សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
- កំណើតពិភពលោក (កណ)
Genesis (Gn) - សេរីភាព (សរ)
Exodus (Ex) - លេវីវិន័យ (លវ)
Leviticus (Lv)
- ជំរឿនប្រជាជន (ជរ)
Numbers (Nm)
- ទុតិយកថា (ទក)
Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
- យ៉ូស៊ូអា (យអ)
Joshua (Jos)
- វិរបុរស (វរ)
Judges (Jdg)
- នាងរូថ (នរ)
Ruth (Ru)
- ១សាម៉ូអែល (១សម)
1 Samuel (1Sm)
- ២សាម៉ូអែល (២សម)
2 Samuel (2Sm)
- ១ពង្សាវតារក្សត្រ (១ពង្ស)
1 Kings (1Kg)
- ២ពង្សាវតារក្សត្រ (២ពង្ស)
2 Kings (2Kg)
- ១របាក្សត្រ (១របា)
1 Chronicles (1Ch)
- ២របាក្សត្រ (២របា)
2 Chronicles (2Ch)
- អែសរ៉ា (អរ)
Ezra (Ezr)
- នេហេមី (នហ)
Nehemiah (Ne)
- យ៉ូឌីត (យឌ)
Judith (Jth)
- តូប៊ីត (តប)
Tobit (Tb)
- អែសធែរ (អធ)
Esther (Est)
- ១ម៉ាកាបាយ (១មបា)
1 Maccabees (1 Ma)
- ២ម៉ាកាបាយ (២មបា)
2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
- ទំនុកតម្កើង (ទន)
Psalms (Ps)
- យ៉ូប (យប)
Job (Jb)
- សុភាសិត (សភ)
Proverbs (Pr)
- បទចម្រៀង (បច)
Song of Songs (Song)
- សាស្តា (សស)
Ecclesiastes (Eccl)
- ព្រះប្រាជ្ញាញាណ (ប្រាញ)
Wisdom (Wis)
- បេនស៊ីរ៉ាក់ (បសរ)
Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
- អេសាយ (អស)
Isaiah (Is)
- យេរេមី (យរ)
Jeremiah (Je)
- អេសេគីអែល (អគ)
Ezekiel (Ez)
- ហូសេ (ហស)
Hosea (Ho)
- យ៉ូអែល (យអ)
Joel (Joe)
- អម៉ូស (អម)
Amos (Am)
- អូបាឌី (អឌ)
Obadiah (Ob)
- យ៉ូណាស (យណ)
Jonah (Jon)
- មីកា (មីក)
Micah (Mi)
- ណាហ៊ូម (ណហ)
Nahum (Na)
- ហាបាគូក (ហគ)
Habakkuk (Hb)
- សេផានី (សផ)
Zephaniah (Zep)
- ហាកាយ (ហក)
Haggai (Hg)
- សាការី (សក)
Zechariah (Zec)
- ម៉ាឡាគី (មគ)
Malachi (Mal)
- សំណោក (សណ)
Lamentations (Lam)
- ដានីអែល (ដន)
Daniel (Dn)
- បារូក (បារ)
Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
៣. លិខិតសន្តប៉ូល | Paul Letter 13
- រ៉ូម (រម)
Romans (Rm) - ១កូរិនថូស (១ករ)
1 Corinthians (1Co)
- ២កូរិនថូស (២ករ)
2 Corinthians (2Co)
- កាឡាទី (កាឡ)
Galatians (Ga)
- អេភេសូ (អភ)
Ephesians (Ep)
- ភីលីព (ភីល)
Philippians (Phil)
- កូឡូស (កូឡ)
Colossians (Col)
- ១ថេស្សាឡូនិក (១ថស)
1 Thessalonians (1Th)
- ២ថេស្សាឡូនិក (២ថស)
Thessalonians (2Th)
- ១ធីម៉ូថេ (១ធម)
1 Timothy (1T)
- ២ធីម៉ូថេ (២ធម)
2 Timothy (2T)
- ទីតុស (ទត)
Titus (Ti)
- ភីលេម៉ូន (ភល)
Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
- ហេប្រឺ (ហប)
Hebrews (He)
- យ៉ាកុប (យក)
James (Ja)
- ១សិលា (១សល)
1 Peter (1P)
- ២សិលា (២សល)
2 Peter (2P)
- យូដាស (យដ)
Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
កណ្ឌគម្ពីរ
ដំណើរឆ្ពោះទៅកាន់សេរីភាព
ពាក្យលំនាំ
ដំណើរឆ្ពោះទៅកាន់សេរីភាព
(និក្ខមនំ)
ពាក្យលំនាំ
ក្នុងកណ្ឌ «ដំណើរឆ្ពោះទៅកាន់សេរីភាព» មានរៀបរាប់អំពីព្រះជាម្ចាស់រំដោះប្រជាជនអ៊ីស្រាអែល ជាប្រជារាស្ដ្ររបស់ព្រះអង្គ។ ព្រះអង្គបង្ហាញឲ្យពួកគេស្គាល់ព្រះអង្គ ដោយរំដោះពួកគេពីទាសភាព នៅស្រុកអេស៊ីប: «យើងព្រះអម្ចាស់ ជាព្រះរបស់អ្នក! យើងបាននាំអ្នកចេញពីស្រុកអេស៊ីប ជាស្រុកដែលអ្នកធ្វើជាទាសករ» (សរ.២០.២)។ វិន័យទាំងដប់ប្រការក៏ជាគ្រឹះនៃសេរីភាពថ្មីនេះដែរ គឺព្រះជាម្ចាស់ដែលមានព្រះហឫទ័យមេត្តាករុណារំដោះជនជាតិយូដា ព្រះអង្គសព្វព្រះហឫទ័យឲ្យពួកគេបង្ហាញសេចក្តីស្រឡាញ់ចំពោះព្រះអង្គ ដោយប្រព្រឹត្តតាមវិន័យទាំងនេះ។
ក្នុងកណ្ឌគម្ពីរ «ដំណើរឆ្ពោះទៅកាន់សេរីភាព» មានរៀបរាប់អំពីព្រឹត្តិការណ៍ដូចតទៅ:
• ប្រជាជនអ៊ីស្រាអែលដែលភៀសខ្លួនទៅនៅស្រុកអេស៊ីបបានកើនចំនួនឡើង ប៉ុន្តែ ពួកគេក្លាយទៅជាទាសកររបស់ម្ចាស់ស្រុក។ ព្រះអម្ចាស់ត្រាស់ហៅលោកម៉ូសេ និងចាត់លោកឲ្យទៅរំដោះប្រជាជនអ៊ីស្រាអែលចេញពីស្រុកអេស៊ីប (១.១‑១៥.២១)។
• ព្រះជាម្ចាស់នាំអ៊ីស្រាអែលឆ្លងកាត់វាលរហោស្ថានរហូតដល់ភ្នំស៊ីណៃ (១៥.២២‑១៨.២៧)។
• ព្រះជាម្ចាស់ចងសម្ពន្ធមេត្រីជាមួយប្រជាជនអ៊ីស្រាអែល (១៩.១‑២៤.១៨) គឺព្រះអង្គទទួលពួកគេធ្វើជាប្រជារាស្ដ្រផ្ទាល់របស់ព្រះអង្គ ហើយពួកគេក៏ប្ដេជ្ញាចិត្តគោរពបម្រើព្រះអង្គ ទុកជាព្រះរបស់ពួកគេ ដោយប្រតិបត្តិតាមវិន័យរបស់ព្រះអង្គ។
• ព្រះជាម្ចាស់ប្រទានបទបញ្ជាសម្រាប់សង់ព្រះពន្លា (២៥‑៣១)។
• ជនជាតិអ៊ីស្រាអែលប្រព្រឹត្តអំពើបាប ដោយគោរពថ្វាយបង្គំរូបកូនគោ ព្រះអង្គដាក់ទោសពួកគេ (៣២‑៣៤)។
• ជនជាតិអ៊ីស្រាអែលសង់ទីសក្ការៈ (៣៥‑៤០)។
ព្រឹត្តិការណ៍ទាំងនេះកើតមាននៅសតវត្សទី១៣ មុនគ.ស. គឺក្នុងសម័យលោកម៉ូសេ។ តាំងពីជំនាន់នោះរហូតដល់សតវត្សទី១០ អ្នកស្រុកតែងតំណាលពីព្រឹត្តិការណ៍ទាំងនេះប្រាប់កូនចៅតៗគ្នា។ ក្រោយមក ជនជាតិអ៊ីស្រាអែលបានកត់ត្រាព្រឹត្តិការណ៍ទាំងនោះជាលាយលក្ខណ៍អក្សរ បន្តបន្ទាប់គ្នា ដោយមានបំណងចង់អប់រំជំនឿដល់ប្រជាជន ដែលរស់នៅក្នុងជំនាន់របស់ពួកគេរៀងៗខ្លួន។
សេចក្តីដែលមានចែងក្នុងកណ្ឌ «ដំណើរឆ្ពោះទៅកាន់សេរីភាព»នេះ ជួយអប់រំមនុស្សយើងឲ្យស្គាល់ព្រះជាម្ចាស់កាន់តែច្បាស់ឡើងៗ និងឲ្យស្គាល់គម្រោងការរបស់ព្រះអង្គដែរ គឺព្រះជាម្ចាស់បានជ្រើសរើសប្រជាជនមួយ ហើយណែនាំគេ ដើម្បីរៀបចំផ្លូវថ្វាយព្រះយេស៊ូ ដែលយាងមកចងសម្ពន្ធមេត្រីថ្មី និងសង្គ្រោះមនុស្សលោកទាំងអស់។
១
ព្រះជាម្ចាស់រំដោះជនជាតិអ៊ីស្រាអែលពីស្រុកអេស៊ីប
ជនជាតិអ៊ីស្រាអែលជាទាសករនៅស្រុកអេស៊ីប
១ នេះជាបញ្ជីរាយនាមកូនចៅអ៊ីស្រាអែល ដែលបានមកនៅស្រុកអេស៊ីបជាមួយលោកយ៉ាកុប ព្រមទាំងគ្រួសាររបស់គេរៀងៗខ្លួនគឺមាន: ២ រូបេន ស៊ីម៉ូន លេវី យូដា ៣ អ៊ីសាកា សាប៊ូឡូន បេនយ៉ាមីន ៤ ដាន់ ណែបថាលី កាដ និងអស៊ែរ។ ៥ ពូជពង្សរបស់លោកយ៉ាកុបមានចំនួនទាំងអស់ចិតសិបនាក់។ រីឯលោកយ៉ូសែបរស់នៅក្នុងស្រុកអេស៊ីបស្រាប់ហើយ។ ៦ ក្រោយមក លោកយ៉ូសែប និងបងប្អូនរបស់លោក ព្រមទាំងកូនចៅរបស់លោកយ៉ាកុបមួយជំនាន់នោះបានស្លាប់អស់ទៅ។ ៧ ជនជាតិអ៊ីស្រាអែលបង្កើតកូនចៅបន្តពូជពង្សកើនចំនួនច្រើនសន្ធឹកសន្ធាប់ មានកម្លាំងកាន់តែខ្លាំងឡើងៗ ហើយរស់នៅពាសពេញក្នុងស្រុកអេស៊ីប។
៨ មានស្តេចថ្មីមួយអង្គឡើងគ្រងរាជ្យនៅស្រុកអេស៊ីប។ ស្តេចនោះមិនបានស្គាល់លោកយ៉ូសែបទេ។ ៩ ស្តេចមានរាជឱង្ការទៅកាន់ប្រជាជនអេស៊ីបថា៖ «ឥឡូវនេះ ជនជាតិអ៊ីស្រាអែលមានគ្នាច្រើន និងមានកម្លាំងជាងពួកយើង។ ១០ ដូច្នេះ យើងត្រូវមានវិធានការទប់ស្កាត់ពួកគេ កុំឲ្យកើនចំនួនច្រើនឡើងទៀត។ បើមិនដូច្នោះទេ ពេលណាកើតសង្គ្រាម ពួកគេមុខជាចូលដៃជាមួយខ្មាំងសត្រូវ ដើម្បីវាយយើង ហើយនាំគ្នារត់ចេញពីស្រុក»។ ១១ ជនជាតិអេស៊ីបបានតែងតាំងមេត្រួតត្រាលើជនជាតិអ៊ីស្រាអែល ដើម្បីបង្ខំពួកគេឲ្យធ្វើការជាទម្ងន់។ ជនជាតិអ៊ីស្រាអែលសង់ក្រុងពីតុម និងក្រុងរ៉ាមសែស សម្រាប់ដាក់ភោគទ្រព្យរបស់ព្រះចៅផារ៉ោន។ ១២ ប៉ុន្តែ ជនជាតិអេស៊ីបសង្កត់សង្កិនជនជាតិអ៊ីស្រាអែលរឹតតែខ្លាំងយ៉ាងណា ជនជាតិអ៊ីស្រាអែលកើនចំនួនរឹតតែច្រើនឡើង ហើយរស់នៅពាសពេញស្រុកយ៉ាងនោះដែរ ជាហេតុបណ្តាលឲ្យជនជាតិអេស៊ីបភ័យខ្លាច។ ១៣ ពេលនោះ ជនជាតិអេស៊ីបចាត់ទុកជនជាតិអ៊ីស្រាអែលជាទាសករ ហើយបង្ខិតបង្ខំឲ្យធ្វើការយ៉ាងធ្ងន់ធ្ងរ។ ១៤ គេធ្វើឲ្យជនជាតិអ៊ីស្រាអែលវេទនាខ្លោចផ្សា គឺប្រើឲ្យជាន់ដីឥដ្ឋ ធ្វើដុំឥដ្ឋ និងធ្វើការគ្រប់មុខនៅតាមស្រែចម្ការ ពោលគឺប្រើឲ្យធ្វើការងារដ៏ធ្ងន់ធ្ងរគ្រប់យ៉ាង។
ព្រះចៅផារ៉ោនធ្វើទុក្ខទោសជនជាតិអ៊ីស្រាអែល
១៥ ស្តេចស្រុកអេស៊ីបបញ្ជាទៅឆ្មបពីរនាក់ ម្នាក់ឈ្មោះនាងស៊ីប្រា ម្នាក់ឈ្មោះនាងពូអា ដែលជួយស្ត្រីហេប្រឺថា៖ ១៦ «កាលណាអ្នកបង្កើតកូនឲ្យស្ត្រីហេប្រឺ ចូរពិនិត្យមើលកូនដែលកើតមកនោះ ប្រសិនបើជាកូនប្រុស ត្រូវសម្លាប់ចោល ប្រសិនបើជាកូនស្រី ចូរទុកឲ្យវារស់ចុះ»។ ១៧ ប៉ុន្តែ ឆ្មបទាំងពីរនាក់នោះគោរពកោតខ្លាចព្រះជាម្ចាស់ គាត់មិនបានធ្វើតាមបញ្ជារបស់ស្តេចស្រុកអេស៊ីបទេ គឺគាត់ទុកឲ្យកូនប្រុសៗនៅរស់ដែរ។ ១៨ ស្តេចស្រុកអេស៊ីបក៏កោះហៅឆ្មបទាំងពីរនាក់មក ហើយមានរាជឱង្ការថា៖ «ហេតុអ្វីបានជាអ្នកធ្វើដូច្នេះ ម្ដេចក៏ទុកឲ្យកូនប្រុសៗនៅរស់?»។ ១៩ ឆ្មបទាំងពីរទូលព្រះចៅផារ៉ោនថា៖ «ស្ត្រីជាតិហេប្រឺមិនដូចស្ត្រីជាតិអេស៊ីបទេ ស្ត្រីទាំងនោះរឹងប៉ឹងណាស់ គឺមុនឆ្មបទៅដល់ នាងសម្រាលកូនរួចស្រេចទៅហើយ»។
២០ ព្រះជាម្ចាស់ប្រទានពរឆ្មបទាំងពីរ។ ជនជាតិអ៊ីស្រាអែលកើនចំនួនជាច្រើន ហើយមានកម្លាំងកាន់តែខ្លាំង។ ២១ ដោយឆ្មបទាំងពីរកោតខ្លាចព្រះជាម្ចាស់ ព្រះអង្គប្រោសប្រទានឲ្យគ្រួសាររបស់គាត់បានចម្រុងចម្រើន។
២២ បន្ទាប់មក ព្រះចៅផារ៉ោនបានបញ្ជាដល់ប្រជាជនអេស៊ីបទាំងអស់ថា៖ «ចូរយកកូនប្រុសសាសន៍ហេប្រឺដែលទើបនឹងកើតទាំងប៉ុន្មាន ទៅបោះចោលក្នុងទន្លេនីល ចូរទុកជីវិតឲ្យតែកូនស្រីៗប៉ុណ្ណោះ!»។
២
កំណើត និងកុមារភាពរបស់លោកម៉ូសេ
១ មានបុរសម្នាក់ ក្នុងកុលសម្ព័ន្ធលេវី រៀបការជាមួយស្ត្រីម្នាក់ ក្នុងកុលសម្ព័ន្ធលេវីដូចគ្នា។ ២ ក្រោយមក នាងមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយ។ ដោយឃើញកូននេះថ្លោសស្អាត នាងក៏លាក់ទុកបានបីខែ។ ៣ ក្រោយមក ដោយមិនអាចលាក់កូនតទៅទៀតបាន នាងក៏យកជាលមួយធ្វើពីដើមបបុស យកជ័រ និងម្រ័ក្សណ៍មកលាប ហើយផ្តេកកូនទៅក្នុងជាលនោះ រួចយកទៅដាក់តាមគុម្ពត្រែងនៅមាត់ទន្លេនីល។ ៤ បងស្រីរបស់ទារកតាមមើលពីចម្ងាយ ដើម្បីឲ្យដឹងថាទារកនោះនឹងទៅជាយ៉ាងណា។
៥ បុត្រីរបស់ព្រះចៅផារ៉ោនយាងចុះទៅស្រង់ទឹកទន្លេ។ ភីលៀងរបស់ព្រះនាងនាំគ្នាដើរលេងតាមមាត់ច្រាំង។ ព្រះនាងទតឃើញជាលនៅក្នុងគុម្ពត្រែង ក៏ប្រើភីលៀងឲ្យទៅយកមក។ ៦ ព្រះនាងបើកគម្របឡើង ឃើញទារកមួយកំពុងយំ។ ព្រះនាងមានព្រះហឫទ័យអាណិត ហើយមានសវនីយ៍ថា៖ «ទារកនេះជាកូនរបស់ពួកហេប្រឺ!»។ ៧ បងស្រីរបស់ទារកចូលមក ហើយទូលបុត្រីព្រះចៅផារ៉ោនថា៖ «តើព្រះនាងចង់ឲ្យខ្ញុំម្ចាស់ទៅរកមេដោះ ក្នុងចំណោមស្ត្រីជាតិហេប្រឺ មកបំបៅកូននេះថ្វាយព្រះនាងឬទេ?»។ ៨ បុត្រីព្រះចៅផារ៉ោនឆ្លើយថា៖ «ទៅចុះ!»។ នាងក៏រត់ទៅហៅម្ដាយទារកនោះមក។ ៩ បុត្រីព្រះចៅផារ៉ោនមានសវនីយ៍ទៅកាន់គាត់ថា៖ «ចូរយកកូននេះទៅបំបៅឲ្យខ្ញុំផង ខ្ញុំនឹងឲ្យប្រាក់ឈ្នួលអ្នក»។ ម្ដាយក៏យកកូនទៅបំបៅនៅផ្ទះ។
១០ លុះដល់កុមារនេះមានវ័យធំបន្តិច ម្ដាយក៏នាំកូនទៅថ្វាយបុត្រីព្រះចៅផារ៉ោនវិញ។ ព្រះនាងបានចាត់ទុកកុមារនេះដូចបុត្របង្កើត។ ព្រះនាងដាក់ឈ្មោះថា «ម៉ូសេ» ដោយមានសវនីយ៍ថា៖ «ខ្ញុំបានស្រង់កូននេះចេញពីទឹកមក»។
១១ នៅគ្រានោះ លោកម៉ូសេពេញវ័យហើយ។ លោកចេញទៅសួរសុខទុក្ខបងប្អូនរួមជាតិរបស់លោក ហើយឃើញពួកគេធ្វើការយ៉ាងធ្ងន់ធ្ងរ។ លោកក៏ឃើញជនជាតិអេស៊ីបម្នាក់ កំពុងតែវាយដំជនជាតិហេប្រឺម្នាក់ ក្នុងចំណោមបងប្អូនរួមជាតិរបស់លោកដែរ។ ១២ លោកងាកមើលឆ្វេងស្តាំ ឥតឃើញមាននរណា ក៏ស្ទុះទៅសម្លាប់ជនជាតិអេស៊ីបនោះ ហើយកប់ចោលក្នុងខ្សាច់។ ១៣ នៅថ្ងៃបន្ទាប់ លោកចេញទៅម្ដងទៀត ឃើញជនជាតិហេប្រឺពីរនាក់កំពុងវាយតប់គ្នា។ លោកសួរអ្នកមានកំហុសថា៖ «ហេតុអ្វីបានជាអ្នកវាយបងប្អូនឯងដូច្នេះ?»។ ១៤ អ្នកនោះឆ្លើយតបថា៖ «នរណាបានតែងតាំងអ្នកឲ្យធ្វើជាមេដឹកនាំ និងជាចៅក្រមរបស់យើង? តើអ្នកគិតសម្លាប់ខ្ញុំ ដូចសម្លាប់ជនជាតិអេស៊ីបម្នាក់នោះដែរឬ?»។ លោកម៉ូសេភិតភ័យយ៉ាងខ្លាំង ហើយនឹកគិតថា៖ «រឿងនេះប្រាកដជាគេដឹងអស់ហើយ»។ ១៥ ព្រះចៅផារ៉ោនក៏ជ្រាបរឿងនេះដែរ ហើយស្ដេចរកមធ្យោបាយសម្លាប់លោកម៉ូសេ តែលោកម៉ូសេដឹងខ្លួនទាន់ ក៏រត់គេចពីព្រះចៅផារ៉ោនទៅនៅស្រុកម៉ាឌីយ៉ាន។ លោកអង្គុយនៅក្បែរអណ្ដូងទឹក។
១៦ លោកបូជាចារ្យនៅស្រុកម៉ាឌីយ៉ានមានកូនស្រីប្រាំពីរនាក់។ នាងនាំគ្នាមកដងទឹកបំពេញស្នូកឲ្យហ្វូងសត្វរបស់ឪពុកនាងផឹក។ ១៧ ប៉ុន្តែ មានពួកគង្វាលមកដេញពួកនាង។ ពេលនោះ លោកម៉ូសេក្រោកឡើង ជួយពួកនាង ព្រមទាំងដងទឹកឲ្យហ្វូងសត្វរបស់ពួកនាងផឹកទៀតផង។ ១៨ នាងទាំងអស់នាំគ្នាត្រឡប់ទៅផ្ទះវិញ លោករូអែលជាឪពុកសួរថា៖ «ថ្ងៃនេះហេតុអ្វីបានជាកូនត្រឡប់មកផ្ទះឆាប់ម៉្លេះ?»។ ១៩ ពួកនាងឆ្លើយថា៖ «មានបុរសជនជាតិអេស៊ីបម្នាក់បានជួយពួកយើង ឲ្យរួចពីកណ្ដាប់ដៃរបស់ពួកគង្វាល ហើយគាត់បានដងទឹកឲ្យហ្វូងសត្វរបស់យើងផឹកទៀតផង»។ ២០ ឪពុកសួរទៅពួកនាងទៀតថា៖ «បុរសនោះនៅឯណា? ហេតុអ្វីបានជាកូនមកចោលគាត់ដូច្នេះ? ចូរទៅអញ្ជើញគាត់មក ដើម្បីឲ្យគាត់បរិភោគជាមួយយើង»។
២១ លោកម៉ូសេយល់ព្រមរស់នៅជាមួយលោកបូជាចារ្យ។ លោកបូជាចារ្យលើកនាងសេផូរ៉ា ជាកូនស្រី ឲ្យលោកធ្វើជាភរិយា។ ២២ នាងបង្កើតបានកូនប្រុសម្នាក់ ដែលលោកម៉ូសេឲ្យឈ្មោះថា គែរសូម ដ្បិតលោកគិតថា ខ្ញុំជាជនបរទេសដែលរស់នៅក្នុងស្រុកដទៃ។
ព្រះជាម្ចាស់ត្រាស់ហៅលោកម៉ូសេឲ្យរំដោះជនជាតិអ៊ីស្រាអែល
២៣ ច្រើនឆ្នាំក្រោយមក ព្រះចៅស្រុកអេស៊ីបសោយទិវង្គត។ កូនចៅអ៊ីស្រាអែលដែលរស់ក្នុងភាពជាទាសករនាំគ្នាស្រែកថ្ងូរ ហើយអង្វរព្រះជាម្ចាស់ សម្រែករបស់គេលាន់ឮឡើងដល់ព្រះអង្គ។ ២៤ ព្រះជាម្ចាស់ព្រះអង្គព្រះសណ្ដាប់ឮសម្រែកថ្ងូររបស់ពួកគេ។ ព្រះអង្គនឹកដល់សម្ពន្ធមេត្រី ដែលព្រះអង្គចងជាមួយលោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប។ ២៥ ព្រះជាម្ចាស់ទតមើលកូនចៅអ៊ីស្រាអែល ហើយព្រះអង្គយកព្រះហឫទ័យទុកដាក់នឹងពួកគេ។
៣
១ លោកម៉ូសេឃ្វាលហ្វូងសត្វរបស់លោកយេត្រូ ជាឪពុកក្មេករបស់លោក និងជាបូជាចារ្យនៅស្រុកម៉ាឌីយ៉ាន។ លោកនាំហ្វូងសត្វទៅខាងនាយវាលរហោស្ថាន រហូតដល់ភ្នំហូរែប ជាភ្នំរបស់ព្រះជាម្ចាស់។ ២ នៅទីនោះ ទេវទូត*របស់ព្រះអម្ចាស់បង្ហាញខ្លួនក្នុងអណ្ដាតភ្លើង ដែលឆេះចេញពីកណ្ដាលគុម្ពោត ឲ្យលោកឃើញ។ លោកឃើញភ្លើងចេញពីគុម្ពោត តែគុម្ពោតមិនឆេះទេ។ ៣ លោកម៉ូសេក៏គិតថា៖ «ខ្ញុំនឹងឆៀងទៅមើលអព្ភូតហេតុនេះ ហេតុអ្វីបានជាគុម្ពោតមិនឆេះ?»។ ៤ ព្រះអម្ចាស់ឃើញលោកម៉ូសេឆៀងចូលមកជិតដូច្នេះ ព្រះអង្គហៅលោកពីក្នុងគុម្ពោតថា៖ «ម៉ូសេអើយ! ម៉ូសេ!»។ លោកម៉ូសេទូលឆ្លើយថា៖ «ក្រាបទូល!»។ ៥ ព្រះអង្គមានព្រះបញ្ជាថា៖ «កុំមកជិតកន្លែងនេះ! ចូរដោះស្បែកជើងចេញ ដ្បិតកន្លែងដែលអ្នកឈរនេះជាដីដ៏វិសុទ្ធ។ ៦ យើងជាព្រះដែលឪពុកអ្នកតែងគោរពបម្រើ គឺព្រះរបស់អប្រាហាំ អ៊ីសាក និងយ៉ាកុប»។ លោកម៉ូសេខ្ទប់មុខ ព្រោះមិនហ៊ានមើលព្រះជាម្ចាស់។ ៧ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងបានឃើញទុក្ខលំបាករបស់ប្រជារាស្ដ្រយើងនៅស្រុកអេស៊ីប យើងក៏បានឮសម្រែករបស់គេ ព្រោះតែមេត្រួតត្រាវាយដំដែរ។ យើងដឹងអំពីទុក្ខវេទនារបស់ពួកគេហើយ។ ៨ ដូច្នេះ យើងចុះមក ដើម្បីរំដោះពួកគេឲ្យរួចពីកណ្ដាប់ដៃរបស់ជនជាតិអេស៊ីប។ យើងនឹងនាំពួកគេចេញពីស្រុកនោះទៅនៅស្រុកមួយមានជីជាតិល្អ ធំទូលាយ ជាស្រុកដែលមានភោគទ្រព្យសម្បូណ៌ហូរហៀរ គឺស្រុករបស់ជនជាតិកាណាន ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិពេរីស៊ី ជនជាតិហេវី និងជនជាតិយេប៊ូស។ ៩ ឥឡូវនេះ សម្រែករបស់ជនជាតិអ៊ីស្រាអែលបានលាន់ឮដល់យើង ហើយយើងក៏ឃើញជនជាតិអេស៊ីបជិះជាន់សង្កត់សង្កិនពួកគេដែរ។ ១០ ឥឡូវនេះ យើងចាត់អ្នកឲ្យទៅជួបស្ដេចផារ៉ោន។ ចូរទៅនាំជនជាតិអ៊ីស្រាអែល ជាប្រជារាស្ដ្ររបស់យើង ចេញពីស្រុកអេស៊ីប»។
ព្រះជាម្ចាស់សម្ដែងឲ្យលោកម៉ូសេស្គាល់ព្រះនាមរបស់ព្រះអង្គ
១១ លោកម៉ូសេទូលព្រះជាម្ចាស់ថា៖ «តើទូលបង្គំមានឋានៈអ្វី បានជាទូលបង្គំត្រូវទៅជួបព្រះចៅផារ៉ោន និងនាំជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីបដូច្នេះ?»។
១២ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «យើងនៅជាមួយអ្នកហើយ! កាលណាអ្នកនាំជនជាតិអ៊ីស្រាអែលចេញផុតពីស្រុកអេស៊ីប អ្នករាល់គ្នាត្រូវមកគោរពបម្រើយើងនៅលើភ្នំនេះ ដែលជាទីសម្គាល់ថា យើងបានចាត់អ្នកឲ្យទៅមែន»។
១៣ លោកម៉ូសេទូលព្រះជាម្ចាស់ថា៖ «បពិត្រព្រះជាម្ចាស់! ទូលបង្គំនឹងទៅជួបជនជាតិអ៊ីស្រាអែល ហើយប្រាប់ពួកគេថា: ព្រះរបស់បុព្វបុរសអ្នករាល់គ្នាបានចាត់ខ្ញុំឲ្យមកជួបអ្នករាល់គ្នា។ ប្រសិនបើពួកគេសួរថា ព្រះអង្គព្រះនាមអ្វីនោះ តើទូលបង្គំប្រាប់ពួកគេដូចម្ដេច?»។ ១៤ ព្រះជាម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖ «យើងជាព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅ។ អ្នកត្រូវប្រាប់ជនជាតិអ៊ីស្រាអែលថា “ព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅ” ចាត់ខ្ញុំឲ្យមកជួបអ្នករាល់គ្នា»។ ១៥ ព្រះជាម្ចាស់មានព្រះបន្ទូលថែមទៀតថា៖ «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅនេះ: “ព្រះអម្ចាស់ជាព្រះរបស់បុព្វបុរសអ្នករាល់គ្នា គឺព្រះរបស់លោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ចាត់ខ្ញុំឲ្យមកជួបអ្នករាល់គ្នា”។ នេះជានាមរបស់យើង ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច សម្រាប់ឲ្យមនុស្សលោកនឹកដល់យើង អស់កល្បជាអង្វែងតរៀងទៅ។ ១៦ ចូរទៅប្រមូលចាស់ទុំនៃជនជាតិអ៊ីស្រាអែល ប្រាប់ថា “ព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នា គឺព្រះរបស់លោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប បានបង្ហាញឲ្យខ្ញុំឃើញព្រះអង្គ។ ព្រះអង្គមានព្រះបន្ទូលថា: យើងបានឃើញគេជិះជាន់សង្កត់សង្កិនអ្នករាល់គ្នានៅស្រុកអេស៊ីប។ ១៧ យើងនឹងនាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប ជាកន្លែងដែលអ្នករាល់គ្នារងទុក្ខ ឆ្ពោះទៅកាន់ស្រុករបស់ជនជាតិកាណាន ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិពេរីស៊ី ជនជាតិហេវី និងជនជាតិយេប៊ូស ជាស្រុកដែលមានភោគទ្រព្យសម្បូណ៌ហូរហៀរហើយ”។ ១៨ ពួកគេនឹងស្តាប់ពាក្យរបស់អ្នក រួចអ្នកនឹងចូលទៅជួបស្តេចស្រុកអេស៊ីបជាមួយចាស់ទុំជនជាតិអ៊ីស្រាអែល ហើយទូលថា “ព្រះអម្ចាស់ជាព្រះនៃជនជាតិហេប្រឺ បានយាងមកជួបយើងខ្ញុំ។ ឥឡូវនេះ សូមអនុញ្ញាតឲ្យយើងខ្ញុំចេញទៅវាលរហោស្ថាន ចម្ងាយផ្លូវដើរបីថ្ងៃ ដើម្បីធ្វើយញ្ញបូជាថ្វាយព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ”។ ១៩ យើងដឹងថា ស្តេចស្រុកអេស៊ីបមិនអនុញ្ញាតឲ្យអ្នករាល់គ្នាចេញមកទេ ទាល់តែយើងប្រើបារមីដ៏ខ្លាំងពូកែបង្ខំ ទើបស្តេចយល់ព្រម។ ២០ យើងនឹងសម្ដែងបារមីប្រហារស្រុកអេស៊ីប ដោយធ្វើការអស្ចារ្យគ្រប់យ៉ាង នៅក្នុងចំណោមពួកគេ។ បន្ទាប់មក ទើបស្តេចអនុញ្ញាតឲ្យអ្នករាល់គ្នាចេញពីស្រុកនោះ។ ២១ យើងនឹងធ្វើឲ្យជនជាតិអេស៊ីបអនុគ្រោះដល់ប្រជាជនរបស់អ្នក ហើយពេលអ្នករាល់គ្នាចេញមកនោះ មិនមែនចេញមកដោយដៃទទេឡើយ។ ២២ ស្ត្រីអ៊ីស្រាអែលម្នាក់ៗនឹងសុំរបស់របរពីស្ត្រីជាតិអេស៊ីប ដែលនៅជិតខាង ឬរស់នៅជាមួយគ្នា គឺមានមាសប្រាក់ ព្រមទាំងសម្លៀកបំពាក់ដែលអ្នករាល់គ្នាយកមកឲ្យកូនប្រុសកូនស្រីរបស់ខ្លួន។ អ្នករាល់គ្នានឹងរឹបអូសអ្វីៗទាំងអស់ពីជនជាតិអេស៊ីប»។
៤
ព្រះអម្ចាស់បង្ហាញឫទ្ធានុភាពឲ្យលោកម៉ូសេឃើញ
១ លោកម៉ូសេឆ្លើយថា៖ «ប្រហែលជាជនជាតិអ៊ីស្រាអែលមិនជឿ ហើយមិនស្តាប់សម្ដីទូលបង្គំទេ។ ពួកគេនឹងពោលមកទូលបង្គំថា “ព្រះអម្ចាស់មិនបានបង្ហាញឲ្យអ្នកឃើញព្រះអង្គឡើយ”»។ ២ ព្រះអម្ចាស់សួរលោកថា៖ «តើអ្នកកាន់អ្វី?» លោកឆ្លើយថា៖ «ទូលបង្គំកាន់ដំបង»។ ៣ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរបោះវាទៅដីទៅ!»។ លោកម៉ូសេបោះដំបងទៅដី ដំបងនោះក៏ក្លាយទៅជាពស់។ លោកម៉ូសេរត់ចេញពីពស់។ ៤ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកថា៖ «លូកដៃចាប់កន្ទុយវាទៅ!»។ លោកលូកដៃចាប់វា ពស់នោះក៏ប្រែទៅជាដំបងនៅក្នុងដៃរបស់លោក។ ៥ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ធ្វើដូច្នេះ កូនចៅអ៊ីស្រាអែលនឹងជឿថា ព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់គេ គឺព្រះរបស់អប្រាហាំ អ៊ីសាក និងយ៉ាកុប បានបង្ហាញព្រះអង្គឲ្យអ្នកឃើញមែន»។ ៦ ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា៖ «ចូរដាក់ដៃលើទ្រូងអ្នកទៅ»។ លោកម៉ូសេក៏ដាក់ដៃលើទ្រូង រួចពេលដកដៃមកវិញ លោកឃើញដៃលោកកើតឃ្លង់ ឡើងសដូចកប្បាស។ ៧ ព្រះអម្ចាស់បញ្ជាទៀតថា៖ «ចូរដាក់ដៃលើទ្រូងអ្នកម្ដងទៀត»។ លោកម៉ូសេដាក់ដៃលើទ្រូង ហើយពេលលោកដកដៃមកវិញ លោកឃើញដៃលោកជាដូចធម្មតា។ ៨ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ប្រសិនបើពួកគេមិនជឿអ្នក ហើយមិនយកចិត្តទុកដាក់នឹងទីសម្គាល់ទីមួយទេ គេមុខជាជឿលើទីសម្គាល់ក្រោយនេះ។ ៩ ប្រសិនបើពួកគេនៅតែមិនជឿលើទីសម្គាល់ទាំងពីរនេះ ហើយមិនស្តាប់សម្ដីរបស់អ្នកទេ ចូរយកទឹកទន្លេនីលទៅចាក់លើដីស្ងួត ទឹកដែលអ្នកយកពីទន្លេនីលមកនោះ នឹងក្លាយទៅជាឈាមនៅលើដីស្ងួត»។
ព្រះជាម្ចាស់តាំងលោកអរ៉ុនឲ្យធ្វើជាជំនួយការរបស់លោកម៉ូសេ
១០ លោកម៉ូសេទូលព្រះអម្ចាស់ថា៖ «បពិត្រព្រះអម្ចាស់តាំងតែពីដើមរៀងមក រហូតដល់ពេលព្រះអង្គមានព្រះបន្ទូលមកទូលបង្គំ ទូលបង្គំមិនមែនជាមនុស្សពូកែវោហារទេ ដ្បិតទូលបង្គំមិនប្រសប់និយាយ»។ ១១ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកថា៖ «តើនរណាធ្វើឲ្យមនុស្សមានមាត់? តើនរណាធ្វើឲ្យមនុស្សទៅជា គ ឬថ្លង់ មើលឃើញ ឬខ្វាក់? តើមិនមែនយើងទេឬអី? ១២ ឥឡូវនេះ ចូរចេញទៅចុះ ពេលអ្នកនិយាយ យើងនឹងនៅជាមួយអ្នក យើងនឹងប្រាប់អ្នកអំពីសេចក្តីដែលត្រូវនិយាយ»។
១៣ លោកម៉ូសេទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ សូមព្រះអង្គចាត់នរណាម្នាក់ទៀតឲ្យទៅចុះ!»។ ១៤ ពេលនោះ ព្រះអម្ចាស់ព្រះអង្គព្រះពិរោធទាស់នឹងលោកម៉ូសេយ៉ាងខ្លាំង ហើយមានព្រះបន្ទូលថា៖ «អ្នកមានបងប្រុសម្នាក់ ឈ្មោះអរ៉ុន ជាកូនចៅលេវី។ យើងដឹងថា គាត់ជាមនុស្សពូកែវោហារ ហើយកំពុងតែមករកជួបអ្នកទៀតផង។ កាលណាគាត់ឃើញអ្នក នោះគាត់មុខជាសប្បាយរីករាយយ៉ាងខ្លាំង។ ១៥ អ្នកនឹងប្រាប់គាត់ឲ្យនិយាយជំនួសនូវសេចក្តី ដែលអ្នកត្រូវនិយាយ។ រីឯយើងវិញ យើងនឹងស្ថិតនៅជាមួយអ្នកទាំងពីរ ក្នុងពេលដែលអ្នកទាំងពីរនិយាយ ហើយប្រាប់អំពីអ្វីៗដែលអ្នកទាំងពីរត្រូវធ្វើ។ ១៦ គាត់នឹងនិយាយទៅកាន់ប្រជាជនជំនួសអ្នក គាត់ជាអ្នកនាំពាក្យរបស់អ្នក ហើយអ្នកប្រៀបដូចជាព្រះសម្រាប់គាត់។ ១៧ ចូរកាន់ដំបងនេះទៅជាមួយ ដោយសារដំបងនេះ អ្នកអាចធ្វើទីសម្គាល់ដ៏អស្ចារ្យផ្សេងៗ»។
លោកម៉ូសេវិលត្រឡប់ទៅស្រុកអេស៊ីបវិញ
១៨ លោកម៉ូសេក៏ចេញទៅ ត្រឡប់ទៅជួបលោកយេត្រូ ជាឪពុកក្មេក ហើយជម្រាបថា៖ «ខ្ញុំត្រូវតែត្រឡប់ទៅរកបងប្អូនរួមជាតិរបស់ខ្ញុំ នៅស្រុកអេស៊ីបវិញ ដើម្បីឲ្យដឹងថា ពួកគេនៅរស់ឬយ៉ាងណា?»។ លោកយេត្រូមានប្រសាសន៍ទៅកាន់លោកម៉ូសេថា៖ «ចូរកូនទៅដោយសុខសាន្តចុះ!»។
១៩ នៅស្រុកម៉ាឌីយ៉ាន ព្រះអម្ចាស់មានព្រះបន្ទូលទៅលោកម៉ូសេថា៖ «ចូរត្រឡប់ទៅស្រុកអេស៊ីបវិញចុះ ព្រោះពួកដែលប៉ុនប៉ងសម្លាប់អ្នកបានស្លាប់អស់ហើយ»។ ២០ លោកម៉ូសេនាំប្រពន្ធ កូន ជិះលាត្រឡប់ទៅស្រុកអេស៊ីបវិញ។ លោកបានកាន់ដំបងរបស់ព្រះជាម្ចាស់ទៅជាមួយដែរ។
២១ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងផ្តល់អំណាចឲ្យអ្នកសម្ដែងឫទ្ធិបាដិហារិយ៍។ ដូច្នេះ ពេលទៅដល់ស្រុកអេស៊ីប ចូរសម្ដែងឫទ្ធិបាដិហារិយ៍ទាំងនោះឲ្យស្តេចផារ៉ោនឃើញ។ រីឯយើងវិញ យើងនឹងធ្វើឲ្យស្តេចផារ៉ោនមានចិត្តរឹងចចេស មិនព្រមឲ្យជនជាតិអ៊ីស្រាអែលចេញមកទេ។ ២២ ត្រូវប្រាប់ស្តេចផារ៉ោនថា: “ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: ប្រជាជនអ៊ីស្រាអែលជាកូនច្បងរបស់យើង ២៣ ចូរអនុញ្ញាតឲ្យកូនរបស់យើងចេញទៅគោរពបម្រើយើង។ ប្រសិនបើអ្នកមិនព្រមទេ យើងនឹងប្រហារកូនច្បងរបស់អ្នក”»។
២៤ ពេលធ្វើដំណើរ លោកម៉ូសេឈប់សម្រាកនៅកន្លែងមួយ យប់នោះ ព្រះអម្ចាស់ក៏ចូលមកជិត ដើម្បីរកសម្លាប់លោក។ ២៥ នាងសេផូរ៉ាយកកាំបិតមួយធ្វើពីថ្ម កាត់ស្បែកចុងស្វាសរបស់កូនប្រុសនាង យកទៅប៉ះភ្លៅរបស់លោកម៉ូសេ ទាំងពោលថា៖ «ដោយសារឈាមនេះ លោកពិតជាប្ដីរបស់ខ្ញុំ!»។ ២៦ ពេលនោះ ព្រះអម្ចាស់ចាកចេញពីលោកម៉ូសេ។ នាងសេផូរ៉ាពោលថា «ដោយសារឈាមនេះ លោកពិតជាប្ដីរបស់ខ្ញុំ!» ដូច្នេះ គឺចង់សំដៅទៅលើការកាត់ស្បែក។
២៧ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអរ៉ុនថា៖ «ចូរចេញទៅជួបម៉ូសេនៅវាលរហោស្ថាន»។ លោកអរ៉ុនក៏ចេញទៅជួបលោកម៉ូសេ នៅភ្នំរបស់ព្រះជាម្ចាស់ ហើយឱបលោក។ ២៨ លោកម៉ូសេរៀបរាប់ប្រាប់លោកអរ៉ុនអំពីព្រះបន្ទូលទាំងប៉ុន្មាន ដែលព្រះអម្ចាស់ចាត់លោកឲ្យមកប្រកាស។ លោកក៏រៀបរាប់អំពីទីសម្គាល់ទាំងប៉ុន្មាន ដែលព្រះអង្គបានបង្គាប់ឲ្យលោកធ្វើទៀតផង។ ២៩ បន្ទាប់មក លោកម៉ូសេ និងលោកអរ៉ុន នាំគ្នាទៅប្រមូលចាស់ទុំទាំងអស់របស់អ៊ីស្រាអែល។ ៣០ លោកអរ៉ុនរៀបរាប់អំពីសេចក្តីទាំងប៉ុន្មាន ដែលព្រះអម្ចាស់មានព្រះបន្ទូលប្រាប់លោកម៉ូសេ ព្រមទាំងធ្វើទីសម្គាល់ឲ្យប្រជាជនឃើញផង។ ៣១ ប្រជាជននាំគ្នាជឿ ហើយយល់ថា ព្រះអម្ចាស់បានឃើញទុក្ខវេទនារបស់ជនជាតិអ៊ីស្រាអែល ហើយព្រះអង្គមកសង្គ្រោះពួកគេ។ ពួកគេក៏ឱនកាយ ក្រាបថ្វាយបង្គំព្រះអង្គ។
៥
លោកម៉ូសេ និងលោកអរ៉ុនទៅគាល់ស្តេចផារ៉ោន
១ បន្ទាប់មក លោកម៉ូសេ និងលោកអរ៉ុនចូលទៅគាល់ព្រះចៅផារ៉ោន ហើយទូលថា៖ «ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅនេះ: ចូរអនុញ្ញាតឲ្យប្រជារាស្ដ្រយើង ចេញទៅធ្វើពិធីបុណ្យគោរពយើងនៅវាលរហោស្ថាន»។ ២ ព្រះចៅផារ៉ោនតបថា៖ «តើព្រះអម្ចាស់ជានរណាបានជាយើងត្រូវស្តាប់តាម ហើយអនុញ្ញាតឲ្យពួកអ៊ីស្រាអែលចេញទៅនោះ? យើងមិនស្គាល់ព្រះអម្ចាស់ទេ យើងមិនអនុញ្ញាតឲ្យពួកអ៊ីស្រាអែលចេញទៅឡើយ»។ ៣ លោកទាំងពីរទូលស្តេចទៀតថា៖ «ព្រះនៃជនជាតិហេប្រឺបានមកជួបយើងខ្ញុំ។ ឥឡូវនេះ សូមអនុញ្ញាតឲ្យយើងខ្ញុំចេញទៅវាលរហោស្ថាន ចម្ងាយផ្លូវដើរបីថ្ងៃ ដើម្បីធ្វើយញ្ញបូជាថ្វាយព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ។ បើយើងខ្ញុំមិនទៅទេ ព្រះអង្គនឹងប្រហារយើងខ្ញុំដោយជំងឺ ឬដោយមុខដាវ»។ ៤ ស្តេចស្រុកអេស៊ីបមានរាជឱង្ការមកកាន់លោកទាំងពីរថា៖ «ម៉ូសេ និងអរ៉ុន ហេតុអ្វីបានជាអ្នកទាំងពីរនាំអាទិ៍ពួកអ៊ីស្រាអែលឲ្យឈប់ធ្វើការដូច្នេះ? ចូរនាំគ្នាត្រឡប់ទៅធ្វើការវិញទៅ!»។
៥ ព្រះចៅផារ៉ោនមានរាជឱង្ការថា៖ «ឥឡូវនេះ ប្រជាជនអ៊ីស្រាអែលមានចំនួនច្រើននៅក្នុងស្រុក តើអ្នកទាំងពីរចង់ឲ្យគេឈប់ធ្វើការដូចម្ដេចបាន?»។
ស្តេចផារ៉ោនបន្ថែមការងារឲ្យជនជាតិអ៊ីស្រាអែល
៦ នៅថ្ងៃដដែលនោះ ព្រះចៅផារ៉ោនបានបញ្ជាមេត្រួតត្រាលើប្រជាជន និងមេក្រុមថា៖ ៧ «មិនត្រូវផ្តល់ចំបើងឲ្យពួកអ៊ីស្រាអែល សម្រាប់ធ្វើដុំឥដ្ឋដូចពីមុនទៀតទេ គឺឲ្យពួកគេទៅរកចំបើងដោយខ្លួនឯង។ ៨ ប៉ុន្តែ ត្រូវបង្ខំឲ្យគេធ្វើដុំឥដ្ឋគ្រប់ចំនួនដដែល កុំបន្ថយចំនួនឡើយ។ ពួកគេសុទ្ធតែជាមនុស្សខ្ជិល ហេតុនេះហើយបានជាគេទាមទារសុំចេញទៅថ្វាយយញ្ញបូជា ដល់ព្រះរបស់ពួកគេ។ ៩ ត្រូវដាក់ការងារឲ្យពួកគេធ្វើកាន់តែធ្ងន់ធ្ងរថែមទៀត ដើម្បីកុំឲ្យពួកគេមានពេលគិតអំពីការភូតភរបានឡើយ»។
១០ ពួកមេត្រួតត្រាលើប្រជាជន និងពួកមេក្រុម ពោលមកកាន់ជនជាតិអ៊ីស្រាអែល ដូចតទៅ៖ «ព្រះចៅផារ៉ោនមានរាជឱង្ការថា: យើងឈប់ផ្តល់ចំបើងឲ្យអ្នករាល់គ្នាទៀតហើយ។ ១១ អ្នករាល់គ្នាត្រូវចេញទៅរកចំបើងខ្លួនឯងផ្ទាល់ នៅកន្លែងណាដែលអាចរកបាន ប៉ុន្តែ កុំបន្ថយចំនួនដុំឥដ្ឋឡើយ»។ ១២ ដូច្នេះ ប្រជាជនអ៊ីស្រាអែលទាំងអស់ចេញទៅគ្រប់កន្លែង ក្នុងស្រុកអេស៊ីប ដើម្បីប្រមូលជញ្ជ្រាំងមកប្រើជំនួសចំបើង។ ១៣ ពួកមេត្រួតត្រាដាក់កំហិតប្រជាជនថា៖ «ត្រូវបង្ហើយការងារប្រចាំថ្ងៃឲ្យបានគ្រប់ចំនួនដូចពីមុន ក្នុងពេលដែលអ្នករាល់គ្នាមានចំបើង»។ ១៤ មេត្រួតត្រាទាំងនោះវាយពួកមេក្រុមអ៊ីស្រាអែល ដែលខ្លួនបានតែងតាំង ព្រមទាំងស្តីបន្ទោសថា៖ «ប៉ុន្មានថ្ងៃនេះ ហេតុអ្វីបានជាអ្នករាល់គ្នាមិនផលិតដុំឥដ្ឋគ្រប់ចំនួន ដូចកាលពីមុន?»។
