សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
- កំណើតពិភពលោក (កណ)
Genesis (Gn) - សេរីភាព (សរ)
Exodus (Ex) - លេវីវិន័យ (លវ)
Leviticus (Lv)
- ជំរឿនប្រជាជន (ជរ)
Numbers (Nm)
- ទុតិយកថា (ទក)
Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
- យ៉ូស៊ូអា (យអ)
Joshua (Jos)
- វិរបុរស (វរ)
Judges (Jdg)
- នាងរូថ (នរ)
Ruth (Ru)
- ១សាម៉ូអែល (១សម)
1 Samuel (1Sm)
- ២សាម៉ូអែល (២សម)
2 Samuel (2Sm)
- ១ពង្សាវតារក្សត្រ (១ពង្ស)
1 Kings (1Kg)
- ២ពង្សាវតារក្សត្រ (២ពង្ស)
2 Kings (2Kg)
- ១របាក្សត្រ (១របា)
1 Chronicles (1Ch)
- ២របាក្សត្រ (២របា)
2 Chronicles (2Ch)
- អែសរ៉ា (អរ)
Ezra (Ezr)
- នេហេមី (នហ)
Nehemiah (Ne)
- យ៉ូឌីត (យឌ)
Judith (Jth)
- តូប៊ីត (តប)
Tobit (Tb)
- អែសធែរ (អធ)
Esther (Est)
- ១ម៉ាកាបាយ (១មបា)
1 Maccabees (1 Ma)
- ២ម៉ាកាបាយ (២មបា)
2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
- ទំនុកតម្កើង (ទន)
Psalms (Ps)
- យ៉ូប (យប)
Job (Jb)
- សុភាសិត (សភ)
Proverbs (Pr)
- បទចម្រៀង (បច)
Song of Songs (Song)
- សាស្តា (សស)
Ecclesiastes (Eccl)
- ព្រះប្រាជ្ញាញាណ (ប្រាញ)
Wisdom (Wis)
- បេនស៊ីរ៉ាក់ (បសរ)
Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
- អេសាយ (អស)
Isaiah (Is)
- យេរេមី (យរ)
Jeremiah (Je)
- អេសេគីអែល (អគ)
Ezekiel (Ez)
- ហូសេ (ហស)
Hosea (Ho)
- យ៉ូអែល (យអ)
Joel (Joe)
- អម៉ូស (អម)
Amos (Am)
- អូបាឌី (អឌ)
Obadiah (Ob)
- យ៉ូណាស (យណ)
Jonah (Jon)
- មីកា (មីក)
Micah (Mi)
- ណាហ៊ូម (ណហ)
Nahum (Na)
- ហាបាគូក (ហគ)
Habakkuk (Hb)
- សេផានី (សផ)
Zephaniah (Zep)
- ហាកាយ (ហក)
Haggai (Hg)
- សាការី (សក)
Zechariah (Zec)
- ម៉ាឡាគី (មគ)
Malachi (Mal)
- សំណោក (សណ)
Lamentations (Lam)
- ដានីអែល (ដន)
Daniel (Dn)
- បារូក (បារ)
Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
៣. លិខិតសន្តប៉ូល | Paul Letter 13
- រ៉ូម (រម)
Romans (Rm) - ១កូរិនថូស (១ករ)
1 Corinthians (1Co)
- ២កូរិនថូស (២ករ)
2 Corinthians (2Co)
- កាឡាទី (កាឡ)
Galatians (Ga)
- អេភេសូ (អភ)
Ephesians (Ep)
- ភីលីព (ភីល)
Philippians (Phil)
- កូឡូស (កូឡ)
Colossians (Col)
- ១ថេស្សាឡូនិក (១ថស)
1 Thessalonians (1Th)
- ២ថេស្សាឡូនិក (២ថស)
Thessalonians (2Th)
- ១ធីម៉ូថេ (១ធម)
1 Timothy (1T)
- ២ធីម៉ូថេ (២ធម)
2 Timothy (2T)
- ទីតុស (ទត)
Titus (Ti)
- ភីលេម៉ូន (ភល)
Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
- ហេប្រឺ (ហប)
Hebrews (He)
- យ៉ាកុប (យក)
James (Ja)
- ១សិលា (១សល)
1 Peter (1P)
- ២សិលា (២សល)
2 Peter (2P)
- យូដាស (យដ)
Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
កណ្ឌគម្ពីរ
ទុតិយកថា
ពាក្យលំនាំ
ទុតិយកថា
(ចោទិយកថា)
ពាក្យលំនាំ
ក្នុងព្រះគម្ពីរបកប្រែមុន កណ្ឌគម្ពីរនេះមានឈ្មោះថា «ចោទិយកថា»។ ដោយប្រជាជនភាគច្រើនមិនស្គាល់ពាក្យ «ចោទិយកថា»នេះ យើងបានដូរមកជា «ទុតិយកថា» ដើម្បីឲ្យត្រឹមត្រូវតាមភាសាខ្មែរផង ហើយមានអត្ថន័យចំនឹងគម្ពីរផង។ ពាក្យ «ទុតិយកថា» មានន័យថា «កថាទីពីរ» ពោលគឺ «កថាដែលរំឭកអំពីគម្ពីរវិន័យឡើងវិញ»។
ផ្នែកខាងចុងនៃគម្ពីរ «ជំរឿនប្រជាជន» មានបរិយាយអំពីជនជាតិអ៊ីស្រាអែលចូលទៅជិតដល់ទឹកដីសន្យា។ បន្ទាប់មក ក្នុងកណ្ឌគម្ពីរ «ទុតិយកថា» មានចែងអំពីសុន្ទរកថា ដែលលោកម៉ូសេបានថ្លែងទៅកាន់ប្រជាជនអ៊ីស្រាអែល (១.១‑៤.៤៣, ៤.៤៤‑២៨.៦៨ និង២៨.៦៩‑៣០.២០)។ ក្នុងសុន្ទរកថាទាំងនោះ លោកម៉ូសេរំឭកអំពីការអស្ចារ្យដែលព្រះជាម្ចាស់បានធ្វើ ដើម្បីសម្ដែងនូវព្រះហឫទ័យស្រឡាញ់ដ៏ស្មោះស្ម័គ្រ ចំពោះប្រជារាស្ដ្ររបស់ព្រះអង្គ។ ព្រះអង្គបានចងសម្ពន្ធមេត្រីជាមួយពួកគេ ព្រះអង្គដឹកនាំពួកគេអស់រយៈពេលសែសិបឆ្នាំក្នុងវាលរហោស្ថាន ដោយការពារពួកគេឲ្យរួចផុតពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ ហើយប្រទានវិន័យឲ្យពួកគេកាន់តាម ដោយមានព្រះបន្ទូលសន្យាជាប់ជាមួយផង។
កណ្ឌគម្ពីរទុតិយកថាមិនត្រឹមតែរំឭកឡើងវិញនូវវិន័យ ច្បាប់ និងបញ្ញត្តិរបស់ព្រះជាម្ចាស់ដែលមានចែងទុកក្នុងគម្ពីរវិន័យមុនៗប៉ុណ្ណោះទេ តែសុន្ទរកថារបស់លោកម៉ូសេដាស់តឿនប្រជាជនអ៊ីស្រាអែលឲ្យនឹកដល់ព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះជាម្ចាស់ ហើយលើកទឹកចិត្តពួកគេឲ្យរួមរស់ជាមួយព្រះអង្គយ៉ាងជិតស្និទ្ធ: «អ៊ីស្រាអែលអើយ ចូរស្ដាប់! មានតែព្រះអម្ចាស់ជាព្រះរបស់យើងមួយព្រះអង្គគត់ ដែលពិតជាព្រះអម្ចាស់។ អ្នកត្រូវស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ឲ្យអស់ពីចិត្តគំនិត អស់ពីស្មារតី និងអស់ពីកម្លាំងកាយ» (៦.៤-៥)។
បួនចំពូកចុងក្រោយនៃកណ្ឌគម្ពីរនេះមានអត្ថបទពីរ ដែលមានលក្ខណៈជាកំណាព្យ គឺទំនុកតម្កើងរបស់លោកម៉ូសេ (ចំពូក ៣២) និងពររបស់លោកម៉ូសេចំពោះកុលសម្ព័ន្ធទាំងដប់ពីរនៃជនជាតិអ៊ីស្រាអែល (ចំពូក ៣៣) ហើយមានអត្ថបទពីរទៀត ដែលជាកំណត់ហេតុអំពីការតែងតាំងលោកយ៉ូស៊ូអា ឲ្យធ្វើជាអ្នកដឹកនាំជំនួសលោកម៉ូសេ (ចំពូក ៣១) និងមរណភាពរបស់លោកម៉ូសេ (ចំពូក ៣៤)។
នៅផ្នែកកណ្ដាលនៃ«ទុតិយកថា»នេះ មានអត្ថបទដែលហៅថា «គម្ពីរវិន័យ» ហើយប្រហែលត្រូវគេរកឃើញនៅរជ្ជកាលព្រះបាទយ៉ូស្យាស (២ពង្ស.២២) និងជាប្រភពនៃការកែទម្រង់សាសនា នៅជំនាន់នោះ។ អត្ថបទនេះមានឥទ្ធិពលទៅលើកណ្ឌខ្លះទៀតនៃគម្ពីរសម្ពន្ធមេត្រីចាស់ (ដូចជានៅពង្សាវតារក្សត្រ, យេរេមី) និងសម្ពន្ធមេត្រីថ្មី (ដូចជានៅម៉ាថាយ ៤:៤-៧, ម៉ាកុស ១២:៣២)។
កណ្ឌគម្ពីរទុតិយកថារំឭកអ្នកអាននៅជំនាន់ដើម និងអ្នកអាននាបច្ចុប្បន្នកាលថា មនុស្សអាចរកសុភមង្គលដ៏ពិតប្រាកដបាន តែនៅពេលណាគេស្ដាប់បង្គាប់ព្រះជាម្ចាស់ ដោយស្មោះស្ម័គ្រប៉ុណ្ណោះ។
១
សុន្ទរកថាទីមួយរបស់លោកម៉ូសេ
ការចេញដំណើរពីវាលរហោស្ថានស៊ីណៃ
១ នេះជាសុន្ទរកថាដែលលោកម៉ូសេថ្លែងទៅកាន់ប្រជាជនអ៊ីស្រាអែលទាំងមូល នៅត្រើយខាងកើតទន្លេយ័រដាន់ ក្នុងវាលរហោស្ថានតំបន់អារ៉ាបា នៅទល់មុខនឹងស៊ូភ ត្រង់ចន្លោះប៉ារ៉ន តូផែល ឡាបាន់ ហាសេរ៉ូត និងឌីសាហាប។ ២ ចាប់ពីភ្នំហូរែបរហូតដល់កាដែស-បារណេអា ដោយកាត់តាមតំបន់ភ្នំសៀរ មានចម្ងាយផ្លូវដើរចំនួនដប់មួយថ្ងៃ។ ៣ នៅឆ្នាំទីសែសិប ថ្ងៃទីមួយ ខែទីដប់មួយ លោកម៉ូសេមានប្រសាសន៍ទៅកាន់ជនជាតិអ៊ីស្រាអែលនូវព្រះបន្ទូលទាំងប៉ុន្មាន ដែលព្រះអម្ចាស់បង្គាប់ឲ្យលោកថ្លែងប្រាប់ពួកគេ ៤ គឺនៅក្រោយពេលលោកមានជ័យជម្នះលើព្រះបាទស៊ីហុន ជាស្តេចជនជាតិអាម៉ូរី គង់នៅក្រុងហេសបូន និងព្រះបាទអុក ជាស្តេចស្រុកបាសាន គង់នៅក្រុងអាសតារ៉ូត និងអេដ្រេយី។
៥ កាលនៅត្រើយខាងកើតទន្លេយ័រដាន់ គឺនៅក្នុងស្រុកម៉ូអាប់ លោកម៉ូសេចាប់ផ្តើមបង្រៀនវិន័យ*ដូចតទៅ៖
៦ «ព្រះអម្ចាស់ ជាព្រះនៃយើង មានព្រះបន្ទូលមកយើង នៅភ្នំហូរែបថា “អ្នករាល់គ្នាស្នាក់នៅភ្នំនេះអស់រយៈពេលជាយូរមកហើយ។ ៧ ដូច្នេះ ចូរនាំគ្នាចេញដំណើរទៅមុខទៀត ឆ្ពោះទៅស្រុកភ្នំរបស់ជនជាតិអាម៉ូរី និងតំបន់ទាំងប៉ុន្មាននៅជុំវិញ ព្រមទាំងតំបន់អារ៉ាបា តំបន់ភ្នំ តំបន់វាលទំនាប តំបន់ណេកិប តំបន់ឆ្នេរសមុទ្រ ស្រុកកាណាន ស្រុកលីបង់ រហូតដល់ទន្លេធំ គឺទន្លេអឺប្រាត។ ៨ មើលចុះ! យើងប្រគល់ស្រុកឲ្យអ្នករាល់គ្នាហើយ គឺស្រុកដែលយើងជាព្រះអម្ចាស់បានសន្យាប្រគល់ឲ្យអប្រាហាំ អ៊ីសាក និងយ៉ាកុប ជាបុព្វបុរសរបស់អ្នករាល់គ្នា ព្រមទាំងពូជពង្សដែលកើតមកតាមក្រោយ។ ដូច្នេះ ចូរនាំគ្នាចូលទៅកាន់កាប់ស្រុកនោះទៅ”។
៩ នៅគ្រានោះ ខ្ញុំធ្លាប់ប្រាប់អ្នករាល់គ្នាថា “ខ្លួនខ្ញុំតែម្នាក់ពុំអាចទទួលខុសត្រូវលើអ្នករាល់គ្នាទេ។ ១០ ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា បានធ្វើឲ្យអ្នករាល់គ្នាកើនចំនួនឡើង ហើយសព្វថ្ងៃ អ្នករាល់គ្នាមានចំនួនច្រើនដូចផ្កាយនៅលើមេឃ។ ១១ សូមព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នា ប្រោសប្រទានឲ្យអ្នករាល់គ្នាកើនចំនួនមួយពាន់ដងលើសនេះទៅទៀត សូមព្រះអង្គប្រទានពរអ្នករាល់គ្នា ដូចព្រះអង្គបានសន្យាចំពោះអ្នករាល់គ្នាស្រាប់ហើយ។ ១២ ប៉ុន្តែ ខ្លួនខ្ញុំម្នាក់ឯងពុំអាចទទួលបន្ទុក ដោះស្រាយបញ្ហាក្តីក្តាំ និងជម្លោះរបស់អ្នករាល់គ្នាបានទេ។ ១៣ ហេតុនេះ ចូរជ្រើសរើសមនុស្សដែលមានប្រាជ្ញា និងការយល់ដឹង ហើយមានកេរ្តិ៍ឈ្មោះល្អ ក្នុងកុលសម្ព័ន្ធរបស់អ្នករាល់គ្នា ខ្ញុំនឹងតែងតាំងលោកទាំងនោះឲ្យធ្វើជាមេដឹកនាំរបស់អ្នករាល់គ្នា”។ ១៤ ពេលនោះ អ្នករាល់គ្នាបានឆ្លើយមកខ្ញុំវិញថា “សំណើរបស់លោកសមហេតុសមផលណាស់”។ ១៥ ខ្ញុំក៏បានជ្រើសរើសមេដឹកនាំពីក្នុងកុលសម្ព័ន្ធរបស់អ្នករាល់គ្នា គឺមនុស្សដែលមានប្រាជ្ញា និងមានកេរ្តិ៍ឈ្មោះល្អ តែងតាំងឲ្យធ្វើជាមេដឹកនាំលើមួយពាន់នាក់ មេដឹកនាំលើមួយរយនាក់ មេដឹកនាំលើហាសិបនាក់ និងមេដឹកនាំលើដប់នាក់ ព្រមទាំងឲ្យមានពួកតម្រួតមើលខុសត្រូវលើកុលសម្ព័ន្ធរបស់អ្នករាល់គ្នា។ ១៦ នៅគ្រានោះ ខ្ញុំបានបញ្ជាដល់ពួកចៅក្រមរបស់អ្នករាល់គ្នាថា “ចូរយកចិត្តទុកដាក់ស្ដាប់បងប្អូនរបស់អ្នករាល់គ្នា នៅពេលពួកគេមានរឿងរ៉ាវជាមួយជនរួមជាតិរបស់ខ្លួន ឬជាមួយជនបរទេស ត្រូវកាត់ក្តីឲ្យពួកគេម្នាក់ៗដោយយុត្តិធម៌។ ១៧ ក្នុងការកាត់ក្តីកុំរើសមុខនរណាឡើយ គឺអ្នករាល់គ្នាត្រូវស្ដាប់អ្នកតូចក៏ដូចអ្នកធំដែរ កុំខ្លាចនរណាឲ្យសោះ ដ្បិតការវិនិច្ឆ័យស្ថិតនៅលើព្រះជាម្ចាស់។ ប្រសិនបើរឿងរ៉ាវនោះពិបាកកាត់ក្តីពេក ចូរបញ្ជូនមកខ្ញុំចុះ ដើម្បីឲ្យខ្ញុំពិនិត្យមើល”។ ១៨ នៅគ្រានោះ ខ្ញុំបានបង្គាប់ដល់អ្នករាល់គ្នា អំពីច្បាប់ទម្លាប់ទាំងប៉ុន្មាន ដែលអ្នករាល់គ្នាត្រូវអនុវត្តតាម»។
ការបះបោរនៅកាដែស
១៩ «បន្ទាប់មក យើងចាកចេញពីភ្នំហូរែប ឆ្លងកាត់វាលរហោស្ថានទាំងមូលនេះ ជាវាលរហោស្ថានដ៏ធំគួរឲ្យស្ញែងខ្លាច ដូចអ្នករាល់គ្នាឃើញស្រាប់ហើយ។ យើងធ្វើដំណើរឆ្ពោះទៅភ្នំរបស់ជនជាតិអាម៉ូរី ដូចព្រះអម្ចាស់ជាព្រះនៃយើងបានបង្គាប់។ ពេលមកដល់កាដែស-បារណេអា ២០ ខ្ញុំបានប្រាប់អ្នករាល់គ្នាថា: “អ្នករាល់គ្នាមកដល់ភ្នំរបស់ជនជាតិអាម៉ូរី ដែលព្រះអម្ចាស់ ជាព្រះនៃយើង ប្រទានមកយើង។ ២១ មើល៍ព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រគល់ស្រុកនេះឲ្យអ្នកហើយ ចូរឡើងទៅកាន់កាប់តាមព្រះបន្ទូលដែលព្រះអម្ចាស់ ជាព្រះរបស់បុព្វបុរសអ្នក បានសន្យាចំពោះអ្នក កុំភ័យខ្លាច ឬតក់ស្លុតឡើយ!”។ ២២ ពេលនោះ អ្នករាល់គ្នាបានចូលមកជិតខ្ញុំ ហើយប្រាប់ថា: “សូមចាត់មនុស្សឲ្យទៅមុនពួកយើង ដើម្បីពិនិត្យមើលស្រុក រួចរាយការណ៍ប្រាប់យើងខ្ញុំអំពីស្ថានភាពផ្លូវ និងក្រុងនានាដែលយើងខ្ញុំត្រូវធ្វើដំណើរទៅ”។ ២៣ ខ្ញុំយល់ឃើញថាគំនិតនោះល្អ ខ្ញុំក៏ចាត់មនុស្សដប់ពីរនាក់ ក្នុងចំណោមអ្នករាល់គ្នា គឺម្នាក់តំណាងកុលសម្ព័ន្ធមួយ ឲ្យទៅ។ ២៤ ពួកគេក៏នាំគ្នាចេញដំណើរតម្រង់ទៅតំបន់ភ្នំ រហូតដល់ជ្រលងភ្នំអេកុល រួចពិនិត្យមើលស្រុក។ ២៥ ពួកគេបាននាំយកផ្លែឈើពីស្រុកនោះមកបង្ហាញពួកយើង និងរាយការណ៍ប្រាប់ពួកយើងថា: “ស្រុកដែលព្រះអម្ចាស់ ជាព្រះនៃយើង ប្រទានមកយើង ជាស្រុកល្អណាស់”។ ២៦ ក៏ប៉ុន្តែ អ្នករាល់គ្នាពុំព្រមឡើងទៅស្រុកនោះទេ អ្នករាល់គ្នាបះបោរប្រឆាំងនឹងបញ្ជារបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ២៧ អ្នករាល់គ្នារអ៊ូរទាំក្នុងតង់ត៍របស់អ្នករាល់គ្នា ដោយពោលថា “ព្រះអម្ចាស់ស្អប់ពួកយើងហើយ បានជាព្រះអង្គនាំពួកយើងចេញពីស្រុកអេស៊ីប ដើម្បីប្រគល់ពួកយើងទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិអាម៉ូរី និងកម្ទេចពួកយើង។ ២៨ តើឲ្យយើងខ្ញុំឡើងទៅណា? ពួកយើងគ្មានទឹកចិត្តនឹងឡើងទៅស្រុកនោះទេ ដ្បិតបងប្អូនរបស់យើងខ្ញុំរាយការណ៍ប្រាប់ពួកយើង ថាប្រជាជននៅស្រុកនោះខ្លាំងពូកែ ហើយមានមាឌធំជាងពួកយើង។ រីឯក្រុងរបស់ពួកគេជាក្រុងធំៗ និងមានកំពែងខ្ពស់កប់ពពក។ ពួកយើងក៏បានឃើញកូនចៅអាណាក់ នៅស្រុកនោះដែរ”។ ២៩ ខ្ញុំបានប្រាប់អ្នករាល់គ្នាថា: “កុំភ័យតក់ស្លុត ហើយកុំខ្លាចពួកគេឡើយ។ ៣០ ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា យាងនៅមុខអ្នករាល់គ្នា ព្រះអង្គនឹងប្រយុទ្ធដើម្បីអ្នករាល់គ្នា ដូចព្រះអង្គបានប្រយុទ្ធឲ្យអ្នករាល់គ្នាឃើញ នៅស្រុកអេស៊ីបដែរ។ ៣១ ក្រោយមក នៅវាលរហោស្ថាន តាមផ្លូវដែលអ្នករាល់គ្នាធ្វើដំណើររហូតមកដល់កន្លែងនេះ អ្នកឃើញស្រាប់ហើយថា ព្រះអម្ចាស់ ជាព្រះរបស់អ្នក បីអ្នក ដូចឪពុកបីកូន។ ៣២ ប៉ុន្តែ នៅគ្រានោះ អ្នករាល់គ្នាពុំបានទុកចិត្តលើព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាទេ ៣៣ ថ្វីដ្បិតតែព្រះអង្គយាងនៅមុខអ្នករាល់គ្នា ដើម្បីរកកន្លែងឲ្យអ្នករាល់គ្នាបោះជំរំ។ ព្រះអង្គនាំមុខអ្នករាល់គ្នាក្នុងដុំភ្លើង ដើម្បីបំភ្លឺផ្លូវដែលអ្នករាល់គ្នាត្រូវដើរនៅពេលយប់ ហើយព្រះអង្គនាំមុខអ្នករាល់គ្នាក្នុងដុំពពក* នៅពេលថ្ងៃ”។
៣៤ ពេលឮពាក្យអ្នករាល់គ្នារអ៊ូរទាំ ព្រះអម្ចាស់ព្រះអង្គព្រះពិរោធ ហើយមានព្រះបន្ទូលយ៉ាងម៉ឺងម៉ាត់ថា: ៣៥ “ក្នុងចំណោមមនុស្សដ៏អាក្រក់នៅជំនាន់នេះ គ្មាននរណាម្នាក់អាចឃើញស្រុកដ៏ល្អ ដែលយើងបានសន្យាយ៉ាងម៉ឺងម៉ាត់ថា នឹងប្រគល់ឲ្យបុព្វបុរសរបស់អ្នករាល់គ្នាឡើយ ៣៦ លើកលែងតែកាលែប ជាកូនរបស់យេភូនេ។ កាលែបនឹងឃើញស្រុក ហើយយើងប្រគល់ស្រុកដែលគាត់បានដើរកាត់នោះឲ្យគាត់ និងកូនចៅរបស់គាត់ ដ្បិតគាត់បានដើរតាមព្រះអម្ចាស់ ឥតល្អៀងត្រង់ណាឡើយ”។ ៣៧ ព្រោះតែអ្នករាល់គ្នា ព្រះអម្ចាស់ក៏ព្រះអង្គព្រះពិរោធនឹងខ្ញុំ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា “សូម្បីតែអ្នកក៏មិនចូលទៅស្រុកនោះដែរ។ ៣៨ សហការីរបស់អ្នក គឺយ៉ូស៊ូអា ជាកូនរបស់នូន នឹងចូលទៅក្នុងស្រុក។ ដូច្នេះ ចូរពង្រឹងកម្លាំងរបស់គាត់ ព្រោះគាត់នឹងនាំជនជាតិអ៊ីស្រាអែលចូលទៅកាន់កាប់ស្រុក ដែលជាចំណែកមត៌ករបស់ពួកគេ។ ៣៩ រីឯកូនតូចៗរបស់អ្នករាល់គ្នា ដែលអ្នករាល់គ្នាពោលថា ពួកគេមុខជាធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំង កូនរបស់អ្នករាល់គ្នាដែលសព្វថ្ងៃពុំទាន់ស្គាល់ការអាក្រក់ ឬល្អនៅឡើយ គឺពួកគេហើយដែលចូលទៅក្នុងស្រុកនោះ យើងនឹងប្រគល់ស្រុកឲ្យពួកគេ ហើយពួកគេនឹងកាន់កាប់ទឹកដីនោះ។ ៤០ ចំណែកឯអ្នករាល់គ្នាវិញ ចូរចេញដំណើរត្រឡប់ទៅវាលរហោស្ថាន តម្រង់ឆ្ពោះទៅកាន់សមុទ្រកក់វិញ”។
៤១ ពេលនោះ អ្នករាល់គ្នាឆ្លើយមកខ្ញុំថា “យើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអម្ចាស់ ហេតុនេះយើងខ្ញុំនឹងឡើងទៅវាយយកស្រុក តាមព្រះបន្ទូលដែលព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ បានបង្គាប់យើងខ្ញុំ”។ ពេលនោះ អ្នករាល់គ្នាប្រដាប់អាវុធរៀងៗខ្លួន ព្រោះអ្នករាល់គ្នាគិតថាងាយស្រួលក្នុងការវាយយកតំបន់ភ្នំ។ ៤២ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា “ចូរប្រាប់ពួកគេកុំឲ្យឡើងទៅវាយយកស្រុកនោះឡើយ ដ្បិតយើងមិនស្ថិតនៅក្នុងចំណោមអ្នករាល់គ្នាទេ ខ្មាំងសត្រូវមុខជាវាយអ្នករាល់គ្នាឲ្យបរាជ័យមិនខាន”។ ៤៣ ខ្ញុំបានប្រាប់អ្នករាល់គ្នា តែអ្នករាល់គ្នាពុំស្ដាប់ឡើយ អ្នករាល់គ្នាបះបោរប្រឆាំងនឹងបញ្ជារបស់ព្រះអម្ចាស់ ហើយនាំគ្នាឡើងទៅលើភ្នំដោយអួតអាង។ ៤៤ ពេលនោះ ជនជាតិអាម៉ូរីដែលរស់នៅលើភ្នំ លើកទ័ពចេញមកតទល់នឹងអ្នករាល់គ្នា ហើយដេញតាមអ្នករាល់គ្នា ដូចឃ្មុំដេញទិច។ ពួកគេកម្ទេចអ្នករាល់គ្នានៅតំបន់ភ្នំសៀរ ហើយដេញតាមអ្នករាល់គ្នារហូតដល់ហ៊រម៉ា។ ៤៥ ពេលត្រឡប់មកវិញ អ្នករាល់គ្នាយំសោកនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ប៉ុន្តែ ព្រះអង្គពុំបានផ្ទៀងព្រះកាណ៌ស្ដាប់អ្នករាល់គ្នាទេ។ ៤៦ អ្នករាល់គ្នាក៏រស់នៅត្រង់កាដែសនោះអស់រយៈពេលជាយូរថ្ងៃ។
២
១ បន្ទាប់មក ពួកយើងក៏ចេញដំណើរទៅវាលរហោស្ថាន តាមផ្លូវសមុទ្រកក់ដូចព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំ។ ពួកយើងធ្វើដំណើរចុះឡើងក្នុងតំបន់ភ្នំសៀរជាច្រើនថ្ងៃ»។
ជនជាតិអ៊ីស្រាអែលដើរវាងស្រុកអេដុម ស្រុកម៉ូអាប់ និងស្រុកអាំម៉ូន
២ «ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា ៣ “អ្នករាល់គ្នាស្ថិតនៅក្នុងតំបន់ភ្នំនេះយូរហើយ ដូច្នេះ ចូរចេញដំណើរតម្រង់ទៅទិសខាងជើង។ ៤ ចូរបង្គាប់ប្រជាជនថា: អ្នករាល់គ្នាត្រូវដើរកាត់តាមទឹកដីរបស់កូនចៅអេសាវ ជាបងប្អូនរបស់អ្នករាល់គ្នា ដែលរស់នៅតំបន់សៀរ។ ពួកគេនឹងភ័យខ្លាចអ្នករាល់គ្នា ប៉ុន្តែ ត្រូវប្រុងប្រយ័ត្នខ្លួន។ ៥ កុំច្បាំងនឹងពួកគេឡើយ យើងមិនប្រគល់ស្រុករបស់ពួកគេឲ្យអ្នករាល់គ្នាទេ សូម្បីតែប៉ុនបាតជើងក៏យើងមិនឲ្យដែរ ដ្បិតយើងបានប្រគល់តំបន់ភ្នំសៀរឲ្យអេសាវកាន់កាប់។ ៦ ត្រូវយកប្រាក់ទិញម្ហូបអាហារពីពួកគេមកបរិភោគ ហើយសូម្បីតែទឹកដែលអ្នករាល់គ្នាផឹក ក៏ត្រូវបង់ប្រាក់ដែរ ៧ ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានពរដល់អ្នក ក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ។ ព្រះអង្គតាមថែរក្សាអ្នក ក្នុងពេលអ្នកធ្វើដំណើរនៅវាលរហោស្ថានដ៏ធំនេះ។ ព្រះអម្ចាស់ ជាព្រះរបស់អ្នក គង់នៅជាមួយអ្នក អស់រយៈពេលសែសិបឆ្នាំមកហើយ អ្នកមិនខ្វះខាតអ្វីទាល់តែសោះ”។
៨ ពួកយើងបានដើរវាងស្រុករបស់កូនចៅលោកអេសាវ ជាបងប្អូនរបស់យើង ដែលរស់នៅក្នុងតំបន់ភ្នំសៀរ ហើយពួកយើងក៏បានដើរវាងឆ្ងាយពីផ្លូវទៅតំបន់អារ៉ាបា អេឡាត និងអេសយ៉ូន-កេប៊ែរ ដែរ។ បន្ទាប់មក ពួកយើងប្ដូរទិសចេញដំណើរតាមផ្លូវទៅវាលរហោស្ថានស្រុកម៉ូអាប់។
៩ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា: “មិនត្រូវវាយលុកស្រុកម៉ូអាប់ឡើយ កុំធ្វើសឹកសង្គ្រាមជាមួយពួកគេឲ្យសោះ ដ្បិតយើងមិនប្រគល់ស្រុករបស់គេឲ្យអ្នកទុកជាកម្មសិទ្ធិទេ។ យើងបានប្រគល់ក្រុងអារ ឲ្យកូនចៅរបស់ឡុត ទុកជាកម្មសិទ្ធិរួចស្រេចទៅហើយ”។
១០ ពីមុន ជនជាតិអេមីមរស់នៅក្នុងស្រុកនោះ ពួកគេជាជាតិសាសន៍មួយខ្លាំងពូកែ មានគ្នាច្រើន និងមានមាឌខ្ពស់ៗ ដូចជនជាតិអាណាក់ដែរ។ ១១ អ្នកឯទៀតៗចាត់ទុកពួកនោះជាជនជាតិរេផាអ៊ីម ដូចជនជាតិអាណាក់ដែរ។ ប៉ុន្តែ ជនជាតិម៉ូអាប់ហៅពួកគេថា ជនជាតិអេមីម។ ១២ ពីមុន ជនជាតិហូរីរស់នៅស្រុកសៀរ តែកូនចៅរបស់លោកអេសាវបានដេញពួកគេចេញពីស្រុកនោះ ព្រមទាំងកម្ទេចពួកគេចោល ហើយតាំងទីលំនៅក្នុងស្រុកនោះជំនួសពួកគេ ដូចជនជាតិអ៊ីស្រាអែលចាប់យកស្រុក ដែលព្រះអម្ចាស់ប្រទានឲ្យ ដោយដេញអ្នកស្រុកនោះចេញពីស្រុកដែរ។
១៣ “ឥឡូវនេះ ចូរក្រោកឡើង នាំគ្នាឆ្លងកាត់ជ្រោះសេរេដ”។ ពួកយើងក៏ឆ្លងកាត់ជ្រោះសេរេដ។ ១៤ ចាប់ពីពេលពួកយើងធ្វើដំណើរពីកាដែស-បារណេអា មកទល់ពេលឆ្លងកាត់ជ្រោះសេរេដ មានរយៈពេលទាំងអស់សាមសិបប្រាំបីឆ្នាំ គឺរហូតដល់អស់អ្នកដែលមានអាយុពេញវ័យធ្វើសឹកសង្គ្រាមនៅជំនាន់នោះ បានបាត់បង់ជីវិតអស់ ដូចព្រះអម្ចាស់មានព្រះបន្ទូលយ៉ាងម៉ឺងម៉ាត់ជាមួយពួកគេ។ ១៥ ព្រះអម្ចាស់បានប្រហារពួកគេអស់ពីជំរំរបស់ជនជាតិអ៊ីស្រាអែល រហូតទាល់តែគ្មាននៅសល់នរណាម្នាក់ឡើយ។
១៦ ពេលអស់អ្នកដែលមានអាយុពេញវ័យធ្វើសឹកសង្គ្រាម បានស្លាប់បាត់អស់ពីចំណោមជនជាតិអ៊ីស្រាអែល ១៧ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា: ១៨ “ថ្ងៃនេះ អ្នកត្រូវឆ្លងកាត់ព្រំដែនស្រុកម៉ូអាប់ ហើយឆ្លងកាត់ក្រុងអារ ១៩ ឆ្ពោះទៅកាន់ស្រុកអាំម៉ូន។ ប៉ុន្តែ កុំវាយលុកពួកគេ កុំធ្វើសឹកជាមួយពួកគេឡើយ ដ្បិតយើងមិនប្រគល់ស្រុកអាំម៉ូនឲ្យអ្នកធ្វើជាកម្មសិទ្ធិទេ។ យើងបានប្រគល់ស្រុកនោះឲ្យកូនចៅរបស់ឡុតធ្វើជាកម្មសិទ្ធិរួចស្រេចទៅហើយ”។
២០ គេក៏ចាត់ទុកតំបន់នោះថាជាស្រុករបស់ជនជាតិរេផាអ៊ីមដែរ។ ពីមុន ជនជាតិរេផាអ៊ីមរស់នៅក្នុងស្រុកនោះ ហើយជនជាតិអាំម៉ូនហៅពួកគេថា ជនជាតិសាំស៊ូមីម។ ២១ ពួកគេជាជាតិសាសន៍មួយខ្លាំងពូកែ មានគ្នាច្រើន និងមានមាឌខ្ពស់ៗ ដូចជនជាតិអាណាក់។ ព្រះអម្ចាស់បានកម្ទេចពួកគេនៅចំពោះមុខជនជាតិអាំម៉ូន។ ជនជាតិអាំម៉ូនបានបណ្តេញពួកគេចេញពីស្រុកនោះ ហើយតាំងទីលំនៅជំនួសពួកគេ។ ២២ ព្រះអម្ចាស់ធ្វើដូច្នេះ សម្រាប់កូនចៅលោកអេសាវ នៅស្រុកសៀរដែរ គឺព្រះអង្គបានកម្ទេចជនជាតិហូរី ដែលនៅក្នុងស្រុកនោះ។ កូនចៅលោកអេសាវបានបណ្តេញពួកគេចេញ ហើយតាំងទីលំនៅ ក្នុងស្រុកនោះជំនួសពួកគេ រហូតមកដល់សព្វថ្ងៃ។ ២៣ ជនជាតិអាវីដែលរស់នៅតាមភូមិនានា រហូតដល់ក្រុងកាសា បានត្រូវជនជាតិកាប់ទរ ចេញមកពីស្រុកកាប់ទរ កម្ទេចអស់ ហើយតាំងទីលំនៅក្នុងស្រុកនោះជំនួសពួកគេ។
២៤ “ចូរក្រោកឡើង នាំគ្នាចេញដំណើរ ហើយឆ្លងកាត់ស្ទឹងអារណូន។ មើល៍ យើងបានប្រគល់ស៊ីហុនជាជនជាតិអាម៉ូរី និងជាស្តេចក្រុងហេសបូន ព្រមទាំងទឹកដីរបស់គេ មកក្នុងកណ្ដាប់ដៃរបស់អ្នកហើយ។ ចូររៀបចំទ័ពវាយលុកស្រុកគេឥឡូវនេះ ហើយកាន់កាប់ស្រុកនោះចុះ! ២៥ ចាប់ពីថ្ងៃនេះទៅ យើងនឹងធ្វើឲ្យជាតិសាសន៍នៅគ្រប់ទីកន្លែងភ័យខ្លាច និងកោតស្ញប់ស្ញែងអ្នក។ ពេលណាឮសូរឈ្មោះអ្នក គេនឹងភ័យញាប់ញ័រ ហើយតក់ស្លុតនៅចំពោះមុខអ្នក”»។
ជនជាតិអ៊ីស្រាអែលវាយយកនគររបស់ស្តេចស៊ីហុន
២៦ «ខ្ញុំបានចាត់អ្នកនាំសារពីវាលរហោស្ថានកេដេម៉ុត ឲ្យទៅជួបព្រះបាទស៊ីហុន ជាស្តេចក្រុងហេសបូន ដើម្បីទូលស្តេចដោយសម្រួល គឺខ្ញុំឲ្យគេទូលថា: ២៧ “យើងខ្ញុំចង់ឆ្លងកាត់ស្រុករបស់ព្រះករុណា យើងខ្ញុំគ្រាន់តែដើរតាមផ្លូវប៉ុណ្ណោះ យើងខ្ញុំមិនងាកទៅស្តាំ ឬទៅឆ្វេងទេ។ ២៨ បើព្រះករុណាផ្គត់ផ្គង់ម្ហូបអាហារ និងទឹកដល់យើងខ្ញុំបរិភោគ យើងខ្ញុំនឹងបង់ប្រាក់ថ្វាយព្រះករុណា យើងខ្ញុំសូមដើរកាត់ស្រុករបស់ព្រះករុណាតែប៉ុណ្ណោះ។ ២៩ កូនចៅលោកអេសាវដែលរស់នៅស្រុកសៀរ បានអនុញ្ញាតឲ្យយើងខ្ញុំដើរកាត់ស្រុករបស់គេ ហើយជនជាតិម៉ូអាប់ដែលរស់នៅក្រុងអារ ក៏បានអនុញ្ញាតឲ្យយើងខ្ញុំដើរកាត់ស្រុករបស់គេដែរ។ ហេតុនេះ សូមព្រះករុណាមេត្តាអនុញ្ញាតឲ្យយើងខ្ញុំដើរកាត់ស្រុករបស់ព្រះករុណា រហូតដល់យើងខ្ញុំឆ្លងទន្លេយ័រដាន់ចូលទៅក្នុងស្រុកដែលព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ ប្រទានឲ្យយើងខ្ញុំនោះផង”។ ៣០ ប៉ុន្តែ ព្រះបាទស៊ីហុនជាស្តេចក្រុងហេសបូន ពុំព្រមឲ្យពួកយើងឆ្លងកាត់ស្រុករបស់ខ្លួនទេ ព្រោះព្រះអម្ចាស់ ជាព្រះនៃអ្នក ធ្វើឲ្យស្តេចនោះមានចិត្តមានះ និងរឹងរូស ដើម្បីប្រគល់គេមកក្នុងកណ្ដាប់ដៃរបស់អ្នក ដូចអ្នកឃើញនៅថ្ងៃនេះស្រាប់។
៣១ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា: “មើល៍ យើងបានប្រគល់ស៊ីហុន និងស្រុករបស់គេ មកក្នុងកណ្ដាប់ដៃរបស់អ្នកឥឡូវនេះហើយ។ ដូច្នេះ ចូរទៅចាប់យកស្រុកនោះឥឡូវនេះចុះ”។ ៣២ ស្តេចស៊ីហុនបានលើកទ័ពទាំងមូលចេញមករកពួកយើង ដើម្បីវាយលុកពួកយើង នៅយ៉ាហាស់។ ៣៣ ព្រះអម្ចាស់ ជាព្រះនៃយើង បានប្រគល់ស្តេចនោះមកក្នុងកណ្ដាប់ដៃរបស់ពួកយើង។ ពួកយើងបានប្រហារស្តេចស៊ីហុន និងកូនរបស់ស្តេច ព្រមទាំងកងទ័ពទាំងមូល។ ៣៤ នៅគ្រានោះ ពួកយើងដណ្ដើមយកបានក្រុងទាំងប៉ុន្មានរបស់ស្តេចស៊ីហុន ហើយកម្ទេចពួកគេ ទាំងប្រុស ទាំងស្រី និងក្មេង ថ្វាយផ្ដាច់*ដល់ព្រះអម្ចាស់ ឥតទុកជីវិតនរណាម្នាក់សោះឡើយ។ ៣៥ ពួកយើងរឹបអូសតែហ្វូងសត្វ និងទ្រព្យសម្បត្តិពីក្រុងនានាដែលពួកយើងដណ្ដើមយកបានប៉ុណ្ណោះ។ ៣៦ ចាប់ពីក្រុងអារ៉ូអ៊ែរ ដែលនៅតាមមាត់ស្ទឹងអារណូន និងក្រុងឯទៀតៗនៅក្នុងជ្រលងភ្នំរហូតដល់ស្រុកកាឡាដ គ្មានក្រុងណាមួយអាចតទល់នឹងពួកយើងឡើយ ដ្បិតព្រះអម្ចាស់ ជាព្រះនៃយើង ប្រគល់ក្រុងទាំងនោះមកឲ្យពួកយើង។ ៣៧ ប៉ុន្តែ ពួកយើងមិនបានចូលទៅជិតស្រុករបស់ជនជាតិអាំម៉ូន ឬក្រុងទាំងប៉ុន្មាននៅតាមមាត់ស្ទឹងយ៉ាបុក ឬក្រុងទាំងប៉ុន្មាននៅតាមតំបន់ភ្នំ និងក្រុងឯទៀតៗដែលព្រះអម្ចាស់ ជាព្រះនៃយើង បានហាមឃាត់នោះឡើយ»។
៣
ជនជាតិអ៊ីស្រាអែលវាយយកស្រុករបស់ស្តេចអុក
១ «បន្ទាប់មក ពួកយើងចេញដំណើរតាមផ្លូវឆ្ពោះទៅស្រុកបាសាន។ ព្រះបាទអុក ជាស្តេចស្រុកបាសាន បានលើកទ័ពទាំងមូលចេញមកវាយលុកពួកយើង នៅអេដ្រេយី។ ២ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា “កុំភ័យខ្លាចគេឡើយ យើងប្រគល់ស្តេចនោះ កងទ័ពទាំងមូល និងស្រុករបស់គេ មកក្នុងកណ្ដាប់ដៃរបស់អ្នកហើយ។ ចូរប្រព្រឹត្តចំពោះស្តេចអុក ដូចអ្នកបានប្រព្រឹត្តចំពោះស៊ីហុន ជាស្តេចរបស់ជនជាតិអាម៉ូរី ដែលរស់នៅក្រុងហេសបូនដែរ”។ ៣ ពេលនោះ ព្រះអម្ចាស់ ជាព្រះនៃយើង បានប្រគល់ព្រះបាទអុក ជាស្តេចស្រុកបាសាន និងកងទ័ពទាំងមូល មកក្នុងកណ្ដាប់ដៃរបស់ពួកយើង។ ពួកយើងបានប្រហារពួកគេ ឥតទុកជីវិតនរណាម្នាក់សោះឡើយ។ ៤ នៅគ្រានោះ ពួកយើងដណ្ដើមយកបានក្រុងទាំងប៉ុន្មានរបស់ស្តេចអុក គ្មានក្រុងណាមួយដែលពួកយើងពុំបានដណ្ដើមយកនោះទេ គឺសរុបទាំងអស់មានហុកសិបក្រុង ស្ថិតនៅតំបន់អារកូប ក្នុងស្រុកបាសាន ដែលស្តេចអុកគ្រប់គ្រង។ ៥ ក្រុងទាំងនោះសុទ្ធសឹងជាក្រុងដ៏រឹងមាំ មានកំពែងខ្ពស់ៗ មានទ្វារ និងមានរនុក រីឯក្រុងមួយចំនួនធំគ្មានកំពែងទេ។ ៦ ពួកយើងកម្ទេចពួកគេថ្វាយផ្ដាច់*ដល់ព្រះអម្ចាស់ ដូចពួកយើងបានប្រព្រឹត្តចំពោះស៊ីហុន ជាស្តេចក្រុងហេសបូនដែរ គឺពួកយើងកម្ទេចអ្នកក្រុងទាំងនោះ ទាំងប្រុស ទាំងស្រី និងកូនក្មេង ថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ ៧ ប៉ុន្តែ ពួកយើងបានរឹបអូសយកហ្វូងសត្វ និងទ្រព្យសម្បត្តិទាំងអស់ដែលមាននៅក្នុងក្រុង»។
ការបែងចែកទឹកដី នៅស្រុកកាឡាដ
៨ «នៅគ្រានោះ ពួកយើងដណ្ដើមយកបានទឹកដីនៅត្រើយខាងកើតទន្លេយ័រដាន់ ពីស្តេចទាំងពីររបស់ជនជាតិអាម៉ូរី ចាប់តាំងពីស្ទឹងអារណូនរហូតដល់ភ្នំហ៊ែរម៊ូន ៩ (អ្នកស្រុកស៊ីដូនហៅភ្នំហ៊ែរម៉ូនថា ភ្នំស៊ីរីយ៉ូន ហើយអ្នកស្រុកអាម៉ូរីហៅភ្នំនេះថា ភ្នំសេនៀរ)។ ១០ ពួកយើងដណ្ដើមយកបានក្រុងទាំងប៉ុន្មាននៅតំបន់ខ្ពង់រាប ស្រុកកាឡាដទាំងមូល និងស្រុកបាសានទាំងមូល រហូតដល់សាល់កា និងអេដ្រេយី ជាក្រុងរបស់ស្តេចអុកនៅស្រុកបាសាន ១១ (ព្រះបាទអុក ស្តេចស្រុកបាសាន ជាជនជាតិរេផាអ៊ីមចុងក្រោយបង្អស់។ គ្រែរបស់ស្តេចស្ថិតនៅក្រុងរ៉ាបាត់ ជាក្រុងរបស់ជនជាតិអាម៉ូរី គ្រែនោះជាគ្រែដែក មានបណ្តោយប្រាំបួនហត្ថ និងទទឹងបួនហត្ថ គិតតាមរង្វាស់ហត្ថរបស់មនុស្សធម្មតា)។
១២ នៅគ្រានោះ ពួកយើងដណ្ដើមយកបានទឹកដីនោះ។ ខ្ញុំបានប្រគល់ទឹកដីចាប់ពីក្រុងអារ៉ូអ៊ែរ ដែលស្ថិតនៅតាមដងស្ទឹងអារណូន ព្រមទាំងតំបន់ភ្នំកាឡាដចំនួនពាក់កណ្ដាល និងក្រុងទាំងអស់ក្នុងតំបន់នោះ ទៅឲ្យកុលសម្ព័ន្ធរូបេន និងកុលសម្ព័ន្ធកាដ។ ១៣ ខ្ញុំបានប្រគល់តំបន់ភ្នំកាឡាដដែលនៅសល់ ព្រមទាំងនគររបស់ស្តេចអុក នៅស្រុកបាសាន គឺតំបន់អារកូបទាំងមូល និងស្រុកបាសានទាំងមូល ដែលគេហៅថា ស្រុករបស់ពួករេផាអ៊ីម ទៅឲ្យកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល។ ១៤ អំបូរយ៉ាអៀរ ដែលត្រូវជាកូនរបស់លោកម៉ាណាសេ បានទទួលតំបន់អារកូបទាំងមូល រហូតដល់ព្រំប្រទល់ស្រុករបស់ជនជាតិកេសួរ និងម៉ាកាទី។ គេដាក់ឈ្មោះទឹកដីបាសានថា ស្រុកយ៉ាអៀរ រហូតមកទល់សព្វថ្ងៃ។ ១៥ ខ្ញុំបានប្រគល់ស្រុកកាឡាដទៅឲ្យអំបូរម៉ាកៀរ ១៦ ចំណែកឯកូនចៅរូបេន និងកូនចៅកាដវិញ ខ្ញុំបានប្រគល់ស្រុកកាឡាដមួយចំណែកទៀតឲ្យពួកគេ។ ទឹកដីរបស់ពួកគេលាតសន្ធឹងរហូតទៅដល់ស្ទឹងអារណូន ដែលជាព្រំប្រទល់ ហើយវាតរហូតដល់ស្ទឹងយ៉ាបុក នៅជាប់នឹងទល់ដែនស្រុកអាំម៉ូន ១៧ ព្រមទាំងវាលអារ៉ាបា ដែលនៅជាប់នឹងទន្លេយ័រដាន់ ចាប់ពីគីនេរ៉េត រហូតដល់សមុទ្រអារ៉ាបា គឺសមុទ្រអំបិល ដែលនៅខាងកើតជើងភ្នំពីស្កា។
១៨ នៅគ្រានោះ ខ្ញុំបានបង្គាប់ពួកគេដូចតទៅ: “ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា បានប្រគល់ស្រុកនេះមកអ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាកាន់កាប់ទឹកដីនេះហើយ។ ដូច្នេះ អ្នកទាំងអស់គ្នាដែលជាទាហានដ៏អង់អាច ត្រូវប្រដាប់អាវុធដើរនៅមុខជនជាតិអ៊ីស្រាអែលឯទៀតៗ ដែលជាបងប្អូនរបស់អ្នករាល់គ្នា។ ១៩ ត្រូវទុកប្រពន្ធកូន និងហ្វូងសត្វរបស់អ្នករាល់គ្នា នៅក្នុងក្រុងនានាដែលខ្ញុំបានប្រគល់ឲ្យអ្នករាល់គ្នា -ខ្ញុំដឹងថាអ្នករាល់គ្នាមានហ្វូងសត្វដ៏ច្រើន។ ២០ ពេលណាព្រះអម្ចាស់ប្រទានឲ្យបងប្អូនរបស់អ្នករាល់គ្នា បានសម្រាកដូចអ្នករាល់គ្នាដែរនោះ គឺពេលពួកគេបានកាន់កាប់ទឹកដីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ប្រគល់ឲ្យពួកគេ នៅត្រើយខាងនាយទន្លេយ័រដាន់ ហើយពេលនោះ ទើបអ្នករាល់គ្នាវិលទៅកាន់ទឹកដីដែលខ្ញុំបានប្រគល់ឲ្យអ្នករាល់គ្នារៀងៗខ្លួនវិញ”។
២១ នៅគ្រានោះ ខ្ញុំបានបញ្ជាទៅលោកយ៉ូស៊ូអាថា “អ្នកបានឃើញផ្ទាល់នឹងភ្នែកអំពីការដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា បានប្រព្រឹត្តចំពោះស្តេចទាំងពីរនេះស្រាប់ហើយ ព្រះអម្ចាស់ក៏នឹងប្រព្រឹត្តចំពោះនគរទាំងប៉ុន្មានទៀត ដែលអ្នកត្រូវទៅវាយយកយ៉ាងនោះដែរ។ ២២ កុំភ័យខ្លាចពួកគេឡើយ ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាផ្ទាល់ នឹងច្បាំងដើម្បីអ្នករាល់គ្នា”»។
លោកម៉ូសេពុំអាចចូលទៅស្រុកកាណាន
២៣ «នៅគ្រានោះ ខ្ញុំទូលអង្វរព្រះអម្ចាស់ថា: ២៤ “បពិត្រព្រះជាអម្ចាស់ ព្រះអង្គបានចាប់ផ្តើមបង្ហាញឲ្យអ្នកបម្រើរបស់ព្រះអង្គឃើញភាពឧត្តុង្គឧត្ដម និងឫទ្ធិបារមីរបស់ព្រះអង្គ ដ្បិតគ្មានព្រះណានៅលើមេឃ ឬនៅលើផែនដី អាចសម្ដែងការអស្ចារ្យ និងឫទ្ធិបាដិហារិយ៍ ដូចព្រះអង្គទេ។ ២៥ សូមប្រោសប្រទានឲ្យទូលបង្គំឆ្លងទៅមើលស្រុកដ៏ល្អ នៅត្រើយខាងលិចទន្លេយ័រដាន់ ព្រមទាំងភ្នំដ៏ស្អាតៗ និងព្រៃលីបង់ផង”។ ២៦ ក៏ប៉ុន្តែ ព្រោះតែអ្នករាល់គ្នា ព្រះអម្ចាស់ព្រះអង្គព្រះពិរោធនឹងខ្ញុំ ព្រះអង្គពុំអនុញ្ញាតតាមពាក្យទូលសូមរបស់ខ្ញុំទេ។ ព្រះអម្ចាស់មានព្រះបន្ទូលថា “ប៉ុណ្ណឹងបានហើយ មិនបាច់និយាយជាមួយយើងពីរឿងនេះទៀតទេ។ ២៧ ចូរឡើងទៅលើភ្នំពីស្កា ហើយក្រឡេកមើលទៅទិសខាងលិច ទិសខាងជើង ទិសខាងត្បូង និងទិសខាងកើត។ អ្នកមើលឃើញស្រុកនោះ តែអ្នកមិនអាចឆ្លងទន្លេយ័រដាន់នេះចូលទៅឡើយ។ ២៨ ចូរចេញបញ្ជាទៅយ៉ូស៊ូអា ចូរលើកទឹកចិត្តគេឲ្យក្លាហាន ដ្បិតយ៉ូស៊ូអានឹងនាំមុខប្រជាជនឆ្លងកាត់ទន្លេយ័រដាន់ ហើយចែកទឹកដីដែលអ្នកមើលឃើញនេះ ឲ្យពួកគេទុកជាកេរមត៌ក”។ ២៩ ពួកយើងបោះជំរំនៅក្នុងជ្រលងភ្នំដែលនៅទល់មុខនឹងបាល-ពេអ៊រ»។
៤
ចូរប្រតិបត្តិតាមវិន័យរបស់ព្រះជាម្ចាស់!
