(PDF)

ទំនុកតម្កើងលេខ ១ បទកាកគតិ

អ្នកមិនប្រព្រឹត្តតាមមនុស្សទុច្ចរិតមិនស្តាប់ទូន្មាន
ហើយមិនចូលចិត្តដើរតាមស្នាមដានអ្នកនោះនឹងមាន
មង្គលពេកក្រៃ ។
តែតាមការពិតពួកគេចូលចិត្តនឹងធម្មវិន័យ
របស់ព្រះម្ចាស់ទាំងយប់ទាំងថ្ងៃសញ្ជឹងរំពៃ
ឥតមានភ្លេចភ្លឹក ។
អ្នកនោះប្រៀបបានដើមឈើល្អថ្កានដុះក្បែរផ្លូវទឹក
មិនស្លោកស្រពោនឱ្យផលផ្លែស្លឹកចម្រើនសន្ធឹក
តាមកាលរដូវ ។
រីមនុស្សអាក្រក់មានចិត្តគម្រក់កេរ្តិ៍ឈ្មោះអាស្រូវ
ពួកគេប្រៀបបានអង្កាមដែលត្រូវខ្យល់ផាត់ប៉ើងទៅ
បាចសាចខ្ចាត់ខ្ចាយ ។
ថ្ងៃព្រះអម្ចាស់វិនិច្ឆ័យទោសជនពាលទាំងឡាយ
ព្រមទាំងមនុស្សបាបមិនស្ថិតស្ថេរឡើយត្រូវតែឃ្លាតឆ្ងាយ
ពីអ្នកសុចរិត ។
ដ្បិតព្រះអម្ចាស់ស្គាល់ប្រាកដណាស់មាគ៌ាប្រណីត
នៃមនុស្សល្អស្មោះសរសុចរិតមាគ៌ាឧក្រិដ្ឋ
នាំខ្លួនអន្តរាយ ។

ទំនុកតម្កើងលេខ ២ បទពាក្យ ៧

ហេតុអ្វីបានជាប្រជាជាតិនាំគ្នាខ្មីឃ្មាតកើតកង្វល់
បង្កើតវឹកវរចលាចលរអ៊ូខ្វាយខ្វល់គ្មានខ្លឹមសារ
ពួកស្តេចនៅលើភពផែនដីបះបោរពួតដៃឃុបឃិតគ្នា
ប្រឆាំងព្រះម្ចាស់ឥតរួញរានិងព្រះគ្រីស្តជាបុត្រព្រះអង្គ
គេពោលថា៖ «យើងទៅបំបាក់នឹមព្រះអម្ចាស់កុំរេរង់
គ្រវែងច្រវាក់កុំបង្អង់របស់ព្រះអង្គចោលចេញទៅ!»
ប៉ុន្តែព្រះអម្ចាស់គ្រងរាជ្យពេញដោយអំណាចមិនអាស្រូវ
នាស្ថានបរមសុខគ្មានហ្មងសៅចំអកដាក់ទៅខ្មាំងល្ងង់ឆោត
ព្រះអង្គមានព្រះបន្ទូលទៅពួកខ្មាំងសត្រូវដោយក្រេវក្រោធ
ទ្រង់ធ្វើឱ្យគេភ័យតក់ស្លុតដោយព្រះពិរោធដូច្នេះថា៖
«គឺយើងនេះហើយដែលអភិសេកឱ្យទៅដល់ស្តេចយើងនោះណា
នៅលើស៊ីយ៉ូនភ្នំដែលជាទីដ៏សុខាសែនវិសុទ្ធ»
ខ្ញុំនឹងថ្លែងក្រឹត្យព្រះអម្ចាស់មានបន្ទូលច្បាស់យ៉ាងមោះមុត
ថា៖ «ព្រះអង្គនេះពិតជាបុត្រដែលយើងបង្កើតនៅថ្ងៃនេះ»
បើព្រះអង្គសុំយើងនឹងផ្តល់ប្រជាជាតិដល់ទ្រង់ទាំងអស់
ឱ្យព្រះអង្គទុកជាមត៌កផែនដីទាំងអស់ជាកម្មសិទ្ធិ
ទ្រង់នឹងបង្ក្រាបមិនទុកទេឱ្យអស់ពួកគេទើបអស់ចិត្ត
ដំបងដែកវាយជនទុច្ចរិតកំពាចកំពិតដូចភាជន៍បែក
១០ស្តេចទាំងឡាយអើយឥឡូវនេះចូរគិតត្រិះរិះកុំរារែក
អស់អ្នកគ្រប់គ្រងកុំអស់អែកត្រូវចេះបែងចែកទទួលយក
១១នូវការអប់រំដ៏ប្រពៃបម្រើម្ចាស់ថ្លៃដោយចូលមក
គោរពកោតខ្លាចក្រាបលុតក្រោកគាល់រកព្រះអង្គទាំងញាប់ញ័រ
១២ចូរថ្វាយបង្គំព្រះរាជបុត្រក្រែងទ្រង់ពិរោធនាំបង្ក
វិនាសអន្តរាយទាំងមាគ៌ានៃអ្នករាល់គ្នាគ្មានប្រណី
ដ្បិតព្រះពិរោធនៃព្រះអង្គនឹងឆាបឆេះឡើងឆាប់ៗក្រៃ
អ្នកដែលជ្រកកោនក្រោមបារមីពិតជាមានជ័យសុភមង្គល

ទំនុកតម្កើងលេខ ៣ បទបន្ទោលកាក

ឱ! ព្រះអម្ចាស់សត្រូវច្រើនណាស់ជិតជុំ
អ្នកប្រឆាំងខ្ញុំក៏មកមូលផ្តុំច្រើនដែរ
អ្នកខ្លះពោលថា៖«អង្គម្ចាស់ក្សត្រាងាកបែរ
មិនសង្គ្រោះទេទ្រង់ទុកឱ្យគេឯកា»
ឱ! ព្រះអម្ចាស់ទ្រង់វិសេសណាស់អស្ចារ្យ
ជាខែលការពារដល់ខ្ញុំនេះណាពិតណាស់
ព្រះអង្គប្រទានសិរីឱ្យមានត្រចះ
ហើយព្រះអង្គប្រោសឱ្យខ្ញុំងើបមុខវិញបាន
ខ្ញុំហៅរកព្រះជាម្ចាស់អស់ពីចិត្តប្រាណ
ព្រះអង្គក៏បានតបឆ្លើយពីភ្នំឥតសល់
ខ្ញុំទម្រេតខ្លួនលង់លក់សមសួនស្កប់ស្កល់
ភ្ញាក់ឡើងឥតខ្វល់ដ្បិតទ្រង់ផ្តល់ការគាំទ្រ
ទោះបីមានមនុស្សលើកគ្នាស្រីប្រុសឈូឆរ
ប្រឆាំងតបតក៏ខ្ញុំមិនភ័យខ្លាចដែរ
ព្រះអម្ចាស់អើយសូមកុំព្រងើយងាកបែរ
សូមកុំកែប្រែមេត្តាជួយរូបខ្ញុំផង
ព្រះអង្គមិនខ្លាចទ្រង់ប្រើអំណាចតែម្តង
បំបាក់ធ្មេញផងទះកំផ្លៀងខ្មាំងសត្រូវ
ឱ! ព្រះអម្ចាស់ទ្រង់ពិតជាព្រះនាំផ្លូវ
សូមប្រទាននូវព្រះពរដល់ទៅរាស្រ្តផង

ទំនុកតម្កើងលេខ ៤ បទពាក្យ៧

ឱព្រះអម្ចាស់ថ្លៃបវរដែលរកយុត្តិធម៌ឱ្យយើងខ្ញុំ
ពេលទូលបង្គំអង្វរសុំសូមតបមកខ្ញុំកុំបង្អង់
ពេលយើងខ្ញុំមានទុក្ខធុរៈព្រះអង្គថ្នមថ្នាក់មិនឱ្យឆ្គង
យើងបានធូរស្បើយផុតសៅហ្មងសូមសណ្តាប់ផងដោយមេត្តា
តើពួកមនុស្សទាំងអស់នោះជាន់ឈ្លីកិត្តិយសខ្ញុំដល់ណា
ហើយចូលចិត្តអ្វីមិនបានការនិយាយមុសាដល់ណាទៀត ?
ត្រូវដឹងថាព្រះជាអម្ចាស់តែងប្រណីប្រោសមិនរវាត
ពេលខ្ញុំស្រែករកព្រះអង្គឆ្លៀតស្តាប់ខ្ញុំមិនឃ្លាតជាប់ជានិច្ច
ចូរស្អប់អំពើណាអាក្រក់ស្មោកគ្រោកកខ្វក់មានកលល្បិច
កុំប្រព្រឹត្តបាបទោះច្រើនតិចពេលដេកកុំភ្លេចពិចារណា
ថ្វាយយញ្ញបូជាតាមវិន័យពឹងផ្អែកក្សត្រថ្លៃគ្រងលោកា
លះបង់ឱ្យអស់ក្តីមុសាថ្វាយ កាយ វាចា ចិត្ត ស្មោះត្រង់
មានមនុស្សជាច្រើនតែងពោលថាតើមាននរណានាំតម្រង់
សុភមង្គលដ៏ត្រចង់ឱ្យយើងខ្ញុំផងសូមទតចុះ
ព្រះអង្គបានដាក់ក្តីអំណរសប្បាយអបអរចិត្តស្រស់បស់
ជាងពេលប្រមូលផលទាំងអស់និងពេលច្រូតបេះផលផ្លែផ្កា
ពេលទូលបង្គំចូលដំណេកទូលបង្គំដេកស្កប់កាយា
ព្រះអង្គឱ្យមនុស្សក្នុងលោកាបានសុខរមនាតទៅអើយ

ទំនុកតម្កើងលេខ ៥ បទព្រហ្មគីតិ

ឱ! ព្រះអម្ចាស់អើយកុំកន្តើយផ្ទៀងព្រះកាណ៌
ស្តាប់សព្ទខ្ញុំវាចាខ្ញុំឈឺផ្សារពន់ពេកក្រៃ
ឱ! ព្រះជាអម្ចាស់ទ្រង់ជាព្រះមហាក្សត្រថ្លៃ
សូមយកព្រះហឫទ័យនឹងសម្រែកទូលបង្គំ
នាពេលអារុណរះព្រះអម្ចាស់សណ្តាប់ខ្ញុំ
ដែលចូលមកគាល់សុំពីព្រលឹមមិនទៅណា
ទ្រង់មិនសព្វព្រះទ័យអំពើព្រៃផ្សៃឫស្យា
ជនអាក្រក់មុសាក្បែរភក្ត្រាព្រះអង្គឡើយ
ព្រះអង្គមិនចង់ឃើញជនព្រហើនចូលកៀកកើយ
មិនសព្វព្រះទ័យឡើយជនណាហើយធ្វើអាក្រក់
អស់អ្នកបង្ហូរឈាមអស់អ្នកបៀមល្បិចកខ្វក់
ពួកអ្នកភូតកុហកបោកវីវក់វិនាសបង់
រីឯទូលបង្គំចូលក្នុងដំណាក់ព្រះអង្គ
ដោយព្រះហឫទ័យទ្រង់សប្បុរសខ្លាំងអស្ចារ្យ
រូបខ្ញុំសូមឱនក្រាបបង្គំទាបទាំងកាយា
តម្រង់ទៅវិហារដ៏វិសុទ្ធទាំងកោតខ្លាច
ឱ! ព្រះជាអម្ចាស់មនុស្សច្រើនណាស់ឃ្លាំព្រឹកល្ងាច
សូមនាំឱ្យខ្ញុំអាចធ្វើតាមរាជហឫទ័យផង
សូមជួយពង្រាបផ្លូវខ្ញុំដើរទៅឱ្យបានត្រង់
ជាផ្លូវនៃព្រះអង្គនាំតម្រង់ខ្ញុំតទៅ
១០អ្នកទាំងនោះស្រដីពាក្យគ្មានន័យមិនត្រឹមត្រូវ
អណ្តាតគ្រលាស់នូវពាក្យអាស្រូវដោយពិសពុល
១១ឱ! ព្រះជាម្ចាស់អើយសូមកុំឱ្យមានយោគយល់
ឱ្យវិនាសគ្មានសល់ដោយគម្រោងការផងខ្លួន
ពួកគេបានប្រព្រឹត្តរឿងទុច្ចរិតច្រើនផ្ទួនៗ
ប្រឆាំងនឹងក្សត្រខ្លួនល្មមសមសួនកាត់កាល់ចុះ
១២រីឯអ្នកជ្រកកោនដោយថ្វាយខ្លួនសុំរួមរស់
ក្រោមបារមីសន្តោសសូមសង្គ្រោះថែរក្សា
១៣បពិត្រព្រះអម្ចាស់ប្រាកដណាស់មានមេត្តា
ប្រទានពរថ្លៃថ្លាដល់មនុស្សម្នាដែលសុចរិត
ហឫទ័យករុណាប្រៀបឧបមាខែលជុំជិត
ការពារជនសុចរិតឱ្យរួចផុតក្តីសៅហ្មង

ទំនុកតម្កើងលេខ ៦ បទពាក្យ៧

សូមព្រះអម្ចាស់កុំពិរោធបើទ្រង់ខ្ញាល់ក្រោធសូមដាក់ទោស
ដល់ទូលបង្គំតាមកំហុសដែលបានធ្វើខុសកុំចាប់ថ្នាក់
ព្រះអម្ចាស់អើយប្រណីប្រោសខន្តីសន្តោសបង្គំជាក់
សូមប្រោសឱ្យជាកុំអន់អាក់ដ្បិតកាយញ័រញាក់សែនរងា
ក្នុងចិត្តគំនិតទាល់ថប់ធុញតប់ប្រមល់សុញសែនវេទនា
ឱ! ព្រះអម្ចាស់សូមករុណាឱ្យខ្ញុំឈឺផ្សាដល់ណាទៀត
ឱ! ព្រះអម្ចាស់សូមយាងមកសង្គ្រោះមនុស្សលោកកុំរវាត
កុំឱ្យរូបខ្ញុំជួបទុក្ខទៀតកុំបីឃ្លាងឃ្លាតពីហឫទ័យ
ពេលដែលគេស្លាប់ផុតទៅហើយពុំដែលមានឡើយនឹកស្រមៃ
ដល់នាមព្រះអង្គម្ចាស់ថ្លាថ្លៃនៅនាស្ថាននៃមនុស្សស្លាប់ឡើយ
ទូលបង្គំយំស្រែកទួញថ្ងូរគ្មានឈប់គ្មានឈរឮល្វើយៗ
រៀងរាល់ថ្ងៃយប់ទុក្ខឥតស្បើយទឹកភ្នែកជោកខ្នើយនៅលើគ្រែ
ទុក្ខកង្វល់ច្រើនធ្វើឱ្យខ្ញុំស្លេកស្លាំងស្គមគ្មានពេលល្ហែ
ឯភ្នែកខ្ញុំក៏ស្រវាំងដែរនេះពីព្រោះតែបច្ចាមិត្ត
ចូរចៀសចេញចាកឆ្ងាយពីខ្ញុំកុំពួនសំងំមនុស្សទុច្ចរិត
ដ្បិតព្រះអម្ចាស់សណ្តាប់ពិតរៀងរាល់យប់ព្រឹកខ្ញុំស្រែកយំ
១០ព្រះអម្ចាស់ទ្រង់ព្រះសណ្តាប់ពាក្យខ្ញុំរ៉ាយរ៉ាប់ដោយក្រៀមក្រំ
ព្រះអង្គទទួលអង្វរខ្ញុំឥតមានបន្លំមួយម៉ាត់សោះ
១១សូមខ្មាំងសត្រូវទាំងប៉ុន្មានចិត្តជាតិរច្ឆានត្រូវអាម៉ាស់
ដកខ្លួនថយទៅទាំងអៀនខ្មាស់ខ្ចាត់ខ្ចាយព្រាត់ប្រាសបាត់សោះសូន្យ

ទំនុកតម្កើងលេខ ៧ បទពាក្យ៧

ឱ! ព្រះជាអម្ចាស់ខ្ញុំអើយខ្ញុំសូមពឹងហើយលើព្រះអង្គ
សង្គ្រោះរំដោះនិងទ្រទ្រង់រួចពីអន្លង់អ្នកបៀតបៀន
ក្រែងលោគេហែកទូលបង្គំដូចសត្វសិង្ហខាំដោយស្រេកឃ្លាន
នោះគ្មាននរណាអាចនឹងហ៊ានរំដោះឱ្យបានរួចជីវិត
ឱ! ព្រះអម្ចាស់ទូលបង្គំប្រសិនបើខ្ញុំបានប្រព្រឹត្ត
ដូចពាក្យគេថាដោយគ្មានគិតប្រឡាក់ដាមដិតក្តីកខ្វក់
ប្រសិនបើទូលបង្គំបានប្រព្រឹត្តសាមាន្យចិត្តអាក្រក់
តបនឹងមិត្តភក្តិដោយគម្រក់រឹបអូសលួចឆក់យកទ្រព្យា
សូមឱ្យសត្រូវខ្មាំងដេញទាន់និងឱ្យគេជាន់ឈ្លីប្រហារ
ព្រមទាំងកិត្តិយសខ្ញុំនេះណាទម្លាក់អាត្មាក្នុងភក់ចុះ
ឱ! ព្រះអម្ចាស់សូមតើនឡើងពិរោធឱ្យប៉ើងតបចំពោះ
អំពើឃោរឃៅសត្រូវនេាះដ្បិតអង្គសប្បុរសតែងតាំងច្បាប់
សូមឱ្យប្រជាជាតិនានាចោមរោមនាំគ្នាមកត្រងត្រាប់
ជុំវិញព្រះអង្គល្អគួរគាប់លើអស់មនុស្សសព្វសត្វនានា
ព្រះអង្គជាចៅក្រមវិនិច្ឆ័យប្រជាប្រុសស្រីគ្រប់អង្គា
ព្រះអម្ចាស់អើយសូមមេត្តារូបខ្ញុំនេះណាអ្នកស្លូតត្រង់
១០សូមឈប់ធ្វើអំពើទុច្ចរិត​ជួយគាំទ្រចិត្តមនុស្សរឹងប៉ឹង
បពិត្រព្រះដ៏សុចរិតថ្កើងព្រះអង្គតែងឈ្វេងយល់ចិត្តមនុស្ស
១១ព្រះអង្គជាខែលការពារខ្ញុំទ្រង់ជួយឧបត្ថម្ភនិងសង្គ្រោះ
អ្នកដែលមានចិត្តទៀងត្រង់ស្មោះបានភ្លឺត្រចះត្រចង់ជាក់
១២ព្រះម្ចាស់ជាចៅក្រមសុចរិតព្រះអង្គតែងគិតដាក់ទោសអ្នក
ប្រព្រឹត្តអាក្រក់ឥតមានអាក់គ្មាននរណាម្នាក់រួចខ្លួនទេ
១៣ជនអាក្រក់មិនដូរគំនិតសំលៀងកាំបិតដាវរិះរេ
យិតធ្នូប្រុងបាញ់ប្រហារគេព្រៃផ្សៃម៉្លេះទេជនអប្រីយ៍
១៤គេនឹងរៀបចំអាវុធស្នាដើម្បីប្រហារអ្នកដទៃ
ព្រមទាំងត្រៀមបាញ់ព្រួញភ្លើងជ័យសម្លឹងរំពៃចាំជាស្រេច
១៥អ្នកណាគិត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តែពីប្រព្រឹត្តអំពើទុច្ចរិតមួលបង្កាច់
សាងរឿង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឧក្រិដ្ឋជាចាំបាច់ចូលចិត្តសម្រេចរឿងបោកប្រាស
១៦រីអ្នក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលខំជីករណ្តៅឱ្យកាន់តែជ្រៅអ្នកនោះច្បាស់
នឹងធ្លាក់ខ្លួនឯងប្រាកដណាស់ព្រោះខ្លួនគេនោះជីកកកាយ
១៧អំពើទុច្ចរិតដែលគេបានធ្វើមិនស្រាកស្រាន្តមិនជិនណាយ
អំពើឃោរឃៅនាំអន្តរាយធ្លាក់លើរូបកាយក្បាលគេពិត
១៨ខ្ញុំនឹងសរសើរតម្កើងព្រះអម្ចាស់មានហឫទ័យសុចរិត
ខ្ញុំនឹងច្រៀងលើកតម្កើងឫទ្ធិព្រះនាមបរិសុទ្ធខ្ពស់ឧត្តម

ទំនុកតម្កើងលេខ ៨ បទកាកគតិ

ឱ! ព្រះអម្ចាស់ព្រះអង្គជាព្រះរបស់យើងខ្ញុំ
ព្រះនាមព្រះអង្គរុងរឿងឧត្តមពាសពេញជិតជុំ
ផ្ទៃមេឃផែនដី
ព្រះអង្គបានប្រើពាក្យកោតសរសើរតម្កើងថ្លាថ្លៃ
របស់ក្មេងៗនិងទារកក្តីជាកម្លាំងជ័យ
លើសត្រូវមារ
ពេលទូលបង្គំសម្លឹងមើលចំទៅផ្ទៃមេឃា
មើលហ្វូងតារាមើលព្រះចន្ទ្រាដ៏ស្រស់សោភា
ស្នាព្រះហស្តថ្លៃ
ខ្លួនខ្ញុំសួរថាតើមនុស្សយើងណាមានឋានៈអ្វី
បានជាព្រះអង្គនឹកគិតរំពៃយកព្រះហឫទ័យ
ទុកដាក់ដូច្នោះ?
ព្រះអង្គប្រទានឱ្យមនុស្សយើងមានកិត្តិយសខ្ពង់ខ្ពស់
ទាបជាងទេវតាបន្តិចប៉ុណ្ណោះទៅដល់មនុស្ស
ទុកជាមកុដរាជ្យ
ព្រះអម្ចាស់ទ្រង់ឱ្យគេគ្រប់គ្រងរាល់ថ្ងៃព្រឹកល្ងាច
លើអ្វីទាំងអស់ពេញដោយអំណាចព្រមទាំងបង្ក្រាប
នៅក្រោមជើងគេ
ដោយសារអំណាចអ្វីៗមិនអាចផ្លាស់ប្តូប្រួលប្រែ
ទាំងចៀមទាំងគោសត្វព្រៃផងដែរឱ្យមនុស្សមើលថែ
ប្រើប្រាស់គ្រប់គ្រង
ព្រមទាំងបក្សីនៅលើផែនដីនៅលើមេឃផង
ត្រីក្នុងសមុទ្រសព្វសត្វតែម្តងសត្វលូនវារផង
មកនៅជួបជុំ
១០បពិត្រព្រះម្ចាស់ព្រះអង្គជាព្រះរបស់យើងខ្ញុំ
ព្រះនាមព្រះអង្គរុងរឿងឧត្តមពាសពេញជិតជុំ
ផ្ទៃមេឃផែនដី

ទំនុកតម្កើងលេខ ៩ បទពាក្យ៧

បពិត្រព្រះម្ចាស់ជាទីពឹងទូលបង្គំនឹងលើកតម្កើង
និទានពីការអស្ចារ្យឡើងមានទាំងប៉ុន្មានឱ្យគេស្តាប់
ព្រោះតែព្រះអង្គខ្ញុំត្រេកអររីករាយសាទរជាដរាប
បពិត្រព្រះអង្គខ្ពស់ឥតប្រៀបសូមទ្រង់សណ្តាប់ចម្រៀងខ្ញុំ
ពួកខ្មាំងសត្រូវដកខ្លួនថយសូមព្រះអង្គជួយទូលបង្គំ
ឱ្យវាជំពប់ជើងដួលគ្រាំវិនាសនៅចំពោះព្រះភក្ត្រ
ទ្រង់រកយុត្តិធម៌ល្អថ្លៃថ្លាឱ្យគេឃើញថារូបខ្ញុំជាក់
គ្មានទោសពៃរ៍អ្វីគួរចាប់ថ្នាក់ក្នុងព្រះឋានៈជាចៅក្រម
ព្រះអង្គគំរាមសាសន៍នានាពួកមនុស្សពាលាវិនាសព្រម
កេរ្តិ៍ឈ្មោះពួកគេត្រូវរលំខ្ចាត់ខ្ចាយទ្រុឌទ្រោមឥតមានសល់
ពួកខ្មាំងសត្រូវនឹងខ្ចាត់ខ្ចាយវិនាសអន្តរាយច្រើនកប្បកល្ប
ទីក្រុងនានារលាយខ្សុលគ្មានគេនឹកដល់ឃើញទៀតឡើយ
ព្រះជាអម្ចាស់ឡើងគ្រងរាជ្យពេញដោយអំណាចសុខឥតស្បើយ
ឡើងគ្រងនៅលើបល្ល័ង្កហើយដើម្បីវិនិច្ឆ័យគ្រប់កិច្ចការ
ព្រះអង្គគ្រប់គ្រងលើផែនដីប្រកបដោយក្តីសុចរិតថ្លា
ទ្រង់វិនិច្ឆ័យទោសប្រជាយុត្តិធម៌ឥតរាមិនអាស្រូវ
១០សូមព្រះអម្ចាស់ជាបន្ទាយការពាររាងកាយអ្នកដែលត្រូវ
គេជិះគេជាន់កប់សែនជ្រៅសូមការពារនៅពេលអាសន្ន
១១សូមឱ្យអស់អ្នកដែលស្គាល់ព្រះនាមព្រះអម្ចាស់ឆាប់រួសរាន់
ទុកចិត្តព្រះអង្គជាបន្ទាន់ទ្រង់មិនធុញទ្រាន់ចោលអ្នកឡើយ
១២ចូរនាំគ្នាច្រៀងលើកតម្កើងព្រះអម្ចាស់យើងដែលគង់កើយ
នៅក្រុងស៊ីយ៉ូនណាអ្នកអើយប្រកាសប្រាប់ហើយជនទាំងឡាយ
១៣ដ្បិតព្រះអង្គដាក់ទោសអ្នកដែលសម្លាប់គេក្រែលឥតសោកស្តាយ
ព្រះអង្គមិនភ្លេចក្តីអន្តរាយសម្រែកជិតឆ្ងាយជនរងគ្រោះ
១៤សូមព្រះមេត្តាទូលបង្គំទតមករូបខ្ញុំដែលជាមនុស្ស
រងទុក្ខលំបាកស្ទើរមិនរស់ព្រោះខ្មាំងទុយ៌សមកពាធា
១៥ទូលបង្គំសរសើរលើកតម្កើងព្រះអង្គគ្រប់យ៉ាងនៅមាត់ទ្វារ
ទីក្រុងស៊ីយ៉ូនរាល់ទិវាសប្បាយគ្រប់គ្នាអរពេកពន់
១៦ប្រជាជាតិនានាធ្លាក់ទៅក្នុងរណ្តៅជ្រៅដ៏សែនធ្ងន់
ជើងជាប់អន្ទាក់យ៉ាងទារុណដែលពួកគេបានដាក់បង្កប់
១៧ព្រះជាអម្ចាស់បានសម្តែងឱ្យដល់គេឯងបានស្គាល់សព្វ
ព្រះអង្គកាត់ទោសមិនឈរឈប់ឱ្យពួកគេជាប់អន្ទាក់ខ្លួន
១៨សូមឱ្យពពួកជនអាក្រក់ជនជាតិកខ្វក់ទាំងប៉ុន្មាន
ដែលគេបំភ្លេចម្ចាស់ថ្កើងថ្កានវិលរកទីស្ថានមនុស្សស្លាប់ចុះ
១៩ព្រះអង្គមិនភ្លេចជនក្រក្រីនៅលើផែនដីនេះទាំងអស់
ឯក្តីសង្ឃឹមដ៏ស្ម័គ្រស្មោះអ្នកវេទនានោះមិនសូន្យឡើយ
២០សូមកុំឱ្យមនុស្សលោកមានជ័យសូមវិនិច្ឆ័យកុំកន្តើយ
ដាក់ទោសប្រជាជាតិនោះហើយនៅជិតបង្កើយព្រះភក្ត្រទ្រង់
២១សូមព្រះអម្ចាស់ធ្វើឱ្យគេតក់ស្លុតឥតរេខ្វះទីពឹង
ឱ្យជាតិទាំងឡាយបានយល់ដឹងថារូបគេហ្នឹងមនុស្សធម្មតា

ទំនុកតម្កើងលេខ ១០ (៩ ត) បទព្រហ្មគីតិ

ឱ! ព្រះជាម្ចាស់អើយហេតុអ្វីឡើយក៏ព្រះអង្គ
ចាកឆ្ងាយយាងទៅគង់សម្ងំឈឹងដូច្នេះណា?
មនុស្សពាលតាមធ្វើបាបអ្នកទន់ទាបរងសោកា
គេប្រើល្បិចឫស្យាឱ្យអ្នកជាជាប់អន្ទាក់
មនុស្សពាលតែងតែអួតកុហកភូតភរលួចលាក់
ពេលបានជោគជ័យជាក់គេចំអកដាក់ព្រះអង្គ
ពួកគេវាយឫកខ្ពស់ពោលទ្រគោះដោយមិនចង់
រវល់នឹងព្រះអង្គគិតលះបង់ព្រះអម្ចាស់
អ្វីៗដែលគេធ្វើតែងប្រសើរចម្រើនណាស់
មិនដែលគិតថាព្រះវិនិច្ឆ័យច្បាស់ទោសនោះឡើយ
គេតែងនឹកគិតថា«អញនេះណាមាំមួនហើយ
មិនរង្គើសោះឡើយទុក្ខទាំងឡាយមិនហ៊ានបៀត»
មាត់គាត់ជេរផ្តាសាមិនបានការពាក្យចោលម្សៀត
បង្កាច់កុហកទៀតស្តែងមារយាទមិនគួររាប់
គេតែងពួនស្ទាក់ចាំនៅក្បែរភូមិត្រៀមសន្ធាប់
គេចាំឃ្លាំមើលជាប់រួចសម្លាប់ជនត្រង់ស្លូត
គេពួនដូចសត្វសិង្ហសំងំឈឹងតាមគម្ពោត
ស្នាក់ចាប់ជនទុរគតទាក់ទាញព័ទ្ធចូលអន្ទាក់
១០គេក្រាបពួននៅដីហើយឃ្មាតខ្មីទាញទម្លាក់
ស្ទុះចាប់មិនសល់ម្នាក់សាហាវជាក់គ្មានបន្លំ
១១ជនពាលគិតថា៖«ព្រះជាអម្ចាស់មិនបារម្ភ
ព្រះនេត្របិទសំងំមិនទតចំទាល់តែសោះ»
១២ឱ! ព្រះអម្ចាស់អើយពេលនេះហើយកុំបង់បោះ
តើនឡើងបង្ហាញអស់ឫទ្ធិតេជះនៃព្រះអង្គ
១៣ហេតុអ្វីមនុស្សអាក្រក់ពោលចំអកព្រះយ៉ាងហ្នឹង!
ចិត្តគេតែងរំពឹងថា «ព្រះអង្គមិនរករឿង»
១៤ព្រះអង្គទតឃើញទុក្ខលំបាកសុខនៃមនុស្សយើង
កម្សត់អត់ទីពឹងព្រះអង្គនឹងជួយជានិច្ច
មនុស្សដែលទន់ទាបជាដរាបផ្ញើជីវិត
លើព្រះម្ចាស់ជានិច្ចទ្រង់មិនភ្លេចជនទុរគត
១៥សូមទ្រង់កាច់បំបាក់ដៃអស់អ្នកពាលឧក្រិដ្ឋ
ដាក់ទោសពួកទុច្ចរិតឱ្យគេឈប់ប្រព្រឹត្តពាល
១៦ព្រះអម្ចាស់ជាព្រះខ្ពង់ខ្ពស់ណាស់ជាក្សត្រដែល
គ្រងរាជ្យអស់កល្បក្រែលបំបាត់ចោលសាសន៍ដទៃ
១៧បពិត្រព្រះអម្ចាស់ឈ្វេងយល់ច្បាស់បំណងថ្មី
នៃមនុស្សទន់ទាបក្តីអង្គក្សត្រថ្លៃលើកទឹកចិត្ត
១៨ព្រះអង្គរកយុត្តិធម៌ឱ្យអ្នកក្រមនុស្សសុចរិត
ត្រូវគេជាន់សង្កត់ពួកទុច្ចរិតមិនឱ្យមាន
មនុស្សនៅលើផែនដីជនប្រុសស្រីទាំងប៉ុន្មាន
មិនអាចនឹងជិះជាន់អ្នកខ្សោយអន់ទៀតបានទេ

ទំនុកតម្កើងលេខ ១១ (១០) បទកាកគតិ

ខ្ញុំបានជ្រកកោនមិនដែលស្រពោនក្រោមម្លប់បារមី
នៃព្រះអម្ចាស់ចុះរឿងហេតុអ្វីអ្នករាល់គ្នាស្តី
ឱ្យជ្រកតាមភ្នំ ?
ជនពាលយិតធ្នូព្រួញខ្សែទាំងគូបម្រុងបាញ់ផ្គុំ
ពីទីងងឹតដែលគេសំងំត្រៀមបាញ់ឱ្យចំ
ពួកអ្នកត្រង់ស្មោះ
ប្រសិនបើច្បាប់ជាគ្រឹះមាំជាប់ត្រូវរលំអស់
តើមនុស្សសុចរិតទាំងស្រីទាំងប្រុសធ្វើអ្វីកើតនោះ
សូមជួយរិះគិត
ព្រះម្ចាស់គង់ក្នុងវិហារព្រះអង្គដ៏វិសុទ្ធពិត
បល្ល័ង្ករបស់ព្រះអង្គស្ថេរស្ថិតឈ្វេងយល់គំនិត
របស់មនុស្សលោក
ព្រះអង្គពេញចិត្តនឹងមនុស្សសុចរិតតែមិនព្រមយក
មនុស្សកាចពាលាចូលចិត្តឆរបោកតែងតែរិះរក
ប្រព្រឹត្តឃោរឃៅ
សូមទ្រង់ដាក់ទោសមនុស្សពាលទាំងនោះដោយភ្លើងសន្ធៅ
មានទាំងស្ពាន់ធម៌បង្អុរចុះទៅមានទាំងខ្យល់ក្តៅ
បក់បោកមកដែរ
ដ្បិតព្រះអម្ចាស់មានហឫទ័យស្មោះឥតមានបែកបែរ
មនុស្សទៀងត្រង់គ្មានចិត្តរៀចវេរនឹងបាននៅក្បែរ
ឃើញភក្ត្រព្រះអង្គ

ទំនុកតម្កើងលេខ ១២ (១១) បទកាកគតិ

ឱ! ព្រះអម្ចាស់សូមជួយផងមនុស្សច្រើនកន្លងសឹងលែងមាន
ក្នុងចំណោមមនុស្សរាប់សែនលានបាត់បង់អស់គ្មានអ្នកត្រង់ស្មោះ
ម្នាក់ៗគិតតែមួលបង្កាច់ដាក់គ្នាមិនដាច់ឥតឈប់សោះ
ពាក្យគេនិយាយស្ទើរទាំងអស់សុទ្ធតែបញ្ជោះបញ្ចើចគ្នា
សូមព្រះអម្ចាស់បំបិទមាត់ដែលពោលបញ្ចើចកុំរួញរា
និងកាត់អណ្តាតដែលមុសានិយាយឫស្យាយ៉ាងព្រហើន
ពួកគេពោលថា«ដោយសារមាត់របស់យើងពិតអ្វីក៏បាន
ជោគជ័យដរាបឥតស្រាកស្រាន្តគ្មាននរណាហ៊ានត្រួតលើយើង»
ពេលព្រះអង្គឃើញគេជាន់ជិះជនទុរគតនេះនៅនឹងជើង
និងឮសម្រែកអ្នកក្រផងដែលទទួលរងទុក្ខលំបាក
ព្រះអម្ចាស់មានបន្ទូលថា«ឥឡូវនេះណាកុំកំសាក
យើងក្រោកឡើងមកជួយអស់អ្នកដែលមនុស្សគម្រក់គេមើលងាយ »
បន្ទូលរបស់ព្រះអម្ចាស់គួរទុកចិត្តណាស់ពេញអង្គកាយ
បរិសុទ្ធជាងប្រាក់ភ្លឺពណ្ណរាយដែលដុតរំលាយប្រាំពីរដង
ព្រះអម្ចាស់ដែលគ្រប់គ្រងថែព្រះអង្គតែងតែធ្វើឥតឆ្គង
តាមព្រះបន្ទូលគ្មានសៅហ្មងជានិច្ចសព្វដងប្រពៃពិត
ទោះបីជនពាលដើរក្រឡឹងទោះបីមនុស្សប្រឹងតែប្រព្រឹត្ត
អំពើទុយ៌សច្រើនឥតគិតព្រះអង្គនៅជិតការពារខ្ញុំ

ទំនុកតម្កើងលេខ ១៣ (១២) បទពំនោល

បពិត្រព្រះអម្ចាស់អើយតើនៅកន្តើយព្រងើយនឹងខ្ញុំដល់ណា?
ម្តេចនៅតែងាកភក្ត្រាចេញពីកាយាទូលបង្គំដល់ណាទៀត?
តើទ្រូងខ្ញុំត្រូវចង្អៀតកង្វល់ឥតឃ្លាតក្នុងចិត្តរហូតដល់ណា?
តើចិត្តខ្ញុំត្រូវខ្លោចផ្សាកើតក្តីទុក្ខាអាត្មាព្រួយដល់អង្កាល់?
តើខ្មាំងមានប្រៀបផ្ចាញ់ផ្ចាលលើខ្ញុំអង្កាល់ទើបស្រាលនឹងបានល្ហែល្ហើយ?
ឱ! ព្រះជាអម្ចាស់អើយសូមទតហើយឆ្លើយចម្លើយមកទូលបង្គំ
សូមមេត្តាប្រោសឱ្យខ្ញុំឃើញពន្លឺចំសូមកុំទុកខ្ញុំឱ្យស្លាប់
ក្រែងខ្មាំងសត្រូវបង្អាប់ថា៖«អញសម្លាប់អញចាប់បានឈ្នះវាហើយ»
ពួកសត្រូវឥតកន្តើយត្រេកអរសប្បាយព្រោះតែខ្ញុំបរាជ័យ
ចំពោះរូបខ្ញុំឃ្មៀតខ្មីទុកចិត្តហឫទ័យប្រណីរបស់ព្រះអង្គ
សូមឱ្យខ្ញុំត្រេកអរផងពីព្រោះព្រះអង្គបានសង្គ្រោះទូលបង្គំ
សូមឱ្យខ្ញុំច្រៀងរងំសរសើរឧត្តមដល់ខ្ញុំព្រះអង្គប្រណី

ទំនុកតម្កើងលេខ ១៤ (១៣) បទកាកគតិ

ពួកមនុស្សលេលាគេតែងនាំគ្នាគិតថាគ្មានព្រះ
ចូលចិត្តប្រព្រឹត្តថោកទាបផ្តេសផ្តាសគួរស្អប់ខ្ពើមណាស់
គ្មានអ្នកល្អសោះ
ព្រះម្ចាស់ទតមកមើលមនុស្សលោកឥតមានចន្លោះ
ក្រែងមានអ្នកណាមានប្រាជ្ញាខ្ពស់ហើយមានចិត្តស្មោះ
ស្វែងរកព្រះអង្គ
ពួកគេសុទ្ធតែវង្វេងបែកបែរឥតមានស្មោះត្រង់
រួមគ្នាប្រព្រឹត្តទុច្ចរិតយង់ឃ្នងសូម្បីម្នាក់ផង
ក៏គ្មានល្អដែរ
មនុស្សដែលប្រព្រឹត្តអំពើទុច្ចរិតឥតមានទំនេរ
តើពួកទាំងនោះឆោតល្ងង់ឬទេរកស៊ីព្រោះតែ
កឹបគៃប្រជា
ពួកគេភ័យញ័រព្រោះព្រះបវរគាំទ្រមនុស្សម្នា
ជាអ្នកសុចរិតស្មោះត្រង់ល្អជាព្រះម្ចាស់ធានា
មិនឱ្យភ័យស្លុត
អ្នករាល់គ្នាឱ្យអ្នកក្រទន់ខ្សោយនិងជនទុរគត
បាត់ក្តីសង្ឃឹមភិតភ័យរន្ធត់តែព្រះមានឫទ្ធិ
ជាជម្រកគេ
សូមព្រះអង្គដែលគង់នៅជាខែលសង្គ្រោះកុំរេ
ជួយអ៊ីស្រាអែលកុំនៅទំនេររំដោះពួកគេ
ត្រឡប់ទៅស្រុក
ពូជលោកយ៉ាកុបត្រេកអរឥតឈប់រួចពីទោសទុក្ខ
ពូជអ៊ីស្រាអែលជួបតែក្តីសុខពីនេះទៅមុខ
សប្បាយពេកហោង

ទំនុកតម្កើងលេខ ១៥ (១៤) បទព្រហ្មគីតិ

បពិតព្រះអម្ចាស់នរណាខ្លះអាចរស់ក្នុង
ព្រះពន្លាព្រះអង្គស្ថិតនៅលើភ្នំវិសុទ្ធ
គឺមានតែមនុស្សដែលគ្មានទោសនិងប្រព្រឹត្ត
អំពើសុចរិតនិយាយពិតជាដរាប
គេមិននិយាយមួលបង្កាច់ផ្តួលមិនធ្វើបាប
បងប្អូនដែលទន់ទាបមិនបង្អាប់កិត្តិយស
គេមិនរាប់រកអ្នកដែលព្រះម្ចាស់មិនស្ម័គ្រស្មោះ
តែគេលើកកិត្តិយសអ្នកគោរពកោតព្រះអង្គ
បើគេសន្យាអ្វីឬទោះបីខូចខាតបង់
ក៏គេមិនបង្អង់គេគោរពពាក្យសម្តី
បើមាននរណាម្នាក់មករកប្រាក់គេឱ្យខ្ចី
មិនចង់បានកំរៃច្រើនតិចក្តីគេមិនយក
អ្នកប្រព្រឹត្តដូច្នេះជាមនុស្សចេះអាចចូលជ្រក
ក្រោមបារមីរៀងមកនឹងបានសុខជានិរន្តរ

ទំនុកតម្កើងលេខ ១៦ (១៥) បទពាក្យ៧

ឱ! ព្រះជាម្ចាស់ដ៏ឧត្តមសូមការពារខ្ញុំឱ្យសុខសាន្ត
ដ្បិតទូលបង្គំសុំផ្ញើប្រាណជ្រកក្រោមទីស្ថានម្លប់បារមី
ខ្ញុំសូមទូលថ្វាយព្រះម្ចាស់ថាព្រះអង្គពិតជាអម្ចាស់ថ្លៃ
ក្រៅពីព្រះអង្គឥតមានអ្វីផ្តល់មង្គលជ័យគ្រាអាសន្ន
អារុក្ខអារក្សអ្នកតាព្រៃម្ចាស់ទឹកម្ចាស់ដីកាលពីមុន
ដែលខ្ញុំពេញចិត្តខ្លាំងពេកពន់ផ្តល់តែទារុណរាល់វេលា
ទូលបង្គំនឹងមិនចូលរួមមិនទទួលព្រមរួមជាគ្នា
គោរពនិងថ្វាយយញ្ញបូជាមិនពោលនាមាព្រះក្លែងក្លាយ
បពិត្រព្រះអ​​​​​​ម្ចាស់ឧត្តមព្រះអង្គជាចំណែកស្រស់ស្រាយ
មរតកនៃខ្ញុំឥតក្លែងក្លាយផ្តល់អ្វីទាំងឡាយតាមប្រាថ្នា
ព្រះអង្គប្រទានកេរមតកវិសេសឥតអាក់ដ៏ថ្លៃថ្លា
មកទូលបង្គំខ្ញុំនេះណាជាកេរអស្ចារ្យប្រសើរផុត
ខ្ញុំសូមតម្កើងព្រះអម្ចាស់ព្រោះព្រះអង្គនេះសែនមោះមុត
ទ្រង់ផ្តល់យោបល់ខ្ញុំម្នាក់គត់ទោះយប់ងងឹតក៏តឿនដែរ
ខ្ញុំនឹកដល់ព្រះអម្ចាស់ជាប់ដែលជាទម្លាប់ទ្រង់គង់ក្បែរ
ខាងស្តាំរូបខ្ញុំឥតប្រួលប្រែខ្ញុំមិនបែកបែរញាប់ញ័រឡើយ
ហេតុនេះបានជាខ្ញុំរីករាយត្រេកអរសប្បាយបានល្ហែល្ហើយ
ខ្ញុំបានសម្រាកកាយធូរស្បើយដោយសុខសាន្តហើយផុតកង្វល់
១០ដ្បិតព្រះអង្គមិនបោះបង់ខ្ញុំ​​ឱ្យរងទុក្ខធំស្លាប់សោតសល់
ព្រះអង្គក៏មិនបណ្តោយដល់សពបម្រើផ្ទាល់ស្អុយរលួយ
១១ព្រះអង្គបង្ហាញផ្លូវជីវិតឱ្យខ្ញុំឃើញពិតគ្មានភ័យព្រួយ
ដោយព្រះអង្គគង់នៅជាមួយទូលបង្គំគ្មានព្រួយអរសប្បាយ
ដោយព្រះអង្គគង់នៅខាងស្តាំជាប់ជាប្រចាំមិនជិនណាយ
ទូលបង្គំសែនរីករាយសប្បាយអស់កល្បវែងឆ្ងាយតរៀងទៅ

ទំនុកតម្កើងលេខ ១៧ (១៦) បទពាក្យ៧

ឱ!ព្រះអម្ចាស់សូមសណ្តាប់ទូលបង្គំប្រាប់សំណូមពរ
ដ៏ល្អត្រឹមត្រូវស្រស់បវរសូមរកយុត្តិធម៌ឱ្យរូបខ្ញុំ
សូមយកព្រះហឫទ័យវែកញែកនិងសូរសម្រែកទូលបង្គំ
សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យខ្ញុំ​ដែលអង្វរសុំដោយត្រង់ស្មោះ
សូមរកយុត្តិធម៌ឱ្យខ្ញុំផងកុំបីសៅហ្មងឬបង់បោះ
សូមព្រះអង្គទតឱ្យច្បាស់ចុះអ្វីទៅដែលខុសអ្វីត្រឹមត្រូវ
ព្រះអង្គឈ្វេងយល់ចិត្តខ្ញុំច្បាស់ហើយព្រះអង្គត្រាស់ពិនិត្យនូវ
ល្បងលចិត្តខ្ញុំទាំងយប់ជ្រៅមិនឃើញអាស្រូវឬឆ្គាំឆ្គង
ទូលបង្គំខំយកចិត្តទុកដាក់តាមបន្ទូលជាក់ព្រះអង្គផង
ហើយប្រព្រឹត្តខ្លួនមិនឱ្យហ្មងដូចមនុស្សយង់ឃ្នងឯទៀតឡើយ
ទូលបង្គំខំដើរតាមមាគ៌ានៃអង្គក្សត្រាខ្ជាប់ខ្ជួនហើយ
ក៏បោះជំហានដើរតាមក្រោយមិនឱ្យថ្លោះធ្លោយលំអៀងបែរ
ឱព្រះអម្ចាស់នៃខ្ញុំអើយខ្ញុំស្រែកដង្ហោយមិនប្រួលប្រែ
ហៅរកព្រះម្ចាស់មិនបែកបែរសូមកុំងាករេផ្ទៀងព្រះកាណ៌
ព្រះអង្គតែងតែសង្គ្រោះអ្នកដែលមកជ្រកស្នាក់ដោយមេត្តា
ក្រោមម្លប់បារមីដ៏អស្ចារ្យឱ្យរួចពីការគាបសង្កត់
សូមថែរក្សាទូលបង្គំដូចកែវភ្នែកកុំឱ្យបង់បាត់
ការពារខ្ញុំដូចបក្សីសត្វក្រុងកូនកម្សត់របស់វា
សូមកុំឱ្យពួកមនុស្សពាលចាក់រុកឆ្កិះឆ្កៀលខ្ញុំវេទនា
កុំឱ្យពួកខ្មាំងមកទាមទារក្រសោបប្រហាររូបខ្ញុំឡើយ
១០ពួកគេគ្មានចិត្តត្រាប្រណីមាត់គេចេញស្តីពាក្យជម្លើយ
អួតបំប៉ោងខ្លួនគ្មានកោះត្រើយព្រះអង្គម្ចាស់អើយមិនអៀនខ្មាស
១១ពេលដែលពួកគេដេញតាមទាន់គេនឹងដើរជាន់ខ្ញុំអាម៉ាស់
សំឡក់សម្លឹងខ្ញុំខ្លាំងណាស់បម្រុងព្រលះជីវិតបង់
១២ចិត្តរបស់គេសែនឃោរឃៅកំណាចអាស្រូវដូចសត្វសិង្ហ
ដែលតែងតែពួនចាំរំពឹងសំងំសម្លឹងចាប់រំពា
១៣ឱព្រះម្ចាស់អើយសូមតើនឡើងឱ្យសត្រូវប៉ើងកុំរួញរា
សូមយកព្រះខ័នមកការពាររំដោះខ្ញុំពីជនទុរយស
១៤សូមប្រើអំណាចឫទ្ធិចេស្តាដេញតាមប្រហារដោយតេជៈ
ដាក់ទោសពួកគេកុំស្រណោះឱ្យអន្តរាយអស់ដល់កូនចៅ
១៥ចំពោះខ្ញុំវិញគឺប្រព្រឹត្តតាមក្តីសុចរិតមិនអាស្រូវ
ខ្ញុំឃើញព្រះភក្ត្រទ្រង់គង់នៅទើបផុតហ្មងសៅពេលភ្ញាក់ឡើង

ទំនុកតម្កើងលេខ ១៨ (១៧) បទពាក្យ៧

ឱ! ព្រះអម្ចាស់អើយខ្ញុំកោតហើយលើកព្រះអង្គ
ព្រោះទ្រង់ជាកម្លាំងរបស់ខ្ញុំធំមាំមួន
ព្រះម្ចាស់ជាថ្មដារឹងអស្ចារ្យខ្ញុំលាក់ខ្លួន
ជាខែលមាំហំហួនខ្ញុំរួចខ្លួនមានជោគជ័យ
ពេលខ្ញុំស្រែកដង្ហោយព្រះម្ចាស់ជួយឱ្យផុតភ័យ
ផុតពីខ្មាំងចង្រៃសូមលើកដៃថ្កើងព្រះអង្គ
ក្តីស្លាប់រួបរឹតខ្ញុំដូចទឹកធំហូរតម្រង់
កួចឆក់មិនបង្អង់អន្តរាយបង់សូន្យឥតអាក់
ក្តីស្លាប់បានរួមរិតខ្ញុំសែនភិតភ័យញ័រញាក់
ដូចចូលក្នុងអន្ទាក់ដែលគេដាក់ចង់ប្រល័យ
នៅពេលខ្ញុំកើតទុក្ខខ្ញុំស្រែករកព្រះម្ចាស់ថ្លៃ
ទ្រង់សណ្តាប់សម្តីដោយមេត្រីវិហារ
សំឡេងរបស់ខ្ញុំលាន់រងំឮខ្ទ័រខ្ទារ
ទៅប៉ះដល់ព្រះកាណ៌ក្នុងសោតាព្រះម្ចាស់ខ្ញុំ
ផែនដីកក្រើកញ័រលាន់ខ្ទារខ្ទ័រគ្រប់ជ្រោយជ្រុង
ភ្នំក៏មិនគង់វង្សព្រោះព្រះអង្គខ្ញាល់ពេកក្រៃ
ផ្សែងចេញពីនាសាអង្គក្សត្រាព្រះម្ចាស់ថ្លៃ
ភ្លើងឆេះច្រើនឥតបីច្រើនពេកក្រៃពីព្រះឱស្ឋ
១០ព្រះអង្គផ្អៀងមេឃារួចម្នីម្នាទ្រង់យាងចុះ
មានទាំងពពកក្រាស់ពណ៌សក្បុសទ្រាប់បាទា
១១គង់លើខេរ៉ូប៊ីនដែលជាយានហោះម្នីម្នា
ទ្រង់យកវាយោជាយានបក្សានៃក្សត្រថ្លៃ
១២ហើយយកភាពងងឹតមកបាំងបិទស្នាក់អាស្រ័យ
ពពកខ្មៅក្រាស់ក្រៃទ្រង់លកលៃជាពន្លា
១៣ផ្លេកបន្ទោរចែងចាំងពីមុខទ្រង់ភ្លឺមហិមា
ធ្លាក់ព្រឹលសែនរងារលើពសុធាមានភ្លើងធ្លាក់
១៤ព្រះអម្ចាស់ធ្វើឱ្យមេឃរញ្ជួយផ្គរឥតអាក់
ព្រះដ៏ខ្ពស់ផុតថ្នាក់សូរសៀងធ្លាក់ពីលើមក
១៥ទ្រង់បាញ់ព្រួញតម្រង់ទៅលើខ្មាំងច្រើនគរគោក
បាញ់ផ្លេកបន្ទោរមកខ្ទេចជម្រកបាក់ទ័ពអស់
១៦បពិត្រព្រះអម្ចាស់បន្ទូលច្បាស់ដូចខ្យល់ព្យុះ
ឱ្យបាតសមុទ្រផុសហើយលេចគ្រឹះផែនដីមក
១៧ព្រះអង្គលាតព្រះហស្តពីស្ថានខ្ពស់បីទ្រយក
ស្រង់ខ្ញុំឱ្យរួចមកពីរលកសមុទ្រជ្រៅ
១៨ព្រះអង្គបានរំដោះឱ្យផុតគ្រោះផុតសត្រូវ
ផុតពីមនុស្សឃោរឃៅមនុស្សកម្លៅខ្លាំងជាងខ្ញុំ
១៩ពេលមានទុក្ខវេទនាគេនាំគ្នាចងគំនុំ
គេវាយប្រហារខ្ញុំព្រះឧត្តមជួយការពារ
២០ព្រះអង្គនាំខ្ញុំផុតក្តីតក់ស្លុតទុក្ខគ្រាំគ្រា
រំដោះផុតវេទនាទ្រង់គាំពារទូលបង្គំ
២១ព្រះអម្ចាស់ប្រព្រឹត្តតាមសុចរិតរបស់ខ្ញុំ
តបមកទូលបង្គំស្របតាមខ្ញុំដែលបរិសុទ្ធ
២២ដ្បិតខ្ញុំបានប្រណិប័តន៍យ៉ាងទៀងទាត់ល្អបំផុត
តាមមាគ៌ាមោះមុតតែមួយគត់នៃព្រះអង្គ
២៣ខ្ញុំប្រព្រឹត្តវិន័យល្អឥតបីហើយស្មោះត្រង់
តាមមាគ៌ាព្រះអង្គមិនបោះបង់បទបញ្ជា
២៤ខ្ញុំគ្មានក្តីសៅហ្មងឥតមានឆ្គងឥតរេរា
ប្រយ័ត្នខ្លួនការពារឱ្យល្អជាគ្មានកំហុស
២៥ព្រះអម្ចាស់ប្រណីតាមសេចក្តីសុចរិតស្មោះ
អំពើខ្ញុំទាំងអស់បែបជាមនុស្សបរិសុទ្ធ
២៦បពិត្រព្រះអម្ចាស់ហឫទ័យស្មោះត្រង់បំផុត
អ្នកដែលគ្មានពុតត្បុតចិត្តបរិសុទ្ធស្មោះសរក្រៃ
២៧ចំពោះអ្នកមានចិត្តបរិសុទ្ធតាមព្រះទ័យ
ចំពោះមនុស្សអប្រីយ៍ព្រះអង្គលៃប្រើកល្បិច
២៨ព្រះអង្គជួយសង្គ្រោះមនុស្សទាំងអស់គ្មានកលកិច្ច
បន្ទាបជាន់ពន្លិចមនុស្សមានល្បិចចិត្តឆ្មើងឆ្មៃ
២៩បពិត្រព្រះម្ចាស់អើយព្រះអង្គហើយគឺរង្សី
ពន្លឺភ្លឺពេកក្រៃមានសិរីផុតងងឹត
៣០ទ្រង់ប្រទានកម្លាំងឱ្យឈ្នះខ្មាំងដែលជុំជិត
ហើយទូលបង្គំពិតជាលោតផុតកំពែងក្រុង
៣១មាគ៌ាព្រះអម្ចាស់សែនល្អល្អះច្បាស់យល់យង់
បន្ទូលពិតទាំងស្រុងជាខែលរងរាំងការពារ
៣២មានតែព្រះអម្ចាស់ដែលជាព្រះពិតសត្យា
គ្មានព្រះផ្សេងឯណាជាថ្មដាឱ្យជ្រកសោះ
៣៣ទ្រង់ប្រទានកម្លាំងឱ្យខ្ញុំខ្លាំងក្លាមុតមោះ
មាគ៌ាខ្ញុំទាំងអស់ឥតមានទាស់សោះឡើយណា
៣៤ព្រះអម្ចាស់ប្រទានឱ្យខ្ញុំមានល្បឿនអស្ចារ្យ
ដូចក្តាន់ក្នុងព្រឹក្សាខ្ញុំយាត្រាឈរទីខ្ពស់
៣៥ព្រះអង្គបានបង្ហាត់ខ្ញុំឱ្យស្ទាត់ចេះទាំងអស់
ធ្វើសឹកក៏មិនទាស់ជំនាញខ្ពស់យឹតធ្នូបាន
៣៦បពិត្រព្រះអម្ចាស់ប្រពៃណាស់ការពារប្រាណ
សង្គ្រោះឱ្យថ្កើងថ្កានរស់សុខសាន្តដោយបារមី
ព្រះអង្គគាំទ្រខ្ញុំទូលបង្គំដោយប្រពៃ
លើកឡើងខ្ពង់ខ្ពស់ក្រៃដោយហឫទ័យមានមេត្តា
៣៧ព្រះអង្គប្រោសប្រទានឱ្យខ្ញុំមានល្បឿនអស្ចារ្យ
មិនឱ្យខ្មាំងឫស្យាដេញអាត្មាភ្លាត់ជើងឡើយ
៣៨ខ្ញុំដេញតាមពួកខ្មាំងចាប់ឃុំឃាំងមិនកន្តើយ
កម្ទេចពួកវាហើយមិននៅឡើយវិលទីស្ថាន
៣៩ខ្ញុំកម្ទេចពួកវាឱ្យវេទនាងើបមិនបាន
ដេកដួលស្លាប់ទាំងប្រាណដូចតិរច្ឆានក្រោមជើងខ្ញុំ
៤០ព្រះអង្គបានប្រទានឱ្យខ្ញុំមានកម្លាំងមាំ
តយុទ្ធមិនបាច់ខំជោគជ័យធំឈ្នះសត្រូវ
៤១ទ្រង់ឱ្យគេបាក់ទ័ពរត់ទៅស្លាប់សែនអាស្រូវ
អ្នកប្រឆាំងអស់ផ្លូវមិនឱ្យនៅវិនាសសូន្យ
៤២គេស្រែករកជំនួយគ្មានអ្នកជួយមុខស្រពោន
ព្រះម្ចាស់ក៏លាក់ខ្លួនសំងំពួនមិនតបឆ្លើយ
៤៣ទូលបង្គំកម្ទេចមិនឱ្យគេចផុតរួចឡើយ
ដូចខ្យល់បក់រួចហើយបោសខ្ចាត់ខ្ចាយជ្រាំតាមផ្លូវ
៤៤ព្រះអង្គជួយរំដោះផុតពីគ្រោះកាចអាស្រូវ
ហើយទ្រង់ត្រួសត្រាយផ្លូវតែងតាំងនូវទូលបង្គំ
ធ្វើជាអ្នកដឹកនាំឱ្យរឹងមាំផុតទុក្ខធំ
ប្រជាមកមូលផ្តុំចុះចូលខ្ញុំជាប្រញាប់
៤៥ជនបរទេសនាំគ្នាមកម្នីម្នាប្រុងចាំស្តាប់
តាមពាក្យខ្ញុំបង្គាប់ដូចកូនត្រាប់តាមមាតា
៤៦បរទេសបាក់ទឹកចិត្តសែនភ័យភិតខ្លាចមរណា
ភ័យញាប់ញ័រកាយាចេញអាត្មាពីជំរក
៤៧ជយោ! ព្រះជាម្ចាស់ព្រះអង្គច្បាស់មានជ័យជោគ
ជាថ្មដែលយើងជ្រកយើងរត់រកការសង្គ្រោះ
៤៨ឱ្យរូបទូលបង្គំមានជ័យធំដ៏មុតមោះ
ព្រះអង្គបង្ក្រាបអស់ជនទាំងនោះឱ្យចូលចុះ
៤៩ទ្រង់ប្រោសទូលបង្គំផុតទុក្ខធំសត្រូវអស់
ហើយលើកឱ្យបានខ្ពស់រួចរំដោះផុតបច្ចា
៥០ហេតុនេះទូលបង្គំសូមប្រណម្យអង្គក្សត្រា
កណ្តាលសាសន៍នានាលើកនាមាព្រះអង្គថ្លៃ
៥១ព្រះអង្គប្រោសឱ្យអ្នកដែលទ្រង់ស្ម័គ្រឱ្យមានជ័យ
ជំនះយ៉ាងប្រពៃដែលល្បាញល្បីដ៏អស្ចារ្យ
ទ្រង់មានហឫទ័យស្មោះស្ម័គ្រចំពោះព្រះគ្រីស្តណា
ចាក់ប្រេងលើសិរសាទាំងវង្សាស្តេចដាវីឌ

ទំនុកតម្កើងលេខ ១៩ (១៨) បទកាកគតិ

ផ្ទៃមេឃថ្លាថ្លែងរុងរឿងស្ញប់ស្ញែងរបស់ព្រះម្ចាស់
អាកាសវេហាស៍ក៏បានប្រកាសពីស្នាព្រះហស្ត
របស់ព្រះអង្គ
ថ្ងៃមួយពោលប្រាប់ថ្ងៃមួយទៀតស្តាប់មិននៅរេរង់
យប់មួយទៀតប្រាប់យប់ផ្សេងឱ្យដឹងអំពីដំណឹង
ល្បីល្បាញអស្ចារ្យ
មិនប្រើសម្តីមិនចារសេចក្តីឬប្រើភាសា
ហើយក៏មិនចេញសូរស័ព្ទវាចាបន្តិចឡើយណា
ឱ្យគេដឹងឮ
ដំណឹងទាំងនោះឮឆ្ងាយសាយសុះពេញពាសរន្ទឺ
លើភពផែនដីទីងងឹតភ្លឺលាន់ល្បីរន្ទឺ
គ្មានសល់ចន្លោះ
ព្រះអាទិត្យរះផ្តល់ពន្លឺច្បាស់ដូចកូនកំលោះ
ចេញមកក្រាបផ្ទឹមសែនសង្ហាស្រស់ដូចវីរបុរស
ដ៏ខ្លាំងពូកែ
ព្រះអាទិត្យក៏យាត្រាបន្តមិននៅអង់អែ
ពីជើងមេឃម្ខាងទៅម្ខាងទៀតដែរគ្មានអ្វីបំបែរ
កម្តៅនោះបាន
ព្រះធម្មវិន័យល្អល្អះប្រពៃប្រសើរថ្កើងថ្កាន
ផ្តល់កម្លាំងចិត្តឥតមានស្រាកស្រាន្តអ្នកល្ងង់ប្រែប្រាណ
ជាមានប្រាជ្ញា
បញ្ជារបស់ព្រះម្ចាស់ទាំងអស់ត្រឹមត្រូវសត្យា
ឱ្យចិត្តអំណរសប្បាយក្រៃណាបំភ្លឺចិន្តា
ថ្លៃថ្លាត្រចង់
១០ការគោរពកោតព្រះអម្ចាស់សោត​​វិសេសយល់យង់
ស្ថិតស្ថេចិរកាលតទៅគង់វង្សការវិនិច្ឆ័យទ្រង់
ក៏ត្រង់ត្រឹមត្រូវ
១១គួរឱ្យប្រាថ្នាចង់បានណាស់ណាជាងមាសឆ្អិនឆ្អៅ
ផ្អែមជាងទឹកឃ្មុំខែចែត្រខែក្តៅហូរជោរចេញទៅ
ចាកពីបង្គង
១២ព្រះធម្មវិន័យបំពេញសេចក្តីខ្ញុំភ្លឺឥតហ្មង
ខ្ញុំអ្នកបម្រើរបស់ព្រះអង្គធ្វើតាមគ្មានឆ្គង
បានផលប្រណីត
១៣គ្មាននរណាម្នាក់ឃើញកំហុសជាក់ដែលខ្លួនប្រព្រឹត្ត
ដោយអចេតនាមិនបានរិះគិតសូមទ្រង់អាណិត
លើកលែងទោសា
១៤សូមការពារខ្ញុំឱ្យរួចទុក្ខធំអំនួតឫស្យា
សូមកុំឱ្យចិត្តអួតអាងអាត្មាសោយរាជ្យត្រួតត្រា
លើទូលបង្គំ
១៥ទ្រង់ជាថ្មដាជាព្រះរក្សាការពាររូបខ្ញុំ
សូមប្រោសប្រណីតាមពាក្យទូលសុំសេចក្តីនៃខ្ញុំ
ចំពោះព្រះអង្គ

ទំនុកតម្កើងលេខ ២០ (១៩) បទពាក្យ ៧

សូមព្រះអម្ចាស់ជួយតបឆ្លើយទៅនឹងចម្លើយព្រះករុណា
សូមនឹកនាមព្រះយ៉ាកុបណាជួយថែរក្សាការពារស្តេច
សូមព្រះអង្គជួយព្រះរាជាពីព្រះវិហារឱ្យសម្រេច
គាំទ្រករុណាដែលជាស្តេចឱ្យបានសម្រេចពីស៊ីយ៉ូន
សូមទ្រង់នឹកឃើញដល់តង្វាយដែលរាជាថ្វាយកុំសោះសូន្យ
ឱ្យគាប់ហឫទ័យកុំស្រពោនរាជាបញ្ជូនមកបូជា
សូមទ្រង់ប្រទាននូវអ្វីៗដែលមហាក្សត្រថ្លៃប៉ងប្រាថ្នា
ឱ្យសម្រេចតាមគម្រោងការសូមព្រះករុណាបានជោគជ័យ
យើងនាំគ្នាសើចហ៊ោរសប្បាយសំណើចក្អាកក្អាយគ្មានព្រួយភ័យ
នាំគ្នាជួយលើកដងទង់ជ័យក្នុងនាមម្ចាស់ថ្លៃព្រះខ្ពង់ខ្ពស់
ឥឡូវនេះខ្ញុំបានដឹងច្បាស់ថាព្រះអម្ចាស់ព្រះសង្គ្រោះ
ចាក់ប្រេងអភិសេកព្រះគ្រីស្តនោះបានថ្កើងថ្កានខ្ពស់ឆ្ពោះបរមសុខ
អ្នកខ្លះពឹងផ្អែករទេះច្បាំងខ្លះពឹងកម្លាំងសេះនាំមុខ
រីឯយើងវិញបានក្តីសុខព្រោះតែយើងទុកចិត្តព្រះម្ចាស់
ពួកគេបាក់ទ័ពបរាជ័យដេកដួលនៅដីរត់ព្រាត់ប្រាស
រីឯយើងវិញមាំមួនណាសជំហរឈរច្បាស់យ៉ាងរឹងប៉ឹង
១០សូមព្រះជាម្ចាស់ជួយសង្គ្រោះព្រះរាជានោះមានលំនឹង
សំឡេងយើងខ្ញុំរកទីពឹងសូមទ្រង់ឆ្លើយវិញកុំបីខាន

ទំនុកតម្កើងលេខ ២១ (២០) បទពាក្យ ៧

បពិត្រអម្ចាស់រាជាអរណាស់ព្រោះតែឫទ្ធា
នុភាពព្រះអង្គដែលជួយការពារឱ្យព្រះករុណា
មានជោគមានជ័យ
ព្រះអង្គប្រទានឱ្យរាជាបានទទួលអ្វីៗ
ទ្រង់មិនបដិសេធពាក្យអង្វរស្តីទៅតាមព្រះទ័យ
របស់រាជា
ព្រះអង្គប្រទានពរជ័យឱ្យមានដល់ស្តេចគ្រប់គ្រា
ទ្រង់ពាក់មកុដមាសពីលើសិរសានៃព្រះករុណា
រុងរឿងប្រណីត
រាជាទូលសូមព្រះអង្គក៏ព្រមប្រទានជីវិត
ឱ្យព្រះករុណាព្រះជន្មវែងពិតដោយគ្មានកម្រិត
អង្វែងឥតស្រាន្ត
ដោយព្រះអម្ចាស់មានជ័យជំនះរាជាក៏បាន
ទទួលសិរីរុងរឿងថ្កើងថ្កានអម្ចាស់ប្រទាន
ថ្លៃថ្លាឧត្តម
ព្រះអង្គតែងតាំងរាជាឱ្យនាំព្រះពរសក្តិសម
ទ្រង់គង់ជាមួយរាជារឹងមាំហើយមានទាំងព្រម
អំណរបរិបូណ៌
រាជាផ្អែកពឹងបង្អែកពំនឹងគ្មានចិត្តផ្លាស់ប្តូរ
ហឫទ័យស្មោះត្រង់បរិសុទ្ធហែហូរព្រះរាជ្យយឺនយូរ
ឥតមានរង្គោះ
ព្រះករុណាចាប់ខ្មាំងសត្រូវជាប់ឱ្យបានទាំងអស់
ទ្រង់ប្រើអំណាចឫទ្ធីខ្ពង់ខ្ពស់ចាប់ពួកទាំងនោះ
ដែលស្អប់រាជា
១០ករុណាមកដល់កម្ទេចគ្មានសល់ឱ្យគេវេទនា
ដូចភ្លើងឆេះសុសព្រះម្ចាស់មុខជារំលាយពួកវា
ដោយព្រះអង្គខ្ញាល់
១១ព្រះករុណាទ្រង់នឹងលុបពូជពង្សវាមិនឱ្យសល់
អស់ពីផែនដីរហូតកប្បកល្បមិនឱ្យកង្វល់
ប្រហារផុតពូជ
១២បើគេឃុបឃិតរួមផ្សំគំនិតអំពើខិលខូច
នោះគេមិនអាចធ្វើទៅបានរួចគម្រោងការដូច
ចិត្តគេប៉ុនប៉ង
១៣រាជាទ្រង់ឫទ្ធិទ្រង់ទាញធ្នូយឹតបាញ់សត្រូវផង
ព្រះករុណាធ្វើឱ្យភ័យកន្លងពួកខ្មាំងយង់ឃ្នង
ត្រូវបរាជ័យ
១៤ឱព្រះអម្ចាស់សូមទតឱ្យច្បាស់កុំផ្ទុំទៀតអី
មេត្តាតើនឡើងសម្តែងបារមីខ្ញុំច្រៀងបទថ្វាយ
តម្កើងព្រះអង្គ

ទំនុកតម្កើងលេខ ២២ (២១) បទកាកគតិ

ឱ! ព្រះម្ចាស់អើយចុះហេតុម្តេចឡើយក៏ព្រះអង្គបោះ
បង់ចោលរូបខ្ញុំឥតមានស្រណោះខ្ញុំស្រែកស្ទើរខ្សោះ
ពុំឃើញទ្រង់ជួយ
ឱ! ព្រះម្ចាស់អើយខ្ញុំស្រែកដង្ហោយរកព្រះតែមួយ
ស្រែករកពេលថ្ងៃក៏ទ្រង់មិនជួយពេលយប់ដេកព្រួយ
ក៏មិនស្បើយដែរ
ប៉ុន្តែព្រះអង្គវិសុទ្ធឥតហ្មងគង់នៅឥតប្រែ
លើបល្ល័ង្ករាជ្យអ៊ីស្រាអែលតែងតែនាំគ្នាដង្ហែ
តម្កើងព្រះអង្គ
បុព្វបុរសយើងខ្ញុំទាំងអស់ផ្ញើចិត្តទាំងស្រុង
ផ្ញើទាំងជីវិតទាំងរូបកាយផងសូមឱ្យព្រះអង្គ
រំដោះពួកគាត់
ដូនតាយើងខ្ញុំអង្វរទូលសុំព្រះអង្គកម្ចាត់
អស់ពួកសត្រូវដោយផ្ញើជីវិតនឹងមិនខកចិត្ត
ព្រោះព្រះអង្គឡើយ
រីឯខ្ញុំវិញទុក្ខសោកទោម្នេញឥតបីល្ហែល្ហើយ
គេលែងចាត់ទុកជាមនុស្សទៀតហើយមើលងាយឥតស្បើយ
ប្រមាថជេរស្តី
អស់អ្នកឃើញខ្ញុំឡកឡឺយដាក់ចំគ្មានត្រាប្រណី
គេពេបជ្រាយដាក់ឥតមានគិតអ្វីហើយមិនចេញស្តី
គ្រវីក្បាលដាក់
គេពោលពាក្យថាកាត់ផ្ញើវាសនាព្រះជាម្ចាស់ជាក់
ឱ្យព្រះអង្គជួយរំដោះគ្រោះថ្នាក់បើព្រះអង្គជាក់
ពិតជាស្ម័គ្រស្មោះ
១០ឱព្រះម្ចាស់អើយព្រះអង្គនេះហើយដែលជួយរំដោះ
ឱ្យទូលបង្គំចេញពីផ្ទៃពោះផ្ញើខ្ញុំឱ្យរស់
ឱ្យម្តាយបំបៅ
១១កាលខ្ញុំកើតមកទ្រង់ទទួលយកខ្ញុំជាកូនចៅ
ព្រះអង្គជាព្រះដែលបានត្រាស់ហៅតាំងពីខ្ញុំនៅ
ពុំស្គាល់ពន្លឺ
១២ពេលខ្ញុំជួបភ័យអាសន្នខ្លាំងក្រៃគ្មានអ្នកដឹងឮ
មិនមានអ្នកជួយផុតភ័យព្រួយព្រឺសូមទ្រង់ដឹងឮ
កុំទៅឆ្ងាយខ្ញុំ
១៣សត្រូវច្រើននាក់ចោមរោមពួនស្ទាក់រួមរឹតជិតជុំ
ប្រៀបបានគោបាឡោមព័ទ្ធរូបខ្ញុំដូចគោមកចោម
ពីស្រុកបាសាន
១៤ពួកគេប្រឹងបើកមាត់គេកម្រើក​ប្រឆាំងឥតស្រាន្ត
នឹងទូលបង្គំដូចសិង្ហសាមាន្យបម្រុងហែកប្រាណ
ស៊ីជាអាហារ
១៥កម្លាំងខ្ញុំខ្សោយមិនត្រឡប់ឡើយដូចខ្សែជលសា
ដែលហូរធ្លាក់ទៅមិនវិលឡើយណាឆ្អឹងសាច់ផងរ៉ា
រលេះបាត់អស់
ទឹកចិត្តក្លាហានដែលខ្ញុំធ្លាប់មានបែរជាហេវខ្សោះ
បីដូចក្រមួនរលាយរលោះឥតមានសល់សោះ
ព្រោះកម្តៅថ្ងៃ
១៦បំពង់កស្ងួតដូចដីប្រេះហួតស្គមស្គាំងរីងរៃ
អណ្តាតខ្ញុំស្អិតដិតជាប់ពេកក្រៃទ្រង់ឱ្យខ្ញុំក្ស័យ
ក្លាយជាធូលី
១៧ពួកឆ្កែព័ទ្ធខ្ញុំមានជនមួយក្រុមវាមកញាំញី
ជាជនទុរយ៌សក្រវែលគ្រប់ទីទម្លុះជីវី
ជើងដៃខ្លួនប្រាណ
១៨រូបខ្ញុំអាចរាប់ឆ្អឹងជំនីរគ្រប់មានទាំងប៉ុន្មាន
សត្រូវទុយ៌សចិត្តដូចតិរច្ឆានសម្លក់រំខាន
សម្លឹងមកខ្ញុំ
១៩ពួកគេដោះយកខោអាវខ្ញុំមកចែកចាយគ្នាជុំ
នាំគ្នាចាប់ឆ្នោតយកខោអាវខ្ញុំធ្វើដោយមិនសម
ជាល្បែងសប្បាយ
២០ឱ!ព្រះម្ចាស់អើយកុំនៅកន្តើយឱ្យខ្ញុំឃ្លាតឆ្ងាយ
ទ្រង់ជាកម្លាំងគាំទ្ររាងកាយសូមយាងមកអាយ
សង្គ្រោះប្រញាប់
២១សូមដោះលែងខ្ញុំឱ្យផុតទុក្ខធំបានលឿនឆាប់ៗ
ផុតពីមុខដាវដែលគេចាក់កាប់សូមជួយប្រញាប់
ពីចង្កូមឆ្កែ
២២សូមសង្គ្រោះខ្ញុំឱ្យផុតទុក្ខធំពីមាត់សិង្ហដែរ
ឱ្យផុតពីស្នែងសូមជួយបំបែរឆ្លើយតបកុំល្ហែ
មកទូលបង្គំ
២៣ខ្ញុំនឹងថ្លាថ្លែងព្រះនាមស្ញប់ស្ញែងឱ្យបងប្អូនខ្ញុំ
បានស្គាល់ព្រះអង្គខ្ពង់ខ្ពស់ឧត្តមក្នុងអង្គប្រជុំ
សូមលើកតម្កើង
២៤អ្នករាល់គ្នាអើយកុំនៅកន្តើយនាំគ្នាក្រោកឡើង
សរសើរព្រះអង្គថា្លថ្លៃរុងរឿងឱ្យលើកតម្កើង
អម្ចាស់ក្សត្រា
អស់អ្នកដែលជាពូជពង្សសោភាយ៉ាកុបថ្លៃថ្លា
ព្រមទាំងអស់ពូជអ៊ីស្រាអែលផងណាកុំនៅរួញរា
ស្ញែងខ្លាចព្រះអង្គ
២៥ទ្រង់មិនព្រងើយឬធ្វើកន្តើយនឹងជនស្លូតត្រង់
ដែលស្រែកហៅរកសូមជួយស្រោចស្រង់ទាំងសណ្តាប់ផង
មិនលាក់ព្រះភក្ត្រ
២៦ព្រះអង្គបានប្រោសប្រណីសន្តោសជាម្លប់ត្រជាក់​
ខ្ញុំលើកតម្កើងដោយចិត្តស្មោះស្ម័គ្រនៅមុខអស់អ្នក
ក្នុងអង្គប្រជុំ
២៧មនុស្សទន់ទាបស្លូតបូតសុភាពបានក្តីសុខដុម
បរិភោគឆ្អែតឆ្អល់ឥតព្រួយបារម្ភរកព្រះឧត្តម
សរសើរបារមី
២៨មនុស្សទាំងប៉ុន្មានដែលរស់សុខសាន្តនៅលើផែនដី
នឹកឃើញព្រះម្ចាស់ត្រឡប់វិលវៃនាំគ្នាឃ្មាតខ្មី
ក្រាបថ្វាយបង្គំ
២៩ព្រះជាអម្ចាស់ជាមហាក្សត្រច្បាស់ប្រពៃសក្តិសម
គ្រប់គ្រងទាំងអស់លើជាតិតូចធំរស់នៅជួបជុំ
ក្សេមក្សាន្តរមនា
៣០អ្នកធំទាំងឡាយនៅជិតឬឆ្ងាយក្រាបថ្វាយគ្រប់គ្នា
បង្គំព្រះអង្គទោះមនុស្សធម្មតាតែងក្ស័យអាត្មា
ក៏ចូលមកដែរ
៣១ជនជំនាន់ក្រោយគោរពព្រះដោយចិត្តមិនបែកបែរ
បម្រើព្រះម្ចាស់មិនមានវៀចវេរហើយគេតែងតែ
ថ្លែងប្រាប់កូនចៅ
៣២គេប្រកាសប្រាប់ឱ្យប្រជាស្តាប់តអស់ពង្សផៅ
ពីក្តីសុចរិតទៀងត្រង់ត្រឹមត្រូវទ្រង់ត្រួសត្រាយផ្លូវ
រំដោះប្រជា

ទំនុកតម្កើងលេខ ២៣ (២២) បទពាក្យ៧

ឱ! ព្រះអម្ចាស់ជាគង្វាលមើលឥតរយាលណែនាំខ្ញុំ
ឱ្យដើរតាមផ្លូវដែលសក្តិសមភោគផលជិតជុំឥតខ្វះឡើយ
ព្រះអង្គឱ្យខ្ញុំសម្រាកនៅលើវាលមានស្មៅបានធូរស្បើយ
នាំខ្ញុំទៅក្បែរមាត់ទឹកហើយប្រទានឱ្យកាយមានកម្លាំង
ទ្រង់់នាំខ្ញុំតាមផ្លូវសុចរិតល្អល្អះប្រណីតភ្លឺចែងចាំង
ព្រះកិត្តិនាមល្បីក្លាខ្លាំងគ្មានអ្វីរារាំងព្រះអង្គឡើយ
ទោះបីរូបខ្ញុំដើរកាត់ភ្នំជ្រលងតូចធំស្លាប់ក៏ដោយ
ក៏ខ្ញុំមិនភ័យខ្លាចអ្វីឡើយទ្រង់គង់ជាមួយតាមការពារ
ព្រះអង្គរៀបចំឱ្យបរិភោគអាហារគរគោកមុខបច្ចា
រួចទ្រង់ចាក់ប្រេងលើសិរសាបំពេញពែងស្រាខ្ញុំហៀរហូរ
ព្រះអង្គប្រទានសុភមង្គលហឫទ័យខ្វាយខ្វល់ដោយអាសូរ
មកទូលបង្គំជាហែហូរឥតមានឈប់ឈរមួយជីវិត
ដរាបណាជីវិតនៅមានខ្ញុំសែនសុខសាន្តឥតមានគិត
ក្នុងព្រះដំណាក់ល្អប្រណីតព្រះអម្ចាស់ស្ថិតស្ថេរជានិច្ច

ទំនុកតម្កើងលេខ ២៤ (២៣) បទពាក្យ៧

អ្វីៗដែលនៅលើផែនដីកើតមកច្រើនក្រៃមីរដេរដាស
សុទ្ធជាកម្មសិទ្ធព្រះអម្ចាស់ជាស្នាព្រះហស្តនៃព្រះអង្គ
គឺព្រះអង្គហើយដែលចាក់គ្រឹះគ្រប់ទីគ្រប់ទិសគ្រប់ជ្រោយជ្រុង
ធ្វើឱ្យផែនដីនៅរឹងប៉ឹងធំធេងល្វើយល្វឹងលើសមុទ្រ
តើនរណាអាចឡើងលើភ្នំវិហារឧត្តមដ៏វិសុទ្ធ
ដែលជាទីស្ថានតែមួយគត់ល្អល្អះបំផុតសែនសុខសាន្ត
គឺមានតែអ្នកត្រឹមត្រូវល្អទឹកចិត្តស្មោះសរបរិសុទ្ធថ្កាន
មិនបណ្តោយខ្លួនស្បថបំពាននោះទើបអាចបានឡើងទីខ្ពស់
ព្រះជាអម្ចាស់ប្រទានពរជោគជ័យបវរសព្វទាំងអស់
ហើយព្រះអង្គបានជួយសង្គ្រោះទាំងប្រោសឱ្យរស់មានជីវិត
អ្នកទាំងនេះហើយគឺប្រជាស្វះស្វែងម្នីម្នាចូលមកជិត
ជាអ្នកស្វែងរកព្រះម្ចាស់ពិតព្រះភក្ត្រល្អល្អិតព្រះយ៉ាកុប
ឱ!ទ្វារទាំងឡាយចូរកក្រើកចូរអ្នកខំបើកកុំឈរឈប់
ចូរបើកចំហទាំងថ្ងៃយប់មហាក្សត្រជាម្លប់យាងចូលមក
តើព្រះមហាក្សត្រជានរណារុងរឿងថ្លៃថ្លាជាជម្រក
គឺព្រះដែលខ្លាំងធ្លាប់ច្បាំងមកមានជ័យមានជោគលើពិភព
ឱទ្វារទាំងឡាយចូរកក្រើកចូរអ្នកខំបើកកុំឈរឈប់
ចូរបើកចំហទាំងថ្ងៃយប់មហាក្សត្រជាម្លប់យាងចូលមក
១០តើព្រះមហាក្សត្រជានរណារុងរឿងថ្លៃថ្លាជាជម្រក
គឺទ្រង់ជាម្ចាស់ពិភពលោកពីដើមរៀងមកលុះឥឡូវ

ទំនុកតម្កើងលេខ ២៥ (២៤) បទពាក្យ៧

ឱ! ព្រះអម្ចាស់ខ្ញុំផ្ចង់ចិត្តផ្ចង់ទាំងគំនិតឥតរវាត
ទៅលើព្រះអង្គមិនឃ្លាងឃ្លាតនឹកហើយគិតទៀតមិនបែកចិត្ត
បពិត្រព្រះម្ចាស់ទូលបង្គំពេលនេះរូបខ្ញុំផ្ញើជីវិត
សូមកុំឱ្យខ្ញុំត្រូវខកចិត្តព្រោះខ្មាំងជុំជិតមានជោគជ័យ
អស់អ្នកសង្ឃឹមលើព្រះអង្គនឹងមិនត្រូវបង់ខកចិត្តអ្វី
គឺមានតែអ្នកក្បត់ម្ចាស់ថ្លៃទើបខកចិត្តក្រៃអ្វីក៏គ្មាន
ឱព្រះអម្ចាស់ទូលបង្គំសូមជួយណែនាំនិងបង្រៀន
ឱ្យស្គាល់មាគ៌ាល្អថ្កើងថ្កានវិសុទ្ធហួសស្មាននៃព្រះអង្គ
សូមជួយអប់រំខ្ញុំឱ្យរស់តាមក្តីពិតស្មោះព្រះអង្គផង
ដ្បិតទ្រង់សង្គ្រោះខ្ញុំឥតហ្មងសង្ឃឹមព្រះអង្គរៀងរាល់ថ្ងៃ
ឱព្រះអម្ចាស់សូមកុំភ្លេចចាំជាប់ជានិច្ចពេញព្រះទ័យ
ដែលធ្លាប់អាណិតពន់ពេកក្រៃករុណាប្រណីខ្ញុំជានិច្ច
សូមបំភ្លេចបាបនិងកំហុសដែលខ្ញុំមានទោះច្រើនឬតិច
នៅពីក្មេងខ្ចីសូមបំភ្លេចទ្រង់គ្មានកលកិច្ចធ្លាប់មេត្តា
ព្រះអម្ចាស់មានព្រះហឫទ័យសប្បុរសពេកក្រៃករុណា
សូមជួយបង្ហាញពីមាគ៌ាមនុស្សបាបរាល់គ្នាបានស្គាល់ផង
ព្រះអង្គនាំមនុស្សដែលមានចិត្តសុភាពសុចរិតតាមគន្លង
មាគ៌ាត្រឹមត្រូវល្អផូរផង់មិនឱ្យមានហ្មងស្គាល់ផ្លូវល្អ
១០មាគ៌ារបស់ព្រះអម្ចាស់សម្តែងយ៉ាងច្បាស់ករុណាធម៌
ដល់អ្នកគោរពទោះក្រីក្រខ្ពង់ខ្ពស់បវរតាមសម្ពន្ធ
១១ឱ! ព្រះអម្ចាស់ប្រណីប្រោសកុំប្រកាន់ទោសខ្ញុំធ្ងរធ្ងន់
អំពើទុច្ចរិតមានពីមុនសូមក្រាបកាយលន់តួព្រះម្ចាស់
១២អស់អ្នកគោរពហើយកោតខ្លាចឫទ្ធីអំណាចបានស្គាល់ច្បាស់
ទ្រង់បង្ហាញផ្លូវឥតក្រឡះដែលគេត្រូវជ្រើសតាមចិន្តា
១៣នោះគាត់បានសុខមានមង្គលឥតមានខ្វាយខ្វល់គ្រប់វេលា
ពូជពង្សកូនចៅទាំងអស់គ្នាគ្រងស្រុកទុកជាកេរមតក
១៤ព្រះតែងសម្តែងភក្តីភាពអ្នកតូចខ្ពស់ទាបយ៉ាងស្ម័គ្រស្មោះ
អ្នកដែលកោតខ្លាចទ្រង់សប្បុរសឱ្យគេទាំងអស់ស្គាល់មេត្រី
១៥រូបខ្ញុំសម្លឹងរកព្រះអង្គឥតមានភ្លេចម្តងរៀងរាល់ថ្ងៃ
ព្រះអង្គរំដោះផុតទុក្ខភ័យផុតពីក្សិណក្ស័យផុតអន្ទាក់
១៦សូមព្រះអង្គបែរព្រះភក្ត្រមកសណ្តោងយោងយកកុំអន់អាក់
ប្រណីសន្តោសផុតគ្រោះថ្នាក់ដ្បិតរូបខ្ញុំម្នាក់នៅឯកា
១៧រូបខ្ញុំលំបាកចិត្តពេកក្រៃរាល់ពេលយប់ថ្ងៃសែនខ្លោចផ្សា
មេត្តាដកយកទុក្ខនេះណាធុញថប់គ្រាំគ្រាពីចិត្តខ្ញុំ
១៨សូមទតមកមើលទុក្ខវេទនាចុកចាប់ឈឺផ្សាទូលបង្គំ
អត់ទោសឱ្យរួចពីទុក្ខធំវេទនាទួញយំផុតបាបផង
១៩សូមទតមកមើលខ្មាំងសត្រូវគ្នាច្រើនពេកកូវចិត្តយង់ឃ្នង
គេស្អប់គេខ្ពើមក្រៃកន្លងចិត្តគេប៉ុនប៉ងចងគួនគុំ
២០មេត្តាជួយការពារជីវិតរំដោះឱ្យផុតពីទុក្ខធំ
ខ្ញុំសូមពឹងលើព្រះឧត្តមកុំឱ្យរូបខ្ញុំខកចិត្តឡើយ
២១រូបខ្ញុំទុកចិត្តលើព្រះអង្គសូមមេត្តាផងកុំកន្តើយ
រក្សាជីវិតខ្ញុំបានស្បើយព្រោះខ្ញុំនេះហើយចិត្តសប្បុរស
២២ឱព្រះអម្ចាស់នៃខ្ញុំអើយសូមកុំព្រងើយធ្វើដូច្នោះ
រំដោះអ៊ីស្រាអែលឱ្យរួចទោសវេទនាទាំងអស់បានសុខសាន្ត

ទំនុកតម្កើងលេខ ២៦ (២៥) បទពាក្យ៧

ឱព្រះអម្ចាស់ព្រះអង្គជាព្រះប្រពៃឧត្តម
សូមរកយុត្តិធម៌ឱ្យទូលបង្គំដែលអស់យើងខ្ញុំ
ទុកចិត្តព្រះអង្គ
ឱព្រះអម្ចាស់សូមស្ទង់ឱ្យច្បាស់លចិត្តមើលផង
ពិនិត្យរូបខ្ញុំហើយពិសោធន៍ល្បងចិត្តខ្ញុំឥតហ្មង
ស្មោះស្ម័គ្រជានិច្ច
ទូលបង្គំស្រមៃនឹកពីព្រះទ័យព្រះអង្គឥតភ្លេច
ហើយបានធ្វើតាមឥតមានកែគេចតាមជាប់ជានិច្ច
មិនគេចបែកបែរ
ទូលបង្គំមិនធ្លាប់អង្គុយអែបជាប់ពួកពាលប៉ោឡែ
ឬមនុស្សខិលខូចជនអាវាសែពុតត្បុតហូរហែ
ក៏មិនសេពគប់
ខ្ញុំមិនចូលចិត្តពួកអ្នកប្រព្រឹត្តអាក្រក់ងល់ងប់
ខ្ញុំមិនល្ងីល្ងើអង្គុយរួមរួបទោះថ្ងៃឬយប់
នឹងពួកពាលា
ឱ!​​​ព្រះអម្ចាស់ខ្ញុំសូមប្រកាសស្មោះឥតរួញរា
ខ្ញុំសម្អាតដៃគឺបញ្ជាក់ថារូបខ្ញុំគឺជា
មនុស្សឥតសៅហ្មង
ព្រមទាំងបន្លឺសំឡេងរន្ទឺអរគុណព្រះអង្គ
និងរៀបរាប់ពីការអស្ចារ្យផងរបស់ព្រះអង្គ
មានទាំងប៉ុន្មាន
បពិត្រព្រះម្ចាស់ខ្ញុំចូលចិត្តណាស់ដំណាក់សុខសាន្ត
របស់ព្រះអង្គគឺជាទីស្ថានសិរីថ្កើងថ្កាន
ព្រះអង្គស្ថិតនៅ
សូមកុំទុកឱ្យខ្ញុំស្លាប់ជាមួយមនុស្សបាបអាស្រូវ
កុំដកជីវិតរបស់ខ្ញុំទៅនឹងពួកឃោរឃៅ
ធ្លាប់បង្ហូរឈាម
១០ពួកនោះចូលចិត្តនាំគ្នាប្រព្រឹត្តផ្ទុយពីបម្រាម
អំពើទុច្ចរិតដែលព្រះលោកហាមខំបង្ហូរឈាម
ឬស៊ីសំណូក
១១ឯខ្ញុំចូលចិត្តធ្វើតែសុចរិតមិនព្រមច្របូក
ច្របល់់នឹងពួកធ្លាប់ស៊ីធ្លាប់សូកសូមរំដោះយក
រូបខ្ញុំនេះផង
១២រូបខ្ញុំឈរនៅកន្លែងត្រឹមត្រូវសុចរិតទៀងត្រង់
ខ្ញុំនឹងលើកថ្កើងតម្កើងព្រះអង្គឱ្យខ្ពស់ឧត្តុង្គ
ក្នុងប្រជុំធំ

ទំនុកតម្កើងលេខ ២៧ (២៦) បទពាក្យ៧

ព្រះអម្ចាស់ទ្រង់ជាពន្លឺនាមល្បីរន្ទឺព្រះសង្គ្រោះ
មិនឱ្យខ្ញុំខ្លាចនរណាសោះជាកំពែងខ្ពស់ជួយជីវិត
ពេលពួកជនពាលជាបច្ចារូតរះម្នីម្នាចូលមកជិត
ពួកគេចង់មកផ្តាច់ជីវិតតែពួកឧក្រិដ្ឋត្រូវភ្លាត់ដួល
ទោះមានទ័ពច្រើនមករោមរឹតឡោមព័ទ្ធខ្ញុំជិតក៏មិនជ្រួល
ទោះលើកគ្នាច្បាំងខ្ញុំសុខស្រួលចិត្តមិនប្រែប្រួលសង្ឃឹមព្រះ
ខ្ញុំទូលព្រះម្ចាស់នូវសេចក្តីតែមួយគត់ខ្លីឱ្យបានច្បាស់
គឺចង់ស្នាក់នៅដំណាក់ព្រះឥតមានក្រឡះមួយជីវិត
ដើម្បីខ្ញុំបានកោតស្ញែងស្ញប់ឫទ្ធានុភាពថ្កុំថ្កើងពិត
នឹងថ្វាយបង្គំម្ចាស់ជីវិតព្រះអង្គគង់ស្ថិតក្នុងវិហារ
ពេលខ្ញុំជួបគ្រោះអាសន្នភ័យព្រះអង្គដឹកដៃខ្ញុំម្នីម្នា
ចូលខ្លួនជ្រកក្នុងព្រះពន្លាបំពួនអាត្មាថ្មដាបាំង
ឥឡូវព្រះអង្គលើករូបខ្ញុំឱ្យខ្ពស់ឧត្តមហួសពួកខ្មាំង
ថ្វាយយញ្ញបូជាហើយព្រមទាំងស្រែកជ័យឃោសផងស្មូតតម្កើង
ឱព្រះម្ចាស់អើយសូមសណ្តាប់ស្នូរខ្ញុំស្រែកប្រាប់ឮលាន់ឡើង
អាណិតឆ្លើយតបកុំឆ្មៃឆ្មើងមកខ្ញុំវិញផងកុំកន្តើយ
ខ្ញុំនឹកទៅដល់ព្រះបន្ទូលព្រះអង្គថ្លែងពោលទុកមកហើយ
ចូរស្វែងរកយើងនឹងបានស្បើយខ្ញុំមិនព្រងើយស្វែងរកភ័ក្ត្រ
សូមទ្រង់អាណិតដល់រូបខ្ញុំកុំពួនសំងំនៅលួចលាក់
កុំព្រះពិរោធកុំអន់អាក់កុំបណ្តេញអ្នកបម្រើចោល
ព្រះអង្គសង្គ្រោះទូលបង្គំកុំទុករូបខ្ញុំនៅតែលតោល
ឱព្រះសង្គ្រោះដូចស្រមោលកុំទុកខ្ញុំចោលដូច្នេះណា
១០ទោះឪពុកម្តាយទូលបង្គំបោះបង់ចោលខ្ញុំឱ្យឯកា
ព្រះម្ចាស់នៅតែថែរក្សាប្រណីមេត្តាជាប់ជានិច្ច
១១សូមព្រះអម្ចាស់បង្រៀនខ្ញុំស្គាល់ផ្លូវឧត្តមគ្មានកលកិច្ច
ដើរតាមមាគ៌ាមិនបែរគេចព្រោះខ្មាំងមានល្បិចចាំឃ្លាំមើល
១២សូមកុំបណ្តោយឱ្យខ្ញុំធ្លាក់ចូលក្នុងអន្ទាក់ខ្មាំងងងើល
សាក្សីក្លែងក្លាយបង្កាច់មួលអ្នកនោះតែងពោលពាក្យឃោរឃៅ
១៣ខ្ញុំជឿជាក់ថាខ្ញុំនឹងបានឃើញសុខក្សេមក្សាន្តមិនអាស្រូវ
មង្គលកើតពីព្រះម្ចាស់នៅក្នុងលោកតទៅជាមិនខាន
១៤ចូរទុកចិត្តលើព្រះអម្ចាស់ព្រះអង្គជាព្រះដ៏ថ្កើងថ្កាន
ចូរមានកម្លាំងចិត្តក្លាហាននោះអ្នកនឹងមានសុខមង្គល

