សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
- កំណើតពិភពលោក (កណ)
Genesis (Gn) - សេរីភាព (សរ)
Exodus (Ex) - លេវីវិន័យ (លវ)
Leviticus (Lv)
- ជំរឿនប្រជាជន (ជរ)
Numbers (Nm)
- ទុតិយកថា (ទក)
Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
- យ៉ូស៊ូអា (យអ)
Joshua (Jos)
- វិរបុរស (វរ)
Judges (Jdg)
- នាងរូថ (នរ)
Ruth (Ru)
- ១សាម៉ូអែល (១សម)
1 Samuel (1Sm)
- ២សាម៉ូអែល (២សម)
2 Samuel (2Sm)
- ១ពង្សាវតារក្សត្រ (១ពង្ស)
1 Kings (1Kg)
- ២ពង្សាវតារក្សត្រ (២ពង្ស)
2 Kings (2Kg)
- ១របាក្សត្រ (១របា)
1 Chronicles (1Ch)
- ២របាក្សត្រ (២របា)
2 Chronicles (2Ch)
- អែសរ៉ា (អរ)
Ezra (Ezr)
- នេហេមី (នហ)
Nehemiah (Ne)
- យ៉ូឌីត (យឌ)
Judith (Jth)
- តូប៊ីត (តប)
Tobit (Tb)
- អែសធែរ (អធ)
Esther (Est)
- ១ម៉ាកាបាយ (១មបា)
1 Maccabees (1 Ma)
- ២ម៉ាកាបាយ (២មបា)
2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
- ទំនុកតម្កើង (ទន)
Psalms (Ps)
- យ៉ូប (យប)
Job (Jb)
- សុភាសិត (សភ)
Proverbs (Pr)
- បទចម្រៀង (បច)
Song of Songs (Song)
- សាស្តា (សស)
Ecclesiastes (Eccl)
- ព្រះប្រាជ្ញាញាណ (ប្រាញ)
Wisdom (Wis)
- បេនស៊ីរ៉ាក់ (បសរ)
Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
- អេសាយ (អស)
Isaiah (Is)
- យេរេមី (យរ)
Jeremiah (Je)
- អេសេគីអែល (អគ)
Ezekiel (Ez)
- ហូសេ (ហស)
Hosea (Ho)
- យ៉ូអែល (យអ)
Joel (Joe)
- អម៉ូស (អម)
Amos (Am)
- អូបាឌី (អឌ)
Obadiah (Ob)
- យ៉ូណាស (យណ)
Jonah (Jon)
- មីកា (មីក)
Micah (Mi)
- ណាហ៊ូម (ណហ)
Nahum (Na)
- ហាបាគូក (ហគ)
Habakkuk (Hb)
- សេផានី (សផ)
Zephaniah (Zep)
- ហាកាយ (ហក)
Haggai (Hg)
- សាការី (សក)
Zechariah (Zec)
- ម៉ាឡាគី (មគ)
Malachi (Mal)
- សំណោក (សណ)
Lamentations (Lam)
- ដានីអែល (ដន)
Daniel (Dn)
- បារូក (បារ)
Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
៣. លិខិតសន្តប៉ូល | Paul Letter 13
- រ៉ូម (រម)
Romans (Rm) - ១កូរិនថូស (១ករ)
1 Corinthians (1Co)
- ២កូរិនថូស (២ករ)
2 Corinthians (2Co)
- កាឡាទី (កាឡ)
Galatians (Ga)
- អេភេសូ (អភ)
Ephesians (Ep)
- ភីលីព (ភីល)
Philippians (Phil)
- កូឡូស (កូឡ)
Colossians (Col)
- ១ថេស្សាឡូនិក (១ថស)
1 Thessalonians (1Th)
- ២ថេស្សាឡូនិក (២ថស)
Thessalonians (2Th)
- ១ធីម៉ូថេ (១ធម)
1 Timothy (1T)
- ២ធីម៉ូថេ (២ធម)
2 Timothy (2T)
- ទីតុស (ទត)
Titus (Ti)
- ភីលេម៉ូន (ភល)
Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
- ហេប្រឺ (ហប)
Hebrews (He)
- យ៉ាកុប (យក)
James (Ja)
- ១សិលា (១សល)
1 Peter (1P)
- ២សិលា (២សល)
2 Peter (2P)
- យូដាស (យដ)
Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
កណ្ឌគម្ពីរ
ជំរឿនប្រជាជន
ពាក្យលំនាំ
ជំរឿនប្រជាជន
ពាក្យលំនាំ
កណ្ឌគម្ពីរនេះមានឈ្មោះថា «ជំរឿនប្រជាជន» ដូច្នេះ មកពីនៅផ្នែកដំបូងមានកត់ត្រាអំពីការរាប់ចំនួន ឬជំរឿនប្រជាជន ក្នុងកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែល។ ក្នុងកណ្ឌគម្ពីរនេះទាំងមូលពុំមានរៀបរាប់អំពីជំរឿនប្រជាជនរហូតទេ គឺរៀបរាប់អំពីដំណើររបស់ជនជាតិអ៊ីស្រាអែល ក្នុងវាលរហោស្ថាន។
ក្រោយពីបានទទួលវិន័យពីព្រះជាម្ចាស់ តាមរយៈលោកម៉ូសេនៅភ្នំស៊ីណៃរួចហើយ
• ជនជាតិអ៊ីស្រាអែលរៀបចំខ្លួនចូលទៅចាប់យកទឹកដី ដែលព្រះជាម្ចាស់សន្យាប្រទានឲ្យពួកគេ ទុកជាកេរមត៌ក (១.១‑១០.១០)។
• ជនជាតិអ៊ីស្រាអែលធ្វើដំណើរទៅកាដែស-បារណេអា ដែលជាច្រកចូលទៅកាន់ទឹកដីសន្យា តែពួកគេពុំហ៊ានចូលទៅទេ។ ដូច្នេះ ពួកគេបកក្រោយវិញ ហើយរស់នៅក្នុងវាលរហោស្ថានអស់រយៈពេលសែសិបឆ្នាំ។ ក្រោយពីបានត្រាច់ចរយ៉ាងយូរនៅវាលរហោស្ថាននោះ ពួកគេទៅដល់ស្រុកម៉ូអាប់ ដែលនៅខាងកើតសមុទ្រមរណៈ (១០.១១‑២១.៣៥)។
• បន្ទាប់មក មានរៀបរាប់អំពីព្រឹត្តិការណ៍ផ្សេងៗ ដែលកើតមានដល់ជនជាតិអ៊ីស្រាអែលនៅក្នុងស្រុកម៉ូអាប់ មុនពេលពួកគេចូលទៅកាន់កាប់ទឹកដីស្រុកកាណាន (២២.១‑៣៦.១៣)។
កណ្ឌគម្ពីរនេះរៀបរាប់អំពីព្រឹត្តិការណ៍ដែលកើតមានបន្តពីគម្ពីរ «ដំណើរឆ្ពោះទៅកាន់សេរីភាព»និង«លេវីវិន័យ» ព្រមទាំងបង្ហាញឲ្យឃើញថា ប្រជារាស្ដ្ររបស់ព្រះជាម្ចាស់គ្រាន់តែជាមនុស្សលោកសាមញ្ញធម្មតាប៉ុណ្ណោះ។ ពួកគេចេះទុកចិត្តលើព្រះជាម្ចាស់ តែពួកគេក៏ចេះសង្ស័យដែរ ពេលខ្លះពួកគេមានកម្លាំងមាំមួន ពេលខ្លះទៀតទន់ខ្សោយ ពេលខ្លះរុងរឿង ពេលខ្លះអាប់ឱន។ តាមរយៈកណ្ឌគម្ពីរនេះ យើងឃើញថាព្រះជាម្ចាស់តែងតែមានព្រះហឫទ័យស្មោះស្ម័គ្រចំពោះប្រជារាស្ដ្ររបស់ព្រះអង្គជានិច្ច ហើយតាមរយៈការតឹងរ៉ឹង ព្រះអង្គសម្ដែងឲ្យពួកគេឃើញថា ព្រះអង្គជាព្រះដ៏សុចរិត និងយុត្តិធម៌។
ចំណែកឯលោកម៉ូសេវិញ លោកមានបេសកកម្មមួយដ៏លំបាក គឺធ្វើជាអ្នកនាំពាក្យរបស់ព្រះដ៏វិសុទ្ធយកទៅប្រាប់ប្រជាជនដែលចេះតែបះបោរ ហើយលោកក៏តស៊ូព្យាយាមការពារប្រជាជនដែលមានចិត្តមិនស្មោះត្រង់នេះ ដោយទូលអង្វរព្រះដ៏សុចរិត សូមព្រះអង្គមេត្តាប្រណីសន្ដោសដល់ពួកគេ។
១
ជនជាតិអ៊ីស្រាអែលនៅក្នុងវាលរហោស្ថានស៊ីណៃ
ការជំរឿនប្រជាជនអ៊ីស្រាអែលនៅវាលរហោស្ថានស៊ីណៃ
១ នៅថ្ងៃទីមួយ ខែពិសាខនៃឆ្នាំទីពីរ ក្រោយពេលប្រជាជនអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ នៅវាលរហោស្ថានស៊ីណៃ ក្នុងពន្លាជួបព្រះអង្គដូចតទៅ: ២ «ចូរជំរឿនប្រជាជនក្នុងសហគមន៍អ៊ីស្រាអែលទាំងមូលដោយរាប់ឈ្មោះប្រុសៗទាំងអស់ តាមអំបូរ តាមគ្រួសាររបស់គេ។ ៣ អរ៉ុន និងអ្នកផ្ទាល់ ត្រូវជំរឿនប្រជាជនអ៊ីស្រាអែលទាំងអស់ តាមកងពលរបស់ពួកគេ គឺអ្នកដែលអាចបម្រើកងទ័ពបាន និងមានអាយុចាប់ពីម្ភៃឆ្នាំឡើងទៅ។ ៤ ក្នុងកុលសម្ព័ន្ធនីមួយៗត្រូវយកបុរសម្នាក់ដែលជាមេលើក្រុមគ្រួសារ មកជួយអ្នកទាំងពីរក្នុងការជំរឿនប្រជាជន។ ៥ អស់អ្នកដែលត្រូវមកធ្វើការជាមួយអ្នកទាំងពីរ មានរាយនាមដូចតទៅ: អេលីសួរ ជាកូនរបស់សេដេអួរ ពីកុលសម្ព័ន្ធរូបេន។ ៦ សេលូមីអែលជាកូនរបស់ស៊ូរីសាដាយ ពីកុលសម្ព័ន្ធស៊ីម៉ូន។ ៧ ណាសូនជាកូនរបស់អាំមីណាដាប់ ពីកុលសម្ព័ន្ធយូដា។ ៨ នេតាណាអែលជាកូនរបស់ស៊ូអារ ពីកុលសម្ព័ន្ធអ៊ីសាកា។ ៩ អេលីយ៉ាបជាកូនរបស់ហេឡូន ពីកុលសម្ព័ន្ធសាប៊ូឡូន។ ១០ ក្នុងពូជពង្សរបស់យ៉ូសែប គឺអេលីសាម៉ាជាកូនរបស់អាំមីហ៊ូដ ពីកុលសម្ព័ន្ធអេប្រាអ៊ីម និងកាំលីអែលជាកូនរបស់ពេដាសួរ ពីកុលសម្ព័ន្ធម៉ាណាសេ។ ១១ អប៊ីដានជាកូនរបស់គីដេអូនី ពីកុលសម្ព័ន្ធបេនយ៉ាមីន។ ១២ អហ៊ីយេស៊ែរជាកូនរបស់អាំមីសាដាយ ពីកុលសម្ព័ន្ធដាន់។ ១៣ ប៉ាគីអែលជាកូនរបស់អូក្រាន ពីកុលសម្ព័ន្ធអស៊ែរ។ ១៤ អេលីយ៉ាសាបជាកូនរបស់ដេអ៊ូអែល ពីកុលសម្ព័ន្ធកាដ។ ១៥ អហ៊ីរ៉ាជាកូនរបស់អេណន ពីកុលសម្ព័ន្ធណែបថាលី»។
១៦ អស់លោកទាំងនេះសុទ្ធតែជាតំណាងរបស់សហគមន៍ ជាមេដឹកនាំកុលសម្ព័ន្ធរបស់គេរៀងៗខ្លួន និងជាមេទ័ពអ៊ីស្រាអែល។ ១៧ លោកម៉ូសេ និងលោកអរ៉ុន បាននាំអស់អ្នកដែលមានរាយនាមខាងលើនេះមក ១៨ ហើយនៅថ្ងៃទីមួយនៃខែពិសាខនោះ គេបានប្រមូលផ្តុំសហគមន៍ទាំងមូល។ ជនជាតិអ៊ីស្រាអែលដែលមានអាយុពីម្ភៃឆ្នាំឡើងទៅ នាំគ្នាចុះឈ្មោះក្នុងបញ្ជី តាមខ្សែស្រឡាយ តាមអំបូរ និងតាមគ្រួសាររបស់ខ្លួន។ ១៩ លោកម៉ូសេជំរឿនប្រជាជន នៅវាលរហោស្ថានស៊ីណៃ ដូចព្រះអម្ចាស់បានបង្គាប់មកលោក។
២០ កូនចៅលោករូបេន ជាកូនច្បងរបស់លោកអ៊ីស្រាអែល រាប់តាមខ្សែស្រឡាយ តាមអំបូរ តាមគ្រួសារ ប្រុសៗទាំងអស់ដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងអាចបម្រើកងទ័ពបាន ២១ ក្នុងកុលសម្ព័ន្ធរូបេនជំរឿនបានទាំងអស់ ៤៦៥០០ នាក់។
២២ កូនចៅលោកស៊ីម៉ូន រាប់តាមខ្សែស្រឡាយ តាមអំបូរ តាមគ្រួសារ ចំនួនប្រុសៗទាំងអស់ដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងអាចបម្រើកងទ័ពបាន ២៣ ក្នុងកុលសម្ព័ន្ធស៊ីម៉ូនជំរឿនបានទាំងអស់ ៥៩៣០០ នាក់។
២៤ កូនចៅលោកកាដ រាប់តាមគ្រួសារ តាមខ្សែស្រឡាយ តាមអំបូរ អស់អ្នកដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងអាចបម្រើកងទ័ពបាន ២៥ ក្នុងកុលសម្ព័ន្ធកាដជំរឿនបានទាំងអស់ ៤៥៦៥០ នាក់។
២៦ កូនចៅលោកយូដា រាប់តាមគ្រួសារ តាមខ្សែស្រឡាយ តាមអំបូរ អស់អ្នកដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងអាចបម្រើកងទ័ពបាន ២៧ ក្នុងកុលសម្ព័ន្ធយូដាជំរឿនបានទាំងអស់ ៧៤៦០០ នាក់។
២៨ កូនចៅលោកអ៊ីសាកា រាប់តាមគ្រួសារ តាមខ្សែស្រឡាយ តាមអំបូរ អស់អ្នកដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងអាចបម្រើកងទ័ពបាន ២៩ ក្នុងកុលសម្ព័ន្ធអ៊ីសាកា ជំរឿនបានទាំងអស់ ៥៤៤០០នាក់។
៣០ កូនចៅលោកសាប៊ូឡូន រាប់តាមគ្រួសារ តាមខ្សែស្រឡាយ តាមអំបូរ អស់អ្នកដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងអាចបម្រើកងទ័ពបាន ៣១ ក្នុងកុលសម្ព័ន្ធសាប៊ូឡូនជំរឿនបានទាំងអស់ ៥៧៤០០ នាក់។
៣២ រីឯពូជពង្សរបស់លោកយ៉ូសែប កូនចៅលោកអេប្រាអ៊ីម រាប់តាមខ្សែស្រឡាយ តាមអំបូរ តាមគ្រួសារ អស់អ្នកដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងអាចបម្រើកងទ័ពបាន ៣៣ ក្នុងកុលសម្ព័ន្ធអេប្រាអ៊ីម ជំរឿនបានទាំងអស់ ៤០ ៥០០ នាក់។
៣៤ កូនចៅលោកម៉ាណាសេ រាប់តាមគ្រួសារ តាមខ្សែស្រឡាយ តាមអំបូរ អស់អ្នកដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងអាចបម្រើកងទ័ពបាន ៣៥ ក្នុងកុលសម្ព័ន្ធម៉ាណាសេ ជំរឿនបានទាំងអស់ ៣២២០០ នាក់។
៣៦ កូនចៅលោកបេនយ៉ាមីន រាប់តាមគ្រួសារ តាមខ្សែស្រឡាយ តាមអំបូរ អស់អ្នកដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងអាចបម្រើកងទ័ពបាន ៣៧ ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន ជំរឿនបានទាំងអស់ ៣៥៤០០ នាក់។
៣៨ កូនចៅលោកដាន់ រាប់តាមគ្រួសារ តាមខ្សែស្រឡាយ តាមអំបូរ អស់អ្នកដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងអាចបម្រើកងទ័ពបាន ៣៩ ក្នុងកុលសម្ព័ន្ធដាន់ ជំរឿនបានទាំងអស់ ៦២៧០០ នាក់។
៤០ កូនចៅលោកអស៊ែរ រាប់តាមគ្រួសារ តាមខ្សែស្រឡាយ តាមអំបូរ អស់អ្នកដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងអាចបម្រើកងទ័ពបាន ៤១ ក្នុងកុលសម្ព័ន្ធអស៊ែរ ជំរឿនបានទាំងអស់ ៤១៥០០ នាក់។
៤២ រីឯកូនចៅលោកណែបថាលី រាប់តាមខ្សែស្រឡាយ តាមអំបូរ តាមគ្រួសារ អស់អ្នកដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងអាចបម្រើកងទ័ពបាន ៤៣ ក្នុងកុលសម្ព័ន្ធណែបថាលី ជំរឿនបានទាំងអស់ ៥៣៤០០ នាក់។
៤៤ នេះជាចំនួនអស់អ្នកដែលលោកម៉ូសេ លោកអរ៉ុន និងមេដឹកនាំទាំងដប់ពីរ ជាតំណាងរបស់កុលសម្ព័ន្ធអ៊ីស្រាអែល បានជំរឿន។ ៤៥ ចំនួនជនជាតិអ៊ីស្រាអែលទាំងអស់ដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងអាចបម្រើកងទ័ពបាន រាប់តាមគ្រួសាររបស់គេ ៤៦ ជំរឿនបានទាំងអស់ ៦០៣៥៥០ នាក់។
តួនាទីពិសេសរបស់កុលសម្ព័ន្ធលេវី
៤៧ គេពុំបានជំរឿនប្រជាជនក្នុងកុលសម្ព័ន្ធលេវីជាមួយអ្នកឯទៀតៗទេ ៤៨ ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ ៤៩ «កុំជំរឿនប្រជាជនក្នុងកុលសម្ព័ន្ធលេវី ជាមួយជនជាតិអ៊ីស្រាអែលឯទៀតៗឡើយ។ ៥០ ចូរប្រគល់ភារកិច្ចឲ្យពួកគេមើលខុសត្រូវក្នុងព្រះពន្លា*នៃសន្ធិសញ្ញា* និងថែរក្សាគ្រឿងបរិក្ខារទាំងប៉ុន្មានដែលមាននៅទីនោះ។ ពួកគេសែងព្រះពន្លា និងគ្រឿងបរិក្ខារទាំងប៉ុន្មាននៅក្នុងព្រះពន្លា ពួកគេបម្រើការងារនៅក្នុងព្រះពន្លា ហើយបោះជំរំនៅជុំវិញព្រះពន្លានោះ។ ៥១ ពេលណាព្រះពន្លាត្រូវចាកចេញ ពួកលេវីត្រូវរុះព្រះពន្លា ពេលណាព្រះពន្លាត្រូវឈប់ ពួកលេវីដំឡើងព្រះពន្លាឡើងវិញ។ រីឯអ្នកផ្សេងដែលចូលមកជិតព្រះពន្លានឹងមានទោសដល់ស្លាប់។ ៥២ ជនជាតិអ៊ីស្រាអែលបោះជំរំនៅតាមកន្លែងរបស់ខ្លួន ក្បែរទង់សញ្ញានៃកងពលរបស់គេរៀងៗខ្លួន។ ៥៣ មានតែពួកលេវីប៉ុណ្ណោះ ដែលបោះជំរំនៅជុំវិញព្រះពន្លានៃសន្ធិសញ្ញា។ ធ្វើដូច្នេះ សហគមន៍អ៊ីស្រាអែលមិនបណ្តាលឲ្យខ្លួនមានទោសឡើយ។ ពួកលេវីមានភារកិច្ចបម្រើការងារនៅក្នុងព្រះពន្លានៃសន្ធិសញ្ញា»។
៥៤ ជនជាតិអ៊ីស្រាអែលនាំគ្នាធ្វើតាមព្រះបន្ទូល ដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ ឥតមានចន្លោះត្រង់ណាឡើយ។
២
ការចាត់ចែងរបៀបបោះជំរំ
«១ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអរ៉ុនថា៖ ២ «ជនជាតិអ៊ីស្រាអែលត្រូវបោះជំរំនៅក្បែរបង្គោលសម្គាល់កុលសម្ព័ន្ធរបស់ខ្លួន និងក្បែរទង់សញ្ញាកងពលធំរបស់គេ។ ពួកគេបោះជំរំនៅជុំវិញពន្លាជួបព្រះអម្ចាស់ តែនៅឆ្ងាយបន្តិច។
៣ នៅខាងមុខគេ គឺនៅទិសខាងកើត ជាកងពលធំ ស្ថិតនៅក្រោមទង់សញ្ញាយូដា។ មេដឹកនាំរបស់កុលសម្ព័ន្ធយូដា គឺណាសូន ជាកូនរបស់អាំមីណាដាប់។ ៤ កងពលរបស់យូដាមានចំនួន ៧៤៦០០ នាក់។ ៥ កុលសម្ព័ន្ធអ៊ីសាកាបោះជំរំជាប់នឹងកុលសម្ព័ន្ធយូដា មេដឹកនាំរបស់កុលសម្ព័ន្ធអ៊ីសាកា គឺនេតាណាអែល ជាកូនរបស់ស៊ូអារ។ ៦ កងពលរបស់អ៊ីសាកាមានចំនួន ៥៤៤០០ នាក់។ ៧ បន្ទាប់មក កុលសម្ព័ន្ធសាប៊ូឡូន មេដឹកនាំរបស់កុលសម្ព័ន្ធសាប៊ូឡូន គឺអេលីយ៉ាប ជាកូនរបស់ហេឡូន។ ៨ កងពលរបស់សាប៊ូឡូនមានចំនួន ៥៧៤០០ នាក់។ ៩ កងទ័ពស្ថិតនៅក្រោមទង់សញ្ញាយូដាសរុបទាំងអស់មានចំនួន ១៨៦៤០០ នាក់។ អ្នកទាំងនោះចេញទៅមុនគេបង្អស់។
១០ នៅខាងត្បូង ជាកងពលធំ ស្ថិតនៅក្រោមទង់សញ្ញារូបេន។ មេដឹកនាំរបស់កុលសម្ព័ន្ធរូបេន គឺអេលីសួរ ជាកូនរបស់សេដេអួរ។ ១១ កងពលរបស់រូបេនមានចំនួន ៤៦៥០០ នាក់។ ១២ កុលសម្ព័ន្ធស៊ីម៉ូនបោះជំរំជាប់នឹងកុលសម្ព័ន្ធរូបេន មេដឹកនាំរបស់កុលសម្ព័ន្ធស៊ីម៉ូន គឺសេលូមីអែល ជាកូនរបស់ស៊ូរីសាដាយ។ ១៣ កងពលរបស់ស៊ីម៉ូនមានចំនួន ៥៩៣០០ នាក់។ ១៤ បន្ទាប់មក កុលសម្ព័ន្ធកាដ មេដឹកនាំរបស់កុលសម្ព័ន្ធកាដ គឺអេលីយ៉ាសាប ជាកូនរបស់ដេអ៊ូអែល។ ១៥ កងពលរបស់កាដ មានចំនួន ៤៥៦៥០ នាក់។ ១៦ កងទ័ពស្ថិតនៅក្រោមទង់សញ្ញារូបេនសរុបទាំងអស់មានចំនួន ១៥១៤៥០ នាក់។ ពួកគេចេញទៅជាកងពលធំទីពីរ បន្ទាប់ពីកងពលធំយូដា។
១៧ បន្ទាប់មក ពន្លាជួបព្រះអម្ចាស់ចេញទៅជាមួយជំរំរបស់កុលសម្ព័ន្ធលេវី ដែលស្ថិតនៅកណ្ដាលជំរំឯទៀតៗ។ ពួកលេវីក៏ចេញទៅតាមលំដាប់លំដោយដែរ គឺតាមកន្លែងដែលគេបោះជំរំ តាមទង់សញ្ញារបស់ខ្លួន។
១៨ នៅខាងលិច ជាកងពលធំ ស្ថិតនៅក្រោមទង់សញ្ញាអេប្រាអ៊ីម។ មេដឹកនាំរបស់កុលសម្ព័ន្ធអេប្រាអ៊ីម គឺអេលីសាម៉ា ជាកូនរបស់អាំមីហ៊ូដ។ ១៩ កងពលរបស់អេប្រាអ៊ីមមានចំនួន ៤០ ៥០០ នាក់។ ២០ កុលសម្ព័ន្ធម៉ាណាសេបោះជំរំជាប់នឹងកុលសម្ព័ន្ធអេប្រាអ៊ីម មេដឹកនាំរបស់កុលសម្ព័ន្ធម៉ាណាសេ គឺកាំលីអែល ជាកូនរបស់ពេដាសួរ។ ២១ កងពលរបស់ម៉ាណាសេមានចំនួន ៣២២០០ នាក់។ ២២ បន្ទាប់មក កុលសម្ព័ន្ធបេនយ៉ាមីន មេដឹកនាំរបស់កុលសម្ព័ន្ធបេនយ៉ាមីន គឺអប៊ីដាន ជាកូនរបស់គីដេអូនី។ ២៣ កងពលរបស់បេនយ៉ាមីនមានចំនួន ៣៥៤០០ នាក់។ ២៤ កងទ័ពស្ថិតនៅក្រោមទង់សញ្ញាអេប្រាអ៊ីមសរុបទាំងអស់មានចំនួន ១០៨១០០ នាក់។ ពួកគេចេញទៅជាកងពលធំទីបី បន្ទាប់ពីកុលសម្ព័ន្ធលេវី។
២៥ នៅខាងជើង ជាកងពលធំ ស្ថិតនៅក្រោមទង់សញ្ញាដាន់។ មេដឹកនាំរបស់កុលសម្ព័ន្ធដាន់ គឺអហ៊ីយេស៊ែរ ជាកូនរបស់អាំមីសាដាយ។ ២៦ កងពលរបស់ដាន់មានចំនួន ៦២៧០០ នាក់។ ២៧ កុលសម្ព័ន្ធអស៊ែរបោះជំរំជាប់នឹងកុលសម្ព័ន្ធដាន់ មេដឹកនាំរបស់កុលសម្ព័ន្ធអស៊ែរ គឺប៉ាគីអែល ជាកូនរបស់អូក្រាន។ ២៨ កងពលរបស់អស៊ែរមានចំនួន ៤១៥០០ នាក់។ ២៩ បន្ទាប់មក កុលសម្ព័ន្ធណែបថាលី មេដឹកនាំរបស់កុលសម្ព័ន្ធណែបថាលី គឺអហ៊ីរ៉ា ជាកូនរបស់អេណាន។ ៣០ កងពលរបស់ណែបថាលីមានចំនួន ៥៣៤០០ នាក់។ ៣១ កងទ័ពស្ថិតនៅក្រោមទង់សញ្ញាដាន់សរុបទាំងអស់មានចំនួន ១៥៧៦០០ នាក់។ ពួកគេចេញទៅជាមួយទង់របស់ខ្លួន ក្រោយគេបង្អស់»។
៣២ ចំនួនកូនចៅអ៊ីស្រាអែលរាប់តាមកុលសម្ព័ន្ធ និងតាមកងពលរបស់គេ សរុបទាំងអស់មាន ៦០៣៥៥០ នាក់។ ៣៣ ចំណែកឯកុលសម្ព័ន្ធលេវីវិញ គេពុំបានរាប់ជាមួយជនជាតិអ៊ីស្រាអែលឯទៀតៗទេ គឺស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។
៣៤ ជនជាតិអ៊ីស្រាអែលនាំគ្នាធ្វើតាមបទបញ្ជាទាំងប៉ុន្មាន ដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ គឺពួកគេបោះជំរំតាមទង់សញ្ញារបស់ខ្លួន ហើយធ្វើដំណើរតាមអំបូរ តាមក្រុមគ្រួសាររបស់ខ្លួន។
៣
ការជំរឿនកុលសម្ព័ន្ធលេវី
១ នេះជាបញ្ជីរាយនាមកូនចៅរបស់លោកអរ៉ុន និងលោកម៉ូសេ នៅគ្រាដែលព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេនៅលើភ្នំស៊ីណៃ។
២ កូនរបស់លោកអរ៉ុនមានរាយនាមដូចតទៅ: ណាដាប់ ជាកូនច្បង អប៊ីហ៊ូ អេឡាសារ និងអ៊ីតាម៉ារ។ ៣ នេះជាឈ្មោះកូនប្រុសរបស់លោកអរ៉ុន ដែលបានទទួលការតែងតាំងឲ្យបំពេញមុខងារជាបូជាចារ្យ។ ៤ លោកណាដាប់ និងលោកអប៊ីហ៊ូ បានបាត់បង់ជីវិតនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ក្នុងពេលលោកទាំងពីរយកភ្លើងមិនសក្ការៈ ចូលទៅក្នុងទីសក្ការៈរបស់ព្រះអម្ចាស់ នៅវាលរហោស្ថានស៊ីណៃ។ លោកទាំងពីរគ្មានកូនប្រុសទេ។ លោកអេឡាសារ និងលោកអ៊ីតាម៉ារ បំពេញមុខងារជាបូជាចារ្យ ក្រោមបន្ទុករបស់លោកអរ៉ុន ជាឪពុក។
៥ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖ ៦ «ចូរនាំកុលសម្ព័ន្ធលេវីចូលមក ហើយឲ្យពួកគេនៅក្រោមបង្គាប់របស់បូជាចារ្យអរ៉ុន ដើម្បីជួយបំពេញការងារគាត់។ ៧ ពួកគេមានភារកិច្ចបំពេញមុខងារបម្រើអរ៉ុន និងបម្រើសហគមន៍អ៊ីស្រាអែលទាំងមូល នៅមុខពន្លាជួបព្រះអម្ចាស់ គឺពួកគេបម្រើកិច្ចការនៅក្នុងព្រះពន្លា។ ៨ ពួកគេត្រូវថែទាំគ្រឿងបរិក្ខារទាំងអស់របស់ពន្លាជួបព្រះអម្ចាស់ ហើយបម្រើជនជាតិអ៊ីស្រាអែល ដោយបំពេញមុខងារនៅក្នុងព្រះពន្លា។ ៩ ចូរប្រគល់កុលសម្ព័ន្ធលេវីទៅឲ្យអរ៉ុន និងកូនៗរបស់គាត់ ដ្បិតយើងបានញែកពួកគេចេញពីប្រជាជនអ៊ីស្រាអែល ប្រគល់ផ្ដាច់ឲ្យអរ៉ុន។ ១០ ចូរតែងតាំងអរ៉ុន និងកូនប្រុសៗរបស់គាត់ ឲ្យបំពេញមុខងារជាបូជាចារ្យ។ រីឯអ្នកផ្សេងដែលចូលមកជិតទីសក្ការៈនេះ នឹងត្រូវទទួលទោសដល់ស្លាប់»។
១១ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖ ១២ «យើងបានយកពួកលេវីចេញពីចំណោមជនជាតិអ៊ីស្រាអែល។ ពួកលេវីជាចំណែកដែលយើងញែកទុកសម្រាប់យើង ជំនួសកូនច្បងទាំងអស់របស់ជនជាតិអ៊ីស្រាអែល ១៣ ដ្បិតកូនច្បងទាំងអស់ជាចំណែករបស់យើង។ នៅថ្ងៃយើងប្រហារកូនច្បងទាំងប៉ុន្មានរបស់ជនជាតិអេស៊ីប យើងបានញែកកូនច្បងទាំងអស់របស់ជនជាតិអ៊ីស្រាអែលទុកសម្រាប់យើង គឺកូនច្បងរបស់មនុស្ស និងកូនដំបូងរបស់សត្វ ជាចំណែករបស់យើង។ យើងជាព្រះអម្ចាស់»។
១៤ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេនៅវាលរហោស្ថានស៊ីណៃថា៖ ១៥ «ចូរជំរឿនកូនចៅលេវី តាមគ្រួសារ តាមអំបូររបស់ពួកគេ ដោយរាប់ចំនួនប្រុសៗទាំងអស់ ដែលមានអាយុចាប់ពីមួយខែឡើងទៅ»។
១៦ លោកម៉ូសេក៏រាប់ចំនួនពួកគេ តាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោក។ ១៧ កូនប្រុសរបស់លោកលេវីមាននាមដូចតទៅ: គែរសូន គើហាត់ និងមេរ៉ារី។ ១៨ កូនរបស់លោកគែរសូនមានលីបនី និងស៊ីម៉ៃ ដែលជាឈ្មោះនៃអំបូររបស់ពួកគេ។ ១៩ កូនរបស់លោកគើហាត់មានអាំរ៉ាម យីសារ ហេប្រូន និងអ៊ូស៊ីអែល ដែលជាឈ្មោះនៃអំបូររបស់ពួកគេ។ ២០ កូនរបស់លោកមេរ៉ារីមានម៉ាលី និងមូស៊ី ដែលជាឈ្មោះនៃអំបូររបស់ពួកគេ។ អ្នកទាំងនេះជាត្រកូលរបស់អំបូរទាំងឡាយនៃកុលសម្ព័ន្ធលេវី តាមក្រុមគ្រួសាររបស់គេ។
២១ លោកគែរសូនត្រូវជាបុព្វបុរសរបស់អំបូរគែរសូន ដែលចែកចេញជាត្រកូលលីបនី និងត្រកូលស៊ីម៉ៃ។ ២២ នៅពេលជំរឿនប្រជាជន ចំនួនរបស់ពួកគេ រាប់ប្រុសៗដែលមានអាយុពីមួយខែឡើងទៅ មានទាំងអស់ ៧៥០០ នាក់។ ២៣ អំបូរគែរសូនបោះជំរំនៅខាងក្រោយព្រះពន្លា គឺនៅទិសខាងលិច។ ២៤ មេដឹកនាំក្រុមគ្រួសារគែរសូន គឺលោកអេលីយ៉ាសាប់ ជាកូនរបស់លោកឡាអែល។ ២៥ នៅក្នុងពន្លាជួបព្រះអម្ចាស់ កូនចៅគែរសូនទទួលបន្ទុកផ្នែកខាងព្រះពន្លា និងពន្លា ព្រមទាំងក្រណាត់បាំងពីលើ វាំងននច្រកចូលពន្លាជួបព្រះអម្ចាស់ ២៦ ដំបូលទីលាន វាំងននច្រកចូលទីលានដែលស្ថិតនៅជុំវិញព្រះពន្លា និងអាសនៈ ព្រមទាំងខ្សែចងពន្លាទាំងអស់។ ពួកគេមានភារកិច្ចថែទាំរបស់ទាំងនោះ។
២៧ លោកគើហាត់ត្រូវជាបុព្វបុរសរបស់អំបូរគើហាត់ ដែលចែកចេញជាត្រកូលអាំរ៉ាម ត្រកូលយីសារ ត្រកូលហេប្រូន និងត្រកូលអ៊ូស៊ីអែល។ ២៨ ចំនួនរបស់ពួកគេ រាប់ប្រុសៗដែលមានអាយុពីមួយខែឡើងទៅ មានទាំងអស់ ៨៦០០ នាក់។ ពួកគេមានភារកិច្ចថែរក្សាទីសក្ការៈ។ ២៩ អំបូរនានារបស់កូនចៅគើហាត់បោះជំរំនៅខាងត្បូងព្រះពន្លា។ ៣០ មេដឹកនាំក្រុមគ្រួសារគើហាត់ គឺលោកអេលីសាផាន ជាកូនរបស់លោកអ៊ូស៊ីអែល។ ៣១ កូនចៅគើហាត់ទទួលបន្ទុកផ្នែកខាងហិបនៃសម្ពន្ធមេត្រី តុសក្ការៈ ជើងចង្កៀង អាសនៈ គ្រឿងបរិក្ខារប្រើប្រាស់ក្នុងទីសក្ការៈ វាំងននខាងក្នុង និងរបស់ឯទៀតៗដែលស្ថិតនៅក្នុងទីសក្ការៈ។
៣២ មេដឹកនាំកំពូលរបស់កូនចៅលេវី គឺលោកអេឡាសារ ជាកូនរបស់លោកបូជាចារ្យអរ៉ុន។ លោកមើលខុសត្រូវលើអស់អ្នកដែលបំពេញមុខងារក្នុងទីសក្ការៈ។
៣៣ លោកមេរ៉ារីត្រូវជាបុព្វបុរសរបស់អំបូរមេរ៉ារី ដែលចែកចេញជាត្រកូលម៉ាលី និងត្រកូលម៉ូស៊ី។ ៣៤ ចំនួនរបស់ពួកគេ រាប់ប្រុសៗដែលមានអាយុពីមួយខែឡើងទៅ មានទាំងអស់ ៦២០០ នាក់។ ៣៥ មេដឹកនាំក្រុមគ្រួសារនៃអំបូរមេរ៉ារី គឺលោកទូរីអែល ជាកូនរបស់លោកអប៊ីហាអ៊ីល។ ពួកគេបោះជំរំនៅខាងជើងព្រះពន្លា។ ៣៦ កូនចៅមេរ៉ារីទទួលបន្ទុកផ្នែកខាងបន្ទះក្តាររបស់ព្រះពន្លា រនុក សសរ ជើងសសរ ព្រមទាំងបរិក្ខារ និងអ្វីៗទាំងប៉ុន្មានដែលសម្រាប់ប្រើប្រាស់ជាមួយគ្រឿងទាំងនោះ។ ៣៧ ពួកគេក៏ទទួលបន្ទុកផ្នែកខាងសសររបស់ទីលានដែលនៅជុំវិញ ព្រមទាំងជើងសសរ ចម្រឹង និងខ្សែសន្ធឹងដែរ។
៣៨ លោកម៉ូសេ ព្រមទាំងលោកអរ៉ុន និងកូនចៅរបស់លោក បោះជំរំនៅទិសខាងកើត គឺខាងមុខព្រះពន្លា និងពន្លាជួបព្រះអម្ចាស់។ ពួកលោកទទួលខុសត្រូវចំពោះការងារក្នុងទីសក្ការៈ តាងនាមប្រជាជនអ៊ីស្រាអែលទាំងមូល អ្នកឯទៀតៗចូលមកជិតទីសក្ការៈ នឹងត្រូវទទួលទោសដល់ស្លាប់។
៣៩ ចំនួនក្រុមលេវីដែលព្រះអម្ចាស់បង្គាប់ឲ្យលោកម៉ូសេ និងលោកអរ៉ុន រាប់តាមអំបូររបស់ពួកគេ ដោយគិតប្រុសៗដែលមានអាយុពីមួយខែឡើងទៅ សរុបទាំងអស់មាន ២២ ០០០ នាក់។
ការលោះកូនច្បង
៤០ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរជំរឿនកូនប្រុសច្បងទាំងអស់របស់ជនជាតិអ៊ីស្រាអែល ដោយគិតចាប់តាំងពីអាយុមួយខែឡើងទៅ។ ចូរកត់ត្រាទុកក្នុងបញ្ជី តាមឈ្មោះរបស់គេរៀងៗខ្លួន។ ៤១ ចូរញែកពួកលេវីទុកដោយឡែក សម្រាប់យើង ជាព្រះអម្ចាស់ ជំនួសកូនប្រុសច្បងទាំងអស់របស់ជនជាតិអ៊ីស្រាអែល ហើយក៏ញែកហ្វូងសត្វរបស់ពួកលេវី ជំនួសកូនដំបូងទាំងអស់នៃហ្វូងសត្វរបស់ជនជាតិអ៊ីស្រាអែលដែរ»។ ៤២ លោកម៉ូសេជំរឿនចំនួនកូនច្បងទាំងអស់ក្នុងចំណោមកូនចៅអ៊ីស្រាអែល តាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោក។ ៤៣ កូនប្រុសច្បងទាំងអស់ដែលគេរាប់តាមឈ្មោះ ដោយគិតចាប់តាំងពីអាយុមួយខែឡើងទៅ ឃើញមានចំនួន ២២២៧៣នាក់។
៤៤ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖ ៤៥ «ចូរញែកពួកលេវីទុកសម្រាប់យើង ដែលជាព្រះអម្ចាស់ ជំនួសកូនប្រុសច្បងទាំងអស់របស់ជនជាតិអ៊ីស្រាអែល ហើយហ្វូងសត្វរបស់ពួកលេវីក៏ជំនួសកូនដំបូងនៃហ្វូងសត្វរបស់ជនជាតិអ៊ីស្រាអែលដែរ ដ្បិតពួកលេវីជាកម្មសិទ្ធិរបស់យើង។ យើងជាព្រះអម្ចាស់។ ៤៦ ដើម្បីលោះចំនួនពួកលេវីដែលលើស២៧៣នាក់នោះ ៤៧ ត្រូវថ្លឹងប្រាក់ប្រាំណែនសម្រាប់លោះមនុស្សម្នាក់ ដោយប្រើទម្ងន់ប្រាក់ណែនរបស់ទីសក្ការៈ ពោលគឺម្ភៃកេរ៉ា*។ ៤៨ ចូរប្រគល់ប្រាក់ជាថ្នូរលោះកូនច្បង ដែលលើសពីចំនួនពួកលេវីឲ្យអរ៉ុន និងកូនចៅរបស់គាត់»។ ៤៩ លោកម៉ូសេក៏យកប្រាក់ជាថ្នូរលោះកូនច្បង ដែលលើសពីចំនួនពួកលេវី ៥០ គឺលោកយកប្រាក់ពីកូនច្បងរបស់ជនជាតិអ៊ីស្រាអែល មានចំនួនទាំងអស់ ១៣៦៥ណែន គិតតាមទម្ងន់របស់ទីសក្ការៈ។ ៥១ លោកប្រគល់ប្រាក់ជាថ្នូរលោះទាំងនោះជូនលោកអរ៉ុន និងកូនចៅរបស់លោក ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានបង្គាប់មកលោក។
៤
មុខងាររបស់ក្រុមលេវី
១ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអរ៉ុនថា៖ ២ «ក្នុងចំណោមកូនចៅលេវី ត្រូវធ្វើបញ្ជីរាយនាមកូនចៅគើហាត់ ដោយគិតតាមអំបូរ និងតាមក្រុមគ្រួសាររបស់ពួកគេ ៣ ហើយគិតចាប់ពីអាយុសាមសិបឆ្នាំរហូតដល់ហាសិបឆ្នាំ គឺអស់អ្នកដែលត្រូវបម្រើការងារនៅក្នុងពន្លាជួបព្រះអម្ចាស់។
៤ កូនចៅគើហាត់បំពេញមុខងារក្នុងពន្លាជួបព្រះអម្ចាស់ គឺពួកគេមើលខុសត្រូវលើវត្ថុដ៏សក្ការៈបំផុត។ ៥ ពេលជនជាតិអ៊ីស្រាអែលត្រូវចេញដំណើរ អរ៉ុន និងកូនចៅរបស់គាត់ ត្រូវដោះវាំងននដែលខណ្ឌទីសក្ការៈបំផុត ៦ យកទៅគ្របលើហិបនៃសន្ធិសញ្ញា។ បន្ទាប់មក ពួកគេយកស្បែកផ្សោតគ្របពីលើ ហើយយកក្រណាត់ពណ៌ស្វាយមករុំពីលើមួយជាន់ទៀត រួចទើបស៊កឈើសម្រាប់សែង។ ៧ ពួកគេត្រូវយកក្រណាត់ពណ៌ស្វាយមកក្រាលលើតុសម្រាប់តម្កល់នំបុ័ង រួចយកចាន ពែង ចានគោម ព្រមទាំងថូសម្រាប់ធ្វើពិធីច្រួចស្រា មកដាក់ពីលើ។ រីឯនំបុ័ងស្ថិតនៅលើតុនោះស្រាប់។ ៨ បន្ទាប់មក ពួកគេក្រាលក្រណាត់ពណ៌ក្រហមទុំពីលើរបស់ទាំងនោះ ហើយយកស្បែកផ្សោតមករុំពីលើ រួចស៊កឈើសម្រាប់សែង។ ៩ ពួកគេត្រូវយកក្រណាត់ពណ៌ស្វាយមករុំជើងចង្កៀងសម្រាប់បំភ្លឺ ចង្កៀង ឃ្នាបប្រឆេះ ភាជន៍ដាក់កម្ទេច និងដបប្រេងទាំងប៉ុន្មាន សម្រាប់ដុតចង្កៀងនោះ ១០ ហើយយកស្បែកផ្សោតមកខ្ចប់រួមជាមួយគ្រឿងបរិក្ខារទាំងប៉ុន្មាន ដែលត្រូវប្រើជាមួយរបស់ទាំងនោះ រួចយកទៅដាក់នៅលើប្រដាប់សម្រាប់សែង។ ១១ ពួកគេត្រូវយកក្រណាត់ពណ៌ស្វាយក្រាលលើអាសនៈមាស ហើយយកស្បែកផ្សោតមករុំពីលើ រួចស៊កឈើសម្រាប់សែង។ ១២ ពួកគេត្រូវយកគ្រឿងបរិក្ខារទាំងប៉ុន្មានដែលប្រើប្រាស់ក្នុងទីសក្ការៈ មកខ្ចប់ក្នុងក្រណាត់ពណ៌ស្វាយមួយ ហើយយកស្បែកផ្សោតមករុំពីលើ រួចដាក់លើប្រដាប់សម្រាប់ស្នែង។ ១៣ ពួកគេត្រូវយកផេះចេញពីអាសនៈ ហើយយកក្រណាត់ពណ៌ក្រហមក្រាលពីលើអាសនៈនោះ។ ១៤ បន្ទាប់មក ត្រូវយកគ្រឿងបរិក្ខារទាំងប៉ុន្មាន ដែលប្រើប្រាស់ជាមួយអាសនៈនោះ គឺមានភាជន៍ដាក់រងើកភ្លើង សម ប្រដាប់ចូក ផើង និងគ្រឿងបរិក្ខារទាំងប៉ុន្មានទៀតសម្រាប់អាសនៈ ដាក់ពីលើអាសនៈ ហើយយកស្បែកផ្សោតមករុំ រួចស៊កឈើសម្រាប់សែង។ ១៥ នៅពេលលើកជំរំ កាលអរ៉ុន និងកូនចៅរបស់គាត់ រុំរបស់របរសក្ការៈ ព្រមទាំងគ្រឿងបរិក្ខារប្រើប្រាស់ក្នុងទីសក្ការៈ ចប់សព្វគ្រប់ហើយ កូនចៅគើហាត់ត្រូវនាំគ្នាមកសែងរបស់ទាំងនោះ ប៉ុន្តែ ពួកគេមិនត្រូវប៉ះពាល់អ្វីៗដែលសក្ការៈឡើយ បើមិនដូច្នោះទេ ពួកគេនឹងត្រូវស្លាប់។ នេះជាភារកិច្ចរបស់កូនចៅគើហាត់នៅក្នុងពន្លាជួបព្រះអម្ចាស់។ ១៦ អេឡាសារ ជាកូនរបស់បូជាចារ្យអរ៉ុន ទទួលខុសត្រូវលើប្រេងសម្រាប់ចង្កៀង គ្រឿងក្រអូប តង្វាយម្សៅអចិន្ត្រៃយ៍ និងប្រេងសម្រាប់ពិធីលាបប្រេង។ គាត់ក៏មើលខុសត្រូវលើព្រះពន្លាទាំងមូល និងអ្វីៗទាំងអស់នៅក្នុងព្រះពន្លា ព្រមទាំងទីសក្ការៈ និងគ្រឿងបរិក្ខារផ្សេងៗ នៅក្នុងទីសក្ការៈ»។
