សម្ពន្ធមេត្រីចាស់ (Old Testament) 46
១. គម្ពីរធម្មវិន័យ (Pentateuch) 5
កំណើតពិភពលោក (កណ) Genesis (Gn)
សេរីភាព (សរ) Exodus (Ex)
លេវីវិន័យ (លវ) Leviticus (Lv)
ជំរឿនប្រជាជន (ជរ) Numbers (Nm)
ទុតិយកថា (ទក) Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត (History) 16
យ៉ូស៊ូអា (យអ) Joshua (Jos)
វិរបុរស (វរ) Judges (Jdg)
នាងរូថ (នរ) Ruth (Ru)
១សាមូអែល (១សម) 1 Samuel (1 Sm)
២សាមូអែល (២សម) 2 Samuel (2 Sm)
១ពង្សាវតារក្សត្រ (១ពង្ស) 1 Kings (1 Kg)
២ពង្សាវតារក្សត្រ (២ពង្ស) 2 Kings (2 Kg)
១របាក្សត្រ (១របា) 1 Chronicles (1 Ch)
២របាក្សត្រ (២របា) 2 Chronicles (2 Ch)
អែសរ៉ា (អរ) Ezra (Ezr)
នេហេមី (នហ) Nehemiah (Neh)
យ៉ូឌីត (យឌ) Judith (Jdt)
តូប៊ីត (តប) Tobit (Tb)
អែសធែរ (អធ) Esther (Est)
១ម៉ាកាបាយ (១មបា) 1 Maccabees (1 Mc)
២ម៉ាកាបាយ (២មបា) 2 Maccabees (2 Mc)
៣. គម្ពីរប្រាជ្ញាញាណ (Wisdom) 7
ទំនុកតម្កើង (ទំន) Psalms (Ps)
យ៉ូប (យ៉ូប) Job (Jb)
សុភាសិត (សភ) Proverbs (Prv)
បទចម្រៀង (បច) Song of Songs (Sg)
សាស្តា (សស) Ecclesiastes (Eccl)
ព្រះប្រាជ្ញាញាណ (ប្រាញ) Wisdom (Wis)
បេនស៊ីរ៉ាក់ (បសរ) Sirach (Sir)
៤. គម្ពីរព្យាការី (Prophet) 18
អេសាយ (អស) Isaiah (Is)
យេរេមី (យរ) Jeremiah (Jer)
អេសេគីអែល (អគ) Ezekiel (Ez)
ហូសេ (ហស) Hosea (Ho)
យ៉ូអែល (យអ) Joel (Jl)
អម៉ូស (អម) Amos (Am)
អូបាឌី (អឌ) Obadiah (Ob)
យ៉ូណាស (យណ) Jonah (Jon)
មីកា (មីក) Micah (Mi)
ណាហ៊ូម (ណហ) Nahum (Na)
ហាបាគូក (ហគ) Habakkuk (Hb)
សេផានី (សផ) Zephaniah (Zep)
ហាកាយ (ហក) Haggai (Hg)
សាការី (សក) Zechariah (Zec)
ម៉ាឡាគី (មគ) Malachi (Mal)
សំណោក (សណ) Lamentations (Lam)
ដានីអែល (ដន) Daniel (Dn)
បារូក (បារ) Baruch (Ba)
សម្ពន្ធមេត្រីថ្មី (New Testament) 27
១. គម្ពីរដំណឹងល្អ (Gospels) 4
ម៉ាថាយ (មថ) Matthew (Mt)
ម៉ាកុស (មក) Mark (Mk)
លូកា (លក) Luke (Lk)
យ៉ូហាន (យហ) John (Jn)
២. គម្ពីរប្រវត្តិសាស្រ្ត (History) 1
កិច្ចការគ្រីស្តទូត (កក) Acts of the Apostles (Acts)
៣. លិខិតសន្តប៉ូល (Paul Letters) 13
រ៉ូម (រ៉ូម) Romans (Rom)
១កូរិនថូស (១ករ) 1 Corinthians (1 Cor)
២កូរិនថូស (២ករ) 2 Corinthians (2 Cor)
កាឡាទី (កាឡ) Galatians (Gal)
អេភេសូ (អភ) Ephesians (Eph)
ភីលីព (ភីល) Philippians (Phil)
កូឡូស (កូឡ) Colossians (Col)
១ថេស្សាឡូនិក (១ថស) 1 Thessalonians (1 Thes)
២ថេស្សាឡូនិក (២ថស) 2 Thessalonians (2 Thes)
១ធីម៉ូថេ (១ធម) 1 Timothy (1 Tm)
២ធីម៉ូថេ (២ធម) 2 Timothy (2 Tm)
ទីតុស (ទត) Titus (Ti)
ភីលេម៉ូន (ភល) Philemon (Phlm)
៤. សំណេរសកល (Catholic Letters) 5
ហេប្រឺ (ហប) Hebrews (Heb)
យ៉ាកុប (យក) James (Jas)
១សិលា (១សល) 1 Peter (1 Pt)
២សិលា (២សល) 2 Peter (2 Pt)
យូដាស (យដ) Jude (Jude)
៥. សំណេរសន្តយ៉ូហាន (John Writings) 4
១យ៉ូហាន (១យហ) 1 John (1 Jn)
