ថ្ងៃពុធ អាទិត្យទី១៧
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃពុធ ទី៣០ ខែកក្ដដា ឆ្នាំ២០២៥
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរដំណើរឆ្ពោះទៅកាន់សេរីភាព សរ ៣៤,២៩-៣៥
លោកម៉ូសេចុះពីភ្នំស៊ីណៃមកវិញ ដោយកាន់បន្ទះថ្មទាំងពីរដែលជាសន្ធិសញ្ញានៃសម្ពន្ធមេត្រី។ ពេលចុះពីភ្នំ លោកពុំដឹងថា ផ្ទៃមុខរបស់លោកបញ្ចេញរស្មី ព្រោះតែលោកបានសន្ទនាជាមួយព្រះអម្ចាស់នោះទេ។ លោកអរ៉ុន និងជនជាតិអ៊ីស្រាអែលទាំងអស់ឃើញផ្ទៃមុខរបស់លោកម៉ូសេបញ្ចេញរស្មីដូច្នេះ ពួកគេមិនហ៊ានចូលទៅជិតលោកឡើយ។ លោកម៉ូសេបានហៅពួកគេ ហើយលោកអរ៉ុន និងមេដឹកនាំសហគមន៍ក៏នាំគ្នាចូលមកជិតលោក រួចលោកមានប្រសាសន៍ជាមួយពួកគេ។ បន្ទាប់មក ជនជាតិអ៊ីស្រាអែលទាំងអស់នាំគ្នាចូលមកជិតលោក ហើយលោកក៏ថ្លែងប្រាប់ពួកគេនូវបទបញ្ជាទាំងប៉ុន្មានដែលព្រះអម្ចាស់បានបង្គាប់មកលោកនៅលើភ្នំស៊ីណៃ។
កាលលោកម៉ូសេមានប្រសាសន៍ទៅពួកគេចប់សព្វគ្រប់ហើយ លោកក៏យកស្បៃមកបាំងមុខ។ ពេលណាលោកម៉ូសេចូលទៅគាល់ព្រះអម្ចាស់ដើម្បីសន្ទនាជាមួយព្រះអង្គ លោកដោះស្បៃមុខរហូតដល់ចេញមកវិញ។ ពេលលោកចេញមកវិញ លោកក៏នាំបទបញ្ជាផ្សេងៗដែលលោកបានទទួលយកមកប្រាប់ជនជាតិអ៊ីស្រាអែល។ ជនជាតិអ៊ីស្រាអែលឃើញផ្ទៃមុខរបស់លោកម៉ូសេបញ្ចេញរស្មី លោកក៏យកស្បៃមកបាំងមុខ រហូតទាល់តែដល់ពេលដែលលោកចូលទៅសន្ទនាជាមួយព្រះអម្ចាស់។
ទំនុកតម្កើងលេខ ៩៩ (៩៨),៥-៧.៩ បទពាក្យ ៧
| ៥ | ចូរលើកតម្កើងព្រះអម្ចាស់ | ព្រះអង្គជាព្រះយើងមិនដែល | |
| ស្គាល់ទុក្ខលំបាកដ៏ក្រាស់ក្រែល | ព្រះអ៊ីស្រាអែលព្រះវិសុទ្ធ | ។ |
| ៦ | លោកម៉ូសេជាបូជាចារ្យ | ដែលមកត្រៀបត្រាពេញជុំជិត | |
| អរ៉ុនជាបូជាចារ្យពិត | ចំណោមអ្នកស្និទ្ធនឹងព្រះអង្គ | ។ |
| លោកសាមូអែលជាមនុស្សម្នាក់ | ក្នុងចំណោមអ្នកអង្វរទ្រង់ | |
| ទាំងអស់គ្នាទូលថ្វាយព្រះអង្គ | នោះទ្រង់តែងឆ្លើយមិនរារែក | ។ |
| ៧ | ព្រះអង្គមានព្រះបន្ទូលមក | ពីក្នុងពពកខ្មៅអនេក | |
| លោកក៏កាន់តាមមិនអល់អែក | ឥតមានប្រកែកច្បាប់ព្រះអង្គ | ។ |
| ៩ | ចូរលើកតម្កើងព្រះអម្ចាស់ | ជាព្រះរបស់យើងកុំភ្លេច | |
| ចូរក្រាបបង្គំកុំកែគេច | តម្រង់ជានិច្ចភ្នំវិសុទ្ធ | ។ |
| ដ្បិតព្រះអម្ចាស់គឺជាព្រះ | នៃយើងទាំងអស់ខ្ពស់បំផុត | |
| ជាម្ចាស់ផែនដីមេឃសមុទ្រ | អស់ទាំងសព្វសត្វលើលោកា | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ១១,២៥
អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះបិតាជាអម្ចាស់នៃស្ថានបរមសុខ និងជាអម្ចាស់នៃផែនដី! យើងខ្ញុំសូមសរសើរតម្កើងព្រះអង្គ ព្រោះទ្រង់បានសម្តែងការអស្ចារ្យនៃព្រះរាជ្យឱ្យមនុស្សតូចតាចយល់។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៣,៤៤-៤៦
ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាទៅកាន់បណ្តាជនថា៖ «ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបីដូចជាកំណប់ដែលគេកប់ទុកនៅក្នុងស្រែមួយ។ មានបុរសម្នាក់រកកំណប់នោះឃើញ ហើយកប់ទុកវិញ។ គាត់មានចិត្តត្រេកអរជាខ្លាំង ក៏ចេញទៅលក់អ្វីៗទាំងប៉ុន្មានដែលគាត់មានយកប្រាក់ទិញដីស្រែនោះ។ ម្យ៉ាងទៀត ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបីដូចជាអ្នកជំនួញម្នាក់ ដែលស្វែងរកទិញពេជ្រល្អៗ។ កាលបានឃើញពេជ្រមួយគ្រាប់ដ៏មានតម្លៃលើសលប់ហើយ គាត់ក៏ទៅលក់អ្វីៗទាំងប៉ុន្មានដែលគាត់មាន យកប្រាក់មកទិញពេជ្រនោះ»។
1,440 Views
Post Views:
1,441