
“ថ្ងៃអាទិត្យនេះ ជាថ្ងៃបង្ហើយរដូវបុណ្យព្រះយេស៊ូប្រសូត។ ថ្ងៃស្អែកចាប់ផ្តើមរដូវធម្មតាប្រចាំឆ្នាំ។ មុនព្រះយេស៊ូចាប់ផ្តើមសម្តែងធម្មទេសនា ព្រះអង្គសុំឱ្យលោកយ៉ូហានធ្វើពិធីជ្រមុជទឹកថ្វាយព្រះអង្គ គឺព្រះអង្គសព្វព្រះហឫទ័យចូលក្នុងចំណោមកូនចៅរបស់លោក។ គ្រីស្តបរិស័ទដើម និងអ្នកនិពន្ធគម្ពីរដំណឹងល្អយល់ឃើញថា ពេលព្រះយេស៊ូទទួលពិធីជ្រមុជទឹក ព្រះអង្គដូចជាត្រាស់ដឹង គឺទ្រង់ឈ្វេងយល់ច្បាស់អំពីបេសកម្មដែលព្រះអង្គត្រូវបំពេញក្នុងលោកនេះ ព្រះអង្គត្រូវប្រោសសត្វលោកតាមព្រះបំណងនៃព្រះបិតា រហូតដល់បូជាព្រះជន្ម។ ព្រះវិញ្ញាណក៏អភិសេកព្រះយេស៊ូជាព្រះគ្រីស្តដែរ។
គ្រីស្តបរិស័ទទទួលព្រះវិញ្ញាណរបស់ព្រះយេស៊ូ ដើម្បីបន្តបេសកកម្មរបស់ព្រះអង្គក្នុងពិភពលោកនេះ។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៤២,១-៤.៦-៧
ព្រះអម្ចាស់មានព្រះបន្ទូលថា៖«លោកនេះជាអ្នកបម្រើដែលយើងជួយគាំទ្រ ជាអ្នកដែល យើងបានជ្រើសរើស និងជាអ្នកដែលគាប់ចិត្តរបស់យើង។ យើងបានដាក់វិញ្ញាណរបស់ យើងសណ្ឋិតនៅលើលោក។ លោកនឹងបង្ហាញឱ្យប្រជាជាតិទាំងឡាយស្គាល់ការវិនិច្ឆ័យរបស់យើង។ លោកមិនស្រែក ឬគំហកកំហែងដាក់នរណាឡើយ ហើយក៏មិនបន្លឺ សំឡេងនៅតាមផ្លូវដែរ។ លោកនឹងមិនកាច់ផ្តាច់ដើមត្រែងណាដែលទក់ហើយនោះទេ ហើយលោកក៏មិនផ្លុំពន្លត់ភ្លើងដែលហៀបនឹងរលត់នោះដែរ លោកនឹងបង្ហាញការវិនិច្ឆ័យ របស់យើងដោយចិត្តស្មោះ។ លោកមិនទន់ខ្សោយឡើយ លោកអង់អាចជានិច្ច រហូត ទាល់តែធ្វើឱ្យមនុស្សម្នានៅលើទឹកដី ប្រព្រឹត្តតាមការវិនិច្ឆ័យរបស់យើង ហើយមនុស្ស នៅតាមកោះនានានាំគ្នារង់ចាំទទួលការប្រៀនប្រដៅពីលោក។
យើងនេះហើយជាព្រះអម្ចាស់! យើងបានហៅអ្នកមកស្របតាមសេចក្តីសុចរិតរបស់ យើង។ យើងកាន់ដៃអ្នក យើងទុកអ្នកដោយឡែក ហើយតែងតាំងអ្នកឱ្យចងសម្ព័ន្ធ មេត្រីជាមួយប្រជាជន ឱ្យអ្នកធ្វើជាពន្លឺដល់ប្រជាជាតិនានា ប្រោសមនុស្សខ្វាក់ឱ្យបានភ្លឺ នាំឈ្លើយចេញពីទីឃុំឃាំង ព្រមទាំងរំដោះប្រជាជនដែលរស់នៅក្នុងភាពងងឹតឱ្យបាន ចេញរួចផង។
ទំនុកតម្កើងលេខ ២៩ (២៨), ១-៤.៧-១១ បទកាកគតិ
