អាទិត្យទី២៤ រដូវធម្មតា «គ»
ថ្ងៃអាទិត្យ
ពណ៌បៃតង

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរដំណើរឆ្ពោះទៅកាន់សេរីភាព សរ ៣២,៧-១១.១៣-១៤

ពេលលោកម៉ូសេនៅលើភ្នំស៊ីណៃនៅឡើយ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកថា៖«ចូរត្រឡប់ទៅវិញចុះ ដ្បិតប្រជាជនរបស់អ្នក គឺប្រជាជនដែលអ្នកនាំចេញពីស្រុកអេស៊ីបបានប្រព្រឹត្ដអំពើបាបមួយយ៉ាងធ្ងន់។ ពួកគេឆាប់ងាកចេញពីមាគ៌ាដែលយើងបានបង្ហាញដល់ពួកគេ គឺពួកគេបានសិតធ្វើរូបកូនគោមួយ ហើយក្រាបថ្វាយបង្គំ និងថ្វាយយញ្ញបូជាដល់រូបកូនគោនោះ ទាំងពោលថា “អ៊ីស្រាអែលអើយ នេះជាព្រះដែលនាំអ្នកចេញពីស្រុកអេស៊ីប!”។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖«យើងឃើញហើយថា ប្រជាជននេះសុទ្ធតែជាមនុស្សរឹងរូស។ ឥឡូវនេះ ចូរទុកឱ្យយើងលុបបំបាត់ប្រជាជននេះឱ្យវិនាសសាបសូន្យតាមកំហឹងរបស់យើង រួចយើងឱ្យប្រជាជាតិមួយដ៏ធំកើតចេញពីអ្នក »។ ប៉ុន្ដែ លោកម៉ូសេទូលអង្វរសូមការប្រោសប្រណីពីព្រះអម្ចាស់ជាព្រះរបស់លោក ដោយមានប្រសាសន៍​ថា៖«បពិត្រព្រះអម្ចាស់ ហេតុអ្វីបានជាព្រះអង្គទ្រង់ព្រះពិរោធនឹងប្រជារាស្រ្ដដែលព្រះអង្គបាននាំចេញពីស្រុកអេស៊ីបដោយឫទ្ធានុភាព និងព្រះបារមីដ៏ខ្លាំងពូកែដូច្នេះ? ពួកគេជាប្រជារាស្រ្ដរបស់ព្រះអង្គ។ សូមនឹកដល់លោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ជាអ្នកបម្រើរបស់ព្រះអង្គផង! ព្រះអង្គបានសន្យាជាមួយអស់លោកយ៉ាងម៉ឺងម៉ាត់ថា យើងនឹងធ្វើឱ្យពូជពង្សរបស់អ្នករាល់គ្នាបានកើនចំនួនឡើង ដូចជាផ្កាយនៅលើមេឃ យើងនឹងប្រគល់ស្រុកដែលយើងបានសន្យានេះដល់ពូជពង្សរបស់អ្នក ហើយពួកគេនឹងទទួលស្រុកនោះជាមត៌តរហូតតទៅ»។ ព្រះអម្ចាស់ក៏ដូរព្រះហឫទ័យលែងធ្វើទោសប្រជារាស្ដ្ររបស់ព្រះអង្គ ដូចព្រះអង្គមានព្រះបន្ទូល។

ទំនុកតម្កើងលេខ ៥១ (៥០),៣-៤.១២-១៣.១៧-១៩ បទពាក្យ ៧

ឱព្រះជាម្ចាស់ទូលបង្គំសូមលើកទោសខ្ញុំហើយមេត្ដា
តាមព្រះហឫទ័យករុណាលើសលប់អស្ចារ្យព្រះអង្គផង
សូមលើកទោសឱ្យទូលបង្គំផុតទុក្ខក្រៀមក្រំគ្រានេះម្ដង
ព្រះទ័យអាណិតអាសូរផងព្រោះតែព្រះអង្គឥតមានខ្ចោះ
សូមជួយលុបលាងខ្ញុំឱ្យជ្រះឱ្យស្អាតស្រឡះពីកំហុស
ជួយជម្រះខ្ញុំស្អាតផងចុះឱ្យបរិសុទ្ធអស់អំពើបាប
១២ឱព្រះជាអម្ចាស់ខ្ញុំអើយសូមជួយប្រោសឱ្យបរិសុទ្ធ
បង្កើតចិត្ដថ្មីមាំមោះមុតរឹងប៉ឹងបំផុតដល់ខ្ញុំផង
១៣សូមកុំបោះបង់រូបខ្ញុំចោលឱ្យនៅតែលតោលឆ្ងាយព្រះអង្គ
កុំដកវិញ្ញាណដ៏ត្រចង់វិសុទ្ធព្រះអង្គពីខ្ញុំឡើយ
១៧ឱព្រះអម្ចាស់កុំស្ទាក់ស្ទើរជួយខ្ញុំបន្លឺសំឡេងផង
ខ្ញុំនឹងប្រកាសឱ្យរំពងពាក្យលើកតម្កើងទ្រង់ឥតភ្លេច
១៨ព្រះអង្គមិនដែលសព្វព្រះទ័យឱ្យដាក់យញ្ញថ្វាយច្រើនឬតិច
ទោះតង្វាយដុតទាំងមូលស្រេចក៏ទ្រង់គ្មានកិច្ចចង់បានដែរ
១៩យញ្ញដែលព្រះអង្គសព្វព្រះទ័យឱ្យរូបខ្ញុំថ្វាយរាល់ថ្ងៃខែ
គឺចិត្ដសោកសៅទុក្ខឥតល្ហែនិងចិត្ដកែប្រែលែងក្អេងក្អាង