២យ៉ូហាន (២យហ) 2 John (2 Jn)
៣យ៉ូហាន (៣យហ) 3 John (3 Jn)
វិវរណៈ (វវ) Revelation (Rev)

នាងរូថ

នាង​រូថ

ពាក្យ​លំនាំ

កណ្ឌ​គម្ពីរ «នាង​រូថ»  រៀប​រាប់​អំពី​រឿង​ដែល​កើត​មាន​នៅ​ជំនាន់​ពួក​វីរ‌បុរស (១.១) ក្នុង​គោល​បំណង​បង្ហាញ​នូវ​របៀប​ដែល​ស្ត្រី​មួយ​រូប​ជា​សាសន៍​ដទៃ បាន​មក​ចូល​រួម​ក្នុង​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌ជាម្ចាស់។
កណ្ឌ​គម្ពីរ​នេះ​សង្កត់​ទៅ​លើ​ភក្តី‌ភាព​របស់​នាង​រូថ ដែល​ជា​ស្ត្រី​សាសន៍​ម៉ូអាប់ ចំពោះ​ក្រុម​គ្រួសារ​ប្ដី​របស់​នាង និង​ភក្តី‌ភាព​របស់​នាង​ចំពោះ​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល។ ព្រះ‌ជាម្ចាស់​ឆ្លើយ​តប​នឹង​ភក្តី‌ភាព​របស់​នាង ដោយ​ស្រោច​ស្រង់​នាង និង​ម្ដាយ​ក្មេក​របស់​នាង ឲ្យ​រួច​ផុត​ពី​ភាព​កំសត់​ទុរគត ហើយ​ប្រោស​ប្រទាន​ឲ្យ​នាង​បាន​សម្បូណ៌‌សប្បាយ និង​មាន​សុភមង្គល។ កណ្ឌ​គម្ពីរ​នេះ​នាំ​យក​មេរៀន​ដ៏​វិសេស​មក​អប់រំ​យើង អំពី​ភក្តី‌ភាព​រវាង​មនុស្ស និង​មនុស្ស ព្រម​ទាំង​ការ​ទុក​ចិត្ត​លើ​ព្រះ‌ជាម្ចាស់។
កំណើត​កូន​ប្រុស​របស់​នាង​រូថ ជា​ចំណុច​មួយ​ដ៏​សំខាន់​ក្នុង​រឿង​នេះ ព្រោះ​ក្រោយ​មក កូន​ប្រុស​របស់​នាង​ត្រូវ​ជា​ជីតា​របស់​ព្រះ‌បាទ​ដាវីឌ។ ហេតុ​នេះ​ហើយ បាន​ជា​នាង​រូថ​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​រាយ​នាម​បុព្វ‌បុរស​របស់​ព្រះ‌យេស៊ូ (ម៉ាថាយ ១.៥)។
ទុក្ខ​វេទនា​របស់​គ្រួសារ​លោក​អេលី‌ម៉េឡេក
 នៅ​ជំនាន់​អស់​លោក​វីរ‌បុរស មាន​កើត​ទុរ្ភិក្ស​ពេញ​ក្នុង​ស្រុក។ ពេល​នោះ មាន​បុរស​ម្នាក់​នៅ​ភូមិ​បេថ្លេហិម ក្នុង​ស្រុក​យូដា បាន​នាំ​ភរិយា និង​កូន​ប្រុស​ទាំង​ពីរ​នាក់ ចេញ​ទៅ​រស់​នៅ​ក្នុង​ស្រុក​ម៉ូអាប់។  បុរស​នោះ​ឈ្មោះ​អេលី‌ម៉េឡេក ភរិយា​របស់​គាត់​ឈ្មោះ​ណា‌អូមី ហើយ​កូន​គាត់​ទាំង​ពីរ​ឈ្មោះ​ម៉ាឡូន និង​គីលី‌យ៉ូន។ គ្រួសារ​នេះ​ជា​អ្នក​នៅ​ក្នុង​អំបូរ​អេប្រា‌តា នៅ​ភូមិ​បេថ្លេហិម ក្នុង​ស្រុក​យូដា។ គេ​បាន​ទៅ​ដល់​ស្រុក​ម៉ូអាប់ ហើយ​ក៏​រស់​នៅ​ទី​នោះ។  ក្រោយ​មក លោក​អេលី‌ម៉េឡេក​បាន​ទទួល​មរណ‌ភាព ទុក​ឲ្យ​នាង​ណា‌អូមី​នៅ​ជា​មួយ​កូន​ប្រុស​ទាំង​ពីរ។  កូន​ទាំង​ពីរ​បាន​រៀប‌ការ​ជា​មួយ​ស្ត្រី​សាសន៍​ម៉ូអាប់ ម្នាក់​ឈ្មោះ​អ៊រប៉ា និង​ម្នាក់​ទៀត​ឈ្មោះ​រូថ។ គេ​រស់​នៅ​ក្នុង​ស្រុក​នោះ​អស់‌រយៈ​ពេល​ប្រហែល​ដប់​ឆ្នាំ។  បន្ទាប់​មក ម៉ាឡូន និង​គីលី‌យ៉ូន ក៏​ស្លាប់​ទៅ​ដែរ ទុក​នាង​ណា‌អូមី​ជា​ម្ដាយ​ឲ្យ​នៅ​តែ​ម្នាក់​ឯង បាត់​ទាំង​ប្ដី​បាត់​ទាំង​កូន។
នាង​ណា‌អូមី​វិល​ត្រឡប់​ទៅ​ភូមិ​បេថ្លេហិម​វិញ​ជា​មួយ​នាង​រូថ​ជា​កូន​ប្រសា
 នៅ​ស្រុក​ម៉ូអាប់ នាង​ណា‌អូមី​បាន​ឮ​គេ​និយាយ​ថា ព្រះ‌អម្ចាស់​ប្រោស‌ប្រណី​ដល់​ប្រជាជន​ព្រះ‌អង្គ ដោយ​ប្រទាន​ឲ្យ​ពួក​គេ​មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់។ នាង​ក៏​រៀប‌ចំ​ខ្លួន​ចាក​ចេញ​ពី​ស្រុក​ម៉ូអាប់​ជា​មួយ​កូន​ប្រសា​ស្រី​ទាំង​ពីរ​នាក់។  នាង​ណា‌អូមី និង​កូន​ប្រសា​ទាំង​ពីរ នាំ​គ្នា​ចេញ​ដំណើរ​ពី​ស្រុក​ដែល​នាង​ធ្លាប់​រស់​នៅ វិល​ត្រឡប់​មក​ស្រុក​យូដា​វិញ។
