ថ្ងៃអាទិត្យ អាទិត្យទី១០
រដូវធម្មតា«ឆ្នាំគ»
ពណ៌បៃតង
ពាក្យអធិដ្ឋាននៅពេលចូល
បពិត្រព្រះអម្ចាស់! ព្រះអង្គជាដើមកំណើតនៃអំពើល្អគ្រប់យ៉ាង! ព្រះអង្គក៏តែងតែព្រះសណ្ដាប់ពាក្យអង្វររបស់យើងខ្ញុំ ដោយមិននឿយណាយឡើយ!។ សូមទ្រង់ព្រះមេត្ដាបំភ្លឺចិត្ដគំនិតយើងខ្ញុំឱ្យស្គាល់អ្វីៗដ៏សុចរិត សូមជួយយើងខ្ញុំឱ្យប្រព្រឹត្ដអំពើសុចរិតទាំង នោះផង។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរពង្សាវតាក្សត្រទី១ ១ ពង្ស ១៧,១៧-២៤
ព្យាការីអេលីអាស្រ័យនៅផ្ទះស្រ្ដីមេម៉ាយម្នាក់។ កូនប្រុសរបស់ស្រ្ដីមេម៉ាយជាម្ចាស់ផ្ទះធ្លាក់ខ្លួនឈឺ ហើយជំងឺកាន់តែធ្ងន់ទៅៗ រហូតដល់ផុតដង្ហើម។ ស្រ្ដីជាម្ដាយពោលទៅកាន់លោកអេលីថា៖ «អ្នកជំនិតរបស់ព្រះជាម្ចាស់អើយ! តើនាងខ្ញុំ និងលោកមានរឿងអ្វីជាមួយគ្នា បានជាលោកអញ្ជើញមកស្នាក់នៅផ្ទះនាងខ្ញុំ ដើម្បីរំឭកពីកំហុសរបស់នាងខ្ញុំ ហើយធ្វើឱ្យកូននាងខ្ញុំស្លាប់ដូច្នេះ?»។ លោកឆ្លើយទៅនាងវិញថា៖ «សូមប្រគល់កូននាងឱ្យមកខ្ញុំ»។ លោកទទួលយកកូននោះពីដៃរបស់នាង ហើយបីឡើងទៅបន្ទប់ខាងលើ ជាបន្ទប់ដែលលោកស្នាក់នៅ រួចផ្ដេកវាលើគ្រែរបស់លោក។ បន្ទាប់មក លោកទូលអង្វរព្រះអម្ចាស់ថា៖ «បពិត្រព្រះអម្ចាស់ ជាព្រះនៃទូលបង្គំ! ស្រី្ដមេម៉ាយនេះបានទទួលទូលបង្គំឱ្យស្នាក់នៅផ្ទះរបស់នាង តើព្រះអង្គពិតជាចង់ឱ្យនាងកើតទុក្ខព្រួយឬ បានជាបណ្តោយឱ្យកូនរបស់នាងស្លាប់ដូច្នេះ»?។ លោកទ្រាបលើក្មេងនោះបីដង ទាំងអង្វរព្រះអម្ចាស់ថា៖ «បពិត្រព្រះអម្ចាស់ជាព្រះនៃទូលបង្គំ! សូមប្រោសប្រទានឱ្យក្មេងនេះមានដង្ហើមឡើងវិញផង!»។ ព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ពាក្យអង្វររបស់លោកអេលី។ ក្មេងនោះក៏មានដង្ហើម ឡើងវិញ ហើយដឹងខ្លួន។ លោកអេលីបីក្មេងនោះចុះពីបន្ទប់ខាងលើ មកប្រគល់ឱ្យម្ដាយវិញទាំងពោលថា៖ «មើល៍! កូនរបស់នាងមានជីវិតហើយ»។ ស្រី្ដនោះពោលទៅកាន់លោកអេលីថា៖ «ឥឡូវនេះ នាងខ្ញុំដឹងថា លោកជាអ្នកជំនិតរបស់ព្រះជាម្ចាស់មែន ហើយសេចក្ដីដែលលោកថ្លែង ពិតជាព្រះបន្ទូលរបស់ព្រះអម្ចាស់»។
ទំនុកតម្កើងលេខ ៣០ (២៩), ២-៦.១២-១៣ បទពាក្យ ៧
២ | បពិត្រព្រះម្ចាស់ដ៏ឧត្ដម | ទូលបង្គំសូមលើកតម្កើង | |
ព្រោះព្រះអង្គបានស្រង់ខ្ញុំឡើង | មិនឱ្យពួកខ្មាំងលេងសើចបាន | ។ | |
៣ | ឱព្រះអម្ចាស់ដែលជាព្រះ | ប្រសើរពេកណាស់ខ្ពស់ថ្កើងថ្កាន | |
ខ្ញុំអង្វរសុំក្ដីសុខសាន្ដ | ហើយទ្រង់ប្រោសប្រាណឱ្យបានជា | ។ | |
៤ | បពិត្រព្រះម្ចាស់ដ៏ឧត្ដម | ស្រង់ទូលបង្គមផុតវេទនា | |
