សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
  1. កំណើតពិភពលោក (កណ)
    Genesis (Gn)
  2. សេរីភាព (សរ)
    Exodus (Ex)
  3. លេវីវិន័យ (លវ)
    Leviticus (Lv)
  4. ជំរឿនប្រជាជន (ជរ)
    Numbers (Nm)
  5. ទុតិយកថា (ទក)
    Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
  1. យ៉ូស៊ូអា (យអ)
    Joshua (Jos)
  2. វិរបុរស (វរ)
    Judges (Jdg)
  3. នាងរូថ (នរ)
    Ruth (Ru)
  4. ១សាម៉ូអែល (១សម)
    1 Samuel (1Sm)
  5. ២សាម៉ូអែល (២សម)
    2 Samuel (2Sm)
  6. ១ពង្សាវតារក្សត្រ (១ពង្ស)
    1 Kings (1Kg)
  7. ២ពង្សាវតារក្សត្រ (២ពង្ស)
    2 Kings (2Kg)
  8. ១របាក្សត្រ (១របា)
    1 Chronicles (1Ch)
  9. ២របាក្សត្រ (២របា)
    2 Chronicles (2Ch)
  10. អែសរ៉ា (អរ)
    Ezra (Ezr)
  11. នេហេមី (នហ)
    Nehemiah (Ne)
  12. យ៉ូឌីត (យឌ)
    Judith (Jth)
  13. តូប៊ីត (តប)
    Tobit (Tb)
  14. អែសធែរ (អធ)
    Esther (Est)
  15. ១ម៉ាកាបាយ (១មបា)
    1 Maccabees (1 Ma)
  16. ២ម៉ាកាបាយ (២មបា)
    2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
  1. ទំនុកតម្កើង (ទន)
    Psalms (Ps)
  2. យ៉ូប (យប)
    Job (Jb)
  3. សុភាសិត (សភ)
    Proverbs (Pr)
  4. បទចម្រៀង (បច)
    Song of Songs (Song)
  5. សាស្តា (សស)
    Ecclesiastes (Eccl)
  6. ព្រះប្រាជ្ញាញាណ (ប្រាញ)
    Wisdom (Wis)
  7. បេនស៊ីរ៉ាក់ (បសរ)
    Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
  1. អេសាយ (អស)
    Isaiah (Is)
  2. យេរេមី (យរ)
    Jeremiah (Je)
  3. អេសេគីអែល (អគ)
    Ezekiel (Ez)
  4. ហូសេ (ហស)
    Hosea (Ho)
  5. យ៉ូអែល (យអ)
    Joel (Joe)
  6. អម៉ូស (អម)
    Amos (Am)
  7. អូបាឌី (អឌ)
    Obadiah (Ob)
  8. យ៉ូណាស (យណ)
    Jonah (Jon)
  9. មីកា (មីក)
    Micah (Mi)
  10. ណាហ៊ូម (ណហ)
    Nahum (Na)
  11. ហាបាគូក (ហគ)
    Habakkuk (Hb)
  12. សេផានី (សផ)
    Zephaniah (Zep)
  13. ហាកាយ (ហក)
    Haggai (Hg)
  14. សាការី (សក)
    Zechariah (Zec)
  15. ម៉ាឡាគី (មគ)
    Malachi (Mal)
  16. សំណោក (សណ)
    Lamentations (Lam)
  17. ដានីអែល (ដន)
    Daniel (Dn)
  18. បារូក (បារ)
    Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
  1. ម៉ាថាយ (មថ)
    Matthew (Mt)
  2. ម៉ាកុស (មក)
    Mark (Mk)
  3. លូកា (លក)
    Luke (Lk)
  4. យ៉ូហាន (យហ)
    John (Jn)
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
  1. កិច្ចការគ្រីស្តទូត (កក)
    Acts of the Apostles (Ac)
៣. លិខិតសន្តប៉ូល | Paul Letter 13
  1. រ៉ូម (រម)
    Romans (Rm)
  2. ១កូរិនថូស (១ករ)
    1 Corinthians (1Co)
  3. ២កូរិនថូស (២ករ)
    2 Corinthians (2Co)
  4. កាឡាទី (កាឡ)
    Galatians (Ga)
  5. អេភេសូ (អភ)
    Ephesians (Ep)
  6. ភីលីព (ភីល)
    Philippians (Phil)
  7. កូឡូស (កូឡ)
    Colossians (Col)
  8. ១ថេស្សាឡូនិក (១ថស)
    1 Thessalonians (1Th)
  9. ២ថេស្សាឡូនិក (២ថស)
    Thessalonians (2Th)
  10. ១ធីម៉ូថេ (១ធម)
    1 Timothy (1T)
  11. ២ធីម៉ូថេ (២ធម)
    2 Timothy (2T)
  12. ទីតុស (ទត)
    Titus (Ti)
  13. ភីលេម៉ូន (ភល)
    Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
  1. ហេប្រឺ (ហប)
    Hebrews (He)
  2. យ៉ាកុប (យក)
    James (Ja)
  3. ១សិលា (១សល)
    1 Peter (1P)
  4. ២សិលា (២សល)
    2 Peter (2P)
  5. យូដាស (យដ)
    Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
  1. ១យ៉ូហាន (១យហ)
    1 John (1Jn)
  2. ២យ៉ូហាន (២យហ)
    2 John (2Jn)
  3. ៣យ៉ូហាន (៣យហ)
    3 John (3Jn)
  4. វិវរណៈ (វវ)
    Revelation (Rev)

កណ្ឌគម្ពីរ
លេវីវិន័យ

ពាក្យលំនាំ

លេវី‌វិន័យ

ពាក្យ​លំនាំ

លោក​លេវី​ជា​កូន​ម្នាក់ ក្នុង​ចំណោម​កូន​ទាំង​ដប់‌ពីរ​របស់​លោក​យ៉ាកុប។ សមាជិក​នៃ​កុល‌សម្ព័ន្ធ​លេវី​ទទួល​មុខ‌ងារ​រៀប‌ចំ​ពិធី​បុណ្យ​ផ្សេងៗ​ក្នុង​ទី​សក្ការៈ។ ក្នុង​កណ្ឌ​គម្ពីរ «លេវី‌វិន័យ» នេះ​មាន​កត់‌ត្រា​ទុក​ច្បាប់ និង​ក្បួន​តម្រា​ផ្សេងៗ សម្រាប់​រៀប‌ចំ​ពិធី​ទាំង​នោះ។
នៅ​ខ​ដំបូង​នៃ​កណ្ឌ​គម្ពីរ​លេវី‌វិន័យ មាន​រៀប‌រាប់​អំពី​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ ពី​ពន្លា​ជួប​ព្រះ‌អម្ចាស់។ បន្ទាប់​មក ក្នុង​កណ្ឌ​គម្ពីរ​នេះ​ទាំង​មូល ព្រះ‌ជាម្ចាស់​ថ្លែង​ប្រាប់​លោក​ម៉ូសេ​អំពី​វិន័យ និង​ច្បាប់​មួយ​ចំនួន សម្រាប់​ឲ្យ​ជន​ជាតិ​អ៊ីស្រា‌អែល​ប្រតិ‌បត្តិ​តាម ហើយ​ព្រះ‌អង្គ​ក៏​ប្រទាន​ព្រះ‌បន្ទូល​សន្យា​ជា​មួយ​ផង: «អ្នក​ដែល​ប្រតិ‌បត្តិ​តាម​នឹង​មាន​ជីវិត​ដោយ‌សារ​វិន័យ និង​ច្បាប់​ទាំង​នោះ» (១៨.៥ រ៉ូម ១០.៥)។ សរុប​សេចក្ដី​មក ព្រះ‌ជាម្ចាស់​ពន្យល់​ជន​ជាតិ​អ៊ីស្រា‌អែល​អំពី​របៀប​ដែល​ត្រូវ​ប្រព្រឹត្ត ដើម្បី​កុំ​ឲ្យ​មាន​ឧបសគ្គ​មក​រា‌រាំង​ទំនាក់‌ទំនង​រវាង​ព្រះ‌ជាម្ចាស់ និង​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ។
ដើម្បី​ឲ្យ «ពន្លា» ស្ថិត​នៅ​ជា​កន្លែង​ដែល​ព្រះ‌អម្ចាស់​យាង​មក​ជួប​ជា​មួយ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ
• អ្នក​មាន​មុខ‌ងារ​ថ្វាយ​យញ្ញ‌បូជា​ត្រូវ​ថ្វាយ​តាម​ក្បួន​តម្រា (ចំពូក ១‑៧)
• បូជា‌ចារ្យ​ត្រូវ​មាន​ឥរិយា‌បថ​ថ្លៃ‌ថ្នូរ ហើយ​ប្រជាជន​ត្រូវ​តែ​គោរព​ពួក​លោក (ចំពូក ៨‑១០)
• សមាជិក​នៃ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌ជាម្ចាស់​មិន​ត្រូវ​បណ្តោយ​ឲ្យ​ខ្លួន​ទៅ​ជា​សៅ‌ហ្មង (ចំពូក ១១‑១៦)
• មិន​ត្រូវ​ឲ្យ​មាន​សៅ‌ហ្មង​ផ្នែក​ខាង​សីល‌ធម៌ និង​ការ​គោរព​បម្រើ​ព្រះ‌ជាម្ចាស់ (ចំពូក ១៧‑២៧)។
ព្រះ​ដ៏‌វិសុទ្ធ​បំផុត ព្រះ​នៃ​សេចក្ដី​ស្រឡាញ់ ព្រះ‌អម្ចាស់​នៃ​ជីវិត សព្វ​ព្រះ‌ហឫ‌ទ័យ​ប្រោស​ឲ្យ​ប្រជាជន​របស់​ព្រះ‌អង្គ​បាន​វិសុទ្ធ​ដូច​ព្រះ‌អង្គ​ដែរ (១៩.២) ដើម្បី​ឲ្យ​គេ​ផ្សព្វ‌ផ្សាយ​សេចក្ដី​ស្រឡាញ់ និង​ជីវិត​ដែល​មក​ពី​ព្រះ‌អង្គ។ ព្រះ‌អង្គ​ប្រទាន​វិន័យ​ដ៏​សំខាន់​មក​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ ជា​វិន័យ​ដែល​ក្រោយ​មក ព្រះ‌យេស៊ូ​រំឭក​អំពី​គោល​ដ៏​សំខាន់ គឺ «ត្រូវ​ស្រឡាញ់​អ្នក​ដទៃ​ឲ្យ​ដូច​ស្រឡាញ់​ខ្លួន​ឯង»។ (១៩.១៨ ម៉ាថាយ ២២.៣៩)។
វិន័យ​ទាំង​នេះ​រំឭក​អ្នក​ជឿ​គ្រប់​ជំនាន់ និង​គ្រប់​ទី​កន្លែង ឲ្យ​ចង​ចាំ​ជា‌និច្ច​ថា ព្រះ‌ជាម្ចាស់​ជា​ព្រះ​ដ៏‌វិសុទ្ធ ហើយ​មនុស្ស​យើង​ត្រូវ​ការ​មាន​ទំនាក់‌ទំនង​ជា​មួយ​ព្រះ‌អង្គ​យ៉ាង​ចាំ‌បាច់​បំផុត។

ក្បួន​តម្រា​ស្ដី​អំពី​យញ្ញ‌បូជា​ផ្សេងៗ

តង្វាយ​ដុត​ទាំង​មូល
 ព្រះ‌អម្ចាស់​ត្រាស់‌ហៅ​លោក​ម៉ូសេ​ពី​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ ហើយ​មាន​ព្រះ‌បន្ទូល​មក​លោក​ថា៖  «ចូរ​ប្រកាស​ប្រាប់​ជន​ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ:
ប្រសិន​បើ​នរណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ចង់​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌អម្ចាស់ គេ​អាច​ថ្វាយ​គោ ឬ​ចៀម​ជា​តង្វាយ​បាន។  ប្រសិន​បើ​តង្វាយ​នោះ​ជា​គោ ដែល​ត្រូវ​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល គេ​ត្រូវ​យក​គោ​ឈ្មោល​ល្អ​ឥត​ខ្ចោះ​មួយ​ក្បាល នាំ​ទៅ​ត្រង់​ទ្វារ​នៃ​ពន្លា​ជួប​ព្រះ‌អម្ចាស់ ដើម្បី​ទូល​សូម​ព្រះ‌អង្គ​ទទួល​យក។  ម្ចាស់​តង្វាយ​ដាក់​ដៃ​លើ​ក្បាល​សត្វ ដែល​ត្រូវ​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល ព្រះ‌អម្ចាស់​នឹង​ទទួល​តង្វាយ​នោះ ហើយ​រំដោះ​គាត់​ឲ្យ​រួច​ពី​បាប។  គេ​ចាក់​ក​គោ​នោះ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ហើយ​ពួក​បូជា‌ចារ្យ*​ដែល​ជា​កូន​របស់​លោក​អរ៉ុន យក​ឈាម​គោ​ថ្វាយ​ព្រះ‌អម្ចាស់ រួច​ប្រោះ​ឈាម​នោះ​ទៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ ដែល​ស្ថិត​នៅ​ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។  គេ​ត្រូវ​ពន្លាត់​ស្បែក​គោ​នោះ ហើយ​កាប់​សាច់​ជា​ដុំៗ។  ពួក​បូជា‌ចារ្យ​ដែល​ជា​កូន​របស់​លោក​អរ៉ុន យក​ភ្លើង​ដាក់​នៅ​លើ​អាសនៈ រួច​បង្គរ​អុស​ពី​លើ  ព្រម​ទាំង​ដាក់​ដុំ​សាច់ ក្បាល និង​ខ្លាញ់ លើ​គំនរ​អុស​ដែល​ឆេះ​នៅ​លើ​អាសនៈ។  គេ​ត្រូវ​យក​ទឹក​លាង​ពោះ‌វៀន និង​ជើង​គោ រួច​បូជា‌ចារ្យ​ដុត​ទាំង​អស់​នៅ​លើ​អាសនៈ។ នេះ​ជា​តង្វាយ​ដុត​ទាំង​មូល ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់
១០ ប្រសិន​បើ​តង្វាយ​នោះ​ជា​ចៀម ឬ​ពពែ​ដែល​ត្រូវ​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល គេ​ត្រូវ​យក​កូន​ចៀម​ឈ្មោល ឬ​កូន​ពពែ​ឈ្មោល​មួយ​ល្អ​ឥត​ខ្ចោះ។ ១១ គេ​ត្រូវ​ចាក់​ក​សត្វ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ប៉ែក​ខាង​ជើង​អាសនៈ។ ពួក​បូជា‌ចារ្យ​ដែល​ជា​កូន​របស់​លោក​អរ៉ុន ប្រោះ​ឈាម​សត្វ​នោះ​ទៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ។ ១២ គេ​កាប់​សាច់​ជា​ដុំៗ ហើយ​បូជា‌ចារ្យ​ដាក់​ដុំ​សាច់ ក្បាល និង​ខ្លាញ់ លើ​គំនរ​អុស​ដែល​ឆេះ​នៅ​លើ​អាសនៈ។ ១៣ គេ​ត្រូវ​យក​ទឹក​មក​លាង​ពោះ‌វៀន និង​ជើង​សត្វ ហើយ​បូជា‌ចារ្យ​ថ្វាយ​អ្វីៗ​ទាំង​អស់​ទៅ​ព្រះ‌អម្ចាស់ រួច​ដុត​នៅ​លើ​អាសនៈ។ នេះ​ជា​តង្វាយ​ដុត​ទាំង​មូល ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់
១៤ ប្រសិន​បើ​តង្វាយ​នោះ​ជា​សត្វ​ស្លាប ដែល​ត្រូវ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​ចំពោះ​ព្រះ‌អម្ចាស់ គេ​ត្រូវ​យក​លលក ឬ​ព្រាប​ជំទើរ​មក​ថ្វាយ។ ១៥ បូជា‌ចារ្យ​យក​សត្វ​នោះ​ទៅ​ថ្វាយ​នៅ​លើ​អាសនៈ គាត់​ត្រូវ​កាត់​ក្បាល​វា​ចេញ រួច​ដុត​នៅ​លើ​អាសនៈ។ បន្ទាប់​មក គាត់​ត្រូវ​សម្រក់​ឈាម​សត្វ​នោះ នៅ​លើ​គែម​របស់​អាសនៈ។ ១៦ គាត់​ត្រូវ​យក​គែ​វា​ចេញ ព្រម​ទាំង​បោច​រោម​វា ហើយ​បោះ​ចោល​នៅ​ខាង​កើត​អាសនៈ ត្រង់​កន្លែង​ដាក់​ផេះ។ ១៧ គាត់​ត្រូវ​ពុះ​សត្វ​ត្រង់​ចន្លោះ​ស្លាប តែ​មិន​ផ្ដាច់​វា​ចេញ​ជា​ពីរ​ចំណែក​ទេ រួច​ហើយ​បូជា‌ចារ្យ​ត្រូវ​ដុត​សត្វ​នោះ​លើ​អុស​ដែល​ឆេះ​នៅ​លើ​អាសនៈ។ នេះ​ជា​តង្វាយ​ដុត​ទាំង​មូល ដែល​មាន​ក្លិន​ឈ្ងុយ ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់»។
តង្វាយ​ធញ្ញ‌ជាតិ
 «ប្រសិន​បើ​នរណា​ម្នាក់​ចង់​យក​ម្សៅ​មក​ថ្វាយ​ជា​តង្វាយ ចំពោះ​ព្រះ‌អម្ចាស់ គេ​ត្រូវ​យក​ម្សៅ​ម៉ដ្ត​លាយ​ជា​មួយ​ប្រេង ព្រម​ទាំង​ដាក់​គ្រឿង​ក្រអូប​ផង  ហើយ​យក​តង្វាយ​នោះ​មក​ជូន​ពួក​បូជា‌ចារ្យ* ជា​កូន​លោក​អរ៉ុន។ គេ​ត្រូវ​យក​ម្សៅ​ពេញ​មួយ​ក្តាប់ ដែល​លាយ​ជា​មួយ​ប្រេង និង​គ្រឿង​ក្រអូប​ទាំង​អស់​មក រួច​បូជា‌ចារ្យ​ម្នាក់​យក​តង្វាយ​នេះ​ទៅ​ដុត​នៅ​លើ​អាសនៈ ដើម្បី​ទុក​ជា​ទី​រំឭក*។ នេះ​ជា​តង្វាយ​ដុត ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់។  រីឯ​តង្វាយ​ដែល​នៅ​សល់​ត្រូវ​បាន​ទៅ​លោក​អរ៉ុន និង​កូន​របស់​លោក គឺ​ជា​ចំណែក​ដ៏‌វិសុទ្ធ​បំផុត​នៃ​យញ្ញ‌បូជា​ដែល​គេ​ថ្វាយ​ចំពោះ​ព្រះ‌អម្ចាស់
 ប្រសិន​បើ​តង្វាយ​ដែល​អ្នក​យក​មក​ថ្វាយ​នោះ ជា​នំ​ដុត​ចម្អិន​ក្នុង​ឡ ត្រូវ​ធ្វើ​នំ​ពី​ម្សៅ​ម៉ដ្ត លាយ​ជា​មួយ​ប្រេង ឥត​មេ ឬ​ធ្វើ​នំ​ក្រៀប​ពី​ម្សៅ​ឥត​មេ ហើយ​ច្រួច​ប្រេង​ពី​លើ។
 ប្រសិន​បើ​តង្វាយ​ដែល​អ្នក​យក​មក​ថ្វាយ​នោះ ជា​នំ​ចម្អិន​ដោយ​ប្រើ​ពុម្ព ត្រូវ​ធ្វើ​នំ​ពី​ម្សៅ​ម៉ដ្ត លាយ​ជា​មួយ​ប្រេង ឥត​មេ។  ត្រូវ​កាត់​នំ​នោះ​ជា​ដុំៗ ហើយ​ច្រួច​ប្រេង​ពី​លើ។ នេះ​ជា​តង្វាយ​ធញ្ញ‌ជាតិ។
 ប្រសិន​បើ​តង្វាយ​ដែល​អ្នក​យក​មក​ថ្វាយ​នោះ ជា​នំ​ចៀន ត្រូវ​ធ្វើ​នំ​ពី​ម្សៅ​ម៉ដ្ត លាយ​ជា​មួយ​ប្រេង។
 អ្នក​ត្រូវ​នាំ​យក​តង្វាយ​ជា​ធញ្ញ‌ជាតិ​ដែល​ចម្អិន​ហើយ​នោះ មក​ថ្វាយ​ព្រះ‌អម្ចាស់ គឺ​លើក​ជូន​បូជា‌ចារ្យ ហើយ​បូជា‌ចារ្យ​យក​តង្វាយ​នោះ​ឆ្ពោះ​ទៅ​អាសនៈ។  លោក​បូជា‌ចារ្យ​យក​តង្វាយ​មួយ​ចំណែក​ដុត​នៅ​លើ​អាសនៈ ទុក​ជា​ទី​រំឭក*។ នេះ​ជា​តង្វាយ​ដុត ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់១០ រីឯ​តង្វាយ​នៅ​សល់​ត្រូវ​បាន​ទៅ​លោក​អរ៉ុន និង​កូន​របស់​លោក គឺ​ជា​ចំណែក​ដ៏‌វិសុទ្ធ​បំផុត​នៃ​យញ្ញ‌បូជា ដែល​គេ​ថ្វាយ​ចំពោះ​ព្រះ‌អម្ចាស់
១១ មិន​ត្រូវ​យក​តង្វាយ​ម្សៅ​ដែល​មាន​មេ មក​ថ្វាយ​ព្រះ‌អម្ចាស់​ទេ គឺ​តង្វាយ​ទាំង​ប៉ុន្មាន​ដែល​អ្នក​រាល់​គ្នា​ដុត​ថ្វាយ​ព្រះ‌អម្ចាស់ មិន​ត្រូវ​មាន​មេ ឬ​ទឹក​ឃ្មុំ​ឡើយ។ ១២ អ្នក​អាច​ថ្វាយ​តង្វាយ​ទាំង​នេះ​ចំពោះ​ព្រះ‌អម្ចាស់ ជា​តង្វាយ​ផល​ដំបូង។ ប៉ុន្តែ មិន​ត្រូវ​យក​ទៅ​ថ្វាយ​នៅ​លើ​អាសនៈ ទុក​ជា​តង្វាយ​ដុត​ដែល​មាន​ក្លិន​ឈ្ងុយ​ឡើយ។ ១៣ ត្រូវ​លាយ​អំបិល​ជា​មួយ​តង្វាយ​ធញ្ញ‌ជាតិ​ទាំង​ប៉ុន្មាន ដែល​អ្នក​យក​មក​ថ្វាយ​ព្រះ‌អម្ចាស់។ កុំ​ភ្លេច​លាយ​អំបិល​ជា​មួយ​តង្វាយ​របស់​អ្នក​ឡើយ ដ្បិត​អំបិល​ជា​និមិត្ត‌រូប​ពី​សម្ពន្ធ‌មេត្រី​ដែល​ព្រះ‌ជាម្ចាស់​បាន​ចង​ជា​មួយ​អ្នក។ ហេតុ​នេះ ត្រូវ​យក​អំបិល​មក​ថ្វាយ​ជា​មួយ​តង្វាយ​ទាំង​ប៉ុន្មាន​របស់​អ្នក។
១៤ ប្រសិន​បើ​អ្នក​យក​ផល​ដំបូង​នៃ​ចម្រូត​របស់​អ្នក​មក​ថ្វាយ​ព្រះ‌អម្ចាស់ ត្រូវ​យក​គ្រាប់​ស្រូវ​ទៅ​លីង រួច​បុក​គ្រាប់​ស្រូវ​នោះ​ទុក​ជា​តង្វាយ​ផល​ដំបូង។ ១៥ ត្រូវ​ចាក់​ប្រេង​ពី​លើ ហើយ​ដាក់​គ្រឿង​ក្រអូប​ផង។ នេះ​ជា​តង្វាយ​ធញ្ញ‌ជាតិ។ ១៦ បូជា‌ចារ្យ​យក​អំបុក​មួយ​ចំណែក ដែល​លាយ​ជា​មួយ​ប្រេង និង​គ្រឿង​ក្រអូប​ទាំង​អស់ ទៅ​ដុត​នៅ​លើ​អាសនៈ​ទុក​ជា​ទី​រំឭក។ នេះ​ជា​តង្វាយ​ដែល​គេ​ដុត​ថ្វាយ​ព្រះ‌អម្ចាស់»។
យញ្ញ‌បូជា​មេត្រី‌ភាព
 «ប្រសិន​បើ​នរណា​ម្នាក់​យក​គោ​មក​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព ទោះ‌បី​គោ​នោះ​ឈ្មោល ឬ​ញី​ក្តី គេ​ត្រូវ​យក​គោ​ដ៏​ល្អ​ឥត​ខ្ចោះ​មក​ថ្វាយ​ព្រះ‌អម្ចាស់។  គេ​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​គោ​នោះ ហើយ​ចាក់​ក​វា​នៅ​ត្រង់​មាត់​ទ្វារ​នៃ​ពន្លា​ជួប​ព្រះ‌អម្ចាស់។ ពួក​បូជា‌ចារ្យ​ដែល​ជា​កូន​របស់​លោក​អរ៉ុន ប្រោះ​ឈាម​គោ​នោះ​ទៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ។  យញ្ញ‌បូជា​មេត្រី‌ភាព​មួយ​ចំណែក ត្រូវ​ថ្វាយ​ជា​តង្វាយ​ដុត​ចំពោះ​ព្រះ‌អម្ចាស់ គឺ​ខ្លាញ់​ដែល​ជាប់​នឹង​ពោះ‌វៀន និង​ខ្លាញ់​ទាំង​អស់​នៅ​លើ​ពោះ‌វៀន  ក្រលៀន​ទាំង​ពីរ និង​ខ្លាញ់​ដែល​ជាប់​ក្រលៀន រហូត​ដល់​ចង្កេះ ព្រម​ទាំង​អ្វីៗ​ជាប់​នឹង​ថ្លើម​ដែល​គេ​ផ្ដាច់​ចេញ​មក​ជា​មួយ​ក្រលៀន។  បូជា‌ចារ្យ​ជា​កូន​របស់​លោក​អរ៉ុន ដុត​ចំណែក​ទាំង​នោះ​នៅ​លើ​អាសនៈ រួម​ជា​មួយ​នឹង​តង្វាយ​ដុត​ទាំង​មូល នៅ​លើ​គំនរ​អុស​ដែល​កំពុង​ឆេះ។ នេះ​ជា​យញ្ញ‌បូជា ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់
 ប្រសិន​បើ​តង្វាយ​ដែល​គេ​យក​មក​ថ្វាយ​នោះ​ជា​ចៀម គេ​ត្រូវ​យក​ចៀម​ឈ្មោល ឬ​ញី​ល្អ​ឥត​ខ្ចោះ​មក​ថ្វាយ​ព្រះ‌អម្ចាស់ ទុក​ជា​យញ្ញ‌បូជា​មេត្រី‌ភាព។  ប្រសិន​បើ​តង្វាយ​របស់​គេ​ជា​កូន​ចៀម គេ​ត្រូវ​យក​វា​មក​ថ្វាយ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។  គេ​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​សត្វ​ដែល​ជា​តង្វាយ​របស់​ខ្លួន ហើយ​ចាក់​ក​វា​នៅ​មុខ​ពន្លា​ជួប​ព្រះ‌អម្ចាស់។ បន្ទាប់​មក ពួក​បូជា‌ចារ្យ​ដែល​ជា​កូន​របស់​លោក​អរ៉ុន យក​ឈាម​ប្រោះ​ទៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ។  យញ្ញ‌បូជា​មេត្រី‌ភាព​មួយ​ចំណែក ត្រូវ​ថ្វាយ​ជា​តង្វាយ​ដុត​ចំពោះ​ព្រះ‌អម្ចាស់ គឺ​ខ្លាញ់ កន្ទុយ​ទាំង​មូល​ដែល​កាត់​ផ្ដាច់​ចេញ​ពី​ឆ្អឹង​ខ្នង ខ្លាញ់​ដែល​ជាប់​នឹង​ពោះ‌វៀន និង​ខ្លាញ់​ទាំង​អស់​នៅ​លើ​ពោះ‌វៀន ១០ ក្រលៀន​ទាំង​ពីរ និង​ខ្លាញ់​ដែល​ជាប់​ក្រលៀន រហូត​ដល់​ចង្កេះ ព្រម​ទាំង​អ្វីៗ​ជាប់​នឹង​ថ្លើម​ដែល​គេ​ផ្ដាច់​ចេញ​មក​ជា​មួយ​ក្រលៀន។ ១១ បូជា‌ចារ្យ​ដុត​ចំណែក​ទាំង​នោះ​នៅ​លើ​អាសនៈ។ នេះ​ជា​អាហារ​ដែល​គេ​ដុត​ថ្វាយ​ព្រះ‌អម្ចាស់
១២ ប្រសិន​បើ​តង្វាយ​របស់​គេ​ជា​ពពែ​ញី គេ​ត្រូវ​យក​វា​មក​ថ្វាយ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់១៣ គេ​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​សត្វ ដែល​ជា​តង្វាយ​របស់​ខ្លួន ហើយ​ចាក់​ក​វា​នៅ​មុខ​ពន្លា​ជួប​ព្រះ‌អម្ចាស់។ បន្ទាប់​មក ពួក​បូជា‌ចារ្យ​ដែល​ជា​កូន​របស់​លោក​អរ៉ុន យក​ឈាម​ប្រោះ​ទៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ។ ១៤ តង្វាយ​មួយ​ចំណែក​ត្រូវ​ថ្វាយ​ជា​តង្វាយ​ដុត​ចំពោះ​ព្រះ‌អម្ចាស់ គឺ​ខ្លាញ់​ដែល​ជាប់​នឹង​ពោះ‌វៀន និង​ខ្លាញ់​ទាំង​អស់​នៅ​លើ​ពោះ‌វៀន ១៥ ក្រលៀន​ទាំង​ពីរ និង​ខ្លាញ់​ដែល​ជាប់​ក្រលៀន​រហូត​ដល់​ចង្កេះ ព្រម​ទាំង​អ្វីៗ​ជាប់​នឹង​ថ្លើម ដែល​គេ​ផ្ដាច់​ចេញ​មក​ជា​មួយ​ក្រលៀន។ ១៦ បូជា‌ចារ្យ​ដុត​ចំណែក​ទាំង​នោះ​នៅ​លើ​អាសនៈ។ នេះ​ជា​អាហារ​ដុត​ដែល​មាន​ក្លិន​ឈ្ងុយ។ ខ្លាញ់​ទាំង​អស់​ជា​ចំណែក​របស់​ព្រះ‌អម្ចាស់
១៧ នេះ​ជា​ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​អនុវត្ត​តាម គ្រប់​ជំនាន់​រហូត​ត​ទៅ គឺ​អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​ខ្លាញ់ ឬ​ឈាម​សត្វ​សោះ​ឡើយ ទោះ‌បី​អ្នក​រាល់​គ្នា​ទៅ​រស់​នៅ​កន្លែង​ណា​ក៏​ដោយ»។
យញ្ញ‌បូជា​រំដោះ​បាប​របស់​មហា‌បូជា‌ចារ្យ
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ដូច​ត​ទៅ៖  «ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ថា: ពេល​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប​ដោយ​អចេតនា គឺ​បំពាន​លើ​បញ្ញាត្តិ​ណា​មួយ​ដែល​ព្រះ‌អម្ចាស់​ហាម​ឃាត់ ត្រូវ​ធ្វើ​ដូច​ត​ទៅ:
 ប្រសិន​បើ​មហា‌បូជា‌ចារ្យ*​បាន​ប្រព្រឹត្ត​អំពើ​បាប ដែល​បណ្តាល​ឲ្យ​ប្រជាជន​ទាំង​មូល​មាន​ទោស នោះ​លោក​ត្រូវ​យក​គោ​ឈ្មោល​ស្ទាវ​មួយ​ល្អ​ឥត​ខ្ចោះ មក​ថ្វាយ​ព្រះ‌អម្ចាស់ ជា​យញ្ញ‌បូជា​រំដោះ​បាប។  លោក​នាំ​គោ​ស្ទាវ​នោះ​មក​ថ្វាយ​ព្រះ‌អម្ចាស់ នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់ លោក​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​គោ​នោះ ហើយ​ចាក់​ក​វា​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់៥​ លោក​មហា‌បូជា‌ចារ្យ​ត្រូវ​យក​ឈាម​គោ ចូល​មក​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់  រួច​យក​ម្រាម​ដៃ​ជ្រលក់​ក្នុង​ឈាម ហើយ​ប្រោះ​ចំនួន​ប្រាំ​ពីរ​ដង នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ខាង​មុខ​វាំងនន​ទី​សក្ការៈ។  លោក​យក​ឈាម​នោះ​ទៅ​លាប​លើ​ស្នែង​អាសនៈ​ដុត​គ្រឿង​ក្រអូប នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ បន្ទាប់​មក លោក​យក​ឈាម​ដែល​នៅ​សល់​ទៅ​ចាក់​ត្រង់​ជើង​អាសនៈ​ធ្វើ​យញ្ញ‌បូជា ដែល​ស្ថិត​នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។  លោក​យក​ខ្លាញ់​ទាំង​អស់​របស់​គោ​ឈ្មោល ដែល​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប​នោះ គឺ​ខ្លាញ់​ដែល​ជាប់​នឹង​ពោះ‌វៀន និង​ខ្លាញ់​ទាំង​អស់​នៅ​លើ​ពោះ‌វៀន  ក្រលៀន​ទាំង​ពីរ និង​ខ្លាញ់​ដែល​នៅ​ជាប់​ក្រលៀន​រហូត​ដល់​ចង្កេះ ព្រម​ទាំង​អ្វីៗ​ជាប់​នឹង​ថ្លើម ដែល​គេ​ផ្ដាច់​ចេញ​មក​ជា​មួយ​ក្រលៀន។ ១០ បូជា‌ចារ្យ​ត្រូវ​ដុត​ចំណែក​ទាំង​នោះ​នៅ​លើ​អាសនៈ​ថ្វាយ​យញ្ញ‌បូជា ដូច​គេ​ដុត​ចំណែក​របស់​យញ្ញ‌បូជា​មេត្រី‌ភាព​ដែរ។ ១១ រីឯ​ស្បែក​គោ សាច់​ទាំង​អស់ ក្បាល ជើង ពោះ‌វៀន និង​លាមក ១២ ពោល​គឺ​គោ​ទាំង​មូល​ត្រូវ​យក​ចេញ​ទៅ​ក្រៅ​ជំរំ ត្រង់​កន្លែង​បរិសុទ្ធ សម្រាប់​ចាក់​ផេះ ហើយ​ដុត​វា​នៅ​លើ​អុស​ដែល​កំពុង​ឆេះ ត្រង់​កន្លែង​ចាក់​ផេះ​នោះ»។
យញ្ញ‌បូជា​រំដោះ​បាប​របស់​សហគមន៍
១៣ «ប្រសិន​បើ​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​ប្រព្រឹត្ត​អំពើ​បាប​ដោយ​អចេតនា ហើយ​ក្រុម‌ជំនុំ​មិន​បាន​ដឹង គឺ​ប្រព្រឹត្ត​អំពើ​ណា​មួយ​រំលោភ​លើ​បញ្ញាត្តិ​របស់​ព្រះ‌អម្ចាស់ ដែល​បណ្តាល​ឲ្យ​ខ្លួន​មាន​ទោស ១៤ នៅ​ពេល​សហគមន៍​ដឹង​ពី​កំហុស​របស់​ខ្លួន ពួក​គេ​ត្រូវ​យក​គោ​បា​មួយ​ទៅ​ថ្វាយ​ព្រះ‌អម្ចាស់ ជា​យញ្ញ‌បូជា​រំដោះ​បាប​នៅ​មុខ​ពន្លា​ជួប​ព្រះ‌អម្ចាស់។ ១៥ អស់​លោក​ព្រឹទ្ធា‌ចារ្យ*​របស់​សហគមន៍​ដាក់​ដៃ​លើ​ក្បាល​គោ​បា​នោះ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ហើយ​ព្រឹទ្ធា‌ចារ្យ​មួយ​រូប​ចាក់​ក​វា​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់១៦ លោក​មហា‌បូជា‌ចារ្យ*​យក​ឈាម​គោ​បា​ចូល​ទៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់។ ១៧ លោក​យក​ម្រាម​ដៃ​ជ្រលក់​ក្នុង​ឈាម ហើយ​ប្រោះ​ចំនួន​ប្រាំ​ពីរ​ដង នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ខាង​មុខ​វាំងនន។ ១៨ លោក​យក​ឈាម​នោះ​លាប​លើ​ស្នែង​អាសនៈ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ បន្ទាប់​មក លោក​យក​ឈាម​ដែល​នៅ​សល់​ទៅ​ចាក់​ត្រង់​ជើង​អាសនៈ​ធ្វើ​យញ្ញ‌បូជា ដែល​ស្ថិត​នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។
១៩ លោក​យក​ខ្លាញ់​ទាំង​អស់​របស់​គោ​បា​ដុត​នៅ​លើ​អាសនៈ។ ២០ លោក​ធ្វើ​ពិធី​ថ្វាយ​យញ្ញ‌បូជា​គោ​បា​នេះ ដូច​លោក​ធ្វើ​ចំពោះ​គោ​បា​សម្រាប់​រំដោះ​បាប​ដែរ គឺ​ធ្វើ​តាម​របៀប​ដូច​គ្នា។ លោក​បូជា‌ចារ្យ​ធ្វើ​ពិធី​នេះ ដើម្បី​រំដោះ​បាប​ប្រជាជន ហើយ​ពួក​គេ​ក៏​បាន​រួច​ពី​បាប។ ២១ បន្ទាប់​មក លោក​យក​គោ​បា​នោះ​ចេញ​ទៅ​ក្រៅ​ជំរំ រួច​ដុត​វា ដូច​ដុត​គោ​សម្រាប់​រំដោះ​បាប​ដែរ។ នេះ​ជា​យញ្ញ‌បូជា​រំដោះ​បាប​របស់​សហគមន៍​អ៊ីស្រា‌អែល»។
យញ្ញ‌បូជា​រំដោះ​បាប​របស់​មេ​ដឹក​នាំ
២២ «ប្រសិន​បើ​មេ​ដឹក​នាំ​ណា​មួយ​ប្រព្រឹត្ត​អំពើ​បាប​ដោយ​អចេតនា គឺ​ប្រព្រឹត្ត​អំពើ​ណា​មួយ​រំលោភ​លើ​បញ្ញាត្តិ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​គាត់ ដែល​បណ្តាល​ឲ្យ​ខ្លួន​មាន​ទោស ២៣ នៅ​ពេល​គាត់​ដឹង​ពី​កំហុស​របស់​ខ្លួន​ហើយ នោះ​គាត់​ត្រូវ​យក​ពពែ​ឈ្មោល​មួយ​ល្អ​ឥត​ខ្ចោះ មក​ថ្វាយ​ព្រះ‌អម្ចាស់។ ២៤ គាត់​ដាក់​ដៃ​លើ​ក្បាល​ពពែ​ឈ្មោល​នោះ ហើយ​ចាក់​ក​វា​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ត្រង់​កន្លែង​ដែល​គេ​ចាក់​ក​សត្វ សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល។ នេះ​ជា​យញ្ញ‌បូជា​រំដោះ​បាប។ ២៥ លោក​បូជា‌ចារ្យ​យក​ម្រាម​ដៃ​ជ្រលក់​ក្នុង​ឈាម​សត្វ ដែល​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប ហើយ​លាប​ឈាម​នោះ​លើ​ស្នែង​អាសនៈ សម្រាប់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល រួច​លោក​យក​ឈាម​ទៅ​ចាក់​ត្រង់​ជើង​អាសនៈ​នោះ។ ២៦ លោក​ដុត​ខ្លាញ់​ទាំង​អស់​នៅ​លើ​អាសនៈ ដូច​លោក​ដុត​ខ្លាញ់​របស់​សត្វ​ដែល​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព​ដែរ។ លោក​បូជា‌ចារ្យ​ធ្វើ​ពិធី​នេះ ដើម្បី​រំដោះ​បាប​មេ​ដឹក​នាំ ហើយ​គាត់​ក៏​បាន​រួច​ពី​បាប»។
យញ្ញ‌បូជា​រំដោះ​បាប​របស់​ប្រជាជន​ធម្មតា
២៧ «ប្រសិន​បើ​ប្រជាជន​ណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប​ដោយ​អចេតនា គឺ​ប្រព្រឹត្ត​អំពើ​ណា​មួយ​រំលោភ​លើ​បញ្ញត្តិ​របស់​ព្រះ‌អម្ចាស់ ដែល​បណ្តាល​ឲ្យ​ខ្លួន​មាន​ទោស ២៨ នៅ​ពេល​គាត់​ដឹង​ពី​កំហុស​របស់​ខ្លួន​ហើយ នោះ​គាត់​ត្រូវ​យក​ពពែ​ញី​មួយ​ល្អ​ឥត​ខ្ចោះ មក​ថ្វាយ​ព្រះ‌អម្ចាស់ ដើម្បី​សូម​ឲ្យ​រួច​ពី​បាប។ ២៩ គាត់​ដាក់​ដៃ​លើ​ក្បាល​សត្វ ដែល​ត្រូវ​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប រួច​ចាក់​ក​វា នៅ​ត្រង់​កន្លែង​គេ​ចាក់​ក​សត្វ សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល។ ៣០ លោក​បូជា‌ចារ្យ​យក​ម្រាម​ដៃ​ជ្រលក់​ក្នុង​ឈាម​របស់​សត្វ ហើយ​លាប​ឈាម​នោះ​លើ​ស្នែង​អាសនៈ សម្រាប់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល រួច​លោក​យក​ឈាម​ទាំង​អស់​ទៅ​ចាក់​ត្រង់​ជើង​អាសនៈ​នោះ។ ៣១ លោក​ពន្លះ​ខ្លាញ់​ទាំង​អស់​របស់​ពពែ​ញី ដូច​គេ​ពន្លះ​ខ្លាញ់​របស់​សត្វ​ដែល​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព​ដែរ។ លោក​ដុត​ខ្លាញ់​ទាំង​នោះ​នៅ​លើ​អាសនៈ ធ្វើ​ឲ្យ​មាន​ក្លិន​ឈ្ងុយ ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់។ លោក​បូជា‌ចារ្យ​ធ្វើ​ពិធី​នេះ ដើម្បី​រំដោះ​បាប​របស់​អ្នក​នោះ ហើយ​គាត់​ក៏​បាន​រួច​ពី​បាប។
៣២ ប្រសិន​បើ​អ្នក​នោះ​ចង់​ថ្វាយ​ចៀម​ជា​តង្វាយ​រំដោះ​បាប គេ​ត្រូវ​ថ្វាយ​ចៀម​ញី​ល្អ​ឥត​ខ្ចោះ។ ៣៣ គាត់​ដាក់​ដៃ​លើ​ក្បាល​សត្វ ដែល​ត្រូវ​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប រួច​ចាក់​ក​វា​នៅ​ត្រង់​កន្លែង​គេ​ចាក់​ក​សត្វ សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល។ ៣៤ លោក​បូជា‌ចារ្យ​យក​ម្រាម​ដៃ​ជ្រលក់​ក្នុង​ឈាម​របស់​សត្វ ដែល​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប រួច​លាប​ឈាម​នោះ​លើ​ស្នែង​អាសនៈ សម្រាប់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ហើយ​លោក​យក​ឈាម​ទាំង​អស់​ទៅ​ចាក់​ត្រង់​ជើង​អាសនៈ​នោះ។ ៣៥ លោក​ពន្លះ​ខ្លាញ់​ទាំង​អស់​របស់​ចៀម​ញី ដូច​គេ​ពន្លះ​ខ្លាញ់​របស់​កូន​ចៀម ដែល​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព​ដែរ។ លោក​ដុត​ខ្លាញ់​ទាំង​នោះ​នៅ​លើ​អាសនៈ រួម​ជា​មួយ​តង្វាយ​ដែល​គេ​ដុត​ថ្វាយ​ព្រះ‌អម្ចាស់។ លោក​បូជា‌ចារ្យ​ធ្វើ​ពិធី​នេះ ដើម្បី​រំដោះ​បាប​របស់​អ្នក​នោះ ហើយ​គាត់​ក៏​បាន​រួច​ពី​បាប។
ប្រសិន​បើ​នរណា​ម្នាក់​ជា​សាក្សី បាន​ឮ​មនុស្ស​ម្នាក់​ទៀត​និយាយ​ស្បថ​បំពាន ហើយ​មិន​ព្រម​ប្រាប់​ពី​ហេតុ‌ការណ៍​ដែល​ខ្លួន​បាន​ឃើញ និង​បាន​ឮ​ទេ​នោះ គាត់​មាន​បាប ហើយ​ត្រូវ​ទទួល​ទោស ។  ប្រសិន​បើ​នរណា​ម្នាក់​ប៉ះ‌ពាល់​អ្វី​មួយ​ដែល​មិន​បរិសុទ្ធ ដូច​ជា​ប៉ះ‌ពាល់​ខ្មោច សត្វ​ព្រៃ ឬ​សត្វ​ស្រុក​ដែល​មិន​បរិសុទ្ធ ឬ​ខ្មោច​សត្វ​លូន​វារ​ដែល​មិន​បរិសុទ្ធ ទោះ‌បី​គេ​ប៉ះ‌ពាល់​ដោយ​អចេតនា​ក្តី ក៏​គេ​ត្រូវ​សៅ‌ហ្មង បណ្តាល​ឲ្យ​ខ្លួន​មាន​ទោស​ដែរ ។  ប្រសិន​បើ​នរណា​ម្នាក់​ប៉ះ‌ពាល់​មនុស្ស​មិន​បរិសុទ្ធ​ដោយ​អចេតនា ធ្វើ​ឲ្យ​ខ្លួន​ឯង​ទៅ​ជា​មិន​បរិសុទ្ធ​ដែរ​នោះ នៅ​ពេល​គេ​ដឹង​ខ្លួន គេ​នឹង​ត្រូវ​ទទួល​ទោស ។  ប្រសិន​បើ​នរណា​ម្នាក់​ស្បថ​លេង​ដោយ​អចេតនា ជា​សម្បថ​ដែល​មាន​ប្រយោជន៍ ឬ​អត់​ប្រយោជន៍ ទោះ‌បី​អំពី​រឿង​អ្វី​ក៏​ដោយ នៅ​ពេល​គេ​ដឹង​ខ្លួន គេ​នឹង​ត្រូវ​ទទួល​ទោស ។
 ពេល​នរណា​ម្នាក់​មាន​ទោស ដោយ​ប្រព្រឹត្ត​កំហុស​ណា​មួយ​ដូច​ខាង​លើ​នេះ គេ​ត្រូវ​សារ​ភាព​អំពើ​បាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។  បន្ទាប់​មក គេ​ត្រូវ​នាំ​ចៀម​ញី​មួយ ឬ​ពពែ​ញី​មួយ មក​ថ្វាយ​ព្រះ‌អម្ចាស់ ជា​យញ្ញ‌បូជា​សម្រាប់​រំដោះ​បាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។ ពេល​នោះ បូជា‌ចារ្យ​ត្រូវ​ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​គេ»។
យញ្ញ‌បូជា​របស់​ជន​ក្រីក្រ
 «ប្រសិន​បើ​នរណា​ម្នាក់​គ្មាន​លទ្ធ‌ភាព​នឹង​ថ្វាយ​ចៀម​ញី​មួយ ឬ​ពពែ​ញី​មួយ​ទេ​នោះ គេ​អាច​យក​លលក​ពីរ ឬ​ព្រាប​ជំទើរ​ពីរ មក​ថ្វាយ​ព្រះ‌អម្ចាស់ ដើម្បី​រំដោះ​បាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត គឺ​សត្វ​មួយ​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប និង​មួយ​ទៀត​ជា​តង្វាយ​ដុត​ទាំង​មូល។  គាត់​ត្រូវ​យក​សត្វ​ទាំង​នោះ​ទៅ​ជូន​លោក​បូជា‌ចារ្យ។ មុន​ដំបូង លោក​ត្រូវ​ថ្វាយ​សត្វ​មួយ​ជា​យញ្ញ‌បូជា​រំដោះ​បាប គឺ​លោក​មួល​ក​សត្វ​នោះ តែ​មិន​ផ្ដាច់​ក្បាល​វា​ចេញ​ពី​ខ្លួន​ទេ។  លោក​យក​ឈាម​ខ្លះ​របស់​សត្វ​ដែល​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប​នោះ ប្រោះ​ទៅ​លើ​ជញ្ជាំង​អាសនៈ ហើយ​ចាក់​ឈាម​ដែល​នៅ​សល់​ត្រង់​ជើង​របស់​អាសនៈ។ នេះ​ជា​យញ្ញ‌បូជា​រំដោះ​បាប។ ១០ បន្ទាប់​មក លោក​បូជា‌ចារ្យ​ថ្វាយ​សត្វ​ទី​ពីរ​ជា​តង្វាយ​ដុត​ទាំង​មូល ស្រប​តាម​ច្បាប់។ លោក​បូជា‌ចារ្យ​ធ្វើ​ពិធី​នេះ ដើម្បី​រំដោះ​បាប​របស់​អ្នក​នោះ ហើយ​គាត់​ក៏​បាន​រួច​ពី​បាប។
១១ ប្រសិន​បើ​នរណា​ម្នាក់​គ្មាន​លទ្ធ‌ភាព​នឹង​ថ្វាយ​លលក​ពីរ ឬ​ព្រាប​ជំទើរ​ពីរ​ទេ​នោះ គេ​អាច​យក​ម្សៅ​ម៉ដ្ត​មួយ​ភាគ​ដប់​នៃ​អេផា* មក​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប។ ប៉ុន្តែ គេ​មិន​ត្រូវ​ចាក់​ប្រេង ឬ​ដាក់​គ្រឿង​ក្រអូប​ពី​លើ​ម្សៅ​នោះ​ទេ ព្រោះ​ជា​យញ្ញ‌បូជា​រំដោះ​បាប។ ១២ គេ​យក​ម្សៅ​នោះ​ទៅ​ជូន​លោក​បូជា‌ចារ្យ។ លោក​បូជា‌ចារ្យ យក​ម្សៅ​ពេញ​មួយ​ក្តាប់ ទុក​ជា​ទី​រំឭក* ហើយ​ដុត​ម្សៅ​នោះ​នៅ​លើ​អាសនៈ រួម​ជា​មួយ​យញ្ញ‌បូជា​ឯ​ទៀតៗ​ដែល​គេ​ដុត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។ នេះ​ជា​តង្វាយ​រំដោះ​បាប។ ១៣ លោក​បូជា‌ចារ្យ​ធ្វើ​ពិធី​នេះ ដើម្បី​រំដោះ​បាប​ណា​មួយ​ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត ហើយ​គាត់​ក៏​បាន​រួច​ពី​បាប។ បូជា‌ចារ្យ​ធ្វើ​ដូច្នេះ ដូច​ថ្វាយ​តង្វាយ​ម្សៅ​ឯ​ទៀតៗ​ដែរ»។