 ពេល​នោះ នាង​ណា‌អូមី​ពោល​ទៅ​កាន់​កូន​ប្រសា​ស្រី​ទាំង​ពីរ​ថា៖ «ចូរ​កូន​ត្រឡប់​ទៅ​នៅ​ជា​មួយ​ម្ដាយ​រៀងៗ​ខ្លួន​វិញ​ទៅ! សូម​ព្រះ‌អម្ចាស់​សម្ដែង​ព្រះ‌ហឫទ័យ​សប្បុរស​ចំពោះ​នាង ដូច​នាង​ធ្លាប់​មាន​ចិត្ត​សប្បុរស​ចំពោះ​កូន​ខ្ញុំ​ដែល​បាន​ស្លាប់​ទៅ​ហើយ និង​ចំពោះ​រូប​ខ្ញុំ​ដែរ។  សូម​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​នាង​ទាំង​ពីរ​បាន​ប្ដី​ថ្មី និង​មាន​សុភមង្គល​ក្នុង​គ្រួសារ​រៀងៗ​ខ្លួន​ផង»។ បន្ទាប់​មក នាង​ណា‌អូមី​ថើប​លា​កូន​ប្រសា​ទាំង​ពីរ​នាក់ ហើយ​គេ​ទ្រហោ​យំ​ទាំង​អស់​គ្នា។ ១០ កូន​ប្រសា​ទាំង​ពីរ​ពោល​ទៅ​ម្ដាយ​ក្មេក​វិញ​ថា៖ «ទេ! យើង​ខ្ញុំ​ទៅ​ជា​មួយ​អ្នក​ម្ដាយ ជា​មួយ​ជន​ជាតិ​របស់​អ្នក​ម្ដាយ​ដែរ»។ ១១ ប៉ុន្តែ​នាង​ណា‌អូមី​ប្រកែក​ថា៖ «កូន​ទាំង​ពីរ​ត្រូវ​តែ​ត្រឡប់​ទៅ​វិញ ហេតុ​អ្វី​បាន​ជា​កូន​ចង់​ទៅ​ជា​មួយ​ម្ដាយ?។ ម៉ែ​ហួស​អាយុ​នឹង​មាន​កូន​ប្រុស ដែល​អាច​រៀប‌ការ​ជា​មួយ​នាង​ហើយ។ ១២ ចូរ​ត្រឡប់​ទៅ​វិញ​ចុះ! ម៉ែ​ចាស់​ណាស់​ហើយ មិន​អាច​មាន​ប្ដី​ទៀត​ទេ។ បើ​សិន​ជា​ម៉ែ​មាន​សង្ឃឹម​ថា​នឹង​បាន​រួម​រស់​ជា​មួយ​បុរស​ណា​ម្នាក់ នៅ​យប់​នេះ ហើយ​បង្កើត​បាន​កូន​ប្រុសៗ ១៣ តើ​នាង​អាច​ទ្រាំ​ចាំ​រហូត​ដល់​កូន​នោះ​ពេញ​វ័យ​បាន​ឬ? តើ​សុខ​ចិត្ត​រស់​នៅ​ដោយ​ឥត​មាន​ប្ដី​ដូច្នេះ​ឬ? ទេ​កូន​អើយ ធ្វើ​ដូច្នេះ​មិន​កើត​ទេ!។ ព្រះ‌អម្ចាស់​ងាក​មក​ប្រឆាំង​នឹង​ម៉ែ ធ្វើ​ឲ្យ​វាសនា​របស់​ម៉ែ ល្វីង​ជូរ​ចត់​ជាង​វាសនា​កូន​ទាំង​ពីរ​ទៅ​ទៀត»។
១៤ ពេល​នោះ កូន​ប្រសា​ទាំង​ពីរ​នាក់​ទ្រហោ​យំ​សា​ជា​ថ្មី។ នាង​អ៊រប៉ា​ក៏​ថើប​លា​ម្ដាយ​ក្មេក​ទៅ រីឯ​នាង​រូថ​វិញ នាង​សម្រេច​ចិត្ត​នៅ​ជា​មួយ​ម្ដាយ​ក្មេក។ ១៥ នាង​ណា‌អូមី​និយាយ​ទៅ​កាន់​នាង​រូថ​ថា៖ «មើល៍! ប្អូន​ថ្លៃ​កូន​បាន​វិល​ត្រឡប់​ទៅ​រក​ជន​ជាតិ​របស់​នាង និង​ទៅ​បម្រើ​ព្រះ​របស់​នាង​វិញ​ហើយ ចូរ​កូន​ទៅ​តាម​ប្អូន​ថ្លៃ​របស់​កូន​ចុះ!»។ ១៦ ប៉ុន្តែ​នាង​រូថ​ឆ្លើយ​ថា៖ «សូម​អ្នក​ម្ដាយ​កុំ​បង្ខំ​កូន​ឲ្យ​ចាក​ចេញ​ពី​អ្នក​ម្ដាយ​ធ្វើ​អ្វី! អ្នក​ម្ដាយ​ទៅ​ទី​ណា កូន​ក៏​ទៅ​ទី​នោះ​ដែរ អ្នក​ម្ដាយ​ស្នាក់​នៅ​កន្លែង​ណា កូន​ក៏​ស្នាក់​នៅ​កន្លែង​នោះ​ដែរ។ ជន​ជាតិ​របស់​អ្នក​ម្ដាយ​ជា​ជន​ជាតិ​របស់​កូន ហើយ​ព្រះ​របស់​អ្នក​ម្ដាយ​ក៏​ជា​ព្រះ​របស់​កូន​ដែរ។ ១៧ អ្នក​ម្ដាយ​ស្លាប់​កន្លែង​ណា កូន​ក៏​ស្លាប់​កន្លែង​នោះ​ដែរ ហើយ​គេ​នឹង​បញ្ចុះ​សព​កូន​នៅ​ទី​នោះ។ មាន​តែ​សេចក្ដី​ស្លាប់​ទេ​ដែល​អាច​បំបែក​កូន​ចេញ​ពី​អ្នក​ម្ដាយ​បាន បើ​មិន​ពិត​ទេ សូម​ព្រះ‌អម្ចាស់​ដាក់​ទោស​មក​លើ​រូប​កូន​ចុះ!»។ ១៨ ដោយ​ឃើញ​ថា​កូន​ប្រសា​ប្ដេជ្ញា​ចិត្ត​ទៅ​ជា​មួយ​ដូច្នេះ នាង​ណា‌អូមី​ក៏​នៅ​ស្ងៀម។