១៥ មេក្រុមអ៊ីស្រាអែលនាំគ្នាទៅតវ៉ាព្រះចៅផារ៉ោនថា៖ «ហេតុអ្វីបានជាព្រះករុណាធ្វើបាបទូលបង្គំទាំងអស់គ្នាដូច្នេះ? ១៦ គេមិនបានផ្តល់ចំបើងឲ្យពួកទូលបង្គំទេ ហើយគេបញ្ជាឲ្យពួកទូលបង្គំធ្វើដុំឥដ្ឋគ្រប់ចំនួន ព្រមទាំងវាយពួកទូលបង្គំទៀតផង។ ប្រជារាស្ដ្ររបស់ព្រះករុណាខុសហើយ!»។ ១៧ ព្រះចៅផារ៉ោនឆ្លើយថា៖ «អ្នករាល់គ្នាសុទ្ធតែជាមនុស្សខ្ជិល មនុស្សច្រអូស! ហេតុនេះហើយបានជាអ្នករាល់គ្នាពោលថា “សូមអនុញ្ញាតឲ្យយើងខ្ញុំ ចេញទៅថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់”!។ ១៨ ឥឡូវនេះ ចូរនាំគ្នាទៅធ្វើការវិញទៅ។ យើងគ្មានចំបើងឲ្យទេ ប៉ុន្តែ ត្រូវធ្វើដុំឥដ្ឋឲ្យបានគ្រប់ចំនួន»។
១៩ កាលឮថា គេមិនបន្ថយចំនួនដុំឥដ្ឋដែលត្រូវផលិតប្រចាំថ្ងៃទេនោះ ពួកមេក្រុមអ៊ីស្រាអែលដឹងថា ខ្លួនធ្លាក់ក្នុងស្ថានភាពលំបាកវេទនាហើយ។ ២០ ពេលចេញពីគាល់ព្រះចៅផារ៉ោនវិញ ពួកគេមករកលោកម៉ូសេ និងលោកអរ៉ុន ដែលកំពុងតែរង់ចាំពួកគេ។ ២១ ពួកគេពោលទៅកាន់លោកទាំងពីរថា៖ «សូមព្រះអម្ចាស់ទតមើល ហើយដាក់ទោសលោកទាំងពីរចុះ! លោកទាំងពីរធ្វើឲ្យព្រះចៅផារ៉ោន និងពួកមន្ត្រីទាំងអស់ស្អប់ពួកយើង។ លោកទាំងពីរបានហុចដាវទៅឲ្យពួកគេសម្លាប់យើង»។
២២ លោកម៉ូសេបែរទៅរកព្រះអម្ចាស់ ទូលថា៖ «ព្រះអម្ចាស់អើយ ហេតុអ្វីបានជាព្រះអង្គធ្វើបាបប្រជាជននេះ? ហេតុអ្វីបានជាព្រះអង្គចាត់ទូលបង្គំឲ្យមក? ២៣ តាំងពីទូលបង្គំបានទៅគាល់ព្រះចៅផារ៉ោន ក្នុងព្រះនាមរបស់ព្រះអង្គមក ស្តេចនោះបានធ្វើបាបប្រជាជននេះ តែព្រះអង្គមិនបានរំដោះប្រជារាស្ដ្ររបស់ព្រះអង្គសោះ»។
៦
១ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖ «ឥឡូវនេះ អ្នកនឹងឃើញការដែលយើងធ្វើចំពោះផារ៉ោន យើងនឹងសម្ដែងបារមីដ៏ខ្លាំងពូកែរបស់យើង បង្ខំស្តេចនេះអនុញ្ញាតឲ្យប្រជាជនអ៊ីស្រាអែលចេញទៅ។ ដោយសារបារមីដ៏ខ្លាំងពូកែ ស្តេចផារ៉ោននឹងបណ្តេញពួកគេចេញពីស្រុកអេស៊ីប»។
ព្រះបន្ទូលសន្យារំដោះជនជាតិអ៊ីស្រាអែល
២ ព្រះជាម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេទៀតថា៖ «យើងជាព្រះអម្ចាស់ ៣ យើងបានបង្ហាញឲ្យអប្រាហាំ អ៊ីសាក និងយ៉ាកុប ស្គាល់យើង ក្នុងឋានៈជាព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត។ ប៉ុន្តែ យើងមិនបានប្រាប់ឲ្យពួកគេដឹងថា យើងមានឈ្មោះព្រះអម្ចាស់ទេ។ ៤ យើងបានចងសម្ពន្ធមេត្រីជាមួយពួកគេ យើងបានសន្យាប្រគល់ស្រុកកាណានឲ្យពួកគេ គឺស្រុកដែលពួកគេស្នាក់នៅក្នុងឋានៈជាជនបរទេស។ ៥ យើងឮជនជាតិអ៊ីស្រាអែលស្រែកថ្ងូរ ព្រោះត្រូវពួកអេស៊ីបសង្កត់សង្កិន។ យើងនឹកដល់សម្ពន្ធមេត្រីរបស់យើង។ ៦ ហេតុនេះ ចូរប្រាប់ជនជាតិអ៊ីស្រាអែលថា: យើងជាព្រះអម្ចាស់ យើងនឹងដោះលែងអ្នករាល់គ្នាពីការងារដ៏លំបាក ដែលពួកអេស៊ីបបង្ខំអ្នករាល់គ្នាឲ្យធ្វើ យើងនឹងរំដោះអ្នករាល់គ្នាឲ្យរួចពីភាពជាទាសកររបស់ជនជាតិអេស៊ីប យើងនឹងលោះអ្នករាល់គ្នា ដោយឫទ្ធិអំណាចរបស់យើង។ ៧ យើងនឹងយកអ្នករាល់គ្នាធ្វើជាប្រជារាស្ដ្ររបស់យើង ហើយយើងធ្វើជាព្រះរបស់អ្នករាល់គ្នា។ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា យើងដោះលែងអ្នករាល់គ្នាចេញពីការងារដ៏លំបាក ដែលពួកអេស៊ីបបង្ខំអ្នករាល់គ្នាឲ្យធ្វើ។ ៨ បន្ទាប់មក យើងនឹងនាំអ្នករាល់គ្នាចូលទៅក្នុងស្រុក ដែលយើងបានសន្យាយ៉ាងឱឡារិកជាមួយអប្រាហាំ អ៊ីសាក និងយ៉ាកុប ហើយយើងឲ្យស្រុកនោះដល់អ្នករាល់គ្នាជាមត៌ក យើងជាព្រះអម្ចាស់!»។
៩ លោកម៉ូសេក៏នាំព្រះបន្ទូលទាំងនោះទៅប្រាប់កូនចៅអ៊ីស្រាអែល ប៉ុន្តែ ពួកគេមិនស្តាប់លោកឡើយ ព្រោះពួកគេបាក់ទឹកចិត្ត ដោយសារទុក្ខវេទនា ក្នុងភាពជាទាសករ។ ១០ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេទៀតថា៖ ១១ «ចូរទៅប្រាប់ផារ៉ោន ជាស្តេចស្រុកអេស៊ីបថា ត្រូវបើកឲ្យជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីបទៅ»។ ១២ លោកម៉ូសេទូលព្រះអង្គថា៖ «សូម្បីតែជនជាតិអ៊ីស្រាអែលក៏មិនព្រមស្តាប់ទូលបង្គំផង ធ្វើដូចម្ដេចឲ្យស្តេចផារ៉ោនស្តាប់ទូលបង្គំ ជាមនុស្សដែលគ្មានវោហារនេះ!»។ ១៣ ដូច្នេះ ព្រះអម្ចាស់បង្គាប់លោកម៉ូសេ និងលោកអរ៉ុន ឲ្យនាំព្រះបន្ទូលទៅប្រាប់ជនជាតិអ៊ីស្រាអែល និងស្តេចផារ៉ោន ដើម្បីឲ្យជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប។
បញ្ជីរាយនាមបុព្វបុរសរបស់លោកម៉ូសេ និងលោកអរ៉ុន
១៤ នេះជាបញ្ជីរាយនាមមេគ្រួសារនៃបុព្វបុរសរបស់ជនជាតិអ៊ីស្រាអែល:
កូនរបស់លោករូបេន ដែលជាកូនច្បងរបស់លោកអ៊ីស្រាអែល មានហេណុក ប៉ាលូ ហេតស្រូន និងការមី។ អ្នកទាំងនោះជាបុព្វបុរសនៃអំបូររូបេន។
១៥ កូនរបស់លោកស៊ីម៉ូនមានយេមូអែល យ៉ាមីន អូហាដ យ៉ាគីន សូហារ និងសាអ៊ូល ជាកូនរបស់ស្ត្រីជនជាតិកាណាន។ អ្នកទាំងនោះជាបុព្វបុរសនៃអំបូរស៊ីម៉ូន។
១៦ រីឯកូនចៅរបស់លោកលេវីមានរាយនាមតាមតំណវង្សត្រកូលដូចតទៅ:
កូនរបស់លោកលេវីមានគែរសូន គើហាត់ និងមេរ៉ារី។ លោកលេវីរស់បានមួយរយសាមសិបប្រាំពីរឆ្នាំ។ ១៧ កូនរបស់គែរសូនមានលិបនី និងស៊ីម៉ៃ ព្រមទាំងក្រុមគ្រួសាររបស់ពួកគេ។ ១៨ កូនរបស់គើហាត់មានអាំរ៉ាម យីសារ ហេប្រូន និងអ៊ូស៊ីអែល។ លោកគើហាត់រស់បានមួយរយសាមសិបបីឆ្នាំ។ ១៩ កូនរបស់មេរ៉ារីមានម៉ាលី និងមូស៊ី។ អ្នកទាំងនោះជាបុព្វបុរសនៃអំបូរលេវី តាមតំណវង្សត្រកូលរបស់ពួកគេ។
២០ លោកអាំរ៉ាមរៀបការជាមួយនាងយ៉ូកេបិត ដែលត្រូវជាម្ដាយមីងរបស់លោក នាងបង្កើតបានកូនប្រុសពីរនាក់ជូនលោក គឺលោកអរ៉ុន និងលោកម៉ូសេ។ លោកអាំរ៉ាមរស់បានមួយរយសាមសិបប្រាំពីរឆ្នាំ។
២១ កូនរបស់លោកយ៉ីសារមានកូរេ ណេផេក និងស៊ីគ្រី។ ២២ កូនរបស់លោកអ៊ូស៊ីអែលគឺ មីកាអែល អែលសាផន និងស៊ីទ្រី។
២៣ លោកអរ៉ុនរៀបការជាមួយនាងអេលីសេបា ជាកូនរបស់លោកអាំមីណាដាប និងជាប្អូនរបស់លោកណាសូន។ នាងបង្កើតបានកូនប្រុសបួននាក់ជូនលោកគឺ ណាដាប អប៊ីហ៊ូ អេឡាសារ និងអ៊ីតាម៉ារ។
២៤កូនរបស់កូរេមានអាសសៀរ អែលកាណា និងអប៊ីយ៉ាសាប ដែលជាបុព្វបុរសនៃអំបូរកូរេ។
២៥ លោកអេឡាសារ កូនប្រុសរបស់លោកអរ៉ុន បានរៀបការជាមួយកូនស្រីលោកពេទូអែល នាងបង្កើតបានកូនប្រុសម្នាក់ជូនលោកគឺ ភីនេអាស។ អ្នកទាំងនេះជាមេគ្រួសារនៃកុលសម្ព័ន្ធលេវី តាមអំបូររបស់ពួកគេ។
២៦ ព្រះអម្ចាស់បានបង្គាប់ឲ្យលោកអរ៉ុន និងលោកម៉ូសេនេះ នាំកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីប ដោយមានរបៀបរៀបរយដូចកងទ័ពមួយ។ ២៧ លោកម៉ូសេ និងលោកអរ៉ុននេះហើយដែលបានទៅគាល់ព្រះចៅផារ៉ោន ជាស្តេចស្រុកអេស៊ីប ដើម្បីនាំជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីប។
បញ្ជារបស់ព្រះអម្ចាស់ចំពោះលោកម៉ូសេ និងលោកអរ៉ុន
២៨ ពេលដែលព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ នៅស្រុកអេស៊ីប ២៩ ព្រះអង្គមានព្រះបន្ទូលមកលោកថា៖ «យើងជាព្រះអម្ចាស់! ចូរនាំសេចក្តីទាំងប៉ុន្មាន ដែលយើងបង្គាប់ដល់អ្នក យកទៅប្រាប់ផារ៉ោន ជាស្តេចស្រុកអេស៊ីប»។ ៣០ ប៉ុន្តែ លោកម៉ូសេទូលព្រះអម្ចាស់ថា៖ «ទូលបង្គំគ្មានវោហារទេ ព្រះចៅផារ៉ោនមុខជាមិនស្តាប់ទូលបង្គំឡើយ»។
៧
១ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងនឹងធ្វើឲ្យអ្នកបានដូចជាព្រះ នៅចំពោះមុខស្តេចផារ៉ោន រីឯអរ៉ុន ជាបងរបស់អ្នក នឹងប្រៀបដូចជាព្យាការីរបស់អ្នក។ ២ អ្នកនឹងប្រាប់អរ៉ុននូវសេចក្តីទាំងប៉ុន្មានដែលយើងបង្គាប់ដល់អ្នក ហើយគាត់នាំយកសេចក្តីទាំងនោះទៅប្រាប់ស្តេចផារ៉ោន ដើម្បីស្តេចអនុញ្ញាតឲ្យកូនចៅអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប។ ៣ រីឯយើងវិញ យើងនឹងធ្វើឲ្យស្តេចផារ៉ោនមានចិត្តរឹងរូស យើងនឹងបង្ហាញឫទ្ធិបាដិហារិយ៍ និងទីសម្គាល់ដ៏អស្ចារ្យជាច្រើននៅស្រុកអេស៊ីប។ ៤ ស្តេចផារ៉ោននឹងមិនស្តាប់អ្នកទាំងពីរទេ។ យើងនឹងវាយប្រហារស្រុកអេស៊ីប យើងនឹងដាក់ទោសគេយ៉ាងធ្ងន់ៗ ហើយនាំអ៊ីស្រាអែល ជាប្រជារាស្ដ្ររបស់យើង ចាកចេញពីស្រុកអេស៊ីប ដោយមានរបៀបរៀបរយដូចកងទ័ពមួយ។ ៥ ពេលណាយើងវាយប្រហារស្រុកអេស៊ីប ហើយនាំកូនចៅអ៊ីស្រាអែលចេញពីស្រុកនោះ ជនជាតិអេស៊ីបនឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់»។ ៦ លោកម៉ូសេ និងលោកអរ៉ុនធ្វើតាមព្រះបញ្ជារបស់ព្រះអម្ចាស់សព្វគ្រប់ទាំងអស់។ ៧ នៅពេលលោកទាំងពីរទៅគាល់ព្រះចៅផារ៉ោននោះ លោកម៉ូសេមានអាយុប៉ែតសិបឆ្នាំ លោកអរ៉ុនមានអាយុប៉ែតសិបបីឆ្នាំ។
ព្រះចៅផារ៉ោនមិនព្រមស្តាប់លោកម៉ូសេ និងលោកអរ៉ុន
៨ ព្រះអម្ចាស់មានព្រះបន្ទូលទៅលោកម៉ូសេ និងលោកអរ៉ុនថា៖ ៩ «ប្រសិនបើស្តេចផារ៉ោនទាមទារឲ្យអ្នកសម្ដែងបាដិហារិយ៍នោះ ត្រូវប្រាប់អរ៉ុនថា “ចូរយកដំបងរបស់បង បោះទៅខាងមុខស្តេចផារ៉ោន” ដំបងនោះនឹងក្លាយទៅជាពស់»។ ១០ លោកម៉ូសេ និងលោកអរ៉ុនក៏ទៅគាល់ព្រះចៅផារ៉ោន ហើយធ្វើតាមសេចក្តីដែលព្រះអម្ចាស់បានបង្គាប់មកពួកលោក។ លោកអរ៉ុនបោះដំបងនៅមុខព្រះចៅផារ៉ោន និងពួកមន្ត្រី ហើយដំបងក៏ក្លាយទៅជាពស់។ ១១ ប៉ុន្តែ ព្រះចៅផារ៉ោនហៅពួកអ្នកប្រាជ្ញ និងពួកគ្រូធ្មប់របស់ស្រុកអេស៊ីបមក ហើយពួកគេក៏ប្រើមន្តអាគម ធ្វើបានដូចគ្នា។ ១២ ពួកគេម្នាក់ៗបោះដំបងរបស់ខ្លួន ហើយដំបងទាំងនោះក្លាយជាពស់ ប៉ុន្តែ ដំបងរបស់លោកអរ៉ុនបានលេបដំបងរបស់ពួកគេអស់។ ១៣ ព្រះចៅផារ៉ោននៅតែមានព្រះហឫទ័យរឹងចចេស ដូចព្រះអម្ចាស់មានព្រះបន្ទូលទុកស្រាប់ គឺស្តេចមិនព្រមស្តាប់លោកម៉ូសេ និងលោកអរ៉ុនទេ។
គ្រោះកាចទីមួយ: ទឹកក្លាយជាឈាម
១៤ បន្ទាប់មក ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ស្តេចផារ៉ោនមានះណាស់ ហើយមិនអនុញ្ញាតឲ្យប្រជាជនចេញទៅទេ។ ១៥ ដូច្នេះ ព្រឹកឡើង ចូរអ្នកទៅជួបស្តេចផារ៉ោន នៅពេលស្តេចចុះទៅមាត់ទន្លេនីល។ ចូរកាន់ដំបងដែលបានក្លាយជាពស់នោះទៅជាមួយផង។ ១៦ ចូរប្រាប់ស្តេចផារ៉ោនថា: ព្រះអម្ចាស់ ជាព្រះនៃជនជាតិហេប្រឺ ចាត់ទូលបង្គំឲ្យមកទូលព្រះករុណាថា “ចូរបើកឲ្យប្រជារាស្ដ្ររបស់យើងចេញទៅគោរពបម្រើយើង នៅវាលរហោស្ថាន!”។ ប៉ុន្តែ រហូតមកដល់ពេលនេះ ព្រះករុណាមិនព្រមស្តាប់ទេ។ ១៧ ហេតុនេះ ព្រះអម្ចាស់មានព្រះបន្ទូលថា “ម្ដងនេះ អ្នកនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន”។ “ទូលបង្គំនឹងយកដំបងដែលទូលបង្គំកាន់វាយទឹកទន្លេនីល ហើយទឹកនេះនឹងក្លាយទៅជាឈាម។ ១៨ ត្រីទាំងអស់នៅក្នុងទន្លេនីលនឹងត្រូវវិនាស ទឹកទន្លេនឹងធុំក្លិនស្អុយ ជនជាតិអេស៊ីបមិនអាចផឹកទឹកនេះបានទៀតឡើយ”»។ ១៩ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេដូចតទៅនេះ៖ «ចូរប្រាប់អរ៉ុនថា: សូមបងយកដំបងរបស់បង ហើយលើកដៃវាយទឹករបស់ស្រុកអេស៊ីប គឺទន្លេ ព្រែក បឹង ត្រពាំង ដើម្បីឲ្យទឹកទាំងនោះក្លាយទៅជាឈាម។ ឈាមនឹងមានពាសពេញក្នុងស្រុកអេស៊ីប សូម្បីតែនៅក្នុងធុង និងក្នុងពាងក៏មានឈាមដែរ»។
២០ លោកម៉ូសេ និងលោកអរ៉ុន ធ្វើតាមបញ្ជារបស់ព្រះអម្ចាស់ គឺលោកអរ៉ុនលើកដំបងវាយទឹកទន្លេនីល នៅចំពោះព្រះភ័ក្ត្ររបស់ព្រះចៅផារ៉ោន និងនៅចំពោះមុខនាម៉ឺនសព្វមុខមន្ត្រី ហើយទឹកទន្លេនីលទាំងប៉ុន្មានក៏ក្លាយទៅជាឈាម។ ២១ ត្រីទាំងប៉ុន្មាននៅក្នុងទន្លេនីលត្រូវវិនាសអស់ ទឹកទន្លេធុំក្លិនស្អុយ ហើយជនជាតិអេស៊ីបមិនអាចផឹកទឹកបានឡើយ ក្នុងស្រុកទាំងមូលមានសុទ្ធតែឈាម។ ២២ ប៉ុន្តែ គ្រូធ្មប់ជាតិអេស៊ីបក៏ប្រើមន្តអាគម ធ្វើបានដូចគ្នា។ ហេតុនេះ ព្រះចៅផារ៉ោននៅតែមានព្រះហឫទ័យរឹងចចេស មិនព្រមស្តាប់លោកម៉ូសេ និងលោកអរ៉ុន ដូចព្រះអម្ចាស់មានព្រះបន្ទូលទុកស្រាប់។ ២៣ ព្រះចៅផារ៉ោនត្រឡប់ចូលទៅក្នុងវាំងវិញ ដោយមិនយកព្រះហឫទ័យទុកដាក់នឹងការទាំងនោះឡើយ។ ២៤ ប្រជាជនអេស៊ីបទាំងអស់នាំគ្នាជីកអណ្ដូងនៅតាមមាត់ទន្លេនីល ដើម្បីយកទឹកស្អាត ព្រោះគេមិនអាចផឹកទឹកទន្លេនីលបានទេ។
គ្រោះកាចទីពីរ: កង្កែប
២៥ ក្រោយពីព្រះអម្ចាស់វាយទឹកទន្លេនីលបានប្រាំពីរថ្ងៃ ២៦ ព្រះអង្គមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរទៅជួបស្តេចផារ៉ោន ហើយប្រាប់ដូចតទៅ: ព្រះអម្ចាស់មានព្រះបន្ទូលថា “ចូរបើកឲ្យប្រជារាស្ដ្ររបស់យើងចេញទៅគោរពបម្រើយើង។ ២៧ ប្រសិនបើអ្នកបដិសេធ យើងនឹងប្រើកង្កែបឲ្យមកបំផ្លាញទឹកដីរបស់អ្នក។ ២៨ កង្កែបនឹងកើតពេញទន្លេនីល វានឹងលោតចូលទៅក្នុងវាំង ក្នុងបន្ទប់ ហើយក្នុងក្រឡាបន្ទំរបស់អ្នកទៀតផង។ កង្កែបទាំងនោះនឹងលោតចូលទៅក្នុងផ្ទះនាម៉ឺនសព្វមុខមន្ត្រី និងផ្ទះប្រជារាស្ដ្ររបស់អ្នក ព្រមទាំងចូលទៅក្នុងចង្ក្រាន និងផើងម្សៅ។ ២៩ វានឹងលោតឡើងលើរូបកាយអ្នក រូបកាយនាម៉ឺនមន្ត្រី និងលើរូបកាយប្រជារាស្ដ្ររបស់អ្នកទៀតផង”»។
៨
១ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេទៀតថា៖ «ចូរប្រាប់អរ៉ុនថា: “សូមបងលើកដំបងវាយទឹកទន្លេ ព្រែក និងត្រពាំង ដើម្បីឲ្យកង្កែបឡើងមករាតត្បាតស្រុកអេស៊ីប”»។ ២ លោកអរ៉ុនលាតដៃសន្ធឹងទៅលើទឹកនៅស្រុកអេស៊ីប នោះកង្កែបក៏លោតចេញមករាតត្បាតស្រុកអេស៊ីប។ ៣ ប៉ុន្តែ គ្រូធ្មប់ជាតិអេស៊ីបក៏ប្រើមន្តអាគមធ្វើបានដូចគ្នា គឺឲ្យកង្កែបចេញមករាតត្បាតស្រុកអេស៊ីប។ ៤ ព្រះចៅផារ៉ោនហៅលោកម៉ូសេ និងលោកអរ៉ុនមក ហើយមានរាជឱង្ការថា៖ «ចូរអង្វរព្រះអម្ចាស់ឲ្យយកកង្កែបចេញពីយើង និងប្រជារាស្ដ្ររបស់យើងទៅ យើងនឹងបើកឲ្យប្រជាជនរបស់អ្នក ចេញទៅថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់!»។ ៥ លោកម៉ូសេទូលព្រះចៅផារ៉ោនថា៖ «សូមព្រះករុណាមេត្តាកំណត់ពេលវេលា ដែលទូលបង្គំត្រូវអង្វរព្រះអម្ចាស់សម្រាប់ព្រះករុណា សម្រាប់នាម៉ឺនមន្ត្រី និងប្រជារាស្ដ្ររបស់ព្រះករុណា ដើម្បីបំបាត់កង្កែបចេញពីព្រះករុណា និងចេញពីដំណាក់របស់ព្រះករុណា គឺទុកឲ្យនៅសល់តែក្នុងទន្លេនីលប៉ុណ្ណោះ»។ ៦ ព្រះចៅផារ៉ោនពោលថា៖ «ថ្ងៃស្អែក»។ លោកម៉ូសេឆ្លើយថា៖ «ទូលបង្គំនឹងធ្វើតាមព្រះរាជឱង្ការ ដើម្បីឲ្យព្រះករុណាទទួលស្គាល់ថា គ្មានព្រះឯណាដូចព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំឡើយ។ ៧ កង្កែបចេញពីព្រះករុណា និងចេញពីដំណាក់របស់ព្រះករុណា ពីនាម៉ឺនមន្ត្រី និងពីប្រជារាស្ដ្ររបស់ព្រះករុណា គឺទុកឲ្យនៅសល់តែក្នុងទន្លេនីលប៉ុណ្ណោះ»។
៨ បន្ទាប់មក លោកម៉ូសេ និងលោកអរ៉ុនចាកចេញពីព្រះចៅផារ៉ោន ហើយលោកម៉ូសេស្រែកអង្វរព្រះអម្ចាស់ សូមព្រះអង្គដកកង្កែបដែលព្រះអង្គនាំមកធ្វើទុក្ខស្តេចផារ៉ោន។ ៩ ព្រះអម្ចាស់ក៏ធ្វើតាមពាក្យអង្វររបស់លោកម៉ូសេ គឺកង្កែបបានងាប់នៅក្នុងផ្ទះ នៅតាមភូមិ និងនៅតាមស្រែចម្ការ។ ១០ គេប្រមូលខ្មោចកង្កែបគរជាគំនរ ហើយមានក្លិនស្អុយពាសពេញស្រុក។
១១ ពេលឃើញកង្កែបងាប់អស់ហើយនោះ ព្រះចៅផារ៉ោនមានព្រះហឫទ័យមានះ មិនព្រមស្តាប់លោកម៉ូសេ និងលោកអរ៉ុន ដូចព្រះអម្ចាស់មានព្រះបន្ទូលទុកស្រាប់។
គ្រោះកាចទីបី: មូស
១២ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់អរ៉ុនថា: សូមបងលើកដំបងវាយធូលីដី នោះធូលីដីនឹងក្លាយទៅជាមូសឈ នៅពាសពេញស្រុកអេស៊ីប»។ ១៣ លោកទាំងពីរក៏ធ្វើតាមព្រះបន្ទូល គឺលោកអរ៉ុនលើកដំបងវាយធូលីដី នោះដីក៏ក្លាយទៅជាមូស មករោមមនុស្ស និងសត្វ នៅស្រុកអេស៊ីបទាំងមូល។ ១៤ ពួកគ្រូធ្មប់ក៏ប្រើមន្តអាគម ដើម្បីបង្កើតមូសដែរ តែពួកគេធ្វើពុំបានទេ។ មូសនៅតែរោមមនុស្ស និងសត្វដដែល។ ១៥ ពេលនោះ ពួកគ្រូធ្មប់ទូលព្រះចៅផារ៉ោនថា៖ «ការនេះកើតមកពីព្រះជាម្ចាស់»។ ប៉ុន្តែ ព្រះចៅផារ៉ោននៅតែមានព្រះហឫទ័យមានះ មិនព្រមស្តាប់លោកម៉ូសេ និងលោកអរ៉ុន ដូចព្រះអម្ចាស់មានព្រះបន្ទូលទុកស្រាប់។
គ្រោះកាចទីបួន: រុយ
១៦ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ព្រឹកស្អែក ចូរក្រោកពីព្រលឹមទៅជួបស្តេចផារ៉ោន នៅពេលស្តេចចុះទៅទន្លេ ហើយទូលស្តេចដូចតទៅ “ព្រះអម្ចាស់មានព្រះបន្ទូលថា: ចូរបើកឲ្យប្រជារាស្ដ្ររបស់យើងចេញទៅគោរពបម្រើយើង។ ១៧ ប្រសិនបើអ្នកមិនបើកឲ្យពួកគេចេញទៅទេ យើងនឹងប្រើរុយឲ្យមកខាំអ្នក ព្រមទាំងនាម៉ឺនមន្ត្រី និងប្រជារាស្ដ្ររបស់អ្នក។ ក្នុងផ្ទះរបស់ជនជាតិអេស៊ីបទាំងអស់មានរុយពាសពេញ ហើយទឹកដីរបស់គេក៏មានរុយដែរ។ ១៨ ប៉ុន្តែ នៅថ្ងៃនោះ យើងមិនឲ្យមានរុយក្នុងតំបន់កូសែន ដែលប្រជារាស្ដ្ររបស់យើងរស់នៅទេ ដើម្បីឲ្យអ្នកទទួលស្គាល់ថា យើងជាព្រះអម្ចាស់ យើងស្ថិតនៅក្នុងស្រុកនេះ។ ១៩ យើងមិនបណ្តោយឲ្យប្រជារាស្ដ្ររបស់យើង រងគ្រោះដោយសាររុយជាមួយប្រជារាស្ដ្ររបស់អ្នកទេ ទីសម្គាល់នេះនឹងកើតមាននៅថ្ងៃស្អែក”»។
២០ ព្រះអម្ចាស់ធ្វើតាមព្រះបន្ទូល គឺមានរុយយ៉ាងសន្ធឹកសន្ធាប់ ហើរចូលទៅក្នុងវាំងរបស់ស្តេចផារ៉ោន ក្នុងផ្ទះរបស់នាម៉ឺនមន្ត្រី និងក្នុងស្រុកអេស៊ីបទាំងមូល។ រុយទាំងនោះរាតត្បាតពាសពេញទឹកដី។
២១ ព្រះចៅផារ៉ោនហៅលោកម៉ូសេ និងលោកអរ៉ុន ហើយមានរាជឱង្ការថា៖ «ចូរធ្វើយញ្ញបូជាថ្វាយព្រះរបស់អ្នករាល់គ្នា នៅក្នុងស្រុកនេះចុះ»។ ២២ ប៉ុន្តែ លោកម៉ូសេទូលថា៖ «ធ្វើបែបនេះមិនបានទេ! ដ្បិតយើងខ្ញុំយកសត្វធ្វើយញ្ញបូជាថ្វាយព្រះអម្ចាស់ ជាព្រះរបស់យើងខ្ញុំដូច្នេះ ជាអំពើដែលជនជាតិអេស៊ីបស្អប់ខ្ពើម ញ។ ប្រសិនបើពួកគេឃើញយើងខ្ញុំយកសត្វទៅធ្វើយញ្ញបូជា គឺជាអំពើដែលគេស្អប់ខ្ពើម នោះពួកគេមុខជាយកដុំថ្មគប់សម្លាប់យើងខ្ញុំមិនខាន។ ២៣ យើងខ្ញុំត្រូវតែធ្វើដំណើរទៅវាលរហោស្ថាន ចម្ងាយផ្លូវដើរបីថ្ងៃ ដើម្បីធ្វើយញ្ញបូជាថ្វាយព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ តាមរបៀបដែលព្រះអង្គនឹងបង្ហាញប្រាប់យើងខ្ញុំ»។ ២៤ ព្រះចៅផារ៉ោនមានរាជឱង្ការថា៖ «យើងអនុញ្ញាតឲ្យអ្នករាល់គ្នាចេញទៅធ្វើយញ្ញបូជា ថ្វាយព្រះអម្ចាស់ ជាព្រះនៃអ្នករាល់គ្នា នៅវាលរហោស្ថានបាន ប៉ុន្តែ កុំទៅឆ្ងាយពេក។ ចូរទូលអង្វរព្រះអង្គឲ្យយើងផង»។ ២៥ លោកម៉ូសេតបថា៖ «ពេលចាកចេញពីព្រះករុណាទៅ ទូលបង្គំនឹងទូលអង្វរព្រះអម្ចាស់។ ស្អែករុយនឹងចាកចេញពីព្រះករុណា ពីនាម៉ឺនមន្ត្រី និងប្រជារាស្ដ្ររបស់ព្រះករុណាទៀតផង។ ប៉ុន្តែ សូមព្រះករុណាឈប់បញ្ឆោតយើងខ្ញុំទៀតទៅ គឺកុំហាមប្រជាជនរបស់យើងខ្ញុំចេញទៅធ្វើយញ្ញបូជា ថ្វាយព្រះអម្ចាស់ឡើយ»។ ២៦ លោកម៉ូសេចាកចេញពីព្រះចៅផារ៉ោន ហើយទូលអង្វរព្រះអម្ចាស់។ ២៧ ព្រះអម្ចាស់ធ្វើតាមពាក្យអង្វររបស់លោកម៉ូសេ គឺព្រះអង្គបំបាត់រុយទាំងអស់ចេញពីនាម៉ឺនមន្ត្រី និងប្រជារាស្ដ្ររបស់ស្តេច ឥតមានទុកឲ្យនៅសល់មួយឡើយ។
២៨ ប៉ុន្តែ ម្ដងនេះទៀត ព្រះចៅផារ៉ោនមានព្រះហឫទ័យមានះ មិនព្រមបើកឲ្យប្រជាជនអ៊ីស្រាអែលចេញទៅទេ។
៩
គ្រោះកាចទីប្រាំ: ជំងឺអាសន្នរោគ
១ បន្ទាប់មក ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរទៅជួបស្តេចផារ៉ោន ហើយប្រាប់ដូចតទៅ: ព្រះអម្ចាស់ ជាព្រះនៃជនជាតិហេប្រឺមានព្រះបន្ទូលថា “ចូរបើកឲ្យប្រជារាស្ដ្ររបស់យើង ចេញទៅគោរពបម្រើយើង”។ ២ ប្រសិនបើព្រះករុណាបដិសេធបើកឲ្យពួកគេទៅ ប្រសិនបើព្រះករុណានៅតែឃាត់ពួកគេ ៣ នោះព្រះអម្ចាស់នឹងប្រើបារមីរបស់ព្រះអង្គ ប្រហារហ្វូងសត្វរបស់ព្រះករុណា នៅតាមស្រុកស្រែ គឺហ្វូងសេះ ហ្វូងលា ហ្វូងអូដ្ឋ ហ្វូងគោ និងហ្វូងចៀម ឲ្យកើតជំងឺអាសន្នរោគយ៉ាងធ្ងន់ធ្ងរ។ ៤ ប៉ុន្តែ ព្រះអម្ចាស់មិនប្រហារហ្វូងសត្វរបស់ជនជាតិអ៊ីស្រាអែល ឲ្យវិនាស ដូចហ្វូងសត្វរបស់ជនជាតិអេស៊ីបទេ»។ ៥ ព្រះអម្ចាស់កំណត់ពេលវេលា ដោយមានព្រះបន្ទូលថា ស្អែកព្រះអង្គនឹងធ្វើការនេះនៅស្រុកអេស៊ីប។
៦ នៅថ្ងៃបន្ទាប់ ព្រះអម្ចាស់បានប្រហារហ្វូងសត្វទាំងប៉ុន្មាននៅស្រុកអេស៊ីបឲ្យវិនាស ប៉ុន្តែ គ្មានសត្វណាមួយរបស់ជនជាតិអ៊ីស្រាអែល ត្រូវវិនាសឡើយ។ ៧ ព្រះចៅផារ៉ោនបានចាត់គេឲ្យទៅស៊ើបសួរ ហើយស្តេចជ្រាបថាគ្មានសត្វណាមួយក្នុងហ្វូងសត្វរបស់ជនជាតិអ៊ីស្រាអែល ត្រូវវិនាសឡើយ។ ទោះជាយ៉ាងនេះក្តី ព្រះចៅផារ៉ោននៅតែមានព្រះហឫទ័យមានះ មិនព្រមអនុញ្ញាតឲ្យជនជាតិអ៊ីស្រាអែលចេញទៅទេ។
គ្រោះកាចទីប្រាំមួយ: ជំងឺបូស
៨ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអរ៉ុនថា៖ «ចូរយកដៃក្តាប់ផេះពីចង្ក្រាន ហើយឲ្យម៉ូសេបាចឡើងទៅលើ នៅចំពោះមុខស្តេចផារ៉ោន ៩ ផេះនោះនឹងធ្លាក់មកជាធូលីនៅពាសពេញស្រុកអេស៊ីប។ ពេលនោះ ទាំងមនុស្ស ទាំងសត្វ នៅស្រុកអេស៊ីបនឹងកើតបូស ក្លាយជាដំបៅងាទៀតផង»។ ១០ លោកម៉ូសេ និងលោកអរ៉ុន ក៏យកផេះពីចង្ក្រាន ហើយនាំគ្នាទៅគាល់ព្រះចៅផារ៉ោន។ លោកម៉ូសេបាចផេះទៅលើ បណ្តាលឲ្យមនុស្ស និងសត្វកើតបូស មានដំបៅងាពេញខ្លួន។ ១១ ពួកគ្រូធ្មប់ពុំអាចមកជួបលោកម៉ូសេបានទេ ព្រោះពួកគេកើតបូសពេញខ្លួន ដូចជនជាតិអេស៊ីបទាំងអស់ដែរ។ ១២ ប៉ុន្តែ ព្រះអម្ចាស់ធ្វើឲ្យព្រះចៅផារ៉ោនមានព្រះហឫទ័យមានះ មិនព្រមស្តាប់លោកម៉ូសេ និងលោកអរ៉ុន ដូចព្រះអម្ចាស់មានព្រះបន្ទូលទុកស្រាប់។
គ្រោះកាចទីប្រាំពីរ: ព្រឹល
១៣ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ព្រឹកស្អែក ចូរក្រោកពីព្រលឹមទៅជួបស្តេចផារ៉ោន ប្រាប់ថា: ព្រះអម្ចាស់ ជាព្រះនៃជនជាតិហេប្រឺ មានព្រះបន្ទូលដូចតទៅ “ចូរបើកឲ្យប្រជារាស្ដ្ររបស់យើង ចេញទៅគោរពបម្រើយើង។ ១៤ លើកនេះ យើងប្រើគ្រោះកាចគ្រប់បែបយ៉ាង ប្រហារអ្នក ព្រមទាំងនាម៉ឺនមន្ត្រី និងប្រជារាស្ដ្ររបស់អ្នក ដើម្បីឲ្យអ្នកទទួលស្គាល់ថា គ្មាននរណាម្នាក់នៅលើផែនដីអាចប្រៀបផ្ទឹមនឹងយើងឡើយ។ ១៥ ប្រសិនបើយើងមិនអាណិតអ្នកទេ ម៉្លេះសមយើងប្រើជំងឺអាសន្នរោគប្រហារអ្នក និងប្រជារាស្ដ្ររបស់អ្នក ឲ្យវិនាសសូន្យពីផែនដីបាត់ទៅហើយ។ ១៦ យើងទុកជីវិតអ្នក ដើម្បីឲ្យអ្នកឃើញឫទ្ធិបារមីរបស់យើង ហើយឲ្យកេរ្តិ៍ឈ្មោះរបស់យើងល្បីសុះសាយពាសពេញផែនដី។ ១៧ អ្នកបានជំទាស់នឹងប្រជារាស្ដ្ររបស់យើង ដោយមិនបើកឲ្យគេចេញទៅទេ។ ១៨ ដូច្នេះ ថ្ងៃស្អែក ពេលថ្មើរនេះ យើងនឹងធ្វើឲ្យមានព្រឹលធ្លាក់មកយ៉ាងខ្លាំង គឺតាំងពីស្រុកអេស៊ីបកកើតរហូតមកទល់សព្វថ្ងៃ គេមិនដែលជួបប្រទះបែបនេះទេ។ ១៩ ឥឡូវនេះ ចូរប្រាប់គេឲ្យប្រមូលហ្វូងសត្វ និងអ្វីៗទាំងប៉ុន្មានដែលអ្នកមាននៅតាមវាល យកទៅទុក។ ប្រសិនបើមនុស្ស ឬសត្វដែលនៅតាមវាលគ្មានជម្រកទេ ពេលព្រឹលធ្លាក់ ពួកគេមុខជាវិនាសមិនខាន”»។
២០ នាម៉ឺនមន្ត្រីមួយចំនួន ដែលកោតខ្លាចព្រះបន្ទូលរបស់ព្រះអម្ចាស់ ក៏នាំអ្នកបម្រើ និងហ្វូងសត្វរបស់ខ្លួនចូលក្នុងជម្រក។ ២១ រីឯអស់អ្នកដែលមិនយកចិត្តទុកដាក់ចំពោះព្រះបន្ទូលរបស់ព្រះអម្ចាស់ទេ ក៏ទុកអ្នកបម្រើ និងហ្វូងសត្វរបស់ខ្លួននៅតាមវាល។
២២ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរលើកដៃទៅលើមេឃ នោះនឹងមានព្រឹលធ្លាក់លើមនុស្ស លើសត្វ និងលើតិណជាតិទាំងអស់ក្នុងស្រុកអេស៊ីបទាំងមូល»។
២៣ លោកម៉ូសេលើកដំបងតម្រង់ទៅលើមេឃ ព្រះអម្ចាស់ធ្វើឲ្យមានផ្គរលាន់ និងព្រឹល ហើយមានរន្ទះបាញ់មកលើផែនដី។ ព្រះអម្ចាស់ក៏បង្អុរព្រឹលឲ្យធ្លាក់មកលើស្រុកអេស៊ីប។ ២៤ ពេលនោះ មានព្រឹលធ្លាក់មកយ៉ាងខ្លាំង លាយឡំនឹងរន្ទះយ៉ាងសាហាវ ក្នុងស្រុកអេស៊ីបទាំងមូល គឺតាំងពីប្រជាជាតិអេស៊ីបកកើតមកមិនដែលមានដូច្នេះទេ។ ២៥ នៅពាសពេញស្រុកអេស៊ីបទាំងមូល មានព្រឹលធ្លាក់មកលើមនុស្ស និងសត្វនៅតាមវាល បំផ្លាញតិណជាតិ និងបំបាក់ដើមឈើទៀតផង។ ២៦ មានតែស្រុកកូសែនជាកន្លែងដែលជនជាតិអ៊ីស្រាអែលរស់នៅប៉ុណ្ណោះ ទើបគ្មានធ្លាក់ព្រឹល។
២៧ ព្រះចៅផារ៉ោនក៏កោះហៅលោកម៉ូសេ និងលោកអរ៉ុន ហើយមានរាជឱង្ការថា៖ «លើកនេះ យើងបានប្រព្រឹត្តអំពើបាបមែន មានតែព្រះអម្ចាស់ទេដែលសុចរិត រីឯយើង និងប្រជារាស្ដ្ររបស់យើងជាមនុស្សអាក្រក់។ ២៨ ចូរអង្វរព្រះអម្ចាស់ សូមកុំឲ្យមានផ្គរ និងព្រឹលតទៅទៀត។ យើងអនុញ្ញាតឲ្យអ្នករាល់គ្នាចេញទៅហើយ គ្មាននរណាឃាត់ឃាំងអ្នករាល់គ្នាទៀតទេ»។
២៩ លោកម៉ូសេតបវិញថា៖ «ពេលទូលបង្គំចាកចេញពីទីក្រុង ទូលបង្គំនឹងលើកដៃប្រណម្យ ទូលអង្វរព្រះអម្ចាស់ នោះផ្គរលាន់ និងព្រឹលមុខជាស្ងប់បាត់អស់ ហើយព្រះករុណានឹងទទួលស្គាល់ថា ផែនដីជារបស់ព្រះអម្ចាស់។ ៣០ ប៉ុន្តែ ទូលបង្គំដឹងថាព្រះករុណា ព្រមទាំងនាម៉ឺនមន្ត្រី មិនទាន់កោតខ្លាចព្រះអម្ចាស់នៅឡើយ»។ ៣១ ពេលនោះ ដើមធ្មៃកំពុងចេញផ្កា និងស្រូវស្រាលកំពុងដាក់គ្រាប់ ៣២ រីឯស្រូវសាលី និងស្រូវធ្ងន់មិនត្រូវខូចខាតឡើយ ព្រោះមិនទាន់ចេញកួរ។ ៣៣ បន្ទាប់មក លោកម៉ូសេចាកចេញពីព្រះចៅផារ៉ោន រួចចេញទៅក្រៅទីក្រុង។ លោកលើកដៃប្រណម្យ ទូលអង្វរព្រះអម្ចាស់ ផ្គរលែងលាន់ឮ ព្រឹលឈប់ធ្លាក់ ហើយភ្លៀងក៏លែងបង្អុរមកលើផែនដីទៀត។
៣៤ ពេលព្រះចៅផារ៉ោនឃើញភ្លៀង និងព្រឹលឈប់ធ្លាក់ ហើយផ្គរស្ងប់ស្ងាត់ទៅវិញដូច្នេះ ស្តេចក៏ប្រព្រឹត្តអំពើបាបជាថ្មីទៀត គឺទាំងស្តេច ទាំងនាម៉ឺនមន្ត្រីនៅតែមានះដដែល។ ៣៥ ព្រះចៅផារ៉ោនមានព្រះហឫទ័យមានះ មិនអនុញ្ញាតឲ្យជនជាតិអ៊ីស្រាអែលចេញទៅ ដូចព្រះអម្ចាស់មានព្រះបន្ទូលតាមរយៈលោកម៉ូសេ។
១០
គ្រោះកាចទីប្រាំបី: កណ្ដូប
១ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរទៅជួបស្តេចផារ៉ោន ដ្បិតយើងបានធ្វើឲ្យស្តេច និងនាម៉ឺនមន្ត្រីមានចិត្តមានះ ដើម្បីសម្ដែងទីសម្គាល់ដ៏អស្ចារ្យនៅក្នុងចំណោមពួកគេ។ ២ ដូច្នេះ អ្នកអាចតំណាលប្រាប់កូន និងចៅ នៅជំនាន់ក្រោយថា យើងបានប្រព្រឹត្តចំពោះជនជាតិអេស៊ីបរបៀបណា ហើយយើងបានសម្ដែងទីសម្គាល់ដ៏អស្ចារ្យអ្វីខ្លះ នៅក្នុងចំណោមពួកគេ។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់»។
៣ លោកម៉ូសេ និងលោកអរ៉ុនទៅគាល់ព្រះចៅផារ៉ោន ហើយទូលថា៖ «ព្រះអម្ចាស់ជាព្រះរបស់ជនជាតិហេប្រឺ មានព្រះបន្ទូលដូចតទៅ: “តើអ្នកមិនព្រមដាក់ខ្លួននៅចំពោះមុខយើងដូច្នេះ ដល់កាលណាទៀត? ចូរបើកឲ្យប្រជារាស្ដ្ររបស់យើងចេញទៅគោរពបម្រើយើង។ ៤ បើអ្នកមិនព្រមបើកឲ្យប្រជារាស្ដ្ររបស់យើងចេញទៅទេ ថ្ងៃស្អែក យើងនឹងប្រើហ្វូងកណ្ដូបឲ្យចូលមករាតត្បាតដែនដីរបស់អ្នក។ ៥ វានឹងមកទំពាសពេញក្នុងស្រុក រហូតដល់មើលដីលែងឃើញទៀត។ វានឹងស៊ីផលដំណាំដែលនៅសេសសល់ពីព្រឹល វានឹងស៊ីបង្ហិនដើមឈើទាំងប៉ុន្មានរបស់អ្នករាល់គ្នា ដែលដុះនៅតាមទីវាល។ ៦ វានឹងចូលពេញក្នុងវាំងរបស់អ្នក ព្រមទាំងក្នុងផ្ទះរបស់ពួកនាម៉ឺនមន្ត្រីទាំងអស់ និងផ្ទះរបស់ជនជាតិអេស៊ីបទាំងអស់ទៀតផង។ តាំងពីដូនតារបស់អ្នករហូតមកទល់សព្វថ្ងៃ មិនដែលមាននរណាជួបប្រទះហេតុការណ៍បែបនេះឡើយ”»។ បន្ទាប់មក លោកម៉ូសេចាកចេញពីព្រះចៅផារ៉ោន។
៧ ពួកនាម៉ឺនមន្ត្រីទាំងប៉ុន្មានទូលស្តេចថា៖ «តើជននេះធ្វើឲ្យយើងរងទុក្ខលំបាកដល់កាលណាទៀត? សូមព្រះករុណាបើកឲ្យពួកគេចេញទៅគោរពបម្រើព្រះអម្ចាស់ជាព្រះរបស់ពួកគេទៅ តើព្រះករុណាមិនទាន់ជ្រាបថា ស្រុកអេស៊ីបកំពុងតែវិនាសទេឬ?»។
៨ គេនាំលោកម៉ូសេ និងលោកអរ៉ុន មកគាល់ព្រះចៅផារ៉ោន ហើយស្តេចក៏មានរាជឱង្ការថា៖ «ចូរនាំគ្នាទៅគោរពបម្រើព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាចុះ! ប៉ុន្តែ តើអ្នកណាខ្លះត្រូវចេញទៅ?»។
៩ លោកម៉ូសេទូលថា៖ «យើងខ្ញុំនឹងទៅ ទាំងក្មេង ទាំងចាស់ ទាំងកូនប្រុស និងកូនស្រី ព្រមទាំងហ្វូងចៀម និងហ្វូងគោរបស់យើងខ្ញុំផង ដ្បិតយើងខ្ញុំនឹងចេញទៅធ្វើបុណ្យថ្វាយព្រះអម្ចាស់»។ ១០ ស្តេចមានរាជឱង្ការថា៖ «យើងសូមស្បថក្នុងនាមព្រះអម្ចាស់ថា យើងមិនបើកឲ្យអ្នករាល់គ្នានាំគ្រួសារចេញទៅជាមួយឡើយ ព្រោះយើងដឹងថា អ្នករាល់គ្នាមានគំនិតអាក្រក់។ ១១ ទេ មិនកើតទេ! ទុកឲ្យតែប្រុសៗ ចេញទៅគោរពបម្រើព្រះអម្ចាស់ប៉ុណ្ណោះបានហើយ ដ្បិតអ្នករាល់គ្នាបានសុំដូច្នេះ»។ បន្ទាប់មក គេក៏ដេញលោកទាំងពីរចេញពីព្រះចៅផារ៉ោន។
១២ ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរលាតដៃរបស់អ្នកលើស្រុកអេស៊ីប ដើម្បីនាំហ្វូងកណ្ដូបមកលើស្រុកនេះ ហើយវានឹងស៊ីអ្វីៗទាំងអស់ ដែលនៅសេសសល់ពីព្រឹល»។ ១៣ លោកម៉ូសេលើកដំបងរបស់លោកទៅលើស្រុកអេស៊ីប ហើយព្រះអម្ចាស់ក៏ធ្វើឲ្យមានខ្យល់ពីទិសខាងកើតបក់មកលើស្រុកអេស៊ីប អស់មួយថ្ងៃមួយយប់។ លុះព្រឹកឡើង ខ្យល់ពីទិសខាងកើតនាំហ្វូងកណ្ដូបមក។ ១៤ ហ្វូងកណ្ដូបហើរចូលមកស្រុកអេស៊ីបទាំងមូល ហើយទំពាសពេញលើដែនដី។ វាមានចំនួនច្រើនឥតគណនា តាំងពីដើមរៀងមក គេមិនដែលជួបប្រទះដូច្នេះទេ ហើយតទៅមុខទៀត ក៏នឹងគ្មានបែបនេះដែរ។ ១៥ វាទំពាសពេញផ្ទៃដីទាំងមូល ធ្វើឲ្យផ្ទៃដីខ្មៅងងឹត។ វាស៊ីបង្ហិនអ្វីៗទាំងអស់ និងផ្លែឈើទាំងប៉ុន្មានដែលនៅសេសសល់ពីព្រឹល។ ក្នុងស្រុកអេស៊ីបទាំងមូលគ្មានសល់ស្លឹកឈើ ឬស្មៅ នៅតាមវាលឡើយ។
