អាទិត្យទី៣១ រដូវធម្មតា «គ»
ថ្ងៃអាទិត្យ
ពណ៌បៃតង
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្រះប្រាជ្ញាញ្ញាណ ប្រាញ ១១,២៣-១២,២
បពិត្រព្រះអម្ចាស់ ព្រះអង្គតែងតែអាណិតអាសូរមនុស្សទាំងអស់ ព្រោះព្រះអង្គមានឫទ្ធានុភាពអាចសម្រេចកិច្ចការទាំងអស់បាន។ ព្រះអង្គមិនប្រកាន់មនុស្សដែលប្រព្រឹត្ដអំពើបាបទេ ដើម្បីឱ្យគេកែប្រែចិត្ដគំនិត។ ព្រះអង្គស្រឡាញ់សត្វលោកទាំងអស់ មិនស្អប់ខ្ពើមសត្វលោកណាមួយដែលព្រះអង្គបានបង្កើតសោះឡើយ។ ប្រសិនបើព្រះអង្គស្អប់សត្វលោកណាមួយ ព្រះអង្គមិនបានបង្កើតសត្វលោកនោះទេ! ប្រសិនបើព្រះអង្គមិនសព្វព្រះហឫទ័យបង្កើតទេនោះ តើមានសត្វលោកណាអាចរស់នៅបាន? ប្រសិនបើព្រះអង្គមិនហៅឱ្យកើតមកទេ តើសត្វលោកនោះអាចនៅស្ថិតស្ថេរដូចម្ដេចបាន? បពិត្រព្រះអម្ចាស់ដែលស្រឡាញ់ជីវិត ព្រះអង្គសម្ដែងព្រះហឫទ័យសប្បុរសចំពោះសត្វលោកទាំងអស់ ដ្បិតសត្វលោកសុទ្ធតែជាកម្មសិទ្ធរបស់ព្រះអង្គ។ រីឯព្រះវិញ្ញាណដែលមិនចេះរលួយក៏ស្ថិតនៅក្នុងសត្វលោកទាំងនោះដែរ! បពិត្រព្រះអម្ចាស់! ព្រះអង្គតែងតែស្ដីបន្ទោសយ៉ាងទន់ភ្លន់ចំពោះអ្នកដែលប្រព្រឹត្ដអំពើអាក្រក់ ព្រះអង្គទូន្មានពួកគេដោយរំឭកគេពីអំពើបាបរបស់ខ្លួន ដើម្បីឱ្យគេលះបង់អំពើអាក្រក់ ហើយងាកមកជឿលើព្រះអង្គវិញ។
ទំនុកតម្កើងលេខ ១៤៥ (១៤៤), ១-២.៨-១១.១៤.១៧ បទកាកគតិ
១ | បពិត្រព្រះម្ចាស់ | ជាក្សត្ររបស់ | រូបទូលបង្គំ |
ពេលនេះខ្ញុំកោត | នាមព្រះឧត្តម | អស់កល្បយូរលង់ | |
ជារៀងដរាប | ។ | ||
២ | ខ្ញុំសូមតម្កើង | ព្រះអង្គខ្ពស់ឡើង | តទៅរៀងរៀប |
ខ្ញុំសូមសរសើរ | ព្រះនាមល្អគាប់ | អស់កល្បដរាប | |
រហូតតទៅ | ។ | ||
៨ | ព្រះជាអម្ចាស់ | ប្រកបដោយព្រះ | ហឫទ័យត្រចង់ |
ប្រណីសន្ដោស | ករុណាហ្មត់ហ្មង | អត់ធ្មត់កន្លង | |
អាណិតមេត្ដា | ។ | ||
៩ | ព្រះជាអម្ចាស់ | ព្រះទ័យសប្បុរស | លើមនុស្សលោកា |
ទ្រង់មានព្រះទ័យ | សន្ដោសករុណា | មនុស្សគ្រប់អាត្មា | |
រស់ពេញផែនដី | ។ | ||
១០ | បពិត្រព្រះម្ចាស់ | សត្វលោកទាំងអស់ | មានច្រើនពេកក្រៃ |
នាំគ្នាតម្កើង | រុងរឿងសិរី | រាស្រ្ដទាំងប្រុសស្រី | |
ក៏ថ្កើងទ្រង់ដែរ | ។ | ||
១១ | គេនឹងរៀបរាប់ | ព្រះរាជ្យគួរគាប់ | រុងរឿងស្ថិតស្ថេរ |
របស់ព្រះអង្គ | ឥតមានប្រួលប្រែ | អនុភាពឥតកែ | |
ព្រះអង្គនៅគង់ | ។ | ||
១៤ | ព្រះអង្គលើកអ្នក | ហេវខ្សោះអួលអាក់ | ដួលយំស្រែកថ្ងូរ |
ទ្រង់លើកអ្នកអស់ | សង្ឃឹមឱ្យឈរ | ពង្រឹងជំហរ | |
ឱ្យល្អវិញបាន | ។ | ||
១៧ | ព្រះជាអម្ចាស់ | ធ្វើសព្វទាំងអស់ | នូវរាល់កិច្ចការ |
ដោយព្រះហឫទ័យ | សុចរិតថ្លៃថ្លា | សន្ដោសករុណា | |
ទ្រង់បានប្រព្រឹត្ដ | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតទី២ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងថេស្សាឡូនិក ២ថស ១,១១-២,២
បងប្អូនជាទីស្រឡាញ់!
