ថ្ងៃទី ១៦ ខែវិច្ឆិកា
សន្តី​ហ្សេទ្រូដ​ ជាព្រហ្មចារិនី
ពណ៌បៃតង
ថ្ងៃធម្មតា

ឬសន្តី​ហ្សេទ្រូដ​ ជាព្រហ្មចារិនី

នាងសែរទ្រូដ (១២៥៦-១៣០២) កើតនៅប្រទេសអាឡឺម៉ង់។ នាងចូលចិត្តផ្នែកអក្សរសាស្ត្រជាខ្លាំង។ លុះដល់អាយុម្ភៃប្រាំឆ្នាំ នាងក្រែប្រែចិត្តគំនិតទាំងស្រុង បែរទៅស្រឡាញ់ព្រះគ្រីស្តតែមួយព្រះអង្គគត់ លើសអ្វីៗទាំងអស់ នាងរៀនទេវវិទ្យាយ៉ាងជ្រៅជ្រះ។ ដោយនាងយកចិត្តទុកដាក់គោរពព្រះគ្រីស្តក្នុងឋានៈជាមនុស្ស ព្រះអង្គបង្ហាញព្រះអង្គឱ្យនាងឃើញ។ យូរសតវត្សក្រោយមកគ្រីស្តបរិស័ទនាំគ្នាគោរពព្រះបេះដូងព្រះយេស៊ូ តាមសេចក្តីដែលសន្តីសែរទ្រូដបាននិពន្ធទុក។

សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងអេភេសូ អភ ៣,១៤-១៩

ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ក្រាប​ថ្វាយ‌បង្គំ​​ព្រះ‌បិតា ដែល​ជា​ប្រភព​នៃ​ក្រុម​គ្រួសារ​ទាំង​អស់ ទាំង​នៅ​ស្ថាន​បរម‌សុខ ទាំង​នៅ​ផែន‌ដី សូម​ព្រះ‌អង្គ​មេត្តា​ប្រោស​បង‌ប្អូនឱ្យ​មាន​កម្លាំង​មាំ‌មួន​ផ្នែក​ខាង​ក្នុង​ជម្រៅ​ចិត្ត​ ដោយ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អង្គ តាម​សិរី‌រុង​រឿង​ដ៏​ប្រសើរ​បំផុត​របស់​ព្រះ‌អង្គ។ សូម​ព្រះ‌គ្រីស្ត​គង់​នៅ​ក្នុង​ចិត្ត​បង‌ប្អូន​ដោយ​ជំនឿ និង​សូម​ឱ្យ​បង‌ប្អូន​បាន​ចាក់​ឫស​យ៉ាង​មាំ‌មួន​ក្នុង​សេចក្ដី​ស្រឡាញ់ ដើម្បី​ឱ្យ​បង‌ប្អូន​មាន​សមត្ថ‌ភាព​អាច​យល់ រួម​ជា​មួយ​ប្រជាជន​ដ៏‌វិសុទ្ធ​ទាំង​មូលនូវ​ទទឹង បណ្ដោយ ជម្រៅ និង​កម្ពស់ គឺ​ឱ្យបង‌ប្អូន​ស្គាល់​ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះ‌គ្រីស្ត ដែល​ប្រសើរ​ហួស​ពី​ការ​យល់​ឃើញ​របស់​មនុស្ស ដើម្បីឱ្យ​បង‌ប្អូន​បាន​ពោរ‌ពេញ​ដោយ​គ្រប់​លក្ខណ‌សម្បត្តិ​របស់​ព្រះ‌ជាម្ចាស់។

