ថ្ងៃសុក្រ អាទិត្យទី២១
រដូវធម្មតា ឆ្នាំ«គូ»
ពណ៌ស
ថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦
បុណ្យរម្លឹក
សន្តអូគូស្តាំង ជាអភិបាល
និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
សូមចុចទីនេះ
លោកអូគូស្តាំង (៣៥៤-៤៣០) ជាសាស្ត្រាចារ្យជាតិរ៉ូម៉ាំងម្នាក់ដែលរស់នៅអាហ្វ្រិក។ លោកមានកិរិយាមារយាទខិលខូច។ សន្តីមូនិក ជាម្តាយ តែងតែអង្វរព្រះជាម្ចាស់ទាំងទឹកភ្នែកជាយូរឆ្នាំសូមឱ្យកូនប្រែចិត្តគំនិត។ ក្រោយពេលលោកប្រែចិត្តគំនិតហើយ លោកស្រឡាញ់ព្រះជាម្ចាស់យ៉ាងខ្លាំង។ សន្តអំប្រ័សជាអភិបាលព្រះសហគមន៍ក្រុងមីឡង់ (ប្រទេសអ៊ីតាលី) ធ្វើអគ្គសញ្ញាជ្រមុជទឹកជួនលោក។ ក្រោយមក លោកទទួលមុខងារជាអភិបាលព្រះសហគមន៍នៅក្រុងអីប៉ូន (ក្រុងអាណាបា នៅប្រទេសស៊េរីសព្វថ្ងៃ)។ លោកយកចិត្តទុកដាក់ជួយការពារលទ្ធិជំនឿដ៏ពិតប្រាកដពីគ្រីស្តបរិស័ទដែលផ្សព្វផ្សាយលទ្ធិក្លែងក្លាយ។ លោកនិពន្ធសៀវភៅជាច្រើន ជាពិសេសសេចក្តីអត្ថាធិប្បាយគម្ពីរ។ ក្នុងសៀវភៅមួយមានចំណងជើងថា “ការប្រកាសធម៌មេត្តាករុណា” លោករ៉ាយរ៉ាប់ប្រវត្តិរបស់ខ្លួនក្នុងគោលបំណង លើកតម្កើងព្រះជាម្ចាស់ដែលបានណែនាំគាត់តាំងពីតូចមក។ ក្នុងសៀវភៅមួយទៀតដែលមានចំណងជើងថា “ទីក្រុងរបស់ព្រះជាម្ចាស់” លោករិះគិតពិចារណាអំពីប្រវត្តិសាស្ត្រមនុស្សលោក ទាំងបញ្ជាក់មុខងារព្រះសហគមន៍ក្នងប្រវត្តិសាស្ត្រនេះ។ លោកសរសេរជាសេចក្តីសង្ខេបនៃពាក្យទូន្មានរបស់លោកដូចតទៅ៖ “ឱ្យតែអ្នកមានចិត្តស្រឡាញ់ អ្វីៗក៏អ្នកធ្វើបានតាមចិត្ត”។ សន្តអូគូស្តាំងមានឥទ្ធិពលយ៉ាងខ្លាំងក្នុងព្រះសហគមន៍។
សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ១ករ ១,១៧-២៥
បងប្អូនជាទីស្រឡាញ់!
