ថ្ងៃអាទិត្យ
Sunday

ឱ! ព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន!
អាលេលូយ៉ា!

ឱ! ព្រះបិតាដ៏ឧត្តម​អេីយ

ឱ! ព្រះបិតាដ៏ឧត្តមអើយថ្ងៃជិតលិចហើយសូមទ្រង់មេត្តា 
ណែនាំយើងខ្ញុំឱ្យខំធ្វើការដល់យប់កាលណានឹងបានធូរស្បើយ
សូមជួយយើងខ្ញុំឱ្យចេះកែខ្លួនកាន់ចិត្តមាំមួនកុំរលាយឡើយ
កុំឱ្យត្អូញត្អែរក្នុងការហត់នឿយតែខំបង្ហើយដោយក្តីឧស្សាហ៍
សូមជួយយើងខ្ញុំឱ្យមានចិត្តត្រង់ជឿតែព្រះអង្គគ្រប់ពេលវេលា
បើយើងខ្ញុំភ្លេចមួយដងមួយគ្រាសូមទ្រង់មេត្តាកុំចាប់ទោសពៃរ៍
សូមព្រះបិតាទ្រង់ប្រោសប្រទានឱ្យអ្នកស្រេកឃ្លានបានភោជន៍ចំណី
បានឆ្អែតគ្រប់គ្នាជាប្រក្រតីបានសុខសួស្តីសិរីមង្គល

