សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
  1. កំណើតពិភពលោក (កណ)
    Genesis (Gn)
  2. សេរីភាព (សរ)
    Exodus (Ex)
  3. លេវីវិន័យ (លវ)
    Leviticus (Lv)
  4. ជំរឿនប្រជាជន (ជរ)
    Numbers (Nm)
  5. ទុតិយកថា (ទក)
    Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
  1. យ៉ូស៊ូអា (យអ)
    Joshua (Jos)
  2. វិរបុរស (វរ)
    Judges (Jdg)
  3. នាងរូថ (នរ)
    Ruth (Ru)
  4. ១សាម៉ូអែល (១សម)
    1 Samuel (1Sm)
  5. ២សាម៉ូអែល (២សម)
    2 Samuel (2Sm)
  6. ១ពង្សាវតារក្សត្រ (១ពង្ស)
    1 Kings (1Kg)
  7. ២ពង្សាវតារក្សត្រ (២ពង្ស)
    2 Kings (2Kg)
  8. ១របាក្សត្រ (១របា)
    1 Chronicles (1Ch)
  9. ២របាក្សត្រ (២របា)
    2 Chronicles (2Ch)
  10. អែសរ៉ា (អរ)
    Ezra (Ezr)
  11. នេហេមី (នហ)
    Nehemiah (Ne)
  12. យ៉ូឌីត (យឌ)
    Judith (Jth)
  13. តូប៊ីត (តប)
    Tobit (Tb)
  14. អែសធែរ (អធ)
    Esther (Est)
  15. ១ម៉ាកាបាយ (១មបា)
    1 Maccabees (1 Ma)
  16. ២ម៉ាកាបាយ (២មបា)
    2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
  1. ទំនុកតម្កើង (ទន)
    Psalms (Ps)
  2. យ៉ូប (យប)
    Job (Jb)
  3. សុភាសិត (សភ)
    Proverbs (Pr)
  4. បទចម្រៀង (បច)
    Song of Songs (Song)
  5. សាស្តា (សស)
    Ecclesiastes (Eccl)
  6. ព្រះប្រាជ្ញាញាណ (ប្រាញ)
    Wisdom (Wis)
  7. បេនស៊ីរ៉ាក់ (បសរ)
    Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
  1. អេសាយ (អស)
    Isaiah (Is)
  2. យេរេមី (យរ)
    Jeremiah (Je)
  3. អេសេគីអែល (អគ)
    Ezekiel (Ez)
  4. ហូសេ (ហស)
    Hosea (Ho)
  5. យ៉ូអែល (យអ)
    Joel (Joe)
  6. អម៉ូស (អម)
    Amos (Am)
  7. អូបាឌី (អឌ)
    Obadiah (Ob)
  8. យ៉ូណាស (យណ)
    Jonah (Jon)
  9. មីកា (មីក)
    Micah (Mi)
  10. ណាហ៊ូម (ណហ)
    Nahum (Na)
  11. ហាបាគូក (ហគ)
    Habakkuk (Hb)
  12. សេផានី (សផ)
    Zephaniah (Zep)
  13. ហាកាយ (ហក)
    Haggai (Hg)
  14. សាការី (សក)
    Zechariah (Zec)
  15. ម៉ាឡាគី (មគ)
    Malachi (Mal)
  16. សំណោក (សណ)
    Lamentations (Lam)
  17. ដានីអែល (ដន)
    Daniel (Dn)
  18. បារូក (បារ)
    Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
  1. ម៉ាថាយ (មថ)
    Matthew (Mt)
  2. ម៉ាកុស (មក)
    Mark (Mk)
  3. លូកា (លក)
    Luke (Lk)
  4. យ៉ូហាន (យហ)
    John (Jn)
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
  1. កិច្ចការគ្រីស្តទូត (កក)
    Acts of the Apostles (Ac)
៣. លិខិតសន្តប៉ូល | Paul Letter 13
  1. រ៉ូម (រម)
    Romans (Rm)
  2. ១កូរិនថូស (១ករ)
    1 Corinthians (1Co)
  3. ២កូរិនថូស (២ករ)
    2 Corinthians (2Co)
  4. កាឡាទី (កាឡ)
    Galatians (Ga)
  5. អេភេសូ (អភ)
    Ephesians (Ep)
  6. ភីលីព (ភីល)
    Philippians (Phil)
  7. កូឡូស (កូឡ)
    Colossians (Col)
  8. ១ថេស្សាឡូនិក (១ថស)
    1 Thessalonians (1Th)
  9. ២ថេស្សាឡូនិក (២ថស)
    Thessalonians (2Th)
  10. ១ធីម៉ូថេ (១ធម)
    1 Timothy (1T)
  11. ២ធីម៉ូថេ (២ធម)
    2 Timothy (2T)
  12. ទីតុស (ទត)
    Titus (Ti)
  13. ភីលេម៉ូន (ភល)
    Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
  1. ហេប្រឺ (ហប)
    Hebrews (He)
  2. យ៉ាកុប (យក)
    James (Ja)
  3. ១សិលា (១សល)
    1 Peter (1P)
  4. ២សិលា (២សល)
    2 Peter (2P)
  5. យូដាស (យដ)
    Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
  1. ១យ៉ូហាន (១យហ)
    1 John (1Jn)
  2. ២យ៉ូហាន (២យហ)
    2 John (2Jn)
  3. ៣យ៉ូហាន (៣យហ)
    3 John (3Jn)
  4. វិវរណៈ (វវ)
    Revelation (Rev)

កណ្ឌគម្ពីរ
វិរបុរស

ពាក្យលំនាំ

វីរ‌បុរស

(ចៅហ្វាយ)

ពាក្យ​លំនាំ

កណ្ឌ​គម្ពីរ «វីរ‌បុរស» រៀប​រាប់​ព្រឹត្តិការណ៍​ផ្សេងៗ​ដែល​កើត​មាន​នៅ​ស្រុក​អ៊ីស្រា‌អែល ចាប់​ពី​គ្រា​ដែល​ពួក​គេ​ចូល​កាន់​កាប់​ទឹក​ដី រហូត​ដល់​គ្រា​មាន​ស្តេច​ឡើង​គ្រង​រាជ្យ គឺ​ជា​អំឡុង​ពេល​ដែល​ជន​ជាតិ​អ៊ីស្រា‌អែល​ជួប​ប្រទះ​ភាព​វឹក‌វរ និង​អនា‌ធិបតេយ្យ។ ពួក​វីរ‌បុរស​មាន​តួ‌នាទី​មិន​ត្រឹម​តែ​ធ្វើ​ជា​ចៅ‌ក្រម​កាត់​ក្តី​ឲ្យ​ប្រជាជន​ប៉ុណ្ណោះ​ទេ តែ​លោក​ទាំង​នោះ​ទទួល​អំណាច​ពី​ព្រះ‌ជាម្ចាស់ ដើម្បី​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ដ្រ​អ៊ីស្រា‌អែល ហើយ​រំដោះ​កុល‌សម្ព័ន្ធ​នានា​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ។

យើង​អាច​បែង​ចែក​កណ្ឌ​គម្ពីរ​វីរ‌បុរស​ជា​បី​ផ្នែក:

• ព្រឹត្តិការណ៍​ដែល​កើត​មាន​ចាប់​ពី​ពេល​ជន​ជាតិ​អ៊ីស្រា‌អែល​ចូល​កាន់​កាប់​ទឹក​ដី រហូត​ដល់​ពេល​លោក​យ៉ូស៊ូអា​ទទួល​មរណ‌ភាព (១.១‑២.១០)។
• ព្រះ‌ជាម្ចាស់​ជ្រើស‌រើស​វីរ‌បុរស​ផ្សេងៗ​ឲ្យ​រំដោះ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ (២.១១‑១៦.៣១)។
• អនា‌ធិបតេយ្យ​ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​នានា​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល មុន​ពេល​មាន​ស្តេច​សោយ​រាជ្យ (១៧‑២១)។
កណ្ឌ​គម្ពីរ​វីរ‌បុរស​បង្ហាញ​ឲ្យ​យើង​ឃើញ​ថា សេចក្ដី​សុខ ឬ​ទុក្ខ​លំបាក ដែល​ជន​ជាតិ​អ៊ីស្រា‌អែល​ជួប​ប្រទះ សុទ្ធ‌សឹង​ជា​លទ្ធ‌ផល​នៃ​ទំនាក់‌ទំនង​រវាង​ពួក​គេ និង​ព្រះ‌ជាម្ចាស់។ ពេល​ណា​ពួក​គេ​បោះ​បង់​ចោល​ព្រះ‌ជាម្ចាស់ ពួក​គេ​ត្រូវ​ជាតិ​សាសន៍​នានា​នៅ​ជុំ‌វិញ​ជិះ‌ជាន់​សង្កត់‌សង្កិន ប៉ុន្តែ ពេល​ណា​ពួក​គេ​បែរ​ចិត្ត​មក​រក​ព្រះ‌អង្គ​វិញ ព្រម​ទាំង​ទូល‌អង្វរ​សូម​ព្រះ‌អង្គ​ជួយ នោះ​ព្រះ‌អង្គ​រំដោះ​ពួក​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ។ ជា​ញឹក​ញាប់ ជន​ជាតិ​អ៊ីស្រា‌អែល​ចេះ​តែ​មាន​ចិត្ត​ចង់​គោរព​បម្រើ​ព្រះ​របស់​សាសន៍​ដទៃ ឬ​គោរព​ព្រះ‌ជាម្ចាស់ ដោយ​ចង់​បាន​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន (ចំពូក ១៧‑១៨) មិន​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ (ចំពូក ១៩‑២១)។ ធ្វើ​ដូច្នេះ ពួក​គេ​បណ្តាល​ឲ្យ​ខ្លួន​ជួប​នឹង​ភាព​អាសន្ន ហើយ​ប្រសិន​បើ​ព្រះ‌ជាម្ចាស់​មិន​ជួយ​ទេ​នោះ ពួក​គេ​មុខ​ជា​ត្រូវ​អន្តរាយ​មិន​ខាន។
កណ្ឌ​គម្ពីរ​នេះ​ណែ‌នាំ​យើង​ឲ្យ​យល់​ថា ប្រជា‌ជាតិ​របស់​ព្រះ‌ជាម្ចាស់​ពុំ​អាច​រស់​នៅ​ក្នុង​ភាព​អនា‌ធិបតេយ្យ គឺ​ម្នាក់ៗ​ពុំ​អាច​ប្រព្រឹត្ត​តាម​តែ​ខ្លួន​យល់​ឃើញ​នោះ​ឡើយ។ ការ​បោះ​បង់​ចោល​ព្រះ‌ជាម្ចាស់ ហើយ​មិន​ព្រម​ទទួល​ស្គាល់​អំណាច​របស់​ព្រះ‌អង្គ រមែង​បណ្តាល​ឲ្យ​យើង​បាត់​បង់​សេរី‌ភាព​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ។

បុរេ‌កថា

ជន​ជាតិ​អ៊ីស្រា‌អែល​ចូល​ទៅ​កាន់​ទឹក​ដី​កាណាន
ក្រោយ​ពេល​លោក​យ៉ូស៊ូអា​ទទួល​មរណ‌ភាព​ផុត​ទៅ ជន​ជាតិ​អ៊ីស្រា‌អែល​ទូល​សួរ​ព្រះ‌អម្ចាស់​ថា៖ «ក្នុង​ចំណោម​យើង​ខ្ញុំ តើ​កុល‌សម្ព័ន្ធ​ណា​ត្រូវ​ឡើង​ទៅ​ច្បាំង​នឹង​ជន​ជាតិ​កាណាន​មុន​គេ?»។  ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តប​ថា៖ «កុល‌សម្ព័ន្ធ​យូដា​ត្រូវ​ឡើង​ទៅ​មុន ដ្បិត​យើង​បាន​ប្រគល់​ស្រុក​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​គេ​ហើយ»។  កុល‌សម្ព័ន្ធ​យូដា​ក៏​និយាយ​ទៅ​កាន់​កុល‌សម្ព័ន្ធ​ស៊ីម៉ូន ជា​បង‌ប្អូន​ថា៖ «សុំ​ឡើង​ជា​មួយ​យើង​ខ្ញុំ ឆ្ពោះ​ទៅ​កាន់​ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​យើង​ខ្ញុំ យើង​ច្បាំង​នឹង​ជន​ជាតិ​កាណាន​ជា​មួយ​គ្នា។ បន្ទាប់​មក យើង​ខ្ញុំ​នឹង​ទៅ​ច្បាំង​យក​ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​បង‌ប្អូន រួម​ជា​មួយ​បង‌ប្អូន​ដែរ»។ ដូច្នេះ កុល‌សម្ព័ន្ធ​ស៊ីម៉ូន​ក៏​រួប‌រួម​នឹង  កុល‌សម្ព័ន្ធ​យូដា ហើយ​ចេញ​ទៅ​ច្បាំង​ជា​មួយ​គ្នា។ ព្រះ‌អម្ចាស់​ក៏​ប្រទាន​ឲ្យ​គេ​មាន​ជ័យ‌ជម្នះ​លើ​ជន​ជាតិ​កាណាន និង​ជន​ជាតិ​ពេរី‌ស៊ី។ ពួក​គេ​បាន​សម្លាប់​ខ្មាំង​សត្រូវ​អស់​មួយ‌ម៉ឺន​នាក់​នៅ​បេសេក។  នៅ​បេសេក ពួក​គេ​បាន​ជួប​ស្តេច​អាដូនី-‌បេសេក ហើយ​នាំ​គ្នា​ច្បាំង​នឹង​ស្តេច​នោះ។ ពួក​គេ​ច្បាំង​ឈ្នះ​ជន​ជាតិ​កាណាន និង​ជន​ជាតិ​ពេរី‌ស៊ី។  ស្តេច​អាដូនី-‌បេសេក​ក៏​រត់​ភៀស​ខ្លួន តែ​ត្រូវ​ពួក​គេ​ដេញ​តាម​ចាប់​បាន ហើយ​កាត់​មេ​ដៃ និង​មេ​ជើង​របស់​ស្តេច​ទៀត​ផង។  ស្តេច​អាដូនី-‌បេសេក​មាន​រាជ‌ឱង្ការ​ថា៖ «ខ្ញុំ​បាន​កាត់​មេ​ដៃ និង​មេ​ជើង​របស់​ស្តេច​ចិត‌សិប​អង្គ ហើយ​ស្តេច​ទាំង​នោះ​រើស​សំណល់​អាហារ នៅ​ក្រោម​តុ​របស់​ខ្ញុំ។ ឥឡូវ​នេះ ព្រះ‌ជាម្ចាស់​បាន​សង​មក​ខ្ញុំ​វិញ ស្រប​តាម​អំពើ​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត»។ គេ​បាន​នាំ​ស្តេច​អាដូនី-‌បេសេក​ទៅ​ក្រុង​យេរូ‌សាឡឹម ហើយ​ស្តេច​ក៏​សោយ​ទិវង្គត​នៅ​ទី​នោះ។
 កុល‌សម្ព័ន្ធ​យូដា​វាយ​យក​បាន​ក្រុង​យេរូ‌សាឡឹម​ដែរ ពួក​គេ​សម្លាប់​រង្គាល​ប្រជាជន រួច​ដុត​ក្រុង​នោះ​ចោល។  បន្ទាប់​មក កុល‌សម្ព័ន្ធ​យូដា​ក៏​ចុះ​ទៅ​ច្បាំង​នឹង​ជន​ជាតិ​កាណាន ដែល​រស់​នៅ​តាម​តំបន់​ភ្នំ តំបន់​ណេកិប និង​តំបន់​វាល​ទំនាប​ថែម​ទៀត​ផង។
១០ កុល‌សម្ព័ន្ធ​យូដា​បាន​វាយ​ប្រហារ​ជន​ជាតិ​កាណាន ដែល​រស់​នៅ​ក្រុង​ហេប្រូន ពី​ដើម​ហៅ​ថា គៀរីយ៉ាត-‌អារបា ហើយ​ពួក​គេ​បាន​ប្រហារ​អំបូរ​សេសាយ អំបូរ​អហ៊ី‌ម៉ាន់ និង​អំបូរ​តាល់‌ម៉ាយ​ដែរ។ ១១ ពី​ទី​នោះ ពួក​គេ​វាយ​ប្រហារ​ប្រជាជន​នៅ​ក្រុង​ដេបៀរ(ពី​ដើម​ហៅ​ថា​គៀរីយ៉ាត-‌សេភែរ)។ ១២ គ្រា​នោះ លោក​កាលែប​មាន​ប្រសាសន៍​ថា៖ «បើ​នរណា​វាយ​យក​ក្រុង​គៀរីយ៉ាត-‌សេភែរ​បាន ខ្ញុំ​នឹង​លើក​កូន​ស្រី​របស់​ខ្ញុំ ឈ្មោះ​នាង​អាក់‌សា​ឲ្យ​ធ្វើ​ជា​ប្រពន្ធ»។ ១៣ ពេល​នោះ លោក​អូតនី‌អែល ជា​កូន​របស់​លោក​កេណាស ដែល​ត្រូវ​ជា​ប្អូន​លោក​កាលែប វាយ​យក​ក្រុង​បាន។ លោក​កាលែប​ក៏​លើក​នាង​អាកសា ជា​កូន​ស្រី ឲ្យ​ធ្វើ​ជា​ភរិយា​របស់​គាត់។ ១៤ ពេល​ទៅ​នៅ​ជា​មួយ​ប្ដី​ហើយ នាង​ក៏​បបួល​ប្ដី​ឲ្យ​ទាម‌ទារ​យក​ដី​ស្រែ​ពី​ឪពុក​នាង។ កាល​នាង​ចុះ​ពី​លើ​ខ្នង​លា លោក​កាលែប​សួរ​នាង​ថា៖ «តើ​កូន​មាន​ការ​អ្វី?»។ ១៥ នាង​ឆ្លើយ​តប​ថា៖ «សូម​លោក​ឪពុក​មេត្តា​អនុ‌គ្រោះ​ដល់​កូន ដី​ដែល​លោក​ឪពុក​ឲ្យ​កូន​នៅ​តំបន់​ខាង​ត្បូង​នោះ គ្មាន​ទឹក​ទេ ដូច្នេះ សូម​លោក​ឪពុក​មេត្តា​ចែក​អណ្ដូង​ទឹក​ឲ្យ​កូន​ផង»។ លោក​កាលែប​ក៏​ចែក​អណ្ដូង​ទឹក​ដែល​នៅ​ខាង​លើ និង​នៅ​ខាង​ក្រោម ឲ្យ​នាង។
១៦ ជន​ជាតិ​គេនី ជា​ពូជ‌ពង្ស​របស់​ឪពុក​ក្មេក​លោក​ម៉ូសេ បាន​ចាក​ចេញ​ពី​ក្រុង​យេរី‌ខូ គឺ​ក្រុង​ដើម​លម៉ើ ជា​មួយ​កូន​ចៅ​យូដា ឆ្ពោះ​ទៅ​វាល​រហោ‌ស្ថាន​ស្រុក​យូដា ដែល​នៅ​ខាង​ត្បូង​ស្រុក​អារ៉ាដ ហើយ​តាំង​ទី​លំ‌នៅ​ក្នុង​ចំណោម​ប្រជាជន​នៅ​ស្រុក​នោះ។ ១៧ បន្ទាប់​មក កុល‌សម្ព័ន្ធ​យូដា រួម​ជា​មួយ​កុល‌សម្ព័ន្ធ​ស៊ីម៉ូន ជា​បង‌ប្អូន នាំ​គ្នា​ចេញ​ទៅ​ច្បាំង​ជា​មួយ​ជន​ជាតិ​កាណាន​នៅ​ក្រុង​សេផាត ពួក​គេ​បំផ្លាញ​ក្រុង​នោះ ថ្វាយ​ផ្ដាច់*​ដល់​ព្រះ‌អម្ចាស់ រួច​ហៅ​ក្រុង​នោះ​ថា​ហ៊រម៉ា។ ១៨ កុល‌សម្ព័ន្ធ​យូដា​ក៏​វាយ​យក​បាន​ក្រុង​កាសា ក្រុង​អាស្កា‌ឡូន និង​ក្រុង​អេក្រូន ព្រម​ទាំង​ទឹក​ដី​ដែល​នៅ​ជុំ‌វិញ​ក្រុង​ទាំង​នោះ​ផង។ ១៩ ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​កុល‌សម្ព័ន្ធ​យូដា ហើយ​ប្រទាន​ឲ្យ​ពួក​គេ​ត្រួត‌ត្រា​លើ​តំបន់​ភ្នំ ប៉ុន្តែ ពួក​គេ​ពុំ​អាច​បណ្តេញ​ប្រជាជន​ដែល​រស់​នៅ​តាម​តំបន់​ជ្រលង​ភ្នំ​បាន​ទេ ព្រោះ​អ្នក​ទាំង​នោះ​មាន​រទេះ​ចម្បាំង​ធ្វើ​អំពី​ដែក។
២០ ពួក​គេ​បាន​ប្រគល់​ក្រុង​ហេប្រូន​ជូន​លោក​កាលែប ដូច​លោក​ម៉ូសេ​បាន​បង្គាប់​ទុក ហើយ​លោក​កាលែប​ក៏​បណ្តេញ​អំបូរ​អណាក់​ទាំង​បី រួច​កាន់​កាប់​ក្រុង​នោះ​ទៅ។ ២១ រីឯ​កុល‌សម្ព័ន្ធ​បេនយ៉ាមីន​វិញ គេ​មិន​បាន​បណ្តេញ​ជន​ជាតិ​យេប៊ូស ដែល​រស់​នៅ​ក្រុង​យេរូ‌សាឡឹម​ទេ។ ដូច្នេះ ជន​ជាតិ​យេប៊ូស​ក៏​រស់​ជា​មួយ​កុល‌សម្ព័ន្ធ​បេនយ៉ាមីន នៅ​ក្រុង​យេរូ‌សាឡឹម​រហូត​ដល់​សព្វ​ថ្ងៃ។ ២២ ចំណែក​ឯ​ពូជ‌ពង្ស​របស់​លោក​យ៉ូសែប​វិញ ក៏​ចេញ​ទៅ​ច្បាំង​នឹង​ក្រុង​បេតអែល​ដែរ ហើយ​ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​ពួក​គេ។ ២៣ ដំបូង គេ​បញ្ជូន​មនុស្ស​ឲ្យ​ទៅ​ស៊ើប​មើល​ទី‌ក្រុង​នោះ ដែល​ពី​ដើម​មាន​ឈ្មោះ​ថា«លូស»។ ២៤ ពេល​ឃើញ​បុរស​ម្នាក់​ចេញ​ពី​ទី‌ក្រុង អ្នក​ស៊ើប‌ការណ៍​ក៏​ពោល​ទៅ​គាត់​ថា៖ «តើ​គេ​អាច​ចូល​ទៅ​ទី‌ក្រុង​តាម​ផ្លូវ​ណា ចូរ​ប្រាប់​យើង​មក៍ យើង​នឹង​ប្រណី​ដល់​អ្នក»។ ២៥ បុរស​នោះ​ក៏​បង្ហាញ​ផ្លូវ​ចូល​ទៅ​ទី‌ក្រុង។ ពួក​គេ​ប្រហារ​ជីវិត​អ្នក​ក្រុង​នោះ ដោយ​មុខ​ដាវ តែ​គេ​ទុក​ឲ្យ​បុរស​នោះ និង​គ្រួសារ​គាត់​ទាំង​មូល​ចាក​ចេញ​ទៅ។ ២៦ បុរស​នោះ​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​ហេត ហើយ​សង់​ក្រុង​មួយ ដែល​គាត់​ដាក់​ឈ្មោះ​ថា «លូស» ជា​ឈ្មោះ​ដែល​គេ​ហៅ​រហូត​ដល់​សព្វ​ថ្ងៃ។
២៧ រីឯ​កុល‌សម្ព័ន្ធ​ម៉ាណាសេ​វិញ គេ​មិន​បាន​បណ្តេញ​ពួក​អ្នក​ស្រុក​ដែល​រស់​នៅ​ក្រុង​បេត‌សៀន ក្រុង​តា‌ណាក់ ក្រុង​ឌ័រ ក្រុង​យីប‌ឡាម និង​ក្រុង​មេគី‌ដូ ព្រម​ទាំង​តំបន់​នានា​ជុំ‌វិញ​ក្រុង​ទាំង​នោះ​ទេ ដូច្នេះ ជន​ជាតិ​កាណាន​ក៏​រស់​នៅ​ក្នុង​ស្រុក​នោះ​ត​ទៅ​ទៀត។ ២៨ ពេល​ជន​ជាតិ​អ៊ីស្រា‌អែល​មាន​កម្លាំង គេ​ពុំ​បណ្តេញ​ជន​ជាតិ​កាណាន​ចេញ​ពី​នោះ​ទេ តែ​គេ​បង្ខំ​ពួក​នោះ​ឲ្យ​ធ្វើ​ការ​ជា​ទម្ងន់។
២៩ កុល‌សម្ព័ន្ធ​អេប្រាអ៊ីម​ក៏​មិន​បាន​បណ្តេញ​ជន​ជាតិ​កាណាន ដែល​រស់​នៅ​ក្រុង​កេស៊ែរ​ដែរ ដូច្នេះ ពួក​នេះ​ក៏​រស់​នៅ​ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម នៅ​ក្រុង​កេស៊ែរ​ត​ទៅ​ទៀត។
៣០ កុល‌សម្ព័ន្ធ​សាប៊ូ‌ឡូន​ក៏​មិន​បាន​បណ្តេញ​អ្នក​ស្រុក​គីត្រូន និង​អ្នក​ស្រុក​ណាហា‌ឡុល ចេញ​ពី​ស្រុក​នោះ​ដែរ។ ជន​ជាតិ​កាណាន​ក៏​រស់​នៅ​ជា​មួយ​កុល‌សម្ព័ន្ធ​សាប៊ូ‌ឡូន តែ​ត្រូវ​គេ​បង្ខំ​ឲ្យ​ធ្វើ​ការ​ជា​ទម្ងន់។
៣១ កុល‌សម្ព័ន្ធ​អស៊ែរ​មិន​បាន​បណ្តេញ​អ្នក​ស្រុក​អាក់‌កូ ស៊ីដូន អាឡាប អាក់‌ស៊ីប ហែលបា អាភីក និង​រេហូប​ចេញ​ទេ។ ៣២ កុល‌សម្ព័ន្ធ​អស៊ែរ​ក៏​រស់​នៅ​ជា​មួយ​ជន​ជាតិ​កាណាន​ក្នុង​ស្រុក​នោះ ព្រោះ​គេ​មិន​បាន​បណ្តេញ​ជន​ជាតិ​ទាំង​នោះ​ចេញ​ពី​ស្រុក​ឡើយ។
៣៣ កុល‌សម្ព័ន្ធ​ណែបថា‌លី​ក៏​មិន​បាន​បណ្តេញ​ជន​ជាតិ​កាណាន ដែល​រស់​នៅ​ក្រុង​បេតសេ‌ម៉េស និង​ក្រុង​បេតអា‌ណាត​ដែរ។ ពួក​គេ​រស់​នៅ​ជា​មួយ​ជន​ជាតិ​កាណាន​ក្នុង​ស្រុក​នោះ តែ​បង្ខំ​អ្នក​ក្រុង​បេតសេ‌ម៉េស និង​អ្នក​ក្រុង​បេតអា‌ណាត​ឲ្យ​ធ្វើ​ការ​ជា​ទម្ងន់។
៣៤ ជន​ជាតិ​អាម៉ូរី​បាន​រុញ​ច្រាន​កុល‌សម្ព័ន្ធ​ដាន់​ឲ្យ​ទៅ​រស់​នៅ​តាម​តំបន់​ភ្នំ គឺ​មិន​បណ្តោយ​ឲ្យ​ពួក​គេ​រស់​នៅ​ក្នុង​តំបន់​ជ្រលង​ភ្នំ​ឡើយ។ ៣៥ ជន​ជាតិ​អាម៉ូរី​រស់​នៅ​ក្រុង​ហារ-ហេរ៉ែស អាយ៉ា‌ឡូន និង​សាល‌ប៊ីម។ ប៉ុន្តែ​ក្រោយ​មក ពូជ‌ពង្ស​របស់​លោក​យ៉ូសែប​មាន​កម្លាំង​ត្រួត‌ត្រា​លើ​ពួក​គេ និង​បង្ខំ​ពួក​គេ​ឲ្យ​ធ្វើ​ការ​ជា​ទម្ងន់។ ៣៦ រីឯ​ដែន​ដី​របស់​ជន​ជាតិ​អាម៉ូរី​នោះ លាត​សន្ធឹង​ពី​ច្រក​ភ្នំ​អាក្រា‌ប៊ីម គឺ​ចាប់​តាំង​ពី​ផ្ទាំង​ថ្ម​សិលា​ឡើង​ទៅ។
ព្រះ‌អម្ចាស់​ស្តី​បន្ទោស​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ
 នៅ​គ្រា​នោះ ទេវទូត​របស់​ព្រះ‌អម្ចាស់​បាន​ឡើង​ពី​គីលកាល់​ទៅ​បូគីម ហើយ​ពោល​ទៅ​កាន់​ជន​ជាតិ​អ៊ីស្រា‌អែល​ថា៖ «យើង​បាន​យក​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប ហើយ​នាំ​ចូល​មក​ក្នុង​ស្រុក​ដែល​យើង​បាន​សន្យា​ជា​មួយ​ពួក​បុព្វ‌បុរស*​ថា​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា។ យើង​បាន​ប្រាប់​ហើយ​ថា យើង​នឹង​មិន​ផ្ដាច់​សម្ពន្ធ‌មេត្រី*​ដែល​យើង​ចង​ជា​មួយ​អ្នក​រាល់​គ្នា​ឡើយ។  រីឯ​អ្នក​រាល់​គ្នា​វិញ មិន​ត្រូវ​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ប្រជាជន​ស្រុក​នេះ​ទេ ត្រូវ​រំលំ​អាសនៈ​ទាំង‌ឡាយ​របស់​គេ​ចោល។ ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​ស្ដាប់​យើង​សោះ! ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​បែប​នេះ?  ដូច្នេះ យើង​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា យើង​នឹង​មិន​បណ្តេញ​អ្នក​ស្រុក​នេះ​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា​ឡើយ ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​គូ​សត្រូវ​របស់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​នៃ​ព្រះ​នានា​របស់​ពួក​គេ»។  នៅ​ពេល​ឮ​ទេវទូត​របស់​ព្រះ‌អម្ចាស់​ពោល​ដូច្នេះ ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់​ក៏​នាំ​គ្នា​ទ្រហោ​យំ។  គេ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា បូគីម ហើយ​នាំ​គ្នា​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌អម្ចាស់
លោក​យ៉ូស៊ូអា​ទទួល​មរណ‌ភាព
 លោក​យ៉ូស៊ូអា​បាន​ឲ្យ​ប្រជាជន​វិល​ត្រឡប់​ទៅ​វិញ ជន​ជាតិ​អ៊ីស្រា‌អែល​ក៏​នាំ​គ្នា​ទៅ​ចាប់​យក​ចំណែក​ទឹក​ដី ដែល​ជា​មត៌ក​របស់​គេ​រៀងៗ​ខ្លួន។  ពួក​គេ​គោរព​បម្រើ​ព្រះ‌អម្ចាស់ ក្នុង​អំឡុង​ពេល​ដែល​លោក​យ៉ូស៊ូអា​មាន​ជីវិត​នៅ​ឡើយ។ ក្រោយ​លោក​ទទួល​មរណ‌ភាព​ផុត​ទៅ គេ​នៅ​តែ​គោរព​បម្រើ​ព្រះ‌អង្គ​ត​ទៅ​ទៀត ក្នុង​អំឡុង​ពេល​ដែល​ពួក​ចាស់​ទុំ​នៅ​រស់​នៅ​ឡើយ​ដែរ គឺ​ចាស់​ទុំ​ដែល​បាន​ឃើញ​ការ​អស្ចារ្យ​ដ៏​ឧត្តុង្គ‌ឧត្ដម ដែល​ព្រះ‌អម្ចាស់​បាន​ធ្វើ​ចំពោះ​ជន​ជាតិ​អ៊ីស្រា‌អែល។  លោក​យ៉ូស៊ូអា​ដែល​ជា​កូន​របស់​លោក​នូន និង​ជា​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់ បាន​ទទួល​មរណ‌ភាព ក្នុង​ជន្មាយុ​មួយ‌រយ​ដប់​ឆ្នាំ។  គេ​បាន​បញ្ចុះ​សព​របស់​លោក​នៅ​ក្នុង​ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​លោក នៅ​ទីមណាត-‌ហេរេស ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម ខាង​ជើង​ភ្នំ​កាស។ ១០ មនុស្ស​ជំនាន់​នោះ​ក៏​ទៅ​ជួប‌ជុំ​នឹង​ដូន‌តា​របស់​គេ ដែល​ចែក​ស្ថាន​ទៅ​ហើយ ហើយ​មាន​មនុស្ស​មួយ​ជំនាន់​ទៀត​កើត​មក​តាម​ក្រោយ។ អ្នក​ទាំង​នេះ​មិន​បាន​ស្គាល់​ព្រះ‌អម្ចាស់ ហើយ​ក៏​មិន​ស្គាល់​ស្នា​ព្រះ‌ហស្ដ ដែល​ព្រះ‌អង្គ​បាន​ធ្វើ​ចំពោះ​អ៊ីស្រា‌អែល​ដែរ។
ប្រជាជន​អ៊ីស្រា‌អែល​បោះ​បង់​ចោល​ព្រះ‌អម្ចាស់
១១ ជន​ជាតិ​អ៊ីស្រា‌អែល​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ដោយ​នាំ​គ្នា​គោរព​បម្រើ​ព្រះ‌បាល។ ១២ ពួក​គេ​បាន​បោះ​បង់​ចោល​ព្រះ‌ជា‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​គេ ដែល​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីប​មក។ គេ​បែរ​ទៅ​គោរព​ព្រះ​ផ្សេងៗ​ទៀត ក្នុង​ចំណោម​ព្រះ​នានា​របស់​ប្រជាជន​ដែល​រស់​នៅ​ជុំ‌វិញ​ពួក​គេ។ ពួក​គេ​ក្រាប​ថ្វាយ‌បង្គំ​ព្រះ​ទាំង​នោះ ជា​ហេតុ​បណ្តាល​ឲ្យ​ព្រះ‌អម្ចាស់​ព្រះ‌អង្គ​ព្រះ‌ពិរោធ។ ១៣ ពួក​គេ​បាន​បោះ​បង់​ចោល​ព្រះ‌អម្ចាស់ ទៅ​គោរព​បម្រើ​ព្រះ‌បាល និង​ព្រះ‌អាស្ដា‌រ៉ូត​វិញ។ ១៤ ព្រះ‌អម្ចាស់​ព្រះ‌អង្គ​ព្រះ‌ពិរោធ​នឹង​ជន​ជាតិ​អ៊ីស្រា‌អែល​យ៉ាង​ខ្លាំង ព្រះ‌អង្គ​ប្រគល់​ពួក​គេ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​ចោរ​ព្រៃ​ដែល​ប្លន់​យក​ទ្រព្យ‌សម្បត្តិ​ពួក​គេ ព្រះ‌អង្គ​ប្រគល់​ពួក​គេ​ទៅ​ឲ្យ​ខ្មាំង​សត្រូវ​នៅ​ជុំ‌វិញ យក​ទៅ​ធ្វើ​ជា​ទាសករ។ ពួក​គេ​ពុំ​អាច​ទប់​ទល់​នឹង​ខ្មាំង​សត្រូវ​ទៀត​ឡើយ។ ១៥ រាល់​ពេល​ដែល​ពួក​គេ​ចេញ​ទៅ​ច្បាំង ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ពួក​គេ​បរា‌ជ័យ​ជា‌និច្ច ដូច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ព្រមាន​រួច​ស្រេច​ហើយ។ ដូច្នេះ ពួក​គេ​កើត​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង។ ១៦ គ្រា​នោះ ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​មាន​ពួក​វីរ‌បុរស​ក្រោក​ឡើង រំដោះ​ពួក​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ចោរ​ព្រៃ។ ១៧ ប៉ុន្តែ ពួក​គេ​មិន​ស្ដាប់​បង្គាប់​អស់​លោក​វីរ‌បុរស ជា​អ្នក​ដឹក​នាំ​របស់​ខ្លួន​ឡើយ ពួក​គេ​នាំ​គ្នា​ក្បត់​ព្រះ‌ជាម្ចាស់​ទៅ​គោរព​ថ្វាយ‌បង្គំ​ព្រះ​ដទៃ។ ពួក​គេ​ឆាប់​ងាក​ចេញ​ពី​មាគ៌ា​របស់​បុព្វ‌បុរស គឺ​ពួក​គេ​ពុំ​បាន​ប្រតិបត្តិ​តាម​វិន័យ​របស់​ព្រះ‌អម្ចាស់ ដូច​ពួក​បុព្វ‌បុរស​ទេ។ ១៨ ពេល​ព្រះ‌អម្ចាស់​តែង‌តាំង​វីរ‌បុរស​ណា​ម្នាក់​ឲ្យ​ដឹក​នាំ​ពួក​គេ ព្រះ‌អង្គ​គង់​ជា​មួយ​វីរ‌បុរស​នោះ ហើយ​រំដោះ​ពួក​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ ក្នុង​មួយ​ជីវិត​របស់​លោក ដ្បិត​ព្រះ‌អម្ចាស់​អាណិត​មេត្តា​ពួក​គេ នៅ​ពេល​ឮ​ពួក​គេ​ស្រែក​ថ្ងូរ ដោយ​ខ្មាំង​សត្រូវ​សង្កត់‌សង្កិន និង​ធ្វើ​បាប។ ១៩ លុះ​វីរ‌បុរស​នោះ​ទទួល​មរណ‌ភាព​ផុត​ទៅ ពួក​គេ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់​សា​ជា​ថ្មី លើស​ដូន‌តា​ទៅ​ទៀត។ ពួក​គេ​បែរ​ទៅ​គោរព​បម្រើ និង​ក្រាប​ថ្វាយ‌បង្គំ​ព្រះ​ដទៃ គឺ​ពួក​គេ​ពុំ​បាន​លះ‌បង់​អំពើ​អាក្រក់ និង​ចរិត​រឹង​ចចេស​របស់​ខ្លួន​ឡើយ។ ២០ ពេល​នោះ ព្រះ‌អម្ចាស់​ព្រះ‌អង្គ​ព្រះ‌ពិរោធ​នឹង​ជន​ជាតិ​អ៊ីស្រា‌អែល​យ៉ាង​ខ្លាំង ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ប្រជា‌ជាតិ​នេះ​បាន​ផ្ដាច់​សម្ពន្ធ‌មេត្រី​ដែល​យើង​ចង​ជា​មួយ​បុព្វ‌បុរស​របស់​គេ ហើយ​មិន​ព្រម​ស្ដាប់​បង្គាប់​យើង​ទេ ២១ ដូច្នេះ យើង​ក៏​នឹង​មិន​បណ្តេញ​ប្រជា‌ជាតិ​ណា​មួយ ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា​ដែល​យ៉ូស៊ូអា​ទុក​ឲ្យ​នៅ​សល់ ក្រោយ​ពេល​គាត់​ស្លាប់​ទៅ​នោះ​ដែរ។ ២២ យើង​នឹង​ប្រើ​ប្រជា‌ជាតិ​ទាំង​នោះ ដើម្បី​ល្បង‌ល​មើល​ឲ្យ​ដឹង​ថា តើ​អ៊ីស្រា‌អែល​ដើរ​តាម​មាគ៌ា​របស់​យើង ដូច​បុព្វ‌បុរស​របស់​គេ​ឬ​យ៉ាង​ណា»។
២៣ ព្រះ‌អម្ចាស់​ទុក​ប្រជា‌ជាតិ​ទាំង‌ឡាយ ដែល​ព្រះ‌អង្គ​មិន​បាន​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​លោក​យ៉ូស៊ូអា ឲ្យ​រស់​នៅ​ក្នុង​ស្រុក​ត​ទៅ​មុខ​ទៀត គឺ​ព្រះ‌អង្គ​មិន​ប្រញាប់​នឹង​យក​ទឹក​ដី​ចេញ​ពី​ពួក​គេ​ឡើយ។
 ព្រះ‌អម្ចាស់​បាន​ទុក​ប្រជា‌ជាតិ​ទាំង​នោះ​ឲ្យ​រស់​នៅ​ក្នុង​ស្រុក ដើម្បី​ល្បង‌ល​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ដែល​មិន​ចូល​រួម​ធ្វើ​សង្គ្រាម​ដណ្ដើម​យក​ទឹក​ដី​កាណាន។  ព្រះ‌អង្គ​គ្រាន់​តែ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​ជំនាន់​ក្រោយ គឺ​ពួក​ដែល​មិន​ធ្លាប់​ច្បាំង​បាន​ហាត់​រៀន​ធ្វើ​សង្គ្រាម។  ប្រជា‌ជាតិ​ទាំង​នោះ​មាន​ដូច​ត​ទៅ: ជន​ជាតិ​ភីលីស្ទីន​ទាំង​ប្រាំ​នគរ ជន​ជាតិ​កាណាន​ទាំង​អស់ ជន​ជាតិ​ស៊ីដូន និង​ជន​ជាតិ​ហេវី ដែល​រស់​នៅ​តាម​តំបន់​ភ្នំ​លីបង់ ចាប់​តាំង​ពី​ភ្នំ​បាល-‌ហ៊ែរ‌ម៉ូន រហូត​ដល់​លេបូ‌ហាម៉ាត់។
 ព្រះ‌អម្ចាស់​ទុក​សាសន៍​ទាំង​នោះ ដើម្បី​ល្បង‌ល​មើល​ឲ្យ​ដឹង​ថា តើ​ជន​ជាតិ​អ៊ីស្រា‌អែល​គោរព​តាម​វិន័យ ដែល​ព្រះ‌អង្គ​ប្រទាន​មក​បុព្វ‌បុរស​របស់​គេ តាម‌រយៈ​លោក​ម៉ូសេ​ឬ​យ៉ាង​ណា។  ហេតុ​នេះ​ហើយ​បាន​ជា​ជន​ជាតិ​អ៊ីស្រា‌អែល​រស់​នៅ​ក្នុង​ចំណោម​ជន​ជាតិ​ហេត ជន​ជាតិ​អាម៉ូរី ជន​ជាតិ​ពេរី‌ស៊ី ជន​ជាតិ​ហេវី និង​ជន​ជាតិ​យេប៊ូស។  គេ​យក​កូន​ស្រី​របស់​សាសន៍​ទាំង​នោះ​មក​ធ្វើ​ជា​ប្រពន្ធ ហើយ​ក៏​លើក​កូន​ស្រី​របស់​ខ្លួន​ឲ្យ​រៀប‌ការ​ជា​មួយ​កូន​ប្រុស​របស់​សាសន៍​ទាំង​នោះ ព្រម​ទាំង​នាំ​គ្នា​គោរព​ថ្វាយ‌បង្គំ​ព្រះ​នៃ​សាសន៍​ទាំង​នោះ​ថែម​ទៀត​ផង។