១៧ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេ និងលោកអរ៉ុនថា៖ ១៨ «មិនត្រូវដកអំបូរគើហាត់ចេញពីកុលសម្ព័ន្ធលេវីឡើយ។ ១៩ ពេលណាអំបូរគើហាត់ចូលមកជិតទីសក្ការៈបំផុត អរ៉ុន និងកូនចៅរបស់គាត់ ត្រូវចាត់ចែងឲ្យពួកគេបំពេញមុខងារ និងភារកិច្ចរៀងៗខ្លួន ធ្វើដូច្នេះ ពួកគេនឹងរស់រានមានជីវិត ឥតស្លាប់ឡើយ។ ២០ ពួកគេមិនត្រូវចូលទៅមើលគ្រឿងសក្ការៈជាដាច់ខាត សូម្បីតែមួយភ្លែតក៏មិនបានដែរ ក្រែងលោបាត់បង់ជីវិត»។
២១ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖ ២២ «ចូរធ្វើបញ្ជីរាយនាមកូនចៅគែរសូន ដោយគិតតាមអំបូរ និងតាមក្រុមគ្រួសាររបស់ពួកគេ។ ២៣ ចូរជំរឿនពួកគេ គិតចាប់ពីអាយុសាមសិបឆ្នាំរហូតដល់ហាសិបឆ្នាំ គឺអស់អ្នកដែលអាចបម្រើការងារនៅក្នុងពន្លាជួបព្រះអម្ចាស់។ ២៤ អំបូរគែរសូនមានភារកិច្ចលីសែងគ្រឿងសម្ភារៈដូចតទៅ: ២៥ ពួកគេត្រូវសែងក្រណាត់ព្រះពន្លា និងក្រណាត់ពន្លាជួបព្រះអម្ចាស់ ក្រណាត់សម្រាប់គ្របពីលើ និងស្បែកផ្សោតសម្រាប់រុំ ព្រមទាំងវាំងនននៅខាងមុខពន្លាជួបព្រះអម្ចាស់ ២៦ ក្រណាត់ដំបូលទីលាន វាំងននទ្វារចូលទីលាន ក្រណាត់នៅជុំវិញព្រះពន្លា និងអាសនៈ ខ្សែសន្ធឹង និងគ្រឿងបរិក្ខារទាំងអស់ដែលប្រើប្រាស់ជាមួយ។ ពួកគេត្រូវបំពេញកិច្ចការទាំងអស់ដែលយើងតម្រូវឲ្យធ្វើ។ ២៧ អរ៉ុន និងកូនចៅរបស់គាត់ ត្រូវចាត់ចែងឲ្យកូនចៅគែរសូនលីសែងសម្ភារៈទាំងអស់ គឺឲ្យពួកគេមើលខុសត្រូវលើរបស់ទាំងប៉ុន្មានដែលខ្លួនត្រូវលីសែង។ ២៨ នេះហើយជាមុខងារដែលអំបូរគែរសូនត្រូវបំពេញនៅក្នុងពន្លាជួបព្រះអម្ចាស់ ព្រមទាំងអ្វីៗទាំងអស់ដែលពួកគេមើលថែទាំ ក្រោមបញ្ជារបស់អ៊ីតាមារ ជាកូនរបស់បូជាចារ្យអរ៉ុន។
២៩ ចូរជំរឿនកូនចៅមេរ៉ារី តាមអំបូរ តាមគ្រួសាររបស់ពួកគេ។ ៣០ ត្រូវជំរឿនពួកគេ គិតចាប់ពីអាយុសាមសិបឆ្នាំរហូតដល់ហាសិបឆ្នាំ គឺអស់អ្នកដែលអាចបម្រើការងារនៅក្នុងពន្លាជួបព្រះអម្ចាស់។ ៣១ ចំពោះកិច្ចការដែលពួកគេត្រូវបំពេញនៅក្នុងពន្លាជួបព្រះអម្ចាស់នោះ គឺមើលថែទាំបន្ទះក្តាររបស់ព្រះពន្លា រនុក សសរ និងជើងសសរ ៣២ សសរ និងជើងសសរនៅជុំវិញទីលាន ចម្រឹង ខ្សែសន្ធឹង ព្រមទាំងគ្រឿងបរិក្ខារ និងអ្វីៗទាំងអស់ដែលប្រើប្រាស់ជាមួយ។ ត្រូវរាយមុខឈ្មោះរបស់ទាំងនោះ ឲ្យពួកគេមើលថែទាំ។ ៣៣ នេះហើយជាមុខងារដែលអំបូរមេរ៉ារីត្រូវបំពេញ គឺមុខងារទាំងអស់ដែលពួកគេត្រូវបំពេញនៅក្នុងពន្លាជួបព្រះអម្ចាស់ ក្រោមបញ្ជារបស់អ៊ីតាម៉ារ ជាកូនរបស់បូជាចារ្យអរ៉ុន»។
៣៤ លោកម៉ូសេ លោកអរ៉ុន និងមេដឹកនាំរបស់សហគមន៍ បានជំរឿនកូនចៅគើហាត់ តាមអំបូរ និងតាមគ្រួសាររបស់ពួកគេ ៣៥ អស់អ្នកដែលមានអាយុពីសាមសិបឆ្នាំរហូតដល់ហាសិបឆ្នាំ ហើយត្រូវបម្រើការងារនៅក្នុងពន្លាជួបព្រះអម្ចាស់ ៣៦ ក្នុងអំបូរនេះមានចំនួនទាំងអស់ ២៧៥០នាក់។ ៣៧ នេះជាចំនួនអស់អ្នកដែលមកពីអំបូរគើហាត់ គឺអស់អ្នកបំពេញមុខងារនៅក្នុងពន្លាជួបព្រះអម្ចាស់។ លោកម៉ូសេ និងលោកអរ៉ុន បានជំរឿនពួកគេ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។
៣៨ រីឯកូនចៅគែរសូនដែលគេបានជំរឿនតាមអំបូរ និងតាមគ្រួសាររបស់ពួកគេ ៣៩ គឺអស់អ្នកដែលមានអាយុពីសាមសិបឆ្នាំរហូតដល់ហាសិបឆ្នាំ ហើយត្រូវបំពេញមុខងារនៅក្នុងពន្លាជួបព្រះអម្ចាស់ ៤០ ក្នុងអំបូរនេះមានចំនួនទាំងអស់ ២៦៣០ នាក់។ ៤១ នេះជាចំនួនអស់អ្នកដែលមកពីអំបូរគែរសូន គឺអស់អ្នកបំពេញមុខងារនៅក្នុងពន្លាជួបព្រះអម្ចាស់។ លោកម៉ូសេ និងលោកអរ៉ុនបានជំរឿនពួកគេ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មក។
៤២ អស់អ្នកក្នុងអំបូរមេរ៉ារីដែលគេបានជំរឿនតាមអំបូរ និងតាមគ្រួសាររបស់ពួកគេ ៤៣ គឺអស់អ្នកដែលមានអាយុពីសាមសិបឆ្នាំរហូតដល់ហាសិបឆ្នាំ ហើយត្រូវបំពេញមុខងារនៅក្នុងពន្លាជួបព្រះអម្ចាស់ ៤៤ ក្នុងអំបូរនេះមានចំនួនទាំងអស់ ៣២០០ នាក់។ ៤៥ នេះហើយជាចំនួនអស់អ្នកដែលមកពីអំបូរមេរ៉ារី។ លោកម៉ូសេ និងលោកអរ៉ុន បានជំរឿនពួកគេ ស្របតាមស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។
៤៦ ពួកលេវីទាំងអស់ដែលលោកម៉ូសេ លោកអរ៉ុន និងមេដឹកនាំរបស់ជនជាតិអ៊ីស្រាអែល បានជំរឿនតាមអំបូរ និងតាមគ្រួសាររបស់ពួកគេ ៤៧ ដោយគិតចាប់ពីអាយុសាមសិបឆ្នាំរហូតដល់ហាសិបឆ្នាំ គឺអស់អ្នកដែលត្រូវបម្រើការងារក្នុងពន្លាជួបព្រះអម្ចាស់ និងលីសែងសម្ភារៈ ៤៨ ពួកគេមានចំនួនទាំងអស់ ៨៥៨០ នាក់។ ៤៩ លោកម៉ូសេបង្គាប់ឲ្យគេជំរឿនអ្នកទាំងនោះ ស្របតាមព្រះបញ្ជារបស់ព្រះអម្ចាស់ ដោយបញ្ជាក់ឲ្យម្នាក់ៗស្គាល់ភារកិច្ច និងសម្ភារៈដែលខ្លួនត្រូវសែង។ គេបានជំរឿនអ្នកទាំងនោះ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។
៥
វិន័យអំពីមនុស្សមិនបរិសុទ្ធ
១ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេដូចតទៅ: ២ «ចូរបញ្ជាឲ្យជនជាតិអ៊ីស្រាអែលបណ្តេញមនុស្សឃ្លង់ មនុស្សមានជំងឺកាមរោគ ឬមនុស្សមិនបរិសុទ្ធដោយប៉ះពាល់សាកសព ចេញពីជំរំ។ ៣ ទោះបីប្រុស ឬស្រីក្តី ត្រូវបណ្តេញពួកគេចេញពីជំរំ។ ដូច្នេះ ពួកគេមិនធ្វើឲ្យជំរំដែលយើងស្នាក់នៅជាមួយនេះ ក្លាយទៅជាសៅហ្មងឡើយ»។ ៤ ជនជាតិអ៊ីស្រាអែលនាំគ្នាធ្វើតាម គឺបណ្តេញអ្នកទាំងនោះចេញពីជំរំ។ ជនជាតិអ៊ីស្រាអែលនាំគ្នាធ្វើតាមសេចក្ដីដែលព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេ។
វិន័យអំពីការប្រគល់របស់ទៅម្ចាស់ដើមវិញ
៥ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ ៦ «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ:
“ប្រសិនបើនរណាម្នាក់ ទោះបីប្រុស ឬស្រីក្តី ប្រព្រឹត្តអំពើបាបណាមួយចំពោះមនុស្សម្នាក់ អ្នកនោះប្រព្រឹត្តខុសចំពោះព្រះអម្ចាស់ និងធ្វើឲ្យខ្លួនឯងមានទោស។ ៧ អ្នកនោះត្រូវតែទទួលសារភាពអំពើបាបដែលខ្លួនបានប្រព្រឹត្ត ហើយប្រគល់របស់ដែលខ្លួនយកមកដោយទុច្ចរិតទៅម្ចាស់ដើមវិញ ទាំងបង់ជំងឺចិត្តឲ្យគេមួយភាគប្រាំផង។ ៨ ប្រសិនបើម្ចាស់ដើមស្លាប់ ហើយគ្មានអ្នកស្នងមត៌ក ដើម្បីទទួលរបស់ដែលគេយកមកសងទេ ត្រូវយករបស់នោះទៅថ្វាយព្រះអម្ចាស់ គឺប្រគល់ជូនបូជាចារ្យ ទាំងថ្វាយចៀមឈ្មោលមួយ ជាតង្វាយលោះបាបពីលើនោះថែមទៀត។ ៩ អ្វីៗទាំងប៉ុន្មានដែលជនជាតិអ៊ីស្រាអែលញែកពីតង្វាយរបស់ព្រះអម្ចាស់ នឹងបានជាកម្មសិទ្ធិរបស់បូជាចារ្យ។ ១០ អ្វីៗដែលប្រជាជនថ្វាយព្រះអម្ចាស់ នឹងបានជាចំណែករបស់ខ្លួន ហើយអ្វីៗដែលគេប្រគល់ជូនបូជាចារ្យ នឹងបានជាកម្មសិទ្ធិរបស់បូជាចារ្យ”»។
វិន័យអំពីស្ត្រីដែលគេសង្ស័យថាក្បត់ចិត្តប្ដី
១១ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ ១២ «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: ប្រសិនបើបុរសម្នាក់មានប្រពន្ធ ហើយប្រពន្ធនោះក្បត់ចិត្តខ្លួន ១៣ គឺរួមដំណេកជាមួយបុរសផ្សេងមិនឲ្យប្ដីដឹង។ ប្រសិនបើនាងប្រព្រឹត្តអំពើសៅហ្មងនេះដោយលួចលាក់ ឥតមានសាក្សីណាបានឃើញ ឥតមាននរណាចាប់ភស្តុតាងបានទេ ១៤ តែប្ដីរបស់នាងមានចិត្តប្រច័ណ្ឌ និងសង្ស័យថា ប្រពន្ធក្បត់ចិត្តខ្លួន ទោះបីនាងបានប្រព្រឹត្តអំពើផិតក្បត់ ឬមិនបានប្រព្រឹត្ត ១៥ ក្នុងករណីណាក៏ដោយ ប្ដីត្រូវតែនាំប្រពន្ធទៅជួបបូជាចារ្យ ទាំងនាំយកម្សៅបីគីឡូក្រាម ជាតង្វាយសម្រាប់នាងទៅជាមួយផង។ បុរសនោះមិនត្រូវចាក់ប្រេង ឬគ្រឿងក្រអូបលើម្សៅឡើយ ព្រោះគ្រាន់តែជាតង្វាយនៃការប្រច័ណ្ឌ និងជាតង្វាយចង់ដឹងការពិតអំពីកំហុសមួយ។ ១៦ បូជាចារ្យត្រូវនាំស្ត្រីនោះចូលមកជិត ហើយឲ្យនាងឈរនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ ១៧ បូជាចារ្យយកទឹកវិសុទ្ធដាក់ក្នុងថូដី រួចយកធូលីដីនៅព្រះពន្លានោះដាក់ក្នុងទឹក។ ១៨ បូជាចារ្យឲ្យស្ត្រីនោះឈរនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ហើយយកស្បៃចេញពីក្បាលរបស់នាង។ លោកដាក់តង្វាយចង់ដឹងការពិតអំពីកំហុស ជាតង្វាយនៃការប្រច័ណ្ឌនោះ ទៅក្នុងដៃរបស់នាង។ រីឯលោកវិញ លោកកាន់ទឹកសម្បថ ដែលនាំឲ្យត្រូវបណ្ដាសា ក្នុងដៃរបស់លោកផ្ទាល់។ ១៩ បូជាចារ្យប្រាប់ឲ្យនាងស្បថ រួចពោលថា “ប្រសិនបើគ្មានបុរសផ្សេងរួមដំណេកជាមួយនាង ក្នុងពេលនាងរួមរស់ជាមួយប្ដី ហើយប្រសិនបើនាងមិនបានក្បត់ចិត្តប្ដី ទៅប្រព្រឹត្តអំពើសៅហ្មងទេ នោះសូមកុំឲ្យទឹកសម្បថនេះនាំបណ្ដាសាមកលើនាងឡើយ។ ២០ ផ្ទុយទៅវិញ ក្នុងពេលនាងនៅរួមរស់ជាមួយប្ដី នាងបានក្បត់ចិត្តប្ដី ទៅប្រព្រឹត្តអំពើសៅហ្មង ដោយរួមដំណេកជាមួយប្រុសដទៃក្រៅពីប្ដីរបស់ខ្លួន ២១ នោះសូមព្រះអម្ចាស់ធ្វើឲ្យនាងត្រូវបណ្ដាសា និងទទួលទោស តាមពាក្យដែលនាងបានស្បថស្បែ សូមព្រះអង្គធ្វើឲ្យនាងក្លាយទៅជាស្ត្រីអារ និងធ្វើឲ្យនាងប៉ោងពោះ ហើយប្រជាជនយកឈ្មោះនាងទៅដាក់បណ្ដាសាគ្នា។ ២២ សូមទឹកសម្បថនេះចូលទៅក្នុងពោះរបស់នាង ធ្វើឲ្យនាងប៉ោងពោះ ហើយក្លាយទៅជាស្ត្រីអារ!”។ នាងត្រូវឆ្លើយថា “សូមឲ្យកើតមានដូច្នោះមែន! អាម៉ែន!”។ ២៣ បូជាចារ្យត្រូវសរសេរពាក្យសម្បថទុកក្នុងសៀវភៅមួយ រួចយកទឹកសម្បថនោះមកលុប។ ២៤ បន្ទាប់មក លោកឲ្យទឹកសម្បថទៅនាងផឹក ទឹកសម្បថនោះចូលទៅក្នុងពោះនាង ធ្វើឲ្យនាងឈឺចុកចាប់។ ២៥ បូជាចារ្យទទួលយកតង្វាយនៃការប្រច័ណ្ឌពីដៃនាង លោកធ្វើពិធីលើកតង្វាយនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ហើយយកតង្វាយនោះទៅដាក់នៅលើអាសនៈ។ ២៦ បូជាចារ្យត្រូវយកតង្វាយម្សៅមួយក្តាប់ធ្វើជាទីរំឭក ហើយដុតនៅលើអាសនៈ។ បន្ទាប់មក ទើបលោកបង្គាប់ឲ្យស្ត្រីនោះផឹកទឹក។ ២៧ ក្រោយពីឲ្យនាងផឹកទឹករួចហើយ ប្រសិនបើនាងពិតជាសៅហ្មង ហើយក្បត់ចិត្តប្ដីរបស់ខ្លួនមែន ទឹកសម្បថដែលចូលទៅក្នុងពោះនាង នឹងបណ្តាលឲ្យនាងឈឺចាប់ ប៉ោងពោះ ទៅជាស្ត្រីអារ។ ស្ត្រីនោះនឹងត្រូវបណ្ដាសា ហើយប្រជាជននឹងយកឈ្មោះនាងទៅដាក់បណ្ដាសាគ្នា។ ២៨ ផ្ទុយទៅវិញ ប្រសិនបើនាងពុំបានប្រព្រឹត្តអំពើសៅហ្មង គឺនាងមិនបានក្បត់ប្ដីទេ នោះនាងនឹងបានរួចខ្លួន ហើយនាងនឹងមានកូនចៅ។
២៩ នេះជាវិន័យស្តីអំពីការប្រច័ណ្ឌ ក្នុងករណីស្ត្រីដែលនៅរួមរស់ជាមួយប្ដី ហើយបែរទៅប្រព្រឹត្តអំពើសៅហ្មង ៣០ និងក្នុងករណីប្ដីដែលមានចិត្តប្រច័ណ្ឌ សង្ស័យថាប្រពន្ធក្បត់ចិត្តខ្លួន។ បូជាចារ្យត្រូវនាំស្ត្រីមកឈរនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអម្ចាស់ ហើយអនុវត្តសព្វគ្រប់ទាំងអស់តាមច្បាប់នេះ។ ៣១ ពេលនោះ ប្ដីគ្មានទោសអ្វីទេ រីឯប្រពន្ធវិញ នាងត្រូវទទួលផលវិបាកតាមអំពើបាបរបស់ខ្លួន»។
៦
វិន័យស្តីអំពីពួកណាសៀរ
១ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ ២ «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ:
ប្រសិនបើបុរស ឬស្ត្រីណាម្នាក់ សម្រេចចិត្តញែកខ្លួនជាអ្នកណាសៀរ*ថ្វាយព្រះអម្ចាស់ ៣ អ្នកនោះត្រូវតមសុរា និងគ្រឿងស្រវឹង មិនត្រូវបរិភោគទឹកខ្មេះធ្វើអំពីស្រាទំពាំងបាយជូរ ឬទឹកខ្មេះធ្វើពីគ្រឿងស្រវឹងផ្សេងទៀត ហើយក៏មិនត្រូវផឹកទឹកទំពាំងបាយជូរ បរិភោគផ្លែទំពាំងបាយជូរស្រស់ ឬក្រៀមដែរ។ ៤ ក្នុងពេលញែកខ្លួនជាអ្នកណាសៀរ គេមិនត្រូវបរិភោគអ្វីដែលជាផលរបស់ដើមទំពាំងបាយជូរឡើយ គឺសូម្បីតែគ្រាប់ ឬសំបករបស់ផ្លែទំពាំងបាយជូរ ក៏មិនត្រូវប៉ះពាល់ជាដាច់ខាត។ ៥ ក្នុងពេលគេញែកខ្លួនជាអ្នកណាសៀរ មិនត្រូវកាត់សក់ឡើយ។ ក្នុងអំឡុងពេលគេញែកខ្លួនថ្វាយព្រះអម្ចាស់ គេជាមនុស្សដ៏វិសុទ្ធ គេត្រូវទុកឲ្យសក់ដុះវែងរហូតទាល់តែផុតចំនួនថ្ងៃ ដែលគេបានកំណត់ទុក។ ៦ ក្នុងពេលគេញែកខ្លួនថ្វាយព្រះអម្ចាស់ គេមិនត្រូវចូលទៅជិតសាកសពឡើយ ៧ សូម្បីតែសពឪពុកម្ដាយ និងបងប្អូនប្រុសស្រីរបស់ខ្លួន ក៏មិនត្រូវចូលទៅជិត នាំឲ្យខ្លួនសៅហ្មងដែរ ដ្បិតគេបានញែកខ្លួនថ្វាយព្រះអម្ចាស់ ដូចមានសក់របស់គេជាសញ្ញាសម្គាល់ស្រាប់។ ៨ ក្នុងអំឡុងពេលញែកខ្លួនជាអ្នកណាសៀរនោះ គេញែកខ្លួនជាវិសុទ្ធថ្វាយព្រះអម្ចាស់។
៩ ប្រសិនបើមាននរណាម្នាក់ស្លាប់ភ្លាមៗ នៅក្បែរគាត់ ទោះបីគាត់ញែកខ្លួនថ្វាយព្រះអម្ចាស់ក្តី ក៏គាត់ក្លាយទៅជាសៅហ្មងដែរ។ ដូច្នេះ គាត់ត្រូវកោរសក់នៅថ្ងៃជម្រះខ្លួនឲ្យបរិសុទ្ធ គឺកោរសក់នៅថ្ងៃទីប្រាំពីរ។ ១០ នៅថ្ងៃទីប្រាំបី គាត់ត្រូវយកលលកពីរ និងព្រាបជំទើរពីរ មកជូនបូជាចារ្យ នៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់។ ១១ បូជាចារ្យយកសត្វមួយធ្វើយញ្ញបូជារំដោះបាប និងមួយទៀតជាតង្វាយដុតទាំងមូល។ បន្ទាប់មក បូជាចារ្យធ្វើពិធីជម្រះអ្នកនោះឲ្យរួចពីបាប ព្រោះតែបានប៉ះពាល់សាកសព។ ធ្វើដូច្នេះ នៅថ្ងៃនោះ អ្នកណាសៀរញែកខ្លួនជាសក្ការៈសាជាថ្មី។ ១២ គាត់ត្រូវចាប់ផ្តើមញែកខ្លួនថ្វាយព្រះអម្ចាស់ ដោយគិតពេលវេលាសាជាថ្មី គឺថ្វាយកូនចៀមមួយអាយុមួយខួប ជាតង្វាយសុំលើកលែងទោស។ ពេលវេលាពីមុនត្រូវចាត់ទុកជាអាសាបង់ ព្រោះគាត់បានក្លាយទៅជាសៅហ្មង ក្នុងអំឡុងដែលគាត់ញែកខ្លួនជាអ្នកណាសៀរកាលពីមុននោះ។
១៣ រីឯវិន័យស្តីអំពីអ្នកណាសៀរមានដូចតទៅ: នៅថ្ងៃគាត់បញ្ចប់ពេលកំណត់ដែលត្រូវញែកខ្លួនជាអ្នកណាសៀរហើយ គេនាំគាត់មកមាត់ទ្វារពន្លាជួបព្រះអម្ចាស់។ ១៤ គាត់ត្រូវយកកូនចៀមល្អឥតខ្ចោះមួយអាយុមួយខួបមកថ្វាយព្រះអម្ចាស់ ជាតង្វាយដុតទាំងមូល កូនចៀមញីល្អឥតខ្ចោះមួយអាយុមួយខួប មកថ្វាយជាតង្វាយរំដោះបាប និងចៀមឈ្មោលល្អឥតខ្ចោះមួយ មកថ្វាយជាយញ្ញបូជាមេត្រីភាព។ ១៥ គាត់ក៏ត្រូវយកល្អីមួយដែលមានដាក់នំបុ័ងឥតមេ នំធ្វើពីម្សៅម៉ដ្តលាយជាមួយប្រេង នំក្រៀបធ្វើពីម្សៅឥតមេលាបប្រេងពីលើ ព្រមទាំងតង្វាយម្សៅ និងស្រាទំពាំងបាយជូរ សម្រាប់ច្រួចលើយញ្ញបូជា មកជាមួយផង។ ១៦ បូជាចារ្យយកតង្វាយទាំងនោះទៅថ្វាយព្រះអម្ចាស់ ព្រមទាំងថ្វាយយញ្ញបូជារំដោះបាប និងតង្វាយដុតទាំងមូល។ ១៧ លោកថ្វាយចៀមឈ្មោលទៅព្រះអម្ចាស់ ជាយញ្ញបូជាមេត្រីភាព ថែមពីលើល្អីនំបុ័ងឥតមេ។ បូជាចារ្យក៏ត្រូវថ្វាយតង្វាយម្សៅ និងធ្វើពិធីច្រួចស្រាទំពាំងបាយជូរដែរ។ ១៨ ពេលនោះ អ្នកណាសៀរត្រូវកោរសក់សក្ការៈរបស់ខ្លួន នៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់ រួចយកសក់សក្ការៈរបស់ខ្លួនទៅដុតក្នុងភ្លើងអាសនៈ ដែលគេថ្វាយយញ្ញបូជាមេត្រីភាព។ ១៩ បូជាចារ្យយកសាច់ចំឡករបស់ចៀមឈ្មោលដែលដុតចម្អិនរួចហើយ ព្រមទាំងយកនំធ្វើពីម្សៅឥតមេ និងនំក្រៀបធ្វើពីម្សៅឥតមេពីក្នុងល្អីនោះ មកដាក់ក្នុងដៃអ្នកណាសៀរ ដែលទើបនឹងកោរសក់សក្ការៈ។ ២០ បូជាចារ្យត្រូវធ្វើពិធីលើកតង្វាយនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ តង្វាយទាំងនោះត្រូវរាប់ជាសក្ការៈ ហើយញែកជូនបូជាចារ្យថែមពីលើសាច់ទ្រូង និងសាច់ភ្លៅ។ បន្ទាប់មក អ្នកណាសៀរអាចបរិភោគស្រាទំពាំងបាយជូរបាន។
២១ នេះជាវិន័យស្តីអំពីអ្នកដែលសម្រេចចិត្តញែកខ្លួនជាអ្នកណាសៀរ ស្តីអំពីតង្វាយដែលគេត្រូវថ្វាយព្រះអម្ចាស់ ក្នុងពេលញែកខ្លួនជាអ្នកណាសៀរ ប្រសិនបើគេមានលទ្ធភាពនោះ គេអាចថ្វាយតង្វាយផ្សេងទៀត។ គេត្រូវធ្វើតាមពាក្យដែលខ្លួនបានបន់ ស្របតាមវិន័យសម្រាប់ពួកណាសៀរ»។
គំរូពាក្យជូនពរ
២២ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ ២៣ «ចូរប្រាប់អរ៉ុន និងកូនចៅរបស់គាត់ ឲ្យជូនពរជនជាតិអ៊ីស្រាអែលដូចតទៅ:
២៤ “សូមព្រះអម្ចាស់ប្រទានពរ និងថែរក្សាអ្នក។
២៥ សូមព្រះអម្ចាស់ទតមកអ្នក
ដោយព្រះហឫទ័យមេត្តាករុណា
សូមព្រះអង្គប្រណីសន្ដោសអ្
២៦ សូមព្រះអម្ចាស់សម្ដែងព្រះហឫទ័យសប្បុរស
ចំពោះអ្នក
និងប្រទានឲ្យអ្នកបានប្រកបដោយសេចក្ដីសុខសាន្ត”។
២៧ ពេលពួកបូជាចារ្យឲ្យពរជនជាតិអ៊ីស្រាអែលក្នុងនាមយើងដូច្នេះ យើងនឹងឲ្យពរពួកគេ»។
៧
តង្វាយរបស់មេដឹកនាំកុលសម្ព័ន្ធក្នុងឱកាសពិធីសម្ពោធព្រះពន្លា
១ នៅថ្ងៃលោកម៉ូសេដំឡើងព្រះពន្លារួចរាល់ហើយ លោកបានចាក់ប្រេងលើព្រះពន្លា និងគ្រឿងបរិក្ខារទាំងអស់នៅក្នុងព្រះពន្លា ដើម្បីញែកជាសក្ការៈ ហើយលោកក៏បានចាក់ប្រេងលើអាសនៈ និងគ្រឿងបរិក្ខារទាំងអស់ដែលប្រើប្រាស់ជាមួយអាសនៈ ដើម្បីញែកជាសក្ការៈដែរ។ ២ ពេលនោះ ពួកមេដឹកនាំដែលជាមេលើក្រុមគ្រួសារនានារបស់ជនជាតិអ៊ីស្រាអែលនាំគ្នាថ្វាយតង្វាយ។ អ្នកទាំងនោះជាមេដឹកនាំនៃកុលសម្ព័ន្ធ ដែលបានចូលរួមជំរឿនប្រជាជន។ ៣ ពួកគេបានយកតង្វាយរបស់ខ្លួនមកថ្វាយព្រះអម្ចាស់: រទេះមានដំបូលចំនួនប្រាំមួយ និងគោប្រាំមួយនឹម គឺរទេះនីមួយៗជាតង្វាយរបស់មេដឹកនាំពីរនាក់ ហើយគោនីមួយៗជាតង្វាយរបស់មេដឹកនាំម្នាក់ៗ។ ពួកគេនាំយកតង្វាយទាំងនោះមកថ្វាយនៅមុខព្រះពន្លា។
៤ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ ៥ «ចូរទទួលតង្វាយទាំងនេះពីពួកគេ យកទៅប្រើប្រាស់ សម្រាប់កិច្ចការក្នុងពន្លាជួបព្រះអម្ចាស់។ ត្រូវប្រគល់តង្វាយឲ្យពួកលេវី តាមមុខងាររបស់ពួកគេរៀងៗខ្លួន»។ ៦ លោកម៉ូសេក៏ប្រគល់រទេះ និងគោ ឲ្យពួកលេវី។ ៧ លោកឲ្យរទេះពីរ និងគោពីរនឹម ទៅកូនចៅគែរសូន សម្រាប់ប្រើប្រាស់ក្នុងការងាររបស់គេ។ ៨ លោកឲ្យរទេះបួន និងគោបួននឹម ទៅកូនចៅមេរ៉ារី សម្រាប់ប្រើប្រាស់ក្នុងការងារ ដែលពួកគេបំពេញក្រោមការដឹកនាំរបស់លោកអ៊ីតាម៉ារ ជាកូនរបស់លោកបូជាចារ្យអរ៉ុន។ ៩ លោកពុំបានឲ្យទៅកូនចៅគើហាត់ទេ ព្រោះពួកគេមានភារកិច្ចលើគ្រឿងសក្ការៈផ្សេងៗ ដែលត្រូវតែលីសែង។
១០ នៅថ្ងៃលោកម៉ូសេចាក់ប្រេងលើអាសនៈ គឺក្នុងឱកាសពិធីសម្ពោធអាសនៈ ពួកមេដឹកនាំបានយកតង្វាយមកថ្វាយនៅមុខអាសនៈ។ ១១ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ពួកមេដឹកនាំត្រូវយកតង្វាយមួយថ្ងៃម្នាក់ មកថ្វាយក្នុងពិធីសម្ពោធអាសនៈ»។
១២ អ្នកថ្វាយតង្វាយនៅថ្ងៃទីមួយ គឺលោកណាសូន ជាកូនរបស់លោកអាំមីណាដាប់ ពីកុលសម្ព័ន្ធយូដា។ ១៣ តង្វាយរបស់គាត់មានពានប្រាក់មួយទម្ងន់សែសិបតម្លឹង ថូប្រាក់មួយទម្ងន់ម្ភៃតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈ ក្នុងពាន និងថូនេះ មានពេញដោយម្សៅម៉ដ្តលាយជាមួយប្រេង សម្រាប់ថ្វាយជាតង្វាយម្សៅ។ ១៤ បន្ទាប់មក មានពែងមាសមួយទម្ងន់បីតម្លឹង ដែលមានគ្រឿងក្រអូបពេញ ១៥ គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមអាយុមួយខួបមួយ សម្រាប់ថ្វាយជាតង្វាយដុតទាំងមូល ១៦ ពពែឈ្មោលមួយ សម្រាប់ថ្វាយជាយញ្ញបូជារំដោះបាប ១៧ ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ កូនចៀមអាយុមួយខួបប្រាំ សម្រាប់ថ្វាយជាយញ្ញបូជាមេត្រីភាព។ នេះជាតង្វាយរបស់លោកណាសូន ជាកូនរបស់លោកអាំមីណាដាប់។
១៨ នៅថ្ងៃទីពីរ លោកនេតាណាអែល ជាកូនរបស់លោកស៊ូអារ ពីកុលសម្ព័ន្ធអ៊ីសាកា នាំយកតង្វាយរបស់គាត់មកថ្វាយ។ ១៩ តង្វាយដែលគាត់ថ្វាយមានពានប្រាក់មួយទម្ងន់សែសិបតម្លឹង ថូប្រាក់មួយទម្ងន់ម្ភៃតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈ ក្នុងពាន និងថូនេះ មានពេញដោយម្សៅម៉ដ្តលាយជាមួយប្រេង សម្រាប់ថ្វាយជាតង្វាយម្សៅ។ ២០ បន្ទាប់មក មានពែងមាសមួយទម្ងន់បីតម្លឹង ដែលមានគ្រឿងក្រអូបពេញ ២១ គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមអាយុមួយខួបមួយ សម្រាប់ថ្វាយជាតង្វាយដុតទាំងមូល ២២ ពពែឈ្មោលមួយ សម្រាប់ថ្វាយជាយញ្ញបូជារំដោះបាប ២៣ ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ កូនចៀមអាយុមួយខួបប្រាំ សម្រាប់ថ្វាយជាយញ្ញបូជាមេត្រីភាព។ នេះជាតង្វាយរបស់លោកនេតាណាអែល ជាកូនរបស់លោកស៊ូអារ។
២៤ នៅថ្ងៃទីបី គឺលោកអេលីយ៉ាប ជាកូនរបស់លោកហេឡូន ជាមេដឹកនាំរបស់កូនសាប៊ូឡូន។ ២៥ តង្វាយរបស់គាត់មានពានប្រាក់មួយទម្ងន់សែសិបតម្លឹង ថូប្រាក់មួយទម្ងន់ម្ភៃតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈ ក្នុងពាន និងថូនេះ មានពេញដោយម្សៅម៉ដ្តលាយជាមួយប្រេង សម្រាប់ថ្វាយជាតង្វាយម្សៅ។ ២៦ បន្ទាប់មក មានពែងមាសមួយទម្ងន់បីតម្លឹង ដែលមានគ្រឿងក្រអូបពេញ ២៧ គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមអាយុមួយខួបមួយ សម្រាប់ថ្វាយជាតង្វាយដុតទាំងមូល ២៨ ពពែឈ្មោលមួយ សម្រាប់ថ្វាយជាយញ្ញបូជារំដោះបាប ២៩ ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ កូនចៀមអាយុមួយខួបប្រាំ សម្រាប់ថ្វាយជាយញ្ញបូជាមេត្រីភាព។ នេះជាតង្វាយរបស់លោកអេលីយ៉ាប ជាកូនរបស់លោកហេឡូន។
៣០ នៅថ្ងៃទីបួន គឺលោកអេលីសួរ ជាកូនរបស់លោកសេដេអួរ ជាមេដឹកនាំរបស់កូនចៅរូបេន។ ៣១ តង្វាយរបស់គាត់មានពានប្រាក់មួយទម្ងន់សែសិបតម្លឹង ថូប្រាក់មួយទម្ងន់ម្ភៃតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈ ក្នុងពាន និងថូនេះ មានពេញដោយម្សៅម៉ដ្តលាយជាមួយប្រេងសម្រាប់ថ្វាយជាតង្វាយម្សៅ។ ៣២ បន្ទាប់មក មានពែងមាសមួយទម្ងន់បីតម្លឹង ដែលមានគ្រឿងក្រអូបពេញ ៣៣ គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមអាយុមួយខួបមួយ សម្រាប់ថ្វាយជាតង្វាយដុតទាំងមូល ៣៤ ពពែឈ្មោលមួយ សម្រាប់ថ្វាយជាយញ្ញបូជារំដោះបាប ៣៥ ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ កូនចៀមអាយុមួយខួបប្រាំ សម្រាប់ថ្វាយជាយញ្ញបូជាមេត្រីភាព។ នេះជាតង្វាយរបស់លោកអេលីសួរ ជាកូនរបស់លោកសេដេអួរ។
៣៦ នៅថ្ងៃទីប្រាំ គឺលោកសេលូមីអែល ជាកូនរបស់លោកស៊ូរីសាដាយ ជាមេដឹកនាំរបស់កូនចៅស៊ីម៉ូន។ ៣៧ តង្វាយរបស់គាត់មានពានប្រាក់មួយទម្ងន់សែសិបតម្លឹង ថូប្រាក់មួយទម្ងន់ម្ភៃតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈ ក្នុងពាន និងថូនេះ មានពេញដោយម្សៅម៉ដ្តលាយជាមួយប្រេង សម្រាប់ថ្វាយជាតង្វាយម្សៅ។ ៣៨ បន្ទាប់មក មានពែងមាសមួយទម្ងន់បីតម្លឹង ដែលមានគ្រឿងក្រអូបពេញ ៣៩ គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមអាយុមួយខួបមួយ សម្រាប់ថ្វាយជាតង្វាយដុតទាំងមូល ៤០ ពពែឈ្មោលមួយ សម្រាប់ថ្វាយជាយញ្ញបូជារំដោះបាប ៤១ ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ កូនចៀមអាយុមួយខួបប្រាំ សម្រាប់ថ្វាយជាយញ្ញបូជាមេត្រីភាព។ នេះជាតង្វាយរបស់លោកសេលូមីអែល ជាកូនរបស់លោកស៊ូរីសាដាយ។
៤២ នៅថ្ងៃទីប្រាំមួយ គឺលោកអេលីយ៉ាសាប ជាកូនរបស់លោកដេឌូអែល ជាមេដឹកនាំរបស់កូនចៅកាដ។ ៤៣ តង្វាយរបស់គាត់មានពានប្រាក់មួយទម្ងន់សែសិបតម្លឹង ថូប្រាក់មួយទម្ងន់ម្ភៃតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈ ក្នុងពាន និងថូនេះ មានពេញដោយម្សៅម៉ដ្តលាយជាមួយប្រេង សម្រាប់ថ្វាយជាតង្វាយម្សៅ។ ៤៤ បន្ទាប់មក មានពែងមាសមួយទម្ងន់បីតម្លឹង ដែលមានគ្រឿងក្រអូបពេញ ៤៥ គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមអាយុមួយខួបមួយ សម្រាប់ថ្វាយជាតង្វាយដុតទាំងមូល ៤៦ ពពែឈ្មោលមួយ សម្រាប់ថ្វាយជាយញ្ញបូជារំដោះបាប ៤៧ ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ កូនចៀមអាយុមួយខួបប្រាំ សម្រាប់ថ្វាយជាយញ្ញបូជាមេត្រីភាព។ នេះជាតង្វាយរបស់លោកអេលីយ៉ាសាប់ ជាកូនរបស់លោកដេអ៊ូអែល។
៤៨ នៅថ្ងៃទីប្រាំពីរ គឺលោកអេលីសាម៉ា ជាកូនរបស់លោកអាំមីហ៊ូដ ជាមេដឹកនាំរបស់កូនចៅអេប្រាអ៊ីម។ ៤៩ តង្វាយរបស់គាត់មានពានប្រាក់មួយទម្ងន់សែសិបតម្លឹង ថូប្រាក់មួយទម្ងន់ម្ភៃតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈ ក្នុងពាន និងថូនេះ មានពេញដោយម្សៅម៉ដ្តលាយជាមួយប្រេង សម្រាប់ថ្វាយជាតង្វាយម្សៅ។ ៥០ បន្ទាប់មក មានពែងមាសមួយទម្ងន់បីតម្លឹង ដែលមានគ្រឿងក្រអូបពេញ ៥១ គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមអាយុមួយខួបមួយ សម្រាប់ថ្វាយជាតង្វាយដុតទាំងមូល ៥២ ពពែឈ្មោលមួយ សម្រាប់ថ្វាយជាយញ្ញបូជារំដោះបាប ៥៣ ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ កូនចៀមអាយុមួយខួបប្រាំ សម្រាប់ថ្វាយជាយញ្ញបូជាមេត្រីភាព។ នេះជាតង្វាយរបស់លោកអេលីសាម៉ា ជាកូនរបស់លោកអាំមីហ៊ូដ។
៥៤ នៅថ្ងៃទីប្រាំបី គឺលោកកាំលីអែល ជាកូនរបស់លោកពេដាសួរ ជាមេដឹកនាំរបស់កូនចៅម៉ាណាសេ។ ៥៥ តង្វាយរបស់គាត់មានពានប្រាក់មួយទម្ងន់សែសិបតម្លឹង ថូប្រាក់មួយទម្ងន់ម្ភៃតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈ ក្នុងពាន និងថូនេះ មានពេញដោយម្សៅម៉ដ្តលាយជាមួយប្រេង សម្រាប់ថ្វាយជាតង្វាយម្សៅ។ ៥៦ បន្ទាប់មក មានពែងមាសមួយទម្ងន់បីតម្លឹង ដែលមានគ្រឿងក្រអូបពេញ ៥៧ គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមអាយុមួយខួបមួយ សម្រាប់ថ្វាយជាតង្វាយដុតទាំងមូល ៥៨ ពពែឈ្មោលមួយ សម្រាប់ថ្វាយជាយញ្ញបូជារំដោះបាប ៥៩ ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ កូនចៀមអាយុមួយខួបប្រាំ សម្រាប់ថ្វាយជាយញ្ញបូជាមេត្រីភាព។ នេះជាតង្វាយរបស់លោកកាំលីអែល ជាកូនរបស់លោកពេដាសួរ។
៦០ នៅថ្ងៃទីប្រាំបួន គឺលោកអប៊ីដាន ជាកូនរបស់លោកគីដេអូនី ជាមេដឹកនាំរបស់កូនចៅបេនយ៉ាមីន។ ៦១ តង្វាយរបស់គាត់មានពានប្រាក់មួយទម្ងន់សែសិបតម្លឹង ថូប្រាក់មួយទម្ងន់ម្ភៃតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈ ក្នុងពាន និងថូនេះ មានពេញដោយម្សៅម៉ដ្តលាយជាមួយប្រេង សម្រាប់ថ្វាយជាតង្វាយម្សៅ។ ៦២ បន្ទាប់មក មានពែងមាសមួយទម្ងន់បីតម្លឹង ដែលមានគ្រឿងក្រអូបពេញ ៦៣ គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមអាយុមួយខួបមួយ សម្រាប់ថ្វាយជាតង្វាយដុតទាំងមូល ៦៤ ពពែឈ្មោលមួយ សម្រាប់ថ្វាយជាយញ្ញបូជារំដោះបាប ៦៥ ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ កូនចៀមអាយុមួយខួបប្រាំ សម្រាប់ថ្វាយជាយញ្ញបូជាមេត្រីភាព។ នេះជាតង្វាយរបស់លោកអប៊ីដាន ជាកូនរបស់លោកគីដេអូនី។
៦៦ នៅថ្ងៃទីដប់ គឺលោកអហ៊ីយេស៊ែរ ជាកូនរបស់លោកអាំមីសាដាយ ជាមេដឹកនាំរបស់កូនចៅដាន់។ ៦៧ តង្វាយរបស់គាត់មានពានប្រាក់មួយទម្ងន់សែសិបតម្លឹង ថូប្រាក់មួយទម្ងន់ម្ភៃតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈ ក្នុងពាន និងថូនេះ មានពេញដោយម្សៅម៉ដ្តលាយជាមួយប្រេង សម្រាប់ថ្វាយជាតង្វាយម្សៅ។ ៦៨ បន្ទាប់មក មានពែងមាសមួយទម្ងន់បីតម្លឹង ដែលមានគ្រឿងក្រអូបពេញ ៦៩ គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមអាយុមួយខួបមួយ សម្រាប់ថ្វាយជាតង្វាយដុតទាំងមូល ៧០ ពពែឈ្មោលមួយ សម្រាប់ថ្វាយជាយញ្ញបូជារំដោះបាប ៧១ ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ កូនចៀមអាយុមួយខួបប្រាំ សម្រាប់ថ្វាយជាយញ្ញបូជាមេត្រីភាព។ នេះជាតង្វាយរបស់លោកអហ៊ីយេស៊ែរ ជាកូនរបស់លោកអាំមីសាដាយ។
៧២ នៅថ្ងៃទីដប់មួយ គឺលោកប៉ាគីអែល ជាកូនរបស់លោកអូក្រាន ជាមេដឹកនាំរបស់កូនចៅអស៊ែរ។ ៧៣ តង្វាយរបស់គាត់មានពានប្រាក់មួយទម្ងន់សែសិបតម្លឹង ថូប្រាក់មួយទម្ងន់ម្ភៃតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈ ក្នុងពាន និងថូនេះ មានពេញដោយម្សៅម៉ដ្តលាយជាមួយប្រេង សម្រាប់ថ្វាយជាតង្វាយម្សៅ។ ៧៤ បន្ទាប់មក មានពែងមាសមួយទម្ងន់បីតម្លឹង ដែលមានគ្រឿងក្រអូបពេញ ៧៥ គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមអាយុមួយខួបមួយ សម្រាប់ថ្វាយជាតង្វាយដុតទាំងមូល ៧៦ ពពែឈ្មោលមួយសម្រាប់ថ្វាយជាយញ្ញបូជារំដោះបាប ៧៧ ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ កូនចៀមអាយុមួយខួបប្រាំ សម្រាប់ថ្វាយជាយញ្ញបូជាមេត្រីភាព។ នេះជាតង្វាយរបស់លោកប៉ាគីអ៊ែល ជាកូនរបស់លោកអូក្រាន។
៧៨ នៅថ្ងៃទីដប់ពីរ គឺលោកអហ៊ីរ៉ា ជាកូនរបស់លោកអេណាន ជាមេដឹកនាំរបស់កូនចៅណែបថាលី។ ៧៩ តង្វាយរបស់គាត់មានពានប្រាក់មួយទម្ងន់សែសិបតម្លឹង ថូប្រាក់មួយទម្ងន់ម្ភៃតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈ ក្នុងពាន និងថូនេះ មានពេញដោយម្សៅម៉ដ្តលាយជាមួយប្រេង សម្រាប់ថ្វាយជាតង្វាយម្សៅ។ ៨០ បន្ទាប់មក មានពែងមាសមួយទម្ងន់បីតម្លឹង ដែលមានគ្រឿងក្រអូបពេញ ៨១ គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមអាយុមួយខួបមួយ សម្រាប់ថ្វាយជាតង្វាយដុតទាំងមូល ៨២ ពពែឈ្មោលមួយ សម្រាប់ថ្វាយជាយញ្ញបូជារំដោះបាប ៨៣ ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ កូនចៀមអាយុមួយខួបប្រាំ សម្រាប់ថ្វាយជាយញ្ញបូជាមេត្រីភាព។ នេះជាតង្វាយរបស់លោកអហ៊ីរ៉ា ជាកូនរបស់លោកអេណាន។