១ «ឥឡូវនេះ អ៊ីស្រាអែលអើយ ចូរស្ដាប់ ហើយប្រតិបត្តិតាមវិន័យ និងបទបញ្ជាផ្សេងៗដែលខ្ញុំបង្រៀនអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានជីវិត ហើយចូលទៅកាន់កាប់ទឹកដីដែលព្រះអម្ចាស់ ជាព្រះនៃដូនតារបស់អ្នករាល់គ្នា ប្រគល់ឲ្យអ្នករាល់គ្នា។ ២ មិនត្រូវបន្ថែម ឬបន្ថយអ្វី ទៅលើពាក្យដែលខ្ញុំបង្គាប់ដល់អ្នករាល់គ្នាឡើយ ប៉ុន្តែ ត្រូវធ្វើតាមសេចក្ដីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា បង្គាប់ឲ្យអ្នករាល់គ្នាធ្វើ ដូចខ្ញុំបានប្រគល់ឲ្យអ្នករាល់គ្នា។ ៣ អ្នករាល់គ្នាឃើញផ្ទាល់នឹងភ្នែកនូវហេតុការណ៍ដែលព្រះអម្ចាស់បានធ្វើ នៅគ្រាដែលប្រជាជនប្រព្រឹត្តអំពើបាបជាមួយព្រះបាល-ពេអ៊រ។ ព្រះអម្ចាស់ប្រហារមនុស្សទាំងអស់ ក្នុងចំណោមអ្នករាល់គ្នា ដែលបានចូលរួមថ្វាយបង្គំព្រះបាល-ពេអ៊រ ៤ ចំណែកឯអ្នករាល់គ្នាដែលស្មោះត្រង់នឹងព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា អ្នករាល់គ្នានៅរស់រានរហូតមកទល់សព្វថ្ងៃ។
៥ អ្នករាល់គ្នាឃើញស្រាប់ហើយថា ខ្ញុំបង្រៀនតាមវិន័យ និងបទបញ្ជាផ្សេងៗដល់អ្នករាល់គ្នា ដូចព្រះអម្ចាស់ ជាព្រះរបស់ខ្ញុំ បានបង្គាប់មកខ្ញុំ ដើម្បីឲ្យអ្នករាល់គ្នាប្រតិបត្តិតាម នៅក្នុងស្រុកដែលអ្នករាល់គ្នានឹងចូលទៅកាន់កាប់។ ៦ អ្នករាល់គ្នាត្រូវកាន់ ព្រមទាំងប្រតិបត្តិតាមវិន័យ និងបទបញ្ជាទាំងនោះ ដើម្បីឲ្យអ្នករាល់គ្នាមានប្រាជ្ញាឈ្លាសវៃ នៅចំពោះមុខជាតិសាសន៍នានា។ ពេលឮអំពីវិន័យទាំងប៉ុន្មាន ពួកគេនឹងពោលថា ប្រជាជាតិដ៏ធំនេះពិតជាមានប្រាជ្ញាដ៏ឈ្លាសវៃមែន!។ ៧ តើប្រជាជាតិដ៏ធំណាមួយមានព្រះដែលគង់នៅជិតគេ ដូចព្រះអម្ចាស់ជាព្រះនៃយើងគង់នៅជិតយើង គ្រប់ពេលយើងអង្វររកព្រះអង្គ? ៨ តើប្រជាជាតិដ៏ធំណាមួយមានវិន័យ និងបទបញ្ជាត្រឹមត្រូវ ដូចវិន័យទាំងប៉ុន្មាន ដែលខ្ញុំថ្លែងប្រាប់អ្នករាល់គ្នាថ្ងៃនេះ?»។
គ្រាដែលព្រះអម្ចាស់ប្រទានវិន័យនៅភ្នំហូរែប
៩ «ហេតុនេះ ចូរប្រយ័ត្ន ហើយប្រុងស្មារតីរៀងរាល់ថ្ងៃ ក្នុងជីវិតរបស់អ្នក ដើម្បីកុំឲ្យភ្លេចហេតុការណ៍ដែលអ្នកបានឃើញផ្ទាល់នឹងភ្នែក ហើយក្រែងលោចិត្តរបស់អ្នកលែងនឹកនាដល់ហេតុការណ៍នោះ។ ចូរប្រាប់កូន និងចៅរបស់អ្នករាល់គ្នាឲ្យដឹងអំពីហេតុការណ៍នេះដែរ។ ១០ ចូរនឹកចាំពីថ្ងៃដែលអ្នកមកគាល់ព្រះអម្ចាស់ ជាព្រះរបស់អ្នក នៅលើភ្នំហូរែប គឺនៅថ្ងៃព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា “ចូរប្រមូលប្រជាជនឲ្យមកជួបនឹងយើង ដ្បិតយើងចង់ឲ្យពួកគេឮព្រះបន្ទូលរបស់យើង ដើម្បីឲ្យពួកគេគោរពកោតខ្លាចយើងអស់មួយជីវិត ដែលពួកគេរស់នៅលើផែនដី ព្រមទាំងឲ្យពួកគេបង្រៀនព្រះបន្ទូលនេះដល់កូនចៅរបស់ខ្លួន”។ ១១ អ្នករាល់គ្នាបានចូលទៅជិតភ្នំ ហើយឈរនៅជើងភ្នំ។ ពេលនោះ មានភ្លើងឆាបឆេះភ្នំ អណ្ដាតភ្លើងនេះឡើងទៅដល់អាកាសវេហាស៍ មានភាពងងឹត មានពពក និងអ័ព្ទ។ ១២ ព្រះអម្ចាស់មានព្រះបន្ទូលពីក្នុងភ្លើងនោះមកកាន់អ្នករាល់គ្នា អ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះអង្គ តែអ្នករាល់គ្នាពុំបានឃើញព្រះអង្គមានភិនភាគដូចម្ដេចឡើយ គឺឮតែព្រះសូរសៀងប៉ុណ្ណោះ។ ១៣ ព្រះអង្គបានបង្ហាញសម្ពន្ធមេត្រីរបស់ព្រះអង្គដល់អ្នករាល់គ្នា គឺព្រះអង្គប្រទានព្រះបន្ទូលទាំងដប់ប្រការឲ្យអ្នករាល់គ្នាប្រតិបត្តិតាម។ ព្រះអង្គបានចារព្រះបន្ទូលទាំងនោះនៅលើបន្ទះថ្មពីរ។
១៤ នៅគ្រានោះ ព្រះអម្ចាស់បានបង្គាប់ឲ្យខ្ញុំបង្រៀនអ្នករាល់គ្នាអំពីវិន័យ និងបទបញ្ជា ដើម្បីឲ្យអ្នករាល់គ្នាប្រតិបត្តិតាម នៅក្នុងស្រុកដែលអ្នករាល់គ្នាចូលទៅកាន់កាប់»។
បម្រាមគោរពព្រះក្លែងក្លាយ
១៥ «នៅថ្ងៃព្រះអម្ចាស់មានព្រះបន្ទូលមកកាន់អ្នករាល់គ្នាពីក្នុងភ្លើង នៅភ្នំហូរែប អ្នករាល់គ្នាពុំបានឃើញព្រះអង្គមានភិនភាគបែបណាឡើយ ហេតុនេះ តោងប្រយ័ត្នស្មារតី ១៦ ក្រែងលោអ្នករាល់គ្នាបណ្តាលឲ្យខ្លួនមានបាប ដោយធ្វើរូបព្រះក្លែងក្លាយជារូបតំណាងព្រះណាមួយ ទោះបីជារូបមនុស្សប្រុសស្រី ១៧ រូបសត្វនៅលើដី ឬសត្វស្លាបហើរនៅលើមេឃ ១៨ រូបសត្វលូនវារ ឬរូបត្រីនៅក្នុងទឹក។ ១៩ ពេលណាអ្នកងើយសម្លឹងទៅលើមេឃឃើញថ្ងៃ លោកខែ និងផ្កាយទាំងឡាយ ព្រមទាំងកញ្ចុំផ្កាយទាំងប៉ុន្មាននៅលើមេឃ មិនត្រូវបណ្តោយខ្លួនឲ្យក្រាបថ្វាយបង្គំរបស់ទាំងនោះទុកជាព្រះឡើយ។ ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា បានបណ្តោយឲ្យជាតិសាសន៍ទាំងប៉ុន្មាននៅលើផែនដី ក្រាបថ្វាយបង្គំផ្កាយទាំងនោះ។ ២០ ចំណែកឯអ្នករាល់គ្នាវិញ ព្រះអម្ចាស់បាននាំអ្នករាល់គ្នាចេញពីទាសភាពនៅស្រុកអេស៊ីប ដើម្បីឲ្យអ្នករាល់គ្នាធ្វើជាប្រជាជនរបស់ព្រះអង្គផ្ទាល់ ដូចសព្វថ្ងៃ។
២១ ព្រះអម្ចាស់ព្រះអង្គព្រះពិរោធនឹងខ្ញុំ ព្រោះតែអ្នករាល់គ្នា ព្រះអង្គមានព្រះបន្ទូលយ៉ាងម៉ឺងម៉ាត់ថា ខ្ញុំនឹងមិនឆ្លងទន្លេយ័រដាន់ ចូលទៅក្នុងស្រុកដ៏ល្អ ដែលព្រះអម្ចាស់ ជាព្រះរបស់អ្នកប្រគល់ឲ្យអ្នកទុកជាកេរមត៌កឡើយ។ ២២ ខ្ញុំនឹងស្លាប់នៅទីនេះ ខ្ញុំនឹងមិនឆ្លងទន្លេយ័រដាន់ទេ។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នានឹងឆ្លងទៅកាន់កាប់ស្រុកដ៏ល្អនោះ។ ២៣ ចូរអ្នករាល់គ្នាប្រុងប្រយ័ត្នខ្លួន កុំបំភ្លេចសម្ពន្ធមេត្រីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក បានចងជាមួយអ្នកឲ្យសោះ។ កុំធ្វើរូបចម្លាក់ ឬរូបតំណាងអ្វីមួយ ផ្ទុយពីព្រះបន្ទូលដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក បានហាមឡើយ ២៤ ដ្បិតព្រះអម្ចាស់ ព្រះរបស់អ្នក ជាភ្លើងដែលឆេះសន្ធោសន្ធៅ ព្រះអង្គមិនចង់ឲ្យអ្នកជំពាក់ចិត្តនឹងព្រះណាផ្សេងជាដាច់ខាត។
២៥ ពេលណាអ្នករស់នៅក្នុងស្រុកនោះជាយូរឆ្នាំ អ្នករាល់គ្នានឹងបង្កើតកូនចៅតៗគ្នា ប្រសិនបើអ្នករាល់គ្នាបណ្តោយខ្លួន ឲ្យប្រព្រឹត្តអំពើបាប ដោយធ្វើរូបព្រះក្លែងក្លាយ ឬរូបតំណាងអ្វីៗ ប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តអំពើទុច្ចរិតនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះរបស់អ្នក ធ្វើឲ្យព្រះអង្គព្រះអង្គព្រះពិរោធ ២៦ ថ្ងៃនេះ ខ្ញុំយកមេឃ និងដី ធ្វើជាសាក្សីប្រឆាំងនឹងអ្នករាល់គ្នា។ បើអ្នករាល់គ្នាធ្វើដូច្នោះ អ្នករាល់គ្នានឹងវិនាសសូន្យបាត់ពីស្រុក ដែលអ្នករាល់គ្នាឆ្លងទន្លេយ័រដាន់ចូលទៅកាន់កាប់នោះ ដោយការស្លាប់យ៉ាងទាន់ហន់។ អ្នករាល់គ្នាពុំអាចមានអាយុវែងឡើយ ដ្បិតអ្នករាល់គ្នានឹងវិនាសសូន្យទាំងអស់គ្នា។ ២៧ ព្រះអម្ចាស់នឹងកម្ចាត់កម្ចាយអ្នករាល់គ្នា ឲ្យទៅរស់នៅក្នុងចំណោមជាតិសាសន៍នានា អ្នករាល់គ្នានឹងក្លាយទៅជាជនជាតិភាគតិច ក្នុងចំណោមប្រជាជាតិទាំងឡាយ ដែលព្រះអម្ចាស់នាំអ្នករាល់គ្នាទៅរស់នៅ។ ២៨ នៅទីនោះ អ្នករាល់គ្នានឹងថ្វាយបង្គំព្រះដែលជាស្នាដៃរបស់មនុស្ស ជាព្រះធ្វើពីឈើ និងពីថ្ម ដែលមិនចេះមើល មិនចេះស្ដាប់ មិនចេះបរិភោគ ហើយក៏មិនដឹងអ្វីទាំងអស់។ ២៩ នៅទីនោះ អ្នករាល់គ្នានឹងស្វែងរកព្រះអម្ចាស់ ជាព្រះរបស់អ្នក។ ប្រសិនបើអ្នកស្វែងរកព្រះអង្គយ៉ាងអស់ពីចិត្ត អស់ពីព្រលឹង នោះអ្នកមុខជាឃើញព្រះអង្គមិនខាន។ ៣០ នៅពេលខាងមុខ កាលហេតុការណ៍ទាំងនេះកើតមាន ហើយអ្នករងទុក្ខលំបាក អ្នកនឹងវិលមករកព្រះអម្ចាស់ ជាព្រះរបស់អ្នកវិញ អ្នកនឹងស្ដាប់ព្រះសូរសៀងរបស់ព្រះអង្គ ៣១ ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រកបដោយព្រះហឫទ័យមេត្តាករុណា ព្រះអង្គមិនបោះបង់ចោលអ្នកឡើយ ហើយព្រះអង្គក៏មិនបំផ្លាញអ្នកដែរ។ ព្រះអង្គនឹកឃើញសម្ពន្ធមេត្រី ដែលព្រះអង្គបានចងជាមួយបុព្វបុរសរបស់អ្នកជានិច្ច»។
ឯកសិទ្ធិរបស់ជនជាតិអ៊ីស្រាអែល
៣២ «ចូរសាកសួរមើលចុះ ថាតើនៅជំនាន់ដើម គឺតាំងពីថ្ងៃដែលព្រះជាម្ចាស់បង្កើតមនុស្សនៅលើផែនដីនេះ ហើយចាប់ពីជើងមេឃម្ខាងទៅជើងមេឃម្ខាងទៀត តើធ្លាប់មានព្រឹត្តិការណ៍ដ៏អស្ចារ្យបែបនេះ ឬក៏មាននរណាធ្លាប់ឮហេតុការណ៍ដ៏ចម្លែកបែបនេះទេ?។ ៣៣ តើមានជាតិសាសន៍មួយណាធ្លាប់បានឮព្រះជាម្ចាស់មានព្រះបន្ទូលពីក្នុងភ្លើងដូចអ្នកបានឮ ហើយនៅរស់រានមានជីវិតបែបនេះឬទេ? ៣៤ តើដែលមានព្រះណាខិតខំរំដោះប្រជាជាតិមួយចេញពីប្រជាជាតិមួយទៀត ឲ្យធ្វើជាប្រជារាស្ដ្រផ្ទាល់របស់ព្រះអង្គ ដោយធ្វើការអស្ចារ្យ ទីសម្គាល់ ឫទ្ធិបាដិហារិយ៍ ហើយប្រយុទ្ធជំនួសគេដោយឫទ្ធិបារមី និងតេជានុភាពដ៏ខ្លាំងក្លាគួរស្ញែងខ្លាច ដូចព្រះអម្ចាស់ ជាព្រះរបស់អ្នក បានធ្វើនៅស្រុកអេស៊ីប ឲ្យអ្នកឃើញបែបនេះឬទេ? ៣៥ អ្នកបានឃើញការទាំងនោះ ដើម្បីទទួលស្គាល់ថា ព្រះអម្ចាស់ពិតជាព្រះជាម្ចាស់មែន ក្រៅពីព្រះអង្គគ្មានព្រះណាទៀតឡើយ។
៣៦ ព្រះអង្គបានឲ្យអ្នកឮព្រះសូរសៀងពីលើមេឃមក ដើម្បីអប់រំអ្នក។ ព្រះអង្គឲ្យអ្នកឃើញភ្លើងដ៏សន្ធោសន្ធៅនៅលើផែនដីនេះ ហើយអ្នកបានឮ ព្រះសូរសៀងរបស់ព្រះអង្គ ពីក្នុងភ្លើងនោះមក។
៣៧ ព្រះអង្គបានស្រឡាញ់បុព្វបុរសរបស់អ្នក ហើយបានជ្រើសរើសពូជពង្សរបស់ពួកគេ នៅជំនាន់ក្រោយ។ ហេតុនេះហើយបានជាព្រះអង្គផ្ទាល់នាំអ្នកចេញពីស្រុកអេស៊ីប ដោយមហិទ្ធិឫទ្ធិរបស់ព្រះអង្គ។
៣៨ ព្រះអង្គបានបណ្តេញប្រជាជាតិនានា ដែលមានគ្នាច្រើន និងមានកម្លាំងខ្លាំងជាងអ្នក ដើម្បីឲ្យអ្នកចូលកាន់កាប់ស្រុករបស់គេ ហើយព្រះអង្គប្រគល់ស្រុកនោះមកឲ្យអ្នកទុកជាកេរមត៌ក ដូចអ្នកឃើញសព្វថ្ងៃនេះស្រាប់។ ៣៩ ដូច្នេះ ចូរទទួលស្គាល់នៅថ្ងៃនេះ ហើយចងចាំថា ព្រះអម្ចាស់ពិតជាព្រះជាម្ចាស់ នៅលើមេឃ និងនៅលើផែនដី គ្មានព្រះណាផ្សេងទៀតឡើយ។ ៤០ អ្នកត្រូវកាន់តាមវិន័យ និងបទបញ្ជារបស់ព្រះអង្គ ដែលខ្ញុំបានប្រគល់ឲ្យអ្នកក្នុងថ្ងៃនេះ ដើម្បីឲ្យអ្នកមានសុភមង្គល គឺទាំងអ្នក ទាំងកូនចៅរបស់អ្នក ហើយឲ្យអ្នកមានអាយុយឺនយូរនៅលើទឹកដីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យអ្នករហូតតទៅ»។
ក្រុងជម្រកនៅខាងកើតទន្លេយ័រដាន់
៤១ ពេលនោះ លោកម៉ូសេបានញែកក្រុងបី នៅខាងកើតទន្លេយ័រដាន់ដោយឡែក ៤២ ធ្វើជាក្រុងជម្រក សម្រាប់ឲ្យអ្នកដែលសម្លាប់គេដោយអចេតនា រត់មកជ្រកកោន គឺអ្នកដែលបានសម្លាប់គេ ដោយគ្មានចិត្តស្អប់ពីមុន អាចរត់ភៀសខ្លួនមកជ្រកនៅក្នុងក្រុងណាមួយ ក្នុងចំណោមក្រុងទាំងបី ដើម្បីបានរួចជីវិត។ ៤៣ ក្រុងទាំងនោះគឺ: ក្រុងបេស៊ែរ នៅវាលរហោស្ថាននៃខ្ពង់រាបក្នុងទឹកដីរូបេន ក្រុងរ៉ាម៉ូត នៅស្រុកកាឡាដក្នុងទឹកដីកាដ និងក្រុងកូឡាន នៅស្រុកបាសានក្នុងទឹកដីម៉ាណាសេ។
សុន្ទរកថាទីពីររបស់លោកម៉ូសេ
ព្រះបន្ទូលទាំងដប់ប្រការ
៤៤ នេះជាវិន័យដែលលោកម៉ូសេបានប្រគល់ឲ្យជនជាតិអ៊ីស្រាអែល។ ៤៥ លោកម៉ូសេបានប្រកាសវិន័យ និងបទបញ្ជា ប្រាប់ជនជាតិអ៊ីស្រាអែល នៅពេលពួកគេចាកចេញពីស្រុកអេស៊ីប ៤៦ នាត្រើយខាងកើតទន្លេយ័រដាន់ ត្រង់ជ្រលងភ្នំទល់មុខនឹងបាលពេអ៊រ គឺនៅស្រុករបស់ព្រះបាទស៊ីហុន ជាស្តេចរបស់ជនជាតិអាម៉ូរី នៅក្រុងហេសបូន។ លោកម៉ូសេ និងជនជាតិអ៊ីស្រាអែលបានវាយប្រហារស្តេចនេះ នៅពេលចាកចេញពីស្រុកអេស៊ីប ៤៧ ហើយដណ្ដើមយកទឹកដីរបស់ស្តេចនេះ ព្រមទាំងទឹកដីរបស់ព្រះបាទអុក ជាស្តេចស្រុកបាសាន មកកាន់កាប់។ ពីមុន ស្តេចទាំងពីរអង្គរបស់ជនជាតិអាម៉ូរីគ្រប់គ្រងត្រើយខាងកើតទន្លេយ័រដាន់ ៤៨ ចាប់តាំងពីក្រុងអារ៉ូអ៊ែរ ដែលស្ថិតនៅតាមដងស្ទឹងអារណូន រហូតដល់ភ្នំស៊ីអូន ដែលមានឈ្មោះថាភ្នំហ៊ែរម៉ូន ៤៩ វាលទំនាបអារ៉ាបាទាំងមូល ដែលស្ថិតនៅខាងកើតទន្លេយ័រដាន់ រហូតដល់សមុទ្រអារ៉ាបា ដែលនៅជើងភ្នំពីស្កា។
៥
១ លោកម៉ូសេបានកោះហៅប្រជាជនអ៊ីស្រាអែលទាំងមូល ហើយមានប្រសាសន៍ទៅពួកគេថា៖ «អ៊ីស្រាអែលអើយ ចូរស្តាប់វិន័យ និងបទបញ្ជាដែលខ្ញុំប្រកាសប្រាប់ឲ្យអ្នករាល់គ្នាដឹងនៅថ្ងៃនេះ។ ចូររៀនសេចក្ដីទាំងនេះឲ្យបានច្បាស់ ហើយកាន់ និងប្រតិបត្តិតាម។ ២ ព្រះអម្ចាស់ ជាព្រះនៃយើង បានចងសម្ពន្ធមេត្រីជាមួយដូនតារបស់យើង នៅភ្នំហូរែប។ ៣ ព្រះអម្ចាស់ពុំគ្រាន់តែចងសម្ពន្ធមេត្រីនេះជាមួយដូនតារបស់យើងប៉ុណ្ណោះទេ ព្រះអង្គក៏បានចងជាមួយយើងទាំងអស់គ្នា នៅទីនេះ ហើយមានជីវិតនៅថ្ងៃនេះដែរ។ ៤ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់អ្នករាល់គ្នា នៅចំពោះមុខផ្ទាល់ លើភ្នំ ពីក្នុងភ្លើង។ ៥ ចំណែកឯខ្ញុំវិញ ពេលនោះ ខ្ញុំឈរនៅចន្លោះព្រះអម្ចាស់ និងអ្នករាល់គ្នា ដើម្បីនាំព្រះបន្ទូលរបស់ព្រះអង្គមកប្រាប់អ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាភ័យខ្លាចភ្លើង ហើយអ្នករាល់គ្នាពុំបានឡើងទៅលើភ្នំទេ។ ព្រះអង្គមានព្រះបន្ទូលថា:
៦ “យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នក យើងបាននាំអ្នកចាកចេញពីស្រុកអេស៊ីប ជាស្រុកដែលអ្នកធ្វើជាទាសករ។
៧ មិនត្រូវគោរពព្រះណាផ្សេង ក្រៅពីយើងឡើយ។
៨ មិនត្រូវឆ្លាក់រូបអ្វី ឬយកវត្ថុដែលជាតំណាងអ្វីមួយ នៅលើមេឃ នៅលើផែនដី ឬនៅក្នុងទឹក ក្រោមដី ធ្វើជាព្រះឡើយ។ ៩ មិនត្រូវក្រាបថ្វាយបង្គំរូបព្រះទាំងនោះ ឬគោរពបម្រើរូបទាំងនោះឡើយ។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នក យើងមិនចង់ឲ្យអ្នកជំពាក់ចិត្តនឹងព្រះណាផ្សេងក្រៅពីយើងឡើយ។ ប្រសិនបើនរណាក្បត់ចិត្តយើង យើងនឹងដាក់ទោសគេ ចាប់ពីឪពុករហូតដល់កូនចៅបីបួនតំណ ១០ ផ្ទុយទៅវិញ យើងនឹងសម្ដែងសេចក្ដីសប្បុរស រហូតដល់មួយពាន់តំណ ចំពោះអស់អ្នកដែលស្រឡាញ់ និងប្រតិបត្តិតាមបញ្ជារបស់យើង។
១១ មិនត្រូវយកព្រះនាមរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ទៅប្រើឥតបានការនោះឡើយ ដ្បិតព្រះអម្ចាស់នឹងមិនអត់ឱនឲ្យអ្នកដែលយកព្រះនាមរបស់ព្រះអង្គ ទៅប្រើឥតបានការរបៀបនេះជាដាច់ខាត។
១២ ចូរគោរពថ្ងៃសប្ប័ទ* ហើយញែកថ្ងៃនោះទុកជាថ្ងៃដ៏វិសុទ្ធ ដូចព្រះអម្ចាស់ ជាព្រះរបស់អ្នក បានបង្គាប់ដល់អ្នក។ ១៣ អ្នកមានពេលប្រាំមួយថ្ងៃសម្រាប់បំពេញកិច្ចការទាំងប៉ុន្មានដែលអ្នកត្រូវធ្វើ ១៤ តែថ្ងៃទីប្រាំពីរជាថ្ងៃសប្ប័ទរបស់ព្រះអម្ចាស់ ជាព្រះនៃអ្នក។ ដូច្នេះ នៅថ្ងៃនោះ ទាំងអ្នក ទាំងកូនប្រុស កូនស្រីរបស់អ្នក ទាំងអ្នកបម្រើប្រុសស្រី ទាំងគោ ទាំងលា ទាំងហ្វូងសត្វ និងជនបរទេសដែលរស់នៅជាមួយអ្នក មិនត្រូវធ្វើការអ្វីឡើយ។ ត្រូវឲ្យអ្នកបម្រើប្រុសស្រីរបស់អ្នកបានសម្រាកដូចអ្នកដែរ។ ១៥ អ្នកត្រូវនឹកចាំថា អ្នកធ្លាប់ធ្វើជាទាសករនៅស្រុកអេស៊ីប ហើយព្រះអម្ចាស់ ជាព្រះរបស់អ្នក បាននាំអ្នកចាកចេញពីទីនោះ ដោយឫទ្ធិបារមី និងតេជានុភាពរបស់ព្រះអង្គ។ ហេតុនេះហើយបានជាព្រះអម្ចាស់ ជាព្រះរបស់អ្នក បង្គាប់ឲ្យអ្នកគោរពថ្ងៃសប្ប័ទ។
១៦ ចូរគោរពមាតាបិតារបស់អ្នក ដូចព្រះអម្ចាស់ ជាព្រះនៃអ្នក បានបង្គាប់អ្នក ដើម្បីឲ្យអ្នកមានអាយុយឺនយូរ និងមានសុភមង្គល នៅលើដីដែលព្រះអម្ចាស់ ជាព្រះនៃអ្នក ប្រទានដល់អ្នក។
១៧ កុំសម្លាប់មនុស្ស។
១៨ កុំប្រព្រឹត្តអំពើផិតក្បត់។
១៩ កុំលួចប្លន់គេ។
២០ កុំធ្វើសាក្សីក្លែងក្លាយ នាំឲ្យអ្នកដទៃមានទោស។
២១ កុំលោភលន់ចង់បានប្រពន្ធគេ កុំប៉ងប្រាថ្នាចង់បានផ្ទះរបស់អ្នកដទៃ ឬក៏ចង់បានស្រែចម្ការ អ្នកបម្រើប្រុស អ្នកបម្រើស្រី គោ លា ឬរបស់អ្វីផ្សេងទៀតរបស់គេឡើយ”។
២២ នេះហើយជាព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងមកកាន់ក្រុមជំនុំទាំងមូល ដោយបន្លឺព្រះសូរសៀងខ្លាំងៗ នៅលើភ្នំ ពីក្នុងភ្លើង ពពក* និងអ័ព្ទ។ ព្រះអង្គពុំមានព្រះបន្ទូលអ្វីថែមពីលើនេះទៀតទេ ព្រះអង្គបានចារព្រះបន្ទូលទាំងនោះនៅលើបន្ទះថ្មពីរ រួចប្រគល់មកឲ្យខ្ញុំ។
២៣ ក្រោយពីបានឮព្រះសូរសៀងពីទីងងឹត ក្នុងពេលភ្លើងកំពុងតែឆាបឆេះភ្នំនោះ មេដឹកនាំនៃកុលសម្ព័ន្ធ និងពួកព្រឹទ្ធាចារ្យទាំងអស់របស់អ្នករាល់គ្នាមកជិតខ្ញុំ ២៤ ហើយពោលថា “ព្រះអម្ចាស់ ជាព្រះនៃយើង បានបង្ហាញឲ្យយើងខ្ញុំឃើញសិរីរុងរឿង និងភាពឧត្តុង្គឧត្ដមរបស់ព្រះអង្គ យើងខ្ញុំឮព្រះសូរសៀងរបស់ព្រះអង្គពីក្នុងភ្លើង។ ថ្ងៃនេះ យើងខ្ញុំឃើញថាព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់មនុស្ស ហើយមនុស្សអាចនៅមានជីវិតរស់រាន។ ២៥ ហេតុនេះ សូមកុំបណ្តោយឲ្យយើងខ្ញុំស្លាប់ឡើយ ដ្បិតភ្លើងដ៏សន្ធោសន្ធៅនោះនឹងឆាបឆេះយើងខ្ញុំ។ ប្រសិនបើយើងខ្ញុំឮព្រះសូរសៀងរបស់ព្រះអម្ចាស់ ជាព្រះនៃយើងតទៅមុខទៀត យើងខ្ញុំមុខជាស្លាប់មិនខាន។ ២៦ មិនដែលមានមនុស្សណាបានឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅ ពីក្នុងភ្លើង ដូចយើងខ្ញុំបានឮ ហើយនៅរស់រានមានជីវិតបែបនេះឡើយ។ ២៧ ដូច្នេះ សូមលោកចូលទៅជិតព្រះអង្គ ហើយស្ដាប់សេចក្ដីដែលព្រះអម្ចាស់ ជាព្រះនៃយើងមានព្រះបន្ទូល រួចនាំព្រះបន្ទូលរបស់ព្រះអង្គមកប្រាប់យើងខ្ញុំផង។ យើងខ្ញុំនឹងស្ដាប់ព្រះបន្ទូល ហើយប្រតិបត្តិតាម”។
២៨ ព្រះអម្ចាស់ព្រះអង្គព្រះសណ្ដាប់ឮពាក្យដែលអ្នករាល់គ្នាពោលមកកាន់ខ្ញុំ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា: “យើងបានឮពាក្យដែលប្រជាជនពោលមកកាន់អ្នកហើយ អ្វីៗដែលពួកគេនិយាយសុទ្ធតែត្រឹមត្រូវ។ ២៩ ប្រសិនបើពួកគេមានចិត្តកោតខ្លាចយើងរហូត ហើយគោរពបទបញ្ជាទាំងប៉ុន្មានរបស់យើងជារៀងរាល់ថ្ងៃ ពួកគេ ព្រមទាំងកូនចៅរបស់ពួកគេ មុខជាមានសុភមង្គលដរាបតរៀងទៅ! ៣០ ចូរទៅប្រាប់ពួកគេឲ្យវិលត្រឡប់ទៅកាន់ជំរំរបស់គេរៀងៗខ្លួនចុះ។ ៣១ ចំណែកឯអ្នកវិញ ចូរនៅទីនេះជាមួយយើងហើយ យើងនឹងប្រាប់អ្នកអំពីបទបញ្ជា វិន័យ និងច្បាប់ផ្សេងៗ ដែលអ្នកត្រូវយកទៅបង្រៀនពួកគេ ដើម្បីឲ្យពួកគេប្រតិបត្តិតាមនៅក្នុងស្រុក ដែលយើងនឹងប្រគល់ឲ្យពួកគេកាន់កាប់”។ ៣២ អ្នករាល់គ្នាត្រូវគោរព និងប្រតិបត្តិតាមព្រះបន្ទូលដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា បានបង្គាប់ដល់អ្នករាល់គ្នា ដោយឥតងាកទៅឆ្វេង ឬទៅស្តាំ។ ៣៣ ត្រូវដើរតាមមាគ៌ាដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា បានបង្គាប់មក ឥតល្អៀងត្រង់ណាឡើយ ដើម្បីឲ្យអ្នករាល់គ្នាមានជីវិត មានសុភមង្គល និងមានអាយុយឺនយូរ នៅក្នុងស្រុកដែលអ្នករាល់គ្នានឹងចូលទៅកាន់កាប់»។
៦
ត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នក
១ «នេះជាបទបញ្ជា វិន័យ និងច្បាប់ផ្សេងៗដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា បានបង្គាប់ឲ្យខ្ញុំបង្រៀនអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាប្រតិបត្តិតាម នៅក្នុងស្រុក ដែលអ្នករាល់គ្នានឹងចូលទៅកាន់កាប់។ ២ ធ្វើដូច្នេះ អ្នកនឹងគោរពកោតខ្លាចព្រះអម្ចាស់ ជាព្រះរបស់អ្នក។ ជារៀងរាល់ថ្ងៃ អស់មួយជីវិត អ្នក និងកូនចៅរបស់អ្នក ត្រូវកាន់តាមវិន័យ និងបទបញ្ជាទាំងប៉ុន្មានរបស់ព្រះអង្គ ដែលខ្ញុំប្រគល់ឲ្យ ដើម្បីឲ្យអ្នកមានអាយុយឺនយូរ។ ៣ អ៊ីស្រាអែលអើយ ចូរស្ដាប់វិន័យ និងបទបញ្ជា ហើយយកទៅកាន់ និងប្រតិបត្តិតាមចុះ ដើម្បីឲ្យអ្នកមានសុភមង្គល ហើយកើនចំនួនច្រើនឥតគណនានៅក្នុងស្រុកដ៏សម្បូណ៌សប្បាយ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់អ្នក បានសន្យាជាមួយអ្នក។
៤ អ៊ីស្រាអែលអើយ ចូរស្ដាប់! មានតែព្រះអម្ចាស់ ជាព្រះរបស់យើង មួយព្រះអង្គគត់ ដែលពិតជាព្រះអម្ចាស់។ ៥ អ្នកត្រូវស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ឲ្យអស់ពីចិត្តគំនិត អស់ពីស្មារតី និងអស់ពីកម្លាំងកាយ។ ៦ ត្រូវទុកឲ្យព្រះបន្ទូលដែលខ្ញុំប្រគល់ដល់អ្នកនៅថ្ងៃនេះ ដក់ជាប់នៅក្នុងចិត្តរបស់អ្នកជានិច្ច។ ៧ ចូរបង្រៀនកូនចៅរបស់អ្នកអំពីព្រះបន្ទូលនេះ គឺត្រូវនិយាយឲ្យវាស្ដាប់ ពេលអ្នកនៅផ្ទះ ពេលធ្វើដំណើរ ពេលចូលដំណេក និងពេលក្រោកពីដំណេក។ ៨ ត្រូវចងព្រះបន្ទូលទាំងនេះជាសញ្ញា ជាប់នៅដៃ ហើយដាក់នៅលើថ្ងាសរបស់អ្នក។ ៩ ចូរសរសេរលើក្របទ្វារផ្ទះ និងក្លោងទ្វារក្រុងរបស់អ្នក»។
កុំបំភ្លេចព្រះជាម្ចាស់ឡើយ
១០ «ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងនាំអ្នកចូលទៅក្នុងស្រុក ដែលព្រះអង្គបានសន្យាជាមួយលោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ជាបុព្វបុរសរបស់អ្នកថានឹងប្រគល់ឲ្យអ្នក។ ស្រុកនោះមានក្រុងដ៏ធំៗ ហើយស្អាតៗ ជាក្រុងដែលអ្នកមិនបានសង់ ១១ ព្រមទាំងមានផ្ទះពេញទៅដោយទ្រព្យសម្បត្តិគ្រប់យ៉ាង ជាទ្រព្យដែលអ្នកពុំបានស្វះស្វែងរក មានអណ្ដូងស្រាប់ គឺអណ្ដូងដែលអ្នកពុំបានជីក ហើយមានចម្ការទំពាំងបាយជូរ និងចម្ការអូលីវដែលអ្នកពុំបានដាំ។ ១២ ពេលណាអ្នកមានភោគផលបរិភោគឆ្អែតហើយ ចូរប្រយ័ត្នក្រែងលោអ្នកភ្លេចព្រះអម្ចាស់ ជាព្រះដែលបាននាំអ្នកចេញពីស្រុកអេស៊ីប ជាស្រុកដែលអ្នកធ្វើជាទាសករ។ ១៣ ចូរកោតខ្លាចព្រះអម្ចាស់ ជាព្រះរបស់អ្នក ហើយគោរពបម្រើព្រះអង្គ និងពោលពាក្យស្បថក្នុងព្រះនាមព្រះអង្គតែមួយប៉ុណ្ណោះ។ ១៤ មិនត្រូវជំពាក់ចិត្តជាមួយព្រះឯទៀតៗ ក្នុងចំណោមព្រះរបស់ជាតិសាសន៍ទាំងឡាយដែលនៅជុំវិញអ្នករាល់គ្នាឡើយ ១៥ ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នក ដែលគង់នៅជាមួយអ្នក ព្រះអង្គមិនសព្វព្រះហឫទ័យឲ្យអ្នកជំពាក់ចិត្តជាមួយព្រះណាផ្សេងទៀតជាដាច់ខាត។ បើមិនដូច្នោះទេ ព្រះអម្ចាស់ ជាព្រះរបស់អ្នក ព្រះអង្គព្រះពិរោធទាស់នឹងអ្នក ហើយលុបបំបាត់អ្នកពីផែនដីនេះ។ ១៦ មិនត្រូវល្បងលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ដូចអ្នករាល់គ្នាធ្លាប់ល្បងលព្រះអង្គ នៅម៉ាសានោះឡើយ។ ១៧ ផ្ទុយទៅវិញ ត្រូវកាន់តាមបទបញ្ជារបស់ព្រះអម្ចាស់ឲ្យបានខ្ជាប់ខ្ជួន ព្រមទាំងកាន់តាមដំបូន្មាន និងវិន័យ ដែលព្រះអង្គបានបង្គាប់។ ១៨ ត្រូវប្រព្រឹត្តអំពើសុចរិត និងត្រឹមត្រូវ ដែលគាប់ព្រះហឫទ័យព្រះអម្ចាស់ ដើម្បីឲ្យអ្នកមានសុភមង្គល ហើយកាន់កាប់ទឹកដីដ៏ល្អ ដែលព្រះអម្ចាស់បានសន្យាយ៉ាងម៉ឺងម៉ាត់ជាមួយបុព្វបុរសរបស់អ្នកថា នឹងប្រទានដល់អ្នក ១៩ ដោយបណ្តេញខ្មាំងសត្រូវទាំងអស់ចេញពីមុខអ្នក ដូចព្រះអង្គមានព្រះបន្ទូលទុក។
២០ នៅថ្ងៃមុខ ប្រសិនបើកូនរបស់អ្នកសួរថា: តើដំបូន្មាន វិន័យ និងច្បាប់ទាំងឡាយដែលព្រះអម្ចាស់ ជាព្រះនៃយើង បានបង្គាប់មកយើងនេះ មានន័យដូចម្ដេច? ២១ អ្នកត្រូវប្រាប់កូនវិញថា: ពីមុន យើងធ្វើជាខ្ញុំបម្រើរបស់ព្រះចៅផារ៉ោននៅស្រុកអេស៊ីប ហើយព្រះអម្ចាស់បាននាំយើងចេញពីស្រុកអេស៊ីប ដោយឫទ្ធិបារមីរបស់ព្រះអង្គ។ ២២ ព្រះអម្ចាស់បានសម្ដែងទីសម្គាល់ និងឫទ្ធិបាដិហារិយ៍យ៉ាងសម្បើមអស្ចារ្យ ឲ្យយើងឃើញ ដើម្បីកម្ទេចព្រះចៅផារ៉ោន និងអស់អ្នកដែលនៅជាមួយស្តេច។ ២៣ ព្រះអម្ចាស់បាននាំយើងចេញពីស្រុកនោះ មកនៅក្នុងស្រុកដែលព្រះអង្គបានសន្យាជាមួយបុព្វបុរសរបស់យើង ថានឹងប្រគល់មកឲ្យយើង។ ២៤ ព្រះអម្ចាស់បានបញ្ជាឲ្យយើងប្រតិបត្តិតាមវិន័យទាំងនេះ ព្រមទាំងគោរពកោតខ្លាចព្រះអម្ចាស់ ជាព្រះនៃយើង ដើម្បីឲ្យយើងមានសុភមង្គលជារៀងរាល់ថ្ងៃ និងឲ្យព្រះអង្គថែរក្សាអាយុជីវិតរបស់យើង ដូចព្រះអង្គថែរក្សានៅថ្ងៃនេះ។ ២៥ យើងត្រូវគោរព និងប្រតិបត្តិតាមបទបញ្ជាទាំងនេះ ដូចព្រះអង្គបានបង្គាប់មក ដើម្បីឲ្យយើងសុចរិត ហើយគាប់ព្រះហឫទ័យព្រះអម្ចាស់ ជាព្រះនៃយើង»។
៧
អ៊ីស្រាអែលមិនត្រូវឡូកឡំជាមួយប្រជាជាតិនានា តែត្រូវញែកខ្លួនថ្វាយព្រះអម្ចាស់
១ «ពេលណាព្រះអម្ចាស់ ជាព្រះរបស់អ្នក នាំអ្នកចូលទៅក្នុងស្រុកដែលអ្នកត្រូវកាន់កាប់ ដោយបណ្តេញប្រជាជាតិជាច្រើនចេញពីមុខអ្នក ដូចជាជនជាតិហេត ជនជាតិគៀរកាស៊ី ជនជាតិអាម៉ូរី ជនជាតិកាណាន ជនជាតិពេរេស៊ី ជនជាតិហេវី និងជនជាតិយេប៊ូស គឺប្រជាជាតិទាំងប្រាំពីរដែលមានគ្នាច្រើន និងមានកម្លាំងជាងអ្នក ២ ពេលណាព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃអ្នក ពេលណាអ្នកយកជ័យជម្នះលើពួកគេហើយ ចូរបំផ្លាញពួកគេថ្វាយផ្ដាច់*ដល់ព្រះអម្ចាស់។ កុំចងសម្ពន្ធមេត្រីជាមួយពួកគេ ឬប្រណីសន្ដោសពួកគេឡើយ។ ៣ កុំចងស្ពានមេត្រីជាមួយជាតិសាសន៍ទាំងនេះ ដោយចំណងអាពាហ៍ពិពាហ៍ គឺមិនត្រូវលើកកូនស្រីរបស់អ្នក ឲ្យកូនប្រុសរបស់ពួកគេ ហើយក៏មិនត្រូវដណ្ដឹងកូនស្រីរបស់ពួកគេឲ្យកូនប្រុសរបស់អ្នកដែរ។ ៤ បើមិនដូច្នោះទេ កូនប្រុសរបស់អ្នកមុខជាបែរចិត្តចេញឆ្ងាយពីព្រះអម្ចាស់ ទៅគោរពថ្វាយបង្គំព្រះឯទៀតៗ ជាហេតុបណ្តាលឲ្យព្រះអម្ចាស់ព្រះអង្គព្រះពិរោធនឹងអ្នករាល់គ្នា ហើយកម្ទេចអ្នកមួយរំពេច។ ៥ អ្នករាល់គ្នាត្រូវប្រព្រឹត្តចំពោះជាតិសាសន៍ទាំងនោះដូចតទៅ គឺត្រូវផ្តួលរំលំអាសនៈរបស់ពួកគេ បំបាក់ស្តូបរបស់ពួកគេ ត្រូវកាប់រំលំបង្គោលរបស់ព្រះអាសេរ៉ា ហើយដុតកម្ទេចរូបព្រះរបស់ពួកគេ។
៦ ព្រះអម្ចាស់ ជាព្រះរបស់អ្នក ចាត់ទុកអ្នកជាប្រជាជនដ៏វិសុទ្ធ។ ព្រះអម្ចាស់ ជាព្រះរបស់អ្នក បានជ្រើសរើសអ្នកពីក្នុងចំណោមជាតិសាសន៍ទាំងប៉ុន្មាននៅលើផែនដី ឲ្យធ្វើជាប្រជារាស្ដ្ររបស់ព្រះអង្គផ្ទាល់»។
ព្រះអម្ចាស់ស្មោះត្រង់នឹងសម្ពន្ធមេត្រីរបស់ព្រះអង្គ
៧ «ព្រះអម្ចាស់ស្រឡាញ់អ្នករាល់គ្នា ហើយជ្រើសរើសអ្នករាល់គ្នាដូច្នេះ មិនមែនមកពីអ្នករាល់គ្នាមានចំនួនច្រើនជាងជាតិសាសន៍ទាំងប៉ុន្មាននោះឡើយ ដ្បិតអ្នករាល់គ្នាជាជាតិសាសន៍មួយតូចជាងគេបំផុត។ ៨ ព្រះអង្គជ្រើសរើសអ្នករាល់គ្នា មកពីព្រះអង្គស្រឡាញ់អ្នករាល់គ្នា ហើយសព្វព្រះហឫទ័យគោរពតាមព្រះបន្ទូល ដែលព្រះអង្គបានសន្យាជាមួយបុព្វបុរសរបស់អ្នករាល់គ្នា។ ហេតុនេះហើយបានជាព្រះអម្ចាស់ប្រើឫទ្ធិបារមីដ៏ខ្លាំងពូកែរបស់ព្រះអង្គ ដើម្បីនាំអ្នករាល់គ្នាចេញពីស្រុកដែលអ្នករាល់គ្នាធ្វើជាទាសករ ព្រះអង្គរំដោះអ្នករាល់គ្នាឲ្យរួចពីកណ្ដាប់ដៃរបស់ព្រះចៅផារ៉ោន ជាស្តេចស្រុកអេស៊ីប។ ៩ ដូច្នេះ អ្នកត្រូវទទួលស្គាល់ថា មានតែព្រះអម្ចាស់ជាព្រះរបស់អ្នកប៉ុណ្ណោះ ដែលជាព្រះដ៏ពិតប្រាកដ។ ព្រះអង្គគោរពតាមសម្ពន្ធមេត្រី*របស់ព្រះអង្គ ដោយព្រះហឫទ័យស្មោះត្រង់ ហើយសម្ដែងព្រះហឫទ័យមេត្តាករុណារហូតដល់មួយពាន់តំណ ចំពោះអស់អ្នកដែលស្រឡាញ់ព្រះអង្គ និងកាន់តាមបទបញ្ជារបស់ព្រះអង្គ។ ១០ ផ្ទុយទៅវិញ ព្រះអង្គដាក់ទោសអស់អ្នកដែលស្អប់ព្រះអង្គ និងធ្វើឲ្យពួកគេវិនាស ដោយឥតបង្អង់ឡើយ។ ១១ ដូច្នេះ អ្នកត្រូវកាន់តាមបទបញ្ជា វិន័យ និងបញ្ញត្តិដែលខ្ញុំប្រគល់ឲ្យអ្នកនៅថ្ងៃនេះ ដើម្បីឲ្យអ្នកយកទៅប្រតិបត្តិតាម។
១២ ប្រសិនបើអ្នករាល់គ្នាស្ដាប់បញ្ញត្តិទាំងនេះ ហើយកាន់ និងប្រតិបត្តិតាម ព្រះអម្ចាស់ ជាព្រះរបស់អ្នក ក៏ធ្វើតាមសម្ពន្ធមេត្រីរបស់ព្រះអង្គ ព្រមទាំងសម្ដែងព្រះហឫទ័យមេត្តាករុណាដ៏ស្មោះស្ម័គ្រចំពោះអ្នក ដូចព្រះអង្គបានសន្យាជាមួយបុព្វបុរសរបស់អ្នកដែរ។ ១៣ ព្រះអង្គនឹងស្រឡាញ់អ្នក ប្រទានពរដល់អ្នក ហើយធ្វើឲ្យអ្នកកើនចំនួនច្រើនឡើង។ ព្រះអង្គនឹងប្រទានពរឲ្យអ្នកមានកូនចៅច្រើន ឲ្យដីរបស់អ្នកបង្កបង្កើតផល មានស្រូវ ស្រាទំពាំងបាយជូរ និងប្រេងដ៏បរិបូណ៌។ ព្រះអង្គក៏ប្រទានឲ្យហ្វូងគោ និងហ្វូងចៀមរបស់អ្នក បង្កើតកូនចៅកើនចំនួនឡើងនៅក្នុងស្រុក ដែលព្រះអង្គសន្យាជាមួយបុព្វបុរសរបស់អ្នក ថានឹងប្រគល់ឲ្យអ្នក។ ១៤ អ្នកនឹងទទួលពរលើសជាតិសាសន៍ទាំងអស់ គឺក្នុងស្រុករបស់អ្នក គ្មានបុរស ឬស្ត្រី ដែលពុំអាចបង្កើតកូន ហើយក្នុងហ្វូងសត្វរបស់អ្នក ក៏គ្មានសត្វ ដែលពុំអាចបង្កើតកូនដែរ។ ១៥ ព្រះអម្ចាស់នឹងកម្ចាត់ជំងឺទាំងអស់ចេញឆ្ងាយពីអ្នក ព្រះអង្គមិនឲ្យអ្នកជួបប្រទះជំងឺរាតត្បាតផ្សេងៗ ដូចអ្នកធ្លាប់ឃើញនៅស្រុកអេស៊ីបឡើយ តែព្រះអង្គឲ្យជំងឺទាំងនោះកើតមានដល់ខ្មាំងសត្រូវរបស់អ្នកវិញ។ ១៦ អ្នកនឹងបំផ្លាញជាតិសាសន៍ទាំងប៉ុន្មាន ដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រគល់មកក្នុងកណ្ដាប់ដៃអ្នក។ មិនត្រូវអាណិតអាសូរពួកគេ ហើយក៏មិនត្រូវគោរពបម្រើព្រះរបស់គេដែរ ព្រោះជាអន្ទាក់សម្រាប់អ្នករាល់គ្នា»។