១៦ ពេលនោះ ព្រះចៅផារ៉ោនក៏ប្រញាប់ហៅលោកម៉ូសេ និងលោកអរ៉ុនមក ហើយមានរាជឱង្ការថា៖ «យើងបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ហើយយើងក៏បានប្រព្រឹត្តខុសនឹងអ្នកទាំងពីរដែរ។ ១៧ ឥឡូវនេះ សុំអត់ទោសឲ្យយើងម្ដងទៀតចុះ ហើយទូលអង្វរព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា សូមព្រះអង្គដកគ្រោះកាចដ៏សាហាវនេះ ចេញពីយើងទៅ»។
១៨ លោកម៉ូសេចាកចេញពីព្រះចៅផារ៉ោន ហើយទូលអង្វរព្រះអម្ចាស់។ ១៩ ព្រះអម្ចាស់ធ្វើឲ្យមានខ្យល់យ៉ាងខ្លាំង បក់មកពីទិសខាងលិច នាំហ្វូងកណ្ដូបទាំងប៉ុន្មាន ទម្លាក់ក្នុងសមុទ្រកក់អស់ទៅ ដោយពុំទុកឲ្យមានសល់កណ្ដូបណាមួយនៅលើទឹកដីអេស៊ីបឡើយ។ ២០ ប៉ុន្តែ ព្រះអម្ចាស់ធ្វើឲ្យព្រះចៅផារ៉ោនមានព្រះហឫទ័យមានះ ស្តេចមិនបើកឲ្យជនជាតិអ៊ីស្រាអែលចាកចេញទៅទេ។
គ្រោះកាចទីប្រាំបួន: ភាពងងឹតអន្ធការ
២១ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរលើកដៃទៅលើមេឃ នោះនឹងមានភាពងងឹតអន្ធការគ្របដណ្តប់លើស្រុកអេស៊ីប គឺភាពងងឹតសូន្យសុង មើលអ្វីមិនឃើញឡើយ»។ ២២ លោកម៉ូសេលើកដៃទៅលើមេឃ ពេលនោះ ភាពងងឹតសូន្យសុងក៏គ្របដណ្តប់លើស្រុកអេស៊ីបទាំងមូលអស់រយៈពេលបីថ្ងៃ។ ២៣ ក្នុងអំឡុងបីថ្ងៃនោះ ប្រជាជននៅស្រុកអេស៊ីបមើលគ្នាទៅវិញទៅមកមិនឃើញទេ ហើយក៏គ្មាននរណាអាចចេញពីកន្លែងរបស់ខ្លួនបានដែរ។ រីឯតំបន់ដែលកូនចៅអ៊ីស្រាអែលរស់នៅមានពន្លឺ។ ២៤ ព្រះចៅផារ៉ោនក៏ឲ្យគេហៅលោកម៉ូសេមក ហើយមានរាជឱង្ការថា៖ «ចូរនាំគ្នាទៅគោរពបម្រើព្រះអម្ចាស់ចុះ តែត្រូវទុកហ្វូងចៀម និងហ្វូងគោរបស់អ្នករាល់គ្នានៅទីនេះ។ អ្នករាល់គ្នាអាចយកក្មេងៗទៅជាមួយបាន»។ ២៥ លោកម៉ូសេទូលស្តេចវិញថា៖ «សូមព្រះករុណាអនុញ្ញាតឲ្យយើងខ្ញុំនាំសត្វទាំងនោះទៅជាមួយ ដើម្បីថ្វាយជាយញ្ញបូជា និងជាតង្វាយដុតទាំងមូល*ដល់ព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំ។ ២៦ យើងខ្ញុំត្រូវតែនាំហ្វូងសត្វទាំងអស់ទៅជាមួយ ដោយឥតទុកសត្វណាមួយឲ្យនៅទីនេះទេ។ យើងខ្ញុំត្រូវថ្វាយពួកវាមួយចំនួនដល់ព្រះអម្ចាស់ ប៉ុន្តែ មុននឹងទៅដល់ទីដៅ យើងខ្ញុំក៏ពុំបានដឹងថា តើត្រូវថ្វាយសត្វណានៅឡើយ»។ ២៧ ព្រះអម្ចាស់ធ្វើឲ្យស្តេចផារ៉ោនមានព្រះហឫទ័យមានះ គឺមិនព្រមបើកឲ្យកូនចៅអ៊ីស្រាអែលចេញទៅទេ។
២៨ ព្រះចៅផារ៉ោនមានរាជឱង្ការទៅកាន់លោកម៉ូសេថា៖ «ចូរចេញពីទីនេះទៅ! កុំត្រឡប់មកឲ្យយើងឃើញមុខទៀតឲ្យសោះ នៅថ្ងៃដែលអ្នកវិលមកជួបយើងទៀត នោះអ្នកមុខជាស្លាប់ពុំខាន!»។ ២៩ លោកម៉ូសេតបថា៖ «ក្រាបទូល! ទូលបង្គំនឹងលែងជួបព្រះភ័ក្ត្រព្រះករុណា ដូចព្រះករុណាមានរាជឱង្ការមែន!»។
១១
ការប្រកាសអំពីគ្រោះកាចចុងក្រោយ
១ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងនឹងនាំគ្រោះកាចមួយទៀត ជាគ្រោះកាចចុងក្រោយ មកប្រហារស្តេចផារ៉ោន និងស្រុកអេស៊ីប។ លើកនេះ ស្តេចពិតជាបើកឲ្យអ្នករាល់គ្នាចេញទៅពុំខាន។ ស្តេចមិនត្រឹមតែបើកឲ្យអ្នករាល់គ្នាទៅតែប៉ុណ្ណោះទេ គឺថែមទាំងដេញអ្នករាល់គ្នាឲ្យទៅរហូត។ ២ ចូរប្រាប់កូនចៅអ៊ីស្រាអែលទាំងប្រុសទាំងស្រី ឲ្យសុំរបស់របរជាមាសជាប្រាក់ពីអ្នកជិតខាង»។ ៣ ព្រះអម្ចាស់ធ្វើឲ្យជនជាតិអេស៊ីបស្រឡាញ់រាប់អានជនជាតិអ៊ីស្រាអែល។ ម្យ៉ាងទៀត ពួកនាម៉ឺនមន្ត្រីរបស់ស្តេចផារ៉ោន និងប្រជាជននៅស្រុកអេស៊ីប នាំគ្នាគោរពលោកម៉ូសេយ៉ាងខ្លាំង។
៤ លោកម៉ូសេទូលព្រះចៅផារ៉ោនថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: “នៅកណ្ដាលអធ្រាត្រ យើងនឹងឆ្លងកាត់ស្រុកអេស៊ីប។ ៥ កូនច្បងទាំងអស់នៃស្រុកអេស៊ីបនឹងត្រូវស្លាប់ គឺចាប់ពីបុត្រច្បងរបស់ស្តេចផារ៉ោន ដែលត្រូវឡើងសោយរាជ្យ រហូតដល់កូនប្រុសច្បងរបស់ទាសី ដែលជាអ្នកកិនស្រូវ ព្រមទាំងកូនដំបូងនៃហ្វូងសត្វទៀតផង។ ៦ ពេលនោះ ក្នុងស្រុកអេស៊ីបទាំងមូល គេនឹងឮសូរសម្រែកទ្រហោយំ។ តាំងពីដើមរៀងមកមិនធ្លាប់មានដូច្នេះទេ ហើយទៅមុខទៀតក៏គ្មានដែរ។ ៧ ប៉ុន្តែ ក្នុងចំណោមជនជាតិអ៊ីស្រាអែលវិញ គេមិនឮសំឡេងអ្វីឡើយ សូម្បីឆ្កែក៏មិនឮព្រុសដាក់មនុស្ស ឬសត្វណាមួយផង។ ដូច្នេះ អ្នករាល់គ្នានឹងដឹងថា ព្រះអម្ចាស់មិនធ្វើទោសជនជាតិអ៊ីស្រាអែល ដូចព្រះអង្គធ្វើទោសជនជាតិអេស៊ីបឡើយ”។ ៨ ពេលនោះ នាម៉ឺនមន្ត្រីទាំងអស់របស់ព្រះករុណានឹងមកក្រាបចុះនៅមុខទូលបង្គំ ហើយពោលថា “សូមលោក និងប្រជាជនរបស់លោកអញ្ជើញទៅចុះ!” ទូលបង្គំនឹងចាកចេញទៅ»។ លោកម៉ូសេចាកចេញពីព្រះចៅផារ៉ោនទៅ ទាំងក្ដៅក្រហាយ។
៩ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេទៀតថា៖ «ស្តេចផារ៉ោននឹងមិនស្តាប់អ្នករាល់គ្នាទេ ដូច្នេះ យើងនឹងសម្ដែងឫទ្ធិបាដិហារិយ៍កាន់តែច្រើនឡើងៗក្នុងស្រុកអេស៊ីប»។
១០ លោកម៉ូសេ និងលោកអរ៉ុន បានសម្ដែងឫទ្ធិបាដិហារិយ៍ទាំងនោះនៅមុខព្រះចៅផារ៉ោន តែព្រះអម្ចាស់បានធ្វើឲ្យស្តេចមានព្រះហឫទ័យមានះ មិនព្រមបើកឲ្យកូនចៅអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីបឡើយ។
១២
បុណ្យចម្លង
១ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអរ៉ុន នៅស្រុកអេស៊ីបថា៖ ២ «អ្នករាល់គ្នាត្រូវរាប់ខែនេះ ជាខែដំបូង គឺខែដើមឆ្នាំរបស់អ្នករាល់គ្នា។ ៣ ចូរប្រាប់សហគមន៍អ៊ីស្រាអែលទាំងមូលថា: “នៅថ្ងៃទីដប់ ក្នុងខែនេះ ត្រូវយកកូនចៀមមួយ សម្រាប់គ្រួសារនីមួយៗ ឬផ្ទះនីមួយៗ ៤ បើគ្រួសារណាមានគ្នាតិចពេក មិនអាចបរិភោគកូនចៀមទាំងមូលអស់ ត្រូវឲ្យគេចូលរួមជាមួយគ្រួសារជិតខាង តាមចំនួនមនុស្សដែលគេមាន រួចទើបជ្រើសរើសសត្វមួយដែលអាចបរិភោគអស់។ ៥ ត្រូវឲ្យគេរើសយកកូនចៀមឈ្មោល ឬកូនពពែឈ្មោល មានអាយុមួយខួប និងល្អឥតខ្ចោះ។ ៦ អ្នករាល់គ្នាត្រូវរក្សាសត្វនោះទុករហូតដល់ថ្ងៃទីដប់បួនក្នុងខែនេះ ទើបសហគមន៍អ៊ីស្រាអែលទាំងមូលអារ កសត្វនោះក្រោយថ្ងៃលិច។ ៧ ត្រូវយកឈាមសត្វដែលគេបានសម្លាប់នោះ ទៅលាបនៅលើក្របទ្វារទាំងសងខាង និងនៅខាងលើទ្វារផ្ទះដែលគេបរិភោគសាច់។ ៨ នៅយប់នោះ ត្រូវយកសាច់ទៅអាំង រួចបរិភោគជាមួយនំបុ័ងឥតមេ និងបន្លែល្វីង។
៩ មិនត្រូវបរិភោគសាច់ឆៅ ឬស្ងោរទេ គឺត្រូវបរិភោគសាច់អាំងទាំងមូលតែម្ដង ដោយមានក្បាល ជើង និងគ្រឿងក្នុងផង។ ១០ មិនត្រូវទុកអ្វីឲ្យនៅសល់រហូតដល់ថ្ងៃស្អែកឡើយ បើមានអ្វីដែលនៅសេសសល់ នោះត្រូវប្រមូលដុតឲ្យអស់។ ១១ នៅពេលបរិភោគ ត្រូវក្រវាត់ចង្កេះ ពាក់ស្បែកជើង កាន់ដំបង ដូចរៀបចំខ្លួនចេញដំណើរ ហើយត្រូវបរិភោគឲ្យរហ័ស។ នេះជាពិធីបុណ្យចម្លង*ថ្វាយព្រះអម្ចាស់”។
១២ នៅយប់នោះ យើងនឹងឆ្លងកាត់ស្រុកអេស៊ីប ហើយប្រហារកូនច្បងទាំងអស់របស់ពួកគេ ទាំងមនុស្ស ទាំងសត្វ។ យើងជាព្រះអម្ចាស់ យើងនឹងដាក់ទោសព្រះក្លែងក្លាយទាំងអស់របស់ជនជាតិអេស៊ីប។ ១៣ ឈាមដែលអ្នករាល់គ្នាលាបនៅលើក្របទ្វារផ្ទះនឹងធ្វើជាសញ្ញាសម្គាល់ថា អ្នករាល់គ្នាស្នាក់នៅក្នុងផ្ទះនោះ។ ពេលឃើញឈាម យើងនឹងរំលងផ្ទះអ្នករាល់គ្នា ដូច្នេះ អ្នករាល់គ្នានឹងមិនរងគ្រោះកាច នៅពេលដែលយើងប្រហារស្រុកអេស៊ីបឡើយ។
១៤ អ្នករាល់គ្នាត្រូវយកថ្ងៃនេះធ្វើជាថ្ងៃបុណ្យរំឭកអំពីព្រឹត្តិការណ៍ដែលកើតមាន ដើម្បីលើកតម្កើងព្រះអម្ចាស់ នេះជាច្បាប់ដែលត្រូវអនុវត្តជារៀងរហូតតទៅ ឥតប្រែប្រួលឡើយ។
ពិធីបុណ្យនំបុ័ងឥតមេ
១៥ ក្នុងអំឡុងពេលប្រាំពីរថ្ងៃ អ្នករាល់គ្នាត្រូវបរិភោគនំបុ័ងឥតមេ។ ចាប់ពីថ្ងៃទីមួយទៅ អ្នករាល់គ្នាត្រូវយកមេនំបុ័ងចេញឲ្យអស់ពីផ្ទះរបស់អ្នករាល់គ្នា។ អ្នកណាបរិភោគនំបុ័ងមានមេ ចាប់ពីថ្ងៃទីមួយដល់ថ្ងៃទីប្រាំពីរ នឹងត្រូវបណ្តេញចេញពីចំណោមជនជាតិអ៊ីស្រាអែល។ ១៦ នៅថ្ងៃទីមួយ និងថ្ងៃទីប្រាំពីរ អ្នករាល់គ្នាត្រូវតែប្រមូលផ្តុំគ្នាជាអង្គប្រជុំដ៏វិសុទ្ធ*។ ក្នុងអំឡុងពេលពីរថ្ងៃនោះ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីឡើយ គឺអាចធ្វើបានតែម្ហូបអាហារ សម្រាប់បរិភោគប៉ុណ្ណោះ។ ១៧ អ្នករាល់គ្នាត្រូវធ្វើពិធីបុណ្យនំបុ័ងឥតមេ ដ្បិតនៅថ្ងៃនេះហើយ ដែលយើងនាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប។ អ្នករាល់គ្នាត្រូវតែគោរពថ្ងៃនេះទុកជាច្បាប់ ដែលត្រូវអនុវត្ត ជារៀងរហូតតទៅ ឥតប្រែប្រួលឡើយ។ ១៨ នៅខែទីមួយ ចាប់ពីល្ងាចថ្ងៃទីដប់បួនរហូតដល់ល្ងាចថ្ងៃទីម្ភៃមួយ អ្នករាល់គ្នាត្រូវតែបរិភោគនំបុ័ងឥតមេ។ ១៩ ក្នុងអំឡុងពេលប្រាំពីរថ្ងៃនោះ មិនត្រូវឲ្យមានមេនំបុ័ងនៅក្នុងផ្ទះរបស់អ្នករាល់គ្នាឡើយ។ អ្នកដែលបរិភោគនំបុ័ងមានមេ នឹងត្រូវបណ្តេញចេញពីសហគមន៍អ៊ីស្រាអែល ទោះបីអ្នកនោះជាសាសន៍ដទៃ ឬជាម្ចាស់ស្រុកក្តី។ ២០ ទោះបីអ្នករាល់គ្នារស់នៅកន្លែងណាក៏ដោយ មិនត្រូវបរិភោគនំបុ័ងមានមេឡើយ គឺបរិភោគបានតែនំបុ័ងឥតមេប៉ុណ្ណោះ»។
ការរៀបចំម្ហូបអាហារសម្រាប់បុណ្យចម្លង*
២១ លោកម៉ូសេបានហៅព្រឹទ្ធាចារ្យ*ទាំងអស់នៃជនជាតិអ៊ីស្រាអែលមក ហើយប្រាប់ថា៖ «សូមអស់លោកយកកូនចៀម ហើយសម្លាប់វាធ្វើបុណ្យចម្លងសម្រាប់ក្រុមគ្រួសាររបស់អស់លោក។ ២២ ចូរយកមែកហ៊ីសុប*ចងជាកញ្ចុំ រួចជ្រលក់ក្នុងផើងដែលដាក់ឈាម ហើយយកឈាមនោះទៅលាបក្របទ្វារទាំងសងខាង និងក្របទ្វារខាងលើ។ ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវឲ្យនរណាម្នាក់ចេញពីផ្ទះរបស់ខ្លួន រហូតដល់ព្រឹក។ ២៣ ពេលព្រះអម្ចាស់យាងកាត់ស្រុកអេស៊ីប ដើម្បីប្រហារជនជាតិអេស៊ីប ហើយទតឃើញឈាមលើក្របទ្វារទាំងសងខាង និងក្របទ្វារខាងលើនោះ ព្រះអង្គនឹងយាងរំលងផ្ទះរបស់អ្នករាល់គ្នា មិនឲ្យមេបំផ្លាញចូលទៅប្រហារអ្នករាល់គ្នាឡើយ។
២៤ អ្នករាល់គ្នា និងកូនចៅរបស់អ្នករាល់គ្នាត្រូវគោរពតាមវិន័យនេះ រហូតតទៅ។ ២៥ នៅពេលអ្នករាល់គ្នាចូលទៅក្នុងទឹកដី ដែលព្រះអម្ចាស់ប្រទានឲ្យអ្នករាល់គ្នា ស្របតាមព្រះបន្ទូលសន្យា អ្នករាល់គ្នាត្រូវតែធ្វើពិធីបុណ្យនេះ។ ២៦ បើកូនចៅរបស់អ្នករាល់គ្នាសួរថា ពិធីបុណ្យនេះមានអត្ថន័យដូចម្ដេច ២៧ ចូរប្រាប់ពួកគេថា: នេះជាយញ្ញបូជានៃពិធីបុណ្យចម្លង ថ្វាយព្រះអម្ចាស់។ កាលពួកយើងនៅស្រុកអេស៊ីប ព្រះអង្គប្រហារជនជាតិអេស៊ីប តែព្រះអង្គបានរំលងផ្ទះរបស់ពួកយើង ហើយទុកជីវិតឲ្យពួកយើង»។
ប្រជាជនក៏នាំគ្នាក្រាបថ្វាយបង្គំព្រះអម្ចាស់។
២៨ ជនជាតិអ៊ីស្រាអែលចាកចេញទៅ ហើយធ្វើតាមសេចក្តីទាំងប៉ុន្មាន ដែលព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ និងលោកអរ៉ុន។
គ្រោះកាចចុងក្រោយ: ការប្រហារកូនច្បងរបស់ជនជាតិអេស៊ីប
២៩ នៅកណ្ដាលអធ្រាត្រ ព្រះអម្ចាស់បានប្រហារកូនច្បងទាំងអស់ នៅស្រុកអេស៊ីប គឺចាប់តាំងពីបុត្រច្បងរបស់ព្រះចៅផារ៉ោន ដែលគ្រងរាជ្យ រហូតដល់កូនច្បងរបស់អ្នកជាប់គុក ព្រមទាំងកូនដំបូងទាំងប៉ុន្មានរបស់ហ្វូងសត្វដែរ។ ៣០ នៅយប់នោះ ព្រះចៅផារ៉ោន នាម៉ឺនសព្វមុខមន្ត្រីទាំងអស់ និងជនជាតិអេស៊ីបទាំងអស់ ក្រោកឡើងគ្រប់ៗគ្នា ហើយមានឮសម្រែកទ្រហោយំយ៉ាងខ្លាំង ក្នុងស្រុកអេស៊ីបទាំងមូល ដ្បិតគ្មានផ្ទះណាមួយដែលគ្មានមនុស្សស្លាប់ទេ។
៣១ ព្រះចៅផារ៉ោនហៅលោកម៉ូសេ និងលោកអរ៉ុនមកទាំងយប់ ហើយមានរាជឱង្ការទៅកាន់លោកទាំងពីរថា៖ «ចូរនាំពួកអ៊ីស្រាអែលចេញពីស្រុកយើងជាប្រញាប់ទៅ! ចូរនាំគ្នាទៅបម្រើព្រះអម្ចាស់ ដូចអ្នករាល់គ្នាបានសុំនោះទៅ! ៣២ ចូរនាំហ្វូងចៀម និងហ្វូងគោទៅជាមួយ តាមសំណូមពររបស់អ្នករាល់គ្នាចុះ! បន្ទាប់មក ចូរឲ្យពរយើងផង!»។
៣៣ ដោយជនជាតិអេស៊ីបស្មានថា គេមុខជាស្លាប់ទាំងអស់ គេក៏បង្ខំជនជាតិអ៊ីស្រាអែលឲ្យចាកចេញពីស្រុករបស់ខ្លួនជាបន្ទាន់។ ៣៤ ហេតុនេះហើយបានជាជនជាតិអ៊ីស្រាអែលយកម្សៅដែលមិនទាន់ដោរ និងយកផើងសម្រាប់លាយម្សៅរុំនឹងអាវធំ ហើយលីចេញទៅ។ ៣៥ ជនជាតិអ៊ីស្រាអែលធ្វើតាមពាក្យដែលលោកម៉ូសេបានប្រាប់ពួកគេ គឺពួកគេសុំរបស់របរដែលធ្វើពីមាស និងប្រាក់ ព្រមទាំងសុំសម្លៀកបំពាក់ ពីជនជាតិអេស៊ីប។ ៣៦ ព្រះអម្ចាស់បានធ្វើឲ្យជនជាតិអេស៊ីប អនុគ្រោះដល់ប្រជាជនអ៊ីស្រាអែល ដោយប្រគល់នូវអ្វីៗដែលពួកគេសុំ។ ដូច្នេះ ជនជាតិអ៊ីស្រាអែលបានរឹបអូសយកទ្រព្យសម្បត្តិពីជនជាតិអេស៊ីប។
ជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប
៣៧ ជនជាតិអ៊ីស្រាអែលធ្វើដំណើរពីក្រុងរ៉ាមសែសទៅក្រុងស៊ូកូត។ ពួកគេមានចំនួនប្រមាណប្រាំមួយសែននាក់ ដោយមិនរាប់ក្មេងៗទេ។ ៣៨ មានប្រជាជនដទៃទៀតជាច្រើនចេញដំណើរទៅជាមួយពួកគេដែរ ព្រមទាំងមានហ្វូងចៀម និងហ្វូងគោ យ៉ាងច្រើនសន្ធឹកសន្ធាប់ទៀតផង។ ៣៩ ពួកគេប្រើម្សៅមិនទាន់ដោរ ដែលគេបានយកពីស្រុកអេស៊ីបមកនោះ ដុតជានំបុ័ងឥតមេ ដ្បិតជនជាតិអេស៊ីបបានដេញពួកគេចេញមកយ៉ាងតក់ក្រហល់ គ្មានពេលនឹងរៀបចំស្បៀង សម្រាប់បរិភោគតាមផ្លូវឡើយ។ ៤០ ជនជាតិអ៊ីស្រាអែលស្នាក់នៅស្រុកអេស៊ីប អស់រយៈពេលបួនរយសាមសិបឆ្នាំ។ ៤១ លុះផុតរយៈពេលបួនរយសាមសិបឆ្នាំហើយ នៅពេលកំណត់នេះ ប្រជាជនទាំងមូលរបស់ព្រះអម្ចាស់ក៏នាំគ្នាចាកចេញពីស្រុកអេស៊ីប។
៤២ នៅយប់នោះ ជនជាតិអ៊ីស្រាអែលគ្រប់ដំណតរៀងទៅ ត្រូវតែចាំយាម ដើម្បីនឹកគុណព្រះអម្ចាស់ដែលបាននាំពួកគេចេញពីស្រុកអេស៊ីប។
ច្បាប់សម្រាប់ប្រារព្ធពិធីបុណ្យចម្លង
៤៣ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអរ៉ុនថា៖ «ក្បួនតម្រាសម្រាប់ពិធីបុណ្យចម្លង*មានដូចតទៅ: ជនបរទេសគ្មានសិទ្ធិចូលរួមបរិភោគអាហារនៃពិធីបុណ្យចម្លងទេ។ ៤៤ ទាសករដែលអ្នករាល់គ្នាទិញមក អាចបរិភោគអាហារនៃបុណ្យនេះបាន លុះត្រាតែអ្នករាល់គ្នាធ្វើពិធីកាត់ស្បែក*ឲ្យជាមុនសិន។ ៤៥ សាសន៍ដទៃដែលមករស់នៅជាបណ្តោះអាសន្នជាមួយអ្នករាល់គ្នា និងជនបរទេសដែលស៊ីឈ្នួលអ្នករាល់គ្នា ក៏គ្មានសិទ្ធិបរិភោគអាហារនៃពិធីបុណ្យនេះដែរ។ ៤៦ ត្រូវបរិភោគនៅក្នុងផ្ទះ គឺមិនត្រូវយកសាច់ចេញទៅក្រៅផ្ទះជាដាច់ខាត ហើយមិនត្រូវបំបាក់ឆ្អឹងសត្វឡើយ។ ៤៧ សហគមន៍អ៊ីស្រាអែលទាំងមូលត្រូវប្រារព្ធពិធីបុណ្យនេះ។ ៤៨ ប្រសិនបើជនបរទេសដែលរស់នៅជាមួយអ្នករាល់គ្នា ចង់ចូលរួមប្រារព្ធពិធីបុណ្យចម្លងថ្វាយព្រះអម្ចាស់ដែរ នោះត្រូវឲ្យប្រុសៗរបស់ពួកគេទទួលពិធីកាត់ស្បែកជាមុនសិន ទើបគេអាចចូលរួមប្រារព្ធពិធីបុណ្យដូចម្ចាស់ស្រុកដែរ។ ជនមិនកាត់ស្បែកពុំអាចចូលរួមបរិភោគអាហារនៃបុណ្យចម្លងជាដាច់ខាត។ ៤៩ មានវិន័យតែមួយសម្រាប់ម្ចាស់ស្រុក និងជនបរទេសដែលរស់នៅជាមួយអ្នករាល់គ្នា»។
៥០ ជនជាតិអ៊ីស្រាអែលទាំងអស់នាំគ្នាប្រតិបត្តិតាមព្រះបន្ទូល ដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ និងលោកអរ៉ុន។ ៥១ នៅថ្ងៃកំណត់នោះ ព្រះអម្ចាស់នាំជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប ដោយមានរបៀបរៀបរយដូចកងទ័ព។
១៣
វិន័យផ្សេងទៀតដែលទាក់ទងនឹងបុណ្យចម្លង
១ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ ២ «ត្រូវញែកកូនច្បងទាំងអស់ ទោះបីមនុស្ស ឬសត្វក្តី ទុកជាសក្ការៈសម្រាប់យើង។ កូនដំបូងទាំងអស់នៃជនជាតិអ៊ីស្រាអែលជាកម្មសិទ្ធិរបស់យើង»។
៣ លោកម៉ូសេមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «ចូរអ្នករាល់គ្នានឹកចាំពីថ្ងៃនេះ គឺថ្ងៃដែលអ្នករាល់គ្នាចេញពីស្រុកអេស៊ីប ជាកន្លែងដែលអ្នករាល់គ្នាជាប់ជាទាសករ។ ព្រះអម្ចាស់បានប្រើឫទ្ធិបារមីដ៏ខ្លាំងពូកែរបស់ព្រះអង្គ នាំអ្នករាល់គ្នាចេញពីស្រុកនោះមក។ ហេតុនេះ អ្នករាល់គ្នាមិនត្រូវបរិភោគនំបុ័ងមានមេទេ។
៤ ថ្ងៃនេះ នៅក្នុងខែចេត្រ អ្នករាល់គ្នាចេញដំណើរ។ ៥ ពេលព្រះអម្ចាស់នាំអ្នករាល់គ្នាចូលទៅក្នុងទឹកដីរបស់ជនជាតិកាណាន ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិហេវី និងជនជាតិយេប៊ូស ជាទឹកដីដ៏សម្បូណ៌សប្បាយ ដែលព្រះអង្គសន្យាជាមួយពួកបុព្វបុរសថា នឹងប្រទានឲ្យអ្នករាល់គ្នា នោះត្រូវនាំគ្នាគោរពបម្រើព្រះអម្ចាស់ ដោយធ្វើពិធីបុណ្យចម្លងក្នុងខែនេះ។ ៦ ក្នុងអំឡុងពេលប្រាំពីរថ្ងៃ អ្នករាល់គ្នាត្រូវបរិភោគនំបុ័ងឥតមេ ហើយនៅថ្ងៃទីប្រាំពីរ ចូរធ្វើពិធីបុណ្យមួយថ្វាយព្រះអម្ចាស់។ ៧ ក្នុងអំឡុងពេលប្រាំពីរថ្ងៃនោះ ត្រូវបរិភោគតែនំបុ័ងឥតមេ មិនត្រូវឲ្យមាននំបុ័ងដាក់មេ ឬមេនំប័ុងនៅក្នុងផ្ទះ និងនៅលើទឹកដីរបស់អ្នករាល់គ្នាឡើយ។ ៨ នៅថ្ងៃបុណ្យនោះ អ្នករាល់គ្នាត្រូវរៀបរាប់ប្រាប់កូនចៅរបស់អ្នករាល់គ្នាថា: “ពួកយើងធ្វើបុណ្យនេះ ដ្បិតព្រះអម្ចាស់បានជួយពួកយើងឲ្យចាកចេញពីស្រុកអេស៊ីប”។ ៩ ពិធីបុណ្យនេះជាសេចក្តីរំឭកមួយ ប្រៀបដូចសញ្ញាដែលមានចារទុកនៅលើដៃ និងនៅលើថ្ងាស ដើម្បីឲ្យអ្នករាល់គ្នាចងចាំ ហើយប្រកាសវិន័យរបស់ព្រះអម្ចាស់ ដ្បិតព្រះអង្គបានប្រើឫទ្ធិបារមីដ៏ខ្លាំងពូកែ នាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប។ ១០ ដូច្នេះ រៀងរាល់ឆ្នាំ ពេលដល់ថ្ងៃកំណត់ អ្នករាល់គ្នាត្រូវធ្វើតាមវិន័យនេះ។
១១ ពេលព្រះអម្ចាស់នាំអ្នករាល់គ្នាចូលទៅក្នុងទឹកដីរបស់ជនជាតិកាណាន ជាទឹកដីដែលព្រះអង្គប្រគល់ឲ្យអ្នករាល់គ្នា ស្របតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយអ្នករាល់គ្នា និងបុព្វបុរសរបស់អ្នករាល់គ្នានោះ ១២ អ្នករាល់គ្នាត្រូវថ្វាយកូនប្រុសច្បង និងកូនឈ្មោលដំបូងរបស់ហ្វូងសត្វទៅព្រះអម្ចាស់ ដ្បិតកូនច្បងទាំងអស់ជាកម្មសិទ្ធិរបស់ព្រះអម្ចាស់។ ១៣ ចំណែកឯកូនដំបូងរបស់សត្វលា នោះអ្នករាល់គ្នាត្រូវយកកូនចៀមមកថ្វាយជំនួសវិញ។ ប្រសិនបើអ្នករាល់គ្នាមិនលោះវាទេ ត្រូវវាយបំបាក់កកូនលានោះ។ អ្នករាល់គ្នាក៏ត្រូវលោះកូនប្រុសច្បងរបស់អ្នករាល់គ្នាដែរ។ ១៤ នៅពេលអនាគត ប្រសិនបើកូនចៅរបស់អ្នករាល់គ្នាសួរថា ហេតុអ្វីបានជាធ្វើដូច្នេះ? ត្រូវឆ្លើយថា: ព្រះអម្ចាស់បានប្រើឫទ្ធិបារមីដ៏ខ្លាំងពូកែនាំពួកយើងចេញពីស្រុកអេស៊ីប ជាកន្លែងដែលពួកយើងជាប់ជាទាសករ។ ១៥ ពេលនោះ ស្តេចផារ៉ោនមិនព្រមអនុញ្ញាតឲ្យពួកយើងចេញមកទេ។ ដូច្នេះ ព្រះអម្ចាស់បានប្រហារកូនច្បងទាំងអស់នៅស្រុកអេស៊ីប គឺទាំងកូនច្បងរបស់មនុស្ស ទាំងកូនដំបូងរបស់សត្វ។ ហេតុនេះហើយបានជាពួកយើងយកកូនឈ្មោលដំបូងទាំងអស់របស់សត្វបូជាថ្វាយព្រះអម្ចាស់ តែពួកយើងលោះកូនប្រុសច្បងរបស់ពួកយើងវិញ។ ១៦ យញ្ញបូជានេះជាសេចក្តីរំឭកមួយ ប្រៀបដូចសញ្ញា ដែលមានចារទុកនៅលើដៃ និងនៅលើថ្ងាស ដ្បិតព្រះអម្ចាស់បានប្រើឫទ្ធិបារមីដ៏ខ្លាំងពូកែ នាំពួកយើងចេញពីស្រុកអេស៊ីប»។
ព្រះជាម្ចាស់ដឹកនាំប្រជារាស្ដ្ររបស់ព្រះអង្គ
១៧ ពេលព្រះចៅផារ៉ោនបើកឲ្យប្រជាជនអ៊ីស្រាអែលចាកចេញទៅនោះ ព្រះជាម្ចាស់ពុំបាននាំពួកគេតាមផ្លូវទៅស្រុកភីលីស្ទីនទេ ទោះបីផ្លូវនោះជាផ្លូវជិតក៏ដោយ ដ្បិតព្រះអង្គនឹកគិតថា ប្រសិនបើប្រជាជនជួបប្រទះនឹងសង្គ្រាម ពួកគេអាចដូរគំនិត ហើយចង់ត្រឡប់ទៅស្រុកអេស៊ីបវិញ។ ១៨ ហេតុនេះ ព្រះអង្គនាំពួកគេទៅតាមផ្លូវវាង ឆ្លងកាត់វាលរហោស្ថានឆ្ពោះទៅសមុទ្រកក់។ ជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប ទាំងនាំរបស់របរគ្រប់យ៉ាងទៅជាមួយផង។
១៩ លោកម៉ូសេបានយកធាតុរបស់លោកយ៉ូសែបទៅជាមួយលោកដែរ ដ្បិតលោកយ៉ូសែបបានប្រាប់កូនចៅអ៊ីស្រាអែលថា «ព្រះជាម្ចាស់ប្រាកដជាមកជួយអ្នករាល់គ្នាមិនខាន ដូច្នេះ សុំស្បថនឹងខ្ញុំថា ពេលណាអ្នករាល់គ្នាចាកចេញពីទីនេះទៅ សុំយកធាតុរបស់ខ្ញុំចេញទៅជាមួយផង»។
២០ ជនជាតិអ៊ីស្រាអែលចេញដំណើរពីក្រុងស៊ូកូត ទៅបោះជំរំត្រង់អេតាំ ដែលស្ថិតនៅជាយវាលរហោស្ថាន។ ២១ នៅពេលថ្ងៃ ព្រះអម្ចាស់នាំមុខពួកគេដោយដុំពពក* នៅពេលយប់ ព្រះអង្គនាំមុខពួកគេដោយដុំភ្លើង ដែលបំភ្លឺផ្លូវពួកគេ។ ដូច្នេះ ពួកគេអាចធ្វើដំណើរទាំងថ្ងៃ ទាំងយប់។ ២២ នៅពេលថ្ងៃ ដុំពពកមិនដែលឃ្លាតពីមុខប្រជាជនឡើយ ហើយនៅពេលយប់ ដុំភ្លើងស្ថិតនៅមុខពួកគេជានិច្ច។
១៤
ជនជាតិអ៊ីស្រាអែលឆ្លងកាត់សមុទ្រ
១ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ ២ «ចូរប្រាប់ជនជាតិអ៊ីស្រាអែលឲ្យវិលមកបោះជំរំ នៅក្បែរពីហាហ៊ីរ៉ុត ដែលស្ថិតនៅចន្លោះមីគដូល និងសមុទ្រ។ អ្នករាល់គ្នាត្រូវបោះជំរំទល់មុខបាលសេផុន គឺនៅតាមឆ្នេរសមុទ្រ។ ៣ ស្តេចផារ៉ោននឹងគិតថា អ្នករាល់គ្នាវង្វេងវិលវល់ក្នុងតំបន់នេះ មិនអាចចេញផុតពីវាលរហោស្ថានឡើយ។ ៤ យើងនឹងធ្វើឲ្យស្តេចផារ៉ោនមានចិត្តមានះ ហើយដេញតាមអ្នករាល់គ្នា។ ប៉ុន្តែ ពេលនោះ យើងនឹងទទួលសិរីរុងរឿង ដោយវាយកម្ទេចស្តេចផារ៉ោន និងកងទ័ពទាំងមូលរបស់គេ។ ដូច្នេះ ជនជាតិអេស៊ីបនឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់»។ ជនជាតិអ៊ីស្រាអែលក៏នាំគ្នាធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គ។
៥ មានគេទូលស្តេចស្រុកអេស៊ីបថា ប្រជាជនអ៊ីស្រាអែលនាំគ្នារត់បាត់អស់ហើយ។ ពេលនោះ ស្តេច និងនាម៉ឺនមន្ត្រី ដូរគំនិតចំពោះប្រជាជនអ៊ីស្រាអែល ហើយនិយាយគ្នាថា៖ «ហេតុអ្វីបានជាពួកយើងបណ្តោយឲ្យជនជាតិអ៊ីស្រាអែលចាកចេញទៅដូច្នេះ? តើបាននរណានៅបម្រើពួកយើង?»។ ៦ ព្រះចៅផារ៉ោនក៏ឲ្យគេទឹមរទេះ ហើយនាំកងទ័ពចេញដំណើរទៅជាមួយ។ ៧ ស្តេចបានយករទេះចម្បាំងទាំងអស់នៅស្រុកអេស៊ីបចេញទៅជាមួយ ក្នុងនោះមានរទេះដ៏មាំៗចំនួនប្រាំមួយរយគ្រឿង ដែលមាននាយទាហានជិះផង។ ៨ ព្រះអម្ចាស់ធ្វើឲ្យព្រះចៅផារ៉ោន ស្តេចស្រុកអេស៊ីបមានព្រះហឫទ័យមានះ ហើយដេញតាមជនជាតិអ៊ីស្រាអែល។ ជនជាតិអ៊ីស្រាអែលបានចាកចេញពីស្រុកអេស៊ីប ដូចជាមានសេរីភាព។ ៩ កងទ័ពអេស៊ីប ទាំងទ័ពសេះ ទាំងរទេះរបស់ព្រះចៅផារ៉ោន ព្រមទាំងពលទ័ព និងរទេះទាំងប៉ុន្មាន នាំគ្នាដេញតាមជនជាតិអ៊ីស្រាអែល ហើយទាន់ពួកគេនៅត្រង់ពីហាហ៊ីរ៉ុត ទល់មុខនឹងបាលសេផុន គឺកន្លែងដែលពួកគេបោះជំរំនៅក្បែរសមុទ្រ។
១០ កាលឃើញព្រះចៅផារ៉ោន និងកងទ័ពអេស៊ីបដេញតាមប្រកិតពីក្រោយដូច្នេះ ជនជាតិអ៊ីស្រាអែលភិតភ័យជាខ្លាំង ហើយស្រែកអង្វររកព្រះអម្ចាស់។ ១១ ពួកគេពោលទៅកាន់លោកម៉ូសេថា៖ «តើនៅស្រុកអេស៊ីបគ្មានផ្នូរទេឬបានជាលោកនាំពួកយើងឲ្យមកស្លាប់នៅវាលរហោស្ថានដូច្នេះ? ហេតុអ្វីបានជាលោកនាំពួកយើងចេញពីស្រុកអេស៊ីប។ ១២ កាលរស់នៅក្នុងស្រុកអេស៊ីបនៅឡើយ ពួកយើងបានប្រាប់លោកហើយថា: ទុកឲ្យពួកយើងនៅបម្រើជនជាតិអេស៊ីបចុះ ដ្បិតនៅបម្រើគេ នោះប្រសើរជាងស្លាប់នៅវាលរហោស្ថានបែបនេះ»។ ១៣ លោកម៉ូសេឆ្លើយទៅប្រជាជនវិញថា៖ «កុំភ័យខ្លាចអ្វីឡើយ! ចូរតាំងស្មារតីឡើង នៅថ្ងៃនេះ អ្នករាល់គ្នានឹងឃើញព្រះអម្ចាស់សង្គ្រោះអ្នករាល់គ្នា។ ជនជាតិអេស៊ីបដែលអ្នករាល់គ្នាឃើញនៅថ្ងៃនេះ អ្នករាល់គ្នានឹងលែងឃើញគេទៀតរហូតតទៅ។ ១៤ ចូរនាំគ្នានៅស្ងៀមចុះ ដ្បិតព្រះអម្ចាស់នឹងច្បាំងជំនួសអ្នករាល់គ្នា»។
១៥ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ហេតុអ្វីបានជាស្រែកអង្វរយើងដូច្នេះ? ចូរប្រាប់កូនចៅអ៊ីស្រាអែលឲ្យចេញដំណើរទៅ។ ១៦ ចូរលើកដំបងរបស់អ្នកឡើង ហើយលើកដៃតម្រង់ទៅសមុទ្រ រួចវាយទឹកសមុទ្រឲ្យញែកចេញពីគ្នា ដើម្បីឲ្យកូនចៅអ៊ីស្រាអែលដើរតាមបាតសមុទ្រ។ ១៧ រីឯយើងវិញ យើងធ្វើឲ្យជនជាតិអេស៊ីបមានចិត្តរឹងចចេស ដេញតាមក្រោយអ្នករាល់គ្នា។ យើងនឹងសម្ដែងសិរីរុងរឿងរបស់យើង ដោយប្រហារស្តេចផារ៉ោន និងពលទ័ពទាំងមូល ព្រមទាំងកម្ទេចរទេះចម្បាំង និងទ័ពសេះរបស់ស្តេច។ ១៨ នៅពេលយើងសម្ដែងសិរីរុងរឿង ដោយប្រហារស្តេចផារ៉ោន ព្រមទាំងកម្ទេចរទេះចម្បាំង និងទ័ពសេះរបស់ស្តេច នោះជនជាតិអេស៊ីបនឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់»។ ១៩ ទេវទូត*របស់ព្រះជាម្ចាស់ ដែលពីមុននៅខាងមុខជនជាតិអ៊ីស្រាអែល បានទៅនៅខាងក្រោយពួកគេ រីឯដុំពពក*ដែលនៅខាងមុខ ក៏ទៅនៅខាងក្រោយពួកគេដែរ។ ២០ ដុំពពកនោះស្ថិតនៅចន្លោះកងទ័ពអេស៊ីប និងកងទ័ពអ៊ីស្រាអែល។ ដុំពពកនោះធ្វើឲ្យងងឹតម្ខាង និងធ្វើឲ្យម្ខាងទៀតភ្លឺនៅពេលយប់។ ហេតុនេះហើយបានជាពេញមួយយប់ កងទ័ពទាំងពីរមិនបានចូលទៅជិតគ្នាឡើយ។
២១ លោកម៉ូសេលើកដៃតម្រង់ទៅសមុទ្រ ពេញមួយយប់នោះ ព្រះអម្ចាស់ធ្វើឲ្យមានខ្យល់បក់ពីទិសខាងកើតយ៉ាងខ្លាំង រុញច្រានទឹកសមុទ្រ ធ្វើឲ្យទឹកសមុទ្ររីងស្ងួត។ ផ្ទៃទឹកក៏ញែកចេញពីគ្នា ២២ ហើយជនជាតិអ៊ីស្រាអែលនាំគ្នាដើរតាមបាតសមុទ្រ ដោយមានទឹកសមុទ្រដូចកំពែងនៅសងខាងពួកគេ។ ២៣ កងទ័ពអេស៊ីប ទាំងសេះរបស់ព្រះចៅផារ៉ោន ទាំងរទេះចម្បាំង និងទ័ពសេះទាំងប៉ុន្មាន ដែលដេញតាមពីក្រោយ ក៏ចូលទៅកណ្ដាលសមុទ្រដែរ។ ២៤ លុះពេលទៀបភ្លឺ ព្រះអម្ចាស់ដែលគង់នៅក្នុងដុំភ្លើង និងដុំពពក ទតទៅកងទ័ពអេស៊ីប ធ្វើឲ្យកងទ័ពនោះជ្រួលច្របល់។ ២៥ ព្រះអង្គធ្វើឲ្យរទេះចម្បាំងរបូតកង់ ហើយកឿងទៅមុខមិនរួច។ ជនជាតិអេស៊ីបស្រែកឡើងថា៖ «ចូរយើងនាំគ្នារត់ឲ្យឆ្ងាយពីជនជាតិអ៊ីស្រាអែលទៅ ដ្បិតព្រះអម្ចាស់រួមជាមួយពួកគេ ច្បាំងតទល់នឹងពួកយើងហើយ!»។
២៦ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរលើកដៃតម្រង់ទៅសមុទ្រ ឲ្យទឹកសមុទ្រវិលមកគ្របលើជនជាតិអេស៊ីប រទេះចម្បាំង និងទ័ពសេះរបស់ពួកគេ»។ ២៧ លោកម៉ូសេលើកដៃតម្រង់ទៅសមុទ្រ។ នៅពេលថ្ងៃរះ ទឹកសមុទ្រក៏ហូរត្រឡប់មកកន្លែងដើមវិញ។ ជនជាតិអេស៊ីបនាំគ្នារត់គេចមិនទាន់ ដ្បិតព្រះអម្ចាស់ធ្វើឲ្យពួកគេលិចលង់នៅកណ្ដាលសមុទ្រ។ ២៨ ទឹកហូរត្រឡប់មកវិញ គ្របលើរទេះចម្បាំង ទ័ពសេះ និងកងទ័ពទាំងមូលរបស់ព្រះចៅផារ៉ោន ដែលដេញតាមជនជាតិអ៊ីស្រាអែល គ្មាននរណាម្នាក់រត់រួចឡើយ។ ២៩ ចំណែកឯជនជាតិអ៊ីស្រាអែលវិញ គេបានដើរតាមបាតសមុទ្រ ដោយមានទឹកសមុទ្រដូចកំពែងនៅសងខាងពួកគេ។
៣០ នៅថ្ងៃនោះ ព្រះអម្ចាស់បានសង្គ្រោះជនជាតិអ៊ីស្រាអែល ឲ្យរួចពីកណ្ដាប់ដៃរបស់ជនជាតិអេស៊ីប។ ជនជាតិអ៊ីស្រាអែលឃើញសាកសពជនជាតិអេស៊ីបនៅតាមឆ្នេរសមុទ្រ។ ៣១ ជនជាតិអ៊ីស្រាអែលឃើញឫទ្ធិបារមីដ៏ខ្លាំងពូកែរបស់ព្រះអម្ចាស់ ដែលបានប្រហារជនជាតិអេស៊ីប។ ហេតុនេះហើយបានជាប្រជាជនកោតខ្លាចព្រះអម្ចាស់។ ពួកគេជឿលើព្រះអម្ចាស់ និងលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គ។
១៥
បទចម្រៀងរបស់លោកម៉ូសេ និងកូនចៅអ៊ីស្រាអែល
១ លោកម៉ូសេ និងជនជាតិអ៊ីស្រាអែល នាំគ្នាច្រៀងថ្វាយព្រះអម្ចាស់ដូចតទៅ:
ទូលបង្គំច្រៀងថ្វាយព្រះអម្ចាស់
ព្រះអង្គមានជ័យជម្នះដ៏ត្រចះត្រចង់
ព្រះអង្គបានធ្វើឲ្យសេះ
និងទាហានដែលជិះលើវា
លិចលង់ទៅក្នុងសមុទ្រ!
២ ព្រះអម្ចាស់ជាកម្លាំងរបស់ទូលបង្គំ
ទូលបង្គំសូមច្រៀងថ្វាយព្រះអង្គ
ព្រះអង្គសង្គ្រោះទូលបង្គំ
ព្រះអង្គជាព្រះរបស់ទូលបង្គំ
ទូលបង្គំសូមសរសើរតម្កើងព្រះអង្គ។
ព្រះអង្គជាព្រះនៃឪពុករបស់ទូលបង្គំ
ទូលបង្គំសូមលើកតម្កើងព្រះអង្គ។
៣ ព្រះអម្ចាស់ជាវីរបុរសដ៏អង់អាច
ព្រះអង្គមានព្រះនាមថា ព្រះអម្ចាស់។
៤ ព្រះអង្គបានធ្វើឲ្យរទេះចម្បាំង
និងកងទ័ពរបស់ស្តេចផារ៉ោន
វិនាសនៅក្នុងសមុទ្រ។
នាយទាហានដ៏ខ្លាំងពូកែរបស់ជនជាតិអេស៊ីប
បានលង់ក្នុងសមុទ្រកក់។
៥ ទឹកសមុទ្រក៏គ្របពីលើពួកគេ
ពួកគេធ្លាក់ទៅក្នុងបាតសមុទ្រ ដូចដុំថ្ម។
៦ ព្រះអម្ចាស់អើយ! ព្រះអង្គមានព្រះបារមី
ដ៏ថ្កុំថ្កើងអស្ចារ្យ! ព្រះអង្គកម្ទេចខ្មាំងសត្រូវ
ដោយព្រះបារមីរបស់ព្រះអង្គ។
៧ ព្រះអង្គប្រកបដោយព្រះចេស្ដា
រុងរឿងក្រៃលែង
ព្រះអង្គផ្តួលរំលំអស់អ្នកប្រឆាំងនឹងព្រះអង្គ។
ពេលព្រះពិរោធរបស់ព្រះអង្គឆាបឆេះឡើង
នោះពួកគេត្រូវឆេះ ដូចភ្លើងឆេះគំនរចំបើង។
៨ ពេលខ្យល់របស់ព្រះអង្គបក់បោកមក
ផ្ទៃទឹកក៏មកមូលផ្តុំគ្នា
រលកសមុទ្រងើបឡើង ដូចទំនប់
ទឹកដែលនៅទីជម្រៅ ក៏មកកកកុញ
នៅបាតសមុទ្រដែរ។
៩ ខ្មាំងសត្រូវពោលថា: ខ្ញុំដេញតាមគេ
ខ្ញុំនឹងតាមគេទាន់
ខ្ញុំនឹងទទួលចំណែកជ័យភ័ណ្ឌ
យ៉ាងបរិបូណ៌ហូរហៀរ
ខ្ញុំនឹងហូតដាវប្រហារជីវិតគេ។
១០ ព្រះអង្គបានផ្លុំខ្យល់ ធ្វើឲ្យទឹកសមុទ្រ
គ្របទៅលើពួកគេ!
ពួកគេលិចទៅក្នុងមហាសាគរ ដូចជាដុំសំណ។
១១ ព្រះអម្ចាស់អើយ តើមានព្រះណាអាចផ្ទឹមនឹង
ព្រះអង្គបាន?
តើនរណាមានភាពថ្កុំថ្កើងដ៏វិសុទ្ធដូចព្រះអង្គ។
ព្រះអង្គជាព្រះគួរឲ្យកោតស្ញប់ស្ញែង
គួរសរសើរតម្កើង
ព្រះអង្គសម្ដែងឫទ្ធិបាដិហារិយ៍ដ៏អស្ចារ្យ។
១២ ពេលព្រះអង្គលើកព្រះហស្តស្តាំឡើង
ដីក៏ស្រូបខ្មាំងសត្រូវបាត់អស់ទៅ។
១៣ ព្រះអង្គបានលោះប្រជារាស្ត្ររបស់ព្រះអង្គ!
