ថ្ងៃចន្ទ
Monday

ឱ! ព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន!
អាលេលូយ៉ា!

អរគុណព្រះម្ចាស់

បន្ទរអរគុណព្រះម្ចាស់អរព្រះគុណទាំងអស់គ្នាព្រោះទ្រង់ការពារ
យើងរាល់គ្នាឱ្យផុតទុក្ខឱ្យរស់ស្រណុក
នៅក្នុងសុខសន្តិភាពហើយផ្តល់កម្លាំងក្នុងជីវិតរស់នៅសព្វថ្ងៃ។
ព្រះអង្គជាម្ចាស់មានតែមួយមែនពិតទ្រង់បានបង្កើត
ផ្ទៃមេឃ និងដីអស្ចារ្យពេកក្រៃអស្ចារ្យពេកក្រៃ
ទុកឱ្យយើងខ្ញុំសង់លំនៅរស់នៅអើយ
ព្រះអង្គជាម្ចាស់ខ្ពង់ខ្ពស់សោភាពិតទ្រង់បានបង្កើត
សត្វគោក និងទឹកអស្ចារ្យពេកក្រៃអស្ចារ្យពេកក្រៃ
ទុកឱ្យយើងខ្ញុំបរិភោគរស់នៅអើយ
ព្រះអង្គជាម្ចាស់ធំលើសពីការស្មានទ្រង់បានបង្កើត
ឈើព្រៃ និងទឹកអស្ចារ្យពេកក្រៃអស្ចារ្យពេកក្រៃ
ទុកឱ្យយើងខ្ញុំយកប្រើប្រាស់រស់នៅអើយ