ព្រះគ្រីស្ដពុំបានចាត់ខ្ញុំឱ្យមកធើ្វពិធីជ្រមុជទឹកទេ គឺទ្រង់ចាត់ខ្ញុំឱ្យប្រកាសដំណឹងល្អវិញ។ ប៉ុន្ដែ ខ្ញុំប្រកាសដំណឹងល្អមិនមែនដោយប្រើពាក្យពេចន៍តាមប្រាជ្ញាក្រែងធ្វើឱ្យការសោយទិវង្គតរបស់ព្រះគ្រីស្ដនៅលើឈើឆ្កាងទៅជាអសារឥតការនោះឡើយ។ អ្នកដែលត្រូវវិនាសអន្ដរាយ ចាត់ទុកដំណឹងអំពីព្រះគ្រីស្ដសោយទិវង្គតនៅលើឈើឆ្កាងថាជារឿងលេលា រីឯយើងដែលកំពុងតែទទួការសង្រ្គោះវិញ យើងជឿថា ដំណឹងនេះជាប្ញទ្ធានុភាពរបស់ព្រះជាម្ចាស់ ដ្បិតមានចែងទុកមកថា យើងនឹងរំលាយប្រាជ្ញារបស់ពួកអ្នកប្រាជ្ញ ហើយធើ្វឱ្យតម្រិះរបស់ពួកអ្នកចេះដឹងរលាយសាបសូន្យដែរ។ ដូច្នេះ អ្នកប្រាជ្ញ ធម្មាចារ្យ និងអ្នករិះគិតវែកញែកតាមសម័យនេះធើ្វអ្វីកើត បើព្រះជាម្ចាស់បានធើ្វឱ្យប្រាជ្ញារបស់លោកីយ៍នេះទៅជាលេលាវិញនោះ!។ ដោយប្រាជ្ញារបស់ខ្លួន មនុស្សលោកពុំបានស្គាល់ព្រះជាម្ចាស់តាមអ្វីៗដែលព្រះប្រាជ្ញាញាណរបស់ព្រះអង្គបានបង្កើតនោះទេ ហេតុនេះហើយបានជាព្រះជាម្ចាស់សព្វព្រះហប្ញទ័យសង្គ្រោះអស់អ្នកជឿ ដោយពាក្យប្រកាសដ៏លេលានោះ។ ជនជាតិយូដាសុំមើលទីសម្គាល់ដ៏អស្ចារ្យ ឯជនជាតិក្រិករកភស្ដុតាងតាមប្រាជ្ញា រីឯយើងវិញ យើងប្រកាសអំពីព្រះគ្រីស្ដដែលសោយទិវង្គតនៅលើឈើឆ្កាង។ ជនជាតិយូដាយល់ឃើញថា ពាក្យប្រកាសនេះរារំាងគេមិនឱ្យជឿ ហើយជនជាតិដ៏ទៃយល់ឃើញថា ជារឿលេលា។ ចំពោះអស់អ្នកដែលព្រះជាម្ចាស់ត្រាស់ហៅវិញ ទំាងជនជាតិយូដា ទំាងជនជាតិក្រិក ពាក្យប្រកាសនេះជាព្រះគ្រីស្ដ ជាប្ញទ្ធានុភាព និងជាព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់។ អ្វីៗដែលមនុស្សលោកយល់ថា ជាគំនិតលេលារបស់ព្រះជាម្ចាស់នោះ ប្រសើរលើសប្រាជ្ញារបស់មនុស្សទៅទៀត ហើយអ្វីៗដែលមនុស្សលោកយល់ថា ជាភាពទន់ខ្សោយរបស់ព្រះជាម្ចាសនោះ ក៏ប្រសើរលើសកម្លំាងរបស់មនុស្សដែរ។
ទំនុកតម្កើងលេខ ៣៣ (៣២ ),១-២.៤-៥.១០-១១ បទព្រហ្មគីតិ
| ១ | មនុស្សដែលសុចរិត | អបអរពិតលើកតម្កើង | |
| មានតែមនុស្សទៀងត្រង់ | ដែលចិត្តចង់កោតសរសើរ | ។ |
| ២ | ដេញពិណលើកតម្កើង | ព្រះនៃយើងគ្មានអ្វីស្មើ | |
| លេងចាប៉ីបណ្ដើរ | ដេញបង្ហើរខ្សែដប់ថ្វាយ | ។ |
| ៤ | ដ្បិតព្រះជាអម្ចាស់ | បន្ទូលច្បាស់ពិតទៀងត្រង់ | |
| ព្រះអង្គតែងផ្ចិតផ្ចង់ | ហើយតម្រង់តាមសន្យា | ។ |
| ៥ | ព្រះអង្គសព្វព្រះទ័យ | នឹងសេចក្ដីពិតសត្យា | |
| សុចរិតគ្រប់ប្រការ | ហើយរក្សាយុត្តិធម៌ | ។ |
