ថ្ងៃអង្គារ អាទិត្យទី១៥
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃអង្គារ ទី១៥ ខែកក្ដដា ឆ្នាំ២០២៥
បុណ្យរម្លឹក
សន្ដបូណាវិនទួរ ជាអភិបាល
និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
សន្តយ៉ូហាន ហ្វីដងសា (១២២១-១២៧៤) បានដាក់ឈ្មោះខ្លួនឯងថា “បូណាវិនទូរ៉ា” នៅពេលលោកចូលបួសក្នុងក្រុមគ្រួសារសន្តហ្វ្រង់សីស្កូ។ លោកខំកសាងសន្តិភាពក្នុងក្រុមគ្រួសារនោះ ដោយយកចិត្តទុកដាក់សម្រុះសម្រួលអ្នកដែលបាក់បែកគ្នាឱ្យជានានឹងគ្នា។ លោកជាទេវវិទូមានឈ្មោះល្បីជាងគេក្នុងសម័យដែលលោករស់នៅ។ លោកទទួលបន្ទុកជាអភិបាល និងជាទីប្រឹក្សាសម្តេចប៉ាប។ លោកទទួលមរណភាព នៅពេលអស់លោកអភិបាលប្រជុំគ្នា។ ក្នុងមហាសន្និបាតសាកលនៅលីយ៉ុង(១២៧៤)។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរដំណើរឆ្ពោះទៅកាន់សេរីភាព សរ ២,១-១៥
មានបុរសម្នាក់ក្នុងកុលសម្ព័ន្ធលេវី រៀបការជាមួយនារីម្នាក់ក្នុងកុលសម្ព័ន្ធលេវីដូចគ្នា។ ក្រោយមក នាងមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយ។ កូននេះថ្លោស ហើយស្អាតទៀតផង។ នាងលួចលាក់ចិញ្ចឹមវាបានបីខែ។ ដោយនាងមិនអាចលាក់កូនតទៅទៀតបាន នាងយកជាលមួយធ្វើពីដើមបបុស យកជ័រ និងម្រ័ក្សណ៍មកលាប ហើយយកកូនមកផ្តេកក្នុងជាលនោះ រួចនាំទៅដាក់ក្នុងគុម្ពត្រែងតាមមាត់ទន្លេ។ ឯបងស្រីរបស់កូននោះ ឈរមើលពីចម្ងាយ ដោយចង់ដឹងហេតុការណ៍ដែលនឹងកើតមានឡើងដល់ប្អូន។
នៅពេលនោះ បុត្រីព្រះបាទផារ៉ោនយាងទៅស្រង់ទឹកទន្លេ។ ពួកភីលៀងរបស់ព្រះនាងនាំគ្នាដើរលេងតាមមាត់ច្រាំង។ ព្រះនាងទតឃើញជាលនៅក្នុងគុម្ពត្រែង ក៏ចាត់ភីលៀងម្នាក់ឱ្យទៅយកជាលនោះឡើងមក។ ព្រះនាងបើកគំរបឡើង ក៏ឃើញទារកម្នាក់កំពុងតែយំ។ ព្រះនាងរំភើបព្រះហឫទ័យអាណិតវា ហើយមានព្រះសវនីយ៍ថា៖ «ទារកនេះជាកូនពួកហេប្រឺហើយ!»។ បងស្រីរបស់ទារកចូលមក ហើយទូលទៅបុត្រីព្រះបាទផារ៉ោនថា៖ «តើព្រះនាងចង់ឱ្យខ្ញុំម្ចាស់ទៅរកមេដោះក្នុងចំណោមស្រ្តីជាតិហេប្រឺមកបំបៅវាឬទេ? មេដោះនឹងចិញ្ចឹមវាថ្វាយព្រះនាង»។ បុត្រីព្រះបាទផារ៉ោនឆ្លើយថា៖ «អើ! ទៅរកមក!»។ នាងរត់ទៅហៅម្តាយក្មេងនោះមក។ បុត្រីព្រះបាទផារ៉ោនមានព្រះសវនីយ៍ទៅកាន់គាត់ថា៖ «ចូរយកកូននេះទៅបំបៅឱ្យខ្ញុំផង ខ្ញុំនឹងឱ្យប្រាក់ខែអ្នក»។ ម្តាយក៏យកកូនទៅផ្ទះ ហើយបំបៅវា។ លុះដល់ក្មេងនេះមានវ័យធំបន្តិច ម្តាយក៏នាំកុមារនោះទៅថ្វាយបុត្រីព្រះបាទផារ៉ោនវិញ។ ព្រះនាងបានទុកវាដូចបុត្របង្កើត។ ព្រះនាងប្រទានឈ្មោះថា «ម៉ូសេ» ដោយមានព្រះសវនីយ៍ថា៖ «ខ្ញុំបានស្រង់វាចេញពីទឹកមក»។ ពេលលោកម៉ូសេមានអាយុពេញវ័យហើយ គាត់ចេញទៅសួរសុខទុក្ខបងប្អូនរួមជាតិ ក៏ឃើញកិច្ចការកំណែនដែលគេធ្វើ។ គាត់ឃើញជាតិអេស៊ីបម្នាក់កំពុងតែវាយជាតិហេប្រឺម្នាក់។ គាត់ងាកមើលឆ្វេងស្តាំ ឥតឃើញមាននរណាសោះ ក៏ស្ទុះទៅសម្លាប់អេស៊ីបម្នាក់នោះ ហើយកប់សពចោលក្នុងខ្សាច់។ នៅថ្ងៃបន្ទាប់ គាត់ក៏ចេញទៅម្តងទៀត ឃើញជាតិហេប្រឺពីរនាក់កំពុងវាយតប់គ្នា។ គាត់សួរអ្នកមានកំហុសថា៖ «ហេតុអ្វីបានជាអ្នកវាយអ្នករួមឈាមដូច្នេះ?»