យញ្ញ‌បូជា​សម្រាប់​លោះ​បាប

១៤ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ ១៥ «ប្រសិន​បើ​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប​ដោយ​អចេតនា គឺ​បំពាន​លើ​វិន័យ​ស្តី​អំពី​វត្ថុ​សក្ការៈ​ដែល​ត្រូវ​ថ្វាយ​ព្រះ‌អម្ចាស់ នោះ​គាត់​ត្រូវ​នាំ​យក​ចៀម​ឈ្មោល​មួយ​ដ៏​ល្អ​ឥត​ខ្ចោះ ពី​ហ្វូង​សត្វ​របស់​ខ្លួន​មក​ថ្វាយ​ព្រះ‌អង្គ ដើម្បី​រំដោះ​ខ្លួន​ឲ្យ​រួច​ពី​បាប។ សត្វ​នោះ​ត្រូវ​មាន​តម្លៃ​គិត​តាម​ប្រាក់​ដែល​គេ​ប្រើ​នៅ​ក្នុង​ទី​សក្ការៈ។ ១៦ ម្យ៉ាង​ទៀត អ្នក​នោះ​ត្រូវ​តែ​សង​វត្ថុ​សក្ការៈ​ដែល​ខ្លួន​បាន​យក​ទៅ​ជូន​បូជា‌ចារ្យ​វិញ ដោយ​បន្ថែម​មួយ​ភាគ​ប្រាំ​នៃ​តម្លៃ​វត្ថុ​នោះ​ផង។ លោក​បូជា‌ចារ្យ​ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​គាត់ ដោយ​យក​ចៀម​ឈ្មោល​ទៅ​ធ្វើ​យញ្ញ‌បូជា​លោះ​បាប ហើយ​ព្រះ‌ជាម្ចាស់​នឹង​អត់‌ទោស​ឲ្យ​គាត់។
១៧ ប្រសិន​បើ​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប ដោយ​មិន​ដឹង​ខ្លួន គឺ​ប្រព្រឹត្ត​អំពើ​ណា​មួយ​រំលោភ​លើ​បញ្ញាត្តិ​របស់​ព្រះ‌អម្ចាស់ ដែល​បណ្តាល​ឲ្យ​ខ្លួន​មាន​ទោស ១៨ គាត់​ត្រូវ​នាំ​ចៀម​ឈ្មោល​មួយ​ដ៏​ល្អ​ឥត​ខ្ចោះ ពី​ហ្វូង​សត្វ​របស់​ខ្លួន មក​ជូន​លោក​បូជា‌ចារ្យ ដោយ​គិត​តាម​តម្លៃ​យញ្ញ‌បូជា សម្រាប់​រំដោះ​ខ្លួន​ឲ្យ​រួច​ពី​បាប។ លោក​បូជា‌ចារ្យ​ធ្វើ​ពិធី​រំដោះ​បាប​ដែល​គាត់​បាន​ប្រព្រឹត្ត​ដោយ​អចេតនា ហើយ​គាត់​ក៏​បាន​រួច​ពី​បាប។ ១៩ នេះ​ជា​យញ្ញ‌បូជា​លោះ​បាប ដ្បិត​អ្នក​នោះ​ពិត​ជា​បាន​ប្រព្រឹត្ត​ខុស​ចំពោះ​ព្រះ‌អម្ចាស់»។
២០ (៦.១) ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ ២១ (២) «ប្រសិន​បើ​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប​ដោយ​បំពាន​លើ​វិន័យ​ព្រះ‌អម្ចាស់ គឺ​បំបាត់​វត្ថុ​អ្វី​មួយ​ពី​ជន​រួម​ជាតិ​របស់​ខ្លួន ដូច​ជា​បន្លំ​យក​របស់​ដែល​គេ​យក​មក​ផ្ញើ​ទុក ឬ​លួច​យក​របស់​គេ ឬ​កំហែង​យក​ទ្រព្យ​ជន​រួម​ជាតិ​របស់​ខ្លួន ២២ (៣) ឬ​បាន​រើស​របស់​ដែល​គេ​បាត់ តែ​ប្រកែក​ថា​មិន​ឃើញ ឬ​ក៏​ស្បថ​បំពាន ដើម្បី​បិទ‌បាំង​អំពើ​បាប​ណា​មួយ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ២៣ (៤) មនុស្ស​ប្រព្រឹត្ត​អំពើ​បាប​បណ្តាល​ឲ្យ​ខ្លួន​មាន​ទោស ដូច្នេះ ត្រូវ​សង​វត្ថុ​ដែល​ខ្លួន​បាន​លួច ឬ​កំហែង​យក ឬ​សង​វត្ថុ​ដែល​គេ​យក​មក​បញ្ចាំ ឬ​វត្ថុ​ដែល​ខ្លួន​រើស​បាន​នោះ ទៅ​ឲ្យ​ម្ចាស់​ដើម​វិញ។ ២៤ (៥)អ្នក​នោះ ក៏​ត្រូវ​សង​វត្ថុ​ដែល​ខ្លួន​បាន​ស្បថ​បំពាន​យក​ផង​ដែរ។ នៅ​ពេល​គាត់​ដឹង​ខ្លួន​ថា​មាន​ទោស នោះ​គាត់​មិន​គ្រាន់​តែ​សង​វត្ថុ​ទាំង​អស់​ទៅ​ម្ចាស់​ដើម​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​បន្ថែម​តម្លៃ​មួយ​ភាគ​ប្រាំ​ពី​លើ​តម្លៃ​របស់​វត្ថុ​នោះ​ទៀត​ផង។ ២៥ (៦) បន្ទាប់​មក គាត់​ត្រូវ​នាំ​ចៀម​ឈ្មោល​មួយ​ដ៏​ល្អ​ឥត​ខ្ចោះ ពី​ហ្វូង​សត្វ​របស់​ខ្លួន ទៅ​ជូន​បូជា‌ចារ្យ សម្រាប់​ថ្វាយ​ព្រះ‌អម្ចាស់ ដោយ​គិត​តាម​តម្លៃ​យញ្ញ‌បូជា​លោះ​បាប។ ២៦ (៧) នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ លោក​បូជា‌ចារ្យ​ធ្វើ​ពិធី​រំដោះ​បាប​ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត ហើយ​ព្រះ‌អង្គ​នឹង​អត់‌ទោស​ឲ្យ​គាត់ ទោះ‌បី​គាត់​មាន​កំហុស​អ្វី​ក៏​ដោយ»។

ច្បាប់​សម្រាប់​បូជា‌ចារ្យ:

ការ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល
 (៨) ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖  (៩) «ចូរ​បង្គាប់​អរ៉ុន និង​កូនៗ​របស់​គាត់​ដូច​ត​ទៅ:
នេះ​ជា​វិន័យ​ស្តី​អំពី​តង្វាយ​ដុត​ទាំង​មូល*: ត្រូវ​ទុក​តង្វាយ​ដុត​ទាំង​មូល​នៅ​លើ​អាសនៈ ពេញ​មួយ​យប់​រហូត‌ទល់​ភ្លឺ ហើយ​ត្រូវ​ថែ​ភ្លើង​ឲ្យ​ឆេះ​រហូត។  (១០) បូជា‌ចារ្យ​ត្រូវ​ពាក់​អាវ​វែង និង​ស្លៀក​ខោ​ខ្លី​ធ្វើ​ពី​ក្រណាត់​ទេស‌ឯក ហើយ​កើប​ផេះ​ដែល​បាន​មក​ពី​ការ​បូជា​តង្វាយ​ដុត​ទាំង​មូល​នោះ​ចេញ​ពី​អាសនៈ យក​វា​ទៅ​ដាក់​នៅ​ក្បែរ​អាសនៈ។  (១១) បន្ទាប់​មក គាត់​ត្រូវ​ផ្លាស់​សម្លៀក‌បំពាក់ រួច​យក​ផេះ​នោះ​ចេញ​ទៅ​ក្រៅ​ជំរំ ចាក់​នៅ​កន្លែង​មួយ​បរិសុទ្ធ*។  (១២) ត្រូវ​ឲ្យ​ភ្លើង​នៅ​លើ​អាសនៈ​ឆេះ​រហូត គឺ​មិន​ត្រូវ​ឲ្យ​រលត់​ឡើយ។ រាល់​ព្រឹក បូជា‌ចារ្យ​ត្រូវ​តែ​ថែម​អុស ហើយ​ដាក់​តង្វាយ​ដុត​ទាំង​មូល​ពី​លើ ព្រម​ទាំង​ដុត​ខ្លាញ់​នៃ​យញ្ញ‌បូជា​មេត្រី‌ភាព​ថែម​ទៀត​ផង។  (១៣) ត្រូវ​ទុក​ភ្លើង​ឲ្យ​ឆេះ​នៅ​លើ​អាសនៈ​ជា‌និច្ច គឺ​មិន​ត្រូវ​ឲ្យ​រលត់​ឡើយ»។
ការ​ថ្វាយ​តង្វាយ​ម្សៅ
(១៤) «នេះ​ជា​វិន័យ​ស្តី​អំពី​តង្វាយ​ម្សៅ: កូនៗ​របស់​អរ៉ុន​ត្រូវ​ថ្វាយ​តង្វាយ​ម្សៅ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់​នៅ​មុខ​អាសនៈ។  (១៥)បូជា‌ចារ្យ​មួយ​រូប​យក​ម្សៅ​ម៉ដ្ត​មួយ​ក្តាប់ ព្រម​ទាំង​ប្រេង និង​គ្រឿង​ក្រអូប​ទាំង​អស់ រួច​ដុត​នៅ​លើ​អាសនៈ ទុក​ជា​ទី​រំឭក ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់។  (១៦)រីឯ​ម្សៅ​ដែល​នៅ​សល់​ត្រូវ​បាន​ទៅ​អរ៉ុន និង​កូន​របស់​គាត់។ ប៉ុន្តែ ពួក​គេ​ត្រូវ​បរិភោគ​នំបុ័ង​ធ្វើ​ពី​ម្សៅ​នេះ ដោយ​ឥត​មាន​មេ​ឡើយ។ ពួក​គេ​ត្រូវ​បរិភោគ​នៅ​ត្រង់​កន្លែង​ដ៏​សក្ការៈ ក្នុង​ទី‌លាន​ពន្លា​ជួប​ព្រះ‌អម្ចាស់។ ១០ (១៧) មិន​ត្រូវ​ដុត​នំបុ័ង​នេះ​លាយ​ជា​មួយ​មេ​ឡើយ ដ្បិត​ជា​ចំណែក​ដែល​ព្រះ‌អម្ចាស់​យក​ចេញ​ពី​តង្វាយ​ដុត សម្រាប់​ពួក​គេ។ នេះ​ជា​ចំណែក​ដ៏‌វិសុទ្ធ*​បំផុត ដូច​យញ្ញ‌បូជា​រំដោះ​បាប និង​យញ្ញ‌បូជា​លោះ​បាប​ដែរ។ ១១ (១៨) មាន​តែ​ប្រុសៗ​ក្នុង​ចំណោម​កូន​ចៅ​របស់​អរ៉ុន​ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​បរិភោគ​នំបុ័ង​នេះ។ នេះ​ជា​ចំណែក​ដែល​ត្រូវ​ញែក​ចេញ​ពី​តង្វាយ​របស់​ព្រះ‌អម្ចាស់ ទុក​សម្រាប់​ពួក​គេ​រហូត​ត​ទៅ។ អ្វីៗ​ដែល​ប៉ះ​តង្វាយ​ទាំង​នេះ​នឹង​បាន​វិសុទ្ធ»។
១២ (១៩) ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ ១៣ (២០) «នៅ​ពេល​អរ៉ុន និង​កូនៗ​របស់​គាត់​ទទួល​ការ​ចាក់​ប្រេង​តែង‌តាំង​ជា​បូជា‌ចារ្យ ពួក​គេ​ត្រូវ​យក​ម្សៅ​ម៉ដ្ត​ទម្ងន់​មួយ​ភាគ​ដប់​នៃ​អេផា* មក​ថ្វាយ​ព្រះ‌អម្ចាស់ ទុក​ជា​តង្វាយ​អចិន្ត្រៃយ៍ គឺ​ពាក់​កណ្ដាល​ថ្វាយ​ពេល​ព្រឹក ហើយ​ពាក់​កណ្ដាល​ទៀត​ថ្វាយ​ពេល​ល្ងាច។ ១៤ (២១)ត្រូវ​យក​ម្សៅ​ម៉ដ្ត​លាយ​ជា​មួយ​ប្រេង រួច​ចាក់​វា​ដុត​ក្នុង​ពុម្ព។ លុះ​នំ​ឆ្អិន​ហើយ ត្រូវ​កាត់​ជា​ដុំៗ មុន​នឹង​លើក​ថ្វាយ​ព្រះ‌អម្ចាស់ ជា​តង្វាយ​ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ។
១៥ (២២)កូន​របស់​អរ៉ុន ដែល​ទទួល​ការ​ចាក់​ប្រេង​តែង‌តាំង​ជា​មហា‌បូជា‌ចារ្យ*​បន្ត​ពី​គាត់ ត្រូវ​ថ្វាយ​តង្វាយ​នេះ​ដែរ គឺ​ជា​តង្វាយ​ដែល​ត្រូវ​តែ​ដុត​ទាំង​អស់ ថ្វាយ​ព្រះ‌អម្ចាស់ ជា​រៀង​រហូត។ ១៦ (២៣)នៅ​ពេល​បូជា‌ចារ្យ​ថ្វាយ​តង្វាយ​ម្សៅ ត្រូវ​តែ​ដុត​ទាំង​អស់​ថ្វាយ​ព្រះ‌អម្ចាស់ គឺ​មិន​ត្រូវ​ទុក​បរិភោគ​ឡើយ»។
ការ​ថ្វាយ​យញ្ញ‌បូជា​រំដោះ​បាប
១៧ (២៤) ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ ១៨ (២៥) «ចូរ​ប្រាប់​អរ៉ុន និង​កូនៗ​របស់​គាត់​ដូច​ត​ទៅ:
នេះ​ជា​វិន័យ*​ស្តី​អំពី​ការ​ថ្វាយ​យញ្ញ‌បូជា​រំដោះ​បាប: ចូរ​ចាក់​ក​សត្វ​ដែល​ត្រូវ​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប នៅ​កន្លែង​ដែល​គេ​ចាក់​ក​សត្វ​សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ព្រោះ​ជា​តង្វាយ​ដ៏‌វិសុទ្ធ*​បំផុត។ ១៩ (២៦) បូជា‌ចារ្យ​ដែល​ថ្វាយ​យញ្ញ‌បូជា​រំដោះ​បាប ត្រូវ​បរិភោគ​តង្វាយ​នេះ នៅ​កន្លែង​ដ៏​សក្ការៈ ក្នុង​ទី‌លាន​នៃ​ពន្លា​ជួប​ព្រះ‌អម្ចាស់។ ២០ (២៧) អ្វីៗ​ដែល​ប៉ះ​នឹង​សាច់​របស់​សត្វ​នោះ​នឹង​បាន​វិសុទ្ធ។ ប្រសិន​បើ​មាន​ឈាម​ខ្ទាត​ប្រឡាក់​អាវ ត្រូវ​លាង​កន្លែង​ប្រឡាក់​នោះ​នៅ​ក្នុង​ទី​ដ៏​សក្ការៈ។ ២១ (២៨) ប្រសិន​បើ​គេ​ចម្អិន​សាច់​ក្នុង​ថ្លាង​ដី ក្រោយ​ពី​ចម្អិន​រួច ត្រូវ​តែ​បំបែក​ថ្លាង​នោះ​ចោល។ ប្រសិន​បើ​គេ​ចម្អិន​សាច់​ក្នុង​ថ្លាង​លង្ហិន​ក្រោយ​ពី​ចម្អិន​រួច ត្រូវ​តែ​យក​ថ្លាង​ទៅ​ដុស និង​លាង​ក្នុង​ទឹក។ ២២ (២៩) ក្នុង​ក្រុម​គ្រួសារ​របស់​បូជា‌ចារ្យ មាន​តែ​ប្រុសៗ​ប៉ុណ្ណោះ​ដែល​មាន​សិទ្ធិ​បរិភោគ​សាច់​នេះ ព្រោះ​ជា​តង្វាយ​ដ៏‌វិសុទ្ធ​បំផុត។ ២៣ (៣០) រីឯ​សាច់​របស់​សត្វ​ដែល​គេ​យក​ឈាម​ចូល​ទៅ​ក្នុង​ទី​សក្ការៈ​នៃ​ពន្លា​ជួប​ព្រះ‌អម្ចាស់ សម្រាប់​ពិធី​រំដោះ​បាប​នោះ មិន​ត្រូវ​បរិភោគ​ទេ គឺ​ត្រូវ​ដុត​ទាំង​អស់»។
ការ​ថ្វាយ​យញ្ញ‌បូជា​លោះ​បាប
 «នេះ​ជា​វិន័យ​ស្តី​អំពី​យញ្ញ‌បូជា​លោះ​បាប គឺ​ជា​យញ្ញ‌បូជា​ដ៏‌វិសុទ្ធ*​បំផុត។  ចូរ​ចាក់​ក​សត្វ ដែល​ត្រូវ​ថ្វាយ​ជា​យញ្ញ‌បូជា​លោះ​បាប នៅ​កន្លែង​ដែល​គេ​ចាក់​ក​សត្វ សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល រួច​ប្រោះ​ឈាម​សត្វ​នោះ​ទៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ។  គេ​ថ្វាយ​ខ្លាញ់​ទាំង​អស់ កន្ទុយ និង​ខ្លាញ់​ដែល​ជាប់​ពោះ‌វៀន  ក្រលៀន​ទាំង​ពីរ និង​ខ្លាញ់​ដែល​ជាប់​ក្រលៀន​រហូត​ដល់​ចង្កេះ ព្រម​ទាំង​អ្វីៗ​ជាប់​នឹង​ថ្លើម ដែល​គេ​ផ្ដាច់​ចេញ​មក​ជា​មួយ​ក្រលៀន។  លោក​បូជា‌ចារ្យ​ដុត​ចំណែក​ទាំង​នោះ​លើ​អាសនៈ ជា​តង្វាយ​ដុត នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។ នេះ​ជា​យញ្ញ‌បូជា​លោះ​បាប។  ក្នុង​ក្រុម​គ្រួសារ​របស់​បូជា‌ចារ្យ មាន​តែ​ប្រុសៗ​ប៉ុណ្ណោះ​ដែល​មាន​សិទ្ធិ​បរិភោគ​សាច់​នេះ។ គេ​ត្រូវ​បរិភោគ​សាច់​នេះ​នៅ​កន្លែង​ដ៏​សក្ការៈ ព្រោះ​ជា​តង្វាយ​ដ៏‌វិសុទ្ធ​បំផុត។  វិន័យ​ទាំង​ប៉ុន្មាន​ស្តី​អំពី​យញ្ញ‌បូជា​លោះ​បាប ក៏​ដូច​វិន័យ​ស្តី​អំពី​យញ្ញ‌បូជា​រំដោះ​បាប​ដែរ។ សាច់​របស់​សត្វ​ត្រូវ​បាន​ជា​ចំណែក​របស់​បូជា‌ចារ្យ ដែល​ធ្វើ​ពិធី​រំដោះ​បាប»។
ចំណែក​នៃ​តង្វាយ​ដែល​ត្រូវ​បាន​ទៅ​បូជា‌ចារ្យ
 «ប្រសិន​បើ​បូជា‌ចារ្យ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​របស់​នរណា​ម្នាក់ ស្បែក​សត្វ​ដែល​គេ​ថ្វាយ​នោះ ត្រូវ​បាន​ជា​ចំណែក​របស់​បូជា‌ចារ្យ។
តង្វាយ​ម្សៅ​ទាំង​អស់ ទោះ‌បី​នំ​ដែល​ដុត​ក្នុង​ឡ ឬ​ដុត​ក្នុង​ពុម្ព ឬ​នំ​ចៀន ត្រូវ​បាន​ជា​ចំណែក​របស់​បូជា‌ចារ្យ​ដែល​ធ្វើ​ពិធី​នោះ។ ១០ រីឯ​តង្វាយ​ម្សៅ​ទាំង​ប៉ុន្មាន ដែល​លាយ​ជា​មួយ​ប្រេង ឬ​មិន​ទាន់​លាយ​ក្តី ត្រូវ​បាន​ជា​ចំណែក​ស្មើៗ​គ្នា សម្រាប់​កូន​ទាំង​អស់​របស់​អរ៉ុន»។
ការ​ថ្វាយ​យញ្ញ‌បូជា​មេត្រី‌ភាព
១១ «នេះ​ជា​វិន័យ​ស្តី​អំពី​យញ្ញ‌បូជា​មេត្រី‌ភាព ដែល​គេ​ថ្វាយ​ព្រះ‌អម្ចាស់១២ ប្រសិន​បើ​នរណា​ម្នាក់​ថ្វាយ​តង្វាយ សម្រាប់​សម្ដែង​ការ​អរ‌ព្រះ‌គុណ​ ត្រូវ​យក​នំ​ធ្វើ​ពី​ម្សៅ​ឥត​មេ លាយ​ជា​មួយ​ប្រេង នំ​ក្រៀប លាយ​ជា​មួយ​ប្រេង និង​ធ្វើ​ពី​ម្សៅ​ម៉ដ្ត​លាយ​ជា​មួយ​ប្រេង មក​ថ្វាយ​ជា​មួយ​យញ្ញ‌បូជា​សម្រាប់​អរ‌ព្រះ‌គុណ។ ១៣ គេ​ត្រូវ​យក​នំបុ័ង​ដែល​មាន​មេ​មក​ថ្វាយ រួម​ជា​មួយ​យញ្ញ‌បូជា​មេត្រី‌ភាព​សម្រាប់​អរ‌ព្រះ‌គុណ​ដែរ។ ១៤ ត្រូវ​រំលែក​នំ​ដែល​គេ​យក​មក​ថ្វាយ ក្នុង​ប្រភេទ​នីមួយៗ​យក​នំ​មួយ ទុក​សម្រាប់​ព្រះ‌អម្ចាស់ គឺ​ជា​ចំណែក​របស់​បូជា‌ចារ្យ ដែល​ធ្វើ​ពិធី​ប្រោះ​ឈាម​សត្វ ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព។ ១៥ រីឯ​សាច់​សត្វ​ដែល​គេ​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព សម្រាប់​អរ‌ព្រះ‌គុណ ត្រូវ​តែ​បរិភោគ​ឲ្យ​អស់​នៅ​ថ្ងៃ​នោះ គឺ​មិន​ត្រូវ​ទុក​ឲ្យ​នៅ​សល់​រហូត​ដល់​ស្អែក​ឡើយ។
១៦ ប្រសិន​បើ​យញ្ញ‌បូជា​ដែល​គេ​យក​មក​ថ្វាយ​ជា​តង្វាយ​លា​បំណន់ ឬ​ជា​តង្វាយ​ស្ម័គ្រ​ចិត្ត ត្រូវ​បរិភោគ​សាច់​ដែល​ថ្វាយ​ជា​យញ្ញ‌បូជា នៅ​ថ្ងៃ​នោះ ហើយ​សាច់​នៅ​សល់​ក៏​អាច​បរិភោគ​រហូត​ដល់​ថ្ងៃ​ស្អែក​ដែរ។ ១៧ ប៉ុន្តែ បើ​មាន​សាច់​នៃ​យញ្ញ‌បូជា​នេះ​នៅ​សល់​រហូត​ដល់​ថ្ងៃ​ទី​បី គេ​ត្រូវ​តែ​ដុត​វា។ ១៨ នៅ​ថ្ងៃ​ទី​បី ប្រសិន​បើ​នរណា​ម្នាក់​បរិភោគ​សាច់​ដែល​ខ្លួន​បាន​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព អ្នក​នោះ​នឹង​នាំ​ឲ្យ​ខ្លួន​មាន​ទោស។ ព្រះ‌អម្ចាស់​មិន​ព្រម​ទទួល​យញ្ញ‌បូជា​របស់​គេ​ទេ ព្រោះ​ជា​យញ្ញ‌បូជា​ឥត​បាន​ការ ហើយ​ជា​សាច់​សៅ‌ហ្មង។
១៩ ប្រសិន​បើ​សាច់​នោះ​ទៅ​ប៉ះ​នឹង​វត្ថុ​មិន​បរិសុទ្ធ មិន​ត្រូវ​បរិភោគ​វា​ឡើយ គឺ​ត្រូវ​តែ​ដុត​ចោល។ មាន​តែ​អ្នក​បរិសុទ្ធ​ប៉ុណ្ណោះ ទើប​អាច​បរិភោគ​សាច់​នៃ​យញ្ញ‌បូជា​បាន។ ២០ ប្រសិន​បើ​នរណា​ម្នាក់​មិន​បរិសុទ្ធ ហើយ​បរិភោគ​សាច់​នៃ​យញ្ញ‌បូជា​មេត្រី‌ភាព​ដែល​គេ​ថ្វាយ​ព្រះ‌អម្ចាស់ ត្រូវ​តែ​បណ្តេញ​អ្នក​នោះ​ចេញ​ពី​កុល‌សម្ព័ន្ធ​របស់​ខ្លួន។ ២១ រីឯ​អ្នក​ដែល​ប៉ះ‌ពាល់​វត្ថុ​មិន​បរិសុទ្ធ មនុស្ស​មិន​បរិសុទ្ធ ឬ​សត្វ​មិន​បរិសុទ្ធ ឬ​អ្វីៗ​មិន​បរិសុទ្ធ គួរ​ស្អប់​ខ្ពើម រួច​បរិភោគ​សាច់​របស់​យញ្ញ‌បូជា​មេត្រី‌ភាព ដែល​គេ​ថ្វាយ​ព្រះ‌អម្ចាស់ ក៏​ត្រូវ​តែ​បណ្តេញ​ចេញ​ពី​កុល‌សម្ព័ន្ធ​របស់​ខ្លួន​ដែរ»។
បញ្ញត្តិ​សម្រាប់​ប្រជាជន
២២ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ ២៣ «ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: “អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​ខ្លាញ់​គោ ខ្លាញ់​ចៀម ឬ​ខ្លាញ់​ពពែ​ជា​ដាច់​ខាត។ ២៤ រីឯ​ខ្លាញ់​របស់​សត្វ​ដែល​ងាប់​ដោយ​ជំងឺ ឬ​ដោយ​សត្វ​ព្រៃ​ហែក​សម្លាប់ នោះ​អ្នក​រាល់​គ្នា​អាច​យក​ទៅ​ធ្វើ​អ្វី​ក៏​បាន តែ​មិន​ត្រូវ​បរិភោគ​ឡើយ។ ២៥ ប្រសិន​បើ​នរណា​បរិភោគ​ខ្លាញ់​សត្វ ដែល​គេ​បាន​ថ្វាយ​ជា​យញ្ញ‌បូជា​ចំពោះ​ព្រះ‌អម្ចាស់ ត្រូវ​បណ្តេញ​អ្នក​នោះ​ចេញ​ពី​កុល‌សម្ព័ន្ធ​របស់​ខ្លួន។ ២៦ ទោះ‌បី​អ្នក​រាល់​គ្នា​ទៅ​រស់​នៅ​ទី​ណា​ក្តី មិន​ត្រូវ​បរិភោគ​ឈាម​របស់​សត្វ​ចតុប្បាទ ឬ​សត្វ​ស្លាប​ឡើយ។ ២៧ អ្នក​ណា​បរិភោគ​ឈាម អ្នក​នោះ​នឹង​ត្រូវ​បណ្តេញ​ចេញ​ពី​កុល‌សម្ព័ន្ធ​របស់​ខ្លួន”» ។
២៨ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ ២៩ «ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: ប្រសិន​បើ​នរណា​ម្នាក់​ថ្វាយ​យញ្ញ‌បូជា​មេត្រី‌ភាព គេ​ត្រូវ​យក​ចំណែក​របស់​ព្រះ‌អម្ចាស់​ថ្វាយ​ព្រះ‌អង្គ។ ៣០ គេ​ត្រូវ​យក​តង្វាយ​ដុត​ដែល​ជា​ចំណែក​របស់​ព្រះ‌អម្ចាស់ មក​ថ្វាយ​ព្រះ‌អង្គ ដោយ​ផ្ទាល់​ដៃ គឺ​មាន​ខ្លាញ់ និង​សាច់​ទ្រូង ដែល​ត្រូវ​លើក​ថ្វាយ​ព្រះ‌អង្គ។ ៣១ បូជា‌ចារ្យ​ដុត​ខ្លាញ់​នៅ​លើ​អាសនៈ រីឯ​សាច់​ទ្រូង​ត្រូវ​បាន​ទៅ​លោក​អរ៉ុន និង​កូនៗ​របស់​គាត់។ ៣២ ត្រូវ​រំលែក​ភ្លៅ​ស្តាំ​របស់​សត្វ​ដែល​អ្នក​រាល់​គ្នា​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព​នោះ ជូន​ទៅ​បូជា‌ចារ្យ​ផង​ដែរ។ ៣៣ ភ្លៅ​ស្តាំ​នេះ​ត្រូវ​បាន​ជា​ចំណែក​របស់​បូជា‌ចារ្យ​ណា​ដែល​ថ្វាយ​ខ្លាញ់ និង​ឈាម​នៅ​លើ​អាសនៈ។ ៣៤ យើង​នឹង​យក​សាច់​ទ្រូង​ដែល​គេ​លើក​ថ្វាយ និង​ភ្លៅ​ដែល​គេ​រំលែក​ពី​យញ្ញ‌បូជា​មេត្រី‌ភាព​របស់​ជន​ជាតិ​អ៊ីស្រា‌អែល ប្រគល់​ឲ្យ​បូជា‌ចារ្យ​អរ៉ុន និង​កូន​ចៅ​របស់​គាត់។ ជន​ជាតិ​អ៊ីស្រា‌អែល​ត្រូវ​ប្រគល់​ចំណែក​ទាំង​នេះ​ជូន​បូជា‌ចារ្យ​រហូត​ត​រៀង​ទៅ។ ៣៥ នេះ​ជា​ចំណែក​នៃ​យញ្ញ‌បូជា​ដែល​ត្រូវ​បាន​ទៅ​លោក​អរ៉ុន និង​កូន​ចៅ​របស់​គាត់ ចាប់​ពី​ថ្ងៃ​ដែល​ពួក​គេ​បាន​ទទួល​ការ​តែង‌តាំង​ជា​បូជា‌ចារ្យ​បម្រើ​ព្រះ‌អម្ចាស់៣៦ ព្រះ‌អម្ចាស់​បង្គាប់​ជន​ជាតិ​អ៊ីស្រា‌អែល ឲ្យ​ប្រគល់​ចំណែក​ទាំង​នេះ​ដល់​ពួក​គេ ចាប់​តាំង​ពី​ថ្ងៃ​ដែល​ពួក​គេ​បាន​ទទួល​ការ​ចាក់​ប្រេង​តែង‌តាំង​ជា​បូជា‌ចារ្យ។ នេះ​ជា​ច្បាប់​ដែល​ត្រូវ​តែ​អនុវត្ត​តាម​គ្រប់​ជំនាន់​ត​រៀង​ទៅ ឥត​ប្រែ‌ប្រួល​ឡើយ»។
៣៧នេះ​ជា​វិន័យ​ទាំង​ប៉ុន្មាន​ស្តី​អំពី​តង្វាយ​ដុត​ទាំង​មូល តង្វាយ​ម្សៅ យញ្ញ‌បូជា​រំដោះ​បាប យញ្ញ‌បូជា​លោះ​បាប យញ្ញ‌បូជា​សម្រាប់​តែង‌តាំង​បូជា‌ចារ្យ និង​យញ្ញ‌បូជា​មេត្រី‌ភាព។ ៣៨ ព្រះ‌អម្ចាស់​ប្រគល់​វិន័យ​ទាំង​នេះ​មក​លោក​ម៉ូសេ នៅ​ភ្នំ​ស៊ីណៃ នា​ថ្ងៃ​ដែល​ព្រះ‌អង្គ​បង្គាប់​ឲ្យ​ជន​ជាតិ​អ៊ីស្រា‌អែល​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌អង្គ នៅ​វាល​រហោ​ស្ថាន​ស៊ីណៃ។