ព្រះអម្ចាស់ការពារប្រជារាស្ដ្ររបស់ព្រះអង្គ
១៧ «មិនត្រូវរិះគិតក្នុងចិត្តថា “ប្រជាជាតិទាំងនោះមានចំនួនច្រើនជាងខ្ញុំ តើធ្វើដូចម្ដេចឲ្យខ្ញុំអាចបណ្តេញពួកគេចេញពីទឹកដីនេះបាន?” ១៨ កុំខ្លាចពួកគេឡើយ តែត្រូវនឹកគិតអំពីហេតុការណ៍ដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក បានប្រព្រឹត្តចំពោះព្រះចៅផារ៉ោន និងអ្នកស្រុកអេស៊ីបទាំងមូល។ ១៩ អ្នកឃើញស្រាប់ហើយថា ព្រះអម្ចាស់ ជាព្រះរបស់អ្នក បានធ្វើឲ្យមានគ្រោះកាចដ៏ធំៗ ព្រះអង្គសម្ដែងទីសម្គាល់ និងឫទ្ធិបាដិហារិយ៍ ព្រមទាំងឫទ្ធិបារមី និងតេជានុភាព ដើម្បីនាំអ្នកចេញពីស្រុកអេស៊ីប។ ដូច្នេះ ព្រះអម្ចាស់ ជាព្រះរបស់អ្នក ក៏ប្រព្រឹត្តបែបនេះចំពោះជាតិសាសន៍ទាំងប៉ុន្មាន ដែលអ្នកនឹកខ្លាចដែរ។ ២០ ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងចាត់សត្វឪម៉ាល់ទៅប្រហារអស់អ្នកដែលនៅសេសសល់ ហើយលាក់ខ្លួន ឲ្យវិនាសសូន្យនៅមុខអ្នក។ ២១ កុំភ័យខ្លាចពួកគេឡើយ ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នក គង់នៅជាមួយអ្នក ព្រះអង្គជាព្រះដ៏ឧត្ដម គួរឲ្យស្ញែងខ្លាច។ ២២ ព្រះអម្ចាស់ ជាព្រះរបស់អ្នក ដេញកម្ចាត់ពួកគេចេញឆ្ងាយពីអ្នកបន្តិចម្ដងៗ។ អ្នកពុំអាចបំផ្លាញពួកគេអស់ភ្លាមៗឡើយ បើមិនដូច្នោះទេ សត្វព្រៃកើនចំនួនច្រើនឡើង ហើយធ្វើទុក្ខអ្នកជាមិនខាន។ ២៣ ប៉ុន្តែ ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងប្រគល់ពួកគេមកក្នុងអំណាចអ្នក ព្រះអង្គធ្វើឲ្យពួកគេភ័យតក់ស្លុត ហើយវិនាសសូន្យទាំងស្រុង។ ២៤ ព្រះអង្គនឹងប្រគល់ស្តេចរបស់ពួកគេមកក្នុងកណ្ដាប់ដៃអ្នក អ្នកនឹងលុបបំបាត់ឈ្មោះរបស់ស្តេចទាំងនោះអស់ពីផែនដី។ អ្នកនឹងបំផ្លាញពួកគេឲ្យវិនាសសូន្យ គ្មាននរណាអាចតទល់នឹងអ្នកទេ។ ២៥ ត្រូវដុតកម្ទេចរូបព្រះរបស់ពួកគេ ដោយឥតនឹកស្តាយមាសប្រាក់ ដែលស្ថិតនៅលើរូបទាំងនោះឡើយ។ កុំទុកវត្ថុទាំងនោះឲ្យសោះ ក្រែងលោវាក្លាយទៅជាអន្ទាក់ដល់អ្នក ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នក ស្អប់វត្ថុទាំងនោះណាស់។ ២៦ មិនត្រូវយករូបព្រះក្លែងក្លាយចូលក្នុងផ្ទះរបស់អ្នកឡើយ ក្រែងលោអ្នកត្រូវវិនាសទាំងស្រុងដូចរូបទាំងនោះដែរ។ ត្រូវចាត់ទុករបស់ទាំងនោះជាវត្ថុដ៏ចង្រៃគួរស្អប់ខ្ពើម ដ្បិតជាវត្ថុដែលត្រូវបំផ្លាញថ្វាយផ្ដាច់ដល់ព្រះអម្ចាស់»។
៨
ព្រះអម្ចាស់អប់រំអ៊ីស្រាអែលនៅវាលរហោស្ថាន
១ «ចូរកាន់ និងប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មាន ដែលខ្ញុំប្រគល់ឲ្យអ្នករាល់គ្នា នៅថ្ងៃនេះ ដើម្បីឲ្យអ្នករាល់គ្នាមានជីវិត កើនចំនួនច្រើនឡើង ហើយកាន់កាប់ទឹកដី ដែលព្រះអម្ចាស់សន្យាយ៉ាងម៉ឺងម៉ាត់ថា នឹងប្រគល់ឲ្យបុព្វបុរសរបស់អ្នករាល់គ្នា។ ២ ចូរនឹកចាំថាព្រះអម្ចាស់ ជាព្រះរបស់អ្នក បានឲ្យអ្នកធ្វើដំណើរកាត់វាលរហោស្ថាននេះ អស់រយៈពេលសែសិបឆ្នាំ ដើម្បីឲ្យអ្នកស្គាល់ទុក្ខលំបាក។ ព្រះអង្គល្បងលអ្នក ចង់ដឹងថា តើអ្នកមានចិត្តដូចម្ដេច ហើយអ្នកកាន់តាមបទបញ្ជារបស់ព្រះអង្គ ឬយ៉ាងណា។ ៣ ព្រះអង្គបានឲ្យអ្នកជួបទុក្ខលំបាក និងការអត់ឃ្លាន ព្រះអង្គប្រទាននំម៉ាណាឲ្យអ្នកបរិភោគ គឺជាអាហារដែលអ្នក និងដូនតារបស់អ្នក ពុំធ្លាប់ស្គាល់។ ធ្វើដូច្នេះ ព្រះអង្គប្រៀនប្រដៅឲ្យអ្នកដឹងថា មនុស្សមិនមែនរស់ដោយអាហារប៉ុណ្ណោះទេ តែមនុស្សរស់ដោយសារព្រះបន្ទូលទាំងប៉ុន្មាន ដែលចេញមកពីព្រះឱស្ឋរបស់ព្រះអម្ចាស់។ ៤ ក្នុងអំឡុងពេលសែសិបឆ្នាំនេះ សម្លៀកបំពាក់របស់អ្នកមិនដែលសឹក ហើយជើងរបស់អ្នកក៏មិនដែលហើមដែរ។ ៥ ចូរទទួលស្គាល់ថា ព្រះអម្ចាស់ ជាព្រះរបស់អ្នក បានអប់រំអ្នកដូចឪពុកអប់រំកូន។ ៦ ចូរកាន់តាមបទបញ្ជារបស់ព្រះអម្ចាស់ ជាព្រះនៃអ្នក ហើយដើរតាមមាគ៌ារបស់ព្រះអង្គ និងគោរពកោតខ្លាចព្រះអង្គ»។
ការល្បួងផ្សេងៗនៅក្នុងទឹកដីសន្យា
៧ «ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងនាំអ្នកចូលទៅក្នុងស្រុកដ៏ល្អ ជាស្រុកសម្បូណ៌ស្ទឹង អណ្ដូង និងប្រភពទឹក ដែលហូរចេញមកស្រោចស្រពតាមវាល និងតាមភ្នំ។ ៨ ស្រុកនោះក៏សម្បូណ៌ស្រូវ ពោត ទំពាំងបាយជូរ ឧទុម្ពរ និងទទឹម ព្រមទាំងដើមអូលីវ និងទឹកឃ្មុំ។ ៩ នៅស្រុកនោះ អ្នកនឹងមានអាហារបរិបូណ៌ ឥតខ្វះខាតអ្វីឡើយ។ ស្រុកនោះសម្បូណ៌ដែកនៅក្នុងថ្ម ហើយមានរ៉ែស្ពាន់នៅតាមភ្នំ។ ១០ ពេលអ្នកមានអាហារបរិភោគគ្រប់គ្រាន់ហើយ ចូរអរព្រះគុណព្រះអម្ចាស់ ជាព្រះរបស់អ្នក ដែលបានប្រទានស្រុកនេះឲ្យអ្នក។
១១ ចូរប្រយ័ត្ន ក្រែងអ្នកភ្លេចព្រះអម្ចាស់ ជាព្រះរបស់អ្នក ហើយលែងកាន់តាមបទបញ្ជា ច្បាប់ និងវិន័យរបស់ព្រះអង្គ ដែលខ្ញុំប្រគល់ឲ្យអ្នកនៅថ្ងៃនេះ។ ១២ ពេលអ្នកមានអាហារបរិភោគគ្រប់គ្រាន់ ពេលអ្នកសង់ផ្ទះស្អាតៗធ្វើជាលំនៅដ្ឋាន ១៣ ពេលអ្នកមានហ្វូងគោ ហ្វូងចៀម មាសប្រាក់ និងអ្វីៗទាំងអស់យ៉ាងច្រើន ១៤ ចូរប្រយ័ត្ន ក្រែងលោអ្នកមានចិត្តអួតអាង ហើយភ្លេចព្រះអម្ចាស់ ជាព្រះរបស់អ្នក ដែលបាននាំអ្នកចេញមកពីស្រុកអេស៊ីប ជាកន្លែងដែលអ្នកធ្វើជាទាសករ។ ១៥ ព្រះអង្គបានឲ្យអ្នកធ្វើដំណើរក្នុងវាលរហោស្ថានដ៏ធំធេង គួរឲ្យស្ញែងខ្លាច ជាកន្លែងសម្បូណ៌ដោយពស់ភ្លើង និងខ្យាដំរី ជាវាលហួតហែង គ្មានទឹកទាល់តែសោះ។ ព្រះអង្គធ្វើឲ្យមានទឹកហូរចេញពីថ្មដ៏រឹងបំផុត សម្រាប់អ្នក។ ១៦ ព្រះអង្គប្រទាននំម៉ាណាឲ្យអ្នកបរិភោគ ជាអាហារដែលដូនតារបស់អ្នកពុំធ្លាប់ស្គាល់។ ព្រះអង្គធ្វើឲ្យអ្នកជួបទុក្ខលំបាក និងល្បងលអ្នកដូច្នេះ ដើម្បីប្រទានពរអ្នកនៅពេលក្រោយ។ ១៧ មិនត្រូវគិតថា អ្នកមានសម្បត្តិដោយសារកម្លាំង និងស្នាដៃរបស់អ្នកផ្ទាល់។ ១៨ ចូរនឹកចាំពីព្រះអម្ចាស់ ជាព្រះរបស់អ្នក ដែលប្រទានឲ្យអ្នកមានកម្លាំង ប្រមូលបានសម្បត្តិ ដើម្បីបញ្ជាក់សម្ពន្ធមេត្រី* ដែលព្រះអង្គបានចងជាមួយបុព្វបុរសរបស់អ្នក ដូចព្រះអង្គធ្វើនៅថ្ងៃនេះស្រាប់។ ១៩ ប្រសិនបើអ្នកបំភ្លេចព្រះអម្ចាស់ ជាព្រះរបស់អ្នក ទៅជំពាក់ចិត្តនឹងព្រះដទៃ ប្រសិនបើអ្នកគោរពបម្រើ និងថ្វាយបង្គំព្រះទាំងនោះ ខ្ញុំសូមប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់នៅថ្ងៃនេះថា អ្នករាល់គ្នាមុខជាវិនាសសូន្យពុំខាន។ ២០ ពិតមែនហើយ ប្រសិនបើអ្នករាល់គ្នាមិនស្ដាប់តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាទេ អ្នករាល់គ្នានឹងត្រូវវិនាសដូចប្រជាជាតិនានា ដែលព្រះអង្គបានធ្វើឲ្យវិនាសសូន្យ បាត់ពីមុខអ្នករាល់គ្នាដែរ»។
៩
អ៊ីស្រាអែលចូលកាន់កាប់ទឹកដីបាន ព្រោះតែអំពើបាបរបស់ប្រជាជាតិនានា
១ «អ៊ីស្រាអែលអើយ ចូរស្ដាប់! ថ្ងៃនេះ អ្នកនឹងឆ្លងទន្លេយ័រដាន់ ទៅចាប់យកទឹកដីរបស់ប្រជាជាតិដែលមានគ្នាច្រើន និងមានកម្លាំងជាងអ្នក។ ក្រុងរបស់ពួកគេជាក្រុងធំៗ មានកំពែងខ្ពស់កប់ពពក។ ២ ពួកគេជាប្រជាជនមាឌមាំខ្ពស់ គឺកូនចៅអាណាក់ ដែលអ្នកធ្លាប់ស្គាល់ និងធ្លាប់ឮគេនិយាយថា “គ្មាននរណាអាចតទល់នឹងកូនចៅអាណាក់ឡើយ”។ ៣ ថ្ងៃនេះ អ្នកនឹងទទួលស្គាល់ថា ព្រះអម្ចាស់ ជាព្រះរបស់អ្នក យាងនៅមុខអ្នក ព្រះអង្គប្រៀបបាននឹងភ្លើងដ៏សន្ធោសន្ធៅ ព្រះអង្គនឹងកម្ទេចពួកគេ ព្រះអង្គនឹងធ្វើឲ្យពួកគេបរាជ័យនៅមុខអ្នក។ អ្នកនឹងដេញពួកគេចេញពីទឹកដី ហើយបំផ្លាញពួកគេភ្លាមៗ ដូចព្រះអម្ចាស់បានសន្យាជាមួយអ្នក។
៤ ពេលណាព្រះអម្ចាស់ ជាព្រះរបស់អ្នក កម្ចាត់ពួកគេចេញពីមុខអ្នកហើយ មិនត្រូវនឹកគិតថា ព្រះអម្ចាស់ប្រទានស្រុកនេះឲ្យអ្នក ព្រោះតែអ្នកសុចរិតឡើយ។ ព្រះអម្ចាស់ដេញប្រជាជាតិទាំងនោះចេញពីមុខអ្នក ព្រោះតែអំពើអាក្រក់ដែលពួកគេប្រព្រឹត្ត។ ៥ អ្នកចូលកាន់កាប់ស្រុកដូច្នេះ មិនមែនមកពីអ្នកសុចរិត ឬមានចិត្តទៀងត្រង់ទេ តែព្រះអម្ចាស់ ជាព្រះរបស់អ្នកដេញប្រជាជាតិទាំងនោះចេញពីមុខអ្នក ព្រោះតែអំពើអាក្រក់របស់ពួកគេ។ ព្រះអង្គក៏ធ្វើតាមព្រះបន្ទូល ដែលព្រះអង្គបានសន្យាយ៉ាងម៉ឺងម៉ាត់ ជាមួយលោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ជាបុព្វបុរសរបស់អ្នក។ ៦ ដូច្នេះ ចូរទទួលស្គាល់ថា ព្រះអម្ចាស់ប្រទានទឹកដីដ៏ល្អនេះឲ្យអ្នកទុកជាកម្មសិទ្ធិ មិនមែនមកពីអ្នកសុចរិតទេ ដ្បិតអ្នកជាប្រជាជនដែលមានចិត្តរឹងរូស»។
រូបកូនគោមាស: អ៊ីស្រាអែលប្រព្រឹត្តអំពើបាប
៧ «ចូរចងចាំ កុំឲ្យភ្លេចថា នៅវាលរហោស្ថាន អ្នកបានធ្វើឲ្យព្រះអម្ចាស់ ជាព្រះរបស់អ្នក ព្រះអង្គព្រះពិរោធ គឺចាប់ពីថ្ងៃដែលអ្នកចាកចេញពីស្រុកអេស៊ីប រហូតមកដល់កន្លែងនេះ អ្នករាល់គ្នាចេះតែបះបោរប្រឆាំងនឹងព្រះអម្ចាស់ជានិច្ច។ ៨ នៅភ្នំហូរែប អ្នករាល់គ្នាបានធ្វើឲ្យព្រះអម្ចាស់ព្រះអង្គព្រះពិរោធ រហូតដល់ចង់បំផ្លាញអ្នករាល់គ្នា។ ៩ នៅពេលខ្ញុំឡើងទៅលើភ្នំ ដើម្បីទទួលបន្ទះថ្ម គឺបន្ទះថ្មនៃសម្ពន្ធមេត្រី*ដែលព្រះអម្ចាស់បានចងជាមួយអ្នករាល់គ្នា ខ្ញុំស្ថិតនៅលើភ្នំ អស់រយៈពេលសែសិបថ្ងៃសែសិបយប់ ដោយមិនបានបរិភោគអាហារ ឬទឹកទេ។ ១០ ព្រះអម្ចាស់ប្រគល់បន្ទះថ្មពីរមកឲ្យខ្ញុំ ជាបន្ទះថ្មចារដោយព្រះអង្គុលីរបស់ព្រះអង្គផ្ទាល់ មានចែងអំពីសេចក្ដីទាំងប៉ុន្មាន ដែលព្រះអម្ចាស់មានព្រះបន្ទូលពីក្នុងភ្លើងមកកាន់អ្នករាល់គ្នានៅលើភ្នំ ក្នុងថ្ងៃដែលអ្នកជួបជុំគ្នា។ ១១ សែសិបថ្ងៃសែសិបយប់ ក្រោយពេលខ្ញុំឡើងទៅជួបព្រះអម្ចាស់ ព្រះអង្គប្រទានបន្ទះថ្មនៃសម្ពន្ធមេត្រីនេះមកខ្ញុំ។
១២ ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា “ចូរក្រោកឡើង ហើយចុះទៅវិញជាប្រញាប់ ដ្បិតប្រជាជនរបស់អ្នក គឺប្រជាជនដែលអ្នកនាំចេញពីស្រុកអេស៊ីប បានប្រព្រឹត្តអំពើបាបមួយយ៉ាងធ្ងន់។ ពួកគេឆាប់ងាកចេញពីមាគ៌ា ដែលយើងបង្ហាញដល់ពួកគេដោយសិតធ្វើរូបបដិមាមួយ”។ ១៣ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ: “យើងបានឃើញថា ប្រជាជននេះសុទ្ធតែជាមនុស្សមានចិត្តរឹងរូស។ ១៤ ចូរទុកឲ្យយើងបំផ្លាញពួកគេ និងលុបឈ្មោះពួកគេ ឲ្យបាត់សូន្យពីផែនដី រួចយើងនឹងធ្វើឲ្យមានប្រជាជាតិមួយកើតចេញពីអ្នក ជាប្រជាជាតិខ្លាំងពូកែ ហើយមានគ្នាច្រើនជាងប្រជាជននេះ”។ ១៥ ខ្ញុំក៏ចុះពីភ្នំមកវិញ ទាំងកាន់បន្ទះថ្មនៃសម្ពន្ធមេត្រីទាំងពីរផ្ទាំង។ ពេលនោះ មានភ្លើងពាសពេញលើភ្នំ។ ១៦ ខ្ញុំក្រឡេកមើលទៅ ឃើញអ្នករាល់គ្នាប្រព្រឹត្តអំពើបាបប្រឆាំងនឹងព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា គឺអ្នករាល់គ្នាបានសិតធ្វើរូបកូនគោមួយ អ្នករាល់គ្នាឆាប់ងាកចេញពីមាគ៌ាដែលព្រះអម្ចាស់បង្ហាញដល់អ្នករាល់គ្នា។ ១៧ ខ្ញុំក៏ចាប់បន្ទះថ្មមកកាន់ក្នុងដៃទាំងពីរ ហើយបោកបន្ទះថ្មទាំងពីរនោះឲ្យបែក នៅចំពោះមុខអ្នករាល់គ្នា»។
រូបកូនគោមាស: លោកម៉ូសេទូលអង្វរព្រះអម្ចាស់
១៨ «បន្ទាប់មក ខ្ញុំបានក្រាបនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ អស់រយៈពេលសែសិបថ្ងៃសែសិបយប់ ខ្ញុំមិនបរិភោគអាហារ ឬទឹក ដូចពីមុន ព្រោះតែអំពើបាបទាំងប៉ុន្មានរបស់អ្នករាល់គ្នា គឺអ្នករាល់គ្នាប្រព្រឹត្តអំពើអាក្រក់ បណ្តាលឲ្យព្រះអង្គព្រះអង្គព្រះពិរោធ។ ១៩ ខ្ញុំភ័យខ្លាចជាខ្លាំង ដោយឃើញព្រះអម្ចាស់ព្រះអង្គព្រះពិរោធ និងក្រេវក្រោធចំពោះអ្នករាល់គ្នា រហូតដល់មានបំណងបំផ្លាញអ្នករាល់គ្នា។ ប៉ុន្តែ នៅលើកនេះទៀត ព្រះអម្ចាស់ឆ្លើយតបនឹងពាក្យទូលអង្វររបស់ខ្ញុំ។ ២០ ព្រះអម្ចាស់ព្រះអង្គព្រះពិរោធនឹងលោកអរ៉ុនយ៉ាងខ្លាំងដែរ រហូតដល់មានបំណងបំផ្លាញគាត់ទៀតផង។ នៅគ្រានោះ ខ្ញុំក៏បានទូលអង្វរព្រះអង្គឲ្យលោកអរ៉ុនដែរ។ ២១ ខ្ញុំបានយករូបកូនគោ ដែលជាស្នាដៃនៃអំពើបាបរបស់អ្នករាល់គ្នានោះ ទៅដុតកម្ទេចក្នុងភ្លើងឲ្យម៉ដ្តដូចធូលីដី ហើយបោះចោលទៅក្នុងទឹកជ្រោះ ដែលហូរចុះពីលើភ្នំ។
២២ នៅតាបេរ៉ា នៅម៉ាសា និងនៅគីប្រូត-ហាតាវ៉ា អ្នករាល់គ្នាក៏បានធ្វើឲ្យព្រះអម្ចាស់ព្រះអង្គព្រះពិរោធដែរ។ ២៣ ព្រះអម្ចាស់បង្គាប់អ្នករាល់គ្នានៅកាដែស-បារណេអា ថា “ចូរទៅចាប់យកទឹកដី ដែលយើងប្រគល់ឲ្យអ្នករាល់គ្នាចុះ!”។ ប៉ុន្តែ អ្នករាល់គ្នាបានបះបោរប្រឆាំងនឹងបញ្ជារបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។ អ្នករាល់គ្នាពុំបានជឿលើព្រះអង្គ ហើយពុំស្ដាប់តាមព្រះសូរសៀងរបស់ព្រះអង្គទេ។ ២៤ តាំងពីខ្ញុំស្គាល់អ្នករាល់គ្នាមក អ្នករាល់គ្នាបះបោរប្រឆាំងនឹងព្រះអម្ចាស់ជានិច្ច។
២៥ ខ្ញុំក្រាបនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ អស់រយៈពេលសែសិបថ្ងៃ សែសិបយប់ ដ្បិតព្រះអង្គមានព្រះបន្ទូលថា ព្រះអង្គមានបំណងបំផ្លាញអ្នករាល់គ្នា។ ២៦ ខ្ញុំបានទូលអង្វរព្រះអម្ចាស់ថា: “បពិត្រព្រះជាអម្ចាស់ សូមកុំបំផ្លាញប្រជាជននេះឡើយ។ ពួកគេជាប្រជារាស្ដ្ររបស់ព្រះអង្គផ្ទាល់ ព្រះអង្គបានរំដោះពួកគេ ដោយព្រះចេស្ដាដ៏រុងរឿងរបស់ព្រះអង្គ ព្រះអង្គបាននាំពួកគេចេញពីស្រុកអេស៊ីប ដោយព្រះបារមីរបស់ព្រះអង្គ។ ២៧ សូមនឹកដល់លោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ជាអ្នកបម្រើរបស់ព្រះអង្គ។ សូមកុំដាក់ទោសប្រជាជននេះ ព្រោះតែចិត្តរឹងរូស ចិត្តអាក្រក់ ព្រមទាំងអំពើបាបរបស់ពួកគេឡើយ ២៨ ក្រែងលោអ្នកស្រុកអេស៊ីបពោលថា ព្រះអម្ចាស់គ្មានអំណាចនឹងនាំប្រជាជននេះចូលទៅក្នុងទឹកដីសន្យាទេ ព្រះអង្គស្អប់ពួកគេបានជាព្រះអង្គនាំពួកគេចេញទៅសម្លាប់នៅវាលរហោស្ថាន។ ២៩ អ្នកទាំងនេះជាប្រជារាស្ដ្ររបស់ព្រះអង្គផ្ទាល់ ព្រះអង្គបាននាំពួកគេចេញមកដោយឫទ្ធានុភាពដ៏ខ្ពង់ខ្ពស់ និងដោយតេជបារមីរបស់ព្រះអង្គ”»។
១០
រូបកូនគោមាស: ព្រះអម្ចាស់អត់ទោសឲ្យប្រជាជនអ៊ីស្រាអែល
១ «នៅគ្រានោះ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា: “ចូរដាប់ថ្មពីរបន្ទះ ដូចបន្ទះថ្មមុន រួចឡើងទៅជួបយើងនៅលើភ្នំ។ ចូរធ្វើហិបមួយពីឈើដែរ។ ២ យើងនឹងសរសេរសេចក្ដីទាំងប៉ុន្មាន ដែលមានចារឹកលើបន្ទះថ្មពីមុន នៅលើបន្ទះថ្មថ្មី ហើយអ្នកត្រូវទុកបន្ទះថ្មនេះនៅក្នុងហិប”។ ៣ ខ្ញុំក៏បានធ្វើហិបមួយពីឈើនាងនួន ហើយដាប់ថ្មពីរបន្ទះដូចបន្ទះថ្មមុនដែរ រួចខ្ញុំឡើងទៅលើភ្នំ ដោយកាន់ថ្មទាំងពីរបន្ទះទៅជាមួយផង។ ៤ ព្រះអម្ចាស់បានចារសេចក្ដីទាំងប៉ុន្មានដែលមាននៅលើបន្ទះថ្មមុន លើបន្ទះថ្មថ្មីនេះ គឺព្រះបន្ទូលទាំងដប់ប្រការ ដែលព្រះអង្គបានថ្លែងប្រាប់អ្នករាល់គ្នាពីក្នុងភ្លើង នៅលើភ្នំ ក្នុងពេលអ្នករាល់គ្នាជួបជុំគ្នា រួចហើយព្រះអម្ចាស់ប្រគល់បន្ទះថ្មទាំងពីរមកឲ្យខ្ញុំ។ ៥ ខ្ញុំចុះពីភ្នំមកវិញ ដាក់បន្ទះថ្មនៅក្នុងហិបដែលខ្ញុំបានធ្វើ ហើយបន្ទះថ្មក៏នៅក្នុងហិបនោះរហូត ដូចព្រះអម្ចាស់បានបង្គាប់មកខ្ញុំ»។
៦ ជនជាតិអ៊ីស្រាអែលចេញដំណើរពីបេរ៉ូត-បេណេ-យ៉ាកាន ឆ្ពោះទៅម៉ូសេរ៉ា។ នៅទីនោះ លោកអរ៉ុនបានទទួលមរណភាព ហើយគេក៏បញ្ចុះសពលោក។ លោកអេឡាសារ ជាកូន បានទទួលមុខងារជាបូជាចារ្យបន្តពីលោក។ ៧ បន្ទាប់មក ពួកគេចេញដំណើរពីទីនោះឆ្ពោះទៅកាន់គុឌកូដា ហើយចេញពីគុឌកូដា ឆ្ពោះទៅកាន់យ៉ូតបាតា ជាស្រុកដែលមានទឹកអូរច្រើន។ ៨ នៅគ្រានោះ ព្រះអម្ចាស់បានញែកកុលសម្ព័ន្ធលេវីទុកដោយឡែក ដើម្បីឲ្យពួកគេសែងហិបនៃសម្ពន្ធមេត្រី*របស់ព្រះអម្ចាស់ ឲ្យពួកគេបម្រើព្រះអង្គ និងជូនពរដល់ប្រជាជនក្នុងនាមព្រះអង្គ ដូចពួកគេបានធ្វើរហូតមកដល់សព្វថ្ងៃ។ ៩ ហេតុនេះហើយបានជាពួកលេវីគ្មានចំណែកមត៌កអ្វី រួមជាមួយបងប្អូនរបស់ខ្លួនឡើយ ដ្បិតព្រះអម្ចាស់ផ្ទាល់ជាចំណែកមត៌ករបស់ពួកគេ ដូចព្រះអម្ចាស់ ជាព្រះរបស់អ្នក មានព្រះបន្ទូលប្រាប់ពួកគេ។
១០ «ខ្ញុំស្ថិតនៅលើភ្នំចំនួនសែសិបថ្ងៃ សែសិបយប់ដូចពីមុន។ ព្រះអម្ចាស់យល់ព្រមស្ដាប់តាមពាក្យទូលអង្វររបស់ខ្ញុំសាជាថ្មី ព្រះអង្គមិនចង់បំផ្លាញអ្នកទេ។ ១១ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា: “ចូរក្រោកឡើង ដើរនាំមុខប្រជាជននេះ។ ចូរឲ្យពួកគេចូលកាន់កាប់ទឹកដី ដែលយើងបានសន្យាជាមួយបុព្វបុរសរបស់ពួកគេថា នឹងប្រគល់ឲ្យពួកគេ”»។
ការទូន្មានឲ្យស្រឡាញ់ និងស្ដាប់បង្គាប់ព្រះអម្ចាស់
១២ ឥឡូវនេះ អ៊ីស្រាអែលអើយ ព្រះអម្ចាស់ ជាព្រះរបស់អ្នក សព្វព្រះហឫទ័យឲ្យអ្នកគោរពកោតខ្លាចព្រះអង្គ ដើរតាមមាគ៌ាទាំងប៉ុន្មានរបស់ព្រះអង្គ ហើយឲ្យអ្នកស្រឡាញ់ និងគោរពបម្រើព្រះអម្ចាស់ ជាព្រះរបស់អ្នក យ៉ាងអស់ពីចិត្ត និងអស់ពីគំនិត។ ១៣ ព្រះអម្ចាស់សព្វព្រះហឫទ័យឲ្យអ្នកកាន់តាមបទបញ្ជា និងវិន័យផ្សេងៗរបស់ព្រះអង្គ ដែលខ្ញុំប្រគល់ឲ្យអ្នកនៅថ្ងៃនេះ ដើម្បីអ្នកមានសុភមង្គល។ ១៤ ផ្ទៃមេឃ អាកាសវេហាស៍ដ៏ខ្ពស់បំផុត និងផែនដី ព្រមទាំងអ្វីៗនៅទីនោះ សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក។ ១៥ ក្នុងចំណោមជាតិសាសន៍ទាំងប៉ុន្មាន ព្រះអម្ចាស់ជំពាក់ព្រះហឫទ័យ និងស្រឡាញ់តែបុព្វបុរសរបស់អ្នកប៉ុណ្ណោះ។ ក្រោយមក ព្រះអង្គក៏បានជ្រើសរើសអ្នករាល់គ្នា ដែលជាពូជពង្សរបស់ពួកលោកដែរ ដូចអ្នករាល់គ្នាឃើញនៅថ្ងៃនេះស្រាប់ហើយ។ ១៦ ចូរថ្វាយចិត្តគំនិតទៅព្រះអង្គ ហើយកុំមានចិត្តរឹងរូសឲ្យសោះ ១៧ ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ព្រះអង្គជាព្រះលើព្រះនានា ជាព្រះអម្ចាស់លើព្រះអម្ចាស់នានា។ ព្រះអង្គជាព្រះដ៏ឧត្ដម ប្រកបដោយព្រះចេស្ដា និងគួរឲ្យស្ញែងខ្លាច។ ព្រះអង្គមិនរើសមុខនរណាឡើយ ហើយក៏មិនទទួលសំណែនពីនរណាដែរ។ ១៨ ព្រះអង្គរកយុត្តិធម៌ឲ្យក្មេងកំព្រា និងស្ត្រីមេម៉ាយ ព្រះអង្គស្រឡាញ់ជនបរទេស ព្រមទាំងប្រគល់អាហារ និងសម្លៀកបំពាក់ឲ្យពួកគេ។ ១៩ អ្នករាល់គ្នាត្រូវស្រឡាញ់ជនបរទេស ដែលរស់នៅជាមួយអ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាក៏ធ្លាប់ជាជនបរទេសនៅស្រុកអេស៊ីបដែរ។
២០ «ចូរគោរពកោតខ្លាចព្រះអម្ចាស់ ជាព្រះរបស់អ្នក ត្រូវគោរពបម្រើព្រះអង្គ ជំពាក់ចិត្តលើព្រះអង្គ ហើយស្បថក្នុងនាមព្រះអង្គតែប៉ុណ្ណោះ។ ២១ ចូរលើកតម្កើងតែព្រះអង្គប៉ុណ្ណោះ ព្រះអង្គជាព្រះរបស់អ្នក គឺព្រះអង្គហើយដែលបានធ្វើការអស្ចារ្យដ៏ធំៗគួរស្ញែងខ្លាច នៅក្នុងចំណោមអ្នក ដូចអ្នកបានឃើញស្រាប់។ ២២ កាលបុព្វបុរសរបស់អ្នកចុះទៅនៅស្រុកអេស៊ីប ពួកគេមានគ្នាតែចិតសិបនាក់ប៉ុណ្ណោះ។ ឥឡូវនេះ ព្រះអម្ចាស់ ជាព្រះរបស់អ្នក បានធ្វើឲ្យអ្នកមានចំនួនច្រើនដូចផ្កាយនៅលើមេឃ»។
១១
ព្រះអម្ចាស់ជួយអ៊ីស្រាអែលនៅស្រុកអេស៊ីប និងនៅវាលរហោស្ថាន
១ «ត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នក ហើយកាន់តាមដំបូន្មាន វិន័យ ច្បាប់ និងបទបញ្ជារបស់ព្រះអង្គជានិច្ច។ ២ ថ្ងៃនេះ ចូរទទួលស្គាល់ដំបូន្មានរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ព្រមទាំងភាពដ៏ឧត្តុង្គឧត្ដម ឫទ្ធិបារមី និងតេជានុភាពរបស់ព្រះអង្គ។ កូនចៅរបស់អ្នករាល់គ្នាមិនបានស្គាល់ និងឃើញស្នាព្រះហស្ដរបស់ព្រះអម្ចាស់ទេ។ ៣ អ្នករាល់គ្នាក៏បានឃើញទីសម្គាល់ និងការអស្ចារ្យផ្សេងៗ ដែលព្រះអង្គធ្វើនៅស្រុកអេស៊ីប ប្រឆាំងនឹងព្រះចៅផារ៉ោន ជាស្តេចស្រុកអេស៊ីប និងប្រជាជនក្នុងស្រុកនោះទាំងមូលដែរ។ ៤ ព្រះអង្គបានប្រហារកងទ័ពអេស៊ីប ទាំងកងពលសេះ ទាំងរទេះចម្បាំង ដោយធ្វើឲ្យទឹកសមុទ្រកក់ គ្របពីលើពួកគេ នៅពេលពួកគេដេញតាមអ្នករាល់គ្នា។ ព្រះអម្ចាស់បានធ្វើឲ្យគេបរាជ័យ រហូតមកដល់សព្វថ្ងៃ។ ៥ ព្រះអង្គបានជួយអ្នករាល់គ្នានៅវាលរហោស្ថាន រហូតទាល់តែអ្នករាល់គ្នាមកដល់ទីនេះ។ ៦ ព្រះអង្គបានប្រហារដាតាន និងអប៊ីរ៉ាម ជាកូនរបស់អេលីយ៉ាប ក្នុងកុលសម្ព័ន្ធរូបេន ដោយឲ្យដីស្រូបពួកគេ ទាំងក្រុមគ្រួសារ ទាំងតង់ត៍ និងអស់អ្នកដែលសមគំនិតជាមួយពួកគេ នៅចំពោះមុខជនជាតិអ៊ីស្រាអែលទាំងមូល។ ៧ អ្នករាល់គ្នាបានឃើញផ្ទាល់នឹងភ្នែកនូវការអស្ចារ្យដ៏ធំៗ ដែលព្រះអម្ចាស់បានធ្វើ។ ៨ ដូច្នេះ ត្រូវកាន់តាមបទបញ្ជាទាំងប៉ុន្មាន ដែលខ្ញុំប្រគល់ឲ្យអ្នករាល់គ្នានៅថ្ងៃនេះ ដើម្បីឲ្យអ្នករាល់គ្នាមានកម្លាំងទៅចាប់យកស្រុក ដែលអ្នករាល់គ្នាត្រូវឆ្លងទៅកាន់កាប់ជាកម្មសិទ្ធិ ៩ ហើយឲ្យអ្នករាល់គ្នាមានអាយុយឺនយូរនៅក្នុងស្រុក ដែលព្រះអម្ចាស់បានសន្យាប្រទានឲ្យបុព្វបុរសរបស់អ្នករាល់គ្នា និងអ្នករាល់គ្នាដែលជាពូជពង្ស គឺស្រុកដ៏សម្បូណ៌សប្បាយ»។
ព្រះអម្ចាស់យកព្រះហឫទ័យទុកដាក់នឹងទឹកដីសន្យា
១០ «ស្រុកដែលអ្នករាល់គ្នាចូលទៅកាន់កាប់នេះមិនដូចស្រុកអេស៊ីប ដែលអ្នករាល់គ្នាចាកចេញមកនោះទេ។ នៅស្រុកអេស៊ីប ពេលអ្នករាល់គ្នាសាបព្រោះគ្រាប់ពូជហើយ ត្រូវបាចទឹកបញ្ចូលស្រែ ដូចស្រោចច្បារដំណាំដែរ។ ១១ រីឯស្រុកដែលអ្នករាល់គ្នាចូលទៅកាន់កាប់ជាស្រុកមានភ្នំ និងជ្រលងភ្នំ ហើយមានភ្លៀងស្រោចស្រពដីស្រែចម្ការ។ ១២ ព្រះអម្ចាស់ ជាព្រះរបស់អ្នក យកព្រះហឫទ័យទុកដាក់នឹងស្រុកនោះ គឺចាប់ពីដើមឆ្នាំរហូតដល់ចុងឆ្នាំ ព្រះអម្ចាស់ ជាព្រះរបស់អ្នក មើលថែទាំស្រុកនោះជានិច្ច។
១៣ ប្រសិនបើអ្នករាល់គ្នាកាន់តាមបទបញ្ជា ដែលខ្ញុំប្រគល់ឲ្យអ្នករាល់គ្នាថ្ងៃនេះ ប្រសិនបើអ្នករាល់គ្នាស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ហើយគោរពបម្រើព្រះអង្គអស់ពីចិត្ត អស់ពីគំនិត ១៤ “យើងនឹងប្រទានឲ្យមានភ្លៀងធ្លាក់មកលើស្រុករបស់អ្នករាល់គ្នា តាមរដូវកាល គឺភ្លៀងនៅដើមរដូវ និងភ្លៀងនៅចុងរដូវ។ ពេលនោះ អ្នកនឹងប្រមូលបានភោគផល គឺស្រូវ ស្រាទំពាំងបាយជូរថ្មី និងប្រេង។ ១៥ យើងនឹងធ្វើឲ្យស្មៅដុះនៅតាមវាលស្មៅ សម្រាប់ហ្វូងសត្វរបស់អ្នកដែរ។ ដូច្នេះ អ្នកមានអាហារបរិភោគយ៉ាងបរិបូណ៌”។
១៦ ចូរប្រយ័ត្ន កុំបណ្តោយឲ្យចិត្តរបស់អ្នករាល់គ្នាវង្វេងចេញពីព្រះអម្ចាស់ ទៅគោរពបម្រើ និងក្រាបថ្វាយបង្គំព្រះដទៃឡើយ។ ១៧ បើមិនដូច្នេះទេ ព្រះអម្ចាស់មុខជាព្រះពិរោធទាស់នឹងអ្នករាល់គ្នា ព្រះអង្គនឹងបង្ខាំងមេឃ មិនឲ្យបង្អុរភ្លៀង រីឯដីក៏មិនបង្កើតភោគផល ហើយអ្នករាល់គ្នាមុខជាត្រូវវិនាសយ៉ាងឆាប់ៗ នៅក្នុងស្រុកដ៏ល្អដែលព្រះអម្ចាស់ប្រទានមកអ្នករាល់គ្នា។
១៨ ត្រូវទុកឲ្យព្រះបន្ទូលដែលខ្ញុំថ្លែងប្រាប់ដក់នៅក្នុងចិត្ត ក្នុងគំនិតរបស់អ្នករាល់គ្នាជានិច្ច។ ត្រូវចងព្រះបន្ទូលទាំងនេះជាសញ្ញា ជាប់នៅដៃ ហើយដាក់នៅលើថ្ងាសរបស់អ្នករាល់គ្នា។ ១៩ ចូរបង្រៀនកូនចៅរបស់អ្នករាល់គ្នាអំពីព្រះបន្ទូលនេះ គឺត្រូវនិយាយឲ្យវាស្ដាប់ ពេលអ្នកនៅផ្ទះ ពេលអ្នកធ្វើដំណើរ ពេលអ្នកចូលដំណេក និងពេលក្រោកពីដំណេក។ ២០ ចូរសរសេរព្រះបន្ទូលនេះនៅលើក្របទ្វារផ្ទះរបស់អ្នក និងលើក្លោងទ្វារក្រុង។ ២១ ធ្វើដូច្នេះ អ្នករាល់គ្នា ព្រមទាំងកូនចៅរបស់អ្នករាល់គ្នានឹងមានអាយុវែង ក្នុងស្រុកដែលព្រះអម្ចាស់សន្យាយ៉ាងម៉ឺងម៉ាត់ថា ប្រគល់ឲ្យបុព្វបុរសរបស់អ្នករាល់គ្នា គឺអ្នករាល់គ្នានឹងមានអាយុវែង ដូចផ្ទៃមេឃស្ថិតនៅលើផែនដី។
២២ ប្រសិនបើអ្នករាល់គ្នាកាន់ និងប្រតិបត្តិតាមយ៉ាងដិតដល់ នូវបទបញ្ជាទាំងប៉ុន្មានដែលខ្ញុំប្រគល់ឲ្យ ប្រសិនបើអ្នករាល់គ្នាស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ព្រមទាំងដើរតាមមាគ៌ាទាំងប៉ុន្មានរបស់ព្រះអង្គ ហើយជំពាក់ចិត្តលើព្រះអង្គ ២៣ ព្រះអម្ចាស់នឹងបណ្តេញប្រជាជាតិទាំងនេះចេញពីមុខអ្នករាល់គ្នា អ្នករាល់គ្នានឹងចាប់យកស្រុករបស់ប្រជាជាតិនានា ដែលមានគ្នាច្រើន និងមានកម្លាំងខ្លាំងជាងអ្នករាល់គ្នាមកធ្វើជាកម្មសិទ្ធិ។ ២៤ អ្នករាល់គ្នាដាក់បាតជើងលើកន្លែងណា ដីកន្លែងនោះនឹងបានទៅជាកម្មសិទ្ធិរបស់អ្នករាល់គ្នា។ ព្រំប្រទល់របស់អ្នករាល់គ្នាលាតសន្ធឹងចាប់ពីវាលរហោស្ថាន រហូតដល់ស្រុកលីបង់ និងពីទន្លេអឺប្រាតរហូតដល់សមុទ្រមេឌីទែរ៉ាណេ។ ២៥ គ្មាននរណាម្នាក់អាចតទល់នឹងអ្នករាល់គ្នាឡើយ ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា នឹងធ្វើឲ្យប្រជាជននៅក្នុងស្រុកទាំងប៉ុន្មាន ដែលអ្នករាល់គ្នាឆ្លងកាត់ ភិតភ័យ និងកោតខ្លាចអ្នករាល់គ្នា ដូចព្រះអង្គមានព្រះបន្ទូលសន្យា។
២៦ ឥឡូវនេះ ខ្ញុំដាក់ព្រះពរ និងបណ្ដាសានៅមុខអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាជ្រើសរើស។ ២៧ ប្រសិនបើអ្នករាល់គ្នាប្រតិបត្តិតាមបទបញ្ជារបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ដែលខ្ញុំប្រគល់ឲ្យអ្នករាល់គ្នា នៅថ្ងៃនេះ អ្នករាល់គ្នាមុខជាទទួលព្រះពរ។ ២៨ ប្រសិនបើអ្នករាល់គ្នាមិនប្រតិបត្តិតាមបទបញ្ជារបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ប្រសិនបើអ្នករាល់គ្នាងាកចេញពីមាគ៌ាដែលខ្ញុំបង្ហាញដល់អ្នករាល់គ្នានៅថ្ងៃនេះ ទៅជំពាក់ចិត្តនឹងព្រះដទៃ ដែលអ្នករាល់គ្នាពុំស្គាល់ នោះអ្នករាល់គ្នាមុខជាទទួលបណ្ដាសាមិនខាន។
២៩ ពេលណាព្រះអម្ចាស់ ជាព្រះរបស់អ្នក នាំអ្នកចូលទៅក្នុងស្រុកដែលអ្នកត្រូវកាន់កាប់ នោះអ្នកត្រូវប្រកាសអំពីព្រះពរនៅលើភ្នំការីស៊ីម និងបណ្ដាសានៅលើភ្នំអេបាល។ ៣០ ភ្នំទាំងពីរស្ថិតនៅត្រើយខាងនាយទន្លេយ័រដាន់ គឺនៅតាមផ្លូវទៅទិសខាងលិច ក្នុងទឹកដីរបស់ជនជាតិកាណាន ដែលរស់នៅតាមតំបន់វាលទំនាបអារ៉ាបា ទល់មុខនឹងគីលកាល់ ជិតដើមជ្រៃម៉ូរេ។ ៣១ អ្នករាល់គ្នាត្រូវឆ្លងទន្លេយ័រដាន់នេះទៅចាប់យកស្រុក ដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ប្រគល់ឲ្យ រួចហើយត្រូវតាំងទីលំនៅក្នុងស្រុកដែលអ្នករាល់គ្នាចាប់យកនោះ។
៣២ អ្នករាល់គ្នាត្រូវកាន់ ហើយប្រតិបត្តិតាមវិន័យ និងច្បាប់ទាំងប៉ុន្មាន ដែលខ្ញុំប្រគល់ឲ្យអ្នករាល់គ្នានៅថ្ងៃនេះ»។
១២
វិន័យ និងច្បាប់ផ្សេងៗ
ត្រូវថ្វាយបង្គំព្រះអម្ចាស់នៅកន្លែងតែមួយ
១ «នេះជាវិន័យ និងច្បាប់ផ្សេងៗ ដែលអ្នករាល់គ្នាត្រូវកាន់ និងប្រតិបត្តិតាម ជារៀងរាល់ថ្ងៃអស់មួយជីវិត នៅក្នុងស្រុកដែលព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នា ប្រគល់ឲ្យទុកជាកម្មសិទ្ធិ។
២ ត្រូវលុបបំបាត់កន្លែងសក្ការៈទាំងប៉ុន្មាន ដែលប្រជាជាតិនានាថ្វាយសក្ការបូជាដល់ព្រះរបស់គេ នៅតាមភ្នំតូចធំ និងនៅក្រោមដើមឈើដែលមានស្លឹកខៀវខ្ចី ឥតទុកឲ្យនៅសល់ឡើយ។ ៣ ចូរផ្តួលរំលំអាសនៈរបស់ពួកគេ ចូរកម្ទេចស្តូបរបស់ពួកគេ ចូរដុតបំផ្លាញបង្គោលរបស់ព្រះអាសេរ៉ា ព្រមទាំងរំលំរូបបដិមាករនៃព្រះរបស់ពួកគេ និងលុបបំបាត់ឈ្មោះរបស់ព្រះនានាឲ្យអស់ពីកន្លែងនោះផង។
៤ ក្នុងការគោរពបម្រើព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា មិនត្រូវយកតម្រាប់តាមជាតិសាសន៍ទាំងនោះឡើយ។ ៥ អ្នករាល់គ្នាត្រូវតែទៅថ្វាយបង្គំព្រះអម្ចាស់ នៅកន្លែងដែលព្រះអង្គបានជ្រើសរើស ក្នុងទឹកដីនៃកុលសម្ព័ន្ធទាំងអស់របស់អ្នករាល់គ្នា ទុកជាព្រះដំណាក់ សម្រាប់សម្ដែងព្រះនាមរបស់ព្រះអង្គ។ ៦ ត្រូវយកតង្វាយដុតទាំងមូល* យញ្ញបូជា តង្វាយមួយភាគដប់ តង្វាយពិសេស តង្វាយលាបំណន់ ឬតង្វាយស្ម័គ្រចិត្ត ព្រមទាំងកូនដំបូងនៃហ្វូងគោ និងហ្វូងចៀមរបស់អ្នករាល់គ្នា ទៅថ្វាយព្រះអង្គនៅកន្លែងនោះ។ ៧ ត្រូវបរិភោគនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ត្រង់កន្លែងនោះដែរ គឺអ្នករាល់គ្នាត្រូវសប្បាយរួមជាមួយក្រុមគ្រួសាររបស់អ្នករាល់គ្នា ដោយសារព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ប្រទានពរឲ្យអ្នករាល់គ្នាទទួលផលពីកិច្ចការ ដែលអ្នករាល់គ្នាធ្វើ។
