អាទិត្យទី៣០ រដូវធម្មតា «គ»
ថ្ងៃអាទិត្យ
ពណ៌បៃតង
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរលោកបេនស៊ីរ៉ាក់ បសរ ៣៥,១៥-១៧.២០-២២
ព្រះអម្ចាស់ជាចៅក្រម ព្រះអង្គវិនិច្ឆ័យដោយមិនរើសមុខ។ ព្រះអង្គមិនធ្វើឱ្យខូចប្រយោជន៍របស់អ្នកក្រខ្សត់ ព្រះអង្គតែងតែព្រះសណ្តាប់ពាក្យអង្វររបស់អ្នកដែលត្រូវគេសង្កត់សង្កិន។ ព្រះអង្គមិនដែលព្រងើយកន្តើយនឹងក្មេងកំព្រា ព្រមទាំងពាក្យត្អូញត្អែររបស់ស្រ្តីមេម៉ាយទេ។ អ្នកគោរពបម្រើព្រះជាម្ចាស់ដោយស្មោះអស់ពីចិត្តពិតជាគាប់ព្រះហប្ញទ័យព្រះអង្គ ហើយពាក្យសុំរបស់គេនឹងទ្បើងទៅដល់ព្រះអង្គ។ ពាក្យអង្វររបស់មនុស្សទន់ទាប ពិតជារសាត់ទៅដល់ស្ថានបរមសុខ។ បើព្រះអម្ចាស់មិនឆ្លើយតបទេ គេមិនព្រមឈប់ព្រួយទ្បើយ គេនៅតែទទូចអង្វរឥតឈប់ឈរ ទាល់តែព្រះដ៏ខ្ពង់ខ្ពស់បំផុតអាណិតគេ។ ព្រះអង្គវិនិច្ឆ័យ និងរកយុត្តិធម៌ឱ្យគេ។ ព្រះអម្ចាស់មិនបង្អែបង្អង់ទេ ព្រះអង្គគ្មានព្រះហប្ញទ័យអត់ធ្មត់ចំពោះជនដែលធ្វើបាបមនុស្សសុចរិតទ្បើយ ព្រះអង្គបំបាក់ខ្នងរបស់ជនទាំងនោះឥតត្រាប្រណី។
ទំនុកតម្កើងលេខ ៣៤ (៣៣), ២-៣.៧.១៦.១៨-១៩.២៣ បទកាកគតិ
២ | ខ្ញុំអរព្រះគុណ | អម្ចាស់ពេកពន់ | គ្រប់ពេលវេលា |
សូមលើកតម្កើង | ព្រះអង្គគ្រប់គ្រា | ឥតមានរួញរា | |
ឈប់ឈរសោះឡើយ | ។ | ||
៣ | ខ្ញុំខ្ពស់មុខព្រោះ | ព្រះម្ចាស់សង្គ្រោះ | ខ្ញុំមិនកន្ដើយ |
ចូរអ្នកទន់ទាប | ស្ដាប់កុំព្រងើយ | នឹងបានធូរស្បើយ | |
អំណរខ្លាំងក្លា | ។ | ||
៧ | អស់អ្នកកម្សត់ | និងមនុស្សទុរគត | គេស្រែកដង្ហោយ |
ហៅរកព្រះម្ចាស់ | ទ្រង់សណ្ដាប់ហើយ | សង្គ្រោះគេឱ្យ | |
ផុតពីគ្រោះកាច | ។ | ||
១៦ | ព្រះម្ចាស់តែងតែ | រំពៃមើលថែ | អស់មនុស្សសុចរិត |
ទ្រង់យកព្រះទ័យ | ទុកដាក់ពិតៗ | ថែទាំនៅជិត | |
រាល់ទិនទិវា | ។ | ||
១៨ | ពេលអ្នកទៀងត្រង់ | ស្រែករកព្រះអង្គ | ទ្រង់មិនកន្ដើយ |
ព្រះអង្គសណ្ដាប់ | ពាក្យគេរួចហើយ | រំដោះគេឱ្យ | |
ផុតគ្រោះទាំងឡាយ | ។ | ||
១៩ | ព្រះម្ចាស់គង់ស្ថិត | ក្បែរអ្នកគ្រាំចិត្ដ | មានទុក្ខខ្វល់ខ្វាយ |
ព្រះអង្គសង្គ្រោះ | អស់អ្នកទាំងឡាយ | បានសុខសប្បាយ | |
ផុតទុក្ខរីងរៃ | ។ | ||
២៣ | ព្រះម្ចាស់សង្គ្រោះ | ជីវិតទាំងអស់ | ដល់អ្នកដែលបាន |
បម្រើព្រះអង្គ | ពឹងផ្អែកផ្ញើប្រាណ | តែងទទួលបាន | |
សុខផុតទុក្ខទោស | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតទី២ របស់គ្រីស្ដទូតប៉ូលផ្ញើជូនលោកធីម៉ូថេ ២ធម ៤,៦-៨.១៦-១៨