អត្ថបទទី២៖ សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនលោកធីម៉ូថេ ១ធម ១,១២-១៧

ខ្ញុំសូមអរព្រះគុណព្រះគ្រីស្ដយេស៊ូជាអម្ចាស់នៃយើងដែលបានប្រទានកម្លាំងមកខ្ញុំ ទ្រង់បានរាប់ខ្ញុំជាមនុស្សគួរឱ្យទុកចិត្ដ ហើយតែងតាំងខ្ញុំឱ្យបម្រើព្រះអង្គ។ ទោះបីពីដើម ខ្ញុំធ្លាប់ប្រមាថ បៀតបៀន និងប្រព្រឹត្ដអំពីឃោរឃៅក៏ដោយ ក៏ព្រះអង្គមានព្រះហឫទ័យមេត្ដាករុណាដល់ខ្ញុំដែរ។ ព្រោះកាលណោះ ខ្ញុំគ្មានជំនឿ ហើយមិនយល់កិច្ចការដែលខ្ញុំប្រព្រឹត្ដ។ ប៉ុន្ដែ ព្រះអម្ចាស់នៃយើងមានព្រះហឫទ័យប្រណីសន្ដោសមកលើខ្ញុំច្រើនពន់ប្រមាណ ទ្រង់ប្រោសប្រទានឱ្យខ្ញុំមានជំនឿ និងមានសេចក្ដីស្រឡាញ់ ដោយរួមក្នុងអង្គព្រះគ្រីស្ដយេស៊ូ។ ពាក្យនេះគួរឱ្យជឿ ហើយសមនឹងទទួលយកទាំងស្រុង គឺថា ព្រះគ្រីស្ដយេស៊ូបានយាងមកក្នុងពិភពលោក ដើម្បីសង្គ្រោះមនុស្សបាប ដូចរូបខ្ញុំនេះជាអាទិ៍។ ព្រះជាម្ចាស់ទ្រង់មានព្រះហឫទ័យមេត្ដាករុណាចំពោះខ្ញុំ ដូច្នេះ ដើម្បីឱ្យព្រះគ្រីស្ដយេស៊ូសម្ដែងព្រះហឫទ័យអត់ធ្មត់គ្រប់ជំពូកដល់ខ្ញុំមុនគេ និងឱ្យខ្ញុំធ្វើជាគំរូដល់អស់អ្នកដែលនឹងជឿលើព្រះ​​អង្គ ហើយទទួលជីវិតអស់កល្បជានិច្ច។ សូមឱ្យព្រះមហាក្សត្រដែលគង់នៅអស់កល្បជានិច្ច ជាព្រះជាម្ចាស់តែមួយព្រះអង្គ មានព្រះជន្មមិនចេះសាបសូន្យ ដែលមនុស្សមើលពុំឃើញ បានប្រកបដោយព្រះកិត្ដិនាម និងសិរីរុងរឿងអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៨៦,៥; លក ១៥,៤; ទន ៥០,១៤

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់! ព្រះអង្គមានព្រះហប្ញទ័យមេត្ដាករុណា និងលើកលែងទោសផង!។
ព្រះអង្គស្វែងរកចៀមដែលវង្វេង​​​​​បាត់! សូមទ្រង់ប្រោសប្រទានឱ្យយើងខ្ញុំមានអំណរ ដោយព្រះអង្គសង្គ្រោះ​យើង​ខ្ញុំ!​។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៥,១-៣២ (ប្រសិនបើអានយ៉ាងខ្លី ១៥,១-១០)