វីរ‌បុរស​ដប់‌ពីរ​រូប

លោក​អូតនី‌អែល
 ជន​ជាតិ​អ៊ីស្រា‌អែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ពួក​គេ។ ពួក​គេ​បំភ្លេច​ព្រះ‌អង្គ ហើយ​បែរ​ទៅ​គោរព​ព្រះ‌បាល និង​ព្រះ‌អាសេរ៉ា​វិញ។  ព្រះ‌អម្ចាស់​ព្រះ‌អង្គ​ព្រះ‌ពិរោធ​ជា​មួយ​ពួក​គេ ហើយ​ប្រគល់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌បាទ​គូសាន‌រីសា‌តាអ៊ីម ជា​ស្តេច​ស្រុក​មេសូ‌ប៉ូតាមី។ ជន​ជាតិ​អ៊ីស្រា‌អែល​នៅ​ជា​ចំណុះ​ស្តេច​នោះ​អស់‌រយៈ​ពេល​ប្រាំ‌បី​ឆ្នាំ។  ជន​ជាតិ​អ៊ីស្រា‌អែល​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​ក៏​ធ្វើ​ឲ្យ​មាន​អ្នក​សង្គ្រោះ​មួយ​រូប​ងើប​ឡើង​សង្គ្រោះ​ជន​ជាតិ​អ៊ីស្រា‌អែល គឺ​លោក​អូតនី‌អែល ជា​កូន​របស់​លោក​កេណាស ដែល​ត្រូវ​ជា​ប្អូន​របស់​លោក​កាលែប។ ១០ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់​សណ្ឋិត​លើ​លោក​អូតនី‌អែល លោក​ក៏​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​ប្រជាជន​អ៊ីស្រា‌អែល។ លោក​អូតនី‌អែល​ចេញ​ទៅ​ច្បាំង ហើយ​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​លោក​មាន​ជ័យ‌ជម្នះ ដោយ​ប្រគល់​ព្រះ‌បាទ​គូសាន‌រីសា‌តាអ៊ីម ជា​ស្តេច​ស្រុក​មេសូ‌ប៉ូតាមី មក​ក្នុង​កណ្ដាប់​ដៃ​របស់​លោក។ ១១ ស្រុក​ទេស​បាន​សុខ‌សាន្ត‌ត្រាណ អស់‌រយៈ​ពេល​សែ‌សិប​ឆ្នាំ។ ក្រោយ​មក លោក​អូតនី‌អែល ជា​កូន​របស់​លោក​កេណាស ទទួល​មរណ‌ភាព​ទៅ។
លោក​អេហ៊ូដ
១២ ជន​ជាតិ​អ៊ីស្រា‌អែល​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់​សា​ជា​ថ្មី។ ហេតុ​នេះ ព្រះ‌អម្ចាស់​បាន​ពង្រឹង​អំណាច​របស់​ព្រះ‌បាទ​អេក្លូន ជា​ស្តេច​ស្រុក​ម៉ូអាប់ ឲ្យ​ប្រឆាំង​នឹង​ជន​ជាតិ​អ៊ីស្រា‌អែល។ ១៣ ព្រះ‌បាទ​អេក្លូន​បាន​ពួត‌ដៃ​ជា​មួយ​ជន​ជាតិ​អាំម៉ូន និង​ជន​ជាតិ​អាម៉ា‌ឡេក ទៅ​ច្បាំង​នឹង​អ៊ីស្រា‌អែល ហើយ​ដណ្ដើម​បាន​ក្រុង​ដើម​លម៉ើ។ ១៤ ជន​ជាតិ​អ៊ីស្រា‌អែល​នៅ​ចំណុះ​ព្រះ‌បាទ​អេក្លូន ជា​ស្តេច​ស្រុក​ម៉ូអាប់ អស់‌រយៈ​ពេល​ដប់​ប្រាំ‌បី​ឆ្នាំ។ ១៥ ជន​ជាតិ​អ៊ីស្រា‌អែល​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​ក៏​ធ្វើ​ឲ្យ​មាន​អ្នក​សង្គ្រោះ​មួយ​រូប​ងើប​ឡើង​សង្គ្រោះ​ពួក​គេ គឺ​លោក​អេហ៊ូដ ជា​កូន​របស់​លោក​កេរ៉ា ក្នុង​កុល‌សម្ព័ន្ធ​បេនយ៉ាមីន លោក​អេហ៊ូដ​ប្រើ​តែ​ដៃ​ឆ្វេង​ប៉ុណ្ណោះ។
នៅ​គ្រា​នោះ ជន​ជាតិ​អ៊ីស្រា‌អែល​ចាត់​លោក​អេហ៊ូដ​ឲ្យ​នាំ​សួយសារ‌អាករ​ទៅ​ថ្វាយ​ព្រះ‌បាទ​អេក្លូន ជា​ស្តេច​ស្រុក​ម៉ូអាប់។ ១៦ លោក​អេហ៊ូដ​ធ្វើ​កាំ​បិត​មុខ​ពីរ ដែល​មាន​ប្រវែង​ប្រហែល​មួយ​ហត្ថ ហើយ​ចង​ផ្អោប​នឹង​ភ្លៅ​ស្តាំ លាក់​ក្នុង​សម្លៀក‌បំពាក់​របស់​លោក។ ១៧ លោក​នាំ​សួយសារ‌អាករ​ទៅ​ថ្វាយ​ព្រះ‌បាទ​អេក្លូន ជា​ស្តេច​ស្រុក​ម៉ូអាប់។ ព្រះ‌បាទ​អេក្លូន​ធាត់​ណាស់។ ១៨ ក្រោយ​បាន​ថ្វាយ​សួយសារ‌អាករ​រួច​ហើយ លោក​ក៏​វិល​ទៅ​វិញ​ជា​មួយ​អស់​អ្នក​ដែល​កាន់​សួយសារ‌អាករ​មក។ ១៩ លុះ​មក​ដល់​ត្រង់​រូប​បដិមា ដែល​នៅ​ជិត​គីលកាល់ លោក​បក​ក្រោយ ហើយ​ទូល​ស្តេច​ថា៖ «បពិត្រ​ព្រះ‌ករុណា ទូល‌បង្គំ​មាន​កិច្ច‌ការ​សម្ងាត់​មួយ​ទូល​ថ្វាយ​ព្រះ‌អង្គ»។ ស្តេច​បញ្ជា​ទៅ​អ្នក​បម្រើ​ឲ្យ​ចេញ​ទៅ អស់​អ្នក​ដែល​នៅ​ជា​មួយ​ស្តេច​ក៏​នាំ​គ្នា​ចេញ​ទៅ។ ២០ ពេល​នោះ ស្តេច​គង់​នៅ​ក្នុង​បន្ទប់​ត្រជាក់​ខាង​លើ ជា​កន្លែង​លំហែ​កាយ​សម្រាប់​ស្តេច​ផ្ទាល់។ លោក​អេហ៊ូដ​ចូល​ទៅ​ជិត ទូល​ថា៖ «ទូល‌បង្គំ​មាន​ព្រះ‌បន្ទូល​ពី​ព្រះ‌អម្ចាស់ សម្រាប់​ទូល​ថ្វាយ​ព្រះ‌ករុណា​ផ្ទាល់!» ស្តេច​ក៏​ក្រោក​ពី​កៅអី។ ២១ រំពេច​នោះ លោក​អេហ៊ូដ​លូក​ដៃ​ឆ្វេង​ដក​កាំបិត ដែល​ចង​ផ្អោប​នៅ​ភ្លៅ​ស្តាំ រួច​ចាក់​ត្រង់​ពោះ​ស្តេច ២២ មុត​កប់​រហូត​ដល់​ដង ហើយ​ខ្លាញ់​ពោះ​ក៏​បិទ​ភ្ជិត​កាំបិត​នោះ។ លោក​អេហ៊ូដ​មិន​បាន​ដក​កាំបិត​ចេញ​មក​វិញ​ទេ។
២៣ បន្ទាប់​មក លោក​អេហ៊ូដ​បាន​បិទ​ទ្វារ​បន្ទប់ និង​ចាក់​សោ​យ៉ាង​ជិត រួច​ចេញ​មក​ក្រៅ​វិញ តាម​ច្រក​ខាង​ក្រោយ។ ២៤ កាល​លោក​អេហ៊ូដ​ចេញ​ផុត​ទៅ អ្នក​បម្រើ​មក​ដល់ ឃើញ​ទ្វារ​បន្ទប់​បិទ​ជិត ពួក​គេ​គិត​គ្នា​ថា «ស្តេច​ប្រហែល​ជា​កំពុង​តែ​ដោះ​ទុក្ខ​សត្វ នៅ​ខាង​ក្នុង​នោះ​ហើយ​មើល​ទៅ!»។ ២៥ គេ​នាំ​គ្នា​រង់‌ចាំ រហូត​ទាល់​តែ​ចាប់​ផ្តើម​បារម្ភ ព្រោះ​មិន​ឃើញ​ស្តេច​បើក​ទ្វារ​បន្ទប់។ ដូច្នេះ គេ​ក៏​យក​សោ​ទៅ​ចាក់​បើក​ទ្វារ ហើយ​ឃើញ​ម្ចាស់​របស់​គេ​សុគត​នៅ​លើ​ឥដ្ឋ។ ២៦ ក្នុង‌រយៈ​ពេល​ដែល​គេ​រង់‌ចាំ​នោះ លោក​អេហ៊ូដ​រត់​ឆ្ងាយ​ហួស​រូប​បដិមា ហើយ​ទៅ​ដល់​តំបន់​សៃរ៉ា។ ២៧ ពេល​ទៅ​ដល់ លោក​ផ្លុំ​ស្នែង​ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម ជន​ជាតិ​អ៊ីស្រា‌អែល​ចុះ​ពី​ភ្នំ​ទៅ​ជា​មួយ​លោក លោក​ក៏​នាំ​មុខ​គេ។ ២៨ លោក​ប្រកាស​ថា៖ «ចូរ​មក​តាម​ខ្ញុំ ដ្បិត​ព្រះ‌អម្ចាស់​បាន​ប្រគល់​សាសន៍​ម៉ូអាប់ ជា​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា មក​ក្នុង​កណ្ដាប់​ដៃ​អ្នក​រាល់​គ្នា​ហើយ!»។ ពួក​គេ​ទៅ​ជា​មួយ​លោក ហើយ​វាយ​យក​កន្លែង​ទឹក​រាក់ សម្រាប់​ឆ្លង​ទន្លេ​យ័រដាន់ ពី​ជន​ជាតិ​ម៉ូអាប់ ពួក​គេ​មិន​ឲ្យ​នរណា​ម្នាក់​ឆ្លង​តាម​នោះ​ឡើយ។ ២៩ នៅ​គ្រា​នោះ ពួក​គេ​បាន​សម្លាប់​ជន​ជាតិ​ម៉ូអាប់ អស់​ប្រហែល​មួយ‌ម៉ឺន​នាក់ ដែល​សុទ្ធ​តែ​ជា​អ្នក​ខ្លាំង​ពូកែ ហើយ​ក្លាហាន​ផង គឺ​ឥត​ទុក​ឲ្យ​នរណា​ម្នាក់​រួច​ជីវិត​ឡើយ។ ៣០ ចាប់​តាំង​ពី​ពេល​នោះ​មក ជន​ជាតិ​ម៉ូអាប់​ស្ថិត​នៅ​ក្រោម​អំណាច​ត្រួត‌ត្រា​របស់​ជន​ជាតិ​អ៊ីស្រា‌អែល ហើយ​ស្រុក​ទេស​ក៏​បាន​សុខ‌សាន្ត‌ត្រាណ អស់‌រយៈ​ពេល​ប៉ែត‌សិប​ឆ្នាំ។
លោក​សាំការ
៣១ បន្ទាប់​ពី​លោក​អេហ៊ូដ លោក​សាំការ ជា​កូន​របស់​លោក​អណាត ក៏​បាន​សង្គ្រោះ​ជន​ជាតិ​អ៊ីស្រា‌អែល​ដែរ គឺ​លោក​បាន​សម្លាប់​ជន​ជាតិ​ភីលីស្ទីន​អស់​ប្រាំ‌មួយ‌រយ​នាក់ ដោយ​ប្រើ​ជន្លួញ​គោ។
លោក​ស្រី​ដេបូ‌រ៉ា និង​លោក​បារ៉ាក់
 ក្រោយ​ពី​លោក​អេហ៊ូដ​ទទួល​មរណ‌ភាព​ផុត​ទៅ ជន​ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់​សា​ជា​ថ្មី​ទៀត។  ហេតុ​នេះ ព្រះ‌អម្ចាស់​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌បាទ​យ៉ាប៊ីន ជា​ស្តេច​ស្រុក​កាណាន ដែល​គង់​នៅ​ក្រុង​ហា‌ស៊រ។ មេ‌ទ័ព​របស់​ស្តេច​ឈ្មោះ​ស៊ីសេ‌រ៉ា រស់​នៅ​ក្រុង​ហារ៉ូ‌សេត‌កូអ៊ីម។  ព្រះ‌បាទ​យ៉ាប៊ីន​មាន​រទេះ​ដែក​ប្រាំ​បួន‌រយ​គ្រឿង ហើយ​សង្កត់‌សង្កិន​ជន​ជាតិ​អ៊ីស្រា‌អែល​យ៉ាង​ខ្លាំង អស់‌រយៈ​ពេល​ម្ភៃ​ឆ្នាំ។ ហេតុ​នេះ​ហើយ​បាន​ជា​ជន​ជាតិ​អ៊ីស្រា‌អែល​ស្រែក​អង្វរ​ព្រះ‌អម្ចាស់
 នៅ​ជំនាន់​នោះ លោក​ស្រី​ដេបូ‌រ៉ា ជា​ព្យាកា‌រិនី ហើយ​ជា​ភរិយា​របស់​លោក​ឡាពី‌ដូត បាន​ដឹក​នាំ​ជន​ជាតិ​អ៊ីស្រា‌អែល។  លោក​ស្រី​ដេបូ‌រ៉ា​តែង​កាត់​ក្តី​នៅ​ក្រោម​ដើម​លម៉ើ ដែល​ក្រោយ​មក​គេ​ហៅ​ថា​លម៉ើ​របស់​លោក​ស្រី​ដេបូ‌រ៉ា ស្ថិត​នៅ​ចន្លោះ​ភូមិ​រ៉ាម៉ា និង​បេតអែល ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម។ ជន​ជាតិ​អ៊ីស្រា‌អែល​តែង‌តែ​ឡើង​ទៅ​រក​លោក​ស្រី​ដេបូ‌រ៉ា ឲ្យ​ជំនុំ‌ជម្រះ​រឿង‌រ៉ាវ​របស់​ពួក​គេ។  ថ្ងៃ​មួយ លោក​ស្រី​ដេបូ‌រ៉ា​បាន​កោះ​ហៅ​លោក​បារ៉ាក់ ជា​កូន​របស់​លោក​អប៊ី‌ណាំ ដែល​រស់​នៅ​ភូមិ​កេដែស ក្នុង​ដែន​ដី​ណែបថា‌លី ហើយ​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​មក​លោក​ដូច​ត​ទៅ: “ចូរ​ទៅ​កេណ្ឌ​មនុស្ស​មួយ‌ម៉ឺន​នាក់ ក្នុង​កុល‌សម្ព័ន្ធ​ណែបថា‌លី និង​សាប៊ូ‌ឡូន ហើយ​នាំ​គេ​ឡើង​ទៅ​លើ​ភ្នំ​តា‌ប៊រ។  យើង​នឹង​ទាក់‌ទាញ​ស៊ី‌សេរ៉ា ជា​មេ‌ទ័ព​របស់​ស្តេច​យ៉ាប៊ីន ព្រម​ទាំង​រទេះ​ចម្បាំង និង​កង‌ទ័ព​របស់​គេ ឲ្យ​មក​ច្បាំង​នឹង​អ្នក​នៅ​ត្រង់​ទឹក​ជ្រោះ​គីសូន យើង​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក”»។  លោក​បារ៉ាក់​ឆ្លើយ​ឡើង​ថា៖ «បើ​លោក​ស្រី​អញ្ជើញ​ទៅ​ជា​មួយ​ខ្ញុំ ទើប​ខ្ញុំ​ព្រម​ទៅ តែ​បើ​លោក​ស្រី​មិន​អញ្ជើញ​ទៅ​ទេ នោះ​ខ្ញុំ​មិន​ព្រម​ទៅ​ឡើយ»។  លោក​ស្រី​ដេបូ‌រ៉ា​តប​ថា៖ «បាន! ខ្ញុំ​នឹង​ទៅ​ជា​មួយ​លោក ប៉ុន្តែ លោក​មិន​បាន​ទទួល​កិត្តិយស​ក្នុង​ចម្បាំង​នេះ​ទេ ដ្បិត​ព្រះ‌អម្ចាស់​នឹង​ប្រគល់​ស៊ីសេ‌រ៉ា​មក​ក្នុង​កណ្ដាប់​ដៃ​មនុស្ស​ស្រី»។ លោក​ស្រី​ដេបូ‌រ៉ា​ក៏​ធ្វើ​ដំណើរ​ជា​មួយ​លោក​បារ៉ាក់​ទៅ​ភូមិ​កេដែស។ ១០ នៅ​ទី​នោះ លោក​បារ៉ាក់​បាន​កោះ​ហៅ​កុល‌សម្ព័ន្ធ​សាប៊ូ‌ឡូន និង​ណែបថា‌លី ឲ្យ​មក​ជួប‌ជុំ​គ្នា​នៅ​កេដែស។ មាន​មនុស្ស​មួយ‌ម៉ឺន​នាក់​សម្រេច​ចិត្ត​ទៅ​ជា​មួយ​លោក ហើយ​លោក​ស្រី​ដេបូ‌រ៉ា​ក៏​ទៅ​ជា​មួយ​ដែរ។
១១ លោក​ហេប៊ែរ ជា​ជន​ជាតិ​គេនី បាន​បែក​ចេញ​ពី​ជន​ជាតិ​គេនី​ឯ​ទៀតៗ ដែល​ជា​ពូជ‌ពង្ស​របស់​លោក​ហូបាប់ បង​ថ្លៃ​របស់​លោក​ម៉ូសេ។ គាត់​បោះ​ជំរំ​នៅ​ក្បែរ​ដើម​ជ្រៃ​សាន់ណា‌អ៊ីម ជិត​ភូមិ​កេដែស។ ១២ មាន​គេ​ជម្រាប​លោក​ស៊ី‌សេរ៉ា​ថា លោក​បារ៉ាក់ ជា​កូន​របស់​លោក​អប៊ី‌ណាំ បាន​ឡើង​ទៅ​លើ​ភ្នំ​តាប៊រ។ ១៣ លោក​ស៊ីសេ‌រ៉ា​ប្រមូល​រទេះ​ដែក​ទាំង​ប្រាំ​បួន‌រយ​គ្រឿង និង​កង‌ទ័ព​ទាំង​អស់​របស់​គាត់ នៅ​ហារ៉ូ‌សេត‌កូអ៊ីម ហើយ​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ជ្រោះ​គីសូន។ ១៤ ពេល​នោះ លោក​ស្រី​ដេបូ‌រ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​លោក​បារ៉ាក់​ថា៖ «ចូរ​ចេញ​ទៅ​ថ្ងៃ​នេះ ព្រះ‌អម្ចាស់​ប្រគល់​ស៊ីសេ‌រ៉ា​មក​ក្នុង​កណ្ដាប់​ដៃ​របស់​លោក​ហើយ។ ព្រះ‌អម្ចាស់​ផ្ទាល់​យាង​នាំ​មុខ​លោក»។ លោក​បារ៉ាក់​ក៏​ចុះ​ពី​ភ្នំ​តាប៊រ ដោយ​មាន​មនុស្ស​មួយ‌ម៉ឺន​នាក់ មក​ជា​មួយ​លោក​ដែរ។ ១៥ ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​លោក​ស៊ីសេ‌រ៉ា ព្រម​ទាំង​រទេះ​ចម្បាំង និង​ពល‌ទាហាន​ទាំង​អស់​របស់​គាត់​បាក់​ទ័ព នៅ​មុខ​លោក​បារ៉ាក់។ លោក​ស៊ីសេ‌រ៉ា​បោះ​បង់​ចោល​រទេះ​ចម្បាំង​របស់​គាត់ ហើយ​រត់​គេច​ខ្លួន​ទៅ។ ១៦ លោក​បារ៉ាក់​ដេញ​តាម​រទេះ​ចម្បាំង និង​កង‌ទ័ព​ខ្មាំង រហូត​ដល់​ហារ៉ូ‌សេត‌កូអ៊ីម។ កង‌ទ័ព​ទាំង​មូល​របស់​លោក​ស៊ីសេ‌រ៉ា​ស្លាប់​ដោយ​មុខ​ដាវ គ្មាន​សល់​ម្នាក់​ឡើយ។
១៧ រីឯ​លោក​ស៊ីសេ‌រ៉ា​វិញ គាត់​រត់​គេច​រហូត​ដល់​តង់ត៍​របស់​នាង​យ៉ាអែល ដែល​ត្រូវ​ជា​ប្រពន្ធ​របស់​លោក​ហេប៊ែរ ជន​ជាតិ​គេនី ដ្បិត​ព្រះ‌បាទ​យ៉ាប៊ីន ជា​ស្តេច​ក្រុង​ហា‌ស៊រ និង​ក្រុម​គ្រួសារ​ហេប៊ែរ មាន​ទំនាក់‌ទំនង​ជា​មួយ​គ្នា​ដោយ​មេត្រី‌ភាព។ ១៨ ពេល​នោះ នាង​យ៉ាអែល​ចេញ​មក​ទទួល​លោក​ស៊ីសេ‌រ៉ា ទាំង​ពោល​ថា៖ «សូម​លោក​ម្ចាស់​អញ្ជើញ​ចូល​ក្នុង​មក កុំ​ភ័យ​ខ្លាច​អី!»។ លោក​ស៊ីសេ‌រ៉ា​ក៏​ចូល​ទៅ​ក្នុង​តង់ត៍ ហើយ​នាង​នាំ​លោក​ទៅ​លាក់​នៅ​ក្រោម​ភួយ។ ១៩ ខណៈ​នោះ លោក​ស៊ីសេ‌រ៉ា​ពោល​ថា៖ «សូម​អ្នក​មេត្តា​ឲ្យ​ទឹក​ខ្ញុំ​ផឹក​បន្តិច ដ្បិត​ខ្ញុំ​ស្រេក​ទឹក​ណាស់»។ នាង​បើក​ឆ្នុក​ថង់​ស្បែក​ទឹក​ដោះ ជូន​លោក​ស៊ីសេ‌រ៉ា​ពិសា រួច​គ្រប​ភួយ​ទៅ​វិញ។ ២០ លោក​ពោល​ទៀត​ថា៖ «សូម​អ្នក​ទៅ​ចាំ​នៅ​មាត់​ទ្វារ​តង់ត៍ ប្រសិន​បើ​មាន​គេ​មក​សួរ​អ្នក​ថា “តើ​មាន​នរណា​ចូល​មក​ទី​នេះ​ឬ​ទេ?” នោះ​សូម​ឆ្លើយ​ថា “គ្មាន​ទេ”»។ ២១ ដោយ​នឿយ‌ហត់​ខ្លាំង​ពេក លោក​ស៊ីសេ‌រ៉ា​ក៏​សម្រាន្ដ​លក់​ទៅ។ នាង​យ៉ាអែល​យក​ញញួរ និង​ចម្រឹង​ដែក ហើយ​ដើរ​លបៗ​ចូល​ទៅ​ជិត​លោក​ស៊ីសេ‌រ៉ា រួច​បោះ​ចម្រឹង​នោះ​ចំ​ត្រង់​សៀត‌ផ្កា​របស់​លោក​ស៊ីសេ‌រ៉ា ធ្លុះ​ដល់​ដី ស្លាប់​ទៅ។ ២២ ពេល​នោះ លោក​បារ៉ាក់​ដែល​ដេញ​តាម​លោក​ស៊ីសេ‌រ៉ា​ក៏​មក​ដល់ នាង​យ៉ាអែល​ចេញ​ទៅ​ជួប​លោក ហើយ​ពោល​ថា៖ «សូម​អញ្ជើញ​មក​ណេះ ខ្ញុំ​នឹង​បង្ហាញ​មនុស្ស ដែល​លោក​កំពុង​តែ​រក»។ លោក​បារ៉ាក់​ចូល​ទៅ​ក្នុង​ជំរំ ឃើញ​លោក​ស៊ីសេ‌រ៉ា​ដេក​ស្លាប់ ដោយ​មាន​ទាំង​ចម្រឹង​ដែក​ដោត​ជាប់​នឹង​សៀត‌ផ្កា។
២៣ ថ្ងៃ​នោះ ព្រះ‌អម្ចាស់​បាន​បំបាក់​មុខ​ព្រះ‌បាទ​យ៉ា‌ប៊ីន ជា​ស្តេច​ស្រុក​កាណាន នៅ​ចំពោះ​មុខ​ជន​ជាតិ​អ៊ីស្រា‌អែល។ ២៤ ជន​ជាតិ​អ៊ីស្រា‌អែល​មាន​ប្រៀប​លើ​ព្រះ‌បាទ​យ៉ាប៊ីន ជា​ស្តេច​ស្រុក​កាណាន​កាន់​តែ​ខ្លាំង​ឡើងៗ ហើយ​នៅ​ទី​បំផុត គេ​ក៏​សម្លាប់​ស្តេច​យ៉ាប៊ីន​បាន។
ទំនុក‌តម្កើង​របស់​លោក​ស្រី​ដេបូ‌រ៉ា និង​លោក​បារ៉ាក់
 នៅ​ថ្ងៃ​នោះ លោក​ស្រី​ដេបូ‌រ៉ា និង​លោក​បារ៉ាក់ ជា​កូន​របស់​លោក​អប៊ី‌ណាំ នាំ​គ្នា​ច្រៀង​ថា៖
 «នៅ​ស្រុក​អ៊ីស្រា‌អែល
ប្រជាជន​ថ្វាយ​ជីវិត​ទាំង​ស្រុង​ទៅ​ព្រះ‌ជាម្ចាស់
ហើយ​ស្ម័គ្រ​ចិត្ត​ចេញ​ទៅ​ប្រយុទ្ធ
សូម​សរសើរ​តម្កើង​ព្រះ‌អម្ចាស់!
 ស្តេច​ទាំង‌ឡាយ​អើយ សូម​ស្ដាប់!
អ្នក​ដឹក​នាំ​ទាំង‌ឡាយ​អើយ
ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់!
ខ្ញុំ​នឹង​ច្រៀង​ថ្វាយ​ព្រះ‌អម្ចាស់
ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល។
ខ្ញុំ​នឹង​ស្មូត្រ​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌អម្ចាស់
ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល។
 ឱ​ព្រះ‌អម្ចាស់​អើយ
កាល​ព្រះ‌អង្គ​យាង​ចាក​ចេញ​ពី​ស្រុក​សៀរ
កាល​ព្រះ‌អង្គ​យាង​មក​ពី​ស្រុក​អេដុម
នោះ​ផែន‌ដី​បាន​រញ្ជួយ មេឃ​ក៏​ប្រែ​ជា​ខ្មៅ​ងងឹត
ពពក​ក៏​បង្អុរ​ភ្លៀង​ចុះ​មក​យ៉ាង​ខ្លាំង។
 ភ្នំ​ទាំង‌ឡាយ​រលាយ
នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់
ជា​ព្រះ​នៃ​ភ្នំ​ស៊ីណៃ
គឺ​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល។
 នៅ​ជំនាន់​លោក​សាំការ ជា​កូន​លោក​អណាត
នៅ​ជំនាន់​នាង​យ៉ាអែល
គ្មាន​នរណា​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទេ
គឺ​គេ​ធ្វើ​ដំណើរ​តែ​តាម​ផ្លូវ​វាង។
 ប្រជាជន​បាន​បោះ​បង់​ចោល​ភូមិ​ទាំង‌ឡាយ
នៅ​ស្រុក​អ៊ីស្រា‌អែល គ្មាន​អ្នក​ដឹក​នាំ​ទេ
រហូត​ទាល់​តែ​ព្រះ‌ជាម្ចាស់​ឲ្យ​ដេបូ‌រ៉ា​ខ្ញុំ​នេះ
ក្រោក​ឡើង គឺ​ឲ្យ​ខ្ញុំ​ក្រោក​ឡើង
ធ្វើ​ជា​ម្ដាយ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល។
 ប្រជាជន​បាន​ជ្រើស‌រើស​ព្រះ​ថ្មីៗ​ទៀត
ពេល​នោះ សង្គ្រាម​ក៏​ផ្ទុះ​ឡើង។
ក្នុង​ចំណោម​ប្រជាជន​អ៊ីស្រា‌អែល​បួន‌ម៉ឺន​នាក់
គេ​រក​តែ​ខែល ឬ​លំពែង​មួយ​មិន​បាន​ផង។
 ខ្ញុំ​ពេញ​ចិត្ត​នឹង​មេ‌ទ័ព​ទាំង‌ឡាយ​របស់
ជន​ជាតិ​អ៊ីស្រា‌អែល
ហើយ​ក្នុង​ចំណោម​ប្រជាជន ខ្ញុំ​ពេញ​ចិត្ត​នឹង
អស់​អ្នក​ដែល​ស្ម័គ្រ​ចិត្ត​ចេញ​ទៅ​ច្បាំង
សូម​សរសើរ​តម្កើង​ព្រះ‌អម្ចាស់!
១០ អស់​អ្នក​ដែល​ជិះ​មេ​លា​សម្បុរ​ស
អស់​អ្នក​ដែល​អង្គុយ​លើ​កម្រាល​ព្រំ
និង​អស់​អ្នក​ដែល​ដើរ​តាម​ផ្លូវ​អើយ
ចូរ​រិះ‌គិត​ពិចារណា​ចុះ!
១១ ពួក​អ្នក​ដង​ទឹក​នាំ​គ្នា​ច្រៀង​នៅ​ក្បែរ​អណ្ដូង
រៀប​រាប់​អំពី​ព្រះ‌ហឫទ័យ​សុចរិត
របស់​ព្រះ‌អម្ចាស់
គឺ​ព្រះ‌អង្គ​ប្រទាន​ឲ្យ​ជន​ជាតិ​អ៊ីស្រា‌អែល
មាន​ជ័យ‌ជម្នះ!
ពេល​នោះ ប្រជាជន​របស់​ព្រះ‌អម្ចាស់
នាំ​គ្នា​ចុះ​ទៅ​កាន់​ទ្វារ​ក្រុង។
១២ ចូរ​ភ្ញាក់​ឡើង ចូរ​ភ្ញាក់​ឡើង ដេបូ‌រ៉ា​អើយ
ចូរ​ភ្ញាក់​ឡើង ចូរ​ភ្ញាក់​ឡើង ច្រៀង​បទ​មួយ!
បារ៉ាក់ ជា​កូន​លោក​អប៊ី‌ណាំ​អើយ
ចូរ​ក្រោក​ឡើង នាំ​ប្រជាជន​ដែល​ជាប់​ឈ្លើយ
ត្រឡប់​មក​វិញ។
១៣ អស់​អ្នក​ដែល​រួច​ពី​ស្លាប់
បាន​ទៅ​ជួប‌ជុំ​នឹង​មេ​ដឹក​នាំ​របស់​ខ្លួន
ប្រជាជន​របស់​ព្រះ‌អម្ចាស់​ក៏​នាំ​គ្នា​ចូល​មក​ជិត​ខ្ញុំ
រួម​ជា​មួយ​វីរ‌ជន​ឯ​ទៀតៗ។
១៤ អ្នក​ខ្លះ​មក​ពី​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម
ដែល​នៅ​ជាប់​នឹង​ស្រុក​អាម៉ា‌ឡេក
កុល‌សម្ព័ន្ធ​បេនយ៉ាមីន​ក៏​មក​តាម​ដែរ
ហើយ​រួម​កម្លាំង​ជា​មួយ​ពល‌ទ័ព​របស់​គេ​ផង។
មាន​មេ‌ទ័ព​មក​ពី​អំបូរ​ម៉ាកៀរ
ហើយ​នាយ​ទាហាន​មក​ពី​កុល‌សម្ព័ន្ធ​សាប៊ូ‌ឡូន
១៥ ពួក​ប្រមុខ​នៃ​កុល‌សម្ព័ន្ធ​អ៊ីសា‌កា
បាន​ទៅ​ជា​មួយ​ដេបូ‌រ៉ា។
កុល‌សម្ព័ន្ធ​អ៊ីសា‌កា​ក៏​ទៅ​ជា​មួយ​បារ៉ាក់​ដែរ
គេ​រត់​តាម​ក្រោយ​លោក រហូត​ដល់​ជ្រលង​ភ្នំ។
រីឯ​កុល‌សម្ព័ន្ធ​រូបេន​វិញ
គេ​គិត​តែ​ពី​ជជែក​គ្នា​មិន​ចេះ​ចប់។
១៦ ហេតុ​អ្វី​បាន​ជា​អ្នក​នៅ​ស្ទាក់​ស្ទើរ
ហើយ​ស្ដាប់​សំឡេង​ពួក​គង្វាល
ហៅ​ហ្វូង​សត្វ​ខ្លួន​ដូច្នេះ?
មែន​ហើយ នៅ​ក្នុង​ពួក​រូបេន
គេ​គិត​តែ​ពី​ជជែក​គ្នា​មិន​ចេះ​ចប់។
១៧ កុល‌សម្ព័ន្ធ​នានា នៅ​ស្រុក​កាឡាដ
ដែល​ស្ថិត​នៅ​ខាង​កើត​ទន្លេ​យ័រដាន់
មិន​បាន​មក​ជួយ​ទេ
កុល‌សម្ព័ន្ធ​ដាន់​នៅ​សំងំ​លើ​នា​វា
កុល‌សម្ព័ន្ធ​អស៊ែរ​ក៏​នៅ​សំងំ​តាម​ឆ្នេរ​សមុទ្រ
ជិត​កំពង់‌ផែ​ដែរ។
១៨ រីឯ​កុល‌សម្ព័ន្ធ​សាប៊ូ‌ឡូន​ក៏​ដូច​ជា​កុល‌សម្ព័ន្ធ
ណែបថា‌លី​ដែរ
ប្រជាជន​របស់​គេ​ស៊ូ​ប្ដូរ​ជីវិត​ក្នុង​សមរ‌ភូមិ
នៅ​តាម​តំបន់​ភ្នំ។
១៩ ស្តេច​របស់​ខ្មាំង​នាំ​គ្នា​លើក​ទ័ព​មក
ស្តេច​របស់​ជន​ជាតិ​កាណាន​លើក​គ្នា​មក​ច្បាំង
នៅ​តាណាក់ ក្បែរ​ប្រភព​ទឹក​មេគី‌ដូ
តែ​ពួក​គេ​ពុំ​បាន​ទទួល​ប្រាក់
ជា​ជ័យ‌ភ័ណ្ឌ​អ្វី​សោះ​ឡើយ។
២០ ផ្កាយ​ទាំង‌ឡាយ​បាន​ជួយ​ច្បាំង​ពី​លើ​មេឃ
ផ្កាយ​ទាំង​នោះ​គោ‌ចរ​តាម​ផ្លូវ​របស់​វា
មក​ច្បាំង​ជា​មួយ​ស៊ីសេ‌រ៉ា។
២១ ឱ​ទឹក​ជ្រោះ​គីសូន ជ្រោះ​គីសូន​ដែល​មាន
ទឹក​ហូរ តាំង​ពី​បុរាណ​កាល​មក​អើយ
អ្នក​បាន​ហូរ​នាំ​ខ្មាំង​សត្រូវ​ចេញ​ទៅ។
ខ្ញុំ​នឹង​ជាន់​ខ្មាំង​សត្រូវ ដោយ​ចិត្ត​មោះ‌មុត!
២២ ពេល​នោះ មាន​ឮ​សន្ធឹក​ជើង​សេះ​រណ្តំ​ផ្ទៃ​ដី
គឺ​ពល‌ទ័ព‌សេះ​ដ៏​ខ្លាំង​ពូកែ។
២៣ ទេវទូត*​នៃ​ព្រះ‌អម្ចាស់​ប្រកាស​ថា៖
ចូរ​ដាក់​បណ្ដាសា​ក្រុង​មេរ៉ូស​ចុះ
ចូរ​ដាក់​បណ្ដាសា​អ្នក​ក្រុង​នោះ​ផង
ពី​ព្រោះ​គេ​មិន​បាន​មក​ជួយ​ព្រះ‌អម្ចាស់
គឺ​គេ​មិន​បាន​មក​ជួយ​ព្រះ‌អម្ចាស់
រួម​ជា​មួយ​ពួក​វីរ‌ជន​ទេ។
២៤ សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ដល់​នាង​យ៉ាអែល
ជា​ភរិយា​របស់​លោក​ហេប៊ែរ ជន​ជាតិ​គេនី
លើស​ស្ត្រី​ទាំង‌ឡាយ!
សូម​ព្រះ‌អង្គ​ប្រទាន​ពរ​ដល់​នាង
លើស​ស្ត្រី​ទាំង‌ឡាយ​ដែល​រស់​នៅ​ក្នុង​ជំរំ។
២៥ ស៊ីសេ‌រ៉ា​បាន​សុំ​ទឹក តែ​នាង​បាន​ឲ្យ​ទឹក​ដោះ
គឺ​យក​ទឹក​ដោះ​ដែល​មាន​ជាតិ​ខ្លាញ់​ដាក់​ក្នុង
ពែង​ដ៏​ប្រណីត
២៦ បន្ទាប់​មក នាង​លូក​ដៃ​ឆ្វេង​ទៅ​ចាប់​ចម្រឹង
ហើយ​ដៃ​ស្តាំ​ចាប់​ញញួរ​របស់​ជាង
រួច​នាង​ដំ​ស៊ីសេ‌រ៉ា​នឹង​ញញួរ​បែក​លលាដ៍​ក្បាល
ព្រម​ទាំង​ចោះ​ទម្លុះ​សៀត‌ផ្កា​ទៀត​ផង។
២៧ ស៊ីសេ‌រ៉ា​ទន់​ជង្គង់​ដួល​ដេក​នៅ​ទាប​ជើង​នាង។
គឺ​ទន់​ជង្គង់​ដួល​ស្លាប់​បាត់​ទៅ។
២៨ ម្ដាយ​របស់​ស៊ីសេ‌រ៉ា​សម្លឹង​មើល​តាម​ប្រឡោះ
គាត់​សម្លឹង​មើល​តាម​បង្អួច ទាំង​ពោល​ថា៖
ហេតុ​អ្វី​បាន​ជា​រទេះ​កូន​ខ្ញុំ​ក្រ​មក​ដល់​ម៉្លេះ?
ហេតុ​អ្វី​បាន​ជា​ទ័ព​រទេះ​មក​យឺត​ម៉្លេះ?
២៩ ស្ត្រី​បម្រើ​ដែល​ឆ្លាត​ជាង​គេ​នាំ​គ្នា​ជម្រាប​គាត់
ហើយ​គាត់​ក៏​ទន្ទេញ​ចម្លើយ​របស់​ពួក​គេ​ថា:
៣០ ពួក​ទាហាន​ប្រាកដ​ជា​នៅ​ប្រមូល​ជ័យ‌ភ័ណ្ឌ
ពួក​គេ​កំពុង​តែ​ចែក​ជ័យ‌ភ័ណ្ឌ
ទាហាន​ម្នាក់​ទទួល​បាន​ស្រី​ក្រមុំ​ម្នាក់ ឬ​ពីរ​នាក់
ស៊ីសេ‌រ៉ា​ទទួល​បាន​ផ្ទាំង​សំពត់​ពណ៌
និង​ក្រណាត់​ប៉ាក់។
អ្នក​មាន​ជ័យ‌ជម្នះ​ទទួល​សម្លៀក‌បំពាក់​ពណ៌
ធ្វើ​ពី​ក្រណាត់​ប៉ាក់​មួយ​ផ្ទាំង ឬ​ពីរ​ផ្ទាំង
សម្រាប់​បង់​ក។
៣១ ឱ​ព្រះ‌អម្ចាស់​អើយ
សូម​ឲ្យ​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ
វិនាស​អន្តរាយ​ដូច្នោះ​ដែរ!
សូម​ឲ្យ​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អង្គ
បាន​ដូច​ព្រះ‌អាទិត្យ​មាន​រស្មី​ភ្លឺ​ចាំង​ចែង»។
ស្រុក​ទេស​ក៏​បាន​សុខ‌សាន្ត‌ត្រាណ អស់‌រយៈ​ពេល​សែ‌សិប​ឆ្នាំ។
ជន​ជាតិ​ម៉ាឌី‌យ៉ាន​សង្កត់‌សង្កិន​ជន​ជាតិ​អ៊ីស្រា‌អែល
 ជន​ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់​សា​ជា​ថ្មី​ទៀត ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​ម៉ាឌី‌យ៉ាន​អស់‌រយៈ​ពេល​ប្រាំ​ពីរ​ឆ្នាំ។  ជន​ជាតិ​ម៉ាឌី‌យ៉ាន​ជិះ‌ជាន់​សង្កត់‌សង្កិន​ជន​ជាតិ​អ៊ីស្រា‌អែល​យ៉ាង​ខ្លាំង។ ជន​ជាតិ​អ៊ីស្រា‌អែល​បាន​យក​រអាង​ភ្នំ រូង​ភ្នំ និង​ចំណោត​ភ្នំ​ធ្វើ​ជា​ជម្រក ដើម្បី​គេច​ខ្លួន​ពី​ជន​ជាតិ​ម៉ាឌី‌យ៉ាន។  រាល់​ពេល​ជន​ជាតិ​អ៊ីស្រា‌អែល​សាប​ព្រោះ ជន​ជាតិ​ម៉ាឌី‌យ៉ាន និង​ជន​ជាតិ​អាម៉ា‌ឡេក ព្រម​ទាំង​ពួក​ពនេ‌ចរ មក​ពី​ស្រុក​ខាង​កើត បាន​ឡើង​មក​លុក‌លុយ។  អ្នក​ទាំង​នោះ​បាន​មក​បោះ​ទ័ព​នៅ​ក្បែរ​ជន​ជាតិ​អ៊ីស្រា‌អែល ហើយ​បំផ្លាញ​ផល​ដំណាំ​របស់​គេ​រហូត​ដល់​ក្រុង​កាសា។ អ្នក​ទាំង​នោះ​មិន​បាន​ទុក​អ្វី​ឲ្យ​ជន​ជាតិ​អ៊ីស្រា‌អែល​បរិភោគ​ឡើយ ទោះ​បី​ចៀម គោ ឬ​លា​ក្តី ក៏​មិន​ទុក​ឲ្យ​សល់​ដែរ។  ពួក​គេ​នាំ​គ្នា​មក ទាំង​ដឹក​ហ្វូង​សត្វ និង​ជំរំ​របស់​គេ​មក​ជា​មួយ​ផង ពួក​គេ​មាន​គ្នា​ច្រើន​អនេក​ដូច​កណ្ដូប គឺ​ទាំង​មនុស្ស ទាំង​សត្វ​អូដ្ឋ មាន​ចំនួន​ច្រើន​ឥត​គណនា​ចូល​មក​បំផ្លាញ​ស្រុក​អ៊ីស្រា‌អែល។
 ព្រោះ​តែ​ជន​ជាតិ​ម៉ាឌី‌យ៉ាន ជន​ជាតិ​អ៊ីស្រា‌អែល​បាន​ធ្លាក់​ខ្លួន​ក្រ‌ខ្សត់​យ៉ាង​ខ្លាំង គេ​ក៏​ស្រែក​អង្វរ​ព្រះ‌អម្ចាស់​ឲ្យ​ជួយ​សង្គ្រោះ​គេ។  នៅ​ពេល​ជន​ជាតិ​អ៊ីស្រា‌អែល​ស្រែក​អង្វរ សូម​ព្រះ‌អម្ចាស់​រំដោះ​គេ​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​ម៉ាឌី‌យ៉ាន  ព្រះ‌អង្គ​ក៏​ចាត់​ព្យាការី​មួយ​រូប​ឲ្យ​មក​ប្រាប់​ពួក​គេ​ថា៖ «ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “យើង​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប គឺ​យើង​បាន​រំដោះ​អ្នក​រាល់​គ្នា​ចេញ​ពី​កន្លែង ដែល​អ្នក​រាល់​គ្នា​ជាប់​ជា​ទាសករ។  យើង​បាន​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​អេស៊ីប និង​កណ្ដាប់​ដៃ​របស់​អស់​អ្នក​ដែល​ជិះ‌ជាន់ សង្កត់‌សង្កិន​អ្នក​រាល់​គ្នា។ យើង​បាន​ដេញ​ពួក​គេ​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា ព្រម​ទាំង​ប្រគល់​ទឹក​ដី​របស់​ពួក​គេ​មក​ឲ្យ​អ្នក​រាល់​គ្នា​ទៀត​ផង។ ១០ យើង​បាន​ប្រាប់​អ្នក​រាល់​គ្នា​រួច​ហើយ​ថា យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​មិន​ត្រូវ​គោរព​កោត​ខ្លាច​ព្រះ​របស់​ជន​ជាតិ​អាម៉ូរី ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​មក​រស់​នៅ​នេះ​ទេ តែ​អ្នក​រាល់​គ្នា​មិន​បាន​ស្ដាប់​យើង​សោះ”»។
