ថ្ងៃអង្គារ អាទិត្យទី០៥
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥
ឬព្រះនាងម៉ារីបង្ហាញខ្លួននៅក្រុងលួរដ៍
នៅឆ្នាំ១៨៥៨ ព្រះនាងម៉ារីបង្ហាញខ្លួនឱ្យនាងប៊ែរណាដែត ស៊ូប៊ីរូស ឃើញនៅក្រុងលួរដ៏ (ប្រទេសបារាំង)។ តាំងពីឆ្នាំនោះមក មានមនុស្សជាច្រើនទៅធ្វើបូជនីយេសចរនៅលួរដ៏។
ឬសន្តទាំង៧ ជាអ្នកបង្កើតក្រុមគ្រួសារបម្រើព្រះនាងម៉ារី
ប្រហែលនៅឆ្នាំ ១២២៣ ឈ្មួញ៧នាក់នៅក្រុងហ្វូរង្ស (ប្រទេសអ៊ីតាលី) សម្រេចចិត្តលះបង់អ្វីៗទាំងអស់ទៅរស់នៅក្នុងអារាមមួយឯព្រៃភ្នំដាច់ឡែកពីប្រជាជន។ អ្នកទាំងប្រាំពីរនាក់នោះដាក់ឈ្មោះខ្លួនថា “អ្នលបម្រើរបស់ព្រះនាងម៉ារី“ ព្រោះពួកគេចូលចិត្តនឹកសញ្ជឹងអំពីព្រឹត្តិការណ៍នៃជីវប្រវត្តិព្រះយេស៊ូ ដោយរួមចិត្តគំនិតជាមួយព្រះនាងម៉ារីដែលពួកគេយកធ្វើជាគំរូ។ អ្នកទាំងនោះបង្កើតក្រុមគ្រួសារបព្វេជិតដែលមានមុខងារទេសនា និងបង្រៀន។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកំណើត កណ ១,២០-២,៤
ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរឱ្យមានសត្វរស់រវើកយ៉ាងច្រើនកុះករនៅក្នុងទឹក និងចូរឱ្យមានបក្សាបក្សីហើយរពីលើដី នៅក្នុងលំហអាកាស»។ ព្រះជាម្ចាស់បង្កើតសត្វធំៗអស្ចារ្យដែលនៅក្នុងសមុទ្រ ព្រមទាំងសត្វទាំងប៉ុន្មានដែលហែលរវើករវ័ណពាសពេញក្នុងទឹកតាមពូជរបស់វា។ ព្រះអង្គក៏បានបង្កើតបក្សាបក្សីតាមពូជរបស់វាដែរ។ ព្រះជាម្ចាស់ទតឃើញថា សត្វទាំងនោះល្អប្រសើរហើយ។ ព្រះជាម្ចាស់ប្រទានពរឱ្យសត្វទាំងនោះ ដោយមានព្រះបន្ទូលថា៖ «ចូរបង្កើតកូនចៅឱ្យកើនបានច្រើនឡើងពាសពេញក្នុងទឹកសមុទ្រ ហើយឱ្យបក្សាបក្សីកើនបានច្រើនឡើងនៅលើផែនដីដែរ!»។ ពេលនោះ មានល្ងាច មានព្រឹក គឺជាថ្ងៃទីប្រាំ។
ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរឱ្យដីបង្កើតសត្វផ្សេងៗតាមពូជរបស់វា គឺមានសត្វស្រុក សត្វព្រៃ និងសត្វល្អិតៗតាមពូជរបស់វា»។ ការណ៍នេះក៏កើតឡើយដូច្នេះ ។ ព្រះជាម្ចាស់បានបង្កើតសត្វព្រៃតាមពូជរបស់វា សត្វស្រុកតាមពូជរបស់វា និងសត្វល្អិតៗទាំងប៉ុន្មាននៅលើដីតាមពូជរបស់វាដែរ។ ព្រះជាម្ចាស់ទតឃើញថាសត្វទាំងនោះល្អប្រសើរហើយ។ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «យើងប្រតិស្ឋានមនុស្សជាតំណាងរបស់យើង គឺ ឱ្យមានលក្ខណៈដូចយើង ដើម្បីឱ្យគេមានអំណាចលើត្រីសមុទ្រ លើបក្សបក្សីដែលហើរនៅលើមេឃ លើសត្វស្រុក នៅលើផែនដីទាំងមូល និងលើសត្វល្អិតៗទាំងប៉ុន្មានដែលលូនវារនៅដីផង»។ ព្រះជាម្ចាស់ប្រតិស្ឋានមនុស្សជាតំណាងរបស់ព្រះអង្គ ព្រះអង្គបានបង្កើតគេឱ្យមានលក្ខណៈដូចព្រះជាម្ចាស់ ព្រះអង្គប្រតិស្ឋានមនុស្សជាបុរស ជាស្ត្រី។ ព្រះជាម្ចាស់ប្រទានពរឱ្យមនុស្ស គឺព្រះអង្គមានព្រះបន្ទូលថា៖ «ចូរបង្កើតកូនចៅឱ្យកើនបានច្រើនឡើងពាសពេញលើផែនដី ហើយត្រួតត្រាផែនដីទៅ! ចូរមានអំណាចលើត្រីសមុទ្រ លើបក្សាបក្សីដែលហើរនៅលើមេឃ និងលើសត្វល្អិតៗទាំងប៉ុន្មានដែលលូនវារ នៅលើដី!»។
ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «មើល៍! យើងប្រគល់ធញ្ញជាតិទាំងប៉ុន្មាន ដែលមានគ្រាប់ពូជដុះនៅពាសពេញលើផែនដី និងរុក្ខជាតិដែលបង្កើតផ្លែមានគ្រាប់បន្តពូជឱ្យអ្នករាល់គ្នា សម្រាប់ធ្វើជាអាហារ។ យើងក៏ឱ្យធញ្ញជាតិទាំងប៉ុន្មានដល់សត្វទាំងអស់នៅលើផែនដី ដល់បក្សាបក្សីដែលហើរនៅលើមេឃ ដល់សត្វល្អិតៗទាំងប៉ុន្មានដែលលូនវារនៅលើដី គឺដល់អស់សត្វទាំងប៉ុន្មានដែលមានដង្ហើមជីវិតសម្រាប់ធ្វើជាអាហារ។ ការណ៍នេះក៏កើតឡើងដូច្នេះ។ ព្រះជាម្ចាស់ទតឃើញអ្វីៗទាំងអស់ដែលព្រះអង្គបានបង្កើតមក ទ្រង់ឈ្វេងយល់ថាល្អប្រសើរណាស់។ ពេលនោះ មានល្ងាចមានព្រឹកគឺជាថ្ងៃទីប្រាំមួយ។
ផ្ទៃមេឃ ផែនដី អ្វីៗទាំងអស់នៅផ្ទៃមេឃ និងនៅលើផែនដីបានកើតឡើងដូច្នេះរួចរាល់សព្វគ្រប់អស់ហើយ។ នៅថ្ងៃទីប្រាំពីរ ព្រះជាម្ចាស់បង្ហើយកិច្ចការដែលព្រះអង្គបានធ្វើចប់សព្វគ្រប់។ ក្រោយពីព្រះអង្គបានបញ្ចប់ការទាំងនោះមក ទ្រង់ក៏ឈប់ធ្វើការ ព្រះជាម្ចាស់ប្រទានពរឱ្យថ្ងៃទីប្រាំពីរនោះ និងញែកថ្ងៃនោះឱ្យបានវិសុទ្ធ ដ្បិតថ្ងៃនោះហើយដែលព្រះអង្គបញ្ចប់កិច្ចការទាំងប៉ុន្មានដែលទ្រង់បានប្រតិស្ឋានមក។ នេះហើយជាដើមកំណើតរបស់ផ្ទៃមេឃ និងផែនដី នៅគ្រាដែលព្រះជាម្ចាស់បានប្រតិស្ឋានមក។
ទំនុកតម្កើងលេខ ៨,៤-៩ បទកាកគតិ
| ៤ | ពេលទូលបង្គំ | សម្លឹងមើលចំ | ទៅផ្ទៃមេឃា |
| មើលហ្វូងតារា | មើលព្រះចន្រ្ទា | ដ៏ស្រស់សោភា |
| | ស្នាព្រះហស្តថ្លៃ | ។ |
| ៥ | ខ្លួនខ្ញុំសួរថា | តើមនុស្សយើងណា | មានឋានៈអ្វី |
| បានជាព្រះអង្គ | នឹកគិតរំពៃ | យកព្រះហប្ញទ័យ |
| | ទុកដាក់ដូច្នោះ? | ។ |
| ៦ | ព្រះអង្គប្រទាន | ឱ្យមនុស្សយើងមាន | កិត្តិយសខ្ពង់ខ្ពស់ |
| ទាបជាងទេវតា | បន្តិចប៉ុណ្ណោះ | ទៅដល់មនុស្ស |
| | ទុកជាមកុដរាជ្យ | ។ |
| ៧ | ព្រះអម្ចាស់ទ្រង់ | ឱ្យគេគ្រប់គ្រង | រាល់ថ្ងៃព្រឹកល្ងាច |
| លើអ្វីទាំងអស់ | ពេលដោយអំណាច | ព្រមទាំងបង្ក្រាប |
| | នៅក្រោមជើងគេ | ។ |
| ៨ | ដោយសារអំណាច | អ្វីៗមិនអាច | ផ្លាស់ប្តូរប្រួលប្រែ |
| ទាំងចៀមទាំងគោ | សត្វព្រៃផងដែរ | ឱ្យមនុស្សមើលថែ |
| | ប្រើប្រាស់គ្រប់គ្រង | ។ |
| ៩ | ព្រមទាំងបក្សី | នៅលើផែនដី | នៅលើមេឃផង |
| ត្រីក្នុងសមុទ្រ | សព្វសត្វតែម្តង | សត្វលូនវារផង |