៨ នៅពេលខាងមុខ មិនត្រូវប្រព្រឹត្តដូចយើងប្រព្រឹត្តនៅពេលនេះឡើយ គឺនៅទីនេះ យើងម្នាក់ៗប្រព្រឹត្តតាមតែខ្លួនយល់ឃើញថាល្អ ៩ ដ្បិតអ្នករាល់គ្នាមិនទាន់ចូលទៅដល់កន្លែងសុខសាន្ត ជាទឹកដីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ប្រទានឲ្យជាកេរមត៌កនៅឡើយទេ។ ១០ អ្នករាល់គ្នានឹងឆ្លងទន្លេយ័រដាន់ទៅរស់នៅក្នុងស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ប្រទានឲ្យអ្នករាល់គ្នា ទុកជាកេរមត៌ក។ ព្រះអង្គនឹងឲ្យអ្នករាល់គ្នាបានសម្រាក ដោយរំដោះអ្នករាល់គ្នា ឲ្យរួចផុតពីខ្មាំងសត្រូវទាំងប៉ុន្មានដែលនៅជុំវិញ ហើយអ្នករាល់គ្នានឹងរស់នៅយ៉ាងសុខសាន្ត។ ១១ ពេលនោះ អ្នករាល់គ្នាត្រូវយកតង្វាយទាំងប៉ុន្មាន ដូចខ្ញុំបានបង្គាប់ ទៅថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា នៅកន្លែងដែលព្រះអង្គនឹងជ្រើសរើសជាព្រះដំណាក់ សម្រាប់សម្ដែងព្រះនាមរបស់ព្រះអង្គ គឺមានតង្វាយដុតទាំងមូល យញ្ញបូជា តង្វាយមួយភាគដប់ តង្វាយពិសេស និងតង្វាយផ្សេងៗ ដែលអ្នករាល់គ្នាសន្យាថ្វាយព្រះអម្ចាស់។ ១២ អ្នករាល់គ្នាត្រូវសប្បាយរីករាយនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា រួមជាមួយកូនប្រុស កូនស្រី និងអ្នកបម្រើប្រុសស្រី ព្រមទាំងពួកលេវីដែលរស់នៅក្នុងក្រុងជាមួយអ្នករាល់គ្នាដែរ ដ្បិតពួកលេវីគ្មានទឹកដីជាចំណែកមត៌ក ក្នុងចំណោមអ្នករាល់គ្នាទេ។
១៣ ចូរប្រយ័ត្ន មិនត្រូវយកតង្វាយដុតរបស់អ្នកទៅថ្វាយនៅតាមកន្លែងទាំងប៉ុន្មាន ដែលអ្នកឃើញនោះឡើយ ១៤ គឺត្រូវថ្វាយតង្វាយដុតរបស់អ្នក តែនៅកន្លែងដែលព្រះអម្ចាស់ជ្រើសរើស ក្នុងទឹកដីនៃកុលសម្ព័ន្ធមួយរបស់អ្នក។ នៅទីនោះ អ្នកត្រូវធ្វើតាមនូវអ្វីៗដែលខ្ញុំបានបង្គាប់អ្នក។ ១៥ ក៏ប៉ុន្តែ នៅគ្រប់ទីកន្លែងដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានពរឲ្យអ្នកទៅរស់នៅ អ្នកអាចសម្លាប់សត្វបរិភោគតាមចិត្តប៉ងប្រាថ្នា។ មនុស្សមិនបរិសុទ្ធ និងមនុស្សបរិសុទ្ធអាចបរិភោគសាច់នេះ ដូចជាបរិភោគសាច់ក្តាន់ ឬសាច់ឈ្លូសដែរ។ ១៦ ចំណែកឯឈាមវិញ កុំបរិភោគឡើយ ត្រូវចាក់ឈាមនោះទៅលើដី ដូចគេចាក់ទឹក។
១៧ រីឯតង្វាយមួយភាគដប់ដែលអ្នកត្រូវថ្វាយព្រះអម្ចាស់ គឺមានស្រូវ ស្រាទំពាំងបាយជូរថ្មី និងប្រេង ឬកូនដំបូងរបស់គោ និងចៀម ឬតង្វាយផ្សេងៗទៀត ដូចជាតង្វាយលាបំណន់ តង្វាយស្ម័គ្រចិត្ត និងតង្វាយពិសេស អ្នកពុំអាចបរិភោគនៅកន្លែងដែលអ្នករាល់គ្នារស់នៅឡើយ។ ១៨ ត្រូវបរិភោគតង្វាយទាំងនោះ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះរបស់អ្នក ត្រង់កន្លែងដែលព្រះអង្គជ្រើសរើស គឺបរិភោគជាមួយកូនប្រុស កូនស្រី អ្នកបម្រើប្រុសស្រី និងពួកលេវីដែលរស់នៅក្នុងក្រុងជាមួយអ្នក។ ត្រូវសប្បាយរីករាយនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះរបស់អ្នក ដោយសារភោគផលទាំងប៉ុន្មានដែលអ្នកទទួល។ ១៩ ដរាបណាអ្នករស់នៅលើទឹកដីរបស់អ្នក ចូរប្រយ័ត្ន កុំបំភ្លេចពួកលេវីឡើយ។
២០ នៅពេលណាព្រះអម្ចាស់ ជាព្រះរបស់អ្នក ពង្រីកទឹកដីរបស់អ្នក ស្របតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយអ្នកហើយ ប្រសិនបើអ្នកនឹកភ្នកចង់បរិភោគសាច់ នោះអ្នកអាចបរិភោគតាមចិត្តប៉ងប្រាថ្នា។ ២១ ប្រសិនបើកន្លែងដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ជ្រើសរើសសម្រាប់សម្ដែងព្រះនាមព្រះអង្គ ស្ថិតនៅឆ្ងាយពីផ្ទះរបស់អ្នក នោះអ្នកអាចសម្លាប់គោ ឬចៀមដែលព្រះអម្ចាស់ប្រទានមកអ្នក តាមរបៀបដូចខ្ញុំបានបង្គាប់ទុក រួចបរិភោគសាច់នៅកន្លែងដែលអ្នករស់នៅ តាមចិត្តប៉ងប្រាថ្នា។ ២២ ចូរបរិភោគសាច់សត្វនោះ ដូចគេបរិភោគសាច់ក្តាន់ និងសាច់ឈ្លូសដែរ គឺទាំងមនុស្សមិនបរិសុទ្ធ ទាំងមនុស្សបរិសុទ្ធ អាចបរិភោគដូចគ្នា។ ២៣ ប៉ុន្តែ មិនត្រូវបរិភោគឈាមជាដាច់ខាត ដ្បិតឈាមជាជីវិត។ ដូច្នេះ មិនត្រូវបរិភោគជីវិតជាមួយសាច់ឡើយ។ ២៤ កុំបរិភោគឈាមឲ្យសោះ ចូរចាក់ឈាមទៅលើដី ដូចគេចាក់ទឹក។ ២៥ កុំបរិភោគឈាមឲ្យសោះ ធ្វើដូច្នេះ អ្នក និងកូនចៅរបស់អ្នកនៅជំនាន់ក្រោយ មុខជាមានសុភមង្គល ដោយប្រព្រឹត្តអំពើត្រឹមត្រូវ ដែលគាប់ព្រះហឫទ័យព្រះអម្ចាស់។
២៦ ចំណែកឯសត្វដែលអ្នកញែកទុកដោយឡែកថ្វាយព្រះអម្ចាស់ ឬតង្វាយលាបំណន់ ត្រូវនាំយកទៅថ្វាយនៅកន្លែងដែលព្រះអម្ចាស់ជ្រើសរើស។ ២៧ ចំពោះតង្វាយដុតទាំងមូល ត្រូវយកទាំងសាច់ទាំងឈាមទៅថ្វាយនៅលើអាសនៈរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក។ រីឯយញ្ញបូជាវិញ ត្រូវប្រោះឈាមរបស់សត្វដែលអ្នកថ្វាយនៅលើអាសនៈរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក រួចអ្នកបរិភោគសាច់ចុះ។
២៨ ចូរស្ដាប់ និងកាន់តាមព្រះបន្ទូលទាំងប៉ុន្មានដែលខ្ញុំបង្គាប់ដល់អ្នក ដើម្បីឲ្យអ្នក និងកូនចៅរបស់អ្នក នៅជំនាន់ក្រោយ មានសុភមង្គលរហូតតទៅ ដោយប្រព្រឹត្តអំពើល្អ និងអំពើត្រឹមត្រូវ ដែលគាប់ព្រះហឫទ័យព្រះអម្ចាស់ ជាព្រះរបស់អ្នក។
២៩ ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងកម្ចាត់ប្រជាជាតិនានាចេញអស់ពីស្រុក ដែលអ្នកត្រូវចូលទៅកាន់កាប់។ ពេលនោះ អ្នកអាចបណ្តេញពួកគេចេញពីស្រុក រួចចូលទៅរស់នៅក្នុងស្រុករបស់ពួកគេ។ ៣០ ពេលណាប្រជាជាតិទាំងនោះរលាយសូន្យបាត់ពីមុខរបស់អ្នកហើយ ចូរប្រយ័ត្ន ក្រែងលោអ្នកធ្លាក់ទៅក្នុងអន្ទាក់ ដោយយកតម្រាប់តាមពួកគេ។ មិនត្រូវសាកសួរចង់ដឹងអំពីព្រះរបស់ពួកគេ ហើយក៏មិនត្រូវសួរអំពីរបៀបដែលពួកគេគោរពបម្រើព្រះរបស់ខ្លួន ក្នុងគោលបំណងធ្វើដូចពួកគេដែរ។ ៣១ មិនត្រូវថ្វាយបង្គំព្រះអម្ចាស់ ជាព្រះរបស់អ្នក តាមរបៀបថ្វាយបង្គំព្រះរបស់ប្រជាជាតិនានាឡើយ។ ប្រជាជាតិទាំងនោះប្រព្រឹត្តអំពើគួរស្អប់ខ្ពើមគ្រប់យ៉ាង ដើម្បីគោរពបម្រើព្រះរបស់ខ្លួនជាអំពើដែលព្រះអម្ចាស់មិនសព្វព្រះហឫទ័យ។ សូម្បីតែកូនប្រុសកូនស្រីរបស់ពួកគេ ក៏ពួកគេយកទៅដុតជាសក្ការបូជាដល់ព្រះទាំងនោះដែរ។
១៣
១ (១២.៣២) ចំណែកឯអ្នករាល់គ្នាវិញ ត្រូវកាន់ និងប្រតិបត្តិតាមសេចក្ដីទាំងប៉ុន្មានដែលខ្ញុំបង្គាប់ដល់អ្នករាល់គ្នា ដោយឥតបន្ថែម ឬបន្ថយអ្វីឡើយ»។
ទោសរបស់អ្នកថ្វាយបង្គំរូបបដិមាករ
២ (១) «ក្នុងចំណោមអ្នករាល់គ្នា ប្រសិនបើមានព្យាការី ឬគ្រូទាយឆុតណាម្នាក់ ប្រកាសអំពីទីសម្គាល់ ឬឫទ្ធិបាដិហារិយ៍អ្វីមួយ ៣ (២) បើទីសម្គាល់ ឬឫទ្ធិបាដិហារិយ៍នោះកើតមានមែន តែជននោះបបួលអ្នកទៅជំពាក់ចិត្ត និងគោរពបម្រើព្រះដទៃទៀតដែលអ្នករាល់គ្នាពុំស្គាល់ ៤ (៣) កុំស្ដាប់ពាក្យរបស់ព្យាការី ឬគ្រូទាយឆុតនោះឡើយ។ ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ចង់ល្បងលមើលអ្នករាល់គ្នា ដើម្បីឲ្យដឹងថា តើអ្នករាល់គ្នាស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា អស់ពីចិត្ត អស់ពីគំនិត ឬយ៉ាងណា។ ៥ (៤) ចូរជំពាក់ចិត្តនឹងព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ចូរកោតខ្លាចព្រះអង្គ កាន់តាមបទបញ្ជារបស់ព្រះអង្គ ស្ដាប់បង្គាប់ព្រះអង្គ ហើយគោរពបម្រើព្រះអង្គ និងស្រឡាញ់តែព្រះអង្គមួយប៉ុណ្ណោះ។ ៦ (៥) រីឯព្យាការី ឬគ្រូទាយឆុតនោះវិញ ត្រូវទទួលទោសដល់ស្លាប់ ព្រោះគេបាននិយាយបំផុសបំផុលប្រជាជនឲ្យបះបោរប្រឆាំងនឹងព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប និងរំដោះអ្នករាល់គ្នាឲ្យរួចពីទាសភាព។ ជននោះចង់នាំអ្នកចេញពីមាគ៌ាដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក បង្គាប់ឲ្យអ្នកដើរតាម។ ធ្វើដូច្នេះ អ្នកនឹងដកអំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា។
៧ (៦) ប្រសិនបើបងប្អូនបង្កើតរបស់អ្នក ឬកូនប្រុស កូនស្រី ឬភរិយាជាទីស្រឡាញ់របស់អ្នក ឬក៏មិត្តភក្ដិដ៏ជិតស្និទ្ធរបស់អ្នក មកបបួលអ្នកដោយស្ងាត់ៗឲ្យទៅថ្វាយបង្គំព្រះដទៃទៀត ជាព្រះដែលអ្នក និងដូនតារបស់អ្នកពុំស្គាល់ ៨ (៧) គឺព្រះរបស់ជាតិសាសន៍នានាដែលនៅជុំវិញអ្នក ទោះបីនៅជិត ឬឆ្ងាយដាច់ស្រយាលក្តី ៩ (៨) កុំយល់ស្របជាមួយគេ កុំស្ដាប់តាមគេឡើយ។ កុំអាណិតអាសូរ ឬត្រាប្រណីជននោះឲ្យសោះ ហើយក៏មិនត្រូវការពារគេដែរ។ ១០ (៩) ផ្ទុយទៅវិញ ត្រូវតែប្រហារជីវិតជននោះ គឺអ្នកលើកដៃប្រហារមុនគេ បន្ទាប់មក ទើបប្រជាជនប្រហារតាមក្រោយ។ ១១ (១០) ត្រូវយកដុំថ្មគប់សម្លាប់ជននេះ ព្រោះគេចង់ទាក់ទាញអ្នកឲ្យចេញឆ្ងាយពីព្រះអម្ចាស់ ជាព្រះរបស់អ្នក ដែលបាននាំអ្នកចេញពីស្រុកអេស៊ីប គឺស្រុកដែលអ្នកធ្វើជាទាសករ។ ១២ (១១) ប្រជាជនអ៊ីស្រាអែលទាំងមូលនឹងដឹងរឿងនេះ នាំគ្នាភ័យខ្លាច ហើយលែងប្រព្រឹត្តអំពើដ៏អាក្រក់ដូច្នេះ នៅក្នុងចំណោមអ្នករាល់គ្នា។
១៣ (១២) ក្នុងបណ្តាក្រុងដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យអ្នករស់នៅ ប្រសិនបើអ្នកឮដំណឹងថា ១៤ (១៣) មានជនពាលក្នុងចំណោមប្រជាជនរបស់អ្នក នាំគ្នាបបួលអ្នកក្រុងឲ្យទៅថ្វាយបង្គំព្រះដទៃទៀត ជាព្រះដែលអ្នករាល់គ្នាពុំស្គាល់។ ១៥ (១៤) ពេលនោះ អ្នកត្រូវស៊ើបសួរ និងតាមដានមើល ព្រមទាំងសាកសួរដំណឹងឲ្យច្បាស់លាស់ថា តើការនោះពិត ឬមិនពិត។ ប្រសិនបើមានភស្តុតាងថា អំពើដ៏គួរស្អប់ខ្ពើមនោះពិតជាកើតមានក្នុងចំណោមអ្នករាល់គ្នាមែន ១៦ (១៥) ត្រូវប្រហារអ្នកក្រុងទាំងនោះដោយមុខដាវ ហើយបំផ្លាញក្រុងនោះថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ គឺត្រូវកម្ទេចរបស់របរនៅក្នុងទីក្រុង និងសម្លាប់ហ្វូងសត្វដោយមុខដាវ ឥតទុកអ្វីឲ្យនៅសល់ឡើយ។ ១៧ (១៦) ចូរប្រមូលទ្រព្យសម្បត្តិទាំងអស់ដែលមាននៅក្នុងក្រុងនោះ មកដាក់នៅចំកណ្ដាលទីលានក្រុង រួចដុតកម្ទេចក្រុងជាមួយទ្រព្យសម្បត្តិទាំងអស់ថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នក។ ក្រុងនោះនឹងក្លាយទៅជាទីស្មសានរហូតតទៅ ឥតមាននរណាសង់ឡើងវិញឡើយ។ ១៨ (១៧) កុំយកអ្វីៗដែលត្រូវបំផ្លាញថ្វាយផ្ដាច់*ដល់ព្រះអម្ចាស់ឡើយ ដើម្បីឲ្យព្រះអម្ចាស់លែងព្រះពិរោធ។ ព្រះអង្គនឹងសម្ដែងព្រះហឫទ័យមេត្តាករុណាចំពោះអ្នក ព្រមទាំងប្រទានឲ្យអ្នកកើនចំនួនច្រើនឡើង ដូចព្រះអង្គបានសន្យាជាមួយបុព្វបុរសរបស់អ្នក ១៩ (១៨) ដ្បិតអ្នកស្ដាប់បង្គាប់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ដោយកាន់តាមបទបញ្ជាទាំងប៉ុន្មាន ដែលខ្ញុំប្រគល់ឲ្យអ្នក នៅថ្ងៃនេះ ហើយប្រព្រឹត្តអំពើត្រឹមត្រូវដែលគាប់ព្រះហឫទ័យព្រះអម្ចាស់ ជាព្រះរបស់អ្នក»។
១៤
ការហាមមិនឲ្យធ្វើពិធីឆូតសាច់
១ «អ្នករាល់គ្នាជាបុត្រធីតារបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។ ដូច្នេះ នៅពេលកាន់ទុក្ខ មិនត្រូវធ្វើពិធីឆូតសាច់ ហើយក៏មិនត្រូវកោរសក់ផ្នែកខាងមុខដែរ ២ ដ្បិតអ្នកជាប្រជារាស្ដ្រដ៏វិសុទ្ធរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក។ ព្រះអម្ចាស់ ជាព្រះរបស់អ្នក បានជ្រើសរើសអ្នកពីក្នុងចំណោមជាតិសាសន៍ទាំងអស់នៅលើផែនដី ឲ្យធ្វើជាប្រជារាស្ដ្ររបស់ព្រះអង្គផ្ទាល់»។
សត្វបរិសុទ្ធ និងសត្វមិនបរិសុទ្ធ
៣ «កុំបរិភោគអ្វីដែលមិនបរិសុទ្ធ*ឡើយ ៤ សត្វដែលអ្នករាល់គ្នាអាចបរិភោគបាន គឺមានគោ ចៀម និងពពែ ៥ ឈ្លូស ក្តាន់ រមាំង ពពែភ្នំ ប្រើស ទន្សោង ទ្រាយ។ ៦ អ្នករាល់គ្នាអាចបរិភោគសត្វទាំងអស់ដែលមានក្រចកជើងឆែកជាពីរ ហើយជាសត្វទំពាអៀង។ ៧ ប៉ុន្តែ ក្នុងចំណោមសត្វដែលទំពាអៀង ឬសត្វដែលមានក្រចកជើងឆែកនោះ មិនត្រូវបរិភោគសត្វអូដ្ឋ ទន្សាយគល់ និងទន្សាយថ្មឡើយ ដ្បិតសត្វទាំងនេះទំពាអៀង តែគ្មានក្រចកជើងឆែកទេ ដូច្នេះ ត្រូវចាត់ទុកជាសត្វមិនបរិសុទ្ធ។ ៨ រីឯជ្រូកក៏មិនត្រូវបរិភោគដែរ ព្រោះវាមានក្រចកជើងឆែក តែមិនទំពាអៀងទេ។ ដូច្នេះ ត្រូវចាត់ទុកវាជាសត្វមិនបរិសុទ្ធ គឺកុំបរិភោគសាច់វា ហើយក៏កុំប៉ះពាល់ខ្មោចវាដែរ។
៩ ក្នុងចំណោមសត្វរស់នៅក្នុងទឹក អ្នករាល់គ្នាអាចបរិភោគត្រីទាំងអស់ ដែលមានព្រុយ និងមានស្រកា។ ១០ ចំណែកឯត្រីដែលគ្មានព្រុយ និងគ្មានស្រកា កុំបរិភោគឡើយ ត្រូវចាត់ទុកជាសត្វមិនបរិសុទ្ធ។
១១ អ្នកអាចបរិភោគសត្វស្លាបបរិសុទ្ធទាំងអស់។ ១២ ប៉ុន្តែ ចំពោះសត្វដែលអ្នករាល់គ្នាមិនអាចបរិភោគ គឺត្មាត ខ្លែងស្រាក និងខ្លែង ១៣ ល្អូត រអាត ស្ទាំង និងពពួកសត្វប្រភេទនេះ ១៤ ក្អែកគ្រប់ប្រភេទ ១៥ អូទ្រីច ទីទុយ រំពេ ប្រមង់ និងពពួកសត្វប្រភេទនេះ ១៦ គូក មៀម អក ១៧ ទុង ក្អែកទឹក ស្មោញ ១៨ កុក ក្រសារ និងពពួកសត្វប្រភេទនេះ ព្រមទាំងត្រសេះ និងប្រចៀវ។ ១៩ អ្នករាល់គ្នាត្រូវចាត់ទុកសត្វល្អិតដែលមានស្លាបទាំងអស់ ជាសត្វមិនបរិសុទ្ធ គឺមិនត្រូវបរិភោគឡើយ។ ២០ អ្នករាល់គ្នាបរិភោគបានតែសត្វស្លាបណាដែលបរិសុទ្ធ។
២១ មិនត្រូវបរិភោគសាច់សត្វ ដែលងាប់ដោយឯកឯងឡើយ ត្រូវឲ្យសត្វនោះទៅជនបរទេស ដែលរស់នៅជាមួយអ្នករាល់គ្នាបរិភោគ ឬលក់ឲ្យសាសន៍ដទៃ ដ្បិតអ្នករាល់គ្នាជាប្រជាជនដ៏វិសុទ្ធរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។
មិនត្រូវស្ងោរកូនពពែក្នុងទឹកដោះរបស់មេវាឡើយ»។
តង្វាយមួយភាគដប់
២២ «រៀងរាល់ឆ្នាំ ត្រូវញែកភោគផលពីស្រែចម្ការរបស់អ្នកចំនួនមួយភាគដប់ ទុកជាតង្វាយ។ ២៣ ត្រូវបរិភោគតង្វាយមួយភាគដប់ ដែលអ្នកញែកចេញពីស្រូវ ស្រាទំពាំងបាយជូរថ្មី ប្រេង ព្រមទាំងកូនដំបូងនៃហ្វូងគោ និងហ្វូងចៀមរបស់អ្នក នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះរបស់អ្នក ត្រង់កន្លែងដែលព្រះអង្គជ្រើសរើសទុកជាព្រះដំណាក់ សម្រាប់សម្ដែងព្រះនាមរបស់ព្រះអង្គ ដើម្បីឲ្យអ្នករៀនគោរពកោតខ្លាចព្រះអម្ចាស់ ជាព្រះរបស់អ្នករហូតតទៅ។ ២៤ ប្រសិនបើផ្ទះរបស់អ្នកនៅឆ្ងាយពីកន្លែងដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ជ្រើសរើសទុកជាព្រះដំណាក់ សម្រាប់សម្ដែងព្រះនាមរបស់ព្រះអង្គ ហើយអ្នកមិនអាចដឹកជញ្ជូនតង្វាយមួយភាគដប់នៃភោគផលដែលអ្នកបានទទួល ដោយសារព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានពរដល់អ្នកទេនោះ ២៥ ចូរលក់តង្វាយមួយភាគដប់របស់អ្នក ហើយយកប្រាក់ដែលអ្នកលក់បាន ធ្វើដំណើរទៅកន្លែងដែលព្រះអម្ចាស់ ជាព្រះរបស់អ្នកជ្រើសរើស។ ២៦ ពេលទៅដល់ អ្នកអាចទិញអ្វីៗដែលអ្នកពេញចិត្ត ដូចជាគោ ចៀម ស្រាទំពាំងបាយជូរ ឬស្រាផ្សេងទៀត គឺអ្វីៗទាំងអស់ដែលនាំឲ្យអ្នកសប្បាយចិត្ត រួចបរិភោគដោយរីករាយជាមួយក្រុមគ្រួសារ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះរបស់អ្នក។ ២៧ កុំភ្លេចពួកលេវីដែលរស់នៅក្នុងក្រុងជាមួយអ្នកឡើយ ដ្បិតគេគ្មានដីជាចំណែកមត៌កជាមួយអ្នកទេ។
២៨ បីឆ្នាំម្ដង ត្រូវយកភោគផលដែលអ្នកទទួលនៅឆ្នាំទីបី ចំនួនមួយភាគដប់ ចេញមកដាក់ក្នុងក្រុងដែលអ្នករស់នៅ។ ២៩ ពេលនោះ ពួកលេវីដែលគ្មានដីជាចំណែកមត៌កជាមួយអ្នក ព្រមទាំងជនបរទេស ក្មេងកំព្រា និងស្ត្រីមេម៉ាយ ដែលរស់នៅក្នុងក្រុងជាមួយអ្នក នឹងនាំគ្នាមកបរិភោគយ៉ាងឆ្អែតបរិបូណ៌។ ធ្វើដូច្នេះ ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងប្រទានពរឲ្យអ្នកបានចម្រុងចម្រើន ក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ»។
១៥
ឆ្នាំទីប្រាំពីរជាឆ្នាំដែលត្រូវលុបបំណុល
១ «ប្រាំពីរឆ្នាំម្ដង អ្នកត្រូវតែលុបបំណុល។ ២ ការលុបបំណុលនេះត្រូវអនុវត្តដូចតទៅ: ម្ចាស់បំណុលទាំងឡាយដែលបានឲ្យប្រាក់អ្នកដទៃខ្ចី ត្រូវលុបបំណុលនោះ។ កាលណាគេប្រកាសការលុបបំណុល ដើម្បីលើកតម្កើងព្រះអម្ចាស់ ម្ចាស់បំណុលមិនត្រូវទាមទារឲ្យអ្នកដទៃ ដែលជាបងប្អូនរួមជាតិរបស់ខ្លួន សងប្រាក់វិញឡើយ។ ៣ អ្នកអាចទាមទារឲ្យជនបរទេសសងប្រាក់ តែត្រូវលុបបំណុលឲ្យបងប្អូន ដែលជាជនរួមជាតិរបស់អ្នក។ ៤ ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវឲ្យមានជនក្រីក្រឡើយ ដ្បិតព្រះអម្ចាស់នឹងប្រទានពរអ្នកយ៉ាងបរិបូណ៌ នៅក្នុងស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រគល់ឲ្យអ្នកកាន់កាប់ទុកជាចំណែកមត៌ក។ ៥ ប៉ុន្តែ អ្នកត្រូវស្ដាប់បង្គាប់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ដោយកាន់ និងប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មាន ដែលខ្ញុំប្រគល់ឲ្យនៅថ្ងៃនេះ។ ៦ ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងប្រទានពរដល់អ្នក ដូចព្រះអង្គបានសន្យាជាមួយអ្នក។ អ្នកអាចចងការប្រាក់ឲ្យប្រជាជាតិជាច្រើន តែអ្នកមិនត្រូវខ្ចីប្រាក់ពីពួកគេទេ អ្នកនឹងត្រួតត្រាលើប្រជាជាតិជាច្រើន តែពួកគេនឹងមិនត្រួតត្រាលើអ្នកឡើយ។
៧ ក្នុងបណ្តាក្រុងនៃស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យ ប្រសិនបើមានបងប្អូនខ្លះរបស់អ្នកធ្លាក់ខ្លួនក្រ មិនត្រូវមានចិត្តកំណាញ់ ឥតរវីរវល់ជួយបងប្អូនដែលក្រនោះឡើយ។ ៨ ផ្ទុយទៅវិញ ត្រូវជួយគាត់ ដោយឲ្យខ្ចីប្រាក់តាមចំនួនដែលគាត់ត្រូវការ។ ៩ ចូរប្រយ័ត្ន មិនត្រូវមានចិត្តអាក្រក់ ដោយគិតថា ឆ្នាំទីប្រាំពីរជាឆ្នាំដែលត្រូវលុបបំណុលកាន់តែខិតជិត ហើយអ្នកក៏គ្មានចិត្តមេត្តាដល់បងប្អូនដែលក្រនោះ គឺមិនជួយអ្វីទាំងអស់។ ពេលគាត់ទូលព្រះអម្ចាស់ ចោទប្រកាន់អ្នក នោះអ្នកមុខជាមានបាបមិនខាន។ ១០ ចូរជូនប្រាក់ទៅគាត់ដោយមិនទើសទាល់ ដ្បិតធ្វើដូច្នេះ ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងប្រទានពរអ្នក ក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ។ ១១ នៅក្នុងស្រុកតែងតែមានអ្នកក្រជានិច្ច ហេតុនេះហើយបានជាខ្ញុំបង្គាប់អ្នក ឲ្យមានចិត្តទូលាយដល់បងប្អូនរបស់អ្នក ដែលក្រីក្រ កំសត់ទុរគត នៅក្នុងស្រុក»។
ឆ្នាំដែលត្រូវដោះលែងខ្ញុំបម្រើ
១២ «ប្រសិនបើមានបងប្អូនរបស់អ្នក ដែលជាជនជាតិហេប្រឺ ទោះបីប្រុស ឬស្រីក្តី មកលក់ខ្លួនឲ្យអ្នក ត្រូវឲ្យគេនៅបម្រើអ្នកប្រាំមួយឆ្នាំ។ លុះដល់ឆ្នាំទីប្រាំពីរ ត្រូវដោះលែងគេឲ្យទៅវិញចុះ។ ១៣ ប៉ុន្តែ កុំដោះលែងគេឲ្យទៅវិញ ដោយដៃទទេឡើយ។ ១៤ ត្រូវយកភោគផលជាព្រះពរ ដែលអ្នកទទួលពីព្រះអម្ចាស់ ជាព្រះរបស់អ្នក គឺមានចៀម ស្រូវ និងស្រាទំពាំងបាយជូរ ផ្តល់ជាអំណោយដល់គេផង។ ១៥ ត្រូវចងចាំថា អ្នកធ្លាប់ធ្វើជាទាសករនៅស្រុកអេស៊ីប ហើយព្រះអម្ចាស់ ជាព្រះរបស់អ្នក បានរំដោះអ្នក។ ហេតុនេះហើយបានជាខ្ញុំបង្គាប់អ្នកដូច្នេះ។
១៦ ប្រសិនបើខ្ញុំបម្រើរបស់អ្នកពោលថា គេមិនចង់ចេញពីផ្ទះរបស់អ្នក ព្រោះគេស្រឡាញ់អ្នក និងគ្រួសាររបស់អ្នក ព្រមទាំងពេញចិត្តនឹងរស់នៅជាមួយអ្នក ១៧ ត្រូវយកដែកចោះត្រចៀកអ្នកបម្រើនោះ នៅលើសន្លឹកទ្វារផ្ទះរបស់អ្នក ហើយគេនឹងក្លាយទៅជាខ្ញុំបម្រើរបស់អ្នក រហូតតទៅ។ ត្រូវធ្វើបែបនេះចំពោះស្រីបម្រើដែរ។
១៨ ពេលដោះលែងខ្ញុំបម្រើ អ្នកមិនត្រូវនឹកស្តាយឡើយ ព្រោះគេបាននៅបម្រើអ្នកអស់រយៈពេលប្រាំមួយឆ្នាំ ហើយធ្វើការឲ្យអ្នកបានផលពីរដងលើសកម្មករ ដែលអ្នកជួលមកធ្វើការទៅទៀត។ ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងប្រទានពរដល់អ្នក ក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ»។
កូនដំបូងរបស់សត្វ
១៩ «ត្រូវញែកកូនដំបូងនៃហ្វូងសត្វរបស់អ្នក គឺកូនគោឈ្មោល និងកូនចៀមឈ្មោល ថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នក។ មិនត្រូវប្រើកូនដំបូងរបស់គោ សម្រាប់ភ្ជួររាស់ ហើយក៏មិនត្រូវកាត់រោមកូនដំបូងរបស់ចៀមដែរ។ ២០ រៀងរាល់ឆ្នាំ ចូរបរិភោគកូនដំបូងនៃហ្វូងសត្វជាមួយក្រុមគ្រួសាររបស់អ្នក នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះរបស់អ្នក ត្រង់កន្លែងដែលព្រះអង្គនឹងជ្រើសរើស។ ២១ ប្រសិនបើសត្វនោះពិការ ខ្វិនជើង ខ្វាក់ភ្នែក ឬមានស្លាកស្នាមកន្លែងណាមួយ កុំយកវាទៅធ្វើយញ្ញបូជាថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នកឡើយ។ ២២ ត្រូវបរិភោគសត្វនោះនៅកន្លែងដែលអ្នករស់នៅ មនុស្សមិនបរិសុទ្ធ ឬមនុស្សបរិសុទ្ធ អាចបរិភោគបានដូចគ្នា គឺដូចបរិភោគសាច់ក្តាន់ ឬសាច់ឈ្លូសដែរ។ ២៣ ប៉ុន្តែ កុំបរិភោគឈាមឡើយ ត្រូវចាក់ឈាមនោះទៅលើដី ដូចគេចាក់ទឹក»។
១៦
ពិធីបុណ្យចម្លង
១ «នៅខែចេត្រ ចូរប្រារព្ធពិធីបុណ្យចម្លង* ថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នក ដ្បិតនៅយប់ខែចេត្រនេះហើយ ដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក បាននាំអ្នកចាកចេញពីស្រុកអេស៊ីប។ ២ ចូរយកចៀម និងគោ ធ្វើយញ្ញបូជាថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នក ក្នុងឱកាសបុណ្យចម្លង នៅកន្លែងដែលព្រះអង្គនឹងជ្រើសរើសទុកជាព្រះដំណាក់ សម្រាប់សម្ដែងព្រះនាមរបស់ព្រះអង្គ។ ៣ ក្នុងអំឡុងពេលបុណ្យនេះមិនត្រូវបរិភោគនំបុ័ងដែលមានដាក់មេឡើយ គឺត្រូវបរិភោគនំបុ័ងឥតមេចំនួនប្រាំពីរថ្ងៃ ជានំបុ័ងនៃទុក្ខលំបាក រំឭកពីគ្រាដែលអ្នកចាកចេញពីស្រុកអេស៊ីបយ៉ាងប្រញាប់ប្រញាល់។ ធ្វើដូច្នេះ អ្នកនឹងចងចាំអស់មួយជីវិត អំពីគ្រាដែលអ្នកចាកចេញពីស្រុកអេស៊ីប។ ៤ ក្នុងអំឡុងពេលប្រាំពីរថ្ងៃនោះ ក្នុងផ្ទះរបស់អ្នក និងនៅលើទឹកដីទាំងមូលរបស់អ្នក មិនត្រូវឲ្យមានមេដំបែឡើយ រីឯសាច់របស់សត្វ ដែលអ្នកសម្លាប់ធ្វើយញ្ញបូជានៅល្ងាចទីមួយ ក៏មិនត្រូវទុកមួយយប់រហូតដល់ព្រឹកដែរ។ ៥ អ្នកមិនអាចថ្វាយយញ្ញបូជានៃពិធីបុណ្យចម្លងនេះ នៅត្រង់កន្លែងណាមួយ ក្នុងស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានមកអ្នកនោះឡើយ ៦ គឺត្រូវថ្វាយយញ្ញបូជានៃពិធីបុណ្យចម្លងនេះ នៅកន្លែងដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងជ្រើសរើសទុកជាព្រះដំណាក់ សម្រាប់ព្រះនាមរបស់ព្រះអង្គ។ ចូរថ្វាយយញ្ញបូជានៅពេលល្ងាច ជាពេលថ្ងៃលិច គឺចំនឹងពេលដែលអ្នកចាកចេញពីស្រុកអេស៊ីប។ ៧ ចូរចម្អិនសាច់ដែលអ្នកថ្វាយជាយញ្ញបូជា ហើយបរិភោគនៅកន្លែងដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ជ្រើសរើស។ លុះព្រលឹមឡើង អ្នកអាចវិលត្រឡប់ទៅលំនៅដ្ឋានរបស់អ្នកវិញ។ ៨ អ្នកត្រូវបរិភោគនំបុ័ងឥតមេចំនួនប្រាំមួយថ្ងៃ។ នៅថ្ងៃទីប្រាំពីរជាថ្ងៃបុណ្យធំ សម្រាប់លើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់អ្នក គឺមិនត្រូវធ្វើកិច្ចការអ្វីនៅថ្ងៃនោះឡើយ»។
បុណ្យសប្តាហ៍ ឬបុណ្យថ្ងៃទីហាសិប
៩ «ត្រូវគិតពីថ្ងៃដែលអ្នកចាប់ផ្តើមច្រូតស្រូវទៅ ចំនួនប្រាំពីរសប្ដាហ៍* ១០ រួចហើយ ចូរប្រារព្ធពិធីបុណ្យសប្តាហ៍ថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នក។ ពេលនោះ ចូរថ្វាយតង្វាយស្ម័គ្រចិត្ត ដោយគិតតាមភោគផលដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យ។ ១១ ត្រូវជប់លៀងយ៉ាងសប្បាយជាមួយកូនប្រុសកូនស្រី អ្នកបម្រើប្រុសស្រី និងពួកលេវីដែលរស់នៅក្នុងក្រុងជាមួយអ្នក ព្រមទាំងជនបរទេស ក្មេងកំព្រា និងស្ត្រីមេម៉ាយ ដែលរស់នៅក្នុងចំណោមអ្នក។ ត្រូវជប់លៀងបែបនេះនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះរបស់អ្នក ត្រង់កន្លែងដែលព្រះអង្គជ្រើសរើស ទុកជាព្រះដំណាក់ សម្រាប់សម្ដែងព្រះនាមព្រះអង្គ។ ១២ ត្រូវចងចាំថា អ្នកធ្លាប់ធ្វើជាទាសករនៅស្រុកអេស៊ីប។ ដូច្នេះ ចូរកាន់ និងប្រតិបត្តិតាមវិន័យទាំងនេះ»។
បុណ្យបារាំ
១៣ «ពេលណាអ្នកបោកបែនស្រូវ និងជាន់ផ្លែទំពាំងបាយជូររួចរាល់ហើយ ចូរប្រារព្ធពិធីបុណ្យបារាំ*ចំនួនប្រាំពីរថ្ងៃ។ ១៤ ក្នុងឱកាសពិធីបុណ្យនេះ អ្នកត្រូវជប់លៀងយ៉ាងសប្បាយជាមួយកូនប្រុសកូនស្រី អ្នកបម្រើប្រុសស្រី និងពួកលេវី ព្រមទាំងជនបរទេស ក្មេងកំព្រា និងស្ត្រីមេម៉ាយ ដែលរស់នៅក្នុងចំណោមអ្នក។ ១៥ ត្រូវប្រារព្ធពិធីបុណ្យនេះចំនួនប្រាំពីរថ្ងៃ ថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នក នៅកន្លែងដែលព្រះអង្គជ្រើសរើស។ ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងប្រទានពរឲ្យអ្នកទទួលភោគផលច្រើន ហើយប្រទានពរអ្នកក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ អ្នកនឹងមានអំណរឥតឧបមា។ ១៦ បីដងក្នុងមួយឆ្នាំ គឺនៅពេលបុណ្យនំបុ័ងឥតមេ បុណ្យសប្តាហ៍ និងបុណ្យបារាំ ត្រូវឲ្យប្រុសៗទាំងអស់ ក្នុងចំណោមអ្នករាល់គ្នា ទៅថ្វាយបង្គំព្រះអម្ចាស់ ជាព្រះរបស់អ្នក នៅកន្លែងដែលព្រះអង្គជ្រើសរើស។ ប៉ុន្តែ មិនត្រូវទៅថ្វាយបង្គំព្រះអម្ចាស់ ជាព្រះរបស់អ្នក ដោយដៃទទេឡើយ។ ១៧ ម្នាក់ៗត្រូវយកតង្វាយទៅជាមួយ តាមតែខ្លួនអាចធ្វើបាន ដោយគិតតាមភោគផលដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យ»។
ការតែងតាំងមេដឹកនាំ
១៨ «ត្រូវតែងតាំងឲ្យមានចៅក្រម និងអ្នកត្រួតត្រា នៅតាមក្រុងទាំងប៉ុន្មានដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យ។ អ្នកទាំងនោះនឹងវិនិច្ឆ័យប្រជាជននៅតាមកុលសម្ព័ន្ធនានា ដោយយុត្តិធម៌។ ១៩ មិនត្រូវបំពានលើច្បាប់ ឬវិនិច្ឆ័យនរណាម្នាក់ដោយរើសមុខឡើយ ហើយក៏មិនត្រូវទទួលសំណូកដែរ ដ្បិតសំណូករមែងធ្វើឲ្យអ្នកប្រាជ្ញទៅជាខ្វាក់ ហើយធ្វើឲ្យមនុស្សសុចរិតនិយាយវៀចវេរ។ ២០ ត្រូវស្វែងរកតែយុត្តិធម៌ ដើម្បីឲ្យអ្នកមានជីវិត ហើយកាន់កាប់ស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យ»។
មិនត្រូវគោរពព្រះក្លែងក្លាយ
២១ «កុំដំឡើងបង្គោលឈើនៃព្រះអាសេរ៉ានៅក្បែរអាសនៈ ដែលអ្នកសង់ថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នកឡើយ ២២ ហើយក៏មិនត្រូវដំឡើងស្តូបដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក មិនគាប់ព្រះហឫទ័យនោះដែរ។
១៧
១ កុំយកគោ ឬកូនចៀម ដែលមានស្លាកស្នាម ឬពិការ ថ្វាយជាយញ្ញបូជាដល់ព្រះអម្ចាស់ ជាព្រះរបស់អ្នកឡើយ ដ្បិតព្រះអង្គស្អប់ខ្ពើមយញ្ញបូជាបែបនេះ។
២ ក្នុងចំណោមអ្នក ប្រហែលជាមានប្រុសម្នាក់ ឬស្រីម្នាក់ប្រព្រឹត្តអំពើបាប ដែលមិនគាប់ព្រះហឫទ័យ ព្រះអម្ចាស់ ជាព្រះរបស់អ្នក ក្នុងក្រុងដែលព្រះអង្គប្រទានឲ្យ គឺអ្នកនោះបំពានលើសម្ពន្ធមេត្រីរបស់ព្រះអង្គ ៣ ទៅគោរពបម្រើព្រះដទៃ ហើយក្រាបថ្វាយបង្គំព្រះទាំងនោះ ឬក្រាបថ្វាយបង្គំព្រះអាទិត្យ ព្រះច័ន្ទ និងហ្វូងតារាទាំងប៉ុន្មាន ផ្ទុយពីសេចក្ដីដែលខ្ញុំបានបង្គាប់។ ៤ ពេលណាអ្នកឮដំណឹងនេះ ត្រូវស៊ើបសួរឲ្យបានច្បាស់លាស់ថា តើការណ៍នេះពិត ឬមិនពិត។ ប្រសិនបើមានភស្តុតាងបញ្ជាក់ថា ហេតុការណ៍ដ៏គួរស្អប់ខ្ពើមនេះ ពិតជាកើតមាននៅស្រុកអ៊ីស្រាអែលមែន ៥ ត្រូវនាំប្រុស ឬស្រី ដែលបានប្រព្រឹត្តអំពើអាក្រក់នោះ ទៅមាត់ទ្វារក្រុង ហើយយកដុំថ្មគប់ រហូតទាល់តែស្លាប់។ ៦ ជនជាប់ចោទនោះមានទោសដល់ស្លាប់ ល្គឹកណាតែមានមនុស្សពីរ ឬបីនាក់ធ្វើជាសាក្សី។ ប្រសិនបើមានសាក្សីតែម្នាក់ គេមិនអាចប្រហារជីវិតជនជាប់ចោទនោះឡើយ។ ៧ សាក្សីត្រូវយកដុំថ្មគប់សម្លាប់អ្នកនោះមុនគេ បន្ទាប់មក ទើបប្រជាជនគប់តាមក្រោយ។ ធ្វើដូច្នេះ អ្នកនឹងដកអំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា»។
ការកាត់ក្តី
៨ «ចំពោះឃាតកម្ម ការប្ដឹងផ្តល់គ្នា និងការវាយគ្នាឲ្យមានរបួស ជាករណីដែលពិបាកកាត់ក្តី នៅក្នុងក្រុងរបស់អ្នក ត្រូវនាំយករឿងនេះទៅកន្លែងដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ជ្រើសរើស។ ៩ អ្នកត្រូវទៅជួបពួកបូជាចារ្យលេវី និងចៅក្រមនៅជំនាន់នោះ ដើម្បីសុំសួរយោបល់។ ពួកគេនឹងប្រាប់អ្នកថា ត្រូវវិនិច្ឆ័យរឿងនេះបែបណា។ ១០ ចូរធ្វើតាមការវិនិច្ឆ័យដែលលោកទាំងនោះប្រាប់អ្នក នៅកន្លែងព្រះអម្ចាស់ជ្រើសរើស។ ចូរធ្វើតាមពាក្យដែលពួកលោកណែនាំឲ្យបានឥតខ្ចោះ។ ១១ ចូរធ្វើឲ្យត្រឹមត្រូវតាមច្បាប់ដែលលោកទាំងនោះណែនាំ និងការវិនិច្ឆ័យដែលពួកលោកបានសម្រេច គឺត្រូវធ្វើតាមពាក្យដែលពួកលោកអារកាត់ ឥតលំអៀងឡើយ។ ១២ អ្នកណាតាំងចិត្តមានះ មិនព្រមធ្វើតាមពាក្យរបស់បូជាចារ្យ* ដែលបានទទួលតំណែងបម្រើព្រះអម្ចាស់ ជាព្រះរបស់អ្នក ឬមិនស្ដាប់ពាក្យរបស់ចៅក្រមទេ អ្នកនោះត្រូវតែស្លាប់។ ធ្វើដូច្នេះ អ្នកនឹងដកអំពើអាក្រក់ចេញពីចំណោមជនជាតិអ៊ីស្រាអែល។ ១៣ ប្រជាជនទាំងអស់ឮដំណឹងនេះ គេនឹងភ័យខ្លាច ហើយគ្មាននរណាហ៊ានតាំងចិត្តមានះបែបនេះទៀតឡើយ»។
