ថ្ងៃទី២២-កក្ដដា-សន្ដីម៉ារីម៉ាដាឡា
ពណ៌ស
បុណ្យគោរព

សន្ដីម៉ារីម៉ាដាឡា

ក្នុងគម្ពីរដំណឹងល្អទាំងបួនក័ណ្ឌ មានរ៉ាយរ៉ាប់អំពីស្រ្តីៗដែលឈរចាំនៅក្បែរឈើឆ្កាងព្រះយេស៊ូ។ លោកលូកាបញ្ជាក់ថា “ស្ត្រីទាំងនោះបានបម្រើព្រះយេស៊ូតាំងពីស្រុកកាលីឡមក”។ ក្នុងចំណោមស្ត្រីទាំងនោះមាននាងម៉ារីពីភូមិម៉ាដាឡាជាដើម។ ព្រះយេស៊ូបានប្រោសឱ្យនាងរួចពីអំណាចរបស់មារ។  ដោយព្រះយេស៊ូជម្រះចិត្តគំនិតរបស់នាង នាងមានចិត្តស្រឡាញ់ព្រះអង្គយ៉ាងខ្លាំង។ នាងម៉ារីម៉ាដាឡា ទៅយំមុខថ្នូរព្រះយេស៊ូ។ នាងយល់ថា ទោះបីព្រះយេស៊ូសោយទិវង្គតក៏ដោយ ក៏ព្រះអង្គនៅតែជាព្រះម្ចាស់របស់នាងដដែល។ ព្រះគ្រីស្តដែលទទួលព្រះជន្មថ្មីដ៏រុងរឿង បានប្រទានឱ្យនាងមានភារកិច្ចប្រកាសដំណឹងឱ្យក្រុមគ្រីស្តទូតថា ព្រះអង្គពិតជាទទួលព្រះជន្មថ្មីដ៏រុងរឿងមែន!។

សូមថ្លែងព្រះគម្ពីរបទចម្រៀងព្រះបាទសាឡូម៉ូន បច ៣,១-៤ក

ពេលយប់នៅលើក្រែ ខ្ញុំស្វែងរកម្ចាស់ចិត្តរបស់ខ្ញុំ ខ្ញុំស្វែងរកគាត់តែរកពុំឃើញទេ។ ខ្ញុំក៏ក្រោកឡើងដើរពាសពេញទីក្រុងដើម្បីស្វែងរកម្ចាស់ចិត្តរបស់ខ្ញុំនៅតាមផ្លូវ នៅតាមផ្សារ ខ្ញុំស្វែងរកគាត់ តែរកពុំឃើញឡើយ។ ខ្ញុំបានជួបនឹងពួកអ្នកយាមល្បាតទីក្រុង ខ្ញុំសួរថា “តើអ្នករាល់គ្នាបានឃើញម្ចាស់ចិត្តរបស់ខ្ញុំទេ?” ខ្ញុំដើរហួសពួកអ្នកយាមល្បាតបន្តិតទៅ ខ្ញុំក៏បានជួបម្ចាស់ចិត្តរបស់ខ្ញុំ។ ខ្ញុំឧិបគាត់ជាប់ឥតដកដៃឡើយ ខ្ញុំនាំគាត់ចូលទៅក្នុងផ្ទះរបស់ម្តាយខ្ញុំ ចូលទៅក្នុងបន្ទប់របស់ម្តាយដែលបានបង្កើតខ្ញុំមក។