| | មកនៅជួបជុំ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ ទន ១១៩,៣៦.២៩
អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់! សូមទាក់ទាញចិត្តយើងខ្ញុំឱ្យធ្វើតាមដំបូន្មានរបស់ព្រះអង្គ! សូមប្រោសយើងខ្ញុំឱ្យប្រតិបត្តិតាមធម្មវិន័យរបស់ព្រះអង្គផង។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៧,១-១៣
មានពួកខាងគណៈផារីស៊ី និងធម្មាចារ្យខ្លះនាំគ្នាមកពីក្រុងយេរូសាឡឹមទៅជួបព្រះយេស៊ូ។ គេឃើញសាវ័កខ្លះបរិភោគអាហារដោយដៃមិនបរិសុទ្ធ គឺគេមិនបានលាងដៃជាមុន។ ធម្មតាពួកផារីស៊ី និងជនជាតិយូដាទាំងអស់តែងធ្វើពិធីលាងដៃយ៉ាងស្អាតហ្មត់ចត់ មុននឹងបរិភោគតាមទំនៀមទម្លាប់របស់ចាស់បុរាណ។ នៅពេលត្រឡប់មកពីផ្សារវិញ ដរាបណាគេមិនបានធ្វើពិធីជម្រះខ្លួនជាមុនទេ គេមិនបរិភោគឡើយ។ គេកាន់ទំនៀមទម្លាប់ផ្សេងៗទៀតជាច្រើនដូចជា ធ្វើពិធីលាងពែង លាងថូទឹក លាងឆ្នាំង លាងតុជាដើម ពួកខាងគណៈផារីស៊ី និងពួកធម្មចារ្យទូលសួរព្រះយេស៊ូថា៖ «ហេតុអ្វីបានជាសិស្សរបស់លោកមិនកាន់ទំនៀមទំម្លាប់របស់ចាស់បុរាណ គឺបរិភោគដោយដៃមិនបរិសុទ្ធដូច្នេះ?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ព្យាការីអេសាយបានថ្លែងទុកថា “អ្នករាល់គ្នាជាមនុស្សមានពុត” ត្រូវណាស់! ដូចមានចែងថា “ប្រជារាស្រ្តនេះគោរពយើងតែបបូរមាត់ប៉ុណ្ណោះ ឯចិត្តគេនៅឆ្ងាយពីយើងទេ។ គេថ្វាយបង្គំយើង តែឥតបានការអ្វីសោះ ព្រោះគេបង្រៀនតែក្បួនច្បាប់របស់មនុស្សប៉ុណ្ណោះ”។ អ្នករាល់គ្នាបោះបង់ចោលវិន័យរបស់ព្រះជាម្ចាស់ បែរទៅកាន់តាមទំនៀមទំទម្លាប់របស់មនុស្សវិញ»។ ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «អ្នករាល់គ្នាប្រសប់បំបាត់វិន័យរបស់ព្រះជាម្ចាស់ចោល បែរទៅកាន់តាមទំនៀមទម្លាប់របស់អ្នករាល់គ្នាផ្ទាល់វិញ។ ពាក្យលោកម៉ូសេបានថ្លែងថា “ចូរគោរពមាតាបិតារបស់អ្នក អ្នកណាជេរប្រទេចផ្តាសាមាតារបស់ខ្លួននឹងត្រូវមានទោសដល់ជីវិត”។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាបែរជាពោលថា “ប្រសិនបើមនុស្សម្នាក់និយាយទៅឪពុកម្តាយថា អ្វីៗដែលកូនត្រូវជូនលោកឪពុកអ្នកម្តាយ កូនបានរាប់ថាជា “គ័របាន់” ស្រេចទៅហើយ (ពាក្យនេះប្រែថា ទុកជាតង្វាយថ្វាយព្រះជាម្ចាស់) អ្នករាល់គ្នាពុំទុកឱ្យគាត់ជួយឪពុកម្តាយឡើយ។ អ្នករាល់គ្នាបានបំបាត់តម្លៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយទំនៀមទម្លាប់ដែលអ្នករាល់គ្នាបង្រៀនតៗគ្នា។ អ្នករាល់គ្នាធ្វើការផ្សេងៗជាច្រើន ស្រដៀងនឹងការទាំងនេះដែរ»។
461 Views
Post Views:
485