ទំនុកតម្កើងលេខ ៩១ នៅក្រោមម្លប់បារមីព្រះដ៏ខ្ពង់ខ្ពស់បំផុត

ខ្ញុំ​ទុក​សេចក្ដី​សុខ‌សាន្ត​ឱ្យ​អ្នក​រាល់​គ្នា ខ្ញុំ​ផ្ដល់​សេចក្ដី​សុខ‌សាន្ត​របស់​ខ្ញុំ​ឱ្យអ្នក​រាល់​គ្នា។ សេចក្ដី​សុខ‌សាន្ត​ដែល​ខ្ញុំ​ផ្ដល់​ឱ្យ​នេះ មិន​ដូច​សេចក្ដី​សុខ‌សាន្ត​ដែល​មនុស្ស​លោក​ឱ្យ​ទេ។ ចូរ​កុំ​រន្ធត់​ចិត្ត កុំ​ភ័យ‌ខ្លាច​ឱ្យ​សោះ (យហ ១៤,២៧)។
រដូវធម្មតា និងរដូវត្រណមព្រះអម្ចាស់នឹងការពារអ្នក ហេីយនៅពេលយប់ អ្នកនឹងមិនភ័យខ្លាចភាពអាសន្នឡេីយ។
រដូវរង់ចាំ និងបុណ្យឱឡារិកព្រះអង្គជាជំរក និងជាកំពែងការពារទូលបង្គំ។
រដូវបុណ្យណូអែលចូរពិនិត្យមេីល អ្នកនឹងឃេីញថា អ្នកនឹងទទួលការសង្រេ្គាះ។
រដូវបុណ្យចម្លងអាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!
អ្នក​ណា​រស់​នៅ​ក្រោម​ការ​គ្រប់‌គ្រងរបស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត
អ្នក​នោះ​នឹង​ជ្រក​នៅ​ក្រោម​ម្លប់​បារមីរបស់​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​លើ​អ្វីៗ​ទាំង​អស់។
ខ្ញុំ​ទូល​ព្រះ‌អម្ចាស់​ថា: ព្រះ‌អង្គ​ជា​ជម្រក និង​ជា​កំពែង​ការ‌ពារ​ទូល‌បង្គំ
ព្រះ‌អង្គ​ជា​ព្រះ​នៃ​ទូល‌បង្គំ ទូល‌បង្គំ​ផ្ញើ​ជីវិត​លើ​ព្រះ‌អង្គ!
ព្រះ‌អម្ចាស់​រំដោះ​អ្នក​ឱ្យ​រួច​ផុត​ពី​អន្ទាក់ ឱ្យ​រួច​ផុត​ពី​ជំងឺ​រាត‌ត្បាត​ផ្សេងៗ។
ព្រះ‌អង្គ​នឹង​ការ‌ពារ​អ្នក អ្នក​អាច​ជ្រក​កោន​ក្រោម​ម្លប់​បារមី​របស់​ព្រះ‌អង្គ
ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះ‌អង្គ ប្រៀប​បី​ដូច​ជា​ខែល និង​អាវ‌ក្រោះ​ការ‌ពារ​អ្នក។
នៅ​ពេល​យប់ អ្នក​នឹង​មិន​ភ័យ​ខ្លាចគ្រោះ​ថ្នាក់​ដែល​គួរ​ឱ្យតក់‌ស្លុត​នោះ​ឡើយ
នៅ​ពេល​ថ្ងៃ អ្នក​ក៏​នឹង​មិន​ភ័យ​ខ្លាច​ព្រួញដែល​គេ​បាញ់​មក​ដែរ។
អ្នក​នឹង​មិន​ភ័យ​ខ្លាច​គ្រោះ​កាច​នៅ​យប់​ងងឹត ហើយ​ក៏​មិន​ភ័យ​ខ្លាច​មហន្ត‌រាយនៅ​ពេល​ថ្ងៃ​ត្រង់​ដែរ។
ទោះ​បី​មាន​មនុស្ស​មួយ​ពាន់​នាក់ដួល​ស្លាប់​នៅ​ជិត​អ្នក ហើយ​មាន​មនុស្ស​មួយ‌ម៉ឺន​នាក់ស្លាប់​នៅ​ខាង​ស្តាំ​អ្នក​ក្តី ក៏​គ្មាន​អ្វី​អាច​ប៉ះ‌ពាល់​អ្នក​ឡើយ។
ចូរ​សម្លឹង​មើល អ្នក​នឹង​ឃើញ​ថា តើ​មនុស្ស​អាក្រក់​ទទួល​ទោស​យ៉ាង​ណា។
ព្រះ‌អម្ចាស់​ជា​ជម្រក​របស់​អ្នក អ្នក​បាន​មក​ជ្រក​កោន​ក្រោម​ម្លប់របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។
១០គ្មាន​ទុក្ខ​វេទនា​ណា​មួយ​កើត​មានដល់​អ្នក​ឡើយ ហើយ​ក៏​គ្មាន​គ្រោះ​កាច​ណា​មួយចូល​ទៅ​ជិត​ទី​លំ‌នៅ​របស់​អ្នក​ដែរ
១១ដ្បិត​ព្រះ‌អម្ចាស់​នឹង​បញ្ជា​ឱ្យពួក​ទេវទូត​ជួយ​អ្នក ពួក​ទេវទូត​នឹង​ការ‌ពារ​អ្នកនៅ​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ។
១២ទេវទូត​ទាំង​នោះ​នឹង​ចាំ​ទ្រ​អ្នក មិន​ឱ្យ​ជើង​អ្នក​ប៉ះ​ទង្គិច​នឹង​ថ្ម​ឡើយ។
១៣អ្នក​នឹង​ដើរ​ជាន់​សត្វ​សិង្ហ និង​ពស់‌វែក អ្នក​នឹង​ជាន់​ឈ្លី​កូន​សិង្ហ និង​នាគ។
១៤ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: «ដោយ​គេ​ស្ថិត​នៅ​ជាប់​នឹង​យើង យើង​នឹង​ជួយ​រំដោះ​គេ យើង​នឹង​ការ‌ពារ​គេ ព្រោះ​គេ​ទទួល​ស្គាល់​ថា​យើង​ជា​ព្រះ‌អម្ចាស់!
១៥គេ​នឹង​អង្វរ​រក​យើង ហើយ​យើង​នឹង​ឆ្លើយ​តប​មក​គេ​វិញនៅ​ពេល​គេ​មាន​អាសន្ន យើង​នឹង​ស្ថិត​នៅ​ជា​មួយ​គេ យើង​នឹង​រំដោះ​គេ ព្រម​ទាំង​លើក​តម្កើង​គេ​ផង។
១៦យើង​នឹងឱ្យ​គេ​មាន​អាយុ​យឺន‌យូរ ហើយ​យើង​នឹងឱ្យ​គេ​ឃើញ​ថា យើង​ពិត​ជា​ព្រះ‌សង្គ្រោះ​មែន»។
សូមកេាតសរសេីរព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដេីមរៀងមក ហេីយជាដរាបតរៀងទៅ។ អាម៉ែន។