សូមថ្លែងលិខិតទី២ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ២ករ ៥,១៤-១៧

បងប្អូនជាទីស្រឡាញ់!
ព្រះហឫទ័យស្រឡាញ់របស់ព្រះគ្រីស្តជំរុញយើង ដោយយើងយល់ឃើញថា បើមនុស្សម្នាក់ស្លាប់សម្រាប់មនុស្សទាំងអស់ នោះមនុស្សទាំងអស់ក៏ដូចជាបានស្លាប់ដែរ។ ព្រះគ្រីស្តសោយទិវង្គតសម្រាប់មនុស្សទាំងអស់ នោះមនុស្សទាំងអស់ក៏ដូចជាបានស្លាប់ដែរ។ ព្រះគ្រីស្តសោយទិវង្គតសម្រាប់មនុស្សទាំងអស់ ដើម្បីឱ្យអ្នកទាំងអស់ដែលមានជិវិត លែងរស់សម្រាប់ខ្លួនឯងទៀតហើយ គឺរស់សម្រាប់ព្រះអង្គដែលសោយទិវង្គត និងទទួលព្រះជន្មថ្មីរុងរឿងសម្រាប់គេ។ ដូច្នេះ តាំងពីពេលនេះតទៅ យើងឈប់រាប់នណាម្នាក់តាមរបៀបធម្មតា ហើយទោះបីយើងធ្លាប់ស្គាល់ព្រះគ្រីស្ត កាលព្រះអង្គនៅជាមនុស្ស​ធម្មតាក៏ដោយ ក៏ឥឡូវនេះ យើងមិនស្គាល់ព្រះអង្គតាមរបៀបមុនទៀត ឡើយ។ ប្រសិនបើអ្នកណាម្នាក់នៅរួមជាមួយព្រះគ្រីស្ត អ្នកនោះបានកើតជាថ្មី អ្វីៗពីអតីតកាលបានកន្លងផុតទៅ ហើយអ្វីៗទាំងអស់បានប្រែមកជាថ្មីវិញ។

ទំនុកតម្កើងលេខ ៦៣ (៦២),២-៦.៨-៩ បទកាកគតិ

បពិត្រព្រះម្ចាស់ទ្រង់ពិតជាព្រះនៃទូលបង្គំ
ខ្ញុំខំស្វែងរកមិននៅសំងំតាំងពីព្រលឹម
ស្វះស្វែងដើររក
រូបខ្ញុំស្រេកឃ្លានព្រះប្រាជ្ញាញាណអាល័យនឹងភ្នក
ដូចដីប្រេះបែកគ្មានភ្លៀងធា្លក់មកខ្ញុំដើរកាត់ជ្រក
គ្រប់ទីទិសា
សូមឱ្យរូបខ្ញុំបានឃើញព្រះអង្គក្នុងទីសក្ការ
ខ្ញុំចង់ឃើញណាស់បារមីឫទ្ធាអំណាចចេស្តា
របស់ព្រះអង្គ
ព្រះទ័យមេត្តាសន្តោសករុណាប្រសើរឥតហ្មង
ខ្ញុំនឹងពោលពាក្យសរសើរតម្កើងសិរីរុងរឿង
ព្រះម្ចាស់មានឫទ្ធិ
ខ្ញុំសូមថ្លាថ្លែងអំណរក្រៃលែងអស់មួយជីវិត
ខ្ញុំសូមលើកដៃបង្គំថ្វាយថ្វាត់ព្រះនាមវិសុទ្ធ
ព្រះអង្គតែមួយ
ខ្ញុំនឹងសប្បាយឥតមានខ្វល់ខ្វាយព្រោះមានព្រះជួយ
បានសុខរមនាគ្មានភ័យគ្មានព្រួយព្រះម្ចាស់តែមួយ
ខ្ញុំច្រៀងតម្កើង
ព្រោះតែព្រះអង្គបានជួយតម្រង់រូបខ្ញុំជានិច្ច
ខ្ញុំច្រៀងខ្ញុំរាំសប្បាយពន់ពេកឥតមានរារែក
ក្រោមម្លប់បារមី
ចិត្តខ្ញុំជំពាក់ឥតមានស្រាន្តស្រាកនឹកគិតអាល័យ
ទៅដល់ព្រះម្ចាស់ទោះយប់ឬថ្ងៃទ្រង់គាំទ្រឱ្យ
រីកមុខស្រស់ថា្ល

