចម្ការ​ទំពាំង‌បាយ‌ជូរ​ដល់​អ្នក​ទាំង​អស់​គ្នា ដូច​យើង​ដែរ​ឬ​ទេ? តើ​វា​បាន​តែង‌តាំង​អ្នក​រាល់​គ្នា ឲ្យ​ធ្វើ​ជា​មេ‌បញ្ជា‌ការ​កង‌ពល​ធំ និង​មេ‌បញ្ជា‌ការ​កង‌ពល​តូច ឬ​ទេ?  អ្នក​ទាំង​អស់​បាន​ឃុប‌ឃិត​គ្នា​ប្រឆាំង​នឹង​យើង ហើយ​គ្មាន​នរណា​ម្នាក់​ប្រាប់​ឲ្យ​យើង​ដឹង​ថា បុត្រ​របស់​យើង​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​កូន​របស់​លោក​យេសាយ​ទេ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា គ្មាន​នរណា​ម្នាក់​ឈឺ‌ឆ្អាល​នឹង​យើង ហើយ​ប្រាប់​យើង​ថា បុត្រ​យើង​បាន​ជំរុញ​អ្នក​បម្រើ​របស់​យើង​ម្នាក់​នោះ ឲ្យ​ដាក់​អន្ទាក់​ប្រឆាំង​នឹង​យើង ដូច​វា​បាន​ធ្វើ​នៅ​ថ្ងៃ​នេះ​ឡើយ!»។
លោក​ដូអេក ជន​ជាតិ​អេដុម ដែល​ឈរ​នៅ​ជា​មួយ​រាជ​បម្រើ​របស់​ព្រះ‌បាទ​សាអ៊ូល ទូល​ស្តេច​ថា៖ «ទូល‌បង្គំ​បាន​ឃើញ​កូន​របស់​លោក​យេសាយ​ទៅ​ភូមិ​ណូប ជួប​នឹង​លោក​អហ៊ី‌មេឡេក ជា​កូន​របស់​លោក​អហ៊ី‌ទូប។ ១០ លោក​អហ៊ី‌មេឡេក​បាន​ទូល​សួរ​ព្រះ‌អម្ចាស់ តាម​សំណូម​ពរ​របស់​ដាវីឌ។ លោក​បាន​ផ្តល់​ស្បៀង​អាហារ និង​ឲ្យ​ដាវ​របស់​កូលី‌យ៉ាត​ជា​ជន​ជាតិ​ភីលីស្ទីន ទៅ​គាត់​ផង»។ ១១ ព្រះ‌បាទ​សាអ៊ូល​ចាត់​គេ​ឲ្យ​ទៅ​ហៅ​បូជា‌ចារ្យ​អហ៊ី‌មេឡេក ជា​កូន​របស់​លោក​អហ៊ី‌ទូប ព្រម​ទាំង​ក្រុម​គ្រួសារ​ទាំង​មូល​របស់​លោក និង​ក្រុម​បូជា‌ចារ្យ នៅ​ភូមិ​ណូប​ឲ្យ​មក។ ពួក​គេ​ក៏​មក​គាល់​ស្តេច​ទាំង​អស់​គ្នា។ ១២ ព្រះ‌បាទ​សាអ៊ូល​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ស្ដាប់! កូន​របស់​លោក​អហ៊ី‌ទូប!»។ លោក​បូជា‌ចារ្យ​ទូល​ថា៖ «ក្រាប​ទូល ព្រះ‌ករុណា​ជា​អម្ចាស់»។ ១៣ ស្តេច​មាន​រាជ‌ឱង្ការ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ឃុប‌ឃិត​ជា​មួយ​កូន​របស់​លោក​យេសាយ ប្រឆាំង​នឹង​យើង​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​លោក​ផ្តល់​ស្បៀង​អាហារ និង​ដាវ ហើយ​ថែម​ទាំង​ទូល​សួរ​ព្រះ‌ជាម្ចាស់ តាម​សំណូម​ពរ​របស់​វា ដើម្បី​ជួយ​វា​ឲ្យ​បះ‌បោរ ដាក់​អន្ទាក់​ប្រឆាំង​នឹង​យើង ដូច​វា​បាន​ធ្វើ​នៅ​ថ្ងៃ​នេះ?»។ ១៤ លោក​អហ៊ី‌មេឡេក​ទូល​ស្តេច​ថា៖ «ក្នុង​ចំណោម​អ្នក​បម្រើ​របស់​ព្រះ‌ករុណា តើ​មាន​នរណា​ស្មោះ‌ត្រង់​ដូច​លោក​ដាវីឌ? លោក​ជា​កូន​ប្រសា​របស់​ព្រះ‌ករុណា ជា​មេ‌ទ័ព​នៃ​កង​រក្សា​ព្រះ‌មហា​ក្សត្រ និង​ជា​អ្នក​មាន​កិត្តិយស​ខ្ពង់‌ខ្ពស់​ក្នុង​វាំង​ផង។ ១៥ ថ្ងៃ​នោះ មិន​មែន​ជា​ថ្ងៃ​ដំបូង​បង្អស់​ទេ ដែល​ទូល‌បង្គំ​ទូល​សួរ​ព្រះ‌ជាម្ចាស់​ជូន​លោក។ ទូល‌បង្គំ​គ្មាន​គំនិត​ក្បត់​ព្រះ‌ករុណា​សោះ! សូម​ព្រះ‌ករុណា​មេត្តា​កុំ​ទម្លាក់​ទោស​មក​លើ​ទូល‌បង្គំ ឬ​លើ​នរណា​ម្នាក់ ក្នុង​ក្រុម​គ្រួសារ​របស់​ទូល‌បង្គំ​ឡើយ ដ្បិត​ទូល‌បង្គំ​ពុំ​បាន​ដឹង​រឿង‌រ៉ាវ​ទាំង​នេះ​ទេ ទោះ​បី​រឿង​តូច ឬ​ធំ​ក្តី»។ ១៦ ស្តេច​មាន​រាជ‌ឱង្ការ​ថា៖ «អហ៊ី‌មេឡេក! លោក និង​ក្រុម​គ្រួសារ​ទាំង​មូល​របស់​លោក ត្រូវ​តែ​ស្លាប់!»។ ១៧ ស្តេច​ក៏​បញ្ជា​ទៅ​កង​រក្សា ដែល​ឈរ​នៅ​ជុំ‌វិញ​ស្តេច​ថា៖ «ចូរ​នាំ​គ្នា​សម្លាប់​ពួក​បូជា‌ចារ្យ​របស់​ព្រះ‌អម្ចាស់​ចោល​ទៅ ព្រោះ​ពួក​គេ​បាន​ចូល​ដៃ​ជា​មួយ​ដាវីឌ​ដែរ គឺ​ពួក​គេ​ដឹង​ថា ដាវីឌ​រត់​គេច​ខ្លួន តែ​ពួក​គេ​មិន​បាន​ប្រាប់​យើង​ទេ!»។ ប៉ុន្តែ រាជ​បម្រើ​របស់​ព្រះ‌បាទ​សាអ៊ូល មិន​ព្រម​លើក​ដៃ​សម្លាប់​ពួក​បូជា‌ចារ្យ​របស់​ព្រះ‌អម្ចាស់​ឡើយ។ ១៨ ស្តេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ដូអេក ជា​ជន​ជាតិ​អេដុម​ថា៖ «ចូរ​សម្លាប់​បូជា‌ចារ្យ​ទាំង​នោះ​ទៅ!»។ លោក​ដូអេក​ក៏​ស្ទុះ​ទៅ​សម្លាប់​ពួក​បូជា‌ចារ្យ។ ថ្ងៃ​នោះ លោក​ដូអេក​បាន​សម្លាប់​មនុស្ស ដែល​ពាក់​អាវ​អេផូដ*​ធ្វើ​ពី​ក្រណាត់​ទេស‌ឯក អស់​ចំនួន​ប៉ែត‌សិប​ប្រាំ​នាក់។ ១៩ បន្ទាប់​មក ព្រះ‌បាទ​សាអ៊ូល​កាប់​សម្លាប់​រង្គាល​មនុស្ស​ទាំង​ប្រុស ទាំង​ស្រី ទាំង​ក្មេង ទាំង​ទារក ព្រម​ទាំង​គោ លា និង​ចៀម​នៅ​ភូមិ​ណូប ដែល​ជា​ភូមិ​របស់​ពួក​បូជា‌ចារ្យ។ ២០ ប៉ុន្តែ លោក​អប៊ីយ៉ាថារ ជា​កូន​របស់​លោក​អហ៊ី‌មេឡេក និង​ជា​ចៅ​របស់​លោក​អហ៊ី‌ទូប បាន​ភៀស​ខ្លួន​ទៅ​ជ្រក​កោន​ជា​មួយ​លោក​ដាវីឌ។ ២១ លោក​អប៊ីយ៉ាថារ​ជម្រាប​លោក​ដាវីឌ​ថា ព្រះ‌បាទ​សាអ៊ូល​បាន​សម្លាប់​រង្គាល​ពួក​បូជា‌ចារ្យ​របស់​ព្រះ‌អម្ចាស់២២ លោក​ដាវីឌ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អប៊ីយ៉ាថារ​ថា៖ «ពី​ថ្ងៃ​មុន ពេល​ឃើញ​ដូអេក ជា​ជន​ជាតិ​អេដុម នៅ​ភូមិ​ណូប ខ្ញុំ​ដឹង​ថា គាត់​ប្រាកដ​ជា​ទៅ​រាយ‌ការណ៍​ថ្វាយ​ស្តេច​មិន​ខាន។ ដូច្នេះ រូប​ខ្ញុំ​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​របស់​លោក​ស្លាប់​ទាំង​អស់​គ្នា។ ២៣ ឥឡូវ​នេះ សូម​លោក​នៅ​ជា​មួយ​ខ្ញុំ​សិន​ហើយ កុំ​ភ័យ​ខ្លាច​អ្វី ដ្បិត​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ខ្ញុំ ក៏​ចង់​ប្រហារ​ជីវិត​លោក​ដែរ បើ​នៅ​ជា​មួយ​ខ្ញុំ លោក​នឹង​បាន​សេចក្ដី​សុខ»។
២៣
លោក​ដាវីឌ​សង្គ្រោះ​ប្រជាជន​នៅ​ក្រុង​កៃឡា
 ថ្ងៃ​មួយ មាន​មនុស្ស​ម្នាក់​មក​ប្រាប់​លោក​ដាវីឌ​ថា៖ «ពួក​ភីលីស្ទីន​មក​វាយ​ក្រុង​កៃឡា ហើយ​ប្លន់​យក​ស្រូវ​ពី​លាន​បោក​បែន»។  លោក​ដាវីឌ​ទូល​សួរ​ព្រះ‌អម្ចាស់​ថា៖ «តើ​ទូល‌បង្គំ​ត្រូវ​ចេញ​ទៅ​វាយ​ពួក​ភីលីស្ទីន​ទាំង​នោះ​ឬ​ទេ?»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ចេញ​ទៅ​វាយ​ពួក​ភីលីស្ទីន ហើយ​រំដោះ​ក្រុង​កៃឡា​ចុះ!»។  ប៉ុន្តែ អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក​ដាវីឌ ជម្រាប​លោក​ថា៖ «នៅ​ស្រុក​យូដា​នេះ យើង​ភ័យ​ខ្លាច​ទៅ​ហើយ ចុះ​ទម្រាំ​បើ​យើង​ទៅ​ក្រុង​កៃឡា ប្រយុទ្ធ​នឹង​ទ័ព​ភីលីស្ទីន​នោះ តើ​យើង​រឹត​តែ​ភ័យ​យ៉ាង​ណា​ទៅ​ទៀត?»។  លោក​ដាវីឌ​ទូល​សួរ​ព្រះ‌អម្ចាស់​ជា​ថ្មី ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​លោក​វិញ​ថា៖ «ចូរ​ក្រោក​ឡើង​ចេញ​ដំណើរ​ទៅ​ក្រុង​កៃឡា​ចុះ យើង​ប្រគល់​ពួក​ភីលីស្ទីន​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ហើយ»។  លោក​ដាវីឌ និង​អ្នក​ដែល​នៅ​ជា​មួយ​លោក​ចេញ​ដំណើរ​ទៅ​ក្រុង​កៃឡា ហើយ​វាយ​ពួក​ភីលីស្ទីន។ ពួក​គេ​ដណ្ដើម​បាន​ហ្វូង​សត្វ ព្រម​ទាំង​ធ្វើ​ឲ្យ​ពួក​ភីលីស្ទីន​បរា‌ជ័យ​យ៉ាង​ធ្ងន់‌ធ្ងរ។ លោក​ដាវីឌ​រំដោះ​អ្នក​ក្រុង​កៃឡា តាម​របៀប​នេះ​ឯង។  កាល​លោក​អប៊ីយ៉ាថារ​ជា​កូន​របស់​លោក​អហ៊ី‌មេឡេក ភៀស​ខ្លួន​មក​ជ្រក​ជា​មួយ​លោក​ដាវីឌ​នៅ​ក្រុង​កៃឡា លោក​បាន​នាំ​អាវ​អេផូដ*​មក​ជា​មួយ​ផង។
 មាន​គេ​មក​ទូល​ព្រះ‌បាទ​សាអ៊ូល​ថា លោក​ដាវីឌ​បាន​ទៅ​ដល់​ក្រុង​កៃឡា។ ព្រះ‌បាទ​សាអ៊ូល​ក៏​មាន​រាជ‌ឱង្ការ​ថា៖ «ព្រះ‌ជាម្ចាស់​ប្រគល់​វា​មក​ក្នុង​កណ្ដាប់​ដៃ​របស់​យើង​ហើយ ដ្បិត​វា​បាន​ឃុំ​ខ្លួន​ឯង ដោយ​ចូល​ទៅ​ក្នុង​ក្រុង​ដែល​មាន​ទ្វារ និង​រនុក»។  ព្រះ‌បាទ​សាអ៊ូល​ប្រមូល​កង‌ទ័ព​ទាំង​មូល ដើម្បី​ទៅ​ឡោម‌ព័ទ្ធ​ចាប់​លោក​ដាវីឌ និង​បក្ស​ពួក​នៅ​ក្រុង​កៃឡា។  លោក​ដាវីឌ​ជ្រាប​អំពី​គម្រោង‌ការ​អាក្រក់​ដែល​ព្រះ‌បាទ​សាអ៊ូល​គ្រោង​ទុក ដើម្បី​ប្រឆាំង​នឹង​លោក លោក​ក៏​សុំ​ឲ្យ​បូជា‌ចារ្យ​អប៊ីយ៉ាថារ​យក​អាវ​អេផូដ​មក ដើម្បី​ទូល​សួរ​ព្រះ‌អម្ចាស់។ ១០ លោក​ដាវីឌ​ទូល​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល ទូល‌បង្គំ​ឮ​ថា ព្រះ‌បាទ​សាអ៊ូល​បម្រុង​នឹង​មក​ក្រុង​កៃឡា ដើម្បី​កម្ទេច​ក្រុង​នេះ ព្រោះ​តែ​ទូល‌បង្គំ។ ១១ តើ​អ្នក​ក្រុង​កៃឡា​នឹង​ប្រគល់​ទូល‌បង្គំ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌បាទ​សាអ៊ូល​ឬ​ទេ? តើ​ស្តេច​នឹង​យាង​មក​វាយ​ក្រុង​នេះ ដូច​គេ​ប្រាប់​ទូល‌បង្គំ​នោះ​មែន​ឬ​ទេ។ ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល​អើយ សូម​មេត្តា​ប្រាប់​ឲ្យ​ទូល‌បង្គំ​ដឹង​ផង!»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ស្តេច​សាអ៊ូល​នឹង​មក​មែន»។ ១២ លោក​ដាវីឌ​ទូល​សួរ​ទៀត​ថា៖ «តើ​អ្នក​ក្រុង​កៃឡា​នេះ​នឹង​ប្រគល់​ទូល‌បង្គំ ព្រម​ទាំង​អស់​អ្នក​ដែល​នៅ​ជា​មួយ​ទូល‌បង្គំ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌បាទ​សាអ៊ូល​ឬ​ទេ?»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ពួក​គេ​នឹង​ប្រគល់​មែន!»។ ១៣ ពេល​នោះ លោក​ដាវីឌ ព្រម​ទាំង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក មាន​ចំនួន​ទាំង​អស់​ប្រមាណ​ប្រាំ‌មួយ‌រយ​នាក់ ក៏​ចាក​ចេញ​ពី​ក្រុង​កៃឡា ហើយ​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។ មាន​គេ​ទូល​ព្រះ‌បាទ​សាអ៊ូល​ថា លោក​ដាវីឌ​បាន​រត់​គេច​ចេញ​ពី​ក្រុង​កៃឡា​ហើយ ដូច្នេះ ស្តេច​ក៏​លែង​ដេញ​តាម​លោក​ដាវីឌ។