១៩ ម្ដាយ និង​កូន​បាន​ធ្វើ​ដំណើរ​មក​ដល់​ភូមិ​បេថ្លេហិម។ កាល​អ្នក​ទាំង​ពីរ​មក​ដល់​ភូមិ​នោះ អ្នក​ស្រុក​ទាំង​អស់​ក៏​ភ្ញាក់​ផ្អើល ហើយ​ស្ត្រីៗ​និយាយ​គ្នា​ថា៖ «អ្នក​នេះ​ជា​ណា‌អូមី​មែន ឬ​មិន​មែន?»។ ២០ នាង​ណា‌អូមី​ឆ្លើយ​ថា៖ «កុំ​ហៅ​ខ្ញុំ​ថា​“ណា‌អូមី” ទៀត ត្រូវ​ហៅ​ខ្ញុំ​ថា​“ម៉ារ៉ា”​វិញ ដ្បិត​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត បាន​ធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​ល្វីង​ជូរ‌ចត់​ក្រៃ‌លែង។ ២១ ខ្ញុំ​ចាក​ចេញ​ពី​ទី​នេះ​ទៅ ខ្ញុំ​មាន​អ្វីៗ​គ្រប់​យ៉ាង ប៉ុន្តែ ព្រះ‌អម្ចាស់​បាន​ឲ្យ​ខ្ញុំ​ត្រឡប់​មក​វិញ​ដោយ​ដៃ​ទទេ។ សូម​កុំ​ហៅ​ខ្ញុំ​ថា “ណា‌អូមី”ទៀត ដ្បិត​ព្រះ‌អម្ចាស់​បាន​ប្រឆាំង​នឹង​ខ្ញុំ ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត​បាន​ធ្វើ​ឲ្យ​ខ្ញុំ​រង​ទុក្ខ​លំបាក!»។
២២ បែប​ដូច្នេះ​ហើយ ដែល​នាង​ណា‌អូមី​វិល​ត្រឡប់​មក​ភូមិ​កំណើត​វិញ ទាំង​នាំ​នាង​រូថ សាសន៍​ម៉ូអាប់ ជា​កូន​ប្រសា​មក​ជា​មួយ​ផង។ អ្នក​ទាំង​ពីរ​បាន​មក​ដល់​ភូមិ​បេថ្លេហិម នៅ​ដើម​រដូវ​ចម្រូត។
នាង​រូថ​រើស​ស្រូវ​នៅ​ក្នុង​ស្រែ​របស់​លោក​បូអូស
 នាង​ណា‌អូមី​មាន​សាច់‌ញាតិ​ខាង​ប្ដី​ម្នាក់​ឈ្មោះ​បូអូស ជា​អ្នក​មាន​កិត្តិយស និង​មាន​សម្បត្តិ​ស្តុក‌ស្តម្ភ។  នាង​រូថ ជា​សាសន៍​ម៉ូអាប់ ពោល​ទៅ​ម្ដាយ​ក្មេក​ថា៖ «សូម​អ្នក​ម្ដាយ​ឲ្យ​កូន​ទៅ​រើស​ស្រូវ​នៅ​តាម​ស្រែ​នានា​ទៅ គង់​តែ​មាន​គេ​អាណិត ទុក​ឲ្យ​កូន​រើស​ស្រូវ​តាម​ក្រោយ​ពុំ‌ខាន»។ នាង​ណា‌អូមី​ឆ្លើយ​ថា៖ «ទៅ​ចុះ​កូន!»។  នាង​រូថ​ក៏​ចេញ​ទៅ​រើស​ស្រូវ​តាម​ក្រោយ​ពួក​អ្នក​ច្រូត​នៅ​ក្នុង​ស្រែ​មួយ គាប់​ជួន​ប៉ះ​ចំ​លើ​ស្រែ​របស់​លោក​បូអូស ដែល​ត្រូវ​ជា​សាច់‌ញាតិ​របស់​លោក​អេលី‌ម៉េឡេក។
 ពេល​នោះ លោក​បូអូស​បាន​មក​ពី​ភូមិ​បេថ្លេហិម គាត់​ពោល​ទៅ​កាន់​ពួក​អ្នក​ច្រូត​ថា៖ «សូម​ព្រះ‌អម្ចាស់​គង់​ជា​មួយ​អ្នក​រាល់​គ្នា!»។ ពួក​គេ​ឆ្លើយ​ថា៖ «សូម​ព្រះ‌អម្ចាស់​ប្រទាន​ពរ​ដល់​លោក​ដែរ!»។  បន្ទាប់​មក លោក​បូអូស​សួរ​អ្នក​បម្រើ​របស់​លោក ដែល​ទទួល​ខុស​ត្រូវ​លើ​ពួក​អ្នក​ច្រូត​ថា៖ «តើ​នាង​នេះ​ជា​នរណា?»។  បុរស​នោះ​ឆ្លើយ​ថា៖ «នាង​ជា​ស្ត្រី​សាសន៍​ម៉ូអាប់ ដែល​មក​ជា​មួយ​នាង​ណា‌អូមី នៅ​ពេល​គាត់​វិល​ត្រឡប់​មក​ពី​ស្រុក​ម៉ូអាប់​វិញ។  នាង​បាន​សុំ​ដើរ​តាម​ពី​ក្រោយ​ពួក​អ្នក​ច្រូត ដើម្បី​រើស​សន្សំ​ស្រូវ​ដែល​ជ្រុះ​នៅ​លើ​ដី។ នាង​មក​រើស​តាំង​ពី​ព្រលឹម​រហូត​មក​ទល់​ពេល​នេះ ហើយ​នាង​បាន​ទៅ​សម្រាក​នៅ​ផ្ទះ​តែ​មួយ​ស្របក់​ប៉ុណ្ណោះ»។  ពេល​នោះ លោក​បូអូស​និយាយ​ទៅ​កាន់​នាង​រូថ​ថា៖ «នាង​អើយ សូម​ស្ដាប់​ខ្ញុំ! កុំ​ទៅ​រើស​ស្រូវ​ក្នុង​ស្រែ​ណា​ផ្សេង​អី ហើយ​ក៏​កុំ​ទៅ​ណា​ឆ្ងាយ​ពី​ស្រែ​នេះ​ដែរ។ ចូរ​នៅ​ជា​មួយ​ស្រី​បម្រើ​របស់​ខ្ញុំ​ទាំង​នេះ​ចុះ!  ចូរ​ឃ្លាំ​មើល បើ​ឃើញ​គេ​ទៅ​កន្លែង​ណា ចូរ​ដើរ​តាម​គេ​ទៅ។ ខ្ញុំ​បាន​ហាម​អ្នក​បម្រើ​ប្រុសៗ​មិន​ឲ្យ​ប៉ះ‌ពាល់​នាង​ឡើយ។ បើ​នាង​ស្រេក ចូរ​ទៅ​ពិសា​ទឹក​ក្នុង​ក្អម ដែល​ពួក​អ្នក​បម្រើ​របស់​ខ្ញុំ​ដង​ទុក​នោះ​ទៅ!»។ ១០ ពេល​នោះ នាង​រូថ​ក៏​ក្រាប​ចុះ​ឱន​មុខ​ដល់​ដី ហើយ​ពោល​ទៅ​កាន់​លោក​បូអូស​ថា៖ «ហេតុ​អ្វី​ក៏​លោក​ប្រណី​មេត្តា​ដល់​នាង​ខ្ញុំ ដែល​ជា​ជន​បរទេស​ដូច្នេះ?»