ថ្ងៃទី១១ ខែកក្កដា
សន្ដបេណេឌិកតូ ជាចៅអធិការ

បុណ្យរម្លឹក
ពណ៌ស

លោកបេណេឌិកតូ (៤៨០-៥៤៧) កើតនៅភូមិនូរស៊ី ក្នុងប្រទេសអ៊ីតាលី។ កាលលោកទៅរៀននៅទីក្រុងរ៉ូម លោកសម្រេចចិត្តទៅរស់នៅក្នុងកន្លែងស្ងាត់ដូចឥសីម្នាក់ ដើម្បីឱ្យបានស្គាល់ព្រះជាម្ចាស់។ យូរៗទៅ មានគ្រីស្តបរិស័ទទៅរស់នៅជា​មួយ។ លោកតែងតាំងអារាមនៅភ្នំការស៊ីណូ ហើយចែងធម្មវិន័យសម្រាប់អ្នកទាំងនោះ ដែលជាព្រះសង្ឈនៃគ្រីស្តសាសនា។ ក្នុងធម្មវិន័យនោះ លោកខិតខំអប់រំព្រះសង្ឈឱ្យរម្ងាប់តណ្ហា និងស្ងប់ចិត្ត ដោយអធិដ្ឋាន ដោយធ្វើការផ្ទាល់ដៃ និងដោយរស់នៅជាក្រុមគ្រួសារបុព្វជិត ក្រោយការណែនាំរបស់ចៅអធិការ។ សន្តបេណេឌិកតូពិតជាអ្នកបង្កើតក្រុមព្រះសង្ឈនៃគ្រីស្តសាសនា​មែននៅទ្វីបអឺរ៉ុបខាងលិខ។ សន្តបេណេឌិកតូជាឧបការីទ្វីបអឺរ៉ុប។

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រោសប្រទានឱ្យសន្តបេណេឌិកតូ ធ្វើជាគ្រូខាងព្រះវិញ្ញាណសម្រាប់ណែនាំអស់អ្នកដែលមានចំណងចង់ស្វែងរក និងបម្រើព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានឱ្យយើងខ្ញុំយកចិត្តទុកដាក់ប្រព្រឹត្តតាមវិន័យរបស់ព្រះអង្គដោយចិត្តស្មោះដែរ ដោយស្រឡាញ់ព្រះអង្គលើសអ្វីៗទាំងអស់។

សូមថ្លែងព្រះគម្ពីរសុភាសិត សភ ២,១-៩

កូន​អើយ ចូរ​ចង​ចាំ​ដំបូន្មាន​របស់​ឪពុក កុំ​ភ្លេច​សេចក្ដី​ដែល​ឪពុក​ផ្តែ‌ផ្តាំ​នេះ​ឡើយ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​ប្រាជ្ញា ហើយ​ផ្ចង់​ចិត្ត​ពិចារណា​ឱ្យ​​យល់។ ចូរ​យក​តម្រិះ​មក​ធ្វើ​ជា​ជំនួយ ហើយ​យក​ការ​ដឹង​ខុស​ត្រូវ​មក​ធ្វើ​ជា​ទី​ពឹង។ ចូរ​ខំ​ប្រឹង​ស្វែង​រក​ប្រាជ្ញា ដូច​ស្វែង​រក​ប្រាក់ និង​ដូច​ជីក​ដី​រក​កំណប់។ ធ្វើ​ដូច្នេះ ទើប​កូន​យល់​អំពី​ការ​គោរពកោត​ខ្លាច​ព្រះ‌អម្ចាស់ ព្រម​ទាំង​អាច​ស្គាល់​ព្រះ‌អង្គ​បាន​ទៀត​ផង។ មាន​តែព្រះ‌អម្ចាស់​ទេដែល​ប្រទាន​ប្រាជ្ញា។ ចំណេះ​វិជ្ជា និង​ការ​ដឹង​ខុស​ត្រូវសុទ្ធ​តែ​មក​ពី​ព្រះ‌អង្គ​ទាំង​អស់។ ព្រះ‌អង្គ​ជួយ​មនុស្ស​ទៀង​ត្រង់ ហើយ​ធ្វើ​ជា​ខែល​ការ‌ពារអស់​អ្នក​ដែល​ដើរ​តាម​មាគ៌ា​ដ៏​ត្រឹម‌ត្រូវ។ ព្រះ‌អង្គ​ជួយ​ការ‌ពារអស់​អ្នក​ដែល​ដើរ​តាម​គន្លង​ធម៌ ហើយ​ថែ‌រក្សា​អស់​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ព្រះ‌អង្គ។ ប្រសិន​បើ​កូន​ស្ដាប់​ឪពុក កូន​នឹង​យល់​អំពី​មាគ៌ា​ដ៏​សុចរិតទៀង​ត្រង់ និង​ត្រឹម‌ត្រូវ ពោល​គឺ​អ្វីៗ​ទាំង​អស់​ដែល​នាំ​មក​នូវ​សុភមង្គល។