ការ​តែង‌តាំង​ក្រុម​បូជា‌ចារ្យ​ដំបូង​បង្អស់

ពិធី​តែង‌តាំង​បូជា‌ចារ្យ
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖  «ចូរ​នាំ​អរ៉ុន និង​កូន​ប្រុស​របស់​គាត់​ទាំង​អស់ ដោយ​យក​សម្លៀក‌បំពាក់​បូជា‌ចារ្យ ប្រេង​សម្រាប់​ធ្វើ​ពិធី​តែង‌តាំង ព្រម​ទាំង​គោ​បា​សម្រាប់​យញ្ញ‌បូជា​រំដោះ​បាប ចៀម​ឈ្មោល​ពីរ និង​ល្អី​ដែល​ដាក់​នំបុ័ង​ឥត​មេ  រួច​ប្រមូល​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​ឲ្យ​មក​ជួប‌ជុំ​គ្នា នៅ​ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់»។  លោក​ម៉ូសេ​ធ្វើ​តាម​បង្គាប់​របស់​ព្រះ‌អម្ចាស់ គឺ​លោក​ប្រមូល​ជន​ជាតិ​អ៊ីស្រា‌អែល ឲ្យ​មក​ជួប‌ជុំ​គ្នា​នៅ​ត្រង់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។
 លោក​ប្រកាស​ប្រាប់​សហគមន៍​ថា៖ «នេះ​ជា​ការ​ដែល​ព្រះ‌អម្ចាស់​បង្គាប់​ឲ្យ​ធ្វើ»។  លោក​នាំ​លោក​អរ៉ុន និង​កូនៗ​មក ហើយ​យក​ទឹក​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​ពួក​គេ។  លោក​ពាក់​អាវ​វែង​ជូន​លោក​អរ៉ុន យក​ខ្សែ​ក្រវាត់​មក​ក្រវាត់​ចង្កេះ ពាក់​អាវ​ធំ ហើយ​ពាក់​អាវ​អេផូដ*​ពី​លើ ព្រម​ទាំង​ចង​ខ្សែ​អេផូដ​ផង។  លោក​យក​ប្រដាប់​ពាក់​លើ​ទ្រូង​មក​បំពាក់​ជូន​លោក​អរ៉ុន ដែល​នៅ​ក្នុង​នោះ​មាន​ដាក់​អ៊ូរីម និង​ទូមីម*។  លោក​ពាក់​ឆ្នួត​ក្បាល ដែល​មាន​ខ្ទាស់​គ្រឿង​អលង្ការ​នៅ​ផ្នែក​ខាង​មុខ​ឆ្នួត​នោះ​ជូន​លោក​អរ៉ុន ស្រប​តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់ ។
១០ លោក​ម៉ូសេ​យក​ប្រេង​សម្រាប់​ធ្វើ​ពិធី​តែង‌តាំង​មក ហើយ​ប្រើ​ប្រេង​នោះ​ញែក​ព្រះ‌ពន្លា និង​វត្ថុ​ទាំង​អស់​នៅ​ក្នុង​ព្រះ‌ពន្លា ទុក​ជា​សក្ការៈ។ ១១ លោក​ប្រោះ​ប្រេង​ប្រាំ​ពីរ​ដង​ទៅ​លើ​អាសនៈ ដើម្បី​ញែក​អាសនៈ គ្រឿង​បរិក្ខារ​របស់​អាសនៈ ព្រម​ទាំង​អាង​សម្រាប់​ធ្វើ​ពិធី​ជម្រះ​កាយ និង​កំណល់​របស់​អាង​នោះ ទុក​ជា​សក្ការៈ។ ១២ លោក​ចាក់​ប្រេង​លើ​ក្បាល​លោក​អរ៉ុន ដើម្បី​ញែក​លោក​ឲ្យ​វិសុទ្ធ*។ ១៣ លោក​ម៉ូសេ​បាន​នាំ​កូនៗ​របស់​លោក​អរ៉ុន​ចូល​មក ហើយ​លោក​បំពាក់​អាវ​វែង​ឲ្យ​ពួក​គេ រួច​ក្រវាត់​ខ្សែ​ក្រវាត់ និង​ពាក់​ឆ្នួត​ក្បាល​ឲ្យ​ពួក​គេ ស្រប​តាម​បញ្ជា​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។
១៤ លោក​ម៉ូសេ​នាំ​គោ​បា​សម្រាប់​ធ្វើ​យញ្ញ‌បូជា​រំដោះ​បាប​ចូល​មក ហើយ​លោក​អរ៉ុន និង​កូនៗ​ដាក់​ដៃ​លើ​ក្បាល​គោ​បា​នោះ។ ១៥ លោក​ម៉ូសេ​ចាក់​ក​គោ​យក​ឈាម រួច​ជ្រលក់​ម្រាម​ដៃ​ទៅ​ក្នុង​ឈាម លាប​លើ​ស្នែង​នៅ​តាម​មុម​ទាំង​បួន​របស់​អាសនៈ ដើម្បី​ជម្រះ​អាសនៈ​ឲ្យ​បរិសុទ្ធ។ លោក​យក​ឈាម​ចាក់​នៅ​ត្រង់​ជើង​អាសនៈ និង​ធ្វើ​ពិធី​រំដោះ​បាប ដើម្បី​ញែក​អាសនៈ​ជា​សក្ការៈ ។ ១៦ លោក​យក​ខ្លាញ់​ទាំង​អស់​ដែល​ជាប់​នឹង​ពោះ‌វៀន ថ្លើម ក្រលៀន​ទាំង​ពីរ ព្រម​ទាំង​ខ្លាញ់​ដែល​ជាប់​នឹង​ក្រលៀន មក​ដុត​នៅ​លើ​អាសនៈ។ ១៧ រីឯ​ស្បែក​គោ សាច់ និង​លាមក លោក​យក​ទៅ​ដុត​នៅ​ខាង​ក្រៅ​ជំរំ ស្រប​តាម​បញ្ជា​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។
១៨ លោក​នាំ​ចៀម​ឈ្មោល​សម្រាប់​ធ្វើ​តង្វាយ​ដុត​ទាំង​មូល​ចូល​មក ហើយ​លោក​អរ៉ុន និង​កូនៗ​ដាក់​ដៃ​លើ​ក្បាល​ចៀម​នោះ។ ១៩ លោក​ម៉ូសេ​ចាក់​ក​ចៀម រួច​ប្រោះ​ឈាម​សត្វ​នោះ​ទៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ។ ២០ លោក​ម៉ូសេ​កាប់​ចៀម​ជា​ដុំៗ រួច​ដុត​ទាំង​ក្បាល ទាំង​ដុំ​សាច់ ទាំង​ខ្លាញ់​ផង។ ២១ លោក​យក​ទឹក​លាង​ពោះ‌វៀន និង​លាង​ជើង​របស់​វា ហើយ​ដុត​ទាំង​អស់​នៅ​លើ​អាសនៈ។ នេះ​ជា​តង្វាយ​ដុត​ទាំង​មូល ជា​យញ្ញ‌បូជា​ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់ ស្រប​តាម​បញ្ជា​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។
២២ លោក​នាំ​ចៀម​ឈ្មោល​ទី​ពីរ​ចូល​មក គឺ​ចៀម​សម្រាប់​ធ្វើ​ពិធី​តែង‌តាំង​បូជា‌ចារ្យ។ លោក​អរ៉ុន និង​កូនៗ​ដាក់​ដៃ​លើ​ក្បាល​ចៀម​នោះ។ ២៣ លោក​ម៉ូសេ​ចាក់​ក​ចៀម រួច​យក​ឈាម​លាប​លើ​ស្លឹក​ត្រចៀក​ស្តាំ មេ​ដៃ​ស្តាំ និង​មេ​ជើង​ស្តាំ​របស់​លោក​អរ៉ុន។ ២៤ បន្ទាប់​មក លោក​ក៏​នាំ​កូនៗ​លោក​អរ៉ុន​ចូល​មក ហើយ​យក​ឈាម​លាប​លើ​ស្លឹក​ត្រចៀក​ស្តាំ មេ​ដៃ​ស្តាំ និង​មេ​ជើង​ស្តាំ​របស់​ពួក​គេ។ លោក​ប្រោះ​ឈាម​ដែល​នៅ​សល់​ទៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ។ ២៥ លោក​យក​ខ្លាញ់ កន្ទុយ ខ្លាញ់​ទាំង​អស់​ដែល​ជាប់​នឹង​ពោះ‌វៀន អ្វីៗ​ដែល​ជាប់​នឹង​ថ្លើម ក្រលៀន​ទាំង​ពីរ ខ្លាញ់​ដែល​ជាប់​នឹង​ក្រលៀន និង​ភ្លៅ​ស្តាំ ២៦ រួច​យក​នំបុ័ង​ឥត​មេ​នៅ​ក្នុង​ល្អី​ដែល​តម្កល់​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ នំ​ធ្វើ​ពី​ម្សៅ​លាយ​ជា​មួយ​ប្រេង និង​នំ​ក្រៀប ទៅ​ដាក់​នៅ​លើ​ខ្លាញ់ និង​ភ្លៅ​ស្តាំ។ ២៧ លោក​ម៉ូសេ​យក​តង្វាយ​ទាំង​អស់​នោះ​ដាក់​លើ​ដៃ​លោក​អរ៉ុន និង​កូនៗ រួច​បង្គាប់​ឲ្យ​ពួក​គេ​លើក​តង្វាយ​នោះ ថ្វាយ​ព្រះ‌អម្ចាស់២៨ បន្ទាប់​មក លោក​ទទួល​តង្វាយ​ពី​ដៃ​របស់​ពួក​គេ យក​ទៅ​ដុត​លើ​អាសនៈ ពី​លើ​តង្វាយ​ដុត​ទាំង​មូល។ នេះ​ជា​យញ្ញ‌បូជា​សម្រាប់​តែង‌តាំង​បូជា‌ចារ្យ ជា​យញ្ញ‌បូជា​ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់
២៩ លោក​ម៉ូសេ​យក​សាច់​ទ្រូង​របស់​ចៀម ដែល​ជា​យញ្ញ‌បូជា​សម្រាប់​តែង‌តាំង​បូជា‌ចារ្យ លើក​ថ្វាយ​ព្រះ‌អម្ចាស់។ សាច់​នេះ​ត្រូវ​បាន​ជា​ចំណែក​របស់​លោក ស្រប​តាម​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។
៣០ លោក​ម៉ូសេ​យក​ប្រេង​សម្រាប់​ធ្វើ​ពិធី​តែង‌តាំង និង​ឈាម​ខ្លះ​នៅ​លើ​អាសនៈ ប្រោះ​លើ​លោក​អរ៉ុន ព្រម​ទាំង​សម្លៀក‌បំពាក់​របស់​លោក ហើយ​ប្រោះ​លើ​កូនៗ​របស់​លោក​អរ៉ុន ព្រម​ទាំង​សម្លៀក‌បំពាក់​របស់​ពួក​គេ។ ធ្វើ​របៀប​នេះ លោក​ញែក​លោក​អរ៉ុន និង​កូន​ប្រុស​របស់​លោក រួម​ទាំង​សម្លៀក‌បំពាក់​របស់​ពួក​គេ ឲ្យ​ទៅ​ជា​វិសុទ្ធ។
៣១ លោក​ម៉ូសេ​ពោល​ទៅ​កាន់​លោក​អរ៉ុន និង​កូនៗ​របស់​គាត់​ថា៖ «ចូរ​ចម្អិន​សាច់​នៅ​ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់ អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​នៅ​កន្លែង​នោះ ជា​មួយ​នំបុ័ង​នៅ​ក្នុង​ល្អី ដែល​ប្រើ​សម្រាប់​ពិធី​តែង‌តាំង​ជា​បូជា‌ចារ្យ ដូច​ខ្ញុំ​បាន​បង្គាប់​ឲ្យ​អ្នក​រាល់​គ្នា​បរិភោគ។ ៣២ សាច់ និង​នំបុ័ងដែល​នៅ​សល់ ត្រូវ​ដុត​ចោល។ ៣៣ អ្នក​រាល់​គ្នា​ត្រូវ​នៅ​ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់ អស់‌រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ មិន​ត្រូវ​ចាក‌ចេញ​ពី​ទី​នេះ​មុន​ថ្ងៃ​ទី​ប្រាំ​ពីរ ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​តែង‌តាំង​អ្នក​រាល់​គ្នា​ឡើយ។ ៣៤ ព្រះ‌អម្ចាស់​ផ្ទាល់​បញ្ជា​ឲ្យ​ធ្វើ​ពិធី​ដូច​យើង​បាន​ធ្វើ​នៅ​ថ្ងៃ​នេះ ដើម្បី​រំដោះ​អ្នក​រាល់​គ្នា​ពី​អំពើ​បាប។ ៣៥ អ្នក​រាល់​គ្នា​ត្រូវ​នៅ​ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់ ទាំង​យប់ ទាំង​ថ្ងៃ ក្នុង‌រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ។ ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា​នៅ​បម្រើ​ព្រះ‌អម្ចាស់ ដោយ​មិន​ត្រូវ​ស្លាប់​ឡើយ។ នេះ​ជា​បញ្ជា​ដែល​ខ្ញុំ​បាន​ទទួល​ពី​ព្រះ‌ជាម្ចាស់»។
៣៦ លោក​អរ៉ុន និង​កូន​ប្រុស​របស់​លោក ធ្វើ​តាម​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​តាម‌រយៈ​លោក​ម៉ូសេ។
លោក​អរ៉ុន និង​កូនៗ​ថ្វាយ​យញ្ញ‌បូជា​លើក​ដំបូង
 នៅ​ថ្ងៃ​ទី​ប្រាំ‌បី លោក​ម៉ូសេ​កោះ​ហៅ​លោក​អរ៉ុន កូន​ប្រុស​របស់​លោក និង​អស់​លោក​ព្រឹទ្ធា‌ចារ្យ​អ៊ីស្រា‌អែល​ឲ្យ​មក។  លោក​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អរ៉ុន​ថា៖ «ចូរ​យក​កូន​គោ​ឈ្មោល​មួយ​ល្អ​ឥត​ខ្ចោះ សម្រាប់​ធ្វើ​យញ្ញ‌បូជា​រំដោះ​បាប និង​ចៀម​ឈ្មោល​មួយ​ល្អ​ឥត​ខ្ចោះ សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល ហើយ​នាំ​សត្វ​ទាំង​ពីរ​ទៅ​ថ្វាយ​ព្រះ‌អម្ចាស់។  បន្ទាប់​មក ត្រូវ​បង្គាប់​ជន​ជាតិ​អ៊ីស្រា‌អែល​ថា: “ចូរ​នាំ​យក​ពពែ​ឈ្មោល សម្រាប់​ធ្វើ​ជា​យញ្ញ‌បូជា​រំដោះ​បាប ព្រម​ទាំង​កូន​គោ និង​កូន​ចៀម​មួយ ដែល​មាន​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល  ហើយ​យក​គោ​ឈ្មោល​មួយ និង​ចៀម​ឈ្មោល​មួយ​ថ្វាយ​ព្រះ‌អម្ចាស់ ជា​យញ្ញ‌បូជា​មេត្រី‌ភាព រួម​ជា​មួយ​តង្វាយ​ម្សៅ​លាយ​នឹង​ប្រេង ដ្បិត​នៅ​ថ្ងៃ​នេះ ព្រះ‌អម្ចាស់​នឹង​បង្ហាញ​ព្រះ‌អង្គ​នៅ​ចំពោះ​មុខ​អ្នក​រាល់​គ្នា”»។
 ជន​ជាតិ​អ៊ីស្រា‌អែល​នាំ​យក​តង្វាយ​ទាំង​ប៉ុន្មាន​ដែល​លោក​ម៉ូសេ​បាន​បង្គាប់ មក​ដាក់​នៅ​ខាង​មុខ​ពន្លា​ជួប​ព្រះ‌អម្ចាស់។ សហគមន៍​ទាំង​មូល​នាំ​គ្នា​ចូល​មក​ឈរ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។  លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា៖ «អ្វីៗ​ដែល​ព្រះ‌អម្ចាស់​បង្គាប់ ចូរ​នាំ​គ្នា​ធ្វើ​តាម​ទៅ នោះ​ព្រះ‌អម្ចាស់​នឹង​សម្ដែង​សិរី‌រុង​រឿង​ឲ្យ​អ្នក​រាល់​គ្នា​ឃើញ»។  លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អរ៉ុន​ថា៖ «ចូរ​ទៅ​ជិត​អាសនៈ ធ្វើ​យញ្ញ‌បូជា​រំដោះ​បាប​របស់​បង និង​រំដោះ​បាប​របស់​ប្រជាជន ហើយ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ដើម្បី​សូម​ព្រះ‌អង្គ​លើក‌លែង​ទោស​បង និង​ប្រជាជន ឲ្យ​បាន​រួច​ពី​បាប​ដែរ។ ចូរ​ថ្វាយ​តង្វាយ​របស់​ប្រជាជន ហើយ​ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​ពួក​គេ ស្រប​តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់» ។
 លោក​អរ៉ុន​ក៏​ចូល​ទៅ​ជិត​អាសនៈ ហើយ​ចាក់​ក​កូន​គោ សម្រាប់​រំដោះ​បាប​របស់​លោក​ផ្ទាល់។  កូន​របស់​លោក​លើក​ឈាម​សត្វ​ជូន​លោក ហើយ​លោក​ក៏​ជ្រលក់​ម្រាម​ដៃ​ក្នុង​ឈាម រួច​លាប​លើ​ស្នែង​អាសនៈ។ បន្ទាប់​មក លោក​ចាក់​ឈាម​ដែល​នៅ​សល់​ត្រង់​ជើង​អាសនៈ។ ១០ លោក​ដុត​ខ្លាញ់ ក្រលៀន និង​អ្វីៗ​ដែល​ជាប់​នឹង​ថ្លើម​របស់​សត្វ សម្រាប់​ធ្វើ​យញ្ញ‌បូជា​រំដោះ​បាប​នោះ នៅ​លើ​អាសនៈ ដូច​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។ ១១ រីឯ​សាច់ និង​ស្បែក លោក​យក​ទៅ​ដុត​នៅ​ក្រៅ​ជំរំ។
១២ លោក​អរ៉ុន​ចាក់​ក​ចៀម​ឈ្មោល ដែល​ជា​តង្វាយ​ដុត​ទាំង​មូល។ កូន​របស់​លោក​យក​ឈាម​ជូន​លោក ហើយ​លោក​ក៏​ប្រោះ​ឈាម​នោះ​ទៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ។ ១៣ ពួក​គេ​យក​សាច់​ដែល​កាប់​ជា​ដុំៗ និង​ក្បាល មក​ជូន​លោក ហើយ​លោក​ដុត​វា​នៅ​លើ​អាសនៈ។ ១៤ លោក​លាង​ពោះ‌វៀន និង​លាង​ជើង​របស់​វា រួច​ដុត​ទាំង​អស់​នៅ​លើ​អាសនៈ ពី​លើ​តង្វាយ​ដុត​ទាំង​មូល។
១៥ បន្ទាប់​មក លោក​យក​តង្វាយ​របស់​ប្រជាជន​ថ្វាយ​ព្រះ‌អម្ចាស់ គឺ​លោក​យក​ពពែ​ឈ្មោល​ដែល​ប្រជាជន​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប​មក ហើយ​ចាក់​ក​វា ថ្វាយ​ដូច​យញ្ញ‌បូជា​រំដោះ​បាប​មុន​ដែរ។ ១៦ លោក​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល តាម​ក្បួន​ច្បាប់។ ១៧ លោក​ថ្វាយ​តង្វាយ​ម្សៅ ដោយ​យក​ម្សៅ​មួយ​ក្តាប់​ដុត​នៅ​លើ​អាសនៈ បន្ថែម​ពី​លើ​តង្វាយ​ដុត​ទាំង​មូល ដែល​គេ​ថ្វាយ​នៅ​ពេល​ព្រឹក។ ១៨ លោក​ចាក់​ក​គោ​បា និង​ចៀម​ឈ្មោល ដែល​ប្រជាជន​យក​មក​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព។ កូន​របស់​លោក​យក​ឈាម​ជូន​លោក ហើយ​លោក​ក៏​ប្រោះ​ឈាម​នោះ​ទៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ។ ១៩ ពួក​គេ​យក​ខ្លាញ់​របស់​គោ​បា និង​ចៀម​ឈ្មោល ព្រម​ទាំង​កន្ទុយ ខ្លាញ់​ដែល​ជាប់​នឹង​ពោះ‌វៀន ក្រលៀន និង​ថ្លើម ២០ ដាក់​នៅ​លើ​សាច់​ទ្រូង ហើយ​លោក​អរ៉ុន​ដុត​ខ្លាញ់​ទាំង​នោះ​នៅ​លើ​អាសនៈ។ ២១ បន្ទាប់​មក លោក​អរ៉ុន​លើក​សាច់​ទ្រូង និង​ភ្លៅ​ស្តាំ ថ្វាយ​ព្រះ‌អម្ចាស់ ដូច​លោក​ម៉ូសេ​បាន​បង្គាប់។ ២២ ក្រោយ​ពី​បាន​ថ្វាយ​យញ្ញ‌បូជា​រំដោះ​បាប តង្វាយ​ដុត​ទាំង​មូល និង​យញ្ញ‌បូជា​មេត្រី‌ភាព ចប់​សព្វ​គ្រប់​ហើយ លោក​អរ៉ុន​លើក​ដៃ​ជូន​ពរ​ប្រជាជន រួច​ចុះ​មក​វិញ។
២៣ លោក​ម៉ូសេ និង​លោក​អរ៉ុន នាំ​គ្នា​ចូល​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ រួច​ចេញ​មក​វិញ ជូន​ពរ​ប្រជាជន។ ពេល​នោះ សិរី‌រុង​រឿង​របស់​ព្រះ‌អម្ចាស់​លេច​មក​ឲ្យ​ប្រជាជន​ទាំង​មូល​ឃើញ ២៤ គឺ​មាន​ភ្លើង​ចេញ​ពី​ព្រះ‌អម្ចាស់​ឆេះ​តង្វាយ​ដុត​ទាំង​មូល និង​ដុំ​ខ្លាញ់ នៅ​លើ​អាសនៈ។ ពេល​ប្រជាជន​ទាំង​មូល​ឃើញ​ដូច្នេះ ពួក​គេ​បន្លឺ​សំឡេង​អបអរ‌សាទរ រួច​ក្រាប​ចុះ​ឱន​មុខ​ដល់​ដី។
១០
លោក​ណាដាប់ និង​លោក​អប៊ី‌ហ៊ូ​បាត់‌បង់​ជីវិត វិន័យ​ស្តី​អំពី​ការ​កាន់​ទុក្ខ​បូជា‌ចារ្យ
 កូន​ប្រុស​របស់​លោក​អរ៉ុន ឈ្មោះ​ណាដាប់ និង​អប៊ី‌ហ៊ូ បាន​កាន់​ភាជន៍​ម្នាក់​មួយ ដោយ​ដាក់​រងើក​ភ្លើង​ក្នុង​នោះ ព្រម​ទាំង​ដាក់​គ្រឿង​ក្រអូប​ពី​លើ​ទៀត​ផង។ ពួក​គេ​យក​ភ្លើង​ពី​ខាង​ក្រៅ​ចូល​ទៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ផ្ទុយ​ពី​បញ្ជា​របស់​ព្រះ‌អង្គ។  ពេល​នោះ មាន​ភ្លើង​ចេញ​ពី​ព្រះ‌អម្ចាស់ ឆេះ​ពួក​គេ​ស្លាប់ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ។
 លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អរ៉ុន​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ស្រាប់​ហើយ​ថា “យើង​ចង់​ឲ្យ​អស់​អ្នក​ដែល​ចូល​មក​ជិត​យើង គោរព​នូវ​ភាព​វិសុទ្ធ*​របស់​យើង ហើយ​ឲ្យ​ពួក​គេ​លើក​តម្កើង​សិរី‌រុង​រឿង​របស់​យើង នៅ​ចំពោះ​មុខ​ប្រជាជន​ទាំង​មូល”»។ លោក​អរ៉ុន​ក៏​នៅ​ស្ងៀម។
 លោក​ម៉ូសេ​ហៅ​លោក​មីកា‌អែល និង​លោក​អែលសា‌ផាន ជា​កូន​របស់​លោក​អ៊ូស៊ី‌អែល ដែល​ត្រូវ​ជា​ឪពុក​មា​លោក​អរ៉ុន​មក ហើយ​បង្គាប់​ពួក​គេ​ថា៖ «ចូរ​នាំ​គ្នា​មក​យក​សាក‌សព​បង‌ប្អូន​របស់​អ្នក​ពី​ទី​សក្ការៈ ចេញ​ទៅ​ក្រៅ​ជំរំ»។  ពួក​គេ​ធ្វើ​តាម​បង្គាប់​លោក​ម៉ូសេ ដោយ​រុំ​សាក‌សព​នឹង​អាវ​វែង ហើយ​សែង​ចេញ​ទៅ​ក្រៅ​ជំរំ។
 បន្ទាប់​មក លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អរ៉ុន ព្រម​ទាំង​លោក​អេឡាសារ និង​លោក​អ៊ីតាម៉ា ជា​កូន​របស់​លោក​អរ៉ុន​ថា៖ «មិន​ត្រូវ​កោរ​សក់ ឬ​ហែក​សម្លៀក‌បំពាក់ ដើម្បី​កាន់​ទុក្ខ​ឡើយ ក្រែង​លោ​អ្នក​រាល់​គ្នា​ត្រូវ​ស្លាប់ ដោយ​ព្រះ‌អម្ចាស់​ព្រះ‌អង្គ​ព្រះ‌ពិរោធ​ជា​មួយ​សហគមន៍​ទាំង​មូល។ ចូរ​ទុក​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ ជា​បង‌ប្អូន​របស់​អ្នក​រាល់​គ្នា កាន់​ទុក្ខ​អ្នក​ដែល​ស្លាប់ ដោយ‌សារ​ភ្លើង​របស់​ព្រះ‌អម្ចាស់​ចុះ។  រីឯ​អ្នក​រាល់​គ្នា​វិញ មិន​ត្រូវ​ចាក‌ចេញ​ពី​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់​ឡើយ ក្រែង​លោ​អ្នក​រាល់​គ្នា​ត្រូវ​ស្លាប់ ដ្បិត​អ្នក​រាល់​គ្នា​បាន​ទទួល​ការ​ចាក់​ប្រេង​តែង‌តាំង​ឲ្យ​នៅ​បម្រើ​ព្រះ‌អម្ចាស់»។ លោក​អរ៉ុន និង​កូន​របស់​លោក ក៏​ធ្វើ​តាម​បង្គាប់​លោក​ម៉ូសេ។
ច្បាប់​សម្រាប់​បូជា‌ចារ្យ
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អរ៉ុន​ថា៖  «មុន​ពេល​ចូល​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ អ្នក និង​កូន​របស់​អ្នក មិន​ត្រូវ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ឬ​គ្រឿង​ស្រវឹង​ណា​ឡើយ ក្រែង​លោ​អ្នក​រាល់​គ្នា​ត្រូវ​ស្លាប់។ នេះ​ជា​វិន័យ​សម្រាប់​អ្នក​រាល់​គ្នា​គ្រប់​ដំណ​ត​រៀង​ទៅ ឥត​ប្រែ‌ប្រួល​ឡើយ។ ១០ ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា​ចេះ​បែង​ចែក​អ្វី​ដែល​សក្ការៈ និង​អ្វី​ដែល​មិន​សក្ការៈ អ្វី​ដែល​មិន​បរិសុទ្ធ និង​អ្វី​ដែល​បរិសុទ្ធ ១១ ហើយ​អ្នក​រាល់​គ្នា​អាច​បង្រៀន​ជន​ជាតិ​អ៊ីស្រា‌អែល​នូវ​វិន័យ​ទាំង​ប៉ុន្មាន ដែល​យើង​ប្រគល់​ឲ្យ​ពួក​គេ តាម‌រយៈ​ម៉ូសេ»។
១២ លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អរ៉ុន ព្រម​ទាំង​កូន​របស់​លោក ឈ្មោះ​អេឡាសារ និង​អ៊ីតាម៉ា ដែល​នៅ​រស់​ថា៖ «ក្រោយ​ពី​ថ្វាយ​តង្វាយ​ម្សៅ ដែល​ដុត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់​រួច​ហើយ ចូរ​យក​ម្សៅ​ដែល​នៅ​សល់​ទៅ​ធ្វើ​ជា​នំបុ័ង​ឥត​មេ ហើយ​បរិភោគ​នំបុ័ង​នេះ​នៅ​ជិត​អាសនៈ ដ្បិត​នំបុ័ង​នេះ​ជា​អាហារ​ដ៏‌វិសុទ្ធ​បំផុត។ ១៣ អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​នំបុ័ង​នេះ​ក្នុង​កន្លែង​សក្ការៈ ព្រោះ​ជា​ចំណែក​របស់​បង និង​កូន​របស់​បង បាន​មក​ពី​តង្វាយ​ដែល​គេ​ដុត​ថ្វាយ​ព្រះ‌អម្ចាស់ តាម​បញ្ជា​ដែល​ខ្ញុំ​ទទួល​ពី​ព្រះ‌អង្គ។ ១៤ រីឯ​សាច់​ទ្រូង និង​ភ្លៅ​របស់​សត្វ ដែល​គេ​លើក​ថ្វាយ​ព្រះ‌អម្ចាស់ គឺ​យញ្ញ‌បូជា​មេត្រី‌ភាព​របស់​ជន​ជាតិ​អ៊ីស្រា‌អែល នោះ​ត្រូវ​តែ​បរិភោគ​នៅ​ក្នុង​កន្លែង​បរិសុទ្ធ​ជា​មួយ​កូន​ប្រុស​កូន​ស្រី​របស់​បង ព្រោះ​ជា​ចំណែក​សម្រាប់​បង និង​កូន​របស់​បង។ ១៥ ពេល​ជន​ជាតិ​អ៊ីស្រា‌អែល​យក​ខ្លាញ់​មក​ដុត​ថ្វាយ​ព្រះ‌អម្ចាស់ ពួក​គេ​ត្រូវ​យក​សាច់​ភ្លៅ និង​សាច់​ទ្រូង លើក​ថ្វាយ​ព្រះ‌អម្ចាស់ រួច​ប្រគល់​ឲ្យ​បង និង​កូនៗ​របស់​បង ទុក​ជា​ចំណែក​ដែល​បង​ត្រូវ​ទទួល​រហូត​ត​រៀង​ទៅ ដូច​ព្រះ‌អម្ចាស់​បាន​បង្គាប់»។
១៦ លោក​ម៉ូសេ​សួរ​រក​ពពែ​ឈ្មោល ដែល​ជា​តង្វាយ​រំដោះ​បាប រួច​លោក​ជ្រាប​ថា​គេ​បាន​ដុត​វា​ផុត​ទៅ​ហើយ។ លោក​ក៏​ខឹង​នឹង​លោក​អេឡាសារ ព្រម​ទាំង​លោក​អ៊ីតាម៉ា ជា​កូន​របស់​លោក​អរ៉ុន​ដែល​នៅ​រស់។ លោក​សួរ​ពួក​គេ​ថា៖ ១៧ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​បរិភោគ​សាច់​ដែល​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប នៅ​ក្នុង​កន្លែង​សក្ការៈ? ដ្បិត​សាច់​នេះ​ជា​អាហារ​ដ៏‌វិសុទ្ធ​បំផុត ដែល​ព្រះ‌អម្ចាស់​ប្រទាន​មក​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដក​បាប​ចេញ​ពី​សហគមន៍ និង​ធ្វើ​ពិធី​រំដោះ​បាប​ពួក​គេ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់១៨ ដោយ​អ្នក​រាល់​គ្នា​មិន​បាន​យក​ឈាម​របស់​សត្វ ចូល​មក​ក្នុង​កន្លែង​សក្ការៈ​ទេ អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​សាច់​នៅ​ក្នុង​កន្លែង​ដ៏​សក្ការៈ ដូច​ខ្ញុំ​បាន​បង្គាប់»។ ១៩ លោក​អរ៉ុន​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ម៉ូសេ​ថា៖ «សូម​ស្ដាប់​បង​សិន ថ្ងៃ​នេះ ជន​ជាតិ​អ៊ីស្រា‌អែល​បាន​នាំ​យក​យញ្ញ‌បូជា ដើម្បី​រំដោះ​បាប និង​យក​តង្វាយ​ទាំង​មូល មក​ថ្វាយ​ព្រះ‌អម្ចាស់ ប្អូន​ជ្រាប​អំពី​រឿង​ដែល​កើត​មាន​ដល់​បង​ស្រាប់​ហើយ ថ្ងៃ​នេះ ប្រសិន​បើ​បង​ទទួល​ទាន​សាច់​ដែល​គេ​យក​មក​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប តើ​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫ‌ទ័យ​ដែរ​ឬ?»។ ២០ លោក​ម៉ូសេ​យល់​ស្រប​នឹង​ពាក្យ​នេះ។
១១