| ផែនដីទំាងមូលថ្លែង | ខំសម្ដែងដោយអំណរ | |
| ពីហប្ញទ័យបវរ | ករុណាល្អព្រះជាម្ចាស់ | ។ |
| ១០ | ទ្រង់បំបែកផែនការ | នៃប្រជាអសប្បុរស | |
| គម្រោងការរបស់ | ជនទំាងនោះត្រូវរលាយ | ។ |
| ១១ | ឯផែនការព្រះអង្គ | ស្ថិតនៅគង់មិនអន្ដរាយ | |
| គម្រោងការទំាឡាយ | មិនរលាយនៅស្ថិតស្ថេរ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ២១,៣៦
អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកដែលប្រុងស្មារតីអធិដ្ឋានគ្រប់ពេលវេលា ពិតជាមានសុភមង្គល! ដ្បិតគេអាចឈរនៅមុខបុត្រមនុស្ស។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ២៥,១-១៣
នៅគ្រានោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័ក អំពីពេលព្រះអង្គយាងមកវិញ។ ព្រះអង្គមានព្រះបន្ទូលជាប្រស្នាថា៖«ព្រះរាជ្យនៃស្ថានបរមសុខ បៀបបានទៅនឹងស្រ្ដីក្រមុំដប់នាក់ដែលយកចង្កៀងចេញទៅទទួលស្វាមី។ ក្នុងចំណោមពួកនាងមានប្រាំនាក់ជាស្រ្ដីឥតគំនិត ប្រាំនាក់ទៀតជាស្រី្ដឈ្លាសវៃ។ ស្រី្តឥតគំនិតយកចង្កៀងទៅ តែមិនយកប្រេងទៅបង្ការជាមួយទេ។ រីឯស្ដ្រីឈ្លាសវៃវិញ នាងបានយកចង្កៀងទៅ មានទំាងប្រេងបង្ការផង។ ដោយស្វាមីក្រមកដល់ នាងទំាងដប់នាក់ងោកងុយពេក ក៏ដេកលក់ទំាងអស់គ្នា។ លុះដល់ពាក់កណ្ដាលអាធ្រាត្រ មានគេស្រែឡើងថា ស្វាមីមកដល់ហើយ! ចូរនំាគ្នារត់ទៅទទួលលោក!»។ ស្រ្ដីក្រមុំទំាងនោះក៏ក្រោកឡើងរៀបចំអុជចង្កៀង ស្រ្ដីឥតគំនិតនិយាយទៅកាន់ស្រ្ដីឈ្លាសវៃថា “សុំចែកប្រេងឱ្យយើងខ្លះផង ព្រោះចង្កៀងយើងចង់រលត់ហើយ»។ ស្រ្ដីឈ្លាសវៃឆ្លើយទៅវិញថា៖«ទេ! មិនបានទេ! បើយើងចែកឱ្យពួកនាង ក្រែងមិនគ្រាន់សម្រាប់យើងផង សម្រាប់ពួកនាងផង។ ចូរនំាគ្នាទៅទិញនៅផ្ទះលក់ប្រេងទៅ!»។ នៅពេលដែលស្រ្ដីឥតគំនិតទំាងប្រាំចេញទៅរកទិញប្រេងផុតទៅ ស្រាប់តែស្វាមីមកដល់ ឯស្រី្ដប្រាំនាក់ដែលត្រៀមខ្លួនជាស្រេច នំាគ្នាចូលទៅក្នុងរោងការជាមួយលោក ហើយគេបិទទ្វារជិត។ ក្រោយមក ស្រ្ដីប្រាំនាក់ទៀតមកដល់ ហើយស្រែកហៅថា៖ «លោកម្ចាស់! លោកម្ចាស់! សូមបើកទ្វារឱ្យយើងខ្ញុំចូលផង!»។ ស្វាមីឆ្លើយទៅវិញថា៖«ខ្ញុំសុំប្រាប់ឱ្យនាងទំាងអស់គ្នាដឹងច្បាស់ថា ខ្ញុំមិនស្គាល់ពួកនាងទេ!” ដូច្នេះ ចូរអ្នករាល់គ្នាប្រុងស្មារតី ដ្បិតអ្នករាល់គ្នាពុំដឹងថា បុត្រមនុស្សនឹងមកដល់ថ្ងៃណា ពេលណាឡើយ»។
791 Views
Post Views:
798