ច្បាប់ស្តីអំពីព្រះមហាក្សត្រ
១៤ «ពេលណាអ្នកចូលទៅដល់ស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យ ពេលណាអ្នកកាន់កាប់ស្រុក និងតាំងទីលំនៅក្នុងស្រុកនោះហើយ អ្នកប្រហែលជានឹកចង់បានស្តេចមួយអង្គគ្រប់គ្រងលើអ្នក ដូចប្រជាជាតិទាំងប៉ុន្មានដែលនៅជុំវិញដែរ។ ១៥ អ្នកត្រូវតែងតាំងស្តេច ដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ជ្រើសរើស។ អ្នកត្រូវតែងតាំងស្តេចដែលជាជនរួមជាតិរបស់អ្នក គឺមិនត្រូវតែងតាំងជនបរទេស ដែលមិនមែនជាជនរួមជាតិរបស់អ្នកឡើយ។ ១៦ ស្តេចរបស់អ្នកមិនត្រូវមានសេះច្រើន ហើយក៏មិនត្រូវឲ្យប្រជាជនវិលត្រឡប់ទៅស្រុកអេស៊ីប ដើម្បីរកសេះឲ្យច្រើនដែរ ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលមកអ្នករាល់គ្នាថា “មិនត្រូវវិលត្រឡប់ទៅស្រុកនោះវិញឡើយ”។ ១៧ ស្តេចរបស់អ្នកមិនត្រូវមានមហេសីច្រើនឡើយ ក្រែងលោស្តេចបែកចិត្តចេញឆ្ងាយពីព្រះជាម្ចាស់។ ស្តេចក៏មិនត្រូវមានមាសប្រាក់ច្រើនពេកដែរ។ ១៨ ពេលណាស្តេចឡើងគ្រងរាជសម្បត្តិហើយ ត្រូវឲ្យស្តេចយកគម្ពីរវិន័យនេះពីបូជាចារ្យលេវី ទៅចម្លងទុកក្នុងសៀវភៅមួយ។ ១៩ សៀវភៅនេះត្រូវនៅជាប់ជាមួយស្តេចជានិច្ច ហើយស្តេចអានជារៀងរាល់ថ្ងៃ អស់មួយជីវិត ដើម្បីរៀនគោរពកោតខ្លាចព្រះអម្ចាស់ ជាព្រះរបស់ខ្លួន ព្រមទាំងកាន់ ហើយប្រតិបត្តិសេចក្ដី និងវិន័យទាំងប៉ុន្មាន ដែលមាននៅក្នុងគម្ពីរវិន័យនេះ។ ២០ ធ្វើដូច្នេះ ស្តេចនឹងគ្មានគំនិតតម្កើងខ្លួនខ្ពស់ជាងជនរួមជាតិឡើយ ហើយក៏មិនបែកចិត្តចេញឆ្ងាយពីបទបញ្ជារបស់ព្រះជាម្ចាស់ ដោយងាកទៅឆ្វេង ឬទៅស្តាំដែរ ដើម្បីឲ្យស្តេច និងរាជវង្សរបស់ស្តេច គ្រងរាជ្យបានយូរឆ្នាំលើជនជាតិអ៊ីស្រាអែល»។
១៨
សិទ្ធិរបស់ពួកបូជាចារ្យ និងពួកលេវី
១ «ពួកបូជាចារ្យលេវី និងកុលសម្ព័ន្ធលេវីទាំងមូល គ្មានទឹកដីជាចំណែកមត៌កនៅស្រុកអ៊ីស្រាអែលទេ គឺពួកគេមានតែអាហារពីយញ្ញបូជា និងតង្វាយផ្សេងៗ ដែលប្រជាជនយកមកថ្វាយព្រះអម្ចាស់ប៉ុណ្ណោះ។ ២ ពួកគេនឹងមិនទទួលចំណែកមត៌កអ្វីក្នុងចំណោមបងប្អូនរបស់ខ្លួនឡើយ ដ្បិតព្រះអម្ចាស់ផ្ទាល់ ជាចំណែកមត៌ករបស់ពួកគេ ដូចព្រះអង្គមានព្រះបន្ទូលស្រាប់។ ៣ ពេលប្រជាជនយកគោ និងចៀមមកថ្វាយជាយញ្ញបូជា ពួកគេត្រូវយកសាច់ស្មា សាច់ថ្គាម និងក្រពះ ជូនបូជាចារ្យ។ ៤ ត្រូវយកផលដំបូងនៃស្រូវរបស់អ្នក ព្រមទាំងស្រាទំពាំងបាយជូរថ្មី ប្រេង និងរោមចៀមដែលអ្នកកាត់មុនគេ ជូនបូជាចារ្យ ៥ ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នក បានជ្រើសរើសបូជាចារ្យ និងពូជពង្សរបស់លោក ពីចំណោមកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែល ឲ្យនៅបម្រើព្រះអង្គជារៀងរាល់ថ្ងៃ។
៦ ប្រសិនបើពួកលេវីម្នាក់ចាកចេញពីក្រុងណាមួយក្នុងស្រុកអ៊ីស្រាអែល ជាកន្លែងដែលខ្លួនរស់នៅ ហើយមានបំណងទៅនៅកន្លែងដែលព្រះអម្ចាស់ជ្រើសរើស ៧ គាត់អាចបំពេញមុខងារបម្រើព្រះអម្ចាស់ ជាព្រះរបស់អ្នក ដូចពួកលេវីឯទៀតៗជាបងប្អូនរបស់ខ្លួន ដែលធ្វើការនៅទីសក្ការៈនោះ ៨ ហើយគាត់ក៏អាចទទួលអាហារមួយចំណែកស្មើនឹងពួកលេវីឯទៀតៗ ថែមពីលើអ្វីៗដែលគាត់លក់បាន»។
ព្យាការីក្លែងក្លាយ និងព្យាការីពិតប្រាកដ
៩ «កាលណាអ្នកចូលទៅក្នុងស្រុក ដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យ មិនត្រូវរៀនយកតម្រាប់តាមអំពើគួរស្អប់ខ្ពើមរបស់ប្រជាជាតិទាំងនោះឡើយ។ ១០ ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវឲ្យនរណាម្នាក់យកកូនប្រុស កូនស្រីរបស់ខ្លួនទៅបូជាក្នុងភ្លើង។ មិនត្រូវឲ្យមាននរណាម្នាក់ បញ្ជាន់រូប ទស្សន៍ទាយ ប្រព្រឹត្តមន្តអាគម ឬអំពើអាបធ្មប់ ១១ ធ្វើអំពើ ហើយក៏មិនត្រូវឲ្យនរណាម្នាក់ទៅរកគ្រូអន្ទងខ្មោច ទៅរកគ្រូទាយ មើលជោគរាសី និងខាបព្រលឹងដែរ ១២ ដ្បិតព្រះអម្ចាស់ចាត់ទុកអ្នកដែលប្រព្រឹត្តអំពើទាំងនេះ ជាមនុស្សគួរស្អប់ខ្ពើម។ ដោយសារតែប្រជាជាតិនានាប្រព្រឹត្តអំពើគួរស្អប់ខ្ពើមទាំងនេះហើយ បានជាព្រះអម្ចាស់ ជាព្រះរបស់អ្នក បណ្តេញពួកគេចេញពីមុខអ្នក។ ១៣ អ្នកត្រូវស្មោះត្រង់ចំពោះព្រះអម្ចាស់ ជាព្រះរបស់អ្នកជានិច្ច។ ១៤ ប្រជាជាតិទាំងឡាយ ដែលអ្នកនឹងដេញចេញពីទឹកដី តែងតែស្ដាប់ពាក្យរបស់គ្រូទស្សន៍ទាយ និងគ្រូធ្មប់។ ចំណែកឯអ្នកវិញ ព្រះអម្ចាស់ ជាព្រះរបស់អ្នក មិនឲ្យអ្នកប្រព្រឹត្តដូច្នេះឡើយ។
១៥ ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងធ្វើឲ្យមានព្យាការីម្នាក់ដូចខ្ញុំ ងើបឡើងពីក្នុងចំណោមអ្នក ហើយលោកជាបងប្អូនរបស់អ្នក។ ចូរនាំគ្នាស្ដាប់តាមព្យាការីនោះចុះ ១៦ ដ្បិតនៅថ្ងៃអ្នកជួបជុំគ្នានៅហូរែប អ្នកបានទូលសូមពីព្រះអម្ចាស់ ជាព្រះរបស់អ្នក បែបនេះឯង គឺអ្នកពោលថា “សូមកុំឲ្យយើងខ្ញុំឮព្រះសូរសៀងរបស់ព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំតទៅទៀត ហើយក៏កុំឲ្យយើងខ្ញុំឃើញភ្លើងដ៏សន្ធោសន្ធៅនេះដែរ ក្រែងលោយើងខ្ញុំត្រូវស្លាប់”។ ១៧ ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា “សេចក្ដីដែលពួកគេនិយាយពិតជាត្រឹមត្រូវមែន។ ១៨ យើងនឹងធ្វើឲ្យមានព្យាការីម្នាក់ដូចអ្នក ងើបឡើងពីក្នុងចំណោមបងប្អូនរបស់ខ្លួន យើងនឹងដាក់ព្រះបន្ទូលរបស់យើងក្នុងមាត់របស់ព្យាការីនោះ លោកនឹងថ្លែងសេចក្ដីទាំងប៉ុន្មានដែលយើងបង្គាប់។ ១៩ អ្នកណាមិនស្ដាប់ពាក្យដែលលោកថ្លែង ក្នុងនាមយើងទេ យើងនឹងដាក់ទោសអ្នកនោះ។ ២០ ផ្ទុយទៅវិញ ប្រសិនបើព្យាការីណាម្នាក់ហ៊ានថ្លែងពាក្យអ្វីមួយក្នុងនាមយើង ជាពាក្យដែលយើងមិនបានបង្គាប់ឲ្យថ្លែង ឬប្រសិនបើគេថ្លែងពាក្យក្នុងនាមព្រះដទៃទៀត ព្យាការីនោះនឹងត្រូវទទួលទោសដល់ស្លាប់”។ ២១ អ្នកប្រហែលជាសួរថា តើធ្វើដូចម្ដេចឲ្យដឹងថា ពាក្យណាមួយដែលមិនមែនមកពីព្រះអម្ចាស់។ ២២ ពេលព្យាការីណាម្នាក់ថ្លែងពាក្យក្នុងនាមរបស់ព្រះអម្ចាស់ តែមិនឃើញមានហេតុការណ៍អ្វីកើតឡើង ដូចពាក្យគេប្រកាសទេ បានសេចក្ដីថាពាក្យនោះមិនមែនជាព្រះបន្ទូលរបស់ព្រះអម្ចាស់ទេ។ ព្យាការីនោះហ៊ាននិយាយដោយចិត្តឯង ដូច្នេះ កុំខ្លាចគេឲ្យសោះ»។
១៩
ច្បាប់ស្តីអំពីក្រុងជម្រក
១ «ពេលណាព្រះអម្ចាស់ ជាព្រះរបស់អ្នក បំផ្លាញប្រជាជាតិនានាចេញពីទឹកដីដែលព្រះអង្គប្រទានឲ្យអ្នក ពេលណាអ្នកដណ្ដើមទឹកដីបានពីពួកគេ ហើយរស់នៅក្នុងក្រុង និងផ្ទះរបស់ពួកគេហើយ ២ អ្នកត្រូវញែកក្រុងបី នៅក្នុងស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យអ្នកកាន់កាប់។ ៣ ត្រូវបែងចែកទឹកដីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យអ្នកទុកជាកេរមត៌កនោះ ជាបីតំបន់ ហើយរៀបចំឲ្យមានផ្លូវក្នុងតំបន់ទាំងនោះ ដើម្បីឲ្យអ្នកសម្លាប់គេអាចរត់ទៅជ្រកកោននៅក្នុងក្រុងទាំងបី។
៤ អ្នកដែលអាចរត់ទៅជ្រកកោននៅក្រុងទាំងនោះបាន គឺអ្នកដែលសម្លាប់គេដោយអចេតនា និងគ្មានគំនិតស្អប់ជាមុន។ ឧទាហរណ៍ បើមានបុរសម្នាក់ទៅកាប់ឈើក្នុងព្រៃជាមួយបុរសម្នាក់ទៀត ៥ ពេលគាត់លើកពូថៅកាប់ដើមឈើ ស្រាប់តែផ្លែពូថៅរបូតចេញពីដង ទៅប៉ះគូកនរបស់ខ្លួនបណ្តាលឲ្យស្លាប់។ ពេលនោះ គាត់អាចរត់ទៅជ្រកនៅក្នុងក្រុងជម្រកណាមួយ ដើម្បីរក្សាអាយុជីវិតរបស់ខ្លួន។ ៦ ធ្វើដូច្នេះ ដោយផ្លូវឆ្ងាយ នោះអ្នកដែលមានសិទ្ធិសងសឹក ហើយកំពុងតែខឹងជាខ្លាំង ពុំអាចដេញតាមគាត់ទាន់ និងសម្លាប់គាត់ឡើយ ដ្បិតបុរសនេះមិនត្រូវមានទោសដល់ស្លាប់ទេ ព្រោះគាត់ពុំបានសម្លាប់គេដោយចិត្តស្អប់។ ៧ ហេតុនេះហើយបានជាខ្ញុំបង្គាប់អ្នកឲ្យញែកក្រុងបីទុកដាច់ឡែកពីគេ។ ៨ ប្រសិនបើព្រះអម្ចាស់ ជាព្រះរបស់អ្នក ពង្រីកទឹកដីឲ្យអ្នក ដូចព្រះអង្គបានសន្យាជាមួយបុព្វបុរសរបស់អ្នក ហើយប្រសិនបើព្រះអង្គប្រគល់ស្រុកទាំងមូលមកអ្នក ជាស្រុកដែលព្រះអង្គបានសន្យាប្រគល់ឲ្យបុព្វបុរសរបស់អ្នក ៩ អ្នកត្រូវបន្ថែមក្រុងបីទៀតពីលើក្រុងបីនោះ។ ប៉ុន្តែ ត្រូវកាន់ និងប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មាន ដែលខ្ញុំប្រគល់ឲ្យអ្នកនៅថ្ងៃនេះ ដើម្បីឲ្យអ្នកស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ហើយដើរតាមមាគ៌ារបស់ព្រះអង្គ។ ១០ ធ្វើដូច្នេះ នឹងគ្មានការប្រហារជីវិតជនស្លូតត្រង់ នៅក្នុងទឹកដីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យអ្នក ទុកជាកេរមត៌កឡើយ ហើយអ្នកក៏នឹងគ្មានទោសដែរ។
១១ ប៉ុន្តែ ប្រសិនបើនរណាម្នាក់មានចិត្តស្អប់អ្នកដទៃ ហើយប្រើកលល្បិច ចាំស្ទាក់វាយប្រហារគេរហូតដល់ស្លាប់ ទោះបីជននោះរត់ទៅជ្រកនៅក្នុងក្រុងជម្រកណាមួយក៏ដោយ ១២ ពួកព្រឹទ្ធាចារ្យ*របស់ក្រុងដែលជននោះរស់នៅ ត្រូវចាត់គេឲ្យទៅចាប់ជននោះមកវិញ ហើយប្រគល់ទៅឲ្យអ្នកដែលមានសិទ្ធិសងសឹក ដើម្បីឲ្យជននោះទទួលទោសដល់ស្លាប់។ ១៣ កុំអាណិតមនុស្សបែបនេះឡើយ ធ្វើដូច្នេះ អ្នកនឹងលុបបំបាត់ជនដែលបង្ហូរឈាមមនុស្សស្លូតត្រង់ឲ្យអស់ពីទឹកដីអ៊ីស្រាអែល ហើយអ្នកនឹងមានសុភមង្គល»។
ច្បាប់ស្តីអំពីការបង្ខិតបង្គោលរបង
១៤ «ពេលណាអ្នកចូលកាន់កាប់ទឹកដីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រគល់ឲ្យទុកជាកេរមត៌កហើយ មិនត្រូវបង្ខិតបង្គោលរបងចូលទៅក្នុងដីរបស់អ្នកជិតខាង ជារបងដាំដោយអ្នកដែលទៅដល់មុនគេនោះឡើយ»។
សាក្សីក្លែងក្លាយ
១៥ «ប្រសិនបើមានសាក្សីតែម្នាក់ គេពុំអាចដាក់ទោសនរណាដែលជាប់សង្ស័យថា ប្រព្រឹត្តបទឧក្រិដ្ឋ បទល្មើស ឬអំពើបាបណាមួយនោះឡើយ។ កាលណាមានសាក្សីពីរ ឬបីនាក់ ទើបសំណុំរឿងនោះអាចយកជាការបាន។
១៦ ពេលសាក្សីក្លែងក្លាយម្នាក់ចោទប្រកាន់មនុស្សម្នាក់ទៀតថា បានប្រព្រឹត្តអំពើអាក្រក់អ្វីមួយ ១៧ អ្នកទាំងពីរដែលមានទំនាស់នឹងគ្នា ត្រូវចូលទៅក្នុងទីសក្ការៈរបស់ព្រះអម្ចាស់ ហើយឈរនៅចំពោះមុខបូជាចារ្យ* និងចៅក្រម ដែលកាន់មុខតំណែង នៅពេលនោះ។ ១៨ ចៅក្រមត្រូវសាកសួរឲ្យបានល្អិតល្អន់។ ប្រសិនបើឃើញថាសាក្សីនោះនិយាយការមិនពិត គឺគាត់មួលបង្កាច់បងប្អូនរបស់ខ្លួន ១៩ នោះត្រូវដាក់ទោសគាត់ដូចគាត់បានគ្រោងទុក សម្រាប់ដាក់ទោសជនជាប់ចោទ។ ធ្វើដូច្នេះ អ្នកនឹងលុបបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នក។ ២០ អ្នកឯទៀតៗឮដំណឹងនេះ គេនឹងភ័យខ្លាច ហើយគ្មាននរណាប្រព្រឹត្តអំពើអាក្រក់បែបនេះ នៅក្នុងចំណោមអ្នកទៀតឡើយ។ ២១ កុំអាណិតអាសូរអ្នកមានទោសឲ្យសោះ។ អ្នកណាសម្លាប់គេ ត្រូវសម្លាប់អ្នកនោះវិញ អ្នកណាវាយភ្នែកគេម្ខាង ត្រូវវាយភ្នែកអ្នកនោះម្ខាងវិញ អ្នកណាវាយគេឲ្យបាក់ធ្មេញមួយ ត្រូវវាយអ្នកនោះឲ្យបាក់ធ្មេញមួយ អ្នកណាវាយគេបាក់ដៃម្ខាង ត្រូវវាយអ្នកនោះឲ្យបាក់ដៃម្ខាងវិញ អ្នកណាវាយគេបាក់ជើងម្ខាង ត្រូវវាយអ្នកនោះឲ្យបាក់ជើងម្ខាងវិញដែរ»។
២០
ច្បាប់អំពីការចូលបម្រើកងទ័ព
១ «ពេលណាអ្នកចេញទៅធ្វើសឹកសង្គ្រាម ហើយអ្នកឃើញថា សត្រូវមានទ័ពសេះ រទេះចម្បាំង និងពលទាហានច្រើនជាង មិនត្រូវខ្លាចពួកគេឡើយ ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នក ដែលបាននាំអ្នកចេញពីស្រុកអេស៊ីប ព្រះអង្គគង់នៅជាមួយអ្នក។ ២ មុនពេលចូលប្រយុទ្ធ បូជាចារ្យ*ត្រូវចេញទៅឈរនៅមុខពលទាហាន ហើយនិយាយទៅកាន់ពួកគេដូចតទៅ: ៣ “អ៊ីស្រាអែលអើយ ចូរស្ដាប់! ថ្ងៃនេះ អ្នករាល់គ្នាត្រូវចូលទៅប្រយុទ្ធនឹងខ្មាំងសត្រូវ។ មិនត្រូវបាក់ទឹកចិត្ត ភ័យខ្លាច ញ័ររន្ធត់ និងតក់ស្លុតនៅចំពោះមុខពួកគេឡើយ ៤ ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា យាងទៅច្បាំងជាមួយអ្នករាល់គ្នា ដើម្បីវាយប្រហារខ្មាំងសត្រូវជំនួសអ្នករាល់គ្នា ហើយប្រទានឲ្យអ្នករាល់គ្នាមានជ័យជម្នះ”។
៥ បន្ទាប់មក ពួកមេទ័ពត្រូវនិយាយទៅកាន់ពលទាហានថា: “ក្នុងចំណោមអ្នករាល់គ្នា បើមាននរណាម្នាក់ទើបនឹងសង់ផ្ទះថ្មី ហើយពុំទាន់បានឡើងផ្ទះនៅឡើយ ចូរឲ្យអ្នកនោះវិលទៅផ្ទះវិញចុះ ក្រែងលោគេត្រូវស្លាប់នៅសមរភូមិ រួចមានម្នាក់ទៀតឡើងផ្ទះជំនួស។ ៦ បើមាននរណាម្នាក់ដាំទំពាំងបាយជូរ ហើយពុំទាន់បានទទួលផលនៅឡើយ ចូរឲ្យអ្នកនោះវិលទៅផ្ទះវិញចុះ ក្រែងលោគេត្រូវស្លាប់នៅសមរភូមិ រួចមានម្នាក់ទៀតទទួលផលជំនួស។ ៧ បើនរណាម្នាក់មានគូដណ្ដឹង តែមិនទាន់បានរៀបការជាមួយនាងនៅឡើយ ចូរឲ្យអ្នកនោះវិលទៅផ្ទះវិញចុះ ក្រែងលោគេត្រូវស្លាប់នៅសមរភូមិ រួចមានម្នាក់ទៀតរៀបការនឹងនាង”។ ៨ នាយទាហានត្រូវនិយាយទៅកាន់ពលទ័ពទៀតថា: “បើនរណាភ័យខ្លាច ឬគ្មានទឹកចិត្តក្លាហានទេ ចូរឲ្យអ្នកនោះវិលទៅផ្ទះវិញចុះ ក្រែងលោគេនាំឲ្យបងប្អូនឯទៀតៗបាក់ទឹកចិត្តដូចខ្លួនដែរ”។ ៩ ពេលមេទ័ពនិយាយបែបនេះទៅកាន់ពលទាហានហើយ ពួកគេក៏ចាត់តាំងឲ្យមានមេក្រុម នាំមុខពលទាហានទាំងនោះ»។
ច្បាប់អំពីការឡោមព័ទ្ធក្រុង
១០ «ពេលណាអ្នកចូលទៅជិតក្រុងមួយ ដើម្បីវាយយកក្រុងនោះ ត្រូវស្នើឲ្យពួកគេចុះចូលជាមុនសិន។ ១១ ប្រសិនបើអ្នកក្រុងនោះយល់ព្រមទទួលសំណើ ហើយបើកទ្វារក្រុងឲ្យអ្នកចូល ប្រជាជនទាំងមូលក្នុងក្រុងនោះត្រូវតែចំណុះអ្នក ហើយធ្វើការបម្រើអ្នក។ ១២ ប្រសិនបើអ្នកក្រុងនោះមិនព្រមទទួលសំណើ ហើយចង់ធ្វើសឹកជាមួយអ្នក ត្រូវឡោមព័ទ្ធទីក្រុង ១៣ ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃអ្នក ហើយអ្នកត្រូវប្រហារប្រុសៗទាំងអស់របស់ពួកគេ ដោយមុខដាវ។ ១៤ ចំណែកឯស្រីៗ ក្មេងៗ ហ្វូងសត្វ និងទ្រព្យសម្បត្តិទាំងប៉ុន្មាននៅក្នុងទីក្រុង អ្នកអាចរឹបអូសជាជ័យភ័ណ្ឌ អ្នកអាចបរិភោគសាច់របស់សត្វរឹបអូសយកពីខ្មាំងសត្រូវ ដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃអ្នក។ ១៥ អ្នកត្រូវប្រព្រឹត្តបែបនេះចំពោះក្រុងទាំងអស់ដែលនៅឆ្ងាយៗពីអ្នក ជាក្រុងដែលមិនស្ថិតនៅក្នុងចំណោមក្រុងរបស់ប្រជាជាតិទាំងនេះទេ។ ១៦ រីឯក្រុងរបស់ជាតិសាសន៍ទាំងឡាយដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រគល់មកក្នុងកណ្ដាប់ដៃអ្នក ជាកេរមត៌ក អ្នកមិនត្រូវទុកជីវិតឲ្យនរណាម្នាក់សោះឡើយ ១៧ គឺអ្នកត្រូវបំផ្លាញជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិកាណាន ជនជាតិពេរេស៊ី ជនជាតិហេវី និងជនជាតិយេប៊ូស ថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ស្របតាមព្រះបន្ទូលដែលព្រះអង្គបានបង្គាប់ទុក។ ១៨ ធ្វើដូច្នេះ ពួកគេនឹងមិនបង្រៀនអ្នករាល់គ្នា ឲ្យប្រព្រឹត្តអំពើគួរស្អប់ខ្ពើម ដែលពួកគេធ្លាប់ប្រព្រឹត្តចំពោះព្រះរបស់ខ្លួន ជាអំពើបាបទាស់នឹងព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។ ១៩ ប្រសិនបើអ្នកឡោមព័ទ្ធទីក្រុងមួយ អស់រយៈពេលយ៉ាងយូរ ដើម្បីវាយដណ្ដើមយកក្រុងនោះ អ្នកមិនត្រូវយកពូថៅកាប់បំផ្លាញដើមឈើ នៅទីនោះឡើយ។ ត្រូវបរិភោគផ្លែឈើនោះ គឺកុំកាប់វាចោលឲ្យសោះ ដ្បិតដើមឈើនៅតាមចម្ការមិនមែនជាមនុស្សទេ ដូច្នេះ កុំធ្វើសឹកនឹងដើមឈើទាំងនោះ។ ២០ ក៏ប៉ុន្តែ ដើមឈើណាដែលអ្នកឃើញថាមិនមែនជាដើមឈើស៊ីផ្លែ អ្នកអាចកាប់ដើមឈើនោះយកទៅធ្វើជាជញ្ជាំង ដើម្បីវាយលុកក្រុងដែលអ្នកធ្វើសឹក រហូតដល់អ្នកវាយយកក្រុងនោះបាន»។
២១
ករណីឃាតកដែលគេពុំស្គាល់មុខ
១ «នៅក្នុងទឹកដីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យអ្នកទុកជាកម្មសិទ្ធិ ប្រសិនបើគេប្រទះឃើញសាកសពនរណាម្នាក់នៅតាមចម្ការ ហើយគេមិនដឹងមុខឃាតកទេ ២ ពួកព្រឹទ្ធាចារ្យ* និងពួកចៅក្រម ត្រូវវាស់ចម្ងាយពីកន្លែងសាកសពនោះ ទៅក្រុងនានាដែលនៅជុំវិញ។ ៣ កាលដឹងថា ក្រុងណាមួយនៅជិតសាកសពជាងគេ ពួកព្រឹទ្ធាចារ្យរបស់ក្រុងនោះត្រូវយកគោញីស្ទាវមួយមក គឺគោដែលគេពុំធ្លាប់ទឹម ឬប្រើឲ្យធ្វើការនៅឡើយ។ ៤ ពួកព្រឹទ្ធាចារ្យរបស់ទីក្រុងត្រូវនាំគោញីស្ទាវនោះចុះទៅកាន់ជ្រោះមួយ ដែលមានទឹកហូរមិនចេះរីង ហើយជាកន្លែងគ្មាននរណាសាបព្រោះ ឬដាំដំណាំទេ។ គេត្រូវវាយបំបាក់កគោញី នៅក្នុងជ្រោះ។ ៥ ពេលនោះ ពួកបូជាចារ្យ*ពីកុលសម្ព័ន្ធ*លេវីនាំគ្នាចូលមក - ព្រះអម្ចាស់ ជាព្រះរបស់អ្នក បានជ្រើសរើសពួកបូជាចារ្យឲ្យនៅបម្រើព្រះអង្គ និងឲ្យពរប្រជាជន ក្នុងព្រះនាមព្រះអង្គ។ ពេលប្រជាជនមានជម្លោះ ឬវាយតប់គ្នារហូតដល់របួស ក៏ពួកបូជាចារ្យមានមុខងារអារកាត់រឿងរ៉ាវរបស់ពួកគេដែរ។ ៦ ព្រឹទ្ធាចារ្យរបស់ក្រុងដែលនៅជិតសាកសព ត្រូវនាំគ្នាលាងដៃពីលើគោញី ដែលគេវាយបំបាក់កនៅក្នុងជ្រោះ ៧ ទាំងប្រកាសថា “យើងខ្ញុំពុំបានធ្វើឃាតជនរងគ្រោះនេះទេ ហើយយើងខ្ញុំក៏ពុំបានឃើញនរណាធ្វើឃាតគេដែរ។ ៨ ព្រះអម្ចាស់អើយ សូមលើកលែងទោសអ៊ីស្រាអែល ដែលជាប្រជារាស្ដ្ររបស់ព្រះអង្គ ឲ្យរួចពីបាបផង។ សូមកុំឲ្យអ៊ីស្រាអែលជាប្រជារាស្ដ្រដែលព្រះអង្គបានរំដោះ ត្រូវទទួលទោស ព្រោះឃាតកម្មទៅលើជនស្លូតត្រង់នេះឡើយ”។ ធ្វើដូច្នេះ ពួកគេនឹងគ្មានទោស ព្រោះតែឃាតកម្មនេះទេ។
៩ រីឯអ្នកវិញ ត្រូវលុបបំបាត់ការសម្លាប់ជនស្លូតត្រង់ឲ្យអស់ពីចំណោមអ្នក ហើយប្រព្រឹត្តតែអំពើត្រឹមត្រូវដែលគាប់ព្រះហឫទ័យព្រះអម្ចាស់»។
ច្បាប់ស្តីអំពីស្ត្រីដែលជាឈ្លើយសឹក
១០ «ពេលណាអ្នកចេញទៅច្បាំងនឹងខ្មាំងសត្រូវ ប្រសិនបើព្រះអម្ចាស់ប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់អ្នក ហើយអ្នកចាប់ពួកគេមកជាឈ្លើយ ១១ ក្នុងចំណោមស្ត្រីៗដែលអ្នកចាប់មកជាឈ្លើយ អ្នកប្រហែលជា ឃើញស្ត្រីម្នាក់មានរូបឆោមស្អាត ហើយអ្នកចាប់ចិត្តស្រឡាញ់ ចង់បាននាងមកធ្វើជាភរិយា ១២ ត្រូវយកនាងចូលមកក្នុងផ្ទះរបស់អ្នក ហើយឲ្យនាងកោរសក់ និងកាត់ក្រចកដៃ ក្រចកជើង ១៣ នាងត្រូវប្ដូរសម្លៀកបំពាក់ ដែលនាងស្លៀកនៅពេលគេចាប់នាងមកជាឈ្លើយសឹកចេញ នាងត្រូវរស់នៅក្នុងផ្ទះរបស់អ្នក ហើយយំកាន់ទុក្ខឪពុកម្ដាយរបស់ខ្លួន អស់រយៈពេលមួយខែ។ បន្ទាប់មក អ្នកអាចចូលទៅជិតនាង រៀបការជាមួយនាង ហើយនាងនឹងទៅជាភរិយារបស់អ្នក។ ១៤ ក្រោយមក ប្រសិនបើអ្នកមិនពេញចិត្តនឹងនាងទៀតទេ ចូរឲ្យនាងចេញទៅដោយសេរីចុះ អ្នកមិនអាចលក់នាង ឬទុកនាងជាខ្ញុំបម្រើទេ ព្រោះអ្នកបានរួមរស់ជាមួយនាងរួចស្រេចទៅហើយ»។
ច្បាប់អំពីសិទ្ធិជាកូនច្បង
១៥ «ប្រសិនបើបុរសម្នាក់មានភរិយាពីរ គាត់ស្រឡាញ់ភរិយាមួយខ្លាំងជាងភរិយាមួយទៀត ហើយនាងទាំងពីរមានកូនប្រុសដូចគ្នា តែកូនច្បងជាកូនរបស់នាងដែលគាត់មិនសូវស្រឡាញ់។ ១៦ នៅពេលចែកកេរមត៌កឲ្យកូន គាត់មិនអាចយកចំណែកមត៌កដែលត្រូវបានទៅកូនច្បង ឲ្យកូនប្រុសរបស់ភរិយាដែលគាត់ស្រឡាញ់ជាងនោះឡើយ ចំណែកនេះត្រូវតែបានទៅលើកូនរបស់ភរិយាដែលគាត់មិនសូវស្រឡាញ់ ព្រោះគេជាកូនច្បង។ ១៧ គាត់ត្រូវតែទទួលស្គាល់ថា កូនច្បង គឺកូនប្រុសរបស់ភរិយាដែលគាត់មិនសូវស្រឡាញ់ ហើយប្រគល់ចំណែកមត៌កឲ្យកូននោះពីរដងច្រើនជាងកូនឯទៀតៗ ដ្បិតកូននេះជាផលដំបូងនៃកម្លាំងរបស់គាត់ ដូច្នេះ គេទទួលឯកសិទ្ធិជាកូនច្បង»។
ច្បាប់ស្តីអំពីកូនមិនស្ដាប់បង្គាប់ឪពុកម្ដាយ
១៨ «ប្រសិនបើបុរសម្នាក់មានកូនរឹងរូសបះបោរ មិនស្ដាប់បង្គាប់ឪពុកម្ដាយ ទោះបីឪពុកម្ដាយវាយប្រដៅ ក៏វានៅតែមិនស្ដាប់បង្គាប់ដដែល ១៩ ឪពុកម្ដាយត្រូវចាប់វានាំទៅជួបពួកព្រឹទ្ធាចារ្យ*របស់ទីក្រុង នៅកន្លែងដែលគេកាត់ក្តី។ ២០ ឪពុកម្ដាយពោលទៅកាន់ពួកព្រឹទ្ធាចារ្យរបស់ទីក្រុងថា “កូនប្រុសរបស់យើងខ្ញុំនេះជាមនុស្សរឹងរូស ហើយបះបោរមិនស្ដាប់បង្គាប់យើងខ្ញុំទេ។ វាជាមនុស្សខិលខូច ជាមនុស្សប្រមឹក”។ ២១ ប្រជាជនទាំងអស់នៅក្នុងទីក្រុងត្រូវយកដុំថ្មគប់សម្លាប់កូននោះ។ ធ្វើដូច្នេះ អ្នកលុបបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នក។ ជនជាតិអ៊ីស្រាអែលទាំងមូលដឹងរឿងនេះ ហើយគេនឹងភ័យខ្លាច»។
ច្បាប់ស្តីអំពីអ្នកទោសដែលគេព្យួរក
២២ «ប្រសិនបើជនណាម្នាក់មានទោសដល់ស្លាប់ ហើយត្រូវគេយកទៅប្រហារជីវិត ដោយព្យួរក ២៣ កុំទុកសាកសពអ្នកនោះជាប់នៅលើដើមឈើដែលគេព្យួរក រហូតដល់យប់ឡើយ គឺត្រូវយកសពទៅបញ្ចុះក្នុងថ្ងៃដែលគេសម្លាប់នោះ ដ្បិតអ្នកដែលគេប្រហារជីវិតដោយព្យួរក ទទួលបណ្ដាសាពីព្រះជាម្ចាស់។ ដូច្នេះ មិនត្រូវធ្វើឲ្យទឹកដីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យអ្នកទុកជាកេរមត៌ក ក្លាយទៅជាសៅហ្មងឡើយ»។
២២
ច្បាប់អំពីសត្វ ឬរបស់របរដែលបាត់
១ «ប្រសិនបើអ្នកឃើញគោ ឬចៀមរបស់បងប្អូនអ្នកវង្វេង កុំធ្វើពើដូចជាមិនឃើញ តែត្រូវនាំសត្វនោះទៅឲ្យម្ចាស់វាវិញ កុំបីអាក់ខានឡើយ។ ២ ប្រសិនបើម្ចាស់សត្វនៅឆ្ងាយ ហើយអ្នកមិនស្គាល់គេទេ ត្រូវនាំសត្វទៅទុកនៅផ្ទះអ្នក រហូតដល់ម្ចាស់វាមកសុំយកទៅវិញ ពេលនោះ ត្រូវតែប្រគល់វាទៅឲ្យគេចុះ។ ៣ ចំពោះសត្វលា សម្លៀកបំពាក់ និងអ្វីៗទាំងអស់ដែលបងប្អូនអ្នកបាត់ ក៏ត្រូវធ្វើបែបនេះដែរ ប្រសិនបើអ្នករកឃើញ កុំធ្វើពើដូចជាមិនឃើញឡើយ។ ៤ ប្រសិនបើអ្នកឃើញលា ឬគោរបស់បងប្អូនអ្នក ធ្លាក់ទៅក្នុងស្នាមភ្លោះ កុំធ្វើពើដូចជាមិនឃើញឡើយ តែត្រូវជួយគេអូសសត្វនោះឲ្យឡើងមកវិញ»។
ច្បាប់ផ្សេងៗ
៥ «ស្ត្រីមិនត្រូវស្លៀកពាក់ដូចបុរសឡើយ រីឯបុរសក៏មិនត្រូវស្លៀកពាក់ដូចស្ត្រីដែរ ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នក មិនសព្វព្រះហឫទ័យនឹងមនុស្សដែលធ្វើដូច្នេះទេ។
៦ ពេលធ្វើដំណើរ នៅតាមផ្លូវ ប្រសិនបើអ្នកឃើញសំបុកសត្វនៅលើដើមឈើ ឬនៅផ្ទាល់ដី ហើយឃើញកូនសត្វ ឬពងសត្វ ដែលមានមេវាកំពុងតែក្រាប នោះមិនត្រូវយកទាំងមេ ទាំងកូនឡើយ។ ៧ ចូរទុកឲ្យមេវាហើរទៅចុះ គឺយកតែកូនរបស់វាប៉ុណ្ណោះបានហើយ។ ធ្វើដូច្នេះ អ្នកនឹងមានសុភមង្គល ព្រមទាំងមានអាយុយឺនយូរ។
៨ ប្រសិនបើអ្នកសង់ផ្ទះថ្មី ត្រូវធ្វើបង្កាន់ដៃព័ទ្ធជុំវិញដំបូលផ្ទះ ក្រែងលោមាននរណាម្នាក់ធ្លាក់ពីលើដំបូល បណ្តាលឲ្យអ្នកមានទោស ព្រោះតែផ្ទះនោះ។
៩ មិនត្រូវព្រោះពូជអ្វីផ្សេង ក្នុងចម្ការទំពាំងបាយជូររបស់អ្នកឡើយ ក្រែងលោអ្នកត្រូវយកដំណាំទាំងអស់ថ្វាយព្រះជាម្ចាស់ គឺទាំងពូជផ្សេងដែលអ្នកព្រោះ ទាំងផលទំពាំងបាយជូរ។
១០ កុំទឹមគោ និងលា ឲ្យអូសនង្គ័លជាមួយគ្នាឡើយ។
១១ កុំស្លៀកសម្លៀកបំពាក់ត្បាញដោយអំបោះ រោមចៀម និងអំបោះធ្មៃ លាយគ្នាឡើយ។
១២ ចូរដេរខ្សែរំយោលភ្ជាប់នឹងជាយទាំងបួនរបស់ក្រណាត់ ដែលអ្នករុំខ្លួន»។
ច្បាប់សីលធម៌
១៣ «ប្រសិនបើបុរសណាយកស្ត្រីម្នាក់មកធ្វើជាភរិយា ហើយរួមរស់ជាមួយនាង តែក្រោយមក គេបែរជាឈប់ស្រឡាញ់នាង ១៤ រួចចាប់តាំងបរិហារកេរ្តិ៍នាងថា “ខ្ញុំបានយកនាងនេះមកធ្វើជាភរិយា ខ្ញុំបានរួមរស់ជាមួយនាង ហើយខ្ញុំឃើញថា នាងមិនមែនជាស្ត្រីព្រហ្មចារីទេ”។ ១៥ ឪពុកម្ដាយរបស់នាងត្រូវយកភស្តុតាងពីភាពព្រហ្មចារីរបស់នាង ទៅបង្ហាញពួកព្រឹទ្ធាចារ្យ*របស់ទីក្រុង នៅត្រង់កន្លែងកាត់ក្តី។ ១៦ ឪពុករបស់នាងត្រូវពោលទៅកាន់ពួកព្រឹទ្ធាចារ្យថា៖ «ខ្ញុំបានលើកកូនស្រីទៅឲ្យបុរសនោះធ្វើជាភរិយា តែគេលែងស្រឡាញ់នាង ១៧ គេបានបរិហារកេរ្តិ៍របស់នាង ដោយពោលថា “ខ្ញុំឃើញថាកូនរបស់លោកមិនមែនជាស្ត្រីព្រហ្មចារីទេ”។ ប៉ុន្តែ សូមអស់លោកមើលចុះ នេះជាភស្តុតាងដែលបញ្ជាក់ថា កូនស្រីរបស់ខ្ញុំពិតជាស្ត្រីព្រហ្មចារីមែន!»។ ឪពុកម្ដាយត្រូវយកសំពត់របស់នាងបង្ហាញពួកព្រឹទ្ធាចារ្យរបស់ទីក្រុង។ ១៨ ពួកព្រឹទ្ធាចារ្យត្រូវចាប់បុរសនោះមកផ្តន្ទាទោស ១៩ ព្រោះគេបានបង្ខូចកេរ្តិ៍ឈ្មោះស្ត្រីព្រហ្មចារីម្នាក់នៃជនជាតិអ៊ីស្រាអែល។ ពួកព្រឹទ្ធាចារ្យត្រូវពិន័យអ្នកនោះឲ្យបង់ប្រាក់មួយរយណែន ទៅឪពុករបស់នាង។ រីឯនាងវិញ នាងនៅតែជាភរិយារបស់អ្នកនោះអស់មួយជីវិត គឺគេមិនអាចលែងនាងឡើយ។
២០ ផ្ទុយទៅវិញ ប្រសិនបើរឿងនោះជាការពិតមែន គឺប្រសិនបើគេរកបានភស្តុតាងថា នាងមិននៅព្រហ្មចារីទេ ២១ គេត្រូវនាំស្ត្រីនោះទៅមាត់ទ្វារផ្ទះរបស់ឪពុកនាង ហើយអ្នកស្រុកត្រូវនាំគ្នាយកដុំថ្មគប់សម្លាប់នាង ព្រោះនាងបានប្រព្រឹត្តអំពើដ៏ថោកទាបនៅស្រុកអ៊ីស្រាអែល ដោយបង្ខូចខ្លួននៅពេលរស់ក្នុងផ្ទះរបស់ឪពុក។ ធ្វើដូច្នេះ អ្នកនឹងលុបបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នក។
២២ ប្រសិនបើគេតាមទាន់បុរសម្នាក់ ដែលកំពុងរួមដំណេកជាមួយប្រពន្ធអ្នកដទៃ ជនទាំងពីរត្រូវទទួលទោសដល់ស្លាប់ គឺទាំងបុរសដែលរួមដំណេកជាមួយស្ត្រីនោះ ទាំងស្ត្រីផិតក្បត់។ ធ្វើដូច្នេះ អ្នកនឹងលុបបំបាត់អំពើអាក្រក់ចេញពីចំណោមជនជាតិអ៊ីស្រាអែល។
២៣ ពេលស្ត្រីក្រមុំព្រហ្មចារីម្នាក់មានគូដណ្ដឹងហើយ ប្រសិនបើមានបុរសម្នាក់ទៀតជួបនាងនៅទីក្រុង រួចរួមដំណេកជាមួយនាង ២៤ អ្នករាល់គ្នាត្រូវនាំជនទាំងពីរនេះចេញពីទីក្រុង ហើយយកដុំថ្មគប់សម្លាប់ចោលទៅ។ នាងមានទោស ព្រោះតែមិនបានស្រែកហៅអ្នកក្រុងឲ្យជួយ រីឯបុរសនោះមានទោស ព្រោះតែបានរំលោភលើគូដណ្ដឹងរបស់អ្នកដទៃ។ ធ្វើដូច្នេះ អ្នកនឹងលុបបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា។ ២៥ ប៉ុន្តែ ប្រសិនបើបុរសនោះជួបស្ត្រីក្រមុំ ដែលមានគូដណ្ដឹងនៅវាលស្រែវិញ ហើយចាប់នាងរំលោភ។ បុរសដែលរំលោភនាង ត្រូវមានទោសដល់ស្លាប់។ ២៦ រីឯស្ត្រីក្រមុំនោះវិញ កុំធ្វើទោសនាងឲ្យសោះ ដ្បិតនាងគ្មានកំហុសអ្វីដែលត្រូវទទួលទោសដល់ស្លាប់ឡើយ (អំពើដែលបុរសនោះប្រព្រឹត្តចំពោះនាង ក៏ដូចជាឃាតកម្មមួយដែរ) ២៧ ទោះបីស្ត្រីក្រមុំមានគូដណ្ដឹង ដែលត្រូវបុរសនោះចាប់រំលោភនៅវាលស្រែ ខំប្រឹងស្រែកយ៉ាងណាក្តី ក៏គ្មាននរណាជួយនាងដែរ។
២៨ ប្រសិនបើបុរសម្នាក់ជួបនឹងស្ត្រីក្រមុំព្រហ្មចារី ដែលពុំទាន់មានគូដណ្ដឹងនៅឡើយ ហើយចាប់នាងរំលោភ រួចមានគេតាមទាន់។ ២៩ បុរសដែលរំលោភនាងនោះត្រូវប្រគល់ប្រាក់ហាសិបណែនទៅឲ្យឪពុករបស់នាង ព្រោះតែបានរួមដំណេកជាមួយនាង។ គេត្រូវយកនាងទៅធ្វើជាភរិយារបស់ខ្លួន អស់មួយជីវិត គឺគេមិនអាចលែងនាងឡើយ។
២៣
១ (៣០) មិនត្រូវឲ្យនរណាម្នាក់រួមដំណេកជាមួយប្រពន្ធចុងរបស់ឪពុកខ្លួនឡើយ ធ្វើដូច្នេះ គេប្រមាថឪពុករបស់ខ្លួន»។
អ្នកដែលគ្មានសិទ្ធិចូលរួមក្នុងអង្គប្រជុំ
២ (១) «អ្នកដែលបែកពងលឹង្គ ឬត្រូវគេកាត់លឹង្គ មិនអាចចូលរួមក្នុងក្រុមជំនុំរបស់ព្រះអម្ចាស់ឡើយ។
៣ (២) កូនឥតខាន់ស្លាមិនអាចចូលរួមក្នុងក្រុមជំនុំរបស់ព្រះអម្ចាស់ទេ ទោះបីកូនចៅរបស់គេរហូតដល់ដប់តំណ ក៏មិនអាចចូលរួមក្នុងក្រុមជំនុំរបស់ព្រះអម្ចាស់ដែរ។
៤ (៣) ជនជាតិអាំម៉ូន និងជនជាតិម៉ូអាប់ មិនអាចចូលរួមក្នុងក្រុមជំនុំរបស់ព្រះអម្ចាស់ទេ ទោះបីកូនចៅរបស់គេរហូតដល់ដប់តំណ ក៏មិនអាចចូលរួមក្នុងក្រុមជំនុំរបស់ព្រះអម្ចាស់ដែរ។ ៥ (៤) ត្រូវធ្វើដូច្នេះរហូតតទៅ ដ្បិតនៅពេលអ្នករាល់គ្នាចាកចេញពីស្រុកអេស៊ីប ពួកគេពុំបានយកអាហារ ឬទឹកមកទទួលអ្នករាល់គ្នានៅតាមផ្លូវទេ តែពួកគេបែរជាសូកលោកបាឡាម ជាកូនរបស់លោកបេអ៊រ អ្នកស្រុកមេសូប៉ូតាមី ឲ្យដាក់បណ្ដាសាអ្នករាល់គ្នាទៅវិញ។ ៦ (៥) ប៉ុន្តែ ព្រះអម្ចាស់ ជាព្រះរបស់អ្នក មិនព្រមធ្វើតាមពាក្យរបស់លោកបាឡាមទេ គឺព្រះអង្គបានប្ដូរបណ្ដាសាឲ្យប្រែទៅជាព្រះពរដល់អ្នកវិញ ដ្បិតព្រះអង្គស្រឡាញ់អ្នក។ ៧ (៦) ដូច្នេះ ដរាបណាអ្នកនៅមានជីវិត មិនបាច់គិតគូរដល់សេចក្ដីសុខ ឬសុភមង្គលរបស់ជាតិសាសន៍ទាំងពីរនេះទេ។
៨ (៧) កុំស្អប់ខ្ពើមជនជាតិអេដុមឡើយ ដ្បិតពួកគេជាបងប្អូនបង្កើតរបស់អ្នក ហើយក៏កុំស្អប់ខ្ពើមជនជាតិអេស៊ីបដែរ ដ្បិតអ្នកធ្លាប់រស់នៅក្នុងស្រុករបស់គេ។ ៩ (៨) កូនចៅរបស់ពួកគេនៅជំនាន់ទីបី អាចចូលរួមក្នុងក្រុមជំនុំរបស់ព្រះអម្ចាស់បាន»។
