ថ្ងៃព្រហស្បតិ៍ អាទិត្យទី២១
រដូវធម្មតា ឆ្នាំ«គូ»
ពណ៌ស
ថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦
បុណ្យរម្លឹក
សន្តីម៉ូនិក
សូមចុចទីនេះ
អ្នកស្រីម៉ូនិក (៣៣២-៣៨៧) ជាគ្រីស្តបរស័ទជាតិរ៉ូម៉ាំងម្នាក់នៅក្នុងទ្វីបអាហ្វ្រិក។ នាងស៊ូទ្រាំយូរឆ្នាំ ទាំងអង្វរព្រះជាម្ចាស់ ទើបទាំងស្វាមីនាង ទាំងលោកអូគូស្តាំងជាកូននាង សុខចិត្តប្រែចរិយាខិលខូចចោល ហើយទទួលស្គាល់ព្រះយេស៊ូ។ សន្ត អំប្រាស ជាអភិបាលនៅព្រះសហគមន៍នៅក្រុងមីឡង់ជម្រាបសន្តីម៉ូនិកថា៖ “ដោយអ្នកបានហូរទឹកភ្នែកច្រើនយ៉ាងនេះ កូនមិនត្រូវវិនាសអន្តរាយឡើយ!”។ អ្នកស្រីម៉ូនិកទទួលមរណភាពនៅក្រុងអូស្ទីយ៉ាសោយ មានសន្តអូគូស្តាំងជួយលួងលោម។
សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ១ករ ១,១-៩
ខ្ញុំប៉ូល ជាអ្នកដែលព្រះជាម្ចាស់សព្វព្រះហប្ញទ័យត្រាស់ហៅឱ្យធើ្វជាទូតរបស់ព្រះគ្រីស្ដយេស៊ូ ខ្ញុំ និងបងសូស្ដែន សូមជម្រាបមកព្រះសហគមន៍របស់ព្រះជាម្ចាស់នៅក្រុងកូរិនថូស គឺជម្រាបមកដល់អស់អ្នកដែលព្រះជាម្ចាស់បានប្រោសឱ្យបានវិសុទ្ធក្នុងអង្គព្រះគ្រីស្ដយេស៊ូ។ ព្រះអង្គត្រាស់ហៅបងប្អូនឱ្យទៅជាជនដ៏វិសុទ្ធរួមជាមួយអស់អ្នកនៅគ្រប់ទីកន្លែង ដែលអង្វរព្រះនាមព្រះយេស៊ូគ្រីស្ដជាព្រះអង្គម្ចាស់របស់យើង។ ព្រះយេស៊ូគ្រីស្ដជាព្រះអម្ចាស់របស់គេ ហើយក៏ជាព្រះអម្ចាស់របស់យើងដែរ។ សូមព្រះជាម្ចាស់ជាព្រះបិតារបស់យើង និងព្រះអម្ចាស់យេស៊ូគ្រីស្ដប្រណីសន្ដោស និងប្រទានសេចក្ដីសុខសាន្ដដល់បងប្អូន!។ ខ្ញុំតែងតែអរព្រះគុណព្រះជាម្ចាស់ព្រោះតែបងប្អូនជានិច្ច គឺព្រះអង្គបានប្រណីសន្ដោសដល់បងប្អូន ដោយបងប្អូនរួមជាមួយព្រះគ្រីស្ដយេស៊ូ។ ដោយរួមជាមួយព្រះអង្គ បងប្អូនបានបរិបូណ៌សព្វគ្រប់ទំាងអស់ ទំាងខាងព្រះបន្ទូល ទំាងខាងការស្គាល់ព្រះអង្គ។ បងប្អូនផ្ដល់សក្ខីភាពចំពោះព្រះគ្រីស្ដយ៉ាងខ្ជាប់ខ្ជួន។ ហេតុនេះ នៅពេលដែលបងប្អូនកំពុងរង់ចំាព្រះយេស៊ូគ្រីស្ដជាព្រះអម្ចាស់របស់យើងសម្ដែងព្រះអង្គយ៉ាងរុងរឿងនោះ បងប្អូនមិនខ្វះព្រះអំណោយទានអ្វីឡើយ។ ព្រះអង្គនឹងធើ្វឱ្យបងប្អូនបានរឹងប៉ឹងខ្ជាប់ខ្ជួនរហូតដល់ទីបំផុត ឥតមានទោសពែរ៍អ្វីនៅថ្ងៃដែលព្រះយេស៊ូគ្រីស្ដជាព្រះអម្ចាស់នៃយើងយាងមកដល់។ ព្រះជាម្ចាស់មានព្រះហប្ញទ័យស្មោះត្រង់ ព្រះអង្គបានត្រាស់ហៅបងប្អូនឱ្យរួមរស់ជាមួយព្រះបុត្រារបស់ព្រះអង្គ គឺព្រះយេស៊ូគ្រីស្ដជាព្រះអម្ចាស់នៃយើង។
ទំនុកតម្កើងលេខ ១៤៥ (១៤៤),២-៧ បទកាកគតិ
| ២ | ខ្ញុំសូមតម្កើង | ព្រះអង្គខ្ពស់ឡើង | តទៅរៀងរៀប |
| ខ្ញុំសូមសរសើរ | ព្រះនាមល្អគាប់ | អស់កល្បដរាប |
| | រហូតតទៅ | ។ |
