ថ្ងៃពុធ អាទិត្យទី១៨
រដូវធម្មតា ឆ្នាំ«គូ»
ពណ៌បៃតង
ថ្ងៃពុធ ទី០៥ ខែសីហា ឆ្នាំ២០២៦
សូមថ្លែងព្រះគម្ពីរព្យាការីយេរេមី យរ ៣១,១-៧
ព្រះអង្គមានព្រះបន្ទូលថា៖«នៅគ្រានោះ យើងនឹងធ្វើជាព្រះរបស់កុលសម្ព័ន្ធអ៊ីស្រាអែលទាំងមូល ហើយពួកគេនឹងធ្វើជាប្រជារាស្ត្ររបស់យើង»។ ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា៖«នៅវាលរហោស្ថាន យើងបានសម្តែងការប្រណីសន្តោសដល់ប្រជាជនដែលសល់ពីស្លាប់ក្នុងចំបាំង ហើយអ៊ីស្រាអែលធ្វើដំណើរទៅកាន់ទីសម្រាក»។ ពួកគេពោលថា៖ ព្រះអម្ចាស់បានសម្តែងព្រះអង្គឱ្យខ្ញុំឃើញពីចម្ងាយ។ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖«យើងស្រឡាញ់អ្នកដោយចិត្តស្រឡាញ់ដែលស្ថិតស្ថេរនៅអស់កល្បជានិច្ច។ ហេតុនេះហើយបានជាយើងនៅតែជំពាក់ចិត្តនឹងអ្នក។ នាងព្រហ្មចារីអ៊ីស្រាអែលអើយ! យើងនឹងស្អាងនាងឱ្យមាំមួនឡើងវិញ យើងនឹងតុបតែងនាងឱ្យបានស្អាតសាជាថ្មី រួចនាងនឹងចេញមកលោតរាំទាំងលេងក្រាប់យ៉ាងសប្បាយ។ នាងនឹងដាំទំពាំងបាយជូរក្នុងចម្ការនៅតាមភ្នំក្នុងស្រុកសាម៉ារីឡើងវិញ។ អ្នកណាដាំ អ្នកនោះនឹងបេះផ្លែបរិភោគ។ បន្តិចទៀត ពួកអ្នកយាមនឹងស្រែកនៅលើភ្នំអេប្រាអ៊ីមថា៖“ចូរក្រោកឡើង! យើងនាំគ្នាឡើងទៅលើភ្នំស៊ីយ៉ូនថ្វាយបង្គំព្រះអម្ចាស់ជាព្រះរបស់យើង!”។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖«ចូរហ៊ោកញ្ជ្រៀវអបអរសាទរពូជពង្សយ៉ាកុប! ចូរទទួលប្រជាជាតិដែលជាមេដឹកនាំនៃប្រជាជាតិទាំងឡាយឱ្យបានគគ្រឹកគគ្រេងឡើង! ចូរបន្លឺសំឡេងសរសើរតម្កើងព្រះអម្ចាស់ ហើយពោលថា ឱព្រះអម្ចាស់អើយ! សូមសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គ គឺជនជាតិអ៊ីស្រាអែល ដែលនៅសេសសល់!»។
ទំនុកតម្កើងរបស់ព្យាការីយេរេមី ៣១,១០-១៣ បទព្រហ្មគីតិ
| ១០ | ប្រជាជាតិទាំងឡាយ | សូមខ្វល់ខ្វាយនាំគ្នាស្តាប់ | |
| បន្ទូលព្រះផ្សាយផ្សព្វ | ទៅដល់សព្វកោះនៅឆ្ងាយ | ។ |
| ចូរអ្នកប្រកាសថា៖ | «ព្រះដែលជាអ្នកកម្ចាយ | |
| ស្រាអែលឱ្យទៅឆ្ងាយ | តែពេលក្រោយទ្រង់ប្រមូល | ។ |
| ព្រះអង្គថែរក្សា | ឱ្យគ្រប់គ្នាជុំត្រកូល | |
| ដូចគង្វាលប្រមូល | ចៀមមកមូលមិនឱ្យបាត់» | ។ |
| ១១ | ព្រះអម្ចាស់បានលោះ | ឱ្យរួចគ្រោះលែងខ្ចាយខ្ចាត់ | |