ទំនុកតម្កើងលេខ ៨៦ សូមប្រទានឱ្យខ្ញុំមានចិត្ដស្មោះត្រង់

សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូ ជាអម្ចាស់នៃយើងខ្ញុំ។ ព្រះអង្គជាព្រះបិតា ប្រកបដោយព្រះហឫទ័យមេត្ដាករុណា និងជាព្រះដែលជួយសម្រាលទុក្ខគ្រប់បែបយ៉ាងទាំងអស់។ (២ ករ ១,៣)
រដូវធម្មតា បពិត្រព្រះអម្ចាស់ដែលមានព្រះហឫទ័យមេត្ដាករុណាដ៏លើសលប់! សូមផ្ទៀងព្រះការណ៌ស្ដាប់ពាក្យអង្វររបស់ទូលបង្គំ។
រដូវរង់ចាំទូលបង្គំផ្ចង់ចិត្ដគំនិតទៅរកព្រះអង្គ សូមរក្សាការពារជីវិតទូលបង្គំផង។
រដូវបុណ្យណូអែលបពិត្រព្រះអម្ចាស់! ប្រជាជាតិនានានឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ។
រដូវត្រណមសូមប្រទានឱ្យទូលបង្គំមានចិត្ដស្មោះត្រង់គោរពកោតខ្លាចព្រះនាមព្រះអង្គ។
រដូវបុណ្យចម្លងអាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!
ឱ!ព្រះអម្ចាស់អើយ! សូមផ្ទៀងព្រះកាណ៌ស្ដាប់ទូលបង្គំផង!
សូមឆ្លើយតបមកទូលបង្គំវិញដ្បិតទូលបង្គំជាមនុស្សកំសត់ទុគ៌ត!
សូមរក្សារការពារជីវិតទូលបង្គំផង ដ្បិតទូលបង្គំមានចិត្ដស្មោះត្រង់ចំពោះព្រះអង្គ
ឱ!ព្រះនៃទូលបង្គំអើយ! សូមសង្គ្រោះអ្នកបម្រើរបស់ព្រះអង្គ
ដែលផ្ញើជីវិតលើព្រះអង្គនេះផង!
ឱ!ព្រះអម្ចាស់អើយ! សូមអាណិតមេត្ដាទូលបង្គំ
ដ្បិតទូលបង្គំស្រែកហៅរកព្រះអង្គពេញមួយថ្ងៃ។
ឱ!ព្រះអម្ចាស់អើយ! សូមប្រោសអ្នកបម្រើរបស់ព្រះអង្គឱ្យមានអំណរសប្បាយ
ទូលបង្គំផ្ចង់ចិត្តគំនិតទៅរកព្រះអង្គ
បពិត្រព្រះអម្ចាស់! ព្រះអង្គប្រកបដោយព្រះហឫទ័យសប្បុរស
និងតែងតែអត់ឱនឱ្យយើងខ្ញុំ
ព្រះអង្គមានព្រះហឫទ័យមេត្តាករុណាដ៏លើសលប់
ចំពោះអស់អ្នកដែលអង្វររកព្រះអង្គ។
ឱ!ព្រះអម្ចាស់អើយ! សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យអង្វររបស់ទូលបង្គំ
សូមយកព្រះហប្ញទ័យទុកដាក់នឹងសូរសម្រែករបស់ទូលបង្គំផង។
នៅថ្ងៃមានអាសន្ន ទូលបង្គំអង្វររកព្រះអង្គ ព្រះអង្គក៏ឆ្លើយតបមកទូលបង្គំ។