ព្រះ‌ជាម្ចាស់​ចាត់​លោក​កេដូន​ឲ្យ​សង្គ្រោះ​ជន​ជាតិ​អ៊ីស្រា‌អែល
១១ គ្រា​នោះ ទេវទូត​របស់​ព្រះ‌អម្ចាស់​បាន​មក​ភូមិ​អូប្រា អង្គុយ​នៅ​ក្រោម​ដើម​ជ្រៃ ដែល​ជា​កម្ម‌សិទ្ធិ​របស់​លោក​យ៉ូអាស ក្នុង​អំបូរ​អប៊ី‌យេស៊ែរ។ ពេល​នោះ លោក​កេដូន ជា​កូន​របស់​លោក​យ៉ូអាស កំពុង​តែ​បោក​បែន​ស្រូវ ក្នុង​ធុង​សម្រាប់​គាប​ផ្លែ​ទំពាំង‌បាយ‌ជូរ ដើម្បី​កុំ​ឲ្យ​ជន​ជាតិ​ម៉ាឌី‌យ៉ាន​ឃើញ។ ១២ ទេវទូត​របស់​ព្រះ‌អម្ចាស់​មក​បង្ហាញ​ខ្លួន​ឲ្យ​លោក​កេដូន​ឃើញ ហើយ​ពោល​ថា៖ «វីរ‌ជន​ដ៏​អង់‌អាច​អើយ ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​អ្នក​ហើយ!»។ ១៣ លោក​កេដូន​ឆ្លើយ​តប​វិញ​ថា៖ «លោក​ម្ចាស់​អើយ ប្រសិន​បើ​ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​យើង​មែន ហេតុ​អ្វី​ក៏​ទុក្ខ​វេទនា​ទាំង​នេះ​កើត​មាន​ដល់​យើង? ឯ​ណា​ទៅ​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន​ដែល​ដូន‌តា​របស់​យើង​តែង‌តែ​តំណាល​ប្រាប់ ទាំង​បញ្ជាក់​ថា ព្រះ‌អម្ចាស់​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីប​មក​នោះ? ឥឡូវ​នេះ ព្រះ‌អម្ចាស់​បោះ​បង់​ចោល​យើង​ហើយ ព្រះ‌អង្គ​បាន​ប្រគល់​យើង​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​ម៉ាឌី‌យ៉ាន!»។
១៤ ព្រះ‌អម្ចាស់​បែរ​មក​រក​លោក ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ដោយ‌សារ​កម្លាំង​ដែល​អ្នក​មាន ចូរ​ទៅ​សង្គ្រោះ​អ៊ីស្រា‌អែល​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​ម៉ាឌី‌យ៉ាន គឺ​យើង​ចាត់​អ្នក​ឲ្យ​ទៅ!»។ ១៥ លោក​កេដូន​ឆ្លើយ​ថា៖ «លោក​ម្ចាស់​អើយ ធ្វើ​ដូច​ម្ដេច​ឲ្យ​ខ្ញុំ​ប្របាទ​អាច​សង្គ្រោះ​អ៊ីស្រា‌អែល​បាន? ដ្បិត​ក្នុង​កុល‌សម្ព័ន្ធ​ម៉ាណាសេ អំបូរ​របស់​ខ្ញុំ​ប្របាទ​ខ្សត់‌ខ្សោយ​ជាង​គេ ហើយ​ក្នុង​គ្រួសារ​របស់​ខ្ញុំ​ប្របាទ​ទៀត​សោត ក៏​ខ្ញុំ​ប្របាទ​ក្មេង​ជាង​គេ​ដែរ»។ ១៦ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​វិញ​ថា៖ «យើង​នឹង​ស្ថិត​នៅ​ជា​មួយ​អ្នក ហើយ​អ្នក​នឹង​វាយ​ឈ្នះ​ជន​ជាតិ​ម៉ាឌី‌យ៉ាន ដូច​វាយ​ជា​មួយ​នឹង​មនុស្ស​តែ​ម្នាក់»។ ១៧ លោក​កេដូន​ទូល​តប​ថា៖ «ប្រសិន​បើ​លោក​គាប់​ចិត្ត​ខ្ញុំ​ប្របាទ​មែន សូម​ផ្តល់​ទី​សម្គាល់​មួយ​ឲ្យ​ខ្ញុំ​ប្របាទ​បាន​ដឹង​ថា លោក​ពិត​ជា​ព្រះ‌អម្ចាស់​ដែល​កំពុង​តែ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ប្របាទ​មែន! ១៨ សូម​លោក​ម្ចាស់​កុំ​អញ្ជើញ​ទៅ​ណា ចាំ​ខ្ញុំ​ប្របាទ​ត្រឡប់​មក​វិញ ទាំង​នាំ​យក​តង្វាយ​មក​ជូន​ផង»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ចាំ​នៅ​ទី​នេះ​រហូត​ដល់​អ្នក​ត្រឡប់​មក​វិញ»។ ១៩ លោក​កេដូន​ចូល​ទៅ​យក​កូន​ពពែ​មួយ​មក​រៀប‌ចំ​ធ្វើ​ម្ហូប និង​យក​ម្សៅ​មួយ​ថាំង​មក​ធ្វើ​នំបុ័ង​ឥត​មេ។ លោក​ស្រង់​សាច់​ដាក់​ក្នុង​កញ្ច្រែង ហើយ​ដួស​ទឹក​សម្ល​ដាក់​ក្នុង​ចាន​មួយ រួច​យក​ទៅ​ជូន​ទេវទូត​របស់​ព្រះ‌អម្ចាស់ នៅ​ក្រោម​ដើម​ជ្រៃ។ ២០ ទេវទូត​ពោល​មក​លោក​ថា៖ «ចូរ​ដាក់​សាច់ និង​នំបុ័ង​ឥត​មេ​លើ​ថ្ម​នេះ​ទៅ រួច​ចាក់​ទឹក​សម្ល​ពី​លើ​ផង»។ លោក​កេដូន​ធ្វើ​តាម។ ២១ ទេវទូត​របស់​ព្រះ‌អម្ចាស់​យក​ចុង​ដំបង​ដែល​លោក​កាន់​ទៅ​ពាល់​សាច់ និង​នំបុ័ង​ឥត​មេ ពេល​នោះ មាន​ភ្លើង​ផុស​ចេញ​ពី​ថ្ម ហើយ​ឆេះ​សាច់ និង​នំបុ័ង​អស់​ទៅ។ បន្ទាប់​មក ទេវទូត​របស់​ព្រះ‌អម្ចាស់​ក៏​កំបាំង​បាត់​ទៅ។ ២២ ពេល​នោះ លោក​កេដូន​ដឹង​ថា ជា​ទេវទូត​របស់​ព្រះ‌អម្ចាស់ លោក​ពោល​ថា៖ «វីវរ​ហើយ ព្រះ‌ជា‌អម្ចាស់​អើយ! ដ្បិត​ទូល‌បង្គំ​បាន​ឃើញ​ទេវទូត​របស់​ព្រះ‌អង្គ ផ្ទាល់​នឹង​ភ្នែក!»។ ២៣ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ថា៖ «សុំ​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត កុំ​ខ្លាច​អ្វី​ឡើយ អ្នក​នឹង​មិន​ស្លាប់​ទេ»។ ២៤ លោក​កេដូន​សង់​អាសនៈ​មួយ​ថ្វាយ​ព្រះ‌អម្ចាស់ ត្រង់​កន្លែង​នោះ ហើយ​ដាក់​ឈ្មោះ​ថា៖ «ព្រះ‌អម្ចាស់​ប្រទាន​សេចក្ដី​សុខ‌សាន្ត»។ អាសនៈ​នេះ​នៅ​ស្ថិត‌ស្ថេរ​រហូត​ដល់​សព្វ​ថ្ងៃ នា​ភូមិ​អូប្រា ជា​ភូមិ​របស់​អំបូរ​អប៊ី‌យេស៊ែរ។
លោក​កេដូន​បំផ្លាញ​អាសនៈ​របស់​ព្រះ‌បាល
២៥ នៅ​យប់​ដដែល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​កេដូន​ថា៖ «ចូរ​យក​គោ​បា​របស់​ឪពុក​អ្នក គឺ​គោ​ទី​ពីរ ដែល​មាន​អាយុ​ប្រាំ​ពីរ​ឆ្នាំ។ បន្ទាប់​មក ចូរ​រំលំ​អាសនៈ​ព្រះ‌បាល​របស់​ឪពុក​អ្នក ព្រម​ទាំង​កាប់​បំផ្លាញ​បង្គោល​របស់​ព្រះ‌អាសេ‌រ៉ា​នៅ​ក្បែរ​នោះ​ផង។ ២៦ បន្ទាប់​មក​ទៀត ចូរ​សង់​អាសនៈ​មួយ​ដ៏​សម‌រម្យ​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នៅ​លើ​កំពូល​ភ្នំ​នោះ រួច​យក​គោ​បា​ទី​ពីរ​នោះ​មក​ដុត​ទាំង​មូល​ធ្វើ​ជា​យញ្ញ‌បូជា ដោយ​យក​បង្គោល​ព្រះ‌អាសេ‌រ៉ា ដែល​អ្នក​បាន​កាប់​នោះ មក​ធ្វើ​ជា​អុស​សម្រាប់​ដុត»។ ២៧ លោក​កេដូន​នាំ​អ្នក​បម្រើ​របស់​លោក​ដប់​នាក់​មក ហើយ​ធ្វើ​តាម​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក ប៉ុន្តែ ដោយ​លោក​ខ្លាច​ក្រុម​ញាតិ​របស់​លោក និង​ខ្លាច​អ្នក​ភូមិ លោក​មិន​ហ៊ាន​ធ្វើ​ការ​នោះ​នៅ​ពេល​ថ្ងៃ​ទេ គឺ​លោក​ធ្វើ​នៅ​ពេល​យប់​វិញ។ ២៨ លុះ​ព្រលឹម​ឡើង ពេល​ក្រោក​ពី​ដំណេក អ្នក​ភូមិ​ឃើញ​អាសនៈ​របស់​ព្រះ‌បាល​រលំ ហើយ​បង្គោល​របស់​ព្រះ‌អាសេ‌រ៉ា​ដែល​នៅ​ជិត​នោះ​ក៏​ត្រូវ​គេ​កាប់​ចោល​ដែរ ព្រម​ទាំង​ឃើញ​គោ​បា​ទី​ពីរ​ដែល​គេ​ដុត​ជា​យញ្ញ‌បូជា នៅ​លើ​អាសនៈ​ទើប​នឹង​សង់​ទៀត​ផង។ ២៩ គេ​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «តើ​នរណា​បាន​ធ្វើ​ការ​នេះ?»។ កាល​ស៊ើប‌សួរ​ទៅ មាន​គេ​ប្រាប់​ថា៖ «គឺ​កេដូន ជា​កូន​របស់​យ៉ូអាស បាន​ធ្វើ​ការ​នេះ»។ ៣០ អ្នក​ភូមិ​ពោល​ទៅ​កាន់​លោក​យ៉ូអាស​ថា៖ «ចូរ​នាំ​កូន​របស់​អ្នក​ចេញ​មក វា​ត្រូវ​តែ​ស្លាប់ ព្រោះ​វា​បាន​រំលំ​អាសនៈ​របស់​ព្រះ‌បាល ព្រម​ទាំង​កាប់​បង្គោល​របស់​ព្រះ‌អាសេ‌រ៉ា ដែល​នៅ​ជិត​នោះ​ទៀត​ផង!»។ ៣១ លោក​យ៉ូអាស​ឆ្លើយ​ទៅ​អស់​អ្នក​ដែល​នៅ​ក្បែរ​លោក​ថា៖ «តើ​បង‌ប្អូន​ឬ​ដែល​ត្រូវ​មក​តវ៉ា​ជំនួស​ព្រះ‌បាល? តើ​បង‌ប្អូន​ឬ​ដែល​ជា​អ្នក​សង្គ្រោះ​ព្រះ‌បាល? អ្នក​ណា​តវ៉ា​ជំនួស​ព្រះ‌បាល អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​មុន​ព្រឹក​ស្អែក។ បើ​ព្រះ‌បាល​ពិត​ជា​ព្រះ​មែន ទុក​ឲ្យ​លោក​តវ៉ា​ខ្លួន​ឯង​ផ្ទាល់​ទៅ ព្រោះ​គេ​បាន​រំលំ​អាសនៈ​របស់​លោក!»។ ៣២ ចាប់​តាំង​ពី​ពេល​នោះ​មក អ្នក​ភូមិ​ហៅ​លោក​កេដូន​ថា «យេរូ‌បាល» ដោយ​ពោល​ថា «សូម​ឲ្យ​ព្រះ‌បាល​តវ៉ា​នឹង​គាត់​ទៅ ដ្បិត​គាត់​បាន​រំលំ​អាសនៈ​របស់​លោក»។
លោក​កេដូន​ទូល​សូម​ទី​សម្គាល់​ពី​ព្រះ‌ជាម្ចាស់
៣៣ នៅ​គ្រា​នោះ ជន​ជាតិ​ម៉ាឌី‌យ៉ាន​ទាំង​មូល ជន​ជាតិ​អាម៉ា‌ឡេក និង​ពួក​ពនេ‌ចរ​ដែល​មក​ពី​ទិស​ខាង​កើត បាន​ប្រមូល​ផ្តុំ​គ្នា ឆ្លង​ទន្លេ​យ័រដាន់ ហើយ​បោះ​ទ័ព​នៅ​ត្រង់​ជ្រលង​ភ្នំ​យីសរេអែល។ ៣៤ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់​យាង​មក​គង់​ក្នុង​លោក​កេដូន លោក​ក៏​ផ្លុំ​ស្នែង ដើម្បី​កោះ​ហៅ​ប្រជាជន​ក្នុង​អំបូរ​អប៊ី‌យេស៊ែរ ឲ្យ​មក​តាម​លោក។ ៣៥ លោក​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ដែន​ដី​របស់​កុល‌សម្ព័ន្ធ​ម៉ាណាសេ​ទាំង​មូល ដើម្បី​កេណ្ឌ​មនុស្ស​មក​តាម​លោក។ លោក​បាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ដែន​ដី​របស់​កុល‌សម្ព័ន្ធ​អស៊ែរ សាប៊ូ‌ឡូន និង​ណែបថា‌លី​ដែរ ហើយ​ពួក​គេ​ក៏​នាំ​គ្នា​មក​រក​លោក។
៣៦ ពេល​នោះ លោក​កេដូន​ទូល​ព្រះ‌អម្ចាស់​ដូច​ត​ទៅ៖ «ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា ព្រះ‌អង្គ​នឹង​សង្គ្រោះ​អ៊ីស្រា‌អែល តាម‌រយៈ​ទូល‌បង្គំ ៣៧ ដូច្នេះ ទូល‌បង្គំ​សូម​លាត​ស្បែក​ចៀម​នៅ​លើ​លាន​បោក​ស្រូវ។ ប្រសិន​បើ​ទឹក​សន្សើម​ធ្លាក់​តែ​លើ​ស្បែក​ចៀម ហើយ​ដី​នៅ​ជុំ‌វិញ​ស្ងួត នោះ​ទូល‌បង្គំ​នឹង​ដឹង​ថា ព្រះ‌អង្គ​ពិត​ជា​សព្វ​ព្រះ‌ហឫទ័យ​សង្គ្រោះ​អ៊ីស្រា‌អែល តាម‌រយៈ​ទូល‌បង្គំ ដូច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មែន»។ ៣៨ ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​កើត​មាន​ដូច្នោះ​មែន។ នៅ​ព្រឹក​ថ្ងៃ​បន្ទាប់ លោក​កេដូន​ក្រោក​ឡើង លោក​ពូត​ស្បែក​ចៀម​បាន​ទឹក​សន្សើម​ពេញ​មួយ​ចាន។ ៣៩ លោក​កេដូន​ទូល​ព្រះ‌ជាម្ចាស់​ថា៖ «សូម​ព្រះ‌អង្គ​កុំ​ព្រះ‌ពិរោធ​នឹង​ទូល‌បង្គំ​អី។ ទូល‌បង្គំ​សូម​ទូល​តែ​ម្ដង​ទៀត​ប៉ុណ្ណោះ សូម​មេត្តា​អនុញ្ញាត​ឲ្យ​ទូល‌បង្គំ​សាក​ល្បង ជា​លើក​ចុង​ក្រោយ គឺ​សូម​ឲ្យ​ស្បែក​ចៀម​នៅ​ស្ងួត ហើយ​ឲ្យ​សន្សើម​ធ្លាក់​ជោក​ដី​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំ‌វិញ»។ ៤០ យប់​នោះ ព្រះ‌ជាម្ចាស់​បាន​ធ្វើ​តាម​សំណូម​ពរ​របស់​លោក​កេដូន គឺ​មាន​តែ​ស្បែក​ចៀម​ទេ​ដែល​ស្ងួត ហើយ​ដី​ទាំង​អស់​ដែល​នៅ​ជុំ‌វិញ ជោក​ទៅ​ដោយ​ទឹក​សន្សើម។
ជ័យ‌ជម្នះ​របស់​លោក​កេដូន​លើ​ជន​ជាតិ​ម៉ាឌី‌យ៉ាន
 លោក​កេដូន ហៅ​យេរូ‌បាល ក្រោក​ពី​ព្រលឹម ហើយ​ចេញ​ដំណើរ​ជា​មួយ​កង‌ពល​របស់​លោក ទៅ​បោះ​ទ័ព​នៅ​ជិត​ប្រភព​ទឹក​ហារ៉ូដ។ ទី​តាំង​ទ័ព​របស់​ជន​ជាតិ​ម៉ាឌី‌យ៉ាន​ស្ថិត​នៅ​ខាង​ជើង​ទី​តាំង​ទ័ព​របស់​លោក​កេដូន ត្រង់​ជ្រលង​ភ្នំ ក្បែរ​ភ្នំ​ម៉ូរេ។  ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​កេដូន​ថា៖ «ទ័ព​របស់​អ្នក​មាន​ចំនួន​ច្រើន​ពេក យើង​នឹង​មិន​ឲ្យ​គេ​មាន​ជ័យ‌ជម្នះ​លើ​ជន​ជាតិ​ម៉ាឌី‌យ៉ាន​ទេ ដ្បិត​ជន​ជាតិ​អ៊ីស្រា‌អែល​មុខ​ជា​ដណ្ដើម​យក​សិរី‌រុង​រឿង​ពី​យើង ដោយ​ពោល​ថា គេ​ទទួល​បាន​ជ័យ‌ជម្នះ​ដោយ‌សារ​កម្លាំង​របស់​ខ្លួន  ដូច្នេះ ចូរ​ប្រកាស​ប្រាប់​ពល‌ទ័ព​ដូច​ត​ទៅ: អ្នក​ណា​ខ្លាច និង​ភ័យ​តក់‌ស្លុត អ្នក​នោះ​ត្រូវ​ចុះ​ពី​ភ្នំ​កាឡាដ វិល​ត្រឡប់​ទៅ​វិញ​ចុះ»។ ពេល​នោះ ពល‌ទ័ព​ពីរ‌ម៉ឺន​ពីរ‌ពាន់​នាក់​នាំ​គ្នា​វិល​ត្រឡប់​ទៅ​វិញ នៅ​សល់​តែ​មួយ‌ម៉ឺន​នាក់​ប៉ុណ្ណោះ។  ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​កេដូន​ទៀត​ថា៖ «កង‌ទ័ព​នៅ​តែ​មាន​ចំនួន​ច្រើន​នៅ​ឡើយ។ ចូរ​នាំ​ពួក​គេ​ចុះ​ទៅ​មាត់​ស្ទឹង នៅ​ទី​នោះ យើង​នឹង​ជ្រើស‌រើស​ទ័ព​ឲ្យ​អ្នក គឺ​យើង​នឹង​ប្រាប់​ឲ្យ​អ្នក​ដឹង​ថា នរណា​ត្រូវ​ទៅ​ជា​មួយ​អ្នក ហើយ​នរណា​មិន​ត្រូវ​ទៅ»។  លោក​កេដូន​ក៏​នាំ​ពល‌ទ័ព​ចុះ​ទៅ​មាត់​ស្ទឹង រួច​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ថា៖ «ត្រូវ​ញែក​ទាហាន​ដែល​ផឹក​ទឹក​ដូច​ឆ្កែ ចេញ​ពី​ពួក​អ្នក​ដែល​លុត​ជង្គង់​ផឹក»។  ពេល​នោះ មាន​មនុស្ស​បី‌រយ​នាក់​បាន​ក្បង់​ទឹក​ផឹក រីឯ​អ្នក​ដទៃ​ទៀត​គេ​លុត​ជង្គង់​ផឹក។  ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​កេដូន​ថា៖ «យើង​នឹង​សង្គ្រោះ​អ៊ីស្រា‌អែល​តាម‌រយៈ​មនុស្ស​បី‌រយ​នាក់​ដែល​ក្បង់​ទឹក​ផឹក។ យើង​នឹង​ប្រគល់​ជន​ជាតិ​ម៉ាឌី‌យ៉ាន​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក។ ចំពោះ​អ្នក​ឯ​ទៀតៗ ត្រូវ​ឲ្យ​គេ​វិល​ត្រឡប់​ទៅ​ជំរំ​របស់​ខ្លួន​វិញ​ចុះ»។  បន្ទាប់​មក លោក​កេដូន​ឲ្យ​ជន​ជាតិ​អ៊ីស្រា‌អែល​ត្រឡប់​ទៅ​ជំរំ​រៀងៗ​ខ្លួន លោក​ទុក​តែ​ទាហាន​បី‌រយ​នាក់​ឲ្យ​នៅ​ជា​មួយ ព្រម​ទាំង​ស្បៀង​អាហារ និង​ស្នែង​សម្រាប់​ផ្លុំ។ រីឯ​ទី​តាំង​ទ័ព​របស់​ជន​ជាតិ​ម៉ាឌី‌យ៉ាន​ស្ថិត​នៅ​ខាង​ក្រោម គឺ​នៅ​វាល​ទំនាប។
 នៅ​យប់​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​កេដូន​ថា៖ «ចូរ​ក្រោក​ឡើង ហើយ​ចុះ​ទៅ​វាយ​ទី​តាំង​ទ័ព​របស់​សត្រូវ​ចុះ ដ្បិត​យើង​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ហើយ។ ១០ ប្រសិន​បើ​អ្នក​ខ្លាច មិន​ហ៊ាន​ចុះ​ទៅ​វាយ​ខ្មាំង​ទេ​នោះ ចូរ​នាំ​ពួរ៉ា ជា​បាវ​បម្រើ​របស់​អ្នក ចុះ​ទៅ​មើល​ជា​មុន​សិន។ ១១ អ្នក​នឹង​ឮ​សេចក្ដី​ដែល​គេ​និយាយ​គ្នា ហើយ​អ្នក​នឹង​មាន​កម្លាំង​ចិត្ត​ជា​មិន​ខាន។ ដូច្នេះ ចូរ​ទៅ​ទី​តាំង​ទ័ព​របស់​ខ្មាំង​ចុះ»។ លោក​ក៏​ទៅ​ជា​មួយ​ពួរ៉ា ជា​អ្នក​បម្រើ​របស់​លោក រហូត​ដល់​ខ្សែ​ត្រៀម​របស់​ខ្មាំង​សត្រូវ។ ១២ ជន​ជាតិ​ម៉ាឌី‌យ៉ាន ជន​ជាតិ​អាម៉ា‌ឡេក និង​ពួក​ពនេ‌ចរ​ទាំង​ប៉ុន្មាន​ពី​ទិស​ខាង​កើត​បោះ​ជំរំ​នៅ​ពាស‌ពេញ​វាល​ទំនាប ពួក​គេ​មាន​ចំនួន​ច្រើន​ដូច​ហ្វូង​កណ្ដូប ហើយ​អូដ្ឋ​របស់​គេ​ក៏​មាន​ចំនួន​ច្រើន​ឥត​គណនា ដូច​គ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ។ ១៣ ពេល​លោក​កេដូន​ទៅ​ដល់ លោក​ឮ​បុរស​ម្នាក់​និយាយ​ប្រាប់​មិត្ត‌ភក្ដិ​អំពី​សុបិន​របស់​ខ្លួន​ដូច​ត​ទៅ៖ «គ្នា​បាន​យល់‌សប្ដិ​ឃើញ​នំបុ័ង​មួយ​រមៀល​ចុះ រមៀល​ឡើង នៅ​ក្នុង​ទី​តាំង​ទ័ព​របស់​យើង នំបុ័ង​រមៀល​ទៅ​បុក​នឹង​តង់ត៍​ធ្វើ​ឲ្យ​តង់ត៍​នោះ​រលំ»។ ១៤ មិត្ត‌ភក្ដិ​របស់​គាត់​ពោល​ឡើង​ថា៖ «គ្មាន​អ្វី​ក្រៅ​ពី​ដាវ​របស់​លោក​កេដូន កូន​របស់​លោក​យ៉ូអាស ជា​ជន​ជាតិ​អ៊ីស្រា‌អែល​ឡើយ។ ព្រះ‌ជាម្ចាស់​បាន​ប្រគល់​ជន​ជាតិ​ម៉ាឌី‌យ៉ាន និង​កង‌ទ័ព​នេះ​ទាំង​មូល ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​លោក​ហើយ»។ ១៥ ពេល​លោក​កេដូន​ឮ​គេ​និយាយ​គ្នា​អំពី​សុបិន និង​អត្ថ‌ន័យ​នៃ​សុបិន​នោះ លោក​ក៏​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់។ បន្ទាប់​មក លោក​វិល​ទៅ​ទី​តាំង​ទ័ព​របស់​ជន​ជាតិ​អ៊ីស្រា‌អែល​វិញ ហើយ​មាន​ប្រសាសន៍​ថា៖ «ចូរ​នាំ​គ្នា​ក្រោក​ឡើង ព្រះ‌អម្ចាស់​ប្រគល់​កង‌ទ័ព​ម៉ាឌី‌យ៉ាន មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​រាល់​គ្នា​ហើយ»។
១៦ លោក​កេដូន​បំបែក​ទ័ព​បី‌រយ​នាក់ ជា​បី​ក្រុម លោក​ក៏​ប្រគល់​ស្នែង ក្អម​ទទេ និង​ចន្លុះ​សម្រាប់​ដាក់​ក្នុង​ក្អម ឲ្យ​ពួក​គេ​កាន់​គ្រប់ៗ​គ្នា។ ១៧ រួច​ហើយ លោក​បញ្ជា​ទៅ​ពួក​គេ​ថា៖ «ចូរ​មើល​មក​ខ្ញុំ បើ​ខ្ញុំ​ធ្វើ​អ្វី ត្រូវ​នាំ​គ្នា​ធ្វើ​តាម ពេល​ខ្ញុំ​ទៅ​ដល់​ក្បែរ​ទី​តាំង​ទ័ព​របស់​គេ បើ​ខ្ញុំ​ធ្វើ​អ្វី នាំ​គ្នា​ធ្វើ​តាម​ទៅ។ ១៨ កាល​ណា​ខ្ញុំ និង​ពួក​ដែល​នៅ​ជា​មួយ​ខ្ញុំ​ផ្លុំ​ស្នែង អ្នក​រាល់​គ្នា​ដែល​នៅ​ជុំ‌វិញ​ទី​តាំង​ទ័ព​ត្រូវ​ផ្លុំ​ស្នែង​ដែរ ហើយ​ស្រែក​ឡើង​ថា “ជយោ​ព្រះ‌អម្ចាស់! ជយោ​លោក​កេដូន!”»។
១៩ លុះ​ជិត​ពាក់​កណ្ដាល​អធ្រាត្រ ពេល​គេ​ទើប​នឹង​ប្ដូរ​អ្នក​យាម លោក​កេដូន និង​ទាហាន​មួយ‌រយ​នាក់​ដែល​នៅ​ជា​មួយ​លោក មក​ដល់​ជិត​ទី​តាំង​ទ័ព​របស់​ជន​ជាតិ​ម៉ាឌី‌យ៉ាន ហើយ​នាំ​គ្នា​ផ្លុំ​ស្នែង​ឡើង ព្រម​ទាំង​បំបែក​ក្អម​ដែល​គេ​កាន់​មក​ជា​មួយ​នោះ។ ២០ ទ័ព​ទាំង​បី​ក្រុម​ផ្លុំ​ស្នែង និង​បំបែក​ក្អម​ព្រម​គ្នា ពួក​គេ​កាន់​ចន្លុះ​នៅ​ដៃ​ឆ្វេង ហើយ​កាន់​ស្នែង​សម្រាប់​ផ្លុំ​នៅ​ដៃ​ស្តាំ ទាំង​ស្រែក​ថា៖ «យើង​វាយ​យក​ជ័យ​ថ្វាយ​ព្រះ‌អម្ចាស់ និង​យក​ជ័យ​ជូន​លោក​កេដូន!»។ ២១ ពួក​គេ​ឈរ​នៅ​កន្លែង​រៀងៗ​ខ្លួន​ព័ទ្ធ​ជុំ‌វិញ​ទី​តាំង​ទ័ព។ រីឯ​ខ្មាំង​សត្រូវ​ទាំង​អស់ ដែល​នៅ​ក្នុង​ទី​តាំង​ទ័ព នាំ​គ្នា​រត់ និង​ស្រែក ហើយ​បាក់​ទ័ព។ ២២ នៅ​ពេល​ទ័ព​ទាំង​បី‌រយ​នាក់​ផ្លុំ​ស្នែង ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​ជន​ជាតិ​ម៉ាឌី‌យ៉ាន​កាប់​សម្លាប់​គ្នា​ឯង ហើយ​រត់​គេច​ខ្លួន​រហូត​ដល់​បេត‌ស៊ី‌តា តាម​ផ្លូវ​ទៅ​សេរេ‌រ៉ា ហើយ​រហូត​ដល់​មាត់​ស្ទឹង នៅ​ភូមិ​អបិល-‌មេហូឡា ដែល​នៅ​ទល់​មុខ​នឹង​ភូមិ​តាបាត់។
២៣ ជន​ជាតិ​អ៊ីស្រា‌អែល​នៃ​កុល‌សម្ព័ន្ធ​ណែបថា‌លី កុល‌សម្ព័ន្ធ​អស៊ែរ និង​កុល‌សម្ព័ន្ធ​ម៉ាណាសេ​ទាំង​មូល​ប្រមូល​គ្នា​មក ហើយ​ដេញ​តាម​ជន​ជាតិ​ម៉ាឌី‌យ៉ាន។ ២៤ លោក​កេដូន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ប្រកាស​ប្រាប់ ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម​ទាំង​មូល​ថា៖ «ចូរ​នាំ​គ្នា​ចុះ​មក ហើយ​ស្ទាក់​ផ្លូវ​ពួក​ម៉ាឌី‌យ៉ាន ដោយ​កាន់​កាប់​ប្រភព​ទឹក​ទាំង​ប៉ុន្មាន​រហូត​ដល់​បេត‌បា‌រ៉ា និង​ទន្លេ​យ័រដាន់»។ កុល‌សម្ព័ន្ធ​អេប្រាអ៊ីម​ទាំង​មូល​នាំ​គ្នា​ទៅ​កាន់​កាប់​ប្រភព​ទឹក​ទាំង​ប៉ុន្មាន រហូត​ដល់​បេតបា‌រ៉ា និង​ទន្លេ​យ័រដាន់។ ២៥ ពួក​គេ​ចាប់​បាន​មេ​ដឹក​នាំ​របស់​ជន​ជាតិ​ម៉ាឌី‌យ៉ាន​ទាំង​ពីរ​នាក់ គឺ​អូរិប និង​សៀប។ គេ​សម្លាប់​អូរិប​នៅ​ត្រង់​ថ្ម​របស់​អូរិប ហើយ​សម្លាប់​សៀប នៅ​ត្រង់​ធុង​គាប​ផ្លែ​ទំពាំង‌បាយ‌ជូរ​របស់​សៀប។ បន្ទាប់​មក ពួក​គេ​ដេញ​តាម​ជន​ជាតិ​ម៉ាឌី‌យ៉ាន​បន្ត​ទៅ​ទៀត រួច​ហើយ​គេ​យក​ក្បាល​របស់​អូរិប និង​សៀប ពី​ត្រើយ​ម្ខាង​ទន្លេ​យ័រដាន់ មក​ជូន​លោក​កេដូន។
កុល‌សម្ព័ន្ធ​អេប្រាអ៊ីម​មិន​សប្បាយ​ចិត្ត
 កុល‌សម្ព័ន្ធ​អេប្រាអ៊ីម​ពោល​ទៅ​កាន់​លោក​កេដូន​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ប្រព្រឹត្ត​ចំពោះ​យើង​ខ្ញុំ​ដូច្នេះ? ពេល​ចេញ​ទៅ​ប្រយុទ្ធ​ជា​មួយ​ជន​ជាតិ​ម៉ាឌី‌យ៉ាន ហេតុ​អ្វី​បាន​ជា​លោក​មិន​ហៅ​យើង​ខ្ញុំ​ទៅ​ផង?»។ ពួក​គេ​ស្តី​បន្ទោស​លោក​យ៉ាង​ខ្លាំង។  លោក​កេដូន​ឆ្លើយ​ទៅ​ពួក​គេ​វិញ​ថា៖ «ជ័យ‌ជម្នះ​ដែល​ខ្ញុំ​យក​បាន​នោះ មិន​អាច​ប្រៀប​ផ្ទឹម​ទៅ​នឹង​ការ​ដែល​បង‌ប្អូន​បាន​ធ្វើ​ឡើយ។ បង‌ប្អូន​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម​អើយ ការ​ប្រយុទ្ធ​របស់​បង‌ប្អូន ទោះ​បី​បន្តិច‌បន្តួច​ក្តី ក៏​ប្រសើរ​ជាង​ការ​ប្រយុទ្ធ​នៃ​អំបូរ​អប៊ី‌យេស៊ែរ​របស់​ខ្ញុំ​ទៅ​ទៀត?  ព្រះ‌ជាម្ចាស់​បាន​ប្រគល់​មេ​ដឹក​នាំ​នៃ​ពួក​ម៉ាឌី‌យ៉ាន គឺ​អូរិប និង​សៀប មក​ក្នុង​កណ្ដាប់​ដៃ​របស់​បង‌ប្អូន។ ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ឲ្យ​ស្មើ​នឹង​កិច្ច‌ការ​ដែល​បង‌ប្អូន​ធ្វើ​ឡើយ»។ កាល​ឮ​លោក​កេដូន​មាន​ប្រសាសន៍​ដូច្នេះ​ហើយ ពួក​គេ​ក៏​បាត់​ខឹង។
លោក​កេដូន​នៅ​ខាង​កើត​ទន្លេ​យ័រដាន់
 លោក​កេដូន និង​ទ័ព​ទាំង​បី‌រយ​នាក់ បាន​មក​ដល់​ទន្លេ​យ័រដាន់ ហើយ​ឆ្លង​ទៅ​ត្រើយ​ម្ខាង។ ទោះ​បី​ពួក​គេ​នឿយ‌ហត់​ខ្លាំង​ណាស់​ទៅ​ហើយ​ក្តី ក៏​ពួក​គេ​នៅ​តែ​ដេញ​តាម​ខ្មាំង​សត្រូវ​ត​ទៅ​ទៀត។  ពេល​ពួក​គេ​ទៅ​ដល់​ក្រុង​ស៊ូកូត លោក​កេដូន​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​ក្រុង​នោះ​ថា៖ «សូម​ចែក​នំបុ័ង​ឲ្យ​ទ័ព​ដែល​មក​តាម​ខ្ញុំ​នេះ​ផង ព្រោះ​គេ​ហត់‌នឿយ​ខ្លាំង​ណាស់ ខ្ញុំ​កំពុង​តែ​ដេញ​តាម​សេបា និង​សាល់‌មូណា ស្តេច​សាសន៍​ម៉ាឌី‌យ៉ាន»។  ប៉ុន្តែ មេ​ដឹក​នាំ​ក្រុង​ស៊ូកូត​នាំ​គ្នា​ឆ្លើយ​មក​លោក​វិញ​ថា៖ «តើ​លោក​ចាប់​បាន​ស្តេច​សេបា និង​ស្តេច​សាល់‌មូណា​ហើយ​ឬ បាន​ជា​យើង​ត្រូវ​យក​អាហារ​ឲ្យ​ពល‌ទ័ព​របស់​លោក​បរិភោគ?»។  លោក​កេដូន​តប​ទៅ​គេ​វិញ​ថា៖ «កាល​ណា​ព្រះ‌អម្ចាស់​ប្រគល់​ស្តេច​សេបា និង​ស្តេច​សាល់‌មូណា មក​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្ញុំ ខ្ញុំ​មុខ​ជា​យក​បន្លា​ស្អិត និង​បន្លា​ដំបង‌យក្ស វាយ​អ្នក​រាល់​គ្នា​មិន​ខាន»។  លោក​កេដូន​ចេញ​ពី​ទី​នោះ ឡើង​ទៅ​ក្រុង​ពេនូ‌អែល ហើយ​សុំ​អាហារ​អ្នក​ក្រុង​នោះ​ដូច​សុំ​អ្នក​ក្រុង​ស៊ូកូត​ដែរ តែ​ពួក​គេ​ឆ្លើយ​មក​លោក​វិញ​តាម​របៀប​ដដែល។  លោក​កេដូន​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​ក្រុង​ពេនូអែល​ថា៖ «កាល​ណា​ខ្ញុំ​ត្រឡប់​មក​វិញ ដោយ​ជោគ‌ជ័យ ខ្ញុំ​នឹង​រំលំ​ប៉ម​ក្រុង​នេះ​ចោល»។
១០ រីឯ​ស្តេច​សេបា និង​ស្តេច​សាល់‌មូណា បាន​ទៅ​ដល់​តំបន់​ការគរ​ជា​មួយ​កង‌ទ័ព​របស់​គេ ប្រមាណ​មួយ‌ម៉ឺន​ប្រាំ‌ពាន់​នាក់ ដែល​នៅ​សល់​ពី​កង‌ទ័ព​ទាំង​មូល​របស់​ពួក​ពនេ‌ចរ​ពី​ស្រុក​ខាង​កើត ដ្បិត​ពួក​គេ​ស្លាប់​អស់​មួយ​សែន​ពីរ‌ម៉ឺន​នាក់​ហើយ។ ១១ លោក​កេដូន​ក៏​ឡើង​ទៅ​តាម​ផ្លូវ​របស់​ពួក​ពនេ‌ចរ នៅ​ខាង​កើត​ភូមិ​ណូបា និង​ភូមិ​យ៉ុក‌បូហា ហើយ​វាយ​លុក​ទី​តាំង​ទ័ព​របស់​ខ្មាំង ដែល​គេ​ស្មាន​ថា​ខ្លួន​បាន​សុខ‌សាន្ត​ហើយ។ ១២ ស្តេច​ទាំង​ពីរ​អង្គ​របស់​ជន​ជាតិ​ម៉ាឌី‌យ៉ាន គឺ​សេបា និង​សាល់‌មូណា រត់​គេច​ខ្លួន ប៉ុន្តែ លោក​កេដូន​ដេញ​តាម​ចាប់​បាន​ស្តេច​ទាំង​ពីរ ព្រម​ទាំង​វាយ​កង‌ទ័ព​របស់​ស្តេច​ឲ្យ​បាក់​ទ័ព​ផង។
១៣ លោក​កេដូន ជា​កូន​របស់​លោក​យ៉ូអាស វិល​ត្រឡប់​មក​ពី​ធ្វើ​សឹក​វិញ តាម​ច្រក​ភ្នំ​ហេរេស។ ១៤ ពេល​នោះ លោក​ចាប់​ក្មេង​ប្រុស​ម្នាក់​ពី​ក្រុង​ស៊ូកូត មក​សួរ​ចម្លើយ ហើយ​ឲ្យ​វា​សរសេរ​ឈ្មោះ​មេ​ដឹក​នាំ និង​អ្នក​ចាស់​ទុំ នៅ​ក្រុង​ស៊ូកូត ដែល​មាន​ចំនួន​ចិត‌សិប​ប្រាំ​ពីរ​នាក់។ ១៥ បន្ទាប់​មក លោក​កេដូន​ទៅ​រក​អ្នក​ក្រុង​ស៊ូកូត ហើយ​មាន​ប្រសាសន៍​ថា៖ «នេះ​គឺ​សេបា និង​សាល់‌មូណា! អ្នក​រាល់​គ្នា​បាន​និយាយ​មក​ខ្ញុំ ទាំង​មើល‌ងាយ​ថា “តើ​លោក​ចាប់​បាន​ស្តេច​សេបា និង​ស្តេច​សាល់‌មូណា​ហើយ​ឬ បាន​ជា​យើង​ត្រូវ​យក​អាហារ​ឲ្យ​ពល‌ទ័ព​របស់​លោក​ដែល​អស់​កម្លាំង​បរិភោគ?”»។ ១៦ លោក​ចាប់​ពួក​ចាស់​ទុំ​នៅ​ក្រុង​នោះ​មក ហើយ​យក​បន្លា​ដំបង‌យក្ស និង​បន្លា​ស្អិត មក​វាយ ដើម្បី​ព្រមាន​អ្នក​ក្រុង​ស៊ូកូត។ ១៧ លោក​បាន​រំលំ​ប៉ម​ក្រុង​ពេនូអែល ព្រម​ទាំង​សម្លាប់​ប្រជាជន​នៅ​ក្រុង​នោះ​ទៀត​ផង។