ទំនុកតម្កើងលេខ ២៣ (២២),១-៦ បទពាក្យ ៧

ឱ! ព្រះអម្ចាស់ជាគង្វាលមើលឥតរយាលណែនាំខ្ញុំ
ឱ្យដើរតាមផ្លូវដែលសក្តិសមភោគផលជិតជុំឥតខ្វះឡើយ
ព្រះអង្គឱ្យខ្ញុំសម្រាកនៅលើវាលមានស្មៅបានធូរស្បើយ
នាំខ្ញុំទៅក្បែរមាត់ទឹកហើយប្រទានឱ្យកាយមានកម្លាំង
ទ្រង់់នាំខ្ញុំតាមផ្លូវសុចរិតល្អល្អះប្រណីតភ្លឺចែងចាំង
ព្រះកិត្តិនាមល្បីក្លាខ្លាំងគ្មានអ្វីរារាំងព្រះអង្គឡើយ
ទោះបីរូបខ្ញុំដើរកាត់ភ្នំជ្រលងតូចធំស្លាប់ក៏ដោយ
ក៏ខ្ញុំមិនភ័យខ្លាចអ្វីឡើយទ្រង់គង់ជាមួយតាមការពារ
ព្រះអង្គរៀបចំឱ្យបរិភោគអាហារគរគោកមុខបច្ចា
រួចទ្រង់ចាក់ប្រេងលើសិរសាបំពេញពែងស្រាខ្ញុំហៀរហូរ
ព្រះអង្គប្រទានសុភមង្គលហឫទ័យខ្វាយខ្វល់ដោយអាសូរ
មកទូលបង្គំជាហែហូរឥតមានឈប់ឈរមួយជីវិត
ដរាបណាជីវិតនៅមានខ្ញុំសែនសុខសាន្តឥតមានគិត
ក្នុងព្រះដំណាក់ល្អប្រណីតព្រះអម្ចាស់ស្ថិតស្ថេរជានិច្ច

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១៩,៣១-៣៧

​ថ្ងៃ​រៀប‌ចំ​បុណ្យ​ចម្លង ជន​ជាតិ​យូដា​មិន​ចង់​ឱ្យមាន​សាក‌សព​ជាប់​នឹង​ឈើ​ឆ្កាង​នៅ​ថ្ងៃ​សប្ប័ទឡើយ ព្រោះ​ថ្ងៃ​សប្ប័ទ​នោះជា​ថ្ងៃ​បុណ្យ​ធំ។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​សុំ​លោក​ពីឡាត​ចេញ​បញ្ជា​ទៅ​ទាហានឱ្យ​បំបាក់​ជើង​អ្នក​ជាប់​ឆ្កាង ហើយ​យក​សាក‌សព​ចុះ​មក។ ពួក​ទាហាន​នាំ​គ្នា​មក​វាយ​បំបាក់​ជើង​អ្នក​ទោស​ទី​មួយ និង​អ្នក​ទោស​ទី​ពីរដែល​ជាប់​លើ​ឈើ​ឆ្កាង​ជា​មួយ​ព្រះ‌អង្គ។ លុះ​មក​ដល់​ព្រះ‌យេស៊ូ គេ​ឃើញ​ព្រះ‌អង្គ​សោយ​ទិវង្គត​ផុត​ទៅ​ហើយ គេ​មិន​បំបាក់​ព្រះ‌បាទា​ព្រះ‌អង្គ​ទេ ប៉ុន្តែ ទាហាន​ម្នាក់​យក​លំពែង​ចាក់​ត្រង់​ចន្លោះ​ឆ្អឹង​ជំនីរ​ព្រះ‌អង្គ ស្រាប់​តែ​មាន​ទឹក និង​លោហិត​ហូរ​ចេញ​មក​មួយ​រំពេច។ សាវ័ក​ម្នាក់​ដែល​បាន​ឃើញ ធ្វើ​ជា​បន្ទាល់​អំពី​ហេតុ‌ការណ៍​នេះ ហើយ​សក្ខី‌ភាព​របស់​គាត់​ពិត​ប្រាកដ​មែន។ ព្រះ‌អង្គ​ដឹង​ថា ​សាវ័ក​នោះ​និយាយ​សេចក្ដី​ពិត​ ដើម្បីឱ្យ​អ្នក​រាល់​គ្នា​ជឿ​ដែរ។ ហេតុ‌ការណ៍​នេះ​កើត​ឡើង ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​មក​ថា៖«គ្មាន​ឆ្អឹង​ណា​មួយ​របស់​លោក​ត្រូវ​បាក់‌បែក​ឡើយ»។ មាន​អត្ថ‌បទ​គម្ពីរ​មួយ​ទៀត​ចែង​ថា៖«គេ​នាំ​គ្នា​មើល​អ្នក​ដែល​គេ​ចាក់​ទម្លុះ»

553 Views

Theme: Overlay by Kaira