មានអ្នកទារពន្ធ និងមនុសុ្សបាបទាំងអស់នាំគ្នាចូលមកជិតព្រះយេស៊ូ ស្ដាប់​ព្រះបន្ទូលរបស់ព្រះអង្គ។ ពួកខាងគណៈផារីស៊ី និងពួកធម្មាចារ្យរអ៊ូរទាំថា៖«មើល៍! អ្នកនេះរាក់ទាក់នឹងមនុស្សបាប ព្រមទាំងបរិភោគជាមួយគេផង!»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេជាប្រស្នានេះថា៖«ក្នុងចំណោមអ្នករាល់គ្នា ឧប​មា​ថា មានម្នាក់មានចៀមមួយរយក្បាល បើគាត់បាត់ចៀមមួយ គាត់មុខជាទុកចៀម​កៅសិបប្រាំបួនចោលនៅទីវាល ហើយទៅតាមរកចៀមដែលបាត់នោះរហូត​ទាល់់​​តែបានឃើញវិញ។ កាលរកឃើញហើយ គាត់ត្រេក​អរណាស់ គាត់ក៏លើកចៀមដាក់លើកត្រឡប់មកផ្ទះវិញ ហៅមិត្ដភក្ដិ និងអ្នកជិតខាងប្រាប់ថា “សូមជួយអរ​សប្បាយ​​​ជាមួយខ្ញុំផង ដ្បិត​ចៀមរបស់ខ្ញុំដែលបាត់ទៅនោះ ឥឡូវនេះខ្ញុំរក​ឃើញ​​វិញហើយ”។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្រះជាម្ចាស់នៅស្ថានបរមសុខមានអំណរសប្បាយដោយមានមនុស្សបាបតែម្នាក់កែប្រែចិត្ដគំនិត ខ្លាំងជាងព្រះអង្គសប្បាយនឹងមនុស្សសុចរិតកៅសិបប្រាំបួននាក់ ដែលមិនត្រូវការកែប្រែចិត្ដគំនិត។ ម្យ៉ាងទៀតឧបមាថា ស្រ្ដីមា្នក់មានប្រាក់ដប់ដួង ហើយបាត់មួយដួង គាត់មុខ​​ជាអុជចង្កៀង បោសផ្ទះ រកប្រាក់នោះគ្រប់កៀនកោះ រហូតទាល់តែបានឃើញវិញ។ លុះរកឃើញហើយ គាត់ក៏ហៅមិត្ដភក្ដិ និងអ្នកជិតខាងប្រាប់ថា សូមជួយអរ​សប្បា​​យជាមួយខ្ញុំផង ដ្បិតប្រាក់ដួងដែលខ្ញុំបាត់នោះ ឥឡូវនេះ ខ្ញុំរកឃើញ​វិញ​ហើយ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ទេវទូតរបស់ព្រះជាម្ចាស់នឹងមានអំណរសប្បាយជាខ្លាំង ដោយមានមនុស្សបាបតែម្នាក់កែប្រែចិត្ដគំនិត»។

