អាទិត្យទី១៦ រដូវធម្មតា «ឆ្នាំគូ»
ថ្ងៃព្រហស្បតិ៍
ពណ៌បៃតង
ថ្ងៃធម្មតា

ឬសន្តឡូរង់ នៅទីក្រុង​ប្រិនឌីស៊ី
ជាបូជាចារ្យនិងជាគ្រូ​បាធ្យាយ​នៃព្រះសហគមន៍

លោកឡូរង់ (១៥៥៦-១៦១៩) កើតនៅក្រុងប្រិនឌីស ក្នុងប្រទេសអ៊ីតាលី។ លោកខិតខំប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់ពាសពេញទ្វីបអឺរ៉ុប ជាពិសេសលោកយកចិត្តទុកដាក់ការពាររក្សាលទ្ធិកាតូលិក ស្របតាមអស់លោកអភិបាលបានបញ្ជាក់នៅមហាសន្និបាតសាកលក្រុងត្រេនតូ។

សូមថ្លែងព្រះគម្ពីរព្យាការីយេរេមី យរ ២,១-៣.៧-៨.១២-១៣

ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅនេះ៖«ចូរទៅប្រកាសប្រាប់អ្នកក្រុងយេរូសាឡឹមថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ យើងនឹកចាំពីសេចក្តីស្រឡាញ់របស់អ្នក កាលអ្នកទើបនឹងពេញក្រមុំ ហើយនឹកចាំពីសេចក្តីស្នេហារបស់អ្នកពេលទើបនឹងរៀបការ គឺគ្រាដែលអ្នកបម្រើយើងនៅវាលរហោស្ថាន ជាកន្លែងដែលគ្មានអ្វីដុះឡើង។ នៅគ្រា​នោះ ព្រះអម្ចាស់បានញែកជនជាតិអ៊ីស្រាអែលទុកសម្រាប់ព្រះអង្គ ជាផលផ្លែដំបូង​របស់ព្រះអង្គ អស់អ្នកដែលលួចស៊ីផ្លែនេះ នឹងត្រូវមានទោស ហើយរងទុក្ខវេទនាទៀង​ផង។ យើងបាននាំអ្នករាល់គ្នាចូលមកនៅក្នុងស្រុកដែលមានដំណាំដាំដុះ ដើម្បីឱ្យអ្នករាល់គ្នាបរិភោគផ្លែឈើដែលមានរសជាតិនៅក្នុងស្រុកនេះ។ ក៏ប៉ុន្តែ កាលអ្នករាល់គ្នា​ចូលមកដល់ អ្នករាល់គ្នាធ្វើឱ្យស្រុករបស់យើងទៅជាសៅហ្មង អ្នករាល់គ្នាធ្វើឱ្យទឹកដីដែលជាមត៌ករបស់យើង ក្លាយជាកន្លែងគួរឱ្យស្អប់ខ្ពើម។ ពួកបូជាចារ្យពុំដែលស្វែងរកព្រះអម្ចាស់ទេ គ្រូអាចារ្យខាងវិន័យក៏មិនស្គាល់យើងដែរ។ មេដឹកនាំរបស់ប្រជាជននាំគ្នាប្រឆាំងនឹងយើង ក្រុមព្យាការីនិយាយក្នុងនាមព្រះបាល ហើយនាំគ្នារត់ទៅពឹងពាក់ព្រះក្លែងក្លាយដែលពុំអាចជួយពួកគេបានឡើយ។ ផ្ទៃមេឃអើយ! ចូរតក់ស្លុត ចូរញាប់ញ័រ ហើយស្រឡាំងកាំងទៅ!»។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ «ប្រជាជនរបស់យើងប្រព្រឹត្តអាក្រក់ពីរយ៉ាង គឺគេលះបង់យើងដែលជាប្រភពទឹកកំពុងហូរ បែរទៅជីកអណ្តូង ជីកស្រះ ដែលតែងតែប្រេះមិនអាចទុកទឹកបាននោះទៅវិញ»។

