ថ្ងៃអាទិត្យ អាទិត្យទី១៨
រដូវធម្មតា ឆ្នាំ«ក»
ពណ៌បៃតង
ថ្ងៃអាទិត្យ ទី០២ ខែសីហា ឆ្នាំ២០២៦
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គតែងតែបង្ហាញធម៌មេត្តាករុណាដ៏លើសលប់របស់ព្រះអង្គ ដល់អស់អ្នកដែលអង្វរព្រះអង្គដោយចិត្តស្មោះ។ ព្រះអង្គក៏បានបង្កើតអ្វីៗសព្វសារពើ ហើយណែនាំមនុស្សលោកស្របតាមព្រះហប្ញទ័យប្រោសប្រណីរបស់ព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រទានជីវិតឱ្យយើងខ្ញុំ ព្រមទាំងការពារយើងខ្ញុំផង។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៥៥,១-៣
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «អស់អ្នកដែលស្រេកទឹកអើយ! ចូរនាំគ្នាមករកទឹកឯណេះ! ទោះបីអ្នករាល់គ្នាគ្មានប្រាក់ក៏ដោយ ចូរមក ហើយពិសាទៅ! ចូរមកយកអាហារបរិភោគ! ចូរនាំគ្នាមកយកស្រាទំពាំងបាយជូរ និងទឹកដោះគោ ដោយមិនបាច់ចំណាយប្រាក់ ឬបង់ថ្លៃអ្វីឡើយ!។ ហេតុអ្វីបានជាអ្នករាល់គ្នាយកប្រាក់ទៅទិញអាហារដែលមិនអាចចិញ្ចឹមជីវិតបាន? ហេតុអ្វីបានជាអ្នករាល់គ្នាបង់កម្លាំង រកអាហារដែលមិនអាចចម្អែតក្រពះបានដូច្នេះ? ចូរស្តាប់យើង! នោះអ្នករាល់គ្នានឹងបានបរិភោគអាហារយ៉ាងឆ្ងាញ់ ហើយសប្បាយចិត្តនឹងអាហារដ៏មានឱជារស។ ចូរផ្ទៀងត្រចៀកស្តាប់! ចូរនាំគ្នាមកជិតយើង! ចូរត្រងត្រាប់ស្តាប់! នោះអ្នករាល់គ្នានឹងមានជីវិត។ យើងនឹងចងសម្ពន្ធមេត្រីមួយដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចជាមួយអ្នករាល់គ្នា។ សម្ពន្ធមេត្រីនោះនឹងបញ្ជាក់នូវសេចក្តីមេត្តាករុណាដ៏ស្មោះត្រង់របស់យើងចំពោះស្តេចដាវីឌ»។
ទំនុកតម្កើងលេខ ១៤៥ (១៤៤),៨-៩.១៥-១៨ បទកាកគតិ
| ៨ | ព្រះជាអម្ចាស់ | ប្រកបដោយព្រះ | ហប្ញទ័យត្រចង់ |
| ប្រណីសន្តោស | ករុណាហ្មត់ហ្មង | អត់ធ្មត់កន្លង |
| | អាណិតមេត្តា | ។ |
| ៩ | ព្រះជាអម្ចាស់ | ព្រះទ័យសប្បុរស | លើមនុស្សលោកា |
| ទ្រង់មានព្រះទ័យ | សន្តោសករុណា | មនុស្សគ្រប់អាត្មា |
| | រស់ពេញផែនដី | ។ |
| ១៥ | បពិត្រព្រះម្ចាស់ | សត្វលោកទាំងអស់ | ចាំមិនហ៊ានខាន |
| ដោយចិត្តសង្ឃឹម | ពួកគេនឹងបាន | អាហារគ្រប់ប្រាណ |
| | តាមពេលកំណត់ | ។ |
| ១៦ | ទ្រង់មានព្រះទ័យ | ទូលាយពេកក្រៃ | ពេញដោយប្រាកដ |
| ព្រះអង្គប្រទាន | ដល់អ្នកក្រខ្សត់ | បានឆ្អែតគ្រប់មាត់ |
| | តាមចិត្តប្រាថ្នា | ។ |
| ១៧ | ព្រះជាអម្ចាស់ | ធ្វើសព្វទាំងអស់ | នូវរាល់កិច្ចការ |
| ដោយព្រះហប្ញទ័យ | សុចរិតថ្លៃថ្លា | សន្តោសករុណា |
| | ទ្រង់បានប្រព្រឹត្ត | ។ |
| ១៨ | ព្រះអម្ចាស់គង់ | នៅជិតអែបអង្គ | កៀកកើយនែបនិត្យ |
| នឹងអ្នកអង្វរ | ដោយសុទ្ធចិត្ត | រកព្រះអង្គពិត |
| | មិនយាងទៅណា | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ៨,៣៥.៣៧-៣៩
បងប្អូនជាទីស្រឡាញ់!