ប្រសិនបើអានយ៉ាងខ្លី សូមអានត្រឹមនេះ
ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖«បុរសម្នាក់មានកូនប្រុសពីរនាក់។ កូន​ពៅនិយាយទៅឪពុកថា៖«លោកឪពុក! សូមចែកកេរមត៌កឱ្យកូនមក»។ ឪពុក​ក៏ចែកមត៌កឱ្យកូនទាំងពីរ។ ប៉ុន្មានថ្ងៃក្រោយមក កូនពៅប្រមូលទ្រព្យសម្បត្ដិ រួច​ចាកចេញទៅស្រុកឆ្ងាយ។ នៅស្រុកនោះ កូនពៅបានខ្ជះខ្ជាយបង្ហិនទ្រព្យ​សម្ប​ត្ដិរបស់ខ្លួនអស់ទៅ។ ពេលចាយវាយទ្រព្យសម្បត្ដិអស់ហើយ ជួនជាកើតទុរ្ភិក្សយ៉ាងខ្លាំងនៅក្នុងស្រុក កូនពៅនោះចាប់ផ្ដើមខ្វះខាត។ គាត់ក៏ទៅស៊ីឈ្នួលអ្នក​ស្រុកម្នាក់ គេប្រើគាត់ឱ្យមើលជ្រូកតាមស្រែចម្ការ។ គាត់ចង់ចម្អែតក្រពះនឹងចំណីដែលគេដាក់ឱ្យជ្រូកស៊ីនោះណាស់ តែគ្មានអ្នកណាឱ្យបរិភោគឡើយ។ ពេល​នោះ កូនពៅភ្ញាក់ខ្លួន ហើយរិះគិតក្នុងចិត្ដថា “អ្នកបម្រើរបស់ឪពុកអញសុទ្ធតែមានម្ហូបអាហារបរិភោគហូរហៀរទាំងអស់គ្នា រីឯនៅទីនេះវិញ អញសឹងតែដាច់​ពោះ​ស្លាប់​។ អញត្រូវតែវិលត្រឡប់ទៅរកឪពុកអញវិញ ហើយជម្រាបគាត់ថា លោកឪពុក! កូនបានប្រព្រឹត្ដអំពើបាបខុសនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ កូនក៏បានប្រព្រឹត្ដអំពើបាបខុសនឹងលោកឪពុកដែរ។ មិនគួរឱ្យលោកឪពុករាប់ខ្ញុំនេះជាកូនទៀតទេ សូមលោកឪពុកចាត់ទុកកូនជាអ្នកបម្រើចុះ”។ លុះគិតដូច្នោះហើយ កូនពៅក៏​វិល​​ត្រឡប់ទៅរកឪពុកវិញ។ កាលឪពុកឃើញកូនពីចម្ងាយ គាត់មានចិត្ដអាណិតអាសូរក្រៃលែង ក៏រត់ទៅទទួលកូន ហើយឱបថើបទៀតផង។ កូនពៅជម្រាប​ឪពុកថា៖«លោកឪពុក! កូនបានប្រព្រឹត្ដអំពើបាបខុសនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ កូនក៏បានប្រព្រឹត្ដអំពើបាបខុសនឹងលោកឪពុកដែរ មិនគួរឱ្យលោកឪពុករាប់ខ្ញុំនេះជាកូនទៀតទេ។ ឪពុកប្រាប់ពួកអ្នកបម្រើថា៖«ចូរទៅយក​ស​ម្លៀ​ក​បំពាក់ល្អៗបំផុតមកពាក់ឱ្យកូនខ្ញុំជាប្រញាប់ ហើយយកចិញ្ចៀន និងស្បែក​ជើង​មកពាក់ឱ្យ ផង។ ចូរយកកូនគោដែលយើងបានបំប៉នទុកមកកាប់ជប់​លៀង​ឱ្យ​​សប្បាយចុះ ដ្បិតកូនខ្ញុំនេះបានស្លាប់ទៅហើយ តែឥឡូវរស់ឡើងវិញ វាវង្វេង​បាត់ តែឥឡូវនេះខ្ញុំរកឃើញវិញហើយ»។ គេនាំគ្នាជប់លៀង​យ៉ាង​សប្បាយ​។ ពេលនោះ កូនច្បងនៅឯចម្ការ។ កាលគាត់ត្រឡប់មកជិតដល់ផ្ទះវិញ ឮ​ស្នូរតូរ្យតន្ដ្រី និងចម្រៀងរបាំ គាត់ហៅអ្នកបម្រើម្នាក់មកសួរថា៖«មានការអ្វីកើតឡើង»។ អ្នកបម្រើឆ្លើយ​ថា៖«ប្អូនលោកត្រឡប់មកវិញហើយ»។ ឪពុករបស់លោកឱ្យគេកាប់កូនគោដែលយើងបំប៉ននោះ ព្រោះកូនពៅរបស់លោកបានត្រឡប់មកវិញដោយសុខសាន្ដ»។ កូនច្បងខឹងណាស់មិនព្រមចូលផ្ទះទេ ឪពុកចេញមកអង្វរឱ្យចូល។ កូនច្បងនិយាយទៅឪពុកថា៖«ខ្ញុំបាននៅបម្រើលោកជាច្រើនឆ្នាំមកហើយ ខ្ញុំមិនដែលធ្វើខុសនឹងបង្គាប់របស់លោកត្រង់ណាឡើយ តែលោកមិនដែលឱ្យកូនពពែដើម្បីឱ្យខ្ញុំកាប់​ជប់លៀងជាមួយមិត្ដភក្ដិទាល់តែសោះ សូម្បីតែមួយក៏មិនដែលផង។ ពេលកូនលោកនេះត្រឡប់មកវិញ លោកបានកាប់កូនគោបំប៉នទទួលវា មើល៍! វានេះបានបំផ្លាញទ្រព្យសម្បតិ្ដលោកទាំងអស់ជាមួយស្រីញី»។ ឪពុកនិយាយទៅកូនថា៖«កូនអើយ! ឯងនៅជាមួយ ឪពុកជានិច្ចរហូតណាកូន អ្វីៗទាំងអស់ដែលជារបស់ឪពុក ក៏ជារបស់កូនដែរ។ យើងត្រូវតែសប្បាយរីករាយ ដ្បិតប្អូនរបស់ឯងដែលបានស្លាប់ទៅ ឥឡូវនេះ វារស់ឡើងវិញហើយ។ វាបានវង្វេងបាត់ តែឥឡូវនេះ យើងរកឃើញវិញហើយ»។

184 Views

Theme: Overlay by Kaira