លោក​ដាវីឌ​នៅ​វាល​រហោ‌ស្ថាន​ស៊ីភ
១៤ លោក​ដាវីឌ​ទៅ​ពួន​នៅ​តាម​វាល​រហោ‌ស្ថាន​ស៊ីភ ត្រង់​កន្លែង​ដែល​ពិបាក​ទៅ​ដល់ ហើយ​រស់​នៅ​តាម​តំបន់​ភ្នំ​ក្នុង​វាល​រហោ‌ស្ថាន​នោះ។ ព្រះ‌បាទ​សាអ៊ូល​តាម​រក​លោក​ដាវីឌ​ជា‌និច្ច តែ​ព្រះ‌ជាម្ចាស់​មិន​ប្រគល់​លោក​ដាវីឌ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្តេច​ឡើយ។ ១៥ លោក​ដាវីឌ​ដឹង​ថា ព្រះ‌បាទ​សាអ៊ូល​តែង​លើក​ទ័ព​ស្វែង​រក​សម្លាប់​លោក ដូច្នេះ លោក​ស្នាក់​នៅ​ហូរ៉េ‌សា ក្នុង​វាល​រហោ‌ស្ថាន​ស៊ីភ។ ១៦ ថ្ងៃ​មួយ សម្តេច​យ៉ូណាថាន ជា​បុត្រ​របស់​ព្រះ‌បាទ​សាអ៊ូល បាន​ទៅ​ជួប​លោក​ដាវីឌ​នៅ​ហូរ៉េ‌សា ដើម្បី​លើក​ទឹក​ចិត្ត​លោក​ឲ្យ​ពឹង​ផ្អែក​លើ​ព្រះ‌ជាម្ចាស់ ១៧ ដោយ​ពោល​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ! ព្រះ‌បាទ​សាអ៊ូល ជា​បិតា​ខ្ញុំ មិន​អាច​ធ្វើ​អ្វី​លោក​ប្អូន​បាន​ទេ ដ្បិត​លោក​ប្អូន​នឹង​សោយ​រាជ្យ​លើ​ជន​ជាតិ​អ៊ីស្រា‌អែល រីឯ​ខ្ញុំ​វិញ ខ្ញុំ​គ្រាន់​តែ​ជា​អ្នក​បន្ទាប់​ពី​លោក​ប្អូន​ប៉ុណ្ណោះ។ ព្រះ‌បាទ​សាអ៊ូល ជា​បិតា​ខ្ញុំ ក៏​ជ្រាប​ការ​នេះ​ដែរ»។ ១៨ លោក​ទាំង​ពីរ​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​គ្នា នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អម្ចាស់។ បន្ទាប់​មក សម្តេច​យ៉ូណាថាន​វិល​ត្រឡប់​មក​កាន់​ទី​លំ‌នៅ​វិញ រីឯ​លោក​ដាវីឌ​ស្នាក់​នៅ​ហូរ៉េ‌សា​ដដែល។
១៩ អស់​អ្នក​ដែល​រស់​នៅ​វាល​រហោ‌ស្ថាន​ស៊ីភ បាន​ចូល​ទៅ​គាល់​ព្រះ‌បាទ​សាអ៊ូល​នៅ​គីបា ហើយ​ទូល​ថា៖ «លោក​ដាវីឌ​ពួន​នៅ​ក្នុង​ចំណោម​យើង​ខ្ញុំ ត្រង់​កន្លែង​ដែល​ពិបាក​ទៅ​ដល់ គឺ​នៅ​ហូរ៉េ‌សា លើ​ភ្នំ​ហាគី‌ឡា ដែល​ស្ថិត​នៅ​ខាង​ត្បូង​វាល​យេស៊ី‌ម៉ូន។ ២០ បពិត្រ​ព្រះ‌ករុណា បើ​សិន​ជា​ស្តេច​សព្វ​ព្រះ‌ហឫទ័យ​យាង​ទៅ សូម​យាង​ទៅ​ចុះ យើង​ខ្ញុំ​ចាប់​គាត់​ថ្វាយ​ព្រះ‌ករុណា»។ ២១ ព្រះ‌បាទ​សាអ៊ូល​មាន​រាជ‌ឱង្ការ​ថា៖ «សូម​ព្រះ‌អម្ចាស់​ប្រទាន​ពរ​ដល់​អ្នក​រាល់​គ្នា ដ្បិត​អ្នក​រាល់​គ្នា​ជួយ​ឈឺ‌ឆ្អាល​ខ្ញុំ។ ២២ ឥឡូវ​នេះ សូម​មេត្តា​ទៅ​ពិនិត្យ​មើល​ម្ដង​ទៀត ហើយ​យក​ការណ៍​ឲ្យ​បាន​ច្បាស់​ថា វា​ពួន​នៅ​កន្លែង​ណា នរណា​បាន​ឃើញ​វា។ មាន​គេ​ប្រាប់​យើង​ថា វា​នេះ​ឆ្លាត​ណាស់។ ២៣ ចូរ​ទៅ​ពិនិត្យ​ឲ្យ​ច្បាស់ ហើយ​ស៊ើប​អំពី​កន្លែង​ទាំង​ប៉ុន្មាន​ដែល​វា​ធ្លាប់​ពួន រួច​ត្រឡប់​មក​រក​យើង​វិញ ដោយ​នាំ​ព័ត៌មាន​ច្បាស់​លាស់​មក​ផង នោះ​យើង​នឹង​ទៅ​ជា​មួយ​អ្នក​រាល់​គ្នា។ ប្រសិន​បើ​វា​នៅ​ក្នុង​ស្រុក​មែន​នោះ យើង​នឹង​រក​វា​គ្រប់​ទី​កន្លែង​ក្នុង​ទឹក​ដី​យូដា រហូត​ទាល់​តែ​បាន​ឃើញ»។ ២៤ ពួក​គេ​ក៏​ចេញ​ទៅ​មុន ព្រះ‌បាទ​សាអ៊ូល​វិល​ត្រឡប់​ទៅ​វាល​រហោ‌ស្ថាន​ស៊ីភ​វិញ។ ពេល​នោះ លោក​ដាវីឌ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក ស្ថិត​នៅ​វាល​រហោ‌ស្ថាន​ម៉ាអូន ក្នុង​តំបន់​អារ៉ាបា ដែល​នៅ​ខាង​ត្បូង​វាល​យេស៊ី‌ម៉ូន។ ២៥ ព្រះ‌បាទ​សាអ៊ូល ព្រម​ទាំង​ពល‌ទាហាន ចេញ​ទៅ​តាម​រក​លោក​ដាវីឌ។ មាន​គេ​ប្រាប់​ដំណឹង​នេះ​ដល់​លោក​ដាវីឌ លោក​ក៏​ទៅ​ពួន​នៅ​តាម​ផ្ទាំង​ថ្ម ក្នុង​វាល​រហោ‌ស្ថាន​ម៉ាអូន។ កាល​ព្រះ‌បាទ​សាអ៊ូល​ជ្រាប​ហើយ ព្រះ‌អង្គ​តាម​រក​លោក​នៅ​វាល​រហោ‌ស្ថាន​នោះ។ ២៦ ព្រះ‌បាទ​សាអ៊ូល​ដើរ​តាម​ជម្រាល​ភ្នំ​ម្ខាង រីឯ​លោក​ដាវីឌ និង​ពួក​លោក​ដើរ​តាម​ជម្រាល​ភ្នំ​ម្ខាង​ទៀត។ លោក​ប្រញាប់‌ប្រញាល់​រត់​គេច​ពី​ព្រះ‌បាទ​សាអ៊ូល ប៉ុន្តែ ព្រះ‌បាទ​សាអ៊ូល និង​ពល‌ទាហាន បាន​ព័ទ្ធ ហើយ​បម្រុង​នឹង​ចាប់​ខ្លួន​ពួក​លោក។ ២៧ ពេល​នោះ ស្រាប់​តែ​មាន​អ្នក​នាំ​សារ​ម្នាក់​មក​ទូល​ព្រះ‌បាទ​សាអ៊ូល​ថា៖ «សូម​ស្តេច​យាង​ទៅ​វិញ​ជា​ប្រញាប់ ដ្បិត​ពួក​ភីលីស្ទីន​កំពុង​តែ​វាយ​លុក​ចូល​ស្រុក​ហើយ!»។ ២៨ ព្រះ‌បាទ​សាអ៊ូល​ក៏​ឈប់​ដេញ​តាម​លោក​ដាវីឌ ហើយ​ទៅ​ច្បាំង​នឹង​ពួក​ភីលីស្ទីន​វិញ។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា «ថ្ម​នៃ​ការ​បែក​គ្នា»។
២៤
លោក​ដាវីឌ​មិន​ដាច់​ចិត្ត​ធ្វើ​គុត​ព្រះ‌បាទ​សាអ៊ូល
 (២៣.២៩) លោក​ដាវីឌ​ចាក​ចេញ​ពី​តំបន់​នោះ ទៅ​នៅ​អេន-‌គេឌី ជា​កន្លែង​មួយ​ដែល​ពិបាក​ទៅ​ដល់។។  (១) កាល​ព្រះ‌បាទ​សាអ៊ូល​វិល​មក​ពី​ច្បាំង​ជា​មួយ​ពួក​ភីលីស្ទីន​វិញ គេ​ទូល​ស្តេច​ថា៖ «លោក​ដាវីឌ​រស់​នៅ​ក្នុង​តំបន់​វាល​រហោ‌ស្ថាន​អេន-‌គេឌី»។  (២) ស្តេច​នាំ​ទាហាន​ដ៏​ខ្លាំង​ពូកែ​ចំនួន​បី​ពាន់​នាក់ ក្នុង​ចំណោម​កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល ចេញ​ទៅ​តាម​រក​លោក​ដាវីឌ និង​ពួក​លោក នៅ​ទល់​មុខ​ថ្ម​ពពែ​ព្រៃ។  (៣) ព្រះ‌បាទ​សាអ៊ូល​បាន​យាង​កាត់​តាម​ក្រោល​ចៀម​ដែល​នៅ​ជាប់​នឹង​មាត់​ផ្លូវ។ នៅ​ទី​នោះ មាន​រអាង​ភ្នំ​មួយ ស្តេច​ក៏​យាង​ចូល​ទៅ​ដោះ​ទុក្ខ​សត្វ​ក្នុង​រអាង​នោះ។ លោក​ដាវីឌ និង​ពួក​លោក​ពួន​នៅ​ក្នុង​រអាង​ភ្នំ​នោះ​ដែរ តែ​នៅ​ជ្រៅ​ទៅ​ខាង​ក្នុង។  (៤) អស់​អ្នក​ដែល​នៅ​ជា​មួយ​ជម្រាប​លោក​ថា៖ «នេះ​ជា​ថ្ងៃ​ដែល​ព្រះ‌អម្ចាស់​បាន​សន្យា​ជា​មួយ​លោក​ថា “យើង​នឹង​ប្រគល់​បច្ចា‌មិត្ត​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក” សូម​ប្រព្រឹត្ត​ចំពោះ​ស្តេច តាម​លោក​យល់​ឃើញ​ទៅ​ចុះ»។ លោក​ដាវីឌ​ក្រោក​ឡើង លប​ចូល​ទៅ​កាត់​ជាយ​ព្រះ‌ភូសា​របស់​ព្រះ‌បាទ​សាអ៊ូល។  (៥) ប៉ុន្តែ ក្រោយ​ពេល​កាត់​ជាយ​ព្រះ‌ភូសា​របស់​ព្រះ‌បាទ​សាអ៊ូល​រួច​ហើយ ចិត្ត​របស់​លោក​ញាប់‌ញ័រ​ជា​ខ្លាំង។  (៦) លោក​មាន​ប្រសាសន៍​ទៅ​កាន់​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក​ថា៖ «សូម​ព្រះ‌អម្ចាស់​ទប់​ខ្ញុំ កុំ​ឲ្យ​ធ្វើ​គុត​ម្ចាស់​របស់​ខ្ញុំ ដែល​ព្រះ‌អម្ចាស់​បាន​ចាក់​ប្រេង​អភិសេក​ជា​ស្តេច​នេះ​ឡើយ គឺ​ខ្ញុំ​មិន​ត្រូវ​លើក​ដៃ​ប្រហារ​ព្រះ‌រាជា ដែល​ព្រះ‌អម្ចាស់​បាន​តែង‌តាំង​ជា​ស្តេច​នេះ​ទេ»។  (៧) លោក​ដាវីឌ​បាន​ឃាត់​ពួក​លោក ដោយ‌សារ​ពាក្យ​សម្ដី​ទាំង​នោះ គឺ​លោក​ហាម​ពួក​គេ​មិន​ឲ្យ​ធ្វើ​គុត​ព្រះ‌បាទ​សាអ៊ូល។ ព្រះ‌បាទ​សាអ៊ូល​យាង​ចេញ​ពី​រអាង​ភ្នំ បន្ត​ដំណើរ​ទៅ​មុខ​ទៀត។  (៨) បន្តិច​ក្រោយ​មក លោក​ដាវីឌ​ក្រោក​ឡើង​ចេញ​ពី​រអាង​ភ្នំ ហើយ​ស្រែក​ពី​ក្រោយ​ព្រះ‌បាទ​សាអ៊ូល​ថា៖ «ព្រះ‌ករុណា​ជា​អម្ចាស់​នៃ​ទូល‌បង្គំ!»