ចេញពីរណ្ដៅជនមរណា | ប្រទានជីវ៉ារស់ជាថ្មី | ។ | |
៥ | ឱ!អ្នករាល់គ្នាដែលជារាស្រ្ដ | របស់ព្រះម្ចាស់ដ៏ប្រពៃ | |
ចូរច្រៀងតម្កើងនាមម្ចាស់ថ្លៃ | វិសុទ្ធពេកក្រៃនៃព្រះអង្គ | ។ | |
៦ | ព្រះអង្គខ្ញាល់តែមួយភ្លែតសោះ | ប្រណីសន្ដោសមនុស្សទាំងពួង | |
ពេលល្ងាចគេយំចិត្ដមួរហ្មង | ព្រលឹមស្រាងឡើងអរសប្បាយ | ។ | |
១២ | ព្រះអង្គធ្វើឱ្យផុតអស់ទុក្ខ | អាប់អួរសព្វមុខមិនមានហ្មង | |
ឥតមានកាន់ទុក្ខរីករាយម្ដង | ខោអាវល្អផងពាក់សប្បាយ | ។ | |
១៣ | ខ្ញុំមិននៅស្ងៀមធ្វើឆ្មៃឆ្មើង | ស្មូត្របទតម្កើងមិនជិនណាយ | |
ឱ!ព្រះអម្ចាស់អើយខ្ញុំឱនកាយ | បង្គំថ្វាត់ថ្វាយតម្កើងផង | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទស្រុកកាឡាទី កឡ ១,១១-១៩
បងប្អូនជាទីស្រឡាញ់
ខ្ញុំសូមជម្រាបបងប្អូនថា ដំណឹងល្អដែលខ្ញុំបាននាំមកជូនបងប្អូន មិនមែនមានប្រភពចេញមកពីមនុស្សលោកទេ រីឯខ្ញុំផ្ទាល់ ខ្ញុំក៏ពុំបានទទួល ឬរៀនពីមនុស្សណាម្នាក់ដែរ គឺព្រះយេស៊ូគ្រីស្ដឯណោះដែលបានសម្ដែងឱ្យខ្ញុំស្គាល់។
បងប្អូនបានឮគេនិយាយអំពីកិរិយាមារយាទរបស់ខ្ញុំកាលពីដើមស្រាប់ហើយ គឺពេលខ្ញុំកាន់សាសនាយូដានៅឡើយ ខ្ញុំបានបៀតបៀនព្រះសហគមន៍របស់ព្រះជាម្ចាស់យ៉ាងកាចសាហាវបំផុត ហើយខ្ញុំក៏ចង់កម្ទេចព្រះសហគមន៍នេះទៀតផង។ ខ្ញុំបានកាន់សាសនាយូដាយ៉ាងល្អប្រសើរ ជាងអស់អ្នកដែលមានអាយុស្រករៗខ្ញុំ និងជាងជនរួមជាតិរបស់ខ្ញុំទៅទៀត ដ្បិតខ្ញុំមានចិត្ដខ្នះខ្នែងកាន់តាមប្រពៃណីបុព្វបុរសរបស់ខ្ញុំហួសប្រមាណ។ ក៏ប៉ុន្ដែ ព្រះជាម្ចាស់បានញែកខ្ញុំទុកដោយឡែក តាំងពីក្នុងផ្ទៃម្ដាយមកម្លេះ ហើយព្រះអង្គបានត្រាស់ហៅខ្ញុំដោយព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះអង្គ។ នៅពេលព្រះអង្គសព្វព្រះហឫទ័យសម្ដែងឱ្យខ្ញុំស្គាល់ព្រះបុត្រារបស់ព្រះអង្គ ដើម្បីឱ្យខ្ញុំនាំដំណឹងល្អអំពីព្រះបុត្រាទៅជូនសាសន៍ដទៃ ខ្ញុំពុំបានទៅសួរយោបល់ពីមនុស្សណាម្នាក់ឡើយ។ ខ្ញុំក៏ពុំបានឡើងទៅក្រុងយេរូសាឡឹមដើម្បីជួបអស់លោកដែលជាគ្រីស្ដទូតមុនខ្ញុំដែរ គឺខ្ញុំបានធ្វើដំណើរទៅស្រុកអារ៉ាប៊ី រួចក៏ត្រឡប់មកក្រុងដាម៉ាស់វិញ។
បីឆ្នាំក្រោយមក ខ្ញុំឡើងទៅក្រុងយេរូសាឡឹម ដើម្បីឱ្យបានស្គាល់លោកកេផាស ហើយខ្ញុំស្នាក់នៅជាមួយលោកអស់រយៈពេលដប់ប្រាំថ្ងៃ។ ប៉ុន្ដែ ខ្ញុំពុំបានជួបនឹងគ្រីស្ដទូតណាផ្សេងទៀតឡើយ លើកលែងតែលោកយ៉ាកុប ជាបងប្អូនរបស់ព្រះអម្ចាស់ប៉ុណ្ណោះ។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ៧,១៦
អាលេលូយ៉ា! អាលេលូយ៉ា!