ទំនុកតម្កើងលេខ ៩១ (៩០) បទកាកគតិ

អ្នកដែលរស់ក្រោមការថែគ្រប់គ្រងរបស់ព្រះម្ចាស់
ជាព្រះខ្ពង់ខ្ពស់វិសុទ្ធពេកណាស់មានឫទ្ធិតេជះ
បារមីខ្លាំងក្រៃ ។
ខ្ញុំសូមទូលថាៈ«ព្រះអម្ចាស់ជាជម្រកយប់ថ្ងៃ
និងជាកំពែងជ្រកកោនផុតភ័យមិនបង្អង់អី
ផ្ញើកាយជីវិត» ។
ព្រះម្ចាស់តែងតែជួយមិនគេចកែឱ្យអ្នករួចផុត
ចេញពីអន្ទាក់ពួកជនទុច្ចរិតជំងឺរាតត្បាត
ចង្រៃឧបទ្រព ។
ទ្រង់នឹងការពាររូបអ្នកគ្រប់គ្នានៅជ្រកក្រោមម្លប់
បារមីព្រះអង្គទាំងថ្ងៃទាំងយប់ឥតមានឈរឈប់
ម្លប់ដ៏ត្រជាក់ ។
ព្រះហឫទ័យមេត្តាប្រណីមិនដែលថ្នាំងថ្នាក់
របស់ព្រះអង្គជួយការពារអ្នកជាអាវក្រោះពាក់
របស់អ្នកហើយ ។
នៅពេលរាត្រីអ្នកនឹងមិនភ័យអំពីអ្វីឡើយ
អាសន្នគ្រប់យ៉ាងចៀសផុតធូរស្បើយពេលថ្ងៃក៏ដោយ
ក៏អាចរួចផុត ។
អ្នកនឹងមិនអាចជួបគ្រោះកំណាចក្នុងយប់ងងឹត
ទាំងមហន្តរាយទោះនៅឆ្ងាយជិតថ្ងៃត្រង់ក៏ផុត
មិនអាចជួបសោះ ។
ទោះបីជាមានមនុស្សម៉ឺនពាន់ដេកស្លាប់ទាំងអស់
ក៏មិនមានអ្វីមកប៉ះអ្នកសោះផុតអស់ទុក្ខគ្រោះ
គ្មានព្រួយភិតភ័យ ។
បើអ្នកពិនិត្យមើលឱ្យបានជិតឃើញច្បាស់ដូចថ្ងៃ
ពីពួកមនុស្សអបលក្ខណ៍អប្រីយ៍រងទោសរាល់ថ្ងៃ
មិនមានអាក់ខាន ។
ព្រះអម្ចាស់ជាជម្រកពន្លាគ្មានអ្វីស្មើបាន
អ្នកជ្រកក្រោមម្លប់ព្រះខ្ពស់ហួសស្មានវិសុទ្ធថ្កើងថ្កាន
នៅលើលោកីយ៍ ។
១០គ្មានទុក្ខវេទនាណាមកពាធាធ្វើឱ្យអ្នកភ័យ
ទោះជាគ្រោះកាចឧបសគ្គចង្រៃចូលមិនបានអី
ដល់លំនៅអ្នក ។
១១ដ្បិតព្រះអម្ចាស់នឹងបញ្ជាច្បាស់ទេវទូតគ្រប់ថ្នាក់
តាមជួយរក្សាការពាររូបអ្នកគ្រប់ទីសំណាក់
ដែលអ្នកនឹងនៅ ។
១២ទេវទូតយកដៃចាំទ្រថ្នមបីមិនឱ្យហ្មងសៅ
លើកអ្នកឱ្យឈររឹងប៉ឹងពេកកូវមិនឱ្យជើងត្រូវ
ទង្គិចថ្មឡើយ ។
១៣អ្នកនឹងដើរជាន់សត្វមានរាប់ពាន់នៅជិតបង្កើយ
សត្វគោកសត្វទឹកសត្វព្រៃក៏ដោយជាន់សិង្ហពស់ហើយ
ទាំងសត្វនាគខ្លា ។
១៤ព្រះអម្ចាស់មានព្រះបន្ទូលថ្កានយ៉ាងច្បាស់មកថា
យើងនឹងចេញមុខរំដោះរងការដ្បិតគេស្គាល់ថា
យើងជាព្រះគេ ។
១៥បើគេស្រែករកហៅយើងឱ្យមកយើងតបមិនរេ
ពេលមានអាសន្នយើងនៅនឹងគេឥតមានបែកបែរ
ទាំងថ្កើងគេផង ។
១៦យើងឱ្យគេបានរស់នៅសុខសាន្តយូរឆ្នាំកន្លង
អាយុយឺនយូរមិនឱ្យមានហ្មងឱ្យគេដឹងផង
ថាយើងសង្គ្រោះ ។
សូមកោតសរសើរដល់ព្រះបិតាព្រះរាជ្យបុត្រា
និងព្រះវិញ្ញាណជាព្រះត្រៃអង្គថ្កើងថ្កានឥតហ្មង
ដែលគង់ជានិច្ច ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (វវ ២២,៤-៥)

