ថ្ងៃទី១៩ ខែតុលា
សន្តប៉ូលនៃព្រះឈើឆ្កាង ជាបូជាចារ្យ
ពណ៌បៃតង

លោកប៉ូលដាណែ (១៦៩៤-១៧៧៥) ជាជនជាតិអ៊ីតាលីម្នាក់។ មុនដំបូង លោកធ្វើទាហាន។ នៅឆ្នាំ ១៧២០ លោកសម្រេចចិត្តទៅរស់ជាឥសី រួចក៏ទទួលមុខងារជាបូជាចារ្យ។ លោកឧស្សាហ៍ដើរទៅពន្យល់គម្ពីរពាសពេញស្រុកអ៊ីតាលី។ លោកបង្កើតក្រុមគ្រួសារមួយ ដើម្បីដើរដាស់តឿនគ្រីស្តបរិស័ទឱ្យស្រឡាញ់ព្រះគ្រីស្តដែលត្រូវគេឆ្កាង។

សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ១ករ ១,១៨-២៥

អ្នក​ដែល​ត្រូវ​វិនាស​អន្តរាយ ចាត់​ទុក​ដំណឹង​អំពី​ព្រះ‌គ្រីស្ត​សោយ​ទិវង្គត​នៅ​លើ​ឈើ​ឆ្កាងថា​លេលា រីឯ​យើង​ដែល​កំពុង​តែ​ទទួល​ការ​សង្គ្រោះ​វិញ យើង​ជឿ​ថា ដំណឹង​នេះ​ជា​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់ ដ្បិត​មាន​ចែង​ទុក​មក​ថាៈ «យើង​នឹង​រំលាយ​ប្រាជ្ញា​របស់​ពួក​អ្នក​ប្រាជ្ញ ហើយ​ធ្វើ​ឱ្យតម្រិះ​របស់​ពួក​អ្នក​ចេះ​ដឹង​រលាយ​សាប‌សូន្យ​ទៅ​ដែរ»។ ដូច្នេះ អ្នក​ប្រាជ្ញ‌បណ្ឌិត និង​អ្នក​ដេញ​ដោលនា​សម័យ​នេះ​ធ្វើ​អ្វី​កើត បើ​ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ឱ្យប្រាជ្ញា​របស់​លោកីយ៍​នេះទៅ​ជា​លេលា​វិញ​នោះ!។ ដោយ​ប្រាជ្ញា​របស់​ខ្លួន មនុស្ស​លោក​ពុំ​បាន​ស្គាល់​ព្រះ‌ជាម្ចាស់ តាម​អ្វីៗ​ដែល​ព្រះ‌ប្រាជ្ញា‌ញាណ​របស់​ព្រះ‌អង្គ​សម្ដែង​ឱ្យ​គេ​ស្គាល់​នោះ​ឡើយ ហេតុ​នេះ​ហើយ​ បាន​ជា​ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​សង្គ្រោះ​អ្នក​ជឿ ដោយ​ពាក្យ​ប្រកាស​ដែល​មនុស្ស​លោក​ចាត់​ទុក​ថា​លេលា​នោះ។ សាសន៍​យូដា​សុំ​មើល​ទី​សម្គាល់​ដ៏​អស្ចារ្យ សាសន៍​ក្រិក​ចង់​ឃើញ​ភស្តុតាង​តាម​ប្រាជ្ញា រីឯ​យើង​វិញ យើង​ប្រកាស​អំពី​ព្រះ‌គ្រីស្ត​ដែល​សោយ​ទិវង្គត​នៅ​លើ​ឈើ​ឆ្កាង។ សាសន៍​យូដា​យល់​ឃើញ​ថា ពាក្យ​ប្រកាស​នេះ​រារាំង​គេ​មិន​ឱ្យជឿ ហើយ​សាសន៍​ដទៃ​យល់​ឃើញ​ថា​ជា​រឿង​លេលា។ ប៉ុន្តែ ចំពោះ​អស់​អ្នក​ដែល​ព្រះ‌ជាម្ចាស់​បាន​ត្រាស់​ហៅ ទាំង​សាសន៍​យូដា ទាំង​សាសន៍​ក្រិក គេ​ចាត់​ទុក​ព្រះ‌គ្រីស្ត​ថា​ជា​ឫទ្ធា‌នុភាព និង​ជា​ព្រះ‌ប្រាជ្ញា‌​ញាណ​របស់​ព្រះ‌ជាម្ចាស់​វិញ។ អ្វីៗ​ដែល​មនុស្ស​លោក​យល់​ថា​ជា​គំនិត​លេលា​របស់​ព្រះ‌ជាម្ចាស់​នោះ ប្រសើរ​លើស​ប្រាជ្ញា​របស់​មនុស្ស​ទៅ​ទៀត ហើយ​អ្វីៗ​ដែល​មនុស្ស​លោក​យល់​ថា​ជា​ការ​ទន់​ខ្សោយ​របស់​ព្រះ‌ជាម្ចាស់ ក៏​ប្រសើរ​លើស​កម្លាំង​របស់​មនុស្ស​ដែរ។

ទំនុកតម្កើងលេខ ១១៧ (១១៦), ១-២ បទពាក្យ ៧

ឱ! ប្រជាជនទាំងឡាយអើយចូរសរសើរហើយលើកម្កើង
អស់ប្រជារាស្រ្តឆ្មៃឆ្មើងតម្កើងសិរីនៃព្រះអង្គ
ដ្បិតព្រះអង្គមានហឫទ័យករុណាប្រណីពេកកន្លង
សប្បុរសស្មោះស្ម័គ្រឥតមានហ្មងនឹងយើងរហូតតរៀងទៅ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៦,២៤-២៧

បន្ទាប់​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ពួក​សាវ័ក​ថា៖«បើ​អ្នក​ណា​ចង់​មក​តាម​ក្រោយ​ខ្ញុំ ត្រូវ​លះ‌បង់​ខ្លួន​ឯង​ចោល ត្រូវ​លី​ឈើ​ឆ្កាង​របស់​ខ្លួន ហើយ​មក​តាម​ខ្ញុំ​ចុះ ដ្បិត​អ្នក​ណា​ចង់​បាន​រួច​ជីវិត អ្នក​នោះ​នឹង​បាត់‌បង់​ជីវិត ប៉ុន្តែ អ្នក​ណា​បាត់‌បង់​ជីវិតព្រោះ​តែ​ខ្ញុំ អ្នក​នោះ​នឹង​បាន​ជីវិត​វិញ។ បើ​មនុស្ស​ម្នាក់​បាន​ពិភព‌លោក​ទាំង​មូលមក​ធ្វើ​ជា​សម្បត្តិ​របស់​ខ្លួន តែ​បាត់‌បង់​ជីវិត នោះ​នឹង​មាន​ប្រយោជន៍​អ្វី? តើ​មនុស្ស​អាច​យក​អ្វី​មក​ប្ដូរ​នឹង​ជីវិត​របស់​ខ្លួន​បាន? លុះ​ដល់​បុត្រ​មនុស្ស​ប្រកប​ដោយ​សិរី‌រុង​រឿង​ព្រះ‌បិតា​របស់​ព្រះ‌អង្គ​យាង​មក​ជា​មួយ​ពួក​ទេវទូត​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​នឹង​ប្រទាន​រង្វាន់ ឬ​ដាក់​ទោស​ម្នាក់ៗតាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។

516 Views

Theme: Overlay by Kaira