វិន័យ​ស្តី​អំពី​ភាព​បរិសុទ្ធ និង​ភាព​មិន​បរិសុទ្ធ

វិន័យ​ស្តី​អំពី​សត្វ​បរិសុទ្ធ និង​សត្វ​មិន​បរិសុទ្ធ
ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អរ៉ុន​ថា៖  «ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: ក្នុង​ចំណោម​សត្វ​ដែល​រស់​នៅ​លើ​ផែន‌ដី សត្វ​ដែល​អ្នក​រាល់​គ្នា​អាច​បរិភោគ​បាន  គឺ​សត្វ​ដែល​មាន​ក្រចក​ឆែក ហើយ​ទំពា‌អៀង​ផង។  ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​សត្វ​ណា ដែល​គ្រាន់​តែ​មាន​ក្រចក​ឆែក ឬ​សត្វ​ណា​ដែល​គ្រាន់​តែ​ទំពា‌អៀង​នោះ​ឡើយ។ សត្វ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​ជា​សត្វ​មិន​បរិសុទ្ធ​មាន​ដូច​ត​ទៅ: គឺ​សត្វ​អូដ្ឋ ដ្បិត​វា​ទំពា‌អៀង​តែ​គ្មាន​ក្រចក​ឆែក​ទេ ដូច្នេះ ត្រូវ​ចាត់​ទុក​វា​ជា​សត្វ​មិន​បរិសុទ្ធ។  ទន្សាយ​ថ្ម ដ្បិត​វា​ទំពា‌អៀង តែ​គ្មាន​ក្រចក​ឆែក​ទេ ដូច្នេះ ត្រូវ​ចាត់​ទុក​វា​ជា​សត្វ​មិន​បរិសុទ្ធ។  ទន្សាយ​ព្រៃ ដ្បិត​វា​ទំពា‌អៀង តែ​គ្មាន​ក្រចក​ឆែក​ទេ ដូច្នេះ ត្រូវ​ចាត់​ទុក​វា​ជា​សត្វ​មិន​បរិសុទ្ធ។  ជ្រូក ដ្បិត​វា​មាន​ក្រចក​ឆែក តែ​មិន​ទំពា‌អៀង​ទេ ដូច្នេះ ត្រូវ​ចាត់​ទុក​វា​ជា​សត្វ​មិន​បរិសុទ្ធ។  អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​សាច់​សត្វ​ទាំង​នោះ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ប៉ះ‌ពាល់​ខ្មោច​វា​ដែរ គឺ​ត្រូវ​ចាត់​ទុក​វា​ជា​សត្វ​មិន​បរិសុទ្ធ។
ក្នុង​ចំណោម​សត្វ​ដែល​រស់​នៅ​ក្នុង​ទឹក ទោះ‌បី​ទឹក​សមុទ្រ​ក្តី ទឹក​ទន្លេ​ក្តី អ្នក​រាល់​គ្នា​អាច​បរិភោគ​បាន​តែ​សត្វ​ណា​មាន​ព្រុយ និង​មាន​ស្រកា​ប៉ុណ្ណោះ។ ១០ រីឯ​សត្វ​គ្មាន​ព្រុយ គ្មាន​ស្រកា ទោះ‌បី​ជា​ពពួក​សត្វ​ល្អិត​ដែល​រស់‌រវើក​ក្នុង​ទឹក ឬ​សត្វ​ឯ​ទៀតៗ​ដែល​រស់​នៅ​ក្នុង​សមុទ្រ ឬ​ទន្លេ​ក្តី អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​វា​ជា​សត្វ​មិន​បរិសុទ្ធ គួរ​ស្អប់​ខ្ពើម។ ១១ អ្នក​រាល់​គ្នា​ត្រូវ​ស្អប់​ខ្ពើម​សត្វ​ទាំង​នោះ កុំ​បរិភោគ​សាច់​របស់​វា ហើយ​ក៏​មិន​ត្រូវ​ប៉ះ‌ពាល់​ខ្មោច​របស់​វា​ដែរ។ ១២ អ្នក​រាល់​គ្នា​ត្រូវ​ស្អប់​ខ្ពើម​សត្វ​ទាំង‌ឡាយ​ណា​ដែល​រស់​នៅ​ក្នុង​ទឹក តែ​គ្មាន​ស្រកា និង​គ្មាន​ព្រុយ។
១៣ ក្នុង​ចំណោម​សត្វ​ស្លាប ដែល​អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​ជា​សត្វ​គួរ​ស្អប់​ខ្ពើម បរិភោគ​មិន​បាន​មាន​ដូច​ត​ទៅ: ខ្លែង ស្ទាំង ខ្លែង‌ស្រាក ១៤ រអាត ត្មាត​គ្រប់​ប្រភេទ ១៥ ក្អែក​គ្រប់​ប្រភេទ ១៦ អូទ្រុស មៀម រំពេ និង​ប្រមង់​គ្រប់​ប្រភេទ ១៧ ទីទុយ ក្អែក​ទឹក ក្រៀល ១៨ គូក ទុង ស្មោញ ១៩ កុក ក្រសារ​គ្រប់​ប្រភេទ ត្រសេះ និង​ប្រចៀវ។
២០ អ្នក​រាល់​គ្នា​ត្រូវ​ស្អប់​ខ្ពើម​សត្វ​ល្អិត​ដែល​មាន​ស្លាប និង​មាន​ជើង។ ២១ ប៉ុន្តែ អ្នក​រាល់​គ្នា​អាច​បរិភោគ​សត្វ​ល្អិត ដែល​មាន​ស្លាប និង​មាន​ជើង​អាច​លោត​លើ​ដី ២២ ដូច​ជា​កណ្ដូប និង​ចង្រិត​គ្រប់​ប្រភេទ។ ២៣ រីឯ​សត្វ​ល្អិត​ផ្សេង​ទៀត​ដែល​មាន​ស្លាប និង​ជើង នោះ​អ្នក​រាល់​គ្នា​ត្រូវ​តែ​ចាត់​ទុក​វា​ជា​សត្វ​គួរ​ស្អប់​ខ្ពើម​វិញ។ ២៤ សត្វ​ទាំង​នោះ​នឹង​បណ្តាល​ឲ្យ​អ្នក​រាល់​គ្នា​ទៅ​ជា​មិន​បរិសុទ្ធ។ អ្នក​ណា​ប៉ះ‌ពាល់​ខ្មោច​របស់​វា អ្នក​នោះ​នឹង​ទៅ​ជា​មិន​បរិសុទ្ធ​រហូត​ដល់​ល្ងាច។ ២៥ អ្នក​កាន់​ខ្មោច​សត្វ​នោះ ត្រូវ​បោក​សម្លៀក‌បំពាក់​របស់​ខ្លួន ហើយ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។
២៦ សត្វ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​ជា​សត្វ​មិន​បរិសុទ្ធ មាន​ដូច​ត​ទៅ: គឺ​សត្វ​គ្មាន​ក្រចក​ឆែក និង​មិន​ទំពា‌អៀង អ្នក​ប៉ះ‌ពាល់​សត្វ​នោះ​នឹង​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ។ ២៧ សត្វ​ចតុ‌ប្បាទ​ទាំង​អស់​ដែល​ដើរ​លើ​បាត​ជើង គឺ​ជា​សត្វ​មិន​បរិសុទ្ធ ហើយ​អ្នក​ប៉ះ‌ពាល់​ខ្មោច​របស់​វា​នឹង​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។ ២៨ អ្នក​កាន់​ខ្មោច​សត្វ​នោះ​ត្រូវ​បោក​សម្លៀក‌បំពាក់​របស់​ខ្លួន ហើយ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។ ២៩ ក្នុង​ចំណោម​សត្វ​លូន​វារ​នៅ​លើ​ដី ពពួក​សត្វ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​ជា​សត្វ​មិន​បរិសុទ្ធ មាន​ដូច​ត​ទៅ: ស្កា កណ្តុរ បង្កួយ​គ្រប់​ប្រភេទ ៣០ តុក‌កែ ជីង‌ចក់ ថ្លែន ជាស។ ៣១ អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​សត្វ​ទាំង​នោះ​ជា​សត្វ​មិន​បរិសុទ្ធ ហើយ​អ្នក​ប៉ះ‌ពាល់​ខ្មោច​វា​នឹង​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។ ៣២ ប្រសិន​បើ​សត្វ​ណា​មួយ​ងាប់ ហើយ​ធ្លាក់​មក​លើ​វត្ថុ​អ្វី​មួយ ដូច​ជា​សម្ភារៈ​ធ្វើ​អំពី​ឈើ សម្លៀក‌បំពាក់​ស្បែក ថង់ និង​អ្វីៗ​ទាំង​អស់​ដែល​ជា​គ្រឿង​ប្រើ‌ប្រាស់ ត្រូវ​យក​ទឹក​មក​លាង តែ​វត្ថុ​នោះ​នៅ​មិន​បរិសុទ្ធ​រហូត​ដល់​ល្ងាច ក្រោយ​មក ទើប​គេ​អាច​ប្រើ‌ប្រាស់​បាន​វិញ។ ៣៣ ប្រសិន​បើ​សត្វ​ណា​មួយ​ធ្លាក់​ចូល​ទៅ​ក្នុង​ក្អម​ធ្វើ​អំពី​ដី អ្វីៗ​ដែល​នៅ​ក្នុង​នោះ​នឹង​ទៅ​ជា​មិន​បរិសុទ្ធ ហើយ​ក្អម​នោះ​ក៏​ត្រូវ​តែ​បំបែក​ចោល​ដែរ។ ៣៤ ប្រសិន​បើ​គេ​ចាក់​ទឹក​ពី​ក្អម​នោះ ទៅ​លើ​អាហារ​សម្រាប់​បរិភោគ អាហារ​នោះ​នឹង​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ ហើយ​ទឹក​សម្រាប់​ផឹក​ក៏​នឹង​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ​ដែរ។ ៣៥ ប្រសិន​បើ​មាន​ខ្មោច​សត្វ​ធ្លាក់​ទៅ​លើ​វត្ថុ​ប្រើ‌ប្រាស់​ណា​មួយ ទោះ‌បី​ចង្ក្រាន ឬ​ឡ​ក្តី វត្ថុ​នោះ​នឹង​ទៅ​ជា​មិន​បរិសុទ្ធ ហើយ​អ្នក​រាល់​គ្នា​ត្រូវ​តែ​កម្ទេច​ចោល ដ្បិត​អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​វត្ថុ​ទាំង​នោះ​ជា​វត្ថុ​មិន​បរិសុទ្ធ។ ៣៦ ប្រសិន​បើ​ខ្មោច​សត្វ​ធ្លាក់​ទៅ​ក្នុង​ប្រភព​ទឹក ឬ​អណ្ដូង​ទឹក នោះ​ទឹក​នៅ​តែ​បរិសុទ្ធ​ដដែល ប៉ុន្តែ អ្នក​ដែល​យក​ខ្មោច​សត្វ​នោះ​ចេញ​នឹង​ទៅ​ជា​មិន​បរិសុទ្ធ។ ៣៧ ប្រសិន​បើ​ខ្មោច​សត្វ​ធ្លាក់​ទៅ​លើ​គ្រាប់​ធញ្ញ‌ជាតិ ដែល​ទុក​សម្រាប់​សាប‌ព្រោះ គ្រាប់​ទាំង​នោះ​នៅ​តែ​បរិសុទ្ធ​ដដែល។ ៣៨ ប៉ុន្តែ បើ​វា​ធ្លាក់​ទៅ​លើ​គ្រាប់​ធញ្ញ‌ជាតិ​ដែល​ត្រាំ​ទឹក​រួច​ហើយ គ្រាប់​ទាំង​នោះ​នឹង​ទៅ​ជា​មិន​បរិសុទ្ធ។
៣៩ ចំពោះ​សត្វ​ដែល​អ្នក​រាល់​គ្នា​អាច​បរិភោគ​បាន ប្រសិន​បើ​វា​ងាប់ អ្នក​ដែល​ប៉ះ‌ពាល់​ខ្មោច​សត្វ​នោះ​នឹង​ទៅ​ជា​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។ ៤០ អ្នក​ដែល​បរិភោគ​សាច់​របស់​ខ្មោច​សត្វ​នោះ ត្រូវ​តែ​បោក​សម្លៀក‌បំពាក់​របស់​ខ្លួន ហើយ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច រីឯ​អ្នក​ដែល​កាន់​ខ្មោច​សត្វ​នោះ ត្រូវ​បោក​សម្លៀក‌បំពាក់​របស់​ខ្លួន ហើយ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។
៤១ កុំ​បរិភោគ​សត្វ​លូន​វារ​នៅ​លើ​ដី ត្រូវ​ចាត់​ទុក​ជា​សត្វ​គួរ​ស្អប់​ខ្ពើម។ ៤២ អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​សត្វ​ដែល​លូន ឬ​សត្វ​ដែល​វារ​នៅ​លើ​ដី​ឡើយ ទោះ‌បី​ជា​សត្វ​ជើង​បួន ឬ​សត្វ​ជើង​ច្រើន​ក្តី ព្រោះ​ជា​សត្វ​គួរ​ស្អប់​ខ្ពើម។ ៤៣ អ្នក​រាល់​គ្នា​មិន​ត្រូវ​បណ្តោយ​ឲ្យ​សៅ‌ហ្មង ដោយ​ប៉ះ‌ពាល់​សត្វ​ទាំង​នោះ​ឡើយ ព្រោះ​វា​នឹង​បណ្តាល​ឲ្យ​អ្នក​ទៅ​ជា​មិន​បរិសុទ្ធ។ ៤៤ យើង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​តែ​រក្សា​ខ្លួន​ឲ្យ​បាន​វិសុទ្ធ ដ្បិត​យើង​ជា​ព្រះ​ដ៏‌វិសុទ្ធ។ ហេតុ​នេះ អ្នក​រាល់​គ្នា​មិន​ត្រូវ​បណ្តោយ​ខ្លួន​ឲ្យ​ទៅ​ជា​មិន​បរិសុទ្ធ ដោយ‌សារ​សត្វ​ដែល​លូន​វារ​នៅ​លើ​ដី​នោះ​ឡើយ។ ៤៥ យើង​ជា​ព្រះ‌អម្ចាស់ ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប ដើម្បី​ធ្វើ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ញែក​ខ្លួន​ឲ្យ​បាន​វិសុទ្ធ ដ្បិត​យើង​ជា​ព្រះ​ដ៏‌វិសុទ្ធ ។
៤៦ នេះ​សុទ្ធ‌សឹង​ជា​វិន័យ​ស្តី​អំពី​ពួក​សត្វ​ជើង​បួន សត្វ​ស្លាប សត្វ​ដែល​រស់‌រវើក‌រវ័ណ្ឌ​នៅ​ក្នុង​ទឹក និង​សត្វ​លូន​វារ​ទាំង​ប៉ុន្មាន​នៅ​លើ​ដី។ ៤៧ វិន័យ​នេះ​នាំ​ឲ្យ​អ្នក​រាល់​គ្នា​ចេះ​បែង​ចែក​រវាង​សត្វ​បរិសុទ្ធ និង​សត្វ​មិន​បរិសុទ្ធ សត្វ​ដែល​អាច​បរិភោគ​បាន និង​សត្វ​ដែល​បរិភោគ​មិន​បាន»។
១២
ពិធី​ជម្រះ​កាយ​ស្ត្រី​ក្រោយ​ពេល​ឆ្លង​ទន្លេ
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖  «ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: ប្រសិន​បើ​ស្ត្រី​ម្នាក់​មាន​ផ្ទៃ​ពោះ ហើយ​សម្រាល​បាន​កូន​ប្រុស នោះ​នាង​នឹង​ទៅ​ជា​មិន​បរិសុទ្ធ ក្នុង‌រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ ដូច​ពេល​នាង​មាន​រដូវ​ដែរ។  នៅ​ថ្ងៃ​ទី​ប្រាំ‌បី គេ​ត្រូវ​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ​កូន​ប្រុស​នោះ។  បន្ទាប់​មក នាង​ត្រូវ​រង់‌ចាំ​អស់‌រយៈ​ពេល​សាម‌សិប​បី​ថ្ងៃ​ទៀត ដើម្បី​ធ្វើ​ពិធី​ជម្រះ​កាយ​ដោយ‌សារ​ការ​ធ្លាក់​ឈាម ក្នុង​ឱកាស​ដែល​នាង​សម្រាល​កូន។ ក្នុង​អំឡុង​ពេល​នោះ នាង​មិន​ត្រូវ​ប៉ះ‌ពាល់​អ្វី​ដែល​វិសុទ្ធ ឬ​ចូល​ទៅ​ក្នុង​ទី​សក្ការៈ​ឡើយ រហូត​ទាល់​តែ​ផុត​ពេល​កំណត់​នៃ​ពិធី​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ។  ប្រសិន​បើ​នាង​សម្រាល​បាន​កូន​ស្រី នោះ​នាង​នឹង​ទៅ​ជា​មិន​បរិសុទ្ធ ក្នុង‌រយៈ​ពេល​ពីរ​សប្តាហ៍ ដូច​ពេល​ដែល​នាង​មាន​រដូវ​ដែរ។ បន្ទាប់​មក នាង​ត្រូវ​រង់‌ចាំ​អស់‌រយៈ​ពេល​ហុក‌សិប​ប្រាំ​មួយ​ថ្ងៃ​ទៀត ដើម្បី​ធ្វើ​ពិធី​ជម្រះ​កាយ ដោយ‌សារ​ការ​ធ្លាក់​ឈាម​ក្នុង​ឱកាស​សម្រាល​កូន។  លុះ​ផុត​ពេល​កំណត់​ដែល​នាង​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ ព្រោះ​តែ​ការ​សម្រាល​កូន​ប្រុស ឬ​កូន​ស្រី​របស់​ខ្លួន​ហើយ នោះ​នាង​ត្រូវ​ទៅ​ជួប​បូជា‌ចារ្យ នៅ​ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់ ដោយ​នាំ​កូន​ចៀម​អាយុ​មួយ​ខួប សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល និង​ព្រាប​ជំទើរ​មួយ ឬ​លលក​មួយ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប។  បូជា‌ចារ្យ​ថ្វាយ​សត្វ​ទាំង​នេះ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ រួច​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​នាង​រួច​ពី​បាប។ ដូច្នេះ នាង​បាន​បរិសុទ្ធ​រួច​ពី​ភាព​សៅ‌ហ្មង ដោយ‌សារ​ការ​ធ្លាក់​ឈាម នៅ​ពេល​សម្រាល​កូន។ នេះ​ជា​វិន័យ​សម្រាប់​ស្ត្រី​ដែល​សម្រាល​កូន​ប្រុស ឬ​កូន​ស្រី។
 ប្រសិន​បើ​នាង​គ្មាន​លទ្ធ‌ភាព​ថ្វាយ​កូន​ចៀម​ទេ នោះ​នាង​អាច​នាំ​យក​លលក​មួយ​គូ ឬ​ព្រាប​ជំទើរ​មួយ​គូ គឺ​មួយ​សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល និង​មួយ​ទៀត​សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប។ ក្រោយ​ពី​បូជា‌ចារ្យ​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​នាង​រួច​ហើយ នាង​នឹង​បាន​បរិសុទ្ធ​វិញ»។
១៣
វិន័យ​ស្តី​អំពី​ជំងឺ​សើ‌ស្បែក
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អរ៉ុន​ថា៖  «កាល​ណា​មនុស្ស​ម្នាក់​មាន​កន្ទួល​នៅ​លើ​ស្បែក កើត​ស្រែង ឬ​កើត​ភ្លឺ ហើយ​ក្លាយ​ទៅ​ជា​ជំងឺ​សើ‌ស្បែក ដូច​កើត​ឃ្លង់ គេ​ត្រូវ​នាំ​មនុស្ស​នោះ​មក​ជួប​បូជា‌ចារ្យ*​អរ៉ុន ឬ​កូន​ប្រុស​ណា​ម្នាក់​របស់​គាត់។  បូជា‌ចារ្យ​ពិនិត្យ​ស្នាម​នៅ​លើ​ស្បែក ប្រសិន​បើ​រោម​ដែល​ដុះ​នៅ​ត្រង់​នោះ​ប្រែ​ជា​មាន​ពណ៌​ស រីឯ​ស្បែក​ហាក់​ដូច​ជា​ស្រុត​ចុះ បាន​សេចក្ដី​ថាអ្នក​នោះ​កើត​ឃ្លង់​ហើយ។ ក្រោយ​ពី​បាន​ពិនិត្យ​រួច បូជា‌ចារ្យ​ត្រូវ​ប្រកាស​ថា​អ្នក​នោះ​ជា​មនុស្ស​មិន​បរិសុទ្ធ។  ប្រសិន​បើ​ជំងឺ​នោះ​គ្រាន់​តែ​ជា​ស្នាម​ភ្លឺ​ពណ៌​ស ស្បែក​មិន​ស្រុត ហើយ​រោម​ក៏​មិន​ប្រែ​ទៅ​ជា​ពណ៌​ស​ដែរ​នោះ បូជា‌ចារ្យ​ត្រូវ​នាំ​អ្នក​ជំងឺ​ឲ្យ​ទៅ​នៅ​ដាច់​តែ​ឯង ក្នុង‌រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ។  លុះ​គម្រប់​ប្រាំ​ពីរ​ថ្ងៃ បូជា‌ចារ្យ​ត្រូវ​ពិនិត្យ​មើល​ម្ដង​ទៀត ប្រសិន​បើ​សង្កេត​ឃើញ​ថា ស្នាម​ដែល​កើត​ឡើង​នោះ​ពុំ​បាន​ប្រែ‌ប្រួល ហើយ​មិន​រាល​ធំ​ទៅ​លើ​ស្បែក​ថែម​ទៀត​នោះ បូជា‌ចារ្យ​ត្រូវ​ឲ្យ​អ្នក​ជំងឺ​នៅ​ដាច់​តែ​ឯង ក្នុង‌រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ​ទៀត។  នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ បូជា‌ចារ្យ​ត្រូវ​ពិនិត្យ​សា​ជា​ថ្មី​ម្ដង​ទៀត ប្រសិន​បើ​ស្នាម​នោះ​ប្រែ​ជា​ស្រអាប់ ហើយ​មិន​រាល​ទៅ​លើ​ស្បែក​ទេ បូជា‌ចារ្យ​ត្រូវ​ប្រកាស​ថា អ្នក​នោះ​ជា​មនុស្ស​បរិសុទ្ធ គឺ​គ្រាន់​តែ​កើត​ស្រែង​ប៉ុណ្ណោះ។ គាត់​ត្រូវ​បោក​សម្លៀក‌បំពាក់​របស់​ខ្លួន ហើយ​គាត់​បាន​បរិសុទ្ធ។  ប៉ុន្តែ ក្រោយ​ពេល​បូជា‌ចារ្យ​ប្រកាស​ថា​គាត់​បាន​បរិសុទ្ធ​ហើយ ស្រាប់​តែ​ស្រែង​រាល​ធំ​ឡើង​ថែម​ទៀត អ្នក​នោះ​ត្រូវ​ត្រឡប់​មក​ជួប​បូជា‌ចារ្យ​វិញ។  បូជា‌ចារ្យ​ពិនិត្យ​ជំងឺ​របស់​គេ​សា​ជា​ថ្មី ហើយ​ពេល​គាត់​សង្កេត​ឃើញ​ស្រែង​បាន​រាល​ធំ​នៅ​លើ​ស្បែក លោក​ត្រូវ​ប្រកាស​ថា អ្នក​នោះ​ជា​មនុស្ស​មិន​បរិសុទ្ធ គឺ​កើត​ឃ្លង់។
កាល​ណា​មនុស្ស​ម្នាក់​កើត​ឃ្លង់ គេ​ត្រូវ​នាំ​អ្នក​នោះ​ទៅ​ជួប​បូជា‌ចារ្យ ១០ ហើយ​បូជា‌ចារ្យ​ពិនិត្យ​អ្នក​ជំងឺ​នោះ។ ប្រសិន​បើ​លោក​សង្កេត​ឃើញ​មាន​កន្ទួល​ពណ៌​ស​នៅ​លើ​ស្បែក ហើយ​កន្ទួល​នោះ​ធ្វើ​ឲ្យ​រោម​ប្រែ​ជា​មាន​ពណ៌​ស និង​មាន​សាច់​ខ្ចី​ដុះ​ចេញ​ពី​កន្ទួល ១១ នោះ​បាន​សេចក្ដី​ថា​អ្នក​ជំងឺ​កើត​រោគ​ឃ្លង់​រ៉ាំរ៉ៃ។ បូជា‌ចារ្យ​ត្រូវ​ប្រកាស​ថា គាត់​ជា​មនុស្ស​មិន​បរិសុទ្ធ។ ក្នុង​ករណី​នេះ បូជា‌ចារ្យ​មិន​ចាំ‌បាច់​ឲ្យ​គាត់​នៅ​ដាច់​តែ​ឯង​ទេ ដ្បិត​គាត់​មិន​បរិសុទ្ធ​រួច​ទៅ​ហើយ។ ១២ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​បូជា‌ចារ្យ​ឃើញ​ថា រោគ​ឃ្លង់​កើត​ពេញ​នៅ​លើ​ស្បែក ហើយ​រាល‌ដាល​ពេញ​ខ្លួន​អ្នក​ជំងឺ តាំង​ពី​ក្បាល​ដល់​ជើង​នោះ ១៣ បូជា‌ចារ្យ​ត្រូវ​ពិនិត្យ​មើល​ដោយ​ម៉ត់‌ចត់។ បើ​លោក​សង្កេត​ឃើញ​ថា​រោគ​ឃ្លង់​កើត​ពេញ​ខ្លួន​អ្នក​ជំងឺ លោក​ត្រូវ​ប្រកាស​ថា អ្នក​ជំងឺ​នេះ​ជា​មនុស្ស​បរិសុទ្ធ ដ្បិត​រូប​កាយ​របស់​គាត់​ប្រែ​ជា​មាន​ពណ៌​ស​ទាំង​អស់​ដូច្នេះ បាន​សេចក្ដី​ថា​គាត់​បរិសុទ្ធ។ ១៤ ប៉ុន្តែ នៅ​ថ្ងៃ​ណា គេ​សង្កេត​ឃើញ​មាន​សាច់​ខ្ចី​ដុះ​ចេញ​ពី​ខ្លួន​គាត់ នោះ​គាត់​នឹង​ទៅ​ជា​មិន​បរិសុទ្ធ។ ១៥ បូជា‌ចារ្យ​ឃើញ​សាច់​ខ្ចី លោក​ត្រូវ​ប្រកាស​ថា អ្នក​នោះ​ជា​មនុស្ស​មិន​បរិសុទ្ធ ដ្បិត​សាច់​ខ្ចី​បញ្ជាក់​ពី​ភាព​មិន​បរិសុទ្ធ​ទេ ដូច្នេះ អ្នក​នោះ​កើត​ឃ្លង់​ហើយ។ ១៦ ប្រសិន​បើ​សាច់​ខ្ចី​នោះ​ប្រែ​ជា​មាន​ពណ៌​ស​វិញ អ្នក​ជំងឺ​ត្រូវ​ទៅ​ជួប​បូជា‌ចារ្យ។ ១៧ បូជា‌ចារ្យ​ត្រូវ​ពិនិត្យ​មើល​គាត់ ប្រសិន​បើ​ឃើញ​ថា​ដំបៅ​ប្រែ​ជា​មាន​ពណ៌​ស បូជា‌ចារ្យ​ត្រូវ​ប្រកាស​ថា អ្នក​ជំងឺ​នោះ​ជា​មនុស្ស​បរិសុទ្ធ។
១៨ ពេល​មនុស្ស​ម្នាក់​កើត​ដំបៅ​នៅ​លើ​ស្បែក រួច​បាន​ជា​វិញ ១៩ ហើយ​ប្រសិន​បើ​ឃើញ​មាន​កន្ទួល​ពណ៌​ស ឬ​ស្នាម​ក្រហម​ព្រឿងៗ លេច​ឡើង​ត្រង់​កន្លែង​ដែល​កើត​ដំបៅ​នោះ អ្នក​ជំងឺ​ត្រូវ​តែ​ទៅ​ជួប​បូជា‌ចារ្យ។ ២០ បូជា‌ចារ្យ​ត្រូវ​ពិនិត្យ​អ្នក​ជំងឺ ប្រសិន​បើ​ស្នាម​នោះ​ខូង​ចូល​ទៅ​ក្នុង​ស្បែក ហើយ​រោម​ប្រែ​ជា​មាន​ពណ៌​ស បូជា‌ចារ្យ​ត្រូវ​ប្រកាស​ថា អ្នក​ជំងឺ​ជា​មនុស្ស​មិន​បរិសុទ្ធ ព្រោះ​មាន​រោគ​ឃ្លង់​កើត​នៅ​កន្លែង​ដែល​មាន​ដំបៅ។ ២១ ប៉ុន្តែ បើ​បូជា‌ចារ្យ​មិន​ឃើញ​មាន​រោម​ពណ៌​ស​នៅ​កន្លែង​ដែល​មាន​ស្នាម ហើយ​ដំបៅ​មិន​ខូង​ចូល​ទៅ​ក្នុង​ស្បែក រីឯ​ស្នាម​នៅ​លើ​ស្បែក​ក៏​មិន​ស្រអាប់​ទេ​នោះ បូជា‌ចារ្យ​ត្រូវ​ឲ្យ​អ្នក​ជំងឺ​នៅ​ដាច់​តែ​ឯង ក្នុង‌រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ។ ២២ ប្រសិន​បើ​ស្នាម​នោះ​រាល​នៅ​លើ​ស្បែក បូជា‌ចារ្យ​ត្រូវ​ប្រកាស​ថា អ្នក​ជំងឺ​ជា​មនុស្ស​មិន​បរិសុទ្ធ គឺ​គេ​កើត​រោគ​ឃ្លង់។ ២៣ ផ្ទុយ​ទៅ​វិញ បើ​ស្នាម​នោះ​នៅ​ដដែល គឺ​មិន​រាល‌ដាល​ទេ បាន​សេចក្ដី​ថា​គ្រាន់​តែ​ជា​ស្នាម​ដំបៅ​ប៉ុណ្ណោះ។ បូជា‌ចារ្យ​ត្រូវ​តែ​ប្រកាស​ថា គាត់​ជា​មនុស្ស​បរិសុទ្ធ​ទេ។
២៤ ពេល​មនុស្ស​ម្នាក់​រលាក​ស្បែក​ដោយ‌សារ​ភ្លើង ហើយ​ត្រង់​កន្លែង​រលាក​នោះ​ប្រែ​ជា​មាន​ស្នាម​ពណ៌​ស ឬ​ពណ៌​ក្រហម​ព្រឿង ២៥ បូជា‌ចារ្យ​ត្រូវ​ពិនិត្យ​មើល​អ្នក​ជំងឺ ប្រសិន​បើ​រោម​ប្រែ​ជា​មាន​ពណ៌​ស ហើយ​មាន​ស្នាម​ខូង​ចូល​ទៅ​ក្នុង​ស្បែក នោះ​ជា​រោគ​ឃ្លង់​កើត​ត្រង់​កន្លែង​រលាក។ ដូច្នេះ បូជា‌ចារ្យ​ត្រូវ​ប្រកាស​ថា អ្នក​នោះ​ជា​មនុស្ស​មិន​បរិសុទ្ធ។ ២៦ ប៉ុន្តែ បើ​បូជា‌ចារ្យ​មិន​ឃើញ​មាន​រោម​ពណ៌​ស​នៅ​កន្លែង​មាន​ស្នាម ហើយ​ដំបៅ​មិន​ខូង​ចូល​ទៅ​ក្នុង​ស្បែក រីឯ​ស្នាម​នៅ​លើ​ស្បែក​ក៏​មិន​ស្រអាប់​ទេ​នោះ បូជា‌ចារ្យ​ត្រូវ​ឲ្យ​អ្នក​ជំងឺ​នៅ​ដាច់​តែ​ឯង ក្នុង‌រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ។ ២៧ នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ ពេល​បូជា‌ចារ្យ​ពិនិត្យ​អ្នក​ជំងឺ ប្រសិន​បើ​ស្នាម​នោះ​រាល​នៅ​លើ​ស្បែក បូជា‌ចារ្យ​ត្រូវ​ប្រកាស​ថា អ្នក​ជំងឺ​ជា​មនុស្ស​មិន​បរិសុទ្ធ គឺ​គេ​កើត​រោគ​ឃ្លង់។ ២៨ ផ្ទុយ​ទៅ​វិញ បើ​ស្នាម​នោះ​នៅ​ដដែល គឺ​មិន​រាល‌ដាល​នៅ​លើ​ស្បែក ហើយ​ប្រែ​ទៅ​ជា​ស្រអាប់ បាន​សេចក្ដី​ថា​ជា​ស្នាម​រលាក។ បូជា‌ចារ្យ​ត្រូវ​ប្រកាស​ថា គាត់​ជា​មនុស្ស​បរិសុទ្ធ ព្រោះ​គ្រាន់​តែ​ជា​ស្នាម​រលាក​ប៉ុណ្ណោះ។
២៩ ពេល​បុរស ឬ​ស្ត្រី​ម្នាក់ កើត​ជំងឺ​សើ‌ស្បែក​នៅ​លើ​ក្បាល ឬ​នៅ​ត្រង់​ចង្កា ៣០ បូជា‌ចារ្យ​ត្រូវ​ពិនិត្យ​ត្រង់​កន្លែង​ដែល​ឈឺ ប្រសិន​បើ​មាន​ស្នាម​ខូង​ចូល​ទៅ​ក្នុង​ស្បែក រោម​ប្រែ​ជា​មាន​ពណ៌​លឿង ហើយ​ជ្រុះ​នៅ​សល់​រង្វើលៗ នោះ​បូជា‌ចារ្យ​ត្រូវ​ប្រកាស​ថា អ្នក​ជំងឺ​ជា​មនុស្ស​មិន​បរិសុទ្ធ គឺ​កើត​អង្គែ ដែល​ជា​រោគ​ឃ្លង់​ម្យ៉ាង​នៅ​លើ​ក្បាល ឬ​នៅ​ត្រង់​ចង្កា។ ៣១ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​បូជា‌ចារ្យ​សង្កេត​ឃើញ​ថា រោគ​អង្គែ​នោះ​គ្មាន​ស្នាម​ខូង​ចូល​ទៅ​ក្នុង​ស្បែក ហើយ​ក៏​គ្មាន​រោម​ពណ៌​ខ្មៅ​ទេ​នោះ លោក​ត្រូវ​ឲ្យ​អ្នក​ជំងឺ​នៅ​ដាច់​តែ​ឯង ក្នុង‌រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ។ ៣២ នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ បូជា‌ចារ្យ​ត្រូវ​ពិនិត្យ​មើល​អ្នក​ជំងឺ ប្រសិន​បើ​លោក​សង្កេត​ឃើញ​ថា​ស្នាម​អង្គែ​ពុំ​បាន​រាល‌ដាល ព្រម​ទាំង​គ្មាន​រោម​ពណ៌​លឿង ហើយ​គ្មាន​ស្នាម​ខូង​ចូល​ទៅ​ក្នុង​ស្បែក​ទេ​នោះ ៣៣ អ្នក​ជំងឺ​ត្រូវ​កោរ​សក់​របស់​ខ្លួន តែ​មិន​ត្រូវ​កោរ​ត្រង់​កន្លែង​កើត​អង្គែ​ឡើយ។ បូជា‌ចារ្យ​ត្រូវ​ឲ្យ​អ្នក​ជំងឺ​នៅ​ដាច់​តែ​ឯង ក្នុង‌រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ​ទៀត។ ៣៤ លុះ​គម្រប់​ពេល​ប្រាំ​ពីរ​ថ្ងៃ​ហើយ បូជា‌ចារ្យ​ត្រូវ​ពិនិត្យ​កន្លែង​កើត​អង្គែ​ម្ដង​ទៀត បើ​អង្គែ​មិន​រាល‌ដាល​ទៅ​លើ​ស្បែក ហើយ​គ្មាន​ស្នាម​ខូង​ទេ បូជា‌ចារ្យ​ត្រូវ​ប្រកាស​ថា គាត់​ជា​មនុស្ស​បរិសុទ្ធ។ គាត់​ត្រូវ​បោក​សម្លៀក‌បំពាក់​របស់​ខ្លួន ហើយ​គាត់​នឹង​បាន​បរិសុទ្ធ។ ៣៥ ផ្ទុយ​ទៅ​វិញ ក្រោយ​ពី​ពេល​បូជា‌ចារ្យ​ប្រកាស​ថា​អ្នក​នោះ​ជា​មនុស្ស​បរិសុទ្ធ ស្រាប់​តែ​រោគ​អង្គែ​រាល‌ដាល ៣៦ នោះ​បូជា‌ចារ្យ​ត្រូវ​ពិនិត្យ​ឡើង​វិញ។ ប្រសិន​បើ​អង្គែ​នោះ​ពិត​ជា​រាល‌ដាល​នៅ​លើ​ស្បែក​មែន បូជា‌ចារ្យ​មិន​ចាំ‌បាច់​រក​មើល​រោម​ពណ៌​លឿង​ទេ ដ្បិត​អ្នក​នោះ​ជា​មនុស្ស​មិន​បរិសុទ្ធ។ ៣៧ ប្រសិន​បើ​ស្នាម​អង្គែ​នៅ​ដដែល​ឥត​ប្រែ‌ប្រួល ហើយ​បើ​មាន​រោម​ពណ៌​ខ្មៅ​ដុះ​ឡើង នោះ​បាន​សេចក្ដី​ថា​រោគ​អង្គែ​ជា​សះ‌ស្បើយ​ហើយ រីឯ​អ្នក​ជំងឺ​ក៏​បរិសុទ្ធ​ដែរ។ ដូច្នេះ បូជា‌ចារ្យ​ត្រូវ​តែ​ប្រកាស​ថា គាត់​ជា​មនុស្ស​បរិសុទ្ធ​ទេ។
៣៨ ពេល​បុរស ឬ​ស្ត្រី​ម្នាក់ មាន​ស្នាម​ពណ៌​ស​នៅ​លើ​ស្បែក ៣៩ បូជា‌ចារ្យ​ត្រូវ​ពិនិត្យ​មើល​គាត់។ ប្រសិន​បើ​ស្នាម​ស​នៅ​លើ​ស្បែក​ប្រែ​ជា​ស្រអាប់​វិញ នោះ​គ្រាន់​តែ​ជា​រោគ​សើ‌ស្បែក​ធម្មតា​ប៉ុណ្ណោះ។ គាត់​ជា​មនុស្ស​បរិសុទ្ធ​ទេ។
៤០ កាល​ណា​បុរស​ម្នាក់​ជ្រុះ​សក់​ទៅ​ជា​ទំពែក នោះ​គេ​នៅ​ជា​មនុស្ស​បរិសុទ្ធ​ដដែល។ ៤១ ប្រសិន​បើ​គេ​ជ្រុះ​សក់​ផ្នែក​ខាង​មុខ គេ​មាន​ក្បាល​ឆក ហើយ​គេ​ក៏​នៅ​បរិសុទ្ធ​ដែរ។ ៤២ ប៉ុន្តែ បើ​ត្រង់​កន្លែង​ទំពែក ទោះ‌បី​នៅ​កណ្ដាល​ក្បាល ឬ​នៅ​ផ្នែក​ខាង​មុខ​ក្តី គេ​ឃើញ​មាន​ស្បែក​ឡើង​ពណ៌​ក្រហម​ព្រឿងៗ នោះ​បាន​សេចក្ដី​ថា​គាត់​កើត​រោគ​ឃ្លង់​ហើយ។ ៤៣ បូជា‌ចារ្យ​ត្រូវ​ពិនិត្យ​អ្នក​នោះ ប្រសិន​បើ​មាន​កន្ទួល​ពណ៌​ក្រហម​ព្រឿងៗ​ដូច​ជា​រោគ​ឃ្លង់ នៅ​ត្រង់​កន្លែង​ទំពែក ទោះ‌បី​នៅ​កណ្ដាល​ក្បាល ឬ​នៅ​ផ្នែក​ខាង​មុខ​ក្តី ៤៤ បាន​សេចក្ដី​ថា​គាត់​កើត​ឃ្លង់​ហើយ គាត់​ក្លាយ​ទៅ​ជា​មនុស្ស​មិន​បរិសុទ្ធ។ បូជា‌ចារ្យ​ត្រូវ​ប្រកាស​ថា គាត់​ជា​មនុស្ស​មិន​បរិសុទ្ធ ព្រោះ​គាត់​កើត​ឃ្លង់​នៅ​លើ​ក្បាល។
៤៥ អ្នក​ដែល​កើត​ឃ្លង់​ត្រូវ​ស្លៀក​សម្លៀក‌បំពាក់​រហែក ទុក​ក្បាល​ឲ្យ​នៅ​ទទេ ឃ្លុំ​មុខ​នៅ​ត្រង់​កន្លែង​ដែល​មាន​ពុក​មាត់ ហើយ​ស្រែក​ថា “ខ្ញុំ​ជា​មនុស្ស​មិន​បរិសុទ្ធ! ខ្ញុំ​ជា​មនុស្ស​មិន​បរិសុទ្ធ!”។ ៤៦ ក្នុង​ពេល​ដែល​គាត់​កើត​រោគ​ឃ្លង់​នោះ គាត់​ជា​មនុស្ស​មិន​បរិសុទ្ធ ដូច្នេះ គាត់​ត្រូវ​រស់​នៅ​ដាច់​ឡែក​ពី​គេ គឺ​នៅ​ខាង​ក្រៅ​ជំរំ»។
សម្លៀក‌បំពាក់​ដុះ​ផ្សិត
៤៧ «ប្រសិន​បើ​មាន​ស្នាម​ដុះ​ផ្សិត​កើត​ឡើង​នៅ​លើ​សម្លៀក‌បំពាក់ ទោះ‌បី​សម្លៀក‌បំពាក់​ធ្វើ​ពី​ក្រណាត់​រោម​ចៀម​ក្តី សំពត់​ទេស‌ឯក​ក្តី ៤៨ ឬ​ស្នាម​លើ​ក្រណាត់ លើ​អំបោះ​រោម​ចៀម អំបោះ​ឆៅ សម្លៀក‌បំពាក់ និង​វត្ថុ​ធ្វើ​អំពី​ស្បែក ៤៩ ហើយ​ប្រសិន​បើ​ស្នាម​ទាំង​នោះ​ឡើង​ពណ៌​បៃតង ឬ​ពណ៌​ក្រហម​ព្រឿងៗ នោះ​ជា​ស្នាម​ដុះ​ផ្សិត​ហើយ។ គេ​ត្រូវ​តែ​យក​សម្លៀក‌បំពាក់ និង​វត្ថុ​ទាំង​នោះ​ទៅ​ជូន​បូជា‌ចារ្យ​ពិនិត្យ។ ៥០ ក្រោយ​ពី​បាន​ពិនិត្យ​ហើយ បូជា‌ចារ្យ​ត្រូវ​យក​វត្ថុ​ទាំង​នោះ​ទៅ​ទុក ក្នុង‌រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ។ ៥១ នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ លោក​ត្រូវ​ពិនិត្យ​ម្ដង​ទៀត ប្រសិន​បើ​មាន​ស្នាម​រាល‌ដាល​លើ​សម្លៀក‌បំពាក់ ឬ​វត្ថុ​នោះ បាន​សេចក្ដី​ថា​មាន​ដុះ​ផ្សិត​ហើយ ដូច្នេះ របស់​ទាំង​នោះ​ជា​វត្ថុ​មិន​បរិសុទ្ធ។ ៥២ បូជា‌ចារ្យ​ត្រូវ​ដុត​សម្លៀក‌បំពាក់ ក្រណាត់ អំបោះ​រោម​ចៀម អំបោះ​ឆៅ និង​វត្ថុ​ធ្វើ​អំពី​ស្បែក ដែល​មាន​ដុះ​ផ្សិត​នោះ​ចោល ព្រោះ​ជា​វត្ថុ​ដុះ​ផ្សិត​មិន​អាច​បំបាត់​ឡើយ គឺ​ត្រូវ​តែ​ដុត​ចោល។ ៥៣ ប៉ុន្តែ ប្រសិន​បើ​បូជា‌ចារ្យ​ពិនិត្យ​មើល​ឃើញ​ថា ផ្សិត​នោះ​មិន​រាល‌ដាល​នៅ​លើ​សម្លៀក‌បំពាក់ និង​លើ​វត្ថុ​ទាំង​នោះ​ទេ ៥៤ លោក​ត្រូវ​បញ្ជា​ឲ្យ​គេ​លាង​សំអាត​វត្ថុ​ដែល​ដុះ​ផ្សិត​នោះ រួច​យក​វា​ទៅ​ទុក​ក្នុង‌រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ​ទៀត។ ៥៥ ក្រោយ​ពី​លាង​សំអាត​ហើយ បូជា‌ចារ្យ​ត្រូវ​ពិនិត្យ​មើល​វត្ថុ​ទាំង​នោះ​សា​ជា​ថ្មី។ ប្រសិន​បើ​ស្នាម​ដុះ​ផ្សិត​នៅ​តែ​ដដែល ទោះ‌បី​មិន​រាល‌ដាល​ក៏​ដោយ វត្ថុ​ទាំង​នោះ​ជា​របស់​មិន​បរិសុទ្ធ ហើយ​ត្រូវ​តែ​ដុត​វា​ចោល ព្រោះ​មាន​ដុះ​ផ្សិត​ទាំង​ខាង​ក្នុង ទាំង​ខាង​ក្រៅ។ ៥៦ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​បូជា‌ចារ្យ​ពិនិត្យ​មើល​ក្រោយ​ពេល​លាង​សំអាត ហើយ​ឃើញ​ថា​ស្នាម​ដុះ​ផ្សិត​នោះ​បាន​រលុប នោះ​លោក​ត្រូវ​កាត់​ត្រង់​កន្លែង​ដែល​មាន​ស្នាម​ចេញ​ពី​សម្លៀក‌បំពាក់ ស្បែក ឬ​អំបោះ​នោះ។ ៥៧ ក្រោយ​មក ប្រសិន​បើ​មាន​ស្នាម​ដុះ​ផ្សិត​លេច​ឡើង​វិញ នៅ​លើ​សម្លៀក‌បំពាក់ ក្រណាត់ អំបោះ ឬ​លើ​វត្ថុ​អំពី​ស្បែក នោះ​មាន​ផ្សិត​បាន​កើត​ឡើង​ជា​ថ្មី​ទៀត​ហើយ។ ដូច្នេះ ត្រូវ​តែ​ដុត​វត្ថុ​ទាំង​នោះ​ចោល។ ៥៨ ពេល​ណា​គេ​បោក​សម្លៀក‌បំពាក់ ក្រណាត់ អំបោះ ឬ​វត្ថុ​ធ្វើ​អំពី​ស្បែក​ដែល​មាន​ដុះ​ផ្សិត ហើយ​ស្នាម​ដុះ​ផ្សិត​នោះ​រលុប​បាត់ គេ​ត្រូវ​យក​វត្ថុ​នោះ​ទៅ​បោក​ម្ដង​ទៀត ទើប​វត្ថុ​នោះ​ទៅ​ជា​បរិសុទ្ធ។
៥៩ នេះ​ជា​ច្បាប់​ស្តី​អំពី​ស្នាម​ដុះ​ផ្សិត​នៅ​លើ​សម្លៀក‌បំពាក់​ធ្វើ​ពី​រោម​ចៀម ឬ​ពី​អំបោះ​ធ្មៃ នៅ​លើ​ក្រណាត់ លើ​អំបោះ​រោម​ចៀម ឬ​លើ​វត្ថុ​ធ្វើ​អំពី​ស្បែក។ ច្បាប់​នេះ​អាច​ជួយ​ឲ្យ​គេ​សន្មត​បាន​ថា វត្ថុ​ដែល​ដុះ​ផ្សិត​នោះ​បរិសុទ្ធ ឬ​មិន​បរិសុទ្ធ»។
១៤
ពិធី​ជម្រះ​កាយ​មនុស្ស​ឃ្លង់