។ ១១ លោក​បូអូស​ឆ្លើយ​ថា៖ «គេ​ប្រាប់​ខ្ញុំ​យ៉ាង​ច្បាស់​អំពី​ការ​ទាំង​ប៉ុន្មាន ដែល​នាង​បាន​ប្រព្រឹត្ត​ចំពោះ​ម្ដាយ​ក្មេក ក្រោយ​ពេល​ប្ដី​នាង​ស្លាប់​ចោល​ទៅ គឺ​នាង​សុខ​ចិត្ត​លះ‌បង់​ឪពុក​ម្ដាយ និង​ស្រុក​កំណើត មក​រស់​នៅ​ជា​មួយ​ជន​ជាតិ​ដែល​នាង​មិន​ធ្លាប់​ស្គាល់​ពី​មុន​មក។ ១២ សូម​ព្រះ‌អម្ចាស់​តប​ស្នង​មក​នាង​វិញ ស្រប​តាម​ការ​ដែល​នាង​បាន​ប្រព្រឹត្ត សូម​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល ប្រទាន​រង្វាន់​មក​នាង​យ៉ាង​បរិបូណ៌ ព្រោះ​នាង​បាន​មក​ជ្រក​កោន​ក្រោម​ម្លប់​បារមី​របស់​ព្រះ‌អង្គ»។ ១៣ នាង​រូថ​តប​វិញ​ថា៖ «លោក​ម្ចាស់​មាន​ចិត្ត​សប្បុរស​មក​លើ​នាង​ខ្ញុំ​ជា​ពន់​ពេក ទោះ​បី​នាង​ខ្ញុំ​មាន​ឋានៈ​ទាប​ជាង​ស្រី​បម្រើ​របស់​លោក​ក្តី ក៏​លោក​មាន​ប្រសាសន៍​សម្រាល​ទុក្ខ និង​លើក​ទឹក​ចិត្ត​នាង​ខ្ញុំ​ដែរ»។
១៤ នៅ​ពេល​បរិភោគ លោក​បូអូស​និយាយ​ទៅ​កាន់​នាង​រូថ​ថា៖ «អញ្ជើញ​មក​ពិសា​នំបុ័ង ហើយ​ជ្រលក់​ដុំ​នំបុ័ង​ក្នុង​ទឹក​ជ្រលក់​នេះ​ទៅ!»។ នាង​រូថ​ក៏​អង្គុយ​ជិត​ពួក​អ្នក​ច្រូត លោក​បូអូស​ហុច​លាជ​ឲ្យ​នាង នាង​បរិភោគ​ឆ្អែត ហើយ​ទុក​លាជ​ដែល​នៅ​សល់​ផង។ ១៥ បន្ទាប់​មក នាង​ក្រោក​ឡើង​ទៅ​រើស​ស្រូវ​ទៀត។ ពេល​នោះ លោក​បូអូស​បាន​បញ្ជា​ដល់​អ្នក​បម្រើ​របស់​លោក​ថា៖ «ទុក​ឲ្យ​នាង​រើស​ស្រូវ​នៅ​កន្លែង​មាន​កណ្ដាប់​ផង កុំ​រា‌រាំង​នាង​អី!។ ១៦ ចូរ​ទម្លាក់​កួរ​ស្រូវ​ខ្លះ​ចេញ​ពី​កណ្ដាប់​ឲ្យ​នាង​រើស​ផង កុំ​ស្តី​បន្ទោស​នាង​ឡើយ!»។
១៧ នាង​រូថ​រើស​កួរ​ស្រូវ​រហូត​ដល់​ល្ងាច រួច​នាង​បោក​បែន​កួរ​ស្រូវ​នោះ​បាន​ជិត​មួយ​ថាំង។ ១៨ នាង​ក៏​ទូល​ស្រូវ​ត្រឡប់​មក​ភូមិ បង្ហាញ​ឲ្យ​ម្ដាយ​ក្មេក​ឃើញ ព្រម​ទាំង​យក​អាហារ​ដែល​សល់​ពី​ពេល​បាយ​មក​ជូន​គាត់​ផង​ដែរ។ ១៩ ម្ដាយ​ក្មេក​សួរ​នាង​ថា៖ «ថ្ងៃ​នេះ កូន​រើស​ស្រូវ​នៅ​កន្លែង​ណា ក្នុង​ស្រែ​អ្នក​ណា?។ សូម​ព្រះ‌អម្ចាស់​ប្រទាន​ពរ​ដល់​អ្នក​ដែល​មាន​ចិត្ត​មេត្តា​ចំពោះ​កូន!»។ នាង​រូថ​បាន​រៀប​រាប់​ប្រាប់​ម្ដាយ​ក្មេក​ថា នាង​បាន​ទៅ​រើស​ស្រូវ​នៅ​ក្នុង​ស្រែ​របស់​បុរស​ម្នាក់​ឈ្មោះ​បូអូស។ ២០ នាង​ណា‌អូមី​ពោល​ទៅ​កាន់​កូន​ប្រសា​ថា៖ «សូម​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់ ដែល​មាន​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ជា‌និច្ច ចំពោះ​មនុស្ស​នៅ​រស់ ក៏​ដូច​ជា​មនុស្ស​ស្លាប់​ដែរ!»។ នាង​ណា‌អូមី​និយាយ​បន្ត​ទៀត​ថា៖ «បុរស​នេះ​ជា​សាច់‌ញាតិ​ជិត‌ដិត​របស់​យើង គាត់​ជា​មនុស្ស​ម្នាក់​ដែល​មាន​ភារ‌កិច្ច​ទទួល​បន្ទុក​ថែ‌រក្សា​យើង»។ ២១ នាង​រូថ​ជា​សាសន៍​ម៉ូអាប់ ពោល​ថា៖ «គាត់​បាន​ប្រាប់​កូន​ឲ្យ​នៅ​រើស​ស្រូវ​ជា​មួយ​អ្នក​បម្រើ​របស់​គាត់ រហូត​ទាល់​តែ​ផុត​រដូវ​ចម្រូត»។ ២២ នាង​ណា‌អូមី​ពោល​ទៅ​កូន​ប្រសា​ទៀត​ថា៖ «កូន​នៅ​រើស​ស្រូវ​ជា​មួយ​ស្រី​បម្រើ​របស់​លោក​បូអូស​ត​ទៅ​ទៀត គឺ​ជា​ការ​ល្អ​ណាស់! បើ​កូន​ទៅ​ស្រែ​អ្នក​ដទៃ ក្រែង​លោ​គេ​ធ្វើ​បាប»។
២៣ នាង​រូថ​នៅ​រើស​ស្រូវ​ជា​មួយ​ស្រី​បម្រើ​របស់​លោក​បូអូស រហូត​ទាល់​តែ​ផុត​រដូវ​ចម្រូត។ នាង​រូថ រស់​នៅ​ជា​មួយ​ម្ដាយ​ក្មេក​ត​ទៅ​ទៀត។
នាង​រូថ​នៅ​ក្នុង​លាន​បោក​បែន​ស្រូវ