៨៤ តង្វាយដែលមេដឹកនាំរបស់ជនជាតិអ៊ីស្រាអែលយកមកថ្វាយ នៅថ្ងៃចាក់ប្រេងសម្ពោធអាសនៈ សរុបទាំងអស់មានពានប្រាក់ដប់ពីរ ថូប្រាក់ដប់ពីរ ពែងមាសដប់ពីរ។ ៨៥ ពានប្រាក់នីមួយៗទម្ងន់សែសិបតម្លឹង ថូប្រាក់នីមួយៗទម្ងន់ម្ភៃតម្លឹង ដូច្នេះ គ្រឿងប្រដាប់ជាប្រាក់មានទម្ងន់ទាំងអស់ប្រាំពីររយម្ភៃតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈ។ ៨៦ រីឯពែងមាសទាំងដប់ពីរដែលមានដាក់គ្រឿងក្រអូបពេញនោះ ពែងនីមួយៗមានទម្ងន់បីតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈ។ សរុបមកទម្ងន់របស់ពែងមាសទាំងអស់មានសាមសិបប្រាំមួយតម្លឹង។ ៨៧ រីឯចំនួនសត្វសម្រាប់ថ្វាយជាតង្វាយដុតទាំងមូលមានគោស្ទាវដប់ពីរ ចៀមឈ្មោលដប់ពីរ កូនចៀមអាយុមួយខួបដប់ពីរ ដែលត្រូវថ្វាយជាមួយតង្វាយម្សៅ។ រីឯយញ្ញបូជារំដោះបាបមានពពែឈ្មោលដប់ពីរ។ ៨៨ ចំនួនសត្វសម្រាប់ថ្វាយជាយញ្ញបូជាមេត្រីភាពសរុបទាំងអស់មានគោឈ្មោលម្ភៃបួន ចៀមឈ្មោលហុកសិប ពពែឈ្មោលហុកសិប និងកូនចៀមអាយុមួយខួបហុកសិប។ នេះជាតង្វាយសម្រាប់ពិធីសម្ពោធអាសនៈ ក្រោយពេលធ្វើពិធីលាបប្រេងរួច។
៨៩ នៅពេលលោកម៉ូសេចូលទៅក្នុងពន្លាជួបព្រះអម្ចាស់ ដើម្បីសន្ទនាជាមួយព្រះអង្គ លោកបានឮព្រះសូរសៀងពីលើគម្របហិបនៃសន្ធិសញ្ញា ដែលស្ថិតនៅចន្លោះខេរូប៊ីមទាំងពីរ។ លោកក៏សន្ទនាជាមួយព្រះអង្គ ។
៨
របៀបតម្កល់ចង្កៀង
១ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ ២ «ចូរប្រាប់អរ៉ុនដូចតទៅ: “ពេលណាតម្កល់ចង្កៀង ចូររៀបចំយ៉ាងណាឲ្យចង្កៀងទាំងប្រាំពីរនោះ ភ្លឺចាំងមកផ្នែកខាងមុខជើងចង្កៀង”»។
៣ លោកអរ៉ុនក៏ធ្វើតាម គឺលោកដាក់ចង្កៀងនៅផ្នែកខាងមុខជើងចង្កៀង ដូចព្រះអម្ចាស់មានព្រះបន្ទូលបង្គាប់មកលោកម៉ូសេ។ ៤ ជើងចង្កៀងធ្វើពីមាសមានក្បាច់រចនា គឺចាប់ពីជើងរហូតដល់ចុងខាងលើ សុទ្ធតែមានក្បាច់ទាំងអស់។ គេបានធ្វើជើងចង្កៀងនេះតាមគំរូ ដែលព្រះអម្ចាស់បង្ហាញឲ្យលោកម៉ូសេឃើញ ។
ពិធីតែងតាំងក្រុមលេវី
៥ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ ៦ «ចូរនាំពួកលេវីចេញពីចំណោមជនជាតិអ៊ីស្រាអែល ហើយធ្វើពិធីជម្រះពួកគេឲ្យបរិសុទ្ធ។ ៧ អ្នកត្រូវជម្រះពួកគេដូចតទៅ គឺធ្វើពិធីប្រោះទឹករំដោះបាប ត្រូវឲ្យពួកគេកោររោមនៅលើរូបកាយរបស់ខ្លួន ឲ្យពួកគេបោកសម្លៀកបំពាក់ និងជម្រះខ្លួនឲ្យបរិសុទ្ធ។ ៨ បន្ទាប់មក ពួកគេត្រូវយកគោបាមួយមក ព្រមទាំងតង្វាយដែលត្រូវថ្វាយជាមួយ គឺម្សៅម៉ដ្តលាយជាមួយប្រេង។ អ្នកត្រូវយកគោបាមួយទៀតមក សម្រាប់ធ្វើយញ្ញបូជារំដោះបាប។ ៩ ចូរនាំពួកលេវីឲ្យចូលមកជិតពន្លាជួបព្រះអម្ចាស់ ហើយប្រមូលផ្តុំសហគមន៍អ៊ីស្រាអែលទាំងមូល។ ១០ ចូរនាំពួកលេវីចូលមកជិតយើង ហើយឲ្យជនជាតិអ៊ីស្រាអែលដាក់ដៃលើពួកគេ។ ១១ អរ៉ុនត្រូវធ្វើពិធីញែកពួកលេវី ទុកជាតង្វាយដែលកូនចៅអ៊ីស្រាអែលយកមកថ្វាយយើង ដើម្បីឲ្យបម្រើយើង។ ១២ ពួកលេវីត្រូវដាក់ដៃលើក្បាលគោបាទាំងពីរ រួចហើយអ្នកត្រូវថ្វាយគោមួយជាយញ្ញបូជារំដោះបាប និងមួយទៀតជាតង្វាយដុតទាំងមូល ដើម្បីជម្រះពួកលេវីឲ្យរួចពីបាប។ ១៣ បន្ទាប់មក ចូរឲ្យពួកលេវីឈរនៅមុខអរ៉ុន និងកូនចៅរបស់គាត់ ហើយអ្នកត្រូវធ្វើពិធីញែកពួកគេទុកជាតង្វាយសម្រាប់យើង។ ១៤ ចូរញែកពួកលេវីចេញពីចំណោមជនជាតិអ៊ីស្រាអែល ហើយពួកលេវីនឹងបានជាចំណែករបស់យើង។ ១៥ បន្ទាប់មកទៀត ពួកលេវីត្រូវមកបំពេញមុខងារនៅក្នុងពន្លាជួបព្រះអម្ចាស់។ អ្នកត្រូវជម្រះពួកគេឲ្យបរិសុទ្ធ និងធ្វើពិធីញែកពួកគេទុកជាតង្វាយសម្រាប់យើងបែបនេះឯង។ ១៦ យើងញែកពួកគេពីចំណោមជនជាតិអ៊ីស្រាអែល ទុកសម្រាប់យើង ជំនួសកូនច្បងទាំងអស់របស់ជនជាតិអ៊ីស្រាអែល ១៧ ដ្បិតកូនច្បងទាំងអស់របស់ជនជាតិអ៊ីស្រាអែល និងកូនដំបូងនៃហ្វូងសត្វរបស់គេ ត្រូវបានជាចំណែករបស់យើង។ នៅថ្ងៃយើងប្រហារកូនច្បងទាំងអស់នៅស្រុកអេស៊ីប យើងបានញែកកូនច្បងរបស់ជនជាតិអ៊ីស្រាអែលទុកសម្រាប់យើង។ ១៨ ហេតុនេះ យើងបានយកពួកលេវីចេញពីចំណោមជនជាតិអ៊ីស្រាអែល ជំនួសកូនច្បងទាំងអស់របស់ពួកគេ។ ១៩ យើងបានយកពួកលេវីពីក្នុងចំណោមជនជាតិអ៊ីស្រាអែល ប្រគល់ទៅឲ្យអរ៉ុន និងកូនចៅរបស់គាត់ ដើម្បីឲ្យពួកគេបំពេញការងារបម្រើជនជាតិអ៊ីស្រាអែល នៅក្នុងពន្លាជួបព្រះអម្ចាស់ ឲ្យពួកគេធ្វើពិធីរំដោះបាបរបស់ជនជាតិអ៊ីស្រាអែល។ ធ្វើដូច្នេះ អ៊ីស្រាអែលនឹងមិនជួបគ្រោះកាចណាមួយ ព្រោះតែចូលមកជិតទីសក្ការៈឡើយ»។
២០ លោកម៉ូសេ លោកអរ៉ុន និងសហគមន៍អ៊ីស្រាអែលទាំងមូល នាំគ្នាអនុវត្តតាមព្រះបន្ទូលទាំងប៉ុន្មាន ដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ ស្តីអំពីពួកលេវី។ ២១ ពួកលេវីនាំគ្នាធ្វើពិធីជម្រះកាយ និងបោកសម្លៀកបំពាក់របស់ខ្លួន។ លោកអរ៉ុនបានធ្វើពិធីញែកពួកគេថ្វាយព្រះអម្ចាស់ នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ ហើយធ្វើពិធីលោះបាបពួកគេ និងជម្រះពួកគេឲ្យបរិសុទ្ធ។ ២២ បន្ទាប់មក ពួកលេវីនាំគ្នាមកបំពេញមុខងាររបស់ខ្លួននៅក្នុងពន្លាជួបព្រះអម្ចាស់ ក្រោមការទទួលខុសត្រូវរបស់លោកអរ៉ុន និងកូនចៅរបស់លោក។ គេបានអនុវត្តតាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ ស្តីអំពីពួកលេវី។
២៣ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ ២៤ «ពួកលេវីដែលមានអាយុពីម្ភៃឆ្នាំឡើងទៅ ត្រូវចូលទៅបម្រើការងារនៅក្នុងពន្លាជួបព្រះអម្ចាស់ទាំងអស់គ្នា។ ២៥ ចាប់ពីអាយុហាសិបឆ្នាំទៅ គេនឹងចូលនិវត្តន៍ លែងបម្រើយើងទៀតហើយ។ ២៦ គេនឹងជួយបងប្អូនរបស់ខ្លួននៅក្នុងពន្លាជួបព្រះអម្ចាស់ មើលថែទាំអ្វីៗដែលជាភារកិច្ចរបស់ខ្លួន ប៉ុន្តែ គេលែងមានបន្ទុកបម្រើយើងទៀតហើយ។ អ្នកត្រូវប្រព្រឹត្តដូច្នេះ ចំពោះពួកលេវី តាមភារកិច្ចរបស់ពួកគេ»។
៩
ពិធីបុណ្យចម្លង*នៅវាលរហោស្ថានស៊ីណៃ
១ នៅខែទីមួយនៃឆ្នាំទីពីរ ក្រោយពេលជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេនៅវាលរហោស្ថានស៊ីណៃ ដូចតទៅ៖ ២ «ចូរឲ្យជនជាតិអ៊ីស្រាអែលប្រារព្ធពិធីបុណ្យចម្លងនៅថ្ងៃដែលបានកំណត់ទុក។ ៣ ចូរនាំគ្នាប្រារព្ធពិធីបុណ្យនេះនៅថ្ងៃកំណត់ទុក គឺនៅថ្ងៃទីដប់បួនកើតក្នុងខែនេះ ក្រោយពេលថ្ងៃលិច។ អ្នករាល់គ្នាត្រូវប្រារព្ធពិធីបុណ្យនេះ តាមវិន័យ និងតាមក្បួនតម្រាដែលមានចែងទុក»។
៤ លោកម៉ូសេប្រាប់ជនជាតិអ៊ីស្រាអែលឲ្យធ្វើពិធីបុណ្យចម្លង។ ៥ ពួកគេក៏ប្រារព្ធពិធីបុណ្យចម្លង នៅវាលរហោស្ថានស៊ីណៃ នាថ្ងៃទីដប់បួនកើតក្នុងខែទីមួយ ក្រោយពេលថ្ងៃលិច។ ជនជាតិអ៊ីស្រាអែលនាំគ្នាធ្វើតាមព្រះបន្ទូលទាំងប៉ុន្មាន ដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។ ៦ ពេលនោះ មានអ្នកខ្លះត្រូវសៅហ្មង ព្រោះបានប៉ះពាល់សាកសព ហើយមិនអាចចូលរួមប្រារព្ធពិធីបុណ្យចម្លងឡើយ។ នៅថ្ងៃដដែលនោះ ពួកគេទៅជួបលោកម៉ូសេ និងលោកអរ៉ុន ៧ ហើយជម្រាបថា៖ «យើងខ្ញុំត្រូវសៅហ្មង ព្រោះតែបានប៉ះពាល់សាកសព។ តើយើងខ្ញុំមានសិទ្ធិចូលរួមថ្វាយតង្វាយដល់ព្រះអម្ចាស់ តាមពេលកំណត់ ដូចជនជាតិអ៊ីស្រាអែលឯទៀតៗឬទេ?»។ ៨ លោកម៉ូសេមានប្រសាសន៍ទៅពួកគេថា៖ «ចូររង់ចាំខ្ញុំទទួលបញ្ជាពីព្រះអម្ចាស់ស្តីអំពីករណីរបស់អ្នករាល់គ្នាសិន»។ ៩ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ ១០ «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: ប្រសិនបើមាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា ឬអ្នកនៅជំនាន់ក្រោយ ត្រូវសៅហ្មង ព្រោះតែប៉ះពាល់សាកសព ឬធ្វើដំណើរទៅស្រុកឆ្ងាយ គេអាចប្រារព្ធពិធីបុណ្យចម្លងថ្វាយព្រះអម្ចាស់បាន។ ១១ ប៉ុន្តែ គេត្រូវធ្វើបុណ្យនេះនៅខែពិសាខ ថ្ងៃទីដប់បួនកើត ក្រោយពេលថ្ងៃលិច។ គេត្រូវបរិភោគសាច់ចៀមនៃបុណ្យចម្លងជាមួយនំបុ័ងឥតមេ និងបន្លែល្វីង។ ១២ គេមិនត្រូវទុកអ្វីឲ្យនៅសល់រហូតដល់ព្រឹក ហើយក៏មិនត្រូវបំបាក់ឆ្អឹងណាមួយឡើយ។ គេត្រូវប្រព្រឹត្តតាមច្បាប់ទាំងអស់ដែលមានចែងទុកអំពីបុណ្យចម្លង។ ១៣ ប្រសិនបើនរណាម្នាក់មិនសៅហ្មង ហើយមិនធ្វើដំណើរទៅណា តែមិនចូលរួមធ្វើបុណ្យចម្លងទេ អ្នកនោះនឹងត្រូវដកចេញពីចំណោមប្រជាជនរបស់ខ្លួន ដ្បិតគេមិនបានថ្វាយតង្វាយទៅព្រះអម្ចាស់ តាមពេលកំណត់។ អ្នកនោះត្រូវទទួលទោសតាមអំពើបាបរបស់ខ្លួន។ ១៤ ប្រសិនបើមានជនបរទេសណាម្នាក់ស្នាក់នៅជាមួយអ្នករាល់គ្នា ចូលរួមប្រារព្ធពិធីបុណ្យចម្លងជាមួយអ្នករាល់គ្នាដែរ នោះគេត្រូវធ្វើតាមវិន័យ និងក្បួនតម្រាដែលមានចែងទុកអំពីបុណ្យចម្លងនេះ ដ្បិតមានក្បួនតម្រាតែមួយសម្រាប់អ្នករាល់គ្នា ទោះបីជនបរទេសក្តី ម្ចាស់ស្រុកក្តី»។
ពពកគ្របបាំងលើទីសក្ការៈ
១៥ នៅថ្ងៃដែលគេដំឡើងព្រះពន្លា នោះមានពពក*មកគ្របបាំងព្រះពន្លា គឺពន្លានៃសក្ខីភាព។ ពពកនោះមានទ្រង់ទ្រាយដូចភ្លើង ស្ថិតនៅពីលើព្រះពន្លា ចាប់ពីល្ងាចរហូតដល់ព្រឹក។ ១៦ ពពកស្ថិតនៅលើព្រះពន្លាដូច្នេះ រហូតតរៀងមក ហើយនៅពេលយប់ ពពកនោះប្រែជាមានទ្រង់ទ្រាយដូចភ្លើង។ ១៧ ពេលណាពពកអណ្ដែតឡើងផុតពីព្រះពន្លា ជនជាតិអ៊ីស្រាអែលនាំគ្នាចេញដំណើរ ហើយពេលណាពពកឈប់ នោះជនជាតិអ៊ីស្រាអែលនាំគ្នាបោះជំរំ។ ១៨ ជនជាតិអ៊ីស្រាអែលចេញដំណើរតាមបញ្ជារបស់ព្រះអម្ចាស់ ហើយនាំគ្នាបោះជំរំតាមបញ្ជារបស់ព្រះអង្គដែរ។ ពពកស្ថិតនៅលើព្រះពន្លាអស់រយៈពេលប៉ុនណា ពួកគេក៏បោះជំរំអស់រយៈពេលប៉ុណ្ណោះដែរ។ ១៩ ពេលពពកស្ថិតនៅលើព្រះពន្លាយ៉ាងយូរនោះ ជនជាតិអ៊ីស្រាអែលនាំគ្នាធ្វើតាមបង្គាប់របស់ព្រះអម្ចាស់ គឺពួកគេមិនចេញដំណើរទេ។ ២០ ប្រសិនបើពពកស្ថិតនៅលើព្រះពន្លាតែប៉ុន្មានថ្ងៃ នោះពួកគេត្រូវបោះជំរំ និងរើជំរំ តាមបញ្ជារបស់ព្រះអម្ចាស់។ ២១ ជួនកាល ពពកស្ថិតនៅលើព្រះពន្លាពីល្ងាចដល់ព្រឹក ហើយពេលព្រលឹម ពពកអណ្ដែតឡើង នោះពួកគេត្រូវចេញដំណើរ។ ជួនកាលពពកស្ថិតនៅមួយថ្ងៃមួយយប់ ពេលពពកអណ្ដែតឡើង ពួកគេក៏ត្រូវចេញដំណើរដែរ។ ២២ ប្រសិនបើពពកស្ថិតនៅលើព្រះពន្លាចំនួនពីរថ្ងៃ ឬមួយខែ ឬមួយឆ្នាំ ជនជាតិអ៊ីស្រាអែលត្រូវតែបោះជំរំនៅទីនោះ គឺពួកគេមិនចេញដំណើរឡើយ។ ពេលណាពពកអណ្ដែតឡើង ទើបពួកគេចេញដំណើរ។ ២៣ ពួកគេនាំគ្នាបោះជំរំតាមបញ្ជារបស់ព្រះអម្ចាស់ ហើយក៏ចេញដំណើរតាមបញ្ជារបស់ព្រះអង្គដែរ។ ពួកគេគោរពបម្រើព្រះអម្ចាស់ ស្របតាមព្រះបន្ទូលដែលព្រះអង្គបង្គាប់មកលោកម៉ូសេ។
១០
ត្រែធ្វើអំពីប្រាក់
១ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ ២ «ចូរធ្វើត្រែពីរអំពីប្រាក់ដែលមានក្បាច់រចនា។ ត្រែទាំងពីរនេះប្រើសម្រាប់កោះហៅសហគមន៍ឲ្យជួបជុំគ្នា និងប្រកាសរើជំរំចេញដំណើរ។ ៣ ពេលណាគេផ្លុំត្រែ សហគមន៍ទាំងមូលត្រូវប្រមូលគ្នានៅជុំវិញអ្នក ត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់។ ៤ ប្រសិនបើគេផ្លុំត្រែមួយ ពួកមេដឹកនាំ និងពួកមេទ័ពរបស់ជនជាតិអ៊ីស្រាអែល ត្រូវប្រមូលគ្នានៅជុំវិញអ្នក។ ៥ ពេលណាអ្នករាល់គ្នាផ្លុំត្រែយ៉ាងរន្ថាន់ នោះអស់អ្នកដែលបោះជំរំនៅប៉ែកខាងកើត ត្រូវនាំគ្នាចេញដំណើរ។ ៦ ពេលណាអ្នករាល់គ្នាផ្លុំត្រែយ៉ាងរន្ថាន់លើកទីពីរ នោះអស់អ្នកដែលបោះជំរំនៅប៉ែកខាងត្បូងត្រូវនាំគ្នាចេញដំណើរ។ ត្រូវផ្លុំត្រែយ៉ាងរន្ថាន់ជាសញ្ញាចេញដំណើរ។ ៧ នៅពេលប្រមូលផ្តុំអង្គប្រជុំ អ្នករាល់គ្នាក៏ត្រូវផ្លុំត្រែដែរ តែផ្លុំយ៉ាងវែង។ ៨ ពួកបូជាចារ្យ ជាកូនចៅរបស់លោកអរ៉ុន ជាអ្នកផ្លុំត្រែ។ នេះជាក្រឹត្យវិន័យដែលអ្នករាល់គ្នាត្រូវធ្វើតាមគ្រប់ជំនាន់រហូតតទៅ។ ៩ ក្នុងស្រុករបស់អ្នករាល់គ្នា នៅពេលអ្នករាល់គ្នាចេញទៅច្បាំងនឹងបច្ចាមិត្តដែលមកឈ្លានពានអ្នករាល់គ្នា ត្រូវផ្លុំត្រែយ៉ាងរន្ថាន់ ដើម្បីឲ្យព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា នឹកដល់អ្នករាល់គ្នា ហើយសង្គ្រោះអ្នករាល់គ្នាឲ្យរួចពីខ្មាំងសត្រូវ។ ១០ នៅថ្ងៃដែលអ្នករាល់គ្នាធ្វើបុណ្យយ៉ាងសប្បាយ បុណ្យដ៏សំខាន់ៗ និងបុណ្យចូលខែថ្មី នោះត្រូវផ្លុំត្រែនៅពេលថ្វាយតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាព ដើម្បីឲ្យព្រះរបស់អ្នករាល់គ្នា នឹកដល់អ្នករាល់គ្នា។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា»។
ជនជាតិអ៊ីស្រាអែលធ្វើដំណើរពីវាលរហោស្ថានស៊ីណៃ ឆ្ពោះទៅព្រំប្រទល់ស្រុកម៉ូអាប់
ការចេញដំណើរពីវាលរហោស្ថានស៊ីណៃ
១១ នៅឆ្នាំទីពីរ ខែទីពីរ ថ្ងៃទីម្ភៃ ពពក*បានអណ្ដែតឡើងពីព្រះពន្លានៃសន្ធិសញ្ញា។ ១២ ជនជាតិអ៊ីស្រាអែលក៏នាំគ្នាចាកចេញពីវាលរហោស្ថានស៊ីណៃ តាមលំដាប់លំដោយ ដែលកំណត់ទុកស្តីអំពីការចេញដំណើរនេះ។ ពពកឈប់នៅវាលរហោស្ថានប៉ារ៉ន។ ១៣ ពួកគេចេញដំណើរជាលើកទីមួយនេះ តាមបញ្ជាដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។ ១៤ ទង់សញ្ញានៃជំរំយូដាចេញដំណើរមុនគេជាមួយកងទ័ពរបស់ខ្លួន ដែលមានកងពលយូដា ដឹកនាំដោយលោកណាសូន ជាកូនរបស់លោកអាំមីណាដាប់ ១៥ កងពលរបស់កុលសម្ព័ន្ធអ៊ីសាកា ដឹកនាំដោយលោកនេតាណាអែល ជាកូនរបស់លោកស៊ូអារ ១៦ និងកងពលរបស់កុលសម្ព័ន្ធសាប៊ូឡូន ដឹកនាំដោយលោកអេលីយ៉ាប ជាកូនរបស់លោកហេឡូន។
១៧ គេបានរើព្រះពន្លា ហើយកូនចៅគែរសូន និងកូនចៅមេរ៉ារី នាំគ្នាសែងព្រះពន្លានោះចេញដំណើរទៅ។ ១៨ បន្ទាប់មក ទង់សញ្ញានៃជំរំរូបេនចេញដំណើរជាមួយកងទ័ពរបស់ខ្លួន ដែលមានកងពលរូបេន ដឹកនាំដោយលោកអេលីសួរ ជាកូនរបស់លោកសេដេអួរ ១៩ កងពលរបស់កុលសម្ព័ន្ធស៊ីម៉ូន ដឹកនាំដោយលោកសេលូមីអែលជាកូនរបស់លោកស៊ូរីសាដាយ ២០ និងកងពលរបស់កុលសម្ព័ន្ធកាដ ដឹកនាំដោយលោកអេលីយ៉ាសាប ជាកូនរបស់លោកដេអ៊ូអែល។
២១ បន្ទាប់មក កូនចៅគើហាត់ចេញដំណើរទៅ ទាំងសែងទីសក្ការៈទៅជាមួយផង។ ពួកលេវីឯទៀតៗត្រូវដំឡើងព្រះពន្លាមុនពួកគេទៅដល់។
២២ បន្ទាប់មកទៀត ទង់សញ្ញានៃជំរំអេប្រាអ៊ីមចេញដំណើរជាមួយកងទ័ពរបស់ខ្លួន ដែលមានកងពលអេប្រាអ៊ីម ដឹកនាំដោយលោកអេលីសាម៉ា ជាកូនរបស់លោកអាំមីហ៊ូដ ២៣ កងពលរបស់កុលសម្ព័ន្ធម៉ាណាសេ ដឹកនាំដោយលោកកាំលីអែល ជាកូនរបស់លោកពេដាសួរ ២៤ និងកងពលរបស់កុលសម្ព័ន្ធបេនយ៉ាមីន ដឹកនាំដោយលោកអប៊ីដាន ជាកូនរបស់លោកគីដេអូនី។
២៥ ក្រោយគេបង្អស់ ទង់សញ្ញានៃជំរំដាន់ចេញដំណើរជាមួយកងទ័ពរបស់ខ្លួន ដែលមានកងពលដាន់ ដឹកនាំដោយលោកអហ៊ីយេស៊ែរ ជាកូនរបស់លោកអាំមីសាដាយ ២៦ កងពលរបស់កុលសម្ព័ន្ធអស៊ែរ ដឹកនាំដោយលោកប៉ាគីអែល ជាកូនរបស់លោកអូក្រាន ២៧ និងកងពលរបស់កុលសម្ព័ន្ធណែបថាលី ដឹកនាំដោយលោកអហ៊ីរ៉ា ជាកូនរបស់លោកអេណន។ ២៨ ជនជាតិអ៊ីស្រាអែលនាំគ្នាចេញដំណើរជាក្បួនទ័ពរបស់គេ តាមលំដាប់លំដោយបែបនេះឯង។
២៩ លោកម៉ូសេមានប្រសាសន៍ទៅកាន់លោកហូបាប់ ជាកូនរបស់លោករេអ៊ូអែល ជនជាតិម៉ាឌីយ៉ាន ដែលត្រូវជាឪពុកក្មេករបស់លោកថា៖ «ពួកយើងចេញដំណើរឆ្ពោះទៅកាន់ទឹកដី ដែលព្រះអម្ចាស់សន្យាប្រទានឲ្យពួកយើង។ ដូច្នេះ សូមបងអញ្ជើញទៅជាមួយពួកយើងទៅ ពួកយើងនឹងផ្តល់ឲ្យបងមានសុភមង្គល ដែលព្រះអម្ចាស់បានសន្យាប្រទានឲ្យជនជាតិអ៊ីស្រាអែល»។ ៣០ លោកហូបាប់តបថា៖ «ខ្ញុំមិនទៅទេ គឺខ្ញុំទៅស្រុករបស់ខ្ញុំ ជួបជុំនឹងក្រុមញាតិរបស់ខ្ញុំវិញ»។ ៣១ លោកម៉ូសេមានប្រសាសន៍ថា៖ «សូមកុំបោះបង់ចោលពួកយើងឡើយ ដ្បិតបងស្គាល់កន្លែងដែលយើងអាចបោះជំរំក្នុងវាលរហោស្ថាន ហើយបងនឹងនាំផ្លូវពួកយើង។ ៣២ ប្រសិនបើបងទៅជាមួយពួកយើង នោះពួកយើងនឹងឲ្យបងបានសប្បាយរួមជាមួយពួកយើង នៅពេលព្រះអម្ចាស់ប្រទានព្រះពរមកពួកយើង»។
៣៣ ជនជាតិអ៊ីស្រាអែលនាំគ្នាចាកចេញពីភ្នំរបស់ព្រះអម្ចាស់ ធ្វើដំណើរអស់រយៈពេលបីថ្ងៃ។ ក្នុងពេលធ្វើដំណើរបីថ្ងៃនោះ គេសែងហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់នៅខាងមុខ ដើម្បីស្វែងរកកន្លែងស្រួលឈប់សម្រាក។ ៣៤ ពេលពួកគេរើជំរំចេញដំណើរ ពពករបស់ព្រះអម្ចាស់ស្ថិតពីលើពួកគេ នៅពេលថ្ងៃ។ ៣៥ ពេលហិបរបស់ព្រះអម្ចាស់ចេញដំណើរ លោកម៉ូសេបន្លឺសំឡេងថា៖ «ព្រះអម្ចាស់អើយ សូមក្រោកឡើង សូមឲ្យបច្ចាមិត្តរបស់ព្រះអង្គត្រូវខ្ចាត់ខ្ចាយ! សូមឲ្យអស់អ្នកដែលស្អប់ព្រះអង្គ ត្រូវបាក់ទ័ពនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ!»។ ៣៦ ពេលគេដាក់ហិបចុះ លោកមានប្រសាសន៍ថា៖ «ព្រះអម្ចាស់អើយ សូមយាងមកគង់ជាមួយជនជាតិអ៊ីស្រាអែល ដែលមានចំនួនយ៉ាងច្រើនអនេកអនន្ត»។
១១
ភ្លើងរបស់ព្រះអម្ចាស់
១ ពេលនោះ ប្រជាជននាំគ្នារអ៊ូរទាំធ្វើឲ្យទាស់ព្រះហឫទ័យព្រះអម្ចាស់។ ពេលឮពួកគេរអ៊ូរទាំដូច្នេះ ព្រះអង្គព្រះអង្គព្រះពិរោធយ៉ាងខ្លាំង។ ភ្លើងរបស់ព្រះអម្ចាស់ក៏ឆាបឆេះនៅជាយជំរំរបស់ពួកគេ។ ២ ប្រជាជននាំគ្នាស្រែកសុំឲ្យលោកម៉ូសេ ទូលអង្វរព្រះអម្ចាស់ ហើយភ្លើងក៏ស្ងប់ទៅវិញ។ ៣ គេដាក់ឈ្មោះកន្លែងនោះថា «តាបេរ៉ា» ដ្បិតភ្លើងរបស់ព្រះអម្ចាស់បានឆេះបំផ្លាញពួកគេ។
ប្រជាជនទាមទារសាច់បរិភោគ
៤ ថ្ងៃមួយ សាសន៍ដទៃដែលរស់នៅក្នុងចំណោមជនជាតិអ៊ីស្រាអែល មានចិត្តលោភលន់ សូម្បីតែជនជាតិអ៊ីស្រាអែលក៏នាំគ្នាយំ ទាំងពោលថា៖ «តើនរណានឹងឲ្យសាច់ពួកយើងបរិភោគ? ៥ ពួកយើងធ្លាប់បរិភោគត្រី ឥតគិតថ្លៃ នៅស្រុកអេស៊ីប ហើយពួកយើងក៏ធ្លាប់បរិភោគត្រសក់ ឪឡឹក ស្លឹកខ្ទឹម ខ្ទឹមក្រហម ខ្ទឹមសដែរ ពួកយើងនឹកម្ហូបអាហារទាំងនោះណាស់! ៦ ឥឡូវនេះ ពួកយើងបាក់កម្លាំង គ្មានអ្វីបរិភោគ គឺមានតែនំម៉ាណាប៉ុណ្ណោះ!»។
៧ នំម៉ាណាមានភាពដូចជាគ្រាប់ល្ង ស និងមានពណ៌ភ្លឺថ្លា។ ៨ ប្រជាជនតែងនាំគ្នាចេញទៅរើសនំម៉ាណានោះ យកមកកិន ឬបុកនឹងត្បាល់ រួចយកទៅស្ងោរ ឬធ្វើនំក្រៀប។ នំម៉ាណាមានរសជាតិដូចនំដែលគេចៀនជាមួយប្រេង។ ៩ ពេលណាសន្សើមធ្លាក់មកលើជំរំនៅវេលាយប់ នោះនំម៉ាណាក៏ធ្លាក់មកជាមួយដែរ។
១០ លោកម៉ូសេបានឮប្រជាជនយំសោកនៅមាត់ទ្វារជំរំនៃអំបូររបស់គេរៀងៗខ្លួន។ ព្រះអម្ចាស់ព្រះអង្គព្រះពិរោធនឹងពួកគេយ៉ាងខ្លាំង ហើយលោកម៉ូសេក៏អាក់អន់ចិត្តដែរ។ ១១ លោកម៉ូសេទូលព្រះអម្ចាស់ថា៖ «ហេតុអ្វីបានជាព្រះអង្គធ្វើឲ្យទូលបង្គំពិបាកចិត្តដូច្នេះ? ហេតុអ្វីបានជាព្រះអង្គមិនអាណិតមេត្តាទូលបង្គំ? ហេតុអ្វីបានជាឲ្យទូលបង្គំទទួលបន្ទុកលើប្រជាជនទាំងនេះ? ១២ តើទូលបង្គំជាអ្នកបង្កើតប្រជាជនទាំងនេះ តើទូលបង្គំជាឪពុករបស់ពួកគេឬ បានជាព្រះអង្គបង្គាប់ឲ្យទូលបង្គំបីបាច់ថែរក្សាពួកគេ ដូចម្ដាយថែរក្សាកូន រហូតទៅដល់ទឹកដីដែលព្រះអង្គបានសន្យាជាមួយដូនតារបស់ពួកគេថា នឹងប្រទានឲ្យពួកគេ? ១៣ តើទូលបង្គំទៅរកសាច់ឯណាមកឲ្យប្រជាជនទាំងនេះបរិភោគបាន? ពួកគេនាំគ្នាយំសោកដាក់ទូលបង្គំ ទទូចថា “សូមរកសាច់មកឲ្យពួកយើងបរិភោគ!”។ ១៤ ទូលបង្គំពុំអាចមើលខុសត្រូវលើប្រជាជននេះតែម្នាក់ឯងទេ ព្រោះជាបន្ទុកធ្ងន់ពេកសម្រាប់ទូលបង្គំ។ ១៥ ប្រសិនបើព្រះអង្គប្រព្រឹត្តចំពោះទូលបង្គំដូច្នេះ សូមមេត្តាដកជីវិតទូលបង្គំទៅ។ ប្រសិនបើព្រះអង្គគាប់ព្រះហឫទ័យនឹងទូលបង្គំ សូមកុំទុកឲ្យទូលបង្គំឃើញទុក្ខវេទនាបែបនេះឡើយ»។
១៦ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រមូលព្រឹទ្ធាចារ្យអ៊ីស្រាអែលចិតសិបនាក់ឲ្យមកជួបយើង គឺព្រឹទ្ធាចារ្យ និងមេដឹកនាំ ដែលអ្នកស្គាល់ច្បាស់ថាពិតជាព្រឹទ្ធាចារ្យ និងមេដឹកនាំរបស់ប្រជាជនមែន។ ចូរនាំពួកគេមកពន្លាជួបព្រះអម្ចាស់ ហើយឈរនៅទីនោះជាមួយអ្នក។ ១៧ យើងនឹងចុះមកនិយាយជាមួយអ្នក យើងនឹងយកវិញ្ញាណដែលស្ថិតនៅក្នុងអ្នក ទៅដាក់ក្នុងពួកគេទាំងអស់គ្នា ដើម្បីឲ្យពួកគេរំលែកបន្ទុក ក្នុងការមើលខុសត្រូវលើប្រជាជនជាមួយអ្នកដែរ កុំឲ្យអ្នកទទួលបន្ទុកនេះតែម្នាក់ឯង។ ១៨ ចូរប្រាប់ប្រជាជនថា “ចូរនាំគ្នាញែកខ្លួនឲ្យវិសុទ្ធ សម្រាប់ថ្ងៃស្អែក ព្រោះអ្នករាល់គ្នានឹងមានសាច់បរិភោគ។ អ្នករាល់គ្នាបានយំសោកដាក់ព្រះអម្ចាស់ថា: តើនរណានឹងឲ្យសាច់ពួកយើងបរិភោគ? នៅស្រុកអេស៊ីបពួកយើងសប្បាយជាង។ ដូច្នេះ ព្រះអម្ចាស់នឹងប្រទានសាច់ឲ្យអ្នករាល់គ្នាបរិភោគ។ ១៩ អ្នករាល់គ្នាមិនបរិភោគសាច់នោះ តែមួយថ្ងៃ ពីរថ្ងៃ ប្រាំថ្ងៃ ដប់ថ្ងៃ ឬម្ភៃថ្ងៃប៉ុណ្ណោះទេ ២០ អ្នករាល់គ្នានឹងបរិភោគពេញមួយខែ គឺរហូតទាល់តែឆ្អែតឆ្អន់ ហើយជិនណាយទៀតផង ដ្បិតអ្នករាល់គ្នាបោះបង់ចោលព្រះអម្ចាស់ ដែលគង់នៅក្នុងចំណោមអ្នករាល់គ្នា។ អ្នករាល់គ្នាយំសោកដាក់ព្រះអង្គ ទាំងពោលថា ហេតុអ្វីបានជាពួកយើងនាំគ្នាចេញពីស្រុកអេស៊ីបដូច្នេះ?”»។
២១ លោកម៉ូសេទូលថា៖ «កងទ័ពដែលនៅជាមួយទូលបង្គំ មានគ្នាទាំងអស់ប្រាំមួយសែននាក់ តើព្រះអង្គប្រទានសាច់ឲ្យពួកគេបរិភោគ ដល់ទៅមួយខែ ដូចម្ដេចបាន! ២២ ទោះបីសម្លាប់ហ្វូងចៀម និងហ្វូងគោ ឲ្យពួកគេបរិភោគ ក៏មិនគ្រប់គ្រាន់ ហើយទោះបីទៅបង់ត្រីឲ្យអស់ពីសមុទ្រយកមកឲ្យពួកគេបរិភោគ ក៏នៅតែមិនគ្រប់គ្រាន់ដែរ»។ ២៣ ព្រះអម្ចាស់តបមកលោកម៉ូសេវិញថា៖ «តើដៃរបស់យើងខ្លីពេក មិនអាចធ្វើអ្វីកើតឬ? បន្តិចទៀត អ្នកនឹងឃើញថា ពាក្យដែលយើងនិយាយសម្រេច ឬក៏មិនសម្រេច»។
ព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណដល់ព្រឹទ្ធាចារ្យទាំងចិតសិបរូប
២៤ លោកម៉ូសេចាកចេញពីព្រះពន្លា ហើយនាំព្រះបន្ទូលរបស់ព្រះអម្ចាស់ទៅប្រាប់ប្រជាជន។ លោកប្រមូលព្រឹទ្ធាចារ្យចិតសិបរូបពីក្នុងចំណោមប្រជាជន ហើយនាំមកឈរនៅជុំវិញពន្លា។ ២៥ ព្រះអម្ចាស់យាងចុះមកក្នុងពពក រួចសន្ទនាជាមួយលោក។ ព្រះអង្គយកវិញ្ញាណមួយចំណែកពីលោក ប្រគល់ទៅឲ្យព្រឹទ្ធាចារ្យទាំងចិតសិបរូប។ ពេលព្រះវិញ្ញាណយាងមកសណ្ឋិតលើពួកគេ ពួកគេចាប់ផ្តើមថ្លែងព្រះបន្ទូល តែថ្លែងមិនយូរទេ។
២៦ មានព្រឹទ្ធាចារ្យពីររូប ម្នាក់ឈ្មោះអេលដាដ និងម្នាក់ទៀតឈ្មោះម៉េដាដ ស្ថិតនៅក្នុងជំរំ ហើយព្រះវិញ្ញាណក៏បានគង់ជាមួយលោកទាំងពីរដែរ។ លោកទាំងពីរមានឈ្មោះក្នុងបញ្ជីព្រឹទ្ធាចារ្យ តែពុំបានទៅពន្លាជួបព្រះអម្ចាស់ទេ លោកទាំងពីរនាំគ្នាថ្លែងព្រះបន្ទូលនៅក្នុងជំរំ។ ២៧ យុវជនម្នាក់រត់ទៅជម្រាបលោកម៉ូសេថា៖ «លោកអេលដាដ និងម៉េដាដ កំពុងតែថ្លែងព្រះបន្ទូលនៅក្នុងជំរំ»។ ២៨ ពេលនោះ លោកយ៉ូស៊ូអាជាកូនរបស់លោកនូន និងជាសហការីរបស់លោកម៉ូសេ តាំងពីយុវវ័យមក មានប្រសាសន៍ថា៖ «លោកម្ចាស់ សូមឃាត់លោកទាំងពីរទៅ!»។ ២៩ លោកម៉ូសេតបថា៖ «តើអ្នកមានចិត្តច្រណែនជំនួសខ្ញុំឬ? សូមឲ្យប្រជារាស្ដ្ររបស់ព្រះអម្ចាស់ទៅជាព្យាការីទាំងអស់គ្នា។ សូមព្រះអម្ចាស់ប្រទានព្រះវិញ្ញាណរបស់ព្រះអង្គ ឲ្យមកសណ្ឋិតលើពួកគេទាំងអស់គ្នា!»។ ៣០ បន្ទាប់មក លោកម៉ូសេ និងពួកព្រឹទ្ធាចារ្យនៃជនជាតិអ៊ីស្រាអែល នាំគ្នាវិលត្រឡប់ទៅជំរំវិញ។
សត្វក្រួច
៣១ ព្រះអម្ចាស់ធ្វើឲ្យខ្យល់បក់ពីសមុទ្រ នាំសត្វក្រួចឲ្យមកធ្លាក់លើជំរំ។ សត្វក្រួចទាំងនោះមានពាសពេញជុំវិញជំរំ ចម្ងាយផ្លូវដើរប្រមាណមួយថ្ងៃ ហើយគរពីលើគ្នា កម្ពស់ប្រមាណពីរហត្ថ។ ៣២ ក្នុងអំឡុងពេលពេញមួយថ្ងៃមួយយប់នោះ ហើយរហូតដល់ថ្ងៃបន្ទាប់ ប្រជាជននាំគ្នាក្រោកឡើង រើសសត្វក្រួច។ ម្នាក់ៗរើសបានយ៉ាងហោចណាស់ដប់បាវ។ ពួកគេហាលសាច់ក្រួចនោះនៅជុំវិញជំរំ។ ៣៣ ពេលពួកគេដាក់សាច់ក្រួចក្នុងមាត់ ហើយមិនទាន់ទំពាស្រួលបួលផងនោះ ព្រះអម្ចាស់ព្រះអង្គព្រះពិរោធនឹងប្រជាជន ព្រះអង្គប្រហារពួកគេ ដោយភយន្ដរាយមួយដ៏ខ្លាំង។ ៣៤ គេបានដាក់ឈ្មោះកន្លែងនោះថា គីប្រូត-ហាត់តាវ៉ា ព្រោះគេបានបញ្ចុះអស់អ្នកដែលមានចិត្តលោភលន់ នៅទីនោះ។
៣៥ បន្ទាប់មក ប្រជាជនចេញដំណើរពីគីប្រូត-ហាត់តាវ៉ាឆ្ពោះទៅកាន់ហាសេរ៉ូត ហើយបោះជំរំនៅទីនោះ។
១២
អ្នកស្រីមៀរីយ៉ាម និងលោកអរ៉ុន នាំគ្នារអ៊ូរទាំ អ្នកស្រីមៀរីយ៉ាមកើតឃ្លង់
១ អ្នកស្រីមៀរីយ៉ាម និងលោកអរ៉ុនមានប្រសាសន៍ជំទាស់នឹងលោកម៉ូសេ ស្តីអំពីស្ត្រីសាសន៍គូស ដែលលោកបានយកមកធ្វើជាភរិយា។ ២ អ្នកទាំងពីរមានប្រសាសន៍ថា៖ «ព្រះអម្ចាស់ពុំមែនមានព្រះបន្ទូលមកម៉ូសេតែប៉ុណ្ណោះទេ គឺព្រះអង្គមានព្រះបន្ទូលមកពួកយើងដែរ!»។ ពេលនោះ ព្រះអម្ចាស់ព្រះអង្គព្រះសណ្ដាប់ឮពាក្យនេះ។ ៣ លោកម៉ូសេសុភាពរាបសាជាងគេបំផុត ក្នុងចំណោមមនុស្សនៅលើផែនដីនេះ។
៤ រំពេចនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ លោកអរ៉ុន និងអ្នកស្រីមៀរីយ៉ាមថា៖ «ចូរអ្នកទាំងបីនាំគ្នាចេញទៅពន្លាជួបព្រះអម្ចាស់ទៅ!»។ អ្នកទាំងបីក៏ចេញទៅទាំងអស់គ្នា។ ៥ ព្រះអម្ចាស់យាងចុះមកជាមួយដុំពពក* ហើយគង់នៅមាត់ទ្វារពន្លា។ ព្រះអង្គហៅលោកអរ៉ុន និងអ្នកស្រីមៀរីយ៉ាម អ្នកទាំងពីរក៏ចូលទៅជិតព្រះអង្គ។ ៦ ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរស្ដាប់ពាក្យយើងឲ្យបានជាក់ច្បាស់! ពេលណាមានព្យាការីម្នាក់ក្នុងចំណោមអ្នករាល់គ្នា យើងជាព្រះអម្ចាស់ សម្ដែងឲ្យព្យាការីនោះស្គាល់យើង តាមរយៈនិមិត្តហេតុដ៏អស្ចារ្យ យើងនិយាយទៅកាន់គេ តាមរយៈសុបិននិមិត្ត។ ៧ ចំណែកឯម៉ូសេ ដែលជាអ្នកបម្រើរបស់យើងវិញ មិនដូច្នោះទេ ម៉ូសេមានចិត្តស្មោះត្រង់ចំពោះកិច្ចការក្នុងដំណាក់របស់យើងទាំងមូល។ ៨ យើងនិយាយទៅកាន់ម៉ូសេ ដោយផ្ទាល់មាត់ យើងសម្ដែងឲ្យម៉ូសេឃើញ ដោយឥតប្រើប្រស្នា ហើយម៉ូសេអាចសម្លឹងមើលមកយើងបាន។ ហេតុអ្វីបានជាអ្នកទាំងពីរមិនកោតក្រែង និយាយប្រឆាំងនឹងម៉ូសេ ជាអ្នកបម្រើរបស់យើងដូច្នេះ?»។
៩ ព្រះអម្ចាស់ព្រះអង្គព្រះពិរោធនឹងអ្នកទាំងពីរ ហើយព្រះអង្គក៏យាងចាកចេញទៅ។ ១០ ពពក*ក៏រសាត់ឡើងចាកចេញពីពន្លាដែរ។ ពេលនោះ អ្នកស្រីមៀរីយ៉ាមក៏កើតឃ្លង់ពេញខ្លួន មានពណ៌ដូចកប្បាស។ លោកអរ៉ុនបែរទៅរកអ្នកស្រីមៀរីយ៉ាម ឃើញគាត់កើតឃ្លង់។ ១១ លោកក៏ពោលទៅកាន់លោកម៉ូសេថា៖ «សូមលោកប្អូនជាម្ចាស់ មេត្តាយល់អធ្យាស្រ័យដល់យើងទាំងពីរផង។ យើងទាំងពីរបានប្រព្រឹត្តលេលា និងបានប្រព្រឹត្តអំពើបាប!។ ១២ សូមកុំឲ្យមៀរីយ៉ាមដូចកូនដែលកើតមកស្លាប់ មានស្បែករយីករយាកដូច្នេះឡើយ!»។ ១៣ លោកម៉ូសេស្រែកអង្វរព្រះអម្ចាស់ថា៖ «ឱព្រះជាម្ចាស់អើយ សូមមេត្តាប្រោសបងមៀរីយ៉ាមឲ្យជាឡើងវិញផង!»។ ១៤ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេវិញថា៖ «ប្រសិនបើឪពុករបស់គាត់ស្តោះទឹកមាត់ដាក់មុខគាត់ តើគាត់ត្រូវបាក់មុខចំនួនប្រាំពីរថ្ងៃមែន ឬមិនមែន? ដូច្នេះ ចូរបណ្តេញគាត់ឲ្យចេញទៅនៅខាងក្រៅជំរំ ចំនួនប្រាំពីរថ្ងៃ បន្ទាប់មក ទើបគាត់អាចវិលមកវិញបាន»។ ១៥ គេឲ្យអ្នកស្រីមៀរីយ៉ាមនៅខាងក្រៅជំរំ អស់រយៈពេលប្រាំពីរថ្ងៃ។ ពេលនោះ ប្រជាជនមិនចេញដំណើរទៅមុខឡើយ គឺគេនៅរង់ចាំរហូតដល់អ្នកស្រីមៀរីយ៉ាមអាចវិលចូលមកក្នុងជំរំវិញ។ ១៦ បន្ទាប់មក ប្រជាជនចាកចេញពីហាសេរ៉ូត ទៅបោះជំរំនៅវាលរហោស្ថានប៉ារ៉ន។
១៣
លោកម៉ូសេចាត់អ្នកស៊ើបការណ៍ដប់ពីរនាក់ទៅស្រុកកាណាន
១ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ ២ «ចូរចាត់មនុស្សឲ្យទៅសង្កេតមើលស្រុកកាណាន ដែលយើងប្រគល់ឲ្យកូនចៅអ៊ីស្រាអែលនោះទៅ។ ត្រូវចាត់មនុស្សម្នាក់ពីកុលសម្ព័ន្ធនីមួយៗ ហើយអ្នកទាំងនោះត្រូវតែជាមេដឹកនាំ»។
៣ លោកម៉ូសេក៏ចាត់ពួកគេពីវាលរហោស្ថានប៉ារ៉នឲ្យទៅ ស្របតាមបញ្ជារបស់ព្រះអម្ចាស់។ បុរសទាំងនោះសុទ្ធតែជាមេដឹកនាំរបស់ជនជាតិអ៊ីស្រាអែល ៤ ដែលមានរាយនាមដូចតទៅ: កុលសម្ព័ន្ធរូបេន គឺលោកសាមូអា ជាកូនរបស់លោកសាគួរ។
៥ កុលសម្ព័ន្ធស៊ីម៉ូន គឺលោកសាផាត ជាកូនរបស់លោកហូរី។
៦ កុលសម្ព័ន្ធយូដា គឺលោកកាលែប ជាកូនរបស់លោកយេភូនេ។
៧ កុលសម្ព័ន្ធអ៊ីសាកា គឺលោកយីកាល់ ជាកូនរបស់លោកយ៉ូសែប។
៨ កុលសម្ព័ន្ធអេប្រាអ៊ីម គឺលោកហូសេអា ជាកូនរបស់លោកនូន។
៩ កុលសម្ព័ន្ធបេនយ៉ាមីន គឺលោកប៉ាល់ទី ជាកូនរបស់លោករ៉ាភូ។
