វីដេអូក្នុងគម្ពីរសម្ពន្ធមេត្រីចាស់
វីដេអូអំពីព្រះជន្មព្រះយេស៊ូ
វីដេអូអំពីព្រះសហគមន៍ និងអគ្គសញ្ញា
វីដេអូក្នុងរដូវពិធីបុណ្យ

ដាវីឌ និងទំនុកតម្កើង
David and Psalms

ព្រះជាម្ចាស់ត្រាស់ហៅដាវីឌ

ព្រះ‌ជាម្ចាស់​ជ្រើស‌រើស​យុវ‌ជន​ដាវីឌ​ជា​ស្តេច​ថ្មី ១សម ១៦,​១-១៣

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​សាមូអែល​ថា៖ «ចូរ​យក​ស្នែង​មក​ចាក់​ប្រេង​ឱ្យ​ពេញ រួច​ធ្វើ​ដំណើរ​ទៅ។ យើង​ចាត់​អ្នក​ឱ្យ​ទៅ​ផ្ទះ​លោក​យេសាយ នៅ​ភូមិ​បេថ្លេហិម ដ្បិត​ក្នុង​ចំណោម​កូន​ប្រុស​របស់​គាត់ យើង​ជ្រើស‌រើស​យក​ម្នាក់​ឱ្យ​ធ្វើ​ជា​ស្តេចដែល​ត្រូវ​ចិត្ត​យើង។ ត្រូវថ្វាយយញ្ញ‌បូជាហើយត្រូវយកប្រេងចាក់អភិសេកអ្នកដែលយើងនឹងចង្អុលប្រាប់»។

លោក​សាមូ៉អែល​ធ្វើ​តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់ ហើយ​ធ្វើ​ដំណើរ​ទៅ​ភូមិ​បេថ្លេហិម។ លោក​បានអញ្ជើញ​លោក​យេសាយ ព្រម​ទាំង​កូន​ប្រុសៗរបស់គាត់ ​ឱ្យ​ចូល​រួម​ក្នុង​ពិធី​ថ្វាយ​យញ្ញ‌បូជា​។  លោក​សាមូអែល​ក្រឡេក​ឃើញ​អេលីយ៉ាប ក៏​នឹក​ក្នុង​ចិត្ត​ថា៖ «ប្រាកដ​ជា​ម្នាក់​នេះ​ហើយ ដែល​ព្រះ‌អម្ចាស់​បាន​ជ្រើស‌រើស»។ ប៉ុន្តែ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «កុំ​មើល​តែ​សំបក​ក្រៅ ឬ​កម្ពស់​របស់​គេ​ឡើយ យើង​មិន​បាន​ជ្រើស‌រើស​អ្នក​នេះ​ទេ។ ព្រះ‌អម្ចាស់​មិន​វិនិច្ឆ័យ​ដូច​មនុស្ស​លោក ដែល​មើល​តែ​សំបក​ក្រៅ​ប៉ុណ្ណោះ​ទេ ព្រះ‌អម្ចាស់​ទត​មើល​ចិត្ត​គំនិត​វិញ»។ លោក​យេសាយ​ឱ្យ​កូន​ប្រុស​ទាំង​ប្រាំ​ពីរ​នាក់​ដើរ​នៅ​មុខ​លោក​សាមូអែល តែ​លោក​មាន​ប្រសាសន៍​ទៅ​កាន់​លោក​យេសាយ​ថា៖ «ក្នុង​ចំណោម​អ្នក​ទាំង​នេះ ព្រះ‌អម្ចាស់​ពុំ​បាន​ជ្រើស‌រើស​នរណា​ម្នាក់​ឡើយ តើ​លោក​គ្មាន​កូន​ណា​ផ្សេង​ទេ​ឬ?»។ លោក​យេសាយ​ឆ្លើយ​ថា៖ «បាទ! នៅ​សល់​កូន​ពៅ​ម្នាក់​ទៀត ដែល​កំពុង​តែ​ឃ្វាល​ចៀម»។ លោក​សាមូអែល​មាន​ប្រសាសន៍​ទៅ​កាន់​លោក​យេសាយ​ថា៖ «ចូរ​ឱ្យ​គេ​ទៅ​ហៅ​វា​មក បើ​វា​មិន​ទាន់​មក​ដល់​ទេ យើង​នឹង​មិន​បរិភោគ​ឡើយ»។ លោក​យេសាយ​ចាត់​គេ​ឱ្យ​ទៅ​ហៅ​កូន​នោះ​មក។ កូន​នោះ​មាន​ថ្ពាល់​ក្រហម មាន​ភ្នែក​ភ្លឺ​ថ្លា និង​មាន​ទឹក​មុខ​ស្រស់​ល្អ​គួរ​ជា​ទី​ពេញ​ចិត្ត។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «គឺ​ម្នាក់​នេះ​ហើយ! ចូរ​ចាក់​ប្រេង​អភិសេក​គេ​ចុះ!»។ លោក​សាមូអែល​យក​ស្នែង​ប្រេង​មក ហើយ​ចាក់​ប្រេង​អភិសេក​យុវ‌ជន​ដាវីឌ នៅ​ចំពោះ​មុខ​បងៗ។ ព្រះ‌វិញ្ញាណ​របស់ព្រះ‌អម្ចាស់​យាង​មក​សណ្ឋិត​លើ​យុវ‌ជន​ដាវីឌ ចាប់​តាំង​ពី​ពេល​នោះ​មក។