ទំនុកតម្កើងលេខ ៣៦ (៣៥),៦-១១ បទកាកគតិ

បពិត្រព្រះម្ចាស់ហឫទ័យល្អណាស់ខ្ពង់ខ្ពស់ស្មោះសរ
សប្បុរសស្មោះស្ម័គ្រដោយមេត្តាធម៌ខ្ពស់ស្មើឰដ៏
វេហាស៍អាកាស
ព្រះហឫទ័យសុចរិតប្រពៃត្រចង់ត្រចះ
តំរិះព្រះអង្គជ្រាលជ្រៅខ្លាំងណាស់ទ្រង់ជាអម្ចាស់
សង្គ្រោះមនុស្សសត្វ
បពិត្រព្រះម្ចាស់ទ្រង់សប្បុរសណាស់ករុណាអាណិត
ហឫទ័យព្រះអង្គខ្ពង់ខ្ពស់ពេកក្តាត់ទាំងមនុស្សទាំងសត្វ
ជ្រកក្រោមបារមី
ព្រះអង្គបានផ្តល់អាហារស្កប់ស្កល់ឱ្យជនប្រុសស្រី
ពីព្រះដំណាក់មានម្ហូបចំណីហូរហៀរពេកក្រៃ
ឆីតាមសប្បាយ
១០ទ្រង់ជាប្រភពជីវិតសព្វគ្រប់ទាំងរូបទាំងកាយ
ឱ្យខ្ញុំមានភ្នែកមើលឃើញវែងឆ្ងាយពន្លឺពណ្ណរាយ
របស់ព្រះអង្គ
១១សូមទ្រង់ករុណាផ្តល់ក្តីមេត្តាដល់អ្នកទៀងត្រង់
សម្តែងហឫទ័យសុចរិតត្រចង់ដល់អស់អ្នកផង
ស្គាល់ទ្រង់តទៅ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ១១,២៥

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះបិតា ជាអម្ចាស់នៃស្ថានបរមសុខ និងជាអម្ចាស់នៃផែនដី! យើងខ្ញុំសូមសរសើរតម្កើងព្រះអង្គ
ព្រោះទ្រង់បានសម្តែងការណ៌អស្ចារ្យនៃព្រះរាជ្យឱ្យមនុស្សតូចតាចយល់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៣,១០-១៧

ពេលនោះ ក្រុមសាវ័កនាំគ្នាចូលមកជិតព្រះយេស៊ូ ហើយទូលសួរព្រះអង្គថា៖«ហេតុដូចម្តេចបានជាព្រះគ្រូមានព្រះបន្ទូលទៅកាន់បណ្តា​ជន ដោយប្រើពាក្យប្រស្នាដូច្នេះ?» ​ព្រះអង្គតបទៅគេវិញថា៖«មកពីព្រះជាម្ចាស់បានប្រោសប្រទានឱ្យអ្នករាល់គ្នាយល់គម្រោងការដ៏លាក់កំបាំងរបស់ព្រះរាជ្យនៃស្ថានបរមសុខ។ រីឯអ្នកដទៃវិញ ព្រះអង្គ​មិនប្រទានឱ្យយល់ឡើយ។ អ្នកណាមានហើយ ព្រះជាម្ចាស់នឹងប្រទានថែមទៀត ដើម្បីឱ្យអ្នកនោះបានបរិបូរណ៌ រីឯអ្នកដែលគ្មាន ព្រះអង្គនឹងហូតយកអ្វីៗដែលអ្នក​នោះមានផង។ ហេតុនេះហើយបាន​ជាខ្ញុំនិយាយទៅគេដោយប្រើពាក្យប្រស្នា គឺទោះបី​គេមើលក៏គេពុំឃើញ ទោះបីគេស្តាប់ក៏គេពុំឮ ហើយក៏ពុំយល់ដែរ។ ហេតុការណ៍នេះ កើតចំពោះគេ ស្របតាមសេចក្តីដែលព្យាការីអេសាយថ្លែងទុកអំពីពួកគេថា៖«អ្នករាល់គ្នាស្តាប់មែន តែពុំឮទេ ហើយក៏ពុំយល់ផង។ អ្នករាល់គ្នាមើលមែន តែមិនឃើញសោះ ដ្បិតចិត្តប្រជារាស្ត្រនេះរឹងណាស់ ហើយត្រចៀកគេក៏ធ្ងន់ដែរ គេនាំគ្នាបិទភ្នែក មិន​ឱ្យមើលឃើញ មិនឱ្យត្រចៀកស្តាប់ឮ មិនឱ្យប្រាជ្ញាយល់ ហើយមិនចង់វិលមកវិញទេ ក្រែងលោយើងប្រោសគេឱ្យបានជា។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាមានសុភមង្គល​ហើយ ព្រោះភ្នែកអ្នករាល់គ្នាអាចមើលឃើញ ត្រចៀកអ្នករាល់គ្នាអាចស្តាប់ឮបាន!។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា មានព្យាការី និងមនុស្សសុចរិតជាច្រើនមានបំណងចង់ឃើញហេតុការណ៍ដែលអ្នករាល់គ្នាឃើញនេះដែរ តែមិនបានឃើញឡើយ គេ​ចង់ឮសេចក្តីដែលអ្នករាល់គ្នាឮនេះដែរ តែមិនបានឮទេ!»។

444 Views

Theme: Overlay by Kaira