១០ កុលសម្ព័ន្ធសាប៊ូឡូន គឺលោកកាឌីអែល ជាកូនរបស់លោកសូឌី។
១១ កុលសម្ព័ន្ធម៉ាណាសេ ដែលជាកូនចៅលោកយ៉ូសែប គឺលោកកាឌី ជាកូនរបស់លោកស៊ូស៊ី។
១២ កុលសម្ព័ន្ធដាន់ គឺលោកអាំមីអែល ជាកូនរបស់លោកគើម៉ាលី។
១៣ កុលសម្ព័ន្ធអស៊ែរ គឺលោកសេទួរ ជាកូនរបស់លោកមីកាអែល។
១៤ កុលសម្ព័ន្ធណែបថាលី គឺលោកណាប៊ី ជាកូនរបស់លោកវ៉ូបស៊ី។
១៥ កុលសម្ព័ន្ធកាដ គឺលោកកេអ៊ូអែល ជាកូនរបស់លោកម៉ាគី។
១៦ នេះហើយជាឈ្មោះរបស់អស់អ្នកដែលលោកម៉ូសេចាត់ឲ្យទៅសង្កេតមើលស្រុក។ លោកម៉ូសេបានដាក់ឈ្មោះលោកហូសេអា ជាកូនរបស់លោកនូនថា យ៉ូស៊ូអា។
១៧ លោកម៉ូសេបានចាត់អ្នកទាំងនោះឲ្យទៅសង្កេតមើលស្រុក ទាំងប្រាប់ថា៖ «ចូរនាំគ្នាចេញពីទីនេះតាមតំបន់ណេកិប រួចឡើងទៅតាមតំបន់ភ្នំ។ ១៨ ចូរសង្កេតមើលថា តើស្រុកនោះមានលក្ខណៈដូចម្ដេច តើប្រជាជនដែលរស់នៅក្នុងស្រុកនោះខ្លាំងពូកែ ឬខ្សោយ ពួកគេមានគ្នាតិច ឬច្រើន។ ១៩ តើស្រុកដែលពួកគេរស់នៅនោះល្អ ឬអាក្រក់ តើក្រុងដែលពួកគេរស់នៅជាជំរំ ឬជាក្រុងដែលមានកំពែងរឹងមាំ។ ២០ ចំណែកឯទឹកដីវិញ តើមានជីជាតិល្អ ឬក៏ជាដីគ្មានជីជាតិ តើមានដើមឈើ ឬគ្មាន។ ចូរមានចិត្តក្លាហានឡើង ហើយនាំយកផ្លែឈើពីស្រុកនោះមកជាមួយផង»។ ពេលនោះ ជារដូវផ្លែទំពាំងបាយជូរទុំ។
២១ ពួកគេក៏នាំគ្នាចេញទៅសង្កេតមើលស្រុក ចាប់តាំងពីវាលរហោស្ថានស៊ីនរហូតដល់រេហូប ដែលជាច្រកចូលក្រុងហាម៉ាត់។ ២២ ពួកគេឡើងទៅតំបន់ណេកិប ហើយបន្តដំណើរទៅដល់ក្រុងហេប្រូន ដែលមានអហ៊ីម៉ាន សេសាយ និងតាល់ម៉ាយ ជាកូនរបស់លោកអណាក់រស់នៅ។ គេបានសង់ក្រុងហេប្រូនប្រាំពីរឆ្នាំ មុនក្រុងសូអាន នៅស្រុកអេស៊ីប។ ២៣ ពួកគេបានទៅដល់ជ្រលងភ្នំអេកូល។ នៅទីនោះ ពួកគេបានកាត់មែកទំពាំងបាយជូរដែលមានផ្លែមួយចង្កោម រួចឲ្យគ្នាគេពីរនាក់យកដងរែកសែង។ ពួកគេក៏បានបេះផ្លែទទឹម និងផ្លែឧទុម្ពរខ្លះ មកជាមួយដែរ។ ២៤ គេបានដាក់ឈ្មោះកន្លែងនោះថា «ជ្រលងភ្នំអេកូល» ព្រោះជនជាតិអ៊ីស្រាអែលបានកាត់ចង្កោមទំពាំងបាយជូរនៅទីនោះ។
២៥ ក្រោយពីបានទៅសង្កេតមើលស្រុកអស់រយៈពេលសែសិបថ្ងៃ ពួកគេក៏វិលត្រឡប់មកវិញ។ ២៦ ពេលមកដល់ ពួកគេទៅជួបលោកម៉ូសេ និងលោកអរ៉ុន ព្រមទាំងសហគមន៍អ៊ីស្រាអែលទាំងមូល នៅកាដែស ក្នុងវាលរហោស្ថានប៉ារ៉ន។ ពួកគេបានរាយការណ៍ជម្រាបលោកទាំងពីរ និងសហគមន៍អ៊ីស្រាអែលទាំងមូល ដោយបង្ហាញផ្លែឈើរបស់ស្រុកនោះផង។ ២៧ ពួកគេជម្រាបលោកម៉ូសេដូចតទៅ៖ «យើងខ្ញុំបានទៅដល់ស្រុក ដែលលោកចាត់យើងខ្ញុំឲ្យទៅ។ ស្រុកនោះពិតជាស្រុកដ៏សម្បូណ៌សប្បាយមែន សូមមើលផ្លែឈើទាំងនេះចុះ!។ ២៨ ប៉ុន្តែ ប្រជាជនដែលរស់នៅក្នុងស្រុកសុទ្ធតែជាមនុស្សខ្លាំងពូកែ ទីក្រុងរបស់គេធំៗ ហើយមានកំពែងរឹងមាំទៀតផង។ យើងខ្ញុំបានឃើញកូនចៅលោកអណាក់ ដែលមានមាឌដ៏សម្បើម។ ២៩ ជនជាតិអាម៉ាឡេករស់នៅតំបន់ណេកិប ជនជាតិហេត ជនជាតិយេប៊ូស និងជនជាតិអាម៉ូរី រស់នៅតាមតំបន់ភ្នំ រីឯជនជាតិកាណានរស់នៅក្បែរសមុទ្រ និងនៅតាមមាត់ទន្លេយ័រដាន់»។
៣០ ប្រជាជនក៏នាំគ្នារករឿងលោកម៉ូសេ តែលោកកាលែបបានប្រាប់ពួកគេឲ្យនៅស្ងៀម ហើយមានប្រសាសន៍ថា៖ «ចូរយើងនាំគ្នាឡើងទៅដណ្ដើមយកស្រុកនោះទៅ ដ្បិតពួកយើងមុខជាមានជ័យជម្នះមិនខាន!»។ ៣១ ប៉ុន្តែ អស់អ្នកដែលឡើងទៅសង្កេតមើលស្រុកជាមួយលោក នាំគ្នាពោលថា៖ «ពួកយើងពុំអាចឡើងទៅវាយប្រជាជននោះឡើយ ព្រោះពួកគេមានកម្លាំងជាងពួកយើង!»។ ៣២ ពួកគេនាំគ្នានិយាយបង្ខូចស្រុក ដែលពួកគេបានទៅសង្កេតមើលនោះប្រាប់កូនចៅអ៊ីស្រាអែល។ ពួកគេពោលថា៖ «ស្រុកដែលពួកយើងបានធ្វើដំណើរឆ្លងកាត់ ដើម្បីសង្កេតមើលនោះ ជាស្រុកបំផ្លាញប្រជាជន។ ពួកយើងបានឃើញអស់អ្នកដែលរស់នៅក្នុងស្រុកនោះជាមនុស្សមានមាឌខ្ពស់។ ៣៣ យើងក៏បានឃើញមនុស្សមានមាឌធំសម្បើម ជាកូនចៅលោកអណាក់ គឺពូជមនុស្សដែលមានមាឌយ៉ាងធំសម្បើម។ បើធៀបទៅនឹងពួកគេ ពួកយើងប្រៀបបីដូចជាកណ្ដូប ហើយពួកគេចាត់ទុកយើងដូចសត្វកណ្ដូប»។
១៤
ប្រជាជនបដិសេធចូលទៅក្នុងស្រុកកាណាន
១ សហគមន៍អ៊ីស្រាអែលទាំងមូលស្រែកឡើងយ៉ាងខ្លាំង ហើយប្រជាជននាំគ្នាយំពេញមួយយប់នោះ។ ២ ប្រជាជនអ៊ីស្រាអែលទាំងមូលនាំគ្នាប្រឆាំងនឹងលោកម៉ូសេ ព្រមទាំងលោកអរ៉ុន។ សហគមន៍ទាំងមូលពោលមកកាន់លោកទាំងពីរថា៖ «បើទុកឲ្យពួកយើងស្លាប់នៅស្រុកអេស៊ីបនោះ ប្រសើរជាងស្លាប់នៅវាលរហោស្ថាននេះ!។ ៣ ហេតុអ្វីបានជាព្រះអម្ចាស់នាំពួកយើងចូលទៅក្នុងស្រុកនោះ ដើម្បីឲ្យពួកយើងស្លាប់ដោយមុខដាវដូច្នេះ? ប្រពន្ធ និងកូនតូចៗរបស់យើង មុខជាធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកគេមិនខាន។ ហេតុនេះ គួរតែពួកយើងវិលត្រឡប់ទៅស្រុកអេស៊ីបវិញ ប្រសើរជាង»។ ៤ ពួកគេនិយាយគ្នាថា៖ «ចូរយើងជ្រើសរើសមេដឹកនាំមួយរូប ហើយនាំគ្នាវិលត្រឡប់ទៅស្រុកអេស៊ីបវិញ»។
៥ លោកម៉ូសេ និងលោកអរ៉ុន ក្រាបចុះឱនមុខដល់ដី នៅចំពោះមុខសហគមន៍អ៊ីស្រាអែល។ ៦ ក្នុងចំណោមអស់អ្នកដែលបានទៅសង្កេតមើលស្រុក លោកយ៉ូស៊ូអា ជាកូនរបស់លោកនូន និងលោកកាលែប ជាកូនរបស់លោកយេភូនេ នាំគ្នាហែកសម្លៀកបំពាក់របស់ខ្លួន ៧ ហើយពោលទៅកាន់សហគមន៍អ៊ីស្រាអែលទាំងមូលថា៖ «ស្រុកដែលពួកយើងបានដើរកាត់ ដើម្បីសង្កេតមើលនោះ ជាស្រុកមួយដ៏ល្អបំផុត។ ៨ ប្រសិនបើព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងពួកយើង ព្រះអង្គមុខជានាំពួកយើងចូលទៅ ព្រមទាំងប្រគល់ស្រុកដ៏សម្បូណ៌សប្បាយនោះមកឲ្យពួកយើងជាពុំខាន។ ៩ សូមបងប្អូនកុំបះបោរប្រឆាំងនឹងព្រះអង្គ ឬភ័យខ្លាចអ្នកស្រុកនោះឡើយ ដ្បិតពួកគេនឹងធ្លាក់មកក្នុងកណ្ដាប់ដៃរបស់យើង គ្មានព្រះណាការពារពួកគេបានទេ។ ព្រះអម្ចាស់គង់ជាមួយពួកយើងហើយ កុំខ្លាចពួកគេធ្វើអ្វី!»។
១០ ពេលនោះ សហគមន៍ទាំងមូលគិតគ្នាបម្រុងយកដុំថ្មគប់សម្លាប់ពួកលោក ប៉ុន្តែ សិរីរុងរឿងរបស់ព្រះអម្ចាស់លេចមកនៅលើពន្លាជួបព្រះអង្គ ឲ្យជនជាតិអ៊ីស្រាអែលទាំងអស់ឃើញ។
លោកម៉ូសេទូលសូមព្រះអម្ចាស់លើកលែងទោសឲ្យប្រជាជន
១១ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «តើប្រជាជននេះនៅតែមើលងាយយើងដល់កាលណា? យើងបានសម្ដែងទីសម្គាល់ដ៏អស្ចារ្យជាច្រើនក្នុងចំណោមពួកគេ តើពួកគេនៅតែមិនព្រមជឿលើយើងដល់កាលណាទៀត?។ ១២ យើងនឹងប្រហារពួកគេដោយជំងឺអាសន្នរោគ ហើយលុបបំបាត់ពួកគេ។ យើងនឹងធ្វើឲ្យអ្នកទៅជាប្រជាជាតិមួយធំជាង និងមានកម្លាំងជាងពួកនេះ»។ ១៣ លោកម៉ូសេទូលព្រះអម្ចាស់ថា៖ «ជនជាតិអេស៊ីបដឹងថា ព្រះអង្គបាននាំប្រជាជននេះចាកចេញពីស្រុកអេស៊ីប ដោយឫទ្ធិបារមីរបស់ព្រះអង្គ។ ១៤ ពួកគេនាំដំណឹងនេះទៅប្រាប់អ្នកស្រុកកាណាន។ អ្នកស្រុកនោះធ្លាប់ឮថា ព្រះអង្គដែលជាព្រះអម្ចាស់ គង់នៅជាមួយប្រជាជននេះ។ ព្រះអម្ចាស់បង្ហាញឲ្យពួកគេឃើញព្រះអង្គផ្ទាល់នឹងភ្នែក។ ពពក*របស់ព្រះអង្គស្ថិតនៅពីលើពួកគេ ព្រះអង្គយាងពីមុខពួកគេក្នុងដុំពពកនៅពេលថ្ងៃ ក្នុងដុំភ្លើងនៅពេលយប់។ ១៥ ប្រសិនបើព្រះអង្គប្រហារប្រជាជននេះឲ្យវិនាសទាំងស្រុងដូច្នេះ ប្រជាជាតិដែលធ្លាប់ឮល្បីអំពីព្រះអង្គនឹងពោលថា: ១៦ ព្រះអម្ចាស់មិនអាចនាំប្រជាជននេះចូលទៅក្នុងទឹកដី ដែលព្រះអង្គបានសន្យាប្រទានឲ្យពួកគេឡើយ ហេតុនេះហើយបានជាព្រះអង្គប្រល័យជីវិតពួកគេ នៅក្នុងវាលរហោស្ថាន។ ១៧ ឥឡូវនេះ សូមព្រះអម្ចាស់សម្ដែងឫទ្ធានុភាពដ៏ខ្លាំងក្លាបំផុតរបស់ព្រះអង្គ ដូចព្រះអង្គធ្លាប់ប្រកាសថា ១៨ “ព្រះអម្ចាស់មានព្រះហឫទ័យអត់ធ្មត់ ហើយពោរពេញដោយព្រះហឫទ័យមេត្តាករុណា។ ព្រះអង្គលើកលែងទោស និងកំហុស ប៉ុន្តែ ព្រះអង្គមិនចាត់ទុកអ្នកដែលមានកំហុសថាជាជនស្លូតត្រង់ឡើយ។ ពេលឪពុកធ្វើខុស ព្រះអង្គដាក់ទោសគេ រហូតដល់កូនចៅបីបួនតំណ”។ ១៩ សូមមេត្តាអត់ទោសឲ្យប្រជាជននេះ តាមព្រះហឫទ័យសប្បុរសដ៏ធំធេងរបស់ព្រះអង្គ ដូចព្រះអង្គតែងតែអត់ទោសឲ្យពួកគេ ចាប់តាំងពីស្រុកអេស៊ីបរហូតមកដល់ទីនេះ»។ ២០ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងសុខចិត្តអត់ទោសឲ្យពួកគេ តាមពាក្យរបស់អ្នក!។ ២១ ប៉ុន្តែ យើងសុំប្រកាសក្នុងនាមយើងជាព្រះដែលមានព្រះជន្មគង់នៅ ហើយមានសិរីរុងរឿងពាសពេញលើផែនដីទាំងមូលថា: ២២ អ្នកទាំងនេះបានឃើញសិរីរុងរឿងរបស់យើង ព្រមទាំងឃើញទីសម្គាល់ដ៏អស្ចារ្យដែលយើងធ្វើនៅស្រុកអេស៊ីប និងនៅវាលរហោស្ថាន តែពួកគេបានល្បងលយើងដល់ទៅដប់ដង ដោយមិនព្រមស្ដាប់បង្គាប់យើង។ ២៣ ហេតុនេះ ពួកគេនឹងមិនឃើញស្រុកដែលយើងបានសន្យាជាមួយដូនតារបស់ពួកគេថា នឹងប្រទានឲ្យពួកគេនោះឡើយ។ អស់អ្នកដែលមើលងាយយើងនឹងមិនឃើញស្រុកនោះជាដាច់ខាត។ ២៤ រីឯកាលែបជាអ្នកបម្រើរបស់យើងវិញ ដោយគេមានចិត្តផ្សេងពីអ្នកដទៃ ហើយដើរតាមមាគ៌ារបស់យើងទាំងស្រុង នោះយើងនឹងឲ្យគេចូលទៅក្នុងស្រុក ដែលគេបានទៅសង្កេតមើល ពូជពង្សរបស់គេនឹងកាន់កាប់ទឹកដីនោះ។ ២៥ ជនជាតិអាម៉ាឡេក និងជនជាតិកាណានរស់នៅតាមវាលទំនាប។ ដូច្នេះ ស្អែកអ្នករាល់គ្នាត្រូវបកក្រោយ វិលត្រឡប់ទៅវាលរហោស្ថាន ឆ្ពោះទៅកាន់សមុទ្រកក់វិញ»។
២៦ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអរ៉ុនដូចតទៅ៖ ២៧ «តើសហគមន៍ដ៏អាក្រក់នេះនៅតែរអ៊ូរទាំប្រឆាំងនឹងយើងដល់កាលណាទៀត? យើងបានឮពាក្យដែលកូនចៅអ៊ីស្រាអែលរអ៊ូរទាំប្រឆាំងនឹងយើងហើយ។ ២៨ ចូរប្រាប់ពួកគេថា: យើងជាព្រះដ៏មានព្រះជន្មគង់នៅ! នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ យើងនឹងប្រព្រឹត្តចំពោះអ្នករាល់គ្នា តាមពាក្យដែលយើងបានឮអ្នករាល់គ្នានិយាយ។ ២៩ អ្នករាល់គ្នានឹងស្លាប់ចោលឆ្អឹងក្នុងវាលរហោស្ថាននេះ គឺអ្នកទាំងអស់គ្នាដែលគេបានជំរឿន មានអាយុចាប់ពីម្ភៃឆ្នាំឡើងទៅ ហើយបានរអ៊ូរទាំប្រឆាំងនឹងយើង។ ៣០ អ្នករាល់គ្នានឹងមិនចូលទៅក្នុងស្រុក ដែលយើងបានសន្យាយ៉ាងម៉ឺងម៉ាត់ ឲ្យអ្នករាល់គ្នាទៅរស់នៅនោះឡើយ លើកលែងតែកាលែបជាកូនរបស់យេភូនេ និងយ៉ូស៊ូអា ជាកូនរបស់នូន។ ៣១ រីឯកូនរបស់អ្នករាល់គ្នា ដែលអ្នករាល់គ្នាពោលថាគេនឹងត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងនោះ យើងនឹងនាំពួកគេចូលទៅក្នុងស្រុក ហើយពួកគេនឹងស្គាល់ស្រុក ដែលអ្នករាល់គ្នាមិនព្រមទទួលយក។ ៣២ ចំណែកអ្នករាល់គ្នាវិញ អ្នករាល់គ្នានឹងស្លាប់ចោលឆ្អឹងនៅក្នុងវាលរហោស្ថាននេះ។ ៣៣ កូនចៅរបស់អ្នករាល់គ្នានឹងក្លាយទៅជាជនពនេចរ នៅក្នុងវាលរហោស្ថាននេះអស់រយៈពេលសែសិបឆ្នាំ ហើយពួកគេត្រូវរងនូវអំពើផិតក្បត់របស់អ្នករាល់គ្នា រហូតដល់អ្នកទាំងអស់គ្នាស្លាប់ចោលឆ្អឹងនៅក្នុងវាលរហោស្ថាន។ ៣៤ អ្នករាល់គ្នាបានទៅសង្កេតមើលស្រុក អស់រយៈពេលសែសិបថ្ងៃ ដូច្នេះ អ្នករាល់គ្នាត្រូវរងនូវកំហុសរបស់ខ្លួនចំនួនសែសិបឆ្នាំដែរ គឺមួយឆ្នាំសម្រាប់មួយថ្ងៃ។ ពេលនោះ អ្នករាល់គ្នាមុខជាដឹងថា ពេលយើងប្រឆាំងនឹងអ្នករាល់គ្នា តើកើតមានផលវិបាកយ៉ាងណា។ ៣៥ យើងជាព្រះអម្ចាស់ យើងនិយាយយ៉ាងណា យើងនឹងប្រព្រឹត្តយ៉ាងនោះ ចំពោះសហគមន៍ដ៏អាក្រក់ដែលលើកគ្នាបះបោរប្រឆាំងនឹងយើង។ ពួកគេនឹងស្លាប់បាត់បង់ជីវិតទាំងអស់គ្នាក្នុងវាលរហោស្ថាននេះ»។
៣៦ អស់អ្នកដែលលោកម៉ូសេបានចាត់ឲ្យទៅសង្កេតមើលស្រុក ហើយត្រឡប់មកវិញ បាននិយាយបង្ខូចស្រុកធ្វើឲ្យសហគមន៍ទាំងមូលរអ៊ូរទាំប្រឆាំងនឹងលោក ៣៧ គឺពួកគេបានរាយការណ៍បង្ខូចស្រុកនោះ។ ហេតុនេះ ពួកគេត្រូវស្លាប់ដោយគ្រោះកាចមួយ នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអម្ចាស់។ ៣៨ ក្នុងចំណោមអស់អ្នកដែលបានទៅសង្កេតមើលស្រុក មានតែលោកយ៉ូស៊ូអា ជាកូនរបស់លោកនូន និងលោកកាលែប ជាកូនរបស់លោកយេភូនេប៉ុណ្ណោះ ដែលរួចជីវិត។
៣៩ លោកម៉ូសេបាននាំព្រះបន្ទូលទាំងនេះទៅប្រាប់ជនជាតិអ៊ីស្រាអែលទាំងអស់ ធ្វើឲ្យប្រជាជនព្រួយចិត្តយ៉ាងខ្លាំង។ ៤០ ពួកគេក្រោកពីព្រលឹម ហើយនាំគ្នាឡើងទៅលើកំពូលភ្នំ ទាំងពោលថា៖ «មក៍! ពួកយើងឡើងទៅកន្លែងដែលព្រះអម្ចាស់មានព្រះបន្ទូល ដ្បិតពួកយើងបានប្រព្រឹត្តអំពើបាប»។ ៤១ លោកម៉ូសេមានប្រសាសន៍ថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាបំពានលើបទបញ្ជារបស់ព្រះអម្ចាស់ដូច្នេះ? អ្នករាល់គ្នានឹងពុំសម្រេចតាមបំណងឡើយ។ ៤២ កុំឡើងទៅធ្វើអ្វី! ព្រះអម្ចាស់មិនគង់នៅជាមួយអ្នករាល់គ្នាទេ។ កុំទុកឲ្យខ្មាំងសត្រូវប្រហារអ្នករាល់គ្នាឡើយ។ ៤៣ ជនជាតិអាម៉ាឡេក និងជនជាតិកាណានស្ថិតនៅខាងមុខអ្នករាល់គ្នា ដូច្នេះ អ្នករាល់គ្នានឹងត្រូវស្លាប់ដោយមុខដាវជាមិនខាន។ ព្រះអម្ចាស់មិនគង់នៅជាមួយអ្នករាល់គ្នាទេ ព្រោះអ្នករាល់គ្នាបានងាកចិត្តចេញពីព្រះអង្គ»។ ៤៤ ប្រជាជនតាំងចិត្តមានះឡើងទៅលើកំពូលភ្នំ តែហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ និងលោកម៉ូសេពុំបានចាកចេញពីក្នុងជំរំទេ។ ៤៥ ពេលនោះ ជនជាតិអាម៉ាឡេក និងជនជាតិកាណាន ដែលរស់នៅលើភ្នំ នាំគ្នាចុះមក ហើយវាយប្រហារពួកគេ ព្រមទាំងដេញតាមកម្ទេចពួកគេ រហូតដល់ហ៊រម៉ា។
១៥
វិន័យអំពីតង្វាយម្សៅ ប្រេង និងស្រាទំពាំងបាយជូរ
១ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ ២ «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ:
កាលណាអ្នករាល់គ្នាចូលទៅក្នុងស្រុក ដែលព្រះអម្ចាស់ប្រគល់ឲ្យអ្នករាល់គ្នាតាំងទីលំនៅ ៣ ហើយពេលអ្នករាល់គ្នាធ្វើយញ្ញបូជាថ្វាយព្រះអម្ចាស់ ទោះបីជាតង្វាយដុតទាំងមូលក្តី ឬយញ្ញបូជាលាបំណន់ តង្វាយដោយស្ម័គ្រចិត្ត ឬតង្វាយសម្រាប់ពិធីបុណ្យដ៏សំខាន់ៗក្តី នោះត្រូវយកគោ ឬចៀម មកថ្វាយ ដើម្បីឲ្យមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ ៤ អ្នកដែលយកតង្វាយមកថ្វាយ ត្រូវយកម្សៅបីគីឡូក្រាម លាយជាមួយប្រេងមួយលីត្រកន្លះ ៥ និងយកស្រាទំពាំងបាយជូរមួយលីត្រកន្លះ មកថ្វាយជាមួយកូនចៀម ដែលត្រូវថ្វាយជាតង្វាយដុត ឬយញ្ញបូជា។ ៦ ប្រសិនបើអ្នកថ្វាយចៀមឈ្មោល ត្រូវយកម្សៅប្រាំមួយគីឡូក្រាម លាយជាមួយប្រេងពីរលីត្រ ៧ និងស្រាទំពាំងបាយជូរពីរលីត្រ មកថ្វាយជាមួយ ជាតង្វាយដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ ៨ ប្រសិនបើអ្នកយកគោបាមកថ្វាយព្រះអម្ចាស់ ជាតង្វាយដុតទាំងមូល ឬជាយញ្ញបូជាលាបំណន់ក្តី ឬជាយញ្ញបូជាមេត្រីភាពក្តី ៩ ចូរយកម្សៅប្រាំបួនគីឡូក្រាម លាយជាមួយប្រេងបីលីត្រ មកថ្វាយជាមួយគោបានោះ ១០ ហើយយកស្រាទំពាំងបាយជូរបីលីត្រមកថ្វាយជាមួយដែរ។ នេះជាតង្វាយដុត ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។
១១ ត្រូវថ្វាយគោឈ្មោល ចៀមឈ្មោល កូនចៀម ឬកូនពពែតាមរបៀបនេះ។ ១២ សត្វមានចំនួនច្រើនប៉ុនណា តង្វាយដែលត្រូវថ្វាយជាមួយសត្វក៏កើនឡើងតាមចំនួននោះដែរ។ ១៣ ជនជាតិអ៊ីស្រាអែលដែលជាម្ចាស់ស្រុក ត្រូវធ្វើតាមរបៀបខាងលើ នៅពេលថ្វាយតង្វាយដុត ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ ១៤ ពេលជនបរទេសដែលមករស់នៅជាមួយអ្នករាល់គ្នានៅពេលនេះ ឬអ្នកដែលរស់នៅជាមួយអ្នករាល់គ្នាជាច្រើនតំណមកហើយ ចង់ថ្វាយតង្វាយដុតដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ គេត្រូវថ្វាយតាមរបៀបដូចអ្នករាល់គ្នាធ្វើដែរ ១៥ គឺមានក្បួនតម្រាតែមួយ សម្រាប់សហគមន៍ទាំងមូល ទោះបីអ្នករាល់គ្នាក្តី ឬជនបរទេសដែលរស់នៅជាមួយអ្នករាល់គ្នាក្តី។ ត្រូវធ្វើតាមក្បួនតម្រានេះ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ គ្រប់តំណតទៅ ទោះបីជនបរទេសក្តី ឬអ្នករាល់គ្នាក្តី។ ១៦ មានវិន័យតែមួយ ច្បាប់តែមួយ សម្រាប់អ្នករាល់គ្នា និងជនបរទេស ដែលរស់នៅក្នុងចំណោមអ្នករាល់គ្នា»។
វិន័យស្តីអំពីផលដំបូងបង្អស់
១៧ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ ១៨ «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: កាលណាអ្នករាល់គ្នាទៅដល់ស្រុកដែលយើងនាំអ្នករាល់គ្នាឲ្យចូលទៅនៅ ហើយពេលអ្នករាល់គ្នាបានអាហារពីស្រុកនោះបរិភោគ ១៩ ត្រូវញែកមួយចំណែកទុកជាតង្វាយថ្វាយព្រះអម្ចាស់។ ២០ ត្រូវញែកម្សៅដំបូងមួយចំណែករបស់អ្នករាល់គ្នា ធ្វើជានំថ្វាយព្រះអម្ចាស់ ដូចគេញែកស្រូវ ដែលជាផលដំបូង នៅលានបោកស្រូវដែរ។ ២១ ត្រូវញែកម្សៅដំបូង ធ្វើនំថ្វាយព្រះអម្ចាស់ តាមរបៀបនេះគ្រប់តំណតទៅ។
យញ្ញបូជាលោះបាបដែលប្រព្រឹត្តដោយអចេតនា
២២ ប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តខុស ដោយអចេតនា គឺមិនប្រព្រឹត្តតាមបទបញ្ជាទាំងប៉ុន្មាន ដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ ២៣ ហើយមិនប្រព្រឹត្តតាមសេចក្ដីទាំងប៉ុន្មាន ដែលព្រះអង្គបង្គាប់មកលោកម៉ូសេ ចាប់ពីថ្ងៃដែលព្រះអម្ចាស់ប្រទានបទបញ្ជាពីដំបូងជារៀងរហូតមក ២៤ ប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តខុសដោយអចេតនា ហើយសហគមន៍មិនបានឃើញទេនោះ សហគមន៍ទាំងមូលត្រូវថ្វាយគោស្ទាវមួយ ជាតង្វាយដុតទាំងមូល ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ រួមជាមួយតង្វាយម្សៅ និងស្រាទំពាំងបាយជូរ ស្របតាមវិន័យ។ សហគមន៍ត្រូវថ្វាយពពែឈ្មោលមួយ ជាយញ្ញបូជារំដោះបាបដែរ។ ២៥ បូជាចារ្យត្រូវធ្វើពិធីរំដោះបាបសម្រាប់សហគមន៍អ៊ីស្រាអែលទាំងមូល នោះព្រះអម្ចាស់នឹងលើកលែងទោសឲ្យ ព្រោះគេបានប្រព្រឹត្តអំពើបាបដោយអចេតនា។ ពួកគេត្រូវយកតង្វាយដុត ព្រមទាំងសត្វដែលត្រូវធ្វើយញ្ញបូជា មកថ្វាយព្រះអម្ចាស់ សម្រាប់លុបលាងកំហុសដែលគេបានប្រព្រឹត្តដោយអចេតនានោះ។ ២៦ ព្រះអម្ចាស់នឹងអត់ទោសឲ្យសហគមន៍អ៊ីស្រាអែលទាំងមូល ព្រមទាំងជនបរទេសដែលរស់នៅក្នុងចំណោមពួកគេ គឺប្រជាជនទាំងមូល ព្រោះគេបានប្រព្រឹត្តអំពើបាបដោយអចេតនា។
២៧ ប្រសិនបើអ្នកណាម្នាក់ប្រព្រឹត្តអំពើបាបដោយអចេតនា អ្នកនោះត្រូវថ្វាយពពែញីមួយអាយុមួយខួប ជាយញ្ញបូជារំដោះបាប។ ២៨ បូជាចារ្យត្រូវធ្វើពិធីរំដោះបាបឲ្យអ្នកដែលបានប្រព្រឹត្តអំពើបាប នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ដោយមិនដឹងខ្លួន និងដោយអចេតនា នោះព្រះជាម្ចាស់នឹងលើកលែងទោសឲ្យ។ ២៩ ច្បាប់ស្តីពីអំពើបាបដែលគេប្រព្រឹត្តដោយអចេតនានេះ ត្រូវអនុវត្តដូចគ្នា ចំពោះជនជាតិអ៊ីស្រាអែលជាម្ចាស់ស្រុក និងជនបរទេសដែលរស់នៅជាមួយពួកគេ។
៣០ ផ្ទុយទៅវិញ បើនរណាម្នាក់ក្នុងចំណោមម្ចាស់ស្រុក ឬជនបរទេស ប្រព្រឹត្តអំពើបាប ដោយចេតនា បានសេចក្ដីថាគេប្រមាថព្រះអម្ចាស់។ ត្រូវដកមនុស្សប្រភេទនេះចេញពីចំណោមប្រជាជនរបស់ខ្លួន។ ៣១ គេបានមើលងាយព្រះបន្ទូលរបស់ព្រះអម្ចាស់ ហើយបំពានលើវិន័យរបស់ព្រះអង្គ។ ត្រូវដកមនុស្សប្រភេទនេះចេញ ឲ្យគេទទួលទោស ព្រោះតែកំហុសរបស់ខ្លួន»។
អ្នករំលោភលើថ្ងៃសប្ប័ទ
៣២ ពេលជនជាតិអ៊ីស្រាអែលស្ថិតនៅក្នុងវាលរហោស្ថាន គេបានឃើញបុរសម្នាក់ដើររើសអុស នៅថ្ងៃសប្ប័ទ*។ ៣៣ អស់អ្នកដែលឃើញបុរសនោះរកអុស បាននាំគាត់យកទៅជូនលោកម៉ូសេ និងលោកអរ៉ុន ព្រមទាំងសហគមន៍ទាំងមូល។ ៣៤ គេបានឃុំគាត់ទុក ដ្បិតគេពុំទាន់ដឹងថាត្រូវប្រព្រឹត្តដូចម្ដេចចំពោះគាត់។ ៣៥ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖ «មនុស្សនេះត្រូវទទួលទោសដល់ស្លាប់ គឺឲ្យសហគមន៍ទាំងមូលយកដុំថ្មគប់សម្លាប់គាត់ នៅខាងក្រៅជំរំ»។ ៣៦ សហគមន៍ទាំងមូលក៏នាំបុរសនោះចេញទៅក្រៅទីក្រុង ហើយយកដុំថ្មគប់សម្លាប់គាត់។ គាត់ក៏ស្លាប់ ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។
រំយោលនៅជាយអាវ
៣៧ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ ៣៨ «ចូរប្រាប់ជនជាតិអ៊ីស្រាអែលគ្រប់ជំនាន់ឲ្យធ្វើរំយោលនៅជាយអាវ ហើយដេរបូពណ៌ស្វាយមួយពីលើរំយោលនៅជាយអាវផង។ ៣៩ អាវរបស់អ្នករាល់គ្នាត្រូវមានរំយោល ដូច្នេះ ពេលណាអ្នករាល់គ្នាមើលរំយោល នោះអ្នករាល់គ្នានឹកឃើញវិន័យទាំងប៉ុន្មានរបស់ព្រះអម្ចាស់ដែលត្រូវប្រតិបត្តិតាម ហើយអ្នករាល់គ្នានឹងមិនធ្វើតាមចិត្តប៉ងប្រាថ្នា និងតណ្ហារបស់ខ្លួន ដែលបណ្តាលឲ្យក្បត់ព្រះជាម្ចាស់ ទៅគោរពព្រះក្លែងក្លាយឡើយ។ ៤០ អ្នករាល់គ្នានឹងនឹកឃើញវិន័យរបស់យើង ហើយប្រតិបត្តិតាម។ អ្នករាល់គ្នានឹងបានវិសុទ្ធ*ថ្វាយព្រះរបស់អ្នករាល់គ្នា។ ៤១ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា យើងបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប ដើម្បីធ្វើជាព្រះរបស់អ្នករាល់គ្នា។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា»។
១៦
ការបះបោររបស់លោកកូរេ ដាតាន និងអប៊ីរ៉ាម
១ លោកកូរេជាកូនលោកយីសារ ជាចៅរបស់លោកគើហាត់ ក្នុងកុលសម្ព័ន្ធលេវី បានចូលដៃជាមួយលោកដាតាន និងលោកអប៊ីរ៉ាម ដែលត្រូវជាកូនរបស់លោកអេលីយ៉ាប ព្រមទាំងលោកអុន ជាកូនរបស់លោកពេឡេត មកពីកុលសម្ព័ន្ធរូបេន។ ២ អ្នកទាំងនោះលើកគ្នាបះបោរប្រឆាំងនឹងលោកម៉ូសេ ដោយមានជនជាតិអ៊ីស្រាអែលពីររយហាសិបនាក់ ដែលសុទ្ធតែជាមេដឹកនាំ និងជាតំណាងសហគមន៍ ហើយជាអ្នកមានឈ្មោះល្បីជួគាំទ្រផង។ ៣ ពួកគេលើកគ្នាមកប្រឆាំងនឹងលោកម៉ូសេ ព្រមទាំងលោកអរ៉ុន ដោយពោលថា៖ «ពួកលោកធ្វើជ្រុលពេកហើយ! សហគមន៍ទាំងមូលសុទ្ធតែជាប្រជាជនដ៏វិសុទ្ធ ព្រះអម្ចាស់គង់នៅជាមួយពួកគេទាំងអស់គ្នា ហេតុអ្វីបានជាពួកលោកតាំងខ្លួនជាអធិបតីលើប្រជាជនរបស់ព្រះអម្ចាស់ដូច្នេះ?»។
៤ កាលលោកម៉ូសេឮដូច្នេះ លោកក៏ក្រាបចុះ ឱនមុខដល់ដី។ ៥ លោកមានប្រសាសន៍ទៅកាន់លោកកូរេ និងអស់អ្នកដែលនៅជាមួយគាត់ថា៖ «ព្រឹកស្អែក ព្រះអម្ចាស់នឹងបង្ហាញឲ្យឃើញថា នរណាជាអ្នកបម្រើរបស់ព្រះអង្គ នរណាជាមនុស្សដ៏វិសុទ្ធ ដែលអាចចូលទៅជិតព្រះអង្គ ហើយជាអ្នកដែលព្រះអង្គបានជ្រើសរើសឲ្យចូលទៅជិតព្រះអង្គ។ ៦ ចូរធ្វើដូចតទៅនេះ គឺលោកកូរេ និងអ្នកនៅជាមួយគាត់ ត្រូវយកពានមក ៧ ហើយស្អែកពួកគេដាក់ភ្លើង និងគ្រឿងក្រអូបទៅក្នុងពានទាំងនោះ រួចនាំគ្នាចូលទៅជិតព្រះអម្ចាស់។ ព្រះអម្ចាស់ជ្រើសរើសអ្នកណា អ្នកនោះនឹងបានវិសុទ្ធ។ កូនចៅលោកលេវីអើយ អ្នករាល់គ្នាធ្វើជ្រុលពេកហើយ!»។
៨ លោកម៉ូសេមានប្រសាសន៍ទៅកាន់លោកកូរេថា៖ «កូនចៅលោកលេវីអើយ ចូរនាំគ្នាស្ដាប់! ៩ ព្រះរបស់ជនជាតិអ៊ីស្រាអែលបានញែកអ្នករាល់គ្នាដាច់ឡែកពីសហគមន៍អ៊ីស្រាអែល ព្រះអង្គឲ្យអ្នករាល់គ្នានៅជិតព្រះអង្គ ឲ្យអ្នករាល់គ្នាបម្រើព្រះអង្គ នៅក្នុងព្រះពន្លារបស់ព្រះអម្ចាស់ និងឲ្យអ្នករាល់គ្នាបំពេញកិច្ចការក្នុងនាមសហគមន៍ទាំងមូល ប៉ុណ្ណឹងហើយនៅតែមិនល្មមទេឬ? ១០ ព្រះអង្គឲ្យលោក និងបងប្អូនរបស់លោកទាំងអស់ ដែលជាកូនចៅលោកលេវី ចូលទៅជិតព្រះអង្គប៉ុណ្ណឹងហើយ អស់លោកបែរជាចង់បានមុខងារជាបូជាចារ្យថែមទៀត! ១១ ហេតុនេះហើយបានជាលោក និងពួកអ្នកដែលនៅជាមួយលោក លើកគ្នាប្រឆាំងនឹងព្រះអម្ចាស់។ តើលោកអរ៉ុនជាអ្វី បានជាពួកលោករអ៊ូរទាំប្រឆាំងនឹងគាត់ដូច្នេះ?»។
១២ លោកម៉ូសេចាត់ឲ្យគេទៅហៅលោកដាតាន និងលោកអប៊ីរ៉ាម ជាកូនរបស់លោកអេលីយ៉ាប។ លោកទាំងពីរពោលថា៖ «ពួកយើងមិនទៅទេ! ១៣ លោកនាំពួកយើងចេញពីស្រុកដ៏សម្បូណ៌សប្បាយ ដើម្បីឲ្យពួកយើងស្លាប់ក្នុងវាលរហោស្ថានដូច្នេះ តើនៅមិនទាន់ល្មមទេឬ បានជាលោកតាំងខ្លួនធ្វើជាមេដឹកនាំលើពួកយើងថែមទៀត?។ ១៤ លោកមិនបាននាំពួកយើងឆ្ពោះទៅកាន់ស្រុកដ៏សម្បូណ៌សប្បាយ ហើយលោកក៏មិនបានប្រគល់ស្រែចម្ការ ឬចម្ការទំពាំងបាយជូរមកយើងខ្ញុំ ទុកជាមត៌កដែរ តើលោកស្មានថាប្រជាជនទាំងនេះជាមនុស្សខ្វាក់ឬ? ពួកយើងមិនព្រមទៅទេ!»។ ១៥ លោកម៉ូសេខឹងយ៉ាងខ្លាំង លោកទូលព្រះអម្ចាស់ថា៖ «សូមកុំរវីរវល់នឹងតង្វាយរបស់ពួកគេឡើយ។ ទូលបង្គំមិនដែលយកអ្វីពីពួកគេទេ សូម្បីតែសត្វលាមួយក៏ទូលបង្គំមិនបានយកដែរ ទូលបង្គំពុំបានធ្វើអ្វីខុសចំពោះពួកគេទេ»។
ព្រះអម្ចាស់ដាក់ទោសលោកកូរេ និងបក្សពួករបស់គាត់
១៦ លោកម៉ូសេមានប្រសាសន៍ទៅកាន់លោកកូរេថា៖ «ស្អែក សូមលោក និងអស់អ្នកដែលនៅជាមួយលោក ចូលទៅបង្ហាញខ្លួននៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ជាមួយលោកអរ៉ុន ១៧ ម្នាក់ៗកាន់ពានដែលមានដាក់គ្រឿងក្រអូប គឺមានពានទាំងអស់ចំនួនពីររយហាសិប ហើយនាំគ្នាចូលទៅជិតព្រះអម្ចាស់។ រីឯលោកអរ៉ុន និងខ្លួនលោកផ្ទាល់ ក៏ត្រូវកាន់ពានមួយម្នាក់ដែរ»។ ១៨ ពួកគេក៏យកពានម្នាក់មួយៗមកដាក់ភ្លើង និងគ្រឿងក្រអូប ហើយនាំគ្នាទៅឈរនៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់ ជាមួយលោកម៉ូសេ និងលោកអរ៉ុន។ ១៩ លោកកូរេ ប្រមូលបក្សពួករបស់គាត់មកឈរទល់មុខនឹងលោកទាំងពីរ នៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់។ ពេលនោះ សិរីរុងរឿងរបស់ព្រះអម្ចាស់លេចមកឲ្យសហគមន៍ទាំងមូលឃើញ។ ២០ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអរ៉ុនថា៖ ២១ «ចូរនាំគ្នាចាកចេញពីចំណោមសហគមន៍នេះទៅ យើងនឹងកម្ទេចពួកគេឲ្យវិនាសសូន្យមួយរំពេច»។ ២២ លោកទាំងពីរក្រាបចុះ ឱនមុខដល់ដី ទូលថា៖ «ឱព្រះជាម្ចាស់អើយ ព្រះអង្គជាម្ចាស់នៃជីវិតសត្វលោកទាំងមូល! បើមនុស្សតែម្នាក់ប្រព្រឹត្តអំពើបាប តើព្រះអង្គគួរព្រះពិរោធនឹងសហគមន៍ទាំងមូលឬ?»។
២៣ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ ២៤ «ចូរប្រាប់សហគមន៍ឲ្យចេញឆ្ងាយពីទីលំនៅរបស់កូរេ ដាតាន និងអប៊ីរ៉ាម»។ ២៥ លោកម៉ូសេក្រោកឡើង ដើរទៅរកលោកដាតាន និងលោកអប៊ីរ៉ាម ដោយមានពួកព្រឹទ្ធាចារ្យដើរតាមក្រោយផង។ ២៦ លោកមានប្រសាសន៍ទៅកាន់សហគមន៍ថា៖ «ចូរនាំគ្នាចេញឲ្យឆ្ងាយពីតង់ត៍របស់មនុស្សអាក្រក់ទាំងនេះ មិនត្រូវប៉ះពាល់អ្វីៗរបស់ពួកគេឡើយ ក្រែងលោអ្នករាល់គ្នាត្រូវវិនាស ព្រោះតែអំពើបាបទាំងប៉ុន្មានរបស់ពួកគេដែរ»។ ២៧ ប្រជាជនក៏ថយចេញឆ្ងាយពីទីលំនៅរបស់លោកកូរេ លោកដាតាន និងលោកអប៊ីរ៉ាម។ លោកដាតាន និងលោកអប៊ីរ៉ាម ចេញមកឈរនៅមាត់ទ្វារតង់ត៍របស់ខ្លួន ជាមួយប្រពន្ធ កូន និងចៅ។ ២៨ លោកម៉ូសេមានប្រសាសន៍ថា៖ «អ្នករាល់គ្នាមុខជាទទួលស្គាល់ថា ព្រះអម្ចាស់បានចាត់ខ្ញុំឲ្យមកបំពេញកិច្ចការទាំងនេះ គឺខ្ញុំពុំបានធ្វើដោយចិត្តឯងទេ!។ ២៩ ប្រសិនបើអ្នកទាំងនេះស្លាប់តាមធម្មតា គឺប្រសិនបើពួកគេស្លាប់ដូចមនុស្សឯទៀតៗ នោះបានសេចក្ដីថា ព្រះអម្ចាស់ពុំបានចាត់ខ្ញុំឲ្យមកទេ។ ៣០ ផ្ទុយទៅវិញ ប្រសិនបើព្រះអម្ចាស់ធ្វើកិច្ចការដ៏ចម្លែកអស្ចារ្យ គឺប្រសិនបើដីប្រេះចេញពីគ្នា លេបពួកគេ និងអ្វីៗដែលជាកម្មសិទ្ធិរបស់ពួកគេ ហើយពួកគេត្រូវចុះទាំងរស់ទៅស្ថានមនុស្សស្លាប់នោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា ពួកគេពិតជាបានមាក់ងាយព្រះអម្ចាស់មែន»។
៣១ លោកម៉ូសេមានប្រសាសន៍មិនទាន់ផុតពីមាត់ផង ស្រាប់តែដីនៅពីក្រោមលោកដាតាន និងលោកអប៊ីរ៉ាម ក៏ប្រេះចេញពីគ្នា ៣២ ហើយលេបពួកគេ ព្រមទាំងក្រុមគ្រួសារ ជាមួយក្រុមគ្រួសាររបស់លោកកូរេ និងទ្រព្យសម្បត្តិទាំងអស់របស់ពួកគេដែរ។ ៣៣ ពួកគេចុះទាំងរស់ទៅស្ថានមនុស្សស្លាប់ ជាមួយអ្វីៗទាំងអស់ដែលគេមាន។ ដីបានគ្របពីលើពួកគេ ឲ្យបាត់សូន្យពីចំណោមសហគមន៍។ ៣៤ ពេលជនជាតិអ៊ីស្រាអែលទាំងមូល ដែលនៅជុំវិញ ឮសម្រែករបស់ពួកគេ ក៏នាំគ្នារត់ចេញទៅ ព្រោះខ្លាចដីស្រូបខ្លួនដែរ។ ៣៥ មានភ្លើងចេញមកពីព្រះអម្ចាស់ ឆេះកម្ទេចមនុស្សទាំងពីររយហាសិបនាក់ ដែលចូលទៅថ្វាយគ្រឿងក្រអូបនោះដែរ។
១៧
ពានដាក់ភ្លើងរបស់បក្សពួកលោកកូរេ
១ (១៦.៣៦) ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ ២ (៣៧) «ចូរប្រាប់អេឡាសារ ជាកូនរបស់លោកបូជាចារ្យអរ៉ុន ឲ្យយកពានចេញពីក្នុងភ្លើង រួចយកទៅគោះភ្លើងចោលឲ្យឆ្ងាយ ដ្បិតពានទាំងនោះជាវត្ថុសក្ការៈ។ ៣ (៣៨) ចូរយកពានរបស់អស់អ្នកដែលបានប្រព្រឹត្តអំពើបាប ហើយបាត់បង់ជីវិតនោះ ទៅដំជាបន្ទះលោហធាតុស្រោបអាសនៈ ទុកជាការព្រមានដល់កូនចៅអ៊ីស្រាអែល។ ពានទាំងនោះជាវត្ថុសក្ការៈ ព្រោះគេបានយកមកថ្វាយព្រះអម្ចាស់»។ ៤ (៣៩) បូជាចារ្យអេឡាសារក៏យកពានលង្ហិន ដែលអស់អ្នកបាត់បង់ជីវិតនៅក្នុងភ្លើងយកមកថ្វាយនោះ ទៅដំជាបន្ទះស្រោបអាសនៈ ៥ (៤០) ទុកជាទីរំឭកដល់ជនជាតិអ៊ីស្រាអែលថា ក្រៅពីពូជពង្សរបស់លោកអរ៉ុន គ្មាននរណាម្នាក់អាចចូលទៅដុតគ្រឿងក្រអូបថ្វាយព្រះអម្ចាស់ទេ។ អ្នកណាបំពាន អ្នកនោះត្រូវទទួលទោសដូចលោកកូរេ និងបក្សពួករបស់គាត់ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មក តាមរយៈលោកម៉ូសេ។