យើងចេះតែអធិដ្ឋានឱ្យបងប្អូនជានិច្ច សូមព្រះជាម្ចាស់នៃយើងប្រទានឱ្យបងប្អូនរស់នៅបានសមតាមការត្រាស់ហៅរបស់ព្រះអង្គ។ សូមព្រះអង្គប្រទានឱ្យបងប្អូនអាចបំពេញបំណងដ៏ល្អគ្រប់យ៉ាង និងឱ្យជំនឿរបស់បងប្អូនបង្កើតផលបានបរិបូណ៌ ដោយសារឫទ្ធានុភាពរបស់ព្រះអង្គ។ ដូច្នេះ ព្រះនាមរបស់ព្រះយេស៊ូជាអម្ចាស់នៃយើងមានសិរីរុងរឿងនៅក្នុងបងប្អូន ហើយបងប្អូនក៏មានសិរីរុងរឿងក្នុងព្រះអង្គ តាមព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះជាម្ចាស់នៃយើង និងព្រះអម្ចាស់យេស៊ូគ្រីស្ដដែរ។ បងប្អូនអើយ! ចំពោះពេលដែលព្រះយេស៊ូគ្រីស្ដជាព្រះអម្ចាស់នៃយើង យាងមកយ៉ាងរុងរឿង ហើយដែលយើងត្រូវជួបជុំជាមួយព្រះអង្គនោះ ប្រហែលជាមានអ្នកខ្លះនិយាយថា ព្រះវិញ្ញាណបានបំភ្លឺឱ្យគេដឹង ឬថា មានពាក្យសម្ដី និងមានសំបុត្រណាមួយពីយើងបញ្ជាក់ថា«ថ្ងៃព្រះអម្ចាស់មកហើយ!»។ យើងសូមអង្វរបងប្អូនថា កុំប្រញាប់ជ្រួលច្របល់ក្នុងចិត្ដ ឬភ័យស្លន់ស្លោឡើយ។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ៣,១៦
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ ហេតុនេះហើយបានជាព្រះអង្គប្រទានព្រះបុត្រាតែមួយរបស់ព្រះអង្គមក។
អស់អ្នកដែលជឿលើព្រះបុត្រា មានជីវិតអស់កល្បជានិច្ច។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៩,១-១០
ព្រះយេស៊ូយាងកាត់ក្រុងយេរីខូ។ មានបុរសម្នាក់ឈ្មោះសាខេជាមេលើអ្នកទារពន្ធ ហើយមានទ្រព្យសម្បត្ដិយ៉ាងច្រើន។ គាត់ចង់ឃើញព្រះយេស៊ូមានភិនភាគយ៉ាងណា ប៉ុន្ដែ ដោយមានមនុស្សច្រើនពេក ហើយដោយគាត់មានមាឌតូចទៀតផងនោះ គាត់មើលព្រះអង្គមិនឃើញទេ។ គាត់រត់ទៅខាងមុខ ឡើងដើមឈើមួយដើម ចាំមើលព្រះយេស៊ូ ព្រោះព្រះអង្គត្រូវយាងកាត់តាមនោះ។ កាលព្រះយេស៊ូយាងមកដល់ ព្រះអង្គងើបព្រះភក្រ្ដឡើង ហើយមានព្រះបន្ទូលទៅគាត់ថា៖«លោកសាខេអើយ! សូមអញ្ជើញចុះមកជាប្រញាប់ ដ្បិតថ្ងៃនេះខ្ញុំត្រូវស្នាក់នៅផ្ទះរបស់លោក»។ លោកសាខេក៏ចុះមកជាប្រញាប់ ហើយទទួលព្រះយេស៊ូដោយអំណរ។ កាលមនុស្សទាំងអស់ឃើញដូច្នោះ គេ រអ៊ូរទាំថា៖«មើល៍! លោកនេះទៅស្នាក់នៅផ្ទះមនុស្សបាប!»។ លោកសាខេក្រោកឈរឡើងទូលព្រះអម្ចាស់ថា៖«បពិត្រព្រះអម្ចាស់! ទូលបង្គំនឹងចែកទ្រព្យសម្បត្ដិរបស់ទូលបង្គំចំនួនពាក់កណ្ដាលដល់មនុស្សក្រីក្រ។ ប្រសិនបើទូលបង្គំទារពន្ធពីអ្នកណាហួសកម្រិត ទូលបង្គំនឹងសងអ្នកនោះវិញមួយជាបួន»។ ព្រះយេស៊ូមានព្រះបន្ទូលអំពីគាត់ថា៖«ថ្ងៃនេះការសង្គ្រោះមកដល់ផ្ទះនេះហើយ ដ្បិតបុរសនេះជាពូជពង្សរបស់លោកអប្រាហាំដែរ។ បុត្រមនុស្សបានមកដើម្បីស្វែងរក និងសង្គ្រោះមនុស្សដែលវិនាសបាត់បង់»។