ថ្ងៃចន្ទ អាទិត្យទី០៧
រដូវបុណ្យចម្លង
ពណ៌ស
ថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រោសឱ្យយើងខ្ញុំទៅជាបុត្រធីតារបស់ព្រះអង្គ សូមទ្រង់ព្រះមេត្តាប្រទានព្រះវិញ្ញាណព្រះអង្គឱ្យយើងខ្ញុំយ៉ាងបរិបូណ៌ សូមព្រះវិញ្ញាណបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យស្គាល់ព្រះហឫទ័យព្រះអង្គ និងឱ្យប្រព្រឹត្តតាមក្នុងគ្រប់កិច្ចការប្រចាំជីវិតផង។
សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ១៩,១-៨
នៅពេលលោកអប៉ូឡូសនៅក្រុងកូរិនថូស លោកប៉ូលឆ្លងកាត់តំបន់ខ្ពង់រាប ធ្វើដំណើរមកដល់ក្រុងអេភេសូ។ លោកជួបសាវ័កខ្លះ ហើយសួរគេថា៖ «កាលបងប្អូនចាប់ផ្តើមជឿនោះ តើបងប្អូនបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធហើយឬនៅ?»។ គេតបមកលោកវិញថា៖ «យើងខ្ញុំមិនដែលទាំងឮថា មានព្រះវិញ្ញាណដ៏វិសុទ្ធផង!»។ លោកសួរគេទៀតថា៖ «ដូច្នេះ តើបងប្អូនបានទទួលពិធីជ្រមុជទឹកណា?»។ គេតបថា៖ «ពិធីជ្រមុជទឹករបស់លោកយ៉ូហាន»។ លោកប៉ូលក៏មានប្រសាសន៍ថា៖ «លោកយ៉ូហានបានធ្វើពិធីជ្រមុជទឹកឱ្យអស់អ្នកដែលកែប្រែចិត្តគំនិត ទាំងមានប្រសាសន៍ប្រាប់ប្រជាជនឱ្យជឿលើព្រះអង្គដែលនឹងយាងមកក្រោយលោក គឺព្រះយេស៊ូហ្នឹងហើយ»។ ក្រោយពីបានឮលោកប៉ូលមានប្រសាសន៍ដូច្នោះ ក្រុមសាវ័កក៏ទទួលពិធីជ្រមុជទឹកក្នុងព្រះនាមព្រះអម្ចាស់យេស៊ូ។ លោកប៉ូលដាក់ដៃលើគេ ព្រះវិញ្ញាណដ៏វិសុទ្ធក៏យាងមកសណ្ឋិតលើគេ ហើយគេនាំគ្នានិយាយភាសាចម្លែកអស្ចារ្យ និងថ្លែងព្រះបន្ទូលផង។ អ្នកទាំងនោះមានគ្នាទាំងអស់ប្រមាណដប់ពីរនាក់។ លោកប៉ូលបានចូលទៅធម្មសាលា ហើយមានប្រសាសន៍ដោយចិត្តអង់អាចក្នុងអំឡុងពេលបីខែ។ លោកសន្ទនាជាមួយពួកគេអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់ និងខិតខំណែនាំពួកគេឱ្យជឿ។
ទំនុកតម្កើងលេខ ៦៨ (៦៧), ២-៧.៣៦ បទព្រហ្មគីតិ
| ២ | ពេលព្រះម្ចាស់ក្រោកឡើង | សត្រូវប៉ើងបាក់ខ្លបខ្លាច | |
| ចេស្តាឫទ្ធិអំណាច | អ្នកកោងកាចក៏រត់ចេញ | ។ |
| ៣ | ទ្រង់ឱ្យគេរលាយ | សូន្យរូបកាយដូចជាផ្សែង | |
| ដូចថ្ងៃក្តៅហួតហែង | ឱ្យក្រមួនរលាយអស់ | ។ |
| ៤ | រីឯមនុស្សសុចរិត | មិនប្រព្រឹត្តរឿងទុយ៌ស | |
| គេរីករាយខ្លាំងណាស់ | នៅចំពោះព្រះភក្ត្រព្រះម្ចាស់ | ។ |
| ៥ | ចូរច្រៀងលើកតម្កើង | ព្រះនៃយើងកុំក្រឡះ | |
| ត្រួសត្រាយផ្លូវថ្វាយព្រះ | ជិះរទេះកាត់វេហាស៍ | ។ |
| ៦ | ព្រះម្ចាស់គង់នៅក្នុង | ដំណាក់ទ្រង់ល្អអស្ចារ្យ | |
| ព្រះអង្គជាបិតា | អស់កុមារដែលកំព្រា | ។ |
| ព្រះអង្គទ្រង់កាត់ក្តី | ឱ្យអស់ស្រីដែលវេទនា | |
| មេម៉ាយគ្រប់ៗគ្នា | អ្នកវេទនាឱ្យមានផ្ទះ | ។ |
