ថ្ងៃអង្គារ អាទិត្យទី២៩
រដូវធម្មតា«ឆ្នាំគូ»
ពណ៌បៃតង

ថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០២៤

សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងអេភេសូ អភ ២,១២-២២

បងប្អូនជាទីស្រឡាញ់!
កាលពីមុន បងប្អូននៅឆ្ងាយពីព្រះគ្រីស្ដ គ្មានសិទិ្ធចូលជាតិ​អ៊ីស្រាអែល គ្មានទំនាក់ទំនងអ្វីនឹងសម្ពន្ធមេត្រីដែលចង់ឡើងដោយព្រះបន្ទូលសន្យា​របស់ព្រះជាម្ចាស់។ បងប្អូនរស់នៅក្នុងលោកនេះដោយគ្មានទីសង្ឃឹម ហើយក៏គ្មាន​ព្រះជាម្ចាស់ដែរ។ កាលពីដើម បងប្អូននៅឆ្ងាយមែន ក៏ប៉ុន្ដែ ឥឡូវនេះ ដោយបងប្អូនរួមក្នុងអង្គព្រះយេស៊ូគ្រីស្ដ បងប្អូនបានមកនៅជិត ដោយសារព្រះលោហិតរបស់ព្រះគ្រីស្ដ គឺព្រះគ្រីស្ដ ហើយដែលជាសន្ដិភាពរបស់យើង ព្រះអង្គបានប្រមូលសាសន៍ទាំងពីរ​ឱ្យរួមគ្នាមកជាប្រជារាស្រ្ដតែមួយ។ ព្រះអង្គបានបូជាព្រះកាយរបស់ព្រះអង្គ ដើម្បីរំលំជញ្ជំាងដែលធ្វើឱ្យសាសន៍ទាំងពីរនៅដាច់ពីគ្នា ហើយជាបច្ចាមិត្តនឹងគ្នា។ ព្រះអង្គ​បានលុបបំបាត់វិន័យដែលមានបទបញ្ញត្តិ និងបទបញ្ជាផ្សេងៗចោល ដើម្បីបង្រួប​បង្រួមសាសន៍ទាំងពីរឱ្យទៅជាមនុស្សថ្មីតែមួយក្នុងព្រះអង្គផ្ទាល់ ព្រមទាំងនាំសន្ដិភាព​មកផង។ ដោយព្រះអង្គសោយទិវង្គតនៅលើឈើឆ្កាង ទ្រង់បានសម្រុះសម្រួល​សាសន៍ទាំងពីរឱ្យរួមគ្នាជារូបកាយតែមួយ និងធ្វើឱ្យគេស្រុះស្រួលជាមួយព្រះជាម្ចាស់​វិញ ទាំងកម្ចាត់ការស្អប់គ្នាចោលផង។ ព្រះគ្រីស្ដយាងមក ទាំងនាំដំណឹងល្អអំពី​សន្ដិភាពមកឱ្យបងប្អូនដែលនៅឆ្ងាយ និងនាំសន្ដិភាពមកឱ្យអស់អ្នកដែលនៅជិតដែរ។​ ដោយសារព្រះគ្រីស្ដនេះហើយ ដែលយើងទាំងពីរសាសន៍មានផ្លូវចូលទៅរកព្រះបិតា ដោយរួមក្នុងព្រះវិញ្ញាណតែមួយ។ ហេតុនេះ បងប្អូនលែងជាជនបរទេស ឬជាអនិកជនទៀតហើយ គឺបងប្អូនជាជនរួមជាតិជាមួយជនដ៏វិសុទ្ធ និងជាក្រុមគ្រួសាររបស់ព្រះជាម្ចាស់។ ព្រះអង្គបានកសាង​បងប្អូនឡើងជាសំណង់ ដោយមានក្រុមសាសនទូត និងព្យាការីជាគ្រឹះ និងមានព្រះគ្រីស្ដ​យេស៊ូផ្ទាល់ជាថ្មដ៏សំខាន់ គឺព្រះគ្រីស្ដហើយដែលធ្វើឱ្យសំណង់ទាំងមូលភ្ជាប់គ្នាយ៉ាងមាំ និងធ្វើឱ្យចម្រើនឡើងទៅជាព្រះវិហារដ៏វិសុទ្ធមួយ ដោយសារព្រះអម្ចាស់។ រីឯបងប្អូន​ក៏ដូច្នោះដែរ ដោយបងប្អូនរួមជាមួយព្រះអង្គ បងប្អូនបានផ្គុំគ្នាឡើង ធ្វើជាព្រះដំណាក់របស់ព្រះជាម្ចាស់ក្នុងព្រះវិញ្ញាណ។

