ថ្ងៃអាទិត្យ អាទិត្យទី១៥
រដូវធម្មតា ឆ្នាំ«ក»
ពណ៌បៃតង
ថ្ងៃអាទិត្យ ទី១៦ ខែកក្ដដា ឆ្នាំ២០២៣
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង ព្រះអង្គតែងតែប្រទានពន្លឺនៃសេចក្តីពិត ឱ្យអ្នកដែលឃ្លាតចាកពីព្រះអង្គ អាចវិលត្រឡប់មករកមាគ៌ារបស់ព្រះអង្គវិញបាន។ សូមទ្រង់ព្រះមេត្តាប្រោសគ្រីស្តបរិស័ទទាំងអស់ឱ្យជ្រួតជ្រាប ព្រះបន្ទូលព្រះអង្គដោយចិត្តស្មោះ និងលះបង់អ្វីៗដែលមិនសមនឹងឋានៈរបស់ខ្លួនផង។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៥៥,១០-១១
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ទឹកភ្លៀង និងទឹកសន្សើមធ្លាក់ពីលើមេឃមកស្រោចស្រពផែនដី។ ទឹកទាំងនេះមិនវិលត្រឡប់ទៅវិញ ដរាបណាទាល់តែបានធ្វើឱ្យដំណាំដុះឡើង បង្កើតភោគផល ផ្តល់ពូជសម្រាប់អ្នកសាបព្រោះ និងផ្តល់អាហារឱ្យគេបរិភោគ។ រីឯពាក្យរបស់យើងក៏ដូច្នោះដែរ គឺពាក្យដែលចេញពីមាត់របស់យើងនឹងមិនវិលត្រឡប់មករកយើងវិញ ដរាបណាទាល់តែបានសម្រេចតាមបំណងចិត្តរបស់យើងជាមុនសិន គឺបំពេញកិច្ចការដែលយើងចាត់ឱ្យមកធ្វើរួចរាល់សព្វគ្រប់»។
ទំនុកតម្កើងលេខ ៦៥ (៦៤),១០-១២.១៤ បទពាក្យ ៧
១០ | ព្រះអង្គថែទាំមើលរក្សា | បោចស្មៅបន្លារែកទឹកស្រោច | |
ផែនដីជោកសព្វមិនឱ្យខ្លោច | រួចបានបង្កើតផលបរិបូរណ៌ | ។ | |
អស់ទាំងទន្លេព្រែកបឹងស្ទឹង | ព្រៀបពេញទំហឹងពេញហៀរហូរ | ||
ពេញទាំងបឹងបួទាំងដងអូរ | ព្រះអង្គចាប់ផ្គូដូចតទៅ | ។ | |
១១ | ព្រះអង្គស្រោចស្រពស្រែចម្ការ | ទាំងដីផងណារាបគ្មានស្មៅ | |
មានភ្លៀងធ្លាក់មកទឹកដក់នៅ | តាមវាលស្រែស្រូវពូជធាដុះ | ។ | |
១២ | ដល់ពេលច្រូតកាត់ព្រះអង្គបាន | ផ្តល់ស្រូវជាទានដ៏សប្បុរស | |
ដែលជាអំណោយដ៏ខ្ពង់ខ្ពស់ | សម្បូណ៌ទាំងអស់ឥតមានខ្វះ | ។ | |
១៤ | ហ្វូងសត្វពាសពេញតាមវាលស្មៅ | ជ្រលងពេញទៅស្រូវដ៏ល្អ | |
អ្វីសព្វសារពើសូរអ៊ូអរ | ច្រៀងដោយអំណរដ៏លើសលប់ | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ៨,១៨-២៣
បងប្អូនជាទីស្រឡាញ់!
