ថ្ងៃពុធ អាទិត្យទី១៣
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃពុធ ទី០២ ខែកក្ដដា ឆ្នាំ២០២៥
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកំណើត កណ ២១,៣.៨-២១
លោកស្រីសារ៉ាបង្កើតបានកូនប្រុសមួយជូនលោកអប្រាហាំ។ ពេលកូននេះកើតមក លោកអប្រាហាំដាក់ឈ្មោះវាថា «អ៊ីសាក»។ លុះកុមារអ៊ីសាកធំបន្តិច នៅថ្ងៃត្រូវផ្តាច់ដោះ លោកអប្រាហាំបានរៀបពិធីជប់លៀងមួយយ៉ាងធំ។ ថ្ងៃនោះ លោកស្រីសារ៉ាឃើញអ៊ីស្មាអែលជាកូននាហាការ (គឺស្រ្តីជាតិអេស៊ីប ដែលបង្កើតកូនមួយជូនលោកអប្រាហាំ) កំពុងសើចលេង។ គាត់ជម្រាបលោកអប្រាហាំថា៖ «សូមបណ្តេញស្រីបម្រើនេះ និងកូនវាចេញទៅ ដ្បិតមិនត្រូវឱ្យកូនរបស់ស្រីបម្រើនេះ ទទួលមត៌ករួមជាមួយអ៊ីសាក កូនរបស់ខ្ញុំឡើយ»។ ពាក្យនេះធ្វើឱ្យលោកអប្រាហាំពិបាកចិត្តយ៉ាងខ្លាំង ព្រោះអ៊ីស្មាអែលក៏ជាកូនរបស់លោកដែរ។ ប៉ុន្តែ ព្រះជាម្ចាស់មានព្រះបន្ទូលមកលោកអប្រាហាំថា៖ «កុំពិបាកចិត្ត ព្រោះតែរឿងក្មេងនេះ និងអ្នកបម្រើរបស់អ្នកឱ្យសោះ។ ចូរប្រព្រឹត្តតាមពាក្យទាំងប៉ុន្មានដែលសារ៉ាសុំនោះទៅ ដ្បិតមានតែកូនចៅរបស់អ៊ីសាកប៉ុណ្ណោះដែលនឹងស្នងត្រកូលរបស់អ្នក។ រីឯកូនរបស់ស្រីបម្រើនោះវិញ យើងក៏នឹងធ្វើឱ្យវាបង្កើតប្រជាជាតិមួយដ៏ធំ ព្រោះវាក៏ជាពូជពង្សអ្នកដែរ»។ ស្អែកឡើង លោកអប្រាហាំក្រោកពីព្រលឹម យកបាយសំណុំ និងបំពង់ទឹកមកប្រគល់ឱ្យនាងហាការ ហើយលើកកូនដាក់លើករបស់នាង រួចប្រាប់ឱ្យចេញទៅ។ នាងហាការក៏ចាកចេញពីទីនោះទៅ ហើយវិលវល់ក្នុងវាលរហោស្ថាន ជិតភូមិប៊ែរសេបា។ ពេលអស់ទឹកពីបំពង់ហើយ នាងក៏ទុកកូនចោលនៅក្រោមដើមឈើតូចមួយ រួចនាងទៅអង្គុយនៅដាច់ដោយឡែកពីកូន ចម្ងាយប្រមាណមួយសន្ទុះព្រួញ ព្រោះនាងពោលថា៖ «ខ្ញុំមិនចង់ឃើញកូនស្លាប់នៅនឹងមុខខ្ញុំឡើយ!»។ ដូច្នេះ នាងក៏អង្គុយដាច់ដោយឡែកពីកូន ហើយចាប់ផ្តើមទ្រហោយំ។ ព្រះជាម្ចាស់ទ្រង់ព្រះសណ្តាប់ឮសម្រែករបស់ក្មេងនោះ ហើយទេវទូតរបស់ព្រះជាម្ចាស់ហៅនាងហាការពីលើមេឃមកថា៖ «ហាការអើយ! តើនាងកើតអ្វី? កុំខ្លាចអ្វីឡើយ! ដ្បិតព្រះជាម្ចាស់ទ្រង់ព្រះសណ្តាប់ឮសម្រែកកូនរបស់នាងដែលនៅក្រោមដើមឈើហើយ។ ចូរក្រោកឡើង! ទៅយកកូន ហើយចាប់ដៃវាលើកឡើង ដ្បិតយើងនឹងធ្វើឱ្យវាបង្កើតបានប្រជាជាតិមួយដ៏ធំ»។ ព្រះជាម្ចាស់ប្រោសឱ្យនាងហាការឃើញអណ្តូងមួយដែលមានទឹក នាងក៏ទៅដងទឹកដាក់ពេញបំពង់ រួចយកទៅឱ្យកូនផឹក។ ព្រះជាម្ចាស់គង់នៅជាមួយក្មេងនោះ។ ពេលវាធំឡើង វារស់នៅតាមវាលរហោស្ថាន ហើយទៅជាអ្នកពូកែបាញ់ធ្នូ។ អ៊ីស្មាអែលរស់នៅក្នុងវាលរហោស្ថាន ប៉ារ៉នកា ហើយម្តាយក៏ដណ្តឹងកូនស្រីជាតិអេស៊ីបម្នាក់មកឱ្យគាត់ធ្វើជាភរិយា។