ប្រជាជនទិតៀនលោកម៉ូសេ និងលោកអរ៉ុន
៦ (៤១) នៅថ្ងៃបន្ទាប់ សហគមន៍អ៊ីស្រាអែលទាំងមូលនាំគ្នារអ៊ូរទាំដាក់លោកម៉ូសេ និងលោកអរ៉ុនថា៖ «លោកទាំងពីរបានធ្វើឲ្យប្រជាជនរបស់ព្រះអម្ចាស់បាត់បង់ជីវិត!»។ ៧ (៤២) សហគមន៍លើកគ្នាប្រឆាំងនឹងលោកម៉ូសេ ព្រមទាំងលោកអរ៉ុន ប៉ុន្តែ ពេលពួកគេបែរមុខទៅរកពន្លាជួបព្រះអម្ចាស់ នោះស្រាប់តែមានពពក*គ្របបាំងពន្លា ហើយសិរីរុងរឿងរបស់ព្រះអម្ចាស់ក៏លេចមកដែរ ៨ (៤៣) លោកម៉ូសេ និងលោកអរ៉ុន នាំគ្នាទៅដល់មាត់ទ្វារពន្លាជួបព្រះអម្ចាស់។ ៩ (៤៤) ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ ១០ (៤៥) «ចូរដកខ្លួនចេញពីចំណោមសហគមន៍នេះទៅ យើងនឹងកម្ទេចពួកគេឲ្យវិនាសសូន្យមួយរំពេច»។ លោកទាំងពីរក្រាបចុះ ឱនមុខដល់ដី។ ១១ (៤៦) លោកម៉ូសេមានប្រសាសន៍ទៅកាន់លោកអរ៉ុនថា៖ «សូមបងយកភ្លើងពីអាសនៈដាក់ក្នុងពាន ព្រមទាំងដាក់គ្រឿងក្រអូបផង រួចប្រញាប់ទៅជួបសហគមន៍ ធ្វើពិធីរំដោះបាបឲ្យពួកគេទៅ ដ្បិតព្រះអម្ចាស់ព្រះអង្គព្រះពិរោធ ហើយគ្រោះកាចក៏ចាប់ផ្តើមកើតមានដែរ»។ ១២ (៤៧) លោកអរ៉ុនក៏យកពាន តាមពាក្យរបស់លោកម៉ូសេ រួចលោករត់ទៅក្នុងអង្គប្រជុំ។ ពេលនោះ គ្រោះកាចក៏ចាប់ផ្តើមកើតមានក្នុងចំណោមប្រជាជន។ លោកក៏ថ្វាយគ្រឿងក្រអូប ធ្វើពិធីរំដោះបាបឲ្យប្រជាជន។ ១៣ (៤៨) លោកឈរនៅចន្លោះសាកសព និងអស់អ្នកដែលនៅរស់ ហើយគ្រោះកាចក៏ឈប់។ ១៤ (៤៩) មានប្រជាជនមួយម៉ឺនបួនពាន់ប្រាំពីររយនាក់ស្លាប់ ដោយសារគ្រោះកាចនេះ ថែមពីលើចំនួនអស់អ្នកដែលស្លាប់នៅពេលលោកកូរេបះបោរ។ ១៥ (៥០) លោកអរ៉ុនវិលទៅរកលោកម៉ូសេ នៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់ ហើយគ្រោះកាចក៏ឈប់។
ដំបងរបស់លោកអរ៉ុន
១៦ (១៧.១) ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ ១៧ (២) «ចូរបង្គាប់ជនជាតិអ៊ីស្រាអែលឲ្យប្រាប់មេដឹកនាំកុលសម្ព័ន្ធរបស់ពួកគេ យកដំបងម្នាក់មួយៗមកឲ្យអ្នក គឺមានដំបងទាំងអស់ដប់ពីរ តាមចំនួនកុលសម្ព័ន្ធរបស់ពួកគេ។ ត្រូវចារឈ្មោះកុលសម្ព័ន្ធរបស់ពួកគេលើដំបងនោះ។ ១៨ (៣) ចូរចារឈ្មោះអរ៉ុនលើដំបងរបស់កុលសម្ព័ន្ធលេវី ដ្បិតមេដឹកនាំរបស់កុលសម្ព័ន្ធនីមួយៗត្រូវមានដំបងមួយ។ ១៩ (៤) ចូរដាក់ដំបងទាំងនោះនៅពីមុខបន្ទះថ្មនៃសន្ធិសញ្ញា ក្នុងពន្លាជួបព្រះអម្ចាស់ ជាកន្លែងដែលយើងមកជួបអ្នករាល់គ្នា។ ២០ (៥) ដំបងរបស់អ្នកណាចេញផ្កា គឺអ្នកនោះហើយដែលយើងបានជ្រើសរើស។ យើងនឹងបញ្ឈប់ជនជាតិអ៊ីស្រាអែល លែងឲ្យរអ៊ូរទាំប្រឆាំងអ្នកទាំងពីរនៅចំពោះមុខយើងទៀត»។
២១ (៦) លោកម៉ូសេនាំព្រះបន្ទូលនេះទៅប្រាប់ជនជាតិអ៊ីស្រាអែល ហើយពួកមេដឹកនាំទាំងអស់ក៏នាំគ្នាយកដំបងម្នាក់មួយៗមកជូនលោក គឺមានដំបងដប់ពីរ តាមចំនួនកុលសម្ព័ន្ធរបស់ពួកគេ។ ដំបងរបស់លោកអរ៉ុនស្ថិតនៅកណ្ដាលដំបងរបស់ពួកគេ។ ២២ (៧) លោកម៉ូសេបានដាក់ដំបងទាំងនោះ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ក្នុងពន្លានៃសន្ធិសញ្ញា។ ២៣ (៨) នៅថ្ងៃបន្ទាប់ ពេលលោកម៉ូសេចូលទៅក្នុងពន្លានៃសន្ធិសញ្ញា លោកឃើញដំបងរបស់លោកអរ៉ុន ដែលជាតំណាងកុលសម្ព័ន្ធលេវី មានពន្លក ចេញផ្កា ហើយមានទាំងផ្លែទៀតផង។ ២៤ (៩) លោកម៉ូសេយកដំបងទាំងនោះចេញពីព្រះភ័ក្ត្រព្រះអម្ចាស់ ទៅបង្ហាញជនជាតិអ៊ីស្រាអែល ហើយពួកគេយកដំបងរបស់ខ្លួនវិញ។
២៥ (១០) ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរយកដំបងរបស់អរ៉ុនទៅដាក់នៅមុខបន្ទះថ្មនៃសន្ធិសញ្ញា រក្សាទុកជាទីសម្គាល់ព្រមានពួកបះបោរ ដើម្បីបញ្ឈប់ពួកគេឲ្យលែងរអ៊ូរទាំ ហើយកុំឲ្យពួកគេត្រូវស្លាប់»។ ២៦ (១១) លោកម៉ូសេធ្វើតាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោក។
២៧ (១២) ជនជាតិអ៊ីស្រាអែលពោលទៅកាន់លោកម៉ូសេថា៖ «យើងខ្ញុំមុខជាផុតដង្ហើម វិនាសសូន្យទាំងអស់គ្នាមិនខាន! ២៨ (១៣) ដ្បិតអ្នកដែលចូលជិតព្រះពន្លារបស់ព្រះអម្ចាស់ នឹងត្រូវស្លាប់។ តើយើងខ្ញុំនឹងត្រូវស្លាប់ទាំងអស់គ្នាឬ?»។
១៨
មុខងាររបស់ពួកបូជាចារ្យ និងពួកលេវី
១ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអរ៉ុនថា៖ «អ្នក និងកូនចៅរបស់អ្នក ព្រមទាំងក្រុមញាតិរបស់អ្នក នឹងទទួលខុសត្រូវចំពោះកំហុសដែលកើតមានក្នុងទីសក្ការៈ។ អ្នក និងកូនចៅរបស់អ្នក ទទួលខុសត្រូវចំពោះកំហុសផ្សេងៗដែលទាក់ទងនឹងមុខងារជាបូជាចារ្យ។ ២ ចូរនាំបងប្អូនរួមលោហិតរបស់អ្នក ក្នុងកុលសម្ព័ន្ធលេវីមកនៅជាប់ជាមួយ ដើម្បីឲ្យពួកគេជួយបំពេញកិច្ចការ នៅពេលអ្នក និងកូនចៅរបស់អ្នក ធ្វើការក្នុងពន្លានៃសន្ធិសញ្ញា។ ៣ ពួកគេស្ថិតនៅក្រោមបញ្ជារបស់អ្នក ហើយមានភារកិច្ចថែរក្សាពន្លាទាំងមូល។ ប៉ុន្តែ ពួកគេមិនត្រូវចូលទៅជិតគ្រឿងបរិក្ខារសក្ការៈ ឬអាសនៈឡើយ ក្រែងលោទាំងអ្នករាល់គ្នា ទាំងពួកគេ ត្រូវស្លាប់។ ៤ ពួកគេត្រូវនៅជាប់ជាមួយអ្នក ហើយមានភារកិច្ចថែរក្សាពន្លានៃសន្ធិសញ្ញា និងបម្រើការទាំងអស់ក្នុងពន្លា។ រីឯអ្នកផ្សេងទៀត គ្មានសិទ្ធិចូលមកជិតអ្នករាល់គ្នាទេ។ ៥ អ្នករាល់គ្នាមើលខុសត្រូវទីសក្ការៈ និងថែរក្សាអាសនៈ។ ធ្វើដូច្នេះ ជនជាតិអ៊ីស្រាអែលមិនធ្វើឲ្យយើងមានកំហឹងនឹងពួកគេឡើយ។ ៦ យើងបានជ្រើសរើសពួកលេវី ជាបងប្អូនរបស់អ្នករាល់គ្នា ចេញពីចំណោមកូនចៅអ៊ីស្រាអែល ប្រគល់ឲ្យអ្នករាល់គ្នា ដើម្បីឲ្យពួកគេបម្រើការងារនៅក្នុងពន្លាជួបព្រះអម្ចាស់។ ៧ ចំណែកឯអ្នក និងកូនចៅរបស់អ្នកវិញ ត្រូវបំពេញមុខងារជាបូជាចារ្យ គឺបម្រើការងារនៅអាសនៈ និងការងារក្នុងទីសក្ការៈដែលនៅខាងក្រោយវាំងនន។ យើងបានប្រគល់មុខងារជាបូជាចារ្យនេះឲ្យអ្នករាល់គ្នា តែអ្នកក្រៅដែលចូលមកជិតយើង នឹងត្រូវទទួលទោសដល់ស្លាប់»។
បៀវត្សរ៍របស់ពួកបូជាចារ្យ
៨ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអរ៉ុនថា៖ «យើងឲ្យអ្នកទទួលខុសត្រូវលើអ្វីៗដែលប្រជាជនញែកទុកសម្រាប់យើង។ យើងប្រគល់តង្វាយនោះឲ្យអ្នក និងកូនចៅរបស់អ្នក ទុកជាកម្រៃ សម្រាប់មុខងារដែលយើងបានតែងតាំងអ្នកឲ្យបំពេញ ជារៀងរហូតតទៅ។ ៩ ក្នុងបណ្តាគ្រឿងសក្ការៈបំផុតដែលគេមិនដុត គឺអ្វីៗទាំងប៉ុន្មានដែលប្រជាជនយកមកថ្វាយយើង មានតង្វាយផ្សេងៗ តង្វាយម្សៅ យញ្ញបូជារំដោះបាប យញ្ញបូជាសុំលើកលែងទោស អ្នកអាចយកទុកជាចំណែករបស់អ្នក និងកូនចៅរបស់អ្នក។ ១០ ត្រូវបរិភោគរបស់ទាំងនេះនៅក្នុងកន្លែងដ៏សក្ការៈ គឺប្រុសៗទាំងអស់អាចបរិភោគបាន ដ្បិតរបស់ទាំងនោះសុទ្ធតែសក្ការៈសម្រាប់អ្នក។
១១ ចំណែកដែលអ្នកអាចយកបានទៀតនោះ គឺអ្វីៗទាំងប៉ុន្មានដែលជនជាតិអ៊ីស្រាអែលយកមកលើកថ្វាយ យើងប្រគល់ឲ្យអ្នក ព្រមទាំងកូនប្រុសកូនស្រីដែលនៅជាមួយអ្នក រហូតតទៅ។ អស់អ្នកដែលរក្សាខ្លួនឲ្យបរិសុទ្ធ ក្នុងក្រុមគ្រួសាររបស់អ្នក មានសិទ្ធិបរិភោគបានទាំងអស់។ ១២ យើងក៏ប្រគល់ផលដំបូងនៃអ្វីៗទាំងអស់ ដែលប្រជាជនយកមកថ្វាយយើងឲ្យអ្នកដែរ គឺប្រេងដ៏ល្អបំផុត ស្រាទំពាំងបាយជូរថ្មីដ៏ល្អបំផុត និងស្រូវថ្មី។ ១៣ ផលដំបូងនៃភោគផលដុះចេញពីដី ដែលប្រជាជនយកមកថ្វាយយើង ក៏នឹងបានទៅអ្នកដែរ។ អស់អ្នកដែលរក្សាខ្លួនឲ្យបរិសុទ្ធ នៅក្នុងក្រុមគ្រួសាររបស់អ្នក មានសិទ្ធិបរិភោគបានទាំងអស់។ ១៤ អ្វីៗដែលជនជាតិអ៊ីស្រាអែលថ្វាយផ្ដាច់ដល់យើង នោះយើងប្រគល់ឲ្យអ្នក។ ១៥ កូនដំបូងទាំងអស់ដែលប្រជាជនយកមកថ្វាយយើង គឺទាំងកូនមនុស្ស ទាំងកូនសត្វ ត្រូវបានជាចំណែករបស់អ្នក។ ប៉ុន្តែ ចូរឲ្យគេលោះកូនច្បងរបស់មនុស្ស និងកូនដំបូងរបស់សត្វដែលមិនបរិសុទ្ធ។ ១៦ ត្រូវឲ្យគេលោះកូនដំបូង ដែលមានអាយុពីមួយខែឡើងទៅ តាមតម្លៃគិតគូររបស់អ្នក គឺប្រាក់ប្រាំណែន គិតតាមទម្ងន់ប្រាក់ណែនរបស់ទីសក្ការៈ ពោលគឺម្ភៃកេរ៉ា*។ ១៧ ប៉ុន្តែ មិនត្រូវឲ្យគេលោះកូនដំបូងរបស់គោ កូនដំបូងរបស់ចៀម និងកូនដំបូងរបស់ពពែឡើយ ដ្បិតសត្វទាំងនោះត្រូវទុកសម្រាប់ថ្វាយយញ្ញបូជា។ ត្រូវយកឈាមរបស់វាប្រោះនៅលើអាសនៈ ហើយដុតខ្លាញ់វាក្នុងភ្លើង ដើម្បីឲ្យមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ ១៨ រីឯសាច់របស់វា គឺមានសាច់ទ្រូងដែលគេលើកថ្វាយជាតង្វាយ និងសាច់ភ្លៅស្តាំ ត្រូវបានជាចំណែករបស់អ្នក។ ១៩ អ្វីៗដែលជនជាតិអ៊ីស្រាអែលញែកពីតង្វាយសក្ការៈ យើងប្រគល់ឲ្យអ្នក ព្រមទាំងកូនប្រុសកូនស្រីដែលនៅជាមួយអ្នក រហូតតទៅ។ នេះជាសម្ពន្ធមេត្រីដែលយើងចងជាមួយអ្នក និងពូជពង្សរបស់អ្នក ជាសម្ពន្ធមេត្រីដែលនៅស្ថិតស្ថេររហូត ពុំអាចផ្លាស់ប្រែឡើយ»។
២០ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអរ៉ុនថា៖ «អ្នកនឹងគ្មានទឹកដីជាកេរមត៌កនៅក្នុងស្រុក ហើយក៏គ្មានចំណែកអ្វីរួមជាមួយពួកគេដែរ គឺយើងផ្ទាល់ជាចំណែកមត៌ករបស់អ្នក នៅក្នុងចំណោមប្រជាជនអ៊ីស្រាអែល។ ២១ យើងប្រគល់មួយភាគដប់នៃភោគផលទាំងអស់ នៅស្រុកអ៊ីស្រាអែល ឲ្យកូនចៅលេវី ទុកជាថ្នូរចំពោះកិច្ចការដែលពួកគេធ្វើ នៅក្នុងពន្លាជួបព្រះអម្ចាស់។ ២២ មិនត្រូវឲ្យប្រជាជនអ៊ីស្រាអែលចូលមកជិតពន្លាជួបព្រះអម្ចាស់ទៀតឡើយ ក្រែងលោពួកគេទទួលទោស ហើយត្រូវស្លាប់។ ២៣ ពួកលេវីដែលបម្រើការងារនៅក្នុងពន្លាជួបព្រះអម្ចាស់ នឹងទទួលខុសត្រូវលើកំហុសដែលខ្លួនប្រព្រឹត្ត។ នេះជាសេចក្ដីដែលត្រូវណែនាំឲ្យពួកលេវីគ្រប់ជំនាន់ដឹងថា ពួកគេនឹងមិនទទួលចំណែកមត៌កអ្វីក្នុងចំណោមជនជាតិអ៊ីស្រាអែលឡើយ។ ២៤ យើងប្រគល់ភោគផលមួយភាគដប់ ដែលជនជាតិអ៊ីស្រាអែលញែកទុកដោយឡែកសម្រាប់យើង ឲ្យកូនចៅលេវី។ ហេតុនេះហើយបានជាយើងប្រកាសអំពីពួកគេថា: “ពួកគេនឹងមិនទទួលចំណែកមត៌កក្នុងចំណោមកូនចៅអ៊ីស្រាអែលឡើយ”»។
២៥ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ ២៦ «ចូរប្រាប់កូនចៅលេវីដូចតទៅ: “ពេលណាជនជាតិអ៊ីស្រាអែលនាំយកភោគផលមួយភាគដប់មកឲ្យអ្នករាល់គ្នា គឺចំណែកដែលយើងប្រគល់ឲ្យអ្នករាល់គ្នាទុកជាមត៌កនោះ អ្នករាល់គ្នាត្រូវញែកមួយភាគដប់ពីភោគផលមួយភាគដប់ ថ្វាយព្រះអម្ចាស់។ ២៧ តង្វាយមួយភាគដប់ដែលអ្នករាល់គ្នាញែកទុកដោយឡែកនេះ ត្រូវរាប់ដូចជាតង្វាយ ដែលបងប្អូនរបស់អ្នករាល់គ្នាញែកទុកពីស្រូវ និងស្រាទំពាំងបាយជូររបស់គេដែរ។ ២៨ ដូច្នេះ ភោគផលមួយភាគដប់ដែលប្រជាជនអ៊ីស្រាអែលយកមកឲ្យអ្នករាល់គ្នា អ្នករាល់គ្នាត្រូវញែកមួយភាគដប់ ទុកថ្វាយព្រះអម្ចាស់។ ត្រូវប្រគល់តង្វាយដែលអ្នករាល់គ្នាញែកថ្វាយព្រះអម្ចាស់ ជូនលោកបូជាចារ្យអរ៉ុន។ ២៩ ភោគផលដែលប្រជាជនយកមកជូនអ្នករាល់គ្នានោះ ត្រូវញែកមួយចំណែកថ្វាយព្រះអម្ចាស់ គឺញែកមួយផ្នែកដ៏ល្អវិសេសជាចំណែកសក្ការៈ”។ ៣០ ចូរប្រាប់ពួកលេវីថា: ពេលណាអ្នករាល់គ្នាញែកផ្នែកដ៏ល្អវិសេសមួយភាគដប់ហើយ ចំណែកដែលនៅសល់ អ្នករាល់គ្នាត្រូវចាត់ទុកដូចជាស្រូវ និងស្រាទំពាំងបាយជូរ ដែលនៅសល់របស់ប្រជាជនដែរ។ ៣១ អ្នករាល់គ្នាបរិភោគភោគផលទាំងនេះ រួមជាមួយគ្រួសាររបស់អ្នករាល់គ្នា នៅកន្លែងណាក៏បាន ដ្បិតភោគផលទាំងនេះជាកម្រៃសម្រាប់ការងារដែលអ្នករាល់គ្នាបំពេញ នៅក្នុងពន្លាជួបព្រះអម្ចាស់។ ៣២ ប្រសិនបើអ្នករាល់គ្នាញែកចំណែកដ៏ល្អវិសេសទុកសម្រាប់យើងហើយ អ្នករាល់គ្នានឹងគ្មានបាបនៅពេលបរិភោគចំណែកដែលនៅសល់ អ្នករាល់គ្នាក៏មិនបណ្តាលឲ្យតង្វាយដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែលក្លាយទៅជាសៅហ្មង ហើយអ្នករាល់គ្នាក៏មិនត្រូវស្លាប់ដែរ»។
១៩
ធាតុរបស់គោញីពណ៌ទង់ដែង
១ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអរ៉ុនថា៖ ២ «នេះជាវិន័យដែលព្រះអម្ចាស់បានបង្គាប់ទុកដូចតទៅ: ចូរប្រាប់ជនជាតិអ៊ីស្រាអែលឲ្យនាំគោញីពណ៌ទង់ដែងមួយមកឲ្យអ្នក គោនោះត្រូវតែល្អឥតខ្ចោះ ហើយក៏មិនដែលមាននរណាទឹមនៅឡើយ។ ៣ ចូរប្រគល់គោញីនេះឲ្យបូជាចារ្យអេឡាសារ។ គាត់នឹងនាំវាចេញទៅក្រៅជំរំ ហើយឲ្យគេសម្លាប់វានៅចំពោះមុខគាត់។ ៤ បូជាចារ្យអេឡាសារត្រូវយកម្រាមដៃជ្រលក់ក្នុងឈាមគោ ហើយប្រោះឈាមនោះប្រាំពីរដងនៅមុខពន្លាជួបព្រះអម្ចាស់។ ៥ ត្រូវដុតគោញីនោះនៅចំពោះមុខអេឡាសារ គឺដុតទាំងស្បែក ទាំងសាច់ ទាំងឈាម និងគ្រឿងក្នុងទាំងអស់។ ៦ បូជាចារ្យត្រូវយកឈើតាត្រៅ មែកហ៊ីសុប និងរោមចៀមជ្រលក់ពណ៌ក្រហម បោះទៅក្នុងភ្លើងដែលគេដុតគោញីនោះ។ ៧ បូជាចារ្យត្រូវបោកសម្លៀកបំពាក់ និងយកទឹកមកលុបលាងកាយរបស់ខ្លួន។ បន្ទាប់មក បូជាចារ្យវិលចូលជំរំវិញ តែគាត់នៅសៅហ្មងរហូតទល់ល្ងាច។ ៨ រីឯអ្នកដុតគោញីនោះ ក៏ត្រូវបោកសម្លៀកបំពាក់ និងយកទឹកមកលុបលាងរូបកាយរបស់ខ្លួនដែរ តែគាត់នៅសៅហ្មង រហូតទល់ល្ងាច។ ៩ ត្រូវឲ្យបុរសម្នាក់ដែលមិនសៅហ្មង រើសធាតុរបស់គោញីនោះទុកនៅខាងក្រៅជំរំ ត្រង់កន្លែងមួយបរិសុទ្ធ។ ត្រូវរក្សាធាតុនោះទុក ដើម្បីសហគមន៍អ៊ីស្រាអែលយកទៅលាយធ្វើជាទឹក សម្រាប់ពិធីជម្រះកាយឲ្យបរិសុទ្ធ។ ពិធីនេះដូចជាយញ្ញបូជារំដោះបាបដែរ។ ១០ អ្នករើសធាតុរបស់គោញីត្រូវបោកសម្លៀកបំពាក់របស់ខ្លួន ហើយគេនៅសៅហ្មងដូច្នេះ រហូតទល់ល្ងាច។ នេះជាក្បួនតម្រាដែលជនជាតិអ៊ីស្រាអែល និងជនបរទេសរស់នៅក្នុងចំណោមពួកគេ ត្រូវប្រតិបត្តិតាមរហូតតទៅ។
វិន័យស្តីអំពីពិធីជម្រះកាយ
១១ អ្នកណាប៉ះពាល់សាកសពរបស់មនុស្សណាម្នាក់ អ្នកនោះត្រូវសៅហ្មងអស់រយៈពេលប្រាំពីរថ្ងៃ។ ១២ គេត្រូវយកទឹកនេះធ្វើពិធីជម្រះកាយនៅថ្ងៃទីបី ហើយគេនឹងបានបរិសុទ្ធនៅថ្ងៃទីប្រាំពីរ។ ប៉ុន្តែ ប្រសិនបើគេមិនធ្វើពិធីជម្រះកាយនៅថ្ងៃទីបីទេ នៅថ្ងៃទីប្រាំពីរ គេមិនបានបរិសុទ្ធឡើយ។ ១៣ អ្នកណាប៉ះពាល់សាកសពរបស់មនុស្ស តែមិនធ្វើពិធីជម្រះកាយទេ អ្នកនោះធ្វើឲ្យព្រះពន្លារបស់ព្រះអម្ចាស់ទៅជាសៅហ្មង។ ត្រូវដកមនុស្សបែបនេះចេញពីចំណោមជនជាតិអ៊ីស្រាអែល។ ដោយគេពុំបានយកទឹកសម្រាប់ពិធីជម្រះកាយឲ្យបរិសុទ្ធមកលាងខ្លួនទេ គេត្រូវនៅសៅហ្មងដូច្នេះ រហូតតទៅ។
១៤ នេះជាវិន័យស្តីអំពីមនុស្សម្នាក់ដែលស្លាប់នៅក្នុងផ្ទះមួយ អស់អ្នកដែលចូលទៅក្នុងផ្ទះនោះ និងអស់អ្នកដែលស្ថិតនៅក្នុងផ្ទះនោះ នឹងត្រូវសៅហ្មងអស់រយៈពេលប្រាំពីរថ្ងៃ។ ១៥ រីឯភាជន៍ទាំងប៉ុន្មាននៅក្នុងផ្ទះដែលនៅចំហ ឥតមានគម្រប នឹងក្លាយទៅជាសៅហ្មងដែរ។
១៦ អ្នកណាប៉ះសាកសពដែលស្លាប់នៅទីវាល ស្លាប់ដោយមុខដាវ ឬស្លាប់តាមធម្មតា ឬក៏ប៉ះឆ្អឹង និងផ្នូរ អ្នកនោះត្រូវនៅសៅហ្មងអស់រយៈពេលប្រាំពីរថ្ងៃ។ ១៧ ដើម្បីជម្រះអ្នកសៅហ្មងនោះឲ្យបរិសុទ្ធ គេត្រូវយកធាតុរបស់គោញី ដែលបានថ្វាយជាយញ្ញបូជារំដោះបាប មកដាក់ក្នុងភាជន៍មួយ រួចដងទឹកពីប្រភពទឹកមកចាក់ពីលើ។ ១៨ ត្រូវឲ្យបុរសម្នាក់ដែលមិនសៅហ្មង យកមែកហ៊ីសុបជ្រលក់ក្នុងទឹកនោះ ហើយប្រោះលើផ្ទះ លើភាជន៍ទាំងអស់ លើមនុស្សទាំងអស់នៅក្នុងផ្ទះ ព្រមទាំងលើអស់អ្នកដែលបានប៉ះពាល់ឆ្អឹង ប៉ះពាល់សាកសព ដែលស្លាប់ដោយមុខដាវ ឬស្លាប់តាមធម្មតា ឬក៏ប៉ះពាល់ផ្នូរ។ ១៩ អ្នកដែលមិនសៅហ្មងត្រូវប្រោះទឹកទៅលើអ្នកសៅហ្មងនៅថ្ងៃទីបី និងថ្ងៃទីប្រាំពីរ ហើយជម្រះអ្នកនោះឲ្យបរិសុទ្ធនៅថ្ងៃទីប្រាំពីរ រួចគាត់ត្រូវបោកសម្លៀកបំពាក់ យកទឹកលុបលាងខ្លួន នោះគាត់នឹងបរិសុទ្ធនៅពេលល្ងាច។ ២០ បើនរណាម្នាក់សៅហ្មង តែពុំធ្វើពិធីជម្រះកាយឲ្យបរិសុទ្ធទេ នឹងត្រូវដកចេញពីចំណោមក្រុមជំនុំ ដ្បិតគេបានធ្វើឲ្យទីសក្ការៈរបស់ព្រះអម្ចាស់ទៅជាសៅហ្មង។ ដោយគេពុំបានយកទឹកសម្រាប់ពិធីជម្រះកាយឲ្យបរិសុទ្ធមកលាងខ្លួនទេនោះ គេត្រូវនៅសៅហ្មង។ ២១ នេះជាក្បួនតម្រាដែលពួកគេត្រូវប្រតិបត្តិតាមរហូតតទៅ គឺអ្នកដែលធ្វើពិធីប្រោះទឹកឲ្យគេ ត្រូវបោកសម្លៀកបំពាក់ ហើយអ្នកដែលប៉ះពាល់ទឹកសម្រាប់ប្រោះលើអ្នកសៅហ្មង ក៏នឹងត្រូវសៅហ្មងរហូតដល់ល្ងាច។ ២២ អ្វីៗដែលអ្នកសៅហ្មងប៉ះពាល់ ក៏ក្លាយទៅជាសៅហ្មងដែរ ហើយអ្នកដែលប៉ះពាល់របស់សៅហ្មង នឹងត្រូវសៅហ្មងរហូតទល់ល្ងាច»។
២០
ប្រភពទឹកនៅមេរីបា
(ជរ.១៧.១-៧)
១ សហគមន៍អ៊ីស្រាអែលទាំងមូលបានធ្វើដំណើរទៅដល់វាលរហោស្ថានស៊ីន នៅខែទីមួយ ហើយនាំគ្នាបោះជំរំនៅកាដែស។ អ្នកស្រីមៀរីយ៉ាមបានទទួលមរណភាព ហើយគេបញ្ចុះសពគាត់នៅទីនោះ។
២ ពេលនោះ គ្មានទឹកសម្រាប់សហគមន៍ទេ។ ដូច្នេះ ពួកគេក៏លើកគ្នាទៅប្រឆាំងនឹងលោកម៉ូសេ ព្រមទាំងលោកអរ៉ុន។ ៣ ប្រជាជនរករឿងលោកម៉ូសេថា៖ «ប្រសិនបើយើងខ្ញុំផុតដង្ហើមជាមួយបងប្អូនរបស់យើងខ្ញុំ ដែលបានផុតដង្ហើមនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ នោះប្រសើរជាង!។ ៤ ហេតុអ្វីបានជាពួកលោកនាំក្រុមជំនុំរបស់ព្រះអម្ចាស់ឲ្យមកស្លាប់ នៅវាលរហោស្ថាននេះ ជាមួយហ្វូងសត្វរបស់ពួកយើងដូច្នេះ? ៥ ហេតុអ្វីបានជាពួកលោកនាំពួកយើងចាកចេញពីស្រុកអេស៊ីប មកនៅកន្លែងដ៏អាក្រក់នេះ? ទីនេះមិនមែនជាកន្លែងដែលយើងអាចសាបព្រោះបានទេ ហើយក៏គ្មានដើមឧទុម្ពរ ដើមទំពាំងបាយជូរ និងដើមទទឹមដែរ។ រីឯទឹកសម្រាប់ផឹកក៏គ្មាន»។ ៦ លោកម៉ូសេ និងលោកអរ៉ុននាំគ្នាចាកចេញពីក្រុមជំនុំ ឆ្ពោះទៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់។ លោកទាំងពីរក្រាបចុះ ឱនមុខដល់ដី ហើយសិរីរុងរឿងរបស់ព្រះអម្ចាស់លេចមកឲ្យលោកទាំងពីរឃើញ។
៧ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ ៨ «ចូរយកដំបង រួចអ្នក និងអរ៉ុន ជាបងរបស់អ្នក ប្រមូលសហគមន៍ឲ្យជួបជុំគ្នា។ ត្រូវបង្គាប់ថ្មដានៅចំពោះមុខពួកគេ នោះនឹងមានទឹកហូរចេញពីថ្មដា។ អ្នកត្រូវធ្វើឲ្យទឹកហូរចេញពីថ្មដានោះ សម្រាប់សហគមន៍ និងហ្វូងសត្វផឹក»។ ៩ លោកម៉ូសេយកដំបងដែលស្ថិតនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ដូចព្រះអង្គបានបង្គាប់លោក។ ១០ លោកម៉ូសេ និងលោកអរ៉ុន កោះហៅសហគមន៍ឲ្យមកជួបជុំគ្នា នៅមុខថ្មដា។ លោកម៉ូសេមានប្រសាសន៍ថា៖ «អ្នករាល់គ្នាជាមនុស្សបះបោរអើយ ចូរស្ដាប់! តើពួកយើងអាចធ្វើឲ្យមានទឹកហូរចេញពីថ្មដានេះសម្រាប់អ្នករាល់គ្នា បាន ឬមិនបាន?»។ ១១ លោកម៉ូសេលើកដៃឡើង ហើយយកដំបងរបស់លោកវាយថ្មដាពីរដង ស្រាប់តែមានទឹកហូរចេញមកយ៉ាងបរិបូណ៌។ សហគមន៍ក៏នាំគ្នាផឹកទឹក ហើយហ្វូងសត្វក៏ផឹកដែរ។
១២ ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអរ៉ុនថា៖ «អ្នកទាំងពីរពុំបានជឿលើយើង អ្នកទាំងពីរពុំបានសម្ដែងឲ្យកូនចៅអ៊ីស្រាអែលស្គាល់ភាពវិសុទ្ធរបស់យើងទេ ហេតុនេះ អ្នកទាំងពីរមិនអាចនាំក្រុមជំនុំនេះចូលទៅក្នុងស្រុក ដែលយើងប្រគល់ឲ្យពួកគេឡើយ»។ ១៣ គឺនៅត្រង់ទឹកមេរីបានោះហើយ ដែលជនជាតិអ៊ីស្រាអែលនាំគ្នារករឿងព្រះអម្ចាស់ ប៉ុន្តែ ព្រះអង្គបានសម្ដែងឲ្យពួកគេឃើញភាពវិសុទ្ធរបស់ព្រះអង្គ។
ស្តេចស្រុកអេដុមមិនព្រមឲ្យអ៊ីស្រាអែលឆ្លងកាត់ទឹកដីរបស់គេ
១៤ លោកម៉ូសេបានចាត់អ្នកនាំសារពីកាដែស ទៅគាល់ស្តេចស្រុកអេដុម ហើយទូលថា៖ «សូមព្រះអង្គព្រះសណ្ដាប់ពាក្យរបស់អ៊ីស្រាអែល ជាបងប្អូនរបស់ព្រះករុណា។ ព្រះករុណាជ្រាបស្រាប់ហើយថា យើងខ្ញុំបានរងទុក្ខវេទនាគ្រប់បែបយ៉ាង។ ១៥ បុព្វបុរសរបស់យើងខ្ញុំបានចុះទៅស្រុកអេស៊ីប ហើយយើងខ្ញុំរស់នៅក្នុងស្រុកនោះជាយូរឆ្នាំ។ ប៉ុន្តែ ជនជាតិអេស៊ីបបានធ្វើបាបពួកយើង គឺទាំងយើងខ្ញុំផ្ទាល់ ទាំងបុព្វបុរសរបស់យើងខ្ញុំ។ ១៦ យើងខ្ញុំស្រែកអង្វរព្រះអម្ចាស់ ហើយព្រះអង្គព្រះអង្គព្រះសណ្ដាប់ពាក្យអង្វររបស់យើងខ្ញុំ។ ព្រះអង្គបានចាត់ទេវទូត*មួយរូប ឲ្យមកនាំយើងខ្ញុំចេញពីស្រុកអេស៊ីប។ ឥឡូវនេះ យើងខ្ញុំបានមកដល់កាដែស ជាក្រុងដែលនៅជាប់នឹងដែនដីរបស់ព្រះករុណា។ ១៧ យើងខ្ញុំសូមអនុញ្ញាតឆ្លងកាត់ស្រុករបស់ព្រះករុណា តែយើងខ្ញុំមិនដើរកាត់ស្រែ ឬចម្ការទំពាំងបាយជូររបស់ព្រះករុណាទេ ហើយយើងខ្ញុំក៏មិនទទួលទានទឹកពីអណ្ដូងរបស់ព្រះករុណាដែរ គឺយើងខ្ញុំគ្រាន់តែសុំដើរតាមផ្លូវធំ ដោយឥតងាកទៅឆ្វេង ឬងាកទៅស្តាំឡើយ រហូតទាល់តែយើងខ្ញុំឆ្លងផុតទឹកដីរបស់ព្រះករុណា»។ ១៨ ស្តេចស្រុកអេដុមតបថា៖ «កុំឆ្លងកាត់ទឹកដីរបស់យើងដាច់ខាត បើមិនដូច្នោះទេ យើងនឹងលើកទ័ពចេញទៅវាយប្រហារអ្នករាល់គ្នាជាមិនខាន!»។ ១៩ ជនជាតិអ៊ីស្រាអែលទូលស្តេចទៀតថា៖ «យើងខ្ញុំគ្រាន់តែដើរតាមផ្លូវ ប្រសិនបើយើងខ្ញុំ និងហ្វូងសត្វរបស់យើងខ្ញុំផឹកទឹករបស់ព្រះករុណា នោះយើងខ្ញុំនឹងបង់ថ្លៃ។ យើងខ្ញុំមិនធ្វើអ្វីឡើយ យើងខ្ញុំគ្រាន់តែដើរកាត់ប៉ុណ្ណោះ»។ ២០ ស្តេចស្រុកអេដុមតបថា៖ «កុំឆ្លងកាត់ដាច់ខាត!»។ ជនជាតិអេដុមលើកទ័ពយ៉ាងសន្ធឹកសន្ធាប់ ទាំងប្រដាប់អាវុធ ចេញទៅទប់ជនជាតិអ៊ីស្រាអែល ២១ មិនឲ្យឆ្លងកាត់ទឹកដីរបស់ខ្លួន ជនជាតិអ៊ីស្រាអែលក៏ដើរវាងទឹកដីរបស់គេ។
លោកអរ៉ុនទទួលមរណភាព
២២ សហគមន៍អ៊ីស្រាអែលទាំងមូលចេញដំណើរពីកាដែស ទៅដល់ភ្នំហ៊រ។ ២៣ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអរ៉ុន នៅភ្នំហ៊រ ដែលនៅជាប់នឹងព្រំប្រទល់ស្រុកអេដុមថា៖ ២៤ «បន្តិចទៀត អរ៉ុននឹងទៅជួបជុំដូនតារបស់គាត់។ គាត់នឹងមិនចូលទៅក្នុងស្រុក ដែលយើងប្រគល់ឲ្យជនជាតិអ៊ីស្រាអែលឡើយ ដ្បិតអ្នកទាំងពីរបានបះបោរនឹងបញ្ជារបស់យើង នៅប្រភពទឹកមេរីបា។ ២៥ ចូរនាំអរ៉ុន និងអេឡាសារ ជាកូនប្រុសរបស់គាត់ ឡើងទៅលើភ្នំហ៊រ។ ២៦ នៅទីនោះ ចូរដោះសម្លៀកបំពាក់ចេញពីអរ៉ុន រួចពាក់ឲ្យអេឡាសារ ជាកូនរបស់គាត់វិញ គឺនៅទីនោះហើយដែលអរ៉ុនត្រូវទទួលមរណភាព»។
២៧ លោកម៉ូសេបានធ្វើតាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោក។ ពួកលោកនាំគ្នាឡើងទៅលើភ្នំហ៊រ នៅចំពោះមុខសហគមន៍អ៊ីស្រាអែលទាំងមូល។ ២៨ លោកដោះសម្លៀកបំពាក់ចេញពីលោកអរ៉ុន ហើយពាក់ឲ្យលោកអេឡាសារ ជាកូន។ លោកអរ៉ុនទទួលមរណភាពនៅលើកំពូលភ្នំនោះ។ លោកម៉ូសេ និងលោកអេឡាសារនាំគ្នាចុះពីភ្នំមកវិញ។ ២៩ សហគមន៍ទាំងមូលបានឃើញលោកអរ៉ុនផុតដង្ហើម ហើយកូនចៅអ៊ីស្រាអែលទាំងអស់នាំគ្នាកាន់ទុក្ខលោកអរ៉ុន អស់រយៈពេលសាមសិបថ្ងៃ។
២១
ជ័យជម្នះលើជនជាតិកាណាន
១ ស្តេចក្រុងអរ៉ាដ គឺស្តេចរបស់ជនជាតិកាណាន ដែលគង់នៅតំបន់ណេកិប បានឮដំណឹងថាជនជាតិអ៊ីស្រាអែលនាំគ្នាធ្វើដំណើរមកតាមផ្លូវអាតារីម។ ស្តេចក៏លើកទ័ពមកវាយអ៊ីស្រាអែល ហើយចាប់បានពួកគេខ្លះយកទៅជាឈ្លើយ។ ២ ពេលនោះ ជនជាតិអ៊ីស្រាអែលបន់ព្រះអម្ចាស់ថា៖ «ប្រសិនបើព្រះអង្គប្រគល់ជនជាតិនោះមកក្នុងកណ្ដាប់ដៃទូលបង្គំ ទូលបង្គំនឹងបំផ្លាញទីក្រុងទាំងឡាយរបស់ពួកគេ ថ្វាយផ្ដាច់ដល់ព្រះអង្គ»។ ៣ ព្រះអម្ចាស់ព្រះអង្គព្រះសណ្ដាប់ពាក្យរបស់អ៊ីស្រាអែល ហើយប្រគល់ជនជាតិកាណានមកក្នុងកណ្ដាប់ដៃរបស់ពួកគេ។ អ៊ីស្រាអែលបានបំផ្លាញជនជាតិកាណាន ព្រមទាំងក្រុងរបស់ពួកគេ ថ្វាយផ្ដាច់ដល់ព្រះអម្ចាស់។ គេដាក់ឈ្មោះកន្លែងនោះថា “ហ៊រម៉ា”។
ពស់ភ្លើង
៤ ជនជាតិអ៊ីស្រាអែលចេញដំណើរពីភ្នំហ៊រ តាមផ្លូវសមុទ្រកក់ ដើម្បីវាងស្រុកអេដុម។ តាមផ្លូវប្រជាជនបាក់ទឹកចិត្ត ៥ ហើយនាំគ្នាពោលពាក្យប្រឆាំងនឹងព្រះអម្ចាស់ ព្រមទាំងលោកម៉ូសេថា៖ «ហេតុអ្វីបានជាព្រះអង្គ និងលោក នាំពួកយើងចេញមកពីស្រុកអេស៊ីប ដើម្បីឲ្យពួកយើងស្លាប់ក្នុងវាលរហោស្ថានដូច្នេះ? ដ្បិតនៅទីនេះ គ្មានអាហារ គ្មានទឹកទាល់តែសោះ ហើយពួកយើងក៏ធុញទ្រាន់នឹងនំម៉ាណាដ៏គម្រក់នេះដែរ!»។ ៦ ពេលនោះ ព្រះអម្ចាស់ក៏ធ្វើឲ្យមានពស់ភ្លើងមកចឹកពួកគេ បណ្តាលឲ្យបាត់បង់ជីវិតមនុស្សជាច្រើន ក្នុងចំណោមជនជាតិអ៊ីស្រាអែល។ ៧ ប្រជាជននាំគ្នាទៅជួបលោកម៉ូសេ ជម្រាបថា៖ «យើងខ្ញុំបានប្រព្រឹត្តអំពើបាប ដោយពោលពាក្យប្រឆាំងនឹងព្រះអម្ចាស់ ព្រមទាំងរូបលោកផ្ទាល់។ សូមលោកមេត្តាទូលអង្វរព្រះអម្ចាស់ សូមព្រះអង្គបណ្តេញពស់ទាំងនេះចេញឲ្យឆ្ងាយពីយើងខ្ញុំផង»។ លោកម៉ូសេក៏ទូលអង្វរព្រះអង្គឲ្យប្រជាជន។
៨ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរធ្វើរូបពស់ភ្លើង ព្យួរលើបង្គោលមួយ។ អ្នកណាត្រូវពស់ចឹក ហើយសម្លឹងមើលទៅរូបពស់ អ្នកនោះនឹងរួចជីវិត»។ ៩ លោកម៉ូសេយកលង្ហិនធ្វើរូបពស់មួយ ហើយព្យួរលើបង្គោល។ ពេលមាននរណាម្នាក់ត្រូវពស់ចឹក ហើយសម្លឹងមើលទៅពស់លង្ហិននោះ គេបានរួចជីវិត។
អ៊ីស្រាអែលវាយយកទឹកដីខាងកើតទន្លេយ័រដាន់
១០ ជនជាតិអ៊ីស្រាអែលនាំគ្នាចេញដំណើរទៅ ហើយបោះជំរំនៅអូបុត។ ១១ ពួកគេចាកចេញពីអូបុតទៅបោះជំរំនៅអ៊ីយេ-អាបារីម ក្នុងវាលរហោស្ថាននៅខាងកើតស្រុកម៉ូអាប់។ ១២ ពួកគេចាកចេញពីទីនោះទៅបោះជំរំនៅជ្រលងភ្នំសេរេដ។ ១៣ ពួកគេចាកចេញពីទីនោះ ទៅបោះជំរំនៅខាងនាយស្ទឹងអារណូន ដែលហូរចេញពីស្រុកអាម៉ូរី កាត់តាមវាលរហោស្ថាន។ ស្ទឹងអារណូនជាព្រំដែនរបស់ស្រុកម៉ូអាប់ និងស្រុកអាម៉ូរី។ ១៤ ហេតុនេះហើយបានជាមានចារទុកនៅក្នុងសៀវភៅ«សង្គ្រាមរបស់ព្រះអម្ចាស់»ស្តីអំពីស្ទឹងវ៉ាហេប ក្នុងស្រុកស៊ូផា និងអូរទាំងឡាយដែលហូរចាក់ទៅក្នុងស្ទឹងនោះ ស្ទឹងអារណូន ១៥ ព្រមទាំងស្ទឹងដងអូរឯទៀតៗ ដែលហូរកាត់តាមក្រុងអារ ហើយធ្វើជាព្រំប្រទល់របស់ស្រុកម៉ូអាប់។
១៦ បន្ទាប់មក ពួកគេធ្វើដំណើរទៅដល់បៀរ គឺត្រង់អណ្ដូងទឹក ដែលព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេឲ្យប្រមូលប្រជាជន ដើម្បីប្រទានទឹកឲ្យពួកគេ។ ១៧ នៅទីនោះ ជនជាតិអ៊ីស្រាអែលនាំគ្នាច្រៀងចម្រៀងមួយបទដូចតទៅ:
«អណ្ដូងទឹកអើយ ចូរឲ្យមានទឹកផុសឡើង!
ចូរបន្លឺសំឡេងអបអរ!
១៨ អណ្ដូងដែលពួកមេដឹកនាំបានខួង
អណ្ដូងដែលពួកវីរជនបានជីក
ដោយប្រើដំបងរាជ្យ និងឈើច្រត់!»។
១៩ បន្ទាប់មក ពួកគេចេញដំណើរពីវាលរហោស្ថានឆ្ពោះទៅម៉ាតាណា ពីម៉ាតាណាទៅណាហាលីអែល ពីណាហាលីអែលទៅបាម៉ុត ២០ ពីបាម៉ុតទៅជ្រលងភ្នំដែលស្ថិតនៅវាលស្រុកម៉ូអាប់ ហើយទៅដល់កំពូលភ្នំពីស្កា ដែលស្ថិតនៅពីលើវាលរហោស្ថាន។
២១ ជនជាតិអ៊ីស្រាអែលចាត់អ្នកនាំសារឲ្យទៅគាល់ព្រះបាទស៊ីហុន ជាស្តេចរបស់ជនជាតិអាម៉ូរី ទូលថា៖ ២២ «យើងខ្ញុំសូមអនុញ្ញាតឆ្លងកាត់ស្រុករបស់ព្រះករុណា យើងខ្ញុំនឹងមិនចូលទៅក្នុងស្រែ ឬចម្ការទំពាំងបាយជូរទេ ហើយយើងខ្ញុំក៏មិនផឹកទឹកពីអណ្ដូងរបស់ព្រះករុណាដែរ។ យើងខ្ញុំគ្រាន់តែដើរតាមផ្លូវធំ រហូតដល់ឆ្លងផុតទឹកដីរបស់ព្រះករុណា»។ ២៣ ព្រះបាទស៊ីហុនមិនព្រមឲ្យជនជាតិអ៊ីស្រាអែលឆ្លងកាត់ទឹកដីរបស់ខ្លួនទេ តែស្តេចប្រមូលកងទ័ពទាំងមូលចេញមកវាយប្រហារជនជាតិអ៊ីស្រាអែល នៅវាលរហោស្ថាន គឺស្តេចវាយប្រហារជនជាតិអ៊ីស្រាអែលនៅយ៉ាហាស់។ ២៤ ជនជាតិអ៊ីស្រាអែលបានប្រហារព្រះបាទស៊ីហុន ដោយមុខដាវ ហើយចាប់យកទឹកដីរបស់ស្តេច ចាប់តាំងពីស្ទឹងអារណូន រហូតដល់ស្ទឹងយ៉ាបុក និងរហូតដល់ព្រំប្រទល់ស្រុកអាំម៉ូន ដែលមានកំពែងដ៏រឹងមាំ។ ២៥ ជនជាតិអ៊ីស្រាអែលដណ្ដើមយកបានក្រុងទាំងប៉ុន្មាន នៅស្រុកអាម៉ូរី ហើយរស់នៅក្នុងក្រុងទាំងនោះ គឺក្រុងហេសបូន និងស្រុកភូមិដែលនៅជុំវិញ។ ២៦ ក្រុងហេសបូនជារាជធានីរបស់ព្រះបាទស៊ីហុន ជាស្តេចរបស់ជនជាតិអាម៉ូរី។ ព្រះបាទស៊ីហុនបានច្បាំងជាមួយស្តេចរបស់ជនជាតិម៉ូអាប់ ដែលសោយរាជ្យមុន ហើយដណ្ដើមយកទឹកដីទាំងមូលរបស់ស្តេចស្រុកម៉ូអាប់។ ទឹកដីនោះលាតសន្ធឹងរហូតដល់ស្ទឹងអារណូន។ ២៧ ហេតុនេះហើយបានជាពួកកវីតែងពោលថា៖
ចូរនាំគ្នាមកហេសបូន!
ចូរសង់ក្រុងរបស់ស្តេចស៊ីហុន
ហើយរៀបចំឲ្យដូចដើមឡើងវិញ!
២៨ ដ្បិតមានភ្លើងមួយចេញពីហេសបូន
អណ្ដាតភ្លើងមួយចេញពីក្រុងរបស់ស្តេចស៊ីហុន
ឆាបឆេះក្រុងអារនៅស្រុកម៉ូអាប់
និងពួកមេកន្ទ្រាញនៅប៉ែកខាងលើ
ស្ទឹងអារណូន។
២៩ ម៉ូអាប់អើយ អ្នកត្រូវវេទនាហើយ!
ប្រជាជនដែលថ្វាយបង្គំព្រះកេម៉ូសអើយ
អ្នកអន្តរាយហើយ!
ព្រះនេះបានធ្វើឲ្យកូនប្រុសរបស់ខ្លួន
រត់ខ្ចាត់ខ្ចាយ
ហើយប្រគល់កូនស្រីរបស់ខ្លួនទៅជាឈ្លើយ
របស់ព្រះបាទស៊ីហុន ជាស្តេចស្រុកអាម៉ូរី!
