ថ្ងៃពុធ អាទិត្យទី០៤
រដូវធម្មតា «ឆ្នាំ សេស»
ពណ៌បៃតង
ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥
នាងអាហ្កាថ កើតនៅកោះស៊ីលីស (ខាងត្បូងប្រទេសអ៊ីតាលី )។ នៅឆ្នាំ ២៥១ ព្រះចៅអធិរាជ រ៉ូមុំាងឌែស បៀតបៀនគ្រីស្តបរិស័ទ។ មានគ្រីស្តបរិស័ទជាច្រើន ជាពិសេសអ្នករាជការបានលះបង់ជំនឿ បដិសេធន៍មិនទទួលស្គាល់ព្រះគ្រីស្ត។ រីឯយុវជនយុវនារីជាច្រើនវិញ មានចិត្តក្លាហាន ហ៊ានបូជាជីវិតព្រោះតែជំនឿរបស់ខ្លួន។ នាងអាហ្កាថ ជាស្រីក្រមុំម្នាក់ក្នុងចំណោមយុវជនយុវនារីទាំងនោះ។
អត្ថបទទី១៖ សូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ ហប ១២,៤-៧.១១-១៥
បងប្អូនជាទីស្រឡាញ់!
បងប្អូនពុំទាន់បានតយុទ្ធទល់នឹងបាបរហូតដល់ទៅបង្ហូរឈាមទេ តែបងប្អូនបែរជាភ្លេចព្រះបន្ទូលទូន្មានរបស់ព្រះជាម្ចាស់មកកាន់បងប្អូន ដូចឪពុកទូន្មានកូនដែរ គឺថា “កូនអើយ! មិនត្រូវធ្វេសប្រហែសនឹងការវាយប្រដៅរបស់ព្រះអម្ចាស់ឡើយ ហើយក៏មិនត្រូវធ្លាក់ទឹកចិត្តនៅពេលព្រះអង្គស្តីបន្ទោសដែរ ដ្បិតព្រះអម្ចាស់ប្រដៅអ្នកដែលព្រះអង្គស្រឡាញ់ ហើយវាយអ្នកដែលព្រះអង្គទទួលទុកជាកូន”។ បងប្អូនស៊ូទ្រាំនឹងការវាយប្រដៅបែបនេះ មកពីព្រះជាម្ចាស់រាប់បងប្អូនថាជាកូន។ តើមានកូនណាដែលឪពុកមិនវាយប្រដៅ?។ ការវាយប្រដៅតែងតែធ្វើឱ្យមានទុក្ខព្រួយភ្លាមៗ មិនមែនធ្វើឱ្យសប្បាយទេ។ ក្រោយមក ទើបការវាយប្រដៅផ្តល់ឱ្យអស់អ្នកដែលបានទទួលការអប់រំតាមរបៀបនេះមានសេចក្តីសុខសាន្ត និងសេចក្តីសុចរិតទុកជាផល។ ហេតុនេះ “ចូរលើកដៃដែលរោយឡើយ ហើយតម្រង់ជង្គង់ដែលទន់នោះឱ្យរឹងប៉ឹងឡើយដែរ”។ ត្រូវរៀបចំផ្លូវឱ្យបានត្រង់ដើម្បីឱ្យស្រួលដើរ កុំឱ្យអ្នកខូចជើងរឹតតែខូចជើងថែមទៀត គឺឱ្យគេបានជាវិញប្រសើរជាង”។
ចូរខិតខំឱ្យបានសុខជាមួយមនុស្សទាំងអស់ ព្រមទាំងខិតខំឱ្យបានវិសុទ្ធទៀតផង បើមិនបានវិសុទ្ធទេ គ្មាននរណាអាចឃើញព្រះអម្ចាស់បានឡើយ។ ចូរប្រយ័ត្នប្រយែងកុំឱ្យបងប្អូនណាម្នាក់ឃ្លាតចេញពីព្រះហប្ញទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់។ មិនត្រូវទុកឱ្យការអាស្រូវចាក់ប្ញសដុះឡើងបណ្តាលឱ្យកើតរឿងរ៉ាវ ហើយបំពុលចិត្តគំនិតបងប្អូនជាច្រើននោះឡើយ។
ទំនុកតម្កើងលេខ ១០៣ (១០២),១-២.១៣-១៤.១៧-១៨ បទកាកគតិ
| ១ | ខ្ញុំសូមសរសើរ | ព្រះគ្មានអ្វីស្មើ | អស់ពីដួងចិត្ត |
| ខ្ញុំសូមតម្កើង | នាមដ៏វិសុទ្ធ | ព្រះដ៏មានប្ញទ្ធិ |
| | ផុតលើលោកា | ។ |
