ថ្ងៃព្រហស្បតិ៍ អាទិត្យទី១៦
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្ដដា ឆ្នាំ២០២៥
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរដំណើរឆ្ពោះទៅកាន់សេរីភាព សរ ១៩,១-២.៩-១១.១៦-២០
នៅថ្ងៃទីមួយនៃខែទីបី ក្រោយពេលចាកចេញពីស្រុកអេស៊ីប គឺនៅថ្ងៃនេះ ជនជាតិអ៊ីស្រាអែលទៅដល់វាលរហោស្ថានស៊ីណៃ។ ពួកគេបានចេញពីរេភីឌីមទៅដល់វាលរហោស្ថានស៊ីណៃ ហើយបោះជំរំនៅទីនោះ ទល់មុខនឹងភ្នំស៊ីណៃ។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងនឹងមករកអ្នកដោយស្ថិតនៅក្នុងផ្ទាំងពពកយ៉ាងក្រាស់ ដើម្បីឱ្យប្រជាជនឮយើងនិយាយជាមួយអ្នក ហើយទុកចិត្តលើអ្នកជារៀងរហូត»។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេទៀតថា៖ «ចូរវិលទៅរកប្រជាជនវិញ ហើយប្រាប់ពួកគេឱ្យជម្រះខ្លួនឱ្យបានវិសុទ្ធនៅថ្ងៃនេះ និងថ្ងៃស្អែក។ ចូរឱ្យពួកគេបោកសម្លៀកបំពាក់ផងដែរ។ ត្រូវឱ្យពួកគេត្រៀមខ្លួនជាស្រេចនៅថ្ងៃទីបី ដ្បិតថ្ងៃនោះ យើងនឹងចុះទៅលើភ្នំស៊ីណៃឱ្យប្រជាជនទាំងអស់ឃើញ»។ នៅថ្ងៃទីបី ពេលព្រលឹមស្រាងៗមានផ្គរលាន់ ផ្លេកបន្ទោរ និងពពកយ៉ាងក្រាស់នៅលើភ្នំ ហើយមានសំឡេងត្រែលាន់ឮឡើងយ៉ាងរំពងទៀតផង។ ប្រជាជនទាំងអស់នៅក្នុងជំរំភ័យញ័ររន្ធត់យ៉ាងខ្លាំង។ លោកម៉ូសេនាំប្រជាជនចេញពីជំរំទៅគាល់ព្រះជាម្ចាស់ ហើយពួកគេឈរនៅជើងភ្នំ។ មានផ្សែងហុយពាសពេញលើភ្នំស៊ីណៃ ដ្បិតព្រះម្ចាស់ចុះមកលើភ្នំ ព្រះអង្គគង់នៅក្នុងភ្លើង។ ផ្សែងនោះហុយ ឡើងដូចផ្សែងចេញពីឡ ហើយភ្នំទាំងមូលក៏រញ្ជួយយ៉ាងខ្លាំង។ សំឡេងត្រែលាន់ឮកាន់តែខ្លាំងឡើងៗ ពេលដែលលោកម៉ូសេទូលព្រះជាម្ចាស់ ព្រះអង្គឆ្លើយមកលោកដោយសំឡេងផ្គរលាន់។ ព្រះអម្ចាស់យាងចុះមកលើភ្នំស៊ីណៃ គឺនៅលើកំពូលភ្នំ។ ព្រះអង្គត្រាស់ហៅលោកម៉ូសេពីលើកំពូលភ្នំ ហើយលោកម៉ូសេក៏ឡើងទៅ។
ទំនុកតម្កើងរបស់លោកដានីអែល ៣,៥២-៥៦ បទកាកគតិ
| ៥២ | បពិត្រព្រះម្ចាស់ | ជាព្រះរបស់ | ដូនតាយើងខ្ញុំ |
| សូមកោតសរសើរ | ទាំងថ្វាយបង្គំ | ថ្កើងព្រះឧត្តម |
| | អស់កល្បតទៅ | ។ |
| ខ្ញុំសូមតម្កើង | លើកព្រះនាមឡើង | ពុំមានអាស្រូវ |
| សុចរិតយុត្តិធម៌ | ទ្រង់គង់ជាផ្លូវ | អង្វែងតទៅ |
| | សរសើរព្រះអង្គ | ។ |
| ៥៣ | សូមកោតសរសើរ | ព្រះគ្មានអ្វីស្មើ | ក្នុងគ្រានេះម្តង |
| ទ្រង់ប្រកបដោយ | សិរីរឿងរុង | ក្នុងវិហារទ្រង់ |
| | កុំនៅទីមទាម | ។ |
| ៥៤ | សូមលើកតម្កើង | ព្រះម្ចាស់យាងឡើង | លើខេរ៉ូប៊ីម |