៣០ ពួកយើងបានបាញ់ព្រួញទៅលើពួកគេ
យើងបានកម្ទេចស្រុករបស់ពួកគេ
ចាប់ពីក្រុងហេសបូន រហូតដល់ក្រុងឌីបូន
យើងបានបំផ្លាញស្រុករបស់ពួកគេ
រហូតដល់ក្រុងណូផា
ដែលនៅជាប់នឹងក្រុងមេដេបា។
៣១ ជនជាតិអ៊ីស្រាអែលនាំគ្នាតាំងទីលំនៅ នៅក្នុងស្រុកអាម៉ូរី។ ៣២ លោកម៉ូសេបានចាត់គេឲ្យទៅសង្កេតការណ៍នៅក្រុងយ៉ាស៊ែរ ហើយជនជាតិអ៊ីស្រាអែលវាយដណ្ដើមយកក្រុង និងស្រុកភូមិដែលនៅជុំវិញ ព្រមទាំងដេញជនជាតិអាម៉ូរីចេញពីទឹកដីនោះ។
៣៣ បន្ទាប់មក ជនជាតិអ៊ីស្រាអែលនាំគ្នាដូរទិស ហើយបន្តដំណើរតាមផ្លូវឆ្ពោះទៅស្រុកបាសាន។ ព្រះបាទអុក ស្តេចស្រុកបាសាន បានលើកទ័ពទាំងមូលរបស់ខ្លួនចេញមកវាយអ៊ីស្រាអែល នៅអេដ្រេយី។ ៣៤ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «កុំខ្លាចអ្វីឡើយ! ដ្បិតយើងប្រគល់ស្តេចនេះ និងកងទ័ពទាំងមូល ព្រមទាំងស្រុករបស់គេ មកក្នុងកណ្ដាប់ដៃអ្នកហើយ។ ចូរប្រព្រឹត្តចំពោះស្តេចនេះ ដូចអ្នកបានប្រព្រឹត្តចំពោះស៊ីហុន ជាស្តេចស្រុកអាម៉ូរី ដែលរស់នៅស្រុកហេសបូនដែរ»។ ៣៥ ជនជាតិអ៊ីស្រាអែលក៏វាយស្តេចអុក ព្រមទាំងបុត្ររបស់ស្តេច និងកងទ័ពទាំងមូល ឥតទុកឲ្យនរណាម្នាក់រួចជីវិតឡើយ។ បន្ទាប់មក ពួកគេកាន់កាប់ស្រុករបស់ស្តេចនោះ។
២២
ជនជាតិអ៊ីស្រាអែលនៅតំបន់វាលទំនាបស្រុកម៉ូអាប់
ព្យាការីបាឡាម និងព្រះបាទបាឡាក់
១ ជនជាតិអ៊ីស្រាអែលចេញដំណើរពីទីនោះ ទៅបោះជំរំនៅវាលទំនាបស្រុកម៉ូអាប់ នៅត្រើយខាងកើតទន្លេយ័រដាន់ ទល់មុខនឹងក្រុងយេរីខូ។ ២ ព្រះបាទបាឡាក់ ជាបុត្ររបស់ព្រះបាទស៊ីបពរ ជ្រាបអំពីហេតុការណ៍ទាំងប៉ុន្មាន ដែលជនជាតិអ៊ីស្រាអែលបានប្រព្រឹត្តចំពោះជនជាតិអាម៉ូរី។ ៣ ជនជាតិម៉ូអាប់ភ័យខ្លាច ហើយញ័ររន្ធត់នៅចំពោះមុខប្រជាជនអ៊ីស្រាអែល ដែលមានចំនួនដ៏ច្រើននេះ។ ៤ ពេលនោះ ជនជាតិម៉ូអាប់ពោលទៅកាន់ពួកចាស់ទុំនៃជនជាតិម៉ាឌីយ៉ានថា៖ «មនុស្សដ៏ច្រើននេះមុខជាបង្ហិនអ្វីៗដែលមាននៅជុំវិញពួកយើង ដូចគោស៊ីដំណាំនៅក្នុងចម្ការមិនខាន»។ នៅគ្រានោះ ព្រះបាទបាឡាក់ ជាបុត្ររបស់ព្រះបាទស៊ីបពរ សោយរាជ្យនៅស្រុកម៉ូអាប់។
៥ ព្រះបាទបាឡាក់បានចាត់អ្នកនាំសារ ឲ្យទៅជួបលោកបាឡាម ជាកូនរបស់លោកបេអ៊រ និងជាអ្នកភូមិពេទរ ដែលស្ថិតនៅមាត់ទន្លេ ជាស្រុកកំណើតរបស់លោក ប្រាប់ថា៖ «មានជនជាតិមួយចេញមកពីស្រុកអេស៊ីប នាំគ្នាមកនៅពាសពេញស្រុក គឺពួកគេបោះជំរំនៅក្បែរទឹកដីរបស់យើង។ ៦ ដូច្នេះ សូមលោកអញ្ជើញមកដាក់បណ្ដាសាជនជាតិនេះឲ្យយើងផង ព្រោះពួកគេខ្លាំងពូកែជាងយើង។ បើលោកដាក់បណ្ដាសាពួកគេនោះ យើងប្រហែលជាវាយឈ្នះពួកគេ ហើយបណ្តេញពួកគេចេញពីស្រុកនេះបាន ដ្បិតយើងដឹងថា ពេលលោកឲ្យពរអ្នកណា អ្នកនោះនឹងទទួលពរ តែបើលោកដាក់បណ្ដាសាអ្នកណា អ្នកនោះពិតជាត្រូវបណ្ដាសាមិនខាន»។
៧ ចាស់ទុំរបស់ជនជាតិម៉ូអាប់ និងចាស់ទុំរបស់ជនជាតិម៉ាឌីយ៉ាន នាំគ្នាចេញដំណើរទៅ ទាំងនាំយកជំនូនសម្រាប់ជូនគ្រូហោរទៅជាមួយផង។ ពួកគេបានទៅដល់ផ្ទះរបស់លោកបាឡាម ហើយរៀបរាប់ប្រាប់លោកនូវរាជឱង្ការរបស់ព្រះបាទបាឡាក់។ ៨ លោកបាឡាមពោលថា៖ «សូមអស់លោកស្នាក់នៅទីនេះមួយយប់សិន ខ្ញុំនឹងជូនចម្លើយអស់លោកវិញ តាមសេចក្ដីដែលព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំ»។ ដូច្នេះ ពួកមេដឹកនាំនៃជនជាតិម៉ូអាប់ក៏នាំគ្នាស្នាក់នៅក្នុងផ្ទះរបស់លោកបាឡាម។
៩ ព្រះជាម្ចាស់យាងមកជួបលោកបាឡាម មានព្រះបន្ទូលថា៖ «តើមនុស្សម្នាដែលស្នាក់នៅក្នុងផ្ទះរបស់អ្នកជានរណា?»។ ១០ លោកបាឡាមទូលព្រះជាម្ចាស់ថា៖ «ស្តេចបាឡាក់ ជាបុត្ររបស់ស្តេចស៊ីបពរដែលសោយរាជ្យនៅស្រុកម៉ូអាប់ បានចាត់ពួកគេឲ្យមកប្រាប់ទូលបង្គំថា ១១ “មានជនជាតិមួយចេញមកពីស្រុកអេស៊ីប នាំគ្នាមកនៅពាសពេញស្រុក។ ដូច្នេះ សូមលោកមកជួយដាក់បណ្ដាសាជនជាតិនេះឲ្យយើងផង។ បើលោកដាក់បណ្ដាសាពួកគេនោះ យើងប្រហែលជាវាយឈ្នះពួកគេ និងបណ្តេញពួកគេបាន”»។ ១២ ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកបាឡាមថា៖ «កុំទៅជាមួយពួកគេឡើយ ហើយក៏មិនត្រូវដាក់បណ្ដាសាប្រជាជននោះដែរ ដ្បិតយើងបានឲ្យពរពួកគេរួចហើយ!»។ ១៣ លោកបាឡាមក្រោកពីព្រលឹម ហើយមានប្រសាសន៍ទៅកាន់ពួកមេដឹកនាំដែលព្រះបាទបាឡាក់បានចាត់ឲ្យមកនោះថា៖ «សូមអស់លោកអញ្ជើញវិលទៅស្រុករបស់អស់លោកវិញចុះ ព្រះអម្ចាស់មិនអនុញ្ញាតឲ្យខ្ញុំទៅជាមួយអស់លោកទេ»។ ១៤ មេដឹកនាំរបស់ជនជាតិម៉ូអាប់នាំគ្នាវិលមកគាល់ព្រះបាទបាឡាក់វិញ ទូលថា៖ «លោកបាឡាមមិនព្រមមកជាមួយពួកយើងទេ»។
១៥ ព្រះបាទបាឡាក់បានចាត់មេដឹកនាំឲ្យទៅសាជាថ្មី មានគ្នាច្រើនជាងមុន និងមានយសស័ក្តិខ្ពស់ជាងមុន។ ១៦ ពួកគេទៅដល់ផ្ទះរបស់លោកបាឡាម ជម្រាបដូចតទៅ៖ «ព្រះបាទបាឡាក់ ជាបុត្ររបស់ព្រះបាទស៊ីបពរ មានរាជឱង្ការថា “សូមអញ្ជើញមកជួបយើង កុំបីអាក់ខាន ១៧ ដ្បិតយើងបានលើកកិត្តិយសលោកច្រើនណាស់ ហើយបើលោកចង់បង្គាប់អ្វី យើងសុខចិត្តធ្វើតាមទាំងអស់ ដូច្នេះ សូមលោកអញ្ជើញមកជួយដាក់បណ្ដាសាជនជាតិនេះឲ្យយើងផង”»។
១៨ លោកបាឡាមឆ្លើយទៅកាន់ពួកនាម៉ឺនមន្ត្រីរបស់ព្រះបាទបាឡាក់ថា៖ «ទោះបីព្រះបាទបាឡាក់ប្រទានមាស ឬប្រាក់ ដែលមានពេញនៅក្នុងវាំងមកខ្ញុំក្តី ក៏ខ្ញុំពុំអាចធ្វើការអ្វីតូច ឬធំ ខុសនឹងបញ្ជារបស់ព្រះអម្ចាស់ ជាព្រះរបស់ខ្ញុំជាដាច់ខាត។ ១៩ ឥឡូវនេះ សូមអស់លោកស្នាក់នៅជាមួយខ្ញុំមួយយប់សិន ខ្ញុំមុខជាដឹងអំពីសេចក្ដីដែលព្រះអម្ចាស់នឹងថ្លែងប្រាប់ខ្ញុំ»។ ២០ នៅពេលយប់ ព្រះជាម្ចាស់យាងមកជួបលោកបាឡាម មានព្រះបន្ទូលថា៖ «ដោយអ្នកទាំងនោះនាំគ្នាមកហៅអ្នកដូច្នេះ ចូរក្រោកឡើង ចេញដំណើរទៅជាមួយពួកគេចុះ។ ប៉ុន្តែ ត្រូវធ្វើតាមសេចក្ដីណាដែលយើងនឹងបង្គាប់ឲ្យអ្នកធ្វើ»។
២១ លោកបាឡាមក្រោកឡើងពីព្រលឹម លោករៀបចំកែបលា ចេញដំណើរទៅជាមួយពួកមេដឹកនាំរបស់ជនជាតិម៉ូអាប់។ ២២ ពេលនោះ ព្រះជាម្ចាស់ព្រះអង្គព្រះពិរោធយ៉ាងខ្លាំង ព្រោះលោកចេញដំណើរដូច្នេះ។ ទេវទូត*របស់ព្រះអម្ចាស់ឈររាំងផ្លូវរបស់លោក ដើម្បីជំទាស់នឹងលោក។ លោកបាឡាមជិះលាញីរបស់លោក ហើយមានអ្នកបម្រើពីរនាក់រួមដំណើរជាមួយដែរ។ ២៣ លាញីបានឃើញទេវទូតរបស់ព្រះអម្ចាស់ឈរនៅកណ្ដាលផ្លូវ ទាំងកាន់ដាវផង។ លាក៏ងាកចេញពីផ្លូវ ទៅដើរនៅក្នុងចម្ការ។ លោកបាឡាមវាយលាឲ្យមកដើរតាមផ្លូវវិញ។ ២៤ ទេវទូតរបស់ព្រះអម្ចាស់ឈរនៅកណ្ដាលផ្លូវ ដែលមានចម្ការទំពាំងបាយជូរនៅសងខាង ហើយសងខាងផ្លូវមានរបង។ ២៥ លាញីឃើញទេវទូតរបស់ព្រះអម្ចាស់ វាក៏ងាកទៅជិតរបង ធ្វើឲ្យជើងរបស់លោកបាឡាមគាបទៅនឹងរបង។ លោកបាឡាមក៏វាយវាសាជាថ្មី។ ២៦ ទេវទូតរបស់ព្រះអម្ចាស់ទៅឆ្ងាយបន្តិច ត្រង់កន្លែងមានច្រកចង្អៀត ដែលពុំអាចវាងទៅស្តាំ ឬទៅឆ្វេងឡើយ។ ២៧ លាឃើញទេវទូតរបស់ព្រះអម្ចាស់ វាក៏ក្រាបចុះ ធ្វើឲ្យលោកបាឡាមខឹងជាខ្លាំង ហើយយកដំបងវាយលា។ ២៨ ព្រះអម្ចាស់ធ្វើឲ្យលាញីនិយាយបាន វានិយាយទៅលោកបាឡាមថា៖ «តើខ្ញុំធ្វើអ្វីលោក បានជាលោកវាយខ្ញុំដល់ទៅបីដងដូច្នេះ?»។ ២៩ លោកបាឡាមតបទៅលាញីថា៖ «មកពីឯងមិនព្រមធ្វើតាមអញ! ប្រសិនបើអញមានដាវនៅដៃ នោះអញមុខជាសម្លាប់ឯងភ្លាម!»។ ៣០ លាញីតបថា៖ «ខ្ញុំជាលារបស់លោក ដែលលោកធ្លាប់ជិះគ្រប់ពេលវេលា រហូតមកទល់ថ្ងៃនេះ តើពីមុនៗមក ខ្ញុំធ្លាប់ធ្វើបែបនេះចំពោះលោកឬទេ?»។ លោកបាឡាមតបថា «ទេ!»។
៣១ ពេលនោះ ព្រះអម្ចាស់បំភ្លឺឲ្យលោកបាឡាមមើលឃើញទេវទូតរបស់ព្រះអម្ចាស់ដែលឈររាំងផ្លូវ ទាំងកាន់ដាវនៅដៃ លោកក៏ក្រាបចុះឱនមុខដល់ដី។ ៣២ ទេវទូតរបស់ព្រះអម្ចាស់ពោលមកលោកថា៖ «ហេតុអ្វីបានជាលោកវាយលារបស់លោកដល់ទៅបីដងដូច្នេះ? ខ្ញុំបានចេញមកឃាត់លោក ដ្បិតផ្លូវដែលលោកតម្រង់ទៅនេះជាផ្លូវនាំឲ្យវិនាស។ ៣៣ លាញីបានឃើញខ្ញុំ វាងាកចេញពីខ្ញុំដល់ទៅបីដង ប្រសិនបើវាមិនងាកចេញពីខ្ញុំទេនោះ ម៉្លេះសមខ្ញុំសម្លាប់លោក ហើយទុកជីវិតឲ្យវា»។ ៣៤ លោកបាឡាមពោលទៅកាន់ទេវទូតរបស់ព្រះអម្ចាស់ថា៖ «ខ្ញុំប្របាទបានប្រព្រឹត្តអំពើបាប ដ្បិតខ្ញុំប្របាទពុំដឹងថា លោកម្ចាស់ស្ថិតនៅតាមផ្លូវពីមុខខ្ញុំប្របាទទេ។ ឥឡូវនេះ ប្រសិនបើលោកមិនពេញចិត្តឲ្យខ្ញុំប្របាទទៅទេ នោះខ្ញុំប្របាទបកក្រោយវិញ»។ ៣៥ ទេវទូតរបស់ព្រះអម្ចាស់ពោលមកកាន់លោកបាឡាមថា៖ «ចូរទៅជាមួយអ្នកទាំងនោះចុះ តែត្រូវនិយាយតាមសេចក្ដីដែលយើងប្រាប់អ្នកប៉ុណ្ណោះ»។ លោកបាឡាមក៏ទៅជាមួយពួកមេដឹកនាំរបស់ព្រះបាទបាឡាក់។
៣៦ ព្រះបាទបាឡាក់ជ្រាបថាលោកបាឡាមមកដល់ ស្តេចក៏យាងចេញទៅទទួលលោកនៅក្រុងរបស់ស្រុកម៉ូអាប់ ដែលនៅមាត់ស្ទឹងអារណូន ក្បែរជាយដែន។ ៣៧ ព្រះបាទបាឡាក់មានរាជឱង្ការទៅកាន់លោកបាឡាមថា៖ «យើងបានចាត់គេឲ្យទៅអញ្ជើញលោក ហេតុអ្វីបានជាលោកមិនព្រមមកជួបយើង តើលោកស្មានថាយើងមិនអាចលើកកិត្តិយសលោកឬ?»។ ៣៨ លោកបាឡាមទូលស្តេចថា៖ «ឥឡូវនេះ ទូលបង្គំមកគាល់ព្រះករុណាហើយ។ ប៉ុន្តែ ទូលបង្គំពុំអាចពោលពាក្យអ្វីផ្សេង ក្រៅពីព្រះបន្ទូលដែលព្រះជាម្ចាស់បង្គាប់ឲ្យទូលបង្គំថ្លែងនោះឡើយ»។ ៣៩ លោកបាឡាមក៏ទៅជាមួយព្រះបាទបាឡាក់ រហូតដល់ក្រុងគៀរីយ៉ាត-ហ៊ូសូត។ ៤០ ព្រះបាទបាឡាក់បានយកគោ និងចៀម ធ្វើយញ្ញបូជា ហើយជូនសាច់ខ្លះទៅលោកបាឡាម ព្រមទាំងមេដឹកនាំដែលមកជាមួយលោក។
លោកបាឡាមឲ្យពរជនជាតិអ៊ីស្រាអែល
៤១ លុះព្រឹកឡើង ព្រះបាទបាឡាក់បាននាំលោកបាឡាមឡើងទៅបាម៉ុត-បាល។ នៅកន្លែងនោះ លោកអាចមើលឃើញប្រជាជនអ៊ីស្រាអែលមួយចំនួន។
២៣
១ លោកបាឡាមទូលព្រះបាទបាឡាក់ថា៖ «សូមព្រះករុណាឲ្យគេសង់អាសនៈប្រាំពីរនៅទីនេះ ហើយរៀបចំគោបាប្រាំពីរ និងចៀមឈ្មោលប្រាំពីរ ឲ្យទូលបង្គំផង»។ ២ ព្រះបាទបាឡាក់ក៏ធ្វើតាមពាក្យរបស់លោកបាឡាម។ ព្រះបាទបាឡាក់ និងលោកបាឡាម បានថ្វាយគោបាមួយ និងចៀមឈ្មោលមួយ នៅលើអាសនៈនីមួយៗ។ ៣ លោកបាឡាមទូលស្តេចថា៖ «សូមព្រះករុណាគង់នៅក្បែរតង្វាយដុតរបស់ព្រះករុណានេះហើយ ទូលបង្គំនឹងចេញទៅឆ្ងាយបន្តិច ព្រះអម្ចាស់ប្រហែលយាងមកជួបទូលបង្គំ។ ពេលព្រះអង្គមានព្រះបន្ទូលមកទូលបង្គំយ៉ាងណាៗនោះ ទូលបង្គំនឹងនាំយកមកទូលថ្វាយព្រះករុណា»។ លោកបាឡាមក៏ឡើងទៅលើកំពូលភ្នំ។ ៤ ព្រះជាម្ចាស់យាងមកជួបលោកបាឡាម លោកក៏ទូលព្រះអង្គថា៖ «ទូលបង្គំបានដំឡើងអាសនៈប្រាំពីរ ហើយនៅលើអាសនៈនីមួយៗ ទូលបង្គំបានថ្វាយគោបាមួយ និងចៀមឈ្មោលមួយ»។ ៥ ព្រះអម្ចាស់ក៏ប្រាប់លោកបាឡាមអំពីសេចក្ដីដែលលោកត្រូវថ្លែង ហើយឲ្យលោកវិលទៅជួបព្រះបាទបាឡាក់វិញ ដើម្បីថ្លែងព្រះបន្ទូលនេះ។ ៦ លោកបាឡាមក៏វិលទៅជួបព្រះបាទបាឡាក់ ដែលឈរនៅក្បែរតង្វាយដុត ដោយមាននាម៉ឺនមន្ត្រីទាំងអស់នៃជនជាតិម៉ូអាប់ឈរជាមួយផង។
៧ លោកបាឡាមក៏ថ្លែងដូចតទៅ៖
«ព្រះបាទបាឡាក់ហៅខ្ញុំមកពីស្រុកអារ៉ាម
ស្តេចស្រុកម៉ូអាប់បានហៅខ្ញុំចុះពីភ្នំទិសបូព៌ាថា:
ចូរមកដាក់បណ្ដាសាកូនចៅយ៉ាកុប!
ចូរមកប្រទេចផ្តាសាកូនចៅអ៊ីស្រាអែល!
៨ តើឲ្យខ្ញុំដាក់បណ្ដាសាអ្នកដែល
ព្រះជាម្ចាស់មិនដាក់បណ្ដាសាដូចម្ដេចកើត!
តើឲ្យខ្ញុំប្រទេចផ្តាសាអ្នកដែល
ព្រះអម្ចាស់មិនប្រទេចផ្តាសាដូចម្ដេចបាន!
៩ ពីលើផ្ទាំងសិលានេះ ខ្ញុំឃើញពួកគេ
ពីលើកំពូលភ្នំនេះ ខ្ញុំគយគន់មើលពួកគេ
ប្រជាជននេះរស់នៅដាច់ឡែកពីអ្នកដទៃ
ពួកគេដឹងខ្លួនថា
ពួកគេមិនដូចជាតិសាសន៍ឯទៀតៗទេ។
១០ តើនរណាអាចរាប់កូនចៅយ៉ាកុប
ដែលមានចំនួនច្រើនដូចធូលីដី
តើនរណាអាចរាប់ចំនួនអ៊ីស្រាអែល
ដ៏ច្រើនឥតគណនាបាន?
ស៊ូឲ្យខ្ញុំស្លាប់ដូចមនុស្សសុចរិតទាំងនេះ
សូមឲ្យជីវិតខ្ញុំត្រូវបញ្ចប់ដូចពួកគេដែរ!»។
១១ ព្រះបាទបាឡាក់មានរាជឱង្ការមកលោកបាឡាមថា៖ «ហេតុអ្វីបានជាលោកធ្វើដូច្នេះចំពោះយើង? យើងបានអញ្ជើញលោកមក ដើម្បីឲ្យដាក់បណ្ដាសាខ្មាំងសត្រូវរបស់យើង ប៉ុន្តែ លោកបែរជាឲ្យពរពួកគេទៅវិញ!»។
១២ លោកបាឡាមទូលស្តេចថា៖ «ទូលបង្គំត្រូវថ្លែងតែសេចក្ដីណា ដែលព្រះអម្ចាស់ប្រាប់ឲ្យថ្លែងប៉ុណ្ណោះ!»។ ១៣ ព្រះបាទបាឡាក់មានរាជឱង្ការថា៖ «ដូច្នេះ សូមលោកមកជាមួយយើង មានកន្លែងមួយទៀត ដែលលោកអាចមើលឃើញពួកគេច្បាស់ ព្រោះនៅទីនេះ លោកឃើញពួកគេតែមួយផ្នែកប៉ុណ្ណោះ គឺមិនឃើញទាំងអស់ទេ។ នៅទីនោះ លោកត្រូវតែដាក់បណ្ដាសាពួកគេឲ្យយើង»។
លោកបាឡាមឲ្យពរជនជាតិអ៊ីស្រាអែលសាជាថ្មី
១៤ ស្តេចនាំលោកបាឡាមទៅវាលសូភីម ដែលស្ថិតនៅលើកំពូលភ្នំពីស្កា។ នៅទីនោះ ស្តេចសង់អាសនៈប្រាំពីរ នៅលើអាសនៈនីមួយៗ ស្តេចថ្វាយគោបាមួយ និងចៀមឈ្មោលមួយ។ ១៥ លោកបាឡាមទូលស្តេចថា៖ «សូមព្រះករុណាគង់នៅទីនេះ ក្បែរតង្វាយដុតរបស់ព្រះករុណា ទូលបង្គំនឹងចេញទៅជួបព្រះជាម្ចាស់»។
១៦ ព្រះអម្ចាស់យាងមកជួបលោកបាឡាម ព្រះអង្គប្រាប់លោកអំពីសេចក្ដីដែលលោកត្រូវថ្លែង ហើយឲ្យលោកវិលទៅជួបព្រះបាទបាឡាក់វិញ ដើម្បីថ្លែងព្រះបន្ទូលនេះ។ ១៧ លោកបាឡាមក៏វិលទៅជួបព្រះបាទបាឡាក់ ដែលឈរនៅក្បែរតង្វាយដុត ដោយមានពួកនាម៉ឺនមន្ត្រីរបស់ជនជាតិម៉ូអាប់ឈរនៅជាមួយផង។ ព្រះបាទបាឡាក់សួរលោកថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចម្ដេច?»។
១៨ លោកបាឡាមក៏ថ្លែងដូចតទៅ៖
បពិត្រព្រះរាជាបាឡាក់
សូមប្រុងប្រៀបព្រះសណ្ដាប់!
បពិត្រព្រះរាជបុត្ររបស់ព្រះបាទស៊ីបពរ
សូមផ្ទៀងព្រះកាណ៌ស្ដាប់!
១៩ ព្រះជាម្ចាស់មិនមែនដូចមនុស្សលោកទេ
ព្រះអង្គមិនចេះកុហកឡើយ
ព្រះអង្គក៏មិនចេះប្រែក្រឡាស់
ដូចពូជពង្សរបស់លោកអដាំដែរ!
ព្រះអង្គមានព្រះបន្ទូលយ៉ាងណា
ព្រះអង្គនឹងធ្វើតាមយ៉ាងនោះ។
ព្រះអង្គតែងតែសម្រេចតាមព្រះបន្ទូល
ដែលព្រះអង្គបានថ្លែង។
២០ ទូលបង្គំបានទទួលបញ្ជាពីព្រះអង្គ
ដើម្បីឲ្យពរប្រជាជននេះ
បើព្រះជាម្ចាស់ឲ្យពរ
នោះទូលបង្គំមិនអាចផ្លាស់ប្ដូរទេ។
២១ គ្មានគ្រោះកាចណាកើតមានដល់
កូនចៅលោកយ៉ាកុបឡើយ
ហើយក៏គ្មានទុក្ខវេទនាណាកើតមានដល់
កូនចៅអ៊ីស្រាអែលដែរ។
ព្រះអម្ចាស់ ជាព្រះរបស់ពួកគេ
គង់នៅជាមួយពួកគេ
ពួកគេប្រកាសថា
ព្រះអង្គជាព្រះមហាក្សត្ររបស់ពួកគេ។
២២ ព្រះជាម្ចាស់បាននាំពួកគេចាកចេញ
ពីស្រុកអេស៊ីប
ដោយប្រើកម្លាំងដ៏ខ្លាំង ដូចសត្វរមាស។
២៣ មន្តអាគមមិនអាចធ្វើអ្វីយ៉ាកុបបានទេ
អំពើធ្មប់ក៏មិនអាចធ្វើអ្វីអ៊ីស្រាអែលដែរ។
នៅពេលកំណត់ គេនឹងថ្លែងអំពីការអស្ចារ្យ
ដែលព្រះជាម្ចាស់ធ្វើចំពោះយ៉ាកុប
និងអ៊ីស្រាអែល។
២៤ មើលចុះ ប្រជាជននេះងើបឡើងដូចសិង្ហញី
ពួកគេឈរដូចសិង្ហឈ្មោល
ដរាបណាសិង្ហមិនបានចាប់រំពា
ហើយហុតឈាមសត្វដែលវាចាប់បានទេ
វាមិនដេកវិញឡើយ។
២៥ ព្រះបាទបាឡាក់មានរាជឱង្ការមកលោកបាឡាមថា៖ «ប្រសិនបើលោកមិនដាក់បណ្ដាសាពួកគេទេនោះ ក៏ហីទៅចុះ តែកុំឲ្យពរពួកគេដូច្នេះឡើយ!»។ ២៦ លោកបាឡាមតបថា៖ «ទូលបង្គំបានទូលព្រះករុណារួចហើយថា ទូលបង្គំនឹងធ្វើតាមសេចក្ដីទាំងប៉ុន្មាន ដែលព្រះអម្ចាស់មានព្រះបន្ទូល»។
លោកបាឡាមឲ្យពរជនជាតិអ៊ីស្រាអែលជាលើកទីបី
២៧ ព្រះបាទបាឡាក់មានរាជឱង្ការមកលោកបាឡាមថា៖ «សូមអញ្ជើញមក យើងនាំលោកទៅកន្លែងមួយទៀត។ នៅកន្លែងនោះ ព្រះជាម្ចាស់ប្រហែលជាសព្វព្រះហឫទ័យឲ្យលោកដាក់បណ្ដាសាពួកគេ»។ ២៨ ព្រះបាទបាឡាក់នាំលោកបាឡាមទៅដល់កំពូលភ្នំពេអ៊រ ដែលស្ថិតនៅពីលើវាលរហោស្ថាន។ ២៩ លោកបាឡាមទូលព្រះបាទបាឡាក់ថា៖ «សូមព្រះករុណាឲ្យគេសង់អាសនៈប្រាំពីរនៅទីនេះ ហើយរៀបចំគោបាប្រាំពីរ និងចៀមឈ្មោលប្រាំពីរឲ្យទូលបង្គំផង»។ ៣០ ព្រះបាទបាឡាក់ក៏ធ្វើតាមពាក្យរបស់លោកបាឡាម ហើយថ្វាយគោបាមួយ និងចៀមឈ្មោលមួយនៅលើអាសនៈនីមួយៗ។
២៤
១ លោកបាឡាមយល់ឃើញថា ព្រះអម្ចាស់សព្វព្រះហឫទ័យប្រទានពរដល់ជនជាតិអ៊ីស្រាអែល លោកមិនបានចេញទៅសួរព្រះជាម្ចាស់ដូចមុនៗទេ តែលោកបែរមុខទៅរកវាលរហោស្ថាន។ ២ លោកសម្លឹងមើលទៅ ឃើញជនជាតិអ៊ីស្រាអែលបោះជំរំតាមកុលសម្ព័ន្ធរបស់គេរៀងៗខ្លួន។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ក៏យាងមកសណ្ឋិតលើលោកបាឡាម ៣ លោកថ្លែងដូចតទៅ៖
«នេះជាពាក្យរបស់បាឡាម កូនរបស់បេអ៊រ
នេះជាពាក្យរបស់អ្នកពូកែឈ្វេងយល់
៤ នេះជាពាក្យរបស់អ្នកដែលឮព្រះបន្ទូល
របស់ព្រះជាម្ចាស់
អ្នកដែលឃើញនិមិត្តហេតុអស្ចារ្យ
ពីព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត
អ្នកដែលស្លុងស្មារតី
ហើយមើលឃើញយ៉ាងច្បាស់។
៥ កូនចៅយ៉ាកុបអើយ
ពន្លារបស់អ្នកស្អាតណាស់!
កូនចៅអ៊ីស្រាអែលអើយ
ទីលំនៅរបស់អ្នកក៏ស្អាតដែរ!
៦ គឺប្រៀបដូចជាទឹកជ្រោះហូរ
ដូចសួនឧទ្យាន ដែលស្ថិតនៅក្បែរទន្លេ
ដូចដើមក្រឹស្នា ដែលព្រះអម្ចាស់បានដាំ
ដូចដើមតាត្រៅ ដែលដុះនៅតាមមាត់ទឹក។
៧ ទឹកនឹងហូរចេញពីអាងរបស់គេយ៉ាងបរិបូណ៌
គ្រាប់ពូជរបស់គេនឹងលូតលាស់
ព្រោះសម្បូរទឹក
ស្តេចរបស់គេនឹងមានជ័យជម្នះលើស្តេចអកាក់
នគររបស់គេនឹងបានខ្លាំងពូកែ។
៨ ព្រះជាម្ចាស់បាននាំពួកគេចេញពីស្រុកអេស៊ីប
ដោយប្រើកម្លាំងដ៏ខ្លាំង ដូចសត្វរមាស។
ពួកគេកម្ទេចប្រជាជាតិនានាដែលជាបច្ចាមិត្ត
ហើយបំបាក់ឆ្អឹង និងបាញ់ព្រួញប្រហារ
អ្នកទាំងនោះទៀតផង។
៩ ពួកគេក្រាប ពួកគេដេក ដូចសត្វសិង្ហ
តើនរណាហ៊ានដាស់ពួកគេ?
អ្នកណាឲ្យពរអ៊ីស្រាអែល
អ្នកនោះនឹងទទួលពរ
អ្នកណាដាក់បណ្ដាសាអ៊ីស្រាអែល
អ្នកនោះមុខជាត្រូវបណ្ដាសាពុំខាន!»។
១០ ពេលនោះ ព្រះបាទបាឡាក់ក្រេវក្រោធទាស់នឹងលោកបាឡាម ស្តេចទះព្រះហស្ដខ្លាំងៗ ទាំងមានរាជឱង្ការថា៖ «យើងបានហៅលោកមក ដើម្បីឲ្យលោកដាក់បណ្ដាសាខ្មាំងសត្រូវរបស់យើង តែលោកបែរជាឲ្យពរពួកគេរហូតដល់បីដងទៅវិញ!។ ១១ ឥឡូវនេះ ចូរលោករត់ទៅផ្ទះរបស់លោកវិញទៅ! យើងមានបំណងផ្តល់កិត្តិយសឲ្យលោក តែព្រះអម្ចាស់រារាំងលោកមិនឲ្យទទួលកិត្តិយសនេះទេ!»។ ១២ លោកបាឡាមទូលស្តេចវិញថា៖ «ទូលបង្គំបានប្រាប់អស់អ្នកដែលព្រះករុណាចាត់ឲ្យទៅជួបទូលបង្គំរួចហើយថា ១៣ “ទោះបីព្រះបាទបាឡាក់ប្រទានមាស ឬប្រាក់ដែលមានពេញនៅក្នុងវាំងមកខ្ញុំក្តី ក៏ខ្ញុំពុំអាចសម្រេចការល្អ ឬអាក្រក់ ដោយខ្លួនឯង ខុសនឹងបញ្ជារបស់ព្រះអម្ចាស់ជាដាច់ខាត។ ខ្ញុំនឹងថ្លែងតែសេចក្ដីណាដែលព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំ”។ ១៤ ឥឡូវនេះ មុនពេលទូលបង្គំវិលទៅជួបជុំនឹងប្រជាជនរបស់ទូលបង្គំវិញ សូមព្រះអង្គយាងមកជិតទូលបង្គំ ដើម្បីទូលបង្គំទូល ថ្វាយអំពីការដែលជនជាតិអ៊ីស្រាអែលនឹងប្រព្រឹត្តចំពោះប្រជាជនរបស់ព្រះករុណា នៅពេលខាងមុខ»។
១៥ លោកបាឡាមថ្លែងដូចតទៅ៖
«នេះជាពាក្យរបស់បាឡាម កូនរបស់បេអ៊រ
នេះជាពាក្យរបស់អ្នកពូកែឈ្វេងយល់
១៦ នេះជាពាក្យរបស់អ្នកដែលបានឮព្រះបន្ទូល
របស់ព្រះជាម្ចាស់
អ្នកដែលស្គាល់តម្រិះរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត
អ្នកដែលបានឃើញនិមិត្តហេតុអស្ចារ្យ
ពីព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត
អ្នកដែលស្លុងស្មារតី
ហើយមើលឃើញយ៉ាងច្បាស់។
១៧ ខ្ញុំឃើញស្តេចមួយអង្គ
តែមិនមែនក្នុងពេលឥឡូវនេះទេ
ខ្ញុំសម្លឹងមើលស្តេចនោះ
តែមិនមែននៅជិតទេ។
មានផ្កាយមួយរះចេញពីយ៉ាកុប
មានដំបងរាជ្យមួយចេញពីអ៊ីស្រាអែល
ស្តេចនោះនឹងវាយបំបែកក្បាលរបស់ម៉ូអាប់
ហើយប្រល័យកូនចៅទាំងអស់របស់សេត។
១៨ ស្តេចនឹងកាន់កាប់ស្រុកអេដុម
នឹងកាន់កាប់ស្រុកសៀរ ដែលជាសត្រូវ
ពេលនោះ អ៊ីស្រាអែលពង្រឹងកម្លាំងរបស់ខ្លួន។
១៩ ស្តេចដែលចេញពីយ៉ាកុបនឹងគ្រងរាជ្យ
ជាក្សត្រាធិរាជ។
ព្រះអង្គនឹងកម្ទេចអស់អ្នកដែលនៅសេសសល់
ក្នុងទីក្រុង»។
២០ ពេលឃើញជនជាតិអាម៉ាឡេក
លោកបាឡាមថ្លែងថា៖
«អាម៉ាឡេកជាប្រជាជាតិមួយធំជាងគេមែន
ប៉ុន្តែ នៅទីបំផុត ពួកគេនឹងត្រូវអន្តរាយ»។
២១ ពេលឃើញជនជាតិគីនី
លោកថ្លែងថា៖
«អ្នកមានទីលំនៅដ៏រឹងមាំ
ដូចសត្វធ្វើសំបុកនៅលើថ្មដា។
២២ ក៏ប៉ុន្តែ គេនីនឹងត្រូវភ្លើងឆាបឆេះ
អាស្សួរនឹងនាំអ្នកទៅជាឈ្លើយ!»។
២៣ លោកថ្លែងទៀតថា៖
«ពេលព្រះជាម្ចាស់វិនិច្ឆ័យទោស
តើនរណាអាចរស់រានបាន!
២៤ មានទ័ពសំពៅមកពីស្រុកគីទីម
ពួកគេនឹងបង្ក្រាបអាស្សួរ និងហេប៊ែរ
ប៉ុន្តែ អ្នកទាំងនោះក៏នឹងត្រូវអន្តរាយដែរ»។
២៥ លោកបាឡាមក្រោកឡើង វិលត្រឡប់ទៅស្រុករបស់លោកវិញ រីឯព្រះបាទបាឡាក់ក៏ចាកចេញទៅដែរ។
២៥
ជនជាតិអ៊ីស្រាអែលនាំគ្នាថ្វាយបង្គំព្រះក្លែងក្លាយនៅវាលទំនាបស្រុកម៉ូអាប់
១ ជនជាតិអ៊ីស្រាអែលបោះជំរំនៅស៊ីទីម ហើយនៅទីនោះ ប្រជាជននាំគ្នាប្រព្រឹត្តអំពើថោកទាបជាមួយស្ត្រីសាសន៍ម៉ូអាប់។ ២ ស្ត្រីទាំងនោះបបួលប្រជាជនឲ្យទៅចូលរួមក្នុងពិធីថ្វាយយញ្ញបូជា ដល់ព្រះរបស់ពួកគេ។ បន្ទាប់មក ពួកគេនាំគ្នាជប់លៀង ហើយថ្វាយបង្គំព្រះទាំងនោះ។ ៣ ប្រជាជនអ៊ីស្រាអែលនាំគ្នាជំពាក់ចិត្តនឹងព្រះបាលពេអ៊រ ជាហេតុបណ្តាលឲ្យព្រះអម្ចាស់ព្រះអង្គព្រះពិរោធទាស់នឹងពួកគេ។
៤ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរចាប់ពួកមេដឹកនាំទាំងប៉ុន្មានរបស់ប្រជាជនមក ហើយព្យួរកពួកគេហាលថ្ងៃនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ដើម្បីពង្វាងព្រះពិរោធរបស់ព្រះអម្ចាស់ចេញពីជនជាតិអ៊ីស្រាអែល»។ ៥ លោកម៉ូសេមានប្រសាសន៍ទៅកាន់ពួកចៅក្រមនៃជនអ៊ីស្រាអែលថា៖ «ចូរប្រហារជីវិតពួកអ្នកដែលជំពាក់ចិត្តនឹងព្រះបាលពេអ៊រទៅ!»។
៦ ពេលនោះ មានបុរសម្នាក់ជាជាតិអ៊ីស្រាអែលបាននាំស្ត្រីសាសន៍ម៉ាឌីយ៉ានម្នាក់ ចូលមកក្នុងចំណោមបងប្អូនរបស់ខ្លួន នៅមុខលោកម៉ូសេ និងនៅមុខសហគមន៍អ៊ីស្រាអែលទាំងមូល ក្នុងពេលពួកគេកំពុងតែយំសោកនៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់។ ៧ ឃើញដូច្នេះ លោកភីនេអាស ជាកូនរបស់លោកអេឡាសារ ដែលត្រូវជាកូនរបស់លោកបូជាចារ្យអរ៉ុន ក៏ក្រោកឡើងនៅចំពោះមុខសហគមន៍ ទាំងកាន់លំពែងនៅដៃ។ ៨ គាត់តាមបុរសនោះរហូតដល់ក្នុងពន្លារបស់គេ ហើយចាក់ទម្លុះអ្នកទាំងពីរនាក់ គឺបុរសអ៊ីស្រាអែល និងស្ត្រីនោះធ្លាយពោះ។ ដូច្នេះ គ្រោះកាចដែលកើតមានក្នុងចំណោមជនជាតិអ៊ីស្រាអែល ក៏ស្ងប់ទៅវិញ។ ៩ គ្រោះកាចនេះបណ្តាលឲ្យមនុស្សស្លាប់ទាំងអស់ពីរម៉ឺនបួនពាន់នាក់។
១០ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ ១១ «ភីនេអាស ជាកូនរបស់អេឡាសារ ដែលជាកូនរបស់បូជាចារ្យអរ៉ុន បានសម្ដែងចិត្តឈឺចាប់ជំនួសយើង នៅពេលឃើញអ៊ីស្រាអែលក្បត់ចិត្តយើង។ ទោះបីយើងឈឺចាប់ក្នុងចិត្ត ដោយអ៊ីស្រាអែលក្បត់ចិត្តយើងក្តី ក៏យើងពុំបានប្រល័យពួកគេឲ្យវិនាសសូន្យដែរ ព្រោះភីនេអាសបានពង្វាងកំហឹងរបស់យើងចេញពីពួកគេ។ ១២ ហេតុនេះ ចូរប្រាប់ភីនេអាសថា យើងនឹងចងសម្ពន្ធមេត្រីជាមួយគេ គឺសម្ពន្ធមេត្រីដែលផ្តល់សន្តិភាព។ ១៣ តាមរយៈសម្ពន្ធមេត្រីនេះ យើងតែងតាំងភីនេអាស និងពូជពង្សរបស់គេ ឲ្យបំពេញមុខងារជាបូជាចារ្យរហូតតទៅ ព្រោះភីនេអាសមានចិត្តឈឺចាប់ជំនួសព្រះរបស់ខ្លួន ហើយបានធ្វើឲ្យជនជាតិអ៊ីស្រាអែលរួចពីបាបផង»។
១៤ បុរសអ៊ីស្រាអែល ដែលលោកភីនេអាសបានប្រហារជីវិតរួមជាមួយស្ត្រីសាសន៍ម៉ាឌីយ៉ាននោះ ឈ្មោះស៊ីមរី ជាកូនរបស់លោកសាលូ និងជាមេដឹកនាំរបស់អំបូរមួយនៃកុលសម្ព័ន្ធស៊ីម៉ូន។ ១៥ រីឯស្ត្រីសាសន៍ម៉ាឌីយ៉ាន ដែលត្រូវលោកភីនេអាសសម្លាប់នោះ ឈ្មោះនាងកូសប៊ី ជាកូនរបស់លោកសួរ ដែលជាមេកន្ទ្រាញនៃអំបូរមួយរបស់ជនជាតិម៉ាឌីយ៉ាន។
១៦ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ ១៧ «ចូរចាត់ទុកជនជាតិម៉ាឌីយ៉ានជាបច្ចាមិត្ត ហើយវាយប្រហារពួកគេទៅ ១៨ ដ្បិតពួកគេតាំងខ្លួនជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា ដោយនាំអ្នករាល់គ្នាឲ្យវង្វេង ក្នុងព្រឹត្តិការណ៍ដែលកើតមាននៅពេអ៊រ និងរឿងនាងកូសប៊ី ជាកូនរបស់មេដឹកនាំម៉ាឌីយ៉ាន ដែលបានស្លាប់ក្នុងគ្រោះកាចនៅពេអ៊រនោះ»។
២៦
ការជំរឿនប្រជាជនលើកទីពីរ
១៩ បន្ទាប់ពីគ្រោះកាចនោះមក ១ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអេឡាសារ ជាកូនរបស់លោកបូជាចារ្យអរ៉ុនថា៖ ២ «ចូរជំរឿនប្រជាជនក្នុងសហគមន៍អ៊ីស្រាអែលទាំងមូល ដោយគិតចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ តាមអំបូររបស់ពួកគេ គឺជនជាតិអ៊ីស្រាអែលទាំងអស់ដែលអាចបម្រើកងទ័ពបាន»។ ៣ លោកម៉ូសេ និងលោកអេឡាសារ ក៏ប្រាប់ជនជាតិអ៊ីស្រាអែល នៅវាលទំនាបស្រុកម៉ូអាប់ ដែលនៅក្បែរទន្លេយ័រដាន់ ទល់មុខនឹងក្រុងយេរីខូ ៤ ឲ្យជំរឿនប្រជាជនដែលមានអាយុម្ភៃឆ្នាំឡើងទៅ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។ កូនចៅអ៊ីស្រាអែល ដែលបានចាកចេញមកពីស្រុកអេស៊ីប មានដូចតទៅ៖
៥ កុលសម្ព័ន្ធរូបេន: កូនចៅរបស់លោករូបេន ជាកូនច្បងរបស់លោកអ៊ីស្រាអែលមាន: អំបូរហេណុក ជាពូជពង្សរបស់លោកហេណុក អំបូរប៉ាលូជាពូជពង្សរបស់លោកប៉ាលូ ៦ អំបូរហេស្រូនជាពូជពង្សរបស់លោកហេស្រូន អំបូរការមីជាពូជពង្សរបស់លោកការមី។ ៧ អ្នកទាំងនោះជាអំបូររបស់កុលសម្ព័ន្ធរូបេន មានចំនួនទាំងអស់ ៤៣៧៣០ នាក់។ ៨ កូនរបស់លោកប៉ាលូ គឺអេលីយ៉ាប ៩ កូនរបស់លោកអេលីយ៉ាប គឺនេមូអែល ដាតាន និងអប៊ីរ៉ាម។ លោកដាតាន និងលោកអប៊ីរ៉ាម ជាតំណាងរបស់ប្រជាជន ហើយចូលដៃជាមួយបក្សពួករបស់លោកកូរេ លើកគ្នាប្រឆាំងលោកម៉ូសេ និងលោកអរ៉ុន នៅគ្រាដែលគេបះបោរប្រឆាំងនឹងព្រះអម្ចាស់។ ១០ ពេលនោះ ផែនដីបានបើកចំហ ហើយស្រូបពួកគេជាមួយលោកកូរេ និងបក្សពួក ព្រមទាំងមានភ្លើងឆេះបំផ្លាញពួកគេអស់ពីររយហាសិបនាក់ ទុកជាការព្រមានដល់ប្រជាជន។ ១១ ចំណែកឯកូនចៅរបស់លោកកូរេពុំបានស្លាប់ទេ។
១២ កូនចៅរបស់លោកស៊ីម៉ូន តាមអំបូររបស់ពួកគេមាន: អំបូរនេមូអែលជាពូជពង្សរបស់លោកនេមូអែល អំបូរយ៉ាមីនជាពូជពង្សរបស់លោកយ៉ាមីន អំបូរយ៉ាគីនជាពូជពង្សរបស់លោកយ៉ាគីន ១៣ អំបូរសេរ៉ាជាពូជពង្សរបស់លោកសេរ៉ា អំបូរសាអ៊ូលជាពូជពង្សរបស់លោកសាអ៊ូល។ ១៤ អ្នកទាំងនោះជាអំបូររបស់កុលសម្ព័ន្ធស៊ីម៉ូន មានចំនួនទាំងអស់ ២២២០០ នាក់។
១៥ កូនចៅរបស់លោកកាដ តាមអំបូររបស់ពួកគេមាន: អំបូរសេផូនជាពូជពង្សរបស់លោកសេផូន អំបូរហាគីជាពូជពង្សរបស់លោកហាគី អំបូរស៊ូនីជាពូជពង្សរបស់លោកស៊ូនី ១៦ អំបូរអូសនីជាពូជពង្សរបស់លោកអូសនី អំបូរអេរីជាពូជពង្សរបស់លោកអេរី។ ១៧ អំបូរអរ៉ូដជាពូជពង្សរបស់លោកអរ៉ូដ អំបូរអរេលីជាពូជពង្សរបស់លោកអរេលី។ ១៨ អ្នកទាំងនោះជាអំបូររបស់កុលសម្ព័ន្ធកាដ ដែលគេជំរឿនបាន ៤០ ៥០០ នាក់។
១៩ កូនរបស់លោកយូដាមានអ៊ែរ និងអូណាន ក៏ប៉ុន្តែ អ្នកទាំងពីរបានស្លាប់នៅស្រុកកាណាន។ ២០ កូនចៅឯទៀតៗរបស់លោកយូដា តាមអំបូររបស់ពួកគេមាន: អំបូរសេឡាជាពូជពង្សរបស់លោកសេឡា អំបូរពេរេសជាពូជពង្សរបស់លោកពេរេស អំបូរសេរ៉ាជាពូជពង្សរបស់លោកសេរ៉ា។ ២១ កូនចៅរបស់ពេរេស គឺអំបូរហេស្រូនជាពូជពង្សរបស់លោកហេស្រូន អំបូរហាមូលជាពូជពង្សរបស់លោកហាមូល។ ២២ អ្នកទាំងនោះជាអំបូររបស់កុលសម្ព័ន្ធយូដា ដែលគេជំរឿនបាន ៧៦៥០០ នាក់។
២៣ កូនចៅរបស់លោកអ៊ីសាកា តាមអំបូររបស់ពួកគេមាន: អំបូរតូឡាជាពូជពង្សរបស់លោកតូឡា អំបូរពូវ៉ាជាពូជពង្សរបស់លោកពូវ៉ា ២៤ អំបូរយ៉ាស៊ូបជាពូជពង្សរបស់លោកយ៉ាស៊ូប អំបូរស៊ីមរ៉ូនជាពូជពង្សរបស់លោកស៊ីមរ៉ូន។ ២៥ អ្នកទាំងនោះជាអំបូររបស់កុលសម្ព័ន្ធអ៊ីសាកា ដែលគេជំរឿនបាន ៦៤៣០០ នាក់។
២៦ កូនចៅរបស់លោកសាប៊ូឡូន តាមអំបូររបស់ពួកគេមាន: អំបូរសេរ៉េដជាពូជពង្សរបស់លោកសេរ៉េដ អំបូរអេឡូនជាពូជពង្សរបស់លោកអេឡូន អំបូរយ៉ាហែលជាពូជពង្សរបស់លោកយ៉ាហែល។ ២៧ អ្នកទាំងនោះជាអំបូររបស់កុលសម្ព័ន្ធសាប៊ូឡូន ដែលគេជំរឿនបាន ៦០ ៥០០ នាក់។
២៨ កូនចៅរបស់លោកយ៉ូសែប តាមអំបូររបស់ពួកគេ គឺម៉ាណាសេ និងអេប្រាអ៊ីម។
២៩ កូនចៅរបស់លោកម៉ាណាសេ តាមអំបូររបស់ពួកគេមាន: អំបូរម៉ាកៀរជាពូជពង្សរបស់លោកម៉ាកៀរ។ កូនរបស់លោកម៉ាកៀរ គឺលោកកាឡាដ ដែលជាបុព្វបុរសរបស់អំបូរកាឡាដ។ ៣០ កូនចៅរបស់លោកកាឡាដមាន: អំបូរយ៉េស៊ែរជាពូជពង្សរបស់លោកយ៉ាស៊ែរ អំបូរហេឡេកជាពូជពង្សរបស់លោកហេឡេក ៣១ អំបូរអាស់រីអែលជាពូជពង្សរបស់លោកអាសរាល អំបូរស៊ីគែមជាពូជពង្សរបស់លោកស៊ីគែម ៣២ អំបូរសេមីដាជាពូជពង្សរបស់លោកសេមីដា អំបូរហេភែរជាពូជពង្សរបស់លោកហេភែរ។ ៣៣ លោកសេឡូផាតដែលត្រូវជាកូនរបស់លោកហេភែរ គ្មានកូនប្រុសទេ គឺមានតែកូនស្រី។ កូនស្រីរបស់លោកសេឡូផាតមាន: ម៉ាឡា ណូអា ហូក្លា មីលកា និងទៀរសា។ ៣៤ អ្នកទាំងនោះជាអំបូររបស់កុលសម្ព័ន្ធម៉ាណាសេ ដែលគេជំរឿនបាន ៥២៧០០ នាក់។
៣៥ កូនចៅរបស់លោកអេប្រាអ៊ីម តាមអំបូររបស់ពួកគេមាន: អំបូរស៊ូតេឡាជាពូជពង្សរបស់លោកស៊ូតេឡា អំបូរបេគ៊ែរជាពូជពង្សរបស់លោកបេគែរ អំបូរតាហានជាពូជពង្សរបស់លោកតាហាន។ ៣៦ កូនចៅរបស់លោកស៊ូតេឡាមាន: អំបូរអេរ៉ានជាពូជពង្សរបស់លោកអេរ៉ាន។ ៣៧ អ្នកទាំងនោះជាអំបូររបស់កុលសម្ព័ន្ធអេប្រាអ៊ីម ដែលគេជំរឿនបាន ៣២៥០០ នាក់។