 ថ្ងៃ​មួយ នាង​ណា‌អូមី​ពោល​ទៅ​កាន់​នាង​រូថ​ថា៖ «ម៉ែ​ត្រូវ​តែ​រក​អនាគត​ឲ្យ​កូន ដើម្បី​កូន​បាន​សេចក្ដី​សុខ។  លោក​បូអូស​ដែល​កូន​ធ្វើ​ការ​ជា​មួយ​ស្រី​បម្រើ​របស់​គាត់​នោះ ជាប់​សាច់‌ញាតិ​នឹង​យើង​ដែរ។ ល្ងាច​នេះ គាត់​នឹង​ទៅ​បោក​បែន​ស្រូវ​នៅ​លាន។  ចូរ​កូន​តុប‌តែង​ខ្លួន​ឲ្យ​ស្អាត លាប​ទឹក​អប់ និង​ស្លៀក​ពាក់​យ៉ាង​ល្អ​ផង រួច​ដើរ​ទៅ​លាន​ដែល​គាត់​បោក​បែន​ស្រូវ តែ​កុំ​បង្ហាញ​ខ្លួន​ឲ្យ​គាត់​ស្គាល់ រហូត​ទាល់​តែ​គាត់​ពិសា​អាហារ និង​ស្រា​រួច។  ពេល​គាត់​ចូល​សម្រាន្ដ កូន​ត្រូវ​មើល​ចំណាំ​កន្លែង​ដែល​គាត់​សម្រាន្ដ​ឲ្យ​បាន​ច្បាស់។ បន្ទាប់​មក កូន​ត្រូវ​ទៅ​បើក​ភួយ​នៅ​ចុង​ជើង​គាត់ ហើយ​ដេក​ត្រង់​កន្លែង​នោះ​ទៅ គាត់​នឹង​ប្រាប់​កូន​នូវ​អ្វីៗ​ដែល​កូន​ត្រូវ​ធ្វើ»។  នាង​រូថ​ឆ្លើយ​ថា៖ «កូន​នឹង​ធ្វើ​តាម​ពាក្យ​របស់​អ្នក​ម្ដាយ​សព្វ​គ្រប់​ទាំង​អស់»។
 នាង​រូថ​ចេញ​ទៅ​លាន​បោក​បែន​ស្រូវ ហើយ​ធ្វើ​សព្វ​គ្រប់​ទាំង​អស់​តាម​ពាក្យ​ដែល​ម្ដាយ​ក្មេក​បាន​បង្គាប់។  លោក​បូអូស​ពិសា​ម្ហូប​អាហារ និង​ស្រា​រួច​ហើយ គាត់​ក៏​សប្បាយ​ចិត្ត ទម្រេត​ខ្លួន​សម្រាន្ដ​លក់​នៅ​ជិត​គំនរ​កណ្ដាប់​ស្រូវ។ នាង​រូថ​ដើរ​លបៗ​ចូល​មក បើក​ភួយ​នៅ​ចុង​ជើង​របស់​គាត់ ហើយ​ដេក​ត្រង់​កន្លែង​នោះ​ទៅ។  នៅ​ពាក់​កណ្ដាល​អធ្រាត្រ ដោយ​លោក​បូអូស​រងា គាត់​ក៏​ប្រែ​ខ្លួន ហើយ​ឃើញ​ស្ត្រី​ម្នាក់​ដេក​នៅ​ចុង​ជើង​គាត់។  លោក​បូអូស​សួរ​ថា៖ «នរណា​ហ្នឹង?»។ នាង​ឆ្លើយ​ថា៖ «នាង​ខ្ញុំ​ឈ្មោះ​រូថ ជា​អ្នក​បម្រើ​របស់​លោក​ម្ចាស់។ សូម​លោក​ម្ចាស់​មេត្តា​ទទួល​នាង​ខ្ញុំ​ធ្វើ​ជា​ភរិយា​ទៅ ដ្បិត​លោក​មាន​ភារ‌កិច្ច​ទទួល​បន្ទុក​ថែ‌រក្សា​នាង​ខ្ញុំ​ស្រាប់​ហើយ»។ ១០ លោក​បូអូស​ពោល​ថា៖ «សូម​ព្រះ‌អម្ចាស់​ប្រទាន​ពរ​ដល់​នាង! នាង​ប្រព្រឹត្ត​ដូច្នេះ គឺ​នាង​បង្ហាញ​ចិត្ត​ស្មោះ‌ត្រង់​ប្រសើរ​ជាង​ពី​មុន​ទៅ​ទៀត គឺ​នាង​មិន​បាន​ដើរ​រក​ប្រុស​ក្មេងៗ ទោះ​ជា​អ្នក​មាន ឬ​អ្នក​ក្រ​ក្តី មក​ធ្វើ​ជា​ប្ដី​ទេ។ ១១ ឥឡូវ​នេះ សូម​នាង​កុំ​បារម្ភ​ឡើយ អ្វីៗ​ដែល​នាង​សុំ ខ្ញុំ​នឹង​ធ្វើ​តាម​ទាំង​អស់ ដ្បិត​ប្រជាជន​ទាំង​មូល​ដឹង​ច្បាស់​ថា នាង​ជា​ស្ត្រី​ថ្លៃ‌ថ្នូរ។ ១២ ខ្ញុំ​ជា​សាច់‌ញាតិ​ដែល​មាន​ភារ‌កិច្ច​ទទួល​បន្ទុក​ថែ‌រក្សា​នាង​ពិត​មែន ក៏​ប៉ុន្តែ នៅ​មាន​បុរស​ម្នាក់ ជា​សាច់‌ញាតិ​នឹង​នាង ជិត​ជាង​ខ្ញុំ​ទៅ​ទៀត។ ១៣ យប់​នេះ សូម​នាង​សម្រាក​នៅ​ទី​នេះ​ហើយ! ចាំ​ព្រឹក​ស្អែក ខ្ញុំ​នឹង​ទៅ​សួរ​គេ។ ប្រសិន​បើ​គេ​ចង់​ទទួល​ខុស​ត្រូវ​លើ​នាង ឲ្យ​គេ​ទទួល​ចុះ តែ​បើ​គេ​មិន​ព្រម​ទេ ខ្ញុំ​សូម​សន្យា ដោយ​យក​ព្រះ‌អម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​ជា​សាក្សី​ថា ខ្ញុំ​មុខ​ជា​ទទួល​ខុស​ត្រូវ​លើ​នាង​ពុំ‌ខាន! សូម​នាង​សម្រាក​នៅ​ទី​នេះ​រហូត​ដល់​ព្រឹក​ចុះ!»។
១៤ នាង​រូថ​ដេក​នៅ​ចុង​ជើង​លោក​បូអូស​រហូត​ដល់​ព្រឹក ហើយ​នាង​បាន​ក្រោក​ពី​ព្រលឹម​ស្រាងៗ មុន​ពេល​មើល​គ្នា​ស្គាល់។ លោក​បូអូស​ក៏​មិន​ចង់​ឲ្យ​នរណា​ម្នាក់​ដឹង​ថា នាង​បាន​ចូល​មក​ក្នុង​លាន​នេះ​ដែរ។ ១៥ លោក​មាន​ប្រសាសន៍​ថា៖ «ចូរ​ដោះ​អាវ​ធំ​របស់​នាង កាន់​ឲ្យ​ជាប់»។ នាង​ក៏​ដោះ​អាវ ហើយ​លោក​ចាក់​ស្រូវ​មួយ​តៅ​ឲ្យ​នាង ព្រម​ទាំង​ជួយ​លើក​ដាក់​ឲ្យ​នាង​ទូល​ទៀត​ផង។ នាង​ក៏​ទូល​ស្រូវ​នោះ​ចូល​ទៅ​ក្នុង​ភូមិ​វិញ។