ដាវីឌ និងកូលីយ៉ាត

ដាវីឌ និងកូលីយ៉ាត  ១សាមូអែល ១៧ ,១-៧.៣៨-៥០

ពួកភីលីស្ទីនប្រមូលផ្តុំកង‌ទ័ពដើម្បីធ្វើសង្គ្រាម ហើយពួកគេបោះទ័ពនៅអេផេស-‌ដាំមីម។ រីឯព្រះ‌បាទសាអ៊ូល និងទាហានអ៊ីស្រា‌អែល ក៏បានប្រមូលផ្តុំគ្នាដែរ ហើយបោះទ័ពនៅតាមជ្រលងភ្នំអេឡា រួចរៀបទ័ពដើម្បីប្រយុទ្ធនឹងពួកភីលីស្ទីន។ ពួកភីលីស្ទីនស្ថិតនៅលើភ្នំម្ខាង ពួកអ៊ីស្រា‌អែលស្ថិតនៅលើភ្នំម្ខាងទៀត មានជ្រលងភ្នំនៅចន្លោះកង‌ទ័ពទាំងពីរ។

នៅខាងភីលីស្ទីន មានទាហានជើងឯកម្នាក់ឈ្មោះកូលី‌យ៉ាតដើរចេញមក គាត់មានកម្ពស់ប្រមាណបីម៉ែត្រ។ គាត់ពាក់មួកធ្វើពីលង្ហិន និងអាវ‌ក្រោះមានទម្ងន់ប្រមាណហា‌សិបប្រាំពីរគីឡូ‌ក្រាមធ្វើពីលង្ហិនដែរ។ គាត់មានប្រដាប់ស្រោបជើងធ្វើពីលង្ហិន ព្រមទាំងមានស្នធ្វើពីលង្ហិនពាក់ឆៀងដែរ។ ដងលំពែងរបស់គាត់មានរាងធំដូចផ្សំកី‌តម្បាញ ផ្លែលំពែងនោះធ្វើពីដែក មានទម្ងន់ប្រមាណប្រាំពីរគីឡូ‌ក្រាម។