។ អ្នកនោះឆ្លើយតបថា៖ «តើនរណាបានតែងតាំងលោកឱ្យធ្វើជាចៅហ្វាយ និងជាចៅក្រមលើយើង? តើលោកគិតសម្លាប់ខ្ញុំ ដូចលោកបានសម្លាប់អេស៊ីបម្នាក់នោះដែរឬ?»។ លោកម៉ូសេភិតភ័យយ៉ាងខ្លាំង ហើយនឹកគិតថា៖ «រឿងនេះប្រាកដជាគេដឹងឮអស់ហើយ»។ ព្រះបាទផារ៉ោនក៏ជ្រាបរឿងនេះដែរ ហើយទ្រង់រកមធ្យោបាយសម្លាប់លោកម៉ូសេ តែលោកម៉ូសេដឹងខ្លួនទាន់ ក៏រត់គេចខ្លួនទៅស្រុកម៉ាឌីយ៉ាន។
ទំនុកតម្កើងលេខ ៦៩ (៦៨),៣.១៤.៣០-៣១.៣៣-៣៤ បទកាកគតិ
| ៣ | ខ្ញុំផុងក្នុងភក់ | ស្រូបបឺតជញ្ជក់ | ធ្លាក់ចុះលិចលង់ |
| ធ្លាក់ជ្រៅសែនជ្រៅ | គ្មានអ្វីទ្រទ្រង់ | ហើយខ្ញុំកំពុង |
| | កាន់តែលិចទៅ | ។ |
| ១៤ | ឱ!ព្រះអម្ចាស់ | ពេលឥឡូវនេះ | សូមទ្រង់សម្តែង |
| ហឫទ័យសន្តោស | ករុណាធំធេង | សង្គ្រោះកុំលែង |
| | សូមឆ្លើយតបផង | ។ |
| ៣០ | រីឯរូបខ្ញុំ | ទុរគតក្រៀមក្រំ | ចុកចាប់ខ្វាយខ្វល់ |
| ឱ!ព្រះម្ចាស់អើយ | ជួយសង្គ្រោះដល់ | ខ្ញុំអ្នកទីទ័ល |
| | សូមស្តារវិញផង | ។ |
| ៣១ | ខ្ញុំនឹងច្រៀងកោត | សរសើរបំផុត | ព្រះនាមព្រះអង្គ |
| ប្រកាសពីភាព | ថ្កុំថ្កើងរឿងរុង | របស់ព្រះអង្គ |
| | បម្រើគោរព | ។ |
| ៣៣ | អស់អ្នកទុរគត | វេទនាក្រខ្សត់ | ចិត្តគេសប្បាយ |
| គេមានអំណរ | ឥតមានខ្វល់ខ្វាយ | នឹងរស់វែងឆ្ងាយ |
| | អាយុយឺនយូរ | ។ |
| ៣៤ | ដ្បិតទ្រង់សណ្តាប់ | ពាក្យអ្នកសុភាព | និយាយទូលថ្ងូរ |
| ទ្រង់មិនលះបង់ | អ្នកជាប់ឃុំយូរ | ឱ្យទួញទ្រហោរ |
| | នៅឯកោទេ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៩៥,៨
អាលេលូយ៉ា! អាលេលូយ៉ា!
នៅថ្ងៃនេះ កុំមានចិត្តរឹងរូសឡើយ! ចូរនាំគ្នាប្រុងត្រចៀកស្តាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១១,២០-២៤
ពេលនោះ ព្រះយេស៊ូចាប់ផ្តើមស្តីបន្ទោសអ្នកក្រុងនានាយ៉ាងខ្លាំង ព្រោះគេបានឃើញព្រះអង្គសម្តែងការអស្ចារ្យផ្សេងៗក្នុងក្រុងរបស់គេ តែគេពុំព្រមកែប្រែចិត្តគំនិតសោះ។ ព្រះអង្គមានព្រះបន្ទូលថា៖ «អ្នកក្រុងខូរ៉ាស៊ីនអើយ! អ្នកត្រូវវេទនាជាពុំខាន។ អ្នកក្រុងបេតសៃដាអើយ! អ្នកក៏ត្រូវវេទនាដែរ។ ប្រសិនបើអ្នកក្រុងទីរ៉ូស និងអ្នកក្រុងស៊ីដូនបានឃើញការអស្ចារ្យដូចអ្នករាល់គ្នាឃើញនៅទីនេះ ម៉្លេះសមអ្នកក្រុងទាំងនោះកែប្រែចិត្តគំនិត ហើយស្លៀកបាវអង្គុយក្នុងផេះជាមិនខាន។ ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងទីរ៉ូស ព្រមទាំងអ្នកក្រុងស៊ីដូននឹងទទួលទោសស្រាលជាងអ្នករាល់គ្នា»។ អ្នកក្រុងកាផានុមអើយ! កុំនឹកស្មានថា អ្នកនឹងបានថ្កើងឡើងដល់ស្ថានសួគ៌ឡើយ អ្នកនឹងធ្លាក់ទៅស្ថាននរកវិញ។ ប្រសិនបើអ្នកក្រុងសូដុមបានឃើញការអស្ចារ្យដែលកើតមាននៅកណ្តាលចំណោមអ្នករាល់គ្នា ម៉្លេះសមក្រុងសូដុមនៅស្ថិតស្ថេរគង់វង្សដរាបមកទល់សព្វថ្ងៃជាមិនខាន។ ហេតុនេះ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងសូដុមនឹងទទួលទោសស្រាលជាងអ្នករាល់គ្នា»។
494 Views
Post Views:
501