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖  «នេះ​ជា​ច្បាប់​សម្រាប់​ពិធី​ជម្រះ​កាយ​មនុស្ស​ឃ្លង់​ឲ្យ​បរិសុទ្ធ: នៅ​ថ្ងៃ​ធ្វើ​ពិធី​ជម្រះ​កាយ គេ​ត្រូវ​នាំ​មនុស្ស​ឃ្លង់​មក​ជួប​បូជា‌ចារ្យ។  បូជា‌ចារ្យ​ត្រូវ​ចេញ​ពី​ជំរំ​ទៅ​ពិនិត្យ​មើល​មនុស្ស​ឃ្លង់។ ប្រសិន​បើ​ឃើញ​មនុស្ស​ឃ្លង់​នោះ​បាន​ជា​ហើយ  បូជា‌ចារ្យ​ត្រូវ​បញ្ជា​ឲ្យ​គេ​យក​សត្វ​ស្លាប​ពីរ​ក្បាល​នៅ​រស់ ហើយ​បរិសុទ្ធ ព្រម​ទាំង​យក​ឈើ​តា‌ត្រៅ អំបោះ រោម​ចៀម​ពណ៌​ក្រហម​ទុំ និង​មែក​ហ៊ី‌សុប*។  បូជា‌ចារ្យ​ត្រូវ​ឲ្យ​គេ​អារ ក​សត្វ​ស្លាប​មួយ ពី​លើ​ផើង​ធ្វើ​អំពី​ដី ដែល​ដាក់​ទឹក​ជ្រោះ។  បូជា‌ចារ្យ​យក​សត្វ​ស្លាប​មួយ​ទៀត ដែល​នៅ​រស់ ព្រម​ទាំង​យក​ឈើ​តា‌ត្រៅ អំបោះ​រោម​ចៀម​ពណ៌​ក្រហម​ទុំ និង​មែក​ហ៊ី‌សុប ជ្រលក់​ទៅ​ក្នុង​ឈាម​របស់​សត្វ​ដែល​គេ​បាន​អារ​ក នៅ​ពី​លើ​ផើង​ទឹក​ជ្រោះ​នោះ។  បន្ទាប់​មក លោក​ត្រូវ​ប្រោះ​ចំនួន​ប្រាំ​ពីរ​ដង​ទៅ​លើ​មនុស្ស​ទទួល​ពិធី​ជម្រះ​កាយ។ បូជា‌ចារ្យ​ប្រកាស​ថា មនុស្ស​ឃ្លង់​នោះ​បាន​បរិសុទ្ធ​ហើយ រួច​លែង​សត្វ​ស្លាប​ដែល​នៅ​រស់​ឲ្យ​ហើរ​ទៅ​វាល។  អ្នក​ទទួល​ពិធី​ជម្រះ​កាយ​នោះ​ត្រូវ​បោក​សម្លៀក‌បំពាក់ ហើយ​កោរ​រោម​ទាំង​អស់ រួច​ងូត​ទឹក​ជម្រះ​កាយ ទើប​គាត់​បាន​បរិសុទ្ធ។ បន្ទាប់​មក គាត់​ចូល​ទៅ​ក្នុង​ជំរំ​វិញ តែ​ត្រូវ​ស្នាក់​នៅ​ក្រៅ​ទី​លំ‌នៅ​របស់​ខ្លួន អស់‌រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ។  នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ គាត់​ត្រូវ​កោរ​សក់ ពុក​ចង្កា រោម​ចិញ្ចើម និង​រោម​ទាំង​អស់​របស់​ខ្លួន​សា​ជា​ថ្មី​ម្ដង​ទៀត។ គាត់​ត្រូវ​បោក​សម្លៀក‌បំពាក់ ហើយ​ងូត​ទឹក ទើប​គាត់​បាន​បរិសុទ្ធ។ ១០ នៅ​ថ្ងៃ​ទី​ប្រាំ‌បី គាត់​ត្រូវ​យក​កូន​ចៀម​ពីរ​ល្អ​ឥត​ខ្ចោះ និង​ចៀម​ញី​អាយុ​មួយ​ខួប​ល្អ​ឥត​ខ្ចោះ ព្រម​ទាំង​ម្សៅ​ម៉ដ្ត​បី​រង្វាល់​លាយ​ជា​មួយ​ប្រេង និង​យក​ប្រេង​កន្លះ​លីត្រ​ទៀត​មក។ ១១ បូជា‌ចារ្យ​ដែល​ធ្វើ​ពិធី​ជម្រះ​កាយ​នាំ​សាមី​ខ្លួន និង​តង្វាយ​របស់​គាត់ ចូល​ទៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។ ១២ បូជា‌ចារ្យ​យក​កូន​ចៀម​មួយ និង​ប្រេង​កន្លះ​លីត្រ មក​ថ្វាយ​ជា​យញ្ញ‌បូជា​លោះ​បាប រួច​លើក​ថ្វាយ​ព្រះ‌អម្ចាស់១៣ បូជា‌ចារ្យ​ចាក់​ក​កូន​ចៀម​ត្រង់​កន្លែង​ដែល​គេ​ចាក់​ក​សត្វ សម្រាប់​ថ្វាយ​យញ្ញ‌បូជា​រំដោះ​បាប ឬ​តង្វាយ​ដុត​ទាំង​មូល នៅ​ក្នុង​ទី​សក្ការៈ ដ្បិត​យញ្ញ‌បូជា​លោះ​បាប​ក៏​ដូច​ជា​យញ្ញ‌បូជា​រំដោះ​បាប​ដែរ សាច់​របស់​វា​ត្រូវ​បាន​ជា​ចំណែក​របស់​បូជា‌ចារ្យ ព្រោះ​ជា​តង្វាយ​ដ៏‌វិសុទ្ធ​បំផុត។ ១៤ បូជា‌ចារ្យ​យក​ឈាម​សត្វ​ដែល​ថ្វាយ​ជា​យញ្ញ‌បូជា​លោះ​បាប លាប​លើ​ស្លឹក​ត្រចៀក​ស្តាំ លើ​មេ​ដៃ​ស្តាំ និង​មេ​ជើង​ស្តាំ​របស់​អ្នក​ទទួល​ពិធី​ជម្រះ​កាយ​នោះ។ ១៥ បូជា‌ចារ្យ​យក​ប្រេង​ចាក់​ក្នុង​បាត​ដៃ​ឆ្វេង​របស់​លោក ១៦ រួច​យក​ម្រាម​ដៃ​ស្តាំ​របស់​លោក​ជ្រលក់​ទៅ​ក្នុង​ប្រេង ដែល​ស្ថិត​នៅ​ក្នុង​បាត​ដៃ​ឆ្វេង​របស់​លោក ហើយ​ប្រោះ​ប្រាំ​ពីរ​ដង​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់១៧ បន្ទាប់​មក បូជា‌ចារ្យ​យក​ប្រេង​ដែល​នៅ​សល់​ក្នុង​ដៃ លាប​លើ​ស្លឹក​ត្រចៀក​ស្តាំ មេ​ដៃ​ស្តាំ និង​មេ​ជើង​ស្តាំ​របស់​អ្នក​ទទួល​ពិធី​ជម្រះ​កាយ គឺ​លាប​ពី​លើ​ឈាម​របស់​សត្វ​ដែល​ថ្វាយ​ជា​យញ្ញ‌បូជា​លោះ​បាប។ ១៨ រីឯ​ប្រេង​ដែល​នៅ​សល់​ក្នុង​បាត​ដៃ​របស់​បូជា‌ចារ្យ លោក​ត្រូវ​ចាក់​ទៅ​លើ​ក្បាល​អ្នក​ទទួល​ពិធី​ជម្រះ​កាយ ហើយ​ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​គេ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់១៩ បូជា‌ចារ្យ​ថ្វាយ​យញ្ញ‌បូជា​រំដោះ​បាប ហើយ​ធ្វើ​ពិធី​លោះ​គេ​ឲ្យ​រួច​ផុត​ភាព​សៅ‌ហ្មង។ បន្ទាប់​មក លោក​ចាក់​ក​សត្វ ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល។ ២០ បូជា‌ចារ្យ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​តង្វាយ​ម្សៅ​នៅ​លើ​អាសនៈ បន្ទាប់​មក លោក​ធ្វើ​ពិធី​រំដោះ​បាប​ម្ដង​ទៀត ទើប​អ្នក​នោះ​បាន​បរិសុទ្ធ។ ២១ ប្រសិន​បើ​សាមី​ខ្លួន​ជា​អ្នក​ក្រ គ្មាន​លទ្ធ‌ភាព​នឹង​ថ្វាយ​តង្វាយ​គ្រប់​ចំនួន​ទេ គាត់​ត្រូវ​យក​កូន​ចៀម​មួយ​ថ្វាយ​ជា​យញ្ញ‌បូជា​លោះ​បាប ដើម្បី​ឲ្យ​បូជា‌ចារ្យ​លើក​ថ្វាយ​ព្រះ‌អម្ចាស់ សម្រាប់​លោះ​បាប​គាត់។ គាត់​ត្រូវ​យក​ម្សៅ​ម៉ដ្ត​តែ​មួយ​រង្វាល់​លាយ​ជា​មួយ​ប្រេង ទុក​ជា​តង្វាយ​ម្សៅ និង​យក​ប្រេង​កន្លះ​លីត្រ​ទៀត។ ២២ គាត់​ត្រូវ​យក​លលក​ពីរ ឬ​ព្រាប​ជំទើរ​ពីរ តាម​លទ្ធ‌ភាព​របស់​គាត់ គឺ​មួយ​សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប និង​មួយ​ទៀត​ជា​តង្វាយ​ដុត​ទាំង​មូល។ ២៣ នៅ​ថ្ងៃ​ទី​ប្រាំ​បី គាត់​ត្រូវ​នាំ​យក​តង្វាយ​ទាំង​នោះ​មក​ជូន​បូជា‌ចារ្យ នៅ​ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់ គឺ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ ដើម្បី​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ។ ២៤ បូជា‌ចារ្យ​យក​កូន​ចៀម​ដែល​ត្រូវ​ថ្វាយ​ជា​យញ្ញ‌បូជា​លោះ​បាប និង​យក​ប្រេង​លើក​ថ្វាយ​ព្រះ‌អម្ចាស់២៥ បូជា‌ចារ្យ​ចាក់​ក​កូន​ចៀម​ដែល​ត្រូវ​ថ្វាយ​ជា​យញ្ញ‌បូជា​លោះ​បាប​នោះ ហើយ​យក​ឈាម​សាច់​នោះ​លាប​លើ​ស្លឹក​ត្រចៀក​ស្តាំ មេ​ដៃ​ស្តាំ និង​មេ​ជើង​ស្តាំ​របស់​អ្នក​ទទួល​ពិធី​ជម្រះ​កាយ។ ២៦ បូជា‌ចារ្យ​ចាក់​ប្រេង​ក្នុង​បាត​ដៃ​ឆ្វេង​របស់​លោក ២៧ ហើយ​យក​ម្រាម​ដៃ​ស្តាំ​របស់​លោក​ជ្រលក់​ទៅ​ក្នុង​ប្រេង ដែល​ស្ថិត​នៅ​ក្នុង​បាត​ដៃ​ឆ្វេង​របស់​លោក រួច​ប្រោះ​ចំនួន​ប្រាំ​ពីរ​ដង​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់២៨ បន្ទាប់​មក បូជា‌ចារ្យ​យក​ប្រេង​ដែល​នៅ​ក្នុង​ដៃ លាប​លើ​ស្លឹក​ត្រចៀក​ស្តាំ មេ​ដៃ​ស្តាំ និង​មេ​ជើង​ស្តាំ​របស់​អ្នក​ទទួល​ពិធី​ជម្រះ​កាយ គឺ​លាប​ពី​លើ​ឈាម​របស់​សត្វ​ដែល​ថ្វាយ​ជា​យញ្ញ‌បូជា​លោះ​បាប។ ២៩ រីឯ​ប្រេង​នៅ​សល់​ក្នុង​បាត​ដៃ បូជា‌ចារ្យ​ត្រូវ​ចាក់​ទៅ​លើ​ក្បាល​របស់​អ្នក​ទទួល​ពិធី​ជម្រះ​កាយ ហើយ​ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​គេ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់៣០ បន្ទាប់​មក បូជា‌ចារ្យ​យក​លលក​មួយ ឬ​ព្រាប​ជំទើរ​មួយ តាម​លទ្ធ‌ភាព​ដែល​សាមី​ខ្លួន​អាច​រក​បាន ៣១ ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប រួច​លោក​យក​សត្វ​មួយ​ទៀត​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល រួម​ជា​មួយ​តង្វាយ​ម្សៅ។ បន្ទាប់​មក បូជា‌ចារ្យ​ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​សាមី​ខ្លួន នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់
៣២ នេះ​ជា​ច្បាប់​សម្រាប់​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​អ្នក​ដែល​មាន​រោគ​ឃ្លង់ ហើយ​គ្មាន​លទ្ធ‌ភាព​គ្រប់‌គ្រាន់»។
ករណី​ស្លែ​នៅ​លើ​ជញ្ជាំង​ផ្ទះ
៣៣ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អរ៉ុន​ថា៖ ៣៤ «ពេល​អ្នក​រាល់​គ្នា​ចូល​ទៅ​ដល់​ទឹក​ដី​កាណាន ដែល​យើង​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​ទុក​ជា​កម្ម‌សិទ្ធិ ប្រសិន​បើ​យើង​ធ្វើ​ឲ្យ​មាន​ស្លែនៅ​តាម​ផ្ទះ ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ​កាន់​កាប់ ៣៥ នោះ​ម្ចាស់​ផ្ទះ​ត្រូវ​តែ​ទៅ​ប្រាប់​បូជា‌ចារ្យ​ថា: “ខ្ញុំ​បាន​ឃើញ​ដូច​ជា​មាន​ស្នាម​ម្យ៉ាង​នៅ​ផ្ទះ​របស់​ខ្ញុំ”។ ៣៦ បូជា‌ចារ្យ​ត្រូវ​បញ្ជា​ឲ្យ​គេ​រើ​អីវ៉ាន់​ចេញ​ពី​ក្នុង​ផ្ទះ មុន​ពេល​លោក​ចូល​ទៅ​ពិនិត្យ​ស្នាម​នៅ​ផ្ទះ​នោះ។ ធ្វើ​បែប​នេះ អ្វីៗ​ដែល​នៅ​ក្នុង​ផ្ទះ នៅ​តែ​បរិសុទ្ធ​ដដែល។ បន្ទាប់​មក បូជា‌ចារ្យ​ចូល​ទៅ​ក្នុង​ផ្ទះ ដើម្បី​ពិនិត្យ​មើល។ ៣៧ ប្រសិន​បើ​លោក​ឃើញ​ស្នាម​នៅ​តាម​ជញ្ជាំង​ផ្ទះ​នោះ មាន​សភាព​ខូង​ពណ៌​បៃតង ឬ​ក្រហម​ព្រឿងៗ ឬ​ប្រសិន​បើ​ស្នាម​នោះ​រូង​ចូល​ទៅ​ក្នុង​ជញ្ជាំង​ផ្ទះ ៣៨ បូជា‌ចារ្យ​ត្រូវ​ចេញ​ពី​ផ្ទះ។ ពេល​មក​ដល់​មាត់​ទ្វារ លោក​ត្រូវ​បិទ​ទ្វារ​ផ្ទះ​នោះ ក្នុង‌រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ។ ៣៩ នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ បូជា‌ចារ្យ​ត្រឡប់​មក​ពិនិត្យ​សា​ជា​ថ្មី។ បើ​ស្នាម​នោះ​រាល​លើ​ជញ្ជាំង​ផ្ទះ​ថែម​ទៀត ៤០ បូជា‌ចារ្យ​បញ្ជា​ឲ្យ​គេ​ដក​ដុំ​ថ្ម​ដែល​មាន​ដុះ​ស្លែ​នោះ យក​ទៅ​បោះ​ចោល​នៅ​កន្លែង​មិន​បរិសុទ្ធ ខាង​ក្រៅ​ទី‌ក្រុង។ ៤១ លោក​ត្រូវ​ឲ្យ​គេ​កោស​ជញ្ជាំង​ខាង​ក្នុង​ផ្ទះ ហើយ​យក​កម្ទេច​ទៅ​បោះ​ចោល​នៅ​កន្លែង​មិន​បរិសុទ្ធ ខាង​ក្រៅ​ទី‌ក្រុង។ ៤២ បន្ទាប់​មក ត្រូវ​យក​ដុំ​ថ្ម​ផ្សេង​ទៀត​មក​ដាក់​ជំនួស រួច​យក​បាយ‌អ មក​បូក​សា​ជា​ថ្មី។
៤៣ ក្រោយ​ពី​ដក​ថ្ម កោស​ជញ្ជាំង និង​បូក​បាយ‌អ​រួច​ហើយ ប្រសិន​បើ​ស្នាម​ស្លែ​លេច​ឡើង​សា​ជា​ថ្មី​នៅ​ក្នុង​ផ្ទះ​នោះ ៤៤ បូជា‌ចារ្យ​ត្រូវ​ពិនិត្យ​ម្ដង​ទៀត។ បើ​លោក​ឃើញ​ស្នាម​រាល‌ដាល​នៅ​ក្នុង​ផ្ទះ បាន​សេចក្ដី​ថា​ជា​ស្លែ​ដែល​មិន​អាច​បំបាត់​បាន ហើយ​ផ្ទះ​នោះ​មិន​បរិសុទ្ធ។ ៤៥ គេ​ត្រូវ​កម្ទេច​ផ្ទះ​នោះ ទាំង​ដុំ​ថ្ម ទាំង​ឈើ ទាំង​បាយ‌អ រួច​យក​ទៅ​បោះ​ចោល​នៅ​កន្លែង​មិន​បរិសុទ្ធ ខាង​ក្រៅ​ទី‌ក្រុង។ ៤៦ អ្នក​ណា​ចូល​ផ្ទះ​នេះ​ក្នុង​អំឡុង​ពេល​ដែល​គេ​បិទ​ទ្វារ អ្នក​នោះ​នឹង​ក្លាយ​ទៅ​ជា​មនុស្ស​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។ ៤៧ អ្នក​ដេក​នៅ​ក្នុង​ផ្ទះ​នោះ​ត្រូវ​បោក​សម្លៀក‌បំពាក់​របស់​ខ្លួន ហើយ​អ្នក​បរិភោគ​អាហារ​នៅ​ក្នុង​ផ្ទះ​នោះ ក៏​ត្រូវ​បោក​សម្លៀក‌បំពាក់​របស់​ខ្លួន​ដែរ។
៤៨ ផ្ទុយ​ទៅ​វិញ ក្រោយ​ពី​គេ​បូក​បាយ‌អ​ឡើង​វិញ​ហើយ ប្រសិន​បើ​បូជា‌ចារ្យ​ចូល​ទៅ​ពិនិត្យ​មើល​ឃើញ​ថា ស្នាម​មិន​ចេញ​មក​ទៀត​ទេ លោក​ត្រូវ​ប្រកាស​ថា​ផ្ទះ​នោះ​បរិសុទ្ធ ព្រោះ​លែង​ដុះ​ស្លែ​ទៀត​ហើយ។ ៤៩ បូជា‌ចារ្យ​ត្រូវ​យក​សត្វ​ស្លាប​ពីរ​ក្បាល ឈើ​តា‌ត្រៅ អំបោះ​រោម​ចៀម​ពណ៌​ក្រហម​ទុំ និង​មែក​ហ៊ីសុប* មក​ធ្វើ​ពិធី​ជម្រះ​បាប​ពី​ក្នុង​ផ្ទះ​នោះ។ ៥០ លោក​ត្រូវ អារ ក​សត្វ​ស្លាប​មួយ​ពី​លើ​ផើង​ធ្វើ​អំពី​ដី ដែល​ដាក់​ទឹក​ដង​មក​ពី​ជ្រោះ។ ៥១ បូជា‌ចារ្យ​យក​ឈើ​តា​ត្រៅ មែក​ហ៊ីសុប អំបោះ​រោម​ចៀម​ពណ៌​ក្រហម​ទុំ និង​សត្វ​ស្លាប​មួយ​ទៀត​ដែល​នៅ​រស់ ជ្រលក់​ក្នុង​ឈាម​សត្វ​ដែល​គេ​បាន​អារ ក​លាយ​ជា​មួយ​ទឹក​ជ្រោះ ៥២ ហើយ​ប្រោះ​ចំនួន​ប្រាំ​ពីរ​ដង​ទៅ​លើ​ផ្ទះ​នោះ ដើម្បី​ជម្រះ​ឲ្យ​បរិសុទ្ធ ជ្រះ‌ស្រឡះ​ពី​អំពើ​បាប។ ៥៣ បូជា‌ចារ្យ​ត្រូវ​លែង​សត្វ​នៅ​រស់ ឲ្យ​ហើរ​ពី​ទី‌ក្រុង​ចេញ​ទៅ​វាល។ លោក​ធ្វើ​ពិធី​រំដោះ​បាប​ចេញ​ពី​ផ្ទះ ហើយ​ផ្ទះ​នោះ​នឹង​បាន​បរិសុទ្ធ។
៥៤ នេះ​ជា​ច្បាប់​ស្តី​អំពី​រោគ​ឃ្លង់​គ្រប់​យ៉ាង រោគ​អង្គែ​ស៊ី ៥៥ ការ​កើត​កន្ទួល កើត​ភ្លឺ និង​កើត​ស្រែង ៥៦ ស្តី​អំពី​ការ​ដុះ​ផ្សិត​នៅ​លើ​សម្លៀក‌បំពាក់ និង​ដុះ​ស្លែ​នៅ​តាម​ជញ្ជាំង​ផ្ទះ។ ៥៧ ច្បាប់​នេះ​អាច​ជួយ​ឲ្យ​គេ​សន្មត​អំពី​មនុស្ស ឬ​វត្ថុ​ដែល​បរិសុទ្ធ ឬ​មិន​បរិសុទ្ធ។ នេះ​ជា​ច្បាប់​ស្តី​អំពី​រោគ​ឃ្លង់»។
១៥
វិន័យ​ស្តី​អំពី​ភាព​មិន​បរិសុទ្ធ​ផ្នែក​ភេទ​របស់​បុរស
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អរ៉ុន​ថា៖  «ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: កាល​ណា​បុរស​ម្នាក់​មាន​ជំងឺ​កាម​រោគ ហើយ​មាន​ខ្ទុះ​ហូរ​ចេញ​មក បណ្តាល​ឲ្យ​គាត់​ទៅ​ជា​មិន​បរិសុទ្ធ។  ខ្ទុះ​ដែល​ហូរ​ចេញ​មក ឬ​ក៏​ស្ទះ​មិន​ហូរ​ក្តី សុទ្ធ​តែ​មិន​បរិសុទ្ធ ហើយ​បណ្តាល​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ​ដែរ។  ដូច្នេះ គ្រែ​បុរស​នោះ​ដេក ឬ​កន្លែង​បុរស​នោះ​អង្គុយ​នឹង​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ។  អ្នក​ប៉ះ​នឹង​គ្រែ​នោះ​ត្រូវ​តែ​បោក​សម្លៀក‌បំពាក់ ព្រម​ទាំង​លាង​សំអាត​ខ្លួន​ប្រាណ ហើយ​ត្រូវ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ​រហូត​ដល់​ល្ងាច។  អ្នក​អង្គុយ​លើ​កៅ‌អី​ដែល​អ្នក​ជំងឺ​បាន​អង្គុយ​ត្រូវ​បោក​សម្លៀក‌បំពាក់ ព្រម​ទាំង​លាង​សំអាត​ខ្លួន​ប្រាណ ហើយ​ត្រូវ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។  អ្នក​ដែល​ប៉ះ​អ្នក​ជំងឺ​ត្រូវ​តែ​បោក​សម្លៀក‌បំពាក់ ព្រម​ទាំង​លាង​សំអាត​ខ្លួន​ប្រាណ ហើយ​ត្រូវ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ​រហូត​ដល់​ល្ងាច។  ប្រសិន​បើ​អ្នក​ជំងឺ​ស្តោះ​ទឹក​មាត់​ទៅ​លើ​មនុស្ស​បរិសុទ្ធ អ្នក​បរិសុទ្ធ​នោះ​ត្រូវ​តែ​បោក​សម្លៀក‌បំពាក់ ព្រម​ទាំង​លាង​សំអាត​ខ្លួន​ប្រាណ ហើយ​ត្រូវ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ​រហូត​ដល់​ល្ងាច។  រីឯ​កែប​សេះ ឬ​កែប​លា​ដែល​អ្នក​ជំងឺ​ជិះ ក៏​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ​ដែរ។ ១០ អ្នក​ណា​ប៉ះ‌ពាល់​វត្ថុ​ដែល​គេ​ដាក់​នៅ​ក្រោម​អ្នក​ជំងឺ អ្នក​នោះ​នឹង​ទៅ​ជា​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។ អ្នក​កាន់​វត្ថុ​នេះ​ត្រូវ​តែ​បោក​សម្លៀក‌បំពាក់ ព្រម​ទាំង​លាង​សំអាត​ខ្លួន​ប្រាណ ហើយ​ត្រូវ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ​រហូត​ដល់​ល្ងាច។ ១១ បើ​អ្នក​ជំងឺ​ពុំ​បាន​លាង​ដៃ ហើយ​ទៅ​ពាល់​នរណា​ម្នាក់ អ្នក​នោះ​ត្រូវ​តែ​បោក​សម្លៀក‌បំពាក់ ព្រម​ទាំង​លាង​សំអាត​ខ្លួន​ប្រាណ ហើយ​ត្រូវ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ​រហូត​ដល់​ល្ងាច។ ១២ ផើង​ធ្វើ​អំពី​ដី​ដែល​អ្នក​ជំងឺ​ប៉ះ‌ពាល់ ត្រូវ​តែ​បំបែក​ចោល​ទាំង​អស់ តែ​បើ​ជា​ផើង​ធ្វើ​ពី​ឈើ​វិញ នោះ​ត្រូវ​តែ​យក​ទឹក​មក​លាង​សំអាត។
១៣ កាល​ណា​ខ្ទុះ​របស់​អ្នក​កើត​ជំងឺ​កាម​រោគ​នោះ​ឈប់​ហូរ គាត់​ត្រូវ​រង់‌ចាំ​ប្រាំ​ពីរ​ថ្ងៃ ទើប​គាត់​អាច​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ គាត់​ត្រូវ​បោក​សម្លៀក‌បំពាក់ ហើយ​ដង​ទឹក​ជ្រោះ​យក​មក​លាង​សំអាត​ខ្លួន​ប្រាណ រួច​ហើយ​ទើប​គាត់​បរិសុទ្ធ។ ១៤ នៅ​ថ្ងៃ​ទី​ប្រាំ​បី គាត់​ត្រូវ​យក​លលក​ពីរ ឬ​ព្រាប​ជំទើរ​ពីរ ទៅ​ថ្វាយ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។ គាត់​ត្រូវ​ជូន​សត្វ​នោះ​ទៅ​បូជា‌ចារ្យ ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។ ១៥ បូជា‌ចារ្យ​យក​សត្វ​មួយ​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប និង​សត្វ​មួយ​ទៀត​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល។ បន្ទាប់​មក បូជា‌ចារ្យ​ធ្វើ​ពិធី​ជម្រះ​បាប​ឲ្យ​បុរស​ដែល​មាន​កាម​រោគ​នោះ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់
១៦ ប្រសិន​បើ​បុរស​ម្នាក់​ហូរ​ទឹក​កាម គេ​ត្រូវ​លាង​សំអាត​ខ្លួន​ប្រាណ​ទាំង​មូល ហើយ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ​រហូត​ដល់​ល្ងាច។ ១៧ សម្លៀក‌បំពាក់ ឬ​កម្រាល​ដែល​ប្រឡាក់​ទឹក​កាម​នោះ ត្រូវ​តែ​បោក​សំអាត ហើយ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ​រហូត​ដល់​ល្ងាច។
១៨ កាល​ណា​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​រួមរ័ក​ជា​មួយ​គ្នា នោះ​គេ​ទាំង​ពីរ​នាក់​ត្រូវ​លាង​សំអាត​ខ្លួន​ប្រាណ ហើយ​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ​រហូត​ដល់​ល្ងាច»។
វិន័យ​ស្តី​អំពី​ភាព​មិន​បរិសុទ្ធ​ផ្នែក​ភេទ​របស់​ស្ត្រី
១៩ «កាល​ណា​ស្ត្រី​ម្នាក់​ធ្លាក់​ឈាម ដោយ​មាន​រដូវ នាង​ត្រូវ​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ អស់‌រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ។ អ្នក​ដែល​ប៉ះ​នាង​នឹង​ទៅ​ជា​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។ ២០ ពេល​មាន​រដូវ​នោះ​គ្រែ​ដែល​នាង​ដេក ឬ​កៅ‌អី​ដែល​នាង​អង្គុយ ក៏​ទៅ​ជា​មិន​បរិសុទ្ធ​ដែរ។ ២១ អ្នក​ដែល​ប៉ះ​គ្រែ​នោះ​ត្រូវ​តែ​បោក​សម្លៀក‌បំពាក់ ព្រម​ទាំង​លាង​សំអាត​ខ្លួន​ប្រាណ ហើយ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។ ២២ អ្នក​ប៉ះ​នឹង​កៅ‌អី​ដែល​នាង​បាន​អង្គុយ​ត្រូវ​តែ​បោក​សម្លៀក‌បំពាក់ ព្រម​ទាំង​លាង​សំអាត​ខ្លួន​ប្រាណ ហើយ​ត្រូវ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។ ២៣ ប្រសិន​បើ​មាន​នរណា​ម្នាក់​ប៉ះ​នឹង​វត្ថុ​អ្វី​មួយ​នៅ​លើ​គ្រែ ឬ​កៅ‌អី​ដែល​នាង​អង្គុយ អ្នក​នោះ​ត្រូវ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។ ២៤ ប្រសិន​បើ​មាន​បុរស​ម្នាក់​រួម​ដំណេក​ជា​មួយ​នាង ក្នុង​អំឡុង​ពេល​នាង​មាន​រដូវ បុរស​នោះ​ក៏​ទៅ​ជា​មិន​បរិសុទ្ធ អស់‌រយៈ​ប្រាំ​ពីរ​ថ្ងៃ ហើយ​គ្រែ​ដែល​គេ​ដេក​នោះ​ក៏​មិន​បរិសុទ្ធ​ដែរ។
២៥ កាល​ណា​ស្ត្រី​ម្នាក់​ធ្លាក់​ឈាម​ខុស​ពី​ធម្មតា ឬ​ធ្លាក់​ឈាម​ច្រើន​ថ្ងៃ​ជាង​ពេល​មាន​រដូវ នាង​ត្រូវ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ ក្នុង​អំឡុង​ពេល​ធ្លាក់​ឈាម​នោះ ដូច​គ្រា​នាង​មាន​រដូវ​ដែរ។ ២៦ ពេល​នោះ គ្រែ​ដែល​នាង​ដេក ឬ​កៅ‌អី​ដែល​នាង​អង្គុយ នឹង​ទៅ​ជា​មិន​បរិសុទ្ធ​ដូច​ពេល​នាង​មាន​រដូវ​ដែរ។ ២៧ អ្នក​ដែល​ប៉ះ​នឹង​គ្រែ​នោះ​ត្រូវ​តែ​បោក​សម្លៀក‌បំពាក់ ព្រម​ទាំង​លាង​សំអាត​ខ្លួន​ប្រាណ ហើយ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។
២៨ កាល​ណា​នាង​ឈប់​ធ្លាក់​ឈាម​ហើយ នាង​ត្រូវ​រង់‌ចាំ​អស់‌រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ​ទៀត ទើប​នាង​អាច​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ។ ២៩ នៅ​ថ្ងៃ​ទី​ប្រាំ‌បី នាង​ត្រូវ​យក​លលក​ពីរ ឬ​ព្រាប​ជំទើរ​ពីរ ទៅ​ជូន​បូជា‌ចារ្យ​នៅ​ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។ ៣០ បូជា‌ចារ្យ​យក​សត្វ​មួយ ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប និង​សត្វ​មួយ​ទៀត​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល។ បន្ទាប់​មក បូជា‌ចារ្យ​ធ្វើ​ពិធី​ជម្រះ​បាប​ឲ្យ​ស្ត្រី​ធ្លាក់​ឈាម ដែល​បណ្តាល​ឲ្យ​នាង​ទៅ​ជា​មិន​បរិសុទ្ធ​នោះ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់
៣១ ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រា‌អែល​ឲ្យ​នៅ​ដាច់​ឆ្ងាយ​ពី​យើង ក្នុង​ពេល​ដែល​ពួក​គេ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ។ ធ្វើ​ដូច្នេះ ពួក​គេ​នឹង​រួច​ផុត​ពី​ស្លាប់ ព្រោះ​តែ​ភាព​មិន​បរិសុទ្ធ គឺ​ពួក​គេ​មិន​ធ្វើ​ឲ្យ​ដំណាក់​របស់​យើង​ដែល​ស្ថិត​នៅ​ក្នុង​ចំណោម​ពួក​គេ ទៅ​ជា​សៅ‌ហ្មង​ឡើយ។
៣២ នេះ​ជា​ច្បាប់​ស្តី​អំពី​បុរស​ដែល​មាន​ជំងឺ​កាម​រោគ ឬ​ហូរ​ទឹក​កាម​បណ្តាល​ឲ្យ​ខ្លួន​ទៅ​ជា​មិន​បរិសុទ្ធ ៣៣ និង​ស្តី​អំពី​ស្ត្រី​ដែល​ធ្លាក់​ឈាម​ក្នុង​ពេល​មាន​រដូវ ព្រម​ទាំង​បុរស និង​ស្ត្រី​ដែល​រួម​ដំណេក​ជា​មួយ​គ្នា នៅ​ពេល​ស្ត្រី​ស្ថិត​ក្នុង​ភាព​មិន​បរិសុទ្ធ»។
១៦
វិន័យ​ស្តី​អំពី​ពិធី​រំដោះ​បាប​ប្រចាំ​ឆ្នាំ
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ ក្រោយ​គ្រា​កូន​ប្រុស​ទាំង​ពីរ​របស់​លោក​អរ៉ុន​ស្លាប់ នៅ​ពេល​ចូល​ទៅ​គាល់​ព្រះ‌អម្ចាស់
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​អរ៉ុន​ជា​បង​របស់​អ្នក កុំ​ឲ្យ​ចូល​ទៅ​ក្នុង​ទី​សក្ការៈ​គ្រប់​ពេល​វេលា​ឡើយ ពោល​គឺ​ចូល​ទៅ​ខាង​ក្រោយ​វាំងនន ដែល​នៅ​ពី​មុខ​គម្រប​ហិប*​នៃ​សម្ពន្ធ‌មេត្រី* បើ​មិន​ដូច្នោះ​ទេ ក្រែង​លោ​គាត់​ត្រូវ​ស្លាប់ ដ្បិត​យើង​នឹង​លេច​មក​ក្នុង​ពពក​នៅ​លើ​គម្រប​ហិប។
 ពេល​អរ៉ុន​ចូល​ទៅ​ក្នុង​ទី​សក្ការៈ​ត្រូវ​ធ្វើ​ដូច​ត​ទៅ គឺ​យក​គោ​ឈ្មោល​ស្ទាវ​មួយ​សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប និង​ចៀម​ឈ្មោល​មួយ​សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល។  គាត់​ត្រូវ​ពាក់​អាវ​វែង​សក្ការៈ​ធ្វើ​ពី​អំបោះ​ធ្មៃ និង​ស្លៀក​ខោ​ខ្លី​ខាង​ក្នុង​ធ្វើ​ពី​អំបោះ​ធ្មៃ ពាក់​ខ្សែ​ក្រវាត់​ធ្វើ​ពី​អំបោះ​ធ្មៃ ហើយ​ពាក់​ឆ្នួត​ក្បាល​ធ្វើ​ពី​អំបោះ​ធ្មៃ។ ដោយ​សម្លៀក‌បំពាក់​ទាំង​នេះ​សក្ការៈ មុន​នឹង​ស្លៀក​ពាក់ គាត់​ត្រូវ​យក​ទឹក​មក​ធ្វើ​ពិធី​ជម្រះ​កាយ​ជា​មុន​សិន។  គាត់​ត្រូវ​ទទួល​ពពែ​ឈ្មោល​ពីរ​ពី​សហគមន៍​អ៊ីស្រា‌អែល សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប និង​ចៀម​ឈ្មោល​មួយ​សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល។  អរ៉ុន​ត្រូវ​ថ្វាយ​គោ​ឈ្មោល​របស់​គាត់​ជា​យញ្ញ‌បូជា​រំដោះ​បាប សម្រាប់​ខ្លួន​គាត់ និង​ក្រុម​គ្រួសារ​របស់​គាត់។  គាត់​នាំ​ពពែ​ឈ្មោល​ទាំង​ពីរ​ទៅ​ដាក់​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។  អរ៉ុន​ត្រូវ​ចាប់​ឆ្នោត​ជ្រើស‌រើស​ពពែ​ឈ្មោល​ទាំង​ពីរ គឺ​មួយ​ថ្វាយ​ព្រះ‌អម្ចាស់ មួយ​ទៀត​ឲ្យ​អាសា‌អែល។  ពេល​ចាប់​ឆ្នោត​រួច​ហើយ អរ៉ុន​យក​ពពែ​ឈ្មោល​ដែល​ត្រូវ​ថ្វាយ​ព្រះ‌អម្ចាស់ ទៅ​ធ្វើ​ជា​យញ្ញ‌បូជា​រំដោះ​បាប។ ១០ រីឯ​ពពែ​ឈ្មោល​ដែល​ត្រូវ​បាន​ទៅ​អាសា‌អែល ក៏​ត្រូវ​យក​មក​ទាំង​រស់ ដាក់​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ សម្រាប់​លោះ​បាប ហើយ​ប្រគល់​ឲ្យ​អាសា‌អែល នៅ​វាល​រហោ‌ស្ថាន។ ១១ អរ៉ុន​ត្រូវ​ថ្វាយ​គោ​បា​ជា​តង្វាយ​រំដោះ​បាប ដើម្បី​លោះ​បាប​គាត់ និង​ក្រុម​គ្រួសារ​របស់​គាត់។ គាត់​ត្រូវ​ចាក់​ក​គោ​បា​នោះ សម្រាប់​រំដោះ​បាប​របស់​ខ្លួន។ ១២ គាត់​ត្រូវ​យក​ភាជន៍​ពេញ​ទៅ​ដោយ​រងើក​ភ្លើង ដែល​យក​ពី​អាសនៈ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ព្រម​ទាំង​យក​គ្រឿង​ក្រអូប​ម៉ដ្ត​ចំនួន​ពីរ​ក្តាប់​មក​ជា​មួយ ចូល​ទៅ​ក្នុង​វាំងនន​សក្ការៈ។ ១៣ គាត់​ត្រូវ​ដុត​គ្រឿង​ក្រអូប​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ដើម្បី​ផ្សែង​ហុយ​ទៅ​លើ​គម្រប​ហិប ដែល​គ្រប​ពី​លើ​បន្ទះ​ថ្ម​នៃ​សន្ធិ‌សញ្ញា។ ធ្វើ​ដូច្នេះ គាត់​នឹង​មិន​ត្រូវ​ស្លាប់​ឡើយ។ ១៤ គាត់​ត្រូវ​យក​ឈាម​គោ​បា​មក ហើយ​ជ្រលក់​ម្រាម​ដៃ​ទៅ​ក្នុង​ឈាម​នោះ ប្រោះ​ពី​មុខ​គម្រប​ហិប​ដែល​នៅ​ជ្រុង​ខាង​កើត។ គាត់​ត្រូវ​យក​ម្រាម​ដៃ​ធ្វើ​ពិធី​ប្រោះ​ឈាម​លើ​ផ្នែក​ខាង​មុខ​ហិប​ដូច្នេះ ចំនួន​ប្រាំ​ពីរ​ដង។ ១៥ គាត់​ត្រូវ​ចាក់​ក​ពពែ​ឈ្មោល សម្រាប់​រំដោះ​បាប​របស់​ប្រជាជន ហើយ​យក​ឈាម​ចូល​ទៅ​ខាង​ក្រោយ​វាំងនន។ គាត់​ត្រូវ​ប្រោះ​ឈាម​ពពែ​ឈ្មោល​នេះ ទៅ​លើ​គម្រប​ហិប និង​ផ្នែក​ខាង​មុខ​គម្រប​ហិប ដូច​គាត់​បាន​ប្រោះ​ឈាម​គោ​បា​ដែរ។ ១៦ គាត់​ធ្វើ​ដូច្នេះ ដើម្បី​ជម្រះ​ទី​សក្ការៈ​ឲ្យ​បរិសុទ្ធ រួច​ផុត​ពី​ភាព​សៅ‌ហ្មង​របស់​ជន​ជាតិ​អ៊ីស្រា‌អែល ព្រម​ទាំង​អំពើ​ទុច្ចរិត និង​អំពើ​បាប​ទាំង​ប៉ុន្មាន​របស់​ពួក​គេ។ គាត់​ក៏​ត្រូវ​ធ្វើ​ពិធី​ប្រោះ​ឈាម​បែប​នេះ​លើ​ពន្លា​ជួប​ព្រះ‌អម្ចាស់ ដែល​ស្ថិត​នៅ​កណ្ដាល​ចំណោម​ពួក​គេ ជា​មនុស្ស​មិន​បរិសុទ្ធ។ ១៧ ពេល​គាត់​ចូល​ទៅ​ធ្វើ​ពិធី​ជម្រះ​បាប​នៅ​ក្នុង​ទី​សក្ការៈ រហូត​ដល់​ពេល​គាត់​ចេញ​មក​វិញ មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ស្ថិត​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់​ឡើយ។ គាត់​ត្រូវ​ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​ខ្លួន​គាត់​ផ្ទាល់ ឲ្យ​ក្រុម​គ្រួសារ​របស់​គាត់ និង​ឲ្យ​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល។ ១៨ គាត់​ត្រូវ​ចេញ​មក​ខាង​មុខ​អាសនៈ ដែល​ស្ថិត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ហើយ​ធ្វើ​ពិធី​ជម្រះ​អាសនៈ គឺ​គាត់​ត្រូវ​យក​ឈាម​គោ​បា និង​ឈាម​ពពែ​ឈ្មោល ទៅ​លាប​ជុំ‌វិញ​ស្នែង​ទាំង​បួន​របស់​អាសនៈ។ ១៩ គាត់​ត្រូវ​យក​ម្រាម​ដៃ​ជ្រលក់​ក្នុង​ឈាម ហើយ​ប្រោះ​ឈាម​ទៅ​លើ​អាសនៈ​ចំនួន​ប្រាំ​ពីរ​ដង។ គាត់​ជម្រះ​អាសនៈ​ឲ្យ​បរិសុទ្ធ រួច​ផុត​ពី​ភាព​សៅ‌ហ្មង​របស់​ជន​ជាតិ​អ៊ីស្រា‌អែល រួច​ញែក​អាសនៈ​ឲ្យ​វិសុទ្ធ។
២០ ពេល​គាត់​ធ្វើ​ពិធី​ជម្រះ​ទី​សក្ការៈ ជម្រះ​ពន្លា​ជួប​ព្រះ‌អម្ចាស់ និង​ជម្រះ​អាសនៈ​រួច​រាល់​ហើយ គាត់​ត្រូវ​យក​ពពែ​ឈ្មោល​មួយ​ទៀត​ដែល​នៅ​រស់ ចូល​មក។ ២១ អរ៉ុន​ត្រូវ​ដាក់​ដៃ​ទាំង​ពីរ​លើ​ក្បាល​របស់​ពពែ​ដែល​នៅ​រស់​ដោយ​លន់‌តួ​កំហុស ព្រម​ទាំង​អំពើ​ទុច្ចរិត និង​អំពើ​បាប​ទាំង​អស់​របស់​ជន​ជាតិ​អ៊ីស្រា‌អែល រួច​បញ្ចេរ​ទៅ​លើ​ក្បាល​ពពែ​នោះ។ បន្ទាប់​មក គាត់​ត្រូវ​ឲ្យ​បុរស​ម្នាក់​ដែល​គាត់​បាន​ជ្រើស‌រើស​ជា​មុន ដេញ​ពពែ​នោះ​ទៅ​វាល​រហោ‌ស្ថាន។ ២២ ពពែ​នោះ​នាំ​យក​អំពើ​បាប​ទាំង​អស់​របស់​ជន​ជាតិ​អ៊ីស្រា‌អែល ឆ្ពោះ​ទៅ​ទី​ស្មសាន។ កាល​ដេញ​ពពែ​នោះ​ទៅ​វាល​រហោ‌ស្ថាន​ផុត​ហើយ ២៣ អរ៉ុន​ត្រូវ​ចូល​ទៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់​វិញ រួច​ដោះ​សម្លៀក‌បំពាក់​ធ្វើ​ពី​អំបោះ​ធ្មៃ ដែល​គាត់​ពាក់​សម្រាប់​បំពេញ​មុខ‌ងារ​ក្នុង​ទី​សក្ការៈ​នោះ​ទុក​នៅ​ក្នុង​ទី​សក្ការៈ។ ២៤ គាត់​យក​ទឹក​លាង​ដៃ ជម្រះ​កាយ​នៅ​ក្នុង​ទី​ដ៏​សក្ការៈ រួច​ស្លៀក​សម្លៀក‌បំពាក់​របស់​គាត់​វិញ។ បន្ទាប់​មក ទើប​គាត់​ចេញ​មក​ក្រៅ ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​របស់​គាត់ និង​តង្វាយ​ដុត​ទាំង​មូល​របស់​ប្រជាជន ដើម្បី​លោះ​បាប​របស់​គាត់ និង​បាប​របស់​ប្រជាជន។ ២៥ គាត់​ត្រូវ​ដុត​ខ្លាញ់​របស់​សត្វ​នៅ​លើ​អាសនៈ ដើម្បី​រំដោះ​បាប។
២៦ រីឯ​បុរស​ដែល​ដេញ​ពពែ​ទៅ​ឲ្យ​អាសា‌អែល​នៅ​វាល​រហោ‌ស្ថាន​នោះ ក៏​ត្រូវ​យក​ទឹក​លាង​ជម្រះ​សម្លៀក‌បំពាក់ និង​រូប​កាយ​របស់​ខ្លួន​ដែរ។ បន្ទាប់​មក ទើប​គាត់​អាច​ចូល​មក​ក្នុង​ជំរំ​វិញ​បាន។ ២៧ រីឯ​គោ​បា និង​ពពែ​ឈ្មោល ដែល​គេ​សម្លាប់ ដើម្បី​រំដោះ​បាប ហើយ​យក​ឈាម​របស់​វា​ចូល​ទៅ​ក្នុង​ទី​សក្ការៈ​សម្រាប់​លោះ​បាប​នោះ គេ​ត្រូវ​យក​វា​ចេញ​ទៅ​ខាង​ក្រៅ​ជំរំ ហើយ​ដុត​វា ទាំង​ស្បែក ទាំង​សាច់ និង​គ្រឿង​ក្នុង។ ២៨ អ្នក​ដុត​វា​ត្រូវ​យក​ទឹក​លាង​ជម្រះ​សម្លៀក‌បំពាក់ និង​រូប​កាយ​របស់​ខ្លួន។ បន្ទាប់​មក ទើប​គាត់​អាច​ចូល​មក​ក្នុង​ជំរំ​វិញ​បាន។
២៩ នេះ​ជា​ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​កាន់​រហូត​ត​ទៅ ឥត​ប្រែ‌ប្រួល​ឡើយ។ នៅ​ថ្ងៃ​ទី​ដប់ ខែ​ទី​ប្រាំ​ពីរ អ្នក​រាល់​គ្នា​ត្រូវ​តម​អាហារ ហើយ​អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ គឺ​ទាំង​អ្នក​រាល់​គ្នា​ដែល​ជា​ម្ចាស់​ស្រុក ទាំង​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា ៣០ ដ្បិត​ថ្ងៃ​នោះ គេ​ធ្វើ​ពិធី​លោះ​បាប​អ្នក​រាល់​គ្នា ដើម្បី​ជម្រះ​អ្នក​រាល់​គ្នា​ឲ្យ​បរិសុទ្ធ។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​បាន​បរិសុទ្ធ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ រួច​ផុត​ពី​បាប​ទាំង​ប៉ុន្មាន​របស់​អ្នក​រាល់​គ្នា។  ថ្ងៃ​នោះ​ជា​ថ្ងៃ​សប្ប័ទ* គឺ​ជា​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​សម្រាក ហើយ​តម​អាហារ។ នេះ​ជា​ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​កាន់​រហូត​ត​ទៅ ឥត​ប្រែ‌ប្រួល​ឡើយ។
៣២ មាន​តែ​បូជា‌ចារ្យ*​ដែល​បាន​ទទួល​ការ​ចាក់​ប្រេង​តែង‌តាំង ឲ្យ​បំពេញ​មុខ‌ងារ​ជា​បូជា‌ចារ្យ​ស្នង​ឪពុក​របស់​ខ្លួន​ប៉ុណ្ណោះ ទើប​មាន​សិទ្ធិ​ធ្វើ​ពិធី​លោះ​បាប។ បូជា‌ចារ្យ​នោះ​ត្រូវ​ស្លៀក​សម្លៀក‌បំពាក់​ធ្វើ​ពី​អំបោះ​ធ្មៃ ដែល​ជា​សម្លៀក‌បំពាក់​សក្ការៈ។ ៣៣ គាត់​ត្រូវ​ធ្វើ​ពិធី​ជម្រះ​ទី​សក្ការៈ​ដ៏‌វិសុទ្ធ ជម្រះ​ពន្លា​ជួប​ព្រះ‌អម្ចាស់ និង​ជម្រះ​អាសនៈ ឲ្យ​បរិសុទ្ធ ព្រម​ទាំង​រំដោះ​បាប​បូជា‌ចារ្យ និង​ប្រជាជន​ទាំង​អស់​ក្នុង​សហគមន៍។
៣៤ នេះ​ជា​ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​កាន់​រហូត​ត​ទៅ ឥត​ប្រែ‌ប្រួល​ឡើយ ដើម្បី​ឲ្យ​រៀង‌រាល់​ឆ្នាំ ជន​ជាតិ​អ៊ីស្រា‌អែល​បាន​រួច​ផុត​ពី​អំពើ​បាប​ទាំង​ប៉ុន្មាន» ។
គេ​ក៏​ធ្វើ​តាម​ព្រះ‌បន្ទូល ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។
១៧