១៨ បន្ទាប់​មក លោក​កេដូន​សួរ​ទៅ​ស្តេច​សេបា និង​ស្តេច​សាល់‌មូណា​ថា៖ «តើ​មនុស្ស​ដែល​ពួក​ឯង​បាន​សម្លាប់​នៅ​ភ្នំ​តាប៊រ​នោះ មាន​ភិន‌ភាគ​ដូច​ម្ដេច?»។ គេ​ឆ្លើយ​ឡើង​ថា៖ «ពួក​គេ​មាន​ភិន‌ភាគ​ដូច​លោក​ដែរ គឺ​ម្នាក់ៗ​ដូច​បុត្រ​ស្តេច»។ ១៩ លោក​កេដូន​ពោល​ថា៖ «ពួក​គេ​ជា​បង‌ប្អូន​ពោះ​មួយ​នឹង​ខ្ញុំ។ យើង​សុំ​ប្រាប់​ពួក​ឯង ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​ថា ប្រសិន​បើ​ឯង​ពុំ​បាន​សម្លាប់​អ្នក​ទាំង​នោះ​ទេ យើង​នឹង​ទុក​ជីវិត​ពួក​ឯង​ជា​មិន​ខាន!»។ ២០ បន្ទាប់​មក លោក​បង្គាប់​ទៅ​យេទែរ ជា​កូន​ច្បង​របស់​លោក​ថា៖ «ចូរ​សម្លាប់​ពួក​គេ​ចោល​ទៅ!»។ ប៉ុន្តែ យុវ‌ជន​នោះ​មិន​ហ៊ាន​ហូត​ដាវ​ទេ ដ្បិត​គេ​ខ្លាច ដោយ​ខ្លួន​នៅ​ក្មេង​ពេក។ ២១ ស្តេច​សេបា និង​ស្តេច​សាល់‌មូណា​ពោល​ទៅ​កាន់​លោក​កេដូន​ថា៖ «សូម​សម្លាប់​យើង​ដោយ​ដៃ​លោក​ផ្ទាល់​ទៅ ដ្បិត​គួរ​ឲ្យ​មនុស្ស​ពេញ​កម្លាំង​សម្លាប់​យើង​វិញ!»។ ពេល​នោះ លោក​កេដូន​ក្រោក​ឡើង ហើយ​សម្លាប់​ស្តេច​សេបា និង​ស្តេច​សាល់‌មូណា​ចោល រួច​ដោះ​យក​គ្រឿង​លំអ ដែល​ពាក់​នៅ​ក​អូដ្ឋ​របស់​ពួក​គេ​ផង។
លោក​កេដូន​បដិសេធ​មិន​ព្រម​គ្រង​រាជ្យ
២២ ក្រោយ​ពី​ព្រឹត្តិការណ៍​នោះ​មក ជន​ជាតិ​អ៊ីស្រា‌អែល​ពោល​ទៅ​កាន់​លោក​កេដូន​ថា៖ «សូម​លោក​មេត្តា​គ្រប់‌គ្រង​លើ​យើង​ខ្ញុំ ហើយ​ក្រោយ​មក សូម​ឲ្យ​កូន និង​ចៅ​របស់​លោក​គ្រប់‌គ្រង​លើ​យើង​ខ្ញុំ​ត​ទៅ​ទៀត​ដែរ ពី​ព្រោះ​លោក​បាន​សង្គ្រោះ​យើង​ខ្ញុំ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​ម៉ាឌី‌យ៉ាន»។ ២៣ លោក​កេដូន​តប​ទៅ​ពួក​គេ​វិញ​ថា៖ «ទេ! ខ្ញុំ​មិន​គ្រប់‌គ្រង​លើ​អ្នក​រាល់​គ្នា​ទេ ហើយ​កូន​របស់​ខ្ញុំ​ក៏​មិន​គ្រប់‌គ្រង​លើ​អ្នក​រាល់​គ្នា​ដែរ គឺ​ព្រះ‌អម្ចាស់​ទេ ដែល​គ្រប់‌គ្រង​លើ​អ្នក​រាល់​គ្នា»។ ២៤ លោក​កេដូន​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ទៀត​ថា៖ «ខ្ញុំ​មាន​សំណូម​ពរ​មួយ គឺ​សូម​អ្នក​រាល់​គ្នា​ប្រគល់​ក្រវិល ដែល​ម្នាក់ៗ​រឹប​អូស​យក​បាន​ពី​សត្រូវ​មក​ឲ្យ​ខ្ញុំ»- ជន​ជាតិ​ម៉ាឌី‌យ៉ាន​សុទ្ធ​តែ​ពាក់​ក្រវិល​មាស ដ្បិត​ពួក​គេ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​អ៊ីស្មាអែល​ទាំង​អស់​គ្នា។ ២៥ ជន​ជាតិ​អ៊ីស្រា‌អែល​ឆ្លើយ​ឡើង​ថា៖ «យើង​ខ្ញុំ​សូម​ជូន​ក្រវិល​ទៅ​លោក ដោយ​ស្មោះ​អស់​ពី​ចិត្ត»។ ពួក​គេ​ក៏​ត្រដាង​អាវ​ធំ​មួយ​នៅ​លើ​ដី ហើយ​ម្នាក់ៗ​ដាក់​ក្រវិល​ដែល​ខ្លួន​រឹប​អូស​យក​បាន​ពី​សត្រូវ លើ​អាវ​នោះ។ ២៦ ក្រវិល​មាស​ទាំង​អស់​ដែល​លោក​កេដូន​បាន​សុំ​ពី​គេ​នោះ មាន​ទម្ងន់​ប្រមាណ​ប្រាំ‌រយ​តម្លឹង។ លោក​ក៏​បាន​ទទួល​គ្រឿង​អលង្ការ ទំហូ និង​សម្លៀក‌បំពាក់​ពណ៌​ក្រហម​ទុំ​របស់​ស្តេច​សាសន៍​ម៉ាឌី‌យ៉ាន ព្រម​ទាំង​គ្រឿង​លំអ​ដែល​ពាក់​នៅ​ក​សត្វ​អូដ្ឋ​របស់​សត្រូវ​ទៀត​ផង។ ២៧ លោក​កេដូន​បាន​យក​មាស​ទាំង​នោះ ទៅ​សូន​ធ្វើ​ជា​រូប​បដិមា​មួយ ហើយ​តម្កល់​នៅ​អូប្រា ជា​ភូមិ​កំណើត​របស់​លោក។ ដូច្នេះ ជន​ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ក្បត់​ព្រះ‌ជាម្ចាស់ ដោយ​គោរព​ថ្វាយ‌បង្គំ​រូប​ចម្លាក់​នោះ ហើយ​រូប​នោះ​ក្លាយ​ទៅ​ជា​អន្ទាក់​ដល់​លោក​កេដូន និង​ក្រុម​គ្រួសារ​របស់​លោក។
២៨ ចាប់​ពី​ពេល​នោះ​មក ជន​ជាតិ​ម៉ាឌី‌យ៉ាន​ស្ថិត​នៅ​ជា​ចំណុះ​ជន​ជាតិ​អ៊ីស្រា‌អែល មិន​អាច​ងើប​មុខ​បាន​ឡើយ ហើយ​ស្រុក​ទេស​ក៏​បាន​សុខ‌សាន្ត‌ត្រាណ អស់‌រយៈ​ពេល​សែ‌សិប​ឆ្នាំ។
២៩ លោក​យេរូ‌បាល ជា​កូន​របស់​លោក​យ៉ូអាស វិល​ត្រឡប់​ទៅ​រស់​នៅ​ក្នុង​ផ្ទះ​របស់​លោក​វិញ។ ៣០ លោក​មាន​កូន​ប្រុស​ទាំង​អស់​ចិត‌សិប​នាក់ ដ្បិត​លោក​មាន​ប្រពន្ធ​ច្រើន។ ៣១ ប្រពន្ធ​ចុង​របស់​លោក នៅ​ស៊ីគែម បង្កើត​បាន​កូន​ប្រុស​ម្នាក់​ជូន​លោក ដែល​លោក​ដាក់​ឈ្មោះ​ថា អប៊ី‌មេឡេក។
៣២ លោក​កេដូន ជា​កូន​របស់​លោក​យ៉ូអាស បាន​រស់​យ៉ាង​យូរ ប្រកប​ដោយ​សុភមង្គល បន្ទាប់​មក លោក​ក៏​ទទួល​មរណ‌ភាព​ទៅ។ គេ​បាន​បញ្ចុះ​សព​លោក​ក្នុង​ផ្នូរ​របស់​លោក​យ៉ូអាស ជា​ឪពុក នៅ​អូប្រា ជា​ភូមិ​របស់​អំបូរ​អប៊ី‌យេស៊ែរ។
៣៣ ក្រោយ​ពី​លោក​កេដូន​ទទួល​មរណ‌ភាព​ផុត​ទៅ ជន​ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ក្បត់​ព្រះ‌ជាម្ចាស់​សា​ជា​ថ្មី ហើយ​បែរ​ទៅ​គោរព​ព្រះ‌បាល គឺ​គេ​យក​ព្រះ‌បាល-‌បេរីត​ធ្វើ​ជា​ព្រះ​របស់​គេ ៣៤ ពួក​គេ​លែង​នឹក​នា​ដល់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​គេ ដែល​បាន​រំដោះ​គេ​ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ​នៅ​ជុំ‌វិញ។ ៣៥ ពួក​គេ​ពុំ​ដឹង​គុណ​គ្រួសារ​លោក​កេដូន ហៅ​យេរូ‌បាល នូវ​ការ​ល្អ​ទាំង​ប៉ុន្មាន​ដែល​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ជន​ជាតិ​អ៊ីស្រា‌អែល​ឡើយ។
អប៊ី‌មេឡេក​តាំង​ខ្លួន​ជា​ស្តេច​នៅ​ស៊ីគែម
 លោក​អប៊ី‌មេឡេក ជា​កូន​របស់​លោក​យេរូ‌បាល បាន​ទៅ​ស៊ីគែម រក​បង‌ប្អូន​ខាង​ម្ដាយ​របស់​គាត់ និង​ញាតិ‌សន្ដាន​ទាំង​ប៉ុន្មាន​ខាង​ម្ដាយ ហើយ​ពោល​ថា៖  «សូម​បង‌ប្អូន​ទៅ​សួរ​អ្នក​មុខ​អ្នក​ការ​ទាំង​អស់ នៅ​ស៊ីគែម​ថា តើ​អស់​លោក​ចង់​ឲ្យ​កូន​របស់​លោក​យេរូ‌បាល ទាំង​ចិត‌សិប​នាក់​គ្រប់‌គ្រង​លើ​អស់​លោក ឬ​ក៏​ចង់​ឲ្យ​មាន​តែ​ម្នាក់​ប៉ុណ្ណោះ? សូម​កុំ​ភ្លេច​ថា ខ្ញុំ​ជា​សាច់​ឈាម​របស់​អស់​លោក»។  បង‌ប្អូន​ខាង​ម្ដាយ​របស់​លោក​អប៊ី‌មេឡេក​នាំ​ពាក្យ​នេះ ទៅ​ជម្រាប​ពួក​អ្នក​មុខ​អ្នក​ការ​នៅ​ស៊ីគែម។ ពួក​គេ​នាំ​គ្នា​គាំ‌ទ្រ​លោក​អប៊ី‌មេឡេក ដោយ​គិត​ថា គាត់​ជា​សាច់​ឈាម​របស់​ពួក​គេ។  ពួក​គេ​យក​ប្រាក់​ម្ភៃ​តម្លឹង​ពី​វិហារ​របស់​ព្រះ‌បាល‌បេរីត ជូន​គាត់។ លោក​អប៊ី‌មេឡេក​យក​ប្រាក់​នេះ​ទៅ​ជួល​មនុស្ស​ពាល និង​មនុស្ស​អានា‌ថា ឲ្យ​មក​តាម​គាត់។  បន្ទាប់​មក គាត់​ទៅ​ផ្ទះ​ឪពុក​របស់​គាត់ នៅ​អូប្រា ហើយ​នៅ​ទី​នោះ គាត់​សម្លាប់​បង‌ប្អូន​របស់​គាត់ គឺ​កូន​របស់​លោក​យេរូ‌បាល​ទាំង​ចិត‌សិប​នាក់ ក្នុង​ពេល​តែ​មួយ។ មាន​តែ​យ៉ូថាម ដែល​ជា​កូន​ពៅ​ម្នាក់​គត់​បាន​រួច​ជីវិត ព្រោះ​លោក​លាក់​ខ្លួន។
 ពួក​អ្នក​មុខ​អ្នក​ការ​នៅ​ស៊ីគែម និង​ប្រជាជន​ទាំង​ប៉ុន្មាន​នៅ​បេតមីឡូ​បាន​ជួប‌ជុំ​គ្នា​ត្រង់​ដើម​ជ្រៃ នៅ​ស៊ីគែម ជិត​ស្តូប​ថ្ម ហើយ​តែង‌តាំង​លោក​អប៊ី‌មេឡេក​ជា​ស្តេច។
ពាក្យ​ប្រស្នា​របស់​លោក​យ៉ូថាម
 ពេល​លោក​យ៉ូថាម​ទទួល​ដំណឹង​នេះ លោក​ក៏​ឡើង​ទៅ​លើ​កំពូល​ភ្នំ​កេរ៉ា‌ស៊ីម ទាំង​ស្រែក​យ៉ាង​អស់​ទំហឹង​ថា៖
«ពួក​អ្នក​មុខ​អ្នក​ការ​នៅ​ក្រុង​ស៊ីគែម​អើយ
សូម​ស្ដាប់​ខ្ញុំ
ហើយ​សូម​ព្រះ‌ជាម្ចាស់​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់
អ្នក​រាល់​គ្នា​ដែរ!
 ថ្ងៃ​មួយ ដើម​ឈើ​ទាំង‌ឡាយ​ដើរ​ផ្សង​រក​ស្តេច
ឲ្យ​គ្រង​រាជ្យ​លើ​គេ។
ពួក​គេ​ពោល​ទៅ​កាន់​ដើម​អូលីវ​ថា:
សូម​គ្រង​រាជ្យ​លើ​យើង​ខ្ញុំ​ទៅ។
 ប៉ុន្តែ ដើម​អូលីវ​ឆ្លើយ​ថា:
ព្រះ និង​មនុស្ស​លោក
ពេញ​ចិត្ត​នឹង​ប្រេង​របស់​ខ្ញុំ​គ្រប់ៗ​គ្នា
តើ​ឲ្យ​ខ្ញុំ​លះ‌បង់​ប្រេង​របស់​ខ្ញុំ
ហើយ​ទៅ​យោល​ខ្លួន​លើ​ដើម​ឈើ​ឯ​ទៀតៗ
ដូច​ម្ដេច​កើត។
១០ ពេល​នោះ ដើម​ឈើ​ទាំង‌ឡាយ​ពោល​ទៅ​កាន់
ដើម​ឧទុម្ពរ​ថា:
សូម​អញ្ជើញ​មក​គ្រង​រាជ្យ​លើ​យើង​ខ្ញុំ!
១១ ប៉ុន្តែ ដើម​ឧទុម្ពរ​ឆ្លើយ​ថា:
តើ​ឲ្យ​ខ្ញុំ​លះ‌បង់​ផ្លែ​ដ៏​ផ្អែម និង​ឆ្ងាញ់​ពិសា
ហើយ​ទៅ​យោល​ខ្លួន​លើ​ដើម​ឈើ​ឯ​ទៀតៗ
ដូច​ម្ដេច​កើត?
១២ ពេល​នោះ ដើម​ឈើ​ទាំង‌ឡាយ​ពោល​ទៅ​កាន់
ដើម​ទំពាំង‌បាយ‌ជូរ​ថា:
សូម​អញ្ជើញ​មក​គ្រង​រាជ្យ​លើ​យើង​ខ្ញុំ!
១៣ ប៉ុន្តែ ដើម​ទំពាំង‌បាយ‌ជូរ​ឆ្លើយ​ថា:
ស្រា​របស់​ខ្ញុំ​បាន​ធ្វើ​ឲ្យ
ព្រះ និង​មនុស្ស​លោក សប្បាយ​ចិត្ត​គ្រប់ៗ​គ្នា
តើ​ឲ្យ​ខ្ញុំ​លះ‌បង់​ស្រា​របស់​ខ្ញុំ
ហើយ​ទៅ​យោល​ខ្លួន​លើ​ដើម​ឈើ​ឯ​ទៀតៗ
ដូច​ម្ដេច​កើត?
១៤ នៅ​ទី​បំផុត ដើម​ឈើ​ទាំង‌ឡាយ​ពោល​ទៅ​កាន់
គុម្ព​បន្លា​ថា:
សូម​អញ្ជើញ​មក​គ្រង​រាជ្យ​លើ​យើង​ខ្ញុំ!
១៥ គុម្ព​បន្លា​ក៏​ឆ្លើយ​ទៅ​ដើម​ឈើ​ឯ​ទៀតៗ​វិញ​ថា:
ប្រសិន​បើ​អ្នក​រាល់​គ្នា​ចង់​អភិសេក​ខ្ញុំ​ឲ្យ​ធ្វើ
ជា​ស្តេច​គ្រង​រាជ្យ​លើ​អ្នក​រាល់​គ្នា​មែន​នោះ
ចូរ​នាំ​គ្នា​មក​ជ្រក​ក្រោម​ម្លប់​ខ្ញុំ​ចុះ!
បើ​មិន​ធ្វើ​ដូច្នោះ​ទេ
នឹង​មាន​ភ្លើង​ចេញ​ពី​គុម្ព​បន្លា​បញ្ឆេះ
ដើម​តាត្រៅ​នៅ​ស្រុក​លីបង់​ថែម​ទៀត​ផង!
១៦ ឥឡូវ​នេះ តើ​អ្នក​រាល់​គ្នា​លើក​អប៊ី‌មេឡេក​ឡើង​ជា​ស្តេច​ដោយ​ទៀង​ត្រង់ និង​ស្មោះ​អស់​ពី​ចិត្ត​មែន​ឬ? តើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ចំពោះ​លោក​យេរូ‌បាល និង​គ្រួសារ​លោក ដោយ​ត្រឹម​ត្រូវ​ឬ? តើ​អ្នក​រាល់​គ្នា​ដឹង​គុណ​លោក ចំពោះ​កិច្ច‌ការ​ដែល​លោក​បាន​ធ្វើ​ដល់​អ្នក​រាល់​គ្នា​ឬ​ទេ?។ ១៧ ឪពុក​របស់​ខ្ញុំ​បាន​ច្បាំង ដើម្បី​អ្នក​រាល់​គ្នា លោក​បាន​ស៊ូ​ប្ដូរ​ជីវិត​របស់​លោក​រំដោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​ម៉ាឌី‌យ៉ាន។ ១៨ ប៉ុន្តែ ឥឡូវ​នេះ អ្នក​រាល់​គ្នា​បះ‌បោរ​ប្រឆាំង​នឹង​ក្រុម​គ្រួសារ​លោក អ្នក​រាល់​គ្នា​សម្លាប់​កូន​ប្រុស​របស់​លោក​ទាំង​ចិត‌សិប​នាក់​ក្នុង​ពេល​តែ​មួយ ព្រម​ទាំង​លើក​អប៊ី‌មេឡេក ជា​កូន​ស្ត្រី​បម្រើ​របស់​លោក ឲ្យ​ធ្វើ​ជា​ស្តេច គ្រង​រាជ្យ​លើ​អ្នក​មុខ​អ្នក​ការ នៅ​ស៊ីគែម​ថែម​ទៀត​ផង ព្រោះ​គាត់​ត្រូវ​ជា​សាច់‌ញាតិ​របស់​អ្នក​រាល់​គ្នា។ ១៩ ប្រសិន​បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ចំពោះ​លោក​យេរូ‌បាល និង​ក្រុម​គ្រួសារ​លោក​ដោយ​ទៀង​ត្រង់ និង​ស្មោះ​អស់​ពី​ចិត្ត​មែន​នោះ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​សប្បាយ​រីក‌រាយ ដោយ‌សារ​អប៊ី‌មេឡេក ហើយ​សូម​ឲ្យ​គាត់​បាន​សប្បាយ​រីក‌រាយ ដោយ‌សារ​អ្នក​រាល់​គ្នា​វិញ​ដែរ។ ២០ បើ​មិន​ដូច្នោះ​ទេ សូម​ឲ្យ​មាន​ភ្លើង​ចេញ​ពី​អប៊ី‌មេឡេក មក​ឆេះ​អ្នក​មុខ​អ្នក​ការ​នៅ​ស៊ីគែម និង​នៅ​បេតមីឡូ រួច​ឲ្យ​មាន​ភ្លើង​ចេញ​ពី​អ្នក​មុខ​អ្នក​ការ​នៅ​ស៊ីគែម និង​នៅ​បេតមីឡូ មក​ឆេះ​អប៊ី‌មេឡេក​វិញ​ដែរ!»។ ២១ បន្ទាប់​មក លោក​យ៉ូថាម​ក៏​គេច​ខ្លួន រត់​ទៅ​ស្រុក​បៀរ ហើយ​រស់​នៅ​ទី​នោះ​ឆ្ងាយ​ពី​លោក​អប៊ី‌មេឡេក ជា​បង។
បណ្តា‌ជន​នៅ​ស៊ីគែម​ប្រឆាំង​នឹង​អប៊ី‌មេឡេក
២២ លោក​អប៊ី‌មេឡេក​បាន​ដឹក​នាំ​ស្រុក​អ៊ីស្រា‌អែល​អស់‌រយៈ​ពេល​បី​ឆ្នាំ។ ២៣ ក្រោយ​មក ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ឲ្យ​លោក​អប៊ី‌មេឡេក និង​ពួក​អ្នក​មុខ​អ្នក​ការ​នៅ​ស៊ីគែម មាន​គំនិត​បាក់​បែក​គ្នា គឺ​ពួក​គេ​បាន​នាំ​គ្នា​ក្បត់​នឹង​លោក​អប៊ី‌មេឡេក។ ២៤ ដូច្នេះ ពួក​គេ​ទទួល​ទោស​ចំពោះ​ឃាតកម្ម​ដែល​ខ្លួន​បាន​ប្រព្រឹត្ត គឺ​សម្លាប់​កូន​ប្រុស​របស់​លោក​យេរូ‌បាល ទាំង​ចិត‌សិប​នាក់។ លោក​អប៊ី‌មេឡេក​ទទួល​ទោស ព្រោះ​បាន​សម្លាប់​បង‌ប្អូន​របស់​ខ្លួន រីឯ​អ្នក​មុខ​អ្នក​ការ​នៅ​ស៊ីគែម​ទទួល​ទោស ព្រោះ​តែ​សម​គំនិត​ជា​មួយ​គាត់​ក្នុង​ឃាតកម្ម​នេះ។ ២៥ ពួក​អ្នក​មុខ​អ្នក​ការ​នៅ​ស៊ីគែម​បាន​ចាត់​មនុស្ស​ឲ្យ​ទៅ​បង្កប់​ខ្លួន​នៅ​លើ​កំពូល​ភ្នំ ដើម្បី​ប្លន់​អស់​អ្នក​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​នោះ គឺ​ក្នុង​គោល​បំណង​ប្រឆាំង​នឹង​លោក​អប៊ី‌មេឡេក។ មាន​គេ​នាំ​ដំណឹង​នេះ​ទៅ​ប្រាប់​លោក​អប៊ី‌មេឡេក។
២៦ ថ្ងៃ​មួយ​លោក​កាអាល ជា​កូន​របស់​លោក​អេបេដ បាន​ធ្វើ​ដំណើរ​ដល់​ស៊ីគែម​ជា​មួយ​បង‌ប្អូន​របស់​គាត់។ ពួក​អ្នក​មុខ​អ្នក​ការ​នៅ​ស៊ីគែម​ទុក​ចិត្ត​គាត់។ ២៧ ពួក​គេ​ចេញ​ទៅ​ចម្ការ បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ ហើយ​គាប​យក​ទឹក រួច​នាំ​គ្នា​ធ្វើ​បុណ្យ​យ៉ាង​សប្បាយ។ បន្ទាប់​មក គេ​ចូល​ទៅ​ក្នុង​វិហារ​ព្រះ​របស់​គេ គេ​នាំ​គ្នា​ស៊ី​ផឹក ហើយ​ដាក់​បណ្ដាសា​លោក​អប៊ី‌មេឡេក។ ២៨ ពេល​នោះ លោក​កាអាល​ពោល​ឡើង​ថា៖ «តើ​អប៊ី‌មេឡេក​ជា​នរណា ហើយ​យើង​ទាំង​អស់​គ្នា​នៅ​ស៊ីគែម​នេះ​ជា​នរណា​ដែរ បាន​ជា​ត្រូវ​ចំណុះ​គាត់? គាត់​ជា​កូន​របស់​លោក​យេរូ‌បាល ហើយ​សេប៊ូល​ជា​តំណាង​របស់​គាត់។ ដូច្នេះ អ្នក​រាល់​គ្នា​មិន​ត្រូវ​បម្រើ​គាត់​ឡើយ ចូរ​ស្មោះ‌ត្រង់​នឹង​ពូជ‌ពង្ស​លោក​ហាម័រ ដែល​ត្រូវ​ជា​ឪពុក​របស់​លោក​ស៊ីគែម​នោះ​វិញ។ ២៩ ប្រសិន​បើ​មាន​គេ​ប្រគល់​ប្រជាជន​នៅ​ស៊ីគែម​នេះ​មក​ឲ្យ​ខ្ញុំ​ត្រួត‌ត្រា ខ្ញុំ​នឹង​ផ្តួល​អប៊ី‌មេឡេក​ជា​មិន​ខាន»។ បន្ទាប់​មក លោក​កាអាល​ក៏​ស្រែក​ថា៖ «អប៊ី‌មេឡេក​អើយ ចូរ​ប្រមូល​កង‌ទ័ព​របស់​ឯង ចេញ​មក​ប្រយុទ្ធ​ជា​មួយ​នឹង​យើង!»។
៣០ កាល​លោក​សេប៊ូល ជា​ចៅហ្វាយ​ក្រុង បាន​ឮ​ពាក្យ​ដែល​លោក​កាអាល ជា​កូន​របស់​លោក​អេបេដ និយាយ គាត់​ខឹង​យ៉ាង​ខ្លាំង។ ៣១ គាត់​ក៏​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ជា​សម្ងាត់ ប្រាប់​លោក​អប៊ី‌មេឡេក​ថា៖ «កាអាល ជា​កូន​របស់​លោក​អេបេដ ព្រម​ទាំង​បង‌ប្អូន​របស់​គេ​ទើប​នឹង​មក​ដល់​ស៊ីគែម ហើយ​កំពុង​តែ​ញុះ‌ញង់​អ្នក​ក្រុង​ឲ្យ​ប្រឆាំង​នឹង​លោក។ ៣២ ដូច្នេះ នៅ​យប់​នេះ សូម​លោក​ចេញ​ទៅ​បង្កប់​ខ្លួន​នៅ​ឯ​ស្រុក​ស្រែ ជា​មួយ​ទាហាន​របស់​លោក​ទៅ។ ៣៣ ស្អែក​ឡើង ពេល​ថ្ងៃ​រះ សឹម​វាយ​សម្រុក​ចូល​ទី‌ក្រុង។ នៅ​ពេល​កាអាល និង​បក្ស​ពួក​របស់​គេ​ចេញ​ទៅ​ត‌ទល់​នឹង​លោក​នោះ លោក​អាច​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​តាម​តែ​លោក​យល់​ឃើញ​ទៅ​ចុះ»។
៣៤ លោក​អប៊ី‌មេឡេក និង​ទាហាន​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ​គាត់ ក្រោក​ឡើង​ទាំង​យប់ ចែក​គ្នា​ជា​បួន​ក្រុម រួច​ទៅ​បង្កប់​ខ្លួន​នៅ​ក្បែរ​ស៊ីគែម។ ៣៥ ពេល​នោះ លោក​កាអាល ជា​កូន​របស់​លោក​អេបេដ ក៏​ចេញ​ទៅ​ឈរ​នៅ​មាត់​ទ្វារ​ទី‌ក្រុង។ រីឯ​លោក​អប៊ី‌មេឡេក និង​ទាហាន​របស់​គាត់ ក៏​ស្ទុះ​ចេញ​មក​ពី​ទី​បង្កប់​ខ្លួន​ដែរ។ ៣៦ លោក​កាអាល​ឃើញ​ពួក​គេ ក៏​និយាយ​ទៅ​កាន់​លោក​សេប៊ូល​ថា៖ «មើល! មាន​មនុស្ស​ចុះ​ពី​លើ​កំពូល​ភ្នំ​មក»។ ប៉ុន្តែ លោក​សេប៊ូល​ឆ្លើយ​ថា៖ «មិន​មែន​ទេ គឺ​ជា​ស្រមោល​ភ្នំ​ទេ​តើ តែ​អ្នក​មើល​ឃើញ​ថា​ជា​មនុស្ស​ទៅ​វិញ!»។ ៣៧ លោក​កាអាល​ក៏​ពោល​ទៀត​ថា៖ «មើល​ន៎ គឺ​ពិត​ជា​មាន​មនុស្ស​ចុះ​ពី​ភ្នំ​ដែល​នៅ​កណ្ដាល​នោះ​មែន ហើយ​ក៏​មាន​មួយ​ក្រុម​ទៀត​មក​តាម​ផ្លូវ​ដើម​ជ្រៃ​របស់​ពួក​ហោរា​ដែរ»។ ៣៨ លោក​សេប៊ូល​ឆ្លើយ​តប​ថា៖ «ម្ដេច​ក៏​អ្នក​ឯង​មិន​ក្អេង‌ក្អាង​ទៀត​ទៅ? កាល​ពី​មុន​អ្នក​ឯង​បាន​ពោល​ថា “តើ​អប៊ី‌មេឡេក​ជា​នរណា បាន​ជា​យើង​ត្រូវ​ចំណុះ​គាត់?”។ ឥឡូវ​នេះ ពួក​ដែល​អ្នក​ឯង​មើល‌ងាយ មក​ដល់​ហើយ ចូរ​ចេញ​ទៅ​ប្រយុទ្ធ​ជា​មួយ​គេ​ទៅ!»។ ៣៩ លោក​កាអាល​ក៏​នាំ​មុខ​អ្នក​ក្រុង​ស៊ីគែម ចេញ​ទៅ​ប្រយុទ្ធ​ជា​មួយ​លោក​អប៊ី‌មេឡេក។ ៤០ លោក​កាអាល​បាក់​ទ័ព ហើយ​លោក​អប៊ី‌មេឡេក​ដេញ​តាម​ពី​ក្រោយ។ មនុស្ស​មួយ​ចំនួន​ធំ​ត្រូវ​របួស ដួល​ស្លាប់​មុន​ទៅ​ដល់​មាត់​ទ្វារ​ក្រុង។ ៤១ លោក​អប៊ី‌មេឡេក​ទៅ​ស្នាក់​នៅ​ភូមិ​អារូ‌ម៉ា ចំណែក​លោក​សេប៊ូល​វិញ គាត់​ដេញ​លោក​កាអាល និង​បង‌ប្អូន​របស់​គេ ចេញ​ពី​ស៊ីគែម មិន​ឲ្យ​គេ​នៅ​ក្នុង​ក្រុង​នោះ​ឡើយ។
៤២ លុះ​ស្អែក​ឡើង លោក​អប៊ី‌មេឡេក បាន​ទទួល​ដំណឹង​ថា អ្នក​ក្រុង​ស៊ីគែម​រៀប‌ចំ​ខ្លួន​ចេញ​ទៅ​វាល។ ៤៣ គាត់​ក៏​ប្រមូល​ទាហាន​របស់​គាត់​មក ចែក​គេ​ជា​បី​ក្រុម ហើយ​ឲ្យ​ទៅ​បង្កប់​ខ្លួន​នៅ​តាម​វាល។ ពេល​គាត់​ឃើញ​អ្នក​ក្រុង​ស៊ីគែម​ចេញ​ពី​ទី‌ក្រុង​មក គាត់​ក៏​ស្ទុះ​ទៅ​វាយ​ប្រហារ​ពួក​គេ​ភ្លាម។ ៤៤ លោក​អប៊ី‌មេឡេក និង​ក្រុម​ដែល​នៅ​ជា​មួយ​គាត់ នាំ​គ្នា​ទៅ​ស្ទាក់​នៅ​មាត់​ទ្វារ​ក្រុង ក្នុង​ពេល​ដែល​ក្រុម​ពីរ​ទៀត​កំពុង​តែ​ដេញ​ប្រហារ​ជីវិត​អស់​អ្នក​ដែល​នៅ​តាម​វាល។ ៤៥ លោក​អប៊ី‌មេឡេក​វាយ​ទី‌ក្រុង​ពេញ​មួយ​ថ្ងៃ ទើប​ដណ្ដើម​យក​ទី‌ក្រុង​បាន។ គាត់​សម្លាប់​ប្រជាជន​នៅ​ក្នុង​ទី‌ក្រុង ហើយ​បំផ្លាញ​ទី‌ក្រុង ព្រម​ទាំង​បាច​អំបិល​ទៀត​ផង។ ៤៦ នៅ​ពេល​ឮ​ដំណឹង​នេះ ពួក​អ្នក​មុខ​អ្នក​ការ​ទាំង​ប៉ុន្មាន ដែល​ស្ថិត​នៅ​ក្នុង​ប៉ម​ស៊ីគែម នាំ​គ្នា​ទៅ​ជ្រក​នៅ​ក្នុង​គុហា ដែល​នៅ​ក្រោម​វិហារ​ព្រះ‌បេរីត។ ៤៧ លោក​អប៊ី‌មេឡេក​បាន​ទទួល​ដំណឹង​ថា ពួក​គេ​ប្រមូល​ផ្តុំ​គ្នា​នៅ​ទី​នោះ ៤៨ គាត់​ក៏​ឡើង​ទៅ​លើ​ភ្នំ​សាល់‌ម៉ូន ជា​មួយ​ទាហាន​របស់​គាត់។ គាត់​យក​ពូថៅ​ទៅ​កាប់​មែក​ឈើ​មួយ រួច​លើក​លី ទាំង​បង្គាប់​ទៅ​ទាហាន​របស់​គាត់​ថា៖ «ចូរ​ធ្វើ​តាម​ខ្ញុំ​ជា​ប្រញាប់!»។ ៤៩ ពួក​ទាហាន​ក៏​កាប់​មែក​ឈើ​ម្នាក់​មួយ​មែកៗ ហើយ​លី​ទៅ​តាម​លោក​អប៊ី‌មេឡេក។ ពួក​គេ​យក​មែក​ឈើ​ទាំង​នោះ​ទៅ​គរ​នៅ​មាត់​គុហា រួច​ដុត​ភ្លើង​បញ្ឆេះ​គុហា ព្រម​ទាំង​មនុស្ស​ដែល​នៅ​ក្នុង​នោះ​ផង។ អស់​អ្នក​ដែល​នៅ​ក្នុង​ប៉ម​ស៊ីគែម បាន​ស្លាប់​បែប​នេះ​ឯង ពួក​គេ​ទាំង​ប្រុស​ទាំង​ស្រី​មាន​ចំនួន​ប្រមាណ​មួយ​ពាន់​នាក់។
៥០ ក្រោយ​មក លោក​អប៊ី‌មេឡេក​ទៅ​ក្រុង​តេ‌បេស គាត់​ឡោម‌ព័ទ្ធ​ក្រុង​នោះ ហើយ​ដណ្ដើម​យក​បាន។ ៥១ នៅ​កណ្ដាល​ក្រុង​នោះ មាន​ប៉ម​មួយ​យ៉ាង​មាំ ប្រជាជន​ទាំង​ប្រុស​ទាំង​ស្រី និង​អ្នក​មុខ​អ្នក​ការ​ទាំង​ប៉ុន្មាន​នៅ​ក្រុង​នោះ នាំ​គ្នា​ទៅ​ជ្រក​ក្នុង​ប៉ម​នោះ។ ពួក​គេ​បិទ​ទ្វារ​យ៉ាង​ជិត រួច​នាំ​គ្នា​ឡើង​ទៅ​លើ​កំពូល។ ៥២ លោក​អប៊ី‌មេឡេក​ចូល​ទៅ​វាយ​យក​ប៉ម​នោះ គឺ​គាត់​ទៅ​ជិត​មាត់​ទ្វារ ដើម្បី​ដុត​បំផ្លាញ​ចោល។ ៥៣ ពេល​នោះ ស្ត្រី​ម្នាក់​បាន​ទម្លាក់​ត្បាល់​ថ្ម​មួយ​ទៅ​លើ​ក្បាល​គាត់ ហើយ​ក្បាល​គាត់​ក៏​បែក។ ៥៤ ភ្លាម​នោះ លោក​អប៊ី‌មេឡេក​ហៅ​យុវ‌ជន​ដែល​កាន់​អាវុធ​របស់​គាត់​មក ហើយ​បង្គាប់​ថា៖ «ចូរ​ហូត​ដាវ​សម្លាប់​ខ្ញុំ​ទៅ ដើម្បី​កុំ​ឲ្យ​គេ​និយាយ​ថា មាន​ស្ត្រី​ម្នាក់​បាន​សម្លាប់​ខ្ញុំ​ឡើយ»។ យុវ‌ជន​នោះ​ក៏​ចាក់​ទម្លុះ​គាត់ ហើយ​គាត់​ក៏​ស្លាប់​ទៅ។ ៥៥ កាល​ជន​ជាតិ​អ៊ីស្រា‌អែល​ឃើញ​ថា គាត់​បាន​ស្លាប់​ហើយ​នោះ គេ​ក៏​វិល​ត្រឡប់​ទៅ​កាន់​ទី​លំ‌នៅ​របស់​គេ​រៀងៗ​ខ្លួន​វិញ។
៥៦ គឺ​យ៉ាង​នេះ​ហើយ ដែល​ព្រះ‌ជាម្ចាស់​ដាក់​ទោស​លោក​អប៊ី‌មេឡេក សម​នឹង​អំពើ​អាក្រក់​ដែល​គាត់​បាន​ធ្វើ​ចំពោះ​ឪពុក​របស់​គាត់ ដោយ​សម្លាប់​បង‌ប្អូន​គាត់​ទាំង​ចិត‌សិប​នាក់។ ៥៧ ព្រះ‌ជាម្ចាស់​ក៏​បាន​ដាក់​ទោស​អ្នក​ក្រុង​ស៊ីគែម សម​នឹង​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​ដែរ គឺ​ស្រប​តាម​ពាក្យ​បណ្ដាសា​របស់​លោក​យ៉ូថាម ជា​កូន​របស់​លោក​យេរូ‌បាល បាន​ថ្លែង​ទាស់​នឹង​ពួក​គេ។
១០
លោក​តូឡា និង​លោក​យ៉ាអៀរ
 ក្រោយ​ពេល​លោក​អប៊ី‌មេឡេក​ទទួល​មរណ‌ភាព​ផុត​ទៅ លោក​តូឡា ជា​កូន​របស់​លោក​ពូអា និង​ជា​ចៅ​របស់​លោក​ដូដូ ក្នុង​កុល‌សម្ព័ន្ធ​អ៊ីសា‌កា បាន​ងើប​ឡើង​រំដោះ​ជន​ជាតិ​អ៊ីស្រា‌អែល។ លោក​ជា​អ្នក​ស្រុក​សាមៀរ ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម។  លោក​បាន​គ្រប់‌គ្រង​លើ​ស្រុក​អ៊ីស្រា‌អែល អស់‌រយៈ​ពេល​ម្ភៃ​បី​ឆ្នាំ រួច​លោក​ក៏​ទទួល​មរណ‌ភាព​ទៅ ហើយ​គេ​បញ្ចុះ​សព​របស់​លោក​នៅ​ស្រុក​សាមៀរ​នោះ។
 ក្រោយ​ពេល​លោក​តូឡា​ទទួល​មរណ‌ភាព​ទៅ លោក​យ៉ាអៀរ ជា​អ្នក​ស្រុក​កាឡាដ បាន​ងើប​ឡើង​គ្រប់‌គ្រង​លើ​ស្រុក​អ៊ីស្រា‌អែល​អស់‌រយៈ​ពេល​ម្ភៃ​ពីរ​ឆ្នាំ។  លោក​មាន​កូន​ប្រុស​សាម‌សិប​នាក់ ដែល​មាន​លា​សាម‌សិប​ជា​ជំនិះ និង​គ្រប់‌គ្រង​លើ​ក្រុង​សាម‌សិប​នៅ​តំបន់​កាឡាដ ដែល​មាន​ឈ្មោះ​ថា​បុរី​យ៉ាអៀរ រហូត​ដល់​សព្វ​ថ្ងៃ។  បន្ទាប់​មក លោក​យ៉ាអៀរ​ក៏​ទទួល​មរណ‌ភាព គេ​បញ្ចុះ​សព​របស់​លោក​នៅ​ក្រុង​កាម៉ូន។
ជន​ជាតិ​អាំម៉ូន​វាយ​ប្រហារ​អ៊ីស្រា‌អែល
 គ្រា​នោះ ជន​ជាតិ​អ៊ីស្រា‌អែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់​សា​ជា​ថ្មី ដោយ​នាំ​គ្នា​គោរព​បម្រើ​ព្រះ‌បាល ព្រះ‌អាស្តារ៉ូត ព្រម​ទាំង​ព្រះ​នានា​របស់​ជន​ជាតិ​ស៊ីរី ព្រះ​របស់​ជន​ជាតិ​ស៊ីដូន ព្រះ​របស់​ជន​ជាតិ​ម៉ូអាប់ ព្រះ​របស់​ជន​ជាតិ​អាំម៉ូន និង​ព្រះ​របស់​ជន​ជាតិ​ភីលីស្ទីន​ទៀត​ផង។ គេ​បោះ​បង់​ចោល​ព្រះ‌អម្ចាស់ ហើយ​មិន​គោរព​ថ្វាយ‌បង្គំ​ព្រះ‌អង្គ​ទៀត​ឡើយ។  ដូច្នេះ ព្រះ‌អម្ចាស់​ព្រះ‌អង្គ​ព្រះ‌ពិរោធ​ជា​មួយ​ជន​ជាតិ​អ៊ីស្រា‌អែល ហើយ​ប្រគល់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​ភីលីស្ទីន និង​ជន​ជាតិ​អាំម៉ូន។  ចាប់​តាំង​ពី​ឆ្នាំ​នោះ​មក រហូត​អស់‌រយៈ​ពេល​ដប់​ប្រាំ‌បី​ឆ្នាំ ជន​ជាតិ​ទាំង​ពីរ​បាន​សង្កត់‌សង្កិន និង​ធ្វើ​បាប​ជន​ជាតិ​អ៊ីស្រា‌អែល​ដែល​រស់​នៅ​ស្រុក​កាឡាដ ក្នុង​ទឹក​ដី​របស់​ជន​ជាតិ​អាម៉ូរី ខាង​កើត​ទន្លេ​យ័រដាន់។  រីឯ​ជន​ជាតិ​អាំម៉ូន​ក៏​បាន​ឆ្លង​ទន្លេ​យ័រដាន់ មក​វាយ​កុល‌សម្ព័ន្ធ​យូដា បេនយ៉ាមីន និង​អេប្រាអ៊ីម​ដែរ ធ្វើ​ឲ្យ​ជន​ជាតិ​អ៊ីស្រា‌អែល​រង​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង។ ១០ ដូច្នេះ ជន​ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ ដោយ​ពោល​ថា៖ «យើង​ខ្ញុំ​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ ដ្បិត​យើង​ខ្ញុំ​បាន​បោះ​បង់​ចោល​ព្រះ‌អង្គ​ដែល​ជា​ព្រះ​នៃ​យើង​ខ្ញុំ ទៅ​គោរព​បម្រើ​ព្រះ‌បាល»។ ១១ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តប​មក​ជន​ជាតិ​អ៊ីស្រា‌អែល​វិញ​ថា៖ «ពេល​ជន​ជាតិ​អេស៊ីប ជន​ជាតិ​អាម៉ូរី ជន​ជាតិ​អាំម៉ូន ជន​ជាតិ​ភីលីស្ទីន ១២ ជន​ជាតិ​ស៊ីដូន ជន​ជាតិ​អាម៉ា‌ឡេក និង​ជន​ជាតិ​ម៉ាអូន បាន​ជិះ‌ជាន់​សង្កត់‌សង្កិន​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​ស្រែក​អង្វរ​យើង តើ​យើង​មិន​បាន​សង្គ្រោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​គេ​ទេ​ឬ​អី? ១៣ ប៉ុន្តែ ដោយ​អ្នក​រាល់​គ្នា​បាន​បោះ​បង់​ចោល​យើង ទៅ​គោរព​បម្រើ​ព្រះ​ផ្សេងៗ​ទៀត យើង​នឹង​មិន​សង្គ្រោះ​អ្នក​រាល់​គ្នា​ទៀត​ឡើយ។ ១៤ ដូច្នេះ ចូរ​នាំ​គ្នា​ហៅ​រក​ព្រះ ដែល​អ្នក​រាល់​គ្នា​បាន​ជ្រើស‌រើស​នោះ​ឲ្យ​ជួយ​ទៅ! ឲ្យ​ព្រះ​ទាំង​នោះ​សង្គ្រោះ​អ្នក​រាល់​គ្នា​ក្នុង​ពេល​មាន​ទុក្ខ​លំបាក​នេះ​ទៅ!»។ ១៥ ជន​ជាតិ​អ៊ីស្រា‌អែល​ទូល​ព្រះ‌អង្គ​វិញ​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ យើង​ខ្ញុំ​ធ្វើ​ខុស​ហើយ សូម​ដាក់​ទោស​យើង​ខ្ញុំ តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ​ចុះ តែ​ថ្ងៃ​នេះ សូម​ព្រះ‌អង្គ​មេត្តា​រំដោះ​យើង​ខ្ញុំ​ផង!»។