ទំនុកតម្កើងលេខ ២៨ (២៧) បទព្រហ្មគីតិ

ឱព្រះអម្ចាស់អើយខ្ញុំស្រែកហើយរកព្រះអង្គ
ទ្រង់ជាថ្មដាបាំងការពារឃាំងទូលបង្គំ
សូមទ្រង់ស្តាប់សម្រែកដែលខ្ញុំស្រែកស្ទើរទួញយំ
បើទ្រង់នៅសំងំនោះរូបខ្ញុំធ្លាក់មរណា
ពេលខ្ញុំដង្ហោយហៅលើកដៃទៅទីសក្ការ
គ្រប់ពេលតែងវាចាសូមមេត្តាសណ្តាប់ផង
កុំឱ្យខ្ញុំមានទោសដូចកំហុសពួកយង់ឃ្នង
គេរាក់ទាក់ឥតឆ្គងតែបំណងមានកលល្បិច
សូមទ្រង់ជួយដាក់ទោសតាមកំហុសកុំបីភ្លេច
ឱ្យសមតាមកលល្បិចកុំឱ្យគេចរួចខ្លួនឡើយ
ពួកគេមិនយល់សោះស្នាព្រះហស្តនៅបង្កើយ
សូមទ្រង់ផ្តួលគេហើយកុំបីឡើយឱ្យងើបបាន
សូមនាំគ្នាលើកឡើងជួយតម្កើងព្រះថ្កើងថ្កាន
ដ្បិតព្រះអម្ចាស់បានព្រះសណ្តាប់ពាក្យផងខ្ញុំ
ព្រះម្ចាស់ជាបន្ទាយកំពែងរាយខែលព័ទ្ធជុំ
ការពារសង្គ្រោះខ្ញុំទូលបង្គំគួរទុកចិត្ត
ខ្ញុំរីករាយសប្បាយលែងខ្វល់ខ្វាយឈប់ភ័យភិត
សរសើរព្រះម្ចាស់ពិតដោយមានបទច្រៀងតម្កើង
ព្រះម្ចាស់ជាកម្លាំងការពារពាំងរាស្រ្តព្រះអង្គ
ទ្រង់ជាកំពែងផងសម្រាប់់សង្គ្រោះព្រះគ្រីស្ត
ឱព្រះជាអម្ចាស់សូមសង្គ្រោះប្រជារាស្រ្ត
ទ្រង់ជាគង្វាលឈ្លាសវៃរវៀសថែទាំគេ

ទំនុកតម្កើងលេខ ២៩ (២៨) បទកាកគតិ

ទេវតាទាំងឡាយចូរនាំគ្នាថ្វាយតម្កើងព្រះម្ចាស់
លើកស្ទួយសេរីរុងរឿងត្រចះអនុភាពតេជៈ
របស់ព្រះអង្គ
ចូរលើកតម្កើងព្រះនាមថ្កុំថ្កើងក្នុងពេលនេះផង
ចូរនាំគ្នាថ្វាយបង្គំព្រះអង្គវិសុទ្ធឥតហ្មង
ព្រះនាមល្បាញល្បី
សូរសៀងព្រះម្ចាស់លាន់ឮយ៉ាងច្បាស់ពាសពេញផែនដី
ពីលើសាគរសមុទ្រធំក្រៃព្រះអម្ចាស់ថ្លៃ
គង់នៅលើទឹក
សូរសៀងព្រះម្ចាស់ស្ទើរបែកអាកាសលាន់ឮសន្ធឹក
ឫទ្ធានុភាពគគ្រឹមគគ្រឹកទោះយប់ល្ងាចព្រឹក
នៅតែថ្កុំថ្កើង
សូរសៀងព្រះម្ចាស់មានបារមីណាស់ដើមឈើដួលប៉ើង
ដើមធំបាក់មែកដើមតូចរលើងនៅភ្នំលីបង់
ខ្ទេចខ្ទីគ្មានសល់
ព្រះអង្គឱ្យភ្នំស៊ីរីយ៉ូនធំលោតឥតមានខ្វល់
ដូចកូនក្របីកូនគោគ្មានក្រោលត្រូវមេដើរចោល
គ្មានអ្នករក្សា
សូរសៀងព្រះម្ចាស់ខ្ទ័រខ្ទារខ្លាំងណាស់ពាសពេញវេហាស៍
មានទាំងរន្ទះបាញ់រះផងណានេះគឺចេស្តា
បារមីថ្កើងថ្កាន
សូរសៀងរបស់ព្រះម្ចាស់ទាំងអស់ឱ្យរហោស្ថាន
កក្រើកញាប់ញ័រគ្មានអ្វីស្មើបានទាំងរហោស្ថាន
ផែនដីរញ្ជួយ
សូរសៀងព្រះម្ចាស់អង្រួនទាំងអស់ឱ្យក្តាន់ញីព្រួយ
កំពុងកើតកូនអារម្មណ៍រញ្ជួយព្រមទាំងធ្វើឱ្យ
ស្លឹកឈើជ្រុះអស់
ពេលនោះមនុស្សម្នាទាំងអស់នាំគ្នាស្រែកដោយស្រួលស្រុះ
ក្នុងវិហារថាតម្កើងព្រះម្ចាស់ព្រះនាមរបស់
អម្ចាស់ថ្លាថ្លៃ
១០ព្រះអង្គគ្រប់គ្រងទឹកជំនន់ផងធំធេងពេកក្រៃ
ទ្រង់គឺជាព្រះមហាក្សត្រថ្លៃព្រះនាមល្បាញល្បី
គ្រងរាជ្យតទៅ
១១សូមព្រះអម្ចាស់ប្រណីសន្តោសកុំបង្អង់នៅ
ប្រទានកម្លាំងឱ្យរាស្ត្រតទៅកុំបីហ្មងសៅ
ឱ្យគេសុខសាន្ត

ទំនុកតម្កើងលេខ ៣០ (២៩) បទពាក្យ៧

បពិត្រព្រះម្ចាស់ដ៏ឧត្តមទូលបង្គំសូមលើកតម្កើង
ព្រោះព្រះអង្គបានស្រង់ខ្ញុំឡើងមិនឱ្យពួកខ្មាំងលេងសើចបាន
ឱព្រះអម្ចាស់ដែលជាព្រះប្រសើរពេកណាស់ខ្ពស់ថ្កើងថ្កាន
ខ្ញុំអង្វរសុំក្តីសុខសាន្តហើយទ្រង់ប្រោសប្រាណឱ្យបានជា
បពិត្រព្រះម្ចាស់ដ៏ឧត្តមស្រង់ទូលបង្គំផុតវេទនា
ចេញពីរណ្តៅជនមរណាប្រទានជីវ៉ារស់ជាថ្មី
ឱអ្នករាល់គ្នាដែលជារាស្រ្តរបស់ព្រះម្ចាស់ដ៏ប្រពៃ
ចូរច្រៀងតម្កើងនាមម្ចាស់ថ្លៃវិសុទ្ធពេកក្រៃនៃព្រះអង្គ
ព្រះអង្គខ្ញាល់តែមួយភ្លែតសោះប្រណីសន្តោសមនុស្សទាំងពួង
ពេលល្ងាចគេយំចិត្តមួរហ្មងព្រលឹមស្រាងឡើងអរសប្បាយ
ពេលទូលបង្គំរស់បានសុខមិនដែលមានទុក្ខមកបៀតកាយ
ខ្ញុំពោលឡើងថាព្រះម្ចាស់ថ្លៃរូបខ្ញុំគ្មានអ្វីរលំឡើយ
បពិត្រព្រះម្ចាស់ដែលធ្លាប់ប្រោសប្រណីសន្តោសមិនកន្តើយ
ឱ្យខ្ញុំរឹងប៉ឹងដូចភ្នំហើយកុំលាក់ភ័ក្ត្រឡើយខ្ញុំតក់ស្លុត
ឱព្រះជាអម្ចាស់ខ្ញុំអើយខ្ញុំស្រែកដង្ហោយមិនកំណត់
អង្វរព្រះអង្គតែមួយគត់រាល់ពេលទៀងទាត់ទទូចថា
១០«បើព្រះអង្គទុកឱ្យរូបខ្ញុំទុក្ខសោកក្រៀមក្រំបង់សង្ខារ
តើបានប្រយោជន៍អ្វីទៅណាខ្ញុំក្ស័យសង្ខារក្នុងរណ្តៅ
តើមនុស្សស្លាប់ឬដែលសរសើរព្រះគ្មានអ្វីស្មើគ្មានហ្មងសៅ
តើគេអាចថ្លែងដូចម្តេចទៅពីទឹកព្រះទ័យព្រះអង្គបាន
១១ឱព្រះអម្ចាស់សូមមេត្តាសណ្តាប់ករុណាកុំខកខាន
ឱព្រះម្ចាស់អើយសូមវិលថ្កានសង្គ្រោះប្រោសប្រាណរូបខ្ញុំផង»
១២ព្រះអង្គធ្វើឱ្យផុតអស់ទុក្ខអាប់អួរសព្វមុខមិនមានហ្មង
ឥតមានកាន់ទុក្ខរីករាយម្តងខោអាវល្អផងពាក់សប្បាយ
១៣ខ្ញុំមិននៅស្ងៀមធ្វើឆ្មៃឆ្មើងស្មូតបទតម្កើងមិនជិនណាយ
ឱព្រះម្ចាស់អើយខ្ញុំឱនកាយក្រាបបង្គំថ្វាយលើកតម្កើង

ទំនុកតម្កើងលេខ ៣១ (៣០) បទកាកគតិ

ឱព្រះអម្ចាស់ខ្ញុំសូមប្រកាសសូមជ្រកក្រោមម្លប់
ជារៀងរហូតឥតមានឈរឈប់ទាំងថ្ងៃទាំងយប់
សូមរំដោះផង
សូមទ្រង់ផ្ទៀងស្តាប់ពាក្យខ្ញុំរៀបរាប់មិនឱ្យមានឆ្គង
សូមរំដោះខ្ញុំឱ្យឆាប់តែម្តងជាកំពែងផង
សង្គ្រោះរូបខ្ញុំ
ទ្រង់ជាសិលាកំពែងថ្មដាពាំងទូលបង្គំ
សូមជួយដឹកនាំឆ្លងផ្លូវតូចធំតម្រង់ទិសខ្ញុំ
ដោយយល់ព្រះនាម
សូមប្រោសឱ្យរួចពីពួកមនុស្សខូចពួនឃ្លាំចាំយាម
សូមជួយរំដោះពីអន្ទាក់ភ្លាមដ្បិតតែព្រះនាម
ទ្រង់ជួយការពារ
ខ្ញុំសូមប្រគល់វិញ្ញាណនិមលថ្វាយអង្គក្សត្រា
ទៅក្នុងព្រះហស្តព្រះម្ចាស់ហើយណាព្រោះព្រះអង្គជា
ព្រះទុកចិត្តបាន
ទូលបង្គំសូមផ្ញើជីវិតទៅលើព្រះម្ចាស់ថ្កើងថ្កាន
ហើយខ្ញុំក៏ស្អប់មនុស្សចិត្តសាមាន្យស្មោះស្ម័គ្រផ្ញើប្រាណ
លើព្រះក្លែងក្លាយ
ចិត្តខ្ញុំស្រស់ថ្លាអរឥតឧបមារីករាយសប្បាយ
ដោយសារព្រះអង្គទ្រង់មានព្រះទ័យករុណាប្រណី
ពេលខ្ញុំវេទនា
ទ្រង់មិនបណ្តោយឱ្យរូបខ្ញុំធ្លោយខ្លោចផ្សាគ្រាំគ្រា
ធ្លាក់ទៅក្នុងដៃរបស់បច្ចាសូមទ្រង់ករុណា
មេត្តាប្រណី
១០ឱព្រះម្ចាស់អើយសូមអាណិតហើយសន្តោសខន្តី
ដ្បិតទូលបង្គំជួបអាសន្នភ័យយំស្ទើររីងរៃ
បាក់ធ្លាក់ទឹកចិត្ត
១១លុះដល់ខ្ញុំចាស់ទុក្ខនោះធ្ងន់ណាស់អស់មួយជីវិត
កម្លាំងចុះខ្សោយកំហុសជុំជិតខ្ញុំខុសមែនពិត
ឆ្អឹងឆ្អែងពុកផុយ
១២សត្រូវទាំងអស់ពោលពាក្យគំរោះប្រមាថជេរស្តី
ទោះអ្នកជិតខាងធ្លាប់មានមេត្រីពេលខ្ញុំដេកដី
គេនាំគ្នាគេច
១៣គេមិនខ្ចីនឹកគេមិនរំព្ញកគេខំបំភ្លេច
ដូចចោលអ្នកស្លាប់គ្មានគិតតួចតិចដូចឆ្នាំងកំបែក
ត្រូវគេបង់បោះ
១៤ខ្ញុំឮគេពោលពាក្យបង្កាច់មួយថាមនុស្សទាំងអស់
នៅជុំវិញខ្ញុំមានចិត្តមិនស្មោះពួកគេទាំងនោះ
បម្រុងប្រហារ
១៥បពិត្រព្រះម្ចាស់ទូលបង្គំភ័យណាស់សូមផ្ញើជីវ៉ា
ទៅលើព្រះអង្គហើយសូមពោលថាព្រះអង្គពិតជា
ព្រះរបស់ខ្ញុំ
១៦អាយុជីវិតរបស់ខ្ញុំស្ថិតដោយក្តីសុខដុម
នៅក្នុងព្រះហស្តព្រះម្ចាស់ឧត្តមសូមរំដោះខ្ញុំ
ផុតពីដៃខ្មាំង
១៧សូមបែរព្រះភក្ត្រទតមកមើលអ្នកបម្រើព្រះអង្គ
មេត្តាសង្គ្រោះទូលបង្គំផងដោយហឫទ័យទ្រង់
ប្រណីករុណា
១៨ឱព្រះអម្ចាស់ខ្ញុំអង្វរព្រះដែលធ្លាប់មេត្តា
កុំឱ្យរូបខ្លុំខកចិត្តឡើយណាឱ្យមនុស្សពាលា
ទៅជួបមច្ចុរាជ
១៩សូមឱ្យអស់អ្នកតែងតែកុហកនិងពួកកំណាច
ពួកធ្លាប់និយាយព្រហើនកោងកាចបាត់បង់អំណាច
ហារស្តីមិនបាន
២០បពិត្រព្រះម្ចាស់ព្រះទ័យសន្តោសវិសេសថ្កើងថ្កាន
ដល់អ្នកគោរពកោតខ្លាចគ្រប់ប្រាណមិនដែលរំខាន
អ្នកជ្រកជាមួយ
២១ព្រះអង្គទ្រង់លាក់គេនៅក្បែរភក្ត្រឱ្យផុតពីព្រួយ
ពីមនុស្សទុច្ចរិតព្រះអង្គតែងជួយឱ្យនៅជាមួយ
ក្នុងព្រះពន្លា
២២សូមលើកតម្កើងសិរីរុងរឿងពេលដែលបច្ចា
ឡោមព័ទ្ធរូបខ្ញុំច្រើនឥតឧបមាហឫទ័យមេត្តា
អស្ចារ្យពេកក្រៃ
២៣ពេលខ្ញុំខ្វល់ចិត្តវិលវល់គំនិតជួបទុក្ខគ្រោះភ័យ
ខ្ញុំនឹកស្មានថាទ្រង់លែងប្រណីតែពេលខ្ញុំស្តី
ទ្រង់ស្តាប់ពាក្យខ្ញុំ
២៤សូមឱ្យអស់អ្នកគោរពស្មោះស្ម័គ្រព្រះម្ចាស់ជាធំ
នាំគ្នាស្រឡាញ់ព្រះខ្ពស់ឧត្តមការពារឧបត្ថម្ភ
រក្សាអ្នកជឿ
តែព្រះអង្គដាក់ទោសតឹងដល់ថ្នាក់អ្នកគ្មានជំនឿ
មនុស្សព្រហើនកាចកោងមិនជឿអ្នកគ្មានជំនឿ
ព្រះអង្គផ្តន្ទា
២៥អស់អ្នកទុកចិត្តសង្ឃឹមស្មោះពិតព្រះម្ចាស់លោកា
ចូរមានកម្លាំងទឹកចិត្តហានក្លានោះព្រះមុខជា
ការពារសុខសាន្ត

ទំនុកតម្កើងលេខ ៣២ (៣១) បទព្រហ្មគីតិ

អ្នកដែលព្រះជាម្ចាស់លើកលែងទោសប្រោសប្រណី
រួចពីបាបទុក្ខភ័យមានសេរីសុខមង្គល
អស់អ្នកដែលព្រះម្ចាស់មិនចាប់ទោសផុតអំពល់
គ្មានចិត្តរៀចវិលវល់មានមង្គលសុខឥតល្ហែ
ដរាបណារូបខ្ញុំនៅមិនព្រមសារភាពទេ
នោះខ្ញុំកើតទុក្ខទ្វេមិនឈប់ទេចុកចាប់ក្រៃ
ដ្បិតព្រះអង្គដាក់ទោសព្រោះខ្ញុំខុសទាំងយប់ថ្ងៃ
ហេវខ្សោះស្ទើរក្សិណក្ស័យដូចជាដីហួតទឹកអស់
រូបខ្ញុំបានសារភាពអំពើបាបមុខព្រះម្ចាស់់
ខ្ញុំមិនលាក់លៀមសោះនូវកំហុសខ្ញុំនោះឡើយ
ទូលបង្គំពោលថាខ្ញុំនេះណាសារភាពហើយ
ទោសខ្ញុំធ្ងន់ឥតស្បើយទ្រង់លើកឱ្យរួចពីបាប
ហេតុនេះហើយបានជាអ្នករាល់គ្នាប្រណិប័តន៍ក្រាប
ព្រះម្ចាស់ជាដរាបជាប់រៀងរៀបមិនភិតភ័យ
ទោះជាមានកង្វល់ជួបព្យុះខ្យល់ទឹកជន់ក្តី
ព្រះម្ចាស់តែងប្រណីមិនឱ្យក្ស័យឬលិចលង់
ព្រះអង្គជាជម្រកឱ្យខ្ញុំជ្រកមិនឱ្យហ្មង
ការពាររូបខ្ញុំផងកម្ចាត់បង់អាសន្នភ័យ
យើងនឹងប្រដៅអ្នកឱ្យស្គាល់ជាក់ផ្លូវប្រពៃ
ផ្តល់យោបល់ថ្លាថ្លៃថែរាល់ថ្ងៃមិនឱ្យឆ្គង
កុំឆោតល្ងង់ដូចលាឬសេះជាជំនិះម្តង
ដាក់ដែកបង្ខាំផងរួចមានចងទាំងបង្ហៀរ
១០ជនពាលត្រូវរងគ្រប់ទុក្ខទោសសព្វវេទនា
ព្រះម្ចាស់តែងមេត្តាដល់អ្នកណាពឹងព្រះអង្គ
១១មនុស្សសុចរិតអើយកុំកន្តើយសប្បាយឡើង
អស់អ្នកដែលទៀងត្រង់ស្រែកហ៊ោរផងដោយអំណរ

ទំនុកតម្កើងលេខ ៣៣ (៣២) បទព្រហ្មគីតិ

មនុស្សដែលសុចរិតអបអរពិតលើកតម្កើង
មានតែមនុស្សទៀងត្រង់ដែលចិត្តចង់កោតសរសើរ
ដេញពិណលើកតម្កើងព្រះនៃយើងគ្មានអ្វីស្មើ
លេងចាប៉ីបណ្តើរដេញបង្ហើរខ្សែដប់ថ្វាយ
ចូរច្រៀងទំនុកថ្មីទាំងតន្ត្រីកុំជិនណាយ
សូរសៀងពិរោះក្រៃពេលសប្បាយអបអរទ្រង់
ដ្បិតព្រះជាអម្ចាស់បន្ទូលច្បាស់ពិតទៀងត្រង់
ព្រះអង្គតែងផ្ចិតផ្ចង់ហើយតម្រង់តាមសន្យា
ព្រះអង្គសព្វព្រះទ័យនឹងសេចក្តីពិតសត្យា
សុចរិតគ្រប់ប្រការហើយរក្សាយុត្តិធម៌
ផែនដីទាំងមូលថ្លែងខំសម្តែងដោយអំណរ
ពីហឫទ័យបវរករុណាល្អព្រះជាម្ចាស់
ផ្ទៃមេឃហ្វូងតារាកើតដោយសារបន្ទូលច្បាស់
ដោយបញ្ជារបស់ព្រះជាអម្ចាស់នៃយើង
ព្រះអង្គបានធ្វើឱ្យសមុទ្រថយផ្តុំគ្នាឡើង
រួចទ្រង់ក៏បង្ខាំងសមុទ្រគាំងមួយកន្លែង
សូមឱ្យមនុស្សទាំងអស់ដែលនៅរស់កោតស្ញប់ស្ញែង
ព្រះមានឫទ្ធិក្រៃលែងគួរស្ញប់ស្ញែងកោតព្រះអង្គ
ដ្បិតពេលមានបន្ទូលអ្វីមកមូលមិនរេរង់
តាមបង្គាប់ព្រះអង្គសព្វអ្វីផងមានទាំងអស់
១០ទ្រង់បំបែកផែនការនៃប្រជាអសប្បុរស
កម្រោងការរបស់ជនទាំងនោះត្រូវរលាយ
១១ឯផែនការព្រះអង្គស្ថិតនៅគង់មិនអន្តរាយ
កម្រោងការទាំងឡាយមិនរលាយនៅស្ថិតស្ថេរ
១២ប្រជាដែលគោរពបម្រើគ្រប់គ្មានទំនេរ
ទុកជាព្រះឥតប្រែនោះជួយតែសុខគ្រប់គ្រា
ជនដែលព្រះអង្គជ្រើសឥតមានឃ្នើសជាទ្រព្យា
ជារាស្រ្តផ្ទាល់អង្គានោះមុខជារួចផុតទុក្ខ
១៣ព្រះម្ចាស់ទតមកពីស្ថានរមណីបរមសុខ
ទតមើលពីលើមកឃើញមនុស្សយើងទាំងអស់
១៤ពីព្រះរាជដំណាក់ល្អសមសក្តិឥតមានទាស់
ទតមើលជនទាំងអស់ដែលនៅរស់លើផែនដី
១៥គឺពិតជាព្រះអង្គដែលបង្កើតចិត្តប្រុសស្រី
ទ្រង់ពិនិត្យរំពៃមើលសព្វអ្វីដែលគេធ្វើ
១៦ពុំដែលមានស្តេចណាឈ្នះដោយសារទ័ពពូកែ
ហើយក៏ពុំមានដែរអ្នកពូកែដោយកម្លាំង
១៧ឯសេះចេះប្រយុទ្ធស្ទាត់បំផុតធ្វើចម្បាំង
ទោះបីវាក្លាខ្លាំងក៏នៅគាំងមិនអាចឈ្នះ
១៨ព្រះអង្គតាមរក្សាអស់អ្នកណាដែលខ្លាចព្រះ
អ្នកពឹងលើអម្ចាស់ដ៏សប្បុរសមានមេត្តា
១៩ព្រះអង្គបានសង្គ្រោះឱ្យគេរស់មានសង្ខារ
ផុតពីក្តីមរណានៅក្នុងគ្រាដែលអត់ឃ្លាន
២០យើងសូមផ្ញើជីវិតលើព្រះពិតឥតខកខាន
ជាខែលដ៏ចំណានសង្គ្រោះប្រាណផុតភិតភ័យ
២១យើងខ្ញុំសែនរីករាយចិត្តសប្បាយអរពេកក្រៃ
សូមផ្ញើជីវិតថ្លៃលើព្រះទ័យល្អបំផុត
២២សូមព្រះជាអម្ចាស់សម្តែងព្រះទ័យវិសុទ្ធ
មេត្តាខ្ពស់បំផុតកាយជីវិតផ្ញើព្រះអង្គ

ទំនុកតម្កើងលេខ ៣៤ (៣៣) បទកាកគតិ

ខ្ញុំអរព្រះគុណអម្ចាស់ពេកពន់គ្រប់ពេលវេលា
សូមលើកតម្កើងព្រះអង្គគ្រប់គ្រាឥតមានរួញរា
ឈប់ឈរសោះឡើយ
ខ្ញុំខ្ពស់មុខព្រោះព្រះម្ចាស់សង្គ្រោះខ្ញុំមិនកន្តើយ
ចូរអ្នកទន់ទាបស្តាប់កុំព្រងើយនឹងបានធូរស្បើយ
អំណរខ្លាំងក្លា
សូមមកប្រកាសនឹងខ្ញុំឱ្យច្បាស់ដោយពោលឡើងថា
ព្រះម្ចាស់ថ្កុំថ្កើងរុងរឿងក្រៃណាយើងនាំគ្នីគ្នា
តម្កើងព្រះអង្គ
ខ្ញុំបានស្វែងរកព្រះម្ចាស់តបមកឥតមានបង្អង់
ទ្រង់បានរំដោះខ្ញុំអស់ទុក្ខផងតក់ស្លុតមួរហ្មង
ឆ្លងផុតទាំងអស់
អ្នកដែលសម្លឹងឆ្ពោះទៅព្រះអង្គបានសុខឥតមោះ
ផុតអស់ទុក្ខសោកវិយោគរងគ្រោះពួកគេទាំងនោះ
មិនខកចិត្តឡើយ
អស់អ្នកកម្សត់និងមនុស្សទុរគតគេស្រែកដង្ហោយ
ហៅរកព្រះម្ចាស់ទ្រង់សណ្តាប់ហើយសង្គ្រោះគេឱ្យ
ផុតពីគ្រោះកាច
ទេវទូតរបស់ព្រះម្ចាស់ទាំងអស់ថែទាំអ្នកខ្លាច
រក្សាការពារគេក្រោមអំណាចរំដោះឱ្យរួច
ផុតពីទុក្ខភ័យ
ចូរអ្នកផ្អែកពឹងពិសោធន៍ឱ្យដឹងថាព្រះម្ចាស់ថ្លៃ
ទ្រង់មានមេត្តាសប្បុរសពេកក្រៃអស់ជនប្រុសស្រី
មានជ័យមង្គល
១០ឱប្រជារាស្រ្តរបស់ព្រះម្ចាស់ចូរកោតខ្លាចដល់
ព្រះម្ចាស់នៃយើងបានសុខឥតខ្វល់មិនជួបអំពល់
ឬខ្វះខាតអ្វី
១១អ្នកមានមុខជាជួបទុក្ខវេទនាខ្វះម្ហូបចំណី
តែអ្នកដែលស្វែងរកព្រះម្ចាស់ថ្លៃនឹងមិនខ្វះអ្វី
សុខសាន្តតទៅ
១២ឱកូនចៅអើយកុំនៅព្រងើយស្តាប់ខ្ញុំប្រដៅ
ឱ្យចេះគោរពដរាបតទៅកុំធ្វើល្ងង់ខ្លៅ
ត្រូវកោតខ្លាចព្រះ
១៣តើមាននរណាចង់បានសង្ខារយឺនយូរត្រចះ
មានអ្វីគ្រប់យ៉ាងមិនខ្វះទាស់សោះហើយចង់នៅរស់
សុខសាន្តឬទេ?
១៤ចូរទប់អណ្តាតកាន់ចិត្តឱ្យស្អាតកុំពោលវៀចវេរ
និយាយកុហកបោកបញ្ឆោតគេឬក៏ដៀលជេរ
នាំឱ្យអាស្រូវ
១៥ចូរងាកចេញឆ្ងាយអំពើអន្តរាយអាក្រក់ជាផ្លូវ
សាងអំពើល្អខំស្វែងរកទៅសុខសាន្តទុកនៅ
យ៉ាងអស់ពីចិត្ត
១៦ព្រះម្ចាស់តែងតែរំពៃមើលថែអស់មនុស្សសុចរិត
ទ្រង់យកព្រះទ័យទុកដាក់ពិតៗថែទាំនៅជិត
រាល់ទិនទិវា
១៧ព្រះជាអម្ចាស់តែងតែប្រកាសប្រឆាំងគ្រប់គ្រា
នឹងមនុស្សអាក្រក់ទុច្ចរិតពាលាកុំមាននរណា
នឹកនាដល់ឡើយ
១៨ពេលអ្នកទៀងត្រង់ស្រែករកព្រះអង្គទ្រង់មិនកន្តើយ
ព្រះអង្គសណ្តាប់ពាក្យគេរួចហើយរំដោះគេឱ្យ
ផុតគ្រោះទាំងឡាយ
១៩ព្រះម្ចាស់គង់ស្ថិតក្បែរអ្នកគ្រាំចិត្តមានទុក្ខខ្វល់ខ្វាយ
ព្រះអង្គសង្គ្រោះអស់អ្នកទាំងឡាយបានសុខសប្បាយ
ផុតទុក្ខរីងរៃ
២០មនុស្សសុចរិតរមែងជួបពិតទុក្ខលំបាកក្រៃ
ប៉ុន្តែព្រះម្ចាស់តែងជួយលកលៃរំដោះផុតភ័យ
បានសុខគ្រប់គ្រា
២១ព្រះជាអម្ចាស់ទ្រង់សប្បុរសណាស់តាមថែរក្សា
ដល់មនុស្សសុចរិតគ្រប់ៗអាត្មាគ្មានឆ្អឹងមួយណា
ត្រូវបាក់បែកឡើយ
២២អំពើអាក្រក់ខ្មួលខ្មៅកខ្វក់នាំឱ្យគេព្រួយ
រហូតដល់ស្លាប់មិនមានអ្នកជួយគ្មានអ្នកលើកស្ទួយ
ដល់ក្ស័យជីវិត
អ្នកដែលប្រឆាំងប្រយុទ្ធតតាំងនឹងមនុស្សសុចរិត
តែងតែទទួលទុក្ខទោសពិតៗក្នុងមួយជីវិត
មិនមានខកខាន
២៣ព្រះម្ចាស់សង្គ្រោះជីវិតទាំងអស់ដល់អ្នកដែលបាន
បម្រើព្រះអង្គពឹងផ្អែកផ្ញើប្រាណតែងទទួលបាន
សុខផុតទុក្ខទោស

ទំនុកតម្កើងលេខ ៣៥ (៣៤) បទពាក្យ ៧

ឱព្រះជាអម្ចាស់ខ្ញុំអើយកុំនៅកន្តើយសូមប្រឆាំង
តទល់អស់អ្នកដែលចង់ច្បាំងសូមជួយតតាំងកុំសុំចៃ
ខ្ញុំសូមពឹងផ្អែកលើព្រះអង្គមេត្តាសូមទ្រង់កុំឆ្មើងឆ្មៃ
យកខែលអាវក្រោះតើនឃ្មាតខ្មីសម្តែងបារមីសង្គ្រោះផង
សូមហូតលំពែងនិងពូថៅប្រហារសំដៅពួកយង់ឃ្នង
សូមមានបន្ទូលមកខ្ញុំផងមានតែព្រះអង្គព្រះសង្គ្រោះ
សូមឱ្យអ្នកដែលចង់ប្រហារជីវិតជីវ៉ារូបខ្ញុំនោះ
ឱ្យវាខកចិត្តបាក់មុខចុះដល់ក្តីអាម៉ាស់ដកខ្លួនថយ
នៅពេលទេវទូតព្រះអម្ចាស់បណ្តេញគេប្រាសវិលទៅក្រោយ
សូមឱ្យពួកគេខ្ទាតទៅឆ្ងាយដូចអង្កាមរាយដោយខ្យល់ផាត់
ទេវទូតព្រះម្ចាស់ដេញមិនឈប់ទោះថ្ងៃឬយប់មិនឱ្យបាត់
ឱ្យផ្លូវធ្លាប់ភ្លឺប្រែងងឹតភក់រអិលស្អិតទៅមិនបាន
ពួកគេបានដាក់រាយអន្ទាក់លបពួនចាំស្ទាក់ប៉ងរំខាន
គេជីករណ្តៅឱ្យធ្លាក់ប្រាណដោយចិត្តសាមាន្យមិនទោរទន់
សូមឱ្យពួកគេត្រូវវិនាសដោយមិនដឹងច្បាស់ទុកជាមុន
ឱ្យជាប់អន្ទាក់របស់ខ្លួនអន្តរាយផ្ទួនៗកុំរំលង
ពេលនោះរូបខ្ញុំនឹងត្រេកអររីករាយសាទរអស់មួរហ្មង
សប្បាយពន់ពេកគ្រានេះម្តងព្រោះតែព្រះអង្គជួយសង្គ្រោះ
១០ខ្ញុំសូមក្រាបទូលយ៉ាងជាក់ច្បាស់ស្មោះឥតក្រឡះអស់ពីពោះ
គ្មាននរណាដូចព្រះអង្គសោះព្រះអង្គរំដោះអ្នកទន់ខ្សោយ
ទ្រង់ជួយឱ្យរួចផុតពីដៃពួកជនអប្រីយ៍មិនថ្លោះធ្លោយ
រំដោះអ្នកក្រទុរគតឱ្យរួចផុតពីដៃមនុស្សទុច្ចរិត
១១សាក្សីក្លែងក្លាយឈរប្រឆាំងរារាំងតតាំងដោយប្រឌិត
ចោទសួរមកខ្ញុំរឿងមិនពិតដែលខ្ញុំមិនគិតដល់ទាល់សោះ
១២គេធ្វើអាក្រក់មកតបតនឹងអំពើល្អខ្ញុំទាំងអស់
ដែលខ្ញុំបានធ្វើលើគេនោះម្តេចមិនគិតសោះឱ្យទោសពៃរ៍
១៣ពេលដែលពួកគេមានជំងឺចុកចាប់ផ្សាឈឺខ្ញុំលកលៃ
បន្ទាបទាំងខ្លួនតមចំណីអង្វររាល់ថ្ងៃឱ្យពួកគេ
១៤ខ្ញុំបានប្រព្រឹត្តអំពើល្អដោយចិត្តស្មោះសរឥតវៀចវេរ
ដូចធ្វើចំពោះមិត្តភក្តិដែរព្រួយចិត្តឥតល្ហែសោកសង្រេង
១៥តែពេលរូបខ្ញុំមានជំងឺគេមកបញ្ឈឺសើចជាល្បែង
រួមគ្នាប្រឆាំងមិនរអែងហែកហួរគ្មានក្រែងមិនឈប់ឡើយ
១៦ពួកគេចូលដៃជនពាលាចោមរោមផ្តន្ទាមិនល្ហែល្ហើយ
មិនឈប់មិនឈរមិនកន្តើយមិនបង្អង់ឡើយខាំធ្មេញដាក់
១៧ឱព្រះអម្ចាស់ម្តេចព្រងើយម្តេចទ្រង់មិនជួយផុតគ្រោះថ្នាក់
ជួយការពារខ្ញុំកុំឱ្យធ្លាក់ទៅក្នុងអន្ទាក់ពួកសិង្ហសត្វ
១៨ខ្ញុំសូមថ្លែងពាក្យអរព្រះគុណព្រះអម្ចាស់ធ្ងន់មិនឱ្យស្ងាត់
សរសើរតម្កើងពន់ពេកក្តាត់ព្រះតែមួយគត់នៃប្រជា
១៩សូមកុំបណ្តោយឱ្យសត្រូវខ្ញុំបានរស់នៅដោយសុខា
កុំឱ្យអ្នកស្អប់ខ្ញុំផន្ទាពេបជ្រាយលេលាដាក់រូបខ្ញុំ
២០ពួកគេមិនដែលនិយាយល្អចេះតែភូតភរចងគំនុំ
ប្រឌិតរឿងផ្សេងទោះតូចធំចោទអ្នកសន្សំសុខក្នុងស្រុក
២១ពួកគេពោលពាក្យចោទដាក់ទោសថាខ្ញុំធ្វើខុសឱ្យកើតទុក្ខ
គេស្រែកចំអកដាក់នឹងមុខថាខ្ញុំគម្រក់គេឃើញហើយ
២២ឱព្រះអម្ចាស់ទតឃើញស្រាប់សូមទ្រង់ត្រងត្រាប់កុំកន្តើយ
ឱព្រះអង្គអើយជួយឱ្យស្បើយកុំទៅណាឆ្ងាយពីរូបខ្ញុំ
២៣ឱព្រះអម្ចាស់សូមតើនឡើងកុំនៅឆ្មៃឆ្មើងពួនសំងំ
សូមរកយុត្តិធម៌ឱ្យរូបខ្ញុំកុំបីបង្អង់សូមជួយផង
២៤ឱព្រះម្ចាស់នៃទូលបង្គំសូមជួយរូបខ្ញុំសុចរិតត្រង់
កុំបណ្តោយខ្ញុំឱ្យមួរហ្មងគេសប្បាយផងព្រោះតែឈ្នះ
២៥កុំឱ្យគេនាំគ្នាពោលថាខ្ញុំនេះចាញ់ជាប្រាកដណាស់
កុំឱ្យវាពោលពាក្យផ្តេសផ្តាសថាអាចបោកប្រាសរូបខ្ញុំបាន
២៦សូមឱ្យអស់អ្នកដែលសប្បាយរីករាយក្អាកក្អាយទាំងប៉ុន្មាន
ត្រូវអាម៉ាស់មុខទុក្ខពេញប្រាណកិត្តិយសប៉ុន្មានត្រូវបាត់អស់
២៧រីអ្នកដែលបានរកយុត្តិធម៌សុចរិតបវរឱ្យខ្ញុំនោះ
ឱ្យគេពោលពាក្យថ្កើងព្រះម្ចាស់អ្នកបម្រើព្រះបានសុខសាន្ត
២៨ពេលនោះខ្ញុំនឹងថ្លែងអំពីសុចរិតគ្រប់ទីព្រះថ្កើងថ្កាន
តម្កើងព្រះអង្គខ្ពស់ហួសស្មានខ្ពស់ហួសអស់ស្ថានរៀងរាល់ថ្ងៃ

ទំនុកតម្កើងលេខ ៣៦ (៣៥) បទកាកគតិ

ខ្ញុំនឹកឃើញអស់ពាក្យពោលទ្រគោះរបស់ជនពាល
ក្នុងពេលបះបោរចាក់រុកឆ្កឹះឆ្កៀលប្រមាថតិះដៀល
មិនកោតខ្លាចព្រះ
គេពោលបញ្ចើចបញ្ចើសំណើចថាខ្លួនគ្រាន់ណាស់
មិនទទួលដឹងថាមានកំហុសអំពើបាបនោះ
គួរស្អប់ពេកក្រៃ
គេពោលអាក្រក់ពាក្យភូតកុហកបោកប្រាសរាល់ថ្ងៃ
គេលែងស្គាល់ខុសស្គាល់ត្រូវជាអ្វីពាលាអប្រីយ៍
ប្រព្រឹត្តយង់ឃ្នង
ពេលគេនិន្ទ្រាក៏គេនាំគ្នារិះគិតគ​ម្រោង
អំពើអាក្រក់មិនព្រមលះបង់មានៈមិនត្រង់
ដើរផ្លូវមិនល្អ
បពិត្រព្រះម្ចាស់ហឫទ័យល្អណាស់ខ្ពង់ខ្ពស់ស្មោះសរ
សប្បុរសស្មោះស្ម័គ្រដោយមេត្តាធម៌ខ្ពស់ស្មើព្ធដ៏
វេហាស៍អាកាស
ព្រះហឫទ័យសុចរិតប្រពៃត្រចង់ត្រចះ
តម្រិះព្រះអង្គជ្រាលជ្រៅខ្លាំងណាស់ទ្រង់ជាអម្ចាស់
សង្គ្រោះមនុស្សសត្វ
បពិត្រព្រះម្ចាស់ទ្រង់សប្បុរសណាស់ករុណាអាណិត
ហឫទ័យព្រះអង្គខ្ពង់ខ្ពស់ពេកក្តាត់ទាំង​មនុស្សទាំងសត្វ
ជ្រកក្រោមបារមី
ព្រះអង្គបានផ្តល់អាហារស្កប់ស្កល់ឱ្យជនប្រុសស្រី
ពីព្រះដំណាក់មានម្ហូបចំណីហូរហៀរពេកក្រៃ
ឆីតាមសប្បាយ
១០ទ្រង់ជាប្រភពជីវិតសព្វគ្រប់ទាំងរូបទាំងកាយ
ឱ្យខ្ញុំមានភ្នែកមើលឃើញវែងឆ្ងាយពន្លឺពណ្ណរាយ
របស់ព្រះអង្គ
១១សូមទ្រង់ករុណាផ្តល់ក្តីមេត្តាដល់អ្នកទៀងត្រង់
សម្តែងហឫទ័យសុចរិតត្រចង់ដល់អស់អ្នកផង
ស្គាល់ទ្រង់តទៅ
១២សូមកុំឱ្យមនុស្សកោងកាចទុយ៌សមិនដឹងខុសត្រូវ
ព្រមទាំងជនពាលអាក្រក់ឃោរឃៅបណ្តេញខ្ញុំទៅ
ឆ្ងាយពីព្រះអង្គ
១៣ជនដែលប្រព្រឹត្តអំពើទុច្ចរិតចិត្តវៀចមិនត្រង់
ត្រូវបរាជ័យមិនអាចស្រោចស្រង់ទោះបីជាចង់
ក៏ងើបពុំរួច

ទំនុកតម្កើងលេខ ៣៧ (៣៦) បទព្រហ្មគីតិ

សូមកុំចងកំហឹងច្រណែននឹងអ្នកប្រព្រឹត្ត
អំពើទុច្ចរិតនិងចូលចិត្តពោលមុសា
ដ្បិតគេនឹងវិនាសមិនអាចចៀសផុតឡើយណា
ប្រៀបដូចស្មៅឬផ្កាអស់ខ្លឹមសារស្រពោនស្វិត
ចូរធ្វើអំពើល្អចិត្តស្មោះសរផ្ញើជីវិត
លើព្រះដ៏សក្តិសិទ្ធនោះអ្នកពិតជាសុខសាន្ត
ចូរស្វែងរកមង្គលកុំបីខ្វល់ឬខកខាន
ព្រះអង្គនឹងប្រទានឱ្យអ្នកមានតាមបំណង
ចូរផ្ញើព្រេងវាសនាក្នុងហត្ថាព្រះអង្គផង
ព្រះអង្គនឹងគ្រប់គ្រងឥតមានហ្មងតាមសន្យា
ព្រះអង្គនឹងបង្ហាញឱ្យគេឃើញយ៉ាងច្បាស់ថា
អ្នកសុចរិតថ្លៃថ្លាដូចសុរិយាពេញរស្មី
ចូរស្ងប់ស្ងៀមចំពោះព្រះភក្ត្រព្រះអម្ចាស់ថ្លៃ
កុំខឹងច្រណែនអីនឹងជោគជ័យមនុស្សសុចរិត
កំហឹងចោលឱ្យឆ្ងាយក្តៅក្រហាយត្រូវឈប់គិត
ព្រោះនាំឱ្យខូចចិត្តនាំគំនិតកករល្អក់
ព្រះម្ចាស់នឹងកាត់កាល់អស់អ្នកដែលធ្វើអាក្រក់
តែអ្នកសង្ឃឹមជាក់ទៅលើព្រះនឹងបានកេរ
១០នៅតែបន្តិចទៀតមនុស្សមានស្នៀតមិនមានទេ
ទោះអ្នកខំរិះរេរកមើលគេក៏គ្មានអ្វី
១១មនុស្សស្លូតស្មោះសរគេនឹងទទួលទឹកដី
ជាមរតកប្រពៃលែងព្រួយភ័យបានសុខសាន្ត
១២ជនពាលតែងឃុបឃិតរឿងឧក្រិដ្ឋចិត្តសាមាន្យ
ប្រឆាំងឥតស្រាកស្រាន្តទៅរំខានមនុស្សសុចរិត
១៣តែព្រះម្ចាស់ចំអកដាក់ឱ្យពួកជនឧក្រិដ្ឋ
ព្រះអង្គជ្រាបរឿងពិតព្រោះគេជិតវិនាសហើយ
១៤គេខំហូតធ្នូដាវយ៉ាងសាហាវមិនកន្តើយ
ប្រហារមិនទុកឡើយអ្នកខ្សត់ខ្សោយទុរគតត្រង់
១៥ប៉ុន្តែដាវពួកគេនឹងវិលរេបែរតម្រង់
ចាក់ទម្លុះបេះដូងគេតែម្តងមិនរារែក
១៦ទ្រព្យនៃជនសុចរិតតិចមែនពិតតែល្អឯក
ប្រសើរជាពន់ពេកជាងសម្បត្តិមនុស្សអាក្រក់
១៧ព្រះអង្គនឹងទម្លាក់កាច់បំបាក់មនុស្សគម្រក់
តែទ្រង់បែរថ្នមថ្នាក់ថែទាំអ្នកដែលសុចរិត
១៨ព្រះម្ចាស់យកព្រះទ័យទុកដាក់ក្រៃនឹងជីវិត
រក្សាមិនឱ្យបាត់នៅស្ថេរស្ថិតជាកេរកោះ
១៩នៅពេលមានអាសន្នគេមិនស្លន់ឬអាម៉ាស់
មានអាហារមិនខ្វះទោះប្រទះគ្រោះទុរ្ភិក្ស
២០រីឯមនុស្សអាក្រក់ចិត្តគម្រក់ទ្រង់មិននឹក
សត្រូវច្រើនសន្ធឹកជួបវរវឹកវិនាសអស់
២១បើមនុស្សពាលខ្ចីអ្វីមិនដែលលៃសងវិញសោះ
រីអ្នកសុចរិតស្មោះចេះរំដោះទ្រព្យឥតស្តាយ
២២អ្នកដែលព្រះអម្ចាស់តែងសន្តោសប្រោសប្រណី
ទ្រង់ប្រទានពរជ័យទាំងទឹកដីទុកជាកេរ
រីអ្នកដែលមិនគាប់មិនសំណព្វទ្រង់បង្វែរ
បណ្តាសាទៅគេមិនទុកទេទ្រង់កាត់ចិត្ត
២៣ព្រះម្ចាស់បានពង្រឹងជំហរនឹងមនុស្សសុចរិត
ឱ្យបានមាំមួនពិតរួចទ្រង់គិតសព្វព្រះទ័យ
២៤ទោះបីបើគេភ្លាត់ជើងមិនស្ទាត់ក៏មិនភ័យ
មិនដួលធ្លាក់ដល់ដីព្រោះបារមីព្រះអម្ចាស់
២៥តាំងពីខ្ញុំក្មេងខ្ចីមិនដឹងអីលុះចំណាស់
មិនដែលឃើញព្រះម្ចាស់ទ្រង់បង់បោះអ្នកសុចរិត
២៦មនុស្សស្លូតទៀងត្រង់ឥតសៅហ្មងតែងអាណិត
អាសូរញាតិឆ្ងាយជិតគ្មានគំនិតគៃកឹបទេ
២៧ចូរកុំធ្វើអាក្រក់រឿងគម្រក់កុំទៅក្បែរ
នោះអ្នកនឹងស្ថិតស្ថេរលើដីកេរតរៀងទៅ
២៨ព្រះម្ចាស់សព្វព្រះទ័យពន់ពេកក្រៃគ្មានហ្មងសៅ
យុត្តិធម៌ត្រង់ត្រឹមត្រូវតរៀងទៅទ្រង់មិនភ្លេច
ព្រះអង្គមិនបង់បោះគេទាំងនោះដោយកលល្បិច
ព្រះអង្គជាន់ពន្លិចវិនាសខ្ទេចពូជអាក្រក់
២៩អ្នកត្រង់នឹងទទួលដីនិមលជាកេរកោះ
ជីវិតគេនឹងរស់លើដីនោះរហូតទៅ
៣០មនុស្សសុចរិតគេចូលចិត្តត្រង់ត្រឹមត្រូវ
ពោលពាក្យមិនអាស្រូវឥតហ្មងសៅឥតងាករេ
៣១វិន័យព្រះអម្ចាស់ដិតជាប់ច្បាស់ក្នុងចិត្តគេ
មិនឃ្លាតចាកបែកបែរពីមាគ៌ាព្រះអង្គឡើយ
៣២ពួកពាលចាំឃ្លាំមើលយ៉ាងងងើលមិនកន្តើយ
លើមនុស្សសុចរិតហើយមិនព្រងើយរកសម្លាប់
៣៣ប៉ុន្តែព្រះអម្ចាស់មិនបង់បោះឱ្យគេស្លាប់
ធ្លាក់ចូលដោយមិនប្រាប់ជាចំណាប់ជនអាក្រក់
៣៤ចូរសង្ឃឹមទុកចិត្តផ្ញើជីវិតកុំដំអក់
លើព្រះដ៏សប្បុរសទ្រង់នឹងប្រោសហើយលើកអ្នក
ឱ្យគ្រប់គ្រងលើដីមរតកថ្លៃប្រាកដជាក់
អ្នកនឹងឃើញប្រត្យក្សមនុស្សអាក្រក់កាត់កាល់ចោល
៣៥ខ្ញុំឃើញជនបាបកាចប្រើអំណាចបែបកំរោល
គេលូតលាស់ឡើងថ្គោលដូចដើមឈើស្លឹកខៀវខ្ចី
៣៦ក្រោយមកគេរលាយសូន្យទៅឆ្ងាយមិនសល់អ្វី
ខ្ញុំខំរករំពៃមិនឃើញអ្វីទាល់តែសោះ
៣៧ចូរមើលមនុស្សទៀងត្រង់មិនវៀចវង់ពិតជាស្មោះ
សន្សំសុខទាំងអស់ខាងមុខនោះនឹងរុងរឿង
៣៨រីឯពួកមនុស្សបាបដូចភ្លើងឆាបឬខ្យល់ប៉ើង
ព្រះអង្គកាត់ពូជពង្សពួកមនុស្សពាលទមិឡចោលចេញ
៣៩ព្រះម្ចាស់តែងសង្គ្រោះមនុស្សទាំងអស់ឥតទោរម្នេញ
ជាកំពែងពោរពេញការពារពាំងគ្រាអាសន្ន
៤០ព្រះអម្ចាស់សង្គ្រោះនិងរំដោះមិនភាំងភាន់
សង្គ្រោះគេបន្ទាន់ព្រោះជ្រកកោនក្រោមបារមី

ទំនុកតម្កើងលេខ ៣៨ (៣៧) បទពាក្យ ៧

ឱព្រះជាអម្ចាស់ខ្ញុំអើយសូមកុំកន្តើយដាក់ទោសខ្ញុំ
សូមកុំពិរោធហើយគួនគុំសូមដាក់ទោសខ្ញុំតាមកំហុស
ព្រួញនៃព្រះអង្គខ្ញុំចុកចាប់ឈឺស្ទើរតែស្លាប់គ្មានស្រណោះ
ព្រះហស្តសង្កត់មិនព្រមប្រោសរូបខ្ញុំធ្វើខុសសែនឈឺផ្សា
ពេលដែលព្រះទ្រង់អង្គពិរោធខ្ញុំឈឺចាក់ដោតឥតឧបមា​
ឆ្អឹងឆ្អែងពុកផុយអស់ហើយណាព្រោះមានវេរាបាបអនេក
មែនហើយខ្ញុំខុសច្រើនពេកពន់រហូតជោរជន់ស្ទើរដល់មេឃ
ហាក់ដូចបន្ទុកធ្ងន់អនេកទ្រូងខ្ញុំស្ទើរបែកស្រែកមិនបាន
របួសខ្ញុំក្លាយជាដំបៅរលួយយូរទៅស្អុយពេញប្រាណ
ព្រោះគំនិតខ្ញុំដូចតិរច្ឆានលេលាសាមាន្យមិនសមសួន
ទូលបង្គំឈឺចាប់យ៉ាងខ្លាំងរហូតចំកោងអស់ទាំងខ្លួន
ទុក្ខធ្ងន់ក៏ធ្លាក់មកផ្ទួនៗស្ថិតនៅខ្ជាប់ខ្ជួនពេញមួយថ្ងៃ
ខ្ញុំសែនរងារក្តៅទាំងប្រាណទ្រាំស្ទើរមិនបានសព្វរាងកាយ
ឈឺចុកចាប់ណាស់ព្រះម្ចាស់អើយស្លាប់ឥឡូវហើយសូមមេត្តា
ខ្ញុំអស់កម្លាំងហេវខ្សោះល្វើយស្រែកហៅខ្វើយៗញ័រកាយា
ខ្ញុំស្រែកថ្ងូរថ្ងួចចុកពើតផ្សាឈឺឥតឧបមាស្ទើរក្ស័យប្រាណ
១០បពិត្រព្រះម្ចាស់អើយព្រះអង្គឈ្វេងយល់ចិត្តប៉ងទាំងប៉ុន្មាន
ទ្រង់សណ្តាប់ខ្ញុំមិនដែលខានសំឡេងខ្ញុំបានថ្ងូរស្រែកហៅ
១១បេះដូងខ្ញុំចាប់ផ្តើមញាប់ញ័រឯកម្លាំងក៏ចុះខ្សោយទៅ
ភ្នែកប្រែស្រវាំងថាមិនត្រូវទោះជាមើលផ្លូវក៏មិនបាន
១២មិត្តភក្តិទាំងអ្នកធ្លាប់ជិតស្និទ្ធមិនហ៊ានចូលជិតនាំរំខាន
ព្រោះខ្លាចដំបៅសព្វទាំងប្រាណទោះញាតិសន្តានក៏គេចឆ្ងាយ
១៣ពួកគេចាំឃ្លាំចាប់ប្រហារឱ្យខ្ញុំមរណាគេសប្បាយ
គេដាក់អន្ទាក់សើចក្អាកក្អាយឱ្យខ្ញុំអន្តរាយវិនាសបង់
១៤ខ្ញុំធ្វើមិនឮសព្វអ្វីៗទោះជិតឆ្ងាយក្តីដូចមនុស្សថ្លង់
មាត់មិននិយាយចិត្តមិនចង់ធ្វើដូចមនុស្សល្ងង់គមិនស្តី
១៥រូបខ្ញុំដូចជាមនុស្សដែលឈឺអ្នកមានជំងឺមិនឮអ្វី
និយាយមិនរួចពិបាកក្រៃទោះជាចង់ស្តីក៏មិនបាន
១៦បពិត្រព្រះម្ចាស់ខ្ញុំសូមថ្វាយទាំងជីវិតកាយទាំងអង្គប្រាណ
ព្រះម្ចាស់ជាព្រះដ៏ថ្កើងថ្កានទ្រង់តបមិនខានឆ្លើយមកខ្ញុំ
១៧សូមកុំបណ្តោយឱ្យពួកខ្មាំងសប្បាយចិត្តខ្លាំងពេលខ្ញុំយំ
វេទនាឈឺចាប់រងទុក្ខធំឬឃើញរូបខ្ញុំទន់ជើងដួល
១៨ខ្ញុំធ្លាក់ខ្លួនស្គមស្គាំងរីងរៃទុក្ខព្រួយរាល់ថ្ងៃទ្រូងឆាបឆួល
ឈឺចាប់ជានិច្ចឥតប្រែប្រួលខ្លួនខ្ញុំចង់ដួលកាយទោរទន់
១៩ពេលនេះរូបខ្ញុំសុំសារភាពកំហុសទោសបាបកាលគ្រាមុន
ទុក្ខព្រួយក្នុងចិត្តច្រើនពេកពន់ដូចលីសែងធ្ងន់ព្រោះបាបកម្ម
២០ឯខ្មាំងសត្រូវខ្ញុំទាំងអស់សាច់ឈាមស្រស់បស់រាងកាយមាំ
អស់អ្នកដែលធ្លាប់ស្អប់រូបខ្ញុំគេចូលមកផ្តុំគ្នាច្រើនណាស់
២១ពួកអ្នកដែលប្រព្រឹត្តមិនល្អនាំគ្នាឈូឆរមីរដេរដាស
ចោទប្រកាន់ខ្ញុំឥតអៀនខ្មាសព្រោះរូបខ្ញុំនេះខំធ្វើល្អ
២២ឱព្រះម្ចាស់អើយកុំបង់បោះចោលខ្ញុំឱ្យរស់ទាំងត្រដរ
មេត្តារូបខ្ញុំសូមអង្វរកុំយាងចេញចរខ្ញុំខ្លោចផ្សារ
២៣ឱព្រះអម្ចាស់ព្រះសង្គ្រោះសូមជួយឱ្យរស់ផុតមរណា
យាងមកឆាប់ៗស្រង់សង្ខារនោះទើបជីវ៉ាផុតក្សិណក្ស័យ

ទំនុកតម្កើងលេខ ៣៩ (៣៨) បទកាកគតិ

ខ្ញុំនឹកគិតថានូវគ្រប់កិច្ចការដែលខ្ញុំប្រព្រឹត្ត
ខ្ញុំត្រូវប្រយ័ត្នខ្លាចមនុស្សឆ្ងាយជិតនាំបាបឧក្រិដ្ឋ
ឱ្យខ្លួនអប្រិយ៍
ខ្ញុំខ្លាចមានបាបអាក្រក់ឆ្អេះឆ្អាបដោយពាក្យសម្តី
ដរាបណាមនុស្សទុយ៌សព្រៃផ្សៃនៅក្បែររាល់ថ្ងៃ
ខ្ញុំមិនស្តីទេ
ខ្ញុំតែងបិទមាត់ទោះបីឃើញគាត់ចម្រើនឡើងទ្វេ
ខ្ញុំមិននិយាយមិនចេញស្តីទេដូច្នេះកាន់តែ
ឈឺចាប់ខ្លាំងក្រៃ
ខ្ញុំក្តៅចិត្តខ្លាំងដូចជាមានភ្លើងឆាបឆេះក្នុងកាយ
រហូតលែងទ្រាំតទៅទៀតហើយខ្ញុំក៏ដង្ហោយ
ស្រែកពោលឡើងថា
ឱព្រះម្ចាស់អើយសូមសម្តែងឱ្យ​ខ្ញុំដឹងអាត្មា
ថាជីវិតខ្ញុំមានដល់ត្រឹមណាចុះតើសង្ខារ
ផុយយ៉ាងដូចម្តេច?
ព្រះម្ចាស់នាំយកកំណើតខ្ញុំមកដូចទឹកច្រើនតិច
ដក់លើស្លឹកឈូកជួនងើបជួនលិចតាមខ្យល់ខ្លាំងតិច
ដែលបានបោកបក់
ជីវិតសត្វលោកដែលបានកើតមកចំពោះព្រះភក្ត្រ
អាយុសង្ខារនៃជនម្នាក់ៗប្រៀបបានខ្យល់បក់
មួយដង្ហើមខ្លី
ជីវិតអណ្តែតរសាត់ត្រសែតគ្មានគោលដៅអ្វី
ដូចជាស្រមោលតាមប្រាណរាល់ថ្ងៃទោះធ្វើអ្វីៗ
ក៏ឥតបានការ
គេប្រមូលទ្រព្យសម្បត្តិគួរគាប់នៅក្បែរអាត្មា
តែគេពុំដឹងទ្រព្យសព្វប្រការបានលើនរណា
នៅគ្រាចុងក្រោយ
ឱព្រះអម្ចាស់បើសិនដូច្នោះម្តេចទ្រង់បណ្តោយ
ឱ្យទូលបង្គំពឹងអ្វីថ្ងៃក្រោយមានតែទ្រង់ហើយ
ដែលខ្ញុំសង្ឃឹម
សូមជួយរំដោះឱ្យខ្ញុំផុតគ្រោះរួចពីបាបកម្ម
ដែលខ្ញុំបានសាងយូរថ្ងៃខែឆ្នាំកុំទុកឱ្យខ្ញុំ
ត្រូវគេមើលងាយ
១០ខ្ញុំស្ងៀមមិនស្តីមិននិយាយអ្វីនាំចិត្តរាយមាយ
ស៊ូសំងំស្ងៀមបៀមទុកក្នុងកាយដ្បិតព្រះអង្គហើយ
ដាក់ទោសរូបខ្ញុំ
១១សូមទ្រង់មេត្តាកុំដាក់ទោសាមកទូលបង្គំ
ខ្ញុំស្ទើរតែស្លាប់ឈឺចាប់អួលងំកើតទុក្ខរណ្តំ
ព្រោះព្រះអង្គវាយ
១២ពេលទ្រង់ប្រដៅមនុស្សល្ងង់ខ្លៅមិនដឹងសេចក្តី
ព្រះអង្គធ្វើឱ្យរបស់ទាំងឡាយវិនាសអន្តរាយ
អស់មិនសល់ទេ
១៣ឱព្រះម្ចាស់អើយកុំគង់កន្តើយសណ្តាប់កុំប្រែ
ពាក្យខ្ញុំអង្វរមានជាហូរហែកុំក្រឡះកែ
គេចបែរពីខ្ញុំ
សូមកុំព្រងើយពេលនេះឯងហើយស្តាប់ទំនួញយំ
ខ្ញុំគ្រាន់តែស្នាក់មានអ្វីមិនសមដូចបុព្វបុរសខ្ញុំ
ពេលមុនប៉ុណ្ណោះ
១៤សូមបែរភក្ត្រាដោយក្តីមេត្តាឱ្យខ្ញុំស្រឡះ
ផុតទុក្ខសោយសោកបាបកម្មដ៏ក្រាស់មុនរូបខ្ញុំនេះ
លាចាកលោកទៅ

ទំនុកតម្កើងលេខ ៤០ (៣៩) បទពាក្យ ៧

ខ្ញុំខំព្យាយាមចាំព្រះម្ចាស់ព្រះអង្គបានប្រោសព្រះកាណ៌ផ្ទៀង
ស្តាប់សូរសម្រែកមិនលំអៀងពាក្យខ្ញុំពិតទៀងស្មោះឥតអាក់
ព្រះអង្គយកខ្ញុំពីរណ្តៅពីភក់ជ្រាំជ្រៅយកមកដាក់
នៅលើថ្មដាគ្មានថ្នាំងថ្នាក់ថែទាំទុកដាក់ខ្ញុំរុងរឿង
ព្រះអង្គប្រទានខ្ញុំឱ្យច្រៀងបទថ្មីសំនៀងលើកតម្កើង
មនុស្សច្រើននឹងឃើញក្អាកក្អាយឡើងព្រះម្ចាស់ថ្កុំថ្កើងគេកោតខ្លាច
ជនណាដែលបានផ្ញើជីវិតលើព្រះមានឫទ្ធិដ៏អង់អាច
មិនបែរគោរពទៅខ្លបខ្លាចព្រះមានអំណាចព្រះបោកប្រាស
បពិត្រព្រះម្ចាស់ព្រះនៃខ្ញុំព្រះអង្គឧត្តមប្រសើរណាស់
ការអស្ចារ្យទ្រង់ច្រើនដេរដាសជាព្រះសង្គ្រោះមិនបែកបែរ
ព្រះអង្គក៏មានគម្រោងការច្រើនឥតឧបមាឥតងាករេ
គ្មាននរណាស្មើព្រះអង្គទេការអស្ចារ្យទ្វេរាប់មិនអស់
ព្រះអង្គមិនចង់បានតង្វាយយញ្ញបូជាថ្វាយអ្វីទាល់សោះ
ទ្រង់បើកត្រចៀកខ្ញុំទាំងអស់ស្តាប់ព្រះតម្រិះនៃព្រះអង្គ
ដូច្នេះរូបខ្ញុំសូមពោលថាបពិត្រករុណាដ៏ឧត្តុង្គ
ខ្ញុំប្រព្រឹត្តតាមឥតរេរង់តាមសេចក្តីក្នុងព្រះគម្ពីរ
ខ្ញុំសែនពេញចិត្តធ្វើតាមព្រះហឫទ័យអម្ចាស់គ្រប់ទិសទី
វិន័យទ្រង់ដិតជាប់ជីវីក្នុងចិត្តគិតពីទ្រង់ជានិច្ច
១០ខ្ញុំនឹងប្រកាសធម៌មេត្តាធម៌ករុណាធម៌សុចរិត
ព្រះអង្គជ្រាបហើយទ្រង់អាណិតខ្ញុំថ្លាថ្លែងឥតឈរឈប់សោះ
១១ខ្ញុំមិនលាក់ទេក្តីសុចរិតទុកក្នុងដួងចិត្តតែងប្រកាស
ព្រះហឫទ័យនៃព្រះអម្ចាស់ដែលបានសង្គ្រោះទូលបង្គំ
រូបខ្ញុំពុំបាននៅស្ងាត់ស្ងៀមសំងំអឹមអៀនក្នុងប្រជុំ
ពីព្រះហឫទ័យដ៏ឧត្តមព្រះម្ចាស់ដ៏ធំលើលោកា
១២បពិត្រព្រះម្ចាស់តែងអាណិតអាសូរពេកពិតករុណា
ខ្ញុំមិនឈប់ទេថ្លែងវាចាពីព្រះមេត្តាដ៏ស្មោះត្រង់
១៣ទុក្ខលំបាកច្រើនឥតគណនារួមរឹតអាត្មាមិនរេរង់
កំហុសខ្ញុំផ្ទាល់តាមញុះញង់ឥតមានបង្អង់គ្មានប្រណី
ធ្វើឱ្យរូបខ្ញុំប្រែងងឹតមើលមិនឃើញពិតសព្វអ្វីៗ
កំហុសខ្ញុំមានច្រើនពេកក្រៃច្រើនជាងសរសៃសក់ទៅទៀត
១៤ឱព្រះអម្ចាស់សូមរំដោះរូបខ្ញុំឱ្យរស់កុំបីឃ្លាត
យាងមកសង្គ្រោះកុំរវាតជួយប្រោសម្តងទៀតឱ្យបានរស់
១៥ឱ្យអ្នកដែលចង់ដកជីវិតជួបភាពងងឹតរងទុក្ខទោស
សប្បាយព្រោះឃើញខ្ញុំរងគ្រោះបាក់មុខអាប់យសដកខ្លួនថយ
១៦សូមឱ្យអស់អ្នកដែលពេបជ្រាយចំអកមើលងាយជាញឹកញយ
ត្រូវអាម៉ាស់មុខទាំងមុខក្រោយរួចហើយសូមឱ្យបរាជ័យ
១៧រីឯអស់អ្នកដែលស្វែងស្វះរកព្រះអម្ចាស់បានរីករាយ
ថ្លែងឥតឈប់ឈរអរក្អាកក្អាយយើងខ្ញុំឱនកាយថ្កើងព្រះអង្គ
១៨រូបខ្ញុំជាមនុស្សក្រីក្រពិតតែព្រះគូរគិតខ្ញុំឥតហ្មង
ព្រះអង្គតែងតែជួយចម្លង​សង្គ្រោះសណ្តោងមិនដែលខាន

ទំនុកតម្កើងលេខ ៤១ (៤០) បទកាកគតិ

អ្នកដែលយកចិត្តនឹងមនុស្សកម្សត់ទុរគតក្រីក្រ
នឹងបានក្តីសុខសិរីបវរពេលអាសន្នក្រ
ព្រះនឹងរំដោះ
ទ្រង់នឹងរក្សាអាយុសង្ខារឱ្យផុតពីគ្រោះ
ហើយឱ្យអ្នកនោះបានសុខឥតមោះមង្គលឥតខ្ចោះ
នៅលើផែនដី
ទ្រង់មិនបណ្តោយឱ្យរូបគេធ្លោយធ្លាក់ទៅក្នុងដៃ
ពួកមនុស្សខិលខូចកោងកាចព្រៃផ្សៃជនពាលចង្រៃ
ទាំងនោះបានឡើយ
ទ្រង់រក្សាថែថ្នាក់ថ្នមរូបគេមិននៅកន្តើយ
ពេលឈឺចុកចាប់នឹងបានធូរស្បើយទ្រង់មិនបណ្តោយ
ឱ្យគេគ្រាំគ្រា
ខ្ញុំតែងតែនឹករាល់ល្ងាចយប់ព្រឹកនឹកគ្រប់វេលា
ឱព្រះម្ចាស់អើយសូមទ្រង់មេត្តាដ្បិតខ្ញុំនេះណា
សាងបាបដ៏ធ្ងន់
សត្រូវរបស់ខ្ញុំនេះទាំងអស់នាំគ្នារិះគន់
និយាយអាក្រក់រួចគេបែរបន់ឱ្យរូបខ្ញុំសូន្យ
វិនាសបង់ទៅ
អ្នកដែលបានមកសាកសួរសុខទុក្ខចិត្តគេអាស្រូវ
គេមកប្រមូលដំណឹងមិនត្រូវលុះពេលចេញទៅ
និយាយបរិហារ
អស់អ្នកដែលស្អប់និយាយខ្សៀវខ្សឹបដាក់គ្រប់គ្នីគ្នា
ពីទូលបង្គំរូបខ្ញុំនេះថានឹងរងវេទនា
រហូតដល់ក្ស័យ
គេពោលឡើងថាឈឺមើលមិនជារស់នៅធ្វើអ្វី
គាត់ក្រោកពុំរួចរស់មិនប្រពៃនាំធ្ងន់ផែនដី
គួរតែស្លាប់ទៅ
១០សូម្បីមិត្តភក្តិធ្លាប់ស្និទ្ធស្មោះស្ម័គ្រក៏គេមិនត្រូវ
បែរមកប្រឆាំងដូចខ្មាំងសត្រូវធា្លប់ដើររួមផ្លូវ
រួមតុអាហារ
១១ព្រះអម្ចាស់អើយសូមកុំកន្តើយប្រោសខ្ញុំឱ្យជា
ខ្ញុំនឹងតបតទៅលើពួកវាសូមទ្រង់ករុណា
ឱ្យខ្ញុំសមចិត្ត
១២បើសិនពួកខ្មាំងលែងមកប្រឆាំងនោះខ្ញុំនឹកគិត
ថាព្រះអម្ចាស់ស្រឡាញ់ខ្ញុំពិតព្រោះបច្ចាមិត្ត
ត្រូវបរាជ័យ
១៣ព្រះអង្គជួយខ្ញុំផុតអស់ទុក្ខធំរោគាទាំងឡាយ
បានជាទាំងស្រុងទាំងប្រទានឱ្យខ្ញុំគង់ជាមួយ
ព្រះអង្គតទៅ
១៤សូមលើកព្រះម្ចាស់ខ្ពង់ខ្ពស់ខ្លាំងណាស់មិនដែលអាស្រូវ
ជាព្រះរបស់អ៊ីស្រាអែលតទៅព្រះអង្គគង់នៅ
អង្វែងរៀងអើយ

ទំនុកតម្កើងលេខ ៤២ (៤១) បទកាកគតិ

បពិត្រព្រះម្ចាស់ខ្ញុំប្រាថ្នាណាស់ចង់នៅជាមួយ
គិតដេកមិនលក់យប់នឹកថ្ងៃព្រួយចង់នៅជាមួយ
ដូចក្តាន់រកទឹក
ខ្ញុំស្រេកខ្ញុំឃ្លានព្រះម្ចាស់ដ៏មានបារមីមានឫទ្ធិ
ព្រះជន្មគង់នៅស្ថិតស្ថេរពិតៗខ្ញុំចង់នៅជិត
ព្រះភក្ត្រព្រះអង្គ
ខ្ញុំស្រក់ទឹកភ្នែកស្រែកទួញយំយែកឥតមានបង្អង់
ទាំងយប់ទាំងថ្ងៃចិត្តនៅតែចង់ស្វែងរកព្រះអង្គ
គង់នៅឯណា
ខ្ញុំយំខ្ញុំសោកស្រណោះស្រណោកនឹកឃើញកាលគ្រា
ខ្ញុំដឹកនាំមុខអស់ទាំងប្រជាច្រើនឥតគណនា
ឆ្ពោះទៅដំណាក់
គេស្រែកគេហ៊ោរគេមានអំណរក្អាកក្អាយឥតអាក់
គេអរព្រះគុណព្រះខ្ពស់ហួសថ្នាក់មិនដែលអន់អាក់
សប្បាយពេកក្រៃ
ខ្ញុំនឹកគិតថាតើខ្ញុំនេះណាស្រយុតចិត្តថ្វី
តូចចិត្តខ្លួនឯងតើបានការអីផ្ញើជីវិតថ្លៃ
លើព្រះម្ចាស់ទៅ
ខ្ញុំមុខជានឹងសរសើរតម្កើងមិនបង្អង់នៅ
ពីនេះទៅមុខរហូតតទៅព្រះអង្គគង់នៅ
ជាព្រះសង្គ្រោះ
ព្រះអម្ចាស់អើយរូបខ្ញុំនេះហើយស្រយុតចិត្តណាស់
ហេតុនេះទើបខ្ញុំនឹកដល់ព្រះម្ចាស់ឥតមានក្រឡះ
មួយវេលាណា
ព្រះអង្គធ្វើឱ្យកង្វល់មុខក្រោយធ្លាក់ផ្ទួនៗគ្នា
មកលើរូបខ្ញុំបីដូចគង្គារហូរធ្លាក់ខ្ទ័រខ្ទារ
ពីគីរីខ្ពស់
សូមព្រះមេត្តាសម្តែងករុណាស្មោះស្ម័គ្រចំពោះ
ខ្ញុំនៅពេលថ្ងៃពេលយប់ស្រណោះខ្ញុំច្រៀងពិរោះ
តម្កើងព្រះអង្គ
១០ខ្ញុំទូលព្រះម្ចាស់ហេតុអ្វីពេលនេះព្រះអង្គបោះបង់
ទ្រង់ជាថ្មដាស្ថិតស្ថេរគង់វង្សហេតុអ្វីឱ្យខ្មាំង
បៀតបៀនរូបខ្ញុំ
១១ខ្មាំងសត្រូវដៀលប្រមាថឆ្កឹះឆ្កៀលខ្ញុំស្ទើរស្រែកយំ
គេ​ចេះតែពោលមកទូលបង្គំថាតើព្រះខ្ញុំ
នោះនៅឯណា?
ខ្ញុំឈឺចុកចាប់ដូចគេចាក់កាប់សព្វពេញកាយា
គេស្រែកក្តែងៗគ្រប់ពេលវេលាខ្ញុំស្ទើរមរណា
លាភពផែនដី
១២ខ្ញុំនឹកគិតថាតើខ្ញុំនេះណាស្រយុតចិត្តថ្វី
តូចចិត្តខ្លួនឯងតើបានការអីផ្ញើជីវិតថ្លៃ
លើព្រះម្ចាស់ទៅ
ខ្ញុំមុខជានឹងសរសើរតម្កើងមិនបង្អង់នៅ
ពីនេះទៅមុខរហូតតទៅព្រះអង្គគង់នៅ
ជាព្រះសង្គ្រោះ

ទំនុកតម្កើងលេខ ៤៣ (៤២) បទពាក្យ ៧

ឱព្រះជាអម្ចាស់ខ្ញុំអើយសូមកុំកន្តើយរកយុត្តិធម៌
សូមជួយកាន់ក្តីទល់តបតពួកមនុស្សមិនល្អមនុស្សទុច្ចរិត
បពិត្រព្រះជាអម្ចាស់អើយព្រះអង្គនេះហើយជួយជីវិត
ទ្រង់ជាកំពែងបាំងជុំជិតសូមទ្រង់អាណិតកុំបោះបង់
សូមផ្តល់ពន្លឺនិងក្តីពិតឱ្យនៅស្ថេរស្ថិតហើយតម្រង់
ទៅភ្នំវិសុទ្ធដ៏ផូរផង់ដំណាក់ព្រះអង្គសមសព្វគ្រប់
ខ្ញុំនឹងឆ្ពោះទៅទីអាសនៈព្រះអង្គឥតអាក់ជាប្រភព
នៃក្តីអំណរដ៏លើសលប់តម្កើងមិនឈប់ដោយតន្ត្រី
ខ្ញុំតែងតែនឹកគិតឥតភ្លេច«តើខ្ញុំស្រយុតចិត្តធ្វើអ្វី
ចូរផ្ញើជីវិតកុំសោកស្តាយផ្ញើទាំងរូបកាយនឹងទ្រង់ទៅ »
ខ្ញុំមុខជានឹងលើកតម្កើងព្រះអង្គខ្ពស់ឡើងមិនអាស្រូវ
ជាព្រះសង្គ្រោះល្អត្រឹមត្រូវឈ្នះអស់សត្រូវគ្រប់ទិសទី

ទំនុកតម្កើងលេខ ៤៤ (៤៣) បទកាកគតិ

បពិត្រព្រះម្ចាស់ដូនតាចាស់ៗធ្លាប់រៀបរាប់ប្រាប់
ឱ្យយើងខ្ញុំឮហើយបានត្រងត្រាប់ស្នាព្រះហស្តគ្រប់
ដែលទ្រង់ប្រព្រឹត្ត
ព្រះអង្គប្រដេញជាតិនានាចេញមិនឱ្យនៅជិត
ដោយសារបារមីព្រះអង្គមានឫទ្ធិឱ្យរាស្រ្តមកស្ថិត
ជុំជិតការពារ
ទឹកដីទាំងអស់គឺមិនមែនរាស្រ្តឈ្នះមកដោយសារ
កម្លាំងអាវុធខ្លួនគេឡើយណាឬឈ្នះដោយសារ
កម្លាំងខ្លួនអី
គឺគេបានឈ្នះដោយសារតេជះឫទ្ធីបារមី
និងព្រះចេស្តាព្រះអង្គខ្លាំងក្រៃព្រោះព្រះអង្គថ្លៃ
ស្រឡាញ់គេណាស់
បពិត្រព្រះអើយព្រះអង្គនេះហើយជាក្សត្រជាក់ច្បាស់
មានតែទ្រង់ទេផ្តល់ជ័យជំនះដល់ប្រជារាស្រ្ត
បានសុខសិរី
ដោយសារទ្រង់ហើយយើងខ្ញុំបានស្បើយយកជំនះជ័យ
លើបច្ចាមិត្រដោយព្រះនាមល្បីបង្ក្រាបអស់ដៃ
អ្នកដែលប្រឆាំង
ខ្ញុំមិនផ្អែកពឹងទៅលើពំនឹងធ្នូជាកម្លាំង
ក៏មិនមានជ័យដោយដាវចម្បាំងគឺពឹងរនាំង
របាំងព្រះម្ចាស់
មានតែព្រះអង្គដែលបានតម្រង់ឱ្យខ្ញុំបានឈ្នះ
លើពួកបច្ចានិងមនុស្សទាំងអស់ដែលស្អប់ខ្ញុំនោះ
អាម៉ាស់មុខក្រៃ
យើងខ្ញុំទាំងអស់ថ្កើងសិរីយសព្រះអម្ចាស់ថ្លៃ
ខ្ញុំលើកតម្កើងទាំងយប់ទាំងថ្ងៃតម្កើងបារមី
របស់ព្រះអង្គ
១០តែឥឡូវនេះព្រះអង្គបានលះចោលខ្ញុំសូន្យបង់
មិនយាងជាមួយមិនជួយតម្រង់មិននាំទ័ពផង
ឱ្យខ្ញុំបាក់មុខ
១១ព្រះអង្គធ្វើឱ្យខ្ញុំដកទ័ពថយនៅមិនបានសុខ
មុខបច្ចាមិត្តដែលបានសម្រុកប្រមូលទ្រព្យទុក
ធ្វើជាជយភណ្ឌ
១២ព្រះអង្គប្រគល់រូបយើងខ្ញុំផ្ទាល់ឱ្យខ្មាំងជិះជាន់
គេលេបត្របាក់សង្កត់សង្កិនកំចាយរូបខ្ញុំ
ទៅស្រុកនានា
១៣ព្រះអង្គបានលក់រាស្រ្តអស់ទាំងស្រុកថោកឥតឧបមា
ខ្ញុំស្មានមិនយល់ទ្រង់គ្មានករុណាម្តេចធ្វើច្នេះណា
លក់មិនចំណេញ
១៤ព្រះអង្គបណ្តោយប្រទេសមុខក្រោយជិតខាងជុំវិញ
មើលងាយយើងខ្ញុំចំអកជ្រក់ជ្រេញខ្ញុំសែនទោម្នេញ
ដោយក្តីអាម៉ាស់
១៥ព្រះអង្គធ្វើឱ្យប្រជាជិតឆ្ងាយយករឿងខ្ញុំនេះ
ជាល្បែងលេងសើចចំអកដៀលត្មះឱ្យពួកទាំងនេះ
មើលងាយយើងខ្ញុំ
១៦ខ្ញុំសែនអៀនខ្មាសមនុស្សម្នាដេរដាសមើលងាយសើចយំ
ថ្ងៃដេកកើតទុក្ខយប់ដេកសំងំអាម៉ាស់មុខធំ
និយាយមិនបាន
១៧ពេលខ្ញុំឮសូរសម្រែកខ្មាំងហ៊ោរប៉ុនប៉ងរំខាន
ចង់ចងគំនុំឥតឈប់ស្រាកស្រាន្តបន្ថោកទាំងប្រាណ
យើងដូចសត្វធាតុ
១៨ឱព្រះម្ចាស់អើយហេតុទាំងនេះហើយកើតហើយកើតទៀត
យើងខ្ញុំពុំភ្លេចមិនបែកឃ្លាឃ្លាតហើយមិនរវាត
សម្ពន្ធមេត្រី
១៩យើងខ្ញុំពុំបានបែកចិត្តគេចប្រាណពីព្រះម្ចាស់ថ្លៃ
ឬធ្វើព្រងើយកាត់ផ្តាច់និស្ស័យក៏ពុំឃ្លាតឆ្ងាយ
ពីព្រះមាគ៌ា
២០មិនគួរព្រះអង្គបំបរបំបង់ឱ្យខ្ញុំកំព្រា
នៅក្នុងកន្លែងខ្លាសិង្ហស្វានស្វាខ្ញុំសែនវេទនា
ក្នុងដៃមច្ចុរាជ
២១ប្រសិនបើខ្ញុំបំភ្លេចព្រះនាមឬមានកលកិច្ច
បែរទៅគោរពព្រះផ្សេងមានល្បិចឬចង់កែគេច
នោះទ្រង់នឹងដឹង
២២ទ្រង់ជ្រាបចិត្តមនុស្សទោះស្រីឬប្រុសគ្មានអ្វីកំបាំង
អ្វីក៏ទ្រង់យល់សព្វអស់ទាំងពួងដែលលាក់កំបាំង
នៅក្នុងចិត្តមនុស្ស
២៣ពួកគេប្រហារយើងខ្ញុំគ្រប់គ្រាឥតមានចន្លោះ
ព្រោះតែព្រះអង្គគេទុកខ្ញុំនេះដូចចៀមគោសេះ
សម្រាប់់ប្រហារ
២៤ឱព្រះម្ចាស់អើយកុំបង្អង់ឡើយសូមប្រែកាយា
ម្តេចក៏ព្រះអង្គផ្ទុំលក់ច្នេះណាកុំដាច់មេត្តា
ខ្ញុំរហូតឡើយ
២៥ហេតុអ្វីព្រះអង្គបែរភក្ត្រចេញវឹងគ្មានស្រណោះស្ដាយ
ធ្វើដូចមិនស្គាល់បំភ្លេចព្រងើយខ្ញុំវេទនាហើយ
ត្រូវគេជិះជាន់
២៦គេបានជាន់ឈ្លីខ្ញុំក្នុងធូលីចុកចាប់ពេកពន់
ខ្ញុំបរាជ័យធ្ងន់អើយសែនធ្ងន់ស្ទើរតែក្ស័យជន្ម
ផុតពីផែនដី
២៧ព្រះអើយក្រោកឡើងកុំនៅឆ្មៃឆ្មើងសូមទ្រង់ប្រណី
យាងមករំដោះដោយទឹកព្រះទ័យករុណាប្រណី
សង្គ្រោះកុំខាន

ទំនុកតម្កើងលេខ ៤៥ (៤៤) បទព្រហ្មគីតិ

ពាក្យខ្ញុំពោលពិរោះដ៏ស្ម័គ្រស្មោះអស់ពីចិត្ត
តែងបទថ្វាយមហាក្សត្រសូមឱ្យបទដូចកវី
ព្រះអង្គល្អជាងគេរកគ្មានទេវោហារស្តី
ព្រះប្រទានពរជ័យមានសិរីទាំងអំណាច
វីរៈបុរសឫទ្ធិគន់គាប់ចិត្តសែនអង់អាច
សូមពាក់ព្រះខ័នរាជ្យភ្លឺចិញ្ចាចចិញ្ចែងទៅ
សូមគង់លើរាជរថយាងតយុទ្ធនឹងសត្រូវ
ការពារពាំងទុកនូវរឿងត្រឹមត្រូវនិងសុចរិត
សូមទ្រង់បានជោគជ័យដ៏ថ្លាថ្លៃអស់ពីចិត្ត
ដោយបារមីមានឫទ្ធិដ៏ប្រណីតនៃព្រះអង្គ
សូមឱ្យព្រួញដ៏មុតស្រួចបំផុតជួយតម្រង់
ឱ្យព្រួញនៃព្រះអង្គបាញ់តម្រង់ទ្រូងបច្ចា
សូមគ្រប់ប្រជាជាតិកុំបីឃ្លាតឃ្លាទៅណា
ឱ្យធ្លាក់ក្រោមបាទាព្រះរាជាដ៏មានឫទ្ធិ
រាជាដ៏ខ្ពស់ខ្ពង់បល្ល័ង្កទ្រង់នៅស្ថេរស្ថិត
គ្រងរាជ្យមិនរខិតគង់នៅពិតដោយយុត្តិធម៌
ព្រះអង្គសព្វព្រះទ័យនឹងសេចក្តីសុចរិតល្អ
អំពើអយុត្តិធម៌ទ្រង់មិនគាប់ព្រះហឫទ័យ
ហេតុនេះព្រះជាម្ចាស់ដែលជាព្រះដ៏ប្រពៃ
ជ្រើសរើសអង្គក្សត្រថ្លៃពីចំណោមមិត្តព្រះអង្គ
ចាក់ប្រេងអភិសេកមិនអល់អែកល្អផូរផង់
ប្រទានឱ្យព្រះអង្គមានសព្វទាំងក្តីសប្បាយ
រាជាគ្រងភូសាល្អអស្ចារ្យក្រអូបសាយ
តន្ត្រីប្រគុំថ្វាយក្នុងប្រាសាទភ្លុកដំរី
១០ស្រីស្នំទាំងប៉ុន្មានស្រស់ភុំផានជាបុត្រី
របស់ស្តេចផែនដីអង្គក្សត្រិយ៍គង់ខាងស្តាំ
១១ព្រះម្ចាស់ក្សត្រិយ៍អើយកុំកន្តើយសណ្តាប់ខ្ញុំ
កុំនឹកនាពួនយំដល់រាជវង្សព្រះនាងអី
១២សូមឱ្យមហាក្សត្របានគាប់ចិត្តអង្គក្សត្រិយ៍
បង្គំគាល់ក្រាបថ្វាយកុំនឿយណាយទ្រង់ជាម្ចាស់
១៣អ្នកមានក្រុងទីរ៉ុសទាំងស្រីប្រុសមានច្រើនណាស់
នាំតង្វាយទាំងអស់តម្រង់ឆ្ពោះផ្គាប់ក្សត្រិយ៍
១៤ព្រះនាងគង់នៅក្នុងព្រះរាជវាំងសុខពេកក្រៃ
រូបឆោមស្រស់ឥតបីព្រះភូសារំលេចមាស
១៥គេដង្ហែព្រះនាងចូលក្នុងវាំងមនុស្សដេរដាស
ភីលៀងមានច្រើនណាស់ហែទៅគាល់ព្រះរាជា
១៦ព្រះនាងចូលទៅកាន់វិមានស្ថានអង្គក្សត្រា
អស់ទាំងរាស្រ្តប្រជាគ្រប់ៗគ្នារីករាយក្រៃ
១៧បពិត្រព្រះមហាក្សត្រមេត្តាចាត់បុត្រថ្លាថ្លៃ
គ្រងរាជ្យដ៏ប្រពៃតពីព្រះអយ្យកោស្តេច
១៨ទូលបង្គំនឹងថ្លែងរំលឹកចែងឥតមានភ្លេច
ព្រះនាមល្អបណ្តាច់នាំគ្នាលើកថ្កើងព្រះអង្គ

ទំនុកតម្កើងលេខ ៤៦ (៤៥) បទពាក្យ ៧

ព្រះអម្ចាស់ជាទីជម្រកឱ្យយើងចូលជ្រករាល់ខែឆ្នាំ
ព្រះអង្គតែងតែប្រុងប្រៀបចាំមិនមើលបំណាំពេលអាសន្ន
ទោះបីផែនដីប្រះរញ្ជួយភ្នំប្រែរលួយដោយទាន់ហន់
ទោះធ្លាក់សមុទ្រជ្រៅរាប់ពាន់ជាច្រើនរយជាន់ខ្ញុំមិនភ័យ
ទោះទឹកសមុទ្របោកបាចសាចជួនជោរជួននាចយ៉ាងណាក្តី
ទោះភ្នំកក្រើកខ្ទ័រផែនដីក៏យើងមិនភ័យមិនខ្ចីខ្លាច
មានទន្លេមួយនាំអំណរសិរីបវរស្រោចបាចសាច
បុរីព្រះម្ចាស់មានអំណាចវិសុទ្ធក្រៃពេកព្រះដំណាក់
ព្រះម្ចាស់គង់ក្នុងបុរីណាបានក្តីសុខាមិនអន់អាក់
ព្រោះទ្រង់សង្គ្រោះមិនថ្នាំងថ្នាក់តាំងពីថ្ងៃរះព្រឹកព្រលឹម
ជនជាតិនានាតែងគំរាមស្រុកកើតសង្គ្រាមភ័យជ្រួលជ្រើម
ព្រះម្ចាស់បន្លឺសូរសៀងឡើងផែនដីត្រូវប៉ើងបែកខ្ចាត់ខ្ចាយ
ព្រះជាអម្ចាស់នៃពិភពទ្រង់គង់ប្រសព្វមិនឃ្លាតឆ្ងាយ
ព្រះលោកយ៉ាកុបមិនទន់ជ្រាយកំពែងមាំក្រៃនៃយើងខ្ញុំ
ចូរនាំគ្នាមើលស្នាព្រះហស្តរបស់ព្រះម្ចាស់ដ៏ឧត្តម
កិច្ចការអស្ចារ្យទាំងតូចធំដែលទ្រ​ង់ខិតខំលើផែនដី
១០ទ្រង់បានប្រមូលធ្នូលំពែងខែលដាវខ្លីវែងគ្មានសល់អ្វី
រទេះគ្រឿងក្រោះបោះទៅដីដុតខ្ទេចគ្មានស្តាយមិនស្រណោះ
១១ចូរឈប់ច្បាំងទៅត្រូវដឹងថាគឺយើងនេះណាជាព្រះម្ចាស់
យើងគ្រប់គ្រងលើជាតិទាំងអស់មិនសល់ចន្លោះលើលោកា
១២ព្រះអម្ចាស់នៃភពផែនដីស្ម័គ្រស្មោះមេត្រីគ្រប់ៗគ្រា
គង់នៅជាមួយរាល់វេលាកំពែងការពារដ៏មាំមួន

ទំនុកតម្កើងលេខ ៤៧ (៤៦) បទកាកគតិ

ឱជនទាំងឡាយចូរអរសប្បាយទះដៃអបអរ
ច្រៀងលើកតម្កើងព្រះម្ចាស់បវរទទួលអំណរ
ដោយចិត្តរីករាយ
ដ្បិតព្រះអម្ចាស់ព្រះខ្ពង់ខ្ពស់ណាស់គួរស្ញប់ស្ញែងក្រៃ
ព្រោះតែព្រះអង្គជាមហាក្សត្រថ្លៃឧត្តមប្រពៃ
លើដីទាំងអស់
ព្រះអង្គបង្ក្រាបគ្រប់ជាតិឱ្យរាបមកជាចំណុះ
មិនឱ្យរួចខ្លួនជាតិណាមួយសោះស្ម័គ្រចិត្តស្រួលស្រុះ
ក្រោមអំណាចយើង
ព្រះអង្គជ្រើសរើសទឹកដីគ្រប់ទិសជាមរតកថ្កើង
ឱ្យយើងខ្ពស់មុខគ្មានអ្វីកើតឡើងវិសេសរុងរឿង
យ៉ាកុបល្អឯក
ព្រះអម្ចាស់យាងឡើងក្រោមសូរសៀងខ្ញៀវខ្ញាអនេក
ទ្រង់យាងទៅខ្ពស់ឥតមានរារែកអមដោយសម្រែក
ស្នូរត្រែតន្ត្រី
ចូរយើងនាំគ្នារូតរះម្នីម្នាថ្វាយពរសិរី
ព្រះជាអម្ចាស់រុងរឿងពេកក្រៃស្មូតលាយតន្ត្រី
ថ្វាយព្រះនៃយើង
ដ្បិតព្រះអង្គជាព្រះមហាក្សត្រាវិសេសថ្កុំថ្កើង
នៅលើផែនដីជាព្រះនៃយើងចូរនាំគ្នាថ្កើង
ស្មូតកំណាព្យថ្វាយ
ព្រះម្ចាស់គ្រងរាជ្យពេញដោយអំណាចលើជាតិជិតឆ្ងាយ
គង់លើបល្ល័ង្កឥតបីនឿយណាយវិសុទ្ធពេកក្រៃ
រាស្រ្តបានសុខសាន្ត
១០ពួកមេដឹកនាំមកមីរជួបជុំឥតមានខកខាន
ជាប្រជាជនវិសុទ្ធថ្កើងថ្កានព្រះដ៏ចំណាន
អប្រាហាំថ្លៃ
ដ្បិតមហាក្សត្រម្ចាស់ផែនដីស្ថិតក្រោមម្លប់បារមី
អំណាចព្រះម្ចាស់ខ្លាំងលើសអ្វីៗក្នុងនាលោកីយ៍
គ្មានអ្វីស្មើផង

ទំនុកតម្កើងលេខ ៤៨ (៤៧) បទពាក្យ ៧

ព្រះម្ចាស់ជាព្រះឧត្តមប្រសើរសក្តិសមខ្ពស់បំផុត
ស៊ីយ៉ូនបុរីតែមួយគត់ភ្នំដ៏វិសុទ្ធនៃព្រះអង្គ
ភ្នំជារបស់ព្រះអម្ចាស់ល្អប្រណីតណាស់ឥតមានហ្មង
ស៊ីយ៉ូនជាកំពូលភពផងមហាក្សត្រទូទាំងភពផែនដី
ព្រះម្ចាស់សម្តែងឱ្យដឹងថាព្រះអង្គគឺជាកំពែងជ័យ
រឹងប៉ឹងមាំមួនពន់ពេកក្រៃនៅក្នុងបុរីនោះប្រាកដ
មានស្តេចនានាច្រើនគរគោកបំណងវាយយកតាមកំណត់
កម្ទេចស៊ីយ៉ូនភ្នំឱ្យម៉ត់យកឈ្នះប្រាកដតាមកម្លាំង
ពេលដែលគេឃើញភ្នំស៊ីយ៉ូនទើបគេភ្ញាក់ខ្លួនស្រឡាំងកាំង
តក់ស្លុតព្រឺព្រួចភ័យភាន់ភាំងនាំគ្នាឈប់ច្បាំងរត់ចូលព្រៃ
គេភ័យញាប់ញ័រដូចកូនសត្វឈឺចាប់ពេកក្តាត់ដូចស្ត្រី
ហៀបនឹងសម្រាលបុត្រក្នុងផ្ទៃទន់ជើងទន់ដៃស្ទើររលំ
ដូចជាខ្យល់ព្យុះបោកបក់មកប៉ះទឹករលកបោកគគ្រឹម
កម្ទេចនាវាឱ្យខ្ទេចខ្ទាំពីទិសបស្ចឹមសែនភិតភ័យ
យើងបានឮគេថ្លែងវាចាសព្វអំពីស្នាព្រះហស្តថ្លៃ
ឥឡូវឃើញផ្ទាល់ក្នុងបុរីព្រះអម្ចាស់ថ្លៃលើលោកា
១០បពិត្រព្រះម្ចាស់ដ៏ឧត្តុង្គរូបខ្ញុំនៅក្នុងព្រះវិហារ
ខ្ញុំនឹកពីព្រះទ័យមេត្តាសប្បុរសករុណានៃព្រះអង្គ
១១បពិត្រព្រះជាអម្ចាស់ថ្លៃព្រះនាមល្បាញល្បីរបស់ទ្រង់
មនុស្សម្នាគ្រប់គ្នាលើកតម្កើងព្រះនាមព្រះអង្គដល់ទីឆ្ងាយ
១២សូមឱ្យអ្នកទីក្រុងស៊ីយ៉ូនកុំបីស្រពោនចូរស្រស់ស្រាយ
អ្នកស្រុកយូដាអរសប្បាយព្រោះព្រះវិនិច្ឆ័យដោយយុត្តិធម៌
១៣ចូរនាំគ្នាហែកុំទោម្នេញហែព័ទ្ធជុំវិញក្រុងបវរ
រាប់ចំនួនប៉មជាបន្តរបស់ក្រុងល្អនេះមើលទៅ
១៤ចូរស្ងើចសរសើរកំពែងក្រុងពិនិត្យផ្ចិតផ្ចង់កុំសល់នៅ
ដើម្បីអ្នករាល់គ្នាយកទៅថ្លែងប្រាប់មនុស្សនៅក្រោយគ្រប់គ្នា
១៥ថាព្រះជាម្ចាស់ពិតជាព្រះយើងប្រាកដណាស់ពីយូរយារ
ព្រះអង្គដឹកនាំយើងឥតរាតទៅមុខជាអង្វែងអើយ

ទំនុកតម្កើងលេខ ៤៩ (៤៨) បទកាកគតិ

ឱជនទាំងឡាយចូរកុំខ្វល់ខ្វាយនាំគ្នាត្រងត្រាប់
មនុស្សរស់លើដីណែនណាន់តាន់តាប់ត្រូវតែប្រុងស្តាប់
ដោយចិត្តទុកដាក់
គឺទូទាំងអស់មនុស្សទាំងស្រីប្រុសកុំបីអន់អាក់
ទាំងអ្នកតូចទាបអ្នកធំហួសថ្នាក់អ្នកសម្បូរប្រាក់
អ្នកក្រវេទនា
ខ្ញុំនឹងបរិយាយឱ្យបានក្បោះក្បាយដល់អ្នករាល់គ្នា
អំពីគតិបណ្ឌិតភ្លឺថ្លាពិតដោយប្រាជ្ញា
ខ្លឹមសារប្រពៃ
ខ្ញុំនឹងផ្ចិតផ្ចង់ដាក់ចិត្តតម្រង់ស្តាប់ពាក្យសម្តី
របស់អ្នកប្រាជ្ញដែលធ្លាប់ល្បាញល្បីដោះប្រស្នាក្តី
ដោយមានដេញពិណ
ពេលមានទុក្ខភ័យជួបគ្រោះចង្រៃឬភ័យអាសន្ន
សត្រូវឡោមព័ទ្ធក៏ខ្ញុំមិនស្លន់វង្វេងវង្វាន់
ភ័យមិនបានការ
មនុស្សទុច្ចរិតតែងតែទុកចិត្តលើទ្រព្យមហិមា
គេអួតគេអាងព្រោះខ្លួនគេជាអ្នកមានទ្រព្យា
មហាសេដ្ឋី
គ្មាននរណាម្នាក់អាចនឹងបង់ប្រាក់លោះអ្នកដទៃ
ហើយមិនអាចបង់ថ្វាយព្រះម្ចាស់ថ្លៃកុំឱ្យខ្លួនក្ស័យ
ជីវិតនោះដែរ
ថ្លៃលោះជីវិតមនុស្សយើងពិតៗកាត់មិនបានទេ
ទោះជាខំបង់មួយកើនជាទ្វេក៏មិនគ្រប់ដែរ
ចៀសស្លាប់មិនបាន
១០តើមនុស្សនេះណាអាចមានជីវ៉ារស់បានប៉ុន្មាន
ផុតពីរណ្តៅអាចនៅសុខសាន្តឬអាចរស់បាន
រហូតមិនស្លាប់
១១យើងឃើញច្បាស់ថាអ្នកមានប្រាជ្ញាក៏ដូចអ្នកអាប់
អ្នកល្ងង់ឥតប្រាជ្ញក៏គង់តែស្លាប់ទុកទ្រព្យច្រើនកប្ប
ឱ្យអ្នកដទៃ
១២គេនឹកគិតថារស់បានយូរយារក្នុងលំនៅថ្មី
បាននៅស្ថិតស្ថេរក្នុងផ្ទះល្អក្រៃបានដាក់ឈ្មោះដី
ទៅគ្រប់ជំនាន់
១៣មនុស្សមានកិត្តិយសរុងរឿងខ្ពង់ខ្ពស់ក៏គេចមិនបាន
គង់តែនឹងស្លាប់ដូចសត្វតិរច្ឆានជាក់ជាមិនខាន
ឥតបីឃ្លាងឃ្លាត
១៤អ្នកដែលទុកចិត្តលើខ្លួនឯងពិតនោះគ្មានមារយាទ
ពេញចិត្តពាក្យខ្លួនជាមនុស្សមានស្នៀតអនាគតទៀត
យ៉ាប់យ៉ឺនពេកក្រៃ
១៥អ្នកនោះប្រៀបបានចៀមសត្វតិរច្ឆានដែលគេប្រល័យ
មច្ចុរាជឃុំគ្រងវាយឥតសំចៃឃ្វាលរាល់យប់ថ្ងៃ
មិនឱ្យឃ្លាតឆ្ងាយ
រីមនុស្សសុចរិតនឹងជាន់ឈ្លីពិតលើរូបរាងកាយ
របស់ពួកគេរលាយអន្តរាយទៅដល់ទីឆ្ងាយ
ក្នុងស្ថានមនុស្សស្លាប់
១៦ប៉ុន្តែព្រះម្ចាស់មានឫទ្ធិខ្លាំងណាស់រំដោះខ្ញុំឆាប់
ផុតពីអំណាចនៃសេចក្តីស្លាប់ព្រះអង្គប្រញាប់
មកយកខ្ញុំទៅ
១៧ពេលអ្នកឃើញគេសម្បត្តិឡើងទ្វេកុំបីហ្មងសៅ
ឃើញទ្រព្យគេច្រើនចម្រើនតទៅសំងំពួននៅ
កុំភ័យខ្លាច​អី
១៨ពេលដែលគេស្លាប់គេពុំអាចចាប់យករបស់អ្វី
អស់ទាំងសម្បត្តិទ្រព្យធនផ្សេងក្តីចូលទៅក្នុងដី
អ្នកក្ស័យបានឡើយ
១៩ពេលមានជីវិតគេតែងនឹកគិតថាសុខឥតស្បើយ
ថាខ្លួនគេនឹងមិនខ្វល់អ្វីឡើយអ្នកផងកោតហើយ
ដែលគេមានបាន
២០គេគង់នឹងត្រូវធ្លាក់ខ្លួនចុះទៅជួបនឹងសន្តាន
ជីតាជីដូនមានទាំងប៉ុន្មានទៅក្នុងទីស្ថាន
ដែលគ្មានពន្លឺ
២១អ្នកមានកិត្តិយសរុងរឿងខ្ពង់ខ្ពស់ល្បីល្បាញរន្ទឺ
មិនយល់អ្វីសោះមិនភ័យព្រួយព្រឺអ្នកនោះហើយគឺ
ដូចសត្វដែលស្លាប់

