ការធ្វើសមាធិ
តាមគ្រីស្តសាសនា[1]

សេចក្ដីផ្តើម

ចំពោះយើងជាគ្រីស្តបរិស័ទ ការធ្វើសមាធិមានន័យថា ស្នាក់នៅក្នុងភាពស្ងៀមស្ងាត់ ចំពោះព្រះភក្រ្តព្រះជាម្ចាស់។ ដើម្បីធ្វើសមាធិឱ្យបានត្រឹមត្រូវ​ ត្រូវចំណាយពេលវេលាយ៉ាងតិចមួយម៉ោង ជារៀងរាល់ថ្ងៃ

ជាធម្មតា យើងអាចអធិដ្ឋានដោយស្មឹងស្មាធិ៍ព្រះបន្ទូល និងនឹកសញ្ជឹងគិតដល់ព្រះយេស៊ូដោយចិត្តស្រឡាញ់ ឬសញ្ចឹងគិតអំពីស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះជាម្ចាស់នៅក្នុងពិភពលោក ឬនៅក្នុងជីវិតរបស់យើង។ ក៏ប៉ុន្តែ ការធ្វើសមាធិជារបៀបអធិដ្ឋានដ៏ល្អប្រសើរជាទីបំផុត។ ការធ្វើសមាធិជាវិធីដ៏ប្រសើរបំផុត ដើម្បីទៅជាជនដ៏វិសុទ្ធ។ បើយើងមិនដែលធ្វើសមាធិ យើងមិនអាចរីកចម្រើនខាងផ្លូវវិញ្ញាណបានឡើយ។ ទោះបីយើងជួបប្រទេះឧបសគ្គជាច្រើន យើងត្រូវតែខិតខំតាំងចិត្តធ្វើសមាធិ ដ្បិតការធ្វើសមាធិជាប្រភពនៃសុភមង្គលដ៏ពិតប្រាកដ។ ពេលយើងជីកដីឱ្យបានជ្រៅ យើងបានទឹកស្អាតបរិសុទ្ធយ៉ាងណា ពេលយើងធ្វើសមាធិឱ្យបានយូរ យើងក៏បានព្រះជាម្ចាស់យ៉ាងនោះដែរ។

ដើម្បីធ្វើសមាធិ មិនចាំបាច់ឱ្យមានបច្ចេកទេសដ៏ស្មុគស្មាញ បង្កើតវិធីផ្សេងៗ ធ្វើពិធីជាច្រើន ឬឱ្យមានអាកប្បកិរិយាត្រឹមត្រូវឡើយ។ ផ្ទុយទៅវិញ ព្រះជាម្ចាស់ជាអ្នកបង្រៀនយើងឱ្យធ្វើសមាធិ បន្តិចម្តងៗតាមព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គ។ យើងគ្រាន់តែត្រូវរៀបចំចិត្តគំនិតខ្លះៗប៉ុណ្ណោះ ពោលគឺយល់អំពីអ្វីទៅជាការធ្វើសមាធិ និងទុកឱ្យព្រះវិញ្ញាណដ៏វិសុទ្ធផ្ទាល់ណែនាំយើង។ ពេលយើងធ្វើសមាធិ យើងមិនញែកខ្លួនឯងឱ្យផុតពីទុក្ខលំបាកឡើយ ពោលគឺយើងគ្រាន់តែមានទំនាក់ទំនងដ៏ស្និទ្ធស្នាលជាមួយព្រះជាម្ចាស់។ បើយើងមានបំណងចង់ស្គាល់ និងស្រឡាញ់ព្រះជាម្ចាស់ យើងទាំងអស់គ្នា ទាំងលោកបូជាចារ្យ បព្វជិត ឬគ្រីស្តបរិស័ទធម្មតា ត្រូវតែធ្វើសមាធិជាចាំបាច់។ របៀបធ្វើសមាធិមិនស្មុគស្មាញនោះទេ យើងទាំងអស់គ្នាអាចធ្វើបាន។