។ ព្រះ‌បាទ​សាអ៊ូល​ងាក​មក លោក​ដាវីឌ​ឱន​មុខ​ចុះ ក្រាប​ដល់​ដី ថ្វាយ‌បង្គំ​ស្តេច។ ១០ (៩) លោក​ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​ចេះ​តែ​សណ្ដាប់​ពាក្យ​របស់​អស់​អ្នក​ដែល​ទូល​ស្តេច​ថា “ដាវីឌ​ចង់​ព្យាបាទ​ព្រះ‌ករុណា” ដូច្នេះ? ១១ (១០) ព្រះ‌ករុណា​ទត​ឃើញ​ស្រាប់​ហើយ​ថា ថ្ងៃ​នេះ ព្រះ‌អម្ចាស់​ប្រគល់​ព្រះ‌ករុណា​មក​ក្នុង​កណ្ដាប់​ដៃ​ទូល‌បង្គំ កាល​ព្រះ‌ករុណា​នៅ​ក្នុង​រអាង​ភ្នំ​នេះ។ គេ​សុំ​ឲ្យ​ទូល‌បង្គំ​ធ្វើ​គុត​ព្រះ‌ករុណា តែ​ទូល‌បង្គំ​មិន​ធ្វើ​តាម​ឡើយ។ ទូល‌បង្គំ​ពោល​ថា “ខ្ញុំ​មិន​លើក​ដៃ​ប្រហារ​ម្ចាស់​របស់​ខ្ញុំ​ជា​ដាច់​ខាត ដ្បិត​ព្រះ‌អម្ចាស់​បាន​ចាក់​ប្រេង​អភិសេក​ព្រះ‌អង្គ​ជា​ស្តេច​ហើយ”។ ១២ (១១) បពិត្រ​ព្រះ‌បិតា សូម​ទត​មើល​មក​ជាយ​ព្រះ‌ភូសា ដែល​នៅ​ក្នុង​ដៃ​ទូល‌បង្គំ​នេះ។ ទូល‌បង្គំ​គ្រាន់​តែ​កាត់​ជាយ​ព្រះ‌ភូសា តែ​ទូល‌បង្គំ​មិន​ធ្វើ​គុត​ព្រះ‌អង្គ​ទេ។ ដូច្នេះ សូម​ស្តេច​ជ្រាប​ឲ្យ​ច្បាស់​ថា ទូល‌បង្គំ​គ្មាន​គំនិត​អាក្រក់​ចង់​ធ្វើ​គុត ឬ​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌បិតា​ឡើយ ហើយ​ទូល‌បង្គំ​ក៏​ពុំ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​នឹង​ព្រះ‌អង្គ​ដែរ គឺ​មាន​តែ​ព្រះ‌ករុណា​ប៉ុណ្ណោះ ដែល​ចេះ​តែ​តាម​ប្រហារ​ជីវិត​ទូល‌បង្គំ។ ១៣ (១២) សូម​ព្រះ‌អម្ចាស់​ធ្វើ​ជា​ចៅ‌ក្រម​កាត់​ក្តី​ឲ្យ​យើង​ទាំង​ពីរ។ ព្រះ‌អម្ចាស់​នឹង​រក​យុត្តិធម៌​ឲ្យ​ទូល‌បង្គំ ចំពោះ​អំពើ​ដែល​ព្រះ‌ករុណា​ប្រព្រឹត្ត​ដល់​ទូល‌បង្គំ។ រីឯ​ទូល‌បង្គំ​វិញ ទូល‌បង្គំ​នឹង​មិន​ធ្វើ​គុត​ព្រះ‌ករុណា​ទេ ១៤ (១៣) ដូច​សុភាសិត​ពី​ព្រេង​នាយ​ចែង​ថា “មនុស្ស​អាក្រក់​ប្រព្រឹត្ត​តែ​អំពើ​អាក្រក់”។ ចំពោះ​ទូល‌បង្គំ​វិញ ទូល‌បង្គំ​នឹង​មិន​ធ្វើ​គុត​ព្រះ‌ករុណា​ឡើយ។ ១៥ (១៤) តើ​ព្រះ‌មហា​ក្សត្រ​អ៊ីស្រា‌អែល​ចេញ​មក​ច្បាំង​នឹង​នរណា? ព្រះ‌ករុណា​ដេញ​តាម​នរណា? គឺ​ព្រះ‌ករុណា​ដេញ​តាម​ទូល‌បង្គំ ដែល​ប្រៀប​ដូច​ជា​ឆ្កែ​ងាប់ ឬ​ចៃ​មួយ​ដ៏​តូច។ ១៦ (១៥) សូម​ព្រះ‌អម្ចាស់​ធ្វើ​ជា​ចៅ‌ក្រម កាត់​ក្តី​ឲ្យ​យើង​ទាំង​ពីរ។ ព្រះ‌អង្គ​នឹង​ពិនិត្យ‌ពិច័យ ហើយ​រក​យុត្តិធម៌​ឲ្យ​ទូល‌បង្គំ ព្រះ‌អង្គ​នឹង​ការ‌ពារ​ទូល‌បង្គំ ព្រម​ទាំង​រំដោះ​ទូល‌បង្គំ​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ព្រះ‌ករុណា​ជា​មិន​ខាន»។
១៧ (១៦) កាល​លោក​ដាវីឌ​ទូល​សេចក្ដី​ទាំង​នោះ​ចប់​សព្វ​គ្រប់​ហើយ ព្រះ‌បាទ​សាអ៊ូល​មាន​រាជ‌ឱង្ការ​ថា៖ «ដាវីឌ កូន​អើយ! នេះ​ពិត​ជា​សំឡេង​កូន​មែន​ឬ?»។ ព្រះ‌បាទ​សាអ៊ូល​ចាប់​ផ្តើម​ព្រះ‌អង្គ​ព្រះ‌កន្សែង​យ៉ាង​ខ្លាំង។ ១៨ (១៧) បន្ទាប់​មក ស្តេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ដាវីឌ​ថា៖ «កូន​ជា​មនុស្ស​សុចរិត​ជាង​បិតា ព្រោះ​កូន​បាន​ប្រព្រឹត្ត​ល្អ​ចំពោះ​បិតា តែ​បិតា​បាន​ប្រព្រឹត្ត​អាក្រក់​ចំពោះ​កូន។ ១៩ (១៨) ថ្ងៃ​នេះ កូន​បាន​បង្ហាញ​ចិត្ត​សប្បុរស​មក​លើ​បិតា​យ៉ាង​ជាក់​ស្តែង ដ្បិត​ព្រះ‌អម្ចាស់​ប្រគល់​បិតា​ទៅ​ក្នុង​កណ្ដាប់​ដៃ​កូន តែ​កូន​មិន​សម្លាប់​បិតា​ទេ។ ២០ (១៩) ធម្មតា កាល​ណា​មនុស្ស​ម្នាក់​ជួប​ប្រទះ​នឹង​បច្ចា‌មិត្ត​ហើយ គេ​មិន​ដែល​ទុក​ឲ្យ​បច្ចា‌មិត្ត​នោះ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ដោយ​ស្រួលៗ​ទេ។ សូម​ព្រះ‌អម្ចាស់​ប្រទាន​រង្វាន់​ដល់​កូន​ចំពោះ​អំពើ​ល្អ ដែល​កូន​បាន​ប្រព្រឹត្ត​មក​លើ​បិតា​នៅ​ថ្ងៃ​នេះ។ ២១ (២០) បិតា​ក៏​ដឹង​ច្បាស់​ថា ថ្ងៃ​មួយ កូន​នឹង​ឡើង​គ្រង​រាជ្យ ហើយ​រាជា​ណា‌ចក្រ​អ៊ីស្រា‌អែល​នឹង​បាន​ស្ថិត‌ស្ថេរ ក្រោម​ការ​គ្រប់‌គ្រង​របស់​កូន។ ២២ (២១) ដូច្នេះ សូម​កូន​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់​ឥឡូវ​នេះ​ចុះ​ថា កូន​នឹង​មិន​បំផ្លាញ​ពូជ‌ពង្ស​របស់​បិតា​ដែល​នៅ​ជំនាន់​ក្រោយ​ទេ ហើយ​ក៏​មិន​ធ្វើ​ឲ្យ​ឈ្មោះ​របស់​បិតា ត្រូវ​លុប​បំបាត់​ចេញ​ពី​ក្រុម​គ្រួសារ​របស់​បិតា​ដែរ»។ ២៣ (២២) លោក​ដាវីឌ​ក៏​ស្បថ​ថ្វាយ​ស្តេច។ បន្ទាប់​មក ព្រះ‌បាទ​សាអ៊ូល​វិល​ទៅ​កាន់​ដំណាក់​វិញ ចំណែក​ឯ​លោក​ដាវីឌ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក ក៏​វិល​ទៅ​កន្លែង​លាក់​ខ្លួន​វិញ​ដែរ។
២៥
លោក​ណាបាល​បដិសេធ​មិន​ព្រម​ជួយ​លោក​ដាវីឌ
 នៅ​គ្រា​នោះ លោក​សាមូអែល​ទទួល​មរណ‌ភាព។ ប្រជាជន​អ៊ីស្រា‌អែល​ទាំង​មូល​បាន​មក​ជួប‌ជុំ​គ្នា ធ្វើ​ពិធី​កាន់​ទុក្ខ​សព​លោក។ គេ​យក​សព​លោក​ទៅ​បញ្ចុះ​ក្នុង​ភូមិ‌ដ្ឋាន​របស់​លោក​នៅ​រ៉ាម៉ា។
បន្ទាប់​មក លោក​ដាវីឌ​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​វាល​រហោ‌ស្ថាន​បារ៉ន​វិញ។  នៅ​ម៉ាអូន មាន​មហា​សេដ្ឋី​មួយ​រូប ដែល​មាន​ដី‌ធ្លី​នៅ​ភូមិ​កាម៉ិល។ គាត់​មាន​ចៀម​បី​ពាន់​ក្បាល និង​ពពែ​មួយ​ពាន់​ក្បាល។ ពេល​នោះ គាត់​កំពុង​តែ​កាត់​រោម​ចៀម​នៅ​ភូមិ​កាម៉ិល។  បុរស​នោះ​ឈ្មោះ​ណាបាល ភរិយា​គាត់​ឈ្មោះ​នាង​អប៊ី‌កាអ៊ីល ដែល​ជា​ស្ត្រី​ម្នាក់​មាន​ប្រាជ្ញា​វាង‌វៃ រូប​សម្ផស្ស​ស្រស់​ល្អ រីឯ​ប្ដី​នាង​ជា​មនុស្ស​កំរោល និង​មាន​ចិត្ត​ឃោរ‌ឃៅ។ គាត់​ជា​មនុស្ស​ក្នុង​អំបូរ​កាលែប។  ពេល​លោក​ដាវីឌ​នៅ​វាល​រហោ‌ស្ថាន លោក​បាន​ឮ​ដំណឹង​ថា លោក​ណាបាល​កំពុង​តែ​កាត់​រោម​ចៀម។  លោក​ដាវីឌ​ចាត់​យុវ‌ជន​ដប់​នាក់​ឲ្យ​ទៅ​ជួប​លោក​ណាបាល ទាំង​ប្រាប់​ថា៖ «ចូរ​នាំ​គ្នា​ទៅ​ផ្ទះ​លោក​ណាបាល​នៅ​ភូមិ​អប៊ី‌កាអ៊ីល ហើយ​សួរ​សុខ​ទុក្ខ​លោក​ឲ្យ​ខ្ញុំ​ផង។ ត្រូវ​ជម្រាប​លោក​ថា  “សូម​ឲ្យ​លោក​មាន​អាយុ​វែង ប្រកប​ដោយ​សេចក្ដី​សុខ! ហើយ​សូម​ឲ្យ​ក្រុម​គ្រួសារ​លោក និង​អ្វីៗ​ជា​របស់​លោក​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ដែរ!  ខ្ញុំ​ដឹង​ថា លោក​បាន​ហៅ​គេ​មក​កាត់​រោម​ចៀម នៅ​ផ្ទះ​លោក។ ពេល​ពួក​គង្វាល​របស់​លោក​ស្នាក់​នៅ​ជា​មួយ​យើង យើង​មិន​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ណា​មួយ​ចំពោះ​ពួក​គេ​ឡើយ ហើយ​ក្នុង​ពេល​ពួក​គេ​ស្នាក់​នៅ​ឯ​ភូមិ​កាម៉ិល នោះ​ក៏​មិន​ដែល​បាត់​បង់​អ្វី​ដែរ។  លោក​អាច​សាក​សួរ​កូន​ចៅ​របស់​លោក​ក៏​បាន ពួក​គេ​នឹង​ជម្រាប​ការ​ពិត​ជូន​លោក។ ដូច្នេះ សូម​លោក​អាណិត​មេត្តា​ពួក​យុវ‌ជន​របស់​ខ្ញុំ ដែល​មក​ជួប​លោក​នៅ​ថ្ងៃ​បុណ្យ​នេះ​ផង។ សូម​លោក​មេត្តា​ចែក​រំលែក​អ្វីៗ​ដែល​លោក​មាន​ឲ្យ​ពួក​ខ្ញុំ​ប្របាទ និង​ឲ្យ​ខ្ញុំ ដាវីឌ ដែល​ជា​កូន​ចៅ​របស់​លោក​ផង”»។
 ពេល​ពួក​យុវ‌ជន​ទៅ​ដល់ ពួក​គេ​ក៏​រៀប​រាប់​ពាក្យ​ទាំង​នេះ​ជម្រាប​លោក​ណាបាល ក្នុង​នាម​លោក​ដាវីឌ រួច​ពួក​គេ​រង់‌ចាំ​ចម្លើយ។ ១០ លោក​ណាបាល​ឆ្លើយ​តប​ថា៖ «តើ​ដាវីឌ​នោះ​ជា​នរណា? តើ​កូន​លោក​យេសាយ​នោះ​ជា​ស្អី? សព្វ​ថ្ងៃ​នេះ សម្បូណ៌​ខ្ញុំ​កញ្ជះ​រត់​ចេញ​ពី​ម្ចាស់​របស់​ខ្លួន​ណាស់! ១១ តើ​គួរ​ឲ្យ​អញ​យក​នំបុ័ង យក​ទឹក និង​សាច់ ដែល​អញ​បាន​បម្រុង​ទុក​សម្រាប់​ពួក​អ្នក​កាត់​រោម​ចៀម ទៅ​ឲ្យ​មនុស្ស​ដែល​អញ​មិន​ដឹង​ថា មក​ពី​ណា​ផង​នោះ​ឬ?»។
១២ ពួក​យុវ‌ជន​ត្រឡប់​ទៅ​វិញ រៀប​រាប់​ហេតុ‌ការណ៍​ទាំង​អស់​ជម្រាប​លោក​ដាវីឌ។ ១៣ លោក​ដាវីឌ​ក៏​បញ្ជា​ទៅ​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក​ថា៖ «ចូរ​យក​ដាវ​គ្រប់ៗ​គ្នា​មក!»។ ពួក​គេ​យក​ដាវ​មក​សៀត​នៅ​ចង្កេះ ហើយ​លោក​ដាវីឌ​ក៏​សៀត​ដាវ​នៅ​ចង្កេះ​ដែរ។ លោក​នាំ​មនុស្ស​ប្រមាណ​បួន‌រយ​នាក់​ចេញ​ទៅ​ជា​មួយ ហើយ​ទុក​ពីរ‌រយ​នាក់​ទៀត​ឲ្យ​នៅ​រក្សា​របស់​របរ។
នាង​អប៊ី‌កាអ៊ីល និង​លោក​ដាវីឌ
១៤ មាន​អ្នក​បម្រើ​ម្នាក់​របស់​លោក​ណាបាល​រត់​មក​ជម្រាប​នាង​អប៊ី‌កាអ៊ីល ជា​ភរិយា​របស់​ម្ចាស់​ខ្លួន​ថា៖ «លោក​ដាវីឌ​បាន​ចាត់​អ្នក​នាំ​សារ​ពី​វាល​រហោ‌ស្ថាន ឲ្យ​មក​សួរ​សុខ​ទុក្ខ​លោក​ម្ចាស់​របស់​យើង តែ​លោក​បាន​ជេរ​ប្រមាថ​ពួក​គេ។ ១៥ តាម​ពិត ពួក​គេ​ល្អ​នឹង​យើង​ណាស់ ពួក​គេ​មិន​ដែល​ប្រព្រឹត្ត​អ្វី​អាក្រក់​ចំពោះ​យើង​ទេ ហើយ​ក្នុង​ពេល​យើង​នៅ​ជា​មួយ​ពួក​គេ ឯ​ទី​វាល​នោះ យើង​ពុំ​ដែល​បាត់​បង់​អ្វី​ឡើយ។ ១៦ ពួក​គេ​ប្រៀប​ដូច​ជា​កំពែង​ការ‌ពារ​យើង ទាំង​ថ្ងៃ ទាំង​យប់ ក្នុង​អំឡុង​ពេល​យើង​ឃ្វាល​ចៀម​នៅ​ជិត​ពួក​គេ។ ១៧ ឥឡូវ​នេះ សូម​អ្នក​ស្រី​គិត‌គូរ​ពិចារណា​មើល​ថា តើ​អ្នក​ស្រី​ត្រូវ​ធ្វើ​យ៉ាង​ណា ដ្បិត​មហន្ត‌រាយ​មុខ​ជា​កើត​មាន​ដល់​លោក​ម្ចាស់ និង​ក្រុម​គ្រួសារ​ទាំង​មូល​មិន​ខាន។ លោក​ម្ចាស់​យើង​មាន​ចរិត​អាក្រក់​ណាស់ គ្មាន​នរណា​អាច​និយាយ​ជា​មួយ​លោក​បាន​ទេ»។
