ថ្ងៃអង្គារ អាទិត្យទី២៤
រដូវធម្មតា ឆ្នាំ«គូ»
ពណ៌ស
ថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦
បុណ្យរម្លឹក
ព្រះនាងព្រហ្មចារិនីម៉ារីរងទុក្ខលំបាក
សូមចុចទីនេះ
ពេលព្រះយេស៊ូបង្ហាញព្រះហឫទ័យមេត្តាករុណារបស់ព្រះបិតា ព្រះអង្គដូចជាសូមឱ្យមនុស្សជ្រើសរើសផ្លូវមួយ ឬម្យ៉ាងទៀតទទួលស្គាល់ធម៌មេត្តាករុណានេះ ហើយប្រព្រឹត្តតាម ឬម្យ៉ាងបដិសេធមិនអើពើនឹងធម៌មេត្តាករុណានេះ។ ព្រះយេស៊ូសង្គ្រោះអស់អ្នកដែលជឿសង្ឈឹមលើព្រះអង្គ។ ព្រះនាងម៉ារីហាក់ “ឈឺចុកចាប់យ៉ាងខ្លាំង ដូចជាមានដាវមួយមកចាក់ទម្លុះដូងចិត្តរបស់នាង” ដោយឃើញព្រះយេស៊ូរងទុក្ខលំបាក និងឃើញមនុស្សបែកបាក់យ៉ាងនេះ មិនព្រមទទួលស្គាល់ព្រះហឫទ័យស្រឡាញ់របស់ព្រះបុត្រារបស់ព្រះនាងដែរ។
សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ១ករ ១២,១២-១៤.២៧-៣១
បងប្អូនជាទីស្រឡាញ់!
សូមបងប្អូនគិតមើល! ទោះបីមនុស្សមានសរីរាង្គច្រើនយ៉ាងណាក្ដី ក៏មានរូបកាយតែមួយ។ សរីរាង្គទាំងនោះ ផ្សំគ្នាជារូបកាយតែមួយ។ ចំពោះព្រះគ្រីស្ដក៏ដូច្នេះដែរ យើងទាំងអស់គ្នា ទោះបីជាសាសន៍យូដាក្ដី សាសន៍ក្រិកក្ដី អ្នកងារក្ដី អ្នកជាក្ដី ក៏យើងបានទទួលពិធីជ្រមុជក្នុងព្រះវិញ្ញាណតែមួយ ដើម្បីផ្សំគ្នាឡើងក្នុងព្រះកាយតែមួយ ហើយយើងទាំងអស់គ្នាក៏សុទ្ធតែបានទទួលទានពីព្រះវិញ្ញាណតែមួយដែរ។ រូបកាយមិនមែនមានសរីរាង្គតែមួយទេ គឺមានច្រើន។ បងប្អូនជាព្រះកាយរបស់ព្រះគ្រីស្ដ ហើយម្នាក់ៗជាសរីរាង្គនៃព្រះកាយនេះ តាមចំណែករៀងៗខ្លួន។ ក្នុងព្រះសហគមន៍មុនដំបូងបង្អស់ ព្រះជាម្ចាស់បានតែងតាំងឱ្យមានសាសនទូត បន្ទាប់មកព្រះអង្គតែងតាំងអ្នកថ្លែងព្រះបន្ទូល បន្ទាប់មកទៀត ព្រះអង្គតែងតាំងអ្នកបង្រៀន។ ក្រោយមក មានព្រះអំណាយទានខាងធ្វើការអស្ចារ្យ ព្រះអំណោយទានខាងប្រោសអ្នកជំងឺឱ្យជា ព្រះអំណោយទានខាងជួយអ្នកដទៃ ព្រះអំណោយទានខាងណែនាំព្រះអំណោយទានខាងនិយាយភាសាចំឡែកអស្ចារ្យ។ តើគ្រប់គ្នាសុទ្ធតែជាសាសនទូតឬ? គ្រប់គ្នាសុទ្ធតែជាអ្នកថ្លែងព្រះបន្ទូលឬ? គ្រប់គ្នាសុទ្ធតែជាអ្នកបង្រៀនឬ? គ្រប់គ្នាសុទ្ធតែធើ្វការអស្ចារ្យឬ?។ តើគ្រប់គ្នាសុទ្ធតែទទួលព្រះអំណោយទានខាងប្រោសអ្នកជំងឺឱ្យជាឬ? គ្រប់គ្នាសុទ្ធតែមានព្រះអំណោយទានខាងនិយាយភាសាចម្លែកអស្ចារ្យឬ?។ គ្រប់គ្នាសុទ្ធតែមានព្រះអំណោយទានខាងបកប្រែភាសាចម្លែកអស្ចារ្យឬ?។ ចូរប៉ងប្រាថ្នាចង់បានព្រះអំណោយទានណាដែលសំខាន់ៗជាងគេ។