១៦ ពួក​គេ​យក​ព្រះ​នានា​របស់​សាសន៍​ដទៃ​ចេញ​ពី​ក្នុង​ចំណោម​ពួក​គេ ហើយ​នាំ​គ្នា​គោរព​បម្រើ​ព្រះ‌អម្ចាស់​វិញ ធ្វើ​ឲ្យ​ព្រះ‌អង្គ​រំជួល​ព្រះ‌ហឫទ័យ ដោយ​ឃើញ​ទុក្ខ​វេទនា​របស់​ជន​ជាតិ​អ៊ីស្រា‌អែល។
១៧ គ្រា​នោះ ជន​ជាតិ​អាំម៉ូន​ប្រមូល​ផ្តុំ​គ្នា បោះ​ទ័ព​នៅ​ស្រុក​កាឡាដ ហើយ​ជន​ជាតិ​អ៊ីស្រា‌អែល​ក៏​ប្រមូល​គ្នា​បោះ​ទ័ព​នៅ​មីសប៉ា​ដែរ។ ១៨ ប្រជាជន​នៅ​ស្រុក​កាឡាដ ព្រម​ទាំង​អ្នក​ដឹក​នាំ​របស់​ពួក​គេ​ពិភាក្សា​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​សម្រេច​ថា អ្នក​ណា​ហ៊ាន​ប្រយុទ្ធ​ត‌ទល់​នឹង​ជន​ជាតិ​អាំម៉ូន​មុន​គេ អ្នក​នោះ​នឹង​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​ប្រជាជន​កាឡាដ​ទាំង​មូល។
១១
លោក​យែបថា​ឡើង​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​អ៊ីស្រា‌អែល
 នៅ​ស្រុក​កាឡាដ មាន​អ្នក​ចម្បាំង​ដ៏​អង់‌អាច​មួយ​រូប ឈ្មោះ​យែបថា ជា​កូន​របស់​ស្រី​ពេស្យា​ម្នាក់ និង​បុរស​ឈ្មោះ​កាឡាដ។  រីឯ​ភរិយា​របស់​លោក​កាឡាដ​ក៏​បាន​បង្កើត​កូន​ប្រុសៗ​ជូន​គាត់​ដែរ។ លុះ​កូន​ទាំង​នោះ​ធំ​ឡើង គេ​នាំ​គ្នា​បណ្តេញ​លោក​យែបថា ដោយ​និយាយ​ថា៖ «ឯង​គ្មាន​សិទ្ធិ​នឹង​ទទួល​មត៌ក​របស់​ឪពុក​យើង​ទេ ដ្បិត​ឯង​ជា​កូន​របស់​ស្រី​ដទៃ»។  ពេល​នោះ លោក​យែបថា​បាន​ភៀស​ខ្លួន​ចេញ​ឆ្ងាយ​ពី​បង‌ប្អូន​របស់​គាត់ ទៅ​រស់​នៅ​ក្នុង​ស្រុក​តូប។ មាន​មនុស្ស​ពាល​មក​ចូល​ដៃ​ជា​មួយ​គាត់ ហើយ​នាំ​គ្នា​ចេញ​ទៅ​ប្លន់។
 ចំណេរ​ក្រោយ​មក ជន​ជាតិ​អាំម៉ូន​លើក​គ្នា​មក​ច្បាំង​នឹង​ជន​ជាតិ​អ៊ីស្រា‌អែល។  ពេល​មាន​សង្គ្រាម​ផ្ទុះ​ឡើង​ដូច្នេះ ពួក​ចាស់​ទុំ​នៃ​ស្រុក​កាឡាដ​នាំ​គ្នា​ទៅ​រក​លោក​យែបថា​នៅ​ស្រុក​តូប  ដោយ​ពោល​ថា៖ «សូម​លោក​អញ្ជើញ​មក​ធ្វើ​ជា​មេ‌ទ័ព​លើ​ពួក​យើង​ទៅ ដើម្បី​ឲ្យ​យើង​អាច​ប្រយុទ្ធ​នឹង​ពួក​អាំម៉ូន​បាន»។  លោក​យែបថា​ឆ្លើយ​តប​ទៅ​ពួក​ចាស់​ទុំ​នៃ​ស្រុក​កាឡាដ​វិញ​ថា៖ «អស់​លោក​បាន​ស្អប់​ខ្ញុំ ហើយ​បណ្តេញ​ខ្ញុំ​ចេញ​ពី​ផ្ទះ​ឪពុក​របស់​ខ្ញុំ ឥឡូវ​នេះ ពេល​មាន​អាសន្ន អស់​លោក​បែរ​ជា​រត់​មក​រក​ខ្ញុំ​ទៅ​វិញ!»។  ពួក​ចាស់​ទុំ​តប​ថា៖ «ព្រោះ​តែ​យើង​ខ្ញុំ​មាន​អាសន្ន​ដូច្នេះ​ហើយ បាន​ជា​ពេល​នេះ យើង​ខ្ញុំ​រត់​មក​រក​លោក​វិញ ដើម្បី​អញ្ជើញ​លោក​ទៅ​ច្បាំង​នឹង​ជន​ជាតិ​អាំម៉ូន​ជា​មួយ​យើង​ខ្ញុំ ហើយ​សូម​លោក​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​យើង​ខ្ញុំ និង​លើ​ប្រជាជន​នៅ​ស្រុក​កាឡាដ​ទាំង​មូល»។  លោក​យែបថា​ឆ្លើយ​ទៅ​ចាស់​ទុំ​ទាំង​នោះ​ថា៖ «ប្រសិន​បើ​អស់​លោក​ហៅ​ខ្ញុំ​ទៅ​វិញ ដើម្បី​ប្រយុទ្ធ​នឹង​ជន​ជាតិ​អាំម៉ូន ហើយ​បើ​ព្រះ‌អម្ចាស់​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​ខ្ញុំ នោះ​ខ្ញុំ​នឹង​ធ្វើ​ជា​មេ​លើ​អស់​លោក»។ ១០ ពេល​នោះ ពួក​ចាស់​ទុំ​នៃ​ស្រុក​កាឡាដ​ក៏​ប្រកាស​ចំពោះ​លោក​យែបថា ថា៖ «ព្រះ‌អម្ចាស់​ជា​សាក្សី​ស្រាប់​ហើយ​ថា យើង​ខ្ញុំ​នឹង​ធ្វើ​តាម​ពាក្យ​របស់​លោក!»។
១១ លោក​យែបថា​ក៏​ចេញ​ទៅ​ជា​មួយ​ពួក​ចាស់​ទុំ​នៃ​ស្រុក​កាឡាដ ហើយ​ប្រជាជន​បាន​លើក​លោក​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ និង​ជា​មេ‌ទ័ព​របស់​ពួក​គេ។ ពេល​នោះ លោក​យែបថា​រំឭក​ឡើង​វិញ​នូវ​ពាក្យ​ដែល​លោក​បាន​ព្រម​ព្រៀង​ជា​មួយ​ពួក​ចាស់​ទុំ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ នៅ​មីសប៉ា។
១២ លោក​យែបថា​បាន​ចាត់​គេ​ឲ្យ​នាំ​ពាក្យ​ទៅ​ទូល​ស្តេច​នៃ​ជន​ជាតិ​អាំម៉ូន​ថា៖ «តើ​យើង​មាន​រឿង​អ្វី​ជា​មួយ​គ្នា បាន​ជា​ព្រះ‌ករុណា​លើក​ទ័ព​មក​វាយ​ស្រុក​ទូល‌បង្គំ​ដូច្នេះ?»។ ១៣ ស្តេច​ជន​ជាតិ​អាំម៉ូន​ឆ្លើយ​តប​មក​អ្នក​នាំ​សារ​វិញ​ថា៖ «ពេល​ជន​ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ពួក​គេ​បាន​ដណ្ដើម​យក​ទឹក​ដី​របស់​យើង ចាប់​ពី​ស្ទឹង​អារណូន​រហូត​ដល់​ស្ទឹង​យ៉ាបុក និង​ទន្លេ​យ័រដាន់។ ឥឡូវ​នេះ ចូរ​ប្រគល់​ទឹក​ដី​ទាំង​នោះ​មក​ឲ្យ​យើង​វិញ តាម​សម្រួល​ទៅ»។ ១៤ លោក​យែបថា​ក៏​ចាត់​គេ​ឲ្យ​នាំ​ពាក្យ​របស់​លោក ទៅ​ទូល​ស្តេច​ជន​ជាតិ​អាំម៉ូន​សា​ជា​ថ្មី​ថា៖ ១៥ «ជន​ជាតិ​អ៊ីស្រា‌អែល​ពុំ​បាន​ដណ្ដើម​យក​ទឹក​ដី​របស់​ជន​ជាតិ​ម៉ូអាប់ ឬ​ទឹក​ដី​របស់​ជន​ជាតិ​អាំម៉ូន​ទេ។ ១៦ នៅ​ពេល​ជន​ជាតិ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីប ពួក​គេ​បាន​ឆ្លង​កាត់​វាល​រហោ‌ស្ថាន​រហូត​ដល់​សមុទ្រ​កក់ ហើយ​ក៏​មក​ដល់​កាដែស។ ១៧ ពេល​នោះ គេ​បាន​ចាត់​អ្នក​នាំ​ពាក្យ​ឲ្យ​ទៅ​គាល់​ស្តេច​ស្រុក​អេដុម ដើម្បី​សុំ​ឆ្លង​កាត់​ទឹក​ដី​ស្រុក​អេដុម តែ​ស្តេច​មិន​បាន​យល់​ព្រម​ទេ។ ជន​ជាតិ​អ៊ីស្រា‌អែល​ក៏​បាន​ធ្វើ​សំណូម​ពរ​ដូច​គ្នា​ចំពោះ​ស្តេច​ស្រុក​ម៉ូអាប់ តែ​ស្តេច​នោះ​ក៏​បដិសេធ​ដែរ។ ដូច្នេះ ពួក​គេ​ក៏​ស្នាក់​នៅ​ត្រង់​កាដែស​នោះ​ទៅ។ ១៨ ក្រោយ​មក ជន​ជាតិ​អ៊ីស្រា‌អែល​ក៏​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ឆ្លង​កាត់​វាល​រហោ‌ស្ថាន ដោយ​ដើរ​វាង​ស្រុក​អេដុម និង​ស្រុក​ម៉ូអាប់ មក​ដល់​ខាង​កើត​ស្រុក​ម៉ូអាប់។ ពួក​គេ​បោះ​ជំរំ​នៅ​ត្រើយ​ខាង​នាយ​ស្ទឹង​អារណូន គឺ​ឥត​បាន​ចូល​ទៅ​ក្នុង​ទឹក​ដី​របស់​ជន​ជាតិ​ម៉ូអាប់​ទេ។ ស្ទឹង​អារណូន​ជា​ព្រំ‌ប្រទល់​នៃ​ទឹក​ដី​របស់​ជន​ជាតិ​ម៉ូអាប់។ ១៩ នៅ​ទី​នោះ ជន​ជាតិ​អ៊ីស្រា‌អែល​បាន​ចាត់​អ្នក​នាំ​ពាក្យ​ឲ្យ​ទៅ​គាល់​ព្រះ‌បាទ​ស៊ីហុន ជា​ស្តេច​នៃ​ជន​ជាតិ​អាម៉ូរី ដែល​គ្រង​រាជ្យ​នៅ​ក្រុង​ហេស‌បូន ដើម្បី​សុំ​ឆ្លង​កាត់​ទឹក​ដី​ស្រុក​អាម៉ូរី ឆ្ពោះ​ទៅ​កាន់​ស្រុក​ដែល​ព្រះ‌ជាម្ចាស់​បាន​បម្រុង​ទុក​សម្រាប់​ពួក​គេ។ ២០ ប៉ុន្តែ ព្រះ‌បាទ​ស៊ីហុន​ពុំ​ទុក​ចិត្ត​ជន​ជាតិ​អ៊ីស្រា‌អែល ដោយ​ឲ្យ​ពួក​គេ​ឆ្លង​កាត់​ទឹក​ដី​ស្រុក​អាម៉ូរី​ឡើយ។ ស្តេច​ប្រមូល​ទ័ព​ទាំង​អស់​ទៅ​បោះ​ទី​តាំង​នៅ​យ៉ា‌ហាស់ ហើយ​វាយ​ជន​ជាតិ​អ៊ីស្រា‌អែល។ ២១ ពេល​នោះ ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​អ៊ីស្រា‌អែល បាន​ប្រគល់​ស្តេច​ស៊ីហុន និង​ពល‌ទ័ព​របស់​ស្តេច មក​ក្នុង​កណ្ដាប់​ដៃ​ជន​ជាតិ​អ៊ីស្រា‌អែល ជន​ជាតិ​អ៊ីស្រា‌អែល​ទទួល​ជ័យ‌ជម្នះ ហើយ​ចាប់​យក​ទឹក​ដី​ទាំង​មូល​របស់​ជន​ជាតិ​អាម៉ូរី។ ២២ ជន​ជាតិ​អ៊ីស្រា‌អែល​កាន់​កាប់​ទឹក​ដី​ទាំង​មូល​របស់​ជន​ជាតិ​អាម៉ូរី ចាប់​តាំង​ពី​ស្ទឹង​អារណូន រហូត​ដល់​ស្ទឹង​យ៉ាបុក និង​ចាប់​តាំង​ពី​វាល​រហោ‌ស្ថាន​ខាង​កើត រហូត​ដល់​ទន្លេ​យ័រដាន់។ ២៣ ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​អ៊ីស្រា‌អែល​ទេ​តើ ដែល​បាន​ប្រោស​ប្រទាន​ឲ្យ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ ដណ្ដើម​យក​បាន​ទឹក​ដី​របស់​ជន​ជាតិ​អាម៉ូរី។ ឥឡូវ​នេះ តើ​ព្រះ‌ករុណា​ចង់​ដណ្ដើម​យក​ពី​យើង​វិញ​ឬ? ២៤ ព្រះ‌ករុណា​បាន​កាន់​កាប់​ទឹក​ដី​ដែល​ព្រះ‌កេម៉ូស ជា​ព្រះ​របស់​ព្រះ‌ករុណា​បាន​ប្រគល់​ឲ្យ រីឯ​យើង​វិញ តើ​យើង​គ្មាន​សិទ្ធិ​នឹង​កាន់​កាប់​ទឹក​ដី ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង ប្រទាន​ឲ្យ​យើង​ដណ្ដើម​យក​បាន​នោះ​ទេ​ឬ​អី? ២៥ តើ​ព្រះ‌ករុណា​គិត​ថា ព្រះ‌អង្គ​ខ្លាំង​ពូកែ​ជាង​ព្រះ‌បាទ​បាឡាក់ ជា​បុត្រ​របស់​ព្រះ‌បាទ​ស៊ីព័រ ស្តេច​នៃ​ជន​ជាតិ​ម៉ូអាប់​ឬ? ព្រះ‌បាទ​បាឡាក់​ពុំ​បាន​រក​រឿង​ជន​ជាតិ​អ៊ីស្រា‌អែល ហើយ​ក៏​មិន​បាន​ច្បាំង​នឹង​ពួក​គេ​ដែរ។ ២៦ ជន​ជាតិ​អ៊ីស្រា‌អែល​រស់​នៅ​ក្នុង​ក្រុង​ហេស‌បូន និង​ក្រុង​អារ៉ូ‌អ៊ែរ ព្រម​ទាំង​តំបន់​ដែល​នៅ​ជុំ‌វិញ និង​ស្រុក​ភូមិ​ដែល​ស្ថិត​នៅ​តាម​ដង​ស្ទឹង​អារណូន អស់‌រយៈ​ពេល​បី‌រយ​ឆ្នាំ​កន្លង​មក​ហើយ ហេតុ​អ្វី​បាន​ជា​ព្រះ‌រាជា​មិន​រំដោះ​យក​ទឹក​ដី​ទាំង​នេះ ក្នុង​ជំនាន់​នោះ​ទៅ? ២៧ ទូល‌បង្គំ​មិន​បាន​ធ្វើ​អ្វី​ខុស​ចំពោះ​ព្រះ‌រាជា​ឡើយ គឺ​ព្រះ‌រាជា​ទេ​តើ​ដែល​ប្រព្រឹត្ត​ខុស ដោយ​ធ្វើ​សង្គ្រាម​ជា​មួយ​នឹង​ទូល‌បង្គំ។ សូម​ព្រះ‌អម្ចាស់​ដែល​ជា​ចៅ‌ក្រម មេត្តា​កាត់​ក្តី​រវាង​ជន​ជាតិ​អ៊ីស្រា‌អែល និង​ជន​ជាតិ​អាំម៉ូន​នៅ​ថ្ងៃ​នេះ​ផង!»។ ២៨ ប៉ុន្តែ ស្តេច​នៃ​ជន​ជាតិ​អាំម៉ូន​មិន​អើពើ​នឹង​សម្ដី ដែល​លោក​យែបថា​ចាត់​អ្នក​នាំ​ពាក្យ​ឲ្យ​មក​ទូល​នោះ​ឡើយ។
ពាក្យ​សន្យា​របស់​លោក​យែបថា
២៩ គ្រា​នោះ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់​សណ្ឋិត​លើ​លោក​យែបថា លោក​បាន​ធ្វើ​ដំណើរ​កាត់​ស្រុក​កាឡាដ និង​ស្រុក​ម៉ាណាសេ រួច​ទៅ​ដល់​មីសប៉ា ក្នុង​ស្រុក​កាឡាដ។ បន្ទាប់​មក លោក​បន្ត​ដំណើរ​ពី​ទី​នោះ ឆ្ពោះ​ទៅ​ស្រុក​អាំម៉ូន។ ៣០ លោក​យែបថា​បាន​សន្យា​យ៉ាង​ឱឡា‌រិក​ចំពោះ​ព្រះ‌អម្ចាស់​ថា៖ «ប្រសិន​បើ​ព្រះ‌អង្គ​ប្រគល់​ជន​ជាតិ​អាំម៉ូន​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ទូល‌បង្គំ ៣១ ហើយ​ពេល​ទូល‌បង្គំ​ត្រឡប់​មក​វិញ​ដោយ​ជោគ‌ជ័យ បើ​នរណា​ម្នាក់​ចេញ​ពី​មាត់​ទ្វារ​ផ្ទះ​របស់​ទូល‌បង្គំ មក​ទទួល​ទូល‌បង្គំ​មុន​គេ ទូល‌បង្គំ​នឹង​យក​អ្នក​នោះ​មក​ថ្វាយ​ជា​យញ្ញ‌បូជា​ដល់​ព្រះ‌អម្ចាស់»។ ៣២ លោក​យែបថា​ក៏​ឆ្លង​ចូល​ទៅ​វាយ​ជន​ជាតិ​អាំម៉ូន ហើយ​ព្រះ‌អម្ចាស់​បាន​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​លោក។ ៣៣ លោក​យែបថា​បាន​វាយ​កម្ទេច​ពួក​គេ​យ៉ាង​ដំណំ គឺ​ចាប់​តាំង​ពី​ក្រុង​អារ៉ូ‌អ៊ែរ រហូត​ដល់​តំបន់​ជិត​ខាង​ក្រុង​មីនីត - សរុប​ទាំង​អស់​ម្ភៃ​ក្រុង - បន្ទាប់​មក រហូត​ដល់​ក្រុង​អបិល-‌កេរ៉ា‌មីម។ ជន​ជាតិ​អ៊ីស្រា‌អែល​បាន​ធ្វើ​ឲ្យ​ជន​ជាតិ​អាំម៉ូន​បរា‌ជ័យ​បាក់​មុខ​យ៉ាង​ខ្លាំង។
កូន​ស្រី​លោក​យែបថា
៣៤ ពេល​លោក​យែបថា វិល​ត្រឡប់​មក​ផ្ទះ​របស់​លោក​នៅ​មីសប៉ា​វិញ កូន​ស្រី​របស់​លោក​ចេញ​មក​ទទួល ទាំង​រាំ និង​វាយ​ក្រាប់។ នាង​ជា​កូន​ស្រី​តែ​មួយ​គត់​របស់​លោក គឺ​ក្រៅ​ពី​នាង លោក​គ្មាន​កូន​ប្រុស កូន​ស្រី​ណា​ទៀត​ឡើយ។ ៣៥ កាល​លោក​ក្រឡេក​ឃើញ​នាង លោក​ក៏​ហែក​សម្លៀក‌បំពាក់​របស់​លោក ទាំង​ស្រែក​ថា៖ «ឱ! កូន​ស្រី​អើយ! កូន​ធ្វើ​ឲ្យ​ពុក​កើត​ទុក្ខ​ហើយ កូន​ធ្វើ​ឲ្យ​ពុក​គ្រាំ‌គ្រា​ក្នុង​ចិត្ត ដ្បិត​ពុក​បាន​សន្យា​ជា​មួយ​ព្រះ‌អម្ចាស់​រួច​ស្រេច​ទៅ​ហើយ ពុក​មិន​អាច​លេប​ពាក្យ​សម្ដី​នោះ​វិញ​ទេ»។ ៣៦ នាង​ឆ្លើយ​ទៅ​លោក​ថា៖ «ពុក​អើយ! បើ​ពុក​បាន​សន្យា​ជា​មួយ​ព្រះ‌អម្ចាស់​រួច​ស្រេច​ទៅ​ហើយ​ដូច្នេះ សូម​ប្រព្រឹត្ត​ចំពោះ​កូន​តាម​ពាក្យ​របស់​ពុក​ចុះ ដ្បិត​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​ពុក​វាយ​ឈ្នះ​ពួក​អាំម៉ូន ដែល​ជា​ខ្មាំង​សត្រូវ​របស់​ពុក​ហើយ»។ ៣៧ នាង​ក៏​ពោល​ទៅ​ឪពុក​ទៀត​ថា៖ «សូម​ពុក​មេត្តា​អនុ‌គ្រោះ​ឲ្យ​កូន​ពីរ​ខែ​សិន ដើម្បី​ឲ្យ​កូន​ឡើង​ទៅ​លើ​ភ្នំ​ជា​មួយ​មិត្ត‌ភក្ដិ​ស្រីៗ យំ​សោក​ស្តាយ​ព្រហ្មចារី​របស់​កូន»។ ៣៨ លោក​យែបថា​ក៏​យល់​ព្រម​ឲ្យ​នាង​ចេញ​ទៅ ក្នុង‌រយៈ​ពេល​ពីរ​ខែ។ ដូច្នេះ នាង​ក៏​ឡើង​ទៅ​លើ​ភ្នំ​ជា​មួយ​មិត្ត​ស្រីៗ យំ​សោក​ស្តាយ​ព្រហ្មចារី​របស់​នាង។ ៣៩ លុះ​គម្រប់​ពីរ​ខែ​ហើយ នាង​ក៏​វិល​ត្រឡប់​មក​រក​ឪពុក​វិញ រួច​លោក​យក​នាង​ធ្វើ​យញ្ញ‌បូជា តាម​ពាក្យ​ដែល​លោក​បាន​សន្យា​ជា​មួយ​ព្រះ‌អម្ចាស់។ នាង​ពុំ​ដែល​បាន​ស្គាល់​បុរស​ណា​នៅ​ឡើយ​ទេ។ ចាប់​ពី​ពេល​នោះ ជន​ជាតិ​អ៊ីស្រា‌អែល​ប្រកាន់​ទំនៀម‌ទម្លាប់​ដូច​ត​ទៅ: ៤០ រៀង​រាល់​ឆ្នាំ កូន​ក្រមុំ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល​ត្រូវ​នាំ​គ្នា​ទៅ​យំ​រំឭក​ដល់​កូន​ស្រី​លោក​យែបថា ជា​អ្នក​ស្រុក​កាឡាដ ចំនួន​បួន​ថ្ងៃ។
១២
ទំនាស់​រវាង​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម និង​លោក​យែបថា
 អ្នក​ស្រុក​អេប្រាអ៊ីម​បាន​លើក​គ្នា​ឆ្លង​ទន្លេ​យ័រដាន់ សំដៅ​ទៅ​ក្រុង​សាផូន។ ពួក​គេ​ស្តី​បន្ទោស​លោក​យែបថា ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ទៅ​ច្បាំង​ជា​មួយ​ជន​ជាតិ​អាំម៉ូន ដោយ​មិន​ហៅ​យើង​ទៅ​ជា​មួយ​ផង​ដូច្នេះ? យើង​នឹង​ដុត​ផ្ទះ​របស់​លោក​ចោល ហើយ​ក៏​ដុត​លោក​ជា​មួយ​ដែរ»។  លោក​យែបថា​ឆ្លើយ​ទៅ​ពួក​គេ​វិញ​ថា៖ «ខ្ញុំ និង​ប្រជាជន​របស់​ខ្ញុំ មាន​វិវាទ​យ៉ាង​ខ្លាំង​ជា​មួយ​ជន​ជាតិ​អាំម៉ូន ខ្ញុំ​បាន​ហៅ​បង‌ប្អូន​ដែរ តែ​បង‌ប្អូន​ពុំ​បាន​ជួយ​សង្គ្រោះ​ខ្ញុំ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​គេ​ទេ។  ដោយ​ឃើញ​ថា​បង‌ប្អូន​មិន​មក​ជួយ​សង្គ្រោះ​ខ្ញុំ​ទេ​នោះ ខ្ញុំ​ក៏​សុខ​ចិត្ត​ប្ដូរ​ជីវិត ចេញ​ទៅ​ប្រយុទ្ធ​នឹង​ជន​ជាតិ​អាំម៉ូន ហើយ​ព្រះ‌អម្ចាស់​បាន​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​ខ្ញុំ។ ថ្ងៃ​នេះ ហេតុ​ដូច​ម្ដេច​បាន​ជា​បង‌ប្អូន​លើក​គ្នា​មក​ធ្វើ​សឹក​នឹង​ខ្ញុំ​ទៅ​វិញ​ដូច្នេះ?»។  លោក​យែបថា​ក៏​ប្រមូល​អ្នក​ស្រុក​កាឡាដ​ទាំង​ប៉ុន្មាន មក​ប្រយុទ្ធ​ជា​មួយ​ពួក​អេប្រាអ៊ីម ព្រោះ​ពួក​នេះ​បាន​ពោល​ថា៖ «ពួក​កាឡាដ​អើយ! ពួក​ឯង​សុទ្ធ​តែ​ជា​មនុស្ស​រត់​ចោល​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម ទៅ​ចូល​កុល‌សម្ព័ន្ធ​ម៉ាណាសេ!»។  អ្នក​ស្រុក​កាឡាដ​វាយ​យក​បាន​កន្លែង​ឆ្លង​ទន្លេ​យ័រដាន់ ហើយ​កាន់​កាប់​ច្រក​ចូល​ទៅ​ស្រុក​អេប្រាអ៊ីម។ ពេល​ណា​មាន​ពួក​អេប្រាអ៊ីម​ដែល​បាក់​ទ័ព រត់​មក​សុំ​ឆ្លង ពួក​កាឡាដ​សួរ​ទៅ​គេ​ថា: «តើ​អ្នក​ជា​ពួក​អេប្រាអ៊ីម​ឬ?»។ ប្រសិន​បើ​គេ​ឆ្លើយ​ថា«ទេ»  នោះ​ពួក​កាឡាដ​ក៏​បង្គាប់​ឲ្យ​គេ​និយាយ​ពាក្យ «ឈីបូ‌លេត» ហើយ​បើ​អ្នក​នោះ​និយាយ​ថា «ស៊ីបូ‌លេត»-ព្រោះ​ពួក​អេប្រាអ៊ីម​និយាយ​ពាក្យ​នេះ​មិន​ច្បាស់​ទេ- ដូច្នេះ ពួក​កាឡាដ​ក៏​សម្លាប់​គេ​នៅ​ត្រង់​កន្លែង​ឆ្លង​ទន្លេ​យ័រដាន់​នោះ​ទៅ។ នៅ​គ្រា​នោះ មាន​ពួក​អេប្រាអ៊ីម​បួន‌ម៉ឺន​ពីរ‌ពាន់​នាក់​ត្រូវ​គេ​សម្លាប់។
 លោក​យែបថា ជា​អ្នក​ស្រុក​កាឡាដ គ្រប់‌គ្រង​លើ​ជន​ជាតិ​អ៊ីស្រា‌អែល អស់‌រយៈ​ពេល​ប្រាំ‌មួយ​ឆ្នាំ រួច​លោក​ក៏​ទទួល​មរណ‌ភាព​ទៅ ហើយ​គេ​បញ្ចុះ​សព​លោក​នៅ​ស្រុក​កាឡាដ ក្នុង​ភូមិ​កំណើត​របស់​លោក។
លោក​អ៊ីបសាន លោក​អេឡូន និង​លោក​អាប់ដូន
 ក្រោយ​លោក​យែបថា មាន​បុរស​ម្នាក់​ឈ្មោះ​អ៊ីបសាន ជា​អ្នក​ស្រុក​បេថ្លេហិម បាន​ឡើង​គ្រប់‌គ្រង​លើ​ជន​ជាតិ​អ៊ីស្រា‌អែល។  លោក​មាន​កូន​ប្រុស​សាម‌សិប​នាក់ និង​កូន​ស្រី​សាម‌សិប​នាក់។ លោក​បាន​លើក​កូន​ស្រី​ឲ្យ​រៀប‌ការ​នឹង​បុរស​នៅ​កុល‌សម្ព័ន្ធ​ផ្សេង ហើយ​ក៏​បាន​រើស​ស្ត្រី​ពី​កុល‌សម្ព័ន្ធ​ផ្សេង មក​ឲ្យ​ធ្វើ​ជា​ភរិយា​របស់​កូន​ប្រុស​លោក​ដែរ។ លោក​បាន​គ្រប់‌គ្រង​លើ​ប្រជាជន​អ៊ីស្រា‌អែល​អស់‌រយៈ​ពេល​ប្រាំ​ពីរ​ឆ្នាំ ១០ រួច​លោក​ក៏​ទទួល​មរណ‌ភាព​ទៅ ហើយ​គេ​បញ្ចុះ​សព​របស់​លោក​នៅ​បេថ្លេហិម។
១១ ក្រោយ​លោក​អ៊ីបសាន មាន​បុរស​ម្នាក់​ឈ្មោះ​អេឡូន ពី​កុល‌សម្ព័ន្ធ​សាប៊ូ‌ឡូន បាន​ឡើង​គ្រប់‌គ្រង​លើ​ជន​ជាតិ​អ៊ីស្រា‌អែល អស់‌រយៈ​ពេល​ដប់​ឆ្នាំ ១២ រួច​លោក​ក៏​ទទួល​មរណ‌ភាព​ទៅ ហើយ​គេ​បញ្ចុះ​សព​លោក​នៅ​ភូមិ​អាយ៉ា‌ឡូន ក្នុង​ទឹក​ដី​សាប៊ូ‌ឡូន។
១៣ ក្រោយ​លោក​អេឡូន មាន​បុរស​ម្នាក់​ឈ្មោះ​អាប់‌ដូន ជា​កូន​របស់​លោក​ហ៊ី‌លេល ជា​អ្នក​ស្រុក​ពីរ៉ា‌តូន បាន​ឡើង​គ្រប់‌គ្រង​លើ​ជន​ជាតិ​អ៊ីស្រា‌អែល ១៤ លោក​មាន​កូន​ប្រុស​សែ‌សិប​នាក់ និង​ចៅ​ប្រុស​សាម‌សិប​នាក់ ដែល​មាន​លា​ចិត‌សិប​ក្បាល​ជា​ជំនិះ។ លោក​អាប់‌ដូន​គ្រប់‌គ្រង​លើ​ជន​ជាតិ​អ៊ីស្រា‌អែល អស់‌រយៈ​ពេល​ប្រាំ‌បី​ឆ្នាំ ១៥ រួច​លោក​ទទួល​មរណ‌ភាព។ គេ​បញ្ចុះ​សព​លោក​នៅ​ភូមិ​ពីរ៉ា‌តូន ក្នុង​ទឹក​ដី​អេប្រាអ៊ីម នៅ​លើ​ភ្នំ​របស់​ជន​ជាតិ​អាម៉ា‌ឡេក។
១៣
កំណើត​របស់​លោក​សាំសុន
 ជន​ជាតិ​អ៊ីស្រា‌អែល​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់​សា​ជា​ថ្មី​ទៀត។ ហេតុ​នេះ ព្រះ‌អង្គ​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​ភីលីស្ទីន អស់‌រយៈ​ពេល​សែ‌សិប​ឆ្នាំ។
 គ្រា​នោះ នៅ​ក្រុង​សូរ៉ា មាន​បុរស​ម្នាក់​ឈ្មោះ​ម៉ាណូ‌អា ក្នុង​កុល‌សម្ព័ន្ធ​ដាន់។ ភរិយា​របស់​គាត់​ជា​ស្ត្រី​អារ មិន​អាច​មាន​កូន​ឡើយ។  ថ្ងៃ​មួយ ទេវទូត*​របស់​ព្រះ‌អម្ចាស់​បាន​មក​បង្ហាញ​ខ្លួន​ឲ្យ​ស្ត្រី​នោះ​ឃើញ ហើយ​ពោល​ថា៖ «នាង​ជា​ស្ត្រី​អារ​មិន​អាច​មាន​កូន​ទេ ក៏​ប៉ុន្តែ នាង​នឹង​មាន​ផ្ទៃ​ពោះ ហើយ​បង្កើត​បាន​កូន​ប្រុស​មួយ។  ចាប់​ពី​ពេល​នេះ​ទៅ ត្រូវ​ប្រយ័ត្ន កុំ​ពិសា​ស្រា ឬ​គ្រឿង​ស្រវឹង​ណា​ឡើយ ហើយ​ក៏​មិន​ត្រូវ​បរិភោគ​អ្វី​ដែល​មិន​បរិសុទ្ធ*​ដែរ  ព្រោះ​នាង​នឹង​មាន​ផ្ទៃ​ពោះ រួច​បង្កើត​កូន​ប្រុស​មួយ។ មិន​ត្រូវ​កោរ ឬ​កាត់​សក់​វា​ឡើយ ដ្បិត​កូន​នោះ​នឹង​ត្រូវ​ញែក​ថ្វាយ​ព្រះ‌ជាម្ចាស់ តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ​មក ទុក​ជា​អ្នក​ណាសៀរ*​មួយ​រូប។ កូន​នោះ​នឹង​ចាប់​ផ្តើម​រំដោះ​ជន​ជាតិ​អ៊ីស្រា‌អែល ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​ភីលីស្ទីន»។
 ស្ត្រី​នោះ​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​រៀប​រាប់​ប្រាប់​ប្ដី​ថា៖ «មាន​អ្នក​បម្រើ​មួយ​រូប​របស់​ព្រះ‌ជាម្ចាស់​បាន​មក​ជួប​ខ្ញុំ លោក​មាន​ភិន‌ភាគ​ដូច​ទេវទូត​នៃ​ព្រះ‌ជាម្ចាស់ ដែល​គួរ​ឲ្យ​ស្ញែង​ខ្លាច​ក្រៃ‌លែង។ ខ្ញុំ​មិន​បាន​សួរ​លោក​ថា លោក​មក​ពី​ណា​ទេ ហើយ​លោក​ក៏​មិន​បាន​ប្រាប់​ឈ្មោះ​ឲ្យ​ខ្ញុំ​ស្គាល់​ដែរ។  លោក​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​នឹង​មាន​ផ្ទៃ​ពោះ ហើយ​បង្កើត​បាន​កូន​ប្រុស​មួយ។ លោក​ហាម​ខ្ញុំ​មិន​ឲ្យ​ផឹក​ស្រា ឬ​គ្រឿង​ស្រវឹង​ណា​ឡើយ ហើយ​ក៏​មិន​ឲ្យ​បរិភោគ​អ្វី​ដែល​មិន​បរិសុទ្ធ​ដែរ ដ្បិត​កូន​នោះ​នឹង​ត្រូវ​ញែក​ថ្វាយ​ព្រះ‌ជាម្ចាស់ តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ ទុក​ជា​អ្នក​ណាសៀរ*​មួយ​រូប រហូត​អស់​មួយ​ជីវិត»។
 លោក​ម៉ាណូ‌អា​ក៏​ទូល‌អង្វរ​ព្រះ‌អម្ចាស់​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ! សូម​ព្រះ‌អង្គ​មេត្តា​ប្រោស​ប្រទាន​ឲ្យ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ដែល​ព្រះ‌អង្គ​បាន​ចាត់​មក​នោះ វិល​ត្រឡប់​មក​វិញ ដើម្បី​ឲ្យ​លោក​បង្រៀន​យើង​ខ្ញុំ​អំពី​របៀប​ដែល​ត្រូវ​ប្រព្រឹត្ត​ចំពោះ​កូន​ដែល​នឹង​កើត​មក​នោះ»។  ព្រះ‌ជាម្ចាស់​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​លោក​ម៉ាណូ‌អា ហើយ​ទេវទូត​របស់​ព្រះ‌ជាម្ចាស់​ក៏​មក​ជួប​នឹង​ស្ត្រី​នោះ​ម្ដង​ទៀត ក្នុង​ពេល​ដែល​គាត់​កំពុង​តែ​អង្គុយ​នៅ​ក្នុង​ចម្ការ។ ពេល​នោះ លោក​ម៉ាណូ‌អា ប្ដី​របស់​គាត់ មិន​បាន​នៅ​ជា​មួយ​ទេ។ ១០ គាត់​ក៏​ប្រញាប់‌ប្រញាល់​រត់​ទៅ​ជម្រាប​ប្ដី​ថា៖ «នុ៎ះ‌ហ្ន៎! បុរស​ដែល​បាន​មក​ជួប​ខ្ញុំ​ពី​ថ្ងៃ​មុន អញ្ជើញ​មក​ទៀត​ហើយ!»។ ១១ លោក​ម៉ាណូ‌អា​ក្រោក​ឡើង ដើរ​តាម​ប្រពន្ធ តម្រង់​ទៅ​រក​បុរស ហើយ​ពោល​ថា៖ «តើ​លោក​ឬ​ដែល​បាន​និយាយ​ជា​មួយ​ប្រពន្ធ​ខ្ញុំ?»។ ទេវទូត​ក៏​ឆ្លើយ​ថា៖ «គឺ​ខ្ញុំ​នេះ​ហើយ»។ ១២ លោក​ម៉ាណូ‌អា​ក៏​បន្ត​ទៀត​ថា៖ «បើ​សិន​ជា​បាន​សម្រេច​តាម​ពាក្យ​លោក​មែន តើ​កូន​នោះ​ត្រូវ​កាន់​ច្បាប់​ទម្លាប់​អ្វី​ខ្លះ តើ​វា​ត្រូវ​រស់​នៅ​របៀប​ណា?»។ ១៣ ទេវទូត​របស់​ព្រះ‌អម្ចាស់​តប​មក​លោក​ម៉ាណូ‌អា​វិញ​ថា៖ «ប្រពន្ធ​របស់​អ្នក​ត្រូវ​តម​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​យើង​បាន​ប្រាប់ ១៤ នាង​មិន​ត្រូវ​បរិភោគ​អ្វី​ដែល​ធ្វើ​ពី​ផ្លែ​ទំពាំង‌បាយ‌ជូរ មិន​ត្រូវ​ផឹក​ស្រា ឬ​គ្រឿង​ស្រវឹង​ណា​ឡើយ ហើយ​ក៏​មិន​ត្រូវ​បរិភោគ​អ្វីៗ​ដែល​មិន​បរិសុទ្ធ​ដែរ។ នាង​ត្រូវ​តែ​ប្រព្រឹត្ត​តាម​ពាក្យ​ទាំង​ប៉ុន្មាន ដែល​យើង​បាន​ប្រាប់»។
១៥ លោក​ម៉ាណូ‌អា​ពោល​ទៅ​កាន់​ទេវទូត​របស់​ព្រះ‌អម្ចាស់​ថា៖ «សូម​លោក​មេត្តា​រង់‌ចាំ​នៅ​ទី​នេះ​សិន​ហើយ យើង​ខ្ញុំ​ទៅ​រៀប‌ចំ​កូន​ពពែ​មួយ​ជូន​លោក»។ ១៦ ទេវទូត​ឆ្លើយ​ថា៖ «ទោះ​បី​យើង​នៅ ក៏​យើង​មិន​បរិភោគ​អាហារ​ដែល​អ្នក​រៀប‌ចំ​ដែរ។ ប៉ុន្តែ បើ​អ្នក​ចង់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល*​ដល់​ព្រះ‌អម្ចាស់ ចូរ​ធ្វើ​ចុះ!»។ លោក​ម៉ាណូ‌អា​ពុំ​ដឹង​ថា​ជា​ទេវទូត​របស់​ព្រះ‌អម្ចាស់​ទេ ១៧ គាត់​ក៏​សួរ​ថា៖ «តើ​លោក​ឈ្មោះ​អី សូម​មេត្តា​ប្រាប់​ឲ្យ​យើង​ខ្ញុំ​ស្គាល់​ផង ដើម្បី​ឲ្យ​យើង​ខ្ញុំ​អាច​ដឹង​គុណ​លោក នៅ​ពេល​ហេតុ‌ការណ៍​នោះ​កើត​មាន តាម​ពាក្យ​របស់​លោក»។ ១៨ ទេវទូត​តប​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ចង់​ស្គាល់​ឈ្មោះ​យើង​ដូច្នេះ? ឈ្មោះ​នេះ​ប្លែក​អស្ចារ្យ​ណាស់»។ ១៩ បន្ទាប់​មក លោក​ម៉ាណូ‌អា​ក៏​យក​កូន​ពពែ និង​ម្សៅ​ដែល​ត្រូវ​ថ្វាយ​ជា​មួយ មក​ដុត​នៅ​លើ​ថ្ម ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល​ដល់​ព្រះ‌អម្ចាស់។ ពេល​លោក​ម៉ាណូ‌អា និង​ភរិយា​កំពុង​អង្គុយ​សម្លឹង​មើល ស្រាប់​តែ​មាន​ហេតុ‌ការណ៍​ដ៏​អស្ចារ្យ​មួយ ២០ គឺ​ក្នុង​ពេល​អណ្ដាត​ភ្លើង​ឆេះ​ពី​អាសនៈ​ឡើង​ទៅ​លើ​មេឃ ទេវទូត​របស់​ព្រះ‌អម្ចាស់​ក៏​ឡើង​ទៅ​ជា​មួយ​អណ្ដាត​ភ្លើង​នោះ​ដែរ។ ឃើញ​ដូច្នេះ លោក​ម៉ាណូ‌អា និង​ភរិយា​ក៏​ក្រាប​ចុះ​ឱន​មុខ​ដល់​ដី។ ២១ កាល​អ្នក​ទាំង​ពីរ​មើល​ទេវទូត​របស់​ព្រះ‌អម្ចាស់​លែង​ឃើញ​ទៀត ទើប​លោក​ម៉ាណូ‌អា​ដឹង​ថា​ជា​ទេវទូត​របស់​ព្រះ‌អម្ចាស់ ២២ ហើយ​គាត់​ក៏​ពោល​ទៅ​កាន់​ភរិយា​ថា៖ «យើង​ប្រាកដ​ជា​ស្លាប់​ហើយ ព្រោះ​យើង​បាន​ឃើញ​ព្រះ‌ជាម្ចាស់»។ ២៣ ភរិយា​របស់​គាត់​ក៏​ឆ្លើយ​ថា៖ «ប្រសិន​បើ​ព្រះ‌អម្ចាស់​ចង់​ឲ្យ​យើង​ស្លាប់​មែន​នោះ ព្រះ‌អង្គ​មិន​ទទួល​តង្វាយ​ដុត​ទាំង​មូល និង​តង្វាយ​ម្សៅ​របស់​យើង​ទេ ហើយ​ក៏​មិន​សម្ដែង​ការ​អស្ចារ្យ​ទាំង​នេះ​ឲ្យ​យើង​ឃើញ ព្រម​ទាំង​ប្រាប់​យើង​ពី​អ្វីៗ​ដែល​យើង​បាន​ឮ​នេះ​ដែរ»។
