ថ្ងៃសុក្រ អាទិត្យទី៣០
រដូវធម្មតា ឆ្នាំ«គូ»
ពណ៌បៃតង
ថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២៦
សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងភីលីព ភីល ១,១-១១
យើងខ្ញុំប៉ូល និងធីម៉ូថេ ជាអ្នកបម្រើរបស់ព្រះគ្រីស្តយេស៊ូ សូមជម្រាបមកប្រជាជនដ៏វិសុទ្ធទាំងអស់ ដែលរួមជាមួយព្រះគ្រីស្តយេស៊ូនៅក្រុងភីលីព ព្រមទាំងអស់លោកអភិបាល និងអ្នកជំនួយ សូមជ្រាប។ សូមព្រះជាម្ចាស់ជាព្រះបិតារបស់យើង និងព្រះអម្ចាស់យេស៊ូគ្រីស្ត ប្រណីសន្ដោស និងប្រទានសេចក្ដីសុខសាន្តដល់បងប្អូន។ ពេលណាខ្ញុំនឹកគិតដល់បងប្អូន ខ្ញុំតែងតែអរព្រះគុណព្រះជាម្ចាស់របស់ខ្ញុំជានិច្ច គឺគ្រប់ពេល ខ្ញុំទូលអង្វរព្រះជាម្ចាស់សម្រាប់បងប្អូនទាំងអស់គ្នា ខ្ញុំទូលអង្វរដោយចិត្តរីករាយជាដរាប ព្រោះបងប្អូនរួមចំណែកក្នុងការផ្សាយដំណឹងល្អ តាំងពីថ្ងៃដំបូងរហូតមកទល់សព្វថ្ងៃ។ ខ្ញុំជឿជាក់ថា ព្រះអង្គដែលបានចាប់ផ្ដើមធ្វើការល្អនៅក្នុងបងប្អូន ព្រះអង្គក៏នឹងបង្ហើយការនេះរហូតដល់ថ្ងៃព្រះគ្រីស្តយេស៊ូយាងមក។ ខ្ញុំមានចិត្តគំនិតបែបនេះចំពោះបងប្អូនទាំងអស់គ្នាពិតជាត្រឹមត្រូវមែន ព្រោះចិត្តខ្ញុំនៅជាប់ជំពាក់នឹងបងប្អូនជានិច្ច ហើយទោះបីខ្ញុំនៅជាប់ឃុំឃាំងក្តី ឬពេលខ្ញុំនិយាយ និងពង្រឹងដំណឹងល្អក្តី បងប្អូនទាំងអស់គ្នាក៏បានរួមចំណែកជាមួយខ្ញុំក្នុងកិច្ចការដែលព្រះជាម្ចាស់ប្រណីសន្ដោសឱ្យខ្ញុំបំពេញនេះដែរ។ ព្រះជាម្ចាស់ជាសាក្សីស្រាប់ហើយថា ខ្ញុំស្រឡាញ់បងប្អូនទាំងអស់គ្នាយ៉ាងខ្លាំង ដោយចិត្តអាណិតមេត្តាមកពីព្រះគ្រីស្តយេស៊ូ។ ខ្ញុំទូលអង្វរព្រះជាម្ចាស់ដូចតទៅនេះ គឺសូមឱ្យបងប្អូនមានសេចក្ដីស្រឡាញ់ដ៏លើសលប់កាន់តែខ្លាំងឡើងៗ ធ្វើឱ្យបងប្អូនចេះដឹងច្បាស់ និងយល់សព្វគ្រប់ទាំងអស់ ដើម្បីឱ្យបងប្អូនចេះពិចារណាមើលថា ការអ្វីប្រសើរជាងគេ។ ដូច្នេះ នៅថ្ងៃព្រះគ្រីស្តយាងមក បងប្អូននឹងបានបរិសុទ្ធឥតមានកំហុសអ្វីឡើយ ហើយបងប្អូននឹងបានពោរពេញដោយផលនៃសេចក្ដីសុចរិតដែលមកពីព្រះយេស៊ូគ្រីស្ត សម្រាប់លើកតម្កើងសិរីរុងរឿង និងកោតសរសើរព្រះជាម្ចាស់។
ទំនុកតម្កើងលេខ ១១១(១១០),១-៦ បទពាក្យ៧