ទំនុកតម្កើងលេខ ៥០ (៤៩) បទព្រហ្មគីតិ

ព្រះអង្គម្ចាស់ជាព្រះប្រសើរណាស់លើសអ្វីៗ
ទ្រង់កោះហៅផែនដីខាងលិចក្តីដល់ខាងកើត
ព្រះជាម្ចាស់ចែងចាំងពីទីក្រុងស៊ីយ៉ូនឆើត
ដែលជាក្រុងល្អស្អាតត្រូវតាមខ្នាតឥតមានខ្ចោះ
សូមព្រះអង្គយាងមកជាជម្រកយើងរួមរស់
កុំនៅស្ងៀមដូច្នោះសូមសន្តោសត្រួសត្រាយផ្លូវ
ពេលព្រះអង្គយាងមកខ្យល់បក់បោកខ្លាំងពេកកូវ
មានភ្លើងឆេះសន្ធៅជុំវិញនៅមុខព្រះអង្គ
ព្រះអង្គហៅមេឃដីធ្វើសាក្សីគ្រានោះផង
វិនិច្ឆ័យទោសខុសឆ្គងរាស្រ្តព្រះអង្គទាំងប៉ុន្មាន
ព្រះអង្គមានបន្ទូលថាប្រមូលកុំខកខាន
គឺអស់អ្នកដែលបានចងសម្ពន្ធជាមួយគ្នា
ផ្ទៃមេឃប្រកាសប្រាប់ឱ្យបានឆាប់ឥតរួញរា
ព្រះម្ចាស់មានឫទ្ធាជាចៅក្រមដ៏សុចរិត
ប្រជាជនបវរនាំគ្នាមកស្តាប់ពាក្យពិត
អ៊ីស្រាអែលកុំគិតយើងនេះពិតព្រះអ្នកហើយ
យើងមិនស្តីបន្ទោសអ្នកទាំងអស់ដែលបានថ្វាយ
យញ្ញបូជាទាំងឡាយអចិន្ត្រៃយ៍មិនដែលអាក់
យើងមិនត្រូវការយកគោបាមកពីផ្ទះអ្នក
ពពែធាត់ដល់ថ្នាក់ពីក្រោលអ្នកនោះឡើយណា
១០ដ្បិតសត្វទាំងប៉ុន្មានដែលធ្លាប់មានក្នុងព្រឹក្សា
សត្វរាប់សែននោះណាគឺសុទ្ធជាកម្មសិទ្ធិយើង
១១យើងស្គាល់អស់បក្សីនៅតាមព្រៃមិនរំលង
សត្វរស់តាមភ្នំផងជារបស់យើងមិនសល់
១២ប្រសិនបើយើងឃ្លានយើងនឹងហ៊ានមិនបាច់ខ្វល់
អ្វីៗគ្មានសេសសល់លើសកលយើងជាម្ចាស់
១៣យើងមិនដែលត្រូវការសាច់គោបាយើងស្អប់ណាស់
ហើយក្រៅអំពីនោះយើងមិនប៉ះឈាមពពែ
១៤តង្វាយផងទាំងឡាយដែលអ្នកថ្វាយជាហូរហែ
គឺពាក្យតម្កើងដែរអ្នកត្រូវតែគោរពតាម
១៥នៅពេលមានអាសន្នកុំស្លោស្លន់រកយើងភ្លាម
យើងនឹងមិននៅស្ងៀមយើងមកភ្លាមរំដោះអ្នក
១៦ព្រះម្ចាស់មានបន្ទូលទៅមនុស្សពាលឥតស្ទើរស្ទាក់
ហេតុអ្វីបានជាអ្នកសូត្រឥតអាក់ក្រឹត្យវិន័យ
ហើយចេះតែទន្ទេញឥតទោម្នេញរៀងរាល់ថ្ងៃ
ពាក្យសម្ពន្ធមេត្រីជាមួយយើងដូច្នេះណា?
១៧ប៉ុន្តែអ្នកថ្លោះធ្លោយមិនស្តាប់ឡើយនូវវាចា
ទូន្មានគ្រប់អាត្មាអ្នកបែរជាចោលបង់បោះ
១៨ពេលណាអ្នកជួបចោរអ្នកអបអររួមស្ម័គ្រស្មោះ
ចូលដៃគិតរួមរស់ពួកទុយ៌សពិតជាក់ច្បាស់
១៩មាត់អ្នកតែងស្រដីពាក្យអប្រីយ៍ឥតអៀនខ្មាស
អណ្តាតអ្នកគ្រលាស់ពាក្យបោកប្រាសមិនដែលភ្លេច
២០អ្នកត្រៀមចិត្តត្រៀមកាយឥតជិនណាយជាប់ជានិច្ច
ចោទបងប្អូនដោយល្បិចទោះជាសាច់ខ្លួនបង្កើត
២១អ្នកដែលធ្លាប់ប្រព្រឹត្តរឿងឧក្រិដ្ឋឥតកំណើត
យើងនៅស្ងៀមម្តេចកើតគ្មានកំណើតយើងដាក់ទោស
២២អស់អ្នកដែលកែគេចខំបំភ្លេចព្រះជាម្ចាស់
ចូររិះគិតឱ្យច្បាស់សេចក្តីនេះទាំងអស់ទៅ
ក្រែងយើងបំផ្លាញអ្នកពិតជាជាក់មិនទុកទៅ
ហើយគ្មានអ្នកណាទៅជួយរំដោះយកអ្នកឡើយ
២៣អ្នកណាថ្វាយពាក្យថ្កើងមកដល់យើងជាតង្វាយ
យើងរីករាយស្រស់ស្រាយយើងសប្បាយជួយសង្គ្រោះ

ទំនុកតម្កើងលេខ ៥១ (៥០) បទពាក្យ ៧

ឱព្រះជាម្ចាស់ទូលបង្គំសូមលើកទោសខ្ញុំហើយមេត្តា
តាមព្រះហឫទ័យករុណាលើសលប់អស្ចារ្យព្រះអង្គផង
សូមលើកទោសឱ្យទូលបង្គំផុតទុក្ខក្រៀមក្រំគ្រានេះម្តង
ព្រះទ័យអាណិតអាសូរផងព្រោះតែព្រះអង្គឥតមានខ្ចោះ
សូមជួយលុបលាងខ្ញុំឱ្យជ្រះឱ្យស្អាតស្រឡះពីកំហុស
ជួយជំរះខ្ញុំស្អាតផងចុះឱ្យបរិសុទ្ធអស់អំពើបាប
ខ្ញុំដាក់ខ្លួនប្រាណសុំទទួលឥតមានប្រែប្រួលសុំសារភាព
រូបទូលបង្គំបានសាងបាបដិតដក់នៅជាប់ក្នុងអារម្មណ៍
ខ្ញុំបានប្រព្រឹត្តអំពើទាស់ព្រះហឫទ័យស្មោះព្រះនៃខ្ញុំ
ហើយប្រព្រឹត្តរឿងមិនសក្តិសមក្បត់ព្រះឧត្តមធ្វើពាលា
ទោះជាព្រះអង្គដាក់ទុក្ខទោសទៅតាមកំហុសខ្ញុំយ៉ាងណា
ទ្រង់នៅសុចរិតបរិសុទ្ធថ្លាទោះជាម្តេចម្តាទ្រង់គ្មានខុស
ខ្ញុំមានកំហុសពីកំណើតតាំងតែពីកើតមកឯណោះ
បាបខ្ញុំជាប់ប្រាណមិនចេះអស់មកទល់ពេលនេះមិនរសាយ
ប៉ុន្តែព្រះម្ចាស់សព្វព្រះទ័យជ្រាបអស់សេចក្តីពិតទាំងឡាយ
សូមប្រោសឱ្យអស់មនុស្សគ្រប់កាយស្គាល់ជម្រៅនៃប្រាជ្ញាញាណ
សូមជំរះខ្ញុំឱ្យបរិសុទ្ធនោះរូបខ្ញុំពិតជានឹងបាន
សជាងសំឡីជាមិនខានបរិសុទ្ធថ្កើងថ្កានមិនអប្រីយ៍
១០សូមប្រាប់ឱ្យទូលបង្គំដឹងថាព្រះអង្គហ្នឹងអត់ទោសពៃរ៍
នោះខ្ញុំនឹងមានអំណរក្រៃចិត្តសោករីងរៃប្រែរីករាយ
១១ព្រះម្ចាស់អើយសូមកុំទតមកបាបច្រើនគរគោកខ្ញុំនោះឡើយ
សូមលុបកំហុសដែលមានហើយឱ្យបានធូរស្បើយល្អបំផុត
១២ឱព្រះជាអម្ចាស់ខ្ញុំអើយសូមជួយប្រោសឱ្យបរិសុទ្ធ
បង្កើតចិត្តថ្មីមាំមោះមុតរឹងប៉ឹងបំផុតដល់ខ្ញុំផង
១៣សូមកុំបោះបង់រូបខ្ញុំចោលឱ្យនៅតែលតោលឆ្ងាយព្រះអង្គ
កុំដកវិញ្ញាណដ៏ត្រចង់វិសុទ្ធព្រះអង្គពីខ្ញុំឡើយ
១៤សូមប្រោសឱ្យខ្ញុំអរសប្បាយព្រោះព្រះម្ចាស់ថ្លៃសង្គ្រោះហើយ
សូមគាំទ្រខ្ញុំកុំកន្តើយដោយប្រទានឱ្យធ្វើតាមផង
១៥រូបខ្ញុំនឹងខំប្រៀនប្រដៅមនុស្សពាលកម្លៅមិនឱ្យហ្មង
ឱ្យស្គាល់មាគ៌ាដ៏ត្រចង់របស់ព្រះអង្គជាដរាប
១៦ឱព្រះជាម្ចាស់ព្រះសង្គ្រោះសូមជួយរំដោះខ្ញុំពីស្លាប់
ខ្ញុំនឹងទន្ទេញប្រកាសប្រាប់សុចរិតគួរគាប់នៃព្រះអង្គ
១៧ឱព្រះអម្ចាស់កុំស្ទាក់ស្ទើរជួយខ្ញុំបន្លឺសំឡេងផង
ខ្ញុំនឹងប្រកាសឱ្យរំពងពាក្យលើកតម្កើងទ្រង់ឥតភ្លេច
១៨ព្រះអង្គមិនដែលសព្វព្រះទ័យឱ្យដាក់យញ្ញថ្វាយច្រើនឬតិច
ទោះតង្វាយដុតទាំងមូលស្រេចក៏ទ្រង់គ្មានកិច្ចចង់បានដែរ
១៩យញ្ញដែលព្រះអង្គសព្វព្រះទ័យឱ្យរូបខ្ញុំថ្វាយរាល់ថ្ងៃខែ
គឺចិត្តសោកសៅទុក្ខឥតល្ហែនិងចិត្តកែប្រែលែងក្អេងក្អាង
២០ឱព្រះម្ចាស់អើយសូមប្រណីក្រុងស៊ីយ៉ូនថ្មីស្រស់ស្រឡាង
មេត្តាសូមទ្រង់ជួយកសាងសាឡឹមថ្កើងថ្កានឡើងវិញផង
២១ពេលនោះព្រះអង្គមុខជាសព្វព្រះហឫទ័យគាប់មិនសៅហ្មង
តង្វាយដុតនិងយញ្ញតែម្តងគោឈ្មោលមកផងថ្វាយអាសនៈ

ទំនុកតម្កើងលេខ ៥២ (៥១) បទកាកគតិ

អ្នកខ្លាំងពូកែហេតុម្តេចចេះតែអួតពីអាក្រក់
ព្រះអម្ចាស់មានហឫទ័យត្រង់ស្មោះករុណាសន្តោស
ដល់អ្នកជានិច្ច
រៀងរាល់ខែថ្ងៃអ្នកតែងស្រមៃឥតមានពេលភ្លេច
ចង់តែប្រព្រឹត្តដោយមិនកែគេចចង់ធ្វើជានិច្ច
អំពើទុច្ចរិត
ពាក្យពេចន៍សម្តីចេញវាចាស្តីមិនដែលសុក្រឹត្យ
កុហកភូតភរបញ្ឆៀងបញ្ឆិតមុតជាងកាំបិត
ដែលគេសំលៀង
ចូលចិត្តអាក្រក់ល្បិចខ្មៅកខ្វក់មិនសុចរិតទៀង
និយាយកុហកអាក្រក់លំអៀងវៀចវេរមិនទៀង
ជាជាងការល្អ
បើអ្នកហារស្តីវោហារឥតន័យអសប្បុរសធម៌
ពាក្យកុហកភូតចិត្តមិនស្មោះសរអ្វីដែលចេញមក
សុទ្ធតែបោកប្រាស
ព្រះនឹងកម្ទេចរូបអ្នកជានិច្ចឱ្យអស់ស្រឡះ
ដកហូតរូបអ្នកឱ្យចេញពីផ្ទះមិនឱ្យសល់សោះ
ពីលើផែនដី
មនុស្សសុចរិតនឹងឃើញការពិតកោតខ្លាចបារមី
គេសើចសប្បាយក្អាកក្អាយពេកក្រៃរួចគេនិយាយ
ចំអកពោលថា
«មើលន៎! អ្នកនោះពុំបានយកព្រះដែលមានចេស្តា
ធ្វើជាទីពឹងលំនៅអាត្មាដោយគាត់ស្មានថា
គាត់ខ្លាំងពូកែ»
១០រីឯខ្ញុំវិញចិត្តខ្ញុំពោរពេញគ្មានគេចកែប្រែ
នៅក្នុងដំណាក់ព្រះម្ចាស់ឥតបែររៀងរាល់ថ្ងៃខែ
នៅក្បែរព្រះអង្គ
ដូចដើមខៀវខ្ចីអូលីវស្រស់ថ្មីល្អល្អះផូរផង់
ដោយពឹងផ្អែកលើបារមីព្រះអង្គត្រចះត្រចង់
រៀងទៅឥតភ្លេច
១១ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គជានិច្ច
ចំពោះគ្រប់កិច្ចការទ្រង់ប្រព្រឹត្តខ្ញុំសូមទុកចិត្ត
ព្រះនាមព្រះអង្គ
នៅមុខអស់អ្នកគោរពស្មោះស្ម័គ្រប្រណិប័តន៍ទ្រង់
ព្រោះព្រះហឫទ័យសប្បុរសទៀងត្រង់យើងខ្ញុំផ្ចិតផ្ចង់
តាមទ្រង់ទៅអើយ

ទំនុកតម្កើងលេខ ៥៣ (៥២) បទពាក្យ ៧

ពួកមនុស្សលេលានាំគ្នាគិតថាតាមការពិតគ្មានព្រះទេ
គេខំប្រព្រឹត្តមិនកែប្រែរឿងថោកមិនកែគួរអាម៉ាស់
ព្រះម្ចាស់ទតពីស្ថានលើមកឃើញមនុស្សលោកមីរដេរដាស
ក្រែងលោមានម្នាក់វាងវៃឈ្លាសរវៃរវាសរកព្រះអង្គ
ពួកគេវង្វេងទាំងអស់គ្នាជាមនុស្សពាលាកាចយង់ឃ្នង
រកអ្នកដែលមានចិត្តទៀងត្រង់សូម្បីម្នាក់ផងក៏មិនបាន
តើអ្នកដែលចូលចិត្តប្រព្រឹត្តអំពើទុច្ចរិតទាំងប៉ុន្មាន
សុទ្ធតែល្ងង់ល្ងិតខ្វះវិញ្ញាណទើបពួកគេហ៊ានធ្វើច្នោះឬ ?
ជីវិតគេរស់ព្រោះកិបគៃលើរាស្ត្ររាល់ថ្ងៃទាំងបញ្ឈឺ
គេធ្វើមិនដឹងធ្វើមិនឮមិនដែលព្រួយព្រឺស្រែករកព្រះ
ទោះបីជាគ្មានមូលហេតុអ្វីគួរឱ្យភិតភ័យទាល់តែសោះ
ក៏ពួកគេភ័យស្លន់ទាំងអស់គ្មានដឹងអីសោះជាន់ជើងគ្នា
ដ្បិតព្រះជាម្ចាស់ធ្វើឱ្យខ្មាំងដែលធ្លាប់ប្រឆាំងនឹងប្រជា
ស្លាប់ខ្លួនចោលឆ្អឹងគ្រប់ៗគ្នាដោយសារឫទ្ធាព្រះខ្ពង់ខ្ពស់
សូមព្រះអង្គគង់ក្នុងបុរីស៊ីយ៉ូនប្រិមប្រីយ៍ជួយសង្គ្រោះ
ជនជាតិអ៊ីស្រាអែលទាំងនោះឱ្យវិលមករស់ក្នុងស្រុកវិញ
ពូជលោកយ៉ាកុបអរសប្បាយសំណើចក្អាកក្អាយឥតទោម្នេញ
ឯពូជលោកអ៊ីស្រាអែលវិញអំណរពោរពេញដ៏លើសលប់

ទំនុកតម្កើងលេខ ៥៤ (៥៣) បទព្រហ្មគីតិ

ឱព្រះជាម្ចាស់អើយកុំកន្តើយសូមជួយផង
ដោយបារមីព្រះអង្គមេត្តាទ្រង់រកយុត្តិធម៌
ឱព្រះជាម្ចាស់អើយកុំព្រងើយស្តាប់អង្វរ
សម្រែកខ្ញុំស្រែករកសូមស្តាប់មកពាក្យខ្ញុំផង
ដ្បិតមានជនបរទេសរឹងចចេសមកប៉ុនប៉ង
ប្រឆាំងខ្ញុំតែម្តងចិត្តគេចង់ផ្តាច់ជីវិត
ព្រះម្ចាស់ទ្រង់យាងមកសង្គ្រោះយកទាំងអាណិត
រូបខ្ញុំឱ្យនៅជិតទាំងជីវិតទ្រង់ការពារ
សូមព្រះអង្គតតាំងនឹងពួកខ្មាំងចិត្តពាធា
តាមអំពើពាលាដែលពួកវាតែងប្រព្រឹត្ត
រូបខ្ញុំនឹងដាក់ថ្វាយយញ្ញតង្វាយអស់ពីចិត្ត
សូមឱ្យទ្រង់អាណិតខ្ញុំថ្កើងពិតនាមព្រះអង្គ
ព្រះអង្គបានរំដោះឱ្យផុតគ្រោះអាសន្នផង
ផុតពួកពាលយង់ឃ្នងសត្រូវផងបរាជ័យ

ទំនុកតម្កើងលេខ ៥៥ (៥៤) បទពាក្យ ៧

ឱព្រះម្ចាស់អើយសូមមេត្តាសូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យខ្ញុំ
ដែលខំអង្វរទទូចសុំសូមទ្រង់សណ្តាប់កុំគេចចេញ
ពេលទ្រង់ស្តាប់ពាក្យខ្ញុំរួចហើយសូមកុំន្តើយតបមកវិញ
ព្រោះខ្ញុំចុកចាប់ទុក្ខទោម្នេញទុក្ខព្រួយពោរពេញក្នុងអាត្មា
ពេលឮសម្រែកខ្មាំងសត្រូវមនុស្សពាលកម្លៅចិត្តឫស្យា
ឱ្យរូបខ្ញុំរងទុក្ខវេទនាហើយតាមប្រហារដោយកំហឹង
ខ្ញុំសែនតក់ស្លុតពន់ពេកក្រៃញាប់ញ័រភិតភ័យអស់ព្រលឹង
ស្រយង់ស្រយុតនៅមិននឹងដូចគ្មានព្រលឹងខ្លាចមរណា
ខ្ញុំសែនរន្ធត់ពន់ពេកក្រៃដូចជាមានអ្វីផ្តាច់សង្ខារ
ព្រឺព្រួចក្នុងចិត្តឥតឧបមាដូចមនុស្សជរាឈឺដុនដាប
ទូលបង្គំតែងនឹកគិតថាបើខ្ញុំនេះណាប្រែមានស្លាប
ខ្ញុំនឹងហោះហើររៀងដរាបរកទីសម្រាប់់ជ្រកលាក់ខ្លួន
ខ្ញុំនឹងហោះហើរទៅឱ្យឆ្ងាយទៅឯទីនាយសំងំពួន
ដេកទាំងយប់ថ្ងៃឱ្យបាត់សូន្យក្នុងរហោស្ថានស្មសានស្ងាត់់
ខ្ញុំនឹងភៀសខ្លួនទៅឱ្យឆ្ងាយមិននៅរៀងអាយទៅឱ្យបាត់
បើទៅយ៉ាងឆាប់ល្អពេកក្តាត់ចៀសឱ្យរួចផុតព្យុះសង្ឃរា
១០ឱព្រះអម្ចាស់ថ្លៃខ្ញុំអើយសូមជួយកុំឱ្យពួកបច្ចា
និយាយស្តាប់បានគ្រប់អាត្មាព្រោះតែពួកវាចិត្តអប្រិយ៍
១១ទាំងយប់ទាំងថ្ងៃមានសុទ្ធតែទាស់ទែងឥតល្ហែមិនដឹងអី
អំពើពាលាកាប់ប្រល័យសាហាវពេកក្រៃទាំងក្រៅក្នុង
១២ក្នុងក្រុងមានតែឧក្រិដ្ឋកម្មរាល់ថ្ងៃខែឆ្នាំមិនរំលង
នៅតាមទីផ្សារតាមភូមិផងជិះជាន់ប៉ុនប៉ងបោកប្រាសគ្នា
១៣ពួកអ្នកដែលតែងជេរតិះដៀលមិនមែនពួកពាលចិត្តឫស្យា
បើវាជាពួកធា្លប់ផ្តន្ទានោះខ្ញុំពាំងវាជាមិនខាន
១៤គឺឯងធ្លាប់នៅជាមួយខ្ញុំធ្លាប់នៅជួបជុំសែនសុខសាន្ត
ជាអ្នកជិតស្និទ្ធឥតរំខានជាមិត្រកល្យណធ្លាប់ស្ម័គ្រស្មោះ
១៥យើងធ្លាប់ស្និទ្ធស្នាលជាមួយគ្នាគ្រប់ពេលវេលាមិនទំនាស់
ធ្លាប់ថ្វាយបង្គំព្រះជាម្ចាស់វិសុទ្ធពេកណាស់ក្នុងដំណាក់
១៦សូមឱ្យបច្ចាមិត្តត្រូវស្លាប់ទាន់ហន់ឆុតឆាប់កុំបីអាក់
ឱ្យពួកគេទាំងអស់នោះធ្លាក់ក្នុងឋាននរកទាំងនៅរស់
១៧រីឯខ្ញុំវិញសូមស្រែករកព្រះម្ចាស់ឱ្យមកជួយសង្គ្រោះ
ព្រះអង្គនឹងយាងមករំដោះខ្ញុំផុតពីគ្រោះជាមិនខាន
១៨ពេលតប់ប្រមល់ខ្ញុំស្រែកថ្ងូរឥតមានឈប់ឈរគ្មានស្រាកស្រាន្ត
ទាំងព្រឹកថ្ងៃត្រង់ល្ងាចឥតខានព្រះអង្គទ្រង់បានសណ្តាប់ខ្ញុំ
១៩ទោះបីសត្រូវលើកគ្នីគ្នាមកវាយប្រហារទូលបង្គំ
ក៏ទ្រង់រំដោះផុតទុក្ខធំជួយឱ្យរូបខ្ញុំរស់ជីវិត
២០ព្រះម្ចាស់គ្រងរាជ្យពីដើមមកធ្វើជាជម្រកដ៏ស្ថេរស្ថិត
ទ្រង់ព្រះសណ្តាប់ពាក្យខ្ញុំពិតឱ្យបច្ចាមិត្តបាក់មុខអស់
ពួកគេទាំងនោះមិនព្រមផ្លាស់ប្តូរគំនិតចាស់ទាល់តែសោះ
ធ្វើមិនដឹងឮអ្វីទាំងអស់មិនគោរពស្មោះស្ម័គ្រខ្លាចព្រះ
២១អ្នកនោះតែងតែវាយប្រហារមិត្តភក្តិផងណាមិនគិតសោះ
បំពានសន្យាពីមុនអស់ដែលគេធ្លាប់ស្មោះទៅទៀតផង
២២ពាក្យគេផ្អែមល្ហែមជាងទឹកឃ្មុំពិរោះរងំឥតមានហ្មង
ចិត្តកាចឃោរឃៅពាលយង់ឃ្នងគេមានបំណងតែប្រយុទ្ធ
២៣ចូរផ្ញើជីវិតលើព្រះម្ចាស់នោះមិនប្រទះក្តីតក់ស្លុត
ព្រះអង្គគាំទ្រអ្នកឱ្យផុតពីភ័យរន្ធត់មានសេរី
២៤សូមព្រះជាម្ចាស់ឱ្យគេធ្លាក់ជួយច្រានទម្លាក់កុំប្រណី
ព្រោះគេសុទ្ធតែជនអប្រីយ៍ឃាតករប្រល័យជីវិតមនុស្ស
សូមកុំឱ្យពួកគេរស់រានអាយុវែងបានយូរឱ្យសោះ
ចំណែកឯរូបខ្ញុំវិញនោះទុកចិត្តស្ម័គ្រស្មោះតែព្រះអង្គ

ទំនុកតម្កើងលេខ ៥៦ (៥៥) បទព្រហ្មគីតិ

ឱព្រះម្ចាស់ថ្លាថ្លៃសូមប្រណីហើយមេត្តា
មនុស្សច្រើនណាស់ណាវាយប្រហារទូលបង្គំ
ជារៀងរាល់ខែឆ្នាំសត្រូវចាំចង់គំនុំ
ដេញវាយប្រហារខ្ញុំធ្វើឫកធំមកប្រយុទ្ធ
ឱព្រះជាម្ចាស់អើយថ្ងៃនេះហើយខ្ញុំតក់ស្លុត
ភ័យខ្លាចញ័ររន្ធត់ផ្ញើជីវិតលើព្រះអង្គ
ខ្ញុំកោតសរសើរព្រះបន្ទូលច្បាស់មិនដែលឆ្គង
ទុកចិត្តលើព្រះអង្គខ្ញុំគ្មានហ្មងមិនខ្លាចអ្វី
ជារៀងរាល់ថ្ងៃខែគេតែងតែតិះដៀលស្តី
ឱរាខ្ញុំរីងរៃមនុស្សចង្រៃតាមផ្តន្ទា
គេឃ្លាំចាំតាមដានមិនដែលខានរាល់វេលា
រកឱកាសផ្តន្ទាចង់ប្រហារខ្ញុំឱ្យក្ស័យ
ឱព្រះជាអម្ចាស់សូមដាក់ទោសកុំប្រណី
តាមតែមនុស្សព្រៃផ្សៃកុំប្រណីដល់សោះឡើយ
ព្រះអង្គជ្រាបយ៉ាងច្បាស់ខ្ញុំរងទោសទុក្ខឥតស្បើយ
ទ្រង់ជ្រាបមិនកន្តើយទឹកភ្នែកខ្ញុំរាល់វេលា
១០ថ្ងៃខ្ញុំស្រែករកព្រះជាអម្ចាស់លើលោកា
សត្រូវថយគ្រប់គ្នាខ្ញុំដឹងថាព្រះជួយខ្ញុំ
១១ខ្ញុំកោតខ្លាចខ្លាំងណាស់សន្យាច្បាស់ឥតបន្លំ
ព្រះបន្ទូលរងំធ្វើឱ្យខ្ញុំស្ញប់ស្ញែងក្រៃ
១២ខ្ញុំទុកចិត្តលើព្រះជាអម្ចាស់រៀងរាល់ថ្ងៃ
មនុស្សដែលតែងតែក្ស័យអាចធ្វើអ្វីរូបខ្ញុំបាន ?
១៣ឱព្រះជាម្ចាស់អើយពេលនេះហើយមិនហ៊ានខាន
ថ្វាយតង្វាយប៉ុន្មានដែលខ្ញុំបានពោលបែរបន់
១៤ដ្បិតទ្រង់បានរំដោះខ្ញុំឱ្យរស់រានមានជន្ម
ការពារគ្រាអាសន្នមិនឱ្យមានអ្វីរំខាន
ឱ្យខ្ញុំបានដើរឆ្ពោះរកភក្ត្រព្រះដោយសុខសាន្ត
ក្រោមពន្លឺថ្កើងថ្កានបំភ្លឺស្ថានមនុស្សលោក

ទំនុកតម្កើងលេខ ៥៧ (៥៦) បទព្រហ្មគីតិ

ឱព្រះជាម្ចាស់សូមមេត្តាប្រោសអាណិតមេត្តា
ដ្បិតទូលបង្គំពឹងរាល់វេលាជ្រកក្រោមឫទ្ធា
ចេស្តាបារមី
ខ្ញុំស្រែកហៅរកសូមព្រះយាងមកប្រញាប់ឃ្មាតខ្មី
ព្រះខ្ពស់បំផុតលើភពផែនដីប្រទានសព្វអ្វី
តាមខ្ញុំប្រាថ្នា
សូមទ្រង់ប្រទានសង្គ្រោះពីស្ថានបរមសុខណា
សូមជួយកម្ចាត់សត្រូវឫស្យាសម្តែងមេត្តា
ករុណាដល់ខ្ញុំ
សត្រូវនាំគ្នាព័ទ្ធខ្ញុំដូចជាសត្វសិង្ហដ៏ធំ
ចាំស៊ីសាច់មនុស្សដូចមានគំនុំវាមើលមកខ្ញុំ
ដូចនំចំណី
ឱព្រះម្ចាស់អើយកុំគង់កន្តើយសម្តែងបារមី
ឧត្តុង្គឧត្តមថ្កុំថ្កើងថ្លាថ្លៃចែងចាំងលើដី
រស្មីត្រចង់
សត្រូវរបស់រូបខ្ញុំទាំងអស់ប្រុងប្រៀបប៉ុនប៉ង
គេរាយអន្ទាក់ចាំដាក់ខ្ញុំផងចាប់ខ្ញុំតែម្តង
យកទៅសម្លាប់
គេជីករណ្តៅធំហើយសែនជ្រៅហើយគេពួនស្តាប់
ពេលណាខ្ញុំធ្លាក់គេនឹងមកចាប់តែមិនចំណាប់
ភ្លាត់ធ្លាក់ខ្លួនឯង
បពិត្រព្រះម្ចាស់ខ្ញុំទុកចិត្តច្បាស់លើទ្រង់ក្រៃលែង
ទុកចិត្តទាំងស្រុងបារមីជាក់ស្តែងខ្ញុំសូមសម្តែង
បទទំនុកថ្មី
ព្រលឹងខ្ញុំអើយកុំនៅកន្តើយប្រញាប់ឃ្មាតខ្មី
ឱឃឹមនិងពិណកុំនៅស្ងៀមអីបន្លឺបទថ្មី
ដាស់ថ្ងៃឱ្យរះ
១០ឱព្រះម្ចាស់អើយរូបខ្ញុំនេះហើយនឹងតម្កើងព្រះ
នៅក្នុងចំណោមប្រជាទាំងអស់លើកព្រះដោយស្មោះ
ឱ្យជាតិផ្សេងយល់
១១ដ្បិតព្រះហឫទ័យករុណាប្រណីព្រះម្ចាស់ខ្ពស់ដល់
ទៅលើផ្ទៃមេឃឥតមានកិច្ចកលបារមីខ្ពស់ដល់
វេហាស៍អាកាស
១២ព្រះជាម្ចាស់អើយកុំនៅកន្តើយបង្ហាញឱ្យច្បាស់
បារមីឧត្តុង្គឧត្តមត្រចះព្រះខ្ពង់ខ្ពស់ណាស់
នៅលើមេឃា
សូមឱ្យសិរីរុងរឿងថ្លាថ្លៃភ្លឺមហិមា
រស្មីចែងចាំងនៅលើវេហាភ្លឺខ្លាំងអស្ចារ្យ
លើដីទាំងមូល

ទំនុកតម្កើងលេខ ៥៨ (៥៧) បទពាក្យ ៧

ឱពួកចៅក្រមទាំងឡាយអើយពាក្យអ្នកនិយាយពេលកាត់ក្តី
ជាពាក្យត្រឹមត្រូវល្អប្រពៃហើយមានអត្ថន័យពិតឬទេ ?
តែផ្ទុយទៅវិញតាមការពិតពួកអ្នកប្រព្រឹត្តទុច្ចរិតទ្វេ
ដោយចិត្តចេតនាឥតកែប្រែចូលចិត្តគិតតែរឿងឃោរឃៅ
ឯមនុស្សវៀចវេរចិត្តអាក្រក់ល្បិចខ្មៅកខ្វក់សែនអាស្រូវ
មានតាំងពីខ្លួនគេស្ថិតនៅមិនដឹងខុសត្រូវក្នុងផ្ទៃម្តាយ
ខ្លួនគេមានពិសដូចសត្វពស់មិនខ្ចីស្រណោះមិនខ្វល់ខ្វាយ
ធ្វើថ្លង់មិនឮសព្វស័ព្ទអ្វីដូចពស់ចង្រៃដ៏កំណាច
មិនដែលចេះឮសូរសំឡេងទោះគ្រូចាស់ក្មេងមានអំណាច
គ្រូអាលម្ពាយចាប់ពស់កាចអ្នកមានអំណាចពូកែក្តី
ឱព្រះជាអម្ចាស់ខ្ញុំអើយសូមកុំកន្តើយកុំប្រណី
កាច់បំបាក់ធ្មេញមនុស្សអប្រីយ៍ចង្កូមសត្វព្រៃអស់ទាំងនោះ
សូមឱ្យជីវិតគេរសាត់ប៉ើងបក់ទៅបាត់កុំស្រណោះ
ដូចទឹកដែលហូរធ្លាក់ពីជ្រោះឱ្យពួកគេនោះរាបដូចស្មៅ
សូមឱ្យពួកគេដូចជន្លេនដងខ្លួនពត់ពេនហើយវារទៅ
ស្ងួតខ្លួនក្រៀមក្រោះដោយកម្តៅដូចកូនដែលត្រូវធ្លាក់រលូត
១០ព្រះម្ចាស់ធ្វើឱ្យពួកមនុស្សចិត្តពាលទុយ៌សវិនាសផុត
ដូចជាបន្លាដ៏ស្រួចមុតត្រូវក្រៀមក្រោះស្វិតខ្យល់ផាត់ទៅ
១១រីឯពួកមនុស្សសុចរិតរីករាយក្នុងចិត្តមិនអាស្រូវ
ដោយព្រះសងសឹកនឹងសត្រូវឱ្យគេស្គាល់នូវក្តីវិនាស
១២មនុស្សម្នានាំគ្នាពោលថាអ្នកត្រង់ល្អជាចម្រើនច្បាស់
ព្រោះយើងមានព្រះជាអម្ចាស់នៅជួយជំរះក្តីមនុស្សលោក

ទំនុកតម្កើងលេខ ៥៩ (៥៨) បទកាកគតិ

ឱព្រះម្ចាស់អើយសូមកុំកន្តើយជួយរំដោះខ្ញុំ
ឱ្យរួចពីខ្មាំងសត្រូវតូចធំវាមានគំនុំ
ចង់ចាប់ធ្វើបាប
សូមជួយរំដោះជីវិតឱ្យរស់ជារៀងដរាប
ផុតពីពួកពាលពីអ្នកសាងបាបអាក្រក់ឆ្អេះឆ្អាប
ពួកជនស្រេកឈាម
ឱព្រះអម្ចាស់ទោះខ្ញុំពុំខុសក៏គេព្យាយាម
ចាំស្ទាក់ប្រហារជីវិតខ្ញុំភ្លាមពួកគេព្យាយាម
ប្រឆាំងជានិច្ច
ទោះខ្ញុំមិនខុសក៏ពួកទាំងនោះនៅតែមានល្បិច
ពួនចាំស្ទាក់ចាប់រូបខ្ញុំមិនភ្លេចសូមកុំកែគេច
បែរភក្ត្រមើលផង
ឱព្រះម្ចាស់អើយព្រះអង្គនេះហើយជាព្រះខ្ពស់ខ្ពង់
លើពិភពលោកគ្មានអ្វីស្មើទ្រង់សូមជួយខ្ញុំផង
ដាក់ទោសពួកក្បត់
ល្ងាចគេនាំគ្នារូតរះម្នីម្នាតាមពេលកំណត់
ដើរលូដូចឆ្កែដែលរសាត់ព្រាត់ដើរក្រឡឹងព័ទ្ធ
ជុំក្រុងទាំងអស់
មាត់របស់គេពោលមិនគិតទេពាក្យអសុរស
ដូចដាវដ៏មុតនិយាយគំរោះពួកគេទាំងនោះ
ថាគ្មានគេឮ
ឱព្រះម្ចាស់អើយព្រះអង្គនេះហើយអ្នកសើចបញ្ឈឺ
ឱ្យពួកទាំងនោះចុកចាប់ផ្សាឈឺគ្រប់ជាតិដឹងឮ
ទ្រង់សើចចំអក
១០រូបខ្ញុំខំប្រឹងមើលទៅព្រះអង្គមិនឱ្យខានខក
ទ្រង់ជាកម្លាំងកំពែងជម្រកមិនឱ្យខ្មាំងមក
ពាធាបំភ័យ
១១ព្រះរបស់ខ្ញុំហឫទ័យទូលំទូលាយឥតបី
មេត្តាករុណាសន្តោសប្រណីឱ្យខ្ញុំសប្បាយ
ដោយខ្មាំងចាញ់ដៃ
១២ព្រះម្ចាស់ជាខែលការពារក្រវែលរក្សាយប់ថ្ងៃ
សូមកុំប្រហារជីវិតគេក្ស័យក្រែងជនប្រុសស្រី
ភ្លេចជ័យព្រះអង្គ
១៣ពេលគេហាមាត់និយាយស្តីសុទ្ធពាក្យមិនទំនង
សូមឱ្យពួកគេជាប់អន្ទាក់ផងព្រោះចិត្តគេប៉ង
កុហកផ្តាសា
១៤សូមបំផ្លាញឱ្យពួកគេអន្តរាយវិនាសអសារ
នោះទើបពួកគេបានដឹងច្បាស់ថាព្រះគឺក្សត្រា
ជាម្ចាស់ពិភព
១៥ល្ងាចគេនាំគ្នារូតរះម្នីម្នាឥតមានឈរឈប់
ដើរលូដូចឆ្កែទាំងថ្ងៃទាំងយប់ដើរព័ទ្ធឥតឈប់
ជុំវិញទីក្រុង
១៦ពួកគេដើរជ្រកតត្រុកទៅមកដោយក្តីសៅហ្មង
ស្វែងរកអាហារចម្អែតពោះផងគ្រហឹមម្តងៗ
ព្រោះស៊ីមិនគ្រប់
១៧រីឯខ្មុំវិញក្នុងចិត្តពោរពេញសរសើរមិនឈប់
ច្រៀងលើកតម្កើងព្រះម្ចាស់ជាម្លប់ថ្លែងមិនឈរឈប់
ហឫទ័យមេត្តា
ពេលព្រឹកព្រលឹមថ្លែងទាំងញញឹមពីក្តីករុណា
របស់ព្រះអង្គជាកំពែងការជួយខ្ញុំនេះណា
ពេលអាសន្នភ័យ
១៨បពិត្រព្រះម្ចាស់ព្រះអង្គជាព្រះមានឫទ្ធិបារមី
ខ្ញុំនឹងច្រៀងស្មូតបទតម្កើងថ្វាយព្រះអង្គនេះហើយ
ជាកំពែងមាំ

ទំនុកតម្កើងលេខ ៦០ (៥៩) បទព្រហ្មគីតិ

ឱព្រះជាម្ចាស់អើយហេតុម្តេចឡើយក៏បោះបង់
ចោលខ្ញុំនៅត្រមង់ព្រមទាំងឱ្យបរាជ័យ
ទោះបីទ្រង់ពិរោធឬខ្ញាល់ក្រោធសូមប្រណី
ជួយខ្ញុំផុតពីក្ស័យរួចពីដៃសត្រូវផង
ព្រះអង្គប្រើបារមីឱ្យផែនដីប្រេះតែម្តង
របេះចេញទៀតផងសូមជួយចងភ្ជិតឱ្យជាប់
ព្រះអង្គធ្វើឱ្យរាស្រ្តទ្រង់ទាំងអស់រស់មិនគាប់
វេទនាមិនឈរឈប់រងទោសទុក្ខក្តៅឈឺផ្សា
ព្រះអង្គបានប្រទានទង់ជ័យមានជាសញ្ញា
ដល់អ្នកខ្លាចចេស្តាអាចផុតពីបរាជ័យ
សូមយាងមកសង្គ្រោះយើងទាំងអស់ដោយបារមី
តបកុំបង្អង់អីរាស្រ្តប្រុសស្រីរួចជីវិត
ព្រះមានបន្ទូលពីដែលជាទីដ៏វិសុទ្ធ
ទ្រង់យកជ័យបំផុតទាំងចែកស្រុកស៊ីគែមឱ្យ
យើងនឹងវាស់ជ្រលងស៊ូកូតផងមិនបណ្តោយ
ទុកឱ្យរាស្រ្តចែកចាយជាអំណោយដ៏ថ្លាថ្លៃ
កាឡាតស្រុកយើងទេម៉ាណាសេដ៏ប្រពៃ
នោះសុទ្ធតែជាដីដ៏ថ្លាថ្លៃរបស់យើង
ប្រាអ៊ីមដូចមួកដែកល្អអនេកគួរតម្កើង
យូដាជាស្រុកយើងដូចដំបងរាជ្យវិសេស
១០ម៉ូអាប់ជាកន្លែងដែលយើងស្វែងមិនប្រហែស
ស្បែកជើងយើងលាងបោះលើដីនោះគឺអេដុម
១១លោកនេះមាននរណាចិត្តហានក្លាអាចដឹកនាំ
រូបខ្ញុំឱ្យចូលចំក្រុងអេដុមដ៏អស្ចារ្យ
១២ឱព្រះជាម្ចាស់អើយព្រះអង្គហើយដែលហានក្លា
តែទ្រង់ប្រែទៅជាមិនមេត្តាប្រែបោះបង់
១៣សូមយាងជួយយើងខ្ញុំឱ្យប្រឆាំងសត្រូវផង
ដ្បិតអ្វីសព្វទាំងពួងមកពីមនុស្សជួយមិនបាន
១៤បើទ្រង់គង់ជាមួយខ្ញុំមិនព្រួយមិនរំខាន
ព្រះអង្គបង្ក្រាបបានពួកសាមាន្យឱ្យវិនាស

ទំនុកតម្កើងលេខ ៦១ (៦០) បទកាកគតិ

ឱព្រះម្ចាស់អើយកុំគង់ព្រងើយសូមព្រះសណ្តាប់
យកហឫទ័យទុកដាក់ហើយត្រងត្រាប់ពាក្យអង្វរគាប់
ទូលបង្គំផង
ពេលខ្ញុំនៅឆ្ងាយសន្លឹមអន្លាយហាក់អស់កម្លាំង
ខ្ញុំស្រែកហៅរកព្រះនាមព្រះអង្គសូមដឹកនាំខ្ញុំ
ទៅកាន់ថ្មខ្ពស់
ព្រះអង្គជាទីជម្រករមណីរឹងមាំឥតខ្ចោះ
ជាប៉មមាំមួនកំពែងដ៏ខ្ពស់ព្រះជាអម្ចាស់
តទល់សត្រូវ
ទូលបង្គំចង់រស់និត្យនៅក្នុងពន្លាពេកកូវ
របស់ព្រះអង្គរហូតតទៅហើយសូមក្រាបនៅ
ក្រោមម្លប់ព្រះអង្គ
ឱព្រះម្ចាស់អើយព្រះអង្គនេះហើយតែងស្តាប់ពាក្យខ្ញុំ
ព្រះអង្គប្រទានមកទូលបង្គំមរតកដ៏ធំ
បម្រុងទុកឱ្យ
សូមទ្រង់ប្រទានព្រះរាជាមានជន្មាមិនថយ
អាយុយឺនយូរសតវត្សទៅក្រោយជាម្លប់ផ្តល់ឱ្យ
ប្រជាប្រុសស្រី
សូមឱ្យមហាក្សត្រគ្រងរាជ្យរហូតក្រោមភក្រ្តម្ចាស់ថ្លៃ
រហូតតទៅដោយព្រះហឫទ័យមេត្តាប្រណី
ករុណាស្មោះស្ម័គ្រ
ខ្ញុំនឹងតម្កើងព្រះម្ចាស់ខ្ពស់ឡើងរាល់ថ្ងៃឥតអាក់
ឥតឈប់ឥតឈរឱ្យសមនឹងពាក្យសន្យាលាយល័ក្ខណ៍
ចំពោះព្រះអង្គ

ទំនុកតម្កើងលេខ ៦២ (៦១) បទពាក្យ ៧

ពេលខ្ញុំនៅក្បែរព្រះអម្ចាស់ចិត្តរីករាយណាស់មិនព្រួយសោះ
ព្រោះតែព្រះអង្គជួយសង្គ្រោះជីវិតខ្ញុំរស់ផុតមរណា
ព្រះអង្គប្រៀបដូចជាបន្ទាយវាយបុកមិនធ្លាយដូចថ្មដា
ជាកំពែងមាំរងការពារខ្ញុំមិនវេទនាមិនព្រួយភ័យ
តើអ្នករាល់គ្នានៅតែចង់ប្រហារបំបង់អ្នកនេះថ្វី
ដូចចង់រំលំកំពែងជ័យដេកដួលទៅដីឬយ៉ាងណា ?
គេចង់ឱ្យអ្នកនោះអាប់យសនិយាយកុហកពាក្យមុសា
មាត់គេឱ្យពរចិត្តឫស្យាដាក់បណ្តាសាមិនស្រណោះ
មែនហើយខ្ញុំនឹងបានស្ងប់ចិត្តពេលបាននៅជិតព្រះអម្ចាស់
ខ្ញុំតែងសង្ឃឹមគ្មានក្រឡះលើព្រះអម្ចាស់របស់ខ្ញុំ
ព្រះអង្គតែមួយជាថ្មដាសង្គ្រោះពាំងពារខ្មាំងជិតជុំ
ទ្រង់ជាកំពែងដ៏រឹងមាំខ្ញុំផុតទុក្ខធំគ្មានសៅហ្មង
ឯការសង្គ្រោះនិងសិរីរុងរឿងថ្លាថ្លៃខ្ញុំតែម្តង
ស្ថិតលើព្រះអម្ចាស់ទាំងស្រុងព្រោះតែព្រះអង្គជាថ្មដា
ឱប្រជាជនទាំងអស់អើយចូរកុំកន្តើយនាំគ្នីគ្នា
ផ្ញើកាយផ្ញើចិត្តទាំងជន្មាលើព្រះគ្រប់គ្រាតរៀងទៅ
ចូរទូលទុក្ខសោកក្តីកង្វល់សព្វអស់អំពល់កុំទុកនៅ
ទ្រង់ជាជម្រកមិនអាស្រូវដរាបរៀងទៅជាប់ជានិច្ច
១០ជីវិតដូចមួយដង្ហើមខ្លីដូចជាគ្មានន័យគ្មានប្រាកដ
រួមទាំងរូបកាយទាំងដួងចិត្តស្រាលហួសបើគិតឥតតម្លៃ
១១មិនត្រូវប្រកាន់ចិត្តហឹង្សាឬក៏ប្រាថ្នាការកេងគៃ
ទោះកើតសម្បត្តិធនច្រើនក្តីកុំនឹកមមៃជាប់ឱ្យសោះ
១២ខ្ញុំឮព្រះម្ចាស់បន្ទូលថាអំណាចចេស្តាគ្រប់ទាំងអស់
ស្ថិតលើព្រះអង្គព្រះសង្គ្រោះមានអំណាចខ្ពស់ហួសផែនដី
១៣ព្រះអង្គប្រកបដោយចេស្តាហឫទ័យករុណាត្រាប្រណី
ព្រះអង្គតបស្នងមនុស្សប្រុសស្រីតាមតែអ្វីៗគេប្រព្រឹត្ត

ទំនុកតម្កើងលេខ ៦៣ (៦២) បទកាកគតិ

បពិត្រព្រះម្ចាស់ទ្រង់ពិតជាព្រះនៃទូលបង្គំ
ខ្ញុំខំស្វែងរកមិននៅសំងំតាំងពីព្រលឹម
ស្វះស្វែងដើររក
រូបខ្ញុំស្រេកឃ្លានព្រះប្រាជ្ញាញាណអាល័យនឹងភ្នក
ដូចដីប្រេះបែកគ្មានភ្លៀងធា្លក់មកខ្ញុំដើរកាត់ជ្រក
គ្រប់ទីទិសា
សូមឱ្យរូបខ្ញុំបានឃើញព្រះអង្គក្នុងទីសក្ការ
ខ្ញុំចង់ឃើញណាស់បារមីឫទ្ធាអំណាចចេស្តា
របស់ព្រះអង្គ
ព្រះទ័យមេត្តាសន្តោសករុណាប្រសើរឥតហ្មង
ខ្ញុំនឹងពោលពាក្យសរសើរតម្កើងសិរីរុងរឿង
ព្រះម្ចាស់មានឫទ្ធិ
ខ្ញុំសូមថ្លាថ្លែងអំណរក្រៃលែងអស់មួយជីវិត
ខ្ញុំសូមលើកដៃបង្គំថ្វាយថ្វាត់ព្រះនាមវិសុទ្ធ
ព្រះអង្គតែមួយ
ខ្ញុំនឹងសប្បាយឥតមានខ្វល់ខ្វាយព្រោះមានព្រះជួយ
បានសុខរមនាគ្មានភ័យគ្មានព្រួយព្រះម្ចាស់តែមួយ
ខ្ញុំច្រៀងតម្កើង
រៀងរាល់រាត្រីខ្ញុំនឹកស្រមៃទៅដល់ព្រះអង្គ
អស់ពេញមួយយប់រាត្រីកន្លងនឹកដល់ព្រះអង្គ
ឥតមានពេលភ្លេច
ព្រោះតែព្រះអង្គបានជួយតម្រង់រូបខ្ញុំជានិច្ច
ខ្ញុំច្រៀងខ្ញុំរាំសប្បាយពន់ពេកឥតមានរារែក
ក្រោមម្លប់បារមី
ចិត្តខ្ញុំជំពាក់ឥតមានស្រាន្តស្រាកនឹកគិតអាល័យ
ទៅដល់ព្រះម្ចាស់ទោះយប់ឬថ្ងៃទ្រង់គាំទ្រឱ្យ
រីកមុខស្រស់ថា្ល
១០រីឯអស់អ្នកដែលចាំពួនស្ទាក់ចង់ផ្តាច់សង្ខារ
សូមឱ្យគេធា្លក់ជ្រោះជ្រៅក្រៃណាជ្រៅឥតឧបមា
រកស្មានមិនត្រូវ
១១ឱ្យពួកគេស្លាប់ដោយមុខដាវកាប់កុំបីសល់នៅ
សាច់ឈាមរហែកខ្ទេចខ្ទីដូចម្សៅដូចសាច់សត្វត្រូវ
ចចកខាំហែក
១២ព្រោះតែព្រះម្ចាស់ស្តេចត្រេកអរណាស់រីករាយអនេក
អ្នកស្បថក្នុងនាមព្រះម្ចាស់ល្អឯកឯអ្នកដែលវៀច
បាត់មាត់សូន្យឈឹង

ទំនុកតម្កើងលេខ ៦៤ (៦៣) បទព្រហ្មគីតិ

ឱព្រះជាម្ចាស់អើយសូមប្រោសហើយព្រះសណ្តាប់
រូបខ្ញុំភ័យញ័រញាប់ជួយការពារជីវិតផង
រារាំងរួចពីដៃពួកព្រៃផ្សៃពាលយង់ឃ្នង
ឃុបឃិតចិត្តប៉ុនប៉ងសូមព្រះអង្គជួយឱ្យផុត
គេប្រើពាក្យសម្តីមិនប្រពៃដូចអាវុធ
ដូចដាវដែលស្រួចមុតផ្តាច់ជីវិតមិនបង្អង់
ពួកគេលួចប្រហារមនុស្សធម្មតាស្លូតទៀងត្រង់
លបលួចពីក្រោយខ្នងដោយមិនក្រែងរអែងចិត្ត
គេនាំគ្នានិយាយពួកគេឱ្យធ្វើទុច្ចរិត
រួចហើយគេឃុបឃឹតរួមគំនិតដាក់អន្ទាក់
បង្ករឿងឧក្រិដ្ឋទុច្ចរិតឥតស្ទើរស្ទាក់
ទាំងពោលស្តីបញ្ជាក់ថាគ្មានអ្នកដឹងឮឡើយ
តែព្រះមានឫទ្ធាបានប្រហារពួកគេហើយ
មិនឱ្យដឹងខ្លួនឡើយគេដេកដួលរងរបួស
ពាក្យពេចន៍គ្មានអត្ថន័យនិយាយស្តីច្រើនតែហួស
នាំឱ្យពួកគេនោះត្រូវវិនាសអន្តរាយ
១០មនុស្សនាំគ្នាស្ញែងប្រកាថ្លែងគ្រប់ៗគ្នា
ពីស្នាព្រះហស្តថ្លៃហើយយល់អ្វីដែលទ្រង់ធ្វើ
១១អ្នកសុចរិតសប្បាយគេឱ្យនកាយក្រោមបន្ទើរ
ព្រះម្ចាស់ដែលជាធ្នើអ្នកទៀងត្រង់លើកតម្កើង

ទំនុកតម្កើងលេខ ៦៥ (៦៤) បទពាក្យ ៧

ឱព្រះម្ចាស់អើយខ្ញុំតម្កើងលើកព្រះអង្គឡើងនៅក្នុងក្រុង
ស៊ីយ៉ូនហើយថ្វាយតង្វាយផងស្របតាមពាក្យប៉ងបន់សន្យា
ព្រះអង្គតែងតែព្រះសណ្តាប់ពាក្យមនុស្សរ៉ាយរ៉ាប់សព្វវេលា
មនុស្សលោកក៏អាចចរយាត្រារកព្រះនាមាទ្រង់បានដែរ
ខ្ញុំមានកំហុសទោសធ្ងន់ណាស់មានតែព្រះអង្គទើបជួយប្រែ
លើកលែងកំហុសទោសបង្វែរឱ្យខ្ញុំល្ហើយល្ហែរួចទុក្ខភ័យ
អស់អ្នកដែលទ្រង់បានជ្រើសរើសគេនឹងប្រទះសុខសិរី
រស់ក្នុងសក្ការដ៏ប្រពៃវិសេសថ្លាថ្លៃលើលោកា
យើងខ្ញុំនឹងបានស្កប់ស្កល់ចិត្តព្រោះបាននៅជិតក្នុងវិហារ
ទទួលព្រះពរក្នុងពន្លាដំណាក់ថ្លៃថ្លាដ៏វិសុទ្ធ
បពិត្រព្រះម្ចាស់ព្រះសង្គ្រោះទ្រង់គឺជាព្រះដ៏សុចរិត
ប្រជាជិតឆ្ងាយនាយសមុទ្រគេផ្ញើជិវិតលើព្រះអង្គ
ព្រះអង្គពង្រឹងភ្នំទាំងឡាយមិនឱ្យទន់ជ្រាយរឹងមាំម៉ឹង
ដោយសារចេស្តាព្រះថ្កុំថ្កើងរុងរឿងខ្ពស់ឡើងដោយបារមី
ព្រះអង្គធ្វើឱ្យទឹកសមុទ្ររលកបោកផុតស្ងប់ធ្វើហី
ទាំងចលាចលមនុស្សប្រុសស្រីស្ងប់គ្មានឮអ្វីគួរតក់ស្លុត
អ្នកដែលរស់នៅដាច់ស្រយាលនាំគ្នាជ្រួលច្រាលភ័យរន្ធត់
ឃើញទីសម្គាល់អស្ចារ្យផុតលែងភ័យតក់ស្លុតសប្បាយសើច
១០ព្រះអង្គថែទាំមើលរក្សាបោចស្មៅបន្លារែកទឹកស្រោច
ផែនដីជោកសព្វមិនឱ្យខ្លោចរួចបានបង្កើតផលបរិបូរណ៍
អស់ទាំងទន្លេព្រែកបឹងស្ទឹងព្រៀបពេញទំហឹងពេញហៀរហូរ
ពេញទាំងបឹងបួទាំងដងអូរព្រះអង្គចាប់ផ្គូដូចតទៅ
១១ព្រះអង្គស្រោចស្រពស្រែចំការទាំងដីផងណារាបគ្មានស្មៅ
មានភ្លៀងធ្លាក់មកទឹកដក់នៅតាមវាលស្រែស្រូវពូជធាដុះ
១២ដល់ពេលច្រូតកាត់ព្រះអង្គបានផ្តល់ស្រូវជាទានដ៏សប្បុរស
ដែលជាអំណោយដ៏ខ្ពង់ខ្ពស់សម្បូរទាំងអស់ឥតមានខ្វះ
១៣រីឯនៅវាលរហោស្ថានមានស្មៅដុះច្រើនពោរពេញពាស
ភ្នំតូចភ្នំធំភ្នំទាំងអស់ញញឹមស្រស់បស់ដោយអំណរ
១៤ហ្វូងសត្វពាសពេញតាមវាលស្មៅជ្រលងពេញទៅស្រូវដ៏ល្អ
អ្វីសព្វសារពើសូរអ៊ូអរច្រៀងដោយអំណរដ៏លើសលប់

ទំនុកតម្កើងលេខ ៦៦ (៦៥) បទកាកគតិ

ប្រជាប្រុសស្រីនៅលើផែនដីទាំងអស់គ្នាអើយ
នាំគ្នាអបអរកុំបីកន្តើយអបអរសប្បាយ
សាទរព្រះម្ចាស់
ចូរច្រៀងតម្កើងសិរីរុងរឿងព្រះនាមរបស់
ព្រះម្ចាស់នៃយើងបារមីខ្ពង់ខ្ពស់តម្កើងថ្កើងយស
ថ្វាយដល់ព្រះអង្គ
ចូរទូលទ្រង់ថាបពិត្រព្រះជាអម្ចាស់នៃយើង
គ្រប់ស្នាព្រះហស្តវិសេសថ្កុំថ្កើងយើងសូមលើកឡើង
ឱ្យខ្ពស់ដរាប
ពួកខ្មាំងសត្រូវព្រះអង្គចាំនៅនាំគ្នាលុតក្រាប
ដោយឃើញចេស្តាឫទ្ធានុភាពព្រះអង្គរៀងរៀប
ធំធេងកន្លង
មនុស្សលើដីទាំងប្រុសទាំងស្រីក្រាបថ្វាយព្រះអង្គ
គេនាំគ្នាច្រៀងលើកសិរីផងច្រៀងបទតម្កើង
ព្រះនាមល្បាញល្បី
ចូរយើងនាំគ្នាពីគ្រប់ទិសាកុំនៅធ្វើហី
មើលស្នាព្រះហស្តសុទ្ធតែប្រពៃដែលទ្រង់លកលៃ
ធ្វើមកមនុស្សលោក
ទ្រង់ធ្វើឱ្យទឹកសមុទ្រគគ្រឹកប្រែជារីងគោក
ឱ្យប្រជាជនដើរឆ្លងទៅមកយើងផុតទុក្ខសោក
ប្រែជាសប្បាយ
ព្រះអង្គគ្រប់គ្រងអស់កល្បយូរលង់ដោយឫទ្ធិបារមី
ទ្រង់ត្រួតពិនិត្យប្រជាប្រុសស្រីកុំឱ្យគ្រប់កាយ
ក្រោកប្រឆាំងបាន
ប្រជាជនអើយកុំនៅកន្តើយរួញរាខកខាន
តម្កើងព្រះអង្គខ្ពស់ហួសអស់ស្ថាននោះយើងនឹងបាន
សុខដោយបារមី
ព្រះអង្គប្រទានពួកយើងឱ្យមានជីវិតស្រស់ថ្មី
ទ្រង់មិនបណ្តោយឱ្យភ្លាត់ដល់ដីមិនឱ្យយើងក្ស័យ
រួចរស់ជីវិត
១០បពិត្រព្រះម្ចាស់ព្រះអង្គជ្រាបច្បាស់ល្បងលមើលចិត្ត
ព្រះអង្គលុតដំយើងខ្ញុំពិតៗដូចគេបន្សុទ្ធ
ដុតមើលមាសប្រាក់
១១ព្រះអង្គបាននាំឱ្យពួកយើងខ្ញុំជួបទុក្ខលំបាក
ឱ្យរស់វេទនាកំព្រាតោកយ៉ាកឈឺចាប់ឥតស្រាក
ឥតស្រាន្តពេលណា
១២ព្រះអង្គបណ្តោយសត្រូវមុខក្រោយជិះជាន់សិរសា
យើងឆ្លងកាត់ភ្លើងក្តៅឥតឧបមាឆ្លងទឹកផងណា
ឈឺផ្សារពេកពន់
ប៉ុន្តែព្រះអង្គមិនបានបោះបង់នាំប្រជាជន
ហើយទ្រង់ប្រទានភោគផលធានធនឱ្យប្រជាជន
សម្បូណ៌មិនខ្វះ
១៣រូបខ្ញុំចូលស្នាក់ក្នុងព្រះដំណាក់របស់ព្រះម្ចាស់
ទាំងនាំតង្វាយដុតមកថ្វាយព្រះឥតមានចន្លោះ
ពាក្យដែលបានបន់
១៤ពាក្យពេចន៍អ្វីណាដែលខ្ញុំសច្ចាកាលគ្រាអាសន្ន
ពេលនេះដាក់ថ្វាយលាពាក្យបំណន់ដែលខ្ញុំបានបន់
គ្រប់គ្រាគ្រប់កាល
១៥ខ្ញុំជ្រើសរើសយកសត្វធាត់ៗមកពពែគោឈ្មោល
ព្រមទាំងចៀមផងយកចេញពីក្រោលក្លិនសាយភាយដល់
ទៅឯព្រះអង្គ
១៦សូមអ្នកទាំងអស់ដែលធ្លាប់ស្ម័គ្រស្មោះលើព្រះគ្មានហ្មង
ខ្ញុំនឹងរៀបរាប់គ្រប់កិច្ចដែលទ្រង់មានមកកន្លង
លើរូបកាយខ្ញុំ
១៧ខ្ញុំស្រែកហៅរកសូមព្រះយាងមកកុំគង់សំងំ
ខ្ញុំស្រែកដង្ហោយរកព្រះឧត្តមសូរសំឡេងខ្ញុំ
តម្កើងទ្រង់ផង
១៨បើខ្ញុំជាមនុស្សទុច្ចរិតទុយ៌សអាក្រក់សៅហ្មង
នោះព្រះអង្គនឹងជ្រាបមិនសល់ហោងទោះវាចាផង
ក៏ទ្រង់មិនស្តាប់
១៩ប៉ុន្តែព្រះម្ចាស់សព្វព្រះទ័យណាស់ទ្រង់ព្រះសណ្តាប់
ហឫទ័យទូលាយស្ម័គ្រស្មោះដរាបទ្រង់ចូលចិត្តស្តាប់
ពាក្យខ្ញុំអង្វរ
២០សូមថ្កើងព្រះម្ចាស់ខ្ពង់ខ្ពស់ពេកណាស់ដោយចិត្តស្មោះសរ
ទ្រង់ពុំបដិសេធពាក្យខ្ញុំអង្វរទ្រង់ប្រទានពរ
ដល់ខ្ញុំជានិច្ច

ទំនុកតម្កើងលេខ ៦៧ (៦៦) បទពាក្យ ៧

ឱព្រះម្ចាស់អើយសូមមេត្តាសន្តោសករុណាដល់យើងខ្ញុំ
ប្រទានព្រះពរដ៏ឧត្តមទតមើលយើងខ្ញុំដោយសប្បុរស
ដូច្នេះមនុស្សលើផែនដីស្គាល់មាគ៌ាថ្លៃព្រះអម្ចាស់
ក្នុងចំណោមជនជាតិទាំងអស់ស្គាល់ការសង្គ្រោះនៃព្រះអង្គ
បពិត្រព្រះម្ចាស់អើយសូមឱ្យប្រជាទាំងឡាយនាំគ្នាថ្កើង
ព្រះនាមព្រះអង្គឱ្យខ្ពស់ឡើងនាមព្រះនៃយើងគ្រប់ៗកាយ
ប្រជាទាំងឡាយនាំគ្នាច្រៀងបន្លឺសំនៀងដោយសប្បាយ
ដ្បិតទ្រង់គ្រប់គ្រងគ្មាននឿយណាយប្រជាទាំងឡាយមិនឆ្មៃឆ្មើង
បពិត្រព្រះម្ចាស់អើយសូមឱ្យប្រជាទាំងឡាយនាំគ្នាថ្កើង
ព្រះនាមព្រះអង្គឱ្យខ្ពស់ឡើងនាមព្រះនៃយើងគ្រប់ៗកាយ
ផែនដីបង្កើតនូវភោគផលមិនឱ្យយើងខ្វល់ពីអន្តរាយ
ព្រះម្ចាស់ជាព្រះយើងទាំងឡាយប្រទានពរឱ្យសុខគ្រប់គ្រា
សូមទ្រង់ប្រទានពរឱ្យយើងនិងមនុស្សទាំងពួងគ្រប់អាត្មា
ទាំងអ្នករស់នៅឆ្ងាយផងណាមនុស្សលើលោកាខ្លាចព្រះអង្គ

ទំនុកតម្កើងលេខ ៦៨ (៦៧) បទព្រហ្មគីតិ

ពេលព្រះម្ចាស់ក្រោកឡើងសត្រូវប៉ើងបាក់ខ្លបខ្លាច
ចេស្តាឫទ្ធិអំណាចអ្នកកោងកាចក៏រត់ចេញ
ទ្រង់ឱ្យគេរលាយសូន្យរូបកាយដូចជាផ្សែង
ដូចថ្ងៃក្តៅហួតហែងឱ្យក្រមួនរលាយអស់
រីឯជនសុចរិតមិនប្រព្រឹត្តរឿងទុយ៌ស
គេរីករាយខ្លាំងណាស់នៅចំពោះភក្ត្រព្រះម្ចាស់
ចូរច្រៀងលើកតម្កើងព្រះនៃយើងកុំក្រឡះ
ត្រួសត្រាយផ្លូវថ្វាយព្រះជិះរទេះកាត់វេហាស៍
ព្រះម្ចាស់គង់នៅក្នុងដំណាក់ទ្រង់ល្អអស្ចារ្យ
ព្រះអង្គជាបិតាអស់កុមារដែលកំព្រា
ព្រះអង្គទ្រង់កាត់ក្តីឱ្យអស់ស្រីដែលវេទនា
មេម៉ាយគ្រប់ៗគ្នាអ្នកវេទនាឱ្យមានផ្ទះ
រីអ្នកនៅជាប់គុកមិនស្រណុកស្ទើរព្រាត់ប្រាស
ទ្រង់បើករួចស្រឡះបានភ្លឺច្បាស់ចិត្តរីករាយ
ឯពួកអ្នកបះបោរគេឆោឡោមិនសប្បាយ
គេនឹងទៅរស់ឆ្ងាយនៅឯនាយដីហួតហែង
បពិត្រព្រះជាម្ចាស់មានឫទ្ធិច្បាស់គួរស្ញប់ស្ញែង
នៅពេលដែលទ្រង់យាងនាំរាស្រ្តនៅរហោស្ថាន
ផែនដីស្ទើរប្រេះបែកទាំងផ្ទៃមេឃមិនស្រាកស្រាន្ត
ភ្លៀងធ្លាក់គ្រប់ទីស្ថានដូចកាលយាងពីស៊ីណៃ
១០បពិត្រព្រះអម្ចាស់ព្រះអង្គប្រោសយើងគ្មានភ័យ
ភ្លៀងធ្លាក់ត្រជាក់ដីរាស្រ្តក្រក្រីរស់ឡើងវិញ
១១ប្រជារាស្រ្តព្រះអង្គបានមកតាំងលំនៅពេញ
ដោយទ្រង់បានបញ្ចេញក្តីសប្បុរសដល់ទុរគត
១២ពេលព្រះចេញបញ្ជាស្ត្រីមានគ្នាច្រើនបំផុត
ដូចទ័ពស្រួចមោះមុតចេញប្រកាសជាដំណឹង
១៣ពេលនោះស្តេចបាក់ទ័ពពលខ្លះស្លាប់បាត់សូន្យឈឹង
ស្ត្រីៗដែលនៅក្នុងស្ទុះមកវឹងចែកជយភណ្ឌ
១៤ចុះតើអ្នករាល់គ្នាម្តេចប្រែជាពួនសំងំ
សម្រាកក្នុងជំរំម្តេចមិនខំមើលបក្សា
សូម្បីតែសត្វព្រាបមានមាសជាប់ពេញស្លាបវា
រោមមានរស្មីថ្លាខ្លួនបក្សាភ្លឺរន្ទាល
១៥ពេលព្រះម្ចាស់មានឫទ្ធិធើ្វឱ្យស្តេចនិងជនពាល
បាក់ទ័ពមានទាំងព្រឹកធ្លាក់មកកើលភ្នំសាលម៉ូន
១៦បាសានគឺជាភ្នំដ៏សែនធំកំពូលច្រើន
ជាសក្ការសំខាន់គួរគយគន់ដ៏ស្មោះស្ម័គ្រ
១៧ហេតុម្តេចមកក្រវែលនឹងភ្នំដែលព្រះជ្រើស្នាក់
ច្រណែននឹងដំណាក់ព្រះជាម្ចាស់គង់រហូត
១៨ទ័ពសេះរបស់ទ្រង់ច្រើនរញង់រាប់លានកោដិ
ព្រះអង្គគង់រហូតលើស៊ីណៃជាសក្ការ
១៩ឱព្រះម្ចាស់ថ្កើងថ្កានយាងឡើងស្ថានខ្ពស់អស្ចារ្យ
នាំឈ្លើយទៅផងណាយញ្ញសក្ការទ្រង់ព្រមយក
សូម្បីអ្នកប្រឆាំងធ្លាប់តតាំងច្រើនគរគោក
ក៏ទ្រង់នៅតែយកមិនឱ្យគេខកចិត្តឡើយ
២០សូមសរសើរតម្កើងព្រះនៃយើងមិនកន្តើយ
ដ្បិតមានតែទ្រង់ហើយជួយគាំទ្រសង្គ្រោះយើង
២១ព្រះម្ចាស់ព្រះសង្គ្រោះយើងឱ្យរស់ទ្រង់មិនឆ្មើង
ព្រះម្ចាស់អាចជួយយើងឱ្យរួចផុតពីមរណា
២២ពួកខ្មាំងទុកសក់វែងចង់ប្រជែងនឹងសាសនា
ប៉ុន្តែគេច្បាស់ជាត្រូវផ្តន្ទាជាមិនខាន
២៣ទ្រង់មានព្រះបន្ទូលនឹងប្រមូលពីបាសាន
ត្រឡប់វិលវិញថ្កានមកពីបាតសមុទ្រភ្លាម
២៤ដើម្បីឱ្យអស់អ្នកដែលច្បាស់ជាក់ដើរលុយឈាម
ពួកឆ្កែមិនទីមទាមមកលិទ្ធឈាមពួកសត្រូវ
២៥ឱព្រះជាអម្ចាស់មនុស្សឃើញច្បាស់មិនអាស្រូវ
ទ្រង់ឈ្នះអស់សត្រូវទ្រង់ចូលទៅទីសក្ការ
២៦អ្នកច្រៀងដើរខាងមុខអ្នកភ្លេងទុកខាងក្រោយណា
នារីច្រើនអាត្មាដើរត្រៀបត្រាទាំងវាយភ្លេង
២៧ចូរលើកតម្កើងព្រះជាអម្ចាស់ខ្ពស់ក្រៃលែង
តម្កើងកុំរអែងទាំងពូជពង្សអ៊ីស្រាអែល
២៨មានទាំងកុលសម្ព័ន្ធបេនយ៉ាមីនដើរអ៊ូអែ
បន្ទាប់មកហូរហែជាសម្ពន្ធនៃយូដា
មានសម្លៀកបំពាក់ល្អឥតអាក់ដ៏ថ្លៃថ្លា
រួចអ្នកនាំមាគ៌ាសាប់ប៊ូឡូនណែថាលី
២៩ព្រះអ្នកសព្វព្រះទ័យឱ្យអ្នកថ្លៃខ្លាំងគ្មានពីរ
សូមព្រះម្ចាស់ជីវីបង្ហាញឫទ្ធីសង្គ្រោះ
៣០ពីដំណាក់ព្រះអង្គក្រុងយេរូសាឡឹមខ្ពស់
កន្លែងស្តេចទាំងនោះយកតង្វាយថ្វាយសក្ការ
៣១សូមព្រះអង្គគំរាមកុំទីមទាមសូមផ្តន្ទា
ពួកនោះវាដូចជាសត្វនានាតាមដើមត្រែង
ពួកអ្នកដឹកនាំស្រុកដើរតត្រុកគ្មានកោតក្រែង
ដូចជាគោបាតែងតែរត់លេងពីរនាក់កូន
ពួកគេនឹងចុះចូលមកមីរមូលឱនក្រាបលូន
យកប្រាក់ជាជំនូនតង្វាយជូនព្រះជាម្ចាស់
៣២អេស៊ីបចាត់ទូតមកលើកដៃរកដោយរូតរះ
អេត្យូពីស្វែងស្វះរកព្រះម្ចាស់ពីចម្ងាយ
៣៣នគរនានាអើយ!កុំកន្តើយចូរច្រៀងថ្វាយ
ព្រះម្ចាស់ដូចពណ្ណរាយលេងភ្លេងថ្វាយកុំរួញរា
៣៤ទ្រង់គង់លើរាជរថឡើងខ្ពស់ផុតផ្ទៃមេឃា
បន្លឺសូរខ្ទ័រខ្ទារព្រះសូរសៀងនៃព្រះអង្គ
៣៥ចូរយើងប្រកាសថាឫទ្ធិចេស្តារបស់ទ្រង់
ចេស្តានៃព្រះអង្គទ្រង់គ្រងលើអ៊ីស្រាអែល
៣៦ឱព្រះជាម្ចាស់អើយព្រះអង្គហើយជាព្រះដែល
មានឫទ្ធិបារមីក្រែលអ៊ីស្រាអែលកោតខ្លបខ្លាច
ព្រះអង្គទ្រង់ប្រទានរាស្រ្តឱ្យមានចិត្តអង់អាច
មានកម្លាំងអំណាចសូមសរសើរថ្កើងព្រះអង្គ

ទំនុកតម្កើងលេខ ៦៩ (៦៨) បទកាកគតិ

ឱ! ព្រះជាម្ចាស់សូមជួយសង្គ្រោះឱ្យរួចខ្លួនផង
ទឹកដល់ច្រមុះខ្ញុំភ័យកន្លងស្លាប់គ្រានេះម្តង
តៃហោងសូន្យបង់
ខ្ញុំផុងក្នុងភក់ស្រូបបឺតជញ្ជក់ធ្លាក់ចុះលិចលង់
ធា្លក់ជ្រៅសែនជ្រៅគ្មានអ្វីទ្រទ្រង់ហើយខ្ញុំកំពុង
កាន់តែលិចទៅ
ខ្ញុំអស់កម្លាំងស្រែកមិនបានខ្លាំងនៅខំស្រែកហៅ
ស្រែកឡើងស្ងួតកទន្ទឹងមើលផ្លូវផ្សាភ្នែកពេកកូវ
មើលផ្លូវយូរពេក
ខ្មាំងទូលបង្គំនាំគ្នាស្អប់ខ្ញុំមានច្រើនអនេក
ពួកវាទាំងនោះពុំអាចដាក់លេខច្រើនក្រាស់ស្កះស្អេក
ជាងសរសៃសក់
ពួកគេទាំងនោះកម្លាំងខ្លាំងហួស​​​​មិននៅដំអក់
គេចង់ព្យាបាទខ្ញុំមនុស្សត្រង់ស្មោះមិនលួចអ្វីសោះ
ឱ្យខ្ញុំសងគេ
ឱ! ព្រះជាម្ចាស់ព្រះអង្គជ្រាបច្បាស់ទោសខ្ញុំឡើងទ្វេ
បាបទាំងប៉ុន្មានលាក់មិនបានទេព្រះម្ចាស់មុខតែ
ជ្រាបអស់គ្មានសល់
ឱព្រះជាម្ចាស់ទ្រង់ពិតជាព្រះលើភពទាំងមូល
សូមកុំឱ្យអ្នកជឿសង្ឃឹមដល់មានទុក្ខកង្វល់
ត្រូវខ្មាសគេអី
ខ្ញុំទ្រាំឱ្យគេប្រមាថដៀលជេរមើលងាយពេកក្រៃ
ព្រោះតែព្រះអង្គខ្មាសគេស្ទើរក្ស័យអាប់ឱនសិរី
ព្រោះតែព្រះអង្គ
ញាតិទូលបង្គំមិនរាប់អានខ្ញុំពួកគេបោះបង់
បងប្អូនបង្កើតក៏មិនស្មោះត្រង់ចាត់ទុកខ្ញុំនឹង
ដូចជនបរទេស
១០នោះមកពីខ្ញុំចិត្តនៅមូលផ្តុំស្រឡាញ់ខ្លាំងណាស់
ដំណាក់ព្រះអង្គគេតិះដៀលត្មះតែពាក្យទាំងនោះ
ត្រូវធា្លក់លើខ្ញុំ
១១ខ្ញុំយំសោយសោកតមមិនបរិភោគបាយចំណីនំ
ធ្វើឱ្យមនុស្សម្នារឹតតែជេរខ្ញុំប្រមាថគួនគុំ
ថែមហើយថែមទៀត
១២រូបខ្ញុំស្លៀកពាក់របៀបជាអ្នកកាន់ទុក្ខឥតឃ្លាត
ពួកគេនាំគ្នាខំប្រឹងឈ្លបឆ្លៀតយករឿងនេះទៅ
សើចលេងសប្បាយ
១៣មិនតែប៉ុណ្ណោះគេទាំងស្រីប្រុសនាំគ្នានិយាយ
ដៀលត្មះពីខ្ញុំតាមផ្សារជិតឆ្ងាយចំអកឡកឡឺយ
អាក្រក់ក្រៃលែង
១៤ឱ! ព្រះអម្ចាស់ពេលឥឡូវនេះសូមទ្រង់សម្តែង
ហឫទ័យសន្តោសករុណាធំធេងសង្គ្រោះកុំលែង
សូមឆ្លើយតបផង
១៥សូមរំដោះខ្ញុំរួចពីភក់ជ្រាំទុក្ខសោកសៅហ្មង
ពីកណ្តាប់ដៃអ្នកស្អប់ខ្ញុំផងសូមជួយស្រោចស្រង់
ឱ្យផុតទឹកជ្រៅ
១៦កុំឱ្យខ្សែទឹកត្របាញ់គគ្រឹកទាញវឹងយកទៅ
រូបខ្ញុំឱ្យលង់ក្នុងទឹកជ្រោះជ្រៅកុំឃុំខ្ញុំនៅ
ក្នុងអណ្តូងអី
១៧ឱព្រះអម្ចាស់ព្រះអង្គមានព្រះហឫទ័យប្រណី
ដ្បិតព្រះអង្គមានករុណាឥតបីមេត្តាប្រណី
ទតមកខ្ញុំផង
១៨សូមព្រះអង្គកុំលាក់ភក្ត្រពីខ្ញុំសូមឆ្លើយទាក់ទង
ខ្ញុំអ្នកបម្រើវេទនាកន្លងក្នុងគ្រានេះម្តង
ជួយខ្ញុំប្រញាប់
១៩សូមយាងមកជិតហើយលោះជីវិតរំដោះខ្ញុំឆាប់
សូមជួយពីខ្មាំងឱ្យខ្ញុំត្រឡប់វិលទៅកាន់កាប់
មាតុភូមិវិញ
២០ព្រះអង្គជ្រាបច្បាស់ថាខ្ញុំគេត្មះបន្ថោកជ្រក់ជ្រេញ
បង្អាប់កិត្តិយសខ្ញុំខ្មាសគេពេញតែអ្នកនោះវិញ
ព្រះអង្គស្គាល់ជាក់
២១ពាក្យត្មះតិះដៀលចាក់រុកឆ្កឹះឆ្កៀលឈឺស្មើទាត់ធាក់
ចិត្តខ្ញុំខ្លោចផ្សាឈឺចុកញ័រញាក់គិតថាមានម្នាក់
នឹងអាណិតខ្ញុំ
ក្រែងមានអ្នកជួយតែឥតមានមួយខ្ញុំកើតទុក្ខធំ
សង្ឃឹមថាមានគេមកលួងលោមរំលែកទុក្ខខ្ញុំ
តែរកមិនបាន
២២ខ្ញុំឃ្លានបរិភោគគេមិនបានយកអាហារហូបបាន
បែរយកថ្នាំពុលឱ្យខ្ញុំក្ស័យប្រាណទោះស្រេកពុំបាន
ស្គាល់រសជាតិទឹក
២៣សូមឱ្យពិធីជប់លៀងវក់វីក្លាយជាវរវឹក
ចាប់គេចងជាប់គ្នាច្រើនសន្ធឹកទាំងយប់ល្ងាចព្រឹក
ឱ្យវិនាសខ្ចាយ
២៤ឱ្យភ្នែកពួកគេស្រវាំងឡើងទ្វេមើលមិនយល់អ្វី
កុំឱ្យគេឈ្នះឱ្យបរាជ័យវិនាសក្សិណក្ស័យ
រហូតតទៅ
២៥សូមព្រះអង្គជះពិរោធទាំងអស់លើពួកសត្រូវ
ធ្វើទារុណកម្មគេឆាប់ៗទៅកុំបង្អង់នៅ
យល់ដល់គេឡើយ
២៦សូមឱ្យលំនៅរបស់គេត្រូវស្ងាត់ជ្រងំហើយ
កុំឱ្យមានម្នាក់រស់នៅបានឡើយទីនោះឯងហើយ
ជារហោស្ថាន
២៧ដ្បិតគេបានធ្វើទុក្ខម្នេញមិនស្ទើរព្យាបាទរំខាន
ដល់អ្នកដែលព្រះបានដាក់ទោសទណ្ឌរបួសសែនធ្ងន់
គេឈឺចាប់ណាស់
២៨សូមព្រះអង្គដាក់ទោសឱ្យដល់ថ្នាក់កុំប្រែក្រឡះ
តាមគេប្រព្រឹត្តចិត្តពាលទុយ៌សសូមកុំស្រណោះ
អាឡោះមេត្តា
២៩សូមទ្រង់លុបឈ្មោះគេចេញពីមនុស្សឱ្យគេមរណា
សូមដកគេចេញពីឈ្មោះមនុស្សាសុចរិតមេត្តា
កុំឱ្យមានសល់
៣០រីឯរូបខ្ញុំទុរគតក្រៀមក្រំចុកចាប់ខ្វាយខ្វល់
ឱ! ព្រះម្ចាស់អើយជួយសង្គ្រោះដល់ខ្ញុំអ្នកទីទ័ល
សូមស្តារវិញផង
៣១ខ្ញុំនឹងច្រៀងកោតសរសើរបំផុតព្រះនាមព្រះអង្គ
ប្រកាសពីភាពថ្កុំថ្កើងរឿងរុងរបស់ព្រះអង្គ
បម្រើគោរព
៣២តម្កើងដូច្នេះប្រសើរត្រចះនិងជាទីសព្វ
ព្រះហឫទ័យព្រះអម្ចាស់គាប់លើសពីការដុត
កូនគោទៅថ្វាយ
៣៣អស់អ្នកទុរគតវេទនាក្រខ្សត់ចិត្តគេសប្បាយ
គេមានអំណរឥតមានខ្វល់ខ្វាយនឹងរស់វែងឆ្ងាយ
អាយុយឺនយូរ
៣៤ដ្បិតទ្រង់សណ្តាប់ពាក្យអ្នកសុភាពនិយាយទូលថ្ងូរ
ទ្រង់មិនលះបង់អ្នកជាប់ឃុំយូរឱ្យទួញទ្រហោរ
នៅឯកោទេ
៣៥ផែនដីផ្ទៃមេឃសមុទ្រជ្រៅជ្រែកកុំនៅទំនេរ
សត្វក្នុងសមុទ្រទាំងអស់ហែលរេចូរតម្កើងដែរ
សិរីរុងរឿង
៣៦ដ្បិតព្រះជាម្ចាស់ទ្រង់នឹងសង្គ្រោះក្រុងយើងខ្ពស់ឡើង
ទីក្រុងនានាស្រុកយូដាផងព្រះអង្គកសាង
ថ្មីវិញទាំងអស់
ឱ្យប្រជាជនចូលមកបន្ទន់ចូលជ្រកនៅរស់
កន្លែងដើមវិញឥតមានបង់បោះសុខស្រួលឥតខ្ចោះ
កាន់កាប់ជាថ្មី
៣៧កូនចៅរបស់អ្នកបម្រើស្មោះនឹងទទួលដី
មកទុកជាកេរមរតកប្រពៃបវរថ្លាថ្លៃ
តាំងជាលំនៅ

ទំនុកតម្កើងលេខ ៧០ (៦៩) បទពាក្យ ៧

ឱព្រះជាម្ចាស់នៃខ្ញុំអើយសូមយាងមកហើយជួយរំដោះ
ករុណាអាសូរដោយសង្គ្រោះប្រោសខ្ញុំឱ្យរស់បានឆាប់ៗ
ឱ្យអ្នកព្យាបាទជីវិតខ្ញុំត្រូវជួបទុក្ខធំកេរ្តិ៍ឈ្មោះអាប់
ទាំងអ្នកដែលប៉ងចង់ធ្វើបាបវិនាសឆុតឆាប់ត្រូវដកខ្លួន
សូមឱ្យអ្នកដែលសើចចំអកលែបខាយឡឺយឡកវិនាសសូន្យ
ត្រូវបរាជ័យមិនរួចខ្លួនកេរ្តិ៍ឈ្មោះសាបសូន្យអន្តរាយ
រីអ្នកស្រឡាញ់ការសង្គ្រោះឱ្យគេទាំងនោះជួបសប្បាយ
ថ្លែងឥតឈប់ឈរទាំងយប់ថ្ងៃសូមលើកសិរីថ្កើងព្រះម្ចាស់
ឱព្រះអម្ចាស់ទូលបង្គំរស់រងទុក្ខធំវេទនាណាស់
សូមយាងមកជួយដោយរូតរះមេត្តាសង្គ្រោះកុំបង្អង់

ទំនុកតម្កើងលេខ ៧១ (៧០) បទពាក្យ ៧

បពិត្រព្រះម្ចាស់ខ្ញុំសូមជ្រកក្រោមម្លប់ជម្រកនៃព្រះអង្គ
កុំឱ្យរូបខ្ញុំត្រូវបាត់បង់ទាំងកេរ្តិ៍ឈ្មោះផងអាប់អាសារ
ដោយព្រះអង្គមានព្រះហឫទ័យសុចរិតថ្លាថ្លៃសូមមេត្តា
ផ្ទៀងព្រះកាណ៌ស្តាប់ខ្ញុំវាចាសង្គ្រោះជីវ៉ាឱ្យបានរស់
សូមព្រះអង្គទៅជាថ្មដាលាក់ពួនអាត្មាខ្ញុំផុតគ្រោះ
ទ្រង់សព្វព្រះទ័យប្រណីប្រោសជីវិតខ្ញុំរស់បានសុខសាន្ត
ឱព្រះជាម្ចាស់សូមរំដោះខ្ញុំពីឃ្នាងខ្នោះពួកតិរច្ឆាន
រួចផុតពីដៃជនសាមាន្យមនុស្សទាំងប៉ុន្មានប៉ងយាយី
បពិត្រព្រះជាអម្ចាស់អើយរូបខ្ញុំនេះហើយផ្ញើជីវី
ជីវិតលើទ្រង់គ្រប់នាទីសង្ឃឹមតាំងពីនៅក្មេងវ័យ
ខ្ញុំសូមពឹងផ្អែកលើព្រះអង្គតាំងពីនៅក្នុងផ្ទៃម្តាយថ្លៃ
ព្រះអង្គតែមួយសព្វព្រះទ័យដុសខាត់កែឆ្នៃខ្ញុំឥតឈប់
មនុស្សម្នាជាច្រើនចេះតែនឹកឆ្ងល់ខ្ញុំល្ងាចព្រឹកទាំងថ្ងៃយប់
តាមពិតខ្ញុំមានព្រះជាម្លប់ជិវិតខ្ញុំស្ងប់រៀងរហូត
ខ្ញុំតែងពោលពាក្យកោតសរសើរព្រះគ្មានអ្វីស្មើខ្ពស់បំផុត
តម្កើងសិរីទ្រង់រហូតព្រះតែមួយគត់ទាំងយប់ថ្ងៃ
ឥឡូវនេះខ្ញុំចាស់ជរាទ្រុឌទ្រោមគ្រាំគ្រាកម្លាំងថយ
មេត្តាកុំបោះបង់ខ្ញុំឡើយកុំទុកខ្ញុំឱ្យនៅឯកា
១០ដ្បិតខ្មាំងសត្រូវរបស់ខ្ញុំគេនៅជួបជុំពោលមុសា
អស់អ្នកដែលឃ្លាំចាំប្រហារគេពិភាក្សាយោបល់គ្នា
១១គេថាព្រះម្ចាស់លែងអើពើលែងការពារមើលថែគាំពារ
ចូរដេញតាមចាប់គាត់គ្រប់គ្នាព្រោះគ្មាននរណាជួយគាត់បាន
១២ឱ! ព្រះជាម្ចាស់អើយសូមកុំយាងចាកចោលខ្ញុំចេញចាកស្ថាន
សូមយាងមកជួយកុំបីខានឆាប់ៗនឹងបានខ្ញុំធូរស្បើយ
១៣សូមឱ្យអស់អ្នកដែលប៉ុនប៉ងប្រហារខ្ញុំបង់ត្រូវអន្តរាយ
សាបសូន្យទាំងឈ្មោះបាត់ទាំងកាយកិត្តិយសប្រែក្លាយបាត់សូន្យឈឹង
១៤រីឯរូបខ្ញុំ ខ្ញុំសង្ឃឹមលើព្រះជាធំជាពំនឹង
នៅតែសរសើរគិតសញ្ជឹងកោតក្រែងព្រះអង្គជាដរាប
១៥ពីព្រឹកដល់ល្ងាចខ្ញុំនៅតែតំណាលហូរហែនិយាយប្រាប់
ពីស្នាព្រះហស្តថ្លៃគួរគាប់ពីដើមរៀបរាប់ច្រើនមហិមា
១៦បពិត្រព្រះជាម្ចាស់ខ្ញុំអើយព្រោះព្រះអង្គហើយយកអាសា
ខ្ញុំថ្កើងរំលឹកធម៌ករុណាសុចរិតថ្លៃថ្លារបស់ទ្រង់
១៧បពិត្រព្រះជាម្ចាស់ខ្ញុំអើយទ្រង់អប់រំហើយគ្មានសៅហ្មង
តាំងពីក្មេងទល់គ្រានេះម្តងចិត្តនៅចាំចងតែព្រះអង្គ
១៨ឱ! ព្រះជាម្ចាស់ថ្លៃខ្ញុំអើយសក់សទៅហើយធ្មេញបាក់ផង
ខ្ញុំចាស់ជរាគ្រានេះម្តងសូមកុំបោះបង់ខ្ញុំចោលឡើយ
ដើម្បីឱ្យខ្ញុំអាចប្រកាសពីស្នាព្រះហស្តព្រះម្ចាស់ថ្លៃ
ប្រាប់អ្នកជាន់ក្រោយឱ្យយល់ន័យឫទ្ធាបារមីព្រះជាម្ចាស់
១៩បពិត្រព្រះជាម្ចាស់ខ្ញុំអើយហឫទ័យល្វឹងល្វើយសុចរិតណាស់
ដ្បិតទ្រង់ធ្វើការអស្ចារ្យខ្ពស់ឱព្រះជាម្ចាស់គ្មានអ្នកដូច
២០ព្រះអង្គបានធ្វើឱ្យយើងខ្ញុំជួបអាសន្នធំឈឺថ្ងូរថ្ងួច
ព្រះអង្គនឹងស្រង់ខ្ញុំឱ្យរួចជីវិតខ្ញុំដូចកើតជាថ្មី
២១ព្រះនឹងប្រទានឱ្យរូបខ្ញុំមានកិត្តិយសធំរឹតប្រពៃ
ព្រះអង្គសម្រាលទុក្ខជាថ្មីខ្ញុំរាល់ខែថ្ងៃមិនដែលខាន
២២រីឯរូបខ្ញុំនឹងរៀបចំចាប់ទាញប្រគុំឥតស្រាកស្រាន្ត
ចាប៉ីកំដរលេងកំសាន្តថ្លែងអរព្រះគុណព្រះអង្គខ្លាំង
ដ្បិតព្រះអង្គមានព្រះហឫទ័យស្មោះស្ម័គ្រប្រពៃខ្ញុំព្រមទាំង
ដេញពិណច្រៀងរាំថ្វាយព្រះអង្គព្រះម្ចាស់ផូរផង់អ៊ីស្រាអែល
២៣ខ្ញុំនឹងលេងភ្លេងច្រៀងអំណរព្រោះទ្រង់បន្តប្រោសឥតដែល
ឱ្យខ្ញុំមានទុក្ខធ្ងន់ក្រាស់ក្រែលរំដោះជីវិតខ្ញុំតទៅ
២៤ខ្ញុំនឹងពោលថ្លែងពីសេចក្តីសុចរិតប្រពៃគ្មានហ្មងសៅ
ដ្បិតអ្នកដែលមានចិត្តអាស្រូវអ្នកនោះនឹងត្រូវអាម៉ាស់មុខ

ទំនុកតម្កើងលេខ ៧២ (៧១) បទកាកគតិ

ព្រះជាម្ចាស់អើយសូមប្រទានឱ្យរាជបុត្រនេះចេះ
វិនិច្ឆ័យក្តីតាមព្រះតម្រិះសុចរិតវិសេស
របស់ព្រះអង្គ
សូមឱ្យរាជាគ្រប់គ្រងគ្រប់គ្នាប្រជារាស្រ្តទ្រង់
ដោយយុត្តិធម៌សុចរិតផូរផង់វិសេសឥតហ្មង
ត្រឹមត្រូវតាមច្បាប់
សូមឱ្យអស់ភ្នំទាំងតូចទាំងធំផ្តល់ផលគួរគាប់
សម្បូរសប្បាយឱ្យបានសព្វគ្រប់នាំមកស្រោចស្រព
ក្តីសុចរិតផង
សូមរាជារកយុត្តិធម៌មកកុំបីមានហ្មង
ដល់ជនក្រីក្រកម្សត់ទាំងពួងហើយកម្ទេចផង
អ្នកដែលជិះជាន់
បើព្រះអាទិត្យនៅតែរះពិតព្រមទាំងព្រះច័ន្ទ
នៅតែបញ្ចេញរស្មីស្រទន់សូមទ្រង់មានជន្ម
យឺនយូរប្រពៃ
សូមផ្តល់ព្រះពរសិរីបវរដល់រាស្រ្តប្រុសស្រី
ដូចជាភ្លៀងធ្លាក់មកលើផែនដីត្រជាក់ឥតបី
គ្មានសល់ចន្លោះ
សូមឱ្យសេចក្តីសុចរិតថ្លាថ្លៃចម្រើនខ្ពង់ខ្ពស់
នៅក្នុងរជ្ជកាលរាជាអង្គនោះកុំបីមានទាស់
សុខសាន្តតទៅ
សូមព្រះរាជាគ្រប់គ្រងកុំរាកុំឱ្យហ្មងសៅ
ពីសមុទ្រមួយមិនបង្អង់នៅរហូតដល់ទៅ
ស្រុកដាច់ស្រយាល
ប្រជាដែលរស់តាមវាលទាំងនោះនឹងត្រេកត្រអាល
ក្រាបថ្វាយបង្គំគ្រប់សម័យកាលសត្រូវជ្រួលច្រាល់
វិនាសអាសារ
១០អស់ស្តេចទាំងឡាយនឹងយកតង្វាយមកថ្វាយករុណា
ឥតមានខកខានមួយវេលាណាទាំងកោះនានា
យកមកទាំងអស់
១១ស្តេចទាំងប៉ុន្មានឥតមានខកខានចូលរួមដោយស្មោះ
ក្រាបថ្វាយបង្គំរាជាទាំងអស់ប្រជាទាំងនោះ
បម្រើករុណា
១២ទ្រង់នឹងរំដោះអ្នកក្រទាំងអស់ដោយធម៌មេត្តា
អ្នកទុរគតស្រែកសុំក្តីករុណាព្រះអង្គរក្សា
អ្នកគ្មានទីពឹង
១៣ទ្រង់សែនអាណិតអាសូរពេកពិតអ្នកអត់លំនឹង
និងជនកម្សត់គ្មានអ្វីរំពឹងព្រះអម្ចាស់នឹង
សង្គ្រោះជិវិត
១៤ទ្រង់នឹងរំដោះពួកគេឱ្យរស់ពីពួកឧក្រិដ្ឋ
ជនកាចសាហាវពាលាទុច្ចរិតព្រោះតែជីវិត
ថ្លៃថ្លាក្រៃលែង
១៥សូមឱ្យរាជាមានព្រះជន្មាយឺនយូរអង្វែង
គេនឹងយកមាសមកថ្វាយទ្រង់ផងអង្វរព្រះអង្គ
ឥតមានឈប់ឈរ
១៦សូមឱ្យក្នុងស្រុកស្រូវពេញជង្រុកផ្តល់ភោគផលល្អ
តាមកំពូលភ្នំក៏ឱ្យសម្បូរប្រជាកុះករ
កើនឡើងដូចស្មៅ
១៧សូមឱ្យរាជាមានព្រះនាមាល្បីល្បាញតទៅ
នាមព្រះករុណាស្ថិតស្ថេរគង់នៅដរាបរៀងទៅ
លើដីក្រោមមេឃ
១៨សូមលើកតម្កើងព្រះអង្គខ្ពស់ឡើងឥតមានអល់អែក
ព្រះអ៊ីស្រាអែលល្អល្អះអនេកការអស្ចារ្យពេក
ដែលទ្រង់សម្តែង
១៩សូមលើកតម្កើងព្រះនាមថ្កុំថ្កើងព្រះអង្គគួរស្ញែង
សូមឱ្យផែនដីទាំងមូលកោតក្រែងសិរីចាំងចែង
របស់ព្រះអង្គ