| ៧ | រីអ្នកនៅជាប់គុក | មិនស្រណុកស្ទើរវិនាស | |
| ទ្រង់បើករួចស្រឡះ | បានសប្បាយចិត្តរីករាយ | ។ |
| ឯពួកអ្នកបះបោរ | គេឆោឡោមិនសប្បាយ | |
| គេនឹងទៅរស់ឆ្ងាយ | នៅឯនាយដីហួតហែង | ។ |
| ៣៦ | ឱព្រះជាម្ចាស់អើយ | ព្រះអង្គហើយជាព្រះដែល | |
| មានឫទ្ធិបារមីក្រែល | អ៊ីស្រាអែលកោតខ្លបខ្លាច | ។ |
| ព្រះអង្គទ្រង់ប្រទាន | រាស្រ្តឱ្យមានចិត្តអង់អាច | |
| មានកម្លាំងអំណាច | សូមសរសើរថ្កើងព្រះអង្គ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
ដោយបងប្អូនបានរស់ឡើងវិញរួមជាមួយព្រះគ្រីស្ត ចូរស្វែងរកអ្វីៗនៅស្ថានលើ ជាស្ថានដែលព្រះគ្រីស្តគង់នៅខាងស្តាំព្រះជាម្ចាស់!។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១៦,២៩-៣៣
នៅពេលកំណត់ដែលព្រះយេស៊ូត្រូវឆ្លងពីលោកនេះ ឆ្ពោះទៅព្រះបិតា ព្រះអង្គមានព្រះបន្ទូលសន្ទនាជាមួយក្រុមសាវ័ក។ ក្រុមសាវ័កទូលព្រះអង្គថា៖ «ឥឡូវនេះ ព្រះអង្គមានព្រះបន្ទូលយ៉ាងច្បាស់ៗមកយើងខ្ញុំ ព្រះអង្គមិនប្រើប្រស្នាទៀតទេ។ ឥឡូវនេះ យើងខ្ញុំដឹងថា ព្រះអង្គឈ្វេងយល់គ្រប់សេចក្តីទាំងអស់ មិនបាច់មាននរណាទូលសួរព្រះអង្គឡើយ។ ហេតុនេះហើយ បានជាយើងខ្ញុំជឿថា ព្រះអង្គចេញមកពីព្រះជាម្ចាស់មែន»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «ឥឡូវនេះ អ្នករាល់គ្នាជឿមែនឬ! ប៉ុន្តែ ពេលកំណត់មកដល់ គឺពេលនេះហើយ អ្នករាល់គ្នានឹងត្រូវខ្ចាត់ខ្ចាយ ម្នាក់ៗទៅតាមផ្លូវរៀងៗខ្លួន បោះបង់ចោលខ្ញុំឱ្យនៅម្នាក់ឯង។ តាមពិត ខ្ញុំមិននៅម្នាក់ឯងទេ មានព្រះបិតាគង់នៅជាមួយខ្ញុំ។ ខ្ញុំនិយាយប្រាប់ដូច្នេះ ដើម្បីឱ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខសាន្តរួមជាមួយខ្ញុំ។ អ្នករាល់គ្នាជួបនឹងទុក្ខវេទនានៅក្នុងលោក ប៉ុន្តែ ចូរមានសង្ឃឹមឡើង! ខ្ញុំបានឈ្នះលោកនេះហើយ»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ពេលយើងខ្ញុំនាំគ្នាថ្វាយអភិបូជា យើងខ្ញុំប្រកាសថា ព្រះយេស៊ូជាព្រះបុត្រាព្រះអង្គបានឈ្នះមារ និងសេចក្តីអាក្រក់គ្រប់យ៉ាង ទ្រង់គង់នៅជាមួយព្រះអង្គ និងជាមួយយើងខ្ញុំជានិច្ចដែរ។ សូមទ្រង់ព្រះមេត្តាប្រោសឱ្យយើងខ្ញុំថ្វាយខ្លួនទៅព្រះអង្គ ដោយចូលរួមក្នុងសក្ការបូជារបស់ព្រះយេស៊ូដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គប្រោសព្រះយេស៊ូឱ្យទទួលសិរីរុងរឿងគង់នៅជាមួយព្រះបិតា ហើយគង់នៅជាមួយយើងខ្ញុំផង។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿ ពង្រឹងសេចក្តីសង្ឃឹម និងពង្រឹងសេចក្តីស្រឡាញ់របស់យើងខ្ញុំ។ សូមកុំបណ្តោយឱ្យយើងខ្ញុំឱ្យលះបង់ ចោលព្រះអង្គឡើយ។
792 Views
Post Views:
799