អាទិត្យទី២៣ រដូវធម្មតា «គ»
ថ្ងៃអាទិត្យ
ពណ៌បៃតង

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្រះប្រាជ្ញាញ្ញាណ ប្រាញ ៩,១៣-១៨

បពិត្រព្រះអម្ចាស់! តើនរណាអាចស្គាល់ព្រះហឫទ័យរបស់ព្រះអង្គបាន? តើនរណាអាចស្មានយល់អំពីបំណងរបស់ព្រះអង្គ? មនុស្សតែងតែស្លាប់ មានគំនិតមិនប្រាកដប្រជាទេ ហើយការរិះគិតរបស់យើងខ្ញុំក៏រមែងប្រែប្រួលជានិច្ច។ រូបកាយរបស់យើងខ្ញុំដែលត្រូវរលួយ ជាបន្ទុកយ៉ាងធ្ងន់សង្កត់លើព្រលឹងរបស់យើងខ្ញុំ។ រូបកាយជាសំបកធ្វើពីដីក៏សង្កត់លើវិញ្ញាណដែលប្រទាញប្រទង់​ដោយ​កង្វល់ផ្សេងៗ។ យើងខ្ញុំពិបាកស្រមៃឃើញពីអ្វីៗនៅលើផែនដី ហើយក៏មិនងាយយល់អំពីអ្វីៗដែលយើងអាចប៉ះពាល់បានប៉ុណ្ណឹងទៅហើយ ចុះចំណង់បើអ្វីៗដែលនៅឯស្ថានបរមសុខវិញ តើនរណាអាចស្វែងយល់បាន? ប្រសិនបើព្រះអង្គមិនបានប្រោសប្រទានព្រះប្រាជ្ញាញាណ ហើយមិនចាត់ព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះ​​​​អង្គពីស្ថានដ៏ខ្ពស់មកទេនោះ គ្មាននរណាអាចស្គាល់បំណងរបស់ព្រះអង្គបានឡើយ។ ដូច្នេះ ព្រះអង្គបានតំរែតម្រង់មនុសុ្សឱ្យរស់នៅដោយទៀងត្រង់នៅលើ​ផែនដី ព្រះអង្គបានបង្រៀនពួកគេអំពីអ្វីៗដែលគាប់ព្រះហឫទ័យព្រះអង្គ ហើយព្រះប្រាជ្ញាញាណក៏សង្រ្គោះគេដែរ។

ទំនុកតម្កើងលេខ ៩០ (៨៩), ១.៣-៦.១២-១៤.១៧ បទពាក្យ ៧

បពិត្រព្រះម្ចាស់ដ៏ប្រសើរព្រះអង្គធ្លាប់ធ្វើជាជម្រក
ពីជំនាន់មុនតរៀងមកឱ្យយើងខ្ញុំជ្រកបានប្រពៃ
ព្រះអង្គធ្វើឱ្យមនុស្សគ្រប់ទីក្លាយជាធូលីដីវិញណា
គឺព្រះអង្គមានបន្ទូលថា៖«អស់ពូជពង្សអដាំវិលវិញ»
ចំពោះព្រះអង្គរយៈពេលមួយពាន់ឆ្នាំក្រែលដូចម្សិលមិញ
ឬដូចជាពេលមួយយប់ពេញកន្លងផុតចេញទៅថ្មីៗ
ព្រះអង្គដកយកជីវិតមនុស្សជីវិតទាំងអស់សព្វអ្វីៗ
គឺប្រៀបបីដូចជាស្មៅខ្ចីមិនពិបាកអីដូចយល់សប្ដិ
នៅពេលព្រឹកព្រាងមានរស្មីស្មៅដុះពីដីហើយត្រឡប់
ជាក្រៀមស្រពោនសែនអភ័ព្វពេលល្ងាចស្ងួតងាប់គ្មានសល់អ្វី
១២សូមណែនាំខ្ញុំឱ្យដឹងថាអាយុសង្ខារខ្ញុំឥឡូវ
កំណត់ប៉ុណ្ណាឱ្យត្រឹមត្រូវដើម្បីជាផ្លូវខ្ញុំរិះគិត
១៣ឱព្រះអម្ចាស់សូមប្រញាប់យាងមកឆាប់ៗប្រាប់ការពិត
កុំនៅបង្អង់សូមអាណិតអាសូរដល់ចិត្ដអ្នកបម្រើ
១៤សូមសម្ដែងហឫទ័យមេត្ដាដោយក្ដីករុណាដ៏ប្រសើរ
ចំពោះខ្ញុំជាអ្នកបម្រើខ្ញុំមានអំណរគ្រប់វេលា
១៧ឱព្រះម្ចាស់អើយសូមសម្ដែងសេចក្ដីស្រឡាញ់មកខ្ញុំផង
សូមជួយពង្រឹងការទាំងពួងខ្ញុំឱ្យខ្ជាប់ខ្ជួនរៀងរហូត

អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនលោកភីលេមូ៉ន ភល ៩-១០.១២-១៧

បងប្អូនជាទីស្រឡាញ់!
ខ្ញុំប៉ូល ដែលកាន់តែចាស់ ហើយឥឡូវនេះក៏ជាប់ឃុំឃាំងព្រោះតែព្រះគ្រីស្ដយេស៊ូថែមទៀត ខ្ញុំសូមអង្វរលោកប្អូនឱ្យកូនរបស់ខ្ញុំ គឺអូនេស៊ីមដែលខ្ញុំបានបង្កើតនៅពេលជាប់ឃុំឃាំង។ ខ្ញុំសូមចាត់គាត់ដែលប្រៀបបីដូចជាថ្លើមប្រមាត់របស់ខ្ញុំ ឱ្យវិលមករកលោកប្អូនវិញ។ ខ្ញុំមានបំណងចង់ទុកគាត់ឱ្យនៅជាមួយខ្ញុំដែរ ដើម្បីឱ្យនៅបម្រើខ្ញុំជំនួសលោកប្អូន ក្នុងពេលខ្ញុំជាប់ឃុំឃាំងព្រោះតែដំណឹងល្អនេះ ក៏ប៉ុន្ដែ ខ្ញុំមិនចង់ធ្វើអ្វីដោយគ្មានការយល់ព្រម​ពីលោកប្អូនឡើយ ដើម្បីកុំឱ្យលោកប្អូនធ្វើអំពើល្អទាំងទើសទាំងទ័ល គឺធ្វើដោយ​ស្ម័គ្រចិត្ដវិញ។ អូនេស៊ីមត្រូវតែឃ្លាតឆ្ងាយពីលោកប្អូនមួយរយៈមែន ដើម្បីឱ្យលោកប្អូនបានទទួលគាត់វិញអស់កល្បជានិច្ច មិនមែនក្នុងឋានៈជាខ្ញុំបម្រើទៀតទេ គឺក្នុងឋានៈជាប្អូនដ៏ជាទីស្រឡាញ់ ដូច្នេះ ប្រសើរជាងខ្ញុំបម្រើទៅទៀត។ គាត់ជាប្អូនដ៏ជាទីស្រឡាញ់យ៉ាងខ្លាំងរបស់ខ្ញុំ ហើយចំពោះលោកប្អូន គាត់ក៏រឹតតែជាទីស្រឡាញ់ថែមទៀត ទាំងខាងលោកីយ៍ ទាំងខាងព្រះអម្ចាស់។ ដូច្នេះ ប្រសិនបើលោកប្អូនរាប់ខ្ញុំទុកជាបងរួមជំនឿមែន សូមទទួលគាត់ឱ្យបានដូចទទួលខ្ញុំផ្ទាល់ដែរ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១១៩,១៣៥

អាលេលូយ៉ា! អាលេលូយ៉ា!
ឱព្រះអម្ចាស់អើយ! សូមសម្ដែងព្រះហឫទ័យមេត្ដាមកយើងខ្ញុំផង! សូមបង្រៀនយើងខ្ញុំឱ្យស្គាល់ក្រឹត្យវិន័យរបស់ព្រះអង្គ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៤,២៥-៣៣

មានមហាជនជាច្រើនធ្វើដំណើរជាមួយព្រះយេស៊ូ។ ព្រះអង្គបែរព្រះភក្រ្ដទៅរកគេ ហើយមានព្រះបន្ទូលថា៖«បើអ្នកណាចង់មកតាមខ្ញុំ តែមិនស្រឡាញ់ខ្ញុំ ខ្លាំងជាងឪពុកម្ដាយ ប្រពន្ធកូន បងប្អូនប្រុសស្រី និងជីវិតខ្លួនទេ អ្នកនោះពុំអាចធ្វើជាសាវ័ករបស់ខ្ញុំបានឡើយ។ អ្នក​ណាមិនលីឈើឆ្កាងរបស់ខ្លួនមកតាមខ្ញុំទេ អ្នកនោះក៏ពុំអាចធ្វើជាសាវ័ករបស់ខ្ញុំបានដែរ។ ក្នុងចំណោមអ្នករាល់គ្នា ប្រសិនបើនរណាម្នាក់ចង់សង់ផ្ទះថ្មធំមួយ អ្នកនោះត្រូវអង្គុយគិតគូរមើលថ្លៃសង់ជាមុនសិន ដើម្បីឱ្យដឹងថា តើខ្លួនមានប្រាក់ល្មមនឹងបង្ហើយសំណង់ ឬយ៉ាណា ក្រែងលោចាក់គ្រឹះហើយ តែមិនអាចបង្ហើយបាន មនុស្សម្នាឃើញ មុខជាសើចចំអកឱ្យមិនខាន។ គេនឹងពោលថា “មើល! បុរសនេះសង់ផ្ទះ តែមិនអាចបង្ហើយ បានទេ!”។
ម្យ៉ាងទៀត ប្រសិនបើមានស្ដេចមួយអង្គចេញទៅធ្វើសឹកសង្គ្រាមតទល់នឹងស្ដេចមួយអង្គទៀត ទ្រង់ត្រូវគង់គិតគូរជាមុនសិនថា បើទ្រង់មានទ័ពមួយម៉ឺននាក់ តើទ្រង់អាចតទល់នឹងបច្ចាមិត្ដដែលមានគ្នាពីរម៉ឺននាក់បានឬយ៉ាងណា បើឃើញថា មិនអាចតទល់បានទេនោះ ទ្រង់នឹងចាត់រាជទូតឱ្យទៅសុំចរចារកសន្ដិភាព ក្នុងពេលដែលស្ដេចមួយអង្គទៀតនៅឆ្ងាយនៅឡើ់យ។ ដូច្នេះ ក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាមិនលះបង់អ្វីៗទាំងអស់ដែលខ្លួនមានទេ អ្នកនោះមិនអាចធ្វើជាសាវ័ករបស់ខ្ញុំបានឡើយ»។

207 Views

Theme: Overlay by Kaira