តើនរណាអាចបំបែកយើងចេញពីព្រះហប្ញទ័យស្រឡាញ់របស់ព្រះគ្រីស្តបាន? តើទុក្ខវេទនា ការតប់ប្រមល់អន្ទះអន្ទែង ការបៀតបៀន ការស្រេកឃ្លាន ខ្វះសម្លៀកបំពាក់ គ្រោះថ្នាក់ ឬមួយត្រូវគេសម្លាប់អាចបំបែកយើងចេញពីព្រះគ្រីស្តបានទេ?។ ទេ! ដ្បិតក្នុងការទាំងនោះយើងមានជ័យជម្នះលើសពីមានជ័យជម្នះទៅទៀត ដោយព្រះអម្ចាស់ដែលបានស្រឡាញ់យើង។ ខ្ញុំជឿជាក់ថា ទោះបីសេចក្តី ស្លាប់ក្តី ជីវិតក្តី ទេវតាក្តី ម្ចាស់ទឹកម្ចាស់ដីក្តី បច្ចុប្បន្នកាលក្តី អនាគតកាលក្តី អំណាចនានាក្តី អ្វីៗដែលនៅស្ថានលើក្តី នៅស្ថានក្រោមក្តី ឬអ្វីៗផ្សេងទៀតដែលព្រះជាម្ចាស់បង្កើតមកក្តីក៏ពុំអាចបំបែកយើងចេញពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ដែលទ្រង់បានសម្តែងឱ្យយើងឃើញ ក្នុងព្រះគ្រីស្តយេស៊ូជាអម្ចាស់នៃយើងបានឡើយ។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៧៨,៣៤
អាលេលូយ៉ា! អាលេលូយ៉ា!
នៅវាលរហោស្ថាន ព្រះអម្ចាស់ប្រទានអាហារឱ្យប្រជារាស្ត្រព្រះអង្គ។ ព្រះអង្គបានប្រទានអាហារនៃស្ថានបរមសុខឱ្យគេ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៤,១៣-២១
ព្រះយេស៊ូយាងចុះទូកចាកចេញជាមួយក្រុមសាវ័ក ឆ្ពោះទៅកាន់កន្លែងមួយស្ងាត់ដាច់ឡែកពីបណ្តាជន។ ប៉ុន្តែ មហាជនបានដឹង ហើយនាំគ្នាចេញពីក្រុងនានាដើរទៅតាមរកព្រះអង្គ។ កាលព្រះយេស៊ូយាងឡើងពីទូក ព្រះអង្គទតឃើញមហាជនដ៏ច្រើនយ៉ាងនេះ ទ្រង់មានព្រះហប្ញទ័យអាណិតអាសូរគេពន់ពេកណាស់ ព្រះអង្គក៏ប្រោសអ្នកជំងឺឱ្យបានជា។ ពេលនោះ ថ្ងៃជ្រេណាស់ហើយ សាវ័កនាំគ្នាចូលមកជិតព្រះអង្គ ហើយទូលថា៖ «ទីនេះស្ងាត់ណាស់ ហើយក៏ជិតយប់ផង សូមបង្គាប់បណ្តាជនទាំងនេះឱ្យត្រឡប់ទៅវិញ រកទិញម្ហូបអាហារនៅតាមភូមិ»។ ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់សាវ័កថា៖ «មិនបាច់ឱ្យគេត្រឡប់ទៅវិញទេ ចូរអ្នករាល់គ្នាយកម្ហូបអាហារឱ្យគេបរិភោគទៅ»។ សាវ័កទូលព្រះអង្គថា៖ «យើងខ្ញុំមាននំប័ុងតែប្រាំដុំ និងត្រីងៀតពីរកន្ទុយប៉ុណ្ណោះ»។ ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរយកនំប័ុង និងត្រីនោះមកឱ្យខ្ញុំ»។ បន្ទាប់មក ព្រះអង្គប្រាប់បណ្តាជនឱ្យអង្គុយលើស្មៅ ព្រះអង្គយកនំប័ុងទាំងប្រាំដុំ និងត្រីពីរកន្ទុយនោះមកកាន់ ទ្រង់ងើបព្រះភក្ត្រឡើងលើ លើកតម្កើងព្រះជាម្ចាស់ ហើយកាច់នំប័ុងប្រទានឱ្យក្រុមសាវ័ក ក្រុមសាវ័កក៏ចែកឱ្យបណ្តាជនបរិភោគ។ អ្នកទាំងនោះបានបរិភោគឆ្អែតគ្រប់ៗគ្នា ហើយក្រុមសាវ័កប្រមូលនំប័ុងដែលនៅសល់ដាក់បានពេញដប់ពីរល្អី។ អស់អ្នកដែលបានបរិភោគនំប័ុង មានប្រុសៗទាំងអស់ប្រមាណប្រាំពាន់នាក់ ឥតគិតស្រីៗ និងក្មេងៗផងទេ។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រោសប្រទានអាហារគ្រប់យ៉ាងឱ្យយើងខ្ញុំបរិភោគ។ យើងខ្ញុំសូមយកនំប័ុង និងស្រានេះ មកថ្វាយព្រះអង្គ ទុកជានិមិត្តរូបនៃការងាររបស់យើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាទទួលដោយអនុគ្រោះ សូមជួយយើងខ្ញុំឱ្យចែករំលែកទ្រព្យសម្បត្តិរបស់ខ្លួនដល់អ្នកក្រីក្រផង។
ពាក្យអរព្រះគុណ
បពិត្រព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច! ព្រះអង្គបានប្រទានព្រះបន្ទូល និងព្រះកាយរបស់ព្រះគ្រីស្តឱ្យយើងខ្ញុំទទួលទានទុកជាអាហារ។ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យយកចិត្តទុកដាក់រកសម្បត្តិសួគ៌ដែលនៅស្ថិតស្ថេរគង់វង្សអស់កល្បជានិច្ច!។ សូមឱ្យយើងខ្ញុំមានចិត្តសទ្ធាជ្រះថ្លាចែករំលែកទ្រព្យសម្បត្តិលោកីយ៍ដល់អ្នកដទៃផង។
665 Views
Post Views:
684