ទំនុកតម្កើងលេខ ៧៣ (៧២) បទពាក្យ ៧

ព្រះម្ចាស់ពិតជាមានព្រះទ័យសប្បុរសប្រពៃថ្លៃក្រៃក្រែល
ចំពោះជនជាតិអ៊ីស្រាអែលនិងអស់អ្នកដែលចិត្តបរិសុទ្ធ
ចំពោះខ្ញុំផ្ទាល់ហៀបភ្លាត់ជើងទប់ខ្លួនមិននឹងស្ទើរតែផុត
ចាប់អ្វីមិនជាប់ចង់របូតបើសិនខ្ញុំភ្លាត់ច្បាស់ជាដួល
ព្រោះខ្ញុំមានចិត្តច្រណែនខឹងពួកពាលអស់ហ្នឹងរស់សុខស្រួល
គេរីកចម្រើនកើនពាសវាលទោះរឿងធ្ងន់ស្រាលគ្មានទុក្ខា
គេរស់ដូចជាគ្មានភិតភ័យគ្មានកង្វល់អ្វីសោះឡើយណា
ក្នុងមួយជីវិតមិនវេទនាមានសាច់ឈាមថ្លាល្អម៉ត់ហ្មង
គេពុំដែលស្គាល់ទុក្ខលំបាកវេទនាតោកយ៉ាកដូចអ្នកផង
មិនដែលស្គាល់អត់ឃ្លានបានម្តងដូចអស់អ្នកផងដែលវេទនា
ពួកគេជាជនមានអំនួតចូលចិត្តអាងអួតខុសធម្មតា
អំពើឃោរឃៅកាចឫស្យាគេទុកដូចជាខោអាវពាក់
ពួកគេមានចិត្តសែនអាក្រក់វៀចវេរវីវក់អបលក្ខណ៍
មិនអាចបាំងបាត់ឬពួនលាក់គឺលេចច្បាស់ជាក់ដោយខ្លួនឯង
គេនាំគ្នាពោលសើចចំអកពាក្យសែនអាក្រក់មិនរអែង
គេពោលប្រកាសស្រែកក្តែងៗជិះជាន់គ្មានក្រែងអ្នកដទៃ
មាត់ពោលព្រហើនពាក្យផ្តេសផ្តាសប្រមាថព្រះម្ចាស់មិនដឹងអី
អណ្តាតទៀតសោតឥតសំចៃពេលគេហារស្តីឥតមានគិត
១០សូម្បីប្រជារាស្រ្តព្រះម្ចាស់ក៏វង្វេងប្រាសក្បត់ក្រមក្រឹត្យ
ចូលចិត្តស្តាប់ពាក្យដែលមិនពិតពួកពាលឧក្រិដ្ឋដូចផឹកទឹក
១១គេពោលមើលងាយព្រះជាម្ចាស់​ព្រះដ៏ខ្ពង់ខ្ពស់ទាំងយប់ព្រឹក
គេថាព្រះនោះកុំនៅនឹកព្រះនោះសំពឹកមិនដឹងអ្វី
១២នេះហើយជនពាលដៀលស្តីជេរគ្មានព្រួយអ្វីទេគ្មានភិតភ័យ
បានសុខជានិច្ចមិនខ្វល់អីចម្រើនឆាប់ក្រៃតរៀងទៅ
១៣ឯទូលបង្គំខំកាន់ចិត្តបរិសុទ្ធពេកពិតឥតអាស្រូវ
មិនប្រព្រឹត្តបាបសោកហ្មងសៅទោះជាធ្វើត្រូវក៏គ្មានផល
១៤ខ្ញុំមានទុក្ខព្រួយសែនសោយសោកទឹកភ្នែកស្រក់ជោគហូរដូចជល
រងទារុណកម្មទុក្ខកង្វល់ម្តេចទ្រង់មិនខ្វល់នឹងប្រណី
១៥ប្រសិនបើរូបទូលបង្គំព្រមស៊ុំគ្រលុំមនុស្សអប្រីយ៍
នោះដូចក្បត់បងប្អូនប្រុសស្រីបុត្រធីតាថ្លៃទ្រង់មិនខាន
១៦រាល់ខែរាល់ថ្ងៃខ្ញុំសញ្ជឹងរំពឹងចង់ដឹងហេតុដើមដាន
ពីបញ្ហានេះមិនដែលខានតែយល់មិនបានពិបាកហួស
១៧ទាល់តែដល់ទីសក្ការៈទើបបានយល់ជាក់ដឹងទាំងអស់
ថាចុងបញ្ចប់ពួកគេនោះនឹងរងទុក្ខទោសរបៀបណា
១៨តាមពិតព្រះអង្គដាក់គេនៅទីជម្រាលជ្រៅគួររអា
ព្រះអង្គឱ្យគេធ្លាក់អាត្មាក្នុងជ្រោះអន្ធិកា មហន្តរាយ
១៩ក្នុងពេលតែមួយប៉ព្រិចភ្នែកពួកគេបាក់បែកសែនសោកស្តាយ
ជួបតែវិនាសប្រាសអន្តរាយសាបសូន្យរលាយគួររន្ធត់
២០បពិត្រព្រះម្ចាស់សូមតើនឡើងកុំនៅឆ្មៃឆ្មើងជួយកម្ចាត់
កម្ចាយពួកគេឱ្យខ្ទាតបាត់រលាយរលត់ដូចយល់សប្តិ
២១ពេលខ្ញុំឆ្អែតចិត្តឈឺចុកចាប់អារម្មណ៍អួអាប់ដូចមិនស្ងប់
ខ្ញុំដូចតិរច្ឆានគេចោមស្អប់នៅចំពោះភក្ត្រព្រះជាម្ចាស់
២២តែខ្ញុំរស់នៅជាមួយព្រះគ្មានខ្វល់អ្វីសោះភ្លឺស្រឡះ
ទ្រង់កាន់ដៃខ្ញុំមិនរបេះខ្ញុំមិនភ័យសោះអស់សៅហ្មង
២៣ព្រះអង្គដឹកនាំទូលបង្គំឱ្យដើរតាមព្រមព្រះទ័យទ្រង់
នៅចុងបញ្ចប់នោះព្រះអង្គយកខ្ញុំផ្ចិតផ្ចង់នៅជាមួយ
២៤ឯស្ថានបរមសុខខ្ញុំគ្មានពឹងព្រះក្រៅពីហ្នឹងទេព្រះអើយ
មានតែព្រះមួយអង្គនេះហើយបានសុខឥតស្បើយគ្មានទុក្ខា
បើលើផែនដីព្រះគង់ជិតនោះខ្ញុំមិនភិតភ័យឡើយណា
មិនចង់បានអ្វីសព្វប្រការអរឥតឧបមាគ្មានព្រួយភ័យ
២៥ចិត្តគំនិតកាយចេះតែខ្សោយមិនដែលល្ហែល្ហើយទេព្រះអើយ
ប៉ុន្តែព្រះម្ចាស់មិនកន្តើយព្រះអង្គនោះហើយជាបង្អែក
២៦ឯអ្នកដែលងាកចេញចាកឆ្ងាយនឹងត្រូវអន្តរាយខ្លាំងអនេក
អ្នកដែលក្បត់ទ្រង់នឹងសង្វេគស្រណោះខ្លួនពេកស្ទើរក្សិណក្ស័យ
២៧រីទូលបង្គំមានមង្គលឥតមានអំពល់ឥតព្រួយភ័យ
ពេលណានៅជិតព្រះម្ចាស់ថ្លៃនោះសព្វអ្វីៗស្រស់ផូរផង់
បពិត្រព្រះម្ចាស់សូមមេត្តាជីវិតជីវ៉ាផ្ញើព្រះអង្គ
ទូលបង្គំសូមប្រកាសផងស្នាព្រះហស្តទ្រង់ដ៏អស្ចារ្យ

ទំនុកតម្កើងលេខ ៧៤ (៧៣) បទព្រហ្មគីតិ

បពិត្រព្រះម្ចាស់អើយចុះម្តេចឡើយក៏ព្រះអង្គ
ឈប់នឹកហើយបោះបង់ឱ្យរញង់នៅកំព្រា
ម្តេចក៏ទ្រង់ពិរោធយើងរហូតឱ្យវេទនា
ភ្លេចអស់រាស្រ្តប្រជាធ្លាប់គាំពារត្រាប្រណី
កុំភ្លេចព្រះសហគមន៍ដែលទ្រង់សុំមកថ្នមបី
ជាកម្មសិទ្ធិប្រពៃសូមអាល័យភ្នកនឹកនា
គឺពួកកុលសម្ព័ន្ធដែលទ្រង់បានលោះមកជា
មរតកថ្លៃមហិមារកពណ៌នាក៏ពុំបាន
សូមនឹកដល់បងប្អូនភ្នំស៊ីយ៉ូនល្អថ្កើងថ្កាន
ទ្រង់យកជាទីស្ថានគង់នៅបានក្តីសុខដុម
សូមយាងមកវិហារដែលគ្រាំគ្រាយូរខែឆ្នាំ
សក្ការៈត្រូវខ្ទេចខ្ទាំលែងរឹងមាំខ្មាំងបំផ្លាញ
បច្ចាមិត្រព្រះអង្គស្រែករំពងគ្រប់ទីស្ថាន
ដែលព្រះអង្គធ្លាប់បានជួបនឹងយើងរៀងរាល់ថ្ងៃ
ពួកគេប្រៀបបានទៅផ្លែពូថៅអ្នកកាប់ព្រៃ
គេប្រឹងឥតសំចៃរៀងរាល់ថ្ងៃឥតឈប់ឈរ
គេយកផ្លែពូថៅវាយសំដៅក្បាច់ដ៏ល្អ
រចនាស្រស់បវរមិនឈប់ឈរមិនស្រណោះ
គេដុតទីសក្ការដ៏ថ្លៃថ្លាចោលទាំងអស់
បន្ថោកដំណាក់ព្រះជាអម្ចាស់ឥតមានក្រែង
គេនាំគ្នាគិតថានឹងផ្តន្ទាឱ្យជាក់ស្តែង
ដុតបំផ្លាញកន្លែងគ្មានរអែងនៅក្នុងស្រុក
យើងខ្ញុំលែងឃើញអ្វីដែលប្រពៃតទៅមុខ
ជាទីសំគាល់ទុកថាទៅមុខយើងជាតិអ្វី ?
យើងលែងមានទាំងអស់បាត់ទាំងឈ្មោះព្យាការី
គ្មាននរណាដឹងអីថាយើងនៅច្នេះដល់ណា
១០បពិត្រព្រះម្ចាស់អើយហេតុម្តេចឡើយនៅមេត្តា
ឱ្យអស់ពួកបច្ចាដៀលមុសាដល់ណាទៀត ?
១១សូមបារមីព្រះអង្គសង្គ្រោះផងកុំបីឃ្លាត
លាក់ទុកធ្វើអ្វីទៀតឱ្យខ្មាំងឃ្លាតបាក់ខ្ចាយខ្ចាត់
១២ឱព្រះជាម្ចាស់អើយព្រះអង្គហើយគឺជាក្សត្រ
នៃខ្ញុំពីដើមពិតទ្រង់តែងគិតជួយច្រើនសា
១៣ទ្រង់បង្ក្រាបសមុទ្រដោយសារឫទ្ធិខ្លាំងអស្ចារ្យ
រួចហើយក៏ប្រហារផ្តាច់សិរសានាគសាមាន្យ
១៤ព្រះអង្គវាយកម្ទេចសិរសាស្តេចក្រពើបាន
ឱ្យអស់សត្វតិរច្ឆានក្នុងរហោស្ថានជាអាហារ
១៥ទ្រង់ធ្វើឱ្យទឹកផុសដូចទឹកជ្រោះខ្លាំងអស្ចារ្យ
ទន្លេសព្វទិសារីងសោកាស្ងួតហួតហែង
១៦ទ្រង់ជាម្ចាស់លើថ្ងៃឬយប់ក្តីគ្រប់កន្លែង
ព្រះចន្ទនិងសូរ្យសែងព្រះអង្គតែងដាក់បញ្ជា
១៧ព្រះអង្គបានកំណត់ជាប្រាកដផែនពសុធា
មានរដូវរងាដាច់ពីគ្នាប្រាំងវស្សា
១៨ឱព្រះដ៏ត្រចង់សូមព្រះអង្គកុំភ្លេចថា
សាសន៍ល្ងីល្ងើនោះណាជេរផ្តន្ទានាមព្រះអង្គ
១៩កុំប្រគល់ជីវិតរាស្រ្តកម្សត់របស់ទ្រង់
ទៅក្នុងដៃពួកខ្មាំងបែរប្រឆាំនឹងទ្រង់ឡើយ
២០សូមនឹងដល់សម្ពន្ធច្រើនជំនាន់យូរមកហើយ
រាស្រ្តភ័យព្រួយឥតស្បើយពាលនៅឡើយពាសពេញស្រុក
២១សូមឱ្យពួកអស់អ្នកធ្លាប់លំបាកឈប់កើតទុក្ខ
អ្នកក្រខ្សត់បានសុខតទៅមុខថ្កើងព្រះអង្គ
២២ឱព្រះជាម្ចាស់អើយកុំកន្តើយការពារផង
ព្រះនាមល្អឥតហ្មងពួកល្ងើល្ងង់ជេរខ្លាំងណាស់
២៣កុំភ្លេចសូរសម្រែកសត្រូវជ្រែកនឹងព្រះម្ចាស់
គេស្រែកអឺងកងណាស់ទាស់ព្រះម្ចាស់ឥតឈប់ឡើយ

ទំនុកតម្កើងលេខ ៧៥ (៧៤) បទកាកគតិ

ឱព្រះអម្ចាស់យើងសូមប្រកាសសរសើរតម្កើង
ព្រះនាមព្រះអង្គដែលគង់ជិតយើងស្នាព្រះហស្តថ្កើង
ដែលខ្ញុំរៀបរាប់
ទ្រង់បន្ទូលថានេះគឺវេលាដែលកំណត់ស្រាប់
យើងវិនិច្ឆ័យឱ្យបានសព្វគ្រប់ទាំងថ្ងៃទាំងយប់
យុត្តិធម៌ក្រៃណា
ផែនដីសត្វលោករស់នៅគរគោកលើផែនពសុធា
នឹងត្រូវរលាយប៉ុន្តែយើងជាអ្នកធ្វើឱ្យវា
រឹងមាំមិនស្រុត
យើងធ្លាប់និយាយប្រាប់ជារឿយៗពួកមានអំនួត
ថាកុំបំប៉ោងកុំអាងកុំអួតវាយឫកហួសមាឌ
គ្មានប្រយោជន៍ទេ
កុំធ្វើឫពេកខ្ពង់ខ្ពស់កប់មេឃងាកមើលឯងគេ
ពោលពាក្យព្រហើនកោងកាចដៀលជេរឥតប្រយោជន៍ទេ
ល្មមឈប់ពោលហើយ
អ្នកដែលវិនិច្ឆ័យកាត់សព្វសេចក្តីមិនមកពីឆ្ងាយ
ឬពីលិចកើតត្បូងជើងនាយអាយនៅរាល់តែថ្ងៃ
ជិតៗយើងដែរ
គឺព្រះអម្ចាស់ទើបទ្រង់ជ្រាបច្បាស់ឥតមានគេចកែ
ជាអ្នកវិនិច្ឆ័យឥតមានវៀចវេរអ្នកនេះអាចកែ
អ្នកនោះអាចដោះ
ទ្រង់កាន់ពែងទុកនឹងចាក់សម្រុកពិរោធទាំងអស់
ទៅលើផែនដីនោះពួកអាក្រក់នឹងទទួលទោស
ចៀសមិនផុតឡើយ
១០រីឯខ្ញុំវិញឥតមានទោម្នេញមិននៅកន្តើយ
ប្រកាសព្រះនាមមិនឈប់ឈរឡើយរហូតទៅអើយ
តម្កើងព្រះអង្គ
១១ទ្រង់នឹងបំបាក់អំនួតពួកអ្នកពាលាយង់ឃ្នង
តែព្រះអង្គលើកអ្នកសុចរិតឡើងខ្ពង់ខ្ពស់ថ្កុំថ្កើង
ជានិច្ចរៀងទៅ

ទំនុកតម្កើងលេខ ៧៦ (៧៥) បទពាក្យ ៧

ព្រះម្ចាស់សម្តែងឱ្យគេស្គាល់រូបព្រះអង្គផ្ទាល់នៅយូដា
នៅអ៊ីស្រាអែលល្បីអស្ចារ្យព្រះនាមនេះណាឮឆ្ងាយក្រៃ
ព្រះពន្លាជ័យល្អប៉ប្រឹមយេរូសាឡឹមក្រុងល្បាញល្បី
ដំណាក់ព្រះអង្គដ៏ប្រិមប្រីយ៍ស្ថិតនៅលើដីក្រុងស៊ីយ៉ូន
គឺទីនោះហើយទ្រង់សម្រេចព្រះអង្គកម្ទេចឱ្យម៉ត់សូន្យ
គ្រឿងសស្រ្តាវុធច្រើនរាប់ផ្លូនធ្នូដាវមាំមួនកប់ក្នុងដី
បពិត្រព្រះម្ចាស់ដ៏ឧត្តមព្រះអង្គជិតជុំដោយសិរី
រុងរឿងចិញ្ចែងចិញ្ចាចក្រៃពេលត្រឡប់វៃមកពីភ្នំ
ទ្រង់ដកអាវុធពីអ្នកច្បាំងគេហេវហត់ខ្លាំងស្ទើររលំ
ទាហានពូកែដេកសំងំមិនមកជួបជុំលែងប្រយុទ្ធ
ឱព្រះនៃលោកយ៉ាកុបអើយទ្រង់គំរាមហើយគេតក់ស្លុត
រទេះចម្បាំងគាំងរហូតសេះដើរមិនរួចលែងអង់អាច
បពិត្រព្រះអង្គគួរស្ញប់ស្ញែងបារមីសម្តែងដោយអំណាច
ពេលទ្រង់ពិរោធគួរឱ្យខ្លាចតើនរណាអាចឈរនៅបាន
បន្ទូលព្រះអង្គកាត់ជំរះពីលើមេឃច្បាស់មិនរំខាន
លើផែនដីស្ងាត់ដូចស្មសាន​មនុស្សម្នាគ្រប់ប្រាណខ្លាចបារមី
១០នៅពេលព្រះអង្គយាងក្រោកឡើងវិនិច្ឆ័យមិនឆ្មើងមនុស្សលោកីយ៍
សង្គ្រោះអ្នកទន់ទាបក្រក្រីនៅលើផែនដីមិនឱ្យសល់
១១ទ្រង់ធ្វើឱ្យកំហឹងមនុស្សដែលធ្លាប់ពោរពុះក្តៅក្រហល់
បែរទៅតម្កើងថ្កើងវិបុលរុងរឿងមង្គលព្រះខ្ពង់ខ្ពស់
អស់អ្នកដែលសេសសល់ជីវិតពីសង្គ្រាមពិតមិនជ្រុលហួស
នាំគ្នាឱនកាយថ្វាយចំពោះព្រះដែលសង្គ្រោះជីវិតយើង
១២អស់អ្នកនៅជិតជុំរៀងអាយកុំបីរាយមាយមកឆាប់ឡើង
ចូរយកតង្វាយថ្វាយព្រះយើងជាព្រះថ្កុំថ្កើងគួរស្ញែងខ្លាច
១៣ព្រះអង្គបំបាក់ស្តេចនានាធ្វើឱ្យក្សត្រាបាត់់អំណាច
ភិតភ័យតក់ស្លុតលែងអង់អាចស្ញប់ស្ញែងខ្លបខ្លាចព្រះបារមី

ទំនុកតម្កើងលេខ ៧៧ (៧៦) បទកាកគតិ

ខ្ញុំស្រែកហៅរកព្រះម្ចាស់យាងមកខ្ញុំអង្វរទ្រង់
ព្រះអង្គផ្ទៀងស្តាប់ឥតមានបង្អង់ខ្ញុំស្រែកហៅផង
ព្រះអង្គសណ្តាប់
ថ្ងៃមានអាសន្នខ្ញុំខំបែរបន់ឱ្យទ្រង់មកឆាប់
នាពេលសន្ធិយាខ្ញុំចង់ប្រញាប់អង្វរឥតឈប់
ស្រែករកព្រះជួយ
នឹកដល់ព្រះម្ចាស់ចិត្តខ្លោចផ្សាណាស់ស្រែកយំភ័យព្រួយ
ពេលរំពឹងគិតស្ទើរតែរលួយទឹកចិត្តរញ្ជួយ
ហេវហត់ក្រៀមក្រោះ
ឱព្រះម្ចាស់អើយព្រះអង្គធ្វើឱ្យខ្ញុំហត់ហេវខ្សោះ
ដេកក៏មិនលក់គំនិតខ្លីអស់គិតមិនចេញសោះ
និយាយមិនបាន
ខ្ញុំតែងសញ្ជឹងនឹកគិតរំពឹងសព្វរឿងប៉ុន្មាន
ពីអតីតៈពីញាតិសន្តានតាំងពីបុរាណ
ដើមដ៏យូរលង់
មិនធ្លាយមិនធ្លុះគិតឡើងគិតចុះខ្ញុំនៅតែល្ងង់
អស់ពេញមួយយប់មិនឃើញដើមចុងក្នុងចិត្តតែងប្រុង
ព្រោះចង់យល់ថា
តើព្រះអម្ចាស់បោះចោលស្រឡះយើងឬយ៉ាងណា
ឬក៏ព្រះអង្គមិនគាប់ចិន្តាផ្តាច់ធម៌មេត្តា
ពីយើងធ្វើហី
ហេតុអ្វីព្រះម្ចាស់ភ្លេចព្រះទ័យព្រះគង់នៅមិនស្តី
តើព្រះអង្គឈប់មេត្តាប្រណីនៅស្ងៀមលែងស្តី
រហូតតែម្តង
១០ម្តេចក៏ព្រះអង្គភ្លេចបាត់សូន្យឈឹងសូមមេត្តាផង
ទ្រង់ធ្លាប់ប្រណីសន្តោសឥតហ្មងឬក៏ព្រះអង្គ
ទ្រង់ព្រះពិរោធ
១១ខ្ញុំនឹកគិតថានឹងរងវេទនាទណ្ឌកម្មឧក្រិដ្ឋ
មកពីព្រះម្ចាស់ទ្រង់លែងអាណិតបារមីទ្រង់ឫទ្ធិ
លែងជួយយើងហើយ
១២បពិត្រព្រះម្ចាស់ខ្ញុំរំឭកច្បាស់មិនប្រហែសឡើយ
ខ្ញុំនឹកដល់ការអស្ចារ្យទាំងឡាយដែលទ្រង់ត្រួសត្រាយ
ធ្វើពីពេលមុន
១៣ខ្ញុំរៀបរាប់ស្នាព្រះហស្តថ្លៃថ្លាច្រើនក្រៃលើសលន់
ខ្ញុំនឹករំពឹងសង្ឃឹមពេកពន់កិច្ចការគ្រាមុន
មានច្រើនអនេក
១៤បពិត្រព្រះម្ចាស់មាគ៌ាត្រចះវិសុទ្ធពន់ពេក
កិច្ចការទាំងអស់វិសេសល្អឯកគ្មានព្រះណាអាច
ធ្វើដូចទ្រង់ឡើយ
១៥មានតែព្រះអង្គបារមីត្រចង់ទ្រង់មិនកន្តើយ
សព្វការអស្ចារ្យប្រព្រឹត្តរួចហើយសម្តែងឫទ្ធិឱ្យ
សាសន៍ផ្សេងបានយល់
១៦ព្រះអង្គប្រើឫទ្ធិបារមីបំផុតឥតមានខ្វាយខ្វល់
លោះប្រជារាស្រ្តផុតអស់អំពល់អ្នកក្រអស់ខ្វល់
ផុតទុក្ខទាំងពួង
គេជាកូនចៅសន្តានញាតិផៅលោកយ៉ាកុបផង
ទាំងលោកយ៉ូសែបផុតអស់សៅហ្មងរួចពីចំណង
ពីស្រុកអេស៊ីប
១៧សមុទ្រគ្រាំគ្រេងក៏ចេះកោតក្រែងឫទ្ធានុភាព
ទោះបាតសមុទ្រក៏គង់តែជ្រាបរញ្ជួយញ័រញាប់
ខ្លបខ្លាចឫទ្ធា
១៨ភ្លៀងធ្លាក់ជោគជាំគគ្រឹកគគ្រាំផ្គរលាន់ខ្ទ័រខ្ទារ
រន្ទះព្រះអង្គភ្លឺផ្លេកមហិមាពេញផ្ទៃមេឃា
ដោយសារបារមី
១៩ពេលឮសំឡេងផ្គរលាន់ក្តែងៗខ្ទ័រខ្ទារផែនដី
មានផ្លេកបន្ទោរចែងចាំងរស្មីធ្វើឱ្យផែនដី
ញាប់ញ័ររញ្ជួយ
២០ព្រះអង្គយាងកាត់តាមបាតសមុទ្រលឿនស្លេវបោះពួយ
ទ្រង់យាងកាត់ទឹកឥតភិតភ័យព្រួយគ្មានអ្នកណាមួយ
រកទ្រង់ឃើញឡើយ
២១ព្រះអង្គរិះរេឱ្យលោកម៉ូសេពិចារណាហើយ
ទាំងលោកអារ៉ុនក៏មិនកន្តើយណែនាំកៀកកើយ
ដូចគង្វាលចៀម

ទំនុកតម្កើងលេខ ៧៨ (៧៧) បទព្រហ្មគីតិ

ឱ! ប្រជាជនអើយខ្ញុំនេះហើយប្រៀនប្រដៅ
ផ្ទៀងត្រចៀកស្តាប់ទៅហើយអ្នកត្រូវប្រុងប្រៀបប្រាណ
ខ្ញុំរៀបរាប់ប្រវត្តិតាមកំណត់មិនខកខាន
ប្រជាជនគ្រប់ប្រាណជាមេរៀនឱ្យបានដឹង
យើងបានឮគេប្រាប់ឱ្យយើងស្តាប់ជាដំណឹង
ដូនតាលោកខំប្រឹងតំណាលរឿងគ្រប់ទាំងអស់
តំណាលពីឫទ្ធានុភាពជាស្នាព្រះហស្ត
អស្ចារ្យគ្មានចន្លោះល្អឥតខ្ចោះទ្រង់ប្រព្រឹត្ត
យើងនឹងនិយាយប្រាប់កូនចៅស្តាប់តទៅពិត
កូនចៅត្រូវរិះគិតមានគំនិតយល់មិនខាន
ព្រះអង្គបានតាក់តែងច្បាប់សម្តែងដល់សន្តាន
លោកយ៉ាកុបស្តាប់បានទាំងប្រទានព្រះវិន័យ
ឱ្យពូជអ៊ីស្រាអែលកូនចៅដែលកើតមកក្រោយ
ព្រះអង្គបង្គាប់ឱ្យកូនចៅក្រោយរៀនពីគេ
ឱ្យកូនជាន់ក្រោយស្គាល់​ព្រះអង្គផ្ទាល់កុំងាករេ
កូនចៅកើតហូរហែបង្រៀនគេតរហូត
ឱ្យគេផ្ញើជីវិតព្រះស្នេហ៍ស្និទ្ធមិនភរភូត
គោរពតាមបែបបទចាំឱ្យស្ទាត់ស្នាព្រះហស្ត
កុំឱ្យប្រជាជនចិត្តទោរទន់ប្រព្រឹត្តហួស
ដូចដូនតាទាំងនោះចិត្តរឹងរូសប៉ងប្រឆាំង
គំនិតរៀចវេរល្អៀងចិត្តមិនទៀងមិនស្មោះត្រង់
នាំគ្នាក្បត់ព្រះអង្គមិនទៀងត្រង់សោះឡើយណា
កងទ័ពអេប្រាអ៊ីមត្រូវនៅស្ងៀមលែងវាចា
បាក់ទ័ពញ័រកាយាថ្ងៃនោះណាឈប់ចេញច្បាំង
១០ពួកគេពុំគោរពទៅតាមច្បាប់នៃព្រះអង្គ
មិនព្រមកាន់តាមផងវិន័យទ្រង់ល្អបរិសុទ្ធ
១១គេភ្លេចស្នាព្រះហស្តព្រះម្ចាស់ខ្ពស់ខ្ពង់បំផុត
ឫទ្ធិអស្ចារ្យមោះមុតព្រះវិសុទ្ធទ្រង់សម្តែង
១២នៅតំបន់សូអានអេស៊ីបបានកោតស្ញប់ស្ញែង
ការអស្ចារ្យក្រៃលែងទ្រង់សម្តែងឱ្យគេយល់
១៣ទ្រង់ញែកទឹកសមុទ្រគេឆ្លងផុតឥតខ្វាយខ្វល់
ឱ្យទឹកផ្តុំនឹងថ្កល់ដូចកំណល់កល់កំពែង
១៤ពេលថ្ងៃទ្រង់ដឹកនាំដោយមានដុំពពកផ្សែង
ពេលយប់ព្រះអង្គតែងនាំសូរ្យសែងពន្លឺល្អ
១៥ក្នុងវាលរហោស្ថានព្រះអង្គបានបំបែកថ្ម
ឱ្យទឹកហូរឈូឆររាស្រ្តអបអរអ្វីម៉្លេះទេ
១៦ទឹកហូរចេញពីថ្មធ្លាក់ឈូឆរដូចទន្លេ
បរិបូរមិនខ្វះទេដូចទន្លេទឹកច្រើនពិត
១៧ទោះជាទ្រង់ធ្វើត្រូវពួកគេនៅតែប្រព្រឹត្ត
អំពើបាបទុច្ចរិតដោយប្រព្រឹត្តទាស់ព្រះទ័យ
នៅវាលរហោស្ថានដូនតាបានគិតរំពៃ
ប្រឆាំងព្រះម្ចាស់ថ្លៃមានបារមីឥតអ្វីប្រៀប
១៨ពួកគេសម្រេចចិត្តល្បងឥតគិតអានុភាព
ទាមទារជាដរាបឱ្យទ្រង់រៀបចំអាហារ
១៩គេមានចិត្តសង្ស័យលើម្ចាស់ថ្លៃយ៉ាងឫស្យា
ដោយពោលពាក្យវាចាឱ្យក្សត្រាជប់លៀងគេ
២០ព្រះអង្គអាចវាយថ្មទឹកឈូឆរដូចទន្លេ
តើព្រះអង្គអាចទេឱ្យសាច់គេនិងអាហារ
២១ព្រះម្ចាស់ពិរោធក្រៃឮគេស្តីពាក្យមុសា
ទ្រង់ខឹងញ័រកាយាពូជអ៊ីស្រាអែលយ៉ាកុប
២២ព្រោះពួកគេពុំបានផ្ញើរខ្លួនប្រាណជ្រកក្រោមម្លប់
គេគ្មានជំនឿស៊ប់លើទ្រង់គ្រប់វេលាឡើយ
២៣ទោះជាយ៉ាងណាក្តីទ្រង់ប្រណីអត់ទោសឱ្យ
បញ្ជាមិនថ្លោះធ្លោយពពកឱ្យបើកផ្ទៃមេឃ
២៤ហើយប្រទានអាហារនំម៉ាណ្ណាច្រើនក្រៃពេក
ធ្លាក់មកពីលើមេឃព្រះអង្គចែកពីសួគ៌ា
២៥ពួកគេបរិភោគអាហារយកពីទេវតា
ទ្រង់ប្រទានអាហារគ្រប់អាត្មាឆ្អែតស្កប់ស្កល់
២៦ឯផ្ទៃមេឃខាងលើព្រះអង្គធ្វើឱ្យមានខ្យល់
បោកបាចបក់វិលវល់ឥតមានសល់ពីកើតត្បូង
២៧ទ្រង់ប្រទានសត្វស្លាបហើរឆ្វែលឆាបច្រើនទាំងហ្វូង
ទាំងសាច់សត្វទៀតផងច្រើនកន្លងឥតគណនា
២៨សាច់សត្វទាំងអស់នោះបានធ្លាក់ចុះពីមេឃា
ចំកណ្តាលទីធ្លាទីនានាដែលគេស្នាក់
២៩គេអាស្រ័យឆ្អែតឆ្អល់បានស្កប់ស្កល់គ្មានសល់ម្នាក់
ព្រះជាម្ចាស់ថ្នមថ្នាក់តាមចិត្តអ្នកប៉ងប្រាថ្នា
៣០ប៉ុន្តែទោះគេមានអាហារណែនមាត់យ៉ាងណា
ក៏ពួកជនសាវាមិនព្រមថាគេគ្រប់អី
៣១ពេលនោះព្រះម្ចាស់ក្រោធទ្រង់គ្រវាត់លែងប្រណី
ប្រហារអ្នកខ្លាំងក្រៃទាំងយុវវ័យពេញកម្លាំង
៣២ទោះបីយ៉ាងនេះក្តីជនអប្រីយ៍នៅតែរឹង
ពុំព្រមជឿព្រះអង្គមិនលះបង់ធ្វើព្រៃផ្សៃ
៣៣ព្រះអង្គក៏ប្រហារផ្តាច់សង្ខារជនអប្រីយ៍
តែក្នុងពេលដ៏ខ្លីពួកគេក្ស័យសែនវេទនា
៣៤ពេលគេឃើញដូច្នេះគេរេរិះឈប់រួញរា
ប្រែចិត្តគំនិតជានាំគ្នីគ្នារកព្រះអង្គ
៣៥ពួកគេនឹកឃើញថាអង្គក្សត្រាមិនបោះបង់
ជាថ្មដាបិទបាំងការពារពាំងមាំមួនណាស់
៣៦ប៉ុន្តែតាមការពិតគេមានចិត្តចង់បោកប្រាស
និយាយពាក្យផ្តេសផ្តាសឃើញជាក់ច្បាស់ពាក្យកុហក
៣៧គេមានចិត្តរៀចវេរមិនទៀងទេសែនអាក្រក់
គេភូតភរកុហកក្បត់នឹងសម្ពន្ធមេត្រី
៣៨រីឯព្រះអង្គវិញទ្រង់បញ្ចេញព្រះហឫទ័យ
មេត្តាករុណាក្រៃលើកទោសពៃរ៍ដោយយល់យោគ
៣៩ព្រះអង្គនៅចាំថាគ្រប់អាត្មាជាមនុស្សលោក
ជីវិតសែនសោយសោកដូចខ្យល់បោកមិនត្រឡប់
៤០ពួកគេតែងប្រឆាំងនឹងព្រះអង្គឥតឈរឈប់
ឱ្យទ្រង់ព្រួយសព្វគ្រប់នឹងទីភពវាលហួតហែង
៤១ពួកគេនៅតែល្បងជាច្រើនដងឥតកោតក្រែង
ធ្វើឱ្យទ្រង់ចំបែងមិនរអែងព្រះចេស្តា
៤២ពួកគេពុំបានគិតអំពីឫទ្ធាខ្លាំងក្លា
គេមិននឹកចាំថាទ្រង់នេះណារំដោះគេ
៤៣ពួកគេពុំនឹងដល់ទីសំគាល់អស្ចារ្យទេ
ដែលទ្រង់គិតគ្នាន់គ្នេរនៅអេស៊ីបក្រុងសូអាន
៤៤ឱ្យទឹកទន្លេនីលប្រែឥតសល់ជាឈាមបាន
ជាតិអេស៊ីបគ្រប់ប្រាណព្រួយឥតស្រាន្តព្រោះគ្មានទឹក
៤៥ទ្រង់ចាត់កង្កែបមូសឱ្យហើរចុះច្រើនសន្ធឹក
បំផ្លាញទាំងល្ងាចព្រឹកអេស៊ីបនឹកសែនភ័យព្រួយ
៤៦មានកណ្តូបចង្រឹតទាំងឆ្ងាយជិតច្រើនរញ្ជួយ
ស៊ីបង្ហិនអស់ត្រួយគ្មានសល់មួយផលដំណាំ
៤៧ព្រមទាំងមានព្រឹលធ្លាក់សែនត្រជាក់ជាប្រចាំ
បំផ្លាញឱ្យខ្ទេចខ្ទាំផលដំណាំខូចរេចរិល
៤៨ហ្វូងគោត្រូវវិនាសមិនអាចចៀសដោយសារព្រឹល
ហ្វូងចៀមងាប់គ្មានសល់ដោយសារខ្យល់និងរន្ទះ
៤៩ព្រះម្ចាស់ទ្រង់ពិរោធទ្រង់ខ្ញាល់ក្រោធខឹងខ្លាំងណាស់
ជនជាតិអេស៊ីបច្បាស់ជួបប្រទះក្តីអន្តរាយ
៥០ទ្រង់ធ្វើតាមព្រះទ័យគ្មានប្រណីជាតិនោះឡើយ
ព្រះអង្គបានធ្វើឱ្យគ្រោះអន្តរាយកើតមានឡើង
៥១ព្រះអង្គបានប្រហារយកសង្ខារអស់កូនច្បង
ជាតិអេស៊ីបនេះផងក្នុងពូជពង្សអប្រាហាំ
៥២ព្រះអង្គនាំប្រជារូតម្នីម្នាមិនរង់ចាំ
ដោយទ្រង់មើលថែឃ្លាំហើយដឹកនាំទៅរហោស្ថាន
៥៣ព្រះអង្គដឹកនាំគេមិនរារេដោយសុខសាន្ត
ឯសត្រូវសាមាន្យត្រូវលង់ប្រាណក្នុងសមុទ្រ
៥៤ព្រះអង្គនាំពួកគេទៅកាន់ទីដ៏វិសុទ្ធ
ដូចគង្វាលចាំសត្វដើរឆ្លងកាត់វាលស្មៅខ្ចី
៥៥ព្រះអង្គបានបណ្តេញជាតិផ្សេងចេញមិនប្រណី
ហើយទ្រង់ចែកទឹកដីដ៏ថ្លាថ្លៃដល់ស្រាអែល
៥៦ប៉ុន្តែពួកគេបានល្បងរំខានព្រះម្ចាស់ដែល
មានតេជះក្រាស់ក្រែលដោយមិនធ្វើតាមបញ្ជា
៥៧ពួកគេក្បត់ព្រះអង្គមិនត្រាប់ត្រងគ្រប់ៗគ្នា
ដូចដូនតាពួកគេចិត្តវៀចវេរដូចកណ្តៀវ
៥៨គេបែរថ្វាយបង្គំនៅលើភ្នំព្រះក្លែងក្លាយ
ដែលជាហេតុធ្វើឱ្យទាស់ព្រះហឫទ័យព្រះអង្គ
៥៩ព្រះអង្គឃើញដូច្នេះទ្រង់ព្រះពិរោធយ៉ាងខ្លាំង
ហើយលែងរវល់នឹងជាតិក្បាលរឹងអ៊ីស្រាអែល
៦០ព្រះអង្គបានបង់បោះមិនស្រណោះកន្លែងដែល
ជាដំណាក់នៅឯភូមិស៊ីឡូធ្លាប់អាស្រ័យ
៦១ព្រះអង្គបណ្តោយឱ្យខ្មាំងរាប់រយចិត្តអប្រិយ៍
យកហឹបសម្ពន្ធមេត្រីជាបារមីនៃព្រះអង្គ
៦២ហើយទ្រង់បណ្តោយឱ្យរាស្រ្តទន់ខ្សោយស្លាប់បាត់បង់
ដោយមុខដាវតម្រង់សត្រូវប៉ងកាប់ប្រល័យ
៦៣ឯយុវជនទាំងឡាយក៏អន្តរាយដោយក្សិណក្ស័យ
ក្នុងភ្លើងសង្គ្រាមជ័យគ្មានសល់អ្វីនឹងរៀបការ
៦៤មនុស្សស្ទើរទាំងអស់ជាពិសេសបូជាចារ្យ
ស្លាប់ដោយដាវប្រហារគ្មានស្រីណាកាន់ទុក្ខបាន
៦៥ពេលនោះទ្រង់តើនមកដូចគេក្រោកពីសម្រាន្ត
ដូចអ្នកច្បាំងក្លាហានស្វាងស្រាកស្រាន្តពីសុរា
៦៦ព្រះអង្គវាយសត្រូវមិនឱ្យនៅសល់ឡើយណា
ពួកខ្មាំងគ្រប់អាត្មាបង់អសារជាដរាប
៦៧ព្រះអង្គនៅតែខឹងនឹងពូជពង្សលោកយ៉ូសែប
ទ្រង់ក៏មិនជ្រើសបែបកុលសម្ព័ន្ធអេប្រាអ៊ីម
៦៨ទ្រង់ពេញព្រះហឫទ័យពន់ពេកក្រៃយូដាវិញ
គាប់ចិត្តឥតទោម្នេញស៊ីយ៉ូនវិញភ្នំវិសុទ្ធ
៦៩ទ្រង់សង់សក្ការៈល្អឥតអាក់ខ្ពស់បំផុត
ដូចមេឃរឹងមោះមុតឥតផុងទ្រុឌដូចផែនដី
៧០ដាវីឌដ៏ល្អឯកទ្រង់ជ្រើសញែកជាទាសី
អ្នកបម្រើប្រពៃយកស្តេចថ្លៃពីឃ្វាលចៀម
៧១ទ្រង់បានដកយកចេញមិនទោម្នេញនៅទីមទាម
ឃ្វាលពូជយ៉ាកុបភ្លាមគឺជាតិនាមអ៊ីស្រាអែល
៧២ស្តេចដាវីឌដឹកនាំជាតិរឹងមាំមិនអែកអល់
ស្មោះត្រង់គ្មានកិច្ចកលនាំគេដល់ត្រើយសុខសាន្ត

ទំនុកតម្កើងលេខ ៧៩ (៧៨) បទពាក្យ ៧

បពិត្រព្រះជាអម្ចាស់អើយជនជាតិទាំងឡាយចូលឈ្លានពាន
វិហារវិសុទ្ធត្រូវរុករានសាឡឹមថ្កើងថ្កានខូចខ្ទេចខ្ទីរ
សាកសពអ្នកបម្រើព្រះអង្គត្រូវគេបោះបង់ឱ្យសត្វស៊ី
សាកសពអ្នកជឿពេញធរណីត្រូវតិរច្ឆានស៊ីជាអាហារ
គេបានសម្លាប់ប្រជាជនជុំវិញទីក្រុងគ្មានមេត្តា
ឈាមរាស្រ្តហូរក្រាលពសុធាចាស់ក្មេងមរណាគ្មានអ្នកកប់
អ្នកស្រុកជិតខាងនាំគ្នាជេរប្រមាថឥតល្ហែគេលែងរាប់
គេសើចចំអកឡកឡឺយសព្វរូបខ្ញុំគេស្អប់គេមើលងាយ
ឱ! ព្រះជាម្ចាស់ទូលបង្គំម្តេចទ្រង់សំងំដូចជិនណាយ
តើថ្ងៃណាទៅទើបទ្រង់ស្រាយពិរោធឱ្យឆ្ងាយមកស្រោចស្រង់
សូមជះក្តីក្រោធលើជាតិផ្សេងឱ្យជនវង្វេងស្គាល់ព្រះអង្ក
និងនគរនានានោះផងដែលមិនស្មោះត្រង់នឹងព្រះម្ចាស់
ដ្បិតពួកគេបានកាប់សម្លាប់ពូជលោកយ៉ាកុបចោលទាំងអស់
បំផ្លាញទឹកដីជារបស់មរតកកេរកោះលោកទៀតផង
សូមកុំចាប់ទោសយកកំហុសព្រោះបុព្វបុរសខ្ញុំខុសឆ្គង
មេត្តាលើកទោសកំហុសម្តងអាណិតខ្ញុំផងដ្បិតលិចលង់
ឱព្រះជាម្ចាស់ព្រះសង្គ្រោះសូមទ្រង់យាងចុះកុំបង្អង់
ដោយយល់សិរីដ៏រឿងរុងមេត្តាព្រះអង្គជួយផងណា
១០ហេតុអ្វីបានជាទ្រង់បណ្តោយជាតិផ្សេងៗឱ្យមកពោលថា
«តើព្រះគេនោះនៅឯណាសូមទ្រង់មេត្តាដាក់ទោសចុះ
១១សូមស្តាប់សំឡេងឈ្លើយថ្ងូរថ្ងួចលាន់ឮគ្រលួចគួរស្រណោះ
សូមប្រើបារមីជួយរំដោះអ្នកដែលមានទោសដល់មរណា
១២សូមព្រះជាម្ចាស់កុំអាណិតប្រជាជាតិជិតទាំងអស់គ្នា
ធ្វើឱ្យគេរស់ដោយវេទនាអាប់មុខមួយជាប្រាំពីរដង
១៣ឯពួកយើងខ្ញុំដែលជារាស្រ្តដូចចៀមទាំងអស់របស់ទ្រង់
នាំគ្នាតម្កើងលើកព្រះអង្គអស់កល្បយូរលង់អង្វែងទៅ

ទំនុកតម្កើងលេខ ៨០ (៧៩) បទព្រហ្មគីតិ

ព្រះម្ចាស់ជាគង្វាលអ៊ីស្រាអែលសូមសណ្តាប់
ពូជពង្សលោកយ៉ូសែបដែលព្រះអង្គបានដឹកនាំ
ដូចជាអ្នកគង្វាលចាំយាមឃ្វាលចៀមថែទាំ
គេរស់ដោយសុខដុមសូមសម្ដែងព្រះបារមី
ឱ្យពួកកុលសម្ព័ន្ធអេប្រាអ៊ីមឃើញស្នាដៃ
និងជាតិផ្សេងៗក្តីសូមទ្រង់លៃជួយសង្គ្រោះ
ឱ! ព្រះជាម្ចាស់អើយកុំកន្តើយសូមសន្តោស
ទតមើលដោយសប្បុររសនោះយើងខ្ញុំរួចជីវិត
សូមទ្រង់បែរព្រះភ័ក្ត្រញញឹមដាក់យើងខ្ញុំពិត
សង្គ្រោះឱ្យនៅជិតកុំឱ្យបែកបាក់ខ្ចាត់ខ្ចាយ
បពិត្រព្រះជាម្ចាស់ទ្រង់ជាព្រះគង់ខ្ពស់ឆ្ងាយ
ខ្ពស់ហួសព្រះទាំងឡាយម្តេចមិនស្រាយពិរោធចេញ
ម្តេចទ្រង់មកដាក់ទោសចាប់កំហុសយើងទៅវិញ
ឱ្យទឹកភ្នែកហូរចេញដូចគង្គាមិនចេះចប់
ទ្រង់ធ្វើឱ្យប្រជាជិតខាងគ្នាឈ្លោះសំអប់
ដណ្តើមមិនចេះស្កប់យកទឹកដីរបស់យើង
ឱ! ព្រះជាអម្ចាស់សូមសង្គ្រោះយើងឆាប់ឡើង
សូមជួយនាំពួកយើងឱ្យត្រឡប់វិលមកវិញ
ព្រះអង្គគាស់រំលើងដើមទំពាំងបាយជូរចេញ
រួចហើយទ្រង់បណ្តេញជាតិផ្សេងចេញពីទឹកដី
ព្រះអង្គយកមកដាំដើមទំពាំងបាយជូរថ្មី
ត្រួយលាស់ស្លឹកខៀវខ្ចីល្អពេកក្រៃស្រស់បំព្រង
១០ព្រះអង្គបានឆ្ការដីឱ្យដើមថ្មីចាក់ឫសផង
ដុះពេញស្រុកតែម្តងល្អកន្លងសែនសុខដុម
១១មែកវាផ្តល់ជាម្លប់គ្របដណ្តប់ទៅលើភ្នំ
គ្របដើមគគីរធំនៅលើភ្នំខ្ពស់បំផុត
១២បែកមែកម្លប់សាខាបែកលុះត្រាដល់សមុទ្រ
ពន្លកលាស់ចេញផុតរហូតទន្លេអឺប្រាត
១៣ហេតុអ្វីក៏ព្រះអង្គផ្តួលរបងដោយក្រេវក្រោធ
មនុស្សម្នាដែលដើរកាត់បេះបោចបាត់ផ្លែដូច្នេះ
១៤សត្វជ្រូកមកបំផ្លិចបំផ្លាញខ្ទេចមិនឈប់សោះ
បង្ហិនគ្រប់ទាំងអស់ដំណាំនោះវាស៊ីម៉ត់
១៥ឱ! ព្រះជាម្ចាស់អើយកុំកន្តើយសូមទ្រង់ទត
ពីស្ថានសួគ៌ាមកជួយយើងខ្ញុំកុំខានឡើយ
១៦សូមទ្រង់ជួយរក្សាថែចំការដែលមានហើយ
ការពារកុំបណ្តោយក្រែងថ្លោះធ្លោយខ្មាំងញាំញី
១៧សូមឱ្យពួកបច្ចាដែលកាប់ឆ្ការចំការថ្មី
វិនាសកុំសល់អីដោយព្រះអង្គទ្រង់គំរាម
១៨សូមទ្រង់ដាក់ព្រះហស្តលើស្តេចនោះគង់ខាងស្តាំ
បុត្រមនុស្សដ៏ឧត្តមដែលព្រះអង្គពង្រឹងឡើង
១៩យើងខ្ញុំមិនបែកបែរចិត្តងាករេពីព្រះអង្គ
សូមប្រោសប្រទានផងឱ្យយើងខ្ញុំមានជីវិត
ពេលខ្ញុំរស់ឡើងវិញចិត្តពោរពេញនៅនែបនិត្យ
គោរពបម្រើពិតឥតមានក្បត់ឆ្ងាយពីទ្រង់
២០ឱ! ព្រះជាម្ចាស់ខ្ញុំសូមជួយនាំកុំរេរង់
វិលមករកព្រះអង្គឱ្យយើងខ្ញុំក្រាមបង្គំ
សូមបែរព្រះភក្ត្រមកញញឹមរកពួកយើងខ្ញុំ
ដោយព្រះទ័យឧត្តមនោះយើងខ្ញុំរួចជីវិត

ទំនុកតម្កើងលេខ ៨១ (៨០) បទកាកគតិ

នាំគ្នាពន្លឺសំឡេងឱ្យឮថ្វាយព្រះជាម្ចាស់
ដែលជាកម្លាំងនៃយើងទាំងអស់សាទរដល់ព្រះ
របស់យ៉ាកុប
ចូរយើងប្រគុំតន្ត្រីរងំឱ្យបានឆាប់ៗ
ដេញពិណវាយស្គរចាប៉ីវាយក្រាប់ប្រគុំឱ្យជាប់
កុំបីបង្អង់
ផ្លុំស្នែងប្រកាសពេលដាច់ខែចាស់ចូលដល់ថ្មីម្តង
ថ្ងៃចន្ទពេញវង់ល្អល្អះបំព្រងពេញបូណ៌មីផង
ថ្ងៃបុណ្យដំណែល
ព្រោះជាក្បួនច្បាប់រៀងមកដរាបនៅអ៊ីស្រាអែល
តាមបទបញ្ជាមាគ៌ាក្រាស់ក្រែលរបស់ព្រះដែល
ជាព្រះយ៉ាកុប
នេះជាវិន័យព្រះអង្គលកលៃពេលទ្រង់បង្គាប់
មកដល់ពូជពង្សរបស់យ៉ូសែបនៅស្រុកអេស៊ីប
ហើយខ្ញុំឮថា
យើងដកអម្រែកដ៏ធ្ងន់អនេកចេញពីលើស្មា
ហើយក៏បានដកការធ្ងន់អស្ចារ្យចេញពីហត្ថា
របស់អ្នកដែរ
ពេលអ្នកមានទុក្ខអ្នកបានស្រែករកយើងគ្មានពេលល្ហែ
យើងក៏រំដោះមិននៅទំនេរហើយយើងរិះរេ
ល្បងមើលចិត្តអ្នក
ឱប្រជារាស្រ្តនៃយើងទាំងអស់ចូរស្តាប់ឱ្យជាក់
ពាក្យយើងរំលឹកយើងដាស់តឿនអ្នកកុំបីអន់អាក់
ត្រងត្រាប់លកលៃ
១០ក្នុងចំណោមអ្នកកុំទៅស្មោះស្ម័គ្រនឹងព្រះដទៃ
កុំទៅគោរពកោតខ្លាចធ្វើអ្វីព្រោះព្រះដទៃ
ជាព្រះក្លែងក្លាយ
១១យើងជាព្រះម្ចាស់មិនមែនជាព្រះក្លែងក្លាយនោះឡើយ
យើងបានយកអ្នកពីអេស៊ីបហើយកុំនៅកន្តើយ
ទទួលពរយើង
១២តែរាស្រ្តមិនស្តាប់ពាក្យយើងបង្គាប់គេធ្វើឫកឆ្មើង
ទោះអ៊ីស្រាអែលក៏លែងស្គាល់យើងធ្វើតាមទំនើង
អំពើអាក្រក់
១៣ហេតុដូច្នេះហើយទើបយើងបណ្តោយឱ្យពួកគេធ្លាក់
យើងឱ្យគេធ្វើតាមចិត្តគម្រក់ប្រព្រឹត្តអាក្រក់
តាមទំនើងចិត្ត
១៤តែបើប្រជារាស្រ្តទាំងអស់គ្នាគេប្តូរគំនិត
ស្តាប់សំឡេងយើងហើយគេប្រព្រឹត្តតាមមាគ៌ាពិត
របស់យើងនោះ
១៥នោះយើងមុខជាបង្ក្រាបបច្ចាជាខ្មាំងទាំងអស់
ហើយយើងសម្លាប់មិនឱ្យសល់សោះសត្រូវទាំងអស់
តែមួយរំពេច
១៦អស់អ្នកដែលធ្លាប់ស្អប់ព្រះម្ចាស់ជាប់គេឈប់រត់គេច
នាំគ្នាមកចូលព្រះអង្គជានិច្ចតែទ្រង់មិនភ្លេច
ដាក់ទោសគេឡើយ
១៧ព្រះអម្ចាស់បានផ្តល់ស្រូវជាទានយ៉ាងល្អមកឱ្យ
ពួកអ៊ីស្រាអែលបរិភោគរួចហើយទាំងប្រទានឱ្យ
ទឹកឃ្មុំបរិបូណ៌

ទំនុកតម្កើងលេខ ៨២ (៨១) បទពាក្យ ៧

ព្រះម្ចាស់គង់ក្នុងអង្គប្រជុំនៃស្ថានបរមសុខពេកក្រៃ
ទ្រង់តែងតែយាងមកកាត់ក្តីក្នុងចំណោមនៃពួកទេវតា
ពេលណាទើបអ្នកឈប់កាត់ក្តីដោយចិត្តអប្រីយ៍ដូច្នេះណា
ឱ្យមនុស្សអាក្រក់ចិត្តឫស្យាឈ្នះគេដល់ណា ត ទៅទៀត ?
ព្រះម្ចាស់មានព្រះបន្ទូលថាចូររកយុត្តិធម៌កុំរវាត
ឱ្យអ្នកក្រីក្រខ្សត់គ្មានញាតិកូនកំព្រាអត់មានឪម៉ែ
ចូរកុំនៅស្ងៀមចេញរំដោះអ្នកទន់ខ្សោយខ្សោះគ្មានអ្នកថែ
ឱ្យគ្នារួចខ្លួនបានល្ហើយល្ហែជនពាលតែងតែតាមធ្វើបាប
តែគេមិនដឹងមិនយល់សោះចិត្តគេទុយ៌សជាដរាប
អំពើយុត្តិធម៌ក៏សូន្យសាបដែលទុកសម្រាប់់គ្រឹះផែនដី
យើងនឹងប្រកាសថាអស់អ្នករាល់គ្នាពិតជាក់ជាបុត្រី
បុត្រារបស់ម្ចាស់ផែនដីជាព្រះស្កឹមស្កៃដ៏ខ្ពង់ខ្ពស់
តែអ្នកត្រូវស្លាប់ដូចមនុស្សលោកដែលដួលដេកស្តូកពុំអាចរស់
ស្លាប់ដូចជាមនុស្សទូទាំងអស់ដូចអ្នកធំខ្ពស់បាត់តំណែង
ឱព្រះម្ចាស់អើយសូមតើនឡើងវិនិច្ឆ័យកុំឆ្មើងឫទ្ធិគួរស្ញែង
ដ្បិតមនុស្សគ្រប់ជាតិទាំងនោះឯងជារាស្រ្តឥតក្លែងនៃព្រះអង្គ

ទំនុកតម្កើងលេខ ៨៣ (៨២) បទកាកគតិ

ឱព្រះម្ចាស់អើយសូមកុំកន្តើយគង់ស្ងៀមស្ងាត់ឈឹង
សូមទ្រង់មេត្តាកុំធ្វើមិនដឹងម្តេចព្រងើយធ្មឹង
យ៉ាងដូច្នេះណា
សត្រូវព្រះអង្គគ្រប់គ្នាកំពុងបង្កបញ្ហា
នាំចលាចលគ្រប់ៗអាត្មាអ្នកស្អប់ក្សត្រា
កំពុងបះបោរ
ពួកគេរៀបចំគម្រោងការធំប្រឆាំងឆោឡោ
គេឃុបឃិតគ្នាប្រឆាំងបះបោររាស្រ្តក្នុងនគរ
របស់ព្រះម្ចាស់
គេពោលឡើងថា« តោះយើងនាំគ្នាប្រហារឱ្យអស់
កុំឱ្យមានសល់ជនជាតិទាំងនោះកុំឱ្យនឹកឈ្មោះ
អ៊ីស្រាអែលទៀត»
គេពិភាក្សាគំនិតរួមគ្នាពីរឿងចោលម្សៀត
ចុះសិន្ធិសញ្ញាពីការបៀនបៀតនឹងព្រះម្ចាស់ទៀត
រួមគ្នាប្រឆាំង
មានជាតិអេដំអ៊ីស្មាអែលព្រមម៉ូអាប់អ្នកខ្លាំង
ជនជាតិហាការួមគ្នាតតាំងចូលមកប្រឆាំង
នឹងព្រះអម្ចាស់
ជនជាតិកេបាលអាំម៉ូនរាលដាលអាម៉ាឡេករូរះ
ទាំងភីលីស្ទីនទីរ៉ុសស្អេកស្កះប្រឆាំងព្រះម្ចាស់
ពីគ្រប់ទិសទី
នៅមានច្រើនទៀតសូម្បីជនជាតិពួកអាស្ស៊ីរី
ក៏បានចូលរួមកុះករមូលមីរចូលដៃគ្រប់ទី
លោកឡុតសាមាន្យ
១០សូមព្រះអង្គធ្វើដូចប្រព្រឹត្តលើពួកម៉ាឌីយ៉ាន
លោកស៊ីសេរ៉ាស្តេចទាំងប៉ុន្មាននិងស្តេចយ៉ាប៊ីន
ឯជ្រោះគីសូន
១១ព្រះអង្គប្រហារឱ្យគេមរណាវិនាសទាំងកូន
ដូចនៅអែនឌ័រសពទាំងប៉ុន្មានរលួយម៉ត់សូន្យ
ជាជីទាំងអស់
១២សូមព្រះអង្គដាក់ទោសគេម្នាក់ៗដូចបានដាក់ទោស
ដល់ស្តេចអូរឹបនិងស្តេចសឹបនោះហើយកុំស្រណោះ
ពួកនោះឡើយណា
ដាក់ទោសទាំងមេកុំបីរិះរេដូចជាសេបា
កុំឱ្យរួចខ្លួនមួយសោះឡើយណាដូចដាក់ទោសា
សាល់ម៉ូណាដែរ
១៣គេនិយាយថា«យើងនាំគ្នីគ្នាកុំនៅរិះរេ
វាយដណ្តើមដីមកធ្វើជាកេរដីនោះគឺជា
របស់ព្រះម្ចាស់ »
១៤ឱព្រះខ្ញុំអើយកុំអែអង់ឡើយឱ្យគេនិរាស
ដូចជាធូលីខ្យល់បកបញ្រ្ចាស់ដូចចំបើងវាស
វាត់ប៉ើងតាមខ្យល់
១៥ដូចភ្លើងវក់វីឆេះម៉ត់ខ្ទេចខ្ទីដុតអស់គ្មានសល់
អណ្តាតស្កឹមស្កៃភ្លើងព្រៃត្រូវខ្យល់ឆេះអស់មិនសល់
វិនាសអសារ
១៦សូមប្រើព្យុះខ្យល់បក់បោកឱ្យដល់ដេញតាមពួកវា
ហើយសូមបន្ថែមទាំងព្យុះសង្ឃរាធ្វើឱ្យពួកវា
រន្ធត់ញ័រញាប់
១៧ព្រះអម្ចាស់អើយមេត្តាធ្វើឱ្យពួកគេមុខអាប់
និងឱ្យគេស្វែងនាមព្រះអង្គគាប់ពួកគេមុខអាប់
រហូតតទៅ
១៨សូមឱ្យពួកគេបាក់មុខខ្មៅអែវិនាសមិននៅ
ងើបមុខមិនរួចគ្មានញាតិពូជផៅឈ្មោះគេអាស្រូវ
គ្មានញាតិគ្មានមិត្រ
១៩ឱ្យគេស្គាល់ថាព្រះអម្ចាស់ជាព្រះគង់នៅជិត
ព្រះខ្ពស់ឧត្តុង្គឧត្តមបំផុតប្រសើរពេកពិត
លើភពផែនដី

ទំនុកតម្កើងលេខ ៨៤ (៨៣) បទព្រហ្មគីតិ

ព្រះម្ចាស់លើពិភពទូទាំងសព្វលើផែនដី
ខ្ញុំស្ម័គ្រពន់ពេកក្រៃតំណាក់ថ្លៃព្រះអង្គណាស់
ខ្ញុំសែនអន្ទះសារចិត្តប្រាថ្នាយ៉ាងជាក់ច្បាស់
ចង់ចូលវិហារព្រះជាអម្ចាស់ទាំងចិត្តកាយ
ចិត្តចង់នៅជាមួយព្រះអង្គជួយមិនរសាយ
អស់ពីកម្លាំងកាយមិនមានណាយរួមទាំងចិត្ត
ត្រចៀកកាំនិងចាបជាដរាបវានែបនិត្យ
សំបុកធ្វើនៅជិតអាសនៈពិតនៃព្រះអង្គ
អស់អ្នកដែលបានស្នាក់ក្នុងដំណាក់ដ៏ត្រចង់
មានសុខ មង្គលផងសរសើរថ្កើងទ្រង់មិនឈប់
អ្នកណាដែលផ្អែកពឹងលើកម្លាំងព្រះជាម្លប់
ដ្បិតគេស្វែងមិនឈប់ដំណាក់គាប់ដោយស្មោះសរ
នៅពេលគេដើរកាត់ជ្រោះរីងស្ងួតគ្មានទឹកហូរ
ព្រះអង្គប្រទានពរទឹកធ្លាក់ឆរគ្រប់កន្លែង
គេខិតកាន់តែជិតឥតភ័យភិតព្រួយចំបែង
មានកម្លាំងក្រៃលែងនឹកស្ញប់ស្ញែងគ្រប់អាត្មា
នៅចំពោះព្រះភក្ត្រព្រះអម្ចាស់ដ៏ថ្លៃថ្លា
លើភ្នំដ៏អស្ចារ្យឈ្មោះហៅថាភ្នំស៊ីយ៉ូន
ឱ! ព្រះជាអម្ចាស់មានតេជះខ្លាំងពេកពន់
ស្តាប់ពាក្យទូលបង្គំអង្វរសុំក្តីករុណា
ព្រះលោកយ៉ាកុបអើយកុំកន្តើយផ្ទៀងព្រះកាណ៌
សណ្តាប់យើងខ្ញុំណាដោយមេត្តាករុណាផង
១០ឱ! ព្រះជាអម្ចាស់ទតឱ្យច្បាស់កុំរំលង
មើលស្តេចដែលឃុំគ្រងជាខែលរងបាំងការពារ
សូមទ្រង់ព្រះសន្តោសមេត្តាប្រោសព្រះរាជា
ដែលព្រះអង្គគាំពារតែងតាំងងារដោយប្រេងជ័យ
១១មួយថ្ងៃដែលនៅក្នុងវិហារទ្រង់សប្បាយក្រៃ
ជាងរស់មួយពាន់ថ្ងៃនៅកន្លែងដទៃទៀត
ខ្ញុំបានសម្រេចចិត្តឈរនៅជិតមិនចង់ឃ្លាត
ជាជាងស្នាក់នៅបៀតលំនៅញាតិមនុស្សអាក្រក់
១២ព្រះជាម្ចាស់ដូចជាខែលការពារប្រាកដជាក់
ជាពន្លឺភ្លឺច្បាស់យើងម្នាក់ៗមានសិរី
ព្រះអង្គតែងតែផ្តល់សុខមង្គលដល់ប្រុសស្រី
រស់នៅដោយប្រពៃគ្មានទុក្ខភ័យផុតកង្វល់
១៣ឱ! ព្រះជាអម្ចាស់មានតេជះលើសាកល
អ្នកផ្ញើកាយមិនខ្វល់មានមង្គលសុខរហូត

ទំនុកតម្កើងលេខ ៨៥ (៨៤) បទកាកគតិ

បពិត្រព្រះម្ចាស់ព្រះអង្គគាប់ព្រះទ័យនឹងទឹកដី
ទ្រង់បានដឹកនាំពូជពង្សប្រពៃយ៉ាកុបថ្លាថ្លៃ
ឱ្យវិលមកវិញ
ព្រះអង្គលើកទោសអស់ប្រជារាស្រ្តឥតមានទោម្នេញ
ឱ្យគេរួចបាបមកល្អជាវិញចិត្តគេពោរពេញ
អំណរសប្បាយ
ទ្រង់លែងពិរោធឈប់ខ្ញាល់លែងក្រោធដល់យើងទាំងឡាយ
ទ្រង់តែងមេត្តាយើងលែងខ្វល់ខ្វាយបានសុខសប្បាយ
ដោយសារព្រះអង្គ
ព្រះម្ចាស់ឧត្តមសង្គ្រោះថ្នាក់ថ្នមបីបមត្រកង
សូមប្រោសឱ្យខ្ញុំត្រឡប់វិញផងហើយសូមព្រះអង្គ
កុំយកទោសា
តើព្រះអង្គខ្ញាល់ពួកយើងនេះដល់រហូតពេលណា
ឬទ្រង់ពិរោធរៀងរាល់វេលាឬក៏អស់ជា
អង្វែងតទៅ
តើទ្រង់មិនបានយាងមកទីស្ថានឱ្យខ្ញុំរស់នៅ
មានទាំងជិវិតសែនល្អពេកកូវពីនេះតទៅ
អំណរសប្បាយ
ឱ! ព្រះអម្ចាស់សូមសម្តែងព្រះហឫទ័យទូលាយ
មេត្តាករុណាអាសូរប្រណីមកខ្ញុំរាល់ថ្ងៃ
សូមសង្គ្រោះផង
យើងខ្ញុំត្រងត្រាប់ត្រចៀកប្រុងស្តាប់បន្ទូលព្រះអង្គ
ទ្រង់នឹងប្រទានសុខសាន្តគ្មានហ្មងលើរាស្ត្រទ្រង់ផង
ដែលមិនលេលា
១០ក្នុងពេលឆាប់ៗទ្រង់នឹងប្រញាប់ជួយយើងរាល់គ្នា
ដល់អ្នកកោតខ្លាចព្រះអង្គគ្រប់គ្រាសិរីមហិមា
នៅលើដីយើង
១១ទ្រង់មានព្រះទ័យសប្បុរសថ្លាថ្លៃបារមីរុងរឿង
ព្រះអង្គស្មោះស្ម័គ្រករុណាមិនឆ្មើងយុត្តិធម៌កើតឡើង
នៅលើលោកីយ៍
១២សេចក្តីទៀងត្រង់ចាប់ដុះរហង់ពាសពេញផែនដី
សេចក្តីសុចរិតក៏លាស់ជាថ្មីពីសួគ៌ាល័យ
ចុះជួយរក្សា
១៣ព្រះអម្ចាស់ផ្ទាល់ប្រទានមង្គលឱ្យយើងគ្រប់គ្នា
ចំណែកផែនដីបង្កើតផលាភោគផលផ្លែផ្កា
សម្បូរមិនខ្វះ
១៤សេចក្តីសុចរិតយុត្តិធម៌ប្រណីតនៅមុខព្រះម្ចាស់
សុខសាន្តតាមដានរៀបផ្លូវថ្វាយព្រះឥតមានក្រឡះ
សុខសាន្តរហូត

ទំនុកតម្កើងលេខ ៨៦ (៨៥) បទព្រហ្មគីតិ

ឱព្រះអម្ចាស់អើយកុំកន្តើយផ្ទៀងព្រះកាណ៌​
ស្តាប់ស័ព្ទខ្ញុំវាចាហើយមេត្តាតបវិញផង
ដ្បិតខ្ញុំជាមនុស្សកម្សត់ខុសគេទាំងពួង
ទុរគតពេកកន្លងតោកយ៉ាកផងរាល់វេលា
សូមរក្សាជីវិតឱ្យខ្ញុំស្ថិតផុតគ្រាំគ្រា
ដ្បិតខ្ញុំត្រង់ល្អជាស្ម័គ្រគ្រប់គ្រាគ្មានគេចកែ
សូមមេត្តាសង្គ្រោះដ្បិតខ្ញុំស្មោះឥតប្រួលប្រែ
ជាបម្រើនៅក្បែរពឹងផ្អែកតែលើម្ចាស់ថ្លៃ
ឱ! ព្រះអម្ចាស់អើយអាណិតហើយសូមប្រណី
ខ្ញុំស្រែកទូលរាល់ថ្ងៃរកព្រះអង្គមិនឈប់ឈរ
ឱព្រះអម្ចាស់អើយសូមប្រោសឱ្យបម្រើល្អ
មានសប្បាយអំណរតម្រង់រកព្រះអម្ចាស់
បពិត្រព្រះម្ចាស់ខ្ញុំព្រះឧត្តមសប្បុរសណាស់
អត់ឱនមិនថ្កោលទោសតែងសន្តោសខ្ញុំបរិបូណ៌
ព្រះអង្គតែងអាណិតអ្នកផ្តេកផ្តិតទ្រង់អាសូរ
អ្នកដែលដង្ហោយថ្ងូរហៅព្រះអង្គមកសង្គ្រោះ
ឱព្រះអម្ចាស់អើយទ្រង់ផ្ទៀងហើយសូមសន្តោស
ពាក្យខ្ញុំស្រែករកនោះសូមទ្រង់ប្រោសរូបខ្ញុំផង
នៅថ្ងៃមានអាសន្នខ្ញុំបែរបន់មិនរំលង
អង្វររកព្រះអង្គទ្រង់ឆ្លើយត្រង់តបមកខ្ញុំ
ឱព្រះជាអម្ចាស់ទ្រង់ជាព្រះដ៏ឧត្តម
ព្រះអង្គសែនសក្តិសមគ្មានព្រះធំដូចទ្រង់ឡើយ
បពិត្រព្រះអម្ចាស់គ្រប់ជាតិសាសន៍ដែលកើតហើយ
គេនឹងមិនកន្តើយតម្កើងកើយនាមព្រះអង្គ
១០ព្រោះដ្បិតទ្រង់ជាព្រះដ៏ខ្ពង់ខ្ពស់អស្ចារ្យផ្ចង់
នោះគឺមានតែទ្រង់ដែលជាអង្គលើលោកា
១១ឱ! ព្រះអម្ចាស់ខ្ញុំមេត្តាសូមប្រាប់មាគ៌ា
ឱ្យខ្ញុំស្គាល់គ្រប់គ្រានឹងយាត្រាចេញដើរតាម
យើងខ្ញុំនឹងប្រព្រឹត្តតាមសុចរិតមាគ៌ាស្នាម
ឱ្យខ្ញុំចេះប្រណម្យកោតឧត្តមបរមនាម
១២បពិត្រព្រះម្ចាស់ខ្ញុំទូលបង្គំមិនទីមទាម
ថ្លែងអរព្រះគុណភ្លាមឥតលាក់លៀមពីដួងចិត្ត
ខ្ញុំនឹងលើកតម្កើងព្រះនាមឡើងអស់កល្បពិត
ថ្កើងថ្កានខ្ពស់ប្រណីតរៀងស្ថេរស្ថិតជាប់រហូត
១៣ដ្បិតទ្រង់មានព្រះទ័យករុណាក្រៃមិនរលត់
ជួយរំដោះជីវិតខ្ញុំឱ្យផុតពីក្សិណក្ស័យ
១៤បពិត្រព្រះជាម្ចាស់ពួកមនុស្សច្រើនពេកក្រៃ
ព្រហើនមិនយល់អ្វីគេពួតដៃប្រឆាំងខ្ញុំ
មានអ្នកខ្លាំងពូកែបានប្រមែប្រមូលផ្តុំ
ចង់ដកជីវិតខ្ញុំមិនបារម្ភព្រះអង្គសោះ
១៥បពិត្រព្រះម្ចាស់អើយព្រះអង្គហើយព្រះទ័យស្មោះ
ករុណាទ្រង់សន្តោសសប្បុរសមានមេត្តា
១៦សូមទ្រង់បែរព្រះភក្ត្រទតឱ្យជាក់ខ្ញុំនេះណា
សូមអាណិតមេត្តាខ្ញុំគ្រប់គ្រាកុំបីខាន
សង្គ្រោះខ្ញុំជាអ្នកបម្រើស្ម័គ្រសូមឱ្យមាន
កម្លាំងខ្លាំងក្លាហានសូមផ្ញើប្រាណនឹងព្រះអង្គ
១៧សូមមេត្តាសម្តែងការស្ញប់ស្ញែងគេឃើញផង
អ្នកស្អប់ខ្ញុំកន្លងឃើញព្រះអង្គប្រោសសង្គ្រោះ
សូមឱ្យខ្មាំងសត្រូវវាអស់ផ្លូវត្រូវអាម៉ាស់
នៅពេលដែលទ្រង់ត្រាស់ប្រោសសង្គ្រោះការពារខ្ញុំ

ទំនុកតម្កើងលេខ ៨៧ (៨៦) បទកាកគតិ

ព្រះម្ចាស់សង់ក្រុងឧត្តមឧត្តុង្គល្អល្អះប៉ប្រិម
លើភ្នំវិសុទ្ធគ្មានអ្វីប្រៀបផ្ទឹមយេរូសាឡឹម
ជាក្រុងថ្លៃថ្លា
ព្រះអង្គស្រឡាញ់ស៊ីយ៉ូនពោរពេញជាក្រុងអស្ចារ្យ
វិសេសវិសាលលើសក្រុងនានាលើទឹកដីជា
របស់យ៉ាកុប
ឱក្រុងរបស់ព្រះជាអម្ចាស់គេនឹងរៀបរាប់
តម្កើ់ងសិរីរុងរឿងគួរគាប់របស់អ្នកជាប់
ដោយពោលថ្លាថ្លែង
ក្នុងចំណោមអ្នកអេស៊ីបស្គាល់ជាក់បាប៊ីឡូននេះឯង
អ្នកខ្លះកើតនៅទីរ៉ូសធំខែងភីលីស្ទីនស្តែង
អេត្យូពីដែរ
ចំពោះបុរីស៊ីយ៉ូនស្រស់ខ្ចីមិនរួញរាទេ
យើងទាំងអស់គ្នាសុទ្ធកើតពីគេព្រះម្ចាស់ជួយថែ
ឱ្យក្រុងរឹងមាំ
ពេលនោះព្រះម្ចាស់កត់ឈ្មោះទាំងអស់ក្នុងបញ្ជីធំ
ប្រជាទាំងនេះសុទ្ធតែកើតក្នុងស៊ីយ៉ូនជាក្រុង
ដែលផ្តល់កំណើត
ពេលនោះមនុស្សគេលោតឡកគោះច្រៀងរាំរហូត
ថាគេជាកូនដែលគេបានកើតមានដើមកំណើត
ពីក្រុងស៊ីយ៉ូន

ទំនុកតម្កើងលេខ ៨៨ (៨៧) បទព្រហ្មគីតិ

បពិត្រព្រះអម្ចាស់ទ្រង់ជាព្រះសង្គ្រោះខ្ញុំ
ថ្ងៃយប់ខ្ញុំស្រែកយំអង្វរសុំក្តីមេត្តា
សូមឱ្យពាក្យអង្វរខ្ញុំឮខ្ទ័រដល់សោតា
សូមទ្រង់ផ្ទៀងព្រះកាណ៌ស្តាប់ផងណាសូរសម្រែក
ព្រោះដ្បិតទូលបង្គំមានទុក្ខធំខ្លាំងអនេក
ខ្លោចផ្សាជាពន់ពេកក្តីស្លាប់ស្រែកហៅកៀកកិត
គេចាត់ទុករូបខ្ញុំក្នុងចំណោមអ្នកដែលជិត
ហៀបនឹងអស់ជីវិតឬនៅជិតអ្នកដែលស្លាប់
ខ្លួនខ្ញុំដេកស្តូកស្តឹងគ្មានទីពឹងសែនអួរអាប់
បីដូចមនុស្សស្លាប់ទ្រង់លែងរាប់រកនឹកនា
ព្រះអង្គបានបង់បោះរូបខ្ញុំរស់នៅកំព្រា
ឱ្យរងទុក្ខវេទនាសែនរងាក្នុងរណ្តៅ
ព្រះពិរោធព្រះអង្គសង្កត់ចងខ្ញុំទុកនៅ
ដូចទឹកបោកសំដៅរារាំងផ្លូវទូលបង្គំ
ព្រះអង្គឱ្យអស់អ្នកដែលធ្លាប់ស្ម័គ្រស្និទ្ធនឹងខ្ញុំ
ឆ្ងាយពីទូលបង្គំទាំងស្អប់ខ្ពើមថែមទៀតផង
១០ភ្នែកខ្ញុំប្រែស្រវាំងវេទនាខ្លាំងពេកកន្លង
ខ្ញុំអង្វរព្រះអង្គលើកដៃផងសូមប្រណី
១១តើមនុស្សដែលស្លាប់ទៅនឹងនិត្យនៅក្រោកឃ្មាតខ្មី
តម្កើងជោគសិរីព្រះអង្គថ្លៃកើតឬទេ ?
១២តើអ្នកនៅក្នុងផ្នូរអាចថ្លែងអរគិតរិះរេ
ពីព្រះទ័យស្និទ្ធស្នេហ៍ព្រះអង្គដែរកើតទេឬ ?
១៣តើពួកអ្នកដែលស្ថិតទីងងឹតអាចដឹងឮ
ស្គាល់ស្នាដៃរន្ទឺព្រះអង្គឬ ដូចម្តេចបាន ?
១៤ឱព្រះអម្ចាស់អើយខ្ញុំដង្ហោយឥតស្រាកស្រាន្ត
អង្វរម្ចាស់ថ្កើងថ្កានលំឱនប្រាណតាំងពីព្រឹក
១៥ឱព្រះអម្ចាស់អើយហេតុម្តេចឡើយទ្រង់មិននឹក
ចោលខ្ញុំឱ្យវរវឹកមិននានឹកខ្ញុំយ៉ាងនេះ ?
១៦ខ្ញុំលំបាកកាយាជិតមរណាពីក្មេងម៉េ្លះ
ព្រះអង្គធ្វើយ៉ាងនេះឱ្យខ្ញុំអស់ក្តីសង្ឃឹម
១៧ព្រះពិរោធព្រះអង្គសង្កត់ត្រង់លើរូបខ្ញុំ
ធ្វើឱ្យទូលបង្គំភ័យអួលងំបាត់ស្មារតី
១៨ទុក្ខទោសនេះដូចជាផ្ទៃជលសាធំពេកក្រៃ
ឡោមព័ទ្ធខ្ញុំរាល់ថ្ងៃគ្មានប្រណីគ្របពីលើ
១៩ព្រះអង្គបានដេញមិត្តធ្លាប់ជិតស្និទ្ធមិនអើពើ
ចេញឆ្ងាយលែងងាកមើលខ្ញុំស្ទាក់ស្ទើរនៅកំព្រា
រូបខ្ញុំប្រែធុញងប់លំបាកសព្វវេទនា
ឃើញតែភាពអន្ធិកានៅជាគ្នាជាប់រហូត

ទំនុកតម្កើងលេខ ៨៩ (៨៨) បទកាកគតិ

ឱ! ព្រះជាម្ចាស់ខ្ញុំមិនគេចប្រាសនឹងច្រៀងតម្កើង
បង្គំព្រះអង្គព្រះទ័យខ្ពស់ថ្កើងអស់កល្បយូរលង់
អង្វែងតទៅ
ខ្ញុំប្រកាសថាព្រះទ័យមេត្តាករុណាត្រឹមត្រូវ
របស់ព្រះអង្គស្ថិតស្ថេរគង់នៅមាំមិនអាស្រូវ
ដូចផ្ទៃមេឃា
យើងចងសម្ពន្ធមេត្រីបន្ទាន់ចុះខសន្យា
ជ្រើសលោកដាវីឌហើយតែងតាំងជាបម្រើការពារ
ឥតមានប្រែប្រួល
យើងនឹងតាំងពង្សពូជអ្នកឱ្យគង់នៅជុំត្រកូល
តាំងរាជ្យឱ្យអ្នកនៅបានសុខស្រួលគ្មានអ្វីប្រែប្រួល
អង្វែងដរាប
ឱព្រះម្ចាស់អើយទេវតានេះហើយសរសើររៀងរាប់
ពីស្នាព្រះហស្តអស្ចារ្យគួរគាប់ច្រៀងកោតមិនឈប់
ពីព្រះទ័យស្ម័គ្រ
នៅស្ថានសួគ៌ាឥតមាននរណាស្មើរព្រះអង្គជាក់
ពពួកទេវតាក៏មិនមានអ្នកឱ្យបានដូចព្រះ
អម្ចាស់នោះទេ
ពពួកទេវតាក៏ខ្លាចឫទ្ធាព្រះអម្ចាស់ដែរ
អ្នកនៅជុំវិញកៀកកិតអែបក្បែរខ្លបខ្លាចគ្មានប្រែ
ព្រះនាមព្រះអង្គ
បពិត្រព្រះម្ចាស់ព្រះអង្គជាព្រះនៃភពទូទាំង
គ្មានអ្នកណាមានអនុភាពក្លាខ្លាំងបារមីប្រណាំង
ព្រះអង្គបានឡើយ
១០ព្រះអង្គបង្ក្រាបសមុទ្រឱ្យរាបឈប់បោកបក់ហើយ
ពេលវាកក្រើកទ្រង់មិនកន្តើយបញ្ជាវាហើយ
ដោយឫទ្ធិបារមី
១១ព្រះអង្គបានជាន់កម្ទេចអង្កន់មិនឱ្យសល់អី
ប្រហារនាគរាជសត្រូវអប្រីយ៍ដោយឫទ្ធិបារមី
ចេស្តាខ្លាំងណាស់
១២ផែនដីនិងមេឃគឺជាចំណែកនៃព្រះអម្ចាស់
ព្រះអង្គបង្កើតអ្វីសព្វទាំងអស់លើមេឃដីកោះ
នៅក្នុងលោកនេះ
១៣ព្រះអង្គបង្កើតទិសត្បូងល្អឆើតខាងជើងស្រឡះ
មានភ្នំតាប៊រភ្នំហែរម៉ូននោះសរសើរថ្កើងព្រះ
នាមនៃព្រះអង្គ
១៤ទ្រង់ប្រកបដោយចេស្តាមិនថយឫទ្ធាខ្ពស់ខ្ពង់
បារមីខ្លាំងក្រៃមិនចេះបាត់បង់អានុភាពព្រះអង្គ
លើសគេលើលោក
១៥ព្រះម្ចាស់គ្រងរាជ្យដោយក្តីសុចរិតយុត្តិធម៌រៀងមក
អ្វីដែលទ្រង់ធ្វើសុទ្ធល្អហ្មងម៉ត់ហឫទ័យអំណត់
សន្តោសមេត្តា
១៦បពិត្រព្រះម្ចាស់ប្រជាអរណាស់រស់ក្រោមចេស្តា
ពន្លឺសប្បុរសសន្តោសករុណារាស្រ្តផុតទុក្ខា
មានសុខមង្គល
១៧គេនឹងសប្បាយរីករាយរាល់ថ្ងៃដោយស្មោះទទួល
ព្រះនាមព្រះអង្គឥតមានប្រែប្រួលខ្ពស់មុខសុខស្រួល
ឥតមានសៅហ្មង
១៨ព្រះម្ចាស់ប្រទានពួកគេឱ្យមានជោគសិរីផង
ដោយព្រះសន្តោសប្រណីឥតហ្មងយើងខ្ញុំថ្កុំថ្កើង
ព្រោះព្រះអង្គជួយ
១៩ព្រះម្ចាស់វិសុទ្ធល្អល្អះបំផុតអ៊ីស្រាអែលតែមួយ
ទ្រង់បានជ្រើសរើសស្តេចជាជំនួយមិនឱ្យមានព្រួយ
ជាខែលការពារ
២០នាថ្ងៃមួយនោះព្រះអង្គមានព្រះបន្ទូលមកថា
យើងនឹងគាំទ្រអ្នកច្បាំងហានក្លាយុវជនសង្ហា
ពីក្នុងរាស្រ្តយើង
២១យើងឃើញដាវីឌជាអ្នកប្រណិប័តន៍ឥតមានឆ្មៃឆ្មើង
យើងក៏ចាក់ប្រេងអភិសេកគេឡើងជាស្តេចថ្កុំថ្កើង
គ្រងរាជ្យរហូត
២២ហើយយើងនឹងជួយជ្រែងជាជំនួយមិនឱ្យរបូត
ទាំងផ្តល់កម្លាំងរៀងរៀបមិនស្ងួតពូកែរហូត
អំណាចពេញប្រៀប
២៣សត្រូវពុំអាចពង្រឹងអំណាចឬចង់មកគាប
ពួកអ្នកបះបោរក៏មិនអាចធៀបវិនាសរៀងរៀប
ចេញពីមុខអស់
២៤យើងនឹងកម្ទេចសត្រូវមានល្បិចមិនទុកនៅសោះ
ព្រមទាំងប្រហារពួកគេទាំងអស់អ្នកស្អប់គាត់នោះ
មិនឱ្យនៅជិត
២៥យើងនឹងបញ្ចេញហឫទ័យពោរពេញករុណាអាណិត
ចំពោះរូបគេនឹងបាននែបនិត្យថ្កើងរុងរឿងពិត
ដោយសារនាមយើង
២៦យើងនឹងធ្វើឱ្យដាវីឌពេញដោយអំណាចថ្កុំថ្កើង
រេលើសមុទ្រនិងត្រួតគ្រប់គ្រងដល់ទន្លេផង
ទាំងតូចទាំងធំ
២៧ដាវីឌហៅយើងបិតាមិនឆ្មើងថាថ្មខែងហំ
ដែលបានសង្គ្រោះរំដោះរូបខ្ញុំបានឡើងឧត្តម
ខ្ពង់ខ្ពស់សង្ហារ
២៨រីឯយើងវិញយើងនឹងបំពេញដាវីឌស្ងួនភ្ងារ
តាំងជាបុត្រច្បងរបស់យើងណាស្តេចធំអស្ចារ្យ
នៅលើផែនដី
២៩យើងនឹងបញ្ចេញឥតមានទោម្នេញដោយចិត្តប្រណី
នឹងរក្សាទុកសម្ពន្ធមេត្រីចងជាប់មិនស្រាយ
មិនគេចប្រែប្រួល
៣០យើងនឹងតែងតាំងត្រកូលពូជពង្សឱ្យរស់សុខស្រួល
ស្ថិតស្ថេរអស់កល្បដាវីឌតែមួយល្បីល្បាញរញ្ជួយ
ដូចមេឃខៀវខ្ចី
៣១បើសិនពូជពង្សដាវីឌបោះបង់ចោលធម្មវិន័យ
ហើយឈប់ដើរតាមមាគ៌ាប្រពៃធ្វើងើយមិនស្តី
មិនតាមបញ្ជា
៣២ប្រសិនបើគេបំពានវៀចវេរកែប្រែរេរា
ហើយលែងប្រតិបត្តិតាមបទបញ្ជាវិន័យនានា
ជារបស់យើង
៣៣យើងនឹងប្រដៅពួកឆោតល្ងង់ខ្លៅបង្ករឿងឡើង
យើងដាក់ទណ្ឌកម្មទារុណធ្ងន់ថ្កើងកំហុសមានច្រើន
គេបានប្រព្រឹត្ត
៣៤ប៉ុន្តែយើងតែងបញ្ជាក់សម្តែងសេចក្តីអាណិត
ស្មោះស្ម័គ្រនឹងគេឥតប្រែប្រួលចិត្តឬចង់បែរគេច
បែកចិត្តចោលឡើយ
៣៥យើងនឹងមិនផ្តាច់សម្ពន្ធមានស្រេចនោះទេអ្នកអើយ
មិនក្បត់ក្រឡាស់ប្រែមុខជាក្រោយអ្វីនិយាយហើយ
យើងមិនបំបាត់
៣៦យើងបានសន្យាយ៉ាងច្បាស់អស្ចារ្យឥតមានតក់ស្លុត
នៅក្នុងនាមយើងជាព្រះវិសុទ្ធល្បីមិនរលត់
មិនភរបោកប្រាស
៣៧ពូជរបស់គាត់នឹងនៅស្ថេរស្ថិតសុខឥតក្រឡះ
រាជ្យរបស់គេរុងរឿងខ្លាំងណាស់រស្មីត្រចះ
ដូចព្រះអាទិត្យ
៣៨ឬដូចច័ន្ទថ្លៃដែលមានរស្មីគង់វង្សស្ថេរស្ថិត
ធ្វើជាសាក្សីអែបអង្គនែបនិត្យមិនអាចបំបិទ
ឬមានល្បិចកល
៣៩ប៉ុន្តែព្រះម្ចាស់ព្រះអង្គបានលះបង់ចោលកាត់កាល់
ទ្រង់ព្រះពិរោធព្រះរាជាដែលថ្នាក់ថ្នមក្រវែល
ចាក់ប្រេងអភិសេក
៤០ព្រះអង្គបានផ្តាច់សម្ពន្ធបណ្តាច់មេត្រីល្អឯក
ជាមួយបម្រើទម្លាក់មកុដរាជ្យរាជានោះទៀត
ឱ្យធ្លាក់ដល់ដី
៤១កំពែងទាំងអស់ត្រូវខូចធ្លាយធ្លុះមិនមានសល់អ្វី
ទាំងតួបន្ទាយរលំដល់ដីបាក់បែកខ្ចាត់ខ្ចាយ
មិនសល់ចន្លោះ
៤២អ្វីដែលស្តេចបានគេប្លន់បំពានរឹបអូសយកអស់
ប្រទេសជិតខាងពេបជ្រាយខាកស្តោះមើលងាយចំពោះ
អង្គព្រះរាជា
៤៣ព្រះអង្គប្រទានកម្លាំងឱ្យមានដល់ពួកបច្ចា
ខ្លាំងក្លាពេកក្រៃដូចដំរីសាសត្រូវនាំគ្នា
រីករាយសប្បាយ
៤៤ព្រះអង្គធ្វើឱ្យសាស្រ្តាវុធថយឫទ្ធីបារមី
ឈប់ឱ្យសក្តិសិទ្ធិព្រះអង្គមិនខ្ចីអាណិតប្រណី
ស្តេចក្នុងចម្បាំង
៤៥ទ្រង់ដកអំណាចដោយឥតមានខ្លាចព្រះរាជាគាំង
បន្ថយជន្មារំលំបល្ល័ង្កស្តេចភ័យស្លេកស្លាំង
បាក់មុខអាប់យស
៤៦ព្រះអង្គពុំឱ្យព្រះរាជាសោយរាជ្យបានយូរសោះ
ទ្រង់ធ្វើឱ្យស្តេចទទួលអាម៉ាស់រងទុក្ខក្រៃក្រាស់
ខ្មាសអស់ប្រជា
៤៧ឱព្រះម្ចាស់អើយម្តេចគង់ព្រងើយពុំព្រមវាចា
សូមស្រាយពិរោធសង្គ្រោះសង្ខារឬមិនមេត្តា
នៅតែឆាបឆេះ
៤៨នៅតែឆាបឆេះអាយុសង្ខារខ្ញុំខ្លីអ្វីម៉េ្លះ
ព្រះអង្គបង្កើតមនុស្សលោកមកនេះដើម្បីបញ្ឆេះ
រំលាយទៅវិញ
៤៩គ្មាននរណាម្នាក់រស់នៅទៀងជាក់មិនដែ​លទោម្នេញ
កើតហើយតែងស្លាប់ទៅជាដីវិញមិនអាចគេចចេញ
ពីមច្ចុរាជបាន
៥០ឱ! ព្រះអម្ចាស់តើស្នាព្រះហស្គទ្រង់ទាំងប៉ុន្មាន
មេត្តាករុណាដែលព្រះអង្គបានធ្លាប់ប្រោសប្រទាន
ដាវីឌទៅណា ?
៥១ព្រះអម្ចាស់អើយសូមកុំព្រងើយបំភ្លេចទាសា
កំពុងបាក់មុខស្ទើរក្ស័យសង្ខារអស់រាស្រ្តប្រជា
ក្នុងបន្ទុកខ្ញុំ
៥២បពិត្រព្រះម្ចាស់សត្រូវទាំងនោះបំបាក់មុខចំ
ស្តេចដែលទ្រង់បានអភិសេកជាធំដៀលជេរមិនសម
រាជាឥតហេតុ
៥៣សូមលើកតម្កើងសិរីរុងរឿងថ្លៃខ្ពស់ត្រដែត
របស់ព្រះម្ចាស់ភ្លឺចាំងក្រឡែតអស់កល្បរហូត
អង្វែងរៀងទៅ

ទំនុកតម្កើងលេខ ៩០ (៨៩) បទពាក្យ ៧

បពិត្រព្រះម្ចាស់ដ៏ប្រសើរព្រះអង្គធ្លាប់ធ្វើជាជម្រក
ពីជំនាន់មុនតរៀងមកឱ្យយើងខ្ញុំជ្រកបានប្រពៃ
មុនពេលមានភ្នំកកើតឡើងមុនពេលព្រះអង្គបង្កើតដី
មុនពិភពលោកនិងអ្វីៗព្រះអម្ចាស់ថ្លៃជាបិតា
ព្រះអង្គធើ្វឱ្យមនុស្សគ្រប់ទីក្លាយជាធូលីដីវិញណា
គឺព្រះអង្គមានបន្ទូលថា៖«អស់ពូជពង្សអដាំវិលវិញ!»
ចំពោះព្រះអង្គរយៈពេលមួយពាន់ឆ្នាំក្រែលដូចម្សិលមិញ
ឬដូចជាពេលមួយយប់ពេញកន្លងផុតចេញទៅថ្មីៗ
ព្រះអង្គដកយកជីវិតមនុស្សជីវិតទាំងអស់សព្វអ្វីៗ
គឺប្រៀបបីដូចជាស្មៅខ្ចីមិនពិបាកអីដូចយល់សប្តិ
នៅពេលព្រឹកព្រាងមានរស្មីស្មៅដុះពីដីហើយត្រឡប់
ជាក្រៀមស្រពោនសែនអភ័ព្វពេលល្ងាចស្ងួតងាប់គ្មានសល់អ្វី
យើងខ្ញុំនឹងត្រូវវិនាសបង់ដោយសារព្រះអង្គមិនប្រណី
ពេលទ្រង់ខ្ញាល់ខ្លាំងខ្ញុំភិតភ័យព្រោះព្រះម្ចាស់ថ្លៃដាច់មេត្តា
ព្រះអង្គចាប់យកកំហុសខ្ញុំមកត្រដាងចំមុខភ័ក្ត្រា
ពន្លឺព្រះអង្គចាំងកាលណាឃើញអស់កិច្ចការខ្ញុំប្រព្រឹត្ត
ដោយសារព្រះអង្គព្រះពិរោធជីវិតខ្ញុំសោតដុនដាបពិត
អាយុត្រូវចប់ផុតជីវិតដង្ហើមបើកបិទកាន់តែខ្លី
១០អាយុយើងខ្ញុំរស់បានត្រឹមតែចិតសិបឆ្នាំមិនវែងអី
បើបានប៉ែតសិបនោះប្រពៃក្រោយមកស្នូលដីបែកខ្ចាត់ខ្ចាយ
ក្នុងពេលដែលខ្ញុំមានជីវិតខ្ញុំតែងនឹកគិតតែងខ្វល់ខ្វាយ
និងជួបតែទុក្ខឥតស្រស់ស្រាយជីវិតឃ្លាតឆ្ងាយត្រូវមរណា
១១តើនរណាស្គាល់កម្លាំងក្រោធនៃព្រះពិរោធដ៏អស្ចារ្យ
ដើម្បីគោរពខ្លាចចេស្តាព្រះអង្គយ៉ាងណាឱ្យត្រឹមត្រូវ
១២សូមណែនាំខ្ញុំឱ្យដឹងថាអាយុសង្ខារខ្ញុំឥឡូវ
កំណត់ប៉ុណ្ណាឱ្យត្រឹមត្រូវដើម្បីជាផ្លូវខ្ញុំរិះគិត
១៣ឱព្រះអម្ចាស់សូមប្រញាប់យាងមកឆាប់ៗប្រាប់ការពិត
កុំនៅបង្អង់សូមអាណិតអាសូរដល់ចិត្តអ្នកបម្រើ
១៤សូមសម្តែងហឫទ័យមេត្តាដោយក្តីករុណាដ៏ប្រសើរ
ចំពោះខ្ញុំជាអ្នកបម្រើខ្ញុំមានអំណរគ្រប់វេលា
១៥ព្រះអង្គឱ្យខ្ញុំកើតទុក្ខធំអស់ពេលច្រើនឆ្នាំខ្ញុំវេទនា
សូមប្រោសឱ្យខ្ញុំផុតទុក្ខាសប្បាយយូរយាយ៉ាងនោះដែរ
១៦សូមសម្តែងឱ្យខ្ញុំឃើញច្បាស់ពីការសង្គ្រោះឥតកែប្រែ
ឱ្យកូនចៅខ្ញុំឃើញហូរហែភាពថ្កុំថ្កើងដែរនៃព្រះអង្គ
១៧ឱព្រះម្ចាស់អើយសូមសម្តែងសេចក្តីស្រឡាញ់មកខ្ញុំផង
សូមជួយពង្រឹងការទាំងពួងខ្ញុំឱ្យខ្ជាប់ខ្ជួនរៀងរហូត