| រំដោះឱ្យរួចផុត | ពួកទុច្ចរិតដែលខ្លាំងក្លា | ។ |
| ១២ | ពួកគេត្រឡប់វិញ | គ្មានទោម្នេញស្រែកខ្ញៀវខ្ញា | |
| ហើយគេគ្រប់កាយា | ចាំត្រៀបត្រាទទួលទ្រព្យ | ។ |
| ដែលព្រះម្ចាស់ប្រទាន | គេឱ្យមានលែងអភ័ព្វ | |
| មានស្រូវស្រាល្អគាប់ | ប្រេងក្រអូបទាំងចៀមគោ | ។ |
| ចិត្តពួកគេប្រៀបបាន | សួនឧទ្យានមានទឹកហូរ | |
| ស្រោចស្រពឡើងជន់ជោរ | គេលែងថ្ងូរលែងហេវហត់ | ។ |
| ១៣ | គ្រានោះស្រីក្រមុំ | ចូលមករាំតាមបែបបទ | |
| ក្មេងចាស់មិនកំណត់ | គេមិនហត់រាំសប្បាយ | |
| យើងប្រែទុក្ខវេទនា | គេទៅជាសើចក្អាកក្អាយ | |
| ឱ្យពួកគេសប្បាយ | គេរីករាយលែងលំបាក | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១៤៦,៥.៨
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់នឹងលើកអ្នកដែលសោកសង្រេងឱ្យងើបឡើង ព្រះអម្ចាស់ថែរក្សាការពារជនបរទេស។ អ្នកណាផ្ញើជីវិតទៅលើព្រះអង្គពិតជាបានសុភមង្គល។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៥,២១-២៨
នៅគ្រានោះ ព្រះយេស៊ូយាងទៅតំបន់ជិតក្រុងទីរ៉ូស និងក្រុងស៊ីដូន។ មានស្ត្រីសាសន៍កាណានម្នាក់ដែលរស់នៅស្រុកនោះ ចូលមកគាល់ព្រះអង្គ ហើយទូលអង្វរថា៖«ឱព្រះអម្ចាស់ជាព្រះរាជវង្សរបស់ព្រះបាទដាវីឌអើយ! សូមអាណិតមេត្តាខ្ញុំម្ចាស់ផង! កូនស្រីខ្ញុំម្ចាស់ត្រូវខ្មោចចូល បណ្តាលឱ្យវេទនាខ្លាំងណាស់»។ ព្រះយេស៊ូពុំបានឆ្លើយតបនឹងនាង។ ក្រុមសាវ័កនាំគ្នាចូលមកជិតព្រះអង្គ ហើយទូលថា៖«សូមព្រះគ្រូដេញនាងទៅ! ព្រោះនាងចេះតែស្រែកអង្វរពីក្រោយយើង»។ ព្រះអង្គមានព្រះបន្ទូលតបថា៖«ព្រះជាម្ចាស់បានចាត់ខ្ញុំឱ្យមក រកអស់អ្នកដែលវង្វេងក្នុងចំណោមជនជាតិអ៊ីស្រាអែលតែប៉ុណ្ណោះ!”។ ប៉ុន្តែ ស្ត្រីនោះចូលមកក្រាបទៀបព្រះបាទាព្រះអង្គ ហើយទូលថា៖«ឱព្រះអម្ចាស់អើយ! សូមជួយខ្ញុំម្ចាស់ផង!»។ ព្រះអង្គមានព្រះបន្ទូលតបថា៖«មិនគួរយកអាហាររបស់កូនចៅបោះទៅឱ្យកូនឆ្កែស៊ីឡើយ»។ នាងទូលព្រះអង្គថា៖«ពិតមែនហើយព្រះអម្ចាស់! ប៉ុន្តែ កូនឆ្កែស៊ីកម្ទេចអាហារដែលជ្រុះពីតុរបស់ម្ចាស់វា»។ ព្រះយេស៊ូក៏មានព្រះបន្ទូលទៅនាងថា៖«នាងអើយ! នាងមានជំនឿមាំមួនណាស់! ដូច្នេះ សូមឱ្យបានសម្រេចតាមចិត្តនាងប្រថ្នាចុះ!»។ កូនស្រីរបស់នាងបានជាតាំងពីពេលនោះមក។
725 Views
Post Views:
733