អាទិត្យទី១៩ រដូវធម្មតា «ឆ្នាំគូ»
ថ្ងៃព្រហស្បតិ៍
ពណ៌ស
បុណ្យរម្លឹក

សន្តីក្លារ៉ា ជាព្រហ្មចារិនី

នាងក្លារ៉ា (១១៩៣-១២៥៣) កើតនៅក្រុងអាស៊ីស៊ី (ប្រទេសអ៊ីតាលី)។ កាលនាងអាយុដប់ប្រាំបីឆ្នាំ។ នាថ្ងៃអាទិត្យធ្វើពិធីរំឭកព្រះយេស៊ូយាងចូលក្រុងយេរូសាឡឹម នាងថ្វាយខ្លួនទាំងស្រុងចំពោះព្រះជាម្ចាស់ ហើយយកតម្រាប់តាមសន្តហ្វ្រង់ស័រ គឺនាងលះបង់អ្វីៗទាំងអស់ ដើម្បីទៅតាមព្រះគ្រីស្ត នាងបានបង្កើតក្រុមគ្រួសារបព្វជីកាមួយគឺ “ក្រុមស្ត្រីក្រីក្រ” ឬ “ក្លារិស្ស”។

សូមថ្លែងព្រះគម្ពីរព្យាការីអេសេគីអែល អគ ១២,១-១២

ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖«កូនមនុស្សអើយ! អ្នករស់នៅក្នុងចំណោមពូជអ្នកបះបោរ។ ពួកគេមានភ្នែកតែមើលមិនឃើញ មានត្រចៀកតែស្តាប់មិនឮ ដ្បិតពួកគេជាពូជអ្នកបះបោរ។ រីឯអ្នកវិញ កូនមនុស្សអើយ! ចូររៀបចំបង្វេចដូចពួកអ្នកដែលត្រូវខ្មាំង​កៀរ ហើយចេញពីផ្ទះទាំងថ្ងៃឱ្យពួកគេឃើញគ្រប់ៗគ្នា។ ធ្វើដូច្នេះ ប្រហែលជាពួកគេដឹងខ្លួនថា ពួកគេជាពូជអ្នកបះបោរ។ អ្នកត្រូវ​រៀបចំអីវ៉ាន់ វេចបង្វេចទាំងថ្ងៃឱ្យគេឃើញគ្រប់គ្នា។ ដល់ពេលល្ងាចត្រូវចេញដំណើរទៅ ដូចអ្នកដែលត្រូវខ្មាំងកៀរ។ ចូរទម្លុះកំពែង​ឱ្យគេឃើញ រួចបញ្ចេញបង្វេចតាម​ប្រឡោះនោះ។ ត្រូវលើកបង្វេចនោះស្ពាយឱ្យពួកគេឃើញ ហើយចេញដំណើរទៅ​ទាំងងងឹត ព្រមទាំងបិទមុខដើម្បីកុំឱ្យអ្នកឃើញថា អ្នកទៅទីណា ដ្បិតយើងចង់​ឱ្យអ្នកធ្វើដូច្នេះ ជាប្រផ្នូលសម្រាប់កូនចៅអ៊ីស្រាអែល»។ ខ្ញុំក៏ធ្វើតាម​បញ្ជារបស់ព្រះអម្ចាស់ គឺនៅពេលថ្ងៃ ខ្ញុំរៀបចំអីវ៉ាន់ វេចបង្វេចដូចពួកអ្នកដែលត្រូវខ្មាំងកៀរ។ នៅពេលល្ងាចខ្ញុំទម្លុះកំពែងក្រុងដោយ​ដៃរបស់ខ្ញុំផ្ទាល់ ហើយ​ចេញដំណើរទៅនៅពេលងងឹត ទាំងស្ពាយបង្វេចឱ្យពួកគេឃើញទាំងអស់គ្នា។ លុះព្រឹកឡើង ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅនេះ៖«កូនមនុស្សអើយ! ជនជាតិអ៊ីស្រាអែលដែលជាពូជបះបោរនេះ មុខជាសួរអ្នកថា “តើលោកធ្វើអ្វី?”។ ត្រូវតបទៅពួកគេថា “ព្រះជាអម្ចាស់មានព្រះបន្ទូលថា នេះជាការព្រមានមួយដល់ស្តេចនៅក្រុងយេរូសាឡឹម និងប្រជាជនអ៊ីស្រាអែលទាំងប៉ុន្មាន ដែលស្ថិតនៅក្រុងនេះ”។ ចូរប្រាប់ពួកគេថា “ខ្ញុំធ្វើដូច្នេះ ជាប្រផ្នូលសម្រាប់អ្នករាល់គ្នា។ ខ្ញុំបានធ្វើយ៉ាងណា អ្នករាល់គ្នាក៏នឹងធ្វើយ៉ាងនោះដែរ គឺអ្នករាល់គ្នា្ននឹងត្រូវខ្មាំងកៀរយកទៅធ្វើជា​ឈ្លើយ។ រីឯស្តេចដែលគ្រប់គ្រងអ្នករាល់គ្នា ក៏នឹងស្ពាយបង្វេចចាកចេញពីក្រុងទៅ​ក្នុងពេលងងឹតដែរ។ គេនឹងទម្លុះកំពែងក្រុងឱ្យស្តេចចេញទៅទាំងបិទមុខមិនឱ្យឃើញថា ទ្រង់យាងទៅទីណា”។