ទំនុកតម្កើងលេខ ៩១ (៩០) បទកាកគតិ

អ្នកដែលរស់ក្រោមការថែគ្រប់គ្រងរបស់ព្រះម្ចាស់
ជាព្រះខ្ពង់ខ្ពស់វិសុទ្ធពេកណាស់មានឫទ្ធិតេជះ
បារមីខ្លាំងក្រៃ
ខ្ញុំសូមទូលថា«ព្រះអម្ចាស់ជាជម្រកយប់ថ្ងៃ
និងជាកំពែងជ្រកកោនផុតភ័យមិនបង្អង់អី
ផ្ញើកាយជីវិត»
ព្រះម្ចាស់តែងតែជួយមិនគេចកែឱ្យអ្នករួចផុត
ចេញពីអន្ទាក់ពួកជនទុច្ចរិតជំងឺរាតត្បាត
ចង្រៃឧបទ្រព
ទ្រង់នឹងការពាររូបអ្នកគ្រប់គ្នានៅជ្រកក្រោមម្លប់
បារមីព្រះអង្គទាំងថ្ងៃទាំងយប់ឥតមានឈរឈប់
ម្លប់ដ៏ត្រជាក់
ព្រះហឫទ័យមេត្តាប្រណីមិនដែលថ្នាំងថ្នាក់
របស់ព្រះអង្គជួយការពារអ្នកជាអាវក្រោះពាក់
របស់អ្នកហើយ
នៅពេលរាត្រីអ្នកនឹងមិនភ័យអំពីអ្វីឡើយ
អាសន្នគ្រប់យ៉ាងចៀសផុតធូរស្បើយពេលថ្ងៃក៏ដោយ
ក៏អាចរួចផុត
អ្នកនឹងមិនអាចជួបគ្រោះកំណាចក្នុងយប់ងងឹត
ទាំងមហន្តរាយទោះនៅឆ្ងាយជិតថ្ងៃត្រង់ក៏ផុត
មិនអាចជួបសោះ
ទោះបីជាមានមនុស្សម៉ឺនពាន់ដេកស្លាប់ទាំងអស់
ក៏មិនមានអ្វីមកប៉ះអ្នកសោះផុតអស់ទុក្ខគ្រោះ
គ្មានព្រួយភិតភ័យ
បើអ្នកពិនិត្យមើលឱ្យបានជិតឃើញច្បាស់ដូចថ្ងៃ
ពីពួកមនុស្សអបលក្ខណ៍អប្រីយ៍រងទោសរាល់ថ្ងៃ
មិនមានអាក់ខាន
ព្រះអម្ចាស់ជាជម្រកពន្លាគ្មានអ្វីស្មើបាន
អ្នកជ្រកក្រោមម្លប់ព្រះខ្ពស់ហួសស្មានវិសុទ្ធថ្កើងថ្កាន
នៅលើលោកីយ៍
១០គ្មានទុក្ខវេទនាណាមកពាធាធ្វើឱ្យអ្នកភ័យ
ទោះជាគ្រោះកាចឧបសគ្គចង្រៃចូលមិនបានអី
ដល់លំនៅអ្នក
១១ដ្បិតព្រះអម្ចាស់នឹងបញ្ជាច្បាស់ទេវទូតគ្រប់ថ្នាក់
តាមជួយរក្សាការពាររូបអ្នកគ្រប់ទីសំណាក់
ដែលអ្នកនឹងនៅ
១២ទេវទូតយកដៃចាំទ្រថ្នមបីមិនឱ្យហ្មងសៅ
លើកអ្នកឱ្យឈររឹងប៉ឹងពេកកូវមិនឱ្យជើងត្រូវ
ទង្គិចថ្មឡើយ
១៣អ្នកនឹងដើរជាន់សត្វមានរាប់ពាន់នៅជិតបង្កើយ
សត្វគោកសត្វទឹកសត្វព្រៃក៏ដោយជាន់សិង្ហពស់ហើយ
ទាំងសត្វនាគខ្លា
១៤ព្រះអម្ចាស់មានព្រះបន្ទូលថ្កានយ៉ាងច្បាស់មកថា
យើងនឹងចេញមុខរំដោះរងការដ្បិតគេស្គាល់ថា
យើងជាព្រះគេ
១៥បើគេស្រែករកហៅយើងឱ្យមកយើងតបមិនរេ
ពេលមានអាសន្នយើងនៅនឹងគេឥតមានបែកបែរ
ទាំងថ្កើងគេផង
១៦យើងឱ្យគេបានរស់នៅសុខសាន្តយូរឆ្នាំកន្លង
អាយុយឺនយូរមិនឱ្យមានហ្មងឱ្យគេដឹងផង
ថាយើងសង្គ្រោះ

ទំនុកតម្កើងលេខ ៩២ (៩១) បទពាក្យ ៧

បពិត្រព្រះអម្ចាស់ខ្ញុំអើយ​​​​ទូលបង្គំនេះហើយស្មូត្រតម្កើង
ពិតជាការគួរប្រពៃផងប្រសើរកន្លងថ្កើងព្រះនាម
ខ្ញុំសូមប្រកាសពីព្រះទ័យករុណាប្រណីពីព្រហាម
ពេលយប់ក៏ថ្លែងមិននៅស្ងៀមឥតរេទីមទាមមិនឈប់ឈរ
យើងខ្ញុំបន្ទន់ឱនទាំងកាយបង្គំក្រាបថ្វាយទាំងកំដរ
មានតូរ្យតន្ត្រីចាប៉ីស្គរបន្ថែមបន្ទរពិណពីក្រោយ
បពិត្រព្រះម្ចាស់គ្រប់កិច្ចការដ៏ល្អអស្ចារ្យទ្រង់ធ្វើហើយ
ខ្ញុំសែនរីករាយចិត្តល្ហែល្ហើយស្នាព្រះហស្តថ្លៃនៃព្រះអង្គ
បពិត្រព្រះម្ចាស់ស្នាព្រះហស្តព្រះអង្គទាំងអស់ខ្ពស់ឧត្តុង្គ
សន្លឹមអន្លាយជ្រៅកន្លងជាងសមុទ្រផងវាស់ពុំបាន
មនុស្សល្ងីល្ងើទាំងប្រុសស្រីមិនយល់សេចក្តីគ្រប់ៗប្រាណ
ឯពួកអ្នកល្ងង់ក៏មិនបានចេះដឹងប្រមាណអ្វីនោះដែរ
ពួកអ្នកអាក្រក់រីកចម្រើនលូតលាស់ដុះកើនមួយជាទ្វេ
ឯអ្នកទុច្ចរិតចម្រើនដែរប៉ុន្តែពួកគេវិនាសអស់
ទោះបីទ្រង់គង់លើអាកាសវិសុទ្ធពេកណាស់ហើយខ្ពង់ខ្ពស់
ជាស្ថានវិសេសឥតមានមោះទ្រង់នៅជាព្រះម្ចាស់ជានិច្ច
១០បពិត្រព្រះម្ចាស់សត្រូវខ្មាំងរបស់ព្រះអង្គវិនាសខ្ទេច
ពួកអ្នកទុច្ចរិតមានកលកិច្ចនឹងត្រូវកម្ទេចមិនសល់អី
១១ព្រះអង្គប្រទានឱ្យរូបខ្ញុំមានកម្លាំងហំដូចដំរី
រួចទ្រង់បានចាក់ទាំងប្រេងថ្មីក្រអូបពេកក្រៃសព្វអង្គា
១២ខ្ញុំឃើញពួកខ្មាំងសត្រូវឃ្លាំគេលបនៅចាំរាល់វេលា
ឮទាំងសម្រែកហ៊ោខ្ញៀវខ្ញារបស់បច្ចាដែលស្អប់ខ្ញុំ
១៣មនុស្សសុចរិតនឹងដុះដាលលូតលាស់ត្រកាលដូចត្នោតធំ
បែកមែកសាខាម្លប់ត្រសុំដូចគគីរផ្តុំនៅជិតគ្នា
១៤ពួកគេប្រៀបបាននឹងដើមឈើលូតលាស់ដុះលើព្រះពន្លា
គេរីកដុះដាលក្នុងវិហាររបស់ព្រះជាម្ចាស់ថ្លាថ្លៃ
១៥ទោះបីគេមានវ័យចំណាស់ទោះខ្លួនគេចាស់ដូចម្តេចក្តី
គេបង្កើតផ្លែពន្លកថ្មីស្លឹកលាស់ខៀវខ្ចីជាប់ជានិច្ច
១៦ការនេះសម្តែងឱ្យឃើញថាព្រះអម្ចាស់ជាថ្មមាំពិត
ទ្រង់មានព្រះទ័យត្រង់សុចរិតឥតប្រែប្រួលចិត្តសោះឡើយណា

ទំនុកតម្កើងលេខ ៩៣ (៩២) បទកាកគតិ

ព្រះអម្ចាស់ថាមហាក្សត្រារុងរឿងថ្កើងថ្កុំ
ទ្រង់ប្រកបដោយចេស្តាឧត្តមផែនដីនៅមាំ
ឥតរង្គើឡើយ
បល្ល័ង្កព្រះអង្គស្ថិតស្ថេររឿងរុងយូរលង់មកហើយ
ជន្មាព្រះអង្គអស់កល្បអន្លាយដើមមករៀងអាយ
អង្វែងជានិច្ច
បពិត្រព្រះម្ចាស់រលកលោតផ្លោះមុជងើបខ្លាំងតិច
ខ្ទ័រខ្ទារគគ្រឹកជួនជោរជួននាចសំឡេងបាចសាច
សម្បើមអស្ចារ្យ
ប៉ុន្តែព្រះម្ចាស់គ្រងរាជ្យខ្ពស់ណាស់ងរឿងមហា
នៅបរមសុខមានឫទ្ធិចេស្តាខ្លាំងមហិមា
ជាងមហាសមុទ្រ
បពិតព្រះម្ចាស់ក្រឹត្យវិន័យព្រះត្រឹមត្រូវបរិសុទ្ធ
ដំណាក់ព្រះអង្គល្អល្អះបំផុតវិសេសវិសុទ្ធ
អស់កល្បតទៅ

ទំនុកតម្កើងលេខ ៩៤ (៩៣) បទព្រហ្មគីតិ

បពិត្រព្រះអម្ចាស់ទ្រង់តែងប្រោសរកយុត្តិធម៌
ព្រះនាមល្បីខ្ទារខ្ទ័រដោយចេស្តាឫទ្ធិបារមី
ព្រះដែលជាចៅក្រមដ៏ឧត្តមលើផែនដី
តើនឡើងដាក់ទោសពៃរ៍មនុស្សអប្រីយ៍តាមអំពើ
ឱព្រះអម្ចាស់អើយតើទុកឱ្យមនុស្សល្ងីល្ងើ
អាក្រក់មានជ័យលើតាមអំពើដល់ពេលណា
គេពោលពាក្យក្អេងក្អាងអួតបំប៉ោងឫកសង្ហា
ចូលចិត្តពាក្យមុសានាំអាត្មាធ្វើទុច្ចរិត
បពិត្រព្រះជាម្ចាស់ពួកគេជិះជាន់សង្កត់
ប្រជាជនសុចរិតទឹកដីពិតជាអន្តរាយ
ពួកវាកាប់សម្លាប់ដោយសំអប់ស្រីមេម៉ាយ
អន្តោប្រវេសន៍ក្ស័យហើយប្រល័យក្មេងកំព្រា
គេថាព្រះអម្ចាស់ទតមិនច្បាស់មិនបានការ
ព្រះយ៉ាកុបនេះណាមិនបានការមិនយល់អ្វី
មនុស្សល្ងីល្ងើអើយអ្នកនេះហើយប្រាជ្ញាខ្លី
ចិត្តខ្មៅជួអប្រីយ៍មិនដឹងអីមិនចេះគិត
ព្រះអង្គបង្កើតភ្នែកឱ្យក្រឡេកមើលឆ្ងាយជិត
តើទ្រង់មិនចេះគិតមិនចេះទតអ្វីទេឬ ?
ឯត្រចៀកមនុស្សទាំងស្រីប្រុសឱ្យស្តាប់ឮ
ព្រះអង្គធ្វើបញ្ឈឺឬមិនចេះស្តាប់សំឡេង
១០ព្រះអង្គវាយប្រដៅមនុស្សល្ងង់ខ្លៅឱ្យចេះដឹង
ម្តេចក៏ទ្រង់មិនខឹងមិនរំពឹងដាក់ទោសអី ?
១១ទ្រង់ជ្រាបគំនិតអស់របស់មនុស្សលើលោកីយ៍
គំនិតពួកគេខ្លីមិនដឹងអីមនុស្សខ្លៅ
១២បពិត្រព្រះអម្ចាស់អ្នកដែលព្រះបង្ហាញផ្លូវ
អប់រំប្រៀនប្រដៅអ្នកនោះត្រូវមានមង្គល
១៣នៅថ្ងៃមានអាសន្នទ្រង់បន្ទន់គេលែងខ្វល់
មានរណ្តៅនៅសល់ទុកតម្កល់កប់ជនពាល
១៤ដ្បិតទ្រង់មិនបង់បោះប្រជារាស្រ្តឱ្យគេដៀល
ព្រះអង្គក៏មិនចោលចំណែកផ្ទាល់មរតកទ្រង់
១៥ចៅក្រមនឹងកាត់ក្តីដោយប្រពៃមិនបង្អង់
អ្នកដែលមានចិត្តត្រង់តាមគន្លងយុត្តិធម៌
១៦តើមាននរណានឹងហ៊ានប្រឆាំងពួកមិនល្អ
នរណាដែលហ៊ានឈរប្រឆាំង ត ពួកអប្រិយ៍
១៧ប្រសិនបើព្រះម្ចាស់មិនសង្គ្រោះខ្ញុំភិតភ័យ
ច្បាស់ជាត្រូវក្សិណក្ស័យវិនាសឆ្ងាយជាមិនខាន
១៨ពេលខ្ញុំពោលថាអស់កម្លាំងខ្សោះជិតដួលប្រាណ
ព្រះអង្គទ្រខ្ញុំបានមិនខកខានព្រះទ័យស្មោះ
១៩ពេលណាមានកង្វល់ទុក្ខខ្វាយខ្វល់រាប់មិនអស់
ព្រះអង្កទ្រង់សន្តោសប្រោសខ្ញុំរស់អរសប្បាយ
២០តើទ្រង់មានជំពាក់ទៅស្មោះស្ម័គ្រមនុស្សព្រៃផ្សៃ
យកយុត្តិធម៌ក្រឡៃឬកែឆ្នៃទាំងច្បាប់ក្បួន
២១ពួកគេព្រួតព្យាបាទពួកសុចរិតមិនសមសួន
ប្រហារប្រជាជនដាក់ទោសទណ្ឌទាំងបង្ខំ
២២ទ្រង់គឺជាកំពែងមាំហំហែងការពារខ្ញុំ
ព្រះអង្គជាថ្មដុំសម្រាប់ខ្ញុំចូលពួនជ្រក
២៣ព្រះអង្គសងតប តមិនឈប់ឈររៀបរៀងមក
តាមអំពើស្មោគគ្រោកល្បិចគរគោកខ្លួនគេផ្ទាល់
ទ្រង់ឱ្យគេវិនាសបាត់សូន្យឈ្មោះគ្មានគេស្គាល់
ព្រះជាម្ចាស់បានផ្តល់តាមហេតុផលគេប្រព្រឹត្ត

ទំនុកតម្កើងលេខ ៩៥ (៩៤) បទកាកគតិ

យើងស្រែកច្រៀងឡើងសរសើរតម្កើងថ្វាយព្រះអម្ចាស់
ដោយចិត្តអបអរសាទរថ្វាយព្រះជាថ្មមាំណាស់
ជួយសង្គ្រោះយើង
យើងនាំគ្នីគ្នារូតរះម្នីម្នាជួបភក្ត្រព្រះអង្គ
ទាំងអរព្រះគុណស្មូត្របទតម្កើងកោតសរសើរទ្រង់
អស់កល្បអង្វែង
ដ្បិតព្រះអម្ចាស់ប្រសើរពេកណាស់វិសេសក្រៃលែង
ទ្រង់គឺជាក្សត្រសោយរាជ្យអង្វែងខ្ពស់ខ្ពង់ស្ញប់ស្ញែង
លើសព្រះទាំងឡាយ
ព្រះអង្គគ្រប់គ្រងលើអ្វីទាំងពួងឥតមានខ្វល់ខ្វាយ
តាំងពីបាតដីសន្លឹមអន្លាយដល់ទីសែនឆ្ងាយ
កំពូលភ្នំផង
ព្រះអង្គជាម្ចាស់សមុទ្រទាំងអស់មើលថែគ្រប់គ្រង
ព្រោះទ្រង់បង្កើតសមុទ្រមកផងដីល្អកន្លង
ជាស្នាដៃទ្រង់
ចូរនាំគ្នីគ្នាគោរពវន្ទាក្រាបថ្វាយព្រះអង្គ
យើងក្រាបចំពោះព្រះភ័ក្ត្រផូរផង់បារមីត្រចង់
ទ្រង់បង្កើតយើង
ព្រះអង្គជាព្រះនៃយើងទាំងអស់បារមីថ្កុំថ្កើង
ទ្រង់ជាគង្វាលដឹកនាំពួកយើងថ្ងៃនេះព្រះអង្គ
បន្លឺឡើងថា
មិនត្រូវផ្តេសផ្តាសដូចកាលបោរបះនៅមេរីបា
ដូចថ្ងៃល្បងលនៅឯម៉ាសាក្នុងវាលឯកា
ទីរហោស្ថាន
គឺបុព្វបុរសនៃអ្នកទាំងអស់ចិត្តគេសាមាន្យ
គេបានល្បងលទោះបីគេបានឃើញកិច្ចប៉ុន្មាន
យើងបានប្រព្រឹត្ត
១០ក្នុងអំឡុងពេលសែសិបឆ្នាំដែលយើងចាំមិនបាត់
មនុស្សជំនាន់នោះឱ្យយើងឆ្អែតចិត្តគេធ្វើទុច្ចរិត
ឱ្យយើងពោលថា
ពួកគេទាំងនេះជាប្រជារាស្រ្តមានចិត្តឫស្យា
ជាមនុស្សវង្វេងមិនស្គាល់មាគ៌ាពួកគេគ្រប់គ្នា
មិនស្តាប់យើងឡើយ
១១ហេតុនេះយើងខឹងពួកគេយ៉ាងខ្លាំងឥតមានល្ហែល្ហើយ
យើងប្តេជ្ញាចិត្តមិនជួយគេឡើយព្រមទាំងមិនឱ្យ
គេចូលក្នុងស្រុក

ទំនុកតម្កើងលេខ ៩៦ (៩៥) បទព្រហ្មគីតិ

ចូរច្រៀងបទថ្មីថ្វាយព្រះម្ចាស់ថ្លៃកុំឈរឈប់
មនុស្សនៅលើពិភពច្រៀងកុំឈប់ថ្វាយព្រះអង្គ
ចូរច្រៀងថ្វាយព្រះម្ចាស់តម្កើងព្រះនាមត្រចង់
ប្រកាសរាល់ថ្ងៃផងពីបំណងដ៏ថ្លាថ្លៃ
ចូរប្រកាសនៅម្តុំចំណោមក្រុមជាតិទីទៃ
នូវរុងរឿងសិរីព្រះហស្តថ្លៃដ៏អស្ចារ្យ
ដ្បិតព្រះម្ចាស់ឧត្តមយើងត្រូវខំសរសើរថា
អស់ពីដួងចិន្តាព្រះក្សត្រាប្រសើរខ្ពស់
ព្រះនៃសាសន៍ផ្សេងណាមិនបានការអ្វីទាំងអស់
រីឯព្រះអម្ចាស់ទ្រង់ជាក់ច្បាស់សាងផ្ទៃមេឃ
មានពន្លឺរស្មីចែងចាំងក្រៃល្អពន់ពេក
ដំណាក់គន់គាប់ភ្នែកបារមីប្លែកថ្កើងត្រចង់
ប្រជាទាំងឡាយអើយកុំកន្តើយចូរតម្រង់
លើកតម្កើងព្រះអង្គថ្លែងឥតហ្មងពីឫទ្ធា
លើកតម្កើងសិរីរុងរឿងជ័យព្រះនាមា
យកតង្វាយគ្រប់គ្នាទៅព្រះវិហារថ្វាយក្សត្រា
ចូរក្រាបថ្វាយបង្គំពេលទ្រង់សម្តែងបាដិហារីយ៍
មនុស្សលើផែនលោកាញ័រកាយាចំពោះភក្ត្រ
១០ចូរប្រកាសនៅម្តុំចំណោមក្រុមជាតិច្រើននាក់
ថាទ្រង់គ្រងរាជ្យជាក់ឥតបែកបាក់រឹងមាំល្អ
ព្រះម្ចាស់គ្រប់គ្រងលើសព្វសារពើមានអំណរ
ពេញដោយយុត្តិធម៌រាស្រ្តអបអរពន់ពេកក្រៃ
១១សូមឱ្យអស់ផ្ទៃមេឃផែនដីស្រែកកុំសំចៃ
សមុទ្រមានទឹកប្រៃនិងអ្វីៗមានសង្ឃឹម
១២ចូរឱ្យស្រែចំការអ្វីសព្វសារអរញញឹម
ឱ្យដើមឈើរេរាំលោតទន្ទ្រាំមុខព្រះម្ចាស់
១៣ដ្បិតព្រះអង្គយាងមកវិនិច្ឆ័យរកយុត្តិធម៌ណាស់
កាត់ក្តីប្រជាច្បាស់គ្មានក្រឡះដោយទៀងត្រង់

ទំនុកតម្កើងលេខ ៩៧ (៩៦) បទពាក្យ ៧

ព្រះជាអម្ចាស់ទ្រង់គ្រងរាជ្យពេញដោយអំណាចដ៏យូរលង់
ចូរឱ្យផែនដីរីករាយឡើងកោះទាំងឡាយផងអរសប្បាយ
មានពពកខ្មួលខ្មៅងងឹតព័ទ្ធពេនជុំជិតព្រះម្ចាស់ថ្លៃ
ព្រះអង្គគ្រងរាជ្យដោយប្រពៃសុចរិតថ្លាថ្លៃល្អត្រចង់
មានភ្លើងឆេះនៅមុខព្រះម្ចាស់សត្រូវច្រើនណាស់ត្រូវបាត់បង់
អ្នកដែលប្រឆាំងច្បាំងព្រះអង្គគ្មានសល់ម្នាក់ផងក្ស័យសង្ខារ
មានផ្លេកបន្ទោរជះពន្លឺខ្ទ័រខ្ទាររន្ទឺសព្វលោកា
ផែនដីតក់ស្លុតឥតឧបមាញ័រអស់កាយាដោយភិតភ័យ
ភ្នំនានាដែលនៅចំពោះភក្ត្រព្រះអម្ចាស់ត្រូវអន្តរាយ
ដូចជាក្រមួនត្រូវរលាយដោយកម្តៅថ្ងៃនៅមិនបាន
ផ្ទៃមេឃក៏បានស្រែកប្រកាសពីក្តីសប្បុរសល្អថ្កើងថ្កាន
ឱ្យប្រជារាស្រ្តទាំងប៉ុន្មាននៅគ្រប់ទីស្ថានបានដឹងយល់
អស់អ្នកដែលថ្វាយបង្គំព្រះក្លែងក្លាយទាំងអស់នឹងកង្វល់
អួតអាងពីការគោរពដល់ព្រះឥតបានផលត្រូវអាម៉ាស់
ឱព្រះទាំងឡាយមានគរគោកច្រើននៅលើលោកចូររូតរះ
ក្រាបថ្វាយបង្គំព្រះអម្ចាស់គឺទ្រង់ជាព្រះលើលោកា
បពិត្រព្រះម្ចាស់ពេលដែលក្រុងស៊ីយ៉ូនបានដឹងដំណឹងថា
ព្រះអង្គវិនិច្ឆ័យដូច្នេះណាអ្នកក្រុងយូដាសប្បាយក្រៃ
បពិត្រព្រះជាអម្ចាស់ខ្ញុំព្រះអង្គឧត្តមផុតផែនដី
ប្រសើរលើសអស់ព្រះដទៃទោះព្រះផ្សេងក្តីមិនស្មើផង
១០អ្នកដែលស្រឡាញ់ព្រះអម្ចាស់និងអ្នកដែលស្មោះស្ម័គ្រទៀងត្រង់
ចូរស្អប់អំពើកាចយង់ឃ្នងព្រះអង្គនឹងរងថែរក្សា
១១មានទាំងពន្លឺបំភ្លឺមនុស្សមានចិត្តសប្បុរសសុចរិតថ្លា
ជនដែលទៀងត្រង់គ្រប់អាត្មាអរឥតឧបមាសប្បាយក្រៃ
១២ឱពួកអ្នកសុចរិតទាំងឡាយចូរអ្នករីករាយកុំគិតអ្វី
ចំពោះកិច្ចការព្រះម្ចាស់ថ្លៃប្រព្រឹត្តរាល់ថ្ងៃកន្លងមក

ទំនុកតម្កើងលេខ ៩៨ (៩៧) បទកាកគតិ

ចូរច្រៀងបទថ្មីថ្វាយព្រះម្ចាស់ថ្លៃកុំភ្លេចឡើយណា
ដ្បិតទ្រង់ប្រព្រឹត្តសព្វកិច្ចអស្ចារ្យដោយឫទ្ធិចេស្តា
យកជ័យជំនះ
ព្រះម្ចាស់បង្ហាញប្រជាឱ្យឃើញពីកាសង្គ្រោះ
ព្រះអង្គសម្តែងឱ្យគេទាំងអស់ឃើញសុចរិតស្មោះ
របស់ព្រះអង្គ
ព្រះអង្គនៅតែសម្តែងឥតប្រែករុណាត្រចង់
ព្រះទ័យស្មោះស្ម័គ្រអ៊ីស្រាអែលផងសុចរិតឥតហ្មង
ចងចាំទាំងអស់
មនុស្សម្នាមូលមីររស់នៅគ្រប់ទីឆ្ងាយទាំងស្រីប្រុស
នៃភពផែនដីឃើញការសង្គ្រោះព្រះម្ចាស់របស់
យើងគ្រប់ៗគ្នា
ជនទាំងប្រុសស្រីនៅលើផែនដីរៀបចំអង្គា
អបអរសាទរថ្វាយព្រះនាមាស្រែកហ៊ោរខ្ញៀវខ្ញា
ដោយតូរ្យតន្ត្រី
សូមផ្ញើចិត្តកាយដេញទាំងពិណថ្វាយព្រះធ្លាប់ប្រណី
ព្រោះព្រះអង្គនោះធ្លាប់ថ្នមបមបីថែទាំយប់ថ្ងៃ
រៀងរាល់វេលា
ចូរនាំគ្នាផ្លុំត្រែស្នែងប្រគុំថ្វាយព្រះរាជា
អបអរសាទរអង្គព្រះនាមាខ្ពស់់លើពសុធា
គ្មានអ្វីស្មើព្រះ
ចូរសមុទ្រលាន់រលករាប់ពាន់រំពងអាកាស
ចូរឱ្យផែនដីនិងអ្វីទាំងអស់មានជីវិតរស់
ស្រែកឮអឺងកង
ទន្លេទាំងឡាយចូរអសប្បាយសាទរត្រសង
ចូរភ្នំទាំងអស់ស្រែកហ៊ោអឺងកងព្រមៗគ្នាឡើង
ដោយស័ព្ទខ្ញៀវខ្ញា
ចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ជាក់គ្រប់គ្រងលោកា
លើភពផែនដីយុត្តិធម៌ថ្លៃថ្លាអស់រាស្រ្តប្រជា
ទៀងត្រង់បរិសុទ្ធ

ទំនុកតម្កើងលេខ ៩៩ (៩៨) បទពាក្យ ៧

ព្រះជាអម្ចាស់ទ្រង់គ្រងរាជ្យប្រជារាស្រ្តខ្លាចភ័យមមើ
ផែនដីកក្រើកញ័ររង្គើព្រះអង្គគង់លើខេរ៉ូប៊ីន
ព្រះអម្ចាស់ជាព្រះឧត្តមខ្ពង់ខ្ពស់ស្កៃស្កឹមលើស៊ីយ៉ូន
ព្រះអង្គខ្ពស់ហួសអស់ជាតិជនគ្រប់ទីតំបន់លើលោកា
មនុស្សម្នាគ្រប់រូបត្រូវតម្កើងព្រះនាមរុងរឿងដ៏អស្ចារ្យ
គួរឱ្យស្ញែងខ្លាចព្រះនាមាព្រះអង្គពិតជាឥតមានហ្មង
បពិត្រព្រះម្ចាស់ជាមហាក្សត្របារមីពេកក្តាត់ក្តីភ្លឺត្រចង់
ទ្រង់ជាក្សត្រាតែមួយអង្គសុចរិតត្រឹមត្រង់យុត្តិធម៌
ព្រះអង្គបានរៀបតាក់តែងច្បាប់ឱ្យមានសព្វគ្រប់ដោយស្មោះសរ
សុចរិតទៀងត្រង់ស្រស់បវរក្នុងស្រុកដ៏ល្អអ៊ីស្រាអែល
ចូរលើកតម្កើងព្រះអម្ចាស់ព្រះអង្គជាព្រះយើងមិនដែល
ស្គាល់ទុក្ខលំបាកដ៏ក្រាស់ក្រែលព្រះអ៊ីស្រាអែលព្រះវិសុទ្ធ
លោកម៉ូសេជាបូជាចារ្យដែលមកត្រៀបត្រាពេញជុំជិត
អរ៉ុនជាបូជាចារ្យពិតចំណោមអ្នកស្និទ្ធនឹងព្រះអង្គ
លោកសាមូអែលជាមនុស្សម្នាក់ក្នុងចំណោមអ្នកអង្វរទ្រង់
ទាំងអស់គ្នាទូលថ្វាយព្រះអង្គនោះទ្រង់ឆ្លើយត្រង់មិនរារែក
ព្រះអង្គមានព្រះបន្ទូលមកពីក្នុងពពកខ្មៅអនេក
លោកក៏កាន់តាមមិនអល់អែកឥតមានប្រកែកច្បាប់ព្រះអង្គ
បពិត្រព្រះម្ចាស់ព្រះរបស់យើងខ្ញុំទាំងអស់ខ្ពស់ឧត្តុង្គ
ព្រះអង្គតបឆ្លើយមិនបង្អង់ទោះបីជាទ្រង់ដាក់ទោសក្តី
ព្រោះតែកំហុសលោកប្រព្រឹត្តមានពីអតិ (អតីត) មិនថាអី
ព្រះអង្គតែងមានព្រះហឫទ័យអត់ធ្មត់ខន្តីលោកជានិច្ច
ចូរលើតម្កើងព្រះអម្ចាស់ជាព្រះរបស់យើងកុំភ្លេច
ចូរក្រាបបង្គំកុំកែព្រះតម្រង់ជានិច្ចភ្នំវិសុទ្ធ
ដ្បិតព្រះអម្ចាស់គឺជាព្រះនៃយើងទាំងអស់ខ្ពស់បំផុត
ជាម្ចាស់ផែនដីមេឃសមុទ្រអស់ទាំងសព្វសត្វលើលោកា

ទំនុកតម្កើងលេខ ១០០ (៩៩) បទកាកគតិ

មនុស្សលើផែនដីទាំងប្រុសទាំងស្រីចូរអបអរឡើង
សាទរព្រះម្ចាស់ជាព្រះថ្កុំថ្កើងព្រះម្ចាស់នៃយើង
កុំរាឡើយណា
នាំគ្នាគោរពទាំងថ្ងៃទាំងយប់ដោយចិត្តជ្រះថ្លា
នាំគ្នាមកជិតអង្គព្រះចេស្តាច្រៀងហ៊ោខ្ញៀវខ្ញា
ដោយអរសប្បាយ
ចូរដឹងគ្រប់គ្នាថាព្រះម្ចាស់ជាព្រះយើងគ្រប់កាយ
ជាព្រះអម្ចាស់ពិតឥតក្លែងក្លាយបង្កើតយើងហើយ
ទ្រង់ថែថ្នាក់ថ្នម
យើងនាំគ្នីគ្នាចូលកុំរួញរាដំណាក់សក្តិសម
ទាំងអរព្រះគុណព្រះម្ចាស់ឧត្តមសរសើរបង្ខំ
ព្រះនាមព្រះអង្គ
ដ្បិតព្រះអម្ចាស់ទ្រង់សប្បុរសណាស់ករុណាហ្មត់ហ្មង
គង់នៅស្ថិតស្ថេរអង្វែងកន្លងស្មោះស្ម័គ្រច្បាស់ច្បង
អស់កល្បតទៅ

ទំនុកតម្កើងលេខ ១០១ (១០០) បទពាក្យ ៧

បពិត្រព្រះម្ចាស់ខ្ញុំនឹងច្រៀងរៀបរាប់មិនល្អៀងពីព្រះទ័យ
មេត្តាករុណាដ៏ថ្លាថ្លៃទាំងស្មូត្របទថ្វាយព្រះអង្គផង
យើងខ្ញុំនឹងយកចិត្តទុកដាក់នឹងមាគ៌ាជាក់ល្អឥតហ្មង
តើពេលណាទៅទើបព្រះអង្គយាងរកខ្ញុំផងទាំងគ្រួសារ
យើងខ្ញុំមិនដែលទៅចូលចិត្តអំពើឧក្រិដ្ឋពាលឫស្យា
មិនចូលចិត្តអ្នកក្បត់សាវាពាលឥតមេត្តាមិនចង់ជួប
រូបខ្ញុំមិនឱ្យមនុស្សទុច្ចរិតខិតចូលមកជិតទោះថ្ងៃយប់
ហើយក៏មិនចង់ទៅសេពគប់ជំពាក់ជំពប់មនុស្សអាក្រក់
យើងខ្ញុំបិទមាត់អ្នកនិយាយបរិហារពីក្រោយដោយគម្រក់
ខ្ញុំមិនអាចទ្រាំចំពោះអ្នកវាយឫកហួសថ្នាក់អួតបំប៉ោង
ខ្ញុំនឹងស្វែងរកអ្នកមានចិត្តស្មោះត្រង់សុចរិតមិនកាចកោង
ឱ្យគេកាន់កាប់ក្នុងស្រុកយើងមិនចេះឆ្មៃឆ្មើងនៅជាមួយ
រីឯមនុស្សដែលបោកប្រាសខ្ញុំមិនឱ្យរស់ក្នុងផ្ទះឡើយ
អ្នកនិយាយភូតភរក៏ដោយមិនអាចកៀកកើយជិតខ្ញុំបាន
រាល់ព្រឹកខ្ញុំតែងតែបិទមាត់ពួកមនុស្សទុច្ចរិតទាំងប៉ុន្មាន
ខ្ញុំនឹងដកពួកគេឱ្យបានពីក្រុងថ្កើងថ្កាននៃព្រះអង្គ

ទំនុកតម្កើងលេខ ១០២ (១០១) បទព្រហ្មគីតិ

ឱព្រះអម្ចាស់អើយសូមផ្ទៀងហើយព្រះសណ្តាប់
សម្រែកខ្ញុំរ៉ាយរ៉ាប់សូមទ្រង់ស្តាប់យើងខ្ញុំផង
ពេលខ្ញុំមានអាសន្នកុំលាក់ពួនភក្ត្រព្រះអង្គ
ខ្ញុំស្រែកហៅរកទ្រង់សូមឆ្លើយផងកុំស្ងៀមស្ងាត់
ព្រោះដ្បិតជីវិតខ្ញុំត្រូវរលំរលាយខ្ចាត់
ដូចផ្សែងត្រូវខ្យល់ផាត់ខ្លួនប្រាណប្រឹតស្គមរីងរៃ
រូបខ្ញុំអស់ទឹកចិត្តដូចស្មៅស្វិតក្រៀមត្រូវថ្ងៃ
ទោះជាអាហារក្តីក៏ខ្ញុំលៃលែងនឹកនា
រូបខ្ញុំចេះតែថ្ងូរទួញទ្រហោររាល់វេលា
លែងជាមនុស្សល្អជាសែនវេទនាស្បែកគ្របឆ្អឹង
រូបខ្ញុំដូចសត្វក្អែកដែលតែងស្រែកហោះកាត់បឹង
ក្នុងព្រៃស្មសានឈឹងដូចសត្វជ្រឹងក្នុងព្រឹក្សព្រៃ
ខ្ញុំដេកមិនលក់សោះសែនក្រៀមក្រោះអស់ជើងដៃ
បីដូចសត្វបក្សីទាំងយប់ថ្ងៃទំលើផ្ទះ
ជារៀងរាល់ខែថ្ងៃខ្មាំងចង្រៃមាក់ងាយណាស់
គេបានយកទាំងឈ្មោះទៅដាក់ដោះបណ្តាសា
១០ពេលខ្ញុំបរិភោគទាំងទុក្ខសោកឥតឧបមា
ខ្ញុំបរិភោគពេលណាទឹកនេត្រាហូរសស្រាក់
១១ពីព្រោះព្រះពិរោធទ្រង់ខ្ញាល់ក្រោធតែខ្ញុំម្នាក់
ទ្រង់ឥតមានថ្នមថ្នាក់បោះទម្លាក់ខ្ញុំវេទនា
១២ជីវិតខ្ញុំហាក់ដូចស្រមោលតូចពេលសន្ទិយា
ដូចស្មៅខ្វះគង្គាគ្មានមនុស្សម្នានៅថែទាំ
១៣បពិត្រព្រះអម្ចាស់គ្រងរាជ្យអស់កល្បយូរឆ្នាំ
គេនឹងរំលឹកចាំយូរខែឆ្នាំអង្វែងទៅ
១៤ព្រះអង្គសព្វព្រះទ័យនឹងបុរីនេះពេកកូវ
ស៊ីយ៉ូនពេលឥឡូវទ្រង់តម្រូវអាណិតហើយ
១៥អ្នកបម្រើព្រះអង្គស្រឡាញ់ក្រុងមិនកន្តើយ
ទោះជាបែកបាក់ហើយមិនចោលឡើយចាំជានិច្ច
១៦សូមឱ្យជនគ្រប់សាសន៍កោតខ្លាចព្រះកុំមានភ្លេច
សូមឱ្យអស់ទាំងស្តេចចាំជានិច្ចកោតខ្លាចទ្រង់
១៧នៅពេលព្រះអម្ចាស់សាងស្រឡះស៊ីយ៉ូនក្រុង
ទ្រង់ស្តែងសិរីរុងដ៏ត្រចង់ឱ្យគេយល់
១៨ពេលនោះទ្រង់នឹងបែរព្រះភក្ត្ររេទតមកដល់
មនុស្សលែងខ្វាយខ្វល់ទ្រង់ទទួលពាក្យយើងហើយ
១៩សូមកត់ក្តីនេះចុះទុកឱ្យមនុស្សជំនាន់ក្រោយ
ប្រជារាស្រ្តកើតហើយកុំកន្តើយថ្កើងព្រះអង្គ
២០ព្រះអម្ចាស់ទតពីសក្ការៈទីដ៏ត្រចង់
ស្ថានសួគ៌សុខឥតហ្មងមិនរំលងសព្វផែនដី
២១ដើម្បីស្តាប់សម្រែកពួកឈ្លើយស្រែកទាំងយប់ថ្ងៃ
អ្នកដែលត្រូវក្សិណក្ស័យគេកាត់ក្តីមិនសុចរិត
២២គេនឹងប្រកាសប្រាប់ព្រះនាមគាប់ម្ចាស់វរមិត្ត
នៅក្រុងស៊ីយ៉ូនពិតតម្កើងឫទ្ធិនៅសាឡឹម
២៣គឺពេលដែលប្រជាជាតិនានាមកជួបជុំ
ដើម្បីគោរពសុំបម្រើអម្ចាស់ជាព្រះ
២៤ពេលខ្ញុំពេញកម្លាំងខ្ញុំក្លាខ្លាំងមិនហេវខ្សោះ
ទ្រង់ឱ្យខ្ញុំទន់អស់ហើយបន្សោះទាំងជីវិត
២៥ហេតុនេះហើយទើបខ្ញុំលើកដៃសុំទ្រង់អាណិត
សូមកុំដកជីវិតពេលខ្ញុំឋិតមិនទាន់ចាស់
២៦ទ្រង់បង្កើតផែនដីយូរយារក្រៃអង្វែងណាស់
ផ្ទៃមេឃអ្វីទាំងអស់ស្នាព្រះហស្តព្រះអង្គដែរ
២៧ផ្ទៃមេឃនិងផែនដីត្រូវរលាយបែកហូរហែ
តែទ្រង់ឥតកែប្រែគង់ស្ថិតស្ថេរជាប់រហូត
២៨ព្រះម្ចាស់គង់ជាខែលនៅដដែលមិនរបូត
ព្រះជន្មមិនរលត់មិនចេះផុតគ្មានបញ្ចប់
២៩កូនចៅរបស់ខ្ញុំនៅជួបជុំបម្រើស្រាប់
រស់ដោយសុខគួរគាប់ទ្រង់គង់ជាប់ថែកូនចៅ

ទំនុកតម្កើងលេខ ១០៣ (១០២) បទកាកគតិ

ខ្ញុំសូមសរសើរព្រះគ្មានអ្វីស្មើអស់ពីដួងចិត្ត
ខ្ញុំសូមតម្កើងនាមដ៏វិសុទ្ធព្រះដ៏មានឫទ្ធិ
ផុតលើលោកា
ខ្ញុំសូមតម្កើងសរសើរលើកឡើងអស់ពីចិន្តា
ខ្ញុំសូមរំលឹកព្រះហស្តអស្ចារ្យសប្បុរសករុណា
មិនបំភ្លេចឡើយ
ព្រះអង្គអត់ទោសនូវរាល់កំហុសដែលមានមកហើយ
ខ្ញុំបានប្រព្រឹត្តព្រះអង្គប្រោសឱ្យខ្ញុំបានធូរស្បើយ
ផុតរោគសោកសៅ
ព្រះអង្គរំដោះជីវិតឱ្យរស់ផុតពីរណ្តៅ
ព្រះអង្គអាណិតអាសូរពេកកូវខ្ញុំផុតសោកសៅ
ដោយទ្រង់មេត្តា
ព្រះអង្គប្រទានឱ្យខ្ញុំរស់រានដោយក្តីសុខា
ឱ្យមានកម្លាំងដូចដំរីសារមានទាំងសង្ខា
វែងដូចឥន្ទ្រី
ព្រះម្ចាស់ប្រព្រឹត្តសព្វអស់ការកិច្ចល្អល្អះគ្មានពីរ
ហឫទ័យសុចរិតយុត្តិធ៌មគ្រប់ទីដល់អស់ជីវី
ត្រូវគេជិះជាន់
ព្រះអង្គសម្តែងឫទ្ធីគួរស្ញែងឱ្យម៉ូសេបាន
ស្គាល់មាគ៌ាទ្រង់គ្មានអ្វីរំខានប្រជាគ្រប់ប្រាណ
ដឹងហេតុអស្ចារ្យ
ព្រះអម្ចាស់ថ្លៃមានព្រះហឫទ័យអាណិតករុណា
ប្រណីសន្តោសគ្រប់ពេលវេលាដល់ជនគ្រប់គ្នា
មិនឱ្យមានភ័យ
ទ្រង់មិនបន្ទោសប្រើពាក្យគំរោះដាក់យើងរាល់ថ្ងៃ
ទ្រង់មិនពិរោធមិនខឹងជេរស្តីហើយតែងប្រណី
ដល់យើងគ្រប់គ្នា
១០ព្រះអង្គមិនដាក់ទោសយើងម្នាក់ៗឱ្យឈឺគ្រាំគ្រា
សមតាមអំពើបាបច្រើនមហិមាទ្រង់តែងគាំពារ
មិនយកទោសពៃរ៍
១១មេឃនៅខ្ពស់ឆ្ងាយសន្លឹមអន្លាយពីភពផែនដី
ព្រះទ័យព្រះម្ចាស់ដែលធ្លាប់ប្រណីក៏នៅខ្ពស់ឆ្ងាយ
យ៉ាងដូច្នោះដែរ
១២ទិសកើតទិសលិចឆ្ងាយគ្នាមិនតិចឥតមានកែប្រែ
ព្រះអង្គធ្វើឱ្យអំពើបាបបែរឆ្ងាយមិនជិតទេ
ពីយើងយ៉ាងនោះ
១៣ឪពុកអាណិតថ្នាក់ថ្នមផ្តេកផ្តិតកូនៗទាំងអស់
ព្រះក៏មេត្តាអាសូរស្រណោះដល់អ្នកដែលស្មោះ
គោរពរាល់ថ្ងៃ
១៤ព្រះអង្គជ្រាបថាមនុស្សយើងនេះណាកើតមកពីអ្វី
ព្រះអង្គមិនភ្លេចយើងទាំងប្រុសស្រីគឺកើតពីដី
ដែលសូនមកទេ
១៥អាយុជីវិតមនុស្សយើងរីកស្វិតផ្លាស់ប្តូរប្រួលប្រែ
ដូចផ្កាដែលរីកនៅតាមវាលដែរឬស្មៅតែងតែ
ស្រពោនក្រៀមក្រំ
១៦ពេលខ្យល់បក់បោកផ្កាក៏វិយោគទាំងទុក្ខរណ្តំ
ត្រូវរោយលំអងស្រពោនខ្ទេចខ្ទាំឥតមានទុកស្នាម
វក់វីខ្ទាំខ្ទេច
១៧តែព្រះហឫទ័យករុណាប្រណីព្រះអង្គមិនភ្លេច
មេត្តាដល់អ្នកកោតខ្លាចជានិច្ចមិនដែលកែគេច
ដរាបរៀងទៅ
១៨ប្រសិនគេកាន់ជាប់តាមសម្ពន្ធមិនមានអាស្រូវ
ទាំងប្រព្រឹត្តតាមបញ្ជាជាផ្លូវព្រះល្អពេកកូវ
ឥតភ្លេចសោះនោះ
១៩ព្រះអង្គបានតាំងព្រះរាជបល្ល័ង្កនៅទីស្ថានខ្ពស់
គឺបរមសុខឥតបីមានមោះគ្រងរាជ្យទាំងអស់
មិនចន្លោះអ្វី
២០ទេវទូតដ៏ខ្លាំងរបស់ព្រះអង្គពូកែពេកក្រៃ
លោកតែងអនុវត្តតាមបន្ទូលថ្លៃចូរកុំសង្ស័យ
តម្កើងព្រះម្ចាស់
២១អស់់ហ្វូងតារានៅជុំត្រៀបត្រាមូលមីរដេរដាស
អ្នកតែងបម្រើតាមព្រះទ័យព្រះតម្កើងអម្ចាស់
ព្រះខ្ពស់ពេកក្រៃ
២២គ្រប់ស្នាព្រះហស្តទាំងឡាយរបស់ព្រះអម្ចាស់ថ្លៃ
គឺទាំងសត្វលោកទាំងអស់លើដីនៅទីណាក្តី
តម្កើងព្រះអង្គ

ទំនុកតម្កើងលេខ ១០៤ (១០៣) បទពាក្យ ៧

ខ្ញុំសូមតម្កើងព្រះអម្ចាស់ប្រសើរខ្លាំងណាស់អស់ពីចិត្ត
ព្រះអង្គជាព្រះនៃខ្ញុំពិតឧត្តមបំផុតលើលោកា
ទ្រង់យកពន្លឺមកដណ្តប់គ្រងគ្រប់អង្គជាប់ជាភូសា
ទ្រង់លាតអស់ទាំងហ្វូងតារាផ្ទៃមេឃផងណាជាពន្លា
ទ្រង់សង់ដំណាក់ខ្ពស់អនេកខ្ពស់លើសផ្ទៃមេឃអ្វីនានា
ទ្រង់យកពពកវាយោជារាជរថបរពាជំនិះជ័យ
ព្រះអង្គយកខ្យល់ឱ្យនាំសាររន្ទះផងណាចាំរំពៃ
ទាំងផ្លេកបន្ទោរក៏ឃ្មាតឃ្មៃបម្រើម្ចាស់ថ្លៃគ្រប់អន្លើ
រីឯផែនដីមហាធំទ្រង់បានតាំងមាំឥតរង្គើ
នៅលើគ្រឹះរឹងឥតអ្វីស្មើឥតមានរង្គើមាំមួនក្រៃ
ព្រះអង្គយកមហាសាគរមកគ្របពីលើភពផែនដី
ដូចជាអាវប៉ាក់ល្អឥតបីលើភ្នំខ្ពស់ក្រៃមានទឹកដែរ
ពេលឮព្រះអង្គស្រែកគំរាមទឹកមិននៅស្ងៀមត្រឡប់បែរ
ផ្គរព្រះអម្ចាស់លាន់ហូរហែរវាភ័យម៉េ្លះទេរត់បាត់អស់
ទឹកខ្លះនៅលើកំពូលភ្នំទឹកខ្លះទៅផ្តុំធ្លាក់តាមជ្រោះ
ទៅកាន់កន្លែងដែលព្រះម្ចាស់កំណត់មកនោះរួចស្រេចហើយ
ព្រះអង្គដាក់ខណ្ឌសីមាពាំងបាំងការពាររាំងមិនកន្តើយ
ដើម្បីស្កាត់ទឹកទប់មិនឱ្យជន់លិចបានឡើយដីទាំងអស់
១០ទ្រង់បញ្ជូនទឹកពីប្រភពឱ្យហូរសាយសព្វទៅក្នុងជ្រោះ
ហូរតាមជ្រលងភ្នំទាំងអស់មិនមានចន្លោះសព្វទិសា
១១សត្វទាំងប៉ុន្មានមកផឹកទឹកមានច្រើនសន្ធឹកសព្វម្រឹគា
លាព្រៃក៏រូតរះម្នីម្នាផឹកទាំងអស់គ្នាបំបាត់ស្រេក
១២បក្សីបក្សាធ្វើសំបុករស់នៅអែអុកច្រើនពន់ពេក
នាំគ្នាយំពិរោះអនេកនៅគ្រប់តាមមែកដើមព្រឹក្សា
១៣ព្រះអង្គស្រោចស្រពដីទាំងឡាយ​ពីស្ថានខ្ពស់ឆ្ងាយឥតឧបមា
ទ្រង់ប្រទានឱ្យមានគង្គាបរិបូណ៌ហូរហៀរលើផែនដី
១៤ព្រះអង្គធ្វើឱ្យមានដុះស្មៅឱ្យដល់សត្វទៅជាចំណី
ដំណាំស្អេកស្កះច្រើនពេញដីដល់មនុស្សប្រុសស្រីបរិភោក្តា
១៥មានទាំងស្រាទំពាំងបាយជូរគេផឹកបរិបូណ៌ច្រើនក្រៃណា
មានប្រេងលាបមុខស្រស់សង្ហាដោយចិត្តក្លៀវក្លាសប្បាយខ្លាំង
មិនតែប៉ុណ្ណោះមានអាហារឆីរួចកាលណាមានកម្លាំង
សាច់ឈាមស្រស់បស់លែងស្លេកស្លាំងដូចមនុស្សរីងរាំងខ្វះចំណី
១៦សូម្បីដើមឈើដែលទ្រង់ដាំបែកមែកត្រសុំម្លប់ត្រឈៃ
មានទឹកគ្រប់គ្រាន់ផ្សើមជោគដីដូចឈើក្នុងព្រៃភ្នំលីបង់
១៧បក្សាបក្សីធ្វើសំបុកលើដើមឈើញ៉ុកនៅរញង់
សត្វកុកមកធ្វើទ្រនំផងបានសុខឥតហ្មងហើរទៅមក
១៨រីឯភ្នំធំខ្ពស់សន្លឹមខ្ពស់ឆ្ងាយត្រដឹមជាជម្រក
សត្វតែងពឹងពាក់ដើរទៅមកទន្សាយរត់រកចូលនិន្ទ្រា
១៩ទ្រង់បានបង្កើតទាំងព្រះច័ន្ទដើម្បីចែកខ័ណ្ឌពេលវេលា
ព្រះអាទិត្យក៏ស្គាល់សីមាដែលត្រូវយាត្រាឬឈរឈប់
២០ទ្រង់បាននាំយកភាពងងឹតមកគ្របជុំជិតនៅពេលយប់
សត្វព្រៃចាប់ផ្តើមពីព្រលប់ឥតមានសញ្ជប់ចេញរៀងខ្លួន
២១តោសិង្ហគ្រហឹមបង្អើលម្រឹគស្ទុះបោលសន្ធឹកខ្លះគេចពួន
ទាមទារអាហារចម្អែតខ្លួនព្រោះព្រះប្រទានវាឱ្យរស់
២២មនុស្សម្នាក៏ចេញអស់ពីផ្ទះម្នីម្នារូតរះដើរតម្រង់
ទៅចំការស្រែឥតបង្អង់ធ្វើការរញង់ល្ងាចវិលមក
២៣បពិត្រព្រះអើយព្រះអម្ចាស់គ្រប់ស្នាព្រះហស្តច្រើនគរគោក
ផែនដីពេញដោយសិរីជោគសុទ្ធតែកើតមកពីព្រះអង្គ
២៤មើលហ៎្ន!សមុទ្រដ៏ធំធេងឆ្ងាយដាច់សង្វែងក្រៃកន្លង
មានមច្ឆាជាតិតូចធំផងរវើករវ័ណ្ឌរាប់មិនអស់
២៥សំពៅទូកក្តោងដឹកទំនិញដឹកចូលនាំចេញមិនឈប់សោះ
នាគរាជដែលទ្រង់បង្កើតនោះលេងទឹកបឺតព្រួសក្នុងសមុទ្រ
២៦សត្វទាំងប៉ុន្មានផ្ញើជីវិតលើព្រះម្ចាស់ពិតដោយមោះមុត
រង់ចាំទទួលតាមកំណត់ចំណីមិនអត់តាមត្រូវការ
២៧ពេលដែលព្រះអង្គព្រះប្រទានគេកំពុងឃ្លានបានអាហារ
ព្រះអង្គផ្គត់ផ្គង់គ្រប់អាត្មាឆ្អែតគ្រប់កាយាបានតឹងពោះ
២៨ប្រសិនបើទ្រង់មិនរវល់នោះគេនឹងខ្វល់ជួបភ័យគ្រោះ
បើទ្រង់ដកយកខ្យល់ទាំងអស់នោះគេលែងរស់នឹងក្សិណក្ស័យ
២៩ពេលណាព្រះអង្គទ្រង់ប្រទានដង្ហើមឱ្យមានខ្យល់និស្ស័យ
គេកើតឡើងវិញពេញផែនដីសព្វអស់អ្វីៗមានព្រមគ្នា
៣០សូមសិរីរុងរឿងរបស់ព្រះអម្ចាស់អស់កល្បយូរយារ
សូមទ្រង់រីករាយដោយសារស្នាព្រះហស្តអស្ចារ្យរបស់ទ្រង់
៣១ពេលព្រះអង្គទតមកផែនដីវាញាប់ញ័រក្រៃខ្លាចព្រះអង្គ
ពេលទ្រង់ប៉ះពាល់ភ្នំទាំងពួងមានផ្សែងហុយផងខ្មៅងងឹត
៣២ខ្ញុំច្រៀងតម្កើងព្រះអម្ចាស់ឥតមានក្រឡះមួយជីវិត
ខ្ញុំច្រៀងទាំងស្មូត្រមានបែបបទថ្វាយព្រះម្ចាស់ពិតជាដរាប
៣៣ឱ! ព្រះអម្ចាស់សូមឱ្យបទដែលខ្ញុំកំណត់បានគួរគាប់
ឱ្យខ្ញុំសប្បាយចិត្តអរជាប់ដោយសារទម្លាប់ព្រះអម្ចាស់
៣៤សូមឱ្យអ្នកបាបវិនាសបាត់រលាយខ្ចាយខ្ចាត់ផុតស្រឡះ
សូមឱ្យពួកគេអស់ទាំងនោះរលាយបាត់អស់ក្លាយជាដី
រីឯរូបខ្ញុំសូមប្រណម្យហត្ថាបង្គំថ្វាយម្ចាស់ថ្លៃ
សូមលើកតម្កើងជោគសិរីរុងរឿងប្រពៃព្រះអម្ចាស់

ទំនុកតម្កើងលេខ ១០៥ (១០៤) បទកាកគតិ

ចូរយើងតម្កើងលើកព្រះខ្ពស់ឡើងព្រមទាំងប្រកាស
ព្រះនាមព្រះអង្គឱ្យបានឮច្បាស់ពីស្នាព្រះហស្ត
ប្រាប់ជាតិនានា
ចូរច្រៀងបទថ្វាយតម្កើងកុំណាយរៀងរាល់វេលា
រៀបរាប់អំពីសព្វអស់ការងារអស្ចារ្យគ្រប់គ្រា
ដែលទ្រង់ប្រព្រឹត្ត
ចូរខ្ពស់មុខឡើងព្រោះតែព្រះយើងជាព្រះវិសុទ្ធ
អ្នកស្វែងរកទ្រង់ខ្ពង់ខ្ពស់បំផុតចូរសប្បាយចិត្ត
កុំបីសៅហ្មង
ចូរស្វែងរកព្រះដែលមានតេជះបារមីត្រចង់
ស្វែងរកព្រះភ័ក្ត្ររបស់ព្រះអង្គកុំនៅរេរង់
ឈប់ឈរសោះឡើយ
សូមនឹកដល់ការសម្បើមអស្ចារ្យទ្រង់បានធ្វើហើយ
នឹកដល់បាដិហារិយ៍កុំនៅកន្តើយនិងការវិនិច្ឆ័យ
ដែលទ្រង់សម្រេច
ពូជពង្សរបស់ប្រាហាំទាំងអស់នៅបម្រើស្រេច
កូនចៅយ៉ាកុបដ៏ល្អបណ្តាច់ព្រះអង្គសម្រេច
ជ្រើសយកយូរហើយ
ព្រះជាអម្ចាស់ទ្រង់គឺជាព្រះរបស់យើងអើយ
កុំនៅបង្អង់រេរង់តោះតើយគឺព្រះនោះហើយ
គ្រប់គ្រងផែនដី
ព្រះអង្គតែងខ្វល់នឹកគិតទៅដល់សម្ពន្ធមេត្រី
ជាព្រះបន្ទូលសន្យាថ្លាថ្លៃស្ថិតស្ថេរយូរក្រៃ
មួយពាន់តំណ
សម្ពន្ធមេត្រីដែលទ្រង់លកលៃដោយស្ម័គ្រស្មោះសរ
នឹងអប្រាហាំជាបន្ទូលល្អសន្យាស្មោះស​រ
នឹងលោកអ៊ីសាក
១០ទ្រង់បញ្ជាក់ន័យសម្ពន្ធមេត្រីឥតមានលៀមលាក់
ទុកជាចំណងសម្ពន្ធជាជាក់អស់កល្បឥតអាក់
នឹងអ៊ីស្រាអែល
១១ទ្រង់មានបន្ទូលថានឹងប្រគល់ទុកជាតំណែល
គឺស្រុកកាណានជាកេរក្រាស់ក្រែលមរតកនេះដែល
ដល់អ្នកគ្រប់ប្រាណ
១២នៅក្នុងគ្រានោះប្រជាស្រីប្រុសតិចតួចរាប់បាន
ចូលមករស់នៅលើដីកាណានបានសុខក្សេមក្សាន្ត
គ្មានភ័យព្រួយអ្វី
១៣គេអាចចេញចរពីស្រុកមួយតដល់ស្រុកទីទៃ
ចេញពីស្រុកមួយទៅស្រុកផ្សេងក្តីនោះក៏អាស្រ័យ
នៅលើចិត្តចង់
១៤តែមិនអាចធ្វើទៅតាមអំពើដែលចិត្តខ្លួនប៉ង
ទ្រង់មិនបណ្តោយឱ្យមនុស្សទាំងពួងសង្កត់សង្កិន
អ៊ីស្រាអែលថ្លៃ
១៥ព្រះអង្គបន្ទោសស្តេចអស់ទាំងនោះឱ្យចេះប្រណី
កុំប៉ះពាល់អ្នកយើងអភិសេកថ្មីកុំធ្វើបាបអី
ព្យាការីនោះ
១៦ទ្រង់ធ្វើឱ្យមានទុរ្ភិក្សអត់ឃ្លានអ្នកស្រុករងគ្រោះ
កូនចៅគ្រប់កាយគ្មានអ្វីឆីសោះអ្នកភូមិស្រីប្រុស
យំខ្វះអាហារ
១៧តែទ្រង់ចាត់លោកយ៉ូសែបឱ្យមកដើរមុខប្រជា
តែទាស់បងប្អូនមានចិត្តលេលាលក់លោកធ្វើជា
ទាសករជាតិផ្សេង
១៨គេធ្វើបាបគាត់ដាក់ខ្នោះវាយវាត់រំពាត់ខ្វាត់ខ្វែង
គេយកច្រវាក់ទាក់ ក គ្មានក្រែងខ្នោះដាក់ខ្វាត់ខ្វែង
រឹបជើងខ្លួនប្រាណ
១៩រហូតហេតុការណ៍កើតឡើងសព្វសារតាមពាក្យលោកបាន
ថ្លែងទុកជាយូរលុះព្រះម្ចាស់មានបន្ទូលថ្កើងថ្កាន
ថាគាត់ស្លូតត្រង់
២០ស្តេចស្រុកអេស៊ីបឱ្យលែងយ៉ូសែបស្រាយទាំងចំណង
ដោះលែងឱ្យរួចទាំងម្ចាស់រាស្រ្តផងដ៏មានបំណង
ដោះលែងលោកដែរ
២១គ្រាបន្ទាប់មកស្តេចក៏តាំងលោកឱ្យត្រួតមើលថែ
រក្សារាជវាំងនៅនែបនិត្យក្បែររាជទ្រព្យហូរហែ
ទាំងអស់ទៀតផង
២២ស្តេចប្រទានឱ្យត្រួតសព្វគ្រប់ហើយមន្ត្រីទាំងពួង
ឱ្យប្រៀនប្រដៅមិនឱ្យមានឆ្គងព្រឹទ្ធាចារ្យផង
ឱ្យឆ្លាតវាងវៃ
២៣ពេលនោះជនជាតិអ៊ីស្រាអែលជ្រៀតរស់នៅលើដី
របស់អេស៊ីបពូជយ៉ាកុបថ្លៃរស់លើទឹកដី
លោកអប្រាហាំ
២៤ព្រះម្ចាស់ប្រទានប្រជាឱ្យមានកើនឡើងរាល់ឆ្នាំ
ឱ្យមានកម្លាំងក្លាខ្លាំងសម្បើមសត្រូវជ្រួលជ្រើម
តទល់មិនបាន
២៥ព្រះអង្គធ្វើឱ្យពួកអេស៊ីបធ្លោយផ្លាស់ប្តូរចិត្តប្រាណ
ស្អប់ខ្ពើមប្រជារាស្រ្តទាំងប៉ុន្មានបោកប្រាសបំភាន់
អ្នកបម្រើទ្រង់
២៦ព្រះអង្គបង្គាប់ម៉ូសេប្រញាប់មិននៅបង្អង់
អរ៉ុនជាអ្នកដែលទ្រង់ជ្រើសតាំងឱ្យចេញតម្រង់
ទ្រង់បញ្ជាទៅ
២៧លោកទាំងពីរនាក់សម្តែងបញ្ជាក់សំគាល់ត្រឹមត្រូវ
ឫទ្ធិបាដិហារិយ៍ផ្សេងៗទុកនៅព្រះម្ចាស់តម្រូវ
ក្នុងស្រុកអេស៊ីប
២៨ព្រះម្ចាស់ធ្វើឱ្យអន្ធិកាកើតហើយពាសពេញទាំងទ្វីប
បើទ្រង់បញ្ជាដោយមហទ្ធិឫទ្ធិគ្មាននរណាឃាត់
ជំទាស់បានឡើយ
២៩ទ្រង់បានប្រែទឹកត្រីច្រើនសន្ធឹកវិនាសអស់ហើយ
ទឹកក្លាយជាឈាមគ្មានអ្វីរស់ឡើយរលេះរលួយ
ខ្ទេចអស់គ្មានសល់
៣០មានទាំងកង្កែបយំឮអូបអែបពាសពេញមណ្ឌល
ឡើងមកស្អេកស្កះរហូតទៅដល់ក្រឡានិមល
ព្រះបន្ទំស្តេច
៣១ពេលមានបន្ទូលមានរុយមកមូលដូចមានទ្រនិច
មានពិសមានពុលមូសក៏មិនតិចពាសពេញមិនដាច់
ក្នុងស្រុកភូមិគេ
៣២ព្រឹលធ្លាក់ដូចភ្លៀងរន្ទះបាញ់ផាំងឆេះមិនសល់ទេ
ព្រះអង្គធ្វើឱ្យអន្តរាយបែកបែរនោះដោយសារតែ
ឫទ្ធីបារមី
៣៣ទ្រង់បំផ្លាញទាំងចំការទំពាំងបាយជូរខ្ញុកខ្ញី
ព្រមទាំងបំបាក់ដើមឈើស្រស់ខ្ចីនៅលើទឹកដី
ពួកគេខ្ទេចខ្ទី
៣៤ពេលមានបន្ទូលកណ្តូបមកមូលដង្កូវមកមីរ
ចេញមកពាសពេញសាសព្វទិសទីកើតច្រើនវក់វី
ស្មានមិនត្រូវអី
៣៥ទៅស៊ីដំណាំដែលអ្នកស្រុកដាំមិនថាទុំខ្ចី
បំផ្លាញបន្លែលើគោកក្នុងដីមិនឱ្យមានអ្វី
នៅសល់មួយទង
៣៦ព្រះអម្ចាស់វាយសម្លាប់ឱ្យពាយអស់ទាំងកូនច្បង
ប៉ុន្មានក្នុងស្រុកអេស៊ីបអឺងកងកូនសមបំណង
ស្រឡាញ់លើសគេ
៣៧ទ្រង់នាំប្រជារូតរះម្នីម្នាញាប់ឥតទំនេរ
ប្រញាប់ជើងការយកមាសប្រាក់ព្រែកុលសម្ព័ន្ធគេ
គ្មានអ្នកទន់ខ្សោយ
៣៨ពួកនោះចេញទៅអេស៊ីបរស់នៅនាំគ្នាសប្បាយ
ព្រោះតែគេខ្លាចពួកនោះពេកក្រៃពេលនេះលែងភ័យ
ខ្លាចអ្វីទៀតទេ
៣៩ព្រះអង្គបានដាក់ពពកបាំងពាក់គ្របលើពួកគេ
ហើយទ្រង់ប្រទានដុំភ្លើងងាករេជំនួសដួងខែ
នៅពេលរាត្រី
៤០គេសុំអាហារព្រះអង្គបញ្ជាសត្វក្រួចច្រើនក្រៃ
គឺទ្រង់ប្រទានពីសួគ៌ាល័យលែងព្រួយលែងភ័យ
បាឆីបរិបូណ៌
៤១ព្រះអង្គបំបែកថ្មដូចគេហែកឱ្យមានទឹកហូរ
ដូចជាទន្លេទឹកមិនដាច់សូររាស្រ្តបានសម្បូរ
ទឹកមិនចេះអត់
៤២ព្រះអម្ចាស់នឹកចាំទាំងរឭកបន្ទូលវិសុទ្ធ
សន្យានឹងលោកអប្រាហាំពិតបម្រើពិសិដ្ឋ
ព្រះអង្គពេកពន់
៤៣ព្រះអង្គបានប្រោសប្រណីសន្តោសឱ្យប្រជាជន
ព្រះអង្គចេញទាំងអំណរលើសលន់កញ្ជ្រៀវពេកពន់
សប្បាយគ្មានល្ហែ
៤៤ព្រះអង្គយកដីជាតិនានាលៃចែកឱ្យគេដែរ
និងឱ្យទទួលភោគផលផ្កាផ្លែដែលជាតិខាងក្បែរ
ទាំងនោះបានដាំ
៤៥ទ្រង់ធ្វើដូច្នេះឱ្យពួកគេចេះប្រតិបត្តិតាម
ពាក្យប្រៀនប្រដៅដែលទ្រង់បានផ្តាំសុខចិត្តធ្វើតាម
ឥតមានរួញរា

ទំនុកតម្កើងលេខ ១០៦ (១០៥) បទពាក្យ ៧

ចូរលើកតម្កើងព្រះអម្ចាស់ព្រះអង្គមានព្រះទ័យសន្តោស
មេត្តាករុណាសប្បុរសព្រះដ៏ខ្ពង់ខ្ពស់នៅរហូត
តើនរណាអាចរាប់ពីស្នាព្រះហស្តអស្ចារ្យដ៏វិសុទ្ធ
តើនរណាអាចថ្កើងបំផុតសរសើររហូតគ្រប់គ្រាន់បាន ?
អ្នកណាប្រព្រឹត្តដោយយុត្តិធម៌សុចរិតស្មោះសរឥតខកខាន
គ្រប់ពេលវេលានោះនឹងបានជួយក្តីសុខសាន្តគ្មានសៅហ្មង
បពិត្រព្រះជាអម្ចាស់ថ្លៃពេលគាប់ព្រះទ័យរាស្រ្តព្រះអង្គ
សូមនឹកដល់ទូលបង្គំផងកុំបីបោះបង់ខ្ញុំកំព្រា
ដើម្បីឱ្យទូលបង្គំបានជួបក្តីសុខសាន្តគ្រប់វេលា
អ្នកដែលទ្រង់ជ្រើសទុកជាគ្នាខ្ញុំសូមរួមជាមួយគេផង
ឱ្យទូលបង្គំបានខ្ពស់មុខរួមរស់សុខទុក្ខឥតមួរហ្មង
នឹងប្រជារាស្រ្តផ្ទាល់ព្រះអង្គក្នុងគ្រានេះម្តងនិងតទៅ
យើងខ្ញុំបានធ្វើអំពើបាបអាក្រក់ឆ្អេះឆ្អាបច្រើនពេកកូវ
ដូចបុព្វបុរសកន្លងទៅធ្វើរឿងអាស្រូវមិនទំនង
កាលនៅអេស៊ីបបុព្វបុរសបំភ្លេចទាំងអស់គ្រាកន្លង
ពុំយល់ពីការអស្ចារ្យផងរបស់ព្រះអង្គធ្វើនោះទេ
ប៉ុន្តែព្រះអង្គបានសង្គ្រោះពួកគេឱ្យរស់បានល្ហើយល្ហែ
ដោយយល់ព្រះនាមទ្រង់ឥតប្រែទើបបង្ហាញគេស្គាល់អានុភាព
ព្រះអង្គគំរាមសមុទ្រកក់នោះវាភ័យតក់ស្លុតរីងជ្រាប
ទ្រង់ឱ្យគេដើរកាត់បាតរាបដូចទីទំនាបរហោស្ថាន
១០ព្រះអង្គសង្គ្រោះគេឱ្យផុតពីមនុស្សទុច្ចរិតចិត្តតិរច្ឆាន
និងកណ្តាប់ដៃជនសាមាន្យអស់ក្តីរំខានបានល្ហើយល្ហែរ
១១ទ្រង់ឱ្យសមុទ្រគ្របបាំងជិតលើបច្ចាមិត្រមិនបង្អែរ
បង្អង់ឱ្យនៅសល់ម្នាក់ទេមួយក៏គ្មានដែរដែលនៅរស់
១២ពេលបុព្វបុរសឃើញដូច្នោះគេជឿលើព្រះជាអម្ចាស់
ទើបគេនាំគ្នាច្រៀងទាំងអស់តម្កើងព្រះខ្ពស់លើលោកា
១៣ក្រោយមកពួកគេឆាប់ភ្លេចភ្លឹកកិច្ចការសន្ធឹកច្រើនអស្ចារ្យ
គេពុំរង់ចាំពេលមួយណាសម្រេចកិច្ចការព្រះអង្គឡើយ
១៤នៅរហោស្ថានគេមានចិត្តលោភលន់មិនគិតធ្វើឫកជើយ
ល្បងលព្រះម្ចាស់លេងព្រងើយទីនោះឯងហើយដីហួតហែង
១៥ព្រះអង្គប្រទានឱ្យគេឆីអាហារប្រពៃច្រើនក្រៃលែង
ពួកគេបានឆ្អែតពោះសំញែងគេធ្វើឫកខែងដូចជិនណាយ
១៦នៅក្នុងជំរំគេនាំគ្នាច្រណែននិន្ទាខ្លាំងពេកក្រៃ
ម៉ូសេអារ៉ុនទាំងពីរកាយបម្រើប្រពៃនៃព្រះម្ចាស់
១៧ពេលនោះផែនដីញ័ររញ្ជួយបែកប្រេះរលួយខ្ទេចខ្ទាំអស់
ស្រូបយកដាថានមិនឱ្យរស់បក្សពួករបស់អប៊ីរ៉ាមផង
១៨មានភ្លើងសន្ធៅមកឆាបឆេះពួកគេទាំងអស់ខ្ទេចសូន្យសុង
អណ្តាតភ្លើងឆេះមនុស្សយង់ឃ្នងទាំងអស់តែម្តងគ្មានសល់មួយ
១៩លើភ្នំហូរ៉ែបគេជួបជុំយកមាសទាំងដុំនាំគ្នាជួយ
ឆ្លាក់ដាប់ដុតដំបានគោមួយគេលែងភ័យព្រួយទុកជាព្រះ
២០ពួកគេបែរជាយករូបសត្វមកទុកថ្វាយថ្វាត់ក្រាបសំពះ
ជាសត្វស៊ីស្មៅដើរពេញពាសទុកដូចជាព្រះគួរគោរព
២១ពួកគេភ្លេចថាព្រះតែមួយជាព្រះដែលជួយទាំងថ្ងៃយប់
ដោយស្នាព្រះហស្តខ្ពស់លើសលប់ពាសពេញសាយសព្វស្រុកអេស៊ីប
២២ការអស្ចារ្យទៀតដែលមាននៅក្នុងស្រុកកូនចៅប្រាហាំស្រាប់
និងស្នាព្រះហស្តដ៏ចំណាប់គួរឱ្យស្ញែងស្ញប់ឯសមុទ្រ
២៣ព្រះអង្គសម្រេចព្រះហឫទ័យកម្ទេចប្រល័យគេឱ្យផុត
តែលោកម៉ូសេដ៏វិសុទ្ធចេញមកក្រាបលុតអង្វរសុំ
គាត់ឃាត់ព្រះអង្គមិនឱ្យលប់តាមព្រះពិរោធដោយគំនុំ
មិនឱ្យព្រះអង្គគិតគួនគុំពួកគេនឹងយំដោយទ្រង់ខ្ញាល់
២៤គេពុំព្រមចុះចូលទៅក្នុងទឹកដីបំព្រងជារៀងរាល់
សម្បូណ៌សប្បាយដោយភោគផលពុំទទួលស្គាល់បន្ទូលទេ
២៥គេពោលរអ៊ូក្នុងជំរំលាន់ឮរងំគ្មានពេលល្ហែ
មិនព្រមស្តាប់ព្រះសូរសៀងទេគេមិនប្រួលប្រែជឿព្រះអង្គ
២៦ដូច្នេះព្រះម្ចាស់ខ្ញាល់ខ្លាំងណាស់ទ្រង់ក៏ប្រកាសមិនរេរង់
នឹងបំផ្លាញគេឱ្យខ្ទេចផង់ឱ្យវិនាសក្នុងរហោស្ថាន
២៧ទ្រង់នឹងកម្ចាត់ឱ្យរលាយវិនាសអន្តារាយគ្រប់ៗប្រាណ
ដោយឱ្យគេស្លាប់ចៀសមិនបានលើទឹកដីស្ថានសាសន៍ដទៃ
២៨នៅឯពេអ៊រគេនាំគ្នាឱនកាយវន្ទាទាំងលើកដៃ
គោរពព្រះបាលរាល់ខែថ្ងៃជាព្រះអប្រីយ៍គ្មានវិញ្ញាណ
២៩ពួកគេប្រព្រឹត្តអំពើទាស់នឹងព្រះអម្ចាស់មិនខកខាន
ទ្រង់ព្រះពិរោធពន់ប្រមាណនាំឱ្យកើតមានគ្រោះកង្វល់
៣០លោកភេនេអាសក្រោកដាក់ទោសគេតាមកំហុសឥតមានសល់
គ្រោះកាចស្ងប់ស្ងៀមលែងអំពល់ពួកគេបានស្គាល់តែសុខសាន្ត
៣១ព្រោះតែកើតហេតុការណ៍ទាំងនេះព្រះអម្ចាស់ប្រោសលោកឱ្យបាន
ជាមនុស្សសុចរិតឥតសាមាន្យអស់កល្បសុខសាន្ដអង្វែងទៅ
៣២នៅប្រភពទឹកមេរីបាគេគ្រប់កាយាធ្វើអាស្រូវ
នាំឱ្យព្រះម្ចាស់ខ្ញាល់ពេកកូវលោកម៉ូសេត្រូវទទួលទោស
៣៣គេធ្វើឱ្យរូបលោកឆ្អែតចិត្តថប់ក្នុងគំនិតមិនដឹងខុស
ជាហេតុឱ្យលោកវិលវល់អស់ហើយមានប្រសាសន៍ដោយមិនគិត
៣៤ពួគេពុំបានវាយប្រហារប្រជានានាប្រែទៅស្និទ្ធ
រួមរស់នឹងគេដោយមិនគិតហើយបានក្បត់ផិតនឹងបញ្ជា
៣៥ពួកគេបែរទៅជាប់ព័ន្ធពាក់ជាមួយពួកអ្នកសាសន៍នានា
ហើយគេបានរៀនតៗគ្នាប្រព្រឹត្តពាលាតាមសាសន៍ផ្សេង
៣៦គេថ្វាយបង្គំព្រះក្លែងក្លាយរៀងរាល់តែថ្ងៃគ្មានកោតក្រែង
ថ្ងៃក្រោយគេនឹងសោកសង្រេងដោយសារខ្លួនឯងនាំវិនាស
៣៧គេយកបុត្រភ្ងារទាំងស្រីប្រុសធ្វើយញ្ញទាំងខុសគ្មានអៀនខ្មាស
ទៅថ្វាយអារក្សដោយផ្តេសផ្តាសថ្វាយទៅដល់ព្រះមិនដឹងអី
៣៨គេបានប្រហារជិវិតកូនប្រុសស្រស់ស្រីស្ងួនទាំងក្មេងខ្ចី
ដែលគ្មានកំហុសមិនដឹងអីធ្វើឱ្យទឹកដីលែងវិសុទ្ធ
៣៩អំពើដែលពួកគេប្រព្រឹត្តធ្វើឱ្យដក់ដិតរៀងរហូត
គេបានក្បត់ព្រះតែមួយគត់ព្រោះគេមានពុតមិនព្រមកែ
៤០ពេលនោះព្រះអម្ចាស់មិនទ្រាំនឹងប្រជាជនទ្រង់ទៀតទេ
ទ្រង់ព្រះពិរោធនឹងពួកគេដែលជាប្រជាផ្ទាល់ព្រះអង្គ
៤១ព្រះអង្គបញ្ជូនគេឱ្យធ្លាក់ទៅក្នុងអន្ទាក់ជាតិផ្សេងម្តង
ឱ្យពួកបច្ចាមិត្រគ្រប់គ្រងលើពួកនោះផងឱ្យដឹងដៃ
៤២ខ្មាំងសត្រូវជិះជាន់សង្កត់ពួកគេតាមចិត្តមិនប្រណី
បង្ក្រាបពួកគេទាំងយប់ថ្ងៃចុះចូលក្នុងដៃគេទៀតផង
៤៣ទ្រង់សង្គ្រោះគេច្រើនលើកគ្រាគេនៅនាំគ្នាចង់ប៉ុនប៉ង
បះបោរប្រឆាំងនឹងព្រះអង្គបាបច្រើនកន្លងមិនព្រមឈប់
៤៤ពេលព្រះអង្គឮពួកគេស្រែកថ្ងូរថ្ងួចអនេកទាំងថ្ងៃយប់
ព្រះអង្គក៏មានព្រះទ័យស្ងប់លែងខឹងលែងស្អប់ថែមអាណិត
៤៥ព្រះអង្គសន្តោសប្រោសប្រណីនឹកដល់មេត្រីចងជុំជិត
ព្រះទ័យទ្រង់ដូរមកអាណិតមេត្តាធម៌ស្ថិតនៅលើសលប់
៤៦ទ្រង់បានធ្វើឱ្យខ្មាំដែលកៀរពួកគេទៅជាឈ្លើយសំអប់
មានចិត្តអាណិតពួគេគ្រប់លែងខឹងលែងស្អប់លែងធ្វើបាប
៤៧ឱព្រះអម្ចាស់យើងខ្ញុំអើយក្នុងពេលនេះហើយសូមប្រញាប់
យាងមកសង្គ្រោះយើងផុតស្លាប់ឱ្យបានឆាប់ៗកុំបង្អង់
ដើម្បីឱ្យខ្ញុំថ្វាយបង្គំព្រះនាមឧត្តមសែនខ្ពស់ខ្ពង់
វិសុទ្ធវិសាលល្អត្រចង់បានខ្ពស់មុខផងដោយថ្កើងទ្រង់
៤៨សូមលើកតម្កើងព្រះអម្ចាស់ប្រសើរពេកណាស់មានយូរលង់
ជាព្រះអ៊ីស្រាអែលតពូជពង្សដរាប់ទៅផងរៀងទៅអើយ

ទំនុកតម្កើងលេខ ១០៧ (១០៦) បទព្រហ្មគីតិ

ចូរលើកតម្កើងព្រះជាអម្ចាស់មានព្រះទ័យ
ដ្បិតទ្រង់សប្បុរសក្រៃត្រាប្រណីរៀងរហូត
អ្នកដែលព្រះជាអម្ចាស់បានរំដោះឱ្យរបូត
ពោលពាក្យនេះរហូតកុំភរភូតត្រូវស្ម័គ្រស្មោះ
ព្រះអង្គប្រមូលជុំមកពីភូមិគ្មានចន្លោះ
នាំយកមកទាំងអស់ពីកើតកោះលិចជើងត្បូង
អ្នកខ្លះត្រូវវង្វេងវាលបែកផ្សែងដីប្រេះខូង
រកស្រុកភូមិទាំងពួងស្នាក់នៅផងអ្វីក៏គ្មាន
គេស្ទើតែដាច់ពោះសឹងមិនរស់ព្រោះតែឃ្លាន
រកទឹកក៏មិនបានបាត់បងប្រាណទាំងទឹកចិត្ត
ក្នុងពេលមានអាសន្នគេស្រែកបន់គួរអាណិត
សូមព្រះជួយជីវិតទ្រង់អាណិតក៏រំដោះ
ព្រះអង្គបានដឹកនាំគេដាក់ចំក្រុងល្អស្រស់
ដែលគេបានសង្គ្រោះ​អាស្រ័យរស់ដោយសុខសាន្ត
គេត្រូវលើកតម្កើងព្រះខ្ពស់ឡើងហួសទីស្ថាន
ករុណាដែលទ្រង់មានប្រោសប្រទានគ្មានជិនណាយ
ដ្បិតទ្រង់ប្រទានទឹកឱ្យអ្នកផឹកលែងខ្វល់ខ្វាយ
ប្រទានម្ហូបនិងបាយអ្នកទាំងឡាយឆីតាមចង់
១០អ្នកខ្លះទៀតរស់នៅទីជម្រៅងងឹតស្លុង
ជាអ្នកជាប់នៅក្នុងច្រវាក់ឃាំងយ៉ាងវេទនា
១១ដ្បិតគេបានតតាំងបះប្រឆាំងព្រះដែលជា
ម្ចាស់ដែលតែងការពារមិននឹកនាពាក្យប្រដៅ
១២ព្រះអង្គលុតដំគេឱ្យជួបតែទុក្ខសោកសៅ
វេទនាគ្មានអ្នកហៅ​​​​​​ពួកគេត្រូវធ្លាក់ទឹកចិត្ត
១៣ក្នុងពេលមានអាសន្នគេស្រែកបន់គួរអាណិត
សូមព្រះជួយជីវិតទ្រង់អាណិតក៏រំដោះ
១៤ព្រះអង្គនាំគេគេចពីអំណាចស្លាប់ឱ្យរស់
ទ្រង់ផ្តាច់ចេញទាំងអស់ច្រវាក់ខ្នោះផុតពីដៃ
១៥គេត្រូវលើកតម្កើងព្រះម្ចាស់ឡើងឱ្យប្រពៃ
ដែលសម្តែងព្រះទ័យប្រោសប្រណីចំពោះមនុស្ស
១៦ដ្បិតព្រះអង្គបំបាក់សោរច្រវាក់ដែកទាំងអស់
ឯទ្វារលង្ហិននោះទ្រង់បោកបោះបំបែកបាន
១៧ខ្លះទៅជាល្ងីល្ងើព្រោះអំពើបាបរំខាន
កំហុសទាំងប៉ុន្មានធើ្វឱ្យប្រាណគេខ្លោចផ្សា
១៨គេព្រួយបារម្ភខ្លាំងលែងចង់ទាំងលេបអាហារ
ព្រួយខ្លាចសូន្យសង្ខារក្តីមរណាកាន់តែជិត
១៩ក្នុងពេលមានអាសន្នគេស្រែកបន់គួរអាណិត
សូមព្រះជួយជីវិតទ្រង់អាណិតក៏រំដោះ
២០ព្រះអង្គមានបន្ទូលឱ្យប្រមូលពួកទាំងនោះ
ឱ្យគេបានជាអស់និងរំដោះបានប្រពៃ
២១ពួកគេត្រូវតម្កើងព្រះខ្ពស់ឡើងផុតផែនដី
និងស្នាព្រះហស្តថ្លៃទ្រង់ប្រណីមកមនុស្សា
២២គេត្រូវតែដាក់ថ្វាយយញ្ញទាំងឡាយជាសក្ការ
អរគុណសព្វប្រការថ្លែងពីស្នាព្រះហស្តផង
២៣អ្នកដែលដើររកស៊ីគ្រប់ទិសទីកុំមានហ្មង
តាមផ្លូវសមុទ្រផងគ្រានេះម្តងយល់ហេតុការណ៍
២៤បានឃើញស្នាព្រះហស្តព្រះអម្ចាស់ដ៏ថ្លៃថ្លា
សព្វកិច្ចដ៏អស្ចារ្យគ្រប់ប្រការនៅសមុទ្រ
២៥ពេលព្រះជាអម្ចាស់បន្ទូលច្បាស់លាស់បំផុត
ខ្យល់បោកបក់គួរស្លុតទឹកសមុទ្ររលកខ្លាំង
២៦ធ្វើឱ្យតួនាវាសែនគ្រាំគ្រាបោកគ្រាំគ្រាំង
ជួនលិចជួនងើបឡើងជួនផាត់ប៉ើងស្ទើរមរណា
២៧ពួកគេវិលវល់់ខ្លាំងដូចស្រវឹងគ្រប់អាត្មា
ថែមទាំងលែងដឹងថាធ្វើយ៉ាងណារួចជីវិត
២៨ក្នុងពេលមានអាសន្នគេស្រែកបន់គួរអាណិត
សូមព្រះជួយជីវិតទ្រង់អាណិតក៏រំដោះ
២៩ព្រះអង្គបានបង្ក្រាបសមុទ្ររាបព្យុះស្ងាត់អស់
រលកក៏ថយចុះឈប់ទាំងអស់នៅស្ងាត់ស្ងៀម
៣០គេត្រេកអរខ្លាំងណាស់ដោយដឹងច្បាស់ព្រះគំរាម
រលកសមុទ្រស្ងៀមទ្រង់ដឹងនាំឱ្យផុតភ័យ
៣១ពួកគេលើកតម្កើងព្រះម្ចាស់ឡើងដោយប្រពៃ
ដែលសម្តែងព្រះទ័យប្រោសប្រណីគ្រប់មនុស្សម្នា
៣២គេថ្កើងនាមព្រះអង្គក្នុងប្រជុំជននានា
ក្នុងក្រុមចាស់ព្រឹទ្ធាឱ្យគ្រប់គ្នាបានយល់ដឹង
៣៣ព្រះអង្គឱ្យទន្លេហូររាល់ខែវស្សាប្រាំង
ទៅជាវាលស្ងាត់ឈឹងទឹកក៏រាំងរឹងហួតហែង
៣៤ទ្រង់ធ្វើឱ្យទឹកដីទៅជាប្រៃគ្រប់កន្លែង
ដីស្ងួតប្រេះក្រហែងព្រោះខ្លាចក្រែងគេមិនត្រង់
៣៥ព្រះអង្គអាចធ្វើឱ្យទីវាលក្លាយប្រែជាបឹង
ដីហួតស្ងួតប្រេះរឹងវាលស្ងាត់ឈឹងប្រែមានទឹក
៣៦ទ្រង់នាំអ្នកស្រេកឃ្លានទៅរស់រានច្រើនសន្ធឹក
ទៅរស់នៅជិតទឹកក្រុងសន្ធឹកនៅទៀតផង
៣៧ពួកគេបានសាបព្រោះដំណាំដុះស្រស់ហ្មត់ហ្មង
ទំពាំងបាយជូរផងល្អបំព្រងបេះយកផល
៣៨ព្រះអង្គប្រទានពរជ័យបវរសុខមង្គល
កកើតឱ្យបានដល់ទាំងហ្វូងសត្វក៏មិនអន់
៣៩ពេលពួកគេថយចុះបាត់កិត្តិយសគ្រោះអាសន្ន
ពួកសត្រូវជិះជាន់ឥតស្រាកស្រាន្តរងទុក្ខសោក
៤០ព្រះអង្គធ្វើឱ្យអ្នកមានបុណ្យសក្តិចុះទាបថោក
វង្វេងមិនអាចរកផ្លូវទៅមកឃើញសោះឡើយ
៤១តែទ្រង់តែងសង្គ្រោះអ្នកគ្មានយសក្រខ្សត់ខ្សោយ
អ្នកទាបបានធូរស្បើយបានកូនសាយច្រើនពន់ពេក
៤២ពេលពួកអ្នកសុចរិតឃើញរឿងពិតអរអនេក
អ្នកទុច្ចរិតលែងស្រែកគួរសង្វេគនៅស្ងៀមស្ងាត់
៤៣អស់អ្នកមានប្រាជ្ញាត្រូវកត់ត្រាកុំឱ្យបាត់
ទុកជាទីកំណត់យល់ឱ្យហ្មត់ស្នាព្រះហស្ត
៤៤មានច្រើនមហិមាអស្ចារ្យជារាប់មិនអស់
ព្រះហឫទ័យសន្តោសប្រណីប្រោសនៃព្រះម្ចាស់

ទំនុកតម្កើងលេខ ១០៨ (១០៧) បទពាក្យ ៧

ឱព្រះជាអម្ចាស់ខ្ញុំអើយខ្ញុំមិនកន្តើយត្រៀមកាយចិត្ត
ទូលបង្គំនឹងច្រៀងស្មូតបទអស់ពីដួងចិត្តរាល់វេលា
ឱពិណនិងឃឹមទាំងឡាយអើយចូរកុំកន្តើយចាកនិន្ទ្រា
ខ្ញុំនឹងទៅដាស់ព្រះសុរិយាឱ្យចរយាត្រាបំភ្លឺលោក
បពិត្រព្រះអម្ចាស់ថ្លាថ្លៃខ្ញុំតម្កើងថ្វាយទាំងលើកយក
នៅក្នុងជនជាតិច្រើនគរគោកខ្ញុំសូមស្មូត្រមកថ្វាយព្រះអង្គ
ដ្បិតព្រះហឫទ័យធ្លាប់មេត្តាអាសូរករុណាដ៏ត្រចង់
ព្រះទ័យស្ម័គ្រស្មោះឥតមានហ្មងទោះវេហាស៍ផងខ្ពស់មិនស្មើ
ឱព្រះម្ចាស់សូមបង្ហាញឡើងភាពស្រស់ថ្កានថ្កើងនៅស្ថានលើ
សិរីរុងរឿងចាំងផ្លេកភ្លឺល្បាញល្បីរន្ទឺទាំងផែនដី
សូមយាងសង្គ្រោះដោយឫទ្ធាអំណាចចេស្តានិងបារមី
ឆ្លើយតបមកខ្ញុំដោយឃ្មាតខ្មីឱ្យជនប្រុសស្រីរួចជីវិត
ព្រះម្ចាស់ទ្រង់មានបន្ទូលពីសក្ការៈទីដ៏វិសុទ្ធ
ថាយើងនឹងយកជ័យបំផុតរួចនឹងពិនិត្យបែងចែកស្រុក
យើងនឹងវាស់កាត់ចែកស៊ីគែមជ្រលងបន្ថែមភ្នំស៊ូកូត
ចែកឱ្យប្រជារាស្រ្តត្រង់ស្លូតទុកឱ្យរហូតជាមរតក
ទឹកដីកាឡាតយើងយកជាទ្រព្យគាប់ទ័យាមិនតំអក់
ទាំងម៉ាណាសេក៏យើងយកជាទីជម្រករាស្រ្តយើងផង
អេប្រាអ៊ីមអើយអ្នកដូចជាមួកដែកការពារពេលចម្បាំង
យូដាក៏ដូចជាដំបងរាជ្យល្អហ្មត់ហ្មងឫទ្ធិថ្កុំថ្កើង
១០ជើងយើងលាងលើដីម៉ូអាប់អេដំសម្រាប់់បោះស្បែកជើង
បញ្ជាក់ថាម្ចាស់ដីគឺយើងប្រកាសប្រឆាំងភីលីស្ទីន
១១នរណានាំខ្ញុំឱ្យចូលដល់ទីក្រុងមង្គលរឹងមាំមួន
តើនរណានាំខ្ញុំដល់ស្ថានភូមិអេដំបានគ្មានភ័យព្រួយ
១២បពិត្រព្រះជាម្ចាស់ខ្ញុំអើយព្រះអង្គនេះហើយអាចលើកស្ទួយ
ទ្រង់បានបោះបង់ហើយបណ្តោយឈប់យាងមកជួយក្នុងកងទ័ព
១៣សូមជួយយើងខ្ញុំប្រឆាំងតពេលនេះវឹកវរបាក់មុខអាប់
ការជួយពីមនុស្សពិតមិនគាប់មានច្រើនតាន់តាប់គ្មានផលអ្វី
១៤បើព្រះជាម្ចាស់គង់នឹងយើងនេះនឹងថ្កុំថ្កើងបានជោគជ័យ
ព្រះអង្គបង្ក្រាបពួកអប្រីយ៍វិនាសអន្តរាយជារៀងរាប