បពិត្រព្រះអម្ចាស់! ក្នុងចំណោមព្រះទាំងឡាយ គ្មានព្រះណាដូចព្រះអង្គទេ
គ្មានព្រះណាធ្វើការអស្ចារ្យដូចព្រះអង្គឡើយ។
បពិត្រព្រះអម្ចា! ប្រជាជាតិទាំងប៉ុន្មានដែលព្រះអង្គបានបង្កើតមក
នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ
ហើយលើកតម្កើងសិរីរុងរឿងនៃព្រះនាមព្រះអង្គ។
១០ដ្បិតព្រះអង្គជាព្រះដ៏ឧត្ដុង្គឧត្តម ព្រះអង្គធ្វើការអស្ចារ្យ
មានតែព្រះអង្គប៉ុណ្ណោះដែលជាព្រះជាម្ចាស់។
១១ឱ!ព្រះអម្ចាស់អើយ! សូមបង្ហាញមាគ៌ារបស់ព្រះអង្គឱ្យទូលបង្គំស្គាល់
ទូលបង្គំនឹងប្រព្រឹត្តតាមសេចក្តីពិតរបស់ព្រះអង្គ
សូមប្រទានឱ្យទូលបង្គំមានចិត្តស្មោះត្រង់ គោរពកោតខ្លាចព្រះនាមព្រះអង្គ។
១២បពិត្រព្រះអម្ចាស់ជាព្រះនៃទូលបង្គំ!
ទូលបង្គំសូមលើកតម្កើងព្រះអង្គយ៉ាងស្មោះអស់ពីចិត្ត
ទូលបង្គំនឹងលើកតម្កើងសិរីរុងរឿងព្រះនាមរបស់ព្រះអង្គរហូតតរៀងទៅ
១៣ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណាចំពោះទូលបង្គំខ្លាំងណាស់
ព្រះអង្គបានរំដោះជីវិតទូលបង្គំឱ្យរួចផុតពីមច្ចុរាជ។
១៤បពិត្រព្រះអម្ចាស់! មនុស្សព្រហើនលើកគ្នាប្រឆាំងនឹងទូលបង្គំ
មនុស្សឃោរឃៅមួយពួក ចង់ដកជីវិតទូលបង្គំ
អ្នកទាំងនោះមិនរវីរវល់នឹងព្រះអង្គទេ។
១៥បពិត្រព្រះអម្ចាស់! ព្រះអង្គប្រកបដោយព្រះហឫទ័យអាណិតអាសូរ
ព្រះអង្គតែងតែប្រណីសន្តោស ព្រះអង្គអត់ធ្មត់
ហើយពោរពេញទៅដោយមេត្តាករុណាដ៏ស្មោះស្ម័គ្រ។
១៦សូមបែរព្រះភក្ត្រមកទតមើលទូលបង្គំ សូមអាណិតមេត្តាទូលបង្គំ
សូមប្រទានកម្លាំងមកទូលបង្គំ
ហើយសង្គ្រោះទូលបង្គំដែលជាខ្ញុំបម្រើរបស់ព្រះអង្គផង!។
១៧សូមសម្ដែងទីសម្គាល់ដ៏អស្ចារ្យចំពោះទូលបង្គំដោយព្រះហឫទ័យសប្បុរស
ដើម្បីឱ្យអស់អ្នកដែលស្អប់ទូលបង្គំឃើញ ត្រូវអាម៉ាស់។
បពិត្រព្រះអម្ចាស់! ព្រះអង្គតែងតែសង្គ្រោះ និងសម្រាលទុក្ខទូលបង្គំ។
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន។