ភាព​វិសុទ្ធ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល

កន្លែង​ដែល​ត្រូវ​ថ្វាយ​យញ្ញ‌បូជា
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ដូច​ត​ទៅ៖  «ចូរ​ប្រាប់​អរ៉ុន និង​កូន​ប្រុស​របស់​គាត់ ព្រម​ទាំង​ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​ថា ព្រះ‌អម្ចាស់​បាន​បង្គាប់​ដូច​ត​ទៅ:
 ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល បើ​បុរស​ណា​ម្នាក់​ចង់​ចាក់​ក​គោ ចៀម ឬ​ពពែ​ក្នុង​ជំរំ ឬ​ក្រៅ​ជំរំ  ត្រូវ​តែ​នាំ​សត្វ​នោះ​មក​ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់ ដើម្បី​ថ្វាយ​ជា​តង្វាយ​ដល់​ព្រះ‌អង្គ នៅ​មុខ​ព្រះ‌ពន្លា។ ប្រសិន​បើ​អ្នក​នោះ​មិន​ធ្វើ​ដូច្នេះ​ទេ ត្រូវ​ទារ​ឈាម​ដែល​គាត់​បាន​បង្ហូរ ដោយ​ដក​គាត់​ចេញ​ពី​ក្នុង​ចំណោម​ប្រជាជន​របស់​ខ្លួន។  ធ្វើ​ដូច្នេះ ដើម្បី​ឃាត់​ជន​ជាតិ​អ៊ីស្រា‌អែល​មិន​ឲ្យ​សម្លាប់​សត្វ​ធ្វើ​យញ្ញ‌បូជា នៅ​តាម​ទី​វាល។ គេ​ត្រូវ​នាំ​សត្វ​យក​មក​ជូន​បូជា‌ចារ្យ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់ ហើយ​ថ្វាយ​ដល់​ព្រះ‌អម្ចាស់​ទុក​ជា​យញ្ញ‌បូជា​មេត្រី‌ភាព។  បូជា‌ចារ្យ​ត្រូវ​ប្រោះ​ឈាម​សត្វ​លើ​អាសនៈ​របស់​ព្រះ‌អម្ចាស់ នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។ បូជា‌ចារ្យ​ត្រូវ​ដុត​ខ្លាញ់​សត្វ​នោះ ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់។  ធ្វើ​ដូច្នេះ ពួក​គេ​នឹង​លែង​ក្បត់​យើង ដោយ​ថ្វាយ​យញ្ញ‌បូជា​ទៅ​ព្រះ​ក្លែង‌ក្លាយ ដែល​មាន​រូប‌រាង​ដូច​ពពែ​ឈ្មោល​ទៀត​ហើយ។ នេះ​ជា​ច្បាប់​ដែល​ពួក​គេ និង​ពូជ‌ពង្ស​របស់​ពួក​គេ ត្រូវ​កាន់​រហូត​ត​ទៅ ឥត​ប្រែ‌ប្រួល​ឡើយ។  ចូរ​ប្រាប់​ពួក​គេ​ថា ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល ឬ​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​ពួក​គេ ប្រសិន​បើ​មាន​បុរស​ណា​ម្នាក់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ឬ​យញ្ញ‌បូជា​អ្វី​មួយ  តែ​មិន​នាំ​សត្វ​នោះ​មក​ថ្វាយ​ជា​យញ្ញ‌បូជា​ដល់​ព្រះ‌អម្ចាស់ ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់​ទេ ត្រូវ​ដក​បុរស​នោះ​ចេញ​ពី​ចំណោម​ប្រជាជន​របស់​ខ្លួន»។
ការ​ហាម​ឃាត់​បរិភោគ​ឈាម
១០ «ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល ឬ​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​ពួក​គេ ប្រសិន​បើ​មាន​បុរស​ណា​ម្នាក់​បរិភោគ​ឈាម​អ្វី​ក៏​ដោយ យើង​នឹង​ដាក់​ទោស​អ្នក​ដែល​បរិភោគ​នោះ ហើយ​ដក​គេ​ចេញ​ពី​ចំណោម​ប្រជាជន​របស់​ខ្លួន ១១ ដ្បិត​ជីវិត​របស់​សត្វ​លោក​ស្ថិត​នៅ​ក្នុង​ឈាម។ ហេតុ​នេះ​ហើយ​បាន​យើង​ឲ្យ​អ្នក​រាល់​គ្នា​បង្ហូរ​ឈាម​នៅ​លើ​អាសនៈ ដើម្បី​ធ្វើ​ពិធី​រំដោះ​បាប។ ឈាម​អាច​រំដោះ​បាប​បាន ព្រោះ​នៅ​ក្នុង​ឈាម​មាន​ជីវិត។ ១២ ហេតុ​នេះ យើង​ហាម​ជន​ជាតិ​អ៊ីស្រា‌អែល​ថា: ក្នុង​ចំណោម​អ្នក​រាល់​គ្នា និង​ជន​បរទេស​ដែល​នៅ​ជា​មួយ​អ្នក​រាល់​គ្នា មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​បរិភោគ​ឈាម​ជា​ដាច់​ខាត។ ១៣ ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រា‌អែល និង​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​ពួក​គេ ប្រសិន​បើ​នរណា​ម្នាក់​បរ​បាញ់​សត្វ​ចតុ‌ប្បាទ ឬ​សត្វ​ស្លាប​ណា​មួយ​ដែល​អាច​បរិភោគ​បាន គេ​ត្រូវ​សម្រក់​ឈាម​សត្វ​នោះ​លើ​ដី ហើយ​យក​ធូលី​ដី​លុប​ពី​លើ។ ១៤ ជីវិត​របស់​សត្វ​លោក​ទាំង​អស់​ស្ថិត​នៅ​ក្នុង​ឈាម​របស់​ខ្លួន។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ហាម​ជន​ជាតិ​អ៊ីស្រា‌អែល​ថា “អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​ឈាម​របស់​សត្វ​លោក​ណា​មួយ​ឡើយ ដ្បិត​ជីវិត​របស់​សត្វ​លោក​ទាំង​អស់​ស្ថិត​នៅ​ក្នុង​ឈាម​របស់​ខ្លួន។ អ្នក​ណា​បរិភោគ​ឈាម ត្រូវ​ដក​អ្នក​នោះ​ចេញ​ពី​ចំណោម​ប្រជាជន​របស់​ខ្លួន”។
១៥ មនុស្ស​ទាំង​អស់​ក្នុង​ចំណោម​ម្ចាស់​ស្រុក ឬ​ជន​បរទេស ដែល​បរិភោគ​សត្វ​ងាប់​ដោយ​ជំងឺ ឬ​ដោយ​សត្វ​ព្រៃ​ហែក ត្រូវ​យក​ទឹក​លាង​សំអាត​សម្លៀក‌បំពាក់ និង​រូប​កាយ​របស់​ខ្លួន គេ​នៅ​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច រួច​ទើប​បរិសុទ្ធ​ឡើង​វិញ។ ១៦ ប្រសិន​បើ​គេ​មិន​លាង​សម្លៀក‌បំពាក់ និង​រូប​កាយ​របស់​ខ្លួន​ទេ គេ​មាន​កំហុស​ហើយ»។
១៨
វិន័យ​ផ្សេងៗ​ស្តី​អំពី​ភាព​បរិសុទ្ធ
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖  «ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។  អ្នក​រាល់​គ្នា​មិន​ត្រូវ​ប្រព្រឹត្ត​ដូច​ជន​ជាតិ​អេស៊ីប​ធ្លាប់​ប្រព្រឹត្ត នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​ធ្លាប់​រស់​នៅ ហើយ​ក៏​មិន​ត្រូវ​ប្រព្រឹត្ត​ដូច​ជន​ជាតិ​កាណាន​នៅ​ក្នុង​ស្រុក ដែល​យើង​នាំ​អ្នក​រាល់​គ្នា​ចូល​ទៅ​រស់​នៅ​ដែរ។ កុំ​កាន់​តាម​ច្បាប់​របស់​ពួក​គេ។  អ្នក​រាល់​គ្នា​ត្រូវ​ប្រព្រឹត្ត​តាម​ច្បាប់ ហើយ​កាន់​តាម​វិន័យ​របស់​យើង។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។  អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​ក្រឹត្យ‌វិន័យ និង​ច្បាប់​ទាំង​ប៉ុន្មាន​របស់​យើង។ អ្នក​ប្រតិ‌បត្តិ​តាម​នឹង​មាន​ជីវិត ដោយ‌សារ​ក្រឹត្យ‌វិន័យ និង​ច្បាប់​ទាំង​នោះ។ យើង​ជា​ព្រះ‌អម្ចាស់
 ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​រួមរ័ក​ជា​មួយ​សាច់‌ញាតិ​របស់​ខ្លួន​ឡើយ។ យើង​ជា​ព្រះ‌អម្ចាស់។  មិន​ត្រូវ​បន្ថោក​ឪពុក​របស់​ខ្លួន ដោយ​រួមរ័ក​ជា​មួយ​ម្ដាយ​របស់​អ្នក​ឡើយ។ គាត់​ជា​ម្ដាយ​របស់​អ្នក ដូច្នេះ កុំ​បន្ថោក​ម្ដាយ​របស់​អ្នក​ឲ្យ​សោះ។  មិន​ត្រូវ​រួមរ័ក​ជា​មួយ​ប្រពន្ធ​ចុង​របស់​ឪពុក​អ្នក​ឡើយ ធ្វើ​ដូច្នេះ ដូច​ជា​បន្ថោក​ឪពុក​របស់​អ្នក​ដែរ។  មិន​ត្រូវ​រួមរ័ក​ជា​មួយ​បង​ស្រី ឬ​ប្អូន​ស្រី​របស់​អ្នក​ឡើយ ទោះ‌បី​នាង​ជា​បង‌ប្អូន​ឪពុក​តែ​មួយ ឬ​បង‌ប្អូន​រួម​ផ្ទៃ​ជា​មួយ​អ្នក​ក្តី ទោះ‌បី​ជា​កូន​មាន​ខាន់‌ស្លា ឬ​ឥត​ខាន់‌ស្លា​ក្តី។ ១០ មិន​ត្រូវ​រួមរ័ក​ជា​មួយ​ចៅ​ស្រី​របស់​អ្នក​ឡើយ ទោះ‌បី​នាង​នោះ​ជា​កូន​របស់​កូន​ប្រុស ឬ​កូន​ស្រី​របស់​អ្នក​ក្តី ព្រោះ​ធ្វើ​ដូច្នេះ អ្នក​បន្ថោក​ខ្លួន។ ១១ មិន​ត្រូវ​រួមរ័ក​ជា​មួយ​កូន​ស្រី​របស់​ប្រពន្ធ​ចុង​ឪពុក​អ្នក​ឡើយ នាង​ក៏​ជា​កូន​របស់​ឪពុក​អ្នក​ដែរ ដូច្នេះ នាង​ជា​ប្អូន​ស្រី​របស់​អ្នក។ ១២ មិន​ត្រូវ​រួមរ័ក​ជា​មួយ​បង​ស្រី ឬ​ប្អូន​ស្រី​របស់​ឪពុក​អ្នក​ឡើយ ព្រោះ​គាត់​ជា​សាច់​ឈាម​បង្កើត​របស់​ឪពុក​អ្នក។ ១៣ មិន​ត្រូវ​រួមរ័ក​ជា​មួយ​បង​ស្រី ឬ​ប្អូន​ស្រី​របស់​ម្ដាយ​អ្នក​ឡើយ ព្រោះ​គាត់​ជា​សាច់​ឈាម​បង្កើត​របស់​ម្ដាយ​អ្នក។ ១៤ មិន​ត្រូវ​បន្ថោក​បង​ប្រុស ឬ​ប្អូន​ប្រុស​របស់​ឪពុក​អ្នក ដោយ​រួមរ័ក​ជា​មួយ​ប្រពន្ធ​របស់​គាត់​ឡើយ ព្រោះ​នាង​ត្រូវ​ជា​ម្ដាយ​មីង​របស់​អ្នក។ ១៥ មិន​ត្រូវ​រួមរ័ក​ជា​មួយ​កូន​ប្រសា​ស្រី​របស់​អ្នក​ឡើយ ព្រោះ​នាង​ជា​ប្រពន្ធ​របស់​កូន​ប្រុស​អ្នក ដូច្នេះ កុំ​រួមរ័ក​ជា​មួយ​នាង​ឲ្យ​សោះ។ ១៦ មិន​ត្រូវ​រួមរ័ក​ជា​មួយ​ប្រពន្ធ​របស់​បង ឬ​ប្អូន​អ្នក​ឡើយ។ ១៧ មិន​ត្រូវ​រួមរ័ក​ជា​មួយ​ម្ដាយ​ផង និង​កូន​ស្រី​ផង​ឡើយ ហើយ​ក៏​មិន​ត្រូវ​រួមរ័ក​ជា​មួយ​ចៅ​ស្រី​ជា​កូន​របស់​កូន​ប្រុស ឬ​កូន​ស្រី​គាត់ ព្រោះ​ជា​សាច់​ឈាម​របស់​គាត់។ ធ្វើ​ដូច្នេះ ជា​អំពើ​ដ៏​ថោក‌ទាប​បំផុត។ ១៨ ក្នុង​ពេល​ប្រពន្ធ​អ្នក​នៅ​រស់ មិន​ត្រូវ​យក​បង​ថ្លៃ ឬ​ប្អូន​ថ្លៃ​របស់​អ្នក មក​ធ្វើ​ជា​ប្រពន្ធ​ចុង ជា​ហេតុ​បង្ក​ឲ្យ​មាន​ជម្លោះ​ទាស់‌ទែង​គ្នា​រវាង​នាង និង​ប្រពន្ធ​របស់​អ្នក​ឡើយ។
១៩ មិន​ត្រូវ​រួមរ័ក​ជា​មួយ​ស្ត្រី​ដែល​មាន​រដូវ​ឡើយ ដ្បិត​នាង​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ។ ២០ កុំ​រួមរ័ក​ជា​មួយ​ប្រពន្ធ​របស់​អ្នក​ដទៃ ជា​ហេតុ​បណ្តាល​ឲ្យ​អ្នក​ទៅ​ជា​សៅ‌ហ្មង​ជា​មួយ​នាង​ឡើយ។
២១ មិន​ត្រូវ​យក​កូន​ចៅ​របស់​អ្នក​ទៅ​ឲ្យ​គេ​ធ្វើ​យញ្ញ‌បូជា​ចំពោះ​ព្រះ​ម៉ូឡុក​ឡើយ កុំ​បង្អាប់​ព្រះ‌នាម​នៃ​ព្រះ​របស់​អ្នក​ឲ្យ​សោះ។ យើង​ជា​ព្រះ‌អម្ចាស់២២ មិន​ត្រូវ​រួមរ័ក​ជា​មួយ​ប្រុសៗ​ដូច​គ្នា ដូច​គេ​រួមរ័ក​ជា​មួយ​ស្ត្រី​ឡើយ ដ្បិត​នេះ​ជា​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម​បំផុត។
២៣ មិន​ត្រូវ​រួមរ័ក​ជា​មួយ​សត្វ​ធាតុ ដែល​ជា​ហេតុ​នាំ​ឲ្យ​ខ្លួន​ត្រូវ​សៅ‌ហ្មង​ឡើយ។ រីឯ​ស្ត្រី​ក៏​មិន​ត្រូវ​រួមរ័ក​ជា​មួយ​សត្វ​ដែរ ព្រោះ​ជា​អំពើ​មួយ​ដ៏​ថោក‌ទាប​បំផុត។
២៤ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ឲ្យ​ខ្លួន​ទៅ​ជា​សៅ‌ហ្មង​ដោយ‌សារ​អំពើ​ណា​មួយ ក្នុង​បណ្តា​អំពើ​ទាំង​នេះ​ឲ្យ​សោះ ដ្បិត​យើង​បាន​ដេញ​ប្រជា‌ជាតិ​នានា​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា ព្រោះ​តែ​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នេះ​ដែល​បណ្តាល​ឲ្យ​ខ្លួន​ទៅ​ជា​សៅ‌ហ្មង។ ២៥ ស្រុក​ទេស​បាន​ក្លាយ​ទៅ​ជា​សៅ‌ហ្មង ហេតុ​នេះ​ហើយ​បាន​ជា​យើង​ដាក់​ទោស​អ្នក​ស្រុក ធ្វើ​ឲ្យ​ពួក​គេ​ខ្ចាត់‌ខ្ចាយ​ចេញ​ពី​ទឹក​ដី​របស់​ខ្លួន។ ២៦ ត្រូវ​ប្រតិ‌បត្តិ​តាម​ក្រឹត្យ‌វិន័យ និង​ច្បាប់​របស់​យើង គឺ​ទាំង​អ្នក​រាល់​គ្នា​ដែល​ជា‌ម្ចាស់​ស្រុក​ទាំង​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា មិន​ត្រូវ​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​ណា​មួយ​ក្នុង​ចំណោម​អំពើ​ទាំង​នោះ​ឡើយ។ ២៧ ជាតិ​សាសន៍​ដែល​រស់​នៅ​ក្នុង​ស្រុក​នេះ​មុន​អ្នក​រាល់​គ្នា បាន​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​ទាំង​នេះ ជា​ហេតុ​បណ្តាល​ឲ្យ​ស្រុក​ទៅ​ជា​សៅ‌ហ្មង។ ២៨ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ធ្វើ​ឲ្យ​ស្រុក​ទៅ​ជា​សៅ‌ហ្មង​ទេ អ្នក​រាល់​គ្នា​នឹង​មិន​ត្រូវ​ខ្ចាត់‌ខ្ចាយ​ចេញ​ពី​ទឹក​ដី ដូច​ប្រជា‌ជាតិ​ដែល​រស់​នៅ​ទី​នេះ​មុន​អ្នក​រាល់​គ្នា​ឡើយ។ ២៩ អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ណា​មួយ ក្នុង​ចំណោម​អំពើ​គួរ​ស្អប់​ខ្ពើម​ទាំង​នេះ នឹង​ត្រូវ​ដក​ចេញ​ពី​ចំណោម​ប្រជាជន​របស់​ខ្លួន។ ៣០ អ្នក​រាល់​គ្នា​ត្រូវ​ប្រតិ‌បត្តិ​តាម​បញ្ជា​របស់​យើង ដោយ​ឥត​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​ណា​មួយ ដូច​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ស្រុក​នេះ​មុន​អ្នក​រាល់​គ្នា ធ្លាប់​ប្រព្រឹត្ត​ឡើយ។ កុំ​បណ្តោយ​ខ្លួន​ឲ្យ​សៅ‌ហ្មង ដោយ​ប្រព្រឹត្ត​អំពើ​ទាំង​នេះ​ឲ្យ​សោះ។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា»។
១៩
វិន័យ​ផ្សេងៗ
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖  «ចូរ​ប្រាប់​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​ដូច​ត​ទៅ: អ្នក​រាល់​គ្នា​ត្រូវ​តែ​វិសុទ្ធ ព្រោះ​យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា យើង​ជា​ព្រះ​ដ៏‌វិសុទ្ធ។
 ក្នុង​ចំណោម​អ្នក​រាល់​គ្នា ម្នាក់ៗ​ត្រូវ​គោរព​មាតា‌បិតា​របស់​ខ្លួន ត្រូវ​គោរព​ថ្ងៃ​សប្ប័ទ*​របស់​យើង។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។
 អ្នក​រាល់​គ្នា​មិន​ត្រូវ​បែរ​ទៅ​គោរព​ព្រះ​ក្លែង‌ក្លាយ ហើយ​ក៏​មិន​ត្រូវ​សិត​រូប​ព្រះ​សម្រាប់​អ្នក​រាល់​គ្នា​ដែរ។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។
 ពេល​ណា​អ្នក​រាល់​គ្នា​ធ្វើ​យញ្ញ‌បូជា​មេត្រី‌ភាព​ថ្វាយ​ព្រះ‌អម្ចាស់ ត្រូវ​ថ្វាយ​តាម​របៀប​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ។  ត្រូវ​បរិភោគ​សាច់​របស់​សត្វ ដែល​អ្នក​រាល់​គ្នា​ធ្វើ​យញ្ញ‌បូជា នៅ​ថ្ងៃ​នោះ និង​ថ្ងៃ​បន្ទាប់។ រីឯ​សាច់​ដែល​នៅ​សល់​រហូត​ដល់​ថ្ងៃ​ទី​បី​ត្រូវ​យក​ទៅ​ដុត។  ប្រសិន​បើ​បរិភោគ​សាច់​នេះ​នៅ​ថ្ងៃ​ទី​បី មិន​ល្អ​ទេ ហើយ​ក៏​មិន​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់​ដែរ។  នរណា​បរិភោគ​សាច់​នេះ​នៅ​ថ្ងៃ​ទី​បី នឹង​មាន​ទោស ដ្បិត​គេ​ប្រមាថ​របស់​ដែល​គេ​បាន​ញែក​ជា​សក្ការៈ​ថ្វាយ​ព្រះ‌អម្ចាស់។ អ្នក​ប្រព្រឹត្ត​ដូច្នេះ នឹង​ត្រូវ​ដក​ចេញ​ពី​ចំណោម​ប្រជាជន​របស់​ខ្លួន។
ពេល​ណា​អ្នក​រាល់​គ្នា​ច្រូត​ស្រូវ នៅ​ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា កុំ​ច្រូត​រហូត​ដល់​ភ្លឺ​ស្រែ​ឡើយ ហើយ​ក៏​កុំ​រើស​កួរ​ស្រូវ​ដែល​ជ្រុះ​ដែរ។ ១០ មិន​ត្រូវ​បេះ​ផ្លែ​ទំពាំង​បាយ‌ជូរ ដែល​នៅ​សេស‌សល់​ក្នុង​ចម្ការ​របស់​អ្នក​ឲ្យ​សោះ ហើយ​ផ្លែ​ដែល​ជ្រុះ​លើ​ដី​ក៏​មិន​ត្រូវ​រើស​ដែរ គឺ​ត្រូវ​ទុក​ឲ្យ​ជន​ទុរគត និង​ជន​បរទេស​រើស​បរិភោគ។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។
១១ អ្នក​រាល់​គ្នា​មិន​ត្រូវ​លួច​ទ្រព្យ​របស់​អ្នក​ដទៃ ហើយ​ក៏​មិន​ត្រូវ​បោក‌ប្រាស់ និង​បញ្ឆោត​យក​ទ្រព្យ​ជន​រួម​ជាតិ​របស់​អ្នក​រាល់​គ្នា​ដែរ។ ១២ មិន​ត្រូវ​យក​នាម​យើង​ទៅ​ស្បថ​បំពាន​ឡើយ ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា​បន្ថោក​ព្រះ‌នាម​នៃ​ព្រះ​របស់​អ្នក។ យើង​ជា​ព្រះ‌អម្ចាស់
១៣ មិន​ត្រូវ​ជិះ‌ជាន់​សង្កត់‌សង្កិន​ជន​រួម​ជាតិ​របស់​អ្នក​ឡើយ កុំ​ប្លន់​យក​ទ្រព្យ​គេ ហើយ​ក៏​កុំ​ទុក​ប្រាក់​ឈ្នួល​របស់​កម្មករ រហូត​ដល់​ថ្ងៃ​ស្អែក​ដែរ។ ១៤ មិន​ត្រូវ​ជេរ​ប្រមាថ​មនុស្ស​ថ្លង់ ហើយ​ក៏​កុំ​យក​អ្វី​ទៅ​ដាក់​នៅ​ពី​មុខ​មនុស្ស​ខ្វាក់ បណ្តាល​ឲ្យ​គេ​ជំពប់​ដួល​ឡើយ។ ផ្ទុយ​ទៅ​វិញ ចូរ​គោរព​កោត​ខ្លាច​ព្រះ​របស់​អ្នក។ យើង​ជា​ព្រះ‌អម្ចាស់
១៥ ពេល​វិនិច្ឆ័យ​ទោស កុំ​កាត់​ក្តី​ដោយ​អយុត្តិ‌ធម៌ កុំ​រើស​មុខ​នរណា​ឲ្យ​សោះ គឺ​កុំ​យោគ‌យល់​អ្នក​តូច ឬ​អ្នក​ធំ តែ​ត្រូវ​វិនិច្ឆ័យ​ឲ្យ​ជន​រួម​ជាតិ​របស់​អ្នក ដោយ​យុត្តិ‌ធម៌។
១៦ មិន​ត្រូវ​ដើរ​បរិហារ​កេរ្តិ៍​ប្រជាជន​របស់​អ្នក​ឡើយ ហើយ​ក៏​កុំ​ចោទ​ប្រកាន់​អ្នក​ដទៃ ធ្វើ​ឲ្យ​គេ​ទទួល​ទោស​ប្រហារ​ជីវិត​ដែរ។ យើង​ជា​ព្រះ‌អម្ចាស់១៧ មិន​ត្រូវ​មាន​ចិត្ត​ស្អប់​បង‌ប្អូន​របស់​អ្នក តែ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ស្តី​បន្ទោស​ជន​រួម​ជាតិ​របស់​អ្នក ធ្វើ​ដូច្នេះ អ្នក​នឹង​មិន​រួម​គំនិត​ជា​មួយ​អ្នក​នោះ ក្នុង​ការ​ប្រព្រឹត្ត​អំពើ​បាប​ឡើយ។ ១៨ កុំ​សង‌សឹក​ឲ្យ​សោះ ហើយ​ក៏​មិន​ត្រូវ​ចង​គំនុំ​នឹង​ជន​រួម​ឈាម​របស់​អ្នក​ដែរ។ ចូរ​ស្រឡាញ់​អ្នក​ដទៃ​ឲ្យ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង។ យើង​ជា​ព្រះ‌អម្ចាស់
១៩ ចូរ​ប្រតិ‌បត្តិ​តាម​ក្រឹត្យ‌វិន័យ​របស់​យើង។ មិន​ត្រូវ​យក​សត្វ​ពីរ​ប្រភេទ​ខុស​គ្នា មក​បង្កាត់​គ្នា​ឡើយ។ នៅ​ក្នុង​ស្រែ​របស់​អ្នក ក៏​មិន​ត្រូវ​យក​ពូជ​ស្រូវ​ពីរ​ប្រភេទ មក​ព្រោះ​ជា​មួយ​គ្នា​ដែរ។ កុំ​ស្លៀក​សម្លៀក‌បំពាក់ ដែល​ត្បាញ​ដោយ​អំបោះ​ពីរ​ប្រភេទ​ខុស​គ្នា។
២០ ប្រសិន​បើ​បុរស​ម្នាក់​រួម​ដំណេក​ជា​មួយ​ស្ត្រី​ម្នាក់ ហើយ​នាង​នោះ​ជា​ខ្ញុំ​បម្រើ​ដែល​ត្រូវ​ជា​គូ​ដណ្ដឹង​របស់​បុរស​ម្នាក់​ទៀត តែ​មិន​ទាន់​មាន​នរណា​លោះ​នាង​ឲ្យ​ទៅ​ជា​អ្នក​ជា​នៅ​ឡើយ អ្នក​ទាំង​ពីរ​នឹង​ត្រូវ​ទទួល​ពិន័យ តែ​មិន​ទទួល​ទោស​ដល់​ស្លាប់​ទេ ដ្បិត​នាង​នោះ​មិន​ទាន់​ទៅ​ជា​អ្នក​ជា​នៅ​ឡើយ។ ២១ បុរស​ដែល​បាន​ប្រព្រឹត្ត​ខុស ត្រូវ​នាំ​យក​ចៀម​ឈ្មោល​មួយ​ទៅ​ថ្វាយ​ជា​តង្វាយ​លោះ​បាប នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។ ២២ បូជា‌ចារ្យ​ត្រូវ​ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​បុរស​នោះ នៅ​ចំពោះ​ព្រះ‌ភ័ក្រ្ដ​ព្រះ‌អម្ចាស់ គឺ​បូជា‌ចារ្យ​ត្រូវ​ថ្វាយ​ចៀម​ឈ្មោល​ជា​យញ្ញ‌បូជា​លោះ​បាប នោះ​ព្រះ‌អម្ចាស់​នឹង​លើក‌លែង​ទោស​ឲ្យ​គេ​រួច​ពី​បាប។
២៣ ពេល​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក ហើយ​ដាំ​ដើម​ឈើ​ហូប​ផ្លែ​គ្រប់​មុខ ត្រូវ​ចាត់​ទុក​ផ្លែ​ឈើ​ទាំង​នោះ​ជា​ផ្លែ​មិន​បរិសុទ្ធ ក្នុង​អំឡុង​ពេល​បី​ឆ្នាំ គឺ​កុំ​បរិភោគ​ឡើយ។ ២៤ នៅ​ឆ្នាំ​ទី​បួន ត្រូវ​ញែក​ផ្លែ​ឈើ​ទាំង​អស់​ជា​សក្ការៈ​ថ្វាយ​ព្រះ‌អម្ចាស់ ដើម្បី​សរសើរ​តម្កើង​ព្រះ‌អង្គ។ ២៥ នៅ​ឆ្នាំ​ទី​ប្រាំ អ្នក​រាល់​គ្នា​អាច​បរិភោគ​ផ្លែ​ឈើ​ទាំង​នេះ។ ធ្វើ​ដូច្នេះ ភោគ‌ផល​របស់​អ្នក​រាល់​គ្នា​នឹង​កើន​ចំនួន​ច្រើន​ឡើង។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។
២៦ អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​សាច់​សត្វ​ណា​ដែល​នៅ​មាន​ឈាម​ឡើយ។ មិន​ត្រូវ​ប្រព្រឹត្ត​អំពើ​មន្ត‌អាគម ហើយ​ក៏​មិន​ត្រូវ​គន់‌គូរ​មើល​ជោគ‌រាសី​ដែរ។ ២៧ កុំ​កាត់​ជើង​សក់​របស់​អ្នក​រាល់​គ្នា​ឲ្យ​មាន​រាង​មូល កុំ​កោរ​ជាយ​ពុក​ចង្កា​របស់​អ្នក​ឡើយ។ ២៨ មិន​ត្រូវ​ធ្វើ​ពិធី​ឆូត​សាច់​របស់​អ្នក​រាល់​គ្នា ដើម្បី​កាន់​ទុក្ខ​មនុស្ស​ស្លាប់ ហើយ​ក៏​មិន​ត្រូវ​សាក់​លើ​រូប​កាយ​របស់​អ្នក​រាល់​គ្នា​ដែរ។ យើង​ជា​ព្រះ‌អម្ចាស់
២៩ មិន​ត្រូវ​បន្ថោក​កូន​ស្រី​របស់​អ្នក ដោយ​ជំរុញ​នាង​ឲ្យ​ធ្វើ​ជា​ស្រី​ពេស្យា​ឡើយ ដើម្បី​កុំ​ឲ្យ​ស្រុក​ទេស​ពោរ‌ពេញ​ទៅ​ដោយ​ភាព​ពេស្យា‌ចារ និង​អំពើ​ថោក‌ទាប។
៣០ ត្រូវ​គោរព​បុណ្យ​សប្ប័ទ និង​ទី​សក្ការៈ​របស់​យើង។ យើង​ជា​ព្រះ‌អម្ចាស់
៣១ មិន​ត្រូវ​ទៅ​រក​គ្រូ​អន្ទង​ខ្មោច ឬ​គ្រូ​ទាយ​ឡើយ កុំ​ស្វែង​រក​ពួក​គេ​ឲ្យ​សោះ ក្រែង​លោ​អ្នក​រាល់​គ្នា​ប្រែ​ជា​សៅ‌ហ្មង​រួម​ជា​មួយ​ពួក​គេ​ដែរ។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។
៣២ ត្រូវ​ចេះ​ឱន​លំ‌ទោន​នៅ​ចំពោះ​មុខ​ចាស់​ជរា និង​លើក​កិត្តិ‌យស​ចាស់​ព្រឹទ្ធា‌ចារ្យ។ ចូរ​គោរព​កោត​ខ្លាច​ព្រះ​របស់​អ្នក។ យើង​ជា​ព្រះ‌អម្ចាស់៣៣ ប្រសិន​បើ​មាន​ជន​បរទេស​មក​រស់​នៅ​ក្នុង​ស្រុក​ជា​មួយ​អ្នក​រាល់​គ្នា កុំ​ជិះ‌ជាន់​គេ​ឡើយ។ ៣៤ ចូរ​ប្រព្រឹត្ត​ចំពោះ​ជន​បរទេស​ដែល​ស្នាក់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា ដូច​ប្រព្រឹត្ត​ចំពោះ​អ្នក​ដែល​ជា‌ម្ចាស់​ស្រុក​ដែរ។ ត្រូវ​ស្រឡាញ់​ជន​បរទេស​នោះ​ឲ្យ​បាន​ដូច​ស្រឡាញ់​ខ្លួន​អ្នក ដ្បិត​អ្នក​រាល់​គ្នា​ក៏​ធ្លាប់​រស់​ជា​ជន​បរទេស នៅ​ស្រុក​អេស៊ីប​ដែរ។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។
៣៥ ទោះ‌បី​ក្នុង​ការ​កាត់​ក្តី ឬ​ក្នុង​ការ​វាស់ ការ​ថ្លឹង និង​ការ​វាល់​ក្តី មិន​ត្រូវ​ប្រព្រឹត្ត​ទុច្ចរិត​ឡើយ។ ៣៦ ចូរ​ប្រើ​ជញ្ជីង​ត្រឹម‌ត្រូវ កូន​ជញ្ជីង​ត្រឹម‌ត្រូវ រង្វាស់​រង្វាល់​ត្រឹម‌ត្រូវ។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា យើង​បាន​រំដោះ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប។
៣៧ ចូរ​ប្រតិ‌បត្តិ​តាម​វិន័យ និង​ច្បាប់​ទាំង​ប៉ុន្មាន​របស់​យើង។ ចូរ​នាំ​គ្នា​ប្រតិ‌បត្តិ​តាម។ យើង​ជា​ព្រះ‌អម្ចាស់»។
២០
ទោស​សម្រាប់​បទ‌ឧក្រិដ្ឋ​ផ្សេងៗ
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ដូច​ត​ទៅ៖  «ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រា‌អែល​ថា: ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រា‌អែល ឬ​ក្នុង​ចំណោម​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល បើ​នរណា​ម្នាក់​ប្រគល់​កូន​ចៅ​របស់​ខ្លួន​ទៅ​ឲ្យ​គេ​បូជា​សែន​ព្រះ​ម៉ូឡុក អ្នក​នោះ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់ គឺ​ប្រជាជន​នៅ​ក្នុង​ស្រុក​ត្រូវ​យក​ដុំ​ថ្ម​គប់​សម្លាប់​អ្នក​នោះ។  រីឯ​យើង យើង​នឹង​ដាក់​ទោស​បុរស​នោះ យើង​នឹង​ដក​គេ​ចេញ​ពី​ចំណោម​ប្រជាជន​របស់​ខ្លួន ព្រោះ​គេ​បាន​ប្រគល់​កូន​ចៅ​របស់​ខ្លួន​ទៅ​ឲ្យ​ព្រះ​ម៉ូឡុក ជា​ហេតុ​បណ្តាល​ឲ្យ​ទី​សក្ការៈ​របស់​យើង​ទៅ​ជា​សៅ‌ហ្មង ហើយ​បង្អាប់‌បង្អោន​នាម​ដ៏‌វិសុទ្ធ​របស់​យើង​ទៀត​ផង។  ប្រសិន​បើ​ប្រជាជន​នៅ​ក្នុង​ស្រុក​ធ្វើ​មិន​ដឹង​មិន​ឮ​អំពី​រឿង​បុរស ដែល​ប្រគល់​កូន​ចៅ​ទៅ​ឲ្យ​ព្រះ​ម៉ូឡុក គឺ​ពួក​គេ​មិន​ព្រម​សម្លាប់​បុរស​នោះ​ទេ  យើង​នឹង​ដាក់​ទោស​បុរស​នោះ ព្រម​ទាំង​អំបូរ​របស់​គេ​ផង។ យើង​នឹង​ដក​គេ​ចេញ​ពី​ចំណោម​ប្រជាជន​របស់​ខ្លួន ហើយ​យើង​ក៏​ដក​អស់​អ្នក​ដែល​ក្បត់​យើង​ទៅ​គោរព​ព្រះ​ម៉ូឡុក ដូច​អ្នក​នោះ​ដែរ។  ប្រសិន​បើ​មាន​នរណា​ម្នាក់​ក្បត់​យើង ដោយ​បែរ​ទៅ​រក​គ្រូ​អន្ទង​ខ្មោច និង​គ្រូ​ទាយ​ជោគ‌រាសី យើង​នឹង​ដាក់​ទោស​អ្នក​នោះ ហើយ​ដក​គេ​ចេញ​ពី​ចំណោម​ប្រជាជន​របស់​ខ្លួន។  អ្នក​រាល់​គ្នា​ត្រូវ​ញែក​ខ្លួន​ឲ្យ​វិសុទ្ធ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ទៅ​ជា​ប្រជាជន​ដ៏‌វិសុទ្ធ ព្រោះ​យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។  ត្រូវ​កាន់ និង​អនុវត្ត​តាម​បទបញ្ជា​របស់​យើង។ យើង​ជា​ព្រះ‌អម្ចាស់ ដែល​ប្រោស​អ្នក​រាល់​គ្នា​ឲ្យ​វិសុទ្ធ។
 អ្នក​ជេរ​ប្រមាថ​ឪពុក​ម្ដាយ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។ អ្នក​នោះ​ទទួល​ខុស​ត្រូវ​លើ​ការ​ស្លាប់​របស់​ខ្លួន ព្រោះ​បាន​ជេរ​ប្រមាថ​ឪពុក​ម្ដាយ។
១០ ប្រសិន​បើ​បុរស​ម្នាក់​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ជា​មួយ​ស្ត្រី​ដែល​មាន​ប្ដី​ហើយ អ្នក​នោះ​ផិត​ក្បត់​ជា​មួយ​ប្រពន្ធ​អ្នក​ដទៃ។ បុរស និង​ស្ត្រី​ដែល​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដូច្នេះ ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។
១១ ប្រសិន​បើ​បុរស​ម្នាក់​រួមរ័ក​ជា​មួយ​ប្រពន្ធ​ចុង​របស់​ឪពុក​ខ្លួន គឺ​បន្ថោក​កិត្តិ‌យស​ឪពុក បុរស និង​ស្ត្រី​នោះ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។ អ្នក​ទាំង​ពីរ​ទទួល​ខុស​ត្រូវ​លើ​ការ​ស្លាប់​របស់​ខ្លួន។ ១២ ប្រសិន​បើ​បុរស​ម្នាក់​រួមរ័ក​ជា​មួយ​កូន​ប្រសា​ស្រី​របស់​ខ្លួន អ្នក​ទាំង​ពីរ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់ ព្រោះ​គេ​បាន​ប្រព្រឹត្ត​អំពើ​ដ៏​ថោក‌ទាប​បំផុត។ អ្នក​ទាំង​ពីរ​ទទួល​ខុស​ត្រូវ​លើ​ការ​ស្លាប់​របស់​ខ្លួន។ ១៣ ប្រសិន​បើ​បុរស​ម្នាក់​រួមរ័ក​ជា​មួយ​បុរស​ម្នាក់​ទៀត ដូច​គេ​រួម​ដំណេក​ជា​មួយ​ស្ត្រី អ្នក​ទាំង​ពីរ​ប្រព្រឹត្ត​អំពើ​មួយ​គួរ​ស្អប់​ខ្ពើម​បំផុត គេ​ត្រូវ​តែ​ទទួល​ទោស​ដល់​ស្លាប់។ អ្នក​ទាំង​ពីរ​ទទួល​ខុស​ត្រូវ​លើ​ការ​ស្លាប់​របស់​ខ្លួន។ ១៤ ប្រសិន​បើ​បុរស​ម្នាក់​យក​ស្ត្រី​ពីរ​នាក់ ទាំង​ម្ដាយ ទាំង​កូន​ស្រី​មក​ធ្វើ​ជា​ប្រពន្ធ គឺ​ជា​អំពើ​មួយ​ដ៏​ថោក‌ទាប។ ត្រូវ​យក​ជន​នោះ និង​ស្រី​ទាំង​ពីរ​ទៅ​ដុត ដើម្បី​បំបាត់​អំពើ​ដ៏​ថោក‌ទាប​នេះ ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា។ ១៥ ប្រសិន​បើ​បុរស​ម្នាក់​រួមរ័ក​ជា​មួយ​សត្វ អ្នក​នោះ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។ រីឯ​សត្វ​ក៏​ត្រូវ​សម្លាប់​ចោល​ដែរ។ ១៦ ប្រសិន​បើ​ស្ត្រី​ម្នាក់​ទៅ​រួមរ័ក​ជា​មួយ​សត្វ ត្រូវ​សម្លាប់​ទាំង​ស្ត្រី​នោះ ទាំង​សត្វ។ គេ​ទទួល​ខុស​ត្រូវ​លើ​ការ​ស្លាប់​របស់​ខ្លួន។
១៧ ប្រសិន​បើ​បុរស​ម្នាក់​យក​ប្អូន​ស្រី ឬ​បង​ស្រី​របស់​ខ្លួន​មក​ធ្វើ​ជា​ប្រពន្ធ ទោះ‌បី​នាង​ជា​បង‌ប្អូន​ឪពុក​តែ​មួយ ឬ​បង‌ប្អូន​ពោះ​មួយ​ក្តី ប្រសិន​បើ​អ្នក​ទាំង​ពីរ​រួមរ័ក​ជា​មួយ​គ្នា គេ​ប្រព្រឹត្ត​អំពើ​ដ៏​អាម៉ាស់​បំផុត។ ត្រូវ​ដក​អ្នក​ទាំង​ពីរ​ចេញ​ពី​ក្នុង​ចំណោម​ប្រជាជន​របស់​ខ្លួន នៅ​ចំពោះ​មុខ​មនុស្ស​ទាំង​អស់។ បុរស​ដែល​រួមរ័ក​ជា​មួយ​ប្អូន​ស្រី ឬ​បង​ស្រី​ខ្លួន​ដូច្នេះ ត្រូវ​ទទួល​ខុស​ត្រូវ​លើ​កំហុស​របស់​ខ្លួន។ ១៨ ប្រសិន​បើ​បុរស​ម្នាក់​រួមរ័ក​ជា​មួយ​ស្ត្រី​ដែល​កំពុង​មាន​រដូវ ប្រសិន​បើ​អ្នក​នោះ​ឃើញ​ឈាម​នាង​ហូរ ហើយ​នាង​ក៏​បង្ហាញ​ឈាម​របស់​ខ្លួន​ហូរ​ដែរ​នោះ ត្រូវ​ដក​អ្នក​ទាំង​ពីរ​ចេញ​ពី​ចំណោម​ប្រជាជន​របស់​ខ្លួន។ ១៩ មិន​ត្រូវ​រួមរ័ក​ជា​មួយ​បង​ស្រី ឬ​ប្អូន​ស្រី​របស់​ម្ដាយ​អ្នក ហើយ​ក៏​មិន​ត្រូវ​រួមរ័ក​ជា​មួយ​បង​ស្រី ឬ​ប្អូន​ស្រី​របស់​ឪពុក​អ្នក​ដែរ។ អ្នក​ដែល​រួមរ័ក​ជា​មួយ​សាច់‌ញាតិ​ដ៏​ជិត‌ដិត​របស់​ខ្លួន​ដូច្នេះ ត្រូវ​ទទួល​ខុស​ត្រូវ​លើ​កំហុស​របស់​ខ្លួន។ ២០ ប្រសិន​បើ​បុរស​ម្នាក់​រួមរ័ក​ជា​មួយ​ប្រពន្ធ​ឪពុក​មា​របស់​ខ្លួន អ្នក​នោះ​បន្ថោក​កិត្តិ‌យស​ឪពុក​មា​របស់​ខ្លួន។ អ្នក​ទាំង​ពីរ​ត្រូវ​ទទួល​ទោស ព្រោះ​តែ​អំពើ​បាប​របស់​ខ្លួន ហើយ​ពួក​គេ​នឹង​ស្លាប់​ទាំង​គ្មាន​កូន។ ២១ ប្រសិន​បើ​បុរស​ម្នាក់​រួមរ័ក​ជា​មួយ​បង​ថ្លៃ ឬ​ប្អូន​ថ្លៃ​របស់​ខ្លួន គឺ​ជា​អំពើ​មួយ​ដ៏​សៅ‌ហ្មង អ្នក​នោះ​បន្ថោក​កិត្តិ‌យស​បង‌ប្អូន​របស់​ខ្លួន ហើយ​គេ​នឹង​គ្មាន​កូន​ឡើយ។
២២ ចូរ​កាន់​តាម​ដំបូន្មាន និង​ច្បាប់​ទាំង​ប៉ុន្មាន​របស់​យើង ព្រម​ទាំង​ប្រតិ‌បត្តិ​តាម​ទៀត​ផង។ ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា​នឹង​មិន​ខ្ចាត់‌ខ្ចាយ​ចេញ​ពី​ទឹក​ដី ដែល​យើង​នាំ​អ្នក​រាល់​គ្នា​ទៅ​រស់​នៅ​នោះ​ឡើយ។ ២៣ ចូរ​កុំ​ធ្វើ​តាម​ទំនៀម‌ទម្លាប់​របស់​ប្រជា‌ជាតិ​នានា ដែល​យើង​នឹង​ដេញ​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា​ឲ្យ​សោះ ដ្បិត​ពួក​គេ​បាន​ធ្វើ​ឲ្យ​យើង​ស្អប់​ខ្ពើម ព្រោះ​តែ​អំពើ​ទាំង​នេះ។ ២៤ យើង​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​រាល់​គ្នា​នឹង​កាន់​កាប់​ស្រុក​របស់​ពួក​គេ យើង​ប្រគល់​ស្រុក​នោះ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ជា​កម្ម‌សិទ្ធិ គឺ​ជា​ស្រុក​ដ៏​សម្បូរ‌សប្បាយ។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា យើង​បាន​ញែក​អ្នក​រាល់​គ្នា​ចេញ​ពី​ចំណោម​ជាតិ​សាសន៍​ទាំង‌ឡាយ។
២៥ អ្នក​រាល់​គ្នា​ត្រូវ​ចេះ​សម្គាល់​មើល​សត្វ​បរិសុទ្ធ និង​សត្វ​មិន​បរិសុទ្ធ បក្សា‌បក្សី​បរិសុទ្ធ និង​បក្សា‌បក្សី​មិន​បរិសុទ្ធ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ក្លាយ​ទៅ​ជា​មនុស្ស​អាស្រូវ ព្រោះ​តែ​សត្វ​ជើង​បួន សត្វ​ស្លាប និង​សត្វ​លូន​វារ ដែល​យើង​ចាត់​ទុក​ជា​សត្វ​មិន​បរិសុទ្ធ​សម្រាប់​អ្នក​រាល់​គ្នា។ ២៦ អ្នក​រាល់​គ្នា​ត្រូវ​តែ​វិសុទ្ធ​សម្រាប់​យើង ដ្បិត​យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏‌វិសុទ្ធ។ យើង​បាន​ញែក​អ្នក​រាល់​គ្នា​ចេញ​ពី​ជាតិ​សាសន៍​នានា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ជា​ប្រជាជន​របស់​យើង។
២៧ ប្រសិន​បើ​បុរស ឬ​ស្ត្រី​ម្នាក់​ចេះ​អន្ទង​ខ្មោច ឬ​ទស្សន៍‌ទាយ​ជោគ‌រាសី ត្រូវ​តែ​ទទួល​ទោស​ដល់​ស្លាប់។ ចូរ​យក​ដុំ​ថ្ម​គប់​សម្លាប់​ពួក​គេ ហើយ​ពួក​គេ​ទទួល​ខុស​ត្រូវ​លើ​ការ​ស្លាប់​របស់​ខ្លួន»។
២១
ច្បាប់​សម្រាប់​បូជា‌ចារ្យ
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​ពួក​បូជា‌ចារ្យ​ដែល​ជា​កូន​ចៅ​របស់​អរ៉ុន​ដូច​ត​ទៅ: បូជា‌ចារ្យ​មិន​ត្រូវ​ធ្វើ​ឲ្យ​ខ្លួន​សៅ‌ហ្មង ដោយ‌សារ​ប៉ះ‌ពាល់​សាក‌សព​នរណា​ម្នាក់ ក្នុង​ចំណោម​ប្រជាជន​របស់​ខ្លួន​ឡើយ  លើក‌លែង​តែ​គ្រួសារ​ជិត‌ដិត​បំផុត ដូច​ជា​ម្ដាយ​ឪពុក កូន​ប្រុស​កូន​ស្រី និង​បង‌ប្អូន​ប្រុស។  គាត់​ក៏​មាន​សិទ្ធិ​ប៉ះ‌ពាល់​សព​របស់​បង‌ប្អូន​ស្រី ដែល​នៅ​ក្រមុំ​មិន​ទាន់​មាន​គូ‌ស្រករ​ដែរ ព្រោះ​នាង​នៅ​ក្រោម​អាណា‌ព្យាបាល​របស់​គ្រួសារ​គាត់​នៅ​ឡើយ តែ​គាត់​អាច​ទៅ​ជា​សៅ‌ហ្មង​ដោយ‌សារ​ប៉ះ‌ពាល់​សាក‌សព​របស់​នាង។  បូជា‌ចារ្យ​មាន​មុខ‌ងារ​ជា​មេ​ដឹក​នាំ​ក្នុង​ចំណោម​ប្រជាជន​របស់​ខ្លួន ដូច្នេះ គាត់​មិន​ត្រូវ​បន្ទាប​បន្ថោក​ខ្លួន​ឯង ដោយ​បណ្តោយ​ឲ្យ​ខ្លួន​ទៅ​ជា​សៅ‌ហ្មង​ឡើយ។  បូជា‌ចារ្យ​មិន​ត្រូវ​កោរ​សក់ មិន​ត្រូវ​កោរ​ជាយ​ពុក​ចង្កា ឬ​ធ្វើ​ពិធី​ឆូត​សាច់​របស់​ខ្លួន​ឡើយ។  ពួក​គេ​ត្រូវ​តែ​វិសុទ្ធ​សម្រាប់​ព្រះ​របស់​ខ្លួន ហើយ​មិន​បន្ថោក​ព្រះ‌នាម​ព្រះ​របស់​ខ្លួន​ទេ ដ្បិត​ពួក​គេ​មាន​មុខ‌ងារ​ថ្វាយ​យញ្ញ‌បូជា និង​អាហារ​ដល់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្លួន។ ដូច្នេះ ពួក​គេ​ត្រូវ​តែ​វិសុទ្ធ។  បូជា‌ចារ្យ​មិន​ត្រូវ​យក​ស្ត្រី​ពេស្យា ឬ​ស្ត្រី​ខូច​មក​ធ្វើ​ជា​ភរិយា​ឡើយ ហើយ​ក៏​មិន​ត្រូវ​យក​ស្ត្រី​ប្ដី​លែង​ដែរ ព្រោះ​បូជា‌ចារ្យ​ត្រូវ​រក្សា​ខ្លួន​ឲ្យ​វិសុទ្ធ ថ្វាយ​ព្រះ​របស់​ខ្លួន។  ចូរ​ចាត់​ទុក​បូជា‌ចារ្យ​ជា​មនុស្ស​វិសុទ្ធ ព្រោះ​គេ​យក​អាហារ​ទៅ​ថ្វាយ​ព្រះ​របស់​អ្នក។ គេ​ជា​មនុស្ស​វិសុទ្ធ​សម្រាប់​យើង ដ្បិត​យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏‌វិសុទ្ធ ដែល​ប្រោស​អ្នក​រាល់​គ្នា​ឲ្យ​វិសុទ្ធ។  ប្រសិន​បើ​កូន​ស្រី​របស់​បូជា‌ចារ្យ​បង្ខូច​ខ្លួន ដោយ​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ នាង​នោះ​បន្ថោក​ឪពុក​របស់​ខ្លួន ដូច្នេះ ត្រូវ​យក​នាង​ទៅ​ដុត​ទាំង​រស់។