១៨ នាង​អប៊ី‌កាអ៊ីល​ប្រញាប់‌ប្រញាល់​យក​នំបុ័ង​ពីរ‌រយ​ដុំ ស្រា​ទំពាំង‌បាយ‌ជូរ​ពីរ​ថង់​ស្បែក ចៀម​ដែល​គេ​រៀប‌ចំ​ជា​ស្រេច​ចំនួន​ប្រាំ​ក្បាល លាជ​ប្រាំ​តៅ ទំពាំង‌បាយ‌ជូរ​ក្រៀម​មួយ‌រយ​កញ្ចប់ និង​នំ​ផ្លែ​ឧទុម្ពរ​ក្រៀម​ពីរ‌រយ ផ្ទុក​លើ​ខ្នង​លា ១៩ រួច​បញ្ជា​ពួក​អ្នក​បម្រើ​ថា៖ «ចូរ​ចេញ​ទៅ​មុន​ចុះ ខ្ញុំ​នឹង​ទៅ​តាម​ក្រោយ»។ នាង​អប៊ី‌កាអ៊ីល​ពុំ​បាន​ប្រាប់​លោក​ណាបាល​ជា​ប្ដី​ឲ្យ​ដឹង​ទេ។ ២០ នាង​បាន​ជិះ​លា​សសៀរ​ចុះ​តាម​ភ្នំ។ លោក​ដាវីឌ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ ក៏​ចុះ​តម្រង់​មក​រក​នាង​ដែរ នាង​ជួប​ប្រទះ​ពួក​គេ។ ២១ លោក​ដាវីឌ​ទើប​នឹង​គិត​ថា៖ «ខ្ញុំ​ខំ​ការ‌ពារ​ទ្រព្យ​ទាំង​ប៉ុន្មាន​របស់​អ្នក​នោះ​នៅ​វាល​រហោ‌ស្ថាន មិន​ឲ្យ​អ្វី​មួយ​បាត់​បង់​ឡើយ តែ​គ្មាន​បាន​ផល​ប្រយោជន៍​អ្វី​ទាំង​អស់ គឺ​គាត់​បែរ​ជា​ប្រព្រឹត្ត​អាក្រក់​តប​នឹង​អំពើ​ល្អ ដែល​ខ្ញុំ​បាន​ធ្វើ​ចំពោះ​គេ។ ២២ ដូច្នេះ បើ​ខ្ញុំ​ទុក​ជីវិត​មនុស្ស​ប្រុស​ណា​ម្នាក់ ក្នុង​ក្រុម​គ្រួសារ​របស់​ណាបាល ឲ្យ​នៅ​រស់​រហូត​ដល់​ព្រឹក​ស្អែក សូម​ព្រះ‌ជាម្ចាស់​ដាក់​ទោស​ខ្ញុំ​​យ៉ាង​ធ្ងន់‌ធ្ងរ​ចុះ»។ ២៣ ពេល​នាង​អប៊ី‌កាអ៊ីល​ឃើញ​លោក​ដាវីឌ នាង​ចុះ​ពី​លើ​ខ្នង​លា​យ៉ាង​ប្រញាប់ រួច​ក្រាប​ថ្វាយ‌បង្គំ​លោក​ដាវីឌ​ឱន​មុខ​ដល់​ដី។ ២៤ នាង​ក្រាប​សំពះ​បាត​ជើង​លោក ហើយ​ពោល​ថា៖ «លោក​ម្ចាស់! នេះ​ជា​កំហុស​របស់​នាង​ខ្ញុំ​ទេ! សូម​លោក​ម្ចាស់​អនុញ្ញាត​ឲ្យ​នាង​ខ្ញុំ​ជម្រាប​សិន សូម​មេត្តា​ស្ដាប់​ពាក្យ​របស់​នាង​ខ្ញុំ​ផង! ២៥ សូម​លោក​ម្ចាស់​កុំ​រវល់​នឹង​លោក​ណាបាល ជា​មនុស្ស​មាន​ចរិត​អាក្រក់​នោះ​ធ្វើ​អ្វី ដ្បិត​គាត់​មាន​អត្ត‌ចរិត​ដូច​ឈ្មោះ​របស់​គាត់​មែន។ គាត់​ឈ្មោះ​ណាបាល​ ជា​មនុស្ស​ឥត​ដឹង​ខុស​ត្រូវ។ រីឯ​នាង​ខ្ញុំ​វិញ នាង​ខ្ញុំ​ពុំ​បាន​ជួប​ពួក​យុវ‌ជន ដែល​លោក​ម្ចាស់​ចាត់​ឲ្យ​ទៅ​នោះ​ទេ។ ២៦ លោក​ម្ចាស់​អើយ ឥឡូវ​នេះ នាង​ខ្ញុំ​សូម​ជម្រាប​លោក​ក្នុង​នាម​ព្រះ‌អម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ និង​ក្នុង​នាម​លោក​ម្ចាស់​ផ្ទាល់ ដែល​មាន​ជីវិត​រស់​នៅ​ថា ព្រះ‌អម្ចាស់​បាន​ឃាត់​លោក​មិន​ឲ្យ​ទៅ​បង្ហូរ​ឈាម ដើម្បី​សង‌សឹក ដោយ​ដៃ​របស់​លោក​ម្ចាស់​ផ្ទាល់​ឡើយ។ សូម​ឲ្យ​ខ្មាំង​សត្រូវ​របស់​លោក​ម្ចាស់ ព្រម​ទាំង​អស់​អ្នក​ដែល​ចង់​ធ្វើ​អាក្រក់​ចំពោះ​លោក​ម្ចាស់ ទទួល​ទោស​ដូច​លោក​ណាបាល​ដែរ។ ២៧ សូម​មេត្តា​ទទួល​យក​ជំនូន ដែល​នាង​ខ្ញុំ​នាំ​យក​មក​ជូន​លោក​ម្ចាស់ ចែក​ឲ្យ​ពួក​យុវ‌ជន​ដែល​មក​ជា​មួយ​លោក​ម្ចាស់​ផង​ចុះ។ ២៨ សូម​លោក​មេត្តា​អត់‌ទោស​ឲ្យ​នាង​ខ្ញុំ​ផង។ ព្រះ‌អម្ចាស់​ប្រាកដ​ជា​ប្រោស​ប្រទាន​រាជ‌សម្បត្តិ​ដ៏​គង់‌វង្ស​ជូន​លោក ដ្បិត​លោក​ម្ចាស់​ចូល​រួម​ធ្វើ​សង្គ្រាម​របស់​ព្រះ‌អម្ចាស់។ ម្យ៉ាង​ទៀត អស់​មួយ​ជីវិត​របស់​លោក​ម្ចាស់ គ្មាន​នរណា​ឃើញ​ថា​លោក​ប្រព្រឹត្ត​អំពើ​អាក្រក់​ណា​មួយ​ឡើយ។ ២៩ មាន​គេ​ប្រឆាំង តាម​ព្យាបាទ និង​រក​ប្រហារ​ជីវិត​លោក​ម្ចាស់ តែ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក នឹង​ការ‌ពារ​ជីវិត​លោក​ជា‌និច្ច មិន​ឲ្យ​លោក​ឃ្លាត​ឆ្ងាយ​ពី​ព្រះ‌អង្គ​ឡើយ។ រីឯ​ជីវិត​ខ្មាំង​សត្រូវ​របស់​លោក​វិញ ព្រះ‌អង្គ​បោះ​ចោល​ទៅ​ឆ្ងាយ ដូច​គេ​បាញ់​ខ្សែ​ដង្ហក់។ ៣០ នៅ​ពេល​ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ពរ​ទាំង​ប៉ុន្មាន​ដល់​លោក​ម្ចាស់ ដូច​ព្រះ‌អង្គ​បាន​សន្យា គឺ​នៅ​ពេល​ព្រះ‌អង្គ​តែង‌តាំង​លោក​ជា​មគ្គទេសក៍​លើ​ប្រជាជន​អ៊ីស្រា‌អែល ៣១ លោក​ម្ចាស់​មិន​ត្រូវ​សោក​ស្តាយ ឬ​មាន​វិប្បដិ‌សារី ព្រោះ​បាន​បង្ហូរ​ឈាម​មនុស្ស​ម្នាក់​ដោយ​ឥត​ហេតុ​ផល និង​បាន​សង‌សឹក​ដោយ​ផ្ទាល់​ដៃ​ឡើយ។ កាល​ណា​ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ពរ​លោក​ហើយ សូម​លោក​ម្ចាស់​នឹក​ដល់​នាង​ខ្ញុំ​ផង»។
៣២ លោក​ដាវីឌ​តប​ទៅ​នាង​អប៊ី‌កាអ៊ីល​វិញ​ថា៖ «សូម​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល ដែល​បាន​ចាត់​នាង​ឲ្យ​មក​ជួប​ខ្ញុំ នៅ​ថ្ងៃ​នេះ។ ៣៣ សូម​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ដែល​ប្រទាន​ឲ្យ​នាង​មាន​យោបល់​ល្អ។ សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ដល់​នាង ព្រោះ​ថ្ងៃ​នេះ នាង​បាន​ឃាត់​ខ្ញុំ​មិន​ឲ្យ​បង្ហូរ​ឈាម និង​សង‌សឹក​ដោយ​ផ្ទាល់​ដៃ។ ៣៤ ព្រះ‌អម្ចាស់​ពិត​ជា​ឃាត់​ខ្ញុំ​មិន​ឲ្យ​ធ្វើ​បាប​នាង​មែន ដ្បិត​ប្រសិន​បើ​នាង​មិន​ប្រញាប់‌ប្រញាល់​មក​ជួប​ខ្ញុំ​ទេ នោះ​ខ្ញុំ​សូម​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​ថា ពេល​ថ្ងៃ​រះ មុខ​ជា​គ្មាន​បុរស​ណា​ម្នាក់ ក្នុង​ក្រុម​គ្រួសារ​របស់​លោក​ណាបាល នៅ​មាន​ជីវិត​ឡើយ»។ ៣៥ លោក​ដាវីឌ​សុខ​ចិត្ត​ទទួល​យក​ជំនូន ដែល​នាង​អប៊ី‌កាអ៊ីល​នាំ​យក​មក​ជូន រួច​លោក​មាន​ប្រសាសន៍​ថា៖ «សូម​នាង​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​សុខ‌សាន្ត​ចុះ ខ្ញុំ​ស្ដាប់​តាម​ពាក្យ​អង្វរ​របស់​នាង​ហើយ ខ្ញុំ​នឹង​ធ្វើ​តាម​ពាក្យ​របស់​នាង!»។
មរណ‌ភាព​របស់​លោក​ណាបាល
៣៦ ពេល​នាង​អប៊ី‌កាអ៊ីល​ទៅ​ដល់​ផ្ទះ​វិញ នាង​ឃើញ​លោក​ណាបាល​កំពុង​ធ្វើ​ពិធី​ជប់‌លៀង​យ៉ាង​ធំ​មួយ ដូច​ពិធី​ជប់‌លៀង​របស់​ស្តេច។ លោក​ណាបាល​សប្បាយ​ចិត្ត​ក្រៃ‌លែង ហើយ​ស្រវឹង​យ៉ាង​ខ្លាំង​ទៀត ហេតុ​នេះ នាង​ពុំ​បាន​និយាយ​អ្វី​មួយ​ម៉ាត់​ប្រាប់​លោក រហូត​ដល់​ថ្ងៃ​រះ។ ៣៧ លុះ​ព្រឹក​ឡើង ពេល​លោក​ស្វាង​ស្រា ភរិយា​របស់​លោក​រៀប​រាប់​ប្រាប់​នូវ​ហេតុ‌ការណ៍​ដែល​កើត​មាន។ ឮ​ដូច្នោះ លោក​ណាបាល​ក៏​គាំង​បេះ‌ដូង​ដេក​ស្តូក​នៅ​មួយ​កន្លែង។ ៣៨ ប្រមាណ​ជា​ដប់​ថ្ងៃ​ក្រោយ​មក ព្រះ‌អម្ចាស់​បាន​ប្រហារ​លោក ហើយ​លោក​ក៏​ទទួល​មរណ‌ភាព។
៣៩ កាល​លោក​ដាវីឌ​ឮ​ដំណឹង​ថា​លោក​ណាបាល​ស្លាប់ លោក​ពោល​ថា៖ «សូម​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់​ដែល​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ នៅ​ពេល​លោក​ណាបាល​ជេរ​ប្រមាថ​ខ្ញុំ ហើយ​ព្រះ‌អង្គ​បាន​ឃាត់​ខ្ញុំ​មិន​ឲ្យ​ប្រព្រឹត្ត​អំពើ​អាក្រក់។ ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​អំពើ​អាក្រក់​នេះ​ធ្លាក់​ទៅ​លើ​ក្បាល​លោក​ណាបាល​វិញ»។
បន្ទាប់​មក លោក​ដាវីឌ​ចាត់​គេ​ឲ្យ​ទៅ​ស្នើ​នាង​អប៊ី‌កាអ៊ីល​មក​ធ្វើ​ជា​ភរិយា។ ៤០ ពួក​អ្នក​បម្រើ​របស់​លោក​ដាវីឌ​ទៅ​ដល់​ផ្ទះ​នាង​អប៊ី‌កាអ៊ីល នៅ​ភូមិ​កាម៉ិល ហើយ​ពោល​ទៅ​នាង​ថា៖ «លោក​ដាវីឌ​ចាត់​យើង​ខ្ញុំ​ឲ្យ​មក​ជួប​អ្នក​ស្រី ដើម្បី​ស្នើ​អ្នក​ស្រី​ធ្វើ​ជា​ភរិយា​របស់​លោក»។ ៤១ នាង​អប៊ី‌កាអ៊ីល​ក្រោក​ឡើង ហើយ​ក្រាប​ចុះ ឱន​មុខ​ដល់​ដី ទាំង​ឆ្លើយ​ថា៖ «នាង​ខ្ញុំ​នេះ​ជា​ទាសី ដើម្បី​លាង​ជើង​ជូន​ពួក​អ្នក​បម្រើ​របស់​លោក​ម្ចាស់»។ ៤២ នាង​ប្រញាប់‌ប្រញាល់​ក្រោក​ឡើង ជិះ​លា​ចេញ​ទៅ ដោយ​មាន​ក្មេង​បម្រើ​ស្រី​ប្រាំ​នាក់​ទៅ​ជា​មួយ។ នាង​ទៅ​តាម​ពួក​អ្នក​នាំ​សារ​របស់​លោក​ដាវីឌ រួច​ធ្វើ​ជា​ភរិយា​លោក។
៤៣ ពី​មុន លោក​ដាវីឌ​ក៏​បាន​រៀប‌ការ​ជា​មួយ​នាង​អហ៊ី‌ណូអាំ ជា​អ្នក​ស្រុក​យីសរេអែល​ដែរ។ ដូច្នេះ នាង​អហ៊ី‌ណូអាំ និង​នាង​អប៊ី‌កាអ៊ីល ទាំង​ពីរ​នាក់​សុទ្ធ​តែ​ជា​ភរិយា​របស់​លោក។ ៤៤ រីឯ​ភរិយា​ទី​មួយ​របស់​លោក​ដាវីឌ គឺ​ព្រះ‌នាង​មិកាល់ ជា​បុត្រី​របស់​ព្រះ‌បាទ​សាអ៊ូល នោះ​បាន​ត្រូវ​បិតា​យក​ទៅ​រៀប‌ការ​ជា​មួយ​លោក​ប៉ាល់‌ទី ជា​កូន​របស់​លោក​ឡាអ៊ីស ជា​អ្នក​ស្រុក​កាលីម​វិញ។
២៦
លោក​ដាវីឌ​ទុក​ជីវិត​ឲ្យ​ព្រះ‌បាទ​សាអ៊ូល​ម្ដង​ទៀត