ច្បាប់ស្តីអំពីភាពបរិសុទ្ធនៅក្នុងទីបោះទ័ព
១០ (៩) «ពេលណាអ្នកចេញទៅបោះទ័ព ធ្វើសឹកនឹងខ្មាំងសត្រូវ ចូរចៀសវាងអ្វីៗទាំងអស់ដែលនាំឲ្យសៅហ្មង។ ១១ (១០) ប្រសិនបើទាហានណាម្នាក់កើតហេតុភេទអ្វីនៅពេលយប់ ដែលបណ្តាលឲ្យខ្លួនទៅជាសៅហ្មង គេត្រូវតែចាកចេញពីជំរំ មិនអាចចូលទៅវិញឡើយ។ ១២ (១១) នៅពេលល្ងាច គេត្រូវធ្វើពិធីជម្រះកាយ លុះដល់ថ្ងៃលិច គេអាចចូលក្នុងជំរំវិញបាន។ ១៣ (១២) ត្រូវរៀបចំឲ្យមានកន្លែងមួយនៅខាងក្រៅជំរំ ជាកន្លែងសម្រាប់ឲ្យអ្នកចេញទៅដោះទុក្ខសត្វ។ ១៤ (១៣) ត្រូវយកចបមួយជាប់នឹងខ្លួន ប្រើសម្រាប់ជីកដី នៅពេលណាអ្នកចេញទៅដោះទុក្ខសត្វ រួចហើយលុបដីនោះមកវិញ។ ១៥ (១៤) ព្រះអម្ចាស់ ជាព្រះរបស់អ្នក យាងទៅជាមួយកងទ័ពរបស់អ្នក ដើម្បីការពារអ្នក ហើយប្រគល់ខ្មាំងសត្រូវមកក្នុងកណ្ដាប់ដៃអ្នក។ ហេតុនេះ កងទ័ពរបស់អ្នកត្រូវតែវិសុទ្ធ* ដើម្បីកុំឲ្យព្រះអម្ចាស់ទតឃើញការអ្វីមួយមិនគប្បី ហើយចាកចេញពីអ្នក»។
ច្បាប់ស្តីអំពីទាសករ
១៦ (១៥) «ប្រសិនបើមានទាសករម្នាក់រត់ចេញពីម្ចាស់របស់ខ្លួន មកជ្រកកោនជាមួយអ្នក កុំប្រគល់គេទៅក្នុងកណ្ដាប់ដៃម្ចាស់វិញឡើយ។ ១៧ (១៦) គេត្រូវស្នាក់នៅជាមួយអ្នក ក្នុងក្រុមគ្រួសាររបស់អ្នក ត្រង់កន្លែងដែលគេជ្រើសរើស គឺក្នុងក្រុងណាមួយរបស់អ្នក ដែលគេពេញចិត្តស្នាក់នៅ។ មិនត្រូវជិះជាន់គេឡើយ»។
ច្បាប់ស្តីអំពីអំពើពេស្យាចារ
១៨ (១៧) «មិនត្រូវឲ្យមានស្រីពេស្យា ឬប្រុសពេស្យា ក្នុងចំណោមកូនចៅអ៊ីស្រាអែលឡើយ។ ១៩ (១៨) កុំនាំយកជំនូនរបស់ស្ត្រីពេស្យា ឬប្រាក់កម្រៃរបស់ជនអបាយមុខ ចូលមកក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ឡើយ ទោះបីគេយកមកថ្វាយ ដើម្បីលាបំណន់អ្វីមួយក៏ដោយ ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នក មិនសព្វព្រះហឫទ័យនឹងតង្វាយរបស់ជនទាំងពីរប្រភេទនេះទេ»។
ច្បាប់អំពីការខ្ចីប្រាក់
២០ (១៩) «ប្រសិនបើបងប្អូនរួមជាតិរបស់អ្នកខ្ចីប្រាក់ ស្បៀងអាហារ ឬរបស់អ្វីផ្សេងទៀត កុំទាមទារឲ្យគេបង់ការប្រាក់ឡើយ។ ២១ (២០) អ្នកអាចទារការប្រាក់ពីជនបរទេសបាន តែកុំទារពីបងប្អូនរួមជាតិរបស់អ្នកឲ្យសោះ។ ធ្វើដូច្នេះ ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងប្រទានពរដល់អ្នក ក្នុងគ្រប់កិច្ចការដែលអ្នកធ្វើនៅក្នុងស្រុកដែលអ្នកចូលទៅកាន់កាប់»។
ច្បាប់អំពីការលាបំណន់
២២ (២១) «ប្រសិនបើអ្នកបន់ព្រះអម្ចាស់ ជាព្រះរបស់អ្នក អំពីរឿងអ្វីមួយ ចូរប្រញាប់ធ្វើតាមពាក្យដែលអ្នកបន់នោះ បើមិនដូច្នោះទេ ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងទារបំណន់អ្នក ហើយអ្នកនឹងមានបាប។ ២៣ (២២) ប្រសិនបើអ្នកមិនបានបន់ទេ នោះអ្នកនឹងគ្មានបាបអ្វីទេ។ ២៤ (២៣) ប៉ុន្តែ បើអ្នកបន់អ្វីមួយ ចូរធ្វើតាមបំណន់ដែលអ្នកបានបន់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ដោយស្ម័គ្រចិត្តនោះទៅ»។
ច្បាប់អំពីការបេះផ្លែឈើ
២៥ (២៤) «ប្រសិនបើអ្នកដើរកាត់ចម្ការទំពាំងបាយជូររបស់អ្នកដទៃ អ្នកអាចបេះផ្លែបរិភោគតាមចិត្ត រហូតដល់ឆ្អែត តែអ្នកមិនអាចបេះដាក់ថង់យកទៅជាមួយឡើយ។ ២៦ (២៥) ពេលណាអ្នកដើរកាត់ស្រែរបស់អ្នកដទៃ អ្នកអាចយកដៃបូតកួរស្រូវបាន តែអ្នកមិនអាចយកកណ្ដៀវមកច្រូតស្រូវរបស់គេឡើយ»។
២៤
ច្បាប់អំពីការលែងលះគ្នា
១ «ពេលណាបុរសម្នាក់រៀបការជាមួយស្ត្រីម្នាក់ ហើយក្រោយមក គេឈប់ស្រឡាញ់នាង ព្រោះគេមិនពេញចិត្តនឹងនាងត្រង់កន្លែងណាមួយ គេត្រូវធ្វើលិខិតលែងលះ ហើយប្រគល់លិខិតនោះឲ្យនាង រួចលែងឲ្យនាងទៅចុះ។ ២ ក្រោយចាកចេញពីប្ដីដើមទៅ នាងរៀបការជាមួយបុរសម្នាក់ទៀត។ ៣ ឧបមាថាប្ដីទីពីរនេះឈប់ស្រឡាញ់នាង គេធ្វើលិខិតលែងលះប្រគល់ឲ្យនាង ហើយឲ្យនាងចាកចេញពីផ្ទះ ឬមួយក៏ប្ដីទីពីរនេះស្លាប់ ៤ ប្ដីដើមដែលបានលែងនាង មិនអាចយកនាងទៅធ្វើជាប្រពន្ធវិញឡើយ។ គេត្រូវចាត់ទុកនាងថាជាស្រីសៅហ្មង។ បើប្ដីដើមយកនាងវិញនោះ គឺជាអំពើមួយដែលព្រះអម្ចាស់ស្អប់ខ្ពើម។ មិនត្រូវធ្វើឲ្យអំពើបាបបែបនេះ កើតមាននៅក្នុងស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យអ្នកទុកជាកេរមត៌កឡើយ»។
ច្បាប់ផ្សេងៗ
៥ «មិនត្រូវឲ្យបុរសម្នាក់ដែលទើបនឹងរៀបការ ទៅធ្វើទាហានឡើយ ហើយក៏មិនត្រូវកែនគេឲ្យទៅធ្វើការអ្វីដែរ។ ក្នុងរយៈពេលមួយឆ្នាំ គេត្រូវតែនៅផ្ទះ ហើយធ្វើឲ្យភរិយាបានសប្បាយ។
៦ មិនត្រូវទទួលយកត្បាល់កិនជារបស់បញ្ចាំឡើយ គឺសូម្បីតែថ្មផ្នែកខាងលើរបស់ត្បាល់កិន ក៏មិនត្រូវទទួលយកដែរ ព្រោះធ្វើដូច្នេះ ដូចជាបង្អត់អាហារម្ចាស់ត្បាល់។
៧ ប្រសិនបើជនជាតិអ៊ីស្រាអែលណាម្នាក់ចាប់ជនរួមជាតិរបស់ខ្លួនយកទៅធ្វើជាទាសករ ឬយកទៅលក់ អ្នកនោះត្រូវតែទទួលទោសដល់ស្លាប់។ ធ្វើដូច្នេះ អ្នកនឹងលុបបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា។
៨ ចូរប្រយ័ត្នអំពីករណីរោគឃ្លង់។ ចូរធ្វើតាមសេចក្ដីទាំងប៉ុន្មាន ដែលពួកបូជាចារ្យលេវីបង្រៀនអ្នករាល់គ្នា។ ត្រូវកាន់ និងប្រតិបត្តិ តាមពាក្យដែលខ្ញុំបង្គាប់ដល់បូជាចារ្យទាំងនោះ។ ៩ ចូរនឹកចាំពីហេតុការណ៍ដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក បានធ្វើចំពោះបងស្រីមៀរីយ៉ាម នៅតាមផ្លូវដែលអ្នករាល់គ្នាចាកចេញពីស្រុកអេស៊ីប។
១០ ប្រសិនបើអ្នកឲ្យអ្វីមួយទៅបងប្អូនរបស់អ្នកខ្ចី មិនត្រូវចូលទៅក្នុងផ្ទះរបស់គាត់ ដើម្បីយកវត្ថុបញ្ចាំឡើយ។ ១១ អ្នកត្រូវឈរនៅខាងក្រៅផ្ទះ ចាំបងប្អូននោះយកវត្ថុបញ្ចាំចេញមកឲ្យ។ ១២ ប្រសិនបើកូនបំណុលនោះជាជនក្រីក្រ អ្នកមិនត្រូវចូលដំណេក ដោយទុកវត្ថុបញ្ចាំជាប់នឹងខ្លួនឡើយ ១៣ តែត្រូវប្រគល់អាវធំដែលគេយកមកបញ្ចាំនោះទៅឲ្យគេវិញ មុនពេលថ្ងៃលិច ដើម្បីឲ្យគេមានអាវដណ្តប់នៅពេលយប់ ព្រមទាំងឲ្យពរអ្នកទៀតផង។ ការប្រព្រឹត្តដូច្នេះជាអំពើមួយដ៏សុចរិត ដែលគាប់ព្រះហឫទ័យព្រះអម្ចាស់ ជាព្រះរបស់អ្នក។
១៤ មិនត្រូវជិះជាន់កម្មករក្រីក្រ ហើយកំសត់ទុរគតឡើយ ទោះបីអ្នកនោះជាជនរួមជាតិរបស់អ្នក ឬជាជនបរទេសដែលរស់នៅក្នុងស្រុករបស់អ្នកក្តី។ ១៥ ត្រូវបើកប្រាក់ប្រចាំថ្ងៃឲ្យគេមុនពេលថ្ងៃលិច ដ្បិតគ្នាជាជនក្រីក្រ ហើយត្រូវការប្រាក់ឈ្នួលរបស់ខ្លួនជាចាំបាច់។ ប្រសិនបើគេមិនបានទទួលប្រាក់ទេ ពេលគេទូលអង្វរព្រះអម្ចាស់ប្រឆាំងនឹងអ្នក នោះអ្នកមុខជាធ្វើឲ្យខ្លួនឯងមានបាបមិនខាន។
១៦ មិនត្រូវប្រហារជីវិតឪពុក ព្រោះតែទោសរបស់កូន ហើយក៏មិនត្រូវប្រហារជីវិតកូន ព្រោះតែទោសរបស់ឪពុកដែរ គឺត្រូវប្រហារជីវិតមនុស្សម្នាក់ៗ តាមអំពើបាបដែលខ្លួនប្រព្រឹត្ត។
១៧ មិនត្រូវរំលោភលើសិទ្ធិរបស់ជនបរទេស ឬក្មេងកំព្រាឡើយ ហើយក៏មិនត្រូវយកសម្លៀកបំពាក់របស់ស្ត្រីមេម៉ាយទុកជាវត្ថុបញ្ចាំដែរ។
១៨ ត្រូវនឹកចាំថា អ្នកធ្លាប់ធ្វើជាទាសករនៅស្រុកអេស៊ីប ហើយព្រះអម្ចាស់ ជាព្រះរបស់អ្នក បានរំដោះអ្នក។ ហេតុនេះហើយបានជាខ្ញុំប្រគល់បទបញ្ជាទាំងនេះ ឲ្យអ្នកប្រព្រឹត្តតាម។
១៩ ពេលណាអ្នកច្រូតស្រូវនៅក្នុងស្រែរបស់អ្នក ហើយអ្នកភ្លេចស្រូវមួយកណ្ដាប់នៅក្នុងស្រែ នោះកុំវិលត្រឡប់ទៅយកវិញឡើយ គឺត្រូវទុកស្រូវនោះឲ្យជនបរទេស ក្មេងកំព្រា ឬស្ត្រីមេម៉ាយរើស ដើម្បីឲ្យព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានពរដល់អ្នក ក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ។ ២០ ពេលណាអ្នកបេះផ្លែអូលីវរួចរាល់ហើយ មិនត្រូវវិលមកបេះផ្លែដែលនៅសល់ឡើយ គឺត្រូវទុកផ្លែទាំងនោះឲ្យជនបរទេស ក្មេងកំព្រា និងស្ត្រីមេម៉ាយ។ ២១ ពេលណាអ្នកបេះផ្លែទំពាំងបាយជូររួចរាល់ហើយ មិនត្រូវវិលមកបេះផ្លែដែលនៅសល់ឡើយ គឺត្រូវទុកផ្លែទាំងនោះឲ្យជនបរទេស ក្មេងកំព្រា និងស្ត្រីមេម៉ាយ។ ២២ ត្រូវនឹកចាំថា អ្នកធ្លាប់ធ្វើជាទាសករនៅស្រុកអេស៊ីប ហេតុនេះហើយបានជាខ្ញុំប្រគល់បទបញ្ជាទាំងនេះឲ្យអ្នកប្រព្រឹត្តតាម។
២៥
១ ពេលណាមនុស្សពីរនាក់មានរឿងជាមួយគ្នា ហើយឡើងទៅឲ្យតុលាការកាត់ក្តី ម្នាក់ជាអ្នកស្លូតត្រង់ឈ្នះក្តី ម្នាក់ទៀតមានទោស។ ២ ប្រសិនបើអ្នកមានទោសនោះត្រូវទទួលរំពាត់ ចៅក្រមត្រូវឲ្យគាត់ដេកលើដីនៅចំពោះមុខលោក។ គេត្រូវវាយអ្នកនោះឲ្យសមនឹងកំហុស ដែលខ្លួនបានប្រព្រឹត្ត។ ៣ ប៉ុន្តែ មិនត្រូវវាយគាត់លើសពីសែសិបរំពាត់ឡើយ បើវាយលើសពីនោះ ក្រែងលោបងប្អូនរួមជាតិរបស់អ្នកត្រូវបាត់បង់កិត្តិយស នៅចំពោះមុខអ្នក។
៤ កុំឃ្លុំមាត់គោនៅពេលបញ្ជាន់ស្រូវឡើយ»។
ស្ត្រីមេម៉ាយដែលគ្មានកូន
៥ «ពេលបងប្អូនប្រុសៗរស់នៅជាមួយគ្នា ប្រសិនបើម្នាក់ស្លាប់ទៅដោយគ្មានកូនប្រុសទេ ប្រពន្ធរបស់អ្នកស្លាប់នោះពុំអាចរៀបការជាមួយអ្នកដទៃឡើយ។ ប្អូនថ្លៃរបស់នាងត្រូវយកនាងមកធ្វើជាភរិយា ហើយប្រព្រឹត្តចំពោះនាងតាមភារកិច្ចរបស់ខ្លួនជាប្អូនថ្លៃ។ ៦ កូនប្រុសដំបូងដែលនាងបង្កើតមក ត្រូវមានឈ្មោះជាកូនរបស់ប្ដីដែលស្លាប់ទៅហើយនោះ ដើម្បីកុំឲ្យគេបាត់ឈ្មោះពីចំណោមជនជាតិអ៊ីស្រាអែល។
៧ ប្រសិនបើប្អូនប្រុសនោះមិនសុខចិត្តរៀបការជាមួយបងថ្លៃរបស់ខ្លួនទេ នាងត្រូវទៅជួបពួកព្រឹទ្ធាចារ្យនៅមាត់ទ្វារក្រុង ជម្រាបថា “ប្អូនថ្លៃរបស់នាងខ្ញុំមិនព្រមរក្សាឈ្មោះបងប្រុសរបស់ខ្លួន ឲ្យគង់វង្ស នៅក្នុងចំណោមជនជាតិអ៊ីស្រាអែលទេ គឺគាត់មិនចង់រៀបការជាមួយនាងខ្ញុំ តាមភារកិច្ចរបស់គាត់ជាប្អូនថ្លៃឡើយ”។ ៨ ពួកព្រឹទ្ធាចារ្យរបស់ទីក្រុងត្រូវហៅអ្នកនោះមកសួរ។ ប្រសិនបើគាត់នៅតែបដិសេធមិនព្រមរៀបការជាមួយនាងទេនោះ ៩ បងថ្លៃត្រូវចូលទៅជិតគាត់ នៅចំពោះមុខពួកព្រឹទ្ធាចារ្យ នាងត្រូវហូតស្បែកជើងចេញពីជើងរបស់គាត់ ព្រមទាំងស្តោះទឹកមាត់ដាក់មុខគាត់ រួចប្រកាសថា “មនុស្សដែលពុំព្រមបន្តពូជឲ្យបងប្រុសរបស់ខ្លួន ត្រូវតែបាក់មុខដូច្នេះឯង!”។ ១០ ក្នុងស្រុកអ៊ីស្រាអែលទាំងមូល គេនឹងដាក់ឈ្មោះក្រុមគ្រួសារអ្នកនោះថា “ពូជអត់ស្បែកជើង”»។
ការហាមឃាត់នៅពេលឈ្លោះប្រកែកគ្នា
១១ «នៅពេលបុរសពីរនាក់កំពុងបោកចំបាប់គ្នា ប្រសិនបើប្រពន្ធរបស់បុរសម្នាក់ចូលទៅជួយប្ដីរបស់ខ្លួន ឲ្យរួចពីកណ្ដាប់ដៃរបស់គូវិវាទ ដោយចាប់ទាញកេរ្ដិ៍ខ្មាសរបស់បុរសម្នាក់ទៀត ១២ ចូរកាត់ដៃស្ត្រីនោះចោល គឺមិនត្រូវអាណិតមេត្តានាងឡើយ»។
ជញ្ជីង និងរង្វាល់ត្រឹមត្រូវ
១៣ «ក្នុងថង់របស់អ្នកមិនត្រូវមានកូនទម្ងន់ពីរខុសគ្នា គឺមួយធ្ងន់ មួយស្រាលឡើយ។ ១៤ ក្នុងផ្ទះរបស់អ្នកក៏មិនមានរង្វាល់ពីរខុសគ្នា គឺមួយធំ មួយតូចដែរ។ ១៥ អ្នកត្រូវតែមានកូនទម្ងន់ និងរង្វាល់ត្រឹមត្រូវ ដើម្បីឲ្យអ្នកមានអាយុយឺនយូរ នៅក្នុងស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រគល់ឲ្យ។ ១៦ ព្រះអម្ចាស់ ជាព្រះរបស់អ្នក ស្អប់ខ្ពើមជនដែលប្រព្រឹត្តអំពើគៃបន្លំរបៀបនេះណាស់»។
ជនជាតិអាម៉ាឡេកជាសត្រូវសួរពូជ
១៧ «ចូរកុំភ្លេចនូវអំពើដែលជនជាតិអាម៉ាឡេកបានប្រព្រឹត្តចំពោះអ្នក នៅតាមផ្លូវ ក្រោយពេលអ្នកចាកចេញពីស្រុកអេស៊ីប។ ១៨ ពួកគេបានសំងំចាំអ្នកនៅតាមផ្លូវ ហើយពេលអ្នកអស់កម្លាំងនោះ ពួកគេបានវាយអស់អ្នកដែលដើរយឺតជាងគេនៅតាមក្រោយ។ ពួកគេធ្វើដូច្នេះ មកពីពួកគេមិនកោតខ្លាចព្រះជាម្ចាស់។ ១៩ កាលណាព្រះអម្ចាស់ ជាព្រះរបស់អ្នក កម្ចាត់ខ្មាំងសត្រូវទាំងអស់ដែលនៅជុំវិញអ្នក ហើយប្រោសឲ្យអ្នកបានសម្រាកនៅក្នុងស្រុក ដែលព្រះអង្គប្រទានឲ្យអ្នកកាន់កាប់ជាកេរមត៌ក ចូរប្រហារជនជាតិអាម៉ាឡេកឲ្យវិនាសសូន្យ កុំឲ្យនរណាម្នាក់នៅលើផែនដីនឹកឃើញពួកគេឡើយ។ ចូរកុំភ្លេចឲ្យសោះ!»។
២៦
តង្វាយផលដំបូង
១ «ពេលណាអ្នកចូលទៅក្នុងស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យជាកេរមត៌ក ពេលណាអ្នកកាន់កាប់ទឹកដី ព្រមទាំងរស់នៅក្នុងស្រុកនោះហើយ ២ ចូរយកផលដំបូងនៃភោគផលទាំងអស់ ដែលកើតពីដីនៅស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យ ដាក់ក្នុងល្អីមួយ រួចយកទៅកន្លែងដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ជ្រើសរើសទុកជាព្រះដំណាក់សម្រាប់សម្ដែងព្រះនាមរបស់ព្រះអង្គ។ ៣ អ្នកត្រូវទៅជួបបូជាចារ្យដែលបំពេញមុខងារនៅគ្រានោះ ជម្រាបលោកដូចតទៅ: “ថ្ងៃនេះ ខ្ញុំបាទសូមប្រកាស នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះរបស់លោកថា ខ្ញុំបាទបានចូលមកដល់ទឹកដី ដែលព្រះអង្គសន្យាជាមួយបុព្វបុរស*របស់យើងថា ប្រគល់ឲ្យយើងខ្ញុំនេះហើយ”។ ៤ បូជាចារ្យនឹងទទួលល្អីពីដៃរបស់អ្នក យកទៅតម្កល់នៅមុខអាសនៈព្រះអម្ចាស់ ជាព្រះរបស់អ្នក។ ៥ ពេលនោះ អ្នកត្រូវពោលទៀតថា: “បុព្វបុរសរបស់ខ្ញុំបាទជាពនេចរ ជាតិអារ៉ាម លោកបានទៅស្នាក់នៅស្រុកអេស៊ីប ដោយមានគ្នាមួយចំនួនតូចទៅជាមួយ។ នៅទីនោះ យើងខ្ញុំក្លាយជាប្រជាជាតិមួយដ៏ធំខ្លាំងពូកែ និងមានគ្នាច្រើន។ ៦ ជនជាតិអេស៊ីបបានធ្វើបាប និងសង្កត់សង្កិនយើងខ្ញុំ ពួកគេប្រើយើងខ្ញុំឲ្យធ្វើការជាទាសករ។ ៧ យើងខ្ញុំក៏ស្រែកអង្វរព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់យើងខ្ញុំ ព្រះអម្ចាស់ព្រះអង្គព្រះសណ្ដាប់ឮពាក្យរបស់យើងខ្ញុំ ព្រះអង្គទតឃើញគេសង្កត់សង្កិនយើងខ្ញុំ ធ្វើឲ្យយើងខ្ញុំរងទុក្ខលំបាក និងវេទនាជាខ្លាំង។ ៨ ព្រះអម្ចាស់បាននាំយើងខ្ញុំចាកចេញពីស្រុកអេស៊ីប ដោយឫទ្ធិបារមី និងតេជានុភាពដ៏ខ្លាំងពូកែ ព្រះអង្គសម្ដែងមហិទ្ធិឫទ្ធិគួរស្ញែងខ្លាច ព្រមទាំងទីសម្គាល់ និងឫទ្ធិបាដិហារិយ៍ផ្សេងៗ។ ៩ ព្រះអង្គនាំយើងខ្ញុំមកដល់ទីនេះ ហើយប្រទានស្រុកដ៏សម្បូណ៌សប្បាយឲ្យយើងខ្ញុំ។ ១០ ហេតុនេះ ព្រះអម្ចាស់អើយ ទូលបង្គំសូមនាំយកផលដំបូងពីដីដែលព្រះអង្គប្រទានមកទូលបង្គំ”។ ត្រូវតម្កល់តង្វាយនោះនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះរបស់អ្នក ហើយក្រាបថ្វាយបង្គំព្រះអម្ចាស់ ជាព្រះរបស់អ្នក។ ១១ បន្ទាប់មក ត្រូវជប់លៀងយ៉ាងសប្បាយជាមួយពួកលេវី និងជនបរទេសដែលរស់នៅជាមួយអ្នក ព្រោះព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានភោគផលទាំងប៉ុន្មានមកឲ្យអ្នក និងគ្រួសាររបស់អ្នក»។
តង្វាយមួយភាគដប់
១២ «នៅឆ្នាំទីបីជាឆ្នាំដែលត្រូវថ្វាយតង្វាយមួយភាគដប់។ ពេលណាអ្នកប្រមូលភោគផលទាំងប៉ុន្មានរបស់អ្នក ចំនួនមួយភាគដប់ទុកដោយឡែកហើយ ចូរប្រគល់តង្វាយនោះទៅឲ្យពួកលេវី ជនបរទេស ក្មេង កំព្រា និងស្ត្រីមេម៉ាយនៅតាមកន្លែងដែលអ្នករស់នៅ ដើម្បីឲ្យពួកគេមានអាហារបរិភោគឆ្អែតបរិបូណ៌។ ១៣ ពេលនោះ អ្នកត្រូវទូលព្រះអម្ចាស់ ជាព្រះរបស់អ្នកថា: “អ្វីៗដែលទូលបង្គំញែកថ្វាយព្រះអង្គ ទូលបង្គំបានយកចេញពីផ្ទះរបស់ទូលបង្គំ ប្រគល់ទៅឲ្យពួកលេវី ជនបរទេស ក្មេងកំព្រា និងស្ត្រីមេម៉ាយ ស្របតាមបទបញ្ជាទាំងអស់ ដែលព្រះអង្គបង្គាប់មកទូលបង្គំ គឺទូលបង្គំពុំបានប្រព្រឹត្តបំពាន ឬភ្លេចបទបញ្ជាណាមួយរបស់ព្រះអង្គឡើយ។ ១៤ នៅពេលទូលបង្គំកាន់ទុក្ខ ទូលបង្គំពុំបានបរិភោគតង្វាយមួយភាគដប់នេះទេ។ ទូលបង្គំពុំបានហូតយកទៅប្រើសម្រាប់ការអ្វីដែលមិនបរិសុទ្ធ ហើយក៏ពុំបានយកទៅឲ្យគេ នៅពេលមានមនុស្សស្លាប់ដែរ។ ទូលបង្គំបានធ្វើតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះនៃទូលបង្គំ ទូលបង្គំប្រព្រឹត្តតាមបទបញ្ជាទាំងប៉ុន្មាន ដែលព្រះអង្គបានបង្គាប់មកទូលបង្គំ។ ១៥ បពិត្រព្រះអម្ចាស់ សូមទតពីស្ថានបរមសុខ ជាព្រះដំណាក់ដ៏វិសុទ្ធរបស់ព្រះអង្គ ហើយប្រទានពរដល់អ៊ីស្រាអែល ជាប្រជារាស្ដ្ររបស់ព្រះអង្គ និងប្រទានពរដល់ទឹកដីដែលព្រះអង្គប្រទានមកយើងខ្ញុំ ស្របតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយបុព្វបុរសរបស់យើងខ្ញុំ គឺស្រុកដ៏សម្បូណ៌សប្បាយនេះ”»។
អ៊ីស្រាអែលជាប្រជារាស្ដ្ររបស់ព្រះអម្ចាស់
១៦ «ថ្ងៃនេះ ព្រះអម្ចាស់ ជាព្រះរបស់អ្នក បង្គាប់ឲ្យអ្នកប្រតិបត្តិតាមវិន័យ និងច្បាប់ទាំងនេះ។ ចូរកាន់ និងប្រតិបត្តិតាមឲ្យអស់ពីចិត្ត អស់ពីគំនិត។ ១៧ ថ្ងៃនេះ អ្នកសុខចិត្តទទួលស្គាល់ថា ព្រះអម្ចាស់ ជាព្រះរបស់អ្នក ហើយអ្នកយល់ព្រមដើរតាមមាគ៌ារបស់ព្រះអង្គ គោរពវិន័យ បទបញ្ជា និងច្បាប់ទាំងឡាយរបស់ព្រះអង្គ ព្រមទាំងស្ដាប់បង្គាប់ព្រះអង្គទៀតផង។ ១៨ ថ្ងៃនេះ ព្រះអម្ចាស់យល់ព្រមទទួលអ្នកជាប្រជារាស្ដ្ររបស់ព្រះអង្គផ្ទាល់ ដូចព្រះអង្គមានព្រះបន្ទូលប្រាប់អ្នក ហើយអ្នកត្រូវប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មានរបស់ព្រះអង្គ។ ១៩ ព្រះអង្គនឹងធ្វើឲ្យអ្នកក្លាយទៅជាប្រជាជាតិមួយ មានកិត្តិយសរុងរឿង មានកេរ្តិ៍ឈ្មោះល្បី ហើយថ្កុំថ្កើងជាងគេក្នុងចំណោមប្រជាជាតិទាំងអស់ដែលព្រះអង្គបានបង្កើតមក។ អ្នកនឹងទៅជាប្រជារាស្ដ្រដ៏វិសុទ្ធ សម្រាប់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ដូចព្រះអង្គមានព្រះបន្ទូលទុក»។
២៧
ជនជាតិអ៊ីស្រាអែលធ្វើពិធីរំឭកអំពីសម្ពន្ធមេត្រី
ថ្មនៅភ្នំអេបាល
១ លោកម៉ូសេ និងក្រុមព្រឹទ្ធាចារ្យនៃជនជាតិអ៊ីស្រាអែល បានបង្គាប់ប្រជាជនដូចតទៅ៖ «ចូរប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មាន ដែលខ្ញុំបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះ។ ២ នៅថ្ងៃដែលអ្នករាល់គ្នាឆ្លងទន្លេយ័រដាន់ចូលទៅក្នុងស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យ ចូរបញ្ឈរថ្មធំៗ ហើយលាបកំបោរពណ៌ស។ ៣ ចូរចារឹកវិន័យ*ដែលខ្ញុំប្រគល់ឲ្យលើថ្មទាំងនោះ នៅពេលអ្នកឆ្លងទៅដល់ស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យ ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់អ្នក គឺស្រុកដ៏សម្បូណ៌សប្បាយ។ ៤ ពេលណាអ្នកឆ្លងទន្លេយ័រដាន់ហើយ ចូរបញ្ឈរថ្មដែលខ្ញុំបង្គាប់ឲ្យបញ្ឈរនោះ នៅលើភ្នំអេបាល ហើយលាបកំបោរពណ៌សផង។ ៥ បន្ទាប់មក ចូរយកថ្មដែលមិនទាន់មាននរណាយកពន្លាកដាប់នៅឡើយ មកសង់អាសនៈ*មួយថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នក ៦ គឺត្រូវយកថ្មដែលមិនទាន់ដាប់ សង់អាសនៈរបស់ព្រះអម្ចាស់ជាព្រះរបស់អ្នក រួចយកតង្វាយដុត*ទាំងមូលមកថ្វាយព្រះអង្គ នៅលើអាសនៈនោះ។ ៧ ចូរថ្វាយយញ្ញបូជាមេត្រីភាព ហើយជប់លៀងយ៉ាងសប្បាយនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះរបស់អ្នក។ ៨ ចូរចារឹកវិន័យទាំងនេះនៅលើថ្មឲ្យច្បាស់ៗ»។
៩ បន្ទាប់មក លោកម៉ូសេ និងបូជាចារ្យ*លេវី ថ្លែងទៅកាន់ប្រជាជនអ៊ីស្រាអែលទាំងមូលដូចតទៅ៖ «អ៊ីស្រាអែលអើយ ចូរស្ងៀមស្ងាត់ ហើយស្ដាប់ចុះ! ថ្ងៃនេះ អ្នកក្លាយទៅជាប្រជារាស្ដ្ររបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក។ ១០ ដូច្នេះ ចូរស្ដាប់បង្គាប់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ហើយប្រតិបត្តិតាមបទបញ្ជា និងវិន័យរបស់ព្រះអង្គ ដែលខ្ញុំប្រគល់ឲ្យនៅថ្ងៃនេះ»។
១១ ថ្ងៃដដែលនោះ លោកម៉ូសេបង្គាប់ប្រជាជនដូចតទៅ៖ ១២ «កាលណាអ្នករាល់គ្នាឆ្លងទន្លេយ័រដាន់ហើយ កុលសម្ព័ន្ធស៊ីម៉ូន លេវី យូដា អ៊ីសាកា យ៉ូសែប និងបេនយ៉ាមីន ត្រូវឈរនៅលើភ្នំការីស៊ីម ដើម្បីប្រកាសអំពីព្រះពរប្រាប់ប្រជាជន។ ១៣ រីឯកុលសម្ព័ន្ធរូបេន កាដ អស៊ែរ សាប៊ូឡូន ដាន់ និងណែបថាលី ត្រូវឈរនៅលើភ្នំអេបាល ដើម្បីប្រកាសអំពីបណ្ដាសា»។
បណ្ដាសាទាំងដប់ពីរ
១៤ «ពួកលេវីត្រូវប្រកាសប្រាប់ប្រជាជនអ៊ីស្រាអែលទាំងមូលយ៉ាងខ្លាំងៗថា:
១៥ “អ្នកណាឆ្លាក់រូបបដិមា ឬសិតធ្វើរូបព្រះក្លែងក្លាយ ដែលព្រះអម្ចាស់ស្អប់ខ្ពើម ហើយយករូបដែលជាស្នាដៃរបស់មនុស្សទៅតម្កល់ទុកនៅកន្លែងមួយ ដើម្បីថ្វាយបង្គំដោយលួចលាក់ អ្នកនោះមុខជាត្រូវបណ្ដាសាពុំខាន!”។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា “អាម៉ែន!”។
១៦ “អ្នកណាប្រមាថមើលងាយមាតាបិតា អ្នកនោះមុខជាត្រូវបណ្ដាសាពុំខាន!”។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា “អាម៉ែន!”។
១៧ “អ្នកណាបង្ខិតបង្គោលរបងចូលទៅក្នុងដីធ្លីបងប្អូនរបស់ខ្លួន អ្នកនោះមុខជាត្រូវបណ្ដាសាពុំខាន!”។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា “អាម៉ែន!”។
១៨ “អ្នកណាធ្វើឲ្យមនុស្សខ្វាក់ដើរខុសផ្លូវ អ្នកនោះមុខជាត្រូវបណ្ដាសាពុំខាន!”។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា “អាម៉ែន!”។
១៩ “អ្នកណារំលោភលើសិទ្ធិជនបរទេស ក្មេងកំព្រា និងស្ត្រីមេម៉ាយ អ្នកនោះមុខជាត្រូវបណ្ដាសាពុំខាន!”។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា “អាម៉ែន!”។
២០ “អ្នកណារួមដំណេកជាមួយប្រពន្ធចុងឪពុករបស់ខ្លួន អ្នកនោះមុខជាត្រូវបណ្ដាសាពុំខាន! ព្រោះគេបង្អាប់កិត្តិយសរបស់ឪពុកខ្លួន”។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា “អាម៉ែន!”។
២១ “អ្នកណារួមដំណេកជាមួយសត្វធាតុ អ្នកនោះមុខជាត្រូវបណ្ដាសាពុំខាន!”។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា “អាម៉ែន!”។
២២ “អ្នកណារួមដំណេកជាមួយបងប្អូនស្រីរបស់ខ្លួន ទោះបីជាបងប្អូនឪពុកមួយ ឬម្ដាយមួយក្តី អ្នកនោះមុខជាត្រូវបណ្ដាសាពុំខាន!”។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា “អាម៉ែន!”។
២៣ “អ្នកណារួមដំណេកជាមួយម្ដាយក្មេករបស់ខ្លួន អ្នកនោះមុខជាត្រូវបណ្ដាសាពុំខាន!”។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា “អាម៉ែន!”។
២៤ “អ្នកណាលួចប្រហារជីវិតអ្នកដទៃ អ្នកនោះមុខជាត្រូវបណ្ដាសាពុំខាន!”។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា “អាម៉ែន!”។
២៥ “អ្នកណាទទួលសំណូក ដើម្បីប្រហារជីវិតជនស្លូតត្រង់ អ្នកនោះមុខជាត្រូវបណ្ដាសាពុំខាន!”។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា “អាម៉ែន!”។
២៦ “អ្នកណាមិនគោរពសេចក្ដីដែលមានចែងទុកក្នុងវិន័យនេះ ហើយមិនប្រតិបត្តិតាមទេ អ្នកនោះមុខជាត្រូវបណ្ដាសាពុំខាន!”។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា “អាម៉ែន!”»។
២៨
ព្រះពរ
១ «ប្រសិនបើអ្នកយកចិត្តទុកដាក់ស្ដាប់តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ដោយកាន់ និងប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មានរបស់ព្រះអង្គ ដូចខ្ញុំបង្គាប់នៅថ្ងៃនេះ ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងប្រទានឲ្យអ្នកបានទៅជាប្រជាជាតិមួយ ប្រសើរជាងប្រជាជាតិទាំងអស់នៅលើផែនដី។ ២ ប្រសិនបើអ្នកស្ដាប់តាមព្រះបន្ទូលនៃព្រះអម្ចាស់ ជាព្រះរបស់អ្នក ព្រះអង្គនឹងប្រទានពរគ្រប់យ៉ាងដល់អ្នក ៣ គឺព្រះអង្គប្រទានពរដល់អ្នក នៅតាមទីក្រុង ព្រះអង្គប្រទានពរដល់អ្នកនៅតាមស្រែចម្ការ។ ៤ ព្រះអង្គប្រទានពរឲ្យអ្នកមានកូនចៅច្រើន ឲ្យដីរបស់អ្នកកើនភោគផលបរិបូណ៌ ហើយហ្វូងសត្វរបស់អ្នក គឺគោ និងចៀមក៏នឹងកើនចំនួនឡើងជាច្រើនដែរ។ ៥ ព្រះអង្គប្រទានពរឲ្យអ្នកមានផ្លែឈើពេញល្អី ព្រមទាំងមានស្រូវពេញជង្រុក។
៦ ព្រះអង្គនឹងប្រទានពរដល់អ្នក ក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ។
៧ ព្រះអម្ចាស់នឹងធ្វើឲ្យបច្ចាមិត្តបាក់ទ័ព រត់នៅពីមុខអ្នក។ ពួកគេចេញមកវាយអ្នក ដោយដើរតាមផ្លូវតែមួយ តែពួកគេនឹងរត់នៅមុខអ្នក ទៅតាមផ្លូវប្រាំពីរ។
៨ ព្រះអម្ចាស់ប្រទានពរឲ្យអ្នកមានស្រូវពេញជង្រុក ហើយអ្វីៗដែលអ្នកធ្វើ ព្រះអង្គប្រទានពរជានិច្ច។ ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងប្រទានពរអ្នក ក្នុងស្រុកដែលព្រះអង្គប្រទានឲ្យអ្នក។ ៩ ពេលណាអ្នកប្រតិបត្តិតាមបទបញ្ជារបស់ព្រះអម្ចាស់ ជាព្រះនៃអ្នក ហើយដើរតាមមាគ៌ារបស់ព្រះអង្គ នោះព្រះអម្ចាស់នឹងធ្វើឲ្យអ្នកទៅជាប្រជារាស្ដ្រដ៏វិសុទ្ធ* ដូចព្រះអង្គបានសន្យាជាមួយអ្នក។ ១០ ជាតិសាសន៍ទាំងអស់នៅលើផែនដីនឹងឃើញថា ព្រះអម្ចាស់បានជ្រើសរើសអ្នកជាប្រជារាស្ដ្ររបស់ព្រះអង្គផ្ទាល់ ហើយពួកគេនឹងកោតខ្លាចអ្នក។ ១១ ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងប្រទានឲ្យអ្នកបានចម្រុងចម្រើន ដោយធ្វើឲ្យពូជពង្សរបស់អ្នក និងហ្វូងសត្វរបស់អ្នកកើនចំនួនច្រើនឡើង ហើយក៏ធ្វើឲ្យអ្នកទទួលភោគផលជាច្រើន នៅលើទឹកដីដែលព្រះអង្គបានសន្យាដល់បុព្វបុរស* ថាប្រទានឲ្យអ្នកដែរ។ ១២ ព្រះអម្ចាស់នឹងបើកផ្ទៃមេឃ បង្អុរភ្លៀងចុះមកស្រោចស្រពទឹកដីរបស់អ្នក តាមរដូវកាល ដើម្បីប្រទានពរដល់កិច្ចការទាំងប៉ុន្មានដែលអ្នកធ្វើ។ អ្នកនឹងឲ្យទ្រព្យដល់ប្រជាជាតិជាច្រើនខ្ចី តែអ្នកមិនខ្ចីពីគេឡើយ។ ១៣ ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងធ្វើឲ្យអ្នកបានថ្កុំថ្កើងជាងគេ គឺមិនមែនអន់ជាងគេទេ អ្នកនឹងទទួលកិត្តិយសខ្ពង់ខ្ពស់ជានិច្ច គឺមិនចុះឱនថយឡើយ។ ប៉ុន្តែ អ្នកត្រូវស្ដាប់បង្គាប់ ហើយកាន់ និងប្រតិបត្តិតាមបទបញ្ជារបស់ព្រះអង្គ ដែលខ្ញុំប្រគល់ឲ្យអ្នកនៅថ្ងៃនេះ។ ១៤ មិនត្រូវងាកទៅឆ្វេង ទៅស្តាំ ឆ្ងាយពីបទបញ្ជាទាំងប៉ុន្មាន ដែលខ្ញុំប្រគល់ឲ្យអ្នកនៅថ្ងៃនេះ ហើយបែរទៅជំពាក់ចិត្ត និងគោរពថ្វាយបង្គំព្រះឯទៀតៗឡើយ»
បណ្ដាសា
១៥ «ប្រសិនបើអ្នកមិនស្ដាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់ ជាព្រះនៃអ្នក ប្រសិនបើអ្នកមិនកាន់ ឬប្រតិបត្តិតាមបទបញ្ជា និងវិន័យទាំងប៉ុន្មាន ដែលខ្ញុំប្រគល់ឲ្យអ្នកនៅថ្ងៃនេះទេ នោះអ្នកនឹងទទួលបណ្ដាសាដូចតទៅ:
១៦ អ្នកនឹងត្រូវបណ្ដាសានៅតាមទីក្រុង ហើយអ្នកនឹងត្រូវបណ្ដាសានៅតាមស្រុកស្រែ។ ១៧ អ្នកនឹងត្រូវបណ្ដាសា ដោយគ្មានផ្លែឈើនៅក្នុងល្អី គ្មានស្រូវនៅក្នុងជង្រុក។ ១៨ អ្នកនឹងត្រូវបណ្ដាសាដោយគ្មានកូនចៅ ដីរបស់អ្នកមិនបង្កើតភោគផល ហ្វូងគោ និងហ្វូងចៀមរបស់អ្នក ក៏មិនកើនចំនួនដែរ។ ១៩ អ្នកនឹងទទួលបណ្ដាសាក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ។
២០ ព្រះអម្ចាស់នឹងធ្វើឲ្យអ្នកជួបប្រទះទុក្ខវេទនា ភាពអាសន្ន និងភយន្ដរាយ ហើយអ្វីៗដែលអ្នកធ្វើនឹងត្រូវខូចបង់ រហូតទាល់តែអ្នកវិនាសសូន្យ ព្រោះតែអំពើអាក្រក់ដែលអ្នកប្រព្រឹត្ត ដោយបោះបង់ចោលព្រះអង្គ។
២១ ព្រះអម្ចាស់នឹងធ្វើឲ្យអាសន្នរោគកើតមានចំពោះអ្នក រហូតដល់អ្នកវិនាសសូន្យបាត់ពីទឹកដីដែលអ្នកចូលទៅកាន់កាប់។ ២២ ព្រះអម្ចាស់នឹងប្រហារអ្នកដោយជំងឺរាតត្បាត ជំងឺគ្រុនក្ដៅ គ្រុនរលាក គ្រុនសន្ធំ ព្រមទាំងមានកើតការរាំងស្ងួត ស្រូវរបស់អ្នកនឹងស្កក ហើយមានក្រាស៊ី។ ទុក្ខវេទនាទាំងនេះនឹងកើតមានដល់អ្នក រហូតទាល់តែអ្នកវិនាស។ ២៣ មេឃដែលនៅពីលើអ្នកនឹងក្ដៅដូចជាលង្ហិន ហើយដីដែលនៅពីក្រោមអ្នកនឹងរឹងដូចដែក។ ២៤ ព្រះអម្ចាស់នឹងធ្វើឲ្យធូលីដី ព្រមទាំងផេះធ្លាក់ពីលើមេឃ មកលើស្រុករបស់អ្នកជំនួសភ្លៀង រហូតទាល់តែអ្នកវិនាស។
២៥ ព្រះអម្ចាស់នឹងធ្វើឲ្យអ្នកបាក់ទ័ព រត់នៅមុខខ្មាំងសត្រូវ។ អ្នកចេញទៅវាយពួកគេ ដោយដើរតាមផ្លូវតែមួយ តែអ្នកនឹងរត់នៅមុខពួកគេ តាមផ្លូវប្រាំពីរ។ នគរទាំងប៉ុន្មាននៅលើផែនដីឮដំណឹងនេះ គេនឹងនាំគ្នាព្រឺខ្លាច។ ២៦ សាកសពរបស់អ្នកនឹងក្លាយទៅជាចំណីរបស់ត្មាត និងសត្វព្រៃ ហើយគ្មាននរណាមកដេញពួកវាឡើយ។
២៧ ព្រះអម្ចាស់នឹងប្រហារអ្នកដោយគ្រោះកាច ដូចព្រះអង្គធ្លាប់ប្រហារជនជាតិអេស៊ីបដែរ។ ព្រះអង្គនឹងប្រហារអ្នកដោយរោគឫសដូងបាត កើតបូស កើតរមាស់ ដែលពុំអាចមើលជាឡើយ។ ២៨ ព្រះអម្ចាស់ប្រហារអ្នកឲ្យវង្វេងស្មារតី វិកលចរិត និងមើលអ្វីលែងឃើញ។ ២៩ អ្នកនឹងដើររាវនៅពេលថ្ងៃត្រង់ ដូចមនុស្សខ្វាក់ដើរស្ទាបៗ ក្នុងភាពអន្ធការ។ អ្នកពុំអាចសម្រេចតាមគម្រោងការដែលអ្នករៀបចំឡើយ។ រៀងរាល់ថ្ងៃ អ្នកនឹងត្រូវគេជិះជាន់ រឹបអូសយកទ្រព្យសម្បត្តិ ហើយគ្មាននរណាមកជួយអ្នកទេ។