“ចូរប្រុងស្មារតី និងទូលអង្វរគ្រប់ពេលវេលា ដើម្បីឱ្យអ្នករាល់គ្នាមានកម្លាំងឆ្លងផុតពីហេតុការណ៍ទាំងអស់ ដែលត្រូវកើតមាន” (លក ២១,៣៦)។
“កាលណាអ្នកអធិដ្ឋាន ត្រូវចូលទៅក្នុងបន្ទប់ បិទទ្វារឱ្យជិត ហើយទូលអង្វរទៅកាន់ព្រះបិតារបស់អ្នកដែលគង់​នៅក្នុងទីស្ងាត់កំបាំង” (មថ ៦,៦)។

មូលដ្ឋានគ្រឹះក្នុងការធ្វើសមាធិ

១. បើយើងចង់ធ្វើសមាធិ យើងក៏ត្រូវត្រៀមខ្លួនយល់អំពីអ្វីទៅជាការធ្វើសមាធិ។ ពេលធ្វើសមាធិ យើងដូចជាប្រយុទ្ធប្រឆាំង ពោលគឺមានឧបសគ្គជាច្រើន ដោយមកពីហេតុផ្សេងៗពីគ្នា ដែលយើងនឹងរៀបរាប់បន្តិចទៀតនេះ។ ហេតុនេះហើយ បានជាត្រូវតែជឿជាក់យ៉ាងពិតប្រាកដមែនថា ពេលយើងធ្វើសមាធិ ព្រះជាម្ចាស់គង់នៅជាមួយយើងជាដាច់ខាត។ ទោះបីជាពេលនោះ យើងមានអារម្មណ៍ថា ព្រះអង្គឃ្លាតឆ្ងាយពីយើង ឬពេលខ្លះ យើងស្មានថា ការធ្វើសមាធិគ្មានប្រយោជន៍ក៏ដោយ ក៏ព្រះជាម្ចាស់ជាអ្នកដែលត្រាស់ហៅយើង ព្រះអង្គជាអ្នកស្វែងរកយើង។ សូមទុកឱ្យព្រះជាម្ចាស់ សព្វព្រះហឫទ័យចំពោះយើង ទោះជាយើងមិនចេះស្រឡាញ់ព្រះអង្គ។ ព្រះអង្គមិនត្រូវការឱ្យយើងប្រព្រឹត្តកិច្ចការធំៗទេ ព្រះអង្គសព្វព្រះហឫទ័យស្រឡាញ់យើងបានហើយ។

“អស់អ្នកដែលព្រះបិតាប្រទានមកខ្ញុំ តែងតែមករកខ្ញុំ ហើយខ្ញុំមិនបោះបង់ចោលអ្នកដែលមករកខ្ញុំជាដាច់ខាត” (យហ ៦,៣៧)។

២. បើយើងមានចិត្តតស៊ូ ខិតខំប្រឹងប្រែង ដោយមានចិត្តព្យាយាម ទោះជាមានឧបសគ្គយ៉ាងណាក៏ដោយ ក៏ព្រះជាម្ចាស់នឹងយាងមកជួបយើង តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ ដែលមិនអាចកុហកខ្លួនព្រះអង្គនោះជាមិនខាន។ បើយើងមានចិត្តអត់ធ្មត់ យើងនឹងទទួលផលផ្លែនៃការធ្វើសមាធិ ទាំងនៅក្នុងពេលធ្វើសមាធិ ឬនៅពេលក្រោយធ្វើសមាធិជាមិនខាន។ ត្រូវតែធ្វើសមាធិជារៀងរាល់ថ្ងៃ យ៉ាងទៀងទាត់ ទោះជារយៈពេលខ្លីក៏ដោយ ប្រសើរជាងធ្វើសមាធិតាមអារម្មណ៍ ដែលចេះតែប្រែប្រួលជានិច្ច។ ពេលយើងនៅខាងមុខភ្លើង យើងឡើងកម្តៅយ៉ាងណា យើងក៏នឹងទទួលផលផ្លែយ៉ាងបរិបូណ៍ បើយើងចំណាយពេលចំពោះព្រះជាម្ចាស់យ៉ាងនោះដែរ។