ទំនុកតម្កើងលេខ ៧៨ (៧៧),៥៦-៥៩.៦១-៦២ បទព្រហ្មគីតិ

៥៦ប៉ុន្តែពួកគេបានល្បងរំខានព្រះម្ចាស់ដែល
មានតេជះក្រាស់ក្រែលដោយមិនធ្វើតាមបញ្ជា
៥៧ពួកគេក្បត់ព្រះអង្គមិនត្រាប់ត្រងគ្រប់ៗគ្នា
ដូចដូនតាពួកគេចិត្តវៀចវេរដូចកណ្តៀវ
៥៨គេបែរថ្វាយបង្គំនៅលើភ្នំព្រះក្លែងក្លាយ
ដែលជាហេតុធ្វើឱ្យទាស់ព្រះហឫទ័យព្រះអង្គ
៥៩ព្រះអង្គឃើញដូច្នេះទ្រង់ព្រះពិរោធយ៉ាងខ្លាំង
ហើយលែងរវល់នឹងជាតិក្បាលរឹងអ៊ីស្រាអែល
៦១ព្រះអង្គបណ្តោយឱ្យខ្មាំងរាប់រយចិត្តអប្រីយ៍
យកហឹបសម្ពន្ធមេត្រីជាបារមីនៃព្រះអង្គ
៦២ហើយទ្រង់បណ្តោយឱ្យរាស្ត្រទន់ខ្សោយស្លាប់បាត់បង់
ដោយមុខដាវតម្រង់សត្រូវប៉ងកាប់ប្រល័យ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១១៩,១៣៥

អាលេលូយ៉ា! អាលេលូយ៉ា!
ឱព្រះម្ចាស់អើយ! សូមព្រះអង្គទ្រង់ព្រះមេត្តាអាណិតអាសូរមកយើងខ្ញុំជាអ្នកបម្រើព្រះអង្គ។ សូមបង្រៀនយើងខ្ញុំឱ្យស្គាល់ព្រះហឫទ័យព្រះអង្គ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៨,២១-១៩,១