 អស់​អ្នក​ដែល​រស់​នៅ​វាល​រហោ‌ស្ថាន​ស៊ីភ ចូល​ទៅ​គាល់​ព្រះ‌បាទ​សាអ៊ូល នៅ​គីបា ហើយ​ទូល​ថា៖ «ដាវីឌ​លាក់​ខ្លួន​នៅ​ភ្នំ​ហាគី‌ឡា ទល់​មុខ​នឹង​វាល​យេស៊ី‌ម៉ូន»។  ដូច្នេះ ព្រះ‌បាទ​សាអ៊ូល​ក្រោក​ឡើង ចេញ​ដំណើរ​ឆ្ពោះ​ទៅ​វាល​រហោ‌ស្ថាន​ស៊ីភ ដើម្បី​តាម​ចាប់​លោក​ដាវីឌ។ ស្តេច​នាំ​ទាហាន​ដ៏​អង់‌អាច​ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រា‌អែល ចំនួន​បី​ពាន់​នាក់​ទៅ​ជា​មួយ។  ស្តេច​បោះ​ជំរំ​ក្បែរ​ផ្លូវ​នៅ​លើ​ភ្នំ​ហាគី‌ឡា ទល់​មុខ​នឹង​វាល​យេស៊ី‌ម៉ូន។ លោក​ដាវីឌ​រស់​នៅ​ក្នុង​វាល​រហោ‌ស្ថាន ហើយ​ឃើញ​ព្រះ‌បាទ​សាអ៊ូល​តាម​រក​ចាប់​ខ្លួន​លោក នៅ​វាល​រហោ‌ស្ថាន  លោក​ក៏​ចាត់​មនុស្ស​ឲ្យ​ទៅ​ស៊ើប‌ការណ៍​រួច​ដឹង​ថា ព្រះ‌បាទ​សាអ៊ូល​យាង​មក​ដល់​ប្រាកដ​មែន។  ពេល​នោះ លោក​ដាវីឌ​ចេញ​ដំណើរ​ទៅ​ដល់​ជំរំ​របស់​ព្រះ‌បាទ​សាអ៊ូល។ លោក​ឃើញ​កន្លែង​ដែល​ស្តេច​ផ្ទំ ហើយ​ឃើញ​កន្លែង​ដែល​លោក​អាប់នែរ ជា​កូន​របស់​លោក​នែរ និង​ជា​មេ‌ទ័ព​របស់​ស្តេច​សម្រាន្ដ​ដែរ។ ព្រះ‌បាទ​សាអ៊ូល​ផ្ទំ​នៅ​កណ្ដាល​ជំរំ ហើយ​ពល‌ទ័ព​បោះ​ជំរំ​ជុំ‌វិញ។  លោក​ដាវីឌ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អហ៊ី‌មេឡេក ជា​ជន​ជាតិ​ហេត ព្រម​ទាំង​លោក​អប៊ីសាយ ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា និង​ជា​ប្អូន​របស់​លោក​យ៉ូអាប់ ថា៖ «តើ​នរណា​ស្ម័គ្រ​ចិត្ត​ចុះ​ទៅ​ជំរំ​របស់​ស្តេច​សាអ៊ូល​ជា​មួយ​ខ្ញុំ?»។ លោក​អប៊ីសាយ​ឆ្លើយ​ថា៖ «ខ្ញុំ​ស្ម័គ្រ​ចិត្ត​ទៅ​ជា​មួយ​លោក»។  យប់​នោះ លោក​ដាវីឌ និង​លោក​អប៊ីសាយ ចូល​ទៅ​ក្នុង​ជំរំ ហើយ​ឃើញ​ព្រះ‌បាទ​សាអ៊ូល​ផ្ទំ​នៅ​កណ្ដាល​ជំរំ ព្រម​ទាំង​មាន​លំពែង​ដោត​ជាប់​នឹង​ដី ជិត​ក្បាល​ដំណេក​ផង។ រីឯ​លោក​អាប់នែរ និង​ពល‌ទាហាន ដេក​លក់​នៅ​ជុំ‌វិញ​ស្តេច។  លោក​អប៊ីសាយ​ជម្រាប​លោក​ដាវីឌ​ថា៖ «យប់​នេះ ព្រះ‌ជាម្ចាស់​ប្រគល់​សត្រូវ​របស់​លោក​មក​ក្នុង​កណ្ដាប់​ដៃ​របស់​លោក​ហើយ។ សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​យក​លំពែង​ចាក់​ទម្លុះ​ស្តេច​ជាប់​នឹង​ដី ខ្ញុំ​ចាក់​តែ​មួយ​លំពែង មិន​បាច់​លើក​ទី​ពីរ​ទេ»។  ប៉ុន្តែ លោក​ដាវីឌ​មាន​ប្រសាសន៍​ទៅ​លោក​អប៊ីសាយ​ថា៖ «ទេ! កុំ​ធ្វើ​គុត​ព្រះ‌ករុណា ដ្បិត​អ្នក​ណា​លើក​ដៃ​ប្រហារ​ស្តេច​ដែល​ព្រះ‌អម្ចាស់​ចាក់​ប្រេង​អភិសេក អ្នក​នោះ​មិន​អាច​រួច​ខ្លួន​ឡើយ»។ ១០ លោក​ដាវីឌ​មាន​ប្រសាសន៍​ទៀត​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌ជន្ម​គង់​នៅ! ដូច្នេះ មាន​តែ​ព្រះ‌អង្គ​ទេ​ដែល​ផ្ដាច់​ជីវិត​ស្តេច ដោយ​ឲ្យ​ស្តេច​សុគត​មក​ពី​អស់​អាយុ ឬ​សុគត​នៅ​សមរ‌ភូមិ។ ១១ ប៉ុន្តែ សូម​ព្រះ‌អម្ចាស់​ឃាត់​ខ្ញុំ កុំ​ឲ្យ​លើក​ដៃ​ប្រហារ​ស្តេច​ដែល​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​អភិសេក​នោះ​ឡើយ! ដូច្នេះ ចូរ​យក​តែ​លំពែង​ដែល​នៅ​ក្បាល​ដំណេក​របស់​ស្តេច និង​ក្អម​ទឹក​ប៉ុណ្ណោះ រួច​យើង​ចេញ​ទៅ​វិញ!»។ ១២ លោក​ដាវីឌ​យក​លំពែង និង​ក្អម​ទឹក​ដែល​ស្ថិត​នៅ​ក្បាល​ដំណេក​របស់​ព្រះ‌បាទ​សាអ៊ូល ហើយ​នាំ​គ្នា​ចាក​ចេញ​ទៅ ដោយ​គ្មាន​ទាហាន​ម្នាក់​បាន​ឃើញ និង​ដឹង​ឡើយ ហើយ​ក៏​គ្មាន​នរណា​ម្នាក់​ភ្ញាក់​ដែរ។ ពួក​គេ​ដេក​លក់​ទាំង​អស់​គ្នា ព្រោះ​ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ពួក​គេ​ដេក​លង់‌លក់ ឥត​ដឹង​ខ្លួន។
១៣ លោក​ដាវីឌ​ឆ្លង​ទៅ​ភ្នំ​ម្ខាង​ទៀត ហើយ​ឡើង​ទៅ​ឈរ​លើ​កំពូល​ភ្នំ ដែល​នៅ​ដាច់​ឆ្ងាយ​ពី​ជំរំ។ ១៤ លោក​ស្រែក​ហៅ​កង‌ទ័ព រួច​ហៅ​លោក​អាប់នែរ ជា​កូន​របស់​លោក​នែរ​ថា៖ «លោក​អាប់នែរ​អើយ ម្ដេច​ក៏​មិន​ឆ្លើយ!»។ លោក​អាប់នែរ​ស្រែក​សួរ​វិញ​ថា៖ «តើ​អ្នក​ជា​នរណា បាន​ជា​ហ៊ាន​ស្រែក​ហៅ​ព្រះ‌ករុណា​ដូច្នេះ?»។ ១៥ លោក​ដាវីឌ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អាប់នែរ​ថា៖ «តើ​លោក​ជា​មនុស្ស​ដើម​ទ្រូង​ប្រាំ​ហត្ថ​មែន​ឬ មិន​មែន! នៅ​ស្រុក​អ៊ីស្រា‌អែល មាន​តែ​លោក​ទេ​ដែល​ប្រសើរ​ជាង​គេ ចុះ​ហេតុ​អ្វី​បាន​ជា​លោក​មិន​យាម​ព្រះ‌ករុណា ជា​ម្ចាស់​របស់​លោក? ដ្បិត​មាន​ប្រជាជន​មួយ​រូប​បាន​លប​ចូល​ទៅ​ធ្វើ​គុត​ព្រះ‌ករុណា ជា​ម្ចាស់​របស់​លោក។ ១៦ ខ្ញុំ​សុំ​ជម្រាប​លោក ក្នុង​នាម​ព្រះ‌អម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​ថា លោក​ធ្វេស‌ប្រហែស​ដូច្នេះ​មិន​ល្អ​ទេ! ពួក​លោក​គួរ​តែ​ស្លាប់ ដោយ​មិន​បាន​រក្សា​ការ‌ពារ​ម្ចាស់​របស់​ខ្លួន គឺ​ស្តេច​ដែល​ព្រះ‌អម្ចាស់​បាន​អភិសេក។ មើល! នេះ​នែ៎ លំពែង​របស់​ព្រះ‌ករុណា និង​ក្អម​ទឹក​ដែល​ស្ថិត​នៅ​ក្បាល​ដំណេក​របស់​ស្តេច!»។ ១៧ ព្រះ‌បាទ​សាអ៊ូល​ស្គាល់​សំឡេង​របស់​លោក​ដាវីឌ ក៏​មាន​រាជ‌ឱង្ការ​ថា៖ «ដាវីឌ កូន​អើយ! នេះ​ពិត​ជា​សំឡេង​កូន​មែន​ឬ?»។ លោក​ដាវីឌ​ទូល​តប​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់! គឺ​ទូល‌បង្គំ​មែន!»។ ១៨ លោក​ទូល​ទៀត​ថា៖ «ហេតុ​អ្វី​ព្រះ‌ករុណា​ជា​អម្ចាស់ ចេះ​តែ​តាម​ចាប់​ទូល‌បង្គំ​ដូច្នេះ? តើ​ទូល‌បង្គំ​បាន​ធ្វើ​អ្វី? តើ​ទូល‌បង្គំ​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី​ខ្លះ?។ ១៩ សូម​ព្រះ‌ករុណា​ជា​អម្ចាស់​មេត្តា​សណ្ដាប់​ពាក្យ​ទូល‌បង្គំ នៅ​ពេល​នេះ​ផង។ ប្រសិន​បើ​ព្រះ‌អម្ចាស់​ជំរុញ​ព្រះ‌ករុណា​ឲ្យ​ប្រព្រឹត្ត​ដូច្នេះ​ចំពោះ​ទូល‌បង្គំ នោះ​សូម​ព្រះ‌អម្ចាស់​ទទួល​យក​តង្វាយ​មួយ​ចុះ ប៉ុន្តែ ប្រសិន​បើ​មនុស្ស​ជា​អ្នក​ជំរុញ​ព្រះ‌ករុណា​វិញ សូម​ឲ្យ​ពួក​គេ​ត្រូវ​បណ្ដាសា​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ដ្បិត​ថ្ងៃ​នេះ ពួក​គេ​បណ្តេញ​ទូល‌បង្គំ​មិន​ឲ្យ​រស់​នៅ​លើ​ទឹក​ដី ដែល​ព្រះ‌អម្ចាស់​ប្រទាន​មក​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ ទុក​ជា​មត៌ក គឺ​ហាក់​ដូច​ជា​ចង់​ដេញ​ទូល‌បង្គំ​ឲ្យ​ទៅ​គោរព​ព្រះ​ឯ​ទៀត ២០ តែ​ទូល‌បង្គំ​មិន​ចង់​ឲ្យ​គេ​បង្ហូរ​ឈាម​ទូល‌បង្គំ​ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អម្ចាស់​ឡើយ។ ព្រះ‌មហា​ក្សត្រ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល​តាម​ធ្វើ​សឹក​នឹង​ទូល‌បង្គំ ដែល​គ្រាន់​តែ​ជា​ចៃ​មួយ​ដ៏​តូច​ប៉ុណ្ណោះ ព្រះ‌ករុណា​ដេញ​តាម​ទូល‌បង្គំ ដូច​គេ​ដេញ​បាញ់​សត្វ​ទទា​នៅ​លើ​ភ្នំ»។ ២១ ព្រះ‌បាទ​សាអ៊ូល​មាន​រាជ‌ឱង្ការ​ថា៖ «ដាវីឌ​កូន​អើយ បិតា​ខុស​ហើយ! ចូរ​វិល​ត្រឡប់​មក​វិញ បិតា​ឈប់​ធ្វើ​បាប​កូន​ទៀត​ហើយ ព្រោះ​ថ្ងៃ​នេះ កូន​បាន​ទុក​ជីវិត​ឲ្យ​បិតា។ បិតា​បាន​ប្រព្រឹត្ត​ដូច​ជា​មនុស្ស​លេ‌លា បិតា​បាន​ធ្វើ​ខុស​យ៉ាង​ធ្ងន់»។ ២២ លោក​ដាវីឌ​ទូល​ថា៖ «នេះ​ជា​លំពែង​របស់​ព្រះ‌ករុណា! សូម​ចាត់​សេនា​ម្នាក់​ឲ្យ​មក​យក​ទៅ​វិញ​ចុះ! ២៣ សូម​ព្រះ‌អម្ចាស់​ប្រព្រឹត្ត​ចំពោះ​យើង តាម​សេចក្ដី​សុចរិត និង​ស្មោះ‌ត្រង់​របស់​យើង​ម្នាក់ៗ។ ថ្ងៃ​នេះ ព្រះ‌អម្ចាស់​ប្រគល់​ព្រះ‌ករុណា​មក​ក្នុង​កណ្ដាប់​ដៃ​ទូល‌បង្គំ តែ​ទូល‌បង្គំ​មិន​ព្រម​លើក​ដៃ​ប្រហារ​ស្តេច​ដែល​ព្រះ‌អម្ចាស់​បាន​ចាក់​ប្រេង​អភិសេក​ឡើយ។ ២៤ ថ្ងៃ​នេះ ព្រះ‌ជន្ម​របស់​ព្រះ‌ករុណា​មាន​តម្លៃ​ចំពោះ​ទូល‌បង្គំ​យ៉ាង​ណា សូម​ឲ្យ​ជីវិត​ទូល‌បង្គំ​ក៏​មាន​តម្លៃ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់​យ៉ាង​នោះ​ដែរ ហើយ​សូម​ព្រះ‌អង្គ​រំដោះ​ទូល‌បង្គំ​ឲ្យ​រួច​ផុត​ពី​គ្រោះ​កាច​សព្វ​បែប​យ៉ាង»។ ២៥ ព្រះ‌បាទ​សាអ៊ូល​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ដាវីឌ​ថា៖ «ដាវីឌ កូន​អើយ សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ដល់​កូន! អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​កូន​ធ្វើ មុខ​ជា​បាន​សម្រេច​ពុំ‌ខាន!»។
លោក​ដាវីឌ​ក៏​បន្ត​ដំណើរ​ទៅ​មុខ​ទៀត រីឯ​ព្រះ‌បាទ​សាអ៊ូល ក៏​វិល​ទៅ​កាន់​ដំណាក់​វិញ​ដែរ។
២៧
លោក​ដាវីឌ​ទៅ​រស់​នៅ​ជា​មួយ​ពួក​ភីលីស្ទីន
 លោក​ដាវីឌ​រិះ‌គិត​ថា៖ «ថ្ងៃ​ណា​មួយ ព្រះ‌បាទ​សាអ៊ូល​មុខ​ជា​សម្លាប់​ខ្ញុំ​មិន​ខាន។ គ្មាន​ផ្លូវ​ណា​ល្អ​ជាង​រត់​ភៀស​ខ្លួន​ទៅ​នៅ​ស្រុក​ភីលី‌ស្ទីន​ទេ ធ្វើ​ដូច្នេះ ព្រះ‌បាទ​សាអ៊ូល​នឹង​បោះ​បង់​ចោល​គំនិត​ដេញ​តាម​ចាប់​ខ្ញុំ នៅ​ក្នុង​ទឹក​ដី​អ៊ីស្រា‌អែល​ទៀត ហើយ​ខ្ញុំ​នឹង​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ស្តេច»។  លោក​ដាវីឌ​នាំ​អស់​អ្នក​ដែល​នៅ​ជា​មួយ​ទាំង​ប្រាំ‌មួយ‌រយ​នាក់ ចេញ​ដំណើរ​ទៅ​ដល់​ស្រុក​របស់​ព្រះ‌បាទ​អគីស ជា​បុត្រ​របស់​ព្រះ‌បាទ​ម៉ាអុក និង​ជា​ស្តេច​ក្រុង​កាថ។  លោក​ដាវីឌ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​គេ ក៏​ស្នាក់​នៅ​ក្រុង​កាថ​ជា​មួយ​ព្រះ‌បាទ​អគីស។ លោក​ដាវីឌ​បាន​នាំ​យក​ភរិយា​ទាំង​ពីរ​ទៅ​ជា​មួយ​ដែរ គឺ នាង​អហ៊ី‌ណូអាំ ជា​អ្នក​ស្រុក​យីសរេអែល និង​នាង​អប៊ី‌កាអ៊ីល ជា​អ្នក​ភូមិ​ការម៉ែល ដែល​ជា​ភរិយា​របស់​សព​លោក​ណាបាល។  មាន​គេ​ទូល​ព្រះ‌បាទ​សាអ៊ូល​ថា លោក​ដាវីឌ​ភៀស​ខ្លួន​ទៅ​នៅ​ក្រុង​កាថ។ ដូច្នេះ ស្តេច​ក៏​ឈប់​ដេញ​តាម​លោក​ទៀត។