១០ មហា‌បូជា‌ចារ្យ​ដែល​ជា​ប្រមុខ​លើ​ពួក​បូជា‌ចារ្យ ហើយ​បាន​ទទួល​ពិធី​ចាក់​ប្រេង​តែង‌តាំង​សម្រាប់​បំពេញ​មុខ‌ងារ​នេះ និង​សម្រាប់​ពាក់​អាវ​សក្ការៈ មិន​ត្រូវ​ដក​ឆ្នួត​ក្បាល​ចេញ ឬ​ហែក​សម្លៀក‌បំពាក់​ខ្លួន​ឯង​ឡើយ។ ១១ មហា‌បូជា‌ចារ្យ​មិន​ត្រូវ​ចូល​ទៅ​ជិត​សាក‌សព គឺ​សូម្បី​តែ​សាក‌សព​ឪពុក​ម្ដាយ​របស់​គាត់​ផ្ទាល់​ក៏​គាត់​មិន​ត្រូវ​ប៉ះ‌ពាល់​ដែរ ព្រោះ​បណ្តាល​ឲ្យ​ខ្លួន​ទៅ​ជា​សៅ‌ហ្មង។ ១២ គាត់​មិន​ត្រូវ​ចេញ​ពី​ទី​សក្ការៈ ហើយ​បង្អាប់‌បង្អោន​ទី​សក្ការៈ​ព្រះ​របស់​ខ្លួន​ទេ ដ្បិត​គាត់​បាន​ទទួល​ពិធី​តែង‌តាំង​ដោយ​ប្រេង​នៃ​ព្រះ​របស់​គាត់។ យើង​ជា​ព្រះ‌អម្ចាស់១៣ គាត់​ត្រូវ​រៀប‌ការ​តែ​នឹង​ស្ត្រី​ព្រហ្ម‌ចារី ១៤ គឺ​មិន​ត្រូវ​រៀប‌ការ​ជា​មួយ​ស្ត្រី​មេ‌ម៉ាយ ស្ត្រី​ប្ដី​លែង ស្ត្រី​ពេស្យា ឬ​ស្ត្រី​ខូច​ខ្លួន​ឡើយ តែ​ត្រូវ​រៀប‌ការ​ជា​មួយ​ស្ត្រី​ព្រហ្ម‌ចារី ក្នុង​អំបូរ​របស់​គាត់។ ១៥ ធ្វើ​ដូច្នេះ គាត់​មិន​បង្ខូច​ពូជ‌ពង្ស​របស់​គាត់ នៅ​ក្នុង​ចំណោម​ប្រជាជន​របស់​គាត់​ឡើយ ដ្បិត​យើង​ជា​ព្រះ‌អម្ចាស់ យើង​ប្រោស​គាត់​ឲ្យ​វិសុទ្ធ»។
១៦ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ ១៧ «ចូរ​ប្រាប់​អរ៉ុន​ដូច​ត​ទៅ: ក្នុង​ចំណោម​ពូជ‌ពង្ស​របស់​គាត់ នៅ​គ្រប់​ជំនាន់ មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ដែល​មាន​រូប‌រាង​កាយ​មិន​ធម្មតា នាំ​យក​តង្វាយ​ចូល​ទៅ​ថ្វាយ​ព្រះ​របស់​ខ្លួន​ឡើយ។ ១៨ មនុស្ស​មាន​រូប‌រាង​កាយ​មិន​ធម្មតា ពុំ​អាច​ចូល​ទៅ​ក្នុង​ទី​សក្ការៈ​ទេ គឺ​មនុស្ស​ខ្វាក់ មនុស្ស​ខ្ញើច​ជើង ច្រមុះ​ក្រពឹត ដៃ​ជើង​មិន​ស្មើ​គ្នា ១៩ មនុស្ស​កំបុត​ដៃ ឬ​កំបុត​ជើង ២០ មនុស្ស​គម កើត​អុត មាន​ស្នាម​នៅ​លើ​ភ្នែក កើត​រមាស់ កើត​ស្រែង ខូច​ពង។ ២១ ក្នុង​ចំណោម​ពូជ‌ពង្ស​របស់​បូជា‌ចារ្យ​អរ៉ុន អ្នក​មាន​រូប‌រាង​កាយ​មិន​ធម្មតា មិន​ត្រូវ​ចូល​ទៅ​ថ្វាយ​តង្វាយ​ដុត​ដល់​ព្រះ‌អម្ចាស់​ឡើយ។ ដោយ​គេ​មាន​រូប‌រាង​កាយ​មិន​ធម្មតា​ដូច្នេះ គេ​មិន​អាច​នាំ​យក​អាហារ​ចូល​ទៅ​ថ្វាយ​ព្រះ​របស់​ខ្លួន​ទេ។ ២២ គេ​អាច​បរិភោគ​ម្ហូប​អាហារ​របស់​ព្រះ‌ជាម្ចាស់ ដែល​ជា​អាហារ​ដ៏‌វិសុទ្ធ និង​អាហារ​ដ៏‌វិសុទ្ធ​បំផុត​នោះ​បាន ២៣ តែ​គេ​ពុំ​អាច​ចូល​ទៅ​ជិត​វាំងនន ឬ​ចូល​ទៅ​ជិត​អាសនៈ​ជា​ដាច់​ខាត ក្រែង​លោ​គេ​បង្អាប់​ទី​សក្ការៈ​របស់​យើង ព្រោះ​គេ​មាន​រូប‌រាង​កាយ​មិន​ធម្មតា ដ្បិត​យើង​ជា​ព្រះ‌អម្ចាស់​ដែល​បាន​ធ្វើ​ឲ្យ​ទី​នោះ​ទៅ​ជា​វិសុទ្ធ»។ ២៤ លោក​ម៉ូសេ​នាំ​យក​ព្រះ‌បន្ទូល​នេះ​ទៅ​ជម្រាប​លោក​អរ៉ុន និង​កូន​ចៅ​របស់​គាត់ ព្រម​ទាំង​ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល។
២២
តង្វាយ​មិន​អាច​បរិភោគ​បាន
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ដូច​ត​ទៅ៖  «ចូរ​ប្រាប់​អរ៉ុន និង​កូន​ចៅ​របស់​គាត់​ថា ក្នុង​ករណី​ខ្លះ ពួក​គេ​មិន​អាច​បរិភោគ​តង្វាយ​ដ៏‌វិសុទ្ធ ដែល​ជន​ជាតិ​អ៊ីស្រា‌អែល​ថ្វាយ​ជា​សក្ការ​បូជា​ដល់​យើង​ឡើយ ក្រែង​លោ​គេ​បង្អាប់​នាម​ដ៏‌វិសុទ្ធ​របស់​យើង។ យើង​ជា​ព្រះ‌អម្ចាស់
 ចូរ​ប្រាប់​ពួក​គេ​ថា: ក្នុង​ចំណោម​ពូជ‌ពង្ស​របស់​អ្នក​រាល់​គ្នា​គ្រប់​ជំនាន់ អ្នក​ដែល​មាន​ភាព​មិន​បរិសុទ្ធ ហើយ​ប៉ះ‌ពាល់​តង្វាយ​ដ៏‌វិសុទ្ធ ដែល​ជន​ជាតិ​អ៊ីស្រា‌អែល​ថ្វាយ​ជា​សក្ការៈ‌បូជា​ដល់​ព្រះ‌អម្ចាស់ ត្រូវ​ដក​អ្នក​នោះ​កុំ​ឲ្យ​បំពេញ​មុខ‌ងារ​នៅ​ចំពោះ​មុខ​យើង​ទៀត។ យើង​ជា​ព្រះ‌អម្ចាស់
 ក្នុង​ចំណោម​ពូជ‌ពង្ស​របស់​អរ៉ុន អ្នក​កើត​ឃ្លង់ ឬ​ជំងឺ​កាម​រោគ មិន​អាច​បរិភោគ​អាហារ​ដ៏‌វិសុទ្ធ​ទេ គឺ​លុះ​ត្រា​ណា​តែ​គេ​ជា​បរិសុទ្ធ​ឡើង​វិញ។ រី​ឯ​អ្នក​ដែល​ប៉ះ‌ពាល់​នឹង​មនុស្ស​សៅ‌ហ្មង​ដោយ‌សារ​ពាល់​សាក‌សព ឬ​មនុស្ស​ដែល​ហូរ​ទឹក​កាម ក៏​មិន​អាច​បរិភោគ​ដែរ។  អ្នក​ប៉ះ‌ពាល់​សត្វ​លូន​វារ ដែល​បណ្តាល​ឲ្យ​ខ្លួន​ទៅ​ជា​សៅ‌ហ្មង ឬ​ប៉ះ‌ពាល់​មនុស្ស​ណា​ម្នាក់​ដែល​មិន​បរិសុទ្ធ​ដោយ​ប្រការ​ណា​ក៏​ដោយ ជា​ហេតុ​បណ្តាល​ឲ្យ​ខ្លួន​សៅ‌ហ្មង​ដែរ​នោះ ក៏​មិន​អាច​បរិភោគ​បាន​ទេ។  អ្នក​ប៉ះ‌ពាល់​មនុស្ស ឬ​សត្វ​មិន​បរិសុទ្ធ​បែប​នេះ ត្រូវ​នៅ​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។ គេ​គ្មាន​សិទ្ធិ​បរិភោគ​អាហារ​ដ៏‌វិសុទ្ធ​ទេ លុះ​ត្រា​តែ​យក​ទឹក​មក​ធ្វើ​ពិធី​ជម្រះ​កាយ​ជា​មុន​សិន។  លុះ​ថ្ងៃ​លិច​ផុត​ទៅ ទើប​គេ​បាន​បរិសុទ្ធ ហើយ​អាច​បរិភោគ​តង្វាយ​ដ៏‌វិសុទ្ធ ជា​អាហារ​របស់​ខ្លួន​បាន។  បូជា‌ចារ្យ​មិន​ត្រូវ​បរិភោគ​សាច់​សត្វ​ដែល​ងាប់​ដោយ​ជំងឺ ឬ​ដោយ​សត្វ​ព្រៃ​ខាំ​ឡើយ ដើម្បី​កុំ​ឲ្យ​ខ្លួន​ត្រូវ​សៅ‌ហ្មង ព្រោះ​តែ​សត្វ​នោះ។ យើង​ជា​ព្រះ‌អម្ចាស់
 បូជា‌ចារ្យ​ត្រូវ​ប្រតិ‌បត្តិ​តាម​បញ្ញត្តិ​របស់​យើង ដើម្បី​កុំ​ឲ្យ​ខ្លួន​មាន​ទោស ហើយ​ស្លាប់ ព្រោះ​តែ​រំលោភ​លើ​បញ្ញត្តិ​របស់​យើង​ស្តី​អំពី​អាហារ។ យើង​ជា​ព្រះ‌អម្ចាស់ ដែល​ញែក​ពួក​គេ​ឲ្យ​វិសុទ្ធ។ ១០ មិន​ត្រូវ​ឲ្យ​អ្នក​ផ្សេង ក្រៅ​ពី​ក្រុម​គ្រួសារ​របស់​បូជា‌ចារ្យ​បរិភោគ​អាហារ​ដ៏‌វិសុទ្ធ​ឡើយ សូម្បី​តែ​ភ្ញៀវ ឬ​អ្នក​ធ្វើ​ការ​ឲ្យ​បូជា‌ចារ្យ ក៏​គ្មាន​សិទ្ធិ​បរិភោគ​អាហារ​ដ៏‌វិសុទ្ធ​ដែរ។ ១១ ផ្ទុយ​ទៅ​វិញ អ្នក​បម្រើ​ដែល​បូជា‌ចារ្យ​បាន​ទិញ​មក មាន​សិទ្ធិ​បរិភោគ​ដូច​អ្នក​បម្រើ ដែល​កើត​នៅ​ក្នុង​ផ្ទះ​របស់​បូជា‌ចារ្យ​ដែរ។ ១២ កូន​ស្រី​របស់​បូជា‌ចារ្យ ដែល​រៀប‌ការ​ជា​មួយ​អ្នក​មិន‌មែន​ជា​បូជា‌ចារ្យ គ្មាន​សិទ្ធិ​បរិភោគ​អាហារ​ដែល​យក​ពី​តង្វាយ​ដ៏‌វិសុទ្ធ​ឡើយ។ ១៣ ប៉ុន្តែ កូន​ស្រី​របស់​បូជា‌ចារ្យ​ដែល​ជា​ស្ត្រី​មេ‌ម៉ាយ ឬ​ត្រូវ​ប្ដី​លែង ហើយ​គ្មាន​កូន​ចៅ​ទេ ពេល​នាង​វិល​ត្រឡប់​ទៅ​នៅ​ជា​មួយ​ឪពុក​វិញ ដូច​គ្រា​នៅ​ពី​ក្មេង នាង​មាន​សិទ្ធិ​បរិភោគ​ម្ហូប​អាហារ​របស់​ឪពុក​នាង​បាន។ រី​ឯ​អ្នក​ក្រៅ​គ្មាន​សិទ្ធិ​បរិភោគ​ម្ហូប​អាហារ​នេះ​ឡើយ។ ១៤ ប្រសិន​បើ​នរណា​បរិភោគ​តង្វាយ​ដ៏‌វិសុទ្ធ​ដោយ​មិន​ដឹង​ខ្លួន ត្រូវ​យក​អាហារ​មក​សង​បូជា‌ចារ្យ ស្រប​តាម​តម្លៃ​តង្វាយ​នោះ ព្រម​ទាំង​បន្ថែម​មួយ​ភាគ​ប្រាំ​ផង។ ១៥ បូជា‌ចារ្យ​មិន​ត្រូវ​ធ្វើ​ឲ្យ​តង្វាយ​ដ៏‌វិសុទ្ធ ដែល​ជន​ជាតិ​អ៊ីស្រា‌អែល​យក​មក​ថ្វាយ​ព្រះ‌អម្ចាស់ ក្លាយ​ទៅ​ជា​សៅ‌ហ្មង​ឡើយ។ ១៦ ប្រសិន​បើ​បូជា‌ចារ្យ​បរិភោគ​តង្វាយ​ដ៏‌វិសុទ្ធ*​ដោយ​មិន​សម‌រម្យ ពួក​គេ​នឹង​ធ្វើ​ឲ្យ​ជន​ជាតិ​អ៊ីស្រា‌អែល​មាន​ទោស។ យើង​ជា​ព្រះ‌អម្ចាស់ ដែល​ញែក​ពួក​គេ​ឲ្យ​វិសុទ្ធ»។
ការ​ជ្រើស‌រើស​សត្វ​សម្រាប់​ធ្វើ​យញ្ញ‌បូជា
១៧ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ ១៨ «ចូរ​ប្រាប់​អរ៉ុន និង​កូន​ចៅ​របស់​គាត់ ព្រម​ទាំង​ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​ដូច​ត​ទៅ: ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល ឬ​ជន​បរទេស​រស់​នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល អ្នក​ណា​នាំ​យក​សត្វ​មក​ថ្វាយ​ជា​តង្វាយ​ដុត​ដល់​ព្រះ‌អម្ចាស់ ទោះ‌បី​តង្វាយ​លា​បំណន់ ឬ​តង្វាយ​ស្ម័គ្រ​ចិត្ត​ក្តី ១៩ ដើម្បី​ឲ្យ​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់ គេ​ត្រូវ​យក​គោ​ឈ្មោល កូន​ចៀម និង​កូន​ពពែ ដែល​ល្អ​ឥត​ខ្ចោះ​មក​ថ្វាយ។ ២០ មិន​ត្រូវ​ថ្វាយ​សត្វ​ណា​មួយ​ដែល​ពិការ​ឡើយ ដ្បិត​ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​ទទួល​ពី​អ្នក​ទេ។ ២១ ប្រសិន​បើ​នរណា​ម្នាក់​យក​គោ ឬ​ចៀម​មក​ថ្វាយ​ព្រះ‌អម្ចាស់ ជា​យញ្ញ‌បូជា​មេត្រី‌ភាព ដើម្បី​លា​បំណន់ ឬ​ជា​តង្វាយ​ស្ម័គ្រ​ចិត្ត សត្វ​នោះ​ត្រូវ​តែ​ល្អ​ឥត​ខ្ចោះ ទើប​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ គឺ​សត្វ​នោះ​មិន​ត្រូវ​មាន​ភាព​ពិការ​ឡើយ។ ២២ មិន​ត្រូវ​ថ្វាយ​សត្វ​ខ្វាក់​ភ្នែក ខូច​ជើង ឬ​កំបុត​ជើង អង្គែ​ស៊ី កើត​រមាស់ ឬ​កើត​ស្រែង​ឡើយ។ កុំ​យក​សត្វ​របៀប​នេះ​ធ្វើ​ជា​តង្វាយ​ដុត​លើ​អាសនៈ ថ្វាយ​ព្រះ‌អម្ចាស់​ឲ្យ​សោះ។ ២៣ អ្នក​អាច​យក​គោ ឬ​កូន​ចៀម ដែល​មាន​ជើង​វែង​ពេក ឬ​ខ្លី​ពេក មក​ថ្វាយ​ជា​តង្វាយ​ស្ម័គ្រ​ចិត្ត​បាន តែ​បើ​ជា​តង្វាយ​លា​បំណន់​វិញ ព្រះ‌អម្ចាស់​មិន​គាប់​ព្រះ‌ហឫ‌ទ័យ​ទទួល​សត្វ​បែប​នេះ​ទេ។ ២៤ អ្នក​មិន​ត្រូវ​យក​សត្វ​ដែល​គេ​ដំ​កម្ទេច កាត់ ឬ​ក្រៀវ​ពង មក​ថ្វាយ​ឡើយ។ ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា កុំ​ធ្វើ​របៀប​នេះ​ឲ្យ​សោះ។ ២៥ អ្នក​រាល់​គ្នា​មិន​ត្រូវ​ទទួល​សត្វ​ប្រភេទ​នេះ​ពី​ជន​បរទេស មក​ថ្វាយ​ជា​អាហារ​ដល់​ព្រះ​របស់​អ្នក​រាល់​គ្នា​ឡើយ ព្រោះ​ជា​សត្វ​មិន​គ្រប់​លក្ខណៈ មក​ពី​គេ​ក្រៀវ។ ដូច្នេះ ព្រះ‌អង្គ​មិន​ព្រម​ទទួល​ពី​អ្នក​រាល់​គ្នា​ឡើយ»។ ២៦ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ ២៧ «គោ ចៀម ឬ​ពពែ​ដែល​កើត​មក ត្រូវ​នៅ​ជា​មួយ​មេ​វា​ចំនួន​ប្រាំ​ពីរ​ថ្ងៃ។ ចាប់​ពី​ថ្ងៃ​ទី​ប្រាំ‌បី​ទៅ សត្វ​នោះ​អាច​ធ្វើ​ជា​តង្វាយ​ដុត ដែល​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ទទួល។ ២៨ មិន​ត្រូវ​សម្លាប់​គោ ឬ​ចៀម ទាំង​មេ ទាំង​កូន ក្នុង​ថ្ងៃ​តែ​មួយ​ឡើយ។ ២៩ ពេល​ណា​អ្នក​រាល់​គ្នា​យក​យញ្ញ‌បូជា​មក​ថ្វាយ​ព្រះ‌អម្ចាស់ ដើម្បី​លើក​តម្កើង​ព្រះ‌អង្គ ត្រូវ​ថ្វាយ​តាម​របៀប​ដែល​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫ‌ទ័យ។ ៣០ ចូរ​បរិភោគ​សាច់​របស់​សត្វ​នោះ នៅ​ថ្ងៃ​ធ្វើ​យញ្ញ‌បូជា គឺ​មិន​ត្រូវ​ទុក​រហូត​ដល់​ព្រឹក​ស្អែក​ឡើយ។ យើង​ជា​ព្រះ‌អម្ចាស់
៣១ អ្នក​រាល់​គ្នា​ត្រូវ​កាន់ និង​ប្រតិ‌បត្តិ​តាម​បទ‌បញ្ជា​របស់​យើង។ យើង​ជា​ព្រះ‌អម្ចាស់
៣២ អ្នក​រាល់​គ្នា​មិន​ត្រូវ​បន្ថោក​នាម​ដ៏‌វិសុទ្ធ*​របស់​យើង​ឡើយ តែ​ត្រូវ​ឲ្យ​ប្រជាជន​ទាំង​អស់​នៅ​ស្រុក​អ៊ីស្រា‌អែល​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ​ដ៏‌វិសុទ្ធ។ យើង​ជា​ព្រះ‌អម្ចាស់ ដែល​ញែក​អ្នក​រាល់​គ្នា​ឲ្យ​វិសុទ្ធ។ ៣៣ យើង​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប ដើម្បី​ធ្វើ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ យើង​ជា​ព្រះ‌អម្ចាស់»។
២៣
ពិធី​បុណ្យ​ផ្សេងៗ
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖  «ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: ពិធី​បុណ្យ​ដ៏​សំខាន់ៗ​ជា​ឱកាស​មួយ ដែល​អ្នក​រាល់​គ្នា​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់។ ពិធី​បុណ្យ​ដ៏​សំខាន់ៗ​របស់​យើង​មាន​ដូច​ត​ទៅ:
 អ្នក​រាល់​គ្នា​ធ្វើ​ការ​ប្រាំ​មួយ​ថ្ងៃ ប៉ុន្តែ ថ្ងៃ​ទី​ប្រាំ​ពីរ​ជា​ថ្ងៃ​សប្ប័ទ* ជា​ថ្ងៃ​សម្រាក ដែល​អ្នក​រាល់​គ្នា​ត្រូវ​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់។ គ្រប់​ទី​កន្លែង​ដែល​អ្នក​រាល់​គ្នា​រស់​នៅ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នៅ​ថ្ងៃ​នោះ​ឡើយ ព្រោះ​ជា​ថ្ងៃ​សប្ប័ទ​របស់​ព្រះ‌អម្ចាស់
 បុណ្យ​ដ៏​សំខាន់ៗ​របស់​ព្រះ‌អម្ចាស់ ដែល​អ្នក​រាល់​គ្នា​ត្រូវ​កំណត់​ពេល​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌អង្គ មាន​ដូច​ត​ទៅ:
 នៅ​ខែ​ទី​មួយ ថ្ងៃ​ទី​ដប់‌បួន ក្រោយ​ពេល​ថ្ងៃ​លិច ជា​បុណ្យ​ចម្លង*​ថ្វាយ​ព្រះ‌អម្ចាស់។  នៅ​ថ្ងៃ​ទី​ដប់‌ប្រាំក្នុង​ខែ​ដដែល​នោះ ជា​បុណ្យ​នំបុ័ង​ឥត​មេ​ថ្វាយ​ព្រះ‌អម្ចាស់។ អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​នំបុ័ង​ឥត​មេ​ចំនួន​ប្រាំ​ពីរ​ថ្ងៃ។  នៅ​ថ្ងៃ​ទី​មួយ ត្រូវ​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ កុំ​ធ្វើ​ការ​អ្វី​នឿយ‌ហត់​នៅ​ថ្ងៃ​នោះ​ឡើយ។  អ្នក​រាល់​គ្នា​ត្រូវ​យក​តង្វាយ​ដុត​មក​ថ្វាយ​ព្រះ‌អម្ចាស់ ចំនួន​ប្រាំ​ពីរ​ថ្ងៃ។ នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ ត្រូវ​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ គឺ​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយ‌ហត់​នៅ​ថ្ងៃ​នោះ​ឡើយ»។
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​ថា៖ ១០ «ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: ពេល​ណា​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​ដែល​យើង​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា ហើយ​ពេល​អ្នក​រាល់​គ្នា​ច្រូត​ស្រូវ ត្រូវ​យក​កណ្ដាប់​ស្រូវ​ដែល​អ្នក​រាល់​គ្នា​ច្រូត​មុន​គេ​បង្អស់ មក​ជូន​បូជា‌ចារ្យ។ ១១ នៅ​ថ្ងៃ​បន្ទាប់​ពី​ថ្ងៃ​សប្ប័ទ* បូជា‌ចារ្យ​ត្រូវ​លើក​កណ្ដាប់​ស្រូវ​នេះ​ថ្វាយ​ព្រះ‌អម្ចាស់ ដើម្បី​ឲ្យ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​ទទួល​យក​ពី​អ្នក​រាល់​គ្នា។ ១២ នៅ​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​លើក​កណ្ដាប់​ស្រូវ​ថ្វាយ​ព្រះ‌អម្ចាស់ ត្រូវ​ថ្វាយ​កូន​ចៀម​មួយ​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ ជា​តង្វាយ​ដុត​ទាំង​មូល​ដល់​ព្រះ‌អម្ចាស់ ១៣ ព្រម​ទាំង​យក​ម្សៅ​ម៉ដ្ត​ពីរ​ភាគ​ដប់​នៃ​អេផា*​លាយ​ជា​មួយ​ប្រេង មក​ថ្វាយ​ជា​មួយ​កូន​ចៀម​នោះ ជា​តង្វាយ​ដុត មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់។ ចូរ​យក​ស្រា​ទំពាំង‌បាយ‌ជូរ​មួយ​ភាគ​បួន​នៃ​ហ៊ីន* មក​ថ្វាយ​សម្រាប់​ពិធី​ច្រួច‌ស្រា​ដែរ។ ១៤ អ្នក​រាល់​គ្នា​អាច​បរិភោគ​នំបុ័ង លាជ ឬ​ស្រូវ​ថ្មី​បាន លុះ​ត្រា​ណា​តែ​អ្នក​រាល់​គ្នា​នាំ​យក​តង្វាយ​មក​ថ្វាយ​ព្រះ​របស់​អ្នក​រាល់​គ្នា តាម​ពេល​កំណត់​ជា​មុន​សិន។ នេះ​ជា​ច្បាប់​ដែល​ត្រូវ​អនុវត្ត​តាម​រហូត​ត​ទៅ នៅ​គ្រប់​ជំនាន់ និង​គ្រប់​ទី​កន្លែង​ដែល​អ្នក​រាល់​គ្នា​រស់​នៅ។
១៥ ចាប់​ពី​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​លើក​កណ្ដាប់​ស្រូវ​ថ្វាយ​ព្រះ‌អម្ចាស់ គឺ​ថ្ងៃ​បន្ទាប់​ពី​ថ្ងៃ​សប្ប័ទ ត្រូវ​កំណត់​ពេល​ពេញ​ប្រាំ​ពីរ​អាទិត្យ។ ១៦ អ្នក​រាល់​គ្នា​ត្រូវ​គិត​ហា‌សិប​ថ្ងៃ រហូត​ដល់​ថ្ងៃ​បន្ទាប់​ពី​ថ្ងៃ​សប្ប័ទ​ទី​ប្រាំ​ពីរ ថ្ងៃ​នោះ​ត្រូវ​យក​តង្វាយ​ពី​ស្រូវ​ថ្មី​មក​ថ្វាយ​ព្រះ‌អម្ចាស់១៧ អ្នក​រាល់​គ្នា​ត្រូវ​យក​នំបុ័ង​ពីរ​ដុំ​ពី​ផ្ទះ​របស់​អ្នក​រាល់​គ្នា មក​ថ្វាយ​ព្រះ‌អម្ចាស់។ ត្រូវ​ប្រើ​ម្សៅ​ម៉ដ្ត​ពីរ​ភាគ​ដប់​នៃ​អេផា​ដុត​ជា​មួយ​មេ​នំបុ័ង សម្រាប់​ធ្វើ​ជា​នំបុ័ង​ដំបូង​បង្អស់ ថ្វាយ​ព្រះ‌អម្ចាស់១៨ អ្នក​រាល់​គ្នា​ត្រូវ​យក​កូន​ចៀម​ប្រាំ​ពីរ​អាយុ​មួយ​ខួប​ល្អ​ឥត​ខ្ចោះ គោ​ស្ទាវ​មួយ និង​ចៀម​ឈ្មោល​ពីរ ថែម​ពី​លើ​នំបុ័ង​នេះ ថ្វាយ​ព្រះ‌អម្ចាស់​ជា​តង្វាយ​ដុត​ទាំង​មូល ព្រម​ទាំង​យក​ម្សៅ និង​ស្រា​ទំពាំង‌បាយ‌ជូរ​សម្រាប់​ពិធី​ច្រួច‌ស្រា មក​ថ្វាយ​ជា​តង្វាយ​ដុត ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់១៩ អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ ជា​យញ្ញ‌បូជា​រំដោះ​បាប ព្រម​ទាំង​កូន​ចៀម​ពីរ​អាយុ​មួយ​ខួប ជា​យញ្ញ‌បូជា​មេត្រី‌ភាព។ ២០ បូជា‌ចារ្យ​លើក​សត្វ​ទាំង​នោះ ព្រម​ទាំង​នំបុ័ង​ដែល​ជា​ផល​ដំបូង និង​កូន​ចៀម​ទាំង​ពីរ ថ្វាយ​ព្រះ‌អម្ចាស់។ តង្វាយ​ទាំង​នោះ​ត្រូវ​ថ្វាយ​ជា​តង្វាយ​ដ៏​សក្ការៈ​ដល់​ព្រះ‌អម្ចាស់ ហើយ​ប្រគល់​ជូន​បូជា‌ចារ្យ។ ២១ នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយ‌ហត់​ឡើយ។ នេះ​ជា​ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​អនុវត្ត​តាម​រហូត​ត​ទៅ នៅ​គ្រប់​ជំនាន់ និង​គ្រប់​ទី​កន្លែង​ដែល​អ្នក​រាល់​គ្នា​រស់​នៅ។ ២២ ពេល​ណា​អ្នក​រាល់​គ្នា​ច្រូត​ស្រូវ​នៅ​ក្នុង​ស្រែ​របស់​អ្នក​រាល់​គ្នា កុំ​ច្រូត​រហូត​ដល់​ភ្លឺ​ស្រែ​ឡើយ ហើយ​ក៏​កុំ​រើស​កួរ​ស្រូវ​ដែល​ជ្រុះ​ដែរ។ ត្រូវ​ទុក​ឲ្យ​ជន​ទុរគត និង​ជន​បរទេស​រើស​បរិភោគ។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក»។
២៣ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ ២៤ «ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: នៅ​ថ្ងៃ​ទី​មួយ​ក្នុង​ខែ​ទី​ប្រាំ​ពីរ គឺ​ជា​ថ្ងៃ​សម្រាក។ អ្នក​រាល់​គ្នា​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​រំឭក និង​ស្រែក​ជយ‌ឃោស ដោយ​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់២៥ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយ‌ហត់​ឡើយ តែ​ត្រូវ​ថ្វាយ​យញ្ញ‌បូជា​ជា​តង្វាយ​ដុត​ដល់​ព្រះ‌អម្ចាស់»។
២៦ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ ២៧ «នៅ​ថ្ងៃ​ទី​ដប់​ក្នុង​ខែ​ទី​ប្រាំ​ពីរ​នេះ ជា​ថ្ងៃ​បុណ្យ​រំដោះ​បាប ដែល​អ្នក​រាល់​គ្នា​ត្រូវ​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់។ ត្រូវ​តម​អាហារ ហើយ​ថ្វាយ​យញ្ញ‌បូជា ជា​តង្វាយ​ដុត​ដល់​ព្រះ‌អម្ចាស់២៨ នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ ដ្បិត​ជា​ថ្ងៃ​បុណ្យ​រំដោះ​បាប ដែល​អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ពិធី​ជម្រះ​បាប​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ ២៩ អ្នក​ដែល​ពុំ​តម​អាហារ​នៅ​ថ្ងៃ​នោះ នឹង​ត្រូវ​ដក​ចេញ​ពី​ចំណោម​ប្រជាជន​របស់​ខ្លួន។ ៣០ អ្នក​ដែល​ធ្វើ​ការ​អ្វី​មួយ​នៅ​ថ្ងៃ​នោះ យើង​នឹង​ធ្វើ​ឲ្យ​គេ​វិនាស​នៅ​ក្នុង​ចំណោម​ប្រជាជន​របស់​ខ្លួន។ ៣១ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ។ នេះ​ជា​ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​អនុវត្ត​តាម​រហូត​ត​ទៅ នៅ​គ្រប់​ជំនាន់ និង​គ្រប់​ទី​កន្លែង​ដែល​អ្នក​រាល់​គ្នា​រស់​នៅ។ ៣២ ថ្ងៃ​នោះ​ជា​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​សម្រាក ដូច​ថ្ងៃ​សប្ប័ទ ហើយ​ត្រូវ​តម​អាហារ។ នៅ​ថ្ងៃ​ទី​ប្រាំ‌បួន​ក្នុង​ខែ​នោះ អ្នក​រាល់​គ្នា​ត្រូវ​សម្រាក​ដូច​ថ្ងៃ​សប្ប័ទ ចាប់​ពី​ពេល​ល្ងាច​នៃ​ថ្ងៃ​នោះ រហូត​ដល់​ល្ងាច​ថ្ងៃ​បន្ទាប់»។
៣៣ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ ៣៤ «ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: នៅ​ថ្ងៃ​ទី​ដប់​ប្រាំ​ក្នុង​ខែ​ទី​ប្រាំ​ពីរ​នេះ ជា​ថ្ងៃ​បុណ្យ​បារាំ*​សម្រាប់​លើក​តម្កើង​ព្រះ‌អម្ចាស់ ចំនួន​ប្រាំ​ពីរ​ថ្ងៃ។ ៣៥ នៅ​ថ្ងៃ​ទី​មួយ ត្រូវ​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់។ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយ‌ហត់​ឡើយ។ ៣៦ អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​តង្វាយ​ដុត​ដល់​ព្រះ‌អម្ចាស់​ចំនួន​ប្រាំ​ពីរ​ថ្ងៃ។ នៅ​ថ្ងៃ​ទី​ប្រាំ‌បី ត្រូវ​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ ហើយ​ថ្វាយ​តង្វាយ​ដុត​ដល់​ព្រះ‌អង្គ។ ថ្ងៃ​នោះ​ជា​ថ្ងៃ​បង្ហើយ​បុណ្យ ដែល​អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយ‌ហត់​ឡើយ។ ៣៧ នេះ​ជា​បុណ្យ​សំខាន់ៗ​របស់​ព្រះ‌អម្ចាស់ ជា​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌អង្គ ដើម្បី​ថ្វាយ​តង្វាយ​ដល់​ព្រះ‌អម្ចាស់ គឺ​មាន​តង្វាយ​ដុត​ទាំង​មូល តង្វាយ​ម្សៅ យញ្ញ‌បូជា​មេត្រី‌ភាព និង​ពិធី​ច្រួច‌ស្រា។ ត្រូវ​ថ្វាយ​តង្វាយ​នីមួយៗ​តាម​ថ្ងៃ​កំណត់។ ៣៨ ក្រៅ​ពី​ធ្វើ​បុណ្យ​សប្ប័ទ​របស់​ព្រះ‌អម្ចាស់ អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ពិធី​បុណ្យ​ទាំង​នេះ​ថែម​ទៀត ហើយ​ថ្វាយ​តង្វាយ​សម្រាប់​ពិធី​បុណ្យ​ទាំង​នេះ ថែម​ពី​លើ​តង្វាយ​ផ្សេងៗ តង្វាយ​លា​បំណន់ និង​តង្វាយ​ស្ម័គ្រ​ចិត្ត​ទាំង​ប៉ុន្មាន ដែល​អ្នក​រាល់​គ្នា​ថ្វាយ​ដល់​ព្រះ‌អម្ចាស់
៣៩ នៅ​ថ្ងៃ​ទី​ដប់‌ប្រាំ​ក្នុង​ខែ​ទី​ប្រាំ​ពីរ ពេល​អ្នក​រាល់​គ្នា​ប្រមូល​ភោគ‌ផល​នៅ​ក្នុង​ស្រុក​ចប់​សព្វ​គ្រប់​ហើយ ត្រូវ​ធ្វើ​ពិធី​បុណ្យ​មួយ​ថ្វាយ​ព្រះ‌អម្ចាស់​ចំនួន​ប្រាំ​ពីរ​ថ្ងៃ។ ថ្ងៃ​ទី​មួយ និង​ថ្ងៃ​ទី​ប្រាំ‌បី ជា​ថ្ងៃ​សម្រាក។ ៤០ នៅ​ថ្ងៃ​ទី​មួយ អ្នក​រាល់​គ្នា​ត្រូវ​យក​ផ្លែ​ឈើ​ដ៏​ល្អ ធាង​ចាក មែក​ឈើ​ត្រសុំ‌ត្រសាយ ព្រម​ទាំង​ស្លឹក​ត្រែង​ដែល​ដុះ​នៅ​តាម​ស្ទឹង មក​ប្រារព្ធ​ធ្វើ​បុណ្យ​យ៉ាង​សប្បាយ​ចំនួន​ប្រាំ​ពីរ​ថ្ងៃ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ ៤១ រៀង‌រាល់​ឆ្នាំ ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​នេះ​ថ្វាយ​ព្រះ‌អម្ចាស់​ចំនួន​ប្រាំ​ពីរ​ថ្ងៃ។ នេះ​ជា​ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​អនុវត្ត​តាម​គ្រប់​ជំនាន់​រហូត​ត​ទៅ គឺ​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​នេះ​នៅ​ខែ​ទី​ប្រាំ​ពីរ។ ៤២ អ្នក​រាល់​គ្នា​ត្រូវ​រស់​នៅ​ក្នុង​បារាំ​ចំនួន​ប្រាំ​ពីរ​ថ្ងៃ គឺ​ម្ចាស់​ស្រុក​ទាំង​អស់​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ត្រូវ​រស់​នៅ​ក្នុង​បារាំ​នោះ ៤៣ ដើម្បី​ឲ្យ​កូន​របស់​អ្នក​រាល់​គ្នា​ដឹង​ថា ពេល​យើង​នាំ​ជន​ជាតិ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីប យើង​បាន​ឲ្យ​គេ​រស់​ក្នុង​បារាំ។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា»។
៤៤ លោក​ម៉ូសេ​រៀប‌រាប់​ប្រាប់​ជន​ជាតិ​អ៊ីស្រា‌អែល​អំពី​របៀប​ធ្វើ​ពិធី​បុណ្យ​ដ៏​សំខាន់ៗ សម្រាប់​លើក​តម្កើង​ព្រះ‌អម្ចាស់
២៤
បទ‌បញ្ជា​ស្តី​អំពី​ជើង​ចង្កៀង និង​ការ​តម្កល់​នំបុ័ង
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖  «ចូរ​បង្គាប់​កូន​ចៅ​អ៊ីស្រា‌អែល ឲ្យ​យក​ប្រេង​អូលីវ​ដ៏​ល្អ​បំផុត មក​សម្រាប់​ដុត ដើម្បី​ឲ្យ​ចង្កៀង​នៅ​ឆេះ​រហូត។  អរ៉ុន​ត្រូវ​តម្កល់​ចង្កៀង​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ ខាង​មុខ​វាំងនន​នៃ​បន្ទប់​ដែល​គេ​តម្កល់​ហិប​នៃ​សន្ធិ‌សញ្ញា ហើយ​ទុក​ឲ្យ​ចង្កៀង​នោះ​ឆេះ​រហូត តាំង​ពី​ល្ងាច​ទល់​ព្រឹក នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។ នេះ​ជា​ច្បាប់​ដែល​ត្រូវ​អនុវត្ត​តាម​គ្រប់​ជំនាន់​រហូត​ត​ទៅ។  អរ៉ុន​ត្រូវ​រៀប​ចង្កៀង​ទាំង​អស់ នៅ​លើ​ជើង​ចង្កៀង ដែល​ធ្វើ​ពី​មាស​សុទ្ធ ដូច្នេះ ចង្កៀង​ឆេះ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់​ជា‌និច្ច។
 ចូរ​យក​ម្សៅ​ម៉ដ្ត​ដប់‌ពីរ​គីឡូ‌ក្រាម​មក​ធ្វើ​នំ​ចំនួន​ដប់‌ពីរ  រួច​តម្កល់​នំ​ទាំង​នោះ​ជា​ពីរ​ជួរ លើ​តុ​ធ្វើ​ពី​មាស​សុទ្ធ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ក្នុង​មួយ​ជួរៗ​មាន​នំ​ប្រាំ​មួយ។  ចូរ​ដាក់​គ្រឿង​ក្រអូប​ដ៏​ល្អ​បំផុត​នៅ​លើ​ជួរ​នីមួយៗ ហើយ​ដុត​គ្រឿង​ក្រអូប​ជំនួស​នំបុ័ង​ទាំង​នោះ ទុក​ជា​ទី​រំឭក នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។  រៀង‌រាល់​ថ្ងៃ​សប្ប័ទ* ជន​ជាតិ​អ៊ីស្រា‌អែល​ត្រូវ​យក​នំបុ័ង​មក​តម្កល់​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់​ជា‌និច្ច ស្រប​តាម​សម្ពន្ធ‌មេត្រី ដែល​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ។  នំបុ័ង​ទាំង​នោះ​ត្រូវ​បាន​ទៅ​លើ​អរ៉ុន និង​កូនៗ​របស់​គាត់។ ពួក​គេ​បរិភោគ​នំបុ័ង​ទាំង​នោះ​នៅ​ក្នុង​កន្លែង​ដ៏​សក្ការៈ ព្រោះ​ជា​តង្វាយ​ដ៏‌វិសុទ្ធ​បំផុត​យក​ចេញ​ពី​តង្វាយ​ដែល​គេ​ដុត នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ហើយ​បាន​ជា​ចំណែក​របស់​ពួក​គេ​រហូត​ត​ទៅ»។
ទោស​សម្រាប់​អ្នក​ប្រមាថ​ព្រះ‌ជាម្ចាស់ និង​ឃាត​ក
១០ មាន​ស្ត្រី​ម្នាក់​ជា​ជន​ជាតិ​អ៊ីស្រា‌អែល មាន​ប្ដី​ជន​ជាតិ​អេស៊ីប ហើយ​បាន​កូន​ប្រុស​មួយ។ កូន​ប្រុស​នោះ​ចេញ​ទៅ​កណ្ដាល​ចំណោម​ជន​ជាតិ​អ៊ីស្រា‌អែល ហើយ​ឈ្លោះ​គ្នា​ជា​មួយ​ជន​ជាតិ​អ៊ីស្រា‌អែល នៅ​ក្នុង​ជំរំ។ ១១ កូន​ប្រុស​របស់​ស្ត្រី​នោះ​បាន​ប្រមាថ​ព្រះ‌នាម​ព្រះ‌ជាម្ចាស់ ព្រម​ទាំង​ដាក់​បណ្ដាសា​ព្រះ‌អង្គ​ទៀត​ផង។ គេ​ក៏​នាំ​អ្នក​នោះ​មក​ជួប​លោក​ម៉ូសេ។ ម្ដាយ​របស់​អ្នក​នោះ​ឈ្មោះ​នាង​សេឡូ‌មីត ជា​កូន​របស់​ឌីបរី ក្នុង​កុល‌សម្ព័ន្ធ​ដាន់។ ១២ គេ​បាន​ឃុំ​អ្នក​នោះ​ទុក រហូត​ដល់​បាន​ទទួល​បញ្ជា​ពី​ព្រះ‌អម្ចាស់
១៣ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​ថា៖ ១៤ «ចូរ​យក​អ្នក​ប្រមាថ​យើង​ចេញ​ពី​ជំរំ។ អស់​អ្នក​ដែល​ដឹង​ឮ ត្រូវ​ដាក់​ដៃ​ពី​លើ​ក្បាល​អ្នក​នោះ ហើយ​សហគមន៍​ទាំង​មូល​យក​ដុំ​ថ្ម​គប់​សម្លាប់​វា​ទៅ។ ១៥ ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រា‌អែល​ថា: អ្នក​ណា​ដាក់​បណ្ដាសា​ព្រះ​របស់​ខ្លួន អ្នក​នោះ​ត្រូវ​ទទួល​ទោស ព្រោះ​តែ​អំពើ​បាប​ដែល​គេ​បាន​ប្រព្រឹត្ត។ ១៦ អ្នក​ណា​ប្រមាថ​ព្រះ‌នាម​ព្រះ‌អម្ចាស់ អ្នក​នោះ​មាន​ទោស​ដល់​ស្លាប់។ សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​ត្រូវ​យក​ដុំ​ថ្ម​គប់​សម្លាប់​មនុស្ស​បែប​នេះ ទោះ‌បី​គេ​ជា‌ម្ចាស់​ស្រុក ឬ​ជា​ជន​បរទេស​ក្តី គេ​ត្រូវ​តែ​ស្លាប់ ព្រោះ​គេ​បាន​ប្រមាថ​ព្រះ‌នាម​ព្រះ‌អម្ចាស់
១៧ អ្នក​ណា​វាយ​មនុស្ស​ម្នាក់​រហូត​ដល់​បាត់‌បង់​ជីវិត អ្នក​នោះ​នឹង​មាន​ទោស​ដល់​ស្លាប់។ ១៨ អ្នក​ណា​វាយ​សត្វ​មួយ​រហូត​ដល់​ងាប់ អ្នក​នោះ​ត្រូវ​យក​សត្វ​រស់​ប្រភេទ​ដដែល​នោះ​មក​សង​វិញ។ ១៩ អ្នក​ណា​ធ្វើ​ឲ្យ​ជន​រួម​ជាតិ​របស់​ខ្លួន​មាន​របួស​ត្រង់​កន្លែង​ណា​មួយ ត្រូវ​ធ្វើ​ឲ្យ​អ្នក​នោះ​របួស​ត្រង់​កន្លែង​នោះ​ដែរ ២០ គឺ​បើ​អ្នក​នោះ​ធ្វើ​ឲ្យ​គេ​បាក់​ដៃ​បាក់​ជើង ត្រូវ​បំបាក់​ដៃ​បំបាក់​ជើង​អ្នក​នោះ​វិញ បើ​វាយ​ភ្នែក​គេ​ម្ខាង ត្រូវ​វាយ​ភ្នែក​ម្ខាង​វិញ បើ​វាយ​គេ​បាក់​ធ្មេញ​មួយ ត្រូវ​វាយ​អ្នក​នោះ​ឲ្យ​បាក់​ធ្មេញ​មួយ​ដែរ។ ត្រូវ​ធ្វើ​ឲ្យ​អ្នក​នោះ​របួស​ដូច​គេ​បាន​ធ្វើ​ឲ្យ​អ្នក​ដទៃ​របួស។
២១ អ្នក​ណា​វាយ​សម្លាប់​សត្វ​មួយ​ក្បាល ត្រូវ​ឲ្យ​អ្នក​នោះ​យក​សត្វ​មួយ​ក្បាល​មក​សង​វិញ តែ​អ្នក​ណា​វាយ​សម្លាប់​មនុស្ស​ម្នាក់ អ្នក​នោះ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។ ២២ ត្រូវ​មាន​ច្បាប់​តែ​មួយ សម្រាប់​ជន​បរទេស និង​ម្ចាស់​ស្រុក ដ្បិត​យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា»។
២៣ លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​ជន​ជាតិ​អ៊ីស្រា‌អែល។ គេ​ក៏​នាំ​គ្នា​យក​អ្នក​ប្រមាថ​ព្រះ‌ជាម្ចាស់​ចេញ​ពី​ជំរំ ហើយ​យក​ដុំ​ថ្ម​គប់​សម្លាប់។ ជន​ជាតិ​អ៊ីស្រា‌អែល​ធ្វើ​តាម​ព្រះ‌បន្ទូល ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។
២៥
ឆ្នាំ​សប្ប័ទ
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ នៅ​លើ​ភ្នំ​ស៊ីណៃ​ថា៖  «ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: កាល​ណា​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​ដែល​យើង​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​ហើយ រៀង‌រាល់​ប្រាំ​ពីរ​ឆ្នាំ ចូរ​ទុក​ដី​ឲ្យ​នៅ​ទំនេរ​មួយ​ឆ្នាំ ដែល​ជា​ឆ្នាំ​សប្ប័ទ​ថ្វាយ​ព្រះ‌អម្ចាស់។  ក្នុង​អំឡុង​ពេល​ប្រាំ​មួយ​ឆ្នាំ អ្នក​អាច​សាប‌ព្រោះ​នៅ​ក្នុង​ស្រែ​ចម្ការ​របស់​អ្នក ក្នុង​អំឡុង​ពេល​ប្រាំ​មួយ​ឆ្នាំ អ្នក​អាច​ថែ​ទាំ​ចម្ការ​ទំពាំង‌បាយ‌ជូរ និង​បេះ​យក​ផ្លែ​បាន។  ប៉ុន្តែ ឆ្នាំ​ទី​ប្រាំ​ពីរ​ជា​ឆ្នាំ​សប្ប័ទ ត្រូវ​ទុក​ដី​ឲ្យ​នៅ​ទំនេរ​ទាំង​ស្រុង ព្រោះ​ជា​ឆ្នាំ​សប្ប័ទ​ថ្វាយ​ព្រះ‌អម្ចាស់។ អ្នក​មិន​ត្រូវ​សាប‌ព្រោះ​នៅ​ក្នុង​ស្រែ​ចម្ការ ហើយ​ក៏​មិន​ត្រូវ​ថែ​ទាំ​ចម្ការ​ទំពាំង‌បាយ‌ជូរ​ដែរ។  អ្នក​មិន​ត្រូវ​ច្រូត​យក​ផល​ពី​គ្រាប់​ដែល​ធ្លាក់​ទៅ​លើ​ដី​កាល​ពី​រដូវ​ចម្រូត​មុន ហើយ​ក៏​មិន​ត្រូវ​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​ពី​ដើម​ដែល​អ្នក​ទុក​ចោល​នោះ​ដែរ ព្រោះ​ជា​ឆ្នាំ​ដែល​ត្រូវ​ទុក​ឲ្យ​ដី​នៅ​ទំនេរ​ទាំង​ស្រុង។  ទោះ‌បី​ដី​ទំនេរ​នៅ​ឆ្នាំ​សប្ប័ទ​នោះ​ក៏​ដោយ ក៏​នៅ​តែ​ផ្តល់​អាហារ​គ្រប់‌គ្រាន់​ដល់​អ្នក និង​អ្នក​បម្រើ​ប្រុស​ស្រី​របស់​អ្នក ព្រម​ទាំង​កូន​ឈ្នួល និង​មនុស្ស​ដែល​ស្នាក់​នៅ​ជា​បណ្តោះ‌អាសន្ន​ជា​មួយ​អ្នក។  រីឯ​សត្វ​ពាហនៈ និង​សត្វ​ព្រៃ​នៅ​ក្នុង​ស្រុក​របស់​អ្នក ក៏​ទទួល​ភោគ‌ផល​ពី​ដី​ជា​ចំណី​ដែរ»។
ឆ្នាំ​ដែល​ត្រូវ​លោះ​កម្ម‌សិទ្ធិ
 «ចូរ​រាប់​ឆ្នាំ​សប្ប័ទ​ប្រាំ​ពីរ​ដង គឺ​ប្រាំ​ពីរ​ឆ្នាំ​ប្រាំ​ពីរ​ដង សរុប​ទាំង​អស់​សែ‌សិប‌ប្រាំ‌បួន​ឆ្នាំ។  នៅ​ខែ​ទី​ប្រាំ​ពីរ ថ្ងៃ​ទី​ដប់ ត្រូវ​ផ្លុំ​ស្នែង និង​ស្រែក​យ៉ាង​រំពង​ពាស‌ពេញ​ស្រុក​ទាំង​មូល ព្រោះ​ជា​ថ្ងៃ​រំដោះ​បាប។ ១០ អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​ឆ្នាំ​ទី​ហា‌សិប​នោះ​ជា​ឆ្នាំ​ដ៏‌វិសុទ្ធ ត្រូវ​ប្រកាស​សេរី‌ភាព​នៅ​ក្នុង​ស្រុក​ទាំង​មូល។ ឆ្នាំ​នោះ​ត្រូវ​មាន​ឈ្មោះ​ថា “ឆ្នាំ​មេត្តា​ករុណា”។ ពេល​នោះ ម្នាក់ៗ​វិល​ត្រឡប់​ទៅ​កាន់​ស្រុក​ភូមិ ទៅ​ជួប‌ជុំ​នឹង​អំបូរ​របស់​អ្នក​រាល់​គ្នា​វិញ។
