ថ្ងៃទី០៥ ខែមិថុនា
សន្តបូនីហ្វាស ជាអភិបាល
ព្រះសហគមន៍ និងជាមរណសាក្សី
បុណ្យរម្លឹក
ពណ៌ក្រហម
លោកជាជនជាតិអង់គ្លេសម្នាក់ឈ្មោះ វិលព្រិឌ (៦៧៣-៧៥៤)។ លោកបួសខាងក្រុមគ្រួសារសន្តបេណេឌីកតូ។ លោកទៅនាំដំណឹងល្អដល់ប្រទេសអាល្លឺម៉ង់ ដោយដើរពាសពេញស្រុកនោះ ទាំងបង្កើតអារាមជាច្រើន។ លោកឧស្សាហ៍ទាក់ទងជាមួយសម្តេចប៉ាប ដែលតែងតាំងលោកឱ្យធ្វើជាអភិបាលព្រះសហគមន៍ និងដាក់ឈ្មោះលោកថា “បូនីហ្វាស” គឺអ្នកប្រព្រឹត្តអំពើល្អ។ ជនពាលប្រហារជីវិតលោកនៅពេលលោកធ្វើដំណើរទៅប្រកាសដំណឹងល្អ ក្នុងជន្មាយុប៉ែតសិបឆ្នាំ។
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ព្រះអង្គប្រោសសន្តបូនីហ្វាសឱ្យមានចិត្តអង់អាចប្រកាសដំណឹងល្អរបស់ព្រះអង្គ ដោយឥតញញើតនរណាឡើយ។ សូមទ្រង់ព្រះមេត្តាប្រទានឱ្យយើងមានចិត្តក្លាហានជានិច្ច ហ៊ានធ្វើសាក្សីពីជំនឿរបស់ខ្លួន ដូចសន្តបូនីហ្វាសផង។
សូមថ្លែងព្រះគម្ពីរព្យាការីអេសា អស ៥២,៧-១០
អ្នកធ្វើដំណើរនៅលើភ្នំ នាំដំណឹងល្អៗមកប្រសើររុងរឿងណាស់ហ្ន៎ គេប្រកាសដំណឹងអំពីសេចក្ដីសុខសាន្ត! គេប្រកាសដំណឹងដ៏ល្អៗអំពីការសង្គ្រោះ គេពោលមកកាន់ក្រុងស៊ីយ៉ូនថា “ព្រះរបស់អ្នកសោយរាជ្យហើយ!”។ នេះជាសំឡេងរបស់អ្នកយាមក្រុង! ពួកគេបន្លឺសំឡេងឡើង និងស្រែកហ៊ោរួមជាមួយគ្នា ដ្បិតពួកគេឃើញព្រះអម្ចាស់យាងត្រឡប់មកក្រុងស៊ីយ៉ូនវិញដោយផ្ទាល់នឹងភ្នែក។ គំនរបាក់បែកនៃក្រុងយេរូសាឡឹមអើយ ចូរស្រែកហ៊ោរួមជាមួយគ្នា ដ្បិតព្រះអម្ចាស់សម្រាលទុក្ខប្រជាជនរបស់ព្រះអង្គ ព្រះអង្គលោះក្រុងយេរូសាឡឹមមកវិញហើយ! ព្រះអម្ចាស់សម្ដែងព្រះបារមីដ៏វិសុទ្ធរបស់ព្រះអង្គឱ្យប្រជាជាតិទាំងអស់ឃើញមនុស្សទាំងប៉ុន្មាននៅទីដាច់ស្រយាលនៃផែនដីនឹងឃើញការសង្គ្រោះរបស់ព្រះនៃយើង។
ទំនុកតម្កើងលេខ ៩៦ (៩៥),១-៣,៧-១០ បទព្រហគីតិ
| ១ | ចូរច្រៀងបទថ្មីថ្វាយ | ព្រះម្ចាស់ថ្លៃកុំឈរឈប់ | |
| មនុស្សនៅលើពិភព | ច្រៀងកុំឈប់ថ្វាយព្រះអង្គ | ។ |
| ២ | ចូរច្រៀងថ្វាយព្រះម្ចាស់ | តម្កើងព្រះនាមត្រចង់ | |
| ប្រកាសរាល់ថ្ងៃផង | ពីបំណងដ៏ថ្លាថ្លៃ | ។ |
| ៣ | ចូរប្រកាសនៅម្តុំ | ចំណោមក្រុមជាតិទីទៃ | |
| នូវរុងរឿងសិរី | ព្រះហស្តថ្លៃដ៏អស្ចារ្យ | ។ |
| ៧ | ប្រជាទាំងឡាយអើយ | កុំកន្តើយចូរតម្រង់ | |
| លើកតម្កើងព្រះអង្គ | ថ្លែងឥតហ្មងពីឫទ្ធា | ។ |