 ថ្ងៃ​មួយ លោក​ដាវីឌ​ទូល​សួរ​ព្រះ‌បាទ​អគីស​ថា៖ «បពិត្រ​ព្រះ‌ករុណា! ប្រសិន​បើ​ស្តេច​ពិត​ជា​អនុ‌គ្រោះ​ដល់​ទូល‌បង្គំ​មែន សូម​មេត្តា​ប្រទាន​ភូមិ​ស្រុក​ណា​មួយ​ឲ្យ​ទូល‌បង្គំ​ទៅ​ស្នាក់​អាស្រ័យ​ផង ដ្បិត​មិន​គួរ​ឲ្យ​ទូល‌បង្គំ​ស្នាក់​នៅ​ក្នុង​រាជ​ធានី​ជា​មួយ​ព្រះ‌ករុណា​ឡើយ?»។  នៅ​ថ្ងៃ​នោះ ព្រះ‌បាទ​អគីស​ប្រទាន​ក្រុង​ស៊ីគឡាក់​ឲ្យ​លោក។ ហេតុ​នេះ​ហើយ​បាន​ជា​ក្រុង​នោះ​នៅ​ជា​កម្ម‌សិទ្ធិ​របស់​ស្តេច​យូដា រហូត​មក​ដល់​សព្វ​ថ្ងៃ។  លោក​ដាវីឌ​ស្នាក់​នៅ​ស្រុក​ភីលីស្ទីន អស់‌រយៈ​ពេល​មួយ​ឆ្នាំ​បួន​ខែ។  លោក​ដាវីឌ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក នាំ​គ្នា​ចេញ​ទៅ​រាត‌ត្បាត​ទឹក​ដី​របស់​ជន​ជាតិ​កេសួរ ទឹក​ដី​របស់​ជន​ជាតិ​កេសៀរ និង​ទឹក​ដី​របស់​ជន​ជាតិ​អាម៉ា‌ឡេក។ ពី​ដើម ជន​ជាតិ​ទាំង​នោះ​រស់​នៅ​ចាប់​តាំង​ស្រុក​សួរ រហូត​ដល់​ស្រុក​អេស៊ីប។  លោក​ដាវីឌ​វាយ​កម្ទេច​ទឹក​ដី​នោះ ឥត​ទុក​ឲ្យ​មនុស្ស​ប្រុស ឬ​ស្រី​ណា​ម្នាក់ រួច​ជីវិត​ឡើយ។ លោក​ប្រមូល​ហ្វូង​ចៀម និង​ហ្វូង​គោ ព្រម​ទាំង​លា អូដ និង​សម្លៀក‌បំពាក់ ហើយ​ត្រឡប់​មក​វិញ គាល់​ព្រះ‌បាទ​អគីស។ ១០ ពេល​ព្រះ‌បាទ​អគីស​សួរ​លោក​ដាវីឌ​ថា «តើ​ថ្ងៃ​នេះ លោក​ទៅ​វាយ​ស្រុក​ណា​ខ្លះ?» លោក​ដាវីឌ​តែង‌តែ​ទូល​ស្តេច​ថា «ទូល‌បង្គំ​ទៅ​វាយ​តំបន់​ខាង​ត្បូង​ស្រុក​យូដា» ឬ«ខាង​ត្បូង​ស្រុក​របស់​ពួក​យេរ៉ា‌មេលី» ឬ​ក៏ «ខាង​ត្បូង​ទឹក​ដី​របស់​ពួក​គេនី»។ ១១ លោក​ដាវីឌ​ពុំ​ដែល​ទុក​ជីវិត​ឲ្យ​មនុស្ស​ប្រុស ឬ​ស្រី ដើម្បី​នាំ​មក​ក្រុង​កាថ​ទេ ព្រោះ​លោក​ខ្លាច​ក្រែង​ឈ្លើយ​សឹក​ទាំង​នោះ​រាយ‌ការណ៍​ថា ពួក​លោក​ដាវីឌ​បាន​ធ្វើ​ដូច្នេះ ឬ​ធ្វើ​ដូច្នោះ​មួយ។ ក្នុង​អំឡុង​ពេល​លោក​ស្នាក់​អាស្រ័យ​នៅ​ក្នុង​ស្រុក​ភីលីស្ទីន លោក​ដាវីឌ​តែង‌តែ​ប្រើ​វិធី​នេះ​ជា​រៀង​រហូត។ ១២ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌បាទ​អគីស​ជឿ​ទុក​ចិត្ត​លើ​លោក​ដាវីឌ ព្រោះ​ស្តេច​គិត​ថា៖ «ដាវីឌ​ប្រព្រឹត្ត​អំពើ​ដែល​ធ្វើ​ឲ្យ​អ៊ីស្រា‌អែល ជា​ជន​ជាតិ​របស់​ខ្លួន​ស្អប់​យ៉ាង​ខ្លាំង។ ដូច្នេះ ដាវីឌ​នឹង​បម្រើ​យើង​រហូត​ត​ទៅ»។
២៨
 នៅ​គ្រា​នោះ ជន​ជាតិ​ភីលីស្ទីន​បាន​ប្រមូល​កង‌ពល​របស់​ពួក​គេ​មក​ផ្តុំ​គ្នា​ជា​កង‌ទ័ព​តែ​មួយ ដើម្បី​ចេញ​ច្បាំង​នឹង​ជន​ជាតិ​អ៊ីស្រា‌អែល។ ព្រះ‌បាទ​អគីស​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ដាវីឌ​ថា៖ «លោក​ដឹង​ច្បាស់​ហើយ​ថា​លោក និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក ត្រូវ​ចូល​រួម​ក្នុង​កង‌ពល​របស់​យើង»។  លោក​ដាវីឌ​ទូល​តប​ថា៖ «ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌ករុណា​ស្រាប់​ហើយ ដូច្នេះ ព្រះ‌ករុណា​ជ្រាប​ថា ទូល‌បង្គំ​អាច​បំពេញ​មុខ‌ងារ​ណា​មួយ​បាន»។ ព្រះ‌បាទ​អគីស​មាន​រាជ‌ឱង្ការ​តប​ថា៖ «ល្អ​ហើយ! យើង​នឹង​តែង‌តាំង​លោក​ជា​អង្គ‌រក្ស​របស់​យើង​រហូត​ត​ទៅ»។
ស្តេច​សាអ៊ូល​ទៅ​រក​មេ‌មត់
 នៅ​គ្រា​នោះ លោក​សាមូអែល​ទទួល​មរណ‌ភាព​ផុត​ទៅ​ហើយ ប្រជាជន​អ៊ីស្រា‌អែល​ទាំង​មូល​នាំ​គ្នា​កាន់​ទុក្ខ ហើយ​ធ្វើ​ពិធី​បញ្ចុះ​សព​លោក​នៅ​រ៉ាម៉ា ជា​ភូមិ​កំណើត​របស់​លោក។ នៅ​ជំនាន់​នោះ ព្រះ‌បាទ​សាអ៊ូល​បាន​លុប​បំបាត់​គ្រូ​អន្ទង​ខ្មោច និង​គ្រូ​ខាប​ព្រលឹង ចេញ​ពី​ស្រុក​អ៊ីស្រា‌អែល។  ថ្ងៃ​មួយ ជន​ជាតិ​ភីលីស្ទីន​ប្រមូល​ផ្តុំ​គ្នា មក​បោះ​ទ័ព​នៅ​ស៊ូណែម។ រីឯ​ព្រះ‌បាទ​សាអ៊ូល​ក៏​ប្រមូល​កង‌ពល​អ៊ីស្រា‌អែល​ទាំង​មូល មក​បោះ​ទ័ព​នៅ​គីលបោ​ដែរ។  កាល​ព្រះ‌បាទ​សាអ៊ូល​ឃើញ​ជំរំ​របស់​កង‌ទ័ព​ភីលីស្ទីន ព្រះ‌អង្គ​ភ័យ​ខ្លាច ហើយ​ញ័រ​រន្ធត់​ជា​ខ្លាំង។  ព្រះ‌បាទ​សាអ៊ូល​ទូល​សួរ​ព្រះ‌អម្ចាស់ ប៉ុន្តែ ព្រះ‌អង្គ​មិន​ឆ្លើយ​តប​វិញ​ឡើយ ទោះ​បី​តាម​ការ​យល់‌សប្ដិ ការ​ផ្សង​អ៊ូរីម* ឬ​តាម‌រយៈ​ព្យាការី​ក្តី។  ព្រះ‌បាទ​សាអ៊ូល​មាន​រាជ‌ឱង្ការ​ទៅ​កាន់​រាជ​បម្រើ​ថា៖ «ចូរ​នាំ​គ្នា​រក​ស្ត្រី​ណា​ម្នាក់ ដែល​ចេះ​អន្ទង​ខ្មោច យើង​នឹង​ទៅ​សាក​សួរ​គេ»។ រាជ​បម្រើ​ទូល​ស្តេច​វិញ​ថា៖ «នៅ​ឯ​អេនឌ័រ មាន​ស្ត្រី​ម្នាក់​ចេះ​អន្ទង​ខ្មោច»។  ព្រះ‌បាទ​សាអ៊ូល​ក្លែង​ខ្លួន ដោយ​ស្លៀក​ពាក់​ដូច​ប្រជាជន​ធម្មតា រួច​ចេញ​ដំណើរ​ទៅ​ជា​មួយ​សេនា​ពីរ​នាក់​ទៀត។ ស្តេច​យាង​ទៅ​ដល់​ផ្ទះ​ស្ត្រី​នោះ​នៅ​ពេល​យប់ ហើយ​មាន​រាជ‌ឱង្ការ​ទៅ​នាង​ថា៖ «ខ្ញុំ​ចង់​ឲ្យ​នាង​ចូល​រូប ហើយ​ខាប​ព្រលឹង​មនុស្ស​ម្នាក់ ដែល​ខ្ញុំ​នឹង​ប្រាប់​នាង​ឲ្យ​ដឹង»។  ស្ត្រី​នោះ​ឆ្លើយ​ថា៖ «លោក​ដឹង​ស្រាប់​ហើយ​ថា ព្រះ‌បាទ​សាអ៊ូល​បាន​លុប​បំបាត់​គ្រូ​អន្ទង​ខ្មោច និង​គ្រូ​ខាប​ព្រលឹង​ចេញ​ពី​ស្រុក។ ហេតុ​អ្វី​បាន​ជា​លោក​ចង់​ដាក់​អន្ទាក់​ខ្ញុំ លោក​ចង់​ឲ្យ​ខ្ញុំ​បាត់​បង់​ជីវិត​ឬ?»។ ១០ ព្រះ‌បាទ​សាអ៊ូល​បាន​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់ ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​ថា «នាង​មិន​ទទួល​ទោស​អ្វី​ក្នុង​រឿង​នោះ​ឡើយ»។ ១១ ស្ត្រី​នោះ​សួរ​ថា៖ «តើ​លោក​ចង់​ឲ្យ​ខ្ញុំ​ខាប​ព្រលឹង​នរណា?»។ ស្តេច​ឆ្លើយ​ថា៖ «ចូរ​ហៅ​លោក​សាមូអែល​ឲ្យ​ខ្ញុំ!»។ ១២ ពេល​ស្ត្រី​នោះ​ឃើញ​លោក​សាមូអែល នាង​ស្រែក​ឡើង​យ៉ាង​ខ្លាំង ហើយ​ទូល​សួរ​ព្រះ‌បាទ​សាអ៊ូល​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​បញ្ឆោត​ខ្ញុំ​ម្ចាស់​ដូច្នេះ ព្រះ‌ករុណា​ជា​ព្រះ‌បាទ​សាអ៊ូល​ទេ​តើ!»។ ១៣ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ថា៖ «កុំ​ខ្លាច​អ្វី! ចូរ​ប្រាប់​យើង​មក តើ​នាង​បាន​ឃើញ​អ្វី​ខ្លះ?»។ ស្ត្រី​នោះ ទូល​ថា៖ «ខ្ញុំ​ម្ចាស់​ឃើញ​វិញ្ញាណ​មួយ​ ងើប​ចេញ​ពី​ក្នុង​ដី​មក»។ ១៤ ស្តេច​សួរ​ទៀត​ថា៖ «តើ​គេ​មាន​ទ្រង់‌ទ្រាយ​ដូច​ម្ដេច​ដែរ?»។ នាង​ទូល​ថា៖ «គឺ​មនុស្ស​ចាស់​ម្នាក់​ដណ្តប់​អាវ​ធំ កំពុង​តែ​ឡើង​មក»។ ព្រះ‌បាទ​សាអ៊ូល​ជ្រាប​ភ្លាម​ថា​ជា​លោក​សាមូអែល ស្តេច​ក៏​ក្រាប​ចុះ ឱន​ព្រះ‌ភ័ក្ត្រ​ដល់​ដី។ ១៥ លោក​សាមូអែល​ទូល​សួរ​ព្រះ‌បាទ​សាអ៊ូល​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​រំខាន​ទូល‌បង្គំ ដោយ​ហៅ​ទូល‌បង្គំ​ឡើង​មក​ដូច្នេះ?»។ ព្រះ‌បាទ​សាអ៊ូល​មាន​រាជ‌ឱង្ការ​តប​ថា៖ «ខ្ញុំ​មាន​ទុក្ខ‌ធុរៈ​ធ្ងន់​ណាស់ ព្រោះ​ពួក​ភីលីស្ទីន​នាំ​គ្នា​មក​ធ្វើ​សង្គ្រាម​នឹង​ខ្ញុំ ហើយ​ព្រះ‌ជាម្ចាស់​បោះ​បង់​ខ្ញុំ​ចោល ព្រះ‌អង្គ​លែង​ឆ្លើយ​តប​មក​ខ្ញុំ​ទៀត​ហើយ ទោះ​បី​តាម‌រយៈ​ព្យាការី ឬ​ការ​យល់‌សប្ដិ​ក្តី។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​អញ្ជើញ​លោក​មក ដើម្បី​ឲ្យ​លោក​ប្រាប់​ខ្ញុំ​ថា តើ​ត្រូវ​ធ្វើ​យ៉ាង​ណា?»។ ១៦ លោក​សាមូអែល​ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​សួរ​យោបល់​ពី​ទូល‌បង្គំ​ដូច្នេះ? ព្រះ‌អម្ចាស់​បាន​បោះ​បង់​ព្រះ‌ករុណា​ចោល ហើយ​ព្រះ‌អង្គ​ក្លាយ​ទៅ​ជា​បច្ចា‌មិត្ត​របស់​ព្រះ‌ករុណា។ ១៧ ព្រះ‌អម្ចាស់​ប្រព្រឹត្ត​ចំពោះ​ព្រះ‌ករុណា ស្រប​តាម​ព្រះ‌បន្ទូល ដែល​ទូល‌បង្គំ​ទូល​ថ្វាយ​រួច​ស្រេច​ហើយ។ ព្រះ‌អង្គ​បាន​ដក​ហូត​យក​រាជ‌សម្បត្តិ​ពី​ព្រះ‌ករុណា ដើម្បី​ប្រគល់​ទៅ​ឲ្យ​លោក​ដាវីឌ ១៨ ដ្បិត​ព្រះ‌ករុណា​ពុំ​បាន​គោរព​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ទេ គឺ​ព្រះ‌ករុណា​ពុំ​បាន​បំផ្លាញ​ជន​ជាតិ​អាម៉ា‌ឡេក តាម​ព្រះ‌ពិរោធ​របស់​ព្រះ‌អម្ចាស់​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជា ព្រះ‌អម្ចាស់​ប្រព្រឹត្ត​ដូច្នេះ ចំពោះ​ព្រះ‌ករុណា​នៅ​ថ្ងៃ​នេះ។ ១៩ ព្រះ‌អម្ចាស់​នឹង​ប្រគល់​ព្រះ‌ករុណា ព្រម​ទាំង​អ៊ីស្រា‌អែល ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​ភីលីស្ទីន។ ស្អែក ព្រះ‌ករុណា ព្រម​ទាំង​បុត្រា​របស់​ព្រះ‌ករុណា នឹង​ទៅ​ជួប​ទូល‌បង្គំ​នៅ​ស្ថាន​មនុស្ស​ស្លាប់ ហើយ​ព្រះ‌អម្ចាស់​នឹង​ប្រគល់​កង‌ទ័ព​អ៊ីស្រា‌អែល​ទៅ​ក្នុង​កណ្ដាប់​ដៃ​ពួក​ភីលីស្ទីន»។ ២០ រំពេច​នោះ ព្រះ‌បាទ​សាអ៊ូល​ដួល​ទាំង​ជំហរ ព្រោះ​ពាក្យ​របស់​លោក​សាមូអែល​ធ្វើ​ឲ្យ​ស្តេច​ភ័យ​តក់‌ស្លុត​យ៉ាង​ខ្លាំង។ មួយ​វិញ​ទៀត ព្រះ‌បាទ​សាអ៊ូល​អស់​កម្លាំង ព្រោះ​ព្រះ‌អង្គ​ពុំ​បាន​សោយ​ព្រះ‌ស្ងោយ​មួយ​ថ្ងៃ​មួយ​យប់​មក​ហើយ។ ២១ ស្ត្រី​នោះ​ក៏​ចូល​ទៅ​ជិត​ស្តេច ឃើញ​ថា ព្រះ‌អង្គ​ភ័យ​តក់‌ស្លុត​យ៉ាង​ខ្លាំង។ ដូច្នេះ នាង​ទូល​ស្តេច​ថា៖ «ខ្ញុំ​ម្ចាស់​បាន​គោរព​តាម​បញ្ជា​របស់​ព្រះ‌ករុណា​ហើយ។ ខ្ញុំ​ម្ចាស់​ប្រថុយ​ជីវិត​ដោយ​ធ្វើ​តាម​សំណូម​ពរ​របស់​ព្រះ‌ករុណា។ ២២ ឥឡូវ​នេះ សូម​ស្ដាប់​ខ្ញុំ​ម្ចាស់​សិន សូម​រាជា‌នុញ្ញាត​ឲ្យ​ខ្ញុំ​ម្ចាស់​រៀប‌ចំ​ព្រះ‌ស្ងោយ​ថ្វាយ​ព្រះ‌ករុណា ដើម្បី​ឲ្យ​ព្រះ‌ករុណា​សោយ ហើយ​មាន​កម្លាំង​បន្ត​ដំណើរ​ទៅ​មុខ​ទៀត»។ ២៣ ព្រះ‌បាទ​សាអ៊ូល​ប្រកែក​មិន​ព្រម​សោយ​ទេ តែ​ដោយ​ពួក​រាជ​បម្រើ និង​ស្ត្រី​នោះ ទទូច​អង្វរ​ពេក ស្តេច​ក៏​យល់​ព្រម។ ស្តេច​ក្រោក​ពី​ដី ឡើង​ទៅ​គង់​លើ​គ្រែ។ ២៤ ស្ត្រី​នោះ​ប្រញាប់‌ប្រញាល់​ទៅ​ចាប់​កូន​គោ​មួយ​យ៉ាង​ធាត់ ដែល​នាង​បាន​ចិញ្ចឹម​យក​មក​សម្លាប់ រួច​នាង​យក​ម្សៅ​មក​ច្របាច់ ហើយ​ដុត​ធ្វើ​នំបុ័ង​ឥត​មេ។ ២៥ បន្ទាប់​មក នាង​លើក​ម្ហូប​អាហារ​មក​ថ្វាយ​ព្រះ‌បាទ​សាអ៊ូល និង​រាជ​បម្រើ។ រួច​ហើយ​ស្តេច​ក្រោក​ឡើង ចេញ​ដំណើរ​ជា​មួយ​រាជ​បម្រើ​ត្រឡប់​ទៅ​វិញ នៅ​យប់​ដដែល​នោះ។