៣៨ កូនចៅរបស់លោកបេនយ៉ាមីន តាមអំបូររបស់ពួកគេមាន: អំបូរបេឡាជាពូជពង្សរបស់លោកបេឡា អំបូរអាសបែលជាពូជពង្សរបស់លោកអាសបែល អំបូរអហ៊ីរ៉ាមជាពូជពង្សរបស់លោកអហ៊ីរ៉ាម។ ៣៩ អំបូរស៊ូឡាមជាពូជពង្សរបស់លោកស៊ូឡាម អំបូរហ៊ូផាមជាពូជពង្សរបស់លោកហ៊ូផាម។ ៤០ កូនចៅរបស់លោកបេឡាមានលោកអាដ និងណាម៉ាន។ អំបូរអាដជាពូជពង្សរបស់លោកអាដ អំបូរណាម៉ានជាពូជពង្សរបស់លោកណាម៉ាន។ ៤១ អ្នកទាំងនោះជាកូនចៅរបស់កុលសម្ព័ន្ធបេនយ៉ាមីន តាមអំបូររបស់ពួកគេដែលគេជំរឿនបាន ៤៥៦០០ នាក់។
៤២ កូនចៅរបស់លោកដាន់ តាមអំបូររបស់ពួកគេមាន: អំបូរស៊ូហាំជាពូជពង្សរបស់លោកស៊ូហាំ។ អ្នកទាំងនោះជាកូនចៅរបស់លោកដាន់ តាមអំបូររបស់ពួកគេ។ ៤៣ សរុបអំបូរកូនចៅរបស់លោកស៊ូហាំ ដែលគេជំរឿនបានមានចំនួន ៦៤៤០០ នាក់។
៤៤ កូនចៅរបស់លោកអស៊ែរ តាមអំបូររបស់ពួកគេមាន: អំបូរយីមណាជាពូជពង្សរបស់លោកយីមណា អំបូរយីសវីជាពូជពង្សរបស់លោកយីសវី អំបូរបេរីយ៉ាជាពូជពង្សរបស់លោកបេរីយ៉ា។ ៤៥ កូនចៅរបស់លោកបេរីយ៉ាមានអំបូរហេប៊ែរ ជាពូជពង្សរបស់លោកហេប៊ែរ អំបូរម៉ាល់គីអែលជាពូជពង្សរបស់លោកម៉ាល់គីអែល។ ៤៦ កូនស្រីរបស់លោកអស៊ែរគឺនាងសេរ៉ា។ ៤៧ អ្នកទាំងនោះជាកូនចៅរបស់លោកអស៊ែរ តាមអំបូររបស់ពួកគេ ដែលគេជំរឿនបាន ៥៣៤០០ នាក់។
៤៨ កូនចៅរបស់លោកណែបថាលី តាមអំបូររបស់ពួកគេមាន: អំបូរយ៉ាសេអែលជាពូជពង្សរបស់លោកយ៉ាសេអែល អំបូរគូនីជាពូជពង្សរបស់លោកគូនី ៤៩ អំបូរយ៉ាស៊ែរជាពូជពង្សរបស់លោកយ៉ាស៊ែរ អំបូរស៊ីឡែមជាពូជពង្សរបស់លោកស៊ីឡែម។ ៥០ អ្នកទាំងនោះជាកូនចៅរបស់លោកណែបថាលី តាមអំបូររបស់ពួកគេដែលគេជំរឿនបាន ៤៥៤០០ នាក់។
៥១ ចំនួនរបស់ជនជាតិអ៊ីស្រាអែល ដែលគេបានជំរឿន មានទាំងអស់ ៦០១៧៣០ នាក់។
៥២ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ ៥៣ «ត្រូវចែកទឹកដីឲ្យកុលសម្ព័ន្ធអ៊ីស្រាអែលទុកជាកេរមត៌ក តាមចំនួនរបស់ពួកគេ ៥៤ គឺកុលសម្ព័ន្ធដែលមានគ្នាច្រើនត្រូវចែកទឹកដីឲ្យច្រើន ហើយកុលសម្ព័ន្ធដែលមានគ្នាតិចត្រូវចែកឲ្យតិច។ ត្រូវចែកទឹកដីឲ្យពួកគេ តាមចំនួនដែលបានជំរឿន។ ៥៥ ប៉ុន្តែ ការបែងចែកទឹកដីនេះត្រូវធ្វើឡើងដោយចាប់ឆ្នោត គឺកុលសម្ព័ន្ធនីមួយៗនឹងទទួលទឹកដី តាមឈ្មោះកុលសម្ព័ន្ធនៃបុព្វបុរសរបស់ខ្លួន។ ៥៦ ទឹកដីនេះនឹងត្រូវចែកឲ្យពួកគេ តាមចំនួនតិច ឬច្រើន ដោយការចាប់ឆ្នោត»។
៥៧ ចំណែកឯពួកលេវីដែលបានជំរឿន តាមអំបូររបស់ពួកគេមានដូចតទៅ: អំបូរគែរសូនជាពូជពង្សរបស់លោកគែរសូន អំបូរគើហាត់ជាពូជពង្សរបស់លោកគើហាត់ និងអំបូរមេរ៉ារីជាពូជពង្សរបស់លោកមេរ៉ារី។ ៥៨ រីឯអំបូរឯទៀតៗនៃកូនចៅលេវីមានអំបូរលីបនី អំបូរហេប្រូន អំបូរម៉ាលី អំបូរមូស៊ី និងអំបូរកូរេ។ លោកគើហាត់ត្រូវជាឪពុករបស់លោកអាំរ៉ាម។ ៥៩ ភរិយារបស់លោកអាំរ៉ាមឈ្មោះនាងយ៉ូកេបិត ជាកូនរបស់លេវីដែលកើតនៅស្រុកអេស៊ីប។ នាងបង្កើតកូនជូនលោកអាំរ៉ាមបីនាក់ គឺលោកអរ៉ុន លោកម៉ូសេ និងនាងមៀរីយ៉ាម ជាបងស្រីរបស់លោក។ ៦០ លោកអរ៉ុនបង្កើតបានលោកណាដាប់ លោកអប៊ីហ៊ូ លោកអេឡាសារ និងលោកអ៊ីតាម៉ារ។ ៦១ លោកណាដាប់ និងលោកអប៊ីហ៊ូ បានស្លាប់ នៅពេលលោកទាំងពីរយកភ្លើងមិនសក្ការៈទៅថ្វាយព្រះអម្ចាស់។ ៦២ ចំនួនពួកលេវីដែលគេបានជំរឿន គិតចាប់ពីអាយុមួយខែឡើងទៅ មានចំនួន ២៣ ០០០ នាក់។ គេពុំបានរាប់ពួកលេវីបញ្ចូលជាមួយជនជាតិអ៊ីស្រាអែលឯទៀតៗទេ ព្រោះពួកគេពុំត្រូវទទួលចំណែកទឹកដីជាកេរមត៌ក ក្នុងចំណោមជនជាតិអ៊ីស្រាអែលឡើយ។
៦៣ នេះជាចំនួនជនជាតិអ៊ីស្រាអែលដែលលោកម៉ូសេ និងបូជាចារ្យអេឡាសារ បានជំរឿន នៅវាលទំនាបស្រុកម៉ូអាប់ ក្បែរទន្លេយ័រដាន់ ទល់មុខនឹងក្រុងយេរីខូ។ ៦៤ ក្នុងចំណោមជនជាតិអ៊ីស្រាអែលទាំងនេះ គ្មាននៅសល់អស់អ្នកដែលលោកម៉ូសេ និងបូជាចារ្យអរ៉ុន បានជំរឿនលើកមុន នៅវាលរហោស្ថានស៊ីណៃឡើយ ៦៥ ដ្បិតព្រះអម្ចាស់បានប្រកាសថា ពួកគេនឹងត្រូវស្លាប់ក្នុងវាលរហោស្ថានទាំងអស់គ្នា លើកលែងតែលោកកាលែប ជាកូនរបស់លោកយេភូនេ និងលោកយ៉ូស៊ូអា ជាកូនរបស់លោកនូនប៉ុណ្ណោះ។
២៧
ច្បាប់អំពីកេរមត៌កសម្រាប់កូនស្រី
១ ពេលនោះ កូនស្រីរបស់លោកសេឡូផាត ជាចៅរបស់លោកហេភែរ ជាចៅទួតរបស់លោកកាឡាដ ក្នុងអំបូរម៉ាកៀរនៃកុលសម្ព័ន្ធម៉ាណាសេ ដែលត្រូវជាកូនរបស់លោកយ៉ូសែប នាំគ្នាចូលមក។ នាងទាំងនោះឈ្មោះ ម៉ាឡា ណូអា ហូក្លា មីលកា និងទៀរសា។ ២ ពួកនាងចូលមកជួបលោកម៉ូសេ បូជាចារ្យអេឡាសារ ព្រមទាំងពួកមេដឹកនាំ និងសហគមន៍អ៊ីស្រាអែលទាំងមូល នៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់។ ពួកនាងពោលថា៖ ៣ «ឪពុកយើងខ្ញុំបានទទួលមរណភាពនៅវាលរហោស្ថាន តែគាត់ពុំបានចូលដៃជាមួយបក្សពួករបស់លោកកូរេ ដើម្បីបះបោរប្រឆាំងនឹងព្រះអម្ចាស់ឡើយ គឺគាត់ស្លាប់ ព្រោះតែបាបរបស់គាត់ផ្ទាល់។ ឪពុករបស់យើងខ្ញុំគ្មានកូនប្រុសទេ។ ៤ មិនគួរឲ្យឈ្មោះរបស់ឪពុកយើងខ្ញុំ ត្រូវលុបបំបាត់ពីអំបូររបស់គាត់ ព្រោះតែគាត់គ្មានកូនប្រុសនោះឡើយ ហេតុនេះ សូមប្រគល់ទឹកដីមួយចំណែកឲ្យយើងខ្ញុំ នៅក្នុងចំណោមបងប្អូនរបស់ឪពុកយើងខ្ញុំផង»។
៥ លោកម៉ូសេនាំរឿងហេតុរបស់ពួកនាងទៅទូលព្រះអម្ចាស់។ ៦ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ ៧ «កូនស្រីរបស់សេឡូផាតនិយាយត្រូវមែន។ ចូរប្រគល់ទឹកដីមួយចំណែក ក្នុងចំណោមបងប្អូនរបស់ឪពុកពួកនាង ឲ្យពួកនាង គឺចំណែកមត៌ករបស់ឪពុកពួកនាង នឹងត្រូវបានទៅលើពួកនាង។ ៨ អ្នកត្រូវប្រាប់កូនចៅអ៊ីស្រាអែលដូចតទៅ: “ប្រសិនបើបុរសណាម្នាក់ស្លាប់ទៅ តែគ្មានកូនប្រុសទេ ចូរប្រគល់កេរមត៌ករបស់អ្នកនោះទៅឲ្យកូនស្រីរបស់គាត់។ ៩ ប្រសិនបើគាត់គ្មានកូនស្រីទេ ត្រូវប្រគល់កេរមត៌កទៅឲ្យបងប្អូនរបស់គាត់។ ១០ ប្រសិនបើគាត់គ្មានបងប្អូនទេ ត្រូវប្រគល់កេរមត៌កទៅឲ្យបងប្អូនឪពុកគាត់។ ១១ ប្រសិនបើឪពុករបស់គាត់គ្មានបងប្អូនទេ ត្រូវប្រគល់កេរមត៌កនោះទៅឲ្យសាច់ញាតិណាម្នាក់ ដែលជិតជាងគេ ក្នុងអំបូររបស់គាត់ គឺអ្នកនោះហើយដែលត្រូវទទួលមត៌កនេះ”»។ ជនជាតិអ៊ីស្រាអែលត្រូវអនុវត្តតាមគោលការណ៍នេះទុកជាច្បាប់ ស្របនឹងព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។
លោកយ៉ូស៊ូអាទទួលមុខងារជំនួសលោកម៉ូសេ
១២ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរឡើងទៅលើភ្នំអាបារីម ហើយសម្លឹងមើលស្រុកដែលយើងប្រគល់ឲ្យជនជាតិអ៊ីស្រាអែល។ ១៣ អ្នកមើលឃើញស្រុកនេះ ប៉ុន្តែ អ្នកត្រូវទទួលមរណភាព ទៅជួបជុំនឹងសាច់ញាតិរបស់អ្នកវិញ ដូចអរ៉ុនជាបងរបស់អ្នកដែរ ១៤ ព្រោះអ្នកទាំងពីរបានប្រឆាំងនឹងបញ្ជារបស់យើង ក្នុងពេលដែលសហគមន៍នាំគ្នាបះបោរនៅវាលរហោស្ថានស៊ីន គឺអ្នករាល់គ្នាពុំបានសម្ដែងឲ្យពួកគេឃើញភាពវិសុទ្ធរបស់យើង នៅពេលប្រជាជនបះបោរអំពីរឿងទឹកឡើយ»។ ប្រជាជនបានបះបោរអំពីរឿងទឹកនេះនៅកាដែស ក្នុងវាលរហោស្ថានស៊ីន។
១៥ លោកម៉ូសេទូលព្រះអម្ចាស់ថា៖ ១៦ «សូមព្រះអម្ចាស់ ជាព្រះនៃខ្យល់ដង្ហើមរបស់សត្វលោកទាំងអស់ មេត្តាតែងតាំងមនុស្សម្នាក់ឲ្យដឹកនាំសហគមន៍អ៊ីស្រាអែលផង។ ១៧ អ្នកនោះនឹងនាំមុខប្រជាជនចេញទៅច្បាំង ហើយនាំពួកគេត្រឡប់មកវិញ ដើម្បីកុំឲ្យសហគមន៍របស់ព្រះអម្ចាស់ប្រៀបបាននឹងហ្វូងចៀម ដែលគ្មានគង្វាលនោះឡើយ»។
១៨ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖ «ចូរនាំយ៉ូស៊ូអា ជាកូនរបស់នូន ជាមនុស្សដែលមានព្រះវិញ្ញាណគង់ជាមួយមក ហើយដាក់ដៃលើគាត់។ ១៩ ចូរនាំគាត់ទៅឈរនៅមុខបូជាចារ្យអេឡាសារ និងសហគមន៍ទាំងមូល ហើយប្រកាសតែងតាំងគាត់ នៅចំពោះមុខពួកគេ។ ២០ ចូរផ្ទេរអំណាចរបស់អ្នកមួយចំណែកដល់គាត់ ឲ្យសហគមន៍អ៊ីស្រាអែលទាំងមូលដឹងឮផង។ ២១ យ៉ូស៊ូអាត្រូវឈរនៅមុខបូជាចារ្យអេឡាសារ ហើយពេលនោះ អេឡាសារត្រូវសួរអ៊ូរីម* ដើម្បីដឹងពីការសម្រេចរបស់ព្រះអម្ចាស់។ បន្ទាប់មក យ៉ូស៊ូអា និងសហគមន៍អ៊ីស្រាអែលទាំងមូល ចេញទៅច្បាំង ឬត្រឡប់មកវិញ តាមបញ្ជារបស់អេឡាសារ»។ ២២ លោកម៉ូសេធ្វើតាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោក។ លោកនាំលោកយ៉ូស៊ូអាមកឈរនៅចំពោះមុខបូជាចារ្យអេឡាសារ និងសហគមន៍ទាំងមូល។ ២៣ លោកដាក់ដៃលើលោកយ៉ូស៊ូអា ដើម្បីប្រគល់តំណែងឲ្យ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។
២៨
យញ្ញបូជាប្រចាំថ្ងៃ
១ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ ២ «ចូរបង្គាប់កូនចៅអ៊ីស្រាអែលដូចតទៅ: អ្នករាល់គ្នាត្រូវយកចិត្តទុកដាក់នាំយកតង្វាយ និងអាហារសម្រាប់ដុតមកថ្វាយព្រះអម្ចាស់ ឲ្យបានតាមពេលកំណត់ គឺតង្វាយដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអង្គ។
៣ រៀងរាល់ថ្ងៃ ត្រូវយកកូនចៀមពីរដែលមានអាយុមួយខួប ល្អឥតខ្ចោះ មកថ្វាយព្រះអម្ចាស់ ជាតង្វាយដុតទាំងមូល។ តង្វាយដុតទាំងមូលនេះជាតង្វាយដែលត្រូវថ្វាយជានិច្ចនិរន្តរ៍តរៀងទៅ។ ៤ ចូរថ្វាយកូនចៀមមួយនៅពេលព្រឹក កូនចៀមមួយទៀតនៅពេលល្ងាច។ ៥ ត្រូវយកម្សៅម៉ដ្តមួយភាគដប់នៃអេផា* លាយជាមួយប្រេងអូលីវដ៏ល្អមួយភាគបួននៃហ៊ីន* មកថ្វាយជាមួយផង។ ៦ នេះជាតង្វាយដុតជានិច្ចនិរន្តរ៍ដែលគេថ្វាយនៅលើភ្នំស៊ីណៃ គឺជាតង្វាយដុតទាំងមូលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ ៧ ត្រូវយកស្រាមួយភាគបួននៃហ៊ីន* មកថ្វាយជាមួយកូនចៀមនីមួយៗផងដែរ។ ចូរធ្វើពិធីច្រួចស្រាថ្វាយព្រះអម្ចាស់នៅក្នុងទីសក្ការៈ។ ៨ ចូរថ្វាយកូនចៀមទីពីរនៅពេលល្ងាច ជាមួយតង្វាយម្សៅ ប្រេង និងស្រា ដូចនៅពេលព្រឹកដែរ។ នេះជាតង្វាយដុតទាំងមូល ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់»។
យញ្ញបូជានៅថ្ងៃសប្ប័ទ
៩ «នៅថ្ងៃសប្ប័ទ* អ្នករាល់គ្នាត្រូវយកកូនចៀមពីរអាយុមួយខួប ល្អឥតខ្ចោះ មកថ្វាយជាមួយម្សៅម៉ដ្តពីរភាគដប់នៃអេផា* លាយជាមួយប្រេង និងស្រាសម្រាប់ធ្វើពិធីច្រួច។ ១០ រាល់ថ្ងៃសប្ប័ទ ចូរថ្វាយតង្វាយដុតទាំងមូលនេះថែមពីលើតង្វាយដុត និងស្រាដែលត្រូវថ្វាយប្រចាំថ្ងៃ»។
យញ្ញបូជាប្រចាំខែ
១១ «នៅដើមខែ ត្រូវយកគោស្ទាវឈ្មោលពីរ ចៀមឈ្មោលមួយ និងកូនចៀមអាយុមួយខួប ល្អឥតខ្ចោះចំនួនប្រាំពីរ មកថ្វាយព្រះអម្ចាស់ ជាតង្វាយដុតទាំងមូល។ ១២ គោនីមួយៗត្រូវថ្វាយជាមួយម្សៅម៉ដ្តបីភាគដប់នៃអេផា* លាយនឹងប្រេង។ ចៀមឈ្មោលត្រូវថ្វាយជាមួយម្សៅម៉ដ្តពីរភាគដប់នៃអេផា លាយជាមួយប្រេង។ ១៣ កូនចៀមនីមួយៗត្រូវថ្វាយជាមួយម្សៅម៉ដ្តមួយភាគដប់នៃអេផា លាយជាមួយប្រេង។ នេះជាតង្វាយដុតទាំងមូល ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ ១៤ រីឯស្រាសម្រាប់ធ្វើពិធីច្រួច ត្រូវថ្វាយស្រាទំពាំងបាយជូរកន្លះហ៊ីន* សម្រាប់គោស្ទាវមួយ មួយភាគបីនៃហ៊ីនសម្រាប់ចៀមឈ្មោលមួយ និងមួយភាគបួននៃហ៊ីនសម្រាប់កូនចៀមមួយ។ នេះជាតង្វាយដុតដែលត្រូវថ្វាយនៅដើមខែ គឺក្នុងមួយឆ្នាំៗ ត្រូវថ្វាយរៀងរាល់ខែ។ ១៥ លើសពីនេះ ត្រូវថ្វាយពពែឈ្មោលមួយទៀតជាតង្វាយរំដោះបាប ថែមពីលើតង្វាយដុតជានិច្ចនិរន្តរ៍ និងស្រាដែលត្រូវច្រួចជាមួយ»។
យញ្ញបូជាសម្រាប់ពិធីបុណ្យចម្លង
១៦ «នៅថ្ងៃទីដប់បួនក្នុងខែទីមួយ ជាថ្ងៃបុណ្យចម្លង*របស់ព្រះអម្ចាស់។ ១៧ ថ្ងៃទីដប់ប្រាំក្នុងខែនោះ ជាថ្ងៃផ្តើមបុណ្យ។ អ្នករាល់គ្នាត្រូវបរិភោគនំបុ័ងឥតមេ ក្នុងអំឡុងពេលប្រាំពីរថ្ងៃ។ ១៨ នៅថ្ងៃទីមួយនៃពិធីបុណ្យ ត្រូវជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់។ នៅថ្ងៃនោះ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ។ ១៩ ចូរយកគោស្ទាវឈ្មោលពីរ ចៀមឈ្មោលមួយ និងកូនចៀមអាយុមួយខួបល្អឥតខ្ចោះចំនួនប្រាំពីរ មកថ្វាយព្រះអម្ចាស់ ជាតង្វាយដុតទាំងមូល។ ២០ ត្រូវថ្វាយម្សៅម៉ដ្តបីភាគដប់នៃអេផា* លាយនឹងប្រេង សម្រាប់គោមួយ ពីរភាគដប់នៃអេផាសម្រាប់ចៀមឈ្មោលមួយ ២១ មួយភាគដប់នៃអេផាសម្រាប់កូនចៀមមួយ។ ២២ ត្រូវថ្វាយពពែឈ្មោលមួយជាតង្វាយរំដោះបាប ដើម្បីធ្វើពិធីលោះបាបឲ្យអ្នករាល់គ្នា។ ២៣ ត្រូវថ្វាយសត្វទាំងនេះជាយញ្ញបូជាថែមពីលើតង្វាយដុតជានិច្ចនិរន្តរ៍ ដែលអ្នករាល់គ្នាថ្វាយនៅពេលព្រឹក។ ២៤ រៀងរាល់ថ្ងៃ ក្នុងរយៈពេលប្រាំពីរថ្ងៃ ចូរយកអាហារទាំងនោះមកដុត ថ្វាយជាយញ្ញបូជា ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ ត្រូវថ្វាយតង្វាយនេះថែមពីលើតង្វាយដុតជានិច្ចនិរន្តរ៍ និងស្រា ដែលត្រូវច្រួចជាមួយ។ ២៥ នៅថ្ងៃទីប្រាំពីរនៃពិធីបុណ្យ ត្រូវជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់។ នៅថ្ងៃនោះ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ»។
យញ្ញបូជាសម្រាប់បុណ្យថ្ងៃទីហាសិប
២៦ «នៅថ្ងៃបុណ្យផលដំបូង ជាថ្ងៃអ្នករាល់គ្នាយកស្រូវទើបនឹងច្រូតមកថ្វាយព្រះអម្ចាស់ ក្នុងឱកាសបុណ្យថ្ងៃទីហាសិប ត្រូវជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់ គឺអ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ។ ២៧ ចូរយកគោស្ទាវឈ្មោលពីរ ចៀមឈ្មោលមួយ និងកូនចៀមអាយុមួយខួប ល្អឥតខ្ចោះចំនួនប្រាំពីរ មកថ្វាយជាតង្វាយដុតទាំងមូល ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ ២៨ ត្រូវថ្វាយម្សៅម៉ដ្តបីភាគដប់នៃអេផា លាយជាមួយប្រេង សម្រាប់គោនីមួយៗ ២៩ ពីរភាគដប់នៃអេផា សម្រាប់ចៀមឈ្មោល និងមួយភាគដប់នៃអេផាសម្រាប់កូនចៀមនីមួយៗក្នុងចំណោមកូនចៀមទាំងប្រាំពីរ។ ៣០ ត្រូវថ្វាយពពែឈ្មោលមួយជាតង្វាយ ដើម្បីធ្វើពិធីលោះបាបឲ្យអ្នករាល់គ្នា។ ៣១ ត្រូវថ្វាយយញ្ញបូជាទាំងនេះ ព្រមទាំងស្រាដែលត្រូវធ្វើពិធីច្រួចថែមពីលើតង្វាយដុតជានិច្ចនិរន្តរ៍ និងតង្វាយម្សៅ ដែលត្រូវថ្វាយជាមួយ។ ត្រូវយកសត្វដែលល្អឥតខ្ចោះមកថ្វាយ»។
២៩
យញ្ញបូជាសម្រាប់ថ្ងៃបុណ្យជយឃោសន៍
១ «នៅថ្ងៃទីមួយនៃខែទីប្រាំពីរ ត្រូវជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់។ នៅថ្ងៃនោះ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ ព្រោះអ្នករាល់គ្នាត្រូវប្រារព្ធពិធីបុណ្យជយឃោសន៍។ ២ ចូរយកគោស្ទាវឈ្មោលមួយ ចៀមឈ្មោលមួយ និងកូនចៀមអាយុមួយខួប ល្អឥតខ្ចោះចំនួនប្រាំពីរ មកថ្វាយជាតង្វាយដុតទាំងមូល ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ ៣ ត្រូវថ្វាយម្សៅម៉ដ្តលាយនឹងប្រេងចំនួនបីភាគដប់នៃអេផាសម្រាប់គោ ពីរភាគដប់នៃអេផាសម្រាប់ចៀមឈ្មោល ៤ និងមួយភាគដប់នៃអេផា សម្រាប់កូនចៀមនីមួយៗ ក្នុងចំណោមកូនចៀមទាំងប្រាំពីរ។ ៥ ត្រូវថ្វាយពពែឈ្មោលមួយ ជាតង្វាយរំដោះបាប ដើម្បីធ្វើពិធីលោះបាបឲ្យអ្នករាល់គ្នា ៦ ថែមពីលើតង្វាយដុតប្រចាំខែ និងតង្វាយម្សៅដែលត្រូវថ្វាយជាមួយតង្វាយដុតជានិច្ចនិរន្តរ៍ និងតង្វាយម្សៅ ព្រមទាំងស្រាដែលត្រូវច្រួចជាមួយ ដូចមានកំណត់ទុកក្នុងក្បួនតម្រា។ នេះជាយញ្ញបូជា ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់»។
យញ្ញបូជាសម្រាប់ថ្ងៃបុណ្យរំដោះបាប
៧ «នៅថ្ងៃទីដប់ក្នុងខែទីប្រាំពីរនេះ ត្រូវជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់ ហើយតមអាហារ។ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ។ ៨ ចូរយកគោស្ទាវឈ្មោលមួយ ចៀមឈ្មោលមួយ និងកូនចៀមអាយុមួយខួបល្អឥតខ្ចោះចំនួនប្រាំពីរ មកថ្វាយ ជាតង្វាយដុតទាំងមូល ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ ៩ ត្រូវថ្វាយម្សៅម៉ដ្តបីភាគដប់នៃអេផា* លាយជាមួយប្រេង សម្រាប់គោ ពីរភាគដប់នៃអេផាសម្រាប់ចៀមឈ្មោល ១០ និងមួយភាគដប់នៃអេផាសម្រាប់កូនចៀមនីមួយៗ ក្នុងចំណោមកូនចៀមទាំងប្រាំពីរ។ ១១ ត្រូវថ្វាយពពែឈ្មោលមួយជាតង្វាយរំដោះបាប ថែមពីលើតង្វាយសុំរំដោះបាប តង្វាយដុតជានិច្ចនិរន្តរ៍ និងតង្វាយម្សៅ ព្រមទាំងស្រាដែលត្រូវច្រួចជាមួយ»។
យញ្ញបូជាសម្រាប់បុណ្យបារាំ
១២ «នៅថ្ងៃទីដប់ប្រាំក្នុងខែទីប្រាំពីរ ត្រូវជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ គឺត្រូវធ្វើពិធីបុណ្យមួយថ្វាយព្រះអម្ចាស់ក្នុងអំឡុងពេលប្រាំពីរថ្ងៃ។ ១៣ ចូរយកគោស្ទាវឈ្មោលដប់បី ចៀមឈ្មោលពីរ និងកូនចៀមអាយុមួយខួប ល្អឥតខ្ចោះ ចំនួនដប់បួន មកថ្វាយ ជាតង្វាយដុតទាំងមូល ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ ១៤ ត្រូវថ្វាយម្សៅម៉ដ្តបីភាគដប់នៃអេផា លាយជាមួយប្រេង សម្រាប់គោនីមួយៗ ក្នុងចំណោមគោទាំងដប់បី ពីរភាគដប់នៃអេផាសម្រាប់ចៀមឈ្មោលនីមួយៗ ក្នុងចំណោមចៀមឈ្មោលទាំងពីរ ១៥ និងមួយភាគដប់នៃអេផាសម្រាប់កូនចៀមនីមួយៗ ក្នុងចំណោមកូនចៀមទាំងដប់បួន។ ១៦ ត្រូវថ្វាយពពែឈ្មោលមួយជាតង្វាយរំដោះបាប ថែមពីលើតង្វាយដុតជានិច្ចនិរន្តរ៍ និងតង្វាយម្សៅ ព្រមទាំងស្រាដែលត្រូវច្រួចជាមួយ។
១៧ នៅថ្ងៃទីពីរ ត្រូវយកគោស្ទាវឈ្មោលដប់ពីរ ចៀមឈ្មោលពីរ និងកូនចៀមអាយុមួយខួបល្អឥតខ្ចោះចំនួនដប់បួន ១៨ មកថ្វាយជាមួយម្សៅ និងស្រា តាមចំនួនគោ ចៀមឈ្មោល និងកូនចៀម ដូចបានបង្គាប់ទុក។ ១៩ ត្រូវថ្វាយពពែឈ្មោលមួយជាតង្វាយរំដោះបាប ថែមពីលើតង្វាយដុតជានិច្ចនិរន្តរ៍ និងតង្វាយម្សៅ ព្រមទាំងស្រាដែលត្រូវច្រួចជាមួយ។
២០ នៅថ្ងៃទីបី ត្រូវយកគោស្ទាវឈ្មោលដប់មួយ ចៀមឈ្មោលពីរ និងកូនចៀមអាយុមួយខួប ល្អឥតខ្ចោះចំនួនដប់បួន ២១ មកថ្វាយជាមួយម្សៅ និងស្រាតាមចំនួនគោ ចៀមឈ្មោល និងកូនចៀម ដូចបានបង្គាប់ទុក។ ២២ ត្រូវថ្វាយពពែឈ្មោលមួយ ជាតង្វាយរំដោះបាប ថែមពីលើតង្វាយដុតជានិច្ចនិរន្តរ៍ និងតង្វាយម្សៅ ព្រមទាំងស្រាដែលត្រូវច្រួចជាមួយ។
២៣ នៅថ្ងៃទីបួន ត្រូវយកគោស្ទាវឈ្មោលដប់ចៀមឈ្មោលពីរ និងកូនចៀមអាយុមួយខួប ល្អឥតខ្ចោះចំនួនដប់បួន ២៤ មកថ្វាយជាមួយម្សៅ និងស្រា តាមចំនួនគោ ចៀមឈ្មោល និងកូនចៀម ដូចបានបង្គាប់ទុក។ ២៥ ត្រូវថ្វាយពពែឈ្មោលមួយ ជាតង្វាយរំដោះបាប ថែមពីលើតង្វាយដុតជានិច្ចនិរន្តរ៍ និងតង្វាយម្សៅ ព្រមទាំងស្រាដែលត្រូវច្រួចជាមួយ។
២៦ នៅថ្ងៃទីប្រាំត្រូវយកគោស្ទាវឈ្មោលប្រាំបួន ចៀមឈ្មោលពីរ និងកូនចៀមអាយុមួយខួប ល្អឥតខ្ចោះចំនួនដប់បួន ២៧ មកថ្វាយជាមួយម្សៅ និងស្រាតាមចំនួនគោ ចៀមឈ្មោល និងកូនចៀម ដូចបានបង្គាប់ទុក។ ២៨ ត្រូវថ្វាយពពែឈ្មោលមួយជាតង្វាយរំដោះបាប ថែមពីលើតង្វាយដុតជានិច្ចនិរន្តរ៍ និងតង្វាយម្សៅ ព្រមទាំងស្រាដែលត្រូវថ្វាយជាមួយ។
២៩ នៅថ្ងៃទីប្រាំមួយ ត្រូវយកគោស្ទាវឈ្មោលប្រាំបី ចៀមឈ្មោលពីរ និងកូនចៀមអាយុមួយខួប ល្អឥតខ្ចោះចំនួនដប់បួន ៣០ មកថ្វាយជាមួយម្សៅ និងស្រា តាមចំនួនគោចៀមឈ្មោល និងកូនចៀម ដូចបានបង្គាប់ទុក។ ៣១ ត្រូវថ្វាយពពែឈ្មោលមួយជាតង្វាយរំដោះបាប ថែមពីលើតង្វាយដុតជានិច្ចនិរន្តរ៍ និងតង្វាយម្សៅ ព្រមទាំងស្រាដែលត្រូវច្រួចជាមួយ។
៣២ នៅថ្ងៃទីប្រាំពីរ ត្រូវយកគោស្ទាវឈ្មោលប្រាំពីរ ចៀមឈ្មោលពីរ និងកូនចៀមអាយុមួយខួប ល្អឥតខ្ចោះចំនួនដប់បួន ៣៣ មកថ្វាយជាមួយម្សៅ និងស្រា តាមចំនួនគោ ចៀមឈ្មោល និងកូនចៀម ដូចបានបង្គាប់ទុក។ ៣៤ ត្រូវថ្វាយពពែឈ្មោលមួយជាតង្វាយរំដោះបាប ថែមពីលើតង្វាយដុតជានិច្ចនិរន្តរ៍ និងតង្វាយម្សៅ ព្រមទាំងស្រា ដែលត្រូវច្រួចជាមួយ។
៣៥ នៅថ្ងៃទីប្រាំបីជាថ្ងៃបុណ្យធំ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ។ ៣៦ ត្រូវយកគោស្ទាវឈ្មោលមួយ ចៀមឈ្មោលមួយ និងកូនចៀមអាយុមួយខួប ល្អឥតខ្ចោះចំនួនប្រាំពីរ មកថ្វាយជាតង្វាយដុតទាំងមូល ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ ៣៧ ត្រូវថ្វាយជាមួយតង្វាយម្សៅ និងស្រា តាមចំនួនគោ ចៀមឈ្មោល និងកូនចៀម ដូចបានបង្គាប់ទុក។ ៣៨ ត្រូវថ្វាយពពែឈ្មោលមួយជាតង្វាយរំដោះបាប ថែមពីលើតង្វាយដុតជានិច្ចនិរន្តរ៍ និងតង្វាយម្សៅ ព្រមទាំងស្រាដែលត្រូវច្រួចជាមួយ។
៣៩ នេះជាតង្វាយដែលអ្នករាល់គ្នាត្រូវថ្វាយព្រះអម្ចាស់ ក្នុងឱកាសពិធីបុណ្យធំរបស់អ្នករាល់គ្នា ថែមពីលើតង្វាយដុតទាំងមូល តង្វាយម្សៅ និងស្រា ព្រមទាំងយញ្ញបូជាមេត្រីភាព សម្រាប់លាបំណន់ ឬតង្វាយស្ម័គ្រចិត្ត»។
៣០
១ លោកម៉ូសេថ្លែងប្រាប់ជនជាតិអ៊ីស្រាអែលនូវព្រះបន្ទូលទាំងប៉ុន្មាន ដែលព្រះអម្ចាស់បានបង្គាប់មកលោក ។
វិន័យស្តីអំពីបំណន់
២ (៣០.១) លោកម៉ូសេមានប្រសាសន៍ទៅកាន់មេដឹកនាំនៃកុលសម្ព័ន្ធនានារបស់ជនជាតិអ៊ីស្រាអែលថា៖ «ព្រះអម្ចាស់បង្គាប់មកដូចតទៅ:
៣ (២) ពេលអ្នកណាម្នាក់បន់ព្រះអម្ចាស់ ឬស្បថអំពីរឿងអ្វីមួយ អ្នកនោះត្រូវតែគោរពពាក្យសម្ដីរបស់ខ្លួន គឺត្រូវធ្វើសព្វគ្រប់ទាំងអស់តាមពាក្យដែលខ្លួនបានស្បថ។
៤ (៣) ប្រសិនបើស្ត្រីណាម្នាក់បន់ព្រះអម្ចាស់ ឬសន្យាអំពីរឿងអ្វីមួយ ក្នុងគ្រាដែលនាងនៅក្មេង ហើយរស់នៅជាមួយឪពុករបស់ខ្លួន ៥ (៤) ប្រសិនបើឪពុករបស់នាងបានដឹងពីបំណន់នេះ តែគាត់នៅស្ងៀម នោះនាងត្រូវជំពាក់បំណន់ទាំងប៉ុន្មានដែលខ្លួនបានបន់។ ៦ (៥) ផ្ទុយទៅវិញ នៅថ្ងៃដែលឪពុកនាងបានដឹង ហើយប្រសិនបើគាត់មិនយល់ស្របទេ នាងនឹងមិនជំពាក់បំណន់ទាំងប៉ុន្មានដែលខ្លួនបានបន់នោះឡើយ។
៧ (៦) ប្រសិនបើនាងរៀបការ ក្រោយពេលនាងបានបន់ និងជំពាក់បំណន់នោះ ៨ (៧) ហើយនៅថ្ងៃដែលប្ដីនាងដឹង តែនៅស្ងៀម នោះនាងត្រូវជំពាក់បំណន់ដែលខ្លួនបានបន់។ ៩ (៨) ផ្ទុយទៅវិញ នៅថ្ងៃដែលប្ដីនាងបានដឹង ប្រសិនបើគាត់មិនយល់ស្របទេ នោះគាត់អាចចាត់ទុកបំណន់ដែលនាងបានបន់ ជាអសារបង់ ហើយព្រះអម្ចាស់មិនប្រកាន់ទោសនាងឡើយ។
១០ (៩) រីឯស្ត្រីមេម៉ាយប្ដីស្លាប់ ឬស្ត្រីមេម៉ាយប្ដីលែងវិញ បើនាងបន់អំពីរឿងអ្វីមួយ នាងនឹងជំពាក់បំណន់នោះ។
១១ (១០) រីឯស្ត្រីដែលរស់នៅជាមួយប្ដីបន់ ឬស្បថអំពីរឿងអ្វីមួយ ១២ (១១) ពេលប្ដីរបស់នាងដឹង តែនៅស្ងៀមមិនជំទាស់ទេ នោះនាងជំពាក់បំណន់ទាំងប៉ុន្មានដែលខ្លួនបានបន់ ឬសម្បថទាំងប៉ុន្មានដែលខ្លួនបានស្បថ។ ១៣ (១២) ប៉ុន្តែ នៅថ្ងៃដែលប្ដីរបស់នាងដឹង ប្រសិនបើគាត់ជំទាស់ នោះនាងនឹងមិនជំពាក់បំណន់ ឬសម្បថទាំងប៉ុន្មានដែលខ្លួនបានបន់ និងស្បថឡើយ។ ដោយប្ដីចាត់ទុកបំណន់ និងសម្បថរបស់នាង ជាអសារបង់ ព្រះអម្ចាស់មិនប្រកាន់ទោសនាងទេ។ ១៤ (១៣) ប្ដីរបស់នាងអាចរក្សាទុក ឬចាត់ទុកជាអសារបង់នូវបំណន់ទាំងប៉ុន្មានដែលនាងបានបន់ និងសម្បថទាំងប៉ុន្មានដែលនាងបានស្បថថា តមធ្វើការអ្វីមួយ។ ១៥ (១៤) នៅថ្ងៃដែលប្ដីបានឮដំណឹង ប្រសិនបើគាត់នៅស្ងៀមរហូតដល់ថ្ងៃបន្ទាប់ បានសេចក្ដីថាគាត់រក្សាទុកគ្រប់បំណន់ និងអ្វីៗទាំងប៉ុន្មានដែលនាងបានសន្យា។ ដោយគាត់នៅស្ងៀមក្នុងថ្ងៃដែលគាត់ឮដំណឹង បានសេចក្ដីថាគាត់យល់ស្រប។ ១៦ (១៥) មួយថ្ងៃក្រោយបានដឹងដំណឹង ប្រសិនបើប្ដីចាត់ទុកបំណន់របស់នាងជាអសារបង់ គាត់ត្រូវទទួលទោសជំនួសប្រពន្ធ»។
១៧ (១៦) នេះជាច្បាប់ដែលព្រះអម្ចាស់ប្រគល់មកលោកម៉ូសេ ស្តីអំពីទំនាក់ទំនងរវាងប្ដី និងប្រពន្ធ រវាងឪពុក និងកូនស្រីមិនទាន់រៀបការ ដែលរស់នៅជាមួយឪពុកនៅឡើយ។
៣១
ជ័យជម្នះលើជនជាតិម៉ាឌីយ៉ាន
១ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ ២ «ចូរវាយប្រហារជនជាតិម៉ាឌីយ៉ាន ដើម្បីសងសឹកឲ្យជនជាតិអ៊ីស្រាអែល។ បន្ទាប់មក អ្នកនឹងចែកស្ថានទៅជួបជុំជាមួយដូនតារបស់អ្នក»។
៣ លោកម៉ូសេមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «ចូរឲ្យអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នារៀបចំខ្លួនប្រដាប់អាវុធ ចេញទៅវាយប្រហារជនជាតិម៉ាឌីយ៉ាន ដើម្បីសងសឹកនឹងពួកគេ ក្នុងនាមព្រះអម្ចាស់។ ៤ ក្នុងកុលសម្ព័ន្ធនីមួយៗនៃជនជាតិអ៊ីស្រាអែល ត្រូវចាត់ពលទាហានមួយពាន់នាក់។ ៥ ត្រូវជ្រើសរើសទាហានមួយពាន់នាក់ពីកុលសម្ព័ន្ធនីមួយៗ ក្នុងកងពលអ៊ីស្រាអែល គឺកងទ័ពទាំងមូល មានទាហានមួយម៉ឺនពីរពាន់នាក់»។ ៦ លោកម៉ូសេចាត់ទាហានទាំងនោះទៅច្បាំង ហើយចាត់បូជាចារ្យភីនេអាស ជាកូនរបស់លោកអេឡាសារ ជាអ្នកកាន់គ្រឿងសក្ការៈ និងត្រែសម្រាប់ផ្លុំប្រកាសសឹក ទៅជាមួយដែរ។ ៧ ពួកគេលើកទ័ពទៅវាយប្រហារជនជាតិម៉ាឌីយ៉ាន តាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។ ពួកគេប្រហារជីវិតប្រុសៗទាំងអស់។ ៨ ក្នុងពេលនោះ ពួកគេបានប្រហារស្តេចម៉ាឌីយ៉ានទាំងប្រាំ គឺស្តេចអេវី ស្តេចរេគែម ស្តេចសួរ ស្តេចហួរ និងស្តេចរេបា ហើយគេក៏បានសម្លាប់លោកបាឡាម ជាកូនរបស់លោកបេអ៊រ ដោយមុខដាវដែរ។ ៩ កងទ័ពអ៊ីស្រាអែលបាននាំយកស្ត្រីរបស់ជនជាតិម៉ាឌីយ៉ាន និងកូនៗរបស់គេមកជាឈ្លើយសឹក ព្រមទាំងរឹបអូសយកហ្វូងសត្វតូចធំ និងទ្រព្យសម្បត្តិរបស់ពួកគេទៀតផង។ ១០ កងទ័ពអ៊ីស្រាអែលដុតកម្ទេចទីក្រុង និងជំរំទាំងប៉ុន្មានរបស់ជនជាតិម៉ាឌីយ៉ាន។ ១១ បន្ទាប់មក ពួកគេប្រមូលជ័យភ័ណ្ឌដែលពួកគេរឹបអូសយកបាន ទាំងមនុស្ស ទាំងសត្វ ១២ ហើយនាំឈ្លើយសឹក និងជ័យភ័ណ្ឌដែលពួកគេរឹបអូសបាន មកជូនលោកម៉ូសេ បូជាចារ្យអេឡាសារ ព្រមទាំងសហគមន៍អ៊ីស្រាអែលទាំងមូល ដែលបោះជំរំនៅវាលទំនាបស្រុកម៉ូអាប់ ក្បែរទន្លេយ័រដាន់ ទល់មុខនឹងក្រុងយេរីខូ។
១៣ លោកម៉ូសេ បូជាចារ្យអេឡាសារ និងមេដឹកនាំទាំងអស់របស់សហគមន៍ បានចេញមកជួបពួកគេនៅក្រៅជំរំ។ ១៤ លោកម៉ូសេខឹងនឹងពួកមេទ័ព ពួកមេបញ្ជាការកងពលធំ និងពួកមេបញ្ជាការកងពលតូច ដែលវិលមកពីច្បាំងនោះ។ ១៥ លោកមានប្រសាសន៍ទៅពួកគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាទុកជីវិតឲ្យស្ត្រីទាំងនេះ? ១៦ គឺស្ត្រីទាំងនេះហើយដែលបានធ្វើតាមពាក្យលោកបាឡាម និងទាក់ទាញអ៊ីស្រាអែលឲ្យក្បត់ចិត្តព្រះអម្ចាស់ នៅពេអ៊រ បណ្តាលឲ្យគ្រោះកាចកើតមានចំពោះសហគមន៍របស់ព្រះអម្ចាស់។ ១៧ ឥឡូវនេះ ចូរសម្លាប់ក្មេងប្រុសទាំងអស់ក្នុងចំណោមក្មេងតូចៗ ហើយសម្លាប់ស្ត្រីទាំងប៉ុន្មានដែលធ្លាប់បានរួមរស់ជាមួយប្រុសៗ ១៨ ប៉ុន្តែ ត្រូវទុកជីវិតឲ្យស្ត្រីក្រមុំសម្រាប់អ្នករាល់គ្នា គឺស្ត្រីដែលពុំបានរួមរស់ជាមួយបុរសណានៅឡើយ។ ១៩ ចំណែកឯអ្នករាល់គ្នាវិញ ចូរបោះជំរំនៅខាងក្រៅនេះ ក្នុងរយៈពេលប្រាំពីរថ្ងៃ។ ក្នុងចំណោមអ្នករាល់គ្នា អស់អ្នកដែលបានសម្លាប់នរណាម្នាក់ ឬអស់អ្នកដែលបានប៉ះពាល់សាកសព ត្រូវធ្វើពិធីជម្រះកាយនៅថ្ងៃទីបី និងថ្ងៃទីប្រាំពីរ គឺទាំងអ្នករាល់គ្នា ទាំងឈ្លើយសឹក។ ២០ ត្រូវធ្វើពិធីជម្រះសម្លៀកបំពាក់ទាំងអស់ វត្ថុទាំងប៉ុន្មានធ្វើពីស្បែក និងពីរោមចៀម ព្រមទាំងគ្រឿងបរិក្ខារធ្វើពីឈើ»។
២១ លោកបូជាចារ្យអេឡាសារមានប្រសាសន៍ទៅកាន់ពួកទាហានដែលបានចេញទៅធ្វើសឹកថា៖ «ក្នុងវិន័យដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ មានចែងដូចតទៅ: ២២ មាស ប្រាក់ លង្ហិន ដែក ស្ពាន់ និងសំណ ២៣ គឺវត្ថុទាំងប៉ុន្មានដែលដុតមិនឆេះ ចូរដុតជម្រះឲ្យបានបរិសុទ្ធ។ រីឯវត្ថុទាំងឡាយណាដែលពុំអាចដុត ត្រូវលាងនៅក្នុងទឹកសម្រាប់ធ្វើពិធីលាងជម្រះឲ្យបរិសុទ្ធ។ ២៤ ត្រូវលាងជម្រះសម្លៀកបំពាក់របស់អ្នករាល់គ្នា នៅថ្ងៃទីប្រាំពីរ នោះអ្នករាល់គ្នានឹងបានបរិសុទ្ធ បន្ទាប់មក អ្នករាល់គ្នាអាចចូលមកក្នុងជំរំវិញ»។
២៥ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ ២៦ «ចូរអ្នក និងបូជាចារ្យអេឡាសារ ព្រមទាំងមេដឹកនាំរបស់សហគមន៍ នាំគ្នារាប់ចំនួនជ័យភ័ណ្ឌដែលរឹបអូសបានក្នុងសង្គ្រាម ព្រមទាំងចំនួនមនុស្ស និងសត្វ។ ២៧ បន្ទាប់មក ចូរបែងចែកជ័យភ័ណ្ឌនេះឲ្យអ្នកដែលបានចេញទៅច្បាំង និងសហគមន៍ទាំងមូល។ ២៨ ចូរញែកជ័យភ័ណ្ឌ ដែលត្រូវបានជាចំណែករបស់អ្នកទៅច្បាំងមួយផ្នែក ថ្វាយព្រះអម្ចាស់ ពោលគឺក្នុងចំណោមមនុស្សប្រាំរយនាក់ ត្រូវញែកទុកម្នាក់ ហើយក្នុងចំណោមហ្វូងគោ ហ្វូងលា និងហ្វូងចៀមប្រាំរយក្បាល ក៏ត្រូវញែកទុកមួយក្បាលដែរ។ ២៩ ចូរយកចំណែកដែលញែកចេញពីជ័យភ័ណ្ឌរបស់ពួកដែលចេញទៅច្បាំង ប្រគល់ឲ្យបូជាចារ្យអេឡាសារ ទុកជាតង្វាយថ្វាយព្រះអម្ចាស់។ ៣០ រីឯជ័យភ័ណ្ឌដែលត្រូវបានជាចំណែករបស់កូនចៅអ៊ីស្រាអែល ត្រូវយកមួយភាគហាសិបពីចំនួនមនុស្ស មួយភាគហាសិបពីហ្វូងគោ ហ្វូងលា ហ្វូងចៀម និងសត្វទាំងអស់ រួចប្រគល់ទៅឲ្យពួកលេវី ដែលទទួលភារកិច្ចបម្រើការងារនៅក្នុងព្រះពន្លារបស់ព្រះអម្ចាស់»។ ៣១ លោកម៉ូសេ និងបូជាចារ្យអេឡាសារ បានធ្វើតាមសេចក្ដីដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។ ៣២ ជ័យភ័ណ្ឌដែលកងទ័ពរឹបអូសយកបាន មាននៅសល់ចៀមចំនួន ៦៧៥ ០០០ ក្បាល ៣៣ គោ ៧២ ០០០ក្បាល ៣៤ លាចំនួន ៦១ ០០០ ក្បាល ៣៥ និងស្ត្រីព្រហ្មចារី ៣២ ០០០នាក់។
៣៦ ចំនួនពាក់កណ្ដាលនៃជ័យភ័ណ្ឌនេះបានទៅលើពួកទាហានដែលចេញទៅច្បាំង គឺ ចៀម ៣៣៧៥០០ ក្បាល ៣៧ ក្នុងចំនួននេះ ៦៧៥ក្បាលថ្វាយព្រះអម្ចាស់ ៣៨ គោ ៣៦ ០០០ ក្បាល ក្នុងចំនួននេះ ៧២ក្បាលថ្វាយព្រះអម្ចាស់ ៣៩ លា ៣០ ៥០០ ក្បាល ក្នុងចំនួននេះ ៦១ក្បាលថ្វាយព្រះអម្ចាស់ ៤០ និងមនុស្ស ១៦ ០០០ នាក់ ក្នុងចំនួននេះ ៣២ នាក់ថ្វាយព្រះអម្ចាស់។ ៤១ លោកម៉ូសេប្រគល់ជ័យភ័ណ្ឌដែលញែកជាតង្វាយរបស់ព្រះអម្ចាស់ ទៅបូជាចារ្យអេឡាសារ ស្របតាមព្រះបន្ទូលដែលព្រះអង្គបានបង្គាប់មកលោក។