ហើយដឹកនាំពួកគេ
ព្រះអង្គប្រើព្រះចេស្ដារបស់ព្រះអង្គ
នាំពួកគេឆ្ពោះទៅកាន់ព្រះដំណាក់
ដ៏វិសុទ្ធរបស់ព្រះអង្គ។
១៤ ពេលឮដំណឹងនេះ ជាតិសាសន៍នានាភ័យញ័រ
អ្នកស្រុកភីលីស្ទីននាំគ្នាភ័យតក់ស្លុត
១៥ មេទ័ពរបស់ស្រុកអេដុមនាំគ្នាញ័ររន្ធត់
ទាហានដ៏អង់អាចនៅស្រុកម៉ូអាប់ភិតភ័យ
អ្នកស្រុកកាណានទាំងអស់ស្លុតស្មារតី។
១៦ ពួកគេព្រឺខ្លាច និងភ័យរន្ធត់យ៉ាងខ្លាំង។
ព្រះអម្ចាស់អើយ
ពេលឃើញព្រះអង្គសម្ដែងព្រះបារមីដ៏ខ្លាំងក្លា
ពួកគេភាំងស្មារតី និយាយលែងចេញ
រហូតទាល់តែប្រជារាស្ដ្ររបស់ព្រះអង្គឆ្លងផុត
គឺប្រជារាស្ដ្រដែលព្រះអង្គបានលោះ
ឆ្លងផុតទៅ។
១៧ ព្រះអម្ចាស់អើយ
ព្រះអង្គនាំប្រជារាស្ដ្ររបស់ព្រះអង្គទៅដាក់លើ
ភ្នំដែលជាចំណែកមត៌ករបស់ព្រះអង្គ
ជាកន្លែងដែលព្រះអង្គបានរៀបចំ
សម្រាប់គង់នៅ។
ព្រះអម្ចាស់អើយ
ព្រះអង្គបានសង់ទីសក្ការៈរបស់ព្រះអង្គឡើង
ដោយព្រះហស្តព្រះអង្គផ្ទាល់។
១៨ ព្រះអម្ចាស់នឹងគ្រងរាជ្យអស់កល្បជានិច្ច
រហូតតរៀងទៅ។
១៩ ពេលដែលសេះរបស់ស្តេចផារ៉ោន
រទេះចម្បាំង និងកងទ័ពសេះ ចូលទៅក្នុងសមុទ្រ
ព្រះអម្ចាស់បានធ្វើឲ្យទឹកសមុទ្រហូរមកវិញ
គ្របពីលើពួកគេ
តែជនជាតិអ៊ីស្រាអែលដើរតាមបាតសមុទ្រ។
២០ ពេលនោះ ព្យាការិនីមៀរីយ៉ាម ដែលជាបងស្រីរបស់លោកអរ៉ុន ក៏កាន់ក្រាប់ ហើយស្ត្រីៗទាំងអស់ក៏ចេញទៅតាមគាត់ ទាំងវាយក្រាប់ និងនាំគ្នារាំ។
២១ លោកស្រីមៀរីយ៉ាមបន្លឺសំឡេងច្រៀងថា៖
«ចូរច្រៀងថ្វាយព្រះអម្ចាស់
ព្រះអង្គមានជ័យជម្នះដ៏ត្រចះត្រចង់
ព្រះអង្គបានធ្វើឲ្យសេះ
និងទាហានដែលជិះលើវា
លិចលង់ទៅក្នុងសមុទ្រ!»។
ប្រជាជនអ៊ីស្រាអែលធ្វើដំណើរក្នុងវាលរហោស្ថាន
ប្រភពទឹកម៉ារ៉ា
២២ លោកម៉ូសេនាំជនជាតិអ៊ីស្រាអែលចេញពីសមុទ្រកក់ ឆ្ពោះទៅវាលរហោស្ថានស៊ួរ។ ពួកគេធ្វើដំណើរអស់រយៈពេលបីថ្ងៃ ក្នុងវាលរហោស្ថាន ដោយឥតជួបប្រទះនឹងទឹកទាល់តែសោះ។
២៣ លុះមកដល់ប្រភពទឹកម៉ារ៉ា ពួកគេពុំអាចបរិភោគទឹកនោះបានទេ ពីព្រោះទឹកនៅម៉ារ៉ាមានរសជាតិល្វីង។ ហេតុនោះហើយបានជាគេហៅកន្លែងនោះថា “ម៉ារ៉ា”។ ២៤ ប្រជាជននាំគ្នារអ៊ូរទាំដាក់លោកម៉ូសេថា៖ «តើពួកយើងបានអ្វីផឹក?»។ ២៥ លោកម៉ូសេស្រែកអង្វរព្រះអម្ចាស់ ព្រះអង្គក៏បង្ហាញឈើមួយប្រភេទដល់លោក។ លោកម៉ូសេបោះឈើនោះទៅក្នុងទឹក ហើយគេក៏អាចបរិភោគទឹកបាន។ នៅទីនោះ ព្រះអម្ចាស់ប្រទានវិន័យ និងច្បាប់ទម្លាប់ដល់ប្រជាជនអ៊ីស្រាអែល ហើយព្រះអង្គក៏បានល្បងលមើលពួកគេដែរ។ ២៦ ព្រះអង្គមានព្រះបន្ទូលថា៖ «ប្រសិនបើអ្នករាល់គ្នាយកចិត្តទុកដាក់ស្តាប់បង្គាប់យើង ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ហើយប្រព្រឹត្តតាមអ្វីៗដែលយើងយល់ថាត្រឹមត្រូវ ប្រសិនបើអ្នករាល់គ្នាត្រងត្រាប់ស្តាប់ដំបូន្មាន និងវិន័យទាំងប៉ុន្មានរបស់យើង នោះយើងនឹងមិនធ្វើឲ្យអ្នករាល់គ្នាកើតជំងឺអ្វីមួយ ដូចយើងបានធ្វើចំពោះជនជាតិអេស៊ីបឡើយ ដ្បិតយើងជាព្រះអម្ចាស់ដែលប្រោសឲ្យអ្នករាល់គ្នាបានជា»។
២៧ ជនជាតិអ៊ីស្រាអែលបានមកដល់អេលីម។ នៅទីនោះ មានប្រភពទឹកចំនួនដប់ពីរ ព្រមទាំងមានលម៉ើចំនួនចិតសិបដើមទៀតផង។ ពួកគេក៏បោះជំរំនៅក្បែរមាត់ទឹក។
១៦
នំម៉ាណា និងសត្វក្រួច
១ សហគមន៍អ៊ីស្រាអែលទាំងមូលចេញដំណើរពីអេលីម ទៅដល់វាលរហោស្ថានស៊ីន ដែលនៅចន្លោះអេលីម និងភ្នំស៊ីណៃ។ ពួកគេទៅដល់ទីនោះ នៅថ្ងៃទីដប់ប្រាំ ក្នុងខែទីពីរ ក្រោយពេលចាកចេញពីស្រុកអេស៊ីប។ ២ នៅវាលរហោស្ថាននោះ សហគមន៍អ៊ីស្រាអែលទាំងមូលនាំគ្នារអ៊ូរទាំដាក់លោកម៉ូសេ និងលោកអរ៉ុន។ ៣ ជនជាតិអ៊ីស្រាអែលពោលទៅកាន់លោកទាំងពីរថា៖ «កាលនៅស្រុកអេស៊ីប ពួកយើងធ្លាប់អង្គុយជុំវិញឆ្នាំងដែលមានសាច់ និងមានអាហារដ៏បរិបូណ៌! ប្រសិនបើព្រះអម្ចាស់ប្រហារពួកយើងនៅទីនោះ ប្រសើរជាងឲ្យលោកទាំងពីរនាំពួកយើងទាំងអស់គ្នាមកស្លាប់ដោយអត់ឃ្លាន ក្នុងវាលរហោស្ថាននេះ!»។
៤ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងនឹងផ្តល់អាហារពីលើមេឃមកឲ្យអ្នករាល់គ្នា ដូចបង្អុរភ្លៀង។ រៀងរាល់ថ្ងៃ ប្រជាជនទាំងអស់ត្រូវចេញទៅរើសអាហារ សម្រាប់បរិភោគក្នុងមួយថ្ងៃ។ ធ្វើបែបនេះ យើងនឹងល្បងលមើលចិត្តប្រជាជន ដើម្បីឲ្យដឹងថា គេគោរពវិន័យរបស់យើងឬទេ? ៥ នៅថ្ងៃទីប្រាំមួយ ពេលគេរៀបចំម្ហូបអាហារដែលគេរើសមកនោះ គេនឹងឃើញមានអាហារលើសថ្ងៃធម្មតា មួយជាពីរ»។
៦ លោកម៉ូសេ និងលោកអរ៉ុន ប្រាប់ជនជាតិអ៊ីស្រាអែលទាំងអស់ថា៖ «ល្ងាចនេះ អ្នករាល់គ្នានឹងទទួលស្គាល់ថា គឺព្រះអម្ចាស់ទេតើ ដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប។ ៧ ព្រឹកស្អែក អ្នករាល់គ្នានឹងឃើញសិរីរុងរឿងរបស់ព្រះអម្ចាស់ ដ្បិតព្រះអង្គព្រះអង្គព្រះសណ្ដាប់ឮពាក្យ ដែលអ្នករាល់គ្នារអ៊ូរទាំដាក់ព្រះអង្គ។ តើយើងទាំងពីរនាក់នេះជាអ្វី បានជាអ្នករាល់គ្នារអ៊ូរទាំដាក់យើងដូច្នេះ?»។ ៨ លោកម៉ូសេមានប្រសាសន៍ទៀតថា៖ «ល្ងាចនេះ ព្រះអម្ចាស់នឹងប្រទានសាច់ឲ្យអ្នករាល់គ្នាបរិភោគ ហើយព្រឹកស្អែក ព្រះអង្គនឹងប្រទាននំបុ័ងឲ្យអ្នករាល់គ្នាយ៉ាងបរិបូណ៌ ដ្បិតព្រះអង្គព្រះអង្គព្រះសណ្ដាប់ឮពាក្យ ដែលអ្នករាល់គ្នារអ៊ូរទាំដាក់ព្រះអង្គ។ តើយើងទាំងពីរជាអ្វី? អ្នករាល់គ្នាមិនមែនរអ៊ូរទាំដាក់យើងទេ តែរអ៊ូរទាំដាក់ព្រះអម្ចាស់វិញ»។
៩ លោកម៉ូសេប្រាប់លោកអរ៉ុនថា៖ «សូមបង្គាប់សហគមន៍អ៊ីស្រាអែលទាំងមូល ឲ្យចូលមកគាល់ព្រះអម្ចាស់ ដ្បិតព្រះអង្គព្រះអង្គព្រះសណ្ដាប់ឮពាក្យរអ៊ូរទាំរបស់ពួកគេហើយ»។ ១០ នៅពេលលោកអរ៉ុនកំពុងតែមានប្រសាសន៍ទៅកាន់សហគមន៍អ៊ីស្រាអែលទាំងមូល ពួកគេនាំគ្នាបែរមើលទៅវាលរហោស្ថាន ឃើញសិរីរុងរឿងរបស់ព្រះអម្ចាស់លេចមកនៅក្នុងពពក។ ១១ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ ១២ «យើងបានឮពាក្យរអ៊ូរទាំរបស់ជនជាតិអ៊ីស្រាអែលហើយ ចូរប្រាប់ពួកគេដូចតទៅ: នៅពេលព្រលប់ អ្នករាល់គ្នានឹងបរិភោគសាច់ ហើយនៅពេលព្រឹកអ្នករាល់គ្នានឹងមាននំបុ័ងបរិភោគយ៉ាងបរិបូណ៌។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា»។
១៣ ពេលល្ងាច មានសត្វក្រួចហើរមកពាសពេញជំរំ ហើយព្រលឹមឡើង មានសន្សើមធ្លាក់ជុំវិញជំរំផង។ ១៤ នៅពេលសន្សើមស្ងួត មានគ្រាប់ល្អិតៗដូចព្រឹល នៅពាសពេញវាលរហោស្ថាន។ ១៥ ឃើញដូច្នេះ ជនជាតិអ៊ីស្រាអែលសួរគ្នាទៅវិញទៅមកថា «នេះជាអ្វី?» ដ្បិតពួកគេមិនដឹងថាជាអ្វីទេ។ លោកម៉ូសេប្រាប់ពួកគេថា៖ «នេះជាអាហារដែលព្រះអម្ចាស់ប្រទានឲ្យអ្នករាល់គ្នាបរិភោគ។ ១៦ ព្រះអម្ចាស់បានបង្គាប់ថា: ចូរនាំគ្នារើសអាហារនេះ ល្មមដែលអ្នករាល់គ្នាអាចបរិភោគឆ្អែត។ ត្រូវរើសតាមចំនួនមនុស្សដែលស្ថិតនៅក្នុងគ្រួសាររបស់ខ្លួន គឺមួយកូនល្អីសម្រាប់ម្នាក់»។ ១៧ ជនជាតិអ៊ីស្រាអែលក៏ធ្វើតាម ពួកគេរើសអាហារ អ្នកខ្លះរើសបានច្រើន ហើយអ្នកខ្លះទៀតបានតិច។ ១៨ បន្ទាប់មក ពួកគេយកអាហារនោះទៅវាល់ អស់អ្នកដែលរើសបានច្រើន ក៏មិនបានលើសគេ ហើយអស់អ្នកដែលរើសបានតិច ក៏មិនខ្វះដែរ គឺម្នាក់ៗទទួលអាហារល្មមដែលខ្លួនត្រូវការប៉ុណ្ណោះ។
១៩ លោកម៉ូសេប្រាប់ពួកគេថា៖ «មិនត្រូវឲ្យនរណាម្នាក់ទុកអាហារនេះ រហូតដល់ព្រឹកស្អែកឡើយ»។ ២០ ប៉ុន្តែ មានអ្នកខ្លះមិនព្រមស្តាប់តាមលោកម៉ូសេទេ គឺគេទុកអាហាររហូតដល់ព្រឹកស្អែក។ ដង្កូវក៏មកចោះអាហារទាំងនោះ ដែលបណ្តាលឲ្យទៅជាស្អុយរលួយ។ លោកម៉ូសេខឹងនឹងពួកគេ។ ២១ ចាប់ពីពេលនោះមក រៀងរាល់ព្រឹក ពួកគេរើសអាហារល្មមដែលខ្លួនអាចបរិភោគឆ្អែត។ ពេលថ្ងៃរះពេញកម្ដៅ អាហារដែលនៅសល់ក៏រលាយបាត់អស់។ ២២ នៅថ្ងៃទីប្រាំមួយ ពួកគេរើសអាហារពីរដងច្រើនជាង គឺពីរកូនល្អីក្នុងម្នាក់ៗ។ មេដឹកនាំទាំងអស់របស់សហគមន៍មករាយការណ៍ជម្រាបលោកម៉ូសេ។ ២៣ លោកប្រាប់ពួកគេវិញថា៖ «ព្រះអម្ចាស់បានបញ្ជាមកដូច្នេះមែន។ ស្អែកជាថ្ងៃសប្ប័ទ* ជាថ្ងៃដ៏វិសុទ្ធ*ដែលត្រូវញែកថ្វាយព្រះអម្ចាស់ ចូរចម្អិនអ្វីដែលអ្នករាល់គ្នាត្រូវចម្អិន ចូរស្ងោរអ្វីដែលអ្នករាល់គ្នាត្រូវស្ងោរ ហើយទុកអាហារដែលលើសរហូតព្រឹកស្អែក»។ ២៤ ដូច្នេះ ពួកគេទុកអាហាររហូតដល់ព្រឹកស្អែក តាមបង្គាប់របស់លោកម៉ូសេ។ អាហារទាំងនោះពុំមានស្អុយរលួយ ឬមានដង្កូវចោះឡើយ។ ២៥ លោកម៉ូសេមានប្រសាសន៍ថា៖ «ថ្ងៃនេះ ចូរបរិភោគអាហារទាំងនេះចុះ ដ្បិតថ្ងៃនេះជាថ្ងៃសប្ប័ទ សម្រាប់គោរពព្រះអម្ចាស់។ ថ្ងៃនេះ អ្នករាល់គ្នានឹងពុំឃើញមានអ្វីនៅខាងក្រៅទេ។ ២៦ អ្នករាល់គ្នាអាចរើសអាហារនេះក្នុងរយៈពេលប្រាំមួយថ្ងៃ ប៉ុន្តែ នៅថ្ងៃទីប្រាំពីរ ដែលជាថ្ងៃសប្ប័ទ នឹងគ្មានអ្វីរើសទេ»។
២៧ ទោះជាយ៉ាងនេះក្តី នៅថ្ងៃទីប្រាំពីរ ក៏មានប្រជាជនខ្លះចេញពីជំរំ ដើម្បីទៅរើសអាហារ តែពួកគេរកពុំបានសោះ។ ២៨ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «តើអ្នករាល់គ្នានៅតែពុំព្រមស្តាប់បញ្ជា និងវិន័យ*របស់យើងដល់កាលណាទៀត? ២៩ ត្រូវចងចាំថា យើងជាព្រះអម្ចាស់ បានប្រគល់ថ្ងៃសប្ប័ទឲ្យអ្នករាល់គ្នា ហេតុនេះហើយបានជានៅថ្ងៃទីប្រាំមួយ យើងឲ្យអ្នករាល់គ្នាមានអាហារមួយជាពីរ។ នៅថ្ងៃទីប្រាំពីរ ម្នាក់ៗនៅក្នុងជំរំរបស់ខ្លួន គឺមិនត្រូវចេញទៅក្រៅឡើយ»។ ៣០ ហេតុនេះ ប្រជាជននាំគ្នាឈប់សម្រាក នៅថ្ងៃទីប្រាំពីរ។
៣១ កូនចៅអ៊ីស្រាអែលហៅអាហារនោះថា “នំម៉ាណា”ដ។ នំម៉ាណាមានរាងដូចជាគ្រាប់ល្ង មានពណ៌ស ព្រមទាំងមានរសជាតិដូចនំធ្វើពីទឹកឃ្មុំ។ ៣២ លោកម៉ូសេមានប្រសាសន៍ថា៖ «ព្រះអម្ចាស់បង្គាប់ដូចតទៅ: ចូរដាក់នំម៉ាណាក្នុងភាជន៍មួយឲ្យពេញ ហើយរក្សាទុក សម្រាប់ឲ្យកូនចៅអ៊ីស្រាអែលនៅជំនាន់ក្រោយ ឃើញអាហារដែលយើងឲ្យអ្នករាល់គ្នាបរិភោគ ក្នុងវាលរហោស្ថាន នៅពេលយើងនាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប»។ ៣៣ លោកម៉ូសេប្រាប់លោកអរ៉ុនថា៖ «ចូរយកថូមួយមក ហើយដាក់នំម៉ាណាឲ្យពេញ រួចយកថូទៅតម្កល់នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ដើម្បីរក្សាទុកសម្រាប់កូនចៅជំនាន់ក្រោយ»។ ៣៤ លោកអរ៉ុនក៏តម្កល់ថូនៅមុខហិបនៃសម្ពន្ធមេត្រី ដើម្បីរក្សាទុក ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់លោកម៉ូសេ។
៣៥ ជនជាតិអ៊ីស្រាអែលបរិភោគនំម៉ាណា អស់រយៈពេលសែសិបឆ្នាំ រហូតទាល់តែពួកគេបានទៅដល់ស្រុកដែលមានមនុស្សរស់នៅ គឺរហូតទៅដល់ព្រំដែនស្រុកកាណាន។
៣៦ រីឯរង្វាល់ សម្រាប់វាល់នំម៉ាណានោះ គឺអូម៊ែរ* ស្មើមួយភាគដប់នៃអេផា*។
១៧
ជនជាតិអ៊ីស្រាអែលខ្វះទឹក
១ សហគមន៍អ៊ីស្រាអែលទាំងមូលចាកចេញពីវាលរហោស្ថានស៊ីន តាមបង្គាប់ព្រះអម្ចាស់។ ពួកគេនាំគ្នាបោះជំរំនៅរេភីឌីម ប៉ុន្តែ នៅទីនោះ គ្មានទឹកសម្រាប់ប្រជាជនបរិភោគទេ។ ២ ដូច្នេះ ពួកគេរករឿងឈ្លោះនឹងលោកម៉ូសេ ទាំងពោលថា៖ «សូមរកទឹកឲ្យពួកយើងផឹកផង!»។ លោកម៉ូសេឆ្លើយថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នារករឿងឈ្លោះនឹងខ្ញុំ? ហើយហេតុអ្វីបានជាអ្នករាល់គ្នាល្បងលព្រះអម្ចាស់ដូច្នេះ?»។ ៣ នៅទីនោះ ដោយប្រជាជនស្រេកទឹកខ្លាំងពេក ពួកគេនាំគ្នារអ៊ូរទាំដាក់លោកម៉ូសេ ទាំងពោលថា៖ «ហេតុអ្វីបានជាលោកនាំពួកយើងចេញពីស្រុកអេស៊ីប ឲ្យពួកយើង ព្រមទាំងកូនចៅ និងហ្វូងសត្វរបស់ពួកយើងស្លាប់ដោយអត់ទឹកដូច្នេះ?»។ ៤ លោកម៉ូសេស្រែកអង្វរព្រះអម្ចាស់ថា៖ «តើទូលបង្គំត្រូវធ្វើដូចម្ដេចចំពោះប្រជាជននេះ? បន្តិចទៀត ពួកគេនឹងយកដុំថ្មគប់សម្លាប់ទូលបង្គំជាពុំខាន»។ ៥ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេវិញថា៖ «ចូរដើរទៅខាងមុខប្រជាជន ដោយនាំពួកព្រឹទ្ធាចារ្យរបស់ជនជាតិអ៊ីស្រាអែលទៅជាមួយ ហើយកាន់ដំបង ដែលអ្នកវាយទឹកទន្លេនីល ទៅជាមួយផង។ ៦ នៅទីនោះ យើងនឹងឈរពីមុខអ្នក លើផ្ទាំងថ្មមួយនៅភ្នំហូរ៉ែប។ ចូរវាយផ្ទាំងថ្មនោះ ទឹកនឹងហូរចេញមក សម្រាប់ប្រជាជនបរិភោគ»។
លោកម៉ូសេក៏ធ្វើតាម នៅចំពោះមុខព្រឹទ្ធាចារ្យរបស់ជនជាតិអ៊ីស្រាអែល។ ៧ លោកដាក់ឈ្មោះកន្លែងនោះថា ម៉ាសា និងមេរីបាឋ ដ្បិតជនជាតិអ៊ីស្រាអែលរករឿងឈ្លោះនឹងលោកម៉ូសេ ព្រមទាំងល្បងលព្រះអម្ចាស់ ដោយពោលថា «តើព្រះអម្ចាស់គង់ក្នុងចំណោមពួកយើងមែន ឬមិនមែន?»។
ជនជាតិអាម៉ាឡេកប្រយុទ្ធជាមួយជនជាតិអ៊ីស្រាអែល
៨ ជនជាតិអាម៉ាឡេកឌនាំគ្នាមកវាយជនជាតិអ៊ីស្រាអែលនៅរេភីឌីម។ ៩ លោកម៉ូសេពោលទៅកាន់លោកយ៉ូស៊ូអាថា៖ «ចូរជ្រើសរើសមនុស្សមួយចំនួន ហើយចេញទៅច្បាំងជាមួយជនជាតិអាម៉ាឡេកចុះ។ ស្អែក ខ្ញុំនឹងឡើងទៅឈរលើកំពូលភ្នំ ទាំងកាន់ដំបងរបស់ព្រះជាម្ចាស់»។ ១០ លោកយ៉ូស៊ូអាក៏ចេញទៅប្រយុទ្ធជាមួយជនជាតិអាម៉ាឡេក តាមបង្គាប់របស់លោកម៉ូសេ។ ចំណែកលោកម៉ូសេ លោកអរ៉ុន និងលោកហួរ ក៏នាំគ្នាឡើងទៅលើកំពូលភ្នំ។ ១១ កាលណាលោកម៉ូសេលើកដៃឡើងលើ ជនជាតិអ៊ីស្រាអែលមានប្រៀបជាង ប៉ុន្តែ កាលណាលោកទម្លាក់ដៃចុះ ជនជាតិអាម៉ាឡេកមានប្រៀបជាង។ ១២ ដោយដៃរបស់លោកម៉ូសេចុកស្រពន់ ពួកគេក៏យកថ្មមកជូនលោកអង្គុយ។ លោកអរ៉ុន និងលោកហួរ ទ្រដៃលោកម្ខាងម្នាក់ ជាហេតុធ្វើឲ្យលោកម៉ូសេអាចលើកដៃបាន រហូតដល់ថ្ងៃលិច។ ១៣ ដូច្នេះ លោកយ៉ូស៊ូអាមានជ័យជម្នះលើកងទ័ពអាម៉ាឡេក ហើយប្រហារពួកគេដោយមុខដាវ។
១៤ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរកត់ត្រាព្រឹត្តិការណ៍នេះក្នុងក្រាំងមួយ ដើម្បីចងចាំទុក។ ចូរប្រាប់យ៉ូស៊ូអាថា យើងនឹងលុបបំបាត់ជនជាតិអាម៉ាឡេកឲ្យអស់ពីផែនដី ឥតឲ្យនរណានឹកចាំពីពួកគេទៀតឡើយ»។
១៥ ពេលនោះ លោកម៉ូសេសង់អាសនៈមួយ រួចដាក់ឈ្មោះថា «ព្រះអម្ចាស់ជាទង់ជ័យរបស់ខ្ញុំ»។ ១៦ លោកប្រកាសថា៖ «ដោយជនជាតិអាម៉ាឡេកហ៊ានលើកដៃប្រឆាំងនឹងបល្ល័ង្ករបស់ព្រះអម្ចាស់ នោះព្រះអង្គនឹងប្រយុទ្ធជាមួយពួកគេ អស់កល្បជាអង្វែងតរៀងទៅ»។
១៨
លោកយេត្រូមកសួរសុខទុក្ខលោកម៉ូសេ
១ លោកយេត្រូជាបូជាចារ្យនៅស្រុកម៉ាឌីយ៉ាន ហើយត្រូវជាឪពុកក្មេករបស់លោកម៉ូសេ ឮគេនិយាយពីកិច្ចការទាំងប៉ុន្មាន ដែលព្រះជាម្ចាស់បានធ្វើចំពោះលោកម៉ូសេ និងអ៊ីស្រាអែល ជាប្រជារាស្ដ្ររបស់ព្រះអង្គ គឺព្រះអម្ចាស់បាននាំពួកគេចេញពីស្រុកអេស៊ីប។
២ លោកយេត្រូ ជាឪពុកក្មេក ក៏នាំលោកស្រីសេផូរ៉ា ជាភរិយារបស់លោកម៉ូសេ ដែលលោកម៉ូសេបានឲ្យត្រឡប់ទៅស្រុកវិញ ៣ ព្រមទាំងកូនប្រុសរបស់លោកទាំងពីរនាក់មកជាមួយដែរ។ កូនប្រុសច្បងឈ្មោះ គែរសូម ដ្បិតលោកម៉ូសេគិតថា ខ្ញុំជាជនបរទេសដែលរស់នៅក្នុងស្រុកដទៃ។ ៤ ចំណែកកូនប្អូន មានឈ្មោះថាអេលីយេស៊ែរ ដ្បិតលោកម៉ូសេគិតថា ព្រះរបស់ឪពុកខ្ញុំបានជួយខ្ញុំ ព្រះអង្គបានការពារខ្ញុំឲ្យរួចពីមុខដាវរបស់ស្តេចផារ៉ោន។ ៥ លោកយេត្រូជាឪពុកក្មេករបស់លោកម៉ូសេ បានធ្វើដំណើរជាមួយកូនប្រុសទាំងពីរ និងភរិយារបស់លោកម៉ូសេ ដើម្បីមកជួបលោកម៉ូសេនៅវាលរហោស្ថាន ត្រង់កន្លែងដែលលោកបោះជំរំ នៅភ្នំរបស់ព្រះជាម្ចាស់។ ៦ លោកយេត្រូឲ្យគេមកប្រាប់លោកម៉ូសេថា៖ «ខ្ញុំជាឪពុកក្មេក បាននាំប្រពន្ធ និងកូនប្រុសទាំងពីរ មកជួបលោក»។ ៧ លោកម៉ូសេចេញទៅទទួលឪពុកក្មេក ទាំងក្រាបសំពះលោក ហើយថើបលោកទៀតផង។ ពួកគេសួរសុខទុក្ខគ្នា រួចចូលទៅក្នុងជំរំ។ ៨ លោកម៉ូសេរៀបរាប់ប្រាប់ឪពុកក្មេកអំពីហេតុការណ៍ទាំងប៉ុន្មាន ដែលព្រះអម្ចាស់បានធ្វើចំពោះព្រះចៅផារ៉ោន និងជនជាតិអេស៊ីប ដើម្បីជួយអ៊ីស្រាអែល។ លោកក៏រៀបរាប់អំពីការដែលព្រះអម្ចាស់បានជួយប្រជាជនអ៊ីស្រាអែល ឲ្យរួចពីទុក្ខលំបាកទាំងប៉ុន្មាន ដែលពួកគេជួបប្រទះនៅតាមផ្លូវ។ ៩ លោកយេត្រូមានចិត្តរីករាយចំពោះការល្អទាំងប៉ុន្មានដែលព្រះអម្ចាស់បានធ្វើ ដើម្បីរំដោះអ៊ីស្រាអែលឲ្យរួចពីកណ្ដាប់ដៃរបស់ជនជាតិអេស៊ីប។ ១០ លោកពោលថា៖ «សូមសរសើរតម្កើងព្រះអម្ចាស់ ដែលបានរំដោះអ្នករាល់គ្នាឲ្យរួចពីកណ្ដាប់ដៃរបស់ជនជាតិអេស៊ីប និងស្តេចផារ៉ោន។ ១១ ឥឡូវនេះ ខ្ញុំទទួលស្គាល់ថា ព្រះអម្ចាស់ ជាព្រះដ៏ធំឧត្តមលើសព្រះទាំងអស់ គឺព្រះអង្គរំដោះជនជាតិអ៊ីស្រាអែល នៅពេលដែលជនជាតិអេស៊ីបជិះជាន់សង្កត់សង្កិន»។
១២ លោកយេត្រូ ជាឪពុកក្មេករបស់លោកម៉ូសេ យកតង្វាយដុតទាំងមូល* និងយញ្ញបូជាឯទៀតៗថ្វាយព្រះជាម្ចាស់។ លោកអរ៉ុន និងព្រឹទ្ធាចារ្យអ៊ីស្រាអែលទាំងអស់ ក៏នាំគ្នាបរិភោគអាហារជាមួយឪពុកក្មេករបស់លោកម៉ូសេ នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ដែរ។
លោកម៉ូសេតែងតាំងចៅក្រមសម្រាប់កាត់ក្តី
១៣ លុះស្អែកឡើង លោកម៉ូសេអង្គុយកាត់ក្តីឲ្យប្រជាជន។ ប្រជាជននាំគ្នាឈរនៅមុខលោកតាំងពីព្រឹករហូតដល់ល្ងាច។ ១៤ ឪពុកក្មេករបស់លោកម៉ូសេឃើញការទាំងអស់ ដែលលោកធ្វើចំពោះប្រជាជន គាត់ក៏ពោលថា៖ «ម្ដេចក៏កូនធ្វើដូច្នេះ? ហេតុអ្វីបានជាកូនអង្គុយកាត់ក្តីតែម្នាក់ឯង ទុកឲ្យប្រជាជនឈរចាំនៅមុខកូន តាំងពីព្រឹកដល់ល្ងាចបែបនេះ?»។ ១៥ លោកម៉ូសេតបទៅគាត់វិញថា៖ «ប្រជាជនទាំងនេះមករកខ្ញុំ ដើម្បីទូលសួរព្រះជាម្ចាស់។ ១៦ នៅពេលមានវិវាទនឹងគ្នា ពួកគេមករកខ្ញុំ។ ខ្ញុំដោះស្រាយរឿងពួកគេ ហើយណែនាំពួកគេឲ្យស្គាល់ដំបូន្មាន និងវិន័យ*របស់ព្រះជាម្ចាស់»។
១៧ ឪពុកក្មេកមានប្រសាសន៍មកលោកម៉ូសេទៀតថា៖ «របៀបដែលកូនធ្វើនេះ មិនល្អទេ! ១៨ ធ្វើដូច្នេះនាំឲ្យកូន និងប្រជាជនដែលនៅជាមួយនឿយហត់ទាំងអស់គ្នា។ ការងារនេះធ្ងន់ធ្ងរពេក កូនមិនអាចធ្វើតែម្នាក់ឯងទេ។ ១៩ ឥឡូវនេះ ចូរស្តាប់ដំបូន្មានរបស់ពុក ហើយសូមព្រះជាម្ចាស់គង់ជាមួយកូន! ចូរកូនធ្វើជាតំណាងរបស់ប្រជាជន នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ ចូរយករឿងរ៉ាវរបស់ពួកគេទៅទូលថ្វាយព្រះអង្គ។ ២០ ចូរបង្រៀនពួកគេ អំពីដំបូន្មាន និងវិន័យទាំងឡាយ ហើយបង្ហាញមាគ៌ាដែលពួកគេត្រូវដើរតាម និងកិច្ចការដែលពួកគេត្រូវធ្វើ។ ២១ ត្រូវជ្រើសរើសមនុស្ស ដែលមានសមត្ថភាព ពីក្នុងចំណោមប្រជាជន ជាអ្នកគោរពកោតខ្លាចព្រះជាម្ចាស់ ជាអ្នកគួរឲ្យទុកចិត្ត មិនចេះស៊ីសំណូក។ ចូរតែងតាំងពួកគេឲ្យធ្វើជាមេក្រុមលើមនុស្សមួយពាន់នាក់ មេក្រុមលើមនុស្សមួយរយនាក់ មេក្រុមលើមនុស្សហាសិបនាក់ និងមេក្រុមលើមនុស្សដប់នាក់។ ២២ អ្នកទាំងនោះត្រូវកាត់ក្តីឲ្យប្រជាជនគ្រប់ពេលវេលា។ កិច្ចការណាសំខាន់ៗឲ្យពួកគេបញ្ជូនមកកូនចុះ រីឯកិច្ចការតូចតាច ទុកឲ្យពួកគេកាត់ក្តីខ្លួនឯងទៅ។ ធ្វើដូច្នេះ កូនអាចសម្រាលការងារ ដោយឲ្យពួកគេជួយរំលែកបន្ទុករបស់កូន។ ២៣ ប្រសិនបើកូនធ្វើបែបនេះ ហើយបើកូនធ្វើតាមបញ្ជារបស់ព្រះជាម្ចាស់ នោះកូននឹងមានកម្លាំងរឹងប៉ឹង រីឯប្រជាជនទាំងមូលក៏វិលត្រឡប់ទៅវិញ ដោយសុខសាន្តដែរ»។
២៤ លោកម៉ូសេធ្វើតាមសេចក្តីទាំងប៉ុន្មាន ដែលឪពុកក្មេកទូន្មាន។ ២៥ ក្នុងចំណោមជនជាតិអ៊ីស្រាអែលទាំងមូល លោកបានជ្រើសរើសមនុស្សដែលមានសមត្ថភាព ហើយតែងតាំងពួកគេឲ្យទទួលខុសត្រូវលើប្រជាជន គឺឲ្យធ្វើជាមេក្រុមលើមនុស្សមួយពាន់នាក់ មេក្រុមលើមនុស្សមួយរយនាក់ មេក្រុមលើមនុស្សហាសិបនាក់ និងមេក្រុមលើមនុស្សដប់នាក់។ ២៦ អ្នកទាំងនោះកាត់ក្តីឲ្យប្រជាជនគ្រប់ពេលវេលា។ កិច្ចការណាសំខាន់ៗ ពួកគេបញ្ជូនមកលោកម៉ូសេ រីឯកិច្ចការតូចតាច ពួកគេកាត់ក្តីខ្លួនឯង។
២៧ បន្ទាប់មក លោកម៉ូសេ និងឪពុកក្មេកលាគ្នា ហើយលោកយេត្រូវិលត្រឡប់ទៅស្រុករបស់គាត់វិញ។
១៩
ព្រះជាម្ចាស់ចងសម្ពន្ធមេត្រីជាមួយជនជាតិអ៊ីស្រាអែល
ប្រជាជនអ៊ីស្រាអែលទៅដល់ភ្នំស៊ីណៃ
១ នៅថ្ងៃទីមួយនៃខែទីបី ក្រោយពេលចាកចេញពីស្រុកអេស៊ីប គឺនៅថ្ងៃនេះ ជនជាតិអ៊ីស្រាអែលបានទៅដល់វាលរហោស្ថានស៊ីណៃ។ ២ ពួកគេចេញពីរេភីឌីមទៅដល់វាលរហោស្ថានស៊ីណៃ ហើយបោះជំរំនៅទីនោះ ទល់មុខនឹងភ្នំស៊ីណៃ។
៣ លោកម៉ូសេបានឡើងទៅគាល់ព្រះជាម្ចាស់។ ព្រះអម្ចាស់ហៅលោកម៉ូសេពីលើភ្នំមកថា៖ «អ្នកត្រូវប្រកាសប្រាប់ជនជាតិអ៊ីស្រាអែល ជាកូនចៅរបស់លោកយ៉ាកុបដូចតទៅ:
៤ អ្នករាល់គ្នាបានឃើញផ្ទាល់នឹងភ្នែកនូវហេតុការណ៍ ដែលយើងធ្វើចំពោះជនជាតិអេស៊ីប ហើយយើងបាននាំអ្នករាល់គ្នា ដូចជាសត្វឥន្ទ្រីដាក់កូននៅលើខ្នងវា មករកយើង។ ៥ ឥឡូវនេះ ប្រសិនបើអ្នករាល់គ្នាស្តាប់តាមពាក្យរបស់យើង ប្រសិនបើអ្នករាល់គ្នាគោរពសម្ពន្ធមេត្រីរបស់យើង នោះអ្នករាល់គ្នានឹងទៅជាប្រជារាស្ដ្ររបស់យើងផ្ទាល់ នៅក្នុងចំណោមជាតិសាសន៍ទាំងអស់ ដ្បិតផែនដីទាំងមូលជាកម្មសិទ្ធិរបស់យើង។ ៦ យើងចាត់ទុកអ្នករាល់គ្នាជាអាណាចក្របូជាចារ្យ ហើយអ្នករាល់គ្នាជាប្រជាជាតិដ៏វិសុទ្ធ។ នេះជាសេចក្តីដែលអ្នកត្រូវប្រាប់ជនជាតិអ៊ីស្រាអែល»។
៧ លោកម៉ូសេត្រឡប់មកវិញ កោះហៅពួកព្រឹទ្ធាចារ្យរបស់ប្រជាជន ហើយរៀបរាប់ប្រាប់នូវព្រះបន្ទូលទាំងប៉ុន្មាន ដែលព្រះអម្ចាស់បង្គាប់លោក។ ៨ ប្រជាជនទាំងមូលក៏ឆ្លើយព្រមគ្នាឡើងថា៖ «យើងខ្ញុំសុខចិត្តធ្វើតាមសេចក្តីទាំងប៉ុន្មាន ដែលព្រះអម្ចាស់មានព្រះបន្ទូល»។ លោកម៉ូសេនាំយកចម្លើយរបស់ពួកគេ ទៅទូលថ្វាយព្រះអម្ចាស់វិញ។ ៩ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងនឹងមករកអ្នក ដោយស្ថិតនៅក្នុងផ្ទាំងពពក*យ៉ាងក្រាស់ ដើម្បីឲ្យប្រជាជនឮយើងនិយាយជាមួយអ្នក ហើយទុកចិត្តលើអ្នកជារៀងរហូត»។
លោកម៉ូសេក៏រៀបរាប់ចម្លើយរបស់ប្រជាជន ទូលថ្វាយព្រះអម្ចាស់។
១០ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរវិលទៅរកប្រជាជនវិញ ហើយប្រាប់ពួកគេឲ្យញែកខ្លួនឲ្យបានវិសុទ្ធ នៅថ្ងៃនេះ និងថ្ងៃស្អែក។ ចូរឲ្យពួកគេបោកសម្លៀកបំពាក់ផងដែរ។ ១១ ត្រូវឲ្យពួកគេត្រៀមខ្លួនជាស្រេច នៅថ្ងៃទីបី ដ្បិតថ្ងៃនោះ យើងនឹងចុះទៅលើភ្នំស៊ីណៃ ឲ្យប្រជាជនទាំងអស់ឃើញ។ ១២ ត្រូវកំណត់ព្រំដែនជុំវិញភ្នំ ហើយប្រាប់ប្រជាជនថា ចូរប្រយ័ត្ន កុំឡើងទៅលើភ្នំ ឬប៉ះពាល់ជើងភ្នំជាដាច់ខាត។ បើអ្នកណាប៉ះភ្នំ អ្នកនោះនឹងត្រូវស្លាប់ ១៣ ទោះជាមនុស្ស ឬសត្វក្តី ក៏មិនត្រូវទុកឲ្យនៅរស់ដែរ។ កុំប៉ះពាល់អ្នកនោះឡើយ តែត្រូវសម្លាប់គេ ដោយយកដុំថ្មគប់ ឬបាញ់នឹងព្រួញវិញ។ នៅពេលឮសូរសំឡេងស្នែង នោះទើបអ្នកខ្លះអាចឡើងទៅលើភ្នំបាន»។
១៤ លោកម៉ូសេចុះពីលើភ្នំមករកប្រជាជនវិញ លោកជម្រះពួកគេឲ្យបានវិសុទ្ធ ហើយឲ្យពួកគេបោកសម្លៀកបំពាក់ផងដែរ។ ១៥ លោកមានប្រសាសន៍ទៅប្រជាជនថា៖ «ចូររៀបចំខ្លួនសម្រាប់ថ្ងៃទីបី ហើយកុំរួមដំណេកជាមួយប្រពន្ធឡើយ»។
១៦ នៅថ្ងៃទីបី ពេលព្រលឹមស្រាងៗ មានផ្គរលាន់ ផ្លេកបន្ទោរ និងពពកយ៉ាងក្រាស់នៅលើភ្នំ ហើយមានសំឡេងត្រែលាន់ឮឡើងយ៉ាងរំពងទៀតផង។ ប្រជាជនទាំងអស់នៅក្នុងជំរំភ័យញ័ររន្ធត់យ៉ាងខ្លាំង។ ១៧ លោកម៉ូសេនាំប្រជាជនចេញពីជំរំទៅគាល់ព្រះជាម្ចាស់ ពួកគេឈរនៅជើងភ្នំ។ ១៨ មានផ្សែងហុយពាសពេញលើភ្នំស៊ីណៃ ដ្បិតព្រះអម្ចាស់ចុះមកលើភ្នំ ព្រះអង្គគង់នៅក្នុងភ្លើង។ ផ្សែងនោះហុយឡើងដូចផ្សែងចេញពីឡ ហើយភ្នំទាំងមូលក៏រញ្ជួយយ៉ាងខ្លាំង។ ១៩ សំឡេងត្រែលាន់ឮកាន់តែខ្លាំងឡើងៗ ពេលលោកម៉ូសេទូលព្រះជាម្ចាស់ ព្រះអង្គឆ្លើយមកលោក ដោយសំឡេងផ្គរលាន់។ ២០ ព្រះអម្ចាស់យាងចុះមកលើភ្នំស៊ីណៃ គឺនៅលើកំពូលភ្នំ។ ព្រះអង្គត្រាស់ហៅលោកម៉ូសេពីលើកំពូលភ្នំ ហើយលោកម៉ូសេក៏ឡើងទៅ។ ២១ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកថា៖ «ចូរហាមប្រជាជនកុំឲ្យស្ទុះចូលមករកយើង ដែលជាព្រះអម្ចាស់ ព្រោះចង់ឃើញយើងនោះឡើយ ក្រែងលោមានពួកគេជាច្រើនត្រូវស្លាប់។ ២២ ទោះបីពួកបូជាចារ្យដែលធ្លាប់ចូលមករកយើងក្តី ត្រូវជម្រះខ្លួនឲ្យបានវិសុទ្ធ* ក្រែងពួកគេត្រូវបាត់បង់ជីវិត ដោយសារយើងដែលជាព្រះអម្ចាស់»។
២៣ លោកម៉ូសេទូលព្រះអម្ចាស់ថា៖ «ប្រជាជនពុំអាចឡើងមកលើភ្នំស៊ីណៃទេ ដ្បិតព្រះអង្គផ្ទាល់បានបញ្ជាឲ្យយើងខ្ញុំ កំណត់ព្រំដែនជុំវិញភ្នំ ហើយញែកភ្នំនេះទុកជាកន្លែងដ៏វិសុទ្ធទៀតផង»។ ២៤ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖ «ចូរចុះទៅវិញ ហើយនាំអរ៉ុនឡើងមកជាមួយផង ប៉ុន្តែ មិនត្រូវឲ្យពួកបូជាចារ្យ និងប្រជាជនស្ទុះឡើងមករកយើង ដែលជាព្រះអម្ចាស់ឡើយ ក្រែងពួកគេត្រូវបាត់បង់ជីវិត ដោយសារយើង»។ ២៥ លោកម៉ូសេក៏ចុះទៅរកប្រជាជនវិញ ហើយមានប្រសាសន៍ជាមួយពួកគេ។
២០
វិន័យទាំងដប់ប្រការ
១ ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់កូនចៅអ៊ីស្រាអែល ដូចតទៅ៖ ២ «យើងព្រះអម្ចាស់ ជាព្រះរបស់អ្នក យើងបាននាំអ្នកចេញពីស្រុកអេស៊ីប ជាស្រុកដែលអ្នកធ្វើជាទាសករ។
៣ មិនត្រូវគោរពព្រះណាផ្សេង ក្រៅពីយើងឡើយ។
៤ មិនត្រូវឆ្លាក់រូបអ្វី ឬយកវត្ថុដែលជាតំណាងអ្វីមួយ នៅលើមេឃ នៅលើផែនដី ឬនៅក្នុងទឹក ក្រោមដី ធ្វើជាព្រះឡើយ។ ៥ មិនត្រូវក្រាបថ្វាយបង្គំរូបព្រះទាំងនោះ ឬគោរពបម្រើរូបទាំងនោះឡើយ។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នក យើងមិនចង់ឲ្យអ្នកជំពាក់ចិត្តនឹងព្រះណាផ្សេង ក្រៅពីយើងឡើយ។ ប្រសិនបើនរណាក្បត់ចិត្តយើង យើងនឹងដាក់ទោសគេ ចាប់ពីឪពុករហូតដល់កូនចៅបីបួនតំណ ៦ ផ្ទុយទៅវិញ យើងនឹងសម្ដែងសេចក្តីសប្បុរសរហូតដល់មួយពាន់តំណ ចំពោះអស់អ្នកដែលស្រឡាញ់ និងប្រតិបត្តិតាមបញ្ជារបស់យើង។
៧ មិនត្រូវយកព្រះនាមរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ទៅប្រើឥតបានការនោះឡើយ ដ្បិតព្រះអម្ចាស់នឹងមិនអត់ឱនឲ្យអ្នក ដែលយកព្រះនាមរបស់ព្រះអង្គទៅប្រើ ឥតបានការរបៀបនេះជាដាច់ខាត។
៨ ចូររំឭកថ្ងៃសប្ប័ទ* ហើយញែកថ្ងៃនោះជាថ្ងៃដ៏វិសុទ្ធ*។ ៩ អ្នកមានពេលប្រាំមួយថ្ងៃ សម្រាប់បំពេញកិច្ចការទាំងប៉ុន្មាន ដែលអ្នកត្រូវធ្វើ ១០ តែថ្ងៃទីប្រាំពីរ ជាថ្ងៃសប្ប័ទរបស់ព្រះអម្ចាស់ ជាព្រះនៃអ្នក។ ដូច្នេះ នៅថ្ងៃនោះ ទាំងអ្នក ទាំងកូនប្រុស កូនស្រីរបស់អ្នក ទាំងអ្នកបម្រើប្រុសស្រី ទាំងសត្វពាហនៈ និងជនបរទេសដែលរស់នៅជាមួយអ្នក មិនត្រូវធ្វើការអ្វីឡើយ ១១ ដ្បិតក្នុងរយៈពេលប្រាំមួយថ្ងៃ ព្រះអម្ចាស់បានបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងរបស់សព្វសារពើដែលស្ថិតនៅទីទាំងនោះ។ នៅថ្ងៃទីប្រាំពីរ ព្រះអង្គសម្រាក ហេតុនេះហើយបានជាព្រះអម្ចាស់ប្រទានពរដល់ថ្ងៃសប្ប័ទ ហើយញែកថ្ងៃនោះ ជាថ្ងៃដ៏វិសុទ្ធ។
១២ ចូរគោរពមាតាបិតារបស់អ្នក ដើម្បីឲ្យអ្នកមានអាយុយឺនយូរ នៅលើដីដែលព្រះអម្ចាស់ជាព្រះនៃអ្នក ប្រទានដល់អ្នក។
១៣ កុំសម្លាប់មនុស្ស។
១៤ កុំប្រព្រឹត្តអំពើផិតក្បត់។
១៥ កុំលួចប្លន់គេ។
១៦ កុំធ្វើសាក្សីក្លែងក្លាយ ដែលនាំឲ្យអ្នកដទៃមានទោស។
១៧ កុំលោភលន់ចង់បានផ្ទះរបស់អ្នកដទៃ កុំលោភលន់ចង់បានប្រពន្ធគេ ឬក៏លោភលន់ចង់បានអ្នកបម្រើប្រុស អ្នកបម្រើស្រី គោ លា ឬអ្វីផ្សេងទៀតដែលជារបស់គេឡើយ»។
១៨ ប្រជាជនទាំងមូលបានឮស្នូរផ្គរលាន់ និងសំឡេងត្រែ ព្រមទាំងឃើញផ្លេកបន្ទោរ និងផ្សែងហុយឡើងពីភ្នំ។ ពួកគេភ័យញ័ររន្ធត់ ហើយឈរពីចម្ងាយ។ ១៩ ពួកគេពោលទៅកាន់លោកម៉ូសេថា៖ «សូមលោកមានប្រសាសន៍មកយើងខ្ញុំផ្ទាល់ចុះ យើងខ្ញុំនឹងស្តាប់លោក។ ប៉ុន្តែ សូមកុំឲ្យព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់យើងខ្ញុំឡើយ ក្រែងលោយើងខ្ញុំត្រូវស្លាប់»។ ២០ លោកម៉ូសេឆ្លើយទៅពួកគេវិញថា៖ «កុំខ្លាចអ្វីឡើយ! ព្រះជាម្ចាស់យាងមកដូច្នេះ ដើម្បីល្បងលអ្នករាល់គ្នា និងឲ្យអ្នករាល់គ្នាគោរពកោតខ្លាចព្រះអង្គ កុំឲ្យអ្នករាល់គ្នាប្រព្រឹត្តអំពើបាប»។
២១ ប្រជាជនឈរពីចម្ងាយ រីឯលោកម៉ូសេវិញ លោកចូលទៅជិតដុំពពកដ៏ក្រាស់ ជាកន្លែងដែលព្រះជាម្ចាស់គង់នៅ។
វិន័យស្តីអំពីអាសនៈ