២៩
ជន​ជាតិ​ភីលីស្ទីន​ដេញ​លោក​ដាវីឌ​ចេញ​ពី​កង‌ទ័ព​របស់​ពួក​គេ
 ជន​ជាតិ​ភីលីស្ទីន​បាន​ប្រមូល​ផ្តុំ​ទ័ព​ទាំង​មូល​របស់​ពួក​គេ នៅ​អាផេក។ ចំណែក​ឯ​ពួក​អ៊ីស្រា‌អែល​វិញ​បោះ​ទ័ព​ជិត​ប្រភព​ទឹក នៅ​យីសរេអែល។  ពួក​ស្តេច​ត្រាញ់​នៃ​ជន​ជាតិ​ភីលីស្ទីន​បាន​នាំ​កង‌ពល​តូច និង​កង‌ពល​ធំ​ដើរ​ទៅ​មុខ រីឯ​លោក​ដាវីឌ និង​ទាហាន​របស់​លោក នាំ​គ្នា​ហែ‌ហម​ព្រះ‌បាទ​អគីស​នៅ​ខាង​ក្រោយ។  ពួក​មេ​ដឹក​នាំ​របស់​ជន​ជាតិ​ភីលីស្ទីន​សួរ​ថា៖ «តើ​ពួក​ហេប្រឺ​នេះ​មក​ធ្វើ​អ្វី​ដែរ?»។ ព្រះ‌បាទ​អគីស​ឆ្លើយ​ទៅ​ពួក​គេ​ថា៖ «អស់​លោក​មិន​ស្គាល់​ដាវីឌ​ទេ​ឬ? គាត់​ជា​អ្នក​បម្រើ​របស់​សាអ៊ូល ជា​ស្តេច​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល។ គាត់​មក​នៅ​ជា​មួយ​ខ្ញុំ​ប្រហែល​មួយ​ឆ្នាំ ពីរ​ឆ្នាំ​ហើយ។ តាំង​ពី​ពេល​គាត់​រត់​មក​នៅ​ជា​មួយ​ខ្ញុំ រហូត​ដល់​សព្វ​ថ្ងៃ ខ្ញុំ​មិន​ឃើញ​ថា​គាត់​ធ្វើ​អ្វី​ខុស​ឡើយ»។  ពួក​មេ​ដឹក​នាំ​នៃ​ជន​ជាតិ​ភីលីស្ទីន​ខឹង​នឹង​ព្រះ‌បាទ​អគីស ហើយ​ទូល​ថា៖ «សូម​ព្រះ‌ករុណា​ដេញ​ជន​នេះ​ឲ្យ​វិល​ត្រឡប់​ទៅ​ក្រុង ដែល​ស្តេច​បាន​ឲ្យ​គេ​ស្នាក់​នៅ​នោះ​វិញ​ទៅ! មិន​ត្រូវ​ឲ្យ​គេ​ចេញ​ទៅ​ច្បាំង​ជា​មួយ​ពួក​យើង​ឡើយ ព្រោះ​គេ​អាច​បែរ​ខ្នង​មក​ប្រឆាំង​នឹង​យើង​វិញ ក្នុង​ពេល​កំពុង​ច្បាំង។ ជន​នេះ​មុខ​ជា​បំពេញ​ចិត្ត​ចៅហ្វាយ​ចាស់​របស់​គេ ដោយ​សម្លាប់​ទាហាន​របស់​យើង។  គឺ​លោក​ដាវីឌ​នេះ​ហើយ ដែល​គេ​ច្រៀង​ឆ្លើយ​ឆ្លង​គ្នា​ថា:
“ព្រះ‌បាទ​សាអ៊ូល​ប្រហារ​បាន​រាប់​ពាន់​នាក់
រីឯ​លោក​ដាវីឌ​ប្រហារ​បាន​រាប់‌ម៉ឺន​នាក់”»។
 ព្រះ‌បាទ​អគីស​ក៏​ហៅ​លោក​ដាវីឌ​មក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «យើង​សូម​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់ ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​ថា លោក​ពិត​ជា​មនុស្ស​ត្រឹម​ត្រូវ​មែន។ យើង​ពេញ​ចិត្ត​នឹង​ឲ្យ​លោក​ចេញ​ទៅ​ច្បាំង​ជា​មួយ​យើង ព្រោះ​តាំង​ពី​ពេល​លោក​ស្នាក់​នៅ​នឹង​យើង​រហូត​ដល់​ពេល​នេះ យើង​ពុំ​ដែល​ឃើញ​លោក​ប្រព្រឹត្ត​អ្វី​ខុស​ឆ្គង​ឡើយ។ ប៉ុន្តែ ពួក​ស្តេច​ត្រាញ់​ឯ​ទៀតៗ​នៃ​ជន​ជាតិ​ភីលីស្ទីន ពុំ​ពេញ​ចិត្ត​នឹង​លោក​ទេ។  ដូច្នេះ សូម​លោក​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ឥឡូវ​នេះ​ចុះ។ សូម​អញ្ជើញ​ទៅ​ដោយ​សុខ‌សាន្ត មិន​ត្រូវ​ធ្វើ​ឲ្យ​ស្តេច​ត្រាញ់​ទាំង​នោះ​ទាស់​ចិត្ត​ឡើយ»។  លោក​ដាវីឌ​ទូល​ព្រះ‌បាទ​អគីស​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់ តើ​ទូល‌បង្គំ​ធ្វើ​អ្វី​ខ្លះ? ចាប់​តាំង​ពី​ពេល​ទូល‌បង្គំ​មក​បម្រើ​ព្រះ‌ករុណា រហូត​ដល់​ពេល​នេះ តើ​ព្រះ‌អង្គ​ទត​ឃើញ​ថា ទូល‌បង្គំ​មាន​កំហុស​អ្វី​ខ្លះ​ដែរ បាន​ជា​ទូល‌បង្គំ​មិន​អាច​ចេញ​ទៅ​ច្បាំង​នឹង​សត្រូវ​របស់​ព្រះ‌ករុណា​ដូច្នេះ?»។  ព្រះ‌បាទ​អគីស​មាន​រាជ‌ឱង្ការ​មក​កាន់​លោក​ដាវីឌ​ថា៖ «យើង​ដឹង​ហើយ យើង​ពេញ​ចិត្ត​នឹង​លោក ដូច​ពេញ​ចិត្ត​នឹង​ទេវទូត​របស់​ព្រះ‌ជាម្ចាស់ ប៉ុន្តែ​ពួក​មេ​ដឹក​នាំ​របស់​ជន​ជាតិ​ភីលីស្ទីន​បាន​សម្រេច​ថា មិន​ឲ្យ​លោក​ចេញ​ទៅ​ច្បាំង​រួម​ជា​មួយ​ពួក​យើង​ឡើយ។ ១០ ដូច្នេះ លោក និង​ទាហាន​របស់​ស្តេច​សាអ៊ូល​ដែល​នៅ​ជា​មួយ​លោក ត្រូវ​ក្រោក​ឡើង​ពី​ព្រលឹម ហើយ​នាំ​គ្នា​ចេញ​ដំណើរ​ទៅ នៅ​ពេល​ថ្ងៃ​រះ»។ ១១ ព្រឹក​ឡើង​លោក​ដាវីឌ ព្រម​ទាំង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក ក្រោក​ពី​ព្រលឹម វិល​ត្រឡប់​ទៅ​ស្រុក​ភីលីស្ទីន​វិញ។ ចំណែក​ឯ​កង‌ទ័ព​ភីលីស្ទីន​នាំ​គ្នា​ចេញ​ដំណើរ​ទៅ​ដល់​យីសរេអែល។
៣០
ជន​ជាតិ​អាម៉ា‌ឡេក​ដុត​កម្ទេច​ក្រុង​ស៊ីគឡាក់ លោក​ដាវីឌ​ដេញ​តាម​កង‌ទ័ព​អាម៉ា‌ឡេក
 នៅ​ថ្ងៃ​ទី​បី លោក​ដាវីឌ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក បាន​ទៅ​ដល់​ក្រុង​ស៊ីគឡាក់។ ប៉ុន្តែ មុន​នោះ ជន​ជាតិ​អាម៉ា‌ឡេក​បាន​រាត‌ត្បាត​តំបន់​ណេកិប និង​ក្រុង​ស៊ីគឡាក់។ ពួក​គេ​ដុត​កម្ទេច​ក្រុង​ស៊ីគឡាក់​ចោល  ហើយ​កៀរ​ពួក​ស្រីៗ និង​អស់​អ្នក​ដែល​រស់​នៅ​ក្រុង​នោះ ទាំង​ក្មេង ទាំង​ចាស់ នាំ​យក​ទៅ​ជា​ឈ្លើយ។ ពួក​គេ​មិន​បាន​សម្លាប់​នរណា​ម្នាក់​ឡើយ គឺ​គ្រាន់​តែ​កៀរ​យក​ទៅ​ជា​មួយ រួច​បន្ដ​ដំណើរ​ទៅ​មុខ​ទៀត។  កាល​លោក​ដាវីឌ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក​មក​ដល់​ទី‌ក្រុង​វិញ ឃើញ​ក្រុង​នោះ​ត្រូវ​គេ​ដុត​បំផ្លាញ ហើយ​ប្រពន្ធ កូន​ប្រុស កូន​ស្រី ត្រូវ​ខ្មាំង​កៀរ​យក​ទៅ​ជា​ឈ្លើយ​ដូច្នេះ  លោក​ដាវីឌ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​នាំ​គ្នា​ស្រែក​ទ្រហោ​យំ រហូត​ទាល់​តែ​លែង​មាន​កម្លាំង​យំ​ទៀត។  ភរិយា​ទាំង​ពីរ​នាក់​របស់​លោក​ដាវីឌ គឺ​នាង​អហ៊ី‌ណូអាំ​ដែល​ជា​អ្នក​ស្រុក​យីសរេអែល និង​នាង​អប៊ី‌កាអ៊ីល ជា​ប្រពន្ធ​របស់​សព​លោក​ណាបាល អ្នក​ភូមិ​កាម៉ិល ក៏​ត្រូវ​គេ​កៀរ​យក​ទៅ​ដែរ។
 ពេល​នោះ លោក​ដាវីឌ​មាន​ទុក្ខ​កង្វល់​យ៉ាង​ខ្លាំង ព្រោះ​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក​គិត​គ្នា​ចង់​យក​ដុំ​ថ្ម​គប់​សម្លាប់​លោក ដ្បិត​ម្នាក់ៗ​ឈឺ​ចាប់​ក្នុង​ចិត្ត ដោយ​ព្រួយ​បារម្ភ​ដល់​កូន​ប្រុស កូន​ស្រី​របស់​ពួក​គេ។ ប៉ុន្តែ ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​លោក​ដាវីឌ ប្រទាន​ឲ្យ​លោក​មាន​កម្លាំង​ចិត្ត​ឡើង​វិញ។  លោក​ដាវីឌ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​បូជា‌ចារ្យ​អប៊ីយ៉ាថារ ជា​កូន​របស់​លោក​អហ៊ី‌មេឡេក​ថា៖ «សូម​យក​អាវ​អេផូដ*​មក​ឲ្យ​ខ្ញុំ!»។ លោក​អប៊ីយ៉ាថារ​ក៏​ទៅ​យក​អាវ​អេផូដ​មក​ជូន។  លោក​ដាវីឌ​ទូល​សួរ​ព្រះ‌អម្ចាស់​ថា៖ «ប្រសិន​បើ​ទូល‌បង្គំ​ដេញ​តាម​ពួក​ចោរ​នោះ តើ​ទូល‌បង្គំ​តាម​ទាន់​ឬ​ទេ?»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ដេញ​តាម​ពួក​គេ​ចុះ អ្នក​នឹង​តាម​ទាន់ ព្រម​ទាំង​រំដោះ​អស់​អ្នក​ដែល​គេ​កៀរ​យក​ទៅ​នោះ​បាន​មក​វិញ​ផង»។  លោក​ដាវីឌ និង​ទាហាន​ទាំង​ប្រាំ‌មួយ‌រយ​នាក់ ដែល​នៅ​ជា​មួយ​លោក នាំ​គ្នា​ចេញ​ដំណើរ​ទៅ។ លុះ​ទៅ​ដល់​ទឹក​ជ្រោះ​បេស៊រ ទាហាន​មួយ​ក្រុម​ឈប់​នៅ​ទី​នោះ។ ១០ លោក​ដាវីឌ និង​ទាហាន​បួន‌រយ​នាក់​បន្ត​ដំណើរ​ទៅ​ទៀត ដោយ​ទុក​ទាហាន​ពីរ‌រយ​នាក់​ឲ្យ​នៅ​ខាង​ក្រោយ ព្រោះ​ពួក​គេ​ហេវ‌ហត់​ពេក ពុំ​អាច​ឆ្លង​ទឹក​ជ្រោះ​បេស៊រ​នោះ​បាន។
