ថ្ងៃព្រហស្បតិ៍ អាទិត្យទី០៤
រដូវបុណ្យចម្លង
ពណ៌ស
ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២៦
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតា ប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គចាត់ព្រះយេស៊ូជាព្រះគ្រីស្ត ត្រូវតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ ដើម្បីប្រោសមនុស្សលោកឱ្យក្រោកឡើង និងឱ្យមានកិត្តិយសជាងពីមុនទៅទៀត។ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំ ឱ្យយល់កាន់តែច្បាស់នូវព្រះអំណោយទានដ៏ថ្លៃថ្លានេះផង។
សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ១៣,១៣-២៥
លោកប៉ូល និងសហការីរបស់លោកបានចុះសំពៅពីក្រុងប៉ាផូសឆ្ពោះទៅក្រុងពែរកេ ក្នុងស្រុកប៉មភីលី។ ពេលនោះ លោកយ៉ូហានបានបែកចេញពីពួកគេវិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញ។ រីឯលោកប៉ូល និងសហការីរបស់លោកបានបន្ដដំណើរពីក្រុងពែរកេ រហូតទៅដល់ក្រុងអន់ទីយ៉ូក ក្នុងស្រុកពីស៊ីឌី។ នៅថ្ងៃសប្ប័ទ លោកទាំងពីរចូលទៅអង្គុយក្នុងសាលាប្រជុំ។ បន្ទាប់ពីបានអានគម្ពីរវិន័យ និងគម្ពីរព្យាការីរួចហើយ ពួកអ្នកទទួលខុសត្រូវលើសាលាប្រជុំ សុំឱ្យគេជម្រាបពួកលោកប៉ូលថា៖ «បងប្អូនអើយ! បើបងប្អូនមានពាក្យអ្វីលើកទឹកចិត្តប្រជាជន សូមមានប្រសាសន៍មកចុះ»។ លោកប៉ូលក្រោកឡើងលើកដៃធ្វើសញ្ញា ហើយមានប្រសាសន៍ថា៖ «សូមជម្រាបបងប្អូនជនជាតិអ៊ីស្រាអែល និងបងប្អូនដែលជាអ្នកគោរពកោតខ្លាចព្រះជាម្ចាស់ សូមជ្រាប! ព្រះរបស់ជនជាតិអ៊ីស្រាអែលបានជ្រើសរើសបុព្វបុរសរបស់យើង និងប្រទានឱ្យប្រជារាស្ដ្រនេះបានចម្រើនឡើង នៅពេលគេស្នាក់នៅក្នុងប្រទេសអេស៊ីប។ បន្ទាប់មក ព្រះអង្គបាននាំគេចេញពីប្រទេសនោះ ដោយឫទ្ធិបារមីរបស់ព្រះអង្គ។ ព្រះអង្គបានផ្គត់ផ្គង់គេអស់រយៈពេលប្រមាណសែសិបឆ្នាំនៅវាលរហោស្ថាន។ ក្រោយពីព្រះអង្គរំលាយជាតិសាសន៍ទាំងប្រាំពីរនៅស្រុកកាណានរួចហើយ ព្រះអង្គបានប្រទានទឹកដីនោះឱ្យប្រជារាស្ដ្ររបស់ព្រះអង្គធ្វើជាកម្មសិទ្ធិ។ ហេតុការណ៍ទាំងនោះកើតមានក្នុងអំឡុងពេលប្រមាណបួនរយហាសិបឆ្នាំ។ ក្រោយមក ព្រះអង្គប្រទានឱ្យមានអ្នកគ្រប់គ្រងរហូតដល់ជំនាន់ព្យាការីសាមូអែល។ បន្ទាប់មកទៀត គេបាននាំគ្នាទូលសូមស្ដេចមួយអង្គ ព្រះជាម្ចាស់ក៏ប្រទានព្រះបាទសាអ៊ូល ជាបុត្ររបស់លោកគីស ក្នុងកុលសម្ព័ន្ធបេនយ៉ាមីនឱ្យគ្រងរាជ្យអស់រយៈពេលសែសិបឆ្នាំ។ ក្រោយពីបានដករាជ្យពីព្រះបាទសាអ៊ូល ព្រះជាម្ចាស់ប្រទានឱ្យព្រះបាទដាវីឌឡើងគ្រងរាជ្យ។ ព្រះអង្គប្រទានសក្ខីភាពអំពីព្រះបាទដាវីឌនេះថាៈ “យើងរកបានមនុស្សម្នាក់ជាទីគាប់ចិត្តយើងណាស់ គឺដាវីឌជាបុត្ររបស់យេសាយ ដ្បិតដាវីឌនឹងបំពេញតាមបំណងទាំងប៉ុន្មានរបស់យើង”។ ក្នុងព្រះរាជវង្សរបស់ព្រះបាទដាវីឌនេះហើយ ដែលព្រះជាម្ចាស់ប្រទានឱ្យព្រះយេស៊ូកើតមក និងធ្វើជាព្រះសង្គ្រោះរបស់ជនជាតិអ៊ីស្រាអែល ស្របតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ។ មុននឹងព្រះយេស៊ូយាងមកដល់ លោកយ៉ូហានបានប្រកាសឱ្យជនជាតិអ៊ីស្រាអែលទាំងមូលកែប្រែចិត្តគំនិត ដោយទទួលពិធីជ្រមុជទឹក។ ពេលលោកយ៉ូហានបំពេញមុខងាររបស់លោកចប់សព្វគ្រប់ហើយ លោកមានប្រសាសន៍ថាៈ “ខ្ញុំនេះមិនមែនជាអ្នកដែលបងប្អូនទន្ទឹងរង់ចាំនោះទេ។ ឥឡូវនេះ មានលោកម្នាក់មកតាមក្រោយខ្ញុំ លោកមានឋានៈខ្ពង់ខ្ពស់ណាស់ បើខ្ញុំស្រាយខ្សែស្បែកជើងជូនលោកក៏មិនសមនឹងឋានៈរបស់លោកផង”។
ទំនុកតម្កើងលេខ ៨៩ (៨៨),២-៣.២១-២២.២៥.២៧ បទកាកគតិ
| ២ | ឱ!ព្រះជាម្ចាស់ | ខ្ញុំមិនគេចប្រាស | នឹងច្រៀងតម្កើង |
| បង្គំព្រះអង្គ | ព្រះទ័យខ្ពស់ថ្កើង | អស់កល្បយូរលង់ |
| | អង្វែងតទៅ | ។ |
| ៣ | ខ្ញុំប្រកាសថា | ព្រះទ័យមេត្តា | ករុណាត្រឹមត្រូវ |
| របស់ព្រះអង្គ | ស្ថិតស្ថេរគង់នៅ | មាំមិនអាស្រូវ |
| | ដូចផ្ទៃមេឃា | ។ |
| ២១ | យើងឃើញដាវីឌ | ជាអ្នកប្រណិប័តន៍ | ឥតមានឆ្មៃឆ្មើង |
| យើងក៏ចាក់ប្រេង | អភិសេកគេឡើង | ជាស្តេចថ្កុំថ្កើង |
| | គ្រងរាជ្យរហូត | ។ |
| ២២ | ហើយយើងនឹងជួយ | ជ្រែងជាជំនួយ | មិនឱ្យរបូត |
| ទាំងផ្តល់កម្លាំង | រៀងរាបរហូត | ពូកែមិនអួត |
| | មានអំណាចជាប់ | ។ |
| ២៥ | យើងនឹងបញ្ចេញ | ហឫទ័យពោរពេញ | ករុណាអាណិត |
| ចំពោះរូបគេ | នឹងបាននែបនិត្យ | ថ្កើងរុងរឿងពិត |
| | ដោយសារនាមយើង | ។ |
| ២៧ | ដាវីឌហៅយើង | បិតាមិនឆ្មើង | ថាថ្មខែងហំ |
| ដែលបានសង្គ្រោះ | រំដោះរូបខ្ញុំ | បានឡើងឧត្តម |
| | ខ្ពង់ខ្ពស់សង្ហារ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម វវ ១,៥
អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះយេស៊ូគ្រីស្ត! ព្រះអង្គពិតជាសាក្សីដ៏ស្មោះត្រង់មែន ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេបង្អស់។ ព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើង និងបានរំដោះយើងឱ្យរួចពីបាប ដោយសារព្រះលោហិតរបស់ព្រះអង្គផ្ទាល់។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១៣,១៦-២០
ព្រះយេស៊ូបានលាងជើងក្រុមសាវ័ក រួចព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកគេថា៖ «ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកបម្រើមិនធំជាងម្ចាស់ឡើយ រីឯអ្នកដែលគេចាត់ឱ្យទៅ ក៏មិនធំជាងអ្នកចាត់ខ្លួនឱ្យទៅនោះដែរ។ ប្រសិនបើអ្នករាល់គ្នាដឹងសេចក្តីនេះ ហើយប្រតិបត្តិតាម អ្នករាល់គ្នាមុខជាមានសុភមង្គលមិនខាន។ ខ្ញុំនិយាយដូច្នេះ មិនមែនសំដៅលើអ្នកទាំងអស់គ្នាទេ ដ្បិតខ្ញុំស្គាល់អស់អ្នកដែលខ្ញុំបានជ្រើសរើស តែខ្ញុំនិយាយនេះ ដើម្បីឱ្យបានស្របតាមសេចក្តីមានចែងទុកក្នុងគម្ពីរថា៖ “អ្នកបរិភោគអាហារជាមួយខ្ញុំ ប្រឆាំងនឹងខ្ញុំ”។ ខ្ញុំនិយាយប្រាប់អ្នករាល់គ្នាពីឥឡូវនេះឱ្យហើយ មុនការណ៍ទាំងនោះកើតឡើង។ កាលណាការណ៍ទាំងនោះមកដល់ អ្នករាល់គ្នានឹងជឿថា ខ្ញុំពិតជាព្រះដែលគង់នៅមែន។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាទទួលអ្នកដែលខ្ញុំនឹងចាត់ឱ្យទៅ ក៏ដូចជាទទួលខ្ញុំដែរ ហើយអ្នកណាទទួលខ្ញុំ ក៏ដូចជាទទួលព្រះអង្គដែលបានចាត់ខ្ញុំឱ្យមកនោះដែរ»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះបិតាប្រកបដោយតេជានុភាពសព្វប្រការ! ទោះបីព្រះយេស៊ូជាព្រះបុត្រាព្រះអង្គក៏ដោយ ក៏ទ្រង់សព្វព្រះហឫទ័យដាក់ព្រះអង្គធ្វើជាអ្នកបម្រើ រហូតដល់លាងជើងក្រុមសាវ័ក។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានឱ្យយើងខ្ញុំស្ម័គ្រចិត្តលះបង់ប្រយោជន៍ផ្ទាល់ខ្លួន និងបម្រើអស់អ្នកដែលនៅជាមួយយើងខ្ញុំសព្វថ្ងៃនេះ។ ដូច្នេះ យើងខ្ញុំពិតជាចូលរួមក្នុងសក្ការៈបូជារបស់ព្រះយេស៊ូគ្រីស្តដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គស្រឡាញ់មនុស្សលោករហូតដល់ចាត់ព្រះបុត្រាឱ្យយាងមកបម្រើយើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានឱ្យយើងខ្ញុំដែលបានទទួលព្រះកាយព្រះគ្រីស្តក្នុងអភិបូជានេះ តបស្នងព្រះគុណព្រះបិតា ដោយបម្រើអ្នកដទៃផង។
667 Views
Post Views:
644