៣០ ពេលអ្នកមានគូដណ្ដឹង បុរសម្នាក់ទៀតនឹងរំលោភនាង។ ពេលអ្នកសង់ផ្ទះ អ្នកនឹងមិនបានរស់នៅក្នុងផ្ទះនោះទេ ពេលអ្នកដាំទំពាំងបាយជូរ អ្នកនឹងមិនបានបរិភោគផលឡើយ។ ៣១ គេនឹងសម្លាប់គោរបស់អ្នក នៅចំពោះមុខអ្នក តែអ្នកមិនបានសាច់បរិភោគឡើយ។ គេរឹបអូសយកលារបស់អ្នក នៅចំពោះមុខអ្នក ហើយវានឹងមិនវិលមកវិញទេ។ គេនឹងប្រគល់ហ្វូងចៀមរបស់អ្នកទៅឲ្យខ្មាំងសត្រូវរបស់អ្នក ហើយគ្មាននរណាមកជួយអ្នកឡើយ។ ៣២ គេនឹងលក់កូនប្រុសកូនស្រីរបស់អ្នកទៅឲ្យសាសន៍ដទៃ នៅចំពោះមុខអ្នក រៀងរាល់ថ្ងៃ អ្នកទន្ទឹងរង់ចាំពួកគេវិលត្រឡប់មកវិញ រហូតដល់ផ្សាភ្នែក តែពុំបានសម្រេចដូចប្រាថ្នាឡើយ។ ៣៣ ជាតិសាសន៍ដែលអ្នកពុំស្គាល់នឹងបរិភោគដំណាំ ដែលដុះចេញពីដីរបស់អ្នក គឺភោគផលទាំងប៉ុន្មានដែលអ្នកប្រឹងប្រែងធ្វើ។ រៀងរាល់ថ្ងៃ អ្នកនឹងត្រូវគេជិះជាន់សង្កត់សង្កិន។ ៣៤ ហេតុការណ៍ដែលអ្នកឃើញផ្ទាល់នឹងភ្នែក មុខជាធ្វើឲ្យអ្នកវង្វេងស្មារតី។
៣៥ ព្រះអម្ចាស់នឹងប្រហារអ្នកឲ្យកើតដំបៅរីកនៅក្បាលជង្គង់ និងនៅជើងដែលអ្នកពុំអាចមើលជាបានឡើយ។ ព្រះអង្គនឹងប្រហារអ្នកចាប់ពីក្បាលរហូតដល់ចុងជើង។ ៣៦ ព្រះអម្ចាស់នឹងឲ្យគេកៀរអ្នក ព្រមទាំងស្តេចដែលអ្នកនឹងជ្រើសរើសឲ្យសោយរាជ្យលើអ្នក ធ្វើដំណើរទៅកាន់ស្រុកមួយដែលអ្នក និងដូនតារបស់អ្នកពុំស្គាល់។ នៅទីនោះ អ្នកនឹងគោរពបម្រើព្រះដទៃ ជាព្រះដែលគេធ្វើពីឈើ និងពីថ្ម។
៣៧ ជាតិសាសន៍ទាំងប៉ុន្មាន ដែលព្រះអម្ចាស់នាំអ្នកទៅនៅស្រុកគេនោះ នឹងនាំគ្នាភ្ញាក់ផ្អើល ហើយយករឿងរបស់អ្នកទៅនិទានប្រាប់គ្នា ព្រមទាំងប្រមាថមាក់ងាយអ្នករាល់គ្នាទៀតផង។
៣៨ អ្នកនឹងយកគ្រាប់ពូជជាច្រើនទៅព្រោះនៅក្នុងស្រែចម្ការរបស់អ្នក តែអ្នកច្រូតផលបានតិច ព្រោះមានកណ្ដូបស៊ី។ ៣៩ អ្នកដាំទំពាំងបាយជូរ ហើយមើលថែទាំ តែអ្នកនឹងពុំបានបេះផ្លែ ឬបរិភោគស្រាទំពាំងបាយជូរឡើយ ដ្បិតមានដង្កូវស៊ីទំពាំងបាយជូរនោះអស់។ ៤០ អ្នកដាំអូលីវពាសពេញស្រុក តែអ្នកនឹងពុំបានគាបផ្លែយកប្រេងទេ ដ្បិតផ្លែអូលីវរបស់អ្នកនឹងជ្រុះអស់។ ៤១ អ្នកមានកូនប្រុសកូនស្រី តែពួកគេនឹងមិននៅជាមួយអ្នកឡើយ ព្រោះពួកគេនឹងត្រូវខ្មាំងចាប់ទៅជាឈ្លើយ។ ៤២ ដើមឈើ និងដំណាំទាំងប៉ុន្មានរបស់អ្នកមុខជាត្រូវចង្រិតស៊ីបង្ហិន។
៤៣ ជនបរទេសដែលរស់នៅជាមួយអ្នកនឹងមានអំណាចកាន់តែខ្លាំងឡើងៗលើអ្នក ហើយអ្នកចុះឱនថយកាន់តែខ្សោយទៅៗ។ ៤៤ គេនឹងឲ្យទ្រព្យអ្នកខ្ចី គឺមិនមែនអ្នកទេដែលឲ្យគេខ្ចី។ គេនឹងថ្កុំថ្កើងបំផុត រីឯអ្នកវិញ អ្នកអន់ជាងគេបំផុត។
៤៥ បណ្ដាសាទាំងនេះនឹងកើតមានដល់អ្នក ហើយស្ថិតនៅជាប់ជាមួយអ្នកជានិច្ច រហូតទាល់តែអ្នកវិនាស ព្រោះអ្នកពុំបានស្ដាប់តាមព្រះសូរសៀងរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក អ្នកពុំបានកាន់តាមបទបញ្ជា និងវិន័យដែលព្រះអង្គប្រទានមកអ្នកឡើយ។ ៤៦ បណ្ដាសាទាំងនេះជាទីសម្គាល់ និងជាឫទ្ធិបាដិហារិយ៍ សម្រាប់អ្នក ព្រមទាំងពូជពង្សរបស់អ្នករហូតតទៅ។
៤៧ នៅពេលសម្បូណ៌សប្បាយ ប្រសិនបើអ្នកពុំគោរពបម្រើព្រះអម្ចាស់ ជាព្រះរបស់អ្នក ដោយអំណរ និងដោយស្មោះអស់ពីចិត្តទេ ៤៨ នោះអ្នកនឹងបម្រើខ្មាំងសត្រូវ ដែលព្រះអម្ចាស់ចាត់ឲ្យមកប្រហារអ្នក។ អ្នកនឹងស្រេកឃ្លាន ខ្លួនទទេ ហើយខ្វះខាតអ្វីៗទាំងអស់។ ព្រះអង្គដាក់នឹមដែកលើអ្នក រហូតទាល់តែអ្នកវិនាសសូន្យ។ ៤៩ ព្រះអម្ចាស់នឹងនាំប្រជាជាតិមួយពីស្រុកឆ្ងាយដាច់ស្រយាលនៃផែនដី មកប្រហារអ្នក។ ប្រជាជាតិនោះនឹងមកដល់ដូចសត្វត្មាតបោះពួយ អ្នកស្ដាប់ភាសារបស់ប្រជាជាតិនោះមិនបានទេ។ ៥០ ពួកគេមានទឹកមុខសាហាវ ពួកគេមិនគោរពចាស់ទុំ ហើយក៏គ្មានចិត្តមេត្តាចំពោះកូនក្មេងដែរ។ ៥១ ពួកគេនឹងបរិភោគសត្វ ព្រមទាំងភោគផលដែលកើតពីដីរបស់អ្នក រហូតទាល់តែអ្នកហិនហោចអស់។ ពួកគេមិនទុកស្រូវ ស្រាទំពាំងបាយជូរថ្មី ប្រេង កូនគោ កូនចៀម ឲ្យនៅសល់ សម្រាប់អ្នកឡើយ រួចហើយពួកគេនឹងធ្វើឲ្យអ្នកវិនាសសូន្យ។ ៥២ ពួកគេនឹងឡោមព័ទ្ធទីក្រុងទាំងឡាយដែលអ្នករស់នៅ ពួកគេនឹងរំលំកំពែងក្រុងដ៏ខ្ពស់ ហើយមាំ នៅក្នុងស្រុករបស់អ្នក គឺកំពែងដែលជាទីទុកចិត្តរបស់អ្នក។ ពួកគេនឹងឡោមព័ទ្ធអ្នកគ្រប់ទីកន្លែង នៅក្នុងស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យ។ ៥៣ ក្នុងពេលខ្មាំងសត្រូវឡោមព័ទ្ធ អ្នកនឹងរងទុក្ខវេទនាយ៉ាងខ្លាំង រហូតដល់ស៊ីសាច់កូនរបស់ខ្លួន គឺកូនប្រុសកូនស្រីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យ។ ៥៤ ក្នុងចំណោមអ្នករាល់គ្នា អ្នកដែលធ្លាប់តែស្លូតបូតជាងគេ ហើយមានចិត្តមេត្តា បែរជាសម្លក់សម្លឹងបងប្អូន ប្រពន្ធជាទីស្រឡាញ់ និងកូនរបស់ខ្លួនដែលនៅសេសសល់ ៥៥ ដោយខ្លាចគេដណ្ដើមសាច់កូនដែលខ្លួនទុកបរិភោគ ដ្បិតពេលខ្មាំងសត្រូវឡោមព័ទ្ធទីក្រុងទាំងប៉ុន្មានរបស់អ្នក អ្នករងទុក្ខវេទនាជាខ្លាំង គ្មានអ្វីបរិភោគទេ។ ៥៦ ក្នុងចំណោមអ្នករាល់គ្នា ស្ត្រីដែលធ្លាប់តែស្លូតបូត ហើយមានចិត្តមេត្តា សូម្បីតែដីក៏មិនហ៊ានយកជើងជាន់ផងនោះ បែរជាសម្លក់សម្លឹងប្ដីជាទីស្រឡាញ់ និងកូនប្រុសកូនស្រីរបស់ខ្លួន ៥៧ ដ្បិតពេលខ្មាំងសត្រូវឡោមព័ទ្ធទីក្រុងទាំងប៉ុន្មានរបស់អ្នក អ្នករងទុក្ខវេទនាយ៉ាងខ្លាំង ហើយដោយខ្វះខាតពេក នាងមានបំណងយកទារកដែលទើបនឹងចេញពីផ្ទៃរបស់ខ្លួន ទៅធ្វើម្ហូបបរិភោគស្ងាត់ៗតែម្នាក់ឯង។
៥៨ ប្រសិនបើអ្នកមិនកាន់ និងប្រតិបត្តិតាមព្រះបន្ទូលទាំងប៉ុន្មាននៅក្នុងវិន័យ ដែលមានចែងទុកក្នុងគម្ពីរនេះ ប្រសិនបើអ្នកមិនកោតខ្លាចព្រះនាមដ៏រុងរឿង គួរឲ្យស្ញែងខ្លាចរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នកទេ ៥៩ ព្រះអម្ចាស់នឹងប្រហារអ្នក ព្រមទាំងពូជពង្សរបស់អ្នក ដោយសម្ដែងការអស្ចារ្យ ធ្វើឲ្យកើតដំបៅ និងជំងឺដ៏ធ្ងន់ៗ ដែលពុំអាចមើលជា។ ៦០ ព្រះអង្គនឹងធ្វើឲ្យជំងឺរាតត្បាតផ្សេងៗ ដែលធ្លាប់កើតចំពោះជនជាតិអេស៊ីប ហើយធ្លាប់ធ្វើឲ្យអ្នកញញើតនោះ កើតចំពោះអ្នកដែរ។ ជំងឺទាំងនោះនឹងនៅជាប់ជាមួយអ្នក។ ៦១ ព្រះអម្ចាស់ធ្វើឲ្យជំងឺ និងគ្រោះកាចគ្រប់យ៉ាង ដែលគ្មានចែងទុកក្នុងគម្ពីរវិន័យនេះ កើតមានចំពោះអ្នក រហូតទាល់តែអ្នកវិនាសសូន្យ។ ៦២ អ្នករាល់គ្នាដែលមានចំនួនយ៉ាងច្រើនដូចផ្កាយនៅលើមេឃ នឹងក្លាយទៅជាជាតិសាសន៍មួយដ៏តូច ព្រោះអ្នករាល់គ្នាពុំបានស្ដាប់តាមព្រះសូរសៀងរបស់ព្រះអម្ចាស់ ជាព្រះនៃអ្នក។ ៦៣ ព្រះអម្ចាស់សព្វព្រះហឫទ័យប្រទានពរឲ្យអ្នករាល់គ្នាកើនចំនួនច្រើនឡើងយ៉ាងណា ព្រះអង្គក៏មានព្រះហឫទ័យរីករាយនឹងកម្ទេចអ្នករាល់គ្នា ហើយប្រហារអ្នករាល់គ្នាឲ្យវិនាសយ៉ាងនោះដែរ។ ព្រះអង្គនឹងដកអ្នករាល់គ្នាចេញពីស្រុក ដែលអ្នករាល់គ្នាចូលទៅកាន់កាប់។
៦៤ ព្រះអម្ចាស់នឹងកម្ចាត់កម្ចាយអ្នកទៅក្នុងចំណោមជាតិសាសន៍ទាំងអស់ ចាប់ពីជើងមេឃម្ខាង ទៅជើងមេឃម្ខាង។ នៅទីនោះ អ្នកនឹងគោរពបម្រើព្រះដទៃ ជាព្រះដែលអ្នក និងដូនតារបស់អ្នកពុំស្គាល់ គឺព្រះធ្វើពីឈើ និងពីថ្ម។ ៦៥ ក្នុងចំណោមប្រជាជាតិទាំងនោះ អ្នកនឹងមិនបានសុខសាន្ត ហើយក៏មិនមែនជាកន្លែងដែលអ្នកសម្រាកដែរ។ ព្រះអម្ចាស់នឹងធ្វើឲ្យចិត្តអ្នកពុំបានស្ងប់ ឲ្យភ្នែករបស់អ្នកស្រវាំង ហើយឲ្យចិត្តគំនិតរបស់អ្នកឈឺចាប់។ ៦៦ ជីវិតរបស់អ្នកប្រៀបបាននឹងអំបោះមួយសរសៃ អ្នកភ័យខ្លាចទាំងយប់ទាំងថ្ងៃ ហើយជីវិតគ្មានន័យអ្វីសម្រាប់អ្នកទៀតឡើយ។ ៦៧ ហេតុការណ៍ដែលអ្នកឃើញផ្ទាល់នឹងភ្នែក បណ្តាលឲ្យអ្នកភ័យខ្លាច។ នៅពេលព្រឹក អ្នកនឹងពោលថា “សូមឲ្យល្ងាចឆាប់មកដល់!” នៅពេលល្ងាចអ្នកនឹងពោលថា “សូមឲ្យព្រឹកឆាប់មកដល់!”។ ៦៨ ព្រះអម្ចាស់នឹងនាំអ្នកទៅស្រុកអេស៊ីបវិញ តាមនាវា។ អ្នកនឹងវិលត្រឡប់ទៅស្រុក ដែលខ្ញុំបានប្រាប់អ្នកថា អ្នកនឹងមិនបានឃើញទៀតឡើយ! នៅទីនោះ អ្នករាល់គ្នានឹងលក់ខ្លួនធ្វើជាទាសាទាសីរបស់ខ្មាំងសត្រូវ តែគ្មាននរណាចង់ទិញអ្នករាល់គ្នាទេ!»។
សុន្ទរកថាចុងក្រោយរបស់លោកម៉ូសេ
សម្ពន្ធមេត្រីនៅស្រុកម៉ូអាប់
៦៩ (២៩.១) ក្រៅពីសម្ពន្ធមេត្រី*ដែលព្រះអម្ចាស់ចងជាមួយជនជាតិអ៊ីស្រាអែលនៅភ្នំហូរែប ព្រះអង្គបានបង្គាប់ឲ្យលោកម៉ូសេចងសម្ពន្ធមេត្រីមួយទៀតជាមួយពួកគេនៅស្រុកម៉ូអាប់ ដែលមានសេចក្ដីដូចខាងក្រោមនេះ។
២៩
១ (២) លោកម៉ូសេកោះហៅជនជាតិអ៊ីស្រាអែលទាំងមូល ហើយមានប្រសាសន៍ថា៖ «អ្នករាល់គ្នាបានឃើញផ្ទាល់នឹងភ្នែកនូវហេតុការណ៍ទាំងប៉ុន្មាន ដែលព្រះអម្ចាស់ធ្វើចំពោះស្តេចផារ៉ោន និងមន្ត្រី ព្រមទាំងប្រជារាស្ដ្រទាំងអស់នៅស្រុកអេស៊ីប។ ២ (៣) អ្នករាល់គ្នាបានឃើញព្រះអង្គដាក់ទោសពួកគេយ៉ាងធ្ងន់ធ្ងរ ព្រមទាំងឃើញទីសម្គាល់ដ៏អស្ចារ្យ និងឫទ្ធិបាដិហារិយ៍ដ៏ធំៗរបស់ព្រះអង្គ។ ៣ (៤) ប៉ុន្តែ រហូតមកដល់ថ្ងៃនេះ ព្រះអម្ចាស់ពុំទាន់ប្រទានឲ្យអ្នករាល់គ្នាមានចិត្តដែលអាចស្វែងយល់ មានភ្នែកដែលអាចមើលឃើញ ហើយមានត្រចៀកដែលអាចស្ដាប់ឮទេ។ ៤ (៥) “យើងបានដឹកនាំអ្នករាល់គ្នាក្នុងវាលរហោស្ថាន អស់រយៈពេលសែសិបឆ្នាំ។ សម្លៀកបំពាក់របស់អ្នករាល់គ្នាមិនដែលរេចរឹល ហើយស្បែកជើងរបស់អ្នករាល់គ្នាក៏មិនដែលសឹកដែរ។ ៥ (៦) អ្នករាល់គ្នាមិនបានបរិភោគនំបុ័ង អ្នករាល់គ្នាមិនបានផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងណាទេ ដើម្បីឲ្យអ្នករាល់គ្នាដឹងថា យើងពិតជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាមែន”។
៦ (៧) ពេលអ្នករាល់គ្នាមកដល់ទីនេះ ស៊ីហុនជាស្តេចក្រុងហេសបូន និងអុកជាស្តេចស្រុកបាសាន បានលើកទ័ពចេញមកវាយប្រហារពួកយើង តែពួកយើងយកជ័យជម្នះលើពួកគេ។ ៧ (៨) ពួកយើងដណ្ដើមយកបានស្រុករបស់ពួកគេ ហើយប្រគល់ស្រុកនេះទៅឲ្យកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ទុកជាចំណែកមត៌ក។ ៨ (៩) ដូច្នេះ អ្នករាល់គ្នាត្រូវកាន់ និងប្រតិបត្តិតាមសេចក្ដីដែលមានចែងទុកក្នុងសម្ពន្ធមេត្រីនេះ ដើម្បីឲ្យអ្នករាល់គ្នាទទួលជោគជ័យ ក្នុងគ្រប់កិច្ចការ ដែលអ្នករាល់គ្នាធ្វើ។
៩ (១០) ថ្ងៃនេះ អ្នកទាំងអស់គ្នាចូលមកជិតព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា គឺមានទាំងមេដឹកនាំ មានទាំងកុលសម្ព័ន្ធ ក្រុមព្រឹទ្ធាចារ្យ ពួកមេទ័ព ប្រុសៗទាំងអស់ ១០ (១១) រួមទាំងកូនចៅរបស់អ្នករាល់គ្នា និងស្ត្រីៗ ព្រមទាំងជនបរទេសដែលរស់នៅក្នុងជំរំជាមួយអ្នករាល់គ្នា គឺចាប់ពីអ្នកពុះអុសរហូតដល់អ្នករែកទឹក។ ១១ (១២) ព្រះអម្ចាស់ ជាព្រះរបស់អ្នក ចងសម្ពន្ធមេត្រីជាមួយអ្នកនៅថ្ងៃនេះ ហើយអ្នកចូលរួមក្នុងសម្ពន្ធមេត្រីនេះ ដោយសច្ចាថានឹងអនុវត្តតាម។ ១២ (១៣) ធ្វើដូច្នេះ អ្នកនឹងទៅជាប្រជារាស្ដ្ររបស់ព្រះអង្គ ហើយព្រះអង្គធ្វើជាព្រះរបស់អ្នក ដូចព្រះអង្គមានព្រះបន្ទូលជាមួយអ្នក និងសន្យាយ៉ាងម៉ឺងម៉ាត់ជាមួយលោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ជាបុព្វបុរសរបស់អ្នក។ ១៣ (១៤) ព្រះអម្ចាស់មិនគ្រាន់តែចងសម្ពន្ធមេត្រីជាមួយអ្នករាល់គ្នា ដែលបានសច្ចាថាអនុវត្តតាមប៉ុណ្ណោះទេ ១៤ (១៥) គឺព្រះអង្គចងជាមួយអស់អ្នក ដែលមានមុខជាមួយពួកយើង នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះរបស់យើង នៅទីនេះ ក្នុងថ្ងៃនេះ ព្រមទាំងអស់អ្នកដែលមិនទាន់កើតដែរ។
១៥ (១៦) អ្នករាល់គ្នាដឹងស្រាប់ហើយថា យើងធ្លាប់រស់នៅក្នុងស្រុកអេស៊ីបរបៀបណា ហើយយើងឆ្លងកាត់ស្រុករបស់ប្រជាជាតិទាំងឡាយរបៀបណា។
១៦ (១៧) អ្នករាល់គ្នាបានឃើញព្រះដ៏គួរស្អប់ខ្ពើម ជារូបបដិមាធ្វើពីឈើ និងពីថ្ម ឬពីប្រាក់ និងមាសនៅក្នុងស្រុករបស់ពួកគេ។
១៧ (១៨) ដូច្នេះ មិនត្រូវឲ្យនរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា ទោះបីប្រុសក្តី ស្ត្រីក្តី ឬអំបូរណាមួយ ឬកុលសម្ព័ន្ធណាមួយក្តី បែរចិត្តចេញពីព្រះអម្ចាស់ ជាព្រះរបស់យើង នៅថ្ងៃនេះ ទៅគោរពថ្វាយបង្គំព្រះនានារបស់ប្រជាជាតិទាំងនោះឡើយ។ ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវឲ្យនរណាម្នាក់ក្លាយទៅជាឫសគល់ដែលបង្កជាតិពុលល្វីងជូរចត់ឡើយ។ ១៨ (១៩) ក្រោយពីបានឮពាក្យសច្ចាដ៏ឱឡារិកនេះហើយ មិនត្រូវឲ្យនរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា មានចិត្តអំនួតពោលថា “ទោះបីខ្ញុំធ្វើតាមអំពើចិត្តរបស់ខ្ញុំក្តី ខ្ញុំនៅតែមានសេចក្ដីសុខជានិច្ច”។ គំនិតដូច្នេះនឹងធ្វើឲ្យពួកគេអន្តរាយទាំងអស់គ្នា ទាំងមនុស្សល្អ ទាំងមនុស្សអាក្រក់។ ១៩ (២០) ព្រះអម្ចាស់មិនសព្វព្រះហឫទ័យអត់ទោសឲ្យមនុស្សបែបនេះទេ ផ្ទុយទៅវិញ ព្រះពិរោធ និងសេចក្ដីប្រច័ណ្ឌរបស់ព្រះអម្ចាស់ មុខជាឆាបឆេះគេ បណ្ដាសាទាំងប៉ុន្មានដែលមានចែងទុកក្នុងគម្ពីរនេះក៏នឹងកើតមានដល់គេ ហើយព្រះអម្ចាស់នឹងលុបបំបាត់ឈ្មោះគេពីផែនដីនេះ។ ២០ (២១) ព្រះអម្ចាស់នឹងដកអ្នកនោះចេញពីចំណោមកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែល ដើម្បីឲ្យរងទុក្ខវេទនា ស្របតាមបណ្ដាសាទាំងប៉ុន្មាននៃសម្ពន្ធមេត្រី ដែលមានចែងទុកក្នុងគម្ពីរវិន័យនេះ។
២១ (២២) កូនចៅរបស់អ្នករាល់គ្នាដែលកើតនៅជំនាន់ក្រោយ ព្រមទាំងជនបរទេសមកពីស្រុកឆ្ងាយ មុខជាឃើញគ្រោះកាច និងជំងឺផ្សេងៗដែលព្រះអម្ចាស់ធ្វើឲ្យកើតមានចំពោះស្រុកនេះ ពួកគេនឹងពោលថា: ២២ (២៣) “ស្រុកទាំងមូលនឹងត្រូវឆាបឆេះ ហើយមានតែស្ពាន់ធ័រ និងអំបិល គ្មាននរណាអាចសាបព្រោះ គ្មានដំណាំអ្វីដុះ សូម្បីតែស្មៅក៏គ្មានផង គឺស្រុកនោះប្រៀបដូចជាក្រុងសូដុម ក្រុងកូម៉ូរ៉ា ក្រុងអាដម៉ា និងក្រុងសេបូអ៊ីម ដែលព្រះអម្ចាស់បំផ្លាញ ដោយសារព្រះពិរោធដ៏ខ្លាំងក្លា”។ ២៣ (២៤) ប្រជាជាតិទាំងអស់នឹងពោលថា “ហេតុអ្វីបានជាព្រះអម្ចាស់ប្រព្រឹត្តដូច្នេះចំពោះស្រុកនេះ? ហេតុអ្វីបានជាព្រះអង្គខ្ញាល់យ៉ាងខ្លាំងបែបនេះ?”។ ២៤ (២៥) គេនឹងឆ្លើយវិញថា “មកពីពួកគេបោះបង់ចោលសម្ពន្ធមេត្រី ដែលព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់ពួកគេ បានចងជាមួយពួកគេ នៅពេលព្រះអង្គនាំពួកគេចាកចេញពីស្រុកអេស៊ីប។ ២៥ (២៦) ពួកគេនាំគ្នាទៅគោរពបម្រើព្រះដទៃ ហើយថែមទាំងក្រាបថ្វាយបង្គំព្រះទាំងនោះទៀតផង គឺព្រះដែលពួកគេពុំស្គាល់ ហើយព្រះអម្ចាស់ក៏ពុំបានអនុញ្ញាតឲ្យពួកគេថ្វាយបង្គំដែរ។ ២៦ (២៧) ហេតុនេះហើយបានជាព្រះអម្ចាស់ព្រះអង្គព្រះពិរោធយ៉ាងខ្លាំងទាស់នឹងស្រុកនេះ។ ព្រះអង្គធ្វើឲ្យបណ្ដាសាទាំងប៉ុន្មានដែលមានចែងទុកក្នុងគម្ពីរនេះ កើតមានដល់ពួកគេ។ ២៧ (២៨) ព្រះអម្ចាស់ដកពួកគេចេញពីទឹកដីរបស់ខ្លួន ដោយព្រះហឫទ័យក្រេវក្រោធយ៉ាងខ្លាំងបំផុត ហើយព្រះអង្គយកពួកគេទៅបោះចោលនៅស្រុកមួយផ្សេងទៀត រហូតមកដល់សព្វថ្ងៃ”។
២៨ (២៩) មានតែព្រះអម្ចាស់ជាព្រះរបស់យើងប៉ុណ្ណោះ ដែលជ្រាបនូវអ្វីៗដ៏លាក់កំបាំង។ ព្រះអង្គបើកឲ្យយើង និងកូនចៅរបស់យើងគ្រប់ជំនាន់តរៀងទៅ ស្គាល់អ្វីៗដែលព្រះអង្គសម្ដែង ដើម្បីឲ្យយើងប្រតិបត្តិតាមសេចក្ដីទាំងប៉ុន្មាន ដែលមានចែងទុកក្នុងគម្ពីរវិន័យនេះ»។
៣០
ព្រះបន្ទូលសន្យានៅពេលអ៊ីស្រាអែលវិលមករកព្រះអម្ចាស់វិញ
១ «សេចក្ដីទាំងប៉ុន្មានដែលខ្ញុំថ្លែងប្រាប់ ទោះបីព្រះពរ ឬបណ្ដាសាក្តី មុខជាកើតមានដល់អ្នក។ ពេលណាព្រះអម្ចាស់ ជាព្រះរបស់អ្នក និរទេសអ្នកទៅនៅក្នុងចំណោមប្រជាជាតិទាំងឡាយ ប្រសិនបើអ្នកនឹកឃើញសេចក្ដីទាំងនោះ ២ ហើយវិលមករកព្រះអម្ចាស់ ជាព្រះរបស់អ្នក គឺទាំងអ្នក ទាំងកូនចៅរបស់អ្នក នាំគ្នាស្ដាប់តាមព្រះសូរសៀងរបស់ព្រះអង្គយ៉ាងអស់ពីចិត្ត អស់ពីគំនិត ស្របតាមសេចក្ដីទាំងប៉ុន្មានដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ ៣ ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងស្តារស្ថានភាពរបស់អ្នក ព្រះអង្គនឹងអាណិតអាសូរអ្នក ហើយប្រមូលអ្នកពីក្នុងចំណោមជាតិសាសន៍ទាំងប៉ុន្មាន ដែលព្រះអង្គកម្ចាត់កម្ចាយអ្នកទៅនោះ។ ៤ ទោះបីគេកៀរអ្នកទៅដល់ជើងមេឃក្តី ក៏ព្រះអម្ចាស់ ជាព្រះរបស់អ្នក ទៅប្រមូលអ្នកនាំយកមកវិញដែរ។ ៥ ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងនាំអ្នកវិលត្រឡប់មកស្រុក ដែលជាកម្មសិទ្ធិរបស់ដូនតាអ្នក។ អ្នកនឹងកាន់កាប់ស្រុកនេះ ព្រះអង្គប្រទានពរឲ្យអ្នកមានអំណរសប្បាយ ហើយកើនចំនួនច្រើនលើសដូនតារបស់អ្នកទៅទៀត។ ៦ ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងនាំអ្នក ព្រមទាំងពូជពង្សរបស់អ្នក ថ្វាយចិត្តគំនិតដល់ព្រះអង្គ ដើម្បីឲ្យអ្នកស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នក យ៉ាងអស់ពីចិត្ត អស់ពីគំនិត ធ្វើដូច្នេះ ទើបអ្នករស់រានមានជីវិត។
៧ ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងធ្វើឲ្យបណ្ដាសាទាំងនេះធ្លាក់ទៅលើខ្មាំងសត្រូវរបស់អ្នក ព្រមទាំងអស់អ្នកដែលស្អប់ និងបៀតបៀនអ្នក។ ៨ រីឯអ្នកវិញ អ្នកនឹងវិលមករកព្រះអម្ចាស់ ហើយស្ដាប់តាមព្រះសូរសៀងរបស់ព្រះអង្គ ព្រមទាំងប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មាន ដូចខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ។ ៩ ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងប្រទានឲ្យអ្នកបានចម្រុងចម្រើន ក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ។ ព្រះអង្គនឹងប្រទានឲ្យអ្នកមានកូនចៅជាច្រើន ហ្វូងសត្វរបស់អ្នកនឹងកើនចំនួនច្រើនឡើង ហើយដីរបស់អ្នកក៏បង្កើតភោគផលយ៉ាងច្រើនដែរ ដ្បិតព្រះអម្ចាស់សព្វព្រះហឫទ័យប្រទានឲ្យអ្នកមានសុភមង្គល ដូចដូនតារបស់អ្នក។ ១០ ក៏ប៉ុន្តែ អ្នកត្រូវស្ដាប់តាមព្រះសូរសៀងរបស់ព្រះអម្ចាស់ ជាព្រះនៃអ្នក ដោយកាន់តាមបទបញ្ជា និងដំបូន្មានរបស់ព្រះអង្គ ដែលមានចែងទុកក្នុងគម្ពីរវិន័យនេះ ហើយត្រូវវិលមករកព្រះអម្ចាស់ ជាព្រះរបស់អ្នក យ៉ាងអស់ពីចិត្ត អស់ពីគំនិត។
១១ បទបញ្ជាដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ មិនមែនហួសកម្លាំងរបស់អ្នក ហើយក៏មិននៅឆ្ងាយដែរ។ ១២ បទបញ្ជានេះមិនមែនស្ថិតនៅលើមេឃ បណ្តាលឲ្យអ្នកពោលថា “តើបាននរណាឡើងទៅលើមេឃយកបទបញ្ជានេះមកថ្លែងប្រាប់យើង ដើម្បីឲ្យយើងប្រតិបត្តិតាម?”។ ១៣ បទបញ្ជានេះក៏មិនស្ថិតនៅខាងនាយសមុទ្រ បណ្តាលឲ្យអ្នកពោលថា “តើបាននរណាឆ្លងទៅឯនាយសមុទ្រយកបទបញ្ជានេះមកថ្លែងប្រាប់យើង ដើម្បីឲ្យយើងប្រតិបត្តិតាម?”។ ១៤ ផ្ទុយទៅវិញ ព្រះបន្ទូលនេះនៅក្បែរអ្នក នៅក្នុងមាត់ និងក្នុងចិត្តរបស់អ្នក ដើម្បីឲ្យអ្នកប្រតិបត្តិតាម។
១៥ មើល៍ថ្ងៃនេះ ខ្ញុំឲ្យអ្នកជ្រើសរើសយកជីវិត ឬសេចក្ដីស្លាប់ អំពើល្អ ឬអំពើអាក្រក់ ១៦ ដ្បិតខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ ឲ្យស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ហើយដើរតាមមាគ៌ារបស់ព្រះអង្គ កាន់តាមបទបញ្ជា វិន័យ និងច្បាប់របស់ព្រះអង្គ។ ធ្វើដូច្នេះ ទើបអ្នករស់រានមានជីវិត និងកើនចំនួនច្រើនឡើង ហើយព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានពរដល់អ្នកនៅក្នុងស្រុកដែលអ្នកចូលទៅកាន់កាប់។ ១៧ ប៉ុន្តែ បើអ្នកបែរចិត្តចេញពីព្រះអង្គ មិនព្រមស្ដាប់បង្គាប់ព្រះអង្គ ដោយបណ្តោយខ្លួនទៅក្រាបថ្វាយបង្គំ និងគោរពបម្រើព្រះឯទៀតៗ ១៨ នោះខ្ញុំប្រាប់ឲ្យអ្នករាល់គ្នាដឹងនៅថ្ងៃនេះថា អ្នករាល់គ្នាមុខជាវិនាសសូន្យ គឺអ្នកពុំអាចមានអាយុយឺនយូរនៅក្នុងស្រុក ដែលអ្នកត្រូវឆ្លងទន្លេយ័រដាន់ចូលទៅកាន់កាប់នោះឡើយ។ ១៩ ថ្ងៃនេះ ខ្ញុំសូមយកមេឃ និងដី ធ្វើជាសាក្សីទាស់នឹងអ្នករាល់គ្នា គឺខ្ញុំឲ្យអ្នកជ្រើសរើសយកជីវិត ឬសេចក្ដីស្លាប់ ព្រះពរ ឬបណ្ដាសា។ ចូរជ្រើសរើសយកជីវិតចុះ ដើម្បីឲ្យអ្នក និងពូជពង្សរបស់អ្នកបានរស់រាន។ ២០ ចូរស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ចូរស្ដាប់តាមព្រះសូរសៀងរបស់ព្រះអង្គ និងជំពាក់ចិត្តលើព្រះអង្គ។ ព្រះអង្គជាជីវិតរបស់អ្នក ព្រះអង្គប្រទានឲ្យអ្នកមានអាយុយឺនយូរ ដើម្បីឲ្យអ្នករស់នៅលើទឹកដីដែលព្រះអម្ចាស់បានសន្យាយ៉ាងម៉ឺងម៉ាត់ថា នឹងប្រទានឲ្យលោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ជាបុព្វបុរសរបស់អ្នក»។
៣១
ប្រសាសន៍ចុងក្រោយ និងមរណភាពរបស់លោកម៉ូសេ
លោកយ៉ូស៊ូអាទទួលមុខងារជំនួសលោកម៉ូសេ
១ លោកម៉ូសេមានប្រសាសន៍ទៅកាន់ប្រជាជនអ៊ីស្រាអែលទាំងមូលទៀតថា៖ ២ «ឥឡូវនេះ ខ្ញុំមានអាយុមួយរយម្ភៃឆ្នាំហើយ ខ្ញុំពុំអាចដឹកនាំអ្នករាល់គ្នាទៀតទេ។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា ខ្ញុំពុំអាចឆ្លងទន្លេយ័រដាន់នេះឡើយ។ ៣ ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងយាងនៅមុខអ្នក ព្រះអង្គនឹងបំផ្លាញប្រជាជាតិនានាចេញពីមុខអ្នក ដើម្បីឲ្យអ្នកដណ្ដើមយកស្រុកពីពួកគេ។ លោកយ៉ូស៊ូអានឹងធ្វើជាមេដឹកនាំរបស់អ្នក ដូចព្រះអម្ចាស់មានព្រះបន្ទូល។ ៤ ព្រះអម្ចាស់នឹងកម្ទេចប្រជាជាតិទាំងនោះ ដូចព្រះអង្គបានកម្ទេចស៊ីហុន និងអុកជាស្តេចរបស់ជនជាតិអាម៉ូរី ព្រមទាំងស្រុករបស់គេ។ ៥ ព្រះអម្ចាស់នឹងប្រគល់ប្រជាជាតិទាំងនោះមកក្នុងកណ្ដាប់ដៃអ្នក ហើយអ្នកត្រូវប្រព្រឹត្តចំពោះពួកគេ តាមបញ្ជាដែលខ្ញុំប្រគល់ឲ្យអ្នកនៅថ្ងៃនេះ។ ៦ ចូរមានកម្លាំង និងចិត្តក្លាហានឡើង! កុំភ័យខ្លាច ឬតក់ស្លុតនៅចំពោះមុខពួកគេឲ្យសោះ ដ្បិតព្រះអម្ចាស់ផ្ទាល់ ជាព្រះរបស់អ្នក នឹងយាងទៅជាមួយអ្នក។ ព្រះអង្គមិនបោះបង់ចោលអ្នកជាដាច់ខាត!»។
៧ លោកម៉ូសេហៅលោកយ៉ូស៊ូអាមក ហើយមានប្រសាសន៍ទៅកាន់លោក នៅចំពោះមុខប្រជាជនអ៊ីស្រាអែលទាំងមូលថា៖ «ចូរមានកម្លាំង និងចិត្តក្លាហានឡើង! ដ្បិតអ្នកត្រូវនាំប្រជាជននេះចូលទៅក្នុងស្រុក ដែលព្រះអម្ចាស់បានសន្យាយ៉ាងម៉ឺងម៉ាត់ចំពោះបុព្វបុរសរបស់ពួកគេ ថានឹងប្រគល់ឲ្យពួកគេ។ ដូច្នេះ អ្នកត្រូវនាំប្រជាជននេះទៅកាន់កាប់ទឹកដី ជាចំណែកមត៌ករបស់ពួកគេ។ ៨ ព្រះអម្ចាស់ផ្ទាល់នឹងយាងនៅមុខអ្នក ព្រះអង្គគង់នៅជាមួយអ្នក ហើយព្រះអង្គមិនបោះបង់ចោលអ្នកឡើយ។ ហេតុនេះ កុំភ័យខ្លាច ឬតក់ស្លុតឲ្យសោះ»។
បញ្ជាឲ្យអានគម្ពីរវិន័យរៀងរាល់ប្រាំពីរឆ្នាំ
៩ លោកម៉ូសេបានសរសេរគម្ពីរវិន័យនេះប្រគល់ជូនពួកបូជាចារ្យ ជាកូនចៅលេវី ដែលមានភារកិច្ចសែងហិបនៃសម្ពន្ធមេត្រី*របស់ព្រះអម្ចាស់ ហើយលោកក៏ប្រគល់ជូនលោកព្រឹទ្ធាចារ្យ*ទាំងអស់នៃជនជាតិអ៊ីស្រាអែលដែរ។ ១០ លោកម៉ូសេបង្គាប់ដល់ពួកគេដូចតទៅ៖ «ប្រាំពីរឆ្នាំម្ដង គឺនៅឆ្នាំដែលត្រូវលុបបំណុល ក្នុងឱកាសបុណ្យបារាំ ១១ ពេលជនជាតិអ៊ីស្រាអែលទាំងអស់នាំគ្នាទៅថ្វាយបង្គំព្រះអម្ចាស់ ជាព្រះរបស់អ្នក នៅកន្លែងដែលព្រះអង្គជ្រើសរើស ចូរអានគម្ពីរវិន័យនេះនៅមុខជនជាតិអ៊ីស្រាអែលទាំងអស់ ដើម្បីឲ្យពួកគេបានឮ។ ១២ ត្រូវប្រមូលប្រជាជន ទាំងប្រុស ទាំងស្រី ទាំងក្មេង ទាំងជនបរទេសដែលរស់នៅជាមួយអ្នក ដើម្បីឲ្យពួកគេឮគម្ពីរវិន័យនេះ ហើយរៀនគោរពកោតខ្លាចព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ព្រមទាំងកាន់ និងអនុវត្តតាមអ្វីៗទាំងប៉ុន្មានដែលមានចែងទុកក្នុងគម្ពីរវិន័យនេះ។ ១៣ ចំណែកឯកូនចៅរបស់គេដែលពុំស្គាល់គម្ពីរវិន័យនេះ ក៏នឹងបានឮ ហើយរៀនគោរពកោតខ្លាចព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ក្នុងពេលអ្នករាល់គ្នារស់នៅលើទឹកដី ដែលអ្នករាល់គ្នាត្រូវឆ្លងទន្លេយ័រដាន់ចូលទៅកាន់កាប់»។
អ៊ីស្រាអែលនឹងក្បត់សម្ពន្ធមេត្រីរបស់ព្រះអម្ចាស់
១៤ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ឥឡូវនេះ ជិតដល់ថ្ងៃដែលអ្នកត្រូវស្លាប់ហើយ។ ចូរហៅយ៉ូស៊ូអាមក ហើយអ្នកទាំងពីរត្រូវឈរនៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់។ យើងនឹងចេញបញ្ជាដល់យ៉ូស៊ូអា»។ លោកម៉ូសេ និងលោកយ៉ូស៊ូអា នាំគ្នាទៅឈរនៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់។ ១៥ ពេលនោះ ព្រះអម្ចាស់លេចមកឲ្យលោកទាំងពីរឃើញក្នុងដុំពពក នៅក្នុងពន្លា។ ដុំពពកនោះស្ថិតនៅមាត់ទ្វារពន្លា។
១៦ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «បន្តិចទៀត អ្នកនឹងត្រូវស្លាប់។ ពេលនោះ ប្រជាជននឹងនាំគ្នាក្បត់យើង ហើយគោរពព្រះដទៃ ក្នុងស្រុកដែលពួកគេចូលទៅរស់នៅ។ ពួកគេនឹងបោះបង់ចោលយើង ដោយផ្ដាច់សម្ពន្ធមេត្រីដែលយើងចងជាមួយពួកគេ។ ១៧ នៅថ្ងៃនោះ កំហឹងរបស់យើងនឹងឆាបឆេះទៅលើពួកគេ យើងនឹងបោះបង់ចោលពួកគេ យើងលែងរវីរវល់នឹងពួកគេទៀតហើយ។ ខ្មាំងសត្រូវនឹងលេបបំបាត់ពួកគេ ទុក្ខវេទនា និងភាពអាសន្នជាច្រើន កើតមានដល់ពួកគេ។ ពេលនោះ ពួកគេមុខជាពោលថា “ទុក្ខវេទនាកើតមានដល់ខ្ញុំដូច្នេះ មកពីព្រះរបស់ខ្ញុំលែងគង់នៅជាមួយខ្ញុំ!”។ ១៨ នៅថ្ងៃនោះ យើងលែងរវីរវល់នឹងពួកគេទាំងស្រុង ព្រោះពួកគេប្រព្រឹត្តអំពើអាក្រក់ ដោយបែរទៅគោរពព្រះឯទៀតៗ។ ១៩ ចូរសរសេរបទចម្រៀងនេះទុក ព្រមទាំងបង្រៀនជនជាតិអ៊ីស្រាអែលឲ្យចេះច្រៀង ហើយឲ្យបទចម្រៀងនេះធ្វើជាសាក្សីរបស់យើង ប្រឆាំងនឹងជនជាតិអ៊ីស្រាអែល។ ២០ យើងនឹងនាំជនជាតិនេះចូលទៅក្នុងស្រុក ដែលយើងបានសន្យាជាមួយបុព្វបុរសរបស់ពួកគេ ថានឹងប្រគល់ឲ្យពួកគេ គឺជាស្រុកដ៏សម្បូណ៌សប្បាយ។ ពេលមានអាហារបរិភោគឆ្អែត បានធំធាត់ ពួកគេនឹងបែរចិត្តទៅរកព្រះដទៃ ហើយគោរពបម្រើព្រះទាំងនោះ។ ពួកគេនឹងប្រមាថមាក់ងាយយើង ហើយផ្ដាច់សម្ពន្ធមេត្រីជាមួយយើង។ ២១ នៅពេលមហន្តរាយ និងទុក្ខវេទនាជាច្រើន កើតមានដល់ពួកគេ បទចម្រៀងនេះធ្វើជាសាក្សីទាស់នឹងពួកគេ សូម្បីតែពូជពង្សរបស់ពួកគេក៏ចេះច្រៀងបទនេះដែរ។ មុនពេលយើងនាំពួកគេចូលទៅក្នុងទឹកដី ដែលយើងសន្យាយ៉ាងម៉ឺងម៉ាត់ថាប្រគល់ឲ្យពួកគេ យើងដឹងជាមុនថា ចិត្តរបស់ពួកគេប្រែប្រួល»។
២២ នៅថ្ងៃនោះ លោកម៉ូសេបានសរសេរបទចម្រៀងនេះ ហើយបង្រៀនដល់កូនចៅអ៊ីស្រាអែល។
២៣ ព្រះអម្ចាស់បង្គាប់លោកយ៉ូស៊ូអា ជាកូនរបស់លោកនូនថា៖ «ចូរមានកម្លាំង និងចិត្តក្លាហានឡើង ដ្បិតអ្នកនឹងនាំជនជាតិអ៊ីស្រាអែលចូលទៅក្នុងស្រុក ដែលយើងបានសន្យាយ៉ាងម៉ឺងម៉ាត់ ថាប្រគល់ឲ្យពួកគេ។ យើងនឹងស្ថិតនៅជាមួយអ្នក»។
២៤ ពេលលោកម៉ូសេសរសេរព្រះបន្ទូលស្តីអំពីវិន័យនេះទុកក្នុងគម្ពីរ ចប់សព្វគ្រប់ហើយ ២៥ លោកបង្គាប់ពួកលេវីដែលមានភារកិច្ចសែងហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ថា៖ ២៦ «ចូរយកគម្ពីរវិន័យនេះទៅទុកជាមួយហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។ គម្ពីរនេះជាបន្ទាល់ទាស់នឹងអ្នក ២៧ ដ្បិតខ្ញុំដឹងថាអ្នកមានគំនិតបះបោរ និងមានចិត្តរឹងរូស។ ពេលខ្ញុំនៅរស់ អ្នកបះបោរប្រឆាំងនឹងព្រះអម្ចាស់យ៉ាងនេះទៅហើយ ចុះទម្រាំបើខ្ញុំស្លាប់ តើអ្នកនឹងបះបោរយ៉ាងណាទៅទៀត! ២៨ ចូរប្រមូលព្រឹទ្ធាចារ្យ*ទាំងអស់នៃកុលសម្ព័ន្ធរបស់អ្នករាល់គ្នា ព្រមទាំងមេក្រុមឲ្យមកជួបខ្ញុំ ខ្ញុំនឹងឲ្យពួកគេឮព្រះបន្ទូលទាំងនេះ។ ខ្ញុំក៏យកមេឃ និងដីធ្វើជាសាក្សីទាស់នឹងពួកគេដែរ ២៩ ដ្បិតខ្ញុំដឹងថា ពេលខ្ញុំលាចាកលោកនេះទៅ អ្នករាល់គ្នានឹងក្បត់ព្រះជាម្ចាស់ ដោយងាកចេញពីមាគ៌ាដែលខ្ញុំបង្គាប់អ្នករាល់គ្នា។ ពេលអនាគត អ្នករាល់គ្នានឹងប្រព្រឹត្តអំពើអាក្រក់មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ រហូតដល់បណ្តាលឲ្យព្រះអង្គព្រះអង្គព្រះពិរោធ ហើយទុក្ខវេទនានឹងកើតមានដល់អ្នករាល់គ្នា»។
៣០ លោកម៉ូសេបានថ្លែងសេចក្ដីទាំងប៉ុន្មានដែលមាននៅក្នុងបទចម្រៀងនេះ ឲ្យអង្គប្រជុំទាំងមូលនៃជនជាតិអ៊ីស្រាអែលស្ដាប់ រហូតដល់ចប់។
៣២
បទចម្រៀងរបស់លោកម៉ូសេ
១ «ផ្ទៃមេឃអើយ
ចូរត្រងត្រាប់ស្ដាប់សេចក្ដី
ដែលខ្ញុំនឹងថ្លែង!