២២ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់កូនចៅអ៊ីស្រាអែលដូចតទៅ: អ្នករាល់គ្នាបានឃើញផ្ទាល់នឹងភ្នែកថា យើងនិយាយជាមួយអ្នករាល់គ្នាពីលើមេឃមក។ ២៣ អ្នករាល់គ្នាមិនត្រូវយកមាស ឬប្រាក់ មកធ្វើជារូបព្រះសម្រាប់ថ្វាយបង្គំ ដូចថ្វាយបង្គំយើងឡើយ។ ២៤ ចូរសង់អាសនៈមួយអំពីដីសម្រាប់យើង។ ចូរយកចៀម និងគោ មកថ្វាយជាតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាព* នៅលើអាសនៈនោះ។ យើងនឹងមកឲ្យពរអ្នកគ្រប់ទីកន្លែង ដែលយើងបង្ហាញឲ្យអ្នកស្គាល់នាមយើង។ ២៥ ប្រសិនបើអ្នកសង់អាសនៈអំពីថ្ម នោះមិនត្រូវប្រើថ្មដាប់ឡើយ ដ្បិតពេលអ្នកប្រើពន្លាកដាប់ អ្នកនឹងធ្វើឲ្យថ្មទាំងនោះទៅជារបស់មិនវិសុទ្ធ។ ២៦ មិនត្រូវសង់អាសនៈដែលមានកាំជណ្ដើរឡើយ ដើម្បីកុំឲ្យគេឃើញកេរ្ដិ៍ខ្មាសរបស់អ្នក នៅពេលឡើងកាំជណ្ដើរនោះ»។
២១
ច្បាប់សម្រាប់អ្នកបម្រើជាតិហេប្រឺ
១ នេះជាច្បាប់ផ្សេងៗដែលអ្នកត្រូវប្រាប់ជនជាតិអ៊ីស្រាអែលឲ្យអនុវត្តតាម: ២ ប្រសិនបើអ្នកទិញជនជាតិហេប្រឺម្នាក់មកធ្វើជាខ្ញុំបម្រើ គេនឹងបម្រើអ្នកអស់រយៈពេលប្រាំមួយឆ្នាំ។ នៅឆ្នាំទីប្រាំពីរ គេនឹងមានសេរីភាពចាកចេញពីអ្នកទៅ ដោយមិនបាច់បង់ថ្លៃអ្វីទាំងអស់។ ៣ បើខ្ញុំបម្រើនោះមកតែម្នាក់ឯង គេត្រូវចាកចេញទៅតែម្នាក់ឯង ប៉ុន្តែ ប្រសិនបើគេមានប្រពន្ធមកជាមួយ គេត្រូវចាកចេញទៅជាមួយប្រពន្ធដែរ។ ៤ ប្រសិនបើចៅហ្វាយរបស់គេរកប្រពន្ធឲ្យ ហើយប្រពន្ធនោះមានកូនប្រុស ឬកូនស្រី នោះប្រពន្ធ និងកូនប្រុសកូនស្រីរបស់គេ ត្រូវតែនៅបម្រើចៅហ្វាយ ហើយបុរសនោះត្រូវចាកចេញទៅតែម្នាក់ឯង។ ៥ ប៉ុន្តែ ប្រសិនបើខ្ញុំបម្រើប្រកាសថា ខ្ញុំស្រឡាញ់ចៅហ្វាយ ព្រមទាំងប្រពន្ធកូនរបស់ខ្ញុំ ខ្ញុំមិនចង់បានសេរីភាពទេ ៦ នោះចៅហ្វាយត្រូវនាំគេចូលទៅជិតព្រះជាម្ចាស់ ហើយឲ្យខ្ញុំបម្រើនោះឈរនៅមាត់ទ្វារ ឬផ្អែកទៅនឹងក្របទ្វារផ្ទះ រួចចៅហ្វាយយកដែកមកចោះត្រចៀកគេ។ ដូច្នេះ អ្នកនោះនឹងនៅបម្រើចៅហ្វាយរហូតតទៅ។
៧ ប្រសិនបើបុរសម្នាក់លក់កូនស្រីរបស់ខ្លួនឲ្យធ្វើជាខ្ញុំបម្រើគេ នាងនឹងមិនទទួលសេរីភាពដូចខ្ញុំបម្រើឯទៀតៗទេ។ ៨ ប្រសិនបើចៅហ្វាយទិញនាងយកមកធ្វើជាប្រពន្ធ ហើយបែរជាលែងពេញចិត្តនឹងនាង ត្រូវឲ្យឪពុករបស់នាងលោះនាងយកទៅវិញ។ ចៅហ្វាយគ្មានសិទ្ធិលក់នាងទៅឲ្យសាសន៍ដទៃឡើយ ធ្វើដូច្នេះ ជាការបោកប្រាស់។ ៩ ប្រសិនបើចៅហ្វាយទិញនាងយកមកធ្វើជាប្រពន្ធរបស់កូនប្រុសខ្លួន គាត់ត្រូវប្រព្រឹត្តចំពោះនាងតាមច្បាប់សម្រាប់កូនស្រី។ ១០ ប្រសិនបើចៅហ្វាយយកប្រពន្ធមួយទៀត នោះគាត់មិនត្រូវកាត់បន្ថយអ្វីៗពីប្រពន្ធមុនឡើយ ទោះជាម្ហូបអាហារ សម្លៀកបំពាក់ ឬសិទ្ធិជាប្រពន្ធក្តី។ ១១ ប្រសិនបើគាត់ប្រព្រឹត្តចំពោះនាង មិនត្រឹមត្រូវតាមល័ក្ខខ័ណ្ឌទាំងបីនេះទេ នាងអាចទទួលសេរីភាព ហើយចាកចេញទៅដោយមិនបាច់បង់ថ្លៃអ្វីឡើយ។
កំហុសដែលត្រូវទទួលទោសដល់ស្លាប់
១២ អ្នកណាវាយមនុស្សរហូតដល់ស្លាប់ អ្នកនោះនឹងត្រូវទទួលទោសដល់ស្លាប់។ ១៣ ប្រសិនអ្នកនោះធ្វើឲ្យគេស្លាប់ដោយអចេតនា យើងនឹងបង្កើតកន្លែងមួយ សម្រាប់ឲ្យគេរត់ទៅជ្រកកោន។ ១៤ ប៉ុន្តែ ប្រសិនបើអ្នកណាម្នាក់សម្លាប់មនុស្សដោយចេតនា ទោះបីគេរត់មកជ្រកនៅអាសនៈរបស់យើងក្តី ក៏ត្រូវយកគេចេញទៅសម្លាប់ដែរ។
១៥ អ្នកណាវាយមាតាបិតា អ្នកនោះនឹងត្រូវទទួលទោសដល់ស្លាប់។
១៦ អ្នកណាចាប់មនុស្សយកទៅលក់ ឬទុកនៅក្នុងកណ្ដាប់ដៃរបស់ខ្លួន អ្នកនោះនឹងត្រូវទទួលទោសដល់ស្លាប់។
១៧ អ្នកណាជេរប្រទេចផ្តាសាមាតាបិតា អ្នកនោះត្រូវទទួលទោសដល់ស្លាប់។
ច្បាប់ស្តីអំពីការធ្វើឲ្យគេរបួស
១៨ នៅពេលឈ្លោះគ្នា ប្រសិនបើម្នាក់យកដុំថ្មគប់ ឬដាល់គូវិវាទរបស់ខ្លួន រហូតដល់របួសធ្ងន់ តែមិនស្លាប់ទេ ១៩ ហើយប្រសិនបើអ្នករបួសនោះងើបដើរចេញទៅក្រៅបាន ដោយប្រើឈើច្រត់ អ្នកវាយគេមិនត្រូវទទួលទោសទេ។ ប៉ុន្តែ គាត់ត្រូវសងជំងឺចិត្ត ព្រោះអ្នករបួសមិនអាចធ្វើការបាន គឺត្រូវសងថ្លៃមើលជំងឺរបស់គេ រហូតដល់ជាសះស្បើយផងដែរ។
២០ ប្រសិនបើអ្នកណាយកដំបងវាយខ្ញុំបម្រើប្រុស ឬស្រីរបស់ខ្លួន រហូតដល់ស្លាប់នៅនឹងកន្លែង នោះគាត់ត្រូវតែទទួលទោស។ ២១ ប្រសិនបើខ្ញុំបម្រើនោះរស់បានមួយថ្ងៃ ឬពីរថ្ងៃ ចៅហ្វាយមិនត្រូវទទួលទោសទេ ព្រោះខ្ញុំបម្រើនោះជាសម្បត្តិរបស់គាត់។
២២ ពេលឈ្លោះគ្នា ប្រសិនបើមានការជ្រុលជ្រួសទៅលើស្ត្រីមានផ្ទៃពោះ បណ្តាលឲ្យនាងរលូតកូន តែគ្មានគ្រោះថ្នាក់អ្វីដល់ជីវិតនាងទេ អ្នកបង្កគ្រោះថ្នាក់នោះត្រូវសងជំងឺចិត្ត តាមការទាមទាររបស់ប្ដីនាង ក្រោយពេលអាជ្ញាកណ្ដាលរកខុសត្រូវឲ្យ។ ២៣ ប៉ុន្តែ បើស្ត្រីនោះមានគ្រោះថ្នាក់ធ្ងន់ធ្ងរ អ្នកបង្កគ្រោះថ្នាក់ត្រូវតែទទួលទោស : ជីវិតសងដោយជីវិត ២៤ ភ្នែកសងដោយភ្នែក ធ្មេញសងដោយធ្មេញ ដៃសងដោយដៃ ជើងសងដោយជើង ២៥ ស្នាមរលាកសងដោយស្នាមរលាក ស្នាមរបួសសងដោយស្នាមរបួស ស្នាមជាំសងដោយស្នាមជាំ។
២៦ ប្រសិនបើអ្នកណាវាយខ្ញុំបម្រើប្រុស ឬស្រីរបស់ខ្លួន ធ្វើឲ្យគេខ្វាក់ភ្នែកម្ខាង អ្នកនោះត្រូវតែផ្តល់សេរីភាពឲ្យគេ ដើម្បីសងជំងឺចិត្ត ព្រោះតែភ្នែកខ្វាក់។ ២៧ ប្រសិនបើគាត់ធ្វើឲ្យខ្ញុំបម្រើប្រុស ឬស្រីរបស់ខ្លួន បាក់ធ្មេញមួយ គាត់ត្រូវតែផ្តល់សេរីភាពឲ្យគេ ដើម្បីសងជំងឺចិត្ត ព្រោះតែធ្មេញបាក់នោះ។
២៨ ប្រសិនបើគោមួយជល់មនុស្សប្រុស ឬស្រីម្នាក់ស្លាប់ ត្រូវយកដុំថ្មគប់សម្លាប់គោនោះ តែមិនត្រូវបរិភោគសាច់វាឡើយ។ រីឯម្ចាស់គោគ្មានទោសអ្វីទេ។ ២៩ ប្រសិនបើគោនោះតែងតែដើរជល់មនុស្ស ហើយមានគេប្រាប់ម្ចាស់វា តែម្ចាស់ពុំបានយកចិត្តទុកដាក់មើលវាទេ ប្រសិនបើគោនោះជល់មនុស្ស ប្រុស ឬស្រីម្នាក់ស្លាប់ ត្រូវយកដុំថ្មគប់សម្លាប់គោនោះ រីឯម្ចាស់របស់វាក៏ត្រូវទទួលទោសដល់ស្លាប់ដែរ។ ៣០ ប្រសិនបើគេទាមទារឲ្យម្ចាស់គោបង់ប្រាក់លោះជីវិតខ្លួន នោះគាត់ត្រូវតែបង់ប្រាក់ទាំងប៉ុន្មានដែលគេបង្គាប់។ ៣១ ក្នុងករណីដែលគោជល់កូនប្រុស ឬកូនស្រីក្តី ក៏ត្រូវយកច្បាប់នេះមកអនុវត្តដែរ។ ៣២ ប្រសិនបើគោជល់ខ្ញុំបម្រើប្រុស ឬស្រី ម្ចាស់គោត្រូវតែសងប្រាក់សាមសិបដួង* ទៅឲ្យចៅហ្វាយជនរងគ្រោះ រីឯគោវិញ ត្រូវយកដុំថ្មគប់សម្លាប់ចោល។
៣៣ ប្រសិនបើអ្នកណាទុកអណ្ដូងឲ្យនៅចំហ ឬជីកអណ្ដូង តែមិនបានគ្រប រួចមានគោ ឬលាធ្លាក់ទៅក្នុងអណ្ដូងនោះ ៣៤ ម្ចាស់អណ្ដូងត្រូវសងតម្លៃសត្វ ជាប្រាក់ទៅឲ្យម្ចាស់សត្វ ហើយទុកគោងាប់សម្រាប់ខ្លួនឯង។ ៣៥ ប្រសិនបើគោរបស់នរណាម្នាក់ជល់គោរបស់ម្នាក់ទៀត រហូតដល់ងាប់ នោះត្រូវលក់គោដែលនៅរស់ចែកប្រាក់គ្នា ហើយយកសាច់គោងាប់ចែកគ្នាដែរ។ ៣៦ ប៉ុន្តែ ប្រសិនបើម្ចាស់ដឹងថា គោរបស់ខ្លួនធ្លាប់ជល់គេ តែគាត់មិនយកចិត្តទុកដាក់មើលវាទេ ម្ចាស់គោត្រូវតែសងគោមួយទៀតជំនួសគោដែលងាប់នោះ ហើយទុកគោងាប់សម្រាប់ខ្លួនឯង។
ច្បាប់ស្តីអំពីចោរ
៣៧ ប្រសិនបើអ្នកណាលួចគោ ឬចៀម យកទៅសម្លាប់ ឬយកទៅលក់ អ្នកនោះត្រូវសងគោមួយជាប្រាំ និងចៀមមួយជាបួនទៅឲ្យម្ចាស់សត្វវិញ។
២២
១ ប្រសិនបើគេសម្លាប់ចោរដែលគេទាន់កំពុងតែលួច នៅពេលយប់ អ្នកសម្លាប់ចោរនោះមិនត្រូវមានទោសឡើយ។ ២ ប៉ុន្តែ បើហេតុការណ៍នេះកើតឡើងនៅពេលថ្ងៃ អ្នកសម្លាប់ចោរនឹងត្រូវមានទោស។
ត្រូវពិន័យចោរ តែបើចោរនោះគ្មានអ្វីបង់ទេ ត្រូវលក់គេជាទាសករ។ ៣ ប្រសិនបើគេរកឃើញគោ លា ឬចៀមនៅរស់ក្នុងដៃចោរ ចោរត្រូវតែសងសត្វនោះវិញមួយជាពីរ។
ច្បាប់ការពារកម្មសិទ្ធិ
៤ ប្រសិនបើអ្នកណាបណ្តោយឲ្យហ្វូងសត្វរបស់ខ្លួន ទៅស៊ីបំផ្លាញស្រែ ឬចម្ការទំពាំងបាយជូររបស់អ្នកដទៃ អ្នកនោះត្រូវយកភោគផលដ៏ល្អបំផុតពីស្រែ និងពីចម្ការទំពាំងបាយជូររបស់ខ្លួនទៅសងគេវិញ។
៥ ប្រសិនបើអ្នកណាដុតគុម្ពបន្លា ធ្វើឲ្យភ្លើងរាលទៅឆេះកណ្ដាប់ស្រូវ ឬឆេះស្រូវទុំ ឬមិនទាន់ទុំក្តី អ្នកនោះត្រូវតែបង់ជំងឺចិត្តទៅឲ្យម្ចាស់ស្រែ។
៦ បើអ្នកណាផ្ញើប្រាក់ ឬវត្ថុអ្វីផ្សេងទៀតឲ្យអ្នកដទៃថែរក្សា ហើយមានចោរលួចរបស់ទាំងនោះពីផ្ទះអ្នកថែរក្សា ប្រសិនបើគេចាប់ចោរបាន ចោរនោះត្រូវសងរបស់គេមួយជាពីរ។ ៧ ប្រសិនបើចាប់ចោរមិនបានទេ នោះត្រូវនាំម្ចាស់ផ្ទះទៅស្បថនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ថា គាត់មិនបានបន្លំយកទ្រព្យសម្បត្តិរបស់គេឡើយ។
៨ បើនរណាម្នាក់បាត់គោ លា កូនចៀម អាវធំ ឬវត្ថុអ្វីផ្សេងទៀត ហើយមានម្នាក់ទៀតប្រកាន់ថាជារបស់ខ្លួន ក្នុងករណីដណ្ដើមកម្មសិទ្ធិគ្នា អ្នកទាំងពីរត្រូវនាំគ្នាទៅនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់។ អ្នកដែលព្រះអង្គប្រកាសថាមានកំហុស ត្រូវសងទៅម្ចាស់របស់មួយជាពីរ។
៩ បើអ្នកណាម្នាក់យកលា គោ កូនចៀម ឬសត្វដទៃទៀត ទៅផ្ញើអ្នកដទៃមើលឲ្យ រួចសត្វនោះងាប់ ឬរបួស ឬត្រូវគេលួចយកទៅ ដោយគ្មាននរណាឃើញ ១០ ទាំងអ្នកផ្ញើសត្វ ទាំងអ្នកទទួលបញ្ញើ ត្រូវនាំគ្នាទៅនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ហើយអ្នកទទួលបញ្ញើត្រូវស្បថថា គាត់មិនបានធ្វើអ្វីប៉ះពាល់សត្វរបស់គេឡើយ។ ម្ចាស់សត្វត្រូវតែទទួលយកពាក្យសម្បថនេះ រីឯអ្នកទទួលបញ្ញើក៏មិនត្រូវសងជំងឺចិត្តដែរ។ ១១ ផ្ទុយទៅវិញ បើមានចោរលួចសត្វនោះនៅផ្ទះរបស់អ្នកទទួលបញ្ញើ គាត់ត្រូវតែសងជំងឺចិត្តទៅម្ចាស់សត្វ។ ១២ ប្រសិនបើសត្វនោះងាប់ដោយសារសត្វព្រៃហែកស៊ី អ្នកទទួលបញ្ញើត្រូវយកចំណែក ដែលនៅសល់មកធ្វើជាភស្តុតាង ហើយគាត់មិនត្រូវសងជំងឺចិត្តទេ។
១៣ ប្រសិនបើអ្នកណាខ្ចីសត្វពាហនៈពីអ្នកជិតខាងខ្លួន ហើយសត្វនោះត្រូវរបួស ឬងាប់ ពេលម្ចាស់មិននៅ អ្នកនោះត្រូវតែសងជំងឺចិត្ត។ ១៤ ប៉ុន្តែ បើម្ចាស់សត្វនៅជាមួយដែរ នោះអ្នកខ្ចីមិនត្រូវសងអ្វីទេ។ ប្រសិនបើគាត់ជួលសត្វនោះមក គាត់ត្រូវតែបង់ថ្លៃឈ្នួល។
ច្បាប់សីលធម៌ផ្សេងៗ
១៥ បើអ្នកណាល្បួងស្ត្រីក្រមុំដែលមិនទាន់មានគូដណ្ដឹង ហើយរួមរ័កជាមួយនាង អ្នកនោះត្រូវបង់បណ្តាការ រួចយកនាងធ្វើជាភរិយា។
១៦ ប្រសិនបើឪពុកនាងប្រកែកដាច់ខាតមិនព្រមលើកនាងឲ្យទេ អ្នកនោះត្រូវបង់ប្រាក់តាមតម្លៃបណ្តាការ សម្រាប់ស្ត្រីក្រមុំ។
១៧ មិនត្រូវទុកឲ្យស្ត្រីអាបធ្មប់នៅរស់ឡើយ។
១៨ អ្នករួមរ័កជាមួយសត្វ ត្រូវតែទទួលទោសដល់ជីវិត។
១៩ អ្នកដែលថ្វាយយញ្ញបូជាដល់ព្រះដទៃ ក្រៅពីព្រះអម្ចាស់ ត្រូវតែសម្លាប់ចោល។
២០ មិនត្រូវជិះជាន់ ឬសង្កត់សង្កិនជនបរទេសដែលរស់នៅជាមួយអ្នកឡើយ ដ្បិតអ្នករាល់គ្នាក៏ធ្លាប់ជាជនបរទេសនៅស្រុកអេស៊ីបដែរ។
២១ មិនត្រូវធ្វើបាបស្ត្រីមេម៉ាយ ឬក្មេងកំព្រាឡើយ។ ២២ ប្រសិនបើអ្នកធ្វើបាបពួកគេ ហើយពួកគេស្រែកហៅយើង យើងប្រាកដជាស្តាប់សម្រែករបស់ពួកគេ។ ២៣ យើងនឹងខឹងអ្នករាល់គ្នាយ៉ាងខ្លាំង យើងនឹងប្រហារអ្នករាល់គ្នាដោយមុខដាវ ប្រពន្ធរបស់អ្នករាល់គ្នានឹងទៅជាស្ត្រីមេម៉ាយ ហើយកូនរបស់អ្នករាល់គ្នានឹងទៅជាក្មេងកំព្រា។
២៤ ប្រសិនបើអ្នកឲ្យជនទុរគតណាម្នាក់ ក្នុងចំណោមប្រជាជនរបស់យើងខ្ចីប្រាក់ មិនត្រូវប្រព្រឹត្តចំពោះគេដូចជាអ្នកចងការប្រាក់ឡើយ គឺកុំទារការប្រាក់ពីគេជាដាច់ខាត។
២៥ ប្រសិនបើអ្នករាល់គ្នាទទួលអាវធំដែលអ្នកដទៃយកមកបញ្ចាំ ត្រូវប្រគល់ទៅគេវិញមុនពេលថ្ងៃលិច ២៦ ដ្បិតអ្នកនោះគ្មានអ្វីផ្សេងទៀតដណ្តប់ទេ បើគ្នាគ្មានអាវធំ តើបានអ្វីដណ្តប់នៅពេលដេក? ប្រសិនបើគេស្រែករកយើង យើងនឹងស្តាប់ពាក្យគេ ដ្បិតយើងមានចិត្តអាណិតមេត្តា។
២៧ មិនត្រូវជេរប្រមាថព្រះជាម្ចាស់ ហើយក៏មិនត្រូវប្រទេចផ្តាសាអ្នកដឹកនាំប្រជាជនរបស់អ្នកដែរ។
២៨ ត្រូវយកភោគផលដំបូងនៃស្រែចម្ការរបស់អ្នកមកឲ្យយើង កុំបីអាក់ខានឡើយ។ ត្រូវញែកកូនប្រុសច្បងរបស់អ្នកទុកសម្រាប់យើង។ ២៩ រីឯកូនដំបូងរបស់គោ និងចៀម ក៏ត្រូវញែកទុកឲ្យយើងដែរ។ ត្រូវទុកកូនគោ ឬកូនចៀមឲ្យនៅជាមួយមេវា ក្នុងរយៈពេលប្រាំពីរថ្ងៃ ហើយនៅថ្ងៃទីប្រាំបី ត្រូវយកមកឲ្យយើង។
៣០ យើងចាត់ទុកអ្នករាល់គ្នាជាមនុស្សដ៏វិសុទ្ធ ដូច្នេះ មិនត្រូវបរិភោគសាច់សត្វដែលសត្វព្រៃហែកស៊ីនោះឡើយ តែត្រូវបោះសាច់នោះទៅឲ្យឆ្កែស៊ីវិញ។
២៣
ច្បាប់ដែលទាក់ទងនឹងការកាត់ក្តី
១ កុំផ្សព្វផ្សាយរឿងមិនពិត ហើយក៏កុំធ្វើជាសាក្សីក្លែងក្លាយ ដើម្បីជួយមនុស្សអាក្រក់ដែរ។ ២ កុំបណ្តោយខ្លួនទៅតាមមនុស្សភាគច្រើន ដើម្បីសម្រេចការអាក្រក់ឡើយ កុំទុកឲ្យមនុស្សភាគច្រើនទាក់ទាញអ្នកធ្វើជាសាក្សីក្លែងក្លាយ បង្វែរយុត្តិធម៌ឲ្យសោះ។ ៣ នៅពេលកាត់ក្តី មិនត្រូវយោគយល់ដល់អ្នកណាទាំងអស់ ទោះបីអ្នកនោះជាអ្នកក្រីក្រក៏ដោយ។
៤ ប្រសិនបើអ្នកប្រទះឃើញគោ ឬលារបស់សត្រូវវង្វេង នោះត្រូវតែនាំវាទៅឲ្យម្ចាស់វាវិញ។ ៥ បើអ្នកឃើញលារបស់ជនដែលស្អប់អ្នកទន់ជង្គង់ដួល ព្រោះតែផ្ទុកធ្ងន់ពេក នោះមិនត្រូវធ្វើព្រងើយទេ គឺត្រូវតែជួយគេរៀបចំអីវ៉ាន់នៅលើសត្វនោះផង។
៦ នៅពេលកាត់ក្តី មិនត្រូវរំលោភលើសិទ្ធិរបស់ជនក្រីក្រឡើយ។ ៧ កុំយកចិត្តទុកដាក់ស្តាប់ពាក្យចោទប្រកាន់មិនពិត ហើយក៏មិនត្រូវកាត់ទោសប្រហារជីវិតជនស្លូតត្រង់ និងជនសុចរិតដែរ ដ្បិតយើងមិនចាត់ទុកមនុស្សអាក្រក់ ថាជាមនុស្សសុចរិតឡើយ។ ៨ កុំទទួលសំណូក ដ្បិតសំណូករមែងធ្វើឲ្យមនុស្សភ្លឺទៅជាខ្វាក់ ព្រមទាំងធ្វើឲ្យមនុស្សសុចរិតចាញ់ក្តី។
៩ កុំសង្កត់សង្កិនជនបរទេសឡើយ អ្នករាល់គ្នាធ្លាប់ស្គាល់ការរស់នៅជាជនបរទេសហើយ ដ្បិតអ្នករាល់គ្នាក៏ធ្លាប់ជាជនបរទេស ក្នុងស្រុកអេស៊ីបដែរ។
ច្បាប់សម្រាប់ពិធីបុណ្យផ្សេងៗ
១០ ក្នុងរយៈពេលប្រាំមួយឆ្នាំ អ្នកអាចសាបព្រោះ និងប្រមូលផលពីស្រែចម្ការរបស់អ្នកបាន។ ១១ ប៉ុន្តែ នៅឆ្នាំទីប្រាំពីរត្រូវទុកដីនៅទំនេរ ដើម្បីឲ្យជនក្រីក្រ ក្នុងចំណោមប្រជាជនរបស់អ្នក អាចរកអាហារពីដីទាំងនោះ ហើយសត្វព្រៃនឹងមកស៊ីអ្វីៗដែលនៅសេសសល់។ ត្រូវធ្វើបែបនេះចំពោះចម្ការទំពាំងបាយជូរ និងចម្ការអូលីវរបស់អ្នកដែរ។
១២ ក្នុងរយៈពេលប្រាំមួយថ្ងៃ អ្នកអាចធ្វើការងាររបស់អ្នកបាន ប៉ុន្តែ នៅថ្ងៃទីប្រាំពីរ អ្នកត្រូវគោរពថ្ងៃសប្ប័ទ* ដើម្បីឲ្យគោ និងលារបស់អ្នកបានសម្រាក ហើយឲ្យខ្ញុំបម្រើ និងជនបរទេសបានសម្រាកដែរ។
១៣ ចូរប្រតិបត្តិតាមសេចក្តីទាំងប៉ុន្មាន ដែលយើងបានបង្គាប់អ្នករាល់គ្នា ហើយមិនត្រូវបន់ស្រន់ដល់ព្រះដទៃឡើយ សូម្បីតែឈ្មោះរបស់ព្រះទាំងនោះក៏មិនត្រូវឮពីមាត់របស់អ្នករាល់គ្នាផង។
១៤ ក្នុងមួយឆ្នាំ ត្រូវធ្វើពិធីបុណ្យបីដង ដើម្បីគោរពយើង។ ១៥ ត្រូវធ្វើពិធីបុណ្យនំបុ័ងឥតមេ គឺអ្នកត្រូវបរិភោគនំបុ័ងឥតមេចំនួនប្រាំពីរថ្ងៃ នៅខែចេត្រ ដូចយើងបានបង្គាប់ និងកំណត់ទុក ព្រោះនៅខែនោះ អ្នកបានចេញពីស្រុកអេស៊ីប។ ក្នុងឱកាសបុណ្យនោះ មិនត្រូវចូលមករកយើង ដោយដៃទទេឡើយ។ ១៦ បន្ទាប់មក អ្នកត្រូវធ្វើពិធីបុណ្យចម្រូត នៅពេលអ្នកចាប់ផ្តើមច្រូតកាត់ផលដំបូងពីស្រែចម្ការ ដែលអ្នកបានសាបព្រោះ។ ចុងឆ្នាំ ត្រូវធ្វើពិធីបុណ្យប្រមូលភោគផល នៅពេលអ្នកបានប្រមូលផលដំណាំរបស់អ្នករួចរាល់អស់ហើយ។ ១៧ រៀងរាល់ឆ្នាំ ប្រុសៗទាំងអស់ក្នុងចំណោមប្រជាជន ត្រូវមកបង្ហាញខ្លួននៅចំពោះព្រះភ័ក្ត្រព្រះជាអម្ចាស់ ជាព្រះរបស់អ្នក ចំនួនបីដង។
១៨ មិនត្រូវយកនំបុ័ងមានមេមកថ្វាយជាមួយឈាមនៃយញ្ញបូជាឡើយ ហើយក៏មិនត្រូវរក្សាទុកខ្លាញ់នៃយញ្ញបូជា រហូតដល់ព្រឹកស្អែកដែរ។ ១៩ ចូរនាំយកភោគផលដំបូងបង្អស់ នៃដំណាំរបស់អ្នករាល់គ្នា មកថ្វាយក្នុងដំណាក់នៃព្រះអម្ចាស់ ជាព្រះរបស់អ្នក។ មិនត្រូវស្ងោរកូនពពែក្នុងទឹកដោះរបស់មេវាឡើយ។
ពាក្យទូន្មានមុនបន្តដំណើរ
២០ យើងនឹងចាត់ទេវទូត*មួយរូបឲ្យដើរនៅមុខអ្នក ដើម្បីការពារអ្នកនៅតាមផ្លូវ។ ទេវទូតនឹងនាំអ្នកចូលទៅក្នុងស្រុក ដែលយើងបានរៀបចំទុកសម្រាប់អ្នក។ ២១ អ្នកត្រូវតែយកចិត្តទុកដាក់ស្តាប់បង្គាប់ទេវទូត ហើយមិនត្រូវធ្វើអ្វីប្រឆាំងនឹងលោកឡើយ។ បើអ្នកបះបោរ ទេវទូតមិនអត់ទោសឲ្យទេ ដ្បិតលោកជាតំណាងរបស់យើង។ ២២ ប្រសិនបើអ្នកស្តាប់បង្គាប់ទេវទូត ហើយប្រតិបត្តិតាមសេចក្តីទាំងប៉ុន្មានដែលយើងបង្គាប់អ្នក នោះយើងនឹងធ្វើជាសត្រូវប្រឆាំងនឹងសត្រូវរបស់អ្នក ហើយយើងក៏ធ្វើជាបច្ចាមិត្តប្រឆាំងនឹងបច្ចាមិត្តរបស់អ្នកដែរ។ ២៣ ទេវទូតរបស់យើងនឹងដើរពីមុខអ្នក ហើយនាំអ្នកចូលទៅក្នុងទឹកដីរបស់ជនជាតិអាម៉ូរី ជនជាតិហេត ជនជាតិពេរីស៊ី ជនជាតិកាណាន ជនជាតិហេវី និងជនជាតិយេប៊ូស។ យើងនឹងបំផ្លាញអ្នកទាំងនោះឲ្យវិនាសសូន្យ។
២៤ នៅពេលនោះ អ្នកមិនត្រូវក្រាបថ្វាយបង្គំព្រះរបស់ពួកគេឡើយ ហើយក៏មិនត្រូវគោរពបម្រើព្រះទាំងនោះដែរ។ អ្នករាល់គ្នាមិនត្រូវធ្វើតាមពួកគេទេ ផ្ទុយទៅវិញ ត្រូវបំផ្លាញព្រះទាំងនោះ ព្រមទាំងកម្ទេចស្តូបរបស់គេផង។ ២៥ អ្នករាល់គ្នាត្រូវគោរពបម្រើព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា នោះព្រះអង្គនឹងប្រទានពរឲ្យអ្នករាល់គ្នាមានអាហារ និងទឹក។ យើងនឹងការពារអ្នកមិនឲ្យមានជំងឺឈឺថ្កាត់ឡើយ។ ២៦ ក្នុងស្រុករបស់អ្នកនឹងគ្មានស្ត្រីរលូតកូន ឬស្ត្រីអារឡើយ ហើយយើងនឹងឲ្យអ្នកមានអាយុយឺនយូរទៀតផង។
២៧ មុនពេលអ្នកទៅដល់ យើងនឹងធ្វើឲ្យជាតិសាសន៍ទាំងអស់ញ័ររន្ធត់ យើងនឹងធ្វើឲ្យខ្មាំងសត្រូវរបស់អ្នក បាក់ទ័ព រត់ប្រាសអាយុ។ ២៨ យើងនឹងចាត់សត្វឪម៉ាល់ឲ្យទៅមុនអ្នក ដើម្បីដេញកម្ចាត់ជនជាតិហេវី ជនជាតិកាណាន និងជនជាតិហេត ចេញឆ្ងាយពីអ្នក។ ២៩ យើងនឹងមិនបណ្តេញពួកគេឲ្យអស់ ក្នុងរយៈពេលតែមួយឆ្នាំទេ ក្រែងលោទឹកដីក្លាយទៅជាទីស្មសាន ហើយមានសត្វព្រៃរស់នៅកាន់តែច្រើនឡើងៗ នាំតែបង្កការលំបាកដល់អ្នក។ ៣០ យើងនឹងបណ្តេញពួកគេចេញពីមុខអ្នក បន្តិចម្ដងៗ រហូតទាល់តែអ្នកកើនចំនួនច្រើនឡើង ល្មមនឹងកាន់កាប់ទឹកដីនោះជាកម្មសិទ្ធិបាន។
៣១ យើងនឹងកំណត់ព្រំប្រទល់ស្រុករបស់អ្នក ដែលលាតសន្ធឹងពីសមុទ្រកក់ រហូតដល់សមុទ្រមេឌីទែរ៉ាណេ ពីវាលរហោស្ថានស៊ីណៃ រហូតដល់ទន្លេអឺប្រាត។ យើងនឹងប្រគល់ប្រជាជននៅតំបន់នោះ មកក្នុងកណ្ដាប់ដៃរបស់អ្នករាល់គ្នា ហើយអ្នកត្រូវបណ្តេញពួកគេចេញពីមុខអ្នក។ ៣២ កុំចងសម្ពន្ធមេត្រីជាមួយពួកគេ ឬជាមួយព្រះទាំងឡាយរបស់ពួកគេឡើយ។ ៣៣ មិនត្រូវទុកឲ្យជាតិសាសន៍ទាំងនោះ រស់នៅក្នុងស្រុករបស់អ្នកឡើយ ក្រែងលោគេនាំអ្នកឲ្យប្រព្រឹត្តអំពើបាបប្រឆាំងនឹងយើង។ បើអ្នកគោរពបម្រើព្រះរបស់ពួកគេ នោះអ្នកនឹងត្រូវធ្លាក់ទៅក្នុងអន្ទាក់របស់គេជាមិនខាន។
២៤
ព្រះជាម្ចាស់ចងសម្ពន្ធមេត្រីជាមួយជនជាតិអ៊ីស្រាអែល
១ ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរនាំអរ៉ុន ណាដាប អប៊ីហ៊ូ និងព្រឹទ្ធាចារ្យរបស់ជនជាតិអ៊ីស្រាអែល ចំនួនចិតសិបនាក់ ឡើងមកជួបព្រះអម្ចាស់នៅលើភ្នំ។ ចូរនាំគ្នាក្រាបថ្វាយបង្គំពីចម្ងាយ។ ២ មានតែម៉ូសេម្នាក់ប៉ុណ្ណោះ ដែលអាចមកជិតព្រះអម្ចាស់បាន។ អ្នកឯទៀតៗពុំអាចមកជិតបានទេ ហើយប្រជាជនក៏មិនត្រូវឡើងមកលើភ្នំជាមួយម៉ូសេដែរ»។
៣ លោកម៉ូសេក៏នាំព្រះបន្ទូល និងច្បាប់ទាំងប៉ុន្មានរបស់ព្រះអម្ចាស់មកប្រាប់ប្រជាជន។ ប្រជាជនទាំងមូលឆ្លើយព្រមគ្នាឡើងថា៖ «យើងខ្ញុំសុខចិត្តប្រតិបត្តិតាមសេចក្តីទាំងប៉ុន្មាន ដែលព្រះអម្ចាស់មានព្រះបន្ទូល»។ ៤ លោកម៉ូសេបានកត់ត្រាទុកនូវព្រះបន្ទូលទាំងប៉ុន្មានរបស់ព្រះអម្ចាស់។ ស្អែកឡើង លោកក្រោកពីព្រលឹម លោកសង់អាសនៈមួយនៅជើងភ្នំ និងបញ្ឈរស្តូបដប់ពីរ ជាតំណាងកុលសម្ព័ន្ធអ៊ីស្រាអែលទាំងដប់ពីរ។ ៥ បន្ទាប់មក លោកចាត់ពួកយុវជនអ៊ីស្រាអែលឲ្យថ្វាយតង្វាយដុតទាំងមូល ហើយសម្លាប់គោបាធ្វើជាយញ្ញបូជាមេត្រីភាព*ថ្វាយព្រះអម្ចាស់។ ៦ លោកម៉ូសេយកឈាមពាក់កណ្ដាលចាក់ទៅក្នុងផើង ហើយពាក់កណ្ដាលទៀត ប្រោះទៅលើអាសនៈ។ ៧ បន្ទាប់មក លោកយកគម្ពីរនៃសម្ពន្ធមេត្រីមកអានឲ្យប្រជាជនស្តាប់ ហើយពួកគេពោលថា៖ «យើងខ្ញុំសុខចិត្តប្រតិបត្តិ និងធ្វើតាមសេចក្តីទាំងប៉ុន្មានដែលព្រះអម្ចាស់មានព្រះបន្ទូល»។ ៨ លោកម៉ូសេយកឈាមទៅប្រោះលើប្រជាជន ទាំងពោលថា៖ «នេះជាឈាមនៃសម្ពន្ធមេត្រីដែលព្រះអម្ចាស់បានចងជាមួយអ្នករាល់គ្នា ដោយមានព្រះបន្ទូលទាំងនេះជាកិច្ចព្រមព្រៀង»។
៩ លោកម៉ូសេឡើងទៅលើភ្នំជាមួយលោកអរ៉ុន លោកណាដាប និងលោកអប៊ីហ៊ូ ព្រមទាំងព្រឹទ្ធាចារ្យរបស់ជនជាតិអ៊ីស្រាអែលទាំងចិតសិបនាក់។ ១០ ពួកលោកបានឃើញព្រះរបស់ជនជាតិអ៊ីស្រាអែល។ នៅក្រោមព្រះបាទាព្រះអង្គ មានដូចជាត្បូងកណ្ដៀងសុទ្ធ ភ្លឺថ្លាដូចផ្ទៃមេឃ។ ១១ ព្រះជាម្ចាស់ពុំបានប្រហារវរជនរបស់ជនជាតិអ៊ីស្រាអែលទេ។ អស់លោកទាំងនោះបានឃើញព្រះជាម្ចាស់ ហើយនាំគ្នាធ្វើពិធីជប់លៀង។
១២ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរឡើងមករកយើងនៅលើភ្នំ ហើយរង់ចាំនៅទីនេះសិន យើងនឹងប្រគល់បន្ទះថ្មឲ្យអ្នក នៅលើបន្ទះថ្ម យើងបានចារឹកវិន័យ និងបទបញ្ជា ដែលអ្នកត្រូវយកទៅបង្រៀនប្រជាជន»។ ១៣ លោកម៉ូសេក៏ឡើងទៅលើភ្នំរបស់ព្រះជាម្ចាស់ជាមួយលោកយ៉ូស៊ូអា ជាសហការីរបស់លោក។ ១៤ លោកផ្តាំព្រឹទ្ធាចារ្យថា៖ «សូមអស់លោករង់ចាំនៅទីនេះ រហូតដល់ពួកយើងត្រឡប់មកវិញ។ លោកអរ៉ុន និងលោកហួរ នៅទីនេះជាមួយអស់លោក ប្រសិនបើអ្នកណាមានបញ្ហាអ្វីដែលត្រូវដោះស្រាយ ត្រូវឲ្យអ្នកនោះទៅជួបលោកទាំងពីរចុះ»។ ១៥ លោកម៉ូសេឡើងទៅលើភ្នំ ពេលនោះ មានពពក*មកគ្របបាំងលើភ្នំ។ ១៦ សិរីរុងរឿងរបស់ព្រះអម្ចាស់ស្ថិតនៅលើភ្នំស៊ីណៃ ហើយពពកគ្របបាំងលើភ្នំអស់រយៈពេលប្រាំមួយថ្ងៃ។ នៅថ្ងៃទីប្រាំពីរ ព្រះអម្ចាស់ត្រាស់ហៅលោកម៉ូសេពីក្នុងពពក។ ១៧ ជនជាតិអ៊ីស្រាអែលឃើញសិរីរុងរឿងរបស់ព្រះអម្ចាស់ ដូចជាភ្លើងឆេះសន្ធោសន្ធៅនៅលើកំពូលភ្នំ។ ១៨ លោកម៉ូសេចូលទៅក្នុងពពក ហើយឡើងលើភ្នំ។ លោកស្ថិតនៅលើភ្នំអស់រយៈពេលសែសិបថ្ងៃ សែសិបយប់។
២៥
គម្រោងសំណង់ព្រះពន្លា
ព្រះជាម្ចាស់បង្គាប់ឲ្យសង់ព្រះពន្លា
១ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ ២ «ចូរប្រាប់ជនជាតិអ៊ីស្រាអែលឲ្យយកតង្វាយ ដែលគេបានញែកទុក មកថ្វាយយើង។ ត្រូវទទួលយកតង្វាយពីអ្នកដែលថ្វាយ ដោយស្ម័គ្រចិត្ត។ ៣ តង្វាយដែលអ្នកត្រូវទទួលពីគេ គឺមាស ប្រាក់ លង្ហិន ៤ ក្រណាត់ពណ៌ស្វាយ ពណ៌ក្រហម ពណ៌ក្រហមទុំ ក្រណាត់ទេសឯក ក្រណាត់ធ្វើពីរោមពពែ ៥ ស្បែកពពែជ្រលក់ពណ៌ក្រហម ស្បែកផ្សោត និងឈើនាងនួន ៦ ប្រេងសម្រាប់ដុតបំភ្លឺ ប្រេងក្រអូបសម្រាប់ពិធីលាបប្រេង និងគ្រឿងក្រអូបសម្រាប់ដុត ៧ ត្បូងមណីជោតិរស និងត្បូងដ៏មានតម្លៃផ្សេងៗ សម្រាប់ដាំនៅលើអាវអេផូដ* និងសម្រាប់លំអដើមទ្រូងបូជាចារ្យ។ ៨ ពួកគេត្រូវសង់ទីសក្ការៈមួយសម្រាប់យើង ដើម្បីឲ្យយើងស្នាក់នៅក្នុងចំណោមពួកគេ។ ៩ អ្នករាល់គ្នាត្រូវសង់ព្រះពន្លា និងធ្វើគ្រឿងបរិក្ខារទាំងប៉ុន្មាន តាមគំរូដែលយើងនឹងបង្ហាញអ្នក»។
ហិបនៃសម្ពន្ធមេត្រី
១០ ពួកគេត្រូវធ្វើហិបមួយពីឈើនាងនួន ហិបនោះមានបណ្តោយពីរហត្ថកន្លះ ទទឹងមួយហត្ថកន្លះ និងកម្ពស់មួយហត្ថកន្លះ។ ១១ ត្រូវយកមាសសុទ្ធស្រោបហិបនោះ ទាំងខាងក្នុង ទាំងខាងក្រៅ ហើយគែមដែលព័ទ្ធជុំវិញ ក៏ត្រូវធ្វើពីមាសដែរ។ ១២ ត្រូវធ្វើកងមាសបួន ដាក់ភ្ជាប់ទៅនឹងមុមទាំងបួន គឺម្ខាងពីរៗ។ ១៣ ត្រូវយកឈើនាងនួនមកធ្វើជាឈើស្នែង ហើយស្រោបមាសផង។ ១៤ ត្រូវស៊កឈើស្នែងទៅក្នុងកងដែលនៅសងខាងហិប ដើម្បីសែងហិបនោះ។ ១៥ ឈើស្នែងត្រូវនៅជាប់នឹងកងរបស់ហិបជានិច្ច មិនត្រូវដកចេញឡើយ។ ១៦ ចូរដាក់បន្ទះថ្មនៃសន្ធិសញ្ញារបស់សម្ពន្ធមេត្រី* ដែលយើងឲ្យដល់អ្នកក្នុងហិបនេះ។ ១៧ ត្រូវឲ្យគេធ្វើគម្របហិបពីមាសសុទ្ធ ដែលមានបណ្តោយពីរហត្ថកន្លះ និងទទឹងមួយហត្ថកន្លះ។ ១៨ ត្រូវយកមាសមកឆ្លាក់ធ្វើរូបខេរូប៊ីមពីរ ដាក់នៅចុងគម្របហិបទាំងសងខាង ១៩ ត្រូវដាក់ភ្ជាប់រូបខេរូប៊ីម*ទាំងពីរនោះទៅនឹងគម្របហិប គឺខេរូប៊ីមនីមួយៗត្រូវភ្ជាប់ទៅនឹងចុងម្ខាង។ ២០ ត្រូវដាក់ខេរូប៊ីមទាំងពីរប្រឈមមុខគ្នា ដោយឈ្ងោកមុខទៅរកគម្របហិប ព្រមទាំងត្រដាងស្លាបការពារគម្របហិបនេះទៀតផង។ ២១ ចូរដាក់បន្ទះថ្មនៃសន្ធិសញ្ញា ដែលយើងនឹងប្រគល់ឲ្យអ្នក ទៅក្នុងហិប រួចយកគម្របមកគ្រប។ ២២ យើងនឹងមកជួបអ្នកនៅលើគម្របហិប ត្រង់ចន្លោះខេរូប៊ីមទាំងពីរដែលនៅពីលើហិបនៃសម្ពន្ធមេត្រី។ យើងនឹងប្រាប់អ្នកអំពីបទបញ្ជាទាំងប៉ុន្មាន ដែលត្រូវបង្គាប់ដល់កូនចៅអ៊ីស្រាអែល។
តុដាក់នំបុ័ងថ្វាយព្រះជាម្ចាស់
២៣ ត្រូវធ្វើតុមួយពីឈើនាងនួន ដែលមានបណ្តោយពីរហត្ថ ទទឹងមួយហត្ថ និងកម្ពស់មួយហត្ថកន្លះ។ ២៤ ត្រូវយកមាសសុទ្ធមកស្រោបតុនោះ ព្រមទាំងធ្វើគែមមាសព័ទ្ធជុំវិញទៀតផង។ ២៥ នៅតាមជ្រុងទាំងបួន ត្រូវធ្វើក្របដែលមានកម្ពស់មួយទះ ហើយធ្វើក្បាច់ជាមាសព័ទ្ធជុំវិញផង។ ២៦ ត្រូវធ្វើកងមាសបួនដាក់ភ្ជាប់ទៅនឹងមុមទាំងបួន ត្រង់កន្លែងដែលមានជើងតុ។ ២៧ កងមាសទាំងបួនត្រូវដាក់នៅជិតក្រប ដើម្បីស៊កឈើស្នែងសែងតុ។ ២៨ ត្រូវយកឈើនាងនួនមកធ្វើជាឈើស្នែង ហើយស្រោបមាសផង ដើម្បីសែងតុនោះ។ ២៩ ត្រូវយកមាសសុទ្ធមកធ្វើថាស ថូ ចានគោម និងពែងសម្រាប់ប្រើក្នុងពិធីច្រួចស្រា និងប្រេងដាក់នៅលើតុនោះ។ ៣០ ត្រូវតម្កល់នំបុ័ងនៅលើតុនោះ ទុកជាតង្វាយអចិន្ត្រៃយ៍នៅចំពោះមុខយើង។
ជើងចង្កៀង
៣១ ត្រូវយកមាសសុទ្ធតែមួយដុំមកដំធ្វើជើងចង្កៀង ហើយជើងចង្កៀងមាសនេះត្រូវឆ្លាក់ក្បាច់រចនា ទាំងផ្នែកខាងក្រោម ទាំងតួ ទាំងមែក និងផ្នែកដាក់ប្រេង។ ៣២ មានមែកប្រាំមួយបែកចេញពីតួដែលនៅកណ្ដាល គឺម្ខាងមានមែកបី ហើយម្ខាងទៀតក៏មានមែកបីដែរ។ ៣៣ ក្នុងចំណោមមែកទាំងប្រាំមួយនោះ មែកនីមួយៗមានក្បាច់បីគន្លាក់ រាងដូចទងផ្កា ត្របកផ្កា និងស្រទាប់ផ្កាក្រពុំ ជាបន្តបន្ទាប់គ្នា។ ៣៤ រីឯតួដែលនៅកណ្ដាល មានក្បាច់បួនគន្លាក់ រាងដូចទងផ្កាត្របកផ្កា និងស្រទាប់ផ្កាក្រពុំ។ ៣៥ មានស្រទាប់ផ្កាក្រពុំបីនៅខាងក្រោមមែកទាំងបីគូ ដែលបែកចេញពីតួកណ្ដាល។ ៣៦ ស្រទាប់ផ្កាក្រពុំ និងមែក ត្រូវឆ្លាក់ជាក្បាច់រចនាពីមាសសុទ្ធតែមួយដុំ។ ៣៧ ត្រូវធ្វើចង្កៀងប្រាំពីរ យកទៅដាក់លើជើងចង្កៀង ដើម្បីឲ្យពន្លឺជះទៅខាងមុខ។ ៣៨ រីឯកន្លែងស៊កប្រឆេះចង្កៀង និងប្រដាប់សម្រាប់គោះកម្ទេចប្រឆេះ ក៏ត្រូវតែធ្វើពីមាសសុទ្ធដែរ។ ៣៩ ត្រូវប្រើមាសសុទ្ធសាមសិបបួនគីឡូក្រាម ដើម្បីធ្វើជើងចង្កៀង និងគ្រឿងបរិក្ខារទាំងប៉ុន្មាន សម្រាប់ប្រើប្រាស់ជាមួយជើងចង្កៀងនោះ។
៤០ ចូរសង្កេតមើល ហើយធ្វើតាមគំរូ ដែលយើងបង្ហាញឲ្យអ្នកឃើញនៅលើភ្នំ។
២៦
ព្រះពន្លា
១ ចូរធ្វើព្រះពន្លាពីក្រណាត់ក្រាស់ដប់ផ្ទាំង ដែលត្បាញដោយអំបោះធ្មៃ លាយនឹងអំបោះពណ៌ស្វាយ ពណ៌ក្រហម និងក្រហមទុំ។ ក្រណាត់ទាំងនោះត្រូវប៉ាក់លំអដោយរូបខេរូប៊ីម*។ ២ ផ្ទាំងក្រណាត់ទាំងអស់ត្រូវមានទំហំប៉ុនៗគ្នា គឺបណ្តោយប្រវែងម្ភៃប្រាំបីហត្ថ ទទឹងបួនហត្ថ។ ៣ ត្រូវដេរក្រណាត់ប្រាំផ្ទាំងជាប់គ្នា ហើយក្រណាត់ប្រាំផ្ទាំងទៀតក៏ត្រូវដេរជាប់គ្នាដែរ។ ៤ ត្រូវយកអំបោះពណ៌ស្វាយវេញធ្វើខ្សែដែលមានរាងដូចកង ដេរភ្ជាប់តាមជាយម្ខាងរបស់ផ្ទាំងក្រណាត់ធំៗទាំងពីរ។ ៥ ត្រូវមានខ្សែកងចំនួនហាសិបនៅតាមជាយនៃផ្ទាំងធំនីមួយៗ ហើយខ្សែកង ដែលស្ថិតនៅលើផ្ទាំងធំៗទាំងពីរនេះ ត្រូវនៅទន្ទឹមគ្នា។ ៦ ចូរធ្វើទំពក់មាសចំនួនហាសិប សម្រាប់ថ្ពក់ផ្ទាំងក្រណាត់ធំទាំងពីរជាប់គ្នា។ ដូច្នេះ មានក្រណាត់តែមួយផ្ទាំងធ្វើជាព្រះពន្លា។