១ | ទេវតាទាំងឡាយ | ចូរនាំគ្នាថ្វាយ | តម្កើងព្រះម្ចាស់ |
លើកស្ទួយសិរី | រុងរឿងត្រចះ | អានុភាពតេជៈ | |
របស់ព្រះអង្គ | ។ | ||
២ | ចូរលើកតម្កើង | ព្រះនាមថ្កុំថ្កើង | ក្នុងពេលនេះម្តង |
ចូរនាំគ្នាថ្វាយ | បង្គំព្រះអង្គ | វិសុទ្ធឥតហ្មង | |
ព្រះនាមល្បាញល្បី | ។ | ||
៣ | សូរសៀងព្រះម្ចាស់ | លាន់ឮយ៉ាងច្បាស់ | ពាសពេញផែនដី |
ពីលើសាគរ | សមុទ្រធំក្រៃ | ព្រះអម្ចាស់ថ្លៃ | |
គង់នៅលើទឹក | ។ | ||
៤ | សូរសៀងព្រះម្ចាស់ | ស្ទើរបែកអាកាស | លាន់ឮសន្ធឹក |
ឫទ្ធានុភាព | គគ្រឹមគគ្រឹក | ទោះយប់ល្ងាចព្រឹក | |
នៅតែថ្កុំថ្កើង | ។ | ||
៧ | សូរសៀងព្រះម្ចាស់ | ខ្ទ័រខ្ទារខ្លាំងណាស់ | ពាសពេញវេហាស៍ |
មានទាំងរន្ទះ | បាញ់រះផងណា | នេះគឺចេស្តា | |
បារមីថ្កើងថ្កាន | ។ | ||
៨ | សូរសៀងរបស់ | ព្រះម្ចាស់ទាំងអស់ | ឱ្យរហោស្ថាន |
កក្រើកញាប់ញ័រ | គ្មានអ្វីស្មើបាន | ទាំងរហោស្ថាន | |
កាដែសរញ្ជួយ | ។ | ||
៩ | សូរសៀងព្រះម្ចាស់ | អង្រួនទាំងអស់ | ឱ្យក្តាន់ញីព្រួយ |
កំពុងកើតកូន | អារម្មណ៍រញ្ជួយ | ព្រមទាំងធ្វើឱ្យ | |
ស្លឹកឈើជ្រុះអស់ | ។ | ||
ពេលនោះមនុស្សម្នា | ទាំងអស់នាំគ្នា | ស្រែកដោយស្រួលស្រុះ | |
ក្នុងវិហារថា | តម្កើងព្រះម្ចាស់ | ព្រះនាមរបស់ | |
អម្ចាស់ថ្លាថ្លៃ | ។ | ||
១០ | ព្រះអង្គគ្រប់គ្រង | ទឹកជំនន់ផង | ធំធេងពេកក្រៃ |
ទ្រង់គឺជាព្រះ | មហាក្សត្រថ្លៃ | ព្រះនាមល្បាញល្បី | |
គ្រងរាជ្យតទៅ | ។ | ||
១១ | សូមព្រះអម្ចាស់ | ប្រណីសន្តោស | កុំបង្អង់នៅ |
ប្រទានកម្លាំង | ឱ្យរាស្ត្រតទៅ | កុំបីហ្មងសៅ | |
ឱ្យគេសុខសាន្ត | ។ |
អត្ថបទទី២៖ សូមថ្លែងព្រះគម្ពីរកិច្ចការគ្រីស្តទូត កក ១០,៣៤-៣៨
លោកសិលាទៅដល់ក្រុងសេសារេ ចូលផ្ទះនាយទាហានរ៉ូមុាំងម្នាក់ ហើយមានប្រសាសន៍ទៅកាន់អ្នកនៅផ្ទះគាត់ថា៖«ឥឡូវនេះ ខ្ញុំបានយល់យ៉ាងច្បាស់ហើយថា ព្រះជាម្ចាស់រាប់រកមនុស្សទូទៅឥតរើសមុខឡើយ។ ក្នុងចំណោមជាតិសាសន៍ទាំងប៉ុន្មាន អ្នកណាក៏ដោយ ឱ្យតែគោរពកោតខ្លាចព្រះអង្គ ហើយប្រព្រឹត្តអំពើសុចរិត ព្រះអង្គមុខជាគាប់ព្រះហឫទ័យនឹងអ្នកនោះមិនខាន។ ព្រះអង្គបានប្រទានព្រះបន្ទូលមកឱ្យជនជាតិអ៊ីស្រាអែល ដោយនាំដំណឹងល្អមកប្រាប់គេអំពីសេចក្តីសុខសាន្តដោយសារព្រះយេស៊ូគ្រីស្ត គឺព្រះយេស៊ូនេះហើយដែលជាព្រះអម្ចាស់លើមនុស្សទាំងអស់។ បងប្អូនជ្រាបហេតុការណ៍ដែលកើតឡើងនៅស្រុកយូដាទាំងមូលស្រាប់ហើយ ជាហេតុការណ៍ដែលបានចាប់ផ្តើមនៅស្រុកកាលីឡេ គឺបន្ទាប់ពីពេលដែលលោកយ៉ូហានបានប្រកាសឱ្យបណ្តាជនទទួលពិធីជ្រមុជទឹក។ បងប្អូនជ្រាបថា ព្រះជាម្ចាស់បានចាក់ព្រះវិញ្ញាណដ៏វិសុទ្ធ និងឫទ្ធានុភាពអភិសេកព្រះយេស៊ូជាអ្នកភូមិណាសារ៉ែត។ បងប្អូនក៏ជ្រាបថា ព្រះយេស៊ូយាងពីកន្លែងមួយទៅកន្លែងមួយ ទាំងប្រព្រឹត្តអំពើល្អ និងប្រោសអស់អ្នកដែលត្រូវមារសង្កត់សង្កិនឱ្យបានជា ដ្បិតព្រះជាម្ចាស់គង់ជាមួយព្រះអង្គ»។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៣,១៦-១៧;ទំន ២៨,៣
អាលេលូយ៉ា! អាលេលូយ៉ា!
នៅថ្ងៃនេះ ផ្ទៃមេឃបើកចំហ ព្រះវិញ្ញាណយាងចុះមកសណ្ឋិតលើព្រះយេស៊ូ ហើយព្រះសូរសៀងរបស់ព្រះបិតាលាន់ឮនៅលើទឹកថា៖ “លោកនេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង!”។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៣,១៣-១៧
ព្រះយេស៊ូយាងពីស្រុកកាលីឡេមករកលោកយ៉ូហាននៅត្រង់ទន្លេយ័រដាន់ ដើម្បីឱ្យលោកធ្វើពិធីជ្រមុជទឹកថ្វាយព្រះអង្គ។ ប៉ុន្តែ លោកយ៉ូហានប្រកែកថា៖«ខ្ញុំទេតើដែលត្រូវទទួលពិធីជ្រមុជទឹកពីលោក ម្តេចក៏លោកមករកខ្ញុំវិញ!»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖«ឥឡូវនេះសុំធ្វើសិនចុះ ធ្វើដូច្នេះ ទើបស្របតាមគ្រប់សេចក្តីដែលព្រះជាម្ចាស់បានបង្គាប់ទុកមក»។ លោកយ៉ូហានក៏យល់ព្រម។ ពេលព្រះយេស៊ូទទួលពិធីជ្រមុជទឹករួចហើយ ទ្រង់យាងឡើងពីទឹកស្រាប់តែផ្ទៃមេឃបើកចំហ ព្រះអង្គទតឃើញព្រះវិញ្ញាណរបស់ព្រះជាម្ចាស់យាងចុះដូចសត្វព្រាបមកសណ្ឋិតលើព្រះអង្គ។ ពេលនោះ មានព្រះសូរសៀងពីលើមេឃមកថា៖«លោកនេះហើយជាបុត្រដ៏ជាទីស្រឡាញ់របស់យើង! យើងគាប់ចិត្តនឹងព្រះអង្គណាស់!»។