ទំនុកតម្កើងលេខ ៨៥ (៨៤) ,៩.១០-១៤ បទកាកគតិ

យើងខ្ញុំត្រងត្រាប់ត្រចៀកប្រុងស្ដាប់បន្ទូលព្រះអង្គ
ទ្រង់នឹងប្រទានសុខសាន្ដគ្មានហ្មងលើរាស្រ្ដទ្រង់ផង
ដែលមិនលេលា
១០ក្នុងពេលឆាប់ៗទ្រង់នឹងប្រញាប់ជួយយើងរាល់គ្នា
ដល់អ្នកកោតខ្លាចព្រះអង្គគ្រប់គ្រាសិរីមហិមា
នៅលើដីយើង
១១ទ្រង់មានព្រះទ័យសប្បុរសថ្លាថ្លៃបារមីរុងរឿង
ព្រះអង្គស្មោះស្ម័គ្រករុណាមិនឆ្មើងយុតិ្ដធម៌កើតឡើង
នៅលើលោកីយ៍
១២សេចក្ដីទៀងត្រង់ចាប់ដុះរហង់ពាសពេញផែនដី
សេចក្ដីសុចរិតក៏លាស់ជាថ្មីពីសួគ៌ាល័យ
ចុះជួយរក្សា
១៣ព្រះអម្ចាស់ផ្ទាល់ប្រទានមង្គលឱ្យយើងគ្រប់គ្នា
ចំណែកផែនដីបង្កើតផលាភោគផលផ្លែផ្កា
សំបូរមិនខ្វះ
១៤សេចក្ដីសុចរិតយុតិធម៌ប្រណីតនៅមុខព្រះម្ចាស់
សុខសាន្ដតាមដានរៀបផ្លូវថ្វាយព្រះឥតមានក្រឡះ
សុខសាន្ដរហូត

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ២១,៣៦

អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកដែលប្រុងស្មារតីអធិដ្ឋានគ្រប់ពេលវេលាពិតជាមានសុភមង្គល ដ្បិតគេអាចឈរនៅមុខបុត្រមនុស្ស។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១២,៣៥-៣៨

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖«ចូរប្រុងប្រៀបខ្លួន ហើយទុក​ឱ្យ​ចង្កៀងរបស់អ្នករាល់គ្នានៅឆេះ។ ចូរប្រព្រឹត្តឱ្យបានដូចពួកអ្នកបម្រើដែលរងចាំ​ម្ចាស់វិលត្រឡប់មកពីជប់លៀងវិញ គឺនៅពេលមកដល់ លោកគោះទ្វារ អ្នកបម្រើ​ទៅបើកជូនភ្លាម។ ពេលម្ចាស់ត្រឡប់មកដល់ ឃើញអ្នកបម្រើណានៅរងចាំលោក អ្នកបម្រើនោះមានសុភមង្គលហើយ! ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា លោកនឹង​ឱ្យអ្នកបម្រើនោះអង្គុយបរិភោគ ហើយលោករៀបចំខ្លួនបម្រើគេវិញ។ បើលោកវិល​មកវិញនៅពាក់កណ្ដាលអធ្រាត្រ ឬជិតភ្លឺ ហើយឃើញអ្នកបម្រើទាំងនោះនៅរងចាំ​ដូច្នេះ ពួកគេប្រាកដជាមានសុភមង្គលហើយ»។

689 Views

Theme: Overlay by Kaira