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រឹមថ្ងៃបុណ្យចម្លង នាងម៉ារីម៉ាដាឡានាំដំណឹងមកប្រាប់ពួកសាវ័កថា​៖ “នាងខ្ញុំឃើញថ្នូររបស់ព្រះគ្រីស្ត
ដែលមានព្រះជន្មគង់នៅ! យើងខ្ញុំឃើញសិរីរុងរឿងរបស់ព្រះអង្គ ដែលទទួលព្រះជន្មថ្មីដ៏រុងរឿង!”។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ២០,១.១១-១៨

នៅព្រឹកថ្ងៃអាទិត្យ កាលនៅងងឹតនៅឡើយ នាងម៉ារីជាអ្នកស្រុកម៉ាដាឡាចេញដំណើរឆ្ពោះទៅផ្លូវ យើងឃើញថា មានគេយកថ្មចេញ​ពីមាត់ថ្នូរផុតទៅហើយ។ នាងម៉ារីឈរយំនៅខាងក្រៅក្បែរមាត់ថ្នូរ។ នាងឈ្ងោកមើលទៅខាងក្នុងថ្នូរទាំងយំ ឃើញទេវទូតពីររូបស្លៀកពាក់សអង្គុយនៅត្រង់កន្លែងដែលគេដាក់ព្រះសពព្រះយេស៊ូ ម្នាក់អង្គុយនៅខាងព្រះសិរសា ម្នាក់ទៀតនៅខាងចុងព្រះបាទា។ ទេវទូតពោលមកកាន់នាងថា៖ “នាងអើយ! ម្តេចក៏នាងយំ?” នាងឆ្លើយទៅទេវទូតវិញថា៖ “មានគេយកព្រះសពព្រះអម្ចាស់របស់ខ្ញុំទៅបាត់ មិនដឹងជាគេយកព្រះអង្គទៅដាក់នៅឯណាឡើយ”។ ពេលនាងកំពុងតែនិយាយដូច្នេះ នាងបែរទៅក្រោយ ហើយព្រះយេស៊ូឈរនៅទីនោះ តែនាងមើលព្រះអង្គមិនស្គាល់ទេ។ ព្រះយេស៊ូសួរនាងថា៖«នាងអើយ!​ ម្តេចក៏នាងយំ? នាងរកអ្នកណា?»។ នាងទូលព្រះអង្គ​ថា៖ “លោកម្ចាស់! ប្រសិនបើលោកបានយកព្រះសពទៅ សូមប្រាប់ឱ្យនាងខ្ញុំដឹងផងថា លោកដាក់នៅឯណា នាងខ្ញុំនឹងទៅយក”។ នាងពោលដូច្នេះ​ មកពីនាងស្មានថា ជាអ្នកថែរក្សាសួនច្បារ។ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ម៉ារី!»។ នាងម៉ារីក៏បែរទៅរកព្រះអង្គ ហើយទូលព្រះអង្គជាភាសាហេប្រឺថា៖ “រ៉ាបូនី!” ប្រែថា “ព្រះគ្រូ!”។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «កុំឃាត់ខ្ញុំទុកអី ដ្បិតខ្ញុំមិនទាន់បានឡើយទៅឯព្រះបិតាខ្ញុំនៅឡើយ។ សូមទៅប្រាប់ពួកបងប្អូនខ្ញុំផងថា ខ្ញុំឡើងទៅឯព្រះរបស់ខ្ញុំដែលជាព្រះរបស់អ្នករាល់គ្នាដែរ»។ នាងម៉ារីជាអ្នកស្រុកម៉ាដាឡាចេញទៅជម្រាបពួកសាវ័កថា នាងបានឃើញព្រះអម្ចាស់ ព្រមទាំងជម្រាប់អំពីសេចក្តីដែលព្រះអង្គមានព្រះបន្ទូលមកនាង។

297 Views

Theme: Overlay by Kaira