រីឯខ្ញុំវិញ ខ្ញុំបានបូជាជីវិតរួចស្រេចហើយ ហើយក៏ដល់ពេលកំណត់ដែលខ្ញុំត្រូវចាកចេញពីលោកនេះដែរ។ ខ្ញុំបានពុះពារតយុទ្ធល្អប្រសើរ ខ្ញុំបានរត់ដល់ទីដៅ ហើយខ្ញុំនៅតែកាន់ជំនឿជាប់ដដែល។ ឥឡូវនេះ ព្រះអម្ចាស់ជាចៅក្រមដ៏សុចរិតបានបម្រុងភួងជ័យនៃសេចក្ដីសុចរិតទុកសម្រាប់ខ្ញុំ ហើយព្រះអង្គនឹងប្រទានឱ្យខ្ញុំនៅថ្ងៃដែលព្រះអង្គយាងមក ព្រះអង្គមិនត្រឹមតែប្រទានឱ្យខ្ញុំម្នាក់ប៉ុណ្ណោះទេ គឺប្រទានឱ្យអស់អ្នកដែលមានចិត្តស្រឡាញ់ ទន្ទឹងរង់ចាំព្រះអង្គយាងមកយ៉ាងឱឡារិកនោះដែរ។ ពេលដែលខ្ញុំត្រូវឆ្លើយដោះសាខ្លួននៅលើកទីមួយ គ្មានបងប្អូនណាម្នាក់មកជួយគាំទ្រខ្ញុំទេ គឺគេបោះបង់ចោលខ្ញុំទាំងអស់គ្នា សូមព្រះជាម្ចាស់កុំប្រកាន់ទោសគេឡើយ!។ មានតែព្រះអម្ចាស់ប៉ុណ្ណោះដែលបានគាំទ្រ និងប្រទានឱ្យខ្ញុំមានកម្លាំង ដើម្បីឱ្យខ្ញុំអាចប្រកាសព្រះបន្ទូលយ៉ាងក្បោះក្បាយឱ្យសាសន៍ដទៃទាំងអស់គ្នាស្ដាប់។ ព្រះអង្គក៏បានដោះលែងខ្ញុំឱ្យរួចពីមាត់សឹង្ហដែរ។ ព្រះអម្ចាស់នឹងរំដោះខ្ញុំឱ្យរួចពីការអាក្រក់គ្រប់យ៉ាង ហើយព្រះអង្គនឹងសង្គ្រោះខ្ញុំ ដើម្បីឱ្យខ្ញុំបានចូលទៅក្នុងព្រះរាជ្យរបស់ព្រះអង្គនៅស្ថានបរមសុខ។ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១សម ១៦,៧
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់មិនទតមើលសំបកក្រៅដូចមនុស្សលោកទេ គឺព្រះអង្គឈ្វេងយល់ចិត្ដគំនិតវិញ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៨,៩-១៤
ព្រះអង្គមានព្រះបន្ទូលជាប្រស្នាមួយទៀតទៅកាន់អ្នកខ្លះដែលនឹកស្មានថាខ្លួនជាមនុស្សសុចរិត ហើយបែរជាមើលងាយអ្នកដទៃ។ព្រះអង្គមានព្រះបន្ទូលថា៖«មានបុរសពីរនាក់ឡើងទៅអធិស្ឋានក្នុងព្រះវិហារ។ ម្នាក់ខាងគណៈផារីស៊ី ម្នាក់ទៀតជាអ្នកទារពន្ធ។ បុរសខាងគណៈផារីស៊ីឈរអធិស្ឋានក្នុងចិត្តថា “បពិត្រព្រះជាម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ព្រោះទូលបង្គំមិនដូចជនឯទៀតៗទេ អ្នកទាំងនោះសុទ្ធតែជាចោរ ជាមនុស្សទុច្ចរិត ជាមនុស្សប្រព្រឹត្តអំពើផិតក្បត់ ហើយទូលបង្គំក៏មិនដូចអ្នកទារពន្ធនេះដែរ ទូលបង្គំតមអាហារពីរដងក្នុងមួយអាទិត្យ ហើយទូលបង្គំថ្វាយរបស់អ្វីៗទាំងអស់ដែលទូលបង្គំរកបានមួយភាគដប់ដល់ព្រះអង្គ”។ រីឯអ្នកទារពន្ធ គាត់ឈរនៅពីចម្ងាយ មិនទាំងហ៊ានងើបមុខផង។ គាត់គក់ទ្រូងទូលថា “ឱព្រះជាម្ចាស់អើយ! សូមអាណិតមេត្តាទូលបង្គំជាមនុស្សបាបផង”។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្រះជាម្ចាស់ប្រោសអ្នកទារពន្ធនេះឱ្យបានសុចរិត ហើយគាត់ត្រឡប់ទៅផ្ទះវិញ រីឯបុរសខាងគណៈផារីស៊ីមិនបានសុចរិតទេ។ អ្នកណាលើកតម្កើងខ្លួន អ្នកនោះនឹងត្រូវគេបន្ទាបចុះ រីឯអ្នកដែលបន្ទាបខ្លួននឹងត្រូវគេលើកតម្កើងវិញ»។