| ៨ | លើកតម្កើងសិរី | រុងរឿងជ័យព្រះនាមា | |
| យកតង្វាយគ្រប់គ្នា | ទៅព្រះវិហារថ្វាយក្សត្រា | ។ |
| ៩ | ចូរក្រាបថ្វាយបង្គំ | ពេលទ្រង់សម្តែងបាដិហារីយ៍ | |
| មនុស្សលើផែនលោកា | ញ័រកាយាចំពោះភក្ត្រ | ។ |
| ១០ | ចូរប្រកាសនៅម្តុំ | ចំណោមក្រុមជាតិច្រើននាក់ | |
| ថាទ្រង់គ្រងរាជ្យជាក់ | ឥតបែកបាក់រឹងមាំល្អ | ។ |
| ព្រះម្ចាស់គ្រប់គ្រងលើ | សព្វសារពើមានអំណរ | |
| ពេញដោយយុត្តិធម៌ | រាស្រ្តអបអរពន់ពេកក្រៃ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៥, ១-១១
ថ្ងៃមួយ ព្រះយេស៊ូគង់នៅមាត់បឹងកេនេសារ៉ែត មានបណ្ដាជនជាច្រើនប្រជ្រៀតគ្នានៅជុំវិញព្រះអង្គ ដើម្បីស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះអង្គទតឃើញទូកពីរចតនៅមាត់ច្រាំង រីឯអ្នកនេសាទនាំគ្នាចុះទៅលាងអួនរបស់គេ។ ព្រះយេស៊ូយាងចុះទៅក្នុងទូករបស់លោកស៊ីម៉ូន រួចព្រះអង្គសុំឱ្យគាត់ចេញទូកទៅឆ្ងាយពីច្រាំងបន្ដិច។ ព្រះអង្គគង់បង្រៀនបណ្ដាជនពីក្នុងទូកនោះ។ លុះព្រះអង្គបង្រៀនគេចប់ហើយ ព្រះអង្គមានព្រះបន្ទូលទៅកាន់លោកស៊ីម៉ូនថា៖ «ចូរបង្ហួសទូកទៅទឹកជ្រៅ រួចនាំគ្នាទម្លាក់អួនចុះ»។ លោកស៊ីម៉ូនតបទៅព្រះយេស៊ូវិញថា៖ «លោកគ្រូ! យើងខ្ញុំបានអូសអួនពេញមួយយប់ហើយ អត់បានត្រីសោះ ប៉ុន្តែ បើលោកគ្រូមានប្រសាសន៍ដូច្នេះ ខ្ញុំនឹងទម្លាក់អួនតាមពាក្យរបស់លោកគ្រូ»។ គេក៏ទម្លាក់អួនទៅក្នុងទឹក ជាប់ត្រីយ៉ាងច្រើនស្ទើរតែធ្លាយអួន។ គេបក់ដៃហៅមិត្តភក្ដិដែលនៅក្នុងទូកមួយទៀតឱ្យមកជួយ។ ពួកនោះមកដល់ ជួយចាប់ត្រីដាក់ពេញទូកទាំងពីរ ស្ទើរតែនឹងលិច។ ពេលលោកស៊ីម៉ូនសិលាឃើញដូច្នោះ គាត់ក្រាបទៀបព្រះបាទាព្រះយេស៊ូ ទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ សូមយាងឱ្យឆ្ងាយពីទូលបង្គំទៅ ព្រោះទូលបង្គំជាមនុស្សបាប»។ លោកស៊ីម៉ូននិយាយដូច្នេះ ព្រោះគាត់ និងអស់អ្នកដែលនៅជាមួយភ័យស្ញប់ស្ញែងជាខ្លាំង នៅពេលបានឃើញត្រីច្រើនយ៉ាងនេះ។ រីឯលោកយ៉ាកុប និងលោកយ៉ូហាន ជាកូនលោកសេបេដេដែលនេសាទរួមជាមួយលោកស៊ីម៉ូន ក៏មានចិត្តដូច្នោះដែរ។ ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលទៅលោកស៊ីម៉ូនថា៖ «កុំខ្លាចអី! ពីពេលនេះទៅមុខ អ្នកនឹងនេសាទមនុស្សវិញ»។ ពេលទូកទៅដល់មាត់ច្រាំងវិញ គេបោះបង់របស់របរទាំងអស់ចោល រួចនាំគ្នាដើរតាមព្រះយេស៊ូទៅ។
585 Views
Post Views:
656