ទំនុកតម្កើងលេខ ៨៦(៨៥) បទព្រហ្មគីតិ

ឱព្រះអម្ចាស់អើយកុំកន្តើយផ្ទៀងព្រះកាណ៌
ស្តាប់ស័ព្ទខ្ញុំវាចាហើយមេត្តាតបវិញផង
ដ្បិតខ្ញុំជាមនុស្សកម្សត់ខុសគេទាំងពួង
ទុរគតពេកកន្លងតោកយ៉ាកផងរាល់វេលា
សូមរក្សាជីវិតឱ្យខ្ញុំស្ថិតផុតគ្រាំគ្រា
ដ្បិតខ្ញុំត្រង់ល្អជាស្ម័គ្រគ្រប់គ្រាគ្មានគេចកែ?
សូមមេត្តាសង្គ្រោះដ្បិតខ្ញុំស្មោះឥតប្រួលប្រែ
ជាបម្រើនៅក្បែរពឹងផ្អែកតែលើម្ចាស់ថ្លៃ
ឱ! ព្រះអម្ចាស់អើយអាណិតហើយសូមប្រណី
ខ្ញុំស្រែកទូលរាល់ថ្ងៃរកព្រះអង្គមិនឈប់ឈរ
ឱព្រះអម្ចាស់អើយសូមប្រោសឱ្យបម្រើល្អ
មានសប្បាយអំណរតម្រង់រកព្រះអម្ចាស់
បពិត្រព្រះម្ចាស់ខ្ញុំព្រះឧត្តមសប្បុរសណាស់
អត់ឱនមិនថ្កោលទោសតែងសន្តោសខ្ញុំបរិបូណ៌
ព្រះអង្គតែងអាណិតអ្នកផ្តេកផ្តិតទ្រង់អាសូរ
អ្នកដែលដង្ហោយថ្ងូរហៅព្រះអង្គមកសង្គ្រោះ
ឱព្រះអម្ចាស់អើយទ្រង់ផ្ទៀងហើយសូមសន្តោស
ពាក្យខ្ញុំស្រែករកនោះសូមទ្រង់ប្រោសរូបខ្ញុំផង
នៅថ្ងៃមានអាសន្នខ្ញុំបែរបន់មិនរំលង
អង្វររកព្រះអង្គទ្រង់ឆ្លើយត្រង់តបមកខ្ញុំ
ឱព្រះជាអម្ចាស់ទ្រង់ជាព្រះដ៏ឧត្តម
ព្រះអង្គសែនសក្តិសមគ្មានព្រះធំដូចទ្រង់ឡើយ
បពិត្រព្រះអម្ចាស់គ្រប់ជាតិសាសន៍ដែលកើតហើយ
គេនឹងមិនកន្តើយតម្កើងកើយនាមព្រះអង្គ
១០ព្រោះដ្បិតទ្រង់ជាព្រះដ៏ខ្ពង់ខ្ពស់អស្ចារ្យផ្ចង់
នោះគឺមានតែទ្រង់ដែលជាអង្គលើលោកា
១១ឱ! ព្រះអម្ចាស់ខ្ញុំមេត្តាសូមប្រាប់មាគ៌ា
ឱ្យខ្ញុំស្គាល់គ្រប់គ្រានឹងយាត្រាចេញដើរតាម
យើងខ្ញុំនឹងប្រព្រឹត្តតាមសុចរិតមាគ៌ាស្នាម
ឱ្យខ្ញុំចេះប្រណម្យកោតឧត្តមបរមនាម
១២បពិត្រព្រះម្ចាស់ខ្ញុំទូលបង្គំមិនទីមទាម
ថ្លែងអរព្រះគុណភ្លាមឥតលាក់លៀមពីដួងចិត្ត
ខ្ញុំនឹងលើកតម្កើងព្រះនាមឡើងអស់កល្បពិត
ថ្កើងថ្កានខ្ពស់ប្រណីតរៀងស្ថេរស្ថិតជាប់រហូត
១៣ដ្បិតទ្រង់មានព្រះទ័យករុណាក្រៃមិនរលត់
ជួយរំដោះជីវិតខ្ញុំឱ្យផុតពីក្សិណក្ស័យ
១៤បពិត្រព្រះជាម្ចាស់ពួកមនុស្សច្រើនពេកក្រៃ
ព្រហើនមិនយល់អ្វីគេពួតដៃប្រឆាំងខ្ញុំ
មានអ្នកខ្លាំងពូកែបានប្របែប្រមូលផ្តុំ
ចង់ដកជីវិតខ្ញុំមិនបារម្ភព្រះអង្គសោះ
១៥បពិត្រព្រះម្ចាស់អើយព្រះអង្គហើយព្រះទ័យស្មោះ
ករុណាទ្រង់សន្តោសសប្បុរសមានមេត្តា
១៦សូមទ្រង់បែរព្រះភក្ត្រទតឱ្យជាក់ខ្ញុំនេះណា
សូមអាណិតមេត្តាខ្ញុំគ្រប់គ្រាកុំបីខាន
សង្គ្រោះខ្ញុំជាអ្នកបម្រើស្ម័គ្រសូមឱ្យមាន
កម្លាំងខ្លាំងក្លាហានសូមផ្ញើប្រាណនឹងព្រះអង្គ
១៧សូមមេត្តាសម្តែងការស្ញប់ស្ញែងគេឃើញផង
អ្នកស្អប់ខ្ញុំកន្លងឃើញព្រះអង្គប្រោសសង្គ្រោះ
សូមឱ្យខ្មាំងសត្រូវវាអស់ផ្លូវត្រូវអាម៉ាស់
នៅពេលដែលទ្រង់ត្រាស់ប្រោសសង្គ្រោះការពារខ្ញុំ
សិរីរុងរឿងដល់ព្រះបិតាព្រះបុត្រា
និងព្រះវិញ្ញាណផងដែលទ្រង់គង់នៅជានិច្ច