លោកសិលាចូលមកជិតព្រះយេស៊ូ ហើយទូលថា៖«បពិត្រព្រះអម្ចាស់ បើបងប្អូន​ចេះតែប្រព្រឹត្តអំពើបាបមកលើទូលបង្គំ តើទូលបង្គំត្រូវអត់ទោសឱ្យគេប៉ុន្មានដង? រហូតដល់ប្រាំពីរដងឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖«ខ្ញុំសុំប្រាប់អ្នកថា អ្នកត្រូវអត់ទោសឱ្យគេ មិនត្រឹមតែប្រាំពីរដងប៉ុណ្ណោះទេ គឺត្រូវអត់ទោសឱ្យគេចិតសិប​ដង គុណនឹងប្រាំពីរដង។ ព្រះរាជ្យនៃស្ថានបរមសុខ ប្រៀបបាននឹងស្តេចមួយអង្គដែលចង់គិតបញ្ជីជាមួយអ្នកបម្រើ។ ពេលព្រះរាជាចាប់ផ្តើមគិតបញ្ជី មានគេនាំកូនបំណុលម្នាក់ដែលជំពាក់ប្រាក់​រាប់លានណែន​មក។ ដោយអ្នកនោះគ្មានប្រាក់សង ស្តេចក៏ចេញបញ្ជាឱ្យលក់ទាំងគាត់ ទាំងប្រពន្ធ ទាំងកូន ទាំងរបស់ដែលគាត់មាន ដើម្បីយកប្រាក់​មកសងបំណុល។ អ្នកបម្រើនោះលុតជង្គង់ក្រាបទៀបព្រះបាទាស្តេច ទូលអង្វថា “សូមទ្រង់មេត្តាអត់ឱនពន្យារពេលឱ្យទូលបង្គំផង! ទូលបង្គំនឹងសងព្រះអង្គវិញគ្រប់ចំនួន”។ ព្រះរាជាមានព្រះហឫទ័យអាណិតអាសូរដល់អ្នកបម្រើនោះពន់ពេកណាស់ ព្រះអង្គក៏ឱ្យគាត់ទៅវិញ ទាំងលុបបំណុលចោលថែមទៀតផង។ ពេលអ្នកបម្រើនោះចេញទៅ គាត់ជួបនឹងគូកន​ម្នាក់ដែលជំពាក់ប្រាក់គាត់មួយរយដួង គាត់ចាប់អ្នកនោះច្របាច់ក ទាំងពោលថា៖ “សងប្រាក់អញទាំងអស់មក!”។ គូកនរបស់អ្នកនោះក៏លុតជង្គង់ចុះ អង្វរថា“សុំអត់ឱន​ពន្យារ​ពេលឱ្យគ្នាផង គ្នានឹងសងវិញគ្រប់ចំនួន”។ ប៉ុន្តែ អ្នកបម្រើនោះពុំព្រមទេ មិនតែប៉ុណ្ណោះសោត គាត់ចាប់អ្នកជំពាក់ប្រាក់យកទៅឃុំឃាំងរហូតទាល់តែបានសងបំណុលគ្រប់ចំនួន។ អ្នកបម្រើឯទៀតៗឃើញដូច្នោះ ទាស់ចិត្តជាខ្លាំង ហើយនាំគ្នាយក​រឿងនេះទៅទូលស្តេច។ ស្តេចក៏ហៅអ្នកបម្រើនោះមកសួរថា “នែ៎! អ្នកបម្រើអាក្រក់! យើងបានលុបបំណុលឯងទាំងប៉ុន្មានចោលអស់ ព្រោះឯងបានទទូចអង្វរយើង យើងក៏អាណិត​មេត្តាឯង។ ហេតុដូចម្តេចបានជាឯងពុំព្រមអាណិតមេត្តាដល់គូកនរបស់ឯងផងដូច្នេះ?” ស្តេចទ្រង់ខ្ញាល់ក្រៃលែង ក៏បញ្ជាឱ្យគេយកអ្នកនោះទៅធ្វើទារុណកម្ម រហូតទាល់តែ​សងបំណុលគ្រប់ចំនួន។ ចំពោះអ្នករាល់គ្នា បើម្នាក់ៗមិនព្រមលើកលែងទោសឱ្យបងប្អូនដោយស្មោះអស់ពីចិត្តទេ ព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានបរមសុខក៏នឹងដាក់ទោសដល់អ្នករាល់គ្នាដែរ»។ កាលព្រះយេស៊ូមានព្រះបន្ទូលទាំងនេះចប់សព្វគ្រប់ហើយ ទ្រង់ក៏​ចាកចេញពីស្រុកកាលីឡេយាងឆ្ពោះទៅត្រើយខាងនាយទន្លេយ័រដាន់ក្នុងស្រុកយូដា។

362 Views

Theme: Overlay by Kaira