| ៣ | ព្រះម្ចាស់ឧត្តម | ប្រសើរសក្ដិសម | ខ្ពង់ខ្ពស់ពេកកូវ |
| យើងលើតម្កើង | ព្រះនាមជាផ្លូវ | ពេលនេះតទៅ |
| | រកអ្វីផ្ទឹមគ្មាន | ។ |
| ៤ | សូមឱ្យមនុស្ស | ទំាងស្រីទំាងប្រុស | នៅគ្រប់ជំនាន់ |
| លើកតម្កើងស្នា | ព្រះហស្ដព្រះអង្គ | ការអស្ចារ្យផង |
| | ដែលទ្រង់ប្រព្រឹត្ត | ។ |
| ៥ | ខ្ញុំរាប់ខ្ញុំរៀប | ពីអានុភាព | បារមីមានប្ញទ្ធិ |
| សិរីរុងរឿង | ព្រះអង្គមានពិត | ខ្ញុំសញ្ជឹងគិត |
| | គ្រប់ស្នាព្រះហស្ដ | ។ |
| ៦ | គេនឹងថ្លាថ្លែង | អានុភាពស្ញប់ស្ញែង | បារមីខ្ពង់ខ្ពស់ |
| ខ្ញុំក៏ថ្លាថ្លែង | កិច្ចការទំាងអស់ | ជាស្នាព្រះហស្ដ |
| | ទ្រង់ធើ្វហូរហែរ | ។ |
| ៧ | គេនឹងរំឭក | ទំាងថ្ងៃយប់ព្រឹក | តទៅឥតប្រែ |
| ព្រមទំាងប្រកាស | ក្ដីសប្បុរសដែរ | សុចរិតឥតល្ហែ |
| | របស់ព្រះអង្គ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ២៤,៤២
អាលេលូយ៉ា! អាលេលូយ៉ា!
ចូរប្រុងស្មារតីឱ្យមែនទែន! ដ្បិតអ្នករាល់គ្នាពុំដឹងថា បុត្រមនុស្សនឹងយាងមកដល់ពេលណាឡើយ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ២៤,៤២-៥១
ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កអំពីពេលព្រះអង្គយាងមកវិញដូចតទៅ៖“ចូរប្រុងស្មារតីឱ្យមែនទែន ដ្បិតអ្នករាល់គ្នាពុំដឹងថា ព្រះអម្ចាស់របស់អ្នករាល់គ្នានឹងយាងមកដល់ នៅពេលណាឡើយ។ អ្នករាល់គ្នាដឹងហើយថា បើម្ចាស់ផ្ទះដឹងថា ចោរចូលមកប្លន់ថ្មើរណានោះ គាត់មុខជាប្រុងស្មារតីពុំខាន មិនបណ្ដោយឱ្យចោរចូលមកប្លន់ផ្ទះគាត់បានឡើយ។ ដូច្នេះ អ្នករាល់គ្នាត្រូវត្រៀមខ្លួនជានិច្ច ដ្បិតបុត្រមនុស្សនឹងយាងមកដល់នៅវេលាដែលអ្នករាល់គ្នាពុំបានគិត។ បើអ្នកបម្រើណាមានចិត្តស្មោះត្រង់ហើយឈ្លាសវៃ ម្ចាស់មុខជាផ្ទុកផ្ដាក់ឱ្យអ្នកបម្រើនោះមើលខុសត្រូវលើអ្នកបម្រើឯទៀតៗក្នុងការចែកម្ហូបអាហារឱ្យគេតាមពេលកំណត់ជាពុំខាន។ ពេលម្ចាស់ត្រលប់មកដល់ផ្ទះវិញ ឃើញអ្នកបម្រើកំពុងបំពេញកិច្ចការរបស់ខ្លួនដូច្នេះ អ្នកម្រើនោះប្រាកដជាមានសុភមង្គលហើយ!។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងថា ម្ចាស់មុខជាផ្ទុកផ្ដាក់ឱ្យគាត់មើលខុសត្រូវលើទ្រព្យសម្បត្តិទំាងប៉ុន្មានរបស់លោកថែមទៀតផង។ ផ្ទុយទៅវិញ បើអ្នកបម្រើនោះមានចិត្តអាក្រក់ ហើយគិតថា៖«ម្ចាស់អញក្រមកដល់ណាស់ គាត់វាយអ្នកបម្រើឯទៀតៗ ព្រមទំាងទៅស៊ីផឹកជាមួយអ្នកប្រមឹក។ ពេលម្ចាស់វិលត្រឡប់មកផ្ទះវិញ នៅថ្ងៃដែលអ្នកបម្រើនោះមិនបានរង់ចំា ឬនៅពេលដែលគាត់មិនដឹង លោកនឹងធើ្វទោសគាត់ជាទម្ងន់ ហើយឱ្យគាត់ទទួលទោសរួមជាមួយពួកមានពុតត្បុតដែរ គឺឱ្យទៅនៅកន្លែងយំសោកខឹងសង្កៀតធ្មេញ»។
853 Views
Post Views:
856