៧ បន្ទាប់មក ត្រូវត្បាញក្រណាត់ក្រាស់ដប់មួយផ្ទាំងអំពីរោមពពែ សម្រាប់គ្របពីលើព្រះពន្លា។ ៨ ផ្ទាំងក្រណាត់ទាំងដប់មួយត្រូវមានទំហំប៉ុនៗគ្នា គឺបណ្តោយសាមសិបហត្ថ ទទឹងបួនហត្ថ។ ៩ មុនដំបូង ត្រូវយកក្រណាត់ប្រាំផ្ទាំងមកដេរភ្ជាប់គ្នា រួចទើបយកក្រណាត់ប្រាំមួយផ្ទាំងទៀត មកដេរភ្ជាប់គ្នាដែរ។ ផ្ទាំងទីប្រាំមួយត្រូវបត់ទម្លាក់ទៅខាងមុខពន្លា។ ១០ ចូរធ្វើខ្សែកងចំនួនហាសិប ដេរភ្ជាប់នៅជាយម្ខាងនៃផ្ទាំងក្រណាត់ធំៗទីពីរ។ ១១ ត្រូវធ្វើទំពក់លង្ហិនចំនួនហាសិប សម្រាប់ថ្ពក់ទៅក្នុងខ្សែកង ដើម្បីឲ្យបានទៅជាក្រណាត់តែមួយផ្ទាំង។ ១២ ក្រណាត់ដែលគ្របពីលើព្រះពន្លានេះ ត្រូវមានទំហំវែងជាងព្រះពន្លា ពាក់កណ្ដាលផ្ទាំង ហើយសាច់ក្រណាត់ដែលលើសនេះ ត្រូវបត់ទម្លាក់ទៅខាងក្រោយព្រះពន្លា។ ១៣ រីឯក្រណាត់ដែលលើសមួយហត្ថទាំងសងខាងនៅតាមបណ្តោយផ្ទាំងធំ ត្រូវទម្លាក់ទៅសងខាងព្រះពន្លា ដើម្បីបាំងព្រះពន្លានេះ។ ១៤ ត្រូវយកស្បែកពពែឈ្មោល ជ្រលក់ពណ៌ក្រហម គ្របពីលើផ្ទាំងក្រណាត់នោះ ហើយយកស្បែកផ្សោតមកគ្របពីលើថែមទៀត។
១៥ ចូរយកឈើនាងនួនមកធ្វើជាស៊ុម សម្រាប់បញ្ឈរ ទ្រក្រណាត់ព្រះពន្លានោះ ១៦ ស៊ុមនីមួយៗត្រូវមានកម្ពស់ដប់ហត្ថ និងទទឹងមួយហត្ថកន្លះ។ ១៧ នៅលើស៊ុមនីមួយៗត្រូវមានពន្លួញពីរស្របគ្នា។ ១៨ ត្រូវធ្វើស៊ុមម្ភៃសម្រាប់ប៉ែកខាងត្បូងព្រះពន្លា។ ១៩ ត្រូវធ្វើជើងទ្រស៊ុមពីប្រាក់ចំនួនសែសិប ដើម្បីទ្រស៊ុមទាំងម្ភៃនោះ គឺជើងទ្រពីរនៅក្រោមស៊ុមមួយ ត្រង់កន្លែងដែលមានពន្លួញទាំងពីរ។ ២០ នៅប៉ែកខាងជើងព្រះពន្លា ត្រូវធ្វើស៊ុមចំនួនម្ភៃ ២១ និងជើងទ្រស៊ុមពីប្រាក់ចំនួនសែសិប គឺជើងទ្រពីរសម្រាប់ស៊ុមមួយ។ ២២ នៅខាងក្រោយព្រះពន្លា គឺប៉ែកខាងលិច ត្រូវធ្វើស៊ុមចំនួនប្រាំមួយ។ ២៣ ត្រូវធ្វើស៊ុមពីរទៀត សម្រាប់ជ្រុងខាងក្រោយព្រះពន្លា។ ២៤ ស៊ុមនៅជ្រុងទាំងពីរនេះមានទ្រង់ទ្រាយដូចគ្នា គឺផ្នែកខាងក្រោមមានទទឹងធម្មតា តែនៅផ្នែកខាងលើភ្ជាប់គ្នាដោយសារកងមួយ។ ២៥ ដូច្នេះ នៅប៉ែកខាងក្រោយមានស៊ុមចំនួនប្រាំបី និងជើងទ្រធ្វើពីប្រាក់ចំនួនដប់ប្រាំមួយ គឺជើងទ្រពីរសម្រាប់ស៊ុមនីមួយៗ។ ២៦ ត្រូវយកឈើនាងនួនមកធ្វើជាឈើទទឹងចំនួនប្រាំ សម្រាប់បញ្ឈរស៊ុមនៅប៉ែកទីមួយរបស់ព្រះពន្លា ២៧ ឈើទទឹងប្រាំ សម្រាប់ប៉ែកទីពីរនៃព្រះពន្លា ហើយឈើទទឹងប្រាំទៀតសម្រាប់ប៉ែកខាងលិចនៃព្រះពន្លា។ ២៨ ឈើទទឹងដែលនៅកណ្ដាល ត្រូវតែដាក់ចំពាក់កណ្ដាលស៊ុមទាំងអស់ ចាប់ពីចុងម្ខាងទៅចុងម្ខាងទៀតនៃព្រះពន្លា។ ២៩ ត្រូវយកមាសស្រោបស៊ុមទាំងអស់ ព្រមទាំងធ្វើកងមាសសម្រាប់ស៊កឈើទទឹង ហើយឈើទទឹងនោះក៏ត្រូវស្រោបមាសដែរ។
៣០ ចូរដំឡើងព្រះពន្លាតាមគំរូ ដែលយើងបង្ហាញឲ្យអ្នកឃើញនៅលើភ្នំ។
៣១ ចូរធ្វើវាំងននមួយត្បាញដោយអំបោះធ្មៃ ដែលលាយនឹងអំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ។ វាំងនននេះត្រូវតែប៉ាក់លំអដោយរូបខេរូប៊ីម។ ៣២ ត្រូវថ្ពក់វាំងនននេះទៅនឹងបង្គោលបួន ដែលធ្វើពីឈើនាងនួនស្រោបមាស ដែលបញ្ឈរនៅលើជើងទ្របួនធ្វើអំពីប្រាក់ រីឯទំពក់ក៏ត្រូវធ្វើពីមាសដែរ។ ៣៣ ត្រូវយកទំពក់ទាំងនោះមកថ្ពក់វាំងនន រួចយកហិបដែលដាក់បន្ទះថ្មនៃសន្ធិសញ្ញា ទៅដាក់នៅខាងក្រោយវាំងនន។ វាំងនននេះខណ្ឌទីសក្ការៈ និងទីសក្ការៈបំផុត ឲ្យនៅដាច់ពីគ្នា។ ៣៤ បន្ទាប់មក ត្រូវយកគម្របមកគ្របលើហិបដែលដាក់បន្ទះថ្មនៃសន្ធិសញ្ញា នៅក្នុងទីសក្ការៈបំផុត។ ៣៥ ត្រូវដាក់តុនៅខាងមុខវាំងនន ប៉ែកខាងជើង ហើយដាក់ជើងចង្កៀងនៅចំពីមុខតុ គឺនៅប៉ែកខាងត្បូង។
៣៦ រីឯទ្វារចូលព្រះពន្លា ត្រូវត្បាញវាំងននមួយទៀតពីអំបោះធ្មៃ លាយនឹងអំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ។ វាំងនននេះត្រូវប៉ាក់ក្បាច់លំអដែរ។ ៣៧ ត្រូវយកឈើនាងនួនមកធ្វើសសរប្រាំដើម រួចស្រោបមាសទៀតផង។ ត្រូវថ្ពក់វាំងននភ្ជាប់ទៅនឹងសសរទាំងនោះ ដោយទំពក់មាស។ ត្រូវយកលង្ហិនធ្វើជើងទ្រចំនួនប្រាំ សម្រាប់ទ្រសសរទាំងនោះ។
២៧
អាសនៈសម្រាប់យញ្ញបូជា
១ ត្រូវធ្វើអាសនៈមួយពីឈើនាងនួន មានរាងបួនជ្រុងស្មើ ជ្រុងនីមួយៗមានប្រវែងប្រាំហត្ថ និងកម្ពស់បីហត្ថ។ ២ ចូរធ្វើស្នែងជាប់នឹងមុមទាំងបួនរបស់អាសនៈ ហើយស្រោបលង្ហិនពីលើ។ ៣ ត្រូវធ្វើគ្រឿងសម្រាប់ប្រើប្រាស់ពីលង្ហិនទាំងអស់ គឺមានធុងដាក់ផេះ ប្រដាប់ចូកផេះ ផើងដាក់ឈាម សម និងភាជន៍។ ៤ ត្រូវធ្វើប្រទាសលង្ហិនមួយ ដែលមានកងលង្ហិននៅតាមមុមទាំងបួន។ ៥ ត្រូវដាក់ប្រទាសនេះនៅចំពាក់កណ្ដាលកម្ពស់របស់អាសនៈ។ ៦ ត្រូវយកឈើនាងនួនស្រោបលង្ហិន ធ្វើជាឈើស្នែងអាសនៈ។ ៧ ត្រូវស៊កឈើស្នែងនោះទៅក្នុងកង ដែលស្ថិតនៅតាមជ្រុងអាសនៈសម្រាប់សែង។ ៨ អាសនៈនេះត្រូវធ្វើពីបន្ទះក្តារដែលព័ទ្ធជុំវិញ ទុកប្រហោងនៅកណ្ដាល តាមគំរូ ដែលយើងបង្ហាញឲ្យអ្នកឃើញនៅលើភ្នំ។
ទីលាន
៩ ត្រូវធ្វើទីលានសម្រាប់ព្រះពន្លា ដោយមានរនាំងធ្វើពីអំបោះធ្មៃ បាំងជុំវិញ។ នៅប៉ែកខាងត្បូង រនាំងត្រូវមានបណ្តោយមួយរយហត្ថ។ ១០ រនាំងនោះត្រូវភ្ជាប់នឹងបង្គោលម្ភៃ ដែលមានជើងទ្រម្ភៃ ធ្វើពីលង្ហិន រីឯទំពក់ និងមេរូត ធ្វើពីប្រាក់។ ១១ នៅប៉ែកខាងជើង រនាំងត្រូវមានបណ្តោយមួយរយហត្ថ មានបង្គោលម្ភៃ ដែលមានជើងទ្រម្ភៃ ធ្វើពីលង្ហិន រីឯទំពក់ និងមេរូត ធ្វើពីប្រាក់។ ១២ ទទឹងរបស់ទីលានដែលនៅប៉ែកខាងលិច រនាំងត្រូវមានប្រវែងហាសិបហត្ថ មានបង្គោលដប់ និងជើងទ្រដប់។ ១៣ ទទឹងរបស់ទីលាន ដែលនៅប៉ែកខាងកើត ត្រូវមានប្រវែងហាសិបហត្ថដូចគ្នា។ ១៤ នៅច្រកចូល រនាំងម្ខាងត្រូវមានប្រវែងដប់ប្រាំហត្ថ មានបង្គោលបី ព្រមទាំងជើងទ្របី។ ១៥ រនាំងម្ខាងទៀត ត្រូវមានប្រវែងដប់ប្រាំហត្ថ មានបង្គោលបី ព្រមទាំងជើងទ្របីដែរ។ ១៦ នៅច្រកចូលទីលាន ត្រូវបាំងវាំងននដែលមានប្រវែងម្ភៃហត្ថ ត្បាញពីអំបោះធ្មៃលាយនឹងអំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ មានប៉ាក់ក្បាច់លំអ ព្រមទាំងមានបង្គោលបួន និងជើងទ្របួនផង។ ១៧ បង្គោលវាំងននទាំងនោះ ភ្ជាប់គ្នាដោយមេរូត និងទំពក់ ធ្វើពីប្រាក់ ហើយជើងទ្រធ្វើពីលង្ហិន។ ១៨ រនាំងរបស់ទីលានត្រូវមានបណ្តោយមួយរយហត្ថ ទទឹងហាសិបហត្ថ កម្ពស់ប្រាំហត្ថ ធ្វើពីក្រណាត់អំបោះធ្មៃ ហើយជើងទ្រធ្វើពីលង្ហិន។ ១៩ គ្រឿងបរិក្ខារសម្រាប់ប្រើប្រាស់ក្នុងព្រះពន្លា ចម្រឹងព្រះពន្លា និងចម្រឹងរនាំងរបស់ទីលាន ត្រូវធ្វើពីលង្ហិនទាំងអស់។
ប្រេងសម្រាប់ជើងចង្កៀង
២០ ចូរអ្នកបង្គាប់កូនចៅអ៊ីស្រាអែលឲ្យយកប្រេងអូលីវដែលមានគុណភាពល្អបំផុត សម្រាប់ដុតចង្កៀងឲ្យភ្លឺជាអចិន្ត្រៃយ៍។ ២១ អរ៉ុន និងកូនរបស់គាត់ ត្រូវមើលថែទាំចង្កៀងនៅក្នុងពន្លាជួបព្រះអម្ចាស់។ ចង្កៀងនេះត្រូវស្ថិតនៅខាងមុខវាំងនន ដែលបាំងបន្ទះថ្មនៃសន្ធិសញ្ញា ហើយត្រូវឲ្យឆេះនៅចំពោះមុខយើងជានិច្ច ពីល្ងាចរហូតទល់ព្រឹក។ នេះជាច្បាប់ដែលកូនចៅអ៊ីស្រាអែលគ្រប់ជំនាន់ ត្រូវតែអនុវត្តតាម រហូតតទៅ។
២៨
សម្លៀកបំពាក់របស់បូជាចារ្យ
១ ត្រូវហៅអរ៉ុន ជាបងរបស់អ្នក ព្រមទាំងកូនប្រុសរបស់គាត់ គឺ ណាដាប់ អប៊ីហ៊ូ អេឡាសារ និងអ៊ីតាម៉ា ពីក្នុងចំណោមកូនចៅអ៊ីស្រាអែល ឲ្យចូលមកជិតអ្នក ដើម្បីបំពេញមុខងារជាបូជាចារ្យ។ ២ ត្រូវធ្វើសម្លៀកបំពាក់សក្ការៈ សម្រាប់អរ៉ុន ជាបងរបស់អ្នក ដើម្បីជាកិត្តិយស និងភាពថ្លៃថ្នូររបស់គាត់។ ៣ ត្រូវប្រាប់ពួកសិប្បករទាំងអស់ថា យើងនឹងផ្តល់ព្រះប្រាជ្ញាញាណឲ្យពួកគេ អាចធ្វើសម្លៀកបំពាក់សក្ការៈសម្រាប់អរ៉ុន ដើម្បីញែកគាត់ឲ្យវិសុទ្ធ និងឲ្យគាត់បំពេញមុខងារជាបូជាចារ្យបម្រើយើង។ ៤ សម្លៀកបំពាក់ដែលពួកគេត្រូវធ្វើនោះ គឺប្រដាប់ពាក់លើទ្រូងមួយ អាវអេផូដ*មួយ អាវវែងមួយ អាវក្នុងមួយជាអាវប៉ាក់ ឆ្នួតក្បាលមួយ និងខ្សែក្រវាត់មួយ។ ពួកគេត្រូវធ្វើសម្លៀកបំពាក់សក្ការៈសម្រាប់អរ៉ុន ជាបងរបស់អ្នក ព្រមទាំងកូនៗរបស់គាត់ ដើម្បីឲ្យបំពេញមុខងារជាបូជាចារ្យបម្រើយើង។
៥ ពួកសិប្បករត្រូវប្រើអំបោះមាស អំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ ព្រមទាំងអំបោះធ្មៃ។
៦ ពួកគេត្រូវប្រើអំបោះមាស អំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ ព្រមទាំងអំបោះធ្មៃ ធ្វើអាវអេផូដ ដោយមានប៉ាក់លំអផង។ ៧ ត្រូវធ្វើខ្សែព្រយុងពីរ ដេរភ្ជាប់ទៅនឹងចុងទាំងសងខាងរបស់អាវអេផូដ។ ៨ រីឯខ្សែក្រវាត់របស់អាវអេផូដត្រូវធ្វើដោយសរសៃអំបោះ ដូចអាវអេផូដដែរ គឺមានអំបោះមាស អំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ ព្រមទាំងអំបោះធ្មៃ ខ្សែក្រវាត់នេះត្រូវដេរជាប់នឹងអាវអេផូដ។ ៩ ចូរយកត្បូងមណីជោតិរសពីរដុំមក ហើយចារឈ្មោះកូនរបស់អ៊ីស្រាអែលនៅលើនោះ។ ១០ ត្រូវចារឈ្មោះប្រាំមួយនៅលើត្បូងទីមួយ និងឈ្មោះប្រាំមួយទៀតនៅលើត្បូងទីពីរ តាមលំដាប់អាយុរបស់ពួកគេ។ ១១ អ្នកត្រូវចារឈ្មោះកូនរបស់អ៊ីស្រាអែលនៅលើត្បូង តាមរបៀបដូចគេឆ្លាក់ត្រា ហើយត្រូវធ្វើក្រចាប់មាសភ្ជាប់នឹងត្បូងនោះផង។ ១២ ចូរដាំត្បូងទាំងពីរភ្ជាប់នឹងខ្សែព្រយុងរបស់អាវអេផូដ ទុកជាតំណាងកូនរបស់អ៊ីស្រាអែល។ ដូច្នេះ អរ៉ុននឹងពាក់ឈ្មោះរបស់ពួកគេលើខ្សែព្រយុងទាំងពីរ នៅចំពោះមុខយើង ដែលជាព្រះអម្ចាស់ ដើម្បីឲ្យយើងនឹកដល់ពួកគេ។ ១៣ ត្រូវធ្វើក្រចាប់ទាំងនោះពីមាស ១៤ ធ្វើខ្សែពីមាសសុទ្ធ ដែលវេញចូលគ្នាជារបៀបខ្សែពួរ ហើយភ្ជាប់ខ្សែ និងក្រចាប់ជាប់គ្នា។
ប្រដាប់ពាក់លើទ្រូង
១៥ ត្រូវធ្វើប្រដាប់ពាក់លើទ្រូងមួយ សម្រាប់វិនិច្ឆ័យ។ ប្រដាប់ពាក់លើទ្រូងនេះត្រូវធ្វើដោយសរសៃអំបោះដូចអាវអេផូដដែរ គឺមានអំបោះមាស អំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ ព្រមទាំងអំបោះធ្មៃ ដោយមានប៉ាក់លំអផង។ ១៦ ប្រដាប់ពាក់លើទ្រូងនេះមានពីរស្រទាប់ និងមានរាងបួនជ្រុងស្មើ ជ្រុងនីមួយៗមានប្រវែងមួយចង្អាម។ ១៧ ប្រដាប់ពាក់លើទ្រូងត្រូវលំអដោយត្បូងបួនជួរ គឺជួរទីមួយ ត្រូវដាំត្បូងទទឹមមួយគ្រាប់ ត្បូងប៊ុតលឿងមួយគ្រាប់ និងត្បូងមរកតមួយគ្រាប់។ ១៨ ជួរទីពីរ ត្រូវដាំត្បូងទទឹមមួយគ្រាប់ ត្បូងកណ្ដៀងមួយគ្រាប់ និងត្បូងពេជ្រមួយគ្រាប់។ ១៩ ជួរទីបី ត្រូវដាំត្បូងទទឹមមួយគ្រាប់ ត្បូងនិលរ័ត្នមួយគ្រាប់ និងត្បូងជម្ពូរ័ត្នមួយគ្រាប់ ២០ ហើយជួរទីបួន ត្រូវដាំត្បូងដៃរគៀមមួយគ្រាប់ ត្បូងកែវយក់មួយគ្រាប់ និងមណីជោតិរសមួយគ្រាប់។ ត្បូងនីមួយៗត្រូវតែដាំបង្កប់ក្នុងក្រចាប់ធ្វើអំពីមាស។ ២១ ត្បូងទាំងនេះជាតំណាងកុលសម្ព័ន្ធនៃជនជាតិអ៊ីស្រាអែល គឺមានទាំងអស់ដប់ពីរ។ នៅលើត្បូងនីមួយៗត្រូវចារឈ្មោះកុលសម្ព័ន្ធមួយ តាមរបៀបដែលគេឆ្លាក់ត្រា។ ២២ ត្រូវយកមាសសុទ្ធមកធ្វើជាខ្សែ ហើយវេញចូលគ្នាជារបៀបខ្សែពួរ សម្រាប់ភ្ជាប់ទៅនឹងប្រដាប់ពាក់លើទ្រូង។ ២៣ ត្រូវធ្វើកងមាសពីរភ្ជាប់ទៅនឹងមុមខាងលើនៃប្រដាប់ពាក់លើទ្រូង។ ២៤ បន្ទាប់មក ត្រូវថ្ពក់ខ្សែមាសទាំងពីរទៅនឹងកងទាំងពីរនៃប្រដាប់ពាក់លើទ្រូង ២៥ រួចភ្ជាប់ចុងម្ខាងទៀតទៅនឹងក្រចាប់មាសទាំងពីរ ដែលស្ថិតនៅលើខ្សែព្រយុងរបស់អាវអេផូដ ដើម្បីឲ្យប្រដាប់ពាក់លើទ្រូងនោះស្ថិតនៅពីមុខ។ ២៦ ត្រូវធ្វើកងមាសពីរទៀត ភ្ជាប់ទៅនឹងមុមខាងក្រោមទាំងពីរនៃប្រដាប់ពាក់លើទ្រូង គឺមុមដែលប៉ះនឹងអាវអេផូដ។ ២៧ ត្រូវធ្វើកងមាសពីរទៀត ភ្ជាប់ទៅចុងខាងក្រោមនៃខ្សែព្រយុងរបស់អាវអេផូដ ត្រង់កន្លែងដែលខ្សែព្រយុង និងអាវអេផូដ ដេរជាប់គ្នា នៅពីលើខ្សែក្រវាត់របស់អាវអេផូដ។ ២៨ ចូរយកខ្សែពណ៌ស្វាយ ចងកងរបស់ប្រដាប់ពាក់លើទ្រូង ភ្ជាប់ទៅនឹងកងរបស់អាវអេផូដ ដើម្បីឲ្យប្រដាប់ពាក់លើទ្រូងនោះ ស្ថិតនៅពីលើខ្សែក្រវាត់ ហើយកុំឲ្យរបូតចេញពីអាវអេផូដឡើយ។ ២៩ ពេលអរ៉ុនចូលក្នុងទីសក្ការៈ គាត់មានឈ្មោះកុលសម្ព័ន្ធនៃកូនចៅអ៊ីស្រាអែលនៅជាប់នឹងប្រដាប់ពាក់លើទ្រូង សម្រាប់វិនិច្ឆ័យ ដើម្បីឲ្យយើងដែលជាព្រះអម្ចាស់ នឹកដល់ពួកគេអស់កល្បជានិច្ច។ ៣០ ចូរដាក់អ៊ូរីម និងទូមីម* ទៅក្នុងប្រដាប់ពាក់លើទ្រូងសម្រាប់វិនិច្ឆ័យ ដើម្បីឲ្យវត្ថុទាំងនេះស្ថិតនៅជាប់នឹងទ្រូងអរ៉ុនជានិច្ច នៅពេលគាត់ចូលមករកយើង។ ដូច្នេះ នៅពេលចូលមករកយើង ដែលជាព្រះអម្ចាស់ អរ៉ុនត្រូវពាក់គ្រឿងសម្រាប់វិនិច្ឆ័យជនជាតិអ៊ីស្រាអែលជាប់នឹងដើមទ្រូងជានិច្ច។
សម្លៀកបំពាក់សក្ការៈផ្សេងទៀត
៣១ ចូរធ្វើអាវវែងមួយពណ៌ស្វាយ សម្រាប់ពាក់ពីក្រោមអាវអេផូដ។ ៣២ ផ្នែកខាងលើរបស់អាវវែងនោះ ត្រូវកាត់ប្រឡោះមួយចំកណ្ដាលសម្រាប់ស៊កក្បាល។ ត្រូវដេររឹមជុំវិញប្រឡោះនោះ ដើម្បីកុំឲ្យរហែក គឺដេរតាមរបៀបដែលគេដេរជាយអាវស្បែក។ ៣៣ នៅតាមជាយអាវខាងក្រោម ត្រូវប៉ាក់លំអដោយរូបផ្លែទទឹមពណ៌ស្វាយ ពណ៌ក្រហម និងក្រហមទុំ ហើយត្រូវដាក់កូនកណ្តឹងមាសទៀតផង។ ៣៤ ត្រូវដាក់រូបផ្លែទទឹមមួយ កូនកណ្តឹងមួយ ឆ្លាស់គ្នាជុំវិញជាយអាវ។ ៣៥ អរ៉ុនពាក់អាវនេះនៅពេលបំពេញមុខងារ គឺពេលគាត់មករកព្រះអម្ចាស់ក្នុងទីសក្ការៈ ហើយពេលគាត់ចេញមកវិញ គេនឹងឮស្នូរកូនកណ្តឹង។ ដូច្នេះ គាត់នឹងមិនត្រូវស្លាប់ឡើយ។
៣៦ ចូរធ្វើគ្រឿងអលង្ការមួយពីមាសសុទ្ធមានរាងដូចផ្កា។ ត្រូវឆ្លាក់អក្សរ «បូជាថ្វាយព្រះអម្ចាស់» នៅលើគ្រឿងអលង្ការនេះ តាមរបៀបដែលគេឆ្លាក់ត្រា។ ៣៧ ចូរភ្ជាប់គ្រឿងអលង្ការទៅនឹងផ្នែកខាងមុខនៃឆ្នួតក្បាល ដោយប្រើខ្សែពណ៌ស្វាយ។ ៣៨ ពេលអរ៉ុនចូលមករកយើងដែលជាព្រះអម្ចាស់ គ្រឿងអលង្ការនេះស្ថិតនៅលើថ្ងាសរបស់គាត់ជានិច្ច។ ធ្វើដូច្នេះ ទោះបីជនជាតិអ៊ីស្រាអែលធ្វើខុស នៅពេលថ្វាយតង្វាយក៏ដោយ ក៏យើងយល់ព្រមទទួលតង្វាយរបស់ពួកគេដែរ។
៣៩ ត្រូវធ្វើអាវក្នុងមួយពីអំបោះធ្មៃ ឆ្នួតក្បាលមួយពីអំបោះធ្មៃ ព្រមទាំងប៉ាក់ខ្សែក្រវាត់មួយផង។
៤០ ត្រូវធ្វើអាវក្នុង ខ្សែក្រវាត់ និងឆ្នួតក្បាល សម្រាប់កូនទាំងអស់របស់អរ៉ុន ដើម្បីជាកិត្តិយស និងភាពថ្លៃថ្នូររបស់ពួកគេ។ ៤១ ត្រូវយកសម្លៀកបំពាក់ទាំងនេះទៅពាក់ឲ្យអរ៉ុន និងកូនប្រុសរបស់គាត់ រួចចាក់ប្រេងតែងតាំងពួកគេ ដើម្បីញែកពួកគេឲ្យបំពេញមុខងារជាបូជាចារ្យបម្រើយើង។ ៤២ ចូរធ្វើខោខ្លីពីអំបោះធ្មៃ ដើម្បីឲ្យពួកគេបិទបាំងកេរ្ដិ៍ខ្មាស ចាប់ពីចង្កេះរហូតដល់ភ្លៅ។ ៤៣ អរ៉ុន និងកូនប្រុសរបស់គាត់ត្រូវស្លៀកសម្លៀកបំពាក់ទាំងនេះ នៅពេលដែលពួកគេចូលទៅក្នុងពន្លាជួបព្រះអម្ចាស់ ឬនៅពេលចូលទៅកាន់អាសនៈ ដើម្បីបំពេញមុខងារក្នុងទីសក្ការៈ។ ដូច្នេះ ពួកគេនឹងគ្មានកំហុស ហើយមិនត្រូវស្លាប់ឡើយ។ នេះជាច្បាប់ដែលអរ៉ុន និងពូជពង្សត្រូវអនុវត្តតាមរហូតតទៅ។
២៩
ការតែងតាំងបូជាចារ្យ
១ នេះជារបៀបដែលអ្នកត្រូវធ្វើសម្រាប់តែងតាំងអរ៉ុន និងកូនប្រុសរបស់គាត់ ឲ្យបំពេញមុខងារជាបូជាចារ្យបម្រើយើង។ ត្រូវយកគោឈ្មោលស្ទាវមួយ និងចៀមឈ្មោលពីរ ល្អឥតខ្ចោះ ២ នំបុ័ងឥតមេ នំធ្វើពីម្សៅឥតមេ លាយនឹងប្រេង ព្រមទាំងនំក្រៀបដែលលាបប្រេង។ ៣ ត្រូវដាក់នំទាំងនោះក្នុងល្អីមួយ ហើយយកមកថ្វាយជាមួយគោឈ្មោលស្ទាវ និងចៀមឈ្មោលទាំងពីរ។ ៤ ត្រូវនាំអរ៉ុន និងកូនរបស់គាត់ ទៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់ ហើយធ្វើពិធីងូតទឹកឲ្យពួកគេ។ ៥ បន្ទាប់មក ត្រូវយកសម្លៀកបំពាក់មកពាក់ឲ្យអរ៉ុន គឺអាវក្នុង អាវវែង អាវអេផូដ និងប្រដាប់ពាក់លើទ្រូង ហើយយកខ្សែក្រវាត់មកក្រវាត់អាវអេផូដផង។ ៦ ចូរពាក់ឆ្នួតលើក្បាលគាត់ ហើយភ្ជាប់គ្រឿងអលង្ការដ៏វិសុទ្ធ ទៅនឹងឆ្នួតក្បាលផង។ ៧ បន្ទាប់មក ត្រូវយកប្រេងមកចាក់លើក្បាលគាត់ ដើម្បីតែងតាំងគាត់ឲ្យបំពេញមុខងារបម្រើយើង។ ៨ ត្រូវហៅកូនប្រុសរបស់អរ៉ុនមក ហើយពាក់អាវឲ្យពួកគេ។ ៩ ចូរក្រវាត់ខ្សែក្រវាត់ឲ្យអរ៉ុន និងកូនរបស់គាត់ ព្រមទាំងពាក់ឆ្នួតក្បាលឲ្យពួកគេផង។ អ្នកត្រូវតែងតាំងអរ៉ុន និងកូនប្រុសរបស់គាត់ជាបូជាចារ្យរហូត តាមច្បាប់ដែលនៅស្ថិតស្ថេរជានិច្ច។
១០ ត្រូវនាំគោឈ្មោលមកខាងមុខពន្លាជួបព្រះអម្ចាស់ ហើយឲ្យអរ៉ុន និងកូនប្រុសរបស់គាត់ ដាក់ដៃលើក្បាលវា។ ១១ ត្រូវអារ កគោនោះនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ត្រង់ទ្វារពន្លាជួបព្រះអម្ចាស់។ ១២ ត្រូវយកម្រាមដៃជ្រលក់ក្នុងឈាមគោ ហើយយកទៅលាបលើស្នែងរបស់អាសនៈ រួចចាក់ឈាមដែលនៅសល់ ទៅលើជើងអាសនៈ។ ១៣ ត្រូវយកខ្លាញ់ទាំងអស់ ដែលជាប់នឹងពោះវៀន ព្រមទាំងថ្លើម ក្រលៀនទាំងពីរ និងខ្លាញ់ដែលជាប់ជាមួយ ទៅដុតនៅលើអាសនៈទាំងអស់។ ១៤ រីឯសាច់ ស្បែក និងលាមករបស់វា ត្រូវយកទៅដុតនៅខាងក្រៅជំរំ ព្រោះជាយញ្ញបូជារំដោះបាប។
១៥ ត្រូវនាំចៀមឈ្មោល មួយមក ហើយឲ្យអរ៉ុន និងកូនរបស់គាត់ ដាក់ដៃលើក្បាលវា។ ១៦ ត្រូវអារ កចៀមឈ្មោល រួចយកឈាមរបស់វាទៅប្រោះជុំវិញអាសនៈ។ ១៧ ត្រូវកាប់សាច់ជាដុំៗ លាងពោះវៀន និងជើងរបស់វាឲ្យស្អាត ហើយយកទៅដាក់លើដុំសាច់ និងក្បាល។ ១៨ ត្រូវដុតចៀមនោះនៅលើអាសនៈ ជាតង្វាយដុតទាំងមូល ថ្វាយព្រះអម្ចាស់ គឺជាយញ្ញបូជាដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។
១៩ ត្រូវនាំចៀមឈ្មោលមួយទៀតមក ហើយឲ្យអរ៉ុន និងកូនប្រុសរបស់គាត់ ដាក់ដៃលើក្បាលវា។ ២០ ត្រូវអារ កចៀមនោះ យកឈាមរបស់វាទៅលាបលើស្លឹកត្រចៀកស្តាំ មេដៃស្តាំ និងមេជើងស្តាំរបស់អរ៉ុន និងកូនៗគាត់ រួចទើបយកឈាមដែលនៅសល់ទៅប្រោះជុំវិញអាសនៈ។ ២១ ត្រូវយកឈាមពីលើអាសនៈ និងប្រេងសម្រាប់តែងតាំង ទៅប្រោះលើអរ៉ុន និងសម្លៀកបំពាក់របស់គាត់ ព្រមទាំងប្រោះលើកូនប្រុសគាត់ និងសម្លៀកបំពាក់របស់ពួកគេដែរ។ ធ្វើដូច្នេះ ទាំងអរ៉ុន ទាំងកូនប្រុសរបស់គាត់ និងសម្លៀកបំពាក់របស់ពួកគេនឹងបានទៅជាវិសុទ្ធ។ ២២ ចៀមទីពីរនេះជាចៀមសម្រាប់ធ្វើពិធីតែងតាំងបូជាចារ្យ។ ត្រូវយកខ្លាញ់របស់វា កន្ទុយ ខ្លាញ់នៅជាប់នឹងពោះវៀន ថ្លើម ក្រលៀនទាំងពីរ និងខ្លាញ់ ដែលជាប់ជាមួយភ្លៅស្តាំខាងក្រោយ ២៣ រួចយកនំបុ័ងមួយ នំលាយប្រេងមួយ និងនំក្រៀបមួយពីល្អីដាក់នំបុ័ងឥតមេ ដែលគេតាំងថ្វាយព្រះអម្ចាស់ ២៤ ដាក់ទាំងអស់លើដៃរបស់អរ៉ុន និងកូនរបស់គាត់ ហើយប្រាប់ពួកគេឲ្យលើកតង្វាយនេះឡើង ជាសញ្ញាថ្វាយព្រះអម្ចាស់។ ២៥ បន្ទាប់មក ចូរយកតង្វាយពីដៃពួកគេទៅដុតនៅលើអាសនៈ រួមជាមួយតង្វាយដុតទាំងមូល ជាយញ្ញបូជាដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ ២៦ ចូរយកសាច់ទ្រូងរបស់ចៀម ដែលប្រើសម្រាប់ធ្វើពិធីតែងតាំងអរ៉ុននោះ លើកឡើងជាសញ្ញាថ្វាយព្រះអម្ចាស់ ដោយដៃអ្នកផ្ទាល់ រួចហើយសាច់នេះនឹងបានជាចំណែករបស់អ្នក។
២៧ ត្រូវប្រកាសថា សាច់ទ្រូង និងភ្លៅចៀមដែលគេយកពីចៀម ប្រើសម្រាប់ធ្វើពិធីតែងតាំងអរ៉ុន និងកូនរបស់គាត់ ហើយដែលគេបានលើកថ្វាយព្រះអម្ចាស់នោះជាសាច់ដ៏វិសុទ្ធ។ ២៨ ហេតុនេះហើយបានជានៅពេលដែលជនជាតិអ៊ីស្រាអែលថ្វាយយញ្ញបូជាមេត្រីភាព សាច់ដែលគេញែកថ្វាយព្រះអម្ចាស់ នឹងបានទៅជាចំណែករបស់អរ៉ុន និងកូនរបស់គាត់។ នេះជាច្បាប់ដែលត្រូវអនុវត្តតាមរហូតតទៅ។
២៩ ក្រោយពេលដែលអរ៉ុនស្លាប់ទៅ សម្លៀកបំពាក់របស់គាត់ ត្រូវផ្ទេរទៅឲ្យកូនៗរបស់គាត់ ដើម្បីឲ្យគេពាក់ នៅពេលទទួលពិធីលាបប្រេងតែងតាំងជាបូជាចារ្យ។ ៣០ ក្នុងចំណោមកូនរបស់អរ៉ុន អ្នកដែលទទួលតំណែងជាបូជាចារ្យបន្តពីគាត់ ត្រូវស្លៀកសម្លៀកបំពាក់ទាំងនេះអស់រយៈពេលប្រាំពីរថ្ងៃ បន្ទាប់មក ទើបគេចូលទៅក្នុងពន្លាជួបព្រះអម្ចាស់ ដើម្បីបំពេញមុខងារក្នុងទីសក្ការៈ។
៣១ ចូរយកសាច់របស់ចៀមឈ្មោល ដែលប្រើសម្រាប់ធ្វើពិធីតែងតាំងបូជាចារ្យ មកចម្អិននៅក្នុងទីសក្ការៈ។ ៣២ អរ៉ុន និងកូនប្រុសរបស់គាត់ត្រូវបរិភោគសាច់នោះ ជាមួយនំបុ័ងដែលមាននៅក្នុងល្អី ត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់។ ៣៣ មានតែពួកគេប៉ុណ្ណោះ ដែលអាចបរិភោគតង្វាយនេះ ក្នុងពិធីតែងតាំងពួកគេឲ្យបំពេញមុខងារជាបូជាចារ្យ ដើម្បីសុំរំដោះបាប។ រីឯអ្នកឯទៀត គ្មានសិទ្ធិបរិភោគតង្វាយនេះទេ ដ្បិតជាអាហារសក្ការៈ។ ៣៤ ប្រសិនបើព្រឹកស្អែកមាននៅសល់សាច់ ឬនំបុ័ង នោះត្រូវយកទៅដុត គឺមិនត្រូវបរិភោគឡើយ ព្រោះជាអាហារសក្ការៈ។
៣៥ ត្រូវប្រព្រឹត្តចំពោះអរ៉ុន និងកូនប្រុសរបស់គាត់ តាមសេចក្តីទាំងប៉ុន្មានដែលយើងបង្គាប់ដល់អ្នក។ ពិធីតែងតាំងពួកគេជាបូជាចារ្យនេះត្រូវធ្វើឲ្យគ្រប់ប្រាំពីរថ្ងៃ។ ៣៦ រៀងរាល់ថ្ងៃ ត្រូវថ្វាយគោបាមួយជាយញ្ញបូជារំដោះបាប ដើម្បីសុំលោះបាប។ ធ្វើដូច្នេះ អ្នកជម្រះអាសនៈឲ្យបរិសុទ្ធ រួចអ្នកត្រូវចាក់ប្រេងពីលើ ដើម្បីឲ្យអាសនៈនោះបានវិសុទ្ធ។ ៣៧ ក្នុងរយៈពេលប្រាំពីរថ្ងៃ អ្នកត្រូវធ្វើពិធីជម្រះអាសនៈ និងញែកអាសនៈទុកជាសក្ការៈ។ ធ្វើដូច្នេះ អាសនៈនេះនឹងទៅជាវិសុទ្ធបំផុត ហើយអ្វីៗដែលប៉ះនឹងអាសនៈក៏ទៅជាវិសុទ្ធដែរ។
យញ្ញបូជាប្រចាំថ្ងៃ
៣៨ រៀងរាល់ថ្ងៃ ត្រូវយកកូនចៀមពីរ ដែលមានអាយុមួយខួប ថ្វាយនៅលើអាសនៈជានិច្ចនិរន្តរ៍តរៀងទៅ។ ៣៩ ត្រូវថ្វាយកូនចៀមមួយនៅពេលព្រឹក ហើយកូនចៀមមួយទៀតនៅពេលល្ងាច។ ៤០ ត្រូវយកម្សៅដ៏ម៉ដ្តចំនួនមួយភាគដប់នៃអេផា* លាយជាមួយប្រេងអូលីវដ៏ល្អមួយភាគបួននៃហ៊ីន* ព្រមទាំងស្រាទំពាំងបាយជូរ សម្រាប់ធ្វើពិធីច្រួចស្រាចំនួនមួយភាគបួននៃហ៊ីន* មកថ្វាយជាមួយកូនចៀមទីមួយ។ ៤១ រីឯកូនចៀមមួយទៀតត្រូវថ្វាយនៅពេលល្ងាច រួមជាមួយតង្វាយម្សៅ ប្រេង និងស្រាទំពាំងបាយជូរ ដូចនៅពេលព្រឹកដែរ។ ចូរដុតតង្វាយទាំងនេះជាយញ្ញបូជា ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ ៤២ នេះជាតង្វាយដុតជានិច្ចនិរន្តរ៍ ដែលកូនចៅរបស់អ្នករាល់គ្នាគ្រប់ជំនាន់ត្រូវថ្វាយព្រះអម្ចាស់ នៅត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់។ នៅទីនេះ យើងនឹងមកជួបអ្នករាល់គ្នា ហើយនិយាយជាមួយអ្នក។ ៤៣ យើងនឹងមកជួបកូនចៅអ៊ីស្រាអែលនៅទីនេះ ហើយកន្លែងនេះនឹងបានវិសុទ្ធ ដោយសារសិរីរុងរឿងរបស់យើង។ ៤៤ យើងនឹងញែកពន្លាជួបព្រះអម្ចាស់ ព្រមទាំងអាសនៈឲ្យវិសុទ្ធ។ យើងក៏ញែកអរ៉ុន ព្រមទាំងកូនប្រុសរបស់គាត់ឲ្យវិសុទ្ធដែរ ដើម្បីឲ្យពួកគេបំពេញមុខងារជាបូជាចារ្យ*បម្រើយើង។ ៤៥ យើងនឹងស្ថិតនៅជាមួយកូនចៅអ៊ីស្រាអែល យើងនឹងធ្វើជាព្រះរបស់ពួកគេ។ ៤៦ ពួកគេនឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់ ជាព្រះរបស់ពួកគេ ដែលបាននាំពួកគេចេញពីស្រុកអេស៊ីប ដើម្បីឲ្យយើងបាននៅជាមួយពួកគេ។ យើងជាព្រះអម្ចាស់ ជាព្រះរបស់ពួកគេ។
៣០
អាសនៈសម្រាប់ដុតគ្រឿងក្រអូប
១ ត្រូវធ្វើអាសនៈមួយពីឈើនាងនួន សម្រាប់ដុតគ្រឿងក្រអូប។ ២ អាសនៈត្រូវមានរាងបួនជ្រុងស្មើ ដែលជ្រុងនីមួយៗមានប្រវែងមួយហត្ថ និងកម្ពស់ពីរហត្ថ។ ចូរធ្វើស្នែងជាប់នឹងមុមទាំងបួនរបស់អាសនៈ។ ៣ អាសនៈទាំងមូលត្រូវស្រោបដោយមាសសុទ្ឋ គឺទាំងផ្នែកខាងលើ ទាំងជញ្ជាំងដែលនៅព័ទ្ធជុំវិញ ទាំងស្នែង។ រីឯគែមដែលនៅជុំវិញត្រូវធ្វើពីមាស។ ៤ ត្រូវធ្វើកងមាសម្ខាងពីរៗ ភ្ជាប់ពីក្រោមគែមអាសនៈ ដើម្បីស៊កឈើស្នែងសែងអាសនៈ។ ៥ ត្រូវធ្វើឈើស្នែងពីរពីឈើនាងនួន ហើយស្រោបមាសផង។ ៦ ត្រូវដាក់អាសនៈនេះនៅខាងមុខវាំងននបាំងហិបដាក់បន្ទះថ្មនៃសន្ធិសញ្ញា គឺចំពីមុខកន្លែងដែលយើងនឹងមកជួបអ្នក នៅលើគម្របហិប ដែលគ្របបន្ទះថ្មនៃសន្ធិសញ្ញា។ ៧ រៀងរាល់ព្រឹក ពេលអរ៉ុនចូលមកថែចង្កៀង គាត់ត្រូវដុតគ្រឿងក្រអូបនៅលើអាសនៈនេះ។ ៨ រៀងរាល់ល្ងាច ក្នុងពេលដែលគាត់អុជចង្កៀង គាត់ក៏ត្រូវដុតគ្រឿងក្រអូបដែរ។ គ្រឿងក្រអូបនេះត្រូវតែដុតថ្វាយព្រះអម្ចាស់ជានិច្ចនិរន្តរ៍ គ្រប់ជំនាន់តរៀងទៅ។ ៩ កុំថ្វាយគ្រឿងក្រអូបដែលមិនសក្ការៈ ឬថ្វាយតង្វាយដុតទាំងមូល តង្វាយម្សៅ និងច្រួចស្រាទំពាំងបាយជូរលើអាសនៈនេះឡើយ។ ១០ មួយឆ្នាំម្ដង អរ៉ុនត្រូវធ្វើពិធីជម្រះអាសនៈឲ្យបរិសុទ្ធ ដោយយកឈាមសត្វដែលថ្វាយជាយញ្ញបូជាលោះបាប ទៅលាបតាមស្នែងរបស់អាសនៈ។ ពិធីនេះត្រូវតែធ្វើជារៀងរាល់ឆ្នាំ គ្រប់ជំនាន់តរៀងទៅ។ ត្រូវញែកអាសនៈនេះជារបស់ដ៏វិសុទ្ធបំផុត នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។
ពន្ធដារសម្រាប់ទីសក្ការៈ
១១ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ ១២ «នៅពេលអ្នកជំរឿនប្រជាជនអ៊ីស្រាអែល ពួកគេម្នាក់ៗត្រូវតែបង់ប្រាក់ថ្វាយព្រះអម្ចាស់ ទុកជាថ្លៃលោះជីវិតរបស់ខ្លួន។ ដូច្នេះ នឹងគ្មានគ្រោះកាចណាកើតឡើងដល់ពួកគេ ក្នុងពេលជំរឿនប្រជាជនឡើយ។ ១៣ អស់អ្នកដែលមានឈ្មោះក្នុងបញ្ជីជំរឿន ម្នាក់ៗត្រូវបង់ប្រាក់ពីរតម្លឹង តាមទម្ងន់ដែលប្រើក្នុងទីសក្ការៈ គឺស្មើនឹងដប់កេរ៉ា* ទុកជាតង្វាយថ្វាយព្រះអម្ចាស់។ ១៤ អស់អ្នកដែលមានឈ្មោះក្នុងបញ្ជីជំរឿន និងមានអាយុពីម្ភៃឆ្នាំឡើងទៅ ត្រូវបង់ប្រាក់នេះទុកជាតង្វាយថ្វាយព្រះអម្ចាស់។ ១៥ តង្វាយដែលត្រូវថ្វាយព្រះអម្ចាស់នេះ កំណត់ត្រឹមប្រាក់ពីរតម្លឹង។ អ្នកមានមិនត្រូវបង់លើសចំនួន រីឯអ្នកក្រក៏មិនត្រូវបង់តិចជាងដែរ។ ១៦ ពេលអ្នកទទួលប្រាក់ពីកូនចៅអ៊ីស្រាអែលហើយ ត្រូវយកប្រាក់នេះទៅប្រើប្រាស់សម្រាប់ការងារក្នុងពន្លាជួបព្រះអម្ចាស់។ ធ្វើដូច្នេះ ព្រះអម្ចាស់នឹងនឹកដល់កូនចៅអ៊ីស្រាអែល ដែលបានលោះជីវិតរបស់ខ្លួន»។
អាងសម្រាប់ពិធីជម្រះកាយ
១៧ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ ១៨ «ចូរធ្វើអាងមួយអំពីលង្ហិន ដាក់នៅលើកំណល់ធ្វើអំពីលង្ហិន សម្រាប់ធ្វើពិធីជម្រះកាយ។ ត្រូវដាក់អាងនោះនៅចន្លោះពន្លាជួបព្រះអម្ចាស់ និងអាសនៈ រួចចាក់ទឹកឲ្យពេញអាង។ ១៩ អរ៉ុន និងកូនប្រុសរបស់គាត់ ត្រូវយកទឹកពីក្នុងអាងនោះ សម្រាប់ធ្វើពិធីលាងដៃ និងលាងជើង។ ២០ មុននឹងចូលទៅក្នុងពន្លាជួបព្រះអម្ចាស់ ពួកគេត្រូវយកទឹកនោះមកធ្វើពិធីជម្រះកាយជាមុនសិន ដើម្បីកុំឲ្យពួកគេត្រូវស្លាប់។ ពេលចូលទៅកាន់អាសនៈ ដើម្បីថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់ ក៏ពួកគេត្រូវធ្វើពិធីជម្រះកាយដែរ។ ២១ ពួកគេត្រូវតែធ្វើពិធីលាងដៃ និងលាងជើង ដើម្បីកុំឲ្យស្លាប់។ នេះជាច្បាប់ដែលអរ៉ុន និងពូជពង្សរបស់គាត់ ត្រូវអនុវត្តតាមរហូតតទៅ»។
ប្រេងដ៏សក្ការៈ
២២ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ ២៣ «ចូរយកគ្រឿងក្រអូបដែលមានគុណភាពល្អបំផុត គឺជ័រល្វីងទេសទម្ងន់ដប់ពីរនាល ប្រេងទេព្វិរូប្រាំមួយនាល ប្រេងសម្បុរល្វែងប្រាំមួយនាល ២៤ កំញានដប់ពីរនាល គិតតាមទម្ងន់ដែលប្រើនៅក្នុងទីសក្ការៈ ព្រមទាំងប្រេងអូលីវប្រាំមួយលីត្រទៀតផង។ ២៥ ត្រូវផ្សំគ្រឿងទាំងនោះធ្វើជាប្រេងក្រអូប តាមវិធីចម្រាញ់ប្រេងរបស់អ្នកធ្វើទឹកអប់ ដើម្បីប្រើសម្រាប់ធ្វើពិធីលាបប្រេងសក្ការៈ។ ២៦ ត្រូវប្រើប្រេងនោះសម្រាប់លាបពន្លាជួបព្រះអម្ចាស់ និងហិបដាក់បន្ទះថ្មនៃសន្ធិសញ្ញា ២៧ តុ និងគ្រឿងបរិក្ខារដែលប្រើប្រាស់ជាមួយតុ ជើងចង្កៀង និងគ្រឿងបរិក្ខារដែលប្រើជាមួយចង្កៀងអាសនៈដុតគ្រឿងក្រអូប ២៨ អាសនៈសម្រាប់ថ្វាយតង្វាយដុតទាំងមូល និងគ្រឿងបរិក្ខារសម្រាប់ប្រើប្រាស់ជាមួយអាសនៈ ព្រមទាំងអាងទឹក និងកំណល់។ ២៩ ពេលអ្នកលាបប្រេងញែកវត្ថុទាំងនោះជាសក្ការៈ វត្ថុទាំងនោះនឹងទៅជាវិសុទ្ធ*បំផុត ហើយអ្វីៗដែលមកប៉ះនឹងវត្ថុទាំងនោះ ក៏នឹងទៅជាវិសុទ្ធដែរ។ ៣០ ចូរយកប្រេងនេះលាបលើអរ៉ុន និងកូនប្រុសរបស់គាត់ ញែកពួកគេឲ្យវិសុទ្ធ ដើម្បីឲ្យពួកគេបំពេញមុខងារជាបូជាចារ្យ*បម្រើយើង។ ៣១ ចូរប្រាប់ជនជាតិអ៊ីស្រាអែលថា នេះជាប្រេងសម្រាប់ប្រើក្នុងពិធីលាបប្រេងដ៏សក្ការៈ គ្រប់ជំនាន់តរៀងទៅ។ ៣២ មិនត្រូវប្រើប្រេងនេះសម្រាប់លាបតែងខ្លួនឡើយ ហើយក៏មិនត្រូវយកគ្រឿងផ្សំនេះទៅធ្វើប្រេងដូចប្រេងនេះដែរ ដ្បិតប្រេងនេះជាប្រេងសក្ការៈដែលអ្នករាល់គ្នាត្រូវតែទុកឲ្យនៅជាសក្ការៈរហូត។ ៣៣ អ្នកណាផ្សំប្រេងដូចប្រេងសក្ការៈ ឬយកប្រេងនេះទៅលាបលើមនុស្សសាមញ្ញធម្មតា ត្រូវដកអ្នកនោះចេញពីចំណោមប្រជាជន»។
គ្រឿងក្រអូបដ៏សក្ការៈ