“បងប្អូនអើយ ត្រូវមានចិត្តអត់ធ្មត់ រហូតដល់ពេលព្រះអម្ចាស់យាងមកយ៉ាងរុងរឿង។ មើលចុះ! អ្នកភ្ជួររាស់ទន្ទឹងរង់ចាំភោគផលដ៏ថ្លៃវិសេស ដែលដីផ្តល់ឱ្យដោយចិត្តអត់ធ្មត់ រហូតបានផលនៅដើមរដូវ និងចុងរដូវ។ បងប្អូនក៏ដូច្នេះដែរ ចូរមានចិត្តអត់ធ្មត់ តាំងចិត្តឱ្យរឹងប៉ឹង ដ្បិតព្រះអម្ចាស់ជិតយាងមកដល់ហើយ” (យក ៥,៧-៨)។

៣. ក្នុងការធ្វើសមាធិ ត្រូវតែមានចិត្តចង់ថ្វាយខ្លួន។ គ្រីស្តបរិស័ទណាដែលធ្វើសមាធិ ត្រូវថ្វាយខ្លួនចំពោះព្រះជាម្ចាស់។ យើងមិនស្វែងរកផលប្រយោជន៍ផ្ទាល់ឡើយ ផ្ទុយទៅវិញ យើងត្រូវសុខចិត្តខាតពេលវេលា ដើម្បីព្រះជាម្ចាស់ និងដើម្បីព្រះអង្គប៉ុណ្ណោះ។ ទោះជាយើងជាមនុស្សមិនគ្រប់ល័ក្ខណ៍ក៏ដោយ ក៏យើងត្រូវតែមានបំណងចង់គាប់ព្រះហឫទ័យព្រះជាម្ចាស់។ យើងប្រៀបធៀបដូចជាសង្សារម្នាក់ ដែលចង់ឱ្យដៃគូរបស់ខ្លួនសប្បាយចិត្ត។ ហេតុនេះហើយ បានជាយើងត្រូវទទួលស្គាល់ថា ពេលខ្លះ យើងមិនសូវចេះស្រឡាញ់ យើងគ្មានសមត្ថភាព យើងជាមនុស្សខ្សោយ យើងគិតអំពីរឿងរ៉ាវ ឬបញ្ហាផ្សេងក្នុងពេលអធិដ្ឋាន ប៉ុន្តែ សំខាន់ គឺឱ្យមានបំណងចង់គាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់បានហើយ។

“អ្នកណាដាក់ចិត្តជាអ្នកក្រខ្សត់ អ្នកនោះមានសុភមង្គលហើយ” (មថ ៥,៣)។

៤. យើងត្រូវសម្រេចចិត្តឱ្យច្បាស់ និងជាស្ថាពរថា យើងនឹងធ្វើសមាធិ ដ្បិតបើយើងមិនធ្វើសមាធិ យើងមិនអាចរីកចម្រើនខាងផ្លូវវិញ្ញាណ និងទៅជាជនដ៏វិសុទ្ធ ជាពិសេសយើងមិនអាចស្គាល់ និងទទួលសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ឱ្យបានពេញលក្ខណៈបានឡើយ។