ទំនុកតម្កើងលេខ ៣៤ (៣៣),២-៤.៦.៩.១២.១៤-១៥ បទកាកគតិ

ខ្ញុំអរព្រះគុណអម្ចាស់ពេកពន់គ្រប់ពេលវេលា
សូមលើកតម្កើងព្រះអង្គគ្រប់គ្រាឥតមានរួញរា
ឈប់ឈរសោះឡើយ
ខ្ញុំខ្ពស់មុខព្រោះព្រះម្ចាស់សង្គ្រោះខ្ញុំមិនកន្តើយ
ចូរអ្នកទន់ទាបស្តាប់កុំព្រងើយនឹងបានធូរស្បើយ
អំណរខ្លាំងក្លា
សូមមកប្រកាសនឹងខ្ញុំឱ្យច្បាស់ដោយពោលឡើងថា
ព្រះម្ចាស់ថ្កុំថ្កើងរុងរឿងក្រៃណាយើងនាំគ្នីគ្នា
តម្កើងព្រះអង្គ
អ្នកដែលសម្លឹងឆ្ពោះទៅព្រះអង្គបានសុខឥតមោះ
ផុតអស់ទុក្ខសោកវិយោគរងគ្រោះពួកគេទាំងនោះ
មិនខកចិត្តឡើយ
ចូរអ្នកផ្អែកពឹងពិសោធន៍ឱ្យដឹងថាព្រះម្ចាស់ថ្លៃ
ទ្រង់មានមេត្តាសប្បុរសពេកក្រៃអស់ជនប្រុសស្រី
មានជ័យមង្គល
១២ឱកូនចៅអើយកុំនៅព្រងើយស្តាប់ខ្ញុំប្រដៅ
ឱ្យចេះគោរពដរាបតទៅកុំធ្វើល្ងង់ខ្លៅ
ត្រូវកោតខ្លាចព្រះ
១៤ចូរទប់អណ្តាតកាន់ចិត្តឱ្យស្អាតកុំពោលវៀចវេរ
និយាយកុហកបោកបញ្ឆោតគេឬក៏ដៀលជេរ
នាំឱ្យអាស្រូវ
១៥ចូរងាកចេញឆ្ងាយអំពើអន្តរាយអាក្រក់ជាផ្លូវ
សាងអំពើល្អខំស្វែងរកទៅសុខសាន្តទុកនៅ
យ៉ាងអស់ពីចិត្ត

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៩, ២៧-២៩

ពេល​នោះ លោក​សិលា​ទូល​ព្រះ‌អង្គ​ថា៖«ព្រះ‌អង្គ​ទត​ឃើញ​ស្រាប់​ហើយ យើង​ខ្ញុំ​បាន​លះ‌បង់​អ្វីៗ​ទាំង​អស់ ដើម្បី​មក​តាម​ព្រះ‌អង្គ។ តើ​យើង​ខ្ញុំ​នឹង​ទៅ​ជា​យ៉ាង​ណា?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សាវ័ក​ថា៖«ខ្ញុំ​សុំ​ប្រាប់​ឱ្យអ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា នៅ​ក្នុង​ពិភព​ថ្មី ពេល​បុត្រ​មនុស្ស​គង់​លើ​បល្ល័ង្ក​ប្រកប​ដោយ​សិរី‌រុង​រឿង អ្នក​រាល់​គ្នា​ដែល​មក​តាម​ខ្ញុំ​នេះ ក៏​នឹង​អង្គុយ​លើ​បល្ល័ង្ក​ទាំង​ដប់‌ពីរ ហើយ​គ្រប់‌គ្រង​លើ​កុល‌សម្ព័ន្ធ​ទាំង​ដប់‌ពីរ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល​ទៀត​ផង។ អ្នក​ណា​លះ‌បង់​ផ្ទះ​សំបែង បង‌ប្អូន​ប្រុស​ស្រី ឪពុក​ម្ដាយ កូន ឬ​ស្រែ​ចម្ការព្រោះ​តែ​ខ្ញុំ អ្នក​នោះ​នឹង​បាន​ទទួល​វិញ​មួយ​ជា​មួយ‌រយ​ ព្រម​ទាំង​មាន​ជីវិត​អស់​កល្ប‌ជានិច្ច។ មាន​មនុស្ស​ជា​ច្រើន​ដែល​នៅ​ខាង​មុខ នឹង​ត្រឡប់​ទៅ​នៅ​ខាង​ក្រោយ រីឯ​អ្នក​ដែល​នៅ​ខាង​ក្រោយ នឹង​ត្រឡប់​ទៅ​នៅ​ខាង​មុខ​វិញ»។

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! សូមទ្រង់ព្រះមេត្តាទទួលកាយ វាចា ចិត្ត ដែលយើងខ្ញុំសូមថ្វាយព្រះអង្គនៅថ្ងៃគោរពសន្ត បេណេឌិក។ សូមទ្រង់ព្រះមេត្តាប្រោសឱ្យយើងខ្ញុំមានចិត្តចង់ស្វែងរកព្រះជាម្ចាស់តែមួយព្រះអង្គគត់ក្នុងគ្រប់កិច្ចការដែលយើងខ្ញុំប្រព្រឹត្ត។ សូមប្រោសឱ្យយើងខ្ញុំរួបរួមគ្នាជាធ្លុងតែមួយ និងបានសេចក្តីសុខសាន្តផង។

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រោសប្រទានព្រះកាយព្រះគ្រីស្តដែលផ្តល់ជិវិតរស់នៅអស់កល្បជានិច្ចឱ្យយើងខ្ញុំ។​ សូមទ្រង់ព្រះមេត្តាប្រោសឱ្យយើងខ្ញុំបម្រើព្រះអង្គដោយចិត្តស្មោះ ទាំងយកចិត្តទុកដាក់ ទាំងការអធិដ្ឋាន ព្រមទាំងស្រឡាញ់អ្នកដ៏ទៃទុកជាបងប្អូនផង។

286 Views

Theme: Overlay by Kaira