ព្រះអង្គឱ្យយើងទទួលការសង្គ្រោះ ដោយសារព្រះយេស៊ូគ្រីស្ដជាអម្ចាស់នៃយើងបានសោយទិវង្គតសម្រាប់យើង ដើម្បីឱ្យយើងរស់រួមជាមួយព្រះអង្គ ទោះបីយើងនៅរស់ក្ដី ស្លាប់ក្ដី។

បន្ទរៈ ទូលបង្គំសូមប្រគល់វិញ្ញាណរបស់ទូលបង្គំទៅក្នុងព្រះហស្តព្រះអង្គវិញ។

  • ព្រះអង្គបានដោះលែងទូលបង្គំ
  • សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។
រដូវធម្មតា
បពិត្រព្រះបិតាជាអម្ចាស់! សូមសង្គ្រោះយើងខ្ញុំ នៅពេលយើងរង់ចាំព្រះអង្គ សូមរក្សាការពារយើងខ្ញុំនៅពេលកំពុងដេកលង់លក់ ដូច្នេះយើងខ្ញុំនឹងទន្ទឹងរង់ចាំព្រះអង្គជាមួយព្រះគ្រឹស្ត ហើយយើងខ្ញុំនឹងសម្រាកយ៉ាងសុខសាន្ត។
២៩«បពិត្រ​ព្រះ​ដ៏​ជា​ចៅហ្វាយ! ឥឡូវ​នេះ ព្រះ‌អង្គ​បាន​សម្រេច​តាមព្រះ‌បន្ទូល​សន្យា​ហើយ។
ដូច្នេះ សូម​ឱ្យទូល‌បង្គំជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ
លា​ចាក​លោក​នេះ​ទៅ ដោយ​សុខ‌សាន្ត​ផង​ចុះ
៣០ដ្បិត​ភ្នែក​ទូល‌បង្គំ​បាន​ឃើញ​ការ​សង្គ្រោះ
៣១ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​ឱ្យប្រជា‌ជាតិ​ទាំង​អស់
៣២គឺ​ជា​ពន្លឺ​ដែល​នាំ​ឱ្យ​មនុស្សគ្រប់​ជាតិ​សាសន៍​ស្គាល់​ព្រះ‌អង្គ
និង​ជា​សិរី‌រុង​រឿង​របស់​អ៊ីស្រា‌អែលជា​ប្រជា‌រាស្ដ្រ​ព្រះ‌អង្គ»។
សូមកោតសរសើរព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន។
២៩“បពិត្រព្រះម្ចាស់ជាចៅហ្វាយពេលនេះឯងហើយទ្រង់សម្រេច
តាមព្រះបន្ទូលគ្មានកលកិច្ចសន្យាឥតភ្លេចលុះឥឡូវ
ដូច្នេះសូមឱ្យរូបខ្ញុំជាបំរើគ្រប់គ្រាផុតហ្មងសៅ
សូមឱ្យខ្ញុំចាកលោកនេះទៅខ្ញុំបានជួបនូវក្តីសុខសាន្ត
៣០ព្រោះដ្បិតភ្នែកខ្ញុំបានឃើញច្បាស់ពីការសង្គ្រោះមិនដែលខាន
៣១ដែលព្រះអង្គទ្រង់ប្រោសប្រទានដល់ប្រជាជនគ្រប់ជាតិសាសន៍
៣២គឺជាពន្លឺដែលនាំឱ្យគ្រប់ជាតិជិតឆ្ងាយស្គាល់ព្រះម្ចាស់
និងជាសិរីរុងរឿងច្បាស់អ៊ីស្រាអែលជារាស្ត្រនៃព្រះអង្គ
សូមកោតសរសើរព្រះបិតាព្រះរាជបុត្រា ព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរឥតសៅហ្មងយូរលង់កន្លងតរៀងទៅ

ពាក្យអធិដ្ឋាន

បពិត្រព្រះអម្ចាស់ នៅពេលដែលយើងខ្ញុំសម្រាកយ៉ាងសុខសាន្ត សូមឱ្យគ្រាប់ពូជរបស់ព្រះរាជ្យនៃស្ថានបរមសុខ ដែលយើងខ្ញុំបានសាបព្រោះនៅថ្ងៃនេះ ដុះលូតលាស់ ចម្រើនឡើងរហូតដល់ពេលច្រូតកាត់ យើងខ្ញុំសូមទូលអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូជាព្រះគ្រឹស្ត និងជាអម្ចាស់យើងខ្ញុំ។ អាម៉ែន។

បពិត្រព្រះអម្ចាស់! សូមឱ្យព្រះភក្ត្ររបស់ព្រះអង្គបញ្ចេញពន្លឺយ៉ាងត្រចះត្រចង់មកលើយើងខ្ញុំ ហើយសូមប្រទានឱ្យយើងខ្ញុំបានប្រកបដោយធម៌មេត្តាករុណារបស់ព្រះអង្គផង! អាម៉ែន។


ថ្ងៃសៅរ៍

Saturday

ថ្ងៃអាទិត្យ

Sunday

ថ្ងៃចន្ទ

Monday

ថ្ងៃអង្គារ

Tuesday

ថ្ងៃពុធ

Wednesday

ថ្ងៃព្រហស្បតិ៍

Thursday

ថ្ងៃសុក្រ

Friday

1,229 Views

Theme: Overlay by Kaira