ខ្ញុំយល់ឃើញថា ទុក្ខលំបាកនាបច្ចុប្បន្នកាលពុំអាចប្រៀបផ្ទឹម នឹងសិរីរុងរឿងដែលព្រះជាម្ចាស់ នឹងសម្តែងឱ្យយើងឃើញនៅអនាគតកាលនោះបាន ឡើយ។ អ្វីៗសព្វសារពើដែលព្រះអង្គបង្កើតមក កំពុងតែអន្ទះអន្ទែង ទន្ទឹងរង់ចាំពេល ដែលព្រះជាម្ចាស់នឹងបង្ហាញបុត្រធីតារបស់ព្រះអង្គ ដ្បិតអ្វីៗទាំងអស់នោះបែរទៅជាឥត ន័យ តែមិនមែនដោយចិត្តឯងទេ គឺមកពីព្រះជាម្ចាស់បានតម្រូវដូច្នេះ។ សត្វលោក ទាំងឡាយនៅតែមានសង្ឃឹមថា ព្រះអង្គនឹងលោះឱ្យរួចផុតពីវិនាសអន្តរាយ ដើម្បីឱ្យ មានសេរីភាព និងសិរីរុងរឿងនៃបុត្រធីតារបស់ព្រះជាម្ចាស់។ យើងដឹងហើយថា មក ទល់ថ្ងៃនេះ សត្វលោកទាំងឡាយកំពុងតែស្រែកថ្ងូរ និងឈឺចុកចាប់ ដូចជាស្រ្តីដែល ហៀបនឹងសម្រាលកូន។ មិនត្រឹមតែសត្វលោកប៉ុណ្ណោះទេ សូម្បីតែយើងដែលបានទទួល ព្រះអំណោយទានដំបូងរបស់ព្រះវិញ្ញាណ ក៏ថ្ងូរក្នុងចិត្តទាំងទន្ទឹងរង់ចាំព្រះជាម្ចាស់ប្រោស យើងឱ្យទៅជាបុត្រធីតារបស់ព្រះអង្គ និងលោះរូបកាយយើងទាំងស្រុងដែរ។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ១៣,៤.២៣
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះគ្រីស្តចេញទៅព្រោះដំណឹងល្អ។ អ្នកណាទទួលព្រះបន្ទូល ហើយធ្វើឱ្យព្រះបន្ទូលបង្កើតផល អ្នកនោះពិតជាមានសុភមង្គលហើយ! អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៣,១-២៣ (ឬយ៉ាងខ្លី ១៣,១-៩)
នៅគ្រានោះ ព្រះយេស៊ូចាកចេញពីផ្ទះ យាងទៅគង់នៅមាត់សមុទ្រ មានមហាជនច្រើនកុះករមកចោមរោមព្រះអង្គ ព្រះអង្គក៏យាងចុះទៅគង់ក្នុងទូកមួយ រីឯបណ្តាជនឈរនៅមាត់ច្រាំង។ ព្រះអង្គមានព្រះបន្ទូលទៅគេយ៉ាងច្រើន ដោយប្រើពាក្យប្រស្នាដូចតទៅនេះ៖«មានអ្នកសាបព្រោះម្នាក់ចេញទៅព្រោះស្រូវពូជ។ ពេលគាត់ព្រោះ មានគ្រាប់ពូជខ្លះធ្លាក់ទៅលើផ្លូវ ហើយសត្វមកចឹកស៊ីអស់ទៅ។ មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើកន្លែងមានថ្ម ពុំសូវមានដី។ គ្រាប់ពូជក៏ដុះឡើងភ្លាម ព្រោះដីមិនជ្រៅ។ លុះដល់ថ្ងៃក្តៅឡើង ពន្លកទាំងនោះក្រៀមស្វិតអស់ទៅ ព្រោះឫសចាក់មិនបានជ្រៅ។ គ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីមានបន្លា។ បន្លាក៏ដុះឡើងរួបរឹតស្រូវ មិនឱ្យដុះបានឡើយ។ គ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីមានជីជាតិល្អ មួយគ្រាប់ឱ្យផលជាមួយរយគ្រាប់ មួយទៀតឱ្យហុកសិប និងមួយទៀតឱ្យសាមសិប។ អស់អ្នកដែលឮពាក្យនេះ សូមយកទៅពិចារណាចុះ»។
ប្រសិនបើអានយ៉ាងខ្លី សូមឈប់ត្រឹមនេះ។