| ១ | ចូរលើកតម្កើងព្រះជាម្ចាស់ | ប្រសើរពេកណាស់លើលោកា | |
| ខ្ញុំថ្កើងព្រះអង្គហួសសិរសា | ក្នុងហ្វូងមនុស្សណាដែលទៀងត្រង់ | ។ |
| ២ | គ្រប់ស្នាព្រះហស្ដព្រះអម្ចាស់ | ប្រសើរពេកណាស់ខ្ពស់ឧត្តុង | |
| អ្នកពេញចិត្តស្នាព្រះហស្ដព្រះអម្ចាស់ | ស្វះស្វែងយល់ផងកុំរារែក | ។ |
| ៣ | គ្រប់ស្នាព្រះហស្ដបានបញ្ចេញ | រស្មីចិញ្ចែងភ្លឺអនេក | |
| សេចក្ដីសុចរិតល្អពន់ពេក | មិនប្រេះបាក់បែកនៅរហូត | ។ |
| ៤ | ព្រះអង្គទ្រង់សព្វព្រះហប្ញទ័យ | ឱ្យយើងស្រមៃមិនរលត់ | |
| ដល់ការអស្ចារ្យខ្ពស់បំផុត | ហប្ញទ័យអាណិតចិត្តអាសូរ | ។ |
| ៥ | ព្រះអង្គប្រទានទាំងអាហារ | ដល់អ្នកវេទនាស្រែកទ្រហោរ | |
| អ្នកដែលកោតខ្លាចទ្រង់អាសូរ | សម្ព័ន្ធមានយូរធ្លាប់មេត្រី | ។ |
| ៦ | ព្រះអង្គសម្ដែងអានុភាព | ឱ្យរាស្រ្ដជ្រួតជ្រាបឥតសង្ស័យ | |
| គឺព្រះអង្គបានឱ្យទឹកដី | ប្រជាដទៃមកពួកគេ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១០៣,២.៤.៥
អាលេលូយ៉ា! អាលេលូយ៉ា!
សូមលើកតម្កើងព្រះអម្ចាស់ចំពោះធម៌មេត្តាករុណាដ៏លើសលប់របស់ព្រះអង្គ។ ទ្រង់ប្រោសមនុស្សឱ្យបានជា ទ្រង់ប្រោសរួចពីស្លាប់ទៀផង។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៤,១-៦
មានថ្ងៃមួយជាថ្ងៃសប្ប័ទ ព្រះយេស៊ូយាងទៅសោយព្រះស្ងោយនៅផ្ទះរបស់មេដឹកនាំខាងគណៈផារីស៊ីម្នាក់ អស់អ្នកដែលនៅផ្ទះនោះតាមឃ្លាំមើលព្រះអង្គ។ មានបុរសម្នាក់កើតទាច ឈរនៅមុខព្រះអង្គ។ ព្រះយេស៊ូមានព្រះបន្ទូលសួរទៅពួកបណ្ឌិតខាងវិន័យ និងពួកខាងគណៈផារីស៊ីថា៖«តើយើងមានសិទ្ធិមើលអ្នកជំងឺឱ្យជានៅថ្ងៃសប្ប័ទឬទេ?»។ គេនៅស្ងៀមទាំងអស់គ្នា ព្រះយេស៊ូហៅអ្នកជំងឺមក ហើយប្រោសគាត់ឱ្យជា រួចឱ្យគាត់ត្រឡប់ទៅវិញ។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលថា៖«ក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាម្នាក់មានកូន ឬគោធ្លាក់អណ្ដូង ទោះបីថ្ងៃនោះជាថ្ងៃសប្ប័ទក៏ដោយ ក៏អ្នកនោះស្រង់វាឡើងជាបន្ទាន់មិនខាន»។ គេពុំអាចឆ្លើយតបនឹងព្រះអង្គអំពីសេចក្ដីទាំងនេះឡើយ។
817 Views
Post Views:
818