ថ្ងៃពុធ អាទិត្យទី២១
រដូវធម្មតា ឆ្នាំ«គូ»
ពណ៌បៃតង
ថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦
សូមថ្លែងលិខិតទី២ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងថេសាឡូនិក ២ថស ៣,៦-១០.១៦-១៨
បងប្អូនអើយ! យើងសូមរម្លឹកដាស់តឿនបងប្អូនក្នុងព្រះនាមព្រះយេស៊ូគ្រីស្ដជាអម្ចាស់នៃយើងថា ចូរចៀសចេញឱ្យឆ្ងាយពីបងប្អូនណា ដែលរស់នៅដោយឥតសណ្ដាប់ធ្នាប់ ផ្ទុយនឹងរបៀបដែលយើងបានទទួលយកមកបង្រៀនបងប្អូន។ បងប្អូនជ្រាបស្រាប់ហើយថា ត្រូវយកតម្រាប់តាមយើងបែបណា ដ្បិតយើងពុំបានរស់នៅក្នុងចំណោមបងប្អូនដោយឥតសណ្ដាប់ធ្នាប់នោះឡើយ យើងពុំបានទទួលទានម្ហូបអាហាររបស់នរណាម្នាក់ដោយឥតបង់ប្រាក់ទេ។ យើងខំធើ្វការហត់នឿយទំាងយប់ ទំាងថ្ងៃ កុំឱ្យនរណាម្នាក់ពិបាកនឹងផ្គត់ផ្គង់យើង។ ត្រង់នេះ មិនមែនមានន័យថា យើងគ្មានសិទ្ធិនឹងឱ្យគេផ្គត់ផ្គង់នោះឡើយ ប៉ុន្ដែយើងធើ្វដូច្នេះ ទុកជាគំរូឱ្យបងប្អូនយកតម្រាប់តាម ព្រោះកាលយើងនៅជាមួយបងប្អូន យើងបានទូន្មានបងប្អូនថា អ្នកណាមិនព្រមធើ្វការ អ្នកនោះក៏មិនត្រូវបរិភោគដែរ។ សូមព្រះអម្ចាស់ជាប្រភពនៃសេចក្ដីសុខសាន្ដ ប្រទានសេចក្ដីសុខសាន្ដគ្រប់ប្រការមកបងប្អូនគ្រប់ពេលវេលា! សូមព្រះអម្ចាស់គង់ជាមួយបងប្អូនទំាងអស់គ្នា!។ ពាក្យសួរសុខទុក្ខនេះ ខ្ញុំប៉ូលបានសរសេរដោយដៃខ្ញុំផ្ទាល់។ នេះជាហត្ថលេខាដែលខ្ញុំតែងចុះក្នុងគ្រប់លិខិត ខ្ញុំសរសេរដូច្នេះ។ សូមព្រះយេស៊ូគ្រីស្ដជាអម្ចាស់នៃយើងប្រណីសន្ដោសបងប្អូនទំាងអស់គ្នា!។
ទំនុកតម្កើងលេខ ១២៨ (១២៧),១-២.៤-៥ បទកាកគតិ
| ១ | អ្នកណាកោតខ្លាច | លុះតាមអំណាច | ព្រះជាអម្ចាស់ |
| ដើរតាមគន្លង | ធម៌របស់ព្រះ | អ្នកនោះឥតខ្វះ |
| | ពោរពេញដោយពរ | ។ |
| ២ | អ្នកនឹងបានផល | ទទួលឥតខ្វល់ | ពូនជាគំនរ |
| ពីការអ្នកធើ្វ | អ្នកឥតវឹកវរ | អ្នកមានជំហរ |
| | សុខសប្បាយជុំ | ។ |
| ៤ | នេះជាអំណោយ | ទ្រង់ប្រទានឱ្យ | តាមក្ដីប្រាថ្នា |
| ដល់អ្នកកោតខ្លាច | អំណាចចេស្ដា | បានភោគផលា |
| | មិនពិបាករក | ។ |
| ៥ | សូមទ្រង់ប្រសិទ្ធិ | ពរជ័យវិចិត្រ | ពីស្ថានសួគ៌មក |
| ជារៀងរាល់ថ្ងៃ | កុំបាច់លៃលក | ដើរតត្រុករក |
| | ក្នុងជីវិតអ្នក | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ហប ៤,១២
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាព្រះបន្ទូលដ៏មានជីវិត និងមានមហិទ្ធិប្ញទ្ធិ។ ព្រះបន្ទូលនេះចាក់ទម្លុះចូលទៅក្នុងឆន្ទៈ និងគំនិតក្នុងជម្រៅចិត្តរបស់យើង។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ២៣,២៧-៣២
ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ពួកធម្មាចារ្យ និងពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាប្រៀបបាននឹងផ្នូរដែលគេលាបកំបោរស មើលពីក្រៅឃើញហាក់ដូចជាស្អាត តែខាងក្នុងពោរពេញទៅដោយឆ្អឹងសាកសព និងធាតុរលួយសព្វបែបយ៉ាង។ អ្នករាល់គ្នាក៏ដូច្នោះដែរ អ្នករាល់គ្នាសម្ដែងឫកពារខាងក្រៅឱ្យមនុស្សលោកឃើញថា អ្នករាល់គ្នាជាមនុស្សសុចរិត តែចិត្តអ្នករាល់គ្នាពោរពេញដោយគំនិតលាក់ពុត និងគំនិតទុច្ចរិតទៅវិញទៅមក។ ពួកធម្មាចារ្យ និងពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន! ព្រោះអ្នករាល់គ្នាបានសង់ផ្នូរឱ្យពួកព្យាការី ព្រមទំាងតុបតែងផ្នូររបស់មនុស្សសុចរិតដោយពោលថា ប្រសិនបើយើងបានរស់នៅជំនាន់បុព្វបុរស នោះយើងមុខជាមិនសមគំនិតជាមួយគេក្នុងការសម្លាប់ពួកព្យាការីឡើយ។ អ្នករាល់គ្នាពោលដូច្នេះ បានសេចក្ដីថា អ្នករាល់គ្នាចោទខ្លួនឯងថា ជាពូជពង្សរបស់ពួកអ្នកដែលបានសម្លាប់ព្យាការី។ ដូច្នេះ ចូរនំាគ្នាបន្ដកិច្ចការរបស់បុព្វបុរសអ្នករាល់គ្នា ឱ្យបានសម្រេចទៅ!»
933 Views
Post Views:
940