មានព្យាការីដ៏ប្រសើរឧត្ដមម្នាក់បានមករស់នៅក្នុងចំណោមយើង ហើយព្រះជាម្ចាស់យាងមករំដោះប្រជារាស្រ្ដរបស់ព្រះអង្គ។អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៧,១១-១៧
ព្រះយេស៊ូយាងឆ្ពោះទៅភូមិមួយ ឈ្មោះណាអ៊ីន។ សាវ័ករបស់ព្រះអង្គ និងបណ្ដាជនជាច្រើនក៏ធ្វើដំណើរទៅជាមួយព្រះអង្គដែរ។ ពេលព្រះអង្គយាងមកជិតដល់ទ្វារកំពែងក្រុង មានគេដង្ហែសពយកទៅបញ្ចុះ។ បុគ្គលដែលស្លាប់នោះជាកូនប្រុសតែមួយរបស់ស្រ្ដីមេម៉ាយម្នាក់។ ប្រជាជនជាច្រើនក្នុងក្រុងមកជួយដង្ហែសពជាមួយគាត់។ កាលព្រះអម្ចាស់ឃើញស្រ្ដីមេម៉ាយនោះ ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរគាត់យ៉ាងខ្លាំង។ ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «សូមកុំយំអី!»។ ព្រះអង្គយាងចូលទៅជិតទ្រង់ពាល់មឈូស ពួកអ្នកសែងក៏នាំគ្នាឈប់។ ព្រះអង្គមានព្រះបន្ទូលថា៖ «អ្នកកំលោះអើយ! ចូរក្រោកឡើង»។ រំពេចនោះ បុគ្គលដែលស្លាប់ក៏ក្រោកអង្គុយ ហើយចាប់ផ្ដើមនិយាយស្ដី។ ព្រះយេស៊ូប្រគល់អ្នកកំលោះទៅម្ដាយវិញ។ គេស្ញែងខ្លាចទាំងអស់គ្នា ហើយលើកតម្កើងសិរីរុងរឿរបស់ព្រះជាម្ចាស់ដោយពោលថា៖ «មានព្យាការីដ៏ប្រសើរឧត្ដមម្នាក់បានមករស់នៅក្នុងចំណោមយើងហើយ ព្រះជាម្ចាស់យាងមករំដោះប្រជារាស្រ្តរបស់ព្រះអង្គ»។ ពាក្យដែលគេនិយាយអំពីព្រះយេស៊ូបានលេចឮពាសពេញក្នុងស្រុកយូដា និងតំបន់ជិតខាងទាំងមូល។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា សូមទ្រង់ព្រះមេត្ដាទទួលតង្វាយរបស់យើងខ្ញុំដោយអនុគ្រោះ។ សូមឱ្យសក្ការបូជានេះបានគាប់ព្រះហឫទ័យព្រះអង្គ និងផ្ដល់ឱ្យយើងខ្ញុំមានសេចក្ដីស្រឡាញ់ចំពោះព្រះអង្គ និងចំពោះអ្នកដទៃកាន់តែខ្លាំងឡើងៗផង។
ពាក្យអរព្រះគុណ
បពិត្រព្រះជាម្ចាស់ប្រកបដោយព្រះហឫទ័យសប្បុរសយ៉ាងក្រៃលែង ព្រះអង្គសព្វព្រះហឫទ័យប្រោសឱ្យយើងខ្ញុំបានជាសះស្បើយ។ ដោយអភិបូជានេះ សូមព្រះអង្គរំដោះយើងខ្ញុំចេញពីកិលេសតណ្ហា និងតម្រង់ជីវិតយើងខ្ញុំឱ្យធ្វើតែអំពើល្អផង។