ព្រះ‌បាទសាអ៊ូលយកអាវសឹករបស់ខ្លួនផ្ទាល់មកបំពាក់ឱ្យដាវីឌ គឺព្រះ‌អង្គយកមួកលង្ហិនមកបំពាក់លើក្បាលរបស់ដាវីឌ ព្រមទាំងបំពាក់អាវ‌ក្រោះឱ្យដែរ។ ដាវីឌយកដាវរបស់ព្រះ‌បាទសាអ៊ូលមកស្ពាយ ហើយសាកល្បងដើរលមើល ព្រោះពុំដែលបានពាក់គ្រឿងសឹកដូច្នេះនៅឡើយ។ ប៉ុន្តែ ដាវីឌទូលព្រះ‌បាទសាអ៊ូលថា៖ «ជាមួយគ្រឿងសឹកទាំងនេះ ទូល‌បង្គំដើរមិនរួចទេ ព្រោះទូល‌បង្គំពុំធ្លាប់ពាក់សោះ»។ ដាវីឌក៏ដោះគ្រឿងទាំងនោះចោល ហើយយកដំបងមកកាន់ រើសក្រួសរលោងៗប្រាំគ្រាប់ពីក្នុងជ្រោះមកដាក់ក្នុងកូនថង់មួយ រួចដាក់ថង់យាម ព្រមទាំងកាន់ខ្សែដង្ហក់ ដើរឆ្ពោះទៅតទល់នឹងជនភីលីស្ទីន។ រីឯជនភីលីស្ទីននោះវិញ ក៏ដើរចូលមករកដាវីឌដែរ ។ ពេលជនភីលីស្ទីនក្រឡេកមើលមកដាវីឌ វាមើល‌ងាយ ព្រោះឃើញដាវីឌនៅក្មេង មានថ្ពាល់ក្រហម និងមានទឹកមុខស្រស់ល្អ។ ជនភីលីស្ទីននោះជេរដាវីឌថា៖ «តើអញជាឆ្កែឬ បានជាឯងកាន់ដំបងមកវាយអញដូច្នេះ?»។ វាក៏យកនាមព្រះរបស់វាមកដាក់បណ្ដាសាដាវីឌ។ វាពោលមកកាន់ដាវីឌថា៖ «មកជិតអញមក៍! អញនឹងយកសាច់ឯងឱ្យត្មាត និងសត្វសាហាវស៊ី!»។ ដាវីឌឆ្លើយទៅវិញថា៖ «ឯងកាន់ដាវ កាន់លំពែង និងស្នមកវាយអញ រីឯអញវិញ អញមកវាយឯង ក្នុងនាមព្រះ‌អម្ចាស់នៃពិភពទាំងមូល ជាព្រះនៃពល‌ទ័ពអ៊ីស្រា‌អែល ដែលឯងបានបំបាក់មុខ។ ថ្ងៃនេះ ព្រះ‌អម្ចាស់ប្រគល់ឯងមកក្នុងកណ្ដាប់ដៃអញ អញនឹងប្រហារឯង ព្រមទាំងកាត់កឯងទៀតផង។ ថ្ងៃនេះ អញក៏យកខ្មោចទាហានភីលីស្ទីនទៅឱ្យត្មាត និងសត្វសាហាវស៊ីដែរ។ ដូច្នេះ ប្រជាជនទាំងអស់នៅលើផែន‌ដីនឹងដឹងថា អ៊ីស្រា‌អែលមានព្រះ‌ជាម្ចាស់ជួយការ‌ពារ។ សហគមន៍នៃជនជាតិអ៊ីស្រា‌អែលទាំងមូលនឹងដឹងថា ព្រះ‌អម្ចាស់ប្រទានឱ្យយើងមានជ័យ‌ជម្នះ ពុំមែនដោយដាវ ឬលំពែងទេ ដ្បិតព្រះ‌អម្ចាស់ច្បាំងជំនួសយើង។

ពេលនោះ ជនភីលីស្ទីនដើរតម្រង់ចូលមករកដាវីឌ ដាវីឌក៏រត់យ៉ាងលឿនទៅតទល់នឹងវា។ ដាវីឌលូកដៃក្នុងកូនថង់យ៉ាងរហ័ស យកក្រួសមួយគ្រាប់មក ដាក់នឹងខ្សែដង្ហក់ បាញ់ចំថ្ងាសជនភីលីស្ទីននោះ។ គ្រាប់ក្រួសធ្លុះចូលក្នុងថ្ងាសរបស់ជនភីលីស្ទីន វាក៏ដួលផ្កាប់មុខ។ ដាវីឌវាយឈ្នះជនភីលីស្ទីន ដោយ‌សារខ្សែដង្ហក់ និងក្រួសមួយគ្រាប់។ ដាវីឌប្រហារជនភីលីស្ទីននោះ ដោយឥតប្រើដាវឡើយ។

ព្រះជាម្ចាស់ជាគង្វាល

ព្រះ‌អម្ចាស់ជាគង្វាលខ្ញុំ ទន ២៣

ព្រះ‌អម្ចាស់ជាគង្វាលខ្ញុំ
ខ្ញុំនឹងមិនខ្វះអ្វីសោះឡើយ។
ព្រះ‌អង្គឱ្យខ្ញុំសម្រាកនៅតាមវាលស្មៅខៀវខ្ចី
ព្រះ‌អង្គនាំខ្ញុំឆ្ពោះទៅកន្លែងស្ងាត់
នៅក្បែរមាត់ទឹក។
ព្រះ‌អង្គប្រទានឱ្យខ្ញុំមានកម្លាំងឡើងវិញ
ព្រះ‌អង្គនាំខ្ញុំដើរក្នុងផ្លូវដ៏សុចរិត
ដោយយល់ដល់ព្រះ‌កិត្តិនាមរបស់ព្រះ‌អង្គ។
ទោះបីទូល‌បង្គំដើរកាត់ជ្រលងភ្នំ
នៃសេចក្ដីស្លាប់ក៏ដោយ
ក៏ទូល‌បង្គំមិនខ្លាចអ្វីសោះឡើយ
ដ្បិតព្រះ‌អង្គគង់នៅជាមួយទូល‌បង្គំ
ព្រះ‌អង្គការ‌ពារ និងរក្សាទូល‌បង្គំជា‌និច្ច។
ព្រះ‌អង្គរៀប‌ចំពិធីជប់‌លៀងឱ្យទូល‌បង្គំ
នៅមុខបច្ចា‌មិត្តរបស់ទូល‌បង្គំ
ព្រះ‌អង្គបានចាក់ប្រេងលើទូល‌បង្គំ
ដើម្បីលើកកិត្តិយសទូល‌បង្គំ
ហើយព្រះ‌អង្គបានបំពេញពែង
ទូល‌បង្គំយ៉ាងហូរ‌ហៀរ។
ខ្ញុំដឹងជាក់ច្បាស់ណាស់ថា
ព្រះ‌អង្គនឹងប្រទានសុភមង្គលឱ្យទូល‌បង្គំ
ហើយព្រះ‌អង្គប្រណីសន្ដោសទូល‌បង្គំ។

ទូលបង្គំសម្លឹងទៅរកភ្នំ

តើមាននរណាជួយខ្ញុំឬទេ? ទន ១២១

ខ្ញុំងើបមុខឡើង សម្លឹងឆ្ពោះទៅរកភ្នំ
តើមាននរណាមកជួយខ្ញុំឬទេ?
គឺមានតែព្រះ‌អម្ចាស់ដែលបានបង្កើតផ្ទៃមេឃ
និងផែន‌ដីប៉ុណ្ណោះដែលនឹងយាងមកជួយខ្ញុំ។
ព្រះ‌អង្គមិនបណ្តោយឱ្យជើង
របស់អ្នកជំពប់ដួល
ព្រះ‌អង្គនឹងថែ‌រក្សាការ‌ពារអ្នក
ដោយឥតធ្វេស‌ប្រហែស
ព្រះ‌អង្គដែលថែ‌រក្សាការ‌ពារជនជាតិអ៊ីស្រា‌អែល
ព្រះ‌អង្គនឹងមិនងោក‌ងុយ មិនផ្ទំលក់សោះឡើយ។
ព្រះ‌អម្ចាស់នឹងថែ‌រក្សាការ‌ពារអ្នក
ព្រះ‌អម្ចាស់គង់នៅខាងស្តាំ ធ្វើជាម្លប់របស់អ្នក។
នៅពេលថ្ងៃ ព្រះ‌អាទិត្យនឹងមិនធ្វើទុក្ខអ្នកឡើយ
ហើយនៅពេលយប់
ព្រះ‌ច័ន្ទក៏នឹងមិនធ្វើទុក្ខអ្នកដែរ។
ព្រះ‌អម្ចាស់នឹងថែ‌រក្សាការ‌ពារជីវិតអ្នក
កុំឱ្យការអាក្រក់ណាមួយ
កើតមានដល់អ្នកឡើយ។
ព្រះ‌អម្ចាស់ថែ‌រក្សាអ្នកនៅពេលចេញដំណើរ
រហូតដល់ពេលត្រឡប់មកវិញ
ចាប់តាំងពីពេលនេះរហូតតរៀងទៅ។

1,643 Views

Theme: Overlay by Kaira