ផែនដីអើយ ចូរស្ដាប់ពាក្យដែលខ្ញុំនិយាយ!
២ សូមឲ្យដំបូន្មានរបស់ខ្ញុំធ្លាក់ដូចទឹកភ្លៀង
សូមឲ្យពាក្យសម្ដីរបស់ខ្ញុំស្រក់ដូចសន្សើម
ដូចភ្លៀងបង្អុរមកលើរុក្ខជាតិខៀវខ្ចី
ឬដូចដំណក់ទឹកធ្លាក់ទៅលើស្មៅ
៣ ដ្បិតខ្ញុំនឹងប្រកាសអំពីព្រះនាមព្រះអម្ចាស់!
ចូរលើកតម្កើងភាពថ្កុំថ្កើងរបស់ព្រះនៃយើង!
៤ ព្រះអង្គជាថ្មដា
ហើយស្នាព្រះហស្ដរបស់ព្រះអង្គល្អឥតខ្ចោះ។
មាគ៌ារបស់ព្រះអង្គសុទ្ធតែទៀងត្រង់។
ព្រះអង្គជាព្រះដ៏ស្មោះត្រង់
ព្រះអង្គមិនអយុត្តិធម៌ឡើយ
ដ្បិតព្រះអង្គសុចរិត និងយុត្តិធម៌។
៥ ព្រះអង្គជ្រាបថា អ្នករាល់គ្នាក្បត់ព្រះអង្គ
ដោយអ្នករាល់គ្នាមានមារយាទបែបនេះ
អ្នករាល់គ្នាមិនមែនជាបុត្រធីតា
របស់ព្រះអង្គទៀតទេ
អ្នករាល់គ្នាជាមនុស្សអប្រិយ
និងមានចិត្តវៀចវេរ។
៦ ប្រជាជនល្ងីល្ងើ ឥតប្រាជ្ញាអើយ
ហេតុអ្វីបានជាអ្នករាល់គ្នាប្រព្រឹត្តបែបនេះ
ចំពោះព្រះអង្គ
ជាព្រះបិតាដែលបានបង្កើតអ្នកមក!
ព្រះអង្គបានធ្វើឲ្យអ្នកទៅជាប្រជាជាតិមួយ
ព្រមទាំងពង្រឹងអ្នកឲ្យមាំមួនទៀតផង។
៧ ចូរនឹកចាំពីអតីតកាល
ចូររិះគិតអំពីឆ្នាំនានាដែលកន្លងហួសមកហើយ
ចូរសុំឲ្យឪពុកម្ដាយ និងជីដូនជីតារបស់អ្នក
រៀបរាប់អំពីហេតុការណ៍នៅជំនាន់មុនៗ។
៨ ពេលព្រះដ៏ខ្ពង់ខ្ពស់បំផុតប្រទានទឹកដី
ឲ្យប្រជាជាតិទាំងឡាយ ទុកជាកេរមត៌ក
ពេលព្រះអង្គបំបែកមនុស្សលោកចេញពីគ្នា
ព្រះអង្គបានកំណត់ព្រំដែន
ឲ្យជាតិសាសន៍នានា
ដោយយោងតាមចំនួនកូនចៅអ៊ីស្រាអែល។
៩ ព្រះអម្ចាស់បានជ្រើសរើសអ៊ីស្រាអែល
ទុកជាប្រជារាស្ដ្ររបស់ព្រះអង្គ
ព្រះអង្គជ្រើសរើសកូនចៅលោកយ៉ាកុប
ទុកជាចំណែកមត៌ករបស់ព្រះអង្គផ្ទាល់។
១០ ព្រះអង្គបានរកឃើញអ៊ីស្រាអែល
នៅវាលរហោស្ថាន ក្នុងទឹកដីហួតហែង
ដែលមានតែឆ្កែព្រៃរស់នៅ
ព្រះអង្គបីបាច់ថ្នាក់ថ្នម និងអប់រំអ៊ីស្រាអែល
ព្រះអង្គការពារគេ ដូចប្រស្រីព្រះនេត្ររបស់ព្រះអង្គ។
១១ ព្រះអង្គប្រព្រឹត្តចំពោះអ៊ីស្រាអែល
ដូចសត្វឥន្ទ្រីបង្រៀនកូននៅក្នុងសំបុក
ព្រមទាំងហើរការពារពីលើកូនរបស់វា
ហើយត្រដាងស្លាបក្រុងកូនរបស់វា
និងដាក់កូននៅលើចំអេងស្លាបផង។
១២ មានតែព្រះអម្ចាស់មួយអង្គគត់
ដែលដឹកនាំប្រជារាស្ដ្ររបស់ព្រះអង្គ
គឺព្រះអង្គមិនត្រូវការព្រះដទៃឡើយ។
១៣ ព្រះអង្គនាំប្រជារាស្ដ្ររបស់ព្រះអង្គ
ឡើងទៅរស់នៅតាមតំបន់ភ្នំ
ហើយឲ្យពួកគេបរិភោគ
ភោគផលដែលដុះនៅតាមចម្ការ
ព្រះអង្គឲ្យពួកគេបរិភោគទឹកឃ្មុំ និងប្រេង
នៅតាមកន្លែងដែលមានថ្ម។
១៤ គោញី និងពពែញីផ្តល់ទឹកដោះឲ្យពួកគេ
ពួកគេមានសាច់សត្វដ៏ធាត់ៗបរិភោគ
គឺកូនចៀម និងចៀមឈ្មោលនៅស្រុកបាសាន
ព្រមទាំងពពែឈ្មោល
ពួកគេបរិភោគនំបុ័ងធ្វើពីម្សៅដ៏ល្អៗ
ហើយផឹកស្រាទំពាំងបាយជូរដ៏ឆ្ងាញ់ពិសា។
១៥ យេស៊ូរូនបានធំធាត់ មានកម្លាំងរឹងប៉ឹង
(ពិតមែនហើយ អ្នកបានធំធាត់ និងមាំមួន!)
ហើយគេក៏បោះបង់ចោលព្រះជាម្ចាស់
ដែលបានបង្កើតខ្លួនមក
គេបានមាក់ងាយព្រះអង្គដែលជាថ្មដា
និងជាព្រះសង្គ្រោះរបស់ខ្លួន។
១៦ ពួកគេធ្វើឲ្យព្រះអង្គប្រច័ណ្ឌ
ព្រោះពួកគេបែរទៅគោរពព្រះដទៃ
ពួកគេធ្វើឲ្យព្រះអង្គព្រះអង្គព្រះពិរោធ
ព្រោះពួកគេប្រព្រឹត្តអំពើគួរស្អប់ខ្ពើម។
១៧ ពួកគេសែនព្រេនអារក្ខដែលមិនមែនជាព្រះ
ព្រមទាំងសែនព្រេនដល់ព្រះទាំងឡាយ
ដែលខ្លួនពុំស្គាល់
គឺជាព្រះថ្មីៗដែលបុព្វបុរសរបស់ខ្លួនពុំធ្លាប់គោរព។
១៨ អ្នកបានប្រមាថមាក់ងាយព្រះអង្គ
ដែលជាថ្មដា ហើយបានបង្កើតអ្នកមក
អ្នកបានបំភ្លេចព្រះជាម្ចាស់
ដែលផ្តល់ជីវិតឲ្យអ្នក។
១៩ ព្រះអម្ចាស់ទតឃើញដូច្នេះ
ព្រះអង្គបោះបង់ចោលពួកគេ។
បុត្រធីតារបស់ព្រះអង្គបានធ្វើឲ្យ
ព្រះអង្គខ្ញាល់។
២០ ព្រះអង្គក៏មានព្រះបន្ទូលថា៖
«យើងលែងរវីរវល់នឹងពួកគេហើយ
យើងមុខជាឃើញថា
ពួកគេនឹងក្លាយទៅជាយ៉ាងណា។
ពួកគេជាមនុស្សពាល
គ្មាននរណាអាចទុកចិត្តពួកគេឡើយ»។
២១ ពួកគេធ្វើឲ្យយើងមានចិត្តប្រច័ណ្ឌ
ដោយសារព្រះក្លែងក្លាយ
ពួកគេធ្វើឲ្យយើងខឹង
ដោយសារព្រះដែលឥតបានការ។
ដូច្នេះ យើងក៏នឹងធ្វើឲ្យពួកគេប្រច័ណ្ឌ
ដោយសារមនុស្សដែលមិនមែនជាប្រជាជន
យើងនឹងធ្វើឲ្យពួកគេខឹង
ដោយសារប្រជាជាតិដែលមិនដឹងខុសត្រូវ។
២២ ភ្លើងកំហឹងរបស់យើងកំពុងតែឆាបឆេះ
រាលដាលរហូតទៅដល់ស្ថានមនុស្សស្លាប់។
ភ្លើងនេះនឹងឆាបឆេះផែនដី
និងភោគផលទាំងប៉ុន្មាននៅលើផែនដី
ព្រមទាំងឆាបឆេះគ្រឹះរបស់ភ្នំនានាផង។
២៣ យើងនឹងធ្វើឲ្យទុក្ខវេទនា
កើតមានដល់ពួកគេផ្ទួនៗគ្នា។
យើងនឹងបាញ់ព្រួញទាំងប៉ុន្មានរបស់យើង
ទៅលើពួកគេ។
២៤ ពួកគេនឹងធ្លាក់ខ្លួនខ្សោយ ដោយសារទុរ្ភិក្ស
ឈឺរ៉ាំរ៉ៃ ដោយជំងឺគ្រុនក្ដៅ និងជំងឺឆ្លង។
យើងនឹងប្រហារពួកគេដោយចង្កូម
របស់សត្វសាហាវ និងពស់អាសិរពិស។
២៥ នៅខាងក្រៅផ្ទះ ពួកគេស្លាប់ដោយមុខដាវ
ខាងក្នុង ពួកគេស្លាប់ដោយភ័យញាប់ញ័រ។
សេចក្ដីស្លាប់កើតមានដល់ពួកគេគ្រប់គ្នា
ទាំងកំលោះ ទាំងក្រមុំ
ទាំងទារកនៅបៅ ទាំងចាស់សក់ស្កូវ។
២៦ យើងមានបំណងបំផ្លាញពួកគេទាំងស្រុង
យើងចង់លុបបំបាត់ពួកគេពីផែនដី
មិនឲ្យនរណានឹកនាដល់ពួកគេទៀត។
២៧ ប៉ុន្តែ យើងនឹងបារម្ភ
ក្រែងលោខ្មាំងសត្រូវយល់ច្រឡំ
ហើយចំអក និងប្រមាថមើលងាយយើង
ដោយពោលថា “ពួកយើងជាមនុស្សខ្លាំងពូកែ
គឺមិនមែនព្រះអម្ចាស់ទេដែលសម្រេចការនេះ”។
២៨ អ៊ីស្រាអែលជាប្រជាជាតិឥតដឹងខុសត្រូវ
ពួកគេគ្មានប្រាជ្ញាទាល់តែសោះ។
២៩ ប្រសិនបើពួកគេមានប្រាជ្ញា
នោះពួកគេមុខជាពិចារណា ហើយយល់ថា
នៅអនាគត តើពួកគេនឹងទៅជាយ៉ាងណា។
៣០ ប្រសិនបើព្រះអម្ចាស់ ដែលជាថ្មដារបស់ពួកគេ
មិនប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃ
របស់ខ្មាំងសត្រូវទេនោះ
តើខ្មាំងសត្រូវតែម្នាក់អាចដេញតាម
អ៊ីស្រាអែលដល់ទៅមួយពាន់នាក់
ហើយខ្មាំងសត្រូវតែពីរនាក់អាចធ្វើឲ្យ
អ៊ីស្រាអែលមួយម៉ឺននាក់បាក់ទ័ពកើតឬ?
៣១ ប៉ុន្តែ ខ្មាំងសត្រូវរបស់យើងដឹងស្រាប់ហើយថា
ព្រះដែលជាថ្មដារបស់ពួកគេ
ពុំអាចផ្ទឹមស្មើនឹងព្រះជាម្ចាស់
ដែលជាថ្មដារបស់យើងឡើយ។
៣២ ចំណែកឯពួកគេវិញ ពួកគេប្រៀបដូចជា
អ្នកក្រុងសូដុម និងអ្នកក្រុងកូម៉ូរ៉ា
ហើយប្រៀបដូចជាដើមទំពាំងបាយជូរ
ដែលមានផ្លែល្វីង និងមានជាតិពុល។
៣៣ ស្រាទំពាំងបាយជូររបស់ពួកគេ
ប្រៀបដូចជាពិសរបស់នាគ
និងដូចជាពិសដ៏សាហាវរបស់ពស់វែក។
៣៤ យើងរៀបចំគម្រោងការមួយដ៏លាក់កំបាំង
ដែលយើងបម្រុងទុក ប្រឆាំងនឹងពួកគេ។
៣៥ ការសងសឹកស្រេចតែលើយើង
យើងនឹងតបទៅពួកគេវិញ
នៅពេលពួកគេជំពប់ដួល!
ដ្បិតថ្ងៃវេទនាជិតមកដល់ហើយ
ថ្ងៃអន្សារបស់ពួកគេនៅជិតបង្កើយ។
៣៦ ព្រះអម្ចាស់រកយុត្តិធម៌ឲ្យប្រជារាស្ដ្រ
របស់ព្រះអង្គ
ព្រះអង្គអាណិតអាសូរអ្នកបម្រើរបស់ព្រះអង្គ
នៅពេលព្រះអង្គទតឃើញពួកគេអស់កម្លាំង
ដោយគ្មានអ្វីធ្វើជាទីពឹង និងជួយរំដោះពួកគេ។
៣៧ ព្រះអង្គនឹងសួរពួកគេថា
“តើព្រះរបស់អ្នករាល់គ្នា
គឺព្រះដែលអ្នករាល់គ្នាទុកជាថ្មដា
ដើម្បីពឹងផ្អែកនោះ នៅឯណា?
៣៨ អ្នករាល់គ្នាធ្វើយញ្ញបូជា និងពិធីច្រួចស្រា
សែនព្រះទាំងនោះ
បើព្រះទាំងនោះចេះសេពសោយមែន
ឲ្យពួកគេក្រោកឡើង
ជួយសង្គ្រោះ និងការពារអ្នករាល់គ្នាទៅ!
៣៩ ឥឡូវនេះ ចូរទទួលស្គាល់ថា
មានតែយើងប៉ុណ្ណោះដែលជាព្រះជាម្ចាស់
ក្រៅពីយើង គ្មានព្រះណាផ្សេងទៀតឡើយ។
យើងផ្តល់ជីវិត និងដកជីវិត
យើងធ្វើឲ្យរបួស និងធ្វើឲ្យជាវិញ
គ្មាននរណាអាចរំដោះពីដៃយើងទេ។
៤០ យើងលើកដៃឆ្ពោះទៅលើមេឃ
ហើយសច្ចាក្នុងនាមយើង
ដែលជាព្រះគង់នៅអស់កល្បជានិច្ចថា:
៤១ យើងសំលៀងដាវ និងខាត់វាយ៉ាងរលោង
ដើម្បីរកយុត្តិធម៌ ដោយដៃយើងផ្ទាល់
គឺយើងតទល់នឹងបច្ចាមិត្តរបស់យើង
ហើយសងសឹកនឹងអស់អ្នកដែលស្អប់យើង។
៤២ យើងនឹងធ្វើឲ្យព្រួញរបស់យើង
ជោកដោយឈាម
ដាវរបស់យើងចាក់ទម្លុះសាច់របស់ខ្មាំងសត្រូវ
គ្មានទាហានណាម្នាក់របស់ពួកគេ
គេចផុតពីមុខដាវនេះបានឡើយ
គឺទាំងអ្នករបួស ទាំងអ្នកជាប់ជាឈ្លើយ
នឹងត្រូវវិនាសដូចគ្នា”។
៤៣ ចូរឲ្យប្រជាជាតិទាំងឡាយអបអរសាទរ
ប្រជារាស្ដ្ររបស់ព្រះអម្ចាស់!
ដ្បិតព្រះអង្គសងសឹកជួសអ្នកបម្រើរបស់ព្រះអង្គ
ព្រះអង្គដាក់ទោសបច្ចាមិត្ត។
ព្រះអង្គធ្វើឲ្យទឹកដី និងប្រជារាស្ដ្រ
របស់ព្រះអង្គរួចផុតពីសៅហ្មង»។
៤៤ លោកម៉ូសេ និងលោកយ៉ូស៊ូអា ជាកូនរបស់លោកនូន នាំយកព្រះបន្ទូលទាំងប៉ុន្មានដែលមាននៅក្នុងបទចម្រៀងនេះ មកប្រកាសឲ្យប្រជាជនបានឮ។
៤៥ ពេលលោកម៉ូសេប្រកាសព្រះបន្ទូលទាំងនេះដល់ជនជាតិអ៊ីស្រាអែលទាំងអស់ ចប់សព្វគ្រប់ហើយ ៤៦ លោកមានប្រសាសន៍ទៅគេទៀតថា៖ «ចូរយកចិត្តទុកដាក់នឹងព្រះបន្ទូលទាំងប៉ុន្មាន ដែលខ្ញុំប្រគល់ឲ្យអ្នករាល់គ្នានៅថ្ងៃនេះ ហើយប្រៀនប្រដៅកូនចៅរបស់អ្នករាល់គ្នាឲ្យកាន់ និងប្រតិបត្តិតាមព្រះបន្ទូលទាំងអស់ដែលមានចែងក្នុងគម្ពីរវិន័យនេះ។ ៤៧ ព្រះបន្ទូលទាំងនេះមិនមែនឥតខ្លឹមសារទេ ផ្ទុយទៅវិញ ជាព្រះបន្ទូលដែលផ្តល់ឲ្យអ្នករាល់គ្នាមានជីវិត និងមានអាយុយឺនយូរនៅក្នុងទឹកដី ដែលអ្នករាល់គ្នានឹងឆ្លងទន្លេយ័រដាន់ចូលទៅកាន់កាប់»។
ព្រះអម្ចាស់ប្រកាសអំពីមរណភាពរបស់លោកម៉ូសេ
៤៨ នៅថ្ងៃដដែលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេដូចតទៅ៖ ៤៩ «ចូរឡើងទៅកំពូលភ្នំនេបូ ដែលស្ថិតនៅលើជួរភ្នំអាបារីម ក្នុងស្រុកម៉ូអាប់ ទល់មុខនឹងទន្លេយ័រដាន់ ហើយសម្លឹងមើលស្រុកកាណាន ដែលយើងប្រគល់ឲ្យជនជាតិអ៊ីស្រាអែលទុកជាកម្មសិទ្ធិ។ ៥០ អ្នកនឹងស្លាប់នៅលើភ្នំដែលអ្នកឡើងទៅនោះ គឺអ្នកនឹងទៅជួបជុំដូនតារបស់អ្នក ដូចអរ៉ុនដែលបានស្លាប់នៅលើភ្នំហ៊រ ទៅជួបជុំដូនតារបស់គាត់ដែរ។ ៥១ កាលនៅក្បែរប្រភពទឹកមេរីបា នៅកាដែស ក្នុងវាលរហោស្ថានស៊ីន អ្នកទាំងពីរបានប្រព្រឹត្តខុសយ៉ាងធ្ងន់ចំពោះយើង នៅមុខជនជាតិអ៊ីស្រាអែល គឺអ្នកទាំងពីរពុំបានលើកតម្កើងយើងជាព្រះដ៏វិសុទ្ធ* នៅក្នុងចំណោមជនជាតិអ៊ីស្រាអែលទេ។ ៥២ ដូច្នេះ អ្នកនឹងមើលឃើញស្រុកដែលស្ថិតនៅចំពោះមុខអ្នក តែអ្នកនឹងមិនចូលទៅក្នុងស្រុក ដែលយើងប្រគល់ឲ្យជនជាតិអ៊ីស្រាអែលឡើយ»។
៣៣
លោកម៉ូសេឲ្យពរជនជាតិអ៊ីស្រាអែល
១ មុនពេលទទួលមរណភាព លោកម៉ូសេ ជាអ្នកជំនិតរបស់ព្រះជាម្ចាស់ ឲ្យពរជនជាតិអ៊ីស្រាអែលដូចតទៅ៖
២ «ព្រះអម្ចាស់យាងមកពីភ្នំស៊ីណៃ
ព្រះអង្គក្រោកឡើងពីភ្នំសៀរ ដូចថ្ងៃរះ
ព្រះអង្គបំភ្លឺប្រជារាស្ដ្ររបស់ព្រះអង្គពីភ្នំប៉ារ៉ន
ព្រះអង្គយាងមកជាមួយទេវទូត*យ៉ាងច្រើន
អនេកអនន្ត
ព្រះអង្គកាន់វិន័យដែលមានពន្លឺដូចភ្លើង
មកប្រគល់ឲ្យប្រជារាស្ដ្ររបស់ព្រះអង្គ។
៣ ព្រះអង្គស្រឡាញ់ប្រជារាស្ដ្ររបស់ព្រះអង្គ
ព្រះអង្គរក្សាប្រជាជនដ៏វិសុទ្ធរបស់ព្រះអង្គ
ពួកគេក្រាបនៅទៀបព្រះបាទា
ដើម្បីទទួលព្រះបន្ទូលរបស់ព្រះអង្គ។
៤ វិន័យដែលលោកម៉ូសេប្រគល់ឲ្យពួកយើង
ជាទ្រព្យដ៏មានតម្លៃរបស់កូនចៅលោកយ៉ាកុប។
៥ នៅពេលមេដឹកនាំរបស់ជនជាតិយេស៊ូរូន
និងកុលសម្ព័ន្ធទាំងឡាយនៃជនជាតិអ៊ីស្រាអែល
ជួបជុំគ្នា ពួកគេទទួលស្គាល់ព្រះអម្ចាស់
ជាព្រះមហាក្សត្ររបស់ពួកគេ។
៦ សូមឲ្យរូបេនមានជីវិត ឥតស្លាប់ឡើយ
ហើយឲ្យគេកើនចំនួនច្រើនឡើង!។
៧ ចំណែកឯកុលសម្ព័ន្ធយូដាវិញ លោកថ្លែងថា:
ព្រះអម្ចាស់អើយ
សូមព្រះអង្គព្រះសណ្ដាប់ពាក្យរបស់យូដា
សូមនាំគេឲ្យជានានឹងបងប្អូនរបស់ខ្លួនវិញ
សូមឲ្យគេជួយការពារបងប្អូនរបស់ខ្លួន
ហើយសូមព្រះអង្គជួយយូដា
ក្នុងពេលតទល់នឹងខ្មាំងសត្រូវ។
៨ ចំពោះកុលសម្ព័ន្ធលេវី លោកថ្លែងថា:
ព្រះអង្គបានប្រគល់ទូមីម និងអ៊ូរីម*
ទៅឲ្យកូនចៅលេវី
ជាអ្នកដែលស្មោះត្រង់នឹងព្រះអង្គ
បន្ទាប់ពីព្រះអង្គបានល្បងលពួកគេនៅម៉ាសា
ព្រមទាំងវិនិច្ឆ័យទោសពួកគេនៅមេរីបា។
៩ ពួកលេវីស្រឡាញ់ព្រះអង្គជាងឪពុកម្ដាយ
បងប្អូន និងកូនចៅរបស់ខ្លួនទៅទៀត
ដ្បិតពួកគេកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ
ហើយរក្សាសម្ពន្ធមេត្រីរបស់ព្រះអង្គ។
១០ ពួកគេបង្រៀនវិន័យរបស់ព្រះអង្គ
ដល់កូនចៅលោកយ៉ាកុប
ពួកគេបង្រៀនវិន័យរបស់ព្រះអង្គ
ដល់កូនចៅអ៊ីស្រាអែល
ពួកគេដុតគ្រឿងក្រអូបថ្វាយព្រះអង្គ
ហើយថ្វាយតង្វាយទាំងមូលនៅលើអាសនៈ
របស់ព្រះអង្គ។
១១ ឱព្រះអម្ចាស់អើយ
សូមប្រទានឲ្យពួកគេមានកម្លាំង
សូមប្រទានពរដល់អ្វីៗដែលពួកគេធ្វើ។
សូមបំបាក់ចង្កេះអស់អ្នកប្រឆាំងនឹងពួកគេ
សូមឲ្យអស់អ្នកដែលស្អប់ពួកគេ
ត្រូវបរាជ័យ ងើបលែងរួច!។
១២ ចំពោះកូនចៅបេនយ៉ាមីន លោកថ្លែងថា:
ព្រះអម្ចាស់ស្រឡាញ់បេនយ៉ាមីនណាស់
គេនៅជាមួយព្រះអង្គយ៉ាងកក់ក្ដៅ
ព្រះអម្ចាស់ការពារគេជានិច្ច
ហើយព្រះអង្គគង់នៅជាមួយគេ។
១៣ ចំពោះកូនចៅរបស់លោកយ៉ូសែប
លោកម៉ូសេថ្លែងថា:
ព្រះអម្ចាស់នឹងប្រទានពរដល់ស្រុករបស់គេ
ភ្លៀង និងសន្សើមធ្លាក់ចុះពីលើមេឃ
ហើយទឹកក៏ផុសចេញពីក្នុងដីមក
ស្រោចស្រពទឹកដីរបស់គេយ៉ាងបរិបូណ៌។
១៤ កម្ដៅថ្ងៃធ្វើឲ្យដំណាំដុះឡើង
បង្កើតភោគផលយ៉ាងច្រើន រៀងរាល់ខែ។
១៥ ស្រុករបស់គេមានភ្នំជុំជិត
ធ្វើឲ្យដីមានជីជាតិល្អគ្រប់ពេលវេលា។
១៦ ទឹកដីរបស់គេសម្បូណ៌ទៅដោយ
ភោគទ្រព្យធម្មជាតិ។
សូមព្រះអង្គដែលគង់នៅក្នុងគុម្ពោត
សន្ដោសដល់កូនចៅយ៉ូសែប
ដែលជាមេដឹកនាំបងប្អូនរបស់ខ្លួន។
១៧ កុលសម្ព័ន្ធយ៉ូសែបប្រៀបដូចជាគោបា
ដែលមានកម្លាំង និងភាពថ្កុំថ្កើង
អំណាចរបស់គេខ្លាំងក្លាដូចស្នែងក្របី
ដែលប្រហារជាតិសាសន៍ទាំងឡាយ
ហើយរុញច្រានជាតិសាសន៍ទាំងនោះ
រហូតដល់ទីដាច់ស្រយាលនៃផែនដី។
ស្នែងម្ខាង គឺអេប្រាអ៊ីម
ដែលមានគ្នាច្រើនអនេកអនន្ត
ស្នែងម្ខាងទៀត គឺម៉ាណាសេ
ដែលមានគ្នាច្រើនឥតគណនា។
១៨ ចំពោះកូនចៅសាប៊ូឡូន លោកថ្លែងថា:
សាប៊ូឡូនអើយ ចូរសប្បាយរីករាយ
នៅពេលអ្នកចេញទៅច្បាំង!
រីឯអ៊ីសាកាវិញ
ចូរសប្បាយរីករាយនៅក្នុងជំរំរបស់អ្នក!
១៩ ពួកគេប្រមូលជាតិសាសន៍នានានៅលើភ្នំ
នៅទីនោះ ពួកគេនឹងថ្វាយយញ្ញបូជាដ៏សុចរិត
ដ្បិតពួកគេទទួលភោគផលដ៏បរិបូណ៌ពីសមុទ្រ
ព្រមទាំងកំណប់ដែលស្ថិតនៅក្នុងខ្សាច់។
២០ ចំពោះកូនចៅកាដ លោកថ្លែងថា:
សូមលើកតម្កើងព្រះអម្ចាស់ ដែលប្រទាន
ឲ្យកាដមានទឹកដីទូលំទូលាយ!
កាដសំងំដូចសិង្ហញីសំងំចាំចាប់រំពា
ដោយហែកពីចុងជើងរហូតដល់ក្បាល។
២១ កាដចាប់យកដីមួយចំណែកដ៏ល្អនៅក្នុងស្រុក
ជាចំណែកសម្រាប់មេដឹកនាំ
កាដដើរនៅមុខប្រជាជន
គេបានសម្រេចតាមគម្រោងការរបស់ព្រះអម្ចាស់
ហើយប្រព្រឹត្តចំពោះអ៊ីស្រាអែល
តាមបញ្ជារបស់ព្រះអង្គ។
២២ ចំពោះកូនចៅដាន់ លោកថ្លែងថា:
ដាន់ប្រៀបបាននឹងសិង្ហស្ទាវ
ដែលលោតសង្គ្រប់ទៅលើស្រុកបាសាន។
២៣ ចំពោះកូនចៅណែបថាលី លោកថ្លែងថា:
ណែបថាលីទទួលការសន្ដោស
និងព្រះពរដ៏លើសលប់ពីព្រះអម្ចាស់
ដូច្នេះ ឲ្យគេវាតទឹកដីទៅទិសខាងលិច
និងទិសខាងត្បូងចុះ!។
២៤ ចំពោះកូនចៅអស៊ែរ លោកថ្លែងថា:
សូមឲ្យអស៊ែរបានទទួលពរនៅក្នុងចំណោម
កូនចៅលោកយ៉ាកុប!
សូមឲ្យបងប្អូនអាណិតស្រឡាញ់គេ
ហើយសូមឲ្យគេមានប្រេង
ដ៏សម្បូណ៌ហូរហៀរ។
២៥ រនុកទ្វារធ្វើអំពីដែក និងលង្ហិន
ផ្តល់សន្តិសុខឲ្យអស៊ែរ
សូមឲ្យកម្លាំងរបស់គេនៅស្ថិតស្ថេរ
ដូចអាយុជីវិតរបស់គេដែរ!។
២៦ យេស៊ូរូនអើយ គ្មានព្រះណាអាចផ្ទឹមស្មើ
នឹងព្រះរបស់អ្នកឡើយ
ព្រះអង្គយាងកាត់ផ្ទៃមេឃ មកសង្គ្រោះអ្នក
ដោយគង់យ៉ាងរុងរឿងនៅលើពពក*។
២៧ ព្រះអង្គជាជម្រករបស់អ្នក តាំងពីដើមរៀងមក
ព្រះហស្ដរបស់ព្រះអង្គទ្រអ្នកជានិច្ច
ព្រះអង្គដេញខ្មាំងសត្រូវចេញពីមុខអ្នក
ហើយបញ្ជាឲ្យអ្នកប្រល័យពួកគេ។
២៨ អ៊ីស្រាអែលរស់នៅយ៉ាងសុខសាន្ត
កូនចៅរបស់លោកយ៉ាកុបស្ថិតនៅដាច់ពីគេ
នៅក្នុងស្រុកដែលសម្បូណ៌ទៅដោយ
ស្រូវ និងស្រាទំពាំងបាយជូរថ្មី
ស្រូវ និងស្រាទំពាំងបាយជូរថ្មី ព្រមទាំងមានសន្សើម
ធ្លាក់ពីលើមេឃយ៉ាងបរិបូណ៌។
២៩ អ៊ីស្រាអែលអើយ អ្នកមានសុភមង្គលហើយ
គ្មានជាតិសាសន៍ណាដែលព្រះអម្ចាស់សង្គ្រោះ
ដូចព្រះអង្គសង្គ្រោះអ្នកឡើយ
ព្រះអង្គជាខែលការពារអ្នក និងជាដាវ
ដែលផ្តល់ឲ្យអ្នកមានជ័យជម្នះ។
ខ្មាំងសត្រូវបរាជ័យនៅចំពោះមុខអ្នក
ហើយអ្នកនឹងជាន់កម្ទេចទីសក្ការៈរបស់ពួកគេ
ដែលនៅតាមទួលខ្ពស់ៗ»។
៣៤
លោកម៉ូសេទទួលមរណភាព
១ លោកម៉ូសេឡើងពីវាលទំនាបស្រុកម៉ូអាប់ឆ្ពោះទៅភ្នំនេបូ ត្រង់កំពូលភ្នំពីស្កា ដែលស្ថិតនៅទល់មុខក្រុងយេរីខូ។ ព្រះអម្ចាស់បានបង្ហាញឲ្យលោកឃើញស្រុកទាំងមូល គឺទឹកដីស្រុកកាឡាតរហូតដល់ក្រុងដាន់ ២ ទឹកដីណែបថាលីទាំងមូល ទឹកដីអេប្រាអ៊ីម និងម៉ាណាសេ ទឹកដីស្រុកយូដាទាំងមូល រហូតដល់សមុទ្រមេឌីទែរ៉ាណេ ៣ តំបន់ណេកិប ព្រមទាំងតំបន់ជុំវិញទន្លេយ័រដាន់ ក្រុងយេរីខូដែលជាក្រុងដើមលម៉ើ រហូតដល់ក្រុងសូអារ។ ៤ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកថា៖ «នេះជាស្រុកដែលយើងបានសន្យាយ៉ាងម៉ឺងម៉ាត់ចំពោះអប្រាហាំ អ៊ីសាក និងយ៉ាកុបថា “យើងនឹងប្រគល់ស្រុកនេះឲ្យពូជពង្សរបស់អ្នក”។ យើងបង្ហាញឲ្យអ្នកឃើញស្រុកនេះផ្ទាល់នឹងភ្នែក តែអ្នកនឹងមិនចូលទៅឡើយ»។
៥ លោកម៉ូសេ ជាអ្នកបម្រើព្រះអម្ចាស់ បានទទួលមរណភាពនៅទីនោះ គឺនៅក្នុងស្រុកម៉ូអាប់ ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់។ ៦ ព្រះអម្ចាស់បញ្ចុះសពលោកនៅជ្រលងភ្នំ ក្នុងស្រុកម៉ូអាប់ ទល់មុខនឹងបេតពេអ៊រ។ រហូតមកទល់សព្វថ្ងៃនេះ ពុំមាននរណាម្នាក់ស្គាល់ផ្នូររបស់លោកឡើយ។ ៧ ពេលលោកម៉ូសេទទួលមរណភាពនោះ លោកមានអាយុមួយរយម្ភៃឆ្នាំ តែភ្នែកលោកមិនអន់ទេ រីឯកម្លាំងរបស់លោក ក៏មិនចុះអន់ថយដែរ។ ៨ ជនជាតិអ៊ីស្រាអែលនាំគ្នាកាន់ទុក្ខលោកម៉ូសេ អស់រយៈពេលសាមសិបថ្ងៃ នៅវាលទំនាបស្រុកម៉ូអាប់ ពួកគេយំកាន់ទុក្ខលោករហូតទាល់តែផុតកំណត់ពេលសាមសិបថ្ងៃនោះ។
៩ លោកយ៉ូស៊ូអា ជាកូនរបស់លោកនូន ពោរពេញដោយប្រាជ្ញាញាណ ដ្បិតលោកម៉ូសេបានដាក់ដៃលើលោក។ ជនជាតិអ៊ីស្រាអែលនាំគ្នាស្ដាប់បង្គាប់លោកយ៉ូស៊ូអា ដោយធ្វើតាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។
១០ នៅស្រុកអ៊ីស្រាអែលពុំដែលមានព្យាការីណាម្នាក់ដូចលោកម៉ូសេទេ គឺព្រះអម្ចាស់មានព្រះបន្ទូលជាមួយលោក មុខទល់នឹងមុខ។ ១១ គ្មាននរណាម្នាក់សម្ដែងទីសម្គាល់ និងឫទ្ធិបាដិហារិយ៍ ដូចព្រះអម្ចាស់ចាត់លោកឲ្យទៅសម្ដែងនៅស្រុកអេស៊ីប ប្រឆាំងនឹងព្រះចៅផារ៉ោន ព្រមទាំងរាជបម្រើ និងប្រជាជនទាំងមូលនៅស្រុកនោះឡើយ ១២ ហើយក៏គ្មាននរណាម្នាក់អាចសម្ដែងឫទ្ធិបារមីគួរឲ្យស្ញែងខ្លាច នៅចំពោះមុខជនជាតិអ៊ីស្រាអែលទាំងមូល ដូចលោកម៉ូសេដែរ។
891 Views