យើងជួបប្រទេះនឹងឧបសគ្គផ្សេងៗក្នុងការធ្វើសមាធិ។ ពេលខ្លះ យើងគ្មានអារម្មណ៍អធិដ្ឋាន យើងដូចជារីងស្ងួត ពេលខ្លះ យើងស្អប់ខ្ពើមការធ្វើសមាធិ ឬយើងស្មានថា គ្មានប្រយោជន៍ យើងខ្លាចខាតពេលវាលា ឬយើងមានអារម្មណ៍ថា យើងជាមនុស្សឥតបានការ ដែលព្រះជាម្ចាស់មិនរវីរវល់ ឬបានបោះបង់ចោល។ តាមការពិត ឧបសគ្គទាំងអស់នោះ ជារឿងធម្មតា យើងមិនត្រូវឆ្ងល់ទេ។ ជនដ៏វិសុទ្ធទាំងឡាយបានដកពិសោធន៍អំពីទុក្ខលំបាកទាំងអស់នោះ។ ទុក្ខលំបាកក្នុងការធ្វើសមាធិជាការល្អប្រសើរ ដើម្បីឱ្យយើងរីកចម្រើនខាងផ្លូវវិញ្ញាណ ហើយជាឧបការណ៍ដែលព្រះជាម្ចាស់ប្រើប្រោស ដើម្បីពង្រឹងជំនឿ និងសេចក្ដីស្រឡាញ់របស់យើង។

មានពេលខ្លះ យើងអះអាងថា យើងគ្មានពេលធ្វើសមាធិ។ ប៉ុន្តែ យើងតែងតែមានពេលដើម្បីទទួលទានអាហារ! ការធ្វើសមាធិសំខាន់ជាងអាហារប្រចាំថ្ងៃទៅទៀត។ ការធ្វើសមាធិជាអាហារខាងវិញ្ញាណ ជាចំណីសម្រាប់ព្រលឹងវិញ្ញាណរបស់យើង។ កុំភ្លេចថា ព្រលឹងវិញ្ញាណសំខាន់ជាងរូបរាងកាយ ដ្បិតព្រលឹងវិញ្ញាណមិនអាចស្លាប់បានទេ! ការធ្វើសមាធិជាការចិញ្ចឹមជំនឿ សេចក្ដីស្រឡាញ់ និងសេចក្តីសង្ឃឹមរបស់យើង។ ម្យ៉ាងទៀត ក្នុងពេលធ្វើសមាធិ យើងហាក់ដូចជាខាតពេលវេលា ប៉ុន្តែតាមការពិត ព្រះជាម្ចាស់នឹងជួយឱ្យយើងទទួលបានពេលវេលានេះតាមរបៀបផ្សេង។

មានពេលខ្លះ យើងអះអាងថា យើងអាចអធិដ្ឋានក្នុងពេលធ្វើការ ឬដោយប្រព្រឹត្តសកម្មភាពផ្សេង។ ត្រូវមែន តែក្នុងជីវិតជាប្តីប្រពន្ធ បើទាំងពីរនាក់មិនដែលចំណាយពេលវេលាជាមួយគ្នាតែពីរនាក់ សេចក្ដីស្រឡាញ់របស់ពួកគេមិនជ្រៅទេ។ ហេតុនេះ បើយើងស្រឡាញ់ ឬចង់ស្រឡាញ់ព្រះជាម្ចាស់ ជាពិសេសបើយើងចង់ទទួលសេចក្ដីស្រឡាញ់​ ដែលមកពីព្រះអង្គ យើងក៏ត្រូវចំណាយពេលជាមួយ និងសម្រាប់ព្រះអង្គតែពីរនាក់ដែរ។

មានពេលខ្លះ យើងអះអាងថា បើយើងអធិដ្ឋាន ដោយគ្មានអារម្មណ៍ យើងដូចជាមនុស្សម្នាក់ដែលមានពុត។ គួរតែធ្វើសមាធិពេលយើងមានអារម្មណ៍ប្រសើរជាង។ ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលថា​ “ត្រូវតែអធិដ្ឋានជានិច្ច មិនត្រូវរសាយចិត្តឡើយ” (លក ១៨,១)។ យើងក៏ត្រូវធ្វើតាមព្រះបន្ទូលនេះ ដោយមិនត្រូវយកលេសណាមួយនោះឡើយ ដ្បិតបន្តិចម្តង​ៗយើងនឹងមានអារម្មណ៍ចង់ធ្វើសមាធិ។ ចូរធ្វើសមាធិដើម្បីមានអារម្មណ៍អធិដ្ឋាន កុំចាំមានអារម្មណ៍អធិដ្ឋានដើម្បីចាប់ផ្តើមធ្វើសមាធិឡើយ។