ទំនុកតម្កើងលេខ ៣៤ (៣៣),៧-៨.១០-១៣ បទកាកគតិ
| ៧ | អស់អ្នកកំសត់ | និងមនុស្សទុរគត | គេស្រែកដង្ហោយ |
| ហៅរកព្រះម្ចាស់ | ទ្រង់សណ្តាប់ហើយ | សង្គ្រោះគេឱ្យ |
| | ផុតពីគ្រោះកាច | ។ |
| ៨ | ទេវទូតរបស់ | ព្រះម្ចាស់ទាំងអស់ | ថែទាំអ្នកខ្លាច |
| រក្សាការពារ | គេក្រោមអំណាច | រំដោះឱ្យរួច |
| | ផុតពីទុក្ខភ័យ | ។ |
| ១០ | ឱប្រជារាស្ត្រ | របស់ព្រះម្ចាស់ | ចូរកោតខ្លាចដល់ |
| ព្រះម្ចាស់នៃយើង | បានសុខឥតខ្វល់ | មិនជួបអំពល់ |
| | ឬខ្វះខាតអ្វី | ។ |
| ១១ | អ្នកមានមុខជា | ជួបទុក្ខវេទនា | ខ្វះម្ហូបចំណី |
| តែអ្នកដែលស្វែង | រកព្រះម្ចាស់ថ្លៃ | នឹងមិនខ្វះអ្វី |
| | សុខសាន្តតទៅ | ។ |
| ១២ | ឱកូនចៅអើយ | កុំនៅព្រងើយ | ស្តាប់ខ្ញុំប្រដៅ |
| ឱ្យចេះគោរព | ដរាបតទៅ | កុំធ្វើល្ងង់ខ្លៅ |
| | ត្រូវកោតខ្លាចព្រះ | ។ |
| ១៣ | តើមាននរណា | ចង់បានសង្ខារ | យឺនយូរត្រចះ |
| មានអ្វីគ្រប់យ៉ាង | មិនខ្វះទាស់សោះ | ហើយចង់នៅរស់ |
| | សុខសាន្តឬទេ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យក ១.១៨
អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះជាម្ចាស់! ព្រះអង្គប្រទានជីវិតថ្មីឱ្យយើងខ្ញុំ ដោយសារព្រះបន្ទូលនៃសេចក្តីពិត។ ព្រះអង្គត្រាស់ហៅយើងខ្ញុំឱ្យទៅជាផលដំបូង មុនអ្វីៗទាំងអស់។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៨,២៨-៣៤
ព្រះយេស៊ូ និងក្រុមសាវ័កទៅដល់ត្រើយម្ខាងនៃបឹងទិបេរីយ៉ាដ ក្នុងតំបន់កាដារ៉ា។ ពេលនោះ មានបុរសខ្មោចចូលពីរនាក់ ចេញពីទីបញ្ចុះសព ដើរតម្រង់មករកព្រះអង្គ។ បុរសទាំងពីរនេះកាចណាស់ គ្មាននរណាហ៊ានដើរកាត់តាមនោះឡើយ។ អ្នកទាំងពីរស្រែកឡើងថា៖ «ព្រះបុត្រារបស់ព្រះជាម្ចាស់អើយ! តើព្រះអង្គចង់ធ្វើអ្វីយើងខ្ញុំ? ព្រះអង្គយាងមកទីនេះ ដើម្បីធ្វើទុក្ខទោសយើងខ្ញុំមុនពេលកំណត់ឬ?»។ នៅឆ្ងាយពីនោះបន្តិច មានជ្រូកមួយហ្វូងធំកំពុងរកស៊ី។ ពួកខ្មោចអង្វរព្រះយេស៊ូថា៖ «បើព្រះអង្គចង់ដេញយើងខ្ញុំ សូមបញ្ជូនយើងខ្ញុំឱ្យទៅចូលក្នុងជ្រូកមួយហ្វូងនេះទៅ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅខ្មោចថា៖ «ទៅចុះ!»។ ពួកខ្មោចក៏ចេញពីបុរសទាំងពីរ ហើយទៅចូលក្នុងជ្រូក។ ពេលនោះ ហ្វូងជ្រូកបោលចុះតាមជម្រាលភ្នំតម្រង់ទៅសមុទ្រ លង់ទឹកងាប់អស់។ អ្នកថែរក្សាហ្វូងជ្រូកនាំគ្នាយករឿងនេះរត់ទៅប្រាប់អ្នកភូមិ ព្រមទាំងរៀបរាប់ហេតុការណ៍អំពីបុរសខ្មោចចូលទាំងពីរនាក់នោះផង។ អ្នកភូមិទាំងអស់ក៏នាំគ្នាចេញមកគាល់ព្រះយេស៊ូ លុះបានឃើញហើយ គេអង្វរព្រះអង្គឱ្យចាកចេញពីស្រុកភូមិរបស់គេ។
189 Views
Post Views:
190