អាទិត្យទី១៨ រដូវធម្មតា «គ»
ថ្ងៃអាទិត្យ
ពណ៌បៃតង

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរសាស្ដា សស ១,២; ២,២១-២៣

សាស្ដាបានថ្លែងថា៖«អ្វីៗទាំងអស់សុទ្ធតែឥតន័យ ឥតខ្លឹមសារ និងឥតបានការទាំងអស់។ មនុស្សម្នាក់ខំប្រឹងធ្វើការយ៉ាងនឿយហត់ ដោយប្រើប្រាជ្ញា ចំណេះ និងការស្ទាត់ជំនាញ តែបែរជាទុកអ្វីៗដែលខ្លួនធ្វើឱ្យមនុស្សម្នាក់ទៀតដែលពុំបានខំប្រឹងប្រែងទាល់តែសោះ។ ត្រង់នេះក៏ឥតបានការ ហើយជាការមួយដ៏អាក្រក់បំផុត។ អ្នកដែលខំប្រឹងប្រែងខ្វល់ខ្វាយធ្វើការនៅលើផែនដី ដើម្បីសម្រេចតាមគោល​បំណងរបស់ខ្លួនបែបនេះ តើបានប្រយោជន៍អ្វី? ដ្បិតរៀងរាល់ថ្ងៃមានតែទុក្ខកង្វល់ និងទុក្ខព្រួយ សូម្បីតែពេលយប់ ចិត្ដរបស់គេក៏មិនស្ងប់។ ត្រង់នេះ ក៏ឥតបានការដែរ។

ទំនុកតម្កើងលេខ ៩០ (៨៩), ៣-៦.១២-១៤.១៧ បទពាក្យ ៧

ព្រះអង្គធ្វើឱ្យមនុស្សគ្រប់ទីក្លាយជាធូលីដីវិញណា
គឺព្រះអង្គមានបន្ទូលថា៖«អស់ពូជពង្សអដាំវិលវិញ»
ចំពោះព្រះអង្គរយៈពេលមួយពាន់ឆ្នាំក្រែលដូចម្សិលមិញ
ឬដូចជាពេលមួយយប់ពេញកន្លងផុតចេញទៅថ្មីៗ
ព្រះអង្គដកយកជីវិតមនុស្សជីវិតទាំងអស់សព្វអ្វីៗ
គឺប្រៀបបីដូចជាស្មៅខ្ចីមិនពិបាកអីដូចយល់សប្ដិ
នៅពេលព្រឹកព្រាងមានរស្មីស្មៅដុះពីដីហើយត្រឡប់
ជាក្រៀមស្រពោនសែនអភ័ព្វពេលល្ងាចស្ងួតងាប់គ្មានសល់អ្វី
១២សូមណែនាំខ្ញុំឱ្យដឹងថាអាយុសង្ខារខ្ញុំឥឡូវ
កំណត់ប៉ុណ្ណាឱ្យត្រឹមត្រូវដើម្បីជាផ្លូវខ្ញុំរិះគិត
១៣ឱព្រះអម្ចាស់សូមប្រញាប់យាងមកឆាប់ៗប្រាប់ការពិត
កុំនៅបង្អង់សូមអាណិតអាសូរដល់ចិត្ដអ្នកបម្រើ
១៤សូមសម្ដែងហឫទ័យមេត្ដាដោយក្ដីករុណាដ៏ប្រសើរ
ចំពោះខ្ញុំជាអ្នកបម្រើខ្ញុំមានអំណរគ្រប់វេលា ​
១៧ឱព្រះម្ចាស់អើយសូមសម្ដែងសេចក្ដីស្រឡាញ់មកខ្ញុំផង
សូមជួយពង្រឹងការទាំងពួងខ្ញុំឱ្យខ្ជាប់ខ្ជួនរៀងរហូត

អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូឡូស កូឡ ១-៥.៩-១១

បងប្អូនជាទីស្រឡាញ់!
បងប្អូនបានទទួលជីវិតថ្មីដ៏រុងរឿងរួមជាមួយព្រះគ្រីស្ដហើយ។ ហេតុនេះ ចូរស្វែងរកអ្វីៗនៅស្ថានលើជាស្ថានដែលព្រះគ្រីស្ដគង់នៅខាងស្ដាំព្រះជាម្ចាស់នោះវិញ។ ចូរគិតពីអ្វីៗដែលនៅស្ថានលើ កុំគិតពីអ្វីនៅលើផែនដីនេះឡើយ ដ្បិតបងប្អូនបានស្លាប់ផុតទៅហើយ ហើយជីវិតរបស់បងប្អូនក៏បានកប់ទុកជាមួយព្រះគ្រីស្ដក្នុងព្រះជាម្ចាស់ដែរ។ ពេលព្រះគ្រីស្ដដែលជាជីវិតរបស់បងប្អូនលេចមក បងប្អូនក៏នឹង​លេចមកជាមួយព្រះគ្រីស្ដប្រកបដោយសិរីរុងរឿងដែរ។ ដូច្នេះ សូមបងប្អូនសម្លាប់អ្វីៗខាងលោកីយ៍ចោលទៅ គឺអំពើប្រាសចាកសីលធម៌ អំពើសៅហ្មង ចិត្ដស្រើបស្រាល បំណងប្រាថ្នាអាក្រក់ និងចិត្ដលោភលន់ គឺយកទ្រព្យសម្បត្ដិធ្វើជាព្រះ។ កុំនិយាយកុហកគ្នាទៅវិញទៅ​មកឡើយ ដ្បិតបងប្អូនបានដោះជីវិតចាស់ និងទម្លាប់ការអាក្រក់ទាំងប៉ុន្មានរបស់ជីវិតនោះចោលហើយ បងប្អូនក៏បានពាក់ជីវិតថ្មី ដែល កាន់តែចម្រើនថ្មីឡើងៗ ឱ្យបានដូចព្រះជាម្ចាស់ដែលបង្កើតមនុស្សជាថ្មី ដើម្បីឱ្យបងប្អូនស្គាល់ព្រះអង្គយ៉ាងច្បាស់។ ដូច្នេះ លែងមានសាសន៍ក្រិក សាសន៍យូដា ពួកកាត់ស្បែក ឬមិនកាត់ស្បែក មនុស្សព្រៃ ឬពួកព្នង និងលែងមានអ្នកងារ ឬអ្នកជាទៀតហើយ ដ្បិតព្រះគ្រីស្ដបានបំពេញអ្វីៗទាំងអស់ ហើយព្រះអង្គសណ្ឋិតនៅក្នុងមនុស្សទាំងអស់។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៥,៣

អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកណាដាក់ចិត្ដជាអ្នកក្រខ្សត់ អ្នកនោះមានសុភមង្គល! ដ្បិតពួកគេបានទទួលព្រះរាជ្យនៃស្ថានបរមសុខហើយ! អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១២,១៣-២១

ក្នុងចំណោមបណ្ដាជន មានបុរសម្នាក់ទូលព្រះយេស៊ូថា៖«លោកគ្រូ! សូមលោកប្រាប់បងខ្ញុំឱ្យយកកេរមត៌កមកចែកខ្ញុំផង»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅបុរសនោះថា៖«តើនរណាបានតែងតាំងខ្ញុំឱ្យធ្វើជាចៅក្រមចែកទ្រព្យសម្បត្ដិរបស់អ្នករាល់គ្នា?»។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅបណ្ដាជនថា៖«ចូរប្រយ័ត្ន កុំលោភលន់ចង់បានទ្រព្យសម្បតិ្ដឱ្យសោះ។ ទោះបីមនុស្សមានសម្បត្ដិបរិបូណ៌យ៉ាងណាក៏ដោយ ក៏ជីវិតគេមិនអាស្រ័យនៅលើទ្រព្យសម្បត្ដិឡើយ»។ ព្រះអង្គមានព្រះបន្ទូលជាពាក្យប្រស្នាទៅគេថា៖«មានបុរសម្នាក់ជាសេដ្ឋី ដីធ្លីរបស់គាត់បានផ្ដល់ភោគផលយ៉ាងបរិបូណ៌។ គាត់រិះគិតក្នុងចិត្ដថា ខ្ញុំគ្មានកន្លែងដាក់ភោគផលទាំងអស់របស់ខ្ញុំទេ តើខ្ញុំត្រូវធ្វើដូចម្ដេច?។ គាត់គិតទៀតថា “ខ្ញុំត្រូវតែធ្វើយ៉ាងនេះ គឺរុះជង្រុកទាំងប៉ុន្មានរបស់ខ្ញុំចោល ហើយសង់ជង្រុកឱ្យធំៗជាង រួចខ្ញុំប្រមូលស្រូវ ព្រមទាំងភោគផលទាំងអស់ដាក់ក្នុងជង្រុកថ្មីនោះ។ បន្ទាប់មក ខ្ញុំនឹងនិយាយប្រាប់ខ្លួនខ្ញុំថា ឱ!ខ្ញុំអើយ! មានសម្បតិ្ដយ៉ាងច្រើនបរិបូណ៌ បម្រុងទុកចិញ្ចឹមជីវិតសម្រាប់ច្រើនឆ្នាំ ខ្ញុំត្រូវសម្រាកគិតតែស៊ីផឹកសប្បាយទៅ!។ ប៉ុន្ដែ ព្រះជាម្ចាស់មានព្រះបន្ទូលទៅកាន់សេដ្ឋីនោះថា៖«នែ៎ មនុស្សឆោតល្ងង់អើយ! យប់នេះ យើងនឹងផ្ដាច់ជីវិតអ្នកហើយ ដូច្នេះ ទ្រព្យសម្បត្ដិដែលអ្នកបានប្រមូលទុកសម្រាប់ខ្លួនអ្នក នឹងបានទៅជារបស់នរណាវិញ?»។ អ្នកណាប្រមូលទ្រព្យសម្បតិ្ដទុកសម្រាប់តែខ្លួនឯង ហើយគ្មានសម្បត្ដិសួគ៌នៅក្នុងខ្លួន អ្នកនោះប្រៀបបីដូចជាសេដ្ឋីនោះដែរ»។

369 Views

Theme: Overlay by Kaira