២៤ ភរិយា​របស់​លោក​ម៉ាណូ‌អា​បង្កើត​បាន​កូន​ប្រុស​មួយ ដែល​គាត់​ដាក់​ឈ្មោះ​ថា សាំសុន។ កូន​នោះ​មាន​វ័យ​ចម្រើន​ធំ​ឡើង ហើយ​ព្រះ‌អម្ចាស់​ប្រទាន​ពរ​លោក។ ២៥ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់​បាន​ចាប់​ផ្តើម​ធ្វើ​សកម្ម‌ភាព​ក្នុង​ជីវិត​លោក ពេល​លោក​ស្ថិត​នៅ​ក្នុង​ជំរំ​ដាន់ ត្រង់​ចន្លោះ​សូរ៉ា និង​អេស្ដូល។
១៤
អាពាហ៍‌ពិពាហ៍​របស់​សាំសុន
 ថ្ងៃ​មួយ លោក​សាំសុន​ធ្វើ​ដំណើរ​ទៅ​ក្រុង​ទីមណា នៅ​ទី​នោះ លោក​បាន​ឃើញ​ស្ត្រី​ក្រមុំ​ជាតិ​ភីលីស្ទីន​ម្នាក់។  ពេល​ត្រឡប់​មក​ដល់​ផ្ទះ​វិញ លោក​ជម្រាប​ឪពុក‌ម្ដាយ​ថា៖ «ខ្ញុំ​ពេញ​ចិត្ត​ស្ត្រី​ក្រមុំ​ជាតិ​ភីលីស្ទីន​ម្នាក់ នៅ​ទីមណា។ សូម​ពុក​ម៉ែ​ទៅ​ស្តី​ដណ្ដឹង​នាង​នោះ​ឲ្យ​ខ្ញុំ​ផង ដ្បិត​ខ្ញុំ​ចង់​រៀប‌ការ​ជា​មួយ​នាង»។  ឪពុក​ម្ដាយ​តប​ទៅ​លោក​វិញ​ថា៖ «ក្នុង​ក្រុម​ញាតិ​របស់​យើង ឬ​ជន​ជាតិ​យើង តើ​គ្មាន​ស្ត្រី​ក្រមុំ​ទេ​ឬ បាន​ជា​កូន​ចង់​រៀប‌ការ​ជា​មួយ​ស្ត្រី​ជាតិ​ភីលីស្ទីន ជា​សាសន៍​ដទៃ​ទៅ​វិញ​ដូច្នេះ?»។ ប៉ុន្តែ លោក​សាំសុន​ពោល​ទៅ​កាន់​ឪពុក​ថា៖ «សូម​ពុក​ទៅ​ស្តី​ដណ្ដឹង​នាង​ឲ្យ​ខ្ញុំ​មក ដ្បិត​ខ្ញុំ​ពេញ​ចិត្ត​តែ​នាង​នេះ​ម្នាក់​ប៉ុណ្ណោះ»។  ឪពុក‌ម្ដាយ​របស់​លោក​សាំសុន​មិន​បាន​ដឹង​ថា ព្រះ‌អម្ចាស់​បណ្តាល​ឲ្យ​លោក​សាំសុន​មាន​ចិត្ត​ដូច្នេះ ដើម្បី​រក​ឱកាស​បង្ក​ជម្លោះ​ជា​មួយ​ជន​ជាតិ​ភីលីស្ទីន ព្រោះ​នៅ​ជំនាន់​នោះ ជន​ជាតិ​ភីលីស្ទីន​ត្រួត‌ត្រា​លើ​ស្រុក​អ៊ីស្រា‌អែល។
 លោក​សាំសុន​ក៏​ធ្វើ​ដំណើរ​ទៅ​ទីមណា​ជា​មួយ​ឪពុក‌ម្ដាយ​លោក។ លុះ​ទៅ​ដល់​ត្រង់​ចម្ការ​ទំពាំង‌បាយ‌ជូរ​ក្បែរ​ទីមណា ស្រាប់​តែ​មាន​សត្វ​សិង្ហ​ស្ទាវ​មួយ​ហក់​មក​លើ​លោក​សាំសុន ទាំង​គ្រហឹម។  រំពេច​នោះ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់​មក​សណ្ឋិត​លើ​លោក លោក​ក៏​ចាប់​ហែក​សិង្ហ​នោះ​ដោយ​ដៃ ដូច​គេ​ហែក​កូន​ពពែ។ លោក​មិន​បាន​រៀប​រាប់​ហេតុ‌ការណ៍​នេះ​ប្រាប់​ឪពុក‌ម្ដាយ​ទេ។  លោក​ក៏​បន្ត​ដំណើរ​ទៅ​ដល់​ទីមណា រួច​និយាយ​ជា​មួយ​ស្ត្រី​ក្រមុំ​ភីលីស្ទីន​នោះ លោក​ពេញ​ចិត្ត​នឹង​នាង​ណាស់។  ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក លោក​ក៏​ត្រឡប់​មក​ទីមណា​វិញ ដើម្បី​រៀប‌ការ​ជា​មួយ​នាង។ តាម​ផ្លូវ​លោក​ឆៀង​ចូល​ទៅ​មើល​ខ្មោច​សិង្ហ ហើយ​ឃើញ​សំបុក​ឃ្មុំ​នៅ​ក្នុង​ខ្មោច​សត្វ​នោះ ដែល​មាន​ទឹក​ឃ្មុំ​ពេញ។  លោក​បេះ​ឃ្មុំ​កាន់​នៅ​ដៃ ដើរ​បណ្តើរ​បរិភោគ​បណ្តើរ ហើយ​ពេល​ជួប​ឪពុក‌ម្ដាយ លោក​ក៏​យក​ឃ្មុំ​នោះ​ជូន​គាត់​ពិសា​ដែរ ប៉ុន្តែ មិន​បាន​ជម្រាប​ថា លោក​យក​ឃ្មុំ​ពី​ក្នុង​ខ្មោច​សិង្ហ​មក​ឡើយ។
លោក​សាំសុន​ចោទ​ប្រស្នា​ដល់​ពួក​ភីលីស្ទីន
១០ ឪពុក​របស់​លោក​សាំសុន​បាន​ទៅ​ដល់​ផ្ទះ​ខាង​ស្រី នៅ​ទី​នោះ លោក​សាំសុន​បាន​រៀប‌ចំ​ពិធី​ជប់‌លៀង​មួយ តាម​ទំនៀម‌ទម្លាប់​ដែល​កូន​កំលោះ​ត្រូវ​ធ្វើ។ ១១ ពេល​ជន​ជាតិ​ភីលីស្ទីន​ឃើញ​លោក គេ​ក៏​ជ្រើស‌រើស​យុវ‌ជន​សាម‌សិប​នាក់ ឲ្យ​មក​កំដរ​លោក។ ១២ លោក​សាំសុន​ពោល​ទៅ​កាន់​ពួក​អ្នក​កំដរ​ថា៖ «ខ្ញុំ​មាន​ប្រស្នា​មួយ​សម្រាប់​អ្នក​រាល់​គ្នា ប្រសិន​បើ​អ្នក​ណា​ដោះ​ស្រាយ​រួច ក្នុង​អំឡុង​ពេល​ប្រាំ​ពីរ​ថ្ងៃ​នៃ​ពិធី​អាពាហ៍‌ពិពាហ៍​នេះ ខ្ញុំ​នឹង​ជូន​អាវ​សាម‌សិប និង​សម្លៀក‌បំពាក់​សម្រាប់​ពិធី​បុណ្យ​សាម‌សិប​បន្លាស់​ថែម​ទៀត។ ១៣ ប្រសិន​បើ​ដោះ​ស្រាយ​មិន​រួច​ទេ នោះ​អ្នក​រាល់​គ្នា​ត្រូវ​ប្រគល់​អាវ​ចំនួន​សាម‌សិប និង​សម្លៀក‌បំពាក់​សម្រាប់​ពិធី​បុណ្យ​ចំនួន​សាម‌សិប​បន្លាស់​មក​ឲ្យ​ខ្ញុំ»។ ពួក​គេ​ពោល​ថា៖ «ចូរ​ចោទ​ប្រស្នា​របស់​អ្នក​មក ពួក​យើង​ចាំ​ស្ដាប់»។ ១៤ លោក​សាំសុន​ក៏​ឆ្លើយ​ថា៖ «មាន​ចំណី​ចេញ​ពី​អ្នក​ឆី ហើយ​មាន​អា​ផ្អែម​ចេញ​ពី​អា​ខ្លាំង តើ​ជា​អ្វី?»។ បី​ថ្ងៃ​ក្រោយ​មក យុវ‌ជន​ទាំង​នោះ​នៅ​តែ​ដោះ​ប្រស្នា​ពុំ​រួច​ដដែល។ ១៥ លុះ​ដល់​ថ្ងៃ​ទី​ប្រាំ​ពីរ ពួក​គេ​នាំ​គ្នា​ទៅ​គំរាម​ប្រពន្ធ​លោក​សាំសុន​ថា៖ «ចូរ​ទៅ​លួង‌លោម​ប្ដី​របស់​នាង​ឲ្យ​បក​ស្រាយ​ប្រស្នា រួច​មក​ប្រាប់​យើង​ឲ្យ​ដឹង​ផង បើ​មិន​ដូច្នោះ​ទេ យើង​នឹង​ដុត​នាង ព្រម​ទាំង​ក្រុម​គ្រួសារ​នាង​ឲ្យ​ស្លាប់​ទាំង​អស់​គ្នា។ ពួក​នាង​អញ្ជើញ​យើង​មក ដើម្បី​ប្លន់​យើង​ឬ?»។ ១៦ ប្រពន្ធ​លោក​សាំសុន​ទៅ​និយាយ​ជា​មួយ​ប្ដី ទាំង​យំ​ថា៖ «បង​មិន​បាន​ស្រឡាញ់​ខ្ញុំ​ទេ គឺ​បង​ស្អប់​ខ្ញុំ! បង​បាន​ចោទ​ប្រស្នា​ដល់​ជន​ជាតិ​ខ្ញុំ ដោយ​មិន​បក​ស្រាយ​ន័យ​ឲ្យ​ខ្ញុំ​ដឹង​សោះ!»។ លោក​សាំសុន​តប​វិញ​ថា៖ «សូម្បី​តែ​ឪពុក‌ម្ដាយ​របស់​បង ក៏​បង​មិន​បាន​បក​ស្រាយ​ប្រស្នា​នេះ​ឲ្យ​ដឹង​ផង ហេតុ​អ្វី​បាន​ជា​បង​ត្រូវ​បក​ស្រាយ​ប្រាប់​អូន​ទៅ​វិញ?»។ ១៧ ប្រពន្ធ​លោក​យំ​រំអុក​លោក ក្នុង​រវាង​ប្រាំ​ពីរ​ថ្ងៃ​នៃ​ពិធី​ជប់‌លៀង​នោះ។ នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ ដោយ​នាង​ចេះ​តែ​រំអុក​ខ្លាំង​ពេក លោក​សាំសុន​ក៏​បក​ស្រាយ​ប្រស្នា​ប្រាប់​ប្រពន្ធ។ នាង​ប្រញាប់‌ប្រញាល់​នាំ​ចម្លើយ​ទៅ​ប្រាប់​ជន​ជាតិ​របស់​នាង។ ១៨ នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ​មុន​ពេល​ថ្ងៃ​លិច អ្នក​ក្រុង​នាំ​គ្នា​មក​និយាយ​ជា​មួយ​លោក​សាំសុន​ថា៖ «តើ​មាន​អ្វី​ផ្អែម​ជាង​ទឹក​ឃ្មុំ? តើ​មាន​អ្វី​ខ្លាំង​ជាង​សត្វ​សិង្ហ?»។ លោក​ក៏​ឆ្លើយ​ទៅ​ពួក​គេ​វិញ​ថា៖ «ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ភ្ជួរ​ដី ដោយ​ប្រើ​គោ​ញី​របស់​ខ្ញុំ​ទេ​នោះ អ្នក​ពុំ​អាច​រក​ចម្លើយ​ឃើញ​ទេ»។ ១៩ ដូច្នេះ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់​បាន​មក​សណ្ឋិត​លើ​លោក ធ្វើ​ឲ្យ​លោក​មាន​កម្លាំង​ខ្លាំង‌ក្លា។ លោក​ចុះ​ទៅ​ក្រុង​អាស្កា‌ឡូន សម្លាប់​អ្នក​ស្រុក​នោះ​អស់​សាម‌សិប​នាក់ ហើយ​យក​សម្លៀក‌បំពាក់​របស់​គេ​មក​ប្រគល់​ឲ្យ​អស់​អ្នក​ដែល​បាន​បក​ស្រាយ​ប្រស្នា។ បន្ទាប់​មក ដោយ​ខឹង​ខ្លាំង​ពេក លោក​ក៏​វិល​ត្រឡប់​ទៅ​ផ្ទះ​ឪពុក​របស់​លោក​វិញ។ ២០ គេ​ក៏​លើក​ប្រពន្ធ​របស់​លោក​ទៅ​ឲ្យ​បុរស​ម្នាក់ ដែល​ជា​អ្នក​កំដរ​របស់​លោក។
១៥
ការ​សង‌សឹក​របស់​លោក​សាំសុន
 បន្តិច​ក្រោយ​មក នៅ​ពេល​គេ​ច្រូត​ស្រូវ​សាលី លោក​សាំសុន​ក៏​ទៅ​សួរ​សុខ​ទុក្ខ​ប្រពន្ធ​លោក ដោយ​យក​ទាំង​កូន​ពពែ​មួយ​ទៅ​ឲ្យ​នាង​ផង។ លោក​សុំ​ចូល​ទៅ​ក្នុង​បន្ទប់​របស់​ប្រពន្ធ​លោក ប៉ុន្តែ ឪពុក​ក្មេក​មិន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ទេ។  គាត់​និយាយ​មក​កាន់​លោក​ថា៖ «ពុក​គិត​ថា​កូន​ឈប់​ស្រឡាញ់​នាង​ហើយ បាន​ជា​ពុក​លើក​នាង​ទៅ​ឲ្យ​បុរស​ដែល​កំដរ​កូន​នោះ​វិញ ប៉ុន្តែ ប្អូន​ស្រី​របស់​នាង​ស្រស់​ស្អាត​ជាង​នាង​ទៅ​ទៀត តើ​កូន​ពេញ​ចិត្ត​ដែរ​ឬ​ទេ? កូន​អាច​យក​នាង​ជំនួស​ក៏​បាន»។  លោក​សាំសុន​ពោល​ឡើង​ថា៖ «ម្ដង​នេះ ខ្ញុំ​នឹង​ធ្វើ​បាប​ពួក​ភីលីស្ទីន ដោយ​គ្មាន​នរណា​អាច​ចោទ​ប្រកាន់​ខ្ញុំ​ឡើយ»។  លោក​ក៏​ចេញ​ទៅ​ចាប់​បាន​កញ្ជ្រោង​បី‌រយ​ក្បាល។ លោក​ចង​កន្ទុយ​កញ្ជ្រោង​ភ្ជាប់​គ្នា​មួយ​គូៗ រួច​យក​ចន្លុះ​មក​ដោត​នៅ​ត្រង់​ចំណង​កន្ទុយ​កញ្ជ្រោង​ទាំង​គូៗ​នោះ។  លោក​ក៏​អុជ​ចន្លុះ ហើយ​លែង​កញ្ជ្រោង​ឲ្យ​រត់​ទៅ​ក្នុង​ស្រែ​របស់​ជន​ជាតិ​ភីលីស្ទីន ធ្វើ​ឲ្យ​ឆេះ​កណ្ដាប់​ស្រូវ​ដែល​ច្រូត​ហើយ និង​ស្រូវ​ដែល​មិន​ទាន់​ច្រូត ព្រម​ទាំង​ឆេះ​ចម្ការ​អូលីវ​ទៀត​ផង។  ជន​ជាតិ​ភីលីស្ទីន​សួរ​គ្នា​ថា តើ​អ្នក​ណា​ធ្វើ​ដូច្នេះ? មាន​គេ​ប្រាប់​ថា៖ «គឺ​សាំសុន! គាត់​ធ្វើ​បែប​នេះ មក​ពី​ឪពុក​ក្មេក​របស់​គាត់​ដែល​ជា​អ្នក​ក្រុង​ទីមណា បាន​លើក​ប្រពន្ធ​គាត់​ទៅ​ឲ្យ​បុរស ជា​អ្នក​កំដរ​របស់​គាត់»។ ជន​ជាតិ​ភីលីស្ទីន​លើក​គ្នា​ទៅ​សម្លាប់​ស្ត្រី​នោះ និង​ឪពុក​នាង ដោយ​ដុត​ទាំង​រស់។
 ពេល​នោះ លោក​សាំសុន​ពោល​ទៅ​ពួក​គេ​ថា៖ «ដោយ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​បែប​នេះ ខ្ញុំ​មិន​អាច​នៅ​ស្ងៀម​ទេ គឺ​ខ្ញុំ​នឹង​សង‌សឹក​អ្នក​រាល់​គ្នា​ជា‌និច្ច»។  លោក​វាយ​ប្រហារ​ពួក​គេ​ឲ្យ​បរា‌ជ័យ​យ៉ាង​ដំណំ។ រួច​ហើយ លោក​ក៏​ចេញ​ទៅ​រស់​នៅ​ក្នុង​រូង​ភ្នំ​អេតាំ។
លោក​សាំសុន​ប្រើ​ថ្គាម​លា​ជា​អាវុធ​ប្រហារ​ជន​ជាតិ​ភីលីស្ទីន
ជន​ជាតិ​ភីលីស្ទីន​នាំ​គ្នា​ឡើង​ទៅ​បោះ​ទ័ព​ក្នុង​ដែន​ដី​យូដា ហើយ​ឡោម‌ព័ទ្ធ​ក្រុង​លេហ៊ី។ ១០ អ្នក​ស្រុក​យូដា​សួរ​ពួក​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មក​ប្រយុទ្ធ​នឹង​យើង​ដូច្នេះ?»។ ពួក​គេ​ឆ្លើយ​ថា៖ «យើង​មក​នេះ ដើម្បី​ចាប់​សាំសុន ហើយ​ប្រព្រឹត្ត​ចំពោះ​វា ដូច​វា​បាន​ប្រព្រឹត្ត​ចំពោះ​យើង​ដែរ»។ ១១ ដូច្នេះ ជន​ជាតិ​យូដា​បី​ពាន់​នាក់​ក៏​នាំ​គ្នា​ចូល​ទៅ​ក្នុង​រូង​ភ្នំ​អេតាំ ហើយ​និយាយ​នឹង​លោក​សាំសុន​ថា៖ «អ្នក​មិន​ដឹង​ទេ​ឬ​ថា ជន​ជាតិ​ភីលីស្ទីន​ត្រួត‌ត្រា​លើ​យើង? ហេតុ​អ្វី​បាន​ជា​អ្នក​ធ្វើ​បាប​យើង​ដូច្នេះ?»។ លោក​សាំសុន​ឆ្លើយ​ថា៖ «ខ្ញុំ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​ដូច​គេ​បាន​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ​តែ​ប៉ុណ្ណោះ»។ ១២ ជន​ជាតិ​យូដា​ពោល​ទៀត​ថា៖ «យើង​មក​នេះ ដើម្បី​ចង​អ្នក​យក​ទៅ​ប្រគល់​ឲ្យ​ជន​ជាតិ​ភីលីស្ទីន»។ លោក​សាំសុន​ស្នើ​ទៅ​ពួក​គេ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ស្បថ​ជា​មួយ​ខ្ញុំ​មក​ថា អ្នក​រាល់​គ្នា​នឹង​មិន​សម្លាប់​ខ្ញុំ​ដោយ​ផ្ទាល់​ទេ»។ ១៣ គេ​ឆ្លើយ​ទៅ​លោក​វិញ​ថា៖ «ទេ! យើង​គ្មាន​បំណង​នឹង​សម្លាប់​អ្នក​ទេ យើង​គ្រាន់​តែ​សុំ​ចង​អ្នក យក​ទៅ​ប្រគល់​ឲ្យ​ជន​ជាតិ​ភីលីស្ទីន​ប៉ុណ្ណោះ»។ ពួក​គេ​ក៏​យក​ខ្សែ‌ពួរ​ថ្មី​ពីរ មក​ចង​លោក ហើយ​នាំ​ចេញ​ពី​រូង​ភ្នំ​ទៅ។ ១៤ ពេល​លោក​មក​ដល់​ក្រុង​លេហ៊ី ជន​ជាតិ​ភីលីស្ទីន​ឃើញ​លោក ហើយ​នាំ​គ្នា​ស្រែក​ហ៊ោ​ឡើង។ ពេល​នោះ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់​យាង​មក​សណ្ឋិត​លើ​លោក​សាំសុន ហើយ​ខ្សែ‌ពួរ​ដែល​ចង​ដៃ​លោក​ក៏​របូត​ចេញ​ដោយ​ងាយ ដូច​សរសៃ​អំបោះ​ត្រូវ​ភ្លើង​ឆេះ។ ១៥ លោក​សាំសុន​បាន​ឃើញ​ឆ្អឹង​ថ្គាម​មួយ​របស់​លា​ដែល​គេ​ទើប​សម្លាប់​ថ្មីៗ ក៏​រើស​វា​មក​ប្រើ​ជា​អាវុធ សម្លាប់​មនុស្ស​អស់​មួយ​ពាន់​នាក់ ១៦ រួច​លោក​ស្រែក​ថា៖
«ដោយ‌សារ​ឆ្អឹង​ថ្គាម​របស់​សត្វ​លា
ខ្ញុំ​បាន​ប្រមូល​ខ្មោច​ដាក់​គរ​លើ​គ្នា
ដោយ‌សារ​ឆ្អឹង​ថ្គាម​របស់​សត្វ​លា
ខ្ញុំ​បាន​សម្លាប់​មនុស្ស​អស់​មួយ​ពាន់​នាក់»។
១៧ ពេល​មាន​ប្រសាសន៍​ចប់ លោក​ក៏​គ្រវែង​ឆ្អឹង​នោះ​ចោល​ទៅ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា «រ៉ាម៉ាត់-‌លេហ៊ី»។
១៨ រំពេច​នោះ លោក​សាំសុន​ស្រេក​ទឹក​យ៉ាង​ខ្លាំង លោក​បាន​អង្វរ​រក​ព្រះ‌អម្ចាស់ ដោយ​ទូល​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ គឺ​ព្រះ‌អង្គ​ហើយ​ដែល​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ជ័យ‌ជម្នះ​ដ៏​ធំ​នេះ។ តើ​ពេល​នេះ ព្រះ‌អង្គ​បណ្តោយ​ឲ្យ​ទូល‌បង្គំ​ដាច់​ខ្យល់​ស្លាប់ ព្រោះ​តែ​ស្រេក​ទឹក ហើយ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សាសន៍​ដទៃ​ទាំង​នោះ​ឬ?»។ ១៩ ព្រះ‌ជាម្ចាស់​បាន​បំបែក​ថ្ម​នៅ​លេហ៊ី​នោះ ធ្វើ​ឲ្យ​មាន​ទឹក​ហូរ​ចេញ​មក។ លោក​សាំសុន​ពិសា​ទឹក​នោះ ហើយ​ក៏​មាន​ទឹក​ចិត្ត និង​មាន​កម្លាំង​ឡើង​វិញ។ ហេតុ​នេះ​បាន​ជា​គេ​ហៅ​ប្រភព​ទឹក​នោះ​ថា «អេន-‌ហាកូរេ» ហើយ​ប្រភព​ទឹក​នោះ​ស្ថិត​នៅ​លេហ៊ី​រហូត​ដល់​សព្វ​ថ្ងៃ។
២០ នៅ​ជំនាន់​ដែល​ជន​ជាតិ​ភីលីស្ទីន​ត្រួត‌ត្រា​លើ​ស្រុក​អ៊ីស្រា‌អែល លោក​សាំសុន​បាន​ធ្វើ​ជា​មេ​ដឹក​នាំ​ជន​ជាតិ​អ៊ីស្រា‌អែល​អស់‌រយៈ​ពេល​ម្ភៃ​ឆ្នាំ។
១៦
លោក​សាំសុន​នៅ​ក្រុង​កាសា
 ថ្ងៃ​មួយ លោក​សាំសុន​ធ្វើ​ដំណើរ​ទៅ​ក្រុង​កាសា នៅ​ទី​នោះ លោក​ជួប​នឹង​ស្រី​ពេស្យា​ម្នាក់ ក៏​ចូល​ទៅ​ជា​មួយ​នាង។  មាន​គេ​ប្រាប់​អ្នក​ក្រុង​កាសា​ថា៖ «សាំសុន​នៅ​ទី​នេះ»។ ពួក​គេ​ក៏​ចាត់​គ្នា​ទៅ​យាម‌ល្បាត និង​ចាំ​ឃ្លាំ​មើល​លោក​នៅ​មាត់​ទ្វារ​ក្រុង ពេញ​មួយ​យប់។ ពួក​គេ​នៅ​សំងំ​ពេញ​មួយ​យប់​នោះ ដោយ​និយាយ​គ្នា​ថា៖ «ចាំ​ភ្លឺ​ឡើង សឹម​យើង​សម្លាប់​វា»។  ប៉ុន្តែ លោក​សាំសុន​សម្រាន្ដ​នៅ​ទី​នោះ​ត្រឹម​តែ​ពាក់​កណ្ដាល​អធ្រាត្រ​ប៉ុណ្ណោះ។ លុះ​កណ្ដាល​អធ្រាត្រ​លោក​ក្រោក​ឡើង ទៅ​ចាប់​ទាញ​ទ្វារ​ក្រុង​ទាំង​មូល សសរ​ក្លោង​ទ្វារ​ទាំង​ពីរ ព្រម​ទាំង​រនុក លើក​លី​លើ​ស្មា ហើយ​យក​ទៅ​ដាក់​លើ​កំពូល​ភ្នំ ទល់​មុខ​ក្រុង​ហេប្រូន។
នាង​ដេលី‌ឡា​ក្បត់​លោក​សាំសុន
 បន្ទាប់​ពី​នោះ​មក លោក​សាំសុន​បាន​ចាប់​ចិត្ត​ស្រឡាញ់​ស្ត្រី​ម្នាក់​ឈ្មោះ ដេលី‌ឡា ដែល​រស់​នៅ​ត្រង់​ច្រក​ភ្នំ​សូរេក។  ស្តេច​ត្រាញ់​របស់​ជន​ជាតិ​ភីលីស្ទីន​បាន​នាំ​គ្នា​ទៅ​និយាយ​នឹង​នាង​ដេលី‌ឡា​ថា៖ «ចូរ​នាង​លួង‌លោម​សាំសុន ដើម្បី​ឲ្យ​ដឹង​ថា គាត់​មាន​កម្លាំង​ដ៏​ខ្លាំង‌ក្លា​នេះ​មក​ពី​ណា ធ្វើ​ដូច​ម្ដេច​ឲ្យ​យើង​អាច​ឈ្នះ​គាត់​បាន? យើង​នឹង​ចាប់​ចង បង្ក្រាប​គាត់ រួច​ហើយ​យើង​នឹង​ឲ្យ​ប្រាក់​នាង​ចំនួន​មួយ​ពាន់​មួយ‌រយ​ស្លឹង​ក្នុង​ម្នាក់ៗ»។
 ពេល​នោះ នាង​ដេលី‌ឡា​សួរ​លោក​សាំសុន​ថា៖ «បង​អើយ សូម​ប្រាប់​ខ្ញុំ​ឲ្យ​ដឹង​ផង តើ​បង​បាន​កម្លាំង​ដ៏​ខ្លាំង​នេះ​មក​ពី​ណា? តើ​ធ្វើ​ដូច​ម្ដេច​ឲ្យ​គេ​អាច​ចាប់​ចង​បង្ក្រាប​បង​បាន?»។  លោក​សាំសុន​ក៏​ឆ្លើយ​ទៅ​នាង​ថា៖ «ប្រសិន​បើ​គេ​យក​ខ្សែ‌ពួរ​ស្រស់ ដែល​មិន​ទាន់​ហាល​ស្ងួត​នៅ​ឡើយ ចំនួន​ប្រាំ​ពីរ​ចង្វាយ​មក​ចង​បង នោះ​បង​នឹង​ទៅ​ជា​ខ្សោយ​ដូច​មនុស្ស​ឯ​ទៀតៗ​ដែរ»។  ពួក​ស្តេច​ត្រាញ់​របស់​ជន​ជាតិ​ភីលីស្ទីន​បាន​យក​ខ្សែ‌ពួរ​ស្រស់ ដែល​មិន​ទាន់​ហាល​ស្ងួត ចំនួន​ប្រាំ​ពីរ​ចង្វាយ​មក​ឲ្យ​នាង​ដេលី‌ឡា ហើយ​នាង​ក៏​យក​ទៅ​ចង​លោក​សាំសុន។  នាង​បាន​ឲ្យ​មនុស្ស​បង្កប់​ខ្លួន​នៅ​ក្នុង​ផ្ទះ។ ខណៈ​នោះ នាង​ស្រែក​ថា៖ «បង​សាំសុន​អើយ ពួក​ភីលីស្ទីន​មក​ចាប់​បង​ហើយ!»។ លោក​សាំសុន​ក៏​បណ្ដាច់​ពួរ​នោះ​ចេញ​អស់ ដូច​ខ្សែ​អំបោះ​ដែល​ត្រូវ​ភ្លើង​ឆេះ។ ដូច្នេះ គេ​នៅ​តែ​ពុំ​ដឹងអាថ៌‌កំបាំង​នៃ​កម្លាំង​របស់​លោក​ដដែល។
១០ នាង​ដេលី‌ឡា​ក៏​ពោល​ទៅ​កាន់​លោក​សាំសុន​ថា៖ «បង​បាន​បញ្ឆោត និង​ភូត​កុហក​ខ្ញុំ។ ឥឡូវ​នេះ សូម​បង​ប្រាប់​ខ្ញុំ​មក​មើល៍ តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច ដើម្បី​ចង​បង​បាន?»។ ១១ លោក​សាំសុន​តប​ទៅ​នាង​ថា៖ «ប្រសិន​បើ​គេ​យក​ពួរ​ថ្មី ដែល​មិន​ទាន់​ប្រើ​មក​ចង​បង​នោះ បង​នឹង​ទៅ​ជា​មនុស្ស​ខ្សោយ​ដូច​មនុស្ស​ឯ​ទៀតៗ​ដែរ»។ ១២ នាង​ដេលី‌ឡា​ក៏​ប្រើ​ពួរ​ថ្មី ដើម្បី​ចង​លោក​សាំសុន រួច​នាង​ស្រែក​ថា៖ «បង​សាំសុន​អើយ! ពួក​ភីលីស្ទីន​មក​ចាប់​បង​ហើយ»។ ពេល​នោះ ក៏​មាន​មនុស្ស​បង្កប់​ខ្លួន​នៅ​ក្នុង​ផ្ទះ​ដែរ ប៉ុន្តែ លោក​សាំសុន​ផ្ដាច់​ពួរ​ដែល​ចង​ដៃ​លោក ដូច​គេ​ផ្ដាច់​ខ្សែ​អំបោះ។
១៣ នាង​ដេលី‌ឡា​ពោល​ទៅ​កាន់​លោក​សាំសុន​ថា៖ «រហូត​មក​ទល់​ពេល​នេះ បង​ចេះ​តែ​បញ្ឆោត និង​ភូត​កុហក​ខ្ញុំ។ ឥឡូវ​នេះ សូម​បង​ប្រាប់​ខ្ញុំ​មក តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច​ដើម្បី​ចង​បង​បាន?»។ លោក​សាំសុន​ឆ្លើយ​ថា៖ «បើ​អូន​ក្រង​សក់​បង​ប្រាំ​ពីរ​កម្រង​ភ្ជាប់​នឹង​កី‌តម្បាញ បង​នឹង​ទៅ​ជា​ខ្សោយ​ដូច​ជា​មនុស្ស​ឯ​ទៀតៗ​ដែរ»។ ១៤ នាង​ដេលី‌ឡា​ក៏​ធ្វើ​ឲ្យ​លោក​សាំសុន​សម្រាន្ដ​លក់ រួច​នាង​ក្រង​សក់​លោក​ជា​ប្រាំ​ពីរ​កម្រង​ភ្ជាប់​នឹង​កី‌តម្បាញ ហើយ​បោះ‌ស្នឹង​ពី​លើ​ផង។ បន្ទាប់​មក នាង​ស្រែក​ថា៖ «បង​សាំសុន​អើយ ពួក​ភីលីស្ទីន​មក​ចាប់​បង​ហើយ!»។ លោក​សាំសុន​ភ្ញាក់​ឡើង ហើយ​កន្ត្រាក់​របើក​ទាំង​ស្នឹង ទាំង​កី‌តម្បាញ​ទៀត​ផង។
១៥ នាង​ដេលី‌ឡា​ពោល​ទៅ​កាន់​លោក​ថា៖ «តើ​បង​អាច​អះ‌អាង​ថា បង​ស្រឡាញ់​ខ្ញុំ​ដូច​ម្ដេច​កើត បើ​បង​មិន​ទុក​ចិត្ត​ខ្ញុំ​សោះ​នោះ? មើល៍ បង​បាន​បញ្ឆោត​ខ្ញុំ​បី​ដង​ហើយ គឺ​បង​មិន​ព្រម​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ថា តើ​បង​បាន​កម្លាំង​ដ៏​ខ្លាំង​នោះ​មក​ពី​ណា​ឡើយ»។ ១៦ ដោយ​នាង​ដេលី‌ឡា​ចេះ​តែ​និយាយ​រំអុក​បែប​នេះ​ជា​រៀង​រាល់​ថ្ងៃ លោក​សាំសុន​ក៏​ធុញ‌ថប់​ស្ទើរ​ស្លាប់ ១៧ ហើយ​រៀប​រាប់​អាថ៌‌កំបាំង​របស់​លោក​ប្រាប់​នាង​ថា៖ «សក់​បង​មិន​ត្រូវ​កាត់ ឬ​កោរ​ឡើយ ដ្បិត​ព្រះ‌ជាម្ចាស់​បាន​ជ្រើស‌រើស​បង ទុក​ជា​ពួក​ណា‌សៀរ* តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​ម៉្លេះ។ បើ​បង​កោរ​សក់​ចេញ នោះ​កម្លាំង​របស់​បង​នឹង​បាត់​បង់ ហើយ​ខ្លួន​បង​នឹង​ទៅ​ជា​ខ្សោយ ដូច​មនុស្ស​ឯ​ទៀតៗ​ដែរ»។
១៨ នាង​ដេលី‌ឡា​ដឹង​ថា លោក​បាន​ប្រាប់​អាថ៌‌កំបាំង​ដល់​នាង​ហើយ នាង​ឲ្យ​គេ​នាំ​ពាក្យ​ទៅ​ប្រាប់​ពួក​ស្តេច​ត្រាញ់​របស់​ជន​ជាតិ​ភីលីស្ទីន​ថា៖ «សូម​អស់​លោក​អញ្ជើញ​មក​ចុះ ព្រោះ​លើក​នេះ សាំសុន​ទម្លាយ​អាថ៌‌កំបាំង​ឲ្យ​ខ្ញុំ​ដឹង​ហើយ»។ ពួក​ស្តេច​ត្រាញ់​ក៏​នាំ​គ្នា​ទៅ​ផ្ទះ​នាង ដោយ​នាំ​យក​ប្រាក់​ទៅ​ជា​មួយ​ផង។ ១៩ នាង​ដេលី‌ឡា​បាន​ឲ្យ​លោក​សាំសុន​កើយ​ភ្លៅ​នាង រហូត​ដល់​លក់ រួច​ហៅ​មនុស្ស​ម្នាក់​មក​កោរ​កម្រង​សក់​ទាំង​ប្រាំ​ពីរ​របស់​លោក លោក​ចាប់​ផ្តើម​ខ្សោយ។ កម្លាំង​ក៏​ថយ​ចេញ​ពី​ខ្លួន​លោក​ទៅ។ ២០ នាង​ដេលី‌ឡា​ពោល​ទៅ​លោក​ថា៖ «បង​សាំសុន​អើយ ពួក​ភីលីស្ទីន​មក​ចាប់​បង​ហើយ!»។ លោក​សាំសុន​ភ្ញាក់​ពី​ដំណេក ហើយ​គិត​ថា លោក​នឹង​រំដោះ​ខ្លួន​រួច ដូច​សព្វ​មួយ​ដង ព្រោះ​លោក​ពុំ​បាន​ដឹង​ថា​ព្រះ‌អម្ចាស់​ថយ​ចេញ​ពី​លោក​នោះ​ទេ។ ២១ ពួក​ភីលីស្ទីន​ចូល​ទៅ​ចាប់​លោក ហើយ​ខ្វេះ​ភ្នែក​លោក​ទាំង​ពីរ​ទៀត​ផង។ ពួក​គេ​នាំ​លោក​ទៅ​ក្រុង​កាសា ដោយ​យក​ច្រវាក់​លង្ហិន​មក​ដាក់​លោក និង​បង្ខំ​លោក​ឲ្យ​បង្វិល​ត្បាល់​កិន​នៅ​ក្នុង​គុក។ ២២ ប៉ុន្តែ​ក្រោយ​មក សក់​របស់​លោក​ដែល​គេ​បាន​កោរ ក៏​ចាប់​ផ្តើម​ដុះ​ឡើង​វិញ។
ការ​សង‌សឹក​ចុង​ក្រោយ និង​មរណ‌ភាព​របស់​លោក​សាំសុន
២៣ ថ្ងៃ​មួយ ពួក​ស្តេច​ត្រាញ់​របស់​ជន​ជាតិ​ភីលីស្ទីន​បាន​ប្រមូល​គ្នា ដើម្បី​ធ្វើ​បុណ្យ​អប‌អរ‌សាទរ​ចំពោះ​ជ័យ‌ជម្នះ​របស់​គេ ព្រម​ទាំង​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌ដាកុន​របស់​គេ​ថែម​ទៀត​ផង។ គេ​នាំ​គ្នា​ច្រៀង​ថា៖ «ព្រះ​របស់​យើង​បាន​ប្រគល់​សាំសុន ជា​ខ្មាំង​សត្រូវ​របស់​យើង មក​ក្នុង​កណ្ដាប់​ដៃ​យើង​ហើយ!»។ ២៤ ពេល​ឃើញ​រូប​ព្រះ​របស់​គេ ប្រជាជន​ក៏​នាំ​គ្នា​សរសើរ​តម្កើង ដោយ​ពោល​ថា៖ «ព្រះ​របស់​យើង​បាន​ប្រគល់​ខ្មាំង​សត្រូវ​មក​ក្នុង​កណ្ដាប់​ដៃ​យើង​ហើយ គឺ​ជា​អ្នក​ដែល​បំផ្លាញ​ស្រុក​យើង ហើយ​សម្លាប់​ប្រជាជន​យើង​អស់​ជា​ច្រើន​ផង»។ ២៥ ក្នុង​ពេល​ពួក​គេ​កំពុង​តែ​សប្បាយ​យ៉ាង​ខ្លាំង​នោះ គេ​ក៏​និយាយ​ថា៖ «ចូរ​ហៅ​សាំសុន​មក​ឲ្យ​វា​ឡក​កំប្លែង​ឲ្យ​យើង​មើល»។ ពួក​គេ​អូស​លោក​សាំសុន​ចេញ​ពី​គុក ដើម្បី​ឡក​ឲ្យ​ពួក​គេ​មើល។ ពួក​គេ​ដាក់​លោក​នៅ​ចន្លោះ​សសរ​វិហារ។ ២៦ លោក​សាំសុន​ពោល​ទៅ​ក្មេង​ដែល​ដឹក​ដៃ​លោក​ថា៖ «សូម​នាំ​ខ្ញុំ​ទៅ​ជិត​សសរ​ដែល​ទ្រ​វិហារ ដើម្បី​ឲ្យ​ខ្ញុំ​អាច​ផ្អែក​ខ្លួន​នៅ​លើ​សសរ​នោះ​ផង»។
២៧ ពេល​នោះ មាន​មនុស្ស​ទាំង​ប្រុស​ទាំង​ស្រី​នៅ​ពេញ​វិហារ។ ពួក​ស្តេច​ត្រាញ់​របស់​ជន​ជាតិ​ភីលីស្ទីន​ក៏​នៅ​ទី​នោះ​ដែរ ហើយ​មាន​មនុស្ស​ប្រមាណ​បី‌ពាន់​នាក់​ទៀត​ឈរ​នៅ​លើ​ខឿន ដើម្បី​មើល​លោក​សាំសុន​ឡក។ ២៨ លោក​សាំសុន​អង្វរ​រក​ព្រះ‌អម្ចាស់​ថា៖ «ឱ​ព្រះ‌ជា‌អម្ចាស់​អើយ សូម​កុំ​ភ្លេច​ទូល‌បង្គំ​ឡើយ! ព្រះ‌ជាម្ចាស់​អើយ សូម​មេត្តា​ប្រោស​ប្រទាន​កម្លាំង​ដល់​ទូល‌បង្គំ​ម្ដង​នេះ​ទៀត​ចុះ គឺ​ក្នុង‌រយៈ​ពេល​តែ​មួយ​ប៉ប្រិច​ភ្នែក សូម​ឲ្យ​ទូល‌បង្គំ​អាច​សង‌សឹក​ពួក​ភីលីស្ទីន ចំពោះ​ភ្នែក​ទាំង​ពីរ​ដែល​គេ​បាន​ខ្វេះ​នោះ​ផង!»។ ២៩ បន្ទាប់​មក លោក​សាំសុន​ស្ទាប​សសរ​កន្លោង​ទាំង​ពីរ​ដែល​ទ្រ​វិហារ លោក​សង្កត់​ដៃ​ស្តាំ​របស់​លោក​ទៅ​លើ​សសរ​មួយ ហើយ​ដៃ​ឆ្វេង​ទៅ​លើ​សសរ​មួយ​ទៀត ៣០ រួច​លោក​ស្រែក​ថា៖ «សូម​ឲ្យ​ខ្ញុំ​ស្លាប់​ជា​មួយ​ពួក​ភីលីស្ទីន​ចុះ!»។ លោក​បញ្ចេញ​កម្លាំង​ច្រាន​សសរ​អស់​ទំហឹង ហើយ​វិហារ​ក៏​រលំ​លើ​ពួក​ស្តេច​ត្រាញ់ និង​ជន​ជាតិ​ភីលីស្ទីន​ទាំង​ប៉ុន្មាន​ដែល​នៅ​ទី​នោះ។ អស់​អ្នក​ដែល​ស្លាប់​ជា​មួយ​លោក​មាន​ចំនួន​ច្រើន​ជាង​អ្នក ដែល​លោក​បាន​សម្លាប់​កាល​ពី​នៅ​មាន​ជីវិត​ទៅ​ទៀត។ ៣១ បង‌ប្អូន និង​គ្រួសារ​លោក​ទាំង​អស់​ក៏​នាំ​គ្នា​ទៅ​យក​សាក‌សព​លោក មក​បញ្ចុះ​ក្នុង​ផ្នូរ​របស់​លោក​ម៉ាណូ‌អា ជា​ឪពុក ដែល​ស្ថិត​នៅ​ត្រង់​ចន្លោះ​សូរ៉ា និង​អេស្ដូល។
លោក​សាំសុន​បាន​គ្រប់‌គ្រង​លើ​ជន​ជាតិ​អ៊ីស្រា‌អែល​អស់‌រយៈ​ពេល​ម្ភៃ​ឆ្នាំ។
១៧