១៦ ពេល​ទៅ​ដល់​ផ្ទះ ម្ដាយ​ក្មេក​សួរ​ថា៖ «យ៉ាង​ដូច​ម្ដេច​ទៅ​ហើយ​កូន?»។ នាង​រូថ​រៀប​រាប់​ប្រាប់​ម្ដាយ​ក្មេក​នូវ​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន ដែល​លោក​បូអូស​បាន​ប្រព្រឹត្ត​ចំពោះ​នាង។ ១៧ នាង​បញ្ជាក់​ថា៖ «លោក​បាន​ឲ្យ​ស្រូវ​មួយ​តៅ​មក​កូន ទាំង​ពោល​ថា នាង​មិន​ត្រូវ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដៃ​ទទេ​ឡើយ!»។ ១៨ នាង​ណា‌អូមី​និយាយ​ថា៖ «ចូរ​កូន​នៅ​រង់‌ចាំ​មើល​សិន រហូត​ទាល់​តែ​ដឹង​ថា​ការ​នេះ​នឹង​ទៅ​ជា​យ៉ាង​ណា ដ្បិត​លោក​បូអូស​នឹង​មិន​នៅ​ស្ងៀម​ទេ គឺ​គាត់​នឹង​គិត‌គូរ​រហូត​ទាល់​តែ​បាន​សម្រេច​នៅ​ថ្ងៃ​នេះ​ជា​ពុំ‌ខាន»។
ពិធី​មង្គលការ​នាង​រូថ និង​លោក​បូអូស
 លោក​បូអូស​ចេញ​ទៅ​អង្គុយ​នៅ​មាត់​ទ្វារ​ក្រុង។ ពេល​នោះ បុរស​ដែល​ជាប់​សាច់‌ញាតិ​ជិត​បំផុត​របស់​លោក​អេលី‌ម៉េឡេក គឺ​បុរស​ដែល​លោក​បូអូស​ប្រាប់​នាង​រូថ​កាល​ពី​មុន បាន​ដើរ​កាត់​កន្លែង​នោះ។ លោក​បូអូស​ពោល​ទៅ​កាន់​បុរស​នោះ​ថា៖ «សូម​បង​អញ្ជើញ​មក​អង្គុយ​ទី​នេះ​សិន»។ បុរស​នោះ​ក៏​អង្គុយ​ចុះ។  លោក​បូអូស​បាន​អញ្ជើញ​ចាស់​ទុំ​ដប់​នាក់​ពី​ក្នុង​ភូមិ​មក ហើយ​សុំ​ឲ្យ​គេ​អង្គុយ​ជា​មួយ​ដែរ។  លោក​មាន​ប្រសាសន៍​ទៅ​កាន់​សាច់‌ញាតិ​នោះ​ដូច​ត​ទៅ៖ «បង​ជ្រាប​ស្រាប់​ហើយ​ថា បង​ស្រី​ណា‌អូមី​បាន​វិល​ត្រឡប់​មក​ពី​ស្រុក​ម៉ូអាប់​វិញ ហើយ​គាត់​ចង់​លក់​ដី​ស្រែ ដែល​ជា​កម្ម‌សិទ្ធិ​របស់​បង​អេលី‌ម៉េឡេក។  ខ្ញុំ​បាន​គិត​ថា​គួរ​តែ​ជម្រាប​បង ហើយ​សូម​ឲ្យ​បង​ទិញ​ដី​ស្រែ​នោះ ដោយ​មាន​ចាស់​ទុំ និង​បង‌ប្អូន​ឯ​ទៀតៗ ដែល​នៅ​ទី​នេះ​ជួយ​ដឹង​ឮ​ផង។ ប្រសិន​បើ​បង​ចង់​ទិញ សូម​ទិញ​ចុះ! តែ​បើ​បង​មិន​ទិញ​ទេ សូម​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ផង ដ្បិត​នៅ​ទី​នេះ មាន​តែ​បង​ទេ​ដែល​មាន​សិទ្ធិ​ទិញ ហើយ​បន្ទាប់​ពី​បង គឺ​រូប​ខ្ញុំ»។ បុរស​នោះ​ពោល​ថា៖ «ខ្ញុំ​ចង់​ទិញ!»។  លោក​បូអូស​ក៏​មាន​ប្រសាសន៍​ថា៖ «បើ​បង​ទិញ​ដី​ស្រែ​របស់​បង​ស្រី​ណា‌អូមី បង​ក៏​ត្រូវ​យក​នាង​រូថ ជា​សាសន៍​ម៉ូអាប់ ធ្វើ​ជា​ភរិយា​ដែរ ដើម្បី​ឲ្យ​ដី​នៅ​តែ​ជា​កម្ម‌សិទ្ធិ​របស់​បង‌ប្អូន​យើង​ដែល​ស្លាប់​ទៅ​ហើយ​នោះ​ដដែល»។  បុរស​នោះ​ឆ្លើយ​វិញ​ថា៖ «បើ​ដូច្នេះ ខ្ញុំ​មិន​អាច​ទិញ​បាន​ទេ ព្រោះ​ខ្ញុំ​មិន​ចង់​ខាត​ប្រយោជន៍ និង​បាត់​កេរ‌អាករ​ផ្ទាល់​របស់​ខ្ញុំ​ឡើយ សូម​លោក​ប្អូន​ទិញ​យក​ចុះ! ខ្ញុំ​ពុំ​អាច​ទិញ​បាន​ទេ!»។
 កាល​ពី​ដើម​នៅ​ស្រុក​អ៊ីស្រា‌អែល ពេល​អ្នក​ស្រុក​ទិញ​ទ្រព្យ‌សម្បត្តិ ឬ​ផ្ទេរ​កម្ម‌សិទ្ធិ​អ្វី​មួយ ពួក​គេ​មាន​ទម្លាប់​ដោះ​ស្បែក​ជើង ហុច​ទៅ​ឲ្យ​ម្នាក់​ទៀត ទុក​ជា​សញ្ញា​បញ្ជាក់​ថា គេ​បាន​ព្រម​ព្រៀង​គ្នា​ហើយ។  ហេតុ​នេះ​ហើយ​បាន​ជា​នៅ​ពេល​បុរស​នោះ​ពោល​ទៅ​កាន់​លោក​បូអូស​ថា៖ «សូម​លោក​ប្អូន​ទិញ​យក​ចុះ!» គាត់​ក៏​បាន​ដោះ​ស្បែក​ជើង​ជូន​លោក​បូអូស​ដែរ។  លោក​បូអូស​មាន​ប្រសាសន៍​ទៅ​ពួក​ចាស់​ទុំ និង​ប្រជាជន​ទាំង​មូល​ថា៖ «ថ្ងៃ​នេះ សូម​អស់​លោក​ជួយ​ធ្វើ​ជា​សាក្សី​ឲ្យ​ខ្ញុំ​ផង ខ្ញុំ​បាន​ទិញ​អ្វីៗ​ទាំង​អស់​ដែល​ជា​កម្ម‌សិទ្ធិ​របស់​បង​អេលី‌ម៉េឡេក ព្រម​ទាំង​អ្វីៗ​ដែល​ជា​កម្ម‌សិទ្ធិ​របស់​គីលី‌យ៉ូន និង​ម៉ាឡូន ពី​បង​ស្រី​ណា‌អូមី​ហើយ។ ១០ ខ្ញុំ​ក៏​សូម​យក​នាង​រូថ ជា​សាសន៍​ម៉ូអាប់ ដែល​ត្រូវ​ជា​ភរិយា​របស់​ម៉ាឡូន មក​ធ្វើ​ជា​ប្រពន្ធ​ខ្ញុំ​ផង​ដែរ ដើម្បី​ឲ្យ​កេរ‌មត៌ក​របស់​គាត់​នៅ​តែ​ជា​កម្ម‌សិទ្ធិ​របស់​គាត់​ដដែល ហើយ​ខ្ញុំ​នឹង​បន្ត​ពូជ‌ពង្ស​ឲ្យ​គាត់ ដើម្បី​រក្សា​ឈ្មោះ​គាត់​ឲ្យ​នៅ​គង់‌វង្ស ក្នុង​ចំណោម​អ្នក​ស្រុក​អ្នក​ភូមិ និង​នៅ​ទ្វារ​ក្រុង​នេះ​ត​ទៅ​ទៀត។ ថ្ងៃ​នេះ អស់​លោក​ជា​សាក្សី​ដឹង​ឮ​ស្រាប់​ហើយ»។
១១ ពួក​ចាស់​ទុំ និង​ប្រជាជន​ទាំង​មូល​នៅ​មាត់​ទ្វារ​ក្រុង​បាន​ឆ្លើយ​ថា៖ «យើង​ទាំង​អស់​គ្នា​ជា​សាក្សី​ហើយ! សូម​ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​ស្ត្រី​ដែល​ចូល​ក្នុង​គ្រួសារ​លោក បាន​ដូច​ជា​លោក​ស្រី​រ៉ាខែល និង​លោក​ស្រី​លេអា ដែល​បាន​បង្កើត​ជន​ជាតិ​អ៊ីស្រា‌អែល​ដែរ! សូម​ឲ្យ​លោក​មាន​សម្បត្តិ​ស្តុក‌ស្តម្ភ​នៅ​ភូមិ​អេប្រា‌តា និង​មាន​កេរ្តិ៍‌ឈ្មោះ​ល្បី​នៅ​ភូមិ​បេថ្លេហិម។ ១២ សូម​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​លោក និង​នាង​មាន​កូន​ចៅ​ច្រើន ដើម្បី​ឲ្យ​គ្រួសារ​លោក​បាន​ដូច​គ្រួសារ​របស់​លោក​ផារេស ជា​កូន​របស់​លោក​យូដា និង​នាង​ថាម៉ារ​ដែរ!»។
លោក​បូអូស និង​ពូជ‌ពង្ស​របស់​លោក
១៣ លោក​បូអូស​ក៏​យក​នាង​រូថ​មក​ធ្វើ​ជា​ភរិយា ហើយ​ក្រោយ​មក ព្រះ‌អម្ចាស់​បាន​ប្រោស​ប្រទាន​ឲ្យ​នាង​មាន​ផ្ទៃ​ពោះ សម្រាល​បាន​កូន​ប្រុស​មួយ។ ១៤ ពួក​ស្ត្រី​នៅ​ភូមិ​បេថ្លេហិម​ពោល​ទៅ​កាន់​នាង​ណា‌អូមី​ថា៖ «សូម​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់ ដ្បិត​ព្រះ‌អង្គ​បាន​ប្រោស​ប្រទាន​ឲ្យ​អ្នក​មាន​ចៅ​ប្រុស​មួយ​សម្រាប់​ថែ‌រក្សា​អ្នក!។ សូម​ឲ្យ​ចៅ​របស់​អ្នក​មាន​ឈ្មោះ​ល្បី‌ល្បាញ ក្នុង​ស្រុក​អ៊ីស្រា‌អែល ១៥ ចៅ​នេះ​នឹង​ធ្វើ​ឲ្យ​ជីវិត​អ្នក​មាន​សុភមង្គល​ឡើង​វិញ ហើយ​ជួយ​ថែ‌រក្សា​អ្នក​នៅ​ពេល​ចាស់​ជរា​ផង ដ្បិត​ក្មេង​នេះ​បាន​កើត​ពី​កូន​ប្រសា​ដែល​ស្រឡាញ់​អ្នក។ នាង​នេះ​ប្រសើរ​ជាង​កូន​ប្រុស​ប្រាំ​ពីរ​នាក់​ទៅ​ទៀត»។
១៦ នាង​ណា‌អូមី​ក៏​យក​ចៅ​មក​បី ហើយ​ចិញ្ចឹម​បី​បាច់​ត​រៀង​ទៅ។ ១៧ ពួក​ស្ត្រី​ដែល​នៅ​ជិត​ខាង​នាំ​គ្នា​ពោល​ថា៖ «នាង​ណា‌អូមី​មាន​កូន​ប្រុស​មួយ!»។ ពួក​គេ​ហៅ​កូន​នោះ​ថា «អូបេដ»។ គឺ​លោក​អូបេដ​នេះ​ហើយ​ដែល​ត្រូវ​ជា​ឪពុក​លោក​យេសាយ ហើយ​លោក​យេសាយ​ជា​បិតា​របស់​ព្រះ‌បាទ​ដាវីឌ។
១៨ នេះ​ជា​ពូជ‌ពង្ស​លោក​ពេរេស: លោក​ពេរេស​បង្កើត​លោក​ហេត‌ស្រូម ១៩ លោក​ហេត‌ស្រូម​បង្កើត​លោក​អរ៉ាម លោក​អរ៉ាម​បង្កើត​លោក​អមី‌ណា‌ដាប់ ២០ លោក​អមី‌ណា‌ដាប់​បង្កើត​លោក​ណា‌សូន លោក​ណា‌សូន​បង្កើត​លោក​សាល‌ម៉ូន ២១ លោក​សាល‌ម៉ូន​បង្កើត​លោក​បូអូស លោក​បូអូស​បង្កើត​លោក​អូបេដ ២២ លោក​អូបេដ​បង្កើត​លោក​យេសាយ ហើយ​លោក​យេសាយ​បង្កើត​ព្រះ‌បាទ​ដាវីឌ។
673 Views

Theme: Overlay by Kaira