អាទិត្យទី៣៤ រដូវធម្មតា «គ»
ថ្ងៃអាទិត្យ
ពណ៌ស
បុណ្យឱឡារិក

ព្រះអម្ចាស់យេស៊ូគ្រីស្ត ជាព្រះមហាក្ស​
ត្រនៃពិភពលោក

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរសាម៉ូអែលទី ២ ២សម ៥,១-៣

កុលសម្ព័ន្ធទាំងអស់នៃជនជាតិអ៊ីស្រាអែល នាំគ្នាមកគាល់ព្រះបាទដាវីឌនៅក្រុងហេប្រូន ហើយទូលថា៖«ទូលបង្គំយើងខ្ញុំទាំងអស់គ្នា ក៏ជាសាច់សារលោហិតរបស់ព្រះករុណាដែរ។ កាលពីមុន នៅគ្រាដែលព្រះបាទសាអ៊ូលគ្រងរាជ្យលើពួកទូលបង្គំ ព្រះករុណាធ្លាប់ដឹកនាំកង​ទ័ពអ៊ីស្រាអែលចេញទៅធ្វើសឹក ហើយព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះករុណាថា «អ្នកនឹងគ្រប់គ្រងលើជនជាតិអ៊ីស្រាអែល ជាប្រជារាស្រ្ដរបស់យើង អ្នកនឹងដឹកនាំពួកគេ»។ ដូច្នេះ ព្រឹទ្ធាចារ្យទាំងអស់របស់ជនជាតិអ៊ីស្រាអែលចូលមកគាល់ព្រះរាជានៅក្រុងហេប្រូន។ ព្រះបាទដាវីឌចងសម្ពន្ធមេត្រីជាមួយព្រឹទ្ធាចារ្យទាំងនោះ ចំពោះព្រះភក្រ្ដព្រះអម្ចាស់នៅក្រុងហេប្រូន រួចពួកគេចាក់ប្រេងអភិសេកព្រះបាទដាវីឌធ្វើជាស្ដេចរបស់ជនជាតិអ៊ីស្រាអែល។

ទំនុកតម្កើងលេខ ១២២ (១២១),១-៧ បទកាកគតិ

គេប្រាប់ខ្ញុំថាយើងនាំគ្នីគ្នាទៅព្រះដំណាក់
ទីដែលព្រះជាអម្ចាស់គង់ស្នាក់ល្អឥតមានអាក់
ខ្ញុំសប្បាយក្រៃ
យេរូសាឡឹមភក្រ្ដអ្នកប៉ប្រិមឥតមានទើសទាស់
យើងនាំគ្នាឈានជើងចូលដល់ដីដល់ទ្វារបុរី
នៃអ្នកហើយណា
យេរូសាឡឹមជាក្រុងមួយធំសែនស្រស់សងា្ហ
ដែលសង់ឡើងបានរឹងមាំអស្ចារ្យកំពែងពាំងការ
ល្អព័ទ្ធជុំជិត
គ្រប់កុលសម្ព័ន្ធនានារួសរាន់នាំគ្នាមកស្ថិត
ច្រៀងលើកតម្កើងព្រះម្ចាស់មានឫទ្ធិតាមច្បាប់នៃជាតិ
ជនអ៊ីស្រាអែល
ទីនេះក៏មានបល្ល័ង្កថ្កើងថ្កាននៃរាជ្យវង្សដែល
ជាស្ដេចដាវីឌបារមីក្រាស់ក្រែលគ្រប់គ្រងក្រវែល
រាស្ដ្រដោយយុត្ដិធម៌
សូមព្រះអម្ចាស់ប្រណីសន្ដោសសន្ដិភាពបវរ
ដល់ក្រុងសាឡឹមឱ្យអ្នកស្មោះសរស្រឡាញ់ក្រុងល្អ
រស់នៅសុខសាន្ដ
ឱ្យអ្នករស់ក្នុងកំពែងទីក្រុងបានសុខក្សេមក្សាន្ដ
សូមឱ្យវិមានក្នុងក្រុងប៉ុន្មានជួបតែសុខសាន្ដ
ឥតមានទុក្ខភ័យ

អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូឡូស កូឡូ ១,១២-២០

បងប្អូនជាទីស្រឡាញ់!
ចូរអរព្រះគុណព្រះជាម្ចាស់ជាព្រះបិតាដោយចិត្ដរីករាយ ព្រោះព្រះអង្គបានប្រោសប្រទានឱ្យបងប្អូនមានសមត្ថភាពអាចទទួលចំណែកមត៌ករួមជាមួយប្រជាជនដ៏វិសុទ្ធនៅក្នុងពន្លឺ។ ព្រះអង្គបានរំដោះយើងឱ្យរួចផុតពីអំណាចនៃសេចក្ដីងងឹត ហើយចម្លងយើងចូលទៅក្នុងព្រះរាជ្យនៃព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ ដោយយើងរួមក្នុងអង្គព្រះបុត្រា ព្រះអង្គបានលោះយើង និងលើកលែងទោសឱ្យយើងរួចពីបាប។ ព្រះគ្រីស្ដជាតំណាងរបស់ព្រះជាម្ចាស់ដែលមនុស្សមើលពុំឃើញ ព្រះអង្គជារៀមច្បងរបស់សត្វលោកទាំងអស់ដែលព្រះជាម្ចាស់បានបង្កើតមក ដ្បិតព្រះជាម្ចាស់បានបង្កើតអ្វីៗសព្វសារពើក្នុងអង្គព្រះគ្រីស្ដ ទាំងនៅលើមេឃ ទាំងនៅលើផែនដី ទាំងអ្វីៗដែលមនុស្សមើលឃើញ ទាំងអ្វីៗដែលមនុស្សមើលមិនឃើញ ទាំងទេវតា ទាំងម្ចាស់ទឹកម្ចាស់ដី ទាំងវត្ថុសក្ដិសិទ្ធិ និងអំណាចនានា។ ព្រះជាម្ចាស់បានបង្កើតអ្វីៗសព្វសាររពើដោយសារព្រះគ្រីស្ដ និងសម្រាប់ព្រះគ្រីស្ដ។ ព្រះគ្រីស្ដមានព្រះជន្ម​មុនអ្វីៗទាំងអស់ ហើយអ្វីៗសព្វសារពើក៏នៅស្ថិតស្ថេររួមគ្នាដោយសារព្រះអង្គដែរ។ ព្រះអង្គជាសិរសានៃព្រះកាយរបស់ព្រះ​​​អង្គ គឺព្រះ​សហគមន៍។ ព្រះគ្រីស្ដជាដើមកំណើតនៃជីវិតថ្មី។ ព្រះអង្គជារៀមច្បងដែលមានព្រះជន្មរស់ឡើងវិញមុនគេ ក្នុងចំណោមមនុស្សស្លាប់ទាំងអស់ ដើម្បីធ្វើជាប្រ​មុខក្នុងគ្រប់វិស័យទាំងអស់ ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យឱ្យគ្រប់លក្ខណសម្បត្ដិរបស់ព្រះអង្គស្ថិតនៅក្នុងព្រះគ្រីស្ដ។ ព្រះជាម្ចាស់ បានសម្រុះសម្រួលអ្វីៗសព្វសារពើនៅលើផែនដី និងនៅលើមេឃឱ្យជានានឹងព្រះអង្គវិញ ដោយ​សារព្រះគ្រីស្ដ និងសម្រាប់ព្រះគ្រីស្ដ គឺព្រះជាម្ចាស់បានធ្វើឱ្យមានសន្ដិភាព ដោយព្រះបុត្រាបង្ហូរព្រះលោហិតនៅលើឈើឆ្កាង។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មក ១១,១០

អាលេលូយ៉ា! អាលេលូយ៉ា!
សូមព្រះជាម្ចាស់ប្រទានពរដល់ព្រះរាជ្យរបស់ព្រះបាទដាវីឌជាបិតារបស់យើង!
គឺជាព្រះរាជ្យនៃសម័យថ្មី! សូមកោតសរសើរព្រះអង្គដែលយាងមកក្នុងព្រះនាមព្រះជាម្ចាស់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ២៣,៣៥-៤៣

គេទើបបានឆ្កាងព្រះយេស៊ូ។ ប្រជាជននាំគ្នាឈរមើល រីឯពួកនាម៉ឺននិយាយចំអកមើលងាយព្រះអង្គថា៖«គាត់បានសង្គ្រោះមនុស្សឯទៀតៗ បើគាត់ជាព្រះគ្រីស្ដរបស់ព្រះជាម្ចាស់ ហើយជាអ្នកដែលព្រះអង្គបានជ្រើសរើសមែននោះ ឱ្យគាត់សង្គ្រោះខ្លួនឯងទៅ!»។ ពួកទាហារក៏ចំអកដាក់ព្រះអង្គដែរ គេយកទឹកខ្មេះមកថ្វាយព្រះអង្គសោយទាំងពោលថា៖«បើអ្នកជាស្ដេចជនជាតិ​យូដាមែន ចូរសង្គ្រោះខ្លួនអ្នកទៅ!»។ នៅពីលើព្រះអង្គមានសរសេរអក្សរ​ថា «អ្នកនេះជាស្ដេចជនជាតិយូដា»។ អ្នកទោសម្នាក់ដែលជាប់ឆ្កាង ពោល​ប្រ​មាថ​ព្រះយេស៊ូថា៖«បើអ្នកជាព្រះគ្រីស្ដមែន ចូរសង្គ្រោះខ្លួនអ្នកទៅ ហើយ​សង្គ្រោះ​យើងផង!»។ ប៉ុន្ដែ អ្នកទោសម្នាក់ទៀតស្ដីឱ្យអ្នកនោះ​ថា៖«ឯងមិនកោតខ្លាច​ព្រះ​​ជាម្ចាស់ទេឬ? ឯងត្រូវគេកាត់ទោសដូចលោកដែរ។ គេធ្វើទោសយើងនេះត្រូវហើយ យើងទទួលទោសតាមអំពើដែលយើងបានប្រព្រឹត្ដ។ រីឯលោក​​​​​វិញ លោកមិនបានធ្វើអំពើអាក្រក់អ្វីសោះ»។ បន្ទាប់មក គាត់ទូលព្រះអង្គថា៖«ឱព្រះ​​យេស៊ូ​អើយ! ពេលព្រះអង្គយាងមកគ្រងរាជ្យ សូមកុំភ្លេចទូលបង្គំឡើយ»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖«ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា ថ្ងៃនេះ អ្នក​បានទៅនៅស្ថានបរមសុខជាមួយខ្ញុំ»។

202 Views

Theme: Overlay by Kaira