៣៤ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរយកគ្រឿងក្រអូបដូចជាស្លឹកពុំសែន ខ្លឹមចន្ទន៍ កំបូរ និងកំញានសុទ្ធ ទម្ងន់ស្មើៗគ្នា ៣៥ មកផ្សំធ្វើគ្រឿងក្រអូប តាមវិធីផ្សំរបស់អ្នកធ្វើគ្រឿងក្រអូប។ ត្រូវដាក់អំបិលលាយជាមួយផង ដើម្បីឲ្យគ្រឿងក្រអូបនោះទៅជាបរិសុទ្ធ និងសក្ការៈ។ ៣៦ ត្រូវយកគ្រឿងក្រអូបមួយចំណែកទៅកិនឲ្យម៉ដ្ត ដើម្បីដាក់ពីមុខហិបដែលមានបន្ទះថ្មនៃសន្ធិសញ្ញា នៅក្នុងពន្លាជួបព្រះអម្ចាស់ ជាកន្លែងដែលយើងមកជួបជាមួយអ្នក។ អ្នករាល់គ្នាត្រូវចាត់ទុកម្សៅនេះជាម្សៅសក្ការៈបំផុត។ ៣៧ មិនត្រូវផ្សំគ្រឿងក្រអូបសម្រាប់ប្រើប្រាស់ដូចគ្រឿងនេះឡើយ ត្រូវចាត់ទុកគ្រឿងក្រអូបនេះជាសក្ការៈថ្វាយព្រះអម្ចាស់។
៣៨ អ្នកណាផ្សំគ្រឿងក្រអូបដូចគ្រឿងក្រអូបនេះ ដើម្បីប្រើប្រាស់ ត្រូវដកអ្នកនោះចេញពីចំណោមប្រជាជន»។
៣១
អ្នកបម្រើក្នុងទីសក្ការៈ
១ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ ២ «យើងបានជ្រើសរើសបេសាល់អែល ជាកូនរបស់អ៊ូរី និងជាចៅរបស់ហួរ ក្នុងកុលសម្ព័ន្ធយូដា។ ៣ យើងបានធ្វើឲ្យគាត់ពោរពេញដោយព្រះវិញ្ញាណរបស់យើង ដើម្បីឲ្យគាត់មានប្រាជ្ញាឆ្លាតវាងវៃ ចេះធ្វើគ្រប់កិច្ចការ ៤ គឺគាត់ចេះលើកគម្រោង ហើយជាជាងមាស ជាងប្រាក់ និងជាងលង្ហិន ៥ ចេះច្នៃ និងដាំត្បូង ចេះឆ្លាក់ឈើ។ សរុបមក គាត់ចេះធ្វើការងារគ្រប់មុខ។ ៦ យើងក៏បានតែងតាំងអូហូលីយ៉ាប ជាកូនរបស់អហ៊ីសាម៉ាក ពីកុលសម្ព័ន្ធដាន់ឲ្យជួយគាត់ដែរ។ យើងឲ្យសិប្បករឯទៀតៗមានប្រាជ្ញា ដើម្បីបំពេញការងារទាំងអស់ដែលយើងបានបង្គាប់ឲ្យអ្នកធ្វើ ៧ គឺធ្វើពន្លាជួបព្រះអម្ចាស់ ហិបដាក់បន្ទះថ្មនៃសន្ធិសញ្ញា គម្របហិប និងគ្រឿងបរិក្ខារទាំងអស់ សម្រាប់ប្រើប្រាស់នៅក្នុងពន្លា ៨ តុ និងគ្រឿងបរិក្ខារសម្រាប់ប្រើប្រាស់ជាមួយតុ ជើងចង្កៀងធ្វើអំពីមាសសុទ្ធ និងគ្រឿងបរិក្ខារ សម្រាប់ប្រើប្រាស់ជាមួយជើងចង្កៀង អាសនៈដុតគ្រឿងក្រអូប ៩ អាសនៈសម្រាប់ថ្វាយតង្វាយដុតទាំងមូល និងគ្រឿងបរិក្ខារសម្រាប់ប្រើប្រាស់ជាមួយអាសនៈ អាងទឹក និងកំណល់។ ១០ សម្លៀកបំពាក់សម្រាប់ពិធីបុណ្យ គឺសម្លៀកបំពាក់សក្ការៈរបស់បូជាចារ្យអរ៉ុន និងសម្លៀកបំពាក់កូនប្រុសគាត់ សម្រាប់បំពេញមុខងារជាបូជាចារ្យ។ ១១ ប្រេងសម្រាប់ប្រើក្នុងពិធីលាបប្រេង និងគ្រឿងក្រអូបសម្រាប់ដុតនៅទីសក្ការៈ។ ពួកសិប្បករនឹងធ្វើការទាំងអស់ ដូចយើងបានបង្គាប់»។
ថ្ងៃសប្ប័ទ
១២ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ ១៣ «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: ត្រូវគោរពថ្ងៃសប្ប័ទរបស់យើងឲ្យបានដិតដល់ ដ្បិតថ្ងៃសប្ប័ទជាទីសម្គាល់នៃទំនាក់ទំនងរវាងយើង និងអ្នករាល់គ្នា គ្រប់ជំនាន់តរៀងទៅ ព្រមទាំងរំឭកឲ្យដឹងថា យើងជាព្រះអម្ចាស់ ដែលបានញែកអ្នករាល់គ្នាជាប្រជារាស្ដ្រដ៏វិសុទ្ធរបស់យើង។ ១៤ ដូច្នេះ ចូរគោរពថ្ងៃសប្ប័ទ និងចាត់ទុកថ្ងៃនោះជាថ្ងៃដ៏សក្ការៈ។ អ្នកណាមិនគោរពថ្ងៃសប្ប័ទទុកជាសក្ការៈ អ្នកនោះនឹងត្រូវគេប្រហារជីវិត ហើយអស់អ្នកដែលធ្វើការងារនៅថ្ងៃនោះនឹងត្រូវដកចេញពីចំណោមប្រជាជន។ ១៥ ក្នុងរយៈពេលប្រាំមួយថ្ងៃ អ្នករាល់គ្នាអាចធ្វើការបាន ប៉ុន្តែ ថ្ងៃទីប្រាំពីរជាថ្ងៃសប្ប័ទ គឺថ្ងៃសម្រាកដែលត្រូវញែកទុកជាថ្ងៃសក្ការៈ ថ្វាយព្រះអម្ចាស់។ អស់អ្នកដែលធ្វើការនៅថ្ងៃសប្ប័ទនឹងត្រូវគេប្រហារជីវិត។ ១៦ ជនជាតិអ៊ីស្រាអែលត្រូវតែគោរពថ្ងៃសប្ប័ទ ពួកគេត្រូវចាត់ទុកថ្ងៃសប្ប័ទជាទីសម្គាល់នៃសម្ពន្ធមេត្រីជានិច្ចនិរន្តរ៍ គ្រប់ជំនាន់តរៀងទៅ។ ១៧ ថ្ងៃសប្ប័ទជាទីសម្គាល់នៃទំនាក់ទំនងរវាងយើង នឹងប្រជាជនអ៊ីស្រាអែល ជានិច្ចនិរន្តរ៍ ដ្បិតយើងជាព្រះអម្ចាស់បានបង្កើតផ្ទៃមេឃ និងផែនដីអស់រយៈពេលប្រាំមួយថ្ងៃ ហើយនៅថ្ងៃទីប្រាំពីរយើងឈប់ធ្វើការ ហើយសម្រាក»។
១៨ ពេលព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ នៅលើភ្នំស៊ីណៃចប់សព្វគ្រប់ហើយ ព្រះអង្គបានប្រគល់បន្ទះថ្មទាំងពីរ ជាសន្ធិសញ្ញា គឺបន្ទះថ្មដែលព្រះអង្គបានសរសេរដោយព្រះអង្គុលីរបស់ព្រះអង្គផ្ទាល់ មកលោកម៉ូសេ។
៣២
ជនជាតិអ៊ីស្រាអែលផ្ដាច់សម្ពន្ធមេត្រី ដែលពួកគេបានចងជាមួយព្រះជាម្ចាស់
ជនជាតិអ៊ីស្រាអែលនាំគ្នាថ្វាយបង្គំរូបគោមាស
១ កាលប្រជាជនឃើញលោកម៉ូសេក្រចុះពីភ្នំមកវិញ ពួកគេលើកគ្នាមកជួបលោកអរ៉ុន ហើយពោលថា៖ «សូមលោកធ្វើរូបព្រះ សម្រាប់ដឹកនាំយើងខ្ញុំផង ដ្បិតយើងខ្ញុំពុំដឹងថា មានរឿងអ្វីកើតឡើងចំពោះលោកម៉ូសេ ដែលបាននាំពួកយើងចេញមកពីស្រុកអេស៊ីបនោះឡើយ»។
២ លោកអរ៉ុនមានប្រសាសន៍ទៅពួកគេថា៖ «ចូរដោះក្រវិលមាសពីត្រចៀកប្រពន្ធ និងកូនប្រុស កូនស្រីរបស់អ្នករាល់គ្នា យកមកឲ្យខ្ញុំ»។
៣ ប្រជាជនអ៊ីស្រាអែលទាំងអស់ក៏ដោះក្រវិលមាសពីត្រចៀករបស់ពួកគេ យកមកជូនលោកអរ៉ុន។ ៤ លោកអរ៉ុនយកក្រវិលទាំងនោះទៅសិតធ្វើជារូបកូនគោមួយ។ បន្ទាប់មក ពួកគេស្រែកឡើងថា៖ «អ៊ីស្រាអែលអើយ នេះជាព្រះដែលបាននាំអ្នកចេញពីស្រុកអេស៊ីប!»។ ៥ ឃើញដូច្នេះ លោកអរ៉ុនក៏សង់អាសនៈមួយនៅមុខរូបគោ រួចប្រកាសថា៖ «នៅថ្ងៃស្អែកនឹងមានពិធីបុណ្យមួយថ្វាយព្រះអម្ចាស់»។ ៦ លុះស្អែកឡើង ប្រជាជនក្រោកពីព្រលឹម នាំគ្នាថ្វាយតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាព។ ប្រជាជនអង្គុយស៊ីផឹក រួចនាំគ្នាក្រោកឡើង រាំយ៉ាងសប្បាយ។
៧ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរត្រឡប់ទៅវិញចុះ ដ្បិតប្រជាជនរបស់អ្នក គឺប្រជាជនដែលអ្នកនាំចេញពីស្រុកអេស៊ីប បានប្រព្រឹត្តអំពើបាបមួយយ៉ាងធ្ងន់។ ៨ ពួកគេឆាប់ងាកចេញពីមាគ៌ា ដែលយើងបានបង្ហាញដល់ពួកគេ គឺពួកគេបានសិតធ្វើរូបកូនគោមួយ ហើយក្រាបថ្វាយបង្គំ និងថ្វាយយញ្ញបូជាដល់រូបកូនគោនោះ ទាំងពោលថា “អ៊ីស្រាអែលអើយ នេះជាព្រះដែលនាំអ្នកចេញពីស្រុកអេស៊ីប!”»។ ៩ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងឃើញហើយថា ប្រជាជននេះសុទ្ឋតែជាមនុស្សរឹងរូស។ ១០ ឥឡូវនេះ ចូរទុកឲ្យយើងលុបបំបាត់ប្រជាជននេះ ឲ្យវិនាសសាបសូន្យ តាមកំហឹងរបស់យើង រួចយើងឲ្យប្រជាជាតិដ៏ធំកើតចេញពីអ្នក»។
១១ ប៉ុន្តែ លោកម៉ូសេទូលអង្វរ សូមការប្រោសប្រណីពីព្រះអម្ចាស់ ជាព្រះរបស់លោក ដោយមានប្រសាសន៍ថា៖ «បពិត្រព្រះអម្ចាស់ ហេតុអ្វីបានជាព្រះអង្គព្រះអង្គព្រះពិរោធនឹងប្រជារាស្ដ្រ ដែលព្រះអង្គបាននាំចេញពីស្រុកអេស៊ីប ដោយឫទ្ធានុភាព និងព្រះបារមីដ៏ខ្លាំងពូកែដូច្នេះ? ដ្បិតពួកគេជាប្រជារាស្ដ្ររបស់ព្រះអង្គ។ ១២ សូមកុំឲ្យជនជាតិអេស៊ីបពោលថា “ព្រះអង្គបាននាំជនជាតិអ៊ីស្រាអែលចេញទៅ ដោយបំណងអាក្រក់ ដើម្បីសម្លាប់ពួកគេនៅតាមភ្នំ ព្រមទាំងលុបបំបាត់ពួកគេឲ្យអស់ពីផែនដី”។ សូមព្រះអង្គឈប់ខ្ញាល់ ហើយដូរព្រះហឫទ័យ ឈប់ធ្វើទោសប្រជារាស្ដ្ររបស់ព្រះអង្គទៅ។ ១៣ សូមនឹកដល់លោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ជាអ្នកបម្រើរបស់ព្រះអង្គផង ដ្បិតព្រះអង្គបានសន្យាជាមួយអស់លោកទាំងនោះយ៉ាងម៉ឺងម៉ាត់ថា “យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នករាល់គ្នា បានកើនចំនួនឡើងដូចជាផ្កាយនៅលើមេឃ យើងនឹងប្រគល់ស្រុកដែលយើងបានសន្យានេះ ដល់ពូជពង្សរបស់អ្នក ហើយពួកគេនឹងទទួលស្រុកនោះជាមត៌ករហូតតទៅ”»។ ១៤ ព្រះអម្ចាស់ក៏ដូរព្រះហឫទ័យលែងធ្វើទោសប្រជារាស្ដ្ររបស់ព្រះអង្គ ដូចព្រះអង្គមានព្រះបន្ទូល។
១៥ លោកម៉ូសេក៏ចុះពីលើភ្នំមកវិញ ដោយកាន់បន្ទះថ្មទាំងពីរ ជាសន្ធិសញ្ញា ដែលមានចារអក្សរទាំងសងខាង។ ១៦ បន្ទះថ្មនេះជាស្នាព្រះហស្តរបស់ព្រះជាម្ចាស់ គឺព្រះជាម្ចាស់បានចារអក្សរ ដោយព្រះហស្តរបស់ព្រះអង្គផ្ទាល់។
១៧ ពេលលោកយ៉ូស៊ូអាឮសំឡេងប្រជាជនហ៊ោកញ្ជ្រៀវ លោកមានប្រសាសន៍ទៅកាន់លោកម៉ូសេថា៖ «មានឮសំឡេងប្រយុទ្ធគ្នានៅក្នុងជំរំ»។
១៨ លោកម៉ូសេឆ្លើយថា៖ «ទេ នេះមិនមែនជាសម្រែកជ័យជម្នះ ឬសម្រែកបរាជ័យឡើយ តែខ្ញុំឮសូរសំឡេងចម្រៀង»។ ១៩ លុះមកដល់ជិតជំរំ លោកម៉ូសេបានឃើញរូបកូនគោ និងឃើញប្រជាជនកំពុងតែលោតរាំលេង លោកក្រេវក្រោធយ៉ាងខ្លាំង លោកក៏បោកបន្ទះថ្មដែលលោកកាន់ ឲ្យបែកនៅជើងភ្នំទៅ។ ២០ លោកយករូបកូនគោ ដែលពួកគេបានធ្វើ ទៅដុត រួចលោកកម្ទេចឲ្យម៉ដ្តដូចម្សៅ ហើយយកម្សៅនោះទៅដាក់ក្នុងទឹក ឲ្យជនជាតិអ៊ីស្រាអែលផឹក។ ២១ បន្ទាប់មក លោកម៉ូសេមានប្រសាសន៍ទៅកាន់លោកអរ៉ុនថា៖ «តើប្រជាជននេះធ្វើអ្វីដល់បង បានជាបងបណ្តោយឲ្យពួកគេប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់បែបនេះ?»។ ២២ លោកអរ៉ុនតបថា៖ «សូមលោកម្ចាស់កុំខឹងអី លោកក៏ជ្រាបហើយថា ប្រជាជននេះចូលចិត្តតែប្រព្រឹត្តអំពើអាក្រក់។ ២៣ ពួកគេនាំគ្នាមកប្រាប់ខ្ញុំថា “សូមលោកធ្វើរូបព្រះសម្រាប់ដឹកនាំពួកយើងផង ដ្បិតពួកយើងពុំដឹងថា មានរឿងអ្វីកើតឡើងចំពោះលោកម៉ូសេ ដែលបាននាំពួកយើងចេញពីស្រុកអេស៊ីបមកនោះឡើយ”។ ២៤ ខ្ញុំបានប្រាប់ពួកគេថា អ្នកណាមានមាស សុំយកមកឲ្យខ្ញុំ។ ពួកគេយកមាសមកឲ្យខ្ញុំ ខ្ញុំក៏បោះមាសទៅក្នុងភ្លើង ស្រាប់តែចេញជារូបកូនគោនេះ»។
២៥ លោកម៉ូសេឃើញថា លោកអរ៉ុនបណ្តោយឲ្យប្រជាជនធ្វើអ្វីតាមអំពើចិត្ត ជាហេតុនាំឲ្យសត្រូវមើលងាយ។ ២៦ លោកទៅឈរនៅត្រង់ទ្វារចូលជំរំ ហើយស្រែកថា៖ «អ្នកណាស្រឡាញ់ព្រះអម្ចាស់ អ្នកនោះត្រូវមកខាងខ្ញុំ»។ កូនចៅលេវីទាំងអស់នាំគ្នាមកមូលផ្តុំជុំវិញលោកម៉ូសេ។ ២៧ លោកមានប្រសាសន៍ទៅពួកគេថា៖ «ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ “អ្នករាល់គ្នាត្រូវកាន់ដាវរៀងៗខ្លួន ហើយដើរចុះឡើងពីចុងម្ខាងទៅចុងម្ខាងទៀតនៃជំរំ ទាំងសម្លាប់បងប្អូន មិត្តភក្ដិ និងសាច់ញាតិរបស់អ្នករាល់គ្នាទៅ”»។
២៨ កូនចៅលេវីនាំគ្នាធ្វើតាមបង្គាប់របស់លោកម៉ូសេ ហើយនៅថ្ងៃនោះ មានជនជាតិអ៊ីស្រាអែលប្រមាណបីពាន់នាក់ត្រូវបាត់បង់ជីវិត។ ២៩ លោកម៉ូសេមានប្រសាសន៍ថា៖ «ថ្ងៃនេះ អ្នករាល់គ្នាញែកខ្លួនបម្រើព្រះអម្ចាស់ គឺអ្នករាល់គ្នាមិនបានរារែកចិត្តក្នុងការប្រហារជីវិតកូន ឬបងប្អូនរបស់ខ្លួនឡើយ។ ដូច្នេះ សូមព្រះអង្គប្រទានព្រះពរដល់អ្នករាល់គ្នានៅថ្ងៃនេះ»។
លោកម៉ូសេទូលអង្វរព្រះអម្ចាស់
៣០ លុះស្អែកឡើង លោកម៉ូសេមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាបានប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់។ ឥឡូវនេះ ខ្ញុំត្រូវឡើងទៅគាល់ព្រះអម្ចាស់ម្ដងទៀត។ ខ្ញុំប្រហែលជាអាចសូមព្រះអង្គលើកលែងទោសឲ្យអ្នករាល់គ្នាបានរួចពីបាប»។ ៣១ លោកម៉ូសេក៏ទៅគាល់ព្រះអម្ចាស់ ហើយទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ ប្រជាជននេះបានប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់ គឺពួកគេយកមាសសិតធ្វើរូបព្រះ សម្រាប់ថ្វាយបង្គំ។ ៣២ សូមព្រះអង្គមេត្តាលើកលែងទោសឲ្យពួកគេរួចពីបាបផង។ បើមិនដូច្នោះទេ សូមព្រះអង្គលុបឈ្មោះទូលបង្គំ ចេញពីបញ្ជីឈ្មោះប្រជារាស្ដ្ររបស់ព្រះអង្គទៅ»។
៣៣ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេវិញថា៖ «អ្នកណាប្រព្រឹត្តអំពើបាបប្រឆាំងនឹងយើង យើងនឹងលុបឈ្មោះអ្នកនោះចេញពីបញ្ជីរបស់យើង!។ ៣៤ ឥឡូវនេះ ចូរទៅចុះ ហើយនាំប្រជាជនទៅកាន់កន្លែងដែលយើងបានប្រាប់អ្នក! ទេវទូតរបស់យើងនឹងដើរពីមុខអ្នក។ នៅថ្ងៃវិនិច្ឆ័យទោស យើងនឹងដាក់ទោសពួកគេ ព្រោះតែអំពើបាបដែលពួកគេបានប្រព្រឹត្ត»។
៣៥ ព្រះអម្ចាស់បានប្រហារប្រជាជន ដ្បិតពួកគេបានសុំឲ្យលោកអរ៉ុនធ្វើរូបកូនគោ។
៣៣
ព្រះអម្ចាស់បញ្ជាឲ្យជនជាតិអ៊ីស្រាអែលបន្តដំណើរទៅមុខ
១ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរចាកចេញពីទីនេះ ជាមួយប្រជាជនដែលអ្នកបាននាំចេញមកពីស្រុកអេស៊ីប ហើយចូលទៅក្នុងស្រុកដែលយើងបានសន្យាយ៉ាងម៉ឺងម៉ាត់ជាមួយអប្រាហាំ អ៊ីសាក និងយ៉ាកុប ថានឹងប្រគល់ឲ្យពូជពង្សរបស់គេ។ ២ យើងនឹងចាត់ទេវទូតរបស់យើងឲ្យនាំមុខអ្នក យើងនឹងបណ្តេញជនជាតិកាណាន ជនជាតិអាម៉ូរី ជនជាតិហេត ជនជាតិពេរីស៊ី ជនជាតិហេវី និងជនជាតិយេប៊ូស។ ៣ អ្នករាល់គ្នានឹងចូលទៅក្នុងស្រុក ដែលមានភោគទ្រព្យសម្បូណ៌ហូរហៀរ ប៉ុន្តែ យើងនឹងមិននៅជាមួយអ្នករាល់គ្នាទេ ក្រែងយើងធ្វើឲ្យអ្នករាល់គ្នាវិនាសនៅតាមផ្លូវ ដ្បិតអ្នករាល់គ្នាជាប្រជាជនរឹងរូស»។ ៤ ពេលប្រជាជនឮព្រះបន្ទូលនេះ ពួកគេកើតទុក្ខព្រួយ ហើយគ្មាននរណាពាក់គ្រឿងអលង្ការទៀតឡើយ។
៥ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: អ្នករាល់គ្នាជាប្រជាជនរឹងរូស! ប្រសិនបើយើងនៅជាមួយអ្នករាល់គ្នាតែមួយភ្លែត នោះយើងនឹងធ្វើឲ្យអ្នករាល់គ្នាវិនាសជាមិនខាន។ ចូរដោះគ្រឿងអលង្ការចេញ នោះយើងនឹងសម្រេចថា ត្រូវធ្វើយ៉ាងណាជាមួយអ្នករាល់គ្នា»។ ៦ ដូច្នេះ ក្រោយពេលចាកចេញពីភ្នំហូរែប ប្រជាជនអ៊ីស្រាអែលលែងពាក់គ្រឿងអលង្ការទៀតហើយ។
ពន្លាជួបព្រះអម្ចាស់
៧ នៅពេលប្រជាជនអ៊ីស្រាអែលបោះជំរំ លោកម៉ូសេតែងតែដំឡើងពន្លានៅខាងក្រៅ ឆ្ងាយពីជំរំបន្តិច គេហៅពន្លានេះថា “ពន្លាជួបព្រះអម្ចាស់” ហើយអស់អ្នកដែលចង់ទូលសួរព្រះអម្ចាស់ ត្រូវតែចេញពីជំរំ ឆ្ពោះទៅពន្លាជួបព្រះអម្ចាស់ ដែលនៅខាងក្រៅជំរំ។ ៨ ពេលណាលោកម៉ូសេចេញទៅកាន់ពន្លា ប្រជាជនទាំងអស់ឈរនៅមាត់ទ្វារតង់ត៍របស់គេរៀងៗខ្លួន ហើយតាមមើលលោកម៉ូសេរហូតទាល់តែលោកចូលទៅក្នុងពន្លា។ ៩ កាលលោកម៉ូសេចូលផុតទៅក្នុងពន្លា នោះដុំពពក*ក៏ចុះមកស្ថិតនៅត្រង់មាត់ទ្វារពន្លា ហើយព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ។ ១០ ប្រជាជនទាំងអស់ឃើញដុំពពកស្ថិតនៅត្រង់មាត់ទ្វារពន្លា នោះពួកគេនាំគ្នាក្រាបថ្វាយបង្គំពីមាត់ទ្វារតង់ត៍របស់គេរៀងៗខ្លួន។ ១១ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេទល់មុខគ្នា ហាក់ដូចជាមនុស្សម្នាក់សន្ទនាជាមួយមិត្តសម្លាញ់របស់ខ្លួន។ បន្ទាប់មក លោកម៉ូសេវិលត្រឡប់មកជំរំវិញ។ រីឯយុវជនជាអ្នកបម្រើរបស់លោក គឺលោកយ៉ូស៊ូអា ជាកូនរបស់លោកនូន មិនចាកចេញពីពន្លាទេ។
ព្រះអម្ចាស់សន្យាគង់ជាមួយប្រជារាស្ដ្ររបស់ព្រះអង្គ
១២ លោកម៉ូសេទូលព្រះអម្ចាស់ថា៖ «បពិត្រព្រះអម្ចាស់! ព្រះអង្គបានបង្គាប់ឲ្យទូលបង្គំនាំប្រជាជននេះឆ្ពោះទៅទឹកដីសន្យា ប៉ុន្តែ ព្រះអង្គពុំបានប្រាប់ឲ្យទូលបង្គំដឹងថា ព្រះអង្គនឹងចាត់នរណាឲ្យទៅជាមួយទូលបង្គំឡើយ។ ព្រះអង្គមានព្រះបន្ទូលថា ព្រះអង្គស្គាល់ទូលបង្គំច្បាស់ ហើយព្រះអង្គគាប់ព្រះហឫទ័យនឹងទូលបង្គំទៀតផង។ ១៣ ឥឡូវនេះ ប្រសិនបើព្រះអង្គគាប់ព្រះហឫទ័យនឹងទូលបង្គំមែននោះ សូមបង្ហាញមាគ៌ារបស់ព្រះអង្គមកទូលបង្គំ ដើម្បីឲ្យទូលបង្គំស្គាល់ព្រះអង្គ ហើយគាប់ព្រះហឫទ័យព្រះអង្គទៀតផង។ សូមនឹកចាំថាប្រជាជាតិនេះជាប្រជារាស្ដ្ររបស់ព្រះអង្គ»។
១៤ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងទៅជាមួយអ្នក ហើយផ្តល់សេចក្តីសុខសាន្តដល់អ្នក»។ ១៥ លោកម៉ូសេទូលថា៖ «ប្រសិនបើព្រះអង្គមិនយាងទៅជាមួយយើងខ្ញុំទេ សូមកុំឲ្យយើងខ្ញុំចាកចេញពីនេះឡើយ។ ១៦ តើធ្វើយ៉ាងណាដើម្បីឲ្យគេដឹងថា ព្រះអង្គគាប់ព្រះហឫទ័យនឹងទូលបង្គំ ព្រមទាំងប្រជារាស្ដ្ររបស់ព្រះអង្គ? គឺមានតែព្រះអង្គយាងទៅជាមួយយើងខ្ញុំប៉ុណ្ណោះ ទើបគេឃើញថា ទូលបង្គំ និងប្រជារាស្ដ្ររបស់ព្រះអង្គ ខុសប្លែកពីជាតិសាសន៍ទាំងឡាយនៅលើផែនដី»។
១៧ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងនឹងធ្វើតាមសំណូមពររបស់អ្នក ដ្បិតយើងពេញចិត្តនឹងអ្នក ហើយស្គាល់អ្នកយ៉ាងច្បាស់»។
១៨ លោកម៉ូសេទូលថា៖ «សូមព្រះអង្គបង្ហាញសិរីរុងរឿងរបស់ព្រះអង្គឲ្យទូលបង្គំឃើញផង»។ ១៩ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងសម្ដែងសេចក្តីសប្បុរសរបស់យើង ហើយយើងប្រកាសឈ្មោះយើង ជាព្រះអម្ចាស់ នៅចំពោះមុខអ្នក។ យើងនឹងមានចិត្តមេត្តាករុណាដល់នរណា ដែលយើងមេត្តាករុណា យើងក៏នឹងមានចិត្តអាណិតអាសូរដល់នរណាដែលយើងអាណិតអាសូរដែរ»។ ២០ ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «អ្នកមិនអាចឃើញមុខយើងបានទេ ដ្បិតគ្មានមនុស្សណាអាចឃើញមុខយើង ហើយមានជីវិតតទៅមុខទៀតឡើយ»។ ២១ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរឈរជិតយើង លើដុំថ្ម នៅកន្លែងនេះ!។ ២២ ពេលសិរីរុងរឿងរបស់យើងឆ្លងកាត់តាមនេះ យើងនឹងលាក់អ្នកក្នុងក្រហែងថ្ម ហើយយកដៃរបស់យើងមកបាំងអ្នក រហូតទាល់តែយើងឆ្លងផុតទៅ។ ២៣ បន្ទាប់មក យើងនឹងដកដៃចេញ ហើយអ្នកនឹងឃើញយើងពីក្រោយ តែគ្មាននរណាអាចឃើញមុខយើងទេ»។
៣៤
បន្ទះថ្មថ្មី
១ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរដាប់ថ្មពីរបន្ទះដូចបន្ទះថ្មមុនដែរ។ យើងនឹងសរសេរសេចក្តីទាំងប៉ុន្មានដែលមានចារឹកលើបន្ទះថ្ម ដែលអ្នកបានធ្វើឲ្យបែក លើបន្ទះថ្មថ្មីនេះ។ ២ ចូរត្រៀមខ្លួនតាំងពីព្រលឹម ហើយឡើងទៅលើភ្នំស៊ីណៃ រួចរង់ចាំយើងនៅលើកំពូលភ្នំ។ ៣ មិនត្រូវឲ្យនរណាឡើងមកជាមួយអ្នក មិនត្រូវឲ្យមាននរណានៅលើភ្នំនេះ ហើយសូម្បីតែចៀម ឬគោ ក៏មិនត្រូវឲ្យមកស៊ីស្មៅនៅតាមជើងភ្នំដែរ»។ ៤ លោកម៉ូសេក៏ដាប់ថ្មពីរបន្ទះ ដូចបន្ទះថ្មមុន។ លោកក្រោកពីព្រលឹម ឡើងទៅលើភ្នំស៊ីណៃ តាមបញ្ជារបស់ព្រះអម្ចាស់ ទាំងកាន់បន្ទះថ្មពីរនោះទៅជាមួយផង។
៥ ព្រះអម្ចាស់បានចុះមកក្នុងពពក* ហើយគង់នៅទីនោះ ក្បែរលោកម៉ូសេ ទាំងប្រកាសព្រះនាមព្រះអម្ចាស់។ ៦ បន្ទាប់មក ព្រះអម្ចាស់បានឆ្លងកាត់ពីមុខលោកម៉ូសេ ទាំងប្រកាសថា៖ «ព្រះអម្ចាស់ ព្រះអម្ចាស់ ជាព្រះប្រកបដោយព្រះហឫទ័យអាណិតអាសូរ និងប្រណីសន្ដោស ព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ ហើយពោរពេញទៅដោយព្រះហឫទ័យមេត្តាករុណា និងស្មោះស្ម័គ្រជានិច្ច។ ៧ ព្រះអង្គសម្ដែងព្រះហឫទ័យមេត្តាករុណា រហូតដល់មួយពាន់ដំណ ព្រះអង្គតែងតែអត់ទោសចំពោះកំហុស អំពើទុច្ចរិត និងអំពើបាបដែលមនុស្សបានប្រព្រឹត្ត តែព្រះអង្គមិនចាត់ទុកអ្នកមានកំហុសថាជាជនស្លូតត្រង់ឡើយ។ អ្នកធ្វើខុស ព្រះអង្គដាក់ទោសគេចាប់ពីឪពុករហូតដល់កូនចៅបីបួនតំណ!»។
៨ លោកម៉ូសេប្រញាប់ប្រញាល់ក្រាបដល់ដី ថ្វាយបង្គំព្រះអម្ចាស់។ ៩ លោកទូលថា៖ «បពិត្រព្រះអម្ចាស់! ប្រសិនបើព្រះអង្គគាប់ព្រះហឫទ័យនឹងទូលបង្គំមែន សូមព្រះអង្គយាងទៅជាមួយយើងខ្ញុំផង។ ប្រជាជនទាំងនេះជាមនុស្សរឹងរូស ប៉ុន្តែ ព្រះអង្គអត់ទោសចំពោះកំហុស និងអំពើបាប ដែលយើងខ្ញុំបានប្រព្រឹត្ត ហើយព្រះអង្គទទួលយើងខ្ញុំជាប្រជារាស្ដ្រផ្ទាល់របស់ព្រះអង្គ»។
ព្រះអម្ចាស់ចងសម្ពន្ធមេត្រីជាមួយជនជាតិអ៊ីស្រាអែលសាជាថ្មី
១០ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ឥឡូវនេះ យើងចងសម្ពន្ធមេត្រីជាមួយអ្នករាល់គ្នា។ យើងនឹងសម្ដែងការអស្ចារ្យ ឲ្យប្រជាជនអ៊ីស្រាអែលឃើញ ជាការអស្ចារ្យដែលមិនធ្លាប់មានកាលពីមុនមក នៅលើផែនដី និងនៅក្នុងចំណោមប្រជាជាតិនានា។ ប្រជាជននៅជាមួយអ្នកនឹងឃើញស្នាព្រះហស្តដ៏គួរឲ្យកោតស្ញប់ស្ញែង ដែលព្រះអម្ចាស់បានធ្វើ តាមរយៈអ្នក។
១១ ចូរយកចិត្តទុកដាក់ប្រតិបត្តិតាមសេចក្តីដែលយើងបង្គាប់អ្នកនៅថ្ងៃនេះ។ យើងនឹងបណ្តេញជនជាតិអាម៉ូរី ជនជាតិកាណាន ជនជាតិហេត ជនជាតិពេរីស៊ី ជនជាតិហេវី និងជនជាតិយេប៊ូស ចេញពីមុខអ្នករាល់គ្នា។ ១២ ចូរប្រយ័ត្ន មិនត្រូវចងសម្ពន្ធមិត្តជាមួយប្រជាជននៅក្នុងស្រុក ដែលអ្នកនឹងចូលទៅរស់នៅនោះឡើយ ក្រែងលោពួកគេក្លាយទៅជាអន្ទាក់ ក្នុងចំណោមអ្នក។ ១៣ ផ្ទុយទៅវិញ អ្នករាល់គ្នាត្រូវបំផ្លាញអាសនៈរបស់ពួកគេ បំបាក់ស្តូបរបស់ពួកគេ ព្រមទាំងផ្តួលរំលំបង្គោលសក្ការៈរបស់ពួកគេទៀតផង។ ១៤ មិនត្រូវក្រាបថ្វាយបង្គំព្រះណាទៀតឡើយ ដ្បិតយើងជាព្រះអម្ចាស់ យើងមិនចង់ឲ្យអ្នកជំពាក់ចិត្តនឹងព្រះផ្សេងជាដាច់ខាត។ ១៥ កុំចងសម្ពន្ធមិត្តជាមួយប្រជាជននៅស្រុកនោះ ក្រែងលោពេលណាគេធ្វើយញ្ញបូជាដល់ព្រះរបស់គេ គេនឹងអញ្ជើញអ្នកឲ្យចូលរួមបរិភោគ ជាហេតុនាំឲ្យអ្នកក្បត់ចិត្តយើង។ ១៦ ម្យ៉ាងទៀត បើកូនប្រុសរបស់អ្នករៀបការជាមួយកូនស្រីរបស់គេ ពេលកូនស្រីរបស់គេថ្វាយបង្គំព្រះរបស់ខ្លួន នោះនាងក៏នាំកូនប្រុសរបស់អ្នក ឲ្យក្បត់ចិត្តយើងដែរ។
១៧ មិនត្រូវយកលោហធាតុមកសិតធ្វើជារូបព្រះឡើយ។
១៨ ត្រូវធ្វើពិធីបុណ្យនំបុ័ងឥតមេ គឺអ្នករាល់គ្នាត្រូវបរិភោគនំបុ័ងឥតមេ ចំនួនប្រាំពីរថ្ងៃ នៅខែចេត្រ ដូចយើងបានបង្គាប់ និងកំណត់ទុក ព្រោះនៅខែចេត្រនោះ យើងបាននាំអ្នកចេញពីស្រុកអេស៊ីប។
១៩ កូនប្រុសច្បងទាំងអស់ជាកម្មសិទ្ធិរបស់យើង ហើយកូនឈ្មោលដំបូងរបស់គោ និងចៀមពីក្នុងហ្វូងសត្វរបស់អ្នក ក៏ជាកម្មសិទ្ធិរបស់យើងដែរ។ ២០ រីឯកូនដំបូងរបស់សត្វលា អ្នកត្រូវយកកូនចៀមមកលោះ បើអ្នកមិនលោះវាទេ ត្រូវវាយបំបាក់កកូនលានោះ។ អ្នកក៏ត្រូវលោះកូនប្រុសច្បងទាំងអស់របស់អ្នកដែរ។ មិនត្រូវចូលមករកយើង ដោយដៃទទេឡើយ។
២១ អ្នកត្រូវធ្វើការប្រាំមួយថ្ងៃ ប៉ុន្តែ នៅថ្ងៃទីប្រាំពីរ អ្នករាល់គ្នាត្រូវគោរពថ្ងៃសប្ប័ទ* ទោះបីនៅរដូវភ្ជួររាស់ ឬរដូវច្រូតកាត់ក៏ដោយ។
២២ អ្នកត្រូវធ្វើពិធីបុណ្យថ្ងៃទីហាសិប* នៅពេលចាប់ផ្តើមច្រូតស្រូវ ហើយធ្វើពិធីបុណ្យប្រមូលភោគផលនៅចុងឆ្នាំ។
២៣ ក្នុងមួយឆ្នាំ ក្នុងចំណោមប្រជាជន ប្រុសៗទាំងអស់ត្រូវមកបង្ហាញខ្លួន នៅចំពោះព្រះភ័ក្ត្រព្រះជាអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែលចំនួនបីដង។ ២៤ កាលយើងបណ្តេញជាតិសាសន៍នានាចេញពីមុខអ្នក យើងនឹងពង្រីកទឹកដីរបស់អ្នក។ ក្នុងអំឡុងពេលទាំងបីដងក្នុងមួយឆ្នាំ ដែលអ្នកមកបង្ហាញខ្លួន នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះរបស់អ្នក គ្មាននរណាលោភលន់ចង់បានដីរបស់អ្នកឡើយ។
២៥ មិនត្រូវយកនំបុ័ងមានមេ មកថ្វាយជាមួយឈាមនៃយញ្ញបូជាឡើយ ហើយក៏មិនត្រូវរក្សាសាច់របស់យញ្ញបូជានៃពិធីបុណ្យចម្លង រហូតដល់ព្រឹកស្អែកដែរ។ ២៦ ចូរនាំយកភោគផលដំបូងបង្អស់នៃដំណាំរបស់អ្នករាល់គ្នា មកថ្វាយក្នុងដំណាក់នៃព្រះអម្ចាស់ ជាព្រះរបស់អ្នក។ មិនត្រូវស្ងោរកូនពពែក្នុងទឹកដោះរបស់មេវាឡើយ»។
២៧ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរកត់ត្រាពាក្យទាំងនេះទុក ដ្បិតពាក្យទាំងនេះជាមូលដ្ឋាននៃសម្ពន្ធមេត្រី ដែលយើងចងជាមួយអ្នក និងប្រជាជនអ៊ីស្រាអែល»។
២៨ លោកម៉ូសេស្ថិតនៅលើភ្នំជាមួយព្រះអម្ចាស់ អស់រយៈពេលសែសិបថ្ងៃ សែសិបយប់ ដោយមិនបរិភោគអ្វីឡើយ សូម្បីតែទឹកក៏លោកមិនបរិភោគដែរ។ លោកចារព្រះបន្ទូលនៃសម្ពន្ធមេត្រី ដែលជាមូលដ្ឋាននៃសម្ពន្ធមេត្រី នៅលើបន្ទះថ្ម។
លោកម៉ូសេចុះពីភ្នំស៊ីណៃ
២៩ លោកម៉ូសេចុះពីភ្នំស៊ីណៃមកវិញ ដោយកាន់បន្ទះថ្មទាំងពីរដែលជាសន្ធិសញ្ញា។ ពេលចុះពីភ្នំ លោកពុំដឹងថាផ្ទៃមុខរបស់លោកបញ្ចេញរស្មី ព្រោះតែលោកបានសន្ទនាជាមួយព្រះអម្ចាស់នោះទេ។
៣០ លោកអរ៉ុន និងជនជាតិអ៊ីស្រាអែលទាំងអស់ ឃើញផ្ទៃមុខរបស់លោកម៉ូសេបញ្ចេញរស្មីដូច្នេះ ពួកគេមិនហ៊ានចូលទៅជិតលោកឡើយ។ ៣១ លោកម៉ូសេបានហៅពួកគេ ហើយលោកអរ៉ុន និងមេដឹកនាំសហគមន៍ក៏នាំគ្នាចូលមកជិតលោក រួចលោកមានប្រសាសន៍ជាមួយពួកគេ។
៣២ បន្ទាប់មក ជនជាតិអ៊ីស្រាអែលទាំងអស់នាំគ្នាចូលមកជិតលោក ហើយលោកក៏ថ្លែងប្រាប់ពួកគេនូវបទបញ្ជាទាំងប៉ុន្មាន ដែលព្រះអម្ចាស់បានបង្គាប់មកលោកនៅលើភ្នំស៊ីណៃ។
៣៣ កាលលោកម៉ូសេមានប្រសាសន៍ទៅពួកគេចប់សព្វគ្រប់ហើយ លោកក៏យកស្បៃមកបាំងមុខ។ ៣៤ ពេលណាលោកម៉ូសេចូលទៅគាល់ព្រះអម្ចាស់ ដើម្បីសន្ទនាជាមួយព្រះអង្គ លោកដោះស្បៃមុខ រហូតដល់ចេញមកវិញ។ ពេលលោកចេញមកវិញ លោកក៏នាំបទបញ្ជាផ្សេងៗ ដែលលោកបានទទួលយកមកប្រាប់ជនជាតិអ៊ីស្រាអែល។ ៣៥ ជនជាតិអ៊ីស្រាអែលឃើញផ្ទៃមុខរបស់លោកម៉ូសេបញ្ចេញរស្មី លោកក៏យកស្បៃមកបាំងមុខ រហូតទាល់តែដល់ពេលដែលលោកចូលទៅសន្ទនាជាមួយព្រះអម្ចាស់។
៣៥
វិន័យស្តីអំពីថ្ងៃសប្ប័ទ
១ លោកម៉ូសេបានប្រមូលសហគមន៍អ៊ីស្រាអែលទាំងមូលមកជួបជុំគ្នា ហើយលោកមានប្រសាសន៍ទៅពួកគេថា៖ «នេះជាសេចក្តីដែលព្រះអម្ចាស់បង្គាប់ឲ្យអ្នករាល់គ្នាធ្វើតាម: ២ ក្នុងរយៈពេលប្រាំមួយថ្ងៃ អ្នករាល់គ្នាអាចធ្វើការបាន ប៉ុន្តែ ថ្ងៃទីប្រាំពីរ ជាថ្ងៃសក្ការៈ គឺថ្ងៃសប្ប័ទ ដែលជាថ្ងៃបុណ្យថ្វាយព្រះអម្ចាស់។ អ្នកដែលធ្វើការនៅថ្ងៃនោះ នឹងត្រូវគេប្រហារជីវិត។ ៣ នៅថ្ងៃសប្ប័ទ ទោះបីអ្នករាល់គ្នារស់នៅកន្លែងណាក្តី ក៏មិនត្រូវបង្កាត់ភ្លើងដែរ»។
ការសង់ព្រះពន្លា
តង្វាយរបស់ជនជាតិអ៊ីស្រាអែល
៤ លោកម៉ូសេមានប្រសាសន៍ទៅកាន់ប្រជាជនអ៊ីស្រាអែលទាំងអស់ថា៖ «នេះជាសេចក្តីដែលព្រះអម្ចាស់បង្គាប់ឲ្យអ្នករាល់គ្នាធ្វើតាម: ៥ ត្រូវញែកអ្វីៗដែលអ្នករាល់គ្នាមាន មួយចំណែក ថ្វាយព្រះអម្ចាស់។ អស់អ្នកដែលមានចិត្តសទ្ធា ត្រូវនាំយកតង្វាយដែលខ្លួនញែកទុកនេះ មកថ្វាយព្រះអម្ចាស់ គឺមាន មាស ប្រាក់ លង្ហិន ៦ សំពត់ពណ៌ស្វាយ ពណ៌ក្រហម និងក្រហមទុំ ព្រមទាំងក្រណាត់ទេសឯកសុទ្ធ និងក្រណាត់ធ្វើពីរោមពពែ ៧ ស្បែកចៀមជ្រលក់ពណ៌ក្រហម ស្បែកផ្សោត ឈើនាងនួន ៨ ប្រេងសម្រាប់ដុតចង្កៀង គ្រឿងក្រអូបសម្រាប់លាយប្រេង ដែលប្រើក្នុងពិធីលាបប្រេង គ្រឿងក្រអូបសម្រាប់ដុត ៩ ត្បូងមណីជោតិរស និងត្បូងឯទៀតៗ សម្រាប់លំអអាវអេផូដ* និងប្រដាប់ពាក់លើទ្រូង។
១០ ត្រូវឲ្យពួកជាងទាំងប៉ុន្មានក្នុងចំណោមអ្នករាល់គ្នា មកធ្វើកិច្ចការទាំងអស់ដែលព្រះអម្ចាស់បង្គាប់ឲ្យធ្វើ ១១ គឺសង់ព្រះពន្លា ដែលមានរោងក្រណាត់ ដំបូល ទំពក់ ស៊ុម ឈើទទឹង បង្គោល និងជើងទ្រ ១២ ហិបនៃសម្ពន្ធមេត្រី ព្រមទាំងឈើស្នែង គម្របវាំងនន សម្រាប់ខណ្ឌទីសក្ការៈ ១៣ តុសម្រាប់តម្កល់នំបុ័ង ព្រមទាំងឈើស្នែង គ្រឿងបរិក្ខារទាំងអស់ និងនំបុ័ងដែលត្រូវតម្កល់ថ្វាយព្រះជាម្ចាស់ ១៤ ជើងចង្កៀង និងគ្រឿងបរិក្ខារសម្រាប់ប្រើប្រាស់ជាមួយ ព្រមទាំងចង្កៀង និងប្រេងសម្រាប់ដុត ១៥ អាសនៈសម្រាប់គ្រឿងក្រអូប ព្រមទាំងឈើស្នែង ប្រេងសម្រាប់ពិធីលាប ប្រេង គ្រឿងក្រអូបសម្រាប់ដុត និងវាំងននសម្រាប់ទ្វារចូលព្រះពន្លា។ ១៦ អាសនៈសម្រាប់ថ្វាយតង្វាយដុតទាំងមូល ប្រទាសលង្ហិន ឈើស្នែង និងគ្រឿងបរិក្ខារទាំងអស់ ព្រមទាំងអាងទឹក និងកំណល់ ១៧ រនាំងទីលាន ព្រមទាំងបង្គោល ជើងទ្រ និងវាំងននរបស់ទ្វារទីលាន ១៨ ចម្រឹងព្រះពន្លា និងចម្រឹងរនាំងរបស់ទីលាន ព្រមទាំងខ្សែចងពន្លា ១៩ សម្លៀកបំពាក់ពិធីបុណ្យសម្រាប់បំពេញមុខងារក្នុងទីសក្ការៈ គឺសម្លៀកបំពាក់សក្ការៈរបស់បូជាចារ្យអរ៉ុន និងសម្លៀកបំពាក់កូនប្រុសគាត់ ដែលបំពេញមុខងារជាបូជាចារ្យ»។
២០ សហគមន៍អ៊ីស្រាអែលទាំងមូលក៏នាំគ្នាចាកចេញពីលោកម៉ូសេទៅ។ ២១ អស់អ្នកដែលមានចិត្តសទ្ធាជ្រះថ្លា និងចិត្តទូលាយ បាននាំយកតង្វាយដែលខ្លួនបានញែកទុកដោយឡែក មកថ្វាយព្រះអម្ចាស់ សម្រាប់សង់ពន្លាជួបព្រះអង្គ និងផលិតគ្រឿងបរិក្ខារប្រើប្រាស់ក្នុងពន្លា ព្រមទាំងសម្លៀកបំពាក់សក្ការៈ។ ២២ អស់អ្នកដែលមានចិត្តទូលាយ ទាំងប្រុស ទាំងស្រី បាននាំយកទំហូ ក្រវិល ចិញ្ចៀន និងបន្តោងខ្សែក ព្រមទាំងគ្រឿងអលង្ការគ្រប់យ៉ាងធ្វើពីមាសមក ហើយពួកគេថ្វាយគ្រឿងអំពីមាសទាំងនោះទៅព្រះអម្ចាស់។ ២៣ អស់អ្នកដែលមានក្រណាត់ពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ ព្រមទាំងក្រណាត់ទេសឯកសុទ្ធ និងក្រណាត់ធ្វើពីរោមពពែ ស្បែកចៀមជ្រលក់ពណ៌ក្រហម ស្បែកផ្សោត ក៏នាំយករបស់ទាំងនោះមកថ្វាយដែរ។ ២៤ អស់អ្នកដែលមានប្រាក់ និងលង្ហិន បាននាំយកតង្វាយដែលគេញែកទុកនោះ មកថ្វាយព្រះអម្ចាស់ អស់អ្នកដែលមានឈើនាងនួន បាននាំយកឈើនោះមក ដើម្បីធ្វើវត្ថុផ្សេងៗថ្វាយព្រះអម្ចាស់។ ២៥ ស្ត្រីទាំងប៉ុន្មានដែលប៉ិនប្រសប់ខាងត្បាញ ក៏នាំយកក្រណាត់ដែលខ្លួនត្បាញមកថ្វាយដែរ គឺមានក្រណាត់ពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ ព្រមទាំងក្រណាត់ទេសឯកសុទ្ធ។ ២៦ ស្ត្រីទាំងប៉ុន្មានដែលមានចិត្តសទ្ធាជ្រះថ្លា និងប៉ិនប្រសប់ បាននាំគ្នាត្បាញក្រណាត់រោមពពែមកថ្វាយផងដែរ។ ២៧ ពួកមេដឹកនាំប្រជាជនបានយកត្បូងមណីជោតិរស និងត្បូងឯទៀតៗសម្រាប់លំអអាវអេផូដ និងប្រដាប់ពាក់លើទ្រូង ២៨ ព្រមទាំងគ្រឿងក្រអូប និងប្រេង ដើម្បីផលិតប្រេងសម្រាប់ដុត ប្រេងសម្រាប់ពិធីលាបប្រេង និងប្រេងក្រអូប។ ២៩ ជនជាតិអ៊ីស្រាអែលទាំងអស់ ទាំងប្រុស ទាំងស្រី ដែលមានចិត្តទូលាយ បាននាំគ្នាយកតង្វាយមកថ្វាយព្រះអម្ចាស់ ដោយស្ម័គ្រចិត្ត ដើម្បីសង់អ្វីៗទាំងអស់ ដែលព្រះអម្ចាស់បង្គាប់មកតាមរយៈលោកម៉ូសេ។