| ២ | ខ្ញុំសូមតម្កើង | សរសើរលើកឡើង | អស់ពីចិន្តា |
| ខ្ញុំសូមរំលឹក | ព្រះហស្តអស្ចារ្យ | សប្បុរសករុណា |
| | មិនបំភ្លេចឡើយ | ។ |
| ៣ | ព្រះអង្គអត់ទោស | នូវរាល់កំហុស | ដែលមានមកហើយ |
| ខ្ញុំបានប្រព្រឹត្ត | ព្រះអង្គប្រោសឱ្យ | ខ្ញុំបានធូរស្បើយ |
| | ផុតរោគសោកសៅ | ។ |
| ១៣ | ឪពុកអាណិត | ថ្នាក់ថ្នមផ្តេកផ្តិត | កូនមានាទាំងអស់ |
| ព្រះក៏មេត្តា | អាសូរស្រណោះ | ដល់អ្នកដែលស្មោះ |
| | គោរពរាល់ថ្ងៃ | ។ |
| ១៤ | ព្រះអង្គជ្រាបថា | មនុស្សយើងនេះណា | កើតមកពីអ្វី |
| ព្រះអង្គមិនភ្លេច | យើងទាំងប្រុសស្រី | គឺកើតពីដី |
| | ដែលសូនមកទេ | ។ |
| ១៧ | តែព្រះហប្ញទ័យ | ករុណាប្រណី | ព្រះអង្គមិនភ្លេច |
| មេត្តាដល់អ្នក | កោតខ្លាចជានិច្ច | មិនដែលកែគេច |
| | ដរាបរៀងទៅ | ។ |
| ១៨ | ប្រសិនគេកាន់ | ជាប់តាមសម្ព័ន្ធ | មិនមានអាស្រូវ |
| ទាំងប្រតិបត្តិតាម | បញ្ជាជាផ្លូវ | ព្រះល្អពេកកូវ |
| | ឥតភ្លេចសោះនោះ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ យហ ១០,២៧
អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់យេស៊ូ! ព្រះអង្គជាគង្វាលដ៏ពិតប្រាកដ! យើងខ្ញុំស្តាប់ព្រះសូរសៀងព្រះអង្គ យើងខ្ញុំដើរតាមព្រះអង្គ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៦,១-៦
ព្រះយេស៊ូយាងទៅភូមិស្រុករបស់ព្រះអង្គ។ ក្រុមសាវ័កក៏ទៅតាមព្រះអង្គដែរ។ លុះដល់ថ្ងៃសប្ប័ទ ព្រះអង្គបង្រៀនអ្នកស្រុកនៅក្នុងធម្មសាលា។ មនុស្សជាច្រើនដែលបានស្តាប់ព្រះអង្គងឿងឆ្ងល់ក្រៃលែង។ គេនិយាយថា៖ «តើគាត់ដឹងសេចក្តីទាំងនេះមកពីណា? ប្រាជ្ញាដែលគាត់បានទទួលនេះជាប្រាជ្ញាអ្វីទៅ? ការអស្ចារ្យដែលគាត់បានធ្វើនេះកើតឡើយដោយវិធីណា?។ តើអ្នកនេះមិនមែនជាជាងឈើ ជាកូននាងម៉ារី ជាបងប្អូនរបស់យ៉ាកុប យ៉ូសែប យូដាស និងស៊ីម៉ូនទេឬអី? បងប្អូនស្រីរបស់គាត់ទាំងប៉ុន្មាន ក៏រស់នៅក្នុងភូមិនេះជាមួយយើងដែរ!»។ ហេតុនេះហើយ បានជាគេមិនអាចជឿព្រះអង្គបានឡើយ។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ធម្មតាគេមើលងាយព្យាការីតែក្នុងស្រុកកំណើតក្នុងក្រុមគ្រួសារ និងក្នុងផ្ទះរបស់លោកប៉ុណ្ណោះ»។ នៅទីនោះ ព្រះយេស៊ូពុំអាចធ្វើការអស្ចារ្យអ្វីបានឡើយ បានត្រឹមតែដាក់ព្រះហស្តលើអ្នកជំងឺខ្លះដើម្បីប្រោសគេឱ្យបានជាប៉ុណ្ណោះ។ ព្រះអង្គនឹកឆ្ងល់ដោយឃើញគេគ្មានជំនឿបែបនេះ។
559 Views
Post Views:
571