ភាព​អនា‌ធិបតេយ្យ​នៅ​ស្រុក​អ៊ីស្រា‌អែល

កន្លែង​ថ្វាយ‌បង្គំ​ព្រះ​របស់​លោក​មីកា
 នៅ​តំបន់​ភ្នំ​អេប្រាអ៊ីម មាន​បុរស​ម្នាក់​ឈ្មោះ​មីកា។  ថ្ងៃ​មួយ គាត់​បាន​ប្រកាស​ប្រាប់​ម្ដាយ​គាត់​ថា៖ «តើ​ម៉ែ​មាន​នឹក​ចាំ​ទេ នៅ​ពេល​គេ​លួច​ប្រាក់​ម៉ែ​ចំនួន​មួយ​ពាន់​មួយ‌រយ​ស្លឹង​នោះ ម៉ែ​បាន​ដាក់​បណ្ដាសា​ចោរ​នៅ​ចំពោះ​មុខ​ខ្ញុំ។ មើល​នែ៎ ប្រាក់​ទាំង​នេះ​នៅ​ជា​មួយ​ខ្ញុំ គឺ​ខ្ញុំ​ដែល​បាន​យក​ប្រាក់»។ ម្ដាយ​របស់​គាត់​ក៏​និយាយ​ថា៖ «សូម​ព្រះ‌អម្ចាស់​ប្រទាន​ពរ​ដល់​កូន»។  លោក​មីកា​ប្រគល់​ប្រាក់​មួយ‌ពាន់‌មួយ‌រយ​ស្លឹង​ជូន​ទៅ​ម្ដាយ​វិញ ហើយ​ម្ដាយ​ក៏​ពោល​ថា៖ «កូន​អើយ ម្ដាយ​បាន​សម្រេច​ចិត្ត​ថ្វាយ​ប្រាក់​នេះ​ដល់​ព្រះ‌អម្ចាស់​ហើយ ដើម្បី​ឲ្យ​កូន​យក​វា​ទៅ​រំលាយ​ធ្វើ​ជា​រូប​ព្រះ​មួយ។ ចូរ​កូន​យក​ប្រាក់​នេះ​ទៅ​វិញ​ចុះ»។  ប៉ុន្តែ លោក​មីកា​ប្រគល់​ប្រាក់​ទៅ​ម្ដាយ​សា​ជា​ថ្មី​ទៀត ហើយ​ម្ដាយ​ក៏​យក​ប្រាក់​ពីរ‌រយ​ស្លឹង​ទៅ​ឲ្យ​ជាង​ស្មិត​រំលាយ​ធ្វើ​រូប​ព្រះ​មួយ និង​រូប​សំណាក រួច​យក​ទៅ​ដាក់​នៅ​ក្នុង​ផ្ទះ​របស់​លោក​មីកា។  ដូច្នេះ លោក​មីកា​មាន​កន្លែង​មួយ​ថ្វាយ‌បង្គំ​ព្រះ នៅ​ក្នុង​ផ្ទះ​របស់​គាត់។ គាត់​បាន​ធ្វើ​រូប​បដិមា​មួយ និង​រូប​ចម្លាក់​ជា​ច្រើន សម្រាប់​គោរព​បូជា រួច​គាត់​តែង‌តាំង​កូន​ប្រុស​ម្នាក់​របស់​គាត់​ឲ្យ​ធ្វើ​ជា​បូជា‌ចារ្យ។
 នៅ​គ្រា​នោះ ក្នុង​ស្រុក​អ៊ីស្រា‌អែល​គ្មាន​ស្តេច​សោយ​រាជ្យ​ទេ ម្នាក់ៗ​ធ្វើ​អ្វីៗ​តាម​តែ​ខ្លួន​យល់​ឃើញ។
 មាន​យុវ‌បុរស​លេវី​ម្នាក់​ពី​កុល‌សម្ព័ន្ធ​យូដា រស់​នៅ​ភូមិ​បេថ្លេហិម ក្នុង​ស្រុក​យូដា។  គាត់​ចាក​ចេញ​ពី​ភូមិ​បេថ្លេហិម​ទៅ​រក​កន្លែង​ស្នាក់​នៅ​ផ្សេង​ទៀត។ ពេល​ធ្វើ​ដំណើរ​នោះ គាត់​បាន​ទៅ​ដល់​ផ្ទះ​លោក​មីកា ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម។  លោក​មីកា​សួរ​គាត់​ថា៖ «តើ​អ្នក​អញ្ជើញ​មក​ពី​ណា?»។ គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​ជា​ពួក​លេវី មក​ពី​ភូមិ​បេថ្លេហិម ក្នុង​ស្រុក​យូដា ហើយ​ខ្ញុំ​កំពុង​ដើរ​រក​មើល​កន្លែង​សម្រាប់​ស្នាក់​អាស្រ័យ»។ ១០ លោក​មីកា​និយាយ​ទៅ​គាត់​ថា៖ «សូម​អញ្ជើញ​មក​នៅ​ផ្ទះ​ខ្ញុំ ហើយ​ធ្វើ​ជា​បូជា‌ចារ្យ​គ្រប់‌គ្រង​លើ​គ្រួសារ​ខ្ញុំ​ទៅ ខ្ញុំ​នឹង​ជូន​ប្រាក់​លោក​ចំនួន​ដប់​ស្លឹង ក្នុង​មួយ​ឆ្នាំ ព្រម​ទាំង​សម្លៀក‌បំពាក់ និង​ម្ហូប​អាហារ​ទៀត​ផង»។ ១១ បុរស​លេវី​នោះ​ក៏​យល់​ព្រម​រស់​នៅ​ជា​មួយ​លោក​មីកា ហើយ​លោក​មីកា​ចាត់​ទុក​គាត់​ដូច​កូន​បង្កើត​ដែរ។ ១២ លោក​មីកា​បាន​តែង‌តាំង​បុរស​នោះ​ជា​បូជា‌ចារ្យ ហើយ​ឲ្យ​រស់​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន។ ១៣ លោក​មីកា​ពោល​ថា៖ «ឥឡូវ​នេះ ខ្ញុំ​ដឹង​ជាក់​ថា ព្រះ‌អម្ចាស់​នឹង​ប្រទាន​ពរ​ខ្ញុំ​ជា​មិន​ខាន ព្រោះ​ខ្ញុំ​មាន​បុរស​លេវី​ម្នាក់​ជា​បូជា‌ចារ្យ»។
១៨
ជន​ជាតិ​ដាន់​ប្ដូរ​ទឹក​ដី
 នៅ​គ្រា​នោះ ស្រុក​អ៊ីស្រា‌អែល​គ្មាន​ស្តេច​សោយ​រាជ្យ​ទេ។ នៅ​គ្រា​ដដែល​នោះ កុល‌សម្ព័ន្ធ​ដាន់​ស្វែង​រក​ទឹក​ដី​មួយ​កន្លែង​សម្រាប់​ពួក​គេ ដ្បិត​កុល‌សម្ព័ន្ធ​នេះ​ពុំ​ទាន់​មាន​ទឹក​ដី ដូច​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ឯ​ទៀតៗ​ឡើយ។  ដូច្នេះ កូន​ចៅ​ដាន់​ជ្រើស‌រើស​មនុស្ស​ក្នុង​ចំណោម​ពួក​គេ​ប្រាំ​នាក់ ដែល​ជា​អ្នក​ចម្បាំង​ដ៏​ជំនាញ​ពី​ក្រុង​សូរ៉ា និង​ក្រុង​អេស្ដូល ឲ្យ​ទៅ​ស៊ើប​ពិនិត្យ​មើល​ទឹក​ដី។ អ្នក​ទាំង​នោះ​បាន​មក​ដល់​តំបន់​ភ្នំ​អេប្រាអ៊ីម ហើយ​ពេល​យប់ ពួក​គេ​ចូល​ទៅ​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​លោក​មីកា។  នៅ​ទី​នោះ ពួក​គេ​បាន​ឮ​សំនៀង​របស់​យុវ‌បុរស ហើយ​ដឹង​ថា​គាត់​ជា​ពួក​លេវី ក៏​នាំ​គ្នា​ចូល​ទៅ​និយាយ​ជា​មួយ​គាត់​ថា៖ «តើ​អ្នក​ណា​នាំ​លោក​មក​ទី​នេះ? តើ​លោក​មក​ធ្វើ​អ្វី​នៅ​កន្លែង​នេះ? ហេតុ​អ្វី​បាន​ជា​លោក​នៅ​ទី​នេះ?»។  គាត់​ឆ្លើយ​ថា៖ «លោក​មីកា​បាន​ជួយ​ឧបត្ថម្ភ​ខ្ញុំ គឺ​គាត់​ឲ្យ​ប្រាក់​ខែ​ខ្ញុំ និង​ឲ្យ​ខ្ញុំ​ធ្វើ​ជា​បូជា‌ចារ្យ​របស់​គាត់»។  ពួក​គេ​ពោល​ថា៖ «បើ​ដូច្នេះ សូម​ទូល​សួរ​ព្រះ‌ជាម្ចាស់​មើល ដ្បិត​យើង​ចង់​ដឹង​ថា ដំណើរ​ដែល​យើង​បាន​ផ្តើម​ធ្វើ​នេះ​នឹង​ទទួល​លទ្ធ‌ផល​យ៉ាង​ណា?»។  បូជា‌ចារ្យ​ឆ្លើយ​ទៅ​ពួក​គេ​ថា៖ «កុំ​ភ័យ​បារម្ភ​អី! ព្រះ‌អម្ចាស់​គង់​ជា​មួយ​អស់​លោក ក្នុង​ដំណើរ​របស់​អស់​លោក​ហើយ»។  អ្នក​ទាំង​ប្រាំ​ក៏​បន្ត​ដំណើរ​ទៅ​មុខ​ទៀត រហូត​ដល់​ក្រុង​ឡាអ៊ីស។ នៅ​ទី​នោះ ពួក​គេ​ឃើញ​ប្រជាជន​រស់​នៅ ដោយ​ឥត​បារម្ភ​អ្វី​ឡើយ គឺ​គេ​រស់​នៅ​យ៉ាង​សុខ‌សាន្ត និង​ស្ងប់​ស្ងៀម ដូច​អ្នក​ស្រុក​ស៊ីដូន។ គ្មាន​នគរ​ជិត​ខាង​ណា​មក​រក​រឿង ហើយ​ក៏​គ្មាន​នរណា​មក​ជិះ‌ជាន់​សង្កត់‌សង្កិន​ដែរ។ ប៉ុន្តែ ប្រជាជន​នោះ​រស់​នៅ​ឆ្ងាយ​ពី​អ្នក​ស្រុក​ស៊ីដូន ហើយ​គ្មាន​ទំនាក់‌ទំនង​ជា​មួយ​អ្នក​ផ្សេង​ទេ។  អ្នក​ទាំង​ប្រាំ​ត្រឡប់​ទៅ​សូរ៉ា និង​អេស្ដូល​វិញ ហើយ​បង‌ប្អូន​របស់​គេ​សាក​សួរ​ថា ដំណើរ​របស់​គេ​បាន​ផល​អ្វី​ខ្លះ។  ពួក​គេ​តប​វិញ​ថា៖ «មក! ចូរ​យើង​លើក​ទ័ព​ទៅ​វាយ​យក​ស្រុក​ឡាអ៊ីស ព្រោះ​យើង​បាន​ពិនិត្យ​ឃើញ​ថា​ជា​ទឹក​ដី​ល្អ​បំផុត។ ដូច្នេះ មិន​ត្រូវ​បង្អែ‌បង្អង់​ឡើយ ចូរ​ប្រញាប់​ចេញ​ទៅ​វាយ​ដណ្ដើម​យក​ទឹក​ដី​នោះ។ ១០ ពេល​ណា​អ្នក​រាល់​គ្នា​ទៅ​ដល់ អ្នក​រាល់​គ្នា​នឹង​ឃើញ​ប្រជាជន​មួយ​ក្រុម​រស់​នៅ​ដោយ​ឥត​បារម្ភ​អ្វី​ឡើយ។ ទឹក​ដី​នោះ​ធំ​ទូលាយ​ណាស់ ជា​ទឹក​ដី​ដ៏​សម្បូណ៌‌សប្បាយ ឥត​ខ្វះ​អ្វី​ឡើយ ព្រះ‌ជាម្ចាស់​បាន​ប្រគល់​មក​អ្នក​រាល់​គ្នា​ហើយ»។ ១១ ដូច្នេះ មនុស្ស​ប្រាំ‌មួយ‌រយ​នាក់​នៃ​កុល‌សម្ព័ន្ធ​ដាន់​ក៏​នាំ​គ្នា​ប្រដាប់​អាវុធ​ចាក​ចេញ​ពី​ក្រុង​សូរ៉ា និង​ក្រុង​អេស្ដូល។ ១២ ពួក​គេ​ទៅ​បោះ​ទ័ព​នៅ​ខាង​លិច​គៀរី‌យ៉ាត-‌យេអា‌រីម​ក្នុង​ស្រុក​យូដា។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​ទី​នោះ​ថា “ជំរំ​ដាន់” រហូត​ដល់​សព្វ​ថ្ងៃ។ ១៣ ពី​ទី​នោះ ពួក​គេ​ឡើង​ទៅ​តំបន់​ភ្នំ​អេប្រាអ៊ីម​រហូត​ដល់​ផ្ទះ​លោក​មីកា។
១៤ ពេល​នោះ បុរស​ទាំង​ប្រាំ​នាក់​ដែល​បាន​មក​ស៊ើប‌ការណ៍​នៅ​ទឹក​ដី​ឡាអ៊ីស និយាយ​ទៅ​កាន់​បង‌ប្អូន​របស់​ខ្លួន​ថា៖ «បង‌ប្អូន​ដឹង​ទេ ក្នុង​ចំណោម​ផ្ទះ​ទាំង​នេះ មាន​ផ្ទះ​មួយ​ដែល​មាន​រូប​បដិមា និង​រូប​ចម្លាក់​ជា​ច្រើន ព្រម​ទាំង​រូប​ព្រះ​មួយ និង​រូប​សំណាក​មួយ​ទៀត​ធ្វើ​ពី​ប្រាក់។ ដូច្នេះ បង‌ប្អូន​ដឹង​ហើយ​ថា ត្រូវ​ធ្វើ​យ៉ាង​ណា»។ ១៥ បន្ទាប់​មក បុរស​ទាំង​ប្រាំ​ក៏​ដើរ​តម្រង់​ទៅ​ផ្ទះ​លោក​មីកា ហើយ​ចូល​ទៅ​សួរ​សុខ​ទុក្ខ​យុវ‌បុរស​លេវី ដែល​ស្នាក់​នៅ​ក្នុង​ផ្ទះ​នោះ។ ១៦ ក្នុង​ពេល​ជា​មួយ​គ្នា​នោះ កូន​ចៅ​ដាន់​ទាំង​ប្រាំ‌មួយ‌រយ​នាក់ ដែល​ប្រដាប់​អាវុធ ក៏​ឈរ​នៅ​មាត់​ច្រក​ចូល​ទៅ​ផ្ទះ​ដែរ។ ១៧ បុរស​ទាំង​ប្រាំ​នាក់​ដែល​បាន​មក​ស៊ើប‌ការណ៍ នាំ​គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ យក​រូប​សំណាក រូប​បដិមា និង​រូប​ព្រះ​ផ្សេងៗ ព្រម​ទាំង​រូប​ចម្លាក់​ធ្វើ​ពី​ប្រាក់​ទៀត​ផង។ ពេល​នោះ បូជា‌ចារ្យ​ឈរ​នៅ​មាត់​ច្រក​ជា​មួយ​ទាហាន​ទាំង​ប្រាំ‌មួយ‌រយ​នាក់។ ១៨ ដោយ​ឃើញ​អ្នក​ទាំង​ប្រាំ​ចូល​ទៅ​ក្នុង​ផ្ទះ​លោក​មីកា យក​រូប​ព្រះ រូប​បដិមា រូប​ចម្លាក់​ផ្សេងៗ និង​រូប​សំណាក​ធ្វើ​ពី​ប្រាក់​ដូច្នេះ បូជា‌ចារ្យ​ក៏​សួរ​ទៅ​ពួក​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​ធ្វើ​អ្វី​ហ្នឹង?»។ ១៩ ពួក​គេ​ឆ្លើយ​ទៅ​គាត់​វិញ​ថា៖ «នៅ​ឲ្យ​ស្ងៀម កុំ​មាត់​ក​អី! ចូរ​ទៅ​ជា​មួយ​យើង ធ្វើ​ជា​បូជា‌ចារ្យ​គ្រប់‌គ្រង​លើ​ពួក​យើង! ចូរ​គិត​មើល៍ តើ​លោក​គួរ​ធ្វើ​ជា​បូជា‌ចារ្យ​សម្រាប់​គ្រួសារ​របស់​មនុស្ស​តែ​ម្នាក់ ឬ​ក៏​ធ្វើ​ជា​បូជា‌ចារ្យ​សម្រាប់​ពូជ​អំបូរ​មួយ​ក្នុង​កុល‌សម្ព័ន្ធ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល?»។ ២០ បូជា‌ចារ្យ​មាន​ចិត្ត​ត្រេក‌អរ​ជា​ខ្លាំង​ចំពោះ​សំណូម​ពរ​នេះ គាត់​យក​រូប​បដិមា រូប​ចម្លាក់​ផ្សេងៗ និង​រូប​ព្រះ រួច​ចូល​ទៅ​ក្នុង​ចំណោម​កង‌ទ័ព។ ២១ ពួក​គេ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ដោយ​ឲ្យ​ក្មេងៗ ហ្វូង​សត្វ និង​ទ្រព្យ‌សម្បត្តិ​របស់​គេ​ទៅ​មុន។ ២២ លុះ​ពួក​គេ​ចាក​ចេញ​ពី​ផ្ទះ​លោក​មីកា​ទៅ​បាន​ឆ្ងាយ​បន្តិច ទើប​លោក​មីកា និង​អ្នក​ជិត​ខាង​ប្រមូល​គ្នា​ដេញ​តាម។ ២៣ ពេល​នោះ ពួក​លោក​មីកា​ស្រែក​ហៅ​កូន​ចៅ​ដាន់ ពួក​គេ​ក៏​បែរ​ក្រោយ ហើយ​សួរ​លោក​មីកា​ថា៖ «តើ​មាន​ការ​អី បាន​ជា​ប្រមូល​គ្នា​មក​ដូច្នេះ?»។ ២៤ លោក​មីកា​ឆ្លើយ​ទៅ​ពួក​គេ​ថា៖ «អ្នក​រាល់​គ្នា​លួច​យក​ព្រះ​ទាំង‌ឡាយ​ដែល​ខ្ញុំ​បាន​ធ្វើ ថែម​ទាំង​នាំ​បូជា‌ចារ្យ​របស់​ខ្ញុំ​មក​ផង គឺ​គ្មាន​ទុក​អ្វី​ឲ្យ​នៅ​សល់​សោះ ហើយ​អ្នក​រាល់​គ្នា​ហ៊ាន​សួរ​ខ្ញុំ​ថា​មាន​ការ​អ្វី​ទៀត​ឬ?»។ ២៥ កូន​ចៅ​ដាន់​នាំ​គ្នា​តប​ទៅ​គាត់​វិញ​ថា៖ «កុំ​មក​តវ៉ា​ជា​មួយ​យើង ក្រែង​លោ​មាន​គ្នា​យើង​ខ្លះ​ក្ដៅ​ក្រហាយ ហើយ​វាយ​ប្រហារ​អ្នក ធ្វើ​ឲ្យ​អ្នក និង​ក្រុម​គ្រួសារ​អ្នក​ត្រូវ​វិនាស»។ ២៦ បន្ទាប់​មក ពួក​គេ​ក៏​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។ ដោយ​លោក​មីកា​ឃើញ​ថា​ពួក​គេ​ខ្លាំង​ពូកែ​ជាង នោះ​គាត់​ក៏​បក​ក្រោយ វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។
កុល‌សម្ព័ន្ធ​ដាន់​នៅ​ក្រុង​ឡាអ៊ីស
២៧ ក្រោយ​ពី​ដណ្ដើម​យក​របស់​ដែល​លោក​មីកា​បាន​ធ្វើ និង​នាំ​បូជា‌ចារ្យ​របស់​គាត់​មក​ជា​មួយ កូន​ចៅ​ដាន់​ក៏​ទៅ​វាយ​លុក​ក្រុង​ឡាអ៊ីស សម្លាប់​រង្គាល​ប្រជាជន​ដែល​កំពុង​រស់​នៅ​យ៉ាង​សុខ‌សាន្ត និង​ស្ងប់​ស្ងៀម ព្រម​ទាំង​ដុត​ទី‌ក្រុង​ចោល​ថែម​ទៀត​ផង។ ២៨ ឡាអ៊ីស​ជា​ក្រុង​ដែល​ស្ថិត​នៅ​ក្នុង​ជ្រលង​ភ្នំ​បេត-‌រេហូប ឆ្ងាយ​ពី​ក្រុង​ស៊ីដូន ហើយ​អ្នក​ក្រុង​នោះ​ពុំ​មាន​ទំនាក់‌ទំនង​ជា​មួយ​នរណា​ទេ ហេតុ​នេះ​ហើយ​បាន​ជា​គ្មាន​នរណា​មក​ជួយ​ពួក​គេ​ឡើយ។ កូន​ចៅ​ដាន់​បាន​សង់​ទី‌ក្រុង​ឡើង​វិញ ហើយ​ក៏​តាំង​ទី​លំ‌នៅ​នៅ​ទី​នោះ​ទៅ។ ២៩ ពួក​គេ​ប្ដូរ​ឈ្មោះ​ក្រុង​ឡាអ៊ីស ដែល​គេ​ធ្លាប់​ហៅ​ពី​មុន​នោះ​ដាក់​ថា «ក្រុង​ដាន់» តាម​ឈ្មោះ​បុព្វ‌បុរស​របស់​គេ ដែល​ត្រូវ​ជា​កូន​របស់​លោក​យ៉ាកុប។ ៣០ កូន​ចៅ​ដាន់​បាន​យក​រូប​ព្រះ​មក​តម្កល់​សម្រាប់​ថ្វាយ‌បង្គំ ហើយ​តែង‌តាំង​លោក​យ៉ូណាថាន ជា​កូន​លោក​គែរ‌សូម ដែល​ត្រូវ​ជា​ពូជ‌ពង្ស​របស់​លោក​ម៉ូសេ​ឲ្យ​ធ្វើ​ជា​បូជា‌ចារ្យ​សម្រាប់​កុល‌សម្ព័ន្ធ​ដាន់។ ពូជ‌ពង្ស​របស់​លោក​យ៉ូណាថាន​បាន​បន្ត​តំណែង​បូជា‌ចារ្យ រហូត​ដល់​ជំនាន់​ដែល​ប្រជាជន​ត្រូវ​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ​សឹក។ ៣១ ក្នុង​អំឡុង​ពេល​ដែល​ពួក​គេ​មាន​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់​នៅ​ស៊ីឡូ ក៏​ពួក​គេ​នៅ​តែ​រក្សា​ទុក​រូប​ព្រះ​របស់​លោក​មីកា​ជា​រៀង​រហូត។
១៩
បទ‌ឧក្រិដ្ឋ​របស់​ពួក​បេនយ៉ាមីន​នៅ​ក្រុង​គីបា
 នៅ​គ្រា​នោះ ស្រុក​អ៊ីស្រា‌អែល​គ្មាន​ស្តេច​សោយ​រាជ្យ​ទេ។ មាន​បុរស​ម្នាក់​ក្នុង​កុល‌សម្ព័ន្ធ​លេវី រស់​នៅ​ប៉ែក​ខាង​ចុង​តំបន់​ភ្នំ​អេប្រាអ៊ីម។ គាត់​បាន​យក​ស្ត្រី​ម្នាក់​ពី​ភូមិ​បេថ្លេហិម ក្នុង​ស្រុក​យូដា មក​ធ្វើ​ជា​ប្រពន្ធ​ចុង។  ប៉ុន្តែ នាង​បាន​ក្បត់​ចិត្ត​ប្ដី ហើយ​ចាក​ចេញ​ពី​ប្ដី​ត្រឡប់​ទៅ​នៅ​ផ្ទះ​របស់​ឪពុក​នាង នៅ​ភូមិ​បេថ្លេហិម ក្នុង​ស្រុក​យូដា​វិញ។ នាង​ស្នាក់​នៅ​ទី​នោះ​អស់‌រយៈ​ពេល​បួន​ខែ។  ប្ដី​របស់​នាង​បាន​ធ្វើ​ដំណើរ​ទៅ​តាម ក្នុង​គោល​បំណង​លួង‌លោម​នាង​ឲ្យ​ត្រឡប់​មក​វិញ។ គាត់​បាន​នាំ​ក្មេង​បម្រើ និង​សត្វ​លា​ពីរ​ទៅ​ជា​មួយ​ផង។ ស្ត្រី​នោះ​អញ្ជើញ​ប្ដី​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ឪពុក​នាង កាល​ឪពុក​ឃើញ​ប្ដី​របស់​នាង គាត់​ក៏​ទទួល​ដោយ​អំណរ។  ឪពុក​ក្មេក​បាន​ឃាត់​កូន​ប្រសា ឲ្យ​នៅ​ផ្ទះ​របស់​គាត់​ចំនួន​បី​ថ្ងៃ។ បុរស​នោះ​បរិភោគ​អាហារ និង​ស្រា ព្រម​ទាំង​សម្រាន្ដ​នៅ​ទី​នោះ។  នៅ​ថ្ងៃ​ទី​បួន គេ​នាំ​គ្នា​ក្រោក​តាំង​ពី​ព្រលឹម។ ពេល​បុរស​លេវី​ហៀប​នឹង​ចេញ​ដណើរ ឪពុក​ក្មេក​និយាយ​ទៅ​កាន់​កូន​ប្រសា​ថា៖ «ចូរ​កូន​បរិភោគ​សិន​ទៅ ដើម្បី​ឲ្យ​មាន​កម្លាំង រួច​សឹម​ធ្វើ​ដំណើរ​ទៅ​ចុះ»។  ដូច្នេះ អ្នក​ទាំង​ពីរ​ក៏​អង្គុយ​បរិភោគ​អាហារ និង​ផឹក​ស្រា​ជា​មួយ​គ្នា។ បន្ទាប់​មក ឪពុក​ក្មេក​និយាយ​ទៅ​កាន់​កូន​ប្រសា​ថា៖ «សុំ​កូន​សម្រាក​លេង​នៅ​ទី​នេះ​មួយ​យប់​ទៀត​សិន​ទៅ»។  បុរស​លេវី​ក្រោក​ឡើង ចង់​ចេញ​ដំណើរ ដោយ​ឪពុក​ក្មេក​ចេះ​តែ​ទទូច​អង្វរ​ពេក គាត់​ក៏​យល់​ព្រម​ស្នាក់​នៅ​មួយ​យប់​ទៀត។  នៅ​ថ្ងៃ​ទី​ប្រាំ គាត់​ក្រោក​តាំង​ពី​ព្រលឹម ដើម្បី​ចេញ​ដំណើរ។ ប៉ុន្តែ ឪពុក​ក្មេក​និយាយ​ទៅ​គាត់​ថា៖ «សូម​កូន​បរិភោគ​អាហារ​សិន ចាំ​ដល់​ថ្ងៃ​ជ្រេ​សឹម​ចេញ​ដំណើរ​ទៅ​ចុះ»។ ដូច្នេះ គេ​ក៏​នាំ​គ្នា​បរិភោគ។  នៅ​ពេល​បុរស​លេវី​ចង់​ចេញ​ដំណើរ​ទៅ​ជា​មួយ​ប្រពន្ធ​ចុង និង​អ្នក​បម្រើ​របស់​គាត់ ឪពុក​ក្មេក​ក៏​និយាយ​ទៅ​គាត់​ទៀត​ថា៖ «មើល៍ ឥឡូវ​នេះ​ជ្រុល​ពេល​ហើយ ហើយ​ថ្ងៃ​ក៏​ជិត​លិច​ដែរ ចូរ​នាំ​គ្នា​សម្រាក​លេង​ទី​នេះ​ទៅ។ ចាំ​ស្អែក សឹម​ក្រោក​ពី​ព្រលឹម ហើយ​ចេញ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​របស់​កូន​វិញ​ចុះ»។
១០ ប៉ុន្តែ ម្ដង​នេះ បុរស​លេវី​ប្រកែក​ពុំ​ព្រម​នៅ​ទៀត​ទេ។ គាត់​ក្រោក​ឡើង​ចេញ​ដំណើរ​ជា​មួយ​ប្រពន្ធ​ចុង ព្រម​ទាំង​សត្វ​លា​ទាំង​ពីរ​របស់​គាត់ ដែល​មាន​ចង​កែប​ហើយ​ជា​ស្រេច​នោះ​ដែរ។ ពួក​គេ​មក​ដល់​កន្លែង​មួយ នៅ​ទល់​មុខ​នឹង​ក្រុង​យេប៊ូស ពោល​គឺ​ក្រុង​យេរូ‌សាឡឹម។ ១១ ពេល​ពួក​គេ​មក​ដល់​ក្បែរ​ក្រុង​យេប៊ូស​នោះ ថ្ងៃ​កាន់​តែ​ទាប​ណាស់​ហើយ ក្មេង​បម្រើ​ក៏​និយាយ​ទៅ​កាន់​ចៅហ្វាយ​ថា៖ «យើង​គួរ​តែ​ឆៀង​ចូល​ទៅ​សម្រាក​នៅ​ក្រុង​របស់​សាសន៍​យេប៊ូស​មួយ​យប់​ទៅ»។ ១២ ចៅហ្វាយ​ឆ្លើយ​ឡើង​ថា៖ «ទេ! យើង​មិន​ត្រូវ​ចូល​ទៅ​ក្រុង​របស់​សាសន៍​ដទៃ ដែល​គ្មាន​ជន​ជាតិ​អ៊ីស្រា‌អែល​នោះ​ឡើយ យើង​ទៅ​សម្រាក​នៅ​ក្រុង​គីបា​វិញ»។ ១៣ គាត់​ក៏​បន្ថែម​ទៀត​ថា៖ «យើង​ត្រូវ​តែ​ស្រូត​ដំណើរ​ឲ្យ​ដល់​ក្រុង​គីបា ឬ​ភូមិ​រ៉ាម៉ា ហើយ​នៅ​ទី​នោះ​យើង​នឹង​សម្រាក​កន្លែង​ណា​មួយ​ក៏​បាន»។ ១៤ ពួក​គេ​ក៏​បន្ត​ដំណើរ​ទៅ​ទៀត។ លុះ​មក​ដល់​ជិត​ក្រុង​គីបា ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​បេនយ៉ាមីន ថ្ងៃ​បាន​លិច​បាត់​ទៅ​ហើយ។ ១៥ គេ​នាំ​គ្នា​ចូល​ទៅ​ក្នុង​ក្រុង​នោះ រក​កន្លែង​សម្រាក។ ពួក​គេ​អង្គុយ​នៅ​តាម​ផ្លូវ ព្រោះ​គ្មាន​នរណា​ម្នាក់​មក​អញ្ជើញ​ពួក​គេ​ឲ្យ​ទៅ​សម្រាក​នៅ​ផ្ទះ​របស់​ខ្លួន​ឡើយ។ ១៦ ល្ងាច​នោះ មាន​លោក​តា​ម្នាក់​វិល​ត្រឡប់​មក​ពី​ចម្ការ​វិញ គាត់​មាន​ដើម​កំណើត​នៅ​តំបន់​ភ្នំ​អេប្រាអ៊ីម ហើយ​មក​រស់​នៅ​ក្រុង​គីបា ដែល​មាន​សុទ្ធ​តែ​មនុស្ស​ពី​កុល‌សម្ព័ន្ធ​បេនយ៉ាមីន។ ១៧ ពេល​គាត់​ក្រឡេក​ទៅ ឃើញ​អ្នក​ដំណើរ​អង្គុយ​នៅ​តាម​ផ្លូវ​ដូច្នេះ លោក​តា​សួរ​ថា៖ «តើ​អ្នក​អញ្ជើញ​មក​ពី​ណា​ទៅ​ណា​ដែរ?»។ ១៨ បុរស​លេវី​ក៏​តប​ថា៖ «យើង​ខ្ញុំ​មក​ពី​ភូមិ​បេថ្លេហិម ក្នុង​ស្រុក​យូដា ហើយ​ធ្វើ​ដំណើរ​ទៅ​ស្រុក​ខ្ញុំ នៅ​ប៉ែក​ខាង​ចុង​តំបន់​ភ្នំ​អេប្រាអ៊ីម។ ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​ភូមិ​បេថ្លេហិម ឥឡូវ​នេះ ខ្ញុំ​វិល​ទៅ​ផ្ទះ​ខ្ញុំ​ដែល​ជា​ដំណាក់​របស់​ព្រះ‌អម្ចាស់​វិញ។ ប៉ុន្តែ ក្នុង​ក្រុង​នេះ គ្មាន​នរណា​ម្នាក់​ទទួល​ខ្ញុំ​ឲ្យ​ស្នាក់​នៅ​ផ្ទះ​របស់​គេ​ទេ។ ១៩ យើង​ខ្ញុំ​មាន​ចំបើង និង​ស្មៅ​សម្រាប់​សត្វ​លា ព្រម​ទាំង​នំបុ័ង និង​ស្រា​ទំពាំង‌បាយ‌ជូរ​សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ ប្រពន្ធ​ខ្ញុំ និង​អ្នក​បម្រើ​របស់​ខ្ញុំ​ទៀត​ផង គឺ​យើង​ខ្ញុំ​ពុំ​ត្រូវ​ការ​អ្វី​សោះ​ឡើយ»។ ២០ លោក​តា​ក៏​ពោល​ទៅ​គាត់​ថា៖ «ខ្ញុំ​សូម​ទទួល​ស្វា‌គមន៍​អ្នក នៅ​ផ្ទះ​របស់​ខ្ញុំ ហើយ​ខ្ញុំ​នឹង​ផ្តល់​ឲ្យ​អ្នក​នូវ​អ្វីៗ​ដែល​អ្នក​ត្រូវ​ការ ដូច្នេះ មិន​ត្រូវ​សម្រាក​នៅ​តាម​ផ្លូវ​បែប​នេះ​ទេ!»។ ២១ លោក​តា​នាំ​ពួក​គេ​ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​ដាក់​ស្មៅ​ឲ្យ​សត្វ​លា​ស៊ី​ទៀត​ផង។ អ្នក​ដំណើរ​នាំ​គ្នា​លាង​ជើង រួច​ក៏​បរិភោគ​អាហារ និង​ផឹក​ស្រា​ជា​មួយ​គ្នា។ ២២ ក្នុង​ពេល​ពួក​គេ​កំពុង​តែ​បរិភោគ​យ៉ាង​សប្បាយ មាន​មនុស្ស​ពាល​ក្នុង​ក្រុង​នោះ​មក​ឡោម‌ព័ទ្ធ​ផ្ទះ ហើយ​គោះ​ទ្វារ​ខ្លាំងៗ ទាំង​ពោល​ទៅ​កាន់​លោក​តា​ម្ចាស់​ផ្ទះ​ថា៖ «ចូរ​នាំ​អ្នក​ដែល​ស្នាក់​ក្នុង​ផ្ទះ​តា​ឯង​ចេញ​មក ដើម្បី​ឲ្យ​យើង​រួម​ដំណេក​ជា​មួយ​គេ​ផង!»។ ២៣ លោក​តា​ម្ចាស់​ផ្ទះ​ក៏​ចេញ​មក ហើយ​ពោល​ទៅ​កាន់​ជន‌ពាល​ថា៖ «ទេ! បង‌ប្អូន​អើយ ខ្ញុំ​សូម​អង្វរ​បង‌ប្អូន​មេត្តា​កុំ​ប្រព្រឹត្ត​អំពើ​អាក្រក់​បែប​នេះ​អី! សូម​កុំ​ប្រព្រឹត្ត​អំពើ​ថោក​ទាប​ឲ្យ​សោះ ព្រោះ​បុរស​នេះ​ជា​ភ្ញៀវ​របស់​ខ្ញុំ។ ២៤ មើល៍​ខ្ញុំ​មាន​កូន​ស្រី​នៅ​ក្រមុំ​ព្រហ្មចារី​នៅ​ឡើយ ហើយ​អ្នក​នោះ​ក៏​មាន​ប្រពន្ធ​ចុង​របស់​គាត់ មក​ជា​មួយ​ដែរ។ ខ្ញុំ​នឹង​នាំ​ពួក​នាង​ចេញ​មក ហើយ​បង‌ប្អូន​អាច​យក​ពួក​នាង​ទៅ​ប្រព្រឹត្ត​តាម​អំពើ​ចិត្ត​បង‌ប្អូន​ចុះ តែ​សូម​កុំ​ប្រព្រឹត្ត​អំពើ​ថោក​ទាប​ជា​មួយ​បុរស​នេះ​ឡើយ»។ ២៥ ប៉ុន្តែ ជន‌ពាល​ទាំង​នោះ​ពុំ​បាន​ស្ដាប់​ពាក្យ​អង្វរ​របស់​លោក​តា​ទេ។ ដូច្នេះ បុរស​លេវី​ក៏​នាំ​ប្រពន្ធ​ចុង​របស់​ខ្លួន​ចេញ​មក​ក្រៅ ប្រគល់​ទៅ​ឲ្យ​ពួក​វា។ ពួក​វា​នាំ​គ្នា​រំលោភ​លើ​នាង ហើយ​ធ្វើ​បាប​នាង​ពេញ​មួយ​យប់ រហូត​ទាល់​តែ​ជិត​ភ្លឺ ទើប​លែង​នាង​មក​វិញ។ ២៦ ពេល​ព្រលឹម​ស្រាងៗ ស្ត្រី​នោះ​ដើរ​មក​ដួល​នៅ​មាត់​ច្រក​ចូល​ផ្ទះ​លោក​តា ដែល​ប្ដី​នាង​ស្នាក់​នៅ។ នាង​នៅ​ទី​នោះ រហូត​ដល់​ថ្ងៃ​រះ។ ២៧ លុះ​ព្រឹក​ឡើង ប្ដី​របស់​នាង​បើក​ទ្វារ​ផ្ទះ ហើយ​ចេញ​ទៅ​ក្រៅ ដើម្បី​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។ គាត់​ក៏​ឃើញ​ប្រពន្ធ​ចុង​របស់​គាត់ ដួល​ដេក​នៅ​មាត់​ច្រក​ចូល​ផ្ទះ ដោយ​ដៃ​នាង​ទាំង​ពីរ​តោង​មាត់​របង​ផង។ ២៨ គាត់​ហៅ​នាង​ថា៖ «ក្រោក​ឡើង យើង​ទៅ​មុខ​ទៀត!» ប៉ុន្តែ គ្មាន​ចម្លើយ​តប​មក​វិញ​សោះ!។ បុរស​នោះ​ក៏​លើក​សាក‌សព​នាង​ដាក់​លើ​ខ្នង​លា ហើយ​វិល​ត្រឡប់​ទៅ​ផ្ទះ​គាត់​វិញ។ ២៩ លុះ​ទៅ​ដល់​ផ្ទះ​ហើយ គាត់​ក៏​យក​កាំបិត​មក​កាប់​សាក‌សព​ប្រពន្ធ​ចុង​គាត់​ជា​ដប់‌ពីរ​កំណាត់ រួច​ផ្ញើ​កំណាត់​នីមួយៗ​ទៅ​ឲ្យ​កុល‌សម្ព័ន្ធ​ទាំង​ដប់‌ពីរ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល។ ៣០ អស់​អ្នក​ដែល​បាន​ឃើញ​បញ្ញើ​នេះ ក៏​លាន់​មាត់​គ្រប់ៗ​គ្នា​ថា៖ «តាំង​ពី​ជន​ជាតិ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីប​មក គេ​មិន​ដែល​ជួប​ប្រទះ​ហេតុ‌ការណ៍​បែប​នេះ​ឡើយ។ ដូច្នេះ ត្រូវ​តែ​ពិនិត្យ​មើល​ការណ៍​នេះ​ឲ្យ​បាន​ល្អិត‌ល្អន់ ហើយ​ពិភាក្សា​គ្នា​ថា តើ​យើង​គួរ​សម្រេច​បែប​ណា?»។