៣០ លោកម៉ូសេមានប្រសាសន៍ទៅកាន់ជនជាតិអ៊ីស្រាអែលថា៖ «ព្រះអម្ចាស់បានជ្រើសរើសលោកបេសាល់អែល ជាកូនលោកអ៊ូរី និងជាចៅរបស់លោកហួរ ក្នុងកុលសម្ព័ន្ធយូដា ៣១ ហើយព្រះអង្គប្រទានឲ្យគាត់ពោរពេញដោយព្រះវិញ្ញាណ ដើម្បីឲ្យលោកមានប្រាជ្ញាឆ្លាតវាងវៃ ចេះធ្វើគ្រប់កិច្ចការ ៣២ គឺចេះលើកគម្រោង ហើយជាជាងមាស ជាងប្រាក់ និងជាងលង្ហិន ៣៣ ចេះច្នៃ និងដាំត្បូង ចេះឆ្លាក់ឈើ។ សរុបមក គាត់ចេះធ្វើការងារសិប្បកម្មគ្រប់មុខ។ ៣៤ ព្រះអង្គប្រទានឲ្យគាត់ ព្រមទាំងលោកអូហូលីយ៉ាប ជាកូនរបស់លោកអហ៊ីសាម៉ាកពីកុលសម្ព័ន្ធដាន់ មានជំនាញខាងបង្ហាត់បង្រៀនការងារសិប្បកម្មនេះដល់អ្នកដទៃទៀត។ ៣៥ ព្រះអង្គប្រទានឲ្យពួកគេប៉ិនប្រសប់បំពេញមុខការគ្រប់យ៉ាង ដូចជាជាងចម្លាក់ វិចិត្រករ អ្នកប៉ាក់ អ្នកត្បាញក្រណាត់ពណ៌ស្វាយ ពណ៌ក្រហម ពណ៌ក្រហមទុំ និងក្រណាត់ទេសឯកសុទ្ធ។ ពួកគេសុទ្ធសឹងតែជាអ្នកជំនាញ ដែលចេះធ្វើការងារគ្រប់បែបយ៉ាង និងចេះលើកគម្រោង»។
៣៦
១ លោកបេសាល់អែល លោកអូហូលីយ៉ាប ព្រមទាំងសិប្បករឯទៀតៗ ដែលព្រះអម្ចាស់ប្រទានប្រាជ្ញាឆ្លាតវាងវៃ ដើម្បីឲ្យពួកគេចេះធ្វើអ្វីៗទាំងអស់ សម្រាប់ទីសក្ការៈនាំគ្នាធ្វើការងារ ស្របតាមសេចក្តីទាំងប៉ុន្មានដែលព្រះអម្ចាស់បានបង្គាប់។
២ លោកម៉ូសេបានអញ្ជើញលោកបេសាល់អែល លោកអូហូលីយ៉ាប និងអ្នកជំនាញទាំងអស់ដែលព្រះអម្ចាស់ប្រទានតម្រិះប្រាជ្ញា និងការប៉ិនប្រសប់បំពេញការងារឲ្យចាប់ផ្តើមធ្វើការ។ ៣ លោកម៉ូសេបានយកតង្វាយទាំងអស់ ដែលជនជាតិអ៊ីស្រាអែលយកមកថ្វាយ ប្រគល់ទៅអ្នកទាំងនោះ ដើម្បីសង់ទីសក្ការៈ។ រៀងរាល់ព្រឹក ប្រជាជននៅតែបន្តនាំយកតង្វាយមកជូនលោកម៉ូសេ។ ៤ ដូច្នេះ ពួកសិប្បករទាំងអស់ ដែលបំពេញការងារសង់ទីសក្ការៈ ទុកចោលការងាររបស់ខ្លួន ៥ ហើយនាំគ្នាទៅជម្រាបលោកម៉ូសេថា៖ «ប្រជាជនចេះតែយករបស់មកឲ្យពួកយើង ច្រើនលើសពីសេចក្តីត្រូវការសម្រាប់ការងារ ដែលព្រះអម្ចាស់បង្គាប់ឲ្យពួកយើងធ្វើ»។ ៦ លោកម៉ូសេបានបញ្ជាឲ្យប្រកាសក្នុងជំរំទាំងមូលថា៖ «ចូរឃាត់ប្រជាជនទាំងប្រុស ទាំងស្រី កុំឲ្យនាំយកតង្វាយសម្រាប់សង់ទីសក្ការៈមកទៀតឡើយ ៧ ដ្បិតរបស់របរដែលបានទទួលសម្រាប់ការងារ មានល្មមគ្រប់គ្រាន់ហើយ»។
ការសង់ព្រះពន្លា
៨ សិប្បករទាំងអស់ដែលមាននាទីសាងសង់ បាននាំគ្នាសង់ព្រះពន្លាពីក្រណាត់ក្រាស់ដប់ផ្ទាំង ដែលត្បាញដោយអំបោះធ្មៃពណ៌ក្រហម និងក្រហមទុំ ដែលមានប៉ាក់លំអដោយរូបខេរូប៊ីម។ ៩ ផ្ទាំងក្រណាត់ទាំងអស់មានទំហំប៉ុនៗគ្នា គឺបណ្តោយប្រវែងម្ភៃប្រាំបីហត្ថ ទទឹងបួនហត្ថ។ ១០ គេបានដេរក្រណាត់ប្រាំផ្ទាំងជាប់គ្នា ហើយក្រណាត់ប្រាំផ្ទាំងទៀត ក៏ដេរជាប់គ្នាដែរ។ ១១ គេយកអំបោះពណ៌ស្វាយវេញធ្វើខ្សែ ដែលមានរាងដូចកង ដេរភ្ជាប់តាមជាយម្ខាងរបស់ផ្ទាំងក្រណាត់ធំៗទាំងពីរ។ ១២ គេធ្វើខ្សែកងចំនួនហាសិបនៅតាមជាយនៃផ្ទាំងធំនីមួយៗ ហើយខ្សែកងដែលស្ថិតនៅលើផ្ទាំងធំៗទាំងពីរ នៅទន្ទឹមគ្នា។ ១៣ គេធ្វើទំពក់មាសចំនួនហាសិប សម្រាប់ថ្ពក់ផ្ទាំងក្រណាត់ធំទាំងពីរជាប់គ្នា។ ដូច្នេះ មានក្រណាត់តែមួយផ្ទាំងធ្វើជាព្រះពន្លា។
១៤ គេបានត្បាញក្រណាត់ក្រាស់ដប់មួយផ្ទាំងពីរោមពពែ សម្រាប់គ្របពីលើព្រះពន្លា។ ១៥ ក្រណាត់ដប់មួយផ្ទាំងនេះមានទំហំប៉ុនៗគ្នា គឺបណ្តោយសាមសិបហត្ថ ទទឹងបួនហត្ថ។ ១៦ គេយកក្រណាត់ប្រាំផ្ទាំងមកដេរភ្ជាប់គ្នា រួចទើបយកក្រណាត់ប្រាំមួយផ្ទាំងទៀតមកដេរភ្ជាប់គ្នាដែរ។ ១៧ គេធ្វើខ្សែកងចំនួនហាសិប ដេរភ្ជាប់នៅជាយម្ខាងនៃផ្ទាំងក្រណាត់ធំៗទីពីរ។ ១៨ គេធ្វើទំពក់លង្ហិនចំនួនហាសិប សម្រាប់ភ្ជាប់ក្រណាត់ជាមួយគ្នាឲ្យទៅជាមួយផ្ទាំង។ ១៩ គេយកស្បែកពពែឈ្មោល ជ្រលក់ពណ៌ក្រហម គ្របពីលើផ្ទាំងក្រណាត់នោះ ហើយយកស្បែកផ្សោតគ្របពីលើថែមទៀត។
២០ គេយកឈើនាងនួនមកធ្វើជាស៊ុម សម្រាប់បញ្ឈរទ្រក្រណាត់ព្រះពន្លានោះ ២១ ស៊ុមនីមួយៗមានកម្ពស់ដប់ហត្ថ និងទទឹងមួយហត្ថកន្លះ។ ២២ នៅលើស៊ុមនីមួយៗមានពន្លួញពីរស្របគ្នា។ ២៣ គេធ្វើស៊ុមចំនួនម្ភៃ សម្រាប់ប៉ែកខាងត្បូងព្រះពន្លា។ ២៤ គេធ្វើជើងទ្រស៊ុមពីប្រាក់ចំនួនសែសិប ដើម្បីទ្រស៊ុមទាំងម្ភៃនោះ គឺជើងទ្រពីរនៅក្រោមស៊ុមមួយ ត្រង់កន្លែងដែលមានពន្លួញទាំងពីរ។ ២៥ នៅប៉ែកខាងជើងព្រះពន្លា គេធ្វើស៊ុមចំនួនម្ភៃ ២៦ និងជើងទ្រស៊ុមពីប្រាក់ចំនួនសែសិប គឺជើងទ្រពីរសម្រាប់ស៊ុមមួយ។ ២៧ នៅខាងក្រោយព្រះពន្លា គឺប៉ែកខាងលិច គេធ្វើស៊ុមចំនួនប្រាំមួយ។ ២៨ គេធ្វើស៊ុមពីរទៀត សម្រាប់ជ្រុងខាងក្រោយព្រះពន្លា។ ២៩ ស៊ុមនៅជ្រុងទាំងពីរនេះ មានទ្រង់ទ្រាយដូចគ្នា គឺផ្នែកខាងក្រោមមានទទឹងធម្មតា តែនៅផ្នែកខាងលើភ្ជាប់គ្នាដោយសារកងមួយ។ ៣០ ដូច្នេះ នៅប៉ែកខាងក្រោយមានស៊ុមចំនួនប្រាំបី និងជើងទ្រធ្វើពីប្រាក់ចំនួនដប់ប្រាំមួយ គឺជើងទ្រពីរសម្រាប់ស៊ុមនីមួយៗ។ ៣១ គេយកឈើនាងនួនមកធ្វើជាឈើទទឹងចំនួនប្រាំ សម្រាប់បញ្ឈរស៊ុមនៅប៉ែកទីមួយរបស់ព្រះពន្លា ៣២ ឈើទទឹងប្រាំសម្រាប់ប៉ែកទីពីរនៃព្រះពន្លា ហើយឈើទទឹងប្រាំទៀត សម្រាប់ប៉ែកខាងលិចនៃព្រះពន្លា។ ៣៣ គេក៏បានធ្វើឈើទទឹងដែលនៅកណ្ដាល ដើម្បីដាក់ចំពាក់កណ្ដាលស៊ុមទាំងអស់ ចាប់ពីចុងម្ខាងទៅចុងម្ខាងទៀតនៃព្រះពន្លា។ ៣៤ គេយកមាសស្រោបស៊ុមទាំងអស់ ព្រមទាំងធ្វើកងមាសសម្រាប់ស៊កឈើទទឹង ហើយឈើទទឹងនោះក៏ស្រោបមាសដែរ។
៣៥ គេធ្វើវាំងននមួយត្បាញដោយអំបោះធ្មៃ ដែលលាយនឹងអំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ។ វាំងនននេះត្រូវតែប៉ាក់លំអ ដោយរូបខេរូប៊ីម។ ៣៦ គេបានធ្វើបង្គោលបួនពីឈើនាងនួន ស្រោបមាស សម្រាប់ថ្ពក់វាំងនន រីឯទំពក់ក៏ធ្វើពីមាសដែរ។ គេបានធ្វើជើងទ្របួន ធ្វើអំពីប្រាក់ សម្រាប់បញ្ឈរបង្គោលទាំងនោះ។ ៣៧ រីឯទ្វារចូលព្រះពន្លា គេបានត្បាញវាំងននមួយទៀតពីអំបោះធ្មៃ លាយនឹងអំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ។ វាំងនននេះមានប៉ាក់ក្បាច់លំអដែរ។ ៣៨ គេបានយកឈើនាងនួនមកធ្វើសសរប្រាំដើម ព្រមទាំងធ្វើទំពក់សម្រាប់ថ្ពក់វាំងនននោះផង។ ក្បាលសសរ និងមេរូតស្រោបដោយមាស។ គេក៏ធ្វើជើងទ្រសសរប្រាំអំពីលង្ហិនដែរ។
៣៧
ហិបនៃសម្ពន្ធមេត្រី
១ លោកបេសាល់អែលធ្វើហិបមួយពីឈើនាងនួន ដែលមានបណ្តោយពីរហត្ថកន្លះ ទទឹងមួយហត្ថកន្លះ និងកម្ពស់មួយហត្ថកន្លះ។ ២ លោកយកមាសសុទ្ធស្រោបហិបនោះ ទាំងខាងក្នុង ទាំងខាងក្រៅ ហើយគែមដែលព័ទ្ធជុំវិញក៏ធ្វើពីមាសដែរ។ ៣ លោកធ្វើកងមាសបួន ដាក់ភ្ជាប់ទៅនឹងមុមទាំងបួន គឺម្ខាងពីរៗ។ ៤ គាត់យកឈើនាងនួនមកធ្វើជាឈើស្នែង ហើយស្រោបមាសផង។ ៥ គាត់ស៊កឈើស្នែងទៅក្នុងកងដែលនៅសងខាងហិប ដើម្បីសែងហិបនោះ។ ៦ គាត់ធ្វើគម្របហិបពីមាសសុទ្ធ ដែលមានបណ្តោយពីរហត្ថកន្លះ និងទទឹងមួយហត្ថកន្លះ។ ៧ លោកយកមាសមកឆ្លាក់ធ្វើរូបខេរូប៊ីមពីរ ដាក់នៅចុងគម្របហិបទាំងសងខាង ៨ លោកដាក់ភ្ជាប់រូបខេរូប៊ីមទាំងពីរនោះទៅនឹងគម្របហិប គឺខេរូប៊ីមនីមួយៗត្រូវភ្ជាប់ទៅនឹងចុងម្ខាង។ ៩ រូបខេរូប៊ីមទាំងពីរប្រឈមមុខគ្នា ដោយឈ្ងោកមុខទៅរកគម្របហិប ព្រមទាំងត្រដាងស្លាបការពារគម្របហិបនេះទៀតផង។
តុដាក់នំបុ័ងថ្វាយព្រះជាម្ចាស់
១០ លោកធ្វើតុមួយពីឈើនាងនួន ដែលមានបណ្តោយពីរហត្ថ ទទឹងមួយហត្ថ និងកម្ពស់មួយហត្ថកន្លះ។ ១១ លោកយកមាសសុទ្ធមកស្រោបតុនោះ ព្រមទាំងធ្វើគែមមាសព័ទ្ធជុំវិញទៀតផង។ ១២ នៅតាមជ្រុងទាំងបួន លោកធ្វើក្របដែលមានកម្ពស់មួយទះ មានក្បាច់មាសព័ទ្ធជុំវិញផង។ ១៣ លោកបានសិតធ្វើកងមាសបួនដាក់ភ្ជាប់ទៅនឹងមុមទាំងបួន ត្រង់កន្លែងដែលមានជើងតុ។ ១៤ កងមាសទាំងបួនស្ថិតនៅជិតក្រប ដើម្បីស៊កឈើស្នែងសែងតុ។ ១៥ លោកយកឈើនាងនួនមកធ្វើជាឈើស្នែង ហើយស្រោបមាសផង ដើម្បីសែងតុនោះ។ ១៦ លោកយកមាសសុទ្ធមកធ្វើគ្រឿងបរិក្ខារដាក់នៅលើតុនោះ គឺមានថាស ថូ ពែង និងចានគោម សម្រាប់ប្រើក្នុងពិធីច្រួចស្រា និងប្រេង។
ជើងចង្កៀង
១៧ លោកយកមាសសុទ្ធតែមួយដុំមកដំធ្វើជើងចង្កៀង ហើយជើងចង្កៀងមាសនេះមានឆ្លាក់ក្បាច់រចនា ទាំងផ្នែកខាងក្រោម ទាំងតួ ទាំងមែក និងផ្នែកដាក់ប្រេង។ ១៨ មានមែកប្រាំមួយបែកចេញពីតួដែលនៅកណ្ដាល គឺម្ខាងមានមែកបី ហើយម្ខាងទៀតក៏មានមែកបីដែរ។ ១៩ ក្នុងចំណោមមែកទាំងប្រាំមួយនោះ មែកនីមួយៗមានក្បាច់បីគន្លាក់ រាងដូចទងផ្កា ត្របកផ្កា និងស្រទាប់ផ្កាក្រពុំ ជាបន្តបន្ទាប់គ្នា។ ២០ រីឯតួដែលនៅកណ្ដាលមានក្បាច់បួនគន្លាក់ រាងដូចទងផ្កា ត្របកផ្កា និងស្រទាប់ផ្កាក្រពុំ។ ២១ មានស្រទាប់ផ្កាក្រពុំបី នៅខាងក្រោមមែកទាំងបីគូ ដែលបែកចេញពីតួកណ្ដាល។ ២២ ស្រទាប់ផ្កាក្រពុំ និងមែក មានឆ្លាក់ជាក្បាច់រចនាពីមាសសុទ្ធតែមួយដុំ។ ២៣ លោកបានយកមាសសុទ្ធធ្វើចង្កៀងប្រាំពីរ ព្រមទាំងធ្វើកន្លែងស៊កប្រឆេះចង្កៀង និងប្រដាប់សម្រាប់គោះកម្ទេចប្រឆេះ។ ២៤ លោកប្រើមាសសុទ្ធសាមសិបបួនគីឡូក្រាម ដើម្បីធ្វើជើងចង្កៀង និងគ្រឿងបរិក្ខារទាំងប៉ុន្មាន សម្រាប់ប្រើប្រាស់ជាមួយជើងចង្កៀងនោះ។
អាសនៈសម្រាប់ដុតគ្រឿងក្រអូប
២៥ លោកធ្វើអាសនៈសម្រាប់ដុតគ្រឿងក្រអូបពីឈើនាងនួន មានរាងបួនជ្រុងស្មើ ជ្រុងនីមួយៗមានប្រវែងមួយហត្ថ និងកម្ពស់ពីរហត្ថ។ ស្នែងរបស់អាសនៈស្ថិតនៅជាប់នឹងមុមទាំងបួន។ ២៦ លោកស្រោបអាសនៈទាំងមូលដោយមាសសុទ្ឋ គឺទាំងផ្នែកខាងលើ ទាំងជញ្ជាំងដែលនៅព័ទ្ធជុំវិញ ទាំងស្នែង។ រីឯគែមដែលនៅជុំវិញក៏ធ្វើពីមាសដែរ។ ២៧ លោកធ្វើកងមាសម្ខាងពីរៗ ភ្ជាប់ពីក្រោមគែមអាសនៈ ដើម្បីស៊កឈើស្នែងសែងអាសនៈ។ ២៨ លោកធ្វើឈើស្នែងពីរអំពីឈើនាងនួន ហើយស្រោបមាសផង។
២៩ លោកក៏បានធ្វើប្រេង ដើម្បីប្រើសម្រាប់ធ្វើពិធីលាបប្រេងសក្ការៈ និងប្រេងក្រអូប ជាប្រេងបរិសុទ្ធ ដែលផ្សំឡើងតាមវិធីចម្រាញ់ប្រេងរបស់អ្នកធ្វើទឹកអប់។
៣៨
អាសនៈថ្វាយយញ្ញបូជា និងអាងសម្រាប់ធ្វើពិធីជម្រះកាយ
១ លោកធ្វើអាសនៈមួយពីឈើនាងនួន មានរាងបួនជ្រុងស្មើ ជ្រុងនីមួយៗមានប្រវែងប្រាំហត្ថ និងកម្ពស់បីហត្ថ។ ២ លោកធ្វើស្នែងជាប់នឹងមុមទាំងបួនរបស់អាសនៈ ហើយស្រោបលង្ហិនពីលើ។ ៣ លោកក៏បានធ្វើគ្រឿងសម្រាប់ប្រើប្រាស់ពីលង្ហិនទាំងអស់ គឺមានធុងដាក់ផេះ ប្រដាប់ចូកផេះ ផើងដាក់ឈាម សម និងភាជន៍។ ៤ លោកធ្វើប្រទាសលង្ហិនមួយ ដាក់នៅចំពាក់កណ្ដាលកម្ពស់របស់អាសនៈ។ ៥ លោកសិតធ្វើកងបួន ភ្ជាប់ទៅនឹងមុមទាំងបួនរបស់ប្រទាស សម្រាប់ស៊កឈើស្នែង។ ៦ លោកធ្វើឈើស្នែងពីឈើនាងនួន ដោយស្រោបលង្ហិនផង។ ៧ លោកស៊កឈើស្នែងសម្រាប់សែងនោះទៅក្នុងកង ដែលស្ថិតនៅតាមជ្រុងអាសនៈ។ អាសនៈនេះធ្វើអំពីក្តារ ហើយមានប្រហោងក្នុង។
៨ លោកធ្វើអាងអំពីលង្ហិន និងកំណល់អាងនោះពីលង្ហិន ដោយប្រើកញ្ចក់របស់ក្រុមស្ត្រីដែលជួបជុំគ្នា នៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់។
ទីលាន
៩ លោកធ្វើទីលាន ដោយមានរនាំងធ្វើពីអំបោះធ្មៃ បាំងជុំវិញ។ នៅប៉ែកខាងត្បូង រនាំងត្រូវមានបណ្តោយមួយរយហត្ថ។ ១០ រនាំងនោះភ្ជាប់នឹងបង្គោលម្ភៃ ដែលមានជើងទ្រម្ភៃធ្វើពីលង្ហិន រីឯទំពក់ និងមេរូតធ្វើពីប្រាក់។ ១១ នៅប៉ែកខាងជើង រនាំងមានបណ្តោយមួយរយហត្ថ មានបង្គោលម្ភៃ ដែលមានជើងទ្រម្ភៃធ្វើពីលង្ហិន រីឯទំពក់ និងមេរូតធ្វើពីប្រាក់។ ១២ នៅប៉ែកខាងលិច រនាំងមានប្រវែងហាសិបហត្ថ មានបង្គោលដប់ និងជើងទ្រដប់ រីឯទំពក់ និងមេរូតធ្វើពីប្រាក់។ ១៣ នៅប៉ែកខាងកើត រនាំងមានប្រវែងហាសិបហត្ថ។ ១៤ នៅច្រកចូលរនាំងម្ខាង មានប្រវែងដប់ប្រាំហត្ថ មានបង្គោលបី ព្រមទាំងជើងទ្របី។ ១៥ ច្រកចូលរនាំងម្ខាងទៀត ដែលនៅទល់មុខនឹងច្រកចូលមុន មានប្រវែងដប់ប្រាំហត្ថ មានបង្គោលបី ព្រមទាំងជើងទ្របីដែរ។ ១៦ រនាំងទាំងអស់របស់ទីលានធ្វើពីអំបោះធ្មៃ។ ១៧ ជើងទ្ររបស់បង្គោលធ្វើអំពីលង្ហិន ទំពក់ និងមេរូតរបស់បង្គោលធ្វើពីប្រាក់ រីឯក្បាលបង្គោលមានស្រោបប្រាក់។ បង្គោលទាំងអស់របស់ទីលានសុទ្ធតែភ្ជាប់ទៅនឹងមេរូតធ្វើពីប្រាក់។ ១៨ វាំងននរបស់ច្រកចូលទីលាន ប៉ាក់លំអដោយអំបោះពណ៌ស្វាយ ពណ៌ក្រហម ពណ៌ក្រហមទុំ លាយនឹងអំបោះធ្មៃ ហើយមានបណ្តោយម្ភៃហត្ថ និងកម្ពស់ប្រាំហត្ថដូចទទឹងរបស់រនាំងទីលានដែរ។ ១៩ បង្គោលទាំងបួនរបស់វាំងនន និងជើងទ្រទាំងបួន ធ្វើពីលង្ហិន រីឯទំពក់ និងមេរូតធ្វើពីប្រាក់ ហើយក្បាលបង្គោលក៏មានស្រោបប្រាក់ដែរ។ ២០ ចម្រឹងទាំងប៉ុន្មានរបស់ព្រះពន្លា និងចម្រឹងរនាំងរបស់ទីលានសុទ្ធតែធ្វើពីលង្ហិនទាំងអស់។
សម្ភារៈដែលប្រើប្រាស់សម្រាប់សង់ព្រះពន្លា
២១ ពួកលេវីបានកត់ត្រាទុក តាមបញ្ជារបស់លោកម៉ូសេ នូវចំនួនសម្ភារៈដែលប្រើប្រាស់ក្នុងការសង់ព្រះពន្លា គឺព្រះពន្លានៃសន្ធិសញ្ញា។ ពួកគេធ្វើការនេះក្រោមការណែនាំរបស់លោកអ៊ីតាម៉ា ជាកូនរបស់លោកបូជាចារ្យអរ៉ុន។ ២២ លោកបេសាល់អែលដែលជាកូនរបស់លោកអ៊ូរី និងជាចៅលោកហួរ នៃកុលសម្ព័ន្ធយូដា បានធ្វើគ្រប់កិច្ចការ ដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។ ២៣ លោកអូហូលីយ៉ាប ជាកូនលោកអហ៊ីសាម៉ាត នៃកុលសម្ព័ន្ធដាន់ ក៏បានជួយធ្វើការលោកដែរ គឺលោកអូហូលីយ៉ាបជាជាងចម្លាក់ ជាវិចិត្រករ ព្រមទាំងប៉ាក់លំអក្រណាត់ពណ៌ស្វាយ ពណ៌ក្រហម ពណ៌ក្រហមទុំ និងក្រណាត់ធ្វើពីអំបោះធ្មៃ។
២៤ មាសដែលជាតង្វាយរបស់ជនជាតិអ៊ីស្រាអែល សម្រាប់ប្រើក្នុងការសង់ទីសក្ការៈ មានទម្ងន់ទាំងអស់១០០២ គីឡូក្រាម គិតតាមទម្ងន់ដែលប្រើប្រាស់ក្នុងទីសក្ការៈ។ ២៥ រីឯប្រាក់ទទួលពីអស់អ្នកដែលគេបានជំរឿនក្នុងចំណោមសហគមន៍ មានទាំងអស់៣៤៤៧គីឡូក្រាម គិតតាមទម្ងន់ដែលប្រើប្រាស់ក្នុងទីសក្ការៈ។ ២៦ ប្រាក់នេះបានទទួលពីប្រជាជនចំនួន ៦០៣៥៥០ នាក់ ដែលគេបានជំរឿន គឺអស់អ្នកមានអាយុចាប់ពីម្ភៃឆ្នាំឡើងទៅ។ ម្នាក់ៗថ្វាយសាច់ប្រាក់ជាងប្រាំក្រាម គិតតាមទម្ងន់ដែលប្រើប្រាស់ក្នុងទីសក្ការៈ។ ២៧ គេប្រើសាច់ប្រាក់៣៤២៧គីឡូក្រាម សម្រាប់ធ្វើជើងទ្របង្គោលព្រះពន្លា និងជើងទ្របង្គោលវាំងននខាងក្នុង។ ជើងទ្រទាំងអស់មានមួយរយ គឺជើងទ្រនីមួយៗទម្ងន់ជាង៣៤គីឡូក្រាម។ ២៨ រីឯសាច់ប្រាក់២០គីឡូក្រាមទៀត គេយកទៅធ្វើទំពក់ និងមេរូតរបស់បង្គោល ព្រមទាំងស្រោបក្បាលបង្គោល។ ២៩ លង្ហិនដែលប្រជាជនយកមកថ្វាយមានទម្ងន់២៤២៦គីឡូក្រាម។ ៣០ គេយកលង្ហិននេះទៅប្រើសម្រាប់ធ្វើជើងទ្របង្គោល រនាំងរបស់ច្រកចូលពន្លាជួបព្រះអម្ចាស់ ព្រមទាំងធ្វើអាសនៈលង្ហិន ប្រទាសលង្ហិន និងគ្រឿងបរិក្ខារទាំងអស់របស់អាសនៈ។ ៣១ រីឯជើងទ្ររនាំងដែលនៅជុំវិញទីលាន ជើងទ្ររបស់ទ្វារចូលទីលាន ចម្រឹងដែលគេបោះជុំវិញព្រះពន្លា និងចម្រឹងរនាំងទីលាន ក៏ធ្វើពីលង្ហិននេះដែរ។
៣៩
សម្លៀកបំពាក់សក្ការៈ
១ គេបានយកក្រណាត់ពណ៌ស្វាយ ពណ៌ក្រហម និងក្រហមទុំ ធ្វើសម្លៀកបំពាក់ពិធីបុណ្យ សម្រាប់ការងារក្នុងទីសក្ការៈ។ គេក៏បានធ្វើសម្លៀកបំពាក់សក្ការៈរបស់លោកអរ៉ុន ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។
២ គេបានធ្វើអាវអេផូដដោយប្រើអំបោះមាស អំបោះពណ៌ស្វាយ ពណ៌ក្រហម និងក្រហមទុំ ព្រមទាំងអំបោះធ្មៃ។ ៣ គេបានដំមាសជាបន្ទះយ៉ាងស្តើង ហើយកាត់ជាសរសៃយ៉ាងឆ្មារ យកទៅប៉ាក់លំអជាមួយអំបោះពណ៌ស្វាយ ពណ៌ក្រហម ក្រហមទុំ និងអំបោះធ្មៃ។ ៤ គេធ្វើខ្សែព្រយុងពីរ ដេរភ្ជាប់ទៅនឹងចុងទាំងសងខាងរបស់អាវអេផូដ*។ ៥ រីឯខ្សែក្រវាត់របស់អាវអេផូដ គេធ្វើដោយសរសៃអំបោះ ដូចអាវអេផូដដែរ គឺមានអំបោះមាស អំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ ព្រមទាំងអំបោះធ្មៃ។ គេដេរខ្សែក្រវាត់នេះជាប់នឹងអាវអេផូដ ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។ ៦ គេធ្វើក្រចាប់មាសបង្កប់ត្បូងមណីជោតិរស ហើយចារឈ្មោះកូនរបស់អ៊ីស្រាអែលនៅលើនោះ តាមរបៀបដូចគេឆ្លាក់ត្រា។ ៧ គេដាំត្បូងទាំងនោះភ្ជាប់នឹងខ្សែព្រយុងរបស់អាវអេផូដ ទុកជាតំណាង ដើម្បីឲ្យព្រះអម្ចាស់នឹកដល់កូនរបស់អ៊ីស្រាអែល ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។
៨ គេបានធ្វើប្រដាប់ពាក់លើទ្រូងមួយ តាមរបៀបដូចគេធ្វើអាវអេផូដដែរ គឺមានអំបោះមាស អំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ ព្រមទាំងអំបោះធ្មៃ ដោយមានប៉ាក់លំអផង។ ៩ ប្រដាប់ពាក់លើទ្រូងនេះមានពីរស្រទាប់ និងមានរាងបួនជ្រុងស្មើ ជ្រុងនីមួយៗមានប្រវែងមួយចង្អាម។ ១០ ប្រដាប់ពាក់លើទ្រូងមានលំអដោយត្បូងបួនជួរ គឺជួរទីមួយ ត្បូងទទឹមមួយគ្រាប់ ត្បូងប៊ុតលឿងមួយគ្រាប់ និងត្បូងមរកតមួយគ្រាប់។ ១១ ជួរទីពីរ ត្បូងទទឹមមួយគ្រាប់ ត្បូងកណ្ដៀងមួយគ្រាប់ និងត្បូងពេជ្រមួយគ្រាប់។ ១២ ជួរទីបី ត្បូងទទឹមមួយគ្រាប់ ត្បូងនិលរ័ត្នមួយគ្រាប់ និងត្បូងជម្ពូរ័ត្នមួយគ្រាប់ ១៣ ជួរទីបួន ត្បូងដៃរគៀមមួយគ្រាប់ ត្បូងកែវយក់មួយគ្រាប់ និងត្បូងមណីជោតិរសមួយគ្រាប់។ ត្បូងនីមួយៗដាំបង្កប់ក្នុងក្រចាប់ធ្វើអំពីមាស។ ១៤ ត្បូងទាំងនេះជាតំណាងកុលសម្ព័ន្ធនៃជនជាតិអ៊ីស្រាអែល គឺមានទាំងអស់ដប់ពីរ។ នៅលើត្បូងនីមួយៗមានចារឈ្មោះកុលសម្ព័ន្ធមួយ តាមរបៀបដែលគេឆ្លាក់ត្រា។ ១៥ គេយកមាសសុទ្ធមកធ្វើជាខ្សែ ហើយវេញចូលគ្នាដូចខ្សែពួរ សម្រាប់ភ្ជាប់ទៅនឹងប្រដាប់ពាក់លើទ្រូង។ ១៦ គេធ្វើក្រចាប់មាសពីរ និងកងមាសពីរ ហើយគេភ្ជាប់កងមាសទាំងពីរនេះទៅនឹងមុមខាងលើនៃប្រដាប់ពាក់លើទ្រូង។ ១៧ គេថ្ពក់ខ្សែមាសទាំងពីរទៅនឹងកងទាំងពីរនៃប្រដាប់ពាក់លើទ្រូង ១៨ រួចភ្ជាប់ចុងម្ខាងទៀតទៅនឹងក្រចាប់មាសទាំងពីរ ដែលស្ថិតនៅលើខ្សែព្រយុងរបស់អាវអេផូដ ដើម្បីឲ្យប្រដាប់ពាក់លើទ្រូងនោះស្ថិតនៅពីមុខ។ ១៩ គេធ្វើកងមាសពីរទៀត ភ្ជាប់ទៅនឹងមុមខាងក្រោមទាំងពីរនៃប្រដាប់ពាក់លើទ្រូង គឺមុមដែលប៉ះនឹងអាវអេផូដ។ ២០ គេធ្វើកងមាសពីរទៀត ភ្ជាប់ទៅចុងខាងក្រោមនៃខ្សែព្រយុងរបស់អាវអេផូដ ត្រង់កន្លែងដែលខ្សែព្រយុង និងអាវអេផូដដេរជាប់គ្នា ហើយនៅពីលើខ្សែក្រវាត់របស់អាវអេផូដ។ ២១ គេយកខ្សែពណ៌ស្វាយចងកងរបស់ប្រដាប់ពាក់លើទ្រូង ទៅនឹងកងរបស់អាវអេផូដ ដើម្បីឲ្យប្រដាប់ពាក់លើទ្រូងនោះស្ថិតនៅពីលើខ្សែក្រវាត់ ហើយកុំឲ្យរបូតចេញពីអាវអេផូដ ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។
២២ គេធ្វើអាវវែងមួយសម្រាប់ពាក់ពីក្រោមអាវអេផូដអំពីក្រណាត់ ដែលត្បាញដោយអំបោះពណ៌ស្វាយទាំងអស់។ ២៣ នៅផ្នែកខាងលើរបស់អាវវែងនោះ គេកាត់ប្រឡោះមួយចំកណ្ដាលសម្រាប់ស៊កក្បាល។ គេដេររឹមជុំវិញប្រឡោះនោះ ដើម្បីកុំឲ្យឆាប់រហែក។ ២៤ នៅតាមជាយអាវខាងក្រោម គេប៉ាក់លំអដោយរូបផ្លែទទឹមពណ៌ស្វាយ ពណ៌ក្រហម និងក្រហមទុំ ដោយប្រើអំបោះធ្មៃ។ ២៥ គេក៏ធ្វើកូនកណ្តឹងជាច្រើនពីមាសសុទ្ធ ហើយដាក់កូនកណ្តឹងនោះនៅចន្លោះរូបផ្លែទទឹមជុំវិញជាយអាវវែង។ ២៦ គេដាក់រូបផ្លែទទឹមមួយ កូនកណ្តឹងមួយ ឆ្លាស់គ្នាជុំវិញជាយអាវវែង សម្រាប់ពាក់បំពេញមុខងារក្នុងទីសក្ការៈ ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។
២៧ គេបានត្បាញអាវក្នុងពីអំបោះធ្មៃ សម្រាប់លោកអរ៉ុន និងកូនប្រុសរបស់លោក។ ២៨ គេក៏បានធ្វើឆ្នួតក្បាលពីអំបោះធ្មៃ និងសញ្ញាបញ្ជាក់ពីភាពថ្លៃថ្នូររបស់បូជាចារ្យ ព្រមទាំងធ្វើខោខ្លីពីអំបោះធ្មៃ។ ២៩ ខ្សែក្រវាត់ប៉ាក់ធ្វើពីអំបោះធ្មៃ លាយជាមួយអំបោះពណ៌ស្វាយ ពណ៌ក្រហម និងក្រហមទុំ ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។ ៣០ គេបានធ្វើគ្រឿងអលង្ការពីមាសសុទ្ធ មានរាងដូចផ្កា គឺក្បាំងសក្ការៈ ហើយគេឆ្លាក់អក្សរនៅលើនោះ ដូចគេឆ្លាក់ត្រាថា «បូជាថ្វាយព្រះអម្ចាស់»។ ៣១ គេភ្ជាប់គ្រឿងអលង្ការនោះទៅផ្នែកខាងលើនៃឆ្នួតក្បាល ដោយប្រើខ្សែពណ៌ស្វាយ ដូចព្រះអម្ចាស់ បានបង្គាប់មកលោកម៉ូសេ។
ការបញ្ចប់សំណង់ព្រះពន្លា
៣២ ជនជាតិអ៊ីស្រាអែលក៏បានសង់ព្រះពន្លា គឺពន្លាជួបព្រះអម្ចាស់ចប់សព្វគ្រប់។ ពួកគេធ្វើតាមព្រះបន្ទូលទាំងប៉ុន្មានដែលព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។ ៣៣ គេនាំយកព្រះពន្លាមកជូនលោកម៉ូសេ គឺក្រណាត់ពន្លា និងសម្ភារៈទាំងប៉ុន្មានសម្រាប់ដំឡើងពន្លា មានទំពក់ ស៊ុម ឈើទទឹង បង្គោល និងជើងទ្រ។ ៣៤ ស្បែកពពែឈ្មោលលាបពណ៌ក្រហម និងស្បែកផ្សោត សម្រាប់គ្របពីលើក្រណាត់ពន្លា និងវាំងននជារនាំងរបស់ទីសក្ការៈ។ ៣៥ ហិបនៃសន្ធិសញ្ញា ព្រមទាំងឈើស្នែង និងគម្របរបស់ហិបនោះ។ ៣៦ តុសក្ការៈ ព្រមទាំងគ្រឿងបរិក្ខារ និងនំបុ័ងសម្រាប់តម្កល់ថ្វាយព្រះជាម្ចាស់។ ៣៧ ជើងចង្កៀងធ្វើពីមាសសុទ្ធ ចង្កៀង គ្រឿងបរិក្ខារប្រើប្រាស់ជាមួយចង្កៀង និងប្រេងសម្រាប់ដុតបំភ្លឺ។ ៣៨ អាសនៈមាស ប្រេង សម្រាប់ពិធីលាបប្រេង គ្រឿងក្រអូប និងរនាំងទ្វារពន្លា។ ៣៩ អាសនៈលង្ហិន ប្រទាសលង្ហិន ឈើស្នែង និងគ្រឿងបរិក្ខារប្រើប្រាស់ជាមួយអាសនៈ។ អាងសម្រាប់ពិធីជម្រះកាយ និងកំណល់របស់អាង។ ៤០ រនាំងរបស់ទីលាន ព្រមទាំងបង្គោល ជើងទ្រវាំងននរបស់ទ្វារចូលទីលាន ខ្សែ ចម្រឹង និងគ្រឿងបរិក្ខារទាំងអស់ សម្រាប់ប្រើប្រាស់ក្នុងព្រះពន្លា គឺពន្លាជួបព្រះអម្ចាស់។ ៤១ សម្លៀកបំពាក់ពិធីបុណ្យដែលសម្រាប់ប្រើក្នុងទីសក្ការៈ សម្លៀកបំពាក់សក្ការៈរបស់មហាបូជាចារ្យអរ៉ុន និងសម្លៀកបំពាក់កូនប្រុសរបស់លោក ដែលត្រូវបំពេញមុខងារជាបូជាចារ្យ។
៤២ ជនជាតិអ៊ីស្រាអែលបានធ្វើគ្រប់កិច្ចការទាំងអស់ ដូចព្រះអម្ចាស់បានបង្គាប់លោកម៉ូសេ ឥតចន្លោះត្រង់ណាឡើយ។ ៤៣ ម៉ូសេបានត្រួតពិនិត្យមើលការងារទាំងនោះ ហើយឃើញថាពួកគេធ្វើដូចព្រះអម្ចាស់បានបង្គាប់មកលោកមែន លោកក៏ឲ្យពរពួកគេ។
៤០
ការដំឡើងព្រះពន្លា
១ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ ២ «នៅថ្ងៃទីមួយ ក្នុងខែទីមួយ អ្នកត្រូវដំឡើងព្រះពន្លា និងពន្លាជួបព្រះអម្ចាស់។ ៣ ចូរតម្កល់ហិបដាក់បន្ទះថ្មនៃសន្ធិសញ្ញា រួចយកវាំងននមកបាំង។ ៤ចូរយកតុសក្ការៈមក ហើយអ្វីៗដែលត្រូវដាក់នៅលើតុ ត្រូវរៀបចំឲ្យបានរៀបរយ។ ចូរយកជើងចង្កៀងមក រួចរៀបចំដុតចង្កៀងទាំងអស់នៅលើនោះផង។ ៥ ចូរដាក់អាសនៈមាស សម្រាប់ដុតគ្រឿងក្រអូប នៅខាងមុខហិបនៃសម្ពន្ធមេត្រី ហើយបាំងវាំងនននៅទ្វារចូលព្រះពន្លា។ ៦ ចូរដាក់អាសនៈសម្រាប់ថ្វាយតង្វាយដុត នៅខាងមុខទ្វារព្រះពន្លារបស់ពន្លាជួបព្រះអម្ចាស់។ ៧ ចូរដាក់អាងសម្រាប់ពិធីជម្រះកាយ នៅចន្លោះពន្លាជួបព្រះអម្ចាស់ និងអាសនៈ ហើយចាក់ទឹកបំពេញអាងនោះផង។ ៨ ចូរដំឡើងរនាំងទីលាននៅជុំវិញ ហើយបាំងវាំងនននៅទ្វារចូលទីលានផង។
៩ ចូរយកប្រេងសម្រាប់ពិធីលាបប្រេងមក រួចធ្វើពិធីលាបប្រេងលើព្រះពន្លា និងអ្វីៗទាំងអស់នៅក្នុងនោះ។ ចូរញែកព្រះពន្លា និងគ្រឿងបរិក្ខារទាំងអស់ជាសក្ការៈ នោះព្រះពន្លានឹងទៅជាសក្ការៈ។ ១០ ចូរធ្វើពិធីលាបប្រេងលើអាសនៈថ្វាយតង្វាយដុត និងគ្រឿងបរិក្ខារទាំងអស់របស់អាសនៈ។ ចូរញែកអាសនៈជាសក្ការៈ នោះអាសនៈនឹងទៅជាសក្ការៈបំផុត។ ១១ ចូរធ្វើពិធីលាបប្រេងលើអាង និងកំណល់ ដើម្បីញែកអាងនោះជាសក្ការៈ។ ១២ ចូរនាំអរ៉ុន និងកូនប្រុសរបស់គាត់ ចូលមកមាត់ទ្វារពន្លាជួបព្រះអម្ចាស់ ហើយធ្វើពិធីងូតទឹកឲ្យពួកគេ។ ១៣ ចូរយកសម្លៀកបំពាក់សក្ការៈមកពាក់ឲ្យអរ៉ុន ហើយចាក់ប្រេងញែកគាត់ឲ្យបានវិសុទ្ធ ដើម្បីឲ្យគាត់បំពេញមុខងារជាបូជាចារ្យ*បម្រើយើង។ ១៤ ចូរនាំកូនប្រុសរបស់អរ៉ុនចូលមក ចូរយកអាវវែងពាក់ឲ្យពួកគេ ១៥ ហើយចាក់ប្រេងតែងតាំងពួកគេ ដូចអ្នកបានចាក់ប្រេងលើឪពុករបស់ពួកគេដែរ ដើម្បីឲ្យពួកគេបំពេញមុខងារជាបូជាចារ្យបម្រើយើង។ ពិធីចាក់ប្រេងនេះបញ្ជាក់ថា ពួកគេ និងពូជពង្សរបស់ពួកគេ មានមុខងារជាបូជាចារ្យរហូតតទៅ»។
១៦ លោកម៉ូសេធ្វើតាមព្រះបន្ទូលទាំងអស់ ដែលព្រះអម្ចាស់បានបង្គាប់លោក។ ១៧ ជនជាតិអ៊ីស្រាអែលដំឡើងព្រះពន្លា នៅថ្ងៃទីមួយនៃខែទីមួយ ក្នុងឆ្នាំទីពីរ ក្រោយពេលចាកចេញពីស្រុកអេស៊ីប។ ១៨ លោកម៉ូសេឲ្យគេដំឡើងព្រះពន្លា ដោយដាក់ជើងទ្រ ដាក់ស៊ុម ដាក់ឈើទទឹង ព្រមទាំងបង្គោល។ ១៩ គេលាតក្រណាត់បាំងព្រះពន្លា ដាក់ក្រណាត់គ្របពីលើ ដូចព្រះអម្ចាស់បង្គាប់លោកម៉ូសេ។ ២០ លោកម៉ូសេយកបន្ទះថ្មនៃសន្ធិសញ្ញាដាក់ក្នុងហិបនៃសម្ពន្ធមេត្រី ហើយស៊កឈើស្នែង និងយកគម្របមកគ្របលើហិបនោះ។ ២១ គេយកហិបទៅដាក់ក្នុងព្រះពន្លា ហើយចងវាំងនន និងបាំងហិបនោះ ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។
២២ គេដាក់តុសក្ការៈក្នុងពន្លាជួបព្រះអម្ចាស់ នៅប៉ែកខាងជើងព្រះពន្លា និងនៅពីមុខវាំងនន ២៣ គេរៀបចំនំបុ័ងសម្រាប់ថ្វាយព្រះអម្ចាស់ ដាក់នៅលើតុ ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។
២៤ គេដាក់ជើងចង្កៀងក្នុងពន្លាជួបព្រះអម្ចាស់ នៅប៉ែកខាងត្បូងព្រះពន្លា ទល់មុខនឹងតុ ២៥ គេអុជចង្កៀងទាំងអស់នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។
២៦ គេដាក់អាសនៈមាសក្នុងពន្លាជួបព្រះអម្ចាស់ ពីមុខវាំងនន។ ២៧ គេដុតគ្រឿងក្រអូបនៅលើអាសនៈនោះ ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។
២៨ គេចងវាំងនននៅមាត់ទ្វារចូលព្រះពន្លា។ ២៩ គេដាក់អាសនៈសម្រាប់ថ្វាយតង្វាយដុត នៅជិតទ្វារចូលព្រះពន្លារបស់ពន្លាជួបព្រះអម្ចាស់។ គេថ្វាយតង្វាយដុតទាំងមូល និងតង្វាយម្សៅនៅលើអាសនៈនេះ ដូចព្រះអម្ចាស់ បានបង្គាប់មកលោកម៉ូសេ។
៣០ គេតម្កល់អាងនៅចន្លោះពន្លាជួបព្រះអម្ចាស់ និងអាសនៈ រួចគេចាក់ទឹកបំពេញអាងសម្រាប់ធ្វើពិធីជម្រះកាយ។ ៣១ លោកម៉ូសេ លោកអរ៉ុន និងកូនប្រុសរបស់លោក ប្រើទឹកក្នុងអាងនេះ សម្រាប់ពិធីលាងដៃ និងលាងជើង។ ៣២ ពេលពួកលោកចូលទៅក្នុងពន្លា ឬចូលទៅជិតអាសនៈ ពួកលោកតែងតែធ្វើពិធីលាងជម្រះ ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។
៣៣ នៅទីបញ្ចប់ លោកម៉ូសេឲ្យគេដំឡើងរនាំងរបស់ទីលាន នៅជុំវិញព្រះពន្លា និងអាសនៈ ព្រមទាំងចងវាំងនន នៅមាត់ទ្វារចូលទីលាន។
សិរីរុងរឿងរបស់ព្រះអម្ចាស់
៣៤ ពេលនោះ មានពពក*មកគ្របបាំងលើពន្លាជួបព្រះអម្ចាស់ ហើយសិរីរុងរឿងរបស់ព្រះអម្ចាស់ស្ថិតនៅពេញព្រះពន្លា។ ៣៥ លោកម៉ូសេពុំអាចចូលទៅក្នុងពន្លាជួបព្រះអម្ចាស់បានឡើយ ព្រោះមានពពកមកគ្របបាំងលើពន្លានោះ ហើយសិរីរុងរឿងរបស់ព្រះអម្ចាស់ស្ថិតនៅពេញព្រះពន្លា។ ៣៦ ពេលណាពពកអណ្តែតឡើងផុតពីព្រះពន្លា ជនជាតិអ៊ីស្រាអែលនាំគ្នារើជំរំ ចេញដំណើរទៅមុខ។ ៣៧ ប្រសិនបើពពកមិនអណ្តែតឡើងពីព្រះពន្លាទេ ជនជាតិអ៊ីស្រាអែលមិនចេញដំណើរទេ គឺពួកគេរង់ចាំថ្ងៃដែលពពកអណ្តែតឡើង។ ៣៨ គ្រប់ដំណាក់ដែលកូនចៅអ៊ីស្រាអែលបោះជំរំ ពួកគេទាំងអស់គ្នាឃើញពពក*របស់ព្រះអម្ចាស់ស្ថិតនៅលើព្រះពន្លា នៅពេលថ្ងៃ ហើយឃើញដុំភ្លើងនៅពេលយប់។
2,458 Views