ទំនុកតម្កើងលេខ ១០៩ (១០៨) បទកាកគតិ

ឱព្រះអម្ចាស់ខ្ញុំសូមប្រកាសសរសើរតម្កើង
សូមកុំបង្អង់កុំធ្វើឆ្មៃឆ្មើងយាងមកឆាប់ឡើង
កុំនៅស្ងៀមឡើយ
ដ្បិតជនអាក្រក់ភូតភរកុហកប្រឆាំងមិនស្បើយ
គេមួលបង្កាច់គ្មានពេលល្ហែល្ហើយគេមិនស្ងៀមឡើយ
បង្ខូចឈ្មោះខ្ញុំ
គេពោលសំអប់រូបខ្ញុំគ្រប់សព្វដោយមិនសក្តិសម
គេវាយប្រហារមកលើរូបខ្ញុំដូចមានគំនុំ
មិនដឹងហេតុការណ៍
ខ្ញុំស្រឡាញ់គេតែគេងាករេបែកបែរសាវា
គេចោទប្រកាន់ខ្ញុំខុសតម្រាទោះជាម្តេចម្តា
ខ្ញុំមិនទោម្នេញ
គេធ្វើអាក្រក់អំពើលាមកតបស្នងមកវិញ
គេស្អប់រូបខ្ញុំតបក្តីស្រឡាញ់ស្មោះឥតទោម្នេញ
តទៅឥតរា
សូមមេត្តាដាក់ជនកំណាចម្នាក់មកកាន់ការងារ
ពីលើអ្នកនោះឈរខាងស្តាំវាគេនឹងត្រួតត្រា
ចោទប្រកាន់ទោស
ឱ្យគេទទួលទោសកុំប្រែប្រួលនៅពេលជំរះ
ក្តីក្នុងជំនុំដឹងចាញ់ដឹងឈ្នះពាក្យគេបន់ព្រះ
ឱ្យក្លាយជាបាប
សូមកុំឱ្យគេរស់បានយូរខែតទៅដរាប
សូមឱ្យមានម្នាក់មកនៅកាន់កាប់តំណែងគួរគាប់
ជំនួសកុំខាន
ឱ្យកូនឱ្យចៅអស់ទាំងពង្សផៅទាំងញាតិសន្តាន
ទៅជាកំព្រាគ្មានគេរាប់អានប្រពន្ធគេបាន
ក្លាយជាមេម៉ាយ
១០ឱ្យទាំងចៅកូនជីតាជីដូនបាក់បែកខ្ចាត់ខ្ចាយ
ឱ្យអនាថាដើររើសកកាយសុំដល់ស្រុកឆ្ងាយ
ពីលំនៅស្ថាន
១១សូមម្ចាស់បំណុលរឹបអូសកុំសល់អ្វីទាំងប៉ុន្មាន
ឱ្យជនបរទេសឆក់ប្លន់កុំខានអ្វីគេរកបាន
យកអស់កុំទុក
១២សូមកុំឱ្យមានអ្នកណាប្រទានឱ្យគេបានសុខ
កុំគិតអាសូរឱ្យស្គាល់តែទុក្ខរស់មិនស្រណុក
ជាកូនឯកា
១៣សូមដកជីវិតពូជគេកុំគិតប្រណីករុណា
លុបបំបាត់ចោលត្រកូលឫស្យាកុំនៅមេត្តា
ដល់ជំនាន់ក្រោយ
១៤សូមព្រះម្ចាស់ចាំកត់ត្រាចំណាំដូនតាទុកឱ្យ
កំហុសប៉ុន្មានគេបានធ្វើហើយរួមផងទាំងម្តាយ
អ្នកផ្សំគំនិត
១៥សូមព្រះចងចាំអំពើបាបកម្មពួកជនឧក្រិដ្ឋ
ពេលគេស្លាប់ទៅកុំឱ្យមានមិត្តឬមានអ្នកគិត
ដល់គេធ្វើអី
១៦ជននេះពុំបានសម្តែងសន្តានចិត្តចេះប្រណី
គេបៀតគេបៀនអ្នកខ្សត់ក្រក្រីព្រមទាំងប្រល័យ
អ្នកសោកសង្រេង
១៧គេចូលចិត្តឈ្លោះមិនអនុគ្រោះគ្មានគិតខ្លាចក្រែង
រករឿងឥតឈប់មិនថាចាស់ក្មេងពួកគេវង្វេង
នឹងបណ្តាសា
គេមិនចូលចិត្តពាក្យពរប្រសិទ្ធិរុងរឿងថ្លៃថ្លា
ហេតុនេះកុំឱ្យមានមនុស្សណាជូនពរធុកា
ដល់ពួកវាឡើយ
១៨សូមឱ្យគេយកសូមឱ្យគេយកគ្របកុំកន្តើយ
ដូចអាវដែលពាក់នៅលើខ្លួនហើយកុំបណ្តោយឡើយ
ខកខានសោះសូន្យ
សូមបណ្តាសាចូលក្នុងកាយាដូចទឹកក្នុងខ្លួន
ជ្រាបចូលក្នុងសាច់រឹងប៉ឹងមាំមួនដូចខ្លាញ់ចូលខ្លួន
ជារៀងដរាប
១៩ឱ្យបណ្តាសាបានក្លាយទៅជាខោអាវបាំងគ្រប
បិទជិតជុំកាយព័ទ្ធពេនជិតជាប់ដូចខ្សែក្រវាត់
រុំសព្វកាយា
២០អស់អ្នកដែលចោទ​ប្រកាន់ខ្ញុំសោតនិងអ្នកមុសា
និយាយអាក្រក់ប្រឆាំងឫស្យាសូមគ្រប់អាត្មា
ទទួលទោសចុះ
២១ឱព្រះម្ចាស់អើយកុំនៅព្រងើយសូមមេត្តាប្រោស
យល់ដល់ព្រះនាមអម្ចាស់លើកទោសហឫទ័យសន្តោស
ធម៌ករុណា
២២ខ្ញុំជនកម្សត់ក្រីក្រទុរគតដួងចិត្តឯកា
សូមមេត្តាជួយឱ្យជាផងណាស្រាកស្រាន្តកាយា
ផុតទុក្ខសោកសៅ
២៣ជីវិតរសាត់ដោយវាយោផាត់ដូចស្រមោលខ្មៅ
គេកម្ចាត់ខ្ញុំឱ្យខ្ចាត់បាត់ទៅដូចសត្វល្អិតត្រូវ
វិនាសអន្តរាយ
២៤ខ្ញុំហេវល្ហិតល្ហៃទន់អស់ជើងដៃខ្សោះអស់ទាំងកាយ
ព្រោះតមអាហារយូរថ្ងៃមកហើយគ្មានសល់សាច់ឡើយ
ស្បែកដណ្តប់ឆ្អឹង
២៥មនុស្សម្នាឃើញខ្ញុំពេបជ្រាយសើចយំខ្ញុំស្គមកំព្រឹង
អ្នកខ្លះងក់ក្បាលសម្លក់សម្លឹងមើលខ្ញុំដូចខឹង
ធ្វើមុខក្រញូវ
២៦ឱព្រះអម្ចាស់ព្រះអង្គជាព្រះនៃខ្ញុំឥឡូវ
សូមជួយរូបខ្ញុំឱ្យផុតហ្មងសៅកុំបង្អង់នៅ
សូមទ្រង់សន្តោស
២៧សូមឱ្យពួកវាទទួលស្គាល់ថាព្រះបានសង្គ្រោះ
រូបទូលបង្គំចាកផុតទុក្ខទោសដោយបារមីនោះ
វិសេសអស្ចារ្យ
២៨គេជេរប្រទេចផ្តាសាពាក្យពេចន៍រូបខ្ញុំឯកា
ព្រះអង្គប្រទានពរជ័យថ្លៃថ្លាខ្ញុំមិនមរណា
បានសុខថ្កើងថ្កាន
២៩សូមឱ្យពួកអ្នកប្រកាន់ចាប់ថ្នាក់ខ្ញុំគ្រប់ទីស្ថាន
ជួបតែអាម៉ាស់ពុំស្គាល់សុខសាន្តសោកសៅប៉ុន្មាន
នៅជាប់រាល់ថ្ងៃ
៣០ខ្ញុំលើកតម្កើងសំឡេងលាន់ឡើងថ្កើងព្រះម្ចាស់ថ្លៃ
សរសើរព្រះអង្គជារៀងរាល់ថ្ងៃប្រជាប្រុសស្រី
កកកុញកុះករ
៣១ដ្បិតទ្រង់ការពារអ្នកខ្សត់វេទនាទុរគតក្រីក្រ
ដើម្បីសង្គ្រោះឱ្យរស់បន្តពីមនុស្សមិនល្អ
ចង់ដាក់ទោសគេ

ទំនុកតម្កើងលេខ ១១០ (១០៩) បទកាកគតិ

ព្រះអម្ចាស់មានបន្ទូលមកកាន់ព្រះរាជាខ្ញុំ
ថាសូមអញ្ជើញអង្គុយខាងស្តាំកុំនៅសំងំ
ចាំយើងចាត់ចែង
ទំរាំយើងច្បាំងបង្ក្រាបពួកខ្មាំងចិត្តធំឥតក្រែង
យើងដាក់វានៅក្រោមជើងព្រះស្តែងឱ្យវាចំបែង
អ្នកកុំខ្វល់ខ្វាយ
សូមព្រះប្រទានព្រះករុណាបានលាតសន្ធឹងឆ្ងាយ
ព្រះរាជ្យព្រះអង្គពីស៊ីយ៉ូននាយតទៅអន្លាយ
បង្ក្រាបលើខ្មាំង
ថ្ងៃព្រះករុណាកេណ្ឌទ័ពនោះណាប្រជាទូទាំង
រួមនិងយុវជនស្ម័គ្រស្មោះទៅច្បាំងដូចសន្សើមខ្លាំង
ធ្លាក់ចុះរាល់ថ្ងៃ
ព្រះអម្ចាស់មានបន្ទូលថ្កើងថ្កានសន្យាថ្លាថ្លៃ
យើងបូជាចារ្យជាអចិន្ត្រៃយ៍យកតាមនិស្ស័យ
មែលគីសេដែក
ព្រះអម្ចាស់គង់ឈរនៅយូរលង់ខាងស្តាំចាំស្រែក
ពេលព្រះអង្គខ្ញាល់គំរាមប្រកែកកម្ទេចបំបែក
ពួកស្តេចនានា
ព្រះអង្គវិនិច្ឆ័យជាតិសាសន៍ដទៃឱ្យភ័យគ្រប់គ្នា
ព្រះអង្គទុកសពគរជើងលើគ្នាដេកដួលត្រៀបត្រា
គ្រប់ទីកន្លែង
ព្រះអង្គបំបាក់អ្នកធំគ្រប់ថ្នាក់គ្មានខ្លាចរអែង
ឱ្យគេចុះចេញបោះបង់តំណែងគេកោតស្ញប់ស្ញែង
ទូទាំងប្រទេស
ពេលស្តេចយាងទៅសព្វតាមទីផ្លូវទ្រង់សោយទឹកជ្រោះ
ដូចជាព្រះស្ងោយចម្អែតក្រពះរួចងើបព្រះភក្ត្រ
ដោយជោគសិរី

ទំនុកតម្កើងលេខ ១១១ (១១០) បទពាក្យ ៧

ចូរលើតម្កើងព្រះជាម្ចាស់ប្រសើរពេកណាស់លើលោកា
ខ្ញុំថ្កើងព្រះអង្គហួសសិរសាក្នុងហ្វូងមនុស្សណាដែលទៀងត្រង់
គ្រប់ស្នាព្រះហស្តព្រះអម្ចាស់ប្រសើរពេកណាស់ខ្ពស់ឧត្តុង្គ
អ្នកពេញចិត្តស្នាព្រះហស្តទ្រង់ស្វះស្វែងយល់ផងកុំរារែក
គ្រប់ស្នាព្រះហស្តបានបញ្ចេញរស្មីចិញ្ចែងភ្លឺអនេក
សេចក្តីសុចរិតល្អពន់ពេកមិនប្រេះបាក់បែកនៅរហូត
ព្រះអង្គទ្រង់សព្វព្រះហឫទ័យឱ្យយើងស្រមៃមិនរលត់
ដល់ការអស្ចារ្យខ្ពស់បំផុតហឫទ័យអាណិតចិត្តអាសូរ
ព្រះអង្គប្រទានទាំងអាហារដល់អ្នកវេទនាស្រែកទ្រហោរ
អ្នកដែលកោតខ្លាចទ្រង់អាសូរសម្ពន្ធមានយូរធ្លាប់មេត្រី
ព្រះអង្គសម្តែងអានុភាពឱ្យរាស្រ្តជ្រួតជ្រាបឥតសង្ស័យ
គឺព្រះអង្គបានឱ្យទឹកដីប្រជាដទៃមកពួកគេ
គ្រប់ស្នាព្រះហស្តព្រះអង្គធ្វើសុទ្ធតែអំពើល្អឥតរេ
សុចរិតយុត្តិធម៌ឥតប្រួលប្រែដូច្នេះគួរតែជឿទាំងស្រុង
បញ្ជាទាំងនោះឥតចន្លោះមិនបាត់មួយសោះស្ថិតគង់វង្ស
សុចរិតល្អល្អះភ្លឺត្រចង់ក្តីពិតទៀងត្រង់យ៉ាងប្រពៃ
ព្រះអង្គរំដោះប្រជារាស្រ្តពួកគេទាំងអស់មានសេរី
ទ្រង់បានចងសម្ពន្ធមេត្រីនឹងរាស្រ្តប្រុសស្រីរហូតទៅ
ព្រះនាមព្រះអង្គគង់ទីខ្ពស់វិសុទ្ធឥតមោះឥតហ្មងសៅ
បារមីគួរស្ញែងខ្លាចពេកកូវរាល់យប់ថ្ងៃត្រូវតែគោរព
១០អ្នកណាដែលចង់មានប្រាជ្ញាគួរតែគិតថាមានប្រភព
ប្រាជ្ញានឹងកើតមានសព្វគ្រប់បើអ្នកគោរពខ្លាចព្រះម្ចាស់
អ្នកប្រតិបត្តិតាមប្រាជ្ញានេះគេអាចត្រិះរិះបានល្អល្អះ
យើងសូមតម្កើងព្រះអម្ចាស់ជាព្រះខ្ពង់ខ្ពស់រហូតទៅ

ទំនុកតម្កើងលេខ ១១២ (១១១) បទពាក្យ ៧

អ្នកឱនកោតខ្លាចព្រះអម្ចាស់ប្រតិបត្តិច្បាស់តាមព្រះទ័យ
ស្មោះស្ម័គ្រគោរពតាមវិន័យបានសុខពេកក្រៃមានមង្គល
ពូជរបស់គេមានអំណាចចិត្តក្លាអង់អាចគ្មានកង្វល់
ដ្បិតព្រះជាម្ចាស់ប្រទានផលព្រះពរពិតដល់អ្នកសុចរិត
ក្នុងផ្ទះជនដែលមានចិត្តធម៌មានទ្រព្យបវរល្អប្រណីត
សេចក្តីសុចរិតនៅស្ថេរស្ថិតព្រះអង្គអាណិតឱ្យពរជាប់
ក្នុងទីងងឹតមានពន្លឺលេចឡើងបំភ្លឺមិនស្រអាប់
ចិត្តគាត់ប្រណីល្អគួរគាប់សន្តោសលើសព្វជនប្រុសស្រី
ជនណាដែលមានចិត្តទូលាយយកអ្វីទៅឱ្យអ្នកផងខ្ចី
ព្រមទាំងរករស៊ីមិនកេងគៃអ្នកនោះប្រពៃល្អបំផុត
កេរ្តិ៍ឈ្មោះរន្ទឺឮសុសសាយទីជិតទីឆ្ងាយមិនរលត់
ជនគ្រប់សម័យតែងចាំស្ទាត់នឹកទៅដល់គាត់ជាប់ជានិច្ច
អ្នកនោះមិនស្លុតមិនព្រឺខ្លាចមានចិត្តអង់អាចមិនខ្លាចល្បិច
មិនខ្លាចគេដៀលត្មះពន្លិចហើយផ្ញើជីវិតលើព្រះម្ចាស់
គាត់មានចិត្តនឹងហើយអង់អាចមិនចេះភ័យខ្លាចអ្វីទាំងអស់
ទាល់តែគាត់ឃើញខ្មាំងទាំងនោះបាក់ទ័ពរត់អស់ទើបស្កប់ចិត្ត
គាត់តែងចែកទានដល់អ្នកក្រដោយចិត្តស្មោះសរស្ម័គ្រពិតៗ
ចិត្តគាត់ទូលាយត្រង់សុចរិតកម្លាំងគាត់ស្ថិតមិនបាត់បង់
១០ពេលជនអាក្រក់ឃើញដូច្នោះចិត្តគេទោមនស្សខាំធ្មេញផង
បាក់ធ្លាក់ទឹកចិត្តខូចបំណងពុំសម្រេចម្តងណាសោះឡើយ

ទំនុកតម្កើងលេខ ១១៣ (១១២) បទព្រហ្មគីតិ

អស់អ្នកបម្រើព្រះជាអម្ចាស់ចូរនាំគ្នា
សរសើរកុំរួញរាថ្កើងនាមានៃព្រះម្ចាស់
ចូរតម្កើងព្រះនាមព្រះម្ចាស់ភ្លាមកុំក្រឡះ
កុំភ្លេចព្រះអម្ចាស់ពីពេលនេះរហូតទៅ
តាំងពីអារុណរះភ្លឺស្រឡះមានកម្តៅ
ទល់ពេលថ្ងៃលិចទៅសរសើរនៅយ៉ាងស្ម័គ្រស្មោះ
ព្រះអម្ចាស់គងស្ថិតលើប្រជាជាតិទាំងអស់
សិរីរុងរឿងខ្ពស់ព្រះម្ចាស់ហួសផុតអាកាស
តើមាននរណាមួយអាចធ្វើឱ្យដូចព្រះម្ចាស់
ព្រះអង្គគង់ខ្ពស់ណាស់លើអាកាសវិសុទ្ធក្រៃ
ព្រះអង្គត្រួតពិនិត្យយ៉ាងល្អន់ល្អិតមកផែនដី
លើមេឃមិនសល់អ្វីសព្វផែនដីមិនកំបាំង
ទ្រង់លើកអ្នកទន់ខ្សោយ​មិនបណ្តោយឱ្យឈឺស្លាំង
លើកផុតពីភក់់ជ្រាំផុតអស់ទាំងធូលីដី
ដើម្បីឱ្យគេកាន់អំណាចបានល្អប្រពៃ
នឹងពួកដឹកនាំនៃរាស្រ្តប្រុសស្រីរបស់ទ្រង់
ព្រះអង្គប្រទានឱ្យស្រ្តីអារខ្សោយមានកូនផង
សប្បាយឥតសៅហ្មងកូនរហង់នៅក្នុងផ្ទះ

ទំនុកតម្កើងលេខ ១១៤ (១១៣ ក) បទពាក្យ ៧

ពេល​​​​​​​​​​​​​​​​​​​​​​អ៊ីស្រាអែលបានចាកចេញពីអេស៊ីបវិញហើយពេលនោះ
ពូជពង្សយ៉ាកុបចេញទាំងអស់ពីដីបរទេសមិនសល់នៅ
ឯប្រជាជនជាតិយូដាបានក្លាយទៅជាឥតហ្មងសៅ
ជាប្រជាជាតិមិនអាស្រូវវិសុទ្ធពេកកូវផ្ទាល់ព្រះអង្គ
ពេលទឹកសមុទ្រឃើញពួកគេតក់ស្លុតម៉េ្លះទេមិនរេរង់
គេចខ្លួនថយទៅមិនបង្អង់ទាំងយ័រដាន់ផងក៏ថយដែរ
ភ្នំធំភ្នំតូចភ្នំទាំងអស់នៅមិនស្ងៀមសោះដូចពពែ
លោតទៅលោតមកមិនឈប់ទេភ្នំតូចលោតដែរដូចកូនចៀម
ឱ! សមុទ្រអើយម្តេចក៏អ្នករត់គេចជាជាក់ទៅនៅស្ងៀម
អ្នកធ្លាប់រលកបោករវាមម្តេចសំងំស្ងៀមធ្មឹងដូច្នេះ ?
ឱ! ទឹកទន្លេយ័រដាន់អើយពេលនេះម្តេចឡើយរត់លឿនម៉េ្លះ
ម្តេចអ្នកដកខ្លួនឆាប់ដូច្នេះតើរឿងទាំងនេះមកពីអ្វី ?
ភ្នំអើយម្តេចអ្នកមិនឈប់លោតផ្លាស់ប្តូររហូតដូចសត្វព្រៃ
ភ្នំតូចតើអ្នកលោតព្រោះអ្វីមិនស្គាល់យប់ថ្ងៃមិនសម្រាក
ឱ! ផែនដីអើយចូររីករាយត្រេកអរសប្បាយចំពោះភក្ត្រ
ព្រះជាអម្ចាស់របស់អ្នកនិងចំពោះភក្ត្រព្រះយ៉ាកុប
គឺទ្រង់បានធ្វើឱ្យសិលាប្រែក្លាយទៅជាបឹងសាយសព្វ
ឱ្យថ្មប្រែក្លាយជាប្រភពទឹកហូរឥតឈប់ឥតស្រាកស្រាន្ត

ទំនុកតម្កើងលេខ ១១៥ (១១៣ ខ) បទកាកគតិ

បពិត្រព្រះម្ចាស់ខ្ញុំមិនគួរសោះឱ្យគេតម្កើង
មានតែព្រះអង្គទើបត្រូវលើកឡើងឱ្យខ្ពស់ថ្កុំថ្កើង
ព្រោះទ្រង់សប្បុរស
ម្តេចក៏ប្រជាគ្រប់ជាតិនានានាំគ្នាសួរខុស
មកយើងខ្ញុំថា«ពួកឯងទាំងអស់តើព្រះឯងនោះ
ស្ថិតនៅឯណា ?»
ព្រះរបស់ខ្ញុំនៅទីបរមសុខឥតឧបមា
ទ្រង់សព្វព្រះទ័យធ្វើកិច្ចអស្ចារ្យអ្វីសព្វប្រការ
បានឥតមានទាស់
ឯព្រះពួកអ្នកប្រាកដជាជាក់ព្រះក្លែងក្លាយស្មោះ
ខ្លះធ្វើពីឈើគគីរកកោះពីប្រាក់ពីមាស
ជាព្រះគេច្នៃ
ព្រះនោះមានមាត់និយាយមិនកើតមិនដែលចេញស្តី
តាមតែជាងឆ្លាក់ដាក់មកធ្វើអ្វីភ្នែកឥតប្រស្រី
មើលអ្វីមិនបាន
រីឯត្រចៀកមានប្រាកដជាក់តែមិនចំណាន
ព្រោះស្តាប់មិនកើតមិនដឹងដើមដានច្រមុះក៏មាន
តែមិនដឹងក្លិន
មានសព្វទាំងដៃតែមិនអាចលៃប៉ះពាល់ឬកាន់
មានជើងនៅស្ងៀមព្រោះដើរមិនបានបំពង់កមាន
តែគ្មានសំឡេង
សូមឱ្យអស់អ្នកដែលបានដាប់ឆ្លាក់រូបព្រះនោះឯង
ហើយផ្ញើជីវិតគ្មានគិតកោតក្រែងឱ្យគេចំបែង
ដូចព្រះទាំងនោះ
អ៊ីស្រាអែលអើយចូរកុំកន្តើយផ្ញើជិវិតចុះ
លើព្រះអម្ចាស់ទ្រង់និងសង្គ្រោះជាខែលគ្រឿងក្រោះ
ពាំងអ្នករាល់គ្នា
១០ពូជពង្សរបស់អរ៉ុនទាំងអស់ចូរអ្នកម្នីម្នា
ផ្ញើជន្មជីវ៉ាលើព្រះនាមាទ្រង់និងការពារ
ឱ្យអ្នកបានសុខ
១១អ្នកដែលកោតខ្លាចព្រះមានអំណាចនឹងមិនជួបទុក្ខ
បើផ្ញើជិវិតអ្នកនឹងបានសុខពីនេះទៅមុខ
ផុតទុក្ខល្ហើយល្ហែ
១២ព្រះមិនបំភ្លេចសូម្បីបន្តិចដល់ពួកយើងទេ
ព្រះអង្គឱ្យពរយើងកើនឡើងទ្វេអ៊ីស្រាអែលដែរ
និងលោកអរ៉ុន
១៣ព្រះអង្គប្រទានពរទាំងអ្នកមានអ្នកតូចអ្នកធំ
ដែលចេះកោតខ្លាចក្រាបថ្វាយបង្គំយកព្រះជាធំ
ជាម្លប់គ្រប់គ្រា
១៤សូមព្រះប្រទានពរនោះឱ្យមានដល់អ្នករាល់គ្នា
បានចម្រើនឡើងគ្រប់ពេលវេលាបានសុខរមនា
កូនចៅប្រុសស្រី
១៥សូមអ្នកទទួលកុំបីអំពល់ពីម្ចាស់មេឃដី
ទ្រង់ប្រទានពរបវរសួស្តីព្រះអម្ចាស់ថ្លៃ
ជាព្រះយើងពិត
១៦ផ្ទៃមេឃវែងឆ្ងាយសន្លឹកអន្លាយគឺជាកម្មសិទ្ធ
របស់ព្រះម្ចាស់តែមួយអង្គគត់ព្រះអង្គអាណិត
ឱ្យដីមកមនុស្ស
១៧អ្នកស្លាប់ជាខ្មោចមានក្លិនអសោចពុំអាចថ្កើងយស
អស់អ្នកដែលចុះទៅស្ថានក្រោមនោះក៏ពុំមានឈ្មោះ
តម្កើងសិរី
១៨គឺយើងនេះហើយគ្មានអ្នកផ្សេងឡើយដែលរស់លើដី
បានលើកតម្កើងព្រះអង្គរាល់ថ្ងៃឥតមានសំចៃ
ជារៀងរហូត

ទំនុកតម្កើងលេខ ១១៦ (១១៥) បទព្រហ្មគីតិ

ខ្ញុំស្រឡាញ់ព្រះម្ចាស់ដ្បិតទ្រង់ព្រះសណ្តាប់ខ្ញុំ
សំឡេងសោកទួញយំទទូចសុំទូលអង្វរ
ព្រះអង្គផ្ទៀងព្រះកាណ៌រាល់វេលាដោយស្មោះសរ
ខ្ញុំនឹងស្រែកអង្វរមិនឈប់ឈរមួយជីវិត
ខ្ញុំរងទុក្ខលំបាកគ្មានស្រាន្តស្រាកទាំងភ័យភិត
មច្ចុរាជមករួបរឹតខ្ញុំតក់ស្លុតខ្លាចខ្លួនក្ស័យ
ខ្ញុំខំអង្វរស្រែកខ្លាំងពន់ពេករកម្ចាស់ថ្លៃ
អាណិតកុំឱ្យក្ស័យសូមប្រណីសង្គ្រោះផង
ព្រះអង្គតែងសន្តោសប្រណីប្រោសមិនដែលហ្មង
សុចរិតយុត្តិធម៌ផងព្រះទ័យទ្រង់មានមេត្តា
ព្រះអម្ចាស់បានជួយអ្នកខ្សត់ឱ្យផុតខ្លោចផ្សា
ពេលខ្ញុំធ្លាក់កាយាអង្គក្សត្រាមកសង្គ្រោះ
ខ្ញុំលែងគិតខ្វល់ខ្វាយអ្វីទាំងឡាយសព្វទាំងអស់
ដ្បិតព្រះម្ចាស់ទ្រង់ប្រោសទ្រង់សន្តោសខ្ញុំសុខសាន្ត
ព្រះអង្គបានរំដោះខ្ញុំផុតគ្រោះបានថ្កើងថ្កាន
ការពារជ្រែងទប់ប្រាណខ្ញុំដើរបានមិនភ័យសោះ
ខ្ញុំដើរមិនឈរឈប់ទាំងថ្ងៃយប់នៅចំពោះ
ព្រះភ័ក្ត្រព្រះជាម្ចាស់ភពមនុស្សក្នុងលោកនេះ
១០ទោះជាខ្ញុំពោលថារស់ខ្លោចផ្សាទ្រូងស្ទើរប្រេះ
គង់តែរូបខ្ញុំនេះមិនចោលព្រះសង្ឃឹមជាប់
១១ពេលខ្ញុំមានកង្វល់ចិត្តខ្វាយខ្វល់មិនបានស្ងប់
ខ្ញុំពោលឡើងគ្រប់សព្វថាខ្ញុំស្អប់ជនគ្រប់ប្រាណ
១២តើខ្ញុំអាចយកអ្វីតបព្រះទ័យម្ចាស់ថ្កើងថ្កាន
ដែលព្រះអម្ចាស់បានប្រោសគ្រប់ប្រាណបានសមរម្យ
១៣គឺខ្ញុំត្រូវលើកពែងទាំងថ្លាថ្លែងនាមឧត្តម
ព្រះអង្គរំដោះខ្ញុំយើងស្រែកសុំរកព្រះម្ចាស់
១៤ខ្ញុំនឹងយកតង្វាយមកដាក់ថ្វាយក្រាបសំពះ
លាបំណន់ពីព្រះជាអម្ចាស់មុខប្រជា
១៥ទ្រង់ព្រួយព្រះទ័យណាស់ពេលមានរាស្រ្តស្លាប់វេទនា
ជនវិសុទ្ធគ្រប់គ្នាទ្រង់ការពារមិនស្លាប់ឡើយ
១៦ឱ! ព្រះម្ចាស់ប្រសើរខ្ញុំបម្រើព្រះអង្គហើយ
ព្រះអង្គមិនកន្តើយខ្ញុំបានស្បើយពីមរណា
១៧ទូលបង្គំសូមថ្វាយយញ្ញទាំងឡាយដោយជ្រះថ្លា
អង្វរព្រះបិតាព្រះបុត្រាខ្ពស់ពេកពន់
១៨ខ្ញុំនឹងយកតង្វាយមកដាក់ថ្វាយលាបំណន់
នៅមុខប្រជាជនដែលបានបន់ដល់ព្រះអង្គ
១៩គឺនៅក្នុងទីធ្លាព្រះវិហារស្រស់បំព្រង
ស្ថិតនៅកណ្តាលក្រុងសូមផ្ចិតផ្ចង់លើកតម្កើង

ទំនុកតម្កើងលេខ ១១៧ (១១៦) បទពាក្យ ៧

ឱ! ប្រជាជនទាំងឡាយអើយចូរសរសើរហើយលើកម្កើង
អស់ប្រជារាស្រ្តឆ្មៃឆ្មើងតម្កើងសិរីនៃព្រះអង្គ
ដ្បិតព្រះអង្គមានហឫទ័យករុណាប្រណីពេកកន្លង
សប្បុរសស្មោះស្ម័គ្រឥតមានហ្មងនឹងយើងរហូតតរៀងទៅ

ទំនុកតម្កើងលេខ ១១៨ (១១៧) បទពាក្យ ៧

សូមលើកតម្កើងព្រះអម្ចាស់ប្រសើរពេកណាស់ព្រះទ័យថ្លៃ
សប្បុរសករុណាត្រាប្រណីស្ថិតស្ថេររាល់ថ្ងៃរហូតទៅ
សូមឱ្យប្រជាទ្រង់ប្រកាសសម្តែងចេញច្បាស់កុំទុកនៅ
ព្រះទ័យមេត្តាដ៏ត្រឹមត្រូវស្ថិតស្ថេរគង់នៅដូចថ្ងៃរះ
ឱ្យអស់ពូជពង្សលោកអរ៉ុនកុំនៅទំរន់ស្រែកឱ្យច្បាស់
ប្រកាសព្រះទ័យករុណាព្រះស្ថិតនៅយ៉ាងច្បាស់គ្រប់កន្លែង
អស់អ្នកគោរពកោតខ្លាចព្រះក៏ត្រូវប្រកាសឱ្យក្តែងៗ
ដូចអ៊ីស្រាអែលកុំបីក្រែងហឫទ័យស្ញប់ស្ញែងនៅស្ថិតស្ថេរ
ពេលខ្ញុំមានទុក្ខតប់ប្រមល់ខ្ញុំអង្វរដល់ព្រះឥតប្រែ
ព្រះម្ចាស់ក៏តបមកវិញដែរទ្រង់ថ្នមបំពេរខ្ញុំបានសុខ
ព្រះអម្ចាស់គង់កាន់ខាងខ្ញុំទុក្ខភ័យតូចធំចេញពីមុខ
លែងព្រួយលែងខ្លាចលែងកើតទុក្ខតើមនុស្សលោកធ្វើអ្វីបាន ?
ព្រះអង្គម្ចាស់គង់នៅជាមួយទ្រង់ការពារជួយខ្ញុំសុខសាន្ត
ឃើញអ្នកប្រឆាំងទាំងប៉ុន្មានរត់ប្រាសចាកស្ថានដូចចិត្តប៉ង
ខ្ញុំសង្ឃឹមជ្រកនិងពឹងពាក់មានជំនឿជាក់និងបំណង
លើព្រះអម្ចាស់ពេកកន្លងជាងពឹងផ្អែកផងជនក្បាលខ្មៅ
ខ្ញុំសង្ឃឹមជ្រកនិងពាក់ពឹងមានជំនឿរឹងមាំទាំទៅ
លើព្រះអម្ចាស់ទើបត្រឹមត្រូវជាងយើងពឹងទៅលើអ្នកធំ
១០ជនជាតិដទៃអ្នកប្រឆាំងបានឡោមព័ទ្ធពាំងលើរូបខ្ញុំ
តែដោយព្រះម្ចាស់អំណាចធំជួយប្រយុទ្ធខ្ញុំបានឈ្នះគេ
១១គេបានរោមជិតរឹតឡោមព័ទ្ធចង់ចូលសង្កត់ឱ្យខ្ញុំប្រែ
តែដោយព្រះអម្ចាស់មើលថែជួយប្រយុទ្ធដែរខ្ញុំមានជ័យ
១២វាមកឡោមព័ទ្ធខ្ញុំជិតជុំដូចជាហ្វូងឃ្មុំច្រើនដាសដី
តែវាត្រូវឆេះដូចភ្លើងព្រៃខ្ទេចខ្ទីម៉ត់ខៃដោយនាមព្រះ
១៣ខ្មាំងបានច្រានផ្តួលខ្ញុំយ៉ាងខ្លាំងខ្ញុំដួលស្លេកស្លាំងប្រឹងសំពះ
រកឱ្យព្រះជួយឆាប់រហ័សពេលនោះព្រះម្ចាស់ទ្រង់យាងមក
១៤ព្រះម្ចាស់ពិតជាកម្លាំងខ្ញុំខ្ញុំស្រែកខ្ញុំយំប្រឹងស្រែករក
មានព្រះនាមព្រះផុតទុក្ខសោកព្រះអង្គចេញមកច្បាំងការពារ
១៥មនុស្សសុចរិតចិត្តអង់អាចមិនចេះកោតខ្លាចស្រែកគ្រប់គ្នា
ច្រៀងថ្វាយព្រះអង្គមានឫទ្ធាសម្តែងតេជាអានុភាព
១៦ព្រះអង្គសម្តែងបារមីខ្ពស់ប្រសើរលើសលស់មិនទន់ទាប
ព្រះអង្គបង្ហាញឱ្យគេជ្រាបឫទ្ធានុភាពអស្ចារ្យក្រៃ
១៧ខ្ញុំត្រូវនៅរស់មានជីវិតមិនត្រូវស្លាប់ផុតចាកលោកីយ៍
ដើម្បីរៀបរាប់ពីសេចក្តីស្នាព្រះហស្តថ្លៃព្រះអម្ចាស់
១៨ព្រះអង្គវាយប្រដៅអប់រំ​​ទះតប់រូបខ្ញុំប្រាកដណាស់
តែទ្រង់ស្រឡាញ់មិនឱ្យប្រាសមិនឱ្យមានគ្រោះឬត្រូវស្លាប់
១៩ចូរនាំគ្នាបើកទ្វារឱ្យមនុស្សសុចរិតស្រីប្រុសមកប្រញាប់
ខ្ញុំនឹងចូលទៅឱ្យបានឆាប់នឹងថ្លែងរៀបរាប់អរគុណទ្រង់
២០ទ្វារនេះជាទ្វារព្រះអម្ចាស់សូមជនស្រីប្រុសដើរតម្រង់
អ្នកសុចរិតអើយកុំបង្អង់ទ្វារបើកបម្រុងនៅចាំអ្នក
២១ខ្ញុំនឹងតម្កើងព្រះអម្ចាស់ដ្បិតព្រះអង្គត្រាស់ដោយច្បាស់ជាក់
តបឆ្លើយមកខ្ញុំពាក្យរាក់ទាក់ថែមទាំងថ្នមថ្នាក់ខ្ញុំដិតដល់
២២ថ្មដែលជាងផ្ទះចោលខ្ទេចខ្ទាំប្រែជារឹងមាំបែរជាកល់
ជើងសសរផ្ទះមាំឥតខ្វល់ល្បីល្បាញឮដល់សព្វជាតិសាសន៍
២៣ព្រះអង្គសម្រេចការអស្ចារ្យដោយឫទ្ធិថ្លៃថ្លានៃអម្ចាស់
អស្ចារ្យពេកក្រៃយើងឃើញច្បាស់គួរស្ញប់ស្ញែងណាស់គួរគោរព
២៤ថ្ងៃនេះជាថ្ងៃដែលព្រះម្ចាស់កំណត់ទុកច្បាស់ឱ្យយើងឈប់
នាំគ្នាសប្បាយកុំនៅជ្រប់ខេត្តស្រុកភូមិគ្រប់អរទាំងអស់
២៥ឱ! ព្រះអម្ចាស់សូមសង្គ្រោះឱ្យខ្ញុំល្បីឈ្មោះមានសម្រស់
មានជោគមានជ័យខ្លាំងឥតខ្ចោះយើងនឹកអាឡោះអាល័យណាស់
២៦យើងសូមតម្កើងលើកព្រះអង្គដែលយាងមកក្នុងនាមព្រះម្ចាស់
យើងដែលស្ថិតក្នុងដំណាក់ព្រះសូមពរតេជះល្អប្រពៃ
២៧ព្រះអម្ចាស់បានបំភ្លឺយើងភ្លឺផ្លេកច្បាស់ឡើងដូចពេលថ្ងៃ
ធាងទន្សែយើងកាន់នៅដៃហែក្បួនវែងក្រៃដល់អាសនៈ
២៨ព្រះអង្គជាព្រះទូលបង្គំផ្តល់ក្តីសុខុមឥតមានអាក់
ខ្ញុំសូមតម្កើងដោយស្មោះស្ម័គ្រដោយការជឿជាក់អស់ពីចិត្ត
២៩ចូរលើកតម្កើងព្រះអម្ចាស់ដ្បិតទ្រង់មានព្រះទ័យអាណិត
សប្បុរសករុណាត្រង់សុចរិតអស់កល្បស្ថេរស្ថិតរហូតទៅ

ទំនុកតម្កើងលេខ ១១៩ (១១៨) បទកាកគតិ

អ្នកណាដែលមានកិរិយាជាប់ប្រាណត្រឹមត្រូវឥតខ្ចោះ
ប្រតិបត្តិតាមធម្មវិន័យព្រះអ្នកនោះប្រទះ
តែសុខមង្គល
អ្នកដែលប្រតិបត្តិតាមផ្លូវល្អពិតបញ្ជានិម្មល
ហើយស្វែងរកព្រះមិនខ្ជីខ្ជាខ្ជិលពិតជាបានផល
មង្គលពេកហោង
អ្នកនោះមិនធ្វើប្រព្រឹត្តអំពើនាំឱ្យសៅហ្មង
អាក្រក់អាប់អួតែគេដើរឆ្លងតាមស្នាមគន្លង
ព្រះអម្ចាស់វិញ
ព្រះអង្គចេញច្បាប់ដោយប្រកាសប្រាប់ឱ្យយើងស្រឡាញ់
យកចិត្តទុកដាក់ព្យាយាមទន្ទេញខិតខំបំពេញ
ដានស្នាមព្រះអង្គ
សូមជួយខ្ញុំផងឱ្យដូចបំណងមានចិត្តរឹងប៉ឹង
ដើម្បីប្រតិបត្តិតាមក្រឹត្យព្រះអង្គវិន័យត្រឹមត្រង់
តាមទ្រង់បញ្ជា
ប្រសិនដូច្នេះពេលណាខ្ញុំត្រិះរិះពិចារណា
វិន័យទាំងអស់សព្វគ្រប់ប្រការនោះខ្ញុំនេះណា
មិនខកបំណង
ខ្ញុំសូមតម្កើងព្រះអង្គខ្ពស់ឡើងដោយចិត្តស្មោះត្រង់
ដោយពិចារណាក្តីសុចរិតផងពេលដែលព្រះអង្គ
សម្រេចឥតខ្ចោះ
ខ្ញុំចង់កាន់តាមវិន័យបំរាមដែលមានទាំងអស់
តែសូមព្រះអង្គកុំប្រែបង់បោះចោលខ្ញុំស្រឡះ
ឱ្យសោះឡើយណា

សូមដូរទៅជាបទពាក្យ ៧

តើពួកយុវជនធ្វើយ៉ាងណាឱ្យមានកិរិយាល្អត្រឹមត្រូវ
គឺប្រតិបត្តិត្រង់តាមផ្លូវមាគ៌ាតទៅនៃព្រះអង្គ
១០ខ្ញុំខំស្វះស្វែងមិនមានឈប់ទោះថ្ងៃឬយប់ចិត្តតម្រង់
កុំទុកឱ្យខ្ញុំនៅត្រមង់វង្វេងវង្វាន់ពីវិន័យ
១១ខ្ញុំសូមតាំងចិត្តថែរក្សាបន្ទូលសន្យាដ៏ប្រពៃ
នៅក្នុងចិត្តខ្ញុំមិនធ្វើអ្វីឱ្យទាស់ហឫទ័យទ្រង់ឡើយណា
១២បពិត្រព្រះម្ចាស់ដ៏ឧត្តមទូលបង្គំខ្ញុំលើកហត្ថា
តម្កើងព្រះអង្គសូមមេត្តាបង្រៀនខ្ញុំណាស្គាល់វិន័យ
១៣ខ្ញុំតែងតែពោលឥតឈរឈប់រៀបរាប់សព្វគ្រប់នូវសេចក្តី
ទាំងប៉ុន្មានដែលអម្ចាស់ថ្លៃសម្រេចព្រះទ័យផ្តល់ជាទាន
១៤ទូលបង្គំត្រេកអរអនេកដោយបានពឹងផ្អែកដំបូន្មាន
ប្រៀបដូចជាខ្ញុំទទួលបានសម្បត្តិថ្កើងថ្កានដ៏ស្តុកស្តម្ភ
១៥ទូលបង្គំនឹងពិចារណាច្បាប់គ្រប់ប្រការទ្រង់ណែនាំ
សញ្ជឹងពីមាគ៌ាឧត្តមព្រះអង្គរឹងមាំជាប់ជានិច្ច
១៦ខ្ញុំពេញចិត្តណាស់នឹងវិន័យព្រះអម្ចាស់ថ្លៃមិនមានភ្លេច
បន្ទូលព្រះអង្គចាំជានិច្ចចាំគ្រប់ពាក្យពេចន៍មិនភ្លេចឡើយ
១៧សូមសន្តោសខ្ញុំដែលជាអ្នកបម្រើស្មោះស្ម័គ្រព្រះអង្គហើយ
នោះជីវិតខ្ញុំបានធូរស្បើយមិននៅកន្តើយគោរពតាម
១៨សូមទ្រង់បើកភ្នែកទូលបង្គំពេលនោះរូបខ្ញុំនឹងឃើញស្នាម
ឃើញភាពថ្លៃថ្នូរគ្មានប្រេះស្រាំអស្ចារ្យនៃធម្មវិន័យទ្រង់
១៩ខ្ញុំស្នាក់នៅលើផែនដីនេះគឺគ្រាន់បណ្តោះមិនយូរលង់
សូមកុំលាក់វិន័យព្រះអង្គបង្ហាញខ្ញុំផងសូមប្រណី
២០ចិត្តទូលបង្គំតែងនឹកភ្នកផ្តោតចិត្តទៅរកសព្វសេចក្តី
ដែលទ្រង់សម្រេចព្រះហឫទ័យឱ្យជនប្រុសស្រីចាំជានិច្ច
២១ព្រះអង្គគំរាមកំហែងមនុស្សដែលអួតអាងខុសមានកលល្បិច
ត្រូវបណ្តាសាជាប់ឥតភ្លេចវង្វេងឆ្ងាយគេចពីវិន័យ
២២សូមដកយកនូវការអាម៉ាស់កុំឱ្យគេត្មះដៀលជេរស្តី
ព្រោះទូលបង្គំកាន់វិន័យដំបូន្មានថ្លៃឥតថ្លោះធ្លោយ
២៣ទោះមេដឹកនាំខំប្រឆាំងពុះពាររារាំងខ្ញុំក៏ដោយ
ខ្ញុំនៅសញ្ជឹងមិនកន្តើយក្រឹត្យព្រះអង្គហើយជាប់ជានិច្ច
២៤ខ្ញុំពេញចិត្តនឹងដំបូន្មានឥតបីស្រាកស្រាន្តឥតកែគេច
ដំបូន្មានទ្រង់ចាំងរំលេចនាំផ្លូវជីវិតខ្ញុំសុខសាន្ត
២៥ឥឡូវនេះខ្ញុំដុនដាបខ្លាំងឥតមានកម្លាំងស្ទើរក្ស័យប្រាណ
សូមប្រោសឱ្យខ្ញុំរស់ឡើងបានតាមបន្ទូលថ្កានទ្រង់សន្យា
២៦ខ្ញុំបានរៀបរាប់ពីជីវិតដំណើររឿងពិតគ្រប់ប្រការ
ទ្រង់សណ្តាប់ហើយសូមមេត្តាឱ្យខ្ញុំនេះណាស្គាល់វិន័យ
២៧ទាំងប្រោសប្រទានឱ្យខ្ញុំយល់សព្វទាំងឫសគល់នូវអត្ថន័យ
បញ្ជាព្រះអង្គខ្ញុំរំពៃការអស្ចារ្យក្រៃទ្រង់ទាំងអស់
២៨ខ្ញុំមានទុក្ខព្រួយយ៉ាងធំធេងយំសោកសង្រេងមិនឈប់សោះ
សូមលើកទឹកចិត្តឱ្យស្រស់បស់តាមបន្ទូលព្រះអង្គសន្យា
២៩សូមឱ្យខ្ញុំចៀសចាកចេញផុតឆ្ងាយពីពាក្យភូតភរឫស្យា
សូមជួយបង្ហាញក្តីករុណាវិន័យថ្លៃថ្លាឱ្យខ្ញុំស្គាល់
៣០ខ្ញុំប្តេជ្ញាចិត្តជឿស្មោះត្រង់ទៅលើព្រះអង្គឥតមានខ្វល់
ជឿដោយចិត្តស្មោះឥតសេសសល់តាមបង្គំគាល់ព្រះបញ្ជា
៣១ខ្ញុំជំពាក់ចិត្តស្អិតអនេកដំបូន្មានឯកឥតរួញរា
ឱ! ព្រះអម្ចាស់សូមមេត្តាខ្ញុំផុតទុក្ខាផុតអាម៉ាស់
៣២ខ្ញុំខំយកចិត្តទុកដាក់នឹងមាគ៌ាព្រះអង្គពន់ពេកណាស់
ដ្បិតទ្រង់ប្រោសចិត្តខ្ញុំស្រឡះឱ្យបានយល់ច្បាស់ភ្លឺថ្លាថ្លៃ
៣៣ឱ! ព្រះម្ចាស់អើយសូមព្រះអង្គបង្ហាញខ្ញុំផងពីវិន័យ
ឱ្យខ្ញុំកាន់តាមរៀងរាល់ថ្ងៃតាមព្រះវិន័យដោយស្ម័គ្រស្មោះ
៣៤សូមព្រះប្រទាននូវប្រាជ្ញាឱ្យខ្ញុំភ្លឺថ្លាសព្វទាំងអស់
របស់ព្រះអង្គកុំចន្លោះកាន់តាមឥតខ្ចោះដោយស្ម័គ្រចិត្ត
៣៥សូមណែនាំខ្ញុំតាមមាគ៌ាវិន័យធម្មាច្បាប់ក្រមក្រឹត្យ
ដ្បិតខ្ញុំស្រឡាញ់ហើយពេញចិត្តវិន័យនោះពិតល្អត្រជាក់
៣៦សូមទាក់ទាញចិត្តទូលបង្គំឱ្យធ្វើតាមដំបូន្មានទ្រង់
កុំឱ្យចិត្តខ្ញុំនៅរេរង់ឬមានបំណងរកកម្រៃ
៣៧សូមទាក់ទាញអារម្មណ៍ខ្ញុំឱ្យងាកបកថយក្រោយចេញពីអ្វី
ដែលគ្មានខ្លឹមសារមិនប្រពៃជីវិតខ្ញុំថ្លៃព្រោះមាគ៌ា
៣៨សូមសម្រេចមកទូលបង្គំបម្រើឧត្តមដ៏ថ្លៃថ្លា
តាមព្រះបន្ទូលបានសន្យាសម្រាប់់អ្នកណាកោតខ្លាចទ្រង់
៣៩សូមការពារខ្ញុំកុំឱ្យគេមើលងាយដៀលជេរមិនទំនង
ដ្បិតការសម្រេចនៃព្រះអង្គសុទ្ធតែត្រឹមត្រង់ត្រូវទាំងអស់
៤០ខ្ញុំមានបំណងចង់ធ្វើតាមវិន័យបំរាមល្អឥតខ្ចោះ
ដោយក្តីសុចរិតព្រះអង្គនោះជួយខ្ញុំឱ្យរស់ឡើងវិញផង
៤១ឱព្រះម្ចាស់អើយសូមប្រណីសម្តែងព្រះទ័យឥតមានហ្មង
សង្គ្រោះមកទូលបង្គំផងតាមបន្ទូលទ្រង់បានសន្យា
៤២សូមឱ្យខ្ញុំអាចតប ត ឆ្លើយនឹងអ្នកណាហើយដែលមុសា
ដ្បិតខ្ញុំសង្ឃឹមផ្ញើវាសនាជីវិតកាយាលើព្រះអង្គ
៤៣សូមកុំបណ្តោយខ្ញុំស្រដីពាក្យមិនប្រពៃមិនត្រឹមត្រង់
ដ្បិតខ្ញុំសង្ឃឹមលើព្រះអង្គការសម្រេចទ្រង់ឥតសង្ស័យ
៤៤ទូលបង្គំនឹងគោរពតាមបញ្ញត្តិបំរាមទាំងវិន័យ
របស់ព្រះអង្គរៀងរាល់ថ្ងៃជានិច្ចលុះក្ស័យសូន្យជីវី
៤៥ខ្ញុំចង់រស់នៅដោយមានន័យនិងមានសេរីភាពពេញទី
ដ្បិតទូលបង្គំស្វែងសំភីរកច្បាប់គ្រប់ទីរបស់ទ្រង់
៤៦ខ្ញុំនឹងថ្លែងពីដំបូន្មានគ្រប់ទិសទីស្ថានមិនបង្អង់
ទូលស្តេចនានាទាំងអស់ផងនោះរូបខ្ញុំនឹងមិនខ្មាសឡើយ
៤៧ខ្ញុំពេញចិត្តណាស់នឹងវិន័យពេញចិត្តរាល់ថ្ងៃមិនកន្តើយ
ខ្ញុំស្រឡាញ់ណាស់ព្រះម្ចាស់អើយវិន័យនេះហើយខ្ញុំសុខសាន្ត
៤៨ទូលបង្គំលើកដៃប្រណម្យគោរពទាំងព្រមមិនខកខាន
ស្រឡាញ់វិន័យមិនស្រាកស្រាន្តចង់គិតចង់បានក្រឹត្យវិន័យ

សូមដូរទៅជាបទកាកគតិ

៤៩ឱព្រះអម្ចាស់សូមនឹកដល់ព្រះបន្ទូលសន្យា
ជាមួយនឹងខ្ញុំកុំបីប្រេះឆាជនគ្រប់កាយា
សង្ឃឹមទុកចិត្ត
៥០ពេលខ្ញុំមានទុក្ខនៅមិនស្រណុកព្រះអង្គអាណិត
ឱ្យខ្ញុំធូរស្បើយទាំងកាយទាំងចិត្តធ្វើឱ្យជីវិត
ខ្ញុំរស់វិញបាន
៥១ទោះបីជនពាលចាក់រុកឆ្កឹះឆ្កៀលចំអកសាមាន្យ
តែខ្ញុំមិនឃ្លាតវិន័យថ្កើងថ្កានឬចង់ប្រែប្រាណ
ក្រឡាស់បំភ្លៃ
៥២បពិត្រព្រះម្ចាស់ខ្ញុំនឹកទ្រង់ណាស់បន្ទូលថ្លាថ្លៃ
សន្យាព្រះអង្គពីដើមប្រពៃខ្ញុំសុខឥតបី
ទុក្ខសោករសាយ
៥៣ពេលពួកមនុស្សពាលមិនស្គាល់ខុសឱ្យខ្ញុំខ្វល់ខ្វាយ​​
ចាក់រុកឆ្កឹះឆ្កៀលឱ្យក្តៅក្រហាយគេចង់កម្ចាយ
វិន័យព្រះអង្គ
៥៤ខ្ញុំស្នាក់អាស្រ័យនៅលើផែនដីរាល់ថ្ងៃផ្ចិតផ្ចង់
ខ្ញុំយកវិន័យរបស់ព្រះអង្គមកច្នៃតម្រង់
ធ្វើបទតម្កើង
៥៥ព្រះអម្ចាស់អើយរាល់ពេលយប់ហើយខ្ញុំរឭកឡើង
ព្រះនាមព្រះអង្គខ្ពង់ខ្ពស់ថ្កុំថ្កើងវិន័យរុងរឿង
ខ្ញុំប្រតិបត្តិតាម
៥៦រូបខ្ញុំបានសុខមង្គលគ្រប់មុខព្រោះតែបំរាម
វិន័យបញ្ញត្តិដែលទ្រង់បានហាមខ្ញុំខំធ្វើតាម
មិនហ៊ានបំពាន

សូមដូរទៅជាបទពាក្យ ៧

៥៧បពិត្រព្រះម្ចាស់អើយខ្ញុំសូមបង្គំទូលព្រមព្រះអង្គថា
ធ្វើតាមបញ្ជារកុំសាវាជាកេរថ្លៃថ្លារបស់ខ្ញុំ
៥៨ខ្ញុំខិតខ្ញុំខំទាំងយប់ថ្ងៃឱ្យ​គាប់ព្រះទ័យព្រះឧត្តម
សូមត្រាប្រណីសន្តោសខ្ញុំតាមការទូលសុំទ្រង់សន្យា
៥៩ខ្ញុំរិះគិតអំពីមារយាទគំនិតចោលម្សៀតឥតបានការ
បោះជំហានត្រង់ចរយាត្រាឆ្ពោះឥតរួញរារកព្រះអង្គ
៦០ប្រញាប់ប្រញាល់ប្រតិបត្តិតាមវិន័យក្រឹត្យឥតមានឆ្គង
មិនធ្វេសប្រហែសមិនមានហ្មងដោយចិត្តស្ម័គ្រផងមិនរួញរា
៦១ពួកជនអាក្រក់ធ្វើឱ្យខ្ញុំជាប់អន្ទាក់រុំរបស់វា
តែទូលបង្គំខំពុះពារគោរពមាគ៌ាច្បាប់ព្រះអង្គ
៦២ពេលកណ្តាលយប់អ​​​ធ្រាតស្ងាត់ខ្ញុំក្រោកថ្វាយថ្វាត់ដៃផ្ចិតផ្ចង់
គោរពសរសើរថ្កើងព្រះអង្គសម្រេចត្រឹមត្រង់ល្អពេកកូវ
៦៣ខ្ញុំរួមកាយចិត្តគំនិតជាក់ជាមួយអស់អ្នកល្អត្រឹមត្រូវ
គឺអ្នកដែលប្រព្រឹត្តតាមផ្លូវមាគ៌ាត្រឹមត្រូវព្រះនៃយើង
៦៤ផែនដីពេញដោយព្រះហឫទ័យព្រះម្ចាស់ថ្លើមថ្លៃក៏ថ្កានថ្កើង
សូមទ្រង់បង្រៀនវិន័យផងព្រះនាមព្រះអង្គឱ្យខ្ញុំស្គាល់
៦៥បពិត្រព្រះអម្ចាស់ខ្ញុំអើយទ្រង់សន្តោសហើយខ្ញុំមិនខ្វល់
ខ្ញុំអ្នកបម្រើបង្គំគាល់តាមព្រះបន្ទូលទ្រង់សន្យា
៦៦សូមប្រោសប្រណីឱ្យខ្ញុំចេះគិតគូរវៃឈ្លាសមានប្រាជ្ញា
ឱ្យស្គាល់វិន័យសព្វប្រការដ្បិតខ្ញុំនេះណាមិនក្រឡាស់
៦៧កាលគ្រាមុននោះខ្ញុំវង្វេងកណ្តោចកណ្តែងវេទនាណាស់
តែឥឡូវនេះខ្ញុំយល់ច្បាស់ខ្ញុំខំរួតរះតាមបញ្ជា
៦៨ទ្រង់មានព្រះទ័យសប្បុរសករុណាសន្តោសមនុស្សនានា
សូមទ្រង់បង្រៀនក្រឹត្យធម្មាវិន័យបញ្ជាតរៀងទៅ
៦៩អ្នកអួតបំប៉ោងនាំគ្នាជុំបង្ខូចឈ្មោះខ្ញុំឱ្យអាស្រូវ
តែទូលបង្គំឆ្ពោះសំដៅដើរទៅតាមផ្លូវច្បាស់ព្រះអង្គ
៧០ពួកគេជាអ្នកដែលគ្មានចិត្តមិនចេះរិះគិតដ្បិតគេល្ងង់
ឯខ្ញុំពេញចិត្តឥតរេរង់វិន័យព្រះអង្គល្អត្រចះ
៧១ទូលបង្គំរងទុក្ខវេទនានោះក៏គឺជាប្រពៃណាស់
ដើម្បីខ្ញុំបានរៀនឱ្យច្បាស់ពីវិន័យព្រះដ៏ថ្លាថ្លៃ
៧២ធម្មវិន័យដែលព្រះអង្គបានប្រកាសឱ្យកាន់មានតម្លៃ
ប្រសើរជាងមាសពេជ្រចរណៃជាងប្រាក់ក្រាស់ក្រៃច្រើនលើសលប់
៧៣ព្រះអង្គបង្កើតទូលបង្គំឱ្យបានរឹងមាំមានសព្វគ្រប់
សូមឱ្យមានទាំងប្រាជ្ញាគាប់បានសិក្សាច្បាប់វិន័យផង
៧៤អ្នកដែលគោរពកោតខ្លាចព្រះបានឃើញខ្ញុំច្បាស់ឥតមូរហ្មង
គេនឹងសប្បាយពេកកន្លងជីវិតខ្ញុំផងផ្ញើលើព្រះ
៧៥បពិត្រព្រះម្ចាស់អើយខ្ញុំស្គាល់ខ្ញុំដឹងខ្ញុំយល់ថាព្រះម្ចាស់
សម្រេចពីអ្វីសុចរិតច្បាស់ទ្រង់ដាក់ទោសណាស់ក៏ត្រឹមត្រូវ
៧៦សូមទ្រង់មេត្តាជួយសម្រាលទុក្ខខ្ញុំឱ្យស្រាលកុំឱ្យនៅ
តាមទ្រង់សន្យាកុំហ្មងសៅដល់ខ្ញុំដែលត្រូវជាបម្រើ
៧៧សូមទ្រង់បង្ហាញធម៌មេត្តាឱ្យមានជីវ៉ារស់គ្រាន់បើ
លើលោកីយ៍នេះខ្ញុំបម្រើតាមវិន័យធម៌ដោយរីករាយ
៧៨ឱ្យអ្នកអួតអាងត្រូវអាម៉ាស់ដ្បិតគេពោលផ្តាសពាក្យមើលងាយ
បង្កាច់រូបខ្ញុំឱ្យអន្តរាយឯខ្ញុំមិនណាយពីច្បាប់ទ្រង់
៧៩សូមអ្នកគោរពព្រះមកជុំនាំគ្នារកខ្ញុំកុំបង្អង់
ឱ្យខ្ញុំស្គាល់ពាក្យទូន្មានផងរបស់ព្រះអង្គល្អពេកក្រៃ
៨០សូមជួយរូបខ្ញុំឱ្យប្រព្រឹត្តតាមវិន័យក្រឹត្យរៀងរាល់ថ្ងៃ
បានល្អឥតខ្ចោះមិនក្រឡៃរូបខ្ញុំគ្មានថ្ងៃត្រូវខ្មាសគេ
៨១ខ្ញុំទន្ទឹងចាំព្រះសង្គ្រោះជាព្រះរបស់ខ្ញុំគ្មានល្ហែ
រូបខ្ញុំពឹងលើរាល់ថ្ងៃខែសង្ឃឹមឥតប្រែលើព្រះអង្គ
៨២ខ្ញុំខិតខំប្រឹងនៅរង់ចាំបន្ទូលឧត្តមរបស់ទ្រង់
តើពេលណាទៅទើបព្រះអង្គសម្រាលទុក្ខផងខ្ញុំល្ហែល្ហើយ
៨៣រូបខ្ញុំជាអ្នកគ្មានគេរាប់រស់នៅអភ័ព្វណាស់ព្រះអើយ
ចាំតែវិន័យមិនកន្តើយឥតមានភ្លេចឡើយលុះមរណា
៨៤តើឱ្យរូបខ្ញុំទ្រាំម្តេចកើតឬទ្រាំរហូតសូន្យសង្ខា
ម្តេចទ្រង់មិនប្រទេចផ្តាសាដាក់ទោសជនណាដែលសាមាន្យ
៨៥អ្នកមិនគោរពច្បាប់វិន័យគេចង់ធ្វើអ្វីដែលរំខាន
គេជីករណ្តៅចាំរុញច្រានឱ្យខ្ញុំក្ស័យប្រាណនៅក្នុងនោះ
៨៦វិន័យព្រះអង្គសុទ្ធតែពិតសូមទ្រង់អាណិតប្រណីប្រោស
សូមជួយរូបខ្ញុំនេះផងចុះគេបៀតបៀនហួសគ្មានហេតុផល
៨៧នៅតែបន្តិចគេប្រហារឱ្យខ្ញុំមរណាមិនទុកសល់
តែទូលបង្គំមិនខ្វាយខ្វល់ឬមានកិច្ចកលចោលវិន័យ
៨៨សូមប្រទានខ្ញុំមានជីវិតរស់ឡើងវិញពិតដោយហឫទ័យ
មេត្តាករុណាល្អប្រពៃព្រះបន្ទូលថ្លៃខ្ញុំប្រតិបត្តិ
៨៩បពិត្រព្រះម្ចាស់ព្រះបន្ទូលគង់វង្សមុតមូលមិនខ្ចាយខ្ចាត់
នៅស្ថានបរមសុខមិនរលត់អស់កល្បរហូតតរៀងទៅ
៩០ព្រះអង្គមានព្រះទ័យស្ម័គ្រស្មោះប្រសើរសប្បុរសមិនអាស្រូវ
ព្រះអង្គតែងតាំងផែនដីនៅរឹងប៉ឹងពេកកូវនៅស្ងប់ស្ងៀម
៩១អ្វីៗទាំងអស់សព្វសារពើឥតប្រែប្រួលរើឬស្វិតក្រៀម
មកដល់សព្វថ្ងៃឥតលាក់លៀមសុទ្ធតែនៅក្រោមអំណាចព្រះ
៩២បើទូលបង្គំមិនពេញចិត្តនឹងវិន័យក្រឹត្យព្រះជាម្ចាស់
នោះខ្ញុំមុខជារងទុក្ខទោសវេទនារងគ្រោះលុះក្សិណក្ស័យ
៩៣ខ្ញុំមិនដែលភ្លេចច្បាប់ព្រះអង្គទាំងវិន័យផងដ៏ប្រពៃ
ដោយសារតែច្បាប់នេះឯងហើយទ្រង់ប្រទានឱ្យមានជីវិត
៩៤ជីវិតខ្ញុំផ្ញើរលើព្រះអង្គតម្រែតម្រង់តាមឱវាទ
ដ្បិតទូលបង្គំតែងឈ្លបឆ្លៀតមិនបង់មារយាទរកច្បាប់ផង
៩៥មានជនអាក្រក់ជនពាលាវាចង់ផ្តន្ទាខ្ញុំតែម្តង
តែខ្ញុំនៅតែគិតបំណងរកច្បាប់ព្រះអង្គនិងវិន័យ
៩៦ខ្ញុំយល់ឃើញថាគ្រប់ទាំងអស់ដែលល្អឥតខ្ចោះនិងអ្វីៗ
គង់មានដើមចុងមានចាស់ថ្មីឯព្រះវិន័យគ្មានព្រំដែន

សូមដូរទៅជាបទកាកគតិ

៩៧ខ្ញុំសែនពេញចិត្តវិន័យក្រមក្រឹត្យរបស់ព្រះអង្គ
ខ្ញុំតែងសញ្ជឹងពីវិន័យទ្រង់សព្វប្រការផង
ជារៀងរាល់ថ្ងៃ
៩៨វិន័យព្រះអង្គឱ្យខ្ញុំត្រឹមត្រង់ប្រាជ្ញាវាងវៃ
ជាងពួកសត្រូវដ្បិតខ្ញុំលកលៃរិះគិតរំពៃ
ពីវិន័យនេះ
៩៩ខ្ញុំវាងវៃឆ្លាតជាងគ្រូទៅទៀតព្រោះតែខ្ញុំចេះ
យកដំបូន្មានទាំងប៉ុន្មាននេះមកសញ្ជឹងរិះ
គិតពិចារណា
១០០កាន់តាមបញ្ញត្ដិវិន័យមិនបាត់ខ្ញុំយល់ឃើញថា
មានប្រាជ្ញវាងវៃជាងយាយជាងតាទោះចាស់យ៉ាងណា
មិនដល់ខ្ញុំសោះ
១០១ខ្ញុំគេចឱ្យឆ្ងាយពីផ្លូវអន្តរាយអាក្រក់ទាំងអស់
គេចចេញឱ្យផុតប្រព្រឹត្តតាមព្រះបន្ទូលអម្ចាស់
នៅជាប់ស្ថិតស្ថេរ
១០២ខ្ញុំមិនងាកគេចអ្វីទ្រង់សម្រេចត្រឹមត្រូវឥតប្រែ
ដ្បិតទ្រង់ប្រដៅខ្ញុំរាល់ថ្ងៃខែខ្ញុំមិនគេចកែ
ចាកចោលទ្រង់ឡើយ
១០៣បញ្ជានេះណាប្រៀបបានអាហារឆ្ងាញ់ពិសេសហើយ
សម្រាប់រូបខ្ញុំគ្មានអ្វីស្មើឡើយផ្អែមណាស់ព្រះអើយ
លើសទឹកឃ្មុំផង
១០៤គឺធម្មវិន័យរបស់ម្ចាស់ថ្លៃធ្វើឱ្យខ្ញុំត្រង់
ចេះពិចារណារិះគិតឥតឆ្គងស្អប់ផ្លូវសៅហ្មង
វៀចវេរបោកប្រាស
១០៥បន្ទូលព្រះអង្គគឺជាចង្កៀងខ្ញុំបានឃើញច្បាស់
ពិតជាពន្លឺត្រចង់ត្រចះឃើញផ្លូវស្រឡះ
ឱ្យខ្ញុំសុខសាន្ត
១០៦ខ្ញុំសូមសន្យាឥតងាករេថាធ្វើតាមមិនខាន
ខ្ញុំនឹងប្រតិបត្តិសេចក្តីប៉ុន្មានសុចរិតថ្កើងថ្កាន
របស់ព្រះអង្គ
១០៧បពិត្រព្រះម្ចាស់ខ្ញុំវេទនាណាស់សូមប្រោសខ្ញុំផង
ឱ្យមានជីវិតសូមកុំបោះបង់ជួយឱ្យរស់ផង
តាមទ្រង់សន្យា
១០៨ឱ! ព្រះអម្ចាស់សូមទទួលត្រាស់​ពាក្យខ្ញុំនេះណា
ចាត់ដូចតង្វាយដាក់ថ្វាយក្សត្រាឱ្យស្គាល់បញ្ជា
វិន័យម្ចាស់ថ្លៃ
១០៩ខ្សែជីវិតខ្ញុំប្រឈមមុខចំនឹងក្តីអន្តរាយ
តែខ្ញុំមិនភ្លេចពីធម្មវិន័យចងចាំរាល់ថ្ងៃ
ឥតបីងាករេ
១១០មានជនអាក្រក់គេលបចាំដាក់អន្ទាក់ឥតល្ហែ
ចាប់ទូលបង្គំរាល់ឆ្នាំថ្ងៃខែក៏ខ្ញុំមិនប្រែ
ពីច្បាប់ព្រះអង្គ
១១១ពាក្យដំបូន្មានព្រះបានប្រទានជាកេរផូរផង់
ឱ្យទូលបង្គំរីករាយកន្លងមានអំណរផង
នៅក្នុងដួងចិត្ត
១១២ខ្ញុំសូមប្តេជ្ញាធ្វើតាមបញ្ជាវិន័យក្រមក្រឹត្យ
របស់ព្រះអង្គដោយអស់ពីចិត្តលុះទីបំផុត
ជីវិតក្សិណក្ស័យ
១១៣ខ្ញុំស្អប់មនុស្សអាក្រក់ទុរយសមានចិត្តពីរបី
តែខ្ញុំស្រឡាញ់ព្រះធម្មវិន័យព្រះអម្ចាស់ថ្លៃ
គ្មានថ្ងៃភ្លេចឡើយ
១១៤ទ្រង់ជាជម្រកជាខែលឱ្យជ្រកផុតទុក្ខល្ហែល្ហើយ
សូមផ្ញើជីវិតលើព្រះម្ចាស់ហើយសូមកុំកន្តើយ
ទទួលយកផង
១១៥ជនអាក្រក់អើយបើអ្នកចេញឆ្ងាយខ្ញុំអស់សៅហ្មង
ឱ្យខ្ញុំប្រតិបត្តិវិន័យព្រះផងល្អល្អះឥតហ្មង
ជាព្រះនៃខ្ញុំ
១១៦សូមព្រះអង្គជួយគាំទ្រលើកស្ទួយជួយទូលបង្គំ
តាមព្រះបន្ទូលបញ្ជាមកខ្ញុំកុំឱ្យសង្ឃឹម
ខ្ញុំប្រែខកចិត្ត
១១៧សូមធ្វើបង្អែកកុំបីរារែកខ្ញុំមានជីវិត
ខ្ញុំនឹងតម្រង់ខំផ្ចង់ទាំងចិត្តរកវិន័យក្រឹត្យ
របស់ព្រះម្ចាស់
១១៨ព្រះអង្គមិនលះបង់ចោលអស់អ្នកដែលវេទនាប្រាស
ពីក្រឹត្យវិន័យនៃព្រះជាម្ចាស់ធ្វើអ្វីទាំងអស់
ជាការកុហក
១១៩ពួកអាក្រក់នោះព្រះអង្គផាត់អស់មិនមានសល់ទុក
ដូចជាសំរាមគ្មានអ្វីសោយសោកហេតុនេះខ្ញុំយក
ដំបូន្មានទ្រង់
១២០រូបកាយខ្ញុំភ័យញ័រអស់ជើងដៃដោយខ្លាចព្រះអង្គ
ទូលបង្គំកោតសេចក្តីត្រឹមត្រង់អ្វីដែលព្រះអង្គ
បានសម្រេចយក
១២១ខ្ញុំខំប្រព្រឹត្តអំពើសុចរិតយុត្តិធម៌រៀងមក
កុំឱ្យខ្ញុំធ្លាក់រណ្តៅលាមកកុំឱ្យជួយអ្នក
សង្កត់សង្កិន
១២២សូមជួយធានារូបខ្ញុំដែលជាអ្នកបម្រើទ្រង់
បានសេចក្តីសុខក្សេមក្សាន្តយូរលង់អ្នកអួតបំប៉ោង
កុំមកជិះជាន់
១២៣យើងខ្ញុំទន្ទឹងរង់ចាំព្រះអង្គសង្គ្រោះបន្ទាន់
បញ្ជានេះណាកាលពីគ្រាមុនមិននៅទំរន់
ខ្ញុំចងចាំគិត
១២៤សូមទ្រង់មេត្តាផ្តល់ក្តីករុណាអាសូរអាណិត
មេត្តាប្រទានបង្រៀនទាំងក្រឹត្យវិន័យនោះពិត
ឱ្យខ្ញុំស្គាល់ផង
១២៥សូមមេត្តាព្រះប្រទានខ្ញុំចេះកុំនៅបង្អង់
ចេះពិចារណាខុសត្រូវឆ្គាំឆ្គងដំបូន្មានផង
ទ្រង់ទូន្មានខ្ញុំ
១២៦បពិត្រម្ចាស់អើយក្នុងពេលនេះហើយជួយទូលបង្គំ
ដ្បិតគេរំលោភវិន័យព្រះអង្គកុំបីរេរង់
បង្អង់កែគេច
១២៧ខ្ញុំស្រឡាញ់ព្រះវិន័យអម្ចាស់ពេកក្រៃមិនភ្លេច
ស្រឡាញ់ជាងមាសរស្មីរំលេចជាងប្រាក់ជាងពេជ្រ
ទាំងឡាយទៅទៀត
១២៨យើងខ្ញុំយល់ថាច្បាប់គ្រប់ប្រការឥតបីឃ្លាងឃ្លាត
សុទ្ធតែត្រឹមត្រូវឥតមានរវាតខ្ញុំតែងឈ្លបឆ្លៀត
ត្រងត្រាប់គ្រប់យ៉ាង

សូមដូរទៅជាបទពាក្យ ៧

១២៩ដំបូន្មាននៃព្រះអម្ចាស់ល្អវិសេសណាស់គ្រប់ពាក្យពេចន៍
ហេតុនេះខ្ញុំធ្វើតាមជានិច្ចឥតបីមានភ្លេចភ្លាត់របេះ
១៣០ការស្វែងរកព្រះបន្ទូលទ្រង់ឱ្យចិត្តភ្លឺស្វាងប្រាកដណាស់
ហើយធ្វើឱ្យអ្នកទន់ទាបចេះពិចារណាត្រិះរិះគូរគិត
១៣១ខ្ញុំខំយកចិត្តទុកដាក់ស្តាប់ដោយក្តីត្រង់ត្រាប់អស់ពីចិត្ត
ដ្បិតខ្ញុំចង់ស្គាល់វិន័យក្រឹត្យព្រះម្ចាស់ពេកពិតឥតមានណាយ
១៣២សូមបែរព្រះភក្ត្រទតមកខ្ញុំសូមប្រណីកុំបីរសាយ
ដូចទ្រង់ប្រណីជនទាំងឡាយធ្លាប់ស្មោះឱនកាយថ្វាយព្រះអង្គ
១៣៣សូមជួយពង្រឹងទូលបង្គំមានចិត្តរឹងមាំមិនឃ្លេងឃ្លោង
កុំបណ្តោយខ្ញុំធ្លាក់ទៅក្នុងរណ្តៅអន្លង់​​​​​​​ជ្រោះជ្រៅឡើយ
១៣៤សូមជួយរំដោះខ្ញុំឱ្យរួចពីអ្នកខិលខូចខ្ញុំបានស្បើយ
អ្នកដែលជិះជាន់ឈប់មានហើយខ្ញុំមិនកន្តើយធ្វើតាមច្បាប់
១៣៥សូមទ្រង់សម្តែងព្រះហឫទ័យអាណិតប្រណីមកឆាប់ៗ
អ្នកបម្រើទ្រង់ឱ្យចេះច្បាប់វិន័យគ្រប់សព្វបានភ្លឺស្វាង
១៣៦ទឹកភ្នែកខ្ញុំហូរឥតស្រាន្តស្រាកយំឥតសម្រាកជាតឹកតាង
ដោយខ្ញុំឃើញអ្នកគ្មានទីអាងមិនគោរពតាមធម្មវិន័យ
១៣៧បពិត្រព្រះជាអម្ចាស់អើយទ្រង់ប្រកបដោយសុចរិតក្រៃ
សេចក្តីសម្រេចទ្រង់ថ្លាថ្លៃត្រឹមត្រូវប្រពៃពេកកន្លង
១៣៨ព្រះជាអម្ចាស់បានប្រទាននូវដំបូន្មានល្អហ្មត់ហ្មង
សុចរិតត្រឹមត្រូវពេកកន្លងឥតមានឆ្គាំឆ្គងសោះឡើយណា
១៣៩ខ្ញុំសែនក្តួលក្តៅមួម៉ៅខ្លាំងដោយឃើញពួកខ្មាំងចិត្តឫស្យា
បំភ្លេចព្រះបន្ទូលនោះណាសូមទ្រង់មេត្តាជួយតតាំង
១៤០បន្ទូលបញ្ជោពោលចេញជាក់ឥតលៀមឥតលាក់ឥតកំបាំង
ទូលបង្គំអ្នកបម្រើទ្រង់ស្រឡាញ់យ៉ាងខ្លាំងបន្ទូលនេះ
១៤១ខ្ញុំជាមនុស្សក្រតូចតាចគ្មានទាំងអំណាចគ្មានសក្តិយស
តែខ្ញុំនៅចាំមិនភ្លេចសោះពីច្បាប់ទាំងអស់ស្មោះឥតស្បើយ
១៤២សេចក្តីសុចរិតនៃព្រះអង្គស្ថិតស្ថេរយូរលង់អស់កល្បហើយ
ទោះធម្មវិន័យទ្រង់ក៏ដោយសុទ្ធតែនាំឱ្យប្រពៃពិត
១៤៣ខ្ញុំកើតទោសទុក្ខធំក្រៃលែងអន្ទះអន្ទែងចំបែងចិត្ត
វិន័យព្រះអង្គខ្ញុំនែបនិត្យមានក្តីសុខពិតឥតសោយសោក
១៤៤ដំបូន្មានទ្រង់សុចរិតអស់កល្បអស់កប្បអង្វែងមក
សូមប្រទានឱ្យខ្ញុំចេះរកពិចារណារយកការខុសត្រូវ
១៤៥ខ្ញុំសូមអង្វរព្រះអម្ចាស់ព្រះអង្គជាព្រះល្អពេកកូវ
សូមឆ្លើយមកខ្ញុំកុំទុកនៅខ្ញុំប្រព្រឹត្តត្រូវតាមវិន័យ
១៤៦យើងខ្ញុំអង្វរសូមព្រះអង្គសូមសង្គ្រោះផងប្រញាប់ខ្មី
ខ្ញុំធ្វើតាមមិនបង្អង់អីពាក្យពេចន៍ថ្លាថ្លៃនៃព្រះអង្គ
១៤៧ខ្ញុំខំស្រែកទួញអង្វរព្រះមុនពេលថ្ងៃរះទៅទៀតផង
ទន្ទឹងរង់ចាំមិនមានហ្មងស្តាប់ពាក្យព្រះអង្គមានបន្ទូល
១៤៨ខ្ញុំខំសញ្ជឹងនឹករិះគិតព្រះបន្ទូលពិតដែលទ្រង់ពោល
បញ្ជាមកខ្ញុំនៅផុសថ្គោលគឺព្រះបន្ទូលមុនភ្លឺច្បាស់
១៤៩សូមស្តាប់ពាក្យដែលខ្ញុំអង្វរដោយករុណាធម៌ដ៏ត្រចះ
ឱព្រះម្ចាស់អើយជួយឱ្យរស់តាមការទាំងអស់ទ្រង់សម្រេច
១៥០ពួកអ្នកឃ្លាតចាកពីវិន័យធម៌ព្រះម្ចាស់ថ្លៃគេមានល្បិច
ខិតចូលមកជិតខ្ញុំជានិច្ចចិត្តគេគួចកិច្ចគុំកម្លៅ
១៥១បពិត្រព្រះម្ចាស់ពេលទ្រង់គង់នៅជិតរូបខ្ញុំសែនកក់ក្តៅ
វិន័យទាំងអស់ទ្រង់ប្រដៅសែនត្រង់ត្រឹមត្រូវឥតមានខ្ចោះ
១៥២យើខ្ញុំបានដឹងច្បាស់ហើយថាតាំងពីដូនតាមកហើយនោះ
ដំបូន្មានទ្រង់ល្អឥតខ្ចោះគង់វង្សនៅអស់កល្បយូរយារ
១៥៣សូមព្រះអង្គទតមើលឱ្យច្បាស់ខ្ញុំរងទុក្ខទោសសោកគ្រាំគ្រា
សូមរំដោះខ្ញុំផុតវេរាមិនភ្លេចធម្មាក្រឹត្យវិន័យ
១៥៤សូមរកយុត្តិធម៌ឱ្យរូបខ្ញុំការពារអប់រំដោយប្រណី
ឱ្យមានជីវិតរស់ជាថ្មីដោយបន្ទូលថ្លៃថាប្រទាន
១៥៥ព្រះអង្គទ្រង់មិនសង្គ្រោះអ្នកដែលមិនជឿជាក់ចិត្តសាមាន្យ
មិនកាន់វិន័យល្អថ្កើងថ្កានគេធ្វើមិនបានតាមបញ្ញត្តិ
១៥៦បពិត្រព្រះម្ចាស់អើយព្រះអង្គព្រះហឫទ័យត្រង់តែងអាណិត
សូមប្រោសឱ្យខ្ញុំមានជីវិតតាមក្តីសម្រេចនោះឡើងវិញ
១៥៧អ្នកដែលបៀតបៀនទូលបង្គំមានចិត្តគួនគុំខ្ញុំជ្រក់ជ្រេញ
តែខ្ញុំមិនព្រមឃ្លាតបែកចេញវិន័យពោរពេញសែនវិសុទ្ធ
១៥៨ពេលដែលខ្ញុំឃើញជនទុរយសខ្ញុំសែនទើសទាស់ពេញក្នុងចិត្ត
ដ្បិតគេមិនធ្វើតាមបែបបទបន្ទូលវិសុទ្ធព្រះអង្គទេ
១៥៩សូមព្រះអម្ចាស់ឈ្វេងយល់ថារូបខ្ញុំនេះណាគ្មានកែប្រែ
ស្រឡាញ់ច្បាប់ទ្រង់គ្មានពេលល្ហែសូមប្រទានតែជីវិតផង
១៦០បន្ទូលព្រះអង្គសុទ្ធតែពិតពេញដោយសុចរិតទៀងស្មោះត្រង់
ការវិនិច្ឆ័យល្អកន្លងស្ថិតស្ថេរយូរលង់អស់កប្បកល្ប
១៦១ពួកអ្នកដឹកនាំបៀតបៀនខ្ញុំដោយមិនសក្តិសមគ្មានហេតុផល
ខ្ញុំឥតមានព្រួយឥតខ្វាយខ្វល់មានតែបន្ទូលទើបខ្ញុំខ្លាច
១៦២ខ្ញុំរីករាយចិត្តនឹងទទួលបញ្ជាទ្រង់ផ្ទាល់ដែលសម្រេច
ដូចអ្នកទទួលបានមាសពេជ្រជ័យភណ្ឌរំលេចថ្លៃពន់ពេក
១៦៣ខ្ញុំស្អប់ខ្ពើមការបោកកុហកភូតភរគម្រក់ខ្លាំងអនេក
ដ្បិតខ្ញុំស្រឡាញ់នឹកឃ្លានស្រេកធម្មវិន័យពេកព្រះអង្គថ្លៃ
១៦៤ខ្ញុំសូមសរសើរកោតព្រះអង្គបានប្រាំពីរដងក្នុងមួយថ្ងៃ
អ្វីទ្រង់សម្រេចល្អប្រពៃសុចរិតពេកក្រៃមិនប្រែប្រួល
១៦៥អ្នកណាស្រឡាញ់វិន័យធម៌នឹងមានជោគល្អហើយទទួល
បានក្តីសុខសាន្តរស់នៅស្រួលមិនជួបភ័យជ្រួលបានថ្កើងថ្កាន
១៦៦ខ្ញុំជឿសង្ឃឹមថាព្រះម្ចាស់មុខជាសង្គ្រោះខ្ញុំពុំខាន
ខ្ញុំសូមប្រព្រឹត្តតាមស្នាមដានវិន័យថ្កើងថ្កាននៃព្រះអង្គ
១៦៧ខ្ញុំប្រព្រឹត្តតាមដំបូន្មានខកខានមិនហ៊ានគឺស្មោះត្រង់
ស្រឡាញ់ដំបូន្មានព្រះអង្គឥតមានវាងវង់ឬកលកិច្ច
១៦៨ទូលបង្គំប្រព្រឹត្តតាមច្បាប់បញ្ជាបង្គាប់មិនមានភ្លេច
អ្វីដែលខ្ញុំធ្វើទ្រង់ជ្រាបខ្ទេចឥតមានស្រពេចស្រពិលឡើយ

សូមដូរទៅជាបទកាកគតិ

១៦៩ឱ! ព្រះអម្ចាស់សូមសណ្តាប់ច្បាស់សំឡេងខ្លាំងល្វើយ
ដែលខ្ញុំបានស្រែកទ្រង់សណ្តាប់ហើយសូមប្រទានឱ្យ
ខ្ញុំចេះរិះគិត
១៧០សូមពាក្យទទូចអង្វរថ្ងូរថ្ងួចលាន់ឮទៅជិត
សូមជួយរំដោះឱ្យរួចជីវិតតាមបន្ទូលពិត
សន្យាទ្រង់ផង
១៧១សូមឱ្យរូបខ្ញុំពោលពាក្យឧត្តមសរសើរព្រះអង្គ
ដ្បិតទ្រង់បង្រៀនវិន័យថ្កុំថ្កើងរបស់ព្រះអង្គ
ខ្ញុំបានយល់ច្បាស់
១៧២ខ្ញុំនឹងស្រែកច្រៀងបន្លឺសំនៀងសរសើរដល់ព្រះ
បន្ទូលសន្យាសក្តិសមឥតខ្ចោះធម្មវិន័យនោះ
សុចរិតកន្លង
១៧៣សូមសម្តែងព្រះបារមីទាំងអស់ហើយសង្គ្រោះផង
ដ្បិតទូលបង្គំសម្រេចបំណងតាមច្បាប់ព្រះអង្គ
មិនគេចកែឡើយ
១៧៤បពិត្រព្រះម្ចាស់ខ្ញុំចង់ឱ្យព្រះសង្គ្រោះផុតក្ស័យ
ខ្ញុំពេញចិត្តណាស់នឹងធម្មវិន័យជារៀងរាល់ថ្ងៃ
ពុំមានស្រាកស្រាន្ត
១៧៥សូមឱ្យជីវិតខ្ញុំនៅរស់ពិតដើម្បីនឹងបាន
សរសើរតម្កើងព្រះដ៏ថ្កើងថ្កានសេចក្តីប៉ុន្មាន
ជួយលើកទឹកចិត្ត
១៧៦ខ្ញុំដើរដូចសត្វចៀមវង្វេងបាត់សូមយាងនែបនិត្យ
មករកខ្ញុំជាបម្រើស្មោះពិតដ្បិតខ្ញុំមិនភ្លាត់
ភ្លេចវិន័យទ្រង់

ទំនុកតម្កើងលេខ ១២០ (១១៩) បទព្រហ្មគីតិ

ពេលខ្ញុំមានអាសន្នភ័យស្លោស្លន់ខ្ញុំហៅរក
ព្រះម្ចាស់ឱ្យយាងមកទ្រង់ឆ្លើយរកតបនឹងខ្ញុំ
ឱព្រះអម្ចាស់អើយកុំកន្តើយគង់សំងំ
រំដោះផុតទុក្ខធំកុំឱ្យខ្ញុំជួបបោកប្រាស
អ្នកនិយាយមិនពិតពោលបញ្ឆិតពាក្យផ្តេសផ្តាស
តើត្រូវទទួលទោសយ៉ាងណាខ្លះនៅពេលក្រោយ
គឺត្រូវទទួលទុក្ខឈឺចាប់ចុកមិនផុតឡើយ
ផ្លែព្រួញមុតធ្លុះហើយភ្លើងឆេះកាយមិនប្រណី
ខ្ញុំរស់មិនបានសុខនៅក្នុងស្រុកមនុស្សព្រៃ
ជនពាលសាហាវក្រៃខ្ញុំស្ទើរក្ស័យសែនខ្វាយខ្វល់
ជាយូរឆ្នាំកន្លងខ្ញុំរស់រងទុក្ខអំពល់
ពួកមនុស្សមិនយល់មិនចង់ស្គាល់សន្តិភាព
ពេលណាខ្ញុំហាស្តីគេមិនខ្ចីបែរមកស្តាប់
មិនចង់សន្តិភាពបែរជារៀបធ្វើសង្គ្រាម

ទំនុកតម្កើងលេខ ១២១ (១២០) បទពាក្យ ៧

ខ្ញុំងើបមុខឡើងភ្នែកសម្លឹងឯនាយល្វើយល្វឹងទៅដល់ភ្នំ
ថាតើនរណានឹងជួយខ្ញុំឱ្យផុតទុក្ខធំគ្រប់ៗគ្រា
គឺមានតែអង្គព្រះអម្ចាស់ដែលប្រណីប្រោសរាល់វេលា
ទ្រង់បង្កើតដីផ្ទៃមេឃាព្រះអង្គគឺជាព្រះសង្គ្រោះ
សូមទ្រង់មេត្តាកុំបណ្តោយឱ្យជើងអ្នកធ្លោយរងរបួស
ករុណាអាសូរជួយសង្គ្រោះកុំឱ្យមានគ្រោះឬត្រូវដួល
ព្រះអង្គដែលថែទាំការពារស្រាអែលគ្រប់គ្នាបានសុខស្រួល
ព្រះអង្គសង្គ្រោះមិនឱ្យដួលទ្រង់មិនប្រែប្រួលផ្ទុំលក់ឡើយ
ព្រះអម្ចាស់តែងរក្សាថែការពារឥតល្ហែមិនកន្តើយ
ទ្រង់គង់នៅខាងស្តាំអ្នកហើយកុំខ្វល់ខ្វាយឡើយទ្រង់ជាម្លប់
ព្រះអាទិ្យរះក្នុងពេលថ្ងៃមិនធ្វើទុក្ខអ្វីភ្លឺគ្រងគ្រប់
ឯព្រះច័ន្ទចរនៅពេលយប់ទុក្ខសោកក៏ឈប់ដល់អ្នកដែរ
ព្រះអម្ចាស់នឹងថែរក្សារារាំងបាំងការពារថ្នមថែ
ហេតុការណ៍អាក្រក់ទ្រង់បង្វែរមិនឱ្យកើតក្បែររូបអ្នកឡើយ
ព្រះម្ចាស់ថែអ្នកគ្មានឈរឈប់អ្វីៗសព្វគ្រប់មិនកន្តើយ
កិច្ចការអ្នកធ្វើនឹងធូរស្បើយពីពេលនេះហើយតរៀងទៅ

ទំនុកតម្កើងលេខ ១២២ (១២១) បទកាកគតិ

គេប្រាប់ខ្ញុំថាយើងគ្រប់កាយាទៅព្រះដំណាក់
ទីដែលព្រះជាអម្ចាស់គង់ស្នាក់ល្អស្អាតត្រជាក់
ខ្ញុំសប្បាយក្រៃ
យេរូសាឡឹមភ័្រក្តអ្នកប៉ប្រិមឥតមានទាស់អ្វី
យើងនាំគ្នាឈានជើងចូលដល់ដីដល់ទ្វារបុរី
នៃអ្នកហើយណា
យេរូសាឡឹមជាក្រុងមួយធំសែនស្រស់សង្ហា
ដែលសង់ឡើងបានរឹងមាំក្រៃណាកំពែងអស្ចារ្យ
ល្អព័ទ្ធជុំជិត
គ្រប់កុលសម្ព័ន្ធនានារួសរាន់នាំគ្នាមកស្ថិត
ច្រៀងលើកតម្កើងព្រះម្ចាស់មានឫទ្ធិតាមច្បាប់នៃជាតិ
ជនអ៊ីស្រាអែល
ទីនេះក៏មានបល្ល័ង្កថ្កើងថ្កាននៃរាជវង្សដែល
ជាស្តេចដាវីឌបារមីក្រាស់ក្រែលគ្រប់គ្រងក្រវែល
រាស្រ្តដោយយុត្តិធម៌
សូមព្រះអម្ចាស់ប្រណីសន្តោសសន្តិភាពបវរ
ដល់ក្រុងសាឡឹមឱ្យអ្នកស្មោះសរស្រឡាញ់ក្រុងល្អ
រស់នៅសុខសាន្ត
ឱ្យអ្នករស់ក្នុងកំពែងទីក្រុងបានសុខក្សេមក្សាន្ត
សូមឱ្យវិមានក្នុងក្រុងប៉ុន្មានជួបតែសុខសាន្ត
ឥតមានទុក្ខភ័យ
យល់ដល់សន្តានញាតិមិត្តភុំផានបងប្អូនប្រុសស្រី
ខ្ញុំពោលឡើងថាសូមឱ្យសិរីបវរសួស្តី
ដល់ក្នុងថ្កុំថ្កើង
យល់ដល់ដំណាក់ល្អស្រស់វលក្ខណ៍ជាព្រះនៃយើង
សូមឱ្យអ្នកបានសិរីរុងរឿងខ្ពង់ខ្ពស់ថ្កុំថ្កើង
សុភមង្គល

ទំនុកតម្កើងលេខ ១២៣ (១២២) បទព្រហ្មគីតិ

ឱ! ព្រះជាអម្ចាស់គង់ខ្ពស់ណាស់ស្ថានសុខអើយ
ខ្ញុំងើបមុខឡើងហើយសម្លឹងងើយទៅព្រះអង្គ
យើងខ្ញុំក៏សម្លឹងនិងទន្ទឹងរង់ចាំទ្រង់
ដូចបម្រើរំពឹងមើលដៃជើងម្ចាស់សន្តោស
ឱ! ព្រះអម្ចាស់អើយអាណិតហើយមេត្តាប្រោស
យើងខ្ញុំនេះផងចុះខ្ញុំឥតខុសគេមើលងាយ
យើងខ្ញុំមិនអាចទ្រាំគេសើចយំដោយពេបជ្រាយ
គេជេរពីជិតឆ្ងាយអ្នកទាំងឡាយវាយឫកខ្ពស់

ទំនុកតម្កើងលេខ ១២៤ (១២៣) បទពាក្យ ៧

ប្រសិនបើគ្មានព្រះអម្ចាស់​មិនជួយសន្តោសគាំទ្រទេ
សូមអ៊ីស្រាអែលពោលហូរហែរពោលកុំទំនេរទាំងអស់គ្នា
ប្រសិនបើគ្មានព្រះអម្ចាស់នៅខាងយើងនោះគ្រប់វេលា
ពេលណាសត្រូវលើកគ្នីគ្នាសម្រុកពុះពារវាយលើយើង
ពេលណាគេមានកំហឹងខ្លាំងគេមកប្រឆាំងយើងនឹងប៉ើង
គេនឹងត្របាក់លេបដូចភ្លើងមិនឱ្យពួកយើងសុខសាន្តឡើយ
យើងនឹងលិចលង់ក្នុងសមុទ្រភិតភ័យតក់ស្លុតឥតមានស្បើយ
ទឹកហូរនាំយើងគ្មានកោះត្រើយទៅកាន់ទីឆ្ងាយគ្មានគោលដៅ
ពេលយើងកំពុងអស់កម្លាំងមានទឹកកួចខ្លាំងពន្លិចទៅ
ដល់បាតជលសាដ៏សែនជ្រៅជីវិតយើងត្រូវលង់ក្សិណក្ស័យ
សូមលើកតម្កើងព្រះអម្ចាស់ដ្បិតទ្រង់ជាព្រះមានបារមី
ទ្រង់ពុំប្រគល់យើងក្នុងដៃធ្វើរំពានៃពួកនោះឡើយ
យើងរួចជីវិតដូចបក្សីគេចផុតពីដៃព្រានព្រៃហើយ
គឺលប់ធ្លុះធ្លាយគ្មានសល់ឡើយយើងបានធូរស្បើយរស់ជីវ៉ា
ព្រះអម្ចាស់បានសង្គ្រោះយើងដោយព្រះនាមថ្កើងមានចេស្តា
គឺព្រះអង្គដែលមានមេត្តាបង្កើតវេហានិនផែនដី

ទំនុកតម្កើងលេខ ១២៥ (១២៤) បទកាកគតិ

អ្នកផ្ញើជីវិតលើព្រះមានឫទ្ធិអ្នកនោះប្រៀបបាន
នឹងភ្នំស៊ីយ៉ូនស្រស់បស់ភុំផានស្ថិតស្ថេរសុខសាន្ត
ជាទីសង្ឃឹម
ភ្នំព័ទ្ធជិតជុំទីក្រុងឧត្តមយេរូសាឡឹម
ឯព្រះអម្ចាស់ក៏គង់នៅជុំរាស្រ្តផុតទុក្ខធំ
បានសុខសិរី
ដ្បិតស្តេចយង់ឃ្នងពុំអាចគ្រប់គ្រងនៅលើទឹកដី
នៃជនសុចរិតគ្មានចិត្តព្រៃផ្សៃចិត្តចង់ធ្វើអ្វី
ដែលជាកំហុស
ឱ! ព្រះអម្ចាស់សូមសម្តែងព្រះហឫទ័យសប្បុរស
ទៅលើអស់អ្នកមានចិត្តត្រង់ស្មោះល្អឥតមានទាស់
ជាមនុស្សទៀងត្រង់
រីអ្នកចូលចិត្តដើរផ្លូវទុច្ចរិតវៀចវេរសៅហ្មង
សូមព្រះអម្ចាស់ដេញគេទៅផងឱ្យទៅនៅក្នុង
ហ្វូងមនុស្សគម្រក់
សូមទ្រង់ប្រទានអ៊ីស្រាអែលបានផុតគ្រោះអាក្រក់
រួចពីមនុស្សបាបភូតភរកុហកផុតមនុស្សគម្រក់
សុខសាន្តតទៅ

ទំនុកតម្កើងលេខ ១២៦ (១២៥) បទព្រហ្មគីតិ

ពេលព្រះដឹកនាំអ្នកដែលជំពាក់ខ្លួនជាឈ្លើយ
មកក្រុងស៊ីយ៉ូនហើយយើងធូរស្បើយដូចយល់សប្តិ
យើងសើចហ៊ោរសប្បាយអរក្អាកក្អាយឥតមានឈប់
ស្រែកជ័យឃោសន៍សាយសព្វលាន់សូរស័ព្ទគ្រប់ទិសា
ពេលនោះក្នុងចំណោមជាតិទាំងព្រមគេពោលថា៖
«ព្រះម្ចាស់មានចេស្តាធ្វើអស្ចារ្យចំពោះគេ»
ព្រះអង្គបានធ្វើការដ៏អស្ចារ្យអ្វីម៉េ្លះទេ
យើងលែងគិតគ្នាន់គ្នេរបានល្ហើយល្ហែអរសប្បាយ
ឱ! ព្រះម្ចាស់ឧត្តមសូមប្រោសខ្ញុំឱ្យរីកសាយ
ដូចរហោស្ថានឆ្ងាយសូមប្រែក្លាយមានទឹកហូរ
អ្នកណាសាបព្រោះស្រូវដោយសោកសៅគួរអាសូរ
ទាំងទឹកភ្នែកជន់ជោរនឹងច្រូតយកទាំងសប្បាយ
គេយកពូជទៅព្រោះទាំងស្រណោះយំសោកស្តាយ
ក្រោយមកគេប្រែក្លាយហ៊ោសប្បាយដោយអំណរ

ទំនុកតម្កើងលេខ ១២៧ (១២៦) បទពាក្យ ៧

ប្រសិនបើព្រះជាអម្ចាស់មិនជួយសង់ផ្ទះនោះទេណា
អ្នកសង់ខំប្រឹតឥតបានការគឺគ្មានវាសនាខ្វះលំនឹង
បើព្រះអម្ចាស់មិនរក្សាទីក្រុងទេណាឱ្យរឹងប៉ឹង
អ្នកយាមទីក្រុងដែលខំប្រឹងយាមរាល់ថ្ងៃហ្នឹងអត់អសារ
អ្នករាល់គ្នាក្រោកពីព្រលឹមរកស៊ីចិញ្ចឹមជន្មជីវ៉ា
ខំទាំងលំបាកគ្រប់កាយាតែឥតបានការផលចំណេញ
ព្រះជាអម្ចាស់បានប្រទានអាហារធនធានច្រើនពាសពេញ
ដល់អ្នកដែលព្រះអង្គស្រឡាញ់ក្នុងពេលយប់យន់គេនិទ្រា
ព្រះអម្ចាស់ប្រទានកូនចៅស្ថិតស្ថេរគង់នៅចាត់ទុកជា
ចំណែកមរតកដ៏មហិមាជាពរជ័យាពីព្រះអង្គ
កូនប្រុសៗដែលកើតចេញមកពេលដែលឪពុកពេញកម្លាំង
ដូចព្រួញដែលស្រួចមុតយ៉ាងខ្លាំងនៃអ្នកចម្បាំងពេលប្រយុទ្ធ
អ្នកដែលមានកូនប្រុសយ៉ាងច្រើននោះនឹងចម្រើនសុខបំផុត
ពេលមានបច្ចាមកប្រយុទ្ធគេមិនតក់ស្លុតមិនអាម៉ាស