ទំនុកតម្កើងលេខ ១០០ (៩៩) ,១-៥ បទកាកគតិ
| ១ | មនុស្សលើផែនដី | ទាំងប្រុសទាំងស្រី | ចូរអបអរឡើង |
| សាទរព្រះម្ចាស់ | ជាព្រះថ្កុំថ្កើង | ព្រះម្ចាស់នៃយើង |
| | កុំរាឡើយណា | ។ |
| ២ | នាំគ្នាគោរព | ទាំងថ្ងៃទាំងយប់ | ដោយចិត្តជ្រះថ្លា |
| នាំគ្នាមកជិត | អង្គព្រះចេស្ដា | ច្រៀងហ៊ោរខ្ញៀវខ្ញា |
| | ដោយអរសប្បាយ | ។ |
| ៣ | ចូរដឹងគ្រប់គ្នា | ថាព្រះម្ចាស់ជា | ព្រះយើងគ្រប់កាយ |
| ជាព្រះអម្ចាស់ | ពិតឥតក្លែងក្លាយ | បង្កើតយើងហើយ |
| | ទ្រង់ថែថ្នាក់ថ្នម | ។ |
| ៤ | យើងនាំគ្នីគ្នា | ចូលកុំរួញរា | ដំណាក់សក្ដិសម |
| ទាំងអរព្រះគុណ | ព្រះម្ចាស់ឧត្តម | សរសើរបង្គំ |
| | ព្រះនាមព្រះអង្គ | ។ |
| ៦ | ដ្បិតព្រះអម្ចាស់ | ទ្រង់សប្បុរសណាស់ | ករុណាហ្មត់ហ្មង |
| គង់នៅស្ថិតស្ថេរ | អង្វែងកន្លង | ស្មោះស្ម័គ្រច្បាស់ច្បង |
| | អស់កល្បតទៅ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ៧,១៦
អាលេលូយ៉ា! អាលេលូយ៉ា!
សូមសរសើរលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់យើងខ្ញុំ ព្រះអង្គយាងមករំដោះប្រជារាស្រ្ដរបស់ព្រះអង្គ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៧,១១-១៧
ព្រះយេស៊ូយាងឆ្ពោះទៅភូមិមួយឈ្មោះណាអ៊ីន។ សាវ័ករបស់ព្រះអង្គ និងបណ្ដាជនជាច្រើនក៏ធ្វើដំណើរទៅជាមួយព្រះអង្គដែរ។ ពេលព្រះអង្គយាងមកជិតដល់ទ្វារកំពែងក្រុង មានគេដង្ហែសពយកទៅបញ្ចុះ។ បុគ្គលដែលស្លាប់នោះ ជាកូនប្រុសតែមួយរបស់ស្រ្ដីមេម៉ាយម្នាក់។ អ្នកស្រុកជាច្រើនមកជួយដង្ហែសពជាមួយគាត់។ កាលព្រះអម្ចាស់ឃើញស្រ្ដីមេម៉ាយនោះ ព្រះអង្គមានព្រះហប្ញទ័យអាណិតអាសូរគាត់យ៉ាងខ្លាំង។ ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖«សូមកុំយំអី!»។ ព្រះអង្គយាងចូលទៅជិត ទ្រង់ពាល់មឈូស។ ពួកអ្នកសែងក៏នាំគ្នាឈប់។ ព្រះអង្គមានព្រះបន្ទូលថា៖«អ្នកកំលោះអើយ! ចូរក្រោកឡើង»។ រំពេចនោះ បុគ្គលដែលស្លាប់ក៏ក្រោកឡើងអង្គុយ ហើយចាប់ផ្ដើមនិយាយស្ដី។ ព្រះយេស៊ូប្រគល់អ្នកកំលោះទៅម្ដាយវិញ។ គេស្ញែងខ្លាចទាំងអស់គ្នា ហើយលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ដោយពោលថា៖«មានព្យាការីដ៏ប្រសើរឧត្តមម្នាក់មកនៅក្នុងចំណោមយើងហើយ! ព្រះជាម្ចាស់យាងមករំដោះប្រជារាស្រ្ដរបស់ព្រះអង្គ»។ ពាក្យដែលគេនិយាយអំពីព្រះយេស៊ូបានលេចឮពាសពេញក្នុងស្រុកយូដា និងតំបន់ជិតខាងទាំងមូល។
579 Views
Post Views:
584