គេ​នឹង​ឃើញ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ ហើយ​នៅ​លើ​ថ្ងាស​គេ​ក៏​មាន​ដៅ​ព្រះ‌នាម​ព្រះ‌អង្គ​ដែរ។ នៅ​ក្រុង​នោះ គ្មាន​យប់​ទៀត​ទេ គេ​ក៏​លែង​ត្រូវ​ការ​ពន្លឺ​ចង្កៀង ឬ​ពន្លឺ​ព្រះ‌អាទិត្យ​ទៀត​ដែរ ដ្បិត​ព្រះ‌ជា‌អម្ចាស់​ព្រះ‌អង្គ​ជា​ពន្លឺ​បំភ្លឺ​គេ ហើយ​គេ​នឹង​គ្រង​រាជ្យ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។

បន្ទរៈ ទូលបង្គំសូមប្រគល់វិញ្ញាណរបស់ទូលបង្គំទៅក្នុងព្រះហស្តព្រះអង្គវិញ។

  • សូមបែរព្រះភក្រមកទតអ្នកបម្រើរបស់ព្រះអង្គ។
  • សូមកោតសរសើរព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។

ទំនុកតម្កើងរបស់លោកតាស៊ីម៉ូន (លក ២,២៩-៣២)

រដូវធម្មតា
បពិត្រព្រះបិតាជាអម្ចាស់! សូមសង្គ្រោះយើងខ្ញុំ នៅពេលយើងរង់ចាំព្រះអង្គ សូមរក្សាការពារយើងខ្ញុំនៅពេលកំពុងដេកលង់លក់ ដូច្នេះយើងខ្ញុំនឹងទន្ទឹងរង់ចាំព្រះអង្គជាមួយព្រះគ្រឹស្ត ហើយយើងខ្ញុំនឹងសម្រាកយ៉ាងសុខសាន្ត។
រដូវរង់ចាំអ្នកនឹងឃើញព្រះគ្រីស្តជាព្រះសង្គ្រោះរបស់អ្នក មុនពេលអ្នកត្រូវស្លាប់។
រដូវបុណ្យណូអែលខ្ញុំបានឃើញព្រះសង្គ្រោះដោយផ្ទាល់នឹងភ្នែក ព្រះអង្គជាពន្លឺបំភ្លឺមនុស្សលោក។
រដូវត្រណមបពិត្រព្រះជាម្ចាស់ប្រកបដោយឫទ្ធានុភាពសព្វប្រការ ព្រះអង្គជាព្រះដ៏វិសុទ្ធ និងមានព្រះជន្មគង់នៅអស់កល្បជានិច្ច! សូមឱ្យធម៌មេត្តាករុណារបស់ព្រះអង្គស្ថិតនៅជាមួយយើងខ្ញុំ។
រដូវបុណ្យចម្លងព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ អាលេលូយ៉ា! ព្រះអង្គប្រទានឱ្យយើងខ្ញុំបានពោរពេញដោយព្រះពន្លឺរបស់ព្រះអង្គ អាលេលូយ៉ា!។
២៩«បពិត្រ​ព្រះ​ដ៏​ជា​ចៅហ្វាយ! ឥឡូវ​នេះ ព្រះ‌អង្គ​បាន​សម្រេច​តាមព្រះ‌បន្ទូល​សន្យា​ហើយ។
ដូច្នេះ សូម​ឱ្យទូល‌បង្គំជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ
លា​ចាក​លោក​នេះ​ទៅ ដោយ​សុខ‌សាន្ត​ផង​ចុះ
៣០ដ្បិត​ភ្នែក​ទូល‌បង្គំ​បាន​ឃើញ​ការ​សង្គ្រោះ
៣១ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​ឱ្យ ប្រជា‌ជាតិ​ទាំង​អស់
៣២គឺ​ជា​ពន្លឺ​ដែល​នាំ​ឱ្យ​មនុស្សគ្រប់​ជាតិ​សាសន៍​ស្គាល់​ព្រះ‌អង្គ
និង​ជា​សិរី‌រុង​រឿង​របស់​អ៊ីស្រា‌អែលជា​ប្រជា‌រាស្ដ្រ​ព្រះ‌អង្គ»។
សូមកោតសរសើរព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន។