១១ ពួក​គេ​បាន​ប្រទះ​ឃើញ​ជន​ជាតិ​អេស៊ីប​ម្នាក់ នៅ​ឯ​វាល ហើយ​នាំ​មក​ជូន​លោក​ដាវីឌ។ គេ​យក​នំបុ័ង និង​ទឹក​ឲ្យ​គាត់​បរិភោគ ១២ ព្រម​ទាំង​ឲ្យ​នំ​ធ្វើ​ពី​ផ្លែ​ឧទុម្ពរ​ក្រៀម និង​ផ្លែ​ទំពាំង‌បាយ‌ជូរ​ក្រៀម​ពីរ​កញ្ចប់​មក​គាត់​ដែរ។ ក្រោយ​ពី​បាន​បរិភោគ​រួច​ហើយ គាត់​ក៏​មាន​កម្លាំង​ឡើង​វិញ ដ្បិត​គាត់​អត់​បាយ​អត់​ទឹក​ចំនួន​បី​ថ្ងៃ​បី​យប់​មក​ហើយ។ ១៣ លោក​ដាវីឌ​សួរ​គាត់​ថា៖ «តើ​អ្នក​ជា​កូន​ចៅ​នរណា? ហើយ​មក​ពី​ណា​ដែរ?»។ គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​បាទ​ជា​យុវ‌ជន​ជាតិ​អេស៊ីប និង​ជា​បាវ​បម្រើ​របស់​ជន​ជាតិ​អាម៉ា‌ឡេក​ម្នាក់។ ម្ចាស់​របស់​ខ្ញុំ​បាទ​បោះ​បង់​ខ្ញុំ​បាទ​ចោល​ចំនួន​បី​ថ្ងៃ​មក​ហើយ ព្រោះ​ខ្ញុំ​បាទ​មាន​ជំងឺ។ ១៤ កាល​ពី​មុន ពួក​យើង​បាន​ទៅ​រាត‌ត្បាត​នៅ​ប៉ែក​ខាង​ត្បូង​ស្រុក​របស់​ជន​ជាតិ​កេរេទី ទឹក​ដី​ជន​ជាតិ​យូដា និង​ខាង​ត្បូង​ស្រុក​កាលែប ហើយ​ដុត​ក្រុង​ស៊ីគឡាក់​ចោល​ផង»។ ១៥ លោក​ដាវីឌ​សួរ​ទៀត​ថា៖ «តើ​អ្នក​អាច​នាំ​ខ្ញុំ​ទៅ​រក​ពួក​ចោរ​នោះ​បាន​ឬ​ទេ?»។ បុរស​នោះ​ឆ្លើយ​ថា៖ «ខ្ញុំ​បាទ​អាច​នាំ​លោក​ទៅ​រក​ពួក​គេ​បាន តែ​សូម​លោក​មេត្តា​ស្បថ​ក្នុង​នាម​ព្រះ‌ជាម្ចាស់​ថា លោក​មិន​សម្លាប់​ខ្ញុំ​បាទ​ចោល​ទេ ហើយ​ក៏​មិន​ប្រគល់​ខ្ញុំ​បាទ​ទៅ​ឲ្យ​ម្ចាស់​របស់​ខ្ញុំ​បាទ​វិញ​ដែរ»។
លោក​ដាវីឌ​វាយ​ឈ្នះ​កង‌ទ័ព​អាម៉ា‌ឡេក
១៦ បុរស​នោះ​នាំ​លោក​ដាវីឌ​ទៅ​ដល់​ពួក​អាម៉ា‌ឡេក ដែល​ស្នាក់​នៅ​ពាស‌ពេញ​ក្នុង​តំបន់​នោះ ហើយ​កំពុង​តែ​ស៊ី​ផឹក​សប្បាយ ដោយ‌សារ​គេ​រឹប​យក​បាន​ជ័យ‌ភ័ណ្ឌ​ដ៏​សន្ធឹក‌សន្ធាប់​ពី​ស្រុក​ភីលីស្ទីន និង​ស្រុក​យូដា។ ១៧ លោក​ដាវីឌ​វាយ​ប្រហារ​ពួក​នោះ នៅ​ថ្ងៃ​បន្ទាប់ តាំង​ពី​ព្រលឹម​រហូត‌ទល់​ព្រលប់។ គ្មាន​នរណា​ម្នាក់​រត់​រួច​ឡើយ លើក‌លែង​តែ​ពួក​យុវ‌ជន​បួន‌រយ​នាក់ ដែល​ជិះ​អូដ្ឋ​គេច​ខ្លួន​ចេញ​ទៅ។ ១៨ លោក​ដាវីឌ​រំដោះ​អ្វីៗ​ទាំង​ប៉ុន្មាន ដែល​ពួក​អាម៉ា‌ឡេក​ប្លន់​យក​ទៅ ហើយ​លោក​ក៏​រំដោះ​ភរិយា​ទាំង​ពីរ​របស់​លោក​មក​វិញ​ដែរ។ ១៩ លោក​ដាវីឌ​បាន​ដណ្ដើម​យក​អ្វីៗ​ទាំង​អស់​មក​វិញ។ ពួក​លោក​មិន​បាត់​បង់​នរណា​ម្នាក់​សោះ​ឡើយ គឺ​គេ​បាន​នាំ​ក្រុម​គ្រួសារ​របស់​ខ្លួន ទាំង​ក្មេង ទាំង​ចាស់ ទាំង​កូន​ប្រុស ទាំង​កូន​ស្រី ហើយ​ដណ្ដើម​ជ័យ‌ភ័ណ្ឌ និង​អ្វីៗ​ដែល​ខ្មាំង​សត្រូវ​នាំ​យក​ទៅ​នោះ​មក​វិញ​ដែរ។ ២០ លោក​ដាវីឌ​រឹប​អូស​យក​បាន​ហ្វូង​ចៀម និង​ហ្វូង​គោ​ទាំង​អស់។ អស់​អ្នក​ដែល​ដឹក​នាំ​ហ្វូង​សត្វ​ទាំង​នោះ​ពោល​ថា៖ «នេះ​ហើយ​ជា​ជ័យ‌ភ័ណ្ឌ​របស់​លោក​ដាវីឌ»។
២១ លោក​ដាវីឌ​វិល​មក​ជួប​ទាហាន​ទាំង​ពីរ‌រយ​នាក់ ដែល​ហេវ‌ហត់​ខ្លាំង​ពេក មិន​អាច​ទៅ​តាម​លោក ហើយ​ដែល​គេ​បាន​ទុក​ឲ្យ​សម្រាក​នៅ​ក្បែរ​ទឹក​ជ្រោះ​បេស៊រ​នោះ។ ពួក​គេ​រត់​មក​ទទួល​លោក​ដាវីឌ និង​អ្នក​ដែល​នៅ​ជា​មួយ​លោក​ផង។ លោក​ដាវីឌ​ចូល​ទៅ​ជិត ហើយ​សួរ​សុខ​ទុក្ខ​ពួក​គេ។ ២២ នៅ​ក្នុង​ចំណោម​ទាហាន​របស់​លោក​ដាវីឌ មាន​អ្នក​ខ្លះ​មាន​ចិត្ត​អាក្រក់ និង​ចិត្ត​ពាល នាំ​គ្នា​ពោល​ឡើង​ថា៖ «អ្នក​ទាំង​នេះ​មិន​បាន​ទៅ​ជា​មួយ​ពួក​យើង​ទេ ដូច្នេះ មិន​ត្រូវ​ចែក​ជ័យ‌ភ័ណ្ឌ​ដែល​ដណ្ដើម​បាន​មក​វិញ​ឲ្យ​ពួក​គេ​ទេ គឺ​ប្រគល់​ត្រឹម​តែ​ប្រពន្ធ និង​កូន​របស់​គេ ឲ្យ​គេ​នាំ​ចេញ​ទៅ​វិញ​ប៉ុណ្ណោះ​បាន​ហើយ»។  ប៉ុន្តែ លោក​ដាវីឌ​មាន​ប្រសាសន៍​ថា៖ «បង‌ប្អូន​អើយ មិន​ត្រូវ​ប្រព្រឹត្ត​ដូច្នេះ ចំពោះ​ទ្រព្យ‌សម្បត្តិ​ដែល​ព្រះ‌អម្ចាស់​ប្រទាន​មក​យើង​នោះ​ឡើយ ដ្បិត​ព្រះ‌អង្គ​បាន​ការ‌ពារ​យើង ព្រម​ទាំង​ប្រគល់​ពួក​ចោរ​ដែល​បាន​វាយ​ប្រហារ​យើង មក​ក្នុង​កណ្ដាប់​ដៃ​របស់​យើង​ដែរ។ ២៤ មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ធ្វើ​តាម​ពាក្យ​របស់​បង‌ប្អូន​ឡើយ ដ្បិត​អ្នក​ទៅ​ច្បាំង​បាន​ទទួល​ប៉ុន‌ណា អ្នក​នៅ​ចាំ​អីវ៉ាន់​ក៏​ទទួល​ប៉ុណ្ណោះ​ដែរ គឺ​ត្រូវ​ចែក​ឲ្យ​ដូចៗ​គ្នា»។
២៥ ពាក្យ​លោក​ដាវីឌ​ថ្លែង​នេះ​ជា​បទ‌បញ្ជា និង​ជា​ច្បាប់​មួយ ដែល​ជន​ជាតិ​អ៊ីស្រា‌អែល​អនុវត្ត​តាម ចាប់​តាំង​ពី​ថ្ងៃ​នោះ​ត​រៀង​មក រហូត​ដល់​សព្វ​ថ្ងៃ។
២៦ កាល​មក​ដល់​ក្រុង​ស៊ីគឡាក់​វិញ លោក​ដាវីឌ​បាន​ផ្ញើ​ចំណែក​ជ័យ‌ភ័ណ្ឌ​ខ្លះ​ទៅ​ជូន​ពួក​ព្រឹទ្ធាចារ្យ នៅ​ស្រុក​យូដា ដែល​ជា​មិត្ត‌ភក្ដិ​របស់​លោក ដោយ​ផ្តាំ​ថា៖ «ជំនូន​ដែល​ខ្ញុំ​ផ្ញើ​មក​ជូន​អស់​លោក​នេះ ជា​ចំណែក​ជ័យ‌ភ័ណ្ឌ​ដែល​យើង​ដណ្ដើម​បាន​ពី​ខ្មាំង​សត្រូវ​របស់​ព្រះ‌អម្ចាស់»។ ២៧ លោក​បាន​ផ្ញើ​ជំនូន​ទាំង​នោះ​ទៅ​ជូន​អស់​លោក​ព្រឹទ្ធាចារ្យ​នៅ​បេតអែល ព្រឹទ្ធាចារ្យ​នៅ​រ៉ា‌ម៉ូត ក្នុង​តំបន់​ណេកិប ព្រឹទ្ធាចារ្យ​នៅ​យ៉ាទៀរ ២៨ ព្រឹទ្ធាចារ្យ​នៅ​អារ៉ូអ៊ែរ ព្រឹទ្ធាចារ្យ​នៅ​ស៊ីភម៉ូត ព្រឹទ្ធាចារ្យ​នៅ​អេសតេម៉ូ ២៩ ព្រឹទ្ធាចារ្យ​នៅ​រ៉ាកាល ព្រឹទ្ធាចារ្យ​នៅ​ភូមិ​របស់​ពួក​យេរ៉ាមេលី ព្រឹទ្ធាចារ្យ​នៅ​ភូមិ​របស់​ពួក​គេនី ៣០ ព្រឹទ្ធាចារ្យ​នៅ​ហ៊រម៉ា ព្រឹទ្ធាចារ្យ​នៅ​ប៊រ-‌អាសាន ព្រឹទ្ធាចារ្យ​នៅ​អាតាក ៣១ ព្រឹទ្ធាចារ្យ​ហេប្រូន ព្រម​ទាំង​អស់​លោក​ព្រឹទ្ធាចារ្យ​នៅ​គ្រប់​ទី​កន្លែង​ដែល​លោក និង​ទាហាន​របស់​លោក​ធ្លាប់​ឆ្លង​កាត់។
៣១
ព្រះ‌បាទ​សាអ៊ូល និង​បុត្រា​សោយ​ទិវង្គត
 កង‌ទ័ព​ភីលីស្ទីន​វាយ​ប្រហារ​កង‌ទ័ព​អ៊ីស្រា‌អែល។ ពល‌ទាហាន​អ៊ីស្រា‌អែល​បាក់​ទ័ព រត់​នៅ​មុខ​ពួក​ភីលីស្ទីន ហើយ​ទាហាន​អ៊ីស្រា‌អែល​ជា​ច្រើន​នាក់​បាន​ស្លាប់​នៅ​លើ​ភ្នំ​គីលបោ។  ពួក​ភីលីស្ទីន​ដេញ​តាម​ព្រះ‌បាទ​សាអ៊ូល និង​បុត្រា​យ៉ាង​ប្រកិត ពួក​គេ​សម្លាប់​សម្តេច​យ៉ូណាថាន សម្តេច​អប៊ី‌ណាដាប់ និង​សម្តេច​ម៉ាល់គី‌ស៊ូអា ជា​បុត្រ​របស់​ព្រះ‌បាទ​សាអ៊ូល។  បន្ទាប់​មក ពួក​គេ​សម្រុក​ទៅ​លើ​ព្រះ‌បាទ​សាអ៊ូល ទ័ព​បាញ់​ព្រួញ​បាន​ដេញ​តាម​ទាន់​ព្រះ‌បាទ​សាអ៊ូល ធ្វើ​ឲ្យ​ស្តេច​តក់‌ស្លុត​យ៉ាង​ខ្លាំង។  ស្តេច​មាន​រាជ‌ឱង្ការ​ទៅ​សេនា​ដែល​កាន់​គ្រឿង​សាស្ត្រា‌វុធ​របស់​ស្តេច​ថា៖ «ចូរ​ហូត​ដាវ​របស់​ឯង​ចាក់​យើង​មក ព្រោះ​យើង​មិន​ចង់​ស្លាប់​ដោយ​ដៃ​របស់​សាសន៍​ដទៃ ហើយ​ឲ្យ​ពួក​គេ​ប្រមាថ​មើល‌ងាយ​យើង​ទេ»។ ប៉ុន្តែ សេនា​នោះ​មិន​ហ៊ាន​សម្លាប់​ស្តេច​ឡើយ ព្រោះ​គាត់​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង។ ដូច្នេះ ព្រះ‌បាទ​សាអ៊ូល​ក៏​ហូត​ដាវ ហើយ​ផ្តួល​ខ្លួន​ទៅ​លើ​មុខ​ដាវ​នោះ។  កាល​សេនា​ដែល​កាន់​គ្រឿង​សស្ត្រា​របស់​ស្តេច​ឃើញ​ស្តេច​សោយ​ទិវង្គត​ដូច្នេះ គាត់​ក៏​ហូត​ដាវ រួច​ផ្តួល​ខ្លួន​ទៅ​លើ​មុខ​ដាវ ស្លាប់​ជា​មួយ​ស្តេច​ដែរ។  ដូច្នេះ ព្រះ‌បាទ​សាអ៊ូល បុត្រា​ទាំង​បី​អង្គ សេនា​ដែល​កាន់​គ្រឿង​សស្ត្រា​របស់​ស្តេច និង​ពល‌ទាហាន​ទាំង​អស់ បាន​ស្លាប់​ជា​មួយ​គ្នា ក្នុង​ថ្ងៃ​តែ​មួយ។
 កាល​ទ័ព​អ៊ីស្រា‌អែល​ដែល​ស្ថិត​នៅ​លើ​ភ្នំ​ម្ខាង​ទៀត និង​នៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់ ដឹង​ថា អ៊ីស្រា‌អែល​បាក់​ទ័ព ហើយ​ព្រះ‌បាទ​សាអ៊ូល ព្រម​ទាំង​បុត្រា​សុគត​អស់ នោះ​ពួក​គេ​ក៏​បោះ​បង់​ទី‌ក្រុង​ចោល រត់​ភៀស​ខ្លួន​អស់។ កង‌ទ័ព​ភីលីស្ទីន​ចូល​មក​កាន់​កាប់​ក្រុង​ទាំង​នោះ។  ស្អែក​ឡើង ពួក​ភីលីស្ទីន​នាំ​គ្នា​ដើរ​ប្រមូល​របស់​របរ​ដែល​នៅ​ជាប់​នឹង​សាក‌សព ហើយ​ឃើញ​សាក‌សព​របស់​ព្រះ‌បាទ​សាអ៊ូល និង​បុត្រា​ទាំង​បី​អង្គ នៅ​លើ​ភ្នំ​គីលបោ។  ពួក​គេ​ក៏​កាត់​ក​ស្តេច ព្រម​ទាំង​ដោះ​គ្រឿង​សាស្ត្រា‌វុធ​ចេញ​ពី​សព​ផង រួច​ផ្ញើ​ទៅ​គ្រប់​ទី​កន្លែង​ក្នុង​ស្រុក​ភីលីស្ទីន​ទាំង​មូល។ គេ​ប្រកាស​ដំណឹង​នេះ​នៅ​តាម​វិហារ​នៃ​ព្រះ​របស់​ពួក​គេ និង​ក្នុង​ចំណោម​ប្រជាជន​ផង។ ១០ បន្ទាប់​មក ពួក​គេ​យក​គ្រឿង​សាស្ត្រា‌វុធ​របស់​ព្រះ‌បាទ​សាអ៊ូល​ទៅ​តម្កល់​ទុក​ក្នុង​វិហារ​នៃ​ព្រះ​អាស្តា‌រ៉ូត ហើយ​យក​សព​របស់​ស្តេច​ទៅ​ព្យួរ​នៅ​កំពែង​ក្រុង​បេតសាន។
១១ អ្នក​ក្រុង​យ៉ាបេស ក្នុង​ស្រុក​កាឡាដ បាន​ដឹង​អំពី​ហេតុ‌ការណ៍​ដែល​ពួក​ភីលីស្ទីន​ប្រព្រឹត្ត​ចំពោះ​ព្រះ‌បាទ​សាអ៊ូល។ ១២ ពួក​ទាហាន​ដ៏​អង់‌អាច​នៅ​ក្រុង​នោះ​ក៏​នាំ​គ្នា​ចេញ​ដំណើរ​ទៅ។ ក្រោយ​ពី​ដើរ​អស់‌រយៈ​ពេល​ពេញ​មួយ​យប់ ពួក​គេ​បាន​ទៅ​ដល់​ក្រុង​បេតសាន ហើយ​ស្រាយ​សព​របស់​ព្រះ‌បាទ​សាអ៊ូល និង​បុត្រា ចុះ​ពី​កំពែង​ក្រុង​នោះ រួច​នាំ​គ្នា​វិល​ត្រឡប់​មក​ក្រុង​យ៉ាបេស​វិញ យក​សព​ទាំង​នោះ​ទៅ​បូជា។ ១៣ ពួក​គេ​រើស​ធាតុ​យក​ទៅ​បញ្ចុះ​ក្រោម​ដើម​ជ្រៃ​នៅ​ក្រុង​យ៉ាបេស ហើយ​នាំ​គ្នា​តម​អាហារ ចំនួន​ប្រាំ​ពីរ​ថ្ងៃ។
558 Views

Theme: Overlay by Kaira