១១ ឆ្នាំ​ទី​ហា‌សិប​ជា​ឆ្នាំ​មេត្តា​ករុណា​នោះ អ្នក​រាល់​គ្នា​មិន​ត្រូវ​សាប‌ព្រោះ ឬ​ច្រូត​កាត់​ភោគ‌ផល​ដុះ​ពី​គ្រាប់​ដែល​ធ្លាក់​ទៅ​លើ​ដី កាល​ពី​រដូវ​ចម្រូត​មុន​ឡើយ ហើយ​ក៏​មិន​ត្រូវ​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ ដែល​អ្នក​រាល់​គ្នា​ទុក​ចោល​នោះ​ដែរ។ ១២ អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​ឆ្នាំ​មេត្តា​ករុណា​ជា​ឆ្នាំ​សក្ការៈ។ អ្នក​រាល់​គ្នា​នឹង​បរិភោគ​អ្វីៗ​ដែល​ដុះ​នៅ​ក្នុង​ចម្ការ។
១៣ នៅ​ឆ្នាំ​មេត្តា​ករុណា អ្នក​រាល់​គ្នា​អាច​វិល​ទៅ​កាន់​កាប់​កម្ម‌សិទ្ធិ​របស់​ខ្លួន​វិញ។ ១៤ ប្រសិន​បើ​អ្នក​រាល់​គ្នា​លក់ ឬ​ទិញ​អ្វី ពី​ជន​រួម​ជាតិ​របស់​អ្នក​រាល់​គ្នា មិន​ត្រូវ​កេង​បន្លំ​គេ​ឡើយ។ ១៥ ពេល​ទិញ​ដី​ពី​ជន​រួម​ជាតិ​របស់​អ្នក ត្រូវ​គិត​តម្លៃ​ចាប់​ពី​ឆ្នាំ​មេត្តា​ករុណា​ទៅ ហើយ​គេ​ត្រូវ​លក់​ឲ្យ​អ្នក​ដោយ​គិត​តម្លៃ​តាម​ចំនួន​ឆ្នាំ ដែល​អ្នក​អាច​ច្រូត​យក​ផល​បាន រហូត​ដល់​ឆ្នាំ​មេត្តា​ករុណា​ខាង​មុខ។ ១៦ ប្រសិន​បើ​នៅ​សល់​ច្រើន​ឆ្នាំ​មុន​នឹង​ដល់​ឆ្នាំ​មេត្តា​ករុណា អ្នក​អាច​លក់​ដី​នោះ​ថ្លៃ តែ​បើ​នៅ​សល់​តិច​ឆ្នាំ​ទេ នោះ​ត្រូវ​បញ្ចុះ​តម្លៃ ដោយ​គិត​ដល់​ចំនួន​ឆ្នាំ​ដែល​អាច​ច្រូត​កាត់​នៅ​សល់​តិច។ ១៧ មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា កេង‌ប្រវ័ញ្ច​ជន​រួម​ជាតិ​របស់​ខ្លួន​ឡើយ ធ្វើ​ដូច្នេះ​បាន​សេចក្ដី​ថា អ្នក​គោរព​កោត​ខ្លាច​ព្រះ​របស់​អ្នក។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។
១៨ ចូរ​ប្រតិ‌បត្តិ​តាម​វិន័យ​របស់​យើង ចូរ​ធ្វើ​តាម​វិន័យ​របស់​យើង នោះ​អ្នក​រាល់​គ្នា​នឹង​រស់​នៅ​យ៉ាង​សុខ‌សាន្ត​ក្នុង​ស្រុក។ ១៩ ដី​នឹង​ផ្តល់​ភោគ‌ផល អ្នក​រាល់​គ្នា​នឹង​មាន​អាហារ​បរិភោគ​យ៉ាង​បរិបូណ៌ ហើយ​រស់​នៅ​យ៉ាង​សុខ‌សាន្ត​ក្នុង​ស្រុក។ ២០ ប្រសិន​បើ​អ្នក​រាល់​គ្នា​ពោល​ថា “នៅ​ឆ្នាំ​ទី​ប្រាំ​ពីរ តើ​ពួក​យើង​នឹង​បាន​អ្វី​បរិភោគ បើ​ពួក​យើង​មិន​សាប‌ព្រោះ មិន​ច្រូត​កាត់​ដូច្នេះ!”។ ២១ នៅ​ឆ្នាំ​ទី​ប្រាំ​មួយ យើង​នឹង​ឲ្យ​ពរ​អ្នក​រាល់​គ្នា គឺ​ក្នុង​ឆ្នាំ​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ភោគ‌ផល​គ្រប់‌គ្រាន់​សម្រាប់​បី​ឆ្នាំ។ ២២ អ្នក​រាល់​គ្នា​សាប‌ព្រោះ​សា​ជា​ថ្មី នៅ​ឆ្នាំ​ទី​ប្រាំ‌បី តែ​អ្នក​រាល់​គ្នា​បរិភោគ‌ផល​ដែល​ប្រមូល​បាន​ពី​មុន រហូត​ដល់​ឆ្នាំ​ទី​ប្រាំ‌បួន។ អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ‌ផល​ចាស់ រហូត​ទាល់​តែ​បាន​ទទួល​ភោគ‌ផល​ថ្មី។
២៣ អ្នក​រាល់​គ្នា​មិន​អាច​លក់​ដី​ផ្ដាច់​ឲ្យ​គេ​រហូត​ទេ ដ្បិត​ស្រុក​នេះ​ជា​កម្ម‌សិទ្ធិ​របស់​យើង អ្នក​រាល់​គ្នា​ប្រៀប​ដូច​ជា​ជន​បរទេស ដែល​ស្នាក់​នៅ​ជា​បណ្តោះ‌អាសន្ន​លើ​ដី​របស់​យើង។
២៤ នៅ​ក្នុង​ស្រុក​ទាំង​មូល​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ​ចាប់​យក ត្រូវ​បង្កើត​ឲ្យ​មាន​ច្បាប់​លោះ​ដី។ ២៥ ប្រសិន​បើ​បង‌ប្អូន​របស់​អ្នក​ធ្លាក់​ខ្លួន​ក្រ ហើយ​ត្រូវ​លក់​ដី​មួយ​ចំណែក​របស់​ខ្លួន អ្នក​ដែល​មាន​សិទ្ធិ​លោះ​ដី គឺ​សាច់‌ញាតិ​ដ៏​ជិត‌ដិត ត្រូវ​មក​លោះ​យក​ដី​ដែល​បង‌ប្អូន​នោះ​លក់។ ២៦ ប្រសិន​បើ​អ្នក​នោះ​គ្មាន​សាច់‌ញាតិ​មក​លោះ​យក​ដី​ទេ ហើយ​ប្រសិន​បើ​គាត់​ធូរ‌ធារ​អាច​លោះ​ដី​នោះ​ដោយ​ខ្លួន​ឯង​បាន ២៧ គាត់​ត្រូវ​រាប់​ចំនួន​ឆ្នាំ ចាប់​ពី​ឆ្នាំ​ដែល​ខ្លួន​បាន​លក់​ដី​នោះ រហូត​ដល់​ឆ្នាំ​មេត្តា​ករុណា រួច​បង់​ប្រាក់​ទៅ​ឲ្យ​អ្នក​ទិញ​តាម​ចំនួន​ឆ្នាំ​ទាំង​នោះ ហើយ​កាន់​កាប់​ទឹក​ដី​របស់​ខ្លួន​វិញ។ ២៨ ប្រសិន​បើ​គេ​គ្មាន​ប្រាក់​លោះ​ដី​នោះ​ទេ ដី​នោះ​ត្រូវ​នៅ​ជា​កម្ម‌សិទ្ធិ​របស់​អ្នក​ទិញ រហូត​ដល់​ឆ្នាំ​មេត្តា​ករុណា។ នៅ​ឆ្នាំ​មេត្តា​ករុណា អ្នក​ទិញ​ត្រូវ​ចាក‌ចេញ​ពី​ដី​នោះ ហើយ​ម្ចាស់​ដី​អាច​វិល​មក​កាន់​កាប់​ដី​របស់​ខ្លួន​វិញ។ ២៩ ប្រសិន​បើ​នរណា​ម្នាក់​លក់​ផ្ទះ​របស់​ខ្លួន​នៅ​ក្នុង​ក្រុង​មួយ​ដែល​មាន​កំពែង គេ​មាន​សិទ្ធិ​លោះ​យក​ផ្ទះ​នោះ​មក​វិញ ក្នុង​អំឡុង​មួយ​ឆ្នាំ​ក្រោយ​ពេល​លក់ គឺ​គេ​មាន​សិទ្ធិ​លោះ​ក្នុង‌រយៈ​ពេល​មួយ​ឆ្នាំ។ ៣០ លុះ​ផុត​កំណត់​ពេល​មួយ​ឆ្នាំ​ហើយ ប្រសិន​គេ​មិន​លោះ​ផ្ទះ​នៅ​ក្នុង​ក្រុង​ទេ ផ្ទះ​នោះ​នឹង​បាន​ជា​កម្ម‌សិទ្ធិ​របស់​អ្នក​ទិញ និង​ពូជ‌ពង្ស​រហូត សូម្បី​តែ​នៅ​ឆ្នាំ​មេត្តា​ករុណា​ក៏​ម្ចាស់​ដើម​មិន​អាច​យក​វិញ​ដែរ។ ៣១ ចំណែក​ឯ​ផ្ទះ​ស្ថិត​នៅ​តាម​ភូមិ​ត្រូវ​គិត​ដូច​ដី​ឯ​ទៀតៗ​ដែរ គឺ​គេ​អាច​លោះ​យក​ពេល​ណា​ក៏​បាន ហើយ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​ទិញ​ត្រូវ​ចាក‌ចេញ​ពី​ផ្ទះ​នោះ​នៅ​ឆ្នាំ​មេត្តា​ករុណា។ ៣២ ចំណែក​ក្រុង​របស់​ពួក​លេវី​វិញ ពួក​លេវី​អាច​លោះ​យក​ផ្ទះ​ដែល​គេ​មាន​នៅ​ក្នុង​ក្រុង​ទាំង​នោះ នៅ​ពេល​ណា​ក៏​បាន។ ៣៣ ទោះ‌បី​អ្នក​ទិញ​ផ្ទះ​នោះ​ជា​ពួក​លេវី​ក្តី នៅ​ឆ្នាំ​មេត្តា​ករុណា ផ្ទះ​នោះ​នឹង​ទៅ​ជា​កម្ម‌សិទ្ធិ​របស់​ម្ចាស់​ដើម​វិញ ដ្បិត​ផ្ទះ​ដែល​ស្ថិត​នៅ​ក្រុង​របស់​ពួក​លេវី​ជា​កម្ម‌សិទ្ធិ​របស់​ពួក​គេ នៅ​ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រា‌អែល។ ៣៤ រីឯ​ស្រែ​ចម្ការ​ដែល​ស្ថិត​នៅ​ជុំ‌វិញ​ក្រុង​របស់​ពួក​លេវី​មិន​អាច​លក់​បាន​ទេ ព្រោះ​ជា​កម្ម‌សិទ្ធិ​របស់​ពួក​គេ រហូត​ត​ទៅ»។
ច្បាប់​អំពី​ការ​ឲ្យ​ប្រាក់​អ្នក​ក្រ​ខ្ចី
៣៥ «ពេល​បង‌ប្អូន​ណា​ម្នាក់​របស់​អ្នក​ធ្លាក់​ខ្លួន​ក្រ និង​ខ្វះ​ខាត ទោះ‌បី​អ្នក​នោះ​ជា​ជន​បរទេស ឬ​ជា​អ្នក​ស្នាក់​នៅ​បណ្តោះ‌អាសន្ន​ក្តី អ្នក​ត្រូវ​តែ​ជួយ​គេ ដើម្បី​ឲ្យ​គេ​អាច​រស់​នៅ​ក្បែរ​អ្នក​ត​ទៅ​មុខ​ទៀត។ ៣៦ កុំ​យក​ការ​ប្រាក់ ឬ​ចង់​បាន​សគុណ​អ្វី​ពី​គេ​ឡើយ ធ្វើ​ដូច្នេះ អ្នក​គោរព​កោត​ខ្លាច​ព្រះ​របស់​អ្នក ហើយ​ទុក​ឲ្យ​បង‌ប្អូន​នោះ​រស់​នៅ​ជា​មួយ​អ្នក។ ៣៧ បើ​អ្នក​នោះ​ខ្ចី​ប្រាក់ កុំ​គិត​ការ​ប្រាក់​ឲ្យ​សោះ ហើយ​បើ​អ្នក​ឲ្យ​អាហារ​ទៅ​គេ កុំ​ចង់​បាន​សគុណ​អ្វី​ឡើយ។ ៣៨ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប ដើម្បី​ប្រគល់​ស្រុក​កាណាន​នេះ​ឲ្យ​អ្នក​រាល់​គ្នា និង​ដើម្បី​ឲ្យ​យើង​ធ្វើ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។
៣៩ ពេល​បង‌ប្អូន​ណា​ម្នាក់​ធ្លាក់​ខ្លួន​ក្រ ហើយ​មក​សុំ​លក់​ខ្លួន​បម្រើ​អ្នក មិន​ត្រូវ​បង្ខំ​ឲ្យ​គេ​ធ្វើ​ការ​ដូច​ទាសករ​ឡើយ។ ៤០ ត្រូវ​ឲ្យ​គេ​ធ្វើ​ការ​ក្នុង​ឋានៈ​ជា​អ្នក​បម្រើ ឬ​ដូច​អ្នក​ដែល​ស្នាក់​នៅ​ជា​បណ្តោះ‌អាសន្ន។ គេ​ត្រូវ​នៅ​ធ្វើ​ការ​ជា​មួយ​អ្នក រហូត​ដល់​ឆ្នាំ​មេត្តា​ករុណា។ ៤១ ពេល​នោះ គេ និង​កូន​ចៅ​របស់​គេ​អាច​ចាក‌ចេញ​ពី​ផ្ទះ​អ្នក វិល​ត្រឡប់​ទៅ​នៅ​ក្នុង​អំបូរ និង​ក្នុង​ទឹក​ដី​ដែល​ជា​កេរ‌អាករ​របស់​គេ​វិញ ៤២ ដ្បិត​អស់​អ្នក​ដែល​យើង​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីប សុទ្ធ​តែ​ជា​អ្នក​បម្រើ​របស់​យើង ហេតុ​នេះ មិន​ត្រូវ​លក់​ពួក​គេ​ដូច​លក់​ទាសករ​ឡើយ។ ៤៣ កុំ​ជិះ‌ជាន់​ធ្វើ​បាប​ពួក​គេ​ឲ្យ​សោះ ធ្វើ​ដូច្នេះ ទើប​អ្នក​គោរព​កោត​ខ្លាច​ព្រះ​របស់​អ្នក។ ៤៤ ប្រសិន​បើ​អ្នក​រាល់​គ្នា​ត្រូវ​ការ​ខ្ញុំ​បម្រើ​ប្រុស​ស្រី ត្រូវ​ទិញ​ពួក​គេ​ពី​ចំណោម​ប្រជា‌ជាតិ​នានា ដែល​នៅ​ជុំ‌វិញ​អ្នក​រាល់​គ្នា។ ៤៥ អ្នក​រាល់​គ្នា​អាច​ទិញ​ខ្ញុំ​បម្រើ​ពី​ចំណោម​កូន​ចៅ​របស់​ជន​បរទេស ដែល​រស់​នៅ​ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា ឬ​ពី​ចំណោម​ពូជ​អំបូរ​របស់​គេ ដែល​កើត​ក្នុង​ស្រុក​នេះ មក​ធ្វើ​ជា​កម្ម‌សិទ្ធិ​របស់​អ្នក។ ៤៦ អ្នក​រាល់​គ្នា​អាច​ចែក​ខ្ញុំ​បម្រើ​ទាំង​នោះ​ឲ្យ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា នៅ​ជំនាន់​ក្រោយ ទុក​ជា​កេរ‌មត៌ក។ អ្នក​រាល់​គ្នា​អាច​ទុក​ពួក​គេ​ជា​ខ្ញុំ​បម្រើ​រហូត​ត​ទៅ។ ផ្ទុយ​ទៅ​វិញ ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ជិះ‌ជាន់​ធ្វើ​បាប​ជន​ជាតិ​អ៊ីស្រា‌អែល ដែល​ជា​បង‌ប្អូន​របស់​ខ្លួន​ឡើយ។
៤៧ ប្រសិន​បើ​ជន​បរទេស ឬ​អ្នក​ដែល​ស្នាក់​នៅ​ក្នុង​ស្រុក​របស់​អ្នក ជា​អ្នក​មាន ហើយ​ប្រសិន​បើ​មាន​បង‌ប្អូន​របស់​អ្នក​ធ្លាក់​ខ្លួន​ក្រ លក់​ខ្លួន​ទៅ​ឲ្យ​ជន​បរទេស ឬ​អ្នក​ដែល​ស្នាក់​នៅ​បណ្តោះ‌អាសន្ន ឬ​លក់​ខ្លួន​ឲ្យ​ពូជ‌ពង្ស​របស់​ជន​បរទេស​នោះ ៤៨ បង‌ប្អូន​របស់​អ្នក​ក្រ​មាន​សិទ្ធិ​លោះ​អ្នក​ក្រ​នោះ​យក​មក​វិញ ក្រោយ​ពេល​គាត់​បាន​លក់​ខ្លួន។ ៤៩ ឪពុក​មា​របស់​គាត់ កូន​របស់​ឪពុក​មា ឬ​សាច់‌ញាតិ​ជិត‌ដិត​ណា​ម្នាក់ អាច​លោះ​គាត់​យក​មក​វិញ ឬ​គាត់​ត្រូវ​រក​ប្រាក់​លោះ​ខ្លួន​ឯង​ក៏​បាន។ ៥០ គាត់​ត្រូវ​គិត​ចំនួន​ឆ្នាំ​ជា​មួយ​ម្ចាស់​ដែល​ទិញ​គាត់​នោះ ដោយ​រាប់​ចាប់​ពី​ឆ្នាំ​ដែល​គាត់​បាន​លក់​ខ្លួន​រហូត​ដល់​ឆ្នាំ​មេត្តា​ករុណា ហើយ​បង់​ប្រាក់​ទៅ​ឲ្យ​ម្ចាស់​តាម​ចំនួន​ឆ្នាំ​នោះ គិត​ដូច​ប្រាក់​ឈ្នួល​របស់​អ្នក​បម្រើ។ ៥១ ប្រសិន​បើ​នៅ​សល់​ច្រើន​ឆ្នាំ ត្រូវ​បង់​ប្រាក់​លោះ​ខ្លួន​ទៅ​ឲ្យ​ម្ចាស់ គិត​តាម​ចំនួន​ឆ្នាំ​ដែល​នៅ​សល់​នោះ។ ៥២ ប្រសិន​បើ​នៅ​សល់​តិច​ឆ្នាំ មុន​នឹង​ដល់​ឆ្នាំ​មេត្តា​ករុណា ក៏​ត្រូវ​គិត​ប្រាក់​លោះ​ខ្លួន​បង់​ទៅ​ឲ្យ​ម្ចាស់ តាម​ចំនួន​ឆ្នាំ​ដែល​នៅ​សល់​នោះ​ដែរ។ ៥៣ ត្រូវ​រាប់​គាត់​ទុក​ដូច​ជា​អ្នក​ស៊ី​ឈ្នួល​ប្រចាំ​ឆ្នាំ នៅ​ក្នុង​ផ្ទះ​របស់​ម្ចាស់ គឺ​មិន​ត្រូវ​ជិះ‌ជាន់​ធ្វើ​បាប​គាត់​ឡើយ។ ៥៤ ប្រសិន​បើ​ក្នុង​ឆ្នាំ​ដែល​គាត់​នៅ​បម្រើ​គេ​នោះ គាត់​ពុំ​អាច​លោះ​ខ្លួន​បាន​ទេ នៅ​ឆ្នាំ​មេត្តា​ករុណា គាត់ និង​កូន​ចៅ​របស់​គាត់ អាច​ចាក‌ចេញ​ពី​ផ្ទះ​របស់​ម្ចាស់ ៥៥ ដ្បិត​ជន​ជាតិ​អ៊ីស្រា‌អែល​ជា​អ្នក​បម្រើ​របស់​យើង យើង​បាន​នាំ​ពួក​គេ​ចាក‌ចេញ​ពី​ស្រុក​អេស៊ីប ដើម្បី​ឲ្យ​ពួក​គេ​បម្រើ​យើង។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា»។
២៦
ព្រះ‌ពរ និង​បណ្ដាសា
 «អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​រូប​ព្រះ​ក្លែង‌ក្លាយ មិន​ត្រូវ​ធ្វើ​រូប​បដិមា ឬ​ស្តូប ហើយ​ក៏​មិន​ត្រូវ​បញ្ឈរ​ថ្ម​រចនា​នៅ​ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា សម្រាប់​ថ្វាយ‌បង្គំ​ឡើយ ដ្បិត​យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។
 ចូរ​ប្រារព្ធ​ពិធី​បុណ្យ​សប្ប័ទ​របស់​យើង ហើយ​គោរព​ទី​សក្ការៈ​របស់​យើង ដ្បិត​យើង​ជា​ព្រះ‌អម្ចាស់
 ប្រសិន​បើ​អ្នក​រាល់​គ្នា​កាន់​តាម​វិន័យ​របស់​យើង ហើយ​គោរព និង​ប្រតិ‌បត្តិ​តាម​បទ‌បញ្ជា​របស់​យើង  នោះ​យើង​នឹង​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​មក​លើ​ស្រុក​របស់​អ្នក​រាល់​គ្នា តាម​រដូវ​កាល។ ដី​នឹង​ផ្តល់​ភោគ‌ផល ហើយ​ដើម​ឈើ​ក៏​ផ្តល់​ផ្លែ​ដែរ។  អ្នក​រាល់​គ្នា​នឹង​បោក‌បែន​ស្រូវ រហូត​ដល់​ពេល​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ ហើយ​អ្នក​រាល់​គ្នា​នឹង​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ រហូត​ដល់​ពេល​សាប‌ព្រោះ។ អ្នក​រាល់​គ្នា​មាន​អាហារ​បរិភោគ​យ៉ាង​បរិបូណ៌ ហើយ​រស់​នៅ​ក្នុង​ស្រុក​របស់​ខ្លួន​យ៉ាង​សុខ‌សាន្ត។  យើង​នឹង​ធ្វើ​ឲ្យ​ស្រុក​របស់​អ្នក​រាល់​គ្នា​មាន​សុខ​សន្តិ‌ភាព អ្នក​រាល់​គ្នា​នឹង​សម្រាក​យ៉ាង​សុខ​ស្រួល គ្មាន​នរណា​មក​ធ្វើ​ឲ្យ​ភ័យ‌ខ្លាច​ឡើយ។ យើង​កម្ចាត់​សត្វ​សាហាវ​ឲ្យ​អស់​ពី​ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា ហើយ​ក៏​គ្មាន​សង្គ្រាម​កើត​មាន​នៅ​ស្រុក​របស់​អ្នក​រាល់​គ្នា​ដែរ។  អ្នក​រាល់​គ្នា​ដេញ​តាម​ខ្មាំង​សត្រូវ ពួក​គេ​នឹង​ដួល​ស្លាប់​ដោយ​មុខ​ដាវ​នៅ​មុខ​អ្នក​រាល់​គ្នា។  អ្នក​រាល់​គ្នា​តែ​ប្រាំ​នាក់​នឹង​ដេញ​ប្រហារ​សត្រូវ​មួយ‌រយ​នាក់ ហើយ​អ្នក​រាល់​គ្នា​មួយ‌រយ​នាក់​នឹង​ដេញ​ប្រហារ​សត្រូវ​មួយ‌ម៉ឺន​នាក់។ ខ្មាំង​សត្រូវ​នឹង​ដួល​ស្លាប់​ដោយ​មុខ​ដាវ នៅ​មុខ​អ្នក​រាល់​គ្នា។  យើង​នឹង​សម្ដែង​ចិត្ត​មេត្តា​ចំពោះ​អ្នក​រាល់​គ្នា ហើយ​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​បង្កើត​កូន​ចៅ និង​កើន​ចំនួន​ច្រើន​ឡើង។ យើង​នឹង​រក្សា​សម្ពន្ធ‌មេត្រី*​ដែល​យើង​បាន​ចង​ជា​មួយ​អ្នក​រាល់​គ្នា។ ១០ អ្នក​រាល់​គ្នា​នឹង​បរិភោគ​ស្រូវ​ចាស់ បន្ទាប់​មក អ្នក​រាល់​គ្នា​យក​ស្រូវ​ចាស់​ចេញ​ពី​ជង្រុក ដើម្បី​ដាក់​ស្រូវ​ថ្មី​វិញ។ ១១ យើង​នឹង​រស់​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា យើង​នឹង​មិន​ឃ្លាត​ឆ្ងាយ​ពី​អ្នក​រាល់​គ្នា​ឡើយ។ ១២ យើង​នឹង​ស្ថិត​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា ដើម្បី​ធ្វើ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ហើយ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ជា​ប្រជា‌រាស្ដ្រ​របស់​យើង។ ១៣ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា យើង​បាន​នាំ​អ្នក​រាល់​គ្នា​ចាក‌ចេញ​ពី​ស្រុក​អេស៊ីប ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ជា​ទាសករ​នៅ​ស្រុក​នោះ​ទៀត​ឡើយ។ យើង​បាន​កាច់​បំបាក់​នឹម​ដែល​ស្ថិត​នៅ​លើ​អ្នក​រាល់​គ្នា ហើយ​ឲ្យ​អ្នក​រាល់​គ្នា​ដើរ​ដោយ​ខ្ពស់​មុខ។
១៤ ប៉ុន្តែ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​តាម​យើង ហើយ​មិន​ប្រតិ‌បត្តិ​តាម​បទ‌បញ្ជា​ទាំង​ប៉ុន្មាន​របស់​យើង​ទេ ១៥ ប្រសិន​បើ​អ្នក​រាល់​គ្នា​បោះ‌បង់​ចោល​វិន័យ​របស់​យើង ហើយ​មិន​រវី‌រវល់​នឹង​ច្បាប់​របស់​យើង គឺ​មិន​ប្រតិ‌បត្តិ​តាម​បទ‌បញ្ជា​ទាំង​ប៉ុន្មាន​របស់​យើង ព្រម​ទាំង​ផ្ដាច់​សម្ពន្ធ‌មេត្រី​របស់​យើង ១៦ យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា​ដូច​ត​ទៅ: យើង​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ជួប​គ្រោះ​ភ័យ គឺ​ជំងឺ​រ៉ាំរ៉ៃ និង​ជំងឺ​គ្រុន ដែល​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ស្រវាំង​ភ្នែក និង​គ្រាំ‌គ្រា​ចិត្ត។ អ្នក​រាល់​គ្នា​សាប‌ព្រោះ តែ​មិន​បាន​ផល​អ្វី​ទេ ដ្បិត​ខ្មាំង​នឹង​មក​ស៊ី​បង្ហិន​អស់។ ១៧ យើង​ប្រឆាំង​នឹង​អ្នក​រាល់​គ្នា ហើយ​ខ្មាំង​សត្រូវ​នឹង​មាន​ជ័យ‌ជម្នះ​លើ​អ្នក​រាល់​គ្នា អស់​អ្នក​ដែល​ស្អប់​អ្នក​រាល់​គ្នា​នឹង​ត្រួត‌ត្រា​លើ​អ្នក​រាល់​គ្នា ហើយ​ទោះ‌បី​គ្មាន​នរណា​ដេញ​តាម​ក្តី ក៏​អ្នក​រាល់​គ្នា​រត់​គេច​ខ្លួន​ដែរ។
១៨ ទោះ‌បី​យ៉ាង​នេះ​ក្តី ប្រសិន​បើ​អ្នក​រាល់​គ្នា​នៅ​តែ​ពុំ​ព្រម​ស្ដាប់​យើង​ទេ យើង​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា​ខ្លាំង​ជាង​នេះ​ប្រាំ​ពីរ​ដង ព្រោះ​តែ​អំពើ​បាប​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត។ ១៩ យើង​នឹង​បំបាក់​អំនួត ដែល​នាំ​ឲ្យ​អ្នក​រាល់​គ្នា​ទុក​ចិត្ត​លើ​កម្លាំង​ខ្លួន​ឯង។ យើង​នឹង​ធ្វើ​ឲ្យ​មេឃ​រាំង​ស្ងួត ធ្វើ​ឲ្យ​ដី​បែក​ក្រហែង។ ២០ អ្នក​រាល់​គ្នា​ខំ​ប្រឹង​ធ្វើ​ការ តែ​មិន​បាន​ផល​អ្វី​ទេ ព្រោះ​ដី​មិន​ផ្តល់​ភោគ‌ផល ហើយ​ដើម​ឈើ​ក៏​គ្មាន​ផ្លែ​ដែរ។
២១ ប្រសិន​បើ​អ្នក​រាល់​គ្នា​នៅ​តែ​ជំទាស់​នឹង​យើង ហើយ​មិន​ព្រម​ស្ដាប់​យើង​ទេ យើង​នឹង​វាយ​អ្នក​រាល់​គ្នា​ខ្លាំង​ជាង​នេះ​ប្រាំ​ពីរ​ដង ស្រប​តាម​អំពើ​បាប​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត។ ២២ យើង​នឹង​ឲ្យ​សត្វ​ព្រៃ​មក​យាយី​អ្នក​រាល់​គ្នា វា​នឹង​ប្រហារ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា វា​នឹង​បំផ្លាញ​ហ្វូង​សត្វ​របស់​អ្នក​រាល់​គ្នា ហើយ​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​នៅ​សល់​ចំនួន​តិច‌តួច រហូត​ដល់​ផ្លូវ​របស់​អ្នក​រាល់​គ្នា​គ្មាន​មនុស្ស​ដើរ។
២៣ ទោះ‌បី​យ៉ាង​នេះ​ក្តី ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ព្រម​កែ​ខ្លួន​តាម​ការ​ប្រដៅ​របស់​យើង ហើយ​នៅ​តែ​មាន​ចិត្ត​មានះ​ប្រឆាំង​នឹង​យើង ២៤ យើង​ក៏​ប្រឆាំង​នឹង​អ្នក​រាល់​គ្នា​វិញ​ដែរ យើង​វាយ​អ្នក​រាល់​គ្នា​ប្រាំ​ពីរ​ដង​ខ្លាំង​ជាង​នេះ ព្រោះ​តែ​អំពើ​បាប​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត។ ២៥ យើង​នឹង​ធ្វើ​ឲ្យ​សង្គ្រាម​កើត​ឡើង​នៅ​ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា ព្រោះ​អ្នក​រាល់​គ្នា​បាន​ផ្ដាច់​សម្ពន្ធ‌មេត្រី។ ពេល​អ្នក​រាល់​គ្នា​ជួប‌ជុំ​គ្នា​នៅ​តាម​ទី‌ក្រុង យើង​នឹង​ធ្វើ​ឲ្យ​ជំងឺ​រាត​ត្បាត​កើត​មាន​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ។ ២៦ ពេល​ណា​យើង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ខ្វះ​ខាត​ម្ហូប​អាហារ ស្ត្រី​ដប់​នាក់​នឹង​ដុត​នំបុ័ង​នៅ​ក្នុង​ឡ​តែ​មួយ។ គេ​នឹង​ចែក​របប​នំបុ័ង​ឲ្យ​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​នឹង​បរិភោគ តែ​មិន​ឆ្អែត​ឡើយ ។
២៧ ទោះ‌បី​យ៉ាង​នេះ​ក្តី បើ​អ្នក​រាល់​គ្នា​មិន​ព្រម​ស្ដាប់​យើង ហើយ​មាន​ចិត្ត​មានះ​ប្រឆាំង​នឹង​យើង ២៨ យើង​ក៏​ប្រឆាំង​នឹង​អ្នក​រាល់​គ្នា​វិញ​យ៉ាង​ខ្លាំង​ដែរ។ យើង​នឹង​វាយ​ប្រដៅ​អ្នក​រាល់​គ្នា​ប្រាំ​ពីរ​ដង​ខ្លាំង​ជាង ព្រោះ​តែ​អំពើ​បាប​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត។ ២៩ អ្នក​រាល់​គ្នា​នឹង​បរិភោគ​សាច់​កូន​ប្រុស កូន​ស្រី​របស់​ខ្លួន។ ៣០ យើង​នឹង​កម្ទេច​កន្លែង​សក្ការៈ​របស់​អ្នក​រាល់​គ្នា​នៅ​តាម​ទួល​ខ្ពស់ៗ យើង​នឹង​ផ្តួល​រំលំ​បង្គោល​សក្ការៈ​របស់​អ្នក​រាល់​គ្នា យើង​នឹង​ឲ្យ​សាក‌សព​របស់​អ្នក​រាល់​គ្នា ដួល​ដេក​ជា​មួយ​កម្ទេច​រូប​ព្រះ​ក្លែង‌ក្លាយ​របស់​អ្នក​រាល់​គ្នា។ ហើយ​យើង​ឃ្លាត​ចេញ​ពី​អ្នក​រាល់​គ្នា។ ៣១ យើង​នឹង​កម្ទេច​ក្រុង​របស់​អ្នក​រាល់​គ្នា​ឲ្យ​ក្លាយ​ទៅ​ជា​ទី​ស្ម‌សាន យើង​នឹង​បំផ្លាញ​ទី​សក្ការៈ​របស់​អ្នក​រាល់​គ្នា ហើយ​យើង​មិន​ស្រង់​ក្លិន​នៃ​គ្រឿង​ក្រអូប​របស់​អ្នក​រាល់​គ្នា​ទៀត​ឡើយ។ ៣២ យើង​នឹង​បំផ្លាញ​ស្រុក​របស់​អ្នក​រាល់​គ្នា ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​ដែល​មក​រស់​នៅ​ក្នុង​ស្រុក​នោះ​ស្រឡាំង‌កាំង។ ៣៣ យើង​នឹង​កម្ចាត់‌កម្ចាយ​អ្នក​រាល់​គ្នា ឲ្យ​ទៅ​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា យើង​នឹង​យក​ដាវ​ដេញ​តាម​ពី​ក្រោយ​អ្នក​រាល់​គ្នា។ ស្រុក​របស់​អ្នក​រាល់​គ្នា​នឹង​នៅ​ស្ងាត់‌ជ្រងំ ហើយ​ក្រុង​របស់​អ្នក​រាល់​គ្នា​នឹង​គ្មាន​នរណា​រស់​នៅ។
៣៤ ស្រុក​ទេស​នឹង​បាន​សម្រាក ក្នុង​ពេល​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ខ្មាំង​ចាប់​យក​ទៅ​ជា​ឈ្លើយ​សឹក។ ទឹក​ដី​នឹង​បាន​សម្រាក​ជំនួស​ឆ្នាំ​សប្ប័ទ ដែល​អ្នក​រាល់​គ្នា​ពុំ​បាន​គោរព។ ៣៥ ក្នុង​ពេល​ស្រុក​ស្ងាត់‌ជ្រងំ​នោះ ទឹក​ដី​នឹង​បាន​សម្រាក ដ្បិត​កាល​អ្នក​រាល់​គ្នា​រស់​នៅ​ក្នុង​ស្រុក ដី​ពុំ​បាន​សម្រាក​ទេ ព្រោះ​អ្នក​រាល់​គ្នា​មិន​គោរព​ឆ្នាំ​សប្ប័ទ​សោះ​ឡើយ។ ៣៦ រីឯ​អស់​អ្នក​ដែល​រួច​ពី​ស្លាប់ ហើយ​ត្រូវ​ខ្មាំង​ចាប់​ទៅ​ជា​ឈ្លើយ​នោះ យើង​នឹង​ធ្វើ​ឲ្យ​ចិត្ត​របស់​គេ​ភ័យ​បាក់‌ស្បាត សូម្បី​តែ​សំឡេង​ស្លឹក​ឈើ​ជ្រុះ​ក៏​ធ្វើ​ឲ្យ​គេ​ភ័យ ហើយ​រត់​ដូច​រត់​គេច​ពី​មុខ​ដាវ។ ពួក​គេ​នឹង​ដួល​ស្លាប់ ដោយ​គ្មាន​នរណា​ដេញ​តាម​ពី​ក្រោយ។ ៣៧ ពួក​គេ​នឹង​ជំពប់​ដួល​គរ​លើ​គ្នា​ដូច​ដួល​នៅ​មុខ​ដាវ ដោយ​ឥត​មាន​នរណា​ដេញ​តាម​ក្រោយ​ឡើយ។ អ្នក​រាល់​គ្នា​ពុំ​អាច​ត‌ទល់​នឹង​ខ្មាំង​សត្រូវ​ទេ។ ៣៨ អ្នក​រាល់​គ្នា​នឹង​វិនាស​នៅ​ក្នុង​ស្រុក​របស់​ប្រជា‌ជាតិ​នានា ហើយ​គេ​នឹង​បញ្ចុះ​សព​អ្នក​រាល់​គ្នា នៅ​ក្នុង​ទឹក​ដី​របស់​ខ្មាំង​សត្រូវ។ ៣៩ ក្នុង​ចំណោម​អ្នក​រាល់​គ្នា អស់​អ្នក​ដែល​រួច​ពី​ស្លាប់ នឹង​ត្រូវ​វិនាស​នៅ​ក្នុង​ទឹក​ដី​របស់​ខ្មាំង​សត្រូវ ព្រោះ​តែ​អំពើ​បាប​របស់​ខ្លួន និង​អំពើ​បាប​របស់​ដូន‌តា។
៤០ ពេល​ពួក​គេ​ទទួល​សារ‌ភាព​កំហុស​របស់​ខ្លួន និង​កំហុស​របស់​ដូន‌តា​ខ្លួន ហើយ​ទទួល​សារ‌ភាព​ថា គេ​មិន​បាន​ស្មោះ‌ត្រង់​ចំពោះ​យើង ព្រម​ទាំង​មាន​ចិត្ត​មានះ​ប្រឆាំង​នឹង​យើង ៤១ ពេល​ពួក​គេ​យល់​ថា យើង​បាន​ប្រឆាំង​នឹង​ពួក​គេ ហើយ​នាំ​ពួក​គេ​ទៅ​រស់​នៅ​លើ​ទឹក​ដី​របស់​ខ្មាំង ពួក​គេ​ដែល​ធ្លាប់​តែ​មាន​ចិត្ត​រឹង‌រូស បែរ​ជា​ឱន​លំ‌ទោន និង​យល់​ព្រម​ទទួល​ទណ្ឌ‌កម្ម។ ៤២ ពេល​នោះ យើង​នឹង​នឹក​ដល់​សម្ពន្ធ‌មេត្រី ដែល​យើង​បាន​ចង​ជា​មួយ​យ៉ាកុប អ៊ីសាក និង​អប្រាហាំ ហើយ​យើង​ក៏​នឹក​ដល់​ទឹក​ដី​របស់​ពួក​គេ​ដែរ។ ៤៣ ក្នុង​ពេល​ពួក​គេ​មិន​រស់​នៅ​ក្នុង​ស្រុក គឺ​ពេល​ដែល​ទឹក​ដី​ស្ងាត់‌ជ្រងំ​នោះ ទឹក​ដី​នឹង​បាន​សម្រាក​ដូច​នៅ​ឆ្នាំ​សប្ប័ទ។ ពួក​គេ​ទទួល​ទណ្ឌ‌កម្ម ព្រោះ​គេ​បាន​បោះ‌បង់​ចោល​ច្បាប់​របស់​យើង និង​បែក​ចិត្ត​ចេញ​ពី​ក្រឹត្យ‌វិន័យ​របស់​យើង។ ៤៤ ប៉ុន្តែ ពេល​ពួក​គេ​រស់​នៅ​ក្នុង​ស្រុក​របស់​ខ្មាំង យើង​នឹង​មិន​បោះ‌បង់​ចោល​ពួក​គេ ហើយ​យើង​ក៏​មិន​បែក​ចិត្ត​ចេញ​ឆ្ងាយ​ពី​ពួក​គេ រហូត​ដល់​ទៅ​លុប​បំបាត់​ពួក​គេ​ទាំង​ស្រុង ឬ​ផ្ដាច់​សម្ពន្ធ‌មេត្រី​ជា​មួយ​ពួក​គេ​ដែរ ដ្បិត​យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ពួក​គេ។ ៤៥ យើង​នឹង​ជួយ​ពួក​គេ ដោយ​នឹក​ដល់​សម្ពន្ធ‌មេត្រី ដែល​យើង​បាន​ចង​ជា​មួយ​ដូន‌តា​របស់​ពួក​គេ កាល​ពី​មុន ក្នុង​ពេល​យើង​បាន​នាំ​ដូន‌តា​របស់​ពួក​គេ​ចាក‌ចេញ​ពី​ស្រុក​អេស៊ីប នៅ​ចំពោះ​មុខ​ប្រជា‌ជាតិ​នានា ដើម្បី​ឲ្យ​យើង​ធ្វើ​ជា​ព្រះ​របស់​គេ។ យើង​ជា​ព្រះ‌អម្ចាស់»។
៤៦ នេះ​ជា​វិន័យ ព្រម​ទាំង​បទ‌បញ្ជា និង​ច្បាប់​ដែល​ព្រះ‌អម្ចាស់​ប្រទាន​មក​ជន​ជាតិ​អ៊ីស្រា‌អែល​តាម‌រយៈ​លោក​ម៉ូសេ នៅ​លើ​ភ្នំ​ស៊ីណៃ។
២៧
អំពី​បំណន់ និង​តង្វាយ​មួយ​ភាគ​ដប់
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖  «ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: ប្រសិន​បើ​មាន​គេ​បន់​ព្រះ‌អម្ចាស់ ដោយ​សន្យា​ថ្វាយ​នរណា​ម្នាក់​ទៅ​ព្រះ‌អង្គ គេ​អាច​រួច​ពី​បំណន់​របស់​ខ្លួន​បាន​ដោយ​បង់​ប្រាក់ តាម​ការ​វាយ​តម្លៃ​របស់​មនុស្ស។  ត្រូវ​វាយ​តម្លៃ​មនុស្ស​ដូច​ត​ទៅ: មនុស្ស​ប្រុស​ដែល​មាន​អាយុ​ពី​ម្ភៃ​ឆ្នាំ​ទៅ​ហុក‌សិប​ឆ្នាំ ត្រូវ​គិត​ជា​ប្រាក់​ដប់‌ប្រាំ​តម្លឹង តាម​ទម្ងន់​ដែល​ប្រើ‌ប្រាស់​ក្នុង​ទី​សក្ការៈ។  ប្រសិន​បើ​ជា​ស្ត្រី ត្រូវ​គិត​ជា​ប្រាក់​ប្រាំ‌បួន​តម្លឹង។  ចំពោះ​មនុស្ស​មាន​អាយុ​ពី​ប្រាំ​ទៅ​ម្ភៃ​ឆ្នាំ បើ​ក្មេង​ប្រុស​ត្រូវ​គិត​ជា​ប្រាក់​ប្រាំ​មួយ​តម្លឹង ហើយ​ក្មេង​ស្រី​បី​តម្លឹង។  ក្មេង​មាន​អាយុ​ពី​មួយ​ខែ​ទៅ​ប្រាំ​ឆ្នាំ ត្រូវ​គិត​ជា​ប្រាក់​មួយ​តម្លឹង​កន្លះ​សម្រាប់​ក្មេង​ប្រុស ហើយ​ប្រាំ​បួន​ជី​សម្រាប់​ក្មេង​ស្រី។  ចំពោះ​ចាស់ៗ​មាន​អាយុ​ពី​ហុក‌សិប​ឆ្នាំ​ឡើង​ទៅ ត្រូវ​គិត​បួន​តម្លឹង​កន្លះ​សម្រាប់​មនុស្ស​ប្រុស ហើយ​បី​តម្លឹង​សម្រាប់​មនុស្ស​ស្រី។  ប្រសិន​បើ​អ្នក​បន់​នោះ​ជា​ជន​ក្រីក្រ​ពេក ពុំ​អាច​បង់​ប្រាក់​តាម​ការ​វាយ​តម្លៃ​នេះ ត្រូវ​នាំ​អ្នក​ដែល​ខ្លួន​សន្យា​ថ្វាយ​នោះ ទៅ​ជួប​បូជា‌ចារ្យ ហើយ​បូជា‌ចារ្យ​នឹង​វាយ​តម្លៃ​គាត់ ដោយ​គិត​តាម​កម្រិត​ជីវ‌ភាព​របស់​អ្នក​បន់។
 ប្រសិន​បើ​គេ​បន់​ដោយ​សន្យា​យក​សត្វ​មក​ថ្វាយ​ព្រះ‌អម្ចាស់ ត្រូវ​ចាត់​ទុក​សត្វ​ទាំង​នោះ​ជា​សក្ការៈ​ថ្វាយ​ព្រះ‌អង្គ។ ១០ មិន​ត្រូវ​យក​អ្វី​មក​ដោះ‌ដូរ​សត្វ​ដែល​ត្រូវ​ថ្វាយ​ព្រះ‌អង្គ​ឡើយ គឺ​មិន​ត្រូវ​យក​សត្វ​ល្អ មក​ដូរ​យក​សត្វ​អាក្រក់ ឬ​យក​សត្វ​អាក្រក់​មក​ដូរ​យក​សត្វ​ល្អ​ទេ។ បើ​អ្នក​ណា​យក​សត្វ​មួយ​មក​ដូរ​សត្វ​មួយ​ទៀត ត្រូវ​ចាត់​ទុក​សត្វ​ទាំង​ពីរ​ជា​សក្ការៈ។ ១១ ប្រសិន​បើ​គេ​បន់​ដោយ​សន្យា​ថ្វាយ​សត្វ​មិន​បរិសុទ្ធ គឺ​សត្វ​ដែល​មិន​ត្រូវ​ថ្វាយ​ព្រះ‌អម្ចាស់ ត្រូវ​នាំ​សត្វ​នោះ​ទៅ​ជូន​បូជា‌ចារ្យ ១២ បូជា‌ចារ្យ​ត្រូវ​ពិនិត្យ​មើល​គុណ‌ភាព​របស់​សត្វ​នោះ រួច​វាយ​តម្លៃ។ ១៣ ប្រសិន​បើ​ម្ចាស់​សត្វ​ចង់​លោះ​សត្វ​យក​ទៅ​វិញ ត្រូវ​បង់​ប្រាក់​មួយ​ភាគ​ប្រាំ​ថែម​ពី​លើ​តម្លៃ​ដែល​បូជា‌ចារ្យ​បាន​គិត។
១៤ ប្រសិន​បើ​នរណា​ម្នាក់​ចង់​ញែក​ផ្ទះ​របស់​ខ្លួន​ទុក​ជា​សក្ការៈ​ថ្វាយ​ព្រះ‌អម្ចាស់ បូជា‌ចារ្យ​ត្រូវ​ពិនិត្យ​មើល​សភាព​ផ្ទះ​នោះ​នៅ​ល្អ ឬ​មិន​ល្អ រួច​វាយ​តម្លៃ។ ១៥ ប្រសិន​បើ​ម្ចាស់​ផ្ទះ​ចង់​លោះ​ផ្ទះ​របស់​ខ្លួន គាត់​ត្រូវ​បង់​ប្រាក់​មួយ​ភាគ​ប្រាំ​ថែម​ពី​លើ​តម្លៃ​ដែល​បូជា‌ចារ្យ​បាន​គិត ហើយ​ផ្ទះ​នោះ​នឹង​បាន​ជា​កម្ម‌សិទ្ធិ​របស់​ខ្លួន​វិញ។
១៦ ប្រសិន​បើ​នរណា​ម្នាក់​ចង់​ញែក​ដី‌ធ្លី​របស់​ខ្លួន​ទុក​ជា​សក្ការៈ​ថ្វាយ​ព្រះ‌អម្ចាស់ ត្រូវ​វាយ​តម្លៃ​ដី​ដោយ​គិត​តាម​ចំនួន​ស្រូវ​ដែល​សាប‌ព្រោះ គឺ​ស្រូវ​ដប់‌ពីរ​ថាំង​គិត​ជា​ប្រាក់​ដប់​ប្រាំ​តម្លឹង។ ១៧ ប្រសិន​បើ​អ្នក​នោះ​ញែក​ដី​របស់​ខ្លួន​ទុក​ជា​សក្ការៈ នៅ​ឆ្នាំ​មេត្តា​ករុណា ត្រូវ​វាយ​តម្លៃ​ដី​ទៅ​តាម​នោះ​ដែរ។ ១៨ ប្រសិន​បើ​គេ​ញែក​ដី​របស់​ខ្លួន​ទុក​ជា​សក្ការៈ ក្រោយ​ឆ្នាំ​មេត្តា​ករុណា ត្រូវ​គិត​តម្លៃ​តាម​ចំនួន​ឆ្នាំ​ដែល​នៅ​សល់ រហូត​ដល់​ឆ្នាំ​មេត្តា​ករុណា​ខាង​មុខ។ ១៩ បើ​ម្ចាស់​ដី​ចង់​លោះ​ដី​របស់​ខ្លួន គេ​ត្រូវ​បង់​ប្រាក់​មួយ​ភាគ​ប្រាំ​ថែម​ពី​លើ​តម្លៃ​ដី ហើយ​ដី​នោះ​នឹង​បាន​ជា​កម្ម‌សិទ្ធិ​របស់​គេ​វិញ។ ២០ ប្រសិន​បើ​គេ​មិន​ចង់​លោះ​ដី​ទេ តែ​លក់​ទៅ​ឲ្យ​អ្នក​ផ្សេង នោះ​គេ​មិន​អាច​លោះ​យក​ដី​របស់​ខ្លួន​មក​វិញ​ឡើយ។ ២១ នៅ​ឆ្នាំ​មេត្តា​ករុណា ពេល​អ្នក​ទិញ​ត្រូវ​ចាក‌ចេញ ដី​នោះ​នឹង​ទៅ​ជា​ដី​ដ៏​សក្ការៈ​របស់​ព្រះ‌អម្ចាស់ ដែល​គេ​ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អង្គ ហើយ​បាន​ទៅ​ជា​កម្ម‌សិទ្ធិ​របស់​បូជា‌ចារ្យ។
២២ ប្រសិន​បើ​នរណា​ម្នាក់​ញែក​ដី​មួយ​ដុំ​ថ្វាយ​ជា​សក្ការៈ​ដល់​ព្រះ‌អម្ចាស់ ហើយ​ដី​នោះ​ជា​ដី​ដែល​គាត់​ទិញ គឺ​មិន‌មែន​ជា​កេរ‌អាករ ២៣ បូជា‌ចារ្យ​ត្រូវ​គិត​តម្លៃ​តាម​ចំនួន​ឆ្នាំ​ដែល​នៅ​សល់ រហូត​ដល់​ឆ្នាំ​មេត្តា​ករុណា ម្ចាស់​ដី​ត្រូវ​បង់​ប្រាក់​នៅ​ថ្ងៃ​នោះ​តាម​តម្លៃ​ដែល​បូជា‌ចារ្យ​បាន​គិត ហើយ​ប្រាក់​ថ្លៃ​ដី​ត្រូវ​ទុក​ជា​សក្ការៈ​ថ្វាយ​ព្រះ‌អម្ចាស់២៤ លុះ​ដល់​ឆ្នាំ​មេត្តា​ករុណា ដី​នោះ​នឹង​បាន​ទៅ​ជា​កម្ម‌សិទ្ធិ​របស់​ម្ចាស់​ដើម​វិញ។ ២៥ ការ​វាយ​តម្លៃ​ទាំង​អស់​ត្រូវ​គិត​តាម​ទម្ងន់​ដែល​ប្រើ‌ប្រាស់​ក្នុង​ទី​សក្ការៈ គឺ​ឯក‌តា​នីមួយៗ​ស្មើ​នឹង​ម្ភៃ​កេរ៉ា*។
២៦ មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ញែក​កូន​ដំបូង​ពី​ហ្វូង​សត្វ​របស់​ខ្លួន​ថ្វាយ​ព្រះ‌អម្ចាស់​ឡើយ ដ្បិត​កូន​ដំបូង​របស់​សត្វ គឺ​ទាំង​កូន​គោ ទាំង​កូន​ចៀម ជា​កម្ម‌សិទ្ធិ​របស់​ព្រះ‌អម្ចាស់ រួច​ស្រេច​ទៅ​ហើយ។ ២៧ ប្រសិន​បើ​សត្វ​នោះ​ជា​សត្វ​មិន​បរិសុទ្ធ ត្រូវ​ឲ្យ​គេ​លោះ​តាម​តម្លៃ​ដែល​អ្នក​បាន​គិត ដោយ​បន្ថែម​តម្លៃ​មួយ​ភាគ​ប្រាំ​ពី​លើ។ ប្រសិន​បើ​គេ​មិន​ចង់​លោះ​ទេ ត្រូវ​លក់​សត្វ​នោះ​ទៅ​ឲ្យ​អ្នក​ផ្សេង តាម​តម្លៃ​ដែល​បូជា‌ចារ្យ​បាន​គិត។
២៨ បើ​នរណា​ម្នាក់​ថ្វាយ​របស់​អ្វី​មួយ ដែល​ជា​កម្ម‌សិទ្ធិ​របស់​ខ្លួន​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់ គេ​ពុំ​អាច​លក់ ឬ​ក៏​លោះ​យក​តង្វាយ​នោះ​ឡើយ ទោះ‌បី​តង្វាយ​នោះ​ជា​មនុស្ស ជា​សត្វ ជា​ដី‌ធ្លី​ក៏​ដោយ។ អ្វីៗ​ដែល​គេ​ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់ នឹង​បាន​ទៅ​ជា​សក្ការៈ​ថ្វាយ​ព្រះ‌អង្គ​រហូត។ ២៩ រីឯ​មនុស្ស​ដែល​គេ​ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់ គ្មាន​នរណា​មាន​សិទ្ធិ​លោះ​ឡើយ គឺ​ត្រូវ​តែ​ប្រហារ​ជីវិត។
៣០ តង្វាយ​មួយ​ភាគ​ដប់​ទាំង​អស់ គឺ​ភោគ‌ផល​ដែល​កើត​ចេញ​ពី​ដី ឬ​ផ្លែ​ឈើ​ក្តី ត្រូវ​ទុក​ជា​សក្ការៈ​ថ្វាយ​ព្រះ‌អម្ចាស់៣១ ប្រសិន​បើ​នរណា​ម្នាក់​ចង់​លោះ​តង្វាយ​មួយ​ភាគ​ដប់​មក​វិញ ត្រូវ​បង់​ប្រាក់​ចំនួន​មួយ​ភាគ​ប្រាំ​ថែម​ពី​លើ។ ៣២ ចំពោះ​ហ្វូង​គោ និង​ហ្វូង​ចៀម ក៏​ត្រូវ​ថ្វាយ​សត្វ​មួយ​ភាគ​ដប់​ទុក​ជា​សក្ការៈ​ដល់​ព្រះ‌អម្ចាស់ដែរ។ ៣៣ ម្ចាស់​មិន​ត្រូវ​រើស​សត្វ​ល្អ ឬ​មិន​ល្អ សម្រាប់​ថ្វាយ​ព្រះ‌អង្គ​ទេ ហើយ​ក៏​មិន​ត្រូវ​យក​សត្វ​ផ្សេង​មក​ដោះ​ដូរ​សត្វ​ដែល​ត្រូវ​ថ្វាយ​នោះ​ដែរ។ ប្រសិន​បើ​គេ​យក​សត្វ​មួយ​មក​ដូរ​យក​សត្វ​មួយ​ទៀត ត្រូវ​ចាត់​ទុក​សត្វ​ទាំង​ពីរ​ជា​សក្ការៈ ហើយ​មិន​អាច​លោះ​យក​ទៅ​វិញ​ទេ»។
៣៤ នេះ​ហើយ​ជា​បទ‌បញ្ជា ដែល​ព្រះ‌អម្ចាស់​ប្រទាន​មក​លោក​ម៉ូសេ​នៅ​លើ​ភ្នំ​ស៊ីណៃ សម្រាប់​ជន​ជាតិ​អ៊ីស្រា‌អែល។
1,283 Views

Theme: Overlay by Kaira