| ខ្ពង់ខ្ពស់បំផុត | គ្មានអ្វីប្រៀបផ្ទឹម | ស្មូត្រទាំងញញឹម |
| | តម្កើងជានិច្ច | ។ |
| ៥៥ | សូមតម្កើងទ្រង់ | ដែលយាងឡើងគង់ | លើបល្ល័ង្ករាជ្យ |
| សូមច្រៀងតម្កើង | រាល់ថ្ងៃព្រឹកល្ងាច | ព្រះម្ចាស់ជានិច្ច |
| | កុំប្រែក្រឡះ | ។ |
| ៥៦ | សូមថ្កើងសរសើរ | ព្រះអង្គនៅលើ | វេហាស៍អាកាស |
| ព្រះអង្គគ្រប់គ្រង | ស្ថានបរមសុខខ្ពស់ | លើកសិរីយស |
| | ព្រះអង្គរហូត | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ១១,២៥
អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះបិតាជាអម្ចាស់នៃស្ថានបរមសុខ និងជាអម្ចាស់នៃផែនដី! យើងខ្ញុំសូមសរសើរតម្កើងព្រះអង្គ ព្រោះទ្រង់បានសម្តែងការណ៌អស្ចារ្យនៃព្រះរាជ្យឱ្យមនុស្សតូចតាចយល់។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៣,១០-១៧
ពេលនោះ ក្រុមសាវ័កនាំគ្នាចូលមកជិតព្រះយេស៊ូ ហើយទូលសួរព្រះអង្គថា៖ «ហេតុដូចម្តេចបានជាព្រះគ្រូមានព្រះបន្ទូលទៅកាន់បណ្តាជនដោយប្រើពាក្យប្រស្នាដូច្នេះ?» ព្រះអង្គតបទៅគេវិញថា៖ «មកពីព្រះជាម្ចាស់បានប្រោសប្រទានឱ្យអ្នករាល់គ្នាយល់គម្រោងការដ៏លាក់កំបាំងរបស់ព្រះរាជ្យនៃស្ថានបរមសុខ។ រីឯអ្នកដទៃវិញ ព្រះអង្គមិនប្រទានឱ្យយល់ឡើយ។ អ្នកណាមានហើយ ព្រះជាម្ចាស់នឹងប្រទានថែមទៀត ដើម្បីឱ្យអ្នកនោះបានបរិបូរណ៌ រីឯអ្នកដែលគ្មាន ព្រះអង្គនឹងហូតយកអ្វីៗដែលអ្នកនោះមានផង។ ហេតុនេះហើយ បានជាខ្ញុំនិយាយទៅគេដោយប្រើពាក្យប្រស្នា គឺទោះបីគេមើលក៏គេពុំឃើញ ទោះបីគេស្តាប់ក៏គេពុំឮ ហើយក៏ពុំយល់ដែរ។ ហេតុការណ៍នេះកើតចំពោះគេ ស្របតាមសេចក្តីដែលព្យាការីអេសាយថ្លែងទុកអំពីពួកគេថា៖ «អ្នករាល់គ្នាស្តាប់មែនតែពុំឮទេ ហើយក៏ពុំយល់ផង។ អ្នករាល់គ្នាមើលមែន តែមិនឃើញសោះ ដ្បិតចិត្តប្រជារាស្ត្រនេះរឹងណាស់ ហើយត្រចៀកគេក៏ធ្ងន់ដែរ គេនាំគ្នាបិទភ្នែក មិនឱ្យមើលឃើញ មិនឱ្យត្រចៀកស្តាប់ឮ មិនឱ្យប្រាជ្ញាយល់ ហើយមិនចង់វិលមកវិញទេក្រែងលោយើងប្រោសគេឱ្យបានជា។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាមានសុភមង្គលហើយ ព្រោះភ្នែកអ្នករាល់គ្នាអាចមើលឃើញ ត្រចៀកអ្នករាល់គ្នាអាចស្តាប់ឮបាន!។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា មានព្យាការី និងមនុស្សសុចរិតជាច្រើនមានបំណងចង់ឃើញហេតុការណ៍ដែលអ្នករាល់គ្នាឃើញនេះដែរ តែមិនបានឃើញឡើយ គេចង់ឮសេចក្តីដែលអ្នករាល់គ្នាឮនេះដែរ តែមិនបានឮទេ!»។
580 Views
Post Views:
589