ទំនុកតម្កើងលេខ ១២៨ (១២៧) បទកាកគតិ

អ្នកណាកោតខ្លាចគោរពអំណាចព្រះជាអម្ចាស់
ដើរតាមគន្លងមាគ៌ានៃព្រះអ្នកនោះឥតទាស់
ពោរពេញមង្គល
អ្នកនឹងទទួលបានឥតប្រែប្រួលយកនូវភោគផល
ចេញពីកិច្ចការគ្រប់ពេលរៀងរាល់នឹងមានមង្គល
ចម្រើនពេកក្រៃ
ឯភរិយាអ្នកដែលនៅក្នុងផ្ទះដូចដើមស្រស់ខ្ចី
មានស្លឹកមានផ្លែស្រគាលទុំខ្ចីកូនប្រុសរញ៉ី
ដូចដើមឈើតូច
នេះជាអំណោយទ្រង់ប្រទានឱ្យគេបានសម្រេច
ដល់អ្នកកោតខ្លាចឫទ្ធីអំណាចផលច្រើនពន់ពេក
មិនពិបាករក
សូមទ្រង់ប្រសិទ្ធិពរជ័យវិចិត្រពីស៊ីយ៉ូនមក
ជារៀងរាល់ថ្ងៃកុំបាច់លៃលកដើរតត្រុករក
ក្នុងជីវិតអ្នក
អ្នកនឹងឃើញចៅរបស់អ្នកនៅបីបមថ្នមថ្នាក់
ឱ្យអ៊ីស្រាអែលបានសុខជាជាក់គ្មានគ្រោះឧបសគ្គ
ជួបតែសុខសាន្ត

ទំនុកតម្កើងលេខ ១២៩ (១២៨) បទព្រហ្មគីតិ

គេតែងធ្វើបាបខ្ញុំជាដរាបតាំងពីក្មេងខ្ចី
ឱ្យអ៊ីស្រាអែលទាំងប្រុសទាំងស្រីស្រែកពោលស្រដី
តាមដូច្នេះថា៖
«គេធ្វើបាបខ្ញុំដូចចងគំនុំតាំងពីកុមារ
គេចង់សម្លាប់ចាក់កាប់ប្រហារតែទោះយ៉ាងណា
ក៏មិនឈ្នះខ្ញុំ
គេភ្ជួរគេរាស់គេដាំគេដុះធ្វើគន្លងធំ
គេភ្ជួរលើខ្នងដូចភ្ជួរដីភូមិលើសាច់ឈាមខ្ញុំ
ឱ្យឈឺគ្រាំគ្រា
ប៉ុន្តែព្រះម្ចាស់ទ្រង់សប្បុរសណាស់ដល់យើងគ្រប់គ្នា
ទ្រង់ស្រាយចំណងពួកជនពាលចេញពីអង្គា
ខ្ញុំសុខសាន្តណាស់
សូមឱ្យអស់ជនស្អប់ក្រុងស៊ីយ៉ូនជួបក្តីអាម៉ាស់
និងដកខ្លួនថយចេញឆ្ងាយស្រឡះវិនាសព្រាត់ប្រាស
កុំបីសល់នៅ
សូមឱ្យពួកគេកុំបីល្ហើយល្ហែដូចជាដើមស្មៅ
លើដំបូលផ្ទះហើយត្រូវកម្តៅស្ងួតក្រៀមស្វិតទៅ
មុនពេលលាស់ខ្ចី
សូម្បីតែគេច្រូតស្មៅនោះដែរក៏មិនពេញដៃ
មិនល្មមសម្រាប់ចងកណ្តាប់អីព្រោះស្មៅក្សិណក្ស័យ
អស់ន័យខ្លឹមសារ
សូមកុំឱ្យអស់អ្នកដើរតាមនោះពោលទៅគេថា
«សូមព្រះអម្ចាស់ប្រទានជ័យាដល់អ្នករាល់គ្នា»
តទៅទៀតឡើយ

ទំនុកតម្កើងលេខ ១៣០ (១២៩) បទពាក្យ ៧

បពិត្រព្រះជាអម្ចាស់អើយខ្ញុំស្រែកដង្ហើយរកព្រះអង្គ
ពីក្នុងរណ្តៅជ្រៅកន្លងមេត្តាជួយផងផុតពីស្លាប់
សំឡេងខ្ញុំឮដូចចម្រៀងសូមព្រះអង្គផ្ទៀងព្រះកាណ៌ស្តាប់
ពាក្យខ្ញុំអង្វរទទូចប្រាប់រៀបរាប់រ៉ាយរ៉ាប់សូមសន្តោស
បពិត្រព្រះម្ចាស់ដ៏ឧត្តមបើព្រះអង្គចាំពីកំហុស
អំពើបាបកម្មជនស្រីប្រុសគ្មានម្នាក់ណាសោះរួចខ្លួនឡើយ
ប៉ុន្តែព្រះអង្គតែងអត់ទោសប្រណីសន្តោសខ្ញុំធូរស្បើយ
រួចផុតទុក្ខទោសបានល្ហែល្ហើយគឺព្រះអង្គហើយខ្ញុំគោរព
ខ្ញុំទុកចិត្តលើព្រះអម្ចាស់ជីវិតខ្ញុំនេះផ្ញើសព្វគ្រប់
សង្ឃឹមលើព្រះបន្ទូលគាប់មិនឈរមិនឈប់ទេព្រះអង្គ
ខ្ញុំទន្ទឹងចាំព្រះអម្ចាស់ជាងអ្នកយាមផ្ទះទៅទៀតផង
ពេលឃើញថ្ងៃរះស្រស់បំព្រងរួចផុតទុក្ខផងមួយរាត្រី
ឱ! អ៊ីស្រាអែលសូមទុកចិត្តព្រះល្អវិសុទ្ធដោយព្រះទ័យ
មេត្តាករុណាត្រាប្រណីទ្រង់សព្វព្រះទ័យជួយជានិច្ច
ព្រះអង្គរំដោះអ៊ីស្រាអែលពីកំហុសដែលមានច្រើនតិច
គេបានប្រព្រឹត្តជាប់ជានិច្ចព្រះអង្គសម្រេចបានសុខសាន្ត

ទំនុកតម្កើងលេខ ១៣១ (១៣០) បទកាកគតិ

បពិត្រព្រះម្ចាស់ខ្ញុំជាមនុស្សដែលមិនអំនួត
មិនវាយឫកខ្ពស់មិនអាងមិនអួតមិនចង់ប្រកួត
អ្នកតូចអ្នកទាប
ខ្ញុំមិនលោភលន់ចង់បានទ្រព្យធនគេជារៀងរាប
មិនចង់បានអ្វីដែលធំហួសប្រៀបលើសសមត្ថភាព
របស់ខ្ញុំឡើយ
តែផ្ទុយទៅវិញចិត្តខ្ញុំពោរពេញស្ងៀមស្ងាត់ព្រងើយ
ដូចជាកូនក្មេងជាប់ទ្រូងម្តាយហើយវាធ្វើកន្តើយ
នឹងអ្វីទាំងអស់
អ៊ីស្រាអែលអើយកុំបង្អង់ឡើយទុកចិត្តលើព្រះ
តាំងពីឥឡូវតទៅឥតខ្ចោះរហូតដល់អស់
កប្បកល្បជានិច្ច

ទំនុកតម្កើងលេខ ១៣២ (១៣១) បទព្រហ្មគីតិ

ឱ! ព្រះអម្ចាស់អើយកុំកន្តើយសូមនឹកដល់
ដាវីឌសែនខ្វាយខ្វល់នឿយហត់ជ្រុលគ្រប់កិច្ចការ
ព្រះរាជាបានស្បថជាកំណត់ទ្រង់សន្យា
ព្រះដ៏មានចេស្តានៃលោកយ៉ាកុបគ្រប់គ្នា
ថាខ្ញុំមិនចូលជ្រកក្នុងជម្រកព្រះពន្លា
មិនព្រមចូលនិទ្រាលើគ្រែគ្រានេះឡើយណា
ខ្ញុំមិនព្រមបិទភ្នែកមិនព្រមដេកលង់នេត្រា
ដរាបខ្ញុំនេះណាចាត់ចែងការថ្វាយមិនបាន
គឺព្រះតំណាក់ជ័យថ្វាយក្សត្រថ្លៃខ្លាំងក្លាហាន
ព្រះយ៉ាកុបថ្កើងថ្កានបើមិនបានខ្ញុំសោកា
ហឹបសម្ពន្ធមេត្រីឮគេស្តីនិយាយថា
ឯភូមិអេប្រាតានៅយ៉ាអាឃើញហឹបជាក់
ចូរយើងនាំគ្នីគ្នាគ្រប់អង្គាចូលដំណាក់
ក្រាបទាបបាទាព្រះដោយស្មោះស្ម័គ្រគោរពថ្កើង
ឱ! ព្រះជាអម្ចាស់មេត្តាប្រោសសូមតើនឡើង
ជាមួយហឹបព្រះអង្គសូមយាងគង់រហូតទៅ
សូមឱ្យបូជាចារ្យគ្រប់កាយាកុំហ្មងសៅ
ធ្វើសុចរិតជាផ្លូវរាស្រ្តរស់នៅហ៊ោរសប្បាយ
១០ដោយយល់ដល់ព្រះបាទនាមដាវីឌដ៏ស្រស់ស្រាយ
កុំចោលស្តេចនេះឡើយគឺទ្រង់ហើយបានអភិសេក
១១ព្រះអង្គបានសន្យានឹងស្តេចដាវីឌល្អឯក
យើងនឹងតែងតាំងពូជឱ្យគ្រងរាជ្យជាបន្ត
១២ប្រសិនបើបុត្រអ្នកកាន់បានជាក់សម្ពន្ធល្អ
មេត្រីយើងតៗគ្រប់តំណយើងប្រដៅ
នោះពូជគេនឹងបានល្អថ្កើងថ្កានមិនអាស្រូវ
ឡើងគ្រងរាជ្យតទៅតកូនចៅឥតស្រាកស្រាន្ត
១៣ព្រះអម្ចាស់បានជ្រើសពិនិត្យរើសក្រុងថ្កើងថ្កាន
ជាទីល្អចំណានស៊ីយ៉ូនបានជាលំនៅ
១៤យើងនឹងស្នាក់សម្រាកមួយរយៈមិនចេញទៅ
ចង់រស់ស្នាក់និត្យនៅមិនចេញទៅកន្លែងណា
១៥យើងនឹងប្រទានពរក្រុងបវរតាមត្រូវការ
ឱ្យអ្នកខ្សត់ខ្លោចផ្សាមានអាហារមិនខ្វះទេ
១៦យើងនឹងសង្គ្រោះក្រុងឱ្យរឿងរុងល្អឡើងទ្វេ
ដោយបូជាចារ្យគេរាស្រ្តរិះរេអរអនេក
១៧ទីនេះយើងឱ្យស្តេចមានអំណាចខ្ពស់ពន់ពេក
កើតពីពូជដាវីឌឱ្យស្នងរាជ្យពេលនេះណា
យើងនឹងរៀបចំឱ្យស្តេចអង្គក្រោយមានចេស្តា
គ្រងរាជ្យយូរវស្សាជួសក្សត្រាយើងអភិសេក
១៨យើងនឹងធ្វើឱ្យខ្មាំងបាក់មុខខ្លាំងខ្មាសពន់ពេក
តែយើងនឹងឱ្យរាជ្យយើងអភិសេកបានថ្កុំថ្កើង

ទំនុកតម្កើងលេខ ១៣៣ (១៣២) បទពាក្យ ៧

បងប្អូនទាំងអស់ចេះរួមរស់ចេះស្រួលចេះស្រុះស្មោះសោភា
គឺល្អប្រពៃឥតគណានាសប្បាយគ្រប់គ្នាត្រេកត្រអាល
គឺប្រៀបបីដូចជាទឹកអប់ក្រអូបឈ្ងុយឈ្ងប់ហូរសព្វក្បាល
មកពុកចង្កាហើយរាលដាលចុះមកជាយអាវលោកអារ៉ុន
ប្រៀបបីដូចជាធ្លាក់សន្សើមពីហ៊ែរម៉ូនភ្នំនិងស៊ីយ៉ូន
ជាកន្លែងព្រះម្ចាស់ប្រទានជីវិតឱ្យមានអស់កល្បកប្ប

ទំនុកតម្កើងលេខ ១៣៤ (១៣៣) បទពាក្យ ៧

អស់អ្នកបម្រើព្រះអម្ចាស់នៅក្នុងដំណាក់ពេលរាត្រី
នាំគ្នាតម្កើងព្រះម្ចាស់ថ្ងៃដ៏ខ្ពង់ខ្ពស់ក្រៃពេកអស្ចារ្យ
ចូរលើកដៃឡើងហើយប្រណម្យបែរទៅឱ្យចំទីសក្ការ
ចូរច្រៀងសរសើរដោយជ្រះថ្លាថ្កើងព្រះចេស្តានៃព្រះអង្គ
សូមព្រះអម្ចាស់ដែលបង្កើតមេឃដីល្អឆើតកុំរេរង់
សូមប្រទានពរដល់អ្នកផងពីក្រុងស៊ីយ៉ូនមកកុំខាន

ទំនុកតម្កើងលេខ ១៣៥ (១៣៤) បទកាកគតិ

អាលេលូយ៉ាចូរគ្រប់អាត្មាសរសើរតម្កើង
ព្រះនាមអម្ចាស់ជាព្រះនៃយើងអ្នកបម្រើផង
នាំគ្នាអបអរ
អ្នកដែលស្ថិតក្នុងដំណាក់ព្រះអង្គមូលមីរកុះករ
នៅក្នុងបរិវេណដំណាក់បវរនាំគ្នាឈូឆរ
សរសើរព្រះម្ចាស់
ដ្បិតព្រះអង្គថ្លៃទ្រង់មានព្រះទ័យសប្បុរសខ្លាំងណាស់
ចូរច្រៀងតម្កើងថ្វាយព្រះនាមព្រះដ្បិតព្រះអម្ចាស់
គាប់ចិត្តនឹងយើង
ព្រះម្ចាស់ជ្រើសរើសមិនឱ្យមានទាស់ពូជយ៉ាកុបថ្កើង
ព្រះអង្គយកជាតិអ៊ីស្រាអែលឡើងជារាស្រ្តព្រះអង្គ
រុងរឿងប្រពៃ
ខ្ញុំដឹងច្បាស់ថាព្រះម្ចាស់នេះណាឧត្តមថ្លាថ្លៃ
ព្រះម្ចាស់នៃយើងប្រសើរពេកក្រៃលើសព្រះដទៃ
មានទាំងប៉ុន្មាន
បើទ្រង់ពេញចិត្តធ្វើការអ្វីពិតជាសម្រេចបាន
លើមេឃលើដីសមុទ្រគ្រប់ស្ថានជម្រៅប៉ុន្មាន
ក៏ទ្រង់ឥតរា
ព្រះអង្គនាំយកទាំងដុំពពកពីជើងមេឃា
ទ្រង់ធ្វើឱ្យមានរន្ទះខ្ទ័រខ្ទារភ្លៀងច្រើនមហិមា
ខ្យល់បក់សព្វសាយ
នៅស្រុកអេស៊ីបព្រះអង្គសម្លាប់កូនច្បងទាំងឡាយ
តាំងពីកូនមនុស្សកូនសត្វអន្តរាយព្រះអង្គគ្មានស្តាយ
ខ្ចាត់ខ្ចាយគ្មានសល់
ព្រះអង្គសម្តែងបាដិហារិយ៍ផ្សេងៗអេស៊ីបខ្វាយខ្វល់
ដើម្បីដាក់ទោសស្តេចផារ៉ោនផ្ទាល់និងអស់មន្ត្រី
នៃស្តេចផងដែរ
១០ព្រះអង្គបានវាយប្រហារស្លាប់ពាយជាតិច្រើនហូរហែ
រួមទាំងជីវិតស្តេចខ្លាំងពូកែមិនបានសុខទេ
ត្រូវក្ស័យជីវី
គឺស្តេចស៊ីហុន​​​គ្រប់គ្រងតំបន់ស្រុកអាម៉ូរី
ទាំងព្រះបាទអុកស្រុកបាសានទីនិងស្តេចមូលមី
នៃជាតិកាណាន
១២ទ្រង់សព្វព្រះទ័យប្រគល់ទឹកដីជាមរតកថ្កាន
ឱ្យអ៊ីស្រាអែលជារាស្រ្តទ្រង់បានរស់ដោយសុខសាន្ត
ត្រចង់រឿងរុង
១៣បពិត្រព្រះម្ចាស់ព្រះនាមរបស់ព្រះអង្គគង់វង្ស
ជារៀងរហូតល្បីល្បាញយូរលង់ត្រចះត្រចង់
អស់កល្បគ្រប់គ្រា
១៤ដ្បិតព្រះអង្គរកយុត្តិធម៌នាំមកឱ្យរាស្រ្តប្រជា
ព្រះអង្គអាណិតអាសូរគ្រប់គ្នាអស់កូនចៅជា
អ្នកស្ម័គ្របម្រើ
១៥ព្រះផ្សេងឯទៀតជាព្រះមិនពិតកើតពីមនុស្សធ្វើ
ពីមាសពីប្រាក់ពីស្ពាន់ពីឈើអ្វីសព្វសារពើ
ជាព្រះក្លែងក្លាយ
១៦ព្រះនោះមានមាត់បើកបិទមិនកើតមិនអាចនិយាយ
មាត់ដែលជាងឆ្លាក់គេដាក់មកឱ្យភ្នែកដែលមានហើយ
តែបើកមិនរួច
១៧ត្រចៀកក៏មានតែស្តាប់មិនបានដូចត្រចៀកខូច
ស្រេចតែជាងធ្វើតាមធំតាមតូចខ្យល់ចូលមិនរួច
ដង្ហើមក៏គ្មាន
១៨សូមឱ្យអស់អ្នកដែលខំសូនឆ្លាក់ឥតមានស្រាកស្រាន្ត
ធ្វើព្រះក្លែងក្លាយមានទាំងប៉ុន្មានឱ្យពួកគេបាន
ដូចព្រះទាំងនោះ
១៩អ៊ីស្រាអែលអើយកុំនៅកន្តើយនាំគ្នាទាំងអស់
ខំលើកតម្កើងព្រះជាអម្ចាស់ទាំងពូជរបស់
លោកអរ៉ុនផង
២០គ្រួសារលេវីចូរមកមូលមីរសរសើរផ្គូផ្គង
និងអ្នកដែលធ្លាប់គោរពព្រះអង្គសរសើរថ្កើងថ្កាន
ព្រះម្ចាស់នៃយើង
២១ចូរយើងនាំគ្នាគ្រប់ៗអង្គាមូលផ្តុំតម្កើង
ព្រះជាអម្ចាស់គង់ភ្នំស៊ីយ៉ូននិងនៅក្នុងក្រុង​
យេរូសាឡឹម

ទំនុកតម្កើងលេខ ១៣៦ (១៣៥) បទកាកគតិ

សូមតម្កើងព្រះដែលជាអម្ចាស់គ្រប់ទីតំបន់
ទ្រង់មានព្រះទ័យសប្បុរសពេកពន់ប្រសើរលើសលន់
រហូតរៀងទៅ
ចូរលើកតម្កើងព្រះដ៏ខ្ពស់ថ្កើងមិនដែលអាស្រូវ
ដោយធម៌មេត្តាករុណាជាផ្លូវដែលស្ថិតស្ថេរនៅ
អស់កល្បរហូត
សរសើរតម្កើងព្រះម្ចាស់ខ្ពស់ឡើងលើសគេបំផុត
ដោយធម៌មេត្តាករុណាមោះមុតនៅជាប់រហូត
កប្បកល្បអនេក
មានតែព្រះអង្គធ្វើការឧត្តុង្គឧត្តមក្រៃពេក
ដោយធម៌មេត្តាករុណាល្អឯកប្រណីសង្វេគ
អស់កល្បជានិច្ច
ព្រះអង្គបង្កើតផ្ទៃមេឃល្អឆើតដោយគ្មានកលកិច្ច
ដ្បិតព្រះហឫទ័យមេត្តាជានិច្ចករុណាពន់ពេក
ស្ថិតនៅយូរលង់
ព្រះអង្គបានដាក់ផែនដីតាមថ្នាក់ស្ថិតស្ថេរគង់វង្ស
នៅលើផ្ទៃទឹកដ្បិតហឫទ័យទ្រង់ស្ថិតនៅយូរលង់
អស់កល្បប្រិមប្រិយ៍
ព្រះអង្គបង្កើត​ដុំពន្លឺឆើតចែងចាំងរស្មី
ដោយធម៌មេត្តាករុណាប្រណីស្ថិតនៅពាសដី
អស់កល្បអន្លាយ
គឺព្រះអាទិត្យព្រះអង្គបង្កើតបំភ្លឺពេលថ្ងៃ
ដោយធម៌មេត្តាករុណាប្រណីស្ថិតនៅអាល័យ
អស់កល្បសព្វគ្រប់
ព្រះច័ន្ទតារាគ្រប់គ្រងត្រៀបត្រាបំភ្លឺពេលយប់
ដោយធម៌មេត្តាករុណាគួរគាប់ស្ថិតស្ថេរនៅជាប់
អស់កល្បរៀងរាប
១០ព្រះអង្គប្រល័យកូនច្បងគ្រប់កាយរបស់អេស៊ីប
ដ្បិតធម៌មេត្តាចែងចាំងដរាបមិនចេះស្រអាប់
អស់កល្បរហូត
១១ទ្រង់នាំប្រជាស្រាអែលគ្រប់គ្នាឱ្យរួចរបូត
ពីស្រុកអេស៊ីបដោយព្រះទ័យកួចនាំគេឱ្យរួច
អស់កល្បយូរលង់
១២ដោយឫទ្ធិបារមីតេជះខ្លាំងក្រៃទាំងមានអានុភាពផង
ដ្បិតធម៌មេត្តាករុណាកន្លងនៅជាប់ឥតហ្មង
ស្ថិតស្ថេរពេញទី
១៣ទ្រង់ញែកសមុទ្រគ្មានព្រឺតក់ស្លុតចែកចេញជាពីរ
ដោយធម៌មេត្តាករុណាកន្លងនៅជាប់ឥតហ្មង
ស្ថិតស្ថេរពេញទី
១៤ទ្រង់នាំជនជាតិស្រាអែលដើរកាត់តាមបាតសមុទ្រ
ដោយធម៌មេត្តាករុណាបំផុតនៅមិនរលត់
អស់កប្បកល្បហោង
១៥ព្រះអង្គធ្វើឱ្យស្តេចផារ៉ោនធ្លោយទាំងកងទ័ពផង
លង់ក្នុងសមុទ្រស្លាប់គ្រានោះម្តងករុណាព្រះអង្គ
ស្ថិតនៅឥតស្រាន្ត
១៦ព្រះអង្គណែនាំប្រជាឱ្យទ្រាំតាមរហោស្ថាន
ដោយធម៌មេត្តាករុណាថ្កើងថ្កានស្ថិតគ្មានអវសាន
អស់កល្បមានជោគ
១៧ទ្រង់ប្រហារស្តេចពេញដោយអំណាចច្រើនអង្គដួលស្តូក
ដោយធម៌មេត្តាករុណាមានមកស្ថិតនៅក្នុងលោក
អស់កល្បកន្លង
១៨ព្រះអង្គប្រហារស្តេចខ្លាំងអស្ចារ្យឱ្យក្ស័យគ្រប់អង្គ
ដោយធម៌មេត្តាករុណាត្រចង់ស្ថិតនៅគង់វង្ស
អស់កល្បគ្រប់ទី
១៩គឺមានព្រះបាទស៊ីហុនសោយរាជ្យលើអាម៉ូរី
ដ្បិតទ្រង់មេត្តាករុណាគ្រប់ទីស្ថិតស្ថេរមូលមីរ
រហូតប្រពៃ
២០និងព្រះបាទអុកគ្រប់គ្រងលើស្រុកបាសាននោះនៃ
ព្រោះតែព្រះអង្គទ្រង់មានព្រះទ័យស្មោះស្ម័គ្រមេត្រី
អស់កល្បស្ថិតស្ថេរ
២១ព្រះអង្គប្រទានអ៊ីស្រាអែលមានដីទុកជាកេរ
ដ្បិតព្រះហឫទ័យទ្រង់ឥតងាករេព្រះអង្គស្ថិតស្ថេរ
អស់កល្បតទៅ
២២ព្រះអង្គប្រទានកូនចៅឱ្យមានស្រុករស់និត្យនៅ
ដោយធម៌មេត្តាករុណាពេកកូវព្រះអង្គស្ថិតនៅ
ជាអចិន្ត្រៃយ៍
២៣ពេលយើងមានទុក្ខវេទនាគ្រប់មុខទ្រង់តែងប្រណី
ដោយធម៌មេត្តាករុណាឥតបីប្រសើរពេកក្រៃ
គ្រប់សម័យកាល
២៤ព្រះអង្គរំដោះយើងផុតពីគ្រោះលែងភ័យជ្រួលច្រាល
ដោយព្រះហឫទ័យករុណាត្រកាលស្ថិតនៅរៀងរាល់
រហូតឥតឈប់
២៥ព្រះអង្គប្រទានអាហារឱ្យមានឆ្អែតឆ្អន់សព្វគ្រប់
ដោយធម៌មេត្តាករុណាលើសលប់ស្ថិតនៅតាំងជាប់
ឥតបីរលត់
២៦ចូរលើកតម្កើងព្រះម្ចាស់ខ្ពស់ឡើងគ្មានទីបំផុត
ដោយធម៌មេត្តាករុណាវិសុទ្ធស្ថិតមិនរលត់
អស់កល្បកប្បហោង

ទំនុកតម្កើងលេខ ១៣៧ (១៣៦) បទពាក្យ ៧

យើងអង្គុយនឹកគិតរិះរេនៅមាត់ទន្លេបាប៊ីឡូន
យំនឹកស្រណោះក្រុងស៊ីយ៉ូនធ្មេចភ្នែកក៏ឃើញក្នុងនេត្រា
ព្រះច័ន្ទចោលរស្មីឆ្អៅឆ្អិនយើងបានព្យួរពិណយើងនោះណា
ជិតមាត់ទន្លេដើមរុក្ខារួចចោលភក្ត្រាមើលទៅឆ្ងាយ
ពេលនោះពួកអ្នកដែលចាប់យើងគេសុំឱ្យច្រៀងបទសប្បាយ
គេពោលថាចូរច្រៀងបរិយាយក្រុងស៊ីយ៉ូនឱ្យយើងស្តាប់ផង
តើឱ្យយើងច្រៀងបទតម្កើងថ្វាយព្រះនៃយើងពេលនេះម្តង
នៅលើទឹកដីដ៏សៅហ្មងនៃបរទេសផងដូចម្តេចកើត ?
ឱ! ក្រុងយេរូសាឡឹមអើយខ្ញុំមិនភ្លេចឡើយក្រុងល្អឆើត
បើខ្ញុំភ្លេចអ្នកភ្លេចកំណើតសូមដៃខ្ញុំពើតស្ពឹកចុកចាប់
ប្រសិនបើខ្ញុំមិនជឿជាក់មិនចាត់់ទុកអ្នកដូចខ្ញុំប្រាប់
ជាអំណរដ៏ខ្លាំងក្លាគាប់សូមអណ្តាតជាប់រឹងជិតជុំ
ឱ! ព្រះអម្ចាស់សូមកុំភ្លេចពីអំពើល្បិចជាតិអេដុំ
បានប្រព្រឹត្តចំពោះយើងខ្ញុំដែលបានឮងំក្នុងសោតា
ថ្ងៃដែលក្រុងយេរូសាឡឹមត្រូវអស់សង្ឃឹមគេពោលថា ៖
« ចូរកម្ទេចក្រុងនេះទៅរ៉ាកម្ទេចលុះត្រារលំគ្រឹះ »
រីឯក្រុងបាប៊ីឡូនវិញបន្តិចទៀតឯងវិនាសអស់
ត្រូវគេបំផ្លាញគ្មានចន្លោះមិនសល់អ្វីសោះយ៉ាងប្រាកដ
អ្នកណាធ្វើបាបឯងពេលនេះតបនឹងតម្រិះដែលឯងក្បត់
ចំពោះរូបយើងមិនកំណត់អ្នកនោះគឺពិតមានមង្គល
អ្នកណាចាប់កូនតូចៗឯងចាប់មិនខ្ចីលែងមិនខ្វាយខ្វល់
បោកទៅនឹងថ្មខ្ទេចគ្មានសល់នឹងមានមង្គលសុខរហូត

ទំនុកតម្កើងលេខ ១៣៨ (១៣៧) បទកាកគតិ

ខ្ញុំសូមតម្កើងព្រះម្ចាស់ខ្ពស់ឡើងអស់ពីដួងចិត្ត
នៅមុខទេវតាខ្ញុំស្មូត្រជាបទតម្កើងថ្វាយថ្វាត់
ដល់ព្រះអង្គថ្លៃ
ខ្ញុំក្រាបបែរមុខតម្រង់ទៅរកវិហារប្រពៃ
ខ្ញុំលើកតម្កើងព្រះនាមថ្លាថ្លៃដោយព្រះហឫទ័យ
ស្មោះស្ម័គ្រឥតស្បើយ
នៅថ្ងៃដែលខ្ញុំស្រែកអង្វរសុំព្រះអង្គតបឆ្លើយ
ព្រះអង្គប្រទានឥតមានកន្តើយឱ្យខ្ញុំបានស្បើយ
ក្នុងចិត្តក្លាហាន
ឱ! ព្រះម្ចាស់អើយសូមទ្រង់ផ្តល់ឱ្យស្តេចទាំងប៉ុន្មាន
នៅលើផែនដីនាំគ្នាគ្រប់ប្រាណតម្កើងពេលបាន
ឮទ្រង់សន្យា
សូមឱ្យគេនាំគ្នីគ្នាច្រៀងរាំតម្កើងកិច្ចការ
ថា«ព្រះអម្ចាស់រុងរឿងអស្ចារ្យឧត្តមថ្លៃថ្លា
បំផុតគ្មានពីរ
ទោះបីព្រះម្ចាស់ខ្ពង់ខ្ពស់ខ្លាំងណាស់ក៏ទ្រង់សំភី
គិតមនុស្សលោកគ្រប់វិនាទីជនកាចយាយី
ទ្រង់ស្គាល់ពីឆ្ងាយ
ពេលទូលបង្គំជួបអាសន្នធំទ្រង់ឥតជិនណាយ
ជួយការពារខ្ញុំវាយខ្មាំងខ្ចាត់ខ្ចាយសង្គ្រោះខ្ញុំដោយ
ឫទ្ធីបារមី
បពិត្រព្រះម្ចាស់ការគ្រប់យ៉ាងនេះពិតជាប្រពៃ
ព្រះអង្គប្រកបដោយព្រះហឫទ័យករុណាក្រៃ
ឥតបីបោះបង់

ទំនុកតម្កើងលេខ ១៣៩ (១៣៨) បទពាក្យ ៧

បពិត្រព្រះម្ចាស់ដ៏សប្បុរសទ្រង់ឈ្វេងយល់អស់ជម្រៅចិត្ត
នៃទូលបង្គំដែលមានពិតព្រះអង្គស្គាល់ឥតសល់ចន្លោះ
ទ្រង់ជ្រាបឥតបីមានសង្ស័យក្រោកឈរអង្គុយគ្រប់ទាំងអស់
ឈ្វេងយល់គំនិតខ្ញុំឥតខ្ចោះពីមុនទាំងអស់ស្រេចទៅហើយ
ទោះបីដើរដេកធ្វើកិច្ចការតិចច្រើនម្តេចម្តាមិនបាត់ឡើយ
ព្រះអង្គទ្រង់ជ្រាបអស់ទៅហើយសម្រាកក៏ដោយមិនកំបាំង
ទោះជាពាក្យពេចន៍ប្រុងនឹងស្តីទ្រង់យល់អត្ថន័យអស់តែម្តង
សព្វទាំងសេចក្តីដែលបម្រុងទុកក្នុងចិត្តផងក៏មិនសល់
ព្រះអង្គនៅពាំងទាំងមុខក្រោយការពារមិនឱ្យមានកង្វល់
មិនឱ្យខ្ញុំជួបគ្រោះអំពល់ព្រោះតែទ្រង់ផ្តល់បារមីថ្លៃ
នេះគឺព្រះអង្គទ្រង់ត្រាស់ញាណទើបទ្រង់ជ្រាបបានមិនសល់អ្វី
អស្ចារ្យពេកណាស់គួរស្ញែងក្រៃខ្ញុំមិនយល់ន័យដូចម្តេចសោះ
តើទូលបង្គំអាចទៅណាឆ្ងាយពីភក្ត្រាព្រះអង្គនោះ
គេចទៅទីណាមិនផុតសោះព្រះអង្គជ្រាបអស់សព្វទិសា
បើខ្ញុំនឹងឡើងទៅលើមេឃក៏មិនផុតភ្នែកផុតនេត្រា
បើទៅនៅស្ថានមនុស្សមរណាក៏ជួបភក្ត្រាទ្រង់ជានិច្ច
ទោះបីជាខ្ញុំពាក់ស្លាបហោះទៅកន្លែងរះព្រះអាទិត្យ
ឬទោះបីខ្ញុំចង់រត់គេចទៅរស់ឯលិចនាយសមុទ្រ
១០ក៏ព្រះអង្គគង់នៅទីនោះឥតមានចន្លោះឬគេចផុត
ជួយដឹកនាំខ្ញុំលែងតក់ស្លុតដោយបារមីឫទ្ធិដ៏ឧត្តម
១១ប្រសិនបើខ្ញុំពោលឡើងថាសូមឱ្យអន្ធិកាគ្របលើខ្ញុំ
ពន្លឺថ្ងៃដែលនៅជិតជុំប្រែក្លាយយប់ផ្តុំឥតពន្លឺ
១២ទោះបីងងឹតយ៉ាងណាក្តីព្រះអម្ចាស់ថ្លៃនៅតែភ្លឺ
ពេលយប់ដូចថ្ងៃជះរន្ទឺងងឹតប្រែភ្លឺមានរស្មី
១៣ព្រះអង្គបង្កើតខ្ញុំបានសុខហើយទ្រង់បានទុកខ្ញុំក្នុងផ្ទៃ
អ្នកម្តាយមានគុណយូរខែថ្ងៃសន្តោសប្រណីគ្រប់កាយា
១៤ខ្ញុំសូមលើកតម្កើងព្រះអង្គស្នាព្រះហស្តទ្រង់ក៏អស្ចារ្យ
ខ្ញុំដឹងថាអ្វីគ្រប់ប្រការសុទ្ធតែអស្ចារ្យកើតពីទ្រង់
១៥ពេលទូលបង្គំចាប់កំណើតនៅក្នុងទីស្ងាត់លាក់កំបាំង
ក៏មិនអាចពួននឹងព្រះអង្គអ្វីៗក៏ទ្រង់ជ្រាបទាំងអស់
១៦កាលទូលបង្គំមិនមានខ្លួនរូបកាយមាំមួនសាច់ឈាមស្រស់
ព្រះអង្គទតឃើញខ្ញុំទាំងអស់ឥតមានចន្លោះត្រង់ណាឡើយ
ព្រះអង្គកំណត់ពេលផងណាអាយុសង្ខារខ្ញុំរួចហើយ
កត់ទុកជាស្រេចមិនកន្តើយមុននឹងដល់ថ្ងៃនោះមកទៀត
១៧បពិត្រព្រះម្ចាស់ព្រះតម្រិះព្រះអង្គជ្រៅជ្រះជាងសមុទ្រ
ខ្ពស់ហួសអាកាសវេហាស៍ផុតមិនអាចកំណត់ដឹងប៉ុន្មាន
១៨ប្រសិនបើចិត្តខ្ញុំចង់រាប់ក៏មិនអាចគ្រប់ទាំងអស់បាន
ពីការអស្ចារ្យទាំងប៉ុន្មានមានចំនួនច្រើនជាងគ្រាប់ខ្សាច់
១៩បពិត្រព្រះម្ចាស់ទ្រង់គួរតែប្រហារពួកគេឱ្យខ្ទីខ្ទេច
ទាំងពួកឃាតករសូមក្រញិចឱ្យគេរត់គេចឆ្ងាយពីខ្ញុំ
២០សត្រូវព្រះអង្គនាំគ្នាយកនាមព្រះអង្គមកបោកបន្លំ
គេពោលព្រះនាមទ្រង់ជាធំដើម្បីបន្លំធ្វើអាក្រក់
២១បពិត្រព្រះម្ចាស់អើយខ្ញុំស្អប់អ្នកធ្វើមិនគាប់ចិត្តគម្រក់
ចង់ចងគំនុំព្រះសង្គ្រោះបះបោរទុយ៌សប៉ងប្រឆាំង
២២ខ្ញុំស្អប់ពួកគេខ្លាំងបំផុតពួកអ្នកមានចិត្តហ៊ានប្រណាំង
ខ្ញុំបានចាត់ទុកគេជាខ្មាំងតែងតែប្រឆាំងរូបខ្ញុំផ្ទាល់
២៣ឱ! ព្រះម្ចាស់អើយសូមពិនិត្យឱ្យបានស្គាល់ចិត្តផុតកង្វល់
ទាំងល្បងមើលខ្ញុំឱ្យអស់ខ្វល់ដើម្បីបានយល់អ្វីខ្ញុំគិត
២៤សូមព្រះជាម្ចាស់ទតមើលតើខ្ញុំមិនបានដើរខុសពីក្រឹត្យ
ជួយដឹកនាំខ្ញុំឱ្យជួបជិតមាគ៌ាប្រណីតនៅអស់កល្ប

ទំនុកតម្កើងលេខ ១៤០ (១៣៩) បទព្រហ្មគីតិ

ឱព្រះជាអម្ចាស់សូមរំដោះខ្ញុំឱ្យផុត
ពីអ្នកមានពុតត្បុតពួកទុច្ចរិតពាលឃោរឃៅ
គេនាំគ្នាប្រព្រឹត្តរឿងឧក្រិដ្ឋទាំងល្ងង់ខ្លៅ
មិនស្គាល់ពីរាក់ជ្រៅខុសឬត្រូវចង់តែឈ្លោះ
អណ្តាតគេសាហាវមុតដូចដាវពោលទ្រគោះ
មាត់គេពេញដោយពិសដូចសត្វពស់គួរឱ្យខ្លាច
ឱ! ព្រះជាអម្ចាស់សូមសន្តោសដោយអំណាច
ការពារខ្ញុំឱ្យរួចជនកំហូចចង់រំលំ
គេខំអួតបំប៉ោងដាក់ចម្រូងពួនសំងំ
អន្ទាក់ដាក់បន្លំចាំចាប់ខ្ញុំរាល់តែថ្ងៃ
ខ្ញុំទូលព្រះម្ចាស់ថាទ្រង់គឺជាព្រះម្ចាស់ថ្លៃ
សូមមេត្តាប្រណីស្តាប់សម្តីខ្ញុំវាចា
បពិត្រព្រះអម្ចាស់សូមសង្គ្រោះដោយចេស្តា
ពេលច្បាំងនឹងបច្ចាទ្រង់ពាំងការមិនឱ្យសូន្យ
ឱ! ព្រះជាម្ចាស់អើយសូមកុំឱ្យពួកទុរជន
សម្រេចផែនការមុនឱ្យគេសូន្យបរាជ័យ
១០កុំឱ្យអ្នកឡោមព័ទ្ធខ្ញុំមិនភ្លាត់អរសប្បាយ
តែសូមជួយប្រែក្លាយក្តីអន្តរាយដាក់ទៅគេ
១១ឱ្យមានភ្លើងឆ្អិនឆ្អៅឆេះសន្ធៅស្រោចបំបែរ
សូមច្រានទម្លាក់គេមិនរួចទេភ្លើងឆេះប្រាណ
១២ឯអ្នកបង្កាច់មួលនៅមិនស្រួលពុំសុខសាន្ត
ទុក្ខសោកតាមរំខានញាំញីប្រាណមិនឈប់ឈរ
១៣ខ្ញុំដឹងថាព្រះម្ចាស់តាមសង្គ្រោះទាំងនគរ
ព្រះអង្គរកយុត្តិធម៌អ្នកក្រីក្រមិនភ័យព្រួយ
១៤រីឯអ្នកសុចរិតគេខំខិតតម្កើងស្ទួយ
ព្រះម្ចាស់មានតែមួយគ្មានទុក្ខព្រួយពេលជួបភក្ត្រ

ទំនុកតម្កើងលេខ ១៤១ (១៤០) បទកាកគតិ

ឱព្រះអម្ចាស់ខ្ញុំសូមប្រកាសទូលពាក្យអង្វរ
សូមផ្ទៀងព្រះកាណ៌ស្តាប់ស្នូរថ្ងួចថ្ងូរកុំ​​បង្អង់យូរ
យាងមកជួយខ្ញុំ
សូមឱ្យវាចាអធិដ្ឋានគ្រប់គ្រានៃទូលបង្គំ
បានឡើងទៅដល់ព្រះម្ចាស់ឧត្តមដូចផ្សែងហុយងំ
ពីគ្រឿងក្រអូប
រូបខ្ញុំលើកដៃអធិដ្ឋានរាល់ថ្ងៃដូចតង្វាយគាប់
ថ្វាយនៅពេលល្ងាចក្រអូបឈ្ងុយឈ្ងប់ជះក្លិនសាយសព្វ
ទៅគ្រប់ទិសា
ឱ! ព្រះអម្ចាស់សូមមេត្តាខ្ទាស់មាត់ខ្ញុំផងណា
កុំឱ្យនិយាយពាក្យដែលមុសាពោលមិនបានការ
ជាពាក្យអាក្រក់
សូមកុំបណ្តោយកាយចិត្តខ្ញុំឱ្យធ្វើរឿងគម្រក់
ដែលមិនគប្បីកុំទៅស្មោះស្ម័គ្រជប់លៀងព័ទ្ធពាក់
ពួកអ្នកទុច្ចរិត
បើអ្នកជាល្អសុចរិតយុត្តិធម៌ប្រដៅដោយចិត្ត
ស្មោះត្រង់ស្រឡាញ់ពោរពេញអាណិតខ្ញុំមិនបាច់គិត
ការល្អសមរម្យ
កុំឱ្យទឹកអប់ពួកពាលហូរសព្វស្រោចលើក្បាលខ្ញុំ
ខ្ញុំខំស្រែករកព្រះម្ចាស់ឧត្តមជួយទូលបង្គំ
ប្រឆាំងពួកពាល
មេដឹកនាំនោះត្រូវគេច្រានចុះទៅក្នុងជំរាល
តាមក្រហែងថ្មបច្ចាមិត្តយល់ច្បាស់អស់គ្មានសល់
ពាក្យខ្ញុំស្តីថា ៖
« ដូចដីដែលប្រេះរលួយរលេះពីគ្នាយ៉ាងណា
ឱ្យស្ថានអ្នកស្លាប់បើកចំហទ្វារលេបឆ្អឹងពួកវា
ដែលនៅរាយប៉ាយ »
បពិត្រព្រះម្ចាស់ខ្ញុំខំប្រឹងណាស់សម្លឹងទៅឆ្ងាយ
រកព្រះជានិច្ចផ្ញើជីវិតកាយសូមកុំបណ្តោយ
ឱ្យខ្ញុំបាត់បង់
សូមជួយការពាររូបខ្ញុំគ្រប់គ្រាពីគ្រោះទាំងពួង
ដែលគេលបដាក់អន្ទាក់ខ្ញុំផងកុំឱ្យខ្ញុំលង់
ក្នុងដៃទុច្ចរិត
១០តែសូមឱ្យគេជាប់កុំគេចកែអន្ទាក់នោះពិត
ដែលគេចង់ដាក់រូបខ្ញុំរួមរិតឱ្យពួកគេស្ថិត
ជាប់ខ្លួនឯងវិញ
ឯទូលបង្គំរួចផុតទុក្ខធំឥតមានទោម្នេញ
ផុតពីច្រវាក់គេចាក់គេដេញរួចស្រឡះវិញ
ឥតមានព្រួយភ័យ

ទំនុកតម្កើងលេខ ១៤២ (១៤១) បទកាកគតិ

ខ្ញុំខំបន្លឺសម្លេងរន្ទឺអង្វរព្រះម្ចាស់
ស្រែកដោយទទួចឱ្យទ្រង់ឮច្បាស់ព្រោះរូបខ្ញុំនេះ
វេទនាពេកក្រៃ
ខ្ញុំទូលព្រះអង្គឱ្យបានជ្រាបផងនូវអស់អត្ថន័យ
ពីពាក្យត្អូញត្អែរទុក្ខសោករីងរៃវេទនារាល់ថ្ងៃ
ស្ទើរក្ស័យជីវិត
ពេលទូលបង្គំមានទុក្ខក្រៀមក្រំបាក់ធា្លក់ទឹកចិត្ត
ព្រះអង្គជ្រាបច្បាស់ពីដំណើរពិតពួកគេជុំជិត
ដាក់អន្ទាក់ខ្ញុំ
សូមទ្រង់ទតចុះគ្មាននរណាសោះឃើញទូលបង្គំ
គ្មានទីជ្រកកោនឱ្យបានសមរម្យនរណាក៏ពុំ
រវល់ឡើយណា
បពិត្រព្រះម្ចាស់ខ្ញុំស្រែកពោលនេះអង្វរទ្រង់ថា
«ទ្រង់ជាជម្រកនៅក្នុងលោកាគ្មានអ្វីអស្ចារ្យ
ជាងព្រះអង្គឡើយ
សូមទ្រង់ប្រណីសម្តែងហឫទ័យកុំបីកន្តើយ
ដ្បិតទូលបង្គំទាល់ច្រកអស់ហើយរំដោះឱ្យស្បើយ
ពីជនអប្រីយ៍
សូមដោះលែងខ្ញុំផុតពីទុក្ខធំមានសិទ្ធិសេរី
ដើម្បីខ្ញុំអាចថ្កើងព្រះនាមល្បីចំណោមប្រុសស្រី
នៃជនសុចរិត

ទំនុកតម្កើងលេខ ១៤៣ (១៤២) បទពាក្យ ៧

ឱ! ព្រះម្ចាស់អើយសូមសណ្តាប់ពាក្យខ្ញុំរ៉ាយរ៉ាប់ទូលអង្វរ
ផ្ទៀងព្រះកាណ៌ស្តាប់កុំឈប់ឈរសូមឆ្លើយតបតដោយប្រណី
សូមកុំចាប់ទោសយកកំហុសអ្នកបម្រើស្មោះទៅកាត់ក្តី
ដ្បិតគ្មានជនសុចរិតប្រពៃចំពោះភ័ក្ត្រព្រះអង្គឡើយ
ពួកខ្មាំងសត្រូវតាមយាយីពីគ្រប់ទិសទីមិនកន្តើយ
ឃុំខ្ញុំក្នុងទីងងឹតហើយដូចអ្នកក្សិណក្ស័យយូរណាស់ណា
ខ្ញុំបាក់ធ្លុះធ្លាក់អស់ទឹកចិត្តទាល់ទាំងគំនិតក្នុងកាយា
ថយទាំងកម្លាំងខ្វះប្រាជ្ញាមិនដឹងគិតថាត្រូវធ្វើម៉េច ?
ខ្ញុំនឹកទៅដល់ជំនាន់មុនសញ្ជឹងគូរគន់គ្រប់ភារកិច្ច
ជាស្នាព្រះហស្តល្អបណ្តាច់ឥតមានកលល្បិចគ្មានទើសទាល់
ដៃខ្ញុំអង្វរខ្លួនបែរក្រាបដាក់កាយឱ្យទាបមុខព្រះម្ចាស់
ដូចដីហួតហែងបែកប្រេះអស់ស្ងួតរីងរាំងខ្សោះព្រោះគ្មានទឹក
ឱ! ព្រះជាអម្ចាស់ខ្ញុំអើយសូមជួយតបឆ្លើយឱ្យញយញឹក
ខ្ញុំបាត់បង់អស់ធ្លាក់ទឹកចិត្តកុំលាក់បាំងបិទភក្ត្រនឹងខ្ញុំ
ព្រោះតែខ្ញុំដូចជាមនុស្សដែលធ្លាក់ក្នុងជ្រោះជ្រៅសន្លឹម
គ្មាននរណាជួយអស់សង្ឃឹមដូចមេឃរលឹមគ្មានរស្មី
សូមទ្រង់បង្ហាញធម៌មេត្តាសន្តោសករុណាត្រាប្រណី
ខ្ញុំផ្ញើរូបកាយជីវិតក្តីលើព្រះម្ចាស់ថ្លៃរួចទៅហើយ
សូមប្រោសប្រទានឱ្យខ្ញុំស្គាល់មាគ៌ានិមលកុំកន្តើយ
ដ្បិតទូលបង្គំផ្ចង់ចិត្តហើយព្រះជាម្ចាស់អើយមិនបោះបង់
ឱ! ព្រះអម្ចាស់សូមរំដោះខ្ញុំឱ្យផុតគ្រោះផុតពីខ្មាំង
សត្រូវយាយីតាមប្រឆាំងខ្ញុំសូមព្រះអង្គពួនជ្រកផង
១០សូមជួយបង្ហាត់ពត់បង្រៀនខ្ញុំព្រមតាមបានព្រះបំណង
ដ្បិតទ្រង់ជាព្រះល្អហ្មត់ហ្មងដឹកនាំខ្ញុំផងដាក់ផ្លូវល្អ
១១ឱ! ព្រះម្ចាស់អើយសូមគាំពារយល់ដល់នាមាព្រះបវរ
ប្រទានជីវិតខ្ញុំកំដរឱ្យបានរស់តទៅទៀតផង
សូមជួយនាំខ្ញុំឱ្យចេញផុតពីភាពងងឹតអាប់មួរហ្មង
គ្រោះថ្នាក់តូចធំអាសន្នផងដោយហឫទ័យទ្រង់សុចរិត
១២ដោយព្រះអង្គមានធម៌មេត្តាហឫទ័យករុណាស្មោះអាណិត
សូមកម្ទេចពួកបច្ចាមិត្តឱ្យវិនាសផុតសាបសូន្យទៅ

ទំនុកតម្កើងលេខ ១៤៤ (១៤៣) បទព្រហ្មគីតិ

សូមលើកតម្កើងព្រះជាអម្ចាស់ដ៏ឧត្តម
ជាថ្មដានៃខ្ញុំធំរឹងមាំមួនបំផុត
ព្រះអង្គបា​នបង្ហាត់ខ្ញុំចេះស្ទាត់ការប្រយុទ្ធ
ធ្វើសឹកឥតភ័យស្លុតចេញតយុទ្ធខ្មាំងជិតជុំ
ទ្រង់សម្តែងហឫទ័យករុណាក្រៃចំពោះខ្ញុំ
ជាកំពែងរឹងមាំការពារខ្ញុំយ៉ាងអង់អាច
ព្រះអង្គជាជម្រកខ្ញុំមកជ្រកឥតភ័យខ្លាច
ទ្រង់ប្រគល់អំណាចឱ្យខ្ញុំអាចមានថ្វីដៃ
ឱ! ព្រះជាអម្ចាស់តើមនុស្សគឺជាអ្វី
ទើបទ្រង់យកព្រះទ័យត្រាប្រណីមិនឈរឈប់
តើមនុស្សលោកីយ៍គេជាអ្វីទើបទ្រង់សព្វ
ព្រះទ័យមិនឈរឈប់ទោះថ្ងៃយប់នឹករិះរេ
មនុស្សលោកប្រៀបផ្ទឹមមួយដង្ហើមប៉ុណ្ណោះទេ
អាយុជីវិតគេមិនទៀងទេគ្រប់ៗគ្នា
ឱ! ព្រះជាអម្ចាស់សូមរូតរះផ្ទៀងមេឃា
សូមពាល់ភ្នំនានាឱ្យខ្ទ័រខ្ទារផ្សែងហុយឡើង
សូមធ្វើផ្លេកបន្ទោរកម្ចាត់ចោលខ្មាំងឱ្យប៉ើង
សូមទ្រង់បាញ់ព្រួញភ្លើងឱ្យរលើងទ័ពខ្មាំងផង
សូមទ្រង់លាតព្រះហស្តមករំដោះនិងស្រោចស្រង់
ផុតសមុទ្រជ្រោះជ្រងអំណាចផងជនទុច្ចរិត
គេមិនដែលនិយាយសេចក្តីអ្វីជាពាក្យពិត
មិនគោរពសម្បថដែលគេស្បថប្រែឥតន័យ
បពិត្រព្រះម្ចាស់អើយខ្ញុំច្រៀងថ្វាយនូវបទថ្មី
និងប្រគុំតន្ត្រីពិរោះក្រៃថ្វាយព្រះម្ចាស់
១០ព្រះអង្គបានប្រទានឱ្យស្តេចមានជ័យជំនះ
ព្រះអង្គបានសង្គ្រោះដាវីឌរស់មានសិរី
១១សូមសង្គ្រោះរំដោះខ្ញុំឱ្យរស់ផុតពីដៃ
ជនបរទេសអប្រីយ៍ដែលនិយាយពាក្យមិនពិត
១២សូមឱ្យកូនប្រុសៗយើងទាំងអស់ស្រស់ប្រណីត
លូតលាស់ល្អហ្មត់ហ្មងដូចរុក្ខជាតិស្រស់ខៀវខ្ចី
ឯកូនស្រីសំណព្វល្អគួរគាប់ស្រស់ប្រិមប្រីយ៍
ដូចទេពអប្សរស្រីល្អប្រពៃស្រស់ផូរផង់
១៣សូមឱ្យក្នុងជង្រុកយើងមានផ្ទុកភោគផលផង
ចៀមក្នុងហ្វូងត្រសងកើនច្រើនដងរាប់ម៉ឺនពាន់
១៤ហ្វូងគោក៏ចម្រើនមានកូនច្រើនមិនថយអន់
គ្មានបាត់គ្មានគេប្លន់គ្មានអាសន្នតាមទីផ្សារ
១៥ប្រជាណាទទួលពរនិមលដូច្នេះណា
កើតមានក្តីសុខាមង្គលថ្លាល្អត្រចះ
ប្រជាណាគោរពព្រះម្ចាស់ទុកធ្វើជាព្រះ
នោះគេនឹងឃើញច្បាស់ជួបប្រទះតែមង្គល

ទំនុកតម្កើងលេខ ១៤៥ (១៤៤) បទកាកគតិ

បពិត្រព្រះម្ចាស់ជាក្សត្ររបស់រូបទូលបង្គំ
ពេលនេះខ្ញុំកោតនាមព្រះឧត្តមអស់កល្បយូរលង់
ជារៀងដរាប
ខ្ញុំសូមតម្កើងព្រះអង្គខ្ពស់ឡើងតទៅរៀងរៀប
ខ្ញុំសូមសរសើរព្រះនាមល្អគាប់អស់កល្បដរាប
រហូតតទៅ
ព្រះម្ចាស់ឧត្តមប្រសើរសក្តិសមខ្ពង់ខ្ពស់ពេកកូវ
យើងលើកតម្កើងព្រះនាមជាផ្លូវពេលនេះតទៅ
រកអ្វីផ្ទឹមគ្មាន
សូមឱ្យមនុស្ស​ទាំងស្រីទាំងប្រុសនៅគ្រប់ជំនាន់
លើកតម្កើងស្នាព្រះហស្តព្រះអង្គការអស្ចារ្យផង
ដែលទ្រង់ប្រព្រឹត្ត
ខ្ញុំរាប់ខ្ញុំរៀបពីអនុភាពបារមីមានឫទ្ធិ
សិរីរុងរឿងព្រះអង្គមានពិតខ្ញុំសញ្ជឹងគិត
គ្រប់ស្នាព្រះហស្ត
គេនឹងថ្លាថ្លែងអានុភាពស្ញប់ស្ញែងបារមីខ្ពង់ខ្ពស់
ខ្ញុំក៏ថ្លាថ្លែងកិច្ចការទាំងអស់ជាស្នាព្រះហស្ត
ទ្រង់ធ្វើហូរហែ
គេនឹងរំលឹកទាំងថ្ងៃយប់ព្រឹកតទៅឥតប្រែ
ព្រមទាំងប្រកាសក្តីសប្បុរសដែរសុចរិតឥតល្ហែ
របស់ព្រះអង្គ
ព្រះជាអម្ចាស់ប្រកបដោយព្រះហឫទ័យត្រចង់
ប្រណីសន្តោសករុណាហ្មត់ហ្មងអត់ធ្មត់កន្លង
អាណិតមេត្តា
ព្រះជាអម្ចាស់ព្រះទ័យសប្បុរសលើមនុស្សលោកា
ទ្រង់មានព្រះទ័យសន្តោសករុណាមនុស្សគ្រប់អាត្មា
រស់ពេញផែនដី
១០បពិត្រព្រះម្ចាស់សត្វលោកទាំងអស់មានច្រើនពេកក្រៃ
នាំគ្នាតម្កើងរុងរឿងសិរីរាស្រ្តទាំងប្រុសស្រី
ក៏ថ្កើងទ្រង់ដែរ
១១គេនឹងរៀបរាប់ព្រះរាជ្យគួរគាប់រុងរឿងស្ថិតស្ថេរ
របស់ព្រះអង្គឥតមានប្រួលប្រែអានុភាពឥតកែ
ព្រះអង្គនៅគង់
១២ដើម្បីឱ្យមនុស្សទាំងស្រីទាំងប្រុសគ្រប់គ្នាបានដឹង
ពីការអស្ចារ្យរបស់ព្រះអង្គរស្មីរឿងរុង
ចិញ្ចែងចិញ្ចាច
១៣ព្រះរាជ្យព្រះអង្គស្ថិតនៅយូរលង់ពេញដោយអំណាច
គ្រងរាជ្យអស់កល្បព្រោះទ្រង់ជាស្តេចបារមីអង់អាច
ស្ថិតយូរវស្សា
ព្រះអម្ចាស់តែងគោរពឥតក្លែងបន្ទូលសន្យា
អ្វីដែលទ្រង់ធើ្វសុទ្ធតែអស្ចារ្យសប្បុរសមេត្តា
ករុណាអាសូរ
១៤ព្រះអង្គលើកស្ទួយអ្នកហេវហត់ព្រួយដួលយំស្រែកថ្ងូរ
ទ្រង់លើកអ្នកអស់សង្ឃឹមឱ្យឈរពង្រឹងជំហរ
ឱ្យល្អវិញបាន
១៥បពិត្រព្រះម្ចាស់សត្វលោកទាំងអស់ចាំមិនហ៊ានខាន
ដោយចិត្តសង្ឃឹមពួកគេនឹងបានអាហារគ្រប់ប្រាណ
តាមពេលកំណត់
១៦ទ្រង់មានព្រះទ័យទូលាយពេកក្រៃពេញដោយប្រាកដ
ព្រះអង្គប្រទានដល់អ្នកក្រខ្សត់បានឆ្អែតគ្រប់មាត់
តាមចិត្តប្រាថ្នា
១៧ព្រះជាអម្ចាស់ធ្វើសព្វទាំងអស់នូវរាល់កិច្ចការ
ដោយព្រះហឫទ័យសុចរិតថ្លៃថ្លាសន្តោសករុណា
ទ្រង់បានប្រព្រឹត្ត
១៨ព្រះអម្ចាស់គង់នៅជិតអែបអង្គកៀកកើយនែបនិត្យ
នឹងអ្នកអង្វរដោយល្អសុទ្ធចិត្តរកព្រះអង្គពិត
មិនយាងទៅណា
១៩ទ្រង់បានសម្រេចតាមបំណងកិច្ចដែលគេប្រាថ្នា
របស់អស់អ្នកកោតខ្លាចចេស្តាព្រះអង្គស្ទុះស្ទា
ហើយសង្គ្រោះគេ
២០អ្នកដែលស្រឡាញ់ព្រះម្ចាស់ពោរពេញឥតក្រឡះប្រែ
ទ្រង់នឹងគ្រប់គ្រងការពារថ្នមថែហើយទ្រង់តែងតែ
បំផ្លាញមនុស្សខូច
២១ខ្ញុំសូមថ្លែងឡើងសរសើរតម្កើងគ្មានចិត្តលាក់លួច
តម្កើងព្រះម្ចាស់សត្វលោកធំតូចទាំងអស់ជួយលើក
ព្រះនាមព្រះអង្គ

ទំនុកតម្កើងលេខ ១៤៦ (១៤៥) បទពាក្យ ៧

ឱ! ព្រះអម្ចាស់អើយខ្ញុំសូមតម្កើងទាំងព្រមដោយចិត្តស្មោះ
ឥតមានលាក់លៀមទុកកៀនកោះបញ្ចេញដោយស្មោះអស់ពីចិត្ត
ខ្ញុំសូមសរសើរលើកតម្កើងព្រះម្ចាស់ខ្ពស់ឡើងមួយជីវិត
ខ្ញុំស្មូត្រចម្រៀងមានបែបបទឱ្យបានចាំស្ទាត់ពេលនៅរស់
កុំទុកចិត្តពួកមនុស្សលោកមានច្រើនគរគោកចិត្តមិនស្មោះ
កុំទុកចិត្តមេដឹកនាំនោះពុំអាចសង្គ្រោះបានឡើយណា
ពេលដែលដង្ហើមគេត្រូវផុតជីវិតរលត់អស់សង្ខារ
ក្លាយជាធូលីដីអសារទាំងគម្រោងការរលាយព្រម
អ្នកដែលព្រះលោកយ៉ាកុបជួយសង្គ្រោះផុតព្រួយហើយសង្ឃឹម
ទុកចិត្តលើព្រះគ្មានអ្វីផ្ទឹមរស់ដោយញញឹមគ្មានភិតភ័យ
ព្រះអង្គបង្កើតទាំងផ្ទៃមេឃផែនដីល្អឯកធំពេកក្រៃ
សមុទ្រព្រមទាំងអស់អ្វីៗសន្យាថ្លាថ្លៃទ្រង់មិនភ្លេច
ព្រះអង្គរកយុត្តិធម៌ឱ្យដល់អ្នកទន់ខ្សោយមិនកែគេច
ចែកអាហារដល់អ្នកឃ្លានស្រេចហើយទ្រង់សម្រេចលែងអ្នកទោស
ព្រះអម្ចាស់ប្រោសមនុស្សខ្វាក់ហើយលើកអស់អ្នកដែលនៅរស់
អស់ក្តីសង្ឃឹមគ្មានអ្វីសោះស្រឡាញ់អ្នកស្មោះត្រង់ល្អជា
ព្រះម្ចាស់គាំទ្រជនបរទេសមេម៉ាយនិងអស់ក្មេងកំព្រា
តែទ្រង់ធ្វើឱ្យកម្រោងការជនខូចពាលាវិនាសបង់
១០ព្រះអម្ចាស់ទ្រង់នឹងគ្រងរាជ្យអស់កល្បជានិច្ចតយូរលង់
ឱ! ក្រុងស៊ីយ៉ូនដ៏រឿងរុងព្រះអ្នកនឹងគ្រងរាជ្យតទៅ

ទំនុកតម្កើងលេខ ១៤៧ (១៤៦) បទព្រហ្មគីតិ

យើងស្មូត្របទថ្វាយព្រះជាអម្ចាស់របស់យើង
សរសើរលើកតម្កើងដ៏រុងរឿងល្អប្រពៃ
ព្រះម្ចាស់បានសង់ក្រុងល្អឧត្តុង្គឧត្តមក្រៃ
យេរូសាឡឹមថ្មីអ្នកខ្ចាត់ខ្ចាយនាំមកវិញ
អ្នកដែលមានវិបត្តិគ្រាំគ្រាចិត្តគិតមិនចេញ
ទ្រង់ប្រោសផុតទោម្នេញរបួសវិញជាសះស្បើយ
ព្រះអង្គអាចរាប់បានផ្កាយឥតមានខ្វះមួយឡើយ
ដាក់ឈ្មោះឱ្យរួចហើយមិនភ្លេចឡើយស្គាល់ទាំងអស់
ព្រះម្ចាស់របស់យើងសែនថ្កុំថ្កើងឧត្តមខ្ពស់
ចេស្តាខ្លាំងមុតមោះព្រះតម្រិះធំធេងក្រៃ
ព្រះអម្ចាស់គាំទ្រជនក្រីក្រខ្សត់រីងរៃ
ទ្រង់បន្ទាបដល់ដីជនអប្រីយ៍ធ្វើអាក្រក់
ចូរនាំគ្នាច្រៀងអរថ្លែងអំណរគុណព្រះម្ចាស់
ចូរដេញពិណថ្វាយព្រះជាអម្ចាស់នៃយើងផង
ទ្រង់ឱ្យពពកបិទគ្របជុំជិតអស់តែម្តង
បាំងទាំងផ្ទៃមេឃផងអាប់មួរហ្មងគ្មានរស្មី
ព្រះអង្គបានឱ្យភ្លៀងធ្លាក់ទាត់ទៀងលើផែនដី
ស្មៅលាស់ស្រស់ខៀវខ្ចីពាសពេញដីនៅលើភ្នំ
ទ្រង់ផ្តល់ទាំងអាហារអស់សព្វសាសត្វតូចធំ
កូនក្អែកដែលស្រែកយំទ្រង់ថ្នាក់ថ្នមផ្តល់ចំណី
១០ព្រះអង្គមិនដែលគាប់ព្រះទ័យជាប់នឹងសេះថ្មី
ទ្រង់មិនពេញព្រះទ័យមនុស្សពេញដីដែលខ្លាំងក្លា
១១តែព្រះអង្គទ្រង់គាប់ព្រះទ័យជាប់នឹងមនុស្សណា
កោតខ្លាចព្រះចេស្តាផ្ញើជីវ៉ាលើព្រះអង្គ
១២ក្រុងយេរូសាឡឹមកុំស្ងាត់ស្ងៀមនៅរេរង់
ព្រមទាំងក្រុងស៊ីយ៉ូនចូរត្រៀមខ្លួនថ្កើងព្រះម្ចាស់
១៣ដ្បិតព្រះអង្គការពារអ្នករាល់គ្នាបានសុខណាស់
ទ្រង់ឱ្យពរដល់រាស្រ្តដែលរស់ពាសពេញទីក្រុង
១៤ទ្រង់ប្រទានទឹកដីមានសេរីសុខត្រចង់
សន្តិភាពគ្រប់ជ្រុងស្រូវបំរុងច្រើនមហិមា
១៥នៅលើផ្ទៃផែនដីស្រស់ប្រិមប្រីយ៍ទ្រង់បញ្ជា
ផ្សព្វផ្សាយគ្រប់ទិសាពីបញ្ជាព្រះអម្ចាស់
១៦ព្រះអង្គឱ្យទឹកកកធ្លាក់ចុះមកច្រើនដេរដាស
សន្សើមត្រជាក់ណាស់ក៏ធ្លាក់ចុះតាមបញ្ជា
១៧ព្រះអង្គធ្វើឱ្យព្រឹលធ្លាក់មិនខ្ជិលច្រើនមហិមា
ឱ្យមានធាតុរងាតើនរណាអាចទ្រាំបាន ?
១៨ពេលទ្រង់មានបន្ទូលធ្វើឱ្យព្រឹលទាំងប៉ុន្មាន
ទឹកកកគ្រប់ទីស្ថានរលាយបានជាទឹកអស់
ធ្វើឱ្យមានទាំងខ្យល់បោកវិលវល់មិនឈប់សោះ
បក់យកទឹកទាំងនោះហូរតាមជ្រោះទៅមិនសល់
១៩ទ្រង់សម្តែងឱ្យពូជលោកយ៉ាកុបស្តាប់បន្ទូល
ក្រឹត្យវិន័យនិមលឱ្យអ៊ីស្រាអែលបានដឹង
២០ព្រះអង្គពុំបញ្ជាសព្វកិច្ចការអស់ទាំងហ្នឹង
ឱ្យជាតិសាសន៍ផ្សេងដឹងវិន័យទ្រង់នោះសោះឡើយ

ទំនុកតម្កើងលេខ ១៤៨ បទពាក្យ ៧

ចូរលើកតម្កើងព្រះអម្ចាស់ទ្រង់គឺជាព្រះដ៏វិសុទ្ធ
អ្នកដែលនៅស្ថានខ្ពស់បំផុតបញ្ចេញពាក្យពិតថ្កើងព្រះអង្គ
ឱ! ពួកទេវទូតទាំងអស់អើយចូរសរសើរហើយតម្កើងផង
ទាំងពួកទេវតាកុំរេរង់សរសើរព្រះអង្គព្រះនៃអ្នក
ឯព្រះអាទិត្យនិងព្រះច័ន្ទកុំនៅអែរអន់ឬស្ទើរស្ទាក់
តម្តើងព្រះអង្គជាព្រះអ្នកដាក់ខ្ពស់ដល់ថ្នាក់សួគ៌វិមាន
អស់ផ្កាយទាំងឡាយដែលផ្លេកភ្លឺរស្មីរន្ទឺគ្រប់ទីស្ថាន
ចូរកោតសរសើរព្រះថ្កើងថ្កានគោរពឱ្យបានដោយផ្ចិតផ្ចង់
ឱ! មេឃដែលនៅខ្ពស់បំផុតសរសើរក្រាបលុតថ្កើងព្រះអង្គ
ទាំងទឹកដែលនៅលើមេឃផងសូមជួយថ្កើងអង្គព្រះជាម្ចាស់
ចូរឱ្យអ្វីៗសព្វសារពើតម្កើងសរសើរព្រះខ្ពង់ខ្ពស់
ពេលព្រះអង្គមានបន្ទូលនោះអ្វីៗទាំងអស់កើតព្រោងព្រាត
ព្រះអង្គបានតាំងសព្វអ្វីៗស្ថិតស្ថេរប្រពៃឥតបីឃ្លាត
ព្រះអង្គដាក់ច្បាប់មួយថែមទៀតមិនឱ្យរវាតប្រែប្រួលថ្មី
ចូរលើកតម្កើងសរសើរព្រះទ្រង់ជាអម្ចាស់លើផែនដី
សមុទ្រនិងសត្វទាំងអស់ក្តីតម្កើងម្ចាស់ថ្ងៃកុំរួញរា
ចូរព្រឹលផ្សែងអ័ព្ទនិងទឹកកកដែលធ្លាប់ធ្លាក់មកច្រើនមហិមា
ភ្លើងដែលធ្លាប់ឆេះព្យុះព្យោមាធ្វើតាមបញ្ជានៃព្រះអង្គ
ភ្នំតូចភ្នំធំជិតឆ្ងាយដើមឈើទាំងឡាយកុំរេរង់
និងដើមគគីរទាំងឡាយផងកុំបីសៅហ្មងជួយតម្កើង
១០សត្វព្រៃសត្វស្រុកទាំងម្រឹគាទាំងសត្វលូនវារសត្វដើរជើង
បក្សាបក្សីចូរក្រោកឡើងសរសើរតម្កើងព្រះខ្ពង់ខ្ពស់
១១អស់ស្តេចទាំងឡាយលើផែនដីប្រជាប្រុសស្រីគ្រប់ទាំងអស់
ទាំងអ្នកដឹកនាំថ្នាក់ទាបខ្ពស់នាំគ្នាទាំងអស់ថ្កើងម្ចាស់ថ្លៃ
១២យុវជននារីចាស់ជរាកូនក្មេងនាំគ្នាលើកសិរី
ព្រះម្ចាស់ខ្ពង់ខ្ពស់លើលោកីយ៍មិនអាចរកអ្វីប្រៀបស្មើបាន
១៣ចូរកោតសរសើរនាមព្រះម្ចាស់ជាព្រះខ្ពង់ខ្ពស់លើសអស់ស្ថាន
ព្រះនាមព្រះអង្គល្អថ្កើងថ្កានពាសពេញទីស្ថានមេឃនិងដី
១៤ព្រះអង្គបានប្រោសអស់ប្រជារាស្រ្តទាំងអស់គ្នាមានសេរី
កម្លាំងមាំមួនខ្លាំងពេកក្រៃមិនឱ្យមានអ្វីមករំខាន
អស់អ្នកដែលជឿងលើព្រះអង្គគឺជារាស្រ្តទ្រង់ដ៏ចំណាន
អ៊ីស្រាអែលអើយអ្នកនឹងបានខ្ពស់មុខសុខសាន្តតទៅអើយ

ទំនុកតម្កើងលេខ ១៤៩ បទកាកគតិ

ចូរច្រៀងបទថ្មីថ្វាយព្រះម្ចាស់ថ្លៃប្រសើរកន្លង
ចូរច្រៀងតម្កើងព្រះនាមព្រះអង្គក្នុងចំណោមផង
អ្នកដែលជឿព្រះ
ចូរឱ្យជនជាតិស្រាអែលខ្មីឃ្មាតរីករាយទាំងអស់
ដោយសារព្រះអង្គបានបង្កើតមនុស្សទាំងស្រីទាំងប្រុស
ពាសពេញផែនដី
សូមប្រជាជនក្នុងក្រុងស៊ីយ៉ូនអបអរប្រពៃ
នឹងព្រះមហាក្សត្រគ្រងលើផែនដីជាស្តេចល្បាញល្បី
របស់ផងខ្លួន
សូមនាំគ្នារាំថ្វាយព្រះឧត្តមកុំវេះគេចពួន
តម្កើងព្រះនាមឱ្យបានសមសួនវាយក្រាប់ផ្ទួនៗ
ទាំងដេញពិណថ្វាយ
ដ្បិតព្រះអម្ចាស់សព្វព្រះទ័យណាស់នឹងរាស្រ្តទាំងឡាយ
ទ្រង់តែងសង្គ្រោះដឹកនាំត្រួសត្រាយហើយតែងខ្វល់ខ្វាយ
ជួយអ្នកទន់ទាប
សូមឱ្យអស់អ្នកសង្ឃឹមជឿជាក់លើព្រះដរាប
នាំគ្នាសប្បាយប្រសើរលើសលប់តម្កើងសាយសព្វ
សិរីព្រះម្ចាស់
ទោះជាពេលយប់ក៏គេមិនឈប់គេនៅប្រកាស
ទាំងលើកតម្កើងសិរីព្រះម្ចាស់ឱ្យបានខ្ពង់ខ្ពស់
ទាំងអំណរផង
សូមទាំងអស់គ្នាសរសើរគ្រប់គ្រាកុំបីរំលង
មាត់ពោលពាក្យល្អដៃកាន់ដាវផងទុក្ខសោកមួរហ្មង
វិនាសខ្ចាត់ខ្ចាយ
ឯការសងសឹកជាតិច្រើនសន្ធឹកឱ្យគេអន្តរាយ
និងការដាក់ទោសជនជាតិទាំងឡាយវិនាសខ្ចាត់ខ្ចាយ
រលាយបែកបាក់
គេយកមកផងដើម្បីនឹងចងស្តេចនឹងច្រវាក់
ហើយយកទាំងឃ្នាងទាំងខ្នោះអន្ទាក់ដាក់ពួកអស់អ្នក
ដឹកនាំពួកគេ
ឯការដាក់ទោសជាតិសាសន៍ទាំងនោះត្រឹមត្រូវឥតប្រែ
តាមការសម្រេចព្រះមិនខុសទេពួកវាត្រូវតែ
ទទួលទោសនោះ
កិច្ចការទាំងអស់សក្តិសមឥតខ្ចោះគឺជាកិត្តិយស
ដ៏សែនរុងរឿងដល់អ្នកទាំងអស់ដែលជឿលើព្រះ
មិនសាបសូន្យឡើយ

ទំនុកតម្កើងលេខ ១៥០ បទព្រហ្មគីតិ

ចូរកោតសរសើរព្រះជាអម្ចាស់ក្នុងវិហារ
ជាទីដ៏សក្ការសែនអស្ចារ្យឥតមានហ្មង
ក្នុងលំហអាកាសវិសេសណាស់មាំមួនផង
ដំណាក់ល្អកន្លងនៃព្រះអង្គក្នុងអាកាស
ចូរសរសើរគ្រប់គ្នាអ្វីដែលជាស្នាព្រះហស្ត
តម្កើងព្រះអម្ចាស់ដ៏ខ្ពង់ខ្ពស់គ្មានអ្វីស្មើ
ចូរប្រគុំភ្លេងភ្លាត់ច្រៀងសព្វបទកុំស្ទាក់ស្ទើរ
ចាប៉ីដេញបណ្តើរពិណសរសើរកំដរផង
វាយក្រាប់រាំចាក់ក្បាច់ល្អបណ្តាច់ថ្វាយព្រះអង្គ
វាយឃឹមផ្លុំខ្លុយផងលើកតម្កើងព្រះជាម្ចាស់
វាយស្គរឱ្យពិរោះតម្កើងព្រះដោយស្ម័គ្រស្មោះ
វាយស្គរលាន់ទាំងអស់សរសើរព្រះជាម្ចាស់យើង
សូមឱ្យអ្វីទាំងអស់ដែលនៅរស់មានដង្ហើម
ចូរសរសើរតម្កើងព្រះម្ចាស់យើងរហូតទៅ

ព្រះចេស្តារបស់ព្រះជាម្ចាស់ បទព្រហ្មគីតិ

(ដំណើរឆ្ពោះទៅកាន់សេរីភាព ១៥,១-៤.៧-១៣.១៧-១៨)

ខ្ញុំស្រែកច្រៀងថ្វាយព្រះជាអម្ចាស់ដែលមានជ័យ
លើទ័ពសេះល្បាញល្បីលិចលង់ក្ស័យក្នុងសមុទ្រ
ព្រះម្ចាស់ជាកម្លាំងខ្ញុំឈ្នះខ្មាំងមិនភ័យស្លុត
ខ្ញុំសូមឱនក្រាបលុតទាំងច្រៀងបទថ្កើងព្រះអង្គ
ព្រោះទ្រង់បានសង្គ្រោះខ្ញុំឱ្យរស់ផុតសៅហ្មង
ព្រះឪពុកខ្ញុំផងព្រះខ្ពស់ខ្ពង់លើសអ្វីៗ
ទ្រង់ជាវីរបុរសប្រសើរខ្ពស់លើផែនដី
អង់អាចពូកែក្រៃព្រះនាមថ្លៃ “ព្រះអម្ចាស់
ព្រះអង្គបានធ្វើឱ្យកងទ័ពថយវិនាសអស់
ទាំងទ័ពទាំងរទេះត្រូវវិនាសក្នុងសមុទ្រ
ទាហានអេស៊ីបខ្លាំងពូកែច្បាំងចៀសមិនផុត
ជីវិតត្រូវរលត់ក្នុងសមុទ្រជ្រៅក្រៃលែង
ព្រះអង្គមានចេស្តាខ្លាំងអស្ចារ្យគួរស្ញប់ស្ញែង
រុងរឿងខ្លាំងក្រៃលែងអ្នកប្រឆាំងទ្រង់ផ្តួលអស់
ពេលព្រះអង្គពិរោធព្រះអង្គក្រោធដូចភ្លើងឆេះ
ពួកគេត្រូវរលេះដូចភ្លើងឆេះស្មៅចំបើង
ពេលខ្យល់បក់បោកមកទឹករលកផ្តុំគ្នាឡើង
ទំនប់ទឹករលើងមកនៅគឿងសមុទ្រជាន់
ខ្មាំងសត្រូវពោលថាខ្ញុំដេញគេតាមឱ្យទាន់
ខ្ញុំទទួលជយភណ្ឌច្រើនគ្រប់គ្រាន់ទើបចាត់ការ
ព្រះអង្គទ្រង់ផ្លុំខ្យល់ទឹកវិលវល់គ្រប់កាយា
ពួកគេលិចមរណាក្នុងជលសាដូចសំណ
បពិត្រព្រះអម្ចាស់ប្រសើរណាស់ពេញបវរ
តើមានព្រះណាល្អយុត្តិធម៌ដូចព្រះអង្គ ?
ទ្រង់វិសុទ្ធរឿងរុងអស្ចារ្យខ្លាំងពេកកន្លង
គួរស្ញែងខ្លាចព្រឺផងហើយមានទាំងឫទ្ធីខ្ពស់
១០ព្រះអង្គក្តៅព្រះទ័យគ្មានប្រណីគិតស្រណោះ
ពេលទ្រង់លើកព្រះហស្តផែនដីប្រេះស្រូបគេឈឹង
១១ព្រះអង្គបានលោះលារាស្រ្តគ្រប់គ្នាមានរំពឹង
ដឹកនាំគេតម្រង់ដំណាក់ទ្រង់ដ៏ឧត្តម
១២ព្រះអង្គនាំប្រជារាស្រ្តគ្រប់គ្នាទៅលើភ្នំ
ជាចំណែកដ៏ធំកន្លែងសំណាក់ព្រះអង្គ
ឱ! ព្រះអម្ចាស់អើយព្រះអង្គហើយដែលបានសង់
ទីសក្ការៈត្រចង់ព្រះហស្តទ្រង់កសាងផ្ទាល់
១៣ព្រះម្ចាស់នឹងគ្រងរាជ្យ​​ពេញអំណាចអស់កប្បកល្ប
ជានិច្ចគ្មានពិភាល់ជារៀងរាល់អង្វែងទៅ

ទំនុកតម្កើងរបស់លោកម៉ូសេ បទពាក្យ ៧

(ទុតិយកថា ៣២,១-១២)

ឱ! ផ្ទៃមេឃអើយចូរត្រងត្រាប់ពាក្យខ្ញុំថ្លែងប្រាប់ជាដំណឹង
ផែនដីអើយចូរអ្នកខំប្រឹងស្តាប់ឱ្យបានដឹងខ្ញុំបរិយាយ
សូមឱ្យពាក្យខ្ញុំទាំងប៉ុន្មានដែលបានទូន្មានរៀងរាល់ថ្ងៃ
ឱ្យដូចសន្សើមភ្លៀងធ្លាក់ថ្មីរុក្ខជាតិខៀវខ្ចីស្រស់បំព្រង
ខ្ញុំនឹងប្រកាសពីព្រះនាមមិនព្រមនៅស្ងៀមមិនភ្លេចម្តង
លើកតម្កើងភាពខ្ពស់កន្លងរុងរឿងគ្មានហ្មងព្រះនៃយើង
ព្រះអម្ចាស់ប្រៀបដូចថ្មដាជាផ្ទាំងសិលាដ៏សែនរឹង
មាគ៌ាព្រះអង្គសុចរិតត្រង់បរិសុទ្ធឥតហ្មងឥតមានខ្ចោះ
ប៉ុន្តែព្រះអង្គទ្រង់ជ្រាបថាអ្នកទាំងអស់គ្នាក្បត់ទាំងអស់
ដោយអ្នកមានចិត្តមិនត្រង់ស្មោះព្រះអង្គផាត់អស់មិនទុកនៅ
លែងរាប់លែងរកលែងទុកថាជាបុត្រធីតា​​​ជាកូនចៅ
អ្នករាល់គ្នាមានចិត្តអាស្រូវវៀចវេរមិនត្រូវក្បត់ព្រះអង្គ
ឱ! ជនលេលាឥតប្រាជ្ញអើយចុះហេតុម្តេចឡើយមិនលះបង់
ព្រះគុណព្រះមានច្រើនកន្លងតោងគិតផ្គូផ្គងគិតនឹកនា
ទ្រង់ជាបិតាដែលបង្កើតឱ្យមានកំណើតកើតជន្មា
ឱ្យអ្នកបានក្លាយជាប្រជាជាតិមាំអស្ចារ្យខ្លាំងទៀតផង
ចូរអ្នករាល់គ្នានឹកនាចាំគិតអំពីឆ្នាំដែលកន្លង
ឪពុកដូនតាកុំមានហ្មងរ៉ាយរ៉ាប់ប្រាប់ផងហេតុការណ៍គ្រប់
ពេលព្រះខ្ពង់ខ្ពស់ប្រទានដីជាកេរថ្លាថ្លៃទ្រព្យសំណព្វ
ពេលទ្រង់បំបែកមនុស្សលោកសព្វថែមទាំងកំណត់ព្រំដែនឱ្យ
ព្រះអង្គប្រទានតាមចំនួនឱ្យបានសមសួនមិនបណ្តោយ
គ្នាតិចបានតិចមិនឱ្យធ្លោយគ្នាច្រើនទ្រង់ឱ្យធំល្វើយល្វឹង
ព្រះម្ចាស់ជ្រើសយកអ៊ីស្រាអែលទុកជារាស្រ្តផ្ទាល់នៃព្រះអង្គ
ទាំងពូជយ៉ាកុបថែមទៀតផងទុកជាកេរទ្រង់ដ៏ថ្កើងថ្កាន
១០ព្រះម្ចាស់រកឃើញអ៊ីស្រាអែលនៅតាមទីវាលរហោស្ថាន
ក្នុងដីហួតហែងព្រៃស្មសានសុទ្ធតែតិរច្ឆានស្នាក់នៅជុំ
តែព្រះអង្គបានបីបាច់ថែថ្នាក់ថ្នមរូបគេហើយអប់រំ
ការពារក្រសោបឱបនៅជុំគេរស់សុខដុមផុតវេទនា
១១ព្រះអង្គការពារនិងណែនាំឱ្យដើរត្រង់ចំផ្លូវសាស្តា
ដូចសត្វឥន្ទ្រីយ៍ជាបក្សាត្រដាងស្លាបវាបាំងកូនបាន
១២មានតែព្រះម្ចាស់មួយព្រះអង្គដឹកនាំរាស្រ្តទ្រង់យ៉ាងចំណាន
ឱ្យគេរស់នៅយ៉ាងសុខសាន្តព្រះផ្សេងមិនបានដូចទ្រង់ឡើយ

ទំនុកតម្កើងរបស់នាហាណ្ណា បទកាកគតិ

(លោកសាមូអែលភាគមួយ ២,១-១០)

ព្រះម្ចាស់ប្រទានចិត្តខ្ញុំឱ្យមានអំណរសប្បាយ
ព្រោះព្រះអង្គលើកខ្ញុំខ្ពស់ពេកក្រៃខ្ញុំអាចនិយាយ
តទល់ពួកខ្មាំង
គ្មាននរណាម្នាក់វិសុទ្ធជាជាក់ដូចជាព្រះអង្គ
ឥតមាននរណាប្រសើរដូចទ្រង់ជាថ្មជួយបាំង
ដូចព្រះយើងទេ
កុំអួតបំប៉ោងពោលពាក្យកាចកោងព្រហើនដៀលជេរ
ដ្បិតព្រះជាម្ចាស់ថ្លឹងថ្លែងរិះរេវិនិច្ឆ័យឥតប្រែ
តាមអំពើមនុស្ស
អ្នកខ្លាំងពូកែព្រះអង្គបំបែរបំបាក់ទាំងអស់
បំផ្លាញទាំងធ្នូតែទ្រង់សន្តោសប្រទានដល់មនុស្ស
កម្លាំងទន់ខ្សោយ
ពួកអ្នកដែលមានអាហារគ្រប់គ្រាន់ឥឡូវគេធ្លោយ
ធ្លាក់ខ្លួនវេទនាខ្វះខាតមុខក្រោយគ្មានអ្វីនឹងឱ្យ
ចម្អែតក្រពះ
ឯអ្នកធ្លាប់ឃ្លានបែរទៅជាមានអាហារមិនខ្វះ
គេបរិភោគឆ្អែតបរិបូណ៌ពេញពាសមានច្រើនដេរដាស
លែងមុខស្រពោន
មិនតែប៉ុណ្ណោះព្រះអង្គសន្តោសស្រីអារគ្មានកូន
មិនឱ្យដាច់ពូជវិនាសសាបសូន្យអាចសម្រាលកូន
បានប្រាំពីរដង
ជីវិតមនុស្សត្រូវស្លាប់ឬរស់ស្រេចលើព្រះអង្គ
គេត្រូវធ្លាក់ទៅស្ថានអ្នកស្លាប់ផងឬក៏បានឡើង
លើទ្រង់ចាត់ចែង
មនុស្សមានក្រអាក្រក់ឬល្អមិនមែនខ្លួនឯង
ព្រះម្ចាស់បន្ទាបឬក៏លើកឡើងព្រះអង្គចាត់ចែង
តាមព្រះហឫទ័យ
ទ្រង់លើកមនុស្សទុរគតស្រីប្រុសពីធូលីដី
ដកអ្នកកម្សត់វេទនាក្រក្រីនោះគឺដើម្បី
ឱ្យស្មើអ្នកធំ
ឱ្យបានគ្រងរាជ្យពេញដោយអំណាចរុងរឿងឧត្តម
ដ្បិតព្រះអម្ចាស់តាំងគ្រឹះរឹងមាំផែនដីដ៏ធំ
មិនរលំឡើយ
ព្រះអង្គមើលថែជីវិតពួកគេផុតទុក្ខល្ហែល្ហើយ
គឺអ្នកស្មោះត្រង់ព្រះអង្គនោះហើយទ្រង់មិនកន្តើយ
ថ្នាក់ថ្នមបមបី
ឯជនអាក្រក់ចិត្តខ្មៅកខ្វក់ទុយ៌សអប្រិយ៍
គេនឹងវិនាសក្នុងពេលដ៏ខ្លីដ្បិតគេគ្មានជ័យ
ដោយកម្លាំងទេ
១០ព្រះអង្គបញ្ចេញរន្ទះដេញបាញ់ទៅលើពួកគេ
ព្រះម្ចាស់វិនិច្ឆ័យទៅផែនដីដែរទ្រង់គ្រប់គ្រងថែ
មិនប្រែទាល់សោះ
ព្រះអង្គប្រទានអានុភាពឱ្យមានដល់ក្សត្រអង្គនោះ
ប្រទានអំណាចចេស្តាទាំងអស់ដែលទ្រង់ថ្កើងយស
ចាក់ប្រេងអភិសេក

យើងនាំគ្នាដើរក្រោមពន្លឺរបស់ព្រះជាម្ចាស់ បទព្រហ្មគីតិ

(ព្យាការីអេសាយ ២,២-៥)

ថ្ងៃក្រោយព្រះអម្ចាស់នឹងប្រែផ្លាស់ព្រះដំណាក់
លើកភ្នំធ្លាប់គង់ស្នាក់ហើយទ្រង់ដាក់លើភ្នំថ្មី
ដើម្បីឱ្យភ្នំនោះបានខ្ពង់ខ្ពស់លើសគេក្រៃ
ប្រជាជាតិទាំងឡាយអរសប្បាយឡើងហូរហែ
មានទាំងប្រជាជនច្រើនពេកពន់ទៅផងដែរ
ពោលថាយើងដង្ហែឡើងទៅក្បែរភ្នំព្រះម្ចាស់
យើងនាំគ្នាឡើងទៅដើរតាមផ្លូវមាគ៌ាព្រះ
ប្រញាប់ឆាប់រូតរះដំណាក់ព្រះលោកយ៉ាកុប
ព្រះអង្គនឹងប្រដៅយើងស្គាល់ផ្លូវមាគ៌ាគ្រប់
ឱ្យស្គាល់ឱ្យសេពគប់ឱ្យដើរសព្វតាមគន្លង
ដ្បិតការប្រៀនប្រដៅអ្នកល្ងង់ខ្លៅគ្រាកន្លង
ចេញពីស៊ីយ៉ូនផងល្អហ្មត់ហ្មងឥតមានទាស់
ព្រះបន្ទូលប៉ុន្មានល្អថ្កើងថ្កានឥតមានខ្ចោះ
ចេញមកពីព្រះឱស្ឋដ៏ស្ម័គ្រស្មោះក្រុងសាឡឹម
ព្រះអង្គជាចៅក្រមដ៏ឧត្តមមិននៅស្ងៀម
សម្រុះសម្រួលភ្លាមផ្អាកសង្គ្រាមកាប់ប្រល័យ
ឱ្យឈប់ទាស់ទែងគ្នាចេះគាំពារត្រាប្រណី
យកដាវធ្លាប់ប្រល័យមករំលាយផាលនង្គ័ល
គ្រប់សាសន៍ឈប់តតាំងឈប់ហាត់ច្បាំងនៅហ្នឹងថ្កល់
លែងចង់ឈ្នះចង់ជល់លំពែងពលធ្វើកណ្ដៀវ
ឱ! បងប្អូនកូនចៅញាតិពង្សផៅរស់រញៀវ
លោកយ៉ាកុបស្រស់ស្រាវជ្រករញៀវក្រោមម្លប់ព្រះ

សូមអរព្រះគុណព្រះជាអម្ចាស់ដែលបានសង្គ្រោះប្រជាជនអ៊ីស្រាអែល បទពាក្យ ៧

(ព្យាការីអេសាយ ១២,១-៦)

ឱ! ព្រះម្ចាស់អើយទូលបង្គំលើកហត្ថប្រណម្យសូមតម្កើង
គ្រាមុនព្រះអង្គពិរោធយើងឥឡូវព្រះអង្គសម្រាលទុក្ខ
ព្រះអម្ចាស់ជាព្រះសង្គ្រោះជីវិតខ្ញុំរស់ស្គាល់តែសុខ
លែងភ័យលែងខ្លាចលែងកើតទុក្ខពីនេះទៅមុខពឹងលើព្រះ
ដ្បិតព្រះអម្ចាស់ជាកម្លាំងខ្ញុំអាចតតាំងអាចយកឈ្នះ
ខ្ញុំនឹងច្រៀងថ្វាយព្រះអម្ចាស់ព្រោះទ្រង់សង្គ្រោះដល់រូបខ្ញុំ
ព្រះម្ចាស់សង្គ្រោះអ្នករាល់គ្នាផុតទុក្ខគ្រប់គ្រារស់សុខដុម
ចូរទៅដងទឹកត្រជាក់ជុំចេញពីជើងភ្នំសង្គ្រោះផង
ចូរអរព្រះគុណព្រះអម្ចាស់ហើយចូរប្រកាសនាមព្រះអង្គ
ថ្លែងស្នាព្រះហស្តអស្ចារ្យទ្រង់ប្រាប់ប្រជាជនផងទាំងឡាយ
ចូរស្មូត្រទំនុកតម្កើងថ្វាយព្រះអម្ចាស់ថ្លៃគ្រប់ៗកាយ
ដ្បិតការអស្ចារ្យច្រើនពេកក្រៃឱ្យមនុស្សលើដីបានដឹងផង
អុះឱ! អ្នកក្រុងស៊ីយ៉ូនអើយចូរកុំកន្តើយស្រែករំពង
ដោយអរសប្បាយដ្បិតព្រះអង្គវិសុទ្ធឥតហ្មងព្រះនៃយើង

ព្រះជាម្ចាស់ផ្តល់សន្តិភាពឱ្យប្រជាជន បទកាកគតិ

(ព្យាការីអេសាយ ២៦,១-៤.៧-៩.១២)

យើងមានក្រុងមួយមាំឥតភ័យព្រួយព្រោះព្រះម្ចាស់បាន
ប្រទាននូវការសង្គ្រោះគ្រប់ប្រាណដូចកំពែងបាន
ការពាររ៉ាប់រង
ចូរយើងបើកទ្វារកុំបីរួញរាកុំឱ្យមានហ្មង
ឱ្យប្រជាជាតិសុចរិតទាំងពួងស្ម័គ្រស្មោះកន្លង
បានចូលមកជិត
បពិត្រព្រះម្ចាស់ព្រះអង្គទ្រង់ប្រោសដល់ប្រជាជាតិ
មានក្តីសុខសាន្តឥតបីឃ្លៀងឃ្លាតទាំងជីវិតទៀត
ផ្ញើព្រះឥតភ្លេច
ចូរមានសង្ឃឹមដោយក្តីញញឹមលើព្រះជានិច្ច
ទាំងកាយជីវិតឥតមានពេលភ្លេចជាថ្មរំលេច
ស្ថិតស្ថេរអស់កល្ប
បពិត្រព្រះម្ចាស់អស្ចារ្យពេកណាស់ទ្រង់បង្ហាញដល់
មនុស្សសុចរិតបានដឹងបានស្គាល់មាគ៌ានិមល
សែនល្អកន្លង
ឱ! ព្រះអម្ចាស់យើងខ្ញុំទាំងអស់ជីវិតផ្ញើទ្រង់
ហើយសូមដើរតាមមាគ៌ារឿងរុងដែលព្រះអង្គទ្រង់
ត្រួសត្រាយទុកស្រាប់
ចិត្តយើងគ្រប់គ្នាតែងតែប្រាថ្នាថ្លែងមិនឈរឈប់
ព្រះនាមព្រះអង្គដែលល្បីសាយសព្វពាសពេញលើភព
ប្រសើរកន្លង
ទោះជាពេលយប់ចង់ជ្រកក្រោមម្លប់បារមីនៃទ្រង់
ខ្ញុំខំស្វះស្វែងរកតែព្រះអង្គតាំងពីព្រឹកព្រាង
ឥតមានសំចៃ
ព្រះអង្គដាក់ទោសទៅដល់មនុស្សនៅលើផែនដី
ស្របទៅតាមការដែលទ្រង់វិនិច្ឆ័យនោះគេស្គាល់ក្តី
យុតិ្តធម៌សុចរិត
១២បពិត្រព្រះម្ចាស់ប្រសើរពេកណាស់ទ្រង់តែងអាណិត
ផ្តល់ក្តីសុខសាន្តអ្វីខ្ញុំប្រព្រឹត្តដែលមានមកពិត
គឺទ្រង់សម្រេច

ឱព្រះជាម្ចាស់អើយ! យើងខ្ញុំរង់ចាំតែព្រះអង្គមួយ បទកាកគតិ

(ព្យាការីអេសាយ ៣៣,១៣-១៦)

១៣ឱ! អ្នកដែលនៅស្រុកឆ្ងាយៗត្រូវនាំគ្នាប្រុងស្តាប់
អំពីកិច្ចការដែលយើងធ្វើស្រាប់ត្រូវខំត្រងត្រាប់
ស្តាប់ទាំងអស់គ្នា
ឯអ្នកដែលនៅជិតៗនេះត្រូវកុំនៅរួញរា
ត្រូវទទួលស្គាល់បារមីឫទ្ធាអានុភាពចេស្តា
យើងខ្លាំងក្លាក្រៃ
១៤នៅក្រុងស៊ីយ៉ូនអ្នកបាបញ័រខ្លួនរន្ធត់ភិតភ័យ
ពួកទមិឡតក់ស្លុតញ័រអស់ជើងដៃគេពោលស្រដី
ស្តីតាមគំនិត
១៥ថាមានតែអ្នកដែលប្រព្រឹត្តជាក់មាគ៌ាសុចរិត
និងអ្នកនិយាយតែពាក្យដែលពិតទើបអាចស្ថេរស្ថិត
កៀកកិតនៅជាប់
គឺអ្នកមិនធ្វើទៅតាមអំពើហឹង្សាមិនគាប់
មិនរកកំរៃប្រវ័ញ្ចគៃកិបមិនទទួលយក
សំណូកទៀតផង
១៦មនុស្សបែបនេះនឹងបាននៅរស់កន្លែងខ្ពស់ខ្ពង់
មានថ្មរឹងមាំជ្រកកោនទៀតផងអាហារគ្រប់គ្រាន់
ទាំងទឹកមិនខ្វះ

ទំនុតម្កើងរបស់ព្យាការីអេស៊េគីអែល បទកាកគតិ

(ព្យាការីអេសាយ ៣៨,១០-១៥.១៧-២០)