ពេលនោះ ក្រុមសាវ័កនាំគ្នាចូលមកជិតព្រះអង្គ ហើយទូលសួរថា៖ «ហេតុដូចម្តេច បានជាព្រះគ្រូមានព្រះបន្ទូលទៅកាន់បណ្តាជនដោយប្រើពាក្យប្រស្នាដូច្នេះ?»។ ព្រះអង្គតបទៅគេវិញថា៖ «មកពីព្រះជាម្ចាស់បានប្រោសប្រទានឱ្យអ្នករាល់គ្នាយល់គម្រោងការដ៏លាក់កំបាំងរបស់ព្រះរាជ្យនៃស្ថានបរមសុខ រីឯអ្នកដទៃវិញ ព្រះអង្គមិនប្រទានឱ្យយល់ឡើយ។ អ្នកណាមានហើយ ព្រះជាម្ចាស់នឹងប្រទានថែមទៀត ដើម្បីឱ្យអ្នកនោះបានបរិបូណ៌ រីឯអ្នកដែលគ្មាន ព្រះអង្គនឹងហូតយកអ្វីដែលអ្នកនោះមានផង។ ហេតុនេះហើយបានជាខ្ញុំនិយាយទៅគេដោយប្រើពាក្យប្រស្នា គឺទោះបីគេមើល គេក៏ពុំឃើញ ទោះបីគេស្តាប់ គេក៏ពុំឮ ហើយក៏ពុំយល់ដែរ។ ហេតុការណ៍នេះកើតដល់គេ ស្របនឹងសេចក្តីដែលព្យាការីអេសាយថ្លែងទុកថា អ្នករាល់គ្នាស្តាប់មែន តែពុំឮទេ ហើយក៏ពុំយល់ផង។ អ្នករាល់គ្នាមើលមែនតែមិនឃើញសោះ ដ្បិតចិត្តប្រជារាស្ត្រនេះរឹងណាស់ ហើយត្រចៀកគេក៏ធ្ងន់។ គេនាំគ្នាបិទភ្នែកមិនឱ្យមើលឃើញ មិនឱ្យត្រចៀកស្តាប់ឮ មិនឱ្យប្រាជ្ញាយល់ ហើយមិនចង់វិលមកវិញទេ ក្រែងលោយើងប្រោសគេឱ្យបានជា។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាមានសុភមង្គលហើយ ព្រោះភ្នែកអ្នករាល់គ្នាអាចមើលឃើញ ត្រចៀកអ្នករាល់គ្នាអាចស្តាប់ឮ។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា ព្យាការី និងមនុស្សសុចរិតជាច្រើន មានបំណងចង់ឃើញហេតុការណ៍ដែលអ្នករាល់គ្នាឃើញនេះដែរ តែមិនបានឃើញទេ គេចង់ឮសេចក្តីដែលអ្នករាល់គ្នាឮនេះដែរ តែមិនឮឡើយ!។ ដូច្នេះ សុំស្តាប់អត្ថន័យនៃប្រស្នាអំពីអ្នកព្រោះស្រូវដូចតទៅ៖ អ្នកដែលឮព្រះបន្ទូល អំពីព្រះរាជ្យតែមិនយល់ ប្រៀបបាននឹងអ្នកដែលទទួលគ្រាប់ពូជនៅតាមផ្លូវ ហើយមារកំណាចមកឆក់យកព្រះបន្ទូលដែលធ្លាក់ក្នុងចិត្តគេនោះទៅ។ រីឯអ្នកដែលទទួលគ្រាប់ពូជលើដីមានថ្ម គឺអស់អ្នកដែលឮព្រះបន្ទូលហើយ ក៏ទទួលយកភ្លាមដោយអំណរ ប៉ុន្តែ គេពុំបានទុកឱ្យព្រះបន្ទូលចាក់ឫសនៅក្នុងខ្លួនគេឡើយ គេជាប់ចិត្តតែមួយភ្លែតប៉ុណ្ណោះ លុះដល់មានទុក្ខលំបាក ឬត្រូវគេបៀតបៀនព្រោះតែព្រះបន្ទូល គេក៏បោះបង់ចោលជំនឿភ្លាម។ អ្នកដែលទទួលគ្រាប់ពូជក្នុងដីមានបន្លា គឺអ្នកដែលបានឮព្រះបន្ទូល ប៉ុន្តែ ការខ្វល់ខ្វាយអំពីជីវិតក្នុងលោកីយ៍ ចិត្តលោភលន់ចង់បានទ្រព្យសម្បត្តិ រួបរឹតព្រះបន្ទូលមិនឱ្យបង្កើតផលបានឡើយ។ រីឯអ្នកដែលទទួលគ្រាប់ពូជក្នុងដីមានជីជាតិល្អ គឺអស់អ្នកដែលបានឮព្រះបន្ទូល ហើយយល់។ គេបង្កបង្កើតផល ខ្លះបានមួយជាមួយរយ ខ្លះបានមួយជាហុកសិប និងខ្លះទៀតបានមួយជាសាមសិប»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមថ្វាយ កាយ វាចា ចិត្តរួមជាមួយនំប័ុង និងស្រានេះ សូមទ្រង់ព្រះមេត្តាប្រោសប្រទានព្រះវិញ្ញាណមកញុាំងចិត្តគំនិតយើងខ្ញុំ ឱ្យទៅជាតង្វាយដែលគាប់ព្រះហប្ញទ័យព្រះអង្គ រួមនឹងសក្ការបូជារបស់ព្រះយេស៊ូគ្រីស្ត ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។
ពាក្យអរព្រះគុណ
បពិត្រព្រះបិតា! ព្រះអង្គបានប្រទានព្រះបន្ទូលព្រះគ្រីស្តដែលបំភ្លឺចិត្តគំនិតយើងខ្ញុំ ព្រះអង្គក៏បានប្រទានព្រះកាយ និងព្រះលោហិតព្រះគ្រីស្តដែលលើកកម្លាំងយើងខ្ញុំទៀតផង។ សូមទ្រង់ព្រះមេត្តាប្រទានព្រះវិញ្ញាណព្រះអង្គមកយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំអាចបង្កើត ផលបានច្រើន តាមព្រះហប្ញទ័យព្រះអង្គ។