៤២ រីឯជ័យភ័ណ្ឌចំនួនពាក់កណ្ដាលទៀតដែលត្រូវបានទៅប្រជាជនអ៊ីស្រាអែល លោកម៉ូសេញែកទុកដោយឡែកពីជ័យភ័ណ្ឌ ដែលត្រូវបានទៅពួកទាហាន។ ៤៣ ជ័យភ័ណ្ឌនេះត្រូវបានជាចំណែករបស់សហគមន៍ គឺចៀម ៣៣៧៥០០ ក្បាល ៤៤ គោ ៣៦ ០០០ ក្បាល ៤៥ លា ៣០ ៥០០ ក្បាល ៤៦ និងមនុស្ស ១៦ ០០០ នាក់។ ៤៧ ក្នុងចំនួនពាក់កណ្ដាលនៃជ័យភ័ណ្ឌដែលត្រូវបានទៅប្រជាជនអ៊ីស្រាអែលនេះ លោកម៉ូសេយកមនុស្សម្នាក់ ឬសត្វមួយក្បាល ពីចំណោមមនុស្ស ឬសត្វហាសិប ប្រគល់ទៅឲ្យពួកលេវី ដែលទទួលភារកិច្ចបម្រើការងារព្រះពន្លារបស់ព្រះអម្ចាស់ ស្របតាមព្រះបន្ទូលដែលព្រះអង្គបង្គាប់មកលោក។
៤៨ ពួកមេទ័ព មេបញ្ជាការកងពលធំ និងមេបញ្ជាការកងពលតូច នាំគ្នាចូលមកជិតលោកម៉ូសេ ៤៩ ជម្រាបលោកថា៖ «យើងខ្ញុំប្របាទបានរាប់ចំនួនទាហាន ដែលស្ថិតនៅក្រោមបញ្ជារបស់យើងខ្ញុំ ពុំឃើញមានបាត់នរណាម្នាក់សោះឡើយ។ ៥០ យើងខ្ញុំសូមយកគ្រឿងអលង្ការធ្វើពីមាស គឺមានខ្សែក ខ្សែដៃ ចិញ្ចៀន ក្រវិល និងបន្តោងខ្សែក មកថ្វាយព្រះអម្ចាស់ ទុកជាតង្វាយរំដោះបាប សម្រាប់យើងខ្ញុំទាំងអស់គ្នា នៅចំពោះព្រះភ័ក្ត្រព្រះអង្គ»។ ៥១ លោកម៉ូសេ និងបូជាចារ្យអេឡាសារ ក៏ទទួលយកគ្រឿងអលង្ការធ្វើពីមាសទាំងនោះពីពួកគេ។ ៥២ មាសដែលពួកមេបញ្ជាការកងពលធំ និងមេបញ្ជាការកងពលតូច យកមកថ្វាយព្រះអម្ចាស់ មានទម្ងន់ទាំងអស់ប្រាំពាន់ចិតសិបប្រាំតម្លឹង។ ៥៣ រីឯពលទាហានវិញ ម្នាក់ៗបានរឹបអូសយកជ័យភ័ណ្ឌទុកសម្រាប់ខ្លួនឯងផ្ទាល់។ ៥៤ លោកម៉ូសេ និងបូជាចារ្យអេឡាសារ បានទទួលមាសរបស់ពួកមេបញ្ជាការកងពលធំ និងមេបញ្ជាការកងពលតូច យកទៅដាក់នៅក្នុងពន្លាជួបព្រះអម្ចាស់ ទុកជាទីរំឭករបស់ជនជាតិអ៊ីស្រាអែល នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ។
៣២
កុលសម្ព័ន្ធកាដ និងរូបេន ទទួលស្រុកកាឡាដជាមត៌ក
១ កូនចៅរូបេន និងកូនចៅកាដ មានហ្វូងសត្វយ៉ាងច្រើនសម្បើមណាស់។ ដោយឃើញថាស្រុកយ៉ាស៊ែរ និងស្រុកកាឡាដ ជាកន្លែងល្អសម្រាប់ហ្វូងសត្វរបស់ពួកគេ ២ កូនចៅកាដ និងកូនចៅរូបេន នាំគ្នាមកជម្រាបលោកម៉ូសេ បូជាចារ្យអេឡាសារ ព្រមទាំងពួកមេដឹកនាំរបស់សហគមន៍ដូចតទៅ៖ ៣ «ក្រុងអាណាតូត ឌីបូន យ៉ាស៊ែរ នីមរ៉ា ហេសបូន អេឡាលេ សេបាំ នេបូ និងបេអូន ៤ នៅក្នុងស្រុកដែលព្រះអម្ចាស់វាយយកបាន នៅចំពោះមុខសហគមន៍អ៊ីស្រាអែល ជាស្រុកដ៏ល្អសម្រាប់ហ្វូងសត្វ ហើយយើងខ្ញុំមានហ្វូងសត្វច្រើនណាស់»។ ៥ ពួកគេពោលទៀតថា៖ «ប្រសិនបើលោកយល់អធ្យាស្រ័យយើងខ្ញុំ សូមមេត្តាប្រគល់ស្រុកនេះឲ្យយើងខ្ញុំមក គឺមិនបាច់ឲ្យយើងខ្ញុំឆ្លងទន្លេយ័រដាន់ឡើយ»។
៦ លោកម៉ូសេឆ្លើយទៅកូនចៅកាដ និងកូនចៅរូបេនវិញថា៖ «ក្នុងពេលដែលបងប្អូនរបស់អ្នករាល់គ្នាចេញទៅច្បាំង តើគួរឲ្យអ្នករាល់គ្នាសំងំនៅទីនេះឬ? ៧ ហេតុអ្វីបានជាអ្នករាល់គ្នាចង់ធ្វើឲ្យជនជាតិអ៊ីស្រាអែលបាក់ទឹកចិត្ត មិនចូលទៅក្នុងទឹកដីដែលព្រះអម្ចាស់ប្រទានមកពួកគេ? ៨ ឪពុករបស់អ្នករាល់គ្នាក៏ធ្លាប់ធ្វើដូច្នេះ នៅពេលខ្ញុំចាត់ពួកគេ ពីកាដែស-បារណេអាឲ្យទៅពិនិត្យមើលស្រុកដែរ។ ៩ ពួកគេបានឡើងទៅដល់ជ្រលងភ្នំអេសកុល ហើយបន្ទាប់ពីបានពិនិត្យមើលស្រុករួច ពួកគេធ្វើឲ្យជនជាតិអ៊ីស្រាអែលបាក់ទឹកចិត្ត មិនចូលទៅក្នុងទឹកដីដែលព្រះអម្ចាស់ប្រទានមកពួកគេ ។
១០ នៅថ្ងៃនោះ ព្រះអម្ចាស់ព្រះអង្គព្រះពិរោធ ហើយមានព្រះបន្ទូលយ៉ាងម៉ឺងម៉ាត់ថា: ១១ “អស់អ្នកដែលបានចេញមកពីស្រុកអេស៊ីប ហើយមានអាយុពីម្ភៃឆ្នាំឡើងទៅ នឹងមិនឃើញទឹកដី ដែលយើងបានសន្យាប្រគល់ឲ្យអប្រាហាំ អ៊ីសាក និងយ៉ាកុបឡើយ ព្រោះពួកគេពុំបានដើរតាមមាគ៌ារបស់យើង ដោយចិត្តស្មោះត្រង់ទេ។ ១២ មានតែកាលែប ជាកូនរបស់យេភូនេ ជាជនជាតិគេនីស៊ី និងយ៉ូស៊ូអា ជាកូនរបស់នូនប៉ុណ្ណោះ ដែលបានដើរតាមមាគ៌ារបស់ព្រះអម្ចាស់ ដោយចិត្តស្មោះត្រង់”។ ១៣ ព្រះអម្ចាស់ព្រះអង្គព្រះពិរោធនឹងជនជាតិអ៊ីស្រាអែល ហើយព្រះអង្គបានធ្វើឲ្យពួកគេដើរវិលវល់ នៅក្នុងវាលរហោស្ថាន អស់រយៈពេលសែសិបឆ្នាំ រហូតទាល់តែមនុស្សមួយជំនាន់ ដែលបានប្រព្រឹត្តអំពើអាក្រក់ទាស់នឹងព្រះហឫទ័យព្រះអម្ចាស់ ត្រូវបាត់បង់ជីវិតអស់ ។ ១៤ ឥឡូវនេះ មើល! អ្នករាល់គ្នាចង់យកតម្រាប់តាមឪពុករបស់អ្នករាល់គ្នា គឺអ្នករាល់គ្នាជាពូជមនុស្សបាប។ តើអ្នករាល់គ្នាចង់ឲ្យព្រះអម្ចាស់ព្រះអង្គព្រះពិរោធនឹងជនជាតិអ៊ីស្រាអែលកាន់តែខ្លាំងឬ? ១៥ ប្រសិនបើអ្នករាល់គ្នាបែកចិត្តចេញពីព្រះអង្គ នោះព្រះអង្គនឹងបណ្តោយឲ្យជនជាតិអ៊ីស្រាអែលរស់នៅក្នុងវាលរហោស្ថានតទៅមុខទៀត ហើយអ្នករាល់គ្នាបណ្តាលឲ្យប្រជាជននេះត្រូវវិនាសទាំងអស់!»។
១៦ កូនចៅកាដ និងកូនចៅរូបេន ចូលមកជិតលោកម៉ូសេ ជម្រាបថា៖ «យើងខ្ញុំនឹងសង់របងនៅទីនេះ សម្រាប់ហ្វូងសត្វរបស់យើងខ្ញុំ ហើយសង់ក្រុងសម្រាប់កូនចៅរបស់យើងខ្ញុំ។ ១៧ បន្ទាប់មក យើងខ្ញុំប្រញាប់ប្រញាល់រៀបចំខ្លួនប្រដាប់អាវុធ ដើរនៅមុខអ៊ីស្រាអែល រហូតទាល់តែយើងខ្ញុំនាំពួកគេចូលទៅដល់ទឹកដីរបស់ពួកគេ។ កូនចៅរបស់យើងខ្ញុំនឹងរស់នៅក្នុងក្រុងដែលមានកំពែងរឹងមាំ ការពារមិនឲ្យអ្នកស្រុកនេះធ្វើអ្វីពួកគេបាន។ ១៨ រីឯយើងខ្ញុំវិញ យើងខ្ញុំមិនវិលត្រឡប់មកកាន់ផ្ទះសំបែង មុនពេលជនជាតិអ៊ីស្រាអែលកាន់កាប់ទឹកដី ទុកជាចំណែកមត៌ករបស់គេរៀងៗខ្លួនឡើយ។ ១៩ បើយើងខ្ញុំទទួលទឹកដីនៅខាងកើតទន្លេយ័រដាន់នេះ ទុកជាចំណែកមត៌ក យើងខ្ញុំនឹងមិនទទួលទឹកដីនៅខាងលិចទន្លេយ័រដាន់ ទុកជាមត៌ករបស់យើងខ្ញុំទេ»។
២០ លោកម៉ូសេមានប្រសាសន៍ថា៖ «ប្រសិនបើអ្នករាល់គ្នាធ្វើតាមពាក្យនេះមែន ហើយបើអ្នករាល់គ្នាត្រៀមខ្លួនធ្វើសឹក នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ២១ ប្រសិនបើអ្នកទាំងអស់គ្នាប្រដាប់អាវុធ ឆ្លងទន្លេយ័រដាន់ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ រហូតទាល់តែព្រះអង្គបណ្តេញខ្មាំងសត្រូវចេញពីទឹកដីនោះ ២២ ហើយប្រសិនបើអ្នករាល់គ្នាវិលត្រឡប់វិញ នៅពេលយើងយកស្រុកមកថ្វាយព្រះអម្ចាស់បាន អ្នករាល់គ្នានឹងរួចខ្លួនពីពាក្យដែលអ្នករាល់គ្នាសន្យាចំពោះព្រះអម្ចាស់ និងចំពោះជនជាតិអ៊ីស្រាអែល។ អ្នករាល់គ្នាអាចនឹងទទួលតំបន់នេះជាកម្មសិទ្ធិរបស់អ្នករាល់គ្នា នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ ២៣ ផ្ទុយទៅវិញ ប្រសិនបើអ្នករាល់គ្នាមិនធ្វើដូច្នេះទេ បានសេចក្ដីថាអ្នករាល់គ្នាប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអម្ចាស់ ហើយអ្នករាល់គ្នាមុខជាទទួលទោស ព្រោះតែអំពើបាបរបស់ខ្លួនមិនខាន។ ២៤ ចូរសង់ក្រុងសម្រាប់កូនចៅរបស់អ្នករាល់គ្នា និងសង់របងវាលស្មៅសម្រាប់ហ្វូងចៀមរបស់អ្នករាល់គ្នា រួចធ្វើតាមពាក្យដែលអ្នករាល់គ្នាបានសន្យានោះចុះ!»។
២៥ កូនចៅកាដ និងកូនចៅរូបេន ជម្រាបលោកម៉ូសេថា៖ «យើងខ្ញុំប្របាទនឹងធ្វើតាមពាក្យដែលលោកម្ចាស់បង្គាប់។ ២៦ យើងខ្ញុំនឹងទុកកូនចៅ ប្រពន្ធ ព្រមទាំងហ្វូងចៀម និងហ្វូងគោរបស់យើងខ្ញុំនៅតាមក្រុងនានា ក្នុងស្រុកកាឡាដនេះ ២៧ ហើយយើងខ្ញុំនឹងរៀបចំខ្លួនជាកងទ័ព ទៅធ្វើសឹកនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ តាមប្រសាសន៍របស់លោកម្ចាស់»។
២៨ លោកម៉ូសេបានចេញបញ្ជាទៅបូជាចារ្យអេឡាសារ លោកយ៉ូស៊ូអា ជាកូនរបស់លោកនូន និងមេដឹកនាំអំបូរនានានៃកុលសម្ព័ន្ធរបស់ជនជាតិអ៊ីស្រាអែល ស្តីអំពីកុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធរូបេន។ ២៩ លោកមានប្រសាសន៍ថា៖ «ប្រសិនបើកូនចៅកាដ និងកូនចៅរូបេន ឆ្លងទន្លេយ័រដាន់ជាមួយអ្នករាល់គ្នា ទាំងប្រដាប់អាវុធធ្វើសឹកនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ពេលណាអ្នករាល់គ្នាដណ្ដើមយកបានស្រុកនោះហើយ ចូរប្រគល់ទឹកដីនៅស្រុកកាឡាដឲ្យពួកគេ ទុកជាកម្មសិទ្ធិចុះ។ ៣០ ក៏ប៉ុន្តែ ប្រសិនបើពួកគេមិនប្រដាប់អាវុធទៅជាមួយអ្នករាល់គ្នាទេ ចូរឲ្យពួកគេតាំងទីលំនៅ ក្នុងស្រុកកាណានជាមួយអ្នករាល់គ្នា»។
៣១ កូនចៅកាដ និងកូនចៅរូបេន ឆ្លើយឡើងថា៖ «យើងខ្ញុំនឹងធ្វើតាមសេចក្ដីដែលព្រះអម្ចាស់មានព្រះបន្ទូលមកយើងខ្ញុំ។ ៣២ យើងខ្ញុំនឹងប្រដាប់អាវុធ ឆ្លងទៅស្រុកកាណាននៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ តែសូមឲ្យយើងខ្ញុំទទួលទឹកដីនៅខាងកើតទន្លេយ័រដាន់នេះ ជាចំណែកមត៌ក» ។
៣៣ លោកម៉ូសេក៏ប្រគល់នគររបស់ព្រះបាទស៊ីហុន ជាស្តេចរបស់ជនជាតិអាម៉ូរី នគររបស់ព្រះបាទអុក ជាស្តេចស្រុកបាសាន គឺទាំងទឹកដី ទាំងទីក្រុង ព្រមទាំងស្រុកភូមិដែលនៅជុំវិញ ឲ្យកុលសម្ព័ន្ធកាដ កុលសម្ព័ន្ធរូបេន និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ដែលជាពូជពង្សរបស់លោកយ៉ូសែប។
៣៤ កូនចៅកាដបានសង់ក្រុងឌីបូន អាតារ៉ូត អារ៉ូអ៊ែរ ៣៥ អាតរ៉ូដសូផាន យ៉ាស៊ែរ យ៉ុកបេហា ៣៦ បេតនីមរ៉ា និងបេតហារ៉ន ដែលសុទ្ធសឹងជាក្រុងមានកំពែងរឹងមាំ និងវាលស្មៅសម្រាប់ឲ្យហ្វូងសត្វរកស៊ី។
៣៧ កូនចៅរូបេនបានសង់ក្រុងហេសបូន អេឡាលេ គៀរីយ៉ាតតាអ៊ីម ៣៨ នេបូ និងបាលមេអុន ដែលគេបានដូរឈ្មោះ ព្រមទាំងក្រុងស៊ីបម៉ា។ ពួកគេដាក់ឈ្មោះថ្មីឲ្យក្រុងនានា ដែលពួកគេបានសង់។
៣៩ ពូជពង្សរបស់លោកម៉ាកៀរ ជាកូនរបស់លោកម៉ាណាសេ វាយលុកស្រុកកាឡាដ ហើយដណ្ដើមយកបានទឹកដី និងដេញជនជាតិអាម៉ូរីដែលរស់នៅក្នុងស្រុកនោះ។ ៤០ លោកម៉ូសេបានប្រគល់ស្រុកកាឡាដឲ្យពូជពង្សលោកម៉ាកៀរ ជាកូនរបស់លោកម៉ាណាសេ ហើយពួកគេក៏តាំងទីលំនៅក្នុងស្រុកនោះ។ ៤១ ពូជពង្សលោកយ៉ាអៀរ ជាកូនរបស់លោកម៉ាណាសេ បានវាយលុកភូមិនានា ហើយដាក់ឈ្មោះភូមិទាំងនោះថាយ៉ាអៀរ។ ៤២ លោកណូបាបានវាយលុកក្រុងគើណាត និងស្រុកភូមិនៅជុំវិញ ហើយដាក់ឈ្មោះក្រុងនោះថា ក្រុងណូបា តាមឈ្មោះរបស់គាត់។
៣៣
កន្លែងដែលជនជាតិអ៊ីស្រាអែលបានបោះជំរំ ចាប់ពីស្រុកអេស៊ីបរហូតដល់វាលទំនាបស្រុកម៉ូអាប់
១ កាលជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប តាមរបៀបរៀបរយ ក្រោមការដឹកនាំរបស់លោកម៉ូសេ និងលោកអរ៉ុន ពួកគេបានឈប់តាមដំណាក់ផ្សេងៗ។ ២ លោកម៉ូសេបានកត់ត្រាទុកពីដំណាក់មួយទៅដំណាក់មួយ ដែលពួកគេធ្វើដំណើរតាមព្រះបញ្ជារបស់ព្រះអម្ចាស់។ ពួកគេឆ្លងកាត់ដំណាក់ដូចតទៅ:
៣ ពួកគេបានចេញដំណើរពីក្រុងរ៉ាមសែស នៅថ្ងៃទីដប់ប្រាំ ខែទីមួយ។ ក្រោយពិធីបុណ្យចម្លង*មួយថ្ងៃ ជនជាតិអ៊ីស្រាអែលបានចេញពីស្រុកអេស៊ីបដោយមានសេរីភាព នៅចំពោះមុខជនជាតិអេស៊ីបទាំងអស់។ ៤ ពេលនោះ ជនជាតិអេស៊ីបបញ្ចុះសពកូនច្បងទាំងអស់របស់ពួកគេ ដែលព្រះអម្ចាស់ប្រហារ។ ធ្វើដូច្នេះ ព្រះអម្ចាស់បានវិនិច្ឆ័យទោសព្រះទាំងឡាយរបស់ជនជាតិអេស៊ីប។
៥ ជនជាតិអ៊ីស្រាអែលនាំគ្នាចាកចេញពីក្រុងរ៉ាមសែស មកបោះជំរំនៅស៊ូកូត។ ៦ ពួកគេចាកចេញពីស៊ូកូត មកបោះជំរំនៅអេតាំ ដែលស្ថិតនៅជាយវាលរហោស្ថាន។ ៧ ពួកគេចាកចេញពីអេតាំ វាងទៅពីហាហ៊ីរ៉ុត ដែលស្ថិតនៅទល់មុខនឹងបាលសេផុន ហើយបោះជំរំនៅក្បែរមីគដូល។ ៨ ពួកគេចាកចេញពី ពីហាហ៊ីរ៉ុត ឆ្លងកាត់បាតសមុទ្រ ឆ្ពោះទៅកាន់វាលរហោស្ថាន ពួកគេធ្វើដំណើរអស់រយៈពេលបីថ្ងៃ ក្នុងវាលរហោស្ថានអេតាំ មកបោះជំរំនៅម៉ារ៉ា។ ៩ ពួកគេចាកចេញពីម៉ារ៉ាមកដល់អេលីម នៅអេលីមនេះមានប្រភពទឹកចំនួនដប់ពីរ និងលម៉ើចិតសិបដើម ពួកគេក៏បោះជំរំនៅទីនោះ។ ១០ ពួកគេចាកចេញពីអេលីម ទៅបោះជំរំនៅក្បែរសមុទ្រកក់។ ១១ ពួកគេចាកចេញពីសមុទ្រកក់ មកបោះជំរំនៅវាលរហោស្ថានស៊ីន។ ១២ ពួកគេចាកចេញពីវាលរហោស្ថានស៊ីន មកបោះជំរំនៅដូបកា។ ១៣ ពួកគេចាកចេញពីដូបកា មកបោះជំរំនៅអាលូស។ ១៤ ពួកគេចាកចេញពីអាលូស មកបោះជំរំនៅរេភីឌីម។ នៅកន្លែងនោះ ប្រជាជនរកទឹកផឹកពុំបានទេ។ ១៥ ពួកគេចាកចេញពីរេភីឌីម មកបោះជំរំនៅវាលរហោស្ថានស៊ីណៃ។
១៦ ពួកគេចាកចេញពីវាលរហោស្ថានស៊ីណៃ មកបោះជំរំនៅគីប្រូត-ហាត់តាវ៉ា។ ១៧ ពួកគេចាកចេញពីគីប្រូត-ហាត់តាវ៉ា មកបោះជំរំនៅហាសេរ៉ូត។ ១៨ ពួកគេចាកចេញពីហាសេរ៉ូត មកបោះជំរំនៅរីតម៉ា។
១៩ ពួកគេចាកចេញពីរីតម៉ា មកបោះជំរំនៅរីម៉ូន-ពេរេស។ ២០ ពួកគេចាកចេញពីរីម៉ូន-ពេរេស មកបោះជំរំនៅលីបណា។ ២១ ពួកគេចាកចេញពីលីបណា មកបោះជំរំនៅរីស្សា។ ២២ ពួកគេចាកចេញពីរីស្សា មកបោះជំរំនៅគើហេឡាតា។ ២៣ ពួកគេចាកចេញពីគើហេឡាតា មកបោះជំរំនៅភ្នំសេភែរ។ ២៤ ពួកគេចាកចេញពីភ្នំសេភែរ មកបោះជំរំនៅហារ៉ាដា។ ២៥ ពួកគេចាកចេញពីហារ៉ាដា មកបោះជំរំនៅម៉ាគេឡូត។ ២៦ ពួកគេចាកចេញពីម៉ាគេឡូត មកបោះជំរំនៅតាហាត់។ ២៧ ពួកគេចាកចេញពីតាហាត់ មកបោះជំរំនៅតារ៉ា។ ២៨ ពួកគេចាកចេញពីតារ៉ា មកបោះជំរំនៅមីតកា។ ២៩ ពួកគេចាកចេញពីមីតកា មកបោះជំរំនៅហាសម៉ូណា។ ៣០ ពួកគេចាកចេញពីហាសម៉ូណា មកបោះជំរំនៅម៉ូសេរ៉ូត។
៣១ ពួកគេចាកចេញពីម៉ូសេរ៉ូត មកបោះជំរំនៅបេនេ-យ៉ាកាន។ ៣២ ពួកគេចាកចេញពីបេនេ-យ៉ាកាន មកបោះជំរំនៅហ៊រគីដកាដ។ ៣៣ ពួកគេចាកចេញពីហ៊រគីដកាដ មកបោះជំរំនៅយ៉ូតបាតា។ ៣៤ ពួកគេចាកចេញពីយ៉ូតបាតា មកបោះជំរំនៅអាប្រូណា។ ៣៥ ពួកគេចាកចេញពីអាប្រូណា មកបោះជំរំនៅអេស៊ីយ៉ូន-កេប៊ែរ។ ៣៦ ពួកគេចាកចេញពីអេស៊ីយ៉ូន-កេប៊ែរ មកបោះជំរំនៅវាលរហោស្ថានស៊ីន គឺនៅកាដែស។ ៣៧ ពួកគេចាកចេញពីកាដែស មកបោះជំរំនៅភ្នំហ៊រ ដែលនៅជាយដែនស្រុកអេដុម។
៣៨ លោកបូជាចារ្យអរ៉ុនបានឡើងទៅលើភ្នំហ៊រ តាមបង្គាប់របស់ព្រះអម្ចាស់ ហើយលោកទទួលមរណភាពនៅទីនោះ ក្នុងឆ្នាំទីសែសិប ក្រោយជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីបនៅថ្ងៃទីមួយ ខែទីប្រាំ។ ៣៩ ពេលលោកអរ៉ុនទទួលមរណភាពនៅលើភ្នំហ៊រ លោកមានអាយុមួយរយម្ភៃបីឆ្នាំ។
៤០ ស្តេចក្រុងអារ៉ាដ គឺស្តេចជនជាតិកាណានដែលរស់នៅតំបន់ណេកិប ក្នុងស្រុកកាណាន បានឮដំណឹងថាជនជាតិអ៊ីស្រាអែលមកដល់តំបន់នោះ។
៤១ ជនជាតិអ៊ីស្រាអែលចាកចេញពីភ្នំហ៊រ មកបោះជំរំនៅសាល់ម៉ូណា។ ៤២ ពួកគេចាកចេញពីសាល់ម៉ូណា មកបោះជំរំនៅពូណូន។ ៤៣ ពួកគេចាកចេញពីពូណូន មកបោះជំរំនៅអូបូត។ ៤៤ ពួកគេចាកចេញពីអូបូត មកបោះជំរំនៅអ៊ីយេ-អាបារីម ដែលនៅជាយដែនស្រុកម៉ូអាប់។
៤៥ ពួកគេចាកចេញពីអ៊ីយេ-អាបារីម មកបោះជំរំនៅឌីបូន-កាដ។ ៤៦ ពួកគេចាកចេញពីឌីបូន-កាដ មកបោះជំរំនៅអាល់ម៉ូន-ឌីបឡាតាអ៊ីម។ ៤៧ ពួកគេចាកចេញពីអាល់ម៉ូន-ឌីបឡាតាអ៊ីម មកបោះជំរំនៅតំបន់ភ្នំអាបារីម ទល់មុខនឹងក្រុងនេបូ។ ៤៨ ពួកគេចាកចេញពីតំបន់ភ្នំអាបារីម មកបោះជំរំនៅវាលទំនាបស្រុកម៉ូអាប់ ក្បែរទន្លេយ័រដាន់ ទល់មុខនឹងក្រុងយេរីខូ។ ៤៩ ពួកគេបោះជំរំក្បែរទន្លេយ័រដាន់ ចាប់ពីបេត-ហាយេស៊ីម៉ូត រហូតដល់អេបិល-ស៊ីទីម នៅវាលទំនាបស្រុកម៉ូអាប់។
៥០ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ នៅវាលទំនាបស្រុកម៉ូអាប់ ក្បែរទន្លេយ័រដាន់ ទល់មុខក្រុងយេរីខូ ៥១ ដូចតទៅ៖ «ចូរប្រាប់ប្រជាជនអ៊ីស្រាអែលថា: នៅពេលអ្នករាល់គ្នាឆ្លងទន្លេយ័រដាន់ ចូលទៅក្នុងស្រុកកាណាន ៥២ ចូរបណ្តេញប្រជាជនដែលរស់នៅក្នុងស្រុកនោះឲ្យអស់ពីស្រុក ហើយបំផ្លាញរូបព្រះរបស់ពួកគេដែលធ្វើពីថ្ម និងរូបធ្វើពីលង្ហិន ព្រមទាំងកម្ទេចទីសក្ការៈរបស់ពួកគេ នៅតាមទួលខ្ពស់ៗផង។ ៥៣ ចូរនាំគ្នាចាប់យកស្រុក រួចតាំងទីលំនៅក្នុងស្រុកនោះ ដ្បិតយើងបានប្រគល់ឲ្យអ្នករាល់គ្នា ទុកជាកម្មសិទ្ធិហើយ។ ៥៤ ត្រូវបែងចែកទឹកដីជាចំណែកមត៌ក ដោយចាប់ឆ្នោត តាមអំបូររបស់អ្នករាល់គ្នា។ អំបូរណាមានគ្នាច្រើន ត្រូវឲ្យចំណែកមត៌កច្រើន អំបូរណាមានគ្នាតិច ត្រូវចែកមត៌កឲ្យតិច។ ម្នាក់ៗនឹងទទួលយកចំណែករបស់ខ្លួន ដោយចាប់ឆ្នោត ហើយអ្នករាល់គ្នាទទួលទឹកដីតាមឈ្មោះកុលសម្ព័ន្ធរបស់អ្នករាល់គ្នា។ ៥៥ ប្រសិនបើអ្នករាល់គ្នាមិនបណ្តេញប្រជាជននៅក្នុងស្រុកចេញពីមុខអ្នករាល់គ្នាទេ ពួកគេនឹងប្រៀបដូចជាកម្ទេចឈើនៅក្នុងភ្នែករបស់អ្នករាល់គ្នា ឬដូចម្ជុលជាប់នៅក្នុងឆ្អឹងជំនីររបស់អ្នករាល់គ្នា គឺពួកគេនឹងធ្វើជាបច្ចាមិត្តរបស់អ្នករាល់គ្នា នៅក្នុងស្រុកដែលអ្នករាល់គ្នាទៅរស់នៅ។ ៥៦ ចូរប្រយ័ត្នក្រែងលោយើងប្រព្រឹត្តចំពោះអ្នករាល់គ្នា ដូចយើងបានសម្រេចប្រព្រឹត្តចំពោះពួកគេដែរ»។
៣៤
ព្រំប្រទល់ស្រុកកាណាន
១ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ ២ «ចូរបង្គាប់កូនចៅអ៊ីស្រាអែល ដូចតទៅ: ពេលអ្នករាល់គ្នាចូលទៅក្នុងស្រុកកាណាន ទឹកដីដែលត្រូវបានជាចំណែកមត៌ករបស់អ្នករាល់គ្នា គឺស្រុកកាណាន មានព្រំដែនដូចតទៅ: ៣ ប៉ែកខាងត្បូងគិតចាប់តាំងពីវាលរហោស្ថានស៊ីន ជាប់នឹងស្រុកអេដុមទៅ។ ព្រំដែនខាងត្បូងរបស់អ្នករាល់គ្នាលាតសន្ធឹងពីចុងសមុទ្រអំបិល ឆ្ពោះទៅខាងកើត។ ៤ បន្ទាប់មក ព្រំដែនរបស់អ្នករាល់គ្នាបត់ទៅខាងត្បូងផ្លូវឡើងទៅអាក្រាប៊ីម ឆ្លងកាត់វាលរហោស្ថានស៊ីន ទៅដល់ខាងត្បូងកាដែស-បារណេអា។ បន្ទាប់មក ព្រំដែននេះកាត់តាមហាសារ-អាដា និងអាសម៉ូន។ ៥ ពីអាសម៉ូន ព្រំដែនបត់ទៅរកស្ទឹងស្រុកអេស៊ីប ហើយទៅដល់សមុទ្រមេឌីទែរ៉ាណេ។ ៦ សមុទ្រមេឌីទែរ៉ាណេជាព្រំដែនខាងលិចរបស់អ្នករាល់គ្នា។ ៧ ព្រំដែនខាងជើងរបស់អ្នករាល់គ្នា លាតសន្ធឹងចាប់ពីសមុទ្រមេឌីទែរ៉ាណេ រហូតដល់ភ្នំហ៊រ។ ៨ ពីភ្នំហ៊រ ត្រូវកំណត់ព្រំដែនត្រឹមច្រកចូលក្រុងហាម៉ាត់ ហើយបង្ហួសទៅដល់សេដាដ។ ៩ ព្រំដែននេះត្រូវបន្តទៅដល់ស៊ីផូន បង្ហួសទៅដល់ហាសារ-អេណាន។ នេះហើយជាព្រំដែនខាងជើងរបស់អ្នករាល់គ្នា។ ១០ ត្រូវកំណត់ព្រំដែនខាងកើតរបស់អ្នករាល់គ្នា ចាប់ពីហាសារ-អេណានទៅសេផាម។ ១១ ព្រំដែននេះត្រូវចុះពីសេផាមទៅរីបឡា ដែលនៅខាងកើតអាយ៉ីន ចុះទៅដល់ត្រើយខាងកើតសមុទ្រគីនេរ៉េត។ ១២ បន្ទាប់មក ព្រំប្រទល់ចុះតាមទន្លេយ័រដាន់ទៅដល់សមុទ្រអំបិល។ នេះហើយជាកំណត់ព្រំដែននៃស្រុករបស់អ្នករាល់គ្នា»។
១៣ លោកម៉ូសេនាំយកព្រះបញ្ជានេះទៅប្រាប់ជនជាតិអ៊ីស្រាអែល។ លោកមានប្រសាសន៍ថា៖ «នេះហើយជាស្រុក ដែលព្រះអម្ចាស់បង្គាប់ឲ្យប្រគល់ដល់មេដឹកនាំនៃកុលសម្ព័ន្ធប្រាំបួន និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ហើយអ្នករាល់គ្នាត្រូវបែងចែកគ្នា ដោយចាប់ឆ្នោត ១៤ ដ្បិតកុលសម្ព័ន្ធរូបេន តាមអំបូររបស់ពួកគេ និងកុលសម្ព័ន្ធកាដ តាមអំបូររបស់ពួកគេ បានទទួលទឹកដីជាចំណែកមត៌ករួចហើយ។ រីឯកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាលទៀត ក៏បានទទួលទឹកដីដែលជាចំណែកមត៌ករបស់ពួកគេហើយដែរ។ ១៥ កុលសម្ព័ន្ធទាំងពីរ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល បានទទួលទឹកដីជាចំណែកមត៌ករបស់ខ្លួន នៅត្រើយខាងកើតទន្លេយ័រដាន់ទល់មុខនឹងក្រុងយេរីខូ»។
ព្រះបញ្ជាបែងចែកទឹកដី
១៦ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេដូចតទៅ៖ ១៧ «អ្នកដែលត្រូវចាត់ចែងបែងចែកទឹកដី គឺបូជាចារ្យអេឡាសារ និងយ៉ូស៊ូអាជាកូនរបស់នូន។ ១៨ ក្នុងកុលសម្ព័ន្ធនីមួយៗត្រូវឲ្យមេដឹកនាំមួយរូបជួយបែងចែកទឹកដីដែរ។ ១៩ អ្នកទាំងនោះមានឈ្មោះដូចតទៅ: កាលែប ជាកូនរបស់យេភូនេ តំណាងកុលសម្ព័ន្ធយូដា។
២០ សាមូអែល ជាកូនរបស់អាំមីហ៊ូដ តំណាងកុលសម្ព័ន្ធស៊ីម៉ូន។
២១ អេលីដាដ ជាកូនរបស់គីសឡូន តំណាងកុលសម្ព័ន្ធបេនយ៉ាមីន។
២២ ប៊ូគី ជាកូនរបស់យូគ្លី តំណាងកុលសម្ព័ន្ធដាន់។
២៣ ហាណានីអែល ជាកូនរបស់អេផូដ តំណាងកុលសម្ព័ន្ធម៉ាណាសេ ជាកូនរបស់លោកយ៉ូសែប។
២៤ គើមូអែល ជាកូនរបស់ស៊ីបតាន តំណាងកុលសម្ព័ន្ធអេប្រាអ៊ីម។
២៥ អេលីសាផាន ជាកូនរបស់បាណាក់ តំណាងកុលសម្ព័ន្ធសាប៊ូឡូន។
២៦ ប៉ាលីទីអែល ជាកូនរបស់អាស្សាន តំណាងកុលសម្ព័ន្ធអ៊ីសាកា។
២៧ អហ៊ីហ៊ូដ ជាកូនរបស់សេឡូមី តំណាងកុលសម្ព័ន្ធអស៊ែរ។
២៨ ពេដាហែល ជាកូនរបស់អាំមីហ៊ូដ តំណាងកុលសម្ព័ន្ធណែបថាលី»។
២៩ គឺអ្នកទាំងនេះហើយដែលព្រះអម្ចាស់បញ្ជាឲ្យបែងចែងស្រុកកាណាន ដល់ជនជាតិអ៊ីស្រាអែល។
៣៥
ក្រុងរបស់ពួកលេវី
១ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ នៅវាលទំនាបស្រុកម៉ូអាប់ ក្បែរទន្លេយ័រដាន់ ទល់មុខនឹងក្រុងយេរីខូ ដូចតទៅ៖ ២ «ចូរបង្គាប់ជនជាតិអ៊ីស្រាអែលឲ្យប្រគល់ទីក្រុង ដែលស្ថិតនៅលើទឹកដីជាចំណែកមត៌ករបស់ខ្លួន ឲ្យពួកលេវីរស់នៅផង ហើយក៏ត្រូវប្រគល់ដីនៅជុំវិញក្រុងទាំងនោះឲ្យពួកលេវីដែរ។ ៣ ដូច្នេះ ពួកគេនឹងមានក្រុងសម្រាប់រស់នៅ ហើយមានដីសម្រាប់ហ្វូងសត្វ និងសម្រាប់សត្វពាហនៈឯទៀតៗ ដែលជាកម្មសិទ្ធិរបស់ពួកគេ។ ៤ ចូរវាស់ដីជុំវិញទីក្រុងប្រគល់ឲ្យពួកគេ ដោយគិតចាប់ពីកំពែងក្រុងចេញទៅក្រៅ ប្រវែងមួយពាន់ហត្ថ។ ៥ រីឯក្បាលដីនៅខាងក្រៅទីក្រុង ប៉ែកខាងកើតត្រូវវាស់ប្រវែងពីរពាន់ហត្ថ ប៉ែកខាងត្បូងប្រវែងពីរពាន់ហត្ថ ប៉ែកខាងលិចប្រវែងពីរពាន់ហត្ថ ប៉ែកខាងជើងប្រវែងពីរពាន់ហត្ថ។ នេះជាដីដែលនៅជុំវិញក្រុងរបស់ពួកគេ ហើយទីក្រុងត្រូវស្ថិតនៅចំកណ្ដាលដីនោះ។ ៦ ក្រុងដែលអ្នករាល់គ្នាត្រូវប្រគល់ឲ្យពួកលេវី មានក្រុងសម្រាប់ជាជម្រកដល់អ្នកដែលសម្លាប់គេ ចំនួនប្រាំមួយ និងក្រុងឯទៀតៗចំនួនសែសិបពីរ។ ៧ សរុបចំនួនក្រុងដែលអ្នករាល់គ្នាត្រូវប្រគល់ឲ្យពួកលេវី មានទាំងអស់សែសិបប្រាំបី ព្រមទាំងដីដែលនៅជុំវិញក្រុងទាំងនោះផង។ ៨ កុលសម្ព័ន្ធនីមួយៗនៃជនជាតិអ៊ីស្រាអែលត្រូវប្រគល់ក្រុងឲ្យពួកលេវីច្រើន ឬតិច តាមទំហំទឹកដីដែលខ្លួនបានទទួលជាចំណែកមត៌ក គឺកុលសម្ព័ន្ធដែលមានទឹកដីធំត្រូវប្រគល់ឲ្យច្រើន កុលសម្ព័ន្ធដែលមានទឹកដីតូចត្រូវប្រគល់ឲ្យតិច»។
ក្រុងដែលជាជម្រក
៩ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ ១០ «ចូរប្រាប់កូនចៅអ៊ីស្រាអែលដូចតទៅ: ពេលណាអ្នករាល់គ្នាឆ្លងទន្លេយ័រដាន់ចូលទៅក្នុងស្រុកកាណានរួចហើយ ១១ ចូរជ្រើសរើសយកក្រុងខ្លះធ្វើក្រុងជម្រក សម្រាប់ឲ្យអ្នកដែលសម្លាប់គេដោយអចេតនា រត់មកជ្រកកោន។ ១២ ក្រុងទាំងនោះជាជម្រកការពារអ្នករាល់គ្នា ឲ្យរួចពីអ្នកដែលមានសិទ្ធិសងសឹក។ ធ្វើដូច្នេះ អ្នកសងសឹកមិនប្រហារជីវិតអ្នកដែលសម្លាប់គេ មុនពេលសហគមន៍កាត់ក្តីឡើយ។ ១៣ ក្នុងចំណោមក្រុងដែលអ្នករាល់គ្នាប្រគល់ឲ្យពួកលេវីនោះ ត្រូវយកក្រុងប្រាំមួយធ្វើជាក្រុងជម្រក។ ១៤ ក្រុងជម្រកបីត្រូវស្ថិតនៅខាងកើតទន្លេយ័រដាន់ ក្រុងបីទៀតនៅក្នុងស្រុកកាណាន។ ១៥ ប្រសិនបើជនជាតិអ៊ីស្រាអែល ឬជនបរទេសដែលស្នាក់នៅជាបណ្តោះអាសន្នជាមួយអ្នករាល់គ្នា បានសម្លាប់នរណាម្នាក់ ដោយអចេតនា គេអាចរត់មកជ្រកកោនក្នុងក្រុងទាំងប្រាំមួយនេះ។
១៦ ប្រសិនបើបុរសម្នាក់យករបស់អ្វីមួយធ្វើពីដែក វាយអ្នកដទៃរហូតដល់ស្លាប់ អ្នកនោះជាឃាតក ហើយឃាតកត្រូវទទួលទោសប្រហារជីវិត។ ១៧ ប្រសិនបើគេយកដុំថ្មវាយអ្នកដទៃរហូតដល់ស្លាប់ អ្នកនោះជាឃាតក ហើយឃាតកត្រូវទទួលទោសប្រហារជីវិត។ ១៨ ប្រសិនបើគេយករបស់អ្វីមួយធ្វើពីឈើ វាយអ្នកដទៃរហូតដល់ស្លាប់ អ្នកនោះជាឃាតក ហើយឃាតកត្រូវទទួលទោសប្រហារជីវិត។ ១៩ អ្នកដែលមានសិទ្ធិសងសឹកត្រូវសម្លាប់ឃាតកនោះ គឺនៅពេលណាចាប់ឃាតកបាន ត្រូវតែសម្លាប់ចោល។ ២០ ប្រសិនបើបុរសណាម្នាក់ច្រានអ្នកដទៃដោយកំហឹង ឬយករបស់អ្វីមួយគប់ទៅលើគេ ដោយបានគិតជាមុន បណ្តាលឲ្យគេស្លាប់ ២១ ឬប្រសិនបើអ្នកនោះលើកដៃវាយអ្នកដទៃដោយស្អប់ បណ្តាលឲ្យគេស្លាប់ អ្នកដែលសម្លាប់គេត្រូវតែទទួលទោសប្រហារជីវិត ព្រោះអ្នកនោះជាឃាតក។ អ្នកដែលមានសិទ្ធិសងសឹកត្រូវសម្លាប់ឃាតកនោះ នៅពេលចាប់គេបាន។
២២ ផ្ទុយទៅវិញ ប្រសិនបើបុរសណាម្នាក់ច្រានអ្នកដទៃ ដោយអចេតនា និងដោយគ្មានបំណងអាក្រក់ ឬប្រសិនបើគាត់ចោលរបស់អ្វីមួយទៅលើគេ ដោយពុំបានគិតគូរជាមុន ២៣ ឬប្រសិនបើគាត់ធ្វើឲ្យថ្មធ្លាក់ទៅលើគេ បណ្តាលឲ្យស្លាប់ តែគាត់ធ្វើដោយមិនបានដឹង ហើយក៏គ្មានទំនាស់ ឬមានគំនិតអាក្រក់ចំពោះជនរងគ្រោះទេនោះ ២៤ សហគមន៍ត្រូវសម្រុះសម្រួលអ្នកដែលធ្វើឲ្យគេស្លាប់ និងអ្នកដែលមានសិទ្ធិសងសឹក តាមច្បាប់ស្តីអំពីករណីនេះ។ ២៥ សហគមន៍ត្រូវរំដោះអ្នកដែលធ្វើឲ្យគេស្លាប់នោះ ពីកណ្ដាប់ដៃរបស់អ្នកដែលមានសិទ្ធិសងសឹក។ សហគមន៍ត្រូវនាំអ្នកនោះវិលត្រឡប់ទៅក្រុងជម្រក ដែលខ្លួនបានរត់ទៅជ្រក ហើយរស់នៅក្នុងក្រុងនោះរហូតដល់ពេលមហាបូជាចារ្យ ដែលបានតែងតាំងដោយប្រេងសក្ការៈ ទទួលមរណភាព។ ២៦ ប្រសិនបើអ្នកសម្លាប់គេចេញទៅក្រៅទីក្រុងដែលខ្លួនរត់ទៅជ្រក ២៧ ហើយប្រសិនបើអ្នកដែលមានសិទ្ធិសងសឹក ជួបគាត់នៅខាងក្រៅទីក្រុងជម្រក រួចសម្លាប់គាត់ អ្នកសងសឹកនោះគ្មានទោសអ្វីចំពោះឃាតកម្មនេះទេ។ ២៨ អ្នកសម្លាប់គេត្រូវរស់នៅក្នុងក្រុងជម្រក រហូតដល់មហាបូជាចារ្យទទួលមរណភាព។ ក្រោយពេលមហាបូជាចារ្យទទួលមរណភាពផុតទៅ ទើបអ្នកសម្លាប់គេអាចវិលត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញ។
២៩ នេះជាច្បាប់ ដែលអ្នករាល់គ្នាត្រូវអនុវត្តតាមគ្រប់ជំនាន់ និងគ្រប់ទីកន្លែងដែលអ្នករាល់គ្នារស់នៅ។ ៣០ គ្រប់ឃាតកម្ម គេសម្លាប់ឃាតកបាន នៅពេលមានសាក្សីជាច្រើនដឹងឮ។ ប៉ុន្តែ បើមានសាក្សីតែម្នាក់ គេមិនអាចកាត់ទោសប្រហារជីវិតនរណាបានឡើយ។ ៣១ មិនត្រូវទទួលប្រាក់ ដើម្បីលោះជីវិតឃាតកណាម្នាក់ដែលគេកាត់ទោសប្រហារជីវិតឡើយ អ្នកនោះត្រូវតែស្លាប់។ ៣២ មិនត្រូវទទួលប្រាក់លោះជីវិតអ្នកនោះ ហើយបើកឲ្យគេទៅរស់នៅក្នុងក្រុងជម្រក រួចវិលត្រឡប់មកស្រុករបស់ខ្លួនវិញ ក្រោយមរណភាពរបស់មហាបូជាចារ្យ។ ៣៣ មិនត្រូវធ្វើឲ្យស្រុកដែលអ្នករាល់គ្នាទៅរស់នៅក្លាយជាសៅហ្មងឡើយ ដ្បិតការបង្ហូរឈាមបណ្តាលឲ្យស្រុកទៅជាសៅហ្មង។ កុំយកអ្វីផ្សេងទៀតមកជម្រះស្រុកឲ្យរួចពីភាពសៅហ្មង ព្រោះតែការបង្ហូរឈាម ក្រៅពីឈាមរបស់ឃាតក។ ៣៤ កុំធ្វើឲ្យស្រុកដែលអ្នករាល់គ្នាចូលទៅរស់នៅ ក្លាយទៅជាសៅហ្មងឡើយ។ យើងក៏នៅក្នុងចំណោមអ្នករាល់គ្នាដែរ ដ្បិតយើងជាព្រះអម្ចាស់ ដែលស្ថិតនៅជាមួយជនជាតិអ៊ីស្រាអែល»។
៣៦
ច្បាប់ការពារស្ត្រីដែលរៀបការជាមួយអ្នកផ្សេង ក្រៅពីកុលសម្ព័ន្ធរបស់ខ្លួន
១ មេដឹកនាំរបស់ក្រុមគ្រួសារផ្សេងៗនៃអំបូរកាឡាដ ជាកូនរបស់លោកម៉ាកៀរ ក្នុងកុលសម្ព័ន្ធម៉ាណាសេ ដែលត្រូវជាកូនចៅរបស់លោកយ៉ូសែប នាំគ្នាចូលមកជិតលោកម៉ូសេ ជម្រាបលោកនៅចំពោះមុខពួកមេដឹកនាំកុលសម្ព័ន្ធ និងមេដឹកនាំអំបូរនានានៃជនជាតិអ៊ីស្រាអែល ដូចតទៅ៖ ២ «ព្រះអម្ចាស់បានបញ្ជាលោកម្ចាស់ឲ្យប្រគល់ស្រុកនេះដល់ជនជាតិអ៊ីស្រាអែល ទុកជាចំណែកមត៌ក ដោយចាប់ឆ្នោត។ លោកម្ចាស់ក៏បានទទួលបញ្ជាពីព្រះអម្ចាស់ ដើម្បីប្រគល់ទឹកដីជាចំណែករបស់លោកសេឡូផាត ជាបងប្អូនរបស់យើងខ្ញុំ ទៅឲ្យកូនស្រីរបស់គាត់ដែរ។ ៣ បើពួកនាងរៀបការជាមួយកូនប្រុសរបស់កុលសម្ព័ន្ធណាមួយទៀតនៃជនជាតិអ៊ីស្រាអែល ទឹកដីរបស់ពួកនាងមុខជាត្រូវកាត់ចេញពីទឹកដី ដែលជាចំណែកមត៌កនៃដូនតារបស់យើងខ្ញុំ ហើយបានទៅលើកុលសម្ព័ន្ធប្ដីរបស់នាង។ ដូច្នេះ ទំហំទឹកដីដែលជាចំណែកមត៌ករបស់យើងខ្ញុំ ដោយការចាប់ឆ្នោតនោះ នឹងថយចុះ។ ៤ លុះដល់ឆ្នាំមេត្តាករុណាសម្រាប់ជនជាតិអ៊ីស្រាអែល ទឹកដីរបស់ពួកនាងនឹងត្រូវកាត់ចេញពីចំណែកមត៌កកុលសម្ព័ន្ធដូនតារបស់យើងខ្ញុំ យកទៅបញ្ចូលក្នុងទឹកដីកុលសម្ព័ន្ធប្ដីរបស់នាង»។
៥ លោកម៉ូសេនាំយកព្រះបន្ទូលដែលព្រះអម្ចាស់បានបង្គាប់មក ទៅប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ៖ ៦ «កុលសម្ព័ន្ធដែលជាកូនចៅយ៉ូសែបនិយាយត្រូវមែន។ ព្រះអម្ចាស់បង្គាប់មកកូនស្រីរបស់លោកសេឡូផាតថា: ពួកនាងអាចរៀបការជាមួយនរណាក៏បាន ឲ្យតែរៀបការនឹងបុរសដែលមកពីអំបូរមួយ ក្នុងកុលសម្ព័ន្ធរបស់ឪពុកនាង។ ៧ ធ្វើដូច្នេះ ទឹកដីជាចំណែកមត៌ករបស់ជនជាតិអ៊ីស្រាអែល មិនត្រូវផ្ទេរពីកុលសម្ព័ន្ធមួយទៅកុលសម្ព័ន្ធមួយទៀតឡើយ តែជនជាតិអ៊ីស្រាអែលម្នាក់ៗត្រូវរក្សាទឹកដីទុក នៅក្នុងកុលសម្ព័ន្ធរបស់ឪពុកខ្លួន។ ៨ កូនស្រីទាំងអស់ដែលទទួលចំណែកមត៌ក ក្នុងកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែល ត្រូវរៀបការជាមួយបុរសដែលមកពីអំបូរមួយក្នុងកុលសម្ព័ន្ធរបស់ឪពុកនាង ដើម្បីឲ្យជនជាតិអ៊ីស្រាអែលនីមួយៗគ្រងមត៌កឪពុករបស់ខ្លួន។ ៩ ទឹកដីជាចំណែកមត៌ករបស់ជនជាតិអ៊ីស្រាអែល មិនត្រូវផ្ទេរពីកុលសម្ព័ន្ធមួយទៅកុលសម្ព័ន្ធមួយទៀតឡើយ តែកុលសម្ព័ន្ធនីមួយៗនៃជនជាតិអ៊ីស្រាអែល ត្រូវរក្សាទឹកដីដែលជាមត៌ករបស់ខ្លួន»។
១០ កូនស្រីរបស់លោកសេឡូផាតក៏នាំគ្នាធ្វើតាមព្រះបន្ទូល ដែលព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។ ១១ នាងម៉ាឡា ទៀរសា ហូក្លា មីលកា និងណូអា បានរៀបការជាមួយបងប្អូនជីដូនមួយរបស់ខ្លួន។ ១២ ពួកគេបានរៀបការនឹងបុរសមកពីអំបូរកូនចៅលោកម៉ាណាសេ ជាកូនរបស់លោកយ៉ូសែប។ ដូច្នេះ ទឹកដីដែលជាចំណែកមត៌ករបស់ពួកគេ ស្ថិតនៅក្នុងអំបូរនៃកុលសម្ព័ន្ធរបស់ឪពុកនាង។
១៣ នេះជាច្បាប់ និងបទបញ្ជាផ្សេងៗដែលព្រះអម្ចាស់បានបង្គាប់មកជនជាតិអ៊ីស្រាអែល តាមរយៈលោកម៉ូសេ នៅវាលទំនាបស្រុកម៉ូអាប់ ក្បែរទន្លេយ័រដាន់ ទល់មុខនឹងក្រុងយេរីខូ។
2,179 Views