ថ្ងៃចន្ទ អាទិត្យទី០៤
រដូវបុណ្យចម្លង
ពណ៌ស
ថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២៦
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គមានធម៌មេត្តាករុណាចំពោះមនុស្សគ្រប់ៗរូប ដោយមិនរើសមុខនរណាឡើយ។ ដោយព្រះយេស៊ូជាព្រះបុត្រាព្រះអង្គសោយទិវង្គត ព្រះអង្គបានសង្គ្រោះមនុស្សលោករួចស្រេចទៅហើយ។ សូមទ្រង់ព្រះមេត្តាប្រោស ប្រទានឱ្យយើងខ្ញុំជាព្រះសហគមន៍បង្ហាញការសង្គ្រោះនេះដល់អ្នកដទៃ សូមជួយប្រមែប្រមូលមនុស្សទាំងអស់ឱ្យទៅធ្វើជាមហាគ្រួសារតែមួយផង។
សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ១១,១-១៨
ក្រុមគ្រីស្តទូត និងបងប្អូននៅស្រុកយូដាឮដំណឹងថា សាសន៍ដទៃក៏បានទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។ កាលលោកសិលាឡើងទៅដល់ក្រុងយេរូសាឡឹមវិញ អ្នកជឿដែលជាសាសន៍យូដានាំគ្នារិះគន់លោកថា៖ «លោកបានចូលក្នុងផ្ទះសាសន៍ដទៃ ហើយលោកក៏បានបរិភោគជាមួយពួកគេថែមទៀតផង!» ។ លោកសិលារៀបរាប់ប្រាប់គេតាមលំដាប់លំដោយថា៖ «កាលខ្ញុំនៅក្រុងយ៉ុបប៉េ ក្នុងពេលអធិដ្ឋាន ខ្ញុំលង់ស្មារតី និមិត្តឃើញវត្ថុម្យ៉ាង ដូចកម្រាលតុមួយយ៉ាងធំ ដែលមានចងចុងជាយទាំងបួនជ្រុងចុះពីលើមកដល់ខ្ញុំ។ ពេលខ្ញុំពិនិត្យយ៉ាងដិតដល់ទៅ ខ្ញុំឃើញមានសត្វចតុប្បាទ សត្វព្រៃ សត្វលូនវារ និងបក្សាបក្សី។ ខ្ញុំក៏ឮព្រះសូរសៀងមួយបញ្ជាមកខ្ញុំថា៖ “សិលាអើយ! ចូរសម្លាប់សត្វទាំងនេះបរិភោគទៅ!” ។ ប៉ុន្តែ ខ្ញុំទូលទៅវិញថា៖ “ទេ! បពិត្រព្រះអម្ចាស់! ទូលបង្គំពុំដែលទទួលទានអ្វីដែលវិន័យហាមឃាត់ ឬអាហារមិនបរិសុទ្ធទាល់តែសោះ” ។ ព្រះសូរសៀងនោះក៏បន្លឺចុះពីលើមេឃមកជាលើកទីពីរថា៖ “អ្វីៗដែលព្រះជាម្ចាស់បានប្រោសឱ្យបរិសុទ្ធហើយ ចូរកុំចាត់ទុកថាវិន័យហាមឃាត់នោះឡើយ!” ។ ហេតុការណ៍នេះកើតមានឡើងដល់ទៅបីដងទើបវត្ថុនោះឡើងទៅលើមេឃវិញអស់។ នៅពេលនោះ ស្រាប់តែមានបុរសបីនាក់ដែលគេចាត់ពីក្រុងសេសារេឱ្យមករកខ្ញុំ បានមកដល់ផ្ទះដែលយើងស្នាក់នៅ ។ ព្រះវិញ្ញាណមានព្រះបន្ទូលប្រាប់ខ្ញុំឱ្យចេញដំណើរទៅជាមួយគេ កុំរារែកឡើយ។ ពេលនោះមានបងប្អូនប្រាំមួយនាក់ជូនដំណើរខ្ញុំទៅដែរ ហើយយើងបានទៅដល់ផ្ទះលោកគ័រនេល្យូស។ លោកបានរៀបរាប់ប្រាប់យើងថា លោកបានឃើញទេវទូតមកជួបលោកនៅក្នុងផ្ទះ ទាំងពោលថា៖ “សុំលោកចាត់មនុស្សឱ្យទៅក្រុងយ៉ុបប៉េ រកមនុស្សម្នាក់ឈ្មោះស៊ីម៉ូនហៅ “សិលា”។ គាត់នឹងប្រកាសព្រះបន្ទូលដែលផ្តល់ការសង្គ្រោះឱ្យលោក និងក្រុមគ្រួសាររបស់លោកទាំងមូល”។ នៅពេលខ្ញុំចាប់ផ្តើមនិយាយ ស្រាប់តែព្រះវិញ្ញាណដ៏វិសុទ្ធយាងចុះមកសណ្ឋិតលើពួកគេ ដូចព្រះអង្គយាងចុះមកសណ្ឋិតលើយើងកាលពីដើមដំបូងនោះដែរ។ ពេលនោះ ខ្ញុំក៏នឹកឃើញព្រះបន្ទូលរបស់ព្រះអម្ចាស់ថា៖ “លោកយ៉ូហានបានធ្វើពិធីជ្រមុជឱ្យគេក្នុងទឹក រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នានឹងទទួលពិធីជ្រមុជក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ”។ ប្រសិនបើព្រះជាម្ចាស់ប្រទានព្រះអំណោយទានដល់គេ ដូចព្រះអង្គបានប្រទានមកយើងដែលជឿលើព្រះអម្ចាស់យេស៊ូគ្រីស្តដែរនោះ តើរូបខ្ញុំនេះមានអំណាចអ្វីនឹងទៅឃាត់ឃាំងព្រះជាម្ចាស់បាន?»។ កាលក្រុមអ្នកជឿបានឮសេចក្តីទាំងនេះ គេធូរចិត្ត ហើយនាំគ្នាលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ទាំងពោលថា៖ «សូម្បីតែសាសន៍ដទៃ ក៏ព្រះជាម្ចាស់បានប្រោសប្រទានឱ្យគេកែប្រែចិត្តគំនិតដើម្បីទទួលជីវិតដែរ!»។
ទំនុកតម្កើងលេខ ៤២, ២-៣ បទកាកគតិ
| ២ | បពិត្រព្រះម្ចាស់ | ខ្ញុំប្រាថ្នាណាស់ | ចង់នៅជាមួយ |
| គិតដេកមិនលក់ | យប់នឹកថ្ងៃព្រួយ | ចង់នៅជាមួយ |
| | ដូចក្តាន់រកទឹក | ។ |
| ៣ | ខ្ញុំស្រេកខ្ញុំឃ្លាន | ព្រះម្ចាស់ក៏មាន | បារមីមានឫទ្ធិ |
| ព្រះជន្មគង់នៅ | ស្ថិតស្ថេរពិតៗ | ខ្ញុំចង់នៅជិត |
| | ព្រះភ័ក្រ្តព្រះអង្គ | ។ |
ទំនុកតម្កើងលេខ ៤៣, ៣-៤ បទពាក្យ ៧
| ៣ | សូមផ្តល់ពន្លឺនិងក្តីពិត | ឱ្យនៅស្ថេរស្ថិតហើយតម្រង់ | |
| ទៅភ្នំវិសុទ្ធដ៏ផូរផង់ | ដំណាក់ព្រះអង្គសមសព្វគ្រប់ | ។ |
| ៤ | ខ្ញុំនឹងឆ្ពោះទៅទីអាសនៈ | ព្រះអង្គឥតអាក់ជាប្រភព | |
| នៃក្តីអំណរដ៏លើសលប់ | តម្កើងមិនឈប់ដោយតន្រ្តី | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១០,១៤-១៥
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូជាគង្វាលដ៏ប្រសើរ។ ព្រះអង្គស្គាល់ចៀមរបស់ព្រះអង្គ ហើយចៀមរបស់ព្រះអង្គក៏ស្គាល់ព្រះអង្គដែរ។ ព្រះអង្គក៏បានស៊ូប្តូរព្រះជន្មសម្រាប់ចៀមទាំងនោះ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១០,១១-១៨
ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ជនជាតិយូដាថា៖ «ខ្ញុំហ្នឹងហើយជាគង្វាលដ៏ល្អ គង្វាលដ៏ល្អតែងតែស៊ូប្ដូរជីវិត ដើម្បីចៀមរបស់ខ្លួន រីឯអ្នកស៊ីឈ្នួលវិញកាលគេឃើញចចកមកដល់ គេរត់ចោលចៀម ទុកឲ្យចចកខាំអូសយកទៅ ហើយដេញកម្ចាត់កម្ចាយជាមិនខាន ពីព្រោះអ្នកនោះមិនមែនជាគង្វាល ហើយក៏មិនមែនជាម្ចាស់របស់ចៀមផង។ អ្នកនោះមិនខ្វល់ខ្វាយនឹងចៀមឡើយ ព្រោះគេគ្រាន់តែស៊ីឈ្នួលប៉ុណ្ណោះ ខ្ញុំហ្នឹងហើយជាគង្វាលដ៏ល្អ។ ខ្ញុំស្គាល់ចៀមរបស់ខ្ញុំ ចៀមរបស់ខ្ញុំក៏ស្គាល់ខ្ញុំ គឺដូចព្រះបិតាស្គាល់ខ្ញុំ ហើយខ្ញុំស្គាល់ព្រះបិតាដូច្នោះដែរ។ ខ្ញុំស៊ូប្ដូរជីវិត ដើម្បីចៀមរបស់ខ្ញុំ។ ខ្ញុំមានចៀមឯទៀតៗ ដែលមិននៅក្នុងក្រោលនេះទេ។ ខ្ញុំត្រូវតែនាំចៀមទាំងនោះមកហើយ ចៀមទាំងនោះនឹងស្ដាប់សំឡេងខ្ញុំ នៅពេលនោះនឹងមានហ្វូងចៀមតែមួយ មានគង្វាលតែមួយ។ ព្រះបិតាស្រឡាញ់ខ្ញុំ ព្រោះខ្ញុំសុខចិត្តស៊ូប្ដូរជីវិត ដើម្បីឲ្យបានជីវិតនោះមកវិញ។ គ្មាននរណាដកហូតជីវិតរបស់ខ្ញុំបានឡើយ គឺខ្ញុំស៊ូប្ដូរជីវិត ដោយខ្លួនខ្ញុំផ្ទាល់តែម្ដង។ ខ្ញុំមានអំណាចនឹងស៊ូប្ដូរជីវិតរបស់ខ្ញុំ ហើយខ្ញុំក៏មានអំណាចនឹងយកជីវិតនោះមកវិញ តាមព្រះបញ្ជាដែលខ្ញុំបានទទួលពីព្រះបិតាមក»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គតែងតាំងព្រះយេស៊ូធ្វើជាគង្វាលរបស់អស់អ្នកដែលជឿសង្ឃឹមលើព្រះអង្គ។ ព្រះយេស៊ូក៏ជាទ្វារសម្រាប់យើងខ្ញុំអាចទៅកាន់ព្រះអង្គបានដែរ។ សូមទ្រង់ព្រះមេត្តាទទួលកាយ វាចា ចិត្ត ដែលយើងខ្ញុំសូមថ្វាយរួមជាមួយព្រះយេស៊ូ ជាព្រះបុត្រាដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។
ពាក្យអរព្រះគុណ
បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គប្រោសព្រះយេស៊ូធ្វើជាទ្វារសម្រាប់យើងខ្ញុំអាចចេញចូលទៅកាន់ព្រះអង្គបាន។ ក្នុងអភិបូជានេះ យើងខ្ញុំសូមចូលរួមជាមួយព្រះយេស៊ូជាគង្វាលដែលបានបូជាព្រះជន្មសម្រាប់យើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿយើងខ្ញុំ សូមឱ្យយើងខ្ញុំយកចិត្តទុកដាក់ណែនាំមនុស្សទាំងអស់ឱ្យចូលរួមក្នុងមហាគ្រួសារតែមួយរបស់ព្រះអង្គផង។
665 Views
Post Views:
639