ថ្ងៃសៅរ៍ អាទិត្យទី២២
រដូវធម្មតា ឆ្នាំ«គូ»
ពណ៌បៃតង
ថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០២៦
សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ១ករ ៤,៦-១៥
បងប្អូនជាទីស្រឡាញ់!
បើតាមខ្ញុំយល់ឃើញ ព្រះជាម្ចាស់ដាក់យើងជាសាសនទូតនៅកន្លែងទាបជាងគេ គឺនៅទីសាធារណៈ ឱ្យគ្រប់ៗគ្នាឃើញទាំងទេវទូត ទាំងមនុស្សលោក ទុកដូចជាអ្នកដែលត្រូវគេដាក់ទោសប្រហារជីវិតរួចហើយ។ យើងជាមនុស្សលេលាព្រោះតែព្រះគ្រីស្ដ រីឯបងប្អូនវិញ បងប្អូនជាអ្នកចេះដឹង ដោយរួមជាមួយព្រះគ្រីស្ដ យើងទន់ខ្សោយ តែបងប្អូនមានកម្លាំង បងប្អូនមានសិរីរុងរឿង តែយើងត្រូវគេមើលងាយ។ សូម្បីតែនៅពេលនេះក្ដីក៏យើងនៅតែឃ្លាន នៅតែស្រេក នៅតែខ្វះសម្លៀកបំពាក់ មានគេវាយ ហើយរស់នៅអនាថា។ យើងធើ្វការចិញ្ចឹមជីវិតយ៉ាងនឿយហត់ ដោយកម្លាំងខ្លួនឯងផ្ទាល់។ គេជេរយើង តែយើងឱ្យពរគេវិញ គេបៀតបៀនតែយើងស៊ូទ្រាំ គេនិយាយមួលបង្កាច់យើង តែយើងនិយាយសម្រាលទុក្ខគេ។ មកទល់ពេលនេះ យើងប្រៀបបីដូចជាសំរាមរបស់លោកីយ៍ និងជាមនុស្សគ្មានគេរាប់រក។ ខ្ញុំសរសេរសេចក្ដីនេះមកជូនបងប្អូន មិនមែនក្នុងគោលបំណងចង់ឱ្យបងប្អូនអៀនខ្មាសទេ គឺចង់ទូន្មានបងប្អូនដូចទូន្មានកូនជាទីស្រឡាញ់របស់ខ្ញុំដែរ។ ទោះបីបងប្អូនមានគ្រូអាចារ្យមួយម៉ឺននាក់ណែនាំតាមមាគ៌ាព្រះគ្រីស្ដក៏ដោយ ក៏បងប្អូនគ្មានឪពុកច្រើនដែរ គឺមានតែខ្ញុំហ្នឹងហើយដែលបានបង្កើតបងប្អូនមកឱ្យរួមរស់ជាមួយព្រះយេស៊ូគ្រីស្ដ ដោយបាននាំដំណឹងល្អមកជូនបងប្អូន។
ទំនុកតម្កើងលេខ ១៤៥ (១៤៤) ,១០.១៧-២១ បទកាកគតិ
| ១០ | បពិត្រព្រះម្ចាស់ | សត្វលោកទាំងអស់ | មានច្រើនពេកក្រៃ |
| នាំគ្នាតម្កើង | រុងរឿងសិរី | រាស្រ្ដទាំងប្រុសស្រី |
| | ក៏ថ្កើងទ្រង់ដែរ | ។ |
| ១៧ | ព្រះជាអម្ចាស់ | ធើ្វសព្វទាំងអស់ | នូវរាល់កិច្ចការ |
| ដោយព្រះហប្ញទ័យ | សុចរិតថ្លៃថ្លា | សន្ដោសករុណា |
| | ទ្រង់បានប្រព្រឹត្ត | ។ |
| ១៨ | ព្រះអង្គម្ចាស់គង់ | នៅជិតអែបអង្គ | កៀកកើយនែបនិត្យ |
| នឹងអ្នកអង្វរ | ដោយសុទ្ធចិត្ត | រកព្រះអង្គពិត |
| | មិនយាងទៅណា | ។ |
| ១៩ | ទ្រង់បានសម្រេច | តាមបំណងកិច្ច | ដែលគេប្រាថ្នា |
| របស់អស់អ្នក | កោតខ្លាចចេស្ដា | ព្រះអង្គស្ទុះស្ទា |
| | ហើយសង្គ្រោះគេ | ។ |
| ២០ | អ្នកដែលស្រឡាញ់ | ព្រះម្ចាស់ពោរពេញ | ឥតក្រឡះប្រែ |
| ទ្រង់នឹងគ្រប់គ្រង | ការពារថ្នមថែ | ហើយទ្រង់តែងតែ |
| | បំផ្លាញមនុស្សខូច | ។ |
| ២១ | ខ្ញុំសូមថ្លែងឡើង | សរសើរតម្កើង | គ្មានចិត្តលាក់លួច |
| តម្កើងព្រះម្ចាស់ | សត្វលោកធំតូច | ទាំងអស់ជួយលើក |
| | ព្រះនាមព្រះអង្គ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១៤,៦.៩
អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់! ព្រអង្គពិតជាផ្លូវ ជាសេចក្ដីពិត និងជាជីវិត។ អ្នកដែលជឿលើព្រះអង្គបានស្គាល់ព្រះបិតាហើយ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៦,១-៥
មានថ្ងៃមួយ ជាថ្ងៃសប្ប័ទ ព្រះយេស៊ូយាងកាត់វាលស្រែ។ សាវ័ករបស់ព្រះអង្គនាំគ្នាបូតកួរស្រូវមកឈ្លីបរិភោគ។ មានពួកខាងគណៈផារីស៊ីខ្លះ និយាយទៅសាវ័កទាំងនោះថា៖«ហេតុអ្វីបានជាអ្នករាល់គ្នាធើ្វការ ដែលបញ្ញត្តិហាមមិនឱ្យធើ្វនៅថ្ងៃសីលដូច្នេះ?»។ ព្រះយេស៊ូតបទៅគេវិញថា៖ «ក្នុងគម្ពីរមានអត្ថបទមួយ ស្ដីអំពីកាលដែលព្រះបាទដាវីឌ និងបរិពារបានប្រព្រឹត្តនៅពេលឃ្លាន គឺស្ដេចយាងចូលទៅក្នុងដំណាក់របស់ព្រះជាម្ចាស់ យកនំប័ុងដែលគេតាំងថ្វាយព្រះជាម្ចាស់មកសោយ ព្រមទាំងចែកឱ្យពួកបរិពារបរិភោគទៀតផង។ តាមធម្មវិន័យ មានតែពួកបូជាចារ្យប៉ុណ្ណោះដែលមានសិទ្ធិបរិភោគនំប័ុងនោះបាន។ តើអ្នករាល់គ្នាធ្លាប់អានអត្ថបទនោះឬទេ?»។ ព្រះអង្គមានព្រះបន្ទូលទៅគេទៀតថា៖ “បុត្រមនុស្សជាម្ចាស់លើថ្ងៃសប្ប័ទ»។
601 Views
Post Views:
604