មានពេលខ្លះទៀត យើងអះអាងថា យើងមិនចេះអធិដ្ឋាន យើងក៏គ្មានសមត្ថភាពដែរ។ តាមការពិត បើយើងនិយាយដូច្នេះ យើងក៏មិនសូវជឿថា ព្រះជាម្ចាស់មានឬទ្ធានុភាពអាចណែនាំយើងឱ្យចេះធ្វើសមាធិ។ បើយើងចង់ធ្វើសមាធិ យើងមិនត្រូវរង់ចាំទាល់តែយើងពូកែក្នុងការអធិដ្ឋាននោះទេ ហើយយើងក៏មិនត្រូវចាំឱ្យខ្លួនបានទៅជាជនដ៏វិសុទ្ធដ៏ល្អឥតខ្ចោះនោះដែរ។ បើមិនដូច្នេះទេ យើងនឹងមិនដែលចាប់ផ្តើមអធិដ្ឋានឡើយ។ ផ្ទុយទៅវិញ យើងត្រូវបន្ទាបខ្លួន និងពឹងផ្អែកទាំងស្រុងទៅលើព្រះជាម្ចាស់។ អ្វីដែលយើងធ្វើក្នុងការតាំងសមាធិមិនសូវសំខាន់ តែអ្វីដែលព្រះជាម្ចាស់ធ្វើក្នុងដួងចិត្តយើងពេលអធិដ្ឋាន សំខាន់ណាស់! ដូច្នេះ យើងមិនត្រូវព្រួយបារម្ភអំពីសមត្ថភាពរបស់យើងឡើយ។ ព្រះជាម្ចាស់មិនមែនជាព្រះរបស់មនុស្សស្លាប់ តែជាព្រះរបស់មនុស្សរស់ ព្រះអង្គក៏ប្រព្រឹត្តកិច្ចការ ព្យាបាលជំងឿ និងប្រោសឱ្យបានវិសុទ្ធ។

សរុបសេចក្ដី

ការធ្វើសមាធិ យើងត្រូវបន្ទាបខ្លួនដូចកូនក្មេងម្នាក់ក្នុងដៃឪពុក ពោលគឺយើងក៏ត្រូវលះបង់ខ្លួនឯង ដោយជឿទុកចិត្តលើឫទ្ធានុភាព និងធម៌មេត្តាការុណារបស់ព្រះជាម្ចាស់ ដែលមានព្រះហឫទ័យស្រឡាញ់យើង។

“កិច្ចការដ៏តូចមួយដែលយើងប្រព្រឹត្តដោយមានចិត្តស្រឡាញ់ (គឺដោយមិនគិតដល់អំពីផលប្រយោជន៍ផ្ទាល់) ប្រសើរជាងកិច្ចការដ៏ធំអស្ចារ្យទាំងប៉ុន្មាន ដែលយើងប្រព្រឹត្តដោយគ្មានចិត្តស្រឡាញ់”  (សន្តយ៉ូហាននៃព្រះឈើឆ្កាង)។


[1] ដកស្រង់ពីសៀវភៅ « Du temps pour Dieu – Guide pour la vie d’oraison » Jacques Philippe

ទំព័រពាក់ព័ន្ធ | Related pages
អធិដ្ឋានជានិច្ច
នមស្ការព្រះកាយ
អធិដ្ឋានតាមមាលា
ដំណើរផ្លូវឈើឆ្កាង
ការធ្វើសមាធិ
849 Views

Theme: Overlay by Kaira