២០
ជន​ជាតិ​អ៊ីស្រា‌អែល​ធ្វើ​ទោស​កុល‌សម្ព័ន្ធ​បេនយ៉ាមីន
 ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់​នាំ​គ្នា​លើក​ទ័ព​មក​ពី​គ្រប់​ទិស‌ទី ចាប់​តាំង​ពី​ក្រុង​ដាន់​ដែល​នៅ​ខាង​ជើង រហូត​ដល់​បៀរសេបា​ដែល​នៅ​ខាង​ត្បូង ព្រម​ទាំង​ស្រុក​កាឡាដដែល​នៅ​ខាង​កើត។ ពួក​គេ​ជួប‌ជុំ​គ្នា​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ នៅ​មីសប៉ា ដោយ​មាន​ចិត្ត​គំនិត​តែ​មួយ។  ពួក​មេ​ដឹក​នាំ​នៃ​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​របស់​ប្រជាជន​អ៊ីស្រា‌អែល សុទ្ធ​តែ​មាន​វត្ត‌មាន​ក្នុង​អង្គ​ប្រជុំ​នៃ​ប្រជាជន​របស់​ព្រះ‌ជាម្ចាស់ គឺ​មាន​កង‌ពល​ថ្មើរ​ជើង​ចំនួន​បួន​សែន​នាក់ ប្រដាប់​ដោយ​ដាវ។  កូន​ចៅ​បេនយ៉ាមីន​បាន​ទទួល​ដំណឹង​ថា​ប្រជាជន​អ៊ីស្រា‌អែល​លើក​ទ័ព​មក​ដល់​មីសប៉ា​ហើយ។
ពេល​នោះ ប្រជាជន​អ៊ីស្រា‌អែល​សួរ​ទៅ​បុរស​លេវី​ថា៖ «ចូរ​និយាយ​ប្រាប់​យើង​មើល តើ​ឧក្រិដ្ឋ‌កម្ម​នេះ​កើត​ឡើង​យ៉ាង​ដូច​ម្ដេច»?។  បុរស​លេវី​ជា​ប្ដី​របស់​ស្ត្រី​ដែល​ត្រូវ​គេ​សម្លាប់ ក៏​ឆ្លើយ​ថា៖ «ខ្ញុំ និង​ប្រពន្ធ​ចុង​ខ្ញុំ​បាន​ចូល​ទៅ​ក្រុង​គីបា ជា​ទឹក​ដី​របស់​ពួក​បេនយ៉ាមីន ដើម្បី​សម្រាក​នៅ​ពេល​យប់។  យប់​នោះ ស្រាប់​តែ​ពួក​អ្នក​ក្រុង​គីបា​លើក​គ្នា​មក​ធ្វើ​បាប​ខ្ញុំ ដោយ​ឡោម‌ព័ទ្ធ​ផ្ទះ​ដែល​ខ្ញុំ​ស្នាក់​នៅ។ ពួក​គេ​មាន​បំណង​សម្លាប់​ខ្ញុំ ប៉ុន្តែ នៅ​ទី​បំផុត ពួក​គេ​បាន​នាំ​គ្នា​រំលោភ​ប្រពន្ធ​ចុង​ខ្ញុំ រហូត​ដល់​នាង​បាត់​បង់​ជីវិត។  ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​យក​សាក‌សព​របស់​នាង​កាប់​ជា​កំណាត់ៗ រួច​ផ្ញើ​ទៅ​គ្រប់​តំបន់​ក្នុង​ទឹក​ដី​អ៊ីស្រា‌អែល ដ្បិត​ពួក​បេនយ៉ាមីន​បាន​ប្រព្រឹត្ត​អំពើ​យង់‌ឃ្នង​មួយ​ដ៏​ថោក​ទាប​បំផុត​នៅ​ស្រុក​អ៊ីស្រា‌អែល។  ឥឡូវ​នេះ បង‌ប្អូន​ទាំង​អស់​គ្នា​ដែល​ជា​ជន​ជាតិ​អ៊ីស្រា‌អែល​អើយ សូម​បង‌ប្អូន​ពិភាក្សា​គ្នា​នៅ​ទី​នេះ ហើយ​ធ្វើ​ការ​សម្រេច​ចិត្ត​ចុះ!»។
 ប្រជាជន​ទាំង​មូល​ក៏​ក្រោក​ឈរ​ឡើង ស្រុះ​គ្នា​ដូច​មនុស្ស​តែ​ម្នាក់ ដោយ​ពោល​ថា៖ «ក្នុង​ចំណោម​ពួក​យើង គ្មាន​នរណា​ម្នាក់​វិល​ត្រឡប់​ទៅ​កាន់​ទី​លំ‌នៅ​របស់​ខ្លួន​វិញ​ឡើយ ទោះ​បី​អ្នក​នោះ​រស់​នៅ​ក្នុង​ជំរំ​ក្តី ឬ​ក្នុង​ផ្ទះ​ក្តី។  យើង​ត្រូវ​ប្រព្រឹត្ត​ចំពោះ​អ្នក​ក្រុង​គីបា​ដូច​ត​ទៅ​នេះ គឺ​យើង​នឹង​ទៅ​វាយ​ពួក​គេ ដោយ​ចាប់​ឆ្នោត។ ១០ យើង​ត្រូវ​ជ្រើស‌រើស​មនុស្ស​មួយ​ភាគ​ដប់​ពី​ក្នុង​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល ដើម្បី​ឲ្យ​គេ​ទទួល​ខុស​ត្រូវ​ផ្នែក​ខាង​រក​ស្បៀង​អាហារ​សម្រាប់​ពល‌ទ័ព ដែល​នឹង​ចេញ​ទៅ​វាយ​ពួក​បេនយ៉ាមីន​នៅ​ក្រុង​គីបា ដើម្បី​ដាក់​ទណ្ឌ‌កម្ម​ដល់​ពួក​គេ ចំពោះ​អំពើ​ដ៏​ថោក​ទាប ដែល​គេ​បាន​ប្រព្រឹត្ត​នៅ​ស្រុក​អ៊ីស្រា‌អែល»។ ១១ ដូច្នេះ ប្រជាជន​អ៊ីស្រា‌អែល​ទាំង​មូល​មាន​ចិត្ត​គំនិត​តែ​មួយ លើក​គ្នា​ប្រឆាំង​នឹង​អ្នក​ក្រុង​គីបា។
១២ កុល‌សម្ព័ន្ធ​ទាំង‌ឡាយ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល​បាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​គ្រប់​អំបូរ ក្នុង​កុល‌សម្ព័ន្ធ​បេនយ៉ាមីន សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​មាន​អំពើ​ឧក្រិដ្ឋ​បែប​នេះ​កើត​ឡើង ក្នុង​ចំណោម​អ្នក​រាល់​គ្នា? ១៣ ឥឡូវ​នេះ ចូរ​ប្រគល់​ជន‌ពាល​ទាំង​នោះ​នៅ​គីបា​មក យើង​នឹង​សម្លាប់​ពួក​គេ ដើម្បី​បោស​សំអាត​អំពើ​អាក្រក់ ចេញ​ពី​ក្នុង​ចំណោម​ប្រជាជន​អ៊ីស្រា‌អែល»។ ប៉ុន្តែ កូន​ចៅ​បេនយ៉ាមីន​មិន​ព្រម​ស្ដាប់​ជន​ជាតិ​អ៊ីស្រា‌អែល ជា​បង‌ប្អូន​របស់​ខ្លួន​ឡើយ។ ១៤ កូន​ចៅ​បេនយ៉ាមីន​ក៏​ចេញ​ពី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ពួក​គេ ហើយ​មក​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្រុង​គីបា ដើម្បី​ប្រយុទ្ធ​ត‌ទល់​នឹង​ជន​ជាតិ​អ៊ីស្រា‌អែល។ ១៥ នៅ​ថ្ងៃ​នោះ ទាហាន​បេនយ៉ាមីន​ដែល​គេ​បាន​កេណ្ឌ​មក​ពី​ក្រុង​នានា ប្រដាប់​ដោយ​ដាវ មាន​ចំនួន​ពីរ‌ម៉ឺន​ប្រាំ‌មួយ​ពាន់​នាក់ ឥត​រាប់​ទាហាន​ដ៏​ជំនាញៗ​ចំនួន​ប្រាំ​ពីរ‌រយ​នាក់​ពី​ក្រុង​គីបា​ទេ។ ១៦ ក្នុង​ចំណោម​ពួក​គេ មាន​ទាហាន​ដ៏​ជំនាញៗ​ចំនួន​ប្រាំ​ពីរ‌រយ​នាក់ ដែល​ប្រើ​តែ​ដៃ​ឆ្វេង។ អ្នក​ទាំង​នោះ​អាច​ប្រើ​ដង្ហក់​ចោល​ដុំ​គ្រួស សូម្បី​តែ​សក់​មួយ​សរសៃ​ក៏​ចោល​ឥត​ខុស​ឡើយ។ ១៧ រីឯ​ទាហាន​របស់​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ឯ​ទៀតៗ ក្រៅ​ពី​កុល‌សម្ព័ន្ធ​បេនយ៉ាមីន មាន​បួន​សែន​នាក់​ដែល​ប្រដាប់​ដោយ​ដាវ ហើយ​សុទ្ធ​តែ​ជា​អ្នក​ចម្បាំង​ដ៏​ស្ទាត់​ជំនាញ។
១៨ ពេល​នោះ ជន​ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ឡើង​ទៅ​បេតអែល ទូល​សួរ​ព្រះ‌ជាម្ចាស់​ថា៖ «ក្នុង​ចំណោម​ពួក​យើង តើ​កុល‌សម្ព័ន្ធ​ណា​ត្រូវ​ចេញ​ទៅ​វាយ​ពួក​បេនយ៉ាមីន​មុន​គេ?»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «កុល‌សម្ព័ន្ធ​យូដា​ត្រូវ​ចេញ​ទៅ​មុន​គេ»។ ១៩ ជន​ជាតិ​អ៊ីស្រា‌អែល​ក្រោក​ឡើង​ពី​ព្រលឹម នាំ​គ្នា​ទៅ​បោះ​ទ័ព​នៅ​ទល់​មុខ​នឹង​គីបា។ ២០ បន្ទាប់​មក កង‌ទ័ព​អ៊ីស្រា‌អែល​ចូល​ទៅ​ប្រយុទ្ធ​នឹង​បេនយ៉ាមីន ដោយ​តំរៀប​ទ័ព​នៅ​មុខ​ក្រុង​គីបា។ ២១ កូន​ចៅ​បេនយ៉ាមីន​ក៏​ចេញ​ពី​ក្រុង​គីបា ហើយ​ក្នុង​ថ្ងៃ​នោះ ពួក​គេ​បាន​សម្លាប់​ទាហាន​អ៊ីស្រា‌អែល​នៅ​លើ​សមរ‌ភូមិ​អស់​ចំនួន​ពីរ‌ម៉ឺន​ពីរ‌ពាន់​នាក់។ ២២ ទាហាន​អ៊ីស្រា‌អែល​ក៏​បាន​ពង្រឹង​ទឹក​ចិត្ត​ឡើង​វិញ ហើយ​តំរៀប​ទ័ព​នៅ​លើ​សមរ‌ភូមិ​ដដែល។ ២៣ បន្ទាប់​មក ប្រជាជន​អ៊ីស្រា‌អែល​ក៏​ចេញ​ទៅ​យំ​សោក​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់​រហូត​ដល់​ល្ងាច ដោយ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «តើ​យើង​ខ្ញុំ​ត្រូវ​ប្រយុទ្ធ​នឹង​ពួក​បេនយ៉ាមីន ជា​បង‌ប្អូន​របស់​យើង​ខ្ញុំ​ទៀត​ឬ​ទេ?»។ ព្រះ‌អម្ចាស់​ឆ្លើយ​ថា៖ «ចូរ​ឡើង​ទៅ​វាយ​ពួក​គេ​ចុះ!»។ ២៤ ជន​ជាតិ​អ៊ីស្រា‌អែល​ក៏​វាយ​លុក​កូន​ចៅ​បេនយ៉ាមីន​សា​ជា​ថ្មី។ ២៥ នៅ​ថ្ងៃ​ទី​ពីរ​នេះ កូន​ចៅ​បេនយ៉ាមីន​ចេញ​ពី​ក្រុង​គីបា មក​វាយ​ពល‌ទាហាន​អ៊ីស្រា‌អែល ហើយ​ប្រហារ​ជីវិត​ពួក​គេ​នៅ​លើ​សមរ‌ភូមិ​នោះ អស់​ចំនួន​មួយ‌ម៉ឺន​ប្រាំ‌បី​ពាន់​នាក់ ដែល​សុទ្ធ​តែ​ជា​ទាហាន​ប្រដាប់​ដោយ​ដាវ។ ២៦ ដូច្នេះ ប្រជាជន​អ៊ីស្រា‌អែល​ទាំង​មូល​នាំ​គ្នា​ឡើង​ទៅ​ឯ​បេតអែល អង្គុយ​យំ​សោក​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។ ថ្ងៃ​នោះ ពួក​គេ​បាន​តម​អាហារ​រហូត​ដល់​ល្ងាច។ ពួក​គេ​បាន​យក​សត្វ​មក​ថ្វាយ​ជា​តង្វាយ​ដុត*​ទាំង​មូល និង​យញ្ញ‌បូជា​មេត្រី‌ភាព*​ចំពោះ​ព្រះ‌អម្ចាស់២៧ ជន​ជាតិ​អ៊ីស្រា‌អែល​ទូល​សួរ​ព្រះ‌អម្ចាស់ ដ្បិត​គ្រា​នោះ ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌ជាម្ចាស់​ស្ថិត​នៅ​បេតអែល ២៨ ហើយ​មាន​លោក​ភីនេ‌ហាស ជា​កូន​របស់​លោក​អេឡា‌សារ និង​ជា​ចៅ​របស់​លោក​អរ៉ុន ជា​អ្នក​បម្រើ​ព្រះ‌អង្គ​នៅ​ទី​នោះ។ ជន​ជាតិ​អ៊ីស្រា‌អែល​ទូល​សួរ​ព្រះ‌អម្ចាស់​ថា៖ «តើ​យើង​ខ្ញុំ​ត្រូវ​ទៅ​ប្រយុទ្ធ​ទល់​នឹង​ពួក​បេនយ៉ាមីន ជា​បង‌ប្អូន​របស់​យើង​ខ្ញុំ​ទៀត ឬ​យើង​ខ្ញុំ​ត្រូវ​នៅ​ស្ងៀម?»។ ព្រះ‌អម្ចាស់​ឆ្លើយ​តប​មក​វិញ​ថា៖ «ចូរ​ចេញ​ទៅ​ចុះ ស្អែក​យើង​នឹង​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​រាល់​គ្នា​ហើយ»។
២៩ ជន​ជាតិ​អ៊ីស្រា‌អែល​បាន​បង្កប់​ទ័ព​ឆ្មក់​នៅ​ជុំ‌វិញ​ក្រុង​គីបា។ ៣០ នៅ​ថ្ងៃ​ទី​បី ពួក​គេ​ចេញ​ទៅ​ប្រយុទ្ធ​នឹង​កូន​ចៅ​បេនយ៉ាមីន​ដោយ​តំរៀប​ទ័ព​នៅ​មុខ​ក្រុង​គីបា ដូច​លើក​មុន​ដែរ។ ៣១ ពេល​នោះ កូន​ចៅ​បេនយ៉ាមីន​ក៏​ចេញ​មក​ប្រយុទ្ធ​នឹង​ប្រជាជន​អ៊ីស្រា‌អែល ហើយ​ទ័ព​អ៊ីស្រា‌អែល​បាន​នាំ​ពួក​គេ​ចេញ​ឆ្ងាយ​ពី​ក្រុង។ កង‌ទ័ព​បេនយ៉ាមីន​ប្រហារ​ជីវិត​ទាហាន​អ៊ីស្រា‌អែល ដូច​លើក​មុន​ដែរ គឺ​ពួក​គេ​សម្លាប់​ទាហាន​អ៊ីស្រា‌អែល​អស់​ចំនួន​សាម‌សិប​នាក់ ក្នុង​វាល​ស្រែ​ដែល​ស្ថិត​នៅ​តាម​ផ្លូវ​ទៅ​បេតអែល និង​តាម​ផ្លូវ​ទៅ​ក្រុង​គីបា។ ៣២ កូន​ចៅ​បេនយ៉ាមីន​ពោល​ថា៖ «មើល​ហ្ន៎! ពួក​វា​បាក់​ទ័ព​ដូច​គ្រា​មុន​ទៀត​ហើយ!»។ រីឯ​ជន​ជាតិ​អ៊ីស្រា‌អែល​វិញ គេ​ពោល​ថា៖ «យើង​នាំ​គ្នា​រត់​ទៅ ដើម្បី​ទាក់‌ទាញ​ពួក​វា​ចេញ​ឲ្យ​ឆ្ងាយ​ពី​ក្រុង»។ ៣៣ បន្ទាប់​មក កង‌ទ័ព​អ៊ីស្រា‌អែល​បាន​ចេញ​ពី​កន្លែង​រៀងៗ​ខ្លួន មក​ប្រមូល​ផ្តុំ​គ្នា​នៅ​បាល-‌តាម៉ារ រីឯ​ទ័ព​ឆ្មក់​ដែល​បង្កប់​ខ្លួន ក៏​ស្ទុះ​ចេញ​ពី​កន្លែង​លាក់​ខ្លួន​នៅ​ត្រង់​វាល​ទំនាប​គីបា​មក​ដែរ។ ៣៤ ទាហាន​ដ៏​ចំណានៗ​ចំនួន​មួយ‌ម៉ឺន​នាក់ ដែល​គេ​បាន​ជ្រើស‌រើស​ពី​ក្នុង​ចំណោម​កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល ក៏​លើក​គ្នា​មក​ដល់​មុខ​ក្រុង​គីបា។ ពេល​នោះ ការ​ប្រយុទ្ធ​មួយ​ដ៏​សាហាវ​បាន​ចាប់​ផ្តើម​ឡើង ប៉ុន្តែ ពួក​បេនយ៉ាមីន​ពុំ​ដឹង​ខ្លួន​ថា នឹង​មាន​មហន្ត‌រាយ​មួយ​កើត​ឡើង​ចំពោះ​ពួក​គេ​ទេ។ ៣៥ ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​បេនយ៉ាមីន​បាក់​ទ័ព ហើយ​នៅ​ថ្ងៃ​នោះ ជន​ជាតិ​អ៊ីស្រា‌អែល​បាន​សម្លាប់​ទាហាន​បេនយ៉ាមីន ដែល​ប្រដាប់​ដោយ​ដាវ អស់​ចំនួន​ពីរ‌ម៉ឺន​ប្រាំ‌ពាន់​មួយ‌រយ​នាក់។ ៣៦ ពេល​នោះ កូន​ចៅ​បេនយ៉ាមីន​ដឹង​ខ្លួន​ថា ពួក​គេ​ចាញ់​ហើយ ដ្បិត​នៅ​ពេល​ជន​ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​រត់​នោះ គឺ​មក​ពី​គេ​ទុក​ចិត្ត​លើ​អន្តរា‌គមន៍​របស់​ទ័ព​ឆ្មក់​ដែល​បង្កប់​ខ្លួន នៅ​ជុំ‌វិញ​ក្រុង​គីបា។ ៣៧ ទ័ព​ឆ្មក់​វាយ​សម្រុក​យ៉ាង​លឿន​ចូល​ក្នុង​ក្រុង​គីបា ហើយ​ចាប់​យក​ទី‌ក្រុង ព្រម​ទាំង​សម្លាប់​រង្គាល​អ្នក​ក្រុង​នោះ​ទៀត​ផង។ ៣៨ កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល​បាន​សន្មត​គ្នា​ជា​មួយ​ទ័ព​ឆ្មក់​ថា នៅ​ពេល​មាន​ផ្សែង​ហុយ​ឡើង​ពី​ទី‌ក្រុង ៣៩ កង‌ទ័ព​ដែល​រត់​នៅ​មុខ​កង‌ទ័ព​បេនយ៉ាមីន ត្រូវ​បក​ក្រោយ​វិញ។ កង‌ទ័ព​បេនយ៉ាមីន​សម្លាប់​ទាហាន​អ៊ីស្រា‌អែល​អស់​ប្រមាណ​ជា​សាម‌សិប​នាក់ ហើយ​ពួក​គេ​នឹក​គិត​ថា៖ «ពួក​វា​ប្រាកដ​ជា​បាក់​ទ័ព​រត់​នៅ​មុខ​យើង ដូច​លើក​មុន​ដែរ!»។ ៤០ ពេល​នោះ ស្រាប់​តែ​មាន​ផ្សែង​ហុយ​ឡើង​យ៉ាង​ខ្មួល‌ខ្មាញ់​ពី​ទី‌ក្រុង។ កង‌ទ័ព​បេនយ៉ាមីន​ក្រឡេក​មើល​ក្រោយ​ឃើញ​ភ្លើង​ឆេះ​យ៉ាង​សន្ធោ‌សន្ធៅ​ចេញ​ពី​ទី‌ក្រុង​ទាំង​មូល។ ៤១ កង‌ទ័ព​អ៊ីស្រា‌អែល​ក៏​បក​ក្រោយ ធ្វើ​ឲ្យ​កង‌ទ័ព​បេនយ៉ាមីន​ភ័យ​តក់‌ស្លុត​យ៉ាង​ខ្លាំង ដោយ​ឃើញ​មហន្ត‌រាយ​កើត​ឡើង​ចំពោះ​ពួក​គេ​ដូច្នេះ។ ៤២ ពួក​គេ​បែរ​ក្រោយ​រត់​គេច​ពី​កង‌ទ័ព​អ៊ីស្រា‌អែល សំដៅ​ទៅ​វាល​រហោ‌ស្ថាន ប៉ុន្តែ កង‌ទ័ព​អ៊ីស្រា‌អែល​បាន​ដេញ​តាម​ពួក​គេ ហើយ​ទ័ព​ឆ្មក់​ក៏​ចេញ​ពី​ក្រុង​មក​ដែរ រួច​វាយ​ផ្ទប់​សម្លាប់​រង្គាល​ពួក​គេ​ដែល​ស្ថិត​នៅ​ចំ​កណ្ដាល។ ៤៣ កង‌ទ័ព​អ៊ីស្រា‌អែល​ឡោម‌ព័ទ្ធ​ទ័ព​បេនយ៉ាមីន និង​ដេញ​សម្លាប់​ពួក​គេ រហូត​ដល់​ខាង​កើត​ក្រុង​គីបា មិន​ទុក​ឱកាស​ឲ្យ​ពួក​គេ​រត់​រួច​ឡើយ។ ៤៤ ទាហាន​បេនយ៉ាមីន​ដែល​សុទ្ធ​តែ​ខ្លាំង​ពូកែ បាន​បាត់​បង់​ជីវិត​អស់​ចំនួន​មួយ‌ម៉ឺន​ប្រាំ‌បី​ពាន់​នាក់។ ៤៥ ក្នុង​ចំណោម​ទាហាន​បេនយ៉ាមីន ដែល​រត់​គេច​ខ្លួន​ឆ្ពោះ​ទៅ​វាល​រហោ‌ស្ថាន មាន​ប្រាំ‌ពាន់​នាក់​ត្រូវ​គេ​សម្លាប់ នៅ​តាម​ផ្លូវ​ទៅ​ផ្ទាំង​ថ្ម​រីម៉ូន។ កង‌ទ័ព​អ៊ីស្រា‌អែល​ដេញ​តាម​ពួក​គ រហូត​ដល់​គី‌ដូម ហើយ​សម្លាប់​បាន​ពីរ‌ពាន់​នាក់​ថែម​ទៀត។ ៤៦ នៅ​ថ្ងៃ​នោះ ទាហាន​បេនយ៉ាមីន​ដែល​សុទ្ធ​តែ​ខ្លាំង​ពូកែ បាន​បាត់​បង់​ជីវិត​ទាំង​អស់​ពីរ‌ម៉ឺន​ប្រាំ‌ពាន់​នាក់។ ៤៧ រីឯ​ពួក​ដែល​រត់​ទៅ​វាល​រហោ‌ស្ថាន មាន​ចំនួន​ប្រាំ‌មួយ‌រយ​នាក់​បាន​រួច​ខ្លួន ពួក​គេ​ទៅ​ដល់​ផ្ទាំង​ថ្ម​រីម៉ូន ហើយ​ស្នាក់​នៅ​ទី​នោះ​អស់‌រយៈ​ពេល​បួន​ខែ។ ៤៨ កង‌ទ័ព​អ៊ីស្រា‌អែល​វិល​ត្រឡប់​មក​វិញ ប្រយុទ្ធ​នឹង​ពួក​បេនយ៉ាមីន​ដែល​នៅ​សល់ ហើយ​សម្លាប់​ពួក​គេ​ដោយ​មុខ​ដាវ ទាំង​មនុស្ស ទាំង​ហ្វូង​សត្វ ព្រម​ទាំង​បំផ្លាញ​ទ្រព្យ‌សម្បត្តិ​របស់​គេ​ទៀត​ផង។ កង‌ទ័ព​អ៊ីស្រា‌អែល​ទៅ​ដល់​កន្លែង​ណា គេ​ដុត​កម្ទេច​ទី‌ក្រុង​ទាំង​ប៉ុន្មាន​នៅ​កន្លែង​នោះ។
២១
ការ​កកើត​ឡើង​វិញ​នៃ​កុល‌សម្ព័ន្ធ​បេនយ៉ាមីន
 ជន​ជាតិ​អ៊ីស្រា‌អែល​បាន​ជួប‌ជុំ​គ្នា​នៅ​មីសប៉ា ហើយ​ស្បថ​ថា៖ «ក្នុង​ចំណោម​ពួក​យើង មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​លើក​កូន​ស្រី​ខ្លួន​ទៅ​ឲ្យ​ពួក​បេនយ៉ាមីន ធ្វើ​ជា​ប្រពន្ធ​ឡើយ»។  ប្រជាជន​អ៊ីស្រា‌អែល​ចេញ​ទៅ​បេតអែល ហើយ​អង្គុយ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ រហូត​ដល់​ល្ងាច ពួក​គេ​យំ​សោក​សង្រេង​យ៉ាង​ខ្លាំង។  គេ​ទូល​ព្រះ‌អង្គ​ថា៖ «ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល​អើយ! ហេតុ​អ្វី​បាន​ជា​មាន​រឿង​បែប​នេះ​កើត​ឡើង​ចំពោះ​ជន​ជាតិ​អ៊ីស្រា‌អែល? ហេតុ​អ្វី​បាន​ជា​ថ្ងៃ​នេះ​ជន​ជាតិ​អ៊ីស្រា‌អែល​ត្រូវ​បាត់​បង់​កុល‌សម្ព័ន្ធ​មួយ?»។  ស្អែក​ឡើង ប្រជាជន​នាំ​គ្នា​ក្រោក​ឡើង​ពី​ព្រលឹម ពួក​គេ​សង់​អាសនៈ​មួយ​នៅ​ទី​នោះ ហើយ​យក​សត្វ​មក​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញ‌បូជា​មេត្រី‌ភាព។  បន្ទាប់​មក ជន​ជាតិ​អ៊ីស្រា‌អែល​ក៏​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​អស់ តើ​មាន​ក្រុម​ណា​មួយ​មិន​បាន​មក​រួម​ប្រជុំ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់​នៅ​មីសប៉ា​ឬ​ទេ?»។ គេ​សួរ​ដូច្នេះ ព្រោះ​គេ​បាន​ស្បថ​យ៉ាង​ឱឡា‌រិក​ថា អ្នក​ដែល​មិន​បាន​មក​រួម​ប្រជុំ​នៅ​មីសប៉ា​នឹង​ត្រូវ​ស្លាប់។  ម្យ៉ាង​ទៀត ជន​ជាតិ​អ៊ីស្រា‌អែល​ស្តាយ​កុល‌សម្ព័ន្ធ​បេនយ៉ាមីន ដែល​ជា​បង‌ប្អូន​របស់​ពួក​គេ ហើយ​និយាយ​ថា៖ «ថ្ងៃ​នេះ ជន​ជាតិ​អ៊ីស្រា‌អែល​កំពុង​តែ​បាត់​កុល‌សម្ព័ន្ធ​មួយ។  តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច ដើម្បី​រក​ប្រពន្ធ​ឲ្យ​ពួក​បេនយ៉ាមីន​ដែល​នៅ​រស់ ដ្បិត​យើង​បាន​ស្បថ​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់ ថា​មិន​លើក​កូន​ស្រី​របស់​យើង​ទៅ​ឲ្យ​ពួក​គេ​ធ្វើ​ជា​ប្រពន្ធ​ឡើយ»។  គេ​សួរ​គ្នា​ទៀត​ថា៖ «តើ​មាន​ក្រុម​ណា​មួយ ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​មិន​បាន​មក​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់​នៅ​មីសប៉ា​ឬ​ទេ?»។ គេ​រក​ឃើញ​ថា គ្មាន​នរណា​ម្នាក់​នៅ​ភូមិ​យ៉ាបេស ក្នុង​ស្រុក​កាឡាដ មក​បោះ​ជំរំ​រួម​ជា​មួយ​អង្គ​ប្រជុំ​ឡើយ  ដ្បិត​នៅ​ពេល​រាប់​ចំនួន​ប្រជាជន​ដែល​ចូល​រួម​នោះ គេ​ពុំ​ឃើញ​មាន​នរណា​ម្នាក់​មក​ពី​ភូមិ​យ៉ាបេស​ទាល់​តែ​សោះ។ ១០ ដូច្នេះ អង្គ​ប្រជុំ​ក៏​ចាត់​ទាហាន​ដ៏​ខ្លាំង​ពូកែ​ចំនួន​មួយ‌ម៉ឺន​ពីរ‌ពាន់​នាក់ ឲ្យ​ទៅ​ភូមិ​យ៉ាបេស ដោយ​បញ្ជា​ថា៖ «ចូរ​ទៅ​ប្រហារ​អ្នក​ភូមិ​យ៉ាបេស ក្នុង​ស្រុក​កាឡាដ ដោយ​មុខ​ដាវ រួម​ទាំង​ស្ត្រី និង​ក្មេងៗ​ផង។ ១១ ត្រូវ​ធ្វើ​ដូច​ត​ទៅ គឺ​សម្លាប់​ប្រុសៗ​ទាំង​អស់ និង​ស្ត្រី​ដែល​មាន​ប្ដី​រួច​ហើយ​ទាំង​អស់​ដែរ»។ ១២ ក្នុង​ចំណោម​ប្រជាជន​ភូមិ​យ៉ាបេស គេ​ឃើញ​មាន​ស្ត្រី​ក្រមុំ​ព្រហ្មចារី​ចំនួន​បួន‌រយ​នាក់។ ពួក​គេ​ក៏​នាំ​ស្ត្រី​ក្រមុំ​ទាំង​នោះ​ទៅ​ជំរំ​ស៊ីឡូ ក្នុង​ស្រុក​កាណាន។
១៣ បន្ទាប់​មក សហគមន៍​ទាំង​មូល​បាន​ចាត់​អ្នក​នាំ​ពាក្យ ឲ្យ​ទៅ​និយាយ​ជា​មួយ​កូន​ចៅ​បេនយ៉ាមីន ដែល​ភៀស​ខ្លួន​ទៅ​នៅ​ត្រង់​ផ្ទាំង​ថ្ម​រីម៉ូន នោះ​ថា អ៊ីស្រា‌អែល​លើក‌លែង​ទោស​ឲ្យ​ពួក​គេ​ហើយ។ ១៤ នៅ​គ្រា​នោះ ពួក​បេនយ៉ាមីន​ក៏​នាំ​គ្នា​វិល​ត្រឡប់​មក​ទី​លំ‌នៅ​របស់​គេ​វិញ ហើយ​ជន​ជាតិ​អ៊ីស្រា‌អែល​បាន​ប្រគល់​ស្ត្រី​នៅ​ភូមិ​យ៉ាបេស ដែល​គេ​មិន​បាន​សម្លាប់ ឲ្យ​ពួក​បេនយ៉ាមីន​ធ្វើ​ជា​ប្រពន្ធ។ ប៉ុន្តែ ស្ត្រី​ទាំង​នោះ​មាន​ចំនួន​មិន​គ្រប់​គ្រាន់​សម្រាប់​ពួក​គេ​ទាំង​អស់​គ្នា​ទេ។ ១៥ ជន​ជាតិ​អ៊ីស្រា‌អែល​ស្តាយ​កុល‌សម្ព័ន្ធ​បេនយ៉ាមីន​ណាស់ ព្រោះ​ព្រះ‌អម្ចាស់​បាន​បំបាត់​ពួក​គេ​ពី​ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល។ ១៦ ពេល​នោះ អស់​លោក​ព្រឹទ្ធាចារ្យ​នៃ​សហគមន៍​មាន​ប្រសាសន៍​ថា៖ «តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច ដើម្បី​ឲ្យ​ពួក​បេនយ៉ាមីន​ដែល​នៅ​រស់​អាច​មាន​ប្រពន្ធ បើ​ស្ត្រីៗ​ក្នុង​កុល‌សម្ព័ន្ធ​បេនយ៉ាមីន​ស្លាប់​អស់​ទៅ​ហើយ? ១៧ ពួក​បេនយ៉ាមីន​ត្រូវ​តែ​បន្ត​ពូជ‌ពង្ស​របស់​ខ្លួន ដើម្បី​កុំ​ឲ្យ​កុល‌សម្ព័ន្ធ​មួយ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល​រលាយ​សូន្យ​ឡើយ។ ១៨ ប៉ុន្តែ យើង​មិន​អាច​លើក​កូន​ស្រី​របស់​យើង​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​របស់​ពួក​គេ​ទេ ពី​ព្រោះ​យើង​បាន​ស្បថ​ថា “អ្នក​ណា​លើក​កូន​ស្រី​ឲ្យ​ពួក​បេនយ៉ាមីន អ្នក​នោះ​នឹង​ត្រូវ​បណ្ដាសា”»។ ១៩ អស់​លោក​ទាំង​នោះ​ពោល​ទៀត​ថា៖ «រៀង​រាល់​ឆ្នាំ យើង​តែង​ប្រារព្ធ​ពិធី​បុណ្យ​មួយ​ថ្វាយ​ព្រះ‌អម្ចាស់ នៅ​ស៊ីឡូ» (ស៊ីឡូ​ស្ថិត​នៅ​ខាង​ជើង​បេតអែល នៅ​ខាង​ត្បូង​លេបូ‌ណា និង​នៅ​ខាង​កើត​ផ្លូវ​ដែល​ភ្ជាប់​បេតអែល​ទៅ​ស៊ីគែម)។
២០ ពួក​គេ​បញ្ជា​កូន​ចៅ​បេនយ៉ាមីន​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ទៅ​លាក់​ខ្លួន​នៅ​ក្នុង​ចម្ការ​ទំពាំង‌បាយ‌ជូរ ២១ ហើយ​ចាំ​ឃ្លាំ​មើល។ កាល​ណា​មាន​ស្ត្រី​ក្រមុំ​ចេញ​ពី​ស៊ីឡូ​មក​រាំ​លេង អ្នក​រាល់​គ្នា​ត្រូវ​ស្ទុះ​ចេញ​ពី​ក្នុង​ចម្ការ​ទំពាំង‌បាយ‌ជូរ​មក ហើយ​ចាប់​នាង​ទាំង​នោះ​ម្នាក់​មួយៗ នាំ​យក​ទៅ​ក្នុង​ទឹក​ដី​បេនយ៉ាមីន ដើម្បី​ធ្វើ​ជា​ប្រពន្ធ​របស់​អ្នក​រាល់​គ្នា​ទៅ។ ២២ ប្រសិន​បើ​ឪពុក ឬ​បង​ប្រុស​របស់​ពួក​នាង​មក​ប្ដឹង​យើង យើង​នឹង​អង្វរ​ពួក​គេ​ថា “សូម​មេត្តា​អនុ‌គ្រោះ​ពួក​បេនយ៉ាមីន​ផង ពី​ព្រោះ​នៅ​ពេល​យើង​ទៅ​វាយ​ប្រហារ​ភូមិ​យ៉ាបេស នោះ​យើង​រក​ស្ត្រី​មក​ឲ្យ​ពួក​គេ​ធ្វើ​ជា​ប្រពន្ធ មិន​បាន​គ្រប់ៗ​គ្នា​ទេ។ ម្យ៉ាង​ទៀត បង‌ប្អូន​ក៏​មិន​បាន​លើក​កូន​ស្រី​ឲ្យ​ពួក​គេ​ដែរ ដូច្នេះ បង‌ប្អូន​គ្មាន​ធ្វើ​អ្វី​ខុស​នឹង​ពាក្យ​សម្បថ​នោះ​ឡើយ”»។
២៣ ពួក​បេនយ៉ាមីន​ក៏​ធ្វើ​តាម គឺ​ពួក​គេ​ចាប់​ស្ត្រី​ក្នុង​ចំណោម​ស្ត្រី​ក្រមុំ ដែល​ចេញ​មក​រាំ​នៅ​ស៊ីឡូ គ្រប់​ចំនួន ហើយ​នាំ​យក​ទៅ​ជា​មួយ​ខ្លួន។ ពួក​គេ​វិល​ត្រឡប់​ទៅ​ទឹក​ដី​ដែល​ជា​មត៌ក​របស់​ខ្លួន ហើយ​កសាង​ក្រុង​ឡើង​វិញ ព្រម​ទាំង​រស់​នៅ​ទី​នោះ​ទៅ។ ២៤ ក្នុង​ពេល​ជា​មួយ​គ្នា​នោះ ជន​ជាតិ​អ៊ីស្រា‌អែល​ឯ​ទៀតៗ​ក៏​ចាក​ចេញ​ពី​ជំរំ វិល​ត្រឡប់​ទៅ​រក​កុល‌សម្ព័ន្ធ ក្រុម​គ្រួសារ និង​ទឹក​ដី​ដែល​ជា​មត៌ក​របស់​គេ​រៀងៗ​ខ្លួន​វិញ។
២៥ នៅ​គ្រា​នោះ ស្រុក​អ៊ីស្រា‌អែល​គ្មាន​ស្តេច​សោយ​រាជ្យ​ទេ ម្នាក់ៗ​ធ្វើ​អ្វីៗ​តាម​តែ​ខ្លួន​យល់​ឃើញ។
534 Views

Theme: Overlay by Kaira