១០ខ្ញុំនឹកគិតថានឹងមានវាសនារស់ពាក់កណ្តាល
អាយុនៃមនុស្សមិនត្រេកត្រអាលនៅស្ថានកណ្តាល
ទៅទៀតបានឡើយ
១១ខ្ញុំនឹកគិតថាលែងឃើញភក្ត្រាអម្ចាស់ទៀតហើយ
លែងឃើញទាំងមុខលែងទាំងឆ្លងឆ្លើយឱមនុស្សម្នាអើយ
ខ្ញុំលាក្សិណក្ស័យ
១២ជីវិតខ្ញុំត្រូវឃ្លាតចាកឆ្ងាយទៅផុតអាយុខៃ
ដូចជាគង្វាលរើគ្មានសំចៃជំរំអាស្រ័យ
ស្នាក់នៅពេលមុន
ព្រះម្ចាស់ធ្វើឱ្យជីវិតខ្ញុំផុយនាពេលសាយ័ណ្ហ
ដូចជាងតម្បាញត្បាញចប់គ្រប់គ្រាន់រូតរះបន្ទាប់
មូរក្រណាត់ទុក
១៣ខ្ញុំត្រូវវិនាសមុនពេលថ្ងៃរះនៅមិនស្រណុក
ឈឺពេញទាំងកាយរស់ដូចទូលទុក្ខដូចសិង្ហសម្រុក
ចាប់ជាចំណី
ឱព្រះម្ចាស់អើយចាប់ពីថ្ងៃហើយលុះដល់រាត្រី
ព្រះអង្គធ្វើឱ្យជីវិតខ្ញុំក្ស័យដេកនៅក្នុងដី
ជារៀងដរាប
១៤ខ្ញុំស្រែកខ្ញុំយំដូចត្រចៀកកាំខ្ញុំថ្ងូរដូចព្រាប
ភ្នែកខ្ញុំស្រវាំងមើលមិនឃើញទៀតសូមព្រះម្ចាស់ឆ្លៀត
ជួយផងព្រះអើយ
១៥ឱ្យខ្ញុំនិយាយអ្វីខ្លះទូលថ្វាយទើបព្រះអង្គឆ្លើយ
គឺទ្រង់ធ្វើទុក្ខពុំមានល្ហែល្ហើយប្រាសដេកលើខ្នើយ
មិនលក់ព្រួយចិត្ត
១៧ឥឡូវទ្រង់ប្រោសឱ្យខ្ញុំជាសះព្រោះទ្រង់អាណិត
ប្រទានឱ្យខ្ញុំរស់មានជីវិតទុក្ខព្រួយខ្ញុំបាត់
សែនអរព្រឺព្រួច
ទ្រង់សព្វព្រះទ័យករុណាប្រណីរំដោះខ្ញុំរួច
ពីដៃមច្ចុរាជអំពើបាបខូច​​ខ្ញុំសែនអរព្រួច
រួចផុតល្ហែល្ហើយ
១៨អ្នកស្លាប់អស់ជន្មមិនអាចអរគុណព្រះអង្គបានឡើយ
រួមទាំងមច្ចុរាជទៀតផងក៏ដោយគ្មានសង្ឃឹមឡើយ
ពឹងលើព្រះអង្គ
១៩មានតែមនុស្សមានជីវិតរស់ស្ថិតស្ថេរគង់វង្ស
ទើបគេអាចលើកតម្កើងព្រះអង្គប្រាប់តកូនផង
ពីព្រះទ័យស្មោះ
២០ឱព្រះម្ចាស់អើយសូមកុំកន្តើយមេត្តាសង្គ្រោះ
យើងខ្ញុំមិនភ្លេចដំណាក់របស់ព្រះជាអម្ចាស់
លេងភ្លេងរាំថ្វាយ

ព្រះជាម្ចាស់ជាព្រះសង្គ្រោះ បទកាកគតិ

(ព្យាការីអេសាយ ៤០,៩-១៧)

អ្នកក្រុងស៊ីយ៉ូនទាំងចៅទាំងកូនចូរអ្នកកុំភ្លេច
ឡើងលើភ្នំខ្ពស់ចែងចាំងរំលេចចូរស្រែកកុំខ្លាច
ប្រាប់ស្រុកយូដា
នុះហ្ន! ព្រះម្ចាស់ជាព្រះរបស់អស់អ្នករាល់គ្នា
ទ្រង់មានអំណាចបារមីខ្លាំងក្លាព្រះអ្នករាល់គ្នា
តែមួយលើលោក
១០មើលហ្ន! ព្រះជាអម្ចាស់រាល់គ្នាទ្រង់បានយាងមក
ដោយព្រះបារមីខ្លាំងក្រៃលើលោកព្រះអង្គយាងមក
ដើម្បីគ្រងរាជ្យ
១១ព្រះអង្គប្រៀបបានគង្វាលចំណានពេញដោយអំណាច
នាំអស់ហ្វូងចៀមរាល់ថ្ងៃព្រឹកល្ងាចទាំងមេកូនតូច
កំពុងបំបៅ
១២តើនរណាចេះអាចមានតម្រិះនឹងវាស់ជម្រៅ
មហាសមុទ្រធំហើយសែនជ្រៅវាស់រហូតទៅ
ទាំងផ្ទៃមេឃា
តើនរណាអាចមានតម្រិះប្រាជ្ញអាចនឹងគណនា
ធូលីហ្មត់ល្អិតថ្លឹងទាំងព្រឹក្សាគីរីបព្វតា
ដោយខ្លួនឯងបាន
១៣តើនរណាអាចស្ទង់នូវញាណប្រាជ្ញនៃព្រះថ្កើងថ្កាន
អាចធ្វើជាទីប្រឹក្សាចំណានផ្តល់គំនិតបាន
ចំពោះព្រះអង្គ
១៤ទ្រង់ឥតមានសួរយោបល់គាប់គួរឬមួយផ្តោះផ្តង
តែទ្រង់វិនិច្ឆ័យត្រឹមត្រូវកន្លងប្រាជ្ញាញាណផង
ទ្រង់ចេះដឹងសព្វ
១៥ប្រជាទាំងឡាយដូចទឹកហូរខ្ចាយដែលគេកំពប់
គេមានតម្លៃបីដូចជាគ្រាប់ធូលីគេចាប់
យកទៅដាក់ថ្លឹង
ម៉្យាងទៀតដូចកោះដែលមានទាំងអស់មិនអាចនៅនឹង
ដូចជាធូលីត្រូវខ្យល់បក់វឹងកោះគ្មានលំនឹង
ខ្យល់កួចទៅបាត់
១៦ព្រៃឈើក្នុងស្រុកក៏មិនល្មមទុកធ្វើជាសម្បត្តិ
ឬធ្វើជាអុសរួមទាំងសព្វសត្វទាំងអស់ត្រូវបាត់
ធ្វើយញ្ញពុំបាន
១៧ចំពោះព្រះភ័ក្ត្រព្រះរបស់អ្នកប្រជាប៉ុន្មាន
គ្មានតម្លៃអ្វីថោកហួសការស្មានប្រើការមិនបាន
ឥតមានប្រយោជន៍

បទថ្មីថ្វាយចំពោះព្រះអម្ចាស់ដែលមានជ័យជំនះ បទពាក្យ ៧

(ព្យាការីអេសាយ ៤២,១០-១៦)

១០ចូរច្រៀងបទថ្មីថ្វាយព្រះម្ចាស់ទាំងអ្នកដែលរស់នៅទីឆ្ងាយ
ផ្លូវទឹកផ្លូវគោកកោះទាំងឡាយតម្កើងម្ចាស់ថ្លៃកុំបង្អង់
១១អ្នកភូមិក្នុងវាលរហោស្ថានអ្នកក្រុងប៉ុន្មានស្រែករំពង
ទាំងកុលសម្ពន្ធអ្នកភ្នំផងស្រែកឱ្យខ្លាំងឡើងកុំប្រណី
១២នាំគ្នាតម្កើងសិរីយសរបស់ព្រះម្ចាស់ទាំងយប់ថ្ងៃ
តាមភូមិកៀនកោះជិតឆ្ងាយក្តីតម្កើងម្ចាស់ថ្ងៃដោយរីករាយ
១៣ព្រះម្ចាស់ស្រឡាញ់ប្រជាជនព្រះអង្គពេកពន់មិនជិនណាយ
ពេលដែលទ្រង់យាងចេញទៅឆ្ងាយព្រះអម្ចាស់ថ្លៃដូចអ្នកច្បាំង
ព្រះអង្គយាងចេញយ៉ាងអង់អាចការពារឥតខ្លាចជារនាំង
វាយសំរុកលើ សត្រូវខ្មាំងទទួលបានទាំងជ័យជំនះ
១៤ព្រះអង្គមានព្រះបន្ទូលថាយើងចាំវេលាមកយូរណាស់
ឥឡូវដល់ពេលយើងប្រកាសឱ្យបានដឹងច្បាស់ពេលនេះម្តង
១៥យើងនឹងបំផ្លាញទាំងភ្នំធំភ្នំតូចរលំមិនសល់ផង
រុក្ខជាតិក្រៀមស្វិតទាំងទឹកបឹងប្រែជាគោករឹងឥតមានសល់
១៦អ្នកខ្វាក់ប្រាកដជាអាចដើរគេធ្វើដំណើរមិនអំពល់
ទៅតាមផ្លូវដែលគេមិនស្គាល់ជាកន្លែងដែលមិនធ្លាប់ដើរ
យើងនឹងធ្វើឱ្យយប់ងងឹតប្រែជាភ្លឺពិតយ៉ាងប្រសើរ
ផ្លូវទួលគន្លុកបានរាបស្មើប្រជាជនដើរដោយសុខសាន្ត

ព្រះជាម្ចាស់ពុំព្រងើយកន្តើយឡើយ បទពាក្យ ៧

(ព្យាការីអេសាយ ៤៥,១៥-២៥)

១៥ឱ! ព្រះជាម្ចាស់នៃយើងខ្ញុំជាព្រះឧត្តមព្រះសង្គ្រោះ
មនុស្សពិបាករកឃើញណាស់កិត្តិនាមព្រះម្ចាស់ភ្លឺចិញ្ចែង
១៦ឱ្យអស់អ្នកដែលធ្វើរូបព្រះឱនក្រាបសំពះគ្មានរអែង
ត្រូវអាម៉ាស់មុខខ្លាំងក្រៃលែងចេញទៅទីផ្សេងទាំងអៀនខ្មាស
១៧ចំណែកជនជាតិអ៊ីស្រាអែលគេបានដំណែលពីព្រះម្ចាស់
គឺការសង្គ្រោះយ៉ាងជាក់ច្បាស់គេមិនអាម៉ាស់សោះឡើយណា
១៨ព្រះម្ចាស់បង្កើតទាំងផ្ទៃមេឃដីធំអនេកលើលោកា
សត្វលោកស្នាក់នៅជួបជុំគ្នាសុខដុមរមនាគ្រប់ៗប្រាណ
ហើយទ្រង់មានព្រះបន្ទូលថាយើងនេះគឺជាព្រះថ្កើងថ្កាន
ព្រះក្រៅពីយើងនោះគឺគ្មានទាំងប្រាជ្ញាញាណទាំងបារមី
១៩យើងមិននិយាយលាក់លៀមស្ងាត់ក្នុងទីងងឹតនៃផែនដី
យើងមិនប្រាប់ពូជយ៉ាកុបអីឱ្យឆាប់វិលវៃរកយើងទេ
យើងជាព្រះម្ចាស់និយាយទៅពាក្យត្រឹមពាក្យត្រូវឥតវៀចវេរ
អ្វីដែលយើងប្រកាសប្រាប់គេមិនភូតភរទេពិតត្រឹមត្រង់
២០ជនជាតិសេសសល់គ្រប់គ្នាអើយកុំនៅកន្តើយធ្វើរេរង់
ត្រូវខំខ្មីឃ្មាតកុំបង្អង់ខិតចូលមកផងឱ្យជិតគ្នា
ឱ! អ្នកដែលសែងព្រះខ្លួនធ្វើពីស្ពាន់ពីឈើគ្រប់អង្គា
បួងសួងដល់ព្រះដែលវេទនាពួកនោះសុទ្ធជាមនុស្សល្ងង់ខ្លៅ
២១ចូរអ្នករាល់គ្នាគិតមើលចុះឱ្យបានធ្លាយធ្លុះការនេះទៅ
តើនរណាបានប្រាប់ទុកនៅហេតុការណ៍ដែលត្រូវកើតមាននោះ
គឺមានតែយើងព្រះជាម្ចាស់ដែលបានប្រកាសមុនប៉ុណ្ណោះ
យើងព្រះសុចរិតព្រះសង្គ្រោះក្រៅពីយើងនោះគ្មានផ្សេងឡើយ
២២ឱ! អ្នកដែលរស់នៅទីឆ្ងាយចូរវិលមកអាយកុំកន្តើយ
ខិតមកជិតយើងនឹងបានស្បើយគឺយើងនេះហើយព្រះនៃអ្នក
២៣អ្វីៗដែលយើងនិយាយមកមិនមែនឆបោកសុទ្ធសច្ចៈ
មិនអាចក្រឡះភូតកុហកយើងសូមប្រាប់អ្នកដូច្នេះថា៖
«មនុស្សលោកទាំអស់នឹងមកសុំក្រាបថ្វាយបង្គំយើងគ្រប់គ្នា
មនុស្សគ្រប់សញ្ជាតិនឹងសច្ចាគោរពសន្យាបម្រើយើង»
២៤គេនឹងពោលថាមានតែព្រះដែលជាអម្ចាស់មួយព្រះអង្គ
ដែលមានព្រះទ័យស្ម័គ្រស្មោះត្រង់អ្នកប្រឆាំងទ្រង់ត្រូវអាម៉ាស់
២៥ពូជពង្សអ៊ីស្រាអែលទាំងអស់នឹងបានខ្ពង់ខ្ពស់ភ្លឺត្រចះ
ហើយបានសុចរិតឥតប្រែផ្លាស់ដោយសារព្រះម្ចាស់តរៀងទៅ

ព្រះយេស៊ូសង្គ្រោះមនុស្សលោក បទពាក្យ ៧

(ព្យាការីអេសាយ ៦១,១០-១១)

១០ខ្ញុំមានអំណរសប្បាយខ្លាំងព្រោះតែព្រះអង្គស្តាប់អង្វរ
ព្រះអង្គសង្គ្រោះខ្ញុំកំដររហូតរៀងមកមិនដែលខាន
លំអខ្ញុំដូចកូនកំលោះពាក់មកុដស្រស់ល្អភុំផាន
ដូចកូនក្រមុំយ៉ាងចំណាននៅលើវិមានថ្ងៃរៀបការ
១១ដីធ្វើឱ្យគ្រាប់ពូជផ្សេងដុះពន្លកសក្បុសនៅក្នុងច្បារ
លូតលាស់ស្គុះស្គាយស្រស់យ៉ាងណាក្តីសុចរិតថ្លាមិនបាត់បង់
និងការសរសើរលើកតម្កើងលូតលាស់ផុសឡើងមិនបង្អង់
ចេញពីទឹកដីល្អផូរផង់នៅមុខទូទាំងជាតិទាំងឡាយ

ព្រះយេស៊ូសង្គ្រោះមនុស្សលោក បទពាក្យ ៧

(ព្យាការីអេសាយ ៦២,១-៥)

យើងតែងគិតគូរការពារក្រុងឱ្យនៅគង់វង្សមានអ្នកថែ
យេរូសាឡឹមស៊ីយ៉ូនដែរយើងមិនស្ងៀមទេមិនកន្តើយ
ដរាបទាល់តែក្តីសុចរិតចាំងចែងពេញពិតទើបធូរស្បើយ
ដូចថ្ងៃរះពេញពន្លឺហើយការសង្គ្រោះឱ្យភ្លឺដូចភ្លើង
ពេលនោះមនុស្សគ្រប់ជាតិសាសន៍ឃើញសុចរិតច្បាស់មិនឆ្មៃឆ្មើង
ស្តេចទាំងប៉ុន្មាននឹកឃើញឡើងសិរីរុងរឿងនៃអ្នកដែរ
ឈ្មោះចាស់ក្រុងឯងគេលែងហៅគេពោលសំដៅតាមគេប្រែ
ឈ្មោះល្អសែនសមអ្វីម៉េ្លះទេព្រះប្រទានគេឱ្យរុងរឿង
ក្រុងឯងនឹងទៅជាភួងជ័យប្រណីតពេកក្រៃសែនថ្កុំថ្កើង
នឹងទៅជាមកុដរាជ្យរុងរឿងព្រះហស្តព្រះយើងទ្រង់កាន់កាប់
គេនឹងលែងហៅអ្នកឯងថាស្រីមិនបានការមិនចំណាប់
ស្រីប្តីបោះបង់មិនគួររាប់គេលែងបង្អាប់ដល់អ្នកទៀត
តំបន់ជុំវិញគេក៏លែងមើលងាយហៅឯងថាចោលម្សៀត
ថាស្ងាត់ជ្រងុំដូចព្រៃស្បាតដែលមានដុះសុទ្ធស្មៅទៀតទេ
តែផ្ទុយទៅវិញគេនឹងហៅឯងថាពាលពៅបងសូមស្នេហ៍
តំបន់ជុំវិញគេបំពេរថាស្ងួនមាសមេភរិយាបង
ដ្បិតព្រះអម្ចាស់គាប់ព្រះទ័យនឹងអ្នកពេកក្រៃគ្មានសៅហ្មង
ដូចពាក្យសម្តីឆ្លើយសារសងពាក្យអូនពាក្យបងត្រូវរ៉ូវគ្នា
ព្រះម្ចាស់បង្កើតជារូបអ្នកទ្រង់គង់ថ្នមថ្នាក់រាល់វេលា
សប្បាយឥតខ្វល់ដូចភរិយាថ្មីថ្មោងជាគ្នានឹងស្វាមី

ក្រុងយេរូសាឡឹមថ្មី បទពាក្យ ៧

(ព្យាការីអេសាយ ៦១,១០-១១)

១០ខ្ញុំមានអំណរសប្បាយខ្លាំងព្រោះតែព្រះអង្គស្តាប់អង្វរ
ព្រះអង្គសង្គ្រោះខ្ញុំកំដររហូតរៀងមកមិនដែលខាន
លំអខ្ញុំដូចកូនកំលោះពាក់មកុដស្រស់ល្អភុំផាន
ដូចកូនក្រមុំយ៉ាងចំណាននៅលើវិមានថ្ងៃរៀបការ
១១ដីធ្វើឱ្យគ្រាប់ពូជផ្សេងដុះពន្លកសក្បុសនៅក្នុងច្បារ
លូតលាស់ស្គុះស្គាយស្រស់យ៉ាងណាក្តីសុចរិតថ្លាមិនបាត់បង់
និងការសរសើរលើកតម្កើងលូតលាស់ផុសឡើងមិនបង្អង់
ចេញពីទឹកដីល្អផូរផង់នៅមុខទូទាំងជាតិទាំងឡាយ

ក្រុងយេរូសាឡឹមថ្មី បទពាក្យ ៧

(ព្យាការីអេសាយ ៦២,១-៥)

យើងតែងគិតគូរការពារក្រុងឱ្យនៅគង់វង្សមានអ្នកថែ
យេរូសាឡឹមស៊ីយ៉ូនដែរយើងមិនស្ងៀមទេមិនកន្តើយ
ដរាបទាល់តែក្តីសុចរិតចាំងចែងពេញពិតទើបធូរស្បើយ
ដូចថ្ងៃរះពេញពន្លឺហើយការសង្គ្រោះឱ្យភ្លឺដូចភ្លើង
ពេលនោះមនុស្សគ្រប់ជាតិសាសន៍ឃើញសុចរិតច្បាស់មិនឆ្មៃឆ្មើង
ស្តេចទាំងប៉ុន្មាននឹកឃើញឡើងសិរីរុងរឿងនៃអ្នកដែរ
ឈ្មោះចាស់ក្រុងឯងគេលែងហៅគេពោលសំដៅតាមគេប្រែ
ឈ្មោះល្អសែនសមអ្វីម៉េ្លះទេព្រះប្រទានគេឱ្យរុងរឿង
ក្រុងឯងនឹងទៅជាភួងជ័យប្រណីតពេកក្រៃសែនថ្កុំថ្កើង
នឹងទៅជាមកុដរាជ្យរុងរឿងព្រះហស្តព្រះយើងទ្រង់កាន់កាប់
គេនឹងលែងហៅអ្នកឯងថាស្រីមិនបានការមិនចំណាប់
ស្រីប្តីបោះបង់មិនគួររាប់គេលែងបង្អាប់ដល់អ្នកទៀត
តំបន់ជុំវិញគេក៏លែងមើលងាយហៅឯងថាចោលម្សៀត
ថាស្ងាត់ជ្រងុំដូចព្រៃស្បាតដែលមានដុះសុទ្ធស្មៅទៀតទេ
តែផ្ទុយទៅវិញគេនឹងហៅឯងថាពាលពៅបងសូមស្នេហ៍
តំបន់ជុំវិញគេបំពេរថាស្ងួនមាសមេភរិយាបង
ដូចពាក្យសម្តីឆ្លើយសារសងពាក្យអូនពាក្យបងត្រូវរ៉ូវគ្នា
ព្រះម្ចាស់បង្កើតជារូបអ្នកទ្រង់គង់ថ្នមថ្នាក់រាល់វេលា
សប្បាយឥតខ្វល់ដូចភរិយាថ្មីថ្មោងជាគ្នានឹងស្វាមី

ការប្រជុំនៅថ្ងៃចុងក្រោយបំផុត បទកាកគតិ

(ព្យាការីអេសាយ ៦៦,១០-១៤)

១០ឱអ្នកទាំងអស់ដែលស្រឡាញ់ស្មោះយេរូសាឡឹម
ចូរអរសប្បាយទាំងក្តីសង្ឃឹមគ្រប់គ្នាញញឹម
កុំបីសៅហ្មង
អស់អ្នកកាន់ទុក្ខអាណិតមុខជ្រប់ដល់ក្រុងនេះផង
ចូរអរសប្បាយរីករាយវិញម្តងរួមជាមួយក្រុង
សាឡឹមនេះដែរ
១១សូមគ្រប់កាយាស្កប់ក្នុងចិន្តាបានសុខល្ហើយល្ហែ
ដូចកូនដែលម្តាយបីបមថ្នមថែបំបៅនៅក្បែរ
គ្មានពេលឃ្លាឃ្លាត
អ្នករាល់គ្នានឹងបានសុខថ្កុំថ្កើងឥតបីរវាត
រុងរឿងសិរីដោយក្រុងនេះទៀតអស់ទាំងមិត្តញាតិ
បានសុខគ្រប់គ្រា
១២ដ្បិតព្រះអម្ចាស់មានបន្ទូលច្បាស់ថានឹងបង្ហៀរ
សេចក្តីសុខសាន្តលើក្រុងអ្នកជាដូចទន្លេហៀរ
ទឹកធ្លាក់មិនដាច់
យើងនឹងបង្ហូរធនធានបរិបូណ៌មកឯងឥតភ្លេច
របស់ជនជាតិដទៃជាស្រេចឥតមានកែគេច
ដូចទឹកលិចច្រាំង
យើងនឹងថ្នមថ្នាក់ទៅដល់អស់អ្នកដូចម្តាយទូទាំង
បីបមថ្នមកូនបំបៅគ្របបាំងក្រសោបព្រមទាំង
លើកដាក់លើភ្លៅ
១៣ម្តាយតែងថ្នាក់ថ្នមកូនដោយបីបមមិនឱ្យអាស្រូវ
ដូចយើងថ្នមថ្នាក់អ្នកឱ្យស្ថិតនៅក្នុងក្រុងតទៅ
លែងមានព្រាត់ប្រាស
១៤កាលណាឃើញក្រុងយេរូសាឡឹមសុខសាន្តដូច្នេះ
អ្នករាល់គ្នានឹងសប្បាយពេកណាស់សាច់ឈាមថ្លាស្រស់
ដូចស្មៅខៀវខ្ចី
ព្រះអង្គពុំភ្លេចទោះបីបន្តិចសម្តែងបារមី
របស់ព្រះអង្គជាប្រក្រតីបម្រើប្រុសស្រី
ព្រះអង្គបានឃើញ

ព្យាការីយេរេមីអង្វរព្រះអម្ចាស់ឱ្យប្រជាជនអ៊ីស្រាអែល បទពាក្យ ៧

(ព្យាការីយេរេមី ១៤,១៧-២១)

១៧ទឹកភ្នែកខ្ញុំហូររាល់យប់ថ្ងៃព្រោះតែស្រមៃឥតស្រាកស្រាន្ត
ទីក្រុងដែលធ្លាប់តែថ្កើងថ្កានត្រូវខ្មាំងសាមាន្យបំផ្លាញអស់
១៨បើខ្ញុំចេញទៅទីវាលស្រែឃើញសុទ្ធសឹងតែសាកសពសោះ
ពេលចូលដល់ក្រុងឃើញទាំងអស់សុទ្ធអ្នករងគ្រោះដោយទុរ្ភិក្ស
អស់ព្យាការីដើរតត្រុកដើរឆ្លងកាត់ស្រុកពុំដែលនឹក
ទាំងបូជាចារ្យច្រើនសន្ធឹកស្រុកកើតទុរ្ភិក្សគេមិនខ្វល់
១៩ឱព្រះអម្ចាស់តើព្រះអង្គពិតជាបោះបង់យូដាចោល
ឬទុកស៊ីយ៉ូនឱ្យតែលតោលឬមួយកាត់ចោលស្អប់លែងរាប់
យើងខ្ញុំសង្ឃឹមថាបានសុខតែជួបតែទុក្ខស្ទើរតែស្លាប់
ថាបានសះស្បើយជាឆាប់ៗតែប្រែមិនគាប់ជួបអាសន្ន
២០ឱព្រះម្ចាស់អើយខ្ញុំសូមក្រាបទទួលសារភាពមិនអាក់អន់
ប្រព្រឹត្តអំពើបាបពីមុនអាក្រក់ពេកពន់មិនគប្បី
រួមទាំងដូនតានៃយើងខ្ញុំក៏ធ្វើមិនសមចិត្តអប្រីយ៍
យើងខ្ញុំសាងបាបរៀងរាល់ថ្ងៃទាស់នឹងព្រះទ័យនៃព្រះអង្គ
២១ដោយយល់ព្រះនាមព្រះអម្ចាស់មេត្តាសន្តោសកុំបោះបង់
បំបាត់មុខខ្ញុំធ្វើឱ្យក្រុងដែលធ្លាប់រឿងរុងត្រូវអាម៉ាស់
សូមនឹកពីសម្ពន្ធមេត្រីដែលព្រះអង្គលៃចងយូរណាស់
ជាមួយយើងខ្ញុំមិនគួរផ្លាស់ផ្តាច់ចោលស្រឡះដូច្នេះឡើយ

ធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ បទព្រហ្មគីតិ

(ព្យាការីយេរេមី ១៧,៧-៨)

រីអ្នកណាដែលផ្ញើជិវិតលើព្រះអម្ចាស់
នឹងបានទទួលព្រះពរត្រចះល្អមិនខាន
១១អ្នកនោះប្រៀបដូចជារុក្ខាល្វាល្អថ្កើងថ្កាន
ដុះនៅក្បែរទីស្ថានផ្លូវទឹកមានស្លឹកខៀវខ្ចី
នៅពេលរដូវប្រាំងទោះរីងរាំងវាមិនភ័យ
មិនព្រួយបារម្ភអ្វីទោះម្តេចក្តីនៅផ្លែផ្កា

ប្រជាជនអ៊ីស្រាអែលមានអំណរសប្បាយនៅពេលត្រឡប់មកស្រុកវិញ បទព្រហ្មគីតិ

(ព្យាការីយេរេមី ៣១,១០-១៤)

១០ប្រជាជាតិទាំងឡាយសូមខ្វល់ខ្វាយនាំគ្នាស្តាប់
បន្ទូលព្រះផ្សាយផ្សព្វទៅដល់សព្វកោះនៅឆ្ងាយ
ចូរអ្នកប្រកាសថា ៖«ព្រះដែលជាអ្នកកម្ចាយ
ស្រាអែលឱ្យទៅឆ្ងាយតែពេលក្រោយទ្រង់ប្រមូល
ព្រះអង្គថែរក្សាឱ្យគ្រប់គ្នាជុំត្រកូល
ដូចគង្វាលប្រមូលចៀមមកមូលមិនឱ្យបាត់ »
១១ព្រះអម្ចាស់បានលោះឱ្យរួចគ្រោះលែងខ្ចាយខ្ចាត់
រំដោះឱ្យរួចផុតពួកទុច្ចរិតដែលខ្លាំងក្លា
១២ពួកគេត្រឡប់វិញគ្មានទោម្នេញស្រែកខ្ញៀវខ្ញា
ហើយគេគ្រប់កាយាចាំត្រៀបត្រាទទួលទ្រព្យ
ដែលព្រះម្ចាស់ប្រទាន​​គេឱ្យមានលែងអភ័ព្វ
មានស្រូវស្រាល្អគាប់ប្រេងក្រអូបទាំងចៀមគោ
ចិត្តពួកគេប្រៀបបានសួនឧទ្យានមានទឹកហូរ
ស្រោចស្រពឡើងជន់ជោរគេលែងថ្ងួរលែងហេវហត់
១៣គ្រានោះស្រីក្រមុំចូលមករាំតាមបែបបទ
ក្មេងចាស់មិនកំណត់គេមិនហត់រាំសប្បាយ
យើងប្រែទុក្ខវេទនាគេទៅជាសើចក្អាកក្អាយ
ឱ្យពួកគេសប្បាយគេរីករាយលែងលំបាក
១៤អស់លោកបូជាចារ្យបានភោក្តាគ្មានសម្រាក
សាច់ឆ្ងាញ់មិនស្រាន្តស្រាកមិនលំបាកដើររុករក
យើងនឹងផ្តល់អំណោយទានទៅឱ្យរាស្រ្តគ្រប់ស្រុក
លែងព្រួយលែងកើតទុក្ខរស់បានសុខសាន្តតទៅ

សម្ពន្ធមេត្រីថ្មី បទពាក្យ ៧

(ព្យាការីអេស៊េគីអែល ៣៦,២៤-២៨)

២៤យើងនឹងនាំយកអ្នករាល់គ្នាចេញពីប្រជាជាតិទាំងឡាយ
ប្រមូលមិនឱ្យនៅរាយប៉ាយពីស្រុកជិតឆ្ងាយមកមាតុភូមិ
២៥យើងនឹងប្រោះទឹកដ៏បរិសុទ្ធលើអ្នកប្រាកដដោយថ្នាក់ថ្នម
ជំរះឱ្យអ្នកស្អាតទាំងព្រមផុតពីសៅហ្មងផងទាំងឡាយ
លែងឱ្យអ្នករាល់គ្នាជាប់ចិត្តលើព្រះមិនពិតព្រះក្លែងក្លាយ
ឱ្យអ្នកផុតទុក្ខជួបសប្បាយក្តីសោកទាំងឡាយវិនាសបង់
២៦យើងនឹងប្រគល់ចិត្តគំនិតថ្មីល្អប្រណីតវិញ្ញាណផង
ដកចិត្តដូចថ្មរឹងកន្លងផ្លាស់ប្តូរវិញម្តងចេះជួយគ្នា
២៧យើងដាក់វិញ្ញាណយើងទៅក្នុងអ្នករាល់គ្នាផងមិនរួញរា
ឱ្យអ្នកធ្វើតាមបទបញ្ជាវិន័យធម្មាដំបូន្មាន
២៨អ្នករាល់គ្នានឹងរស់ក្នុងស្រុកជួបតែក្តីសុខមិនរំខាន
ទឹកដីដែលយើងប្រទានបានដល់ទៅតាដូនរបស់អ្នក
ហើយយើងនឹងព្រមទទួលយកអ្នកទាំងអស់មកប្រាកដជាក់
ធ្វើជារាស្រ្តយើងគ្មានសល់ម្នាក់ព្រោះយើងជាព្រះអ្នកឯងហើយ

យុវជនបីនាក់នៅក្នុងឡភ្លើង លើកតម្កើងព្រះជាម្ចាស់ បទពាក្យ ៧

(ព្យាការីដានីអែល ៣,២៦-២៧.២៩.៣៤-៤១)

២៦ព្រះអម្ចាស់ជាព្រះរបស់បុព្វបុរសនៃយើងខ្ញុំ
យើងសូមតម្កើងទាំងប្រណមព្រះនាមឧត្តមតរៀងទៅ
២៧ដ្បិតអីព្រះអង្គបានប្រព្រឹត្តលើយើងខ្ញុំពិតមិនអាស្រូវ
ព្រះទ័យសុចរិតត្រង់ត្រឹមត្រូវធ្លាប់វិនិច្ឆ័យនូវក្តីយុត្តិធម៌
២៩អំពើបាបច្រើនខ្ញុំប្រព្រឹត្តមិនប្រណិប័តន៍តាមផ្លូវល្អ
ឃ្លាតពីព្រះអង្គចាកយុត្តិធម៌យើងនៅបន្តខុសគ្រប់យ៉ាង
៣៤ឱ! ព្រះអម្ចាស់សូមកុំចោលឱ្យយើងតែលតោលគ្មានទីអាង
សម្ព័ន្ធមេត្រីថ្មីស្រឡាងគឺជាភស្តុតាងមិនបាត់បង់
៣៥សូមកុំដកយកក្តីមេត្តានឹកទៅដល់គ្រាដែលកន្លង
នឹកដល់លោកអប្រាហាំផងមិនដែលសៅហ្មងសម្លាញ់សិ្នទ្ធ
នឹកដល់អ៊ីសាកជាបម្រើស្រាអែលធ្លាប់ដើរតាមប្រកិត
ទៅណាមកណាជាប់នែបនិត្យដូចបងប្អូនឥតដែលមានខ្ចោះ
៣៦ពីដើមព្រះអង្គបានសន្យាដោយបន្ទូលថាទ្រង់នឹងប្រោស
ឱ្យអ្នកទាំងបីមានកូនប្រុសកូនស្រីចម្រុះឥតគណនា
ច្រើនពេកអនេករាប់ពុំបានដូចផ្កាយដែលមានលើមេឃា
ដូចគ្រាប់ខ្សាច់តាមឆ្នេរជលធារសមុទ្រនានាច្រើនក្រៃក្រាស់
៣៧បពិត្រព្រះអម្ចាស់ថ្លៃអើយគឺថ្ងៃនេះហើយយើងព្រួយណាស់
ធា្លក់ខ្លួនមកជាពូជអាម៉ាស់ខ្ចាត់ខ្ចាយព្រាត់ប្រាសថោកបំផុត
ទៅជាជនជាតិតូចជាងគេទុក្ខធំឡើងទ្វេសែនស្រយ៉ុត
ឥឡូវទន់ទាបស្ទើររលត់មកពីយើងល្ងិតល្ងង់សាងបាប
៣៨ពេលនេះយើងខ្សត់អត់ទាំងអស់ជីវិតកក្រោះប្រៀបដូចសា្លប់
គ្មានស្តេចមន្ត្រីសែនអភ័ព្វព្យាការីគាប់ក៏មិនមាន
យើងមិនអាចថ្វាយយញ្ញបូជាថ្វាយយញ្ញសក្ការទាំងប៉ុន្មាន
ទាំងគ្រឿងក្រអូបម្សៅភុំផានផលផ្លែមិនបានយកមកថ្វាយ
៣៩សូមព្រះអង្គជួយទទួលយកទុក្ខព្រួយសោយសោកផងទាំងឡាយ
និងចិត្តសុភាពរាបស្រស់ស្រាយទុកជាតង្វាយគាប់ព្រះទ័យ
៤០គឺតង្វាយដុតទាំងមូលមានកូនចៀមរាប់លានធាត់ពេកក្រៃ
ពពែគោឈ្មោលនៅក្នុងព្រៃយើងខ្ញុំដាក់ថ្វាយនៅថ្ងៃនេះ
សូមឱ្យយើងខ្ញុំអាចដើរតាមមាគ៌ាដានស្នាមដ៏វិសេស
របស់ព្រះអង្គមិនប្រហែសអ្នកសង្ឃឹមព្រះមិនខកចិត្ត
៤១ឥឡូវយើងខ្ញុំប្រែប្រួលប្រាណប្រព្រឹត្តឱ្យបានគ្មានរខិត
គន្លងព្រះអង្គធម៌ប្រណីតកោតខ្លាចដាក់ចិត្តស្គាល់ព្រះភ័ក្ត្រ

បទលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ បទកាកគតិ

(ព្យាការីដានីអែល ៣,៥២-៨៨)

៥២បពិត្រព្រះម្ចាស់ជាព្រះរបស់ដូនតាយើងខ្ញុំ
សូមកោតសរសើទាំងថ្វាយបង្គំថ្កើងព្រះឧត្តម
អស់កល្បតទៅ
ខ្ញុំសូមតម្កើងលើកព្រះនាមឡើងពុំមានអាស្រូវ
សុចរិតយុត្តិធម៌ទ្រង់គង់ជាផ្លូវអង្វែងតទៅ
សរសើរព្រះអង្គ
៥៣សូមកោតសរសើរព្រះគ្មានអ្វីស្មើក្នុងគ្រានេះម្តង
ទ្រង់ប្រកបដោយសិរីរឿងរុងក្នុងវិហារទ្រង់
កុំនៅទីមទាម
៥៤សូមលើកតម្កើងព្រះម្ចាស់យាងឡើងលើខេរ៉ូប៊ីន
ខ្ពង់ខ្ពស់បំផុតគ្មានអ្វីប្រៀបផ្ទឹមស្មូត្រទាំងញញឹម
តម្កើងជានិច្ច
៥៥សូមតម្កើងទ្រង់ដែលយាងឡើងគង់លើបល្ល័ង្ករាជ្យ
សូមច្រៀងតម្កើងរាល់ថ្ងៃព្រឹកល្ងាចព្រះម្ចាស់ជានិច្ច
កុំប្រែក្រឡះ
៥៦សូមថ្កើងសរសើរព្រះអង្គនៅលើវេហាស៍អាកាស
ព្រះអង្គគ្រប់គ្រងស្ថានបរមសុខខ្ពស់លើកសិរីយស
ព្រះអង្គរហូត
៥៧គ្រប់ស្នាព្រះហស្តព្រះម្ចាស់ទាំងអស់នៅមិនរបូត
ជារៀងដរាបសូមនាំគ្នាស្មូត្រតម្កើងរហូត
អស់កល្បអន្លាយ
៥៨ឱផ្ទៃមេឃអើយកុំនៅកន្តើយហាក់ដូចជិនណាយ
ស្មូត្របទតម្កើងដោយចិត្តសប្បាយអស់កល្បអន្លាយ
តទៅកុំឈប់
៥៩សូមឱ្យទេវទូតតម្កើងរហូតទាំងថ្ងៃទាំងយប់
ព្រះម្ចាស់ថ្កុំថ្កើងអស់កល្បអស់កប្បតម្កើងកុំឈប់
តទៅរាល់ថ្ងៃ
៦០ចូរទឹកទាំងឡាយអបអរសប្បាយលើនភាល័យ
នាំគ្នាសរសើរតម្កើងម្ចាស់ថ្លៃកុំបង្អង់អី
អស់កល្បអង្វែង
៦១ហ្វូងតារារះនៃព្រះអម្ចាស់នាំគ្នាសម្តែង
តម្កើងព្រះអង្គសរសើរស្ញប់ស្ញែងគ្រប់ទីកន្លែង
តទៅឥតដាច់
៦២សូមព្រះអាទិត្យព្រះច័ន្ទមានឫទ្ធិពន្លឺចិញ្ចាច
តម្កើងព្រះអង្គដោយចិត្តអង់អាចកុំភ័យកុំខ្លាច
តទៅកុំប្រែ
៦៣សូមអស់ទាំងផ្កាយដែលនៅរាត់រាយលើមេឃផងដែរ
សរសើរតម្កើងកុំបីប្រួលប្រែកុំក្រឡះកែ
រាល់ថ្ងៃខែឆ្នាំ
៦៤សូមឱ្យសន្សើមទឹកភ្លៀងដ៏ឆ្នើមធ្លាក់ជាប្រចាំ
ចូរលើកតម្កើងទាំងថ្វាយបង្គំព្រះម្ចាស់ឧត្តម
ជានិច្ចកុំរា
៦៥ចូរអស់ទាំងខ្យល់ធ្លាប់បក់វិលវល់រាល់ប្រាំងវស្សា
គ្រប់ទីគ្រប់ទិសតម្កើងព្រះជាម្ចាស់អ្នករាល់គ្នា
កុំបីឆ្មៃឆ្មើង
៦៦ចូរឱ្យកម្តៅទាំងក្នុងទាំងក្រៅឱ្យមានទាំងភ្លើង
នាំគ្នាជួយលើកសរសើរតម្កើងព្រះអង្គខ្ពស់ឡើង
តទៅឥតអាក់
៦៧ចូរឱ្យខ្យល់ក្តៅពេលនេះតទៅនិងខ្យល់ត្រជាក់
សរសើរតម្កើងព្រះជាម្ចាស់អ្នកកុំបីអន់អាក់
ជានិច្ចតទៅ
៦៨សន្សើមនិងព្រឹលសូមអ្នកកុំខ្ជិលកុំបង្អង់នៅ
ស្មូត្រលើកតម្កើងព្រះម្ចាស់ជាផ្លូវអង្វែងតទៅ
អស់កល្បជានិច្ច
៦៩ចូរថ្ងៃនិងយប់កោតកុំឈរឈប់សរសើរកុំភ្លេច
ស្មូត្រលើកតម្កើងព្រះម្ចាស់ជានិច្ចកុំបីកែគេច
អស់កល្បស្ថេរស្ថិត
៧០ចូរឱ្យពន្លឺរន្ទាលរន្ទឺនិងភាពងងឹត
សរសើរតម្កើងអម្ចាស់មានឫទ្ធិរាល់ថ្ងៃកុំគិត
ខ្វល់ខ្វាយឡើយណា
៧១អាកាសត្រជាក់ខ្យល់រងាធ្លាក់មកជាធម្មតា
ចូរលើកតម្កើងអម្ចាស់ក្សត្រាព្រះអ្នករាល់គ្នា
កុំបីឃ្លាងឃ្លាត
៧២សូមឱ្យទឹកកកកុំបីខានខកទាំងសន្សើមទៀត
ចូរលើកតម្កើងព្រះម្ចាស់ទាំងឆ្លៀតកុំបីរវាត
រហូតតទៅ
៧៣សូមដុំពពកផ្លេកបន្ទោរមកកុំបង្អង់នៅ
តម្កើងព្រះអង្គកុំបីហ្មងសៅស្មូត្ររហូតទៅ
អស់កល្បយូរលង់
៧៤សូមឱ្យផែនដីទាំងមូលលកលៃតម្កើងព្រះអង្គ
សរសើរកុំឈប់កុំនៅរេរង់កោតសរសើរទ្រង់
កុំប្រែសាវា
៧៥សូមឱ្យភ្នំធំកុំនៅសំងំភ្នំតូចផងណា
ស្មូត្របទតម្កើងព្រះម្ចាស់រាល់គ្នាថ្កើងព្រះនាមា
អស់កល្បជានិច្ច
៧៦សព្វអស់អ្វីៗដែលដុះលើដីកុំបីមានភ្លេច
ចូរលើកតម្កើងព្រះម្ចាស់ជានិច្ចកុំប្រែមានល្បិច
អស់កល្បជានិច្ច
៧៧ចូរសមុទ្រស្ទឹងទន្លេល្វើយល្វឹងតូចធំទាំងឡាយ
នាំគ្នាតម្កើងដោយក្តីរីកសាយសរសើរម្ចាស់ថ្លៃ
ឱ្យលាន់រងំ
៧៨ចូរប្រភពទឹកមានច្រើនសន្ធឹកព្រែកទាំងតូចធំ
ទឹកហូរពីជ្រោះទឹកធ្លាក់ពីភ្នំកុំនៅសំងំ
តម្កើងព្រះអង្គ
៧៩ចូរអស់ទាំងត្រីតូចធំម្តេចក្តីនិងសត្វរស់ក្នុង
ទន្លេសមុទ្រតាមព្រែកបួរបឹងកុំសំងំឈឹង
តម្កើងព្រះម្ចាស់
៨០សូមបក្សីសត្វដែលរស់ខ្វែងខ្វាត់ច្រើនមីរដេរដាស
ស្មូត្របទតម្កើងព្រះជាអម្ចាស់កុំបីចន្លោះ
អស់កល្បយូរលង់
៨១សូមឱ្យសត្វស្រុករស់នៅអែរអុកទាំងសត្វព្រៃផង
នាំគ្នាសរសើរតម្កើងព្រះអង្គអស់កល្បយូរលង់
តទៅអន្លាយ
៨២ចូរឱ្យមនុស្សទាំងស្រីទាំងប្រុសកុំបីឃ្លាតឆ្ងាយ
សរសើរព្រះអង្គជាព្រះម្ចាស់ថ្លៃរៀងរាល់យប់ថ្ងៃ
កុំបីអល់អែក
៨៣ឱអ៊ីស្រាអែលអ្នកជាជាតិដែលវិសុទ្ធពន់ពេក
ចូរលើកតម្កើងព្រះខ្ពស់អនេកហួសទាំងផ្ទៃមេឃ
កុំសំងំនៅ
៨៤ចូរបូជាចារ្យគ្រប់ៗកាយាឆ្ពោះតម្រង់ទៅ
តម្កើងព្រះអង្គទាំងថ្ងៃយប់ជ្រៅកុំសងំនៅ
សរសើរកុំឈប់
៨៥ចូរអ្នកទាំងឡាយដែលតែងខ្វល់ខ្វាយបម្រើគោរព
ស្មូត្រតម្កើងព្រះទាំងថ្ងៃទាំងយប់កុំឈរកុំឈប់
នៅស្ងៀមឱ្យសោះ
៨៦ចូរវិញ្ញាណក្ខន្ធអ្នកស្លាប់ប៉ុន្មានកុំបីចន្លោះ
ព្រលឹងនៃអ្នកសុចរិតទាំងអស់តម្កើងដោយស្មោះ
កុំនៅកន្តើយ
៨៧អស់អ្នកគោរពប្រណិប័តន៍សព្វគ្រប់ព្រះអម្ចាស់អើយ
និងអ្នកដាក់ចិត្តជាអ្នកខ្សត់ហើយកុំបង្អង់ឡើយ
តម្កើងព្រះអង្គ
៨៨លោកអណានីយ៉ារួមជាមួយគ្នាអសារីយ៉ាផង
និងមីកាអែលតម្កើងព្រះអង្គស្មូត្រសរសើរផង
តទៅដរាប
ព្រះអង្គរំដោះយើងខ្ញុំឱ្យរស់ផុតពីក្តីស្លាប់
ហើយទ្រង់សង្គ្រោះខ្ញុំជាប្រញាប់រួចផុតទុក្ខសព្វ
ទាំងភ្លើងសន្ធៅ

ព្រះជាម្ចាស់វិនិច្ឆ័យមនុស្សលោក បទព្រហ្មគីតិ

(ហាបាគូក ៣,២-៤.១៣.១៥-១៨)

ឱ! ព្រះជាអម្ចាស់ខ្ញុំឮច្បាស់សព្វសេចក្តី
ស្នាព្រះហស្តថ្លាថ្លៃរៀងរាល់ថ្ងៃខ្លាំងអស្ចារ្យ
សូមទ្រង់ប្រោសប្រណីដោយសេចក្តីករុណា
សម្តែងឫទ្ធិបាដិហារិយ៍ឱ្យគ្រប់គ្នាស្គាល់ផងចុះ
ប៉ុន្តែពេលព្រះអង្គពិរោធខ្លាំងសូមសន្តោស
ព្រះទ័យដែលធ្លាប់ស្មោះធ្លាប់ស្រណោះគ្រាកន្លង
ព្រះម្ចាស់យាងមកពីភ្នំជាទីឥតមានហ្មង
វិសុទ្ធពេកកន្លងបារមីទ្រង់ភ្លឺចែងចាំង
សូមឱ្យផែនពសុធាកុំរួញរាស្រែកឱ្យខ្លាំង
លើកតម្កើងព្រះអង្គយប់ថ្ងៃផងកុំសោកា
ព្រះអង្គភ្លឺពណ្ណរាយចាំងពីនាយល្អអស្ចារ្យ
ចែងចាំងរស្មីថ្លាព្រះចេស្តាបង្កប់ទុក
១៣ព្រះអង្គចេញសង្គ្រោះមនុស្សទាំងអស់នៅលើលោក
ទាំងស្តេចដែលចេញមកទ្រង់អភិសេកចាក់ប្រេងឱ្យ
ព្រះអង្គបានប្រហារមេគ្រួសារមិនបណ្តោយ
កម្ទេចមិនទុកឱ្យនៅសល់ឡើយទាំងអស់គ្នា
១៥ព្រះអង្គត្រួសត្រាយផ្លូវសេះដើរទៅលាន់ខ្ទ័រខ្ទារ
នៅក្នុងបាតជលធារដែលពុះពារកញ្ជ្រោលខ្លាំង
១៦ខ្ញុំឮសន្ធឹកនេះទ្រូងស្ទើរប្រេះភ័យភាន់ភាំង
ឆ្អឹងឆ្អែងពុកអស់ទាំងដៃជើងគាំងនៅស្ងៀមឈឹង
ខ្ញុំរស់ចាំតែថ្ងៃអាសន្នភ័យទាំងទន្ទឹង
ពេលពួកឈ្លានពានខឹងពួកវានឹងកាប់ប្រហារ
១៧ឈើព្រៃលែងឱ្យផ្លែស្រូវក្នុងស្រែស្កកអាសារ
សត្វគោចៀមផងណាត្រូវមរណាគ្មានសល់ដែរ
១៨ឯខ្ញុំសែនរីករាយអរសប្បាយបានល្ហើយល្ហែ
ព្រោះព្រះម្ចាស់នៅក្បែរទ្រង់តាមថែសង្គ្រោះខ្ញុំ

ចូរអរព្រះគុណនិងលើកតម្កើងព្រះនាមព្រះជាម្ចាស់ បទកាកគតិ

(របាក្សត្រភាគមួយ ២៩,១០-១៣)

១០ឥឡូវនេះខ្ញុំមានបំណងធំចង់ចងសម្ពន្ធ
មេត្រីជាមួយព្រះអង្គបន្ទាន់ជាព្រះនៃជន
ជាតិអ៊ីស្រាអែល
ខ្ញុំសូមអង្វរព្រះម្ចាស់បវរបារមីក្រាស់ក្រែល
សូមទ្រង់ពង្វាងព្រះពិរោធដែលគ្រប់គ្រងក្រវែល
លើយើងគ្រប់គ្នា
១១ពេលនេះកូនចៅទាំងអស់គ្នាត្រូវឈប់ធ្វើខ្ជីខ្ជា
ដ្បិតព្រះអម្ចាស់ជ្រើសអ្នករាល់គ្នាបំពេញមុខងារ
បម្រើព្រះអង្គ
ទ្រង់សព្វព្រះទ័យលើអ្នកពេកក្រៃឈរពីមុខទ្រង់
បម្រើកិច្ចការតាមព្រះបំណងគ្រឿងក្រអូបផង
ដាក់ថ្វាយគ្មានទាស់
១២ពេលនោះកូនចៅលេវីមិននៅក្រោកឡើងទាំងអស់
ជំរះដំណាក់វិសុទ្ធឥតទាស់ថែមទាំងជំរះ
ខ្លួនពួកគេផង
១៣អំបូរទាំងអស់គ្មានសល់ម្នាក់សោះគ្រប់គ្នាតែម្តង
គេបានញែកខ្លួនឱ្យអស់សៅហ្មងវិសុទ្ធផូរផង់
តាមបញ្ជាស្តេច

ទំនុកតម្កើងរបស់លោកតូប៊ីត បទកាកគតិ

(លោកគូប៊ីត ១៣,២-១៦.១៨)

សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះម្ចាស់
ដែលមានព្រះជន្មគង់នៅយ៉ាងច្បាស់កោតសរសើរណាស់
អស់កល្បជានិច្ច
ព្រះអង្គធ្វើឱ្យមនុស្សស្លាប់ទៅហើយចុះស្ថានមច្ចុរាជ
ក្រោយមកព្រះអង្គប្រោសឱ្យបានរួចគ្មានអ្វីដែលអាច
គេចពីបារមី
អ៊ីស្រាអែលអើយកុំនៅកន្តើយតម្កើងរាល់ថ្ងៃ
នៅមុខជនជាតិផ្សេងៗទាំងឡាយដែលទ្រង់កម្ចាយ
ឱ្យអ្នកទៅនៅ
នៅទីនោះឯងព្រះអង្គសម្តែងមិនមានអាស្រូវ
ឫទ្ធាបារមីមានច្រើនពេកកូវទ្រង់សម្តែងនៅ
មុខអស់សត្វលោក
ព្រះអង្គពិតជាព្រះយើងរាល់គ្នាអង្វែងរៀងមក
ជាព្រះបិតាតែមួយលើលោកពីនេះទៅមុខ
អស់កល្បតទៅ
ព្រះអង្គបានដាក់ទោសដល់ពួកអ្នកជារឿងត្រឹមត្រូវ
ព្រោះអ្នករាល់គ្នាបានប្រព្រឹត្តនូវអំពើអាស្រូវ
អាក្រក់អប្រីយ៍
ប៉ុន្តែព្រះអង្គទ្រង់មិនបោះបង់តែងតែប្រណី
អាណិតអាសូរប្រជាប្រុសស្រីនាំអ្នកវិលវៃ
ឥតបីខ្ចាត់ខ្ចាយ
ប្រសិនបើអ្នករាល់គ្នាស្មោះស្ម័គ្រដោយចិត្តរីករាយ
វិលរកព្រះអង្គនឹងផុតអន្តរាយរស់នៅសប្បាយ
ប្រព្រឹត្តស្មោះត្រង់
ព្រះអង្គមុខជារកអ្នករាល់គ្នាក្រសោបត្រកង
ឈប់គេចព្រះភ័ក្ត្រឈប់ប្រែបែរខ្នងមិនឱ្យមានហ្មង
អង្អែលភ័ក្ត្រា
ឥឡូវពេលនេះចូរគិតត្រិះរិះអំពីកិច្ចការ
ព្រះអង្គប្រព្រឹត្តដល់គ្រប់អាត្មាតម្កើងក្សត្រា
ឱ្យពេញទំហឹង
សូមលើកតម្កើងកុំធ្វើឆ្មៃឆ្មើងថ្កើងទាំងរំពឹង
ដែលទ្រង់ប្រព្រឹត្តយុត្តិធម៌លំនឹងចូរកោតព្រះអង្គ
អស់កល្បឥតបី
រីឯខ្ញុំវិញខ្ញុំឃ្លាតចាកចេញពីដែនបុរី
ហើយបានមករស់នៅលើទឹកដីពួកខ្មាំងអប្រីយ៍
ក៏មិនភ្លេចដែរ
ខ្ញុំបង្ហាញប្រាប់ឱ្យអស់អ្នកបាបស្គាល់ជាហូរហែរ
ថាព្រះអង្គមានឫទ្ធាពូកែបារមីគ្មានប្រែ
ខ្លាំងក្លាឧត្តម
អ្នកបាបប្រុងប្រៀបកាន់ចិត្តសុភាពវិលមកជួបជុំ
ប្រព្រឹត្តសុចរិតកុំនៅសំងំទ្រង់នឹងថ្នាក់ថ្នម
មេត្តាប្រណី
ខ្ញុំលើកតម្កើងព្រះដ៏រុងរឿងដោយចិត្តមេត្រី
អំណរសប្បាយលើសលប់ពេកក្រៃដោយមហាក្សត្រថ្លៃ
នៃស្ថានសួគ៌ា
១០សូមឱ្យអស់អ្នកដែលបាននៅស្នាក់ក្នុងក្រុងគ្រប់គ្នា
ប្រកាសអំពីបារមីឫទ្ធាព្រះអម្ចាស់ជា
ព្រះរបស់យើង
យេរូសាឡឹមក្រុងធំស្កៃស្កឹមទ្រង់នឹងបំប៉ើង
ដាក់ទោសពួកអ្នករលំរលើងធ្វើឫកឆ្មៃឆ្មើង
សាងអំពើបាប
ប៉ុន្តែព្រះម្ចាស់មិនព្រមបង់បោះចោលជាដរាប
ព្រះអង្គមុខជាអាណិតអ្នកទាបកូនចៅសុភាព
សុចរិតមិនខាន
១១សូមលើកតម្កើងព្រះម្ចាស់ខ្ពស់ឡើងផុតអស់ពីស្ថាន
ជាមហាក្សត្រវិសុទ្ធថ្កើងថ្កានដែលព្រះអង្គបាន
សោយរាជ្យយូរលង់
ព្រះអង្គមុខជាឱ្យគេគ្រប់គ្នាសង់ដំណាក់ទ្រង់
ឡើងវិញម្តងទៀតមិនឱ្យបាត់បង់នៅក្នុងទីក្រុង
យេរូសាឡឹម
១២សូមព្រះម្ចាស់ប្រោសប្រណីសន្តោសអ្នកអស់សង្ឃឹម
អ្នកត្រូវគេកៀរប្រែជាញញឹមដូចភ្លៀងរលឹម
រដូវវស្សា
សូមទ្រង់អាណិតអស់អ្នកសុចរិតអ្នកខ្សត់ខ្លោចផ្សា
មានទុក្ខសព្វកាយលំបាកម៉េ្លះណាសូមជួយពាំងការ
ផុតអស់ទុក្ខភ័យ
១៣ពន្លឺចិញ្ចាចភ្លឺដល់ទីដាច់ស្រយាលផែនដី
ចុងកាត់មាត់ញកប្រជាប្រុសស្រីនាំគ្នាឃ្មាតខ្មី
មករកព្រះអង្គ
មានកាន់តង្វាយនៅគ្រប់ៗដៃឱនកាយក្រាបផង
ថ្វាយមហាក្សត្រស្ថានបរមសុខផងប្រជាទាំងពួង
សប្បាយរីករាយ
អ្នកជំនាន់ក្រោយនឹងមិនបណ្តាយឬឱ្យរលាយ
គេនឹងនឹកចាំក្រុងល្បីសុះសាយដែលព្រះម្ចាស់ថ្លៃ
ជ្រើសរើសទុកដាក់
១៤សូមជនទាំងឡាយដែលធ្លាប់សប្បាយគំរាមពួកអ្នក
រលំកំពែងបំផ្លាញទីស្នាក់ដុតចោលផ្ទះអ្នក
ទទួលកម្មពា
តែសូមព្រះអង្គប្រទានពរផងអស់កល្បយូរយា
ដល់អស់អ្នកណាខ្លាចអ្នករាល់គ្នាផុតអស់វេទនា
អង្វែងតទៅ
១៥ចូរអរសប្បាយសើចលេងក្អាកក្អាយព្រោះតែកូនចៅ
មនុស្សសុចរិតរួមគ្នាក្នុងក្រៅប្រមូលគ្នានៅ
មិនឱ្យខ្ចាត់ខ្ចាយ
គេលើកតម្កើងសិរីរុងរឿងព្រះម្ចាស់រាល់ថ្ងៃ
ដែលមានព្រះជន្មគង់នៅវែងឆ្ងាយអស់កល្បអន្លាយ
ស្ថិតស្ថេរជានិច្ច
ជនណាសប្បាយរីករាយក្អាកក្អាយឥតមានពេលភ្លេច
គេជួយអបអរដល់អ្នកជានិច្ចព្រះម្ចាស់មិនភ្លេច
ឱ្យគេបានសុខ
១៦អ្នកផងទាំងឡាយដែលមិនសប្បាយពេលអ្នកកើតទុក្ខ
គេពិតជាបានមង្គលគ្រប់មុខដ្បិតគេរួមសុខ
ទុក្ខជាមួយអ្នក
១៨អ្នកក្រុងនឹងច្រៀងបន្លឺសូរសៀងលាន់ឮឥតអាក់
សរសើរតម្កើងព្រះរបស់អ្នកគង់នៅជាជាក់
អស់កល្បតទៅ

ព្រះជាម្ចាស់ដែលបង្កើតពិភពលោកទ្រង់ការពារប្រជាជន បទកាកគតិ

(នាងយូឌីត ១៦,១-២.១៣-១៥)

ចូរអ្នករាល់គ្នាបង្គំវន្ទាច្រៀងរាំទូលថ្វាយ
ព្រះជាអម្ចាស់ប្រគុំភ្លេងលាយឈឹងស្គរឱនកាយ
សរសើរតម្កើង
ព្រះម្ចាស់ពិតជាមានឫទ្ធិចេស្តាពន្លត់ភ្នក់ភ្លើង
សង្គ្រាមរលត់ព្រះនាមទ្រង់ថ្កើងសុលសាយឮឡើង
គឺព្រះអម្ចាស់
ព្រះអង្គរំដោះខ្ញុំផុតភ័យគ្រោះសត្រូវច្រើនណាស់
វាដេញតាមខ្ញុំតែព្រះជាម្ចាស់នាំខ្ញុំវិលច្រាស
មកវិញសុខសាន្ត
១៣ខ្ញុំនឹងច្រៀងបទថ្មីហើយវិសុទ្ធថ្វាយព្រះថ្កើងថ្កាន
ព្រះអង្គពិតជាប្រសើរហួសស្មានបារមីចំណាន
ខ្លាំងក្លាអស្ចារ្យ
១៤សូមឱ្យសត្វលោកក្នុងទឹកលើគោកកុំនៅសោកា
សុខចិត្តបម្រើព្រះមានចេស្តាឥតមាននរណា
ជំទាស់បានឡើយ
១៥ពេលទ្រង់យាងមកភ្នំក៏កក្រើករង្គើអស់ហើយ
ធ្លាក់ក្នុងសមុទ្រនៅមិនបានឡើយទោះថ្មក៏ដោយ
រលាយជាដី
ប៉ុន្តែព្រះម្ចាស់តែងតែសន្តោសអាណិតប្រណី
អាសូរដល់រាស្រ្តអ្នកទាបក្រក្រីគោរពរាល់ថ្ងៃ
កោតខ្លាចព្រះអង្គ

បទអង្វរព្រះជាម្ចាស់ សូមទ្រង់ប្រទានព្រះប្រាជ្ញាញាណ បទពាក្យ ៧

(ព្រះប្រាជ្ញាញាណ ៩,១-៦.៩-១១)

ឱ! ព្រះជាម្ចាស់ថ្លៃឧត្តមប្រសើរសក្តិសមពន់ពេកណាស់
ព្រះអង្គជាព្រះបុព្វបុរសទ្រង់ធ្លាប់សន្តោសស្ម័គ្រមេត្តា
ព្រះអង្គបង្កើតពិភពលោកក្នុងទឹកលើគោកពេញត្រៀបត្រា
ដោយព្រះបន្ទូលពោលវាចារស់ពេញលោកាច្រើនវាល់លាន
ព្រះអង្គបានសូនរូបមនុស្សទាំងស្រីទាំងប្រុសដោយវិញ្ញាណ
ឱ្យគ្រប់គ្រង់សត្វលោកប៉ុន្មានដែលព្រះអង្គបានបង្កើតស្រេច
ឱ្យត្រួតកាន់កាប់តាមសុចរិតដោយភាពវិសុទ្ធល្អបណ្តាច់
ព្រមទាំងឱ្យវិនិច្ឆ័យសម្រេចកុំឱ្យក្រឡាច់ពីយុត្តិធម៌
សូមទ្រង់មេត្តាប្រោសប្រទានព្រះប្រាជ្ញាញាណដ៏បវរ
ដល់ខ្ញុំជាអ្នកនៅកំដរហើយសូមអង្វរកុំកាត់កាល
ទូលបង្គំជាអ្នកបម្រើម្តាយខ្ញុំក៏ធ្វើគ្មានពិភាល់
ខ្ញុំអ្នកឆោតល្ងង់មិនសូវយល់វិន័យនិមលច្បាប់ព្រះអង្គ
ទោះបីជាមានមនុស្សណាល្អគ្រប់ប្រការឥតសៅហ្មង
តែគ្មានប្រាជ្ញាញាណតម្រង់ជីវិតគេផងក៏គ្មានន័យ
បពិត្រព្រះម្ចាស់ព្រះប្រាជ្ញាញាណដ៏ថ្លៃថ្លាគង់សព្វថ្ងៃ
ជាមួយព្រះអង្គជ្រាបអស់ន័យស្នាព្រះហស្តថ្លៃទាំងប៉ុន្មាន
ពេលទ្រង់បង្កើតពិភពលោកប្រាជ្ញាញាណមកគង់សុខសាន្ត
ជាមួយព្រះអង្គគ្មានរំខានព្រះអង្គជ្រាបបានអ្វីទាំងអស់
១០សូមទ្រង់ប្រទានព្រះប្រាជ្ញាញាណវិសុទ្ធថ្លាដោយសន្តោស
ឱ្យចុះពីស្ថានបរមសុខខ្ពស់ពីបល្ល័ង្កយសដ៏ឧត្តម
សូមឱ្យព្រះប្រាជ្ញាញាណរួមធ្វើការទាំងព្រមជាមួយខ្ញុំ
បង្ហាត់បង្រៀនការតូចធំកិច្ចការដែលល្មមគាប់ព្រះទ័យ
១១ដ្បិតព្រះប្រាជ្ញាញាណជ្រាបសព្វទ្រង់ឈ្វេងយល់គ្រប់ទាំងឈ្លាសវៃ
ណែនាំរូបខ្ញុំទាំងរំពៃការពារផុតភ័យខ្ញុំរុងរឿង

ពាក្យអធិដ្ឋាន បទពាក្យ ៧

(លោកបែនស៊ីរ៉ាក ៣៦,១-៥.៧.១០-១៣)

ឱ! ព្រះជាម្ចាស់ដែលគ្រប់គ្រងលើលោកឥតហ្មងទាំងមូលអើយ
សូមអាណិតអាសូរយើងហើយទតកុំកន្តើយយើងខ្ញុំផង
សូមធ្វើឱ្យគ្រប់ជាតិទាំងឡាយរស់ទាំងខ្វល់ខ្វាយកុំបង្អង់
ឱ្យគេបានឃើញឫទ្ធិព្រះអង្គស្ញប់ស្ញែងខ្លាចផងអានុភាព
សូមព្រះអង្គលើកព្រះហស្តវាយប្រជាជិតឆ្ងាយជាដរាប
ដើម្បីឱ្យគេស្គាល់អានុភាពឱ្យគេជ្រួតជ្រាបពីបារមី
ដោយព្រះអង្គដាក់ទោសយើងខ្ញុំពិតជាសក្តិសមគ្មានទាស់អ្វី
តែសូមសម្តែងព្រះបារមីឱ្យជាតិដទៃឃើញច្បាស់ថា
ព្រះអង្គជាព្រះវិសុទ្ធវិសេសបំផុតលើលោកា
សូមសម្តែងឱ្យខ្ញុំដឹងថាទ្រង់ដាក់ទោសាពួកគេដែរ
សូមឱ្យមនុស្សគ្រប់ជាតិសាសន៍ទទួលស្គាល់ច្បាស់គ្មានកែប្រែ
ក្រៅពីព្រះអង្គគ្មានព្រះទេត្រូវចេះរិះរេស្គាល់ព្រះអង្គ
សូមទ្រង់សម្តែងថ្លែងសិរីរុងរឿងម្ចាស់ថ្លៃកុំរេរង់
បារមីខ្លាំងក្លានៃព្រះអង្គឱ្យអ្នកទាំងពួងកោតស្ញប់ស្ញែង
១០សូមពេលចុងក្រោយឆាប់មកដល់ព្រះអង្គកុំខ្វល់ភ្លេចសម្តែង
គេនឹងរៀបរាប់ដោយកោតក្រែងអស្ចារ្យជាក់ស្តែងទ្រង់ប្រព្រឹត្ត
១១សូមឱ្យភ្លើងនៃព្រះពិរោធកំហឹងក្រេវក្រោធឆេះបំបាត់
ដុតកម្ទេចពួកអ្នកទុច្ចរិតកុំឱ្យវារត់រួចសោះឡើយ
១២សូមទ្រង់បំបែកក្បាលសត្រូវកុំទុកឱ្យនៅពួកនោះហើយ
វាពោលក្តែងៗគ្មានគិតឡើយថាវានេះហើយសំខាន់ណាស់
១៣សូមទ្រង់ប្រមូលកុលសម្ពន្ធ័ឱ្យឆាប់រួសរាន់កុំក្រឡះ
ពូជពង្សយ៉ាកុបមានច្រើនណាស់រស់នៅដេរដាសឱ្យមកជុំ

ទំនុកតម្កើងរបស់នាងម៉ារី បទព្រហ្មគីតិ

(លូកា ១,៤៧-៥៥)

៤៧ខ្ញុំមានចិត្តអំណរសប្បាយអរពន់ពេកណាស់
ព្រោះខ្ញុំបានដឹងច្បាស់ថាព្រះម្ចាស់ទ្រង់សង្គ្រោះ
៤៨ព្រះអង្គទតមកខ្ញុំជាអ្នកបម្រើស្ម័គ្រស្មោះ
តទៅមនុស្សទាំងអស់ថាខ្ញុំនេះសែនសុខក្រៃ
៤៩ព្រះដ៏មានឫទ្ធាខ្លាំងអស្ចារ្យលើលោកីយ៍
សម្តែងឫទ្ធិបារមីព្រះនាមថ្លៃថ្លាវិសុទ្ធ
៥០ទ្រង់មានព្រះហឫទ័យត្រាប្រណីខ្ពស់បំផុត
ដល់អ្នកបរិសុទ្ធគោរពកោតទ្រង់រហូត
៥១ព្រះអង្គសម្តែងឫទ្ធិអស្ចារ្យពិតមិនរបូត
ការពារមនុស្សស្លូតកម្ចាត់ហូតអ្នកឫកខែង
៥២ទ្រង់បានច្រានទម្លាក់អ្នកធំធ្លាក់ពីតំណែង
ឥតមានខ្លាចរអែងហើយទ្រង់តែងលើកអ្នកទាប
៥៣ព្រះអង្គប្រោសប្រទានឱ្យអ្នកឃ្លានឆ្អែតពេញប្រៀប
អ្នកមានធនធានពាបទ្រង់ដេញរាបដៃទទេ
៥៤ព្រះអង្គបានជួយរាស្រ្តទ្រង់ទាំងអស់ឥតប្រួលប្រែ
ស្រាអែលដែលនៅក្បែរអ្នកពូកែបម្រើខ្លាំង
៥៥ទ្រង់តែងមានព្រះទ័យករុណាក្រៃមិនថ្នាក់ថ្នាំង
ជាមួយអប្រាហាំនិងពូជពង្សលោកជានិច្ច
ដូចទ្រង់បានសន្យានឹងដូនតាឥតមានភ្លេច
ព្រះអង្គចាំជានិច្ចគ្មានកលកិច្ចប្រែប្រួលឡើយ

ទំនុកតម្កើងរបស់លោកសាការី បទពាក្យ ៧

(លូកា ១,៦៨-៧៩)

៦៨សូមលើកតម្កើងព្រះអម្ចាស់ប្រសើរពេកណាស់ព្រះរបស់
ជាតិអ៊ីស្រាអែលធ្លាប់ស្មោះយាងមករំដោះរាស្រ្តព្រះអង្គ
៦៩ទ្រង់បានប្រទានព្រះសង្គ្រោះដែលមានឫទ្ធិខ្ពស់ដ៏ត្រចង់
ពីក្នុងចំណោមព្រះញាតិវង្សដាវីឌជាពង្សបម្រើជាក់
៧០ព្រះម្ចាស់ប្រទានព្រះសង្គ្រោះយើងមិនដែលលោះមិនដែលលាក់
ដូចបានសន្យាតាមរយៈព្យាការីស្ម័គ្រកាលគ្រាមុន
៧១ព្រះអង្គសង្គ្រោះយើងឱ្យរួចចេញពីអំណាចខ្មាំងលើសលន់
និងផុតពីដៃពួកទុរជនដែលធ្លាប់ជិះជាន់ស្អប់ខ្ពើមយើង
៧២ព្រះអង្គសម្តែងព្រះហឫទ័យករុណាប្រណីមិនឆ្មៃឆ្មើង
ដល់បុព្វបុរសដែលតម្កើងសម្ពន្ធព្រះអង្គមិនភ្លេចសោះ
៧៣គឺព្រះអង្គហើយបានសន្យាពាក្យពិតសត្យាមិនចន្លោះ
នឹងអប្រាហាំបុព្វបុរសដូនតាយើងនោះដូចេ្នះថា
៧៤ទ្រង់នឹងរំដោះយើងឱ្យរួចផុតពីអំណាចខ្មាំងឫស្យា
ដើម្បីយើងអាចក្រាបកាយាវន្ទាគ្រប់គ្រាគ្មានភ័យភិត
៧៥ព្រមទាំងឱ្យយើងបានរស់នៅឥតមានអាស្រូវដោយសុចរិត
ជារៀងរាល់ថ្ងៃមួយជីវិតគាប់ព្រះទ័យពិតព្រះម្ចាស់ថ្លៃ
៧៦ចំណែកឯរូបរបស់កូននឹងក្លាយជាខ្លួនព្យាការី
ព្រោះកូនដើរមុខព្រះម្ចាស់ថ្លៃរៀបផ្លូវល្អក្រៃថ្វាយព្រះអង្គ
៧៧កូននឹងធ្វើឱ្យអស់ប្រជារាស្រ្តទាំងអស់គ្នាគេបានដឹង
ថាព្រះសង្គ្រោះគឺព្រះអង្គទាំងលើកទោសផងរួចពីបាប
៧៨ព្រះរបស់យើងមានព្រះទ័យករុណាប្រណីជាដរាប
ទ្រង់ប្រទានថ្ងៃរះរៀងរាបរំដោះរួចបាបយើងពិតៗ
៧៩សម្រាប់់បំភ្លឺដល់អស់អ្នកដែលបាននៅស្នាក់ទីងងឹត
ព្រមទាំងតម្រង់ផ្លូវជីវិតយើងឆ្ពោះរកពិតក្តីសុខសាន្ត

ពាក្យអរព្រះគុណព្រះជាម្ចាស់របស់លោកតាស៊ីម៉ូន បទពាក្យ ៧

(លូកា ២,២៩-៣២)

២៩«បពិត្រព្រះម្ចាស់ជាចៅហ្វាយពេលនេះឯងហើយទ្រង់សម្រេច
តាមព្រះបន្ទូលគ្មានកលកិច្ចសន្យាឥតភ្លេចលុះឥឡូវ
ដូច្នេះសូមឱ្យរូបខ្ញុំជាបម្រើគ្រប់គ្រាផុតហ្មងសៅ
សូមឱ្យខ្ញុំចាកលោកនេះទៅឱ្យខ្ញុំជួបនូវក្តីសុខសាន្ត
៣០ព្រោះដ្បិតភ្នែកខ្ញុំបានឃើញច្បាស់ពីការសង្គ្រោះមិនដែលខាន
៣១ដែលព្រះអង្គទ្រង់ប្រោសប្រទានដល់ជនគ្រប់ប្រាណគ្រប់ជាតិសាសន៍
៣២គឺជាពន្លឺដែលនាំឱ្យគ្រប់ជាតិជិតឆ្ងាយស្គាល់ព្រះម្ចាស់
និងជាសិរីរុងរឿងច្បាស់ស្រាអែលជារាស្រ្តនៃព្រះអង្គ»

សុភមង្គលដ៏ពិតប្រាកដ បទពាក្យ ៧

(ម៉ាថាយ ៥,៣-១២)

អ្នកណាដាក់ចិត្តជាអ្នកខ្សត់អ្នកនោះប្រាកដផុតទុក្ខា
មានសុខមង្គលគ្រប់ប្រការមានរាជ្យចេស្តាសួគ៌ាផង
អ្នកណាដែលមានចិត្តសុភាពស្លូតបូតរាបទាបសុចរិតត្រង់
នឹងមានមង្គលដ៏ត្រចង់ទាំងផែនដីផងបានជាកេរ
រីអ្នកដែលមានចិត្តសោកសៅនោះមុខជាត្រូវបានល្ហើយល្ហែ
មានសុខមង្គលគ្មានកែប្រែដ្បិតទុក្ខពួកគេព្រះសម្រាល
អ្នកដែលស្រេកឃ្លានក្តីសុចរិតអ្នកនោះប្រាកដបានធូរស្រាល
មានសុភមង្គលដ៏ត្រកាលដ្បិតព្រះម្ចាស់ផ្តល់ឱ្យគេឆ្អែត
អ្នកដែលមានចិត្តករុណានោះប្រាកដថាខ្ពស់ត្រដែត
នឹងមានមង្គលច្បាស់ក្រឡែតព្រោះទ្រង់នៅអែបគេគ្រប់ពេល
អ្នកដែលមានចិត្តស្មោះបរិសុទ្ធអ្នកនោះគឺពិតមានមង្គល
ដ្បិតគេនឹងបានឃើញបានយល់ព្រះជាម្ចាស់ផ្ទាល់ច្បាស់នឹងភ្នែក
ឯអ្នកកសាងសន្តិភាពបានសុខរៀងរាបល្អអនេក
ដ្បិតគេមានឈ្មោះជាបុត្រឯកជាទីគាប់ភ្នែកព្រះជាម្ចាស់
១០អ្នកណាដែលត្រូវគេបៀតបៀនព្រោះតែគេបានធ្វើឥតខ្ចោះ
តាមក្តីសុចរិតទៀងត្រង់ស្មោះអ្នកនោះមានឈ្មោះសុខឥតខ្វល់
១១ប្រសិនបើមានគេតិះដៀលចាក់រុកឆ្កឹះឆ្កៀលនាំអំពល់
បង្ខូចឈ្មោះព្រោះរូបខ្ញុំផ្ទាល់នឹងមានមង្គលកើតដល់អ្នក
១២ចូរនាំគ្នារីករាយសប្បាយអបអរក្អាកក្អាយកុំអន់អាក់
នឹងបានទទួលរង្វាន់ជាក់យ៉ាងធំដល់អ្នកនៅបរមសុខ
ដ្បិតព្យាការីគ្រាកន្លងមិនដែលថ្កុំថ្កើងស្គាល់តែទុក្ខ
ត្រូវគេបៀតបៀនមិនបានសុខនៅមិនស្រណុកដូច្នេះដែរ

ព្រះគ្រីស្តជាម្ចាស់នៃពិភពលោក បទពាក្យ ៧

(កូឡូស ១,១២-២០)

១២ចូរអរព្រះគុណព្រះបិតាដោយចិត្តជ្រះថ្លាអរសប្បាយ
ព្រោះព្រះអង្គប្រោសប្រទានឱ្យបងប្អូនទាំងឡាយគ្រប់តំបន់
មានសមត្ថភាពបានចំណែកមរតកល្អឯកមិនអាក់អន់
រួមជាមួយនឹងប្រជាជនវិសេសពេកពន់សែនវិសុទ្ធ
១៣ព្រះអង្គរំដោះយើងឱ្យរួចផុតពីអំណាចក្តីងងឹត
ចម្លងយើងចូលពន្លឺពិតព្រះរាជ្យនៃបុត្រដ៏ស្រឡាញ់
១៤ដោយរួមក្នុងអង្គព្រះបុត្រាទ្រង់បានលោះលារូបយើងចេញ
លើកលែងផុតទោសទុក្ខទោម្នេញយើងរួចខ្លួនវិញផុតពីបាប
១៥ព្រះគ្រីស្តតំណាងព្រះជាម្ចាស់ដែលយើងទាំងអស់បានជ្រួតជ្រាប
តែមើលពុំឃើញជាដរាបព្រោះអានុភាពខ្ពស់មហិមា
១៦ដ្បិតអ្វីទាំងអស់ព្រះម្ចាស់បានបង្កើតក្នុងប្រាណអង្គបុត្រភ្ងា
ទាំងលើផែនដីស្ថានសួគ៌ាមានច្រើនមហិមារាប់មិនអស់
ហើយព្រះជាម្ចាស់បានបង្កើតឱ្យមានកំណើតមិនចន្លោះ
សម្រាប់ព្រះគ្រីស្តជាអម្ចាស់និងដោយព្រះគ្រីស្តជារៀមច្បង
១៧ព្រះគ្រីស្តមានព្រះជន្មមុនអ្វីទាំងអស់រាល់ថ្ងៃមិនកន្លង
ស្ថិតស្ថេររួមគ្នានឹងព្រះអង្គនោះគឺទ្រង់គាំទ្រដែរ
១៨ព្រះគ្រីស្តជាសិរសាឧត្តមប្រសើរសក្តិសមអ្វីម៉េ្លះទេ
គឺព្រះសហគម៍តែងតែបង្កើតឥតប្រែអ្វីមិនខ្វះ
ក្នុងចំណោមអ្នកដែលបានស្លាប់ព្រះអង្គមានភ័ព្វមានជន្មរស់
មុនគេក្នុងអ្នកស្លាប់ទាំងអស់ដឹកនាំឥតខ្ចោះគ្រប់វិស័យ
១៩ដ្បិតព្រះជាម្ចាស់ព្រះអង្គគាប់ព្រះហឫទ័យជាប់គ្រប់អ្វីៗ
លក្ខណៈសម្បត្តិដ៏ប្រពៃស្ថិតនៅរាល់ថ្ងៃក្នុងព្រះគ្រីស្ត
២០ដ្បិតព្រះអម្ចាស់សព្វព្រះទ័យបង្រួមអ្វីៗទាំងអស់នេះ
ទាំងលើផែនដីស្ថានសួគ៌ខ្ពស់ឱ្យមកស្រួលស្រុះនឹងព្រះអង្គ
គឺព្រះជាម្ចាស់បានធ្វើឱ្យសន្តិភាពកើតហើយដោយសារទ្រង់
បង្ហូរព្រះលោហិតព្រះអង្គនៅលើឈើឆ្កាងដើម្បីរាស្រ្ត

ព្រះជាម្ចាស់មានព្រះហឫទ័យមេត្តាករុណាដ៏លើសលប់ បទកាកគតិ

(អេភេសូ ១,៣-១០)

សូមលើកតម្កើងព្រះម្ចាស់ខ្ពស់ឡើងជាព្រះបិតា
នៃយេស៊ូគ្រីស្តជាអង្គសាស្តាម្ចាស់យើងនេះណា
វិសេសពេកក្រៃ
ទ្រង់ប្រោសប្រទានព្រះពរឱ្យមានវិសុទ្ធឥតបី
ផ្នែកខាងវិញ្ញាណមករាស្រ្តប្រុសស្រីពីសួគ៌ាលៃ
ក្នុងអង្គព្រះគ្រីស្ត
ព្រះអង្គជ្រើសយកយើងទាំងអស់មកវិសាលវិសេស
ពីមុនកំណើតពីភពលោកម៉េ្លះក្នុងអង្គព្រះគ្រីស្ត
ឥតមានសៅហ្មង
ចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ជាក់ព្រោះតែព្រះអង្គ
ទ្រង់មានព្រះទ័យស្ម័គ្រស្មោះកន្លងស្រឡាញ់ឥតហ្មង
មិនប្រែសាវា
ទ្រង់តម្រូវយើងទាំងលើកតម្កើងជាបុត្រធីតា
របស់ព្រះអង្គនោះក៏ដោយសារព្រះគ្រីស្តនេះណា
ស្របតាមបំណង
ដើម្បីតម្កើងសិរីរុងរឿងនៃព្រះទ័យទ្រង់
ដែលធ្លាប់ប្រណីសន្តោសឥតហ្មងប្រទានមកយើង
ក្នុងអង្គបុត្រា
ព្រះជាម្ចាស់បានលោះយើងគ្រប់ប្រាណរស់រានដោយសារ
លោហិតព្រះគ្រីស្តជាអង្គបុត្រាព្រោះគ្រប់កាយា
រួមនឹងព្រះអង្គ
ទ្រង់តែងលើកទោសពួកយើងទាំងអស់ផុតទុក្ខសៅហ្មង
តាមព្រះហឫទ័យសន្តោសព្រះអង្គលើសលប់កន្លង
មិនមានអាស្រូវ
ព្រះម្ចាស់ប្រណីសន្តោសពេកក្រៃដឹងខុសស្គាល់ត្រូវ
ឱ្យមានតម្រិះខ្លាំងក្លាពេកកូវមាំមិនអាស្រូវ
ពេញដោយប្រាជ្ញា
ព្រះម្ចាស់បានប្រោសឱ្យយើងទាំងអស់ស្គាល់គម្រោងការ
តាមព្រះបំណងសប្បុរសថ្លៃថ្លាគឺទ្រង់នេះណា
ជាអ្នកសម្រេច
១០ព្រះអង្គចាត់ចែងគ្រោងការនេះឯងរួចរាល់ស្រេចបាច់
នៅគ្រាបំផុតឥតមានកលកិច្ចគ្មានអ្វីត្រូវភ្លេច
ប្រមូលគ្មានសល់
ទាំងលើផែនដីទាំងសួគ៌ាលៃដោយមិនកង្វល់
ឱ្យរួមក្នុងអង្គព្រះគ្រីស្តមិនសល់គឺព្រះអង្គផ្ទាល់
ជាម្ចាស់តែមួយ

ព្រះគ្រីស្តមានព្រះហឫទ័យសុភាបរាបសា បទពាក្យ ៧

(ភីលីព ២,៦-១១)

ទោះបីព្រះគ្រីស្តមានឋានៈស្មើព្រះជាម្ចាស់ដូចម្តេចក្តី
ក៏ទ្រង់មិនដែលសព្វព្រះទ័យក្តោបយកអ្វីៗជាកម្មសិទ្ធ
តែផ្ទុយទៅវិញព្រះអង្គលះបង់ចោលស្រឡះមិនដែលគិត
យកព្រះឋានៈទាសករពិតរស់ក្នុងជីវិតមនុស្សធម្មតា
ព្រះអង្គបន្ទាបព្រះកាយទៀតធ្វើតាមឱវាទឥតមុសា
ដែលព្រះជាម្ចាស់បញ្ជាថាលុះផុតសង្ខាឈើឆ្កាងចង
ដោយហេតុនេះហើយទើបព្រះម្ចាស់តម្កើងព្រះគ្រីស្តពេកកន្លង
ហើយប្រោសប្រទានព្រះនាមផងប្រសើរគ្មានហ្មងសែនថ្លាថ្លៃ
១០ដើម្បីឱ្យអ្វីៗទាំងអស់ទាំងនៅស្ថានខ្ពស់សួគ៌ាលៃ
ទោះនៅលើមេឃឬក្រោមដីបង្គំក្សត្រថ្លៃព្រះអម្ចាស់
១១និងឱ្យមនុស្សគ្រប់ភាសាគ្រប់ៗកាយាស្រែកប្រកាស
ថាព្រះគ្រីស្តជាព្រះអម្ចាស់ថ្កើងសិរីយសព្រះបិតា

ព្រះគ្រីស្តមានព្រះជន្មរស់ឡើងវិញ បទព្រហ្មគីតិ

(១ ធីម៉ូថេ ៣,១៦)

១៦យើងត្រូវតែស្គាល់ថាគម្រោងការលាក់កំបាំង
ការប្រណិប័តន៍ក្លាខ្លាំងនៃព្រះអង្គធំធេងណាស់
ព្រះគ្រីស្តបានយាងមកទ្រង់ជ្រើសយកធ្វើឋានៈ
មនុស្សសុចរិតស្ម័គ្រដោយជឿជាក់ព្រះវិញ្ញាណ
ព្រះអង្គបង្ហាញច្បាស់ទេវទូតអស់ទាំងប៉ុន្មាន
បានឃើញមិនខកខានហើយគេបានប្រកាសពី
ព្រះអង្គក្នុងចំណោមសាសន៍ផ្សេងព្រមនៅមូលមីរ
គេជឿគ្រប់ទិសទីគ្រប់ជីវីលោកទាំងអស់
ព្រះជាម្ចាស់ទ្រង់បានលើកអង្គប្រាណព្រះគ្រីស្តនោះ
ឱ្យមានសិរីយសរុងរឿងខ្ពស់ពេកកន្លង

ព្រះគ្រីស្តមានព្រះជន្មរស់ឡើងវិញ បទពាក្យ ៧

(២ ធីម៉ូថេ ២,៨.១១-១៣)

ចូរនឹកដល់ព្រះយេស៊ូនោះមានព្រះជន្មរស់ឡើងវិញផង
ព្រះអង្គជាប់ព្រះញាតិវង្សនៃដាវីឌអង្គម្ចាស់ក្សត្រា
១១ពាក្យនេះគួរឱ្យយើងជឿជាក់ដោយឥតលៀមលាក់យ៉ាងច្បាស់ថា
ប្រសិនបើយើងគ្រប់កាយាព្រមរួមវាសនានឹងព្រះអង្គ
បើយើងព្រមរួមរស់រួមស្លាប់នោះពិតជាគាប់ពេកកន្លង
យើងនឹងបានរស់ជីវិតផងរួមនឹងព្រះអង្គគ្មានកែប្រែ
១២បើយើងជាអ្នកចេះស៊ូទ្រាំទោះជាយូរឆ្នាំយូរថ្ងៃខែ
នោះព្រះជាម្ចាស់នឹងគង់ក្បែរឱ្យសោយរាជ្យដែរជាមួយទ្រង់
តែបើយើងមិនព្រមទទួលមិនព្រមស្រុះស្រួលស្គាល់ព្រះអង្គ
ពេលនោះព្រះជាអម្ចាស់ទ្រង់នឹងមិនស្គាល់យើងវិញម្តងដែរ
១៣ប្រសិនបើយើងមិនស្មោះត្រង់នោះព្រះអង្គគង់មិនកែប្រែ
ស្មោះត្រង់ជានិច្ចក៏ព្រោះតែទ្រង់មិនងាកបែរនៅតែស្មោះ

ព្រះគ្រីស្តជាព្រះសង្គ្រោះ បទពាក្យ ៧

(១ សិលា ២,២១-២៥)

២១ព្រះបិតាហៅបងប្អូនមកឱ្យរងទុក្ខសោកគ្មានល្ហែល្ហើយ
ព្រោះតែព្រះគ្រីស្តយើងនេះហើយរងទុក្ខឥតស្បើយគំរូស្រាប់
២២ព្រះអង្គពុំដែលបានប្រព្រឹត្តអំពើឧក្រិដ្ឋនាំមានបាប
ទាំងព្រះបន្ទូលធ្លាប់ថ្លែងប្រាប់គួរឱ្យត្រងត្រាប់រហូតទៅ
២៣ទោះបីត្រូវគេជេរប្រមាថពាក្យបកអាក្រាតនាំហ្មងសៅ
ក៏ទ្រង់វិនិច្ឆ័យរាល់វេលាយុត្តិធម៌គ្រប់គ្រាគ្មានសង្ស័យ
ព្រះអង្គបានផ្ញើខ្សែជីវិតលើព្រះម្ចាស់ពិតមិនរួញរា
ដែលទ្រង់វិនិច្ឆ័យរាល់វេលាយុត្តិធម៌គ្រប់គ្រាគ្មានសង្ស័យ
២៤ព្រះគ្រីស្តបានផ្ទុកអំពើបាបយើងទុកដរាបពេញអង្គកាយ
ដែលជាប់ឈើឆ្កាងលុះក្សិណក្ស័យឱ្យជនប្រុសស្រីជ្រះស្រឡះ
ព្រមទាំងឱ្យយើងមានជីវិតដោយរួមប្រព្រឹត្តសុចរិតច្បាស់
បងប្អូននឹងបានស្បើយជាសះស្នាមរបួសចាស់នៃព្រះអង្គ
២៥ដ្បិតបងប្អូនដូចជាហ្វូងចៀមមានទុក្ខក្រំក្រៀមដោយខុសឆ្គង
វង្វេងប្រាសចាកពីគន្លងមាគ៌ាព្រះអង្គខ្ពស់បំផុត
ឥឡូវបងប្អូនជួបនឹងអ្នកដែលធ្លាប់ថ្នមថ្នាក់ដ៏វិសុទ្ធ
គង្វាលដ៏សែនល្អមោះមុតថែទាំនៅជិតបងប្អូនវិញ

កូនចៀមរបស់ព្រះជាម្ចាស់ បទព្រហ្មគីតិ

(វិវរណៈ ៤,១១)

១១បពិត្រព្រះអម្ចាស់ទ្រង់ជាព្រះអស់យើងខ្ញុំ
ព្រះអង្គសែនសក្តិសមនឹងកិត្តិនាមអានុភាព
ព្រះអង្គបង្កើតគ្រប់អ្វីមានសព្វជាដរាប
ដោយសារអានុភាពដែលពេញប្រៀបដោយហឫទ័យ

(វិវរណៈ ៥,៩-១០.១២)

កូនចៀមសមទទួលក្រាំងនិមលមិនបង្អង់
ទាំងបកត្រាទៀតផងព្រោះតែទ្រង់ត្រូវសម្លាប់
មកធ្វើយញ្ញបូជាទ្រង់លោះលាមនុស្សសាយសព្វ
គ្រប់ពូជឥតមានស្អប់ភាសាគ្រប់លើផែនដី
ប្រជាជនគ្រប់សាសន៍យកថ្វាយព្រះជាម្ចាស់ថ្លៃ
ដោយសារឫទ្ធិបារមីលោហិតជ័យទ្រង់ជឿជាក់
១០ព្រះអង្គបានបង្វែរឱ្យគេប្រែអាណាចក្រ
ឱ្យបូជាចារ្យស្ម័គ្រសោយរាជ្យជាក់លើផែនដី
កូនចៀមគេសម្លាប់នោះទើបគាប់ពន់ពេកក្រៃ
ទទួលឫទ្ធិបារមីសម្បត្តិនៃប្រាជ្ញាញាណ
ប្រកបដោយឥទ្ធិឫទ្ធិខ្លាំងបំផុតរកផ្ទឹមគ្មាន
កិត្តិនាមល្បីថ្កើងថ្កានសិរីបានរុងរឿងខ្ពស់

ចូរសរសើរតម្កើងព្រះជាម្ចាស់ បទកាកគតិ

(វិវរណៈ ១១,១៧-១៨)

១៧បពិត្រព្រះម្ចាស់ដ៏មានតេជះចេស្តាខ្លាំងក្រៃ
លើអ្វីទាំងអស់លើភពផែនដីគង់នៅសព្វថ្ងៃ
និងពីដើមមក
យើងខ្ញុំសូមអរព្រះគុណបវរព្រោះទ្រង់បានយក
ឫទ្ធានុភាពដ៏ថ្លៃថ្លាមកតាំងជាជម្រក
រាជ្យព្រះអង្គឡើង
១៨ជាតិសាសន៍នានាបបួលគ្នីគ្នាចាប់ច្រឡោតខឹង
ព្រមជាមួយនោះជាពេលព្រះអង្គទ្រង់បានពង្រឹង
ព្រះពិរោធដែរ
គឺដល់កំណត់ពេលទ្រង់សន្មតដោយគ្មានប្រួលប្រែ
កាត់ក្តីអ្នកស្លាប់ឥតមានគេចកែពីដើមហូរហែ
ឱ្យភ័យស្លោស្លន់
នៅពេលនោះឯងព្រះអង្គចាត់ចែងប្រទានរង្វាន់
ដល់ព្យាការីឱ្យមានគ្រប់គ្រាន់មិនឱ្យអាក់អន់
និងជនវិសុទ្ធ
ឱ្យទាំងអស់អ្នកដែលកោតខ្លាចជាក់ព្រះនាមមោះមុត
ទាំងតូចទាំងធំព្រះអង្គមិនគិតឱ្យអស់កម្រិត
ឱ្យឥតសំចៃ

(វិវរណៈ ១២,១០-១២) បទកាកគតិ

១០ឥឡូវព្រះម្ចាស់ទ្រង់បានសង្គ្រោះមនុស្សលើផែនដី
ព្រមទាំងអំណាចឫទ្ធាបារមីព្រះគ្រីស្តថ្លាថ្លៃ
ក៏យាងមកដែរ
ដ្បិតអ្នកប្រកាន់ចាប់ទោសបងប្អូនគ្មានពេលល្ហើយល្ហែ
ត្រូវគេទម្លាក់ចោលមិននៅក្បែរគឺអ្នកតែងតែ
ចោទដោយមិនគិត
១១បងប្អូនយើងបានឈ្នះមិនដែលខានដោយព្រះលោហិត
របស់កូនចៀមជាសក្ខីពិតបងប្អូនស្ម័គ្រចិត្ត
ប្តូរជីវិតកាយ
១២ហេតុនេះអស់អ្នកដែលរស់នៅស្នាក់ស្ថានបរមសុខអើយ
ចូរមានអំណររីករាយសប្បាយអបអរគ្រប់កាយ
កុំបីរួញរា

ទំនុកតម្កើងរបស់នាងម៉ារី បទព្រហ្មគីតិ

(វិវរណៈ ១៥,៣-៤)

ឱព្រះជាអម្ចាស់ចេស្តាខ្ពស់គ្មានអ្វីផ្ទឹម
ស្នាព្រះហស្តឧត្តមស្រស់ប៉ប្រឹមពន់ពេកណាស់
ឱព្រះមហាក្សត្រនៃប្រជាជាតិទាំងអស់
មាគ៌ាល្អឥតខ្ចោះនៃព្រះម្ចាស់សែនវិសុទ្ធ
ឱព្រះជាអម្ចាស់ទ្រង់ជាព្រះខ្ពស់បំផុត
ខ្មាំងសត្រូវតក់ស្លុតត្រូវតែកោតនាមព្រះអង្គ
មនុស្សគ្រប់ជាតិសាសន៍នាំគ្នាស្រុះគោរពទ្រង់
ប្រណិប័តន៍ថ្វាយផ្ចឹតផ្ចង់ដ្បិតព្រះអង្គសែនវិសុទ្ធ

ចូរច្រៀងចម្រៀងជោគជ័យ បទកាកគតិ

(វិវរណៈ ១៩,១-២.៥-៧)

អាលេលូយ៉ាចូរឱនកាយាតម្កើងព្រះម្ចាស់
ទ្រង់បានស្រោចស្រង់ព្រមទាំងសង្គ្រោះជីវិតយើងរស់
ដោយឫទ្ធិបារមី
ដ្បិតព្រះជាម្ចាស់ទ្រង់វិនិច្ឆ័យច្បាស់យុត្តិធម៌ប្រពៃ
សូមអ្នករាល់គ្នាទោះជិតឆ្ងាយក្តីសូមនឹកមមៃ
កុំនៅស្ងៀមស្ងាត់
អ្នករាល់គ្នាជាបម្រើគ្រប់គ្រាទាំងអ្នកប្រណិប័តន៍
ទាំងតូចទាំងធំសូមគោរពកោតបង្គំថ្វាយថ្វាត់
កុំនៅបង្អង់
អាលេលូយ៉ាព្រះម្ចាស់ក្សត្រាប្រពៃត្រចង់
ព្រះអង្គសោយរាជ្យព្រះទ័យស្មោះត្រង់សុចរិតផូរផង់
ពាសពេញលោកីយ៍
ចូរយើងរីករាយត្រេកអរសប្បាយឱ្យខ្ទ័រផែនដី
ចូរលើកតម្កើងរុងរឿងសិរីព្រះអម្ចាស់ថ្លៃ
កុំធ្វើកន្តើយ
ដ្បិតដល់វេលាអាពាហ៍ពិពាហ៍នៃកូនចៀមហើយ
ភរិយាថ្មោងថ្មីមិននៅព្រងើយតែងខ្លួនស្រេចហើយ
សក្តិសមគ្មានទាស
3,148 Views

Theme: Overlay by Kaira