ទំនុកតម្កើងរបស់លោកតាស៊ីម៉ូន លក ២,២៩-៣២ (បទពាក្យ ៧)

២៩“បពិត្រព្រះម្ចាស់ជាចៅហ្វាយពេលនេះឯងហើយទ្រង់សម្រេច
តាមព្រះបន្ទូលគ្មានកលកិច្ចសន្យាឥតភ្លេចលុះឥឡូវ
ដូច្នេះសូមឱ្យរូបខ្ញុំជាបំរើគ្រប់គ្រាផុតហ្មងសៅ
សូមឱ្យខ្ញុំចាកលោកនេះទៅខ្ញុំបានជួបនូវក្តីសុខសាន្ត
៣០ព្រោះដ្បិតភ្នែកខ្ញុំបានឃើញច្បាស់ពីការសង្គ្រោះមិនដែលខាន
៣១ដែលព្រះអង្គទ្រង់ប្រោសប្រទានដល់ប្រជាជនគ្រប់ជាតិសាសន៍
៣២គឺជាពន្លឺដែលនាំឱ្យគ្រប់ជាតិជិតឆ្ងាយស្គាល់ព្រះម្ចាស់
និងជាសិរីរុងរឿងច្បាស់អ៊ីស្រាអែលជារាស្ត្រនៃព្រះអង្គ
សូមកោតសរសើរព្រះបិតាព្រះរាជបុត្រា ព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរឥតសៅហ្មងយូរលង់កន្លងតរៀងទៅ

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតាជាអម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត! ព្រះបន្ទូលដែលជាពន្លឺអស់កល្បជានិច្ចបានបំភ្លឺភ្នែករបស់យើងខ្ញុំ។ យប់នេះ សូមព្រះអង្គរក្សាការពារវិញ្ញាណរបស់យើងខ្ញុំដោយសុខសាន្តផង ហើយនៅពេលដែលជីវិតរបស់ខ្ញុំផុតរលត់ទៅ សូមឱ្យយើងខ្ញុំបានចូលទៅក្នុងស្ថានបរមសុខ ដោយរួមជាមួយព្រះយេស៊ូជាព្រះគ្រីស្ត និងជាព្រះអម្ចាស់យើងខ្ញុំ។ អាម៉ែន។

សូមព្រះអម្ចាស់ គឺព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធរក្សាការពារ និងប្រទានព្រះពរឱ្យយើងខ្ញុំផង។ អាម៉ែន។


ថ្ងៃសៅរ៍

Saturday

ថ្ងៃអាទិត្យ

Sunday

ថ្ងៃចន្ទ

Monday

ថ្ងៃអង្គារ

Tuesday

ថ្ងៃពុធ

Wednesday

ថ្ងៃព្រហស្បតិ៍

Thursday

ថ្ងៃសុក្រ

Friday

1,682 Views

Theme: Overlay by Kaira